ថ្ងៃអង្គារ អាទិត្យទី៣៣
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃអង្គារ ទី១៨ ខែវិច្ឆិការ ឆ្នាំ២០២៥
តាំងពីបុរាណកាលមក គ្រីស្តបរិស័ទតែងតែធ្វើបូជនីយចរទៅគោរពផ្លូវរបស់សន្តសិលានៅភ្នំវ៉ាទីកង់ ហើយក៏ទៅគោរពផ្នូរសន្តប៉ូលដែលនៅតាមផ្លូវទៅក្រុងអូស៊ីយ៉ា។ ប្រហែលនៅ គ.ស ៣៣០ ព្រះចៅអធិរាជរ៉ូមាំងព្រះនាមកុងស្តង់ទីនបញ្ជាឱ្យកសាងព្រះវិហារមួយនៅលើភ្នំវ៉ាទីកង់ ត្រង់ទីស្មសានមួយកន្លែង គ្រីស្តបរិស័ទសន្មតថា គេកប់សពសន្តសិលា។ ទាំងពីសតវត្សទី ១៤មក សម្តេចប៉ាបនានានាំគ្នាធ្វើពិធីបុណ្យឧិឡារិកទាំងប៉ុន្មានប្រចាំឆ្នាំ ក្នុងព្រះវិហារសន្តសិលានោះ។ គ្រីស្តបរិស័ទសាងព្រះវិហារនេះឡើងវិញនៅសតវត្សទី ១៦។ ព្រះវិហារនេះធំជាងគេក្នុងសកលលោកទាំងមូល។ សម្តេចប៉ាបធ្វើពិធីឆ្លងនៅឆ្នាំ ១៦២៦។ អស់លោកអភិបាលព្រះសហគមន៍បានជួបជុំគ្នា ជាមហាសន្និបាតពីរលើក (វ៉ាទីកង់ទី១ និងទី២) ក្នុងព្រះវិហារនោះ។ គ្រីស្តបរិស័ទកសាងព្រះវិហារ សន្តប៉ូល ក្រៅកំពែងទីក្រុងរ៉ូម ត្រង់កន្លែងគ្រីស្តបរិស័ទពីដើមសន្មតថា គេកប់សពរបស់សន្តប៉ូល។ ព្រះចៅអធិរាជ វ៉ាលិនទីញាំង ទី២ ធ្វើបុណ្យឆ្លងព្រះវិហារនេះ នៅគ.ស ៣៨៦។ គេសាងព្រះវិហារនេះឡើងវិញ នៅគ.ស ១៨២៣ ក្រោយពីត្រូវអគ្គីភ័យបំផ្លាញអស់។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរមរណសាក្សីនៃជនជាតិអ៊ីស្រាអែល ១មបា ៦,១៨-៣១
លោកអេឡាសារជាធម្មាចារ្យដ៏សំខាន់ម្នាក់ក្នុងចំណោមធម្មាចារ្យទាំងប៉ុន្មាន។ លោកមានវ័យចំណាស់ទៅហើយ ឫកពារក៏ល្អគួរឱ្យគោរព។ គេចាប់បើកមាត់បង្ខំឱ្យលោកពិសារសាច់ជ្រូក។ លោកស៊ូស្លាប់យ៉ាងថ្លៃថ្នូរ ប្រសើរជាងរស់នៅយ៉ាងអាម៉ាស់។ លោកស្ម័គ្រចិត្តដើរតម្រង់ទៅកន្លែងធ្វើទារុណកម្ម។ លោកខ្ជាក់សាច់ពីក្នុងមាត់ ដូចអ្នកក្លាហានមិនព្រមពិសារអ្វី ដែលគម្ពីរវិន័យមិនអនុញ្ញាតឱ្យបរិភោគ ទោះបីត្រូវបាត់បង់ជីវិតក៏ដោយ។ អស់លោកដែលធ្វើជាអធិបតីក្នុងពិធីជប់លៀងព្រះដទៃ ដែលវិន័យហាមនោះ ស្គាល់លោកជាយូរយារណាស់មកហើយ។ គេនាំលោកអេឡាសារទៅដោយឡែកពីប្រជាជន ហើយបញ្ចេះឱ្យគេយកសាច់ដែលវិន័យអនុញ្ញាតឱ្យបរិភោគ មកធ្វើម្ហូបសម្រាប់លោក រួចលោកត្រូវតែពិសារសាច់ដែលគេធ្វើនោះ ហើយធ្វើពុតដូចជាពិសារសាច់ដែលគេបូជាថ្វាយព្រះដទៃ តាមបញ្ជារបស់ព្រះរាជា។ ធ្វើដូច្នេះ នោះលោកនឹងរួចជីវិត។ អ្នកទាំងនោះនិយាយដូច្នេះ ព្រោះអាណិតស្រលាញ់រាប់អានគាត់ជាយូរយារណាស់មកហើយ។ ប៉ុន្តែ លោកអេឡាសារប្តេជ្ញាចិត្តយ៉ាងអង់អាចតាមវ័យ និងសក់ស្កូវរបស់គាត់ ព្រមទាំងតាមចរិយាសម្បត្ដិ ដ៏ប្រសើរ ដែលលោកមានតាំងពីកុមារមក ជាពិសេស លោកចង់ធ្វើឱ្យស្របតាមវិន័យដ៏វិសុទ្ធ ដែលព្រះជាម្ចាស់បានតែងតាំង។ លោកសុំឱ្យគេបញ្ជូនលោកទៅស្ថានមច្ចុរាជ ទាំងប្រាប់ថា៖ «មនុស្សមានអាយុប៉ុនខ្ញុំនេះ មិនគួរនឹងបោកបញ្ឆោតគេឡើយ! បើខ្ញុំធ្វើពុតដូច្នេះ យុវជនជាច្រើនមុខជាស្មានថា អេឡាសារខ្ញុំនេះមានអាយុកៅសិបឆ្នាំទៅហើយ បែកចិត្តទៅធ្វើតាមទំនៀមទម្លាប់របស់ជនជាតិបរទេស!។ ដូច្នេះ យុវជនទាំងនោះមុខជាវង្វេងដោយសារតែកំហុសរបស់ខ្ញុំ ដែលធ្វើពុតចង់រស់រានមានជីវិតមួយរយៈពេលយ៉ាងខ្លីនេះជាមិនខាន។ ធ្វើដូច្នេះ មិនសមរម្យទេ! ប្រសិនបើខ្ញុំធ្វើក្នុងពេលដែលខ្ញុំមានវ័យចាស់ដូច្នេះ ខ្ញុំនឹងអាប់ឱនកិត្តិយសរបស់ខ្ញុំ ហើយត្រូវសៅហ្មងទៀតផង!។ ទោះបីខ្ញុំរួចទោសពីមនុស្សលោកពេលឥឡូវនេះក្តី ក៏ខ្ញុំមិនអាចគេចរួចពីព្រះហស្តនៃព្រះដ៏មានឫទ្ធានុភាពសព្វប្រការបានដែរ។ ទោះបីរស់ឬស្លាប់ក្តី ក៏ខ្ញុំមិនរួចខ្លួនឡើយ។ ហេតុដូច្នេះ ឥឡូវនេះ ខ្ញុំសុខចិត្តលះបង់ជីវិតរបស់ខ្ញុំដោយក្លាហាន ខ្ញុំនឹងបង្ហាញកិត្តិយសឱ្យសមតាមអាយុរបស់ខ្ញុំ ដោយធ្វើជាគំរូដ៏ល្អទុកសម្រាប់យុវជន គឺគំរូរបស់អ្នកដែលស្ម័គ្រចិត្តស្លាប់ដោយមិនរួញរា ដើម្បីគោរពវិន័យដ៏វិសុទ្ធ។ មានប្រសាសន៍ដូច្នេះហើយ លោកអេឡាសារក៏ដើរតម្រង់ទៅកន្លែងធ្វើទារុណកម្ម។ រីឯអស់អ្នកដែលនាំលោក គេក៏នាំគ្នាដូរចិត្តគំនិត កាលពីមុន ពួកគេដែលធ្លាប់តែអាណិតស្រលាញ់លោក បែរជាស្អប់លោកទៅវិញ ព្រោះគេចាត់ទុកពាក្យដែលលោកមានប្រសាសន៍នោះថា ជាពាក្យឆ្កួតលេលា។ រីឯលោកវិញ ពេលលោកជិតផុតដង្ហើម ដោយសារគេវាយធ្វើបាបនោះ លោកមានប្រសាសន៍ទាំងថ្ងូរថា៖ «ព្រះអម្ចាស់ជ្រាបអ្វីៗទាំងអស់ ព្រះអង្គជ្រាបច្បាស់ថា ទូលបង្គំអាចរួចពីស្លាប់បាន។ នៅពេលនេះ គេវាយដំខ្លួនប្រាណទូលបង្គំយ៉ាងសាហាវយង់ឃ្នង តែក្នុងចិត្តទូលបង្គំរងទុក្ខដោយសប្បាយ ព្រោះទូលបង្គំគោរពកោតខ្លាចព្រះអង្គ»។ លោកអេឡាសារចែកស្ថានទៅយ៉ាងនេះ។ ការស្លាប់របស់លោកមិនត្រឹមតែធ្វើជាគំរូសម្រាប់យុវជនប៉ុណ្ណោះទេ គឺសម្រាប់ប្រជាជាតិជាច្រើនទៀតផង។ គេនឹកចាំពីព្រហ្មវិហារធម៌ និងចិត្តអង់អាចក្លាហានរបស់លោកតរៀងទៅ។
ទំនុកតម្កើងលេខ ៣,២-៧ បទបន្ទោលកាក
| ២ | ឱ!ព្រះអម្ចាស់ | សត្រូវច្រើនណាស់ជិតជុំ | |
| អ្នកប្រឆាំងខ្ញុំ | ក៏មកមូលផ្តុំច្រើនដែរ | ។ |
| ៣ | អ្នកខ្លះពោលថា៖ | «អង្គម្ចាស់ក្សត្រាងាកបែរ | |
| មិនសង្គ្រោះទេ | ទ្រង់ទុកឱ្យគេឯកោ» | ។ |
| ៤ | ឱ!ព្រះអម្ចាស់ | ទ្រង់វិសេសណាស់អស្ចារ្យ | |
| ជាខែលការពារ | ដល់ថ្ងៃនេះណាពិតណាស់ | ។ |
| ព្រះអង្គប្រទាន | សិរីឱ្យមានត្រចះ | |
| ហើយព្រះអង្គប្រោស | ឱ្យខ្ញុំងើបមុខវិញបាន | ។ |
| ៥ | ខ្ញុំហៅរកព្រះ | ជាម្ចាស់អស់ពីចិត្តប្រាណ | |
| ព្រះអង្គក៏បាន | តបឆ្លើយពីភ្នំឥតសល់ | ។ |
| ៦ | ខ្ញុំទម្រេតឥតខ្វល់ | លង់លក់សមសួនស្កប់ស្កល់ | |
| ភ្ញាក់ឡើងឥតខ្វល់ | ដ្បិតទ្រង់ផ្ដល់ការគាំទ្រ | ។ |
| ៧ | ទោះបីមានមនុស្ស | លើកគ្នាស្រីប្រុសឈួឆរ | |
| ប្រឆាំងតបត | ក៏ខ្ញុំមិនភ័យខ្លាចដែរ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១០៣,៨.១០-១២
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះហប្ញទ័យអាណិតអាសូរ ព្រះអង្គមិនដាក់ទោសយើងឱ្យសមនឹងអំពើបាបដែលយើងបានប្រព្រឹត្តនោះឡើយ។ ព្រះអង្គក៏បានដកកំហុសរបស់យើងចេញពីយើង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៩,១-១០
ព្រះយេស៊ូមកដល់ក្រុងយេរីខូ ហើយយាងកាត់ទីក្រុង។ មានបុរសម្នាក់ឈ្មោះសាខេ ជាមេលើអ្នកទារពន្ធ គាត់មានទ្រព្យសម្បត្តិយ៉ាងច្រើន។ គាត់ចង់ឃើញព្រះយេស៊ូមានភិនភាគយ៉ាងណា ប៉ុន្តែ ដោយមានមនុស្សច្រើនពេក ហើយដោយគាត់មានមាឌតូចទៀតផងនោះ គាត់មើលព្រះអង្គមិនឃើញទេ។ គាត់រត់ទៅខាងមុខ ឡើងដើមឈើមួយដើម ចាំមើលព្រះយេស៊ូ ព្រោះព្រះអង្គត្រូវយាងកាត់តាមនោះ។ កាលព្រះយេស៊ូយាងមកដល់ ព្រះអង្គងើបព្រះភ័ក្ត្រឡើង ហើយមានព្រះបន្ទូលទៅគាត់ថា៖ «លោកសាខេអើយ! សូមអញ្ជើញចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះលោក»។ លោកសាខេក៏ចុះមកជាប្រញាប់ ហើយទទួលព្រះយេស៊ូដោយអំណរ។ កាលមនុស្សទាំងអស់ឃើញដូច្នោះ គេរអ៊ូរទាំថា៖ «មើល៍! លោកនេះទៅស្នាក់នៅផ្ទះមនុស្សបាប!»។ លោកសាខេក្រោកឈរឡើង ទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងចែកទ្រព្យសម្បត្តិរបស់ទូលបង្គំចំនួនពាក់កណ្ដាលដល់មនុស្សក្រីក្រ ហើយប្រសិនបើទូលបង្គំទារពន្ធពីអ្នកណាហួសកម្រិត ទូលបង្គំនឹងសងអ្នកនោះវិញមួយជាបួន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ថ្ងៃនេះ ការសង្គ្រោះបានមកដល់ផ្ទះនេះហើយ ដ្បិតបុរសនេះជាពូជពង្សរបស់លោកអប្រាហាំដែរ។ បុត្រមនុស្សបានមក ដើម្បីស្វែងរក និងសង្គ្រោះមនុស្សដែលវិនាសបាត់បង់»។
552 Views
Post Views:
568