ថ្ងៃចន្ទ អាទិត្យទី០៩
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌ក្រហម
ថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២៦
បុណ្យរម្លឹក
សន្តយូស្តាំង ជាមរណសាក្សី
សូមចុចទីនេះ
លោកយូស្តាំងជាទស្សនវិទូជាតិរ៉ូមាំងមួយរូប។ លោកសិក្សាទស្សនវិជ្ជាគ្រប់មុខ ដោយមានបំណងចង់ស្គាល់សេចក្តីពិត តែរកមិនឃើញសោះ។ តាមការទូន្មានរបស់តាចាស់ម្នាក់ លោកចាប់អានគម្ពីរទាំងនឹកសញ្ជឹងអត្ថន័យ ទើបលោកស្គាល់ព្រះគ្រីស្តដែលជាព្រះប្រាជ្ញាញាណដ៏ពិតប្រាកដ។ លោកបង្កើតសាលាមួយនៅក្រុងរ៉ូមដើម្បីពន្យល់លទ្ធិគ្រីស្តសាសនា និងដោះសាគ្រីស្តសាសនាទុកជាព្រះប្រាជ្ញាញ្ញាណ។ លោកនិពន្ធសៀវភៅពីរច្បាប់ដើម្បីពន្យល់លទ្ធិគ្រីស្តសាសនា និងដោះសាគ្រីស្តសាសនាពីសំណាក់អស់អ្នកដែលមួលបង្កាច់។ នៅឆ្នាំ ១៦៥ អាជ្ញាធររ៉ូមាំងប្រហារជីវិតលោក ព្រោះលោកកាន់គ្រីស្តសាសនា។ មុនផុតដង្ហើម លោកមានប្រសាសន៍ថា៖ «អ្នកមានប្រាជ្ញាសាមញ្ញធម្មតា មិនដែលលះបង់សេចក្តីពិតចោលដើម្បីទៅរកសេចក្តីពិត»។
សូមថ្លែងលិខិតទី១ របស់គ្រីស្តទូតសិលា ២សល ១,២-៧
ខ្ញុំស៊ីម៉ូនសិលា ជាអ្នកបម្រើ និងជាទូតរបស់ព្រះយេស៊ូគ្រីស្ត សូមជម្រាបមកបងប្អូនដែលបានទទួលជំនឿ ដោយសារសេចក្តីសុចរិតរបស់ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើង។ ជំនឿរបស់បងប្អូនក៏មានតម្លៃដូចជំនឿរបស់យើងដែរ។ សូមព្រះជាម្ចាស់ប្រណីសន្តោស និងប្រទានសេចក្តីសុខសាន្តមកបងប្អូនឱ្យបានបរិបូរណ៍ដោយបងប្អូនបានស្គាល់ព្រះអង្គ និងស្គាល់ព្រះយេស៊ូ ជាព្រះអម្ចាស់របស់យើងយ៉ាងច្បាស់។ ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ប្រទានឱ្យយើងមានអ្វីៗទាំងអស់សម្រាប់ជីវិតរស់នៅ និងសម្រាប់គោរពប្រណិប័តន៍ព្រះអង្គ។ ឫទ្ធានុភាពនោះនាំយើងឱ្យស្គាល់ព្រះអង្គដែលបានត្រាស់ហៅយើង ដោយសារសិរីរុងរឿងរបស់ព្រះអង្គផ្ទាល់ និងដោយសារព្រះបារមីរបស់ព្រះអង្គ។ ដោយសារសិរីរុងរឿង និងព្រះបារមីនេះ ព្រះអង្គបានប្រទានព្រះអំណោយទានដ៏មានតម្លៃវិសេសបំផុតមកយើងតាមព្រះបន្ទូលសន្យា ដើម្បីឱ្យបងប្អូនមានលក្ខណៈជាព្រះជាម្ចាស់ រួមជាមួយព្រះអង្គ ដោយបោះបង់ចោលសេចក្តីរលួយដែលមកពីការលោភលន់ក្នុងលោកីយ៍។ ហេតុនេះ បងប្អូនត្រូវខ្នះខ្នែងឱ្យអស់ពីសមត្ថភាព បន្ថែមកិរិយាល្អឥតខ្ចោះពីលើជំនឿ បន្ថែមការស្គាល់ព្រះអង្គពីលើកិរិយាល្អ បន្ថែមការចេះទប់ចិត្តពីលើការស្គាល់ព្រះអង្គ បន្ថែមការព្យាយាមតស៊ូពីលើការចេះទប់ចិត្ដ បន្ថែមការគោរពប្រណិប័តន៍ព្រះជាម្ចាស់ពីលើការព្យាយាមតស៊ូ បន្ថែមភាតរភាពពីលើការគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងបន្ថែមសេចក្តីស្រឡាញ់ពីលើភាតរភាព។
ទំនុកតម្កើងលេខ ៩១ (៩០),១-២.១៤-១៦ បទកាកគតិ
| ១ | អ្នកដែលរស់ក្រោម | ការថែគ្រប់គ្រង | របស់ព្រះម្ចាស់ |
| ជាព្រះខ្ពង់ខ្ពស់ | វិសុទ្ធពេកណាស់ | មានឫទ្ធិតេជះ |
| | បារមីខ្លាំងក្រៃ | ។ |
| ២ | ទូលបង្គំទូលថា | «ព្រះអម្ចាស់ជា | ជម្រកយប់ថ្ងៃ |
| និងជាកំពែង | ជ្រកកោនផុតភ័យ | មិនបង្អង់អី |
| | ផ្ញើកាយជីវិត» | ។ |
| ១៤ | ព្រះអម្ចាស់មាន | ព្រះបន្ទូលថ្កាន | យ៉ាងច្បាស់មកថា |
| យើងនឹងចេញមុខ | រំដោះរងការ | ដ្បិតគេស្គាល់ថា |
| | យើងជាព្រះគេ | ។ |
| ១៥ | បើគេស្រែករក | ហៅយើងឱ្យមក | យើងតបមិនរេ |
| ពេលមានអាសន្ន | យើងនៅនឹងគេ | ឥតមានបែកបែរ |
| | ទាំងថ្កើងគេផង | ។ |
| ១៦ | យើងឱ្យគេបាន | រស់នៅសុខសាន្ត | យូរឆ្នាំកន្លង |
| អាយុយឺនយូរ | មិនឱ្យមានហ្មង | ឱ្យគេដឹងផង |
| | ថាយើងសង្គ្រោះ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ សល ២,៤
អាលេលូយ៉ា! អាលេលូយ៉ា!
សូមបងប្អូនចូលមកជិតព្រះគ្រីស្តជាសិលាដ៏មានជីវិត ជាសិលាដែលមនុស្សលោកបានបោះបង់ចោល តែព្រះជាម្ចាស់បានរើសយក។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១២,១-១២
នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់អស់លោកនាយកបូជាចារ្យជាប្រស្នាថា៖ «មានបុរសម្នាក់បានដាំទំពាំងបាយជូរមួយចម្ការ។ គាត់ធ្វើរបងព័ទ្ធជុំវិញ គាត់រៀបចំកន្លែងមួយដើម្បីបញ្ជាន់ផ្លែទំពាំងបាយជូរ ព្រមទាំងសង់ខ្ទមមួយផង។ បន្ទាប់មក គាត់ប្រវាស់ឱ្យពួកកសិករមើលថែទាំ រួចចេញដំណើរពីស្រុកនោះទៅ។ លុះដល់ទំពាំងបាយជូរទុំ គាត់ក៏ចាត់អ្នកបម្រើម្នាក់ឱ្យមកទទួលផលដែលជាចំណែករបស់គាត់ពីពួកអ្នកថែចម្ការ។ គេនាំគ្នាចាប់អ្នកបម្រើនោះវាយដំ ហើយបណ្តេញឱ្យត្រឡប់ទៅវិញដៃទទេ។ ម្ចាស់ចម្ការក៏ចាត់អ្នកបម្រើម្នាក់ទៀតឱ្យមក ប៉ុន្តែ ពួកអ្នកថែចម្ការនាំគ្នាវាយក្បាលអ្នកបម្រើនោះ ព្រមទាំងជេរស្តីទៀតផង។ ម្ចាស់ចម្ការចាត់អ្នកបម្រើម្នាក់ផ្សេងទៀតឱ្យមក។ អ្នកថែចម្ការបានសម្លាប់អ្នកបម្រើនោះ។ បន្ទាប់មក អ្នកបម្រើផ្សេងទៀតជាច្រើននាក់ក៏រងគ្រោះដូច្នោះដែរ ខ្លះត្រូវគេវាយដំ ខ្លះត្រូវគេសម្លាប់។ ម្ចាស់ចម្ការមានបុត្រដ៏ជាទីស្រឡាញ់តែមួយគត់ គាត់ក៏ចាត់បុត្រនោះឱ្យមកក្រោយគេបង្អស់ ដោយនឹកគិតថា៖ «គេមុខជានឹងគោរពកោតខ្លាចកូនប្រុសអញមិនខាន»។ ប៉ុន្តែ ពួកកសិករថែចម្ការទាំងនោះពិគ្រោះគ្នាថា៖ «អ្នកនេះជាអ្នកទទួលកេរមត៌កពីម្ចាស់ចម្ការទៅថ្ងៃក្រោយ យើងនាំគ្នាសម្លាប់វាទៅ ចម្ការនេះនឹងធ្លាក់មកជាសម្បត្តិរបស់យើង»។ គេក៏ចាប់កូនប្រុសម្ចាស់ចម្ការយកទៅសម្លាប់ទៀត រួចបោះទៅក្រៅចម្ការទំពាំងបាយជូរ។ តើម្ចាស់ចម្ការធ្វើយ៉ាងដូចម្តេច?។ គាត់មុខជាមកសម្លាប់អ្នកថែរក្សាចម្ការទាំងនោះមិនខាន រួចប្រគល់ចម្ការទំពាំងបាយជូរទៅឱ្យអ្នកផ្សេងទៀត។ អ្នករាល់គ្នាពិតជាធ្លាប់អានអត្ថបទគម្ពីរដែលមានចែងថា៖ “ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់មកជាគ្រឹះដ៏សំខាន់បំផុត។ ព្រះអម្ចាស់បានសម្រេចការអស្ចារ្យនេះ យើងក៏បានឃើញ ហើយស្ងើចសរសើរផង”។ ពួកមេដឹកនាំសាសន៍យូដាយល់ថា ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នានេះសំដៅលើពួកគេ។ គេក៏នាំគ្នារកមធ្យោបាយចាប់ព្រះអង្គ ប៉ុន្តែ គេខ្លាចបណ្តាជន។ ដូច្នេះ គេក៏ចាកចេញពីព្រះយេស៊ូទៅ។
415 Views
Post Views:
422