សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

លិខិតទីមួយ​របស់​គ្រីស្តទូត​ប៉ូល​ផ្ញើ​ជូន
គ្រីស្ត​បរិស័ទ​នៅ​ក្រុង​ថេស្សាឡូនិក

ពាក្យលំនាំ

លិខិត​ទី​មួយ​របស់​លោក​ប៉ូល​ផ្ញើ​ជូន

គ្រីស្ត‌បរិស័ទ​នៅ​ក្រុង​ថេស្សា‌ឡូនិក

ពាក្យ​លំនាំ

ក្រុង​ថេស្សា‌ឡូនិកៈ សព្វ​ថ្ងៃ ក្រុង​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​ក្រិក។ នៅ​ជំនាន់​លោក​ប៉ូល ក្រុង​ថេស្សា‌ឡូនិក​នេះ​ធំ​ណាស់ មាន​ប្រជាជន​ប្រមាណ ៣០០.០០០ នាក់។ អ្នក​ក្រុង​ជា​ច្រើនប្រកប​របរ​ពាណិជ្ជ‌កម្ម​តាម​កំពង់‌ផែ។ មាន​មនុស្ស​ជា​ច្រើន​សាសន៍​ស្នាក់​នៅ​ក្រុង​នោះ មាន​ជន​ជាតិ​យូដា​ជា​ដើម។
គ្រីស្តទូត​ប៉ូល​បាន​ប្រកាស​ដំណឹង‌ល្អ​នៅ​ក្រុង​ថេស្សា‌ឡូនិក​ក្នុង​គ.ស.៥០ (កិច្ច‌ការ ១៧.១-១០)។ លោក​បាន​ប្រកាស​ដំណឹង‌ល្អ​ដល់​ជន​ជាតិ​យូដា​មុន​គេ មាន​អ្នក​ខ្លះ​ជឿ ហើយ​អ្នក​ខ្លះ​ប្រឆាំង​នឹង​គ្រីស្ត‌បរិស័ទ​ដែល​ទើប​នឹង​ជឿ​ថ្មីៗ។ ពួក​គេ​បង្ខំ​លោក​ប៉ូល​ឲ្យ​ចាក​ចេញ​ពី​ក្រុង​នោះ ហើយ​លោក​ក៏​ធ្វើ​ដំណើរ​ទៅ​ក្រុង​អាថែន និង​ក្រុង​កូរិន‌ថូស។ ដោយ​លោក​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​គ្រីស្ត‌បរិស័ទ​នៅ​ក្រុង​ថេស្សា‌ឡូនិក​លះ‌បង់​ជំនឿ លោក​ក៏​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​លើក​ទឹក​ចិត្ត​ពួក​គេ​នៅ​គ.ស.៥១។

គោល​សំខាន់ៗ:

ក្នុង​លិខិត​នេះ លោក​ប៉ូល​បាន​សម្ដែង​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង​ចំពោះ​គ្រីស្ត‌បរិស័ទ ដែល​លោក​ចាត់​ទុក​ដូច​ជា​កូន​របស់​លោក​ផ្ទាល់។ លោក​ដាស់‌តឿន​គេ​ឲ្យ​កាន់​តាម​ការ​ប្រៀន‌ប្រដៅ​របស់​លោក​យ៉ាង​ខ្ជាប់‌ខ្ជួន ទោះ​បី​ពួក​គេ​ជួប​ប្រទះ​ឧបសគ្គ​យ៉ាង​ណា​ក៏​ដោយ។
នៅ​សម័យ​នោះ គ្រីស្ត‌បរិស័ទ​ជា​ច្រើន​ស្មាន​ថា ព្រះ‌គ្រីស្ត​ត្រូវ​យាង​មក​វិញ​ក្នុង​ពេល​ឆាប់ៗ។ មាន​អ្នក​ខ្លះ​ព្រួយ​បារម្ភ ខ្លាច​ក្រែង​ស្លាប់ មុន​ពេល​ឃើញ​ព្រះ‌យេស៊ូ​យាង​ត្រឡប់​មក​វិញ។ ដូច្នេះ លោក​ប៉ូល​ប្រៀន‌ប្រដៅ​គេ​ថា ទោះ​បី​ពួក​គេ​ស្លាប់​ហួស​ហើយ​ក៏​ដោយ ក៏​ព្រះ‌គ្រីស្ត​នឹង​ប្រោស​គេ​ឲ្យ​រស់​ឡើង​វិញ ព្រម​ទាំង​ប្រទាន​ឲ្យ​គេ​មាន​សិរី‌រុង​រឿង​រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ (១ ថេស្សា‌ឡូនិក ៤.១៣‑៥.១១)។ ប៉ុន្តែ មាន​គ្រីស្ត‌បរិស័ទ​ខ្លះ​ទៀត​យល់​ច្រឡំ ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​រស់​នៅ​ក្នុង​ពិភព‌លោក​នេះ​ទេ ដោយ​សំអាង​ថា​ព្រះ‌គ្រីស្ត​ជិត​យាង​មក​វិញ ឬ​យាង​មក​វិញរួច​ស្រេច​ហើយ (២ ថេស្សា‌ឡូនិក ២.១-២)។ ដូច្នេះ លោក​ប៉ូល (ឬ​កូន​ចៅ​របស់​លោក​មួយ​រូប) បាន​តែង​លិខិត​មួយ​ទៀត (ថេស្សា‌ឡូនិក​ទី​២) ដើម្បី​ប្រៀន‌ប្រដៅ​ពួក​គេ​ឲ្យ​រស់​នៅ​យ៉ាង​សមរម្យ ស្រគត់‌ស្រគំ ទម្រាំ​ដល់​ព្រះ‌គ្រីស្ត​យាង​មក។

គម្រោង​គម្ពីរ​ថេស្សា‌ឡូនិកៈ

១​ថេស្សា‌ឡូនិកៈ
• សេចក្ដី​ផ្ដើម ១.១
• ពាក្យ​អរ​ព្រះ‌គុណ និង​ពាក្យ​សរសើរ ១.២‑៣.១៣
• ពាក្យ​ដាស់‌តឿន​អំពី​របៀប​រស់​នៅ​ស្រប​តាម​ជំនឿ ៤.១-១២
• ការ​បង្រៀន​ស្ដី​អំពី​ព្រះ‌អម្ចាស់​យាង​មក​វិញ ៤.១៣‑៥.១១
• ពាក្យ​ទូន្មាន​ផ្សេងៗ ៥.១២-២២
• អវសាន‌កថា ៥.២៣-២៨
២​ថេស្សា‌ឡូនិកៈ
• សេចក្ដី​ផ្ដើម ១.១-២
• ពាក្យ​សរសើរ និង​ពាក្យ​ទូន្មាន​ផ្សេងៗ ១.៣-១២
• ការ​បង្រៀន​ស្ដី​អំពី​ព្រះ‌អម្ចាស់​យាង​មក​វិញ ២.១-១៧
• ពាក្យ​ដាស់‌តឿន​អំពី​របៀប​រស់​នៅ​របស់​គ្រីស្ត‌បរិស័ទ ៣.១-១៥
• អវសាន‌កថា ៣.១៦-១៨
សេចក្ដី​ផ្ដើម
 យើង​ខ្ញុំ ប៉ូល ស៊ីលវ៉ាន និង​ធីម៉ូថេ សូម​ជម្រាប​មក​ព្រះ‌សហគមន៍*​នៅ​ក្រុង​ថេស្សា‌ឡូនិក ដែល​រួម​ជា​មួយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា និង​ជា​មួយ​ព្រះ‌អម្ចាស់​យេស៊ូ‌គ្រីស្ត។ សូម​ព្រះ‌អង្គ​ប្រណី‌សន្ដោស និង​ប្រទាន​សេចក្ដី​សុខ‌សាន្ត​ដល់​បង‌ប្អូន។
ជីវិត និង​ជំនឿ​របស់​គ្រីស្ត‌បរិស័ទ​នៅ​ក្រុង​ថេស្សា‌ឡូនិក
 យើង​តែង‌តែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់អំពី​បង‌ប្អូន​ទាំង​អស់​គ្នា​ជា‌និច្ច ហើយ​នៅ​ពេល​យើង​អធិស្ឋាន យើង​តែង​នឹក​គិត​ដល់​បង‌ប្អូន​ជា​ដរាប។  នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​របស់​យើង យើង​នឹក​ចាំ​អំពី​កិច្ច‌ការ​ដែល​បង‌ប្អូន​បាន​ធ្វើ​ដោយ​ជំនឿ អំពី​ការ​នឿយ‌ហត់​ដែល​បង‌ប្អូន​បំពេញ ដោយ​ចិត្ត​ស្រឡាញ់ និង​អំពី​ការ​ស៊ូ‌ទ្រាំ​របស់​បង‌ប្អូន ដោយ​ចិត្ត​សង្ឃឹម​លើ​ព្រះ‌យេស៊ូ‌គ្រីស្ត​ជា​អម្ចាស់​នៃ​យើង។  បង‌ប្អូន​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អម្ចាស់​អើយ យើង​ដឹង​ហើយ​ថា ព្រះ‌អង្គ​បាន​ជ្រើស‌រើស​បង‌ប្អូន  ដ្បិត​យើង​បាន​នាំ​ដំណឹង‌ល្អ*​មក​ជូន​បង‌ប្អូន មិន​មែន​ត្រឹម​តែ​ដោយ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ គឺ​ដោយ​មាន​ឫទ្ធា‌នុភាព មាន​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* និង​មាន​ចិត្ត​ជឿ​ជាក់​ទាំង​ស្រុង​ថែម​ទៀត​ផង។ កាល​យើង​នៅ​ជា​មួយ​បង‌ប្អូន យើង​បាន​ប្រព្រឹត្ត​យ៉ាង​ណា សម្រាប់​ជា​ប្រយោជន៍​បង‌ប្អូន ដូច​បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ។  បង‌ប្អូន​បាន​យក​តម្រាប់​តាម​យើង និង​យក​តម្រាប់​តាម​ព្រះ‌អម្ចាស់ គឺ​ទោះ​បី​បង‌ប្អូន​ជួប​ប្រទះ​នឹង​ទុក្ខ​វេទនា​ធ្ងន់‌ធ្ងរ​យ៉ាង​ណា​ក៏​ដោយ ក៏​បង‌ប្អូន​បាន​ទទួល​ព្រះ‌បន្ទូល​ទាំង​មាន​អំណរមក​ពី​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ដែរ។  ហេតុ​នេះ បង‌ប្អូន​បាន​ទៅ​ជា​គំរូ​ដល់​អ្នក​ជឿ​ទាំង​អស់​នៅ​ស្រុក​ម៉ាសេ‌ដូន និង​ស្រុក​អាខៃ  ដ្បិត​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដែល​ចេញ​ពី​បង‌ប្អូន​ទៅ​នោះ មិន​ត្រឹម​តែ​លាន់​ឮ​សុស‌សាយ​ក្នុង​ស្រុក​ម៉ាសេ‌ដូន និង​ស្រុក​អាខៃ​ប៉ុណ្ណោះ​ទេ គឺ​ជំនឿ​របស់​បង‌ប្អូន​លើ​ព្រះ‌ជាម្ចាស់បាន​ឮ​ខ្ចរ‌ខ្ចាយ​ទៅ​គ្រប់​ទី​កន្លែង។ ដូច្នេះ យើង​មិន​បាច់​និយាយ​អ្វី​ទៀត​ឡើយ។  មនុស្ស‌ម្នា​រៀប​រាប់​អំពី​របៀប​ដែល​បង‌ប្អូន​ទទួល​យើង នៅ​ពេល​យើង​មក​រក​បង‌ប្អូន និង​អំពី​របៀប​ដែល​បង‌ប្អូន​លះ‌បង់​ព្រះ​ក្លែង‌ក្លាយ បែរ​មក​រក​ព្រះ‌ជាម្ចាស់ ដើម្បី​គោរព​បម្រើ​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់ និង​ជា​ព្រះ​ដ៏​ពិត​ប្រាកដ។ ១០ បង‌ប្អូន​ក៏​ទន្ទឹង​រង់‌ចាំ​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ យាង​ពី​ស្ថាន​បរម‌សុខ*​មក គឺ​ព្រះ‌យេស៊ូ ដែល​ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះ‌យេស៊ូ​នេះ​ប្រោស​យើង​ឲ្យ​រួច​ផុត​ពី​ព្រះ‌ពិរោធ​ដែល​កំពុង​តែ​មក។
បេសក‌កម្ម​របស់​លោក​ប៉ូល​នៅ​ក្រុង​ថេស្សា‌ឡូនិក
 បង‌ប្អូន​អើយ បង‌ប្អូន​ផ្ទាល់ក៏​ជ្រាប​ស្រាប់​ហើយ​ថា យើង​មក​រក​បង‌ប្អូន​មិន​មែន​ឥត​ប្រយោជន៍​ទេ  គឺ​ក្រោយ​ពេល​យើង​បាន​រង​ទុក្ខ​លំបាក និង​ត្រូវ​គេ​ជេរ​ប្រមាថ​នៅ​ក្រុង​ភីលីព​នោះ​មក ដូច​បង‌ប្អូន​ជ្រាប​ស្រាប់ ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ឲ្យ​យើង​មាន​ចិត្ត​អង់‌អាច​ប្រកាស​ដំណឹង‌ល្អ*​របស់​ព្រះ‌អង្គ​ដល់​បង‌ប្អូន ទោះ​បី​ត្រូវ​តយុទ្ធ​ពុះ‌ពារ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។  សេចក្ដី​ដែល​យើង​ទូន្មានមិន​មែន​មក​ពី​ការ​ភាន់‌ច្រឡំ មក​ពី​គោល​បំណង​មិន​ល្អ ឬ​កល‌ល្បិច​ណា​ឡើយ។  មុន​នឹង​ប្រគល់​មុខ‌ងារ​ផ្សាយ​ដំណឹង‌ល្អ​មក​យើង ព្រះ‌ជាម្ចាស់​បាន​ល្បង​មើល​ចិត្ត​យើងយ៉ាង​ណា យើង​ក៏​និយាយ​យ៉ាង​នោះ​ដែរ យើង​មិន​និយាយ ដើម្បី​ផ្គាប់​ចិត្ត​មនុស្ស​ទេ គឺ​ដើម្បី​ឲ្យ​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់​ដែល​ល្បង​មើល​ចិត្ត​យើង​នោះ​វិញ។
 បង‌ប្អូន​ជ្រាប​ហើយ​ថា យើង​មិន​ដែល​ពោល​ពាក្យ​បញ្ចើច‌បញ្ចើ​ទាល់​តែ​សោះ យើង​ក៏​មិន​ដែល​ធ្វើ​អ្វី ដោយ​លាក់​គំនិត​លោភ‌លន់​ចង់​បាន​ប្រាក់​ដែរ មាន​ព្រះ‌ជាម្ចាស់​ជា​សាក្សី​ស្រាប់។  យើង​ពុំ​បាន​ស្វែង​រក​កិត្តិយស​ដែល​មក​ពី​មនុស្ស​ទេ ទោះ​បី​ពី​សំណាក់​បង‌ប្អូន ឬ​ពី​សំណាក់​អ្នក​ឯ​ទៀតៗ​ក្តី។  ក្នុង​ឋានៈ​ជា​គ្រីស្តទូត*​របស់​ព្រះ‌គ្រីស្ត ថ្វី‌ដ្បិត​តែ​យើង​មាន​សិទ្ធិ​បង្គាប់​បញ្ជា​បង‌ប្អូន​ក្តី ក៏​យើង​រស់​ក្នុង​ចំណោម​បង‌ប្អូន​ដោយ​ស្លូត​បូត ដូច​មាតា​បី​បាច់​ថែ‌រក្សា​កូន​ខ្ចី​ដែរ។  ដោយ​យើង​ជាប់​ចិត្ត​ស្រឡាញ់​បង‌ប្អូន​ខ្លាំង​យ៉ាង​នេះ យើង​មាន​បំណង​មិន​ត្រឹម​តែ​ប្រគល់​ដំណឹង‌ល្អ​ជូន​បង‌ប្អូន​ប៉ុណ្ណោះ​ទេ គឺ​រហូត​ដល់​ទៅ​ស៊ូ​ប្ដូរ​ជីវិតសម្រាប់​បង‌ប្អូន​ថែម​ទៀត​ផង ដ្បិត​យើង​ស្រឡាញ់​បង‌ប្អូន​ខ្លាំង​ណាស់!។  បង‌ប្អូន​អើយ បង‌ប្អូន​ពិត​ជា​នឹក​ចាំ​កិច្ច‌ការ​ដែល​យើង​បាន​ធ្វើ ទាំង​នឿយ‌ហត់​នោះ​មិន​ខាន គឺ​នៅ​ពេល​យើង​ប្រកាស​ដំណឹង‌ល្អ​របស់​ព្រះ‌ជាម្ចាស់​ដល់​បង‌ប្អូន យើង​ខំ​ធ្វើ​ការ​ទាំង​យប់ ទាំង​ថ្ងៃ ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់ ក្នុង​ចំណោម​បង‌ប្អូន​ពិបាក​នឹង​ផ្គត់‌ផ្គង់​យើង។ ១០ យើង​បាន​រស់​នៅ​ជា​មួយ​បង‌ប្អូន​ជា​អ្នក​ជឿ ដោយ​ឥរិយា‌បថ​ដ៏​ល្អ​វិសុទ្ធ* សុចរិត* ឥត​កំហុស យើង​មាន​ទាំង​បង‌ប្អូន ទាំង​ព្រះ‌ជាម្ចាស់​ជា​សាក្សី​ស្រាប់។ ១១ បង‌ប្អូន​ក៏​ជ្រាប​ថា យើង​បាន​ប្រព្រឹត្ត​ចំពោះ​បង‌ប្អូន​ម្នាក់ៗ ដូច​ឪពុក​ប្រព្រឹត្ត​ចំពោះ​កូន​ដែរ ១២ គឺ​យើង​បាន​ទូន្មាន និង​លើក​ទឹក​ចិត្ត​បង‌ប្អូន ហើយ​យើង​ក៏​បាន​អង្វរ​ករ​បង‌ប្អូន​ឲ្យ​រស់​នៅ​យ៉ាង​សមរម្យ ស្រប​តាម​ព្រះ‌ជាម្ចាស់ ដែល​បាន​ត្រាស់​ហៅ​បង‌ប្អូន​មក​ចូល​រួម​ក្នុង​ព្រះ‌រាជ្យ* និង​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ។
១៣ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ចេះ​តែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ជា‌និច្ច ព្រោះ​នៅ​ពេល​ដែល​យើង​នាំ​ដំណឹង‌ល្អ​មក​ជូន​បង‌ប្អូន​ស្ដាប់ បង‌ប្អូន​បាន​ទទួល​យក ដោយ​ពុំ​ចាត់​ទុក​ថា​ជា​ពាក្យ​សម្ដី​របស់​មនុស្ស​ទេ គឺ​ទុក​ដូច​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ តាម​ពិត​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​មែន ហើយ​ព្រះ‌បន្ទូល​នេះ​កំពុង​តែ​បង្កើត​ផល​ក្នុង​បង‌ប្អូន​ជា​អ្នក​ជឿ។ ១៤ បង‌ប្អូន​អើយ បង‌ប្អូន​បាន​យក​តម្រាប់​តាម​ព្រះ‌សហគមន៍*​របស់​ព្រះ‌ជាម្ចាស់​នៅ​ស្រុក​យូដា ដែល​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត‌យេស៊ូ​នោះ​ដែរ ដ្បិត​បង‌ប្អូន​បាន​រង​ទុក្ខ​លំបាក ដោយ​ជន​រួម​ជាតិ​របស់​បង‌ប្អូន​ធ្វើ​បាប ដូច​អ្នក​នៅ​ស្រុក​យូដា ត្រូវ​ជន​ជាតិ​យូដា​ធ្វើ​បាប​ដែរ។ ១៥ អ្នក​ទាំង​នោះ​បាន​ធ្វើ​គុត​ព្រះ‌អម្ចាស់‌យេស៊ូ និង​សម្លាប់​ពួក​ព្យាការី* ព្រម​ទាំង​ធ្វើ​ទុក្ខ​បៀត‌បៀន​យើង​ទៀត​ផង។ អ្នក​ទាំង​នោះ​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់​ទេ ហើយ​គេ​ក៏​ជា​ខ្មាំង​សត្រូវ​នឹង​មនុស្ស​លោក​ទាំង​អស់! ១៦ ពួក​គេ​បាន​រារាំង​យើង​មិន​ឲ្យ​ប្រកាស​ដំណឹង‌ល្អ​ដល់​ជាតិ​សាសន៍​ដទៃ​ទេ ដើម្បី​កុំ​ឲ្យ​ជាតិ​សាសន៍​ទាំង​នោះ​ទទួល​ការ​សង្គ្រោះ ធ្វើ​ដូច្នេះ អំពើ​បាប​របស់​ពួក​គេ​ចេះ​តែ​កើន​ឡើងៗ​ដល់​កម្រិត ហើយ​នៅ​ទី​បំផុត ពួក​គេ​នឹង​ត្រូវ​ទទួល​ទោស​មិន​ខាន​។
លោក​ប៉ូល​ចង់​ជួប​គ្រីស្ត‌បរិស័ទ​នៅ​ក្រុង​ថេស្សា‌ឡូនិក
១៧ បង‌ប្អូន​អើយ ចំពោះ​យើង​វិញ ទោះ​បី​យើង​នៅ​ឆ្ងាយ​ពី​បង‌ប្អូន​មួយ​គ្រា​ក្តី គឺ​នៅ​ឆ្ងាយ​តែ​រូប​កាយ​ប៉ុណ្ណោះ ឯ​ចិត្ត​យើង​នៅ​ជាប់​នឹង​បង‌ប្អូន​ជា‌និច្ច ហើយ​យើង​ខំ​ប្រឹង‌ប្រែង​រក​គ្រប់​មធ្យោ‌បាយ ដើម្បី​ឲ្យ​បាន​មក​ជួប​បង‌ប្អូន ព្រោះ​យើង​ចង់​ឃើញ​មុខ​បង‌ប្អូន​ខ្លាំង​ណាស់។ ១៨ ហេតុ​នេះ​ហើយ​បាន​ជា​យើង គឺ​ខ្ញុំ​ផ្ទាល់ ប៉ូល បាន​រក​ឱកាស​មក​ជួប​មុខ​បង‌ប្អូន​ពីរ​បី​លើក​ហើយ ក៏​ប៉ុន្តែ មារ*​សាតាំង​ចេះ​តែ​រារាំង​ដំណើរ​យើង។ ១៩ បង‌ប្អូន​ហ្នឹង​ហើយ ដែល​ធ្វើ​ឲ្យ​យើង​មាន​សង្ឃឹម មាន​អំណរ​សប្បាយ និង​មាន​កិត្តិយស នាំ​ឲ្យ​យើង​បាន​ខ្ពស់​មុខ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់‌យេស៊ូ នៅ​ពេល​ព្រះ‌អង្គ​យាង​មក។ ក្រៅ​ពី​បង‌ប្អូន គ្មាន​អ្នក​ឯ​ណា​ទៀត​ឡើយ!។ ២០ បង‌ប្អូន​ពិត​ជា​សិរី‌រុង​រឿង និង​ជា​អំណរ​របស់​យើង​មែន។
 ដោយ​យើង​ពុំ​អាច​ទ្រាំ​ត​ទៅ​ទៀត​បាន យើង​ក៏​សម្រេច​ចិត្ត​ស្នាក់​នៅ​ក្រុង​អាថែន តែ​គ្នា​យើង  ហើយ​ចាត់​លោក​ធីម៉ូថេ​ជា​បង‌ប្អូន​របស់​យើង ដែល​ធ្វើ​ការ​រួម​ជា​មួយ​ព្រះ‌ជាម្ចាស់ ក្នុង​ការ​ប្រកាស​ដំណឹង‌ល្អ*​របស់​ព្រះ‌គ្រីស្ត ឲ្យ​មក​ជួយ​ពង្រឹង និង​ដាស់‌តឿន​បង‌ប្អូន​ឲ្យ​មាន​ជំនឿ​រឹង‌ប៉ឹង​ឡើង  ដើម្បី​កុំ​ឲ្យ​មាន​នរណា​ម្នាក់​ធ្លាក់​ទឹក​ចិត្ត ព្រោះ​តែ​ទុក្ខ​វេទនា​ដែល​កំពុង​កើត​មាន​នៅ​ពេល​នេះ​ឡើយ បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ព្រះ‌ជាម្ចាស់​បាន​តម្រូវ​ឲ្យ​យើង​ជួប​ប្រទះ​នឹង​ទុក្ខ​វេទនា​យ៉ាង​នេះ​ឯង។  កាល​យើង​នៅ​ជា​មួយ​បង‌ប្អូន​នៅ​ឡើយ យើង​បាន​ជម្រាប​បង‌ប្អូន​រួច​ហើយ​ថា យើង​មុខ​ជា​នឹង​ជួប​ទុក្ខ​វេទនា។ ទុក្ខ​វេទនា​នេះ​ក៏​កើត​មាន​មែន ដូច​បង‌ប្អូន​ជ្រាប​ស្រាប់។  ហេតុ​នេះ ដោយ​ខ្ញុំ​ពុំ​អាច​ទ្រាំ​ត​ទៅ​ទៀត​បាន ខ្ញុំ​ក៏​ចាត់​លោក​ធីម៉ូថេ​ឲ្យ​មក​យក​ដំណឹង​អំពី​ជំនឿ​របស់​បង‌ប្អូន ព្រោះ​ខ្ញុំ​ខ្លាច​ក្រែង​លោ​មេ​ល្បួង​មក​ល្បួង​បង‌ប្អូន​បាន បណ្ដាល​ឲ្យ​ការ​នឿយ‌ហត់​របស់​យើង បែរ​ទៅ​ជា​អសារ‌បង់​វិញ។
 ឥឡូវ​នេះ លោក​ធីម៉ូថេ​ទើប​នឹង​វិល​ត្រឡប់​ទៅ​ដល់​យើង​វិញ ហើយ​គាត់​បាន​នាំ​ដំណឹង‌ល្អ អំពី​ជំនឿ និង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បង‌ប្អូន មក​ប្រាប់​យើង។ គាត់​ប្រាប់​យើង​ថា​បង‌ប្អូននៅ​នឹក​ចាំ​ពី​យើង​ជា‌និច្ច ហើយ​មាន​បំណង​ចង់​ជួប​យើង​វិញ​យ៉ាង​ខ្លាំង ដូច​យើង​ចង់​ជួប​បង‌ប្អូន​ដែរ។  ហេតុ​នេះ បង‌ប្អូន​អើយ ជំនឿ​របស់​បង‌ប្អូន​បាន​ធ្វើ​ឲ្យ​ចិត្ត​យើង​បែរ​ជា​ធូរ​ស្រាល​វិញ ទោះ​បី​យើង​ពិបាក​ចិត្ត​គ្រប់​យ៉ាង និង​មាន​ទុក្ខ​វេទនា​យ៉ាង​ណា​ក្តី។  ដោយ​បង‌ប្អូន​ស្ថិត​នៅ​ខ្ជាប់‌ខ្ជួនជា​មួយ​ព្រះ‌អម្ចាស់​ដូច្នេះ យើង​ក៏​ដូច​ជា​មាន​ជីវិត​រស់​វិញ​ដែរ។  យើង​ពុំ​ដឹង​ជា​រក​ពាក្យ​អ្វី​មក​ថ្លែង អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​អំពី​បង‌ប្អូន​នោះ​ឡើយ ព្រោះ​តែ​បង‌ប្អូន​ធ្វើ​ឲ្យ​យើង​មាន​អំណរ​រីក‌រាយ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​របស់​យើង។ ១០ ទាំង​យប់ ទាំង​ថ្ងៃ យើង​ទទូច​សូម​ព្រះ‌អង្គ​មេត្តា​ប្រោស​ឲ្យ​បាន​ឃើញ​មុខ​បង‌ប្អូន ព្រម​ទាំង​ប្រទាន​ឲ្យ​ជំនឿ​របស់​បង‌ប្អូន​បាន​ពេញ​លក្ខណៈ កុំ​បី​មាន​ចន្លោះ​ត្រង់​ណា​ឡើយ។
១១ សូម​ព្រះ‌ជាម្ចាស់​ផ្ទាល់ ជា​ព្រះ‌បិតា​របស់​យើង និង​ព្រះ‌យេស៊ូ​ជា​អម្ចាស់​នៃ​យើង ព្រះ‌អង្គ​រៀបចំ​ផ្លូវ​ឲ្យ​យើង​មក​រក​បង‌ប្អូន។ ១២ សូម​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​បង‌ប្អូន​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ស្រឡាញ់​មនុស្ស​ទាំង​អស់ កាន់​តែ​ខ្លាំង​ឡើងៗជា​អនេក ដូច​យើង​បាន​ស្រឡាញ់​បង‌ប្អូន​ដែរ។ ១៣ សូម​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ចិត្ត​គំនិត​របស់​បង‌ប្អូន​មាន​ជំហរ​រឹង‌ប៉ឹង ឲ្យ​បង‌ប្អូន​បាន​វិសុទ្ធ​ឥត​ខ្ចោះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​យើង ក្នុង​ពេល​ព្រះ‌យេស៊ូ​ជា​អម្ចាស់​នៃ​យើង​យាង​មក ជា​មួយ​ប្រជាជន​ដ៏‌វិសុទ្ធ​ទាំង​អស់​របស់​ព្រះ‌អង្គ!
របៀប​រស់​នៅ​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់
 បង‌ប្អូន​អើយ បង‌ប្អូន​បាន​រៀន​ពី​យើង​អំពី​របៀប​រស់​នៅ ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ហើយ​បាន​ប្រព្រឹត្ត​តាម​ទៀត​ផង។ ដូច្នេះ នៅ​ទី​បំផុត យើង​សូម​អង្វរ និង​សូម​ដាស់‌តឿន​បង‌ប្អូន ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូ​ថា សូម​ឲ្យ​បង‌ប្អូន​បាន​ប្រសើរ​លើស​នេះ​ទៅ​ទៀត!។
 បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា យើង​បាន​ទូន្មាន​បង‌ប្អូន​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូ​យ៉ាង​ណា។  ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ គឺ​ឲ្យ​បង‌ប្អូន​បាន​វិសុទ្ធ* ឲ្យ​បង‌ប្អូន​ចៀស‌វាង​អំពើ​ប្រាស​ចាក​សីល‌ធម៌។  ម្នាក់ៗ​ត្រូវ​ចេះ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ដោយ​វិសុទ្ធ និង​ថ្លៃ‌ថ្នូរ  ឥត​បណ្ដោយ​ខ្លួន​ទៅ​តាម​ចំណង់​តណ្ហា ដូច​សាសន៍​ដទៃ ដែល​មិន​ស្គាល់​ព្រះ‌ជាម្ចាស់​នោះ​ឡើយ។  មិន​ត្រូវ​ឲ្យ​បង‌ប្អូន​ណា​ម្នាក់​ប្រព្រឹត្ត​អ្វី​ខុស​ចំពោះ​បង‌ប្អូន​ឯ​ទៀតៗ ឬ​រំលោភ​លើ​សិទ្ធិ​គេ​ក្នុង​រឿង​នេះ​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ដាក់​ទោស​អ្នក​ប្រព្រឹត្ត​អំពើ​ទាំង​នេះ ដូច​យើង​បាន​និយាយ និង​បញ្ជាក់​រួច​ស្រេច​ហើយ។  ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ​យើង​មក មិន​មែន​ឲ្យ​រស់​នៅ​ក្នុង​អំពើ​ថោក​ទាប​នោះ​ឡើយ គឺ​ឲ្យ​យើង​វិសុទ្ធ​វិញ។  ដូច្នេះ អ្នក​ណា​បដិសេធ​មិន​ទទួល​ដំបូន្មាន​នេះ មិន​ត្រឹម​តែ​បដិសេធ​មិន​ទទួល​មនុស្ស​ប៉ុណ្ណោះ​ទេ គឺ​បដិសេធ​មិន​ទទួល​ព្រះ‌ជាម្ចាស់ ដែល​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គមក​បង‌ប្អូន​នោះ​តែ​ម្ដង។
រីឯ​ការ​ស្រឡាញ់​គ្នា​ជា​បង‌ប្អូន​វិញ យើង​មិន​ចាំ‌បាច់​សរសេរ​មក​ទូន្មាន​បង‌ប្អូន​ទេ ដ្បិត​បង‌ប្អូន​បាន​រៀន​ពី​ព្រះ‌ជាម្ចាស់​ឲ្យ​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ១០ ដូច​បង‌ប្អូន​បាន​ស្រឡាញ់​បង‌ប្អូន​ទាំង​អស់​នៅ​ស្រុក​ម៉ាសេ‌ដូន​ទាំង​មូល​ស្រាប់​ហើយ។ ប៉ុន្តែ បង‌ប្អូន​អើយ យើង​សូម​ដាស់‌តឿន​បង‌ប្អូន​ថា សូម​ស្រឡាញ់​ឲ្យ​បាន​ប្រសើរ​លើស​នេះ​ទៅ​ទៀត!។ ១១ ចូរ​យក​ចិត្ត​ទុក​ដាក់​រស់​នៅ​ឲ្យ​បាន​ស្រគត់‌ស្រគំ គិត​តែ​ពី​កិច្ច‌ការ​ខ្លួន​ឯង និង​ធ្វើ​ការ​ដោយ​កម្លាំង​ខ្លួន​ឯង​ផ្ទាល់ ដូច​យើង​បាន​ផ្ដាំ​ផ្ញើ​បង‌ប្អូន​រួច​ស្រេច​ហើយ។ ១២  ធ្វើ​ដូច្នេះ អ្នក​ដែល​មិន​មែន​ជា​គ្រីស្ត‌បរិស័ទ​នឹង​គោរព​បង‌ប្អូន ហើយ​បង‌ប្អូន​ក៏​លែង​ត្រូវ​ការ​ឲ្យ​គេ​ជួយ​ទៀត​ផង។
អំពី​ព្រះ‌អម្ចាស់​យាង​មក
១៣ បង‌ប្អូន​អើយ យើង​ចង់​ឲ្យ​បង‌ប្អូន​ជ្រាប​យ៉ាង​ច្បាស់​ អំពី​អស់​អ្នក​ដែល​បាន​ស្លាប់​ផុត​ទៅ​ហើយ ដើម្បី​កុំ​ឲ្យ​បង‌ប្អូន​ព្រួយ​ចិត្តដូច​អ្នក​ឯ​ទៀតៗ ដែល​គ្មាន​សេចក្ដី​សង្ឃឹម​នោះ​ឡើយ។ ១៤ ប្រសិន​បើ​យើង​ជឿ​ថា ព្រះ‌យេស៊ូ​ពិត​ជា​បាន​សោយ​ទិវង្គត ហើយ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មែន យើង​ក៏​ជឿ​ថា ព្រះ‌ជាម្ចាស់​នឹង​នាំ​បង‌ប្អូន​ដែល​បាន​ស្លាប់​ទៅ​ហើយ ឲ្យ​ទៅ​នៅ​ជា​មួយ​ព្រះ‌អង្គ ដោយ‌សារ​ព្រះ‌យេស៊ូ​ដែរ។ ១៥ យើង​សូម​បញ្ជាក់​ប្រាប់​បង‌ប្អូន តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ថា យើង​ដែល​មាន​ជីវិត​រស់​នៅ​ឡើយ នៅ​ពេល​ព្រះ‌អម្ចាស់​យាង​មក យើង​មិន​ទៅ​មុន​អ្នក​ដែល​បាន​ស្លាប់​នោះ​ទេ ១៦ ដ្បិត​នៅ​ពេល​មាន​ឮ​ស្នូរ​ជា​សញ្ញា​លាន់​ឡើង ហើយ​នៅ​ពេល​ឮ​សំឡេង​មហា​ទេវទូត និង​សំឡេង​ត្រែ​របស់​ព្រះ‌ជាម្ចាស់ ព្រះ‌អម្ចាស់​ផ្ទាល់​ព្រះ‌អង្គ​នឹង​យាង​ចុះ​ពី​ស្ថាន​បរម‌សុខ​មក។ អស់​អ្នក​ជឿ​លើ​ព្រះ‌គ្រីស្ត​ដែល​បាន​ស្លាប់​ទៅ​នោះ នឹង​រស់​ឡើង​វិញ​ជា​មុន ១៧ បន្ទាប់​មក ទើប​ព្រះ‌អម្ចាស់​លើក​យើង​ដែល​នៅ​រស់​នៅ​ឡើយ ឲ្យ​ឡើង​ទៅ​ក្នុង​ពពក*ជា​មួយ​បង‌ប្អូន​ទាំង​នោះ ដើម្បី​ជួប​នឹង​ព្រះ‌អង្គ​ក្នុង​អាកាស‌វេហាស៍ ហើយ​យើង​នឹង​ស្ថិត​នៅ​ជា​មួយ​ព្រះ‌អម្ចាស់​រហូត​ត​ទៅ។ ១៨ ដូច្នេះ សូម​បង‌ប្អូន​យក​ពាក្យ​ទាំង​នេះ​មក​សម្រាល​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក។
 ចំពោះ​ពេល​វេលា និង​ពេល​កំណត់​នោះ យើង​មិន​បាច់​សរសេរ​មក​ប្រាប់​បង‌ប្អូន​ទេ  ដ្បិត​បង‌ប្អូន​ផ្ទាល់​ជ្រាប​ច្បាស់​ហើយ​ថា ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​យាង​មក ប្រៀប​បី​ដូច​ជា​ចោរ​ចូល​លួច​នៅ​ពេល​យប់។  ពេល​ណា​មនុស្ស‌ម្នា​ពោល​ថា “មាន​សន្តិ‌ភាព​ហើយ! មាន​សន្តិ‌សុខ​ហើយ!” ពេល​នោះ មហន្ត‌រាយ​នឹង​កើត​មាន​ដល់​គេ​មួយ​រំពេច ពុំ​អាច​គេច​ផុត​ឡើយ គឺ​ប្រៀប​បី​ដូច​ជា​ស្ត្រី​ឈឺ​ផ្ទៃ​មុន​សម្រាល​កូន​ដែរ។  រីឯ​បង‌ប្អូន​វិញ បង‌ប្អូន​អើយ បង‌ប្អូន​មិន​មែន​ស្ថិត​នៅ​ក្នុង​សេចក្ដី​ងងឹត បណ្ដោយ​ឲ្យ​ថ្ងៃ​នោះ​មក​ដល់ ដោយ​មិន​ដឹង​ខ្លួន ដូច​ជា​ពេល​ចោរ​ចូល​លួច​នោះ​ឡើយ។  បង‌ប្អូន​ទាំង​អស់​គ្នា​មាន​ពន្លឺ​នៅ​ក្នុង​ខ្លួន មាន​ថ្ងៃ​នៅ​ក្នុង​ខ្លួន​ យើង​មិន​មែន​រស់​នៅ​ក្នុង​យប់​អន្ធការ និង​ក្នុង​សេចក្ដី​ងងឹត​ទេ។  ហេតុ​នេះ យើង​មិន​ត្រូវ​ដេក​លក់​ដូច​អ្នក​ឯ​ទៀតៗ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ប្រុង​ស្មារតី ហើយ​ភ្ញាក់​ខ្លួន​ជា‌និច្ច។  អស់​អ្នក​ដែល​ដេក​លក់​តែង​ដេក​លក់​នៅ​ពេល​យប់ ហើយ​អស់​អ្នក​ស្រវឹង​ស្រា​ក៏​តែង​ស្រវឹង​នៅ​ពេល​យប់​ដែរ។  រីឯ​យើង​ដែល​មាន​ថ្ងៃ​នៅ​ក្នុង​ខ្លួន​វិញ យើង​ត្រូវ​ភ្ញាក់​ខ្លួន​ដោយ​យក​ជំនឿ និង​សេចក្ដី​ស្រឡាញ់​មក​ពាក់​ធ្វើ​ជា​អាវ‌ក្រោះ ព្រម​ទាំង​យក​សេចក្ដី​សង្ឃឹម​លើ​ការ​សង្គ្រោះ មក​ពាក់​ធ្វើ​ជា​មួក​ដែក  ដ្បិត​ព្រះ‌ជាម្ចាស់​មិន​បាន​តម្រូវ​ឲ្យ​យើង​ទទួល​ទោស​ឡើយ គឺ​ព្រះ‌អង្គ​ឲ្យ​យើង​ទទួល​ការ​សង្គ្រោះ ដោយ‌សារ​ព្រះ‌យេស៊ូ‌គ្រីស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង ១០ បាន​សោយ​ទិវង្គត​សម្រាប់​យើង ដើម្បី​ឲ្យ​យើង​រស់​រួម​ជា​មួយ​ព្រះ‌អង្គ ទោះ​បី​យើង​នៅ​រស់​ក្តី ស្លាប់​ក្តី​។ ១១ ដូច្នេះ ចូរ​លើក​ទឹក​ចិត្ត​គ្នា និង​អប់រំ​គ្នា​ទៅ​វិញ​ទៅ​មក ដូច​បង‌ប្អូន​កំពុង​តែ​ធ្វើ​នេះ​ស្រាប់។
ពាក្យ​ដាស់‌តឿន​ផ្សេងៗ និង​ពាក្យ​សួរ​សុខ​ទុក្ខ
១២ បង‌ប្អូន​អើយ យើង​សូម​អង្វរ​បង‌ប្អូន​ឲ្យ​ចេះ​គោរព​អស់​អ្នក​ដែល​ធ្វើ​ការ​នឿយ‌ហត់ ក្នុង​ចំណោម​បង‌ប្អូន ជា​អ្នក​នាំ​មុខ​បង‌ប្អូន​ក្នុង​មាគ៌ា​ព្រះ‌អម្ចាស់ និង​អប់រំ​បង‌ប្អូន។ ១៣ ត្រូវ​លើក​តម្លៃ​បង‌ប្អូន​ទាំង​នោះ​ឲ្យ​បាន​ខ្ពស់​បំផុត ទាំង​មាន​ចិត្ត​ស្រឡាញ់ ដោយ​យល់​ដល់​កិច្ច‌ការ​ដែល​គេ​បំពេញ​នោះ​ផង។ ត្រូវ​រស់​នៅ​ឲ្យ​បាន​សុខ​ជា​មួយ​គ្នា។
១៤ បង‌ប្អូន​អើយ យើងសូម​ដាស់‌តឿន​បង‌ប្អូន​ថា ចូរ​ព្រមាន​អស់​អ្នក​ដែល​រស់​គ្មាន​សណ្ដាប់‌ធ្នាប់ ចូរ​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​បាក់​ទឹក​ចិត្ត ជួយ​ទ្រ‌ទ្រង់​អស់​អ្នក​ទន់​ខ្សោយ និង​មាន​ចិត្ត​អត់‌ធ្មត់ ចំពោះ​មនុស្ស​ទួទៅ​ផង។
១៥ ចូរ​ប្រយ័ត្ន កុំ​ឲ្យ​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់​ឡើយ តែ​ត្រូវ​សង្វាត​ធ្វើ​អំពើ​ល្អ​ជា‌និច្ច គឺ​ធ្វើ​ចំពោះ​បង‌ប្អូន​គ្នា​ឯង និង​ចំពោះ​មនុស្ស​ទួទៅ។
១៦ ចូរ​មាន​អំណរ​សប្បាយ​ជា‌និច្ច ១៧ ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ ១៨ ចូរ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​គ្រប់​កាលៈ‌ទេសៈ​ទាំង​អស់ ដ្បិត​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​បង‌ប្អូន ដែល​រួម​ជា​មួយ​ព្រះ‌គ្រីស្ត‌យេស៊ូ​ធ្វើ​ដូច្នេះ​ឯង។
១៩ កុំ​រារាំង​សកម្ម‌ភាព​របស់​ព្រះ‌វិញ្ញាណ​ឡើយ​ ២០ កុំ​មើល‌ងាយ​ការ​ថ្លែង​ព្រះ‌បន្ទូល ២១ ចូរ​ពិចារណា​មើល​គ្រប់​សេចក្ដី​ទាំង​អស់ ហើយ​ស្រង់​យក​នូវ​សេចក្ដី​ណា​ដែល​ល្អ។ ២២ ត្រូវ​ចៀស​ចេញ​ឲ្យ​ផុត​ពី​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។
២៣ សូម​ព្រះ‌ជាម្ចាស់ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ត​ប្រោស​បង‌ប្អូន​ឲ្យ​វិសុទ្ធ*​ទាំង​ស្រុង។ សូម​ព្រះ‌អង្គ​ថែ‌រក្សា​ខ្លួន​បង‌ប្អូន​ទាំង​មូល ទាំង​វិញ្ញាណ ទាំង​ព្រលឹង ទាំង​រូប​កាយ​ឲ្យ​បាន​ស្អាត​ឥត​សៅ‌ហ្មង នៅ​ថ្ងៃ​ព្រះ‌យេស៊ូ‌គ្រីស្ត​ជា​អម្ចាស់​នៃ​យើង​យាង​មក។ ២៤ ព្រះ‌អង្គ​ដែល​បាន​ត្រាស់​ហៅ​បង‌ប្អូន​មក ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់ ព្រះ‌អង្គ​នឹង​សម្រេច​ការ​នេះ​ជា​ពុំ‌ខាន។
២៥ បង‌ប្អូន​អើយ សូម​អធិស្ឋាន*​ឲ្យ​យើង​ផង។ ២៦ សូម​ជម្រាប​សួរ​ពួក​បង‌ប្អូន​ទាំង​អស់ ដោយ​ស្និទ្ធ‌ស្នាល។
២៧ ខ្ញុំ​សូម​អង្វរ​បង‌ប្អូន ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថា សូម​អាន​សំបុត្រ​នេះឲ្យ​បង‌ប្អូន​ទាំង​អស់​គ្នា​ស្ដាប់​ផង។
២៨ សូម​ព្រះ‌យេស៊ូ‌គ្រីស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង ប្រណី‌សន្ដោស​ដល់​បង‌ប្អូន!។
549 Views

Theme: Overlay by Kaira