សម្ពន្ធមេត្រីចាស់ (Old Testament) 46
១. គម្ពីរធម្មវិន័យ (Pentateuch) 5
កំណើតពិភពលោក (កណ) Genesis (Gn)
សេរីភាព (សរ) Exodus (Ex)
លេវីវិន័យ (លវ) Leviticus (Lv)
ជំរឿនប្រជាជន (ជរ) Numbers (Nm)
ទុតិយកថា (ទក) Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត (History) 16
យ៉ូស៊ូអា (យអ) Joshua (Jos)
វិរបុរស (វរ) Judges (Jdg)
នាងរូថ (នរ) Ruth (Ru)
១សាមូអែល (១សម) 1 Samuel (1 Sm)
២សាមូអែល (២សម) 2 Samuel (2 Sm)
១ពង្សាវតារក្សត្រ (១ពង្ស) 1 Kings (1 Kg)
២ពង្សាវតារក្សត្រ (២ពង្ស) 2 Kings (2 Kg)
១របាក្សត្រ (១របា) 1 Chronicles (1 Ch)
២របាក្សត្រ (២របា) 2 Chronicles (2 Ch)
អែសរ៉ា (អរ) Ezra (Ezr)
នេហេមី (នហ) Nehemiah (Neh)
យ៉ូឌីត (យឌ) Judith (Jdt)
តូប៊ីត (តប) Tobit (Tb)
អែសធែរ (អធ) Esther (Est)
១ម៉ាកាបាយ (១មបា) 1 Maccabees (1 Mc)
២ម៉ាកាបាយ (២មបា) 2 Maccabees (2 Mc)
៣. គម្ពីរប្រាជ្ញាញាណ (Wisdom) 7
ទំនុកតម្កើង (ទំន) Psalms (Ps)
យ៉ូប (យ៉ូប) Job (Jb)
សុភាសិត (សភ) Proverbs (Prv)
បទចម្រៀង (បច) Song of Songs (Sg)
សាស្តា (សស) Ecclesiastes (Eccl)
ព្រះប្រាជ្ញាញាណ (ប្រាញ) Wisdom (Wis)
បេនស៊ីរ៉ាក់ (បសរ) Sirach (Sir)
៤. គម្ពីរព្យាការី (Prophet) 18
អេសាយ (អស) Isaiah (Is)
យេរេមី (យរ) Jeremiah (Jer)
អេសេគីអែល (អគ) Ezekiel (Ez)
ហូសេ (ហស) Hosea (Ho)
យ៉ូអែល (យអ) Joel (Jl)
អម៉ូស (អម) Amos (Am)
អូបាឌី (អឌ) Obadiah (Ob)
យ៉ូណាស (យណ) Jonah (Jon)
មីកា (មីក) Micah (Mi)
ណាហ៊ូម (ណហ) Nahum (Na)
ហាបាគូក (ហគ) Habakkuk (Hb)
សេផានី (សផ) Zephaniah (Zep)
ហាកាយ (ហក) Haggai (Hg)
សាការី (សក) Zechariah (Zec)
ម៉ាឡាគី (មគ) Malachi (Mal)
សំណោក (សណ) Lamentations (Lam)
ដានីអែល (ដន) Daniel (Dn)
បារូក (បារ) Baruch (Ba)
សម្ពន្ធមេត្រីថ្មី (New Testament) 27
១. គម្ពីរដំណឹងល្អ (Gospels) 4
ម៉ាថាយ (មថ) Matthew (Mt)
ម៉ាកុស (មក) Mark (Mk)
លូកា (លក) Luke (Lk)
យ៉ូហាន (យហ) John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត (History) 1
កិច្ចការគ្រីស្តទូត (កក) Acts of the Apostles (Acts)
៣. លិខិតសន្តប៉ូល (Paul Letters) 13
រ៉ូម (រ៉ូម) Romans (Rom)
១កូរិនថូស (១ករ) 1 Corinthians (1 Cor)
២កូរិនថូស (២ករ) 2 Corinthians (2 Cor)
កាឡាទី (កាឡ) Galatians (Gal)
អេភេសូ (អភ) Ephesians (Eph)
ភីលីព (ភីល) Philippians (Phil)
កូឡូស (កូឡ) Colossians (Col)
១ថេស្សាឡូនិក (១ថស) 1 Thessalonians (1 Thes)
២ថេស្សាឡូនិក (២ថស) 2 Thessalonians (2 Thes)
១ធីម៉ូថេ (១ធម) 1 Timothy (1 Tm)
២ធីម៉ូថេ (២ធម) 2 Timothy (2 Tm)
ទីតុស (ទត) Titus (Ti)
ភីលេម៉ូន (ភល) Philemon (Phlm)
៤. សំណេរសកល (Catholic Letters) 5
ហេប្រឺ (ហប) Hebrews (Heb)
យ៉ាកុប (យក) James (Jas)
១សិលា (១សល) 1 Peter (1 Pt)
២សិលា (២សល) 2 Peter (2 Pt)
យូដាស (យដ) Jude (Jude)
៥. សំណេរសន្តយ៉ូហាន (John Writings) 4
១យ៉ូហាន (១យហ) 1 John (1 Jn)
២យ៉ូហាន (២យហ) 2 John (2 Jn)
៣យ៉ូហាន (៣យហ) 3 John (3 Jn)
វិវរណៈ (វវ) Revelation (Rev)

​កូឡូស

លិខិត​របស់​លោក​ប៉ូល​ផ្ញើ​ជូន

គ្រីស្ត​បរិស័ទ​នៅ​ក្រុង​កូឡូស

ពាក្យ​លំនាំ

ក្រុង​កូឡូសៈ  សព្វ​ថ្ងៃ ក្រុង​នេះ​ស្ថិត​នៅ​កណ្ដាល​ប្រទេស​ទួរគី (ប្រមាណ​១៥០​គ.ម.ខាង​កើត​ក្រុង​អេភេសូ)។ ព្រះ‌សហគមន៍​នៅ​ក្រុង​កូឡូសកកើត​ឡើង​ដោយ​លោក​អេប៉ា‌ប្រាសបាន​នាំ​ដំណឹង‌ល្អ​ទៅ​ផ្សព្វ‌ផ្សាយ​នៅ​ក្រុង​នោះ។ អ្នក​ក្រុង​កូឡូស​ចូល​ចិត្ត​រិះ‌គិត​តាម​ទស្សន‌វិជ្ជា​ក្រិក ស្ដី​អំពី​ធាតុ​ទាំង​បួន (ទឹក ភ្លើង ខ្យល់ ដី) និង​អំពី​អំណាច​ទាំង‌ឡាយ​ដែល​ត្រួត‌ត្រា​ពិភព‌លោក មាន​យម‌យក្ស អារក្ខ អ្នក‌តា ទេវតា ព្រៃ​ភ្នំ វត្ថុ‌ស័ក្តិ‌សិទ្ធិ…ជា​ដើម។ គ្រីស្ត‌បរិស័ទ​ខ្លះ​នៅ​ក្រុង​កូឡូស បាន​រាប់​បញ្ចូល​ព្រះ‌គ្រីស្ត ក្នុង​ចំណោម​អំណាច​ទាំង​នោះ​ដែរ។ លោក​ប៉ូល​ទទួល​ដំណឹង​នេះ​នៅ​ពេល​ដែល​លោក​ជាប់​ឃុំ‌ឃាំងនៅ​ក្រុង​មួយ ប្រហែល​ជា​នៅ​ក្រុង​អេភេសូ (គ.ស.៥៤-៥៧) ឬ​នៅ​ក្រុង​សេសា‌រេ (គ.ស.៥៨-៦០) ឬ​នៅ​ក្រុង​រ៉ូម (គ.ស.៦១-៦៣)។ លោក​ក៏​សរសេរ​លិខិត​ទៅ​កែ​តម្រង់​គ្រីស្ត‌បរិស័ទ​នៅ​ក្រុង​កូឡូស។

គោល​សំខាន់ៗ

លោក​សរសេរ​លិខិត​នេះ ដើម្បី​បញ្ជាក់​ថា ព្រះ‌យេស៊ូ​ពិត​ជា​មនុស្ស​ដូច​មនុស្ស​ឯ​ទៀតៗ ហើយ​ព្រះ‌អង្គ​ក៏​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ដែរ។ ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់​ដែល​គ្រប់‌គ្រង​លើ​សត្វ​លោក​ទាំង‌ឡាយ ព្រះ‌អង្គ​មាន​អំណាច​លើ​វត្ថុ‌ស័ក្តិ‌សិទ្ធិ​ទាំង​អស់ ទាំង​នៅ​លើ​ផែន‌ដី ទាំង​នៅ​ស្ថាន​សួគ៌។ ព្រះ‌អង្គ​បាន​សម្រុះ‌សម្រួល​មនុស្ស​លោក​ទាំង‌ឡាយ​ឲ្យ​រស់​នៅ​ជា​មួយ​គ្នា​ដោយ​សុខ‌សាន្ត។ ព្រះ‌សហគមន៍ពិត​ជា​ព្រះ‌កាយ​របស់​ព្រះ‌គ្រីស្ត ហើយ​ព្រះ‌អង្គ​ក៏​ជា​សិរសា​របស់​ព្រះ‌សហគមន៍​នេះ​ដែរ។

គម្រោង​របស់​គម្ពីរ​កូឡូសៈ

• សេចក្ដី​ផ្ដើម​១.១-៨
• ឋានៈ និង​ព្រះ‌បរម‌កិច្ច​របស់​ព្រះ‌គ្រីស្ត ១.៩‑២.១៩
• ជីវិត​រួម​ជា​មួយ​ព្រះ‌គ្រីស្ត ២.២០‑៤.៦
• អវសាន‌កថា ៤.៧-១៨
សេចក្ដី​ផ្ដើម
(លូកា ៣.២៣-៣៨)
 ខ្ញុំ ប៉ូល ដែល​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​តែង‌តាំង​ជា​គ្រីស្ត‌ទូត​របស់​ព្រះ‌គ្រីស្ត‌យេស៊ូ និង​លោក​ធីម៉ូថេ  សូម​ជម្រាប​មក​ប្រជា‌រាស្ដ្រ​ដ៏‌វិសុទ្ធ* និង​បង‌ប្អូន​ដែល​ជឿ​លើ​ព្រះ‌គ្រីស្ត នៅ​ក្រុង​កូឡូស។ សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​របស់​យើងប្រណី‌សន្ដោស និង​ប្រទាន​សេចក្ដី​សុខ‌សាន្ត​ដល់​បង‌ប្អូន។
ពាក្យ​អរ​ព្រះ‌គុណ និង​ពាក្យ​ទូល‌អង្វរ​របស់​លោក​ប៉ូល
យើង​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត* ជា‌អម្ចាស់​នៃ​យើង​ជា‌និច្ច គ្រប់​ពេល​ដែល​យើង​អធិស្ឋាន*​ឲ្យ​បង‌ប្អូន  ដ្បិត​យើង​បាន​ឮ​គេ​និយាយ​អំពី​ជំនឿ​របស់​បង‌ប្អូន​លើ​ព្រះ‌គ្រីស្ត‌យេស៊ូ និង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បង‌ប្អូន ចំពោះ​ប្រជាជន​ដ៏‌វិសុទ្ធ*​ទាំង​អស់  ព្រោះ​តែ​សេចក្ដី​សង្ឃឹម​ដែល​ព្រះ‌អង្គ​បម្រុង​ទុក​សម្រាប់​បង‌ប្អូន​នៅ​ស្ថាន​បរម‌សុខ*។ បង‌ប្អូន​បាន​ស្គាល់​សេចក្ដី​សង្ឃឹម​នេះ ដោយ‌សារ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត គឺ​ដំណឹង‌ល្អ*  ដែល​បាន​មក​ដល់​បង‌ប្អូន។ ចាប់​តាំង​ពី​ថ្ងៃ​ដែល​បង‌ប្អូន​បាន​ទទួល និង​បាន​ស្គាល់​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់ ស្រប​តាម​សេចក្ដី​ពិត​នោះ​មក ដំណឹង‌ល្អ​នេះ​បាន​បង្កើត​ផល និង​ចម្រើន​ឡើង​ក្នុង​ចំណោម​បង‌ប្អូន ដូច​នៅ​ក្នុង​ពិភព‌លោក​ទាំង​មូល​ដែរ។  បង‌ប្អូន​បាន​ទទួល​ការ​អប់រំ​នេះពី​សំណាក់​លោក​អេប៉ា‌ប្រាស​ដ៏​ជា​ទី​ស្រឡាញ់ ដែល​រួម​ការ‌ងារ​ជា​មួយ​យើង។ គាត់​ជា​អ្នក​បម្រើ​ដ៏​ស្មោះ‌ត្រង់​របស់​ព្រះ‌គ្រីស្ត​សម្រាប់​បង‌ប្អូន។  គាត់​បាន​ប្រាប់​ឲ្យ​យើង​ដឹង​ច្បាស់អំពី​សេចក្ដី​ស្រឡាញ់ ដែល​ព្រះ‌វិញ្ញាណ​ប្រទាន​មក​បង‌ប្អូន។
ហេតុ​នេះ ចំពោះ​យើង តាំង​ពី​យើង​ឮ​ដំណឹង​ពី​បង‌ប្អូន យើង​ចេះ​តែ​អធិស្ឋាន និង​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឲ្យ​បង‌ប្អូន ឥត​ឈប់​ឈរ​ឡើយ ដើម្បី​ឲ្យ​បង‌ប្អូន​ស្គាល់​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​យ៉ាង​ច្បាស់ ដោយ​មាន​គ្រប់​ប្រាជ្ញា និង​តម្រិះ​ដែល​មក​ពី​ព្រះ‌វិញ្ញាណ។ ១០ សូម​ឲ្យ​បង‌ប្អូន​រស់​នៅ​បាន​សមរម្យ​នឹង​ព្រះ‌អម្ចាស់ ដើម្បី​ឲ្យ​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​ក្នុង​គ្រប់​វិស័យ​ទាំង​អស់។ ដូច្នេះ បង‌ប្អូន​នឹង​បង្កើត​ផល​ផ្លែ​ក្នុង​គ្រប់​អំពើ​ល្អ​ដែល​បង‌ប្អូន​ធ្វើ ហើយ​បង‌ប្អូន​នឹង​ស្គាល់​ព្រះ‌ជាម្ចាស់​កាន់​តែ​ច្បាស់​ឡើងៗ។ ១១ សូម​ឲ្យ​បង‌ប្អូន​មាន​កម្លាំង​មាំ‌មួន​គ្រប់​ចំពូក ដោយ​ព្រះ‌ចេស្ដា​ដ៏​រុង‌រឿង​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​បង‌ប្អូន​អាច​ស៊ូ‌ទ្រាំ​នឹង​អ្វីៗ​ទាំង​អស់ និង​ចេះ​អត់‌ធ្មត់​ទៀត​ផង។
១២ ចូរ​អរ​ព្រះ‌គុណ​ព្រះ‌បិតា ដោយ​ចិត្ត​រីក‌រាយ ព្រោះ​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​បង‌ប្អូន មាន​សមត្ថ‌ភាព​អាច​ទទួល​ចំណែក​មត៌ក រួម​ជា​មួយ​ប្រជាជន​ដ៏‌វិសុទ្ធ*​នៅ​ក្នុង​ពន្លឺ។ ១៣ ព្រះ‌អង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​អំណាច​នៃ​សេចក្ដី​ងងឹត ហើយ​ចម្លង​យើង​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ព្រះ‌បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ។ ១៤ ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌បុត្រា ព្រះ‌អង្គ​បាន​លោះ​យើង និង​លើក‌លែង​ទោស​យើង​ឲ្យ​រួច​ពី​បាប។
១៥ ព្រះ‌គ្រីស្ត​ជា​តំណាង​​របស់​ព្រះ‌ជាម្ចាស់
ដែល​យើង​មើល​ពុំ​ឃើញ
ព្រះ‌អង្គ​ជា​រៀម‌ច្បង​នៃ​អ្វីៗ​ទាំង​អស់
ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មក
១៦ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​បង្កើត​អ្វីៗ​សព្វ​សារពើ
ក្នុង​អង្គ​ព្រះ‌គ្រីស្ត
ទាំង​នៅ​ស្ថាន​បរម‌សុខ* ទាំង​នៅ​លើ​ផែន‌ដី
ទាំង​អ្វីៗ​ដែល​មើល​ឃើញ
ទាំង​អ្វីៗ​ដែល​មើល​មិន​ឃើញ
ទាំង​ទេវ‌រាជ​
ទាំង​អ្វីៗ​ដែល​មាន​បារមី​គ្រប់‌គ្រង
ទាំង​វត្ថុ​ស័ក្តិ‌សិទ្ធិ និង​អំណាច​នានា
ព្រះ‌ជាម្ចាស់​បាន​បង្កើត​ទាំង​អស់​មក
ដោយ‌សារ​ព្រះ‌គ្រីស្ត និង​សម្រាប់​ព្រះ‌គ្រីស្ត។
១៧ ព្រះ‌គ្រីស្ត​មាន​ព្រះ‌ជន្ម​មុន​អ្វីៗ​ទាំង​អស់
ហើយ​អ្វីៗ​ទាំង​អស់​ក៏​នៅ​ស្ថិត‌ស្ថេរ​រួម​គ្នា
ដោយ‌សារ​ព្រះ‌អង្គ​ដែរ។
១៨ ព្រះ‌អង្គ​ជា​សិរសា​នៃ​ព្រះ‌កាយ​របស់​ព្រះ‌អង្គ
គឺ​ព្រះ‌សហគមន៍*
ព្រះ‌អង្គ​ជា​ដើម​កំណើត​នៃ​អ្វីៗ​ទាំង​អស់។
ក្នុង​ចំណោម​មនុស្ស​ស្លាប់​ទាំង​អស់
ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​
ដើម្បី​ធ្វើ​ជា​ប្រមុខ​ក្នុង​គ្រប់​វិស័យ​ទាំង​អស់
១៩ ដ្បិត​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ
គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះ‌អង្គ
ស្ថិត​នៅ​ក្នុង​ព្រះ‌គ្រីស្ត។
២០ ព្រះ‌ជាម្ចាស់​បាន​សម្រុះ‌សម្រួល​អ្វីៗ​ទាំង​អស់
នៅ​លើ​ផែន‌ដី និង​នៅ​ស្ថាន​បរម‌សុខ
ឲ្យ​ជា​នា​នឹង​ព្រះ‌អង្គ​វិញ
ដោយ‌សារ​ព្រះ‌គ្រីស្ត និង​សម្រាប់​ព្រះ‌គ្រីស្ត
គឺ​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​សន្តិ‌ភាព
ដោយ​ព្រះ‌បុត្រា​បង្ហូរ​ព្រះ‌លោហិត
នៅ​លើ​ឈើ​ឆ្កាង។
២១ ចំពោះ​បង‌ប្អូន​វិញ ពី​ដើម បង‌ប្អូន​នៅ​ខាង​ក្រៅ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជាម្ចាស់ ហើយ​ជា​សត្រូវ​នឹង​ព្រះ‌អង្គ ព្រោះ​តែ​គំនិត និង​អំពើ​អាក្រក់​របស់​បង‌ប្អូន។ ២២ តែ​ឥឡូវ​នេះ ព្រះ‌អង្គ​បាន​សម្រុះ‌សម្រួល​បង‌ប្អូន​ឲ្យ​ជា‌នា​នឹង​ព្រះ‌អង្គ​វិញ ដោយ​ព្រះ‌បុត្រា ដែល​កើត​មក​ជា​មនុស្ស បាន​សោយ​ទិវង្គត ដើម្បី​ឲ្យ​បង‌ប្អូន​បាន​វិសុទ្ធ*​ឥត​សៅ‌ហ្មង ឥត​កំហុស និង​អាច​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ។ ២៣ ប៉ុន្តែ បង‌ប្អូន​ត្រូវ​តែ​កាន់​ជំនឿ​ឲ្យ​បាន​រឹង‌ប៉ឹង​ខ្ជាប់‌ខ្ជួន ដើម្បី​កុំ​ឲ្យ​ឃ្លាត​ចាក​ពី​សេចក្ដី​សង្ឃឹម​ដែល​បង‌ប្អូន​មាន តាំង​ពី​បាន​ឮ​ដំណឹង‌ល្អ*​មក​នោះ គឺ​ជា​ដំណឹង‌ល្អ​ដែល​គេ​បាន​ប្រកាស​ដល់​មនុស្ស​លោក​ទាំង​អស់​នៅ​ក្រោម​មេឃ ហើយ​ខ្ញុំ ប៉ូល បាន​ទទួល​មុខ‌ងារ​បម្រើ​ដំណឹង‌ល្អ​នេះ​ដែរ។
កិច្ច‌ការ​ដ៏​លំបាក​របស់​លោក​ប៉ូល
២៤ ឥឡូវ​នេះ ខ្ញុំ​មាន​អំណរ​ដោយ​រង​ទុក្ខ​លំបាក​សម្រាប់​បង‌ប្អូន ព្រោះ​ខ្ញុំ​រង​ទុក្ខ​លំបាក​ក្នុង​រូប​កាយ​ដូច្នេះ ដើម្បី​ជួយ​បំពេញ​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រីស្ត សម្រាប់​ព្រះ‌កាយ​របស់​ព្រះ‌អង្គ ដែល​ជា​ព្រះ‌សហគមន៍*។ ២៥ ខ្ញុំ​បាន​ទទួល​មុខ‌ងារ​បម្រើ​ព្រះ‌សហគមន៍​នេះ តាម​ការ​ចាត់​ចែង​ដែល​ព្រះ‌ជាម្ចាស់​បាន​ផ្ទុក‌ផ្ដាក់​ឲ្យ​ខ្ញុំ​ធ្វើ គឺ​ណែ‌នាំ​បង‌ប្អូន​ឲ្យ​ស្គាល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​បាន​សព្វ​គ្រប់។ ២៦ នេះ​ហើយ​ជា​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ដែល​ព្រះ‌ជាម្ចាស់​បាន​លាក់​ទុក តាំង​ពី​យូរ​អង្វែង​ត​រៀង​មក មិន​ឲ្យ​មនុស្ស​ជំនាន់​មុនៗ​ស្គាល់​ឡើយ តែ​ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​ប្រជាជន​ដ៏‌វិសុទ្ធ*​របស់​ព្រះ‌អង្គ​ស្គាល់។ ២៧ ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ប្រជាជន​ដ៏‌វិសុទ្ធ​នេះ ស្គាល់​សិរី‌រុង​រឿង​ដ៏​ប្រសើរ​បំផុត​នៃ​គម្រោង‌ការ​នេះ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ ពោល​គឺ​ព្រះ‌គ្រីស្ត​គង់​នៅ​ក្នុង​បង‌ប្អូន ព្រះ‌អង្គ​ប្រទាន​ឲ្យ​បង‌ប្អូន​មាន​សង្ឃឹម​ថា នឹង​បាន​ទទួល​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ។ ២៨ ដូច្នេះ យើង​ផ្សព្វ‌ផ្សាយ​ដំណឹង​អំពី​ព្រះ‌គ្រីស្ត​នេះ​ហើយ យើង​ដាស់‌តឿន និង​ប្រៀន‌ប្រដៅ​មនុស្ស​គ្រប់ៗ​រូប ដោយ​ប្រើ​ប្រាជ្ញា​គ្រប់​យ៉ាង ធ្វើ​ឲ្យ​គេ​ទាំង​អស់​គ្នា​បាន​គ្រប់​លក្ខណៈ​ក្នុង​អង្គ​ព្រះ‌គ្រីស្ត។ ២៩ ខ្ញុំ​ធ្វើ​ការ​នឿយ‌ហត់​ដើម្បី​សម្រេច​គោល‌ដៅ​នេះ​ឯង គឺ​ខំ​ប្រឹង​តយុទ្ធ​ដោយ​ប្រើ​មហិទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ ដែល​កំពុង​តែ​មាន​សកម្ម‌ភាព​ក្នុង​រូប​ខ្ញុំ​យ៉ាង​ខ្លាំង។
 ខ្ញុំ​ចង់​ឲ្យ​បង‌ប្អូន​ជ្រាប​ថា ខ្ញុំ​តយុទ្ធ​ខ្លាំង​ក្លា​យ៉ាង​ណា សម្រាប់​បង‌ប្អូន សម្រាប់​អស់​អ្នក​នៅ​ស្រុក​ឡៅឌី‌សេ និង​អស់​អ្នក​ដែល​មិន​ធ្លាប់​បាន​ឃើញ​មុខ​ខ្ញុំ​ផ្ទាល់​  គឺ​ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​បង‌ប្អូន​ទាំង​នោះ ឲ្យ​រួប‌រួម​គ្នា​ក្នុង​សេចក្ដី​ស្រឡាញ់ ដើម្បី​ឲ្យ​គេ​មាន​ប្រាជ្ញា​វាង‌វៃ​បំផុត យល់​សព្វ​គ្រប់​ទាំង‌អស់ និង​ស្គាល់​ច្បាស់​នូវ​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌ជាម្ចាស់ ពោល​គឺ​ព្រះ‌គ្រីស្ត​ផ្ទាល់  ដ្បិត​ព្រះ‌តម្រិះ និង​ព្រះ‌ប្រាជ្ញា‌ញាណ​ដ៏​ខ្ពង់‌ខ្ពស់​​របស់​ព្រះ‌ជាម្ចាស់ សុទ្ធ​តែ​លាក់​ទុក​ក្នុង​អង្គ​ព្រះ‌គ្រីស្ត​ហ្នឹង​ហើយ។
 ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​ការ‌ពារ​កុំ​ឲ្យ​នរណា​ម្នាក់​អាច​មក​បញ្ឆោត​បង‌ប្អូន ដោយ​ពាក្យ​សម្ដី​ដ៏​ពីរោះៗ​នោះ​ឡើយ។  ថ្វី‌ដ្បិត​តែ​រូប​កាយ​ខ្ញុំ​នៅ​ឆ្ងាយ​ពី​បង‌ប្អូន តែ​ចិត្ត​ខ្ញុំ​​នៅ​ជាប់​ជា​មួយ​បង‌ប្អូន ហើយ​ខ្ញុំ​ក៏​មាន​អំណរ​ដោយ​ឃើញ​បង‌ប្អូន​មាន​សណ្ដាប់‌ធ្នាប់ និង​មាន​ជំនឿ​មាំ‌មួន​លើ​ព្រះ‌គ្រីស្ត។
ជីវិត​រួម​ជា​មួយ​ព្រះ‌គ្រីស្ត
 ដូច្នេះ បើ​បង‌ប្អូន​បាន​ទទួល​ព្រះ‌គ្រីស្ត‌យេស៊ូទុក​ជា​ព្រះ‌អម្ចាស់​យ៉ាង​ណា​ហើយ ចូរ​រស់​នៅ​រួម​ជា​មួយ​ព្រះ‌អង្គ​យ៉ាង​នោះ​ត​ទៅ​ទៀត​ទៅ។  ចូរ​ចាក់​ឫស និង​កសាង​ជីវិត​លើ​ព្រះ‌អង្គ ចូរ​រក្សា​ជំនឿ​ឲ្យ​បាន​រឹង‌ប៉ឹង ស្រប​តាម​សេចក្ដី​ប្រៀន‌ប្រដៅ​ដែល​បង‌ប្អូន​បាន​ទទួល ហើយ​ត្រូវ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ឲ្យ​បាន​ច្រើន​លើស‌លប់។
 ចូរ​ប្រុង‌ប្រយ័ត្ន កុំ​ឲ្យ​នរណា​ម្នាក់​មក​ទាក់‌ទាញ​បង‌ប្អូន​បាន ដោយ​ប្រើ​ទស្សន‌វិជ្ជា ឬ​ប្រើ​ពាក្យ​បោក‌បញ្ឆោត​ឥត​ខ្លឹមសារ ស្រប​តាម​សេចក្ដី​ប្រៀន‌ប្រដៅ​របស់​មនុស្ស​តៗ​គ្នា​មក និង​ស្រប​តាម​អ្វីៗ​ជា​អរូប​ដែល​មាន​ឥទ្ធិ‌ពល​លើ​លោកីយ៍​ គឺ​មិន​ស្រប​តាម​ព្រះ‌គ្រីស្ត​ទេ  ដ្បិត​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​យ៉ាង​ពោរ‌ពេញ​ក្នុង​រូប​កាយ​ព្រះ‌គ្រីស្ត។ ១០ រីឯ​បង‌ប្អូន​ក៏​បាន​ពោរ‌ពេញ​ដូច្នោះ​ដែរ ដោយ​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត ដែល​ជា​ម្ចាស់​លើ​វត្ថុ​ស័ក្តិ‌សិទ្ធិ និង​លើ​អ្វីៗ​ទាំង​អស់​ដែល​មាន​អំណាច។
១១ ក្នុង​អង្គ​ព្រះ‌គ្រីស្ត បង‌ប្អូន​ក៏​បាន​ទទួល​ពិធី​កាត់​ស្បែក*​ដែរ តែ​មិន​មែន​ដោយ​ដៃ​មនុស្ស​ទេ។ គឺ​បង‌ប្អូន​បាន​ដោះ​រូប‌កាយ​ខាង​លោកីយ៍​ចេញ នេះ​ហើយ​ជា​ពិធី​កាត់​ស្បែក តាម​របៀប​ព្រះ‌គ្រីស្ត។ ១២ ពេល​បង‌ប្អូន​ទទួល​ពិធី​ជ្រមុជ​ទឹក* បង‌ប្អូន​ត្រូវ​កប់​ក្នុង​ផ្នូរ​រួម​ជា​មួយ​ព្រះ‌គ្រីស្ត​ហើយ ដោយ​បង‌ប្អូន​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត បង‌ប្អូន​ក៏​មាន​ជីវិត​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ ព្រោះ​បង‌ប្អូន​មាន​ជំនឿ​លើ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ ដែល​បាន​ប្រោស​ព្រះ‌គ្រីស្តឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ១៣ ពី​ដើម បង‌ប្អូន​បាន​ស្លាប់​មក​ពី​កំហុស​របស់​បង‌ប្អូន និង​មក​ពី​បង‌ប្អូន​ពុំ​បាន​ទទួល​ពិធី​កាត់​ស្បែក​ខាង​រូប​កាយ​មែន តែ​ឥឡូវ​នេះ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​បង‌ប្អូន​មាន​ជីវិត​រួម​ជា​មួយ​ព្រះ‌គ្រីស្ត។
ព្រះ‌អង្គ​បាន​លើក‌លែង​ទោស​ទាំង​ប៉ុន្មាន
របស់​យើង។
១៤ ព្រះ‌អង្គ​បាន​លុប​បញ្ជី​ដែល​ចោទ​ប្រកាន់​ទាស់
នឹង​យើង​​តាម​វិន័យ​នោះ​ចោល។
ព្រះ‌អង្គ​បាន​ដក​បញ្ជី​នេះ​ចេញ
ដោយ​យក​ទៅ​បោះ​ភ្ជាប់​នឹង​ឈើ‌ឆ្កាង។
១៥ ព្រះ‌អង្គ​បាន​ដក​ឫទ្ធិ​ចេញ​ពី​វត្ថុ​ស័ក្តិ‌សិទ្ធិ
និង​ពី​អ្វីៗ​ដែល​មាន​អំណាច
គឺ​ព្រះ‌អង្គ​បាន​បំបាក់​មុខ​ពួក​វា​ជា​សាធារណៈ
ទាំង​នាំ​វា​ទៅ​ជា​ឈ្លើយ
ក្នុង​ពេល​ហែ​ក្បួន​ជ័យ‌ជម្នះ​របស់​ព្រះ‌អង្គ​។
១៦ ហេតុ​នេះ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ថ្កោល​ទោស​បង‌ប្អូនអំពី​រឿង​ចំណី​អាហារ ភេសជ្ជៈ ឬ​អំពី​រឿង​បុណ្យ​ទាន បុណ្យ​ចូល​ខែ និង​ថ្ងៃ​សប្ប័ទ*​នោះ​ឡើយ។ ១៧ ការ​ទាំង​អស់​នេះ​គ្រាន់​តែ​ជា​ស្រមោល​នៃ​អ្វីៗដែល​នឹង​កើត​មាន​នៅ​អនាគត‌កាល​ប៉ុណ្ណោះ រីឯ​អ្វីៗ​ដែល​ពិត​វិញ គឺ​ព្រះ‌គ្រីស្ត។ ១៨ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​មក​បង្វែរ​បង‌ប្អូន​ចេញ​ពី​រង្វាន់​ដែល​បង‌ប្អូន​ត្រូវ​ទទួល ដោយ​ធ្វើ​ឫក​ជា​ដាក់​ខ្លួន ឬ​គោរព​ទេវទូត*​នោះ​ឡើយ។ ជន​បែប​នេះ​តែង​យក​ការ​និមិត្ត​ឃើញ​របស់​ខ្លួន​មក​ធ្វើ​ជា​ទី​សំអាង ហើយ​គេ​អួត​បំប៉ោង​ឥត​បាន​ការ​តាម​គំនិត​លោកីយ៍។ ១៩ គេ​មិន​នៅ​ជាប់​ជា​មួយ​ព្រះ‌គ្រីស្ត​ជា​ព្រះ‌សិរសា​ទេ គឺ​ព្រះ‌សិរសា​នេះ​ហើយ ដែល​ផ្គត់‌ផ្គង់​ឲ្យ​ព្រះ‌កាយ​ទាំង​មូល​ត‌ភ្ជាប់​គ្នា​ដោយ​សន្លាក់​ឆ្អឹង និង​សរសៃ ព្រម​ទាំង​ចម្រើន​ឡើង តាម​តែ​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ។
ស្លាប់ និង​រស់ រួម​ជា​មួយ​ព្រះ‌គ្រីស្ត
២០ បង‌ប្អូន​បាន​ស្លាប់​រួម​ជា​មួយ​ព្រះ‌គ្រីស្ត ហើយ​ក៏​រួច​ពី​អ្វីៗ​ជា​អរូប​ដែល​មាន​ឥទ្ធិ‌ពល​ក្នុង​លោកីយ៍​ដែរ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​បង‌ប្អូន​នៅ​តែ​ធ្វើ​តាម​ក្បួន​តម្រា​ផ្សេងៗ ហាក់​បី​ដូច​ជា​បង‌ប្អូន​នៅ​តែ​ពឹង​ផ្អែក​លើ​លោកីយ៍​នេះ​ទៀត? ២១ «កុំ​យក! កុំ​ភ្លក់! កុំ​ប៉ះ‌ពាល់!» ២២ បញ្ញត្តិ​ទាំង​នេះ​សុទ្ធ​តែ​ជា​បទ​បញ្ជា និង​សេចក្ដី​ប្រៀន‌ប្រដៅ​របស់​មនុស្ស​លោក ជាប់​ទាក់‌ទង​នឹង​អ្វីៗ​ដែល​ត្រូវ​រលួយ ដោយ​ការ​ប្រើ‌ប្រាស់។ ២៣ សេចក្ដី​ក្នុង​បញ្ញត្តិ​ទាំង​នេះ​ទំនង​ដូច​ជា​មាន​ប្រាជ្ញា គឺ​ឲ្យ​គោរព​ថ្វាយ‌បង្គំ​ដោយ​ស្ម័គ្រ‌ចិត្ត ឲ្យ​ដាក់​ខ្លួន និង​លត់‌ដំ​ខ្លួន​ជា​ដើម តែ​តាម ពិត​គ្មាន​តម្លៃ​អ្វី​សោះ បាន​ត្រឹម​តែ​បំពេញ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​លោកីយ៍​ប៉ុណ្ណោះ។
ដូច្នេះ ប្រសិន​បើ​បង‌ប្អូន​បាន​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះ‌គ្រីស្ត​មែន ចូរ​ស្វែង​រក​អ្វីៗ​នៅ​ស្ថាន​លើ ជា​ស្ថាន​ដែល​ព្រះ‌គ្រីស្ត​គង់​នៅ​ខាង​ស្ដាំ​ព្រះ‌ជាម្ចាស់​នោះ​វិញ។  ចូរ​គិត​ពី​អ្វីៗដែល​នៅ​ស្ថាន​លើ កុំ​គិត​ពី​អ្វី​នៅ​លើ​ផែន‌ដី​នេះ​ឡើយ  ដ្បិត​បង‌ប្អូន​បាន​ស្លាប់​ផុត​ទៅ​ហើយ ហើយ​ជីវិត​របស់​បង‌ប្អូន​ក៏​បាន​កប់​ទុក​ជា​មួយ​ព្រះ‌គ្រីស្ត​ក្នុង​ព្រះ‌ជាម្ចាស់​ដែរ។  ពេល​ព្រះ‌គ្រីស្ត​ដែល​ជា​ជីវិត​របស់​បង‌ប្អូន​លេច​មក បង‌ប្អូន​ក៏​នឹង​លេច​មក​ជា​មួយ​ព្រះ‌គ្រីស្ត ប្រកប​ដោយ​សិរី‌រុង​រឿង​ដែរ។
ជីវិត​ចាស់ និង​ជីវិត​ថ្មី
ដូច្នេះ សូម​បង‌ប្អូន​សម្លាប់​អ្វីៗ​ខាង​លោកីយ៍​ចោល​ទៅ គឺ​អំពើ​ប្រាស‌ចាក​សីល‌ធម៌ អំពើ​សៅ‌ហ្មង ចិត្ត​ស្រើប‌ស្រាល បំណង​ប្រាថ្នា​អាក្រក់ និង​ចិត្ត​លោភ‌លន់ គឺ​យក​ទ្រព្យ‌សម្បត្តិ​ធ្វើ​ជា​ព្រះ។  ព្រោះ​តែ​អំពើ​ទាំង​នោះ​ហើយ បាន​ជា​ព្រះ‌ជាម្ចាស់ ព្រះ‌អង្គ​ព្រះ‌ពិរោធ​នឹង​ពួក​អ្នក​ប្រឆាំង​ព្រះ‌អង្គ។  កាល​ពី​ដើម បង‌ប្អូន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ហើយ​ក៏​រស់​នៅ​បែប​ដូច្នោះ​ដែរ។  តែ​ឥឡូវ​នេះ សូម​បង‌ប្អូន​បោះ‌បង់​កំហឹង ចិត្ត​ក្ដៅ​ក្រហាយ ចិត្ត​អាក្រក់ ពាក្យ​ជេរ‌ប្រមាថ ពាក្យ​ទ្រគោះ​បោះ‌បោក​ដែល​ចេញ​ពី​មាត់​របស់​បង‌ប្អូន​ចោល​ទៅ។  កុំ​និយាយ​កុហក​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដ្បិត​បង‌ប្អូន​បាន​ដោះ​ជីវិត​ចាស់ និង​ទម្លាប់​អាក្រក់​ទាំង​ប៉ុន្មាន​របស់​ជីវិត​នោះ​ចោល​ហើយ ១០ បង‌ប្អូន​ក៏​បាន​ពាក់​ជីវិត​ថ្មី ដែល​កាន់​តែ​ចម្រើន​ថ្មី​ឡើងៗ ឲ្យ​បាន​ដូច​ព្រះ‌ជាម្ចាស់​ដែល​បង្កើត​មនុស្ស​ជា​ថ្មី ដើម្បី​ឲ្យ​បង‌ប្អូន​ស្គាល់​ព្រះ‌អង្គ​យ៉ាង​ច្បាស់។ ១១ ដូច្នេះ លែង​មាន​សាសន៍​ក្រិក ឬ​សាសន៍ យូដា ពួក​កាត់​ស្បែក* ឬ​មិន​កាត់​ស្បែក មនុស្ស​ព្រៃ ឬ​ពួក‌ព្នង​ និង​លែង​មាន​អ្នក‌ងារ ឬ​អ្នក‌ជា​ទៀត​ឡើយ ដ្បិត​ព្រះ‌គ្រីស្ត​បាន​បំពេញ​អ្វីៗ​ទាំង​អស់ ហើយ​ព្រះ‌អង្គ​សណ្ឋិត​នៅ​ក្នុង​មនុស្ស​ទាំង​អស់។
១២ ដោយ​ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស​បង‌ប្អូន​ធ្វើ​ជា​ប្រជាជន​ដ៏‌វិសុទ្ធ* និង​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ បង‌ប្អូន​ត្រូវ​តែ​កាន់​ចិត្ត​អាណិត‌មេត្តា ចិត្ត​ល្អ សប្បុរស ចេះ​បន្ទាប​ខ្លួន មាន​ចិត្ត​ស្លូត‌បូត និង​ចិត្ត​ខន្តី អត់‌ធ្មត់។ ១៣ ត្រូវ​ចេះ​ទ្រាំ‌ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ប្រសិន​បើ​បង‌ប្អូន​ណា​ម្នាក់​មាន​រឿង​អ្វី​មួយ​នឹង​ម្នាក់​ទៀត ត្រូវ​តែ​អត់‌ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ព្រះ‌អម្ចាស់​បាន​អត់‌ទោស​ឲ្យ​បង‌ប្អូន​យ៉ាង​ណា ចូរ​អត់‌ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​នោះ​ដែរ។ ១៤ លើស​ពី​នេះ​ទៅ​ទៀត ត្រូវ​មាន​ចិត្ត​ស្រឡាញ់ ដ្បិត​សេចក្ដី​ស្រឡាញ់​ធ្វើ​ឲ្យ​បង‌ប្អូន​រួប‌រួម​គ្នា​ពេញ​លក្ខណៈ​។ ១៥ សូម​ឲ្យ​សេចក្ដី​សុខ‌សាន្ត​របស់​ព្រះ‌គ្រីស្តសោយ​រាជ្យ​នៅ​ក្នុង​ចិត្ត​បង‌ប្អូន ព្រោះ​ព្រះ‌ជាម្ចាស់​បាន​ត្រាស់‌ហៅ​បង‌ប្អូន​ឲ្យ​មក​រួម​គ្នា​ក្នុង​ព្រះ‌កាយ​តែ​មួយ ដើម្បី​ឲ្យ​បង‌ប្អូន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត។ ត្រូវ​អរ​ព្រះ‌គុណ​ព្រះ‌អង្គ​ជា‌និច្ច។
១៦ សូម​ព្រះ‌បន្ទូល​របស់​ព្រះ‌គ្រីស្ត​សណ្ឋិត​នៅ​ក្នុង​បង‌ប្អូន​ឲ្យ​បាន​បរិបូណ៌។ ចូរ​ប្រៀន‌ប្រដៅ និង​ដាស់‌តឿន​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង។ ចូរ​ច្រៀង​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ក្នុង​ចិត្ត ដោយ​ប្រើ​ទំនុក‌តម្កើង បទ​សរសើរ និង​បទ​ចម្រៀង​មក​ពី​ព្រះ‌វិញ្ញាណ។ ១៧ ការ​អ្វី​ក៏​ដោយ​ដែល​បង‌ប្អូន​ធ្វើ ទោះ​ជា​ពាក្យ​សម្ដី ឬ​កាយ‌វិការ​ក្តី ត្រូវ​ធ្វើ​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូ​ទាំង​អស់ ទាំង​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា តាម‌រយៈ​ព្រះ‌អង្គ​ផង។
ក្រុម‌គ្រួសារ​របស់​គ្រីស្ត‌បរិស័ទ
១៨ បង‌ប្អូន​ជា​ស្ត្រី​ដែល​មាន​ស្វាមី​អើយ ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ឲ្យ​បាន​ស្រប​តាម​របៀប​អ្នក​ជឿ​លើ​ព្រះ‌អម្ចាស់។
១៩ បង‌ប្អូន​ដែល​មាន​ភរិយា​អើយ ត្រូវ​ស្រឡាញ់​ភរិយា​របស់​ខ្លួន ហើយ​មិន​ត្រូវ​មួម៉ៅដាក់​នាង​ឡើយ។

២០ កុមា‌រា‌កុមា‌រី​អើយ ចូរ​ស្ដាប់​បង្គាប់​មាតា‌បិតា​ក្នុង​គ្រប់​កិច្ច‌ការ​ទាំង​អស់ ធ្វើ​ដូច្នេះ ទើប​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

២១ បង‌ប្អូន​ដែល​មាន​កូន​អើយ កុំ​ដុក‌ដាន់​កូន​របស់​ខ្លួន​ឡើយ ក្រែង​លោ​វា​បាក់​ទឹក​ចិត្ត។
២២ បង‌ប្អូន​ជា​ខ្ញុំ​បម្រើ​អើយ ចូរ​ស្ដាប់​បង្គាប់​ម្ចាស់​របស់​ខ្លួន​ក្នុង​លោក​នេះ គ្រប់​ចំពូក​ទាំង​អស់។ ត្រូវ​ធ្វើ​ដូច្នេះ មិន​គ្រាន់​តែ​ឲ្យ​ម្ចាស់​ទាំង​នោះ​ឃើញ ដូច​ជា​បង‌ប្អូន​ចង់​ផ្គាប់​ចិត្ត​មនុស្ស​ឡើយ គឺ​ត្រូវ​ធ្វើ​ដោយ​ចិត្ត​ស្មោះ‌សរ និង​ដោយ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់។ ២៣ គ្រប់​កិច្ច‌ការ​ដែល​បង‌ប្អូន​ធ្វើ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ដូច​ជា​ធ្វើ​ថ្វាយ​ព្រះ‌អម្ចាស់​ដែរ គឺ​មិន​មែន​ធ្វើ​សម្រាប់​មនុស្ស​លោក​ទេ ២៤ ដោយ​ដឹង​ថា បង‌ប្អូន​មុខ​ជា​ទទួល​មត៌ក​ពី​ព្រះ‌អម្ចាស់​ទុក​ជា​កម្រៃ​មិន​ខាន។ ម្ចាស់​ដ៏​ពិត​ប្រាកដ គឺ​ព្រះ‌គ្រីស្ត ចូរ​បម្រើ​ព្រះ‌អង្គ​ទៅ។ ២៥ អ្នក​ណា​ធ្វើ​ការ​អ្វី​ដោយ​ទុច្ចរិត អ្នក​នោះ​ក៏​នឹង​ទទួល​ផល តាម​អំពើ​ទុច្ចរិត​នោះ​ដែរ ដ្បិត​ព្រះ‌ជាម្ចាស់​មិន​រើស​មុខ​នរណា​ឡើយ។
 បង‌ប្អូន​ដែល​ជា​ម្ចាស់​អើយ ត្រូវ​ប្រព្រឹត្ត​អំពើ​ណា​ដែល​សុចរិត និង​យុត្តិធម៌​ដល់​អ្នក​បម្រើ​របស់​ខ្លួន ដោយ​ដឹង​ថា បង‌ប្អូន​ផ្ទាល់​ក៏​មាន​ម្ចាស់​មួយ ព្រះ‌អង្គ​នៅ​ស្ថាន​បរម‌សុខ*​ដែរ។
ពាក្យ​ដាស់‌តឿន និង​ពាក្យ​សួរ​សុខ​ទុក្ខ​ផ្សេងៗ
 ចូរ​ព្យាយាម​អធិស្ឋាន* ហើយ​ប្រុង​ស្មារតី​ក្នុង​ការ​អធិស្ឋាន​នេះ ទាំង​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ផង។  ចូរ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឲ្យ​យើង​ដែរ ដើម្បី​ព្រះ‌អង្គ​បើក​ទ្វារ​ចំហ​ឲ្យ​យើង​មាន​ឱកាស​ប្រកាស​ព្រះ‌បន្ទូល គឺ​ប្រកាស​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌គ្រីស្ត ដ្បិត​ខ្ញុំ​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​គម្រោង‌ការ​នេះ​ឯង។  សូម​ទូល‌អង្វរ​ព្រះ‌អង្គ ឲ្យ​ខ្ញុំ​អាច​បក‌ស្រាយ​យ៉ាង​ច្បាស់​លាស់​តាម​ដែល​ខ្ញុំ​ត្រូវ​និយាយ។
 ចូរ​ប្រព្រឹត្ត​ចំពោះ​អស់​អ្នក​ដែល​មិន​មែន​ជា​គ្រីស្ត‌បរិស័ទ ដោយ​ប្រើ​ប្រាជ្ញា និង​ចេះ​ប្រើ‌ប្រាស់​ពេល​វេលា​ផង។  សូម​បង‌ប្អូន​និយាយ​ពាក្យ​សម្ដី​ទន់‌ភ្លន់​ជា‌និច្ច មាន​ខ្លឹមសារ​ ដើម្បី​ឲ្យ​បង‌ប្អូន​អាច​ឆ្លើយ​ទៅ​ម្នាក់ៗ​ដោយ​សមរម្យ។
 លោក​ទីឃី‌គូស ជា​បង‌ប្អូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង ជា​អ្នក​បម្រើ​ដ៏​ស្មោះ‌ត្រង់ និង​ជា​សហ‌ការី​របស់​ខ្ញុំ​ក្នុង​កិច្ច‌ការ​របស់​ព្រះ‌អម្ចាស់ នឹង​ជម្រាប​បង‌ប្អូន​ឲ្យ​បាន​ជ្រាប​សព្វ​គ្រប់អំពី​សុខ​ទុក្ខ​របស់​ខ្ញុំ។  ខ្ញុំ​ចាត់​គាត់​ឲ្យ​មក​រក​បង‌ប្អូន ក្នុង​គោល​បំណង​នេះ​ឯង គឺ​ឲ្យ​បង‌ប្អូន​បាន​ដឹង​ដំណឹង​ពី​យើង និង​ឲ្យ​គាត់​លើក​ទឹក​ចិត្ត​បង‌ប្អូន​ទៀត​ផង។  ខ្ញុំ​ចាត់​គាត់​ឲ្យ​មក​ជា​មួយ​លោក​អូណេ‌ស៊ីម ជា​បង‌ប្អូន​ដ៏​ស្មោះ‌ត្រង់ និង​ដ៏​ជា​ទី​ស្រឡាញ់ ជា​អ្នក​ដែល​នៅ​ស្រុក​ជា​មួយ​បង‌ប្អូន។ អ្នក​ទាំង​ពីរ​នឹង​ជម្រាប​បង‌ប្អូន​ឲ្យ​ជ្រាប​អំពី​សភាព‌ការណ៍​នៅ​ទី​នេះ។
១០ លោក​អរី‌ស្ដាក ដែល​ជាប់​ឃុំ‌ឃាំង​ជា​មួយ​ខ្ញុំ សូម​ជម្រាប​សួរ​មក​បង‌ប្អូន ហើយ​លោក​ម៉ាកុស​ដែល​ត្រូវ​ជា​សាច់‌ញាតិ​នឹង​លោក​បារណា‌បាស ក៏​សូម​ជម្រាប​សួរ​មក​បង‌ប្អូន​ដែរ (បង‌ប្អូន​បាន​ទទួល​ពាក្យ​ផ្ដាំ​ផ្ញើ​ស្ដី​អំពី​គាត់​ស្រាប់​ហើយ ប្រសិន​បើ​គាត់​មក សូម​បង‌ប្អូន​ទទួល​ដោយ​រាក់‌ទាក់​ផង)។ ១១ រីឯ​លោក​យេស៊ូ​ហៅ​យូស្ទូស ក៏​សូម​ជម្រាប​សួរ​មក​បង‌ប្អូន​ផង​ដែរ។ ក្នុង​ចំណោម​ជន​ជាតិ​យូដា មាន​តែ​បង‌ប្អូន​បី​នាក់​នេះ​ប៉ុណ្ណោះ ដែល​ធ្វើ​ការ​សម្រាប់​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​ជា​មួយ​ខ្ញុំ ហើយ​ក៏​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ទៀត​ផង។ ១២ លោក​អេប៉ា‌ប្រាស​ដែល​នៅ​ស្រុក​ជា​មួយ​បង‌ប្អូន ក៏​សូម​ជម្រាប‌សួរ​មក​បង‌ប្អូន​ដែរ។ គាត់​ជា​អ្នក​បម្រើ​ព្រះ‌គ្រីស្ត‌យេស៊ូ ហើយ​គាត់​តែង‌តែ​តយុទ្ធ​សម្រាប់​បង‌ប្អូន ដោយ​អធិស្ឋាន* ឥត​ឈប់​ឈរ ដើម្បី​ឲ្យ​បង‌ប្អូន​មាន​ជំហរ​រឹង‌ប៉ឹង បាន​គ្រប់​លក្ខណៈ និង​សុខ​ចិត្ត​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ គ្រប់​ចំពូក​ទាំង​អស់។ ១៣ ខ្ញុំ​ហ៊ាន​ធ្វើ​ជា​សាក្សី​ថា គាត់​បាន​ខំ​ប្រឹង​ខ្នះ‌ខ្នែង​យ៉ាង​ខ្លាំង សម្រាប់​បង‌ប្អូន សម្រាប់​អស់​អ្នក​នៅ​ស្រុក​ឡៅឌី‌សេ និង​អស់​អ្នក​នៅ​ស្រុក​យេរ៉ាប៉ូលីស៍។ ១៤ លោក​គ្រូ​ពេទ្យ​លូកា​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង និង​លោក​ដេម៉ាស ក៏​សូម​ជម្រាប​សួរ​មក​បង‌ប្អូន​ដែរ។
១៥ សូម​ជម្រាប​សួរ​បង‌ប្អូន​នៅ​ស្រុក​ឡៅឌី‌សេ និង​ជម្រាប‌សួរ​នាង​នឹមផា ព្រម​ទាំង​ព្រះ‌សហគមន៍​ដែល​តែង​ប្រជុំ​គ្នា​នៅ​ក្នុង​ផ្ទះ​គាត់​នោះ​ផង។
១៦ ពេល​ណា​បង‌ប្អូន​អាន​សំបុត្រ​នេះ​រួច​ហើយ សូម​លៃ‌លក​យ៉ាង​ណាឲ្យ​ព្រះ‌សហគមន៍​នៅ​ស្រុក​ឡៅឌី‌សេ​អាន​ផង ហើយ​បង‌ប្អូន​ក៏​ត្រូវ​អាន​សំបុត្រ​ដែល​មក​ពី​ស្រុក​ឡៅឌី‌សេ​ដែរ។ ១៧ សូម​ជម្រាប​លោក​អឃីប៉ុស​ថា ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មុខ‌ងារ​ដែល​លោក​បាន​ទទួល​ពី​ព្រះ‌អម្ចាស់ គឺ​ត្រូវ​បំពេញ​កិច្ច‌ការ​នេះ​ឲ្យ​បាន​ល្អ។
១៨ ពាក្យ​ជម្រាប​សួរ​នេះ ខ្ញុំ ប៉ូល សរសេរ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។ សូម​បង‌ប្អូន​កុំ​ភ្លេច​ថា ខ្ញុំ​ជាប់​ឃុំ‌ឃាំង។ សូម​ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​បង‌ប្អូន។
1,014 Views

Theme: Overlay by Kaira