សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

លិខិត​ទី​មួយ​របស់
សន្ត​សិលា

ពាក្យលំនាំ

លិខិត​ទី​មួយ​របស់

លោក​សិលា

ពាក្យ​លំនាំ

លោក​សិលា​បាន​សរសេរ​លិខិត​ទី​មួយ​នេះ ផ្ញើ​ជូន​គ្រីស្ត‌បរិស័ទ​ដែល​បែក‌ខ្ញែក​គ្នា តាម​តំបន់​ទាំង​ប្រាំ​នៅ​មជ្ឈិម‌បូព៌ា។ ក្រុម​គ្រីស្ត‌បរិស័ទ​ទាំង​នោះ​កកើត​ឡើង ដោយ​លោក​ប៉ូល​បាន​ប្រកាស​ផ្សាយ​ដំណឹង‌ល្អ។ លោក​សិលា​ប្រហែល​ជា​តែង​លិខិត​នេះ កាល​លោក​នៅ​ក្រុង​រ៉ូម ដែល​លោក​ឲ្យ​ឈ្មោះ​ថា «បាប៊ីឡូន» (៥.១៣) នៅ​គ.ស.៦៤។

គោល​បំណងៈ

នៅ​គ្រា​នោះ គ្រីស្ត‌បរិស័ទ​ត្រូវ​គេ​ប្រមាថ​មាក់‌ងាយ និង​ត្រូវ​គេ​ធ្វើ​ទុក្ខ​បៀត‌បៀន​ទៀត​ផង។ ហេតុ​នេះ គ្រីស្តទូត​សិលា​មាន​បំណង​ដាស់‌តឿន​គ្រីស្ត‌បរិស័ទ ដែល​ខ្ចាត់‌ខ្ចាយ​ក្នុង​ពិភព‌លោក ឲ្យ​មាន​ជំនឿ​កាន់​តែ​មាំ‌មួន​លើ​ព្រះ‌យេស៊ូ‌គ្រីស្ត ស្រប​តាម​ពិធី​ជ្រមុជ​ទឹក​ដែល​គេ​បាន​ទទួល។ ជំនឿ​នេះនឹង​ផ្ដល់​ឲ្យ​គេ​មាន​ចិត្ត​សង្ឃឹម​ដ៏​មោះ‌មុត គ្រប់​កាលៈ‌ទេសៈ និង​មាន​ជ័យ‌ជម្នះ​លើ​ឧបសគ្គ​នានា។ រីឯ​ទុក្ខ​លំបាក​ដែល​គ្រីស្ត‌បរិស័ទ​ជួប​ប្រទះ ធ្វើ​ឲ្យ​គេ​រួម​ជា​មួយ​ព្រះ‌គ្រីស្ត​ដែល​បាន​រង‌ទុក្ខ​លំបាក​ដែរ។
សេចក្ដី​ផ្ដើម
 ខ្ញុំ សិលា ជា​គ្រីស្តទូត*​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត សូម​ជម្រាប​មក​បង‌ប្អូន​ដែល​ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស ហើយ​ដែល​បែក‌ខ្ញែក​គ្នាទៅ​រស់​ជា​អាណិក‌ជន នៅ​ស្រុក​ប៉ុនតុស ស្រុក​កាឡា‌ទី ស្រុក​ប៉ាដូស ស្រុក​អាស៊ី និង​ស្រុក​ប៊ីធី‌នី។  ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា បាន​ជ្រើស‌រើស​បង‌ប្អូន តាម​គម្រោង‌ការ​ដែល​ព្រះ‌អង្គ​គ្រោង​ទុក​ពី​មុន​មក ដោយ​ព្រះ‌វិញ្ញាណ​ប្រោស​បង‌ប្អូន​ឲ្យ​បាន​វិសុទ្ធ* ដើម្បី​ឲ្យ​បង‌ប្អូន​ស្ដាប់​បង្គាប់​ព្រះ‌យេស៊ូ‌គ្រីស្ត* និង​ឲ្យ​ព្រះ‌អង្គ​ប្រោះ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ​លើ​បង‌ប្អូន​។ សូម​ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស និង​ប្រទាន​សេចក្ដី​សុខ‌សាន្ដ​មក​បង‌ប្អូន​យ៉ាង​បរិបូណ៌។
សេចក្ដី​សង្ឃឹម
 សូម​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត* ជា​ព្រះ‌អម្ចាស់​នៃ​យើង។ ព្រះ‌ជាម្ចាស់​បាន​ប្រោស​យើង​ឲ្យ​កើត​ជា​ថ្មី ដោយ​ប្រោស​ព្រះ‌យេស៊ូ‌គ្រីស្ត*ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ស្រប​តាម​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដ៏​លើស‌លប់​របស់​ព្រះ‌អង្គ ដូច្នេះ យើង​មាន​សេចក្ដី​សង្ឃឹម​ដែល​មិន​ចេះ​សាប​សូន្យ  ហើយ​យើង​នឹង​ទទួល​មត៌ក​ដែល​មិន​ចេះ​រលួយ មិន​ចេះ​សៅ‌ហ្មង មិន​ចេះ​ស្រពោន។ ព្រះ‌ជាម្ចាស់​បម្រុង​ទុក​មត៌ក​នេះ​ឲ្យ​បង‌ប្អូន​នៅ​ស្ថាន​បរម‌សុខ*  ហើយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ​ថែ‌រក្សា​បង‌ប្អូន ដោយ‌សារ​ជំនឿ ដើម្បី​ឲ្យ​បង‌ប្អូន​ទទួល​ការ​សង្គ្រោះ ដែល​ព្រះ‌អង្គ​បាន​រៀបចំ​ទុក​ជា​ស្រេច ហើយ​ដែល​ព្រះ‌អង្គ​នឹង​សម្ដែង​នៅ​គ្រា​ចុង​ក្រោយ​បំផុត។
 ហេតុ​នេះ​ហើយបាន​ជា​បង‌ប្អូន​មាន​ចិត្ត​រីក‌រាយ​យ៉ាង​ខ្លាំង ទោះ​បី​ពេល​នេះ បង‌ប្អូន​ព្រួយ ចិត្ត​ដោយ​ជួប​នឹង​ទុក្ខ​លំបាក​ផ្សេងៗ ក្នុង​មួយ‌រយៈ​ពេល​ខ្លី​ក៏​ដោយ។  ទុក្ខ​លំបាក​ទាំង​នេះ​នឹង​លត់‌ដំ​​ជំនឿ​របស់​បង‌ប្អូន ឲ្យ​មាន​តម្លៃ​លើស​មាស ដែល​តែង‌តែ​រលាយ​សូន្យ​នោះ​ទៅ​ទៀត គឺ​មាស​ដែល​សម្រាំង​ក្នុង​ភ្លើង។ នៅ​ថ្ងៃ​ដែល​ព្រះ‌យេស៊ូ‌គ្រីស្ត​សម្ដែង​ខ្លួន​ឲ្យ​មនុស្ស​លោក​ឃើញ ជំនឿ​របស់​បង‌ប្អូន​នឹង​ទទួល​ការ​សរសើរ ទទួល​សិរី‌រុង​រឿង និង​កិត្តិយស​ជា​មិន​ខាន។  បង‌ប្អូន​មិន​ដែល​បាន​ឃើញ​ព្រះ‌អង្គ​ទេ តែ​បង‌ប្អូន​ស្រឡាញ់​ព្រះ‌អង្គ ទោះ​បី​បង‌ប្អូន​នៅ​តែ​ពុំ​ទាន់​ឃើញ​ព្រះ‌អង្គ​ក្តី ក៏​បង‌ប្អូន​ជឿ​លើ​ព្រះ‌អង្គ ហើយ​មាន​អំណរ​សប្បាយ​ដ៏​រុង‌រឿង​រក​ថ្លែង​ពុំ​បាន  ព្រោះ​បង‌ប្អូន​បាន​ទទួល​ការ​សង្គ្រោះ​សម្រាប់​ព្រលឹង​ខ្លួន ដែល​ជា​ទី‌ដៅ​នៃ​ជំនឿ​របស់​បង‌ប្អូន។
១០ ព្យាការី*​ដែល​ថ្លែង​ព្រះ‌បន្ទូល*​អំពី​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់ ចំពោះ​បង‌ប្អូន បាន​នាំ​គ្នា​ស្រាវ‌ជ្រាវ និង​រិះ​រក​ចង់​ដឹង​អំពី​ការ​សង្គ្រោះ​នេះ។ ១១ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រីស្ត​ដែល​គង់​នៅ​ក្នុង​ព្យាការី​ទាំង​នោះ បាន​បញ្ជាក់​ប្រាប់​ជា​មុន​អំពី​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រីស្ត និង​អំពី​សិរី‌រុង​រឿង​ដែល​ព្រះ‌អង្គ​នឹង​ទទួល​តាម​ក្រោយ។ ពួក​លោក​ក៏​បាន​រិះ‌គិត​ចង់​ដឹង​ថា តើ​ព្រឹត្តិ‌ការណ៍​នេះ​នឹង​កើត​មាន​នៅ​ជំនាន់​ណា ក្នុង​កាលៈ‌ទេសៈ​ណា។ ១២ ព្រះ‌ជាម្ចាស់​បាន​សម្ដែង​ឲ្យ​ព្យាការី​ទាំង​នោះ​ដឹង​ថា សេចក្ដី​ដែល​ពួក​លោក​ថ្លែងមិន​មែន​សម្រាប់​ពួក​លោក​ទេ គឺ​សម្រាប់​បង‌ប្អូន​វិញ។ ឥឡូវ​នេះ ពួក​អ្នក​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*បាន​នាំ​ដំណឹង​មក​ប្រាប់​បង‌ប្អូនអំពី​សេចក្ដី​ទាំង​នោះ ក្រោម​ការ​ណែ‌នាំ​របស់​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* ដែល​ព្រះ‌ជាម្ចាស់​បាន​ចាត់​ពី​ស្ថាន​បរម‌សុខ​មក។ សូម្បី​តែ​ពួក​ទេវទូត*ក៏​ប្រាថ្នា​ចង់​យល់​ជម្រៅ​នៃ​សេចក្ដី​ទាំង​នោះ​ដែរ។
ការ​ទូន្មាន​ឲ្យ​មាន​ជីវិត​ដ៏‌វិសុទ្ធ
១៣ ហេតុ​នេះ សូម​បង‌ប្អូន​ប្រុង​ប្រៀប​ចិត្ត​គំនិត​ឲ្យ​មែន​ទែន កុំ​ភ្លេច​ខ្លួន​ឲ្យ​សោះ ត្រូវ​មាន​ចិត្ត​សង្ឃឹម​ទាំង​ស្រុង​ថា​នឹង​ទទួល​ព្រះ‌អំណោយ​ទាន ដែល​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​បង‌ប្អូន នៅ​ថ្ងៃ​ព្រះ‌យេស៊ូ‌គ្រីស្ត*​នឹង​សម្ដែង​ព្រះ‌អង្គឲ្យ​មនុស្ស​លោក​ឃើញ។ ១៤ ចូរ​ធ្វើ​ដូច​កូន​ដែល​ចេះ​ស្ដាប់​បង្គាប់ គឺ​មិន​ត្រូវ​ធ្វើ​តាម​ចិត្ត​ប៉ង‌ប្រាថ្នា ដែល​បង‌ប្អូន​ធ្លាប់​មាន​កាល​មិន​ទាន់​ស្គាល់​ព្រះ‌អង្គ​​នោះ​ឡើយ ១៥ ផ្ទុយ​ទៅ​វិញ ព្រះ‌អង្គ​ដែល​បាន​ត្រាស់​ហៅ​បង‌ប្អូន ព្រះ‌អង្គ​វិសុទ្ធ*​យ៉ាង​ណា បង‌ប្អូន​ក៏​ត្រូវ​តែ​វិសុទ្ធ*ក្នុង​គ្រប់​កិច្ច‌ការ ដែល​បង‌ប្អូន​ប្រព្រឹត្ត​យ៉ាង​នោះ​ដែរ ១៦ ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ទុក​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​តែ​វិសុទ្ធ* ព្រោះ​យើង​វិសុទ្ធ»
១៧ មួយ​វិញ​ទៀត ប្រសិន​បើ​បង‌ប្អូន​អង្វរ​រក​ព្រះ‌ជាម្ចាស់​ក្នុង​ឋានៈ​ព្រះ‌អង្គ​ជា​ព្រះ‌បិតា ចូរ​រស់​នៅ​ដោយ​គោរព​កោត​ខ្លាច​ព្រះ‌អង្គ ក្នុង​ពេល​ដែល​បង‌ប្អូន​ស្នាក់​នៅ​លើ​ផែន‌ដី​នេះ ដ្បិត​ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​មនុស្ស តាម​អំពើ​ដែល​ម្នាក់ៗ​បាន​ប្រព្រឹត្ត ឥត​រើស​មុខ​នរណា​ឡើយ។ ១៨ បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ព្រះ‌ជាម្ចាស់​បាន​លោះ​បង‌ប្អូន​ឲ្យ​រួច​ពី​របៀប​រស់​នៅ​ដ៏​ឥត​ន័យ ដែល​ជា​ដំណែល​ត​ពី​បុព្វបុរស*​របស់​បង‌ប្អូន មិន​មែន​ដោយ‌សារ​អ្វីៗ​ដែល​តែង‌តែ​រលាយ​សាប​សូន្យ​ទៅ ដូច​ជា​មាស ឬ​ប្រាក់​ទេ ១៩ គឺ​ដោយ‌សារ​ព្រះ‌លោហិត​ដ៏​ថ្លៃ​វិសេស​របស់​ព្រះ‌គ្រីស្ត* ដែល​ប្រៀប​បាន​នឹង​កូន​ចៀម​ដ៏​ល្អ​ឥត​ខ្ចោះ ឥត​ស្លាក‌ស្នាម។ ២០ ព្រះ‌ជាម្ចាស់​បាន​ជ្រើស​តាំង​ព្រះ‌គ្រីស្ត មុន​កំណើត​ពិភព‌លោក​ទៅ​ទៀត ហើយ​បាន​បង្ហាញ​ព្រះ‌អង្គ​ឲ្យ​មនុស្ស​លោក​ឃើញ​នៅ​គ្រា​ចុង​ក្រោយ​នេះ ព្រោះ​តែ​បង‌ប្អូន។ ២១ តាម‌រយៈ​ព្រះ‌គ្រីស្ត បង‌ប្អូន​ជឿ​លើ​ព្រះ‌ជាម្ចាស់​ដែល​បាន​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​ប្រទាន​សិរី‌រុង​រឿង​មក​ព្រះ‌អង្គ ដើម្បី​ឲ្យ​បង‌ប្អូន​មាន​ជំនឿ និង​មាន​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់។
២២ បង‌ប្អូន​បាន​ជម្រះ​ព្រលឹង​ឲ្យ​បរិសុទ្ធ*​ដោយ​ស្ដាប់​តាម​សេចក្ដី​ពិត ដើម្បី​ឲ្យ​បង‌ប្អូន​ចេះ​ស្រឡាញ់​គ្នា​យ៉ាង​ស្មោះ‌ស្ម័គ្រ ដូច​បង‌ប្អូន​បង្កើត។ ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​អស់​ពី​ចិត្ត​ទៅ។ ២៣ ព្រះ‌ជាម្ចាស់​បាន​ប្រោស​បង‌ប្អូន​ឲ្យ​កើត​ជា​ថ្មី មិន​មែន​ដោយ​ពូជ​ដែល​តែង‌តែ​រលួយ​ទេ គឺ​ដោយ​ពូជ​មិន​ចេះ​រលួយ​ដែល​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់។ ព្រះ‌បន្ទូល​នេះ​ផ្ដល់​ជីវិត ហើយ​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប
២៤ ដ្បិត​មនុស្ស​គ្រប់ៗ​រូប​ប្រៀប​បាន​នឹង​ស្មៅ
រីឯ​សិរី‌រុង​រឿង​ទាំង​ប៉ុន្មាន​របស់​គេ
ប្រៀប​បាន​នឹង​ផ្កា
ស្មៅ​តែង‌តែ​ក្រៀម ហើយ​ផ្កា​ក៏​រុះ‌រោយ​ដែរ
២៥ ប៉ុន្តែ ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៅ​ស្ថិត‌ស្ថេរ
អស់​កល្ប‌ជានិច្ច
ព្រះ‌បន្ទូល​នេះ គឺ​ជា​ដំណឹង‌ល្អ* ដែល​គេ​បាន​នាំ​យក​មក​ជូន​បង‌ប្អូន។
ប្រជា‌រាស្ដ្រ​ដ៏‌វិសុទ្ធ
 ហេតុ​នេះ ចូរ​បង‌ប្អូន​លះ‌បង់​ការ​អាក្រក់​គ្រប់​យ៉ាង លះ‌បង់​ល្បិច​កិច្ច‌កល​ទាំង​ប៉ុន្មាន ការ​លាក់​ពុត ចិត្ត​ច្រណែន‌ឈ្នានីស និង​ការ​និយាយ​ដើម​គេ​គ្រប់​យ៉ាង​នោះ​ចោល​ទៅ!  ចូរ​ប្រាថ្នា​ចង់​បាន​ព្រះ‌បន្ទូល ដូច​ទារក​ដែល​ទើប​នឹង​កើត​ប្រាថ្នា​ចង់​បាន​ទឹក​ដោះ​សុទ្ធ ដើម្បី​ឲ្យ​បង‌ប្អូន​បាន​ចម្រើន​ឡើង​តាម‌រយៈ​ព្រះ‌បន្ទូល​នេះ និង​ទទួល​ការ​សង្គ្រោះ  បើ​បង‌ប្អូន​ពិត​ជា​បាន​ក្រេប​ជញ្ជក់​ដឹង​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស​មែន​នោះ!
 សូម​បង‌ប្អូន​ចូល​មក​ជិត​ព្រះ‌គ្រីស្ត ជា​សិលា​ដ៏​មាន​ជីវិត ជា​សិលា​ដែល​មនុស្ស​លោក​បាន​បោះ​បង់​ចោល តែ​ព្រះ‌ជាម្ចាស់​បាន​រើស​យក ព្រោះ​ព្រះ‌អង្គ​ឈ្វេង​យល់​ថា​មាន​តម្លៃ​វិសេស។  រីឯ​បង‌ប្អូន​វិញ បង‌ប្អូន​ប្រៀប​បាន​នឹង​ថ្ម​ដ៏​មាន​ជីវិត​ដែរ ដូច្នេះ ចូរ​ផ្គុំ​គ្នា​ឡើង កសាង​ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌វិញ្ញាណ ធ្វើ​ជា​ក្រុម​បូជា‌ចារ្យ​ដ៏‌វិសុទ្ធ ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ខាង​វិញ្ញាណ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ តាម‌រយៈ​ព្រះ‌យេស៊ូ‌គ្រីស្ត*  ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា៖
«យើង​បាន​រើស​យក​ថ្ម​គ្រឹះ​មួយ​ដ៏​សំខាន់
ហើយ​មាន​តម្លៃ
យើង​ដាក់​ថ្ម​នោះ​នៅ​ក្រុង​ស៊ីយ៉ូន។
អ្នក​ណា​ជឿ​លើ​ថ្ម​នោះ
អ្នក​នោះ​មុខ​ជា​មិន​ត្រូវ​ខក​ចិត្ត​ឡើយ»
 ថ្ម​នេះ​មាន​តម្លៃ​វិសេស សម្រាប់​បង‌ប្អូន​ជា​អ្នក​ជឿ។ រីឯ​អ្នក​ដែល​មិន​ជឿ​វិញ
«ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​បង់​ចោល
បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត
 ជា​ថ្ម​ដែល​នាំ​ឲ្យ​គេ​ជំពប់​ដួល
ជា​សិលា​ដែល​នាំ​ឲ្យ​គេ​រវាត​ចិត្ត
បាត់​ជំនឿ»
អ្នក​ទាំង​នោះ​ជំពប់​ដួល ដូច​ព្រះ‌ជាម្ចាស់​បាន​គ្រោង​ទុក​មក​ស្រាប់ មក​ពី​គេ​ពុំ​ព្រម​ជឿ​ព្រះ‌បន្ទូល  រីឯ​បង‌ប្អូន​វិញ បង‌ប្អូន​ជា​ពូជ​សាសន៍​ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស ជា​ក្រុម​បូជា‌ចារ្យ​របស់​ព្រះ‌មហា​ក្សត្រ ជា​ជាតិ​សាសន៍​ដ៏‌វិសុទ្ធ ជា​ប្រជា‌រាស្ដ្រ​ដែល​ព្រះ‌ជាម្ចាស់​បាន​យក​មក​ធ្វើ​ជា​កម្ម‌សិទ្ធិ​ផ្ទាល់​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​បង‌ប្អូន​ប្រកាស​ដំណឹង​អំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ដែល​បាន​ហៅ​បង‌ប្អូន​ឲ្យ​ចេញ​ពី​ទី​ងងឹត មក​កាន់​ពន្លឺ​ដ៏​រុង‌រឿង​របស់​ព្រះ‌អង្គ។ ១០ ពី​ដើម បង‌ប្អូន​មិន​មែន​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជាម្ចាស់​ទេ តែ​ឥឡូវ​នេះ បង‌ប្អូន​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ហើយ ពី​ដើម បង‌ប្អូន​ពុំ​បាន​ទទួល​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ទេ តែ​ឥឡូវ​នេះ បង‌ប្អូន​បាន​ទទួល​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ហើយ​។
របៀប​រស់​នៅ​នៃ​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់
១១ បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ ខ្ញុំ​សូម​ទូន្មាន​បង‌ប្អូន​ជា​ជន​បរទេស និង​ជា​អ្នក​ស្នាក់​នៅ​ជា​បណ្ដោះ‌អាសន្ន​​ក្នុង​លោក​នេះ​ថា កុំ​បណ្ដោយ​ខ្លួន​ទៅ​តាម​តណ្ហា​ ដែល​តែង‌តែ​ប្រឆាំង​នឹង​ព្រលឹង​នោះ​ឡើយ។ ១២ ត្រូវ​កាន់​កិរិយា​មារយាទ​ឲ្យ​បាន​ថ្លៃ‌ថ្នូរ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ។ ដូច្នេះ ត្រង់​ចំណុច​ណា​ដែល​គេ​ចោទ​ថា បង‌ប្អូន​ប្រព្រឹត្ត​អាក្រក់ គេ​បែរ​ជា​ឃើញ​អំពើ​ល្អ​របស់​បង‌ប្អូន​ទៅ​វិញ ហើយ​នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​យាង​មក​ គេ​នឹង​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ​ថែម​ទៀត​ផង។
១៣ សូម​គោរព​ចុះ​ចូល​អំណាច​នានានៅ​លើ​ផែន‌ដី​នេះ ដោយ​យល់​ដល់​ព្រះ‌អម្ចាស់ គឺ​ត្រូវ​គោរព​ចុះ​ចូល​ព្រះ‌រាជា ក្នុង​ឋានៈ​លោក​ជា​អ្នក​មាន​អំណាច​ធំ​ជាង​គេ ១៤ ត្រូវ​គោរព​ចុះ​ចូល​នឹង​លោក​ទេសា‌ភិបាល​ទាំង‌ឡាយ ក្នុង​ឋានៈ​លោក​ជា​តំណាង​របស់​ព្រះ‌រាជា ដែល​ព្រះ‌អង្គ​ចាត់​ឲ្យ​មក​ធ្វើ​ទោស​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ និង​សរសើរ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ល្អ។ ១៥ ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​បង‌ប្អូន​បំបិទ​មាត់​ពួក​មនុស្ស​ខ្លៅ ដោយ​បង‌ប្អូន​ប្រព្រឹត្ត​អំពើ​ល្អ ១៦ ឲ្យ​សម​នឹង​ឋានៈ​ជា​មនុស្ស​មាន​សេរី‌ភាព ក៏​ប៉ុន្តែ កុំ​ប្រើ​សេរី‌ភាព​នេះ ដើម្បី​គ្រប​បាំង​អំពើ​អាក្រក់​ឡើយ គឺ​ត្រូវ​ប្រព្រឹត្ត​ឲ្យ​សម​នឹង​ឋានៈ​បង‌ប្អូន ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់។ ១៧ ចូរ​គោរព​មនុស្ស​គ្រប់ៗ​រូប ចូរ​ស្រឡាញ់​បង‌ប្អូន​រួម​ជំនឿ ចូរ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ និង​គោរព​ព្រះ‌រាជា​ផង។
គំរូ​អំពី​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រីស្ត
១៨ បង‌ប្អូន​ដែល​ជា​អ្នក​បម្រើ​អើយ! ត្រូវ​គោរព​ចុះ​ចូល​នឹង​ម្ចាស់​របស់​ខ្លួន ដោយ​គោរព​កោត​ខ្លាច​ទាំង​ស្រុង មិន​ត្រឹម​តែ​គោរព​ចុះ​ចូល​នឹង​ម្ចាស់​ណា​ដែល​ល្អ និង​មាន​ចិត្ត​សប្បុរស​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ចុះ​ចូល​នឹង​ម្ចាស់​ដែល​កាច​ផង​ដែរ។ ១៩ បើ​មាន​បង‌ប្អូន​ណា​ម្នាក់​រង‌ទុក្ខ​លំបាក​ដោយ​អយុត្ដិ‌ធម៌ ហើយ​ស៊ូ​ទ្រាំ ព្រោះ​យល់​ដល់​ព្រះ‌ជាម្ចាស់ តោង​ចាត់​ទុក​ថា ព្រះ‌អង្គ​ប្រណី‌សន្ដោស​ដល់​បង‌ប្អូន​នោះ​ហើយ។ ២០ ប្រសិន​បើ​បង‌ប្អូន​ស៊ូ​ទ្រាំ​រង​ទារុណ‌កម្ម​មក​ពី​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ បង‌ប្អូន​គ្មាន​កិត្តិយស​អ្វី​ទេ! ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បង‌ប្អូន​បាន​ប្រព្រឹត្ត​អំពើ​ល្អ តែ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក នោះ​មក​ពី​ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​ដល់​បង‌ប្អូន​។
២១ ព្រះ‌អង្គ​ត្រាស់​ហៅ​បង‌ប្អូន​មក
ឲ្យ​រង‌ទុក្ខ​លំបាក​យ៉ាង​នេះ
ព្រោះ​ព្រះ‌គ្រីស្ត*​ក៏​បាន​រង‌ទុក្ខ​លំបាក
សម្រាប់​បង‌ប្អូន ទុក​ជា​គំរូ​ឲ្យ
បង‌ប្អូន​ដើរ​តាម​គន្លង​របស់​ព្រះ‌អង្គ​ដែរ។
២២ ព្រះ‌អង្គ​ពុំ​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​សោះ
ហើយ​ក៏​ពុំ​ដែល​មាន​ព្រះ‌បន្ទូល​វៀច​វេរ​ណា
ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ​ឡើយ
២៣ ទោះ​បី​គេ​ជេរ​ប្រមាថ​ព្រះ‌អង្គ
ក៏​ព្រះ‌អង្គ​មិន​តប​ត​ទៅ​គេ​វិញ​ដែរ
ព្រះ‌អង្គ​បាន​រង‌ទុក្ខ​លំបាក
តែ​ព្រះ‌អង្គ​ពុំ​បាន​គំរាម​កំហែង​គេ​វិញ​ទេ
ព្រះ‌អង្គ​ផ្ញើ​ជីវិត​ទៅ​លើ​ព្រះ‌ជាម្ចាស់
ដែល​ព្រះ‌អង្គ​វិនិច្ឆ័យ​ដោយ​យុត្តិធម៌។
២៤ ព្រះ‌គ្រីស្ត*​បាន​ផ្ទុក​បាប*​របស់​យើង
ក្នុង​ព្រះ‌កាយ​របស់​ព្រះ‌អង្គ
ដែល​ជាប់​លើ​ឈើ​ឆ្កាង
ដើម្បី​ឲ្យ​យើង​លែង​ជំពាក់‌ជំពិន
នឹង​បាប​ត​ទៅ​មុខ​ទៀត​
ហើយ​ឲ្យ​យើង​មាន​ជីវិត
ដោយ​ប្រព្រឹត្ត​តែ​អំពើ​សុចរិត*។
បង‌ប្អូន​បាន​ជា​សះ‌ស្បើយ​ដោយ‌សារ
ស្នាម​របួស​របស់​ព្រះ‌អង្គ
២៥ ដ្បិត​បង‌ប្អូន​ប្រៀប​ដូច​ជា​ចៀម​ដែល​វង្វេង
តែ​ឥឡូវ​នេះ បង‌ប្អូន​បាន​វិល​ត្រឡប់​មក​រក
គង្វាល និង​អ្នក​ថែ‌រក្សា​ព្រលឹង
របស់​បង‌ប្អូន​វិញ​ហើយ។
ទំនាក់‌ទំនង​រវាង​ស្វាមី និង​ភរិយា
 រីឯ​បង‌ប្អូន​ស្ត្រីៗ​ដែល​មាន​ស្វាមី​ក៏​ដូច្នោះ​ដែរ ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ដើម្បី​ឲ្យ​កិរិយា​មារយាទ​របស់​បង‌ប្អូន​ទាក់‌ទាញ​ចិត្ត​ស្វាមី​ខ្លះ​ដែល​មិន​ជឿ​ព្រះ‌បន្ទូល ឲ្យ​បាន​ស្គាល់​ព្រះ‌អង្គ ដោយ​មិន​បាច់​បញ្ចេញ​ពាក្យ​សម្ដី​ទេ  គឺ​គេ​គ្រាន់​តែ​ឃើញ​បង‌ប្អូន​មាន​កិរិយា​បរិសុទ្ធ* និង​ចេះ​គោរព​កោត​ខ្លាច។  កុំ​តុប‌តែង​ខ្លួន​តែ​សំបក​ក្រៅ ដូច​ជា​ក្រង​សក់ ពាក់​មាស ឬ​ក៏​ពាក់​អាវ​ល្អ​ប្រណីត​នោះ​ឡើយ  តែ​ត្រូវ​តុប‌តែង​ខាង​ក្នុង​ជម្រៅ​ចិត្ត​របស់​បង‌ប្អូន​ដោយ​គ្រឿង​លំអ​ដែល​មិន​ចេះ​រលាយ ហើយ​មាន​តម្លៃ​ដ៏​លើស‌លប់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​នោះ​វិញ គឺ​មាន​ចិត្ត​ស្លូត‌បូត ស្រគត់‌ស្រគំ។  នៅ​ជំនាន់​ដើម ស្ត្រីៗ​ដ៏‌វិសុទ្ធ*​ដែល​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់ តែង​កាន់​ចិត្ត​គំនិត​យ៉ាង​នេះ​ឯង គឺ​បាន​តុប‌តែង​ខ្លួន ដោយ​ការ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន  ដូច​ជា​លោក​ស្រី​សារ៉ា ដែល​បាន​ស្ដាប់​បង្គាប់​លោក​អប្រាហាំ ទាំង​ហៅ​លោក​ថា «លោក​ម្ចាស់»ផង។ ប្រសិន​បើ​បង‌ប្អូន​ប្រព្រឹត្ត​អំពើ​ល្អ ហើយ​មិន​ភ័យ​ខ្លាច​អ្វី​ទេ​នោះ បង‌ប្អូន​នេះ​ហើយ​ជា​ពូជ‌ពង្ស​របស់​គាត់។
 រីឯ​បង‌ប្អូន​ដែល​ជា​ស្វាមី​ក៏​ដូច្នោះ​ដែរ ម្នាក់ៗ​ត្រូវ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ដោយ​យល់​ថា ស្ត្រីៗ​ជា​មនុស្ស​ទន់​ខ្សោយ​ជាង​ខ្លួន។ ត្រូវ​គោរព​នាងទុក​ដូច​ជា​អ្នក​ត្រូវ​រួម​ទទួល​ជីវិត ដែល​ព្រះ‌ជាម្ចាស់​ប្រោស‌ប្រណី​ប្រទាន​មក​បង‌ប្អូន​ជា​មត៌ក ដើម្បី​កុំ​ឲ្យ​មាន​អ្វី​មក​រារាំង​ការ​អធិស្ឋាន​របស់​បង‌ប្អូន​ឡើយ។
ទំនាក់‌ទំនង​រវាង​បង‌ប្អូន
 នៅ​ទី​បញ្ចប់ ត្រូវ​មាន​ចិត្ត​គំនិត​តែ​មួយ និង​រួម​សុខ​ទុក្ខ​ជា​មួយ​គ្នា។ ត្រូវ​មាន​ចិត្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​បង‌ប្អូន​បង្កើត មាន​ចិត្ត​អាណិត​មេត្តា និង​សុភាព។  កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់តប​នឹង​អំពើ​អាក្រក់ កុំ​ជេរ​ប្រមាថ​តប​នឹង​អ្នក​ដែល​ជេរ​ប្រមាថ​បង‌ប្អូន គឺ​ត្រូវ​ជូន​ពរ​គេ​វិញ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​បង‌ប្អូន​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ​ឯង ដើម្បី​ឲ្យ​បង‌ប្អូន​បាន​ទទួល​ព្រះ‌ពរ​របស់​ព្រះ‌អង្គ​តាម​ព្រះ‌បន្ទូល​សន្យា​។
១០ «អ្នក​ណា​ស្រឡាញ់​ជីវិត និង​ចង់​បាន​សុភមង្គល
អ្នក​នោះ​ត្រូវ​ទប់​មាត់​កុំ​ពោល​ពាក្យ​អាក្រក់
ព្រម​ទាំង​ទប់​បបូរ​មាត់
កុំ​ឲ្យ​និយាយ​បោក​បញ្ឆោត។
១១ អ្នក​នោះ​ត្រូវ​ចៀស​វាង​កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់
ហើយ​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ
និង​ខិត‌ខំ​ស្វែង​រក​សេចក្ដី​សុខ‌សាន្ត
១២ ដ្បិត​ព្រះ‌អម្ចាស់​ទត​មើល​មក​មនុស្ស​សុចរិត*
ហើយ​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​គេ
ប៉ុន្តែ ព្រះ‌អង្គ​ជំទាស់​នឹង​អស់​អ្នក​ដែល​ប្រព្រឹត្ត
អំពើ​អាក្រក់»​។
១៣ ប្រសិន​បើ​បង‌ប្អូន​ខ្នះ‌ខ្នែង​ប្រព្រឹត្ត​អំពើ​ល្អ តើ​នរណា​នឹង​ធ្វើ​បាប​បង‌ប្អូន ១៤ យ៉ាង​ណា‌មិញ បើ​បង‌ប្អូន​រង‌ទុក្ខ​វេទនា ព្រោះ​តែ​សេចក្ដី​សុចរិត* នោះ​បង‌ប្អូន​មាន​សុភមង្គល​ហើយ។ សូម​កុំ​ភ័យ​ខ្លាច​មនុស្ស​លោក​ឡើយ ហើយ​ក៏​មិន​ត្រូវ​តប់‌ប្រមល់​ដែរ ១៥ តែ​ត្រូវ​ទុក​ឲ្យ​ព្រះ‌គ្រីស្ត*​ជា​ព្រះ‌អម្ចាស់​សម្ដែង​ព្រះ‌បារមី ក្នុង​ចិត្ត​គំនិត​របស់​បង‌ប្អូន​វិញ។ ត្រូវ​ប្រុង​ប្រៀប​ខ្លួន​ឆ្លើយ​តទល់​នឹង​អស់​អ្នក​ដែល​សាក​សួរ​អំពី​សេចក្ដី​សង្ឃឹម​របស់​បង‌ប្អូន​នោះ​ជា‌និច្ច ១៦ ប៉ុន្តែ ត្រូវ​ឆ្លើយ​ទៅ​គេ ដោយ​ទន់‌ភ្លន់ ដោយ​គោរព និង​ដោយ​មាន​មន‌សិការ​ល្អ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ចង់​មួល​បង្កាច់​កិរិយា​ល្អ​របស់​បង‌ប្អូន ជា​អ្នក​ជឿ​ព្រះ‌គ្រីស្ត* ត្រង់​ចំណុច​ណា​មួយ បែរ​ជា​ត្រូវ​ខ្មាស​ទៅ​វិញ។ ១៧ សូវ​រង‌ទុក្ខ​ដោយ​ប្រព្រឹត្ត​អំពើ​ល្អ ជា​ជាង​ប្រព្រឹត្ត​អំពើ​អាក្រក់ ប្រសិន​បើ​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​យ៉ាង​នេះ។
១៨ សូម្បី​តែ​ព្រះ‌គ្រីស្ត*ក៏​ព្រះ‌អង្គ​បាន​សោយ​ទិវង្គត​ម្ដង​ជា​សូរេច ព្រោះ​តែ​បាប​ដែរ គឺ​ព្រះ​ដ៏​សុចរិត*​បាន​សោយ​ទិវង្គត ជា​ប្រយោជន៍​ដល់​មនុស្ស​ទុច្ចរិត ដើម្បី​នាំ​បង‌ប្អូន​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់។ កាល​ព្រះ‌អង្គ​មាន​ឋានៈ​ជា​មនុស្ស ព្រះ‌អង្គ​ត្រូវ​គេ​ធ្វើ​គុត តែ​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់ ដោយ‌សារ​ព្រះ‌វិញ្ញាណ​វិញ។ ១៩ នៅ​ពេល​នោះ​ ព្រះ‌អង្គ​បាន​យាង​ទៅ​ប្រកាស​ព្រះ‌បន្ទូល​ដល់​វិញ្ញាណ‌ក្ខ័ន្ធ​ ដែល​ជាប់​ឃុំ‌ឃាំង ២០ ជា​វិញ្ញាណ‌ក្ខ័ន្ធ​របស់​អ្នក​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់កាល​ពី​សម័យ​ដើម ក្នុង​ពេល​ដែល​ព្រះ‌អង្គ​អត់‌ធ្មត់​នៅ​សម័យ​លោក​ណូអេ​សង់​ទូក​ធំ។ មាន​មនុស្ស​មួយ​ចំនួន​តូច ដែល​បាន​ចូល​ទៅ​ក្នុង​ទូក និង​បាន​រួច​ជីវិត​ដោយ‌សារ​ទឹក គឺ​មាន​តែ​ប្រាំ​បី​នាក់​ប៉ុណ្ណោះ។ ២១ នេះ​ជា​និមិត្ត‌រូប​នៃ​ពិធី​ជ្រមុជ​ទឹក*​ដែល​សង្គ្រោះ​បង‌ប្អូន​នា​បច្ចុប្បន្ន​កាល តែ​ពិធី​ជ្រមុជ​ទឹក​មិន​មែន​ជា​ពិធី​លាង​ជម្រះ​រូប​កាយ​នោះ​ទេ គឺ​ជា​ការ​ថ្វាយ​ជីវិត​ទាំង​ស្រុង​ទៅ​ព្រះ‌ជាម្ចាស់ ដោយ​មន‌សិការ​ល្អ​វិញ។ ពិធី​ជ្រមុជ​ទឹក​នេះ​សង្គ្រោះ​បង‌ប្អូន ដោយ‌សារ​ព្រះ‌យេស៊ូ‌គ្រីស្ត​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ២២ ព្រះ‌អង្គ​បាន​យាង​ឡើង​ទៅ​ស្ថាន​បរម‌សុខ* គង់​នៅ​ខាង​ស្ដាំ​ព្រះ‌ជាម្ចាស់ ហើយ​ពួក​ទេវទូត* ព្រម​ទាំង​វត្ថុ​ស័ក្តិ‌សិទ្ធិ​នានា​ដែល​មាន​អំណាច និង​ឫទ្ធា‌នុភាព​នានា ចុះ​ចូល​នឹង​ព្រះ‌អង្គ​ទាំង​អស់។
ការ​រស់​នៅ​ដោយ​មិន​ប្រព្រឹត្ត​អំពើ​បាប
 ហេតុ​នេះ បើ​ព្រះ‌គ្រីស្ត​បាន​រង‌ទុក្ខ​លំបាក កាល​ព្រះ‌អង្គ​មាន​ឋានៈ​ជា​មនុស្ស បង‌ប្អូន​ត្រូវ​ប្រកាន់​ចិត្ត​គំនិត​ដូច​ព្រះ‌អង្គ​ដែរ ដ្បិត​អ្នក​ណា​ស៊ូ​ទ្រាំ​រង‌ទុក្ខ​លំបាក​ខាង​រូប​កាយ អ្នក​នោះ​លែង​ទាក់‌ទាម​អ្វី​នឹង​បាប*​ទៀត​ហើយ  ដើម្បី​ឲ្យ​បាន​រស់ ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ ក្នុង​កំឡុង​ពេល​នៃ​អាយុ​ជីវិត​ដែល​នៅ​សល់​ក្នុង​លោក​នេះ គឺ​មិន​រស់​នៅ​តាម​ចំណង់​តណ្ហា​របស់​មនុស្ស​ទៀត​ទេ។  ពី​ដើម បង‌ប្អូន​រស់​នៅ​តាម​របៀប​ដែល​អស់​អ្នក​មិន​ស្គាល់​ព្រះ‌ជាម្ចាស់​​ចូល​ចិត្ត​នោះ យូរ​ពេក​ហើយ គឺ​បាន​ប្រព្រឹត្ត​អំពើ​អបាយ‌មុខ លោភ‌លន់ ប្រមឹក ស៊ី​ផឹក​ជ្រុល និង​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​នានា គួរ​ឲ្យ​ខ្ពើម។  ពួក​គេ​ងឿង‌ឆ្ងល់ ដោយ​ឃើញ​បង‌ប្អូន​ពុំ​ចូល​រួម​ជា​មួយ​គេ ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​ហួស​ហេតុ​ទាំង​នោះ​ទៀត ហើយ​គេ​ក៏​និយាយ​ប្រមាថ​បង‌ប្អូន។  អ្នក​ទាំង​នោះ​នឹង​ត្រូវ​ឆ្លើយ​រៀប​រាប់ពី​អំពើ ដែល​ខ្លួន​ប្រព្រឹត្ត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ ដែល​ប្រុង​ប្រៀប​នឹង​វិនិច្ឆ័យ​ទោស ទាំង​មនុស្ស​រស់ ទាំង​មនុស្ស​ស្លាប់។  ហេតុ​នេះ សូម្បី​តែ​មនុស្ស​ស្លាប់ក៏​ព្រះ‌អង្គ​បាន​នាំ​ដំណឹង‌ល្អ​ទៅ​ឲ្យ​គេ​ឮ​ដែរ។ ដូច្នេះ ទោះ​បី​ពួក​គេ​ត្រូវ​ទទួល​ការ​វិនិច្ឆ័យ​ទោស​តាម​របៀប​មនុស្ស​លោក ក្នុង​ពេល​គេ​រស់​នៅ​ក្នុង​លោកីយ៍​នេះ​ក៏​ដោយ ក៏​គេ​អាច​មាន​ជីវិត​រស់​ស្រប​តាម​ព្រះ‌ជាម្ចាស់​ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដែរ​។
របៀប​រស់​នៅ​ក្នុង​ក្រុម​គ្រីស្ត‌បរិស័ទ
 អ្វីៗ​ទាំង​អស់​ជិត​រលាយ​សូន្យ​ហើយ ហេតុ​នេះ ត្រូវ​គិត​ឲ្យ​វែង​ឆ្ងាយ និង​ភ្ញាក់​ស្មារតី​ឡើង ដើម្បី​ឲ្យ​អធិស្ឋាន*​កើត។  ជា​បឋម ត្រូវ​មាន​ចិត្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា‌និច្ច ដ្បិត​សេចក្ដី​ស្រឡាញ់​រមែង​គ្រប​បាំង​អំពើ​បាប​ដ៏​ច្រើន​លើស‌លប់។  ត្រូវ​ចេះ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​រាក់‌ទាក់​ឥត​រអ៊ូ‌រទាំ​ឡើយ។
១០ បង‌ប្អូន​ម្នាក់ៗ​បាន​ទទួល​ព្រះ‌អំណោយ​ទាន​ផ្សេងៗ​ពី​គ្នា​ហើយ ដូច្នេះ ចូរ​យក​ព្រះ‌អំណោយ​ទាន​ទាំង​នេះ​ទៅ​បម្រើ​អ្នក​ឯ​ទៀតៗ ឲ្យ​សម​នឹង​នាទី​របស់​បង‌ប្អូន ជា​អ្នក​ចាត់​ចែង​ដ៏​ល្អ ដែល​ចែក​ព្រះ‌អំណោយ​ទាន​គ្រប់​បែប​យ៉ាង​របស់​ព្រះ‌ជាម្ចាស់។ ១១ បើ​អ្នក​ណា​និយាយ ត្រូវ​និយាយ​ឲ្យ​ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់។ បើ​អ្នក​ណា​បម្រើ ត្រូវ​បម្រើ​តាម​កម្លាំង​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ ដើម្បី​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់ ក្នុង​គ្រប់​កិច្ច‌ការ​ទាំង​អស់ តាម‌រយៈ​ព្រះ‌យេស៊ូ‌គ្រីស្ត។ សូម​លើក​តម្កើង​សិរី‌រុង​រឿង និង​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!។
ទុក្ខ​លំបាក​របស់​គ្រីស្ត‌បរិស័ទ
១២ បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ! ចំពោះ​ទុក្ខ​លំបាក​ដ៏​ខ្លាំង​ដែល​កើត​មាន ដើម្បី​លត់‌ដំ​បង‌ប្អូន​នោះ សូម​កុំ​ងឿង‌ឆ្ងល់ ដោយ​គិត​ថា​ជា​ព្រឹត្តិ‌ការណ៍​អ្វី​មួយ​ដ៏​ចម្លែក​ឡើយ។ ១៣ ផ្ទុយ​ទៅ​វិញ ចូរ​មាន​ចិត្ត​រីក‌រាយ​ឡើង ព្រោះ​បង‌ប្អូន​រង‌ទុក្ខ​លំបាក​ផ្សេងៗ​រួម​ជា​មួយ​ព្រះ‌គ្រីស្ត*។ បង‌ប្អូន​មុខ​ជា​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង នៅ​ពេល​ព្រះ‌អង្គ​បង្ហាញ​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ។
១៤ ប្រសិន​បើ​មាន​គេ​ត្មះ‌តិះ‌ដៀល​បង‌ប្អូន ព្រោះ​តែ​ព្រះ‌នាម​របស់​ព្រះ‌គ្រីស្ត* នោះ​បង‌ប្អូន​មាន​សុភមង្គល*​ហើយ ដ្បិត​ព្រះ‌វិញ្ញាណ​ប្រកប​ដោយ​សិរី‌រុង​រឿង គឺ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​លើ​បង‌ប្អូន។ ១៥ ក្នុង​ចំណោម​បង‌ប្អូន សូម​កុំ​ឲ្យ​មាន​នរណា​ម្នាក់​រង‌ទុក្ខ​លំបាក ព្រោះ​បាន​សម្លាប់​គេ លួច​គេ ប្រព្រឹត្ត​អំពើ​អាក្រក់ ឬ​ឡូក‌ឡំ​ក្នុង​រឿង‌រ៉ាវ​របស់​អ្នក​ដទៃ​ឡើយ។ ១៦ ប៉ុន្តែ បើ​បង‌ប្អូន​ណា​រង‌ទុក្ខ​លំបាក ក្នុង​នាម​ជា​គ្រីស្ត‌បរិស័ទ កុំ​អៀន‌ខ្មាស​ឲ្យ​សោះ ផ្ទុយ​ទៅ​វិញ បង‌ប្អូន​នោះ​ត្រូវ​តែ​លើក​តម្កើង​សិរី‌រុង​រឿង​ព្រះ‌ជាម្ចាស់ ព្រោះ​តែ​នាម​នេះ។
១៧ ពេល​កំណត់ដែល​ព្រះ‌ជាម្ចាស់​ចាប់​ផ្តើម​វិនិច្ឆ័យ​ទោស​មនុស្ស​លោក​មក​ដល់​ហើយ គឺ​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​មុន​គេ។ ប្រសិន​បើ​ព្រះ‌អង្គ​ចាប់​ផ្ដើម​វិនិច្ឆ័យ​ទោស​ពី​យើង​ទៅ​ហើយ ចុះ​ទម្រាំ​បើ​អស់​អ្នក​ដែល​ពុំ​ព្រម​ជឿ​ដំណឹង‌ល្អ​របស់​ព្រះ‌ជាម្ចាស់​វិញ តើ​នឹង​ធ្លាក់​ទៅ​ដល់​កម្រិត​ណា!។ ១៨ បើ​មនុស្ស​សុចរិត*​រួច​ជីវិត​ទាំង​ពិបាក​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទម្រាំ​បើ​មនុស្ស​ទុច្ចរិត និង​មនុស្ស​បាប​វិញ តើ​នឹង​ទៅ​ជា​យ៉ាង​ណា!។ ១៩ ហេតុ​នេះ អស់​អ្នក​ដែល​រង‌ទុក្ខ​លំបាក ស្រប​តាម​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ ហើយ​ផ្ញើ​ជីវិត​លើ​ព្រះ‌អាទិករ*​ដែល​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់។
ភារ‌កិច្ច​របស់​អ្នក​ទទួល​ខុស​ត្រូវ​ព្រះ‌សហគមន៍
 ចំពោះ​ព្រឹទ្ធា‌ចារ្យ*​ដែល​នៅ​ក្នុង​ចំណោម​បង‌ប្អូន ក្នុង​នាម​ខ្ញុំ​ជា​ព្រឹទ្ធា‌ចារ្យ​ដូច​គ្នា ហើយ​ជា​បន្ទាល់​អំពី​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រីស្ត* និង​ជា​អ្នក​រួម​ទទួល​សិរី‌រុង​រឿង ដែល​នឹង​ត្រូវ​លេច​មក ខ្ញុំ​សូម​ដាស់‌តឿន​ថាៈ  សូម​មើល​ថែ‌រក្សា​ហ្វូង​ចៀម​​ដែល​ព្រះ‌ជាម្ចាស់​ផ្ញើ​ទុក​នឹង​បង‌ប្អូន ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ ស្រប​តាម​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ គឺ​មិន​មែន​ដោយ​ទើស‌ទ័ល ឬ​ដោយ​ចង់​បាន​កម្រៃ​អ្វី​ដែរ តែ​ត្រូវ​មើល​ថែ‌រក្សា​ដោយ​សុទ្ធ​ចិត្ត។  កុំ​ប្រើ​អំណាច​ជិះ‌ជាន់​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​មក​ឲ្យ​បង‌ប្អូន​ថែ‌រក្សា​នោះ​ឡើយ គឺ​ត្រូវ​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម​វិញ។  ពេល​គង្វាល​ដ៏​ឧត្ដម​យាង​មក​ដល់ បង‌ប្អូន​នឹង​ទទួល​មកុដ​ដ៏​រុង‌រឿង​ដែល​មិន​ចេះ​អាប់​រស្មី។
ភារ‌កិច្ច​របស់​អ្នក​ជឿ
 រីឯ​ពួក​យុវជន​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​គោរព​ចុះ​ចូល​នឹង​ព្រឹទ្ធា‌ចារ្យ*។ ចូរ​ទាក់‌ទង​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សុភាព​រាប‌សា ដ្បិត«ព្រះ‌ជាម្ចាស់​ប្រឆាំង​នឹង​អស់​អ្នក​ដែល​អួត​ខ្លួន តែ​ព្រះ‌អង្គ​ប្រណី‌សន្ដោស​អស់​អ្នក​ដែល​ដាក់​ខ្លួន​វិញ»
 ដូច្នេះ ត្រូវ​ដាក់​ខ្លួន​នៅ​ក្រោម​ព្រះ‌ហស្ដ​ដ៏​មាន​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ ដើម្បី​ឲ្យ​ព្រះ‌អង្គ​លើក​តម្កើង​បង‌ប្អូន នៅ​ពេល​ដែល​ព្រះ‌អង្គ​បាន​កំណត់​ទុក។  ចូរ​ផ្ទេរ​ទុក្ខ​កង្វល់​ទាំង​ប៉ុន្មាន​របស់​បង‌ប្អូន​ទៅ​ព្រះ‌អង្គ​ទៅ ដ្បិត​ព្រះ‌អង្គ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​បង‌ប្អូន។
 ត្រូវ​ភ្ញាក់​ខ្លួន ហើយ​ប្រុង​ស្មារតី​ជា‌និច្ច! ដ្បិត​មារ*​ជា​សត្រូវ​នឹង​បង‌ប្អូន កំពុង​តែ​ក្រវែល​ជុំ‌វិញ​បង‌ប្អូន ដូច​សឹង្ហ​ក្រវែល ទាំង​គ្រហឹម រក​ត្របាក់​ស៊ី​អ្នក​ណា​ម្នាក់។  ចូរ​ប្រឆាំង​នឹង​វា ហើយ​មាន​ជំនឿ​មាំ‌មួន​ឡើង ដោយ​ដឹង​ថា បង‌ប្អូន​រួម​ជំនឿ​ឯ​ទៀតៗ​នៅ​ក្នុង​សកល​លោក​ទាំង​មូល ក៏​ត្រូវ​រង‌ទុក្ខ​លំបាក​ដូច​បង‌ប្អូន​ដែរ។
១០ បន្ទាប់​ពី​បង‌ប្អូន​បាន​រង‌ទុក្ខ​លំបាក​មួយ‌រយៈ​ពេល​ខ្លី​នេះ​រួច​ហើយ ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​គ្រប់​យ៉ាង ដែល​បាន​ត្រាស់​ហៅ​បង‌ប្អូន ឲ្យ​ទទួល​សិរី‌រុង​រឿង​ដ៏​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច​រួម​ជា​មួយ​ព្រះ‌គ្រីស្ត* ព្រះ‌អង្គ​នឹង​លើក​បង‌ប្អូន​ឲ្យ​មាន​ជំហរ​ឡើង​វិញ ប្រទាន​ឲ្យ​បង‌ប្អូន​បាន​រឹង‌ប៉ឹង មាន​កម្លាំង និង​ឲ្យ​បង‌ប្អូន​បាន​មាំ‌មួន​ឥត​រង្គើ​ឡើយ។ ១១ សូម​ឲ្យ​ព្រះ‌អង្គ​បាន​ប្រកប​ដោយ​ព្រះ‌ចេស្ដា សូម​លើក​តម្កើង​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!។
អវសាន‌កថា
១២ ខ្ញុំ​សរសេរ​លិខិត​ដ៏​ខ្លី​ផ្ញើ​មក​ជូន​បង‌ប្អូន​នេះ ដោយ​មាន​លោក​ស៊ីលវ៉ាន​ជា​អ្នក​ស្មោះ‌ត្រង់​បាន​ជួយ ដើម្បី​លើក​ទឹក​ចិត្ត​បង‌ប្អូន និង​បញ្ជាក់​ប្រាប់​បង‌ប្អូន​ថា បង‌ប្អូន​ពិត​ជា​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់​មែន​។
១៣ ព្រះ‌សហគមន៍*​នៅ​ក្រុង​បាប៊ីឡូន សូម​ជម្រាប​សួរ​មក​បង‌ប្អូន ហើយ​លោក​ម៉ាកុស ជា​កូន​របស់​ខ្ញុំ សូម​ជម្រាប​សួរ​មក​បង‌ប្អូន​ដែរ។ ១៤ ចូរ​ជម្រាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្និទ្ធ‌ស្នាល​។
សូម​ឲ្យ​បង‌ប្អូន​ទាំង​អស់ ដែល​រួម​រស់​នឹង​ព្រះ‌គ្រីស្ត* បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត។
539 Views

Theme: Overlay by Kaira