ថ្ងៃសុក្រ អាទិត្យទី៣២
រដូវធម្មតា«ឆ្នាំគូ»
ពណ៌បៃតង

ថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤

លោកអាល់ប៊ែរ (ប្រ.១២០៦-១២៨០) កើតនៅប្រទេសអាឡឺម៉ង់។ លោកមានចិត្តចង់ចេះចង់ដឹងអ្វីៗទាំងអស់ ជាពិសេសចង់រៀនវិទ្យាសាស្រ្ត។ លោកចូលបួសក្នងក្រុមគ្រួសារបព្វជិតដូមីនីកូ ហើយយកចិត្តទុកដាក់នឹងទេវវិទ្យាតាមទស្សនវិទ្យារបស់លោកអរីស្តូត។ ក្នុងចំណោមកូនសិស្សរបស់លោកមានសន្ត ថូម៉ាស នៅអាគីណូ ដែលធ្វើឱ្យទេវវិទ្យាគ្រីស្តសាសនារីកចម្រើន។ លោកទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុងរ៉ាទិស្បូន (ស្រុកប៉ូឡូញ) ប៉ុន្តែ ពីរឆ្នាំក្រោយមក លោកសុំលាលែងមុខតំណែងនេះ ដើម្បីទៅបង្រៀនគេ វិញ។ លោកជាឧបការីរបស់អ្នករៀនវិជ្ជាគ្រប់យ៉ាង។

សូមថ្លែងលិខិតទី២ របស់គ្រីស្ដទូតយ៉ូហាន ២ យហ ១,៤-៩

ខ្ញុំជាចាស់ទុំ សូមជម្រាបមកលោកស្រីជាព្រះសហគមន៍ ដែលព្រះជាម្ចាស់បានជ្រើសរើស! ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដោយ​បាន​ឃើញ​កូន​ចៅ​របស់​លោក​ស្រី​មួយ​ចំនួនប្រតិបត្តិ​តាម​សេចក្ដី​ពិត ស្រប​តាម​វិន័យ​ដែល​យើង​បាន​ទទួល​ពី​ព្រះ‌បិតា​មក។ ឥឡូវ​នេះ ខ្ញុំ​សូម​អង្វរ​លោក​ស្រី​ថា យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ ខ្ញុំ​មិន​សរសេរ​វិន័យ​ថ្មី​ផ្ញើ​មក​ជូន​ទេ នេះ​គឺ​ជា​វិន័យ​ដែល​យើង​បាន​ទទួលតាំង​ពី​ដើម​ដំបូង​មក​ម៉្លេះ។ សេចក្ដី​ស្រឡាញ់​មាន​ដូច​ត​ទៅ : យើង​ត្រូវ​តែ​ប្រតិបត្តិ​តាម​វិន័យ​របស់​ព្រះ‌អង្គ។ នេះ​ហើយ​ជា​វិន័យ​ដែល​អ្នក​រាល់​គ្នា​បាន​ឮតាំង​ពី​ដើម​ដំបូង​មក ដើម្បី​ឱ្យអ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម។ មាន​អ្នក​បោក​បញ្ឆោត​ជា​ច្រើន​នាក់បាន​ចូល​មក​ក្នុង​លោក​នេះ ពួក​គេ​ពុំ​ទទួល​ស្គាល់​ថា ព្រះ‌យេស៊ូ‌គ្រីស្ត​បាន​យាង​មក​ជា​មនុស្ស​ទេ។ ជន​ប្រភេទ​នេះ​ហើយ​ដែល​ជា​អ្នក​បោក​បញ្ឆោត និង​ជា​មេ​ប្រឆាំងព្រះ‌គ្រីស្ត។ ចូរ​មើល​គ្នា​ឯង​ឱ្យមែន​ទែន ក្រែង​ខូច​ផល​ប្រយោជន៍​នៃ​កិច្ច‌ការ​ដែល​អ្នក​រាល់​គ្នា​​បាន​ធ្វើ។ ផ្ទុយ​ទៅ​វិញ ចូរ​ខំ​ឱ្យ​បាន​ទទួល​រង្វាន់​ដ៏​បរិបូណ៌។ អ្នក​ណា​មិន​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌ឱវាទ​របស់​ព្រះ‌គ្រីស្ត គឺ​ទៅ​ហួស អ្នក​នោះគ្មាន​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​ទេ។ អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌ឱវាទ​របស់​ព្រះ‌គ្រីស្ត ទើប​មាន​ព្រះ‌បិតា និង​ព្រះ‌បុត្រា​គង់​ជា​មួយ។

ទំនុកតម្កើងលេខ ១១៩(១១៨),១-២.១០-១១.១៧-១៨ បទកាកគតិ

អ្នកណាដែលមានកិរិយាជាប់ប្រាណត្រឹមត្រូវឥតខ្ចោះ
ប្រត្តិបត្តិតាមធម្មវិន័យព្រះអ្នកនោះប្រទះ
តែសុខមង្គល
អ្នកដែលប្រត្តិបត្តិតាមផ្លូវពិតបញ្ជានិម្មល
ហើយស្វែងរកព្រះមិនខ្ជីខ្ជាខ្ជិលពិតជាបានផល
មង្គលពេកហោង
សូមដូចទៅជាបទពាក្យ ៧
១០ខ្ញុំខំស្វះស្វែងមិនមានឈប់ទោះថ្ងៃឬយប់ចិត្តតម្រង់
កុំទុកឱ្យខ្ញុំនៅតម្រង់វង្វេងវង្វង់ពីវិន័យ
១១ខ្ញុំសូមតាំងចិត្តថែរក្សាបន្ទូលសន្យាដ៏ប្រពៃ
នៅក្នុងចិត្តខ្ញុំមិនធ្វើអ្វីឱ្យទាស់ព្រះទ័យទ្រង់ឡើយណា
១៧សូមសន្ដោសខ្ញុំដែលជាអ្នកបម្រើស្មោះស្ម័គ្រព្រះអង្គហើយ
នោះជីវិតខ្ញុំបានធូរស្បើយមិននៅកន្ដើយគោរពតាម
១៨សូមទ្រង់បើកភ្នែកទូលបង្គំពេលនោះរូបខ្ញុំនឹងឃើញស្នាម
ឃើញភាពថ្លៃថ្លាគ្មានប្រេះស្រាំអស្ចារ្យនៃធម្មវិន័យទ្រង់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២១,២៨

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះ​ព្រះ​ជាម្ចាស់ជិតរំដោះអ្នករាល់គ្នាហើយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៧, ២៦-៣៧

នៅ​គ្រា​ដែល​បុត្រ​មនុស្ស​យាង​មក ក៏​ដូច​នៅ​ជំនាន់​លោក​ណូអេដែរ។ កាល​ណោះ មនុស្ស‌ម្នា​គិត​តែ​ស៊ី​ផឹក រៀប‌ការ​ប្ដី​ប្រពន្ធ រហូត​ដល់​ថ្ងៃ​លោក​ណូអេ​ចូល​ក្នុង​ទូក​ធំ ហើយ​ទឹក​ជំនន់​ឡើង​លិច​បំផ្លាញ​មនុស្ស​អស់​។ នៅ​គ្រា​បុត្រ​មនុស្ស​យាង​មក ក៏​ដូច​កាល​នៅ​ជំនាន់​លោក​ឡុតដែរ កាល​ណោះ​មនុស្ស‌ម្នា​ស៊ី​ផឹក លក់​ដូរ ដាំ​ដំណាំ និង​សង់​ផ្ទះ។ ប៉ុន្តែ នៅ​ថ្ងៃ​ដែល​លោក​ឡុត​ចាក‌ចេញ​ពី​ក្រុង​សូដុម មាន​ភ្លើង និង​ស្ពាន់‌ធ័រ​បង្អុរ​ពី​លើ​មេឃ​មកដូច​ភ្លៀង បំផ្លាញ​អ្នក​ក្រុង​ទាំង​អស់​គ្នា​ទៅ។ នៅ​ថ្ងៃ​ដែល​បុត្រ​មនុស្ស​បង្ហាញ​ខ្លួន ក៏​នឹង​មាន​ហេតុ‌ការណ៍​ដូច្នោះ​ដែរ។ នៅ​ថ្ងៃ​នោះ អ្នក​នៅ​លើ​ដំបូល​ផ្ទះ ហើយ​មាន​របស់​របរ​ទុក​នៅ​ក្នុង​ផ្ទះ កុំ​ចុះ​ទៅ​យក​ឡើយ។ រីឯ​អ្នក​នៅ​ចម្ការ​ក៏​ដូច្នោះ​ដែរ កុំ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឱ្យ​សោះ។ ចូរ​នឹក​ចាំ​អំពី​រឿង​ដែល​កើត​មាន​ដល់​ភរិយា​លោក​ឡុត។ អ្នក​ដែល​ខំ​រក្សា​ជីវិត​របស់​ខ្លួន​នឹង​បាត់‌បង់​ជីវិត រីឯ​អ្នក​ដែល​បាត់‌បង់​ជីវិតនឹង​បាន​រួច​ជីវិត​វិញ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​យប់​នោះ បើ​មាន​ពីរ​នាក់​ដេក​លើ​គ្រែ​ជា​មួយ​គ្នា ព្រះ‌ជាម្ចាស់​យក​ម្នាក់​ទៅទុក​ម្នាក់​ទៀត​ឱ្យនៅ។ បើ​ស្ត្រី​ពីរ​នាក់​កិន​ស្រូវ​ជា​មួយ​គ្នា ព្រះ‌ជាម្ចាស់​យក​ម្នាក់​ទៅ ទុក​ម្នាក់​ទៀត​ឱ្យ​នៅ។ បើ​មាន​បុរស​ពីរ​នាក់​នៅ​ក្នុង​ចម្ការ ព្រះ‌ជាម្ចាស់​យក​ម្នាក់​ទៅទុក​ម្នាក់​ទៀត​ឱ្យនៅ»។ ពួក​សាវ័កទូល​សួរ​ព្រះ‌អង្គ​ថា៖«បពិត្រ​ព្រះ‌អម្ចាស់ តើ​ហេតុ‌ការណ៍​ទាំង​នេះនឹង​កើត​មាន​នៅ​ទី​ណា?»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖«សាក‌សព​នៅ​ទី​ណា ត្មាត​ក៏​នឹង​មក​ជុំ​គ្នា​នៅ​ទី​នោះ​ដែរ»។

123 Views

Theme: Overlay by Kaira