ថ្ងៃសៅរ៍អាទិត្យទី០១
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌ស

បុណ្យរម្លឹក
សន្តអន់ទាន់ ជាចៅអធិការ
សូមចុចទីនេះ

លោកអន់ទាន់ជាគ្រីស្តបរិស័ទជាតិអេស៊ីបម្នាក់។ កាលអាយុ២០ឆ្នាំ លោក​ចូល​ក្នុង​ព្រះវិហារ​មួយ ហើយឮគេប្រកាសព្រះបន្ទូលរបស់ព្រះយេស៊ូថា “បើអ្នកចង់បានល្អឥតខ្ចោះ ចូរយកអ្វីៗ​ទាំងអស់​ដែល​អ្នកមានទៅលក់ ហើយចែកឱ្យអ្នកក្រីក្រ រួចសឹមអញ្ជើញមកតាមខ្ញុំ” ( មថ ១៩,២១ )។ ពេល​នោះ លោក​សម្រេចចិត្តលះបង់អ្វីៗទាំងអស់ទៅរស់ជាឥសីនៅក្នុងវាលរហោរស្ថាន។ ពេលនោះមារ​ល្បួង​គាត់​ច្រើនបែបច្រើនយ៉ាង។ លោករស់នៅរបៀបនេះរហូតដល់អាយុជិត១០០ឆ្នាំ។ លោក​ទទួល​មរណ​ភាពនៅឆ្នាំ ៣៥៦ ។ គ្រីស្តបរិស័ទជាច្រើនក៏ទៅរស់នៅក្នុងវាលរហោស្ថានដូចលោកដែរ។

ថ្ងៃសៅរ៍ ទី១៧ ខែមករា ឆ្នាំ២០២៦

សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល ១សម ៩,១-៤.១៧-១៩

ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន មានបុរស់ម្នាក់ឈ្មោះគីស លោកជាអភិជនមួយរូប មាន​កូនប្រុសម្នាក់ឈ្មោះសាអ៊ូល ជាយុវជនដែលមានរូបសម្បត្តិល្អស្អាត។ ក្នុងចំណោមជន​ជាតិអ៊ីស្រាអែល គ្មានអ្នកណាម្នាក់ល្អស្អាតដូចយុវជននេះឡើយ ហើយគាត់មានមាឌ​ខ្ពស់ជាងគេទាំងអស់ ។
ថ្ងៃមួយ លាញីមួយចំនួនរបស់លោកគីសជាឪពុករបស់លោកសាអ៊ូលវង្វេងបាត់។ លោកគីសក៏ប្រាប់ទៅលោកសាអ៊ូលជាកូនថា៖«ចូរនាំអ្នកបម្រើម្នាក់មក ហើយប្រញាប់​ទៅតាមរកលាញីទាំងនោះ»។ លោកសាអ៊ូលដើរកាត់តំបន់ភ្នំអេប្រាអ៊ីម និងស្រុក​សាលីសា តែរកពុំឃើញទេ។ គាត់ក៏ទៅរកនៅស្រុកសាលីម នៅតែរកពុំឃើញ ទៅ​ស្រុក​បេនយ៉ាមីនក៏នៅតែរកពុំឃើញដដែល ។ អ្នកទាំងពីរសម្រេចចិត្តទៅសួរលោក​សាមូអែល ។
ពេលលោកសាមូអែលឃើញលោកសាអ៊ូល ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖«គឺបុរសនេះហើយ ដែលយើងបានប្រាប់អ្នក គេនឹងគ្រប់គ្រងលើប្រជារាស្រ្តរបស់យើង»។ លោកសាអ៊ូលចូលទៅជិតលោកសាមូអែលនៅមាត់ច្រក ហើយសួរថា៖ «សូមលោកមេត្តាប្រាប់ខ្ញុំបាទផង ផ្ទះលោកគ្រូទាយនៅឯណា?»។ លោកសាមូអែល​មានប្រសាសន៍តបទៅលោកសាអ៊ូលថា៖ «គឺខ្ញុំហ្នឹងហើយគ្រូទាយ។ សូមអញ្ជើញនាំមុខខ្ញុំឡើងទៅទីសក្ការៈ សូមលោកបរិភោគអាហារជាមួយខ្ញុំថ្ងៃនេះ» ។

២.បពិតអម្ចាស់រាជាអរណាស់ព្រោះតែប្ញទ្ធា
នុភាពព្រះអង្គដែលជួយការពារឱ្យព្រះករុណា
មានជោគមានជ័យ
៣.ព្រះអង្គប្រទានឱ្យរាជាបានទទួលអ្វីៗ
ទ្រង់មិនបដិសេធពាក្យអង្វរស្តីទៅតាមព្រះទ័យ
របស់រាជា
៤.ព្រះអង្គប្រទានពរជ័យឱ្យមានដល់ស្តេចគ្រប់គ្រា
ទ្រង់ពាក់មកុដមាសពីលើសិរសានៃព្រះករុណា
រុងរឿងប្រណីត
៥.រាជាទូលសូមព្រះអង្គក៏ព្រមប្រទានជីវិត
ឱ្យព្រះករុណាព្រះជន្មវែងពិតដោយគ្មានកំរិត
អង្វែងឥតស្រាន្ត
៦.ដោយព្រះអម្ចាស់មានជ័យជំនះរាជាក៏បាន
ទទួលសិរីរុងរឿងថ្កើងថ្កានអម្ចាស់ប្រទាន
ថ្លៃថ្លាឧត្តម
៧.ព្រះអង្គតែងតាំងរាជាឱ្យនាំព្រះពរសក្តិសម
ទ្រង់គងជាមួយរាជារឹងមាំហើយមានទាំងព្រម
អំណរបរិបូណ៌

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៣០,៧

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់ប្រកបដោយព្រះហប្ញទ័យ​មេត្តាករុណាយ៉ាងក្រៃលែង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ២,១៣-១៧

ព្រះយេស៊ូយាងតាមឆ្នេរសមុទ្រកាលីឡេម្តងទៀត។ បណ្តាជនទាំងមូលនាំគ្នាមករកព្រះអង្គ ហើយព្រះអង្គក៏បង្រៀនពួកគេ។ កាលព្រះអង្គយាងកាត់តាមនោះ ទ្រង់ទត​ឃើញលោកលេវី ជាកូរបស់លោកអាល់ផាយ អង្គុយនៅកន្លែងយកពន្ធ។ ព្រះយេស៊ូ​មានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ លោកលេវីក៏ក្រោកឡើងដើរតាមព្រះអង្គទៅ។ បន្ទាប់មក ព្រះយេស៊ូសោយព្រះស្ងោយនៅផ្ទះលោកលេវី។ មានអ្នកទារពន្ធ ព្រមទាំងមនុស្សបាបជាច្រើន មករួមតុជាមួយព្រះអង្គ និងក្រុមសាវ័ក។ មានមនុស្សប្រភេទនោះច្រើននាក់បានមកតាមព្រះអង្គ។ ពួកធម្មាចារ្យពីគណៈផារីស៊ីឃើញព្រះយេស៊ូសោយព្រះស្ងោយជាមួយអ្នកទាំងនោះ គេនិយាយទៅកាន់ក្រុមសាវ័ក​ថា៖«ហេតុអ្វីបានជាលោកបរិភោគជាមួយអ្នកទារពន្ធ និងជាមួយមនុស្សបាប?»។ ព្រះយេស៊ូបានឮគេនិយាយដូច្នេះ ក៏មានព្រះបន្ទូលថា៖«មនុស្សមានសុខភាពល្អ មិន​ត្រូវការគ្រូវពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ខ្ញុំមិនមែនមករកមនុស្ស​សុរចរិតទេ គឺខ្ញុំមករកមនុស្សបាបវិញ»។

332 Views

Theme: Overlay by Kaira