ថ្ងៃអង្គារ អាទិត្យទី៣២
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃង
ថ្ងៃអង្គារ ទី១១ ខែវិច្ឆិការ ឆ្នាំ២០២៥
លោកម៉ាតាំង (ប្រ.៣១៧-៣៩៧) កើតនៅស្រុកហុងគ្រី។ កាលអាយុ ១៦ លោកធ្វើទាហាន។ ពេលនោះ គាត់នៅតែទទួលការអប់រំខាងជំនឿនៅឡើយ។ ដោយឃើញអ្នកក្រីក្រម្នាក់គ្មានអ្វីស្លៀក គាត់យកដាវកាត់អាវធំរបស់ខ្លួនចែកឱ្យគេ។ កាលលោកអាយុម្ភៃពីរឆ្នាំ គាត់ទទួលអគ្គសញ្ញាជ្រមុជទឹក ហើយលែងបម្រើកងទ័ព និងចាប់ផ្តើមរៀនទេវវិទ្យាពីសន្ត ហ៊ីឡែរ នៅក្រុងប៉ុយទីយេ។ លោកបង្កើតអារាមនៅលីគូសេ (ប្រទេសបារាំង) ហើយខិតខំនាំដំណឹងល្អរបស់ព្រះយេស៊ូដល់អ្នកស្រុកនោះ។ ពេលលោកហៀបនឹងទទួលមរណភាព លោកអង្វរព្រះជាម្ចាស់ថា៖ “បពិត្រព្រះអម្ចាស់ ប្រសិនបើប្រជារាស្ត្រព្រះអង្គត្រូវការខ្ញុំទៀត ខ្ញុំមិនបដិសេធនឹងធ្វើការទេ! សូមឱ្យបានសម្រេចតាមព្រះហឫទ័យព្រះអង្គ”។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញាណ ប្រាញ ២,២៣-៣.៩
ព្រះជាម្ចាស់បង្កើតមនុស្សលោកមក ដើម្បីឱ្យមានជីវិតមិនចេះសាបសូន្យ គឺព្រះអង្គបង្កើតមនុស្សឱ្យមានលក្ខណៈដូចព្រះអង្គផ្ទាល់។សេចក្តីស្លាប់ចូលមកក្នុងពិភពលោក ព្រោះតែការច្រណែនឈ្នានីសរបស់មារ ហើយអស់អ្នកដែលចូលរួមជាមួយមារ មុខជាត្រូវស្លាប់ពុំខាន។ មនុស្សសុចរិតស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ គេនឹងមិនជួបទុក្ខលំបាកណាទៀតឡើយ។ អ្នកឆោតល្ងង់ស្មានថា មនុស្សសុចរិតបាត់បង់ជីវិត ហើយយល់ថា ការលាចាកលោកនេះ ជាមហន្តរាយរបស់មនុស្សសុចរិត។ គេស្មានទៀតថា ពេលឃ្លាតឆ្ងាយពីលោកយើងនេះ មនុស្សសុចរិតវិនាសសាបសូន្យ។ ប៉ុន្តែ តាមពិតមនុស្សសុចរិតស្ថិតនៅក្នុងសេចក្តីសុខសាន្ត។ តាមការយល់ឃើញរបស់មនុស្សធម្មតា អ្នកសុចរិតទាំងនោះបានរងទុក្ខទោសមែន តែពួកគេមានសង្ឃឹមយ៉ាងមោះមុតថា នឹងទទួលជីវិតអមតៈ។ព្រះជាម្ចាស់វាយប្រដៅពួកគេតែបន្តិចទេ តែពួកគេនឹងទទួលសុភមង្គលដ៏បរិបូណ៌។ ព្រះជាម្ចាស់ល្បងលពួកគេ ហើយឈ្វេងយល់ថាពួកគេពិតជាសមនៅជាមួយព្រះអង្គ។ ព្រះអង្គបន្សុទ្ធពួកគេដូចជាងបន្សុទ្ធមាសក្នុងឡ ព្រះអង្គទទួលពួកគេ ដូចទទួលតង្វាយដុតទាំងមូល។ លុះដល់ពេលកំណត់ដែលព្រះអង្គយាងមកវិនិច្ឆ័យទោសមនុស្សលោក ពួកគេនឹងភ្លឺដូចអណ្តាតភ្លើងឆាបឆេះជញ្រ្ជាំង។ ពួកគេនឹងវិនិច្ឆ័យទោសប្រជាជាតិនានា ហើយគ្រប់គ្រងលើជាតិសាសន៍ជាច្រើន។ ព្រះអម្ចាស់នឹងគ្រងរាជ្យលើពួកគេអស់កល្បជាអង្វែងតរៀងទៅ។ អស់អ្នកដែលពឹងផ្អែកលើព្រះអម្ចាស់នឹងយល់ថា គម្រោងការរបស់ព្រះអង្គពិតជាត្រឹមត្រូវ ហើយអស់អ្នកដែលជឿព្រះអង្គនឹងរួមរស់ជាមួយព្រះអង្គក្នុងសេចក្តីស្រឡាញ់។ ព្រះជាម្ចាស់មានព្រះហឫទ័យប្រណីសន្តោស និងមេត្តាករុណា ចំពោះអស់អ្នកដែលព្រះអង្គបានជ្រើសរើស។
ទំនុកតម្កើងលេខ ៣៤(៣៣),២-៣.១៦-១៩ បទកាកគតិ
| ២ | ខ្ញុំអរព្រះគុណ | អម្ចាស់ពេកពន់ | គ្រប់ពេលវេលា |
| សូមលើកតម្កើង | ព្រះអង្គគ្រប់គ្រា | ឥតមានរួញរា |
| | ឈប់ឈរសោះឡើយ | ។ |
| ៣ | ខ្ញុំខ្ពស់មុខព្រោះ | ព្រះម្ចាស់សង្គ្រោះ | ខ្ញុំមិនកន្តើយ |
| ចូរអ្នកទន់ទាប | ស្តាប់កុំព្រងើយ | នឹងបានធូរស្បើយ |
| | អំណរខ្លាំងក្លា | ។ |
| ១៦ | ព្រះម្ចាស់តែងតែ | រំពៃមើលថែ | អស់មនុស្សសុចរិត |
| ទ្រង់យកព្រះទ័យ | ទុកដាក់ពិតៗ | ថែទាំនៅជិត |
| | រាល់ទិនទិវា | ។ |
| ១៧ | ព្រះជាអម្ចាស់ | តែងតែប្រកាស | ប្រឆាំងគ្រប់គ្រា |
| នឹងមនុស្សអាក្រក់ | ទុច្ចរិតពាលា | កុំមាននរណា |
| | នឹកនាដល់ឡើយ | ។ |
| ១៨ | ពេលអ្នកទៀងត្រង់ | ស្រែករកព្រះអង្គ | ទ្រង់មិនកន្តើយ |
| ព្រះអង្គសណ្តាប់ | ពាក្យគេរួចហើយ | រំដោះគេឱ្យ |
| | ផុតគ្រោះទាំងឡាយ | ។ |
| ១៩ | ព្រះម្ចាស់គង់ស្ថិត | ក្បែរអ្នកគ្រាំចិត្ត | មានទុក្ខខ្វល់ខ្វាយ |
| ព្រះអង្គសង្គ្រោះ | អស់អ្នកទាំងឡាយ | បានសុខសប្បាយ |
| | ផុតទុក្ខរីងរៃ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១២៨,១
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកដែលកោតខ្លាចព្រះជាម្ចាស់ និងដើរតាមមាគ៌ារបស់ព្រះអង្គ ពិតជាមានសុភមង្គលមែន ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៧,៧-១០
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «ក្នុងចំណោមអ្នករាល់គ្នា ឧបមាថា នរណាម្នាក់មានអ្នកបម្រើទៅភ្ជួរស្រែ ឬឃ្វាលហ្វូងសត្វ។ ពេលអ្នកបម្រើនោះវិលត្រឡប់មកពីស្រែវិញ ម្ចាស់មិនដែលនិយាយថា “សូមអញ្ជើញមកពិសាបាយ” ទេ។ ផ្ទុយទៅវិញ ម្ចាស់តែងតែនិយាយទៅកាន់អ្នកបម្រើថា “ចូររៀបចំបាយទឹកឲ្យខ្ញុំ រួចទៅផ្លាស់ខោអាវមកបម្រើខ្ញុំ ពេលខ្ញុំបរិភោគ ចាំខ្ញុំបរិភោគរួច សឹមអ្នកបរិភោគតាមក្រោយ”។ ម្ចាស់មិនដែលអរគុណអ្នកបម្រើដែលបានធ្វើតាមបង្គាប់ខ្លួននោះឡើយ។ រីឯអ្នករាល់គ្នាវិញក៏ដូច្នោះដែរ កាលណាអ្នករាល់គ្នាបានបំពេញតាមព្រះបញ្ជារបស់ព្រះជាម្ចាស់សព្វគ្រប់ហើយ ចូរពោលថា “យើងខ្ញុំគ្រាន់តែជាអ្នកបម្រើធម្មតាប៉ុណ្ណោះ គឺយើងខ្ញុំបានបំពេញកិច្ចការដែលយើងខ្ញុំត្រូវធ្វើ”»។
525 Views
Post Views:
544