សម្ពន្ធមេត្រីចាស់ (Old Testament) 46
១. គម្ពីរធម្មវិន័យ (Pentateuch) 5
កំណើតពិភពលោក (កណ) Genesis (Gn)
សេរីភាព (សរ) Exodus (Ex)
លេវីវិន័យ (លវ) Leviticus (Lv)
ជំរឿនប្រជាជន (ជរ) Numbers (Nm)
ទុតិយកថា (ទក) Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត (History) 16
យ៉ូស៊ូអា (យអ) Joshua (Jos)
វិរបុរស (វរ) Judges (Jdg)
នាងរូថ (នរ) Ruth (Ru)
១សាមូអែល (១សម) 1 Samuel (1 Sm)
២សាមូអែល (២សម) 2 Samuel (2 Sm)
១ពង្សាវតារក្សត្រ (១ពង្ស) 1 Kings (1 Kg)
២ពង្សាវតារក្សត្រ (២ពង្ស) 2 Kings (2 Kg)
១របាក្សត្រ (១របា) 1 Chronicles (1 Ch)
២របាក្សត្រ (២របា) 2 Chronicles (2 Ch)
អែសរ៉ា (អរ) Ezra (Ezr)
នេហេមី (នហ) Nehemiah (Neh)
យ៉ូឌីត (យឌ) Judith (Jdt)
តូប៊ីត (តប) Tobit (Tb)
អែសធែរ (អធ) Esther (Est)
១ម៉ាកាបាយ (១មបា) 1 Maccabees (1 Mc)
២ម៉ាកាបាយ (២មបា) 2 Maccabees (2 Mc)
៣. គម្ពីរប្រាជ្ញាញាណ (Wisdom) 7
ទំនុកតម្កើង (ទំន) Psalms (Ps)
យ៉ូប (យ៉ូប) Job (Jb)
សុភាសិត (សភ) Proverbs (Prv)
បទចម្រៀង (បច) Song of Songs (Sg)
សាស្តា (សស) Ecclesiastes (Eccl)
ព្រះប្រាជ្ញាញាណ (ប្រាញ) Wisdom (Wis)
បេនស៊ីរ៉ាក់ (បសរ) Sirach (Sir)
៤. គម្ពីរព្យាការី (Prophet) 18
អេសាយ (អស) Isaiah (Is)
យេរេមី (យរ) Jeremiah (Jer)
អេសេគីអែល (អគ) Ezekiel (Ez)
ហូសេ (ហស) Hosea (Ho)
យ៉ូអែល (យអ) Joel (Jl)
អម៉ូស (អម) Amos (Am)
អូបាឌី (អឌ) Obadiah (Ob)
យ៉ូណាស (យណ) Jonah (Jon)
មីកា (មីក) Micah (Mi)
ណាហ៊ូម (ណហ) Nahum (Na)
ហាបាគូក (ហគ) Habakkuk (Hb)
សេផានី (សផ) Zephaniah (Zep)
ហាកាយ (ហក) Haggai (Hg)
សាការី (សក) Zechariah (Zec)
ម៉ាឡាគី (មគ) Malachi (Mal)
សំណោក (សណ) Lamentations (Lam)
ដានីអែល (ដន) Daniel (Dn)
បារូក (បារ) Baruch (Ba)
សម្ពន្ធមេត្រីថ្មី (New Testament) 27
១. គម្ពីរដំណឹងល្អ (Gospels) 4
ម៉ាថាយ (មថ) Matthew (Mt)
ម៉ាកុស (មក) Mark (Mk)
លូកា (លក) Luke (Lk)
យ៉ូហាន (យហ) John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត (History) 1
កិច្ចការគ្រីស្តទូត (កក) Acts of the Apostles (Acts)
៣. លិខិតសន្តប៉ូល (Paul Letters) 13
រ៉ូម (រ៉ូម) Romans (Rom)
១កូរិនថូស (១ករ) 1 Corinthians (1 Cor)
២កូរិនថូស (២ករ) 2 Corinthians (2 Cor)
កាឡាទី (កាឡ) Galatians (Gal)
អេភេសូ (អភ) Ephesians (Eph)
ភីលីព (ភីល) Philippians (Phil)
កូឡូស (កូឡ) Colossians (Col)
១ថេស្សាឡូនិក (១ថស) 1 Thessalonians (1 Thes)
២ថេស្សាឡូនិក (២ថស) 2 Thessalonians (2 Thes)
១ធីម៉ូថេ (១ធម) 1 Timothy (1 Tm)
២ធីម៉ូថេ (២ធម) 2 Timothy (2 Tm)
ទីតុស (ទត) Titus (Ti)
ភីលេម៉ូន (ភល) Philemon (Phlm)
៤. សំណេរសកល (Catholic Letters) 5
ហេប្រឺ (ហប) Hebrews (Heb)
យ៉ាកុប (យក) James (Jas)
១សិលា (១សល) 1 Peter (1 Pt)
២សិលា (២សល) 2 Peter (2 Pt)
យូដាស (យដ) Jude (Jude)
៥. សំណេរសន្តយ៉ូហាន (John Writings) 4
១យ៉ូហាន (១យហ) 1 John (1 Jn)
២យ៉ូហាន (២យហ) 2 John (2 Jn)
៣យ៉ូហាន (៣យហ) 3 John (3 Jn)
វិវរណៈ (វវ) Revelation (Rev)

១យ៉ូហាន

លិខិត​ទី​មួយ​របស់

លោក​យ៉ូហាន

ពាក្យ​លំនាំ

ជា​យូរ​ឆ្នាំ​ក្រោយ​ព្រះ‌យេស៊ូ​ចូល​ទិវង្គត មាន​កើត​វិបត្តិ​មួយ​យ៉ាង​ធំ​ក្នុង​ចំណោម​អ្នក​ជឿ គឺ​គ្រីស្ត‌បរិស័ទ​ខ្លះ​ដែល​ស្ទាត់​ជំនាញ​ខាង​ទស្សន‌វិជ្ជា​ក្រិក អួត​ខ្លួន​ថា​គេ​អាច «ស្គាល់» និង​«ឃើញ» ព្រះ‌ជាម្ចាស់​បាន​ដោយ​ប្រាជ្ញា និង​តាម​ការ​ត្រិះ‌រិះ​របស់​ខ្លួន។ ពួក​គេ​អួត​ទៀត​ថា ខ្លួន​គេ​គ្មាន​ជាប់​បាប​ទាល់​តែ​សោះ ជា​ពិសេស​ទៅ​ទៀត អ្នក​ទាំង​នោះ​មិន​ជឿ​ថា​ព្រះ‌យេស៊ូ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ទេ ហើយ​ក៏​មិន​ជឿ​ថា​ព្រះ‌អង្គ​ជា​មនុស្ស​ធម្មតា​ដែរ។ គេ​នឹក​ស្មាន​ថា ព្រះ‌វិញ្ញាណ​របស់​ព្រះ‌បុត្រា​បាន​យាង​ចូល​ក្នុង​រូប​បុរស​ម្នាក់​ឈ្មោះ​យេស៊ូ នៅ​ពេល​លោក​យ៉ូហាន‌បាទីស្ដ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ ពួក​គេ​ស្មាន​ទៀត​ថា ព្រះ‌វិញ្ញាណ​របស់​ព្រះ‌បុត្រា​បាន​យាង​ចេញ​ទៅ​វិញ នៅ​ពេល​ព្រះ‌យេស៊ូ​រង‌ទុក្ខ​លំបាក។

គោល​បំណងៈ

លោក​យ៉ូហាន​សរសេរ​លិខិត​បី​ច្បាប់​នេះ នៅ​ចុង​សតវត្ស​ទី​១ ដើម្បី​ប្រៀន‌ប្រដៅ​គ្រីស្ត‌បរិស័ទ​ទាំង‌ឡាយ​ឲ្យ​កាន់​ជំនឿ​ត្រឹម​ត្រូវ កុំ​ចាញ់​បោក​ពួក​អ្នក​ដែល​ផ្សាយ​ទ្រឹស្ដី​ផ្ដេស‌ផ្ដាស​ទាំង​នោះ​ឡើយ។ លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​មាគ៌ា​ដ៏​ពិត​ប្រាកដ គឺ​ថា អ្នក​ណា​មាន​ចិត្ត​ស្រឡាញ់​ចំពោះ​អ្នក​ផង​ទាំង​ពួង អ្នក​នោះ​ហើយ​ដែល​ស្គាល់ និង​ឃើញ​ព្រះ‌ជាម្ចាស់!។
លិខិត​ទី​ពីរ និង​ទី​បី ជា​លិខិត​ខ្លីៗ​ផ្ញើ​ទៅ​ក្រុម​គ្រីស្ត‌បរិស័ទ​មួយ និង​គ្រីស្ត‌បរិស័ទ​ម្នាក់​ឈ្មោះ​កៃយូស។

គម្រោង​គម្ពីរ​យ៉ូហាន​ទី​១ :

• សេចក្ដី​ផ្ដើម ១.១-៤
• ពន្លឺ និង​ភាព​ងងឹត ១.៥‑២.២៩
• បុត្រ​ធីតា​របស់​ព្រះ‌ជាម្ចាស់ និង​កូន​ចៅ​របស់​មារ​សាតាំង ៣.១-២៤
• សេចក្ដី​ពិត និង​គ្រូ​ក្លែង‌ក្លាយ ៤.១-៦
• សេចក្ដី​ស្រឡាញ់ ៤.៧-២១
• ជ័យ‌ជម្នះ​របស់​ជំនឿ ៥.១-២១
គម្រោង​គម្ពីរ​យ៉ូហាន​ទី​២ :
• សេចក្ដី​ផ្ដើម ១‑៣
• សេចក្ដី​ស្រឡាញ់​រវាង​បង‌ប្អូន ៤‑៦
• គ្រូ​ក្លែង‌ក្លាយ ៧‑១១
• អវសាន‌កថា ១២‑១៣
គម្រោង​គម្ពីរ​យ៉ូហាន​ទី​៣ :
• សេចក្ដី​ផ្ដើម ១‑៤
• ភក្តី‌ភាព​របស់​លោក​កៃយូស ៥‑៨
• ឌីអូ‌ត្រែប និង​ដេមេទ្រី‌យូស ៩‑១២
• អវសាន‌កថា ១៣‑១៥
ព្រះ‌បន្ទូល​នៃ​ជីវិត
 ព្រះ‌បន្ទូល​ដែល​ផ្ដល់​ជីវិត​គង់​នៅ​កាល​ពី​ដើម​ដំបូង​បង្អស់ យើង​បាន​ឮ​ព្រះ‌បន្ទូល​នេះ បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក បាន​រំពឹង​គិត និង​បាន​ពាល់​ដោយ​ដៃ​យើង​ផ្ទាល់  (ដ្បិត​ជីវិត​នេះ​បាន​លេច​មក​ឲ្យ​យើង​ឃើញ ហើយ​យើង​សូម​ផ្ដល់​សក្ខី‌ភាព និង​សូម​ជូន​ដំណឹង​មក​បង‌ប្អូន អំពី​ជីវិត​អស់​កល្ប‌ជានិច្ចដែល​បែរ​ទៅ​រក​ព្រះ‌បិតា និង​លេច​មក​ឲ្យ​យើង​ឃើញ)។  យើង​សូម​ជូន​ដំណឹង​អំពី​ព្រះ‌បន្ទូល​ដែល​យើង​បាន​ឃើញ និង​បាន​ឮ​នោះ​ដល់​បង‌ប្អូន ដើម្បី​ឲ្យ​បង‌ប្អូន​បាន​ចូល​រួម​រស់​ជា​មួយ​យើង រីឯ​យើង​វិញ យើង​ក៏​រួម​រស់​ជា​មួយ​ព្រះ‌បិតា និង​ជា​មួយ​ព្រះ‌យេស៊ូ‌គ្រីស្ត* ជា​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ។  យើង​សរសេរ​សេចក្ដី​ទាំង​នេះ​មក​ជូន​បង‌ប្អូន ដើម្បី​ឲ្យ​យើង​មាន​អំណរ​ពេញ​លក្ខណៈ។
ព្រះ‌ជាម្ចាស់​ជា​ពន្លឺ
 ដំណឹង​ដែល​យើង​បាន​ឮ​ពី​ព្រះ‌យេស៊ូ‌គ្រីស្ត* ហើយ​យក​មក​ជម្រាប​ជូន​បង‌ប្អូន​នេះ មាន​សេចក្ដី​ដូច​ត​ទៅ: ព្រះ‌ជាម្ចាស់​ជា​ពន្លឺ គ្មាន​សេចក្ដី​ងងឹត​នៅ​ក្នុង​ព្រះ‌អង្គ​ទាល់​តែ​សោះ។  ប្រសិន​បើ​យើង​ពោល​ថា យើង​រួម​រស់​ជា​មួយ​ព្រះ‌អង្គ តែ​យើង​បែរ​ជា​រស់​ក្នុង​សេចក្ដី​ងងឹត​ទៅ​វិញ​នោះ យើង​និយាយ​កុហក​ហើយ គឺ​យើង​មិន​ប្រតិបត្តិ​តាម​សេចក្ដី​ពិត​ទេ។  ប៉ុន្តែ ប្រសិន​បើ​យើង​រស់ក្នុង​ពន្លឺ ដូច​ព្រះ‌អង្គ​ផ្ទាល់​ដែល​គង់​នៅ​ក្នុង​ពន្លឺ នោះ​យើង​នឹង​បាន​រួម​រស់​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ‌លោហិត​របស់​ព្រះ‌យេស៊ូ ជា​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​ជម្រះ​យើង​ឲ្យ​បាន​បរិសុទ្ធ* រួច​ពី​គ្រប់​អំពើ​បាប​ទាំង​អស់។
អំពើ​បាប និង​ការ​អត់‌ទោស
 ប្រសិន​បើ​យើង​ពោល​ថា យើង​គ្មាន​បាប​សោះ នោះ​យើង​បញ្ឆោត​ខ្លួន​ឯង ហើយ​សេចក្ដី​ពិត​ក៏​មិន​ស្ថិត​នៅ​ក្នុង​យើង​ដែរ។  ប៉ុន្តែ បើ​យើង​ទទួល​សារ‌ភាព​អំពើ​បាប​របស់​យើង នោះ​ព្រះ‌ជាម្ចាស់​ដែល​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ និង​សុចរិត* ព្រះ‌អង្គ​នឹង​អត់‌ទោស​យើង​ឲ្យ​រួច​ពី​បាប ព្រម​ទាំង​ជម្រះ​យើង​ឲ្យ​បាន​បរិសុទ្ធ រួច​ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង។ ១០ ប្រសិន​បើ​យើង​ពោល​ថា យើង​គ្មាន​បាប​សោះ នោះ​ដូច​ជា​យើង​ចោទ​ថា ព្រះ‌ជាម្ចាស់​កុហក​ទៅ​វិញ ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​មិន​ស្ថិត​នៅ​ក្នុង​ខ្លួន​យើង​ទេ។
ព្រះ‌គ្រីស្ត​ជា​ទី​ពឹង​របស់​យើង
 ម្នាល​កូន​ចៅ​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់​គ្នា ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប។ ប៉ុន្តែ ប្រសិន​បើ​មាន​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប យើង​មាន​ព្រះ​ដ៏​ជួយ​ការ‌ពារ​មួយ​ព្រះ‌អង្គ គង់​នៅ​ទល់​មុខ​ព្រះ‌បិតា គឺ​ព្រះ‌យេស៊ូ‌គ្រីស្ត​ដ៏​សុចរិត។  ព្រះ‌អង្គ​បាន​បូជា​ព្រះ‌ជន្ម ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​បាប ហើយ​មិន​ត្រឹម​តែ​លោះ​យើង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​លោះ​មនុស្ស​លោក​ទាំង​មូល​ផង​ដែរ។
វិន័យ​ថ្មីៈ ត្រូវ​ស្រឡាញ់​គ្នា​ជា​បង‌ប្អូន
ប្រសិន​បើ​យើង​កាន់​តាម​វិន័យ​របស់​ព្រះ‌អង្គ នោះ​ទើប​យើង​ដឹង​ថា យើង​បាន​ស្គាល់​ព្រះ‌អង្គ​មែន។  អ្នក​ណា​ពោល​ថា «ខ្ញុំ​ស្គាល់​ព្រះ‌អង្គ​ហើយ» តែ​មិន​កាន់​តាម​វិន័យ​របស់​ព្រះ‌អង្គ អ្នក​នោះ​និយាយ​កុហក ហើយ​សេចក្ដី​ពិត​មិន​ស្ថិត​នៅ​ក្នុង​ខ្លួន​គេ​ទេ។  រីឯ​អ្នក​ដែល​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជាម្ចាស់​ពិត​ជា​ស្ថិត​នៅ​ក្នុង​អ្នក​នោះ គ្រប់​លក្ខណៈ​មែន។ យើង​អាច​ដឹង​ថា យើង​ពិត​ជា​ស្ថិត​នៅ​ក្នុង​ព្រះ‌អង្គ​ដោយ​សេចក្ដី​នេះ  គឺ​អ្នក​ណា​អះ‌អាង​ថា​ខ្លួន​ស្ថិត​នៅ​ក្នុង​ព្រះ‌អង្គ អ្នក​នោះ​ត្រូវ​តែ​រស់​នៅ​តាម​របៀប​ដូច​ព្រះ‌អម្ចាស់​ធ្លាប់​រស់​ដែរ។
 កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ ខ្ញុំ​មិន​សរសេរ​វិន័យ*​ថ្មី​ណា​មួយ​មក​ជូន​អ្នក​រាល់​គ្នា​ឡើយ គឺ​ខ្ញុំ​សរសេរ​វិន័យ​ចាស់ ជា​វិន័យ​ដែល​អ្នក​រាល់​គ្នា​បាន​ទទួល តាំង​ពី​ដើម​រៀង​មក។ វិន័យ*​ចាស់​នេះ​ជា​ព្រះ‌បន្ទូល ដែល​អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​រួច​មក​ហើយ។  ប៉ុន្តែ វិន័យ​ដែល​ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​នេះ ក៏​ដូច​ជា​វិន័យ​ថ្មី​មួយ​ដែរ គឺ​ពិត​ជា​ថ្មី​ចំពោះ​ព្រះ‌គ្រីស្ត* និង​ចំពោះ​អ្នក​រាល់​គ្នា​ ដ្បិត​សេចក្ដី​ងងឹត​កំពុង​តែ​រសាត់​បាត់​ទៅ រីឯ​ពន្លឺ​ដ៏​ពិត​ប្រាកដ​បាន​ភ្លឺ​ឡើង​ហើយ។
អ្នក​ណា​អះ‌អាង​ថា​ខ្លួន​ស្ថិត​នៅ​ក្នុង​ពន្លឺ តែ​ស្អប់​បង‌ប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត​នៅ​ឡើយ។ ១០ អ្នក​ណា​ស្រឡាញ់​បង‌ប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​ពន្លឺ ហើយ​គ្មាន​អ្វី​ធ្វើ​ឲ្យ​គាត់​រវាត​ចិត្ត​ចេញ​ពី​ជំនឿ​ឡើយ។ ១១ រីឯ​អ្នក​ណា​ស្អប់​បង‌ប្អូន អ្នក​នោះ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត គេ​រស់​ក្នុង​សេចក្ដី​ងងឹត ទាំង​ពុំ​ដឹង​ថា​ខ្លួន​កំពុង​ទៅ​ណា​ផង ព្រោះ​សេចក្ដី​ងងឹត​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​គេ​ទៅ​ជា​ខ្វាក់។
១២ ម្នាល​កូន​ចៅ​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា ព្រះ‌ជាម្ចាស់​បាន​លើក‌លែង​ទោស​អ្នក​ឲ្យ​រួច​ពី​បាប ដោយ‌សារ​ព្រះ‌នាម​របស់​ព្រះ‌យេស៊ូ។ ១៣ ចាស់​ទុំ​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ស្គាល់​ព្រះ‌អង្គ​ដែល​គង់​នៅ​តាំង​ពី​មុន​កំណើត​អ្វីៗ​ទាំង​អស់។ យុវជន​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ឈ្នះ​មារ*​កំណាច​ហើយ។
១៤ ក្មេងៗ​ទាំង‌ឡាយ​អើយ ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ស្គាល់​ព្រះ‌បិតា។ ចាស់​ទុំ​ទាំង‌ឡាយ​អើយ ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ស្គាល់​ព្រះ‌អង្គ ដែល​គង់​នៅ​តាំង​ពី​មុន​កំណើត​អ្វីៗ​ទាំង​អស់។ យុវជន​ទាំង‌ឡាយ​អើយ ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​មាន​កម្លាំង​ពលំ ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ក៏​ស្ថិត​នៅ​ក្នុង​អ្នក ហើយ​អ្នក​បាន​ឈ្នះ​មារ​កំណាច។
១៥ កុំ​ស្រឡាញ់​លោកីយ៍ និង​អ្វីៗ​នៅ​ក្នុង​លោកីយ៍​នេះ​ឡើយ។ អ្នក​ណា​ស្រឡាញ់​លោកីយ៍ សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌បិតា​មិន​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​ទេ។ ១៦ អ្វីៗ​នៅ​ក្នុង​លោកីយ៍​នេះ ដូច​ជា​ចិត្ត​លោភ‌លន់​របស់​មនុស្ស ចិត្ត​លោភ‌លន់​ចង់​បាន​អ្វីៗ​ដែល​ភ្នែក​មើល​ឃើញ និង​អំនួត ព្រោះ​មាន​ទ្រព្យ‌សម្បត្តិ មិន​មែន​មក​ពី​ព្រះ‌បិតា​ទេ គឺ​មក​ពី​គំនិត​លោកីយ៍​វិញ។ ១៧ លោកីយ៍​នេះ​កំពុង​តែ​រសាត់​បាត់​ទៅ ហើយ​ចិត្ត​លោភ‌លន់​របស់​មនុស្ស​លោក​ក៏​កំពុង​តែ​រសាត់​បាត់​ទៅ​ដែរ។ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ប្រព្រឹត្ត​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ នឹង​នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​អស់​កល្ប‌ជានិច្ច។
អ្នក​ប្រឆាំង​ព្រះ‌គ្រីស្ត
១៨ ម្នាល​កូន​ចៅ​ទាំង‌ឡាយ​អើយ ពេល​នេះ ជា​ពេល​ចុង​ក្រោយ​បំផុត ដូច​អ្នក​រាល់​គ្នា​បាន​ឮ​ស្រាប់​ហើយ​ថា មាន​មេ​ប្រឆាំង*​ព្រះ‌គ្រីស្ត​ម្នាក់​កំពុង​តែ​មក។ ឥឡូវ​នេះ មាន​មេ​ប្រឆាំង​ព្រះ‌គ្រីស្ត​ជា​ច្រើន​នាក់​មក​ដល់​មែន ជា​ហេតុ​នាំ​ឲ្យ​យើង​ដឹង​ថា គ្រា​នេះ​ជា​គ្រា​ចុង​ក្រោយ​បំផុត​ហើយ។ ១៩ អ្នក​ទាំង​នោះ​បាន​ចេញ​ពី​ចំណោម​ពួក​យើង​ទៅ តែ​ពួក​គេ​មិន​មែន​ជា​គ្នា​យើង​ទេ បើ​គេ​ជា​គ្នា​យើង​មែន គេ​មុខ​ជា​នៅ​ជា​មួយ​យើង​រហូត​មិន​ខាន។ ប៉ុន្តែ គេ​ចាក​ចេញ​ពី​យើង​ទៅ​ដូច្នេះ បង្ហាញ​ឲ្យ​ឃើញ​ថា ពួក​គេ​មិន​មែន​សុទ្ធ​តែ​ជា​គ្នា​យើង​ទាំង​អស់​ទេ។
២០ រីឯ​អ្នក​រាល់​គ្នា​វិញ ព្រះ​ដ៏‌វិសុទ្ធ*​បាន​ចាក់​ប្រេង​​មក​លើ​អ្នក​រាល់​គ្នា ហើយ​អ្នក​ក៏​បាន​ចេះ​ដឹង​ទាំង​អស់​គ្នា។ ២១ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​មិន​ស្គាល់​សេចក្ដី​ពិត​នោះ​ទេ គឺ​ខ្ញុំ​សរសេរ​មក ព្រោះ​អ្នក​រាល់​គ្នា​ស្គាល់​សេចក្ដី​ពិត​រួច​ហើយ ហើយ​គ្មាន​ពាក្យ​កុហក​ណា​កើត​មក​ពី​សេចក្ដី​ពិត​ទាល់​តែ​សោះ។ ២២ តើ​នរណា​ជា​អ្នក​កុហក? គឺ​គ្មាន​នរណា​ក្រៅ​ពី​អ្នក​ដែល​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ‌យេស៊ូ ថា​ជា​ព្រះ‌គ្រីស្ត*​នោះ​ឡើយ។ អ្នក​ណា​បដិសេធ​មិន​ទទួល​ស្គាល់​ទាំង​ព្រះ‌បិតា ទាំង​ព្រះ‌បុត្រា គឺ​អ្នក​នោះ​ហើយ​ជា​មេ​ប្រឆាំង*​ព្រះ‌គ្រីស្ត។ ២៣ អ្នក​ណា​មិន​ទទួល​ស្គាល់​ព្រះ‌បុត្រា អ្នក​នោះ​ក៏​គ្មាន​ព្រះ‌បិតា​គង់​ជា​មួយ​ដែរ រីឯ​អ្នក​ដែល​ទទួល​ស្គាល់​ព្រះ‌បុត្រា ទើប​មាន​ព្រះ‌បិតា​គង់​ជា​មួយ។
២៤ ចំពោះ​អ្នក​រាល់​គ្នា​វិញ ចូរ​ទុក​ឲ្យ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ តាំង​ពី​ដើម​ដំបូង​រៀង​មក ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ។ ប្រសិន​បើ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​តាំង​ពី​ដើម​ដំបូង​រៀង​មក ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​រាល់​គ្នា​ក៏​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌បុត្រា និង​ព្រះ‌បិតា​ដែរ។ ២៥ រីឯ​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​យើង​នោះ គឺ​ព្រះ‌អង្គ​ប្រទាន​ជីវិត​អស់​កល្ប‌ជានិច្ច​មក​យើង។ ២៦ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នាស្ដី​អំពី​ពួក​អ្នក ដែល​បាន​មក​បញ្ឆោត​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង។ ២៧ ព្រះ‌វិញ្ញាណ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​អ្នក​រាល់​គ្នា ព្រះ‌អង្គ​គង់​នៅ​ក្នុង​អ្នក​រាល់​គ្នា​ស្រាប់​ហើយ ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ​ឲ្យ​នរណា​មក​បង្រៀន​អ្នក​រាល់​គ្នា​ឡើយ។ បើ​ព្រះ‌វិញ្ញាណ​បង្រៀន​គ្រប់​សេចក្ដី​ដល់​អ្នក​រាល់​គ្នា (ព្រះ‌អង្គ​មិន​កុហក​ទេ ព្រះ‌អង្គ​ជា​សេចក្ដី​ពិត) ដូច្នេះ អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌គ្រីស្ត*​ដូច​ព្រះ‌វិញ្ញាណ​បាន​បង្រៀន​អ្នក​រាល់​គ្នា​ស្រាប់​ហើយ។
២៨ ឥឡូវ​នេះ កូន​ចៅ​ទាំង‌ឡាយ​អើយ ចូរ​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌យេស៊ូ​ចុះ ដើម្បី​ឲ្យ​យើង​មាន​ចិត្ត​រឹង‌ប៉ឹង នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​យាង​មក​យ៉ាង​រុង​រឿង ហើយ​ពេល​ព្រះ‌អង្គ​យាង​មក​នោះ យើង​នឹង​មិន​ត្រូវ​អៀន​ខ្មាស​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ឡើយ។ ២៩ អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា ព្រះ‌អង្គ​សុចរិត ហេតុ​នេះ ចូរ​អ្នក​រាល់​គ្នា​ដឹង​ដែរ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត សុទ្ធ​តែ​កើត​មក​ពី​ព្រះ‌អង្គ​ទាំង​អស់។
បុត្រ‌ធីតា​របស់​ព្រះ‌ជាម្ចាស់
 សូម​គិត​មើល៍ ព្រះ‌បិតា​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង​ខ្លាំង​ដល់​កម្រិត​ណា គឺ​ព្រះ‌អង្គ​ស្រឡាញ់​យើង រហូត​ដល់​ទៅ​ហៅ​យើង​ថា ជា​បុត្រ​ធីតា​របស់​ព្រះ‌អង្គ ហើយ​យើង​ពិត​ជា​បុត្រ​ធីតា​របស់​ព្រះ‌អង្គ​មែន! ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​លោក​មិន​ស្គាល់​យើង មក​ពី​គេ​មិន​បាន​ស្គាល់​ព្រះ‌អង្គ។  កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ! ពេល​នេះ យើង​ទាំង​អស់​គ្នា​ជា​បុត្រ‌ធីតា​របស់​ព្រះ‌ជាម្ចាស់ ហើយ​ដែល​យើង​នឹង​ទៅ​ជា​យ៉ាង​ណាៗ​នោះ ព្រះ‌អង្គ​ពុំ​ទាន់​សម្ដែង​ឲ្យ​យើង​ដឹង​នៅ​ឡើយ​ទេ។ ប៉ុន្តែ នៅ​ពេល​ព្រះ‌គ្រីស្ត​យាង​មក​ដល់ យើង​នឹង​បាន​ដូច​ព្រះ‌អង្គ​ដែរ ដ្បិត​ព្រះ‌អង្គ​មាន​ភាព​យ៉ាង​ណា យើង​នឹង​ឃើញ​ព្រះ‌អង្គ​យ៉ាង​នោះ។  អ្នក​ណា​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះ‌អង្គ​បែប​នេះ អ្នក​នោះ​បាន​ជម្រះ​ខ្លួន​ឲ្យ​បរិសុទ្ធ* ដូច​ព្រះ‌អង្គ​បរិសុទ្ធ​ដែរ។
 អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប* អ្នក​នោះ​បំពាន​លើ​វិន័យ* ដ្បិត​អំពើ​បាប​ជា​ការ​បំពាន​លើ​វិន័យ។  អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ​ថា ព្រះ‌យេស៊ូ​យាង​មក ដើម្បី​ដក​បាប​ចេញ​ពី​មនុស្ស​លោក ដ្បិត​គ្មាន​បាប​នៅ​ក្នុង​ព្រះ‌អង្គ​ទាល់​តែ​សោះ។  អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌អង្គ អ្នក​នោះ​មិន​ប្រព្រឹត្ត​អំពើ​បាប​ទេ រីឯ​អ្នក​ប្រព្រឹត្ត​អំពើ​បាប មិន​ដែល​បាន​ឃើញ​ព្រះ‌អង្គ ព្រម​ទាំង​មិន​ស្គាល់​ព្រះ‌អង្គ​ផង។
 កូន​ចៅ​ទាំង‌ឡាយ​អើយ សុំ​កុំ​ឲ្យ​នរណា​ម្នាក់​មក​បញ្ឆោត​អ្នក​រាល់​គ្នា​ឡើយ។ អ្នក​ណា​ប្រព្រឹត្ត​អំពើ​សុចរិត អ្នក​នោះ​ជា​មនុស្ស​សុចរិត ដូច​ព្រះ‌យេស៊ូ​ព្រះ‌អង្គ​សុចរិត​ដែរ។  អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​កើត​ចេញ​ពី​មារ* ដ្បិត​មារ​បាន​ប្រព្រឹត្ត​អំពើ​បាប តាំង​ពី​ដើម​រៀង​មក។ ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​បាន​យាង​មក ដើម្បី​រំលាយ​កិច្ច‌ការ​របស់​មារ។
អ្នក​ដែល​កើត​មក​ពី​ព្រះ‌ជាម្ចាស់ មិន​ប្រព្រឹត្ត​អំពើ​បាប​ទេ ដ្បិត​ពូជ​​របស់​ព្រះ‌អង្គ​ស្ថិត​នៅ​ក្នុង​អ្នក​នោះ ហើយ​អ្នក​នោះ​ពុំ​អាច​ប្រព្រឹត្ត​អំពើ​បាប​ឡើយ ព្រោះ​គេ​កើត​មក​ពី​ព្រះ‌ជាម្ចាស់។ ១០ ត្រង់​ហ្នឹង​ហើយ ដែល​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា អ្នក​ណា​ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់ អ្នក​ណា​ជា​កូន​ចៅ​របស់​មារ*។ អ្នក​ណា​មិន​ប្រព្រឹត្ត​អំពើ​សុចរិត* អ្នក​នោះ​មិន​មែន​កើត​មក​ពី​ព្រះ‌ជាម្ចាស់​ទេ ហើយ​អ្នក​ណា​មិន​ស្រឡាញ់​បង‌ប្អូន អ្នក​នោះ​ក៏​មិន​មែន​កើត​មក​ពី​ព្រះ‌អង្គ​ដែរ។
ការ​ស្រឡាញ់​គ្នា​ជា​បង‌ប្អូន
១១ ដំណឹង​ដែល​បង‌ប្អូន​បាន​ទទួល តាំង​ពី​ដើម​ដំបូង​រៀង​មក​នោះ គឺ​យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ ១២ យើង​មិន​ត្រូវ​ធ្វើ​ដូច​កាអ៊ីន ដែល​កើត​ចេញ​មក​ពី​មារ*​កំណាច ហើយ​បាន​កាត់​ក​ប្អូន​របស់​ខ្លួន​នោះ​ឡើយ។ ហេតុ​អ្វី​បាន​ជា​គាត់​សម្លាប់​ប្អូន​ដូច្នេះ? គឺ​មក​ពី​អំពើ​ដែល​គាត់​ធ្លាប់​ប្រព្រឹត្ត​សុទ្ធ​តែ​អាក្រក់ រីឯ​អំពើ​ដែល​ប្អូន​របស់​គាត់​ប្រព្រឹត្ត​សុទ្ធ​តែ​សុចរិត*។ ១៣ បង‌ប្អូន​អើយ ប្រសិន​បើ​មនុស្ស​លោក​ស្អប់​បង‌ប្អូន សូម​កុំ​ងឿង‌ឆ្ងល់​ឡើយ។ ១៤ យើង​ដឹង​ហើយ​ថា យើង​បាន​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​មក​កាន់​ជីវិត ព្រោះ​យើង​ចេះ​ស្រឡាញ់​បង‌ប្អូន។ អ្នក​ណា​មិន​ចេះ​ស្រឡាញ់ អ្នក​នោះ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ស្លាប់។ ១៥ អ្នក​ណា​ស្អប់​បង‌ប្អូន​របស់​ខ្លួន អ្នក​នោះ​ជា​ឃាតក។ បង‌ប្អូន​ដឹង​ស្រាប់​ហើយ​ថា ឃាតក​គ្មាន​ជីវិត​អស់​កល្ប‌ជានិច្ច​ស្ថិត​នៅ​ក្នុង​ខ្លួន​ទេ។
១៦ យើង​ស្គាល់​សេចក្ដី​ស្រឡាញ់​ស្រាប់​ហើយ គឺ​ព្រះ‌យេស៊ូ​បាន​បូជា​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ​សម្រាប់​យើង ហេតុ​នេះ យើង​ត្រូវ​បូជា​ជីវិត​សម្រាប់​បង‌ប្អូន​ដែរ។ ១៧ ប្រសិន​បើ​នរណា​ម្នាក់​មាន​សម្បត្តិ​លោកីយ៍ ហើយ​ឃើញ​បង‌ប្អូន​របស់​ខ្លួន​ខ្វះ​ខាត តែ​បែរ​ជា​មិន​អាណិត‌អាសូរ​គេ​ទេ​នោះ ធ្វើ​ដូច​ម្ដេច​នឹង​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជាម្ចាស់ ស្ថិត​នៅ​ក្នុង​ខ្លួន​អ្នក​នោះ​កើត!។
១៨ កូន​ចៅ​អើយ យើង​មិន​ត្រូវ​ស្រឡាញ់​ត្រឹម​តែ​បបូរ​មាត់ ឬ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ស្រឡាញ់​តាម​អំពើ​ដែល​យើង​ប្រព្រឹត្ត និង​តាម​សេចក្ដី​ពិត​វិញ។ ១៩ ត្រង់​ហ្នឹង​ហើយ​ដែល​យើង​ដឹង​ថា យើង​កើត​មក​ពី​សេចក្ដី​ពិត ហើយ​ចិត្ត​យើង​មិន​ភ័យ​ខ្លាច​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ទេ។ ២០ ហេតុ​នេះ ប្រសិន​បើ​ចិត្ត​គំនិត​របស់​យើង​ដាក់​ទោស​យើង នោះ​ព្រះ‌ជាម្ចាស់​ដែល​ធំ​ជាង​ចិត្ត​របស់​យើង ព្រះ‌អង្គ​ឈ្វេង​យល់​ទាំង​អស់។ ២១ កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ ប្រសិន​បើ​ចិត្ត​គំនិត​របស់​យើង​មិន​ដាក់​ទោស​យើង​ទេ នោះ​យើង​នឹង​មាន​ចិត្ត​រឹង‌ប៉ឹង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ។ ២២ អ្វីៗ​ក៏​ដោយ​ឲ្យ​តែ​យើង​ទូល​សូម យើង​មុខ​ជា​ទទួល​ពី​ព្រះ‌អង្គ​មិន​ខាន ព្រោះ​យើង​កាន់​តាម​វិន័យ​របស់​ព្រះ‌អង្គ និង​ប្រព្រឹត្ត​អំពើ​ណា​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ។ ២៣ រីឯ​វិន័យ*​របស់​ព្រះ‌អង្គ​មាន​ដូច​ត​ទៅ គឺ​យើង​ត្រូវ​ជឿ​លើ​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រីស្ត* ជា​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ និង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក តាម​វិន័យ​ដែល​ព្រះ‌អង្គ​ប្រទាន​មក​យើង។ ២៤ អ្នក​ណា​កាន់​តាម​វិន័យ*​របស់​ព្រះ‌អង្គ អ្នក​នោះ​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌ជាម្ចាស់ ហើយ​ព្រះ‌ជាម្ចាស់​ក៏​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ​ដែរ។ ត្រង់​ហ្នឹង​ហើយ​ដែល​យើង​ដឹង​ថា ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​ជាប់​នឹង​យើង ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដែល​ព្រះ‌អង្គ​ប្រទាន​មក​យើង។
គ្រូ​ក្លែង‌ក្លាយ
 កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ សូម​កុំ​ជឿ​អស់​អ្នក​ដែល​ថា ខ្លួន​មាន​ព្រះ‌វិញ្ញាណ​គង់​នៅ​ជា​មួយ​នោះ​ឡើយ ត្រូវ​ល្បង‌ល​គេ​មើល ដើម្បី​ឲ្យ​ដឹង​ថា វិញ្ញាណ​នេះ​មក​ពី​ព្រះ‌ជាម្ចាស់​មែន ឬ​យ៉ាង​ណា ដ្បិត​មាន​ព្យាការី*​ក្លែង‌ក្លាយ​ជា​ច្រើន​បាន​មក​ក្នុង​លោក​នេះ។  បង‌ប្អូន​អាច​ស្គាល់​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​បាន​នៅ​ត្រង់​នេះ គឺ​អ្នក​ណា​​ប្រកាស​ជំនឿ​ថា ព្រះ‌យេស៊ូ‌គ្រីស្ត*​បាន​យាង​មក​កើត​ជា​មនុស្ស អ្នក​នោះ​មាន​ព្រះ‌វិញ្ញាណ​មក​ពី​ព្រះ‌ជាម្ចាស់​មែន  តែ​អ្នក​ណា​មិន​ទទួល​ស្គាល់​ថាព្រះ‌យេស៊ូ​កើត​មក​ជា​មនុស្ស​ទេ​ អ្នក​នោះ​មិន​កើត​មក​ពី​ព្រះ‌ជាម្ចាស់​ឡើយ គឺ​មក​ពី​មេ​ប្រឆាំង​ព្រះ‌គ្រីស្ត​វិញ ដូច​អ្នក​រាល់​គ្នា​បាន​ទទួល​ដំណឹង​ថា មាន​មេ​ប្រឆាំង​នឹង​ព្រះ‌គ្រីស្ត​កំពុង​តែ​មក ឥឡូវ​នេះ គេ​ក៏​នៅ​ក្នុង​ពិភព‌លោក​ស្រាប់។
 កូន​ចៅ​អើយ អ្នក​រាល់​គ្នា​កើត​មក​ពី​ព្រះ‌ជាម្ចាស់ ហើយ​អ្នក​រាល់​គ្នា​បាន​ឈ្នះ​ព្យាការី*​ក្លែង‌ក្លាយ​ទាំង​នោះ ដ្បិត​ព្រះ‌អង្គ​ដែល​គង់​នៅ​ក្នុង​អ្នក​រាល់​គ្នា ព្រះ‌អង្គ​មាន​អំណាច​ធំ​ជាង​ម្ចាស់​លោកីយ៍​នេះ​ទៅ​ទៀត។  អ្នក​ទាំង​នោះ​កើត​មក​ពី​លោកីយ៍ ហេតុ​នេះ​ហើយ​បាន​ជា​ពាក្យ​សម្ដី​របស់​គេ​ចេញ​ពី​លោកីយ៍ ហើយ​មនុស្ស​លោក​ស្ដាប់​គេ។  រីឯ​យើង​វិញ យើង​កើត​មក​ពី​ព្រះ‌ជាម្ចាស់ អ្នក​ណា​ស្គាល់​ព្រះ‌ជាម្ចាស់ អ្នក​នោះ​ក៏​ស្ដាប់​យើង​ដែរ អ្នក​ណា​មិន​កើត​មក​ពី​ព្រះ‌ជាម្ចាស់​ទេ អ្នក​នោះ​មិន​ស្ដាប់​យើង​ឡើយ គឺ​ត្រង់​ហ្នឹង​ហើយ​ដែល​យើង​អាច​ដឹង​ថា ព្រះ‌វិញ្ញាណ​សម្ដែង​សេចក្ដី​ពិត ខុស​ពី​វិញ្ញាណ​ដែល​នាំ​ឲ្យ​វង្វេង​នោះ​យ៉ាង​ណា។
ព្រះ‌ជាម្ចាស់​ជា​សេចក្ដី​ស្រឡាញ់
 កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​សេចក្ដី​ស្រឡាញ់​កើត​មក​ពី​ព្រះ‌ជាម្ចាស់។ អ្នក​ណា​មាន​ចិត្ត​ស្រឡាញ់ អ្នក​នោះ​កើត​មក​ពី​ព្រះ‌ជាម្ចាស់ ហើយ​ក៏​ស្គាល់​ព្រះ‌ជាម្ចាស់​ដែរ។  រីឯ​អ្នក​ដែល​មិន​ចេះ​ស្រឡាញ់ មិន​បាន​ស្គាល់​ព្រះ‌ជាម្ចាស់​ទេ ដ្បិត​ព្រះ‌ជាម្ចាស់​ជា​សេចក្ដី​ស្រឡាញ់។  ព្រះ‌ជាម្ចាស់​បាន​សម្ដែង​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌អង្គ​ក្នុង​ចំណោម​យើង គឺ​ព្រះ‌អង្គ​បាន​ចាត់​ព្រះ‌បុត្រាតែ​មួយ​គត់​របស់​ព្រះ‌អង្គ​ឲ្យ​យាង​មក​ក្នុង​លោក​នេះ ដើម្បី​ឲ្យ​យើង​មាន​ជីវិត​ដោយ‌សារ​ព្រះ‌បុត្រា។ ១០ សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជាម្ចាស់​មាន​ដូច​ត​ទៅ​នេះ មិន​មែន​យើង​ទេ​ដែល​បាន​ស្រឡាញ់​ព្រះ‌អង្គ គឺ​ព្រះ‌អង្គ​ទេ​តើ​ដែល​បាន​ស្រឡាញ់​យើង និង​បាន​ចាត់​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​ឲ្យ​យាង​មក​បូជា​ព្រះ‌ជន្ម លោះ​យើង​ឲ្យ​រួច​ពី​បាប​ផង។ ១១ កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ ប្រសិន​បើ​ព្រះ‌ជាម្ចាស់​បាន​ស្រឡាញ់​យើង​ដល់​កម្រិត​នេះ​ទៅ​ហើយ យើង​ក៏​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។
១២ ពុំ​ដែល​មាន​នរណា​បាន​ឃើញ​ព្រះ‌ជាម្ចាស់​ឡើយ។ ប្រសិន​បើ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​ជាប់​នឹង​យើង ហើយ​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌អង្គ នឹង​បាន​គ្រប់​លក្ខណៈ​នៅ​ក្នុង​យើង​ដែរ។ ១៣ យើង​ដឹង​ថា យើង​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ស្ថិត​នៅ​ជាប់​នឹង​យើង ដោយ​ព្រះ‌អង្គ​បាន​ចែក​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ​មក​យើង។ ១៤ រីឯ​យើង​វិញ យើង​បាន​ឃើញ ហើយ​យើង​ផ្ដល់​សក្ខី‌ភាព​ថា ព្រះ‌បិតា​បាន​ចាត់​ព្រះ‌បុត្រា​ឲ្យ​យាង​មក​សង្គ្រោះ​មនុស្ស​លោក។ ១៥ អ្នក​ណា​ប្រកាស​ជំនឿ​ថា​ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ ហើយ​អ្នក​នោះ​ក៏​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌អង្គ​ដែរ។ ១៦ រីឯ​យើង​វិញ យើង​បាន​ស្គាល់​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌ជាម្ចាស់ ក្នុង​ចំណោម​យើង ហើយ​យើង​ក៏​បាន​ជឿ។ ព្រះ‌ជាម្ចាស់​ជា​សេចក្ដី​ស្រឡាញ់ អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌ជាម្ចាស់ ហើយ​ព្រះ‌ជាម្ចាស់​ក៏​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ​ដែរ។
១៧ បើ​សេចក្ដី​ស្រឡាញ់​ពិត​ជា​បាន​គ្រប់​លក្ខណៈ​នៅ​ក្នុង​យើង​មែន នោះ​យើង​នឹង​មាន​ចិត្ត​រឹង‌ប៉ឹង នៅ​ថ្ងៃ​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ដ្បិត​ក្នុង​លោក​នេះ យើង​មាន​របៀប​រស់​នៅ​ដូច​ព្រះ‌យេស៊ូ​ដែរ។ ១៨ បើ​យើង​មាន​សេចក្ដី​ស្រឡាញ់​ក្នុង​ខ្លួន យើង​ឥត​មាន​ភ័យ​ខ្លាច​ទេ តែ​សេចក្ដី​ស្រឡាញ់​ដ៏​គ្រប់​លក្ខណៈ បណ្ដេញ​ការ​ភ័យ​ខ្លាច​ឲ្យ​ចេញ​ផុត​ទៅ​បាន​ថែម​ទៀត​ផង។ អ្នក​ណា​នៅ​ភ័យ​ខ្លាច អ្នក​នោះ​តែង‌តែ​ខ្លាច​ទទួល​ទណ្ឌ‌កម្ម ដូច្នេះ សេចក្ដី​ស្រឡាញ់​ពុំ​ទាន់​បាន​គ្រប់​លក្ខណៈ​នៅ​ក្នុង​ខ្លួន​គេ​ឡើយ។
១៩ រីឯ​យើង​វិញ យើង​មាន​ចិត្ត​ស្រឡាញ់ ព្រោះ​ព្រះ‌អង្គ​បាន​ស្រឡាញ់​យើង​ជា​មុន។ ២០ បើ​នរណា​ម្នាក់​ពោល​ថា “ខ្ញុំ​ស្រឡាញ់​ព្រះ‌ជាម្ចាស់” តែ​ស្អប់​បង‌ប្អូន​របស់​ខ្លួន អ្នក​នោះ​និយាយ​កុហក​ហើយ។ អ្នក​ណា​មិន​ស្រឡាញ់​បង‌ប្អូន​ដែល​ខ្លួន​មើល​ឃើញ ក៏​ពុំ​អាច​ស្រឡាញ់​ព្រះ‌ជាម្ចាស់​ដែល​ខ្លួន​មើល​ពុំ​ឃើញ​នោះ​បាន​ដែរ។ ២១ យើង​បាន​ទទួល​វិន័យ​នេះ​ពី​ព្រះ‌អង្គ​ថា «អ្នក​ណា​ស្រឡាញ់​ព្រះ‌ជាម្ចាស់ អ្នក​នោះ​ក៏​ត្រូវ​ស្រឡាញ់​បង‌ប្អូន​ដែរ»។
ជំនឿ​លើ​ព្រះ‌យេស៊ូ​ជា​ប្រភព​នៃ​សេចក្ដី​ស្រឡាញ់
 អ្នក​ណា​ជឿ​ថា​ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌គ្រីស្ត អ្នក​នោះ​កើត​មក​ពី​ព្រះ‌ជាម្ចាស់ ហើយ​អ្នក​ណា​ស្រឡាញ់​ព្រះ‌បិតា អ្នក​នោះ​ក៏​ស្រឡាញ់​អ្នក​ដែល​កើត​មក​ពី​ព្រះ‌អង្គ​ដែរ។  ដោយ​យើង​ស្រឡាញ់​ព្រះ‌ជាម្ចាស់ និង​ប្រតិបត្តិ​តាម​វិន័យ​របស់​ព្រះ‌អង្គ យើង​នឹង​ដឹង​ថា យើង​ពិត​ជា​ស្រឡាញ់​បុត្រ​ធីតា​របស់​ព្រះ‌ជាម្ចាស់។  យើង​មាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជាម្ចាស់​ក្នុង​ខ្លួន​មែន លុះ​ត្រា​តែ​យើង​កាន់​តាម​វិន័យ​របស់​ព្រះ‌អង្គ។ វិន័យ​របស់​ព្រះ‌អង្គ​មិន​តឹង‌តែង​ទេ  ព្រោះ​អស់​អ្នក​ដែល​កើត​មក​ពី​ព្រះ‌ជាម្ចាស់សុទ្ធ​តែ​ឈ្នះ​លោកីយ៍​នេះ គឺ​ជំនឿ​របស់​យើង​ហ្នឹង​ហើយ ដែល​បាន​ឈ្នះ​លោកីយ៍។  តើ​អ្នក​ណា​អាច​ឈ្នះ​លោកីយ៍​បាន? គឺ​អ្នក​ដែល​ជឿ​ថា ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់។
សក្ខី‌ភាព​អំពី​ព្រះ‌យេស៊ូ‌គ្រីស្ត និង​អំពី​ជីវិត​អស់​កល្ប‌ជានិច្ច
 ព្រះ‌យេស៊ូ‌គ្រីស្ត​នេះ​ហើយដែល​បាន​យាង​មក​ក្នុង​លោក​នេះ ដោយ​ទឹក និង​លោហិត​ មិន​ត្រឹម​តែ​ដោយ​ទឹក​ប៉ុណ្ណោះ​ទេ គឺ​ដោយ​ទឹក និង​លោហិត​ផង។ ព្រះ‌វិញ្ញាណ​បាន​ផ្ដល់​សក្ខី‌ភាព​ថា សេចក្ដី​នេះ​ពិត​ជា​ត្រឹម​ត្រូវ​មែន ដ្បិត​ព្រះ‌វិញ្ញាណ​ជា​សេចក្ដី​ពិត។  មាន​បន្ទាល់​បី​គឺ  ព្រះ‌វិញ្ញាណ ទឹក និង​លោហិត ហើយ​បន្ទាល់​ទាំង​បី​នេះរួម​គ្នា​ផ្ដល់​សក្ខី‌ភាព​តែ​មួយ​។  ព្រះ‌ជាម្ចាស់​បាន​ផ្ដល់​សក្ខី‌ភាព​អំពី​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ។ យើង​តែង‌តែ​ទទួល​ស្គាល់​សក្ខី‌ភាព​របស់​មនុស្ស រីឯ​សក្ខី‌ភាព​របស់​ព្រះ‌ជាម្ចាស់​រឹង‌រឹត​តែ​ធំ​ជាង​នោះ​ទៅ​ទៀត។ ១០ អ្នក​ណា​ជឿ​លើ​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ អ្នក​នោះ​មាន​សក្ខី‌ភាព​របស់​ព្រះ‌អង្គ​នៅ​ក្នុង​ខ្លួន អ្នក​ណា​មិន​ជឿ​ព្រះ‌ជាម្ចាស់​ទេ អ្នក​នោះ​ចាត់​ទុក​ថា ព្រះ‌អង្គ​កុហក​ទៅ​វិញ ព្រោះ​គេ​មិន​ជឿ​លើ​សក្ខី‌ភាព​ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រទាន​មក ស្ដី​អំពី​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ។ ១១ រីឯ​សក្ខី‌ភាព​នោះ​មាន​ដូច​ត​ទៅ​នេះ គឺ​ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ជីវិត​អស់​កល្ប‌ជានិច្ច​មក​យើង ហើយ​ជីវិត​នេះ​ស្ថិត​នៅ​ក្នុង​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ។ ១២ អ្នក​ណា​មាន​ព្រះ‌បុត្រា អ្នក​នោះ​ក៏​មាន​ជីវិត​ដែរ ហើយ​អ្នក​ណា​គ្មាន​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ទេ អ្នក​នោះ​គ្មាន​ជីវិត​នេះ​ឡើយ។
១៣ ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​រាល់​គ្នា​ដែល​ជឿ​លើ​ព្រះ‌នាម​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ មាន​ជីវិត​អស់​កល្ប‌ជានិច្ច​ហើយ។ ១៤ ហេតុ​នេះ​ហើយ​បាន​ជា​យើង​មាន​ចិត្ត​រឹង‌ប៉ឹង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ គឺ​ថា ប្រសិន​បើ​យើង​ទូល​សូម​អ្វីស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​ព្រះ‌សណ្ដាប់​យើង​ជា​មិន​ខាន។ ១៥ បើ​យើង​ដឹង​ថា ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​យើង ទោះ​បី​យើង​ទូល​សូម​អ្វី​ពី​ព្រះ‌អង្គ​ក៏​ដោយ ក៏​យើង​ដឹង​ថា យើង​បាន​ទទួល​អ្វីៗ​ដែល​យើង​ទូល​សូម​នោះ​រួច​ហើយ។
១៦ ប្រសិន​បើ​អ្នក​ណា​ម្នាក់ឃើញ​បង‌ប្អូន​ប្រព្រឹត្ត​អំពើ​បាប ដែល​មិន​បណ្ដាល​ឲ្យ​ស្លាប់ ត្រូវ​តែ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ ហើយ​ព្រះ‌អង្គ​នឹង​ប្រទាន​ជីវិត​ឲ្យ​បង‌ប្អូន​នោះ។ ខ្ញុំ​និយាយ​តែ​ពី​អំពើ​បាប ដែល​មិន​បណ្ដាល​ឲ្យ​ស្លាប់​ប៉ុណ្ណោះ។ មាន​អំពើ​បាប​ម្យ៉ាង​ដែល​បណ្ដាល​ឲ្យ​ស្លាប់ ចំពោះ​អំពើ​បាប​នោះ ខ្ញុំ​មិន​សុំ​ឲ្យ​ទូល‌អង្វរ​ទេ។ ១៧ អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មានសុទ្ធ​តែ​ជា​អំពើ​បាប​ទាំង​អស់ ប៉ុន្តែ មាន​អំពើ​បាប​ខ្លះ​មិន​បណ្ដាល​ឲ្យ​ស្លាប់​ឡើយ។
១៨ យើង​ដឹង​ហើយ​ថា អ្នក​កើត​មក​ពី​ព្រះ‌ជាម្ចាស់ មិន​ប្រព្រឹត្ត​អំពើ​បាប​ឡើយ ដ្បិត​ព្រះ‌បុត្រា​ដែល​កើត​ពី​ព្រះ‌ជាម្ចាស់​មក ព្រះ‌អង្គ​ការ‌ពារ​អ្នក​នោះ ហើយ​មារ*​កំណាច​ពុំ​អាច​យាយី​គេ​ឡើយ។ ១៩ យើង​ដឹង​ថា យើង​កើត​មក​ពី​ព្រះ‌ជាម្ចាស់ រីឯ​មនុស្ស​លោក​ទាំង​មូល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​មារ​កំណាច។ ២០ យើង​ក៏​ដឹង​ដែរ​ថា ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​បាន​យាង​មក ព្រះ‌អង្គ​ប្រទាន​ប្រាជ្ញា​ឲ្យ​យើង​ស្គាល់​ព្រះ​ដ៏​ពិត​ប្រាកដ ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ព្រះ​ដ៏​ពិត​ប្រាកដ ដោយ​រួម​ក្នុង​អង្គ​ព្រះ‌យេស៊ូ‌គ្រីស្ត* ជា​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ គឺ​ព្រះ‌អង្គ​ហើយដែល​ជា​ព្រះ‌ជាម្ចាស់​ដ៏​ពិត​ប្រាកដ ព្រះ‌អង្គ​ជា​ជីវិត​អស់​កល្ប‌ជានិច្ច។
២១ កូន​ចៅ​អើយ ចូរ​ចៀស​ឲ្យ​ផុត​ពី​ការ​គោរព​ព្រះ​ក្លែង‌ក្លាយ។
921 Views

Theme: Overlay by Kaira