សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

លិខិត​របស់​គ្រីស្តទូត​ប៉ូល​ផ្ញើ​ជូន
គ្រីស្ត​បរិស័ទ​នៅ​ស្រុក​កាឡា‌ទី

ពាក្យលំនាំ

លិខិត​របស់​លោក​ប៉ូល​ផ្ញើ​ជូន

គ្រីស្ត​បរិស័ទ​នៅ​ស្រុក​កាឡា‌ទី

ពាក្យ​លំនាំ

ស្រុក​កាឡា‌ទី: សព្វ​ថ្ងៃ​នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ទួរគី។
គ្រីស្តទូត​ប៉ូល​បាន​ផ្សាយ​ដំណឹង‌ល្អ​នៅ​ស្រុក​កាឡា‌ទី នៅ​ចន្លោះ គ.ស.៤៩-៥០ (កិច្ច‌ការ ១៦.៦ និង​១៨.២៣)។ ប្រជាជន​ស្រុក​នោះ​ពុំ​ដែល​បាន​ស្គាល់​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ​ទេ តែ​ពួកគេ​បាន​ទទួល​ដំណឹង‌ល្អ និង​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ‌គ្រីស្ត​ដោយ​ចិត្ត​ស្មោះ។ ពេល​លោក​ប៉ូល​ចាក​ចេញ​ពី​ពួក​គេ មាន​ជន​ជាតិ​យូដា​ខ្លះ​បាន​មក​ញុះ‌ញង់​បញ្ចុះ‌បញ្ចូល​ពួក​គេ​ឲ្យ​គោរព​តាម​ប្រពៃណី​សាសនា​យូដា គឺ​ឲ្យ​ប្រព្រឹត្ត​តាម​គម្ពីរ‌វិន័យ​លោក​ម៉ូសេ មាន​ធ្វើ​ពិធី​កាត់​ស្បែក​ជា​ដើម។ លោក​ប៉ូល​បាន​ទទួល​ដំណឹង​នេះ​នៅ​ពេល​លោក​ស្នាក់​នៅ​ក្រុង​អេភេសូ ក្នុង​គ.ស.៥៦-៥៧។ លោក​ក៏​សរសេរ​លិខិត​មួយ​ច្បាប់ទៅ​ប្រៀន‌ប្រដៅ​អស់​អ្នក ដែល​វង្វេង​តាម​ជន​ជាតិ​យូដា​នោះ ឲ្យ​វិល​ត្រឡប់​មក​រក​ជំនឿ​ត្រឹម​ត្រូវ​វិញ។

គោល​សំខាន់ៗ:

ក្នុង​លិខិត​នេះ លោក​ប៉ូល​សរសេរ​ដោយ​ប្រើ​ពាក្យ​ធ្ងន់ៗ​បន្ដិច ដើម្បី​រំឭក​គ្រីស្ត‌បរិស័ទ​អំពី​គោល​សំខាន់​នៃ​ដំណឹង‌ល្អ​របស់​ព្រះ‌គ្រីស្ត។ តាម​ដំណឹង‌ល្អ​នេះ ព្រះ‌ជាម្ចាស់​សង្គ្រោះ​អ្នក​ជឿ មក​ពី​គេ​ពឹង​ផ្អែក​លើ​ព្រះ‌គ្រីស្ត គឺ​ពុំ​មែន​ពឹង​ផ្អែក​លើ​ពិធី​ផ្សេងៗ​របស់​សាសនា​អ៊ីស្រា‌អែល ឬ​លើ​បុណ្យ​កុសល​នោះ​ឡើយ។ គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ​មាន​ប្រយោជន៍ គ្រាន់​តែ​សម្រាប់​អប់រំ​ជន​ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​ល្អ​ប៉ុណ្ណោះ តែ​ពុំ​អាច​សង្គ្រោះ​មនុស្ស​ទេ គឺ​មនុស្ស​យើង​ទទួល​ការ​សង្គ្រោះ ដោយ​មាន​ជំនឿ​លើ​ព្រះ‌យេស៊ូ‌គ្រីស្ត​ដែល​បាន​ស្រឡាញ់​យើង និង​បាន​បូជា​ព្រះ‌ជន្ម​សម្រាប់​យើង(២.២០)។ ដំណឹង‌ល្អ​របស់​ព្រះ‌គ្រីស្ត​ផ្ដល់​សេរី‌ភាព​ដ៏​ពេញ‌លេញ​ដល់​គ្រីស្ត‌បរិស័ទ តែ​គ្រីស្ត‌បរិស័ទ​ត្រូវ​តែ​រស់​ឲ្យ​ស្រប​តាម​ការ​ណែ‌នាំ​របស់​ព្រះ‌វិញ្ញាណ មិន​ត្រូវ​រស់​តាម​គំនិត​លោកីយ៍​ឡើយ។

គម្រោង​គម្ពីរ​កាឡា‌ទី:

• សេចក្ដី​ផ្ដើម ១.១-១០
• សិទ្ធិ​របស់​លោក​ប៉ូល​ជា​គ្រីស្តទូត ១.១១‑២.២១
• ដំណឹង‌ល្អ​ស្ដី​អំពី​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់ ៣.១‑៤.៣១
• សេរី‌ភាព និង​ភារ‌កិច្ច​របស់​គ្រីស្ត‌បរិស័ទ ៥.១‑៦.១០
• អវសាន‌កថា ៦.១១-១៨
សេចក្ដី​ផ្ដើម
 ខ្ញុំ ប៉ូល ជា​គ្រីស្តទូត* ដែល​មិន​មែន​តែង‌តាំង​ឡើង​ដោយ​មនុស្ស​លោក ឬ​ដោយ​ជន​ណា​ម្នាក់​នោះ​ឡើយ គឺ​តែង‌តាំង​ឡើង​ដោយ​ព្រះ‌យេស៊ូ‌គ្រីស្ត និង​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា ដែល​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។  ខ្ញុំ និង​បង‌ប្អូន​ទាំង​អស់​ដែល​នៅ​ជា​មួយ​ខ្ញុំ សូម​ជម្រាប​មក​ព្រះ‌សហគមន៍​ទាំង‌ឡាយ​នៅ​ស្រុក​កាឡា‌ទី។  សូម​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​នៃ​យើង និង​ព្រះ‌អម្ចាស់​យេស៊ូ‌គ្រីស្ត* ប្រណីស‌ន្ដោស ហើយ​ប្រទាន​សេចក្ដី​សុខ​ដល់​បង‌ប្អូន។  ព្រះ‌អម្ចាស់​យេស៊ូ​បាន​បូជា​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ​ផ្ទាល់ ព្រោះ​តែ​បាប​របស់​យើង ព្រះ‌អង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​លោកីយ៍​ដ៏​អាក្រក់​នេះ ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​យើង។  សូម​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!។
ដំណឹង‌ល្អ​មាន​តែ​មួយ​គត់
 ខ្ញុំ​ឆ្ងល់​ណាស់ ដោយ​ឃើញ​បង‌ប្អូន​ឆាប់​ងាក​ចេញ​ពី​ព្រះ‌ជាម្ចាស់​ដែល​បាន​ត្រាស់​ហៅ​បង‌ប្អូន តាម​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌គ្រីស្ត ហើយ​បង‌ប្អូន​បែរ​ទៅ​រក​ដំណឹង‌ល្អ​មួយ​ផ្សេង​ទៀត  តាម​ពិត គ្មាន​ដំណឹង‌ល្អ​ណា​មួយ​ផ្សេង​ទៀត​ឡើយ គឺ​មាន​តែ​អ្នក​ខ្លះ​បាន​ធ្វើ​ឲ្យ​កើត​វឹក‌វរ និង​ចង់​បំភ្លៃ​ដំណឹង‌ល្អ​របស់​ព្រះ‌គ្រីស្ត​ប៉ុណ្ណោះ។  ប្រសិន​បើ​មាន​នរណា​ម្នាក់ ទោះ​បី​យើង​ក្តី ឬ​ទេវទូត*​ណា​មួយ​ពី​ស្ថាន​បរម‌សុខ*​ក្តី នាំ​ដំណឹង‌ល្អ​ណា​ផ្សេង​មក​ប្រាប់​បង‌ប្អូន ខុស​ប្លែក​ពី​ដំណឹង‌ល្អ​ដែល​យើង​បាន​នាំ​មក​ជូន​បង‌ប្អូន សូម​ឲ្យ​អ្នក​នោះ​ត្រូវ​បណ្ដា‌សា​ទៅ​ចុះ!  ដូច​យើង​បាន​ជម្រាប​មក​ស្រាប់​ហើយ តែ​ខ្ញុំ​ក៏​សូម​ជម្រាប​ម្ដង​ទៀត​ថា ប្រសិន​បើ​នរណា​ម្នាក់​នាំ​ដំណឹង‌ល្អ​ផ្សេង​មក​ជូន​បង‌ប្អូន ខុស​ប្លែក​ពី​ដំណឹង‌ល្អ​ដែល​បង‌ប្អូន​ធ្លាប់​ទទួល សូម​ឲ្យ​អ្នក​នោះ​ត្រូវ​បណ្ដា‌សា​ចុះ!។
១០ ឥឡូវ​នេះ តើ​ខ្ញុំ​ចង់​ផ្គាប់​ចិត្ត​មនុស្ស ឬ​ធ្វើ​ឲ្យ​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់? តើ​ខ្ញុំ​ស្វែង​រក​ឲ្យ​មនុស្ស​ពេញ​ចិត្ត​ឬ? ប្រសិន​បើ​ខ្ញុំ​នៅ​តែ​ចង់​ឲ្យ​មនុស្ស​ពេញ​ចិត្ត​នោះ មាន​ន័យ​ថា ខ្ញុំ​លែង​ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រីស្ត​ទៀត​ហើយ!។
អំពី​ព្រះ‌យេស៊ូ​នាំ​លោក​ប៉ូល​ឲ្យ​ស្គាល់​ព្រះ‌អង្គ
១១ បង‌ប្អូន​អើយ ខ្ញុំ​សូម​ជម្រាប​បង‌ប្អូន​ថា ដំណឹង‌ល្អ*​ដែល​ខ្ញុំ​បាន​នាំ​មក​ជូន​បង‌ប្អូន មិន​មែន​មាន​ប្រភព​ចេញ​មក​ពី​មនុស្ស​លោក​ទេ ១២ រីឯ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ក៏​ពុំ​បាន​ទទួល ឬ​រៀន​ពី​មនុស្ស​ណា​ម្នាក់​ដែរ គឺ​ព្រះ‌យេស៊ូ‌គ្រីស្ត*​ឯ‌ណោះ ដែល​បាន​សម្ដែង​ឲ្យ​ខ្ញុំ​ស្គាល់។
១៣ បង‌ប្អូន​បាន​ឮ​គេ​និយាយ​អំពី​កិរិយា​មារយាទ​របស់​ខ្ញុំ​កាល​ពី​ដើម​ស្រាប់​ហើយ គឺ​ពេល​ខ្ញុំ​កាន់​សាសនា​យូដា​នៅ​ឡើយ ខ្ញុំ​បាន​បៀត‌បៀន​ព្រះ‌សហគមន៍​របស់​ព្រះ‌ជាម្ចាស់​យ៉ាង​កាច​សាហាវ​បំផុត ហើយ​ខ្ញុំ​ក៏​ចង់​កម្ទេច​ព្រះ‌សហគមន៍​នេះ​ទៀត​ផង។ ១៤ ខ្ញុំ​បាន​កាន់​សាសនា​យូដា​យ៉ាង​ល្អ​ប្រសើរ​ជាង​អស់​អ្នក​ដែល​មាន​អាយុ​ស្រករៗ​ខ្ញុំ និង​ជា​ជន​រួម​ជាតិ​របស់​ខ្ញុំ​ទៅ​ទៀត ដ្បិត​ខ្ញុំ​មាន​ចិត្ត​ខ្នះ‌ខ្នែង​កាន់​តាម​ប្រពៃណី​បុព្វបុរស​របស់​ខ្ញុំ​ហួស​ប្រមាណ។
១៥ ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស​ខ្ញុំ​ទុក​ដោយ​ឡែក តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក​ម៉្លេះ ហើយ​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​ខ្ញុំ ដោយ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌អង្គ។ ១៦ នៅ​ពេល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​សម្ដែង​ឲ្យ​ខ្ញុំ​ស្គាល់​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ខ្ញុំ​នាំ​ដំណឹង‌ល្អ​អំពី​ព្រះ‌បុត្រា​ទៅ​ជូន​សាសន៍​ដទៃ ខ្ញុំ​ពុំ​បាន​ទៅ​សួរ​យោបល់​ពី​មនុស្ស​ណា​ម្នាក់​ឡើយ។ ១៧ ខ្ញុំ​ក៏​ពុំ​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ជួប​អស់​លោក​ដែល​ជា​គ្រីស្តទូត*​មុន​ខ្ញុំ​ដែរ គឺ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​អារ៉ាប៊ី រួច​ក៏​ត្រឡប់​មក​ក្រុង​ដាម៉ាស​វិញ។
១៨ បី​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​បាន​ស្គាល់​លោក​កេផាស ហើយ​ខ្ញុំ​ស្នាក់​នៅ​ជា​មួយ​លោក អស់‌រយៈ​ពេល​ដប់​ប្រាំ​ថ្ងៃ។ ១៩ ប៉ុន្តែ ខ្ញុំ​ពុំ​បាន​ជួប​នឹង​គ្រីស្តទូត*​ណា​ផ្សេង​ទៀត​ឡើយ លើក‌លែង​តែ​លោក​យ៉ាកុប ជា​បង‌ប្អូន​របស់​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ។ ២០ សេចក្ដី​ដែល​ខ្ញុំ​សរសេរ​មក​ជូន​បង‌ប្អូន​នេះឥត​កុហក​ទេ មាន​ព្រះ‌ជាម្ចាស់​ជា​សាក្សី​ស្រាប់។
២១ បន្ទាប់​មក​ទៀត ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​ផ្សេងៗ​នៅ​ស្រុក​ស៊ីរី និង​ស្រុក​ស៊ីលីស៊ី ២២ តែ​ព្រះ‌សហគមន៍​នានា​ដែល​ជឿ​ព្រះ‌គ្រីស្ត​នៅ​ស្រុក​យូដា ពុំ​បាន​ស្គាល់​មុខ​ខ្ញុំ​ទេ។ ២៣ បង‌ប្អូន​ទាំង​នោះ​គ្រាន់​តែ​បាន​ឮ​គេ​និយាយ​ថា “អ្នក​ដែល​បៀត‌បៀន​យើង​កាល​ពី​ដើម ឥឡូវ​នេះ គាត់​បែរ​ជា​ផ្សព្វ​ផ្សាយ​ដំណឹង‌ល្អអំពី​ជំនឿ ដែល​គាត់​ចង់​កម្ទេច​ពី​មុន​នោះ​ទៅ​វិញ!”។ ២៤ គេ​ក៏​នាំ​គ្នា​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​តែ​ខ្ញុំ។
លោក​ប៉ូល និង​គ្រីស្តទូត​ឯ​ទៀតៗ​នៅ​ក្រុង​យេរូ‌សាឡឹម
 ដប់‌បួន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ម្ដង​ទៀតជា​មួយ​លោក​បារ‌ណា‌បាស ទាំង​នាំ​លោក​ទីតុស​ទៅ​ជា​មួយ​ដែរ។  ខ្ញុំ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ដូច្នេះ មក​ពី​ព្រះ‌ជាម្ចាស់​បំភ្លឺ​ចិត្ត​ឲ្យ​ដឹង​ថា ខ្ញុំ​ត្រូវ​ទៅ។ ខ្ញុំ​បាន​រៀប​រាប់​ប្រាប់​បង‌ប្អូន​ដែល​នៅ​ទី​នោះ​អំពី​ដំណឹង‌ល្អ ដែល​ខ្ញុំ​ប្រកាស​ដល់​សាសន៍​ដទៃ ហើយ​ខ្ញុំ​ក៏​បាន​រៀប​រាប់​ប្រាប់​អស់​លោក ជា​អ្នក​ដឹក​នាំ​ដាច់​ឡែក​ពី​គេ​ដែរ ដើម្បី​កុំ​ឲ្យ​កិច្ច‌ការ​ដែល​ខ្ញុំ​កំពុង​តែ​ធ្វើ ឬ​បាន​ធ្វើ​រួច​មក​ហើយ ត្រឡប់​ទៅ​ជា​អសារ​ឥត​ការ​វិញ។  រីឯ​លោក​ទីតុស​ដែល​ទៅ​ជា​មួយ​ខ្ញុំ ទោះ​បី​គាត់​ជា​សាសន៍​ក្រិក​ក្តី ក៏​គេ​ពុំ​បាន​បង្ខំ​គាត់​ឲ្យ​ទទួល​ពិធី​កាត់​ស្បែក*​ដែរ  ថ្វី‌ដ្បិត​តែ​មាន​ពួក​បង‌ប្អូន​ក្លែង‌ក្លាយជ្រៀត​ខ្លួន​ចូល​មក​ក្នុង​ចំណោម​យើង ដើម្បី​ឈ្លប​មើល​សេរី‌ភាព​ដែល​យើង​មាន​ក្នុង​អង្គ​ព្រះ‌គ្រីស្ត‌យេស៊ូ ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទៅ​ជា​ទាសករ​វិញ។  យើង​ពុំ​បាន​សុខ​ចិត្ត​ធ្វើ​តាម​ពួក​គេ​ឡើយ សូម្បី​តែ​មួយ‌ភ្លែត​ក៏​មិន​ធ្វើ​តាម​ផង ដើម្បី​រក្សា​ការ‌ពារ​សេចក្ដី​ពិត​នៃ​ដំណឹង‌ល្អ​សម្រាប់​បង‌ប្អូន។  រីឯ​បង‌ប្អូន​ដែល​គេ​គោរព​ទុក​ជា​អ្នក​ដឹក​នាំ​នោះ​វិញ (នៅ​ពេល​នោះ គេ​មាន​ឋានៈ​ជា​អ្វី​ក៏​ដោយ ក៏​ខ្ញុំ​មិន​រវល់​ដែរ ដ្បិត​ព្រះ‌ជាម្ចាស់​មិន​រើស​មុខ​នរណា​ទេ) អ្នក​ដឹក​នាំ​ទាំង​នោះ​ពុំ​បាន​បង្ខំ​ខ្ញុំ​ឲ្យ​ធ្វើ​អ្វី​ផ្សេង​ទៀត​ឡើយ។  ផ្ទុយ​ទៅ​វិញ គេ​បាន​ឃើញ​ថា ព្រះ‌ជាម្ចាស់​ប្រគល់​មុខ‌ងារ​ផ្សព្វ​ផ្សាយ​ដំណឹង‌ល្អ*ដល់​សាសន៍​ដទៃ​មក​ឲ្យ​ខ្ញុំ ដូច​ព្រះ‌អង្គ​បាន​ប្រគល់​មុខ‌ងារ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​ដល់​សាសន៍​យូដាឲ្យ​លោក​សិលា​ដែរ  ដ្បិត​ព្រះ‌ជាម្ចាស់ដែល​ប្រោស​ប្រទាន​ឲ្យ​លោក​សិលា​អាច​បំពេញ​មុខ‌ងារ​ជា​គ្រីស្តទូត*សម្រាប់​សាសន៍​យូដា​យ៉ាង​ណា ព្រះ‌អង្គ​ក៏​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​អាច​បំពេញ​មុខ‌ងារ​ជា​គ្រីស្តទូត សម្រាប់​សាសន៍​ដទៃ​យ៉ាង​នោះ​ដែរ។  កាល​លោក​យ៉ាកុប លោក​កេផាស និង​លោក​យ៉ូហាន ដែល​ពួក​បង‌ប្អូន​ចាត់​ទុក​ដូច​ជា​បង្គោល​របស់​ព្រះ‌សហគមន៍ បាន​ទទួល​ស្គាល់​ថា ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​ដល់​ខ្ញុំ​ដូច្នេះ អស់​លោក​ក៏​បាន​ចាប់​ដៃ​ខ្ញុំ និង​ចាប់​ដៃ​លោក​បារ‌ណា‌បាស ទុក​ជា​សញ្ញា​ថា យើង​រួប‌រួម​គ្នា គឺ​លោក​បារ‌ណា‌បាស និង​ខ្ញុំ​ទៅ​ផ្សាយ​ដំណឹង‌ល្អ​ដល់​សាសន៍​ដទៃ រីឯ​ពួក​លោក​វិញ លោក​ទៅ​ផ្សាយ​ដំណឹង‌ល្អ​ដល់​សាសន៍​យូដា។ ១០ ពួក​លោក​គ្រាន់​តែ​សុំ​ឲ្យ​យើង​គិត‌គូរ​ដល់​ជន​ក្រីក្រ​ ជា​កិច្ច‌ការ​ដែល​ខ្ញុំ​ខ្នះ‌ខ្នែង​បំពេញ​ស្រាប់​ហើយ។
ការ​ខ្វែង​គំនិត​គ្នា​រវាង​លោក​ប៉ូល និង​លោក​សិលា
១១ ប៉ុន្តែ នៅ​ពេល​ដែល​លោក​សិលា​បាន​មក​ដល់​ក្រុង​អន់‌ទី‌យ៉ូក ខ្ញុំ​ក៏​បាន​ជំទាស់​នឹង​លោក​នៅ​មុខ​គេ​ឯង​ទាំង​អស់​គ្នា ព្រោះ​លោក​បាន​ធ្វើ​ខុស។ ១២ លោក​យ៉ាកុប​បាន​ចាត់​អ្នក​ខ្លះ​ឲ្យ​មក ហើយ​មុន​ពេល​ដែល​អ្នក​ទាំង​នោះ​មក​ដល់ លោក​សិលា​តែង​បរិភោគ​រួម​ជា​មួយ​ពួក​បង‌ប្អូន​សាសន៍​ដទៃ តែ​ពេល​អ្នក​ទាំង​នោះ​មក​ដល់ លោក​បែរ​ជា​ដក​ខ្លួន​ថយ​ចេញ​ដាច់​ឡែក ពី​បង‌ប្អូន​សាសន៍​ដទៃ ព្រោះ​លោក​ខ្លាច​បង‌ប្អូន​សាសន៍​យូដា​។ ១៣ បង‌ប្អូន​សាសន៍​យូដា​ឯ​ទៀតៗ​នាំ​គ្នា​លាក់​ពុត​ដូច​លោក គឺ​សូម្បី​តែ​លោក​បារ‌ណា‌បាស​ផ្ទាល់ក៏​ត្រូវ​គេ​អូស​ទាញ​ឲ្យ​លាក់​ពុត​ដូច​គេ​ដែរ។ ១៤ ពេល​ខ្ញុំ​ឃើញ​បង‌ប្អូន​ទាំង​នោះ​លែង​ដើរ​ត្រង់​តាម​សេចក្ដី​ពិត​នៃ​ដំណឹង‌ល្អ​ហើយ​នោះ ខ្ញុំ​ក៏​ជម្រាប​លោក​សិលា​នៅ​មុខ​គេ​ឯង​ទាំង​អស់​គ្នា​ថាៈ “បើ​លោក​ដែល​ជា​សាសន៍​យូដា​លែង​ប្រព្រឹត្ត​តាម​របៀប​សាសន៍​យូដា​ទៀត តែ​បែរ​ជា​ប្រព្រឹត្ត​តាម​របៀប​សាសន៍​ដទៃ​ដូច្នេះ តើ​លោក​អាច​បង្ខំ​សាសន៍​ដទៃ​ឲ្យ​ធ្វើ​ដូច​សាសន៍​យូដា​ម្ដេច​កើត?”។
១៥ រីឯ​យើង​វិញ យើង​ជា​ជាតិ​យូដា​ពី​កំណើត​មក យើង​មិន​មែន​ជា​អ្នក​មាន​បាប​ដូច​សាសន៍​ដទៃ​នោះ​ទេ។ ១៦ យើង​ដឹង​ថា ព្រះ‌ជាម្ចាស់​ពុំ​ប្រោស​មនុស្ស​ឲ្យ​សុចរិត ដោយ​ការ​ប្រព្រឹត្ត​តាម​វិន័យ​ទេ គឺ​សុចរិត​ដោយ‌សារ​ជំនឿ​លើ​ព្រះ‌យេស៊ូ‌គ្រីស្ត​វិញ។ ដូច្នេះ យើង​ក៏​បាន​ជឿ​លើ​ព្រះ‌គ្រីស្ត‌យេស៊ូ​ដែរ ដើម្បី​ព្រះ‌ជាម្ចាស់​ប្រោស​យើង​ឲ្យ​សុចរិត តាម‌រយៈ​ជំនឿ​របស់​ព្រះ‌គ្រីស្ត​ គឺ​មិន​មែន​ដោយ​បាន​ប្រព្រឹត្ត​តាម​វិន័យ​នោះ​ទេ ព្រោះ​គ្មាន​នរណា​ម្នាក់​សុចរិត​ដោយ​ប្រព្រឹត្ត​តាម​វិន័យ​ឡើយ។ ១៧ ប៉ុន្តែ ប្រសិន​បើ​យើង​ប្រាថ្នា​ចង់​បាន​សុចរិត​តាម‌រយៈ​ព្រះ‌គ្រីស្ត ហើយ​បែរ​ជា​ឃើញ​ថា​យើង​ជា​មនុស្ស​ជាប់​បាប​ដូច​គេ​នោះ តើ​បាន​សេចក្ដី​ថា ព្រះ‌គ្រីស្ត​នាំ​ឲ្យ​យើង​ជាប់​បាប​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ! ១៨ ប្រសិន​បើ​ខ្ញុំ​សង់​ឡើង​វិញ នូវ​អ្វី​ដែល​ខ្ញុំ​បាន​កម្ទេច​ចោល​ហើយ​នោះ បាន​សេចក្ដី​ថា ខ្ញុំ​ទទួល​សារភាព​ថា ខ្ញុំ​ប្រព្រឹត្ត​បំពាន​លើ​វិន័យ។ ១៩ ដោយ‌សារ​វិន័យ ខ្ញុំ​បាន​រួច​ពី​អំណាច​របស់​វិន័យ​ ដើម្បី​ឲ្យ​ខ្ញុំ​មាន​ជីវិត​រស់​នៅ​សម្រាប់​ព្រះ‌ជាម្ចាស់។ ខ្ញុំ​បាន​ជាប់​ឆ្កាង​រួម​ជា​មួយ​ព្រះ‌គ្រីស្ត ២០ ដូច្នេះ មិន​មែន​ខ្ញុំ​ទៀត​ទេ​ដែល​រស់ គឺ​ព្រះ‌គ្រីស្ត​ទេ​តើ ដែល​មាន​ព្រះ‌ជន្ម​រស់​នៅ​ក្នុង​រូប​កាយ​ខ្ញុំ។ រីឯ​ជីវិត​ដែល​ខ្ញុំ​រស់​ជា​មនុស្ស​នា​បច្ចុប្បន្ន​កាល​នេះ ខ្ញុំ​រស់​ដោយ​មាន​ជំនឿ​ទៅ​លើ​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ដែល​បាន​ស្រឡាញ់​ខ្ញុំ និង​បាន​បូជា​ព្រះ‌ជន្ម​សម្រាប់​ខ្ញុំ។ ២១ ខ្ញុំ​មិន​លុប​បំបាត់​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់​ឡើយ ប្រសិន​បើ​មនុស្ស​យើង​បាន​សុចរិត​ដោយ‌សារ​វិន័យ​នោះ បាន​សេចក្ដី​ថា ព្រះ‌គ្រីស្ត​សោយ​ទិវង្គត​ឥត​បាន​ការ​អ្វី​ទេ!។
ជំនឿ និង​វិន័យ
 ឱ​បង‌ប្អូន​អ្នក​ស្រុក​កាឡា‌ទី​អើយ ម្ដេច​ក៏​ល្ងី‌ល្ងើ​ម៉្លេះ! តើ​បង‌ប្អូន​ត្រូវ​អំពើ​របស់​នរណា? បង‌ប្អូន​បាន​ទទួល​សេចក្ដី​បរិយាយ​អំពី​ព្រះ‌យេស៊ូ‌គ្រីស្ត ដែល​ត្រូវ​គេ​ឆ្កាង​នោះយ៉ាង​ច្បាស់​លាស់​ហើយ​ទេ​តើ!  ខ្ញុំ​គ្រាន់​តែ​ចង់​ដឹង​សេចក្ដី​មួយ​ប៉ុណ្ណោះ សូម​បង‌ប្អូន​ប្រាប់​ខ្ញុំ​មើល៍ តើ​បង‌ប្អូន​បាន​ទទួល​ព្រះ‌វិញ្ញាណមក​ពី​បាន​ប្រព្រឹត្ត​តាម​វិន័យ ឬ​មក​ពី​ជឿ​ដំណឹង‌ល្អ​ដែល​បង‌ប្អូន​បាន​ស្ដាប់?  ម្ដេច​ក៏​បង‌ប្អូន​ល្ងី‌ល្ងើ​ម៉្លេះ! បង‌ប្អូន​បាន​ចាប់​ផ្ដើម​ជីវិត​ថ្មី​ដោយ​ព្រះ‌វិញ្ញាណ តែ​ឥឡូវ​នេះ ម្ដេច​ក៏​ចង់​បញ្ចប់​តាម​របៀប​លោកីយ៍​វិញ​ដូច្នេះ?  បង‌ប្អូន​មាន​ការ​ពិសោធ​យ៉ាង​ច្រើន​នោះ តើ​អសារ​ឥត​ការ​ឬ? ទេ មិន​មែន​ឥត​បាន​ការ​ឡើយ!​  ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​មក​បង‌ប្អូន និង​បញ្ចេញ​សកម្ម‌ភាព ដោយ​សម្ដែង​បាដិ‌ហារិយ៍​ផ្សេងៗ​ក្នុង​ចំណោម​បង‌ប្អូន​នោះ តើ​ព្រះ‌អង្គ​ធ្វើ​ដូច្នេះ មក​ពី​បង‌ប្អូន​ប្រព្រឹត្ត​តាម​វិន័យ ឬ​មក​ពី​បង‌ប្អូន​បាន​ជឿ​ដំណឹង‌ល្អ ដែល​បង‌ប្អូន​បាន​ស្ដាប់?  លោក​អប្រាហាំ​ជឿ​លើ​ព្រះ‌ជាម្ចាស់ ហើយ​ព្រះ‌អង្គ​ប្រោស​លោក​ឲ្យ​សុចរិត ដោយ​យល់​ដល់​ជំនឿ​នេះ។  ដូច្នេះ សូម​បង‌ប្អូន​យល់​ថា អ្នក​ណា​មាន​ជំនឿ អ្នក​នោះ​ហើយ​ជា​កូន​ចៅ​របស់​លោក​អប្រាហាំ។  ក្នុង​គម្ពីរ​មាន​គ្រោង​ទុក​ជា​មុន​ថា ព្រះ‌ជាម្ចាស់​នឹង​ប្រោស​សាសន៍​ដទៃ​ឲ្យ​សុចរិត ដោយ‌សារ​ជំនឿ ហើយ​លោក​អប្រាហាំ​បាន​ទទួល​ដំណឹង‌ល្អ​នេះ​ជា​មុន​ថា«ជាតិ​សាសន៍​ទាំង​អស់ នឹង​ទទួល​ពរ ដោយ‌សារ​អ្នក»។  ហេតុ​នេះ អស់​អ្នក​ដែល​មាន​ជំនឿ​ក៏​បាន​ទទួល​ព្រះ‌ពរ​រួម​ជា​មួយ​លោក​អប្រាហាំ ដែល​ជា​អ្នក​មាន​ជំនឿ​នោះ​ដែរ។ ១០ រីឯ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ការ​ប្រព្រឹត្ត​តាម​វិន័យ​នោះ​វិញ គេ​ត្រូវ​បណ្ដា‌សា​ហើយ ដ្បិត​មាន​ចែង​ទុក​មក​ថា «អ្នក​ណា​មិន​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ​យ៉ាង​ខ្ជាប់‌ខ្ជួន​ទេ​នោះ អ្នក​នោះ​ត្រូវ​បណ្ដា‌សា​ហើយ»១១ មួយ​វិញ​ទៀត យើង​ដឹង​ច្បាស់​ថា គ្មាន​នរណា​ម្នាក់​បាន​សុចរិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ ដោយ‌សារ​វិន័យ​នោះ​ឡើយ ដ្បិត«មនុស្ស​សុចរិត​នឹង​មាន​ជីវិត​ដោយ‌សារ​ជំនឿ»១២ រីឯ​វិន័យ​ប្លែក​ពី​ជំនឿ​ទាំង​ស្រុង ព្រោះ​មាន​ចែង​ថា «អ្នក​ណា​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​នេះ អ្នក​នោះ​នឹង​មាន​ជីវិត​ដោយ​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នេះ»១៣ ដោយ​ព្រះ‌គ្រីស្ត​បាន​ទទួល​បណ្ដា‌សា​សម្រាប់​យើង ព្រះ‌អង្គ​លោះ​យើង​ឲ្យ​រួច​ផុត​ពី​បណ្ដា‌សា​ដែល​មក​ពី​វិន័យ ដ្បិត​មាន​ចែង​ទុក​មក​ថា «អ្នក​ណា​ដែល​ត្រូវ​គេ​ព្យួរ​ជាប់​នឹង​ឈើ អ្នក​នោះ​ត្រូវ​បណ្ដា‌សា​ហើយ!»១៤ ហេតុ‌ការណ៍​នេះ​កើត​មាន​ដូច្នេះ ដើម្បី​ឲ្យ​ព្រះ‌ពរ​ដែល​លោក​អប្រាហាំ​ទទួល បាន​ហូរ​ទៅ​ដល់​សាសន៍​ដទៃ តាម‌រយៈ​ព្រះ‌គ្រីស្ត‌យេស៊ូ​ដែរ ហើយ​ឲ្យ​យើង​ទទួល​ព្រះ‌វិញ្ញាណ​ដែល​ព្រះ‌ជាម្ចាស់​បាន​សន្យា​ប្រទាន​មក ដោយ​យើង​មាន​ជំនឿ។
វិន័យ និង​ព្រះ‌បន្ទូល​សន្យា
១៥ បង‌ប្អូន​អើយ ខ្ញុំ​សូម​លើក​យក​ឧទាហរណ៍​មួយ​មក​ជម្រាប​ថា ប្រសិន​បើ​ពាក្យ​បណ្ដាំ​របស់​មនុស្ស​មាន​ចែង​ទុក​ត្រឹម​ត្រូវ​ហើយ គ្មាន​នរណា​ម្នាក់​លុប​បំបាត់ ឬ​បន្ថែម​បន្ថយ​អ្វី​បាន​ទេ។ ១៦ យ៉ាង​ណា‌មិញ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​ដល់​លោក​អប្រាហាំ និង​ដល់​ពូជ‌ពង្ស​របស់​លោក។ ក្នុង​គម្ពីរ​ពុំ​មាន​ចែង​ថា «ដល់​ពូជ‌ពង្ស​ទាំង‌ឡាយ» ដូច​ជា​ចង់​សំដៅ​ទៅ​លើ​ពូជ‌ពង្ស​ដ៏​ច្រើន​ឡើយ គឺ​សំដៅ​ទៅ​លើ​ពូជ‌ពង្ស​តែ​ម្នាក់​ប៉ុណ្ណោះ: «ដល់​ពូជ‌ពង្ស​របស់​អ្នក» ពោល​គឺ​ព្រះ‌គ្រីស្ត។ ១៧ ខ្ញុំ​និយាយ​ដូច្នេះ ចង់​ពន្យល់​ថា ព្រះ‌ជាម្ចាស់​បាន​ទុក​ពាក្យ​បណ្ដាំ​មួយ​យ៉ាង​ត្រឹម​ត្រូវរួច​ស្រេច​ហើយ។ រីឯ​វិន័យ​ដែល​មក​ដល់បួន‌រយ​សាម‌សិប​ឆ្នាំ​ក្រោយ​មក​ទៀត​នោះ ពុំ​បាន​លុប​បំបាត់​ពាក្យ​បណ្ដាំ​របស់​ព្រះ‌អង្គ​ឡើយ បើ​ពុំ​នោះ​ទេ ព្រះ‌បន្ទូល​សន្យា​មុខ​ជា​បាត់​ខ្លឹម‌សារ​មិន​ខាន។ ១៨ ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ប្រទាន​មត៌ក​មក​មនុស្ស ព្រោះ​គេ​ប្រព្រឹត្ត​តាម​វិន័យ បាន​សេចក្ដី​ថា គេ​មិន​ទទួល​មត៌ក​នោះ​តាម​ព្រះ‌បន្ទូល​សន្យា​ទៀត​ឡើយ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​លោក​អប្រាហាំ ដោយ‌សារ​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ។
១៩ បើ​ដូច្នោះ តើ​វិន័យ​មាន​ប្រយោជន៍​អ្វី? ព្រះ‌ជាម្ចាស់​ប្រទាន​វិន័យ​មក​តាម​ក្រោយ ដើម្បី​បង្ហាញ​អំពើ​ទុច្ចរិត​របស់​មនុស្ស ហើយ​វិន័យ​នេះ​មាន​ខ្លឹម‌សារ​រហូត​ដល់​ពូជ‌ពង្ស​ ដែល​ត្រូវ​ទទួល​មត៌ក​តាម​ព្រះ‌បន្ទូល​សន្យា យាង​មក​ដល់។ ពួក​ទេវទូត*​បាន​នាំ​យក​វិន័យ​នេះ​មក តាម‌រយៈ​មនុស្ស​ម្នាក់ ដែល​ជួយ​ធ្វើ​អន្តរា‌គមន៍​។ ២០ ប៉ុន្តែ ប្រសិន​បើ​មាន​តែ​ម្នាក់​នោះ មិន​បាច់​ឲ្យ​មាន​នរណា​ធ្វើ​អន្តរា‌គមន៍​ឡើយ។ រីឯ​ព្រះ‌ជាម្ចាស់​វិញ មាន​តែ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ។
២១ ដូច្នេះ តើ​បាន​សេចក្ដី​ថា វិន័យ​ទាស់​នឹង​ព្រះ‌បន្ទូល​សន្យា​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ! ប្រសិន​បើ​វិន័យ​ដែល​មនុស្ស​បាន​ទទួល​អាច​ផ្ដល់​ជីវិត បាន​សេចក្ដី​ថា មនុស្ស​នឹង​បាន​សុចរិត​ដោយ‌សារ​វិន័យ​មែន ២២ ក៏​ប៉ុន្តែ ក្នុង​គម្ពីរ​មាន​ចែង​ថា អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​នៅ​ក្រោម​អំណាច​បាប ដើម្បី​ឲ្យ​អស់​អ្នក​ជឿ​បាន​ទទួល​ផល ស្រប​តាម​ព្រះ‌បន្ទូល​សន្យា ព្រោះ​គេ​មាន​ជំនឿ​លើ​ព្រះ‌យេស៊ូ‌គ្រីស្ត។
២៣ មុន​ពេល​ជំនឿ​មក​ដល់ យើង​ជាប់​ឃុំ‌ឃាំង​ក្រោម​អំណាច​របស់​វិន័យ ទាំង​រង់‌ចាំ​ជំនឿ​ដែល​នឹង​ត្រូវ​លេច​ចេញ​មក។ ២៤ ដូច្នេះ វិន័យ​មាន​នាទី​ណែ‌នាំ​យើង​ទៅ​កាន់​ព្រះ‌គ្រីស្ត ដើម្បី​ឲ្យ​យើង​សុចរិត​ដោយ‌សារ​ជំនឿ។ ២៥ កាល​ណា​ជំនឿ​មក​ដល់​ហើយ យើង​មិន​ស្ថិត​នៅ​ក្រោម​វិន័យ​អ្វី​ដែល​ណែ‌នាំ​យើង​នោះ​ទៀត​ទេ ២៦ ដ្បិត​ដោយ‌សារ​ជំនឿ​លើ​ព្រះ‌គ្រីស្ត‌យេស៊ូ បង‌ប្អូន​សុទ្ធ​តែ​ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់។ ២៧ បង‌ប្អូន​ទាំង​អស់​គ្នា​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក* ដើម្បី​ឲ្យ​បាន​រួម​ជា​មួយ​ព្រះ‌គ្រីស្ត បង‌ប្អូន​ក៏​មាន​ព្រះ‌គ្រីស្ត​នៅ​ជាប់​ជា​មួយ​ដែរ​។
២៨ ដូច្នេះ គ្មាន​សាសន៍​យូដា គ្មាន​សាសន៍​ក្រិក​ទៀត​ទេ ហើយ​ក៏​គ្មាន​អ្នក​ងារ គ្មាន​អ្នក​ជា គ្មាន​បុរស គ្មាន​ស្ត្រី​ទៀត​ដែរ គឺ​បង‌ប្អូន​ទាំង​អស់​បាន​រួម​គ្នា​មក​ជា​អង្គ​តែ​មួយ ក្នុង​ព្រះ‌គ្រីស្ត‌យេស៊ូ។ ២៩ ប្រសិន​បើ​បង‌ប្អូន​ចូល​រួម​ជា​មួយ​ព្រះ‌គ្រីស្ត បង‌ប្អូន​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ ហើយ​ក៏​ត្រូវ​ទទួល​មត៌ក​តាម​ព្រះ‌បន្ទូល​សន្យា​ដែរ។
 ខ្ញុំ​សូម​ជម្រាប​ថា ដរាប​ណា​កូន​ដែល​ត្រូវ​ទទួល​មត៌ក​នៅ​ក្មេង​នៅ​ឡើយ គេ​មិន​ខុស​ពី​ខ្ញុំ​បម្រើ​ទេ ថ្វី‌ដ្បិត​តែ​គេ​ជា​ម្ចាស់​លើ​ទ្រព្យ‌សម្បត្តិ​ទាំង​អស់​ក៏​ដោយ  ក៏​កូន​នោះ​នៅ​ក្រោម​ការ​ឃុំ​គ្រង​របស់​អ្នក​អាណា​ព្យាបាល និង​អ្នក​មើល​ខុស​ត្រូវ​លើ​ទ្រព្យ‌សម្បត្តិ រហូត​ដល់​ពេល​ដែល​ឪពុក​បាន​កំណត់​ទុក។  រីឯ​យើង​វិញ​ក៏​ដូច្នោះ​ដែរ កាល​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ យើង​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​អ្វីៗ​ជា​អរូប ដែល​មាន​ឥទ្ធិ‌ពល​លើ​លោកីយ៍​នេះ  ប៉ុន្តែ លុះ​ដល់​ពេល​កំណត់​ហើយ ព្រះ‌ជាម្ចាស់​ក៏​ចាត់​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​ឲ្យ​មក​ប្រសូត​ចេញ​ពី​ស្ត្រី ហើយ​ប្រសូត​ក្រោម​អំណាច​របស់​វិន័យ​ផង  ដើម្បី​លោះ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​វិន័យ និង​ឲ្យ​យើង​ទទួល​ឋានៈ​ជា​បុត្រ‌ធីតា​​របស់​ព្រះ‌អង្គ។  បង‌ប្អូន​ពិត​ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់​មែន ព្រោះ​ព្រះ‌អង្គ​បាន​ចាត់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ ឲ្យ​មក​សណ្ឋិត​ក្នុង​ចិត្ត​យើង គឺ​ព្រះ‌វិញ្ញាណ​នេះ​ហើយ ដែល​បន្លឺ​ព្រះ‌សូរសៀង​ឡើង​ថា «អប្បា​! ឱ​ព្រះ‌បិតា!»។  ដូច្នេះ អ្នក​មិន​មែន​ជា​ខ្ញុំ​បម្រើ​ទៀត​ទេ គឺ​អ្នក​ជា​បុត្រ‌ធីតា​របស់​ព្រះ‌អង្គ​វិញ។ បើ​អ្នក​ជា​បុត្រ‌ធីតា​មែន អ្នក​ក៏​ត្រូវ​ទទួល​មត៌ក​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​នោះ​ដែរ។
លោក​ប៉ូល​ព្រួយ​បារម្ភ​អំពី​អ្នក​ស្រុក​កាឡា‌ទី
 កាល​ពី​ដើម បង‌ប្អូន​ពុំ​ស្គាល់​ព្រះ‌ជាម្ចាស់​ទេ ហើយ​ក៏​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ‌នានា ដែល​មិន​មែន​ជា​ព្រះ‌ពិត​ប្រាកដ។  ប៉ុន្តែ​ឥឡូវ​នេះ បង‌ប្អូន​ស្គាល់​ព្រះ‌ជាម្ចាស់ បើ​និយាយ​ឲ្យ​ចំ ព្រះ‌អង្គ​បាន​ស្គាល់​បង‌ប្អូន​ហើយ ហេតុ​ដូច​ម្ដេច​បាន​ជា​បង‌ប្អូន​បែរ​ជា​វិល​ទៅ​ចុះ​ចូល​នឹង​អ្វីៗ​ជា​អរូប ដែល​មាន​ឥទ្ធិ‌ពល​ក្នុង​លោកីយ៍ ហើយ​ចង់​បម្រើ​ឥទ្ធិ‌ពល​ដ៏​ទន់​ខ្សោយ គ្មាន​បារមី​ទាំង​នោះ​សា​ជា​ថ្មី​វិញ​ដូច្នេះ? ១០ បើ​បង‌ប្អូន​គោរព​ថ្ងៃ​ខែ គោរព​រដូវ និង​គោរព​ឆ្នាំ។ ១១ ខ្ញុំ​បារម្ភ​ក្រែង​តែ​ការ​នឿយ‌ហត់​ដែល​ខ្ញុំ​ធ្វើ​សម្រាប់​បង‌ប្អូន ត្រឡប់​ទៅ​ជា​ឥត​បាន​ផល​អ្វី​សោះ។
១២ បង‌ប្អូន​អើយ ខ្ញុំ​អង្វរ​បង‌ប្អូន​ថា សូម​កាន់​ចិត្ត​ឲ្យ​បាន​ដូច​ខ្ញុំ ដូច​ខ្ញុំ​បាន​កាន់​ចិត្ត​ដូច​បង‌ប្អូន​ដែរ។ បង‌ប្អូន​ពុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​ខ្ញុំ​ទេ។ ១៣ បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​បាន​នាំ​ដំណឹង‌ល្អ​មក​ជូន​បង‌ប្អូន​ជា​លើក​ទី​មួយ មក​ពី​ខ្ញុំ​មាន​ជំងឺ។ ១៤ ក៏​ប៉ុន្តែ ទោះ​បី​ជំងឺ​របស់​ខ្ញុំ​បាន​បណ្ដាល​ឲ្យ​បង‌ប្អូន​លំបាក​យ៉ាង​ណា​ក៏​ដោយ ក៏​បង‌ប្អូន​ពុំ​បាន​មើល‌ងាយ ឬ​ស្អប់​ខ្ពើម​ខ្ញុំ​ដែរ ផ្ទុយ​ទៅ​វិញ បង‌ប្អូន​បាន​ទទួល​ខ្ញុំទុក​ដូច​ទទួល​ទេវទូត*​របស់​ព្រះ‌ជាម្ចាស់ ឬ​ដូច​ទទួល​ព្រះ‌គ្រីស្ត‌យេស៊ូ​ដែរ។ ១៥ តើ​អំណរ​សប្បាយ​ដែល​បង‌ប្អូន​ធ្លាប់​មាន​កាល​ពី​មុន​នោះ​នៅ​ឯ​ណា? ដ្បិត​ខ្ញុំ​ហ៊ាន​ធ្វើ​ជា​សាក្សី​ថា នៅ​ពេល​នោះ សូម្បី​តែ​ភ្នែក​របស់​បង‌ប្អូន​ក៏​បង‌ប្អូន​សុខ​ចិត្ត​ខ្វេះ​ឲ្យ​ខ្ញុំ​ដែរ ប្រសិន​បើ​បង‌ប្អូន​អាច​ធ្វើ​បាន។ ១៦ ឥឡូវ​នេះ តើ​បង‌ប្អូន​ចាត់​ទុក​ខ្ញុំ​ជា​សត្រូវ មក​ពី​ខ្ញុំ​និយាយ​សេចក្ដី​ពិត​ឬ?។
១៧ រីឯ​ពួក​គេ​វិញ គេ​យក​ចិត្ត​ទុក​ដាក់​នឹង​បង‌ប្អូន​ណាស់ តែ​ក្នុង​គោល​បំណង​មិន​ល្អ​ទេ គេ​ចង់​បំបែក​បង‌ប្អូន​ចេញ​ពី​យើង ដើម្បី​ឲ្យ​បង‌ប្អូន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គេ​វិញ​តែ​ប៉ុណ្ណោះ។ ១៨ ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​មាន​គោល​បំណង​ល្អ​គ្រប់​ពេល​វេលា​នោះ ត្រឹម​ត្រូវ​ហើយ គឺ​មិន​គ្រាន់​តែ​នៅ​ពេល​ដែល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ទេ។ ១៩ កូន​ចៅ​អើយ ខ្ញុំ​ឈឺ​ចាប់​ក្នុង​ការ​បង្កើត​អ្នក​រាល់​គ្នា​សា​ជា​ថ្មី ប្រៀប​បី​ដូច​ស្ត្រី​ឈឺ​ចាប់​នៅ​ពេល​ហៀប​នឹង​ឆ្លង​ទន្លេ​យ៉ាង​នោះ​ដែរ គឺ​រហូត​ទាល់​តែ​ព្រះ‌គ្រីស្ត​បាន​កើត​ជា​រូប​រាង​ឡើង ក្នុង​អ្នក​រាល់​គ្នា។ ២០ ខ្ញុំ​ចង់​នៅ​ជិត​បង‌ប្អូន​ឥឡូវ​នេះ​ណាស់ ដើម្បី​និយាយ​ជា​មួយ​បង‌ប្អូន​ផ្ទាល់ តាម​របៀប​មួយ​ផ្សេង​ទៀត ដ្បិត​ខ្ញុំ​ទ័ល​គំនិត មិន​ដឹង​ជា​ត្រូវ​សរសេរ​យ៉ាង​ដូច​ម្ដេច​មក​បង‌ប្អូន​ទេ។
សម្ពន្ធ‌មេត្រី​ចាស់ និង​សម្ពន្ធ‌មេត្រី​ថ្មី
២១ បង‌ប្អូន​ដែល​ជា​អ្នក​ចង់​ចុះ​ចូល​នឹង​វិន័យ​អើយ សូម​ប្រាប់​ខ្ញុំ​មើល៍ តើ​បង‌ប្អូន​មិន​យល់​សេចក្ដី​ដែល​វិន័យ​ចែង​ទុក​មក​ទេ​ឬ? ២២ ក្នុង​គម្ពីរ​មាន​ចែង​ទុក​មក​ថា លោក​អប្រាហាំ​មាន​កូន​ប្រុស​ពីរ​នាក់ គឺ​ម្នាក់​ជា​កូន​របស់​ស្ត្រី​អ្នក​ងារ ម្នាក់​ទៀត​ជា​កូន​របស់​ស្ត្រី​អ្នក​ជា​។ ២៣ ប៉ុន្តែ កូន​របស់​ស្ត្រី​អ្នក​ងារ​នោះ ជា​កូន​កើត​មក​តាម​ធម្មតា រីឯ​កូន​របស់​ស្ត្រី​អ្នក​ជា​វិញ កើត​មក​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌ជាម្ចាស់។ ២៤ យើង​អាច​ចាត់​ទុក​រឿង​នេះ​ជា​និមិត្ត‌រូប​មួយ​ដែរ ដ្បិត​ស្ត្រី​ទាំង​ពីរ​នេះ​ជា​តំណាង​សម្ពន្ធ‌មេត្រី*​ពីរ ម្នាក់​ជា​តំណាង​នៃ​សម្ពន្ធ‌មេត្រី​ដែល​ចង​នៅ​ភ្នំ​ស៊ីណៃ​ គឺ​នាង​ហាការ​ដែល​បង្កើត​កូន​ជា​ខ្ញុំ​បម្រើ។ ២៥ នាង​ហាការ​ជា​តំណាង​ភ្នំ​ស៊ីណៃ​នៅ​ស្រុក​អារ៉ាប៊ី ជា​និមិត្ត‌រូប​នៃ​ក្រុង​យេរូ‌សាឡឹម​សព្វ​ថ្ងៃ​នេះ​ ដ្បិត​នាង​ហាការ និង​កូន​ចៅ​របស់​នាង សុទ្ធ​តែ​ជា​អ្នក​ងារ។ ២៦ រីឯ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្ថាន​លើ​វិញ​ គឺ​ស្ត្រី​អ្នក​ជា​ដែល​ជា​មាតា​របស់​យើង​ហ្នឹង​ហើយ ២៧ ដ្បិត​មាន​ចែង​ទុក​មក​ថាៈ
«នាង​ជា​ស្ត្រី​អារ នាង​ជា​ស្ត្រី​មិន​បាន
បង្កើត​កូន​អើយ ចូរ​អរ​សប្បាយ​ឡើង!
នាង​ពុំ​ធ្លាប់​ឈឺ​ផ្ទៃ​អើយ
ចូរ​បន្លឺ​សំឡេង​ស្រែក​ដោយ​អំណរ​ឡើង!
ដ្បិត​កូន​របស់​ស្ត្រី​ដែល​ប្ដី​បោះ​បង់​ចោល​នោះ
នឹង​មាន​ចំនួន​ច្រើន​ជាង​កូន​របស់​ស្ត្រី
ដែល​មាន​ប្ដី​ទៅ​ទៀត»
២៨ បង‌ប្អូន​អើយ បង‌ប្អូន​បាន​កើត​មកតាម​ព្រះ‌បន្ទូល​សន្យា​ដូច​លោក​អ៊ីសាក​ដែរ។ ២៩ ប៉ុន្តែ ពី​អតីត‌កាល កូន​ដែល​កើត​មក​តាម​ធម្មតា បាន​ធ្វើ​ទុក្ខ​បៀត‌បៀន​កូន ដែល​កើត​មក​តាម​ព្រះ‌វិញ្ញាណ​យ៉ាង​ណា នៅ​បច្ចុប្បន្ន​កាល ក៏​នឹង​មាន​យ៉ាង​នោះ​ដែរ។ ៣០ តើ​ក្នុង​គម្ពីរ​មាន​ចែង​ទុក​ដូច​ម្ដេច? គឺ​មាន​ចែង​ថាៈ «ចូរ​បណ្ដេញ​ស្ត្រី​អ្នក​ងារ និង​កូន​របស់​នាង​ចេញ​ទៅ ដ្បិត​កូន​របស់​ស្ត្រី​អ្នក​ងារ​ពុំ​ត្រូវ​ទទួល​មត៌ក រួម​ជា​មួយ​កូន​របស់​ស្ត្រី​អ្នក​ជា​ឡើយ»៣១ ហេតុ​នេះ បង‌ប្អូន​អើយ យើង​មិន​មែន​ជា​កូន​របស់​ស្ត្រី​អ្នក​ងារ​ទេ គឺ​ជា​កូន​របស់​ស្ត្រី​អ្នក​ជា។
សេរី‌ភាព​របស់​គ្រីស្ត‌បរិស័ទ
 ព្រះ‌គ្រីស្ត*​បាន​រំដោះ​យើង​ឲ្យ​មាន​សេរី‌ភាព​ពិត​ប្រាកដ ហេតុ​នេះ ចូរ​រក្សា​សេរី‌ភាព​នេះ​ឲ្យ​បាន​ខ្ជាប់‌ខ្ជួន កុំ​បណ្ដោយ​ខ្លួន​ធ្លាក់​ទៅ​ជា​ខ្ញុំ​បម្រើ​ទៀត​ឡើយ។
 រីឯ​ខ្ញុំ ប៉ូល ខ្ញុំ​សូម​ជម្រាប​បង‌ប្អូន​ថា ប្រសិន​បើ​បង‌ប្អូន​ទទួល​ពិធី​កាត់​ស្បែក*​នោះ ព្រះ‌គ្រីស្ត​លែង​មាន​ប្រយោជន៍​អ្វី​ដល់​បង‌ប្អូន​ទៀត​ហើយ។  ចំពោះ​អស់​អ្នក​ដែល​ចង់​ទទួល​ពិធី​កាត់​ស្បែក ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​ម្ដង​ទៀត​ថា ត្រូវ​តែ​កាន់​តាម​វិន័យ​ទាំង​ស្រុង​ផង​ទៅ។  ប្រសិន​បើ​បង‌ប្អូន​ណា​ចង់​បាន​សុចរិត​ដោយ​កាន់​វិន័យ បង‌ប្អូន​នោះ​បែក​ចេញ​ពី​ព្រះ‌គ្រីស្ត ហើយ​ក៏​ដាច់​ចេញ​ពី​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់​ដែរ។  រីឯ​យើង​វិញ ដោយ​យើង​មាន​ជំនឿ ព្រះ‌វិញ្ញាណ​ជួយ​យើង​ឲ្យ​ទន្ទឹង​រង់‌ចាំ​ព្រះ‌ជាម្ចាស់​ប្រោស​យើង​ឲ្យ​បាន​សុចរិត ស្រប​តាម​សេចក្ដី​សង្ឃឹម​របស់​យើង​ជា​មិន​ខាន។  ចំពោះ​អ្នក​ដែល​រួម​រស់​ជា​មួយ​ព្រះ‌គ្រីស្ត‌យេស៊ូ ការ​កាត់​ស្បែក ឬ​មិន​កាត់​ស្បែក​នោះ មិន​សំខាន់​អ្វី​ឡើយ គឺ​មាន​តែ​ជំនឿ​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ផ្សេងៗដោយ​ចិត្ត​ស្រឡាញ់​ប៉ុណ្ណោះ ទើប​សំខាន់។
 បង‌ប្អូន​បាន​ចាប់​ផ្ដើម​ជឿ​ល្អ​ណាស់​ តើ​នរណា​រារាំង​បង‌ប្អូន​មិន​ឲ្យ​ស្ដាប់​បង្គាប់​សេចក្ដី​ពិត​ដូច្នេះ?  ការ​បញ្ចុះ‌បញ្ចូល​បែប​នេះមិន​មែន​មាន​ប្រភព​មក​ពី​ព្រះ‌ជាម្ចាស់ ដែល​បាន​ត្រាស់​ហៅ​បង‌ប្អូន​ទេ។  «មេ​ម្សៅ​តែ​បន្ដិច​អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​មូល​ដោរ​ឡើង​បាន»​។ ១០ ចំពោះ​ខ្ញុំ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ទុក​ចិត្ត​បង‌ប្អូន​ថា បង‌ប្អូន​មុខ​ជា​មិន​បែក​គំនិតទៅ​រក​អ្វី​ផ្សេង​សោះ​ឡើយ។ រីឯ​អ្នក​ដែល​ធ្វើ​ឲ្យ​បង‌ប្អូន​កើត​វឹក‌វរ​នោះ​វិញ ទោះ​ជា​នរណា​ក៏​ដោយ គេ​ត្រូវ​តែ​ទទួល​ទោស។ ១១ បង‌ប្អូន​អើយ ចំពោះ​ខ្ញុំ​វិញ ប្រសិន​បើ​ខ្ញុំ​ប្រកាស​ឲ្យ​ធ្វើ​ពិធី​កាត់​ស្បែក​ទៀត​នោះ ម្ដេច​ក៏​គេ​នៅ​តែ​បៀត‌បៀន​ខ្ញុំ​ទៀត? ប្រសិន​បើ​ខ្ញុំ​ប្រកាស​ដូច្នេះ ដំណឹង‌ល្អ​អំពី​ព្រះ‌គ្រីស្ត​ជាប់​ឆ្កាងនឹង​លែង​ធ្វើ​ឲ្យ​គេ​រវាត​ចិត្ត ឃ្លាត​ចាក​ពី​ជំនឿ​ទៀត​ហើយ។ ១២ អ្នក​ដែល​នាំ​ឲ្យ​បង‌ប្អូន​ជ្រួល‌ច្របល់​បែប​នេះ ត្រូវ​តែ​ឲ្យ​គេ​ក្រៀវ​ខ្លួន​ឯង​តែ​ម្ដង​ទៅ។
ជីវិត​ខាង​លោកីយ៍ និង​ជីវិត​ខាង​ព្រះ‌វិញ្ញាណ
១៣ បង‌ប្អូន​អើយ ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​បង‌ប្អូន​ឲ្យ​មាន​សេរី‌ភាព ក៏​ប៉ុន្តែ សូម​កុំ​យក​សេរី‌ភាព​នេះ​មក​ធ្វើ​ជា​លេស ដើម្បី​រស់​តាម​របៀប​លោកីយ៍​សោះ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ចិត្ត​ស្រឡាញ់ ១៤ ដ្បិត​វិន័យ​ទាំង​មូល​សរុប​មក​ត្រឹម​តែ​ឃ្លា​មួយ​នេះ​ថា «អ្នក​ត្រូវ​ស្រឡាញ់​បង‌ប្អូន​ឯ​ទៀតៗ ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ»១៥ បើ​បង‌ប្អូន​ប្រខាំ​គ្នា និង​ហែក‌ហួរ​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នេះ ចូរ​ប្រយ័ត្ន​ក្រែង‌លោ​បង‌ប្អូន​ត្រូវ​វិនាស​អន្តរាយ ដោយ‌សារ​តែ​គ្នា​ឯង។
១៦ ខ្ញុំ​សូម​ជម្រាប​ថា ចូរ​រស់​នៅ​ឲ្យ​ស្រប​តាម​ព្រះ‌វិញ្ញាណ នោះ​បង‌ប្អូន​នឹង​មិន​បំពេញ​តាម​បំណង​ចិត្ត​លោភ‌លន់​របស់​លោកីយ៍​ទៀត​ឡើយ ១៧ ដ្បិត​បំណង​លោភ‌លន់​របស់​លោកីយ៍ តែង‌តែ​ទាស់​នឹង​ព្រះ‌វិញ្ញាណ ហើយ​ព្រះ‌វិញ្ញាណ​ក៏​មាន​បំណង​ទាស់​នឹង​លោកីយ៍​ដែរ។ លោកីយ៍ និង​ព្រះ‌វិញ្ញាណ​ផ្ទុយ​គ្នា​ទាំង​ស្រុង ដូច្នេះ បង‌ប្អូន​ពុំ​អាច​ធ្វើ​អ្វី​ដែល​បង‌ប្អូន​ចង់​ធ្វើ​នោះ​ឡើយ។ ១៨ ប្រសិន​បើ​ព្រះ‌វិញ្ញាណ​ណែ‌នាំ​បង‌ប្អូន បង‌ប្អូន​លែង​នៅ​ក្រោម​អំណាច​របស់​វិន័យ​ទៀត​ហើយ។
១៩ យើង​ស្គាល់​ច្បាស់​នូវ​អំពើ​ផ្សេងៗ ដែល​កើត​ចេញ​មក​ពី​លោកីយ៍ គឺ​មាន​អំពើ​ប្រាស​ចាក​សីល‌ធម៌ អំពើ​សៅ‌ហ្មង កាម‌គុណ​ថោក​ទាប ២០ ការ​ថ្វាយ‌បង្គំ​ព្រះ‌ក្លែង‌ក្លាយ វិជ្ជា​ធ្មប់ ឈ្លោះ​ប្រកែក​គ្នា បាក់​បែក​គ្នា ច្រណែន​គ្នា កំហឹង​ឃោរ‌ឃៅ ប្រកួត​ប្រជែង​គ្នា ប្រឆាំង​គ្នា ប្រកាន់​បក្ស​ពួក ២១ ឈ្នានីស​គ្នា ប្រមឹក ស៊ី​ផឹក​ជ្រុល និង​អំពើ​ផ្សេងៗ​ទៀត ដែល​ស្រដៀង​នឹង​អំពើ​ទាំង​នេះ​ដែរ។ ខ្ញុំ​សូម​ជម្រាប​ឲ្យ​បង‌ប្អូន​ដឹង​ជា​មុន ដូច​ខ្ញុំ​បាន​និយាយ​រួច​មក​ហើយ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​អស់​នេះ ពុំ​អាច​ទទួល​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ទុក​ជា​មត៌ក​បាន​ឡើយ។
២២ រីឯ​ផល​ដែល​កើត​មក​ពី​ព្រះ‌វិញ្ញាណ​វិញ គឺ​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ‌សាន្ត ចិត្ត​អត់‌ធ្មត់ ចិត្ត​សប្បុរស ចិត្ត​សន្ដោស មេត្តា ជំនឿ ២៣ ចិត្ត​ស្លូត‌បូត ចេះ​ទប់​ចិត្ត​ខ្លួន​ឯង។ គ្មាន​វិន័យ​ណា​ជំទាស់​នឹង​សេចក្ដី​ទាំង​នេះ​ទេ។
២៤ អស់​អ្នក​ដែល​រួម​ជា​មួយ​ព្រះ‌គ្រីស្ត‌យេស៊ូ​បាន​ឆ្កាង​តណ្ហា និង​បំណង​លោភ‌លន់​ផ្សេងៗ​របស់​លោកីយ៍​នោះ​ចោល​ហើយ។ ២៥ ប្រសិន​បើ​យើង​មាន​ជីវិត​ដោយ‌សារ​ព្រះ‌វិញ្ញាណ​មែន យើង​ក៏​ត្រូវ​ប្រតិបត្តិ​តាម​ព្រះ‌វិញ្ញាណ​ដែរ។
២៦ យើង​មិន​ត្រូវ​អួត​បំប៉ោង រក​រឿង​គ្នា​ទៅ​វិញ​ទៅ​មក និង​ឈ្នានីស​គ្នា​នោះ​ឡើយ។
ការ​ជួយ​ធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក
 បង‌ប្អូន​អើយ ប្រសិន​បើ​មាន​នរណា​ម្នាក់​ត្រូវ​គេ​ទាន់​នៅ​ពេល​កំពុង​តែ​ធ្វើ​អំពើ​អាក្រក់​ណា​មួយ បង‌ប្អូន​ដែល​មាន​ព្រះ‌វិញ្ញាណ​នៅ​ក្នុង​ខ្លួន​ត្រូវ​កែ​តម្រង់​អ្នក​នោះ ដោយ​ចិត្ត​ស្លូត‌បូត។ ក៏​ប៉ុន្តែ តោង​ប្រយ័ត្ន​ខ្លួន ក្រែង​លោ​អ្នក​ត្រូវ​ធ្លាក់​ក្នុង​ការ​ល្បួង​ដូច​គេ​ដែរ។  ត្រូវ​ជួយ​រំលែក​ទុក្ខ‌ធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​យ៉ាង​នេះ ទើប​បង‌ប្អូន​បំពេញ​តាម​វិន័យ​របស់​ព្រះ‌គ្រីស្ត*​ទាំង​ស្រុង។  ប្រសិន​បើ​នរណា​ម្នាក់​ស្មាន​ថា​ខ្លួន​ជា​មនុស្ស​សំខាន់ តែ​តាម​ពិត​ខ្លួន​ជា​អ្នក​ឥត​បាន​ការ អ្នក​នោះ​បញ្ឆោត​ខ្លួន​ឯង​ហើយ។  ម្នាក់ៗ​ត្រូវ​ពិនិត្យ‌ពិច័យ​មើល​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត ប្រសិន​បើ​រក​ឃើញ​ហេតុ​ដែល​ធ្វើ​ឲ្យ​ខ្លួន​ឯង​ខ្ពស់​មុខ​នោះ គឺ​រក​ឃើញ​តែ​នៅ​ក្នុង​ខ្លួន​ឯង​ផ្ទាល់ មិន​មែន​ដោយ​ប្រៀប​ផ្ទឹម​ទៅ​នឹង​អ្នក​ដទៃ​ទេ  ដ្បិត​ម្នាក់ៗ​ទទួល​ខុស​ត្រូវ​លើ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។
 ចំពោះ​អ្នក​ដែល​ទទួល​ការ​អប់រំ​ខាង​ព្រះ‌បន្ទូល ត្រូវ​យក​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​មាន​មួយ​ចំណែក មក​ចែក​ដល់​អ្នក​ដែល​អប់រំ​ខ្លួន​នោះ​ផង។
 សូម​បង‌ប្អូន​កុំ​យល់​ច្រឡំ គ្មាន​នរណា​មើល‌ងាយ​ព្រះ‌ជាម្ចាស់​ទេ។ បើ​មនុស្ស​ម្នាក់​សាប​ព្រោះ​គ្រាប់​ពូជ​ណា គេ​នឹង​ច្រូត​បាន​ផល តាម​ពូជ​នោះ​ឯង។  អ្នក​ណា​សាប​ព្រោះ​តាម​លោកីយ៍ អ្នក​នោះ​ក៏​នឹង​ច្រូត​យក​ផល ដែល​តែង‌តែ​រលួយ​មក​ពី​លោកីយ៍​ដែរ។ រីឯ​អ្នក​ដែល​សាប​ព្រោះ​ខាង​ព្រះ‌វិញ្ញាណ​វិញ នឹង​ច្រូត​យក​ផលជា​ជីវិត​អស់​កល្ប‌ជានិច្ច មក​ពី​ព្រះ‌វិញ្ញាណ។  យើង​មិន​ត្រូវ​នឿយ‌ណាយ​នឹង​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ ដ្បិត​ប្រសិន​បើ​យើង​មិន​បាក់​ទឹក​ចិត្ត​ទេ​នោះ ដល់​ពេល​កំណត់ យើង​នឹង​ច្រូត​បាន​ផល​ជា​មិន​ខាន។ ១០ ហេតុ​នេះ ពេល​យើង​មាន​ឱកាស​នៅ​ឡើយ យើង​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​ចំពោះ​មនុស្ស​ទាំង​អស់ ជា​ពិសេស ចំពោះ​បង‌ប្អូន​រួម​ជំនឿ។
ពាក្យ​រំឭក​ដាស់‌តឿន​ចុង​បញ្ចប់
១១ តួ​អក្សរ​ធំៗ​ដែល​បង‌ប្អូន​ឃើញ​នេះ គឺ​ខ្ញុំ​បាន​សរសេរ​មក​បង‌ប្អូន​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។
១២ អស់​អ្នក​ដែល​ចង់​បាន​កិត្តិយស​ខាង​លោកីយ៍ បាន​បង្ខំ​បង‌ប្អូន​ឲ្យ​កាត់​ស្បែក* ក្នុង​គោល​បំណង​កុំ​ឲ្យ​មាន​គេ​បៀត‌បៀន ព្រោះ​តែ​ឈើ​ឆ្កាង​របស់​ព្រះ‌គ្រីស្ត​ប៉ុណ្ណោះ។ ១៣ ចំពោះ​អ្នក​ដែល​កាត់​ស្បែក​ទាំង​នោះ ខ្លួន​គេ​ផ្ទាល់​ពុំ​កាន់​តាម​វិន័យ​ទេ គឺ​គេ​ចង់​ឲ្យ​បង‌ប្អូន​កាត់​ស្បែក ដើម្បី​ឲ្យ​គេ​អាច​អួត​ខ្លួន​ថា គេ​បាន​កាត់​ស្បែក​ឲ្យ​បង‌ប្អូន។ ១៤ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​អួត​ខ្លួន​អំពី​អ្វី ក្រៅ​ពី​ឈើ​ឆ្កាង​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង​ឡើយ។ ដោយ‌សារ​ឈើ​ឆ្កាង​នេះ អ្វីៗ​ក្នុង​ពិភព‌លោក​លែង​មាន​ទាក់‌ទាម​នឹង​ខ្ញុំ​ទៀត​ហើយ ហើយ​ខ្ញុំ​ក៏​លែង​មាន​ទាក់‌ទាម​អ្វី​នឹង​ពិភព‌លោក​ទៀត​ដែរ​។ ១៥ការ​កាត់​ស្បែក ឬ​មិន​កាត់​ស្បែក មិន​សំខាន់​អ្វី​ទេ មាន​តែ​ការ​កើត​ជា​ថ្មី​វិញ​ឯ‌ណោះ ទើប​សំខាន់។ ១៦ សូម​ព្រះ‌ជាម្ចាស់​ប្រទាន​សេចក្ដី​សុខ‌សាន្ត និង​មេត្តា‌ករុណា​ដល់​អស់​អ្នក​ដែល​អនុវត្ត​តាម​គោល​គំនិត​នេះ និង​ដល់​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​របស់​ព្រះ‌អង្គ។
១៧ អំណើះ​ត​ទៅ សូម​កុំ​ឲ្យ​នរណា​ម្នាក់​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ទៀត​ឡើយ ដ្បិត​ខ្ញុំ​មាន​ស្លាក‌ស្នាម​របស់​ព្រះ‌យេស៊ូ នៅ​ក្នុង​រូប​កាយ​ខ្ញុំ​ស្រាប់​ហើយ។
១៨ បង‌ប្អូន​អើយ សូម​ព្រះ‌យេស៊ូ‌គ្រីស្ត* ជា​ព្រះ‌អម្ចាស់​នៃ​យើង ប្រណី‌សន្ដោស​ដល់​វិញ្ញាណ​របស់​បង‌ប្អូន។ អាម៉ែន។
852 Views

Theme: Overlay by Kaira