ថ្ងៃសុក្រ អាទិត្យទី១២
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង
ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦
សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី២ ២ពង្ស ២៥,១-១២
ក្នុងឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះបាទសេដេគីយ៉ា នៅថ្ងៃទីដប់នៃខែទីដប់ ព្រះចៅនេប៊ូកានេសារជាស្តេចស្រុកបាប៊ីឡូន បានលើកទ័ពទាំងមូលមកវាយក្រុងយេរូសាឡឹម។ ពួកគេបោះទ័ព និងលើកទួលព័ទ្ធជុំវិញក្រុងយេរូសាឡឹម។ ពួកគេឡោមព័ទ្ធក្រុងនេះរហូតដល់ថ្ងៃទីដប់មួយនៃរជ្ជកាលព្រះបាទសេដេគីយ៉ា។ នៅថ្ងៃទីប្រាំបួននៃខែបួន ពេលដែលទុរ្ភិក្សកើតមានយ៉ាងខ្លាំងនៅក្នុងទីក្រុង ហើយប្រជាជននៅក្នុងស្រុកលែងមានអាហារបរិភោគទៀតនោះ ពួកខ្មាំងបានទម្លុះកំពែងក្រុងមួយកន្លែង។ ទោះបីកងទ័ពខាល់ដេឡោមព័ទ្ធទីក្រុងក្តី ពួកទាហានរត់ចេញពីទីក្រុងនៅពេលយប់ តាមទ្វារដែលស្ថិតនៅចន្លោះកំពែងទាំងពីរក្បែរឧទ្យានហ្លួង ហើយរត់តាមផ្លូវ ឆ្ពោះទៅវាលអារ៉ាបា។ កងទ័ពខាល់ដេនាំគ្នាដេញតាមទាន់ព្រះបាទសេដេគីយ៉ា នៅវាលទំនាបជិតក្រុងយេរីខូ។ ពេលនោះ កងទ័ពទាំងមូលរបស់ស្តេចរត់បែកខ្ញែកគ្នាអស់។ ពួកគេក៏ចាប់ស្តេចបញ្ជូនទៅព្រះចៅនេប៊ូកានេសារនៅក្រុងរីបឡា ហើយគេប្រកាសកាត់ទោសព្រះបាទសេដេគីយ៉ា។ គេបានអាករបុត្រទាំងអស់របស់ព្រះបាទសេដេគីយ៉ានៅចំពោះព្រះភក្ត្រព្រះបាទសេដេគីយ៉ា។ បន្ទាប់មក ព្រះចៅនេប៊ូកានេសារឱ្យគេចាក់ភ្នែករបស់ព្រះបាទសេដេគីយ៉ា រួចដាក់ច្រវាក់លង្ហិនពីរជាន់ នាំយកទៅស្រុកបាប៊ីឡូន។ នៅថ្ងៃទីប្រាំពីរ ខែប្រាំ ក្នុងឆ្នាំទីដប់ប្រាំបួននៃរជ្ជកាលព្រះចៅនេប៊ូកានេសារ ស្តេចស្រុកបាប៊ីឡូន លោកនេប៊ូសារ៉ាដន ជារាជប្រតិភូដែលបម្រើស្តេចស្រុកបាប៊ីឡូន បានមកដល់ក្រុងយេរូសាឡឹម។ លោកដុតកម្ទេចព្រះដំណាក់របស់ព្រះអម្ចាស់ ដំណាក់របស់សេ្តច ព្រមទាំងផ្ទះនៅក្រុងយេរូសាឡឹម ជាពិសេសផ្ទះរបស់ពួកអភិជន។ កងទ័ពខាល់ដេទាំងមូលដែលនៅក្រោមការដឹកនាំរបស់លោករាជប្រតិភូក៏បានរំលំកំពែងជុំវិញក្រុងយេរូសាឡឹមចោលដែរ។ លោកនេប៊ូសារ៉ាដនជាប្រតិភូ កៀរប្រជាជនដែលនៅសេសសល់ក្នុងទីក្រុង អស់អ្នកដែលបានរត់ទៅចុះចូលនឹងសេ្តចបាប៊ីឡូន ព្រមទាំងបណ្តាជនដែលនៅសេសសល់យកទៅជាឈ្លើយសឹក។ ប៉ុន្តែ លោករាជប្រតិភូទុកឱ្យប្រជាជនតូចតាខ្លះរស់នៅក្នុងស្រុក ដើម្បីដាំទំពាំងបាយជូរ និងភ្ជួរស្រែ។
ទំនុកតម្កើងលេខ ១៣៧ (១៣៦),១-៦ បទពាក្យ ៧
| ១ | យើងអង្គុយនឹកគិតរិះរេ | នៅមាត់ទន្លេបាប៊ីឡូន | |
| យំនឹកស្រណោះក្រុងស៊ីយ៉ូន | ធ្មេចភ្នែកក៏ឃើញក្នុងនេត្រា | ។ |
| ២ | ព្រះច័ន្ទចោលរស្មីឆ្អៅឆ្អិន | យើងបានព្យួរពិណយើងនោះណា | |
| ព្យួរជាប់នៅលើដើមរុក្ខា | រួចចោលភក្ត្រាមើលទៅឆ្ងាយ | ។ |
| ៣ | ពេលនោះពួកអ្នកដែលចាប់យើង | គេសុំឱ្យច្រៀងបទសប្បាយ | |
| គេពោលថាចូរច្រៀងបរិយាយ | ក្រុងស៊ីយ៉ូនឱ្យយើងស្តាប់ផង | ។ |
| ៤ | តើឱ្យយើងច្រៀងបទតម្កើង | ថ្វាយព្រះនៃយើងពេលនេះម្តង | |
| នៅលើទឹកដីដ៏សៅហ្មង | នៃបរទេសផងដូចម្តេចកើត | ។ |
| ៥ | ឱក្រុងយេរូសាឡឹមអើយ | ខ្ញុំមិនភ្លេចឡើយក្រុងល្អឆើត | |
| បើខ្ញុំភ្លេចអ្នកភ្លេចកំណើត | សូមដៃខ្ញុំពើតស្ពឹកចុកចាប់ | ។ |
| ៦ | ប្រសិនបើខ្ញុំមិនជឿជាក់ | មិនចាត់ទុកអ្នកដូចខ្ញុំប្រាប់ | |
| ជាអំណរដ៏ខ្លាំងក្លាគាប់ | សូមអណ្តាតជាប់រឹងជិតជុំ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៨,១៧
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូបានទទួលយកភាពពិការរបស់យើង ហើយព្រះអង្គក៏ទទួលយកជំងឺរបស់យើងដែរ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៨,១-៤
កាលព្រះយេស៊ូយាងចុះពីលើភ្នំមកវិញ មានមហាជនជាច្រើននាំគ្នាដើរតាមព្រះអង្គ។ ពេលនោះ មានមនុស្សឃ្លង់ម្នាក់ចូលមកក្រាបថ្វាយបង្គំព្រះអង្គ ហើយទូលថា៖ «លោកម្ចាស់អើយ! ប្រសិនបើលោកយល់ព្រម សូមប្រោសខ្ញុំប្របាទឱ្យជាស្អាតបរិសុទ្ធផង»។ ព្រះយេស៊ូលូកព្រះហស្តទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រមហើយ ចូរឱ្យបានស្អាតបរិសុទ្ធចុះ»។ រំពេចនោះ គាត់ក៏បានជាស្អាតបរិសុទ្ធពីរោគឃ្លង់ភ្លាម។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ចូរប្រយ័ត្នឱ្យមែនទែន កុំនិយាយប្រាប់ឱ្យនរណាដឹងរឿងនេះឡើយ ផ្ទុយទៅវិញ ត្រូវតែទៅបង្ហាញខ្លួនដល់លោកបូជាចារ្យ ហើយថ្វាយតង្វាយ ដូចលោកមូសេបានបង្គាប់មក ដើម្បីជាសក្ខីភាពបញ្ជាក់ថា អ្នកបានជាមែន!» ។
424 Views
Post Views:
432