ថ្ងៃសៅរ៍ អាទិត្យទី៣២
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃង

ថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិការ ឆ្នាំ២០២៥

ឬសន្តអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្តម​
ជាអភិបាលនិងជាគ្រូបាធ្យាយ
នៃព្រះសហគមន៍

លោកអាល់ប៊ែរ (ប្រ.១២០៦-១២៨០) កើតនៅប្រទេសអាឡឺម៉ង់។ លោកមានចិត្តចង់ចេះចង់ដឹងអ្វីៗទាំងអស់ ជាពិសេសចង់រៀនវិទ្យាសាស្រ្ត។ លោកចូលបួសក្នងក្រុមគ្រួសារបព្វជិតដូមីនីកូ ហើយយកចិត្តទុកដាក់នឹងទេវវិទ្យាតាមទស្សនវិទ្យារបស់លោកអរីស្តូត។ ក្នុងចំណោមកូនសិស្សរបស់លោកមានសន្ត ថូម៉ាស នៅអាគីណូ ដែលធ្វើឱ្យទេវវិទ្យាគ្រីស្តសាសនារីកចម្រើន។ លោកទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុងរ៉ាទិស្បូន (ស្រុកប៉ូឡូញ) ប៉ុន្តែ ពីរឆ្នាំក្រោយមក លោកសុំលាលែងមុខតំណែងនេះ ដើម្បីទៅបង្រៀនគេ វិញ។ លោកជាឧបការីរបស់អ្នករៀនវិជ្ជាគ្រប់យ៉ាង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញាណ ប្រាញ ១៨,១៤-១៦;១៩,៦-៩

ពេល​អ្វីៗ​ទាំង​អស់​នៅ​ស្ងៀម​ស្ងាត់ គឺ​នៅ​ពាក់​កណ្តាល​អធ្រាត្រ ស្រាប់​តែ​ព្រះ‌បន្ទូល​ដ៏​មាន​ឫទ្ធា‌នុភាព​សព្វ​ប្រការ​បាន​យាង​ចាក​ចេញ​ពី​ព្រះ‌រាជ​បល្ល័ង្ក​របស់​ព្រះ‌អង្គនៅ​ស្ថាន​បរម‌សុខ ចុះ​មក​ដូច​អ្នក​ចម្បាំង​ដែល​គ្មាន​ចិត្ត​ត្រា​ប្រណី ឆ្ពោះ​ទៅ​កណ្តាល​ស្រុក​ដែល​ត្រូវ​អន្ត‌រាយ ទាំង​កាន់​ព្រះ‌បញ្ជា​ដែល​មិន​ចេះ​ប្រែ​ប្រួល ធ្វើ​ដូច​ជា​ដាវ​ដ៏​មុត។ ព្រះ‌បន្ទូល​ក្រោក​ឡើង ដោយ​មាន​ព្រះ​សិរ​សា​ប៉ះ​មេឃ និង​ព្រះ‌បាទា​ជាន់​ផែន​ដី បណ្តាលឱ្យ​មនុស្ស​ស្លាប់​នៅ​គ្រប់​ទី​កន្លែង។ ពេល​នោះ ព្រះ‌អង្គ​សូន​សត្វ​លោក​ទាំង​អស់​សា​ជា​ថ្មី តាម​ប្រភេទ​រៀងៗ​ខ្លួន ហើយ​សត្វ​លោក​ទាំង​នោះ​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌អង្គ ដើម្បី​ការ‌ពារ​បុត្រ‌ធីតា​របស់​ព្រះ‌អង្គ ឱ្យចៀស​ផុត​ពី​គ្រោះ​កាច​នានា។ពួក​គេ​ឃើញ​ពពក​គ្រប​បាំង​កន្លែង​បោះ​ជំរំ ដី​គោក​លេច​ចេញ​ពី​កន្លែង​មាន​សុទ្ធ​តែ​ទឹក គឺ​បាត​សមុទ្រ​ក្រហម​ប្រែ​ទៅ​ជា​ផ្លូវ​ដែល​អាច​ដើរ​បាន​ស្រួល ហើយ​រលក​ដ៏​ខ្លាំង​ក្លា​ប្រែ​ទៅ​ជា​វាល​ស្មៅ​ដ៏​ខៀវ​ខ្ចី។ ប្រជា‌រាស្រ្ត​ទាំង​មូល​ដើរ​កាត់​តាម​នោះ ទាំង​ឃើញ​ប្ញទ្ធិ​បាដិ​ហារិយ៍​ដ៏​អស្ចារ្យ ដោយ​មាន​ព្រះ‌បារមី​របស់​ព្រះ‌អង្គ​ជួយ​ការ‌ពារ។ បពិត្រ​ព្រះ‌អម្ចាស់! ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ប្រៀប​ដូច​ជា​ហ្វូង​សេះ​ដែល​កំពុង​ស៊ី​ស្មៅ និង​លោត​ដូច​កូន​ចៀម ទាំង​សរសើរ​តម្តើង​ព្រះ‌អង្គ​ដែល​បាន​រំដោះ​គេ។

ទំនុកតម្កើងលេខ ១០៥(១០៤),២-៣.៣៦-៣៧.៤២-៤៣ បទកាកគតិ

ចូរច្រៀងបទថ្វាយតម្កើងកុំណាយរៀងរាល់វេលា
របៀបរាប់អំពីសព្វអស់ការងារអស្ចារ្យគ្រប់គ្រា
ដែលទ្រង់ប្រព្រឹត្ត
ចូរខ្ពស់មុខឡើងព្រោះតែព្រះយើងជាព្រះវិសុទ្ធ
អ្នកស្វែងរកទ្រង់ខ្ពង់ខ្ពស់បំផុតចូរសប្បាយចិត្ត
កុំបីសៅហ្មង
៣៦ព្រះអម្ចាស់វាយសម្លាប់ឱ្យពាយអស់ទាំងកូនច្បង
ប៉ុន្មានក្នុងស្រុកអេស៊ីបអឺងកងកូនសមបំណង
ស្រឡាញ់លើសគេ
៣៧ទ្រង់នាំប្រជារូតរះម្នីម្នាញាប់ឥតទំនេរ
ប្រញាប់ជើងការយកមានប្រាក់ព្រែកុលសម្ព័ន្ធគេ
គ្មានអ្នកទន់ខ្សោយ
៤២ព្រះអម្ចាស់នឹកចាំទាំងរព្ញកបន្ទូលវិសុទ្ធ
សន្យានឹងលោកាអប្រាហាំពិតបម្រើពិសិដ្ឋ
ព្រះអង្គពេកពន់
៤៣ព្រះអង្គបានប្រោសប្រណីសន្ដោសឱ្យប្រជាជន
ព្រះអង្គចេញទាំងអំណរលើសលន់កញ្ជៀវពេកពន់
សប្បាយគ្មានល្ហែ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ ថស ២,១៤

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ត្រាស់ហៅបងប្អូនដោយសារដំណឹងល្អ សិរីរុងរឿងរបស់ព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៨,១-៨

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នាពន្យល់​សាវ័កឱ្យ​ដឹង​ថា ត្រូវ​តែ​អធិ‌ស្ឋាន​ជា‌និច្ច មិន​ត្រូវ​រសាយ​ចិត្ត​ឡើយ៖ «នៅ​ក្នុង​ក្រុង​មួយ មាន​ចៅ‌ក្រម​ម្នាក់ជា​មនុស្ស​មិន​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​មិន​កោត​ក្រែង​នរណា​ឡើយ។ មាន​ស្ត្រី​មេ‌ម៉ាយ​ម្នាក់​នៅ​ក្នុង​ក្រុង​នោះ​ដែរ គាត់​តែង​មក​អង្វរ​ចៅ‌ក្រម​ថា “សូម​លោក​រក​យុត្តិធម៌​ឱ្យនាង​ខ្ញុំ​ផង”។ ប៉ុន្តែ ចៅ‌ក្រម​មិន​ព្រម​កាត់​ក្តី​ឱ្យ​ភ្លាមៗ​ទេ លោក​ចេះ​តែ​ពន្យារ​ពេល​យ៉ាង​យូរ។ ក្រោយ​មក លោក​នឹក​ក្នុង​ចិត្ត​ថា “ទោះ​បី​អញ​មិន​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ មិន​កោត​ក្រែង​នរណា​ក៏​ដោយ ក៏​អញ​ត្រូវ​តែ​កាត់​ក្តី​ឱ្យ​ស្ត្រី​មេ‌ម៉ាយ​នេះ​ដែរ ព្រោះ​គាត់​ចេះ​តែ​មក​រំអុក​អញ​គ្រប់​ពេល​វេលា។ បើ​អញ​មិន​កាត់​ក្តី​ឱ្យ​គាត់​ទេ មុខ​ជា​គាត់​មក​រំខាន​អញ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ”»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​បន្ថែម​ទៀត​ថា៖ «ចូរ​ពិចារណា​ពាក្យ​របស់​ចៅ‌ក្រម​ដ៏​អាក្រក់​នេះ​ចុះ។ ចំណង់​បើ​ព្រះ‌ជាម្ចាស់​វិញ ព្រះ‌អង្គ​រឹត​តែ​រក​យុត្តិធម៌ឱ្យ​អស់​អ្នកដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស ហើយ​ដែល​អង្វរ​ព្រះ‌អង្គទាំង​យប់ ទាំង​ថ្ងៃ ព្រះ‌អង្គ​គ្រាន់​តែ​បង្អង់​ប៉ុណ្ណោះ​។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌អង្គ​នឹង​រក​យុត្តិធម៌​ឱ្យ​គេក្នុង‌រយៈ​ពេល​ដ៏​ខ្លី។ ប៉ុន្តែ ពេល​បុត្រ​មនុស្ស​មក​ដល់ តើ​លោក​ឃើញ​មនុស្ស​មាន​ជំនឿ​នៅ​លើ​ផែន‌ដី​នេះ​ឬ​ទេ?»។

434 Views

Theme: Overlay by Kaira