សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
លិខិតរបស់
សន្តយ៉ាកុប
ពាក្យលំនាំ
លិខិតរបស់
លោកយ៉ាកុប
ពាក្យលំនាំ
លិខិតរបស់លោកយ៉ាកុបផ្ញើជូនប្រជាជនអ៊ីស្រាអែលដែលបែកខ្ញែកគ្នា ក្នុងសកលលោកទាំងមូល (១.១) ជាពាក្យប្រៀនប្រដៅអំពីរបៀបរស់នៅក្នុងជីវិតរៀងរាល់ថ្ងៃរបស់គ្រីស្តបរិស័ទ គឺមានរបៀបទាក់ទងជាមួយអ្នកជឿ និងអ្នកមិនជឿជាដើម។
អ្នកតែងៈ អ្នកខ្លះយល់ថា លោកយ៉ាកុបដែលតែងលិខិតនេះ គឺលោកយ៉ាកុបដែលត្រូវជាប្អូនរបស់ព្រះអម្ចាស់ (កាឡាទី ១.១៩) អ្នកខ្លះទៀតថាជាគ្រីស្តទូតយ៉ាកុប ជាកូនរបស់លោកអាល់ផា (ម៉ាថាយ ១០.៣) ហើយអ្នកខ្លះទៀតថាជាគ្រីស្តបរិស័ទជាតិយូដាមួយរូបឈ្មោះយ៉ាកុប។
គោលសំខាន់ៗ:
លោកយ៉ាកុបទូន្មានអ្នកជឿព្រះយេស៊ូ ឲ្យរស់នៅស្របតាមគោលជំនឿរបស់គ្រីស្តបរិស័ទ។ គ្រីស្តបរិស័ទមិនគ្រាន់តែស្ដាប់ព្រះបន្ទូលប៉ុណ្ណោះទេ គឺត្រូវប្រតិបត្តិតាមផងដែរ។ ជំនឿដែលមិនបង្កើតផល (អំពើល្អ) ជាជំនឿឥតខ្លឹមសារ។
លោកយ៉ាកុបដាស់តឿនគ្រីស្តបរិស័ទឲ្យស៊ូទ្រាំនឹងទុក្ខលំបាក ត្រូវទទួលអ្នកឯទៀតៗដោយមិនប្រកាន់វណ្ណៈ មិនរើសមុខ ត្រូវគោរពអ្នកក្រ និយាយស្ដីឲ្យចេះទប់សម្ដី។ គាត់ស្ដីបន្ទោសពួកអ្នកមានយ៉ាងខ្លាំង ព្រោះគេជិះជាន់អ្នកក្រ។
នៅចុងបញ្ចប់ លោកដាស់តឿនគ្រីស្តបរិស័ទឲ្យព្យាយាមអធិស្ឋាន និងជួយគ្នាទៅវិញទៅមក។
គម្រោងគម្ពីរយ៉ាកុបៈ
• សេចក្ដីផ្ដើម ១.១
• ជំនឿ និងប្រាជ្ញា ១.២-៨
• អ្នកក្រ និងអ្នកមាន ១.៩-១១
• ការល្បងជំនឿ និងការល្បួង ១.១២-១៨
• ការស្ដាប់ និងការប្រព្រឹត្តតាម ១.១៩-២៧
• មិនត្រូវប្រកាន់វណ្ណៈ ២.១-១៣
• ជំនឿ និងអំពើល្អ ២.១៤‑២៦
• គ្រីស្តបរិស័ទ និងអណ្ដាត ៣.១-១៨
• គ្រីស្តបរិស័ទ និងលោកីយ៍ ៤.១‑៥.៦
• ពាក្យទូន្មានផ្សេងៗ ៥.៧-២០
១
សេចក្ដីផ្ដើម
១ ខ្ញុំ យ៉ាកុប ជាអ្នកបម្រើព្រះជាម្ចាស់ និងជាអ្នកបម្រើព្រះអម្ចាស់យេស៊ូគ្រីស្ត* សូមជម្រាបមកកុលសម្ព័ន្ធ*ទាំងដប់ពីរ ដែលបែកខ្ញែកគ្នាក្នុងពិភពលោកទាំងមូល សូមជ្រាប។
ការល្បងជំនឿ និងការល្បួង
២ បងប្អូនអើយ ទុក្ខលំបាកគ្រប់យ៉ាងដែលបងប្អូនត្រូវឆ្លងកាត់នោះ សូមចាត់ទុកថាជាការដែលធ្វើឲ្យបងប្អូនមានអំណរដ៏បរិបូណ៌វិញ ៣ ដោយដឹងថា ការល្បងលកមើលជំនឿរបស់បងប្អូននឹងនាំឲ្យបងប្អូនចេះស៊ូទ្រាំ។ ៤ ប៉ុន្តែ ត្រូវឲ្យការស៊ូទ្រាំនេះ បង្កើតចេញជាផលផ្លែដ៏ល្អគ្រប់លក្ខណៈ ដើម្បីឲ្យបងប្អូនបានគ្រប់លក្ខណៈ មានគុណសម្បត្តិល្អសព្វគ្រប់ ឥតខ្វះត្រង់ណាឡើយ។
៥ ក្នុងចំណោមបងប្អូន ប្រសិនបើមាននរណាម្នាក់ខ្វះប្រាជ្ញា អ្នកនោះត្រូវតែទូលសូមពីព្រះជាម្ចាស់។ ព្រះអង្គនឹងប្រទានឲ្យជាមិនខាន ដ្បិតព្រះអង្គប្រទានឲ្យមនុស្សទាំងអស់ ដោយព្រះហឫទ័យទូលាយ ឥតបន្ទោសឡើយ ៦ ប៉ុន្តែ អ្នកនោះត្រូវទូលសូម ដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកដែលមានចិត្តសង្ស័យ ប្រៀបបាននឹងរលកសមុទ្រត្រូវបក់បោកចុះឡើងទៅតាមខ្យល់។ ៧ មនុស្សប្រភេទនេះមិនត្រូវនឹកស្មានថានឹងបានទទួលអ្វីពីព្រះអម្ចាស់ឡើយ ៨ ព្រោះគេជាមនុស្សមានចិត្តពីរ មិនដែលនឹងនក្នុងកិច្ចការទាំងប៉ុន្មានដែលខ្លួនប្រព្រឹត្តទេ។
៩ សូមឲ្យបងប្អូនដែលក្រីក្របានខ្ពស់មុខឡើង ដោយព្រះជាម្ចាស់លើកតម្កើងគេហើយ។ ១០ រីឯបងប្អូនដែលជាអ្នកមានវិញ ក៏ត្រូវខ្ពស់មុខឡើងដែរ ដោយព្រះជាម្ចាស់បន្ទាបគេចុះ ដ្បិតអ្នកមាននឹងត្រូវរុះរោយទៅដូចផ្កា។ ១១ លុះដល់ថ្ងៃរះពេញកម្ដៅហើយ ដើមក៏ស្វិតក្រៀម ផ្កាក៏រុះរោយ ហើយលំអរបស់វាក៏រលាយបាត់ទៅ។ អ្នកមានក៏នឹងត្រូវរុះរោយបាត់ទៅជាមួយកិច្ចការ ដែលខ្លួនប្រព្រឹត្តដែរ។
១២ អ្នកណាស៊ូទ្រាំនឹងទុក្ខលំបាក អ្នកនោះពិតជាមានសុភមង្គល ដ្បិតក្រោយដែលព្រះជាម្ចាស់បានល្បងលគេមើលរួចហើយ គេនឹងទទួលជីវិតទុកជារង្វាន់ ដែលព្រះអង្គបានសន្យានឹងប្រទានឲ្យអស់អ្នកដែលស្រឡាញ់ព្រះអង្គ។
១៣ ពេលនរណាម្នាក់ជួបនឹងការល្បួង មិនត្រូវពោលថា «ព្រះជាម្ចាស់ល្បួងខ្ញុំ»ឡើយ ដ្បិតគ្មានអ្វីអាចល្បួងព្រះជាម្ចាស់ឲ្យធ្វើអំពើអាក្រក់ឡើយ ហើយព្រះអង្គផ្ទាល់ក៏មិនល្បួងនរណាដែរ។ ១៤ ម្នាក់ៗជួបនឹងការល្បួង មកតែពីចិត្តលោភលន់របស់ខ្លួនឯងផ្ទាល់ទាក់ទាញ និងលួងលោមបញ្ឆោតប៉ុណ្ណោះ។ ១៥ ចិត្តលោភលន់តែងតែបង្កើតអំពើបាប លុះដល់អំពើបាបចម្រើនដល់កម្រិត ហើយក៏បណ្ដាលឲ្យស្លាប់។
១៦ បងប្អូនជាទីស្រឡាញ់អើយ សូមកុំយល់ច្រឡំឡើយ។ ១៧ គ្រប់អំណោយដ៏ល្អវិសេស និងអ្វីៗទាំងប៉ុន្មានដ៏គ្រប់លក្ខណៈដែលយើងបានទទួល សុទ្ធតែមកពីស្ថានលើទាំងអស់ គឺមកពីព្រះបិតាដែលបង្កើតពន្លឺ។ ព្រះអង្គមិនចេះប្រែក្រឡាស់ទេ ហើយនៅក្នុងព្រះអង្គ សូម្បីតែស្រមោលនៃការប្រែប្រួលក៏គ្មានផង។ ១៨ ព្រះអង្គសព្វព្រះហឫទ័យបង្កើតយើងមក ដោយសារព្រះបន្ទូលនៃសេចក្ដីពិត ដើម្បីឲ្យយើងបានទៅជាផលដំបូងម្យ៉ាងនៃអ្វីៗទាំងអស់ ដែលព្រះអង្គបង្កើតមក។
ការស្ដាប់ និងការអនុវត្តតាមព្រះបន្ទូល
១៩ បងប្អូនជាទីស្រឡាញ់អើយ បងប្អូនសុទ្ធតែជាអ្នកចេះដឹងហើយ ក៏ប៉ុន្តែ ម្នាក់ៗត្រូវប្រុងប្រៀបស្ដាប់ តែកុំប្រញាប់និយាយ កុំប្រញាប់ខឹង ២០ ដ្បិតអ្នកមានកំហឹងពុំអាចធ្វើអ្វីស្របតាមសេចក្ដីសុចរិត*របស់ព្រះជាម្ចាស់ឡើយ។ ២១ ហេតុនេះ បងប្អូនត្រូវលះបង់ចិត្តសៅហ្មងគ្រប់យ៉ាង និងចិត្តកំរោលឃោរឃៅទាំងប៉ុន្មាននោះចោលទៅ ហើយកាន់ចិត្តស្លូតបូត ទទួលព្រះបន្ទូលដែលព្រះជាម្ចាស់បានបណ្ដុះក្នុងបងប្អូន ព្រោះព្រះបន្ទូលនេះអាចនឹងសង្គ្រោះព្រលឹងរបស់បងប្អូន។
២២ ចូរប្រតិបត្តិតាមព្រះបន្ទូល កុំគ្រាន់តែស្ដាប់ទាំងបញ្ឆោតចិត្តខ្លួនឯងប៉ុណ្ណោះឡើយ។ ២៣ អ្នកណាស្ដាប់ព្រះបន្ទូលហើយ មិនប្រតិបត្តិតាម អ្នកនោះប្រៀបបាននឹងមនុស្សម្នាក់ឆ្លុះកញ្ចក់មើលមុខខ្លួន ២៤ លុះពិនិត្យមើលរួចហើយ ក៏ចេញទៅ ស្រាប់តែភ្លេចមិនដឹងថាមុខខ្លួនឯងដូចម្ដេចផង។ ២៥ រីឯអ្នកដែលយកចិត្តទុកដាក់ពិនិត្យមើលវិន័យដ៏គ្រប់លក្ខណៈ ជាវិន័យដែលផ្ដល់សេរីភាព ហើយព្យាយាមប្រតិបត្តិតាមយ៉ាងដិតដល់ គឺមិនគ្រាន់តែស្ដាប់ រួចភ្លេចអស់ទៅ អ្នកនោះនឹងមានសុភមង្គល*ក្នុងកិច្ចការដែលខ្លួនធ្វើជាមិនខាន។
២៦ ប្រសិនបើនរណាម្នាក់នឹកស្មានថាខ្លួនជាអ្នកកាន់សាសនា តែមិនចេះទប់អណ្ដាតខ្លួន អ្នកនោះបញ្ឆោតខ្លួនឯងហើយ ហើយសាសនាដែលខ្លួនកាន់នោះ ក៏គ្មានប្រយោជន៍អ្វីដែរ។ ២៧ រីឯសាសនាដ៏បរិសុទ្ធ ឥតខ្ចោះនៅចំពោះព្រះភ័ក្ត្រព្រះបិតាជាម្ចាស់វិញ គឺស្ថិតនៅលើការទៅសួរសុខទុក្ខក្មេងកំព្រា និងស្ត្រីមេម៉ាយដែលមានទុក្ខលំបាក ព្រមទាំងស្ថិតនៅលើការរក្សាខ្លួនឲ្យផុតពីអំពើសៅហ្មងរបស់លោកីយ៍នេះ។
២
គ្រីស្តបរិស័ទមិនត្រូវប្រកាន់វណ្ណៈ
១ បងប្អូនអើយ បងប្អូនមានជំនឿលើព្រះយេស៊ូគ្រីស្ត* ជាព្រះអម្ចាស់ប្រកបដោយសិរីរុងរឿងរបស់យើងហើយ ដូច្នេះ សូមកុំប្រកាន់វណ្ណៈឲ្យសោះ។
២ ពេលបងប្អូនរួមប្រជុំគ្នា ឧបមាថា ម្នាក់ចូលមកមានពាក់ចិញ្ចៀនមាស និងមានសម្លៀកបំពាក់ភ្លឺផ្លេក ហើយម្នាក់ទៀតជាអ្នកក្រ ស្លៀកពាក់រហែករយ៉ីរយ៉ៃចូលមកដែរ ៣ ប្រសិនបើបងប្អូនរាក់ទាក់ទទួលអ្នកស្លៀកពាក់ភ្លឺផ្លេកនោះ ទាំងពោលថា «សូមលោកអញ្ជើញមកអង្គុយនៅកន្លែងកិត្តិយសឯណេះ!» ហើយពោលទៅកាន់អ្នកក្រថា «ទៅឈរនៅកៀននោះទៅ!» ឬថា «មកអង្គុយនៅក្រោមកន្លែងខ្ញុំដាក់ជើងឯណេះ!» ៤ តើមិនបានសេចក្ដីថា បងប្អូនរាប់រកមនុស្សក្នុងចំណោមបងប្អូន ដោយរើសមុខ ហើយបងប្អូនវិនិច្ឆ័យគេដោយគំនិតអាក្រក់ទេឬ?។
៥ បងប្អូនជាទីស្រឡាញ់អើយ សូមស្ដាប់ខ្ញុំ ព្រះជាម្ចាស់បានជ្រើសរើសអ្នកក្រក្នុងលោកនេះ ឲ្យទៅជាអ្នកមានផ្នែកខាងជំនឿ និងឲ្យទទួលព្រះរាជ្យ*ដែលព្រះអង្គបានសន្យាថាប្រទានឲ្យអស់អ្នកស្រឡាញ់ព្រះអង្គទុកជាមត៌ក។ ៦ រីឯបងប្អូន បងប្អូនបែរជាបន្ថោកអ្នកក្រទៅវិញ! តើមិនមែនពួកអ្នកមានទេឬ ដែលបានជិះជាន់សង្កត់សង្កិនបងប្អូន និងអូសទាញបងប្អូនយកទៅឲ្យតុលាការកាត់ទោស! ៧ តើអ្នកទាំងនោះមិនបានប្រមាថមាក់ងាយព្រះនាមដ៏ប្រសើរបំផុត ដែលជាទីពឹងរបស់បងប្អូនទេឬ!
៨ ប្រសិនបើបងប្អូនប្រតិបត្តិតាមវិន័យរបស់ព្រះរាជ្យ ស្របតាមគម្ពីរ ពោលគឺ«ត្រូវស្រឡាញ់បងប្អូនឯទៀតៗឲ្យបានដូចស្រឡាញ់ខ្លួនឯងដែរ» នោះបងប្អូនពិតជាបានសម្រេចកិច្ចការមួយដ៏ល្អប្រសើរហើយ។ ៩ ផ្ទុយទៅវិញ ប្រសិនបើបងប្អូននាំគ្នាប្រកាន់វណ្ណៈ បានសេចក្ដីថា បងប្អូនប្រព្រឹត្តអំពើបាប ហើយវិន័យចាត់ទុកបងប្អូនជាអ្នកប្រព្រឹត្តបទល្មើស ១០ ដ្បិតអ្នកណាប្រតិបត្តិតាមវិន័យទាំងមូល តែធ្វើខុសត្រង់ចំណុចណាមួយក៏ដូចជាខុសនឹងវិន័យទាំងមូលដែរ។ ១១ ព្រះជាម្ចាស់មានព្រះបន្ទូលថា «កុំប្រព្រឹត្តអំពើផិតក្បត់» ហើយព្រះអង្គមានព្រះបន្ទូលទៀតថា «កុំសម្លាប់មនុស្ស»។ ប្រសិនបើអ្នកមិនប្រព្រឹត្តអំពើផិតក្បត់ទេ តែសម្លាប់គេ នោះបានសេចក្ដីថា អ្នកប្រព្រឹត្តល្មើសនឹងវិន័យហើយ។
១២ បងប្អូនត្រូវនិយាយ និងប្រព្រឹត្តឲ្យស្របនឹងវិន័យដែលផ្ដល់សេរីភាព គឺមានតែវិន័យនោះហើយដែលនឹងវិនិច្ឆ័យបងប្អូន ១៣ ដ្បិតអ្នកណាគ្មានចិត្តមេត្តាករុណា ព្រះជាម្ចាស់ក៏នឹងវិនិច្ឆ័យទោសអ្នកនោះ ដោយឥតមេត្តាករុណាដែរ។ អ្នកមានចិត្តមេត្តាករុណា មិនខ្លាចព្រះអង្គវិនិច្ឆ័យទោសឡើយ។
ជំនឿ និងអំពើល្អ
១៤ បងប្អូនអើយ ប្រសិនបើមានម្នាក់ពោលថា ខ្លួនមានជំនឿ តែមិនប្រព្រឹត្តអំពើល្អទេ តើមានប្រយោជន៍អ្វី? តើជំនឿនេះអាចធ្វើឲ្យគេទទួលការសង្គ្រោះបានឬ? ១៥ ប្រសិនបើបងប្អូនប្រុស ឬស្រីណាម្នាក់ គ្មានសម្លៀកបំពាក់បិទបាំងខ្លួន និងគ្មានម្ហូបអាហារបរិភោគរាល់ថ្ងៃ ១៦ ហើយមានម្នាក់ ក្នុងចំណោមបងប្អូន ពោលទៅគាត់ថា «សូមអញ្ជើញទៅដោយសុខសាន្ត សូមឲ្យបានក្ដៅស្រួល សូមបរិភោគឲ្យបានឆ្អែត!» តែមិនឲ្យអ្វីៗដែលគេត្រូវការ តើពាក្យទាំងនេះមានប្រយោជន៍អ្វី? ១៧ រីឯជំនឿវិញក៏ដូច្នោះដែរ ប្រសិនបើគ្មានការប្រព្រឹត្តអំពើល្អទេ ជំនឿនោះស្លាប់តែម្ដង!។
១៨ ប្រសិនបើមានម្នាក់ពោលថាៈ អ្នកឯងមានជំនឿ រីឯខ្ញុំ ខ្ញុំប្រព្រឹត្តអំពើល្អ។ សូមបង្ហាញជំនឿរបស់អ្នកដែលឥតមានការប្រព្រឹត្តអំពើល្អឲ្យខ្ញុំមើលមើល៍ នោះខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញជំនឿរបស់ខ្ញុំ ដោយអំពើល្អដែលខ្ញុំបានប្រព្រឹត្ត។ ១៩ អ្នកជឿថាព្រះជាម្ចាស់មានតែមួយព្រះអង្គ ត្រឹមត្រូវហើយ ក៏ប៉ុន្តែ ពួកអារក្ខក៏ជឿដូច្នេះដែរ ហើយថែមទាំងភ័យញាប់ញ័រទៀតផង។ ២០ ឱមនុស្សឥតប្រាជ្ញាអើយ! ជំនឿដែលគ្មានការប្រព្រឹត្តអំពើល្អ ជាជំនឿឥតបានការអ្វីទាំងអស់ តើអ្នកចង់យល់ទេ! ២១ លោកអប្រាហាំជាបុព្វបុរសរបស់យើងបានសុចរិត ដោយសារអំពើដែលលោកប្រព្រឹត្ត គឺលោកបានយកអ៊ីសាកជាកូនទៅដាក់នៅលើអាសនៈ ដើម្បីថ្វាយជាយញ្ញបូជា។ ២២ អ្នកឃើញទេ ជំនឿរបស់លោកបានរួមជាមួយអំពើដែលលោកប្រព្រឹត្ត ហើយអំពើដែលលោកប្រព្រឹត្ត ធ្វើឲ្យជំនឿបានពេញលក្ខណៈ ២៣ ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា «លោកអប្រាហាំជឿលើព្រះជាម្ចាស់ ហើយព្រះអង្គប្រោសលោកឲ្យសុចរិត* ដោយយល់ដល់ជំនឿនេះ» លោកក៏មានឈ្មោះថា ជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ដែរ។ ២៤ ដូច្នេះ បងប្អូនឃើញថា ព្រះជាម្ចាស់ប្រោសមនុស្សឲ្យសុចរិត ដោយសារអំពើល្អដែលគេប្រព្រឹត្ត គឺមិនត្រឹមតែដោយសារជំនឿប៉ុណ្ណោះទេ។ ២៥ នាងរ៉ាហាប់ជាស្ត្រីពេស្យាក៏បានសុចរិត ដោយសារអំពើដែលនាងប្រព្រឹត្តដែរ ព្រោះនាងបានទទួលពួកអ្នកនាំសារឲ្យស្នាក់នៅ ហើយឲ្យគេចាកចេញទៅវិញ តាមផ្លូវមួយផ្សេងទៀត។ ២៦ រូបកាយដែលគ្មានវិញ្ញាណ ជារូបកាយស្លាប់យ៉ាងណា ជំនឿដែលគ្មានការប្រព្រឹត្តអំពើល្អ ក៏ជាជំនឿស្លាប់យ៉ាងនោះដែរ។
៣
អំពីអណ្ដាត
១ បងប្អូនអើយ កុំចង់ធ្វើគ្រូច្រើនគ្នាពេក ដ្បិតបងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់វិនិច្ឆ័យទោសយើងជាគ្រូយ៉ាងតឹងរ៉ឹងជាងគេ។ ២ យើងទាំងអស់គ្នាតែងតែធ្វើខុសជាច្រើន។ អ្នកណាឥតធ្វើខុស ដោយពាក្យសម្ដី អ្នកនោះជាមនុស្សគ្រប់លក្ខណៈ អាចត្រួតលើខ្លួនឯងទាំងមូលបាន។ ៣ ប្រសិនបើយើងដាក់ដែកបង្ខាំក្នុងមាត់សេះ ដើម្បីឲ្យវាស្ដាប់បង្គាប់យើង នោះយើងអាចញាក់ខ្លួនវាទាំងមូល ឲ្យទៅណាក៏បាន។ ៤ សូមគិតពីសំពៅដែរ ទោះបីវាធំប៉ុនណា ហើយមានខ្យល់បក់មកខ្លាំងយ៉ាងណាក៏ដោយ ក៏អ្នកបើកសំពៅអាចបត់បែនបានតាមបំណងចិត្ត ដោយសារចង្កូតដ៏តូចមួយ។ ៥ រីឯអណ្ដាតក៏ដូច្នោះដែរ វាជាសរីរាង្គមួយតូចមែន តែពូកែធ្វើការសម្បើមណាស់។ មើលចុះ សូម្បីតែផ្កាភ្លើងមួយតូចក៏អាចធ្វើឲ្យឆេះព្រៃមួយយ៉ាងធំបានដែរ! ៦ អណ្ដាតក៏ជាភ្លើងម្យ៉ាង ជាពិភពនៃអំពើទុច្ចរិត។ អណ្ដាតជាផ្នែកមួយក្នុងចំណោមសរីរាង្គរបស់យើង ដែលធ្វើឲ្យរូបកាយទាំងមូលទៅជាសៅហ្មង និងធ្វើឲ្យដំណើរជីវិតរបស់យើងត្រូវខ្លោចផ្សា ព្រោះមានភ្លើងនរកនៅក្នុងអណ្ដាតនេះ។ ៧ មនុស្សជាតិអាចផ្សាំងសត្វគ្រប់ប្រភេទបានទាំងអស់ ទាំងសត្វព្រៃ ទាំងសត្វស្លាប ហើយសត្វលូនវារ សត្វនៅក្នុងទឹក ក៏មនុស្សផ្សាំងបានដែរ ៨ ប៉ុន្តែ គ្មានជនណាម្នាក់អាចផ្សាំងអណ្ដាតឡើយ ព្រោះវាជាគ្រឿងមួយដ៏ចង្រៃដែលចេះតែគន្លាស់ជានិច្ច ពោរពេញទៅដោយពិសពុល បណ្ដាលឲ្យស្លាប់ទៀតផង។ ៩ ដោយសារអណ្ដាត យើងអរព្រះគុណព្រះអម្ចាស់ជាព្រះបិតា ហើយដោយសារអណ្ដាតដដែល យើងក៏ជេរប្រទេចផ្ដាសាមនុស្សដែលព្រះអង្គបានបង្កើតមក ឲ្យមានលក្ខណៈដូចព្រះអង្គដែរ ១០ គឺទាំងពាក្យអរព្រះគុណ ទាំងពាក្យជេរប្រទេចផ្ដាសា ហូរចេញមកពីមាត់តែមួយ! បងប្អូនអើយ ធ្វើដូច្នេះមិនកើតទេ!។ ១១ តើប្រភពទឹកអាចបង្ហូរចេញជាទឹកសាបផង ជាទឹកភ្លាវផង ពីរន្ធតែមួយបានឬ? ១២ បងប្អូនអើយ ដើមឧទុម្ពរអាចឲ្យផ្លែជាអូលីវ ឬដើមទំពាំងបាយជូរអាចឲ្យផ្លែជាឧទុម្ពរបានឬ? រន្ធទឹកប្រៃពុំអាចបង្ហូរចេញជាទឹកសាបឡើយ។
ប្រាជ្ញាដែលមកពីព្រះជាម្ចាស់
១៣ ក្នុងចំណោមបងប្អូន បើអ្នកណាមានប្រាជ្ញា និងចេះដឹង សូមសម្ដែងកិរិយាមារយាទរបស់ខ្លួនឲ្យអ្នកដទៃឃើញថា អំពើដែលខ្លួនប្រព្រឹត្តសុទ្ធតែផុសចេញមកពីចិត្តស្លូតបូត និងពីប្រាជ្ញាទាំងស្រុង។ ១៤ ផ្ទុយទៅវិញ ប្រសិនបើបងប្អូនមានចិត្តច្រណែនឈ្នានីស និងមានចិត្តប្រណាំងប្រជែងគ្នានោះ សូមកុំអួតខ្លួន កុំកុហកទាស់នឹងសេចក្ដីពិតឲ្យសោះ។ ១៥ ប្រាជ្ញាបែបនេះមិនមែនជាប្រាជ្ញាមកពីព្រះជាម្ចាស់ទេ គឺជាប្រាជ្ញារបស់លោកីយ៍ ប្រាជ្ញារបស់មនុស្ស និងប្រាជ្ញារបស់អារក្ខ ១៦ ដ្បិតទីណាមានការច្រណែន ប្រណាំងប្រជែងគ្នា ទីនោះតែងតែមានការខ្វះសណ្ដាប់ធ្នាប់ និងមានរឿងអាស្រូវគ្រប់យ៉ាង។ ១៧ រីឯប្រាជ្ញាមកពីព្រះជាម្ចាស់វិញ ដំបូងបង្អស់ ជាប្រាជ្ញាបរិសុទ្ធ* បន្ទាប់មក ជាប្រាជ្ញាផ្ដល់សន្តិភាព មានអធ្យាស្រ័យ ទុកចិត្តគ្នា ពោរពេញទៅដោយចិត្តមេត្តាករុណា និងបង្កើតផលល្អគ្រប់យ៉ាង ឥតមានលំអៀង ឥតមានពុតត្បុត។ ១៨ អស់អ្នកកសាងសន្តិភាពតែងសាបព្រោះសន្តិភាព ហើយច្រូតយកផលជាជីវិតសុចរិត*។
៤
ការស្រឡាញ់លោកីយ៍
១ ការទាស់ទែង ឈ្លោះប្រកែកគ្នា ក្នុងចំណោមបងប្អូន កើតមកពីអ្វី? តើមិនមែនមកពីចិត្តស្រើបស្រាល ដែលប្រទាញប្រទង់គ្នា នៅក្នុងសរីរាង្គរបស់បងប្អូនទេឬ? ២ បងប្អូនមានចិត្តលោភលន់ តែមិនបានដូចការប៉ងប្រាថ្នាទេ បងប្អូនក៏សម្លាប់ និងឈ្នានីសគេ ហើយនៅតែគ្មានបានផលអ្វី បងប្អូនឈ្លោះប្រកែក និងទាស់ទែងគ្នា ក៏នៅតែពុំបានទទួលអ្វីដែរ ព្រោះបងប្អូនមិនទូលសូមពីព្រះជាម្ចាស់។ ៣ បងប្អូនទូលសូមដែរ តែឥតបានទទួល ព្រោះបងប្អូនទូលសូមដោយបំណងអាក្រក់ គឺបងប្អូនចង់បានសម្រាប់តែបំពេញចិត្តស្រើបស្រាលរបស់ខ្លួនប៉ុណ្ណោះ។
៤ មនុស្សក្បត់ចិត្តអើយ! បងប្អូនមិនជ្រាបទេឬថា ការស្រឡាញ់លោកីយ៍ធ្វើឲ្យខ្លួនទៅជាសត្រូវនឹងព្រះជាម្ចាស់? អ្នកណាចង់ធ្វើជាមិត្តសម្លាញ់នឹងលោកីយ៍ អ្នកនោះតាំងខ្លួនជាសត្រូវនឹងព្រះជាម្ចាស់! ៥ តើបងប្អូនស្មានថាសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ ឥតបានការអ្វីទេឬ គឺថា ព្រះជាម្ចាស់មានព្រះហឫទ័យស្រឡាញ់វិញ្ញាណ ដែលព្រះអង្គប្រទានឲ្យមកគង់ក្នុងបងប្អូនរហូតដល់ប្រច័ណ្ឌ។ ៦ ប៉ុន្តែ ព្រះអង្គមានព្រះហឫទ័យប្រណីសន្ដោសខ្លាំងជាងនេះទៅទៀត ដ្បិតមានចែងទុកក្នុងគម្ពីរថា«ព្រះជាម្ចាស់ប្រឆាំងនឹងមនុស្សមានអំនួត តែព្រះអង្គប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួន»។
៧ ដូច្នេះ សូមបងប្អូនគោរពចុះចូលព្រះជាម្ចាស់ ហើយប្រឆាំងនឹងមារ* នោះវាមុខជារត់ចេញឆ្ងាយពីបងប្អូនមិនខាន។ ៨ សូមចូលទៅជិតព្រះជាម្ចាស់ នោះព្រះអង្គនឹងយាងមកជិតបងប្អូនវិញដែរ។ មនុស្សបាបអើយ ចូរជម្រះខ្លួនឲ្យបានបរិសុទ្ធ*ទៅ! មនុស្សមានចិត្តពីរអើយ ចូរជម្រះចិត្តគំនិតឲ្យបានស្អាតឡើង! ៩ ចូរទទួលស្គាល់ថាខ្លួនធ្លាក់ដល់កម្រិតណាហើយ ចូរកាន់ទុក្ខ និងសោកសង្រេង ព្រមទាំងធ្វើឲ្យសំណើចក្អាកក្អាយរបស់អ្នករាល់គ្នាប្រែទៅជាទុក្ខសោក ហើយឲ្យអំណរសប្បាយរបស់អ្នករាល់គ្នាប្រែទៅជាទុក្ខព្រួយវិញ។ ១០ ចូរបន្ទាបខ្លួននៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ នោះព្រះអង្គនឹងលើកតម្កើងអ្នករាល់គ្នាជាមិនខាន។
កុំថ្កោលទោសបងប្អូន
១១ បងប្អូនអើយ មិនត្រូវនិយាយដើមគ្នាទៅវិញទៅមកឡើយ អ្នកណានិយាយដើម ឬថ្កោលទោសបងប្អូនណាម្នាក់ អ្នកនោះក៏ដូចជានិយាយដើមវិន័យ* និងថ្កោលទោសវិន័យដែរ។ ប្រសិនបើអ្នកថ្កោលទោសវិន័យបានសេចក្ដីថា អ្នកមិនមែនកាន់វិន័យទេ គឺអ្នកថ្កោលទោសវិន័យទៅវិញ។ ១២ មានតែព្រះជាម្ចាស់មួយព្រះអង្គគត់ដែលបង្កើតវិន័យ ហើយព្រះអង្គជាចៅក្រមវិនិច្ឆ័យទោស។ មានតែព្រះអង្គប៉ុណ្ណោះដែលអាចសង្គ្រោះ និងធ្វើឲ្យវិនាស។ រីឯអ្នកវិញ តើអ្នកមានឋានៈអ្វីបានជាហ៊ានថ្កោលទោសបងប្អូនឯទៀតៗដូច្នេះ!
កុំមានគំនិតខ្ពស់
១៣ ឥឡូវនេះ ចំពោះបងប្អូនដែលពោលថា «ថ្ងៃនេះ ឬស្អែក យើងនឹងធ្វើដំណើរទៅក្រុងមួយ ហើយស្នាក់នៅក្រុងនោះមួយឆ្នាំ ដើម្បីរកស៊ី និងបានចំណេញ!» ខ្ញុំសូមជម្រាបថា ១៤ បងប្អូនពុំដឹងថា ថ្ងៃស្អែក ជីវិតបងប្អូននឹងទៅជាយ៉ាងណាឡើយ! បងប្អូនប្រៀបបីដូចជាចំហាយទឹកដែលមានតែមួយភ្លែត រួចក៏រសាត់បាត់ទៅ។ ១៥ បងប្អូនគួរតែពោលថា «បើព្រះអម្ចាស់សព្វព្រះហឫទ័យ យើងនឹងមានជីវិតរស់ ហើយយើងធ្វើការនេះ ឬធ្វើការនោះ» ១៦ តែឥឡូវនេះ បងប្អូនបែរជាក្អេងក្អាងអួតបំប៉ោងទៅវិញ។ ការអួតក្អេងក្អាងបែបនេះអាក្រក់ណាស់។ ១៧ ប្រសិនបើអ្នកណាចេះធ្វើអំពើល្អ តែមិនព្រមធ្វើ អ្នកនោះប្រព្រឹត្តអំពើបាបហើយ។
៥
ការព្រមានពួកអ្នកមាន
១ ចំពោះអ្នកមានវិញ ចូរស្រែកទ្រហោយំទៅ ព្រោះទុក្ខលំបាកនឹងកើតមានដល់អ្នករាល់គ្នាជាពុំខាន! ២ ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នារលួយអស់ ហើយសម្លៀកបំពាក់របស់អ្នករាល់គ្នាក៏ត្រូវកណ្ដៀរស៊ីដែរ។ ៣ មាសប្រាក់របស់អ្នករាល់គ្នាត្រូវច្រែះស៊ី ហើយច្រែះនេះធ្វើជាបន្ទាល់ទាស់នឹងអ្នករាល់គ្នា ព្រមទាំងស៊ីសាច់អ្នករាល់គ្នា ដូចភ្លើងឆេះសុសដែរ។ គ្រានេះ ជាគ្រាចុងក្រោយបំផុត អ្នករាល់គ្នាបានប្រមូលទ្រព្យសម្បត្តិទុក ៤ ឥតបើកប្រាក់ឈ្នួលឲ្យពួកកម្មករដែលច្រូតកាត់ ក្នុងស្រែរបស់អ្នករាល់គ្នាឡើយ មើល៍! សម្រែកអ្នកច្រូតទាំងនោះបានលាន់ទៅដល់ព្រះអម្ចាស់នៃពិភពទាំងមូល*។ ៥ អ្នករាល់គ្នារស់នៅលើផែនដីនេះយ៉ាងសម្បូណ៌សប្បាយ ថ្កុំថ្កើង រុងរឿង ហើយអ្នករាល់គ្នាបំពេញចំណង់ចិត្តខ្លួនយ៉ាងឆ្អែតស្កប់ស្កល់ ដូចនៅថ្ងៃដែលគេសម្លាប់សត្វ។ ៦ អ្នករាល់គ្នាបានដាក់ទោស និងប្រហារជីវិតមនុស្សសុចរិត តែគេពុំបានប្រឆាំងតបតនឹងអ្នករាល់គ្នាវិញឡើយ។
ការអត់ធ្មត់ និងការព្យាយាមអធិស្ឋាន
៧ ដូច្នេះ បងប្អូនអើយ ត្រូវមានចិត្តអត់ធ្មត់ រហូតដល់ពេលព្រះអម្ចាស់យាងមកយ៉ាងរុងរឿង។ មើលចុះ! អ្នកភ្ជួររាស់ទន្ទឹងរង់ចាំភោគផលដ៏ថ្លៃវិសេសដែលដីផ្ដល់ឲ្យ ដោយចិត្តអត់ធ្មត់ រហូតដល់បានផលនៅដើមរដូវ និងចុងរដូវ។ ៨ បងប្អូនក៏ដូច្នោះដែរ ចូរមានចិត្តអត់ធ្មត់ តាំងចិត្តឲ្យរឹងប៉ឹង ដ្បិតព្រះអម្ចាស់ជិតយាងមកដល់ហើយ។
៩ បងប្អូនអើយ មិនត្រូវរអ៊ូរទាំនឹងគ្នាទៅវិញទៅមកឡើយ ដើម្បីកុំឲ្យមានទោស ដ្បិតព្រះជាម្ចាស់ដែលជាចៅក្រម ព្រះអង្គឈរនៅមាត់ទ្វារស្រាប់ហើយ។ ១០ បងប្អូនអើយ ចូរយកតម្រាប់តាមពួកព្យាការី*ដែលបានរងទុក្ខលំបាក និងមានចិត្តអត់ធ្មត់ ហើយថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះអម្ចាស់។ ១១ យើងតែងតែសរសើរអស់អ្នកដែលចេះស៊ូទ្រាំថា ជាអ្នកមានសុភមង្គល។ បងប្អូនធ្លាប់ឮគេនិយាយស្រាប់ហើយថា លោកយ៉ូបចេះស៊ូទ្រាំយ៉ាងណាៗនោះ ហើយបងប្អូនក៏ឃើញដែរថា នៅទីបំផុត ព្រះអម្ចាស់ឲ្យគាត់បានទៅជាយ៉ាងណា ដ្បិតព្រះអម្ចាស់មានព្រះហឫទ័យអាណិតអាសូរ និងមេត្តាករុណាយ៉ាងក្រៃលែង។
១២ ជាពិសេស បងប្អូនអើយ កុំស្បថឲ្យសោះ គឺកុំយកមេឃ យកផែនដី ឬយកអ្វីផ្សេងទៀតមកធ្វើជាប្រធានសម្បថឡើយ បើថា«មែន» ឲ្យប្រាកដជា«មែន» «ទេ» ឲ្យប្រាកដជា«ទេ» ដើម្បីកុំឲ្យមានទោស។
១៣ ក្នុងចំណោមបងប្អូន បើមាននរណាម្នាក់កើតទុក្ខលំបាក ត្រូវឲ្យគាត់អធិស្ឋាន* បើមាននរណាអរសប្បាយ ត្រូវច្រៀងបទលើកតម្កើងព្រះជាម្ចាស់។ ១៤ ក្នុងចំណោមបងប្អូន បើនរណាមានជំងឺ ត្រូវអញ្ជើញព្រឹទ្ធាចារ្យរបស់ព្រះសហគមន៍មក ដើម្បីឲ្យលោកទាំងនោះអធិស្ឋានឲ្យគាត់ និងលាបប្រេង*ឲ្យ ក្នុងព្រះនាមព្រះអម្ចាស់។ ១៥ ពាក្យអធិស្ឋានដែលផុសចេញមកពីជំនឿ នឹងសង្គ្រោះអ្នកជំងឺនោះ ហើយព្រះអម្ចាស់នឹងប្រោសគាត់ឲ្យក្រោកឡើងវិញ ប្រសិនបើគាត់បានប្រព្រឹត្តអំពើបាប ព្រះអង្គនឹងលើកលែងទោសឲ្យ។ ១៦ ដូច្នេះ សូមបងប្អូនលន់តួបាបដល់គ្នាទៅវិញទៅមក ព្រមទាំងអធិស្ឋានឲ្យគ្នាទៅវិញទៅមកផង ដើម្បីឲ្យជាសះស្បើយ។ ពាក្យទូលអង្វររបស់មនុស្សសុចរិត*មានប្រសិទ្ធភាពខ្លាំងណាស់។ ១៧ ព្យាការីអេលីជាមនុស្សដូចយើងដែរ លោកបានអធិស្ឋានអស់ពីចិត្ត សុំកុំឲ្យមានភ្លៀងធ្លាក់ នោះក៏គ្មានភ្លៀងធ្លាក់លើផែនដី អស់រយៈពេលបីឆ្នាំប្រាំមួយខែ។ ១៨ បន្ទាប់មក លោកអធិស្ឋានសាជាថ្មី មេឃក៏បង្អុរភ្លៀងមក ហើយដីក៏បង្កើតភោគផលដែរ។
១៩ បងប្អូនអើយ ក្នុងចំណោមបងប្អូន ប្រសិនបើមាននរណាម្នាក់បានវង្វេងចេញឆ្ងាយពីសេចក្ដីពិត ហើយបើមានម្នាក់ទៀតនាំគាត់ឲ្យវិលត្រឡប់មកវិញ ២០ តោងដឹងថា អ្នកដែលនាំមនុស្សបាបឲ្យងាកចេញពីមាគ៌ាដែលគេវង្វេងនោះ បានសង្គ្រោះជីវិតគេឲ្យរួចពីស្លាប់ ព្រមទាំងគ្របបាំងអំពើបាបដ៏ច្រើនលើសលប់ផង។
529 Views