ថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២៦

សូមចុចទីនេះ

ពេលកូនម្នាក់កើតមក ឪពុកម្តាយតែងអរសប្បាយ និងអរព្រះគុណព្រះជាម្ចាស់ ដែលទ្រង់បានប្រទានជីវិតព្រះអង្គឱ្យមនុស្ស។ ព្រះអង្គពិតជាប្រភពនៃជីវិតមែន។ ព្រះសហគមន៍មានអំណរដោយនឹកពីពេលព្រះនាងម៉ារីកើតមក ព្រោះជាពេលព្រះមាតានៃព្រះបុត្រារបស់ព្រះជាម្ចាស់កើតឡើង។ ព្រះនាងពោរពេញដោយព្រះវិញ្ញាណតាំងពីកំណើតមក។ ព្រះសហគមន៍សន្មតយកថ្ងៃនេះធ្វើជាថ្ងៃនឹកដល់ពេលព្រះនាងកើតមក ព្រោះជាថ្ងៃខួបបុណ្យឆ្លងព្រះវិហារសង់ឡើងនៅកន្លែងគេស្មានថា ជាផ្ទះរបស់សន្តីហាណ្ណា។

បងប្អូនជាទីស្រឡាញ់!
ក្នុងចំណោមបងប្អូន កាលណាម្នាក់មានរឿងទាស់ទែងនឹងម្នាក់ទៀត ហេតុអ្វីបានជាគេហ៊ានរកចៅក្រមដែលជាអ្នកទុច្ចរិតឱ្យកាត់ក្ដី ម្ដេចក៏មិនទុកឱ្យជនដ៏វិសុទ្ធកាត់ក្ដីវិញទៅ! បងប្អូនជ្រាបថា ជនដ៏វិសុទ្ធនឹងវិនិច្ឆ័យពិភព​លោក! ប្រសិនបើបងប្អូនវិនិច្ឆ័យ ពិភពលោកដូច្នេះ ហេតុដូចម្ដេចបានជាបងប្អូនថា​ ខ្លួនមិនសមនឹងអារកាត់រឿងរ៉ាវដ៏តូចបំផុតនេះ? បងប្អូនជ្រាបច្បាស់ថា សូម្បីតែ​ពួកទេវទូតក៏យើងនឹងវិនិច្ឆ័យដែរ ចុះទម្រាំបើរឿងរ៉ាវក្នុងជីវិតនេះវិញ ម្ដេចក៏យើងអារ​កាត់មិនកើត!។ ពេលបងប្អូនមានរឿងប្ដឹងផ្ដល់គ្នាអំពីបញ្ហាក្នុងជីវិតនេះ ម្ដេចក៏បងប្អូនទៅរកពួកអ្នកដែលព្រះសហគមន៍មិនរាប់រកឱ្យមកកាត់ក្ដីដូច្នេះ។ ខ្ញុំនិយាយ​នេះ ដើម្បីឱ្យបងប្អូនខ្មាសខ្លួនឯង។ ក្នុងចំណោមបងប្អូន តើគ្មាននរណាមានប្រាជ្ញាអាចអារកាត់រឿងរ៉ាវដែលកើតឡើងរវាងបងប្អូន សូម្បីតែម្នាក់ក៏គ្មានផងដែរទេឬ? បងប្អូនបែរជាប្ដឹងផ្ដល់គ្នាឯង ហើយថែមទាំងនៅមុខអ្នកមិនជឿទៀតផង! គ្រាន់តែ​បងប្អូនប្ដឹងផ្ដល់គ្នាឯងនោះ វាខុសទាំងស្រុងទៅហើយ!។ ហេតុអ្វីបានជាបងប្អូនមិនស៊ូទ្រាំនឹងអំពើអយុត្តិធម៌? ហេតុអ្វីបានជាមិនព្រមឱ្យគេរឹបយកទ្រព្យរបស់បងប្អូន?។ ផ្ទុយទៅវិញ គឺបងប្អូនទេតើដែលប្រព្រឹត្តអំពើអយុត្តិធម៌ ហើយរឹបអូសយកទ្រព្យពីគេ​ដែលសុទ្ធតែជាបងប្អូនរបស់ខ្លួនថែមទៀត! បងប្អូនជ្រាបច្បាស់ថា អ្នកប្រព្រឹត្តិអំពើ​ទុច្ចរិត ពុំអាចទទួលព្រះរាជ្យព្រះជាម្ចាស់ទុកជាមត៌កបានឡើយ! សូមបងប្អូនកុំយល់​ច្រឡំឱ្យសោះ! អស់អ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ពួកថ្វាយបង្គំព្រះក្លែងក្លាយ ពួកមានសាហាយស្មន់ ពួកជនពាល ពួកអ្នករួមសង្វាសនឹងភេទដូចគ្នា​​ពួកចោរប្លន់ ពួក​លោភលន់ចង់បានទ្រព្យគេ ពួកប្រមឹក ពួកជេរប្រមាថ ពួកប្លន់យកទ្រព្យគេពុំអាចទទួល​ព្រះរាជ្យរបស់ព្រះជាម្ចាស់ទុកជាមត៌កបានឡើយ។ កាលពីដើម បងប្អូនខ្លះក៏ជាមនុស្ស​ប្រភេទនេាះដែរ។ ប៉ុន្ដែ ព្រះជាម្ចាស់បានលាងសម្អាតបងប្អូន! ព្រះអង្គបានប្រោសបង​ប្អូនឱ្យបានវិសុទ្ធ! ទ្រង់ក៏បានប្រោសបងប្អូនឱ្យបានសុចរិតដែរ ក្នុងព្រះនាមព្រះអម្ចាស់​យេស៊ូគ្រីស្ដ និងដោយសារព្រះវិញ្ញាណនៃព្រះជាម្ចាស់របស់យើងរួចស្រេចហើយ។

ចូរច្រៀងបទថ្មីថ្វាយព្រះម្ចាស់ថ្លៃប្រសើរកន្លង
ចូរច្រៀងតម្កើងព្រះនាមព្រះអង្គក្នុងចំណោមផង
អ្នកដែលជឿព្រះ
ចូរឱ្យជនជាតិស្រាអែលខ្មីឃ្មាតរីករាយទាំងអស់
ដោយសារព្រះអង្គបានបង្កើតមនុស្សទាំងស្រីទាំងប្រុស
ពាសពេញផែនដី
សូមនាំគ្នារាំថ្វាយព្រះឧត្តមកុំវេះគេចពួន
តម្កើងព្រះនាមឱ្យបានសមសួនវាយក្រាប់ផ្ទួនៗ
ទាំងដេញពិណថ្វាយ
ដ្បិតព្រះអម្ចាស់សព្វព្រះទ័យណាស់នឹងរាស្រ្ដទាំងឡាយ
ទ្រង់តែងសង្គ្រោះដឹកនាំត្រួសត្រាយហើយតែងខ្វល់ខ្វាយ
ជួយអ្នកទន់ទាប
សូមឱ្យអស់អ្នកសង្ឃឹមជឿជាក់លើព្រះដរាប
នាំគ្នាសប្បាយប្រសើរលើសលប់តម្កើងសាយសព្វ
សិរីព្រះម្ចាស់
ទោះជាពេលយប់ក៏គេមិនឈប់គេនៅប្រកាស
ទាំងលើកតម្កើងសិរីព្រះម្ចាស់ឱ្យបានខ្ពង់ខ្ពស់
ទាំងអំណរផង
សូមទាំងអស់គ្នាសរសើរគ្រប់គ្រាកុំបីរំលង
មាត់ពោលពាក្យល្អដៃកាន់ដាវផងទុក្ខសោកមួរហ្មង
វិនាសខ្ចាត់ខ្ចាយ
ឯការដាក់ទោសជាតិសាសន៍ទាំងនោះត្រឹមត្រូវឥតប្រែ
តាមការសម្រេចព្រះមិនខុសទេពួកវាត្រូវតែ
ទទួលទោសនោះ

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់បានជ្រើសរើសពួកគេពីចំណោមមនុស្សលោក ដើម្បីឱ្យគេបង្កើតផល ព្រមទាំងឱ្យផលរបស់គេនៅស្ថិតស្ថេរ។ អាលេលូយ៉ា!

នៅគ្រានោះ ព្រះយេស៊ូយាងឡើងទៅលើភ្នំដើម្បីអធិដ្ឋាន។ ព្រះអង្គអធិដ្ឋានពេញ​មួយយប់។ លុះព្រលឹមឡើង ព្រះអង្គត្រាស់ហៅក្រុមសាវ័កមក។ ក្នុងចំណោមសាវ័ក​ទាំងនោះ ព្រះអង្គជ្រើសយកដប់ពីរនាក់ ហើយទ្រង់ប្រទានងារជាទូតរបស់ព្រះអង្គ គឺមានស៊ីម៉ូន ដែលទ្រង់ប្រទានឈ្មោះថា សិលា និងអន់ដ្រេជាប្អូនរបស់គាត់ យ៉ាកុប យ៉ូហាន ភីលីព បាថូឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកុបជាកូនលោក​អាល់ផាយ​ ស៊ីម៉ូន​ហៅអ្នកជាតិនិយម យូដាសជាកូនលោកយ៉ាកុប និងយូដាសអ៊ីស្ការីយ៉ុត ដែលនឹងក្បត់​ព្រះអង្គ។ ព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសាវ័កទាំងដប់ពីរនាក់ មកប្រថាប់នៅត្រង់កន្លែង​មួយរាបស្មើ។ នៅទីនោះមានសាវ័កជាច្រើន និងមហាជនពីស្រុកយូដា ពីក្រុង​យេរូសាឡឹម ពីក្រុងទីរ៉ូស និងក្រុងស៊ីដូន នៅតាមមាត់សមុទ្រមករង់ចាំព្រះអង្គយ៉ាងកកកុញ។ គេនាំគ្នាមកស្ដាប់ព្រះអង្គ និងសូមព្រះអង្គប្រោសឱ្យជាពីជំងឺ។ រីឯអស់​អ្នកដែលមានខ្មោចចូលក៏បានជាដែរ។ បណ្ដាជនប្រជៀតគ្នាចូលមកពាល់ព្រះយេស៊ូ​ ដ្បិតមានប្ញទ្ធានុភាពចេញពីព្រះអង្គមកប្រោសគេឱ្យជាគ្រប់ៗគ្នា។

​​

236 Views

Theme: Overlay by Kaira