សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
លិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូន
គ្រីស្តបរិស័ទនៅក្រុងអេភេសូ
ពាក្យលំនាំ
លិខិតរបស់លោកប៉ូលផ្ញើជូន
គ្រីស្តបរិស័ទនៅក្រុងអេភេសូ
ពាក្យលំនាំ
ក្រុងអេភេសូៈ
នៅពាក់កណ្ដាលសតវត្សទីមួយ ចំនួនព្រះសហគមន៍នៅភូមិភាគមជ្ឈិមបូព៌ាប្រទេសបានកើនឡើងយ៉ាងឆាប់រហ័ស។ ក្រុមគ្រីស្តបរិស័ទនីមួយៗមានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធ ហើយក្នុងចំណោមក្រុមទាំងនោះ គ្រីស្តបរិស័ទនៅក្រុងអេភេសូហាក់ដូចជាមានមុខមាត់ជាងគេ ព្រោះលោកប៉ូលធ្លាប់បានស្នាក់អាស្រ័យនៅក្រុងនេះអស់រយៈពេលបីឆ្នាំ កាលលោកចេញទៅផ្សាយដំណឹងល្អជាលើកទីបី (កិច្ចការ ១៩.១‑២០.១)។
លោកប៉ូលសរសេរលិខិតនេះពេលលោកជាប់ឃុំឃាំង(៣.១ និង៤.១)។ ហេតុនេះហើយបានជាគេរាប់លិខិតនេះបញ្ចូលក្នុងចំណោមលិខិតឯទៀតៗ ដែលហៅថា “លិខិតសរសេរក្នុងមន្ទីរឃុំឃាំង” គឺមានលិខិតផ្ញើជូនគ្រីស្តបរិស័ទនៅក្រុងអេភេសូ ក្រុងភីលីព ក្រុងកូឡូស និងលិខិតផ្ញើជូនលោកភីលេម៉ូន។
លិខិតនេះ និងលិខិតផ្ញើជូនគ្រីស្តបរិស័ទនៅក្រុងកូឡូស មានលំនាំប្រហាក់ប្រហែលគ្នា។ ដូច្នេះ មានអ្នកប្រាជ្ញខ្លះសន្និដ្ឋានថា លោកប៉ូលមិនបានសរសេរលិខិតនេះដោយខ្លួនលោកផ្ទាល់ទេ គឺមានកូនចៅរបស់លោកម្នាក់បានសរសេរលិខិតនេះផ្ញើជូនព្រះសហគមន៍នានានៅមជ្ឈិមបូព៌ាប្រទេស ដោយមានបំណងចង់ជួយពង្រឹង ជួយបំភ្លឺ និងកែតម្រង់ជំនឿរបស់គ្រីស្តបរិស័ទនៅក្រុងអេភេសូ ឲ្យស្របនឹងការប្រៀនប្រដៅរបស់លោកប៉ូល។
គោលសំខាន់ៗ
លិខិតនេះ ចង់ពន្យល់អំពីគម្រោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់ ដែលសព្វព្រះហឫទ័យសង្គ្រោះមនុស្សលោក។ ព្រះសហគមន៍ពិតជាព្រះកាយរបស់ព្រះគ្រីស្ត ហើយនាំព្រះជន្មរបស់ព្រះអង្គមកឲ្យមនុស្សលោកទាំងឡាយ ព្រះសហគមន៍នេះ ក៏ជាមហេសីរបស់ព្រះគ្រីស្តដែរ។
គម្រោងគម្ពីរអេភេសូ:
• សេចក្ដីផ្ដើម ១.១-២
• ព្រះគ្រីស្ត និងព្រះសហគមន៍ ១.៣‑៣.២១
• ជីវិតថ្មីរួមជាមួយព្រះគ្រីស្ត ៤.១‑៦.២០
• អវសានកថា ៦.២១-២៤
១
សេចក្ដីផ្ដើម
១ ខ្ញុំ ប៉ូល ព្រះជាម្ចាស់សព្វព្រះហឫទ័យតាំងជាគ្រីស្តទូត*របស់ព្រះគ្រីស្ត*យេស៊ូ សូមជម្រាបមកបងប្អូនជាប្រជារាស្ដ្រដ៏វិសុទ្ធ [នៅក្រុងអេភេសូ] ដែលជឿលើព្រះគ្រីស្តយេស៊ូ។ ២ សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រីស្តប្រណីសន្ដោស និងប្រទានសេចក្ដីសុខសាន្តដល់បងប្អូន។
ព្រះពរដ៏លើសលប់ដែលព្រះជាម្ចាស់ប្រទានដល់អ្នកជឿ
៣ សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីស្ថានបរមសុខ*មកយើង ក្នុងអង្គព្រះគ្រីស្ត។ ៤ ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឲ្យយើងវិសុទ្ធ* និងឥតសៅហ្មងនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។ ៥ ព្រះអង្គបានតម្រូវយើងទុកជាមុន ឲ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងបំណងដ៏សប្បុរសរបស់ព្រះអង្គ ៦ ដើម្បីឲ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្ដោស ដែលព្រះអង្គបានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ ៧ ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង ដោយព្រះលោហិតរបស់ព្រះអង្គ និងលើកលែងទោសឲ្យយើងបានរួចពីបាប តាមព្រះហឫទ័យប្រណីសន្ដោសដ៏លើសលប់របស់ព្រះអង្គ។ ៨ ព្រះជាម្ចាស់ប្រណីសន្ដោសយើងយ៉ាងខ្លាំងបំផុត គឺព្រះអង្គប្រទានឲ្យយើងមានតម្រិះ និងប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។ ៩ ព្រះអង្គបានប្រោសឲ្យយើងស្គាល់គម្រោងការដ៏លាក់កំបាំង*នៃព្រះហឫទ័យរបស់ព្រះអង្គ តាមបំណងដ៏សប្បុរស ដែលព្រះអង្គបានសម្រេចទុកជាមុនដោយព្រះអង្គផ្ទាល់។ ១០ ព្រះអង្គចាត់ចែងគម្រោងការនេះឲ្យបានសម្រេចនៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ដែលនៅស្ថានបរមសុខ និងនៅលើផែនដី ឲ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្ត ជាម្ចាស់តែមួយ។ ១១ ព្រះជាម្ចាស់បានជ្រើសរើសយើងទុកដោយឡែក ក្នុងអង្គព្រះគ្រីស្ត ព្រះអង្គបានតម្រូវយើងទុកជាមុនដូច្នេះ ស្របតាមផែនការរបស់ព្រះអង្គ ដែលសម្រេចគ្រប់កិច្ចការទាំងអស់តាមព្រះហឫទ័យរបស់ព្រះអង្គ ១២ ដើម្បីឲ្យយើងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ គឺយើងដែលបានសង្ឃឹមលើព្រះគ្រីស្តមុនគេបង្អស់។ ១៣ ដោយរួមក្នុងអង្គព្រះគ្រីស្ត បងប្អូនបានស្ដាប់ព្រះបន្ទូលនៃសេចក្ដីពិត ជាដំណឹងល្អដែលសង្គ្រោះបងប្អូន។ ក្នុងអង្គព្រះគ្រីស្តបងប្អូនក៏បានជឿ ហើយបានទទួលសញ្ញាដៅសម្គាល់ពីព្រះវិញ្ញាណដ៏វិសុទ្ធ តាមព្រះបន្ទូលសន្យាដែរ។ ១៤ ព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណនេះមកបញ្ចាំចិត្តយើងឲ្យដឹងថា យើងនឹងទទួលមត៌ក នៅពេលព្រះអង្គលោះប្រជារាស្ដ្ររបស់ព្រះអង្គ ជាស្ថាពរ ដើម្បីឲ្យគេលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
ពាក្យអធិស្ឋានរបស់លោកប៉ូល
១៥ ហេតុនេះ តាំងពីពេលដែលខ្ញុំបានឮគេតំណាលអំពីជំនឿរបស់បងប្អូន ក្នុងអង្គព្រះអម្ចាស់យេស៊ូ និងអំពីសេចក្ដីស្រឡាញ់របស់បងប្អូនចំពោះប្រជាជនដ៏វិសុទ្ធ*ទាំងអស់ ១៦ នោះខ្ញុំអរព្រះគុណព្រះជាម្ចាស់ឥតឈប់ឈរ ព្រោះតែបងប្អូន។ ពេលខ្ញុំអធិស្ឋាន* ខ្ញុំតែងតែនឹកគិតដល់បងប្អូនជានិច្ច ១៧ សូមឲ្យព្រះរបស់ព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើង គឺព្រះបិតាប្រកបដោយសិរីរុងរឿង ប្រទានព្រះវិញ្ញាណឲ្យបងប្អូនមានប្រាជ្ញា និងសម្ដែងឲ្យបងប្អូនស្គាល់ព្រះអង្គយ៉ាងច្បាស់។ ១៨ សូមព្រះបិតាបំភ្លឺចិត្តគំនិតបងប្អូនឲ្យយល់ថា ដោយព្រះអង្គត្រាស់ហៅបងប្អូន បងប្អូនមានសេចក្ដីសង្ឃឹមយ៉ាងណា និងយល់ថា ដោយបងប្អូនទទួលមត៌ករួមជាមួយប្រជាជនដ៏វិសុទ្ធ* បងប្អូននឹងមានសិរីរុងរឿងដ៏ប្រសើរលើសលប់យ៉ាងណាដែរ!។ ១៩ សូមព្រះអង្គប្រទានឲ្យបងប្អូនយល់ទៀតថា ឫទ្ធានុភាពដ៏អស្ចារ្យបំផុតដែលព្រះអង្គសម្ដែងមក ជាប្រយោជន៍ដល់យើងជាអ្នកជឿ មានទំហំធំធេងយ៉ាងណា ស្របតាមមហិទ្ធិឫទ្ធិនៃព្រះចេស្ដាដ៏ខ្លាំងក្លា ដែលព្រះអង្គបានសម្ដែងក្នុងអង្គព្រះគ្រីស្ត។ ២០ ព្រះអង្គបានសម្ដែងមហិទ្ធិឫទ្ធិនេះ ដោយប្រោសព្រះគ្រីស្តឲ្យមានព្រះជន្មរស់ឡើងវិញ និងឲ្យគង់នៅខាងស្ដាំព្រះអង្គនៅស្ថានបរមសុខ ២១ ខ្ពស់ជាងវត្ថុស័ក្តិសិទ្ធិគ្រប់យ៉ាង ខ្ពស់ជាងអ្វីៗដែលមានអំណាច មានឫទ្ធិ មានបារមីគ្រប់គ្រង និងខ្ពស់លើសអ្វីៗដែលមានឈ្មោះមិនត្រឹមតែនៅលោកនេះទេ គឺនៅលោកខាងមុខទៀតផង។ ២២ ព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ឲ្យនៅក្រោមព្រះបាទារបស់ព្រះគ្រីស្ត ព្រមទាំងប្រទានឲ្យព្រះអង្គគង់នៅលើអ្វីៗទាំងអស់ ធ្វើជាសិរសាលើព្រះសហគមន៍ ២៣ ដែលជាព្រះកាយរបស់ព្រះអង្គ។ ព្រះសហគមន៍នេះបានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់ព្រះគ្រីស្ត ហើយព្រះគ្រីស្តផ្ទាល់ក៏បានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ដែរ។
២
គ្រីស្តបរិស័ទឆ្លងផុតពីសេចក្ដីស្លាប់ទៅដល់ជីវិត
១ ចំពោះបងប្អូន បងប្អូនបានស្លាប់ ព្រោះតែកំហុស និងអំពើបាបរបស់បងប្អូនរួចផុតទៅហើយ។ ២ ពីដើម បងប្អូនបានរស់នៅតាមរបៀបលោកីយ៍នេះ គឺតាមវត្ថុស័ក្តិសិទ្ធិដែលគ្រប់គ្រងពិភពលោកនេះ ជាវិញ្ញាណដែលមានឥទ្ធិពលនៅក្នុងអស់អ្នកប្រឆាំងនឹងព្រះជាម្ចាស់នៅបច្ចុប្បន្នកាលនេះ។ ៣ រីឯយើងទាំងអស់គ្នាវិញ ពីដើម យើងក៏ដូចពួកគេដែរ យើងបានបណ្ដោយខ្លួនទៅតាមតណ្ហាលោភលន់នៃលោកីយ៍នេះ យើងប្រព្រឹត្តអំពើផ្សេងៗតាមទំនើងចិត្តលោកីយ៍ និងតាមគំនិតរបស់យើង។ ពីកំណើតមក យើងជាមនុស្ស ដែលត្រូវតែទទួលទោសពីព្រះជាម្ចាស់ ដូចមនុស្សឯទៀតៗដែរ ៤ ក៏ប៉ុន្តែ ព្រះជាម្ចាស់ដែលតែងតែមានព្រះហឫទ័យអាណិតមេត្តាដ៏ច្រើនពន់ប្រមាណនោះ ព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើងខ្លាំងបំផុត ៥ គឺទោះបីយើងស្លាប់ដោយសារអំពើបាបរបស់យើងហើយក៏ដោយ ក៏ព្រះអង្គបានប្រោសប្រទានឲ្យយើងមានជីវិតរស់ រួមជាមួយព្រះគ្រីស្តវិញដែរ។ ព្រះជាម្ចាស់បានសង្គ្រោះបងប្អូន មកពីព្រះអង្គមានព្រះហឫទ័យប្រណីសន្ដោស។ ៦ ព្រះអង្គបានប្រោសយើងឲ្យរស់ឡើងវិញ រួមជាមួយព្រះគ្រីស្តយេស៊ូ និងឲ្យយើងអង្គុយលើបល្ល័ង្កនៅស្ថានបរមសុខ រួមជាមួយព្រះអង្គដែរ។ ៧ ព្រះអង្គបង្ហាញព្រះហឫទ័យសប្បុរសចំពោះយើង ក្នុងអង្គព្រះគ្រីស្តយេស៊ូដូច្នេះ ដើម្បីបង្ហាញឲ្យមនុស្សគ្រប់ជំនាន់ខាងមុខ ស្គាល់ព្រះហឫទ័យប្រណីសន្ដោសដ៏ប្រសើរលើសលប់បំផុតរបស់ព្រះអង្គ ៨ ព្រះអង្គសង្គ្រោះបងប្អូន មកពីព្រះអង្គមានព្រះហឫទ័យប្រណីសន្ដោស ដោយសារបងប្អូនមានជំនឿ។ ការសង្គ្រោះមិនមែនមកពីបងប្អូនទេ គឺជាព្រះអំណោយទានរបស់ព្រះជាម្ចាស់ ៩ ហើយក៏មិនមែនមកពីមនុស្សប្រព្រឹត្តអំពើល្អដែរ ដើម្បីកុំឲ្យនរណាម្នាក់អួតខ្លួនបាន។ ១០ យើងជាស្នាព្រះហស្ដដែលព្រះជាម្ចាស់បានបង្កើតមក ក្នុងអង្គព្រះគ្រីស្តយេស៊ូ ដើម្បីឲ្យយើងប្រព្រឹត្តអំពើល្អដែលព្រះអង្គបានបម្រុងទុកជាមុន សម្រាប់ឲ្យយើងប្រព្រឹត្តតាម។
ការរួបរួមគ្នាក្នុងអង្គព្រះគ្រីស្ត
១១ ដូច្នេះ សូមបងប្អូនចងចាំថាៈ ពីដើម បងប្អូនកើតមកជាសាសន៍ដទៃ ហើយសាសន៍យូដាដែលចាត់ទុកថាខ្លួនជា «ពួកកាត់ស្បែក» ហៅបងប្អូនថា «ពួកមិនកាត់ស្បែក» ព្រោះគេសម្គាល់ទៅលើសញ្ញាមួយដែលគេធ្វើលើរូបកាយ។ ១២ កាលណោះ បងប្អូននៅឆ្ងាយពីព្រះគ្រីស្ត គ្មានសិទ្ធិចូលជាតិអ៊ីស្រាអែល គ្មានទំនាក់ទំនងអ្វីនឹងសម្ពន្ធមេត្រី*ដែលចងឡើងដោយព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ទេ បងប្អូនរស់នៅក្នុងលោកនេះ ដោយគ្មានទីសង្ឃឹម ហើយក៏គ្មានព្រះជាម្ចាស់ដែរ។ ១៣ កាលពីដើម បងប្អូននៅឆ្ងាយមែន ក៏ប៉ុន្តែ ឥឡូវនេះ ដោយបងប្អូនរួមក្នុងអង្គព្រះយេស៊ូគ្រីស្ត បងប្អូនបានមកនៅជិតដោយសារព្រះលោហិតរបស់ព្រះគ្រីស្ត។ ១៤ គឺព្រះគ្រីស្តហើយដែលជាសន្តិភាពរបស់យើង ព្រះអង្គបានប្រមូលសាសន៍ទាំងពីរឲ្យរួមគ្នាមកជាប្រជារាស្ដ្រតែមួយ។ ព្រះអង្គបានបូជាព្រះកាយរបស់ព្រះអង្គ ដើម្បីរំលំជញ្ជាំងដែលធ្វើឲ្យសាសន៍ទាំងពីរនៅដាច់ពីគ្នា ហើយជាបច្ចាមិត្តនឹងគ្នា។ ១៥ ព្រះអង្គបានលុបបំបាត់វិន័យ* ដែលមានបទបញ្ញត្តិ និងបទបញ្ជាផ្សេងៗចោល ដើម្បីបង្រួបបង្រួមសាសន៍ទាំងពីរឲ្យទៅជាមនុស្សថ្មីតែមួយ ក្នុងព្រះអង្គផ្ទាល់ ព្រមទាំងនាំសន្តិភាពមកផង។ ១៦ ដោយព្រះអង្គសោយទិវង្គតនៅលើឈើឆ្កាង ព្រះអង្គបានសម្រុះសម្រួលសាសន៍ទាំងពីរឲ្យរួមគ្នាជារូបកាយតែមួយ និងធ្វើឲ្យគេស្រុះស្រួលជាមួយព្រះជាម្ចាស់វិញ ទាំងកម្ចាត់ការស្អប់គ្នាចោលផង។ ១៧ ព្រះអង្គបានយាងមក «ទាំងនាំដំណឹងល្អ*អំពីសន្តិភាពមកឲ្យបងប្អូនដែលនៅឆ្ងាយ និងនាំសន្តិភាពមកឲ្យអស់អ្នកដែលនៅជិតដែរ»។ ១៨ ដោយសារព្រះគ្រីស្តនេះហើយ ដែលយើងទាំងពីរសាសន៍មានផ្លូវចូលទៅរកព្រះបិតា ដោយរួមក្នុងព្រះវិញ្ញាណតែមួយ។
១៩ ហេតុនេះ បងប្អូនលែងជាជនបរទេស ឬជាអាណិកជនទៀតហើយ គឺបងប្អូនជាជនរួមជាតិជាមួយប្រជាជនដ៏វិសុទ្ធ* និងជាក្រុមគ្រួសាររបស់ព្រះជាម្ចាស់។ ២០ ព្រះអង្គបានកសាងបងប្អូនឡើងជាសំណង់ ដោយមានក្រុមគ្រីស្តទូត* និងព្យាការី* ជាគ្រឹះ និងមានព្រះគ្រីស្តយេស៊ូផ្ទាល់ជាថ្មដ៏សំខាន់។ ២១ គឺព្រះគ្រីស្តហើយ ដែលធ្វើឲ្យសំណង់ទាំងមូលភ្ជាប់គ្នាយ៉ាងមាំ និងធ្វើឲ្យចម្រើនឡើង ទៅជាព្រះវិហារ*ដ៏វិសុទ្ធមួយ រួមជាមួយព្រះអម្ចាស់។ ២២ រីឯបងប្អូនក៏ដូច្នោះដែរ ដោយបងប្អូនរួមជាមួយព្រះអង្គ បងប្អូនបានផ្គុំគ្នាឡើង ធ្វើជាព្រះដំណាក់របស់ព្រះជាម្ចាស់ ក្នុងព្រះវិញ្ញាណ។
៣
ភារកិច្ចរបស់លោកប៉ូលក្នុងការនាំជនជាតិដទៃឲ្យស្គាល់ព្រះជាម្ចាស់
១ ហេតុនេះហើយបានជាខ្ញុំ ប៉ូល ដែលជាប់ឃុំឃាំង ព្រោះតែព្រះគ្រីស្តយេស៊ូ ដើម្បីជាប្រយោជន៍ដល់បងប្អូនសាសន៍ដទៃ…។ ២ បងប្អូនប្រហែលជាបានឮគេនិយាយអំពីមុខងារដែលព្រះជាម្ចាស់ប្រណីសន្ដោសឲ្យខ្ញុំបំពេញ ដើម្បីជាប្រយោជន៍ដល់បងប្អូននោះហើយមើលទៅ។ ៣ ព្រះអង្គបានបង្ហាញគម្រោងការដ៏លាក់កំបាំងឲ្យខ្ញុំស្គាល់ ដូចខ្ញុំទើបនឹងសរសេរយ៉ាងខ្លីខាងលើនេះស្រាប់។ ៤ ពេលបងប្អូនអានសេចក្ដីនោះ បងប្អូនមុខជាដឹងថា ខ្ញុំបានយល់ច្បាស់អំពីគម្រោងការដ៏លាក់កំបាំងរបស់ព្រះគ្រីស្ត។ ៥ នៅជំនាន់ដើម មនុស្សម្នាពុំបានស្គាល់គម្រោងការនេះ ដូចព្រះជាម្ចាស់បានបង្ហាញឲ្យក្រុមគ្រីស្តទូត* និងព្យាការី*ដ៏វិសុទ្ធ*របស់ព្រះអង្គ នាបច្ចុប្បន្នកាលស្គាល់ តាមរយៈព្រះវិញ្ញាណនោះឡើយ ៦ គឺថា ដោយសារដំណឹងល្អ* សាសន៍ដទៃមានសិទ្ធិចូលរួមទទួលមត៌ក មានសិទ្ធិចូលរួមក្នុងព្រះកាយតែមួយ និងមានសិទ្ធិទទួលព្រះពរ តាមព្រះបន្ទូលសន្យារួមជាមួយសាសន៍អ៊ីស្រាអែល ក្នុងអង្គព្រះគ្រីស្តយេស៊ូដែរ។ ៧ ខ្ញុំបានទទួលមុខងារបម្រើដំណឹងល្អនេះ តាមព្រះអំណោយទាននៃព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់មកលើរូបខ្ញុំ គឺជាព្រះអំណោយទានដែលព្រះអង្គប្រោសប្រទានមកខ្ញុំ ដោយឫទ្ធានុភាពដ៏ខ្លាំងពូកែរបស់ព្រះអង្គ។ ៨ ទោះបីខ្ញុំមានឋានៈតូចជាងគេបំផុត ក្នុងចំណោមប្រជាជនដ៏វិសុទ្ធ*ក្តី ក៏ព្រះជាម្ចាស់បានប្រណីសន្ដោស ឲ្យខ្ញុំនាំដំណឹងល្អទៅប្រាប់សាសន៍ដទៃ អំពីព្រះជន្មដ៏បរិបូណ៌បំផុតរបស់ព្រះគ្រីស្ត ដែលមនុស្សលោកគិតមិនដល់នោះដែរ។ ៩ ព្រះជាម្ចាស់ក៏ប្រណីសន្ដោសឲ្យខ្ញុំបំភ្លឺមនុស្សទាំងអស់ ស្គាល់របៀបព្រះអង្គចាត់ចែងគម្រោងការដែលលាក់ទុក តាំងពីអស់កល្បជានិច្ចរៀងមក ក្នុងព្រះជាម្ចាស់ផ្ទាល់ ដែលបានបង្កើតអ្វីៗសព្វសារពើ។ ១០ នៅពេលនេះ ដោយសារព្រះសហគមន៍ វត្ថុស័ក្តិសិទ្ធិ និងអំណាចនានានៅស្ថានលើ បានស្គាល់ព្រះប្រាជ្ញាញាណគ្រប់វិស័យរបស់ព្រះជាម្ចាស់ ១១ តាមផែនការដែលព្រះអង្គបានគ្រោងទុក តាំងពីអស់កល្បជានិច្ចរៀងមក ហើយព្រះអង្គបានសម្រេចដោយសារព្រះគ្រីស្តយេស៊ូ ជាព្រះអម្ចាស់នៃយើង។ ១២ ដោយរួមក្នុងអង្គព្រះគ្រីស្ត និងដោយមានជំនឿលើព្រះអង្គ យើងមានចិត្តអង់អាច និងមានផ្លូវចូលទៅរកព្រះជាម្ចាស់ ទាំងទុកចិត្ត។ ១៣ ហេតុនេះ សូមបងប្អូនកុំធ្លាក់ទឹកចិត្ត ដោយខ្ញុំរងទុក្ខវេទនា ដើម្បីជាប្រយោជន៍ដល់បងប្អូននោះឡើយ ទុក្ខវេទនាទាំងនេះជាសិរីរុងរឿងរបស់បងប្អូនវិញទេ។
ព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្ត
១៤ ហេតុនេះហើយបានជាខ្ញុំក្រាបថ្វាយបង្គំព្រះបិតា ១៥ ដែលជាប្រភពនៃក្រុមគ្រួសារទាំងអស់ ទាំងនៅស្ថានបរមសុខ* ទាំងនៅផែនដី ១៦ សូមព្រះអង្គមេត្តាប្រោសបងប្អូន ឲ្យមានកម្លាំងមាំមួនផ្នែកខាងក្នុងជម្រៅចិត្ត ដោយព្រះវិញ្ញាណរបស់ព្រះអង្គ តាមសិរីរុងរឿងដ៏ប្រសើរបំផុតរបស់ព្រះអង្គ។ ១៧ សូមព្រះគ្រីស្តគង់នៅក្នុងចិត្តបងប្អូនដោយជំនឿ និងសូមឲ្យបងប្អូនបានចាក់ឫសយ៉ាងមាំមួនក្នុងសេចក្ដីស្រឡាញ់ ១៨ ដើម្បីឲ្យបងប្អូនមានសមត្ថភាពអាចយល់ រួមជាមួយប្រជាជនដ៏វិសុទ្ធ*ទាំងមូល នូវទទឹង បណ្ដោយ ជម្រៅ និងកម្ពស់ ១៩ គឺឲ្យបងប្អូនស្គាល់ព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្ត ដែលប្រសើរហួសពីការយល់ឃើញរបស់មនុស្ស ដើម្បីឲ្យបងប្អូនបានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់។
២០ ព្រះជាម្ចាស់អាចធ្វើអ្វីៗទាំងអស់ហួសពីសេចក្ដីសុំ និងហួសពីអ្វីៗដែលយើងនឹកគិត ដោយសារឫទ្ធានុភាពរបស់ព្រះអង្គដែលបំពេញសកម្មភាពនៅក្នុងយើង ២១ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គក្នុងព្រះសហគមន៍ និងក្នុងព្រះគ្រីស្តយេស៊ូ នៅគ្រប់ជំនាន់អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន។
៤
ការរួបរួមរបស់គ្រីស្តបរិស័ទ
១ ហេតុនេះ ខ្ញុំដែលជាប់ឃុំឃាំង សូមដាស់តឿនបងប្អូន ក្នុងព្រះនាមព្រះអម្ចាស់ថា ដោយព្រះជាម្ចាស់បានត្រាស់ហៅបងប្អូន ចូររស់នៅ ឲ្យបានសមរម្យនឹងការត្រាស់ហៅនោះទៅ។ ២ ចូរបន្ទាបខ្លួន មានចិត្តស្លូតបូត និងចេះអត់ធ្មត់ ព្រមទាំងទ្រាំទ្រគ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់។ ៣ ចូរយកចិត្តទុកដាក់រក្សាឯកភាពដែលមកពីព្រះវិញ្ញាណ ដោយយកសេចក្ដីសុខសាន្តធ្វើជាចំណងប្រាស្រ័យទាក់ទងគ្នា។
៤ ព្រះកាយមានតែមួយ ហើយព្រះវិញ្ញាណក៏មានតែមួយ ដូចព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឲ្យមានសេចក្ដីសង្ឃឹមតែមួយនោះដែរ។ ៥ ព្រះអម្ចាស់មានតែមួយ ជំនឿមានតែមួយ ពិធីជ្រមុជទឹក*មានតែមួយ។ ៦ ព្រះជាម្ចាស់មានតែមួយ ព្រះអង្គជាព្រះបិតារបស់មនុស្សទាំងអស់ ព្រះអង្គខ្ពង់ខ្ពស់លើសអ្វីៗទាំងអស់ ហើយព្រះអង្គធ្វើការតាមរយៈមនុស្សទាំងអស់ និងសណ្ឋិតនៅក្នុងមនុស្សទាំងអស់។
៧ ព្រះអង្គបានបានប្រណីសន្ដោសយើងម្នាក់ៗតាមកម្រិតព្រះអំណោយទាន ដែលព្រះគ្រីស្តប្រទានមកយើង។ ៨ ហេតុនេះហើយបានជាមានថ្លែងទុកថា
«ព្រះអង្គបានយាងឡើងទៅស្ថានខ្ពស់
ព្រះអង្គបាននាំពួកជាប់ជាឈ្លើយទៅជាមួយ
ហើយព្រះអង្គប្រទានព្រះអំណោយទាន
ផ្សេងៗដល់មនុស្សលោក»។
៩ ពាក្យថា“យាងឡើងទៅ”នោះ បានសេចក្ដីថាដូចម្ដេច? គឺបានសេចក្ដីថា ព្រះអង្គបានយាងចុះមកផែនដីដ៏ទាបនេះជាមុនសិន។ ១០ ព្រះអង្គដែលបានយាងចុះមកនោះ ជាព្រះអង្គដែលបានយាងឡើងទៅទីដ៏ខ្ពស់បំផុតនៃស្ថានបរមសុខ* ដើម្បីបំពេញអ្វីៗទាំងអស់។ ១១ គឺព្រះអង្គហើយដែលបានប្រទានឲ្យអ្នកខ្លះមានមុខងារជាគ្រីស្តទូត* ឲ្យអ្នកខ្លះថ្លែងព្រះបន្ទូល អ្នកខ្លះផ្សាយដំណឹងល្អ* អ្នកខ្លះជាគង្វាល និងអ្នកខ្លះទៀតជាអ្នកបង្រៀន ១២ ដើម្បីរៀបចំប្រជាជនដ៏វិសុទ្ធឲ្យបំពេញមុខងារបម្រើ និងកសាងព្រះកាយរបស់ព្រះគ្រីស្តឡើង ១៣ រហូតដល់យើងទាំងអស់រួមគ្នា មានជំនឿតែមួយ មានគំនិតតែមួយ ក្នុងការស្គាល់ព្រះបុត្រារបស់ព្រះជាម្ចាស់ និងទៅជាមនុស្សពេញវ័យ ឡើងដល់កម្ពស់របស់ព្រះគ្រីស្តដែលបំពេញអ្វីៗទាំងអស់។ ១៤ ដូច្នេះ យើងមិនមែនជាកូនក្មេងដែលរេរា ត្រូវខ្យល់នៃគោលលទ្ធិនានាផាត់ចុះផាត់ឡើងនោះទៀតឡើយ ហើយក៏លែងចាញ់បោក ឬចាញ់កលល្បិចមនុស្សដែលពូកែនាំឲ្យវង្វេងនោះទៀតដែរ។ ១៥ ផ្ទុយទៅវិញ បើយើងប្រព្រឹត្តតាមសេចក្ដីពិតដោយចិត្តស្រឡាញ់ យើងនឹងបានចម្រើនឡើងគ្រប់វិស័យទាំងអស់ ឆ្ពោះទៅកាន់ព្រះគ្រីស្តជាសិរសា ១៦ គឺព្រះអង្គហើយ ដែលធ្វើឲ្យព្រះកាយទាំងមូលបានផ្គុំគ្នា និងភ្ជាប់គ្នាឡើងយ៉ាងមាំ ដោយសារសន្លាក់ឆ្អឹងទាំងប៉ុន្មានដែលបម្រើព្រះកាយ តាមកម្រិតសមត្ថភាពរបស់សរីរាង្គនីមួយៗ ដើម្បីឲ្យព្រះកាយនោះចម្រើន និងកសាងឡើង ក្នុងសេចក្ដីស្រឡាញ់។
ជីវិតចាស់ និងជីវិតថ្មី
១៧ ដូច្នេះ ខ្ញុំសូមជម្រាបបងប្អូន និងបញ្ជាក់ក្នុងព្រះនាមព្រះអម្ចាស់ថា សូមកុំរស់នៅដូចសាសន៍ដទៃ ដែលប្រព្រឹត្តតាមប្រាជ្ញាដ៏ឥតប្រយោជន៍របស់គេនោះទៀតឡើយ។ ១៨ គំនិតអ្នកទាំងនោះងងឹតសូន្យសុង គេនៅឆ្ងាយពីព្រះជន្មរបស់ព្រះជាម្ចាស់ ព្រោះគេមិនស្គាល់ព្រះអង្គ ហើយមានចិត្តរឹងរូសទៀតផង។ ១៩ ដោយពួកគេលែងដឹងខុសត្រូវ គេនាំគ្នាប្រាសចាកសីលធម៌ បណ្ដោយខ្លួនទៅប្រព្រឹត្តអំពើអបាយមុខគ្រប់យ៉ាង តាមតែចិត្តលោភលន់របស់គេ។
២០ រីឯបងប្អូនវិញ បងប្អូនពុំបានទទួលការអប់រំអំពីព្រះគ្រីស្តរបៀបនេះទេ។ ២១ ប្រសិនបើបងប្អូនបានឮគេនិយាយអំពីព្រះយេស៊ូ ហើយប្រសិនបើបងប្អូនបានទទួលការអប់រំអំពីព្រះអង្គ ស្របតាមសេចក្ដីពិតដែលមកពីព្រះអង្គមែន ២២ បងប្អូនត្រូវតែលះបង់កិរិយាមារយាទ ដែលបងប្អូនធ្លាប់កាន់ពីដើម គឺត្រូវដោះជីវិតចាស់ដែលកំពុងតែវិនាស តាមការលោភលន់បញ្ឆោតចិត្តនេះចោលទៅ។ ២៣ ត្រូវប្រែគំនិតប្រាជ្ញា និងវិញ្ញាណឲ្យបានថ្មីឡើង ២៤ ហើយត្រូវពាក់ជីវិតថ្មីដ៏សុចរិត* និងវិសុទ្ធ* មកពីសេចក្ដីពិត ជាជីវិតដែលព្រះជាម្ចាស់បានបង្កើត ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ។
២៥ ហេតុនេះ សូមបងប្អូនឈប់និយាយកុហកទៅ «ម្នាក់ៗត្រូវនិយាយតែសេចក្ដីពិតទៅកាន់បងប្អូនឯទៀតៗ ដ្បិតយើងជាសរីរាង្គរបស់គ្នាទៅវិញទៅមក។ ២៦ ប្រសិនបើបងប្អូនខឹង សូមប្រយ័ត្ន កុំប្រព្រឹត្តអំពើបាប» កុំទុកកំហឹងរហូតដល់ថ្ងៃលិចនោះឡើយ។ ២៧ កុំហុចឱកាសឲ្យមារ*មកល្បួងបងប្អូន។ ២៨ អ្នកណាធ្លាប់លួច កុំលួចទៀត ផ្ទុយទៅវិញ ត្រូវខំប្រឹងធ្វើការដោយចិត្តទៀងត្រង់ ដើម្បីយកផលទៅជួយអ្នកដែលខ្វះខាត។ ២៩ កុំឲ្យមានពាក្យអាស្រូវណាមួយចេញពីមាត់បងប្អូនឡើយ ផ្ទុយទៅវិញ ត្រូវនិយាយតែពាក្យល្អដែលជួយកសាងជំនឿអ្នកដទៃ ប្រសិនបើគេត្រូវការ ព្រមទាំងនាំព្រះពរមកឲ្យអ្នកស្ដាប់ផងដែរ។ ៣០ កុំធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធ*របស់ព្រះជាម្ចាស់ ព្រួយព្រះហឫទ័យសោះឡើយ ដ្បិតព្រះអង្គបានដៅសញ្ញាសម្គាល់របស់ព្រះវិញ្ញាណមកលើបងប្អូន ទុកសម្រាប់ថ្ងៃដែលព្រះអង្គនឹងយាងមកលោះយើង។
៣១ សូមបងប្អូនកម្ចាត់ចិត្តជូរចត់ ចិត្តក្ដៅក្រហាយ កំហឹង សម្រែកឡូឡា ពាក្យជេរប្រមាថ ព្រមទាំងសេចក្ដីអាក្រក់គ្រប់បែបយ៉ាង ចេញពីចំណោមបងប្អូនទៅ។ ៣២ ត្រូវមានចិត្តសប្បុរស និងចេះអាណិតមេត្តាដល់គ្នាទៅវិញទៅមក។ ត្រូវប្រណីសន្ដោសគ្នាទៅវិញទៅមក ដូចព្រះជាម្ចាស់បានប្រណីសន្ដោសបងប្អូន ដោយសារព្រះគ្រីស្តដែរ។
៥
ជីវិតរស់នៅក្នុងពន្លឺ
១ សូមបងប្អូនយកតម្រាប់តាមព្រះជាម្ចាស់ចុះ ព្រោះបងប្អូនជាបុត្រធីតាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ ២ ចូររស់នៅដោយមានចិត្តស្រឡាញ់ ដូចព្រះគ្រីស្តបានស្រឡាញ់យើង ហើយបានបូជាព្រះជន្មសម្រាប់យើង ទុកជាតង្វាយថ្វាយព្រះជាម្ចាស់ និងទុកជាយញ្ញបូជាដែលគាប់ព្រះហឫទ័យព្រះអង្គ។
៣ ដោយបងប្អូនជាប្រជាជនដ៏វិសុទ្ធ* មិនត្រូវឲ្យមានឮនិយាយអំពីការប្រាសចាកសីលធម៌ អបាយមុខគ្រប់យ៉ាង ឬការលោភលន់ក្នុងចំណោមបងប្អូនសោះឡើយ ៤ ហើយក៏មិនត្រូវពោលពាក្យទ្រគោះបោះបោក ពាក្យឡេះឡោះ ឬពាក្យអាសអាភាសដែរ ព្រោះពាក្យទាំងនេះមិនសមរម្យទេ ផ្ទុយទៅវិញ ត្រូវពោលពាក្យអរព្រះគុណព្រះជាម្ចាស់។ ៥ ចូរដឹងឲ្យច្បាស់ថា អ្នកប្រាសចាកសីលធម៌ អ្នកប្រព្រឹត្តអំពើអបាយមុខ និងអ្នកលោភលន់ដែលយកទ្រព្យសម្បត្តិធ្វើជាព្រះ មិនអាចទទួលមត៌កក្នុងព្រះរាជ្យ*របស់ព្រះគ្រីស្ត និងរបស់ព្រះជាម្ចាស់បានជាដាច់ខាត។ ៦ សូមកុំឲ្យនរណាម្នាក់បោកបញ្ឆោតបងប្អូន ដោយពាក្យសម្ដីឥតខ្លឹមសារសោះឡើយ ព្រោះអំពើទាំងនេះហើយដែលនាំឲ្យព្រះជាម្ចាស់ព្រះពិរោធនឹងពួកអ្នកប្រឆាំងព្រះអង្គ។ ៧ ដូច្នេះ សូមកុំសេពគប់ជាមួយពួកគេជាដាច់ខាត។
៨ កាលពីដើម បងប្អូនងងឹតមែន ប៉ុន្តែ ឥឡូវនេះ បងប្អូនជាពន្លឺ ដោយបានរួមជាមួយព្រះអម្ចាស់ ដូច្នេះ ចូររស់នៅឲ្យសមជាមនុស្សដែលមានពន្លឺក្នុងខ្លួនទៅ។ ៩ ផលនៃពន្លឺនោះ គឺសេចក្ដីសប្បុរស សេចក្ដីសុចរិត និងសេចក្ដីពិតគ្រប់បែបយ៉ាង។ ១០ ត្រូវរិះគិតមើលឲ្យដឹងថា ការណាគាប់ព្រះហឫទ័យព្រះអម្ចាស់ ១១ ហើយមិនត្រូវចូលរួមក្នុងការប្រព្រឹត្តអំពើឥតផលប្រយោជន៍ ដែលមកពីសេចក្ដីងងឹតនោះឡើយ សូវបើកមុខអំពើទាំងនោះឲ្យគេឃើញ។ ១២ ចំពោះអំពើណាដែលគេប្រព្រឹត្តដោយលួចលាក់ សូម្បីតែយកមកនិយាយ ក៏គួរឲ្យខ្មាសណាស់ទៅហើយ។ ១៣ ប៉ុន្តែ កាលណាអំពើទាំងនោះបានបើកមុខហើយ វានឹងលេចចេញមកឲ្យគេឃើញច្បាស់នៅក្រោមពន្លឺ ១៤ ដ្បិតអំពើណាដែលលេចមកឲ្យគេឃើញហើយនោះ បានប្រែទៅជាពន្លឺ។ ហេតុនេះហើយបានជាមានថ្លែងទុកមកថាៈ «អ្នកដេកលក់អើយ ចូរភ្ញាក់ឡើង ចូរក្រោកឡើងចេញពីចំណោមមនុស្សស្លាប់ ព្រះគ្រីស្តនឹងភ្លឺចាំងមកលើអ្នក»។
១៥ ដូច្នេះ ចូរប្រុងប្រយ័ត្នអំពីរបៀបដែលបងប្អូនរស់នៅឲ្យមែនទែន មិនត្រូវកាន់មារយាទដូចមនុស្សឥតប្រាជ្ញាឡើយ គឺត្រូវកាន់មារយាទដូចមនុស្សមានប្រាជ្ញាវិញ។ ១៦ ត្រូវចេះប្រើប្រាស់ពេលវេលា ដ្បិតសម័យនេះអាក្រក់ណាស់។ ១៧ ហេតុនេះ មិនត្រូវធ្វើជាមនុស្សឥតគំនិតឡើយ តែត្រូវរិះគិតឲ្យយល់ព្រះហឫទ័យរបស់ព្រះអម្ចាស់។ ១៨ កុំស្រវឹងស្រា ព្រោះស្រាបណ្ដាលឲ្យថោកទាប ផ្ទុយទៅវិញ ត្រូវឲ្យបានពោរពេញដោយព្រះវិញ្ញាណ។ ១៩ ចូរនិយាយគ្នាទៅវិញទៅមកដោយប្រើទំនុកតម្កើង បទសរសើរព្រះជាម្ចាស់ និងបទចម្រៀងមកពីព្រះវិញ្ញាណ។ ចូរច្រៀង និងលើកតម្កើងព្រះអម្ចាស់ឲ្យអស់ពីចិត្ត។ ២០ ត្រូវអរព្រះគុណព្រះជាម្ចាស់ ជាព្រះបិតាគ្រប់ពេលវេលា និងគ្រប់កិច្ចការក្នុងព្រះនាមព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង។
ទំនាក់ទំនងរវាងស្វាមីភរិយា
២១ បងប្អូនដែលកោតខ្លាចព្រះគ្រីស្ត ត្រូវគោរពចុះចូលគ្នាទៅវិញទៅមក។
២២ បងប្អូនជាស្ត្រីដែលមានស្វាមី ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ដូចជាគោរពចុះចូលនឹងព្រះអម្ចាស់ដែរ ២៣ ដ្បិតស្វាមីនាំមុខភរិយា ដូចព្រះគ្រីស្តនាំមុខព្រះសហគមន៍* ហើយជាព្រះសង្គ្រោះរបស់ព្រះសហគមន៍ដែលជាព្រះកាយព្រះអង្គ។ ២៤ ហេតុនេះ ព្រះសហគមន៍គោរពចុះចូលនឹងព្រះគ្រីស្តយ៉ាងណា ភរិយាក៏ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ក្នុងគ្រប់កិច្ចការទាំងអស់យ៉ាងនោះដែរ។
២៥ ចំពោះបងប្អូនដែលមានប្រពន្ធវិញ ចូរស្រឡាញ់ភរិយា ដូចព្រះគ្រីស្តបានស្រឡាញ់ព្រះសហគមន៍ដែរ ព្រះអង្គបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់ សម្រាប់ព្រះសហគមន៍ ២៦ ដើម្បីប្រោសឲ្យព្រះសហគមន៍បានទៅជាវិសុទ្ធ ទាំងជម្រះឲ្យបានស្អាតបរិសុទ្ធ ដោយលាងក្នុងទឹក និងដោយសារព្រះបន្ទូល។ ២៧ ព្រះអង្គសព្វព្រះហឫទ័យនាំព្រះសហគមន៍នេះមកថ្វាយព្រះអង្គផ្ទាល់ ជាព្រះសហគមន៍ដ៏រុងរឿង ឥតស្លាកស្នាម ឥតជ្រីវជ្រួញ និងឥតខ្ចោះត្រង់ណាឡើយ គឺឲ្យទៅជាវិសុទ្ធ* ឥតសៅហ្មង។ ២៨ ដូច្នេះ ស្វាមីត្រូវស្រឡាញ់ភរិយា ឲ្យបានដូចស្រឡាញ់រូបកាយរបស់ខ្លួនដែរ។ អ្នកណាស្រឡាញ់ភរិយា អ្នកនោះស្រឡាញ់ខ្លួនឯង។ ២៩ ពុំដែលមាននរណាម្នាក់ស្អប់រូបកាយរបស់ខ្លួនឡើយ ផ្ទុយទៅវិញ គេតែងចិញ្ចឹមបីបាច់ថែរក្សារូបកាយនោះ ដូចព្រះគ្រីស្តចិញ្ចឹមបីបាច់ថែរក្សាព្រះសហគមន៍ ៣០ ព្រោះយើងទាំងអស់គ្នាជាសរីរាង្គនៃព្រះកាយរបស់ព្រះអង្គ។ ៣១ ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរនឹងបានទៅជារូបកាយតែមួយ។ ៣២ គម្រោងការដ៏លាក់កំបាំងនេះមានអត្ថន័យជ្រៅណាស់ ខ្ញុំនិយាយសេចក្ដីនេះសំដៅលើព្រះគ្រីស្ត និងព្រះសហគមន៍តែប៉ុណ្ណោះ។ ៣៣ ទោះជាយ៉ាងណាក៏ដោយ បងប្អូនម្នាក់ៗត្រូវស្រឡាញ់ភរិយារៀងៗខ្លួន ដូចស្រឡាញ់ខ្លួនឯង ហើយភរិយាក៏ត្រូវគោរពស្វាមីរបស់ខ្លួនដែរ។
៦
ទំនាក់ទំនងរវាងឪពុកម្ដាយ និងកូន
១ កុមារាកុមារីអើយ ចូរស្ដាប់បង្គាប់មាតាបិតា ដោយយល់ដល់ព្រះអម្ចាស់ ធ្វើដូច្នេះ ទើបត្រឹមត្រូវ។ ២ «ចូរគោរពមាតាបិតា (នេះជាវិន័យទី មួយ ដែលមានទាំងព្រះបន្ទូលសន្យាជាប់មកជាមួយផង) ៣ ដើម្បីឲ្យបានសេចក្ដីសុខ និងមានអាយុវែងនៅលើផែនដីនេះ»។
៤ រីឯបងប្អូនដែលជាឪពុកវិញ កុំធ្វើឲ្យកូនរបស់ខ្លួនមួម៉ៅនោះឡើយ តែត្រូវអប់រំវាដោយពាក្យប្រៀនប្រដៅ និងដំបូន្មាន ស្របតាមព្រះអម្ចាស់។
ទំនាក់ទំនងរវាងទាសករ និងម្ចាស់
៥ បងប្អូនជាខ្ញុំបម្រើអើយ ចូរស្ដាប់បង្គាប់ម្ចាស់របស់ខ្លួនក្នុងលោកនេះ ដោយគោរពកោតខ្លាចញាប់ញ័រ និងដោយចិត្តស្មោះសរ ដូចស្ដាប់បង្គាប់ព្រះគ្រីស្តដែរ ៦ មិនត្រូវធ្វើដូច្នេះ ដើម្បីគ្រាន់តែឲ្យម្ចាស់ទាំងនោះឃើញថា បងប្អូនចង់ផ្គាប់ចិត្តមនុស្សឡើយ គឺត្រូវធ្វើដូចជាខ្ញុំបម្រើព្រះគ្រីស្ត ដែលយកចិត្តទុកដាក់ ធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ៧ ត្រូវបម្រើម្ចាស់ដោយស្ម័គ្រចិត្ត ដូចបម្រើព្រះអម្ចាស់ ពុំមែនបម្រើមនុស្សទេ ៨ ដោយដឹងថាមនុស្សម្នាក់ៗ ទោះជាអ្នកងារ ឬអ្នកជាក្តី នឹងទទួលរង្វាន់ពីព្រះអម្ចាស់ តាមអំពើល្អដែលខ្លួនបានប្រព្រឹត្ត។
៩ រីឯបងប្អូនដែលជាម្ចាស់វិញ ចូរប្រព្រឹត្តចំពោះអ្នកបម្រើរបស់បងប្អូនបែបនោះដែរ គឺមិនត្រូវគំរាមកំហែងគេឡើយ។ តោងដឹងថា ទាំងពួកគេ ទាំងបងប្អូនមានម្ចាស់តែមួយនៅស្ថានបរមសុខ* ហើយព្រះអង្គមិនរើសមុខនរណាសោះឡើយ។
គ្រឿងសាស្ត្រាវុធរបស់អ្នកជឿ
១០ មួយវិញទៀត ចូរទាញយកកម្លាំង ដោយរួមជាមួយព្រះអម្ចាស់ និងដោយសារព្រះចេស្ដាដ៏ខ្លាំងក្លារបស់ព្រះអង្គ។ ១១ ចូរបងប្អូនប្រដាប់ខ្លួនដោយគ្រឿងសាស្ត្រាវុធទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ ដើម្បីអាចតតាំងនឹងកលល្បិចរបស់មារ* ១២ ដ្បិតយើងមិនមែនតយុទ្ធទល់នឹងមនុស្សទេ គឺតយុទ្ធទល់នឹងវត្ថុស័ក្តិសិទ្ធិ ទល់នឹងអ្វីៗដែលមានអំណាច ទល់នឹងមេត្រួតត្រាក្នុងលោកីយ៍ដ៏ងងឹតនេះ ហើយតយុទ្ធទល់នឹងឥទ្ធិពលអរូបិយដ៏អាក្រក់ទាំងឡាយដែលនៅស្ថានលើដែរ។ ១៣ ហេតុនេះ ចូរបងប្អូនប្រើគ្រឿងសាស្ត្រាវុធទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ទៅ ដើម្បីឲ្យបងប្អូនអាចតទល់នៅថ្ងៃអពមង្គល ហើយមានជំហររឹងប៉ឹងដដែល ដោយបានប្រើគ្រប់មធ្យោបាយ។ ១៤ ដូច្នេះ ចូរមានជំហររឹងប៉ឹងឡើង ចូរយកសេចក្ដីពិតមកក្រវាត់ចង្កេះ យកសេចក្ដីសុចរិតធ្វើជាអាវក្រោះ ១៥ យកចិត្តប្រុងប្រៀបផ្សាយដំណឹងល្អអំពីសេចក្ដីសុខសាន្ត មកពាក់ជាស្បែកជើង។ ១៦ ជាពិសេស ចូរយកជំនឿធ្វើជាខែល ដើម្បីឲ្យបងប្អូនអាចពន្លត់ព្រួញភ្លើងទាំងប៉ុន្មានរបស់មារ*កំណាច។ ១៧ ចូរទទួលការសង្គ្រោះយកមកធ្វើជាមួកដែក និងយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកធ្វើជាដាវរបស់ព្រះវិញ្ញាណ។ ១៨ ចូរអធិស្ឋាន*គ្រប់ពេលវេលា តាមការណែនាំរបស់ព្រះវិញ្ញាណ ដោយប្រើទាំងពាក្យអធិស្ឋាន ទាំងពាក្យអង្វរគ្រប់យ៉ាង ហើយប្រុងស្មារតីទូលអង្វរព្រះជាម្ចាស់ ដោយចិត្តព្យាយាមបំផុត សម្រាប់ប្រជាជនដ៏វិសុទ្ធ*ទាំងអស់។ ១៩ ចូរអង្វរព្រះអង្គសម្រាប់ខ្ញុំផង សូមព្រះអង្គប្រទានឲ្យខ្ញុំរកបានពាក្យត្រឹមត្រូវ នៅពេលណាខ្ញុំហាមាត់និយាយ សូមប្រទានឲ្យខ្ញុំមានចិត្តអង់អាច នាំគេឲ្យស្គាល់គម្រោងការដ៏លាក់កំបាំងនៃដំណឹងល្អ* ២០ ទោះបីខ្ញុំជាប់ឃុំឃាំងក៏ដោយ ក៏ខ្ញុំនៅតែជាទូតនៃដំណឹងល្អនេះដែរ ដូច្នេះ សូមទូលអង្វរព្រះអង្គឲ្យខ្ញុំមានចិត្តអង់អាច និយាយតាមដែលខ្ញុំត្រូវនិយាយ។
អវសានកថា
២១ លោកទីឃីកុសជាបងប្អូនដ៏ជាទីស្រឡាញ់របស់យើង និងជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះអម្ចាស់ នឹងជម្រាបបងប្អូនអំពីសុខទុក្ខរបស់ខ្ញុំ និងអំពីកិច្ចការដែលខ្ញុំធ្វើនោះដែរ។ ២២ ខ្ញុំចាត់គាត់មករកបងប្អូន ក្នុងគោលបំណងឲ្យបងប្អូនបានដឹងដំណឹងពីយើង និងឲ្យគាត់លើកទឹកចិត្តបងប្អូនទៀតផង។
២៣ សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ ប្រទានសេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់ ព្រមទាំងជំនឿមកបងប្អូន។ ២៤ សូមព្រះជាម្ចាស់ប្រណីសន្ដោស អស់អ្នកដែលស្រឡាញ់ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង ដោយឥតមានចិត្តប្រែប្រួលឡើយ។
1,104 Views