ថ្ងៃសៅរ៍ អាទិត្យទី៣១
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃសៅរ៍ ទី០៨ ខែវិច្ឆិការ ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ១៦,៣-៩.១៦.២២-២៧
បងប្អូនជាទីស្រឡាញ់!
សូមជម្រាបសួរនាងព្រីស្កា និងលោកអគីឡាសឱ្យខ្ញុំផង។ គាត់ទាំងពីរនាក់បានធ្វើការបម្រើព្រះគ្រីស្ដរួមជាមួយខ្ញុំ គាត់បានស៊ូប្ដូរជីវិត ដើម្បីជួយសង្គ្រោះខ្ញុំ ហើយមិនត្រឹមតែខ្ញុំម្នាក់ប៉ុណ្ណោះទេដែលអរគុណគាត់ ព្រះសហគមន៍ទាំងមូលរបស់សាសន៍ដទៃក៏អរគុណគាត់ដែរ។ សូមជម្រាបសួរព្រះសហគមន៍ដែលជួបជុំគ្នាក្នុងផ្ទះគាត់ឱ្យខ្ញុំផង។ សូមជម្រាបសួរលោកអេប៉ៃណែតដ៏ជាទីស្រឡាញ់របស់ខ្ញុំ ដែលបានថ្វាយខ្លួនចំពោះព្រះគ្រីស្ដមុនគេបង្អស់នៅស្រុកអាស៊ី។ សូមជម្រាបសួរនាងម៉ារីដែលបាននឿយហត់យ៉ាងច្រើន ដើម្បីបងប្អូន។ សូមជម្រាបសួរលោកអង់ត្រូនីគូស និងនាងយូញ៉ាសជាសាច់ញាតិរបស់ខ្ញុំ ដែលបានជាប់ឃុំឃាំងជាមួយខ្ញុំនោះដែរ អ្នកទាំងពីរជាគ្រីស្ដទូតដែលគេគោរពរាប់អានខ្លាំងណាស់ ហើយគាត់ក៏បានជឿព្រះគ្រីស្ដមុនខ្ញុំផង។ សូមជម្រាបសួរលោកអំព្លីយ៉ាទូសដ៏ជាទីស្រឡាញ់របស់ខ្ញុំក្នុងព្រះអម្ចាស់។ សូមជម្រាបសួរលោកអ៊ូរបាន់ដែលធ្វើការបម្រើព្រះគ្រីស្ដរួមជាមួយយើង និងជម្រាបសួរលោកស្តាគីសដ៏ជាទីស្រឡាញ់របស់ខ្ញុំផង។ សូមបងប្អូនជម្រាបសួរគ្នាទៅវិញទៅមកដោយស្និទ្ធស្នាលផង។ ព្រះសហគមន៍ទាំងអស់របស់ព្រះគ្រីស្ដ សូមជម្រាបសួរមកបងប្អូន។ ខ្ញុំទែរទីយូសជាអ្នកសរសេរលិខិតនេះ សូមជម្រាបសួរមកបងប្អូនក្នុងព្រះនាមព្រះអម្ចាស់ដែរ។លោកកៃយូសដែលទទួលខ្ញុំ និងទទួលព្រះសហគមន៍ទាំងមូលឱ្យជួបជុំគ្នានៅផ្ទះគាត់ សូមជម្រាបសួរមកបងប្អូន លោកអេរ៉ាស្ត្រ ជាមេឃ្លាំងប្រាក់របស់ក្រុង និងលោកគ័រទូស ជាបងប្អូនយើង ក៏សូមជម្រាបសួរមកបងប្អូនដែរ។ សូមព្រះគ្រីស្ដប្រណីសន្ដោសដល់បងប្អូនទាំងអស់គ្នា! អាម៉ែន។ ព្រះជាម្ចាស់មានឫទ្ធានុភាពនឹងធ្វើឱ្យបងប្អូនមានជំនឿខ្ជាប់ខ្ជួន ស្របតាមដំណឹងល្អរបស់ខ្ញុំ និងស្របតាមពាក្យដែលខ្ញុំប្រកាសអំពីព្រះយេស៊ូគ្រីស្ដ តាមតែព្រះជាម្ចាស់បានសម្ដែងអំពីគម្រោងការដ៏លាក់កំបាំងដែលព្រះអង្គលាក់ទុកតាំងពីដើមរៀងមក តែព្រះអង្គបានសម្ដែងឱ្យយើងស្គាល់នៅពេលនេះតាមរយៈគម្ពីរព្យាការី និងស្របតាមព្រះបញ្ជារបស់ព្រះជាម្ចាស់ ដែលគង់នៅអស់កល្បជានិច្ច ដើម្បីឱ្យជាតិសាសន៍ទាំងអស់បានស្គាល់ ហើយឱ្យគេជឿ និងស្ដាប់តាម។ មានតែព្រះជាម្ចាស់មួយព្រះអង្គគត់ដែលប្រកបដោយព្រះប្រាជ្ញាញាណ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ តាមរយៈព្រះយេស៊ូគ្រីស្ដអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។
ទំនុកតម្កើងលេខ ១៤៥(១៤៤),២-៥.១០-១១ បទកាកគតិ
| ២ | ខ្ញុំសូមតម្កើង | ព្រះអង្គខ្ពស់ឡើង | តទៅរៀងរៀប |
| ខ្ញុំសូមសរសើរ | ព្រះនាមល្អគាប់ | អស់កល្បដរាប | |
| រហូតតទៅ | ។ | ||
| ៣ | ព្រះម្ចាស់ឧត្ដម | ប្រសើរសក្ដិសម | ខ្ពង់ខ្ពស់ពេកកូវ |
| យើងលើកតម្កើង | ព្រះនាមជាផ្លូវ | ពេលនេះតទៅ | |
| រកអ្វីផ្ទឹមគ្មាន | ។ | ||
| ៤ | សូមឱ្យមនុស្ស | ទាំងស្រីទាំងប្រុស | នៅគ្រប់ជំនាន់ |
| លើកតម្កើងស្នា | ព្រហស្ដព្រះអង្គ | ការអស្ចារ្យផង | |
| ដែលទ្រង់ប្រព្រឹត្ត | ។ | ||
| ៥ | ខ្ញុំរាប់ខ្ញុំរៀប | ពីអនុភាព | បារមីមានប្ញទិ្ធ |
| សិរីរុងរឿង | ព្រះអង្គមានពិត | ខ្ញុំសញ្ជឹងគិត | |
| គ្រប់ស្នាព្រះហស្ដ | ។ | ||
| ១០ | បពិត្រព្រះម្ចាស់ | សត្វលោកទាំងអស់ | មានច្រើនពេកក្រៃ |
| នាំគ្នាតម្កើង | រុងរឿងសិរី | រាស្រ្ដទាំងប្រុសស្រី | |
| ក៏ថ្កើងទ្រង់ដែរ | ។ | ||
| ១១ | គេនឹងរៀបរាប់ | ព្រះរាជ្យគួរគាប់ | រុងរឿងស្ថិតស្ថេរ |
| របស់ព្រះអង្គ | ឥតមានប្រួលប្រែ | អានុភាពឥតកែ | |
| ព្រះអង្គនៅគង់ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ករ ៨,៩
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូគ្រីស្ដដែលមានសម្បត្តិដ៏ច្រើន ទ្រង់បានដាក់ខ្លួនមកជាអ្នកក្រ ដើម្បីឱ្យយើងបានទៅជាអ្នកមានដោយភាពក្រីក្ររបស់ព្រះអង្គ ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៦,៩-១៥
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សាវ័កថា៖ «ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរយកទ្រព្យសម្បត្តិលោកីយ៍ដែលបញ្ឆោតចិត្តនេះទៅធ្វើទាន ដើម្បីឱ្យមានមិត្តភក្ដិច្រើន។ ពេលណាទ្រព្យនេះរលាយសូន្យទៅ មិត្តភក្ដិទាំងនោះនឹងទទួលអ្នករាល់គ្នានៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ អ្នកណាស្មោះត្រង់ក្នុងកិច្ចការដ៏តូច អ្នកនោះក៏ស្មោះត្រង់ក្នុងកិច្ចការធំដុំដែរ។ អ្នកណាបោកបញ្ឆោតក្នុងកិច្ចការដ៏តូច អ្នកនោះក៏តែងបោកបញ្ឆោតក្នុងកិច្ចការធំដុំដែរ។ ប្រសិនបើអ្នករាល់គ្នាមិនស្មោះត្រង់ក្នុងរបៀបប្រើប្រាស់ទ្រព្យសម្បត្តិលោកីយ៍ដែលបញ្ឆោតចិត្តនេះទេ ព្រះជាម្ចាស់ក៏ពុំអាចប្រគល់ទ្រព្យសម្បត្តិដ៏ពិតប្រាកដមកអ្នករាល់គ្នាបានដែរ។ ប្រសិនបើអ្នករាល់គ្នាមិនស្មោះត្រង់នឹងទ្រព្យសម្បត្តិអ្នកដទៃផង ធ្វើម្ដេចឱ្យព្រះជាម្ចាស់ប្រទានទ្រព្យសម្បត្តិដែលព្រះអង្គបម្រុងទុកសម្រាប់អ្នករាល់គ្នា មកអ្នករាល់គ្នាបាន! គ្មានអ្នកណាអាចបម្រើម្ចាស់ពីរនាក់បានទេ ព្រោះអ្នកនោះនឹងស្អប់ម្នាក់ ស្រឡាញ់ម្នាក់ ស្មោះត្រង់នឹងម្នាក់ មើលងាយម្នាក់ទៀតពុំខាន។ អ្នករាល់គ្នាពុំអាចគោរពបម្រើព្រះជាម្ចាស់ផង គោរពបម្រើទ្រព្យសម្បត្តិលោកីយ៍ផងបានឡើយ»។ កាលពួកខាងគណៈផារីស៊ីឮដូច្នោះ គេក៏ចំអកឱ្យព្រះយេស៊ូ ដ្បិតពួកគេស្រឡាញ់ប្រាក់ណាស់។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាតែងតែសម្ដែងឫកពាឱ្យមនុស្សលោកឃើញថា អ្នករាល់គ្នាជាជនសុចរិត ប៉ុន្តែ ព្រះជាម្ចាស់ឈ្វេងយល់ចិត្តអ្នករាល់គ្នា។ អ្វីៗដែលមនុស្សលោកយល់ឃើញថាល្អប្រសើរ ព្រះជាម្ចាស់ចាត់ទុកថាជាការគួរឱ្យស្អប់ខ្ពើម។
