ថ្ងៃចន្ទអាទិត្យទី០២
រដូវធម្មតា«ឆ្នាំគូ»

ថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤

សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល ១សម ១៥,១៦-២៣

ព្រះបាទសាអ៊ូលវាយឈ្នះជនជាតិអាម៉ាឡេក។ ពេលនោះ លោកសាមូអែលទូល​ទៅព្រះបាទសាអ៊ូលថា៖ «ឥឡូវនេះ ទូលបង្គំសូម​ទូលសេចក្តីដែលព្រះអម្ចាស់មាន​ព្រះបន្ទូលមកកាន់ទូលបង្គំកាល់ពីយប់មិញ»។ ព្រះបាទសាអ៊ូលមានរាជឱង្ការថា៖ «សូមលោកមានប្រសាសន៍មកចុះ!»។ លោកសាមូអែលទូលថា៖ «ទោះបីព្រះករុណា​យល់ថា ខ្លួនជាមនុស្សទន់ទាបក្តី ក៏ព្រះករុណានៅតែជាអ្នកដឹកនាំកុលសម្ព័ន្ធទាំងអស់របស់ជនជាតិអ៊ីស្រាអែលដែរ ដ្បិតព្រះអម្ចាស់បានចាក់ប្រេងអភិសេកព្រះករុណាជា​ស្តេចអ៊ីស្រាអែលរួចហើយ។ ព្រះអម្ចាស់បានចាត់ព្រះករុណាឱ្យទៅច្បាំង ដោយ​មានព្រះបន្ទូលថា “ចូរទៅបំផ្លាញជនជាតិអាម៉ាឡេកដែលជាមនុស្សបាបនោះ ឱ្យ​វិនាសសាបសូន្យអស់ទៅ”។ ហេតុអ្វីបានជាព្រះករុណាមិនគោរពតាមព្រះបន្ទូលរបស់ព្រះអម្ចាស់? ហេតុអ្វីបានជាព្រះករុណា​រឹបអូសយកជ័យភ័ណ្ឌពីខ្មាំង ហើយប្រព្រឹត្តអំពើ​អាក្រក់ដែលមិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ទៀតដូច្នេះ?»។ ព្រះបាទសាអ៊ូលមានរាជឱង្ការតបទៅលោកសាមូអែលថា៖«ខ្ញុំបានគោរពតាមបញ្ជារបស់ព្រះអម្ចាស់ហើយ គឺខ្ញុំចេញទៅច្បាំងនៅស្រុកដែលព្រះអម្ចាស់ចាត់ឱ្យទៅ។ ខ្ញុំចាប់បានអាកាក ជា​ស្តេចរបស់ជនជាតិអាម៉ាឡេក មកជាឈ្លើយ ហើយខ្ញុំក៏ប្រហារជីវិតជនជាតិអាម៉ាឡេកទាំងអស់ថ្វាយព្រះអង្គដែរ។ ពួកពលទាហានបានរើសយកគោ និងចៀមដ៏ល្អជាងគេពីអ្វីៗទាំងអស់ ដែ​​លត្រូវបំផ្លាញ​ចោលនោះ ដើម្បីធ្វើជាយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះរបស់លោកនៅគីលកាល់»។ លោកសាមូអែលទូលវិញថា៖«តើព្រះអម្ចាស់សព្វព្រះហប្ញទ័យនឹងដង្វាយដុតទាំងមូល និងយញ្ញបូជាខ្លាំងជាងការស្តាប់បង្គាប់ព្រះអង្គឬ? ទេ! ការស្ដាប់បង្គាប់ប្រសើរជាង​ថ្វាយយញ្ញបូជាទៅទៀត។ ការគោរពតាមព្រះបញ្ជាក៏ប្រសើរជាងការថ្វាយខ្លាញ់ចៀម​ឈ្មោលដែរ។ រី​ឯការបះបោរអាក្រក់ដូចការរកគ្រូទាយ ចិត្តរឹងរូសក៏អាក្រក់ដូចការគោរពព្រះក្លែងក្លាយដែរ។ ព្រះករុណាបោះបង់ចោលព្រះបន្ទូលរបស់ព្រះអម្ចាស់ ហេតុនេះ ព្រះអង្គក៏បោះបង់ចោលព្រះករុណា លែងឱ្យធ្វើជាស្តេចទៀតហើយ»។

ទំនុកតម្កើងលេខ ៥០ (៤៩) ,៧-៨.១៦-១៧.២១.២៣ បទព្រហ្មគីតិ

៧.ប្រជាជនបវរនាំគ្នាមកស្តាប់ពាក្យពិត
អ៊ីស្រាអែលអើយកុំគិតយើងនេះពិតព្រះអ្នកហើយ
៨.យើងមិនស្តីបន្តោសអ្នកទាំងអស់ដែលបានថ្វាយ
យញ្ញបូជាទាំងឡាយអចិន្រ្តៃយ៍មិនដែលអាក់
១៦.ព្រះម្ចាស់មានបន្ទូលទៅមនុស្សពាលឥតស្ទើរស្ទាក់
ហេតុអ្វីបានជាអ្នកសូត្រឥតអាក់ក្រឹត្យវិន័យ
ហើយចេះតែទន្ទេញឥតទោម្នេញរៀងរាល់ថ្ងៃ
ពាក្យសម្ព័ន្ធមេត្រីជាមួយយើងដូច្នេះណា?
១៧.ប៉ុន្តែអ្នកថ្លោះធ្លោយមិនស្តាប់ឡើយនូវវាចា
ទូន្មានគ្រប់អាត្មាអ្នកបែរជាចោលបង់បោះ
២១.អ្នកដែលធ្លាប់ប្រព្រឹត្តរឿងឧក្រិដ្ឋឥតកំណើត
យើងនៅស្ងៀមម្តេចកើតគ្មានកំណើតយើងដាក់ទោស
២៣អ្នកណាថ្វាយពាក្យថ្កើងមកដល់យើងជាតង្វាយ
យើងរីករាយស្រស់ស្រាយយើងសប្បាយជួយសង្គ្រោះ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ហប ៤,១២

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិប្ញទ្ធិ ឈ្វេងយល់ចិត្តគំនិតមនុស្ស។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ២,១៨-២២

ថ្ងៃមួយ ពួកសិស្សរបស់លោកយ៉ូហានបាទីស្ត និងពួកសិស្សខាងគណៈផារីស៊ីនាំគ្នាតមអាហារ។ ពួកគេមកទូលសួរព្រះយេស៊ូថា៖​«សិស្សរបស់លោកយ៉ូហាន និងសិស្សខាង​គណៈផារីស៊ីតមអាហារ ចុះហេតុដូចម្តេចបានជាសិស្សរបស់លោកមិនតមដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖«ក្នុងពិធីមង្គលការ នៅពេលកូនកំលោះនៅជាមួយ តើភ្លៀវអាចតមអាហារឬទេ? ទេៗ ដរាបណាកូនកំលោះនៅជាមួយ ភ្លៀវមិនអាចតមអាហារបានឡើយ។ ថ្ងៃក្រោយ ពេលគេចាប់ស្វាមីយកទៅ ទើបភ្លៀវតមអាហារវិញ។ ពុំដែលមាននរណាយកក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ឡើយ បើធ្វើដូច្នេះ​​​​​ ក្រណាត់ថ្មីនឹងបណ្តាលឱ្យសម្លៀកបំពាក់ចាស់រហែកលើសដើមទៅទៀត។ ពុំដែល​មាននរណា ច្រកស្រាទំពាំងបាយជូរថ្មី ទៅក្នុងថង់ស្បែកចាស់ឡើយ បើធ្វើដូច្នេះ ស្រា​នឹងធ្វើឱ្យថង់ស្បែកនោះធ្លាយ បណ្តាលឱ្យខូចទាំងស្រា ទាំងថង់ស្បែកជាមិនខាន។ ត្រូវច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី»។

186 Views

Theme: Overlay by Kaira