សម្ពន្ធមេត្រីចាស់ (Old Testament) 46
១. គម្ពីរធម្មវិន័យ (Pentateuch) 5
| កំណើតពិភពលោក (កណ) | Genesis (Gn) |
| សេរីភាព (សរ) | Exodus (Ex) |
| លេវីវិន័យ (លវ) | Leviticus (Lv) |
| ជំរឿនប្រជាជន (ជរ) | Numbers (Nm) |
| ទុតិយកថា (ទក) | Deuteronomy (Dt) |
២. គម្ពីរប្រវត្តិសាស្រ្ត (History) 16
៣. គម្ពីរប្រាជ្ញាញាណ (Wisdom) 7
៤. គម្ពីរព្យាការី (Prophet) 18
សម្ពន្ធមេត្រីថ្មី (New Testament) 27
១. គម្ពីរដំណឹងល្អ (Gospels) 4
| ម៉ាថាយ (មថ) | Matthew (Mt) |
| ម៉ាកុស (មក) | Mark (Mk) |
| លូកា (លក) | Luke (Lk) |
| យ៉ូហាន (យហ) | John (Jn) |
២. គម្ពីរប្រវត្តិសាស្រ្ត (History) 1
| កិច្ចការគ្រីស្តទូត (កក) | Acts of the Apostles (Acts) |
៣. លិខិតសន្តប៉ូល (Paul Letters) 13
៤. សំណេរសកល (Catholic Letters) 5
| ហេប្រឺ (ហប) | Hebrews (Heb) |
| យ៉ាកុប (យក) | James (Jas) |
| ១សិលា (១សល) | 1 Peter (1 Pt) |
| ២សិលា (២សល) | 2 Peter (2 Pt) |
| យូដាស (យដ) | Jude (Jude) |
៥. សំណេរសន្តយ៉ូហាន (John Writings) 4
| ១យ៉ូហាន (១យហ) | 1 John (1 Jn) |
| ២យ៉ូហាន (២យហ) | 2 John (2 Jn) |
| ៣យ៉ូហាន (៣យហ) | 3 John (3 Jn) |
| វិវរណៈ (វវ) | Revelation (Rev) |
២ថេស្សាឡូនិក
សេចក្ដីផ្ដើម
១ យើងខ្ញុំ ប៉ូល ស៊ីលវ៉ាន និងធីម៉ូថេ សូមជម្រាបមកព្រះសហគមន៍*នៅក្រុងថេស្សាឡូនិក ដែលរួមជាមួយព្រះជាម្ចាស់ជាព្រះបិតានៃយើង និងរួមជាមួយព្រះអម្ចាស់យេស៊ូគ្រីស្ត*។ ២ សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះអម្ចាស់យេស៊ូគ្រីស្តប្រណីសន្ដោស និងប្រទានសេចក្ដីសុខសាន្តដល់បងប្អូន។
ជីវិត និងជំនឿរបស់គ្រីស្តបរិស័ទនៅក្រុងថេស្សាឡូនិក
៣ បងប្អូនអើយ យើងត្រូវតែអរព្រះគុណព្រះជាម្ចាស់ស្ដីអំពីបងប្អូនជានិច្ច យើងធ្វើដូច្នេះពិតជាត្រឹមត្រូវមែន ព្រោះជំនឿរបស់បងប្អូនកាន់តែចម្រើនឡើង ហើយបងប្អូនក៏មានចិត្តស្រឡាញ់គ្នាទៅវិញទៅមករឹតតែខ្លាំងឡើងៗដែរ។ ៤ ដូច្នេះ យើងបានខ្ពស់មុខនៅចំពោះព្រះសហគមន៍*នានារបស់ព្រះជាម្ចាស់ ព្រោះតែបងប្អូន ដ្បិតបងប្អូនចេះស៊ូទ្រាំ និងមានជំនឿ ទោះបីត្រូវគេធ្វើទុក្ខបៀតបៀន និងត្រូវរងទុក្ខវេទនាគ្រប់បែបយ៉ាងក៏ដោយ។
៥ ហេតុការណ៍នេះសឲ្យឃើញថា ព្រះជាម្ចាស់ព្រះអង្គវិនិច្ឆ័យត្រឹមត្រូវណាស់ គឺទុក្ខលំបាករបស់បងប្អូន ធ្វើឲ្យបងប្អូនសមនឹងចូលទៅក្នុងព្រះរាជ្យ*របស់ព្រះជាម្ចាស់មែន ដ្បិតបងប្អូនរងទុក្ខលំបាក ព្រោះតែព្រះរាជ្យនេះឯង។ ៦ ព្រះជាម្ចាស់នឹងសម្រេចការមួយដ៏ត្រឹមត្រូវ គឺព្រះអង្គនាំទុក្ខវេទនាយកមកសងពួកអ្នកដែលធ្វើឲ្យបងប្អូនវេទនា ៧ ហើយព្រះអង្គនឹងប្រទានឲ្យបងប្អូនដែលរងទុក្ខវេទនា បានសម្រាកជាមួយយើង នៅពេលព្រះអម្ចាស់យេស៊ូលេចចេញពីស្ថានបរមសុខ*មក ជាមួយពួកទេវទូត*ដ៏មានឫទ្ធានុភាព។ ៨ ព្រះអង្គយាងមកក្នុងភ្លើងសន្ធោសន្ធៅ ដើម្បីធ្វើទោសអស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់ និងអស់អ្នកដែលមិនស្ដាប់តាមដំណឹងល្អ*របស់ព្រះយេស៊ូជាអម្ចាស់នៃយើង។ ៩ ពួកគេនឹងទទួលទោស គឺត្រូវវិនាសអន្តរាយអស់កល្បជានិច្ច។ ពួកគេនៅឆ្ងាយពីព្រះភ័ក្ត្រព្រះអម្ចាស់ និងឆ្ងាយពីឥទ្ធិឫទ្ធិប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ។ ១០ នៅថ្ងៃនោះ ពេលព្រះអង្គយាងមក ប្រជាជនដ៏វិសុទ្ធ*នឹងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ហើយអស់អ្នកដែលជឿក៏នាំគ្នាស្ងើចសរសើរព្រះអង្គដែរ។ ចំពោះបងប្អូនវិញ បងប្អូនបានជឿសក្ខីភាពរបស់យើង។
១១ ហេតុនេះហើយបានជាយើងចេះតែអធិស្ឋានឲ្យបងប្អូនជានិច្ច សូមព្រះជាម្ចាស់នៃយើងប្រទានឲ្យបងប្អូនរស់នៅបានសមនឹងការត្រាស់ហៅរបស់ព្រះអង្គ។ សូមព្រះអង្គប្រទានឲ្យបងប្អូនអាចបំពេញបំណងដ៏ល្អគ្រប់យ៉ាង និងឲ្យជំនឿរបស់បងប្អូនបង្កើតផលបានបរិបូណ៌ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គ។ ១២ ដូច្នេះ ព្រះនាមរបស់ព្រះយេស៊ូជាអម្ចាស់នៃយើង មានសិរីរុងរឿងនៅក្នុងបងប្អូន ហើយបងប្អូនក៏មានសិរីរុងរឿងក្នុងព្រះអង្គ តាមព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់នៃយើង និងព្រះអម្ចាស់យេស៊ូគ្រីស្តដែរ។
ព្រឹត្តិការណ៍ដែលនឹងកើតមានមុនព្រះយេស៊ូយាងមក
១ បងប្អូនអើយ ចំពោះពេលដែលព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង យាងមកយ៉ាងរុងរឿង ហើយដែលយើងត្រូវជួបជុំជាមួយព្រះអង្គនោះ យើងសូមអង្វរបងប្អូនថា ២ កុំប្រញាប់ជ្រួលច្របល់ក្នុងចិត្ត ឬភ័យស្លន់ស្លោដោយគ្រាន់តែឮគេថា ដល់ថ្ងៃព្រះអម្ចាស់យាងមកហើយ។ ប្រហែលជាមានអ្នកខ្លះថា ព្រះវិញ្ញាណបានបំភ្លឺឲ្យគេដឹង ឬថាមានពាក្យសម្ដី និងមានសំបុត្រណាមួយពីយើងបញ្ជាក់ដូច្នេះ។ ៣ កុំឲ្យនរណាម្នាក់មកបញ្ឆោតបងប្អូន ដោយប្រការណាមួយបានជាដាច់ខាត ដ្បិតមុននឹងព្រះអម្ចាស់យាងមក ត្រូវតែមានអ្នកជឿលះបង់ជំនឿ និងមេប្រឆាំងសាសនាដែលត្រូវវិនាសនោះ ចេញមុខមកជាមុនសិន។ ៤ មេប្រឆាំងនោះលើកខ្លួនឡើងខ្ពស់លើសអ្វីៗទាំងអស់ ដែលមនុស្សលោកគោរពថ្វាយបង្គំទុកជាព្រះ គឺរហូតដល់ទៅហ៊ានអង្គុយនៅក្នុងទីសក្ការៈរបស់ព្រះជាម្ចាស់ ហើយប្រកាសខ្លួនឯងថាជាព្រះជាម្ចាស់ថែមទៀតផង។
៥ កាលខ្ញុំនៅជាមួយបងប្អូន ខ្ញុំធ្លាប់បាននិយាយប្រាប់បងប្អូនសព្វគ្រប់ហើយ តើបងប្អូននៅចាំឬទេ? ៦ ឥឡូវនេះ បងប្អូនស្គាល់អ្វីដែលឃាត់ឃាំងមេប្រឆាំងនោះហើយ វាចេញមុខមកបាន លុះត្រាតែពេលកំណត់របស់វាមកដល់។ ៧ គម្រោងការលាក់កំបាំងរបស់មេប្រឆាំងសាសនានោះ មានសកម្មភាពនៅពេលនេះស្រាប់ហើយ គឺនៅចាំតែអ្វីដែលកំពុងឃាត់ឃាំងវានេះចេញទៅបាត់ប៉ុណ្ណោះ ៨ វានឹងចេញមុខមក ហើយព្រះអម្ចាស់យេស៊ូនឹងបំផ្លាញវាដោយខ្យល់ដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គ រួចហើយ នៅពេលព្រះអង្គយាងមក ព្រះអង្គនឹងជាន់កម្ទេចវា ដោយរស្មីរុងរឿងរបស់ព្រះអង្គ។ ៩ រីឯមេប្រឆាំងសាសនានោះវិញ វាមកដល់ដោយអំណាចមារ*សាតាំង គឺវាសម្ដែងការអស្ចារ្យ ទីសម្គាល់ និងឫទ្ធិបាដិហារិយ៍បោកប្រាស់សព្វបែបយ៉ាង។ ១០ វានឹងប្រើអំពើទុច្ចរិតគ្រប់យ៉ាង ដើម្បីបោកបញ្ឆោតអស់អ្នកដែលត្រូវវិនាសអន្តរាយ ព្រោះគេពុំព្រមទទួល ពុំព្រមស្រឡាញ់សេចក្ដីពិត ដែលអាចសង្គ្រោះគេទេ។ ១១ ហេតុនេះហើយបានជាព្រះជាម្ចាស់ចាត់ឥទ្ធិពលមួយមកធ្វើឲ្យគេវង្វេង និងឲ្យគេជឿលើពាក្យភូតភរ ១២ ដើម្បីឲ្យពួកអ្នកដែលមិនព្រមជឿសេចក្ដីពិត ហើយចូលចិត្តអំពើទុច្ចរិត ត្រូវទទួលទោស។
ជីវិតខ្ជាប់ខ្ជួនក្នុងជំនឿ
១៣ ចំពោះយើងវិញ បងប្អូនដ៏ជាទីស្រឡាញ់របស់ព្រះអម្ចាស់អើយ យើងត្រូវតែអរព្រះគុណព្រះជាម្ចាស់អំពីបងប្អូនជានិច្ច ដ្បិតព្រះជាម្ចាស់បានជ្រើសរើសបងប្អូន ឲ្យទទួលការសង្គ្រោះមុនគេ ដោយព្រះវិញ្ញាណប្រោសបងប្អូនឲ្យបានវិសុទ្ធ* និងដោយបងប្អូនមានជំនឿលើសេចក្ដីពិត។ ១៤ ព្រះអង្គត្រាស់ហៅបងប្អូនដោយសារដំណឹងល្អរបស់យើង ដើម្បីឲ្យបងប្អូនទទួលការសង្គ្រោះនេះ គឺឲ្យមានសិរីរុងរឿងរបស់ព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើង។ ១៥ ហេតុនេះ បងប្អូនអើយ ចូរស្ថិតនៅឲ្យបានខ្ជាប់ខ្ជួន ហើយកាន់តាមសេចក្ដីដែលយើងបានទទួលយកមកបង្រៀនបងប្អូន ដោយផ្ទាល់មាត់ក្តី ឬតាមសំបុត្រក្តី។
១៦ ព្រះជាម្ចាស់ ជាព្រះបិតានៃយើង មានព្រះហឫទ័យស្រឡាញ់យើង ប្រណីសន្ដោសយើង ដោយសម្រាលទុក្ខយើងអស់កល្បជានិច្ច និងដោយប្រទានឲ្យយើងមានសេចក្ដីសង្ឃឹមដ៏ល្អប្រសើរ។ សូមព្រះយេស៊ូគ្រីស្តផ្ទាល់ជាព្រះអម្ចាស់នៃយើង និងព្រះបិតា ១៧ សម្រាលទុក្ខបងប្អូន ព្រមទាំងប្រទានឲ្យបងប្អូនមានជំហររឹងប៉ឹង ក្នុងគ្រប់កិច្ចការដែលបងប្អូនធ្វើ និងពាក្យសម្ដីល្អដែលបងប្អូននិយាយ។
សេចក្ដីដាស់តឿនផ្សេងៗ
១ នៅទីបំផុត បងប្អូនអើយ សូមអធិស្ឋានឲ្យយើងផង ដើម្បីឲ្យព្រះបន្ទូលរបស់ព្រះអម្ចាស់បានផ្សព្វផ្សាយយ៉ាងឆាប់រហ័សតទៅទៀត និងបានរុងរឿងដូចនៅក្នុងចំណោមបងប្អូនដែរ។ ២ សូមអធិស្ឋានឲ្យយើងគេចផុតពីមនុស្សពាល ពីមនុស្សអាក្រក់ ដ្បិតមិនមែនគ្រប់គ្នាទេដែលមានជំនឿ។ ៣ ព្រះអម្ចាស់មានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គនឹងប្រោសប្រទានឲ្យបងប្អូនមានជំហររឹងប៉ឹង និងការពារបងប្អូនកុំឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មេកំណាច។ ៤ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ យើងទុកចិត្តបងប្អូនថា បងប្អូនតែងតែប្រព្រឹត្តតាមពាក្យរំឭកដាស់តឿនរបស់យើង ហើយបងប្អូនក៏នឹងប្រព្រឹត្តតាមតទៅមុខទៀតដែរ។ ៥ សូមព្រះអម្ចាស់ដឹកនាំចិត្តគំនិតបងប្អូន ឲ្យស្រឡាញ់ព្រះជាម្ចាស់ និងមានចិត្តស៊ូទ្រាំដែលព្រះគ្រីស្តប្រទានឲ្យ។
៦ បងប្អូនអើយ យើងសូមរំឭកដាស់តឿនបងប្អូន ក្នុងព្រះនាមព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើងថា ចូរចៀសចេញឲ្យឆ្ងាយពីបងប្អូនណាដែលរស់នៅដោយឥតសណ្ដាប់ធ្នាប់ ផ្ទុយនឹងរបៀបដែលយើងបានទទួលយកមកបង្រៀនបងប្អូន។ ៧ បងប្អូនជ្រាបស្រាប់ហើយថា ត្រូវយកតម្រាប់តាមយើងបែបណា ដ្បិតយើងពុំបានរស់នៅក្នុងចំណោមបងប្អូន ដោយឥតសណ្ដាប់ធ្នាប់នោះឡើយ ៨ យើងពុំបានទទួលទានម្ហូបអាហាររបស់នរណាម្នាក់ ដោយឥតបង់ប្រាក់ទេ។ យើងខំប្រឹងធ្វើការហត់នឿយ ទាំងយប់ ទាំងថ្ងៃ កុំឲ្យនរណាម្នាក់ពិបាកនឹងផ្គត់ផ្គង់យើង។ ៩ ត្រង់នេះមិនមែនមានន័យថា យើងគ្មានសិទ្ធិនឹងឲ្យគេផ្គត់ផ្គង់នោះឡើយ ប៉ុន្តែ យើងធ្វើដូច្នេះទុកជាគំរូឲ្យបងប្អូនយកតម្រាប់តាម ១០ ព្រោះកាលយើងនៅជាមួយបងប្អូន យើងបានទូន្មានបងប្អូនថា អ្នកណាមិនព្រមធ្វើការ អ្នកនោះក៏មិនត្រូវបរិភោគដែរ។ ១១ យើងបានឮដំណឹងថា មានអ្នកខ្លះក្នុងចំណោមបងប្អូន រស់នៅដោយឥតសណ្ដាប់ធ្នាប់ គេហាក់ដូចជារវល់ញាប់ដៃញាប់ជើង តែឥតធ្វើការអ្វីទាល់តែសោះ។ ១២ យើងសូមទូន្មាន និងសូមដាស់តឿនបងប្អូនប្រភេទនោះ ក្នុងនាមព្រះអម្ចាស់យេស៊ូគ្រីស្តថា សូមអញ្ជើញធ្វើការឲ្យបានស្រួលបួលឡើង និងបរិភោគអាហារដែលបានមកពីកម្លាំងញើសខ្លួនឯងទៅ។
១៣ ចំពោះបងប្អូនវិញ បងប្អូនអើយ សូមប្រព្រឹត្តអំពើល្អ កុំរសាយចិត្តឡើយ។
១៤ បើអ្នកណាមិនស្ដាប់តាមសេចក្ដីដែលយើងសរសេរក្នុងសំបុត្រនេះទេ សូមចំណាំមុខទុក ហើយកុំទាក់ទងជាមួយអ្នកនោះ ដើម្បីឲ្យគាត់ខ្មាសគេ ១៥ ប៉ុន្តែ មិនត្រូវចាត់ទុកគាត់ជាមារសត្រូវឡើយ គឺត្រូវដាស់តឿនគាត់ទុកដូចជាបងប្អូនវិញ។
១៦ សូមព្រះអម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្ត ប្រទានសេចក្ដីសុខសាន្តគ្រប់ប្រការមកបងប្អូនគ្រប់ពេលវេលា! សូមព្រះអម្ចាស់គង់ជាមួយបងប្អូនទាំងអស់គ្នា!
១៧ ពាក្យសួរសុខទុក្ខនេះ ខ្ញុំ ប៉ូល បានសរសេរដោយដៃខ្ញុំផ្ទាល់។ នេះជាហត្ថលេខាដែលខ្ញុំបានចុះក្នុងគ្រប់លិខិត ខ្ញុំសរសេរដូច្នេះ។
១៨ សូមព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើង ប្រណីសន្ដោសបងប្អូនទាំងអស់គ្នា!
664 Views
