សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
លិខិតផ្ញើជូន
គ្រីស្តបរិស័ទជាតិហេប្រឺ
ពាក្យលំនាំ
លិខិតផ្ញើជូន
គ្រីស្តបរិស័ទជាតិហេប្រឺ
ពាក្យលំនាំ
អ្នកតែងៈ លិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ មានលក្ខណៈប្លែកពីលិខិតឯទៀតៗ គឺមានលំនាំដូចជាសុន្ទរកថារបស់បណ្ឌិតខាងវិន័យម្នាក់។ អ្នកតែងស្គាល់ព្រះគម្ពីរសម្ពន្ធមេត្រីចាស់យ៉ាងច្បាស់ ហើយពន្យល់តាមរបៀបបណ្ឌិតខាងវិន័យ។ អ្នកខ្លះសន្និដ្ឋានថា លោកប៉ូលជាអ្នកតែងលិខិតនេះ អ្នកខ្លះទៀតសន្និដ្ឋានថា លោកអប៉ូឡូស(កិច្ចការ ១៨.២៤‑២៨) ជាអ្នកតែង ក៏ប៉ុន្តែ យើងពុំដឹងពិតប្រាកដថានរណាបានសរសេរលិខិតនេះទេ ហើយក៏ពុំដឹងថាលិខិតនេះសរសេរផ្ញើទៅគ្រីស្តបរិស័ទណាដែរ។ យើងគ្រាន់តែយល់តាមរយៈលិខិតនេះថា អ្នកតែងចង់ដាស់តឿនគ្រីស្តបរិស័ទជាតិយូដា ដែលបានប្រែចិត្តជឿព្រះយេស៊ូគ្រីស្ត។ ក្នុងចំណោមបងប្អូនទាំងនោះ ប្រហែលជាមានបូជាចារ្យជាច្រើន ដែលធ្លាប់ធ្វើពិធីបុណ្យផ្សេងៗក្នុងព្រះវិហារនៅក្រុងយេរូសាឡឹមកាលពីមុន ហើយនៅអាឡោះអាល័យពិធីទាំងនោះដដែល។ មួយវិញទៀត ពួកគេអស់សង្ឃឹមដោយជួបនឹងទុក្ខលំបាក ព្រោះត្រូវជនរួមជាតិរបស់ខ្លួនបៀតបៀន។
គោលសំខាន់ៗ:
អ្នកតែងលិខិតនេះបានលើកយកគោលគំនិតរបស់សាសនាយូដា មកពន្យល់អំពីឋានៈរបស់ព្រះគ្រីស្តដែលប្រសើរជាងលោកម៉ូសេ ព្រោះព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយប្រសើរជាងមហាបូជាចារ្យឯទៀតៗ ព្រោះព្រះអង្គជាព្រះមហាបូជាចារ្យដែលអាចលោះបាបមនុស្សលោកមួយដងជាសូរេច។ ព្រះយេស៊ូក៏បានបូជាព្រះជន្មទុកជាយញ្ញបូជា ប្រសើរជាងយញ្ញបូជាដែលគេថ្វាយក្នុងព្រះវិហារ ព្រោះព្រះអង្គនាំមនុស្សឲ្យចូលទៅជិតព្រះជាម្ចាស់ ហើយតែងតាំងសម្ពន្ធមេត្រីថ្មី ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច។
អ្នកតែងលិខិតនេះក៏បានដាស់តឿនគ្រីស្តបរិស័ទឲ្យមានចិត្តតស៊ូ ស្មោះត្រង់នឹងជំនឿ ដោយលើកយកអ្នកជឿពីជំនាន់ដើមធ្វើជាគំរូ។
គម្រោងគម្ពីរហេប្រឺៈ
• សេចក្ដីផ្ដើម ១.១-៣
• ព្រះគ្រីស្តប្រសើរជាងពួកទេវទូត ១.៤‑២.១៨
• ព្រះគ្រីស្តប្រសើរជាងលោកម៉ូសេ និងលោកយ៉ូស៊ូអា ៣.១‑៤.១៣
• ព្រះគ្រីស្តប្រសើរជាងមហាបូជាចារ្យ ៤.១៤‑៧.២៨
• ព្រះគ្រីស្តប្រសើរជាងសម្ពន្ធមេត្រី ៨.១‑៩.២៨
• ព្រះគ្រីស្តប្រសើរជាងយញ្ញបូជា ១០.១-៣៩
• អំពីជំនឿ ១១.១‑១២.២៩
• ជីវិតស្របតាមព្រះជាម្ចាស់ ១៣.១-១៩
• អវសានកថា ១៣.២០-២៥
១
សេចក្ដីផ្ដើម
១ នៅជំនាន់ដើម ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់បុព្វបុរស*យើងជាច្រើនលើកច្រើនសា ដោយប្រើរបៀបផ្សេងៗជាច្រើន តាមរយៈពួកព្យាការី*។ ២ គ្រានេះជាគ្រាចុងក្រោយបំផុត ព្រះអង្គមានព្រះបន្ទូលមកយើងតាមរយៈព្រះបុត្រា។ ព្រះអង្គបានប្រគល់អ្វីៗទាំងអស់ឲ្យព្រះបុត្រាគ្រប់គ្រងជាមត៌ក ព្រះអង្គក៏បានបង្កើតពិភពទាំងមូលដោយសារព្រះបុត្រាដែរ។ ៣ ព្រះបុត្រានេះជារស្មីនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងមានលក្ខណៈដូចព្រះអង្គបេះបិទ។ ព្រះបុត្រាទ្រព្រះអង្គអ្វីៗទាំងអស់ ដោយសារព្រះបន្ទូលប្រកបដោយឫទ្ធានុភាព។ លុះព្រះអង្គប្រោសមនុស្សឲ្យបរិសុទ្ធ*ផុតពីបាប*រួចហើយ ព្រះអង្គក៏គង់នៅខាងស្ដាំព្រះដ៏ឧត្តុង្គឧត្ដម នាស្ថានដ៏ខ្ពង់ខ្ពស់បំផុត។ ៤ ព្រះបុត្រាបានទទួលព្រះនាមប្រសើរលើសពួកទេវទូត*យ៉ាងណា ព្រះអង្គក៏ទទួលឋានៈប្រសើរជាងពួកទេវទូតយ៉ាងនោះដែរ។
ព្រះយេស៊ូគ្រីស្តមានឋានៈធំជាងពួកទេវទូត
៥ ព្រះជាម្ចាស់ពុំដែលមានព្រះបន្ទូលទៅកាន់ទេវទូតណាថា៖
«ព្រះអង្គជាបុត្ររបស់យើង
គឺយើងហ្នឹងហើយដែលបានទទួលព្រះអង្គ
ធ្វើជាបុត្រនៅថ្ងៃនេះ»
ឬមានព្រះបន្ទូលថា៖
«យើងនឹងធ្វើជាបិតារបស់ព្រះអង្គ
ហើយព្រះអង្គនឹងទៅជាបុត្រារបស់យើង»
សោះឡើយ។
៦ មួយវិញទៀត នៅពេលព្រះជាម្ចាស់ចាត់បុត្រច្បងឲ្យមកផែនដីនេះ ព្រះអង្គមានព្រះបន្ទូលថា៖
«ទេវទូត*ទាំងអស់របស់ព្រះជាម្ចាស់
ត្រូវក្រាបថ្វាយបង្គំព្រះបុត្រា»។
៧ ព្រះជាម្ចាស់មានព្រះបន្ទូលអំពីពួកទេវទូតថា៖
«ព្រះអង្គបានយកពួកទេវទូតធ្វើជាខ្យល់
និងយកពួកអ្នកបម្រើរបស់ព្រះអង្គ
ធ្វើជាអណ្ដាតភ្លើង»។
៨ ចំពោះព្រះបុត្រាវិញ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖
«បពិត្រព្រះជាម្ចាស់ បល្ល័ង្ករបស់ព្រះអង្គ
នៅស្ថិតស្ថេរអស់កល្បជានិច្ច
ហើយព្រះអង្គគ្រងរាជ្យដោយយុត្តិធម៌»។
៩ ព្រះអង្គសព្វព្រះហឫទ័យតែនឹង
សេចក្ដីសុចរិត
ព្រះអង្គមិនសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតទេ។
ហេតុនេះព្រះជាម្ចាស់ជាព្រះរបស់ព្រះអង្គ
បានចាក់ប្រេងអភិសេកព្រះអង្គ
ឲ្យមានអំណរសប្បាយដ៏លើសលប់
គឺឲ្យព្រះអង្គបានប្រសើរជាង
មិត្តភក្ដិរបស់ព្រះអង្គ»។
១០ ព្រះជាម្ចាស់មានព្រះបន្ទូលទៀតថា៖
បពិត្រព្រះអម្ចាស់! ព្រះអង្គបានបង្កើតផែនដី
តាំងពីដើមដំបូងមកម៉្លេះ
ហើយផ្ទៃមេឃក៏ជាស្នាព្រះហស្ដ
របស់ព្រះអង្គដែរ។
១១ ផែនដី និងផ្ទៃមេឃមុខជារលាយបាត់ទៅ
តែព្រះអង្គនៅស្ថិតស្ថេររហូត។
ផែនដី និងផ្ទៃមេឃមុខជាចាស់ទៅ
ដូចសម្លៀកបំពាក់
១២ ព្រះអង្គនឹងបត់ទាំងផែនដី ទាំងផ្ទៃមេឃទុក
ដូចគេបត់អាវធំ
ផែនដី និងផ្ទៃមេឃនឹងរេចរឹលទៅ
ដូចសម្លៀកបំពាក់
ចំពោះព្រះអង្គវិញ ព្រះអង្គមិនប្រែប្រួលឡើយ
ហើយព្រះជន្មាយុរបស់ព្រះអង្គ
ក៏មិនចេះអស់ដែរ។
១៣ មួយវិញទៀត ព្រះជាម្ចាស់ក៏មិនដែលមានព្រះបន្ទូលទៅកាន់ទេវទូតណាថា៖
«សូមគង់នៅខាងស្ដាំយើង
ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ
មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ»។
១៤ ទេវទូតទាំងនោះសុទ្ធតែជាវិញ្ញាណដែលនៅបម្រើព្រះជាម្ចាស់។ ព្រះអង្គចាត់ពួកលោកឲ្យមកបំពេញមុខងារ ជាប្រយោជន៍ដល់អស់អ្នកដែលត្រូវទទួលការសង្គ្រោះទុកជាមត៌ក!។
២
ការសង្គ្រោះដ៏ថ្លៃវិសេស
១ ហេតុនេះហើយបានជាយើងត្រូវយកចិត្តទុកដាក់នឹងសេចក្ដីប្រៀនប្រដៅ ដែលយើងបានស្ដាប់ឲ្យមែនទែន ក្រែងលោយើងត្រូវរសាត់បាត់ទៅ។ ២ ប្រសិនបើព្រះបន្ទូលដែលពួកទេវទូតថ្លែងប្រាប់យកជាការបាន ហើយបើអ្នកដែលប្រព្រឹត្តល្មើស និងមិនស្ដាប់តាម បានទទួលទោសយ៉ាងហ្នឹងទៅហើយ ៣ ចុះចំណង់បើយើងវិញ ធ្វើម្ដេចនឹងឲ្យរួចខ្លួនបាន បើយើងធ្វេសប្រហែសនឹងការសង្គ្រោះដ៏ថ្លៃវិសេសនេះ? ជាបឋម ព្រះអម្ចាស់បានថ្លែងអំពីការសង្គ្រោះ ហើយអស់អ្នកដែលបានស្ដាប់ក៏បញ្ជាក់ប្រាប់យើងដែរ។ ៤ ព្រះជាម្ចាស់ផ្ដល់សក្ខីភាពរួមជាមួយពួកគេ ដោយសម្ដែងទីសម្គាល់ ឫទ្ធិបាដិហារិយ៍ ការអស្ចារ្យគ្រប់យ៉ាង ព្រមទាំងចែកព្រះអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ*មក ស្របតាមព្រះហឫទ័យព្រះអង្គផង។
៥ ព្រះជាម្ចាស់ពុំបានប្រគល់ឲ្យពួកទេវទូត*ត្រួតត្រាពិភពលោកខាងមុខ ដូចយើងធ្លាប់និយាយនោះទេ។ ៦ ផ្ទុយទៅវិញ មានម្នាក់បានផ្ដល់សក្ខីភាពនៅក្នុងវគ្គមួយដែលចែងថា៖
«តើមនុស្សមានឋានៈអ្វីបានជាព្រះអង្គនឹក
ដល់គេដូច្នេះ
តើបុត្រមនុស្សជាអ្វីដែរបានជាព្រះអង្គយក
ព្រះហឫទ័យទុកដាក់នឹងគេយ៉ាងនេះ»?
៧ «ព្រះអង្គបានធ្វើឲ្យគេមានឋានៈទាបជាង
ទេវទូតតែមួយរយៈប៉ុណ្ណោះ
ព្រះអង្គប្រទានសិរីរុងរឿង និងកិត្តិយសដល់គេ
ទុកជាមកុដរាជ្យ
៨ ព្រះអង្គបានបង្ក្រាបអ្វីៗទាំងអស់ឲ្យ
នៅក្រោមជើងរបស់គេ»។
ព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ ឥតទុកឲ្យមានអ្វីមួយនៅសល់ ដែលពុំបានចុះចូលនោះឡើយ។ ប៉ុន្តែ នៅពេលនេះ យើងពុំឃើញថា អ្វីៗសព្វសារពើសុទ្ធតែបានចុះចូលនឹងអំណាចរបស់មនុស្សហើយនោះទេ ៩ តែយើងឃើញថា ព្រះយេស៊ូដែលមានឋានៈទាបជាងពួកទេវទូតមួយរយៈ ព្រោះព្រះអង្គបានរងទុក្ខ និងសោយទិវង្គតនោះ ឥឡូវនេះ ព្រះអង្គទទួលសិរីរុងរឿង និងព្រះកិត្តិនាមទុកជាមកុដរាជ្យ។ ដោយសារព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ ព្រះគ្រីស្តបានសោយទិវង្គតសម្រាប់មនុស្សគ្រប់ៗរូប។ ១០ អ្វីៗទាំងអស់មានជីវិតដោយសារព្រះជាម្ចាស់ និងសម្រាប់ព្រះអង្គ ព្រះអង្គសព្វព្រះហឫទ័យនឹងនាំបុត្រធីតាជាច្រើនឲ្យទទួលសិរីរុងរឿង ដូច្នេះ គួរគប្បីព្រះអង្គប្រោសប្រទានឲ្យម្ចាស់នៃការសង្គ្រោះបានគ្រប់លក្ខណៈ ដោយរងទុក្ខលំបាក។
១១ ព្រះយេស៊ូដែលប្រោសមនុស្សឲ្យវិសុទ្ធ* និងមនុស្សដែលព្រះអង្គប្រោសឲ្យវិសុទ្ធនោះចេញមកពីប្រភពតែមួយ។ ហេតុនេះហើយបានជាព្រះយេស៊ូ មិនខ្មាសនឹងហៅគេថាជាបងប្អូនរបស់ព្រះអង្គឡើយ ១២ គឺព្រះអង្គមានព្រះបន្ទូលថា៖
«ទូលបង្គំនឹងផ្សាយដំណឹងអំពីព្រះនាម
របស់ព្រះអង្គឲ្យបងប្អូនទូលបង្គំស្គាល់
ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះអង្គ
នៅក្នុងអង្គប្រជុំ»។
១៣ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖
«ទូលបង្គំទុកចិត្តលើព្រះអង្គ»
ហើយថា«ខ្ញុំនៅឯនេះរួមជាមួយនឹងកូនចៅ
ដែលព្រះជាម្ចាស់ប្រទានឲ្យខ្ញុំ»។
១៤ ដោយកូនចៅនោះជាប់សាច់ឈាមជាមួយគ្នា ព្រះអង្គក៏បានយកឋានៈជាមនុស្សរួមជាមួយគេដែរ ហើយព្រះអង្គសោយទិវង្គត ដើម្បីកម្ទេចមារ*ដែលមានអំណាចលើសេចក្ដីស្លាប់ ១៥ និងដើម្បីរំដោះអស់អ្នកដែលជាប់ជាទាសករមួយជីវិត ព្រោះតែខ្លាចស្លាប់។ ១៦ ព្រះយេស៊ូពិតជាពុំបានយាងមកជួយពួកទេវទូត*ទេ គឺព្រះអង្គមកជួយពូជពង្សរបស់លោកអប្រាហាំវិញ។ ១៧ ហេតុនេះហើយបានជាព្រះអង្គត្រូវតែមានលក្ខណៈដូចបងប្អូនរបស់ព្រះអង្គគ្រប់ចំពូកទាំងអស់ ដើម្បីធ្វើជាមហាបូជាចារ្យ* ដែលមានចិត្តមេត្តាករុណា មានចិត្តស្មោះត្រង់ក្នុងការបម្រើព្រះជាម្ចាស់ និងដើម្បីរំដោះប្រជាជនឲ្យរួចផុតពីបាប*ផង។ ១៨ ដោយព្រះអង្គផ្ទាល់បានរងទុក្ខលំបាក នៅពេលជួបការល្បងល ព្រះអង្គក៏អាចជួយអស់អ្នកដែលជួបនឹងការល្បងលបានដែរ។
៣
ព្រះយេស៊ូមានឋានៈធំជាងលោកម៉ូសេ
១ បងប្អូនដ៏វិសុទ្ធ*អើយ ព្រះជាម្ចាស់ក៏បានត្រាស់ហៅបងប្អូនដែរ! ចូរគិតពិចារណាមើល អំពីព្រះយេស៊ូ ជាទូត ដែលព្រះជាម្ចាស់បានចាត់ឲ្យមក និងជាមហាបូជាចារ្យ*ដែលនាំឲ្យយើងមានជំនឿ ដូចយើងប្រកាសនោះទៅ។ ២ ព្រះយេស៊ូមានព្រះហឫទ័យស្មោះត្រង់ចំពោះព្រះជាម្ចាស់ ដែលបានតែងតាំងព្រះអង្គ ដូចលោកម៉ូសេមានចិត្តស្មោះត្រង់ចំពោះកិច្ចការក្នុងព្រះដំណាក់ដែរ។ ៣ អ្នកសង់ផ្ទះមានកិត្តិយស ប្រសើរលើសផ្ទះយ៉ាងណា ព្រះយេស៊ូក៏គួរនឹងទទួលសិរីរុងរឿងប្រសើរលើសលោកម៉ូសេយ៉ាងនោះដែរ ៤ ដ្បិតផ្ទះទាំងឡាយសុទ្ធតែមានគេបានសង់ឡើង រីឯព្រះជាម្ចាស់វិញ ព្រះអង្គបានសង់គ្រប់អ្វីៗទាំងអស់។ ៥ ចំពោះលោកម៉ូសេ លោកមានចិត្តស្មោះត្រង់នឹងកិច្ចការ ក្នុងព្រះដំណាក់ទាំងមូល ក្នុងឋានៈលោកជាអ្នកបម្រើ ដើម្បីផ្ដល់សក្ខីភាពពីព្រះបន្ទូលដែលព្រះជាម្ចាស់នឹងថ្លែង។ ៦ រីឯព្រះគ្រីស្តវិញ ព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ ក្នុងឋានៈជាព្រះបុត្រា ដែលគ្រប់គ្រងលើព្រះដំណាក់ផ្ទាល់របស់ព្រះអង្គ គឺយើងទាំងអស់គ្នាហ្នឹងហើយជាព្រះដំណាក់របស់ព្រះអង្គ ប្រសិនបើយើងនៅកាន់ចិត្តរឹងប៉ឹង និងពឹងផ្អែកលើសេចក្ដីសង្ឃឹមរបស់យើងជាប់ជានិច្ចមែននោះ។
៧ ហេតុនេះ ដូចព្រះវិញ្ញាណដ៏វិសុទ្ធ*មានព្រះបន្ទូលថា៖
«ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀង
របស់ព្រះអង្គ
៨ មិនត្រូវមានចិត្តរឹងរូសដូចនៅគ្រាបះបោរ
ក្នុងថ្ងៃដែលគេល្បងលព្រះអង្គ
នៅវាលរហោស្ថាននោះឡើយ
៩ បុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង
ដើម្បីសាកមើលយើង
ហើយគេឃើញកិច្ចការដែលយើងបានធ្វើ
ក្នុងអំឡុងពេលសែសិបឆ្នាំ។
១០ ហេតុនេះហើយបានជាយើងទាស់ចិត្តនឹង
មនុស្សនៅជំនាន់នោះណាស់
ហើយយើងបានពោលថាៈ
ចិត្តរបស់ពួកគេចេះតែវង្វេងរហូតទៅ
គេពុំស្គាល់មាគ៌ារបស់យើងឡើយ
១១ យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា
មិនឲ្យពួកគេចូលមកសម្រាក
ជាមួយយើងជាដាច់ខាត»។
១២ ដូច្នេះ បងប្អូនអើយ ចូរប្រយ័ត្នក្រែងលោនរណាម្នាក់ ក្នុងចំណោមបងប្អូន បែរជាមានចិត្តអាក្រក់លែងជឿ រហូតដល់ទៅងាកចេញពីព្រះជាម្ចាស់ដ៏មានព្រះជន្មរស់។ ១៣ ផ្ទុយទៅវិញ ចូរដាស់តឿនគ្នាទៅវិញទៅមក ជារៀងរាល់ថ្ងៃ គឺគ្រប់ពេលដែលមានចែងក្នុងគម្ពីរថា«ថ្ងៃនេះ!» នៅឡើយ ដើម្បីកុំឲ្យបងប្អូនណាម្នាក់ប្រកាន់ចិត្តរឹងរូស ដោយចាញ់បោកបាប*។ ១៤ ប្រសិនបើយើងរក្សាជំហររឹងប៉ឹង ដែលយើងមានតាំងពីដំបូងមក រហូតដល់ចុងបញ្ចប់មែននោះ យើងបានចូលរួមជាមួយព្រះគ្រីស្តហើយ ១៥ ព្រោះក្នុងគម្ពីរមានចែងថា
«ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀង
របស់ព្រះអង្គ
មិនត្រូវមានចិត្តរឹងរូសដូចនៅគ្រាបះបោរ
នោះឡើយ»។
១៦ តើនរណាខ្លះបានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយបែរជានាំគ្នាបះបោរ? អស់អ្នកដែលលោកម៉ូសេបាននាំចេញពីស្រុកអេស៊ីបមកនោះឬ? ១៧ ក្នុងអំឡុងពេលសែសិបឆ្នាំនោះ តើព្រះជាម្ចាស់ព្រះអង្គព្រះពិរោធនឹងនរណាខ្លះ? ព្រះអង្គព្រះអង្គព្រះពិរោធនឹងអស់អ្នកដែលបានប្រព្រឹត្តអំពើបាប ហើយត្រូវស្លាប់ចោលឆ្អឹងនៅវាលរហោស្ថាននោះឬ? ១៨ តើព្រះអង្គបានប្ដេជ្ញាថាមិនឲ្យនរណាខ្លះចូលមកសម្រាកជាមួយព្រះអង្គ? គឺអស់អ្នកដែលមិនព្រមស្ដាប់បង្គាប់ព្រះអង្គនោះឬ? ១៩ ដូច្នេះ យើងឃើញថាពួកគេពុំបានចូលទៅសម្រាកមកពីពួកគេគ្មានជំនឿ។
៤
១ ព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ ដែលថាឲ្យយើងចូលទៅសម្រាកជាមួយព្រះអង្គនោះនៅស្ថិតស្ថេរនៅឡើយ ដូច្នេះ យើងត្រូវភ័យខ្លាច ក្រែងលោមានបងប្អូនណាម្នាក់នឹកស្មានថាខ្លួនចូលទៅមិនទាន់ ២ ដ្បិតយើងក៏បានទទួលដំណឹងល្អ*ដូចពួកគេដែរ។ ប៉ុន្តែ ព្រះបន្ទូលដែលគេស្ដាប់ គ្មានប្រយោជន៍អ្វីដល់គេទេ ព្រោះព្រះបន្ទូលដែលគេបានឮនោះពុំបានជ្រួតជ្រាបចូលក្នុងចិត្តគេ ដោយជំនឿឡើយ។ ៣ ព្រះជាម្ចាស់មានព្រះបន្ទូលថា «យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា មិនឲ្យពួកគេចូលមកសម្រាកជាមួយយើងជាដាច់ខាត»។ ចំពោះយើងជាអ្នកជឿវិញ យើងបានចូលមកសម្រាកជាមួយព្រះអង្គហើយ។
ពិតមែនហើយ ព្រះជាម្ចាស់បានបង្ហើយកិច្ចការរបស់ព្រះអង្គ តាំងពីកំណើតពិភពលោកមកម៉្លេះ ៤ ដ្បិតមានចែងទុកត្រង់វគ្គមួយ ស្ដីអំពីថ្ងៃទីប្រាំពីរថាៈ ព្រះជាម្ចាស់បង្ហើយកិច្ចការទាំងអស់នៅថ្ងៃទីប្រាំពីរ រួចព្រះអង្គក៏សម្រាក។ ៥ ក្នុងអត្ថបទគម្ពីរខាងលើនេះមានចែងសាជាថ្មីថាៈ «ពួកគេនឹងមិនបានចូលទៅសម្រាកជាមួយយើងជាដាច់ខាត»។
៦ ព្រះជាម្ចាស់បានតម្រូវឲ្យអ្នកខ្លះចូលទៅសម្រាក ក៏ប៉ុន្តែ ដោយអស់អ្នកដែលទទួលដំណឹងល្អពីមុន មិនបានចូល ព្រោះគេមិនស្ដាប់បង្គាប់ ៧ ព្រះអង្គក៏កំណត់យក “ថ្ងៃនេះ” មួយទៀត គឺព្រះអង្គមានព្រះបន្ទូលតាមរយៈព្រះបាទដាវីឌជាយូរអង្វែងក្រោយមកទៀត ដូចមានចែងទុកនៅខាងលើនេះស្រាប់ថាៈ «ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ មិនត្រូវមានចិត្តរឹងរូសឡើយ»។
៨ ប្រសិនបើលោកយ៉ូស៊ូអានាំប្រជារាស្ដ្រឲ្យបានសម្រាកមែន ក្រោយមកទៀតនោះ ព្រះជាម្ចាស់មុខជាពុំមានព្រះបន្ទូលអំពីថ្ងៃមួយផ្សេងទៀតឡើយ។ ៩ ដូច្នេះ ព្រះជាម្ចាស់បានតម្រូវទុកឲ្យមានថ្ងៃសម្រាកមួយទៀត សម្រាប់ប្រជារាស្ដ្ររបស់ព្រះអង្គ ដូចព្រះអង្គសម្រាកនៅថ្ងៃទីប្រាំពីរដែរ ១០ ដ្បិតអ្នកណាចូលទៅសម្រាកជាមួយព្រះជាម្ចាស់ អ្នកនោះបានបង្ហើយកិច្ចការរបស់ខ្លួន ដូចព្រះជាម្ចាស់បង្ហើយកិច្ចការរបស់ព្រះអង្គដែរ។ ១១ ហេតុនេះ យើងត្រូវតែខ្នះខ្នែងចូលទៅរកសម្រាកជាមួយព្រះអង្គនោះវិញ កុំឲ្យមាននរណាម្នាក់ធ្លាក់ខ្លួនទៅយកតម្រាប់តាមពួកអ្នកដែលមិនស្ដាប់បង្គាប់នោះឡើយ ១២ ដ្បិតព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិឫទ្ធិមុតជាងដាវមុខពីរទៅទៀត។ ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណដាច់ចេញពីគ្នា កាត់សន្លាក់ឆ្អឹង និងខួរឆ្អឹងចេញពីគ្នា។ ព្រះបន្ទូលវិនិច្ឆ័យឆន្ទៈ និងគំនិតនៅក្នុងជម្រៅចិត្តមនុស្ស។ ១៣ គ្មានសត្វលោកណាមួយដែលព្រះបន្ទូលមើលមិនឃើញឡើយ ចំពោះព្រះនេត្ររបស់ព្រះអង្គ អ្វីៗទាំងអស់នៅទទេ ឥតបិទបាំងទាល់តែសោះ។ យើងត្រូវទូលរៀបរាប់ថ្វាយព្រះបន្ទូលពីគ្រប់កិច្ចការទាំងអស់។
ព្រះយេស៊ូជាមហាបូជាចារ្យដ៏ខ្ពង់ខ្ពស់លើសមហាបូជាចារ្យនៃសម្ពន្ធមេត្រីចាស់
១៤ ដោយយើងមានមហាបូជាចារ្យ*មួយរូបដ៏ប្រសើរឧត្ដម ដែលបានយាងកាត់ស្ថានបរមសុខ* គឺព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ យើងត្រូវតែកាន់ជំនឿដែលយើងប្រកាសនោះឲ្យបានមាំមួន ១៥ ដ្បិតយើងមានមហាបូជាចារ្យ ដែលអាចរួមសុខទុក្ខជាមួយយើង ជាមនុស្សទន់ខ្សោយ គឺព្រះអង្គក៏ត្រូវរងការល្បងលគ្រប់ចំពូកដូចយើងដែរ តែព្រះអង្គមិនបានប្រព្រឹត្តអំពើបាបសោះឡើយ ១៦ ហេតុនេះ យើងត្រូវចូលទៅកាន់បល្ល័ង្ករបស់ព្រះជាម្ចាស់ប្រកបដោយព្រះហឫទ័យប្រណីសន្ដោស ទាំងទុកចិត្ត ដើម្បីឲ្យព្រះអង្គមេត្តាករុណា និងប្រណីសន្ដោសយើង ព្រមទាំងជួយយើងនៅពេលណាយើងត្រូវការ។
៥
១ គេជ្រើសរើសមហាបូជាចារ្យគ្រប់ៗរូបពីចំណោមមនុស្ស ហើយតែងតាំងសម្រាប់ឲ្យទាក់ទងជាមួយព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់មនុស្សលោក ក្នុងការថ្វាយតង្វាយ និងថ្វាយយញ្ញបូជារំដោះបាបមនុស្ស។ ២ លោកមហាបូជាចារ្យអាចមានអធ្យាស្រ័យដល់មនុស្សល្ងិតល្ងង់ និងមនុស្សវង្វេងបាន ព្រោះខ្លួនលោកផ្ទាល់ក៏ទន់ខ្សោយ ៣ ហើយដោយលោកទន់ខ្សោយ ដូច្នេះ លោកត្រូវថ្វាយយញ្ញបូជាសម្រាប់ឲ្យខ្លួនលោកផ្ទាល់ និងប្រជារាស្ដ្ររួចពីបាប។ ៤ គ្មាននរណាតាំងខ្លួនឯងឲ្យបំពេញមុខងារដ៏ប្រសើរនេះបានឡើយ គឺទាល់តែព្រះជាម្ចាស់ត្រាស់ហៅដូចលោកអរ៉ុន ទើបបំពេញបាន។
៥ រីឯព្រះគ្រីស្តវិញក៏ដូច្នោះដែរ ព្រះអង្គពុំបានលើកតម្កើងព្រះអង្គផ្ទាល់ធ្វើជាមហាបូជាចារ្យឡើយ គឺព្រះជាម្ចាស់ទេតើដែលបានតែងតាំងព្រះអង្គ ដោយមានព្រះបន្ទូលមកកាន់ព្រះអង្គថា៖
«ព្រះអង្គជាបុត្ររបស់យើង
គឺយើងហ្នឹងហើយដែលបាន
ទទួលព្រះអង្គធ្វើជាបុត្រនៅថ្ងៃនេះ»។
៦ ព្រះជាម្ចាស់ក៏មានព្រះបន្ទូលនៅក្នុងវគ្គមួយទៀតថា៖
«ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ
តាមរបៀបព្រះបាទមែលគីសេដែក»។
៧ កាលព្រះគ្រីស្តរស់នៅក្នុងលោកនេះនៅឡើយ ព្រះអង្គបានបន្លឺសំឡេងយ៉ាងខ្លាំង និងបង្ហូរទឹកភ្នែក ទូលអង្វរ ទូលសូមព្រះជាម្ចាស់ ដែលអាចសង្គ្រោះព្រះអង្គឲ្យរួចពីស្លាប់។ ដោយព្រះគ្រីស្តបានគោរពប្រណិប័តន៍ព្រះជាម្ចាស់ នោះព្រះជាម្ចាស់ក៏ប្រោសប្រទានតាមពាក្យទូលអង្វរ។ ៨ ថ្វីដ្បិតតែព្រះអង្គជាព្រះបុត្រាក៏ដោយ ព្រះអង្គក៏បានរៀនស្ដាប់បង្គាប់ ដោយរងទុក្ខលំបាក។ ៩ បន្ទាប់ពីព្រះអង្គបានគ្រប់លក្ខណៈហើយ ព្រះអង្គក៏បានទៅជាប្រភពនៃការសង្គ្រោះដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់អស់អ្នកដែលស្ដាប់បង្គាប់ព្រះអង្គ ១០ ហើយព្រះជាម្ចាស់ក៏ប្រកាសតែងតាំងព្រះអង្គជាមហាបូជាចារ្យ តាមរបៀបព្រះបាទមែលគីសេដែកដែរ។
ពាក្យដាស់តឿនឲ្យតស៊ូស្មោះត្រង់នឹងជំនឿ
១១ ត្រង់ចំណុចនេះ យើងមានសេចក្ដីជាច្រើនដែលត្រូវនិយាយ ជាសេចក្ដីដែលពិបាកពន្យល់ ព្រោះបងប្អូនបែរជាក្រនឹងយល់។ ១២ តាមពិត បងប្អូនគួរតែបានធ្វើជាគ្រូបង្រៀនគេ តាំងពីយូរយារណាស់មកហើយ ក៏ប៉ុន្តែ បងប្អូនត្រូវការឲ្យគេបង្រៀនអំពីសេចក្ដីខ្លះៗ ដែលនៅខាងដើមដំបូងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើងវិញ បងប្អូនបែរជាត្រូវការទឹកដោះ គឺមិនមែនត្រូវការអាហាររឹងទេ។ ១៣ អ្នកដែលត្រូវការទឹកដោះ ពុំអាចយល់ការប្រៀនប្រដៅអំពីសេចក្ដីសុចរិតឡើយ ព្រោះគេនៅជាកូនខ្ចី។ ១៤ មានតែមនុស្សពេញវ័យប៉ុណ្ណោះ ដែលអាចទទួលអាហាររឹងបាន ព្រោះគេធ្លាប់មានការពិសោធ ចេះវែកញែក ស្គាល់ល្អ ស្គាល់អាក្រក់។
៦
១ ហេតុនេះ ត្រូវឈោងចាប់យកសេចក្ដីណាដែលមានខ្លឹមសារ គ្រប់លក្ខណៈរបស់មនុស្សពេញវ័យ ដោយទុកសេចក្ដីផ្សេងៗនៅដើមដំបូងស្ដីអំពីព្រះគ្រីស្តនោះសិន យើងមិនបាច់ចាក់គ្រឹះសាជាថ្មីទៀតទេ គឺដូចជានិយាយអំពីការកែប្រែចិត្តគំនិត ឈប់ប្រព្រឹត្តអំពើឥតបានការ អំពីជំនឿលើព្រះជាម្ចាស់ ២ អំពីសេចក្ដីបង្រៀនពីការជ្រមុជផ្សេងៗ អំពីពិធីដាក់ដៃ* អំពីការរស់ឡើងវិញ ឬអំពីការវិនិច្ឆ័យទោសអស់កល្បជានិច្ចនោះឡើយ។ ៣ ប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យ យើងនឹងបរិយាយអំពីសេចក្ដីដូចតទៅនេះ។
៤ មានអ្នកខ្លះបានទទួលពន្លឺម្ដងរួចហើយ ថែមទាំងបានស្គាល់ឱជារសនៃព្រះអំណោយទានពីស្ថានបរមសុខ*បានរួមចំណែកជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ* ៥ ព្រមទាំងស្គាល់ឱជារសនៃព្រះបន្ទូលដ៏ល្អវិសេសរបស់ព្រះជាម្ចាស់ និងស្គាល់ឫទ្ធានុភាពទាំងឡាយនៃបរលោកទៀតផង។ ៦ ប្រសិនបើគេបែរជាធ្លាក់ខ្លួនបាត់ជំនឿវិញនោះ គេមុខជាពុំអាចកែប្រែចិត្តគំនិតសាជាថ្មីម្ដងទៀតឡើយ ដ្បិតខ្លួនគេផ្ទាល់បានឆ្កាងព្រះបុត្រារបស់ព្រះជាម្ចាស់សាជាថ្មី ព្រមទាំងបានបន្ថោកកិត្តិយសព្រះអង្គជាសាធារណៈផង។
៧ ដីណាទទួលទឹកភ្លៀងដែលធ្លាក់មកជាញឹកញាប់ ហើយផ្ដល់ភោគផលល្អដល់អ្នកភ្ជួររាស់ ដីនោះក៏ទទួលព្រះពរពីព្រះជាម្ចាស់ដែរ។ ៨ ផ្ទុយទៅវិញ ប្រសិនបើដីនោះដុះសុទ្ធតែបន្លា និងអញ្ចាញ គេនឹងចាត់ទុកថាគ្មានតម្លៃ ជិតត្រូវបណ្ដាសា ហើយគេមុខជាដុតចោលមិនខាន។
៩ ក៏ប៉ុន្តែ បងប្អូនដ៏ជាទីស្រឡាញ់អើយ ទោះបីយើងនិយាយបែបនេះក៏ដោយ ក៏យើងជឿជាក់ថា បងប្អូនស្ថិតនៅលើមាគ៌ាដ៏ល្អប្រសើរបំផុតឆ្ពោះទៅរកការសង្គ្រោះ ១០ ដ្បិតព្រះជាម្ចាស់មិនមែនអយុត្ដិធម៌ទេ ព្រះអង្គមិនភ្លេចអំពើដែលបងប្អូនបានប្រព្រឹត្ត ហើយក៏មិនភ្លេចសេចក្ដីស្រឡាញ់ដែលបងប្អូនបានសម្ដែងចំពោះព្រះនាមព្រះអង្គ ដោយបងប្អូនបានបម្រើប្រជាជនដ៏វិសុទ្ធ កាលពីដើម និងឥឡូវនេះដែរ។ ១១ យើងចង់ឲ្យបងប្អូនម្នាក់ៗ នៅតែមានចិត្តខ្នះខ្នែង រហូតដល់ចុងបញ្ចប់ គឺធ្វើឲ្យសេចក្ដីសង្ឃឹមរបស់បងប្អូនបានពេញលក្ខណៈ ១២ ដើម្បីកុំឲ្យបងប្អូនក្លាយទៅជាខ្ជិលច្រអូស តែឲ្យយកតម្រាប់តាមអស់អ្នកដែលបានទទួលមត៌ក តាមព្រះបន្ទូលសន្យា ព្រោះគេមានជំនឿ និងចេះស៊ូទ្រាំ។
ព្រះបន្ទូលសន្យាដែលមិនចេះប្រែប្រួល
១៣ នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលសន្យានឹងលោកអប្រាហាំ ព្រះអង្គបានស្បថដោយយកព្រះអង្គផ្ទាល់ធ្វើជាប្រធាន ព្រោះគ្មាននរណាមានឋានៈធំជាងព្រះអង្គ ធ្វើជាប្រធានសម្បថបានឡើយ។ ១៤ ព្រះអង្គមានព្រះបន្ទូលថាៈ«យើងនឹងឲ្យពរអ្នកយ៉ាងច្រើនបរិបូណ៌ ហើយក៏នឹងធ្វើឲ្យពូជពង្សរបស់អ្នកបានកើនចំនួនច្រើនឡើងដែរ»។ ១៥ ដោយលោកអប្រាហាំព្យាយាមទន្ទឹងរង់ចាំ លោកក៏បានទទួលតាមព្រះបន្ទូលសន្យាមែន។ ១៦ មនុស្សតែងតែស្បថដោយយកអ្វីៗធំជាងខ្លួនមកធ្វើជាប្រធាន ហើយសម្បថនោះធ្វើឲ្យពាក្យសម្ដីរបស់គេយកជាការបាន ដើម្បីបញ្ចប់ការទាស់ទែងគ្នាគ្រប់យ៉ាង។ ១៧ ព្រះជាម្ចាស់ក៏សព្វព្រះហឫទ័យបង្ហាញឲ្យអស់អ្នកដែលទទួលមត៌ក តាមព្រះបន្ទូលសន្យា បានដឹងរឹតតែច្បាស់ថា បើព្រះអង្គសម្រេចព្រះហឫទ័យយ៉ាងណាហើយនោះ ព្រះអង្គមិនប្រែប្រួលទេ។ ហេតុនេះ ព្រះអង្គមានព្រះបន្ទូលស្បថថែមលើព្រះបន្ទូលសន្យាទៀត។ ១៨ ចំពោះយើងដែលបានលះបង់អ្វីៗទាំងអស់ ដើម្បីឈោងចាប់យកសេចក្ដីសង្ឃឹមដែលព្រះអង្គដាក់នៅខាងមុខយើង ព្រះអង្គក៏បានលើកទឹកចិត្តយើងយ៉ាងខ្លាំង ដោយមានព្រះបន្ទូលទាំងពីរយ៉ាង ដែលពុំចេះប្រែប្រួល ហើយព្រះជាម្ចាស់មិនចេះកុហកក្នុងព្រះបន្ទូលនេះឡើយ។ ១៩ សេចក្ដីសង្ឃឹមនេះប្រៀបបីដូចជាយុថ្កាមួយដ៏ជាប់មាំមួន សម្រាប់ព្រលឹងរបស់យើង ហើយក៏បានចូលហួសវាំងននទៅក្នុងទីសក្ការៈថែមទៀតផង ២០ គឺឆ្ពោះទៅកាន់កន្លែងដែលព្រះយេស៊ូបានយាងចូលទៅមុន ដើម្បីជាប្រយោជន៍ដល់យើង ហើយព្រះអង្គក៏បានទទួលឋានៈជាមហាបូជាចារ្យ*រហូតអស់កល្បជានិច្ច តាមរបៀបព្រះបាទមែលគីសេដែក។
៧
ព្រះបាទមែលគីសេដែកជាមហាក្សត្រ និងជាបូជាចារ្យ
១ ព្រះបាទមែលគីសេដែកនេះជាព្រះមហាក្សត្រនៅក្រុងសាឡឹម និងជាបូជាចារ្យ*របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះអង្គបានទៅជួបលោកអប្រាហាំ ដែលវិលមកពីវាយឈ្នះស្ដេចនានា ហើយព្រះអង្គជូនពរលោក។ ២ លោកអប្រាហាំបានយកអ្វីៗទាំងអស់ដែលលោកមានចំនួនមួយភាគដប់ មកថ្វាយព្រះបាទមែលគីសេដែក។ ព្រះនាមរបស់ស្ដេចអង្គនេះមានន័យថា «ស្ដេចប្រកបដោយសេចក្ដីសុចរិត» ហើយព្រះអង្គជាស្ដេចក្រុងសាឡឹមថែមទៀត ដែលមានន័យថា «ស្ដេចនៃសេចក្ដីសុខសាន្ត»។ ៣ ព្រះអង្គគ្មានមាតាបិតា និងគ្មានវង្សត្រកូលទេ ហើយជីវិតរបស់ស្ដេចក៏គ្មានដើមកំណើត និងចុងបញ្ចប់ដែរ។ ព្រះអង្គដូចព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយស្ថិតនៅជាបូជាចារ្យ*រហូតតរៀងទៅ។
៤ សូមបងប្អូនពិចារណាមើលចុះ ព្រះបាទមែលគីសេដែកនេះមានឋានៈធំប៉ុនណា បានជាលោកអប្រាហាំ បុព្វបុរស*របស់យើង យកអ្វីៗដែលលោករឹបអូសបានពីចម្បាំង ចំនួនមួយភាគដប់មកថ្វាយដូច្នេះ! ៥ អស់អ្នកក្នុងពូជពង្សរបស់លោកលេវី*ដែលបានទទួលមុខងារជាបូជាចារ្យ*នោះ ក៏បានទទួលបញ្ជាឲ្យហូតយកតង្វាយមួយភាគដប់*ពីប្រជាជន ស្របតាមវិន័យ* គឺទារយកពីអស់អ្នកជាសាច់ឈាមរបស់ខ្លួន ដែលជាពូជពង្សរបស់លោកអប្រាហាំដូចគ្នា។ ៦ ចំណែកឯព្រះបាទមែលគីសេដែកវិញ លោកគ្មានជាប់សាច់ញាតិអ្វីនឹងកូនចៅលោកលេវីទេ តែលោកបានយកទ្រព្យចំនួនមួយភាគដប់ពីលោកអប្រាហាំ! ព្រះអង្គក៏ជូនពរដល់លោកអប្រាហាំ ដែលបានទទួលព្រះបន្ទូលសន្យា! ៧ ធម្មតា អ្នកទទួលពរមានឋានៈតូចជាងអ្នកឲ្យពរ ត្រង់ចំណុចនេះ យើងពុំអាចប្រកែកបានឡើយ។ ៨ លោកលេវី ដែលទទួលតង្វាយមួយភាគនោះ ជាមនុស្សតែងតែស្លាប់។ រីឯព្រះបាទមែលគីសេដែកវិញ ព្រះអង្គមានព្រះជន្មរស់ដូចគម្ពីរបានបញ្ជាក់ស្រាប់។ ៩ យើងអាចពោលឲ្យអស់សេចក្ដីថា សូម្បីតែលោកលេវី ដែលតែងទទួលតង្វាយមួយភាគដប់ ក៏បានយកអ្វីៗមួយភាគដប់ ថ្វាយព្រះបាទមែលគីសេដែក តាមរយៈលោកអប្រាហាំដែរ ១០ ដ្បិតនៅពេលដែលព្រះបាទមែលគីសេដែកទៅជួបលោកអប្រាហាំនោះ លោកលេវីស្ថិតនៅក្នុងលោកអប្រាហាំនៅឡើយ។
១១ មុខងារបូជាចារ្យជាគ្រឹះនៃគម្ពីរវិន័យរបស់ប្រជារាស្ដ្រអ៊ីស្រាអែល ប្រសិនបើមុខងារជាបូជាចារ្យបានគ្រប់លក្ខណៈ ដោយសារពួកលេវីហើយនោះ តើចាំបាច់តែងតាំងបូជាចារ្យមួយទៀត តាមរបៀបព្រះបាទមែលគីសេដែកធ្វើអ្វី? ម្ដេចក៏មិននិយាយពីបូជាចារ្យតាមរបៀបលោកអរ៉ុនទៅវិញ។ ១២ ប្រសិនបើមានការផ្លាស់ប្ដូរមុខងារបូជាចារ្យ នោះក៏ត្រូវតែមានការផ្លាស់ប្ដូរវិន័យដែរ។ ១៣ រីឯបូជាចារ្យដែលមានចែងក្នុងអត្ថបទទាំងនេះ ព្រះអង្គកើតក្នុងកុលសម្ព័ន្ធមួយដែលគ្មាននរណាម្នាក់ធ្លាប់ធ្វើជាបូជាចារ្យឡើយ។ ១៤ យើងសុទ្ធតែបានដឹងច្បាស់ទាំងអស់គ្នាថា ព្រះអម្ចាស់នៃយើងប្រសូតមកក្នុងកុលសម្ព័ន្ធ*យូដា។ ពេលលោកម៉ូសេនិយាយអំពីបូជាចារ្យ លោកពុំដែលនិយាយពីកុលសម្ព័ន្ធនេះទេ។ ១៥ ប្រសិនបើមានការតែងតាំងបូជាចារ្យមួយរូបទៀត ដូចព្រះបាទមែលគីសេដែក សេចក្ដីនេះក៏រឹតតែច្បាស់ជាងទៅទៀត។ ១៦ ព្រះអង្គមិនបានទទួលមុខងារជាបូជាចារ្យ តាមវិន័យក្រឹត្យក្រមរបស់មនុស្សឡើយ គឺព្រះអង្គបានទទួលមុខងារនេះតាមឫទ្ធានុភាពនៃព្រះជន្មមិនចេះសាបសូន្យ ១៧ ដ្បិតគម្ពីរបានផ្ដល់សក្ខីភាពអំពីព្រះអង្គថា«ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបព្រះបាទមែលគីសេដែក»។ ១៨ ដូច្នេះ បញ្ញត្តិដែលមានពីមុនមកត្រូវលុបបំបាត់ចោលហើយ ព្រោះគ្មានប្រសិទ្ធភាព គ្មានសារប្រយោជន៍អ្វីទេ ១៩ ដ្បិតវិន័យពុំបានធ្វើឲ្យអ្វីមួយទៅជាគ្រប់លក្ខណៈឡើយ។ ម្យ៉ាងទៀត សេចក្ដីសង្ឃឹមមួយដ៏ប្រសើរជាងបានមកដល់ ហើយដោយសារសេចក្ដីសង្ឃឹមនេះ យើងអាចចូល ទៅជិតព្រះជាម្ចាស់បាន។
២០ លើសពីនេះ មានព្រះបន្ទូលសម្បថ។ បូជាចារ្យឯទៀតៗបានទទួលមុខងារជាបូជាចារ្យ ដោយគ្មានព្រះបន្ទូលសម្បថទេ។ ២១ រីឯព្រះយេស៊ូវិញ ព្រះអង្គបានទទួលមុខងារជាបូជាចារ្យ ដោយព្រះជាម្ចាស់ព្រះអង្គបានស្បថ គឺព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់ព្រះអង្គថា«“ព្រះអង្គជាបូជាចារ្យអស់កល្បជានិច្ច” ព្រះអម្ចាស់ព្រះអង្គបានស្បថ ហើយព្រះអង្គនឹងមិនប្រែប្រួលឡើយ»។ ២២ ដូច្នេះ ដោយមានព្រះបន្ទូលសម្បថយ៉ាងនេះ បានសេចក្ដីថា ព្រះយេស៊ូធានារ៉ាប់រងនូវសម្ពន្ធមេត្រី*មួយរឹតតែប្រសើរជាងទៅទៀត។
២៣ លើសពីនេះ មានគ្នាជាច្រើនបានធ្វើបូជាចារ្យតៗគ្នា ព្រោះពួកគេតែងតែស្លាប់ ពុំអាចធ្វើបូជាចារ្យជាអចិន្ត្រៃយ៍ឡើយ។ ២៤ រីឯព្រះយេស៊ូវិញ ព្រះអង្គមានមុខងារជាបូជាចារ្យ ដែលពុំអាចផ្ទេរទៅឲ្យនរណាបានទេ ព្រោះព្រះអង្គគង់នៅអស់កល្បជានិច្ច។ ២៥ ហេតុនេះហើយបានជាព្រះអង្គក៏អាចសង្គ្រោះអស់អ្នកដែលចូលមកជិតព្រះជាម្ចាស់ តាមរយៈព្រះអង្គ បានជាស្ថាពរ ដ្បិតព្រះអង្គមានព្រះជន្មរស់រហូត ដើម្បីទូលអង្វរព្រះជាម្ចាស់ឲ្យពួកគេ។ ២៦ មានតែមហាបូជាចារ្យដ៏ប្រសើរដូចព្រះយេស៊ូនេះហើយ ដែលយើងត្រូវការ គឺមហាបូជាចារ្យដ៏វិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង ខុសប្លែកពីមនុស្សបាប ព្រមទាំងខ្ពង់ខ្ពស់លើសស្ថានបរមសុខ*ទៅទៀត។ ២៧ ព្រះអង្គមិនត្រូវការថ្វាយយញ្ញបូជារៀងរាល់ថ្ងៃ ដូចមហាបូជាចារ្យឯទៀតៗថ្វាយ ព្រោះបាបខ្លួនឯងផ្ទាល់ផង និងបាបប្រជាជនផងនោះឡើយ ដ្បិតព្រះអង្គបានថ្វាយព្រះកាយព្រះអង្គផ្ទាល់ជាយញ្ញបូជា ម្ដងជាសូរេច។ ២៨ វិន័យបានតែងតាំងមនុស្សទន់ខ្សោយឲ្យធ្វើជាមហាបូជាចារ្យ។ រីឯព្រះបន្ទូលសម្បថ ដែលមានមកតាមក្រោយវិន័យ បានតែងតាំងព្រះបុត្រា ដែលគ្រប់លក្ខណៈអស់កល្បជានិច្ច ឲ្យធ្វើជាមហាបូជាចារ្យវិញ។
៨
ព្រះយេស៊ូជាមហាបូជាចារ្យនៃសម្ពន្ធមេត្រីថ្មី
១ គោលដ៏សំខាន់បំផុតក្នុងសេចក្ដីដែលយើងកំពុងតែបរិយាយនេះ គឺថា យើងមានមហាបូជាចារ្យ*មួយ គង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះជាម្ចាស់ដ៏ឧត្តុង្គឧត្ដមនៅស្ថានបរមសុខ។ ២ ព្រះអង្គនៅបម្រើក្នុងទីសក្ការៈ* និងក្នុងព្រះពន្លា*ដ៏ពិតប្រាកដ ដែលព្រះអម្ចាស់បានដំឡើង គឺមិនមែនមនុស្សដំឡើងទេ។ ៣ ចំពោះមហាបូជាចារ្យគ្រប់ៗរូប គេតែងតាំងឲ្យថ្វាយតង្វាយ និងថ្វាយយញ្ញបូជា ដូច្នេះ លោកត្រូវតែរកអ្វីយកទៅថ្វាយជាចាំបាច់។ ៤ ប្រសិនបើព្រះគ្រីស្តគង់នៅផែនដីនេះ ព្រះអង្គមិនមែនជាបូជាចារ្យទេ ព្រោះមានបូជាចារ្យឯទៀតៗសម្រាប់យកតង្វាយទៅថ្វាយ ស្របតាមវិន័យរួចស្រេចទៅហើយ។ ៥ អ្នកទាំងនោះធ្វើពិធីផ្សេងៗ តាមគំរូ និងតាមស្រមោលនៃពិធីនៅស្ថានបរមសុខ ដូចព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅពេលដែលហៀបនឹងសង់ព្រះពន្លាថាៈ«ចូរប្រុងប្រយ័ត្ន អ្នកត្រូវធ្វើសព្វគ្រប់ទាំងអស់ តាមគំរូដែលយើងបានបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ»។ ៦ ឥឡូវនេះ ព្រះគ្រីស្តបានទទួលមុខងារប្រសើរជាងបូជាចារ្យទាំងនោះទៅទៀត ព្រោះព្រះអង្គជាស្ពាននៃសម្ពន្ធមេត្រី*មួយប្រសើរជាង ជាសម្ពន្ធមេត្រីដែលចងឡើង ដោយសារព្រះបន្ទូលសន្យាដ៏ប្រសើរជាង។
៧ ប្រសិនបើសម្ពន្ធមេត្រីមុនល្អឥតខ្ចោះហើយ មិនបាច់រកសម្ពន្ធមេត្រីទីពីរមកជំនួសឡើយ។ ៨ ព្រះជាម្ចាស់មានព្រះបន្ទូលស្ដីបន្ទោសប្រជារាស្ដ្ររបស់ព្រះអង្គដូចតទៅ៖
ព្រះអម្ចាស់មានព្រះបន្ទូលថា
«បន្ដិចទៀត យើងនឹងចងសម្ពន្ធមេត្រីមួយថ្មី
ជាមួយពូជពង្សរបស់អ៊ីស្រាអែល
និងពូជពង្សរបស់យូដា។
៩ សម្ពន្ធមេត្រីថ្មីនេះមិនដូចសម្ពន្ធមេត្រីដែល
យើងបានចងជាមួយបុព្វបុរសរបស់គេ
នៅថ្ងៃដែលយើងដឹកដៃបុព្វបុរសទាំងនោះ
ចេញពីស្រុកអេស៊ីបឡើយ។
ពួកគេពុំបានគោរពតាមសម្ពន្ធមេត្រី
ដែលយើងបានចងជាមួយគេនោះ
ឲ្យបានខ្ជាប់ខ្ជួនទេ
យើងក៏លែងរវីរវល់នឹងពួកគេដែរ»
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១០ ព្រះអម្ចាស់មានព្រះបន្ទូលថា
«លុះគ្រានេះកន្លងផុតទៅ
យើងនឹងចងសម្ពន្ធមេត្រីជាមួយពូជពង្ស
អ៊ីស្រាអែលដូចតទៅ:
យើងនឹងដាក់វិន័យរបស់យើងទាំងប៉ុន្មាន
ក្នុងប្រាជ្ញារបស់ពួកគេ
យើងនឹងចារវិន័យទាំងនោះទុក
នៅក្នុងចិត្តរបស់ពួកគេ
យើងនឹងបានទៅជាព្រះរបស់ពួកគេ
ហើយគេជាប្រជារាស្ដ្ររបស់យើង។
១១ ពេលនោះនឹងលែងមាននរណា
បង្រៀនជនរួមជាតិរបស់ខ្លួន
ហើយក៏លែងមាននរណានិយាយប្រាប់
បងប្អូនរបស់ខ្លួនថា
“ត្រូវតែស្គាល់ព្រះអម្ចាស់” ទៀតហើយ
ព្រោះតាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំ
គេនឹងស្គាល់យើងគ្រប់ៗគ្នា
១២ ដ្បិតយើងនឹងអត់ឱនឲ្យគេ
ចំពោះអំពើទុច្ចរិតដែលគេបានប្រព្រឹត្ត
ហើយយើងក៏មិននឹកនាពីអំពើបាបរបស់គេ
ទៀតដែរ»។
១៣ ដោយព្រះអង្គហៅសម្ពន្ធមេត្រីនេះ ថាជាសម្ពន្ធមេត្រីថ្មីដូច្នេះ ព្រះអង្គចាត់ទុកសម្ពន្ធមេត្រីមុនថាជាសម្ពន្ធមេត្រីចាស់។ ធម្មតា អ្វីៗដែលចាស់ ហើយកាន់តែចាស់ទៅៗ នោះ មុខជាត្រូវសាបសូន្យបាត់ទៅមិនខាន។
៩
ការគោរពថ្វាយបង្គំព្រះជាម្ចាស់ តាមរបៀបចាស់ និងតាមរបៀបថ្មី
១ ក្នុងសម្ពន្ធមេត្រីទីមួយមានក្បួនផ្សេងៗ សម្រាប់គោរពបម្រើព្រះជាម្ចាស់ និងមានទីសក្ការៈនៅលើផែនដីនេះ ២ ព្រោះគេបានដំឡើងព្រះពន្លា*មួយ ហើយគេហៅផ្នែកខាងមុខថា“ទីសក្ការៈ” នៅទីនោះមានដាក់ជើងចង្កៀង តុ និងនំបុ័ងតង្វាយ។ ៣ បន្ទាប់មក ខាងក្រោយវាំងននទីពីរ មានព្រះពន្លាមួយទៀតហៅថា “ទីសក្ការៈបំផុត”។ ៤ នៅទីនោះ មានភាជន៍មួយធ្វើពីមាសសម្រាប់ដុតគ្រឿងក្រអូប និងមានហិប*នៃសម្ពន្ធមេត្រី ស្រោបមាសជុំវិញ ហើយក្នុងហិបនោះ មានពានមាសមួយដែលគេដាក់នំម៉ាណា មានដំបងរបស់លោកអរ៉ុនដែលមានផ្ការីកចេញមក និងមានបន្ទះថ្មនៃសម្ពន្ធមេត្រីផង។ ៥ នៅពីលើហិបនៃសម្ពន្ធមេត្រី មានរូបខេរូប៊ីម*ត្រដាងស្លាបបាំងពីលើកន្លែងថ្វាយឈាមសុំឲ្យរួចពីបាប* រូបនោះបង្ហាញពីវត្តមានរបស់ព្រះជាម្ចាស់។ ប៉ុន្តែ យើងមិនបាច់រៀបរាប់ឲ្យបានល្អិតល្អន់ នៅពេលនេះទេ។ ៦ អ្វីៗទាំងអស់រៀបរយដូច្នេះហើយ ក្រុមបូជាចារ្យក៏នាំគ្នាចូលទៅគោរពបម្រើនៅផ្នែកខាងមុខនៃព្រះពន្លានោះជាប្រក្រតី។ ៧ រីឯព្រះពន្លាខាងក្នុងវិញ មានតែលោកមហាបូជាចារ្យប៉ុណ្ណោះដែលចូលទៅបានមួយឆ្នាំម្ដង។ លោកត្រូវតែយកឈាមសត្វចូលទៅថ្វាយព្រះជាម្ចាស់ ដើម្បីលាងកំហុសរបស់ខ្លួនលោកផ្ទាល់ និងកំហុសរបស់ប្រជាជន។ ៨ ត្រង់នេះ ព្រះវិញ្ញាណដ៏វិសុទ្ធ*បង្ហាញឲ្យយើងដឹងថា ដរាបណាផ្នែកខាងមុខនៃព្រះពន្លានៅស្ថិតស្ថេរនៅឡើយ ផ្លូវចូលទៅក្នុងទីសក្ការៈក៏ពុំទាន់បើកចំហឲ្យយើងចូលទៅបានដែរ។ ៩ នេះហើយជានិមិត្តរូបសម្រាប់បច្ចុប្បន្នកាល គឺមានន័យថា តង្វាយ និងយញ្ញបូជាដែលមនុស្សយកមកថ្វាយព្រះជាម្ចាស់ ពុំអាចធ្វើឲ្យមនសិការរបស់អ្នកដែលមកគោរពបម្រើ ទៅជាគ្រប់លក្ខណៈឡើយ។ ១០ ពិធីទាំងនោះគ្រាន់តែជាក្បួនតម្រាខាងលោកីយ៍អំពីម្ហូបអាហារ ភេសជ្ជៈ និងអំពីការប្រោះទឹកផ្សេងៗប៉ុណ្ណោះ ជាពិធីដែលប្រជាជនត្រូវធ្វើ ទម្រាំដល់ពេលព្រះជាម្ចាស់កែទម្រង់អ្វីៗទាំងអស់ឡើងវិញ។
១១ រីឯព្រះគ្រីស្តវិញ ព្រះអង្គបានយាងមកក្នុងឋានៈជាមហាបូជាចារ្យ ដែលនាំទៅកាន់សម្បត្តិនៅលោកខាងមុខ។ ព្រះអង្គបានយាងកាត់ព្រះពន្លាមួយដ៏ប្រសើរឧត្ដម និងល្អគ្រប់លក្ខណៈជាង ជាព្រះពន្លាដែលមិនមែនសង់ឡើងដោយដៃមនុស្ស ពោលគឺមិនមែនជាព្រះពន្លាដែលស្ថិតនៅក្នុងលោកនេះឡើយ។ ១២ ព្រះអង្គពុំបានយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺយកព្រះលោហិតរបស់ព្រះអង្គផ្ទាល់ ចូលទៅថ្វាយក្នុងទីសក្ការៈម្ដងជាសូរេច ទាំងលោះយើងអស់កល្បជានិច្ចផង។ ១៣ ប្រសិនបើឈាមពពែឈ្មោល និងឈាមគោបា ព្រមទាំងផេះគោញីស្ទាវដែលគេបាចលើមនុស្សសៅហ្មង ធ្វើឲ្យរូបកាយគេបានបរិសុទ្ធ និងឲ្យគេទៅជាវិសុទ្ធយ៉ាងហ្នឹងទៅហើយ ១៤ ចំណង់បើព្រះលោហិតរបស់ព្រះគ្រីស្តវិញ តើនឹងរឹតតែជម្រះមនសិការយើងឲ្យបានរួចផុតពីអំពើឥតបានការ ដើម្បីគោរពបម្រើព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ខ្លាំងយ៉ាងណាទៅទៀត? គឺដោយសារព្រះវិញ្ញាណដែលគង់នៅអស់កល្បជានិច្ច ព្រះគ្រីស្តបានថ្វាយព្រះអង្គផ្ទាល់ទៅព្រះជាម្ចាស់ ទុកដូចជាយញ្ញបូជាឥតសៅហ្មង។
១៥ ហេតុនេះ ព្រះអង្គជាស្ពាននៃសម្ពន្ធមេត្រីមួយថ្មី ដើម្បីឲ្យអស់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅ ទទួលមត៌កដ៏ស្ថិតស្ថេរអស់កល្បជានិច្ច តាមព្រះបន្ទូលសន្យា ព្រោះព្រះគ្រីស្តបានសោយទិវង្គត ដើម្បីលោះមនុស្សលោកឲ្យរួចផុតពីទោស ដែលគេបានប្រព្រឹត្តល្មើស កាលនៅក្រោមសម្ពន្ធមេត្រីទីមួយ។
១៦ ធម្មតា គេអាចចែកកេរមត៌កតាមពាក្យបណ្ដាំបាន លុះត្រាតែមានសេចក្ដីបញ្ជាក់ថា អ្នកដែលបានចែងពាក្យបណ្ដាំនោះស្លាប់ទៅហើយ ១៧ ព្រោះពាក្យបណ្ដាំអាចយកជាការបាន តែនៅពេលណាដែលម្ចាស់បណ្ដាំនោះស្លាប់ប៉ុណ្ណោះ បើម្ចាស់បណ្ដាំនៅរស់ គេពុំអាចអនុវត្តតាមពាក្យបណ្ដាំនោះបានឡើយ។ ១៨ ហេតុនេះ សូម្បីតែសម្ពន្ធមេត្រីពីមុនក៏ចាប់ផ្ដើមយកជាការបាន ទាល់តែមានការបង្ហូរឈាម។ ១៩ ពេលលោកម៉ូសេប្រកាសបញ្ញត្តិទាំងអស់ ស្របតាមវិន័យ* ឲ្យប្រជាជនទាំងមូលស្ដាប់រួចហើយ លោកយករោមចៀមដែលជ្រលក់ពណ៌ក្រហម និងស្លឹកហ៊ីសុប មកជ្រលក់ឈាមកូនគោ ឈាមពពែឈ្មោល និងទឹកប្រោះលើគម្ពីរ ព្រមទាំងលើប្រជាជនទាំងមូល ២០ លោកមានប្រសាសន៍ថាៈ«នេះជាលោហិតនៃសម្ពន្ធមេត្រី ដែលព្រះជាម្ចាស់បានបង្គាប់ឲ្យអ្នករាល់គ្នាកាន់តាម»។ ២១ បន្ទាប់មក លោកក៏បានប្រោះឈាមនោះលើព្រះពន្លា និងលើប្រដាប់ប្រដាទាំងអស់ ដែលប្រើប្រាស់សម្រាប់គោរពបម្រើព្រះជាម្ចាស់ដែរ។ ២២ តាមវិន័យ អ្វីៗស្ទើរតែទាំងអស់បានបរិសុទ្ធដោយសារឈាម ប្រសិនបើគ្មានការបង្ហូរឈាមទេ ក៏គ្មានការលើកលែងទោសដែរ។
ព្រះគ្រីស្តជាយញ្ញបូជារំដោះបាប
២៣ អ្វីៗដែលគ្រាន់តែជាតំណាងតាមគំរូនៅស្ថានបរមសុខ* បានបរិសុទ្ធ* ដោយពិធីទាំងនេះទៅហើយ ចំណង់បើគំរូផ្ទាល់ដែលស្ថិតនៅស្ថានបរមសុខនោះវិញ ត្រូវតែមានយញ្ញបូជាដ៏ប្រសើរជាងនេះទៅទៀត ទើបបានបរិសុទ្ធ។ ២៤ ព្រះគ្រីស្តពុំបានយាងចូលក្នុងទីសក្ការៈសង់ឡើង ដោយស្នាដៃមនុស្ស ដែលគ្រាន់តែជាតំណាងនៃទីសក្ការៈដ៏ពិតប្រាកដនោះឡើយ គឺព្រះអង្គបានយាងទៅចូលក្នុងស្ថានបរមសុខតែម្ដង។ ឥឡូវនេះ ព្រះអង្គស្ថិតនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់យើង។ ២៥ ព្រះគ្រីស្តពុំបានបូជាព្រះជន្មព្រះអង្គផ្ទាល់ច្រើនដង ដូចលោកមហាបូជាចារ្យ* ដែលតែងតែយកឈាមសត្វចូលទៅក្នុងទីសក្ការៈ ជារៀងរាល់ឆ្នាំនោះឡើយ។ ២៦ បើព្រះអង្គបូជាព្រះជន្មច្រើនដង ព្រះអង្គមុខជាត្រូវរងទុក្ខលំបាកច្រើនលើកច្រើនសា តាំងពីកំណើតពិភពលោកមក។ តាមពិត នៅគ្រាចុងក្រោយនេះ ព្រះអង្គបានយាងមកតែម្ដងគត់ ដើម្បីលុបបំបាត់បាបដោយព្រះអង្គបានបូជាព្រះជន្ម។ ២៧ មនុស្សលោកទាំងអស់ត្រូវស្លាប់តែមួយដង រួចត្រូវព្រះជាម្ចាស់វិនិច្ឆ័យទោសយ៉ាងណា ២៨ ព្រះគ្រីស្តក៏បានថ្វាយព្រះជន្មរបស់ព្រះអង្គតែមួយដង ធ្វើជាយញ្ញបូជា ដើម្បីដកបាបចេញពីមនុស្សទាំងអស់យ៉ាងនោះដែរ។ ព្រះអង្គនឹងយាងមកម្ដងទៀត តែលើកនេះ គ្មានទាក់ទាមអ្វីនឹងបាបទេ គឺព្រះអង្គយាងមកសង្គ្រោះអស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គ។
១០
១ គម្ពីរវិន័យ*គ្រាន់តែជាស្រមោលនៃសម្បត្តិនៅលោកខាងមុខប៉ុណ្ណោះ គឺមិនមែនធ្វើឲ្យមនុស្សយើងឃើញសម្បត្តិទាំងនោះប្រត្យក្សច្បាស់ទេ។ ហេតុនេះ វិន័យពុំអាចធ្វើឲ្យអស់អ្នកដែលចូលមកថ្វាយសក្ការបូជា បានគ្រប់លក្ខណៈឡើយ ទោះបីគេថ្វាយយញ្ញបូជាដដែលៗជារៀងរាល់ឆ្នាំ មិនចេះចប់មិនចេះហើយក៏ដោយ។ ២ ប្រសិនបើពួកអ្នកដែលគោរពបម្រើព្រះជាម្ចាស់តាមរបៀបនេះបានបរិសុទ្ធ ម្ដងជាសូរេចហើយនោះ គេមុខជាដឹងថាខ្លួនគ្មានជាប់បាបទៀតទេ ហើយគេក៏លែងមកថ្វាយយញ្ញបូជាទៀតដែរ។ ៣ ក៏ប៉ុន្តែ ដោយការថ្វាយយញ្ញបូជាទាំងនោះជារៀងរាល់ឆ្នាំ គេតែងតែនាំគ្នារំឭកពីអំពើបាប ៤ ព្រោះឈាមគោបា និងឈាមរបស់ពពែឈ្មោល ពុំអាចដកបាបបានឡើយ។
៥ ហេតុនេះ នៅពេលដែលព្រះគ្រីស្តយាងចូលមកក្នុងពិភពលោក ព្រះអង្គមានព្រះបន្ទូលទៅកាន់ព្រះជាម្ចាស់ថា៖
«ព្រះអង្គមិនចង់បានយញ្ញបូជា ឬតង្វាយអ្វីទេ
តែព្រះអង្គបានធ្វើរូបកាយមួយឲ្យទូលបង្គំ
៦ ព្រះអង្គមិនសព្វព្រះហឫទ័យនឹងតង្វាយដុត
ឬយញ្ញបូជាសុំឲ្យរួចពីបាបឡើយ
៧ ដូច្នេះ ទូលបង្គំពោលថាៈ បពិត្រព្រះជាម្ចាស់ឥឡូវនេះ ទូលបង្គំសូមមកធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គស្របតាមសេចក្ដីដែលមានចែងទុកពីទូលបង្គំនៅក្នុងគម្ពីរ»។
៨ ជាបឋម ព្រះគ្រីស្តមានព្រះបន្ទូលថា «ព្រះអង្គមិនចង់បាន ហើយព្រះអង្គក៏មិនសព្វព្រះហឫទ័យនឹងយញ្ញបូជា តង្វាយផ្សេងៗ តង្វាយដុតទាំងមូល ឬយញ្ញបូជារំដោះបាប» ដែលគេថ្វាយទៅព្រះជាម្ចាស់ស្របតាមវិន័យដែរ។ ៩ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា «ឥឡូវនេះ ទូលបង្គំសូមមកធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ»។ ដូច្នេះ ព្រះអង្គបានលុបបំបាត់របៀបគោរពបម្រើព្រះជាម្ចាស់ពីមុនចោល ហើយយករបៀបថ្មីមកតាំងជំនួសវិញ។ ១០ ព្រះយេស៊ូគ្រីស្តថ្វាយព្រះកាយរបស់ព្រះអង្គ ម្ដងជាសូរេច តាមព្រះហឫទ័យព្រះជាម្ចាស់ ហេតុនេះហើយបានជាព្រះអង្គប្រោសយើងឲ្យវិសុទ្ធ។
១១ បូជាចារ្យ*គ្រប់ៗរូបតែងតែឈរបំពេញមុខងាររបស់ខ្លួនជារៀងរាល់ថ្ងៃ ហើយថ្វាយយញ្ញបូជាដដែលៗជាញឹកញាប់ ជាយញ្ញបូជាដែលពុំអាចដកបាបបានជាដាច់ខាត។ ១២ រីឯព្រះគ្រីស្តវិញ បន្ទាប់ពីព្រះអង្គបានថ្វាយយញ្ញបូជាតែមួយ ដើម្បីរំដោះបាបរួចហើយ ព្រះអង្គគង់នៅខាងស្ដាំព្រះជាម្ចាស់រហូតតទៅ។ ១៣ ឥឡូវនេះ ព្រះអង្គរង់ចាំព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ ឲ្យចុះចូលក្រោមព្រះបាទាព្រះអង្គ។ ១៤ ដោយសារតង្វាយតែមួយគត់ ព្រះគ្រីស្តធ្វើឲ្យអស់អ្នកដែលព្រះអង្គបានប្រោសឲ្យវិសុទ្ធ*ហើយនោះ បានគ្រប់លក្ខណៈរហូតតទៅ។ ១៥ ព្រះវិញ្ញាណដ៏វិសុទ្ធ*ក៏បានបញ្ជាក់ប្រាប់យើងដែរ គឺមុនដំបូង ព្រះអង្គមានព្រះបន្ទូលថា៖
១៦ «ព្រះអម្ចាស់មានព្រះបន្ទូលថា
លុះគ្រានេះកន្លងផុតទៅ យើងនឹងចង
សម្ពន្ធមេត្រីជាមួយគេដូចតទៅនេះ
យើងនឹងដាក់វិន័យទាំងប៉ុន្មានរបស់យើង
ក្នុងចិត្តរបស់ពួកគេ យើងនឹងចារវិន័យ
ទាំងនោះទុកក្នុងប្រាជ្ញារបស់ពួកគេដែរ»។
១៧ បន្ទាប់មក ព្រះវិញ្ញាណមានព្រះបន្ទូលបន្ថែមទៀតថា៖
«ហើយយើងក៏មិននឹកនាពីអំពើបាប
និងអំពើទុច្ចរិតរបស់គេទៀតដែរ»។
១៨ ដូច្នេះ ប្រសិនបើព្រះជាម្ចាស់លើកលែងទោសហើយនោះ មិនបាច់ថ្វាយតង្វាយសុំឲ្យរួចពីបាបទៀតឡើយ។
ពាក្យដាស់តឿនឲ្យមានជំនឿខ្ជាប់ខ្ជួន
១៩ ហេតុនេះ បងប្អូនអើយ យើងមានចិត្តរឹងប៉ឹង ចូលមកក្នុងទីសក្ការៈ ដោយសារព្រះលោហិតរបស់ព្រះយេស៊ូ ២០ ព្រោះព្រះអង្គបានបើកមាគ៌ាមួយថ្មី ជាមាគ៌ាដែលមានជីវិត ដោយព្រះអង្គឆ្លងកាត់វាំងនន ពោលគឺរូបកាយរបស់ព្រះអង្គ ដែលកើតមកជាមនុស្ស។ ២១ ដោយយើងមានមហាបូជាចារ្យ*មួយរូប ដែលគ្រប់គ្រងលើព្រះដំណាក់របស់ព្រះជាម្ចាស់ដូច្នេះ ២២ យើងត្រូវនាំគ្នាចូលទៅជិតព្រះអង្គដោយចិត្តទៀងត្រង់ ពោរពេញដោយជំនឿមាំមួន និងមានចិត្តបរិសុទ្ធ ជ្រះស្រឡះពីគំនិតសៅហ្មង ព្រមទាំងមានរូបកាយលាងដោយទឹកដ៏បរិសុទ្ធផង។ ២៣ ត្រូវរក្សាសេចក្ដីសង្ឃឹម ដែលយើងប្រកាសនោះឲ្យបានខ្ជាប់ខ្ជួន កុំឲ្យរង្គើឡើយ ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលសន្យាយ៉ាងណា ព្រះអង្គក៏នឹងធ្វើតាមយ៉ាងនោះដែរ។ ២៤ តោងយើងមើលថែរក្សាគ្នាទៅវិញទៅមក ដើម្បីជួយដាស់តឿនគ្នាឲ្យមានចិត្តស្រឡាញ់ និងប្រព្រឹត្តអំពើល្អ។ ២៥ មិនត្រូវលះបង់ការប្រជុំគ្នា ដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយ ផ្ទុយទៅវិញ យើងត្រូវលើកទឹកចិត្តគ្នាទៅវិញទៅមក ឲ្យរឹតតែខ្លាំងឡើង ដោយឃើញថា ថ្ងៃនៃព្រះអម្ចាស់កាន់តែជិតមកដល់ហើយ។
២៦ ក្រោយពីយើងបានស្គាល់សេចក្ដីពិតច្បាស់ហើយ ប្រសិនបើយើងប្រព្រឹត្តអំពើបាបដោយចេតនានោះ មុខជាគ្មានយញ្ញបូជាណាអាចធ្វើឲ្យយើងរួចពីបាបបានទៀតឡើយ ២៧ គឺមានតែភិតភ័យ រង់ចាំការវិនិច្ឆ័យទោស និងរង់ចាំភ្លើងដ៏សន្ធោសន្ធៅដែលចាំតែឆាបឆេះពួកអ្នកប្រឆាំងប៉ុណ្ណោះ! ២៨ នរណាម្នាក់បំពានលើវិន័យរបស់លោកម៉ូសេ ហើយបើមានសាក្សីពីរ ឬបីនាក់ដឹងឮ គេមុខជាប្រហារជីវិតអ្នកនោះឥតត្រាប្រណីឡើយ។ ២៩ ចុះចំណង់បើអ្នកដែលមើលងាយព្រះបុត្រារបស់ព្រះជាម្ចាស់ ដោយបន្ថោកព្រះលោហិតនៃសម្ពន្ធមេត្រី ជាព្រះលោហិតដែលប្រោសឲ្យគេបានទៅជាវិសុទ្ធ* ហើយប្រសិនបើគេត្មះតិះដៀលព្រះវិញ្ញាណប្រកបដោយព្រះហឫទ័យប្រណីសន្ដោសនោះ សូមបងប្អូនគិតមើល៍ តើគេនឹងត្រូវទទួលទោសខ្លាំងយ៉ាងណាទៅទៀត! ៣០ ដ្បិតយើងស្គាល់ព្រះជាម្ចាស់ដែលមានព្រះបន្ទូលថា«ការសងសឹកស្រេចតែនៅលើយើង គឺយើងទេតើដែលនឹងតបស្នងដល់គេ» ហើយ «ព្រះអម្ចាស់នឹងវិនិច្ឆ័យទោសប្រជារាស្ដ្ររបស់ព្រះអង្គ»។ ៣១ គ្មានអ្វីគួរឲ្យភ័យខ្លាចជាងត្រូវព្រះដ៏មានព្រះជន្មគង់នៅ វិនិច្ឆ័យទោសឡើយ!.។
៣២ ប៉ុន្តែ សូមនឹកចាំពីគ្រាដំបូង ដែលបងប្អូនទើបនឹងទទួលពន្លឺពីព្រះជាម្ចាស់ថ្មីៗ។ ពេលនោះ បងប្អូនបានតស៊ូយ៉ាងខ្លាំង ហើយបងប្អូនក៏បានរងទុក្ខលំបាកជាច្រើន ៣៣ ពេលខ្លះ បងប្អូនត្រូវគេប្រមាថមើលងាយ ធ្វើបាបនៅមុខប្រជុំជន និងពេលខ្លះទៀត បងប្អូនរួមទុក្ខជាមួយអ្នកដែលត្រូវគេធ្វើបាបដែរ។ ៣៤ បងប្អូនបានរួមទុក្ខជាមួយអស់អ្នកដែលជាប់ឃុំឃាំង បងប្អូនសុខចិត្តឲ្យគេរឹបអូសយកទ្រព្យសម្បត្តិរបស់បងប្អូន ដោយរីករាយ ដ្បិតបងប្អូនដឹងថា បងប្អូនមានសម្បត្តិសួគ៌ដែលប្រសើរជាង ហើយនៅស្ថិតស្ថេររហូត។ ៣៥ ហេតុនេះ សូមបងប្អូនកុំលះបង់ចិត្តរឹងប៉ឹង ដែលនឹងធ្វើឲ្យបងប្អូនទទួលរង្វាន់យ៉ាងធំនោះឡើយ ៣៦ គឺត្រូវមានចិត្តស៊ូទ្រាំ ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងទទួលផល តាមព្រះបន្ទូលសន្យា
៣៧ ដ្បិតនៅតែបន្ដិចទៀត
គឺក្នុងពេលឆាប់ៗខាងមុខ
ព្រះអង្គដែលត្រូវយាងមក
ព្រះអង្គនឹងយាងមកដល់ជាមិនខាន
ព្រះអង្គមិនបង្អង់ឡើយ។
៣៨ «រីឯអ្នកសុចរិតជាកូនចៅរបស់យើងវិញ
គេនឹងមានជីវិតរស់ដោយសារជំនឿ
តែបើគេថយក្រោយ
យើងលែងពេញចិត្តនឹងគេហើយ»។
៣៩ ចំពោះយើងវិញ យើងមិនមែនជាអ្នកថយក្រោយឲ្យត្រូវវិនាសបាត់បង់នោះទេ គឺយើងជាអ្នកជឿ ដើម្បីសង្គ្រោះជីវិត។
១១
អំពីជំនឿ
១ ជំនឿធ្វើឲ្យយើងមានអ្វីៗដែលយើងសង្ឃឹមថានឹងបាន និងធ្វើឲ្យស្គាល់ជាក់ច្បាស់នូវអ្វីៗដែលយើងមើលពុំឃើញ។ ២ ព្រោះតែជំនឿហ្នឹងហើយបានជាចាស់ៗនៅជំនាន់ដើមបានទទួលកេរ្តិ៍ឈ្មោះល្អ។
៣ ដោយសារជំនឿ យើងយល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្កើតពិភពលោកមក។ ដូច្នេះ អ្វីៗដែលយើងមើលឃើញ មិនមែនកើតចេញមកពីអ្វីៗដែលមានរូបរាងនោះឡើយ។
៤ ដោយសារជំនឿ លោកអបិលបានថ្វាយយញ្ញបូជាមួយទៅព្រះជាម្ចាស់ ជាយញ្ញបូជាប្រសើរជាងយញ្ញបូជារបស់លោកកាអ៊ីន។ ដោយសារជំនឿហ្នឹងហើយបានជាព្រះជាម្ចាស់ផ្ដល់សក្ខីភាពថា លោកជាមនុស្សសុចរិត។ ព្រះអង្គគាប់ព្រះហឫទ័យនឹងតង្វាយរបស់លោក ហើយដោយសារជំនឿ ទោះបីលោកអបិលស្លាប់បាត់ទៅហើយក្តី ក៏លោកនៅតែមានប្រសាសន៍នៅឡើយ។
៥ ដោយសារជំនឿ លោកហេណុកត្រូវព្រះជាម្ចាស់លើកឡើងទៅស្ថានបរមសុខ រួចផុតពីសេចក្ដីស្លាប់ ហើយគ្មាននរណារកលោកឃើញទៀតឡើយ ព្រោះព្រះអង្គបានលើកលោកឡើងទៅ។ មុនពេលព្រះអង្គលើកលោកឡើងទៅនោះ លោកបានទទួលសក្ខីភាពថា ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងលោក។ ៦ បើគ្មានជំនឿ គ្មាននរណាអាចគាប់ព្រះហឫទ័យព្រះអង្គបានឡើយ។ អ្នកចូលមកជិតព្រះជាម្ចាស់ត្រូវតែជឿថា ពិតជាមានព្រះជាម្ចាស់មែន ហើយជឿថាព្រះអង្គនឹងប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។
៧ ដោយសារជំនឿ លោកណូអេបានទទួលដំណឹងពីព្រះជាម្ចាស់ អំពីហេតុការណ៍ ដែលពុំទាន់ឃើញមាននៅឡើយ លោកក៏ស្ដាប់តាម ដោយគោរពប្រណិប័តន៍ គឺលោកបានសង់ទូកមួយយ៉ាងធំ ដើម្បីសង្គ្រោះក្រុមគ្រួសាររបស់លោក។ ដូច្នេះ ដោយសារជំនឿ លោកបានដាក់ទោសពិភពលោក ហើយក៏បានទទួលសេចក្ដីសុចរិតទុកជាមត៌ក គឺជាសេចក្ដីសុចរិតដែលមកពីជំនឿ។
៨ ដោយសារជំនឿ លោកអប្រាហាំស្ដាប់បង្គាប់ព្រះជាម្ចាស់ដែលបានត្រាស់ហៅលោក ហើយចេញដំណើរទៅកាន់ស្រុកមួយ ដែលលោកនឹងទទួលទុកជាមត៌ក។ លោកចេញដំណើរទៅ ទាំងពុំដឹងថាត្រូវទៅណាផង។ ៩ ដោយសារជំនឿ លោកបានមករស់នៅជាអាណិកជន ក្នុងស្រុក ដែលព្រះជាម្ចាស់បានសន្យាថានឹងប្រទានឲ្យ គឺលោកបានបោះជំរំនៅជាមួយលោកអ៊ីសាក និងលោកយ៉ាកុប ដែលត្រូវទទួលទឹកដីនោះជាមត៌ករួមជាមួយលោក តាមព្រះបន្ទូលសន្យាដដែល។ ១០ លោកអប្រាហាំទន្ទឹងរង់ចាំទទួលក្រុងមួយដែលនឹងមានគ្រឹះរឹងមាំមួន ជាក្រុងដែលព្រះជាម្ចាស់បានធ្វើគម្រោង និងសង់ឡើង។
១១ ដោយសារជំនឿ លោកស្រីសារ៉ាអាចទទួលសមត្ថភាពនឹងមានកូនបន្ដពូជពង្សបាន ថ្វីដ្បិតតែគាត់មានវ័យចាស់ណាស់ហើយក៏ដោយ ព្រោះគាត់យល់ថា បើព្រះជាម្ចាស់សន្យាយ៉ាងណា ព្រះអង្គមុខជាធ្វើតាមយ៉ាងនោះដែរ។ ១២ ហេតុនេះហើយបានជាមានមនុស្សច្រើនឥតគណនា ដូចផ្កាយនៅលើមេឃ និងគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ កើតចេញមកពីមនុស្សតែម្នាក់ ដែលចាស់ជិតស្លាប់ទៅហើយនោះផង។
១៣ បុព្វបុរសទាំងនេះបានស្លាប់ទៅ ទាំងនៅមានជំនឿដដែល ពួកលោកឥតបានទទួលអ្វីៗតាមព្រះបន្ទូលសន្យាទេ តែបានឃើញ និងអបអរទទួលពីចម្ងាយ ហើយប្រកាសទទួលស្គាល់ថា ពួកលោកគ្រាន់តែជាជនបរទេស ដែលធ្វើដំណើរលើផែនដីនេះប៉ុណ្ណោះ។ ១៤ អ្នកណានិយាយដូច្នេះបង្ហាញឲ្យឃើញច្បាស់ថា គេស្វែងរកមាតុភូមិមួយ។ ១៥ ប្រសិនបើបុព្វបុរសទាំងនោះនឹកស្រុកដែលលោកបានចាកចេញមក លោកមុខជាមានឱកាសវិលត្រឡប់ទៅវិញពុំខាន។ ១៦ តាមពិត ពួកលោកចង់បានមាតុភូមិមួយដ៏ល្អប្រសើរជាង គឺមាតុភូមិនៅស្ថានបរមសុខ*ឯណោះ។ ហេតុនេះហើយបានជាព្រះជាម្ចាស់មិនខ្មាសនឹងឲ្យគេហៅព្រះអង្គថា ជាព្រះរបស់បុព្វបុរសទាំងនោះឡើយ ដ្បិតព្រះអង្គបានរៀបចំក្រុងមួយសម្រាប់ពួកលោករួចទៅហើយ។
១៧ ដោយសារជំនឿ លោកអប្រាហាំបានយកអ៊ីសាកទៅថ្វាយជាយញ្ញបូជា នៅពេលព្រះជាម្ចាស់ល្បងលមើលចិត្តលោក។ លោកថ្វាយកូនតែមួយគត់របស់លោក ថ្វីដ្បិតតែលោកបានទទួលព្រះបន្ទូលសន្យា ១៨ ហើយថ្វីដ្បិតតែព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកថា «អ៊ីសាកនឹងបន្ដពូជពង្សឲ្យអ្នក»ក៏ដោយ។ ១៩ លោកយល់ឃើញថា ព្រះជាម្ចាស់មានឫទ្ធានុភាពអាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញបាន។ ហេតុនេះ លោកក៏បានទទួលកូនមកវិញ ដែលជានិមិត្តរូបមួយ។
២០ ដោយសារជំនឿ លោកអ៊ីសាកបានឲ្យពរលោកយ៉ាកុប និងលោកអេសាវ ទុកសម្រាប់អនាគត។
២១ ដោយសារជំនឿ ពេលលោកយ៉ាកុបហៀបនឹងទទួលមរណភាព លោកបានឲ្យពរដល់កូនៗរបស់លោកយ៉ូសែប ហើយលោកថ្វាយបង្គំព្រះជាម្ចាស់ ដោយបន្ទន់ខ្លួនលើឈើច្រត់។
២២ ដោយសារជំនឿ ពេលលោកយ៉ូសែបជិតលាចាកលោកនេះទៅ លោកបានថ្លែងទុកថា កូនចៅអ៊ីស្រាអែលនឹងចាកចេញពីស្រុកអេស៊ីប ហើយលោកផ្ដាំគេឲ្យធ្វើយ៉ាងណាៗចំពោះធាតុរបស់លោក។
២៣ ដោយសារជំនឿ ពេលលោកម៉ូសេកើតមក ឪពុកម្ដាយបានលាក់លោកទុកចំនួនបីខែ ព្រោះឃើញទារកស្អាត ហើយគាត់មិនកោតខ្លាចបញ្ជារបស់ស្ដេចទេ។
២៤ ដោយសារជំនឿ លុះដល់ម៉ូសេធំពេញវ័យហើយ លោកមិនព្រមឲ្យគេហៅលោកថាជាកូនរបស់បុត្រីព្រះចៅផារ៉ោនទេ។ ២៥ លោកសុខចិត្តស៊ូទ្រាំរងទុក្ខលំបាករួមជាមួយប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ ជាជាងសប្បាយនឹងអំពើបាបតែមួយភ្លែត។ ២៦ លោកយល់ឃើញថា លោករងការប្រមាថមើលងាយដូចព្រះគ្រីស្ត ប្រសើរជាងបានទ្រព្យសម្បត្តិនានានៅស្រុកអេស៊ីប ដ្បិតលោកជាប់ចិត្តនឹងរង្វាន់ដែលនៅខាងមុខ។ ២៧ ដោយសារជំនឿ លោកបានចាកចេញពីស្រុកអេស៊ីបឥតខ្លាចស្ដេចខ្ញាល់ឡើយ ដ្បិតលោកកាន់ចិត្តរឹងប៉ឹងហាក់បីដូចជាឃើញព្រះជាម្ចាស់ ដែលមនុស្សពុំអាចមើលឃើញ។ ២៨ ដោយសារជំនឿ លោកបានធ្វើពិធីបុណ្យចម្លង* និងប្រោះឈាម ដើម្បីកុំឲ្យមច្ចុរាជបៀតបៀនកូនច្បងរបស់ជនជាតិអ៊ីស្រាអែលឡើយ។
២៩ ដោយសារជំនឿ ជនជាតិអ៊ីស្រាអែលបានឆ្លងសមុទ្រក្រហមដូចដើរលើដីគោក រីឯជនជាតិអេស៊ីបដែលខំឆ្លងមកដែរ ត្រូវទឹកសមុទ្រគ្របពីលើស្លាប់អស់ទៅ។
៣០ ដោយសារជំនឿ ជនជាតិអ៊ីស្រាអែលនាំគ្នាដើរជុំវិញក្រុងយេរីខូចំនួនប្រាំពីរថ្ងៃ ហើយកំពែងក្រុងក៏រលំអស់។
៣១ ដោយសារជំនឿ នាងរ៉ាហាប ជាស្ត្រីពេស្យា ពុំបានវិនាសអន្តរាយជាមួយពួកអ្នកដែលប្រឆាំងនឹងព្រះជាម្ចាស់ឡើយ ព្រោះនាងបានទទួលពួកអ្នកស៊ើបការណ៍ដោយមេត្រីភាព។
៣២ តើខ្ញុំអាចនិយាយអ្វីទៀត? ខ្ញុំគ្មានពេលនឹងនិយាយអំពីរឿងលោកកេដូន លោកបារ៉ាក់ លោកសាំសុន លោកយ៉ែបថា ព្រះបាទដាវីឌ លោកសាមូអែល និងព្យាការីនានាទេ។ ៣៣ ដោយសារជំនឿ លោកទាំងនោះបានច្បាំងនឹងនគរផ្សេងៗ បានប្រព្រឹត្តអំពើសុចរិត បានទទួលអ្វីៗដែលព្រះជាម្ចាស់សន្យាប្រទានឲ្យ បានបិទមាត់សឹង្ហ ៣៤ បានពន្លត់ភ្លើងដែលឆេះសន្ធោសន្ធៅ បានគេចផុតពីមុខដាវ មានកម្លាំងឡើងវិញនៅពេលធ្លាក់ខ្លួនឈឺ ខ្លាំងពូកែនៅពេលច្បាំង ធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ព។ ៣៥ ស្ត្រីៗបានឃើញក្រុមគ្រួសាររបស់ខ្លួនដែលស្លាប់ទៅហើយនោះ មានជីវិតរស់ឡើងវិញ។ អ្នកខ្លះសុខចិត្តឲ្យគេធ្វើទារុណកម្ម មិនព្រមឲ្យនរណាដោះលែងឡើយ ដើម្បីឲ្យបានជីវិតរស់ឡើងវិញដ៏ប្រសើរជាង។ ៣៦ អ្នកខ្លះទៀតសុខចិត្តឲ្យគេចំអកឡកឡឺយ ឲ្យគេវាយដំ ហើយថែមទាំងឲ្យគេដាក់ច្រវាក់ឃុំឃាំងថែមទៀតផង។ ៣៧ អ្នកខ្លះត្រូវគេយកដុំថ្មគប់សម្លាប់ ត្រូវគេសម្លាប់ដោយអារនឹងរណារ ត្រូវគេសម្លាប់ដោយមុខដាវ ត្រូវរសាត់អណ្ដែតពីកន្លែងមួយទៅកន្លែងមួយ មានតែស្បែកចៀម និងស្បែកពពែបិទបាំងខ្លួន ខ្វះខាតសព្វគ្រប់ទាំងអស់ ហើយត្រូវគេជិះជាន់សង្កត់សង្កិនធ្វើបាបថែមទៀតផង។ ៣៨ លោកីយ៍ពុំស័ក្តិសមនឹងឲ្យអ្នកនោះរស់នៅជាមួយឡើយ ដូច្នេះ គេទៅរស់នៅតែលតោលតាមវាលរហោស្ថាន តាមភ្នំ តាមរូងភ្នំ និងតាមរអាងភ្នំ។ ៣៩ ទោះបីអ្នកទាំងនោះទទួលសក្ខីភាពល្អ ព្រោះតែជំនឿរបស់ខ្លួនក្តី ក៏គេពុំបានទទួលអ្វីៗតាមព្រះបន្ទូលសន្យាដែរ។ ៤០ ដោយព្រះជាម្ចាស់គ្រោងទុកថានឹងប្រទានអ្វីៗដ៏ល្អប្រសើរមកយើង ព្រះអង្គពុំបានប្រោសអ្នកទាំងនោះឲ្យបានគ្រប់លក្ខណៈមុនយើងឡើយ។
១២
ព្រះជាម្ចាស់ជាឪពុករបស់យើង
១ ដោយមានមនុស្សជាច្រើនឥតគណនា ធ្វើជាបន្ទាល់ទុកឲ្យយើងយ៉ាងនេះទៅហើយ យើងត្រូវលះបង់ចោលអ្វីៗទាំងអស់ដែលជាបន្ទុកពីលើយើង និងលះបង់អំពើបាបដែលរឹបរួតយើងនេះចោលទៅ ហើយព្យាយាមរត់តម្រង់ទៅមុខ តាមព្រះអម្ចាស់ដាក់ឲ្យយើងរត់។ ២ ត្រូវសម្លឹងមើលទៅព្រះយេស៊ូ ដែលជាដើមកំណើតនៃជំនឿ ហើយធ្វើឲ្យជំនឿនេះបានគ្រប់លក្ខណៈ។ ព្រះអង្គសុខចិត្តលះបង់អំណរ ដែលបម្រុងទុកសម្រាប់ព្រះអង្គ ហើយរងទុក្ខលំបាកនៅលើឈើឆ្កាងឥតខ្លាចខ្មាសសោះឡើយ។ ឥឡូវនេះ ព្រះអង្គគង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះជាម្ចាស់។
៣ សូមបងប្អូនគិតពីព្រះអង្គដែលបានស៊ូទ្រាំនឹងមនុស្សបាបដែលប្រឆាំងព្រះអង្គយ៉ាងខ្លាំងនោះទៅ ដើម្បីកុំឲ្យបងប្អូននឿយណាយ បាក់ទឹកចិត្តឡើយ។ ៤ បងប្អូនពុំទាន់បានតយុទ្ធទល់នឹងបាប រហូតដល់ទៅបង្ហូរឈាមទេ ៥ តែបងប្អូនបែរជាភ្លេចព្រះបន្ទូលទូន្មានរបស់ព្រះជាម្ចាស់មកកាន់បងប្អូន ដូចឪពុកទូន្មានកូនដែរ គឺថាៈ
«កូនអើយ មិនត្រូវធ្វេសប្រហែសនឹង
ការវាយប្រដៅរបស់ព្រះអម្ចាស់ឡើយ
ហើយក៏មិនត្រូវធ្លាក់ទឹកចិត្ត
នៅពេលព្រះអង្គស្ដីបន្ទោសដែរ
៦ ដ្បិតព្រះអម្ចាស់ប្រដៅ
អ្នកដែលព្រះអង្គស្រឡាញ់
ហើយវាយអ្នកដែលព្រះអង្គទទួលជាកូន»។
៧ បងប្អូនស៊ូទ្រាំនឹងការប្រដៅបែបនេះ មកពីព្រះជាម្ចាស់រាប់បងប្អូនថាជាកូន។ តើមានកូនណាដែលឪពុកមិនវាយប្រដៅ? ៨ ប្រសិនបើបងប្អូនមិនបានទទួលការវាយប្រដៅ ដូចកូនឯទៀតៗទទួលទេនោះ បានសេចក្ដីថា បងប្អូនជាកូនឥតខាន់ស្លា មិនមែនជាកូនពេញច្បាប់ឡើយ។ ៩ ក្នុងលោកនេះ យើងមានឪពុកដែលធ្លាប់វាយប្រដៅយើង ហើយយើងនៅតែគោរពគាត់ដដែល។ រីឯព្រះបិតាជាម្ចាស់លើជីវិតទាំងអស់នោះវិញ យើងត្រូវស្ដាប់បង្គាប់ព្រះអង្គឲ្យរឹតតែខ្លាំងទៅទៀត ដើម្បីឲ្យបានទទួលជីវិត។ ១០ ឪពុកយើងតែងវាយប្រដៅតែមួយរយៈពេលខ្លី តាមគាត់យល់ឃើញ។ រីឯព្រះជាម្ចាស់វិញ ព្រះអង្គវាយប្រដៅជាប្រយោជន៍ដល់យើង ដើម្បីប្រទានឲ្យយើងបានវិសុទ្ធ* រួមជាមួយព្រះអង្គដែរ។ ១១ ការវាយប្រដៅតែងតែធ្វើឲ្យមានទុក្ខព្រួយភ្លាមៗ មិនមែនធ្វើឲ្យសប្បាយទេ។ ក្រោយមក ទើបការវាយប្រដៅផ្ដល់ឲ្យអស់អ្នកដែលបានទទួលការអប់រំតាមរបៀបនេះមានសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិត*ទុកជាផល។ ១២ ហេតុនេះ«ចូរលើកដៃដែលរួយឡើង ហើយតម្រង់ជង្គង់ដែលទន់នោះ ឲ្យរឹងប៉ឹងឡើងដែរ»។ ១៣ ត្រូវរៀបចំផ្លូវឲ្យបានត្រង់ ដើម្បីស្រួលដើរ កុំឲ្យអ្នកខូចជើង រឹតតែខូចជើងថែមទៀត គឺឲ្យគេបានជាវិញប្រសើរជាង។
ត្រូវស្មោះត្រង់នឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់
១៤ ចូរខិតខំឲ្យបានសុខជាមួយមនុស្សទាំងអស់ ព្រមទាំងខិតខំឲ្យបានវិសុទ្ធ*ទៀតផង បើមិនបានវិសុទ្ធទេ គ្មាននរណាអាចឃើញព្រះអម្ចាស់ឡើយ។ ១៥ ចូរប្រយ័ត្នប្រយែង ក្រែងលោមានបងប្អូនណាម្នាក់ឃ្លាតចេញពីព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់។ មិនត្រូវទុកឲ្យការអាស្រូវចាក់ឫស ដុះឡើងបណ្ដាលឲ្យកើតរឿងរ៉ាវ ហើយបំពុលចិត្តគំនិតបងប្អូនជាច្រើននោះឡើយ។
១៦ ចូរប្រយ័ត្នប្រយែង កុំឲ្យបងប្អូនណាម្នាក់ប្រាសចាកសីលធម៌ ឬមានចិត្តប្រមាថអ្វីៗដែលសក្ការៈ ដូចលោកអេសាវបានលក់សិទ្ធិជាកូនច្បង ព្រោះតែចង់បានម្ហូបមួយចាននោះឲ្យសោះ។ ១៧ បងប្អូនជ្រាបស្រាប់ហើយថា ក្រោយមក នៅពេលគាត់ចង់ទទួលពរទុកជាមត៌ក ឪពុកបានផាត់គាត់ចោល ទោះបីគាត់ខំទទូចអង្វរសុំទាំងទឹកភ្នែកក៏ដោយ ក៏គាត់ពុំអាចធ្វើឲ្យឪពុកដូរគំនិតបានដែរ។
១៨ បងប្អូនពុំបានចូលមកជិតភ្នំមួយ ដែលអាចពាល់បាន ជាភ្នំដែលមានភ្លើងឆេះ ដែលមានភាពងងឹតសូន្យសុង មានខ្យល់ព្យុះនោះឡើយ ១៩ ហើយបងប្អូនក៏ពុំបានឮស្នូរត្រែ និងឮព្រះសូរសៀងដែរ។ ពេលជនជាតិអ៊ីស្រាអែលឮ គេបានអង្វរសុំកុំឲ្យព្រះអង្គមានព្រះបន្ទូលទៀត ២០ ព្រោះគេពុំអាចទ្រាំទ្រនឹងព្រះបញ្ជានេះបានទេ គឺថាៈ«នរណាប៉ះភ្នំនេះ សូម្បីតែសត្វក៏ដោយ ក៏ត្រូវតែយកដុំថ្មគប់សម្លាប់ចោលដែរ»។ ២១ នេះជាអព្ភូតហេតុមួយគួរឲ្យស្ញែងខ្លាចណាស់ បានជាលោកម៉ូសេមានប្រសាសន៍ថាៈ«ខ្ញុំភ័យខ្លាចយ៉ាងខ្លាំង ហើយក៏ញ័ររន្ធត់ទៀតផង»។ ២២ ផ្ទុយទៅវិញ បងប្អូនចូលមកជិតភ្នំស៊ីយ៉ូន មកជិតក្រុងរបស់ព្រះដ៏មានព្រះជន្មរស់ គឺក្រុងយេរូសាឡឹមនៅស្ថានបរមសុខ ដែលមានទេវទូត*រាប់លានរាប់កោដិ ២៣ និងមានព្រះសហគមន៍របស់ពួករៀមច្បង ដែលមានឈ្មោះកត់ទុកនៅស្ថានបរមសុខ កំពុងជួបជុំគ្នាយ៉ាងអធិកអធម។ បងប្អូនចូលមកជិតព្រះជាម្ចាស់ ដែលវិនិច្ឆ័យមនុស្សទាំងអស់ និងចូលមកជិតវិញ្ញាណក្ខ័ន្ធអ្នកសុចរិតដែលបានគ្រប់លក្ខណៈ ២៤ បងប្អូនចូលមកជិតព្រះយេស៊ូ ដែលជាស្ពាននៃសម្ពន្ធមេត្រី*ថ្មី ហើយចូលមកជិតព្រះលោហិតសម្រាប់ប្រោះ គឺជាព្រះលោហិតដែលទូលអង្វរ ប្រសើរជាងលោហិតរបស់លោកអេបិលទៅទៀត។
២៥ ចូរប្រយ័ត្ន! បើព្រះអង្គមានព្រះបន្ទូលមកកាន់បងប្អូន សូមកុំបដិសេធមិនព្រមស្ដាប់នោះឡើយ។ ប្រសិនបើពួកអ្នកដែលបដិសេធមិនព្រមស្ដាប់ពាក្យមនុស្សទូន្មានគេនៅលើផែនដី មិនអាចគេចផុតពីទោសយ៉ាងហ្នឹងទៅហើយ ចំណង់បើយើងផ្ទាល់ បើយើងព្រងើយកន្តើយមិនព្រមស្ដាប់ព្រះអង្គ ដែលមានព្រះបន្ទូលមកកាន់យើងពីស្ថានបរមសុខវិញ នោះយើងរឹតតែពុំអាចគេចផុតពីទោសឡើយ។
២៦ ពីដើម ព្រះសូរសៀងរបស់ព្រះអង្គបានធ្វើឲ្យកក្រើកផែនដី ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលសន្យាថាៈ«ម្ដងនេះទៀត យើងនឹងធ្វើឲ្យកក្រើក មិនត្រឹមតែផែនដីប៉ុណ្ណោះទេ គឺកក្រើកទាំងផ្ទៃមេឃផងដែរ»។ ២៧ ពាក្យ«ម្ដងនេះទៀត»បង្ហាញឲ្យឃើញច្បាស់ថា អ្វីៗដែលព្រះជាម្ចាស់បង្កើតមកនឹងត្រូវកក្រើក ហើយរលាយសូន្យអស់ទៅ គឺមានតែអ្វីៗមិនកក្រើកប៉ុណ្ណោះទេ ដែលនៅសល់។ ២៨ ដោយយើងបានទទួលព្រះរាជ្យ*មួយដែលមិនចេះកក្រើកដូច្នេះ យើងត្រូវតែដឹងគុណ ហើយគោរពបម្រើព្រះជាម្ចាស់ តាមរបៀបដែលព្រះអង្គគាប់ព្រះហឫទ័យ ដោយចិត្តគោរពប្រណិប័តន៍ និងគោរពកោតខ្លាចព្រះអង្គ ២៩ ដ្បិតព្រះរបស់យើងដូចជាភ្លើងដែលឆេះសន្ធោសន្ធៅ។
១៣
របៀបរស់នៅដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់
១ ចូរស្រឡាញ់គ្នាជាបងប្អូនឲ្យបានជាប់ជានិច្ច។ ២ សូមកុំភ្លេចទទួលអ្នកដទៃយ៉ាងរាក់ទាក់។ ដោយទទួលអ្នកដទៃដូច្នេះ អ្នកខ្លះបានទទួលទេវទូត*ទាំងមិនដឹងខ្លួន។ ៣ ចូរគិតដល់អស់អ្នកដែលជាប់ឃុំឃាំង ហាក់បីដូចជាបងប្អូននៅជាប់ឃុំឃាំងរួមជាមួយគេ ហើយគិតដល់អស់អ្នកដែលត្រូវគេធ្វើបាប ព្រោះបងប្អូនក៏មានរូបកាយចេះឈឺចាប់ដូចគេដែរ។
៤ សូមបងប្អូនទាំងអស់គ្នាលើកតម្លៃការរស់នៅជាស្វាមីភរិយា គឺមិនត្រូវក្បត់ចិត្តគ្នាឡើយ ដ្បិតព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសអ្នកប្រព្រឹត្តអំពើប្រាសចាកសីលធម៌ និងផិតក្បត់។ ៥ កុំបណ្ដោយខ្លួនឲ្យឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ គឺត្រូវស្កប់ចិត្តនឹងទ្រព្យសម្បត្តិ ដែលបងប្អូនមាននៅពេលនេះ ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងមិនទុកអ្នកចោល ហើយក៏មិនបោះបង់អ្នកចោលដែរ»។ ៦ ហេតុនេះហើយបានជាយើងហ៊ាននិយាយដោយចិត្តរឹងប៉ឹងថា«ព្រះអម្ចាស់នឹងជួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ។ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?»។
៧ ចូរបងប្អូនគិតដល់អ្នកដឹកនាំបងប្អូន ដែលបានប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យបងប្អូនស្ដាប់។ ចូរពិចារណាមើលជីវិតរបស់លោកទាំងនោះដែលចប់របៀបណា ហើយយកតម្រាប់តាមជំនឿរបស់លោកទៅ។
៨ ព្រះយេស៊ូគ្រីស្តមិនប្រែប្រួលឡើយ ពីដើម សព្វថ្ងៃ និងរហូតដល់អស់កល្បជានិច្ច ព្រះអង្គនៅតែដដែល។ ៩ សូមកុំបណ្ដោយខ្លួនទៅតាមលទ្ធិផ្សេងៗពីខាងក្រៅឡើយ គួរគប្បីតាំងចិត្តគំនិតឲ្យបានរឹងប៉ឹងឡើង ដោយសារព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ គឺមិនមែនរឹងប៉ឹងដោយកាន់វិន័យស្ដីអំពីអាហារទេ វិន័យទាំងនោះគ្មានប្រយោជន៍ដល់អ្នកដែលកាន់សោះ។ ១០ យើងមានអាសនៈមួយ ដែលពួកបូជាចារ្យធ្វើការក្នុងព្រះពន្លា* គ្មានសិទ្ធិនឹងយកតង្វាយពីអាសនៈនោះមកបរិភោគឡើយ។ ១១ លោកមហាបូជាចារ្យ តែងយកឈាមសត្វចូលទៅថ្វាយព្រះជាម្ចាស់ក្នុងទីសក្ការៈ* ដើម្បីសុំឲ្យរួចពីបាប រីឯសាច់សត្វនោះវិញ គេយកទៅដុតខាងក្រៅជំរំ។ ១២ ព្រះយេស៊ូក៏ដូច្នោះដែរ ព្រះអង្គរងទុក្ខទោសនៅខាងក្រៅទីក្រុង ដើម្បីប្រោសប្រជាជនឲ្យវិសុទ្ធ ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ ១៣ ដូច្នេះ យើងត្រូវតែចាកចេញពីជំរំទៅរកព្រះអង្គ ទាំងស៊ូទ្រាំឲ្យគេប្រមាថមើលងាយរួមជាមួយព្រះអង្គដែរ ១៤ ដ្បិតក្នុងលោកនេះ យើងគ្មានក្រុងដែលនៅស្ថិតស្ថេរគង់វង្សរហូតឡើយ យើងខំស្វែងរកក្រុងដែលនឹងមាននៅពេលខាងមុខនោះវិញ។ ១៥ ចូរយើងថ្វាយយញ្ញបូជាសម្រាប់លើកតម្កើងព្រះជាម្ចាស់ជានិច្ច តាមរយៈព្រះយេស៊ូ គឺជាពាក្យហូរចេញពីបបូរមាត់យើងដែលប្រកាសព្រះនាមព្រះអង្គ។ ១៦ កុំភ្លេចធ្វើទាន និងជួយគ្នាទៅវិញទៅមក ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងយញ្ញបូជាបែបនេះ។
១៧ ចូរទុកចិត្តលើអ្នកដឹកនាំបងប្អូន ព្រមទាំងស្ដាប់បង្គាប់លោកទាំងនោះទៀតផង ដ្បិតលោកតែងតែថែរក្សាព្រលឹងបងប្អូនជានិច្ច ព្រោះលោកនឹងទទួលខុសត្រូវលើបងប្អូននៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ បើបងប្អូនស្ដាប់បង្គាប់លោក លោកនឹងបំពេញមុខងារនេះដោយអំណរ គឺមិនមែនដោយថ្ងូរទេ។ ប្រសិនបើពួកលោកបំពេញមុខងារ ទាំងថ្ងូរ បងប្អូនមុខជាគ្មានទទួលផលប្រយោជន៍អ្វីឡើយ។
១៨ សូមអធិស្ឋាន*ឲ្យយើងផង ដ្បិតយើងជឿជាក់ថា យើងមានមនសិការល្អ និងមានឆន្ទៈចង់ប្រព្រឹត្តយ៉ាងល្អត្រឹមត្រូវក្នុងគ្រប់កាលៈទេសៈ ១៩ ជាពិសេស ខ្ញុំសូមអង្វរបងប្អូនមេត្តាអធិស្ឋានឲ្យខ្ញុំអាចវិលត្រឡប់មករកបងប្អូនវិញ ក្នុងពេលឆាប់ៗ។
២០ ព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្តបានប្រោសព្រះយេស៊ូ ជាព្រះអម្ចាស់នៃយើង ឲ្យមានព្រះជន្មរស់ឡើងវិញ។ ព្រះគ្រីស្តជាគង្វាលដ៏ប្រសើរឧត្ដមរបស់ហ្វូងចៀម ព្រោះព្រះអង្គបានចងសម្ពន្ធមេត្រីមួយថ្មី ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ដោយសារព្រះលោហិតរបស់ព្រះអង្គ។ ២១ សូមព្រះជាម្ចាស់ប្រទានឲ្យបងប្អូនមានសមត្ថភាព នឹងប្រព្រឹត្តអំពើល្អគ្រប់យ៉ាង តាមព្រះហឫទ័យរបស់ព្រះអង្គ។ សូមព្រះអង្គសម្រេចការអ្វីដែលគាប់ព្រះហឫទ័យព្រះអង្គនៅក្នុងយើង តាមរយៈព្រះយេស៊ូគ្រីស្ត។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។
២២ បងប្អូនអើយ ខ្ញុំសូមអង្វរបងប្អូនឲ្យទទួលពាក្យទូន្មានទាំងនេះទៅ ដ្បិតខ្ញុំបានសរសេរមកបងប្អូនដោយត្រួសៗប៉ុណ្ណោះ។
២៣ សូមជ្រាបថា លោកធីម៉ូថេជាបងប្អូនរបស់យើងបានរួចពីឃុំឃាំងហើយ។ ប្រសិនបើគាត់មកដល់ឆាប់ៗ ខ្ញុំនឹងមកជួបបងប្អូនជាមួយគាត់ដែរ។
២៤ សូមជម្រាបសួរអ្នកដឹកនាំទាំងអស់របស់បងប្អូន ព្រមទាំងប្រជាជនដ៏វិសុទ្ធ*ទាំងអស់ផង។ បងប្អូននៅស្រុកអ៊ីតាលីក៏សូមជម្រាបសួរមកបងប្អូនដែរ។
២៥ សូមព្រះជាម្ចាស់ប្រណីសន្ដោសបងប្អូនទាំងអស់គ្នា។
1,012 Views