ថ្ងៃអង្គារ អាទិត្យទី០២
រដូវធម្មតា«ឆ្នាំគូ»
ពណ៌បៃតង
ថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤
សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល ១សម ១៦,១-១៣
ព្រះអម្ចាស់មានបន្ទូលមកកាន់លោកសាមូអែលថា៖«តើអ្នកនៅតែសោកស្តាយនឹងសាអ៊ូលដល់ណាទៀត? យើងបោះបង់គេចោល លែងឱ្យជាស្តេចលើជនជាតិអ៊ីស្រាអែលទៀតហើយ។ ចូរយកស្នែងមកចាក់ប្រេងឱ្យពេញរួចធ្វើដំណើរទៅ។ យើងចាត់អ្នកឱ្យទៅផ្ទះលោកយេសាយ នៅភូមិបេថ្លេហិម ដ្បិតក្នុងចំណោមកូនប្រុសរបស់គាត់ យើងបានជ្រើសរើសយកម្នាក់ ឱ្យធ្វើជាស្តេចដែលគាប់ចិត្តយើង»។ លោកសាមូអែលទូលថា៖ «តើឱ្យទូលបង្គំទៅដូចម្តេចកើត? បើព្រះបាទសាអ៊ូលជ្រាប ទ្រង់មុខជាសម្លាប់ទូលបង្គំមិនខាន»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរអ្នកដឹកគោស្ទាវមួយទៅ ហើយប្រាប់គេថា “ខ្ញុំមកថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់”។ ចូរអញ្ជើញលោកយេសាយឱ្យចូលរួមក្នុងពិធីថ្វាយយញ្ញបូជានោះផង។ ពេលនោះ យើងនឹងប្រាប់អ្នកឱ្យដឹងនូវកិច្ចការដែលអ្នកត្រូវធ្វើ គឺត្រូវយកប្រេងចាក់អភិសេក អ្នកដែលយើងនឹងចង្អុយប្រាប់»។ កាលលោកទៅដល់ភូមិបេថ្លេហិមហើយ អស់លោកព្រឹទ្ធាចារ្យក្នុងក្រុងនោះ ក៏ចេញមកទទួលលោកទាំងភ័យញាប់ញ័រ ហើយសួរលោកថា៖ «តើលោកអញ្ជើញមកនេះក្នុងគោលបំណងល្អឬ?»។ លោកសាមូអែលឆ្លើយតបថា៖ «បាទ! ខ្ញុំមកថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ដូច្នេះ សូមអស់លោកអញ្ជើញទៅជម្រះកាយឱ្យបានបរិសុទ្ធ ហើយមកថ្វាយយញ្ញបូជាជាមួយខ្ញុំ» ។ លោកសាមូអែលក៏ធ្វើពីធីជម្រះកាយជូនលោកយេសាយ ព្រមទាំងកូនៗ ឱ្យបានបរិសុទ្ធ និងអញ្ជើញពួកគេឱ្យចូលរួមក្នុងពិធីថ្វាយយញ្ញបូជាដែរ។ កាលលោកយេសាយ និងកូនៗមកដល់លោកសាមូអែលក្រឡេកឃើញអេលីយ៉ាប ហើយក៏នឹកក្នុងចិត្តថា៖ «ប្រាកដជាម្នាក់នេះហើយ ដែលព្រះជាអម្ចាស់បានជ្រើសរើស»។ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «កុំមើលតែសំបកក្រៅ ឬកម្ពស់របស់គេឡើយ យើងមិនបានជ្រើសរើសអ្នកនេះទេ។ ព្រះអម្ចាស់មិនវិនិច័្ឆយដូចមនុស្សលោក ដែលមើលតែសំបកក្រៅប៉ុណ្ណោះទេ។ ព្រះអម្ចាស់ទតមើលចិត្តគំនិតវិញ»។ លោកយេសាយហៅ អប៊ីណាដាប់ជាកូនទីពីរ ឱ្យដើរនៅមុខលោកសាមូអែល។ លោកសាមូអែលមានប្រសាសន៍ថា៖ «ព្រះជាម្ចាស់ក៏មិនបានជ្រើសរើសអ្នកនេះដែរ»។ លោកយេសាយក៏ឱ្យ សាម៉ាជាកូនទីបី ដើរនៅមុខលោកសាមូអែល។ លោកសាមូអែលមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ក៏មិនបានជ្រើសរើសអ្នកនេះដែរ»។ លោកយេសាយឱ្យកូនប្រុសទាំងប្រាំពីរអ្នក ដើរនៅមុខលោកសាមូអែល តែលោកមានប្រសាសន៍ទៅកាន់លោកយេសាយថា៖«ក្នុងចំណោមអ្នកទាំងនេះ ព្រះអម្ចាស់ពុំបានជ្រើសរើសនរណាម្នាក់ឡើយ។ តើលោកមានកូនតែប៉ុណ្ណោះទេឬ?»។ លោកយេសាយឆ្លើយថា៖ «បាទ! នៅសល់កូនពៅម្នាក់ទៀត ដែលកំពុងតែឃ្វាលចៀម»។ លោកសាមូអែលមានប្រសាសន៍ទៅកាន់លោកយេសាយថា «ចូរឱ្យគេទៅហៅវាមក បើវាមិនទាន់មកដល់ទេ យើងនឹងមិនបរិភោគឡើយ»។ លោកយេសាយចាត់ឱ្យគេទៅហៅកូននោះមក។ កូននោះមានថ្ពាល់ក្រហមមានភ្នែកភ្លឺថ្លា និងមានទឹកមុខស្រស់ល្អ គួរជាទីពេញចិត្ត។ ព្រះអម្ចាស់មានបន្ទូលថា៖« គឺម្នាក់នេះហើយ! ចូរចាក់ប្រេងអភិសេកគេចុះ!»។ លោកសាមូអែលយកស្នែងប្រេងមក ហើយចាក់ប្រេងអភិសេកយុវជនដាវីឌនៅចំពោះមុខបងៗ។ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ក៏យាងមកសណ្ឋិតលើយុវជនដាវីឌចាប់តាំងពីពេលនោះមក។ បន្ទាប់មក លោកសាមូអែលធ្វើដំណើរត្រឡប់ចូលទៅភូមិរ៉ាម៉ាវិញ។
ទំនុកតម្កើងលេខ ៨៩ (៨៨),២០-២១.២៥.២៧-២៩ បទកាកគតិ
២០. | នាថ្ងៃមួយនោះ | ព្រះអង្គមានព្រះ | បន្ទូលមកថា | យើងនឹងគាំទ្រ |
អ្នកច្បាំងហានក្លា | យុវជនសង្ហា | ពីក្នុងរាស្រ្តយើង | ។ | |
២១. | យើងឃើញដាវីឌ | ជាអ្នកប្រណិប័តន៍ | ឥតមានឆ្មៃឆ្មើង | យើងក៏ចាក់ប្រេង |
អភិសេកគេឡើង | ជាស្តេចថ្កុំថ្កើង | គ្រងរាជ្យរហូត | ។ | |
២៥. | យើងនឹងបញ្ចេញ | ហប្ញទ័យពោរពេញ | ករុណាអាណិត | ចំពោះរូបគេ |
នឹងបាននែបនិត្យ | ថ្កើងរុងរឿងពិត | ដោយសារនាមយើង | ។ | |
២៧. | ដាវីឌហៅយើង | បិតាមិនឆ្មើង | ថាថ្មខែងហំ | ដែលបានសង្រ្គោះ |
រំដោះរូបខ្ញុំ | បានឡើងឧត្តម | ខ្ពង់ខ្ពស់សង្ហា | ។ | |
២៨. | រីឯយើងវិញ | យើងនឹងបំពេញ | ដាវីឌស្ងួនភ្ងារ | តាំងជាបុត្រច្បង |
របស់យើងណា | ស្តេចធំអស្ចារ្យ | នៅលើផែនដី | ។ | |
២៩. | យើងនឹងបញ្ចេញ | ឥតមានទៅម្នេញ | ដោយចិត្តប្រណី | នឹងរក្សាទុក |
សម្ព័ន្ធមេត្រី | ចងជាប់មិនស្រាយ | មិនគេចប្រែប្រួល | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ករ ៣,៦.១៧
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលមានព្រះជន្ម ទ្រង់ប្រទានជីវិត។ នៅទីណាមានព្រះវិញ្ញាណរបស់ព្រះអម្ចាស់ នៅទីនោះក៏មានសេរីភាពដែរ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ២,២៣-២៨
មានថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងកាត់វាលស្រែ សាវ័ករបស់ព្រះអង្គនាំគ្នាដើបណ្តើរ បូតកួរស្រូវបណ្តើរ។ ពួកខាងគណៈផារីស៊ីទូលព្រះយេស៊ូថា៖ «សូមលោកមើលចុះ! ហេតុអ្វីបានជាសិស្សរបស់លោក ធ្វើការដែលបញ្ញត្តិហាមមិនឱ្យធ្វើនៅថ្ងៃសប្ប័ដូច្នេះ?»។ ព្រះយេស៊ូតបទៅគេវិញថា៖«ក្នុងគម្ពីរមានអត្ថបទមួយស្តីអំពីការដែលព្រះបាទដាវីឌ និងបរិពារបានប្រព្រឹត្តនៅពេលទ្រង់ឃ្លាន ហើយត្រូវការអាហារបរិភោគ។ នៅសម័យនោះ លោកអប៊ីយ៉ាថារធ្វើជាមហាបូជាចារ្យ។ ព្រះបាទដាវីឌចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ យកនំបុ័ងដែលគេតាំងថ្វាយព្រះជាម្ចាស់មកសោយ ព្រមទាំងចែកឱ្យពួកបរិពារបរិភោគទៀតផង។ តាមវិន័យ មានតែពួកបូជាចារ្យប៉ុណ្ណោះដែលមានសិទ្ធិបរិភោគនំបុ័ងនោះ។ តើអ្នករាល់គ្នាមិនដែលអានអត្ថបទនោះទេឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖«ព្រះជាម្ចាស់បានបង្កើតថ្ងៃសប្ប័ទ ដើម្បីជាប្រយោជន៍ដល់មនុស្ស ព្រះអង្គមិនបានបង្កើតមនុស្សឱ្យបម្រើថ្ងៃសប្ប័ទឡើយ។ ហេតុនេះហើយ បានជាបុត្រមនុស្សជាម្ចាស់លើថ្ងៃសប្ប័ទ»។