សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

កណ្ឌគម្ពីរ
កិច្ចការគ្រីស្តទូត

ពាក្យលំនាំ

កិច្ច‌ការ​របស់​គ្រីស្ដ‌ទូត

ពាក្យ​លំនាំ

លោក​លូកា​បាន​តែង​គម្ពីរ​ពីរ​កណ្ឌ គឺ «ដំណឹង‌ល្អ​រៀប​រៀង​ដោយ​លោក​លូកា» និង​«កិច្ច‌ការ​របស់​គ្រីស្ដ‌ទូត»។ ក្នុង​គម្ពីរ​ដំណឹង‌ល្អ លោក​លូកា​រៀប​រាប់​អំពី​កិច្ច‌ការ​ដែល​ព្រះ‌យេស៊ូ​បាន​ធ្វើ និង​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​ថ្លែង កាល​ពី​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​នៅ​លើ​ផែន‌ដី​នេះ​នៅ​ឡើយ។ រីឯ​ក្នុង​គម្ពីរ​កិច្ច‌ការ​វិញ លោក​រៀប​រាប់​អំពី​ព្រះ‌យេស៊ូ​បន្ដ​សកម្ម‌ភាព តាម‌រយៈ​សាវ័ក​របស់​ព្រះ‌អង្គ។ ទោះ​បី​ពួក​សាវ័ក​លែង​ឃើញ​ព្រះ‌យេស៊ូ​ផ្ទាល់​នឹង​ភ្នែក​ក៏​ដោយ ក៏​ព្រះ‌អង្គ​នៅ​តែ​គង់​ជា​មួយ​ពួក​គេ​ជា‌និច្ច គឺ​ព្រះ‌អង្គ​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ឲ្យ​ស្ថិត​នៅ​ជា​មួយ​អ្នក​ជឿ ដើម្បី​ណែ‌នាំ​ជីវិត​របស់​គេ។
មុន​ដំបូង លោក​លូកា​ពន្យល់​បញ្ជាក់​អំពី​កំណើត​ក្រុម​គ្រីស្ដ‌បរិស័ទ ដែល​ហៅ​ថា​ព្រះ‌សហគមន៍​នៅ​ក្រុង​យេរូ‌សាឡឹម។ បន្ទាប់​មក លោក​រៀប​រាប់​អំពី​សកម្ម‌ភាព​របស់​ក្រុម​សាវ័ក ក្នុង​ការ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​ពាស‌ពេញ​ស្រុក​ប៉ាឡេ‌ស្ទីន និង​ប្រទេស​នានា​ដែល​ស្ថិត​នៅ​ជុំ‌វិញ​សមុទ្រ​មេឌី‌ទែរ៉ា‌ណេ រហូត​ទៅ​ដល់​ក្រុង​រ៉ូម​ជា​រាជ​ធានី​របស់​ចក្រភព​រ៉ូម៉ាំង។
នៅ​ក្រុង​យេរូ‌សាឡឹម នៅ​ស្រុក​យូដា និង​នៅ​ស្រុក​សាម៉ារី អ្នក​ជឿ​លើ​ព្រះ‌យេស៊ូសុទ្ធ‌សឹង​តែ​ជា​ជន​ជាតិ​អ៊ីស្រា‌អែល។ ក្រោយ​មក មាន​ជន​ជាតិ​ដទៃ​ជា​ច្រើន​នាំ​គ្នា​ជឿ​លើ​ព្រះ‌អង្គ​ដែរ ហើយ​គេ​ក៏​រួម​គ្នា​ជា​ព្រះ‌សហគមន៍​ឡើង ជា​ពិសេស នៅ​ក្រុង​អន់‌ទី‌យ៉ូក ក្រុង​ភីលីព និង​ក្រុង​កូរិន‌ថូស។ ល។
ក្នុង​គម្ពីរ «កិច្ច‌ការ​របស់​គ្រីស្ដ‌ទូត» នេះ លោក​លូកា​បាន​ចែង​ទុក​អំពី​ពាក្យ‌ពេចន៍ និង​សុន្ទរ‌កថា​របស់​ក្រុម​គ្រីស្ដ‌ទូត ដែល​យក​ចិត្ត​ទុក​ដាក់​ប្រកាស​ផ្សាយ​ដំណឹង‌ល្អ​ដល់​ជន​ជាតិ​យូដា និង​ជន​ជាតិ​ដទៃ។ ទោះ​បី​អស់​លោក​ទាំង​នោះ​ពន្យល់​តាម​របៀប​ប្លែកៗ​ពី​គ្នា​ក៏​ដោយ ក៏​មាន​ព្រះ‌វិញ្ញាណ​តែ​មួយ​បំភ្លឺ ដើម្បី​ណែ‌នាំ​មនុស្ស​គ្រប់​អរិយ‌ធម៌ គ្រប់​ភាសា ឲ្យ​ជឿ​សង្ឃឹម​លើ​ព្រះ‌យេស៊ូ​តែ​មួយ​ព្រះ‌អង្គ។ តាម​គម្ពីរ​កិច្ច‌ការ​នេះ យើង​អាច​ស្គាល់​ដើម​កំណើត​ក្រុម​គ្រីស្ដ‌បរិស័ទ​ដែល​នឹក​រលឹក​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូ និង​កិច្ច‌ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ។ គឺ​ក្រុម​គ្រី​ស្ដ‌បរិស័ទ​ទាំង​នោះ​ហើយ​ដែល​បាន​ចង​ក្រង​គម្ពីរ​ដំណឹង‌ល្អ និង​គម្ពីរ​សម្ពន្ធ‌មេត្រី​ថ្មី​ទាំង​មូល។

គម្រោង​របស់​គម្ពីរ​កិច្ច‌ការ

• ការ​រៀបចំ​បេសក‌កម្ម​របស់​ក្រុម​គ្រីស្ដ‌បរិស័ទ (១.១-២៦):
-ព្រះ‌រាជ‌បញ្ជា​ចុង​ក្រោយ និង​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌យេស៊ូ (១.១-១៤)។
-ការ​ជ្រើស‌រើស​គ្រីស្ដ‌ទូត​មួយ​រូប​ជំនួស​លោក​យូដាស (១.១៥-២៦)។
• គ្រីស្ដ‌បរិស័ទ​ប្រកាស​ដំណឹង‌ល្អ​នៅ​ក្រុង​យេរូ‌សាឡឹម (២.១‑៨.៣)។
• គ្រីស្ដ‌បរិស័ទ​ប្រកាស​ដំណឹង‌ល្អ​នៅ​ស្រុក​យូដា និង​ស្រុក​សាម៉ារី (៨.៤‑១២.២៥)។
• បេសក‌កម្ម​របស់​លោក​ប៉ូល (១៣.១‑២៨.៣១):
-ដំណើរ​ប្រកាស​ដំណឹង‌ល្អ​លើក​ទី​មួយ (១៣.១‑១៤.២៨)។
-មហា​សន្និបាត​នៅ​ក្រុង​យេរូ‌សាឡឹម (១៥.១-៣៥)។
-ដំណើរ​ប្រកាស​ដំណឹង‌ល្អ​លើក​ទី​ពីរ (១៥.៣៦‑១៨.២២)។
-ដំណើរ​ប្រកាស​ដំណឹង‌ល្អ​លើក​ទី​បី (១៨.២៣‑២១.១៦)។
-លោក​ប៉ូល​ជាប់​ឃុំ‌ឃាំង​នៅ​ក្រុង​យេរូ‌សាឡឹម ក្រុង​សេសា‌រេ និង​ក្រុង​រ៉ូម (១៣.១‑១៤.២៨)។
បុព្វ‌កថា
 សូម​ជម្រាប​មក​ឯក​ឧត្ដម​ថេអូ‌ភីល សូម​ជ្រាប! ក្នុង​សៀវភៅ​ទី​មួយ​របស់​ខ្ញុំ ខ្ញុំ​បាន​រៀប​រាប់​អំពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេស៊ូ​បាន​ធ្វើ និង​អំពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​បង្រៀន តាំង​ពី​ដើម​រៀង​មក  រហូត​ដល់​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​លើក​ព្រះ‌អង្គ​ឡើង​ទៅ​ស្ថាន​បរម‌សុខ* គឺ​បន្ទាប់​ពី​ព្រះ‌អង្គ​បាន​ផ្ដែ‌ផ្ដាំ​តាម‌រយៈ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* ដល់​ក្រុម​គ្រីស្ដ‌ទូត*​ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស។  ក្រោយ​ពេល​រង​ទុក្ខ​លំបាក​រួច​ហើយ ព្រះ‌យេស៊ូ​បាន​បង្ហាញ​ព្រះ‌អង្គ តាម​របៀប​ផ្សេងៗ​ឲ្យ​គ្រីស្ដ‌ទូត​ទាំង​នោះ​ឃើញ​ថាព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ពិត​ប្រាកដ​មែន។ ព្រះ‌អង្គ​បាន​ឲ្យ​គេ​ឃើញ​អស់‌រយៈ​ពេល​សែ‌សិប​ថ្ងៃ ព្រម​ទាំង​មាន​ព្រះ‌បន្ទូល​អំពី​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​ផង។  ពេល​ព្រះ‌អង្គ​កំពុង​សោយ​ព្រះ‌ស្ងោយ​ជា​មួយ​ក្រុម​គ្រីស្ដ‌ទូត ព្រះ‌អង្គ​ហាម​គេ​មិន​ឲ្យ​ចេញ​ទៅ​ណា​ឆ្ងាយ​ពី​ក្រុង​យេរូ‌សាឡឹម​ឡើយ «គឺ​ត្រូវ​រង់‌ចាំ​ទទួល​ព្រះ‌វិញ្ញាណ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌បិតា ដូច​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​មក​ហើយ​ថា  លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ*​ឲ្យ​គេ​ក្នុង​ទឹក ប៉ុន្តែ នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត អ្នក​រាល់​គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ​ក្នុង​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​វិញ»។
ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​ស្ថាន​បរម‌សុខ
 ពេល​នោះ ក្រុម​គ្រីស្ដ‌ទូត*​នៅ​ជុំ​គ្នា គេ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​ព្រះ‌អង្គ​នឹង​តាំង​រាជា‌ណាចក្រ​អ៊ីស្រា‌អែល​ឡើង​វិញ​នៅ​ពេល​នេះ​ឬ?»។  ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ត្រង់​ឯ​ពេល​វេលា​ដែល​ព្រះ‌បិតា​បាន​កំណត់​ទុក ដោយ​អំណាច​ព្រះ‌អង្គ​ផ្ទាល់​នោះ អ្នក​រាល់​គ្នា​មិន​បាច់​ដឹង​ទេ។  ប៉ុន្តែ អ្នក​រាល់​គ្នា​នឹង​ទទួល​ឫទ្ធា‌នុភាព​មួយ គឺ​ឫទ្ធា‌នុភាព​នៃ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​បន្ទាល់​របស់​ខ្ញុំ នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ក្នុង​ស្រុក​យូដា​ទាំង​មូល ក្នុង​ស្រុក​សាម៉ារី និង​រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែន‌ដី»។
លុះ​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​រួច​ហើយ ហើយ​នៅ​ពេល​ដែល​ក្រុម​គ្រីស្ដ‌ទូត​កំពុង​តែ​មើល​ព្រះ‌អង្គ នោះ​ព្រះ‌ជាម្ចាស់​ក៏​លើក​ព្រះ‌អង្គ​ឡើង​ទៅ​លើ​មេឃ ព្រម​ទាំង​មាន​ពពក*​មក​បាំង​ព្រះ‌អង្គ​បាត់​ពី​ភ្នែក​គេ​ទៅ។ ១០ កាល​ពួក​គេ​កំពុង​តែ​សម្លឹង​មើល​ទៅ​លើ​មេឃ នៅ​ពេល​ព្រះ‌អង្គ​យាង​ឡើង​ទៅ​នោះ ស្រាប់​តែ​មាន​បុរស​ពីរ​នាក់​ស្លៀក​ស​ពាក់​ស​ចូល​មក​ជិត​គេ ១១ ពោល​ថា៖ «អ្នក​ស្រុក​កាលី‌ឡេ​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​នៅ​តែ​ឈរ​សម្លឹង​មើល​ទៅ​លើ​មេឃ​ដូច្នេះ?។ ព្រះ‌យេស៊ូ​នោះ ព្រះ‌ជាម្ចាស់​បាន​លើក​ពី​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ឡើង​ទៅ​ស្ថាន​បរម‌សុខ​ហើយ ព្រះ‌អង្គ​នឹង​យាង​ត្រឡប់​មក​វិញ តាម​របៀប​ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​ព្រះ‌អង្គ​យាង​ឡើង​ទៅ​ស្ថាន​បរម‌សុខ​ដែរ»។
១២ ពេល​នោះ ក្រុម​គ្រីស្ដ‌ទូត*​នាំ​គ្នា​វិល​ត្រឡប់​ពី​ភ្នំ​ដើម​អូលីវ ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ដែល​មាន​ចម្ងាយ​ផ្លូវ​ប្រមាណ​មួយ​គីឡូ‌ម៉ែត្រ​។ ១៣ លុះ​បាន​មក​ដល់​ផ្ទះ​ហើយ គេ​ឡើង​ទៅ​បន្ទប់​ខាង​លើ ជា​កន្លែង​ដែល​គេ​ធ្លាប់​ស្នាក់​នៅ។ គ្រីស្ដ‌ទូត​ទាំង​នោះ គឺ​លោក​សិលា លោក​យ៉ូហាន លោក​យ៉ាកុប លោក​អន់ដ្រេ លោក​ភីលីព លោក​ថូម៉ាស លោក​បារថូ‌ឡូមេ លោក​ម៉ាថាយ លោក​យ៉ាកុប​ជា​កូន​លោក​អាល់‌ផាយ លោក​ស៊ីម៉ូន​ហៅ​អ្នក​ជាតិ​និយម និង​លោក​យូដាស​ជា​កូន​របស់​លោក​យ៉ាកុប។ ១៤ ពួក​គេ​រួម​ចិត្ត​គំនិត​គ្នា ព្យាយាម​អធិស្ឋាន* ដោយ​មាន​ស្ត្រី​ឯ​ទៀតៗ មាន​នាង​ម៉ារីជា​មាតា​របស់​ព្រះ‌យេស៊ូ និង​មាន​បង‌ប្អូន​របស់​ព្រះ‌អង្គ​មក​ចូល​រួម​ជា​មួយ​ផង​ដែរ។
ការ​ជ្រើស‌រើស​លោក​ម៉ាធី‌យ៉ាស​ជា​គ្រីស្ដ‌ទូតជំនួស​យូដាស‌អ៊ីស្កា‌រីយ៉ុត
១៥ នៅ​គ្រា​នោះ មាន​បង‌ប្អូន​ប្រមាណ​មួយ‌រយ​ម្ភៃ​នាក់​នៅ​ជុំ​គ្នា លោក​សិលា​ក្រោក​ឈរ​ឡើង​នៅ​កណ្ដាល​ពួក​គេ ហើយ​ពោល​ថា៖ ១៦ «បង‌ប្អូន​អើយ! ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​បាន​ថ្លែង​ទុក​ជា​មុន តាម‌រយៈ​ព្រះ‌បាទ​ដាវីឌ អំពី​យូដាស ជា​អ្នក​នាំ​គេ​មក​ចាប់​ព្រះ‌យេស៊ូ។ ហេតុ‌ការណ៍​នេះ​ត្រូវ​តែ​កើត​ឡើង​ស្រប​តាម​សេចក្ដី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​មែន។ ១៧ យូដាស​ជា​សមាជិក​មួយ​រូប​ក្នុង​ក្រុម​របស់​យើង ហើយ​បាន​ទទួល​ចំណែក​មុខ‌ងារ​រួម​ជា​មួយ​យើង​ដែរ។ ១៨ គាត់​យក​ប្រាក់​ដែល​បាន​មក​ពី​អំពើ​ទុច្ចរិត ទៅ​ទិញ​ដី​ចម្ការ​មួយ​កន្លែង បន្ទាប់​មក គាត់​ដួល​ផ្កាប់​មុខ ធ្លាយ​ពោះ ចេញ​ពោះ​វៀន​មក​ក្រៅ។ ១៩ អ្នក​ក្រុង​យេរូ‌សាឡឹម​ដឹង​រឿង​នេះ​គ្រប់ៗ​គ្នា ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ចម្ការ​នោះ តាម​ភាសា​របស់​គេ​ថា “ហាកែល‌ដាម៉ា” មាន​ន័យ​ថា “ចម្ការ​ឈាម”។ ២០ ក្នុង​គម្ពីរ​ទំនុក‌តម្កើង​មាន​ចែង​ទុក​អំពី​ហេតុ‌ការណ៍​នេះ​ថា៖
“ចូរ​ឲ្យ​លំ‌នៅ​របស់​អ្នក​នោះ
ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ
កុំ​ឲ្យ​មាន​នរណា​រស់​នៅ​ទី​នោះ​ឡើយ”
និង​“ត្រូវ​ឲ្យ​ម្នាក់​ទៀត​ទទួល
យក​តំណែង​របស់​គាត់”
២១ ហេតុ​នេះ ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​មក​តាម​យើង នៅ​ពេល​ព្រះ‌យេស៊ូ​ដឹក​នាំ​យើង ២២ គឺ​ចាប់​តាំង​ពី​គ្រា​ដែល​លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​ថ្វាយ​ព្រះ‌អង្គ រហូត​ដល់​ពេល​ព្រះ‌ជាម្ចាស់​លើក​យក​ព្រះ‌អង្គ​ចេញ​ពី​យើង​ទៅ ត្រូវ​ឲ្យ​មាន​ម្នាក់ ធ្វើ​ជា​បន្ទាល់​រួម​ជា​មួយ​យើង អំពី​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ»។
២៣ គេ​បាន​នាំ​សាវ័ក*​ពីរ​រូប​មក ម្នាក់​ឈ្មោះ​យ៉ូសែប ហៅ​បារសា‌បាស​ផង យូស្ទូស​ផង និង​ម្នាក់​ទៀត​ឈ្មោះ​ម៉ាធី‌យ៉ាស។ ២៤ បន្ទាប់​មក គេ​នាំ​គ្នា​អធិស្ឋាន​ដូច​ត​ទៅ៖ «បពិត្រ​ព្រះ‌អម្ចាស់! ព្រះ‌អង្គ​ជ្រាប​ចិត្ត​គំនិត​របស់​មនុស្ស​ទាំង​អស់ ហេតុ​នេះ សូម​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង​ថា ក្នុង​ចំណោម​បង‌ប្អូន​ទាំង​ពីរ​រូប​នេះ តើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ជ្រើស‌រើស​អ្នក​ណា ២៥ ឲ្យ​បំពេញ​មុខ‌ងារ​ជា​គ្រីស្ដ‌ទូត​ជំនួស​យូដាស ដ្បិត​យូដាស​បាន​បោះ​បង់​មុខ‌ងារ​នេះ ទៅ​ឯ​កន្លែង​របស់​គាត់»។ ២៦ សាវ័ក​នាំ​គ្នា​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​ម៉ាធី‌យ៉ាស ហើយ​លោក​ម៉ាធី‌យ៉ាស​ក៏​បាន​ចូល​រួម​ក្នុង​ក្រុម​គ្រីស្ដ‌ទូត​ដប់​មួយ​រូប​ទៀត។
ព្រះ‌វិញ្ញាណ​យាង​មក​សណ្ឋិត​លើ​ពួក​សាវ័ក
 នៅ​បុណ្យ​ថ្ងៃ​ទី​ហា‌សិប ពួក​សាវ័ក​បាន​រួម​ប្រជុំ​ទាំង​អស់​គ្នា​ នៅ​កន្លែង​តែ​មួយ។  រំពេច​នោះ ស្រាប់​តែ​មាន​ឮ​ស្នូរ​សន្ធឹក​ពី​លើ​មេឃ ដូច​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​ពេញ​ក្នុង​ផ្ទះ​ដែល​គេ​នៅ។  ពួក​សាវ័ក​បាន​ឃើញ​ហាក់​ដូច​ជាមាន​អណ្ដាត​ភ្លើង​បែក​ចេញ​ពី​គ្នា ចុះ​មក​សណ្ឋិត​លើ​ពួក​គេ​ម្នាក់ៗ។  អ្នក​ទាំង​នោះ​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* ហើយ​ចាប់​ផ្ដើម​និយាយ​ភាសា​ផ្សេងៗ​ពី​គ្នា តាម​ព្រះ‌វិញ្ញាណ​ប្រោស​ប្រទាន​ឲ្យ។
 ពេល​នោះ មាន​ជន​ជាតិ​យូដា ជា​អ្នក​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ មក​ពី​ប្រទេស​នានា ក្នុង​ពិភព‌លោក​ទាំង​មូល ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​ដែរ។  ពេល​ស្នូរ​សន្ធឹក​លាន់​ឮ​យ៉ាង​ខ្លាំង​ដូច្នោះ មហា‌ជន​នាំ​គ្នា​រត់​មក​មើល ហើយ​ភ្ញាក់​ផ្អើល​ក្រៃ‌លែង ព្រោះ​ម្នាក់ៗ​បាន​ឮ​ពួក​សាវ័ក​និយាយ​ភាសា​របស់​ខ្លួន។  អ្នក​ទាំង​នោះ​ងឿង‌ឆ្ងល់​ខ្លាំង​ណាស់ គេ​ស្ងើច​សរសើរ ទាំង​ពោល​ថា៖ «អ្នក​ដែល​កំពុង​និយាយ​នេះ សុទ្ធ​តែ​ជា​អ្នក​ស្រុក​កាលី‌ឡេ​ទេ​តើ។  ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​ឮ​គេ​និយាយ​ភាសា​របស់​យើង​រៀងៗ​ខ្លួន​ទៅ​វិញ​ដូច្នេះ?  គឺ​ទាំង​អ្នក​ស្រុក​ប៉ារថុស ស្រុក​មេឌី ស្រុក​អេឡាំ ទាំង​អ្នក​ស្រុក​មេសូ‌ប៉ូតាមី ស្រុក​យូដា ស្រុក​កាប៉ា‌ដូស ស្រុក​ប៉ុនតុស ស្រុក​អាស៊ី ១០ ស្រុក​ព្រីស៊ី ស្រុក​ប៉ាមភីលី ស្រុក​អេស៊ីប ស្រុក​លីប៊ី​ដែល​នៅ​ក្បែរ​ស្រុក​គីរ៉េន និង​អស់​អ្នក​មក​ពី​ក្រុង​រ៉ូម ១១ ទាំង​ជន​ជាតិ​យូដា ទាំង​អ្នក​ចូល​សាសនា​យូដា ទាំង​អ្នក​មក​ពី​កោះ​ក្រែត ទាំង​ជន​ជាតិ​អារ៉ាប់ យើង​បាន​ឮ​គេ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះ‌ជាម្ចាស់ ជា​ភាសា​យើង​ទាំង​អស់​គ្នា​ផ្ទាល់!»។ ១២ អ្នក​ទាំង​នោះ​ងឿង‌ឆ្ងល់​ខ្លាំង​ណាស់ មិន​ដឹង​គិត​យ៉ាង​ណា គេ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​ហេតុ‌ការណ៍​នេះមាន​ន័យ​ដូច​ម្ដេច?»។ ១៣ ប៉ុន្តែ មាន​អ្នក​ខ្លះ​ទៀត​បែរ​ជា​និយាយ​ចំអក​ថា៖ «ពួក​អស់​ហ្នឹង​សុទ្ធ​តែ​ស្រវឹង​ស្រា​ទេ​តើ!»។
សុន្ទរ‌កថា​របស់​លោក​សិលា
១៤ លោក​សិលា​ក៏​ក្រោក​ឈរ​ឡើង​ជា​មួយ​គ្រីស្ដ‌ទូត​ដប់​មួយ​រូប​ទៀត ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​បណ្ដា‌ជន​ថា៖ «បង‌ប្អូន​យូដា និង​បង‌ប្អូន​ទាំង​អស់ ដែល​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​អើយ! សូម​បង‌ប្អូន​ជ្រាប ហើយ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​របស់​ខ្ញុំ។ ១៥ អ្នក​ទាំង​នេះ​មិន​មែន​ស្រវឹង​ស្រា​ដូច​បង‌ប្អូន​ស្មាន​នោះ​ទេ ព្រោះ​ទើប​តែ​ម៉ោង​ប្រាំ​បួន​ព្រឹក​ប៉ុណ្ណោះ!។ ១៦ ហេតុ‌ការណ៍​នេះ​កើត​មាន ស្រប​តាម​សេចក្ដី​ដែល​ព្យាការី*​យ៉ូ‌អែល​បាន​ថ្លែង​ទុក​មក​ថា៖
១៧ “ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា
នៅ​គ្រា​ចុង​ក្រោយ​បង្អស់
យើង​នឹង​យក​វិញ្ញាណ​យើង​មក​ចាក់​បង្ហូរ
លើ​មនុស្ស​លោក​ផង​ទាំង​ពួង។
កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា
នឹង​ថ្លែង​ព្រះ‌បន្ទូល
ពួក​យុវជន​នឹង​និមិត្ត​ឃើញ​ការ​អស្ចារ្យ
ហើយ​ពួក​ចាស់​ទុំ​របស់​អ្នក​រាល់​គ្នា
នឹង​យល់​សុបិន​និមិត្ត។
១៨ នៅ​គ្រា​នោះ យើង​ពិត​ជា​យក​វិញ្ញាណ​យើង
មក​ចាក់​បង្ហូរ​លើ​អ្នក​បម្រើ​ទាំង​ប្រុស​ទាំង​ស្រី
របស់​យើង ហើយ​គេ​នឹង​ថ្លែង​ព្រះ‌បន្ទូល។
១៩ យើង​នឹង​សម្ដែង​ឫទ្ធិ‌បាដិ‌ហារិយ៍​នៅ​លើ​មេឃ
សម្ដែង​ទី​សម្គាល់​ផ្សេងៗ​នៅ​លើ​ផែន‌ដី
គឺ​មាន​ឈាម មាន​ភ្លើង និង​មាន​កំសួល​ផ្សែង។
២០ ព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត​បាត់​រស្មី
ព្រះ‌ច័ន្ទ​នឹង​ប្រែ​ទៅ​ជា​ឈាម
នៅ​មុន​ថ្ងៃ​ព្រះ‌អម្ចាស់​យាង​មក
គឺ​ជា​ថ្ងៃ​ដ៏​រុង‌រឿង​ឧត្តុង្គ‌ឧត្ដម
២១ ពេល​នោះ អ្នក​ណា​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់
អ្នក​នោះ​នឹង​ទទួល​ការ​សង្គ្រោះ”​»។
២២ បង‌ប្អូន​អ៊ីស្រា‌អែល​អើយ សូម​ស្ដាប់​ពាក្យ​នេះ​ចុះ! ព្រះ‌ជាម្ចាស់​បាន​រ៉ាប់​រង​ទទួល​លោក​យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត នៅ​មុខ​បង‌ប្អូន​ទាំង​អស់​គ្នា ដោយ​ព្រះ‌អង្គ​បាន​សម្ដែង​ការ​អស្ចារ្យ ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ទី​សម្គាល់​ផ្សេងៗ នៅ​កណ្ដាល​ចំណោម​បង‌ប្អូន តាម‌រយៈ​លោក ដូច​បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ។ ២៣ បង‌ប្អូន​បាន​ចាប់​បញ្ជូន​លោក​យេស៊ូ​នេះទៅ​ឲ្យ​ពួក​ជន‌ពាល​ឥត​សាសនា ឆ្កាង​លោក ដូច​ព្រះ‌ជាម្ចាស់​បាន​កំណត់​ទុក ដោយ​ព្រះ‌អង្គ​ព្រះ‌អង្គ​ញាណ​ជា​មុន។ ២៤ ព្រះ‌ជាម្ចាស់​បាន​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ ព្រះ‌អង្គ​ដោះ​លែង​លោក​ឲ្យ​រួច​ពី​ទុក្ខ​លំបាក​នៃ​សេចក្ដី​ស្លាប់ ព្រោះ​សេចក្ដី​ស្លាប់​មិន​អាច​ឃុំ​លោក​ទុក​ឡើយ។ ២៥ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​អំពី​លោក​យេស៊ូ​នេះ​ថា៖
«ទូលបង្គំ​បាន​ឃើញ​ព្រះ‌អម្ចាស់
នៅ​មុខ​ទូលបង្គំ​ជា‌និច្ច
ព្រោះ​ព្រះ‌អង្គ​គង់​នៅ​ខាង​ស្ដាំ​ទូលបង្គំ
មិន​ឲ្យ​ទូលបង្គំ​ត្រូវ​ញាប់‌ញ័រ​ឡើយ។
២៦ ហេតុ​នេះ​ហើយ​បាន​ជា​ចិត្ត​ទូលបង្គំ​រីក‌រាយ
ទូលបង្គំ​ពោល​ពាក្យ​ដោយ​អំណរ​ដ៏​លើស‌លប់
ហើយ​សូម្បី​តែ​រូប​កាយ​របស់​ទូលបង្គំ
ក៏​នឹង​សម្រាក​ដោយ​សេចក្ដី​សង្ឃឹម​ដែរ
២៧ ដ្បិត​ព្រះ‌អង្គ​នឹង​មិន​បោះ​បង់​ព្រលឹង​ទូលបង្គំ
ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ឡើយ
ហើយ​ព្រះ‌អង្គ​ក៏​មិន​បណ្ដោយ​ឲ្យ
សព​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ត្រូវ​រលួយ​ដែរ។
២៨ ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​ទូលបង្គំ​ស្គាល់​ផ្លូវ
ឆ្ពោះ​ទៅ​កាន់​ជីវិត
ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​ទូលបង្គំ
មាន​សុភមង្គល​ដ៏​ពេញ‌លេញ
ដោយ​ព្រះ‌អង្គ​គង់​ជា​មួយ​ទូលបង្គំ»​។
២៩ «បង‌ប្អូន​អើយ! ខ្ញុំ​សូម​ជម្រាប​បង‌ប្អូន​ឲ្យ​បាន​ច្បាស់​អំពី​ព្រះ‌បាទ​ដាវីឌ ជា​បុព្វបុរស*​របស់​យើង​នោះ​ថា ព្រះ‌អង្គ​បាន​សោយ​ទិវង្គត​ផុត​ទៅ​ហើយ គេ​បាន​បញ្ចុះ​ព្រះ‌សព​របស់​ព្រះ‌អង្គ រីឯ​ផ្នូរ​របស់​ព្រះ‌អង្គ​ក៏​ស្ថិត​នៅ​ជា​មួយ​យើង​រហូត​ដល់​សព្វ​ថ្ងៃ​ដែរ។ ៣០ ដោយ​ព្រះ‌បាទ​ដាវីឌ​ជា​ព្យាការី​មួយ​រូប​ព្រះ‌អង្គ​ជ្រាប​ថា ព្រះ‌ជាម្ចាស់​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ជា​មួយ​ព្រះ‌អង្គ​ថា នឹង​ប្រទាន​ឲ្យ​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌អង្គ​មួយ​អង្គ ឡើង​ស្នង​រាជ្យ។ ៣១ ព្រះ‌បាទ​ដាវីឌ​បាន​ឈ្វេង​យល់​ជា​មុន​ថា ព្រះ‌គ្រីស្ដ*​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គឺ​ព្រះ‌អង្គ​មាន​រាជ‌ឱង្ការ​ថា ព្រះ‌ជាម្ចាស់​ពុំ​ទុក​ព្រះ‌គ្រីស្ដ​ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ទេ ហើយ​ក៏​មិន​ទុក​ឲ្យ​សព​ព្រះ‌អង្គ​ត្រូវ​រលួយ​ដែរ។ ៣២ ព្រះ‌ជាម្ចាស់​បាន​ប្រោស​លោក​យេស៊ូ​នេះ​ឲ្យ​រស់​ឡើង​វិញ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​សាក្សី។ ៣៣ ព្រះ‌ជាម្ចាស់​បាន​លើក​លោក​យេស៊ូ​ឡើង ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ។ លោក​យេស៊ូ​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ពី​ព្រះ‌បិតាតាម​ព្រះ‌បន្ទូល​សន្យា ហើយ​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​នេះ​មក​លើ​យើង​ខ្ញុំ ដូច​បង‌ប្អូន​បាន​ឃើញ បាន​ឮ​ស្រាប់។ ៣៤ ព្រះ‌បាទ​ដាវីឌ​មិន​បាន​យាង​ឡើង​ទៅ​ស្ថាន​បរម‌សុខ*​ទេ តែ​ព្រះ‌អង្គ​មាន​រាជ‌ឱង្ការ​ថាៈ
“ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់
ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា សូម​គង់​ខាង​ស្ដាំ​យើង
៣៥ ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ
មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌អង្គ”
៣៦ ហេតុ​នេះ សូម​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ដឹង​ជាក់​ច្បាស់​ថា លោក​យេស៊ូ​នេះ ដែល​បង‌ប្អូន​បាន​ឆ្កាង ព្រះ‌ជាម្ចាស់​បាន​តែង‌តាំង​លោក​ឡើង​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌គ្រីស្ដ*​ហើយ»។
ក្រុម​គ្រីស្ដ‌បរិស័ទ​ដំបូង​បង្អស់
៣៧ កាល​បណ្ដា‌ជន​បាន​ឮ​សេចក្ដី​ទាំង​នេះ ពួក​គេ​រំជួល​ចិត្ត​ជា​ខ្លាំង ហើយ​សួរ​លោក​សិលា និង​គ្រីស្ដ‌ទូត​ឯ​ទៀតៗ​ថា៖ «បង‌ប្អូន​អើយ! តើ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ដូច​ម្ដេច?»។
៣៨ លោក​សិលា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «សូម​បង‌ប្អូន​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ម្នាក់ៗ​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ទឹក* ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រីស្ដ*​ទៅ ដើម្បី​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​បង‌ប្អូន​ឲ្យ​រួច​ពី​បាប* ហើយ​បង‌ប្អូន​នឹង​ទទួល​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ ដែល​ជា​អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់ ៣៩ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សន្យា​នេះចំពោះ​បង‌ប្អូន​ទាំង​អស់​គ្នា ចំពោះ​កូន​ចៅ​របស់​បង‌ប្អូន និង​ចំពោះ​អស់​អ្នក​ដែល​នៅ​ឆ្ងាយៗ​ទាំង​ប៉ុន្មាន​ដែរ តាម​តែ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង​ត្រាស់​ហៅ»។ ៤០ លោក​សិលា​បាន​ពន្យល់​បញ្ជាក់ និង​ដាស់‌តឿន​ពួក​គេ ដោយ​ពាក្យ‌ពេចន៍​ជា​ច្រើន​ទៀត គឺ​លោក​មាន​ប្រសាសន៍​ថា៖ «សូម​បង‌ប្អូន​ទទួល​ការ​សង្គ្រោះ ឲ្យ​រួច​ផុត​ពី​មនុស្ស​អាក្រក់​សម័យ​នេះ»។
៤១ អស់​អ្នក​ដែល​យល់​ព្រម​ទទួល​ពាក្យ​របស់​លោក ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក* ហើយ​នៅ​ថ្ងៃ​នោះ មាន​មនុស្ស​ប្រមាណ​បី​ពាន់​នាក់ ចូល​មក​រួម​ក្នុង​ក្រុម​សាវ័ក*។ ៤២ សាវ័ក​ទាំង​នោះ​ព្យាយាម​ស្ដាប់​សេចក្ដី​បង្រៀន​របស់​ក្រុម​គ្រីស្ដ‌ទូត* រួម​រស់​ជា​មួយ​គ្នា​ជា​បង‌ប្អូន ធ្វើ​ពិធី​កាច់​នំបុ័ង* និង​ព្យាយាម​អធិស្ឋាន។ ៤៣ មនុស្ស‌ម្នា​កោត​ស្ញប់‌ស្ញែង​គ្រប់ៗ​គ្នា ដ្បិត​ក្រុម​គ្រីស្ដ‌ទូត​បាន​សម្ដែង​ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ធ្វើ​ទី​សម្គាល់​ផ្សេងៗ​ជា​ច្រើន។ ៤៤ អស់​អ្នក​ដែល​បាន​ជឿ​លើ​ព្រះ‌អម្ចាស់ មាន​ចិត្ត​គំនិត​តែ​មួយ ហើយ​យក​របស់​របរ​ដែល​ខ្លួន​មាន មក​ដាក់​រួម​គ្នា​ទាំង​អស់។ ៤៥ គេ​លក់​ទ្រព្យ‌សម្បត្តិ និង​អ្វីៗ​ជា​របស់​ខ្លួន យក​ប្រាក់​មក​ចែក​គ្នា​តាម​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ​ម្នាក់ៗ។ ៤៦ ជា​រៀង​រាល់​ថ្ងៃ គេ​រួម​ចិត្ត​គំនិត​គ្នា​ព្យាយាម​ចូល​ព្រះ‌វិហារ* ធ្វើ​ពិធី​កាច់​នំបុ័ង​នៅ​តាម​ផ្ទះ ព្រម​ទាំង​បរិភោគ​អាហារ​ជា​មួយ​គ្នា​យ៉ាង​សប្បាយ​រីក‌រាយ និង​ដោយ​ចិត្ត​ស្មោះ​សរ​ផង។ ៤៧ គេ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ ហើយ​ប្រជាជន​ទាំង​មូល​គោរព​រាប់​អាន​ពួក​គេ​ទាំង​អស់​គ្នា។ ព្រះ‌អម្ចាស់​បន្ថែម​ចំនួន​អ្នក​ដែល​ព្រះ‌អង្គ​បាន​សង្គ្រោះ មក​ក្នុង​ក្រុម​របស់​គេ​ជា​រៀង​រាល់​ថ្ងៃ។
លោក​សិលា និង​លោក​យ៉ូហាន​ប្រោស​ជន​ពិការ​ម្នាក់​ឲ្យ​ជា
 នៅ​ពេល​អធិស្ឋាន*​ម៉ោង​បី​រសៀល លោក​សិលា និង​លោក​យ៉ូហាន​បាន​ឡើង​ទៅ​ព្រះ‌វិហារ*​ជា​មួយ​គ្នា។
 រៀង​រាល់​ថ្ងៃ មាន​គេ​សែង​អ្នក​ពិការ​ជើង​ពី​កំណើត​ម្នាក់ មក​ដាក់​នៅ​ខ្លោង​ទ្វារ​ព្រះ‌វិហារ​ឈ្មោះ «ទ្វារ​លំអ» ដើម្បី​សុំ​ទាន​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ។  កាល​គាត់​ឃើញ​លោក​សិលា និង​លោក​យ៉ូហាន​កំពុង​ដើរ​ចូល​ព្រះ‌វិហារ គាត់​ក៏​សុំ​ទាន។  លោក​សិលា និង​លោក​យ៉ូហាន​សម្លឹង មើល​មុខ​គាត់ រួច​ពោល​ថា៖ «សូម​មើល​មក​យើង!»។  គាត់​ក៏​ក្រឡេក​មើល​ទៅ​លោក​ទាំង​ពីរ ដោយ​សង្ឃឹម​នឹង​ទទួល​ប្រាក់។  ប៉ុន្តែ លោក​សិលា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ខ្ញុំ​គ្មាន​ប្រាក់ គ្មាន​មាស​ទេ តែ​អ្វីៗ​ដែល​ខ្ញុំ​មាន ខ្ញុំ​សុំ​ជូន​អ្នក ដូច្នេះ ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រីស្ដ* ជា​អ្នក​ភូមិ​ណាសា‌រ៉ែត ចូរ​ក្រោក​ឡើង ដើរ​ទៅ​ចុះ!»។  លោក​ចាប់​ដៃ​ស្ដាំ​គាត់​ឲ្យ​ក្រោក​ឈរ​ឡើង។ រំពេច​នោះ ជើង​របស់​គាត់ និង​សន្លាក់​ឆ្អឹង ក៏​ប្រែ​ជា​មាំ‌មួន  គាត់​ក៏​ស្ទុះ​ឈរ​ឡើង ហើយ​ដើរ​បាន។ គាត់​ចូល​ក្នុង​ព្រះ‌វិហារ​ជា​មួយ​គ្រីស្ដ‌ទូត​ទាំង​ពីរ​រូប ទាំង​ដើរ​ផង លោត​ផង និង​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​ផង។
ប្រជាជន​ទាំង​អស់​បាន​ឃើញ​គាត់​ដើរ និង​ឮ​គាត់​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ ១០ គេ​ស្គាល់​ជាក់​ថា អ្នក​នោះ​ហើយ​ដែល​តែង​អង្គុយ​សុំ​ទាន​នៅ​ខ្លោង​ទ្វារ​ព្រះ‌វិហារ*​ឈ្មោះ «ទ្វារ​លំអ» គេ​ក៏​ភ័យ​ស្ញប់‌ស្ញែង ហើយ​ងឿង‌ឆ្ងល់​ជា​ខ្លាំង​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន​ដល់​គាត់។
សុន្ទរ‌កថា​របស់​លោក​សិលា​នៅ​ក្នុង​ព្រះ‌វិហារ
១១ បុរស​នោះ​នៅ​ជាប់​ជា​មួយ​លោក​សិលា និង​លោក​យ៉ូហាន​ជា‌និច្ច។ ប្រជាជន​ទាំង​មូល​ភ័យ​ស្ញប់‌ស្ញែង​ណាស់ គេ​រត់​ទៅ​ចោម‌រោម​លោក​ទាំង​ពីរ​នៅ​ថែវ​សាឡូម៉ូន។ ១២ លោក​សិលា​ឃើញ​ដូច្នោះ ក៏​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ថា៖ «បង‌ប្អូន​អ៊ីស្រា‌អែល​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​បង‌ប្អូន​ងឿង‌ឆ្ងល់​អំពី​ហេតុ‌ការណ៍​នេះ? ហេតុ​ដូច​ម្ដេច​បាន​ជា​បង‌ប្អូន​សម្លឹង​មើល​មក​យើង​ខ្ញុំ​ដូច្នេះ? តើ​បង‌ប្អូន​ស្មាន​ថា យើង​ខ្ញុំ​បាន​ប្រោស​បុរស​នេះ​ឲ្យ​ដើរ​រួច មក​ពី​ឫទ្ធា‌នុភាព​របស់​យើង​ខ្ញុំ​ផ្ទាល់ ឬ​មក​ពី​យើង​ខ្ញុំ​ចេះ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់?។ ១៣ ព្រះ​របស់​លោក​អប្រាហាំ របស់​លោក​អ៊ីសាក និង​របស់​លោក​យ៉ាកុប ជា​ព្រះ​នៃ​បុព្វបុរស​របស់​យើង​ទាំង​អស់​គ្នា ព្រះ‌អង្គ​បាន​ប្រទាន​សិរី‌រុង​រឿង​មក​ព្រះ‌យេស៊ូ ជា​អ្នក​បម្រើ​ព្រះ‌អង្គ។ បង‌ប្អូន​បាន​ចាប់​បញ្ជូន​ព្រះ‌យេស៊ូ​ទៅ​ឲ្យ​គេ​កាត់​ទោស ថែម​ទាំង​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​លោក​ពីឡាត នៅ​ពេល​ដែល​លោក​ចង់​ដោះ​លែង​ព្រះ‌អង្គ​ទៀត​ផង។ ១៤ បង‌ប្អូន​បាន​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ​ដ៏‌វិសុទ្ធ ព្រះ​ដ៏​សុចរិត ហើយ​បែរ​ជា​ទាម‌ទារ​សុំ​ឲ្យ​គេ​ដោះ​លែង​ឃាតក​ទៅ​វិញ។ ១៥ បង‌ប្អូន​បាន​ឲ្យ​គេ​ធ្វើ​គុត​ម្ចាស់​នៃ​ជីវិត ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ យើង​ខ្ញុំ​ជា​សាក្សី​អំពី​ហេតុ‌ការណ៍​នេះ។ ១៦ ដោយ‌សារ​យើង​ខ្ញុំ​ជឿ​លើ​ព្រះ‌នាម​ព្រះ‌យេស៊ូ គឺ​ព្រះ‌នាម​ព្រះ‌អង្គ​ហ្នឹង​ហើយ បាន​ធ្វើ​ឲ្យ​បុរស​ដែល​បង‌ប្អូន​ឃើញ ហើយ​ស្គាល់​នេះ មាន​កម្លាំង​ឡើង​វិញ។ គាត់​បាន​ជា​ទាំង​ស្រុង ដោយ‌សារ​ជំនឿ​លើ​ព្រះ‌យេស៊ូ ដូច​បង‌ប្អូន​ឃើញ​ស្រាប់។
១៧ បង‌ប្អូន​អើយ ខ្ញុំ​ដឹង​ថា​បង‌ប្អូន​ទាំង​អស់​គ្នា និង​ពួក​នាម៉ឺន​របស់​បង‌ប្អូន បាន​ប្រព្រឹត្ត​ដូច្នោះទាំង​មិន​ដឹង​ខ្លួន។ ១៨ ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​ប្រកាស​ទុក​ជា​មុន តាម‌រយៈ​ព្យាការី​ទាំង​អស់ គឺ​ថា ព្រះ‌គ្រីស្ដ​របស់​ព្រះ‌អង្គ​ត្រូវ​តែ​រង​ទុក្ខ​លំបាក។ ១៩ ហេតុ​នេះ សូម​កែ​ប្រែ​ចិត្ត​គំនិត ហើយ​វិល​មក​រក​ព្រះ‌ជាម្ចាស់​វិញ ដើម្បី​ឲ្យ​ព្រះ‌អង្គ​លុប​បំបាត់​បាប​របស់​បង‌ប្អូន។ ២០ ព្រះ‌អម្ចាស់​នឹង​ប្រទាន​ឲ្យ​បង‌ប្អូន​បាន​ស្គាល់​ពេល​សម្រាក ព្រម​ទាំង​ប្រទាន​ព្រះ‌គ្រីស្ដ‌យេស៊ូ​មក​បង‌ប្អូន ដូច​ព្រះ‌អង្គ​គ្រោង​ទុក​ជា​មុន។ ២១ ឥឡូវ​នេះ ព្រះ‌យេស៊ូ‌គ្រីស្ដ​គង់​នៅ​ឯ​ស្ថាន​បរម‌សុខ* រហូត​ដល់​ព្រះ‌ជាម្ចាស់​រៀបចំ​អ្វីៗ​ទាំង​អស់​ឡើង​វិញ ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទុក តាម‌រយៈ​ពួក​ព្យាការី​ដ៏‌វិសុទ្ធ*​របស់​ព្រះ‌អង្គ នៅ​ជំនាន់​ដើម​ស្រាប់។ ២២ លោក​ម៉ូសេ​មាន​ប្រសាសន៍​ថាៈ “ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ឲ្យ​មាន​ព្យាការី​ម្នាក់​ដូច​ខ្ញុំ ងើប​ឡើង​ពី​ចំណោម​បង‌ប្អូន​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ត្រូវ​ស្ដាប់​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​លោក​មាន​ប្រសាសន៍​ប្រាប់។ ២៣ រីឯ​អស់​អ្នក​ដែល​មិន​ព្រម​ស្ដាប់​ព្យាការី​នេះ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជា‌រាស្ដ្រ”
២៤ ព្យាការី​ទាំង​ប៉ុន្មាន​ដែល​បាន​ថ្លែង​ព្រះ‌បន្ទូល គឺ​ចាប់​តាំង​ពី​លោក​សាមូ‌អែល​រៀង​មក សុទ្ធ​តែ​បាន​ថ្លែង​ទុក​អំពី​ពេល​សព្វ​ថ្ងៃ​នេះ។ ២៥ បង‌ប្អូន​ហ្នឹង​ហើយ​ជា​កូន​ចៅ​របស់​ព្យាការី ហើយ​បង‌ប្អូន​ក៏​ចូល​រួម​ក្នុង​សម្ពន្ធ‌មេត្រី*​ដែល​ព្រះ‌ជាម្ចាស់​បាន​ចង​ជា​មួយ​បុព្វបុរស*​ដែរ ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​អប្រាហាំ​ថា “ក្រុម​គ្រួសារ​ទាំង​អស់​នៅ​ផែន‌ដី​នឹង​ទទួល​ពរ តាម‌រយៈ​ពូជ‌ពង្ស​របស់​អ្នក”២៦ ព្រះ‌ជាម្ចាស់​បាន​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ងើប​ឡើង ហើយ​ចាត់​លោក​ឲ្យ​មក​រក​បង‌ប្អូន​ទាំង​អស់​គ្នា​មុន​គេ​បង្អស់ ដើម្បី​ប្រទាន​ពរ​ដល់​បង‌ប្អូន ដោយ​ណែ‌នាំ​ម្នាក់ៗ​ឲ្យ​ងាក​ចេញ​ពី​អំពើ​ទុច្ចរិត»។
លោក​សិលា និង​លោក​យ៉ូហាន​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់
 លោក​សិលា និង​លោក​យ៉ូហាន​កំពុង​តែ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​នៅ​ឡើយ ស្រាប់​តែ​ពួក​បូជា‌ចារ្យ* មេ​កង​រក្សា​ព្រះ‌វិហារ និង​ពួក​ខាង​គណៈ‌សាឌូ‌ស៊ី*​មក​ដល់។  ពួក​គេ​ទាស់​ចិត្ត​នឹង​គ្រីស្ដ‌ទូត​បង្រៀន​ប្រជាជន ទាំង​ប្រកាស​ថា​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ ដោយ​សំអាង​លើ​ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។  ពួក​គេ​នាំ​គ្នា​ចាប់​គ្រីស្ដ‌ទូត​ទាំង​ពីរ​រូប​យក​ទៅ​ឃុំ ទុក​រហូត​ដល់​ថ្ងៃ​បន្ទាប់ ដ្បិត​ពេល​នោះ​ល្ងាច​ណាស់​ហើយ។  ប៉ុន្តែ ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល មាន​មនុស្ស​ជា​ច្រើន​ជឿ ហើយ​ចំនួន​ពួក​គេ​បាន​កើន​ឡើង ប្រមាណ​ប្រាំ‌ពាន់​នាក់។
 លុះ​ស្អែក​ឡើង ពួក​មេ​ដឹក​នាំ ពួក​ព្រឹទ្ធា‌ចារ្យ* និង​ពួក​បណ្ឌិត​ខាង​វិន័យ* ប្រជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម  ជា​មួយ​លោក​មហា‌បូជា‌ចារ្យ*​ហាណ្ណា លោក​កៃផាស លោក​យ៉ូហាន លោក​អឡិចសង់ និង​ក្រុម​គ្រួសារ​របស់​នាយក​បូជា‌ចារ្យ​ទាំង​អស់។  លោក​ទាំង​នោះ​បាន​បញ្ជា​ឲ្យ​គេ​នាំ​លោក​សិលា និង​លោក​យ៉ូហាន​មក​ឈរ​នៅ​មុខ​អង្គ​ប្រជុំ រួច​សួរ​ថា៖ «អ្នក​បាន​ធ្វើ​ការ​នេះ​សំអាង​លើ​អំណាច​អ្វី? ក្នុង​នាម​នរណា?»។  ពេល​នោះ លោក​សិលា​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖  «សូម​ជម្រាប​អស់​លោក​ជា​អ្នក​ដឹក​នាំ​ប្រជាជន និង​អស់​លោក​ព្រឹទ្ធា‌ចារ្យ! ថ្ងៃ​នេះ អស់​លោក​សួរ​ចម្លើយ​យើង​ខ្ញុំពី​អំពើ​ល្អ ដែល​យើង​ខ្ញុំ​សង្គ្រោះ​អ្នក​ពិការ​ឲ្យ​ជា តាម​របៀប​ណា​នោះ។ ១០ សូម​អស់​លោក និង​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​ទាំង​មូល​ជ្រាប​ថា បុរស​ដែល​ឈរ​នៅ​មុខ​អស់​លោក​ទាំង​មាន​សុខ‌ភាព​ល្អ​នេះបាន​ជា ដោយ‌សារ​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រីស្ដ* ជា​អ្នក​ភូមិ​ណាសា‌រ៉ែត ដែល​អស់​លោក​បាន​ឆ្កាង ហើយ​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ១១ ព្រះ‌អង្គ​ហ្នឹង​ហើយ​ជា“ថ្ម​ដែល​លោក​ទាំង​អស់​គ្នា​ជា​ជាង​សំណង់​បោះ​ចោល បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត​វិញ”​។ ១២ ក្រៅ​ពី​ព្រះ‌យេស៊ូ គ្មាន​នរណា​ម្នាក់​អាច​សង្គ្រោះ​មនុស្ស​បាន​ទាល់​តែ​សោះ ដ្បិត​នៅ​ក្រោម​មេឃ​នេះ ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រទាន​នាម​ណា​មួយ​ផ្សេង​ទៀត​មក​មនុស្ស ដើម្បី​សង្គ្រោះ​យើង​នោះ​ឡើយ»។
១៣ កាល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*ឃើញ​លោក​សិលា និង​លោក​យ៉ូហាន មាន​ចិត្ត​អង់‌អាច​ដូច្នេះ គេ​ងឿង‌ឆ្ងល់​ណាស់ ដ្បិត​គេ​ដឹង​ថា​លោក​ទាំង​ពីរ​ជា​មនុស្ស​សាមញ្ញ ពុំ​ដែល​បាន​រៀន​សូត្រ ហើយ​គេ​ដឹង​ច្បាស់​ថា លោក​ទាំង​ពីរ​ធ្លាប់​នៅ​ជា​មួយ​ព្រះ‌យេស៊ូ។ ១៤ ប៉ុន្តែ ពួក​គេ​រក​ពាក្យ​ឆ្លើយ​តប​វិញ​មិន​បាន​សោះ ព្រោះ​ឃើញ​បុរស​ដែល​បាន​ជា​នោះ​ឈរ​នៅ​ជា​មួយ​ស្រាប់។ ១៥ ពួក​គេ​ក៏​បញ្ជា​ឲ្យ​លោក​ទាំង​ពីរ​ចេញ​ពី​អង្គ​ប្រជុំ ហើយ​ពិគ្រោះ​គ្នា​ថា៖ ១៦ «តើ​យើង​គួរ​ធ្វើ​អ្វី​ដល់​អ្នក​ទាំង​ពីរ​នេះ? ដ្បិត​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល​ដឹង​ច្បាស់​ថា គេ​ធ្វើ​ទី​សម្គាល់​អស្ចារ្យ​មួយ​ដ៏​វិសេស ដែល​យើង​មិន​អាច​បដិសេធ​បាន។ ១៧ ដូច្នេះ តោង​យើង​ហាម‌ប្រាម និង​គំរាម​គេ កុំ​ឲ្យ​ប្រកាស​ប្រាប់​នរណា​អំពី​ឈ្មោះ​នោះ​ត​ទៅ​ទៀត​ឡើយ ដើម្បី​កុំ​ឲ្យ​រឿង​នេះ​លេច​ឮ​ខ្ចរ‌ខ្ចាយ​ដល់​ប្រជាជន»។ ១៨ ក្រុម​ប្រឹក្សា​ក៏​ហៅ​គ្រីស្ដ‌ទូត​ទាំង​ពីរ​មក ហើយ​ហាម‌ប្រាម​មិន​ឲ្យ​និយាយ និង​បង្រៀន​អំពី​ព្រះ‌នាម​ព្រះ‌យេស៊ូ​ជា​ដាច់​ខាត។ ១៩ លោក​សិលា និង​លោក​យ៉ូហាន មាន​ប្រសាសន៍​តប​ទៅ​គេ​វិញ​ថា៖ «សូម​អស់​លោក​ពិចារណា​មើល នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ គួរ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​តាម​បង្គាប់​អស់​លោក ឬ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ‌អង្គ? ២០ យើង​ខ្ញុំ​ឈប់​និយាយ​អំពី​ហេតុ‌ការណ៍​ដែល​យើង​ខ្ញុំ​បាន​ឃើញ បាន​ឮ​នោះ​ពុំ​កើត​ទេ»។ ២១ ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​រក​ហេតុ ដើម្បី​ដាក់​ទោស​លោក​ទាំង​ពីរ​មិន​បាន ក៏​គំរាម​សា​ជា​ថ្មី​ទៀត រួច​ដោះ​លែង​ឲ្យ​ទៅ​វិញ ដ្បិត​ប្រជាជន​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់ ចំពោះ​ហេតុ‌ការណ៍​ដែល​កើត​មាន​នោះ​គ្រប់ៗ​គ្នា។ ២២ រីឯ​បុរស​ដែល​បាន​ជា​ដោយ​របៀប​អស្ចារ្យ​នោះ មាន​អាយុ​ជាង​សែ‌សិប​ឆ្នាំ​ហើយ។
ពួក​សាវ័ក​អធិស្ឋាន​ទូល‌អង្វរ
២៣ ក្រោយ​ពី​បាន​រួច​ខ្លួន​ហើយ លោក​សិលា និង​លោក​យ៉ូហាន នាំ​គ្នា​ទៅ​ជួប​ពួក​បង‌ប្អូន រៀប​រាប់​អំពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ពួក​មហា‌បូជា‌ចារ្យ និង​ពួក​ព្រឹទ្ធា‌ចារ្យ​បាន​និយាយ។ ២៤ កាល​ពួក​គេ​ឮ​ដូច្នោះ គេ​រួម​ចិត្ត​គំនិត​គ្នា ហើយ​បន្លឺ​សំឡេង​ទូល​ព្រះ‌ជាម្ចាស់​ថា៖ «បពិត្រ​ព្រះ​ដ៏​ជា​ចៅហ្វាយ ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ ផែន‌ដី សមុទ្រ និង​អ្វីៗ​សព្វ​សារពើ​នៅ​ទី​នោះ ២៥ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ តាម‌រយៈ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ គឺ​ព្រះ‌បាទ​ដាវីឌ ជា​បុព្វបុរស*​យើង​ខ្ញុំ​ថា៖
“ហេតុ​អ្វី​បាន​ជា​ជាតិ​សាសន៍​ទាំង‌ឡាយ
នាំ​គ្នា​បង្កើត​កោលា‌ហល?
ហេតុ​អ្វី​បាន​ជា​ប្រជា‌រាស្ដ្រ​នានា
មាន​គំនិត​ឥត​ខ្លឹម‌សារ​ដូច្នេះ?
២៦ ពួក​ស្ដេច​នៅ​លើ​ផែន‌ដី និង​ពួក​មេ​ដឹក​នាំ​ពួត‌ដៃ
រួម​គំនិត​គ្នា​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់
ហើយ​ប្រឆាំង​នឹង​ព្រះ‌គ្រីស្ដ*​របស់​ព្រះ‌អង្គ”
២៧ ប្រាកដ​មែន! នៅ​ក្នុង​ក្រុង​នេះ ស្ដេច​ហេរ៉ូដ និង​លោក​ប៉ុន-‌ពីឡាត បាន​រួម​គ្នា​ប្រឆាំង​នឹង​ព្រះ‌យេស៊ូ​ជា​អ្នក​បម្រើ​ដ៏‌វិសុទ្ធ*​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​អភិសេក ទាំង​មាន​សាសន៍​ដទៃ​ទៀត និង​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​សម​គំនិត​ផង។ ២៨ គេ​នាំ​គ្នា​ប្រព្រឹត្ត​ដូច​ព្រះ‌អង្គ​បាន​កំណត់​ទុក​ជា​មុន តាម​ឫទ្ធិ‌បារមី និង​តាម​ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ។ ២៩ ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ជ្រាប​សេចក្ដី​គំរាម​របស់​ពួក​គេ ហើយ​សូម​ប្រោស​ប្រទាន​ឲ្យ​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ​ថ្លែង​ព្រះ‌បន្ទូល​ដោយ​ចិត្ត​អង់‌អាច​មោះ‌មុត​ផង ៣០ សូម​សម្ដែង​បារមី​ឲ្យ​អ្នក​ជំងឺ​បាន​ជា ឲ្យ​មាន​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​កើត​ឡើង ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ ជា​អ្នក​បម្រើ​ដ៏‌វិសុទ្ធ*​របស់​ព្រះ‌អង្គ»។
៣១ កាល​ពួក​គេ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ដូច្នោះ​រួច​ហើយ កន្លែង​ដែល​គេ​ជួប‌ជុំ​គ្នា​នោះ​ក៏​រញ្ជួយ គេ​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ទាំង​អស់​គ្នា ហើយ​នាំ​គ្នា​ថ្លែង​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ដោយ​ចិត្ត​អង់‌អាច។
ក្រុម​គ្រីស្ដ‌បរិស័ទ​រួម​រស់​ជា​មួយ​គ្នា
៣២ អ្នក​ជឿ​ទាំង​អំបាល‌ម៉ាន​មាន​ចិត្ត​ថ្លើម​តែ​មួយ គ្មាន​អ្នក​ណា​ម្នាក់​នឹក​គិត​ថាទ្រព្យ‌សម្បត្តិ​ដែល​ខ្លួន​មាន ជា​របស់​ខ្លួន​ផ្ទាល់​នោះ​ឡើយ គឺ​គេ​យក​មក​ដាក់​ជា​សម្បត្តិ​រួម​ទាំង​អស់។ ៣៣ ក្រុម​គ្រីស្ដ‌ទូត*​បាន​ប្រកប​ដោយ​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង​ក្លា ហើយ​នាំ​គ្នា​ផ្ដល់​សក្ខី‌ភាព​អំពី​ព្រះ‌អម្ចាស់‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះ‌ជាម្ចាស់​ព្រះ‌អង្គ​សម្ដែង​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ដ៏​លើស‌លប់ ដល់​ពួក​គេ​ទាំង​អស់​គ្នា។ ៣៤ ក្នុង​ចំណោម​ពួក​គេ គ្មាន​នរណា​ខ្វះ​ខាត​អ្វី​ឡើយ។ អស់​អ្នក​ដែល​មាន​ដី​ធ្លី ឬ​ផ្ទះ​សំបែង​នាំ​គ្នា​លក់​ដី​ធ្លី និង​ផ្ទះ​នោះ យក​ប្រាក់ ៣៥ មក​ជូន​ក្រុម​គ្រី​ស្ដ‌ទូត។ បន្ទាប់​មក អ្នក​ជឿ​ទាំង​អស់​គ្នា​ទទួល​ចំណែក តាម​សេចក្ដី​ត្រូវ​ការ​រៀងៗ​ខ្លួន។
៣៦ មាន​បុរស​ម្នាក់ ឈ្មោះ​យ៉ូសែប ជា​ពួក​លេវី ស្រុក​កំណើត​នៅ​កោះ​គីប្រុស ក្រុម​គ្រីស្ដ‌ទូត​បាន​ដាក់​ឈ្មោះ​គាត់​ថា បារណា‌បាស ប្រែ​ថា «អ្នក​លើក​ទឹក​ចិត្ត​គេ»។ ៣៧ គាត់​បាន​លក់​ចម្ការ​របស់​គាត់ ហើយ​យក​ប្រាក់​មក​ជូន​ក្រុម​គ្រីស្ដ‌ទូត​ដែរ។
អណា‌ញ៉ាស និង​សាភី‌រ៉ា
 មាន​បុរស​ម្នាក់​ឈ្មោះ អណា‌ញ៉ាស ភរិយា​ឈ្មោះ​សាភី‌រ៉ា។ គាត់​ក៏​បាន​លក់​ដី​របស់​គាត់​ដែរ  ហើយ​សម​គំនិត​ជា​មួយ​ភរិយា ទុក​ប្រាក់​មួយ​ចំណែក​សម្រាប់​ខ្លួន​ឯង រួច​យក​ប្រាក់​ដែល​នៅ​សល់​ទៅ​ជូន​ក្រុម​គ្រីស្ដ‌ទូត*។
 លោក​សិលា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អាណា‌ញ៉ាស​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​មារ*​សាតាំង​នៅ​ពេញ​ក្នុង​ចិត្ត​អ្នក រហូត​ដល់​ទៅ​កុហក​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* ហើយ​ទុក​ប្រាក់​ដែល​លក់​ដី​បាន​នោះ​មួយ​ចំណែក​ដូច្នេះ?  កាល​ដើម​ឡើយ ដី​នោះ​ជា​កម្ម‌សិទ្ធិ​របស់​អ្នក លុះ​ដល់​អ្នក​លក់​ផុត​ទៅ ប្រាក់​ដែល​បាន​មក​នោះ អ្នក​អាច​ប្រើ‌ប្រាស់​តាម​ចិត្ត! ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មាន​គំនិត​ប្រព្រឹត្ត​យ៉ាង​ហ្នឹង?។ អ្នក​បាន​កុហក​ព្រះ‌ជាម្ចាស់ គឺ​មិន​មែន​កុហក​មនុស្ស​ទេ»។  កាល​អណា‌ញ៉ាស​បាន​ឮ​ពាក្យ​នេះ ក៏​ដួល​ដាច់​ខ្យល់​ស្លាប់​ទៅ។ រីឯ​អស់​អ្នក​ដែល​បាន​ឮ​ដំណឹង​នេះ ក៏​ស្ញែង​ខ្លាច​ជា​ខ្លាំង។  ពួក​យុវជន​នាំ​គ្នា​មក​រុំ​សព​អណា‌ញ៉ាស ហើយ​សែង​យក​ទៅ​កប់។
 ប្រមាណ​ជា​បី​ម៉ោង​ក្រោយ​មក ភរិយា​របស់​អណា‌ញ៉ាស​ចូល​មក​ដល់ ដោយ​មិន​បាន​ដឹង​ហេតុ‌ការណ៍​ដែល​កើត​មាន​នោះ​ឡើយ។  លោក​សិលា​សួរ​នាង​ថា៖ «សូម​ប្រាប់​ខ្ញុំ​មក​មើល៍ តើ​ប្ដី​នាង និង​នាង​លក់​ដី​បាន​ប្រាក់​ប៉ុណ្ណេះ​មែន​ឬ?»។ នាង​ឆ្លើយ​ថា៖ «ចា៎ស! បាន​ប្រាក់​ប៉ុណ្ណឹង​មែន»។  លោក​សិលា​ក៏​មាន​ប្រសាសន៍​ទៅ​នាង​ទៀត​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​សម​គំនិត​គ្នា​ល្បង‌ល​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​ដូច្នេះ? មើល៍‌ហ្ន៎! ពួក​អ្នក​ដែល​បាន​បញ្ចុះ​សព​ប្ដី​នាងមក​ដល់​នៅ​មាត់​ទ្វារ​ហើយ គេ​នឹង​សែង​នាង​យក​ទៅ​ដែរ»។ ១០ រំពេច​នោះ នាង​ក៏​ដួល​នៅ​ទៀប​ជើង​របស់​លោក ហើយ​ដាច់​ខ្យល់​ស្លាប់​ទៅ។ ពេល​ពួក​យុវជន​ចូល​មក ឃើញ​នាង​ស្លាប់ ក៏​នាំ​គ្នា​យក​សព​នាង​ទៅ​បញ្ចុះ នៅ​ក្បែរ​សព​ប្ដី​របស់​នាង។ ១១ ព្រះ‌សហគមន៍*​ទាំង​មូល និង​អស់​អ្នក​ដែល​បាន​ឮ​ដំណឹង​នេះ ស្ញែង​ខ្លាច​ជា​ខ្លាំង។
ក្រុម​គ្រីស្ដ‌ទូត​សម្ដែង​ការ​អស្ចារ្យ​ផ្សេងៗ
១២ គ្រីស្ដ‌ទូត​បាន​នាំ​គ្នា​សម្ដែង​ទី​សម្គាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​ជា​ច្រើន នៅ​ក្នុង​ចំណោម​ប្រជាជន។ អ្នក​ជឿ​ទាំង​អស់​រួម​ចិត្ត​គំនិត​គ្នា គេ​ឈរ​នៅ​តាម​ថែវ​សាឡូម៉ូន។ ១៣ រីឯ​អ្នក​ឯ​ទៀតៗ​គ្មាន​នរណា​ហ៊ាន​មក​ចូល​រួម​ជា​មួយ​គេ​ឡើយ តែ​ប្រជាជន​កោត​សរសើរ​គេ​គ្រប់ៗ​គ្នា។ ១៤ បណ្ដា‌ជន​ទាំង​ប្រុស​ទាំង​ស្រី​ដែល​ជឿ​លើ​ព្រះ‌អម្ចាស់ បាន​មក​ចូល​រួម​កាន់​តែ​ច្រើន​ឡើងៗ។ ១៥ មនុស្ស‌ម្នា​បាន​សែង​អ្នក​ជំងឺ​មក​ដាក់​នៅ​តាម​ផ្លូវ ឲ្យ​ដេក​លើ​គ្រែ​ស្នែង លើ​កន្ទេល ប្រាថ្នា​យ៉ាង​ហោច​ណាស់​គ្រាន់​តែ​ឲ្យ​ស្រមោល​លោក​សិលា​បាំង​លើ​អ្នក​ជំងឺ​ណា​ម្នាក់ នៅ​ពេល​ដែល​លោក​ដើរ​កាត់​តាម​នោះ​ក៏​បាន​ដែរ។ ១៦ មាន​មនុស្ស​ជា​ច្រើន​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ពី​ភូមិ​នានា នៅ​ជិត​ក្រុង​យេរូ‌សាឡឹម ទាំង​សែង​អ្នក​ជំងឺ និង​អ្នក​ដែល​មាន​ខ្មោច​ចូល​មក​ជា​មួយ​ផង អ្នក​ទាំង​នោះ​បាន​ជា​គ្រប់ៗ​គ្នា។
ក្រុម​គ្រីស្ដ‌ទូត​ត្រូវ​គេ​បៀត‌បៀន
១៧ ពេល​នោះ លោក​មហា‌បូជា‌ចារ្យ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ទាំង​ប៉ុន្មាន គឺ​ពួក​ខាង​គណៈ‌សាឌូ‌ស៊ី* មាន​ចិត្ត​ក្ដៅ​ក្រហាយ​ជា​ខ្លាំង។ ១៨ គេ​លើក​គ្នា​មក​ចាប់​ក្រុម​គ្រីស្ដ‌ទូត* យក​ទៅ​ឃុំ‌ឃាំង​នៅ​ពន្ធ‌នាគារ​សាធារណៈ។ ១៩ លុះ​ដល់​យប់ មាន​ទេវទូត*​របស់​ព្រះ‌អម្ចាស់មក​បើក​ទ្វារ​ពន្ធ‌នាគារ​ឲ្យ​ក្រុម​គ្រីស្ដ‌ទូត​ចេញ ទាំង​ពោល​ថា៖ ២០ «សូម​អញ្ជើញ​ទៅ​ឈរ​ក្នុង​ព្រះ‌វិហារ* ហើយ​ប្រកាស​ព្រះ‌បន្ទូល​ទាំង​អស់​ដែល​ផ្ដល់​ជីវិត​នេះ​ឲ្យ​ប្រជាជន​ស្ដាប់​ទៅ»។ ២១ កាល​បាន​ឮ​ពាក្យ​ទេវទូត ក្រុម​គ្រីស្ដ‌ទូត​នាំ​គ្នា​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​តាំង​ពី​ព្រលឹម ហើយ​បង្រៀន​ប្រជាជន។
លោក​មហា​បូជា‌ចារ្យ* និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក កោះ​ហៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់* និង​ព្រឹទ្ធ‌សភា​នៃ​ប្រជាជន​អ៊ីស្រា‌អែល​មក​ជួប‌ជុំ​គ្នា រួច​ចាត់​អ្នក​យាម​ឲ្យ​ទៅ​នាំ​ក្រុម​គ្រីស្ដ‌ទូត​ពី​ពន្ធ‌នាគារ​មក។ ២២ ពេល​ទៅ​ដល់​ទី​ឃុំ‌ឃាំង គេ​ពុំ​ឃើញ​ក្រុម​គ្រីស្ដ‌ទូត​ទេ គេ​នាំ​គ្នា​វិល​មក​វិញ រាយ‌ការណ៍​ជម្រាប​អង្គ​ប្រជុំ​ថា៖ ២៣ «យើង​ខ្ញុំ​ឃើញ​ទី​ឃុំ‌ឃាំង​នៅ​បិទ​ជិត​ល្អ​ណាស់ ហើយ​ពួក​អ្នក​យាម​ក៏​ឈរ​យាម​នៅ​ខាង​មុខ​ទ្វារ​ដែរ តែ​ពេល​យើង​ខ្ញុំ​បើក​ទ្វារ ពុំ​ឃើញ​មាន​នរណា​ម្នាក់​នៅ​ក្នុង​ទី​នោះ​សោះ»។ ២៤ កាល​មេ​កង​រក្សា​ព្រះ‌វិហារ និង​ពួក​នាយក​បូជា‌ចារ្យ​ឮ​ដូច្នោះ គេ​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា​អំពី​ក្រុម​គ្រីស្ដ‌ទូត និង​អំពី​ហេតុ‌ការណ៍​ដែល​កើត​ឡើង​នោះ​ឡើយ។ ២៥ ពេល​នោះ មាន​ម្នាក់​ចូល​មក​ជម្រាប​អង្គ​ប្រជុំ​ថា៖ «ពួក​អ្នក​ដែល​អស់​លោក​បាន​ចាប់​ឃុំ‌ឃាំង កំពុង​តែ​ឈរ​បង្រៀន​ប្រជាជន ក្នុង​ព្រះ‌វិហារ​ឯ‌ណោះ!»។ ២៦ មេ​កង​រក្សា​ព្រះ‌វិហារក៏​នាំ​ទាហាន​ចេញ​ទៅ​ចាប់​ក្រុម​គ្រីស្ដ‌ទូត​បណ្ដើរ​មក តែ​ឥត​មាន​ធ្វើ​បាប​អ្វី​ទេ ព្រោះ​គេ​ខ្លាច​ប្រជាជន​យក​ដុំ​ថ្ម​គប់។ ២៧ លុះ​នាំ​ក្រុម​គ្រីស្ដ‌ទូត​មក​ដល់​ហើយ គេ​ក៏​ឲ្យ​ឈរ​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ លោក​មហា‌បូជា‌ចារ្យ​សួរ​ក្រុម​គ្រីស្ដ‌ទូត​ថា៖ ២៨ «យើង​បាន​ហាម‌ប្រាម​អ្នក​រាល់​គ្នា​មិន​ឲ្យ​បង្រៀន​ប្រជាជន​ក្នុង​នាម​អ្នក​នោះ​ជា​ដាច់​ខាត តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​បង្រៀន​គេ​ពាស‌ពេញ​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល​ទៅ​វិញ!។ អ្នក​រាល់​គ្នា​ក៏​ចង់​ទម្លាក់​កំហុស​នៃ​ការ​ប្រហារ​ជីវិត​បុរស​នោះ មក​លើ​យើង​ថែម​ទៀត​ផង!»។
២៩ លោក​សិលា និង​គ្រីស្ដ‌ទូត​ឯ​ទៀតៗ​ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​ត្រូវ​ស្ដាប់​បង្គាប់​ព្រះ‌ជាម្ចាស់​ជា​ជាង​ស្ដាប់​បង្គាប់​មនុស្ស។ ៣០ ព្រះ​នៃ​បុព្វបុរស​របស់​យើង ព្រះ‌អង្គ​បាន​ប្រោស​លោក​យេស៊ូ ដែល​អស់​លោក​បាន​សម្លាប់ ដោយ​ព្យួរ​នៅ​លើ​ឈើ​នោះ ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ។ ៣១ ព្រះ‌ជាម្ចាស់​បាន​លើក​លោក​យេស៊ូ​ឡើង ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ ហើយ​តែង‌តាំង​លោក​ជា​ព្រះ‌អង្គ​ម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ ដើម្បី​ឲ្យ​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ឲ្យ​រួច​ពី​បាប*។ ៣២ យើង​ខ្ញុំ​ជា​សាក្សី​អំពី​ហេតុ‌ការណ៍​ទាំង​នេះ ហើយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ដល់​អស់​អ្នក​ស្ដាប់​បង្គាប់​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​ជា​សាក្សី​ដែរ»។
៣៣ កាល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ឮ​ដូច្នេះ គេ​ក្រេវ‌ក្រោធ​ជា​ខ្លាំង ហើយ​ចង់​សម្លាប់​ក្រុម​គ្រីស្ដ‌ទូត​ថែម​ទៀត​ផង។ ៣៤ ប៉ុន្តែ មាន​បុរស​ម្នាក់​ខាង​គណៈ‌ផារីស៊ី*​ឈ្មោះ​កាម៉ា‌លីអែល ជា​អ្នក​បណ្ឌិត​ខាង​វិន័យ ដែល​ប្រជាជន​គោរព​គ្រប់ៗ​គ្នា ក្រោក​ឈរ​ឡើង​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ សុំ​ឲ្យ​គេ​នាំ​ក្រុម​គ្រីស្ដ‌ទូត​ចេញ​ពី​ទី​នោះ​មួយ​ស្របក់ ៣៥ រួច​មាន​ប្រសាសន៍​ទៅ​កាន់​អង្គ​ប្រជុំ​ថា៖ «អស់​លោក​ជា​ជន​ជាតិ​អ៊ីស្រា‌អែល​អើយ សូម​ប្រយ័ត្ន​ចំពោះ​អំពើ​ដែល​អស់​លោក​ប៉ុន‌ប៉ង​នឹង​ធ្វើ​ដល់​អ្នក​ទាំង​នេះ។ ៣៦ ក្នុង​ពេល​ថ្មីៗ​កន្លង​ទៅ មាន​ម្នាក់​ឈ្មោះ​ថឺដាស បាន​តាំង​ខ្លួន​ឡើង​ជា​វីរ‌ជន ហើយ​ប្រមូល​បាន​មនុស្ស​ប្រមាណ​ជា​បួន‌រយ​នាក់។ ថឺដាស​ត្រូវ​គេ​ប្រហារ​ជីវិត រីឯ​ពួក​អ្នក​ដែល​ចូល​ដៃ​ជា​មួយ​គាត់ ក៏​ត្រូវ​បែក‌ខ្ញែក​គ្នា​អស់​គ្មាន​សល់។ ៣៧ បន្ទាប់​មក នៅ​ជំនាន់​ដែល​គេ​ជំរឿន​ប្រជាជន មាន​យូដាស​ជា​អ្នក​ស្រុក​កាលី‌ឡេ បាន​លើក​ខ្លួន​ឡើង បញ្ចុះ‌បញ្ចូល​មនុស្ស​ជា​ច្រើន​ឲ្យ​ទៅ​តាម​គាត់។ យូដាស​ក៏​ត្រូវ​គេ​ប្រហារ​ជីវិត​ដែរ ហើយ​អស់​អ្នក​ដែល​ចូល​ដៃ​ជា​មួយ​គាត់​ក៏​បែក‌ខ្ញែក​គ្នា​អស់​ទៅ។ ៣៨ ឥឡូវ​នេះ ខ្ញុំ​សូម​ជម្រាប​អស់​លោក​ថា សូម​កុំ​រវី‌រវល់​នឹង​អ្នក​ទាំង​នេះ​ទៀត​ធ្វើ​អ្វី លែង​គេ​ឲ្យ​ទៅ​វិញ​ទៅ។ ប្រសិន​បើ​គម្រោង‌ការ និង​កិច្ច‌ការ​ដែល​គេ​ចាប់​ផ្ដើម​ធ្វើ​មាន​ប្រភព​ចេញ​មក​ពី​មនុស្ស នោះ​មុខ​ជា​រលាយ​សាប‌សូន្យ​មិន​ខាន ៣៩ ផ្ទុយ​ទៅ​វិញ បើ​កិច្ច‌ការ​ទាំង​នោះ​មាន​ប្រភព​ចេញ​មក​ពី​ព្រះ‌ជាម្ចាស់ អស់​លោក​ពុំ​អាច​រំលាយ​បាន​ឡើយ។ ហេតុ​នេះ សូម​ប្រុង​ប្រយ័ត្ន ក្រែង​លោ​អស់​លោក​បែរ​ជា​ប្រឆាំង​ទាស់​នឹង​ព្រះ‌ជាម្ចាស់​ទៅ​វិញ»។ គេ​យល់​ស្រប​តាម​យោបល់​របស់​លោក​កាម៉ា‌លីអែល​ទាំង​អស់​គ្នា ៤០ គេ​ក៏​ហៅ​ក្រុម​គ្រីស្ដ‌ទូត​មក​វិញ ហើយ​បញ្ជា​ឲ្យ​វាយ​នឹង​រំពាត់ ទាំង​ហាម‌ប្រាម​មិន​ឲ្យ​ប្រកាស​អំពី​ព្រះ‌នាម​ព្រះ‌យេស៊ូ​ទៀត រួច​លែង​ឲ្យ​ត្រឡប់​ទៅ​វិញ។ ៤១ ក្រុម​គ្រីស្ដ‌ទូត​ចាក​ចេញ​ពី​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ទាំង​អរ​សប្បាយ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ឲ្យ​គេ​មាន​កិត្តិយស​រង​ទុក្ខ​ទោស ព្រោះ​តែ​ព្រះ‌នាម​ព្រះ‌យេស៊ូ។ ៤២ ជា​រៀង​រាល់​ថ្ងៃ គេ​តែង‌តែ​បង្រៀន​ប្រជាជន និង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ* អំពី​ព្រះ‌យេស៊ូ‌គ្រីស្ដ*​ នៅ​ក្នុង​ព្រះ‌វិហារ* និង​នៅ​តាម​ផ្ទះ ឥត​ឈប់​ឈរ​ឡើយ។
ការ​ជ្រើស‌រើស​ក្រុម​ប្រាំ​ពីរ​រូប
 នៅ​គ្រា​នោះ ចំនួន​សាវ័ក​ចេះ​តែ​កើន​ឡើង​ជា​លំដាប់។ ជន​ជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រិក​ នាំ​គ្នា​រអ៊ូ‌រទាំ​ទាស់​នឹង​ជន​ជាតិ​យូដា​ដែល​និយាយ​ភាសា​ហេប្រឺ​ថា នៅ​ពេល​ចែក​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ ពួក​ហេប្រឺ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ស្ត្រី‌មេម៉ាយ​ខាង​ពួក​ខ្លួន​ទេ។  គ្រីស្ដ‌ទូត*​ទាំង​ដប់‌ពីរ​រូប​ក៏​កោះ​ហៅ​ពួក​សាវ័ក​ទាំង​អស់​មក ហើយ​មាន​ប្រសាសន៍​ថា៖ «មិន​គួរ​ឲ្យ​យើង​ខ្ញុំ ចោល​ការ​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ទៅ​បម្រើ​តុ​ឡើយ។  ហេតុ​នេះ បង‌ប្អូន​អើយ សូម​នាំ​គ្នា​ជ្រើស‌រើស​យក​បុរស​ប្រាំ​ពីរ​រូប​ក្នុង​ចំណោម​បង‌ប្អូន​ដែល​ជា​អ្នក​មាន​កេរ្តិ៍‌ឈ្មោះ​ល្អ ហើយ​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ និង​ប្រាជ្ញា​ឈ្លាស​វៃ។ យើង​ខ្ញុំ​នឹង​តែង‌តាំង​គេ​ឲ្យ​បំពេញ​មុខ‌ងារ​នេះ។  រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​នឹង​គិត​តែ​ពី​អធិស្ឋាន និង​បម្រើ​ព្រះ‌បន្ទូល»។  ពួក​សាវ័ក​ទាំង​ប៉ុន្មាន​ពេញ​ចិត្ត​នឹង​សេចក្ដី​ស្នើ​នេះ​ណាស់ គេ​ក៏​ជ្រើស​យក​លោក​ស្ទេផាន ដែល​ពោរ‌ពេញ​ដោយ​ជំនឿ និង​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* លោក​ភីលីព លោក​ប្រូគ័រ លោក​នីកា‌ន័រ លោក​ទីម៉ូន លោក​ប៉ារមេ‌ណាស និង​លោក​នីកូ‌ឡាស ជា​អ្នក​ស្រុក​អន់‌ទី‌យ៉ូក ដែល​ចូល​សាសនា​យូដា។  គេ​នាំ​អ្នក​ទាំង​នោះ​មក​ជួប​ក្រុម​គ្រីស្ដ‌ទូត ក្រុម​គ្រីស្ដ‌ទូត​ក៏​នាំ​គ្នា​អធិស្ឋាន ហើយ​ដាក់​ដៃ*​ពី​លើ​អ្នក​ទាំង​នោះ។
 ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ក៏​ឮ​សុស‌សាយ​កាន់​តែ​ខ្លាំង​ឡើងៗ ចំនួន​សាវ័ក​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​កើន​ឡើង​ជា​ច្រើន​ឥត​គណនា ហើយ​មាន​ពួក​បូជា‌ចារ្យ*​ដ៏​ច្រើន​លើស‌លប់ សុខ​ចិត្ត ប្រតិបត្តិ​តាម​ជំនឿ​ដែរ។
លោក​ស្ទេផាន​ត្រូវ​គេ​ចាប់​ខ្លួន
 ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក​ស្ទេផាន​ណាស់ ហើយ​ព្រះ‌អង្គ​ប្រទាន​ឫទ្ធានុភាព​ឲ្យ​លោក​សម្ដែង​ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ទី​សម្គាល់​ធំៗ​ក្នុង​ចំណោម​ប្រជាជន។  មាន​អ្នក​ខ្លះ​ជា​សមាជិក​សាលា​ប្រជុំ*​ដែល​គេ​ហៅ​ថា «សាលា​ប្រជុំ​ពួក​អ្នក​ងារ​ពី​ដើម» និង​អ្នក​ខ្លះ​ពី​ចំណោម​អ្នក​ស្រុក​គីរេន អ្នក​ស្រុក​អាឡិច‌សន់ឌ្រី និង​អ្នក​ខ្លះ​ទៀត​ពី​ចំណោម​អ្នក​ស្រុក​ស៊ីលីស៊ី និង​អ្នក​ស្រុក​អាស៊ី នាំ​គ្នា​ជជែក​ជា​មួយ​លោក​ស្ទេផាន ១០ ប៉ុន្តែ គេ​ពុំ​អាច​ជជែក​ឈ្នះ​លោក​ស្ទេផាន​ឡើយ ព្រោះ​លោក​មាន​ប្រសាសន៍​ប្រកប​ដោយ​ប្រាជ្ញា​មក​ពី​ព្រះ‌វិញ្ញាណ។ ១១ ដូច្នេះ អ្នក​ទាំង​នេះ​នាំ​គ្នា​សូក​មនុស្ស​ខ្លះ​ឲ្យ​និយាយ​ថា៖ «យើង​ខ្ញុំ​បាន​ឮ​អ្នក​នេះ ពោល​ពាក្យ​ប្រមាថ​លោក​ម៉ូសេ និង​ប្រមាថ​ព្រះ‌ជាម្ចាស់»។ ១២ គេ​បាន​បំបះ‌បំបោរ​ប្រជាជន បំបះ‌បំបោរ​ពួក​ព្រឹទ្ធា‌ចារ្យ* និង​ពួក​បណ្ឌិត​ខាង​វិន័យ* រួច​មក​ចាប់​លោក​ស្ទេផាន​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*។ ១៣ គេ​នាំ​សាក្សី​ក្លែង‌ក្លាយ​មក​ចោទ​ប្រកាន់​លោក​ថា៖ «ជន​នេះ​ចេះ​តែ​និយាយ​ប្រឆាំង​នឹង​ព្រះ‌វិហារ* ប្រឆាំង​នឹង​គម្ពីរ‌វិន័យ* ឥត​ឈប់​ឈរ។ ១៤ យើង​ខ្ញុំ​បាន​ឮ​គាត់​និយាយ​ថា ឈ្មោះ​យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត នោះ​នឹង​រុះ​ព្រះ‌វិហារ​ចោល ព្រម​ទាំង​ប្ដូរ​ប្រពៃណី​ដែល​លោក​ម៉ូសេ​បាន​ទុក​ឲ្យ​យើង​ខ្ញុំ​ថែម​ទៀត​ផង»។ ១៥ អស់​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ទាំង​ប៉ុន្មាន សម្លឹង​មើល​មក​លោក​ស្ទេផាន​គ្រប់ៗ​គ្នា ហើយ​ឃើញ​មុខ​របស់​លោក​មាន​ទ្រង់‌ទ្រាយ​ដូច​មុខ​របស់​ទេវទូត*។
សុន្ទរ‌កថា​របស់​លោក​ស្ទេផាន
 លោក​មហា‌បូជា‌ចារ្យ​មាន​ប្រសាសន៍​សួរ​ថា៖ «តើ​ពិត​ជា​ដូច្នេះ​មែន​ឬ?»  លោក​ស្ទេផាន​ឆ្លើយ​ឡើង​ថា៖ «សូម​ជម្រាប​អស់​លោក​ជា​បង‌ប្អូន និង​ជា​ឪពុក សូម​ជ្រាប! កាល​លោក​អប្រាហាំ*​ជា​បុព្វបុរស*​របស់​យើង រស់​នៅ​ឯ​ស្រុក​មេសូ‌ប៉ូតាមី គឺ​មុន​ពេល​លោក​ទៅ​នៅ​ស្រុក​ហារ៉ន ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​សិរី‌រុង​រឿង បាន​មក​បង្ហាញ​ព្រះ‌អង្គ​ឲ្យ​លោក​ឃើញ  ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ “ចូរ​ចាក​ចេញ​ពី​ស្រុក​កំណើត​របស់​អ្នក ចាក​ចេញ​ពី​ញាតិ‌សន្ដាន​របស់​អ្នក រួច​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ​ដែល​យើង​នឹង​បង្ហាញ​អ្នក!”​។  លោក​អប្រាហាំ​ក៏​ចាក​ចេញ​ពី​ស្រុក​ខាល់ដេ​ទៅ​រស់​នៅ​ក្នុង​ស្រុក​ហារ៉ន។ ក្រោយ​ពេល​ឪពុក​របស់​លោក​ទទួល​មរណ‌ភាព​ផុត​ទៅ ព្រះ‌ជាម្ចាស់​បាន​នាំ​លោក​ចេញ​ពី​ស្រុក​នោះ មក​នៅ​ស្រុក​ដែល​អស់​លោក​រស់​នៅ​សព្វ​ថ្ងៃ។  នៅ​ស្រុក​នេះ ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រទាន​ដី​ធ្លី​ឲ្យ​លោក​ឡើយ គឺ​សូម្បី​តែ​ដី​ល្មម​នឹង​ដាក់​បាត​ជើង ក៏​ព្រះ‌អង្គ​មិន​ប្រទាន​ឲ្យ​ដែរ។ ប៉ុន្តែ ព្រះ‌អង្គ​បាន​សន្យា​ថា នឹង​ប្រគល់​ស្រុក​នេះ​ទាំង​មូល​មក​ឲ្យ​លោក និង​ឲ្យ​ពូជ‌ពង្ស​របស់​លោក​ទៅ​ជំនាន់​ក្រោយៗ​ផង។ ពេល​នោះ លោក​អប្រាហាំ​គ្មាន​កូន​ទេ។  ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថាៈ “ពូជ‌ពង្ស​របស់​អ្នក​នឹង​អាស្រ័យ​នៅ​លើ​ទឹក​ដី​បរទេស។ អ្នក​ស្រុក​នោះ​នឹង​យក​ពូជ‌ពង្ស​របស់​អ្នក​ធ្វើ​ជា​ខ្ញុំ​បម្រើ ព្រម​ទាំង​ធ្វើ​ទុក្ខ​ទោស​គេ អស់‌រយៈ​ពេល​បួន‌រយ​ឆ្នាំ”។  ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា “ប៉ុន្តែ យើង​នឹង​ដាក់​ទោស​ជាតិ​សាសន៍​ដែល​យក​ពូជ‌ពង្ស​របស់​អ្នក​ធ្វើ​ជា​ខ្ញុំ​បម្រើ។ ក្រោយ​មក ពូជ‌ពង្ស​របស់​អ្នក​នឹង​ចាក​ចេញ​ពី​ស្រុក​នោះ មក​គោរព​ថ្វាយ‌បង្គំ​យើង​នៅ​កន្លែង​នេះ”​។  បន្ទាប់​មក ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទាន​សម្ពន្ធ‌មេត្រី*​ឲ្យ​លោក​អប្រាហាំ ដោយ​យក​ពិធី​កាត់​ស្បែក*​ធ្វើ​ជា​សញ្ញា។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​អ៊ីសាក​កើត​បាន​ប្រាំ​បី​ថ្ងៃ លោក​អប្រាហាំ ជា​ឪពុក បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ។ លោក​អ៊ីសាក​ក៏​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​លោក​យ៉ាកុប ហើយ​លោក​យ៉ាកុប​ក៏​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​បុព្វបុរស*​ទាំង​ដប់‌ពីរ​រូប​ដែរ។
ពួក​បុព្វបុរស​មាន​ចិត្ត​ច្រណែន‌ឈ្នានីស​នឹង​លោក​យ៉ូសែប ក៏​លក់​លោក​ឲ្យ​គេ​នាំ​យក​ទៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេស៊ីប។ ១០ ប៉ុន្តែ ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​លោក ព្រះ‌អង្គ​បាន​រំដោះ​លោក​ឲ្យ​រួច​ផុត​ពី​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន។ ព្រះ‌អង្គ​ប្រទាន​ឲ្យ​លោក​មាន​ប្រាជ្ញា​វាង‌វៃ និង​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប។ ព្រះ‌ចៅ​ផារ៉ោន​បាន​តែង‌តាំង​លោក​ឲ្យ​គ្រប់‌គ្រង​ស្រុក​អេស៊ីប និង​ត្រួត‌ត្រា​ព្រះ‌រាជ​វាំង​ទាំង​មូល​ផង។
១១ ពេល​នោះ មាន​កើត​ទុរ្ភិក្ស​ពេញ​ទាំង​ស្រុក​អេស៊ីប និង​ស្រុក​កាណាន បណ្ដាល​ឲ្យ​មាន​ទុក្ខ​វេទនា​ជា​ខ្លាំង បុព្វបុរស​របស់​យើង​រក​អ្វី​បរិភោគ​ពុំ​បាន​ឡើយ។ ១២ ពេល​លោក​យ៉ាកុប​ឮ​ដំណឹង​ថានៅ​ស្រុក​អេស៊ីប​មាន​ស្រូវ លោក​ក៏​ចាត់​ពួក​បុព្វបុរស​របស់​យើង ឲ្យ​ទៅ​ស្រុក​នោះ​ជា​លើក​ទី​មួយ។ ១៣ នៅ​លើក​ទី​ពីរ លោក​យ៉ូសែប​បាន​ប្រាប់​ឲ្យ​បង‌ប្អូន​របស់​លោក​ស្គាល់​លោក ហើយ​ព្រះ‌ចៅ​ផារ៉ោន​ក៏​បាន​ជ្រាប​អំពី​ដើម​កំណើត​របស់​លោក​យ៉ូសែប​ដែរ។ ១៤ បន្ទាប់​មក លោក​យ៉ូសែប​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​យ៉ាកុប ជា​ឪពុក និង​ញាតិ‌សន្ដាន​ទាំង​អស់ ដែល​មាន​គ្នា​ចិត‌សិប​ប្រាំ​នាក់​នោះ​មក។ ១៥ លោក​យ៉ាកុប​ក៏​ចុះ​ទៅ​ស្រុក​អេស៊ីប ហើយ​លោក​ទទួល​មរណ‌ភាព​ទៅ ពួក​បុព្វបុរស​ក៏​ទទួល​មរណ‌ភាព​នៅ​ស្រុក​នោះ​ដែរ។ ១៦ គេ​បាន​ដឹក​សព​លោក​យ៉ាកុប និង​សព​ពួក​បុព្វបុរស​មក​បញ្ចុះ​នៅ​ភូមិ​ស៊ីគែម ក្នុង​ផ្នូរ​ដែល​លោក​អប្រាហាំ​បាន​ទិញ​ពី​កូន​របស់​លោក​ហាម័រ នៅ​ភូមិ​ស៊ីគែម​នោះ។
១៧ លុះ​ជិត​ដល់​ពេល​ព្រះ‌ជាម្ចាស់ ត្រូវ​បំពេញ​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​សន្យា​ជា​មួយ​លោក​អប្រាហាំ ជន​ជាតិ​របស់​យើង​បាន​កើន​ចំនួន​កាន់​តែ​ច្រើន​ឡើងៗ​នៅ​ស្រុក​អេស៊ីប។ ១៨ បន្ទាប់​មក មាន​ស្ដេច​ថ្មី​ឡើង​គ្រង​រាជ្យ​នៅ​ស្រុក​អេស៊ីប តែ​ស្ដេច​មិន​ស្គាល់​លោក​យ៉ូសែប​ទេ។ ១៩ ស្ដេច​ថ្មី​នោះ​បាន​ប្រើ​ល្បិច​អាក្រក់​មក​លើ​ពូជ​សាសន៍​យើង គឺ​ស្ដេច​បាន​ធ្វើ​បាប​បុព្វបុរស​របស់​យើង រហូត​ដល់​បង្ខំ​ពួក​គាត់​ឲ្យ​យក​ទារក​តូចៗ​របស់​ខ្លួន​ទៅ​បំបរ‌បង់​ចោល ដើម្បី​កុំ​ឲ្យ​មាន​ជីវិត​រស់​ត​ទៅ​មុខ​ទៀត។ ២០ លោក​ម៉ូសេ​បាន​កើត​នៅ​ជំនាន់​នោះ ហើយ​លោក​ជា​ទារក​មួយ​ដ៏​ស្អាត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់។ ឪពុក‌ម្ដាយ​បាន​ចិញ្ចឹម​លោក​នៅ​ក្នុង​ផ្ទះ​អស់‌រយៈ​ពេល​បី​ខែ។ ២១ កាល​គេ​បំបរ‌បង់​លោក​ចោល បុត្រី​របស់​ស្ដេច​ផារ៉ោន​បាន​រើស​លោក​យក​មក​ចិញ្ចឹម​បី​បាច់​ថែ‌រក្សា ធ្វើ​ជា​កូន។ ២២ លោក​ម៉ូសេ​បាន​ទទួល​ការ​អប់រំ តាម​ចំណេះ​វិជ្ជា​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​អេស៊ីប លោក​មាន​សំនួន‌វោហារ​ពូកែ ហើយ​ប៉ិន‌ប្រសប់​ធ្វើ​កិច្ច‌ការ​ផ្សេងៗ​ផង។
២៣ លុះ​ដល់​លោក​មាន​អាយុ​គម្រប់​សែ‌សិប​ឆ្នាំ លោក​ក៏​បាន​សម្រេច​ចិត្ត​ទៅ​សួរ​សុខ​ទុក្ខ​ជន​ជាតិ​អ៊ីស្រា‌អែល ជា​បង‌ប្អូន​រួម​ជាតិ​របស់​លោក។ ២៤ លោក​បាន​ឃើញ​ជន​រួម​ជាតិ​របស់​លោក​ម្នាក់​ត្រូវ​គេ​ធ្វើ​បាប លោក​ក៏​ចេញ​មុខ​ការ‌ពារ ហើយ​សង‌សឹក​ជំនួស​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប ដោយ​វាយ​សម្លាប់​ជន​ជាតិ​អេស៊ីប​នោះ​ទៅ។ ២៥ លោក​នឹក​ស្មាន​ថា បង‌ប្អូន​រួម​ជាតិ​របស់​លោក​មុខ​ជា​យល់​ថា ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​ពួក​គេ​តាម‌រយៈ​លោក ប៉ុន្តែ ពួក​គេ​ពុំ​បាន​យល់​ដូច្នោះ​ឡើយ។ ២៦ នៅ​ថ្ងៃ​បន្ទាប់ លោក​ម៉ូសេ​បាន​ប្រទះ​ឃើញ​ជន​ជាតិ​អ៊ីស្រា‌អែល​ខ្លះ​កំពុង​វាយ​គ្នា លោក​ក៏​មាន​ប្រសាសន៍​សម្រុះ‌សម្រួល​គេ​ថាៈ “អ្នក​រាល់​គ្នា​ជា​បង‌ប្អូន​នឹង​គ្នា ហេតុ​ដូច​ម្ដេច​បាន​ជា​ធ្វើ​បាប​គ្នា​ឯង​ដូច្នេះ?”។ ២៧ ម្នាក់​ដែល​ធ្វើ​បាប​បង‌ប្អូន បាន​ច្រាន​លោក​ម៉ូសេ​ចេញ ទាំង​ពោល​ថាៈ “នរណា​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​ចៅ‌ក្រម​ពី​លើ​យើង? ២៨ តើ​អ្នក​ចង់​សម្លាប់​ខ្ញុំ​ដូច​អ្នក​បាន​សម្លាប់​អេស៊ីប​ម្នាក់​ពី​ម្សិល‌មិញ​នោះ​ដែរ​ឬ?”​។ ២៩ កាល​លោក​ម៉ូសេ​ឮ​ពាក្យ​នេះ លោក​ក៏​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​ម៉ាឌីយ៉ាន។ នៅ​ស្រុក​នោះ លោក​បាន​កូន​ប្រុស​ពីរ​នាក់។
៣០ សែ‌សិប​ឆ្នាំ​កន្លង​មក​ទៀត មាន​ទេវទូត*​មួយ​រូប​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​ឃើញ នៅ​វាល​រហោ‌ស្ថាន​ភ្នំ​ស៊ីណៃ ក្នុង​អណ្ដាត​ភ្លើង​ដែល​កំពុង​ឆេះ​នៅ​គុម្ពោត​មួយ។ ៣១ លោក​ម៉ូសេ​ងឿង‌ឆ្ងល់ចំពោះ​ហេតុ​ដ៏​អស្ចារ្យ ដែល​លោក​ឃើញ​នោះ​ណាស់។ ពេល​លោក​ចូល​ទៅ​ជិត ដើម្បី​ពិនិត្យ​មើល លោក​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់​ថាៈ ៣២ “យើង​ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក គឺ​ជា​ព្រះ​របស់​អប្រាហាំ ព្រះ​របស់​អ៊ីសាក និង​ព្រះ​របស់​យ៉ាកុប”​។ លោក​ម៉ូសេ​ភ័យ​ញ័រ​ជា​ខ្លាំង ពុំ​ហ៊ាន​សម្លឹង​មើល​ទេ។ ៣៣ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ថាៈ “ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​ដែល​អ្នក​ឈរ​នេះ​ជា​កន្លែង​ដ៏‌វិសុទ្ធ*។ ៣៤ យើង​បាន​ឃើញ​ប្រជា‌រាស្ដ្រ​របស់​យើង​រង​ទុក្ខ​លំបាក​នៅ​ស្រុក​អេស៊ីប យើង​ក៏​បាន​ឮ​សម្រែក​សោក​សៅ​របស់​គេ​ដែរ យើង​ចុះ​មក​នេះ ដើម្បី​រំដោះ​ពួក​គេ។ ចូរ​មក! យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ស្រុក​អេស៊ីប​ឥឡូវ​នេះ”​។
៣៥ ជន​ជាតិ​អ៊ីស្រា‌អែល បាន​បដិសេធ​មិន​ទទួល​ស្គាល់​លោក​ម៉ូសេ​នេះ​ទេ ដោយ​ពោល​ថា “នរណា​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​ចៅ‌ក្រម​លើ​យើង?”។ ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ចាត់​លោក​ឲ្យ​ទៅ ក្នុង​ឋានៈ​ជា​មេ​ដឹក​នាំ និង​ជា​អ្នក​រំដោះ ដោយ​មាន​ជំនួយ​ពី​ទេវទូត ដែល​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​ឃើញ​ក្នុង​គុម្ពោត។ ៣៦ គឺ​លោក​ម៉ូសេ​នេះ​ហើយ ដែល​បាន​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល​ចេញ​មក ទាំង​សម្ដែង​ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ទី​សម្គាល់​ដ៏​អស្ចារ្យ នៅ​ស្រុក​អេស៊ីប នៅ​សមុទ្រ​ក្រហម និង​នៅ​វាល​រហោ‌ស្ថាន អស់‌រយៈ​ពេល​សែ‌សិប​ឆ្នាំ​ផង។ ៣៧ លោក​ម៉ូសេ​នេះ​ហើយដែល​មាន​ប្រសាសន៍​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រា‌អែល​ថាៈ “ព្រះ‌ជាម្ចាស់​នឹង​ធ្វើ​ឲ្យ​មាន​ព្យាការី​ម្នាក់​ដូច​ខ្ញុំ ងើប​ឡើង​ពី​ចំណោម​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា”៣៨ កាល​ជន​ជាតិ​អ៊ីស្រា‌អែល​នៅ​ជួប‌ជុំ​គ្នា​ក្នុង​វាល​រហោ‌ស្ថាន គឺ​លោក​ម៉ូសេ​នេះ​ហើយ ដែល​នៅ​ជា​មួយ​ទេវទូត​ផង នៅ​ជា​មួយ​បុព្វបុរស​ផង។ ទេវទូត​បាន​ថ្លែង​ព្រះ‌បន្ទូល​មក​លោក នៅ​លើ​ភ្នំ​ស៊ីណៃ ហើយ​លោក​បាន​ទទួល​ព្រះ‌បន្ទូល​ដែល​ផ្ដល់​ជីវិត យក​មក​ប្រគល់​ឲ្យ​យើង​ទាំង​អស់​គ្នា។ ៣៩ បុព្វបុរស​របស់​យើង​មិន​ព្រម​ស្ដាប់​បង្គាប់​លោក​ទេ គឺ​គេ​បែរ​ជា​នាំ​គ្នា​ជំទាស់​នឹង​លោក ហើយ​មាន​ចិត្ត​ចង់​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ ៤០ ដោយ​ពោល​ទៅ​កាន់​លោក​អរ៉ុន​ថាៈ “សូម​លោក​ឆ្លាក់​រូប​ចម្លាក់​ផ្សេងៗ​ធ្វើ​ជា​ព្រះ​ដឹក​នាំ​យើង ដ្បិត​លោក​ម៉ូសេ ដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ យើង​មិន​ដឹង​លោក​ទៅ​ជា​យ៉ាង​ណា​ហើយ​ទេ!”៤១ នៅ​គ្រា​នោះ គេ​ក៏​បាន​ឆ្លាក់​រូប​កូន​គោ​មួយ ហើយ​យក​យញ្ញ‌បូជា​មក​ថ្វាយ​រូប​ចម្លាក់​នោះ រួច​នាំ​គ្នា​សប្បាយ​រីក‌រាយ​ចំពោះ​វត្ថុ​ដែល​ជា​ស្នាដៃ​របស់​ខ្លួន។ ៤២ ពេល​នោះ ព្រះ‌ជាម្ចាស់​ឈប់​រវី‌រវល់​នឹង​គេ ព្រះ‌អង្គ​បណ្ដោយ​គេ​ឲ្យ​គោរព​ថ្វាយ‌បង្គំ​ផ្កាយ​ទាំង‌ឡាយ​នៅ​លើ​មេឃ ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ព្យាការី​ថាៈ
“ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​អើយ!
ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ​នៅ​វាល​រហោ‌ស្ថាន
តើ​អ្នក​រាល់​គ្នា​ដែល​បាន​យក​សត្វ
ឬ​យញ្ញ‌បូជា​អ្វី​មក​ឲ្យ​យើង​ឬ​ទេ?។
៤៣អ្នក​រាល់​គ្នា​បាន​សែង​ខ្ទម​របស់​ព្រះ​ម៉ូឡេក
និង​សែង​រូប​ផ្កាយ​តំណាង​ព្រះ​រ៉ៃ‌ផាន
របស់​អ្នក​រាល់​គ្នា។
រូប​សំណាក​អស់​ទាំង​នេះ អ្នក​រាល់​គ្នា​បាន​ឆ្លាក់
ដើម្បី​យក​មក​ថ្វាយ‌បង្គំ!។
ដូច្នេះ យើង​នឹង​កៀរ​អ្នក​រាល់​គ្នា​យក​ទៅ​ឆ្ងាយ
ហួស​ស្រុក​បាប៊ីឡូន​ទៅ​ទៀត”
៤៤ នៅ​វាល​រហោ‌ស្ថាន បុព្វបុរស​របស់​យើង​មាន​ព្រះ‌ពន្លា*​របស់​ព្រះ‌ជាម្ចាស់​សង់​ឡើង ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ គឺ​តាម​គំរូ​ដែល​លោក​បាន​ឃើញ។ ៤៥ បុព្វបុរស​របស់​យើង​បាន​ទទួល​ព្រះ‌ពន្លា​តៗ​គ្នា ហើយ​សែង​ចូល​ទៅ​ក្នុង​ទឹក​ដី​ដែល​រឹប​យក​ពី​ជាតិ​សាសន៍​នានា ក្រោម​ការ​ដឹក​នាំ​របស់​លោក​យ៉ូស៊ូអា គឺ​ជា​ជាតិ​សាសន៍​ដែល​ព្រះ‌ជាម្ចាស់​បាន​ដេញ​ចេញ​ពី​មុខ​ពួក​គេ។ ព្រះ‌ពន្លា​នេះ​នៅ​គង់‌វង្ស​រហូត​ដល់​ជំនាន់​ព្រះ‌បាទ​ដាវីឌ។ ៤៦ ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​ព្រះ‌បាទ​ដាវីឌ ព្រះ‌បាទ​ដាវីឌ​ក៏​បាន​ទូល​សូម​អនុញ្ញាត​ពី​ព្រះ‌អង្គ រក​ព្រះ‌ដំណាក់​មួយ​ថ្វាយ​ព្រះ​របស់​លោក​យ៉ាកុប៤៧ តែ​ព្រះ‌បាទ​សាឡូម៉ូន​ឯ‌ណោះ​វិញ​ទេ ដែល​បាន​សង់​ព្រះ‌ដំណាក់​នោះ។ ៤៨ ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​មិន​គង់​នៅ​ក្នុង​ដំណាក់​ដែល​សង់​ឡើងដោយ​ដៃ​មនុស្ស​ឡើយ ដូច​ព្យាការី*​បាន​ថ្លែង​ទុក​មក​ស្រាប់​ថាៈ
៤៩ “ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​យើង
ហើយ​ផែន‌ដី​ក៏​ជា​កំណល់​ទ្រ​ជើង​យើង​ដែរ”។
ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថាៈ
“តើ​អ្នក​រាល់​គ្នា​នឹង​សង់​ដំណាក់​បែប​ណា
ឲ្យ​យើង​បាន?
តើ​កន្លែង​ដែល​យើង​នឹង​សម្រាក​នោះ​នៅ​ឯ​ណា?
៥០ គឺ​យើង​ទេ​តើ​ដែល​បាន​បង្កើត
អ្វីៗ​ទាំង​នោះ​មក!”
៥១ អស់​លោក​ចិត្ត​រឹង‌រូស​អើយ! អស់​លោក​មាន​ចិត្ត មាន​ត្រចៀក​ដូច​សាសន៍​ដទៃ​ ចេះ​តែ​ជំទាស់​ប្រឆាំង​នឹង​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ជា‌និច្ច គឺ​មិន​ខុស​ពី​បុព្វបុរស​របស់​អស់​លោក​ទេ! ៥២ គ្មាន​ព្យាការី​ណា​ម្នាក់ដែល​បុព្វបុរស​របស់​អស់​លោក​មិន​បាន​បៀត‌បៀន​នោះ​ឡើយ។ បុព្វបុរស​របស់​អស់​លោក​បាន​សម្លាប់​អស់​អ្នក​ដែល​ប្រកាស​ទុក​ជា​មុន​ថា ព្រះ​ដ៏​សុចរិត​នឹង​យាង​មក។ ឥឡូវ​នេះ អស់​លោក​បាន​ចាប់​ព្រះ‌អង្គ​នោះ​បញ្ជូន​ទៅ​ឲ្យ​គេ ហើយ​អស់​លោក​ធ្វើ​គុត​ព្រះ‌អង្គ​ថែម​ទៀត​ផង។ ៥៣ អស់​លោក​បាន​ទទួល​វិន័យ​របស់​ព្រះ‌ជាម្ចាស់ តាម‌រយៈ​ទេវទូត តែ​អស់​លោក​ពុំ​បាន​ប្រព្រឹត្ត​តាម​សោះ!»។
បណ្ដា‌ជន​សម្លាប់​លោក​ស្ទេផាន
៥៤ កាល​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ឮ​ដូច្នោះ គេ​ក្រេវ‌ក្រោធ​ជា​ខ្លាំង គេ​សង្កៀត​ធ្មេញ​ដាក់​លោក​ស្ទេផាន។ ៥៥ រីឯ​លោក​ស្ទេផាន​វិញ លោក​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* លោក​សម្លឹង​មើល​ទៅ​លើ​មេឃ ឃើញ​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់ និង​ឃើញ​ព្រះ‌យេស៊ូ​ឈរ​នៅ​ខាង​ស្ដាំ​ព្រះ‌អង្គ។ ៥៦ លោក​មាន​ប្រសាសន៍​ថា៖ «មើល​ហ្ន៎! ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ និង​ឃើញ​បុត្រ​មនុស្ស*ឈរ​នៅ​ខាង​ស្ដាំ​ព្រះ‌ជាម្ចាស់»។ ៥៧ ពួក​គេ​ស្រែក​ឡើង​យ៉ាង​ខ្លាំង ទាំង​យក​ដៃ​ខ្ទប់​ត្រចៀក ហើយ​នាំ​គ្នា​ស្ទុះ​ទៅ​សង្គ្រុប​ពី​លើ​លោក។ ៥៨ គេ​បណ្ដេញ​លោក​ចេញ​ពី​ទីក្រុង រួច​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក។ ពួក​អ្នក​ដែល​ជា​សាក្សីបាន​យក​សម្លៀក‌បំពាក់​របស់​ខ្លួន​ទៅ​ទុក នៅ​ក្បែរ​ជើង​យុវជន​ម្នាក់​ឈ្មោះ សូល។ ៥៩ នៅ​ពេល​គេ​គប់​ដុំ​ថ្ម​សម្លាប់​នោះ លោក​ស្ទេផាន​ទូល‌អង្វរ​ថា៖ «ព្រះ‌អម្ចាស់‌យេស៊ូ​អើយ សូម​ទទួល​វិញ្ញាណ​របស់​ទូលបង្គំ​ផង!»។ ៦០ បន្ទាប់​មក លោក​លុត​ជង្គង់​ចុះ ហើយ​បន្លឺ​សំឡេង​ខ្លាំងៗ​ថា៖ «ព្រះ‌អម្ចាស់​អើយ! សូម​កុំ​ប្រកាន់​ទោស​គេ ព្រោះ​តែ​អំពើ​បាប​នេះ​ធ្វើ​អ្វី»។ កាល​បាន​ទូល​ដូច្នោះ​ហើយ លោក​ក៏​ផុត​ដង្ហើម​ទៅ​។
 លោក​សូល​បាន​យល់​ស្រប​នឹង​ការ​សម្លាប់​លោក​ស្ទេផាន​ដែរ។
លោក​សូល​បៀត‌បៀន​ពួក​សាវ័ក
នៅ​ថ្ងៃ​នោះ ព្រះ‌សហគមន៍*​នៅ​ក្រុង​យេរូ‌សាឡឹមត្រូវ​គេ​បៀត‌បៀន​ជា​ខ្លាំង។ អ្នក​ជឿ​ទាំង​ប៉ុន្មាន លើក‌លែង​តែ​ក្រុម​គ្រីស្ត​ទូត​ចេញ បាន​បែក‌ខ្ញែក​គ្នា​ពាស‌ពេញ​ស្រុក​យូដា និង​ស្រុក​សាម៉ារី។  អស់​អ្នក​ដែល​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់បាន​នាំ​គ្នា​បញ្ចុះ​សព​លោក​ស្ទេផាន និង​យំ​សោក​យ៉ាង​ខ្លាំង​ទៀត​ផង។
 រីឯ​លោក​សូល​វិញ លោក​ខំ​ប្រឹង​រំលាយ​ព្រះ‌សហគមន៍ ដោយ​ចូល​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ចាប់​ពួក​អ្នក​ជឿ​ទាំង​ប្រុស​ទាំង​ស្រី​យក​ទៅ​ឃុំ‌ឃាំង។
លោក​ភីលីព​ប្រកាស​ដំណឹង‌ល្អ​នៅ​ស្រុក​សាម៉ារី
 ពួក​សាវ័ក*​ដែល​បែក‌ខ្ញែក​គ្នា​នោះ បាន​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​អំពី​ព្រះ‌បន្ទូល។  លោក​ភីលីព​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​មួយ​នៅ​ស្រុក​សាម៉ារី ហើយ​ប្រកាស​ប្រាប់​អ្នក​ក្រុង​អំពី​ព្រះ‌គ្រីស្ដ*​។  មហា‌ជន​រួម​ចិត្ត​គំនិត​គ្នា​ពេញ​ចិត្ត​នឹង​ពាក្យ​សម្ដី​របស់​លោក​ភីលីព ព្រោះ​គេ​បាន​ឮ​លោក​មាន​ប្រសាសន៍ និង​បាន​ឃើញ​ទី​សម្គាល់​ដ៏​អស្ចារ្យ ដែល​លោក​បាន​ធ្វើ  គឺ​មាន​ខ្មោច​ជា​ច្រើន​ចេញ​ពី​មនុស្ស ទាំង​ស្រែក​ខ្លាំងៗ និង​មាន​មនុស្ស​ខ្វិន មនុស្ស​ស្លាប់​ដៃ​ជើង​ជា​ច្រើន​បាន​ជា។  ប្រជាជន​នៅ​ក្រុង​នោះ មាន​អំណរ​សប្បាយ​ដ៏​លើស‌លប់។
មាន​បុរស​ម្នាក់ ឈ្មោះ​ស៊ីម៉ូន រស់​នៅ​ក្នុង​ក្រុង​នោះ តាំង​ពី​មុន​លោក​ភីលីព​មក​ដល់​ម៉្លេះ។ គាត់​ជា​គ្រូ​មន្ត‌អាគម ធ្វើ​ឲ្យ​ប្រជាជន​នៅ​ស្រុក​សាម៉ារី​ស្ងើច​សរសើរ​គាត់​ជា​ខ្លាំង ហើយ​គាត់​អួត​ខ្លួន​ថា​គាត់​ជា​អ្នក​ធំ​មួយ​រូប។ ១០ ប្រជាជន​ទាំង​តូច​ទាំង​ធំ​ពេញ​ចិត្ត​នឹង​គាត់​គ្រប់ៗ​គ្នា គេ​ពោល​ថា៖ «លោក​នេះ​ហើយ​ជា​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ ដែល​ជា​ឫទ្ធា‌នុភាព​ដ៏​ឧត្តុង្គ‌ឧត្ដម»។ ១១ ប្រជាជន​ពេញ​ចិត្ត​នឹង​គាត់​ដូច្នេះ ព្រោះ​គាត់​បាន​សម្ដែង​មន្ត‌អាគម​ឲ្យ​គេ​ស្ងើច​សរសើរ​អស់‌រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ១២ កាល​គេ​ជឿ​ដំណឹង‌ល្អ*​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់ និង​អំពី​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រីស្ដ* ដែល​លោក​ភីលីព​ប្រកាស​ប្រាប់ គេ​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក* ទាំង​ប្រុស ទាំង​ស្រី។ ១៣ លោក​ស៊ីម៉ូន​ផ្ទាល់​ក៏​បាន​ជឿ​ដែរ ថែម​ទាំង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ទៀត​ផង ហើយ​គាត់​នៅ​ជាប់​នឹង​លោក​ភីលីព​ជា‌និច្ច។ កាល​គាត់​បាន​ឃើញ​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ដ៏​ធំៗ​ដែល​កើត​មាន​នៅ​ពេល​នោះ គាត់​ក៏​ស្ងើច​សរសើរ​យ៉ាង​ខ្លាំង។
១៤ ក្រុម​គ្រីស្ដ‌ទូត​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​ឮ​ដំណឹង​ថា អ្នក​ស្រុក​សាម៉ារី​នាំ​គ្នា​ទទួល​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ក៏​ចាត់​លោក​សិលា និង​លោក​យ៉ូហាន ឲ្យ​ទៅ​ជួប​អ្នក​ទាំង​នោះ។ ១៥ លុះ​ទៅ​ដល់​ស្រុក​សាម៉ារី គ្រីស្ដ‌ទូត*​ទាំង​ពីរ​ក៏​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ សុំ​ឲ្យ​ពួក​អ្នក​ជឿ​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* ១៦ ដ្បិត​ព្រះ‌វិញ្ញាណ​ពុំ​ទាន់​យាង​ចុះ​មក​សណ្ឋិត​លើ​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​ពួក​គេ​នៅ​ឡើយ​ទេ គឺ​គេ​គ្រាន់​តែ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូ​ប៉ុណ្ណោះ។ ១៧ ពេល​នោះ លោក​សិលា និង​លោក​យ៉ូហាន​បាន​ដាក់​ដៃ*​លើ​គេ ហើយ​គេ​ក៏​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ។ ១៨ កាល​លោក​ស៊ីម៉ូន​ឃើញ​ថា ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌វិញ្ញាណ​មក​អ្នក​ជឿ ដោយ​គ្រីស្ដ‌ទូត​ដាក់​ដៃ​លើ​ដូច្នោះ គាត់​ក៏​យក​ប្រាក់​មក​ជូន​គ្រីស្ដ‌ទូត​ទាំង​ពីរ ហើយ​ពោល​ថា៖ ១៩ «សូម​លោក​ប្រគល់​ឲ្យ​ខ្ញុំ​មាន​អំណាច​នេះ​ផង ដើម្បី​ឲ្យ​ខ្ញុំ​ដាក់​ដៃ​លើ​អ្នក​ណា អ្នក​នោះ​នឹង​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ដែរ»។ ២០ លោក​សិលា​តប​ទៅ​គាត់​វិញ​ថា៖ «ចូរ​ឲ្យ​ប្រាក់​របស់​អ្នក​វិនាស​អន្តរាយ​ជា​មួយ​អ្នក​ទៅ អ្នក​នឹក​ស្មាន​ថា អាច​យក​ប្រាក់​មក​ទិញ​ព្រះ​អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់​បាន! ២១ អ្នក​គ្មាន​ចំណែក គ្មាន​សិទ្ធិ​អ្វី​ក្នុង​កិច្ច‌ការ​នេះ​ឡើយ ដ្បិត​ចិត្ត​របស់​អ្នក​មិន​ទៀង​ត្រង់​ចំពោះ​ព្រះ‌ជាម្ចាស់​ទាល់​តែ​សោះ។ ២២ ចូរ​លះ‌បង់​ចិត្ត​គំនិត​អាក្រក់​ចោល​ទៅ ហើយ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ក្រែង​លោ​ព្រះ‌អង្គ​លើក‌លែង​ទោស​ឲ្យ​អ្នក​ដែល​មាន​ចិត្ត​បែប​នេះ ២៣ ដ្បិត​ខ្ញុំ​ឃើញ​ថា​អ្នក​មាន​ចិត្ត​ខ្មៅ​ ហើយ​ក៏​នៅ​ជាប់​ចំណង​អំពើ​ទុច្ចរិត​ដែរ»។ ២៤ លោក​ស៊ីម៉ូន​តប​ទៅ​វិញ​ថា៖ «សូម​លោក​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ឲ្យ​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​មាន​ហេតុ​អាក្រក់​ណា​មួយ​កើត​ឡើង​ចំពោះ​រូប​ខ្ញុំ ដូច​លោក​មាន​ប្រសាសន៍​នោះ​ឡើយ»។
២៥ ក្រោយ​ពី​បាន​ផ្ដល់​សក្ខី‌ភាព និង​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​រួច​ហើយ គ្រីស្ដ‌ទូត​ទាំង​ពីរ​រូប​ក៏​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​ក្នុង​ភូមិ​ជា​ច្រើន នៅ​ស្រុក​សាម៉ារី​ផង។
លោក​ភីលីព​នាំ​ដំណឹង‌ល្អ​ទៅ​ជម្រាប​មន្ត្រី​ជាតិ​អេត្យូ‌ពី
២៦ ទេវទូត*​របស់​ព្រះ‌អម្ចាស់​ពោល​មក​កាន់​លោក​ភីលីព​ថា៖ «សូម​ក្រោក​ឡើង ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង តាម​ផ្លូវ​ចុះ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​ក្រុង​កាសា​ជា​ផ្លូវ​ស្ងាត់​នោះ​ទៅ»។ លោក​ភីលីព​ក៏​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ។ ២៧ នៅ​តាម​ផ្លូវ មាន​ជន​ជាតិ​អេត្យូ‌ពី​មួយ​រូប ជា​មនុស្ស​កម្រៀវ* លោក​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​មហា‌ក្សត្រិ‌យានី​កន់ដាស ដែល​គ្រង​រាជ្យ​នៅ​ស្រុក​អេត្យូ‌ពី ហើយ​លោក​ជា​អ្នក​កាន់​កាប់​ព្រះ‌រាជ‌ទ្រព្យ​ទាំង​ប៉ុន្មាន។ លោក​បាន​មក​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម ២៨ ហើយ​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​វិញ ដោយ​ជិះ​រទេះ​សេះ ទាំង​អាន​គម្ពីរ​ព្យាការី*​អេសាយ​ផង។
២៩ ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​លោក​ភីលីព​ថា៖ «ចូរ​ទៅ​មុខ រួច​ចូល​ទៅ​ជិត​រទេះ​សេះ​នោះ​ទៅ»។ ៣០ លោក​ភីលីព​ក៏​រត់​ទៅ​មុខ ហើយ​ឮ​មន្ត្រី​អេត្យូ‌ពី​អាន​គម្ពីរ​ព្យាការី​អេសាយ លោក​ភីលីព​សួរ​មន្ត្រី​នោះ​ថា៖ «តើ​លោក​យល់​សេចក្ដី​ដែល​លោក​កំពុង​តែ​អាន​នេះ​ឬ​ទេ?»។ ៣១ លោក​មន្ត្រី​តប​មក​វិញ​ថា៖ «ធ្វើ​ម្ដេច​ឲ្យ​ខ្ញុំ​យល់​បាន បើ​គ្មាន​នរណា​ពន្យល់​ណែ‌នាំ​សោះ​នោះ!»។ លោក​ក៏​អញ្ជើញ​លោក​ភីលីព​ឡើង​ជិះ​រទេះ​សេះ​ជា​មួយ។ ៣២ រីឯ​អត្ថ‌បទ​គម្ពីរ​ដែល​លោក​កំពុង​អាន​នោះ​គឺ៖
“លោក​ត្រូវ​គេ​នាំ​យក​ទៅ​ដូច​ជា​ចៀម
ដែល​គេ​នាំ​ទៅ​សម្លាប់
លោក​ពុំ​បាន​ហើប​មាត់​ទាល់​តែ​សោះ
គឺ​ប្រៀប​ដូច​ជា​កូន​ចៀម​ដែល​ស្ងៀម​ស្ងាត់
នៅ​មុខ​អ្នក​កាត់​រោម។
៣៣ លោក​ត្រូវ​គេ​បន្ទាប​បន្ថោក
ហើយ​គេ​មិន​រក​យុត្តិធម៌​ជូន​លោក​ឡើយ។
គ្មាន​នរណា​អាច​តំណាល​អំពី​ពូជ‌ពង្ស
របស់​លោក​បាន​ទេ
ព្រោះ​គេ​បាន​ដក​ជីវិត​របស់​លោក
ចេញ​ពី​ផែន‌ដី​នេះ​បាត់​ទៅ​ហើយ”​។
៣៤ មន្ត្រី​នោះ​សួរ​លោក​ភីលីព​ថា៖ «សូម​ប្រាប់​ខ្ញុំ​ផង តើ​ព្យាការី*​មាន​ប្រសាសន៍​ដូច្នេះ សំដៅ​លើ​អ្នក​ណា? តើ​លោក​មាន​ប្រសាសន៍​អំពី​ខ្លួន​លោក​ផ្ទាល់ ឬ​មាន​ប្រសាសន៍​អំពី​អ្នក​ណា​ម្នាក់​ផ្សេង​ទៀត?»។ ៣៥ លោក​ភីលីព​ក៏​ជម្រាប​ជូន​ដំណឹង‌ល្អ​អំពី​ព្រះ‌យេស៊ូ​ប្រាប់​លោក ដោយ​ចាប់​ផ្ដើម​ពី​អត្ថ‌បទ​គម្ពីរ​នោះ​ទៅ។ ៣៦ លោក​ទាំង​ពីរ​ចេះ​តែ​បន្ដ​ដំណើរ​ទៅ​មុខ។ លុះ​ដល់​កន្លែង​មួយ​មាន​ទឹក លោក​មន្ត្រី​មាន​ប្រសាសន៍​ថា៖ «ទី​នេះ​មាន​ទឹក តើ​មាន​អ្វី​ឃាត់​ខ្ញុំ មិន​ឲ្យ​ទទួល​ពិធី​ជ្រមុជ​ទឹក!»។ ៣៧ លោក​ភីលីព​មាន​ប្រសាសន៍​ទៅ​លោក​មន្ត្រី​ថា៖ «បើ​លោក​ជឿ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​នោះ លោក​អាច​ទទួល​ពិធី​ជ្រមុជ​ទឹក​បាន»។ លោក​មន្ត្រី​ឆ្លើយ​វិញ​ថា៖ «ខ្ញុំ​ជឿ​ហើយ​ថា ព្រះ‌យេស៊ូ‌គ្រីស្ដ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់»។ ៣៨ លោក​បញ្ជា​ឲ្យ​គេ​បញ្ឈប់​រទេះ​សេះ។ លោក​មន្ត្រី និង​លោក​ភីលីព​ចុះ​ទៅ​ក្នុង​ទឹក​ទាំង​ពីរ​នាក់ ហើយ​លោក​ភីលីព​ក៏​ជ្រមុជ​ទឹក​ជូន​មន្ត្រី​នោះ។ ៣៩ កាល​លោក​ទាំង​ពីរ​ឡើង​ពី​ទឹក​មក​វិញ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​បាន​លើក​លោក​ភីលីព​យក​ចេញ​បាត់​ទៅ លោក​មន្ត្រី​លែង​ឃើញ​លោក​ភីលីព​ទៀត​ហើយ។ លោក​មន្ត្រី​បន្ដ​ដំណើរ​ទៅ​មុខ​ដោយ​ចិត្ត​ត្រេក​អរ​សប្បាយ។ ៤០ រីឯ​លោក​ភីលីព គេ​បែរ​ជា​ឃើញ​លោក​នៅ​ឯ​ក្រុង​អាសូត​ឯ‌ណោះ។
បន្ទាប់​មក លោក​ធ្វើ​ដំណើរ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ* រហូត​ទៅ​ដល់​ក្រុង​សេសារេ។
លោក​សូល​ប្រែ​ចិត្ត​គំនិត​ជឿ​ព្រះ‌យេស៊ូ
 នៅ​ពេល​នោះ លោក​សូល​គិត​តែ​ពី​គំរាមកំហែង និង​សម្លាប់​សាវ័ក*​របស់​ព្រះ‌អម្ចាស់​ជា‌និច្ច។ គាត់​ទៅ​ជួប​លោក​មហា​បូជា‌ចារ្យ  សុំ​លិខិត​អនុញ្ញាត​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​នានា​នៅ​ក្រុង​ដាម៉ាស ក្រែង​រក​ឃើញ​អ្នក​ខ្លះ​នៅ​ទី​នោះ ដែល​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ ទោះ​ជា​ប្រុស ឬ​ស្ត្រី​ក្តី គាត់​នឹង​ចាប់​ចង​នាំ​យក​មក​ក្រុង​យេរូ‌សាឡឹម។  ពេល​គាត់​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​ដាម៉ាស​ហើយ ស្រាប់​តែ​មាន​ពន្លឺ​មួយ​ចាំង​ពី​ផ្ទៃ​មេឃ​មក​ជុំ‌វិញ​គាត់។  គាត់​ក៏​ដួល ហើយ​ឮ​សូរ​សំឡេង​មួយ​ពោល​មក​គាត់​ថា៖ «សាអ៊ូល​អើយ សាអ៊ូល​! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀត‌បៀន​ខ្ញុំ?»។  លោក​សូល​សួរ​វិញ​ថា៖ «លោក​ម្ចាស់​អើយ! តើ​លោក​ជា​នរណា?»។ សំឡេង​នោះ​ក៏​ឆ្លើយ​ឡើង​ថា៖ «ខ្ញុំ​ជា​យេស៊ូ​ដែល​អ្នក​កំពុង​តែ​បៀត‌បៀន​។  ចូរ​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ទីក្រុង នៅ​ទី​នោះ​នឹង​មាន​គេ​ប្រាប់​អ្នក​ថាត្រូវ​ធ្វើ​អ្វី​ខ្លះ»។  រីឯ​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​ជា​មួយ​លោក​សូល​នាំ​គ្នា​ឈប់ គេ​នៅ​ស្ងៀម រក​និយាយ​អ្វី​មិន​កើត ព្រោះ​គេ​បាន​ឮ​សំឡេង តែ​ពុំ​ឃើញ​មាន​នរណា​ឡើយ។  លោក​សូល​ក្រោក​ឡើង ទោះ​បី​គាត់​ខំ​ប្រឹង​បើក​ភ្នែក​យ៉ាង​ណា​ក៏​ដោយ ក៏​គាត់​មើល​អ្វី​មិន​ឃើញ​ដែរ។ គេ​ដឹក​ដៃ​គាត់ នាំ​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស។  ក្នុង‌រយៈ​ពេល​បី​ថ្ងៃ គាត់​មិន​អាច​មើល​ឃើញ ហើយ​ក៏​មិន​ពិសា​បាយ​ពិសា​ទឹក​សោះ​ឡើយ។
១០ នៅ​ក្រុង​ដាម៉ាស មាន​សាវ័ក​មួយ​រូប ឈ្មោះ​អណា‌ញ៉ាស។ គាត់​និមិត្ត​ឃើញ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​គាត់​ថា៖ «អណា‌ញ៉ាស!»។ គាត់​ទូល​តប​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់!»។ ១១ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​ឯ​ផ្លូវ​មួយ​ឈ្មោះ“ផ្លូវ​ត្រង់” សួរ​រក​ឈ្មោះ​សូល ជា​អ្នក​ស្រុក​តារសុស នៅ​ក្នុង​ផ្ទះ​យូដាស។ គាត់​កំពុង​តែ​អធិស្ឋាន* ១២ ហើយ​និមិត្ត​ឃើញ​បុរស​ម្នាក់ ឈ្មោះ​អណា‌ញ៉ាស​ចូល​មក​ដាក់​ដៃ*​លើ​គាត់ ដើម្បី​ឲ្យ​គាត់​មើល​ឃើញ​ឡើង​វិញ»។ ១៣ លោក​អណា‌ញ៉ាស​ទូល​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ទូលបង្គំ​បាន​ឮ​មនុស្ស​ជា​ច្រើន​និយាយ​ថា បុរស​នេះ​បាន​ធ្វើ​បាប​ប្រជា‌រាស្ដ្រ​ដ៏‌វិសុទ្ធ*​របស់​ព្រះ‌អង្គ​នៅ​ក្រុង​យេរូ‌សាឡឹម​ខ្លាំង​ណាស់ ១៤ ហើយ​គាត់​បាន​ទទួល​ការ​អនុញ្ញាត​ពី​លោក​មហា​បូជា‌ចារ្យ​ឲ្យ​មក​ទី​នេះ ដើម្បី​ចាប់​ចង​អស់​អ្នក​ដែល​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អង្គ»។ ១៥ ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​គាត់​វិញ​ថា៖ «អញ្ជើញ​ទៅ​ចុះ! ដ្បិត​ខ្ញុំ​ជ្រើស‌រើស​បុរស​នេះ ដើម្បី​ប្រើ​គាត់​ឲ្យ​ទៅ​ប្រាប់​ប្រជា‌ជាតិ និង​ស្ដេច​នានា ព្រម​ទាំង​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល ឲ្យ​ស្គាល់​ឈ្មោះ​ខ្ញុំ។ ១៦ ខ្ញុំ​នឹង​បង្ហាញ​ប្រាប់​គាត់​ឲ្យ​ដឹង​ថា គាត់​ត្រូវ​រង​ទុក្ខ​លំបាក​ជា​ច្រើន ព្រោះ​តែ​ឈ្មោះ​របស់​ខ្ញុំ»។
១៧ លោក​អណា‌ញ៉ាស​ក៏​ចេញ​ទៅ។ លុះ​ទៅ​ដល់​ផ្ទះ​នោះ​ហើយ គាត់​ដាក់​ដៃ​លើ​លោក​សូល ហើយ​មាន​ប្រសាសន៍​ថា៖ «បង​សូល​អើយ! ព្រះ‌អម្ចាស់‌យេស៊ូ​ដែល​បង​បាន​ឃើញ នៅ​តាម​ផ្លូវ​បង​ធ្វើ​ដំណើរ​មក​នោះ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​មក ដើម្បី​ឲ្យ​បង​អាច​មើល​ឃើញ​ឡើង​វិញ និង​ឲ្យ​បង​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*»។ ១៨ រំពេច​នោះ មាន​អ្វី​មួយ​ដូច​ស្រកា​ត្រី ជ្រុះ​ពី​ភ្នែក​លោក​សូល លោក​ក៏​មើល​ឃើញ​ឡើង​វិញ លោក​ក្រោក​ឡើង​ទទួល​ពិធី​ជ្រមុជ​ទឹក*។ ១៩ បន្ទាប់​មក លោក​បរិភោគ​ម្ហូប​អាហារ ហើយ​មាន​កម្លាំង​ឡើង​វិញ។
លោក​សូល​ប្រកាស​ព្រះ‌បន្ទូល​នៅ​ក្រុង​ដាម៉ាស
លោក​ស្នាក់​នៅ​ជា​មួយ​ពួក​សាវ័ក ដែល​នៅ​ក្រុង​ដាម៉ាស បួន​ដប់​ថ្ងៃ។ ២០ លោក​ចាប់​ផ្ដើម​ប្រកាស​នៅ​ក្នុង​សាលា​ប្រជុំ*​នានា​ភ្លាម​ថា ព្រះ‌យេស៊ូ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់។ ២១ អស់​អ្នក​ដែល​បាន​ឮ​លោក​មាន​ប្រសាសន៍ ងឿង‌ឆ្ងល់​ណាស់ គេ​ពោល​ថា៖ «លោក​នេះ​ហើយ​ដែល​បាន​ធ្វើ​ទុក្ខ​បៀត‌បៀន​អស់​អ្នក​ដែល​អង្វរ​រក​ឈ្មោះ​យេស៊ូ នៅ​ក្រុង​យេរូ‌សាឡឹម គាត់​មក​ទី​នេះ រក​ចាប់​ចង​គេ​នាំ​ទៅ​ជូន​ពួក​មហា​បូជា‌ចារ្យ*​ទេ​តើ!»។ ២២ រីឯ​លោក​សូល​វិញ លោក​មាន​កម្លាំង​ចិត្ត​កាន់​តែ​ខ្លាំង​ឡើងៗ ហើយ​លោក​វែក‌ញែក​ប្រាប់​សាសន៍​យូដា នៅ​ក្រុង​ដាម៉ាស​យ៉ាង​ច្បាស់​លាស់​ថា ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌គ្រីស្ដ*។
២៣ យូរ​ថ្ងៃ​ក្រោយ​មក​ទៀត ជន​ជាតិ​យូដា​បាន​សម​គំនិត​គ្នា​រក​សម្លាប់​លោក​សូល ២៤ តែ​លោក​បាន​ជ្រាប​គម្រោង‌ការ​របស់​គេ។ ពួក​គេ​បាន​នាំ​គ្នា​ទៅ​ចាំ​នៅ​ទ្វារ​ក្រុង​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​សម្លាប់​លោក។ ២៥ ប៉ុន្តែ នៅ​ពេល​យប់ ពួក​សាវ័ក​របស់​លោក​បាន​ដាក់​លោក​ក្នុង​ជាល​មួយ សម្រូត​ចុះ​ទៅ​ខាង​ក្រៅ​កំពែង​ក្រុង។
លោក​សូល​នៅ​ក្រុង​យេរូ‌សាឡឹម
២៦ កាល​លោក​សូល​មក​ដល់​ក្រុង​យេរូ‌សាឡឹម លោក​ចង់​ទៅ​ចូល​រួម​ក្នុង​ចំណោម​ពួក​សាវ័ក តែ​ពួក​គេ​ខ្លាច​លោក​ទាំង​អស់​គ្នា ព្រោះ​គេ​ពុំ​ជឿ​ថា​លោក​ជា​សាវ័ក​ដែរ​នោះ​ឡើយ។ ២៧ ពេល​នោះ លោក​បារណា‌បាស​បាន​ទទួល​លោក ហើយ​នាំ​ទៅ​ជួប​ក្រុម​គ្រីស្ដ‌ទូត* ទាំង​រៀប​រាប់​អំពី​លោក​សូល​បាន​ឃើញ​ព្រះ‌អម្ចាស់​នៅ​តាម​ផ្លូវ អំពី​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក ហើយ​នឹង​រៀប​រាប់​អំពី​លោក​សូល​មាន​ប្រសាសន៍​ដោយ​ចិត្ត​អង់‌អាច​ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ នៅ​ក្រុង​ដាម៉ាស​ផង​ដែរ។ ២៨ ចាប់​តាំង​ពី​ពេល​នោះ​មក លោក​សូល​តែង‌តែ​ចុះ​ឡើង​នៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយក្រុម​គ្រីស្ដ‌ទូត​ជា‌និច្ច ព្រម​ទាំង​មាន​ប្រសាសន៍​ដោយ​ចិត្ត​អង់‌អាច​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថែម​ទៀត​ផង។ ២៩ លោក​បាន​សន្ទនា និង​ជជែក​វែក‌ញែក​ជា​មួយ​សាសន៍​យូដា ដែល​និយាយ​ភាសា​ក្រិក តែ​ពួក​គេ​បែរ​ជា​នាំ​គ្នា​ប៉ុន‌ប៉ង​សម្លាប់​លោក​ទៅ​វិញ។ ៣០ កាល​ពួក​បង‌ប្អូន​បាន​ជ្រាប​ដំណឹង​នេះ គេ​នាំ​លោក​ទៅ​ក្រុង​សេសារេ ហើយ​បន្ទាប់​មក ឲ្យ​លោក​ទៅ​ក្រុង​តារសុស។
៣១ ព្រះ‌សហគមន៍*​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​យូដា ស្រុក​កាលី‌ឡេ និង​ស្រុក​សាម៉ារី។ ព្រះ‌សហគមន៍​មាន​ជំហរ​កាន់​តែ​មាំ‌មួន​ឡើងៗ ហើយ​គេ​រស់​នៅ​ដោយ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ព្រម​ទាំង​មាន​ចំនួន​កើន​ឡើង​ជា​លំដាប់ ដោយ​មាន​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​ជួយ​លើក​ទឹក​ចិត្ត​គេ​ផង។
លោក​សិលា​ប្រោស​លោក​អេណេ​ឲ្យ​ជា
៣២ លោក​សិលា​បាន​ធ្វើ​ដំណើរ​ទៅ​គ្រប់​ទី​កន្លែង។ លោក​បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ប្រជាជន​ដ៏‌វិសុទ្ធ*​នៅ​ក្រុង​លីដា។ ៣៣ នៅ​ក្រុង​នោះ លោក​ឃើញ​បុរស​ម្នាក់​ឈ្មោះ​អេណេ ឈឺ​ក្រោក​មិន​រួច គាត់​ដេក​ជាប់​នឹង​គ្រែ​ប្រាំ​បី​ឆ្នាំ​មក​ហើយ។ ៣៤ លោក​សិលា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អេណេ​អើយ! ព្រះ‌យេស៊ូ‌គ្រីស្ដ*​ប្រោស​អ្នក​ឲ្យ​ជា​ហើយ ចូរ​ក្រោក​ឡើង រៀបចំ​គ្រែ​អ្នក​ទៅ!»។ លោក​អេណេ​ក៏​ក្រោក​ឡើង​ភ្លាម។ ៣៥ អ្នក​ក្រុង​លីដា​ទាំង​អស់ និង​អ្នក​ស្រុក​នៅ​តំបន់​សារ៉ូន​បាន​ឃើញ​គាត់​ជា​ដូច្នេះ ក៏​បែរ​ចិត្ត​គំនិត​ទៅ​រក​ព្រះ‌អម្ចាស់។
នាង​តាប៊ី‌ថា​រស់​ឡើង​វិញ
៣៦ នៅ​ក្រុង​យ៉ុប‌ប៉េ មាន​ស្ត្រី​ម្នាក់ ឈ្មោះ​តាប៊ី‌ថា ភាសា​ក្រិក​ថា “ឌ័រកាស” នាង​ជា​សាវ័ក*​ដែរ នាង​តែង​ប្រព្រឹត្ត​អំពើ​ល្អ និង​ធ្វើ​ទាន​ជា​ច្រើន។ ៣៧ នៅ​គ្រា​នោះ នាង​មាន​ជំងឺ ហើយ​ស្លាប់​ទៅ។ គេ​បាន​លាង​សព​របស់​នាង​តម្កល់​ទុក​នៅ​បន្ទប់​ខាង​លើ។ ៣៨ ក្រុង​លីដា​នៅ​ជិត​ក្រុង​យ៉ុប‌ប៉េ។ កាល​ពួក​សាវ័ក​ឮ​ដំណឹង​ថា លោក​សិលា​ស្ថិត​នៅ​ឯ​ក្រុង​លីដា​នោះ គេ​ចាត់​បុរស​ពីរ​នាក់​ឲ្យ​ទៅ​អញ្ជើញ​លោក​ថា៖ «សូម​លោក​មេត្តា​ប្រញាប់​ធ្វើ​ដំណើរ​បង្ហួស​ទៅ​កន្លែង​យើង​ខ្ញុំ​ផង»។ ៣៩ លោក​សិលា​ក៏​ចេញ​ដំណើរ​មក​ជា​មួយ​អ្នក​ទាំង​ពីរ​នោះ​ភ្លាម។ ពេល​លោក​មក​ដល់ គេ​បាន​អញ្ជើញ​លោក​ឡើង​ទៅ​បន្ទប់​ខាង​លើ ស្ត្រី‌មេម៉ាយ​ទាំង​ប៉ុន្មាន​បាន​នាំ​គ្នា​ចូល​មក​ជិត​លោក ទាំង​យំ​សោក និង​បង្ហាញ​អាវ​វែង អាវ​ក្រៅ​ដែល​នាង​ឌ័រកាស​បាន​ដេរ កាល​នាង​រស់​នៅ​ជា​មួយ​គេ​នៅ​ឡើយ។ ៤០ លោក​សិលា​សុំ​ឲ្យ​គេ​ចេញ​ទៅ​ក្រៅ​ទាំង​អស់​គ្នា រួច​លោក​លុត​ជង្គង់​អធិស្ឋាន។ បន្ទាប់​មក លោក​បែរ​ទៅ​រក​សព មាន​ប្រសាសន៍​ថា៖ «តាប៊ី‌ថា​អើយ ក្រោក​ឡើង!»។ ពេល​នោះ នាង​ក៏​បើក​ភ្នែក ហើយ​កាល​នាង​បាន​ឃើញ​លោក​សិលា នាង​ក្រោក​អង្គុយ។ ៤១ លោក​ចាប់​ដៃ​នាង​ឲ្យ​ក្រោក​ឈរ ហើយ​ហៅ​ពួក​អ្នក​ជឿ​ និង​ស្ត្រី‌មេម៉ាយ​ឲ្យ​ចូល​មក​បង្ហាញ​នាង​ឌ័រកាស ដែល​មាន​ជីវិត​រស់​ឲ្យ​គេ​ឃើញ។ ៤២ អ្នក​ក្រុង​យ៉ុប‌ប៉េ​ទាំង​ប៉ុន្មាន​បាន​ដឹង​រឿង​នេះ ហើយ​ច្រើន​នាក់​ជឿ​លើ​ព្រះ‌អម្ចាស់។ ៤៣ លោក​សិលា​ស្នាក់​នៅ​ក្រុង​យ៉ុប‌ប៉េ ជា​យូរ​ថ្ងៃ​ត​ទៅ​ទៀត ក្នុង​ផ្ទះ​បុរស​ម្នាក់ ឈ្មោះ​ស៊ីម៉ូន ជា​អ្នក​សម្លាប់​ស្បែក​។
១០
លោក​គ័រនេល្យូស​ប្រែ​ចិត្ត​គំនិត​ជឿ​ព្រះ‌អម្ចាស់
 នៅ​ក្រុង​សេសារេ មាន​បុរស​ម្នាក់​ឈ្មោះ​គ័រនេល្យូស ជា​នាយ​ទាហាន​ក្នុង​កង​វរ‌សេនា​តូច​ រ៉ូម៉ាំង​មួយ ឈ្មោះ «កង​វរ‌សេនា​តូច​អ៊ីតា‌លី»។  គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​មូល ជា​អ្នក​គោរព​ប្រណិ‌ប័តន៍ និង​កោត​ខ្លាច​ព្រះ‌ជាម្ចាស់។ គាត់​តែង​ចែក​ទាន​ជា​ច្រើន​ឲ្យ​ប្រជាជន ព្រម​ទាំង​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​គ្រប់​ពេល​វេលា។  ថ្ងៃ​មួយ ប្រមាណ​ជា​ម៉ោង​បី​រសៀល គាត់​បាន​និមិត្ត​ឃើញ​ទេវទូត*​មួយ​រូប​របស់​ព្រះ‌ជាម្ចាស់​យ៉ាង​ច្បាស់ ទេវទូត​នោះ​ចូល​មក​ផ្ទះ​គាត់ ហៅ​គាត់​ថា៖ «លោក​គ័រនេល្យូស​អើយ!»។  លោក​គ័រនេល្យូស​សម្លឹង​មើល​ទៅ​ទេវទូត ហើយ​មាន​ប្រសាសន៍​ទៅ​វិញ ទាំង​ភ័យ​ខ្លាច​ថា៖ «លោក​ម្ចាស់​អើយ! តើ​លោក​មាន​ការ​អ្វី?»។ ទេវទូត​ពោល​មក​គាត់​ថា៖ «ព្រះ‌ជាម្ចាស់​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​លោក​ហើយ ព្រះ‌អង្គ​ក៏​ជ្រាប​អំពី​ទាន​របស់​លោក​ដែរ ព្រះ‌អង្គ​មិន​ភ្លេច​ទេ។  សុំ​លោក​ចាត់​គេ​ឲ្យ​ទៅ​ក្រុង​យ៉ុប‌ប៉េ ឥឡូវ​នេះ អញ្ជើញ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ហៅ​សិលា​មក។  គាត់​ស្នាក់​នៅ​ផ្ទះ​អ្នក​សម្លាប់​ស្បែក​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ផ្ទះ​នោះ​នៅ​ក្បែរ​មាត់​សមុទ្រ»។
 កាល​ទេវទូត*​ដែល​បាន​និយាយ​ជា​មួយ​គាត់​ចេញ​ផុត​ទៅ លោក​គ័រនេល្យូស​ក៏​ហៅ​អ្នក​បម្រើ​ពីរ​នាក់ និង​ទាហាន​ម្នាក់ ដែល​នៅ​ក្រោម​បញ្ជា​របស់​គាត់​ជា​យូរ​ហើយ ហើយ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​ផង​នោះ ឲ្យ​ចូល​មក។  លោក​បាន​រៀប​រាប់​ហេតុ‌ការណ៍​ទាំង​អស់​ប្រាប់​ពួក​គេ រួច​ចាត់​ឲ្យ​ទៅ​ក្រុង​យ៉ុប‌ប៉េ។
នៅ​ថ្ងៃ​បន្ទាប់ អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​យ៉ុប‌ប៉េ។ ប្រមាណ​ជា​ថ្ងៃ​ត្រង់ លោក​សិលា​ឡើង​ទៅ​អធិស្ឋាន*​នៅ​លើ​ដំបូល​ផ្ទះ​។ ១០ ពេល​នោះ លោក​ឃ្លាន ចង់​ពិសា​បាយ។ កាល​គេ​កំពុង​តែ​រៀបចំ​ម្ហូប​ចំណី​ជូន​លោក​ពិសា លោក​បាន​លង់​ស្មារតី ១១ និមិត្ត​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ឃើញ​វត្ថុ​ម្យ៉ាង​ដូច​កម្រាល​តុ​មួយ​យ៉ាង​ធំ ដែល​មាន​ចង​ចុង​ជាយ​ទាំង​បួន​ជ្រុង​ចុះ​ពី​លើ​មក​ដល់​ដី។ ១២ នៅ​លើ​កម្រាល​នោះ មាន​សត្វ​ចតុប្បាទ​គ្រប់​ប្រភេទ មាន​សត្វ​លូន​វារ និង​បក្សា‌បក្សី។ ១៣ មាន​ព្រះ​សូរសៀង​បញ្ជា​មក​គាត់​ថា៖ «សិលា​អើយ! ចូរ​សម្លាប់​សត្វ​ទាំង​នេះ​បរិភោគ​ទៅ!»។ ១៤ ប៉ុន្តែ លោក​សិលា​ទូល​ទៅ​វិញ​ថា៖ «ទេ ព្រះ‌អម្ចាស់ ទូលបង្គំ​ពុំ​ដែល​ទទួល​ទាន​អ្វី​ដែល​វិន័យ​ហាម​ឃាត់​ ឬ​មិន​បរិសុទ្ធ*​ទាល់​តែ​សោះ»។ ១៥ បន្ទាប់​មក លោក​សិលា​បាន​ឮ​ព្រះ‌សូរសៀង​នោះ​ជា​លើក​ទី​ពីរ​ថា៖ «អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​បរិសុទ្ធ​ហើយ ចូរ​កុំ​ចាត់​ទុក​ថា វិន័យ​ហាម​ឃាត់​នោះ​ឡើយ!»។ ១៦ ហេតុ‌ការណ៍​នេះ​កើត​មាន​ដល់​ទៅ​បី​ដង នៅ​ទី​បំផុត វត្ថុ​នោះ​ក៏​ឡើង​ទៅ​លើ​មេឃ​វិញ​ភ្លាម​បាត់​ទៅ។
១៧ លោក​សិលា​កំពុង​តែ​នឹក​ឆ្ងល់​មិន​ដឹង​ជា​ត្រូវ​គិត​ដូច​ម្ដេច អំពី​ហេតុ‌ការណ៍​ដែល​លោក​បាន​និមិត្ត​ឃើញ​នោះ ស្រាប់​តែ​ពួក​អ្នក​ដែល​លោក​គ័រនេល្យូស​ចាត់​ឲ្យ​មក បាន​មក​ដល់​មាត់​ទ្វារ ទាំង​សាក​សួរ​រក​ផ្ទះ​របស់​លោក​ស៊ីម៉ូន។ ១៨ គេ​ស្រែក​សួរ​ថា៖ «លោក​ស៊ីម៉ូន​ហៅ​សិលា​ស្នាក់​ក្នុង​ផ្ទះ​នេះ​ឬ​ទេ?»។ ១៩ ពេល​លោក​សិលា​កំពុង​រិះ‌គិត​អំពី​ហេតុ‌ការណ៍ ដែល​លោក​និមិត្ត​ឃើញ​នោះ ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖ «មាន​បុរស​បី​នាក់​កំពុង​សួរ​រក​អ្នក ២០ ចូរ​ចុះ​ទៅ​ក្រោម​ចេញ​ដំណើរ​ទៅ​ជា​មួយ​គេ​ភ្លាម​ទៅ កុំ​រារែក​ឡើយ ដ្បិត​យើង​នេះ​ហើយ​ដែល​បាន​ចាត់​គេ​ឲ្យ​មក»។
២១ លោក​សិលា​ក៏​ចុះ​ទៅ​ក្រោម មាន​ប្រសាសន៍​ទៅ​បុរស​ទាំង​បី​នាក់​នោះ​ថា៖ «ខ្ញុំ​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​រក! តើ​អ្នក​មក​មាន​ការ​អ្វី?»។ ២២ គេ​ឆ្លើយ​ថា៖ «លោក​គ័រនេល្យូស ជា​នាយ​ទាហាន បាន​ចាត់​យើង​ឲ្យ​មក គាត់​ជា​មនុស្ស​សុចរិត គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​ជា​មនុស្ស​ម្នាក់​ដែល​ប្រជា‌ជាតិ​យូដា សរសើរ​គ្រប់ៗ​គ្នា។ ទេវទូត​ដ៏‌វិសុទ្ធ​មួយ​រូប​បាន​មក​ប្រាប់​គាត់​ឲ្យ​អញ្ជើញ​លោក​ទៅ​ផ្ទះ​គាត់ ដើម្បី​ស្ដាប់​លោក​មាន​ប្រសាសន៍»។ ២៣ លោក​សិលា​អញ្ជើញ​អ្នក​ទាំង​នោះ​ចូល​ក្នុង​ផ្ទះ​ឲ្យ​ស្នាក់​នៅ​ជា​មួយ។
ព្រឹក​ឡើង លោក​ក៏​ចេញ​ដំណើរ​ទៅ​ជា​មួយ​គេ​ទាំង​មាន​បង‌ប្អូន​ខ្លះ​នៅ​ក្រុង​យ៉ុប‌ប៉េ ជូន​ដំណើរ​ទៅ​ផង។ ២៤ នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត លោក​បាន​ទៅ​ដល់​ក្រុង​សេសារេ។ រីឯ​លោក​គ័រនេល្យូស​វិញ គាត់​បាន​អញ្ជើញ​ញាតិ‌សន្ដាន និង​មិត្ត​ជិត‌ដិត​មក​ផ្ទះ​របស់​គាត់ ហើយ​ទន្ទឹង​រង់‌ចាំ​ពួក​លោក​សិលា។ ២៥ ពេល​លោក​សិលា​មក​ដល់ លោក​គ័រនេល្យូស​ចេញ​ទៅ​ទទួល ក្រាប​ចុះ​ទៀប​ជើង​លោក។ ២៦ ប៉ុន្តែ លោក​សិលា​ចាប់​គាត់​ឲ្យ​ក្រោក​ឡើង ទាំង​ពោល​ថា៖ «អញ្ជើញ​ក្រោក​ឡើង ខ្ញុំ​ក៏​ជា​មនុស្ស​ដែរ​ទេ​តើ!»។ ២៧ លោក​ដើរ​ចូល​ទៅ​ខាង​ក្នុង​បណ្ដើរ សន្ទនា​ជា​មួយ​លោក​គ័រនេល្យូស​បណ្ដើរ។ ដោយ​លោក​ឃើញ​មនុស្ស​ជា​ច្រើន​នៅ​ជុំ​គ្នា ២៨ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បង‌ប្អូន​ជ្រាប​ឬ​ទេ វិន័យ*​របស់​សាសនា​យូដាហាម​មិន​ឲ្យ​សាសន៍​យូដា​ទាក់‌ទង​ជា​មួយ​ជន​បរទេស ឬ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​គេ​ឡើយ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​ខ្ញុំ​ឲ្យ​ដឹង​ថា មិន​ត្រូវ​ប្រកាន់​នរណា​ម្នាក់​ថាជា​មនុស្ស ដែល​វិន័យ​ហាម​ឃាត់​មិន​ឲ្យ​ទាក់‌ទង ឬ​ជា​មនុស្ស​មិន​បរិសុទ្ធ​នោះ​ឡើយ។ ២៩ ហេតុ​នេះ​ហើយបាន​ជា​ខ្ញុំ​មក​ភ្លាម ឥត​មាន​ជំទាស់​អ្វី​សោះ នៅ​ពេល​ដែល​បង‌ប្អូន​ហៅ​ខ្ញុំ​មក។ ឥឡូវ​នេះ សុំ​ប្រាប់​ខ្ញុំ​មើល៍ បង‌ប្អូន​ហៅ​ខ្ញុំ​មក​មាន​ការ​អ្វី?»។
៣០ លោក​គ័រនេល្យូស​មាន​ប្រសាសន៍​ថា៖ «កាល​ពី​បី​ថ្ងៃ​មុន ពេល​ខ្ញុំ​កំពុង​អធិស្ឋាន*​ក្នុង​ផ្ទះ​ខ្ញុំ នៅ​ម៉ោង​បី​រសៀល មាន​បុរស​ម្នាក់​ស្លៀក​សម្លៀក‌បំពាក់​ភ្លឺ​ត្រចះ‌ត្រចង់​មក​ឈរ​នៅ​មុខ​ខ្ញុំ ហើយ​ពោល​ថា ៣១ “លោក​គ័រនេល្យូស​អើយ ព្រះ‌ជាម្ចាស់​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​លោក​ហើយ រីឯ​ទាន​របស់​លោកក៏​ព្រះ‌អង្គ​មិន​ភ្លេច​ដែរ។ ៣២ ឥឡូវ​នេះ ចូរ​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ហៅ​សិលា នៅ​ក្រុង​យ៉ុប‌ប៉េ​មក។ គាត់​ស្នាក់​នៅ​ផ្ទះ​របស់​លោក​ស៊ីម៉ូន​ជា​អ្នក​សម្លាប់​ស្បែក ផ្ទះ​នោះ​ស្ថិត​នៅ​មាត់​សមុទ្រ”។ ៣៣ ខ្ញុំ​ក៏​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​ភ្លាម លោក​មក​ដូច្នេះ​ជា​ការ​ប្រពៃ​ណាស់។ ឥឡូវ​នេះ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ស្ថិត​នៅ​ទី​នេះ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ រង់‌ចាំ​ស្ដាប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក»។
សុន្ទរ‌កថា​របស់​លោក​សិលា​នៅ​ផ្ទះ​លោក​គ័រនេល្យូស
៣៤ ពេល​នោះ លោក​សិលា​ចាប់​ផ្ដើម​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ ខ្ញុំ​បាន​យល់​យ៉ាង​ច្បាស់​ហើយ​ថា ព្រះ‌ជាម្ចាស់​រាប់​រក​មនុស្ស​ទូទៅ​ឥត​រើស​មុខ​ឡើយ ៣៥ ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន អ្នក​ណា​ក៏​ដោយ​ឲ្យ​តែ​គោរព​កោត​ខ្លាច​ព្រះ‌អង្គ ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត* ព្រះ‌អង្គ​មុខ​ជា​គាប់​ព្រះ‌ហឫទ័យ​នឹង​អ្នក​នោះ​មិន​ខាន។ ៣៦ ព្រះ‌អង្គ​បាន​ប្រទាន​ព្រះ‌បន្ទូល​មក​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល ដោយ​នាំ​ដំណឹង‌ល្អ*​មក​ប្រាប់​គេ អំពី​សេចក្ដី​សុខ‌សាន្ត តាម‌រយៈ​ព្រះ‌យេស៊ូ‌គ្រីស្ដ* គឺ​ព្រះ‌យេស៊ូ​នេះ​ហើយ ដែល​ជា​ព្រះ‌អម្ចាស់​លើ​មនុស្ស​ទាំង​អស់។
៣៧ បង‌ប្អូន​ជ្រាប​ហេតុ‌ការណ៍​ដែល​កើត​ឡើង​នៅ​ស្រុក​យូដា​ទាំង​មូល​ស្រាប់​ហើយ ជា​ហេតុ‌ការណ៍​ដែល​បាន​ចាប់​ផ្ដើម​នៅ​ស្រុក​កាលី‌ឡេ គឺ​បន្ទាប់​ពី​ពេល​ដែល​លោក​យ៉ូហានបាន​ប្រកាស​ឲ្យ​បណ្ដា‌ជន​ទទួល​ពិធី​ជ្រមុជ​ទឹក។ ៣៨ បង‌ប្អូន​បាន​ជ្រាប​ថា ព្រះ‌ជាម្ចាស់​បាន​ចាក់​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* និង​ឫទ្ធា‌នុភាព អភិសេក​ព្រះ‌យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត។ បង‌ប្អូន​ក៏​ជ្រាប​ដែរ​ថា ព្រះ‌យេស៊ូ​បាន​យាង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទាំង​ប្រព្រឹត្ត​អំពើ​ល្អ និង​ប្រោស​អស់​អ្នក​ដែល​ត្រូវ​មារ*​សង្កត់‌សង្កិន​ឲ្យ​បាន​ជា ដ្បិត​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​ព្រះ‌អង្គ។ ៣៩ យើង​ជា​បន្ទាល់​អំពី​កិច្ច‌ការ​ទាំង​អស់​ដែល​ព្រះ‌អង្គ​បាន​ធ្វើ នៅ​ក្នុង​ដែន​ដី​របស់​ជន​ជាតិ​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​បាន​នាំ​គ្នា​ធ្វើ​គុត​ព្រះ‌អង្គ ដោយ​ព្យួរ​នៅ​លើ​ឈើ។ ៤០ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី និង​ប្រោស​ប្រទាន​ឲ្យ​ព្រះ‌អង្គ​បង្ហាញ​ខ្លួន ៤១ ដល់​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស​ជា​មុន​ឲ្យ​ធ្វើ​ជា​បន្ទាល់ បាន​ឃើញ គឺ​យើង​ហ្នឹង​ហើយ​ជា​បន្ទាល់​ដែល​បាន​បរិភោគ​ជា​មួយ​ព្រះ‌អង្គ ក្រោយ​ពេល​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះ‌ជាម្ចាស់​ពុំ​បាន​ឲ្យ​ព្រះ‌យេស៊ូ​បង្ហាញ​ខ្លួន​ឲ្យ​ប្រជា‌រាស្ដ្រ​ទាំង​មូល​ឃើញ​ទេ។ ៤២ ព្រះ‌យេស៊ូ​បាន​បញ្ជា​ឲ្យ​យើង​ធ្វើ​ជា​បន្ទាល់​ប្រកាស​ប្រាប់​ប្រជាជន​ថា ព្រះ‌ជាម្ចាស់​បាន​តែង‌តាំង​ព្រះ‌អង្គ​ឲ្យ​វិនិច្ឆ័យ​ទោស​មនុស្ស​រស់ និង​មនុស្ស​ស្លាប់។ ៤៣ ព្យាការី*​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​បាន​ផ្ដល់​សក្ខី‌ភាព​អំពី​ព្រះ‌យេស៊ូ​ថា អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌អង្គ នឹង​ទទួល​ការ​លើក‌លែង​ទោស​ឲ្យ​រួច​ពី​បាប ដោយ‌សារ​ព្រះ‌នាម​ព្រះ‌អង្គ»។
ជន​ជាតិ​ដទៃ​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ
៤៤ លោក​សិលា​កំពុង​មាន​ប្រសាសន៍​នៅ​ឡើយ ស្រាប់​តែ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​យាង​ចុះ​មក​សណ្ឋិត​លើ​អស់​អ្នក​ដែល​ស្ដាប់​ព្រះ‌បន្ទូល។ ៤៥ ពួក​អ្នក​ជឿ​ជា​សាសន៍​យូដា​ ដែល​មក​ជា​មួយ​លោក​សិលា ងឿង‌ឆ្ងល់​ណាស់ ដោយ​ព្រះ‌ជាម្ចាស់​បាន​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ប្រទាន​ឲ្យ​សាសន៍​ដទៃ​ដែរ ៤៦ ព្រោះ​គេ​បាន​ឮ​សាសន៍​ដទៃ​ទាំង​នោះ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ* ព្រម​ទាំង​លើក​តម្កើង​ព្រះ‌ជាម្ចាស់​ផង។ ៤៧ ពេល​នោះ លោក​សិលា​មាន​ប្រសាសន៍​ថា៖ «គ្មាន​នរណា​អាច​ឃាត់​យើងមិន​ឲ្យ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​អស់​អ្នក ដែល​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ ដូច​ជា​យើង​បាន​ទទួល​ដែរ​នោះ​ទេ!»។ ៤៨ លោក​ក៏​បញ្ជា​ឲ្យ​គេ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​អ្នក​ទាំង​នោះ ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រីស្ដ*។ បន្ទាប់​មក ពួក​គេ​សុំ​ឲ្យ​លោក​ស្នាក់​នៅ​ជា​មួយ​គេ បាន​យូរ​ថ្ងៃ​បន្ដិច​ទៀត។
១១
លោក​សិលា​ធ្វើ​សេចក្ដី​រាយ‌ការណ៍​ជូន​ក្រុម​អ្នក​ជឿ​នៅ​ក្រុង​យេរូ‌សាឡឹម
 ក្រុម​គ្រីស្ដ‌ទូត* និង​បង‌ប្អូន​នៅ​ស្រុក​យូដា ឮ​ដំណឹង​ថា សាសន៍​ដទៃ​បាន​ទទួល​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ដែរ។  កាល​លោក​សិលា​ឡើង​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម​វិញ អ្នក​ជឿ​ដែល​ជា​សាសន៍​យូដា​នាំ​គ្នា​រិះគន់​លោក​ថា៖  «លោក​បាន​ចូល​ក្នុង​ផ្ទះ​សាសន៍​ដទៃឆ  ហើយ​ក៏​បាន​បរិភោគ​ជា​មួយ​ពួក​គេ​ថែម​ទៀត​ផង!»។
 លោក​សិលា​ក៏​រៀប​រាប់​ប្រាប់​គេ​យ៉ាង​ក្បោះ‌ក្បាយ​ថា៖  «កាល​ខ្ញុំ​នៅ​ក្រុង​យ៉ុប‌ប៉េ ក្នុង​ពេល​អធិស្ឋាន* ខ្ញុំ​លង់​ស្មារតី និមិត្ត​ឃើញ​វត្ថុ​ម្យ៉ាង​ដូច​កម្រាល​តុ​មួយ​យ៉ាង​ធំ ដែល​មាន​ចង​ចុង​ជាយ​ទាំង​បួន​ជ្រុង ចុះ​ពី​លើ​មក​ដល់​ខ្ញុំ។  ពេល​ខ្ញុំ​ពិនិត្យ​យ៉ាង​ដិត​ដល់​ទៅ ខ្ញុំ​ឃើញ​មាន​សត្វ​ចតុប្បាទ សត្វ​ព្រៃ សត្វ​លូន​វារ និង​បក្សា‌បក្សី។  ខ្ញុំ​ក៏​បាន​ឮ​ព្រះ​សូរសៀង​បញ្ជា​មក​ខ្ញុំ​ថាៈ “សិលា​អើយ! ចូរ​សម្លាប់​សត្វ​ទាំង​នេះ​បរិភោគ​ទៅ!”។  ប៉ុន្តែ ខ្ញុំ​ទូល​ទៅ​វិញ​ថាៈ “ទេ ព្រះ‌អម្ចាស់ ទូលបង្គំ​ពុំ​ដែល​ទទួល​ទាន​អ្វី​ដែល​វិន័យ*​ហាម​ឃាត់ ឬ​មិន​បរិសុទ្ធ*​ទាល់​តែ​សោះ”។  ព្រះ​សូរសៀង​នោះ​ក៏​បន្លឺ​ចុះ​ពី​លើ​មេឃ​មក ជា​លើក​ទី​ពីរ​ថាៈ “អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​បរិសុទ្ធ​ហើយ ចូរ​កុំ​ចាត់​ទុក​ថា​វិន័យ​ហាម​ឃាត់​នោះ​ឡើយ!”។ ១០ ហេតុ‌ការណ៍​នេះ​បាន​កើត​មាន​ដល់​ទៅ​បី​ដង ទើប​វត្ថុ​នោះ​ឡើង​ទៅ​លើ​មេឃ​វិញ​អស់។ ១១ ពេល​នោះ ស្រាប់​តែ​មាន​បុរស​បី​នាក់ ដែល​គេ​ចាត់​ពី​ក្រុង​សេសារេ​ឲ្យ​មក​រក​ខ្ញុំ បាន​មក​ដល់​ផ្ទះ​ដែល​យើង​ស្នាក់​នៅ។ ១២ ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​ប្រាប់​ខ្ញុំ​ឲ្យ​ចេញ​ដំណើរ​ទៅ​ជា​មួយ​គេ កុំ​រារែក​ឡើយ។ ពេល​នោះ មាន​បង‌ប្អូន​ប្រាំ​មួយ​នាក់បាន​ជូន​ដំណើរ​ខ្ញុំ​ទៅ​ដែរ ហើយ​យើង​បាន​ទៅ​ដល់​ផ្ទះ​លោក​គ័រនេល្យូស។ ១៣ លោក​បាន​រៀប​រាប់​ប្រាប់​យើង​ថា លោក​បាន​ឃើញ​ទេវទូត​មក​ជួប​លោក​នៅ​ក្នុង​ផ្ទះ ទាំង​ពោល​ថាៈ “សុំ​លោក​ចាត់​មនុស្ស​ឲ្យ​ទៅ​ក្រុង​យ៉ុប‌ប៉េ រក​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ហៅ​សិលា ១៤ គាត់​នឹង​ប្រកាស​ព្រះ‌បន្ទូល​ដែល​ផ្ដល់​ការ​សង្គ្រោះ​ឲ្យ​លោក និង​ក្រុម​គ្រួសារ​របស់​លោក​ទាំង​មូល”។ ១៥ នៅ​ពេល​ខ្ញុំ​ចាប់​ផ្ដើម​និយាយ ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ក៏​យាង​ចុះ​មក​សណ្ឋិត​លើ​ពួក​គេ ដូច​ព្រះ‌អង្គ​បាន​យាង​ចុះ​មក​សណ្ឋិត​លើ​យើង កាល​ពី​ដើម​ដំបូង​នោះ​ដែរ។ ១៦ ពេល​នោះ ខ្ញុំ​ក៏​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ថា “លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​គេ​ក្នុង​ទឹក រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ​ក្នុង​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ”។ ១៧ ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌អំណោយ​ទាន​ដល់​គេ ដូច​ព្រះ‌អង្គ​ប្រទាន​មក​យើង ដែល​ជឿ​លើ​ព្រះ‌អម្ចាស់​យេស៊ូ‌គ្រីស្ដ​ដែរ​នោះ តើ​រូប​ខ្ញុំ​នេះ​មាន​អំណាច​អ្វី​នឹង​ឃាត់​ឃាំង​ព្រះ‌ជាម្ចាស់​បាន?»។ ១៨ កាល​ពួក​អ្នក​ជឿ​បាន​ឮ​សេចក្ដី​ទាំង​នេះ គេ​ក៏​ធូរ​ចិត្ត ហើយ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់ ទាំង​ពោល​ថា៖ «សូម្បី​តែ​សាសន៍​ដទៃក៏​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​គេ​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​ទទួល​ជីវិត​ដែរ!»។
ក្រុម​គ្រីស្ដ‌បរិស័ទ​នៅ​ក្រុង​អន់‌ទី‌យ៉ូក
១៩ ក្រោយ​ពី​ជន​ជាតិ​យូដា​បាន​សម្លាប់​លោក​ស្ទេផាន​ហើយ ពួក​គេ​ក៏​បៀត‌បៀន​អ្នក​ជឿ ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ខ្ចាត់‌ខ្ចាយ អ្នក​ខ្លះ​ទៅ​ដល់​ស្រុក​ភេនីស៊ី អ្នក​ខ្លះ​ទៅ​ដល់​កោះ​គីប្រុស និង​អ្នក​ខ្លះ​ទៀត​ទៅ​ដល់​ក្រុង​អន់‌ទី‌យ៉ូក។ អ្នក​ជឿ​ទាំង​នោះ​ពុំ​បាន​ប្រកាស​ព្រះ‌បន្ទូល​ប្រាប់​នរណា​ផ្សេង​ទៀត ក្រៅ​ពី​សាសន៍​យូដា​ឡើយ។ ២០ ប៉ុន្តែ មាន​អ្នក​ជឿ​ខ្លះ​ពី​កោះ​គីប្រុស និង​ពី​ស្រុក​គីរេន​មក​ដល់​ក្រុង​អន់‌ទី‌យ៉ូក ហើយ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​ស្ដី​អំពី​ព្រះ‌អម្ចាស់‌យេស៊ូ ប្រាប់​ពួក​អ្នក​ដែល​និយាយ​ភាសា​ក្រិក។ ២១ ព្រះ‌អម្ចាស់​បាន​ជួយ​ជ្រោម‌ជ្រែង​គេ ហើយ​មាន​មនុស្ស​ដ៏​ច្រើន​លើស‌លប់​បាន​ជឿ ព្រម​ទាំង​បែរ​ចិត្ត​គំនិត​មក​រក​ព្រះ‌អម្ចាស់​ផង។
២២ ព្រះ‌សហគមន៍*​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​ឮ​ដំណឹង​នេះ ក៏​ចាត់​លោក​បារណា‌បាស​ឲ្យ​ទៅ​ក្រុង​អន់‌ទី‌យ៉ូក។ ២៣ កាល​គាត់​ទៅ​ដល់ បាន​ឃើញ​ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​ពួក​គេ​ដូច្នេះ គាត់​ត្រេក​អរ​សប្បាយ ហើយ​ទូន្មាន​គេ​ទាំង​អស់​គ្នា​ឲ្យ​ប្ដេជ្ញា​ចិត្ត​នៅ​ស្មោះ‌ត្រង់​នឹង​ព្រះ‌អម្ចាស់​ជា‌និច្ច។ ២៤ លោក​បារណា‌បាស​ជា​មនុស្ស​ម្នាក់​មាន​ចិត្ត​សប្បុរស ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ និង​ដោយ​ជំនឿ។ ពេល​នោះ មាន​បណ្ដា‌ជន​ជា​ច្រើន​បាន​មក​ចូល​រួម​ជា​មួយ​ព្រះ‌អម្ចាស់។
២៥ បន្ទាប់​មក​ទៀត លោក​បារណា‌បាស​ចេញ​ដំណើរ​ទៅ​រក​លោក​សូល នៅ​ក្រុង​តារសុស។ ២៦ កាល​បាន​ជួប​ហើយ គាត់​ក៏​នាំ​លោក​មក​ក្រុង​អន់‌ទី‌យ៉ូក។ លោក​ទាំង​ពីរ​បាន​រស់​នៅ​ជា​មួយ​ព្រះ‌សហគមន៍ អស់‌រយៈ​ពេល​មួយ​ឆ្នាំ ហើយ​បង្រៀន​បណ្ដា‌ជន​ជា​ច្រើន​ផង។ នៅ​ក្រុង​អន់‌ទី‌យ៉ូក​នោះ​ហើយ ដែល​គេ​ហៅ​ពួក​សាវ័ក ជា​លើក​ទី​មួយ​ថា «គ្រីស្ដ‌បរិស័ទ»​។
២៧ នៅ​គ្រា​នោះ មាន​ពួក​ព្យាការី*​ធ្វើ​ដំណើរ​ចុះ​ពី​ក្រុង​យេរូ‌សាឡឹម មក​ដល់​ក្រុង​អន់‌ទី‌យ៉ូក។ ២៨ ក្នុង​ចំណោម​ព្យាការី​ទាំង​នោះ មាន​ម្នាក់​ឈ្មោះ​អកា‌ប៊ូស។ ដោយ​ព្រះ‌វិញ្ញាណ​បាន​បំភ្លឺ គាត់​ក្រោក​ឡើង​ប្រាប់​ពួក​អ្នក​ជឿ​ឲ្យ​ដឹង​ថា បន្ដិច​ទៀត​នឹង​មាន​កើត​ទុរ្ភិក្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល (ទុរ្ភិក្ស​នោះ​ក៏​កើត​មាន​មែន គឺ​នៅ​ក្នុង​រជ្ជ‌កាល​ព្រះ‌ចៅ​អធិ‌រាជ​ក្លូដ​)។ ២៩ ពួក​សាវ័ក*​នាំ​គ្នា​សម្រេច​ចិត្ត​ផ្ញើ​ជំនួយ តាម​សមត្ថ‌ភាព​រៀងៗ​ខ្លួន ទៅ​ជូន​បង‌ប្អូន​នៅ​ស្រុក​យូដា។ ៣០ គេ​បាន​ប្រមូល​ប្រាក់ ហើយ​ផ្ញើ​តាម​លោក​បារណា‌បាស និង​លោក​សូល​យក​ទៅ​ជូន​ពួក​ព្រឹទ្ធា‌ចារ្យ*។
១២
លោក​យ៉ាកុប​ត្រូវ​គេ​សម្លាប់ លោក​សិលា​ត្រូវ​គេ​ឃុំ‌ឃាំង
 នៅ​គ្រា​នោះ ព្រះ‌បាទ​ហេរ៉ូដ​ចាប់​ផ្ដើម​បៀត‌បៀន​សមាជិក​ខ្លះ​នៃ​ព្រះ‌សហគមន៍*។  ស្ដេច​បាន​ឲ្យ​គេ​ប្រហារ​ជីវិត​លោក​យ៉ាកុប ជា​បង​របស់​លោក​យ៉ូហាន។  ដោយ​យល់​ឃើញ​ថា​ជន​ជាតិ​យូដា​ពេញ​ចិត្ត ព្រះ‌រាជា​ក៏​ចាត់​គេ​ឲ្យ​ទៅ​ចាប់​លោក​សិលា​ថែម​ទៀត។ ពេល​នោះ ជា​ពេល​បុណ្យ​នំបុ័ង​ឥត​មេ*។  ក្រោយ​ពី​បាន​ចាប់​លោក​សិលា​យក​ទៅ​ឃុំ‌ឃាំង​រួច​ហើយ ស្ដេច​ក៏​បញ្ជា​ឲ្យ​ទាហាន​បួន​ក្រុម​យាម​លោក ក្នុង​ក្រុម​នីមួយៗ​មាន​គ្នា​បួន​នាក់។ ព្រះ‌បាទ​ហេរ៉ូដ​មាន​បំណង​នឹង​កាត់​ទោស​លោក​នៅ​មុខ​ប្រជាជន ក្រោយ​បុណ្យ​ចម្លង*។  ដូច្នេះ លោក​សិលា​ក៏​ជាប់​នៅ​ក្នុង​មន្ទីរ​ឃុំ‌ឃាំង​នៅ​ពេល​នោះ​ទៅ។ ព្រះ‌សហគមន៍​បាន​នាំ​គ្នា​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឥត​ស្រាក‌ស្រាន្ត សូម​ព្រះ‌អង្គ​ជួយ​លោក។
ទេវទូត​ដោះ​លែង​លោក​សិលា
 នៅ​យប់​មុន​ពេល​ដែល​ព្រះ‌បាទ​ហេរ៉ូដយក​លោក​សិលា​ទៅ​កាត់​ទោស លោក​សម្រាន្ដ ទាំង​ជាប់​ច្រវាក់​ពីរ​ខ្សែ​ផង មាន​ទាហាន​ពីរ​នាក់​នៅ​អម​សង​ខាង ហើយ​ក៏​មាន​ទាហាន​យាម​នៅ​មាត់​ទ្វារ​ពន្ធ‌នាគារ​ដែរ។  ពេល​នោះ ទេវទូត*​របស់​ព្រះ‌អម្ចាស់​មក​ដល់ ហើយ​មាន​ពន្លឺ​ភ្លឺ​ក្នុង​ទី​ឃុំ‌ឃាំង។ ទេវទូត​ដាស់​លោក​សិលា​ដោយ​កេះ​លោក​ពី​ចំហៀង ទាំង​ពោល​ថា៖ «សូម​ក្រោក​ឡើង​ជា​ប្រញាប់!»។ ច្រវាក់​ក៏​របូត​ធ្លាក់​ពី​ដៃ​លោក។  ទេវទូត​ពោល​មក​កាន់​លោក​ថា៖ «សូម​ក្រវាត់ ចង្កេះ ហើយ​ពាក់​ស្បែក​ជើង​ទៅ!» លោក​ក៏​ធ្វើ​តាម។ ទេវទូត​ពោល​មក​លោក​ទៀត​ថា៖ «សូម​ពាក់​អាវ​ក្រៅ ហើយ​អញ្ជើញ​មក​តាម​ខ្ញុំ»។  លោក​សិលា​ក៏​ចេញ​ពី​ទី​ឃុំ‌ឃាំង ដើរ​តាម​ក្រោយ​ទេវទូត​ទៅ។ លោក​ពុំ​នឹក​ស្មាន​ថាការ​ដែល​ទេវទូត​កំពុង​ធ្វើ​នេះ ជា​ការ​ពិត​ទេ លោក​ស្មាន​តែ​លោក​យល់‌សប្ដិ​។ ១០ ទេវទូត និង​លោក​សិលា​បាន​ឆ្លង​ផុត​កន្លែង​យាម​ទី​មួយ និង​កន្លែង​យាម​ទី​ពីរ ហើយ​មក​ដល់​ទ្វារ​ដែក​ដែល​បែរ​ទៅ​រក​ទីក្រុង ទ្វារ​នោះ​របើក​នៅ​មុខ​អ្នក​ទាំង​ពីរ។ អ្នក​ទាំង​ពីរ​ដើរ​ទៅ​តាម​ដង​ផ្លូវ​មួយ ហើយ​រំពេច​នោះ ស្រាប់​តែ​ទេវទូត​ចេញ​បាត់​ពី​លោក​សិលា​ទៅ។ ១១ លោក​សិលា​បាន​ដឹង​ខ្លួន ក៏​ពោល​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា​ហេតុ‌ការណ៍​នេះ​ជា​ការ​ពិត​មែន ព្រះ‌អម្ចាស់​បាន​ចាត់​ទេវទូត​របស់​ព្រះ‌អង្គ​មក​ដោះ​លែង​ខ្ញុំ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ហេរ៉ូដ និង​រួច​ពី​បំណង​ដែល​ប្រជាជន​យូដា​បម្រុង​ធ្វើ​មក​លើ​រូប​ខ្ញុំ»។ ១២ យល់​ឃើញ​ដូច្នោះ​ហើយ លោក​ក៏​ទៅ​ផ្ទះ​នាង​ម៉ារី​ជា​ម្ដាយ​យ៉ូហាន ហៅ​ម៉ាកុស ជា​កន្លែង​មាន​បង‌ប្អូន​ជា​ច្រើន​កំពុង​ជួប‌ជុំ​គ្នា​អធិស្ឋាន។ ១៣ នៅ​ពេល​លោក​គោះ​ទ្វារ មាន​ស្ត្រី​បម្រើ​ម្នាក់ ឈ្មោះ​នាង​រ៉ូដ​ចេញ​មក​សួរ ១៤ នាង​ស្គាល់​ថា​ជា​សំឡេង​របស់​លោក​សិលា។ ដោយ​នាង​ត្រេក​អរ​ខ្លាំង​ពេក នាង​ពុំ​បាន​បើក​ទ្វារ​ឲ្យ​ទេ នាង​បែរ​ជា​រត់​ចូល​ទៅ​ជូន​ដំណឹង​ប្រាប់​ពួក​បង‌ប្អូន​ថា៖ «លោក​សិលា​មក​ដល់​ហើយ លោក​ឈរ​នៅ​មាត់​ទ្វារ»។ ១៥ គេ​នាំ​គ្នា​និយាយ​មក​កាន់​នាង​ថា៖ «នាង​ឆ្កួត​ហើយ!» ប៉ុន្តែ នាង​បាន​ប្រកែក​វិញ​ថា៖ «លោក​ពិត​ជា​មក​ដល់​មែន»។ ១៦ គេ​ពោល​ថា៖ «ប្រហែល​ជា​ទេវទូត*​របស់​លោក​ទេ​ដឹង!»។ លោក​សិលា​នៅ​តែ​គោះ​ទ្វារ​ដដែល គេ​ក៏​ចេញ​ទៅ​បើក​ទ្វារ​ឲ្យ ហើយ​ពេល​ឃើញ​លោក គេ​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង។ ១៧ លោក​សិលា​ធ្វើ​សញ្ញា​ឲ្យ​គេ​នៅ​ស្ងៀម រួច​រៀប​រាប់​អំពី​របៀប​ដែល​ព្រះ‌អម្ចាស់​បាន​ជួយ​លោក ឲ្យ​ចេញ​រួច​ពី​ទី​ឃុំ‌ឃាំង។ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «សូម​យក​ដំណឹង​នេះ​ទៅ​ជម្រាប​លោក​យ៉ាកុប និង​ពួក​បង‌ប្អូន​ផង»។ បន្ទាប់​មក លោក​បាន​ចេញ​ពី​ទី​នោះ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត។
១៨ លុះ​ភ្លឺ​ឡើង ពួក​ទាហាន​នាំ​គ្នា​ជ្រួល‌ច្របល់​យ៉ាង​ខ្លាំង ព្រោះ​មិន​ដឹង​ជា​លោក​សិលា​ទៅ​ណា​បាត់។ ១៩ ព្រះ‌បាទ​ហេរ៉ូដ​បញ្ជា​ឲ្យ​គេ​រក​លោក តែ​រក​មិន​ឃើញ​សោះ ស្ដេច​ក៏​ឲ្យ​គេ​កាត់​ទោស​ពួក​អ្នក​យាម រួច​ឲ្យ​គេ​នាំ​យក​ទៅ​សម្លាប់។ បន្ទាប់​មក ស្ដេច​យាង​ចុះ​ពី​ស្រុក​យូដា ទៅ​ប្រថាប់​នៅ​ក្រុង​សេសារេ។
ស្ដេច​ហេរ៉ូដ​សោយ​ទិវង្គត
២០ ព្រះ‌បាទ​ហេរ៉ូដ​មាន​ទំនាស់​ជា​មួយ​អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន។ អ្នក​ទាំង​នោះ​បាន​រួម​ចិត្ត​គំនិត​គ្នា​ចូល​ទៅ​គាល់​ស្ដេច។ គេ​បាន​បញ្ចុះ‌បញ្ចូល​លោក​បា្លស្ទុស ជា​មហា‌តលិក​ឲ្យ​មក​ខាង​គេ ហើយ​ទូល​សូម​សន្តិ‌ភាព​ពី​ស្ដេច ដ្បិត​ស្រុក​របស់​គេ​ទទួល​ស្បៀង​អាហារ​ពី​នគរ​ព្រះ‌បាទ​ហេរ៉ូដ។ ២១ លុះ​ដល់​ថ្ងៃ​កំណត់ ព្រះ‌បាទ​ហេរ៉ូដ​ទ្រង់​គ្រឿង​គង់​លើ​បល្ល័ង្ក ហើយ​មាន​រាជ‌ឱង្ការ​ឲ្យ​ប្រជាជន​ស្ដាប់។ ២២ ប្រជាជន​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «នេះ​ជា​ព្រះ​សូរសៀង​របស់​ព្រះ មិន​មែន​សំឡេង​របស់​មនុស្ស​ទេ!»។ ២៣ រំពេច​នោះ ស្រាប់​តែ​មាន​ទេវទូត​របស់​ព្រះ‌ជាម្ចាស់​មក​ប្រហារ​ស្ដេច​ហេរ៉ូដ ព្រោះ​ស្ដេច​ពុំ​បាន​ថ្វាយ​សិរី‌រុង​រឿង​ទៅ​ព្រះ‌ជាម្ចាស់។ ស្ដេច​ត្រូវ​ដង្កូវ​ចោះ ហើយ​ក៏​ផុត​ដង្ហើម​ទៅ។ ២៤ មនុស្ស‌ម្នា​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ហើយ​ចំនួន​អ្នក​ជឿ​បាន​កើន​ឡើង​ជា​លំដាប់​។
២៥ រីឯ​លោក​បារណា‌បាស និង​លោក​សូល ក្រោយ​ពី​បាន​បំពេញ​កិច្ច‌ការ​របស់​ខ្លួន​ចប់​សព្វ​គ្រប់​ហើយ លោក​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ដោយ​យក​លោក​យ៉ូហាន​ហៅ​ម៉ាកុស ទៅ​ជា​មួយ​ផង។
១៣
ព្រះ‌វិញ្ញាណ​ជ្រើស​យក​លោក​បារណា‌បាស និង​លោក​សូល​ឲ្យ​ទៅ​បំពេញ​បេសក‌កម្ម
 ក្នុង​ព្រះ‌សហគមន៍​នៅ​ក្រុង​អន់‌ទី‌យ៉ូក មាន​ព្យាការី* និង​គ្រូ​អាចារ្យ* គឺ​មាន​លោក​បារណា‌បាស លោក​ស៊ីម៉ូន​ហៅ​ខ្មៅ លោក​លូស្យុស​ជា​អ្នក​ស្រុក​គីរេន លោក​ម៉ាណា‌អេន ដែល​ត្រូវ​គេ​ចិញ្ចឹម​ជា​មួយ​ព្រះ‌បាទ​ហេរ៉ូដ​ជា​ស្ដេច​អនុ‌រាជ* កាល​នៅ​ពី​ក្មេង និង​លោក​សូល។  នៅ​ពេល​ដែល​អ្នក​ទាំង​នោះ​កំពុង​តែ​ធ្វើ​ពិធី​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ និង​តម​អាហារ ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ញែក​បារណា‌បាស និង​សូល​ចេញ​ដោយ​ឡែក ដ្បិត​យើង​បាន​ហៅ​អ្នក​ទាំង​ពីរ​មក ឲ្យ​បំពេញ​កិច្ច‌ការ​ដែល​យើង​នឹង​ដាក់​ឲ្យ​ធ្វើ»។  ក្រោយ​ពី​បាន​នាំ​គ្នា​តម​អាហារ និង​អធិស្ឋាន*​រួច​ហើយ គេ​បាន​ដាក់​ដៃ*​លើ​លោក​ទាំង​ពីរ ហើយ​ឲ្យ​លោក​ចេញ​ទៅ។
លោក​បារណា‌បាស និង​លោក​សូល​នៅ​កោះ​គីប្រុស
 លោក​បារណា‌បាស និង​លោក​សូល ដែល​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​បាន​ចាត់​ឲ្យ​ទៅ​នោះ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​សេលើ‌ស៊ី ហើយ​ចុះ​សំពៅ​ទៅ​កោះ​គីប្រុស។
 ពេល​ទៅ​ដល់​ក្រុង​សាឡា‌មីន លោក​ទាំង​ពីរ​បាន​ប្រកាស​ព្រះ‌បន្ទូល​ព្រះ‌ជាម្ចាស់ នៅ​ក្នុង​សាលា​ប្រជុំ*​របស់​ជន​ជាតិ​យូដា ដោយ​មាន​លោក​យ៉ូហាន​​ជួយ​ផង។  បន្ទាប់​មក លោក​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​កាត់​កោះ​នោះ រហូត​ទៅ​ដល់​ក្រុង​ប៉ាផូស។ នៅ​ក្រុង​នោះ លោក​បាន​ជួប​គ្រូ​មន្ត‌អាគម​ជាតិ​យូដា​ម្នាក់ ឈ្មោះ​បារ‌យេស៊ូ​ជា​ព្យាការី​ក្លែង‌ក្លាយ  គាត់​រស់​នៅ​ជា​មួយ​លោក​ស៊ែរគីយ៉ូស‌ប៉ូលូស ដែល​ជា​រាជ​ប្រតិភូ​របស់​ព្រះ‌ចៅ​អធិ‌រាជ​រ៉ូម៉ាំង ហើយ​ដែល​ជា​មនុស្ស​មាន​ប្រាជ្ញា។ លោក​ប្រតិភូ​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​បារណា‌បាស និង​លោក​សូល​មក ព្រោះ​លោក​មាន​បំណង​ចង់​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់។  ប៉ុន្តែ អេលី‌ម៉ាស (ភាសា​ក្រិក ប្រែ​ថា​គ្រូ​មន្ត‌អាគម) ចេះ​តែ​ប្រឆាំង​នឹង​លោក​ទាំង​ពីរ ហើយ​រក​មធ្យោ‌បាយ​ពង្វាង​លោក​ប្រតិភូ ឲ្យ​ងាក​ចេញ​ពី​ជំនឿ។  ពេល​នោះ លោក​សូល ដែល​ហៅ​ថា​ប៉ូល​​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ លោក​សម្លឹង​មើល​ទៅ​អេលី‌ម៉ាស ១០ ហើយ​មាន​ប្រសាសន៍​ថា៖ «នែ៎! ជន​ពោរ‌ពេញ​ទៅ​ដោយ​ពុត‌ត្បុត និង​ល្បិច​កិច្ច‌កល​អើយ! អ្នក​ជា​កូន​របស់​មារ* អ្នក​ជា​សត្រូវ​នឹង​អំពើ​សុចរិត​គ្រប់​យ៉ាង តើ​អ្នក​នៅ​តែ​ពង្វាង​គេ​ឲ្យ​ងាក​ចេញ​ពី​មាគ៌ា​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះ‌អម្ចាស់​ដល់​ណា​ទៀត!។ ១១ ឥឡូវ​នេះ ព្រះ‌បារមី​របស់​ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​អ្នក​ខ្វាក់​ភ្នែក លែង​ឃើញ​ពន្លឺ​ថ្ងៃ​អស់​មួយ‌រយៈ»។ រំពេច​នោះ ស្រាប់​តែ​ភ្នែក​របស់​គាត់​ងងឹត​មើល​អ្វី​ពុំ​ឃើញ។ គាត់​ដើរ​ស្ទាបៗ វិល‌វល់ រក​គេ​ជួយ​ដឹក​ដៃ។ ១២ កាល​លោក​ប្រតិភូ​ឃើញ​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នេះ លោក​ក៏​ជឿ ហើយ​ស្ញប់‌ស្ញែង​នឹង​សេចក្ដី​ដែល​គេ​បង្រៀន​អំពី​ព្រះ‌អម្ចាស់​ខ្លាំង​ណាស់។
លោក​ប៉ូល និង​លោក​បារណា‌បាស​នៅ​ក្រុង​អន់‌ទី‌យ៉ូក ក្នុង​ស្រុក​ពីស៊ី‌ឌី
១៣ លោក​ប៉ូល និង​មិត្ត‌ភក្ដិ​របស់​លោក បាន​ចុះ​សំពៅ​ពី​ក្រុង​ប៉ាផូសឆ្ពោះ​ទៅ​ក្រុង​ពែរកេ ក្នុង​ស្រុក​ប៉មភី‌លី។ ពេល​នោះ លោក​យ៉ូហាន​បាន​បែក​ចេញ​ពី​ពួក​គេ វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។ ១៤ រីឯ​លោក​ប៉ូល និង​មិត្ត‌ភក្ដិ​របស់​លោក បាន​បន្ដ​ដំណើរ​ពី​ក្រុង​ពែរកេ រហូត​ទៅ​ដល់​ក្រុង​អន់‌ទី‌យ៉ូក ក្នុង​ស្រុក​ពីស៊ី‌ឌី។ នៅ​ថ្ងៃ​សប្ប័ទ* លោក​ទាំង​ពីរ​ចូល​ទៅ​អង្គុយ​ក្នុង​សាលា​ប្រជុំ*។ ១៥ បន្ទាប់​ពី​បាន​អាន​គម្ពីរ‌វិន័យ* និង​គម្ពីរ​ព្យាការី*​រួច​ហើយ ពួក​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ សុំ​ឲ្យ​គេ​ជម្រាប​ពួក​លោក​ប៉ូល​ថា៖ «បង‌ប្អូន​អើយ! បើ​បង‌ប្អូន​មាន​ពាក្យ​អ្វី​លើក​ទឹក​ចិត្ត​ប្រជាជន សូម​មាន​ប្រសាសន៍​មក​ចុះ»។ ១៦ លោក​ប៉ូល​ក្រោក​ឡើង​លើក​ដៃ​ធ្វើ​សញ្ញា ហើយ​មាន​ប្រសាសន៍​ថា៖ «សូម​ជម្រាប​បង‌ប្អូន​ជន​ជាតិ​អ៊ីស្រា‌អែល និង​បង‌ប្អូន​ដែល​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ សូម​ជ្រាប! ១៧ ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​បាន​ជ្រើស‌រើស​បុព្វបុរស​របស់​យើង និង​ប្រទាន​ឲ្យ​ប្រជា‌រាស្ដ្រ​នេះ​បាន​ចម្រើន​ឡើង នៅ​ពេល​គេ​ស្នាក់​នៅ​ក្នុង​ប្រទេស​អេស៊ីប។ បន្ទាប់​មក ព្រះ‌អង្គ​បាន​នាំ​គេ​ចេញ​ពី​ប្រទេស​នោះ ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ។ ១៨ ព្រះ‌អង្គ​បាន​ផ្គត់‌ផ្គង់​​គេ​អស់‌រយៈ​ពេល​ប្រមាណ​សែ‌សិប​ឆ្នាំ នៅ​វាល​រហោ‌ស្ថាន។ ១៩ ក្រោយ​ពី​ព្រះ‌អង្គ​រំលាយ​ជាតិ​សាសន៍​ទាំង​ប្រាំ​ពីរ​នៅ​ស្រុក​កាណាន​រួច​ហើយ ព្រះ‌អង្គ​បាន​ប្រទាន​ទឹក​ដី​នោះ​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ធ្វើ​ជា​កម្ម‌សិទ្ធិ។ ២០ ហេតុ‌ការណ៍​ទាំង​នោះ​កើត​មាន​ក្នុង​អំឡុង​ពេល​ប្រមាណ​បួន‌រយ​ហា‌សិប​ឆ្នាំ។ ក្រោយ​មក ព្រះ‌អង្គ​ប្រទាន​ឲ្យ​មាន​អ្នក​គ្រប់‌គ្រង​រហូត​ដល់​ជំនាន់​ព្យាការី​សាមូ‌អែល។ ២១ បន្ទាប់​មក​ទៀត គេ​បាន​នាំ​គ្នា​ទូល​សូម​ស្ដេច​មួយ​អង្គ ព្រះ‌ជាម្ចាស់​ក៏​ប្រទាន​ព្រះ‌បាទ​សាអ៊ូល ជា​បុត្រ​របស់​លោក​គីស ក្នុង​កុល‌សម្ព័ន្ធ*​បេន‌យ៉ាមីន ឲ្យ​គ្រង​រាជ្យ​អស់‌រយៈ​ពេល​សែ‌សិប​ឆ្នាំ។ ២២ ក្រោយ​ពី​បាន​ដក​រាជ្យ​ពី​ព្រះ‌បាទ​សាអ៊ូល ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ព្រះ‌បាទ​ដាវីឌ​ឡើង​គ្រង​រាជ្យ។ ព្រះ‌អង្គ​ប្រទាន​សក្ខី‌ភាព​អំពី​ព្រះ‌បាទ​ដាវីឌ​នេះ​ថាៈ “យើង​រក​បាន​មនុស្ស​ម្នាក់ជា​ទី​គាប់​ចិត្ត​យើង​ណាស់ គឺ​ដាវីឌ​ជា​បុត្រ​របស់​យេសាយ ដ្បិត​ដាវីឌ​នឹង​បំពេញ​តាម​បំណង​ទាំង​ប៉ុន្មាន​របស់​យើង”។ ២៣ ក្នុង​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​នេះ​ហើយ ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ព្រះ‌យេស៊ូ​កើត​មក និង​ធ្វើ​ជា​ព្រះ‌សង្គ្រោះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល ស្រប​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ។ ២៤ មុន​នឹង​ព្រះ‌យេស៊ូ​យាង​មក​ដល់ លោក​យ៉ូហាន​បាន​ប្រកាស​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​កែ​ប្រែ​ចិត្ត​គំនិត ដោយ​ទទួល​ពិធី​ជ្រមុជ​ទឹក។ ២៥ ពេល​លោក​យ៉ូហាន​បំពេញ​មុខ‌ងារ​របស់​លោកចប់​សព្វ​គ្រប់​ហើយ លោក​មាន​ប្រសាសន៍​ថាៈ “ខ្ញុំ​នេះ​មិន​មែន​ជា​អ្នក ដែល​បង‌ប្អូន​ទន្ទឹង​រង់‌ចាំ​នោះ​ទេ។ ឥឡូវ​នេះ មាន​លោក​ម្នាក់​មក​តាម​ក្រោយ​ខ្ញុំ លោក​មាន​ឋានៈ​ខ្ពង់‌ខ្ពស់​ណាស់ បើ​ខ្ញុំ​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​របស់​លោក​ផង”។
២៦ បង‌ប្អូន​ជា​ពូជ‌ពង្ស​លោក​អប្រាហាំ និង​បង‌ប្អូន​ដែល​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​អើយ! ព្រះ‌អង្គ​បាន​ចាត់​ព្រះ‌បន្ទូលស្ដី​អំពី​ការ​សង្គ្រោះ មក​ឲ្យ​យើង​ទាំង​អស់​គ្នា​នេះ​ហើយ ២៧ ដ្បិត​អ្នក​ក្រុង​យេរូ‌សាឡឹម និង​ពួក​មេ​ដឹក​នាំ​របស់​គេ ពុំ​បាន​ដឹង​ថា​ព្រះ‌យេស៊ូ​ជា​នរណា​ឡើយ។ គេ​បាន​កាត់​ទោស​ព្រះ‌អង្គ ស្រប​នឹង​សេចក្ដី​ដែល​ព្យាការី*​ថ្លែង​ទុក​មក ហើយ​គេ​អាន​រៀង​រាល់​ថ្ងៃ​សប្ប័ទ*​ ២៨ ទោះ​បី​គេ​រក​កំហុស​អ្វី​មក​កាត់​ទោស​លោក​មិន​ឃើញ​ក៏​ដោយ ក៏​គេ​នៅ​តែ​សុំ​ឲ្យ​លោក​ពីឡាត​ប្រហារ​ជីវិត​ព្រះ‌អង្គ​ដែរ។ ២៩ កាល​គេ​បាន​ធ្វើ​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​អំពី​ព្រះ‌អង្គ​ចប់​សព្វ​គ្រប់​ហើយ គេ​ក៏​យក​ព្រះ​សព​ព្រះ‌អង្គ​ចុះ​ពី​ឈើ​ឆ្កាង​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។ ៣០ ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឲ្យ​រស់​ឡើង​វិញ។ ៣១ ព្រះ‌យេស៊ូ​បាន​បង្ហាញ​ខ្លួន​ឲ្យ​អស់​អ្នក​ដែល​បាន​រួម​ដំណើរ​ជា​មួយ​ព្រះ‌អង្គ ពី​ស្រុក​កាលី‌ឡេទៅ​ក្រុង​យេរូ‌សាឡឹម ឃើញ​អស់‌រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ឥឡូវ​នេះ អ្នក​ទាំង​នោះ​ធ្វើ​ជា​បន្ទាល់​របស់​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​ប្រជាជន​ទៀត​ផង។ ៣២ រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​សូម​ជូន​ដំណឹង‌ល្អ​នេះ​ប្រាប់​បង‌ប្អូន​ថា ព្រះ‌បន្ទូល​ដែល​ព្រះ‌ជាម្ចាស់​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​យើង ៣៣ ព្រះ‌អង្គ​បាន​ធ្វើ​តាម ដើម្បី​ជា​ប្រយោជន៍​ដល់​យើង ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ទាំង​នោះ​ហើយ គឺ​ព្រះ‌អង្គ​បាន​ប្រោស​ព្រះ‌យេស៊ូ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដូច​មាន​ចែង​ទុក​ក្នុង​ទំនុក‌តម្កើង​ទី​ពីរ​ថាៈ
ព្រះ‌អង្គ​ជា​បុត្រ​របស់​យើង
គឺ​យើង​ដែល​បាន​បង្កើត​ព្រះ‌អង្គ​មក
នៅ​ថ្ងៃ​នេះ​។
៣៤ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌យេស៊ូ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​ព្រះ​សព​ព្រះ‌អង្គ​ត្រូវ​រលួយ​ឡើយ ដូច​មាន​ចែង​ទុក​មក​ថាៈ
អ្វីៗ​ដ៏‌វិសុទ្ធ* និង​ដ៏​ជា​ទី​ទុក​ចិត្ត
ដែល​យើង​បាន​សន្យា​ថា​នឹង​ឲ្យ​ដាវីឌ
យើង​នឹង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​។
៣៥ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ចែង​ទុក​ក្នុង​អត្ថ‌បទ​គម្ពីរ​មួយ​ទៀត​ថាៈ
ព្រះ‌អង្គ​មិន​បណ្ដោយ​ឲ្យ​សព​អ្នក​បម្រើ
ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ​ រលួយ​ឡើយ។
៣៦ ព្រះ‌បាទ​ដាវីឌ​បាន​បម្រើ​ព្រះ‌ជាម្ចាស់ តាម​គម្រោង‌ការ​ព្រះ‌អង្គ​នៅ​ជំនាន់​នោះ រួច​សោយ​ទិវង្គត​ទៅ។ គេ​បាន​បញ្ចុះ​សព​ព្រះ‌បាទ​ដាវីឌ​ក្នុង​ផ្នូរ ជា​មួយ​ព្រះ‌អយ្យ‌កោ ហើយ​សព​របស់​ស្ដេច​ក៏​បាន​រលួយ​អស់​ដែរ។ ៣៧ រីឯ​ព្រះ‌យេស៊ូ​ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​នោះ ព្រះ​សព​របស់​ព្រះ‌អង្គ​ពុំ​បាន​រលួយ​ទេ។
៣៨ ដូច្នេះ បង‌ប្អូន​អើយ! សូម​បង‌ប្អូន​ជ្រាប​ឲ្យ​ច្បាស់​ថា ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ឲ្យ​បង‌ប្អូន​រួច​ពី​បាប តាម‌រយៈ​ព្រះ‌យេស៊ូ ដូច​យើង​បាន​ជម្រាប​មក​ស្រាប់។ បង‌ប្អូន​ពុំ​អាច​ទៅ​ជា​មនុស្ស​សុចរិត* រួច​ផុត​អំពើ​បាប​ទាំង​ប៉ុន្មាន ដោយ​គោរព​តាម​វិន័យ​របស់​លោក​ម៉ូសេ​ឡើយ។ ៣៩ ផ្ទុយ​ទៅ​វិញ ព្រះ‌ជាម្ចាស់​ប្រោស​ឲ្យ​អស់​អ្នក​ជឿ​បាន​សុចរិត តាម‌រយៈ​ព្រះ‌យេស៊ូ។ ៤០ ហេតុ​នេះ សូម​បង‌ប្អូន​ប្រយ័ត្ន ក្រែង​ត្រូវ​តាម​សេចក្ដី​ដែល​ព្យាការី*​ថ្លែង​ទុក​មក​ថា:
៤១ “មនុស្ស​ដែល​ចេះ​តែ​មើល‌ងាយ​គេ​អើយ!
ចូរ​នាំ​គ្នា​មើល ហើយ​ងឿង‌ឆ្ងល់
រួច​វិនាស​បាត់​ទៅ​ចុះ!
ដ្បិត​យើង​នឹង​ធ្វើ​កិច្ច‌ការ​មួយ​នៅ​ជំនាន់
របស់​អ្នក​រាល់​គ្នា
ជា​កិច្ច‌ការ​ដែល​អ្នក​រាល់​គ្នា​មិន​ជឿ
ទោះ​បី​ជា​គេ​រៀប​រាប់​ប្រាប់​អ្នក​រាល់​គ្នា
ក៏​ដោយ”»។
៤២ ពេល​លោក​ប៉ូល និង​លោក​បារណា‌បាស​ចេញ​ពី​សាលា​ប្រជុំ ពួក​គេ​បាន​អញ្ជើញ​លោក​ឲ្យ​មាន​ប្រសាសន៍​អំពី​សេចក្ដី​ទាំង​នេះ នៅ​ថ្ងៃ​សប្ប័ទ*​ខាង​មុខ​ទៀត។ ៤៣ លុះ​អង្គ​ប្រជុំ​បែក​គ្នា​ហើយ មាន​សាសន៍​យូដា និង​អ្នក​ចូល​សាសនា​យូដា​ជា​ច្រើន​នាក់ ដែល​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ នាំ​គ្នា​ទៅ​តាម​លោក​ប៉ូល និង​លោក​បារណា‌បាស។ លោក​ទាំង​ពីរ​បាន​សន្ទនា​ជា​មួយ​ពួក​គេ ហើយ​ក្រើន​រំឭក​គេឲ្យ​នៅ​ខ្ជាប់‌ខ្ជួន​នឹង​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់​ជា‌និច្ច។
៤៤ នៅ​ថ្ងៃ​សប្ប័ទ​បន្ទាប់​មក​ទៀត ប្រជាជន​នៅ​ក្រុង​នោះ​បាន​មក​ជួប‌ជុំ ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ស្ទើរ​តែ​ទាំង​អស់​គ្នា។ ៤៥ កាល​ជន​ជាតិ​យូដា​ឃើញ​មហា‌ជន​ដូច្នោះ គេ​មាន​ចិត្ត​ច្រណែន​ជា​ខ្លាំង ក៏​នាំ​គ្នា​និយាយ​ជំទាស់​នឹង​ពាក្យ​ដែល​លោក​ប៉ូល​មាន​ប្រសាសន៍ ហើយ​ថែម​ទាំង​ជេរ​ប្រមាថ​លោក​ទៀត​ផង។ ៤៦ លោក​ប៉ូល និង​លោក​បារណា‌បាស​ក៏​មាន​ប្រសាសន៍​ទៅ​គេ ដោយ​ចិត្ត​អង់‌អាច​ថា៖ «មុន​ដំបូង យើង​ខ្ញុំ​ត្រូវ​តែ​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ដល់​បង‌ប្អូន។ ប៉ុន្តែ ដោយ​បង‌ប្អូន​បដិសេធ​មិន​ព្រម​ទទួល​ព្រះ‌បន្ទូល​នេះ ហើយ​ដោយ​បង‌ប្អូន​យល់​ឃើញ​ថា ខ្លួន​មិន​សម​នឹង​ទទួល​ជីវិត​អស់​កល្ប‌ជានិច្ច​ទេ​នោះ យើង​ខ្ញុំ​នឹង​ងាក​ទៅ​ប្រកាស​ដល់​សាសន៍​ដទៃ​វិញ ៤៧ ដ្បិត​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​យើង​ខ្ញុំ​ថាៈ
យើង​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ពន្លឺ
បំភ្លឺ​ជាតិ​សាសន៍​នានា
និង​ឲ្យ​នាំ​ការ​សង្គ្រោះ​រហូត​ទៅ​ដល់
ស្រុក​ដាច់​ស្រយាល​នៃ​ផែន‌ដី”»។
៤៨ កាល​សាសន៍​ដទៃ​ឮ​ដូច្នោះ គេ​មាន​អំណរ​រីក‌រាយ ហើយ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ រីឯ​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​តម្រូវ​ឲ្យ​ទទួល​ជីវិត​អស់​កល្ប‌ជានិច្ច ក៏​នាំ​គ្នា​ជឿ​ដែរ។ ៤៩ ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​ឮ​សុស‌សាយ ក្នុង​ស្រុក​នោះ​ទាំង​មូល។ ៥០ ប៉ុន្តែ សាសន៍​យូដា​បាន​ញុះ‌ញង់​ស្ត្រីៗ​មាន​ឋានៈ​ខ្ពង់‌ខ្ពស់ ដែល​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ និង​ញុះ‌ញង់​ពួក​នាម៉ឺន​នៅ​ក្រុង​នោះ ឲ្យ​លើក​គ្នា​ទៅ​បៀត‌បៀន​លោក​ប៉ូល និង​លោក​បារណា‌បាស ព្រម​ទាំង​ដេញ​លោក​ទាំង​ពីរ​ចេញ​ពី​ដែន​ដី​របស់​គេ​ផង។
៥១ លោក​ប៉ូល និង​លោក​បារណា‌បាស ក៏​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​របស់​លោក រួច​ធ្វើ​ដំណើរ​ទៅ​ក្រុង​អ៊ីកូ‌ញ៉ុម។ ៥២ រីឯ​ពួក​សាវ័ក*​នៅ​អន់‌ទី‌យ៉ូក​វិញ គេ​បាន​ពោរ‌ពេញ​ដោយ​អំណរ និង​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*។
១៤
លោក​ប៉ូល និង​លោក​បារណា‌បាស នៅ​ក្រុង​អ៊ីកូ‌ញ៉ុម
 នៅ​ក្រុង​អ៊ីកូ‌ញ៉ុមក៏​កើត​មាន​ដូច្នោះ​ដែរ។ លោក​ប៉ូល និង​លោក​បារណា‌បាស បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ*​របស់​ជន​ជាតិ​យូដា ហើយ​មាន​ប្រសាសន៍​រហូត​ដល់​ជន​ជាតិ​យូដា និង​ជន​ជាតិ​ក្រិក​ដ៏​ច្រើន​លើស‌លប់​នាំ​គ្នា​ជឿ។  ប៉ុន្តែ ជន​ជាតិ​យូដា​ដែល​មិន​ព្រម​ជឿបាន​ញុះ‌ញង់​សាសន៍​ដទៃ និង​ជំរុញ​គេ ឲ្យ​មាន​ចិត្ត​ប៉ុន‌ប៉ង​ធ្វើ​បាប​ពួក​បង‌ប្អូន​ទៀត​ផង។  លោក​ប៉ូល និង​លោក​បារណា‌បាស ស្នាក់​នៅ​ក្នុង​ក្រុង​អ៊ីកូ‌ញ៉ុម​ជា​យូរ​ថ្ងៃ។ លោក​ទាំង​ពីរ​មាន​ចិត្ត​អង់‌អាច ដោយ​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ដែល​ព្រះ‌អង្គ​បាន​បញ្ជាក់​ព្រះ‌បន្ទូល​អំពី​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌អង្គ គឺ​ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​លោក​ទាំង​ពីរ​សម្ដែង​ទី​សម្គាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​ផ្សេងៗ។  មនុស្ស‌ម្នា​នៅ​ក្រុង​នោះ​បាន​បាក់​បែក​គ្នា អ្នក​ខ្លះ​កាន់​ខាង​សាសន៍​យូដា អ្នក​ខ្លះ​ទៀត​កាន់​ខាង​ក្រុម​គ្រីស្ដ‌ទូត*។  សាសន៍​ដទៃ និង​សាសន៍​យូដា បាន​សម​គំនិត​គ្នា​ជា​មួយ​ពួក​មេ​ដឹក​នាំ​របស់​គេ ចង់​ធ្វើ​បាប និង​ចង់​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ទាំង​ពីរ។  លោក​ប៉ូល និង​លោក​បារណា‌បាស យល់​ថា​សភាព‌ការណ៍​មិន​ស្រួល ក៏​រត់​ភៀស​ខ្លួន​ទៅ​ស្រុក​លីកា‌អូនី គឺ​ទៅ​ក្រុង​លីស្ដ្រា និង​ក្រុង​ឌែរបេ ព្រម​ទាំង​តំបន់​ដែល​នៅ​ជុំ‌វិញ  ហើយ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​នៅ​ទី​នោះ។
លោក​ប៉ូល និង​លោក​បារណា‌បាស នៅ​ក្រុង​លីស្ដ្រា
 នៅ​ក្រុង​លីស្ដ្រា មាន​បុរស​ម្នាក់​ពិការ​ជើង​តាំង​ពី​កំណើត​មក គាត់​មិន​អាច​ដើរ​ឡើយ  គាត់​អង្គុយ​ស្ដាប់​លោក​ប៉ូល​មាន​ប្រសាសន៍។ លោក​ប៉ូល​សម្លឹង​មើល​គាត់ ហើយ​យល់​ឃើញ​ថា គាត់​មាន​ជំនឿ​គួរ​នឹង​ជា​បាន ១០ លោក​ក៏​មាន​ប្រសាសន៍​ទៅ​គាត់​ខ្លាំងៗ​ថា៖ «សុំ​ក្រោក​ឡើង ឈរ​ឲ្យ​ត្រង់!»។ បុរស​នោះ​ស្ទុះ​ក្រោក​ឈរ​ឡើង ហើយ​ដើរ​បាន។ ១១ កាល​មហា‌ជន​ឃើញ​ការ​អស្ចារ្យ​ដែល​លោក​ប៉ូល​បាន​ធ្វើ គេ​ក៏​នាំ​គ្នា​ស្រែក​ហ៊ោ​ជា​ភាសា​លីកា‌អូនី​ថា៖ «ព្រះ​បាន​និម្មិត​ជា​មនុស្ស ចុះ​មក​គង់​ជា​មួយ​យើង​ហើយ!»។ ១២ គេ​ហៅ​លោក​បារណា‌បាស​ថា «ព្រះ​សឺស» និង​ហៅ​លោក​ប៉ូល​ថា «ព្រះ​ហ៊ែរម៉េស»​ ព្រោះ​លោក​ជា​អ្នក​នាំ​ពាក្យ។ ១៣ បូជា‌ចារ្យ​របស់​ព្រះ​សឺស​ដែល​មាន​វិហារ​ទល់​មុខ​នឹង​ទីក្រុង បាន​ដឹក​គោ​ឈ្មោល​តុប‌តែង​លំអ​ដោយ​ភួង​ផ្កា មក​មាត់​ទ្វារ​ក្រុង ព្រោះ​គាត់​ចង់​ធ្វើ​បូជា‌យញ្ញ​រួម​ជា​មួយ​មហា‌ជន។
១៤ កាល​គ្រីស្ដ‌ទូត*​បារណា‌បាស និង​គ្រីស្ដ‌ទូត​ប៉ូល បាន​ឮ​ដំណឹង​នេះ លោក​ក៏​ហែក​សម្លៀក‌បំពាក់​ ហើយ​ស្ទុះ​រត់​ទៅ​រក​ប្រជាជន ទាំង​ស្រែក​ឡើង​ថា៖ ១៥ «ហេតុ​អ្វី​បាន​ជា​បង‌ប្អូន​នាំ​គ្នា​ធ្វើ​ដូច្នេះ? យើង​ខ្ញុំ​ក៏​ជា​មនុស្ស​ធម្មតា​ដូច​បង‌ប្អូន​ដែរ យើង​ខ្ញុំ​នាំ​ដំណឹង‌ល្អ*​មក​ជម្រាប​ជូន​បង‌ប្អូន គឺ​សូម​បង‌ប្អូន​ងាក​ចេញ​ពី​ការ​ថ្វាយ‌បង្គំ​រូប​សំណាក​ឥត​ប្រយោជន៍​នេះ ហើយ​បែរ​មក​រក​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​វិញ ជា​ព្រះ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ផែន‌ដី សមុទ្រ និង​អ្វីៗ​សព្វ​សារពើ​ដែល​មាន​នៅ​ទី​ទាំង​នោះ​ផង។ ១៦ នៅ​ជំនាន់​មុនៗ ព្រះ‌អង្គ​បាន​បណ្ដោយ​ឲ្យ​ជាតិ​សាសន៍​នានា ដើរ​តាម​មាគ៌ា​រៀងៗ​ខ្លួន។ ១៧ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ព្រះ‌អង្គ​នៅ​តែ​សម្ដែង​ព្រះ‌ហឫទ័យ​សប្បុរស​មិន​ដែល​អាក់‌ខាន​ឡើយ ដើម្បី​ឲ្យ​គេ​បាន​ស្គាល់​ព្រះ‌អង្គ គឺ​ប្រទាន​ទឹក​ភ្លៀង​ពី​លើ​មេឃ និង​ប្រទាន​ភោគ​ផល​មក​បង‌ប្អូន​តាម​រដូវ​កាល ធ្វើ​ឲ្យ​បង‌ប្អូន​មាន​ម្ហូប​អាហារ​ដ៏​បរិបូណ៌ និង​មាន​អំណរ​សប្បាយ​ក្នុង​ចិត្ត​ផង»។ ១៨ ទោះ​បី​លោក​ទាំង​ពីរ​មាន​ប្រសាសន៍​ដូច្នេះ ក៏​លោក​រក​ឃាត់​មហា‌ជន​មិន​ឲ្យ​ធ្វើ​បូជា‌យញ្ញ​ជូន​លោក​សឹង​តែ​ពុំ​បាន។
១៩ បន្ទាប់​មក មាន​ជន​ជាតិ​យូដា​មក​ពី​ក្រុង​អន់‌ទី‌យ៉ូក និង​ក្រុង​អ៊ីកូ‌ញ៉ុម បាន​ទាក់‌ទាញ​ចិត្ត​មហា‌ជន​ឲ្យ​ចូល​ទៅ​ខាង​គេ ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ប៉ូល រួច​អូស​យក​ទៅ​ចោល​នៅ​ខាង​ក្រៅ​ទីក្រុង ព្រោះ​គេ​នឹក​ស្មាន​ថា លោក​ស្លាប់​បាត់​ទៅ​ហើយ។ ២០ ប៉ុន្តែ ក្រុម​សាវ័ក*​នាំ​គ្នា​មក​ជុំ‌វិញ​លោក លោក​ក៏​ក្រោក​ឡើង វិល​ចូល​ទៅ​ទីក្រុង​វិញ។ លុះ​ស្អែក​ឡើង លោក​ចេញ​ដំណើរ​ទៅ​ក្រុង​ឌែរបេ​ជា​មួយ​លោក​បារណា‌បាស។
លោក​ប៉ូល និង​លោក​បារណា‌បាស វិល​ត្រឡប់​ទៅ​ក្រុង​អន់‌ទី‌យ៉ូក ក្នុង​ស្រុក​ស៊ីរី​វិញ
២១ លោក​ប៉ូល និង​លោក​បារណា‌បាស​បាន​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​នៅ​ក្រុង​ឌែរបេ ហើយ​ណែ‌នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​ធ្វើ​ជា​សាវ័ក*។ បន្ទាប់​មក លោក​វិល​ទៅ​ក្រុង​លីស្ដ្រា ក្រុង​អ៊ីកូ‌ញ៉ុម និង​ក្រុង​អន់‌ទី‌យ៉ូក​វិញ។ ២២ លោក​ដាស់‌តឿន​ពួក​សាវ័ក​ឲ្យ​តាំង​ចិត្ត​មាំ‌មួន និង​លើក​ទឹក​ចិត្ត​គេ​ឲ្យ​មាន​ជំនឿ​ខ្ជាប់‌ខ្ជួន ដោយ​មាន​ប្រសាសន៍​ថា៖ «យើង​ត្រូវ​ឆ្លង​កាត់​ទុក្ខ​វេទនា​ជា​ច្រើន ដើម្បី​ឲ្យ​បាន​ចូល​ក្នុង​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់»។ ២៣ លោក​បាន​តែង‌តាំង​ពួក​ព្រឹទ្ធា‌ចារ្យ*​នៅ​តាម​ព្រះ‌សហគមន៍​នីមួយៗ។ លុះ​បាន​អធិស្ឋាន* និង​តម​អាហារ​រួច​ហើយ លោក​ទាំង​ពីរ​ក៏​ផ្ញើ​ពួក​សាវ័កទុក​នៅ​នឹង​ព្រះ‌អម្ចាស់ ដែល​គេ​បាន​ជឿ។
២៤ បន្ទាប់​មក​ទៀត លោក​ទាំង​ពីរ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ពីស៊ី‌ឌី មក​ដល់​ស្រុក​ប៉ាមភី‌លី។ ២៥ លោក​បាន​ប្រកាស​ព្រះ‌បន្ទូល​នៅ​ក្រុង​ពែរកេ រួច​លោក​នាំ​គ្នា​ចុះ​ទៅ​ក្រុង​អត្តាលី។ ២៦ នៅ​ទី​នោះ លោក​នាំ​គ្នា​ចុះ​សំពៅ វិល​ត្រឡប់​មក​ក្រុង​អន់‌ទី‌យ៉ូក​វិញ គឺ​នៅ​ក្រុង​អន់‌ទី‌យ៉ូក​នេះ​ហើយ ដែល​ព្រះ‌សហគមន៍​បាន​ផ្ញើ​លោក​ទាំង​ពីរ​ទៅ​លើ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់ ដើម្បី​បំពេញ​កិច្ច‌ការ​ដែល​លោក​ទើប​នឹង​បាន​សម្រេច​នេះ។
២៧ កាល​លោក​ទាំង​ពីរ​មក​ដល់ លោក​ប្រមូល​ព្រះ‌សហគមន៍​ឲ្យ​មក​ជួប‌ជុំ​គ្នា ហើយ​រៀប​រាប់​អំពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ជា​មួយ​ពួក​លោក និង​រៀប​រាប់​អំពី​របៀប​ដែល​ព្រះ‌អង្គ​បើក​ផ្លូវ​ឲ្យ​សាសន៍​ដទៃ​ជឿ។ ២៨ បន្ទាប់​មក លោក​ទាំង​ពីរ​ស្នាក់​នៅ​ទី​នោះ ជា​មួយ​ពួក​សាវ័ក អស់‌រយៈ​ពេល​ជា​យូរ​ក្រែល។
១៥
ការ​ប្រជុំ​នៅ​ក្រុង​យេរូ‌សាឡឹម
 មាន​អ្នក​ខ្លះ​មក​ពី​ស្រុក​យូដា នាំ​គ្នា​ប្រៀន‌ប្រដៅ​ពួក​បង‌ប្អូន​ថា៖ «ប្រសិន​បើ​បង‌ប្អូន​មិន​ទទួល​ពិធី​កាត់​ស្បែក* តាម​ទំនៀម‌ទម្លាប់​របស់​លោក​ម៉ូសេ​ទេ បង‌ប្អូន​មិន​អាច​ទទួល​ការ​សង្គ្រោះ​ឡើយ»។  លោក​ប៉ូល និង​លោក​បារណា‌បាស បាន​ប្រកែក​ជំទាស់​នឹង​អ្នក​ទាំង​នោះ ព្រម​ទាំង​ជជែក​វែក‌ញែក​ជា​មួយ​ពួក​គេ​យ៉ាង​ខ្លាំង។ ពួក​បង‌ប្អូន​បាន​សម្រេច​ចិត្ត​ចាត់​លោក​ប៉ូល និង​លោក​បារណា‌បាស ឲ្យ​ទៅ​ក្រុង​យេរូ‌សាឡឹម ដោយ​មាន​បង‌ប្អូន​ខ្លះ​ទៀត​ទៅ​ជា​មួយ​ផង ដើម្បី​ឲ្យ​ទៅ​ជម្រាប​ក្រុម​គ្រីស្ដ‌ទូត* និង​ក្រុម​ព្រឹទ្ធា‌ចារ្យ*​អំពី​រឿង​នេះ។
 ព្រះ‌សហគមន៍*​បាន​ជួយ​ឧបត្ថម្ភ​ពួក​លោក ក្នុង​ការ​ធ្វើ​ដំណើរ។ លោក​នាំ​គ្នា​ឆ្លង​កាត់​ស្រុក​ភេនីស៊ី ស្រុក​សាម៉ារី ទាំង​រៀប​រាប់​ប្រាប់​ពួក​បង‌ប្អូន​យ៉ាង​ក្បោះ‌ក្បាយ​ថា សាសន៍​ដទៃ​បាន​បែរ​ចិត្ត​មក​រក​ព្រះ‌ជាម្ចាស់។ ដំណឹង​នេះ​ធ្វើ​ឲ្យ​បង‌ប្អូន​គ្រប់ៗ​គ្នា​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។
 កាល​មក​ដល់​ក្រុង​យេរូ‌សាឡឹម​ហើយ ព្រះ‌សហគមន៍ ក្រុម​គ្រីស្ដ‌ទូត* និង​ក្រុម​ព្រឹទ្ធា‌ចារ្យ​នាំ​គ្នា​ទទួល​ពួក​លោក។ ពួក​លោក​ក៏​ជម្រាប​អំពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ជា​មួយ​ពួក​លោក។  ពេល​នោះ មាន​បង‌ប្អូន​ខ្លះ​ខាង​គណៈ‌ផារីស៊ី​ដែល​ជឿ​ព្រះ‌អម្ចាស់ ក្រោក​ឈរ​ឡើង ពោល​ថា ត្រូវ​តែ​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​សាសន៍​ដទៃ ហើយ​ត្រូវ​បង្គាប់​គេ​ឲ្យ​ប្រតិបត្តិ​តាម​វិន័យ*​របស់​លោក​ម៉ូសេ​ដែរ។
 ក្រុម​គ្រីស្ដ‌ទូត និង​ក្រុម​ព្រឹទ្ធា‌ចារ្យ ក៏​ប្រជុំ​គ្នា ដើម្បី​ពិនិត្យ‌ពិច័យ​មើល​សំណុំ​រឿង​នេះ។  ពេល​នោះ មាន​ការ​ជជែក​វែក‌ញែក​គ្នា​យ៉ាង​ខ្លាំង ទើប​លោក​សិលា​ក្រោក​ឈរ​ឡើង ហើយ​មាន​ប្រសាសន៍​ថា៖
«បង‌ប្អូន​អើយ បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស​ខ្ញុំ ក្នុង​ចំណោម​បង‌ប្អូន​តាំង​តែ​ពី​ថ្ងៃ​ដំបូង​មក​ម៉្លេះ ដើម្បី​ឲ្យ​ខ្ញុំ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​ដល់​សាសន៍​ដទៃ ឲ្យ​គេ​បាន​ឮ និង​បាន​ជឿ​ដែរ។  ព្រះ‌ជាម្ចាស់​ដែល​ឈ្វេង​យល់​ចិត្ត​គំនិត​របស់​មនុស្ស ព្រះ‌អង្គ​បាន​បញ្ជាក់​ថា ព្រះ‌អង្គ​យល់​ព្រម​ទទួល​ពួក​គេ ដោយ​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​ឲ្យ​គេ ដូច​ព្រះ‌អង្គ​បាន​ប្រទាន​មក​យើង​ដែរ។  ព្រះ‌អង្គ​មិន​ចាត់​ទុក​ពួក​គេ​ផ្សេង​ពី​ពួក​យើង​ឡើយ គឺ​ព្រះ‌អង្គ​បាន​សំអាត​ចិត្ត​គេ​ឲ្យ​បរិសុទ្ធ* ដោយ​ជំនឿ។ ១០ ឥឡូវ​នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​បង‌ប្អូន​ជំទាស់​​នឹង​ព្រះ‌ជាម្ចាស់​ដូច្នេះ? នឹម​​ដែល​បុព្វបុរស​របស់​យើង និង​ខ្លួន​យើង​ផ្ទាល់ មិន​អាច​ទ្រាំ‌ទ្រ​បាន​ផង​នោះ ម្ដេច​ក៏​បង‌ប្អូន​ចង់​យក​ទៅ​ដាក់​លើ​ពួក​សាវ័ក​ដែរ! ១១ ទេ មិន​បាន​ទេ! ដ្បិត​យើង​ជឿ​ថា ទាំង​សាសន៍​យើង ទាំង​សាសន៍​គេ បាន​ទទួល​ការ​សង្គ្រោះ ដោយ‌ព្រះ‌អម្ចាស់‌យេស៊ូ​មាន​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ប៉ុណ្ណោះ»។
១២ ពេល​នោះ អង្គ​ប្រជុំ​ទាំង​មូល​នៅ​ស្ងៀម​ស្ងាត់ ស្ដាប់​លោក​ប៉ូល និង​លោក​បារណា‌បាស មាន​ប្រសាសន៍​រៀប​រាប់​អំពី​ទី​សម្គាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិ‌បាដិ‌ហារិយ៍ ដែល​ព្រះ‌ជាម្ចាស់​បាន​សម្ដែង នៅ​កណ្ដាល​ចំណោម​សាសន៍​ដទៃ តាម‌រយៈ​លោក។ ១៣ លុះ​លោក​ទាំង​ពីរ​មាន​ប្រសាសន៍​ចប់​ហើយ លោក​យ៉ាកុប​ក៏​មាន​ប្រសាសន៍​ឡើង​ថា៖ ១៤ «បង‌ប្អូន​អើយ សូម​ស្ដាប់​ខ្ញុំ! លោក​ស៊ីម៉ូន​បាន​រៀប​រាប់​ថា កាល​ពី​ដើម​ដំបូង ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ជ្រើស‌រើស​ប្រជា‌រាស្ដ្រ​មួយ ពី​ចំណោម​ជាតិ​សាសន៍​នានា ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ផ្ទាល់។ ១៥ រីឯ​ព្រះ‌បន្ទូល​ដែល​ពួក​ព្យាការី*​បាន​ថ្លែង ក៏​ស្រប​តាម​សេចក្ដី​នេះ​ដែរ ដូច​មាន​ចែង​ទុក​មក​ថា៖
១៦ លុះ​ក្រោយ​មក យើង​នឹង​វិល​ត្រឡប់​មក​វិញ
យើង​នឹង​លើក​ពន្លា​របស់​ដាវីឌ
ដែល​រលំ​ទៅ​នោះ​ឡើង​វិញ
យើង​នឹង​សង់​ដំណាក់​ដែល​បាក់​បែក​ខ្ទេច‌ខ្ទី​ឡើង​វិញ
១៧ ពេល​នោះ មនុស្ស‌ម្នា​ដែល​នៅ​សល់
នឹង​ស្វែង​រក​ព្រះ‌អម្ចាស់
ហើយ​ជាតិ​សាសន៍​នានា​ដែល​ជា​ប្រជា‌រាស្ដ្រ
របស់​យើង ក៏​នឹង​ស្វែង​រក​យើង​ដែរ។
១៨ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ដែល
សម្ដែង​ការ​ទាំង​នេះ​ឲ្យ​មនុស្ស​លោក​ស្គាល់
តាំង​ពី​យូរ​អង្វែង​រៀង​មក។
១៩ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​យល់​ឃើញ​ថា មិន​គួរ​ធ្វើ​ឲ្យ​មាន​ឧបសគ្គ​ដល់​សាសន៍​ដទៃ ដែល​បាន​បែរ​ចិត្ត​វិល​មក​រក​ព្រះ‌ជាម្ចាស់​វិញ​នោះ​ឡើយ ២០ ប៉ុន្តែ គួរ​យើង​សរសេរ​សំបុត្រ​ទៅ​ប្រាប់​គេ កុំ​ឲ្យ​បរិភោគ​ម្ហូប​អាហារ​ដែល​បាន​សែន​រូប​សំណាក គឺ​ជា​ម្ហូប​អាហារ​សៅ‌ហ្មង​នោះ​ជា​ដាច់​ខាត កុំ​ឲ្យ​រួម​រស់​ជា​មួយ​គ្នា ដោយ​មិន​រៀប‌ការ​ កុំ​ឲ្យ​បរិភោគ​សាច់​សត្វ​ដែល​គេ​សម្លាប់​ដោយ​ច្របាច់​ក និង​កុំ​ឲ្យ​បរិភោគ​ឈាម ២១ ដ្បិត​តាំង​ពី​សម័យ​ដើម​រៀង​មក នៅ​តាម​ក្រុង​នីមួយៗ គេ​តែង​ប្រកាស​វិន័យ*​របស់​លោក​ម៉ូសេ ដោយ​អាន​គម្ពីរ​របស់​លោក រៀង​រាល់​ថ្ងៃ​សប្ប័ទ* នៅ​ក្នុង​សាលា​ប្រជុំ*»។
សំបុត្រ​ផ្ញើ​ទៅ​ជូន​សាសន៍​ដទៃ​ជា​អ្នក​ជឿ
២២ ពេល​នោះ ក្រុម​គ្រីស្ដ‌ទូត ក្រុម​ព្រឹទ្ធា‌ចារ្យ និង​ព្រះ‌សហគមន៍​ទាំង​មូល​យល់​ឃើញ​ថា គួរ​តែ​ជ្រើស​យក​បង‌ប្អូន​ខ្លះ​ក្នុង​ចំណោម​ពួក​គេ ជា​អ្នក​ដែល​ពួក​បង‌ប្អូន​គោរព ដើម្បី​ចាត់​ឲ្យ​ទៅ​ក្រុង​អន់‌ទី‌យ៉ូក​ជា​មួយ​លោក​ប៉ូល និង​លោក​បារណា‌បាស។ គេ​បាន​ជ្រើស​យក​លោក​យូដាស ហៅ​បារសា‌បាស និង​លោក​ស៊ីឡាស។ ២៣ ព្រះ‌សហគមន៍​បាន​ប្រគល់​សំបុត្រ​មួយឲ្យ​លោក​ទាំង​ពីរ​នាំ​យក​ទៅ ដែល​មាន​សេចក្ដី​ដូច​ត​ទៅ​នេះ៖
«យើង​ខ្ញុំ ជា​គ្រីស្ដ‌ទូត ជា​ព្រឹទ្ធា‌ចារ្យ និង​ជា​បង‌ប្អូន សូម​ជម្រាប​សួរ​មក​បង‌ប្អូន​ជា​សាសន៍​ដទៃ ដែល​រស់​នៅ​ក្រុង​អន់‌ទី‌យ៉ូក ស្រុក​ស៊ីរី និង​ស្រុក​ស៊ីលីស៊ី។
២៤ យើង​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា មាន​ពួក​យើង​ខ្លះ​បាន​នាំ​ឲ្យ​បង‌ប្អូន​ជ្រួល‌ច្របល់ មក​ពី​ពាក្យ​ដែល​គេ​និយាយ​ប្រាប់​បង‌ប្អូន បណ្ដាល​ឲ្យ​បង‌ប្អូន​មាន​កង្វល់​ក្នុង​ចិត្ត។ យើង​ខ្ញុំ​ពុំ​បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​មក​ទេ។ ២៥ យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​សម្រេច​ចិត្ត​ជ្រើស‌រើស​យក​គ្នា​យើង​ខ្លះ ចាត់​ឲ្យ​មក​ជួប​បង‌ប្អូន​ជា​មួយ​លោក​ប៉ូល និង​លោក​បារណា‌បាស​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង ២៦ ជា​អ្នក​ដែល​បាន​សុខ​ចិត្ត​បូជា​ជីវិត​របស់​ខ្លួន​បម្រើ​ព្រះ‌យេស៊ូ‌គ្រីស្ដ​ជា​ព្រះ‌អម្ចាស់​របស់​យើង។ ២៧ ហេតុ​នេះ យើង​ខ្ញុំ​សុំ​ចាត់​លោក​យូដាស និង​លោក​ស៊ីឡាស​ឲ្យ​នាំ​ពាក្យ​ដដែល​នេះ យក​មក​ជម្រាប​បង‌ប្អូន​ស្ដាប់​ផ្ទាល់​តែ​ម្ដង។ ២៨ ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* និង​យើង​ខ្ញុំ​យល់​ឃើញ​ថា មិន​គួរ​យក​វិន័យ*​ណា​ផ្សេង​ទៀត​ដែល​មិន​ចាំ‌បាច់ មក​បង្ខំ​បង‌ប្អូន​ឲ្យ​ប្រតិបត្តិ​តាម​ឡើយ ២៩ យើង​គ្រាន់​តែ​សុំ​ឲ្យ​បង‌ប្អូន​ចៀស‌វាង​កុំ​ប្រព្រឹត្ត​ដូច​ត​ទៅ​នេះ គឺ​កុំ​បរិភោគ​ម្ហូប​អាហារ​ដែល​សែន​រូប​សំណាក កុំ​បរិភោគ​ឈាម កុំ​បរិភោគ​សាច់​សត្វ​ដែល​គេ​សម្លាប់ ដោយ​ច្របាច់​ក និង​កុំ​រួម​រស់​ជា​មួយ​គ្នា ដោយ​មិន​រៀប‌ការ។ ប្រសិន​បើ​បង‌ប្អូន​ប្រតិបត្តិ​ដូច្នេះ​បាន នោះ​ប្រពៃ​ហើយ។ សូម​ឲ្យ​បង‌ប្អូន​បាន​ប្រកប​ដោយ​សេចក្ដី​សុខ»។
៣០ ពួក​អ្នក​តំណាង​ក៏​លា​គេ ចេញ​ដំណើរ​ទៅ​ដល់​ក្រុង​អន់‌ទី‌យ៉ូក ហើយ​ប្រមូល​អង្គ​ប្រជុំ រួច​ប្រគល់​សំបុត្រ​ជូន។ ៣១ គេ​បាន​អាន​សំបុត្រ ហើយ​មាន​អំណរ​សប្បាយ​គ្រប់ៗ​គ្នា ព្រោះ​សំបុត្រ​នោះ​បាន​លើក​ទឹក​ចិត្ត​ពួក​គេ។ ៣២ លោក​យូដាស និង​លោក​ស៊ីឡាស ដែល​ជា​ព្យាការី*​មាន​ប្រសាសន៍​ជា​ច្រើន ដើម្បី​លើក​ទឹក​ចិត្ត និង​ពង្រឹង​ជំនឿ​របស់​បង‌ប្អូន។ ៣៣ បន្ដិច​ក្រោយ​មក ពួក​បង‌ប្អូន​សុខ​ចិត្ត​ឲ្យ​លោក​ទាំង​ពីរ​វិល​ត្រឡប់​ទៅ​ឯ​ព្រះ‌សហគមន៍ ដែល​បាន​ចាត់​គេ​ឲ្យ​មក​នោះ​វិញ ទាំង​ជូន​ពរ​ឲ្យ​លោក​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុខ‌សាន្ត។ [៣៤ ប៉ុន្តែ លោក​ស៊ីឡាស​សម្រេច​ចិត្ត​ស្នាក់​នៅ​ទី​នោះ​បន្ដ​ទៅ​ទៀត។]
៣៥ រីឯ​លោក​ប៉ូល និង​លោក​បារណា‌បាស ក៏​បាន​ស្នាក់​នៅ​ក្នុង​ក្រុង​អន់‌ទី‌យ៉ូក ទាំង​បង្រៀន និង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​អំពី​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ រួម​ជា​មួយ​បង‌ប្អូន​ជា​ច្រើន​នាក់​ទៀត​ផង។
បេសក‌កម្ម​លើក​ទី​ពីរ លោក​ប៉ូល និង​លោក​បារណា‌បាស​បែក​គ្នា
៣៦ ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ទៀត លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​បារណា‌បាស​ថា៖ «យើង​ត្រូវ​ត្រឡប់​ទៅ​សួរ​សុខ​ទុក្ខ​បង‌ប្អូន​នៅ​តាម​ក្រុង​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ផ្សព្វ‌ផ្សាយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។ ៣៧ លោក​បារណា‌បាស​មាន​បំណង​នាំ​លោក​យ៉ូហាន ហៅ​ម៉ាកុស ទៅ​ជា​មួយ​ដែរ ៣៨ ប៉ុន្តែ លោក​ប៉ូល​យល់​ឃើញ​ថា​មិន​គួរ​នាំ​គាត់​ទៅ​ជា​មួយ​ឡើយ ព្រោះ​គាត់​បាន​រត់​ចោល​ពួក​លោក​កាល​ពី​នៅ​ក្រុង​ប៉មភី‌លី គឺ​គាត់​មិន​បាន​ធ្វើ​ការ​រួម​ជា​មួយ​ពួក​លោក​ទេ។ ៣៩ លោក​ទាំង​ពីរ​ក៏​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង រហូត​ដល់​ទៅ​បែក​ផ្លូវ​គ្នា។ លោក​បារណា‌បាសបាន​នាំ​លោក​ម៉ាកុស​ទៅ​ជា​មួយ រួច​ចុះ​សំពៅ​ឆ្ពោះ​ទៅ​កោះ​គីប្រុស។ ៤០ រីឯ​លោក​ប៉ូល លោក​នាំ​លោក​ស៊ីឡាស​ទៅ​ជា​មួយ ដោយ​ពួក​បង‌ប្អូន​បាន​ផ្ញើ​លោក​ទៅ​លើ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌អម្ចាស់ ៤១ លោក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ស៊ីរី និង​ស្រុក​ស៊ីលីស៊ី ទាំង​ពង្រឹង​ជំនឿ​ព្រះ‌សហគមន៍​នានា​ផង។
១៦
លោក​ធីម៉ូថេ​រួម​ដំណើរ​ជា​មួយ​លោក​ប៉ូល និង​លោក​ស៊ីឡាស
 លោក​ប៉ូល​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ឌែរបេ រួច​ទៅ​ដល់​ក្រុង​លីស្ដ្រា។ នៅ​ក្រុង​លីស្ដ្រា​នោះ មាន​សាវ័ក*​មួយ​រូប​ឈ្មោះ​ធីម៉ូថេ ជា​កូន​របស់​ស្ត្រី​សាសន៍​យូដា​ម្នាក់​ជា​អ្នក​ជឿ ឪពុក​គាត់​ជា​សាសន៍​ក្រិក  គាត់​មាន​កេរ្តិ៍‌ឈ្មោះ​ល្អ ក្នុង​ចំណោម​បង‌ប្អូន​នៅ​ក្រុង​លីស្ដ្រា និង​បង‌ប្អូន​នៅ​ក្រុង​អ៊ីកូ‌ញ៉ុម។  លោក​ប៉ូល​មាន​បំណង​នាំ​គាត់​រួម​ដំណើរ​ទៅ​ជា​មួយ​ដែរ។ លោក​ក៏​យក​គាត់​មក​ធ្វើ​ពិធី​កាត់ស្បែក*​ឲ្យ ព្រោះ​យោគ‌យល់​ដល់​សាសន៍​យូដា​នៅ​ស្រុក​នោះ ដ្បិត​គេ​ដឹង​គ្រប់​គ្នា​ថា​ឪពុក​គាត់​ជា​សាសន៍​ក្រិក។  នៅ​តាម​ក្រុង​នានា ដែល​ពួក​លោក​ប៉ូល​ធ្វើ​ដំណើរ​កាត់ លោក​បាន​ប្រាប់​អ្នក​ជឿ​ឲ្យ​ដឹងអំពី​សេចក្ដី​សម្រេច​របស់​ក្រុម​គ្រីស្ដ‌ទូត* និង​ក្រុម​ព្រឹទ្ធា‌ចារ្យ* នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​សុំ​ឲ្យ​គេ​អនុវត្ត​តាម។  ព្រះ‌សហគមន៍​នានាក៏​មាន​ជំនឿ​កាន់​តែ​មាំ‌មួន​រៀង​រាល់​ថ្ងៃ ហើយ​មាន​គ្នា​កាន់​តែ​ច្រើន​ជា​លំដាប់។
លោក​ប៉ូល​នៅ​ក្រុង​ត្រូអាស ព្រះ‌ជាម្ចាស់​ចាត់​លោក​ឲ្យ​ទៅ​ស្រុក​ម៉ាសេ‌ដូន
 ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​បាន​ឃាត់​ពួក​លោក​ប៉ូល មិន​ឲ្យ​ទៅ​ប្រកាស​ព្រះ‌បន្ទូល​នៅ​ស្រុក​អាស៊ី​ទេ ហេតុ​នេះ​ហើយ​បាន​ជា​លោក​នាំ​គ្នា​ធ្វើ​ដំណើរ​កាត់​ស្រុក​ព្រីគី និង​ដែន​ដី​កាឡា‌ទី។  ពេល​ទៅ​ដល់​ជិត​ស្រុក​មីស៊ី លោក​មាន​បំណង​ទៅ​ស្រុក​ប៊ីធី‌នី ប៉ុន្តែ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេស៊ូ​ពុំ​អនុញ្ញាត​ឲ្យ​ទៅ​ទេ។  ដូច្នេះ លោក​ក៏​នាំ​គ្នា​ឆ្លង​កាត់​ស្រុក​មីស៊ីទៅ​ដល់​ក្រុង​ត្រូអាស។  នៅ​ពេល​យប់ លោក​ប៉ូល​បាន​និមិត្ត​ឃើញ​អ្នក​ស្រុក​ម៉ាសេ‌ដូន​ម្នាក់ ឈរ​អង្វរ​លោក​ថា៖ «សូម​លោក​ឆ្លង​មក​ស្រុក​ម៉ាសេ‌ដូន ជួយ​យើង​ខ្ញុំ​ផង!»។ ១០ ក្រោយ​ពេល​លោក​បាន​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យ​នេះ​ហើយ យើង​​ក៏​រូត‌រះ​ចេញ​ដំណើរ​ទៅ​ស្រុក​ម៉ាសេ‌ដូន ព្រោះ​យើង​ជឿ​ជាក់​ថា ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ​យើង​ឲ្យ​ទៅ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​ដល់​អ្នក​ស្រុក​នោះ។
លោក​ប៉ូល​នៅ​ក្រុង​ភីលីព នាង​លីឌី​ប្រែ​ចិត្ត​គំនិត​មក​ជឿ​ព្រះ‌អម្ចាស់
១១ នៅ​ក្រុង​ត្រូអាស យើង​បាន​ចុះ​សំពៅ ធ្វើ​ដំណើរ​តម្រង់​ឆ្ពោះ​ទៅ​កោះ​សាម៉ូ‌ត្រាស​តែ​ម្ដង។ ស្អែក​ឡើង យើង​បាន​ទៅ​ដល់​ក្រុង​ណេអា‌ប៉ូលី ១២ រួច​យើង​ចេញ​ដំណើរ​ពី​ក្រុង​នោះ​ឆ្ពោះ​ទៅ​ក្រុង​ភីលីព ជា​ក្រុង​ធំ​ជាង​គេ​ក្នុង​ស្រុក​ម៉ាសេ‌ដូន ហើយ​ជា​ក្រុង​ដែល​មាន​ឯក‌សិទ្ធិ​ពិសេស​នៅ​ក្នុង​ចក្រភព​រ៉ូម៉ាំង។ យើង​បាន​ស្នាក់​នៅ​ក្រុង​នោះ​ជា​ច្រើន​ថ្ងៃ។
១៣ នៅ​ថ្ងៃ​សប្ប័ទ* យើង​បាន​ចេញ​ទៅ​ខាង​ក្រៅ​ទ្វារ​ក្រុង សំដៅ​ទៅ​មាត់​ស្ទឹង​មួយ ដោយ​នឹក​គិត​ថានឹង​មាន​កន្លែង​អធិស្ឋាន*។ យើង​ក៏​នាំ​គ្នា​អង្គុយ ហើយ​និយាយ​ជា​មួយ​ពួក​ស្ត្រី​ដែល​មក​ជួប‌ជុំ​គ្នា​នៅ​ទី​នោះ។ ១៤ មាន​ស្ត្រី​ម្នាក់​ដែល​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ឈ្មោះ​លីឌី ជា​អ្នក​ស្រុក​ធីយ៉ាទៀរ និង​ជា​ឈ្មួញ​ក្រណាត់​ពណ៌​ក្រហម​ដ៏​មាន​តម្លៃ។ ពេល​នោះ នាង​ផ្ទៀង​ត្រចៀក​ស្ដាប់ ព្រះ‌អម្ចាស់​ក៏​បាន​បំភ្លឺ​ចិត្ត​គំនិត​នាង ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ដែល​លោក​ប៉ូល​មាន​ប្រសាសន៍។ ១៥ បន្ទាប់​ពី​នាង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ជា​មួយ​ក្រុម​គ្រួសារ​របស់​នាង​រួច​ហើយ នាង​បាន​អញ្ជើញ​យើង​ទៅ​ស្នាក់​នៅ​ផ្ទះ​នាង ដោយ​ពោល​ថា៖ «បើ​លោក​យល់​ឃើញ​ថា នាង​ខ្ញុំ​ពិត​ជា​ជឿ​លើ​ព្រះ‌អម្ចាស់​មែន សូម​អញ្ជើញ​ទៅ​ស្នាក់​នៅ​ឯ​ផ្ទះ​របស់​នាង​ខ្ញុំ​ទៅ!»។ នាង​បាន​ទទូច​សុំ​ឲ្យ​យើង​យល់​ព្រម តាម​សេចក្ដី​អញ្ជើញ​របស់​នាង។
លោក​ប៉ូល និង​លោក​ស៊ីឡាស​ជាប់​ឃុំ‌ឃាំង​នៅ​ក្រុង​ភីលីព
១៦ មាន​ថ្ងៃ​មួយ ពេល​យើង​ធ្វើ​ដំណើរ​ទៅ​កន្លែង​អធិស្ឋាន* មាន​ស្រី​បម្រើ​គេ​ម្នាក់​មក​ជួប​យើង នាង​មាន​ខ្មោច​ឈ្មោះ​ពីថុន​ចូល នាំ​ឲ្យ​នាង​ចេះ​ទាយ ធ្វើ​ឲ្យ​ពួក​ម្ចាស់​របស់​នាង​បាន​ទទួល​កម្រៃ​យ៉ាង​ច្រើន។ ១៧ នាង​ដើរ​តាម​ក្រោយ​លោក​ប៉ូល និង​យើង ទាំង​ស្រែក​ថា៖ «លោក​ទាំង​នេះ​ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត លោក​នាំ​ដំណឹង​អំពី​មាគ៌ា​នៃ​ការ​សង្គ្រោះ​មក​ប្រាប់​អ្នក​រាល់​គ្នា»។ ១៨ នាង​ធ្វើ​បែប​នេះ​អស់‌រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ដោយ​លោក​ប៉ូល​ទាស់​ចិត្ត​ជា​ខ្លាំង ក៏​ងាក​ទៅ​ក្រោយ បញ្ជា​ខ្មោច​ថា៖ «ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រីស្ដ* ចូរ​ចេញ​ពី​នាង​ទៅ!»។ ខ្មោច​ក៏​ចេញ​ពី​នាង​ភ្លាម។ ១៩ កាល​ពួក​ម្ចាស់​របស់​ស្រី​បម្រើ​នោះ​ឃើញ​ថាលែង​មាន​សង្ឃឹម​នឹង​បាន​កម្រៃ​អ្វី​ទៀត គេ​ក៏​នាំ​គ្នា​ចាប់​លោក​ប៉ូល និង​លោក​ស៊ីឡាស អូស​យក​ទៅ​ជូន​ចៅ‌ក្រម​នៅ​លាន​សាធារណៈ ក្នុង​ទីក្រុង។ ២០ ចៅ‌ក្រម​នាំ​លោក​ទាំង​ពីរ​ទៅ​ជួប​ពួក​អាជ្ញា‌ធរ ពោល​ថា៖ «ជន​ជាតិ​យូដា​ទាំង​នេះ​បង្ក​ឲ្យ​មាន​ចលាចល​នៅ​ក្នុង​ក្រុង​យើង។ ២១ គេ​នាំ​ទំនៀម‌ទម្លាប់​ផ្សេងៗ​មក​ផ្សាយ​ប្រាប់​យើង ជា​ទំនៀម‌ទម្លាប់​ដែល​យើង ជន​ជាតិ​រ៉ូម៉ាំង គ្មាន​សិទ្ធិ​នឹង​ទទួល ឬ​អនុវត្ត​តាម​បាន​ឡើយ»។ ២២ បណ្ដា‌ជន​ក៏​លើក​គ្នា​មក​ប្រឆាំង​នឹង​លោក​ទាំង​ពីរ​ដែរ។ ពួក​អាជ្ញា‌ធរ​បាន​បញ្ជា​ឲ្យ​គេ​ដោះ​សម្លៀក‌បំពាក់​លោក​ប៉ូល និង​លោក​ស៊ីឡាស​ចេញ រួច​បញ្ជា​ឲ្យ​វាយ​នឹង​រំពាត់។ ២៣ ក្រោយ​ពី​បាន​វាយ​លោក​ទាំង​ពីរ​ច្រើន​រំពាត់​ហើយ គេ​ក៏​យក​លោក​ទៅ​ដាក់​ក្នុង​ទី​ឃុំ‌ឃាំង ទាំង​បញ្ជា​ឲ្យ​យាម​យ៉ាង​មធ្យ័ត​ផង។ ២៤ ឆ្មាំ​គុក​ក៏​យក​លោក​ទាំង​ពីរ​ទៅ​ឃុំ​ក្នុង​គុក​ងងឹត និង​ដាក់​ខ្នោះ​ជើង តាម​បញ្ជា​ដែល​គាត់​បាន​ទទួល។
២៥ ប្រមាណ​ជា​ពាក់​កណ្ដាល​អធ្រាត្រ លោក​ប៉ូល និង​លោក​ស៊ីឡាស នាំ​គ្នា​អធិស្ឋាន និង​ច្រៀង​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់។ អ្នក​ទោស​ឯ​ទៀតៗ​ស្ដាប់​លោក​ទាំង​ពីរ។ ២៦ រំពេច​នោះ ស្រាប់​តែ​មាន​រញ្ជួយ​ផែន‌ដី​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​កក្រើក​ដល់​គ្រឹះ​ទី​ឃុំ‌ឃាំង ទ្វារ​គុក​ទាំង​ប៉ុន្មាន​ក៏​របើក​ឡើង​ភ្លាម រីឯ​ច្រវាក់​ដែល​គេ​ដាក់​អ្នក​ទោស​ក៏​របូត​ចេញ​អស់​ដែរ។ ២៧ ពេល​នោះ ឆ្មាំ​គុក​ភ្ញាក់​ឡើង លុះ​គាត់​ឃើញ​ទ្វារ​គុក​របើក​ដូច្នេះ គាត់​ក៏​ហូត​ដាវ​បម្រុង​នឹង​សម្លាប់​ខ្លួន ព្រោះ​នឹក​ស្មាន​ថា​អ្នក​ទោស​រត់​បាត់​អស់​ហើយ។ ២៨ ប៉ុន្តែ លោក​ប៉ូល​បាន​ស្រែក​ឡើង​យ៉ាង​ខ្លាំងៗ​ថា៖ «កុំ​ធ្វើ​បាប​ខ្លួន​អី យើង​ទាំង​អស់​គ្នា​នៅ​ឯ​នេះ​ទេ!»។ ២៩ ឆ្មាំ​គុក​សុំ​ឲ្យ​គេ​យក​ភ្លើង​មក រួច​ប្រញាប់‌ប្រញាល់​ចូល​ទៅ​ក្នុង​គុក។ គាត់​ក្រាប​ចុះ​នៅ​មុខ​លោក​ប៉ូល និង​លោក​ស៊ីឡាស ទាំង​ញាប់‌ញ័រ។ ៣០ គាត់​នាំ​លោក​ទាំង​ពីរ​ចេញ​មក​ក្រៅ ពោល​ថា៖ «លោក​ម្ចាស់! តើ​ខ្ញុំ​ប្របាទ​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​បាន​ទទួល​ការ​សង្គ្រោះ?»។ ៣១ លោក​តប​ទៅ​គាត់​វិញ​ថា៖ «សូម​ជឿ​លើ​ព្រះ‌អម្ចាស់‌យេស៊ូ​ទៅ នោះ​ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​លោក ព្រម​ទាំង​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​លោក​ផង​ដែរ»។ ៣២ បន្ទាប់​មក លោក​ទាំង​ពីរ​បាន​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ប្រាប់​គាត់ និង​ប្រាប់​អ្នក​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ផ្ទះ​គាត់។ ៣៣ ពេល​នោះ ឆ្មាំ​គុក​នាំ​លោក​ទាំង​ពីរ​មក​លាង​ស្នាម​របួស​ទាំង​យប់ ហើយ​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់ ក៏​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ភ្លាម។ ៣៤ គាត់​បាន​នាំ​លោក​ទាំង​ពីរ​ឡើង​ទៅ​ផ្ទះ​គាត់ រៀបចំ​ម្ហូប​អាហារ​ជូន។ គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់​មាន​អំណរ​សប្បាយ ដោយ​បាន​ជឿ​លើ​ព្រះ‌ជាម្ចាស់។
៣៥ លុះ​ភ្លឺ​ឡើង ពួក​អាជ្ញា‌ធរ​បាន​ចាត់​តម្រួត​ឲ្យ​ទៅ​ប្រាប់​ឆ្មាំ​គុក​ថា៖ «ចូរ​ដោះ​លែង​អ្នក​ទាំង​នោះ​ទៅ!»។ ៣៦ ឆ្មាំ​គុក​បាន​នាំ​ដំណឹង​នេះ​ទៅ​ជម្រាប​លោក​ប៉ូល​ថា៖ «ពួក​អាជ្ញា‌ធរ​បាន​ចាត់​គេ​មក​ប្រាប់​ឲ្យ​ដោះ​លែង​លោក​ហើយ ដូច្នេះ សូម​លោក​ចេញ​ទៅ​ឲ្យ​បាន​សុខ‌សាន្ត​ចុះ»។ ៣៧ ប៉ុន្តែ លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​តម្រួត​ទាំង​នោះ​ថា៖ «យើង​ជា​ជន​ជាតិ​រ៉ូម៉ាំង​ គេ​បាន​វាយ​យើង​នឹង​រំពាត់​នៅ​មុខ​ប្រជុំ​ជន ដោយ​ពុំ​បាន​ជំនុំ​ជម្រះ​ជា​មុន ហើយ​ក៏​យក​យើង​មក​ដាក់​គុក​ទៀត ឥឡូវ​នេះ គេ​ចង់​ដោះ​លែង​យើង​ដោយ​ស្ងាត់ៗ! ទេ មិន​បាន​ទេ! លោក​ទាំង​នោះ​ត្រូវ​តែ​មក​ដោះ​លែង​យើង​ផ្ទាល់​តែ​ម្ដង ទើប​បាន»។ ៣៨ ពួក​តម្រួត​នាំ​ពាក្យ​នេះ​ទៅ​ជម្រាប​ពួក​អាជ្ញា‌ធរ។ កាល​ដឹង​ថាលោក​ទាំង​ពីរ​មាន​សញ្ជាតិ​រ៉ូម៉ាំង​ដូច្នេះ ពួក​អាជ្ញា‌ធរ​ភ័យ​ខ្លាច​ជា​ខ្លាំង។ ៣៩ គេ​នាំ​គ្នា​មក​អង្វរ​ករ​សុំ​ទោស​លោក​ទាំង​ពីរ រួច​ដោះ​លែង​លោក និង​អង្វរ​ឲ្យ​លោក​ចាក​ចេញ​ពី​ក្រុង​នោះ​ផង។ ៤០ លោក​ទាំង​ពីរ​ចេញ​ពី​ទី​ឃុំ‌ឃាំង ចូល​ទៅ​ផ្ទះ​របស់​នាង​លីឌី ហើយ​បាន​ជួប​ពួក​បង‌ប្អូន ព្រម​ទាំង​បាន​លើក​ទឹក​ចិត្ត​គេ​ទៀត​ផង រួច​ទើប​លោក​នាំ​គ្នា​ធ្វើ​ដំណើរ​ចេញ​ទៅ។
១៧
លោក​ប៉ូល និង​លោក​ស៊ីឡាស​ទៅ​ដល់​ក្រុង​ថេស្សា‌ឡូនិក
 លោក​ប៉ូល និង​លោក​ស៊ីឡាស ធ្វើ​ដំណើរ​កាត់​ក្រុង​អំភី‌ប៉ូលី និង​ក្រុង​អាប៉ូ‌ឡូន ហើយ​ទៅ​ដល់​ក្រុង​ថេស្សា‌ឡូនិក។ នៅ​ក្រុង​នោះ មាន​សាលា​ប្រជុំ*​មួយ​របស់​សាសន៍​យូដា។  លោក​ប៉ូល​បាន​ចូល​ទៅ​សាលា​ប្រជុំ​តាម​ទម្លាប់​របស់​លោក ព្រម​ទាំង​វែក‌ញែក​គម្ពីរ​ជា​មួយ​ពួក​គេ​រាល់​ថ្ងៃ​សប្ប័ទ* ក្នុង​អំឡុង​បី​សប្តាហ៍។  លោក​បរិយាយ​ពន្យល់​ប្រាប់​គេ​ថា ព្រះ‌គ្រីស្ដ​ត្រូវ​តែ​រង​ទុក្ខ​វេទនា និង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ លោក​មាន​ប្រសាសន៍​ថា៖ «ព្រះ‌គ្រីស្ដ គឺ​ព្រះ‌យេស៊ូ​ដែល​ខ្ញុំ​បាន​ជម្រាប​បង‌ប្អូន​នេះ​ហើយ»។  ជន​ជាតិ​យូដា​ខ្លះ​យល់​ស្រប​តាម ហើយ​ចូល​មក​រួប‌រួម​ជា​មួយ​លោក​ប៉ូល និង​លោក​ស៊ីឡាស។ មាន​ជន​ជាតិ​ក្រិក​ដ៏​ច្រើន​លើស‌លប់ ដែល​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ និង​មាន​ស្ត្រីៗ​ជា​ច្រើន ក្នុង​ចំណោម​អ្នក​ធំ​ក៏​ចូល​មក​រួប‌រួម​ដែរ។
 រីឯ​ជន​ជាតិ​យូដា​វិញ គេ​មាន​ចិត្ត​ច្រណែន ហើយ​ប្រមូល​ពួក​ពាល​ដែល​នៅ​តាម​ផ្លូវ មក​បំបះ‌បំបោរ​ប្រជាជន ឲ្យ​កើត​ចលាចល​ក្នុង​ក្រុង។ គេ​បាន​ទៅ​ផ្ទះ​លោក​យ៉ាសូន ក្នុង​គោល​បំណង​ចាប់​លោក​ប៉ូល និង​លោក​ស៊ីឡាស យក​ទៅ​ឲ្យ​ប្រជាជន​កាត់​ទោស  តែ​ដោយ​គេ​រក​លោក​ទាំង​ពីរ​មិន​ឃើញ គេ​ក៏​ចាប់​លោក​យ៉ាសូន និង​បង‌ប្អូន​ខ្លះ​ទៀត អូស​យក​ទៅ​ជូន​លោក​អភិបាល​ក្រុង ទាំង​ស្រែក​ឡើង​ថា៖ «ពួក​ដែល​បង្ក​ឲ្យ​ជ្រួល‌ច្របល់​ពេញ​ពិភព‌លោក​ទាំង​មូល បាន​មក​ដល់​ទី​នេះ​ហើយ!។  យ៉ាសូន​បាន​ទទួល​ពួក​គេ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​គាត់! អ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ត​ខុស​នឹង​ព្រះ‌រាជ‌ក្រឹត្យ​របស់​ព្រះ‌ចៅ​អធិ‌រាជ ដ្បិត​ពួក​គេ​ប្រកាស​ថា មាន​ស្ដេច​មួយ​អង្គ​ទៀត នាម​យេស៊ូ»។  ពាក្យ​នេះ​បាន​ធ្វើ​ឲ្យ​បណ្ដា‌ជន និង​លោក​អភិបាល​ក្រុង​ខ្វល់​ចិត្ត។  គេ​បាន​សុំ​ឲ្យ​លោក​យ៉ាសូន និង​អ្នក​ឯ​ទៀតៗ​បង់​ប្រាក់​ធានា ទើប​គេ​សុខ​ចិត្ត​ដោះ​លែង​ឲ្យ​ទៅ​វិញ។
លោក​ប៉ូល និង​លោក​ស៊ីឡាស នៅ​ក្រុង​បេរេ
១០ ពួក​បង‌ប្អូន​បាន​បណ្ដោះ​លោក​ប៉ូល និង​លោក​ស៊ីឡាស ឲ្យ​ចេញ​ដំណើរ​ទៅ​ក្រុង​បេរេ នៅ​យប់​នោះ​ភ្លាម។ លុះ​ទៅ​ដល់​ហើយ លោក​ទាំង​ពីរ​ក៏​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ*​របស់​សាសន៍​យូដា។
១១ សាសន៍​យូដា​នៅ​ក្រុង​នេះ មាន​សន្ដាន​ចិត្ត​ល្អ​ជាង​សាសន៍​យូដា​នៅ​ក្រុង​ថេស្សា‌ឡូនិក គឺ​គេ​បាន​ទទួល​ព្រះ‌បន្ទូល​ដោយ​ចិត្ត​ស្មោះ​សរ ហើយ​ពិនិត្យ‌ពិច័យ​មើល​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ឲ្យ​ដឹង​ថា សេចក្ដី​ដែល​លោក​ប៉ូល និង​លោក​ស៊ីឡាស​មាន​ប្រសាសន៍​ប្រាប់​គេ ពិត​ជា​ត្រឹម​ត្រូវ​មែន ឬ​យ៉ាង​ណា។ ១២ ក្នុង​ចំណោម​ពួក​គេ មាន​ច្រើន​នាក់​បាន​ជឿ ហើយ​មាន​ស្ត្រីៗ​អ្នក​មុខ​អ្នក​ការ​ជាតិ​ក្រិក និង​មាន​បុរស​ជា​ច្រើន​បាន​ជឿ​ដែរ។ ១៣ ប៉ុន្តែ កាល​សាសន៍​យូដា​នៅ​ក្រុង​ថេស្សា‌ឡូនិក​ដឹង​ថា លោក​ប៉ូល​ផ្សព្វ‌ផ្សាយ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​បេរេ​ដែរ​នោះ គេ​ក៏​នាំ​គ្នា​មក​បំបះ‌បំបោរ​មហា‌ជន​ឲ្យ​ជ្រួល‌ច្របល់​ឡើង។ ១៤ ឃើញ​ដូច្នោះ ពួក​បង‌ប្អូន​បាន​នាំ​លោក​ប៉ូល​ឆ្ពោះ​ទៅ​មាត់​សមុទ្រ​ភ្លាម រីឯ​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ​វិញ ស្នាក់​នៅ​ទី​នោះ​ដដែល។ ១៥ ពួក​អ្នក​ជូន​ដំណើរ​លោក​ប៉ូលបាន​មក​ជា​មួយ​លោក រហូត​ដល់​ក្រុង​អាថែន ទើប​ត្រឡប់​ទៅ​វិញ ទាំង​នាំ​ពាក្យ​ផ្ដែ‌ផ្ដាំ​ពី​លោក​ប៉ូល ទៅ​ជម្រាប​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ ឲ្យ​មក​តាម​លោក​យ៉ាង​ប្រញាប់​បំផុត។
សុន្ទរ‌កថា​លោក​ប៉ូល​នៅ​ក្រុង​អាថែន
១៦ ពេល​លោក​ប៉ូល​រង់‌ចាំ​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ នៅ​ក្រុង​អាថែន លោក​តឹង​ទ្រូង​ជា​ខ្លាំង​ដោយ​ឃើញ​មាន​រូប​សំណាក​ពាស‌ពេញ​ក្នុង​ក្រុង​នេះ។ ១៧ លោក​បាន​ជជែក​សន្ទនា​ជា​មួយ​សាសន៍​យូដា និង​ជា​មួយ​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​នៅ​ក្នុង​សាលា​ប្រជុំ* ហើយ​រៀង​រាល់​ថ្ងៃ លោក​សន្ទនា​ជា​មួយ​អស់​អ្នក​ដែល​លោក​ជួប​នៅ​តាម​ទី‌លាន​សាធារណៈ​ក្នុង​ក្រុង។ ១៨ មាន​ទស្សន‌វិទូ​ខ្លះ​ខាង​អេពី‌គួរ និង​ខាង​ស្ដូអ៊ីក​ ក៏​បាន​សន្ទនា​ជា​មួយ​លោក​ដែរ ខ្លះ​ពោល​ថា៖ «តើ​អ្នក​ព្រោក‌ប្រាជ្ញ​នេះ​ចង់​និយាយ​ពី​រឿង​អ្វី?»។ ខ្លះ​ទៀត​ពោល​ថា៖ «គាត់​ប្រហែល​ជា​អ្នក​ឃោស‌នា​អំពី​ព្រះ​របស់​សាសន៍​បរទេស​ទេ​ដឹង!»។ គេ​ពោល​ដូច្នេះ មក​ពី​ឮ​លោក​ប៉ូល​និយាយ​ពី​ដំណឹង‌ល្អ*ស្ដី​អំពី​ព្រះ‌យេស៊ូ និង​អំពី​ការ​រស់​ឡើង​វិញ​។ ១៩ គេ​ក៏​នាំ​លោក​យក​ទៅ​មុខ​សភា​ក្រុង នៅ​ទួល​អារ៉ែស ហើយ​ពោល​មក​លោក​ថា៖ «តើ​លោក​អាច​ប្រាប់​ឲ្យ​យើង​ដឹងអំពី​លទ្ធិ​ថ្មី ដែល​លោក​បង្រៀន​នោះ​បាន​ឬ​ទេ? ២០ ដ្បិត​យើង​បាន​ឮ​លោក​ថ្លែង​រឿង​ចម្លែកៗ យើង​ចង់​ដឹង​អត្ថ‌ន័យ​ណាស់»។
២១ អ្នក​ក្រុង​អាថែន និង​ជន​បរទេស​ឯ​ទៀតៗ ដែល​រស់​នៅ​ក្នុង​ក្រុង​នោះ មិន​ធ្វើ​អ្វី​ផ្សេង​ទៀត​ក្រៅ​ពី​និយាយ ឬ​ស្ដាប់​រឿង​ថ្មីៗ​នោះ​ឡើយ។
២២ លោក​ប៉ូល​ក្រោក​ឈរនៅ​កណ្ដាល​អង្គ​ប្រជុំ នៅ​ទួល​អារ៉ែស ហើយ​មាន​ប្រសាសន៍​ថា៖ «អស់​លោក​ជា​អ្នក​ក្រុង​អាថែន​អើយ! ខ្ញុំ​សង្កេត​ឃើញ​ថា​អស់​លោក​និយម​សាសនា​ខ្លាំង​ណាស់ ២៣ ពេល​ខ្ញុំ​ដើរ​ទៅ​មក​ក្នុង​ទីក្រុង ខ្ញុំ​ឃើញ​មាន​បូជនីយ‌ដ្ឋាន​ទាំង​ប៉ុន្មាន​ដែល​អស់​លោក​គោរព​បូជា ហើយ​ខ្ញុំ​ក៏​បាន​ឃើញ​អាសនៈ​មួយ ដែល​មាន​ចារឹក​អក្សរ​ថា “សូម​ឧទ្ទិស​ដល់​ព្រះ​ដែល​យើង​ពុំ​ស្គាល់”។ ខ្ញុំ​នាំ​ដំណឹង​មក​ប្រាប់​អស់​លោក​អំពី​ព្រះ​ដែល​អស់​លោក​ថ្វាយ‌បង្គំ ទាំង​ពុំ​ស្គាល់​ហ្នឹង​ហើយ។ ២៤ ព្រះ‌ជាម្ចាស់​ដែល​បាន​បង្កើត​ពិភព‌លោក និង​បង្កើត​អ្វីៗ​សព្វ​សារពើ​នៅ​ក្នុង​ពិភព‌លោក​នេះ ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់​នៃ​ស្ថាន​បរម‌សុខ* និង​ព្រះ‌អម្ចាស់​នៃ​ផែន‌ដី ព្រះ‌អង្គ​មិន​គង់​នៅ​ក្នុង​ព្រះ‌វិហារ ដែល​មនុស្ស​សង់​នោះ​ឡើយ ២៥ ហើយ​ព្រះ‌អង្គ​ក៏​មិន​ត្រូវ​ការ​ឲ្យ​មនុស្ស​បី​បាច់​ថែ‌រក្សា​ព្រះ‌អង្គ​ដែរ ព្រោះ​ព្រះ‌អង្គ​ទេ​តើ​ដែល​បាន​ប្រទាន​ជីវិត ប្រទាន​ដង្ហើម និង​ប្រទាន​របស់​សព្វ​គ្រប់​ទាំង​អស់​មក​មនុស្ស។ ២៦ ព្រះ‌អង្គ​ប្រទាន​ឲ្យ​ប្រជា‌ជាតិ​នានា កើត​ចេញ​មក​ពី​មនុស្ស​តែ​ម្នាក់ ហើយ​ឲ្យ​គេ​រស់​នៅ​ពាស‌ពេញ​លើ​ផែន‌ដី​ទាំង​មូល។ ព្រះ‌អង្គ​បាន​កំណត់​រដូវ​កាល និង​កំណត់​ព្រំ‌ដែន​ឲ្យ​មនុស្ស​រស់​នៅ។ ២៧ ព្រះ‌ជាម្ចាស់​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​គេ​ស្វែង​រក​ព្រះ‌អង្គ ហើយ​បើ​គេ​ខ្នះ‌ខ្នែង​រក​ព្រះ‌អង្គ​មែន​នោះ គេ​ប្រហែល​ជា​នឹង​រក​ព្រះ‌អង្គ​ឃើញ។ តាម​ពិត ព្រះ‌ជាម្ចាស់​មិន​គង់​នៅ​ឆ្ងាយ​ពី​យើង​ម្នាក់ៗ​ទេ ២៨ ដ្បិត​យើង​មាន​ជីវិត មាន​ចលនា និង​មាន​ភាវៈ​ជា​មនុស្ស ដោយ‌សារ​ព្រះ‌អង្គ។ អ្នក​កវី​ខ្លះ​របស់​អស់​លោក​តែង​ពោល​ថា៖ “យើង​ក៏​ជា​ពូជ​របស់​ព្រះ‌អង្គ​ដែរ”។ ២៩ ហេតុ​នេះ ប្រសិន​បើ​យើង​ពិត​ជា​ពូជ​របស់​ព្រះ‌ជាម្ចាស់​មែន យើង​មិន​ត្រូវ​គិត​ថាព្រះ‌អង្គ​មាន​សណ្ឋាន​ដូច​រូប​សំណាក ធ្វើ​ពី​មាស ប្រាក់ ឬ​ថ្ម​ដែល​ជា​ក្បាច់​រចនា​កើត​ឡើង តាម​ការ​នឹក​ឃើញ​របស់​មនុស្ស​នោះ​ឡើយ។ ៣០ ព្រះ‌ជាម្ចាស់​មិន​ប្រកាន់​ទោស​មនុស្ស​លោក ក្នុង​គ្រា​ដែល​គេ​មិន​ទាន់​ស្គាល់​ព្រះ‌អង្គ​នៅ​សម័យ​មុនៗ​នោះ​ទេ តែ​ឥឡូវ​នេះ ព្រះ‌អង្គ​ប្រទាន​ដំណឹង​ដល់​មនុស្ស​ទាំង​អស់​ដែល​រស់​នៅ​គ្រប់​ទី​កន្លែង ឲ្យ​គេ​កែ​ប្រែ​ចិត្ត​គំនិត ៣១ ដ្បិត​ព្រះ‌អង្គ​បាន​កំណត់​ថ្ងៃ​មួយ​ទុក ដើម្បី​វិនិច្ឆ័យ​ទោស​មនុស្ស តាម​សេចក្ដី​សុចរិត* ដោយ‌សារ​បុរស​ម្នាក់​ដែល​ព្រះ‌អង្គ​បាន​តែង‌តាំង។ ព្រះ‌អង្គ​បាន​ប្រោស​បុរស​នោះ​ឲ្យ​រស់​ឡើង​វិញ ទុក​ជា​ភស្តុតាង​សម្រាប់​មនុស្ស​ទាំង​អស់»។
៣២ កាល​ពួក​គេ​បាន​ឮ​សូរ​ពាក្យ “រស់​ឡើង​វិញ” ដូច្នេះ អ្នក​ខ្លះ​ក៏​ចំអក​ឲ្យ អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «ចាំ​លើក​ក្រោយ យើង​នឹង​ស្ដាប់​លោក​មាន​ប្រសាសន៍​អំពី​រឿង​នេះ​ទៀត»។ ៣៣ លោក​ប៉ូល​ក៏​ចាក​ចេញ​ពី​ចំណោម​ពួក​គេ។ ៣៤ ប៉ុន្តែ មាន​អ្នក​ខ្លះ​បាន​មក​ចូល​រួម​ជា​មួយ​លោក ហើយ​ជឿ។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​លោក​ដឺនីស ជា​សមាជិក​សភា​ក្រុង នៅ​ទួល​អារ៉ែស និង​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​នាង​ដាម៉ា‌រីស ព្រម​ទាំង​អ្នក​ឯ​ទៀតៗ​ផង។
១៨
លោក​ប៉ូល​នៅ​ក្រុង​កូរិន‌ថូស
 ក្រោយ​មក លោក​ប៉ូល​បាន​ចាក​ចេញ​ពី​ក្រុង​អាថែន ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​កូរិន‌ថូស។  នៅ​ក្រុង​នោះ លោក​បាន​ជួប​ជន​ជាតិ​យូដា​ម្នាក់ ឈ្មោះ​អគី‌ឡាស ជា​អ្នក​ស្រុក​ប៉ុនតុស។ លោក​អគី‌ឡាស និង​នាង​ព្រីស៊ីឡា​ជា​ភរិយា ទើប​នឹង​មក​ពី​ស្រុក​អ៊ីតា‌លី ព្រោះ​ព្រះ‌ចៅ​អធិ‌រាជ​ក្លូដបាន​ចេញ​បញ្ជា​ឲ្យ​ជន​ជាតិ​យូដា​ទាំង​អស់ ចាក​ចេញ​ពី​ក្រុង​រ៉ូម។ លោក​ប៉ូល​ទៅ​ទាក់‌ទង​នឹង​អ្នក​ទាំង​ពីរ  ហើយ​ស្នាក់​នៅ និង​ធ្វើ​ការ​ជា​មួយ​គេ ព្រោះ​លោក​មាន​មុខ​របរ​ដូច​គ្នា គឺ​ត្បាញ​ក្រណាត់​សម្រាប់​បោះ​ជំរំ។  រៀង​រាល់​ថ្ងៃ​សប្ប័ទ* លោក​តែង‌តែ​មាន​ប្រសាសន៍​ក្នុង​សាលា​ប្រជុំ* និង​ខិត‌ខំ​ណែ‌នាំ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក​ឲ្យ​ជឿ។
 កាល​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ ធ្វើ​ដំណើរ​ពី​ស្រុក​ម៉ាសេ‌ដូន​មក​ដល់​ហើយ លោក​ប៉ូល​ក៏​ចំណាយ​ពេល​ទាំង​អស់​របស់​លោក ដើម្បី​ប្រកាស​ព្រះ‌បន្ទូល។ លោក​បាន​បញ្ជាក់​ប្រាប់​សាសន៍​យូដា​ថា ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌គ្រីស្ដ។  ប៉ុន្តែ ដោយ​សាសន៍​យូដា​ចេះ​តែ​ប្រឆាំង​នឹង​លោក ហើយ​ជេរ​ប្រមាថ​លោក​ទៀត​ផង​នោះ លោក​ក៏​រលាស់​ធូលី​ដី​ពី​អាវ​របស់​លោក ទាំង​មាន​ប្រសាសន៍​ថា៖ «បើ​អ្នក​រាល់​គ្នា​វិនាស​បាត់​បង់​នោះ គឺ​មក​តែ​ពី​កំហុស​របស់​អ្នក​រាល់​គ្នា​ផ្ទាល់​ប៉ុណ្ណោះ​ គ្មាន​ជាប់​ជំពាក់​អ្វី​ជា​មួយ​ខ្ញុំ​ទេ ចាប់​ពី​ពេល​នេះ ខ្ញុំ​នឹង​ទៅ​រក​សាសន៍​ដទៃ​វិញ»។  លោក​ក៏​ចាក​ចេញ​ពី​ទី​នោះឆ្ពោះ​ទៅ​ផ្ទះ​បុរស​ម្នាក់ ឈ្មោះ​ទីធ្យូស-‌យ៉ូស្ទូស ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​ផ្ទះ​គាត់​នៅ​ជាប់​នឹង​សាលា​ប្រជុំ*។  រីឯ​លោក​គ្រីស្ពូស ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ និង​ក្រុម​គ្រួសារ​របស់​លោក​វិញ ក៏​ជឿ​លើ​ព្រះ‌អម្ចាស់​ដែរ។ មាន​អ្នក​ក្រុង​កូរិន‌ថូស​ជា​ច្រើន​ទៀត បាន​ស្ដាប់​លោក​ប៉ូល ហើយ​ជឿ ព្រម​ទាំង​ទទួល​ពិធី​ជ្រមុជ​ទឹក*​ផង។
យប់​មួយ លោក​ប៉ូល​និមិត្ត​ឃើញ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖ «កុំ​ខ្លាច​អី ត្រូវ​និយាយ​ត​ទៅ​ទៀត កុំ​នៅ​ស្ងៀម​ឡើយ ១០ ដ្បិត​យើង​ស្ថិត​នៅ​ជា​មួយ​អ្នក​ហើយ ពុំ​មាន​នរណា​អាច​ធ្វើ​បាប​អ្នក​ទេ ព្រោះ​នៅ​ក្រុង​នេះ មាន​មនុស្ស​ជា​ច្រើន​ជា​ប្រជា‌រាស្ដ្រ​របស់​យើង»។ ១១ លោក​ប៉ូល​ស្នាក់​នៅ​ក្រុង​កូរិន‌ថូស អស់‌រយៈ​ពេល​មួយ​ឆ្នាំ​ប្រាំ​មួយ​ខែ លោក​បង្រៀន​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ដល់​អ្នក​ក្រុង​នោះ។
១២ នៅ​គ្រា​ដែល​លោក​កៃលីយ៉ូន​កាន់​តំណែង​ជា​រាជ​ប្រតិភូ​របស់​ព្រះ‌ចៅ​អធិ‌រាជ​រ៉ូម៉ាំង នៅ​ស្រុក​អាខៃ សាសន៍​យូដា​បាន​សម​គំនិត​គ្នា​ប្រឆាំង​នឹង​លោក​ប៉ូល ហើយ​នាំ​លោក​យក​ទៅ​សាលា​កាត់​ក្តី ១៣ ទាំង​ចោទ​ថា៖ «ជន​នេះ​បញ្ចុះ‌បញ្ចូល​មនុស្ស‌ម្នា​ឲ្យ​គោរព​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ តាម​របៀប​មួយ​ខុស​ច្បាប់»។ ១៤ ពេល​លោក​ប៉ូល​បម្រុង​នឹង​ហា​មាត់​និយាយ លោក​កៃលីយ៉ូន​មាន​ប្រសាសន៍​ទៅ​កាន់​ជន​ជាតិ​យូដា​ថា៖ «ជន​ជាតិ​យូដា​អើយ ប្រសិន​បើ​រឿង​នេះ​ទាក់‌ទង​នឹង​បទ‌ឧក្រិដ្ឋ ឬ​បទ​ល្មើស​ណា​មួយ​នោះ ខ្ញុំ​មុខ​ជា​សុខ​ចិត្ត​ស្ដាប់​អ្នក​រាល់​គ្នា​មិន​ខាន។ ១៥ ប៉ុន្តែ បើ​ជា​រឿង​ជជែក​វែក‌ញែក​ស្ដី​អំពី​ពាក្យ‌ពេចន៍ អំពី​ឈ្មោះ ឬ​អំពី​ធម៌​វិន័យ*​របស់​អ្នក​រាល់​គ្នា​ទេ​នោះ ចូរ​ដោះ​ស្រាយ​ខ្លួន​ឯង​ទៅ ខ្ញុំ​មិន​ព្រម​កាត់​ក្តី​ឲ្យ​អ្នក​រាល់​គ្នា​អំពី​រឿង​នេះ​ឡើយ»។ ១៦ លោក​ក៏​ដេញ​ពួក​គេ​ចេញ​ពី​សាលា​កាត់​ក្តី។ ១៧ ពេល​នោះ ពួក​គេ​នាំ​គ្នា​ចាប់​លោក​សូស្ដែន ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ* មក​វាយ​នៅ​មុខ​សាលា​កាត់​ក្តី តែ​លោក​កៃលីយ៉ូន​មិន​អើពើ​ទេ។
លោក​ប៉ូល​វិល​ត្រឡប់​ទៅ​ក្រុង​អន់‌ទី‌យ៉ូក​វិញ
១៨ លោក​ប៉ូល​បាន​ស្នាក់​នៅ​ក្រុង​កូរិន‌ថូស​ជា​យូរ​ថ្ងៃ។ ក្រោយ​មក លោក​ក៏​ជម្រាប​លា​ពួក​បង‌ប្អូន ចុះ​សំពៅ​ឆ្ពោះ​ទៅ​ស្រុក​ស៊ីរី ដោយ​មាន​នាង​ព្រីស៊ីឡា និង​លោក​អគី‌ឡាស ជូន​ដំណើរ​ទៅ​ជា​មួយ​ដែរ។ លោក​បាន​កោរ​សក់​លា​បំណន់​ នៅ​កំពង់‌ផែ​សង់ក្រេ។
១៩ លុះ​មក​ដល់​ក្រុង​អេភេសូ លោក​ប៉ូល​ក៏​ជម្រាប​លា​នាង​ព្រីស៊ីឡា និង​លោក​អគី‌ឡាស។ លោក​បាន​ចូល​ទៅ​សាលា​ប្រជុំ* ហើយ​សន្ទនា​ជា​មួយ​សាសន៍​យូដា។ ២០ ពួក​គេ​បាន​អង្វរ​សុំ​ឲ្យ​លោក​ស្នាក់​នៅ​ទី​នោះ​មួយ‌រយៈ ២១ តែ​លោក​ពុំ​ព្រម​នៅ​ទេ លោក​ជម្រាប​លា​គេ ទាំង​ពោល​ថា៖ «ប្រសិន​បើ​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ ខ្ញុំ​នឹង​វិល​មក​រក​បង‌ប្អូន​វិញ» រួច​លោក​ចុះ​សំពៅ​ចេញ​ពី​ក្រុង​អេភេសូ​ទៅ។ ២២ លុះ​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​សេសារេ លោក​បាន​ឡើង​ទៅ​សួរ​សុខ​ទុក្ខ​ព្រះ‌សហគមន៍* បន្ទាប់​មក លោក​បន្ដ​ដំណើរ​ទៅ​ដល់​ក្រុង​អន់‌ទី‌យ៉ូក។
លោក​អប៉ូ‌ឡូស​នៅ​ក្រុង​អេភេសូ និង​ក្រុង​កូរិន‌ថូស
២៣ ក្រោយ​ពី​បាន​ស្នាក់​នៅ​ក្រុង​អន់‌ទី‌យ៉ូកយូរ​បន្ដិច​មក លោក​ក៏​ចេញ​ដំណើរ​ទៅ​សា​ជា​ថ្មី ដោយ​ឆ្លង​កាត់​ស្រុក​កាឡា‌ទី និង​ស្រុក​ព្រីគី ទាំង​ពង្រឹង​ជំនឿ​ពួក​សាវ័ក*​ទាំង​អស់​ផង។
២៤ មាន​ជន​ជាតិ​យូដា​ម្នាក់ ឈ្មោះ​អប៉ូ‌ឡូស ជា​អ្នក​ស្រុក​អាឡិច‌សន់ឌ្រី បាន​មក​នៅ​ក្រុង​អេភេសូ គាត់​ជា​មនុស្ស​មាន​វោហារ ហើយ​ស្គាល់​គម្ពីរ​យ៉ាង​ល្អិត‌ល្អន់។ ២៥ គាត់​បាន​ទទួល​ការ​អប់រំ​អំពី​មាគ៌ា​របស់​ព្រះ‌អម្ចាស់ និង​មាន​ចិត្ត​ឧស្សាហ៍​មោះ‌មុត គាត់​ប្រកាស​ព្រះ‌បន្ទូល ហើយ​ប៉ិន‌ប្រសប់​បង្រៀន​គេ​យ៉ាង​ច្បាស់​លាស់​អំពី​ព្រះ‌យេស៊ូ​ផង។ ប៉ុន្តែ គាត់​បាន​ដឹង​ត្រឹម​តែ​ពិធី​ជ្រមុជ​ទឹក*​របស់​លោក​យ៉ូហាន​ប៉ុណ្ណោះ។ ២៦ គាត់​បាន​បង្រៀន​គេ​ក្នុង​សាលា​ប្រជុំ* ដោយ​ចិត្ត​អង់‌អាច។ កាល​នាង​ព្រីស៊ីឡា និង​លោក​អគី‌ឡាស បាន​ឮ​គាត់​បង្រៀន​ដូច្នេះ ក៏​អញ្ជើញ​គាត់​ទៅ​ជា​មួយ ព្រម​ទាំង​ពន្យល់​គាត់ឲ្យ​រឹត​តែ​ស្គាល់​មាគ៌ា​របស់​ព្រះ‌ជាម្ចាស់​ថែម​ទៀត។ ២៧ បន្ទាប់​មក ដោយ​លោក​អប៉ូ‌ឡូស​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​អាខៃ ពួក​បង‌ប្អូន​ក៏​នាំ​គ្នា​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ទៅ ថែម​ទាំង​សរសេរ​សំបុត្រ​ទៅ​ជម្រាប​ពួក​សាវ័ក*​នៅ​ស្រុក​នោះ ឲ្យ​ទទួល​គាត់​ដោយ​រាក់‌ទាក់​ផង។ លុះ​ទៅ​ដល់ គាត់​បាន​ជួយ​អស់​អ្នក​ជឿ​នៅ​ទី​នោះ​យ៉ាង​ច្រើន តាម​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់។ ២៨ ដ្បិត​គាត់​ចេះ​ផ្ចាញ់​សាសន៍​យូដា​នៅ​មុខ​ប្រជុំ​ជន​ទាំង​អស់ និង​វែក‌ញែក​គម្ពីរ បញ្ជាក់​ប្រាប់​គេ​ថា ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌គ្រីស្ដ*​មែន។
១៩
លោក​ប៉ូល​នៅ​ក្រុង​អេភេសូ
 ពេល​លោក​អប៉ូ‌ឡូស​នៅ​ក្រុង​កូរិន‌ថូស លោក​ប៉ូល​បាន​ឆ្លង​កាត់​តំបន់​ខ្ពង់​រាប ធ្វើ​ដំណើរ​មក​ដល់​ក្រុង​អេភេសូ។ លោក​បាន​ជួប​សាវ័ក*​ខ្លះ ហើយ​សួរ​ថា៖  «កាល​បង‌ប្អូន​ចាប់​ផ្ដើម​ជឿ​នោះ តើ​បង‌ប្អូន​ទទួល​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​ហើយ​ឬ​នៅ?»។ គេ​តប​មក​លោក​វិញ​ថា៖ «យើង​ខ្ញុំ​មិន​ដែល​ឮ​ថា មាន​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ផង!»។  លោក​សួរ​គេ​ទៀត​ថា៖ «ដូច្នេះ តើ​បង‌ប្អូន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក*​ណា?»។ គេ​តប​ថា៖ «ពិធី​ជ្រមុជ​ទឹក​របស់​លោក​យ៉ូហាន»។  លោក​ប៉ូល​ក៏​មាន​ប្រសាសន៍​ថា៖ «លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​អស់​អ្នក​ដែល​កែ​ប្រែ​ចិត្ត​គំនិត ទាំង​មាន​ប្រសាសន៍​ប្រាប់​ប្រជាជនឲ្យ​ជឿ​លើ​ព្រះ‌អង្គ ដែល​យាង​មក​ក្រោយ​លោក គឺ​ព្រះ‌យេស៊ូ​នេះ​ហើយ»។  ក្រោយ​បាន​ឮ​លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នោះ ពួក​សាវ័ក​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូ។  លោក​ប៉ូល​បាន​ដាក់​ដៃ​លើ​គេ ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ក៏​យាង​មក​សណ្ឋិត​លើ​គេ ហើយ​គេ​នាំ​គ្នា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ* និង​ថ្លែង​ព្រះ‌បន្ទូល​ផង។  អ្នក​ទាំង​នោះ​មាន​គ្នា​ទាំង​អស់​ប្រមាណ​ដប់‌ពីរ​នាក់។
 លោក​ប៉ូល​បាន​ចូល​ទៅ​សាលា​ប្រជុំ* ហើយ​មាន​ប្រសាសន៍​ដោយ​ចិត្ត​អង់‌អាច ក្នុង​អំឡុង​ពេល​បី​ខែ។ លោក​បាន​សន្ទនា​ជា​មួយ​ពួក​គេ​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់ និង​ខិត‌ខំ​ណែ‌នាំ​ពួក​គេ​ឲ្យ​ជឿ។  ប៉ុន្តែ ដោយ​អ្នក​ខ្លះ​នៅ​តែ​មាន​ចិត្ត​មានះ​មិន​ព្រម​ជឿ ថែម​ទាំង​ប្រមាថ​មាគ៌ា​របស់​ព្រះ‌អម្ចាស់​នៅ​មុខ​ប្រជុំ​ជន​ផង​នោះ លោក​ក៏​ចាក​ចេញ​ពី​ពួក​គេ នាំ​សាវ័ក​ទៅ​ដាច់​ឡែក ហើយ​បង្រៀន​គេ​ជា​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​សាលា​ទីរ៉ា‌ណុស ១០ លោក​បាន​បង្រៀន​គេ​អស់‌រយៈ​ពេល​ពីរ​ឆ្នាំ គឺ​រហូត​ទាល់​តែ​អ្នក​ស្រុក​អាស៊ី​ទាំង​អស់ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ១១ ពេល​នោះ ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​អស្ចារ្យ​ដ៏​ធំៗ​ជា​ច្រើន តាម‌រយៈ​លោក​ប៉ូល ១២ គឺ​បើ​គេ​គ្រាន់​តែ​យក​ក្រណាត់ ឬ​កន្សែង​ដែល​បាន​ប៉ះ​លោក​ប៉ូល មក​ដាក់​ពី​លើ​អ្នក​ជំងឺ អ្នក​ជំងឺ​នឹង​បាន​ជា ហើយ​ខ្មោច​ក៏​នឹង​ចេញ​ពី​គេ​ទៅ​ដែរ។
កូន​របស់​លោក​ស្កេវ៉ា
១៣ មាន​គ្រូ​ដេញ​ខ្មោច​ជាតិ​យូដា​ខ្លះ តែង​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ចង់​ដេញ​ខ្មោច​ចេញ​ពី​មនុស្ស ដោយ​ប្រើ​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូ គឺ​គេ​និយាយ​ទៅ​ខ្មោច​ថា៖ «យើង​បញ្ជា​ពួក​ឯង ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ​ដែល​លោក​ប៉ូល​ប្រកាស ចូរ​ចេញ​ទៅ!»។ ១៤ កូន​ប្រុស​ទាំង​ប្រាំ​ពីរ​របស់​លោក​ស្កេវ៉ា ដែល​ជា​នាយក​បូជា‌ចារ្យ*​របស់​សាសន៍​យូដា ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ។ ១៥ ខ្មោច​បាន​តប​មក​អ្នក​ទាំង​នោះ​វិញ​ថា៖ «យើង​ស្គាល់​ព្រះ‌យេស៊ូ ហើយ​ក៏​ដឹង​ថា លោក​ប៉ូល​ជា​នរណា​ដែរ ចុះ​ឯង​រាល់​គ្នា​វិញ ឯង​ជា​នរណា?»។ ១៦ អ្នក​ដែល​មាន​ខ្មោច​ចូល​បាន​ស្ទុះ​មក​សង្កត់​ពួក​គេ​ជាប់ ហើយ​ខ្មោច​មាន​កម្លាំង​ជាង រហូត​ទាល់​តែ​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​រត់​ចេញ​ពី​ផ្ទះ របូត​ខោ របូត​អាវ និង​ត្រូវ​របួស​ទៀត​ផង។ ១៧ មនុស្ស‌ម្នា​នៅ​ក្រុង​អេភេសូ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក បាន​ដឹង​រឿង​នេះ ហើយ​កោត​ខ្លាច​គ្រប់ៗ​គ្នា។ ពេល​នោះ គេ​លើក​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់‌យេស៊ូ។
១៨ មាន​អ្នក​ជឿ​ជា​ច្រើន​នាក់បាន​នាំ​គ្នា​មក​ទទួល​សារ‌ភាព​ជា​សាធារណៈ នូវ​អំពើ​ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត​កាល​ពី​មុន ១៩ ហើយ​ក៏​មាន​អស់​អ្នក​ដែល​ធ្លាប់​ប្រព្រឹត្ត​អំពើ​អាប‌ធ្មប់ ក៏​បាន​យក​ក្បួន​តម្រា​របស់​ខ្លួន​មក​ដុត​ចោល នៅ​មុខ​គេ​ឯង​ទាំង​អស់​គ្នា​ផង។ គេ​បាន​គិត‌គូរ​របស់​ទាំង​នោះ ឃើញ​ថា​មាន​តម្លៃ​ប្រាំ‌ម៉ឺន​ដួង*។ ២០ មក​ពី​ព្រះ‌អម្ចាស់​បាន​សម្ដែង​ព្រះ‌ចេស្ដាដូច្នេះ​ហើយ បាន​ជា​ព្រះ‌បន្ទូល​រីក​ចម្រើន និង​មាន​ប្រសិទ្ធ‌ភាព​កាន់​តែ​ខ្លាំង​ឡើងៗ។
ការ​បះ‌បោរ​នៅ​ក្រុង​អេភេសូ
២១ ក្រោយ​ពី​ព្រឹត្តិ‌ការណ៍​នោះ​មក ព្រះ‌វិញ្ញាណ​ណែ‌នាំ​លោក​ប៉ូល​ឲ្យ​សម្រេច​ចិត្ត​ទៅ​ក្រុង​យេរូ‌សាឡឹម ដោយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ម៉ាសេ‌ដូន និង​ស្រុក​អាខៃ។ លោក​មាន​ប្រសាសន៍​ថា៖ «កាល​ណា​ទៅ​ដល់​ស្រុក​នោះ ខ្ញុំ​ត្រូវ​តែ​ទៅ​ក្រុង​រ៉ូម​ទៀត»។ ២២ លោក​បាន​ចាត់​សហ‌ការី​របស់​លោក​ពីរ​រូប គឺ​លោក​ធីម៉ូថេ និង​លោក​អេរ៉ា‌ស្ដុស ឲ្យ​ទៅ​ស្រុក​ម៉ាសេ‌ដូន​មុន រីឯ​លោក លោក​ស្នាក់​នៅ​ក្នុង​ស្រុក​អាស៊ី​មួយ‌រយៈ​ពេល​សិន។
២៣ នៅ​គ្រា​នោះ មាន​កើត​ការ​បះ‌បោរ​មួយ​យ៉ាង​ខ្លាំង ព្រោះ​តែ​មាគ៌ា​របស់​ព្រះ‌អម្ចាស់។ ២៤ មាន​ជាង​ចម្លាក់​ម្នាក់​ឈ្មោះ​ដេមេ‌ទ្រីយូស ដែល​បាន​ធ្វើ​រូប​វិហារ​របស់​ព្រះ‌នាង​អារទេមីស ពី​ប្រាក់ ហើយ​គាត់​បាន​ផ្ដល់​កម្រៃ​ជា​ច្រើន​ដល់​ពួក​កូន​ជាង។ ២៥ គាត់​បាន​ប្រមូល​កូន​ជាង​របស់​គាត់ និង​អស់​អ្នក​ដែល​មាន​មុខ​របរ​ដូច​គ្នា​មក រួច​ពោល​ថា៖ «បង‌ប្អូន​អើយ បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា យើង​បាន​រស់​ស្រួល ក៏​ដោយ‌សារ​តែ​មុខ​របរ​នេះ ២៦ ហើយ​បង‌ប្អូន​ក៏​បាន​ឃើញ​បាន​ឮ​ដែរ​ថា ឈ្មោះ​ប៉ូល​នោះ​បញ្ចុះ‌បញ្ចូល​នាំ​មហា‌ជន​ឲ្យ​ទៅ​តាម​គាត់ មិន​ត្រឹម​តែ​នៅ​ក្រុង​អេភេសូ​នេះ​ប៉ុណ្ណោះ​ទេ គឺ​សឹង​តែ​ពេញ​ស្រុក​អាស៊ី​ទាំង​មូល​ថែម​ទៀត​ផង ដោយ​ពោល​ថា រូប​ព្រះ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស មិន​មែន​ជា​ព្រះ​ឡើយ។ ២៧ ការ​នេះ​មិន​ត្រឹម​តែ​បន្ថោក​បន្ទាប​មុខ​របរ​របស់​យើង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ធ្វើ​ឲ្យ​ព្រះ‌វិហារ​នៃ​ព្រះ‌នាង​អារទេមីស​ដ៏​ប្រសើរ​ឧត្ដម​របស់​យើង​ត្រូវ​រលាយ ហើយ​កិត្តិនាម​របស់​ព្រះ‌នាង ដែល​អ្នក​ស្រុក​អាស៊ី និង​សកល​លោក​ទាំង​មូល​ធ្លាប់​ថ្វាយ‌បង្គំ មុខ​ជា​ត្រូវ​ធ្លាក់​ចុះ​អន់‌ថយ​ទៀត​ផង»។ ២៨ កាល​បាន​ឮ​ពាក្យ​នេះ​ហើយ គេ​ខឹង​យ៉ាង​ខ្លាំង ក៏​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ព្រះ‌នាង​អារទេមីស​ជា​ព្រះ​របស់​អ្នក​ក្រុង​អេភេសូ ព្រះ‌អង្គ​ប្រសើរ​ឧត្ដម!»។
២៩ ពេល​នោះ មាន​កើត​វឹក‌វរ​ពាស‌ពេញ​ទីក្រុង គេ​លើក​គ្នា​ដើរ​តម្រង់​ទៅ​លាន​មហោ‌ស្រព​ ទាំង​អូស​ទាញ​លោក​កៃយូស និង​លោក​អរី‌ស្ដាក ជា​អ្នក​ស្រុក​ម៉ាសេ‌ដូន​ដែល​រួម​ដំណើរ​ជា​មួយ​លោក​ប៉ូល​ទៅ​ផង។ ៣០ លោក​ប៉ូល​មាន​បំណង​ទៅ​ជួប​ប្រជាជន ប៉ុន្តែ ពួក​សាវ័ក*​បាន​ឃាត់​លោក​មិន​ឲ្យ​ទៅ​ទេ ៣១ សូម្បី​តែ​មន្ត្រី​ក្រុង​ខ្លះ​ដែល​ជា​មិត្ត‌ភក្ដិ​របស់​លោក ក៏​បាន​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​លោក មិន​ឲ្យ​ទៅ​លាន​មហោ‌ស្រព​ដែរ។ ៣២ នៅ​ពេល​នោះ អ្នក​ខ្លះ​ស្រែក​យ៉ាង​នេះ អ្នក​ខ្លះ​ស្រែក​យ៉ាង​នោះ ដ្បិត​មាន​កើត​ច្របូក‌ច្របល់​ពេញ​អង្គ​ប្រជុំ​ទាំង​មូល ហើយ​មាន​អ្នក​ខ្លះ​មិន​ទាំង​ដឹង​ថា​គេ​មក​ប្រជុំ​គ្នា​រឿង​អ្វី​ផង។ ៣៣ ពេល​នោះ ជន​ជាតិ​យូដា​បាន​រុញ​បុរស​ម្នាក់ ឈ្មោះ​អឡិចសង់​ឲ្យ​ចេញ​ពី​ក្នុង​ចំណោម​បណ្ដា‌ជន ឡើង​ទៅ​ឈរ​នៅ​ខាង​មុខ។ អឡិចសង់​ក៏​លើក​ដៃ​ធ្វើ​សញ្ញា ព្រោះ​គាត់​ចង់​ឆ្លើយ​ដោះ‌សា​នៅ​មុខ​ប្រជាជន។ ៣៤ ប៉ុន្តែ កាល​ប្រជាជន​ឃើញ​ថា គាត់​ជា​ជន​ជាតិ​យូដា គេ​ក៏​ស្រែក​ឡើង​ព្រម​គ្នា​អស់‌រយៈ​ពេល​ជិត​ពីរ​ម៉ោង​ថា៖ «ព្រះ‌នាង​អារទេមីស​ជា​ព្រះ​របស់​អ្នក​ក្រុង​អេភេសូ ព្រះ‌អង្គ​ប្រសើរ​ឧត្ដម!»។
៣៥ នៅ​ទី​បំផុត លោក​លេខា‌ធិការ​ក្រុង​បាន​ឃាត់​បណ្ដា‌ជន​ឲ្យ​នៅ​ស្ងៀម ដោយ​ពោល​ថា៖ «បង‌ប្អូន​ជា​អ្នក​ក្រុង​អេភេសូ​អើយ! តើ​នរណា​មិន​ដឹង​ថាក្រុង​អេភេសូ ជា​ក្រុង​របស់​ព្រះ‌នាង​អារទេមីស ដែល​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម និង​ជា​ក្រុង​ដែល​មាន​រូប​សំណាក​ធ្លាក់​ចុះ​ពី​ស្ថាន‌សួគ៌​មក​នោះ!។ ៣៦ ត្រង់​នេះ គ្មាន​នរណា​អាច​ជំទាស់​បាន​ទេ សូម​បង‌ប្អូន​នៅ​ស្ងៀម​ទៅ កុំ​ប្រព្រឹត្ត​ដោយ​ឥត​ពិចារណា​ដូច្នេះ។ ៣៧ បង‌ប្អូន​បាន​នាំ​អ្នក​ទាំង​នេះ​មក ប៉ុន្តែ គេ​មិន​បាន​ប្លន់​ព្រះ‌វិហារ ឬ​ក៏​ពោល​ពាក្យ​អ្វី​ប្រមាថ​ព្រះ‌នាង​របស់​យើង​ទេ។ ៣៨ ប្រសិន​បើ​លោក​ដេមេ‌ទ្រីយូស និង​ពួក​ជាង​ដែល​នៅ​ជា​មួយ​គាត់​មាន​រឿង​អ្វី​ទាស់​នឹង​នរណា ត្រូវ​នាំ​ពាក្យ​បណ្ដឹង​មក​ជូន​អស់​លោក​ជា​រាជ​ប្រតិភូ រក​យុត្តិធម៌​ឲ្យ​នៅ​ថ្ងៃ​ជំនុំ​ជម្រះ​ទៅ!។ ៣៩ ប្រសិន​បើ​បង‌ប្អូន​ចង់​តវ៉ា​អំពី​រឿង​អ្វី​ទៀត​នោះ ចាំ​ដល់​ពេល​មាន​អង្គ​ប្រជុំ​ពេញ​ច្បាប់ គេ​នឹង​ដោះ​ស្រាយ​ជូន។ ៤០ បើ​មិន​ដូច្នោះ​ទេ សុំ​ប្រយ័ត្ន ក្រែង​យើង​ត្រូវ​ជាប់​ចោទ​ថា​ជា​អ្នក​បះ‌បោរ ព្រោះ​តែ​រឿង‌រ៉ាវ​ដែល​កើត​មាន​ឡើង​នៅ​ថ្ងៃ​នេះ ដ្បិត​យើង​គ្មាន​មូល​ហេតុ​អ្វី ដើម្បី​ដោះ‌សា​អំពី​ការ​ប្រជុំ​គ្នា​នេះ​បាន​ឡើយ»។ ៤១ គាត់​មាន​ប្រសាសន៍​ដូច្នេះ​រួច​ហើយ ក៏​ប្រាប់​អង្គ​ប្រជុំ​ឲ្យ​បែក‌ខ្ញែក​គ្នា​ទៅ។
២០
លោក​ប៉ូល​ធ្វើ​ដំណើរ​ទៅ​ស្រុក​ម៉ាសេ‌ដូន និង​ស្រុក​ក្រិក
 លុះ​ចលាចល​នេះ​បាន​ស្ងប់​ទៅ​វិញ​ហើយ លោក​ប៉ូល​ក៏​ហៅ​ពួក​សាវ័ក​មក​លើក​ទឹក​ចិត្ត រួច​ជម្រាប​លា​គេ ធ្វើ​ដំណើរ​ទៅ​ស្រុក​ម៉ាសេ‌ដូន។  លោក​ធ្វើ​ដំណើរ​កាត់​ស្រុក​នោះ ទាំង​មាន​ប្រសាសន៍​លើក​ទឹក​ចិត្ត​អ្នក​ជឿ​យ៉ាង​ច្រើន​ផង។ បន្ទាប់​មក លោក​ក៏​បាន​ទៅ​ដល់​ស្រុក​ក្រិក  ហើយ​ស្នាក់​នៅ​ស្រុក​នោះ​អស់‌រយៈ​ពេល​បី​ខែ។ ពេល​លោក​ហៀប​នឹង​ចុះ​សំពៅ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ស៊ីរី ជន​ជាតិ​យូដា​បាន​ឃុប‌ឃិត​គ្នា​ប៉ុន‌ប៉ង​ធ្វើ​បាប​លោក។ លោក​ជ្រាប​ដូច្នេះ ក៏​សម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​វិញ កាត់​តាម​ស្រុក​ម៉ាសេ‌ដូន។  អ្នក​ដែល​បាន​រួម​ដំណើរ​ជា​មួយ​លោក​នៅ​ពេល​នោះ មាន​លោក​សូប៉ា‌ទែរ កូន​របស់​លោក​ពីរូស ជា​អ្នក​ស្រុក​បេរេ លោក​អរី‌ស្ដាក និង​លោក​សឺកូន‌ឌូស ជា​អ្នក​ស្រុក​ថេស្សា‌ឡូនិក លោក​កៃយូស ជា​អ្នក​ស្រុក​ឌែរបេ លោក​ធីម៉ូថេ ព្រម​ទាំង​លោក​ទីឃី‌កុស និង​លោក​ត្រូភីម ជា​អ្នក​ស្រុក​អាស៊ី​ផង។  បង‌ប្អូន​ទាំង​នេះ​បាន​ចេញ​ដំណើរ​ទៅ​មុន ហើយ​រង់‌ចាំ​យើង​នៅ​ក្រុង​ត្រូអាស  ចំណែក​ឯ​យើង​វិញ ក្រោយ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​មេ* យើង​ចេញ​ពី​ក្រុង​ភីលីព​ទៅ​ចុះ​សំពៅ។ ប្រាំ​ថ្ងៃ​ក្រោយ​មក យើង​ក៏​បាន​មក​ដល់​ក្រុង​ត្រូអាស ជួប‌ជុំ​នឹង​ពួក​គេ រួច​ស្នាក់​នៅ​ទី​នោះ​ប្រាំ​ពីរ​ថ្ងៃ។
លោក​ប៉ូល​ប្រោស​អឺទី‌កុស​ឲ្យ​រស់​ឡើង​វិញ​នៅ​ក្រុង​ត្រូអាស
 នៅ​ថ្ងៃ​ទី​មួយ​ក្នុង​សប្តាហ៍​នោះ​ យើង​បាន​ជួប‌ជុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​កាច់​នំបុ័ង។ ដោយ​លោក​ប៉ូល​ត្រូវ​ចេញ​ដំណើរ​នៅ​ថ្ងៃ​បន្ទាប់ លោក​មាន​ប្រសាសន៍​ទៅ​កាន់​អង្គ​ប្រជុំ ហើយ​អធិប្បាយ​រហូត​ដល់​ពាក់​កណ្ដាល​អធ្រាត្រ។  ក្នុង​បន្ទប់​ដែល​យើង​ប្រជុំ​គ្នា​នៅ​ជាន់​ខាង​លើ មាន​ចង្កៀង​ជា​ច្រើន។
ពេល​លោក​ប៉ូល​កំពុង​តែ​មាន​ប្រសាសន៍យ៉ាង​យូរ​នោះ យុវជន​ម្នាក់​ឈ្មោះ អឺទី‌កុស អង្គុយ​នៅ​លើ​មាត់​បង្អួច ហើយ​លង់‌លក់ ក៏​ដាច់‌ផ្ងារ​ធ្លាក់​ពី​ជាន់​ទី​បី​នោះ​មក។ ពេល​គេ​លើក​គាត់​ឡើង គាត់​ស្លាប់​ផុត​ទៅ​ហើយ។ ១០ លោក​ប៉ូល​ចុះ​ទៅ​ក្រោម ឱន​ពី​លើ​អឺទី‌កុស ត្រកង​គាត់​លើក​ឡើង ទាំង​ពោល​ថា៖ «សូម​បង‌ប្អូន​កុំ​បារម្ភ​ឲ្យ​សោះ គាត់​នៅ​រស់​ទេ!»។ ១១ កាល​លោក​ឡើង​ទៅ​លើ​វិញ លោក​ក៏​ធ្វើ​ពិធី​កាច់​នំបុ័ង និង​បរិភោគ។ បន្ទាប់​មក លោក​មាន​ប្រសាសន៍​បន្ដ​ទៅ​ទៀត​យ៉ាង​យូរ រហូត​ដល់​ភ្លឺ ទើប​លោក​ចេញ​ដំណើរ​ទៅ។ ១២ គេ​បាន​នាំ​យុវជន​ដែល​នៅ​មាន​ជីវិត​នោះ​ទៅ​វិញ ហើយ​ពួក​គេ​ធូរ​ស្រាល​ក្នុង​ចិត្ត​ឥត​ឧបមា។
លោក​ប៉ូល​នៅ​ក្រុង​មីលេត
១៣ រីឯ​យើង​វិញ យើង​បាន​ចុះ​សំពៅ​ទៅ​មុន ធ្វើ​ដំណើរ​ដល់​ក្រុង​អាស្សូស ដើម្បី​ចាំ​លោក​ប៉ូល​នៅ​ទី​នោះ ដូច​លោក​បាន​គ្រោង​ទុក ព្រោះ​លោក​ចង់​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង។ ១៤ កាល​លោក​បាន​មក​ជួប‌ជុំ​ជា​មួយ​ពួក​យើង​នៅ​ក្រុង​អាស្សូស​ហើយ យើង​ក៏​ទទួល​លោក​មក​ក្នុង​សំពៅ រួច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​មីទី‌ឡែន។ ១៥ យើង​បាន​ចេញ​ពី​ទី​នោះ បន្ដ​ដំណើរ​តាម​សមុទ្រ ទៅ​ដល់​ទន្ទឹម​នឹង​កោះ​ឃីយ៉ូ​នៅ​ថ្ងៃ​បន្ទាប់។ នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត យើង​ទៅ​ដល់​កោះ​សាម៉ូស ហើយ​នៅ​ថ្ងៃ​ទី​បី យើង​ក៏​បាន​ទៅ​ដល់​ក្រុង​មីលេត។ ១៦ លោក​ប៉ូល​សម្រេច​ចិត្ត​មិន​ចូល​ក្រុង​អេភេសូ​ទេ ដើម្បី​កុំ​ឲ្យ​យឺត​ដំណើរ​នៅ​ស្រុក​អាស៊ី ដ្បិត​លោក​ប្រញាប់​ចង់​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម ឲ្យ​ទាន់​បុណ្យ​ថ្ងៃ​ទី​ហា‌សិប​ ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន។
លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​ព្រឹទ្ធា‌ចារ្យ ដែល​មក​ពី​ក្រុង​អេភេសូ
១៧ លោក​ប៉ូល​បាន​ចាត់​គេ​ពី​ក្រុង​មីលេត ឲ្យ​ទៅ​អញ្ជើញ​ពួក​ព្រឹទ្ធា‌ចារ្យ*​នៃ​ព្រះ‌សហគមន៍*​នៅ​ក្រុង​អេភេសូ​មក។ ១៨ លុះ​គេ​បាន​មក​ដល់​ហើយ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖
«បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ អំពី​អាកប្ប‌កិរិយា​ដែល​ខ្ញុំ​មាន​ចំពោះ​បង‌ប្អូន​រាល់​ពេល​វេលា តាំង​ពី​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​បាន​ទៅ​ដល់​ស្រុក​អាស៊ី​ម៉្លេះ ១៩ គឺ​ខ្ញុំ​បាន​បម្រើ​ព្រះ‌អម្ចាស់ ដោយ​ចិត្ត​សុភាព‌រាបសា ទាំង​ទឹក​ភ្នែក ទាំង​លំបាក ដោយ​ជន​ជាតិ​យូដាបាន​ឃុប‌ឃិត​គ្នា​ប៉ុន‌ប៉ង​ធ្វើ​បាប​ខ្ញុំ។ ២០ ខ្ញុំ​បាន​ជម្រាប និង​បង្រៀន​បង‌ប្អូន តាម​ទី​សាធារណៈ និង​តាម​ផ្ទះ នូវ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​សារ‌ប្រយោជន៍​ដល់​បង‌ប្អូន ឥត​មាន​លាក់‌លៀម​ត្រង់​ណា​សោះ​ឡើយ ២១ ខ្ញុំ​បាន​ធ្វើ​ជា​បន្ទាល់​ឲ្យ​ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក កែ​ប្រែ​ចិត្ត​គំនិត​មក​រក​ព្រះ‌ជាម្ចាស់ និង​មាន​ជំនឿ​លើ​ព្រះ‌យេស៊ូ​ជា​ព្រះ‌អម្ចាស់​របស់​យើង​ផង។
២២ ឥឡូវ​នេះ ព្រះ‌វិញ្ញាណ​បាន​ទាក់‌ទាញ​ចិត្ត​ខ្ញុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ខ្ញុំ​មិន​ដឹង​ថានឹង​មាន​ហេតុ‌ការណ៍​អ្វី​កើត​មាន​ដល់​ខ្ញុំ នៅ​ក្រុង​នោះ​ឡើយ ២៣ គឺ​ខ្ញុំ​គ្រាន់​តែ​ដឹងតាម​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​បញ្ជាក់​ប្រាប់ ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ថា ខ្ញុំ​នឹង​ត្រូវ​គេ​ចាប់​ចង ហើយ​នឹង​ត្រូវ​រង​ទុក្ខ​វេទនា។ ២៤ ប៉ុន្តែ ខ្ញុំ​មិន​ខ្វល់​នឹង​ជីវិត​របស់​ខ្ញុំ​ទេ ឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​មុខ‌ងារ និង​សម្រេច​កិច្ច‌ការ​ដែល​ព្រះ‌អម្ចាស់‌យេស៊ូ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ធ្វើ គឺ​ផ្ដល់​សក្ខី‌ភាពអំពី​ដំណឹង‌ល្អ*​នៃ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់។
២៥ ខ្ញុំ​ធ្លាប់​រស់​នៅ​ក្នុង​ចំណោម​បង‌ប្អូន​ទាំង​អស់​គ្នា ទាំង​ប្រកាស​ដំណឹង‌ល្អ*អំពី​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់ ប៉ុន្តែ ឥឡូវ​នេះ ខ្ញុំ​ដឹង​ថាបង‌ប្អូន​នឹង​លែង​ឃើញ​មុខ​ខ្ញុំ​ទៀត​ហើយ។ ២៦ ហេតុ​នេះ​បាន​ជា​ខ្ញុំ​ផ្ដល់​សក្ខី‌ភាព​ឲ្យ​បង‌ប្អូន​ដឹង​នៅ​ថ្ងៃ​នេះ​ថា ប្រសិន​បើ​មាន​ម្នាក់​ក្នុង​ចំណោម​បង‌ប្អូន​ត្រូវ​វិនាស មិន​មែន​មក​ពី​កំហុស​របស់​ខ្ញុំ​ទេ ២៧ ដ្បិត​ខ្ញុំ​បាន​ជម្រាប​បង‌ប្អូន អំពី​គម្រោង‌ការ​ទាំង​មូល​របស់​ព្រះ‌ជាម្ចាស់​រួច​ហើយ ឥត​មាន​លាក់‌លៀម​ត្រង់​ណា​សោះ ២៨ ដូច្នេះ សូម​បង‌ប្អូន​ថែ‌រក្សា​ខ្លួន​ឯង និង​ថែ‌រក្សា​ក្រុម​អ្នក​ជឿ​ទាំង​មូល​ផង ព្រោះ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​បាន​ផ្ទុក‌ផ្ដាក់​ឲ្យ​បង‌ប្អូន​ធ្វើ​ជា​អ្នក​ទទួល​ខុស​ត្រូវ​នេះ ដើម្បី​ឲ្យ​បង‌ប្អូន​ថែ‌រក្សា​ព្រះ‌សហគមន៍​របស់​ព្រះ‌ជាម្ចាស់ ដែល​ព្រះ‌អង្គ​បាន​លោះ​មក ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ​ផ្ទាល់។ ២៩ ខ្ញុំ​ដឹង​ច្បាស់​ថា ពេល​ខ្ញុំ​ចេញ​ផុត​ទៅ នឹង​មាន​មនុស្ស​ចិត្ត​សាហាវ​ដូច​ចចក នាំ​គ្នា​ចូល​មក​ក្នុង​ចំណោម​បង‌ប្អូន គេ​នឹង​ធ្វើ​បាប​ក្រុម​អ្នក​ជឿ​ឥត​ត្រា‌ប្រណី​ឡើយ ៣០ ថែម​ទាំង​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បង‌ប្អូន​នាំ​គ្នា​ពោល​ពាក្យ​បញ្ឆោត ដើម្បី​ទាក់‌ទាញ​ពួក​សាវ័ក​ឲ្យ​ទៅ​តាម​គេ​ទៀត​ផង។ ៣១ ហេតុ​នេះ សូម​បង‌ប្អូន​ប្រុង​ស្មារតី​ឲ្យ​មែន​ទែន ដោយ​នឹក​ចាំ​ថា ខ្ញុំ​បាន​ដាស់‌តឿន​បង‌ប្អូន​គ្រប់ៗ​រូប​ទាំង​ទឹក​ភ្នែក ក្នុង​រវាង​បី​ឆ្នាំ ទាំង​យប់ ទាំង​ថ្ងៃ ឥត​មាន​ឈប់​ឡើយ។
៣២ ឥឡូវ​នេះ ខ្ញុំ​សូម​ផ្ញើ​បង‌ប្អូន​នឹង​ព្រះ‌ជាម្ចាស់ ហើយ​ផ្ញើ​នឹង​ព្រះ‌បន្ទូល​ស្ដី​អំពី​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌អង្គ។ មាន​តែ​ព្រះ‌អង្គ​ទេដែល​អាច​កសាង​បង‌ប្អូន​ឡើង​ជា​ព្រះ‌សហគមន៍* ព្រម​ទាំង​ឲ្យ​បង‌ប្អូន​ទទួល​មត៌ករួម​ជា​មួយ​ប្រជាជន​ដ៏‌វិសុទ្ធ។ ៣៣ ខ្ញុំ​មិន​ដែល​ចង់​បាន​មាស ប្រាក់ ឬ​សម្លៀក‌បំពាក់​អ្វី​ពី​នរណា​ឡើយ។ ៣៤ បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​បាន​ធ្វើ​ការ​ដោយ​ផ្ទាល់​ដៃ ដើម្បី​ផ្គត់‌ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ និង​សេចក្ដី​ត្រូវ​ការ​របស់​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ។ ៣៥ ក្នុង​គ្រប់​កិច្ច‌ការ​ទាំង​អស់ ខ្ញុំ​តែង‌តែ​ប្រាប់​ឲ្យ​បង‌ប្អូន​ដឹង​ថា ត្រូវ​តែ​ធ្វើ​ការ​នឿយ‌ហត់​បែប​នេះ​ឯង ដើម្បី​ជួយ​ទំនុក​បម្រុង​អស់​អ្នក​ដែល​ក្រ‌ខ្សត់ ហើយ​ត្រូវ​ចង​ចាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេស៊ូ​ថាៈ “បើ​ឲ្យ នោះ​នឹង​បាន​សុភមង្គល​ច្រើន​ជាង​ទទួល”»។ ៣៦ លោក​មាន​ប្រសាសន៍​ដូច្នេះ​រួច​ហើយ ក៏​លុត​ជង្គង់​ចុះ​អធិស្ឋាន​ជា​មួយ​ពួក​គេ​ទាំង​អស់​គ្នា។ ៣៧ ពួក​ព្រឹទ្ធា‌ចារ្យ​ទាំង​នោះនាំ​គ្នា​ទ្រហោ​យំ​ឱប​ក​លោក​ប៉ូល ហើយ​ថើប​លោក​ទៀត​ផង ៣៨ ជា​ពិសេស គេ​ព្រួយ​ចិត្ត​មក​ពី​លោក​ប៉ូល​មាន​ប្រសាសន៍​ថា គេ​នឹង​លែង​ឃើញ​មុខ​លោក​ទៀត​ហើយ។ បន្ទាប់​មក គេ​ក៏​ជូន​ដំណើរ​លោក​រហូត​ដល់​សំពៅ។
២១
លោក​ប៉ូល​នៅ​ក្រុង​ទីរ៉ុស និង​នៅ​ក្រុង​សេសារេ
 ក្រោយ​ពី​បាន​លា​ពួក​គេ​ទាំង​អាឡោះ‌អាល័យ​ហើយ យើង​ចេញ​សំពៅ​តម្រង់​ឆ្ពោះ​ទៅ​កោះ​កូស។ នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​ទៅ​ដល់​កោះ​រ៉ូដ ហើយ​ចេញ​ពី​កោះ​រ៉ូដ ទៅ​ដល់​ក្រុង​ប៉ាតា‌រ៉ា។  មាន​សំពៅ​មួយ​ត្រូវ​ទៅ​ស្រុក​ភេនីស៊ី យើង​ក៏​ចុះ​សំពៅ​នោះ​ចេញ​ដំណើរ​ទៅ​មុខ​ទៀត។  ពេល​មក​ជិត​ដល់​កោះ​គីប្រុស យើង​វាង​តាម​ខាង​ត្បូង បន្ដ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​ស៊ីរី។ យើង​បាន​ចូល​ចត​កំពង់‌ផែ​ក្រុង​ទីរ៉ុស ដើម្បី​យក​ទំនិញ​ចេញ​ពី​សំពៅ។  យើង​បាន​ជួប​ពួក​សាវ័ក*​នៅ​ទី​នោះ ហើយ​ស្នាក់​នៅ​ជា​មួយ​ពួក​គេ អស់‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។ ដោយ​ព្រះ‌វិញ្ញាណ​សម្ដែង​ឲ្យ​គេ​ដឹង គេ​បាន​ឃាត់​លោក​ប៉ូលមិន​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ឡើយ។  លុះ​ប្រាំ​ពីរ​ថ្ងៃ​នោះ​កន្លង​ផុត​ទៅ យើង​ត្រូវ​ចេញ​ដំណើរ​ទៅ​មុខ​ទៀត។ បង‌ប្អូន​ទាំង​អស់ ព្រម​ទាំង​ភរិយា និង​កូន​ចៅ​របស់​គេ ជូន​ដំណើរ​យើង រហូត​ដល់​ខាង​ក្រៅ​ទីក្រុង។ យើង​នាំ​គ្នា​លុត​ជង្គង់ អធិស្ឋាន​នៅ​មាត់​សមុទ្រ។  បន្ទាប់​មក យើង​បាន​ជម្រាប​លា​គ្នា រួច​ចុះ​សំពៅ រីឯ​ពួក​គេ​វិញ ពួក​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន។
 យើង​បាន​បន្ដ​ដំណើរ​ពី​ក្រុង​ទីរ៉ុស ទៅ​ដល់​ក្រុង​ផ្ទោឡេ‌ម៉ៃស៍ ហើយ​ដំណើរ​តាម​ផ្លូវ​ទឹក​ក៏​ចប់​ត្រឹម​ណេះ។ យើង​បាន​ចូល​ទៅ​ជម្រាប​សួរ​ពួក​បង‌ប្អូន​នៅ​ក្រុង​ផ្ទោឡេ‌ម៉ៃស៍ និង​ស្នាក់​នៅ​ជា​មួយ​ពួក​គេ​មួយ​ថ្ងៃ។  នៅ​ថ្ងៃ​បន្ទាប់ យើង​បន្ដ​ដំណើរ​ដល់​ក្រុង​សេសារេ។ យើង​បាន​ចូល​ផ្ទះ​លោក​ភីលីព ជា​អ្នក​ផ្សាយ​ដំណឹង‌ល្អ និង​ជា​ម្នាក់​នៅ​ក្នុង​ចំណោម​ក្រុម​ប្រាំ​ពីរ​រូប ហើយ​យើង​ក៏​ស្នាក់​នៅ​ផ្ទះ​គាត់។  លោក​ភីលីព​មាន​កូន​ក្រមុំ​បួន​នាក់ ដែល​ថ្លែង​ព្រះ‌បន្ទូល*​របស់​ព្រះ‌ជាម្ចាស់។ ១០ យើង​ស្នាក់​នៅ​ទី​នោះ​ជា​ច្រើន​ថ្ងៃ។ ពេល​នោះ មាន​ព្យាការី​មួយ​រូប​ឈ្មោះ​អកា‌ប៊ូស ធ្វើ​ដំណើរ​មក​ពី​ស្រុក​យូដា។ ១១ គាត់​មក​ជួប​យើង ហើយ​យក​ខ្សែ​ក្រវាត់​លោក​ប៉ូល​មក​ចង​ជើង​ចង​ដៃ​របស់​ខ្លួន ទាំង​ពោល​ថា៖ «ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​មាន​ព្រះ‌បន្ទូល​ថា នៅ​ក្រុង​យេរូ‌សាឡឹម សាសន៍​យូដា​នឹង​ចង​ដៃ​ចង​ជើង​ម្ចាស់​ខ្សែ​ក្រវាត់​នេះ​ដូច្នេះ​ដែរ ហើយ​ថែម​ទាំង​បញ្ជូន​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ​ផង»។
១២ កាល​បាន​ឮ​ពាក្យ​នេះ ទាំង​យើង ទាំង​បង‌ប្អូន​ដែល​នៅ​ក្រុង​នោះ ក៏​អង្វរ​លោក​ប៉ូល​មិន​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ឡើយ។ ១៣ ប៉ុន្តែ លោក​ប៉ូល​តប​មក​វិញ​ថា៖ «ហេតុ​អ្វី​បាន​ជា​បង‌ប្អូន​នាំ​គ្នា​យំ ព្រម​ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ដូច្នេះ? ខ្ញុំ​បាន​ប្រុង​ប្រៀប​ខ្លួន​រួច​ស្រេច​ហើយ មិន​ត្រឹម​តែ​ឲ្យ​គេ​ចង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ឲ្យ​គេ​សម្លាប់​នៅ​ក្រុង​យេរូ‌សាឡឹម ព្រោះ​តែ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់‌យេស៊ូ​ទៀត​ផង»។ ១៤ ដោយ​យើង​ពុំ​អាច​ឃាត់​លោក​បាន​ទេ​នោះ យើង​ក៏​ឈប់​អង្វរ​លោក ហើយ​ពោល​ថា៖ «សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់​ចុះ»។
១៥ ក្រោយ​ពី​បាន​ស្នាក់​នៅ​ទី​នោះ​យូរ​បន្ដិច​មក យើង​រៀបចំ​ខ្លួន​ទៅ​ក្រុង​យេរូ‌សាឡឹម។ ១៦ ពួក​សាវ័ក*​នៅ​ក្រុង​សេសារេ​ខ្លះបាន​រួម​ដំណើរ​ជា​មួយ​យើង ហើយ​នាំ​យើង​ទៅ​ស្នាក់​នៅ​ផ្ទះ​បុរស​ម្នាក់ ឈ្មោះ​ម៉្នាសុន ជា​អ្នក​កោះ​គីប្រុស និង​ជា​សាវ័ក*​តាំង​ដើម​ដំបូង​មក។
លោក​ប៉ូល​នៅ​ក្រុង​យេរូ‌សាឡឹម
១៧ ពេល​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម ពួក​បង‌ប្អូន​បាន​ទទួល​យើង​យ៉ាង​រាក់‌ទាក់។ ១៨ នៅ​ថ្ងៃ​បន្ទាប់ លោក​ប៉ូល​បាន​ទៅ​ផ្ទះ​លោក​យ៉ាកុប ជា​មួយ​យើង រីឯ​ពួក​ព្រឹទ្ធា‌ចារ្យ*​ទាំង​អស់ក៏​ជួប‌ជុំ​គ្នា​នៅ​ទី​នោះ​ដែរ។ ១៩ ក្រោយ​ពី​បាន​ជម្រាប​សួរ​ពួក​បង‌ប្អូន​រួច​ហើយ លោក​ប៉ូល​រៀប​រាប់​យ៉ាង​ល្អិត‌ល្អន់​អំពី​កិច្ច‌ការ​ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ ក្នុង​ចំណោម​សាសន៍​ដទៃ តាម‌រយៈ​ការ‌ងារ​របស់​លោក។ ២០ កាល​បាន​ឮ​លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នេះ គេ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់ ហើយ​ពោល​មក​កាន់​លោក​ថា៖ «បង​អើយ បង​ឃើញ​ទេ មាន​ជន​ជាតិ​យូដា​រាប់‌ម៉ឺន​នាក់​បាន​ជឿ ហើយ​បង‌ប្អូន​ទាំង​នោះ​ជាប់​ចិត្ត​នឹង​គម្ពីរ‌វិន័យ*​ខ្លាំង​ណាស់។ ២១ ប៉ុន្តែ គេ​បាន​ឮ​ដំណឹង​ថា បង​បាន​បង្រៀន​ជន​ជាតិ​យូដា​ទាំង​អស់ ដែល​រស់​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ មិន​ឲ្យ​ប្រតិបត្តិ​តាម​វិន័យ​របស់​លោក​ម៉ូសេ*​ទេ គឺ​ឮ​ថា​បង​ប្រាប់​គេ​មិន​ឲ្យ​ធ្វើ​ពិធី​កាត់​ស្បែក*​កូន​ចៅ និង​មិន​ឲ្យ​កាន់​តាម​ទំនៀម‌ទម្លាប់​ផ្សេងៗ​ឡើយ។ ២២ បើ​ដូច្នេះ តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច? គេ​មុខ​ជា​ដឹង​ថា​បង​នៅ​ទី​នេះ​មិន​ខាន។ ២៣ សូម​ធ្វើ​តាម​យោបល់​យើង​ចុះ ដ្បិត​គ្នា​យើង​បួន​នាក់​មាន​ជាប់​បំណន់ ២៤ សូម​បង​នាំ​គេ​ទៅ ហើយ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ*​ជា​មួយ​គេ ព្រម​ទាំង​ចេញ​ប្រាក់​ឲ្យ​គេ​កោរ​សក់​ផង ដើម្បី​ឲ្យ​មនុស្ស‌ម្នា​ដឹង​គ្រប់​គ្នា​ថា ដំណឹង​ដែល​គេ​បាន​ឮ​អំពី​បង​នោះ​មិន​ពិត​ទេ ផ្ទុយ​ទៅ​វិញ បង​ក៏​ប្រព្រឹត្ត​តាម​វិន័យ*​ដែរ។ ២៥ រីឯ​សាសន៍​ដទៃ​ដែល​បាន​ជឿ​នោះ យើង​បាន​សរសេរ​សេចក្ដី​ដែល​យើង​បាន​សម្រេច​ជូន​ទៅ​គេ​រួច​ហើយ ថា​កុំ​ឲ្យ​បរិភោគ​សាច់​ដែល​បាន​សែន​រូប​សំណាក កុំ​បរិភោគ​ឈាម កុំ​បរិភោគ​សាច់​សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក និង​កុំ​រួម​រស់​ជា​មួយ​គ្នា​ដោយ​ឥត​រៀប‌ការ​»។ ២៦ នៅ​ថ្ងៃ​បន្ទាប់ លោក​ប៉ូល​បាន​នាំ​បង‌ប្អូន​ទាំង​បួន​នាក់​នោះ ទៅ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ*​ជា​មួយ​លោក។ លោក​ក៏​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ* ប្រាប់​គេ​អំពី​ពេល​កំណត់​ដែល​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ​នេះ​នឹង​ត្រូវ​ចប់ និង​ពេល​កំណត់​ដែល​ម្នាក់ៗ​ត្រូវ​ថ្វាយ​តង្វាយ។
លោក​ប៉ូល​ត្រូវ​គេ​ចាប់​ខ្លួន​នៅ​ក្នុង​ព្រះ‌វិហារ
២៧ លុះ‌រយៈ​ពេល​មួយ​សប្តាហ៍​នោះ​ជិត​ផុត មាន​ជន​ជាតិ​យូដា​មក​ពី​ស្រុក​អាស៊ី បាន​ឃើញ​លោក​នៅ​ក្នុង​ព្រះ‌វិហារ* ក៏​បំបះ‌បំបោរ​បណ្ដា‌ជន​ទាំង​មូល​ឲ្យ​នាំ​គ្នា​ចាប់​លោក។ ២៨ ពួក​គេ​ស្រែក​ឡើង​ថា៖ «បង‌ប្អូន​ជន​ជាតិ​អ៊ីស្រា‌អែល​អើយ សូម​ជួយ​ផង! ជន​នេះ​ហើយ​ដែល​បាន​ប្រៀន‌ប្រដៅ​មនុស្ស‌ម្នា​នៅ​គ្រប់​ទី​កន្លែង​ឲ្យ​ប្រឆាំង​នឹង​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល ប្រឆាំង​នឹង​វិន័យ* ហើយ​ប្រឆាំង​នឹង​ព្រះ‌វិហារ*។ គាត់​ថែម​ទាំង​បាន​នាំ​សាសន៍​ក្រិក​ចូល​មក​ក្នុង​ព្រះ‌វិហារ គឺ​បង្អាប់‌បង្អោន​ទី​កន្លែង​ដ៏‌វិសុទ្ធ*​នេះ»។ ២៩ គេ​ថា​ដូច្នេះ មក​ពី​គេ​បាន​ឃើញ​លោក​ត្រូភីម ជា​អ្នក​ក្រុង​អេភេសូ នៅ​ជា​មួយ​លោក​ប៉ូល​ក្នុង​ទីក្រុង ហើយ​គេ​ស្មាន​ថា លោក​បាន​នាំ​គាត់​ចូល​ក្នុង​ព្រះ‌វិហារ​ដែរ។
៣០ ពេល​នោះ មាន​កើត​ចលាចល​ពេញ​ទីក្រុង ប្រជាជន​នាំ​គ្នា​រត់​មក​ពី​គ្រប់​ទិស‌ទី។ គេ​បាន​ចាប់​លោក​ប៉ូល​អូស​ចេញ​ពី​ព្រះ‌វិហារ* រួច​បិទ​ទ្វារ​ភ្លាម។ ៣១ នៅ​ពេល​ដែល​ពួក​គេ​បម្រុង​នឹង​សម្លាប់​លោក​ប៉ូល ដំណឹង​អំពី​ចលាចល​នៅ​ក្រុង​យេរូ‌សាឡឹម​ក៏​បាន​ឮ​ទៅ​ដល់​មេ‌បញ្ជា‌ការ​កង​ទាហាន​រ៉ូម៉ាំង ៣២ គាត់​នាំ​កូន​ទាហាន និង​នាយ​ទាហាន រត់​ទៅ​កាន់​បណ្ដា‌ជន​ភ្លាម។ កាល​ប្រជាជន​បាន​ឃើញ​មេ‌បញ្ជា‌ការ និង​ពួក​ទាហាន គេ​ឈប់​វាយ​លោក​ប៉ូល។ ៣៣ ពេល​នោះ មេ‌បញ្ជា‌ការ​បាន​ចូល​ទៅ​ជិត ហើយ​ចាប់​លោក ព្រម​ទាំង​បញ្ជា​គេ​ឲ្យ​ដាក់​ច្រវាក់​ពីរ​ថែម​ទៀត​ផង រួច​ទើប​សាក​សួរ​ថា លោក​ប៉ូល​នេះ​ជា​នរណា បាន​ធ្វើ​អ្វី។ ៣៤ ប៉ុន្តែ ក្នុង​ចំណោម​បណ្ដា‌ជន មាន​អ្នក​ខ្លះ​ស្រែក​យ៉ាង​នេះ អ្នក​ខ្លះ​ស្រែក​យ៉ាង​នោះ។ ដោយ​មាន​សំឡេង​អឺង‌កង​ពេក លោក​មេ‌បញ្ជា‌ការ​ពុំ​អាច​ដឹង​រឿង​ហេតុ​ច្បាស់​លាស់​ឡើយ គាត់​ក៏​បញ្ជា​គេ​ឲ្យ​នាំ​លោក​ប៉ូល​ទៅ​បន្ទាយ។ ៣៥ ពេល​លោក​ប៉ូល​មក​ដល់​ជណ្ដើរ​បន្ទាយ ពួក​ទាហាន​នាំ​គ្នា​សែង​លោក ព្រោះ​បណ្ដា‌ជន​មក​តាម​ទាំង​កំរោល ៣៦ និង​ស្រែក​ថា៖ «សម្លាប់​ចោល​ទៅ!»។
លោក​ប៉ូល​ឆ្លើយ​ដោះ‌សា​ខ្លួន
៣៧ នៅ​ពេល​គេ​ហៀប​នឹង​នាំ​លោក​ប៉ូល​ចូល​ទៅ​ក្នុង​បន្ទាយ លោក​មាន​ប្រសាសន៍​ទៅ​មេ‌បញ្ជា‌ការ​ថា៖ «តើ​ខ្ញុំ​មាន​សិទ្ធិ​និយាយ​ជា​មួយ​លោក​បន្ដិច​បាន​ឬ​ទេ?»។ មេ‌បញ្ជា‌ការ​ពោល​មក​លោក​ថា៖ «អ្នក​ចេះ​និយាយ​ភាសា​ក្រិក​ដែរ! ៣៨ ដូច្នេះ អ្នក​មិន​មែន​ជា​ជន​ជាតិ​អេស៊ីប​ដែល​បាន​បំបះ‌បំបោរ​ប្រជាជន​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ហើយ​នាំ​ពួក​ឧទ្ទាម​បួន‌ពាន់​នាក់ចូល​ព្រៃ​នោះ​ទេ​ឬ?»។ ៣៩ លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ខ្ញុំ​ជា​ជន​ជាតិ​យូដា កើត​នៅ​ក្រុង​តាសុស ជា​ក្រុង​ដ៏​ល្បី‌ល្បាញ​ក្នុង​ស្រុក​ស៊ីលីស៊ី​នោះ​ទេ​តើ! សូម​លោក​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​និយាយ​ទៅ​កាន់​ប្រជាជន​នេះ​ផង»។ ៤០ លោក​មេ‌បញ្ជា‌ការ​ក៏​អនុញ្ញាត​ឲ្យ។ លោក​ប៉ូល​ឈរ​នៅ​លើ​កាំ​ជណ្ដើរ ហើយ​លើក​ដៃ​ធ្វើ​សញ្ញា​ទៅ​ប្រជាជន ពេល​នោះ ប្រជាជន​នៅ​ស្ងាត់‌ជ្រៀប ហើយ​លោក​មាន​ប្រសាសន៍​ទៅ​គេ​ជា​ភាសា​ហេប្រឺ​ថា៖
២២
 «បង‌ប្អូន និង​ចាស់​ទុំ​ទាំង​អស់​គ្នា​អើយ សូម​ស្ដាប់​ពាក្យ​ដោះ‌សា​របស់​ខ្ញុំ​សិន!»។  កាល​ពួក​គេ​ឮ​លោក​ប៉ូល​មាន​ប្រសាសន៍​ជា​ភាសា​ហេប្រឺ​ដូច្នេះ គេ​រឹត​តែ​ស្ងៀម​ស្ងាត់​ថែម​ទៀត។ លោក​ប៉ូល​មាន​ប្រសាសន៍​ថា៖  «ខ្ញុំ​ជា​ជន​ជាតិ​យូដា កើត​នៅ​ក្រុង​តាសុស ក្នុង​ស្រុក​ស៊ីលីស៊ី។ ប៉ុន្តែ ខ្ញុំ​បាន​មក​រស់​នៅ​ក្រុង​យេរូ‌សាឡឹម​នេះ​តាំង​ពី​កុមារ ហើយ​ខ្ញុំ​បាន​ទទួល​ការ​អប់រំ តាម​វិន័យ​នៃ​បុព្វបុរស​របស់​យើង​យ៉ាង​តឹង‌រ៉ឹង ពី​សំណាក់​លោក​កាម៉ា‌លីអែល។ ខ្ញុំ​បាន​ខ្នះ‌ខ្នែង​បម្រើ​ព្រះ‌ជាម្ចាស់ ដូច​បង‌ប្អូន​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នេះ​ដែរ។  ខ្ញុំ​ធ្លាប់​បៀត‌បៀន​អស់​អ្នក​ដែល​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ រហូត​ដល់​សម្លាប់​គេ ហើយ​ចាប់​ចង​មនុស្ស​ប្រុស​ស្រី​យក​ទៅ​ឃុំ‌ឃាំង​ទៀត​ផង  ដូច​មាន​លោក​មហា​បូជា‌ចារ្យ* និង​ក្រុម​ព្រឹទ្ធា‌ចារ្យ* ជា​សាក្សី​ស្រាប់។ ខ្ញុំ​បាន​ទទួល​លិខិត​ពី​លោក​ទាំង​នោះ​យក​ទៅ​ជូន​បង‌ប្អូន​នៅ​ក្រុង​ដាម៉ាស ដ្បិត​ខ្ញុំ​ទៅ​ទី​នោះ ដើម្បី​ចាប់​ចង​ពួក​អ្នក​ដែល​ដើរ​តាម​មាគ៌ា​នេះ យក​មក​ធ្វើ​ទោស​នៅ​ក្រុង​យេរូ‌សាឡឹម។
 ពេល​ខ្ញុំ​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​ដាម៉ាស​ប្រមាណ​ជា​ថ្ងៃ​ត្រង់ ស្រាប់​តែ​មាន​ពន្លឺ​មួយ​ដ៏​ភ្លឺ​ត្រចះ‌ត្រចង់ ចាំង​ពី​ផ្ទៃ​មេឃ​មក​ជុំ‌វិញ​ខ្ញុំ។  ខ្ញុំ​ក៏​ដួល ហើយ​ឮ​សំឡេង​មួយ​ពោល​មក​ខ្ញុំ​ថា “សាអ៊ូល​អើយ សាអ៊ូល! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀត‌បៀន​ខ្ញុំ​ដូច្នេះ?”។  ខ្ញុំ​បាន​សួរ​វិញ​ថា “លោក​ម្ចាស់​អើយ តើ​លោក​ជា​នរណា?”។ សំឡេង​នោះ​ឆ្លើយ​មក​ខ្ញុំ​ថា “ខ្ញុំ​ជា​យេស៊ូ អ្នក​ស្រុក​ណាសា‌រ៉ែត ដែល​អ្នក​កំពុង​តែ​បៀត‌បៀន”។  រីឯ​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​ជា​មួយ​ខ្ញុំ ក៏​បាន​ឃើញ​ពន្លឺ​នោះ​ដែរ តែ​មិន​បាន​ឮ​ព្រះ​សូរសៀង​ទេ។ ១០ ខ្ញុំ​ក៏​សួរ​ថា “ព្រះ‌អម្ចាស់​អើយ តើ​ទូលបង្គំ​ត្រូវ​ធ្វើ​ដូច​ម្ដេច?”។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “ចូរ​ក្រោក​ឡើង ទៅ​ក្រុង​ដាម៉ាស​ទៅ នៅ​ទី​នោះ គេ​នឹង​ប្រាប់​អ្នក​អំពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជាម្ចាស់​បង្គាប់​ឲ្យ​អ្នក​ធ្វើ”។ ១១ ដោយ​ខ្ញុំ​ពុំ​អាច​មើល​អ្វី​ឃើញ ព្រោះ​តែ​ពន្លឺ​រស្មី​ដ៏​រុង‌រឿង​នោះ អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ​បាន​ដឹក​ដៃ​នាំ​ខ្ញុំ​ទៅ​ក្រុង​ដាម៉ាស។ ១២ នៅ​ក្រុង​នោះ មាន​បុរស​ម្នាក់​ឈ្មោះ​អណា‌ញ៉ាស ជា​អ្នក​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​ត្រឹម‌ត្រូវ​តាម​វិន័យ* ហើយ​ជន​ជាតិ​យូដា​នៅ​ក្រុង​ដាម៉ាស​គោរព​រាប់​អាន​គាត់​គ្រប់ៗ​គ្នា។ ១៣ គាត់​មក​ឈរ​ជិត​ខ្ញុំ ហើយ​ពោល​ថា “បង​សាអ៊ូល​អើយ សូម​ឲ្យ​បង​មើល​ឃើញ​វិញ​ចុះ!”។ រំពេច​នោះ ភ្នែក​ខ្ញុំ​ក៏​ភ្លឺ​ឡើង ហើយ​ខ្ញុំ​មើល​ឃើញ​គាត់។ ១៤ គាត់​មាន​ប្រសាសន៍​ថា “ព្រះ​នៃ​បុព្វបុរស*​របស់​យើង បាន​ជ្រើស‌រើស​បង ដើម្បី​ឲ្យ​បង​ស្គាល់​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ ឲ្យ​បង​បាន​ឃើញ​ព្រះ​ដ៏​សុចរិត​ និង​ឲ្យ​បង​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផ្ទាល់​តែ​ម្ដង ១៥ ដ្បិត​បង​នឹង​ធ្វើ​ជា​បន្ទាល់​របស់​ព្រះ‌អង្គ នៅ​មុខ​មនុស្ស​ទាំង​អស់ អំពី​ហេតុ‌ការណ៍​ដែល​បង​បាន​ឃើញ និង​អំពី​សេចក្ដី​ដែល​បង​បាន​ឮ។ ១៦ ដូច្នេះ តើ​បង​នៅ​បង្អែ‌បង្អង់​ដល់​កាល​ណា​ទៀត សូម​ក្រោក​ឡើង ទទួល​ពិធី​ជ្រមុជ​ទឹក* ហើយ​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អង្គ​ទៅ ដើម្បី​ព្រះ‌អង្គ​លាង​បាប*​ឲ្យ”។
១៧ ខ្ញុំ​វិល​មក​ដល់​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​នៅ​ពេល​ខ្ញុំ​កំពុង​អធិស្ឋាន​ក្នុង​ព្រះ‌វិហារ ខ្ញុំ​លង់​ស្មារតី ១៨ ឃើញ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “ចូរ​ប្រញាប់​ចាក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ភ្លាម​ទៅ ដ្បិត​អ្នក​ក្រុង​នេះ​មិន​ព្រម​ទទួល​សក្ខី‌ភាព​ដែល​អ្នក​និយាយ​អំពី​យើង​ទេ”។ ១៩ ខ្ញុំ​ទូល​ថា “បពិត្រ​ព្រះ‌អម្ចាស់ អ្នក​ទាំង​នោះ​បាន​ដឹង​ស្រាប់​ហើយ​ថា ទូលបង្គំ​ធ្លាប់​ចូល​ទៅ​សាលា​ប្រជុំ*​នានា ចាប់​អស់​អ្នក​ដែល​ជឿ​ព្រះ‌អង្គ​យក​ទៅ​ឃុំ‌ឃាំង និង​វាយ‌ដំ​ទៀត​ផង។ ២០ នៅ​ពេល​គេ​សម្លាប់​លោក​ស្ទេផាន ដែល​ជា​បន្ទាល់​របស់​ព្រះ‌អង្គ ទូលបង្គំ​ក៏​នៅ​ទី​នោះ ហើយ​បាន​យល់​ស្រប​ជា​មួយ​ពួក​គេ ទាំង​នៅ​យាម​សម្លៀក‌បំពាក់​របស់​ពួក​អ្នក​ដែល​ប្រហារ​ជីវិត​លោក​ផង​ដែរ”។ ២១ ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “ទៅ​ចុះ ដ្បិត​យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​រក​សាសន៍​ដទៃ​ដែល​នៅ​ឆ្ងាយៗ”»។
២២ បណ្ដា‌ជន​បាន​ស្ដាប់​លោក​ប៉ូល​មាន​ប្រសាសន៍​មក​ដល់​ត្រឹម​នេះ ក៏​ស្រែក​ឡើង​ថា៖ «សូម​សម្លាប់​មនុស្ស​បែប​នេះ​ចោល​ទៅ កុំ​ទុក​ឲ្យ​នៅ​រស់​ឡើយ!»។ ២៣ គេ​នាំ​គ្នា​ស្រែក ទាំង​បោះ​អាវ​របស់​ខ្លួន និង​បាច​ធូលី​ដី​ឡើង​លើ​ទៀត​ផង។ ២៤ លោក​មេ‌បញ្ជា‌ការ​បង្គាប់​ឲ្យ​គេ​នាំ​លោក​ប៉ូល​ចូល​ទៅ​ក្នុង​បន្ទាយ និង​ឲ្យ​គេ​វាយ​សួរ​ចម្លើយ ចង់​ដឹង​មូល​ហេតុ​ដែល​នាំ​ឲ្យ​បណ្ដា‌ជន​ស្រែក​ប្រឆាំង​នឹង​លោក​បែប​នេះ។ ២៥ នៅ​ពេល​គេ​កំពុង​យក​ខ្សែ​ចង​លោក លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​កាន់​នាយ​ទាហាន​ម្នាក់​នៅ​ជិត​នោះ​ថា៖ «តើ​អស់​លោក​មាន​សិទ្ធិ​វាយ​អ្នក​ដែល​មាន​សញ្ជាតិ​រ៉ូម៉ាំង ដោយ​មិន​កាត់​ទោស​ជា​មុន​ឬ!»។ ២៦ នាយ​ទាហាន​ឮ​ពាក្យ​នេះ ក៏​ទៅ​ជម្រាប​លោក​មេ‌បញ្ជា‌ការ​ថា៖ «តើ​លោក​គិត​ធ្វើ​អី​ហ្នឹង បុរស​នោះ​ជា​ជន​ជាតិ​រ៉ូម៉ាំង​ទេ​តើ»។ ២៧ លោក​មេ‌បញ្ជា‌ការ​មក​សួរ​លោក​ប៉ូល​ថា៖ «សុំ​ប្រាប់​ខ្ញុំ​មើល៍ តើ​អ្នក​ជា​ជន​ជាតិ​រ៉ូម៉ាំង​មែន​ឬ?»។ លោក​ឆ្លើយ​ថា៖ «បាទ ខ្ញុំ​ជា​ជន​ជាតិ​រ៉ូម៉ាំង​មែន»។ ២៨ លោក​មេ‌បញ្ជា‌ការ​ក៏​មាន​ប្រសាសន៍​ទៀត​ថា៖ «ខ្ញុំ​បាន​ចំណាយ​ប្រាក់​ជា​ច្រើន ដើម្បី​ឲ្យ​បាន​សញ្ជាតិ​រ៉ូម៉ាំង»។ លោក​ប៉ូល​តប​ថា៖ «រីឯ​ខ្ញុំ​វិញ ខ្ញុំ​មាន​សញ្ជាតិ​រ៉ូម៉ាំង តាំង​ពី​កំណើត​មក​ម៉្លេះ»។ ២៩ ពួក​អ្នក​ដែល​បម្រុង​នឹង​សួរ​ចម្លើយ​លោក នាំ​គ្នា​ដក​ខ្លួន​ថយ​ពី​ទី​នោះ​ភ្លាម រីឯ​លោក​មេ‌បញ្ជា‌ការ​ក៏​ភិត‌ភ័យ​ដែរ នៅ​ពេល​ដឹង​ថា​លោក​ប៉ូល​មាន​សញ្ជាតិ​រ៉ូម៉ាំង​ដូច្នេះ ព្រោះ​គាត់​បាន​ឲ្យ​គេ​ដាក់​ច្រវាក់​លោក។
លោក​ប៉ូល​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់
៣០ នៅ​ថ្ងៃ​បន្ទាប់ ដោយ​លោក​មេ‌បញ្ជា‌ការ​ចង់​ដឹង​ច្បាស់​នូវ​មូល​ហេតុ ដែល​នាំ​ឲ្យ​ជន​ជាតិ​យូដា​ចោទ​ប្រកាន់​លោក​ប៉ូល គាត់​ក៏​ឲ្យ​គេ​ដោះ​ច្រវាក់​ចេញ​ពី​លោក។ គាត់​បញ្ជា​ឲ្យ​ពួក​នាយក​បូជា‌ចារ្យ* និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ទាំង​មូល​ជួប‌ជុំ​គ្នា ហើយ​ឲ្យ​នាំ​លោក​ប៉ូល​ចុះ​មក​ឈរ​នៅ​មុខ​អង្គ​ប្រជុំ។
២៣
 លោក​ប៉ូលសម្លឹង​មើល​ទៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ហើយ​មាន​ប្រសាសន៍​ថា៖ «បង‌ប្អូន​អើយ ខ្ញុំ​ដឹង​ថា​អំពើ​ដែល​ខ្ញុំ​ប្រព្រឹត្តនៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់»។  លោក​មហា​បូជា‌ចារ្យ*​អណា‌ញ៉ាសបង្គាប់​ឲ្យ​អស់​អ្នក​ដែល​ឈរ​ក្បែរ​លោក​ប៉ូល ទះ​មាត់​លោក។  លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​លោក​មហា​បូជា‌ចារ្យ​ថា៖ «នែ៎ កំពែង​ទ្រុឌ‌ទ្រោម​លាប​ពណ៌​ស​​អើយ! ព្រះ‌ជាម្ចាស់​នឹង​វាយ​លោក​ជា​មិន​ខាន។ លោក​អង្គុយ​កាត់​ក្តី​ខ្ញុំ​តាម​វិន័យ តែ​លោក​បែរ​ជា​បង្គាប់​ឲ្យ​គេ​ទះ​ខ្ញុំ ខុស​នឹង​វិន័យ​ទៅ​វិញ!»។  ពួក​អ្នក​ដែល​នៅ​ទី​នោះ​ពោល​ថា៖ «អ្នក​ហ៊ាន​ប្រមាថ​លោក​មហា​បូជា‌ចារ្យ​របស់​ព្រះ‌ជាម្ចាស់​ផង​ឬ!»។  លោក​ប៉ូល​តប​វិញ​ថា៖ «បង‌ប្អូន​អើយ ខ្ញុំ​និយាយ​ដូច្នេះ មក​ពី​ខ្ញុំ​មិន​បាន​ដឹង​ថាលោក​ជា​មហា​បូជា‌ចារ្យ​ទេ ដ្បិត​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថាៈ “អ្នក​មិន​ត្រូវ​និយាយ​អាក្រក់​ពី​អ្នក​ដឹក​នាំ​ប្រជា‌ជាតិ​របស់​អ្នក​ឡើយ”»។
 ដោយ​លោក​ប៉ូល​ជ្រាប​ថា នៅ​ក្នុង​អង្គ​ប្រជុំ មាន​មួយ​ផ្នែក​ជា​អ្នក​ខាង​គណៈ‌សាឌូ‌ស៊ី* និង​មួយ​ផ្នែក​ទៀត​ខាង​គណៈ‌ផារីស៊ី* លោក​ក៏​មាន​ប្រសាសន៍​ខ្លាំងៗ​នៅ​កណ្ដាល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ថា៖ «បង‌ប្អូន​អើយ ខ្ញុំ​ជា​អ្នក​ខាង​គណៈ‌ផារីស៊ី ហើយ​ឪពុក​ខ្ញុំ​ក៏​ជា​អ្នក​ខាង​គណៈ‌ផារីស៊ី​ដែរ។ គេ​យក​ខ្ញុំ​មក​កាត់​ទោស ព្រោះ​តែ​សេចក្ដី​សង្ឃឹម​របស់​យើង​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ»។  លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នេះ​ហើយ ពួក​ខាង​គណៈ‌ផារីស៊ី* និង​ពួក​ខាង​គណៈ‌សាឌូ‌ស៊ី* ឈ្លោះ​ប្រកែក​គ្នា​ធ្វើ​ឲ្យ​បាក់​បែក​អង្គ​ប្រជុំ។  ពួក​ខាង​គណៈ‌សាឌូ‌ស៊ី​ពុំ​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ និង​ពុំ​ជឿ​ថា មាន​ទេវទូត* ឬ​មាន​អារក្ខ​ទេ រីឯ​ពួក​ខាង​គណៈ‌ផារីស៊ី​វិញ គេ​ជឿ​ថា​មាន​ទាំង​អស់។  ពេល​នោះ គេ​នាំ​គ្នា​ស្រែក​ឡើង​យ៉ាង​ទ្រហឹង​អឺង‌អាប់ ហើយ​បណ្ឌិត​ខាង​វិន័យ​ខ្លះ​ពី​ខាង​គណៈ‌ផារីស៊ី​ក្រោក​ឡើង​ប្រកែក​តវ៉ា​យ៉ាង​ខ្លាំង​ថា៖ «យើង​ពុំ​ឃើញ​បុរស​នេះ​មាន​កំហុស​អ្វី​ឡើយ ប្រហែល​ជា​មាន​អារក្ខ ឬ​ទេវទូត*​ណា​មួយ​បាន​និយាយ​មក​កាន់​គាត់​ទេ​មើល​ទៅ!»។ ១០ ដោយ​ឃើញ​អង្គ​ប្រជុំ​ឈ្លោះ​ប្រកែក​គ្នា​កាន់​តែ​ខ្លាំង​ឡើងៗ លោក​មេ‌បញ្ជា‌ការ​ក៏​បញ្ជា​ឲ្យ​កង​ទាហាន​ចុះ​មក នាំ​លោក​ប៉ូល​ចេញ​ពី​កណ្ដាល​ចំណោម​ពួក​គេ ចូល​ទៅ​ក្នុង​បន្ទាយ ព្រោះ​គាត់​ខ្លាច​គេ​ហែក‌ហួរ​សម្លាប់​លោក។
១១ នៅ​យប់​បន្ទាប់ ព្រះ‌អម្ចាស់​យាង​ចូល​មក​ជិត​លោក​ប៉ូល រួច​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ក្លា‌ហាន​ឡើង! អ្នក​ត្រូវ​តែ​ផ្ដល់​សក្ខី‌ភាព​នៅ​ក្រុង​រ៉ូម ដូច​អ្នក​បាន​ផ្ដល់​សក្ខី‌ភាព​អំពី​ខ្ញុំ នៅ​ក្រុង​យេរូ‌សាឡឹម​នេះ​ដែរ»។
ជន​ជាតិ​យូដា​ឃុប‌ឃិត​គ្នា​ប៉ង​សម្លាប់​លោក​ប៉ូល
១២ នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត ជន​ជាតិ​យូដា​បាន​ឃុប‌ឃិត​គ្នា ហើយ​ស្បថ‌ស្បែ​ថា​នឹង​មិន​បរិភោគ ឬ​ផឹក​អ្វី​ឡើយ ដរាប​ណា​មិន​បាន​សម្លាប់​លោក​ប៉ូល​សិន​ទេ​នោះ។ ១៣ អស់​អ្នក​ដែល​បាន​ឃុប‌ឃិត​គ្នា​នេះ មាន​ចំនួន​ជាង​សែ‌សិប​នាក់។ ១៤ គេ​បាន​នាំ​គ្នា​ទៅ​ជួប​ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​ជម្រាប​ថា៖ «យើង​ខ្ញុំ​បាន​ស្បថ‌ស្បែ​ថា​នឹង​មិន​ប៉ះ‌ពាល់​ម្ហូប​អាហារ​អ្វី​ឡើយ ដរាប​ណា​មិន​បាន​សម្លាប់​ប៉ូល​សិន​ទេ​នោះ។ ១៥ ចំណែក​ខាង​អស់​លោក សូម​ចុះ​សំរុង​ជា​មួយ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ឥឡូវ​នេះ​ទៅ ហើយ​សុំ​ឲ្យ​លោក​មេ‌បញ្ជា‌ការ​នាំ​លោក​ប៉ូល​មក ធ្វើ​ហាក់​ដូច​ជា​អស់​លោក​ចង់​ពិនិត្យ‌ពិច័យ​មើល​សំណុំ​រឿង​របស់​គាត់ ឲ្យ​បាន​ដិត​ដល់​ថែម​ទៀត។ រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​បាន​ប្រុង​ប្រៀប​ខ្លួន​រួច​ស្រេច​ហើយ ដើម្បី​សម្លាប់​គាត់មុន​នឹង​គាត់​មក​ជិត​ដល់»។
១៦ ប៉ុន្តែ ក្មួយ​ប្រុស​របស់​លោក​ប៉ូល​បាន​ដឹង​កល‌ល្បិច​នេះ ក៏​ចូល​ទៅ​ក្នុង​បន្ទាយ​ជម្រាប​លោក​ប៉ូល​ឲ្យ​ជ្រាប។ ១៧ លោក​ប៉ូល​ហៅ​នាយ​ទាហាន​ម្នាក់​មក​ប្រាប់​ថា៖ «សូម​នាំ​យុវជន​នេះ​ទៅ​ជួប​លោក​មេ‌បញ្ជា‌ការ​ទៅ ដ្បិត​គេ​មាន​រឿង​មួយ​ជម្រាប​លោក»។
១៨ នាយ​ទាហាន​នាំ​យុវជន​នោះ​ទៅ​ជួប​លោក​មេ‌បញ្ជា‌ការ ជម្រាប​ថា៖ «អ្នក​ទោស​ឈ្មោះប៉ូល​បាន​ហៅ​ខ្ញុំ​បាទ ហើយ​សុំ​ឲ្យ​ខ្ញុំ​បាទ​នាំ​យុវជន​នេះ​មក​ជួប​លោក ព្រោះ​គេ​មាន​រឿង​មួយ​ជម្រាប​លោក»។ ១៩ លោក​មេ‌បញ្ជា‌ការ​ដឹក​ដៃ​យុវជន​នោះ នាំ​ចេញ​ទៅ​ដាច់​ឡែក​ពី​គេ សួរ​ថា៖ «តើ​ក្មួយ​មាន​រឿង​អ្វី​ចង់​ប្រាប់​ខ្ញុំ?»។ ២០ យុវជន​នោះ​ជម្រាប​ថា៖ «ជន​ជាតិ​យូដា​បាន​ព្រម​ព្រៀង​គ្នា​ថា នឹង​មក​សុំ​លោក​ឲ្យ​បញ្ជូន​លោក​ប៉ូល​ទៅ​ជួប​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​នៅ​ថ្ងៃ​ស្អែក ដោយ​យក​លេស​ថា ក្រុម​ប្រឹក្សា​ចង់​ពិនិត្យ​មើល​សំណុំ​រឿង​របស់​គាត់​ឲ្យ​បាន​ដិត​ដល់​ថែម​ទៀត។ ២១ សូម​លោក​កុំ​ជឿ​អ្នក​ទាំង​នោះ​ឡើយ ព្រោះ​មាន​ពួក​គេ​ជាង​សែ‌សិប​នាក់​ពួន​ស្ទាក់​ចាំ​ចាប់​គាត់។ គេ​បាន​ស្បថ‌ស្បែ​ថា​នឹង​មិន​បរិភោគ ឬ​ផឹក​អ្វី​ឡើយ ដរាប​ណា​មិន​បាន​សម្លាប់​លោក​ប៉ូល​សិន​ទេ​នោះ។ ឥឡូវ​នេះ គេ​ប្រុង​ប្រៀប​រួច​រាល់​អស់​ហើយ គេ​នៅ​ចាំ​តែ​ការ​យល់​ស្រប​ពី​លោក​ប៉ុណ្ណោះ»។ ២២ លោក​មេ‌បញ្ជា‌ការ​បាន​ឲ្យ​យុវជន​នោះ​ត្រឡប់​ទៅ​វិញ ទាំង​ផ្ដែ‌ផ្ដាំ​មិន​ឲ្យ​និយាយ​ប្រាប់​នរណា​ថា​ខ្លួន​បាន​ជម្រាប​គាត់​អំពី​រឿង​នេះ​ឡើយ។
គេ​បញ្ជូន​លោក​ប៉ូល​ទៅ​លោក​ទេសា‌ភិបាល​ភេលិច
២៣ បន្ទាប់​មក លោក​បាន​ហៅ​នាយ​ទាហាន​របស់​លោក ពីរ​រូប​មក​ប្រាប់​ថា៖ «សុំ​លោក​រៀបចំ​ពល​ថ្មើរ​ជើង​ពីរ‌រយ​នាក់ ពល‌សេះ​ចិត‌សិប​នាក់ និង​ពល​កាន់​លំពែង​ពីរ‌រយ​នាក់ ដើម្បី​ចេញ​ដំណើរ​ទៅ​ក្រុង​សេសារេ នៅ​វេលា​ម៉ោង​ប្រាំ​បួន​យប់។ ២៤ សុំ​រៀបចំ​សេះជា​ជំនិះ សម្រាប់​លោក​ប៉ូល​ផង ដើម្បី​នាំ​គាត់​ទៅ​ជួប​លោក​ទេសា‌ភិបាល​ភេលិច ដោយ​សុខ‌សាន្ត»។
២៥ លោក​មេ‌បញ្ជា‌ការ​បាន​សរសេរ​សំបុត្រ​មួយ ដូច​ត​ទៅ​នេះ៖
២៦ «ខ្ញុំ​បាទ​ឈ្មោះ​ក្លូដ លីស្យាស សូម​ជម្រាប​មក​ឯក‌ឧត្ដម​ភេលិច ជា​ទេសា‌ភិបាល សូម​ទាន​ជ្រាប។
២៧ ជន​ជាតិ​យូដា​បាន​នាំ​គ្នា​ចាប់​បុរស​នេះ បម្រុង​នឹង​សម្លាប់​ចោល។ កាល​ខ្ញុំ​បាទ​ដឹង​ថា គាត់​ជា​ជន​ជាតិ​រ៉ូម៉ាំង ខ្ញុំ​បាទ​ឲ្យ​ទាហាន​ទៅ​ធ្វើ​អន្តរា‌គមន៍​រំដោះ​គាត់​មក។ ២៨ ដោយ​ខ្ញុំ​បាទ​ចង់​ដឹង​មូល​ហេតុ​ដែល​នាំ​ឲ្យ​គេ​ចោទ​ប្រកាន់​គាត់ ខ្ញុំ​បាទ​ក៏​នាំ​គាត់​ទៅ​ជួប​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​របស់​ពួក​គេ។ ២៩ ខ្ញុំ​បាទ​បាន​ឃើញ​ថា ពួក​គេ​គ្រាន់​តែ​ចោទ​ប្រកាន់​គាត់ អំពី​បញ្ហា​ដែល​ទាក់‌ទង​ទៅ​នឹង​វិន័យ​សាសនា​របស់​គេ​ប៉ុណ្ណោះ គាត់​មិន​បាន​ធ្វើ​អ្វី​ខុស​ដែល​ត្រូវ​មាន​ទោស​ដល់​ជីវិត ឬ​ត្រូវ​ជាប់​ឃុំ‌ឃាំង​ឡើយ។ ៣០ បន្ទាប់​មក មាន​គេ​ប្រាប់​ខ្ញុំ​បាទ​ថា ជន​ជាតិ​យូដា​បាន​ឃុប‌ឃិត​គ្នា​ប៉ុន‌ប៉ង​សម្លាប់​គាត់។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បាទ​បញ្ជូន​គាត់​មក​ឯក‌ឧត្ដម​ភ្លាម ហើយ​ខ្ញុំ​បាទ​បាន​ប្រាប់​អស់​អ្នក​ដែល​ចោទ​ប្រកាន់​គាត់ ឲ្យ​នាំ​ពាក្យ​បណ្ដឹង​មក​ជូន​ឯក‌ឧត្ដម​តែ​ម្ដង»។
៣១ ពួក​ទាហាន​យក​លោក​ប៉ូល​មក ហើយ​នាំ​ទៅ​ក្រុង​អន់ទី‌ប៉ាទ្រីស​ទាំង​យប់ តាម​បញ្ជា​ដែល​គេ​បាន​ទទួល។ ៣២ នៅ​ថ្ងៃ​បន្ទាប់ គេ​បាន​វិល​ត្រឡប់​មក​បន្ទាយ​វិញ ដោយ​ទុក​តែ​ពល‌សេះ​ឲ្យ​បន្ដ​ដំណើរ​ជា​មួយ​លោក​ប៉ូល។ ៣៣ លុះ​ទៅ​ដល់​ក្រុង​សេសារេ ពួក​ពល‌សេះ​បាន​យក​សំបុត្រ​ទៅ​ជូន​លោក​ទេសា‌ភិបាល និង​ប្រគល់​លោក​ប៉ូល​ជូន​ផង​ដែរ។ ៣៤ លោក​ទេសា‌ភិបាល​អាន​សំបុត្រ​រួច​ហើយ ក៏​សួរ​លោក​ប៉ូល​ថា​មក​ពី​ស្រុក​ណា។ កាល​លោក​ជ្រាប​ថា លោក​ប៉ូល​ជា​អ្នក​ស្រុក​ស៊ីលីស៊ី ៣៥ លោក​មាន​ប្រសាសន៍​ថា៖ «ចាំ​ពួក​ចោទ​ប្រកាន់​អ្នក​មក​ដល់​សិន ទើប​យើង​សួរ​ចម្លើយ»។ បន្ទាប់​មក លោក​បង្គាប់​ឲ្យ​គេ​យក​លោក​ប៉ូល​ទៅ​ឃុំ​ទុក​ក្នុង​វិមាន​របស់​ព្រះ‌បាទ​ហេរ៉ូដ។
២៤
ជន​ជាតិ​យូដា​ចោទ​ប្រកាន់​លោក​ប៉ូល
 ប្រាំ​ថ្ងៃ​ក្រោយ​មក លោក​មហា​បូជា‌ចារ្យ​អណា‌ញ៉ាស និង​ពួក​ព្រឹទ្ធា‌ចារ្យ*​មួយ​ចំនួន បាន​ធ្វើ​ដំណើរ​មក​ដល់ មាន​ទាំង​មេធាវី​ម្នាក់​ឈ្មោះ​ទែរទូ‌លូស មក​ជា​មួយ​ផង។ ពួក​គេ​បាន​ប្ដឹង​ទៅ​លោក​ទេសា‌ភិបាល ចោទ​ប្រកាន់​លោក​ប៉ូល។  គេ​ហៅ​លោក​ប៉ូល​មក ហើយ​លោក​ទែរទូ‌លូស​ចោទ​ប្រកាន់​លោក ដូច​ត​ទៅ​នេះ៖
«សូម​គោរព​ឯក‌ឧត្ដម​ភេលិច សូម​ទាន​ជ្រាប ដោយ‌សារ​តែ​ឯក‌ឧត្ដម និង​ដោយ​ការ​កែ​ទម្រង់​ផ្សេងៗ ដែល​ឯក‌ឧត្ដម​បាន​ធ្វើ​ជា​ប្រយោជន៍​ដល់​ប្រជា‌ជាតិ​នេះ យើង​ខ្ញុំ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​គ្រប់​យ៉ាង ក្រោម​ការ​គ្រប់‌គ្រង​ដ៏​ប៉ិន‌ប្រសប់​របស់​ឯក‌ឧត្ដម។  យើង​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដ៏​ជ្រាល‌ជ្រៅ​ចំពោះ​ឯក‌ឧត្ដម ដែល​បាន​ផ្ដល់​អ្វីៗ​នៅ​គ្រប់​ទី​កន្លែង និង​គ្រប់​ពេល​វេលា​មក​យើង​ខ្ញុំ។  ប៉ុន្តែ ខ្ញុំ​បាទ​មិន​ចង់​រំខាន​ឯក‌ឧត្ដម​វែង​ឆ្ងាយ​ទៀត​ទេ ខ្ញុំ​បាទ​គ្រាន់​តែ​អង្វរ​ឯក‌ឧត្ដម សូម​មេត្តា​ស្ដាប់​យើង​ខ្ញុំ​តែ​បន្ដិច​ប៉ុណ្ណោះ។  យើង​ខ្ញុំ​យល់​ឃើញ​ថា ជន​នេះ​ជា​មនុស្ស​ចង្រៃ​ឧត្បាត បង្ក​ឲ្យ​កើត​ចលាចល​ក្នុង​ចំណោម​ជន​ជាតិ​យូដា​ទាំង​អស់​នៅ​លើ​ពិភព‌លោក​ទាំង​មូល គាត់​ជា​មេ​ដឹក​នាំ​ពួក​ខាង​គណៈ​ណាសា‌រ៉ែត​។  គាត់​ថែម​ទាំង​បាន​បន្ដុះ‌បង្អាប់​ព្រះ‌វិហារ*​ទៀត​ផង ហេតុ​នេះ​បាន​ជា​យើង​ខ្ញុំ​ចាប់​គាត់ [យើង​ខ្ញុំ​ចង់​កាត់​ទោស​គាត់​តាម​វិន័យ​របស់​យើង​ខ្ញុំ  ប៉ុន្តែ លោក​មេ‌បញ្ជា‌ការ​លីស្យាស​បាន​ប្រើ​កម្លាំង ធ្វើ​អន្តរា‌គមន៍​យ៉ាង​ខ្លាំង​ដណ្ដើម​យក​គាត់​ពី​យើង​ខ្ញុំ  ហើយ​បាន​បង្គាប់​ឲ្យ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ជន​នេះ​មក​ជួប​ឯក‌ឧត្ដម]។ សូម​ឯក‌ឧត្ដម​សួរ​គាត់​ផ្ទាល់​តែ​ម្ដង​ទៅ ឯក‌ឧត្ដម​មុខ​ជា​ជ្រាប​មូល​ហេតុ​ទាំង​អស់ ដែល​យើង​ខ្ញុំ​ចោទ​ប្រកាន់​គាត់​នោះ​មិន​ខាន»។
 ជន​ជាតិ​យូដា​បាន​គាំទ្រ​ពាក្យ​ចោទ​ប្រកាន់​នេះ និង​បញ្ជាក់​ថាពិត​ជា​ត្រឹម​ត្រូវ​មែន។
លោក​ប៉ូល​ឆ្លើយ​ដោះ‌សា​ខ្លួន​នៅ​មុខ​លោក​ភេលិច
១០ ពេល​នោះ លោក​ទេសា‌ភិបាល​បាន​ធ្វើ​សញ្ញា​ឲ្យ​លោក​ប៉ូល​មាន​ប្រសាសន៍ លោក​ប៉ូល​ក៏​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាទ​ដឹង​ថាឯក‌ឧត្ដម​ជា​អ្នក​គ្រប់‌គ្រង​លើ​ប្រជា‌ជាតិ​នេះ ច្រើន​ឆ្នាំ​មក​ហើយ ដូច្នេះ ខ្ញុំ​បាទ​សូម​ឆ្លើយ​ការ‌ពារ​ខ្លួន ទាំង​ទុក​ចិត្ត។ ១១ ខ្ញុំ​បាទ​បាន​ធ្វើ​ដំណើរ​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម កាល​ដប់‌ពីរ​ថ្ងៃ​កន្លង​ទៅ​នេះ សូម​ឯក‌ឧត្ដម​ស៊ើប‌សួរ​មើល​ចុះ ១២ ទោះ​បី​នៅ​ក្នុង​ព្រះ‌វិហារ​ក្តី នៅ​ក្នុង​សាលា​ប្រជុំ ឬ​នៅ​ក្នុង​ទីក្រុង​ក្តី គ្មាន​នរណា​ម្នាក់​បាន​ឃើញ​ខ្ញុំ​បាទ​ជជែក​វែក‌ញែក​ជា​មួយ​គេ ឬ​ក៏​បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​ចំណោម​បណ្ដា‌ជន​ឡើយ។ ១៣ អស់​លោក​ទាំង​នេះ​គ្មាន​ភស្តុតាង​អ្វី មក​បញ្ជាក់​ពាក្យ​ចោទ​ប្រកាន់​របស់​ខ្លួន ជូន​ឯក‌ឧត្ដម​ទាល់​តែ​សោះ។ ១៤ ប៉ុន្តែ ខ្ញុំ​បាទ​សូម​ជម្រាប​ឯក‌ឧត្ដម​ថា ខ្ញុំ​បាទ​គោរព​ប្រណិ‌ប័តន៍​ព្រះ​នៃ​បុព្វបុរស*​ខ្ញុំ​បាទ​តាម​មាគ៌ា​មួយ ដែល​លោក​ទាំង​នេះ​ចោទ​ថា​ជា​គណៈ​ខុស​ឆ្គង។ ខ្ញុំ​បាទ​ជឿ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ និង​គម្ពីរ​ព្យាការី* ១៥ ហើយ​ខ្ញុំ​បាទ​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់ ដូច​លោក​ទាំង​នេះ​ដែរ ថា​ព្រះ‌អង្គ​នឹង​ប្រោស​ទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត​ឲ្យ​រស់​ឡើង​វិញ។ ១៦ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បាទ​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា ឲ្យ​មាន​ចិត្ត​ស្អាត​បរិសុទ្ធ*​គ្រប់​ចំពូក​ចំពោះ​ព្រះ‌ជាម្ចាស់ និង​ចំពោះ​មនុស្ស​លោក។ ១៧ ខ្ញុំ​បាទ​បាន​ចាក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ជា​ច្រើន​ឆ្នាំ ហើយ​ខ្ញុំ​បាទ​វិល​ត្រឡប់​មក​វិញ ដើម្បី​ជួយ​ជន​រួម​ជាតិ​របស់​ខ្ញុំ​បាទ និង​ថ្វាយ​តង្វាយ​ទៅ​ព្រះ‌ជាម្ចាស់​ផង។ ១៨ នៅ​ពេល​នោះ ពួក​គេ​ឃើញ​ខ្ញុំ​បាទ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ​នៅ​ក្នុង​ព្រះ‌វិហារ តែ​ឥត​មាន​ការ​ប្រជុំ​បណ្ដា‌ជន ឬ​កើត​វឹក‌វរ​អ្វី​ឡើយ។ ១៩ ប៉ុន្តែ មាន​សាសន៍​យូដា​ខ្លះ​មក​ពី​ស្រុក​អាស៊ី នៅ​ក្នុង​ព្រះ‌វិហារ​ពេល​នោះ​ដែរ គឺ​អ្នក​ទាំង​នោះ​ទេ​តើ​ដែល​សម​នឹង​មក​ជួប​ឯក‌ឧត្ដម ដើម្បី​ចោទ​ប្រកាន់​ខ្ញុំ​បាទ ប្រសិន​បើ​គេ​មាន​រឿង​ហេតុ​ណា​មួយ​ទាស់​នឹង​ខ្ញុំ​បាទ។ ២០ ខ្ញុំ​បាទ​ឈរ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ស្រាប់​ហើយ បើ​អស់​លោក​ដែល​នៅ​ទី​នេះបាន​ឃើញ​ខ្ញុំ​បាទ​មាន​ទោស​អ្វី សូម​ថា​មក​ចុះ ២១ លើក‌លែង​តែ​ពាក្យ​ដែល​ខ្ញុំ​បាទ​បាន​និយាយ​យ៉ាង​ខ្លាំងៗ​នៅ​កណ្ដាល​ចំណោម​ពួក​គេ​ថា “បង‌ប្អូន​យក​ខ្ញុំ​មក​កាត់​ទោស​នៅ​ថ្ងៃ​នេះ ព្រោះ​តែ​ខ្ញុំ​ជឿ​ថាមនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ”»។
២២ លោក​ភេលិច​ក៏​បាន​ជ្រាប​ច្បាស់​លាស់​អំពី​មាគ៌ា​របស់​ព្រះ‌អម្ចាស់​ដែរ។ លោក​ប្រាប់​ពួក​គេ​ឲ្យ​ត្រឡប់​ទៅ​វិញ ដោយ​ពោល​ថា៖ «ពេល​លោក​មេ‌បញ្ជា‌ការ​លីស្យាស​មក​ដល់ ខ្ញុំ​នឹង​វិនិច្ឆ័យ​សំណុំ​រឿង​របស់​អស់​លោក»។ ២៣ លោក​បញ្ជា​ឲ្យ​គេ​យក​លោក​ប៉ូល​ទៅ​ឃុំ តែ​លោក​ទុក​ឲ្យ​លោក​ប៉ូល​មាន​សេរី‌ភាព​ខ្លះៗ​ដែរ ព្រម​ទាំង​បើក​ឲ្យ​អ្នក​ជិត‌ដិត​នឹង​លោក​ប៉ូល ចូល​ទៅ​ជួយ​ទំនុក​បម្រុង​លោក​ថែម​ទៀត​ផង។
លោក​ប៉ូល​ជួប​លោក​ភេលិច និង​ភរិយា
២៤ ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ទៀត លោក​ភេលិច​បាន​មក​ជា​មួយ​ភរិយា​របស់​លោក គឺ​ម្ចាស់‌ក្សត្រិយ៍​ឌ្រុយ‌ស៊ីឡា​ជា​ជន​ជាតិ​យូដា លោក​ឲ្យ​គេ​ទៅ​ហៅ​លោក​ប៉ូល​មក ហើយ​ស្ដាប់​លោក​ប៉ូល​មាន​ប្រសាសន៍​អំពី​ជំនឿ​លើ​ព្រះ‌គ្រីស្ដ‌យេស៊ូ។ ២៥ ប៉ុន្តែ កាល​លោក​ប៉ូល​វែក‌ញែក​អំពី​សេចក្ដី​សុចរិត* អំពី​ការ​ទប់​ចិត្ត​នឹង​តណ្ហា និង​អំពី​ការ​វិនិច្ឆ័យ​ទោស​នៅ​អនាគត​កាល លោក​ភេលិច​ក៏​ភ័យ ហើយ​ពោល​ទៅ​លោក​ប៉ូល​ថា៖ «ឥឡូវ​នេះ ចូរ​អ្នក​ត្រឡប់​ទៅ​វិញ​សិន​ចុះ កាល​ណា​ខ្ញុំ​មាន​ពេល ខ្ញុំ​នឹង​ហៅ​អ្នក​មក​ទៀត!»។ ២៦ លោក​ភេលិច​សង្ឃឹម​ថា​នឹង​បាន​ទទួល​ប្រាក់​ពី​លោក​ប៉ូល ហេតុ​នេះ​ហើយ​បាន​ជា​លោក​ចាត់​គេ​ឲ្យ​ទៅ​ហៅ​លោក​ប៉ូល មក​សន្ទនា​ជា​មួយ​ជា​រឿយៗ។
២៧ ពីរ​ឆ្នាំ​ក្រោយ​មក លោក​ពរគ្យូស-‌ភេស្ទុស ចូល​កាន់​តំណែង​ជំនួស​លោក​ភេលិច។ ដោយ​លោក​ភេលិច​ចង់​យក​ចិត្ត​សាសន៍​យូដា លោក​បាន​ទុក​លោក​ប៉ូល​ឲ្យ​នៅ​ជាប់​ឃុំ‌ឃាំង​ដដែល។
២៥
លោក​ប៉ូល​សុំ​ឲ្យ​ព្រះ‌ចៅ​អធិ‌រាជ​កាត់​ក្តី
 បន្ទាប់​ពី​បាន​ទៅ​ដល់​ស្រុក​នោះ​បី​ថ្ងៃ លោក​ភេស្ទុស​ធ្វើ​ដំណើរ​ពី​ក្រុង​សេសារេ ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម។  ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​អ្នក​ធំ​នៃ​ជន​ជាតិ​យូដា បាន​នាំ​គ្នា​ទៅ​ជួប​លោក ដើម្បី​ប្ដឹង​ពី​លោក​ប៉ូល។  ពួក​គេ​បាន​ទទូច​សុំ​ឲ្យ​លោក​ភេស្ទុស​មេត្តា​អនុ‌គ្រោះ​បញ្ជូន​លោក​ប៉ូល​មក​ក្រុង​យេរូ‌សាឡឹម ព្រោះ​ពួក​គេ​បាន​ឃុប‌ឃិត​គ្នា​ថា​នឹង​ពួន​ស្ទាក់ ចាំ​សម្លាប់​លោក​តាម​ផ្លូវ។  ប៉ុន្តែ លោក​ភេស្ទុស​តប​ទៅ​វិញ​ថា លោក​ប៉ូល​ជាប់​ឃុំ‌ឃាំង​នៅ​ក្រុង​សេសារេ​ឯ‌ណោះ រីឯ​ខ្លួន​លោក​ផ្ទាល់ លោក​ក៏​ត្រូវ​ត្រឡប់​ទៅ​វិញ ក្នុង​ពេល​បន្ដិច​ទៀត​ដែរ។ លោក​មាន​ប្រសាសន៍​ថា៖ «សុំ​ឲ្យ​អ្នក​ដែល​មាន​សមត្ថ‌ភាព​ក្នុង​ចំណោម​អស់​លោក អញ្ជើញ​ទៅ​ជា​មួយ​ខ្ញុំ ហើយ​បើ​ឃើញ​ថា បុរស​នោះ​មាន​កំហុស​អ្វី សុំ​ចោទ​ប្រកាន់​គាត់​ទៅ»។
 លោក​ភេស្ទុស​ស្នាក់​នៅ​ជា​មួយ​ពួក​គេ បួន​ដប់​ថ្ងៃ​ប៉ុណ្ណោះ រួច​លោក​ចុះ​ទៅ​ក្រុង​សេសារេ​វិញ។ នៅ​ថ្ងៃ​បន្ទាប់ លោក​បាន​អង្គុយ​នៅ​ទី​កាត់​ក្តី ហើយ​បង្គាប់​ឲ្យ​គេ​នាំ​លោក​ប៉ូល​មក។  ពេល​លោក​ប៉ូល​មក​ដល់ ជន​ជាតិ​យូដា​ដែល​មក​ពី​ក្រុង​យេរូ‌សាឡឹម បាន​នាំ​គ្នា​ចោម‌រោម​លោក ហើយ​ចោទ​ប្រកាន់​យ៉ាង​ធ្ងន់ៗ​ជា​ច្រើន តែ​គេ​ពុំ​អាច​បង្ហាញ​ភស្តុតាង​អ្វី​បាន​ទេ។  លោក​ប៉ូល​មាន​ប្រសាសន៍​ការ‌ពារ​ខ្លួន​ថា៖ «ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​នឹង​វិន័យ​របស់​សាសន៍​យូដា ខុស​នឹង​ព្រះ‌វិហារ ឬ​ក៏​ខុស​នឹង​ព្រះ‌ចៅ​អធិ‌រាជ​ឡើយ»។  ដោយ​លោក​ភេស្ទុស​ចង់​យក​ចិត្ត​ជន​ជាតិ​យូដា លោក​មាន​ប្រសាសន៍​មក​កាន់​លោក​ប៉ូល​ថា៖ «តើ​អ្នក​ចង់​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម ឲ្យ​គេ​កាត់​ក្តី​អ្នក​អំពី​រឿង​ទាំង​នេះ​នៅ​ចំពោះ​មុខ​ខ្ញុំ​ឬ​ទេ?»។ ១០ លោក​ប៉ូល​តប​ថា៖ «ខ្ញុំ​បាទ​ឈរ​នៅ​មុខ​តុលាការ​របស់​ព្រះ‌ចៅ​អធិ‌រាជ​ដូច្នេះ គឺ​ទី​នេះ​ហើយ​ដែល​ឯក‌ឧត្ដម​ត្រូវ​កាត់​ក្តី​ឲ្យ​ខ្ញុំ​បាទ។ ខ្ញុំ​បាទ​ពុំ​បាន​ធ្វើ​អ្វី​ខុស​នឹង​សាសន៍​យូដា​ទេ ដូច​ឯក‌ឧត្ដម​ជ្រាប​ច្បាស់​ហើយ។ ១១ ប្រសិន​បើ​ខ្ញុំ​បាទ​មាន​ទោស​អ្វី ឬ​បាន​ប្រព្រឹត្ត​អ្វី​ខុស សម​នឹង​មាន​ទោស​ដល់​ជីវិត​នោះ ខ្ញុំ​បាទ​មិន​រួញ‌រា​នឹង​ស្លាប់​ទេ។ ប៉ុន្តែ ប្រសិន​បើ​ពាក្យ​ដែល​លោក​ទាំង​នេះ​ចោទ​ខ្ញុំ​បាទ​មិន​ពិត​ទេ គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ប្រគល់​ខ្ញុំ​បាទ​ទៅ​ឲ្យ​គេ​ឡើយ។ ខ្ញុំ​បាទ​សូម​ឡើង​ទៅ​ព្រះ‌ចៅ​អធិ‌រាជ​វិញ»។
១២ លោក​ភេស្ទុស​ពិភាក្សា​ជា​មួយ​ក្រុម​ប្រឹក្សា ហើយ​មាន​ប្រសាសន៍​ថា៖ «អ្នក​បាន​សុំ​ឡើង​ទៅ​ព្រះ‌ចៅ​អធិ‌រាជ ដូច្នេះ អ្នក​នឹង​ទៅ​ជួប​ព្រះ‌ចៅ​អធិ‌រាជ!»។
លោក​ប៉ូល​នៅ​មុខ​ព្រះ‌បាទ​អគ្រី‌ប៉ា
១៣ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ទៀត ព្រះ‌បាទ​អគ្រី‌ប៉ា និង​ម្ចាស់​ក្សត្រិយ៍​បេរេ‌នីស យាង​មក​ដល់​ក្រុង​សេសារេ ដើម្បី​សួរ​សុខ​ទុក្ខ​លោក​ភេស្ទុស។ ១៤ ដោយ​ស្ដេច​គង់​នៅ​ទី​នោះ​ជា​ច្រើន​ថ្ងៃ លោក​ភេស្ទុស​ក៏​ទូល​ស្ដេច​ពី​រឿង​លោក​ប៉ូល​ថា៖ «លោក​ភេលិច​បាន​ទុក​បុរស​ម្នាក់ នៅ​ក្នុង​ទី​ឃុំ‌ឃាំង។ ១៥ កាល​ទូលបង្គំ​ទៅ​ក្រុង​យេរូ‌សាឡឹម ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​នៃ​សាសន៍​យូដា បាន​នាំ​គ្នា​ប្ដឹង​ពី​គាត់ ដោយ​សុំ​ឲ្យ​ទូលបង្គំ​កាត់​ទោស​គាត់។ ១៦ ទូលបង្គំ​បាន​ប្រាប់​លោក​ទាំង​នោះ​វិញ​ថា ជន​ជាតិ​រ៉ូម៉ាំង​ពុំ​ធ្លាប់​បញ្ជូន​នរណា​ម្នាក់​ទៅ​ឲ្យ​គេ​សម្លាប់ ដោយ​មិន​បាន​ឲ្យ​និយាយ​តទល់​ជា​មួយ​អ្នក​ដើម​ចោទ ព្រម​ទាំង​ឆ្លើយ​ការ‌ពារ​ខ្លួន​ចំពោះ​ពាក្យ​ចោទ​ជា​មុន​សិន​នោះ​ឡើយ។ ១៧ លោក​ទាំង​នោះ​នាំ​គ្នា​មក​ទី​នេះ ហើយ​នៅ​ថ្ងៃ​បន្ទាប់ ទូលបង្គំ​បាន​អង្គុយ​នៅ​ទី​កាត់​ក្តី និង​ឲ្យ​គេ​នាំ​បុរស​នោះ​មក ឥត​បង្អង់​ឡើយ។ ១៨ ពួក​ដើម​ចោទ​ក៏​នៅ​ទី​កាត់​ក្តី​ដែរ តែ​គេ​ពុំ​បាន​ចោទ​គាត់​ពី​អំពើ​អាក្រក់​ណា​មួយ ដូច​ទូលបង្គំ​នឹក​ស្មាន​នោះ​ទេ ១៩ គឺ​មាន​តែ​ជជែក​វែក‌ញែក​អំពី​រឿង​សាសនា​របស់​គេ និង​អំពី​បុរស​ម្នាក់​ឈ្មោះ​យេស៊ូ ដែល​បាន​ស្លាប់ ហើយ​លោក​ប៉ូល​ថា នៅ​មាន​ជីវិត​រស់​នោះ​តែ​ប៉ុណ្ណោះ។ ២០ ចំណែក​ឯ​ទូលបង្គំ​វិញ ទូលបង្គំ​មិន​ដឹង​ជា​ត្រូវ​គិត​ដូច​ម្ដេច ចំពោះ​ការ​ជជែក​វែក‌ញែក​បែប​នេះ ទូលបង្គំ​បាន​សួរ​គាត់​ថា ចង់​ទៅ​ក្រុង​យេរូ‌សាឡឹម ឲ្យ​គេ​កាត់​ក្តី​អំពី​រឿង​ទាំង​នេះ​ឬ​ទេ ២១ តែ​លោក​ប៉ូល​បាន​សុំ​ឡើង​ទៅ​ព្រះ‌មហា​ក្សត្រា‌ធិរាជ ដើម្បី​សុំ​ឲ្យ​ព្រះ‌អង្គ​កាត់​ក្តី។ ទូលបង្គំ​ចេញ​បញ្ជា​ឲ្យ​គេ​ឃុំ​គាត់​ទុក រហូត​ដល់​ពេល​ទូលបង្គំ​នឹង​បញ្ជូន​គាត់​ទៅ​ព្រះ‌ចៅ​អធិ‌រាជ»។
២២ ព្រះ‌បាទ​អគ្រី‌ប៉ាមាន​រាជ‌ឱង្ការ​ទៅ​លោក​ភេស្ទុស​ថា៖ «ខ្ញុំ​ក៏​ចង់​ស្ដាប់​បុរស​នោះ​និយាយ​ដែរ»។ លោក​តប​វិញ​ថា៖ «ព្រះ‌ករុណា​អាច​ស្ដាប់​គាត់​នៅ​ថ្ងៃ​ស្អែក»។
២៣ លុះ​ស្អែក​ឡើង ព្រះ‌បាទ​អគ្រី‌ប៉ា និង​ម្ចាស់‌ក្សត្រិយ៍​បេរេ‌នីស បាន​យាង​ចូល​ក្នុង​សាល‌សវនា‌ការ​យ៉ាង​អធិក‌អធម ដោយ​មាន​ពួក​នាយ​ទាហាន​ជាន់​ខ្ពស់ និង​ពួក​នាម៉ឺន​ធំៗ​នៅ​ក្រុង​នោះ ហែ‌ហម​មក​ជា​មួយ​ផង។ គេ​នាំ​លោក​ប៉ូល​មក​តាម​បញ្ជា​របស់​លោក​ភេស្ទុស។
២៤ លោក​ភេស្ទុស​មាន​ប្រសាសន៍​ថា៖ «សូម​ទូល​ព្រះ‌រាជា និង​ជម្រាប​អស់​លោក ដែល​នៅ​ទី​នេះ។ បុរស​ដែល​ព្រះ‌រាជា និង​អស់​លោក​ឃើញ​នេះ ជា​អ្នក​ដែល​ជន​ជាតិ​យូដា​ទាំង​មូល ទាំង​នៅ​ក្រុង​យេរូ‌សាឡឹម ទាំង​នៅ​ក្រុង​នេះ បាន​នាំ​គ្នា​មក​ជួប​ខ្ញុំ ហើយ​ស្រែក​ថា គាត់​មិន​ត្រូវ​រស់​ត​ទៅ​ទៀត​ទេ។ ២៥ ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​យល់​ឃើញ​ថា​គាត់​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស ដែល​ត្រូវ​មាន​ទោស​ដល់​ជីវិត​នោះ​ឡើយ ប៉ុន្តែ ដោយ​ខ្លួន​គាត់​ផ្ទាល់បាន​សុំ​ឡើង​ទៅ​ព្រះ‌ចៅ​អធិ‌រាជ ខ្ញុំ​ក៏​សម្រេច​ចិត្ត​បញ្ជូន​គាត់​ទៅ​ព្រះ‌ចៅ​អធិរាជ។ ២៦ ខ្ញុំ​គ្មាន​មូល​ហេតុ​អ្វី​ច្បាស់​លាស់ ដើម្បី​សរសេរ​សេចក្ដី​រាយ‌ការណ៍​ថ្វាយ​ព្រះ‌មហា​ក្សត្រា‌ធិរាជ អំពី​សំណុំ​រឿង​គាត់​ទាល់​តែ​សោះ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ឲ្យ​គេ​នាំ​គាត់​មក​ជួប​អស់​លោក ជា​ពិសេស ជួប​ព្រះ​ករុណា​ផ្ទាល់។ ដូច្នេះ នៅ​ពេល​សួរ​ចម្លើយ​គាត់​រួច ខ្ញុំ​នឹង​មាន​មូល​ហេតុ សរសេរ​សេចក្ដី​រាយ‌ការណ៍​បាន។ ២៧ ខ្ញុំ​យល់​ឃើញ​ថា បើ​បញ្ជូន​អ្នក​ទោស ដោយ​មិន​បញ្ជាក់​អំពី​ពាក្យ​ចោទ​ទៅ​ជា​មួយ​ផង​ទេ​នោះ ដូច​ជា​គ្មាន​ន័យ​អ្វី​សោះ​ឡើយ»។
២៦
លោក​ប៉ូល​ឆ្លើយ​ការ‌ពារ​ខ្លួន​នៅ​មុខ​ព្រះ‌បាទ​អគ្រី‌ប៉ា
 ព្រះ‌បាទ​អគ្រី‌ប៉ា​មាន​រាជ‌ឱង្ការ​ទៅ​លោក​ប៉ូល​ថា៖ «អ្នក​មាន​សិទ្ធិ​និយាយ​ការ‌ពារ​ខ្លួន​នៅ​ពេល​នេះ​បាន!»។ លោក​ប៉ូល​លើក​ដៃ​ឡើង មាន​ប្រសាសន៍​ថា៖  «បពិត្រ​ព្រះ‌រាជា ទូលបង្គំ​មាន​កិត្តិយស​ធំ​ណាស់ ដោយ​អាច​ឆ្លើយ​ការ‌ពារ​ខ្លួន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ករុណា​ថ្ងៃ​នេះ អំពី​ពាក្យ​បណ្ដឹង​ទាំង​ប៉ុន្មាន​ដែល​សាសន៍​យូដា​ចោទ​ទូលបង្គំ  ដ្បិត​ព្រះ‌ករុណា​ជ្រាប​យ៉ាង​ច្បាស់អំពី​ទំនៀម‌ទម្លាប់​ផ្សេងៗ​របស់​សាសន៍​យូដា និង​អំពី​សេចក្ដី​ដែល​គេ​និយម​ជជែក​វែក‌ញែក។ ហេតុ​នេះ សូម​ព្រះ‌ករុណា​មេត្តា​ព្រះ‌សណ្ដាប់​ទូលបង្គំ ដោយ​អនុ‌គ្រោះ​ផង។  ជន​ជាតិ​យូដា​ទាំង​មូល​ស្គាល់​ប្រវត្តិ​របស់​ទូលបង្គំ តាំង​ពី​ក្មេង​មក​ស្រាប់​ហើយ គេ​ក៏​ដឹង​ថា តាំង​ពី​ដើម​មក ទូលបង្គំ​រស់​នៅ​កណ្ដាល​ចំណោម​ជន​ជាតិ​របស់​ទូលបង្គំ និង​នៅ​ក្រុង​យេរូ‌សាឡឹម​របៀប​ណា​ដែរ។  គេ​បាន​ស្គាល់​ទូលបង្គំ តាំង​ពី​យូរ​មក​ហើយ ពី​ដើម ទូលបង្គំ​ជា​អ្នក​ខាង​គណៈ‌ផារីស៊ី* ដែល​ជា​គណៈ​តឹង‌រ៉ឹង​ជាង​គេ​ក្នុង​សាសនា​របស់​យើង ប្រសិន​បើ​ពួក​គេ​ចង់ ពួក​គេ​អាច​ធ្វើ​ជា​សាក្សី​បាន។  ប៉ុន្តែ ឥឡូវ​នេះ គេ​យក​ទូលបង្គំ​មក​វិនិច្ឆ័យ​ទោស ព្រោះ​តែ​សេចក្ដី​សង្ឃឹម​លើ​ព្រះ‌បន្ទូល ដែល​ព្រះ‌ជាម្ចាស់​បាន​សន្យា​ជា​មួយ​បុព្វបុរស*​របស់​យើង។ កុល‌សម្ព័ន្ធ*​ទាំង​ដប់‌ពីរ​របស់​យើង​នាំ​គ្នា​គោរព​បម្រើ​ព្រះ‌ជាម្ចាស់ ទាំង​យប់ ទាំង​ថ្ងៃ ឥត​ឈប់​ឈរ ដោយ​សង្ឃឹម​ថា ព្រះ‌បន្ទូល​សន្យា​នោះនឹង​បាន​សម្រេច។ បពិត្រ​ព្រះ‌រាជា ជន​ជាតិ​យូដា​បាន​ចោទ​ប្រកាន់​ទូលបង្គំ ព្រោះ​តែ​សេចក្ដី​សង្ឃឹម​នេះ​ហើយ។  ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អស់​លោក​យល់​ថា ការ​ដែល​ព្រះ‌ជាម្ចាស់​ប្រោស​មនុស្ស​ស្លាប់ ឲ្យ​រស់​ឡើង​វិញ ជា​ការ​មួយ​មិន​គួរ​ឲ្យ​ជឿ​ដូច្នេះ!។
ចំណែក​ឯ​ទូលបង្គំ​ផ្ទាល់ ពី​ដើម ទូលបង្គំ​យល់​ឃើញ​ថា ត្រូវ​តែ​ប្រឆាំង​នឹង​ព្រះ‌នាម​ព្រះ‌យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​គ្រប់​យ៉ាង​ទាំង​អស់ ១០ ហើយ​ទូលបង្គំ​បាន​ប្រព្រឹត្ត​ដូច្នេះ នៅ​ក្រុង​យេរូ‌សាឡឹម​មែន គឺ​ទូលបង្គំ​បាន​ទទួល​ច្បាប់​អនុញ្ញាត​ពី​ក្រុម​នាយក​បូជា‌ចារ្យ* ដើម្បី​ចាប់​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌អម្ចាស់​​ជា​ច្រើន​នាក់​យក​ទៅ​ឃុំ‌ឃាំង។ នៅ​ពេល​គេ​សម្លាប់​អ្នក​ទាំង​នោះ ទូលបង្គំ​ក៏​យល់​ស្រប​ជា​មួយ​ដែរ។ ១១ ទូលបង្គំ​តែង​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ*​នានា​ជា​ញឹក​ញាប់ ដើម្បី​ធ្វើ​ទុក្ខ​ទោស​អ្នក​ទាំង​នោះ បង្ខំ​ឲ្យ​គេ​លះ‌បង់​ចោល​ជំនឿ​របស់​ខ្លួន។ ទូលបង្គំ​ខឹង​គេ​ជា​ខ្លាំង​ពន់​ពេក រហូត​ដល់​ទៅ​តាម​បៀត‌បៀន​គេ​ក្នុង​ក្រុង​នានា នៅ​បរទេស​ផង។ ១២ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដាម៉ាស ទាំង​ទទួល​អំណាច និង​ការ​អនុញ្ញាត​ពី​ក្រុម​នាយក​បូជា‌ចារ្យ។ ១៣ បពិត្រ​ព្រះ‌រាជា នៅ​តាម​ផ្លូវ ប្រមាណ​ជា​ថ្ងៃ​ត្រង់ ទូលបង្គំ​បាន​ឃើញ​ពន្លឺ​មួយ​ភ្លឺ​ជាង​ពន្លឺ​ថ្ងៃ​ទៅ​ទៀត ចាំង​ពី​លើ​មេឃ​មក​លើ​ទូលបង្គំ និង​លើ​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​ទូលបង្គំ។ ១៤ ពេល​នោះ យើង​ខ្ញុំ​ដួល​ទាំង​អស់​គ្នា ហើយ​ទូលបង្គំ​បាន​ឮ​សំឡេង​ពោល​មក​កាន់​ទូលបង្គំ​ជា​ភាសា​ហេប្រឺ​ថា “សាអ៊ូល សាអ៊ូល​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀត‌បៀន​ខ្ញុំ? អ្នក​ខំ​ប្រឹង​តយុទ្ធ​នឹង​ខ្ញុំ ដូច​គោ​ជល់​នឹង​ជន្លួញ​ដូច្នេះ​​មិន​កើត​ទេ”។ ១៥ ទូលបង្គំ​បាន​តប​ទៅ​វិញ​ថា “លោក​ម្ចាស់​អើយ តើ​លោក​ជា​នរណា?”។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ទូលបង្គំ​វិញ​ថា “ខ្ញុំ​ជា​យេស៊ូ​ដែល​អ្នក​កំពុង​តែ​បៀត‌បៀន។ ១៦ ចូរ​ក្រោក​ឈរ​ឡើង ខ្ញុំ​បង្ហាញ​ខ្លួន​ឲ្យ​អ្នក​ឃើញ មក​ពី​ខ្ញុំ​បាន​ជ្រើស‌រើស​អ្នក​ឲ្យ​បម្រើ ព្រម​ទាំង​ធ្វើ​ជា​បន្ទាល់​អំពី​ហេតុ‌ការណ៍​ដែល​ខ្ញុំ​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​ពេល​នេះ និង​ហេតុ‌ការណ៍​ឯ​ទៀតៗ ដែល​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ នៅ​ពេល​ខាង​មុខ។ ១៧ ខ្ញុំ​បាន​រំដោះ​អ្នក​ឲ្យ​រួច​ពី​សាសន៍​អ៊ីស្រា‌អែល និង​សាសន៍​ដទៃ។ ខ្ញុំ​ចាត់​អ្នក​ឲ្យ​ទៅ​រក​សាសន៍​ទាំង​នោះ ១៨ ដើម្បី​បើក​ភ្នែក​គេ​ឲ្យ​ភ្លឺ ឲ្យ​គេ​ងាក​ចេញ​ពី​សេចក្ដី​ងងឹត​បែរ​មក​រក​ពន្លឺ និង​ងាក​ចេញ​ពី​អំណាច​របស់​មារ*​សាតាំង បែរ​មក​រក​ព្រះ‌ជាម្ចាស់​វិញ ព្រម​ទាំង​ទទួល​ការ​អត់‌ទោស​ឲ្យ​រួច​ពី​បាប និង​ទទួល​មត៌ក​រួម​ជា​មួយ​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​ប្រោស​ឲ្យ​វិសុទ្ធ ដោយ​មាន​ជំនឿ​លើ​ខ្ញុំ”។
១៩ បពិត្រ​ព្រះ‌រាជា ទូលបង្គំ​ពុំ​បាន​ជំទាស់​នឹង​ការ​អស្ចារ្យ​ដែល​ទូលបង្គំ​និមិត្ត​ឃើញ​នោះ​ឡើយ។ ២០ ទូលបង្គំ​បាន​ប្រាប់​ប្រជាជន​នៅ​ក្រុង​ដាម៉ាស​មុន​គេ​បង្អស់ បន្ទាប់​មក ប្រាប់​ប្រជាជន​នៅ​ក្រុង​យេរូ‌សាឡឹម នៅ​ស្រុក​យូដា​ទាំង​មូល ហើយ​ប្រាប់​សាសន៍​ដទៃ​ឲ្យ​កែ​ប្រែ​ចិត្ត​គំនិត និង​បែរ​មក​រក​ព្រះ‌ជាម្ចាស់ ដោយ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​បញ្ជាក់​ថា គេ​ពិត​ជា​កែ​ប្រែ​ចិត្ត​គំនិត​មែន។ ២១ មក​ពី​ហេតុ​នេះ​ហើយ​បាន​ជា​សាសន៍​យូដា​នាំ​គ្នា​ចាប់​ទូលបង្គំ​នៅ​ក្នុង​ព្រះ‌វិហារ* ព្រម​ទាំង​ប៉ុន‌ប៉ង​ប្រហារ​ជីវិត​ទូលបង្គំ​ផង។ ២២ ប៉ុន្តែ ដោយ​ព្រះ‌ជាម្ចាស់​ការ‌ពារ​ទូលបង្គំ​រហូត​មក​ទល់​ថ្ងៃ​នេះ បាន​ជា​ទូលបង្គំ​នៅ​តែ​ផ្ដល់​សក្ខី‌ភាព​អំពី​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​អ្នក​តូច​អ្នក​ធំ។ ទូលបង្គំ​ពុំ​បាន​និយាយ​អ្វី​ក្រៅ​ពី​សេចក្ដី​ដែល​ពួក​ព្យាការី* និង​លោក​ម៉ូសេ បាន​ថ្លែង​ទុក​អំពី​ហេតុ‌ការណ៍​ដែល​ត្រូវ​តែ​កើត​មាន​នោះ​ឡើយ ២៣ ពោល​គឺ​ព្រះ‌គ្រីស្ដ*​បាន​រង​ទុក្ខ​លំបាក ហើយ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់ ព្រះ‌អង្គ​នឹង​ប្រទាន​ដំណឹង​អំពី​ពន្លឺ​នៃ​ការ​សង្គ្រោះ ប្រាប់​សាសន៍​អ៊ីស្រា‌អែល និង​សាសន៍​ដទៃ»។
២៤ កាល​លោក​ប៉ូល​កំពុង​មាន​ប្រសាសន៍​ការ‌ពារ​ខ្លួន​ដូច្នេះ លោក​ភេស្ទុស​ក៏​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំង​ថា៖ «ប៉ូល​អើយ អ្នក​វង្វេង​ស្មារតី​ហើយ! គឺ​អ្នក​រៀន​សូត្រ​ច្រើន​ពេក បាន​ជា​ត្រឡប់​ទៅ​ជា​វង្វេង​ស្មារតី​ដូច្នេះ!»។ ២៥ លោក​ប៉ូល​តប​វិញ​ថា៖ «សូម​ជម្រាប​ឯក‌ឧត្ដម​ភេស្ទុស ខ្ញុំ​បាទ​មិន​មែន​វង្វេង​ស្មារតី​ទេ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាទ​និយាយ​តែ​ពាក្យ​ពិត មាន​ន័យ​ត្រឹម​ត្រូវ។ ២៦ ព្រះ‌រាជា​ក៏​ជ្រាប​អំពី​ហេតុ‌ការណ៍​ទាំង​នេះរួច​ស្រេច​ទៅ​ហើយ​ដែរ ខ្ញុំ​បាទ​ហ៊ាន​និយាយ​នៅ​ចំពោះ​មុខ​ព្រះ‌អង្គ ដោយ​ឥត​ភ័យ​ខ្លាច​ឡើយ ដ្បិត​ខ្ញុំ​បាទ​ជឿ​ជាក់​ថា ព្រះ‌រាជា​ជ្រាប​ទាំង​អស់ ព្រោះ​ហេតុ‌ការណ៍​នេះ​មិន​មែន​កើត​ឡើង​ស្ងាត់ៗ នៅ​កៀន​កោះ​ណា​មួយ​នោះ​ទេ។ ២៧ បពិត្រ​ព្រះ‌រាជា តើ​ព្រះ‌អង្គ​ជឿ​ពួក​ព្យាការី​ឬ​ទេ? ទូលបង្គំ​ដឹង​ថាព្រះ‌អង្គ​ពិត​ជា​ជឿ​មែន!»។
២៨ ព្រះ‌បាទ​អគ្រី‌ប៉ា​មាន​រាជ‌ឱង្ការ​ទៅ​លោក​ប៉ូល​ថា៖ «នៅ​តែ​បន្ដិច​ទៀត អ្នក​មុខ​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ជា​គ្រីស្ដ‌បរិស័ទ​ហើយ!»។ ២៩ លោក​ប៉ូល​ទូល​តប​វិញ​ថា៖ «ទោះ​បី​នៅ​តែ​បន្ដិច​ទៀត ឬ​យូរ​ទៀត​ក្តី ទូលបង្គំ​អង្វរ​ព្រះ‌ជាម្ចាស់ សូម​ព្រះ‌អង្គ​ប្រោស‌ប្រណី មិន​ត្រឹម​តែ​ដល់​ព្រះ‌រាជា​ប៉ុណ្ណោះ​ទេ គឺ​ដល់​អស់​លោក​ដែល​កំពុង​ស្ដាប់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ សូម​ឲ្យ​ព្រះ‌រាជា និង​អស់​លោក​បាន​ដូច​ទូលបង្គំ​ដែរ លើក‌លែង​តែ​ការ​ជាប់​ច្រវាក់​នេះ​ចេញ!»។
៣០ ព្រះ‌រាជា លោក​ទេសា‌ភិបាល ព្រម​ទាំង​ម្ចាស់‌ក្សត្រិយ៍​បេរេ‌នីស និង​អ្នក​ឯ​ទៀតៗ​ដែល​អង្គុយ​នៅ​ទី​នោះ បាន​នាំ​គ្នា​ក្រោក​ឡើង ៣១ ហើយ​ចាក​ចេញ​ទៅ​ទាំង​និយាយ​គ្នា​ថា៖ «បុរស​នេះ​ពុំ​បាន​ធ្វើ​អ្វី​ខុស​ដែល​ត្រូវ​មាន​ទោស​ដល់​ជីវិត ឬ​ត្រូវ​ជាប់​ច្រវាក់​ឡើយ»។
៣២ ព្រះ‌បាទ​អគ្រី‌ប៉ា​មាន​រាជ‌ឱង្ការ​ទៅ​កាន់ លោក​ភេស្ទុស​ថា៖ «ប្រសិន​បើ​បុរស​នេះ​មិន​បាន​សុំ​ឡើង​ទៅ​ដល់​ព្រះ‌ចៅ​អធិ‌រាជ​ទេ​នោះ យើង​អាច​ដោះ​លែង​គាត់​បាន»។
២៧
លោក​ប៉ូល​ត្រូវ​គេ​បញ្ជូន​ទៅ​ក្រុង​រ៉ូម
 នៅ​ពេល​គេ​សម្រេច​ឲ្យ​ចុះ​សំពៅ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​អ៊ីតា‌លី គេ​ប្រគល់​លោក​ប៉ូល និង​អ្នក​ទោស​ខ្លះ​ទៀត​ទៅ​នាយ​ទាហាន​ម្នាក់​ឈ្មោះ​លោក​យូល្យុស ក្នុង​កង‌ទ័ព​របស់​ព្រះ‌មហា​ក្សត្រា‌ធិរាជ។
 យើង​បាន​ចុះ​សំពៅ​ដែល​មក​ពី​ក្រុង​អាដ្រា‌មីត រួច​ចេញ​ដំណើរ​ទៅ។ សំពៅ​នោះ​ត្រូវ​ចូល​ចត​នៅ​ស្រុក​អាស៊ី។ លោក​អរី‌ស្ដាក​ជា​អ្នក​ស្រុក​ម៉ាសេ‌ដូន ដែល​រស់​នៅ​ក្រុង​ថេស្សា‌ឡូនិក ក៏​បាន​រួម​ដំណើរ​ជា​មួយ​យើង​ដែរ។  នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​មក​ដល់​ក្រុង​ស៊ីដូន។ លោក​យូល្យុស​មាន​ចិត្ត​សប្បុរស​ចំពោះ​លោក​ប៉ូល​ណាស់ គាត់​អនុញ្ញាត​ឲ្យ​លោក​ប៉ូល​ទៅ​ផ្ទះ​មិត្ត‌ភក្ដិ ដើម្បី​ឲ្យ​គេ​ជួយ​ឧបត្ថម្ភ​លោក។  បន្ទាប់​មក​ទៀត យើង​បាន​ចេញ​សំពៅ​ពី​ក្រុង​នោះ សសៀរ​តាម​បណ្ដោយ​កោះ​គីប្រុស ព្រោះ​បញ្ច្រាស​ខ្យល់។  យើង​បាន​ឆ្លង​សមុទ្រ ជិត​ស្រុក​ស៊ីលីស៊ី និង​ស្រុក​ប៉ម‌ភីលី ហើយ​មក​ដល់​ក្រុង​មីរ៉ា ក្នុង​ស្រុក​លីស៊ី។  នៅ​ក្រុង​នោះ លោក​នាយ​ទាហាន​រក​បាន​សំពៅ​មួយ មក​ពី​ស្រុក​អាឡិច‌សន់ឌ្រី ហើយ​ត្រូវ​ចេញ​ទៅ​ស្រុក​អ៊ីតា‌លី គាត់​ក៏​នាំ​យើង​ចុះ​សំពៅ​នោះ។
 សំពៅ​ទៅ​មុខ​សន្សឹមៗ​អស់‌រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​បាន​មក​ដល់​ទន្ទឹម​នឹង​ក្រុង​គ្នីដូស ទាំង​លំបាក​បំផុត។ ដោយ​ខ្យល់​បក់​មក​ពី​មុខ យើង​ក៏​បត់​សំពៅ​ទៅ​រក​ជ្រោយ​សាល់‌ម៉ូណេ សសៀរ​តាម​បណ្ដោយ​កោះ​ក្រែត​វិញ។  យើង​បន្ដ​ដំណើរ​យ៉ាង​លំបាក តាម​បណ្ដោយ​កោះ​នោះ ហើយ​ក៏​បាន​មក​ដល់​កន្លែង​មួយ​ឈ្មោះ “កំពង់​ស្អាត” ដែល​នៅ​ជិត​ក្រុង​ឡាសេ។  យើង​បាន​ខាត​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​សំពៅ​ទៅ​មុខ​កាន់​តែ​ពិបាក ដ្បិត​ពេល​នោះ ជា​ពេល​ក្រោយ​ថ្ងៃ​ពិធី​បុណ្យ​តម​អាហារ​។ លោក​ប៉ូល​ជូន​យោបល់​គេ​ថា៖ ១០ «ខ្ញុំ​យល់​ថា បើ​យើង​បន្ដ​ដំណើរ​ទៅ​មុខ​ទៀត​នោះ គ្រោះ​ថ្នាក់​ណាស់ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ខូច​ខាត​ទំនិញ និង​សំពៅ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​យើង​ទៀត​ផង»។ ១១ ប៉ុន្តែ លោក​នាយ​ទាហាន​បាន​ទុក​ចិត្ត​អ្នក​បើក​សំពៅ និង​នាយ​សំពៅ​ជាង​ពាក្យ​របស់​លោក​ប៉ូល។ ១២ ដោយ​កំពង់‌ផែ​នោះ​មិន​មែន​ជា​កន្លែង​ស្រួល​ស្នាក់​អាស្រ័យ នៅ​រដូវ​រងា អ្នក​សំពៅ​ភាគ​ច្រើន​បាន​សម្រេច​ចិត្ត​ឲ្យ​ចេញ​សំពៅ​ទៅ​មុខ​ទៀត។ ប្រសិន​បើ​អាច​ធ្វើ​បាន គេ​ចង់​ទៅ​ដល់​ក្រុង​ភេនីច ជា​កំពង់‌ផែ​មួយ​នៅ​កោះ​ក្រែត ដែល​បែរ​ទៅ​រក​ទិស​និរតី និង​ទិស​ពាយ័ព្យ​ ដើម្បី​ស្នាក់​នៅ​ទី​នោះ​ក្នុង​រដូវ​រងា។
ខ្យល់​ព្យុះ
១៣ ពេល​នោះ មាន​ខ្យល់​បក់​មក​តិចៗ​ពី​ទិស​ខាង​ត្បូង ពួក​គេ​យល់​ឃើញ​ថា​ជា​ឱកាស​ល្អ​សម្រាប់​គម្រោង‌ការ​របស់​គេ គេ​ក៏​នាំ​គ្នា​ស្រាវ​យុថ្កា ហើយ​ចេញ​សំពៅ​សសៀរៗ​កោះ​ក្រែត​ទៅ។ ១៤ ប៉ុន្តែ បន្ដិច​ក្រោយ​មក មាន​ខ្យល់​ព្យុះ​មួយ​យ៉ាង​ខ្លាំង ឈ្មោះ «ខ្យល់​ព្យុះ​ឦសាន»​ បក់​ពី​កោះ​មក ១៥ នាំ​សំពៅ​ទៅ​តាម​ខ្យល់ ហើយ​ដោយ​យើង​ពុំ​អាច​ធ្វើ​ឲ្យ​សំពៅ​បើក​បញ្ច្រាស​ខ្យល់​វិញ​បាន យើង​ក៏​បណ្ដោយ​ឲ្យ​សំពៅ​រសាត់​ទៅ​តាម​ខ្យល់​ទៅ។ ១៦ ពេល​មក​ដល់​ខាង​ត្បូង​កោះ​តូច​មួយ​ឈ្មោះ​កោះ​កូដា យើង​បាន​លើក​សំប៉ាន​​ឡើង ទាំង​ពិបាក ១៧ បន្ទាប់​មក យើង​យក​ខ្សែ‌ពួរសម្រាប់​ប្រើ​នៅ​គ្រា​មាន​អាសន្ន មក​ចង​ព័ទ្ធ​ជុំ‌វិញ​សំពៅ ការ‌ពារ​កុំ​ឲ្យ​ធ្លាយ។ យើង​ក៏​បាន​ទម្លាក់​ឈើ​បណ្ដែត​​ចុះ​ដែរ ក្រែង​លោ​សំពៅ​ទៅ​កឿង​នៅ​ឈូង​សមុទ្រ​សៀរ‌ទីស​ រួច​ហើយ​ទុក​ឲ្យ​សំពៅ​រសាត់​ទៅ​តាម​ខ្យល់។ ១៨ នៅ​ថ្ងៃ​បន្ទាប់ ដោយ​ខ្យល់​ព្យុះ​បក់​បោក​មក​ខ្លាំង​ពេក គេ​បាន​ទម្លាក់​ទំនិញ​ចោល។ ១៩ នៅ​ថ្ងៃ​ទី​បី សូម្បី​តែ​ពួក​អ្នក​សំពៅ ក៏​បោះ​គ្រឿង​ប្រដាប់​សំពៅ​ចោល​ដែរ។ ២០ យើង​មើល​ថ្ងៃ ឬ​ផ្កាយ​មិន​ឃើញ​អស់‌រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ហើយ​ដោយ​ខ្យល់​ព្យុះ​នៅ​តែ​មាន​សន្ទុះ​ខ្លាំង​ដដែល នៅ​ទី​បំផុត យើង​ក៏​លែង​មាន​សង្ឃឹម​ថា​នឹង​បាន​រួច​ជីវិត។
២១ យើង​ពុំ​បាន​បរិភោគ​អ្វី​ជា​យូរ​ថ្ងៃ​មក​ហើយ។ លោក​ប៉ូល​ក៏​ក្រោក​ឈរ នៅ​កណ្ដាល​ចំណោម​អស់​អ្នក​ដែល​នៅ​ក្នុង​សំពៅ ហើយ​មាន​ប្រសាសន៍​ថា៖ «បើ​បង‌ប្អូន​ស្ដាប់​ខ្ញុំ ហើយ​មិន​ចាក​ចេញ​ពី​កោះ​ក្រែត​មក​ទេ​នោះ បង‌ប្អូន​ពិត​ជា​មិន​ត្រូវ​អន្តរាយ​ខូច​ខាត​ដូច្នេះ​ទេ។ ២២ ប៉ុន្តែ សូម​បង‌ប្អូន​កុំ​អស់​សង្ឃឹម​អី! គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​បង‌ប្អូន​ត្រូវ​បាត់​បង់​ជីវិត​ឡើយ គឺ​មាន​តែ​សំពៅ​ប៉ុណ្ណោះ​ទេ​ដែល​ត្រូវ​អន្តរាយ។ ២៣ ព្រោះ​ពី​យប់‌មិញ មាន​ទេវទូត*​របស់​ព្រះ‌ជាម្ចាស់ ដែល​ខ្ញុំ​ជឿ និង​គោរព​បម្រើ​បាន​មក​ជិត​ខ្ញុំ ២៤ ប្រាប់​ថា “ប៉ូល​អើយ កុំ​ខ្លាច​អី ដ្បិត​អ្នក​ត្រូវ​តែ​បាន​ទៅ​ឈរ​នៅ​មុខ​ព្រះ‌ចៅ​អធិ‌រាជ ហើយ​ដោយ​ព្រះ‌ជាម្ចាស់​ប្រោស‌ប្រណី​អ្នក ព្រះ‌អង្គ​នឹង​សង្គ្រោះ​អស់​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​អ្នក ឲ្យ​បាន​រួច​ជីវិត​ផង​ដែរ”។ ២៥ ហេតុ​នេះ បង‌ប្អូន​អើយ ចូរ​មាន​ចិត្ត​ក្លា‌ហាន​ឡើង ដ្បិត​ខ្ញុំ​ជឿ​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់​ថា នឹង​បាន​សម្រេច​ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មែន ២៦ គឺ​សំពៅ​យើង​នឹង​ត្រូវ​ទៅ​កឿង នៅ​កោះ​ណា​មួយ​ជា​មិន​ខាន»។
២៧ សំពៅ​យើង​បាន​រសាត់​អណ្ដែត​លើ​ផ្ទៃ​សមុទ្រ​អាឌ្រី‌យ៉ាទីក អស់‌រយៈ​ពេល​ដប់‌បួន​ថ្ងៃ​មក​ហើយ។ ពេល​នោះ ប្រមាណ​ជា​ពាក់​កណ្ដាល​អធ្រាត្រ ពួក​អ្នក​សំពៅ​នឹក​សង្ស័យ​ថា ប្រហែល​ជា​មក​ជិត​ដល់​ដី​គោក​ហើយ។ ២៨ គេ​បោះ​ខ្សែ​សម្ទង់​ទៅ​ក្នុង​ទឹក​ឃើញ​ថា មាន​ជម្រៅ​សាម‌សិប​ប្រាំ​ពីរ​ម៉ែត្រ។ លុះ​ទៅ​មុខ​បន្ដិច គេ​បោះ​ខ្សែ​សម្ទង់​ទៅ​ក្នុង​ទឹក​ម្ដង​ទៀត ឃើញ​ថាមាន​ជម្រៅម្ភៃ​ប្រាំ​បី​ម៉ែត្រ។ ២៩ ដោយ​ខ្លាច​ក្រែង​សំពៅ​រសាត់​ទៅ​ប៉ះ​នឹង​ថ្ម ពួក​គេ​ទម្លាក់​យុថ្កា​បួន នៅ​ខាង​កន្សៃ ហើយ​ទន្ទឹង​រង់‌ចាំ​ភ្លឺ។ ៣០ ពួក​អ្នក​សំពៅ​ចង់​រត់​ចោល​សំពៅ គេ​ក៏​នាំ​គ្នា​សម្រូត​សំប៉ាន​ចុះ​ទៅ​ក្នុង​សមុទ្រ ដោយ​យក​លេស​ថា គេ​ចង់​ទាញ​យុថ្កា​ទៅ​ដាក់​នៅ​ខាង​ក្បាល​សំពៅ​វិញ។ ៣១ លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​នាយ​ទាហាន និង​កូន​ទាហាន​ថា៖ «ប្រសិន​បើ​អ្នក​ទាំង​នេះ​មិន​នៅ​ក្នុង​សំពៅ​ទេ អស់​លោក​ប្រាកដ​ជា​ពុំ​អាច​រួច​ជីវិត​បាន​ឡើយ»។ ៣២ ពួក​ទាហាន​ក៏​កាប់​ផ្ដាច់​ខ្សែ ទម្លាក់​សំប៉ាន​នោះ​ទៅ​ក្នុង​សមុទ្រ​បាត់​ទៅ។
៣៣ លុះ​ទៀប​ភ្លឺ លោក​ប៉ូល​អញ្ជើញ​គេ​ទាំង​អស់​គ្នា​ឲ្យ​បរិភោគ​អាហារ ដោយ​មាន​ប្រសាសន៍​ថា៖ «បង‌ប្អូន​បាន​ទ្រាំ​តម​អាហារ​អស់‌រយៈ​ពេល​ដប់‌បួន​ថ្ងៃ​មក​ហើយ បង‌ប្អូន​ពុំ​បាន​ពិសា​អ្វី​សោះ។ ៣៤ ដូច្នេះ សូម​បង‌ប្អូន​អញ្ជើញ​ពិសា​ទៅ ដើម្បី​ឲ្យ​បាន​រួច​ជីវិត ដ្បិត​នៅ​ក្នុង​ចំណោម​បង‌ប្អូន សូម្បី​តែ​សក់​មួយ​សរសៃ​របស់​បង‌ប្អូនក៏​មិន​បាត់​ផង»។ ៣៥ លោក​មាន​ប្រសាសន៍​ដូច្នោះ​ហើយ ក៏​យក​នំបុ័ង​មក​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា រួច​លោក​កាច់​បរិភោគ។ ៣៦ ពេល​នោះ អ្នក​ដែល​នៅ​ក្នុង​សំពៅ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ គេ​ក៏​បរិភោគ​ទាំង​អស់​គ្នា។ ៣៧ នៅ​ក្នុង​សំពៅ​នោះ យើង​មាន​គ្នា​ទាំង​អស់​ពីរ‌រយ​ចិត‌សិប​ប្រាំ​មួយ​នាក់។ ៣៨ កាល​បរិភោគ​ឆ្អែត​ហើយ គេ​ក៏​លើក​បាវ​ស្រូវ​ទម្លាក់​ទៅ​ក្នុង​សមុទ្រ ដើម្បី​ឲ្យ​ស្រាល​សំពៅ។
សំពៅ​លិច
៣៩ លុះ​ភ្លឺ​ឡើង អ្នក​សំពៅ​មើល​ស្រុក​នោះ​មិន​ស្គាល់​ទេ គេ​ឃើញ​តែ​ឆក​សមុទ្រ ដែល​មាន​វាល​ខ្សាច់។ គេ​បាន​សម្រេច​ចិត្ត​ចូល​សំពៅ​ទៅ​បង្កឿង​នៅ​ទី​នោះ ប្រសិន​បើ​អាច​ចូល​ទៅ​បាន។ ៤០ គេ​ក៏​ស្រាយ​ខ្សែ​យុថ្កា​ទម្លាក់​ចោល​ទៅ​ក្នុង​សមុទ្រ ព្រម​ទាំង​ស្រាយ​ខ្សែ​ចង្កូត​ចោល​ផង​ដែរ រួច​គេ​លើក​ក្តោង​ខាង​មុខ​ឡើង ឲ្យ​សំពៅ​ចូល​ទៅ​រក​ច្រាំង ៤១ ប៉ុន្តែ សំពៅ​បាន​បុក​ខ្សាច់ ដែល​នៅ​ចន្លោះ​ខ្សែ​ទឹក​ពីរ បណ្ដាល​ឲ្យ​សំពៅ​កឿង​នៅ​ទី​នោះ​ទៅ ក្បាល​សំពៅ​នៅ​ជាប់​នឹង​ថ្កល់ រីឯ​កន្សៃ​វិញ បាន​ត្រូវ​បាក់​បែក ដោយ​ទឹក​រលក​បក់​បោក​ផ្ទប់​មក​យ៉ាង​ខ្លាំង។
៤២ ពួក​ទាហាន​មាន​បំណង​សម្លាប់​អ្នក​ទោស​ទាំង​អស់​ចោល ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​ហែល​ទឹក​គេច​ខ្លួន​បាន​ឡើយ។ ៤៣ ប៉ុន្តែ ដោយ​នាយ​ទាហាន​ចង់​សង្គ្រោះ​ជីវិត​លោក​ប៉ូល គាត់​ក៏​ជំទាស់​នឹង​គោល​បំណង​របស់​កូន​ទាហាន​ទាំង​នោះ។ គាត់​បាន​បញ្ជា​ឲ្យ​អស់​អ្នក​ដែល​ចេះ​ហែល​ទឹក​លោត​ទៅ​ក្នុង​ទឹក ហែល​ទៅ​រក​គោក​មុន ៤៤ រីឯ​អ្នក​មិន​ចេះ​ហែល​ទឹក ត្រូវ​តោង​បន្ទះ​ក្តារ ឬ​តោង​បំណែក​សំពៅ​ហែល​ទៅ​តាម​ក្រោយ។ ធ្វើ​ដូច្នេះ គេ​បាន​ទៅ​ដល់​ដី​គោក ដោយ​សុខ‌សាន្ត​គ្រប់ៗ​គ្នា។
២៨
លោក​ប៉ូល​នៅ​កោះ​ម៉ាល់ត៍
 កាល​បាន​រួច​ជីវិត​ហើយ យើង​ដឹង​ថា កោះ​នោះ​ឈ្មោះ កោះ​ម៉ាល់ត៍។  អ្នក​កោះ​នោះ​បាន​ទទួល​យើង ដោយ​ចិត្ត​សប្បុរស រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន។ គេ​អញ្ជើញ​យើង​ទាំង​អស់​គ្នា​មក​ជុំ‌វិញ​ភ្នក់​ភ្លើង​មួយ​យ៉ាង​ធំ ដែល​គេ​បាន​ដុត ដ្បិត​ពេល​នោះ​មាន​ភ្លៀង​ធ្លាក់ ហើយ​ធាតុ​អាកាស​ក៏​ត្រជាក់​ណាស់​ផង។  លោក​ប៉ូល​រើស​មែក​ឈើ​មួយ​កង​មក​បោះ​ក្នុង​ភ្លើង ស្រាប់​តែ​មាន​ពស់​វែក​មួយ​លូន​ចេញ​មក ដោយ​កម្ដៅ​ភ្លើង ហើយ​ចឹក​ដៃ​លោក​ជាប់។  កាល​អ្នក​កោះ​នោះ​ឃើញ​ពស់​ចឹក​ដៃ​លោក​ជាប់​ដូច្នេះ ក៏​និយាយ​គ្នា​ថា៖ «អ្នក​នេះ​ពិត​ជា​បាន​សម្លាប់​គេ​ហើយ ទោះ​បី​គាត់​ទើប​នឹង​រួច​ខ្លួន​ពី​សមុទ្រ​នោះ​ក៏​ដោយ ក៏​ព្រះ​យុត្តិធម៌​ មិន​ទុក​ឲ្យ​គាត់​នៅ​រស់​រាន​មាន​ជីវិត​ដែរ»។  លោក​ប៉ូល​បាន​រលាស់​ពស់​នោះ​ទម្លាក់​ទៅ​ក្នុង​ភ្លើង តែ​លោក​ពុំ​ឈឺ​ចុក​ចាប់​អ្វី​ទេ។  អ្នក​កោះ​នោះ​រង់‌ចាំ​មើល​លោក​ប៉ូលហើម​ខ្លួន ឬ​ក៏​ត្រូវ​ដាច់​ខ្យល់​ស្លាប់។ ប៉ុន្តែ ក្រោយ​ពី​ចាំ​មើល​អស់‌រយៈ​ពេល​យ៉ាង​យូរ​មក គេ​ឃើញ​ថា​គ្មាន​ហេតុ​អាក្រក់​កើត​ដល់​លោក​សោះ គេ​ក៏​ដូរ​គំនិត ហើយ​បែរ​ជា​ពោល​ថា លោក​ប៉ូល​ជា​ព្រះ​វិញ។
 នៅ​ជិត​នោះ មាន​ដី​មួយ​កន្លែង ដែល​ជា​កម្ម‌សិទ្ធិ​របស់​មេ‌កន្ទ្រាញ​កោះ ឈ្មោះ ពុបលីយូស។ គាត់​បាន​ទទួល​យើង​ឲ្យ​ស្នាក់​នៅយ៉ាង​រាក់‌ទាក់ ចំនួន​បី​ថ្ងៃ។  ឪពុក​របស់​លោក​ពុបលីយូស​សម្រាន្ដ​នៅ​លើ​គ្រែ ព្រោះ​គាត់​គ្រុន​ផង មួល​ផង។ លោក​ប៉ូល​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​គាត់ ហើយ​អធិស្ឋាន​ដាក់​ដៃ*​ពី​លើ និង​ប្រោស​គាត់​ឲ្យ​ជា។  អ្នក​ជំងឺ​ឯ​ទៀតៗ​នៅ​លើ​កោះ​ឃើញ​គាត់​ជា​ដូច្នេះ គេ​ក៏​នាំ​គ្នា​មក​ដែរ ហើយ​បាន​ជា​ទាំង​អស់​គ្នា។ ១០ ពួក​គេ​បាន​សម្ដែង​ការ​គោរព​គ្រប់​យ៉ាង ចំពោះ​យើង។ នៅ​ពេល​យើង​ចេញ​ដំណើរ ពួក​គេ​បាន​ជួយ​ឧបត្ថម្ភ​នូវ​អ្វីៗ​ដែល​យើង​ត្រូវ​ការ។
លោក​ប៉ូល​នៅ​ក្រុង​រ៉ូម
១១ បី​ខែ​ក្រោយ​មក យើង​ចុះ​សំពៅ​មួយ​ឈ្មោះ «ឌីយ៉ូស‌ស្គួរ» ជា​សំពៅ​មក​ពី​ក្រុង​អាឡិច‌សន់ឌ្រី ដែល​បាន​ចត​នៅ​កោះ​នោះ​ក្នុង​អំឡុង​ពេល​រដូវ​រងា។ ១២ លុះ​មក​ដល់​ក្រុង​ស៊ីរ៉ា‌គូស យើង​បាន​ស្នាក់​នៅ​ទី​នោះ​បី​ថ្ងៃ។ ១៣ បន្ទាប់​មក យើង​បាន​សសៀរ​តាម​ឆ្នេរ​សមុទ្រទៅ​ដល់​ក្រុង​រេគីយ៉ូ។ ស្អែក​ឡើង មាន​ខ្យល់​បក់​មក​ពី​ទិស​ខាង​ត្បូង ហើយ​ក្នុង​រវាង​តែ​ពីរ​ថ្ងៃ យើង​មក​ដល់​ក្រុង​ពូតេ‌អូលី។ ១៤ នៅ​ក្រុង​នោះ យើង​បាន​ជួប​ពួក​បង‌ប្អូន គេ​អញ្ជើញ​យើង​ឲ្យ​ស្នាក់​នៅ​ជា​មួយ​អស់‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។
រីឯ​ដំណើរ​របស់​យើង​ទៅ​កាន់​ក្រុង​រ៉ូម បាន​ប្រព្រឹត្ត​ដូច​ត​ទៅ:
១៥ ពួក​បង‌ប្អូន​នៅ​ក្រុង​រ៉ូម​ដឹង​ដំណឹង​អំពី​យើង ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​រហូត​ទៅ​ដល់​ផ្សារ​អពីយូស និង​ភូមិ​ផ្ទះ​សំណាក់​បី​ខ្នង ដើម្បី​ទទួល​យើង។ កាល​លោក​ប៉ូល​ឃើញ​បង‌ប្អូន​ទាំង​នោះ លោក​បាន​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ហើយ​មាន​ចិត្ត​ក្លា‌ហាន​ឡើង​វិញ។
១៦ លុះ​យើង​មក​ដល់​ក្រុង​រ៉ូម​ហើយ អាជ្ញា‌ធរ​អនុញ្ញាត​ឲ្យ​លោក​ប៉ូល​នៅ​ផ្ទះ​មួយ តាម​បំណង​ចិត្ត​លោក តែ​គេ​ដាក់​ទាហាន​ម្នាក់​ឲ្យ​នៅ​យាម​លោក​។
លោក​ប៉ូល​ប្រកាស​ព្រះ‌បន្ទូល​នៅ​ក្រុង​រ៉ូម
១៧ បី​ថ្ងៃ​ក្រោយ​មក លោក​ប៉ូល​អញ្ជើញ​អ្នក​មុខ​អ្នក​ការ ក្នុង​ចំណោម​ជន​ជាតិ​យូដា​ឲ្យ​មក​ជួប​លោក។ លុះ​គេ​មក​ជួប‌ជុំ​គ្នា​ហើយ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បង‌ប្អូន​អើយ ខ្ញុំ​ពុំ​បាន​ធ្វើ​អ្វី​ប្រឆាំង​នឹង​ប្រជា‌ជាតិ​យើង ឬ​ក៏​ទាស់​នឹង​ប្រពៃណី​បុព្វបុរស*​យើង​ទេ តែ​គេ​បាន​ចាប់​ខ្ញុំ​ឃុំ‌ឃាំង​នៅ​ក្រុង​យេរូ‌សាឡឹម និង​បញ្ជូន​ខ្ញុំ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​រ៉ូម៉ាំង។ ១៨ កាល​ពួក​រ៉ូម៉ាំង​សួរ​ចម្លើយ​ខ្ញុំ​រួច​រាល់​ហើយ គេ​ចង់​ដោះ​លែង​ខ្ញុំ​វិញ ព្រោះ​គេ​ពុំ​ឃើញ​ខ្ញុំ​មាន​កំហុស​អ្វី គួរ​នឹង​មាន​ទោស​ដល់​ជីវិត​នោះ​ឡើយ។ ១៩ ប៉ុន្តែ ជន​ជាតិ​យូដា​បាន​នាំ​គ្នា​ជំទាស់ ជា​ហេតុ​បង្ខំ​ឲ្យ​ខ្ញុំ​សុំ​ឡើង​មក​ដល់​ព្រះ‌ចៅ​អធិ‌រាជ។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​គ្មាន​គោល​បំណង​នឹង​ចោទ​ប្រកាន់​ប្រជា‌ជាតិ​របស់​ខ្ញុំ​ទេ។ ២០ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ជួប និង​សុំ​និយាយ​ជា​មួយ​បង‌ប្អូន ដ្បិត​ខ្ញុំ​ជាប់​ចំណង ព្រោះ​តែ​សេចក្ដី​សង្ឃឹម​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​»។ ២១ អ្នក​ទាំង​នោះ​តប​វិញ​ថា៖ «យើង​ពុំ​បាន​ទទួល​សំបុត្រ​អ្វី​ពី​ស្រុក​យូដាស្ដី​អំពី​លោក​ឡើយ ហើយ​ក៏​គ្មាន​បង‌ប្អូន​ណា​ម្នាក់​មក​រាយ‌ការណ៍ ឬ​និយាយ​អាក្រក់​ពី​លោក​ដែរ។ ២២ យើង​ចង់​ស្ដាប់​លោក​មាន​ប្រសាសន៍​អំពី​គំនិត​របស់​លោក ព្រោះ​យើង​ដឹង​ថា​មាន​គេ​ជំទាស់​នឹង​គណៈ​របស់​លោក​នៅ​គ្រប់​ទី​កន្លែង»។
២៣ គេ​បាន​ណាត់​ពេល​ជួប​លោក​ប៉ូល​ម្ដង​ទៀត នៅ​ថ្ងៃ​ណា​មួយ។ លុះ​ដល់​ថ្ងៃ​នោះ​ហើយ មាន​មនុស្ស​ច្រើន​ជាង​មុន​មក​ផ្ទះ​លោក​ប៉ូល។ លោក​បាន​វែក‌ញែក និង​ធ្វើ​ជា​បន្ទាល់​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ប្រាប់​គេ តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច ដោយ​លើក​យក​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ និង​គម្ពីរ​ព្យាការី* មក​ពន្យល់​បញ្ជាក់​ប្រាប់​គេ​អំពី​ព្រះ‌យេស៊ូ។ ២៤ មាន​ពួក​គេ​មួយ​ផ្នែក​បាន​ជឿ​ពាក្យ​ដែល​លោក​មាន​ប្រសាសន៍ តែ​មួយ​ផ្នែក​ទៀត​ពុំ​ព្រម​ជឿ​ទេ។ ២៥ ដោយ​ពួក​គេ​ចាក​ចេញ​ពី​ទី​នោះ​ទៅ​ទាំង​ខ្វែង​គំនិត​គ្នា លោក​ប៉ូល​ក៏​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​មាន​ព្រះ‌បន្ទូល​មក​កាន់​បុព្វបុរស​យើង តាម‌រយៈ​ព្យាការី​អេសាយ​ពិត​ជា​ត្រូវ​មែន គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖
២៦ ចូរ​ទៅ​រក​ប្រជា‌រាស្ដ្រ​នោះ
ហើយ​ប្រាប់​ពួក​គេ​ថា:
អ្នក​រាល់​គ្នា​ស្ដាប់​ឮ​មែន តែ​ពុំ​យល់​ទេ
អ្នក​រាល់​គ្នា​មើល​មែន តែ​ពុំ​ឃើញ​ទេ
២៧ ដ្បិត​ចិត្ត​របស់​ប្រជា‌រាស្ដ្រ​នេះ​រឹង​ណាស់
គេ​បាន​នាំ​គ្នា​ខ្ទប់​ត្រចៀក ហើយ​បិទ​ភ្នែក
ដើម្បី​កុំ​ឲ្យ​មើល​ឃើញ កុំ​ឲ្យ​ស្ដាប់​ឮ
និង​ដើម្បី​កុំ​ឲ្យ​យល់
ហើយ​ក៏​មិន​ចង់​កែ​ប្រែ​ចិត្ត​គំនិត​ដែរ
ក្រែង​លោ​យើង​ប្រោស​គេ​ឲ្យ​បាន​ជា»​។
២៨ ហេតុ​នេះ សូម​បង‌ប្អូន​ជ្រាប​ថា ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ព្រះ‌បន្ទូល ស្ដី​អំពី​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ​ឲ្យ​សាសន៍​ដទៃ​វិញ ព្រោះ​គេ​មុខ​ជា​ស្ដាប់​មិន​ខាន។ ២៩ [កាល​លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នេះ​ហើយ ជន​ជាតិ​យូដា​ក៏​ចេញ​ទៅ ទាំង​ជជែក​គ្នា​យ៉ាង​ខ្លាំង​ផង]។
៣០ លោក​ប៉ូលបាន​ស្នាក់​នៅ​ផ្ទះ​ដែល​លោក​បាន​ជួល​នោះ អស់‌រយៈ​ពេល​ពីរ​ឆ្នាំ ហើយ​លោក​តែង​ទទួល​អស់​អ្នក​ដែល​មក​ជួប​លោក។ ៣១ លោក​បាន​ប្រកាស​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់ និង​បង្រៀន​គេ​អំពី​ព្រះ‌យេស៊ូ‌គ្រីស្ដ​ដោយ​ចិត្ត​អង់‌អាច ហើយ​គ្មាន​អ្វី​មក​រារាំង​លោក​ឡើយ។
994 Views

Theme: Overlay by Kaira