ថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤

សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី ១ ១ពង្ស ១៩,៩.១១-១៦

កាលព្យាការីអេលីទៅដល់ភ្នំហូរ៉ែបហើយ លោកចូលទៅស្នាក់ក្នុងគុហានៅពេលយប់។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកដូចតទៅនេះ៖ «ចូរចេញទៅ​ក្រៅ ហើយឈរលើភ្នំ នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ បន្តិចទៀត ព្រះអម្ចាស់នឹងយាងកាត់​តាមនេះ»។ ពេលនោះ ស្រាប់តែមានខ្យល់បក់បោកយ៉ាងខ្លាំង ធ្វើឱ្យកក្រើកភ្នំបំបែកថ្ម នៅចំពោះព្រះភក្រ្តព្រះអម្ចាស់ ប៉ុន្តែ ព្រះអម្ចាស់មិនគង់នៅក្នុងខ្យល់នោះទេ។ បន្ទាប់ពីខ្យល់ មានរញ្ជួយដី ប៉ុន្តែ ព្រះអម្ចាស់មិនគង់ក្នុងការរញ្ជួយផែនដីនោះទេ។ ក្រោយពីរញ្ជួយផែនដី មានភ្លើង ប៉ុន្តែ ព្រះអម្ចាស់មិនគង់នៅក្នុងភ្លើងនោះទេ។ បន្ទាប់​ពីភ្លើង មានឮសូរសំឡេងស្រាលៗយ៉ាងស្រទន់។ កាលព្យាការីអេលីឮសំឡេងនោះ​លោកយកអាវធំមកគ្របមុខ ហើយចេញទៅឈរនៅមាត់គុហា។ លោកឮព្រះសូរសៀងថា៖ «អេលីអើយ! តើអ្នកមកទីនេះធ្វើអ្វី?»។ លោកទូលថា៖ «បពិត្រព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល! ទូលបង្គំស្រឡាញ់ព្រះអង្គខ្លាំងណាស់។ រីឯជនជាតិ​អ៊ីស្រាអែល បានផ្តាច់​សម្ពន្ធមេត្រីរបស់ព្រះអង្គ ពួកគេរំលំអាសនៈរបស់ព្រះអង្គ និងសម្លាប់ព្យាការីទាំងប៉ុន្មានរបស់ព្រះអង្គដោយមុខដាវ គឺនៅសល់តែទូលបង្គំម្នាក់​ប៉ុណ្ណោះ។ ពួកគេក៏តាមប្រហារជីវិតទូលបង្គំទៀតផង»។ ព្រះអម្ចាស់មានព្រះបន្ទូល​មកកាន់លោកថា ៖ «ចូរធ្វើដំណើរកាត់វាលរហោស្ថាន ឆ្ពោះទៅកាន់ក្រុងដាម៉ាសចុះ! កាលទៅដល់ហើយ ត្រូវចាក់ប្រេងអភិសេកហាសាអែល ឱ្យធ្វើជាស្តេចគ្រងរាជ្យ​ស្រុកស៊ីរី។ បន្ទាប់មក ត្រូវចាក់ប្រេងអភិសេកយេហ៊ូ ជាកូនរបស់នីមស៊ី ឱ្យធ្វើជា​ស្តេចគ្រងរាជ្យលើស្រុកអ៊ីស្រាអែល ហើយចាក់ប្រេងតែងតាំងអេលីសេ ជាកូនរបស់​សាផាត ឱ្យធ្វើជាព្យាការីជំនួសអ្នក»។

ទំនុកតម្កើងលេខ ២៧ (២៦),៧-៩.១៣-១៤ បទពាក្យ ៧

ឱព្រះម្ចាស់អើយសូមសណ្តាប់ស្នូរខ្ញុំស្រែកប្រាប់ឮលាន់ឡើង
អាណិតឆ្លើយតបកុំឆ្មៃឆ្មើងមកខ្ញុំវិញផងកុំកន្តើយ
ទូលបង្គំនឹកដល់ព្រះបន្ទូលព្រះអង្គថ្លែងពោលទុកមកហើយ
ចូរស្វែងរកយើងនឹងបានស្បើយខ្ញុំមិនព្រងើយស្វែងរកភក្ត្រ
សូមទ្រង់អាណិតដល់រូបខ្ញុំកុំពួនសំងំនៅលួចលាក់
កុំព្រះពិរោធកុំអន់អាក់កុំបណ្តេញអ្នកបម្រើចោល
ព្រះអង្គសង្គ្រោះទូលបង្គំកុំទុករូបខ្ញុំនៅតែលតោល
ព្រះសង្គ្រោះខ្ញុំដូចស្រមោលកុំទុកខ្ញុំចោលដូច្នេះណា
១៣ខ្ញុំជឿជាក់ថាខ្ញុំនឹងបានឃើញសុខក្សេមក្សាន្តមិនអាស្រូវ
មង្គលកើតពីព្រះម្ចាស់នៅក្នុងលោកតទៅជាមិនខាន
១៤ចូរទុកចិត្តលើព្រះអម្ចាស់ព្រះអង្គជាព្រះដ៏ថ្កើងថ្កាន
ចូរមានកម្លាំងចិត្តក្លាហាននោះអ្នកនឹងមានសុភមង្គល

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ភល ២,១៥-១៦

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរបងប្អូនកាន់តាមព្រះបន្ទូលដែលផ្តល់ជីវិត! បងប្អូនភ្លឺដូចពន្លឺដែលបំភ្លឺពិភពលោកដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,២៧-៣២

ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់​​​ពួកគេថា៖ «អ្នករាល់គ្នាធ្លាប់ឮសេចក្តីថ្លែងទុកមកថា “កុំប្រព្រឹត្តអំពើផិតក្បត់”។ រីឯខ្ញុំ​​វិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាមើលស្រីម្នាក់ ហើយមានចិត្តស្រើប​ស្រាលចង់រួមបវេណីជា​មួយនាង អ្នកនោះដូចជាបានប្រព្រឹត្តអំពើផិតក្បត់ជាមួយនាង នៅក្នុងចិត្តរបស់ខ្លួនរួចស្រេចទៅហើយ។ ប្រសិនបើភ្នែកស្តាំរបស់អ្នកនាំអ្នកឱ្យ​ប្រព្រឹត្តអំពើបាប ចូរខ្វេះចេញ ហើយបោះចោលឱ្យឆ្ងាយពីអ្នកទៅ! បើអ្នកបាត់​ភ្នែកតែមួយនេះ ប្រសើរជាងបណ្តោយឱ្យរូបកាយទាំងមូលធ្លាក់ទៅក្នុងនរក។ ប្រសិនបើដៃស្តាំរបស់អ្នកនាំអ្នកឱ្យប្រព្រឹត្តអំពើបាប ចូរកាត់វា ហើយបោះចោលឱ្យ​ឆ្ងាយពីអ្នកទៅ! បើអ្នកបាត់តែអវៈយវៈមួយ ប្រសើរជាងបណ្តោយឱ្យរូបកាយទាំងមូលធ្លាក់ទៅក្នុងនរក។
មានសេចក្តីថ្លែងទុកមកថា “បុរសណាលែងភរិយា ត្រូវធ្វើលិខិតលែងលះឱ្យនាង”។ រីឯខ្ញុំវិញ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយារបស់ខ្លួន (លើកលែង​តែរួមរស់ជាមួយគ្នាដោយឥតបានរៀបការ) បុរសនោះ ធ្វើឱ្យនាងទៅជាស្ត្រីផិតក្បត់ ប្រសិនបើនាងរៀបការម្តងទៀត។ រីឯបុរសណារៀបការនឹងស្ត្រីប្តីលែង បុរសនោះក៏ប្រព្រឹត្តអំពើផិតក្បត់ដែរ»។

167 Views

Theme: Overlay by Kaira