សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
គម្ពីរដំណឹងល្អតាម
សន្តលូកា
ពាក្យលំនាំ
ដំណឹងល្អរៀបរៀងដោយ
លោកលូកា
ពាក្យលំនាំ
លោក លូកា ជាគ្រូពេទ្យជាតិក្រិកមួយរូប។ លោកពុំបានស្គាល់ព្រះយេស៊ូដោយផ្ទាល់ខ្លួនលោកទេ ហើយលោកក៏ពុំមែនជាសាវ័កដំបូង ឬជាគ្រីស្ដទូតរបស់ព្រះអង្គដែរ តែលោកជាគ្រីស្ដបរិស័ទមួយរូបដែលជាសហការីរបស់គ្រីស្ដទូតប៉ូល ក្នុងពេលលោកធ្វើដំណើរទៅប្រកាសផ្សាយដំណឹងល្អ នៅមជ្ឈិមបូព៌ាប្រទេស។
លោកលូកាបានតែងគម្ពីរពីរកណ្ឌ គឺគម្ពីរ «ដំណឹងល្អលូកា» និងគម្ពីរ «កិច្ចការរបស់គ្រីស្ដទូត»។ លោកបានប្រមូលឯកសារផ្សេងៗស្តីអំពីព្រះយេស៊ូ ហើយបានពិនិត្យមើលដោយហ្មត់ចត់ តាមរបៀបអ្នកប្រាជ្ញក្នុងសម័យនោះ។ លោកបានតែងគម្ពីរនេះក្រោមការបំភ្លឺរបស់ព្រះវិញ្ញាណនៃព្រះអម្ចាស់។ លោកលូកាបានតែងគម្ពីរដំណឹងល្អនេះនៅចន្លោះគ.ស.៨០-៩០។
គោលបំណងលោកលូកា
លោកលូកាបានតែងគម្ពីរនេះ សម្រាប់ឲ្យជនជាតិក្រិកអាន។ លោករ៉ាយរ៉ាប់ប្រវត្តិរបស់ព្រះយេស៊ូ ដោយចង់ពន្យល់ថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានណែនាំព្រះយេស៊ូ តាំងពីមុនព្រះអង្គប្រសូតមក រហូតដល់ពេលព្រះអង្គសោយទិវង្គត នៅក្រុងយេរូសាឡឹម។ ក្រោយព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ព្រះវិញ្ញាណបានណែនាំក្រុមគ្រីស្ដបរិស័ទឲ្យប្រកាសផ្សាយដំណឹងល្អអំពីព្រះគ្រីស្ដ រហូតដល់ចុងកាត់មាត់ញកនៃផែនដី។
លោកប្រៀនប្រដៅអ្នកដែលជឿលើព្រះយេស៊ូឲ្យមានចិត្តមេត្តាករុណាដូចព្រះជាម្ចាស់ ដែលមានព្រះហឫទ័យមេត្តាករុណា។ លោកប្រៀនប្រដៅគេឲ្យចេះស្រឡាញ់រាប់អានជនជាតិដទៃ ជាពិសេសជាមួយជនជាតិដែលរស់នៅជិតខាង ឲ្យចេះអត់ទោសគ្នាទៅវិញទៅមក ឲ្យយកចិត្តទុកដាក់ជួយអ្នកក្រីក្រ និងសុខចិត្តលះបង់អ្វីៗទាំងអស់ ដោយយល់ដល់ព្រះគ្រីស្ដ។ អ្នកជឿព្រះយេស៊ូត្រូវយកចិត្តទុកដាក់អធិស្ឋាន គឺនិយាយសារស័ព្ទជាមួយព្រះបិតាដោយស្និទ្ធស្នាល ត្រូវមានអំណរសប្បាយជានិច្ច ព្រោះមានព្រះវិញ្ញាណរបស់ព្រះគ្រីស្ដគង់នៅជាមួយ និងត្រូវយល់ច្បាស់ថាព្រះជាម្ចាស់សង្គ្រោះអ្នកជឿឥឡូវនេះ។
គម្រោងរបស់គម្ពីរលូកា
• បុព្វកថា (១.១-៤)
• កំណើតរបស់លោកយ៉ូហានបាទីស្ដ និងព្រះយេស៊ូ (១.៥‑២.៥២)
• សេចក្ដីប្រកាសរបស់លោកយ៉ូហានបាទីស្ដ (៣.១-២០)
• ព្រះយេស៊ូទទួលពិធីជ្រមុជទឹក និងឈ្នះការល្បួង (៣.២១‑៤.១៣)
• ព្រះយេស៊ូប្រកាសដំណឹងល្អនៅស្រុកកាលីឡេ (៤.១៤‑៩.៥០)
• ព្រះយេស៊ូយាងពីស្រុកកាលីឡេឆ្ពោះទៅក្រុងយេរូសាឡឹម (៩.៥១‑១៩.២៧)
• សប្តាហ៍ចុងក្រោយនៅក្រុងយេរូសាឡឹម និងភូមិដែលនៅជុំវិញ (១៩.២៨‑២៣.៥៦)
• ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ និងបង្ហាញខ្លួនឲ្យអ្នកជឿឃើញ (២៤.១-៥៣)
១
បុព្វកថា
១ សូមជម្រាបមកឯកឧត្ដមថេអូភីល សូមជ្រាប! មនុស្សជាច្រើនខិតខំយកចិត្តទុកដាក់ កត់ត្រាទុកនូវហេតុការណ៍ទាំងអំបាលម៉ាន ដែលកើតមានក្នុងចំណោមយើងខ្ញុំ។ ២ អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែក តាំងពីដំបូងរៀងមក ហើយទទួលមុខងារបម្រើព្រះបន្ទូល បានរៀបរាប់ហេតុការណ៍ទាំងនោះបន្ដមកយើងខ្ញុំ។ ៣ ខ្ញុំបានពិនិត្យហេតុការណ៍ទាំងនោះ តាំងពីដើមរៀងមកយ៉ាងហ្មត់ចត់ ហើយខ្ញុំក៏យល់ឃើញថា គួរតែកត់ត្រាទុក តាមលំដាប់លំដោយ ផ្ញើមកជូនលោក។ ៤ ខ្ញុំធ្វើដូច្នេះ ក្នុងគោលបំណងចង់ឲ្យលោកជ្រាបថា សេចក្ដីប្រៀនប្រដៅទាំងប៉ុន្មាន ដែលលោកបានទទួល ពិតជាត្រឹមត្រូវមែន។
ទេវទូតជូនដំណឹងអំពីកំណើតរបស់យ៉ូហានបាទីស្ដ
៥ នៅគ្រាដែលព្រះបាទហេរ៉ូដគ្រងរាជ្យក្នុងស្រុកយូដា មានបូជាចារ្យ*មួយរូប ឈ្មោះសាការី ជាសមាជិកក្រុមបូជាចារ្យអប៊ីយ៉ា ភរិយាលោកឈ្មោះអេលីសាបិត កើតក្នុងត្រកូលរបស់លោកមហាបូជាចារ្យ*អរ៉ុន ៦ ស្វាមីភរិយាទាំងពីររូបនេះជាមនុស្សសុចរិត ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយគាត់គោរពតាមវិន័យ និងបញ្ញាតិទាំងប៉ុន្មានរបស់ព្រះអម្ចាស់ ឥតមានទាស់ត្រង់ណាឡើយ។ ៧ អ្នកទាំងពីរគ្មានកូនសោះ ព្រោះនាងអេលីសាបិតជាស្ត្រីអារ ហើយម្យ៉ាងទៀត អ្នកទាំងពីរក៏មានវ័យចាស់ណាស់ទៅហើយផង។ ៨ ថ្ងៃមួយ លោកសាការីបំពេញមុខងារជាបូជាចារ្យ តាមវេនក្រុមរបស់លោក។ ៩ គេបានជ្រើសរើសលោក ដោយចាប់ឆ្នោតតាមទំនៀមទម្លាប់របស់ក្រុមបូជាចារ្យ ឲ្យលោកចូលទៅដុតគ្រឿងក្រអូបនៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់។ ១០ ពេលលោកដុតគ្រឿងក្រអូប ប្រជាជនច្រើនកុះករនៅខាងក្រៅកំពុងអធិស្ឋាន*។ ១១ រំពេចនោះ លោកសាការីឃើញទេវទូត*របស់ព្រះអម្ចាស់មួយរូប ឈរនៅខាងស្ដាំអាសនៈសម្រាប់ដុតគ្រឿងក្រអូប។ ១២ ឃើញដូច្នោះ លោករន្ធត់ចិត្ត ហើយភ័យខ្លាចទៀតផង។ ១៣ ទេវទូតក៏មានប្រសាសន៍ទៅកាន់លោកថា៖ «កុំខ្លាចអី លោកសាការីអើយ! ព្រះអម្ចាស់យល់ព្រមតាមពាក្យទូលអង្វររបស់លោកហើយ។ នាងអេលីសាបិត ជាភរិយារបស់លោក នឹងបង្កើតកូនប្រុសមួយ លោកត្រូវដាក់ឈ្មោះកូននោះថា “យ៉ូហាន” ។ ១៤ កូននោះនឹងធ្វើឲ្យលោកមានចិត្តសប្បាយរីករាយ ហើយមនុស្សជាច្រើនអបអរសាទរនឹងកំណើតកុមារនោះដែរ។ ១៥ កូនរបស់លោកនឹងមានឋានៈដ៏ប្រសើរឧត្ដម នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ មិនសេពសុរា ឬគ្រឿងស្រវឹងណាមួយសោះឡើយ។ កូននោះនឹងបានពោរពេញទៅដោយព្រះវិញ្ញាណដ៏វិសុទ្ធ*តាំងពីក្នុងផ្ទៃម្ដាយមក។ ១៦ កូននោះនឹងនាំជនជាតិអ៊ីស្រាអែលជាច្រើនមករកព្រះអម្ចាស់ ជាព្រះរបស់គេវិញ។ ១៧ កូននោះនឹងមកមុនព្រះអង្គ ហើយមានវិញ្ញាណប្រកបដោយឫទ្ធានុភាព ដូចលោកអេលីបានទទួល ដើម្បីបង្វែរចិត្តឪពុកទៅរកកូន ព្រមទាំងបំបែរចិត្តមនុស្សរឹងទទឹង ឲ្យត្រឡប់មកជាមនុស្សសុចរិត និងរៀបចំប្រជារាស្ដ្រមួយជាស្រេច ទុកសម្រាប់ទទួលព្រះអម្ចាស់»។
១៨ លោកសាការីសួរទៅទេវទូត*ថា៖ «តើធ្វើម្ដេចឲ្យខ្ញុំដឹងថាការនោះពិតជាកើតឡើងមែន ព្រោះរូបខ្ញុំនេះចាស់ហើយ រីឯប្រពន្ធខ្ញុំសោតក៏មានអាយុច្រើនទៀតផង»។ ១៩ ទេវទូតតបវិញថា៖ «ខ្ញុំឈ្មោះកាព្រីអែល ជាអ្នកបម្រើព្រះជាម្ចាស់ ព្រះអង្គបានចាត់ខ្ញុំឲ្យនាំដំណឹងល្អនេះមកប្រាប់លោក ២០ ប៉ុន្តែ ដោយលោកពុំព្រមជឿពាក្យខ្ញុំ លោកនឹងទៅជាមនុស្សគ និយាយពុំកើត រហូតដល់ថ្ងៃដែលហេតុការណ៍ទាំងនោះបានសម្រេចតាមពេលកំណត់»។
២១ ក្នុងពេលជាមួយគ្នានោះ ប្រជាជនទន្ទឹងរង់ចាំលោកសាការី ហើយងឿងឆ្ងល់ណាស់ ព្រោះលោកចូលទៅក្នុងទីសក្ការៈយូរដូច្នេះ។ ២២ កាលលោកចេញមកវិញ លោកពុំអាចនិយាយទៅគេបានឡើយ។ ប្រជាជនទាំងនោះយល់ថា ប្រាកដជាលោកបានឃើញការអស្ចារ្យអ្វីមួយ នៅក្នុងទីសក្ការៈជាមិនខាន។ លោកសាការីធ្វើតែកាយវិការឲ្យគេយល់ ព្រោះលោកនៅគនិយាយមិនកើត។ ២៣ លុះលោកសាការីបានបំពេញការងារតាមវេនចប់សព្វគ្រប់ហើយ លោកក៏វិលត្រឡប់ទៅផ្ទះវិញ។ ២៤ ក្រោយមក នាងអេលីសាបិត ជាភរិយារបស់លោក ក៏ចាប់មានផ្ទៃពោះ នាងលាក់ខ្លួនអស់រយៈពេលប្រាំខែ។ នាងនឹកគិតថា៖ ២៥ «ឥឡូវនេះ ព្រះអម្ចាស់បានប្រោសប្រណីដល់រូបខ្ញុំ ព្រះអង្គសព្វព្រះហឫទ័យឲ្យខ្ញុំលែងខ្មាសមនុស្សលោកទៀតហើយ!»។
ទេវទូតជូនដំណឹងអំពីកំណើតព្រះយេស៊ូ
២៦ ប្រាំមួយខែក្រោយមក ព្រះជាម្ចាស់បានចាត់ទេវទូតកាព្រីអែលឲ្យទៅភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ ២៧ ដើម្បីជួបនឹងស្ត្រីក្រមុំព្រហ្មចារីម្នាក់ ជាគូដណ្ដឹងរបស់កំលោះម្នាក់ ឈ្មោះយ៉ូសែប ដែលត្រូវជាញាតិវង្សព្រះបាទដាវីឌ ស្ត្រីក្រមុំនោះឈ្មោះ នាងម៉ារី។ ២៨ ទេវទូតចូលទៅក្នុងផ្ទះនាងម៉ារី ហើយពោលទៅកាន់នាងថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ ព្រះអង្គគង់ជាមួយនាង»។ ២៩ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្តថា តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច? ៣០ ទេវទូតពោលទៅកាន់នាងថា៖ «កុំខ្លាចអី ម៉ារីអើយ! ដ្បិតព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ។ ៣១ នាងនឹងមានគភ៌ សម្រាលបានបុត្រមួយ ដែលនាងត្រូវថ្វាយព្រះនាមថា“យេស៊ូ”។ ៣២ បុត្រនោះនឹងមានឋានៈដ៏ប្រសើរឧត្ដម ហើយគេនឹងថ្វាយព្រះនាមថា “ព្រះបុត្រានៃព្រះដ៏ខ្ពង់ខ្ពស់បំផុត”។ ព្រះជាម្ចាស់នឹងតាំងបុត្រនោះឲ្យគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ជាព្រះអយ្យកោរបស់ព្រះអង្គ ៣៣ ព្រះអង្គនឹងគ្រងរាជ្យលើប្រជារាស្ដ្រអ៊ីស្រាអែល អស់កល្បជានិច្ច ហើយរាជ្យរបស់ព្រះអង្គនឹងនៅស្ថិតស្ថេរ ឥតមានទីបញ្ចប់ឡើយ»។ ៣៤ នាងម៉ារីសួរទៅទេវទូតថា៖ «តើធ្វើដូចម្ដេចនឹងឲ្យការនេះកើតឡើងបាន បើនាងខ្ញុំមិនរួមរស់ជាមួយបុរសណាផងដូច្នេះ?»។ ៣៥ ទេវទូត*ឆ្លើយទៅនាងវិញថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធ*នឹងយាងមកសណ្ឋិតលើនាង គឺឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងគ្របបាំងនាង។ ហេតុនេះ គេនឹងថ្វាយព្រះនាមដល់បុត្រដ៏វិសុទ្ធ ដែលត្រូវប្រសូតមកនោះថា “ព្រះបុត្រារបស់ព្រះជាម្ចាស់”។ ៣៦ ម្យ៉ាងទៀត នាងអេលីសាបិត ជាញាតិរបស់នាង មានផ្ទៃពោះប្រាំមួយខែហើយ ថ្វីដ្បិតតែគាត់មានវ័យចាស់ ថែមទាំងជាស្ត្រីអារទៀតផងក៏ដោយ ៣៧ ព្រោះគ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ»។ ៣៨ នាងម៉ារីពោលទៅទេវទូតថា៖ «នាងខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឲ្យបានសម្រេចតាមពាក្យរបស់លោកចុះ!»។ បន្ទាប់មក ទេវទូតចាកចេញពីនាងទៅ។
នាងម៉ារីទៅសួរសុខទុក្ខនាងអេលីសាបិត
៣៩ នៅគ្រានោះ នាងម៉ារីប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ភូមិមួយ នៅតំបន់ភ្នំ ក្នុងស្រុកយូដា។ ៤០ នាងបានចូលទៅក្នុងផ្ទះលោកសាការី ហើយជម្រាបសួរនាងអេលីសាបិត។ ៤១ ពេលនាងអេលីសាបិតឮនាងម៉ារីជម្រាបសួរ ទារកនៅក្នុងផ្ទៃនាងបម្រះឡើង ហើយគាត់ក៏បានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ៤២ រួចបន្លឺសំឡេងឡើងថា៖ «ព្រះជាម្ចាស់បានប្រទានពរដល់នាងលើសស្ត្រីនានា ហើយព្រះអង្គក៏ប្រទានពរដល់បុត្រនាងដែរ។ ៤៣ តើរូបខ្ញុំនេះមានឋានៈអ្វី បានជាមាតាព្រះអម្ចាស់របស់ខ្ញុំ មកសួរសុខទុក្ខខ្ញុំដូច្នេះ?។ ៤៤ កាលខ្ញុំបានឮពាក្យជម្រាបសួររបស់នាង ស្រាប់តែកូននៅក្នុងផ្ទៃខ្ញុំបម្រះឡើងដោយអំណរសប្បាយ ៤៥ នាងពិតជាមានសុភមង្គលមែន ព្រោះនាងបានជឿព្រះបន្ទូល ដែលព្រះអម្ចាស់ប្រាប់នាងមុខជាបានសម្រេចមិនខាន»។
ទំនុកតម្កើងរបស់នាងម៉ារី
៤៦ ពេលនោះ នាងម៉ារីថ្លែងឡើងថា៖
«ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់*
៤៧ ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង
ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
៤៨ ព្រះអង្គទតមើលមកខ្ញុំ
ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា
ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
៤៩ ព្រះដ៏មានឫទ្ធានុភាពបានសម្ដែង
ការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធ*មែន!
៥០ ព្រះអង្គមានព្រះហឫទ័យមេត្តាករុណា
ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គ
នៅគ្រប់ជំនាន់តរៀងទៅ
៥១ ព្រះអង្គបានសម្ដែងឫទ្ធិបារមី
កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
៥២ ព្រះអង្គបានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង
ហើយព្រះអង្គលើកតម្កើងមនុស្សទន់ទាបឡើង។
៥៣ ព្រះអង្គបានប្រទានសម្បត្តិយ៉ាងបរិបូណ៌
ដល់អស់អ្នកដែលស្រេកឃ្លាន
ហើយបណ្ដេញពួកអ្នកមាន
ឲ្យត្រឡប់ទៅវិញដោយដៃទទេ។
៥៤ ព្រះអង្គបានជួយប្រជារាស្ដ្រអ៊ីស្រាអែល
ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា
៥៥ ដល់លោកអប្រាហាំ និងពូជពង្សរបស់លោក
ជានិច្ចតរៀងទៅ
ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់យើង
ឥតភ្លេចសោះឡើយ»។
៥៦ នាងម៉ារីបានស្នាក់នៅជាមួយនាងអេលីសាបិត អស់រយៈពេលប្រមាណបីខែ ទើបនាងត្រឡប់ទៅផ្ទះវិញ។
កំណើតលោកយ៉ូហានបាទីស្ដ
៥៧ លុះនាងអេលីសាបិតគ្រប់ខែហើយ គាត់សម្រាលបានកូនប្រុសមួយ។ ៥៨ អ្នកជិតខាង និងញាតិសន្ដាននាំគ្នាអបអរសាទរជាមួយគាត់ ព្រោះគេបានឮដំណឹងថា ព្រះអម្ចាស់សម្ដែងព្រះហឫទ័យមេត្តាករុណាចំពោះគាត់យ៉ាងច្រើនអនេក។
៥៩ ប្រាំបីថ្ងៃក្រោយមក គេធ្វើពិធីកាត់ស្បែក*ឲ្យទារកនោះ ហើយចង់ដាក់ឈ្មោះថា“សាការី” ដូចឪពុកដែរ ៦០ តែម្ដាយប្រាប់ថា៖ «ទេ! ត្រូវដាក់ឈ្មោះថា“យ៉ូហាន” វិញ»។ ៦១ ពួកគេតបថា៖ «ក្នុងញាតិសន្ដានរបស់អ្នក គ្មាននរណាមានឈ្មោះហ្នឹងទេ»។ ៦២ គេធ្វើសញ្ញាសួរទៅលោកសាការីថា ចង់ដាក់ឈ្មោះអ្វីឲ្យកូន។ ៦៣ លោកសាការីសុំឲ្យគេយកក្តារឆ្នួនមួយមក ហើយសរសេរថា «កូននេះឈ្មោះ យ៉ូហាន»។ ពួកគេងឿងឆ្ងល់គ្រប់គ្នា។ ៦៤ រំពេចនោះ ស្រាប់តែលោកនិយាយបានដូចដើមវិញ រួចលោកបន្លឺសំឡេងសរសើរព្រះជាម្ចាស់។ ៦៥ អ្នកជិតខាងកោតស្ញប់ស្ញែងគ្រប់ៗគ្នា ហើយព្រឹត្តិការណ៍នេះឮសុសសាយពេញតំបន់ភ្នំក្នុងស្រុកយូដា។ ៦៦ អស់អ្នកដែលបានឮក៏ចងចាំរឿងនេះទុកក្នុងចិត្ត ហើយដណ្ដឹងសួរខ្លួនឯងថា៖ «តើថ្ងៃក្រោយ កូននេះនឹងទៅជាយ៉ាងណា?» ដ្បិតព្រះបារមី របស់ព្រះអម្ចាស់តាមជួយថែរក្សាកូននេះ។
ទំនុកតម្កើងរបស់លោកសាការី
៦៧ ពេលនោះ លោកសាការីជាឪពុករបស់ទារកបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ* ហើយថ្លែងពាក្យក្នុងព្រះនាមព្រះអង្គថា៖
៦៨ «សូមលើកតម្កើងព្រះអម្ចាស់
ជាព្រះនៃជនជាតិអ៊ីស្រាអែល
ដ្បិតព្រះអង្គសព្វព្រះហឫទ័យយាងមក
រំដោះប្រជារាស្ដ្ររបស់ព្រះអង្គ។
៦៩ ព្រះអង្គបានប្រទានព្រះសង្គ្រោះ
ដ៏មានឫទ្ធិមួយព្រះអង្គពីក្នុងចំណោម
ព្រះញាតិវង្សរបស់ព្រះបាទដាវីឌ
ជាអ្នកបម្រើព្រះអង្គមកឲ្យយើង។
៧០ ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង
ស្របនឹងព្រះបន្ទូលសន្យាថ្លែងតាមរយៈ
ព្យាការី*របស់ព្រះអង្គនៅជំនាន់ដើម
៧១ គឺព្រះអង្គសង្គ្រោះយើង
ឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និង
រួចពីអំណាចរបស់អស់អ្នកដែលស្អប់យើង។
៧២ ព្រះអង្គសម្ដែងព្រះហឫទ័យ
មេត្តាករុណាដល់បុព្វបុរស*របស់យើង
ហើយគោរពតាមសម្ពន្ធមេត្រី*
ដ៏វិសុទ្ធយ៉ាងស្មោះស្ម័គ្រ
៧៣ គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់
លោកអប្រាហាំ*ជាបុព្វបុរសរបស់យើងថា
៧៤ ព្រះអង្គនឹងរំដោះយើង
ឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ
ដើម្បីយើងអាចគោរពបម្រើព្រះអង្គបាន
ដោយឥតភ័យខ្លាច
៧៥ ព្រមទាំងឲ្យយើងរស់នៅបានបរិសុទ្ធ*
និងសុចរិត ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់
ជារៀងរាល់ថ្ងៃរហូតអស់មួយជីវិត។
៧៦ ចំណែកឯកូនវិញ កូននឹងទៅជាព្យាការី*
របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត
ព្រោះកូននឹងដើរមុខព្រះអម្ចាស់
ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។
៧៧ កូននឹងធ្វើឲ្យប្រជារាស្ដ្ររបស់ព្រះអង្គ
ដឹងថាព្រះអង្គសង្គ្រោះគេ
ដោយលើកលែងទោសឲ្យគេរួចពីបាប។
៧៨ ព្រះរបស់យើងមានព្រះហឫទ័យ
មេត្តាករុណាដ៏លើសលប់
ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមក
ដើម្បីរំដោះយើង
៧៩ និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត
ក្រោមអំណាចនៃសេចក្ដីស្លាប់
ព្រមទាំងតម្រង់ផ្លូវយើង
ឆ្ពោះទៅរកសេចក្ដីសុខសាន្ត»។
៨០ កុមារយ៉ូហានមានវ័យចម្រើនឡើងជាលំដាប់ ទាំងខាងរូបកាយ ទាំងខាងវិញ្ញាណ។ គាត់រស់នៅតែក្នុងវាលរហោស្ថាន រហូតដល់ថ្ងៃដែលគាត់បង្ហាញខ្លួនឲ្យប្រជារាស្ដ្រអ៊ីស្រាអែលឃើញ។
២
កំណើតព្រះយេស៊ូ
១ នៅគ្រានោះ ព្រះចៅអធិរាជរ៉ូម៉ាំង ព្រះនាមអូគូស្ដ មានព្រះរាជបញ្ជាឲ្យជំរឿនចំនួនប្រជាជនទាំងអស់ ក្នុងចក្រភពរ៉ូម៉ាំងទាំងមូល។ ២ ការជំរឿនប្រជាជនលើកដំបូងនេះបានធ្វើឡើង ក្នុងអំឡុងពេលដែលលោកគីរីញូសធ្វើជាទេសាភិបាល នៅស្រុកស៊ីរី។ ៣ អ្នកស្រុកទាំងអស់ត្រូវទៅចុះឈ្មោះក្នុងបញ្ជី តាមស្រុកកំណើតរៀងៗខ្លួន។ ៤ រីឯលោកយ៉ូសែបក៏ចេញដំណើរពីភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ ឆ្ពោះទៅភូមិបេថ្លេហិម ក្នុងស្រុកយូដា ជាភូមិកំណើតរបស់ព្រះបាទដាវីឌ ព្រោះលោកជាព្រះញាតិវង្សនឹងព្រះបាទដាវីឌ។ ៥ លោកទៅចុះឈ្មោះជាមួយនាងម៉ារី ជាគូដណ្ដឹងដែលមានផ្ទៃពោះ។ ៦ ពេលអ្នកទាំងពីរនៅឯភូមិបេថ្លេហិម នាងម៉ារីគ្រប់ខែហើយ។ ៧ នាងសម្រាលបានបុត្រមួយ ជាបុត្រច្បង។ នាងរុំបុត្រនោះនឹងសំពត់ រួចដាក់ឲ្យផ្ទំក្នុងស្នូកសត្វ ដ្បិតពុំមានសល់កន្លែងសំណាក់ក្នុងផ្ទះសោះ។
ទេវទូតប្រកាសអំពីកំណើតព្រះយេស៊ូប្រាប់ពួកគង្វាល
៨ ក្នុងស្រុកនោះ ពេលយប់ មានពួកគង្វាលនៅមើលហ្វូងសត្វរបស់គេតាមវាលស្មៅ។ ៩ ពេលនោះ ទេវទូត*របស់ព្រះអម្ចាស់មកឈរនៅក្បែរពួកគេ សិរីរុងរឿងរបស់ព្រះអម្ចាស់បានភ្លឺចិញ្ចែងចិញ្ចាចនៅជុំវិញគេ នាំឲ្យគេភ័យខ្លាចយ៉ាងខ្លាំង។ ១០ ទេវទូតពោលទៅគេថា៖ «កុំខ្លាចអ្វីឡើយ ខ្ញុំនាំដំណឹងល្អមួយមកប្រាប់អ្នករាល់គ្នា។ ដំណឹងនេះនឹងធ្វើឲ្យប្រជារាស្ដ្រទាំងមូលមានអំណរដ៏លើសលប់។ ១១ យប់នេះ នៅក្នុងភូមិកំណើតរបស់ព្រះបាទដាវីឌ ព្រះសង្គ្រោះរបស់អ្នករាល់គ្នាប្រសូតហើយ គឺព្រះគ្រីស្ដជាអម្ចាស់។ ១២ នេះជាសញ្ញាសម្គាល់ឲ្យអ្នករាល់គ្នាដឹង គឺអ្នករាល់គ្នាមុខជាឃើញទារកមួយ ទើបនឹងប្រសូត រុំដោយសំពត់ ផ្ដេកនៅក្នុងស្នូកសត្វ»។
១៣ រំពេចនោះ មានទេវទូតច្រើនកុះករ ចុះពីស្ថានបរមសុខ*មករួមជាមួយទេវទូតនោះ ច្រៀងសរសើរព្រះជាម្ចាស់ថា៖ ១៤ «សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ នៅស្ថានដ៏ខ្ពស់បំផុត ហើយសូមឲ្យមនុស្សលោកដ៏ជាទីស្រឡាញ់របស់ព្រះអង្គ បានប្រកបដោយសេចក្ដីសុខសាន្ត នៅលើផែនដី!»។
១៥ លុះពួកទេវទូតត្រឡប់ទៅស្ថានបរមសុខវិញអស់ទៅ ពួកគេបបួលគ្នាថា៖ «ទៅ! យើងនាំគ្នាទៅបេថ្លេហិម មើលហេតុការណ៍ដែលកើតមាន ដូចព្រះអម្ចាស់បានសម្ដែងឲ្យយើងដឹងនោះមើល៍»។ ១៦ ពួកគេប្រញាប់ប្រញាល់នាំគ្នាធ្វើដំណើរទៅ ឃើញនាងម៉ារីលោកយ៉ូសែប ព្រមទាំងព្រះឱរសផ្ទំក្នុងស្នូកសត្វ។ ១៧ ពេលពួកគង្វាលឃើញព្រះឱរសហើយ គេក៏រៀបរាប់អំពីសេចក្ដីដែលទេវទូតបានប្រាប់អំពីព្រះឱរសនេះ។ ១៨ អស់អ្នកដែលបានឮពួកគង្វាលនិយាយ នឹកឆ្ងល់យ៉ាងខ្លាំង។ ១៩ រីឯនាងម៉ារីវិញ នាងចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្ត ព្រមទាំងត្រិះរិះពិចារណាថែមទៀតផង។ ២០ បន្ទាប់មក ពួកគង្វាលត្រឡប់ទៅវិញ ទាំងច្រៀងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះហេតុការណ៍ទាំងអស់ ដែលគេបានឃើញបានឮស្របតាមសេចក្ដីដែលទេវទូតបានប្រាប់គេ ឥតមានខ្វះត្រង់ណាឡើយ។
២១ ប្រាំបីថ្ងៃក្រោយមក ដល់ពេលកំណត់ធ្វើពិធីកាត់ស្បែក*ថ្វាយព្រះឱរស គេថ្វាយព្រះនាមថា «យេស៊ូ» ជាព្រះនាមដែលទេវទូត*បានប្រាប់នាងម៉ារី មុនពេលមានផ្ទៃពោះ។
ពិធីថ្វាយព្រះឱរសយេស៊ូនៅក្នុងព្រះវិហារ
២២ លុះដល់ពេលកំណត់ដែលលោកយ៉ូសែប និងនាងម៉ារី ត្រូវធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ* តាមគម្ពីរវិន័យ*លោកម៉ូសេ*បានចែងទុក អ្នកទាំងពីរក៏នាំព្រះឱរសទៅថ្វាយព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម ២៣ ដ្បិតក្នុងគម្ពីរវិន័យរបស់ព្រះអម្ចាស់មានចែងទុកមកថា៖ «កូនប្រុសច្បងទាំងអស់ត្រូវទុកជាចំណែកថ្វាយព្រះអម្ចាស់»។ ២៤ អ្នកទាំងពីរថ្វាយយញ្ញបូជា តាមគម្ពីរវិន័យរបស់ព្រះអម្ចាស់ ដែលបានចែងទុកមក “គឺថ្វាយលលកមួយគូ ឬព្រាបស្ទាវពីរ”។
២៥ នៅក្រុងយេរូសាឡឹម មានបុរសម្នាក់ឈ្មោះស៊ីម៉ូនជាមនុស្សសុចរិត* គាត់គោរពកោតខ្លាចព្រះជាម្ចាស់ ព្រមទាំងទន្ទឹងរង់ចាំពេលព្រះអង្គយាងមកសម្រាលទុក្ខប្រជារាស្ដ្រអ៊ីស្រាអែល។ ព្រះវិញ្ញាណដ៏វិសុទ្ធ*សណ្ឋិតលើគាត់ ២៦ ហើយសម្ដែងឲ្យគាត់ដឹងថាគាត់មិនត្រូវស្លាប់ ដរាបណាមិនទាន់បានឃើញព្រះគ្រីស្ដ* ដែលព្រះអម្ចាស់ចាត់ឲ្យមកទេនោះ។ ២៧ ព្រះវិញ្ញាណនាំលោកស៊ីម៉ូនចូលក្នុងព្រះវិហារ*។ ពេលមាតាបិតានាំព្រះឱរសយេស៊ូមកថ្វាយព្រះជាម្ចាស់ តាមគម្ពីរវិន័យ* ២៨ លោកតាស៊ីម៉ូនក៏យកព្រះឱរសមកបី រួចសរសើរតម្កើងព្រះជាម្ចាស់ថា៖
២៩ «បពិត្រព្រះដ៏ជាចៅហ្វាយ!
ឥឡូវនេះ ព្រះអង្គបានសម្រេចតាម
ព្រះបន្ទូលសន្យាហើយ។
ដូច្នេះ សូមឲ្យទូលបង្គំ
ជាអ្នកបម្រើរបស់ព្រះអង្គ
លាចាកលោកនេះទៅ ដោយសុខសាន្តផងចុះ
៣០ ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ
៣១ ដែលព្រះអង្គបានប្រទានមកឲ្យ
ប្រជាជាតិទាំងអស់
៣២ គឺជាពន្លឺដែលនាំឲ្យមនុស្ស
គ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គ
និងជាសិរីរុងរឿងរបស់អ៊ីស្រាអែល
ជាប្រជារាស្ដ្រព្រះអង្គ»។
ពាក្យទំនាយរបស់លោកស៊ីម៉ូន
៣៣ មាតាបិតារបស់ព្រះយេស៊ូងឿងឆ្ងល់នឹងសេចក្ដីដែលលោកតាស៊ីម៉ូនមានប្រសាសន៍អំពីព្រះឱរសណាស់។ ៣៤ លោកតាស៊ីម៉ូនជូនពរអ្នកទាំងពីរ ហើយនិយាយទៅកាន់នាងម៉ារីជាមាតាថា៖ «ព្រះជាម្ចាស់បានចាត់បុត្រនេះមក ដើម្បីឲ្យជនជាតិអ៊ីស្រាអែលច្រើននាក់ដួល ឬងើបឡើងវិញ។ បុត្រនេះជាទីសម្គាល់មួយបង្ហាញអំពីការសង្គ្រោះរបស់ព្រះជាម្ចាស់ តែមានមនុស្សជាច្រើននឹងជំទាស់ប្រឆាំង។ ៣៥ បុត្រនេះធ្វើឲ្យគំនិតលាក់កំបាំងរបស់មនុស្សជាច្រើន លេចច្បាស់ឡើង រីឯនាងវិញ នាងនឹងឈឺចុកចាប់យ៉ាងខ្លាំង ដូចមានដាវមួយមកចាក់ទម្លុះដួងចិត្តរបស់នាង»។
ពាក្យទំនាយរបស់លោកយាយហាណ្ណា
៣៦ មានព្យាការិនីម្នាក់ឈ្មោះ ហាណ្ណា ជាកូនរបស់លោកផានូអែល ក្នុងកុលសម្ព័ន្ធ*អស៊ែរ។ គាត់រៀបការបានប្រាំពីរឆ្នាំ ប្ដីគាត់ក៏ទទួលមរណភាពចោលទៅ ៣៧ គាត់នៅមេម៉ាយរហូត ឥឡូវនេះ គាត់មានវ័យចាស់ណាស់ទៅហើយ អាយុប៉ែតសិបបួនឆ្នាំ។ គាត់មិនទៅណាឆ្ងាយពីព្រះវិហារ*ទេ គាត់នៅគោរពបម្រើព្រះអង្គទាំងយប់ទាំងថ្ងៃ ដោយតមអាហារ និងអធិស្ឋាន*ផង។ ៣៨ ពេលនោះ លោកយាយហាណ្ណាក៏នៅទីនោះដែរ គាត់សរសើរតម្កើងព្រះជាម្ចាស់ រួចតំណាលអំពីព្រះឱរសនោះ ប្រាប់អស់អ្នកដែលទន្ទឹងរង់ចាំព្រះជាម្ចាស់យាងមកលោះក្រុងយេរូសាឡឹម។
ព្រះឱរសត្រឡប់ទៅភូមិណាសារ៉ែតវិញ
៣៩ កាលមាតាបិតារបស់ព្រះយេស៊ូបានបំពេញកិច្ចការទាំងអស់ ស្របតាមគម្ពីរវិន័យ*របស់ព្រះអម្ចាស់សព្វគ្រប់ហើយ គាត់ក៏នាំគ្នាវិលត្រឡប់ទៅណាសារ៉ែត ជាភូមិរបស់គាត់ក្នុងស្រុកកាលីឡេវិញ។ ៤០ ព្រះកុមារមានវ័យចម្រើនឡើងជាលំដាប់ មានកម្លាំងកាន់តែមាំមួនឡើង និងពោរពេញទៅដោយព្រះប្រាជ្ញាញាណ។ ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងព្រះកុមារនេះណាស់។
ព្រះកុមារយេស៊ូនៅក្នុងព្រះវិហារ
៤១ ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង* មាតាបិតារបស់ព្រះយេស៊ូ តែងតែធ្វើដំណើរទៅក្រុងយេរូសាឡឹម។ ៤២ លុះដល់ព្រះយេស៊ូមានព្រះជន្មាយុដប់ពីរព្រះវស្សា មាតាបិតាក៏នាំព្រះអង្គឡើងទៅចូលរួមក្នុងពិធីបុណ្យ តាមទំនៀមទម្លាប់។ ៤៣ លុះពិធីបុណ្យបានចប់សព្វគ្រប់ហើយ អ្នកទាំងពីរនាំគ្នាវិលត្រឡប់ទៅផ្ទះវិញ។ រីឯព្រះកុមារយេស៊ូគង់នៅក្រុងយេរូសាឡឹមនៅឡើយ តែមាតាបិតាពុំបានដឹងទេ។ ៤៤ គាត់នឹកស្មានថា ព្រះកុមារគង់នៅក្នុងចំណោមអស់អ្នកដែលរួមដំណើរជាមួយគ្នា។ ក្រោយពីបានធ្វើដំណើរអស់រយៈពេលមួយថ្ងៃ ទើបគាត់នាំគ្នាដើររកព្រះកុមារក្នុងចំណោមញាតិមិត្តទាំងអស់ ៤៥ ប៉ុន្តែ រកពុំឃើញសោះ គាត់ក៏នាំគ្នាត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ដើម្បីរកព្រះអង្គនៅទីនោះទៀត។ ៤៦ បីថ្ងៃក្រោយមក មាតាបិតាឃើញព្រះយេស៊ូក្នុងព្រះវិហារ* ព្រះអង្គគង់នៅកណ្ដាលចំណោមគ្រូបណ្ឌិតខាងវិន័យ* កំពុងតែស្ដាប់គេនិយាយ ព្រមទាំងសួរសំណួរផ្សេងៗដល់គេផង។ ៤៧ អស់អ្នកដែលស្ដាប់ព្រះកុមារ នឹកឆ្ងល់ពីព្រះបន្ទូលឆ្លើយឆ្លងរបស់ព្រះអង្គ ប្រកបដោយព្រះប្រាជ្ញាញាណ។ ៤៨ កាលមាតាបិតាបានឃើញព្រះកុមារហើយ គាត់នឹកឆ្ងល់យ៉ាងខ្លាំង។ មាតាសួរថា៖ «កូនអើយ! ហេតុអ្វីបានជាកូនធ្វើដូច្នេះ? ឪពុកម្ដាយព្រួយចិត្តណាស់ ខំដើររកកូន»។ ៤៩ ព្រះកុមារមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាលោកឪពុកអ្នកម្ដាយរកកូនយ៉ាងហ្នឹង? តើលោកឪពុកអ្នកម្ដាយមិនជ្រាបថា កូនត្រូវនៅក្នុងដំណាក់ព្រះបិតារបស់កូនទេឬ?»។ ៥០ ប៉ុន្តែ មាតាបិតាពុំបានយល់អត្ថន័យនៃព្រះបន្ទូលរបស់ព្រះកុមារឡើយ។
៥១ បន្ទាប់មក ព្រះកុមារយេស៊ូយាងត្រឡប់ទៅភូមិណាសារ៉ែតជាមួយមាតាបិតាវិញ ហើយធ្វើតាមឱវាទរបស់គាត់ទាំងពីរនាក់។ មាតារបស់ព្រះអង្គចងចាំហេតុការណ៍ទាំងអស់នោះទុកក្នុងចិត្ត។ ៥២ ព្រះយេស៊ូមានវ័យចម្រើនឡើង ហើយមានប្រាជ្ញាកាន់តែវាងវៃ ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ និងជាទីគាប់ចិត្តមនុស្សផងទាំងពួង។
៣
លោកយ៉ូហានបាទីស្ដប្រៀនប្រដៅបណ្ដាជន
(ម៉ាថាយ ៣.១-១២ ម៉ាកុស ១.១-៨ យ៉ូហាន ១.១៩-២៨)
១ នៅឆ្នាំទីដប់ប្រាំ នៃរជ្ជកាលព្រះចៅអធិរាជរ៉ូម៉ាំង ព្រះនាមទីប៊ែរ លោកប៉ុនពីឡាតធ្វើជាទេសាភិបាលនៅស្រុកយូដា ព្រះបាទហេរ៉ូដជាស្ដេចអនុរាជ*គ្រប់គ្រងស្រុកកាលីឡេ ព្រះបាទភីលីពអនុជរបស់ព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជគ្រប់គ្រងតំបន់អ៊ីទូរេ និងតំបន់ត្រាខូនីត ព្រះបាទលីសាញ៉ាសជាស្ដេចអនុរាជគ្រប់គ្រងស្រុកអាប៊ីឡែន ២ លោកហាណ្ណា និងលោកកៃផាសធ្វើជាមហាបូជាចារ្យ*។ ពេលនោះ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូហាន ជាកូនរបស់លោកសាការី នៅក្នុងវាលរហោស្ថាន*។ ៣ លោកយ៉ូហានធ្វើដំណើរគ្រប់ទីកន្លែង ក្នុងតំបន់ទន្លេយ័រដាន់ ហើយប្រកាសឲ្យមនុស្សកែប្រែចិត្តគំនិតដោយទទួលពិធីជ្រមុជទឹក* ដើម្បីព្រះជាម្ចាស់លើកលែងទោសឲ្យរួចពីបាប។ ៤ លោកប្រកាសដូច្នេះ ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរព្យាការីអេសាយថា៖
«មានសំឡេងបុរសម្នាក់ស្រែកឡើង
នៅវាលរហោស្ថានថាៈ
ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់
ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ។
៥ ត្រូវបំពេញច្រកភ្នំទាំងអស់ឲ្យរាបស្មើ
និងពង្រាបភ្នំតូចធំទាំងប៉ុន្មានឲ្យរាប
ត្រូវតម្រង់ផ្លូវកោងឲ្យត្រង់
ព្រមទាំងលុបផ្លូវរដិបរដុបឲ្យរាបស្មើដែរ
៦ នោះមនុស្សទាំងអស់នឹងឃើញការសង្គ្រោះ
របស់ព្រះជាម្ចាស់»។
៧ លោកយ៉ូហានតែងតែបន្ទោសមហាជន ដែលមកទទួលពិធីជ្រមុជទឹក*ពីលោកថា៖ «នែ៎ ពូជពស់វែកអើយ! តើនរណាប្រាប់ឲ្យអ្នករាល់គ្នារត់គេចពីព្រះពិរោធរបស់ព្រះជាម្ចាស់ ដែលជិតមកដល់ដូច្នេះ?។ ៨ ចូរប្រព្រឹត្តអំពើល្អ ដើម្បីបញ្ជាក់ថា អ្នករាល់គ្នាបានកែប្រែចិត្តគំនិតមែន។ កុំអាងខ្លួនថាមានលោកអប្រាហាំជាបុព្វបុរស*នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ក៏អាចធ្វើឲ្យថ្មទាំងនេះទៅជាកូនចៅលោកអប្រាហាំបានដែរ។ ៩ ពូថៅនៅជិតគល់ឈើជាស្រេចហើយ ដើមឈើណាមិនផ្ដល់ផ្លែល្អទេ ត្រូវកាប់រំលំបោះទៅក្នុងភ្លើង»។ ១០ មហាជនសួរលោកយ៉ូហានថា៖ «បើដូច្នេះ តើយើងត្រូវធ្វើអ្វីខ្លះ?»។ ១១ លោកយ៉ូហានតបទៅពួកគេវិញថា៖ «អ្នកណាមានអាវពីរ ត្រូវចែកឲ្យអ្នកដែលគ្មាន ហើយអ្នកដែលមានចំណីអាហារ ក៏ត្រូវចែកឲ្យអ្នកគ្មានដែរ»។ ១២ មានអ្នកទារពន្ធ*ខ្លះមកទទួលពិធីជ្រមុជទឹក* ហើយសួរលោកថា៖ «លោកគ្រូអើយ! តើយើងខ្ញុំត្រូវធ្វើអ្វីខ្លះ?»។ ១៣ លោកឆ្លើយវិញថា៖ «កុំទារពន្ធហួសពីកម្រិត ដែលមានកំណត់ទុកនោះឡើយ»។ ១៤ មានទាហានមកសួរលោកថា៖ «ចុះយើងខ្ញុំវិញ តើត្រូវធ្វើអ្វីដែរ?»។ លោកឆ្លើយថា៖ «កុំចោទប្រកាន់ កុំសង្កត់សង្កិនយកប្រាក់ពីអ្នកណាឲ្យសោះ ត្រូវស្កប់ចិត្តតែនឹងប្រាក់ខែរបស់អ្នករាល់គ្នាប៉ុណ្ណោះបានហើយ»។
១៥ ប្រជាជននៅតែរង់ចាំ ហើយគេរិះគិតក្នុងចិត្តគ្រប់ៗគ្នាថា ប្រហែលលោកនេះទេដឹងជាព្រះគ្រីស្ដ*!។ ១៦ លោកយ៉ូហានមានប្រសាសន៍ប្រាប់គេទាំងអស់គ្នាថា៖ «ខ្ញុំធ្វើពិធីជ្រមុជ*ឲ្យអ្នករាល់គ្នាក្នុងទឹក ប៉ុន្តែ លោកដែលមានកម្លាំងខ្លាំងជាងខ្ញុំ ជិតមកដល់ហើយ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយភ្លើងវិញ។ ១៧ លោកកាន់ចង្អេរ លោកសំអាតលានបោកស្រូវ ដើម្បីអុំស្រូវយកគ្រាប់ល្អប្រមូលដាក់ជង្រុក រីឯសម្ដី វិញ លោកនឹងដុតក្នុងភ្លើង ដែលឆេះពុំចេះរលត់ឡើយ»។ ១៨ លោកយ៉ូហានប្រកាសដំណឹងល្អ*ដល់ប្រជាជន ដោយពាក្យដាស់តឿនជាច្រើនទៀតផង។ ១៩ លោកស្ដីបន្ទោសព្រះបាទហេរ៉ូដជាស្ដេចអនុរាជថែមទៀត ព្រោះព្រះរាជាបានយកព្រះនាងហេរ៉ូឌីយ៉ាដា ដែលត្រូវជាមហេសីរបស់អនុជ*ស្ដេចមកធ្វើជាមហេសីរបស់ស្ដេចផ្ទាល់។ មិនតែប៉ុណ្ណោះសោត លោកយ៉ូហានស្ដីបន្ទោសព្រះបាទហេរ៉ូដ ព្រោះស្ដេចបានធ្វើអំពើអាក្រក់ជាច្រើនផង។ ២០ ព្រះអង្គបានធ្វើអំពើអាក្រក់មួយទៀត គឺចាប់លោកយ៉ូហានទៅដាក់ក្នុងមន្ទីរឃុំឃាំង។
ព្រះយេស៊ូទទួលពិធីជ្រមុជទឹក
(មថ.៣.១៣-១៧ មក.១.៩-១១ យហ.១.៣២-៣៤)
២១ ពេលប្រជាជនទាំងអស់ទទួលពិធីជ្រមុជទឹករួចហើយ ព្រះយេស៊ូក៏ទទួលពិធីជ្រមុជទឹកដែរ។ នៅពេលព្រះអង្គកំពុងអធិស្ឋាន* ស្រាប់តែផ្ទៃមេឃបើកចំហ ២២ ហើយព្រះវិញ្ញាណដ៏វិសុទ្ធ*យាងចុះមក មានរូបរាងដូចសត្វព្រាប សណ្ឋិតលើព្រះអង្គ។ មានឮព្រះសូរសៀងពីលើមេឃមកថា៖ «ព្រះអង្គជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់»។
បញ្ជីរាយនាមព្រះអយ្យកោរបស់ព្រះយេស៊ូ
(ម៉ាថាយ ១.១-១៧)
២៣ កាលព្រះយេស៊ូចាប់ផ្ដើមព្រះបរមកិច្ច ព្រះអង្គមានព្រះជន្មាយុប្រមាណសាមសិបព្រះវស្សា។ តាមគេស្មាន ព្រះអង្គជាបុត្ររបស់លោកយ៉ូសែប ដែលត្រូវជាបុត្រលោកអេលី ២៤ លោកអេលីជាបុត្រលោកម៉ាថាត់ លោកម៉ាថាត់ជាបុត្រលោកលេវី លោកលេវីជាបុត្រលោកមែលឃី លោកមែលឃីជាបុត្រលោកយ៉ាណាយ លោកយ៉ាណាយជាបុត្រលោកយ៉ូសែប ២៥ លោកយ៉ូសែបជាបុត្រលោកម៉ាថាធី លោកម៉ាថាធីជាបុត្រលោកអម៉ូស លោកអម៉ូសជាបុត្រលោកណាអ៊ូម លោកណាអ៊ូមជាបុត្រលោកហែសលី លោកហែសលីជាបុត្រលោកណាកាយ ២៦ លោកណាកាយជាបុត្រលោកម៉ាអាត លោកម៉ាអាតជាបុត្រលោកម៉ាថាធី លោកម៉ាថាធីជាបុត្រលោកសេមែន លោកសេមែនជាបុត្រលោកយ៉ូសិច លោកយ៉ូសិចជាបុត្រលោកយ៉ូដា ២៧ លោកយ៉ូដាជាបុត្រលោកយ៉ូណាន់ លោកយ៉ូណាន់ជាបុត្រលោករេសា លោករេសាជាបុត្រលោកសូរ៉ូបាបែល លោកសូរ៉ូបាបែលជាបុត្រលោកសាឡាធីអែល លោកសាឡាធីអែលជាបុត្រលោកនេរី ២៨ លោកនេរីជាបុត្រលោកមែលឃី លោកមែលឃីជាបុត្រលោកអាត់ឌី លោកអាត់ឌីជាបុត្រលោកកូសាម លោកកូសាមជាបុត្រលោកអែលម៉ាដាម លោកអែលម៉ាដាមជាបុត្រលោកអ៊ែរ ២៩ លោកអ៊ែរជាបុត្រលោកយេស៊ូ លោកយេស៊ូជាបុត្រលោកអេលីអេស៊ែរ លោកអេលីអេស៊ែរជាបុត្រលោកយ៉ូរីម លោកយ៉ូរីមជាបុត្រលោកម៉ាថាត់ លោកម៉ាថាត់ជាបុត្រលោកលេវី ៣០ លោកលេវីជាបុត្រលោកស៊ីម៉ូន លោកស៊ីម៉ូនជាបុត្រលោកយូដា លោកយូដាជាបុត្រលោកយ៉ូសែប លោកយ៉ូសែបជាបុត្រលោកយ៉ូណាម លោកយ៉ូណាមជាបុត្រលោកអេលីយ៉ាគីម ៣១ លោកអេលីយ៉ាគីមជាបុត្រលោកម៉េលា លោកម៉េលាជាបុត្រលោកមេណា លោកមេណាជាបុត្រលោកម៉ាតាថា លោកម៉ាតាថាជាបុត្រលោកណាថាន់ លោកណាថាន់ជាបុត្រស្ដេចដាវីឌ ៣២ ស្ដេចដាវីឌជាបុត្រលោកយេសាយ លោកយេសាយជាបុត្រលោកយ៉ូបេដ លោកយ៉ូបេដជាបុត្រលោកបូអូស លោកបូអូសជាបុត្រលោកសាឡា លោកសាឡាជាបុត្រលោកណាសូន ៣៣ លោកណាសូនជាបុត្រលោកអមីណាដាប លោកអមីណាដាបជាបុត្រលោកអាដមីន លោកអាដមីនជាបុត្រលោកអ័រនី លោកអ័រនីជាបុត្រលោកអែសរ៉ូម លោកអែសរ៉ូមជាបុត្រលោកផារ៉ែស លោកផារ៉ែសជាបុត្រលោកយូដា ៣៤ លោកយូដាជាបុត្រលោកយ៉ាកុប លោកយ៉ាកុបជាបុត្រលោកអ៊ីសាក លោកអ៊ីសាកជាបុត្រលោកអប្រាហាំ លោកអប្រាហាំជាបុត្រលោកតេរ៉ា លោកតេរ៉ាជាបុត្រលោកណាហ៊រ ៣៥ លោកណាហ៊រជាបុត្រលោកសេរូក លោកសេរូកជាបុត្រលោករ៉ាកៅ លោករ៉ាកៅជាបុត្រលោកពេឡេក លោកពេឡេកជាបុត្រលោកហេប៊ែរ លោកហេប៊ែរជាបុត្រលោកសេឡា ៣៦ លោកសេឡាជាបុត្រលោកកៃណាម លោកកៃណាមជាបុត្រលោកអារប៉ាកសាដ លោកអារប៉ាកសាដជាបុត្រលោកសិម លោកសិមជាបុត្រលោកណូអេ លោកណូអេជាបុត្រលោកឡាម៉េក ៣៧ លោកឡាម៉េកជាបុត្រលោកម៉ាធូសាឡា លោកម៉ាធូសាឡាជាបុត្រលោកហេណុក លោកហេណុកជាបុត្រលោកយ៉ារ៉េដ លោកយ៉ារ៉េដជាបុត្រលោកម៉ាឡេឡែល លោកម៉ាឡេឡែលជាបុត្រលោកកៃណាម ៣៨ លោកកៃណាមជាបុត្រលោកអេណុស លោកអេណុសជាបុត្រលោកសេថ លោកសេថជាបុត្រលោកអដាំ ហើយលោកអដាំជាបុត្រព្រះជាម្ចាស់។
៤
ព្រះយេស៊ូឈ្នះការល្បួង
(ម៉ាថាយ ៤.១-១១ ម៉ាកុស ១.១២-១៣)
១ ព្រះយេស៊ូបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ* ព្រះអង្គយាងត្រឡប់ពីទន្លេយ័រដាន់មកវិញ ហើយព្រះវិញ្ញាណនាំព្រះអង្គទៅវាលរហោស្ថាន។ ២ នៅទីនោះ ព្រះអង្គត្រូវមារ*សាតាំងល្បួងអស់រយៈពេលសែសិបថ្ងៃ។ ក្នុងអំឡុងពេលនោះ ព្រះអង្គពុំសោយអ្វីឡើយ។ លុះផុតពីពេលនោះទៅ ទើបព្រះអង្គឃ្លាន។ ៣ មារ*ទូលព្រះអង្គថា៖ «ប្រសិនបើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន សូមធ្វើឲ្យដុំថ្មនេះទៅជានំបុ័ងមើល៍»។ ៤ ព្រះយេស៊ូមានព្រះបន្ទូលតបទៅវិញថា៖ «ក្នុងគម្ពីរមានចែងថា មនុស្សមិនមែនរស់ដោយសារតែអាហារប៉ុណ្ណោះទេ»។
៥ មារនាំព្រះអង្គទៅកន្លែងមួយដ៏ខ្ពស់ ហើយចង្អុលបង្ហាញនគរទាំងប៉ុន្មាននៅលើផែនដីឲ្យព្រះអង្គឃើញ ក្នុងមួយរយៈពេលដ៏ខ្លី។ ៦ មារសាតាំងទូលព្រះអង្គថា៖ «ខ្ញុំនឹងប្រគល់អំណាច ព្រមទាំងភោគទ្រព្យរបស់នគរទាំងនោះឲ្យលោក ដ្បិតអ្វីៗទាំងអស់ជាសម្បត្តិរបស់ខ្ញុំ ខ្ញុំអាចប្រគល់ឲ្យអ្នកណាក៏បានស្រេចតែនឹងចិត្តខ្ញុំ។ ៧ ដូច្នេះ ប្រសិនបើលោកក្រាបថ្វាយបង្គំខ្ញុំ សម្បត្តិទាំងនោះនឹងបានជារបស់លោកហើយ»។ ៨ ព្រះយេស៊ូមានព្រះបន្ទូលតបទៅវិញថា៖ «ក្នុងគម្ពីរមានចែងថា “អ្នកត្រូវតែថ្វាយបង្គំព្រះអម្ចាស់* ជាព្រះរបស់អ្នក និងគោរពបម្រើតែព្រះអង្គមួយប៉ុណ្ណោះ”»។
៩ បន្ទាប់មក មារនាំព្រះអង្គទៅក្រុងយេរូសាឡឹម ដាក់ព្រះអង្គលើកំពូលព្រះវិហារ* ហើយទូលថា៖ «ប្រសិនបើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន សូមលោតទម្លាក់ខ្លួនចុះទៅក្រោមមើល៍ ១០ ដ្បិតក្នុងគម្ពីរមានចែងថា “ព្រះជាម្ចាស់នឹងបញ្ជាឲ្យទេវទូត*ថែរក្សាលោក ១១ ហើយទេវទូតទាំងនោះនឹងចាំទ្រលោក មិនឲ្យជើងលោកប៉ះទង្គិចនឹងថ្មឡើយ”»។ ១២ ព្រះយេស៊ូមានព្រះបន្ទូលតបទៅមារវិញថា៖ «ក្នុងគម្ពីរមានចែងថា កុំល្បងលព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ»។ ១៣ លុះមារល្បួងព្រះយេស៊ូសព្វបែបយ៉ាងហើយ វាក៏ថយចេញឆ្ងាយពីព្រះអង្គទៅ រហូតដល់ពេលកំណត់។
ព្រះយេស៊ូចាប់ផ្ដើមផ្សាយដំណឹងល្អនៅស្រុកកាលីឡេ អ្នកភូមិណាសារ៉ែតបដិសេធមិនព្រមទទួលព្រះអង្គ
(មថ.៤.១២-១៧, ១៣.៥៣-៥៨ មក.១.១៤-១៥, ៦.១-៦)
១៤ ព្រះយេស៊ូយាងត្រឡប់ទៅស្រុកកាលីឡេវិញ ប្រកបដោយឫទ្ធានុភាពរបស់ព្រះវិញ្ញាណ ព្រះនាមព្រះអង្គឮល្បីល្បាញពាសពេញតំបន់នោះ។ ១៥ ព្រះអង្គបង្រៀនអ្នកស្រុកក្នុងសាលាប្រជុំ* គេសរសើរតម្កើងសិរីរុងរឿងព្រះអង្គគ្រប់ៗគ្នា។
១៦ ព្រះយេស៊ូយាងទៅភូមិណាសារ៉ែត ជាភូមិដែលព្រះអង្គគង់នៅកាលពីកុមារ។ នៅថ្ងៃសប្ប័ទ* ព្រះអង្គយាងទៅសាលាប្រជុំ*តាមទម្លាប់របស់ព្រះអង្គ។ ព្រះអង្គក្រោកឈរឡើង ដើម្បីអានគម្ពីរ។ ១៧ គេបានយកគម្ពីររបស់ព្យាការី*អេសាយមកថ្វាយព្រះអង្គ ព្រះអង្គបើកគម្ពីរត្រង់អត្ថបទមួយ ដែលមានចែងថា៖
១៨ «ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ។
ព្រះអង្គបានចាក់ប្រេងអភិសេកខ្ញុំ
ឲ្យនាំដំណឹងល្អ*ទៅប្រាប់ជនក្រីក្រ។
ព្រះអង្គបានចាត់ខ្ញុំឲ្យមកប្រកាសប្រាប់
ជនជាប់ជាឈ្លើយថា គេនឹងមានសេរីភាព
ហើយប្រាប់មនុស្សខ្វាក់ថា
គេនឹងមើលឃើញវិញ។
ព្រះអង្គបានចាត់ខ្ញុំឲ្យមករំដោះ
អស់អ្នកដែលត្រូវគេសង្កត់សង្កិន
១៩ ព្រមទាំងប្រកាសអំពីឆ្នាំដែលព្រះអម្ចាស់
សម្ដែងព្រះហឫទ័យមេត្តាករុណា»។
២០ លុះអានចប់ហើយ ព្រះយេស៊ូបិទគម្ពីរប្រគល់ទៅអ្នកថែរក្សា រួចព្រះអង្គគង់ចុះវិញ។ មនុស្សគ្រប់ៗរូបនៅក្នុងសាលាប្រជុំ សម្លឹងមើលព្រះអង្គ។ ២១ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ហេតុការណ៍ដែលមានចែងទុកក្នុងគម្ពីរ ដូចអ្នករាល់គ្នាទើបនឹងស្ដាប់អំបាញ់មិញ បានសម្រេចជារូបរាងនៅថ្ងៃនេះហើយ»។ ២២ ឮដូច្នេះ គេស្ងើចសរសើរព្រះយេស៊ូគ្រប់ៗគ្នា ទាំងនឹកឆ្ងល់អំពីព្រះបន្ទូល ប្រកបដោយព្រះហឫទ័យប្រណីសន្ដោស ដែលហូរចេញពីព្រះឱស្ឋរបស់ព្រះអង្គ។ គេពោលថា៖ «អ្នកនេះមិនមែនជាកូនរបស់ជាងយ៉ូសែបទេឬ?»។ ២៣ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ប្រហែលជាអ្នករាល់គ្នាចង់យកសុភាសិតដែលចែងថា “គ្រូពេទ្យអើយ ចូរមើលជំងឺរបស់ខ្លួនឲ្យជាសិនទៅ” មកផ្ចាញ់ផ្ចាលខ្ញុំទេដឹង! ឬមួយអ្នករាល់គ្នាចង់និយាយមកខ្ញុំទៀតថា “យើងឮគេនិយាយអំពីកិច្ចការទាំងអស់ ដែលអ្នកធ្វើនៅក្រុងកាផានុម ចូរធ្វើការដដែលនៅទីនេះជាស្រុកកំណើតរបស់អ្នក ឲ្យយើងឃើញផង!”»។
២៤ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មិនដែលមានព្យាការី*ណាម្នាក់ត្រូវគេគោរព នៅក្នុងស្រុកកំណើតរបស់ខ្លួនឡើយ។ ២៥ ខ្ញុំសុំបញ្ជាក់ថា នៅជំនាន់លោកអេលី មេឃរាំងអស់រយៈពេលបីឆ្នាំកន្លះ បណ្ដាលឲ្យមានទុរ្ភិក្សយ៉ាងខ្លាំងពេញទាំងស្រុក។ នៅស្រុកអ៊ីស្រាអែលមានស្ត្រីមេម៉ាយជាច្រើន។ ២៦ ក៏ប៉ុន្តែ ព្រះជាម្ចាស់ពុំបានចាត់ព្យាការីអេលីឲ្យទៅជួយស្ត្រីមេម៉ាយណាម្នាក់នៅស្រុកអ៊ីស្រាអែលឡើយ គឺព្រះអង្គបានចាត់លោកឲ្យទៅជួយស្ត្រីមេម៉ាយម្នាក់ ដែលរស់នៅភូមិសារិបតា ក្នុងក្រុងស៊ីដូនវិញ។ ២៧ នៅជំនាន់ព្យាការីអេលីសេ មានមនុស្សឃ្លង់ជាច្រើនក្នុងស្រុកអ៊ីស្រាអែល ប៉ុន្តែ គ្មានអ្នកណាម្នាក់បានជាសោះឡើយ គឺមានតែលោកណាម៉ាន់ជាជនជាតិស៊ីរីម្នាក់ប៉ុណ្ណោះ»។
២៨ កាលបានឮព្រះបន្ទូលទាំងនេះ អ្នកនៅក្នុងសាលាប្រជុំ*ទាំងប៉ុន្មានខឹងព្រះយេស៊ូគ្រប់ៗគ្នា។ ២៩ គេក្រោកឡើង ចាប់ប្រអូសប្រទាញព្រះយេស៊ូចេញពីភូមិ ដែលសង់លើកំពូលភ្នំ នាំឆ្ពោះទៅមាត់ជ្រោះ បម្រុងនឹងច្រានព្រះអង្គទម្លាក់ទៅក្រោម។ ៣០ ប៉ុន្តែ ព្រះអង្គយាងចេញពីកណ្ដាលចំណោមគេបាត់ទៅ។
ព្រះយេស៊ូដេញខ្មោចចេញពីមនុស្សម្នាក់
(ម៉ាកុស ១.២១-២៨)
៣១ ព្រះយេស៊ូយាងទៅក្រុងកាផានុម ក្នុងស្រុកកាលីឡេ។ នៅទីនោះ ព្រះអង្គបង្រៀនបណ្ដាជនជារៀងរាល់ថ្ងៃសប្ប័ទ*។ ៣២ មនុស្សគ្រប់គ្នាងឿងឆ្ងល់យ៉ាងខ្លាំងអំពីបែបបទដែលព្រះអង្គបង្រៀន ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច។ ៣៣ នៅក្នុងសាលាប្រជុំ*មានបុរសម្នាក់ដែលខ្មោចចូល ស្រែកឡើងខ្លាំងៗថា៖ ៣៤ «ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតអើយ! តើព្រះអង្គចង់ធ្វើអ្វីយើង? ព្រះអង្គមកបំផ្លាញយើង! ខ្ញុំស្គាល់ព្រះអង្គហើយ ព្រះអង្គជាព្រះដ៏វិសុទ្ធ*ដែលមកពីព្រះជាម្ចាស់»។ ៣៥ ព្រះយេស៊ូគំរាមខ្មោចនោះថា៖ «ស្ងៀម ចេញពីអ្នកនេះទៅ!»។ ខ្មោចក៏ផ្ដួលបុរសនោះ នៅកណ្ដាលចំណោមបណ្ដាជន រួចចេញទៅ ដោយពុំមានធ្វើឲ្យគាត់ឈឺចាប់អ្វីឡើយ។ ៣៦ មនុស្សម្នាភ័យស្រឡាំងកាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «ចុះពាក្យសម្ដីរបស់លោកនេះអីក៏ពូកែម៉្លេះ មើល៍លោកមានអំណាច និងឫទ្ធានុភាពអាចបញ្ជាទៅខ្មោចឲ្យវាចេញ ហើយវាធ្វើតាម»។ ៣៧ បន្ទាប់មក ព្រះកិត្តិនាមរបស់ព្រះយេស៊ូល្បីខ្ចរខ្ចារពាសពេញតំបន់នោះ។
ព្រះយេស៊ូប្រោសអ្នកជំងឺជាច្រើនឲ្យជា
(ម៉ាថាយ ៨.១៤-១៧ ម៉ាកុស ១.២៩-៣៤)
៣៨ ព្រះយេស៊ូយាងចេញពីសាលាប្រជុំ*ទៅផ្ទះលោកស៊ីម៉ូន ពេលនោះ ម្ដាយក្មេករបស់លោកស៊ីម៉ូនគ្រុនយ៉ាងខ្លាំង គេទូលសូមព្រះអង្គមេត្តាប្រោសគាត់ឲ្យជា។ ៣៩ ព្រះយេស៊ូឱនទៅលើអ្នកជំងឺ ព្រះអង្គគំរាមជំងឺគ្រុន ជំងឺគ្រុនក៏ចេញបាត់ទៅ ហើយម្ដាយក្មេករបស់លោកស៊ីម៉ូនក៏បានជា។ រំពេចនោះ គាត់ក្រោកឡើង បម្រើភ្ញៀវ។
៤០ នៅពេលថ្ងៃលិច អ្នកស្រុកទាំងអស់នាំបងប្អូនដែលមានជំងឺផ្សេងៗមករកព្រះយេស៊ូ។ ព្រះអង្គដាក់ព្រះហស្ដលើអ្នកទាំងនោះ ហើយប្រោសគេឲ្យជាសះស្បើយគ្រប់ៗគ្នា។ ៤១ មានខ្មោចចេញពីមនុស្សជាច្រើន ទាំងស្រែកថា៖ «ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់»។ ប៉ុន្តែ ព្រះយេស៊ូគំរាមខ្មោចទាំងនោះមិនឲ្យនិយាយជាដាច់ខាត ព្រោះពួកវាដឹងថា ព្រះអង្គជាព្រះគ្រីស្ដ*។
៤២ លុះព្រលឹមឡើង ព្រះយេស៊ូយាងចេញពីក្រុងទៅកន្លែងស្ងាត់។ បណ្ដាជននាំគ្នាដើររកព្រះអង្គ។ លុះជួបហើយ គេឃាត់ព្រះអង្គឲ្យនៅជាមួយ មិនចង់ឲ្យយាងចាកចោលគេឡើយ។ ៤៣ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំត្រូវនាំដំណឹងល្អ*អំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់ទៅក្រុងឯទៀតៗដែរ ដ្បិតព្រះអង្គបានចាត់ខ្ញុំឲ្យមកបំពេញការនេះឯង»។
៤៤ បន្ទាប់មក ព្រះយេស៊ូប្រកាសដំណឹងល្អ*តាមសាលាប្រជុំ*នានា ក្នុងស្រុកកាលីឡេ។
៥
ព្រះយេស៊ូត្រាស់ហៅសាវ័កបីរូប
(ម៉ាថាយ ៤.១៨-២២ ម៉ាកុស ១.១៦-២០)
១ ថ្ងៃមួយ ព្រះយេស៊ូគង់នៅមាត់បឹងកេនេសារ៉ែត មានបណ្ដាជនជាច្រើនប្រជ្រៀតគ្នានៅជុំវិញព្រះអង្គ ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ២ ព្រះអង្គទតឃើញទូកពីរចតនៅមាត់ច្រាំង រីឯអ្នកនេសាទនាំគ្នាចុះទៅលាងអួនរបស់គេ។ ៣ ព្រះយេស៊ូយាងចុះទៅក្នុងទូករបស់លោកស៊ីម៉ូន រួចព្រះអង្គសុំឲ្យគាត់ចេញទូក ទៅឆ្ងាយពីច្រាំងបន្ដិច។ ព្រះអង្គគង់បង្រៀនបណ្ដាជនពីក្នុងទូកនោះ។
៤ លុះព្រះអង្គបង្រៀនគេចប់ហើយ ព្រះអង្គមានព្រះបន្ទូលទៅកាន់លោកស៊ីម៉ូនថា៖ «ចូរបង្ហួសទូកទៅទឹកជ្រៅ រួចនាំគ្នាទម្លាក់អួនចុះ»។ ៥ លោកស៊ីម៉ូនតបទៅព្រះយេស៊ូវិញថា៖ «លោកគ្រូ! យើងខ្ញុំបានអូសអួនពេញមួយយប់ហើយ អត់បានត្រីសោះ ប៉ុន្តែ បើលោកគ្រូមានប្រសាសន៍ដូច្នេះ ខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោកគ្រូ»។ ៦ គេក៏ទម្លាក់អួនទៅក្នុងទឹក ជាប់ត្រីយ៉ាងច្រើនស្ទើរតែធ្លាយអួន។ ៧ គេបក់ដៃហៅមិត្តភក្ដិដែលនៅក្នុងទូកមួយទៀតឲ្យមកជួយ។ ពួកនោះមកដល់ ជួយចាប់ត្រីដាក់ពេញទូកទាំងពីរ ស្ទើរតែនឹងលិច។ ៨ ពេលលោកស៊ីម៉ូនសិលាឃើញដូច្នោះ គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូ ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមយាងឲ្យឆ្ងាយពីទូលបង្គំទៅ ព្រោះទូលបង្គំជាមនុស្សបាប»។ ៩ លោកស៊ីម៉ូននិយាយដូច្នេះ ព្រោះគាត់ និងអស់អ្នកដែលនៅជាមួយ ភ័យស្ញប់ស្ញែងជាខ្លាំង នៅពេលបានឃើញត្រីច្រើនយ៉ាងនេះ។ ១០ រីឯលោកយ៉ាកុប និងលោកយ៉ូហាន ជាកូនលោកសេបេដេ ដែលនេសាទរួមជាមួយលោកស៊ីម៉ូន ក៏មានចិត្តដូច្នោះដែរ។ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «កុំខ្លាចអី! ពីពេលនេះទៅមុខ អ្នកនឹងនេសាទមនុស្សវិញ»។ ១១ ពេលទូកទៅដល់មាត់ច្រាំងវិញ គេបោះបង់របស់របរទាំងអស់ចោល រួចនាំគ្នាដើរតាមព្រះយេស៊ូទៅ។
ព្រះយេស៊ូប្រោសមនុស្សឃ្លង់ម្នាក់ឲ្យជា
(ម៉ាថាយ ៨.១-៤ ម៉ាកុស ១.៤០-៤៥)
១២ ព្រះយេស៊ូគង់នៅក្នុងក្រុងមួយ មានមនុស្សឃ្លង់ម្នាក់ឃើញព្រះអង្គ គាត់ចូលមករក ហើយក្រាបថ្វាយបង្គំ ឱនមុខដល់ដី ទូលព្រះអង្គថា៖ «លោកម្ចាស់ ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំប្របាទឲ្យបានជាស្អាតបរិសុទ្ធ*ផង»។ ១៣ ព្រះយេស៊ូលូកព្រះហស្ដទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រមហើយ ចូរឲ្យបានជាស្អាតបរិសុទ្ធចុះ»។ រំពេចនោះ មនុស្សឃ្លង់ក៏បានជាស្អាតបរិសុទ្ធភ្លាម។
១៤ ព្រះយេស៊ូមានព្រះបន្ទូលហាមគាត់ថា៖ «កុំនិយាយប្រាប់នរណាឲ្យដឹងឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់លោកបូជាចារ្យ* ហើយថ្វាយតង្វាយដូចលោកម៉ូសេ*បានបង្គាប់ទុក ដើម្បីជាសក្ខីភាពបញ្ជាក់ថា អ្នកបានជាស្អាតបរិសុទ្ធមែន»។
១៥ ព្រះកិត្តិនាមរបស់ព្រះយេស៊ូ ល្បីសុសសាយកាន់តែខ្លាំងឡើងៗ។ មហាជនជាច្រើនមកជុំគ្នាស្ដាប់ព្រះអង្គ ព្រមទាំងសូមព្រះអង្គប្រោសឲ្យខ្លួនបានជាពីជំងឺផ្សេងៗផង។ ១៦ រីឯព្រះយេស៊ូវិញ ព្រះអង្គយាងទៅទីស្ងាត់ ដើម្បីអធិស្ឋាន*។
ព្រះយេស៊ូប្រោសមនុស្សខ្វិនម្នាក់ឲ្យជា
(ម៉ាថាយ ៩.១-៨ ម៉ាកុស ២.១-១២)
១៧ ថ្ងៃមួយ ព្រះយេស៊ូកំពុងតែបង្រៀនបណ្ដាជន មានពួកខាងគណៈផារីស៊ី* និងពួកបណ្ឌិតខាងវិន័យ អង្គុយស្ដាប់ព្រះអង្គដែរ។ អ្នកទាំងនោះធ្វើដំណើរមកពីភូមិនានា ក្នុងស្រុកកាលីឡេ ស្រុកយូដា និងពីក្រុងយេរូសាឡឹម។ ព្រះយេស៊ូប្រកបដោយឫទ្ធានុភាពរបស់ព្រះអម្ចាស់ ព្រះអង្គប្រោសអ្នកជំងឺឲ្យបានជា។ ១៨ ពេលនោះ ស្រាប់តែមានគេសែងមនុស្សខ្វិនដៃខ្វិនជើងម្នាក់មកដល់ គេមានបំណងនាំអ្នកខ្វិននោះចូលទៅជិតព្រះយេស៊ូ។ ១៩ ប៉ុន្តែ ដោយមានមនុស្សច្រើនពេក គេពុំអាចចូលទៅជិតព្រះអង្គឡើយ។ ដូច្នេះ គេក៏សែងអ្នកជំងឺឡើងទៅលើដំបូលផ្ទះ បកក្បឿង សម្រូតគាត់ចុះមកកណ្ដាលចំណោមមនុស្ស នៅចំពីមុខព្រះយេស៊ូ។ ២០ ពេលព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកពិការថា៖ «អ្នកអើយ ខ្ញុំអត់ទោសឲ្យអ្នករួចពីបាបហើយ!»។ ២១ ពួកបណ្ឌិតខាងវិន័យ និងពួកខាងគណៈផារីស៊ីឮដូច្នោះ រិះគិតក្នុងចិត្តថា៖ «អ្នកនេះមានឋានៈអ្វី បានជាហ៊ានពោលពាក្យប្រមាថព្រះជាម្ចាស់ដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ តើអ្នកណាអាចអត់ទោសឲ្យមនុស្សរួចពីបាបបាន?»។ ២២ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតអ្នកទាំងនោះ ទើបព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតដូច្នេះ? ២៣ បើខ្ញុំប្រាប់អ្នកពិការនេះថា “ខ្ញុំអត់ទោសឲ្យអ្នករួចពីបាបហើយ” ឬថា “ចូរក្រោកឡើងដើរទៅចុះ” តើឃ្លាមួយណាស្រួលនិយាយជាង?។ ២៤ ប៉ុន្តែ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា បុត្រមនុស្ស*មានអំណាចនឹងអត់ទោសឲ្យមនុស្សនៅក្នុងលោកនេះរួចពីបាបបាន -ព្រះអង្គក៏ងាកទៅរកអ្នកខ្វិន ហើយមានព្រះបន្ទូលថា- ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកដើរទៅផ្ទះវិញទៅ»។ ២៥ រំពេចនោះ អ្នកខ្វិនក្រោកឡើងនៅមុខមនុស្សទាំងអស់ រួចយកគ្រែស្នែងដែលគេសែងខ្លួនមក ដើរត្រឡប់ទៅផ្ទះវិញ ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ផង។ ២៦ អស់អ្នកដែលនៅទីនោះស្លុតស្មារតីគ្រប់ៗគ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ គេភ័យខ្លាចជាខ្លាំង ក៏និយាយគ្នាថា៖ «ថ្ងៃនេះ យើងបានឃើញហេតុការណ៍ចម្លែកអស្ចារ្យមែន!»។
ព្រះយេស៊ូត្រាស់ហៅលោកលេវី
(ម៉ាថាយ ៩.៩-១៣ ម៉ាកុស ២.១៣-១៧)
២៧ បន្ទាប់មក ព្រះយេស៊ូយាងចាកចេញពីទីនោះ ព្រះអង្គទតឃើញអ្នកទារពន្ធ*ម្នាក់ ឈ្មោះលេវី អង្គុយនៅកន្លែងយកពន្ធ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ ២៨ លោកលេវីក្រោកឡើង ទុកកិច្ចការទាំងអស់ចោល ហើយដើរតាមព្រះយេស៊ូទៅ។ ២៩ លោកលេវីបានរៀបចំពិធីជប់លៀងមួយយ៉ាងធំថ្វាយព្រះអង្គ នៅផ្ទះរបស់លោក។ មានអ្នកទារពន្ធ* ព្រមទាំងមនុស្សឯទៀតៗជាច្រើនចូលរួមជាមួយដែរ។ ៣០ ពួកខាងគណៈផារីស៊ី* និងពួកបណ្ឌិតខាងវិន័យ*ពីគណៈផារីស៊ី ទាស់ចិត្តយ៉ាងខ្លាំង គេនិយាយទៅកាន់ក្រុមសាវ័ក*របស់ព្រះអង្គថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?»។ ៣១ ព្រះយេស៊ូតបទៅគេថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យឡើយ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ៣២ ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាប ដើម្បីឲ្យគេកែប្រែចិត្តគំនិត»។
អំពីការតមអាហារ
(ម៉ាថាយ ៩.១៤-១៧ ម៉ាកុស ២.១៨-២២)
៣៣ មានគេទូលសួរព្រះយេស៊ូថា៖ «ពួកសិស្សរបស់លោកយ៉ូហាន និងពួកសិស្សខាងគណៈផារីស៊ី* តែងតែតមអាហារ និងសូត្រធម៌ជាញឹកញាប់ ចុះហេតុដូចម្ដេចបានជាសិស្សរបស់លោកបែរជានាំគ្នាបរិភោគដូច្នេះ?»។ ៣៤ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេវិញថា៖ «ក្នុងពិធីមង្គលការ ពេលកូនកំលោះនៅជាមួយ តើភ្ញៀវអាចតមអាហារកើតឬ?។ ទេ! គេមិនអាចតមបានឡើយ។ ៣៥ ថ្ងៃក្រោយ ពេលគេចាប់ស្វាមីយកទៅ ទើបភ្ញៀវទាំងនោះតមអាហារ»។
៣៦ ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាថា៖ «ពុំដែលមាននរណាហែកសម្លៀកបំពាក់ថ្មី យកទៅប៉ះសម្លៀកបំពាក់ចាស់នោះឡើយ ធ្វើដូច្នេះ សម្លៀកបំពាក់ថ្មីនឹងត្រូវរហែក ហើយក្រណាត់ចាស់ និងក្រណាត់ថ្មី ក៏មិនសមគ្នាដែរ។ ៣៧ ពុំដែលមាននរណាច្រកស្រាទំពាំងបាយជូរថ្មី ទៅក្នុងថង់ស្បែកចាស់ឡើយ បើធ្វើដូច្នេះ ស្រាថ្មីនឹងធ្វើឲ្យថង់ស្បែកចាស់នោះធ្លុះ បណ្ដាលឲ្យស្រាហូរចេញ ហើយថង់ស្បែកក៏ត្រូវខូចខាតមិនខាន ៣៨ ត្រូវច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី។ ៣៩ កាលបើបានពិសាស្រាទំពាំងបាយជូរចាស់ហើយ មិនដែលមាននរណាចង់ពិសាស្រាថ្មីទេ ព្រោះគេថា “ស្រាចាស់ឆ្ងាញ់ជាងស្រាថ្មី”»។
៦
ព្រះយេស៊ូមានអំណាចលើថ្ងៃសប្ប័ទ
(ម៉ាថាយ ១២.១-៨ ម៉ាកុស ២.២៣-២៨)
១ មានថ្ងៃមួយជាថ្ងៃសប្ប័ទ* ព្រះយេស៊ូយាងកាត់វាលស្រែ សាវ័ក*របស់ព្រះអង្គនាំគ្នាបូតកួរស្រូវសាឡី មកឈ្លីបរិភោគ។ ២ មានពួកខាងគណៈផារីស៊ី*ខ្លះនិយាយទៅសាវ័កទាំងនោះថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការដែលបញ្ញត្តិហាមមិនឲ្យធ្វើនៅថ្ងៃសប្ប័ទ*ដូច្នេះ?»។ ៣ ព្រះយេស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរ មានអត្ថបទមួយស្ដីអំពីការដែលព្រះបាទដាវីឌ និងបរិពារបានប្រព្រឹត្តនៅពេលឃ្លាន ៤ គឺស្ដេចបានយាងចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ យកនំបុ័ងដែលគេតាំងថ្វាយព្រះជាម្ចាស់មកសោយ ព្រមទាំងចែកឲ្យពួកបរិពារបរិភោគទៀតផង។ តាមវិន័យ* មានតែពួកបូជាចារ្យ*ប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំបុ័ងនោះបាន។ តើអ្នករាល់គ្នាធ្លាប់អានអត្ថបទនោះឬទេ?»។ ៥ ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ បុត្រមនុស្ស*ជាម្ចាស់លើថ្ងៃសប្ប័ទ*។
ព្រះយេស៊ូប្រោសមនុស្សស្វិតដៃម្នាក់ឲ្យជានៅថ្ងៃសប្ប័ទ
(ម៉ាថាយ ១២.៩-១៤ ម៉ាកុស ៣.១-៦)
៦ នៅថ្ងៃសប្ប័ទ*មួយទៀត ព្រះយេស៊ូយាងចូលក្នុងសាលាប្រជុំ* ហើយព្រះអង្គបង្រៀនគេ។ នៅទីនោះមានបុរសម្នាក់ស្វិតដៃស្ដាំ។ ៧ ពួកបណ្ឌិតខាងវិន័យ* និងពួកខាងគណៈផារីស៊ី*តាមមើលព្រះយេស៊ូ ក្រែងលោព្រះអង្គប្រោសអ្នកជំងឺនៅថ្ងៃសប្ប័ទ ព្រោះគេចង់រកលេសចោទប្រកាន់ព្រះអង្គ។ ៨ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់ពួកគេ ព្រះអង្គក៏មានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង មកឈរនៅកណ្ដាលគេឯណេះ!»។ បុរសនោះក៏ក្រោកឈរឡើង។ ៩ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំសួរអ្នករាល់គ្នាថា នៅថ្ងៃសប្ប័ទ តើមនុស្សមានសិទ្ធិធ្វើអំពើល្អ ឬធ្វើអំពើអាក្រក់? តើត្រូវសង្គ្រោះជីវិតមនុស្ស ឬធ្វើឲ្យវិនាសអន្តរាយ?»។ ១០ ព្រះអង្គបែរព្រះភ័ក្រ្តទតមើលមនុស្សទាំងអស់ដែលនៅជុំវិញ រួចមានព្រះបន្ទូលទៅបុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ គាត់ក៏លាតដៃ ហើយដៃគាត់បានជាដូចដើមវិញ។ ១១ ពួកគេក្ដៅក្រហាយយ៉ាងខ្លាំង ហើយពិគ្រោះគ្នា គិតធ្វើយ៉ាងណា ដើម្បីប្រឆាំងនឹងព្រះយេស៊ូ។
ព្រះយេស៊ូជ្រើសរើសគ្រីស្តទូត*ដប់ពីររូប
(ម៉ាថាយ ១០.១-៤ ម៉ាកុស ៣.១៣-១៩)
១២ នៅគ្រានោះ ព្រះយេស៊ូយាងឡើងទៅលើភ្នំ ដើម្បីអធិស្ឋាន*។ ព្រះអង្គអធិស្ឋានពេញមួយយប់។ ១៣ លុះព្រលឹមឡើង ព្រះអង្គត្រាស់ហៅសាវ័ក*មក ក្នុងចំណោមសាវ័កទាំងនោះ ព្រះអង្គជ្រើសយកដប់ពីររូប ហើយប្រទានងារជាទូតរបស់ព្រះអង្គ ១៤ គឺមានស៊ីម៉ូនដែលព្រះអង្គប្រទានឈ្មោះថា សិលា និងអន់ដ្រេជាប្អូនរបស់គាត់ យ៉ាកុប យ៉ូហាន ភីលីព បាថូឡូមេ ១៥ ម៉ាថាយ ថូម៉ាស យ៉ាកុបជាកូនរបស់លោកអាល់ផាយ ស៊ីម៉ូនហៅអ្នកជាតិនិយម ១៦ យូដាសជាកូនលោកយ៉ាកុប និងយូដាសអ៊ីស្ការីយ៉ុត ដែលនឹងក្បត់ព្រះអង្គ។
ព្រះយេស៊ូបង្រៀនបណ្ដាជន និងប្រោសអ្នកជំងឺឲ្យជា
(ម៉ាថាយ ៤.២៣-២៥)
១៧ ព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសាវ័ក*ទាំងនោះមកប្រថាប់នៅត្រង់កន្លែងមួយរាបស្មើ។ នៅទីនោះ មានសាវ័កជាច្រើន និងប្រជាជនពីស្រុកយូដា ពីក្រុងយេរូសាឡឹម ពីក្រុងទីរ៉ូស និងក្រុងស៊ីដូននៅតាមមាត់សមុទ្រ មករង់ចាំព្រះអង្គយ៉ាងកកកុញ។ ១៨ គេនាំគ្នាមកស្ដាប់ព្រះអង្គ និងសូមព្រះអង្គប្រោសគេឲ្យជាពីជំងឺ។ រីឯអស់អ្នកដែលមានខ្មោចចូលក៏បានជាដែរ។ ១៩ បណ្ដាជនប្រជ្រៀតគ្នាចូលមកពាល់ព្រះយេស៊ូ ដ្បិតមានឫទ្ធានុភាពចេញពីព្រះអង្គមក ប្រោសគេឲ្យជាគ្រប់ៗគ្នា។
សុភមង្គល និងអពមង្គល
(ម៉ាថាយ ៥.១-១២)
២០ ព្រះយេស៊ូងើបព្រះភ័ក្រ្តទតមើលសាវ័ក*របស់ព្រះអង្គ ហើយមានព្រះបន្ទូលថា៖
«អ្នករាល់គ្នាដែលជាជនក្រខ្សត់អើយ!
អ្នកមានសុភមង្គល*ហើយ
ដ្បិតអ្នករាល់គ្នាបានទទួលព្រះរាជ្យ*របស់ព្រះជាម្ចាស់។
២១ អ្នករាល់គ្នាដែលកំពុងតែស្រេកឃ្លានអើយ!
អ្នកមានសុភមង្គលហើយ
ដ្បិតអ្នករាល់គ្នានឹងបានឆ្អែត។
អ្នករាល់គ្នាដែលកំពុងតែយំសោកអើយ!
អ្នកមានសុភមង្គលហើយ
ដ្បិតអ្នករាល់គ្នានឹងបានត្រេកអរ។
២២ ប្រសិនបើមានគេស្អប់លែងរាប់រកអ្នករាល់គ្នា
ប្រសិនបើគេត្មះតិះដៀលបង្ខូចឈ្មោះអ្នករាល់គ្នា
ព្រោះតែបុត្រមនុស្ស*
អ្នករាល់គ្នាមានសុភមង្គលហើយ។ ២៣ នៅគ្រានោះ ចូរមានអំណរសប្បាយឡើង ដ្បិតអ្នករាល់គ្នាទទួលរង្វាន់យ៉ាងធំ នៅស្ថានបរមសុខ*។ កាលពីជំនាន់មុន បុព្វបុរស*របស់គេក៏បានប្រព្រឹត្តចំពោះពួកព្យាការីដូច្នោះដែរ។
២៤ ចំណែកឯអ្នករាល់គ្នាដែលជាអ្នកមានអើយ!
អ្នកនឹងត្រូវវេទនា ព្រោះអ្នករាល់គ្នាបាន
ទទួលការសម្រាលទុក្ខរួចស្រេចហើយ។
២៥ អ្នករាល់គ្នាដែលឆ្អែតនៅពេលនេះអើយ!
អ្នកនឹងត្រូវវេទនា
ដ្បិតអ្នករាល់គ្នានឹងស្រេកឃ្លានជាពុំខាន។
អ្នករាល់គ្នាដែលកំពុងតែត្រេកអរអើយ!
អ្នកនឹងត្រូវវេទនា ព្រោះអ្នករាល់គ្នា
នឹងកាន់ទុក្ខ ហើយយំសោកជាពុំខាន។
២៦ អ្នករាល់គ្នាដែលមនុស្សទាំងអស់
កោតសរសើរអើយ!
អ្នកត្រូវវេទនាហើយ
ព្រោះបុព្វបុរសរបស់គេក៏បានប្រព្រឹត្ត
ចំពោះពួកព្យាការីក្លែងក្លាយដូច្នោះដែរ!»។
សេចក្ដីស្រឡាញ់ចំពោះខ្មាំងសត្រូវ
(ម៉ាថាយ ៥.៣៨-៤៨ និង៧.១២)
២៧ «ខ្ញុំសុំប្រាប់អ្នករាល់គ្នាដែលកំពុងស្ដាប់ខ្ញុំថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន និងធ្វើអំពើល្អដល់អស់អ្នកដែលស្អប់អ្នករាល់គ្នា ២៨ ត្រូវជូនពរដល់អស់អ្នកដែលប្រទេចផ្តាសាអ្នករាល់គ្នា និងអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រទានពរដល់អស់អ្នកដែលបៀតបៀនអ្នករាល់គ្នា។ ២៩ ប្រសិនបើមានគេទះកំផ្លៀងអ្នកម្ខាង ចូរបែរឲ្យគេទះម្ខាងទៀតចុះ។ ប្រសិនបើគេយកអាវធំរបស់អ្នក ចូរឲ្យគេយកអាវក្នុងថែមទៀតទៅ។ ៣០ បើមានអ្នកណាសុំអ្វីពីអ្នក ចូរឲ្យគេទៅ ហើយបើគេរឹបអូសយកអ្វីដែលជារបស់អ្នក ចូរកុំទារពីគេវិញឡើយ។ ៣១ បើអ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តចំពោះខ្លួនបែបណា ត្រូវប្រព្រឹត្តចំពោះគេបែបនោះដែរ។ ៣២ បើអ្នករាល់គ្នាស្រឡាញ់តែមនុស្សដែលស្រឡាញ់អ្នករាល់គ្នា តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ចេះស្រឡាញ់គ្នាគេដែរ ៣៣ ហើយបើអ្នករាល់គ្នាធ្វើអំពើល្អតែជាមួយមនុស្សណាដែលធ្វើអំពើល្អដល់អ្នករាល់គ្នា តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ចេះធ្វើអំពើល្អដល់គ្នាគេដែរ។ ៣៤ បើអ្នករាល់គ្នាឲ្យគេខ្ចី ដោយសង្ឃឹមថានឹងបានសំណងវិញ តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ឲ្យគ្នាគេខ្ចី ដើម្បីទទួលសំណងដូចដើមវិញដែរ។ ៣៥ ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន ហើយប្រព្រឹត្តអំពើល្អដល់គេ ព្រមទាំងឲ្យគេខ្ចី ដោយកុំនឹកសង្ឃឹមចង់បានអ្វីវិញឲ្យសោះ ពេលនោះ អ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំ អ្នករាល់គ្នានឹងបានទៅជាកូនរបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ដ្បិតព្រះអង្គក៏មានព្រះហឫទ័យសប្បុរសចំពោះជនអកតញ្ញូ និងជនកំណាចដែរ។ ៣៦ ចូរមានចិត្តមេត្តាករុណាដូចព្រះបិតារបស់អ្នករាល់គ្នា ដែលមានព្រះហឫទ័យមេត្តាករុណា»។
កុំថ្កោលទោសអ្នកដទៃ
(ម៉ាថាយ ៧.១-៥)
៣៧ «កុំថ្កោលទោសអ្នកដទៃឲ្យសោះ នោះព្រះជាម្ចាស់ក៏មិនថ្កោលទោសអ្នករាល់គ្នាដែរ។ កុំផ្ដន្ទាទោសអ្នកដទៃឲ្យសោះ នោះព្រះជាម្ចាស់ក៏មិនផ្ដន្ទាទោសអ្នករាល់គ្នាដែរ។ ត្រូវលើកលែងទោសឲ្យអ្នកដទៃ នោះព្រះជាម្ចាស់នឹងលើកលែងទោសឲ្យអ្នករាល់គ្នា។ ៣៨ ចូរធ្វើអំណោយដល់អ្នកដទៃ នោះព្រះជាម្ចាស់នឹងប្រទានអំណោយដល់អ្នករាល់គ្នាដែរ ព្រះអង្គនឹងប្រទានមកយ៉ាងបរិបូណ៌ហូរហៀរ។ ព្រះជាម្ចាស់នឹងវាល់ឲ្យអ្នក តាមរង្វាល់ដែលអ្នកវាល់ឲ្យអ្នកដទៃ»។
៣៩ ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទៅគេទៀតថា៖ «មនុស្សខ្វាក់ពុំអាចនាំមនុស្សខ្វាក់ម្នាក់ទៀតបានឡើយ។ បើធ្វើដូច្នោះ មុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន។ ៤០ ពុំដែលមានសិស្សណាធំជាងគ្រូឡើយ ប៉ុន្តែ សិស្សដែលបានទទួលចំណេះសព្វគ្រប់ អាចស្មើនឹងគ្រូបាន។ ៤១ ហេតុអ្វីបានជាអ្នកមើលឃើញល្អងធូលីនៅក្នុងភ្នែករបស់បងប្អូនអ្នក តែមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់អ្នកផ្ទាល់ដូច្នេះ?។ ៤២ បើអ្នកមើលធ្នឹមនៅក្នុងភ្នែករបស់អ្នកមិនទាំងឃើញផង ម្ដេចក៏ហ៊ាននិយាយទៅបងប្អូនថា “ទុកឲ្យខ្ញុំផ្ដិតយកល្អងធូលីនេះចេញពីភ្នែកអ្នក?”។ មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែកអ្នកជាមុនសិន ទើបអ្នកមើលឃើញច្បាស់ ល្មមនឹងផ្ដិតយកល្អងធូលីចេញពីភ្នែករបស់បងប្អូនអ្នកបាន»។
ដើមឈើល្អ និងដើមឈើអាក្រក់
(ម៉ាថាយ ៧.១៦-២០ និង១២.៣៣-៣៥)
៤៣ «ដើមឈើល្អមិនដែលឲ្យផ្លែអាក្រក់ឡើយ ឯដើមឈើអាក្រក់វិញ ក៏មិនដែលឲ្យផ្លែល្អដែរ ៤៤ ដ្បិតគេស្គាល់ដើមឈើបាន ដោយសារផ្លែវា។ ពុំដែលមាននរណាបេះផ្លែឧទុម្ពរ* ឬផ្លែទំពាំងបាយជូរពីគុម្ពបន្លាឡើយ។ ៤៥ មនុស្សល្អតែងប្រព្រឹត្តអំពើល្អ ព្រោះចិត្តរបស់គេល្អ រីឯមនុស្សអាក្រក់ តែងប្រព្រឹត្តអំពើអាក្រក់ ព្រោះចិត្តរបស់គេអាក្រក់ ដ្បិតមាត់របស់មនុស្សតែងស្រដីចេញមកនូវសេចក្ដីណា ដែលមានពេញហូរហៀរនៅក្នុងដួងចិត្តរបស់ខ្លួន»។
មនុស្សពីរនាក់សង់ផ្ទះ
(ម៉ាថាយ ៧.២៤-២៧)
៤៦ «ហេតុអ្វីបានជាអ្នករាល់គ្នាហៅខ្ញុំថា “ព្រះអម្ចាស់! ព្រះអម្ចាស់!” តែមិនប្រព្រឹត្តតាមពាក្យខ្ញុំដូច្នេះ?។ ៤៧ អ្នកដែលចូលមករកខ្ញុំ ស្ដាប់ពាក្យខ្ញុំ ហើយប្រព្រឹត្តតាម ខ្ញុំសុំបង្ហាញប្រាប់ឲ្យអ្នករាល់គ្នាដឹងថា គេប្រៀបបានទៅនឹងមនុស្សប្រភេទណា ៤៨ អ្នកនោះប្រៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះ។ គាត់ជីកដីយ៉ាងជ្រៅ ហើយចាក់គ្រឹះលើផ្ទាំងថ្ម លុះទឹកជំនន់មកដល់ ទោះបីទឹកហូរមកប៉ះយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើឲ្យផ្ទះនោះរង្គើដែរ ព្រោះគាត់បានសង់យ៉ាងមាំ។ ៤៩ ចំណែកឯអ្នកដែលស្ដាប់ពាក្យខ្ញុំ តែមិនប្រព្រឹត្តតាម ប្រៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះដោយពុំបានចាក់គ្រឹះ។ លុះទឹកហូរមកបោកផ្ទះនោះ ផ្ទះនោះក៏រលំខូចខាតភ្លាម គ្មានអ្វីសល់ឡើយ»។
៧
ព្រះយេស៊ូប្រោសអ្នកបម្រើរបស់នាយទាហានរ៉ូម៉ាំងឲ្យជា
(ម៉ាថាយ ៨.៥-១៣)
១ កាលព្រះយេស៊ូមានព្រះបន្ទូលឲ្យប្រជាជនស្ដាប់ចប់សព្វគ្រប់ហើយ ព្រះអង្គក៏យាងចូលទៅក្រុងកាផានុម។ ២ នៅក្រុងនោះ មានអ្នកបម្រើសំណព្វចិត្តរបស់នាយទាហានរ៉ូម៉ាំងម្នាក់ មានជំងឺជាទម្ងន់ជិតស្លាប់។ ៣ ពេលនាយទាហាននោះឮគេនិយាយអំពីព្រះយេស៊ូ គាត់ក៏ចាត់ចាស់ទុំនៃជនជាតិយូដាខ្លះ ឲ្យទៅយាងព្រះអង្គមកប្រោសអ្នកបម្រើរបស់គាត់។ ៤ ចាស់ទុំទាំងនោះទៅគាល់ព្រះយេស៊ូទទូចអង្វរព្រះអង្គថា៖ «នាយទាហាននោះជាមនុស្សម្នាក់ ដែលគួរតែលោកប្រោសប្រណីដល់គាត់ ៥ ព្រោះគាត់ស្រឡាញ់ជាតិសាសន៍របស់យើង ថែមទាំងបានសង់សាលាប្រជុំ*ឲ្យយើងផង»។ ៦ ព្រះយេស៊ូយាងទៅជាមួយចាស់ទុំទាំងនោះ។ លុះយាងជិតដល់ហើយ នាយទាហានចាត់មិត្តភក្ដិរបស់គាត់ឲ្យមកទូលថា៖ «លោកម្ចាស់! មិនបាច់អញ្ជើញចូលផ្ទះខ្ញុំប្របាទទេ ដ្បិតខ្ញុំប្របាទមានឋានៈទន់ទាបណាស់ មិនសមនឹងទទួលលោកក្នុងផ្ទះខ្ញុំប្របាទឡើយ។ ៧ ហេតុនេះហើយបានជាខ្ញុំប្របាទមិនហ៊ានមកជួបលោកផ្ទាល់។ សូមលោកមេត្តាមានប្រសាសន៍តែមួយម៉ាត់ នោះអ្នកបម្រើរបស់ខ្ញុំប្របាទនឹងជាសះស្បើយមិនខាន។ ៨ ខ្ញុំប្របាទជាអ្នកនៅក្រោមបញ្ជាគេ ហើយក៏មានកូនទាហានជាច្រើននៅក្រោមបញ្ជាខ្ញុំប្របាទដែរ។ បើខ្ញុំប្របាទបញ្ជាអ្នកណាម្នាក់ឲ្យទៅ គេប្រាកដជាទៅ បើប្រាប់ម្នាក់ទៀតឲ្យមក គេនឹងមក។ ពេលខ្ញុំប្របាទប្រាប់អ្នកបម្រើឲ្យធ្វើការអ្វីមួយ គេនឹងធ្វើតាម»។ ៩ កាលព្រះយេស៊ូព្រះអង្គព្រះសណ្ដាប់ពាក្យទាំងនេះហើយ ព្រះអង្គស្ងើចសរសើរនាយទាហាននោះណាស់។ ព្រះអង្គងាកទៅរកបណ្ដាជនដែលដើរតាមព្រះអង្គ ហើយមានព្រះបន្ទូលថា៖ «ខ្ញុំមិនដែលឃើញនរណាមានជំនឿបែបនេះឡើយ ទោះបីនៅស្រុកអ៊ីស្រាអែលក៏គ្មានផង»។ ១០ មិត្តភក្ដិដែលនាយទាហានចាត់ឲ្យមក ក៏វិលត្រឡប់ទៅវិញ ឃើញអ្នកបម្រើបានជាសះស្បើយ។
ព្រះយេស៊ូប្រោសកូនប្រុសរបស់ស្ត្រីមេម៉ាយម្នាក់ឲ្យរស់ឡើងវិញ
១១ ក្រោយមកទៀត ព្រះយេស៊ូយាងឆ្ពោះទៅភូមិមួយឈ្មោះណាអ៊ីន។ សាវ័ករបស់ព្រះអង្គ និងបណ្ដាជនជាច្រើន ក៏ធ្វើដំណើរទៅជាមួយព្រះអង្គដែរ។ ១២ ពេលព្រះអង្គយាងមកជិតដល់ទ្វារកំពែងក្រុង មានគេដង្ហែសពយកទៅបញ្ចុះ។ បុគ្គលដែលស្លាប់នោះ ជាកូនប្រុសតែមួយរបស់ស្ត្រីមេម៉ាយម្នាក់។ អ្នកស្រុកជាច្រើនបានមកជួយដង្ហែសពជាមួយគាត់។ ១៣ កាលព្រះអម្ចាស់ឃើញស្ត្រីមេម៉ាយនោះ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរគាត់យ៉ាងខ្លាំង។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សូមកុំយំអី!»។ ១៤ ព្រះអង្គយាងចូលទៅជិត ព្រះអង្គពាល់មឈូស ពួកអ្នកសែងក៏នាំគ្នាឈប់។ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកកំលោះអើយ! ចូរក្រោកឡើង»។ ១៥ រំពេចនោះ បុគ្គលដែលស្លាប់ក៏ក្រោកអង្គុយ ហើយចាប់ផ្ដើមនិយាយស្ដី។ ព្រះយេស៊ូប្រគល់អ្នកកំលោះទៅម្ដាយវិញ។ ១៦ គេស្ញែងខ្លាចទាំងអស់គ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយពោលថា៖ «មានព្យាការីដ៏ប្រសើរឧត្ដមមួយរូប បានមកនៅក្នុងចំណោមយើងហើយ ព្រះជាម្ចាស់យាងមករំដោះប្រជារាស្ដ្ររបស់ព្រះអង្គ»។
១៧ ពាក្យដែលគេនិយាយអំពីព្រះយេស៊ូបានលេចឮ ពាសពេញក្នុងស្រុកយូដា និងតំបន់ជិតខាងទាំងមូល។
លោកយ៉ូហានបាទីស្ដចាត់សិស្សទៅជួបព្រះយេស៊ូ
(ម៉ាថាយ ១១.២-១៩)
១៨ សិស្សរបស់លោកយ៉ូហាន បានរៀបរាប់ជូនលោកនូវហេតុការណ៍ទាំងអស់នោះ។ លោកយ៉ូហានក៏ហៅសិស្សពីរនាក់មក ១៩ រួចចាត់ឲ្យទៅទូលសួរព្រះយេស៊ូជាអម្ចាស់ថា៖ «តើលោកជាព្រះគ្រីស្ដ*ដែលត្រូវយាងមក ឬមួយយើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?»។ ២០ អ្នកទាំងពីរទៅដល់ ទូលសួរព្រះយេស៊ូថា៖ «លោកយ៉ូហានបាទីស្ដចាត់ឲ្យយើងខ្ញុំមកសួរលោកថា តើលោកជាព្រះគ្រីស្ដដែលត្រូវយាងមក ឬមួយក៏យើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?»។ ២១ នៅគ្រានោះ ព្រះយេស៊ូកំពុងប្រោសអ្នកជំងឺ និងមនុស្សពិការច្រើនអ្នកឲ្យជា ព្រះអង្គបណ្ដេញខ្មោចពីមនុស្សខ្មោចចូល ព្រមទាំងប្រោសមនុស្សខ្វាក់ច្រើននាក់ ឲ្យមើលឃើញផង។ ២២ ព្រះអង្គមានព្រះបន្ទូលទៅសិស្សទាំងពីរនាក់នោះថា៖ «ចូរអ្នកទៅជម្រាបលោកយ៉ូហាននូវហេតុការណ៍ ដែលអ្នករាល់គ្នាបានឃើញ និងបានឮ គឺមនុស្សខ្វាក់មើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់ជាស្អាតបរិសុទ្ធ* មនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់បានរស់ឡើងវិញ ហើយគេនាំដំណឹងល្អ*ទៅប្រាប់ជនក្រីក្រ។ ២៣ អ្នកណាមិនរវាតចិត្តចេញពីជំនឿ ព្រោះតែខ្ញុំ អ្នកនោះពិតជាមានសុភមង្គលហើយ!»។ ២៤ ពេលសិស្សរបស់លោកយ៉ូហានត្រឡប់ទៅវិញ ព្រះយេស៊ូមានព្រះបន្ទូលទៅមហាជនអំពីលោកយ៉ូហានថា៖ «តើអ្នករាល់គ្នាទៅវាលរហោស្ថានរកមើលអ្វី? មើលដើមត្រែងដែលត្រូវខ្យល់បក់នោះឬ? ២៥ តើអ្នករាល់គ្នាទៅរកមើលអ្វី? មើលមនុស្សស្លៀកពាក់ល្អរុងរឿងឬ? តាមធម្មតា អស់អ្នកដែលស្លៀកពាក់ល្អរុងរឿង ហើយមានជីវភាពខ្ពង់ខ្ពស់ គេរស់នៅក្នុងវាំងឯណោះ។ ២៦ បើដូច្នេះ តើអ្នករាល់គ្នាទៅរកមើលអ្វី? រកមើលព្យាការី*ម្នាក់ឬ?។ ត្រូវហើយ! ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា លោកនោះប្រសើរជាងព្យាការីទៅទៀត ២៧ ដ្បិតក្នុងគម្ពីរមានចែងអំពីលោកយ៉ូហានថា “យើងចាត់ទូតយើងឲ្យទៅមុនព្រះអង្គ ដើម្បីរៀបចំផ្លូវរបស់ព្រះអង្គ”។ ២៨ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា បណ្ដាមនុស្សដែលកើតមកក្នុងលោកនេះ ពុំមាននរណាម្នាក់ប្រសើរជាងលោកយ៉ូហានឡើយ។ ប៉ុន្តែ អ្នកណាតូចជាងគេនៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ អ្នកនោះប្រសើរលើសលោកយ៉ូហានទៅទៀត។ ២៩ ប្រជាជនទាំងមូល និងអ្នកទារពន្ធ*បានស្ដាប់លោកយ៉ូហាន ទទួលស្គាល់ថា ព្រះជាម្ចាស់ពិតជាមានព្រះហឫទ័យសុចរិតមែន ហើយនាំគ្នាទទួលពិធីជ្រមុជទឹក*ពីលោក។ ៣០ រីឯពួកខាងគណៈផារីស៊ី* និងពួកបណ្ឌិតខាងវិន័យ*មិនទទួលស្គាល់គម្រោងការ ដែលព្រះជាម្ចាស់បានរៀបចំសម្រាប់គេនោះទេ គឺគេបដិសេធមិនព្រមទទួលពិធីជ្រមុជទឹកពីលោកយ៉ូហាន។ ៣១ តើខ្ញុំប្រដូចមនុស្សជំនាន់នេះ ទៅនឹងមនុស្សប្រភេទណា? តើគេដូចនរណា? ៣២ គឺគេប្រៀបបីដូចជាកូនក្មេងដែលអង្គុយលេងនៅផ្សារ ហើយស្រែកដាក់គ្នាទៅវិញទៅមកថា “យើងបានផ្លុំខ្លុយ តែពួកឯងមិនព្រមរាំ យើងបានស្មូត្របទទំនួញ តែពួកឯងក៏ពុំព្រមយំដែរ”។ ៣៣ យ៉ាងណាមិញ លោកយ៉ូហានបាទីស្ដបានមក លោកតមអាហារ លោកតមសុរា តែអ្នករាល់គ្នាថា លោកមានខ្មោចចូល។
៣៤ រីឯបុត្រមនុស្ស*ក៏បានមកដែរ លោកបរិភោគអាហារ និងពិសាសុរា តែអ្នករាល់គ្នាថា “មើលចុះអ្នកនេះគិតតែពីស៊ីផឹក ហើយសេពគប់ជាមួយពួកទារពន្ធ* និងមនុស្សបាប”។ ៣៥ ប៉ុន្តែ អស់អ្នកដែលមានប្រាជ្ញាទទួលស្គាល់ថា ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ពិតជាល្អត្រឹមត្រូវមែន»។
ព្រះយេស៊ូលើកលែងទោសឲ្យស្ត្រីមានបាបម្នាក់
៣៦ មានបុរសម្នាក់ខាងគណៈផារីស៊ី* បានយាងព្រះយេស៊ូទៅសោយព្រះស្ងោយ ព្រះអង្គក៏យាងទៅផ្ទះបុរសនោះ ហើយគង់រួមតុជាមួយគាត់។ ៣៧ នៅក្រុងនោះ មានស្ត្រីម្នាក់មានកេរ្តិ៍ឈ្មោះមិនល្អ។ ពេលឮថាព្រះយេស៊ូគង់នៅក្នុងផ្ទះអ្នកខាងគណៈផារីស៊ី* នោះនាងយកដបថ្មកែវដាក់ប្រេងក្រអូបចូលមក។ ៣៨ នាងនៅពីក្រោយព្រះយេស៊ូ ក្រាបទៀបព្រះបាទាព្រះអង្គ នាងយំ សម្រក់ទឹកភ្នែកជោកព្រះបាទាព្រះយេស៊ូ ហើយយកសក់មកជូត។ បន្ទាប់មក នាងថើប រួចយកប្រេងក្រអូបមកចាក់ពីលើផង។ ៣៩ ពេលបុរសម្ចាស់ផ្ទះឃើញដូច្នោះ គាត់រិះគិតក្នុងចិត្តថា៖ «បើលោកនេះពិតជាព្យាការី*មែន ច្បាស់ជាលោកជ្រាបថា ស្ត្រីដែលពាល់លោកនេះ ជាស្ត្រីប្រភេទណាពុំខាន គឺនាងជាមនុស្សបាប»។ ៤០ ព្រះយេស៊ូមានព្រះបន្ទូលទៅបុរសខាងគណៈផារីស៊ីនោះថា៖ «លោកស៊ីម៉ូន ខ្ញុំចង់និយាយរឿងមួយជាមួយលោក»។ លោកស៊ីម៉ូនទូលតបទៅព្រះអង្គថា៖ «សូមលោកគ្រូមានប្រសាសន៍មកចុះ»។ ៤១ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «មានមនុស្សពីរនាក់ជំពាក់ប្រាក់គេ ម្នាក់ជំពាក់ប្រាំរយ ម្នាក់ទៀតហាសិប។ ៤២ ដោយអ្នកទាំងពីរគ្មានប្រាក់សង ម្ចាស់ប្រាក់ក៏លុបបំណុលចោល ឈប់ទារពីអ្នកទាំងពីរនោះទៅ។ ក្នុងចំណោមអ្នកទាំងពីរ តើអ្នកណាស្រឡាញ់ម្ចាស់បំណុលជាង?»។ ៤៣ លោកស៊ីម៉ូនទូលឆ្លើយថា៖ «តាមយោបល់ខ្ញុំ គឺអ្នកដែលជំពាក់ប្រាក់ច្រើនជាង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «លោកមានយោបល់ត្រឹមត្រូវមែន»។ ៤៤ បន្ទាប់មក ព្រះអង្គបែរទៅរកស្ត្រីនោះ រួចមានព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «សូមមើលស្ត្រីនេះចុះ! ខ្ញុំបានចូលមកក្នុងផ្ទះលោក តែលោកពុំបានយកទឹកមកលាងជើងខ្ញុំទេ រីឯនាង នាងបានសម្រក់ទឹកភ្នែកជោកជើងខ្ញុំ ព្រមទាំងយកសក់នាងមកជូតទៀតផង។ ៤៥ លោកមិនបានថើបខ្ញុំទេ រីឯនាងវិញ តាំងពីខ្ញុំចូលមក នាងចេះតែថើបជើងខ្ញុំ ឥតឈប់ឈរសោះឡើយ។ ៤៦ លោកមិនបានយកប្រេងមកលាបក្បាលខ្ញុំទេ រីឯនាងវិញ នាងបានចាក់ប្រេងក្រអូបលាបជើងខ្ញុំ។ ៤៧ ហេតុនេះហើយ ខ្ញុំសុំប្រាប់ឲ្យលោកដឹងថា នាងសម្ដែងសេចក្ដីស្រឡាញ់ជាខ្លាំងយ៉ាងនេះ ព្រោះព្រះជាម្ចាស់បានប្រោសឲ្យនាងរួចពីបាបជាច្រើន។ រីឯអ្នកដែលព្រះជាម្ចាស់លើកលែងទោសឲ្យតិច ក៏សម្ដែងសេចក្ដីស្រឡាញ់តិចដែរ»។ ៤៨ ព្រះយេស៊ូមានព្រះបន្ទូលទៅស្ត្រីនោះថា៖ «ខ្ញុំអត់ទោសឲ្យនាងបានរួចពីបាបហើយ»។ ៤៩ អស់អ្នកដែលអង្គុយរួមតុជាមួយ រិះគិតក្នុងចិត្តរៀងៗខ្លួនថា៖ «តើលោកនេះមានឋានៈអ្វី បានជាហ៊ានអត់ទោសឲ្យមនុស្សរួចពីបាបដូច្នេះ?»។ ៥០ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងទៀតថា៖ «ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅវិញដោយសុខសាន្តចុះ»។
៨
ស្ត្រីៗដែលបម្រើព្រះយេស៊ូ
១ បន្ទាប់មកទៀត ព្រះយេស៊ូយាងទៅតាមក្រុង តាមភូមិនានា ទាំងប្រកាស និងផ្សព្វផ្សាយដំណឹងល្អ*អំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់។ គ្រីស្តទូត*ទាំងដប់ពីររូបទៅជាមួយព្រះអង្គ ២ ហើយមានស្ត្រីខ្លះទៀតដែលព្រះអង្គបានប្រោសឲ្យជាពីជំងឺ និងបណ្ដេញខ្មោចចេញ ក៏តាមទៅជាមួយដែរ គឺមាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា ដែលព្រះអង្គបានដេញខ្មោចប្រាំពីរចេញពីនាង ៣ នាងយ៉ូហាណា ភរិយារបស់ឃូសា ជាមហាតលិករបស់ព្រះបាទហេរ៉ូដ នាងស៊ូសាណា ព្រមទាំងស្ត្រីឯទៀតៗជាច្រើន ដែលបានចំណាយធនធានរបស់ខ្លួន ដើម្បីទំនុកបម្រុងព្រះយេស៊ូ និងសាវ័ក*របស់ព្រះអង្គ។
ប្រស្នាអំពីគ្រាប់ពូជ
(ម៉ាថាយ ១៣.១-៩ ម៉ាកុស ៤.១-៩)
៤ មានបណ្ដាជនច្រើនកុះករចេញពីទីក្រុងនានា មករកព្រះយេស៊ូ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាដូចតទៅ៖
៥ «មានបុរសម្នាក់ចេញទៅព្រោះគ្រាប់ពូជ។ ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ត្រូវគេដើរជាន់ ហើយសត្វមកចឹកស៊ីអស់ទៅ។ ៦ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានថ្ម កាលពន្លកដុះឡើង ក៏ក្រៀមស្វិតទៅវិញ ព្រោះខ្វះទឹក។ ៧ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានបន្លា។ បន្លាដុះឡើងជាមួយគ្រាប់ពូជ ហើយរួបរឹតគ្រាប់ពូជនោះមិនឲ្យដុះឡើងបាន។ ៨ មានគ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដីមានជីជាតិល្អ គ្រាប់ពូជដុះឡើង ឲ្យផលមួយជាមួយរយ»។ ព្រះយេស៊ូបន្លឺព្រះសូរសៀងថែមទៀតថា៖ «អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។
ព្រះយេស៊ូពន្យល់ពាក្យប្រស្នាស្ដីអំពីគ្រាប់ពូជ
(ម៉ាថាយ ១៣.១០-២៣ ម៉ាកុស ៤.១០-២០)
៩ សាវ័ក*របស់ព្រះយេស៊ូទូលសួរព្រះអង្គថា៖ «តើពាក្យប្រស្នានោះមានន័យដូចម្ដេច?»។ ១០ ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្រះជាម្ចាស់បានប្រោសប្រទានឲ្យអ្នករាល់គ្នា យល់គម្រោងការដ៏លាក់កំបាំងនៃព្រះរាជ្យ*របស់ព្រះអង្គ។ ចំពោះអ្នកដទៃ ព្រះអង្គប្រើជាពាក្យប្រស្នាវិញ។ ដូច្នេះ ទោះបីគេមើលក៏ពុំឃើញ ទោះបីគេស្ដាប់ក៏ពុំយល់ដែរ។ ១១ រីឯប្រស្នានោះមានន័យដូចតទៅ: គ្រាប់ពូជជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ១២ មនុស្សខ្លះប្រៀបបីដូចជាផ្លូវ ដែលគ្រាប់ពូជធ្លាក់ គេបានស្ដាប់ព្រះបន្ទូល តែមារសាតាំង*មកឆក់យកពីចិត្តគេ ដើម្បីកុំឲ្យគេជឿ និងកុំឲ្យគេរួចជីវិត។ ១៣ មនុស្សខ្លះទៀតប្រៀបបីដូចជាដីមានថ្ម កាលបានស្ដាប់ព្រះបន្ទូលហើយ គេទទួលយកដោយអំណរ។ ប៉ុន្តែ គេជឿតែមួយភ្លែត ពុំទុកឲ្យព្រះបន្ទូលចាក់ឫសឡើយ គេបោះបង់ចោលជំនឿនៅពេលណាមានការល្បួង។ ១៤ គ្រាប់ពូជដែលធ្លាក់ទៅលើដីមានបន្លា ប្រៀបបីដូចជាអស់អ្នកដែលបានស្ដាប់ព្រះបន្ទូល តែចិត្តខ្វល់ខ្វាយ ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ និងចិត្តស្រើបស្រាល មករួបរឹតផលផ្លែមិនឲ្យទុំឡើយ។ ១៥ រីឯគ្រាប់ពូជធ្លាក់ទៅលើដីមានជីជាតិល្អ ប្រៀបបីដូចជាអស់អ្នកដែលស្ដាប់ព្រះបន្ទូល ហើយចងចាំទុកយ៉ាងស្មោះអស់ពីចិត្ត រហូតដល់បានបង្កើតផលផ្លែជាច្រើន ដោយចិត្តស៊ូទ្រាំ»។
ប្រស្នាអំពីចង្កៀង
(ម៉ាកុស ៤.២១-២៥)
១៦ «ពុំដែលមាននរណាអុជចង្កៀង ហើយយកធុងមកគ្របពីលើ ឬយកទៅដាក់ក្រោមគ្រែឡើយ។ គេតែងយកចង្កៀងទៅដាក់លើជើងចង្កៀង ដើម្បីបំភ្លឺអស់អ្នកដែលចូលក្នុងផ្ទះ។ ១៧ គ្រប់ការលាក់កំបាំងនឹងត្រូវបើកឲ្យគេដឹង ហើយគ្រប់អាថ៌កំបាំងក៏នឹងលេចមកឲ្យមនុស្សគ្រប់គ្នាស្គាល់ច្បាស់ដែរ។ ១៨ ដូច្នេះ ចូរប្រុងប្រយ័ត្នអំពីរបៀបដែលអ្នករាល់គ្នាស្ដាប់ ព្រោះអ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានឲ្យថែមទៀត តែអ្នកណាដែលគ្មាន ព្រះអង្គនឹងហូតយកនូវអ្វីៗដែលខ្លួនស្មានថាមាននោះផង»។
មាតា និងបងប្អូនរបស់ព្រះយេស៊ូ
(ម៉ាថាយ ១២.៤៦-៥០ ម៉ាកុស ៣.៣១-៣៥)
១៩ មាតា និងបងប្អូនរបស់ព្រះយេស៊ូនាំគ្នាមករកព្រះអង្គ ប៉ុន្តែ មិនអាចចូលទៅជិតព្រះអង្គឡើយ ព្រោះមានមនុស្សច្រើនពេក។ ២០ មានគេទូលព្រះអង្គថា៖ «ម្ដាយលោក និងបងប្អូនលោកនៅខាងក្រៅ ចង់ជួបលោក»។ ២១ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អស់អ្នកដែលស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយប្រតិបត្តិតាម គឺអ្នកនោះហើយជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ»។
ព្រះយេស៊ូធ្វើឲ្យរលកស្ងប់
(ម៉ាថាយ ៨.២៣-២៧ ម៉ាកុស ៤.៣៥-៤១)
២២ ថ្ងៃមួយ ព្រះយេស៊ូយាងចុះទូកជាមួយសាវ័ក ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនាំគ្នាឆ្លងទៅត្រើយម្ខាង»។ ពួកសាវ័កក៏ចេញទូកទៅជាមួយព្រះអង្គ។ ២៣ ពេលឆ្លងទៅនោះ ព្រះយេស៊ូផ្ទំលក់ ស្រាប់តែមានខ្យល់ព្យុះបក់បោកយ៉ាងខ្លាំងមកលើបឹង បណ្ដាលឲ្យទឹកជះចូលពេញទូក ហើយទាំងអស់គ្នាស្ថិតក្នុងភាពអាសន្ន។ ២៤ ពួកសាវ័កចូលទៅជិតព្រះយេស៊ូ ដាស់ព្រះអង្គថា៖ «ព្រះគ្រូ! ព្រះគ្រូ! យើងស្លាប់ឥឡូវហើយ»។ ព្រះយេស៊ូតើនឡើង មានព្រះបន្ទូលគំរាមខ្យល់ព្យុះ និងរលកយ៉ាងម៉ឺងម៉ាត់។ ខ្យល់ព្យុះ និងរលកក៏ស្ងប់ ហើយផ្ទៃទឹកក៏រាបស្មើដូចធម្មតាវិញ។ ២៥ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសាវ័កថា៖ «ជំនឿរបស់អ្នករាល់គ្នានៅឯណា?»។ ពួកសាវ័កភ័យស្ញប់ស្ញែង ព្រមទាំងស្ងើចសរសើរផង គេនិយាយគ្នាទៅវិញទៅមកថា៖ «តើលោកនេះមានឋានៈអ្វី បានជាបញ្ជាទៅខ្យល់ និងទឹក ហើយខ្យល់ និងទឹកស្ដាប់តាមបង្គាប់លោកដូច្នេះ?»។
ព្រះយេស៊ូប្រោសបុរសខ្មោចចូលម្នាក់
(ម៉ាថាយ ៨.២៨-៣៤ ម៉ាកុស ៥.១-២០)
២៦ ព្រះយេស៊ូ និងសាវ័ក* បានមកដល់ក្រុងកេរ៉ាសានៅត្រើយម្ខាង ទល់មុខស្រុកកាលីឡេ។ ២៧ កាលព្រះអង្គយាងឡើងគោក មានបុរសម្នាក់ចេញពីក្រុងមករកព្រះអង្គ។ គាត់មានខ្មោចចូល ហើយមិនស្លៀកពាក់ មិនរស់នៅក្នុងផ្ទះតាំងពីយូរមកហើយ គឺគាត់ស្នាក់នៅតែតាមទីបញ្ចុះសព។ ២៨ ពេលគាត់ឃើញព្រះយេស៊ូ គាត់ក្រាបទៀបព្រះបាទាព្រះអង្គ ហើយស្រែកយ៉ាងខ្លាំងថា៖ «ឱព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតអើយ! តើព្រះអង្គចង់ធ្វើអ្វីទូលបង្គំ? សូមមេត្តាកុំធ្វើទុក្ខទោសទូលបង្គំអី»។ ២៩ ខ្មោចទូលអង្វរដូច្នេះ ព្រោះព្រះយេស៊ូបានបញ្ជាវាឲ្យចេញពីបុរសនោះ វាចូលគាត់ច្រើនលើកច្រើនសាមកហើយ។ គេបានយកច្រវាក់ចងដៃចងជើងគាត់ និងដាក់ខ្នោះទុកមួយកន្លែង តែគាត់កាច់ច្រវាក់បាន ហើយខ្មោចនាំគាត់ទៅទីស្មសាន។ ៣០ ព្រះយេស៊ូមានព្រះបន្ទូលសួរថា៖ «ឯងឈ្មោះអី?»។ វាឆ្លើយថា៖ «ទូលបង្គំឈ្មោះកងទ័ព»។ វាឆ្លើយដូច្នេះ ព្រោះមានខ្មោចជាច្រើនចូលក្នុងបុរសនោះ។ ៣១ ខ្មោចទាំងនោះបានទទូចអង្វរព្រះយេស៊ូ សូមកុំឲ្យព្រះអង្គបញ្ជូនពួកវាទៅនរកអវិចីឡើយ។ ៣២ នៅក្បែរនោះ មានជ្រូកមួយហ្វូងធំកំពុងរកស៊ីតាមចង្កេះភ្នំ។ ពួកខ្មោចបានអង្វរព្រះអង្គ សូមអនុញ្ញាតឲ្យវាចូលក្នុងជ្រូកទាំងនោះ ព្រះយេស៊ូក៏អនុញ្ញាតឲ្យ។ ៣៣ ខ្មោចចេញពីបុរសនោះចូលទៅក្នុងជ្រូក ហ្វូងជ្រូកបោលចុះតាមជម្រាលភ្នំ តម្រង់ទៅបឹង លង់ទឹកងាប់អស់ទៅ។ ៣៤ ពេលអ្នកថែរក្សាហ្វូងជ្រូកឃើញហេតុការណ៍កើតឡើងដូច្នេះ ក៏រត់យករឿងនេះទៅប្រាប់អ្នកនៅទីក្រុង និងអ្នកនៅស្រុកស្រែ។ ៣៥ មនុស្សម្នានាំគ្នាចេញទៅមើលហេតុការណ៍នោះ។ គេចូលមករកព្រះយេស៊ូ ឃើញបុរសដែលខ្មោចចូលពីមុន អង្គុយនៅទៀបព្រះបាទាព្រះអង្គ គាត់ស្លៀកពាក់ដឹងស្មារតីដូចធម្មតា គេក៏ស្ញែងខ្លាចព្រះអង្គ។ ៣៦ អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែក នាំគ្នារៀបរាប់អំពីរបៀបដែលព្រះយេស៊ូប្រោសបុរសខ្មោចចូលនោះឲ្យបានជា។ ៣៧ អ្នកស្រុកនៅតំបន់កេរ៉ាសាទាំងអស់អង្វរព្រះយេស៊ូ ឲ្យចាកចេញពីស្រុកភូមិរបស់គេ ដ្បិតគេភ័យខ្លាចខ្លាំងណាស់។ ព្រះយេស៊ូក៏យាងចុះទូកត្រឡប់ទៅវិញ។ ៣៨ បុរសដែលខ្មោចចូលពីមុននោះបានអង្វរសុំនៅជាមួយព្រះអង្គដែរ ប៉ុន្តែ ព្រះយេស៊ូមិនយល់ព្រមទេ។ ព្រះអង្គមានព្រះបន្ទូលថា៖ ៣៩ «ចូរអ្នកត្រឡប់ទៅផ្ទះវិញចុះ ហើយរៀបរាប់ហេតុការណ៍ទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានប្រោសដល់អ្នក»។ បុរសនោះចេញទៅ ប្រកាសប្រាប់ឲ្យអ្នកក្រុងដឹងអំពីការទាំងអស់ ដែលព្រះយេស៊ូបានប្រោសដល់គាត់។
ព្រះយេស៊ូប្រោសស្ត្រីមានជំងឺធ្លាក់ឈាមឲ្យជា និងប្រោសកូនស្រីលោកយ៉ៃរ៉ូសឲ្យរស់ឡើងវិញ
(ម៉ាថាយ ៩.១៨-២៦ ម៉ាកុស ៥.២១-៤៣)
៤០ ពេលព្រះយេស៊ូយាងត្រឡប់មកពីត្រើយម្ខាងវិញ បណ្ដាជននាំគ្នាមកទទួលព្រះអង្គ ព្រោះគេចាំមើលផ្លូវព្រះអង្គគ្រប់ៗគ្នា។ ៤១ មានអ្នកទទួលខុសត្រូវលើសាលាប្រជុំ*ម្នាក់ ឈ្មោះយ៉ៃរ៉ូស ចូលមកជិតព្រះយេស៊ូ ក្រាបទៀបព្រះបាទាព្រះអង្គ អង្វរសូមព្រះអង្គយាងទៅផ្ទះគាត់ ៤២ ដ្បិតគាត់មានកូនស្រីតែមួយ អាយុប្រហែលដប់ពីរឆ្នាំ កំពុងឈឺ ជិតស្លាប់។ កាលព្រះយេស៊ូយាងទៅ នៅតាមផ្លូវមានមហាជនប្រជ្រៀតគ្នាជុំវិញព្រះអង្គ។ ៤៣ ពេលនោះ មានស្ត្រីម្នាក់ កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ នាងបានចំណាយទ្រព្យសម្បត្តិដែលនាងមានទាំងប៉ុន្មាន ដើម្បីឲ្យគ្រូពេទ្យព្យាបាល តែគ្មានគ្រូពេទ្យណាអាចមើលនាងជាបានឡើយ។ ៤៤ នាងមកពីក្រោយព្រះយេស៊ូ ហើយពាល់ជាយព្រះពស្ដ្រព្រះអង្គ ស្រាប់តែឈាមឈប់ធ្លាក់មួយរំពេច។ ៤៥ ព្រះយេស៊ូមានព្រះបន្ទូលសួរថា៖ «នរណាពាល់ខ្ញុំ?»។ គេប្រកែកគ្រប់គ្នាថា គេមិនបានពាល់ព្រះអង្គទេ។ លោកសិលាទូលថា៖ «ព្រះគ្រូអើយ បណ្ដាជនប្រជ្រៀតគ្នានៅជុំវិញព្រះគ្រូ ហើយគេប៉ះព្រះគ្រូទាំងអស់គ្នា»។ ៤៦ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «មានម្នាក់ពិតជាបានពាល់ខ្ញុំ ព្រោះខ្ញុំដឹងថាមានឫទ្ធានុភាពមួយចេញពីខ្លួនខ្ញុំទៅ»។ ៤៧ ស្ត្រីនោះមកក្រាបទៀបព្រះបាទាព្រះយេស៊ូ ទាំងញ័ររន្ធត់ ព្រោះដឹងថាខ្លួនលាក់រឿងនេះមិនជិត។ នាងទូលព្រះអង្គនៅចំពោះមុខប្រជាជនទាំងមូល អំពីហេតុដែលនាំឲ្យនាងពាល់ព្រះអង្គ ហើយនាងបានជាពីជំងឺភ្លាម។ ៤៨ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅដោយសុខសាន្តចុះ»។
៤៩ កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលនៅឡើយ មានបុរសម្នាក់មកពីផ្ទះលោកយ៉ៃរ៉ូស ជម្រាបគាត់ថា៖ «កូនស្រីលោកផុតដង្ហើមទៅហើយ សូមកុំរំខានលោកគ្រូធ្វើអ្វីទៀត!»។ ៥០ ព្រះយេស៊ូឮពាក្យបុរសនោះ ព្រះអង្គមានព្រះបន្ទូលទៅលោកយ៉ៃរ៉ូសថា៖ «កុំខ្លាចអី ឲ្យតែលោកជឿ កូនលោកនឹងបានរួចជីវិតពុំខាន»។ ៥១ លុះព្រះអង្គយាងទៅដល់ផ្ទះហើយ ព្រះអង្គមិនអនុញ្ញាតឲ្យអ្នកណាចូលជាមួយឡើយ លើកលែងតែលោកសិលា លោកយ៉ូហាន លោកយ៉ាកុប និងឪពុកម្ដាយក្មេងស្រីនោះប៉ុណ្ណោះ។ ៥២ អ្នកដែលនៅទីនោះយំសោកអាណិតក្មេងនោះគ្រប់ៗគ្នា តែព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំយំអី នាងមិនស្លាប់ទេ នាងគ្រាន់តែដេកលក់ទេតើ!»។ ៥៣ គេចំអកដាក់ព្រះអង្គ ដ្បិតគេដឹងច្បាស់ថានាងបានស្លាប់ពិតមែន។ ៥៤ ព្រះយេស៊ូចាប់ដៃក្មេងស្រីនោះ ហើយបន្លឺព្រះសូរសៀងយ៉ាងខ្លាំងថា៖ «នាងអើយ! ក្រោកឡើង»។ ៥៥ រំពេចនោះ ព្រលឹងនាងក៏ត្រឡប់មកវិញ ហើយនាងក្រោកឡើងភ្លាម។ ព្រះយេស៊ូសុំឲ្យគេយកចំណីអាហារមកឲ្យនាងបរិភោគ។ ៥៦ ឪពុកម្ដាយរបស់នាងងឿងឆ្ងល់ក្រៃលែង តែព្រះយេស៊ូហាមគេមិនឲ្យប្រាប់នរណាដឹងរឿងនេះឡើយ។
៩
ព្រះយេស៊ូចាត់សាវ័កដប់ពីររូបទៅប្រកាសដំណឹងល្អ
(ម៉ាថាយ ១៥.៥-១៥ ម៉ាកុស ៦.៧-១៣)
១ ព្រះយេស៊ូត្រាស់ហៅសាវ័ក*ទាំងដប់ពីររូបមកជួបជុំគ្នា ហើយព្រះអង្គប្រទានឫទ្ធានុភាព ប្រទានអំណាចឲ្យគេបណ្ដេញអារក្ខទាំងអស់ និងមើលជំងឺផ្សេងៗឲ្យបានជា។ ២ ព្រះអង្គចាត់គេឲ្យចេញទៅប្រកាសអំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់ ព្រមទាំងមើលអ្នកជំងឺឲ្យបានជាផង។ ៣ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ពេលអ្នករាល់គ្នាចេញដំណើរទៅ កុំយកអ្វីទៅជាមួយឡើយ ទោះបីដំបងក្តី ថង់យាមក្តី ចំណីអាហារ ឬប្រាក់កាសក្តី ហើយក៏មិនត្រូវយកអាវពីរបន្លាស់ទៅដែរ។ ៤ បើអ្នករាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅផ្ទះនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីស្រុកនោះទៅ។ ៥ បើភូមិណាគេមិនព្រមទទួលអ្នករាល់គ្នា ចូរចេញពីភូមិនោះទៅ ទាំងរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ»។ ៦ ពួកសាវ័ក*នាំគ្នាចេញទៅ ធ្វើដំណើរពីភូមិមួយទៅភូមិមួយ ទាំងផ្សព្វផ្សាយដំណឹងល្អ* និងមើលអ្នកជំងឺគ្រប់កន្លែងឲ្យបានជាផង។
ព្រះបាទហេរ៉ូដនឹកឆ្ងល់អំពីព្រះយេស៊ូ
(ម៉ាថាយ ១៤.១-១២ ម៉ាកុស ៦.១៤-២៩)
៧ កាលព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជ* ជ្រាបហេតុការណ៍ទាំងនោះហើយ ព្រះអង្គមិនដឹងជាត្រូវគិតយ៉ាងណា ដ្បិតមានអ្នកខ្លះនិយាយថា “លោកយ៉ូហានបាទីស្ដបានរស់ឡើងវិញហើយ”។ ៨ អ្នកខ្លះទៀតនិយាយថា “ព្យាការី*អេលីបានបង្ហាញខ្លួនឲ្យគេឃើញ” ហើយអ្នកខ្លះទៀតនិយាយថា “មានព្យាការីមួយរូបពីសម័យបុរាណបានរស់ឡើងវិញ”។ ៩ រីឯព្រះបាទហេរ៉ូដមានរាជឱង្ការថា៖ «យើងបានឲ្យគេកាត់ក យ៉ូហានស្លាប់បាត់ទៅហើយ ចុះបុរសដែលគេនិយាយថាបានធ្វើការអស្ចារ្យទាំងនោះជានរណា?»។ ព្រះបាទហេរ៉ូដមានបំណងចង់ជួបព្រះយេស៊ូ។
ព្រះយេស៊ូប្រទាននំបុ័ងឲ្យមនុស្សប្រាំពាន់នាក់
(មថ.១៤.១៣-២១ មក.៦.៣០-៤៤ យហ.៦.១-១៤)
១០ គ្រីស្តទូត*នាំគ្នាវិលត្រឡប់មកវិញ រៀបរាប់ទូលព្រះយេស៊ូនូវគ្រប់កិច្ចការទាំងអស់ដែលគេបានធ្វើ។ ព្រះអង្គនាំគេចេញដាច់ឡែកពីមហាជន តម្រង់ទៅភូមិមួយឈ្មោះបេតសៃដា ១១ តែមហាជនដឹង ក៏នាំគ្នាទៅតាមព្រះអង្គ។ ព្រះយេស៊ូទទួលពួកគេ ហើយមានព្រះបន្ទូលអំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់ឲ្យគេស្ដាប់ ព្រមទាំងប្រោសអ្នកជំងឺឲ្យជាផង។
១២ ដល់ថ្ងៃជិតលិច សាវ័កទាំងដប់ពីររូបចូលទៅទូលព្រះអង្គថា៖ «សូមព្រះអង្គប្រាប់ឲ្យបណ្ដាជនចេញ ទៅរកម្ហូបអាហារ រកកន្លែងស្នាក់តាមផ្ទះ តាមភូមិជិតៗនេះទៅ ព្រោះទីនេះស្ងាត់ណាស់»។ ១៣ ព្រះយេស៊ូមានព្រះបន្ទូលតបវិញថា៖ «ចូរអ្នករាល់គ្នាយកម្ហូបអាហារឲ្យគេបរិភោគទៅ»។ ពួកសាវ័កទូលព្រះអង្គថា៖ «យើងខ្ញុំមាននំបុ័ងតែប្រាំដុំ និងត្រីងៀតពីរកន្ទុយប៉ុណ្ណោះ ធ្វើម្ដេចនឹងគ្រាន់ មានតែទៅទិញអាហារសម្រាប់ប្រជាជនទាំងនេះ!»។ ១៤ នៅទីនោះ មានមនុស្សប្រុសប្រមាណប្រាំពាន់នាក់។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សាវ័កថា៖ «ចូរអ្នករាល់គ្នាប្រាប់គេឲ្យអង្គុយចុះជាក្រុមៗ ក្នុងមួយក្រុមហាសិបនាក់»។ ១៥ ពួកសាវ័កក៏ធ្វើតាម គឺប្រាប់គេឲ្យអង្គុយចុះទាំងអស់គ្នា។ ១៦ ព្រះយេស៊ូយកនំបុ័ងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ ព្រះអង្គងើបព្រះភ័ក្ត្រឡើង សរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់ប្រទានឲ្យសាវ័ក ដើម្បីឲ្យគេចែកបណ្ដាជនបរិភោគ។ ១៧ គេបានបរិភោគឆ្អែតគ្រប់ៗគ្នា រួចប្រមូលនំបុ័ងដែលនៅសល់បានពេញដប់ពីរល្អី។
លោកសិលាប្រកាសថា ព្រះយេស៊ូជាព្រះគ្រីស្ដ
(ម៉ាថាយ ១៦.១៣-១៩ ម៉ាកុស ៨.២៨-២៩)
១៨ ថ្ងៃមួយ ពេលព្រះយេស៊ូនៅអធិស្ឋាន*ដាច់ឡែកពីបណ្ដាជន ពួកសាវ័ក*ក៏នៅជាមួយព្រះអង្គដែរ។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើមហាជនទាំងឡាយថា ខ្ញុំជានរណា?»។ ១៩ ពួកសាវ័កទូលឆ្លើយថា៖ «អ្នកខ្លះថា លោកគ្រូជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថា លោកជាព្យាការីអេលី ហើយអ្នកខ្លះទៀតថា លោកជាព្យាការីមួយរូបពីសម័យបុរាណដែលរស់ឡើងវិញ»។ ២០ ព្រះយេស៊ូសួរទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណាដែរ?»។ លោកសិលាទូលព្រះអង្គថា៖ «លោកជាព្រះគ្រីស្ដ*ដែលព្រះជាម្ចាស់ចាត់ឲ្យមក»។ ២១ ព្រះយេស៊ូក៏ហាមប្រាមគេ មិនឲ្យនិយាយប្រាប់អ្នកណាជាដាច់ខាត។
២២ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «បុត្រមនុស្ស*ត្រូវរងទុក្ខវេទនាយ៉ាងខ្លាំង។ ពួកព្រឹទ្ធាចារ្យ* ពួកនាយកបូជាចារ្យ* ពួកបណ្ឌិតខាងវិន័យ* នឹងបោះបង់លោកចោល ថែមទាំងសម្លាប់លោកទៀតផង។ ប៉ុន្តែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។
២៣ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅគេទាំងអស់គ្នាថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួនរៀងរាល់ថ្ងៃ ហើយមកតាមខ្ញុំចុះ ២៤ ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិតពុំខាន ប៉ុន្តែ អ្នកណាបាត់បង់ជីវិត ព្រោះតែខ្ញុំ អ្នកនោះនឹងបានរួចជីវិតវិញ។ ២៥ បើមនុស្សម្នាក់បានពិភពលោកទាំងមូលមកធ្វើជាសម្បត្តិរបស់ខ្លួន តែត្រូវស្លាប់បាត់បង់ជីវិតនោះមានប្រយោជន៍អ្វី។ ២៦ បើអ្នកណាខ្មាសអៀន មិនហ៊ានទទួលស្គាល់ខ្ញុំ មិនហ៊ានទទួលពាក្យរបស់ខ្ញុំទេ លុះដល់បុត្រមនុស្ស*យាងមក ប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ព្រមទាំងសិរីរុងរឿងរបស់ព្រះបិតា និងរបស់ទេវទូត*ដ៏វិសុទ្ធ* ព្រះអង្គក៏នឹងខ្មាសអៀន មិនហ៊ានទទួលស្គាល់អ្នកនោះវិញដែរ។ ២៧ ប្រាកដមែន ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មនុស្សខ្លះដែលនៅទីនេះនឹងមិនស្លាប់ទេ មុនបានឃើញព្រះរាជ្យ*របស់ព្រះជាម្ចាស់»។
សិរីរុងរឿងរបស់ព្រះយេស៊ូ
(ម៉ាថាយ ១៧៧.១-៨ ម៉ាកុស ៩.២-៨)
២៨ ប្រមាណជាប្រាំបីថ្ងៃ ក្រោយពីព្រះយេស៊ូមានព្រះបន្ទូលទាំងនោះមក ព្រះអង្គនាំលោកសិលា លោកយ៉ូហាន និងលោកយ៉ាកុបឡើងទៅលើភ្នំ ដើម្បីអធិស្ឋាន*។ ២៩ ពេលកំពុងអធិស្ឋាន ស្រាប់តែព្រះភ័ក្ត្ររបស់ព្រះអង្គប្រែជាមានរស្មី ហើយព្រះពស្ដ្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សត្រចះត្រចង់។ ៣០ ពេលនោះ មានបុរសពីរនាក់ គឺលោកម៉ូសេ និងព្យាការីអេលី សន្ទនាជាមួយព្រះយេស៊ូ។ ៣១ លោកទាំងពីរលេចមកប្រកបដោយសិរីរុងរឿង ហើយមានប្រសាសន៍អំពីដំណើរ ដែលព្រះអង្គត្រូវសោយទិវង្គត នៅក្រុងយេរូសាឡឹម។ ៣២ លោកសិលា និងមិត្តភក្ដិរបស់លោកសម្រាន្ដលង់លក់។ លុះភ្ញាក់ឡើង គេឃើញសិរីរុងរឿងរបស់ព្រះយេស៊ូ និងឃើញលោកទាំងពីរឈរជាមួយព្រះអង្គ។ ៣៣ កាលលោកម៉ូសេ និងព្យាការីអេលី កំពុងតែចាកចេញពីព្រះយេស៊ូទៅ លោកសិលាទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ យើងខ្ញុំនឹងសង់ជម្រកបី គឺមួយសម្រាប់ព្រះគ្រូ មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់ព្យាការីអេលី»។ លោកសិលាមានប្រសាសន៍ទាំងពុំដឹងថាខ្លួននិយាយអ្វីឡើយ។ ៣៤ កាលលោកសិលាកំពុងតែមានប្រសាសន៍ ស្រាប់តែមានពពក*មកគ្របបាំងគេទាំងអស់គ្នា ធ្វើឲ្យសាវ័កភ័យខ្លាចក្រៃលែង ដោយមានពពកមកគ្របបាំងដូច្នេះ។ ៣៥ មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «ព្រះអង្គនេះជាបុត្រដែលយើងបានជ្រើសរើស ចូរស្ដាប់ព្រះអង្គចុះ!»។ ៣៦ បន្ទាប់ពីបានឮព្រះសូរសៀងនេះហើយ គេឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះ។ នៅគ្រានោះ សាវ័កឥតបាននិយាយអំពីហេតុការណ៍ដែលគេបានឃើញប្រាប់អ្នកណាសោះឡើយ។
ព្រះយេស៊ូដេញខ្មោចចេញពីក្មេងម្នាក់
(ម៉ាថាយ ១៧.១៤-១៨ ម៉ាកុស ៩.១៤-២៧)
៣៧ នៅថ្ងៃបន្ទាប់ ព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសាវ័កមកវិញ ពេលនោះ មានបណ្ដាជនយ៉ាងច្រើនមករកព្រះអង្គ។ ៣៨ មានបុរសម្នាក់ស្រែកពីកណ្ដាលចំណោមបណ្ដាជនមកថា៖ «លោកគ្រូអើយ! សូមមេត្តាប្រោសប្រណីដល់កូនប្រុសខ្ញុំប្របាទផង ព្រោះខ្ញុំប្របាទមានកូនតែមួយនេះគត់។ ៣៩ ពេលខ្មោចចូលម្ដងៗ វាស្រែករើបម្រះ ប្រកាច់ប្រកិន បែកពពុះមាត់។ លុះធ្វើបាបវាយ៉ាងធ្ងន់ហើយ ខ្មោចក៏ចេញទៅ ទុកឲ្យកូនខ្ញុំប្របាទនៅគ្រាំគ្រា។ ៤០ ខ្ញុំប្របាទបានអង្វរសាវ័ករបស់លោកឲ្យដេញខ្មោចនោះដែរ ប៉ុន្តែ គេមិនអាចដេញវាចេញបានសោះ»។ ៤១ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «នែ៎ពួកមនុស្សអាក្រក់ មិនព្រមជឿអើយ! តើត្រូវឲ្យខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំកូនរបស់អ្នកមកណេះមើល៍»។ ៤២ ពេលក្មេងនោះដើរចូលមកជិតព្រះយេស៊ូ ស្រាប់តែខ្មោចផ្ដួលវា ធ្វើឲ្យវាប្រកាច់ប្រកិនយ៉ាងខ្លាំង។ ព្រះយេស៊ូមានព្រះបន្ទូលគំរាមទៅខ្មោច ព្រះអង្គប្រោសក្មេងនោះឲ្យជា ហើយប្រគល់ទៅឲ្យឪពុកវាវិញ។ ៤៣ មនុស្សគ្រប់គ្នាស្ងើចអំពីមហិទ្ធិឫទ្ធិដ៏ខ្លាំងពូកែរបស់ព្រះជាម្ចាស់។
ព្រះយេស៊ូមានព្រះបន្ទូលអំពីព្រះអង្គសោយទិវង្គត
(ម៉ាថាយ ១៧.២២-២៣ ម៉ាកុស ៩.៣០-៣២)
នៅពេលមនុស្សគ្រប់ៗគ្នាកំពុងកោតស្ញប់ស្ញែង នឹងការទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសាវ័កថា៖ ៤៤ «ចូរត្រងត្រាប់ស្ដាប់ពាក្យទាំងនេះ ហើយចងចាំទុកក្នុងចិត្ត គឺបុត្រមនុស្ស*នឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោកជាមិនខាន»។ ៤៥ ពួកសាវ័កពុំបានយល់ព្រះបន្ទូលនេះទេ ព្រោះព្រះជាម្ចាស់មិនទាន់សម្ដែងអត្ថន័យឲ្យគេយល់ ប៉ុន្តែ ពួកគេមិនហ៊ានទូលសួរព្រះអង្គអំពីរឿងនេះឡើយ។
អ្នកដែលធំជាងគេ
(ម៉ាថាយ ១៨.១-៥ ម៉ាកុស ៩.៣៣-៣៧)
៤៦ ខណៈនោះ ពួកសាវ័ក*ជជែកគ្នាចង់ដឹងថា ក្នុងចំណោមពួកគេ នរណាធំជាងគេ។ ៤៧ ព្រះយេស៊ូឈ្វេងយល់គំនិតរបស់គេ ក៏យកក្មេងម្នាក់មកឲ្យឈរក្បែរព្រះអង្គ ៤៨ រួចមានព្រះបន្ទូលទៅគេថា៖ «អ្នកណាទទួលក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំដែរ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាបានទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះដែរ ដ្បិតអ្នកណាមានឋានៈទាបជាងគេក្នុងចំណោមអ្នករាល់គ្នា គឺអ្នកនោះហើយជាអ្នកធំជាងគេ»។
អ្នកណាមិនជំទាស់នឹងយើង អ្នកនោះជាពួកយើង!
(ម៉ាកុស ៩.៣៨-៤០)
៤៩ លោកយ៉ូហានទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបានឃើញបុរសម្នាក់ដេញខ្មោច ក្នុងនាមព្រះគ្រូ។ យើងខ្ញុំបានឃាត់គាត់ ព្រោះគាត់មិនមកតាមព្រះគ្រូដូចយើងខ្ញុំ»។ ៥០ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖ «កុំឃាត់គេអី ដ្បិតអ្នកណាមិនជំទាស់នឹងអ្នករាល់គ្នា អ្នកនោះនៅខាងអ្នករាល់គ្នាហើយ»។
ព្រះយេស៊ូយាងកាត់ភូមិសាសន៍សាម៉ារី
៥១ លុះជិតដល់ថ្ងៃកំណត់ដែលព្រះយេស៊ូត្រូវយាងចាកចេញពីលោកនេះទៅ ព្រះអង្គសម្រេចព្រះហឫទ័យយាងទៅក្រុងយេរូសាឡឹម ៥២ ព្រះអង្គបានចាត់អ្នកខ្លះឲ្យទៅមុន។ អ្នកទាំងនោះចេញដំណើរទៅដល់ភូមិមួយរបស់អ្នកស្រុកសាម៉ារី ដើម្បីរៀបចំកន្លែងថ្វាយព្រះអង្គ។ ៥៣ ប៉ុន្តែ អ្នកស្រុកពុំព្រមទទួលព្រះអង្គឲ្យស្នាក់ឡើយ ព្រោះព្រះអង្គយាងឆ្ពោះទៅក្រុងយេរូសាឡឹម។ ៥៤ ពេលសាវ័កពីរនាក់ គឺលោកយ៉ាកុប និងលោកយ៉ូហានឃើញដូច្នោះ ក៏ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គសព្វព្រះហឫទ័យឲ្យយើងខ្ញុំហៅរន្ទះភ្លើង មកកម្ទេចអ្នកទាំងនេះឬ?»។ ៥៥ ព្រះយេស៊ូបែរទៅរកគេ ហើយស្ដីបន្ទោសគេយ៉ាងខ្លាំង។ ៥៦ បន្ទាប់មក ព្រះអង្គយាងឆ្ពោះទៅកាន់ភូមិមួយផ្សេងទៀតជាមួយសាវ័ក*។
លក្ខណសម្បត្តិរបស់អ្នកដែលចង់តាមព្រះយេស៊ូ
(ម៉ាថាយ ៨.១៩-២២)
៥៧ កាលព្រះយេស៊ូកំពុងយាងតាមផ្លូវជាមួយសាវ័ក មានបុរសម្នាក់ទូលព្រះអង្គថា៖ «ខ្ញុំប្របាទសុខចិត្តទៅតាមលោក ទោះបីលោកអញ្ជើញទៅទីណាក៏ដោយ»។ ៥៨ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សីក៏មានសំបុករបស់វាដែរ ប៉ុន្តែ បុត្រមនុស្ស*គ្មានទីជម្រកសម្រាកសោះឡើយ»។ ៥៩ ព្រះអង្គមានព្រះបន្ទូលទៅម្នាក់ទៀតថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ ប៉ុន្តែ អ្នកនោះទូលព្រះអង្គថា៖ «សូមលោកមេត្តាអនុញ្ញាតឲ្យខ្ញុំប្របាទទៅបញ្ចុះសពឪពុកសិន»។ ៦០ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «ទុកឲ្យមនុស្សស្លាប់បញ្ចុះសពគ្នាគេចុះ។ រីឯអ្នកវិញ ចូរទៅផ្សាយដំណឹងអំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់»។ ៦១ មានម្នាក់ទៀតទូលព្រះអង្គថា៖ «លោកម្ចាស់! ខ្ញុំប្របាទសុខចិត្តទៅតាមលោកដែរ ប៉ុន្តែ សូមអនុញ្ញាតឲ្យខ្ញុំប្របាទទៅជម្រាបលាក្រុមគ្រួសារសិន»។ ៦២ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖ «អ្នកណាកាន់នង្គ័ល ហើយបែរជាងាកមើលក្រោយ អ្នកនោះគ្មានសារប្រយោជន៍អ្វីដល់ព្រះរាជ្យ*របស់ព្រះជាម្ចាស់ឡើយ»។
១០
ព្រះយេស៊ូចាត់សាវ័ក៧២រូបទៅផ្សាយដំណឹងល្អ
១ ក្រោយមក ព្រះអម្ចាស់ជ្រើសយកសាវ័ក*ចិតសិបពីររូបទៀត ហើយចាត់គេពីរៗនាក់ឲ្យទៅតាមភូមិ តាមស្រុកនានា ដែលព្រះអង្គបម្រុងនឹងយាងទៅ។ ២ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ស្រូវដែលត្រូវច្រូតមានច្រើនណាស់ តែអ្នកច្រូតមានតិចពេក។ ហេតុនេះ ចូរអង្វរម្ចាស់ស្រែឲ្យចាត់អ្នកច្រូតមកក្នុងស្រែរបស់លោក។ ៣ ចូរនាំគ្នាទៅចុះ! ខ្ញុំចាត់អ្នករាល់គ្នាទៅ ដូចឲ្យកូនចៀមទៅកណ្ដាលហ្វូងចចក។ ៤ កុំយកថង់ប្រាក់ ថង់យាម ឬស្បែកជើងទៅជាមួយឡើយ ហើយក៏កុំជម្រាបសួរអ្នកណាតាមផ្លូវដែរ។ ៥ ពេលអ្នករាល់គ្នាចូលទៅក្នុងផ្ទះណាមួយ មុនដំបូងត្រូវពោលថា “សូមព្រះជាម្ចាស់ប្រទានសេចក្ដីសុខសាន្ត ដល់មនុស្សក្នុងផ្ទះនេះ” ។ ៦ បើនៅក្នុងផ្ទះនោះ មានមនុស្សណាចូលចិត្តសេចក្ដីសុខសាន្ត នោះគេនឹងបានសុខសាន្ត ដូចពាក្យអ្នករាល់គ្នាជាមិនខាន។ បើគ្មានអ្នកណាចូលចិត្តសេចក្ដីសុខសាន្តទេ សេចក្ដីសុខសាន្តនឹងវិលត្រឡប់មកអ្នករាល់គ្នាវិញ។ ៧ ចូរស្នាក់នៅផ្ទះនោះ ហើយបរិភោគម្ហូបអាហារដែលគេជូនអ្នករាល់គ្នាចុះ ព្រោះអ្នកធ្វើការតែងតែទទួលប្រាក់ឈ្នួល។ មិនត្រូវចេញពីផ្ទះមួយទៅនៅផ្ទះមួយទៀតឡើយ។ ៨ បើអ្នករាល់គ្នាចូលទៅភូមិណា ហើយមានគេទទួលអ្នករាល់គ្នា ត្រូវបរិភោគម្ហូបអាហារដែលគេរៀបជូនចុះ។ ៩ ត្រូវប្រោសអ្នកជំងឺក្នុងភូមិនោះឲ្យបានជា ហើយប្រាប់អ្នកភូមិថាៈ “ព្រះរាជ្យ*របស់ព្រះជាម្ចាស់នៅជិតអ្នករាល់គ្នាហើយ”។ ១០ ប៉ុន្តែ កាលបើអ្នករាល់គ្នាចូលទៅភូមិណាមួយ ហើយគេមិនព្រមទទួលអ្នករាល់គ្នាទេ ត្រូវចេញទៅប្រកាសតាមទីផ្សារថាៈ ១១ “សូម្បីតែធូលីដីដែលជាប់ជើងយើង ក៏យើងរលាស់ឲ្យអ្នករាល់គ្នាវិញដែរ ប៉ុន្តែ សូមជ្រាបថា ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ”។ ១២ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោស អ្នកក្រុងសូដុមទទួលទោសស្រាលជាងអ្នកភូមិនោះ។
១៣ អ្នកក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាជាពុំខាន។ អ្នកក្រុងបេតសៃដាអើយ! អ្នកក៏ត្រូវវេទនាដែរ។ ប្រសិនបើអ្នកក្រុងទីរ៉ូស និងអ្នកក្រុងស៊ីដូនបានឃើញការអស្ចារ្យ ដូចអ្នករាល់គ្នាឃើញនៅទីនេះ ម៉្លេះសមអ្នកក្រុងទាំងនោះនឹងប្រែចិត្តគំនិត ហើយស្លៀកបាវអង្គុយក្នុងផេះជាមិនខាន។ ១៤ ហេតុនេះហើយបានជានៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងទីរ៉ូស និងអ្នកក្រុងស៊ីដូន ទទួលទោសស្រាលជាងអ្នករាល់គ្នា។ ១៥ អ្នកក្រុងកាផានុមអើយ! កុំនឹកស្មានថា អ្នកនឹងបានថ្កើងឡើងដល់ស្ថានសួគ៌ឡើយ អ្នកនឹងធ្លាក់ទៅស្ថាននរកវិញ»។
១៦ ព្រះយេស៊ូមានព្រះបន្ទូលទៅសាវ័កទៀតថា៖ «អ្នកណាស្ដាប់អ្នករាល់គ្នា ក៏ដូចជាស្ដាប់ខ្ញុំដែរ។ អ្នកណាបដិសេធមិនទទួលអ្នករាល់គ្នា ក៏ដូចជាបដិសេធមិនទទួលខ្ញុំដែរ ហើយអ្នកណាមិនទទួលខ្ញុំ ក៏ដូចជាមិនទទួលព្រះអង្គដែលចាត់ខ្ញុំឲ្យមកនោះដែរ»។
ពួកសាវ័កវិលត្រឡប់មកវិញ
១៧ ពួកសាវ័ក*ទាំងចិតសិបពីររូបត្រឡប់មកវិញ ទាំងត្រេកអរ ហើយទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ដោយសារព្រះនាមព្រះអង្គ សូម្បីតែខ្មោចក៏ចុះចូលក្រោមអំណាចយើងខ្ញុំដែរ»។ ១៨ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំឃើញមារសាតាំង*ធ្លាក់ចុះពីលើមេឃមក ដូចផ្លេកបន្ទោរ។ ១៩ ខ្ញុំបានឲ្យអ្នករាល់គ្នាមានអំណាចដើរជាន់ពស់ និងខ្យាដំរី ព្រមទាំងបង្ក្រាបឫទ្ធិអំណាចគ្រប់យ៉ាងរបស់មារសត្រូវផង គ្មានអ្វីអាចធ្វើទុក្ខអ្នករាល់គ្នាឡើយ ២០ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៍កុំត្រេកអរនឹងឃើញខ្មោចចុះចូលអ្នករាល់គ្នា គឺត្រូវត្រេកអរ ដោយអ្នករាល់គ្នាមានឈ្មោះកត់ទុកនៅស្ថានបរមសុខវិញ»។
ព្រះយេស៊ូមានព្រះហឫទ័យរីករាយ
(ម៉ាថាយ ១១.២៥-២៧, ១៣.១៦-១៧)
២១ ខណៈនោះ ព្រះវិញ្ញាណបានធ្វើឲ្យព្រះយេស៊ូមានព្រះហឫទ័យរីករាយយ៉ាងខ្លាំង។ ព្រះអង្គមានព្រះបន្ទូលថា៖ «បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ* និងជាអម្ចាស់នៃផែនដី ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ព្រោះព្រះអង្គបានសម្ដែងការទាំងនេះឲ្យមនុស្សតូចតាចយល់ តែព្រះអង្គលាក់មិនឲ្យអ្នកប្រាជ្ញ និងអ្នកចេះដឹងយល់ទេ។ មែនហើយ! ព្រះអង្គសព្វព្រះហឫទ័យសម្រេចដូច្នេះ។ ២២ ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ។ គ្មាននរណាស្គាល់ព្រះបុត្រាក្រៅពីព្រះបិតា ហើយក៏គ្មាននរណាស្គាល់ព្រះបិតាក្រៅពីព្រះបុត្រា និងអ្នកដែលព្រះបុត្រាសព្វព្រះហឫទ័យសម្ដែងឲ្យស្គាល់នោះដែរ»។
២៣ បន្ទាប់មក ព្រះយេស៊ូបែរទៅរកសាវ័ក* ហើយមានព្រះបន្ទូលដាច់ឡែកពីគេថា៖ «អ្នករាល់គ្នាមានសុភមង្គល*ហើយ ព្រោះអ្នករាល់គ្នាបានឃើញហេតុការណ៍ទាំងអស់នេះ! ២៤ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា មានព្យាការី និងស្ដេចជាច្រើន ចង់ឃើញហេតុការណ៍ដែលអ្នករាល់គ្នាឃើញនេះដែរ តែមិនបានឃើញ ហើយគេចង់ឮសេចក្ដីដែលអ្នករាល់គ្នាបានឮនេះដែរ តែមិនបានឮសោះ»។
ពាក្យប្រស្នាអំពីអ្នកស្រុកសាម៉ារីម្នាក់មានចិត្តសប្បុរស
២៥ ពេលនោះ មានបណ្ឌិតខាងវិន័យម្នាក់ក្រោកឈរទូលសួរព្រះយេស៊ូ ក្នុងគោលបំណងចង់ចាប់កំហុសព្រះអង្គថា៖ «លោកគ្រូ! តើខ្ញុំត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យបានទទួលជីវិតអស់កល្បជានិច្ច?»។ ២៦ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «តើក្នុងគម្ពីរវិន័យមានចែងទុកមកដូចម្ដេចខ្លះ? ពេលលោកអាន តើលោកយល់យ៉ាងណា?»។ ២៧ គាត់ទូលឆ្លើយទៅព្រះយេស៊ូថា៖ «ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឲ្យអស់ពីចិត្តគំនិត អស់ពីស្មារតី អស់ពីកម្លាំង និងអស់ពីប្រាជ្ញា ហើយត្រូវស្រឡាញ់បងប្អូនឯទៀតៗឲ្យបានដូចស្រឡាញ់ខ្លួនឯងដែរ»។ ២៨ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «លោកឆ្លើយត្រឹមត្រូវល្អណាស់ សុំធ្វើដូច្នេះទៅ នោះលោកនឹងមានជីវិតអស់កល្បជាមិនខាន»។ ២៩ ប៉ុន្តែ បណ្ឌិតខាងវិន័យនោះចង់បង្ហាញថា សំណួររបស់គាត់ជាសំណួរត្រឹមត្រូវ គាត់ក៏សួរព្រះយេស៊ូទៀតថា៖ «តើនរណាជាបងប្អូនរបស់ខ្ញុំ?»។ ៣០ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «មានបុរសម្នាក់ធ្វើដំណើរចុះពីក្រុងយេរូសាឡឹមឆ្ពោះទៅក្រុងយេរីខូ។ គាត់ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកចោរ វាប្លន់គាត់ ថែមទាំងវាយដំគាត់ឲ្យរបួសជាទម្ងន់ រួចនាំគ្នារត់បាត់អស់ទៅ ទុកគាត់ចោលនៅស្ដូកស្ដឹងបាត់ស្មារតីមិនដឹងខ្លួន។ ៣១ ពេលនោះ មានបូជាចារ្យ*មួយរូបធ្វើដំណើរចុះតាមផ្លូវនោះ។ គាត់ឃើញបុរសនោះ ក៏ដើរវាងហួសទៅ។ ៣២ មានម្នាក់ពីក្រុមលេវី*ដើរមកដល់កន្លែងនោះដែរ។ គាត់ឃើញបុរសនោះ ក៏ដើរវាងហួសទៅ។ ៣៣ គាប់ជួនជាមានអ្នកស្រុកសាម៉ារីម្នាក់ ធ្វើដំណើរមកតាមផ្លូវនោះដែរ គាត់ឃើញបុរសនោះ គាត់មានចិត្តអាណិតអាសូរពន់ពេកណាស់។ ៣៤ គាត់ចូលទៅជិតអ្នករបួស យកប្រេង និងស្រា ចាក់ពីលើមុខរបួស រុំរបួសឲ្យ រួចគាត់លើកអ្នករបួសដាក់លើជំនិះរបស់គាត់ នាំទៅផ្ទះសំណាក់ ហើយថែទាំអ្នករបួសនោះ។ ៣៥ ស្អែកឡើង គាត់យកប្រាក់ប្រគល់ឲ្យម្ចាស់ផ្ទះសំណាក់ ទាំងផ្ដាំថា “សូមថែទាំបុរសនេះផង ប្រសិនបើអ្នកចំណាយលើសពីប្រាក់នេះ ពេលខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងជូនបង្គ្រប់”។ ៣៦ ក្នុងចំណោមមនុស្សទាំងបីនាក់ តើលោកយល់ថា អ្នកណាចាត់ទុកខ្លួនជាបងប្អូននឹងបុរស ដែលធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកចោរប្លន់នោះ?»។ ៣៧ បណ្ឌិតខាងវិន័យ*ឆ្លើយថា៖ «គឺអ្នកដែលមានចិត្តមេត្តាករុណាចំពោះគាត់»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំលោកអញ្ជើញទៅចុះ ហើយប្រព្រឹត្តឲ្យបានដូចអ្នកនោះទៅ»។
ព្រះយេស៊ូគង់នៅផ្ទះនាងម៉ាថា និងនាងម៉ារី
៣៨ កាលព្រះយេស៊ូធ្វើដំណើរជាមួយពួកសាវ័ក ព្រះអង្គយាងចូលក្នុងភូមិមួយ។ មានស្ត្រីម្នាក់ឈ្មោះម៉ាថា បានទទួលព្រះអង្គឲ្យស្នាក់ក្នុងផ្ទះនាង។ ៣៩ នាងមានប្អូនស្រីម្នាក់ឈ្មោះម៉ារី អង្គុយនៅទៀបព្រះបាទាព្រះអម្ចាស់* ស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។ ៤០ រីឯនាងម៉ាថាវិញ នាងមានកិច្ចការរវល់ជាច្រើន ដើម្បីបម្រើព្រះអង្គ។ នាងចូលមកទូលថា៖ «បពិត្រព្រះអម្ចាស់! ប្អូនខ្ញុំម្ចាស់ទុកឲ្យខ្ញុំម្ចាស់បម្រើព្រះអង្គតែម្នាក់ឯង តើព្រះអង្គមិនអើពើទេឬ? សូមព្រះអង្គប្រាប់ឲ្យនាងមកជួយខ្ញុំម្ចាស់ផង»។ ៤១ ព្រះអម្ចាស់មានព្រះបន្ទូលទៅនាងថា៖ «ម៉ាថា! ម៉ាថាអើយ! នាងមានកង្វល់ ហើយរវល់នឹងកិច្ចការច្រើនណាស់ ៤២ ប៉ុន្តែ មានកិច្ចការតែមួយគត់ដែលចាំបាច់ ម៉ារីបានជ្រើសយកចំណែកដ៏ល្អវិសេសនោះហើយ មិនត្រូវយកចេញពីនាងទេ»។
១១
ព្រះយេស៊ូបង្រៀនសាវ័កអំពីរបៀបអធិស្ឋាន*
(ម៉ាថាយ ៦.៩-១៣, ៧.៧-១១)
១ មានមួយថ្ងៃ ព្រះយេស៊ូអធិស្ឋាននៅកន្លែងមួយ។ កាលព្រះអង្គអធិស្ឋានរួចហើយ មានសាវ័ក*ម្នាក់ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! សូមបង្រៀនយើងខ្ញុំឲ្យចេះអធិស្ឋាន ដូចលោកយ៉ូហានបានបង្រៀនសិស្សរបស់លោកនោះផង»។ ២ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេថា៖ «ពេលអ្នករាល់គ្នាអធិស្ឋាន ត្រូវពោលថាៈ
ឱព្រះបិតាអើយ សូមសម្ដែងព្រះបារមី
ឲ្យមនុស្សលោកស្គាល់ ព្រះនាមព្រះអង្គ
សូមឲ្យព្រះរាជ្យ*ព្រះអង្គបានមកដល់។
៣ សូមប្រទានអាហារដែលយើងខ្ញុំត្រូវការ
ជារៀងរាល់ថ្ងៃ។
៤ សូមអត់ទោសយើងខ្ញុំឲ្យរួចពីបាប
ដ្បិតយើងខ្ញុំអត់ទោសឲ្យអស់អ្នក
ដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។
សូមកុំបណ្ដោយឲ្យយើងខ្ញុំចាញ់
ការល្បួងឡើយ»។
៥ ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើម្នាក់មានមិត្តសម្លាញ់មករកទាំងពាក់កណ្ដាលអធ្រាត្រ ហើយពោលថា “សម្លាញ់អើយ! ឲ្យគ្នាខ្ចីនំបុ័ងបីដុំសិនមក ៦ ព្រោះមានមិត្តភក្ដិទើបនឹងធ្វើដំណើរមកដល់ ហើយគ្មានអ្វីទទួលគេសោះ”។ ៧ អ្នកនៅក្នុងផ្ទះឆ្លើយមកវិញថា “កុំរំខានគ្នាធ្វើអ្វី គ្នាបានខ្ទាស់ទ្វារទៅហើយ ម្យ៉ាងទៀត កូនចៅគ្នាកំពុងដេកលក់ គ្នាមិនអាចក្រោកទៅយកនំបុ័ងឲ្យសម្លាញ់ឯងបានទេ”។ ៨ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ម្ចាស់ផ្ទះប្រាកដជាក្រោកទៅយកនំបុ័ង ព្រមទាំងអ្វីៗដែលមិត្តសម្លាញ់របស់គាត់ត្រូវការមិនខាន។ គាត់ក្រោកទៅយកដូច្នេះ មិនមែនមកពីគាត់យោគយល់មិត្តសម្លាញ់ទេ គឺមកពីមិត្តសម្លាញ់នោះចេះតែរំខានមិនឈប់។ ៩ រីឯខ្ញុំវិញ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរសូម នោះព្រះជាម្ចាស់នឹងប្រទានឲ្យ ចូរស្វែងរក គង់តែនឹងឃើញ ចូរគោះទ្វារ នោះព្រះអង្គនឹងបើកឲ្យអ្នករាល់គ្នាជាពុំខាន ១០ ដ្បិតអ្នកណាសូម អ្នកនោះតែងតែទទួល អ្នកណាស្វែងរករមែងតែងតែឃើញ ហើយគេតែងតែបើកទ្វារឲ្យអ្នកដែលគោះ។ ១១ ក្នុងចំណោមអ្នករាល់គ្នា បើកូនសុំត្រី មិនដែលមានឪពុកណាយកពស់អសិរពិសឲ្យវាទេ ១២ បើកូនសុំពងមាន់ ក៏មិនដែលមានឪពុកណាយកខ្យាដំរីឲ្យវាដែរ។ ១៣ សូម្បីតែអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ ក៏ចេះឲ្យរបស់ល្អៗទៅកូន ចុះចំណង់បើព្រះបិតាដែលគង់នៅស្ថានបរមសុខ* តើព្រះអង្គនឹងប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ* ឲ្យអស់អ្នកដែលទូលសូមពីព្រះអង្គយ៉ាងណាទៅទៀត»។
ព្រះយេស៊ូឆ្លើយតបនឹងពួកអ្នកចោទប្រកាន់ព្រះអង្គ
(ម៉ាថាយ ១២.២២-៣០, ៤៣-៤៥ ម៉ាកុស ៣.២០-២៧)
១៤ ព្រះយេស៊ូកំពុងបណ្ដេញខ្មោចចេញពីមនុស្ស គម្នាក់។ លុះខ្មោចចេញផុតទៅ មនុស្សគនោះនិយាយបាន ហើយមហាជនក៏ស្ងើចសរសើរក្រៃលែង។ ១៥ ប៉ុន្តែ មានអ្នកខ្លះនិយាយថា៖ «អ្នកនេះដេញខ្មោចបានដូច្នេះ ព្រោះបេលសេប៊ូលជាស្ដេចខ្មោចបានប្រគល់អំណាចឲ្យគាត់»។ ១៦ មានអ្នកខ្លះទៀតចង់ចាប់កំហុសព្រះអង្គ ក៏សូមឲ្យព្រះអង្គសម្ដែងទីសម្គាល់មួយ បញ្ជាក់ថា ព្រះអង្គបានទទួលអំណាចមកពីព្រះជាម្ចាស់។ ១៧ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់គេ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «នគរណាក៏ដូចជានគរណាដែរ ប្រសិនបើពលរដ្ឋបាក់បែកទាស់ទែងគ្នាឯង នគរនោះមុខជាត្រូវវិនាស ហើយផ្ទះទាំងប៉ុន្មានមុខជារលំសង្កត់លើគ្នាមិនខាន។ ១៨ យ៉ាងណាមិញ ប្រសិនបើមារសាតាំង*បាក់បែកទាស់ទែងគ្នាឯង ធ្វើម្ដេចនឹងឲ្យរាជ្យរបស់វានៅស្ថិតស្ថេរបាន! ខ្ញុំនិយាយដូច្នេះ ព្រោះអ្នករាល់គ្នាថា ខ្ញុំដេញខ្មោចដោយអំណាចបេលសេប៊ូល។ ១៩ ប្រសិនបើខ្ញុំដេញខ្មោច ដោយអំណាចបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាដេញខ្មោច ដោយអំណាចនរណាវិញ?។ ដូច្នេះ កូនចៅរបស់អ្នករាល់គ្នានឹងដាក់ទោសអ្នករាល់គ្នា។ ២០ ផ្ទុយទៅវិញ បើខ្ញុំដេញខ្មោច ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់ នោះបានសេចក្ដីថា ព្រះរាជ្យ*របស់ព្រះអង្គមកដល់អ្នករាល់គ្នាហើយ។ ២១ បើមនុស្សណាម្នាក់ខ្លាំងពូកែ មានអាវុធការពារផ្ទះរបស់ខ្លួន ទ្រព្យសម្បត្តិរបស់គេនឹងបានគង់វង្ស។ ២២ ប៉ុន្តែ បើមានម្នាក់ទៀតខ្លាំងពូកែជាង មកវាយយកជ័យជម្នះបាន គេនឹងដកហូតគ្រឿងអាវុធ ព្រមទាំងរឹបអូសទ្រព្យសម្បត្តិពីអ្នកនោះ យកទៅចែកឲ្យអ្នកផ្សេងថែមទៀតផង។ ២៣ អ្នកណាមិននៅខាងខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ ហើយអ្នកណាមិនជួយប្រមូលផ្ដុំជាមួយខ្ញុំទេ អ្នកនោះជាអ្នកកម្ចាត់កម្ចាយ។២៤ កាលបើខ្មោចចេញពីមនុស្សណាម្នាក់ហើយ វាតែងស្វែងរកទីជម្រកនៅវាលហួតហែង តែប្រសិនបើវារកពុំឃើញទេ នោះវាមុខជានិយាយថា “អញនឹងវិលត្រឡប់ទៅផ្ទះដែលអញទើបនឹងចេញមក”។ ២៥ លុះទៅដល់ ឃើញផ្ទះនោះបោសស្អាត ហើយតុបតែងល្អ ២៦ វានឹងចេញទៅបបួលខ្មោចប្រាំពីរទៀត ដែលសុទ្ធតែអាក្រក់ជាងវា មកចូលអ្នកនោះ បណ្ដាលឲ្យគាត់រឹងរឹតតែអាក្រក់លើសដើមទៅទៀត»។
សុភមង្គលដ៏ពិតប្រាកដ
២៧ កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលដូច្នេះ មានស្ត្រីម្នាក់បន្លឺសំឡេងចេញពីចំណោមបណ្ដាជន ទូលព្រះអង្គថា៖ «ស្ត្រីដែលបានបង្កើតលោក ព្រមទាំងបានបំបៅលោក ពិតជាមានសុភមង្គល*មែន!»។ ២៨ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកណាស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអនុវត្តតាម គឺអ្នកនោះហើយដែលមានសុភមង្គលពិតមែន»។
ទីសម្គាល់របស់លោកយ៉ូណាស
(ម៉ាថាយ ១២.៣៨-៤២)
២៩ ខណៈនោះ មហាជនប្រជុំគ្នាយ៉ាងច្រើនកុះករ ព្រះអង្គមានព្រះបន្ទូលថា៖ «មនុស្សជំនាន់នេះអាក្រក់ណាស់ គេចង់តែឃើញទីសម្គាល់ដ៏អស្ចារ្យ ប៉ុន្តែ ព្រះជាម្ចាស់មិនប្រទានទីសម្គាល់ណាផ្សេង ក្រៅពីទីសម្គាល់របស់ព្យាការី*យ៉ូណាសឡើយ។ ៣០ លោកយ៉ូណាសបានធ្វើជាទីសម្គាល់ឲ្យអ្នកក្រុងនីនីវេឃើញយ៉ាងណា បុត្រមនុស្សក៏នឹងធ្វើជាទីសម្គាល់ឲ្យមនុស្សជំនាន់នេះឃើញយ៉ាងនោះដែរ។ ៣១ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក មហាក្សត្រិយ៍ស្រុកខាងត្បូងនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម ព្រះនាងបានយាងមកពីតំបន់ដាច់ស្រយាលនៃផែនដី ដើម្បីស្ដាប់ព្រះបន្ទូលរបស់ស្ដេចសាឡូម៉ូន ដែលប្រកបដោយប្រាជ្ញាឈ្លាសវៃ។ រីឯនៅទីនេះ មានម្នាក់ប្រសើរលើសស្ដេចសាឡូម៉ូនទៅទៀត។ ៣២ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងនីនីវេនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់ពួកគេផង ព្រោះកាលពីជំនាន់ដើម អ្នកក្រុងនីនីវេបានកែប្រែចិត្តគំនិត នៅពេលឮសេចក្ដីដែលលោកយ៉ូណាសប្រកាស។ រីឯនៅទីនេះ មានម្នាក់ប្រសើរលើសលោកយ៉ូណាសទៅទៀត!»។
ពាក្យប្រស្នាស្ដីអំពីចង្កៀង
(ម៉ាថាយ ៥.១៥, ៦.២២-២៣)
៣៣ «ពុំដែលមាននរណាអុជចង្កៀង យកទៅលាក់ទុក ឬយកធុងគ្របពីលើឡើយ។ គេតែងយកចង្កៀងទៅដាក់លើជើងចង្កៀង ដើម្បីបំភ្លឺអស់អ្នកដែលចូលទៅក្នុងផ្ទះ។ ៣៤ ភ្នែកជាចង្កៀងរបស់រូបកាយ បើភ្នែកអ្នកនៅភ្លឺល្អ រូបកាយអ្នកទាំងមូលក៏ភ្លឺដែរ តែបើភ្នែកអ្នកងងឹតវិញ រូបកាយអ្នកក៏ងងឹតដែរ។ ៣៥ ហេតុនេះ ត្រូវប្រយ័ត្នកុំឲ្យពន្លឺនៅក្នុងខ្លួនអ្នក ត្រឡប់ទៅជាភាពងងឹតឡើយ។ ៣៦ ប្រសិនបើរូបកាយរបស់អ្នកទាំងមូលមានពន្លឺ ឥតងងឹតត្រង់ណាទេនោះ រូបកាយរបស់អ្នកទាំងមូលនឹងភ្លឺចិញ្ចែងចិញ្ចាច ដូចចង្កៀងបំភ្លឺអ្នកដែរ»។
ពុតត្បុតរបស់ពួកបណ្ឌិតខាងវិន័យ និងពួកខាងគណៈផារីស៊ី
(ម៉ាថាយ ២៣.១-៣៦ ម៉ាកុស ១២.២៨-៤០)
៣៧ កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូល មានបុរសម្នាក់ខាងគណៈផារីស៊ី* បានសូមយាងព្រះអង្គទៅសោយព្រះស្ងោយនៅផ្ទះគាត់។ ព្រះអង្គក៏យាងចូលទៅរួមតុជាមួយគាត់។ ៣៨ អ្នកខាងគណៈផារីស៊ីនោះងឿងឆ្ងល់ក្រៃលែង ព្រោះឃើញព្រះយេស៊ូមិនលាងព្រះហស្ដមុនពេលសោយ។
៣៩ ព្រះអម្ចាស់ក៏មានព្រះបន្ទូលទៅគាត់ថា៖ «ពួកផារីស៊ីអើយអ្នករាល់គ្នាសំអាតពែង និងចាន តែផ្នែកខាងក្រៅប៉ុណ្ណោះ ប៉ុន្តែ ផ្នែកខាងក្នុងរបស់អ្នករាល់គ្នាពោរពេញទៅដោយចិត្តកេងប្រវ័ញ្ច និងគំនិតអាក្រក់។ ៤០ មនុស្សឆោតល្ងង់អើយ! ព្រះជាម្ចាស់បានបង្កើតខាងក្រៅ តើព្រះអង្គមិនបានបង្កើតខាងក្នុងដែរទេឬ? ៤១ ចូរយកអ្វីៗនៅក្នុងចាន ធ្វើទានដល់ជនក្រីក្រទៅ នោះប្រដាប់ប្រដាទាំងអស់ នឹងបានស្អាតបរិសុទ្ធ* សម្រាប់ឲ្យអ្នករាល់គ្នាប្រើប្រាស់។
៤២ ពួកផារីស៊ីអើយ អ្នករាល់គ្នានឹងត្រូវវេទនាជាមិនខាន ព្រោះអ្នករាល់គ្នាយកជីរអង្កាម ជីរលីងល័ខ និងបន្លែគ្រប់មុខ មួយភាគដប់ មកថ្វាយព្រះជាម្ចាស់ ប៉ុន្តែ អ្នករាល់គ្នាធ្វេសប្រហែសមិនបានប្រព្រឹត្តតាមសេចក្ដីសុចរិត* ហើយមិនបានស្រឡាញ់ព្រះអង្គឡើយ គឺការនេះហើយដែលអ្នករាល់គ្នាត្រូវប្រព្រឹត្ត ឯការដទៃទៀតក៏អ្នករាល់គ្នាមិនត្រូវបំភ្លេចចោលដែរ។
៤៣ ពួកផារីស៊ីអើយ! អ្នករាល់គ្នាត្រូវវេទនាជាមិនខាន ព្រោះអ្នករាល់គ្នាចូលចិត្តអង្គុយនៅកន្លែងកិត្តិយសក្នុងសាលាប្រជុំ* ហើយចូលចិត្តឲ្យគេឱនកាយគោរពអ្នករាល់គ្នានៅតាមផ្សារ។ ៤៤ អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាប្រៀបបាននឹងផ្នូរខ្មោច ដែលគេមើលមិនឃើញ ហើយត្រូវគេដើរជាន់ដោយមិនដឹងខ្លួន»។
៤៥ មានបណ្ឌិតខាងវិន័យម្នាក់ទូលព្រះអង្គថា៖ «លោកគ្រូ! លោកមានប្រសាសន៍ដូច្នេះ បានសេចក្ដីថាលោកត្មះតិះដៀលយើងខ្ញុំ»។ ៤៦ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ពួកបណ្ឌិតខាងវិន័យអើយ អ្នករាល់គ្នាក៏នឹងត្រូវវេទនាដែរ ព្រោះអ្នករាល់គ្នាបានបង្កើតវិន័យតឹងរ៉ឹងយកមកផ្ទុកលើមនុស្ស ហើយអ្នករាល់គ្នាមិនជួយគេទេ សូម្បីតែបន្ដិចក៏មិនជួយផង។ ៤៧ អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបានសង់ផ្នូរឲ្យព្យាការី* ដែលបុព្វបុរស*របស់អ្នករាល់គ្នាបានសម្លាប់។ ៤៨ អ្នករាល់គ្នាធ្វើដូច្នេះបញ្ជាក់ថា អ្នករាល់គ្នាសមគំនិតនឹងអំពើដែលបុព្វបុរសរបស់អ្នករាល់គ្នាបានប្រព្រឹត្ត គឺគេបានសម្លាប់ពួកព្យាការី ហើយអ្នករាល់គ្នាបានសង់ផ្នូរ។ ៤៩ ហេតុនេះហើយបានជាព្រះជាម្ចាស់ ប្រកបដោយព្រះប្រាជ្ញាញាណ មានព្រះបន្ទូលថា “យើងនឹងចាត់ព្យាការី* ព្រមទាំងទូតរបស់យើងជាច្រើនឲ្យទៅរកគេ តែគេនឹងសម្លាប់ខ្លះ ព្រមទាំងបៀតបៀនខ្លះទៀតផង”។ ៥០ ដូច្នេះ មនុស្សជំនាន់នេះនឹងត្រូវទទួលទោស ពីព្រោះបុព្វបុរសរបស់គេបានសម្លាប់ព្យាការីតាំងតែពីកំណើតពិភពលោកមក ៥១ គឺចាប់តាំងពីលោកអេបិល រហូតដល់លោកសាការី ដែលត្រូវគេសម្លាប់នៅត្រង់ចន្លោះទីអាសនៈ និងទីសក្ការៈ។ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា មនុស្សជំនាន់នេះនឹងត្រូវទទួលទោស ព្រោះតែឃាតកម្មទាំងនោះជាមិនខាន។
៥២ ពួកបណ្ឌិតខាងវិន័យ*អើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបានបិទទ្វារមាគ៌ា មិនឲ្យគេចូលទៅស្គាល់ព្រះជាម្ចាស់។ អ្នករាល់គ្នាមិនត្រឹមតែមិនបានចូលខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងឃាត់អស់អ្នកដែលចង់ចូល មិនឲ្យគេចូលទៀតផង»។
៥៣ ពេលព្រះយេស៊ូយាងចាកចេញពីទីនោះទៅ ពួកបណ្ឌិតខាងវិន័យ និងពួកខាងគណៈផារីស៊ី នាំគ្នាប្រឆាំងនឹងព្រះអង្គយ៉ាងខ្លាំង ហើយដេញដោលសួរព្រះអង្គអំពីរឿងផ្សេងៗជាច្រើន ៥៤ ដែលសុទ្ធសឹងតែជាកលល្បិចរកចាប់កំហុសព្រះអង្គ។
១២
ព្រះយេស៊ូទូន្មានសាវ័កកុំឲ្យភ័យបារម្ភ
(ម៉ាថាយ ១០.២៦-៣៣)
១ ខណៈនោះ មានមហាជនរាប់ម៉ឺននាក់ជួបជុំគ្នាណែនណាន់តាន់តាប់ ស្ទើរតែដើរជាន់គ្នា។ មុនដំបូង ព្រះយេស៊ូមានព្រះបន្ទូលទៅសាវ័ក*ថា៖ «ចូរអ្នករាល់គ្នាប្រយ័ត្ននឹងមេម្សៅរបស់ពួកខាងគណៈផារីស៊ី គឺពុតត្បុតរបស់គេ។ ២ ការលាក់កំបាំងទាំងអស់នឹងត្រូវលាតត្រដាងឲ្យគេឃើញ ហើយអាថ៌កំបាំងទាំងប៉ុន្មានក៏នឹងត្រូវបើកឲ្យគេដឹងដែរ។ ៣ ហេតុនេះហើយបានជាអ្វីៗដែលអ្នករាល់គ្នានិយាយក្នុងទីងងឹត មុខជាគេឮនៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗដែលអ្នករាល់គ្នាខ្សឹបដាក់ត្រចៀកនរណាម្នាក់នៅក្នុងបន្ទប់ មុខជាត្រូវអ្នកដទៃយកទៅប្រកាសយ៉ាងខ្លាំងនៅលើដំបូលផ្ទះមិនខាន។
៤ ខ្ញុំសុំប្រាប់អ្នករាល់គ្នាជាមិត្តសម្លាញ់របស់ខ្ញុំថា ចូរកុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ ហើយមិនអាចធ្វើអ្វីដល់អ្នករាល់គ្នាថែមទៀតនោះឡើយ។ ៥ ខ្ញុំសុំប្រាប់ឲ្យដឹងថា អ្នករាល់គ្នាត្រូវខ្លាចនរណា គឺត្រូវខ្លាចព្រះជាម្ចាស់ ដ្បិតព្រះអង្គមានអំណាចផ្ដាច់ជីវិត ហើយបោះទៅក្នុងភ្លើងនរកថែមទៀតផង។ មែន! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា គឺព្រះអង្គនេះហើយដែលអ្នករាល់គ្នាត្រូវខ្លាច។ ៦ ធម្មតា គេលក់ចាបប្រាំថ្លៃពីរសេន ទោះបីថោកយ៉ាងនេះក៏ដោយ ក៏ព្រះជាម្ចាស់ឥតភ្លេចចាបណាមួយសោះឡើយ។ ៧ សូម្បីតែសក់នៅលើក្បាលរបស់អ្នករាល់គ្នា ក៏ព្រះអង្គរាប់អស់ដែរ។ ដូច្នេះ កុំខ្លាចអ្វីឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបជាច្រើនទៅទៀត។ ៨ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្នកណាទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក បុត្រមនុស្ស*នឹងទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវទូត*របស់ព្រះជាម្ចាស់ដែរ។ ៩ រីឯអ្នកណាបដិសេធមិនទទួលស្គាល់ខ្ញុំនៅចំពោះមុខមនុស្សលោក បុត្រមនុស្សក៏នឹងបដិសេធមិនទទួលស្គាល់អ្នកនោះ នៅចំពោះមុខពួកទេវទូតរបស់ព្រះជាម្ចាស់ដែរ។ ១០ អ្នកណាពោលពាក្យទាស់នឹងបុត្រមនុស្ស ព្រះជាម្ចាស់នឹងលើកលែងទោសឲ្យបាន ប៉ុន្តែ អ្នកណាពោលពាក្យទាស់នឹងព្រះវិញ្ញាណដ៏វិសុទ្ធ* ព្រះអង្គមិនលើកលែងទោសឲ្យឡើយ។ ១១ កាលណាគេបញ្ជូនអ្នករាល់គ្នាទៅវិនិច្ឆ័យទោស ក្នុងសាលាប្រជុំ ឬនៅមុខចៅក្រម និងអ្នកកាន់អំណាច មិនត្រូវភ័យបារម្ភអំពីរបៀបដែលអ្នករាល់គ្នាត្រូវឆ្លើយការពារខ្លួន ឬសេចក្ដីដែលអ្នករាល់គ្នាត្រូវនិយាយនោះឡើយ ១២ ដ្បិតព្រះវិញ្ញាណដ៏វិសុទ្ធនឹងបំភ្លឺអ្នករាល់គ្នា ឲ្យដឹងសេចក្ដីដែលត្រូវនិយាយ នៅពេលនោះឯង»។
ប្រស្នាអំពីអ្នកមានដ៏ឆោតល្ងង់ម្នាក់
១៣ ក្នុងចំណោមបណ្ដាជន មានបុរសម្នាក់ទូលព្រះយេស៊ូថា៖ «លោកគ្រូ! សូមលោកប្រាប់បងខ្ញុំឲ្យយកកេរមត៌កមកចែកខ្ញុំផង»។ ១៤ ព្រះយេស៊ូមានព្រះបន្ទូលតបទៅបុរសនោះថា៖ «តើនរណាបានតែងតាំងខ្ញុំឲ្យធ្វើជាចៅក្រម ចែកទ្រព្យសម្បត្តិរបស់អ្នករាល់គ្នា?»។ ១៥ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅបណ្ដាជនថា៖ «ចូរប្រយ័ត្ន កុំលោភលន់ចង់បានទ្រព្យសម្បត្តិឲ្យសោះ។ ទោះបីមនុស្សមានសម្បត្តិបរិបូណ៌យ៉ាងណាក៏ដោយ ក៏ជីវិតគេមិនអាស្រ័យនៅលើទ្រព្យសម្បត្តិឡើយ»។ ១៦ ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នាទៅគេថា៖ «មានបុរសម្នាក់ជាសេដ្ឋី ដីធ្លីរបស់គាត់បានផ្ដល់ភោគផលយ៉ាងបរិបូណ៌។ ១៧ គាត់រិះគិតក្នុងចិត្តថា “ខ្ញុំគ្មានកន្លែងដាក់ភោគផលទាំងអស់របស់ខ្ញុំទេ តើខ្ញុំត្រូវធ្វើដូចម្ដេច?”។ ១៨ គាត់គិតទៀតថា “ខ្ញុំត្រូវតែធ្វើយ៉ាងនេះ គឺរុះជង្រុកទាំងប៉ុន្មានរបស់ខ្ញុំចោល ហើយសង់ជង្រុកឲ្យធំៗជាង រួចខ្ញុំប្រមូលស្រូវ ព្រមទាំងភោគផលទាំងអស់មកដាក់ក្នុងជង្រុកថ្មីនោះ។ ១៩ បន្ទាប់មក ខ្ញុំនឹងនិយាយប្រាប់ខ្លួនខ្ញុំថា ឱខ្ញុំអើយ! មានសម្បត្តិយ៉ាងច្រើនបរិបូណ៌ បម្រុងទុកចិញ្ចឹមជីវិតសម្រាប់ច្រើនឆ្នាំ ខ្ញុំត្រូវសម្រាក គិតតែស៊ីផឹកសប្បាយទៅ!”។ ២០ ប៉ុន្តែ ព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់សេដ្ឋីនោះថាៈ“នែ៎ មនុស្សឆោតល្ងង់អើយ! យប់នេះ យើងនឹងផ្ដាច់ជីវិតអ្នកហើយ ដូច្នេះ ទ្រព្យសម្បត្តិដែលអ្នកបានប្រមូលទុកសម្រាប់ខ្លួនអ្នក នឹងបានទៅជារបស់នរណាវិញ?”។ ២១ អ្នកណាប្រមូលទ្រព្យសម្បត្តិទុកសម្រាប់តែខ្លួនឯង ហើយគ្មានសម្បត្តិសួគ៌នៅក្នុងខ្លួន អ្នកនោះប្រៀបបីដូចជាសេដ្ឋីនោះដែរ»។
ត្រូវពឹងផ្អែកលើព្រះជាម្ចាស់ និងស្វែងរកសម្បត្តិសួគ៌
(ម៉ាថាយ ៦.១៩-៣៤)
២២ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សាវ័ក*ថា៖ «ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នា កុំឲ្យខ្វល់ខ្វាយអំពីម្ហូបអាហារសម្រាប់ចិញ្ចឹមជីវិត ឬអំពីសម្លៀកបំពាក់សម្រាប់បិទបាំងរូបកាយឡើយ ២៣ ដ្បិតជីវិតមានតម្លៃលើសម្ហូបអាហារ ហើយរូបកាយមានតម្លៃលើសសម្លៀកបំពាក់ទៅទៀត។ ២៤ ចូរមើលក្អែក វាមិនដែលសាបព្រោះ មិនដែលច្រូតកាត់ គ្មានឃ្លាំង គ្មានជង្រុកសោះ ប៉ុន្តែ ព្រះជាម្ចាស់ចិញ្ចឹមវា រីឯអ្នករាល់គ្នាវិញ មានតម្លៃលើសបក្សាបក្សីច្រើនណាស់។ ២៥ ក្នុងចំណោមអ្នករាល់គ្នា ទោះបីខំខ្វល់ខ្វាយយ៉ាងណាក៏ដោយ ក៏គ្មាននរណាអាចនឹងបង្កើនអាយុរបស់ខ្លួនឲ្យវែងឡើយ សូម្បីតែបន្ដិចក៏មិនបានដែរ។ ២៦ ដូច្នេះ បើអ្នករាល់គ្នាពុំអាចសម្រេចការដ៏តូចបំផុតនេះផង ចុះហេតុដូចម្ដេចបានជាខ្វល់ខ្វាយអំពីរឿងផ្សេងៗទៀត។ ២៧ ចូរគិតមើល ផ្កាដុះឡើងយ៉ាងណា វាមិនដែលនឿយហត់នឹងធ្វើការ ឬត្បាញរវៃឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា សូម្បីតែព្រះបាទសាឡូម៉ូន កាលពីជំនាន់ដែលស្ដេចមានសិរីរុងរឿងដ៏ប្រសើរបំផុតនោះ ក៏ស្ដេចគ្មានព្រះភូសាល្អស្មើនឹងផ្កាមួយទងនេះផង។ ២៨ មនុស្សមានជំនឿតិចអើយ! ប្រសិនបើព្រះជាម្ចាស់ផ្ដល់សម្រស់ឲ្យផ្កា ដែលរីកនៅតាមវាលថ្ងៃនេះ ហើយស្អែកត្រូវគេដុតចោលយ៉ាងហ្នឹងទៅហើយ តើព្រះអង្គនឹងទំនុកបម្រុងអ្នករាល់គ្នាលើសនេះយ៉ាងណាទៅទៀត? ២៩ ដូច្នេះ ចូរអ្នករាល់គ្នាកុំគិតតែពីស្វែងរកគ្រឿងបរិភោគនោះឡើយ ៣០ ដ្បិតមានតែសាសន៍ដទៃប៉ុណ្ណោះ ដែលខំស្វះស្វែងរករបស់ទាំងនោះ។ រីឯអ្នករាល់គ្នាវិញ ព្រះបិតារបស់អ្នករាល់គ្នាព្រះអង្គជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ។ ៣១ ចូរខំស្វែងរកព្រះរាជ្យ*របស់ព្រះជាម្ចាស់វិញ ទើបព្រះអង្គប្រទានរបស់ទាំងនោះមកអ្នករាល់គ្នាថែមទៀតផង»។
៣២ «កុំខ្លាចអី ក្រុមដ៏តូចរបស់ខ្ញុំអើយ! ព្រះបិតារបស់អ្នករាល់គ្នាសព្វព្រះហឫទ័យប្រទានព្រះរាជ្យមកឲ្យអ្នករាល់គ្នាហើយ។ ៣៣ ចូរលក់ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នា យកប្រាក់ចែកជាទានដល់ជនក្រីក្រចុះ។ ចូរប្រមូលទ្រព្យដែលមិនចេះពុក ជាសម្បត្តិដែលមិនចេះរលាយ ទុកសម្រាប់ខ្លួននៅស្ថានបរមសុខ* ជាស្ថានដែលគ្មានចោរប្លន់ ឬកណ្ដៀរស៊ីឡើយ។ ៣៤ ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នានៅកន្លែងណា ចិត្តរបស់អ្នករាល់គ្នាក៏នៅកន្លែងនោះដែរ»។
ការប្រុងប្រៀបខ្លួន
៣៥ «ចូរប្រុងប្រៀបខ្លួន ហើយទុកឲ្យចង្កៀងរបស់អ្នករាល់គ្នានៅឆេះ។ ៣៦ ចូរប្រព្រឹត្តឲ្យបានដូចពួកអ្នកបម្រើ ដែលរង់ចាំម្ចាស់វិលត្រឡប់មកពីជប់លៀងវិញ គឺនៅពេលមកដល់ លោកគោះទ្វារ អ្នកបម្រើទៅបើកជូនភ្លាម។ ៣៧ ពេលម្ចាស់ត្រឡប់មកដល់ ឃើញអ្នកបម្រើណានៅរង់ចាំលោក អ្នកបម្រើនោះមានសុភមង្គលហើយ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា លោកនឹងឲ្យអ្នកបម្រើអង្គុយបរិភោគ ហើយលោករៀបចំខ្លួនបម្រើគេវិញ។ ៣៨ បើលោកវិលមកវិញនៅពាក់កណ្ដាលអធ្រាត្រ ឬជិតភ្លឺ ហើយឃើញអ្នកបម្រើទាំងនោះនៅរង់ចាំដូច្នេះ ពួកគេប្រាកដជាមានសុភមង្គល។ ៣៩ អ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងចោរចូលមកប្លន់ថ្មើរណា គាត់នឹងមិនបណ្ដោយឲ្យវាចូលមកក្នុងផ្ទះគាត់ឡើយ។ ៤០ រីឯអ្នករាល់គ្នាវិញ ចូរត្រៀមខ្លួនជានិច្ច ដ្បិតបុត្រមនុស្ស*នឹងមកដល់ នៅវេលាដែលអ្នករាល់គ្នាពុំបានគិត»។
ប្រស្នាអំពីអ្នកបម្រើស្មោះត្រង់ និងអ្នកបម្រើមិនស្មោះត្រង់
(ម៉ាថាយ ២៤.៤៥-៥១)
៤១ លោកសិលាទូលសួរព្រះយេស៊ូថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នានេះ សម្រាប់ប្រៀនប្រដៅយើងខ្ញុំតែប៉ុណ្ណោះ ឬមួយសម្រាប់ប្រៀនប្រដៅមនុស្សគ្រប់ៗរូបដែរ?»។ ៤២ ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖ «បើអ្នកបម្រើណាមានចិត្តស្មោះត្រង់ ហើយប៉ិនប្រសប់ ម្ចាស់មុខជាផ្ទុកផ្ដាក់ឲ្យគាត់មើលខុសត្រូវលើអ្នកបម្រើឯទៀតៗ ក្នុងការចែកម្ហូបអាហារឲ្យគេ តាមពេលកំណត់ជាមិនខាន។ ៤៣ ពេលម្ចាស់ត្រឡប់មកដល់ផ្ទះវិញ ឃើញអ្នកបម្រើកំពុងបំពេញកិច្ចការរបស់ខ្លួនដូច្នេះ អ្នកបម្រើនោះប្រាកដជាមានសុភមង្គល។ ៤៤ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ម្ចាស់មុខជាផ្ទុកផ្ដាក់ឲ្យគាត់មើលខុសត្រូវលើទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់លោកថែមទៀតផង។ ៤៥ ផ្ទុយទៅវិញ ប្រសិនបើអ្នកបម្រើនឹកក្នុងចិត្តថា “ម្ចាស់អញក្រមកដល់ណាស់” គាត់ក៏វាយអ្នកបម្រើទាំងប្រុសទាំងស្រីឯទៀតៗ ហើយស៊ីផឹកស្រវឹង។ ៤៦ ពេលម្ចាស់វិលត្រឡប់មកដល់ផ្ទះវិញ នៅថ្ងៃដែលអ្នកបម្រើនោះមិនបានរង់ចាំ ឬនៅពេលដែលគាត់មិនដឹង លោកនឹងធ្វើទោសគាត់ជាទម្ងន់ ហើយឲ្យគាត់ទទួលទោសរួមជាមួយពួកអ្នកមិនជឿដែរ។
៤៧ អ្នកបម្រើណាស្គាល់ចិត្តម្ចាស់ តែមិនបានត្រៀមខ្លួន ហើយមិនធ្វើតាមចិត្តលោក អ្នកបម្រើនោះនឹងត្រូវរំពាត់យ៉ាងច្រើន។ ៤៨ ផ្ទុយទៅវិញ អ្នកបម្រើណាមិនស្គាល់ចិត្តម្ចាស់របស់ខ្លួន ហើយប្រព្រឹត្តខុសឆ្គងសមនឹងទទួលទោស អ្នកបម្រើនោះនឹងត្រូវរំពាត់តែបន្ដិចទេ។ បើគេឲ្យអ្វីច្រើនទៅអ្នកណា គេនឹងទារពីអ្នកនោះវិញច្រើនដែរ។ បើគេផ្ទុកផ្ដាក់កិច្ចការច្រើនដល់អ្នកណា គេនឹងទារពីអ្នកនោះវិញរឹងរឹតតែច្រើនថែមទៀត»។
ការបាក់បែកគ្នាព្រោះជំនឿ
(ម៉ាថាយ ១០.៣៤-៣៦)
៤៩ «ខ្ញុំមក ដើម្បីនាំភ្លើងមកផែនដី។ ប្រសិនបើភ្លើងនោះឆេះ ខ្ញុំស្ងប់ចិត្តហើយ។ ៥០ ខ្ញុំត្រូវទទួលពិធីជ្រមុជម្យ៉ាង។ ខ្ញុំតានតឹងក្នុងចិត្តក្រៃលែង ចង់តែឲ្យពិធីនោះបានសម្រេចឆាប់ៗ។ ៥១ កុំនឹកស្មានថា ខ្ញុំមក ដើម្បីផ្ដល់សន្តិភាពឲ្យផែនដីនេះឡើយ គឺខ្ញុំបាននាំការបាក់បែកមកទេតើ។ ៥២ ចាប់ពីពេលនេះតទៅ ឧបមាថា ក្នុងផ្ទះមួយមានគ្នាប្រាំនាក់ អ្នកទាំងប្រាំនឹងត្រូវបាក់បែកគ្នា គឺបីនាក់បែកចេញពីពីរនាក់ ពីរនាក់បែកចេញពីបីនាក់ ៥៣ ឪពុកនឹងបែកចេញពីកូនប្រុស កូនប្រុសបែកចេញពីឪពុក ម្ដាយបែកចេញពីកូនស្រី កូនស្រីបែកចេញពីម្ដាយ ម្ដាយក្មេកបែកចេញពីកូនប្រសាស្រី កូនប្រសាស្រីបែកចេញពីម្ដាយក្មេក»។
ត្រូវយល់ហេតុការណ៍ផ្សេងៗ
(ម៉ាថាយ ១៦.២-៣)
៥៤ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជនទៀតថា៖ «កាលណាអ្នករាល់គ្នាឃើញពពករសាត់ពីទិសខាងលិចមក អ្នករាល់គ្នាពោលភ្លាមថា ជិតភ្លៀងហើយ ហើយក៏ភ្លៀងមែន។ ៥៥ កាលណាមានខ្យល់បក់ពីទិសខាងត្បូង អ្នករាល់គ្នាថាមុខជាក្ដៅហើយ ហើយក៏ក្ដៅមែន។ ៥៦ មនុស្សមានពុតអើយ! អ្នករាល់គ្នាចេះយល់ហេតុការណ៍ផ្សេងៗនៅលើផែនដី និងនៅលើមេឃបាន ចុះហេតុដូចម្ដេចបានជាពុំយល់ហេតុការណ៍ នាសម័យបច្ចុប្បន្ននេះផង?»។
ត្រូវសម្រុះសម្រួលរឿងរ៉ាវ មុនថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោស
(ម៉ាថាយ ៥.២៥-២៦)
៥៧ «ហេតុអ្វីបានជាអ្នករាល់គ្នាមិនពិចារណាដោយខ្លួនឯង នូវអំពើសុចរិត ដែលអ្នករាល់គ្នាត្រូវប្រព្រឹត្ត? ៥៨ ប្រសិនបើអ្នកធ្វើដំណើរទៅតុលាការជាមួយគូវិវាទ នៅតាមផ្លូវ អ្នកត្រូវខំសម្រុះសម្រួលជាមួយអ្នកនោះឲ្យហើយទៅ ក្រែងលោគេបញ្ជូនអ្នកទៅដល់ចៅក្រម ចៅក្រមបញ្ជូនអ្នកទៅនគរបាល ហើយនគរបាលយកអ្នកទៅដាក់គុក។ ៥៩ ខ្ញុំសុំប្រាប់អ្នកថា ដរាបណាអ្នកមិនបានបង់ប្រាក់ពិន័យគ្រប់ចំនួន ឥតខ្វះមួយសេនទេនោះ អ្នកនឹងមិនរួចខ្លួនឡើយ»។
១៣
ត្រូវកែប្រែចិត្តគំនិត
១ ពេលនោះ មានអ្នកខ្លះមកទូលព្រះយេស៊ូអំពីអ្នកស្រុកកាលីឡេ ដែលលោកពីឡាតបានសម្លាប់ នៅពេលគេកំពុងតែថ្វាយយញ្ញបូជា។ ២ ព្រះយេស៊ូមានព្រះបន្ទូលទៅគេវិញថា៖ «តើអ្នករាល់គ្នាស្មានថាអ្នកស្រុកកាលីឡេទាំងនោះជាមនុស្សបាប ច្រើនជាងអ្នកស្រុកកាលីឡេឯទៀតៗឬ បានជាគេស្លាប់របៀបនេះ? ៣ ទេ មិនមែនទេ! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាមិនកែប្រែចិត្តគំនិតទេ អ្នករាល់គ្នានឹងត្រូវវិនាសអន្តរាយដូចគេមិនខាន។ ៤ ចុះមនុស្សដប់ប្រាំបីនាក់ដែលបានស្លាប់ ដោយប៉មស៊ីឡោមរលំសង្កត់លើ តើអ្នករាល់គ្នាស្មានថា អ្នកទាំងនោះមានទោសធ្ងន់ជាងអ្នកក្រុងយេរូសាឡឹមឯទៀតៗឬ? ៥ ទេ មិនមែនទេ! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាមិនកែប្រែចិត្តគំនិតទេ អ្នករាល់គ្នានឹងត្រូវវិនាសអន្តរាយដូច្នោះដែរ»។
ប្រស្នាស្ដីអំពីឧទុម្ពរគ្មានផ្លែ
៦ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នានេះទៅគេថា៖ «មានឧទុម្ពរ*មួយដើមដុះក្នុងចម្ការបុរសម្នាក់។ ម្ចាស់ចម្ការមករកបេះផ្លែពីដើមឧទុម្ពរនោះ តែគ្មានផ្លែសោះ ៧ គាត់ក៏ប្រាប់អ្នកថែចម្ការថា៖ “មើល៍ ខ្ញុំមករកបេះផ្លែឧទុម្ពរនេះបីឆ្នាំហើយ តែមិនឃើញមានផ្លែសោះ។ ចូរកាប់វាចោលទៅ ទុកនាំតែខាតដីទេ!”។ ៨ អ្នកថែចម្ការឆ្លើយតបថា៖ “សូមលោកទុកវាមួយឆ្នាំទៀតសិន ចាំខ្ញុំជ្រួយដីជុំវិញ ហើយដាក់ជី។ ៩ ឆ្នាំក្រោយប្រហែលជានឹងមានផ្លែ បើមិនផ្លែទេ សឹមកាប់វាចោលទៅចុះ!”»។
ព្រះយេស៊ូប្រោសស្ត្រីពិការម្នាក់ឲ្យជា
១០ ថ្ងៃមួយជាថ្ងៃសប្ប័ទ* ព្រះយេស៊ូកំពុងតែប្រៀនប្រដៅគេក្នុងសាលាប្រជុំ*។ ១១ នៅទីនោះ មានស្ត្រីម្នាក់ដែលត្រូវខ្មោចធ្វើឲ្យពិការ អស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយ នាងកោងខ្នង ងើបត្រង់ពុំកើត។ ១២ ពេលព្រះយេស៊ូទតឃើញស្ត្រីនោះ ព្រះអង្គហៅនាងមក ហើយមានព្រះបន្ទូលថា៖ «នាងអើយ! នាងបានជាសះស្បើយហើយ»។ ១៣ ព្រះអង្គដាក់ព្រះហស្ដលើនាង នាងក៏ឈរត្រង់វិញបានមួយរំពេច ព្រមទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ផង។ ១៤ ប៉ុន្តែ អ្នកទទួលខុសត្រូវលើសាលាប្រជុំទាស់ចិត្តណាស់ ដោយឃើញព្រះយេស៊ូប្រោសអ្នកជំងឺឲ្យជានៅថ្ងៃសប្ប័ទដូច្នេះ។ គាត់ក៏និយាយទៅកាន់បណ្ដាជនថា៖ «យើងមានសិទ្ធិធ្វើការបានចំនួនប្រាំមួយថ្ងៃ។ ដូច្នេះ ចូរអ្នករាល់គ្នាមករកព្យាបាលខ្លួនក្នុងថ្ងៃទាំងនោះចុះ កុំមកថ្ងៃសប្ប័ទឡើយ!»។ ១៥ ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់អ្នកទទួលខុសត្រូវលើសាលាប្រជុំនោះថា៖ «មនុស្សមានពុតអើយ! តើអ្នករាល់គ្នាមិនស្រាយគោ ឬលា បញ្ចេញពីក្រោល ដឹកទៅផឹកទឹកនៅថ្ងៃសប្ប័ទទេឬអី?។ ១៦ ឯស្ត្រីនេះជាពូជពង្សរបស់លោកអប្រាហាំ មារសាតាំងបានចងនាងអស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយ តើមិនគួរឲ្យខ្ញុំស្រាយចំណងនាងនៅថ្ងៃសប្ប័ទទេឬអី?»។ ១៧ កាលព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ អ្នកប្រឆាំងនឹងព្រះអង្គអៀនខ្មាសយ៉ាងខ្លាំង រីឯបណ្ដាជនទាំងមូលវិញ គេរីករាយនឹងការអស្ចារ្យទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ។
ប្រស្នាស្ដីអំពីគ្រាប់ពូជល្អិត និងមេម្សៅ
(ម៉ាថាយ ១៣.៣១-៣៣ ម៉ាកុស ៤.៣០-៣២)
១៨ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «តើព្រះរាជ្យព្រះជាម្ចាស់ប្រៀបបានទៅនឹងអ្វីខ្លះ? តើខ្ញុំប្រដូចព្រះរាជ្យព្រះជាម្ចាស់ទៅនឹងអ្វី?។ ១៩ ព្រះរាជ្យព្រះជាម្ចាស់ប្រៀបបីដូចជាគ្រាប់ពូជម្យ៉ាងដ៏ល្អិត ដែលបុរសម្នាក់យកទៅដាំក្នុងចម្ការរបស់ខ្លួន។ គ្រាប់នោះក៏ដុះឡើង បានទៅជាដើមឈើមួយ ហើយបក្សាបក្សីមកធ្វើសំបុកស្នាក់អាស្រ័យ នៅតាមមែករបស់វា»។ ២០ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «តើខ្ញុំប្រដូចព្រះរាជ្យព្រះជាម្ចាស់ទៅនឹងអ្វី?។ ២១ ព្រះរាជ្យព្រះជាម្ចាស់ប្រៀបបីដូចជាមេម្សៅ ដែលស្ត្រីម្នាក់យកទៅលាយជាមួយនឹងម្សៅពីរតៅ ធ្វើឲ្យម្សៅនោះដោរឡើង»។
ទ្វារចង្អៀត
(ម៉ាថាយ ៧.១៣-១៤, ២១-២៣)
២២ ព្រះយេស៊ូធ្វើដំណើរឆ្ពោះទៅក្រុងយេរូសាឡឹមកាត់តាមក្រុង តាមភូមិនានា ព្រមទាំងប្រៀនប្រដៅអ្នកស្រុកផង។ ២៣ មានបុរសម្នាក់ទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! អ្នកដែលព្រះជាម្ចាស់សង្គ្រោះ មានចំនួនតិចទេឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ ២៤ «ចូរខំប្រឹងចូលតាមទ្វារចង្អៀត។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា មានមនុស្សជាច្រើនខំចូលដែរ ក៏ប៉ុន្តែ គេមិនអាចចូលបានឡើយ។ ២៥ កាលណាម្ចាស់ផ្ទះក្រោកទៅបិទទ្វារជិតហើយ អ្នករាល់គ្នានឹងឈរនៅខាងក្រៅ គោះទ្វារផ្ទះទាំងអង្វរថា “ឱព្រះអម្ចាស់អើយ សូមបើកទ្វារឲ្យយើងខ្ញុំផង”។ ម្ចាស់ផ្ទះនឹងតបមកអ្នករាល់គ្នាថា “យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ!”។ ២៦ អ្នករាល់គ្នាមុខជាជម្រាបលោកថា “យើងខ្ញុំធ្លាប់បរិភោគជាមួយព្រះអង្គ ហើយព្រះអង្គក៏ធ្លាប់ប្រៀនប្រដៅយើងខ្ញុំនៅតាមភូមិដែរ”។ ២៧ លោកនឹងប្រាប់អ្នករាល់គ្នាវិញថា “ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិតអើយ! ចូរថយចេញឲ្យឆ្ងាយពីយើងទៅ យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ!”។ ២៨ កាលអ្នករាល់គ្នាឃើញលោកអប្រាហាំ លោកអ៊ីសាក លោកយ៉ាកុប និងព្យាការី*ទាំងឡាយ ស្ថិតនៅក្នុងព្រះរាជ្យ*ព្រះជាម្ចាស់ តែព្រះអង្គចោលអ្នករាល់គ្នាឲ្យនៅខាងក្រៅ អ្នករាល់គ្នានឹងយំសោកខឹងសង្កៀតធ្មេញ។ ២៩ មានមនុស្សមកពីទិសទាំងបួន ចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យព្រះជាម្ចាស់។ ៣០ ពេលនោះ អ្នកខ្លះដែលនៅខាងក្រោយនឹងត្រឡប់ទៅនៅខាងមុខ រីឯអ្នកខ្លះដែលនៅខាងមុខ នឹងត្រឡប់ទៅនៅខាងក្រោយវិញ»។
អ្នកក្រុងយេរូសាឡឹមបដិសេធមិនទទួលព្រះយេស៊ូ
(ម៉ាថាយ ២៣.៣៧-៣៩)
៣១ នៅពេលនោះ មានពួកខាងគណៈផារីស៊ី*ខ្លះមកទូលព្រះយេស៊ូថា៖ «សូមលោកអញ្ជើញទៅកន្លែងផ្សេងទៅ ព្រោះស្ដេចហេរ៉ូដចង់សម្លាប់លោក»។ ៣២ ព្រះយេស៊ូមានព្រះបន្ទូលតបវិញថា៖ «ចូរអ្នករាល់គ្នាទៅប្រាប់ស្ដេចកំហូច នោះថា ថ្ងៃនេះ និងថ្ងៃស្អែក ខ្ញុំបណ្ដេញខ្មោច ខ្ញុំមើលអ្នកជំងឺឲ្យជា លុះដល់ខានស្អែក ខ្ញុំនឹងបញ្ចប់កិច្ចការរបស់ខ្ញុំ។ ៣៣ ប៉ុន្តែ នៅថ្ងៃនេះ ស្អែក និងខានស្អែក ខ្ញុំត្រូវតែបន្ដដំណើររបស់ខ្ញុំទៅមុខទៀត ដ្បិតមិនគួរឲ្យព្យាការី*ស្លាប់នៅខាងក្រៅក្រុងយេរូសាឡឹមឡើយ។
៣៤ អ្នកក្រុងយេរូសាឡឹម អ្នកក្រុងយេរូសាឡឹមអើយ! អ្នករាល់គ្នាបានសម្លាប់ពួកព្យាការី ហើយយកដុំថ្មគប់សម្លាប់អស់អ្នក ដែលព្រះជាម្ចាស់បានចាត់ឲ្យមករកអ្នករាល់គ្នា។ ច្រើនលើកច្រើនសាមកហើយដែលខ្ញុំចង់ប្រមូលផ្ដុំអ្នករាល់គ្នា ដូចមេមាន់ក្រុងកូនវានៅក្រោមស្លាប តែអ្នករាល់គ្នាពុំព្រមសោះ។ ៣៥ ផ្ទះរបស់អ្នករាល់គ្នានឹងត្រូវបោះបង់ចោល។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ រហូតដល់ពេលអ្នករាល់គ្នាពោលថាៈ
“សូមព្រះជាម្ចាស់ប្រទានពរដល់
ព្រះអង្គដែលយាងមក ក្នុងនាមព្រះអម្ចាស់!”»។
១៤
ព្រះយេស៊ូប្រោសអ្នកជំងឺម្នាក់ឲ្យជានៅថ្ងៃសប្ប័ទ
១ មានថ្ងៃមួយជាថ្ងៃសប្ប័ទ* ព្រះយេស៊ូយាងទៅសោយព្រះស្ងោយនៅផ្ទះរបស់មេដឹកនាំខាងគណៈផារីស៊ី*ម្នាក់ អស់អ្នកដែលនៅផ្ទះនោះតាមឃ្លាំមើលព្រះអង្គ។ ២ មានបុរសម្នាក់កើតទាច ឈរនៅមុខព្រះអង្គ។ ៣ ព្រះយេស៊ូមានព្រះបន្ទូលសួរទៅពួកបណ្ឌិតខាងវិន័យ* និងពួកខាងគណៈផារីស៊ី*ថា៖ «តើយើងមានសិទ្ធិមើលអ្នកជំងឺឲ្យជា នៅថ្ងៃសប្ប័ទឬទេ?»។ ៤ គេនៅស្ងៀមទាំងអស់គ្នា ព្រះយេស៊ូហៅអ្នកជំងឺមក ហើយប្រោសគាត់ឲ្យជា រួចឲ្យគាត់ត្រឡប់ទៅវិញ។ ៥ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាម្នាក់មានកូន ឬគោ ធ្លាក់អណ្ដូង ទោះបីថ្ងៃនោះជាថ្ងៃសប្ប័ទក៏ដោយ ក៏អ្នកនោះស្រង់វាឡើងជាបន្ទាន់មិនខាន»។ ៦ គេពុំអាចឆ្លើយតបនឹងព្រះអង្គអំពីសេចក្ដីទាំងនេះឡើយ។
កុំចង់បានកន្លែងកិត្តិយស
៧ ព្រះយេស៊ូសង្កេតឃើញភ្ញៀវៗចេះតែរើសកន្លែងកិត្តិយសអង្គុយ ព្រះអង្គក៏មានព្រះបន្ទូលជាប្រស្នាទៅគេថា៖ ៨ «បើមានគេអញ្ជើញអ្នកទៅជប់លៀង ក្នុងពិធីមង្គលការណាមួយ សុំកុំទៅអង្គុយកន្លែងដែលគេបម្រុងទុកសម្រាប់ភ្ញៀវកិត្តិយស ក្រែងលោគេបានអញ្ជើញភ្ញៀវម្នាក់ទៀត មានឋានៈខ្ពស់ជាងអ្នក។ ៩ ប្រសិនបើម្ចាស់ផ្ទះបានអញ្ជើញអ្នកផង អញ្ជើញភ្ញៀវមានឋានៈខ្ពស់នោះផង គាត់មុខជាសុំឲ្យអ្នកទុកកន្លែងកិត្តិយសជូនអ្នកមានឋានៈខ្ពស់ជាមិនខាន។ ពេលនោះ អ្នកនឹងត្រូវអាម៉ាស់មុខ ហើយទៅអង្គុយកន្លែងអន់ជាងគេវិញ។ ១០ ដូច្នេះ បើមានគេអញ្ជើញអ្នក ចូរទៅអង្គុយកន្លែងអន់ជាងគេសិន លុះដល់ម្ចាស់ផ្ទះពោលមកកាន់អ្នកថា “សម្លាញ់អើយ! សូមអ្នកមកអង្គុយនៅកន្លែងខាងមុខនេះវិញ” ពេលនោះ អ្នកនឹងមានកិត្តិយសនៅចំពោះមុខភ្ញៀវទាំងអស់ ដែលអង្គុយរួមតុជាមួយអ្នកជាមិនខាន។ ១១ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវគេលើកតម្កើងវិញ»។
ត្រូវអញ្ជើញអ្នកក្រីក្រមកបរិភោគ
១២ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់អ្នក ដែលបានយាងព្រះអង្គមកសោយព្រះស្ងោយនោះថា៖ «កាលណាអ្នកអញ្ជើញភ្ញៀវមកជប់លៀង ទោះបីថ្ងៃត្រង់ក្តី ល្ងាចក្តី កុំអញ្ជើញមិត្តភក្ដិ បងប្អូន ញាតិសន្ដានរបស់អ្នក ឬអ្នកជិតខាង ដែលមានសម្បត្តិស្ដុកស្តម្ភនោះឡើយ ដ្បិតអ្នកទាំងនោះអញ្ជើញអ្នកតបស្នងវិញបាន។ ១៣ ផ្ទុយទៅវិញ ពេលណាអ្នកធ្វើពិធីជប់លៀង ត្រូវអញ្ជើញអ្នកក្រីក្រ មនុស្សពិការ ខ្វិនខ្វាក់។ ១៤ ធ្វើដូច្នេះ អ្នកនឹងមានសុភមង្គលជាមិនខាន ដ្បិតអ្នកទាំងនោះពុំអាចតបស្នងអ្នកបានឡើយ គឺព្រះជាម្ចាស់វិញទេដែលនឹងតបស្នងជូនអ្នក នៅពេលមនុស្សសុចរិតរស់ឡើងវិញ»។
ប្រស្នាស្ដីអំពីអ្នកក្រីក្រជប់លៀងជំនួសភ្ញៀវ
(ម៉ាថាយ ២២.១-១០)
១៥ ក្រោយបានឮព្រះបន្ទូលទាំងនេះហើយ បុរសម្នាក់ដែលអង្គុយរួមតុជាមួយព្រះយេស៊ូ ទូលព្រះអង្គថា៖ «អ្នកណាបានចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យ*របស់ព្រះជាម្ចាស់ អ្នកនោះប្រាកដជាមានសុភមង្គល*ហើយ!»។
១៦ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «មានបុរសម្នាក់រៀបពិធីជប់លៀងមួយយ៉ាងធំ ហើយលោកបានអញ្ជើញភ្ញៀវជាច្រើន។ ១៧ លុះដល់ម៉ោងជប់លៀង លោកចាត់អ្នកបម្រើឲ្យទៅប្រាប់ភ្ញៀវថា “ម្ហូបអាហារបានរៀបចំស្រេចហើយ សូមអញ្ជើញមក!”។ ១៨ ប៉ុន្តែ ភ្ញៀវទាំងនោះដោះសាបន្ដបន្ទាប់គ្នា ម្នាក់និយាយទៅកាន់អ្នកបម្រើថា “ខ្ញុំទើបនឹងទិញដីចម្ការមួយកន្លែង ខ្ញុំត្រូវតែចេញទៅមើលឥឡូវនេះ សូមមេត្តាអភ័យទោសឲ្យខ្ញុំផង”។ ១៩ ម្នាក់និយាយថា “ខ្ញុំទើបនឹងទិញគោប្រាំនឹម ខ្ញុំត្រូវតែទៅទឹមវាសាកលមើល សូមមេត្តាអភ័យទោសឲ្យខ្ញុំផង”។ ២០ ម្នាក់ទៀតពោលថា “ខ្ញុំទើបនឹងរៀបការប្រពន្ធ ខ្ញុំពុំអាចទៅចូលរួមក្នុងពិធីជប់លៀងឡើយ”។ ២១ អ្នកបម្រើវិលទៅជួបម្ចាស់របស់ខ្លួនវិញ ហើយជម្រាបលោកតាមដំណើររឿង។ ម្ចាស់ផ្ទះក៏ខឹង លោកប្រាប់ទៅអ្នកបម្រើថា “ចូរប្រញាប់ចេញទៅតាមទីផ្សារ ទៅតាមផ្លូវនានាក្នុងទីក្រុង ហើយប្រមូលមនុស្សក្រីក្រ មនុស្សពិការ និងមនុស្សខ្វាក់ខ្វិនមក”។ ២២ បន្ដិចក្រោយមក អ្នកបម្រើជម្រាបចៅហ្វាយវិញថា “លោកម្ចាស់! ខ្ញុំបាទបានធ្វើតាមបង្គាប់របស់លោកហើយ តែកន្លែងអង្គុយនៅមានសល់ទៀត”។ ២៣ ម្ចាស់ផ្ទះប្រាប់ទៅអ្នកបម្រើទៀតថា “ចូរទៅតាមផ្លូវស្រុកស្រែ តាមកៀនរបង ហើយបង្ខំមនុស្សម្នាឲ្យចូលមកពេញផ្ទះខ្ញុំ។ ២៤ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមអស់អ្នកដែលខ្ញុំបានអញ្ជើញកាលពីមុននោះ គ្មាននរណាម្នាក់បានបរិភោគក្នុងពិធីជប់លៀងរបស់ខ្ញុំឡើយ!”»។
អំពីរបៀបដែលត្រូវតាមព្រះយេស៊ូ
(ម៉ាថាយ ១០.៣៧-៣៨)
២៥ មានមហាជនជាច្រើនធ្វើដំណើរជាមួយព្រះយេស៊ូ។ ព្រះអង្គបែរព្រះភ័ក្ត្រទៅរកគេ ហើយមានព្រះបន្ទូលថា៖ ២៦ «បើអ្នកណាចង់មកតាមខ្ញុំ តែមិនស្រឡាញ់ខ្ញុំខ្លាំងជាងឪពុកម្ដាយ ប្រពន្ធ កូន បងប្អូនប្រុសស្រី និងជីវិតខ្លួនទេ អ្នកនោះពុំអាចធ្វើជាសាវ័ករបស់ខ្ញុំឡើយ។ ២៧ អ្នកណាមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំទេ អ្នកនោះក៏ពុំអាចធ្វើជាសាវ័ករបស់ខ្ញុំដែរ។
២៨ ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើនរណាម្នាក់ចង់សង់ផ្ទះថ្មធំមួយ អ្នកនោះត្រូវអង្គុយគិតគូរមើលថ្លៃសង់ជាមុនសិន ដើម្បីឲ្យដឹងថា តើខ្លួនមានប្រាក់ល្មមនឹងបង្ហើយសំណង់ ឬយ៉ាងណា ២៩ ក្រែងលោចាក់គ្រឹះហើយ តែមិនអាចបង្ហើយបាន មនុស្សម្នាឃើញ មុខជាសើចចំអកឲ្យមិនខាន។ ៣០ គេនឹងពោលថា “មើលបុរសនេះសង់ផ្ទះ តែមិនអាចបង្ហើយបានទេ!”។
៣១ ម្យ៉ាងទៀត ប្រសិនបើមានស្ដេចមួយអង្គចេញទៅធ្វើសឹកសង្គ្រាម តទល់នឹងស្ដេចមួយអង្គទៀត ស្ដេចត្រូវគង់គិតគូរជាមុនសិនថា បើស្ដេចមានទ័ពមួយម៉ឺននាក់ តើស្ដេចអាចតទល់នឹងបច្ចាមិត្តដែលមានគ្នាពីរម៉ឺននាក់បានឬយ៉ាងណា ៣២ បើឃើញថាមិនអាចតទល់បានទេ នោះស្ដេចនឹងចាត់រាជទូតឲ្យទៅសុំចរចារកសន្តិភាព ក្នុងពេលដែលស្ដេចមួយអង្គទៀតនៅឆ្ងាយនៅឡើយ។
៣៣ ដូច្នេះ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាមិនលះបង់អ្វីៗទាំងអស់ដែលខ្លួនមានទេ អ្នកនោះមិនអាចធ្វើជាសាវ័ក*របស់ខ្ញុំបានឡើយ»។
កុំឲ្យបាត់ជាតិប្រៃ
(ម៉ាថាយ ៥.១៣ ម៉ាកុស ៩.៥០)
៣៤ «អំបិលជារបស់មួយសំខាន់ណាស់។ ប៉ុន្តែ បើវាបាត់ជាតិប្រៃហើយ តើធ្វើម្ដេចនឹងឲ្យវាប្រៃវិញបាន?។ ៣៥ វាគ្មានសារប្រយោជន៍អ្វីទៀតទេ ទោះបីយកទៅលាយដី ឬលាយជី ក៏មិនកើតដែរ មានតែចាក់ចោលទៅខាងក្រៅប៉ុណ្ណោះ។ អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។
១៥
ប្រស្នាអំពីចៀមដែលបាត់ ហើយរកឃើញវិញ
(ម៉ាថាយ ១៨.១២-១៤)
១ មានអ្នកទារពន្ធ* និងមនុស្សបាបទាំងអស់ នាំគ្នាចូលមកជិតព្រះយេស៊ូ ស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។ ២ ពួកខាងគណៈផារីស៊ី* និងពួកបណ្ឌិតខាងវិន័យ*រអ៊ូរទាំថា៖ «មើល៍! អ្នកនេះរាក់ទាក់នឹងមនុស្សបាប ព្រមទាំងបរិភោគជាមួយគេផង!»។ ៣ ព្រះយេស៊ូមានព្រះបន្ទូលទៅគេ ជាប្រស្នានេះថា៖ ៤ «ក្នុងចំណោមអ្នករាល់គ្នា ឧបមាថា មានម្នាក់មានចៀមមួយរយក្បាល បើគាត់បាត់ចៀមមួយ គាត់មុខជាទុកចៀមកៅសិបប្រាំបួនចោលនៅទីវាល ហើយទៅតាមរកចៀមដែលបាត់នោះ រហូតទាល់តែបានឃើញវិញ។ ៥ កាលរកឃើញហើយ គាត់ត្រេកអរណាស់ គាត់ក៏លើកចៀមដាក់លើ ក ៦ ត្រឡប់មកផ្ទះវិញ ហៅមិត្តភក្ដិ និងអ្នកជិតខាងប្រាប់ថា “សូមជួយអរសប្បាយជាមួយខ្ញុំផង ដ្បិតចៀមរបស់ខ្ញុំដែលបាត់ទៅនោះ ឥឡូវនេះ ខ្ញុំរកឃើញវិញហើយ”។ ៧ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់នៅស្ថានបរមសុខមានអំណរសប្បាយ ដោយមានមនុស្សបាបតែម្នាក់កែប្រែចិត្តគំនិត ខ្លាំងជាងព្រះអង្គសប្បាយនឹងមនុស្សសុចរិតកៅសិបប្រាំបួននាក់ ដែលមិនត្រូវការកែប្រែចិត្តគំនិត»។
ប្រស្នាអំពីប្រាក់ដួងដែលបាត់ ហើយរកឃើញវិញ
៨ «ម្យ៉ាងទៀត ឧបមាថា ស្ត្រីម្នាក់មានប្រាក់ដប់ដួង* ហើយបាត់មួយដួង គាត់មុខជាអុជចង្កៀងបោសផ្ទះរកប្រាក់នោះ គ្រប់កៀនកោះរហូតទាល់តែបានឃើញវិញ។ ៩ លុះរកឃើញហើយ គាត់ក៏ហៅមិត្តភក្ដិ និងអ្នកជិតខាងប្រាប់ថា “សូមជួយអរសប្បាយជាមួយខ្ញុំផង ដ្បិតប្រាក់ដួង*ដែលខ្ញុំបាត់នោះ ឥឡូវនេះ ខ្ញុំរកឃើញវិញហើយ”។ ១០ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ទេវទូត*របស់ព្រះជាម្ចាស់នឹងមានអំណរសប្បាយជាខ្លាំង ដោយមានមនុស្សបាបតែម្នាក់កែប្រែចិត្តគំនិត»។
ប្រស្នាអំពីកូនពៅដែលបាត់ ហើយរកឃើញវិញ
១១ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «មានបុរសមួយរូបមានកូនប្រុសពីរនាក់។ ១២ កូនពៅនិយាយទៅឪពុកថា “លោកឪពុក! សូមចែកកេរមត៌កឲ្យកូនមក”។ ឪពុកក៏ចែកមត៌កឲ្យកូន។ ១៣ ប៉ុន្មានថ្ងៃក្រោយមក កូនពៅប្រមូលទ្រព្យសម្បត្តិ រួចចាកចេញទៅស្រុកឆ្ងាយ។ នៅស្រុកនោះ កូនពៅបានខ្ជះខ្ជាយបង្ហិនទ្រព្យសម្បត្តិរបស់ខ្លួនអស់ទៅ។ ១៤ ពេលចាយវាយទ្រព្យសម្បត្តិអស់ហើយ ជួនជាកើតទុរ្ភិក្សយ៉ាងខ្លាំងនៅក្នុងស្រុក កូនពៅនោះចាប់ផ្ដើមខ្វះខាត។ ១៥ គាត់ក៏ទៅស៊ីឈ្នួលអ្នកស្រុកម្នាក់ គេប្រើគាត់ឲ្យមើលជ្រូកតាមស្រែចម្ការ។ ១៦ គាត់ចង់ចម្អែតក្រពះនឹងចំណីដែលគេដាក់ឲ្យជ្រូកស៊ីនោះណាស់ តែគ្មានអ្នកណាឲ្យបរិភោគឡើយ។ ១៧ ពេលនោះ កូនពៅភ្ញាក់ខ្លួន ហើយរិះគិតក្នុងចិត្តថា “អ្នកបម្រើរបស់ឪពុកអញសុទ្ធតែមានម្ហូបអាហារបរិភោគហូរហៀរទាំងអស់គ្នា រីឯនៅទីនេះវិញ អញសឹងតែដាច់ពោះស្លាប់។ ១៨ អញត្រូវតែវិលត្រឡប់ទៅរកឪពុកអញវិញ ហើយជម្រាបគាត់ថា លោកឪពុក កូនបានប្រព្រឹត្តអំពើបាបខុសនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ កូនក៏បានប្រព្រឹត្តអំពើបាបខុសនឹងលោកឪពុកដែរ។ ១៩ មិនគួរឲ្យលោកឪពុករាប់ខ្ញុំនេះជាកូនទៀតទេ សូមលោកឪពុកចាត់ទុកកូនជាអ្នកបម្រើចុះ”។ ២០ លុះគិតដូច្នោះហើយ កូនពៅក៏វិលត្រឡប់ទៅរកឪពុកវិញ។ កាលឪពុកឃើញកូនពីចម្ងាយ គាត់មានចិត្តអាណិតអាសូរក្រៃលែង ក៏រត់ទៅទទួលកូន ហើយឱបថើបទៀតផង។ ២១ កូនពៅជម្រាបឪពុកថា “លោកឪពុក កូនបានប្រព្រឹត្តអំពើបាបខុសនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ កូនក៏បានប្រព្រឹត្តអំពើបាបខុសនឹងលោកឪពុកដែរ មិនគួរឲ្យលោកឪពុករាប់ខ្ញុំនេះជាកូនទៀតទេ”។ ២២ ឪពុកប្រាប់ពួកអ្នកបម្រើថា “ចូរទៅយកសម្លៀកបំពាក់ល្អៗបំផុត មកពាក់ឲ្យកូនខ្ញុំជាប្រញាប់ ហើយយកចិញ្ចៀន និងស្បែកជើង មកពាក់ឲ្យផង។ ២៣ ចូរយកកូនគោដែលយើងបានបំប៉នទុក មកកាប់ជប់លៀងឲ្យសប្បាយចុះ ២៤ ដ្បិតកូនខ្ញុំនេះបានស្លាប់ទៅហើយ តែឥឡូវរស់ឡើងវិញ វាវង្វេងបាត់ តែឥឡូវនេះ ខ្ញុំរកឃើញវិញហើយ”។ គេនាំគ្នាជប់លៀងយ៉ាងសប្បាយ។
២៥ ពេលនោះ កូនច្បងនៅឯចម្ការ។ កាលគាត់ត្រឡប់មកជិតដល់ផ្ទះវិញ ឮស្នូរតូរ្យតន្ដ្រី និងចម្រៀងរបាំ ២៦ គាត់ហៅអ្នកបម្រើម្នាក់មកសួរថា មានការអ្វីកើតឡើង។ ២៧ អ្នកបម្រើឆ្លើយថា “ប្អូនលោកត្រឡប់មកវិញហើយ។ ឪពុករបស់លោកឲ្យគេកាប់កូនគោដែលយើងបំប៉ននោះ ព្រោះកូនពៅរបស់លោកបានត្រឡប់មកវិញដោយសុខសាន្ត”។ ២៨ កូនច្បងខឹងណាស់មិនព្រមចូលផ្ទះទេ ឪពុកចេញមកអង្វរឲ្យចូល។ ២៩ កូនច្បងនិយាយទៅឪពុកថា “ខ្ញុំបាននៅបម្រើលោកជាច្រើនឆ្នាំមកហើយ ខ្ញុំមិនដែលធ្វើខុសនឹងបង្គាប់របស់លោកត្រង់ណាឡើយ តែលោកមិនដែលឲ្យកូនពពែ ដើម្បីឲ្យខ្ញុំកាប់ជប់លៀងជាមួយមិត្តភក្ដិទាល់តែសោះ សូម្បីតែមួយក៏មិនដែលផង។ ៣០ ពេលកូនលោកត្រឡប់មកវិញ លោកបានកាប់កូនគោបំប៉នទទួលវា មើល៍ វានេះ បានបំផ្លាញទ្រព្យសម្បត្តិលោកទាំងអស់ជាមួយស្រីញី”។ ៣១ ឪពុកនិយាយទៅកូនថា “កូនអើយ ឯងនៅជាមួយឪពុកជានិច្ចរហូតណាកូន អ្វីៗទាំងអស់ដែលជារបស់ឪពុក ក៏ជារបស់កូនដែរ។ ៣២ យើងត្រូវតែសប្បាយរីករាយ ដ្បិតប្អូនរបស់ឯងដែលបានស្លាប់ទៅនោះ ឥឡូវនេះ រស់ឡើងវិញហើយ។ វាបានវង្វេងបាត់ តែឥឡូវនេះ យើងរកឃើញវិញហើយ”»។
១៦
ប្រស្នាអំពីអ្នកបម្រើប៉ិនបោកបញ្ឆោត
១ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សាវ័ក*ថា៖ «មានសេដ្ឋីមួយរូបបានប្រគល់មុខងារឲ្យអ្នកបម្រើម្នាក់មើលខុសត្រូវលើទ្រព្យសម្បត្តិរបស់លោក។ មានគេមកជម្រាបលោកថា អ្នកនោះបានចាយវាយទ្រព្យសម្បត្តិលោកយ៉ាងខ្ជះខ្ជាយ។ ២ សេដ្ឋីក៏ហៅអ្នកមើលខុសត្រូវមកប្រាប់ថា “ចូរគិតបញ្ជីយកមកឲ្យខ្ញុំ អ្នកមិនអាចមើលខុសត្រូវលើទ្រព្យសម្បត្តិខ្ញុំតទៅទៀតឡើយ ព្រោះសេចក្ដីដែលខ្ញុំបានឮគេនិយាយអំពីអ្នក មិនល្អសោះ”។ ៣ អ្នកបម្រើនោះរិះគិតក្នុងចិត្តថា “ចៅហ្វាយលែងឲ្យអញទទួលខុសត្រូវលើទ្រព្យសម្បត្តិលោកទៀតហើយ។ តើអញគិតទៅធ្វើការអ្វីវិញហ្ន៎? អញគ្មានកម្លាំងនឹងកាប់គាស់ដីទេ បើដើរសុំទានខ្មាសគេ។ ៤ អូ៎! នឹកឃើញហើយ គួរធ្វើយ៉ាងនេះ ដើម្បីអ្នកស្រុកទទួលអញឲ្យស្នាក់នៅផ្ទះគេ នៅពេលអញឈប់កាន់កាប់ការងារនេះ”។ ៥ គាត់ក៏ហៅកូនបំណុលរបស់ចៅហ្វាយឲ្យចូលមកម្នាក់ម្ដងៗ គាត់សួរអ្នកទីមួយថា “តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មាន?”។ ៦ កូនបំណុលនោះឆ្លើយថា “ប្រេងមួយរយប៉ោត”។ អ្នកបម្រើប្រាប់ថា “នេះនែ៎! យកបញ្ជីរបស់អ្នកហើយអង្គុយចុះ សរសេរយ៉ាងប្រញាប់ដាក់ថា ជំពាក់ហាសិបប៉ោត”។ ៧ បន្ទាប់មក គាត់សួរម្នាក់ទៀតថា “តើអ្នកជំពាក់ចៅហ្វាយខ្ញុំប៉ុន្មានដែរ?”។ កូនបំណុលនោះឆ្លើយថា “ស្រូវប្រាំរយថាំង”។ អ្នកបម្រើប្រាប់ថា “នែ៎! យកបញ្ជីរបស់អ្នក ហើយសរសេរដាក់ថា ជំពាក់បួនរយថាំង”។ ៨ ម្ចាស់ក៏សរសើរអ្នកបម្រើដែលប៉ិនប្រសប់បោកបញ្ឆោត។ មនុស្សក្នុងលោកនេះតែងតែប៉ិនប្រសប់រកស៊ីជាមួយគ្នា ជាងអស់អ្នកដែលស្គាល់ពន្លឺរបស់ព្រះជាម្ចាស់ទៅទៀត»។
សម្បត្តិលោកីយ៍ និងសម្បត្តិសួគ៌
៩ «ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរយកទ្រព្យសម្បត្តិលោកីយ៍ដែលបញ្ឆោតចិត្តនេះទៅធ្វើទាន ដើម្បីឲ្យមានមិត្តភក្ដិច្រើន។ ពេលណាទ្រព្យនេះរលាយសូន្យទៅ មិត្តភក្ដិទាំងនោះនឹងទទួលអ្នករាល់គ្នា នៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ១០ អ្នកណាស្មោះត្រង់ក្នុងកិច្ចការដ៏តូច អ្នកនោះក៏ស្មោះត្រង់ក្នុងកិច្ចការធំដុំដែរ។ អ្នកណាបោកបញ្ឆោតក្នុងកិច្ចការដ៏តូច អ្នកនោះក៏តែងបោកបញ្ឆោតក្នុងកិច្ចការធំដុំដែរ។ ១១ ប្រសិនបើអ្នករាល់គ្នាមិនស្មោះត្រង់ក្នុងរបៀបប្រើប្រាស់ទ្រព្យសម្បត្តិលោកីយ៍ដែល បញ្ឆោតចិត្តនេះទេ ព្រះជាម្ចាស់ក៏ពុំអាចប្រគល់ទ្រព្យសម្បត្តិដ៏ពិតប្រាកដមកអ្នករាល់គ្នាបានដែរ។ ១២ ប្រសិនបើអ្នករាល់គ្នាមិនស្មោះត្រង់នឹងទ្រព្យសម្បត្តិអ្នកដទៃផង ធ្វើម្ដេចឲ្យព្រះជាម្ចាស់ប្រទានទ្រព្យសម្បត្តិដែលព្រះអង្គបម្រុងទុកសម្រាប់អ្នករាល់គ្នា មកអ្នករាល់គ្នាបាន! ១៣ គ្មានអ្នកណាអាចបម្រើម្ចាស់ពីរនាក់បានទេ ព្រោះអ្នកនោះនឹងស្អប់ម្នាក់ ស្រឡាញ់ម្នាក់ ស្មោះត្រង់នឹងម្នាក់ មើលងាយម្នាក់ទៀតពុំខាន។ អ្នករាល់គ្នាពុំអាចគោរពបម្រើព្រះជាម្ចាស់ផង គោរពបម្រើទ្រព្យសម្បត្តិលោកីយ៍ផងបានឡើយ»។
វិន័យ និងព្រះរាជ្យរបស់ព្រះជាម្ចាស់
(ម៉ាថាយ ១១.១២-១៣, ៥.៣១-៣២ ម៉ាកុស ១០.១១-១២)
១៤ កាលពួកខាងគណៈផារីស៊ី*ឮដូច្នោះ គេក៏ចំអកឲ្យព្រះយេស៊ូ ដ្បិតពួកគេស្រឡាញ់ប្រាក់ណាស់។ ១៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាតែងតែសម្ដែងឫកពាឲ្យមនុស្សលោកឃើញថា អ្នករាល់គ្នាជាជនសុចរិត ប៉ុន្តែ ព្រះជាម្ចាស់ឈ្វេងយល់ចិត្តអ្នករាល់គ្នា។ អ្វីៗដែលមនុស្សលោកយល់ឃើញថាល្អប្រសើរ ព្រះជាម្ចាស់ចាត់ទុកថាជាការគួរឲ្យស្អប់ខ្ពើម។ ១៦ គម្ពីរវិន័យ* និងគម្ពីរព្យាការី*បានប្រៀនប្រដៅមនុស្សតាំងពីដើមរៀងមក រហូតដល់លោកយ៉ូហានបាទីស្ដមកដល់។ ប៉ុន្តែ តាំងពីពេលនោះមកមនុស្សម្នាបានឮដំណឹងល្អ* អំពីព្រះរាជ្យ*ព្រះជាម្ចាស់ ហើយគ្រប់គ្នាខំប្រឹងចូល។ ១៧ ផ្ទៃមេឃផែនដីនឹងរលាយសូន្យទៅ តែវិន័យមិនរលាយឡើយ សូម្បីតែតួអក្សរមួយដ៏តូច ក៏មិនរលាយបាត់ផង។
១៨ បុរសណាលែងភរិយា ហើយទៅរៀបការនឹងស្ត្រីម្នាក់ទៀត បុរសនោះបានប្រព្រឹត្តអំពើផិតក្បត់។ រីឯបុរសណារៀបការនឹងស្ត្រីប្ដីលែង បុរសនោះក៏បានប្រព្រឹត្តអំពើផិតក្បត់ដែរ»។
បុរសអ្នកមាន និងឡាសារជាអ្នកក្រ
១៩ «មានបុរសម្នាក់ជាអ្នកមាន គាត់ប្រើសុទ្ធតែសម្លៀកបំពាក់ល្អៗ ធ្វើពីក្រណាត់សំពត់ថ្លៃៗ។ គាត់រស់នៅដោយសប្បាយ មានម្ហូបអាហារឆ្ងាញ់ៗបរិបូណ៌រាល់ថ្ងៃ។ ២០ មានបុរសម្នាក់ទៀតជាអ្នកក្រ ឈ្មោះឡាសារ គាត់កើតដំបៅពេញខ្លួន ហើយតែងដេកនៅមាត់ទ្វាររបងផ្ទះអ្នកមាននោះ។ ២១ អ្នកឡាសារចង់បរិភោគកម្ទេចម្ហូបអាហារ ដែលជ្រុះពីតុអ្នកមាននោះណាស់ ហើយក៏មានឆ្កែមកលិទ្ធដំបៅគាត់ទៀតផង។ ២២ ថ្ងៃមួយ អ្នកក្រនោះស្លាប់ទៅ ពួកទេវទូត*នាំគាត់យកទៅដាក់ក្បែរលោកអប្រាហាំ នៅស្ថានបរមសុខ។ រីឯអ្នកមានក៏ស្លាប់ដែរ គេយកសពគាត់ទៅបញ្ចុះក្នុងផ្នូរ។ ២៣ នៅស្ថានមនុស្សស្លាប់ អ្នកមាននោះរងទុក្ខទារុណកម្មយ៉ាងខ្លាំង គាត់ងើបមុខទៅលើឃើញលោកអប្រាហាំពីចម្ងាយ ហើយឃើញអ្នកឡាសារនៅក្បែរលោកដែរ។ ២៤ គាត់ស្រែកអង្វរលោកអប្រាហាំថា “លោកឪពុកអើយ! សូមអាណិតមេត្តាខ្ញុំផង។ សូមលោកឪពុកប្រាប់ឡាសារឲ្យយកម្រាមដៃជ្រលក់ទឹក បន្ដក់លើអណ្ដាតខ្ញុំបន្ដិច ព្រោះនៅក្នុងភ្លើងនេះ ខ្ញុំឈឺចុកចាប់ណាស់”។ ២៥ លោកអប្រាហាំមានប្រសាសន៍ថា “កូនអើយ! ចូរនឹកចាំថា កាលកូនមានជីវិតនៅឡើយ កូនស្គាល់តែសប្បាយ រីឯឡាសារវិញ គ្នាស្គាល់តែទុក្ខ។ ឥឡូវនេះ ឡាសារបានសុខក្សេមក្សាន្តហើយ តែកូនវិញ កូនត្រូវឈឺចុកចាប់។ ២៦ ម្យ៉ាងទៀត មានលំហមួយយ៉ាងធំខណ្ឌយើងពីអ្នករាល់គ្នា ទោះបីអ្នកណាចង់ឆ្លងពីស្ថាននេះទៅរកអ្នករាល់គ្នា ក៏ឆ្លងមិនបានឡើយ ទោះបីមានអ្នកណាចង់ឆ្លងពីអ្នករាល់គ្នាមករកយើង ក៏ឆ្លងមិនបានដែរ”។ ២៧ អ្នកមាននោះអង្វរថា “លោកឪពុកអើយ! សូមលោកឪពុកមេត្តាចាត់ឡាសារឲ្យទៅផ្ទះឪពុកខ្ញុំផង ២៨ ខ្ញុំមានបងប្អូនប្រាំនាក់។ សូមឲ្យឡាសារទៅប្រាប់គេឲ្យដឹងខ្លួន កុំឲ្យគេមកកន្លែងរងទុក្ខទារុណកម្មនេះ”។ ២៩ លោកអប្រាហាំឆ្លើយថា “បងប្អូនរបស់កូនបានឮពាក្យប្រៀនប្រដៅរបស់លោកម៉ូសេ និងពាក្យប្រៀនប្រដៅរបស់ពួកព្យាការីហើយ ឲ្យគេធ្វើតាមពាក្យលោកទាំងនោះចុះ”។ ៣០ អ្នកមានតបទៅលោកអប្រាហាំថា “ទេ! លោកឪពុក ទាល់តែមានអ្នកណាម្នាក់ ពីចំណោមមនុស្សស្លាប់ទៅប្រាប់គេ ទើបគេកែប្រែចិត្តគំនិត”។ ៣១ ប៉ុន្តែ លោកអប្រាហាំឆ្លើយតបវិញថា “ប្រសិនបើគេមិនធ្វើតាមពាក្យប្រៀនប្រដៅរបស់លោកម៉ូសេ និងពាក្យប្រៀនប្រដៅរបស់ព្យាការីទេ ទោះបីមានមនុស្សស្លាប់បានរស់ឡើងវិញ ទៅប្រាប់គេក៏ដោយ ក៏គេមិនព្រមជឿដែរ”»។
១៧
កុំនាំគេប្រព្រឹត្តអំពើបាប
(ម៉ាថាយ ១៨.៦-៧, ២១-២២ ម៉ាកុស ៩.៤២)
១ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសាវ័ក*ថា៖ «មានមូលហេតុជាច្រើន ដែលតែងតែបណ្ដាលឲ្យមនុស្សប្រព្រឹត្តអំពើបាប។ ប៉ុន្តែ អ្នកណានាំគេឲ្យប្រព្រឹត្តអំពើបាប អ្នកនោះត្រូវវេទនាហើយ។ ២ ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចងក ទម្លាក់ទៅក្នុងសមុទ្រ ប្រសើរជាងទុកឲ្យគាត់នៅរស់ ហើយនាំមនុស្សតូចតាចណាម្នាក់ប្រព្រឹត្តអំពើបាប។ ៣ ដូច្នេះ អ្នករាល់គ្នាត្រូវប្រយ័ត្នខ្លួន! ប្រសិនបើបងប្អូនណាធ្វើអ្វីខុសចំពោះអ្នក ចូរស្ដីប្រដៅគាត់ផង តែបើគាត់កែប្រែចិត្តគំនិត ចូរអត់ទោសឲ្យគាត់ទៅ។ ៤ ប្រសិនបើគាត់ធ្វើអ្វីខុសចំពោះអ្នក ប្រាំពីរដងក្នុងមួយថ្ងៃ ហើយបើគាត់ត្រឡប់មករកអ្នកទាំងប្រាំពីរដង ដោយពោលថា “ខ្ញុំស្ដាយដោយបានធ្វើខុស” ចូរអត់ទោសឲ្យគាត់ទៅ»។
អំពីជំនឿ
៥ ពួកគ្រីស្តទូត*ទូលព្រះអម្ចាស់ថា៖ «សូមព្រះអង្គប្រទានជំនឿមកយើងខ្ញុំថែមទៀត»។ ៦ ព្រះអម្ចាស់មានព្រះបន្ទូលឆ្លើយថា៖ «ប្រសិនបើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជមួយដ៏ល្អិត ហើយបើអ្នករាល់គ្នានិយាយទៅកាន់ដើមឈើនេះថា “ចូររំលើងឫសឯង ទៅដុះក្នុងសមុទ្រទៅ!” វាមុខជាស្ដាប់បង្គាប់អ្នករាល់គ្នាមិនខាន»។
ភារកិច្ចរបស់អ្នកបម្រើ
៧ «ក្នុងចំណោមអ្នករាល់គ្នា ឧបមាថា នរណាម្នាក់មានអ្នកបម្រើទៅភ្ជួរស្រែ ឬឃ្វាលហ្វូងសត្វ។ ពេលអ្នកបម្រើនោះវិលត្រឡប់មកពីស្រែវិញ ម្ចាស់មិនដែលនិយាយថា “សូមអញ្ជើញមកពិសាបាយ” ទេ។ ៨ ផ្ទុយទៅវិញ ម្ចាស់តែងតែនិយាយទៅកាន់អ្នកបម្រើថា “ចូររៀបចំបាយទឹកឲ្យខ្ញុំ រួចទៅផ្លាស់ខោអាវមកបម្រើខ្ញុំ ពេលខ្ញុំបរិភោគ ចាំខ្ញុំបរិភោគរួច សឹមអ្នកបរិភោគតាមក្រោយ”។ ៩ ម្ចាស់មិនដែលអរគុណអ្នកបម្រើ ដែលបានធ្វើតាមបង្គាប់ខ្លួននោះឡើយ។ ១០ រីឯអ្នករាល់គ្នាវិញក៏ដូច្នោះដែរ កាលណាអ្នករាល់គ្នាបានបំពេញតាមព្រះបញ្ជារបស់ព្រះជាម្ចាស់សព្វគ្រប់ហើយ ចូរពោលថា “យើងខ្ញុំគ្រាន់តែជាអ្នកបម្រើធម្មតាប៉ុណ្ណោះ គឺយើងខ្ញុំបានបំពេញកិច្ចការដែលយើងខ្ញុំត្រូវធ្វើ”»។
ព្រះយេស៊ូប្រោសមនុស្សឃ្លង់ដប់នាក់ឲ្យជា
១១ កាលព្រះយេស៊ូកំពុងយាងឆ្ពោះទៅក្រុងយេរូសាឡឹម ព្រះអង្គយាងកាត់តាមស្រុកសាម៉ារី និងស្រុកកាលីឡេ។ ១២ ពេលព្រះអង្គយាងចូលក្នុងភូមិមួយ មានមនុស្សឃ្លង់ដប់នាក់មករកព្រះអង្គ។ គេឈរពីចម្ងាយ ១៣ ស្រែកឡើងថា៖ «លោកគ្រូយេស៊ូអើយ! សូមអាណិតមេត្តាយើងខ្ញុំផង»។ ១៤ ព្រះយេស៊ូទតមើលគេ ហើយមានព្រះបន្ទូលថា៖ «ចូរអ្នករាល់គ្នាទៅបង្ហាញខ្លួនឲ្យពួកបូជាចារ្យ*ឃើញចុះ»។ ពេលអ្នកទាំងនោះចេញដំណើរទៅ គេក៏បានជាស្អាតបរិសុទ្ធ*ទាំងអស់គ្នា។ ១៥ ពេលឃើញខ្លួនបានជាសះស្បើយដូច្នេះ មានម្នាក់ក្នុងចំណោមអ្នកទាំងនោះត្រឡប់មកវិញ ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយបន្លឺសំឡេងខ្លាំងៗផង។ ១៦ គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូ ឱនក្បាលដល់ដី ហើយអរព្រះគុណព្រះអង្គ អ្នកនោះជាអ្នកស្រុកសាម៉ារី។ ១៧ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «តើទាំងដប់នាក់មិនបានជាស្អាតបរិសុទ្ធគ្រប់ៗគ្នាទេឬ ចុះប្រាំបួននាក់ទៀតនៅឯណា? ១៨ មានតែជនបរទេសម្នាក់វិលត្រឡប់មកវិញ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់!»។ ១៩ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ទៀតថា៖ «ចូរក្រោកឡើង អញ្ជើញទៅចុះ ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ»។
ទីសម្គាល់អំពីព្រះរាជ្យព្រះជាម្ចាស់
(ម៉ាថាយ ២៤.២៣-២៨, ៣៧-៤១)
២០ ពួកខាងគណៈផារីស៊ី*ទូលសួរព្រះយេស៊ូថា ព្រះជាម្ចាស់នឹងយាងមកគ្រងរាជ្យនៅពេលណា។ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ព្រះរាជ្យព្រះជាម្ចាស់មិនមែនមក តាមបែបដែលមនុស្សអាចមើលឃើញនឹងភ្នែកឡើយ។ ២១ គេពុំអាចពោលថា “ព្រះរាជ្យព្រះជាម្ចាស់នៅទីនេះ ឬព្រះរាជ្យព្រះជាម្ចាស់នៅទីនោះ” បានទេ។ ចូរដឹងថា ព្រះរាជ្យព្រះជាម្ចាស់ស្ថិតនៅកណ្ដាលចំណោមអ្នករាល់គ្នាហើយ»។ ២២ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅកាន់សាវ័ក*ថា៖ «ពេលក្រោយ អ្នករាល់គ្នាចង់ឃើញថ្ងៃដែលបុត្រមនុស្ស*យាងមក សូម្បីតែមួយថ្ងៃក៏បានដែរ តែអ្នករាល់គ្នាពុំឃើញឡើយ។ ២៣ ពេលមានគេប្រាប់អ្នករាល់គ្នាថា “ព្រះអង្គនៅទីនេះ ឬនៅទីនោះ” កុំរត់ទៅឲ្យសោះ។ ២៤ បុត្រមនុស្សនឹងយាងមកប្រៀបបីដូចជាផ្លេកបន្ទោរភ្លឺឆ្វាច ឆូតកាត់ពីជើងមេឃម្ខាងទៅជើងមេឃម្ខាង។ ២៥ ប៉ុន្តែ បុត្រមនុស្សត្រូវតែរងទុក្ខវេទនាយ៉ាងខ្លាំងជាមុនសិន ហើយមនុស្សសម័យឥឡូវនេះនឹងបោះបង់លោកចោល។ ២៦ នៅគ្រាដែលបុត្រមនុស្សយាងមក ក៏ដូចនៅជំនាន់លោកណូអេ*ដែរ។ ២៧ កាលណោះ មនុស្សម្នាគិតតែស៊ីផឹក រៀបការប្ដីប្រពន្ធ រហូតដល់ថ្ងៃលោកណូអេចូលក្នុងទូកធំ ហើយទឹកជំនន់ឡើងលិចបំផ្លាញមនុស្សអស់។ ២៨ នៅគ្រាបុត្រមនុស្សយាងមក ក៏ដូចកាលនៅជំនាន់លោកឡុត*ដែរ កាលណោះមនុស្សម្នាស៊ីផឹក លក់ដូរ ដាំដំណាំ និងសង់ផ្ទះ។ ២៩ ប៉ុន្តែ នៅថ្ងៃដែលលោកឡុតចាកចេញពីក្រុងសូដុម មានភ្លើង និងស្ពាន់ធ័របង្អុរពីលើមេឃមកដូចភ្លៀង បំផ្លាញអ្នកក្រុងទាំងអស់គ្នាទៅ។ ៣០ នៅថ្ងៃដែលបុត្រមនុស្សបង្ហាញខ្លួន ក៏នឹងមានហេតុការណ៍ដូច្នោះដែរ។ ៣១ នៅថ្ងៃនោះ អ្នកនៅលើដំបូលផ្ទះ ហើយមានរបស់របរទុកនៅក្នុងផ្ទះ កុំចុះទៅយកឡើយ។ រីឯអ្នកនៅចម្ការក៏ដូច្នោះដែរ កុំវិលត្រឡប់ទៅផ្ទះវិញឲ្យសោះ។ ៣២ ចូរនឹកចាំអំពីរឿងដែលកើតមានដល់ភរិយាលោកឡុត។ ៣៣ អ្នកដែលខំរក្សាជីវិតរបស់ខ្លួននឹងបាត់បង់ជីវិត រីឯអ្នកដែលបាត់បង់ជីវិត នឹងបានរួចជីវិតវិញ។ ៣៤ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅយប់នោះ បើមានពីរនាក់ដេកលើគ្រែជាមួយគ្នា ព្រះជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតឲ្យនៅ។ ៣៥ បើស្ត្រីពីរនាក់កិនស្រូវជាមួយគ្នា ព្រះជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតឲ្យនៅ។ [ ៣៦ បើមានបុរសពីរនាក់នៅក្នុងចម្ការ ព្រះជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតឲ្យនៅ]»។
៣៧ ពួកសាវ័ក*ទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ តើហេតុការណ៍ទាំងនេះនឹងកើតមាននៅទីណា?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «សាកសពនៅទីណា ត្មាតក៏នឹងមកជុំគ្នានៅទីនោះដែរ»។
១៨
ប្រស្នាអំពីចៅក្រម និងស្ត្រីមេម៉ាយ
១ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នា ពន្យល់សាវ័ក*ឲ្យដឹងថា ត្រូវតែអធិស្ឋានជានិច្ច មិនត្រូវរសាយចិត្តឡើយ៖
២ «នៅក្នុងក្រុងមួយ មានចៅក្រមម្នាក់ជាមនុស្សមិនកោតខ្លាចព្រះជាម្ចាស់ ហើយមិនកោតក្រែងនរណាឡើយ។ ៣ មានស្ត្រីមេម៉ាយម្នាក់នៅក្នុងក្រុងនោះដែរ គាត់តែងមកអង្វរចៅក្រមថា “សូមលោករកយុត្តិធម៌ឲ្យនាងខ្ញុំផង”។ ៤ ប៉ុន្តែ ចៅក្រមមិនព្រមកាត់ក្តីឲ្យភ្លាមៗទេ លោកចេះតែពន្យារពេលយ៉ាងយូរ។ ក្រោយមក លោកនឹកក្នុងចិត្តថា “ទោះបីអញមិនកោតខ្លាចព្រះជាម្ចាស់ មិនកោតក្រែងនរណាក៏ដោយ ៥ ក៏អញត្រូវតែកាត់ក្តីឲ្យស្ត្រីមេម៉ាយនេះដែរ ព្រោះគាត់ចេះតែមករំអុកអញគ្រប់ពេលវេលា។ បើអញមិនកាត់ក្តីឲ្យគាត់ទេ មុខជាគាត់មករំខានអញមិនចេះចប់មិនចេះហើយ”»។
៦ ព្រះអម្ចាស់មានព្រះបន្ទូលបន្ថែមទៀតថា៖ «ចូរពិចារណាពាក្យរបស់ចៅក្រមដ៏អាក្រក់នេះចុះ។ ៧ ចំណង់បើព្រះជាម្ចាស់វិញ ព្រះអង្គរឹតតែរកយុត្តិធម៌ឲ្យអស់អ្នក ដែលព្រះអង្គបានជ្រើសរើស ហើយដែលអង្វរព្រះអង្គ ទាំងយប់ ទាំងថ្ងៃ ព្រះអង្គគ្រាន់តែបង្អង់ប៉ុណ្ណោះ។ ៨ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះអង្គនឹងរកយុត្តិធម៌ឲ្យគេ ក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្តែ ពេលបុត្រមនុស្ស*មកដល់ តើលោកឃើញមនុស្សមានជំនឿនៅលើផែនដីនេះឬទេ?»។
បុរសម្នាក់ខាងគណៈផារីស៊ី និងអ្នកទារពន្ធ
៩ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាមួយទៀតទៅកាន់អ្នកខ្លះ ដែលនឹកស្មានថាខ្លួនជាមនុស្សសុចរិត ហើយបែរជាមើលងាយអ្នកដទៃ។ ១០ ព្រះអង្គមានព្រះបន្ទូលថា៖ «មានបុរសពីរនាក់ឡើងទៅអធិស្ឋាន*ក្នុងព្រះវិហារ*។ ម្នាក់ខាងគណៈផារីស៊ី* ម្នាក់ទៀតជាអ្នកទារពន្ធ*។ ១១ បុរសខាងគណៈផារីស៊ីឈរអធិស្ឋានក្នុងចិត្តថា “បពិត្រព្រះជាម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ព្រោះទូលបង្គំមិនដូចជនឯទៀតៗទេ អ្នកទាំងនោះសុទ្ធតែជាចោរ ជាមនុស្សទុច្ចរិត ជាមនុស្សប្រព្រឹត្តអំពើផិតក្បត់ ហើយទូលបង្គំក៏មិនដូចអ្នកទារពន្ធនេះដែរ ១២ ទូលបង្គំតមអាហារពីរដងក្នុងមួយអាទិត្យ ហើយទូលបង្គំថ្វាយរបស់អ្វីៗទាំងអស់ ដែលទូលបង្គំរកបាន មួយភាគដប់ដល់ព្រះអង្គ”។ ១៣ រីឯអ្នកទារពន្ធ គាត់ឈរនៅពីចម្ងាយ មិនទាំងហ៊ានងើបមុខផង។ គាត់គក់ទ្រូង ទូលថា “ឱព្រះជាម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំជាមនុស្សបាបផង”។ ១៤ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ប្រោសអ្នកទារពន្ធនេះឲ្យបានសុចរិត ហើយគាត់ត្រឡប់ទៅផ្ទះវិញ រីឯបុរសខាងគណៈផារីស៊ីមិនបានសុចរិតទេ។ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ រីឯអ្នកដែលបន្ទាបខ្លួននឹងត្រូវគេលើកតម្កើងវិញ»។
ព្រះយេស៊ូប្រទានពរឲ្យក្មេងៗ
(ម៉ាថាយ ១៩.១-១៥ ម៉ាកុស ១០.១៣-១៦)
១៥ មានមនុស្សម្នាបីទារកមកឲ្យព្រះយេស៊ូដាក់ព្រះហស្ដលើវា។ ឃើញដូច្នោះ ពួកសាវ័ក*ស្ដីបន្ទោសគេ ១៦ តែព្រះយេស៊ូសុំឲ្យគេយកទារកទាំងនោះមកជិតព្រះអង្គ រួចព្រះអង្គមានព្រះបន្ទូលថា៖ «ទុកឲ្យក្មេងៗមករកខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតមានតែអ្នកមានចិត្តដូចក្មេងទាំងនេះទេ ទើបចូលទៅក្នុងព្រះរាជ្យ*ព្រះជាម្ចាស់បាន។ ១៧ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាមិនព្រមទទួលព្រះរាជ្យព្រះជាម្ចាស់ដូចក្មេងតូចមួយទេ អ្នកនោះចូលក្នុងព្រះរាជ្យព្រះអង្គមិនបានឡើយ»។
អ្នកមានម្នាក់ចង់បានជីវិតអស់កល្បជានិច្ច
(ម៉ាថាយ ១៩.១៦-៣០ ម៉ាកុស ១០.១៧-៣១)
១៨ មាននាម៉ឺនម្នាក់ទូលសួរព្រះយេស៊ូថា៖ «លោកគ្រូដ៏សប្បុរសអើយ! តើខ្ញុំត្រូវធ្វើអ្វី ដើម្បីឲ្យបានទទួលជីវិតអស់កល្បជានិច្ច ទុកជាមត៌ក?»។ ១៩ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាលោកថាខ្ញុំសប្បុរសដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ គ្មាននរណាម្នាក់សប្បុរសឡើយ។ ២០ លោកស្គាល់វិន័យ*ស្រាប់ហើយថា “កុំប្រព្រឹត្តអំពើផិតក្បត់ កុំសម្លាប់មនុស្ស កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហកធ្វើឲ្យគេមានទោស ចូរគោរពមាតាបិតា”»។ ២១ បុរសនោះទូលព្រះយេស៊ូថា “ខ្ញុំបានប្រតិបត្តិតាមវិន័យទាំងនេះតាំងតែពីក្មេងមក”។ ២២ ព្រះយេស៊ូឮដូច្នេះ ព្រះអង្គមានព្រះបន្ទូលថា៖ «នៅសល់កិច្ចការមួយទៀតដែលលោកមិនទាន់ធ្វើ គឺត្រូវយកអ្វីៗទាំងអស់ដែលលោកមានទៅលក់ ហើយចែកឲ្យជនក្រីក្រ។ ធ្វើដូច្នេះ លោកនឹងបានសម្បត្តិសួគ៌ រួចសឹមអញ្ជើញមកតាមខ្ញុំចុះ»។ ២៣ ពេលនាម៉ឺននោះឮដូច្នេះ គាត់ព្រួយចិត្តយ៉ាងខ្លាំង ដ្បិតគាត់ជាអ្នកមានស្ដុកស្តម្ភ។ ២៤ កាលព្រះយេស៊ូឃើញគាត់ព្រួយចិត្ត ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកមានពិបាកនឹងចូលទៅក្នុងព្រះរាជ្យ*ព្រះជាម្ចាស់ណាស់ ២៥ សត្វអូដ្ឋចូលតាមប្រហោងម្ជុល ងាយជាងអ្នកមានចូលក្នុងព្រះរាជ្យព្រះជាម្ចាស់ទៅទៀត»។ ២៦ អស់អ្នកដែលឮព្រះបន្ទូលរបស់ព្រះអង្គពោលឡើងថា៖ «បើដូច្នេះ តើអ្នកណាអាចទទួលការសង្គ្រោះបាន?»។ ២៧ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «ការអ្វីដែលមនុស្សធ្វើពុំកើត ព្រះជាម្ចាស់ធ្វើកើតទាំងអស់»។ ២៨ លោកសិលាទូលព្រះអង្គថា៖ «ព្រះអង្គទតឃើញស្រាប់ហើយ អ្វីៗដែលយើងខ្ញុំមាន យើងខ្ញុំបានលះបង់ចោលទាំងអស់ ហើយមកតាមព្រះអង្គ»។ ២៩ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាលះបង់ផ្ទះសំបែង ប្រពន្ធ កូន ឪពុកម្ដាយ និងបងប្អូន ដោយយល់ដល់ព្រះរាជ្យព្រះជាម្ចាស់ ៣០ អ្នកនោះនឹងទទួលបានយ៉ាងច្រើនលើសលប់នៅពេលឥឡូវនេះ ព្រមទាំងមានជីវិតអស់កល្បជានិច្ច នៅពេលខាងមុខថែមទៀតផង»។
ព្រះយេស៊ូប្រកាសអំពីព្រះអង្គសោយទិវង្គត
(ម៉ាថាយ ២០.១៧-១៩ ម៉ាកុស ១០.៣២-៣៤)
៣១ ព្រះយេស៊ូនាំសាវ័ក*ទាំងដប់ពីររូបចេញទៅជាមួយព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ឥឡូវនេះ យើងឡើងទៅក្រុងយេរូសាឡឹម អ្វីៗទាំងអស់ដែលព្យាការី*បានចែងទុកអំពីបុត្រមនុស្ស* នឹងកើតមាននៅទីនោះ ៣២ គេនឹងបញ្ជូនលោកទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃ ពួកនោះនឹងចំអកត្មះតិះដៀលលោក ព្រមទាំងស្ដោះទឹកមាត់ដាក់លោកផង។ ៣៣ គេនឹងយករំពាត់វាយលោក រួចប្រហារជីវិតលោក។ ប៉ុន្តែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។ ៣៤ ពួកសាវ័កពុំបានយល់ព្រះបន្ទូលនោះទេ ហើយក៏មិនដឹងថា ព្រះយេស៊ូមានព្រះបន្ទូលអំពីរឿងអ្វីផង ព្រោះអត្ថន័យនៅលាក់កំបាំងនៅឡើយ។
ព្រះយេស៊ូប្រោសមនុស្សខ្វាក់ម្នាក់ឲ្យភ្លឺ
(ម៉ាថាយ ២០.២៩-៣៤ ម៉ាកុស ១០.៤៦-៥២)
៣៥ កាលព្រះយេស៊ូយាងមកជិតដល់ក្រុងយេរីខូ មានមនុស្សខ្វាក់ម្នាក់អង្គុយសុំទាននៅតាមផ្លូវ។ ៣៦ ពេលគាត់ឮស្នូរបណ្ដាជនដើរតាមនោះ គាត់សួរគេថាមានរឿងអ្វី ៣៧ គេប្រាប់គាត់ថា ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតយាងមកតាមផ្លូវនោះ។ ៣៨ មនុស្សខ្វាក់ក៏ស្រែកឡើងថា៖ «ឱព្រះយេស៊ូជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាទូលបង្គំផង!»។ ៣៩ ពួកអ្នកដែលដើរខាងមុខបានឃាត់គាត់ឲ្យនៅស្ងៀម ប៉ុន្តែ គាត់ស្រែករឹតតែខ្លាំងឡើងៗថា៖ «ឱព្រះរាជវង្សព្រះបាទដាវីឌអើយ សូមអាណិតមេត្តាទូលបង្គំផង!»។ ៤០ ព្រះយេស៊ូក៏ឈប់ ហើយបញ្ជាគេឲ្យនាំគាត់ចូលមកជិតព្រះអង្គ។ លុះមនុស្សខ្វាក់ដើរចូលមក ព្រះយេស៊ូមានព្រះបន្ទូលសួរគាត់ថា៖ ៤១ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វី?»។ គាត់ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! សូមព្រះអង្គប្រោសឲ្យភ្នែកទូលបង្គំបានភ្លឺឡើងវិញផង»។ ៤២ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ ចូរឲ្យភ្នែកអ្នកបានភ្លឺឡើងវិញចុះ»។ ៤៣ រំពេចនោះ គាត់មើលឃើញវិញភ្លាម ហើយគាត់ក៏តាមព្រះយេស៊ូទាំងលើកតម្កើង សិរីរុងរឿងរបស់ព្រះជាម្ចាស់។ ប្រជាជនទាំងមូលបានឃើញហេតុការណ៍នោះ គេសរសើរតម្កើងព្រះជាម្ចាស់ទាំងអស់គ្នា។
១៩
ព្រះយេស៊ូ និងលោកសាខេ
១ ព្រះយេស៊ូមកដល់ក្រុងយេរីខូ ហើយយាងកាត់ទីក្រុង។ ២ មានបុរសម្នាក់ឈ្មោះសាខេ ជាមេលើអ្នកទារពន្ធ* គាត់មានទ្រព្យសម្បត្តិយ៉ាងច្រើន។ ៣ គាត់ចង់ឃើញព្រះយេស៊ូមានភិនភាគយ៉ាងណា ប៉ុន្តែ ដោយមានមនុស្សច្រើនពេក ហើយដោយគាត់មានមាឌតូចទៀតផងនោះ គាត់មើលព្រះអង្គមិនឃើញទេ។ ៤ គាត់រត់ទៅខាងមុខ ឡើងដើមឈើមួយដើម ចាំមើលព្រះយេស៊ូ ព្រោះព្រះអង្គត្រូវយាងកាត់តាមនោះ។ ៥ កាលព្រះយេស៊ូយាងមកដល់ ព្រះអង្គងើបព្រះភ័ក្ត្រឡើង ហើយមានព្រះបន្ទូលទៅគាត់ថា៖ «លោកសាខេអើយ! សូមអញ្ជើញចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះលោក»។ ៦ លោកសាខេក៏ចុះមកជាប្រញាប់ ហើយទទួលព្រះយេស៊ូដោយអំណរ។ ៧ កាលមនុស្សទាំងអស់ឃើញដូច្នោះ គេរអ៊ូរទាំថា៖ «មើល៍! លោកនេះទៅស្នាក់នៅផ្ទះមនុស្សបាប!»។ ៨ លោកសាខេក្រោកឈរឡើង ទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងចែកទ្រព្យសម្បត្តិរបស់ទូលបង្គំ ចំនួនពាក់កណ្ដាលដល់មនុស្សក្រីក្រ ហើយប្រសិនបើទូលបង្គំទារពន្ធពីអ្នកណាហួសកម្រិត ទូលបង្គំនឹងសងអ្នកនោះវិញមួយជាបួន»។ ៩ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ថ្ងៃនេះ ការសង្គ្រោះបានមកដល់ផ្ទះនេះហើយ ដ្បិតបុរសនេះជាពូជពង្សរបស់លោកអប្រាហាំដែរ។ ១០ បុត្រមនុស្សបានមក ដើម្បីស្វែងរក និងសង្គ្រោះមនុស្សដែលវិនាសបាត់បង់»។
ប្រស្នាអំពីប្រាក់ណែន
(ម៉ាថាយ ២៥.១៤-៣០)
១១ កាលព្រះយេស៊ូយាងមកជិតដល់ក្រុងយេរូសាឡឹមហើយ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាមួយទៀតទៅកាន់អស់អ្នកដែលស្ដាប់ព្រះអង្គ ដ្បិតអ្នកទាំងនោះនឹកស្មានថា ព្រះរាជ្យ*ព្រះជាម្ចាស់នឹងមកដល់ភ្លាមៗនេះជាមិនខាន។ ១២ ព្រះអង្គមានព្រះបន្ទូលថា៖ «មានបុរសម្នាក់ជាអ្នកមានត្រកូលខ្ពស់ចេញដំណើរទៅស្រុកឆ្ងាយ ដើម្បីនឹងទទួលរាជាភិសេក។ កាលណាទទួលរាជាភិសេកហើយ លោកនឹងត្រឡប់មកវិញ។ ១៣ មុនពេលចេញដំណើរទៅ លោកបានហៅអ្នកបម្រើរបស់លោកដប់នាក់មក ប្រគល់ប្រាក់ឲ្យគេមួយណែនម្នាក់ៗ ទាំងផ្ដាំថា “ចូរយកប្រាក់នេះទៅរកស៊ី រហូតដល់ខ្ញុំត្រឡប់មកវិញ”។ ១៤ រីឯអ្នកស្រុកនោះស្អប់លោក បានជាគេចាត់អ្នកតំណាងឲ្យទៅតាមក្រោយ នាំពាក្យថា “យើងខ្ញុំមិនចង់ឲ្យលោកនេះធ្វើស្ដេចលើយើងខ្ញុំជាដាច់ខាត”។
១៥ លុះបានទទួលរាជាភិសេកហើយ ព្រះរាជាក៏យាងត្រឡប់មកវិញ។ ព្រះរាជាកោះហៅអ្នកបម្រើទាំងដប់នាក់ ដែលស្ដេចបានប្រគល់ប្រាក់ណែននោះ មកសួរ ដើម្បីឲ្យដឹងថា ម្នាក់ៗរកស៊ីចំណេញបានប៉ុន្មាន។ ១៦ អ្នកបម្រើទីមួយចូលមកគាល់ ទូលថា “បពិត្រព្រះអម្ចាស់! ប្រាក់ដែលព្រះអង្គប្រទានមក ទូលបង្គំចំណេញបានដប់ណែន”។ ១៧ ព្រះរាជាមានរាជឱង្ការទៅអ្នកនោះថា “ល្អហើយ! អ្នកបម្រើដ៏ប្រសើរអើយ យើងតែងតាំងអ្នកឲ្យគ្រប់គ្រងលើក្រុងដប់ ដ្បិតអ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ”។ ១៨ អ្នកបម្រើទីពីរចូលមក ទូលថា “បពិត្រព្រះអម្ចាស់! ប្រាក់ដែលព្រះអង្គប្រទានមក ទូលបង្គំចំណេញបានប្រាំណែន”។ ១៩ ព្រះរាជាមានរាជឱង្ការទៅគាត់ថា “យើងតែងតាំងអ្នកឲ្យគ្រប់គ្រងលើក្រុងប្រាំ”។ ២០ អ្នកបម្រើម្នាក់ទៀតចូលមក ទូលថា “បពិត្រព្រះអម្ចាស់ នេះនែ៎ប្រាក់របស់ព្រះអង្គ ទូលបង្គំបានវេចទុកក្នុងកន្សែង។ ២១ ទូលបង្គំនឹកខ្លាចព្រះអង្គ ដ្បិតព្រះអង្គប្រិតប្រៀងណាស់។ ព្រះអង្គតែងប្រមូលយកអ្វីៗដែលមិនមែនជារបស់ព្រះអង្គ ហើយតែងច្រូតយកផលពីស្រែដែលព្រះអង្គមិនបានសាបព្រោះ”។ ២២ ព្រះរាជាមានរាជឱង្ការទៅអ្នកបម្រើនោះថា “នែ៎អ្នកបម្រើអាក្រក់! យើងនឹងកាត់ទោសអ្នកឲ្យស្របតាមពាក្យសម្ដីរបស់អ្នក។ អ្នកដឹងស្រាប់ហើយថា យើងជាមនុស្សប្រិតប្រៀង យើងប្រមូលយកអ្វីៗដែលមិនមែនជារបស់យើង ហើយច្រូតយកផលពីស្រែដែលយើងមិនបានសាបព្រោះ ២៣ ហេតុដូចម្ដេចបានជាអ្នកមិនយកប្រាក់របស់យើងទៅចងការ ដើម្បីឲ្យយើងអាចទទួលទាំងដើម ទាំងការ នៅពេលយើងត្រឡប់មកវិញ?”។ ២៤ បន្ទាប់មក ព្រះរាជាបញ្ជាទៅអ្នកដែលនៅទីនោះថា “ចូរយកប្រាក់ពីអ្នកនេះ ប្រគល់ឲ្យអ្នកដែលមានដប់ណែនទៅ”។ ២៥ អ្នកទាំងនោះទូលស្ដេចថា “បពិត្រព្រះអម្ចាស់! គាត់មានប្រាក់ដប់ណែនហើយ”។ ២៦ ព្រះរាជាមានរាជឱង្ការតបថា “យើងសុំប្រាប់អ្នករាល់គ្នាថា អ្នកណាមានហើយ អ្នកនោះនឹងទទួលថែមទៀត។ រីឯអ្នកដែលគ្មានវិញ គេនឹងដកហូតនូវអ្វីៗដែលអ្នកនោះមាន សូម្បីតែបន្ដិចបន្តួចក៏មិនសល់ផង។ ២៧ ម្យ៉ាងទៀត ពួកខ្មាំងសត្រូវដែលមិនចង់ឲ្យយើងគ្រងរាជ្យលើគេទេនោះ ចូរនាំគេមក ហើយសម្លាប់ចោលនៅមុខយើងចុះ”»។
ព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹម
(មថ.២១.១-១១ មក.១១.១-១១ យហ.១២.១២-១៩)
២៨ កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នោះហើយ ព្រះអង្គក៏យាងនាំមុខបណ្ដាជន ឡើងទៅក្រុងយេរូសាឡឹម។ ២៩ លុះព្រះអង្គយាងជិតដល់ភូមិបេតផាសេ និងភូមិបេតថានី ដែលនៅចង្កេះភ្នំដើមអូលីវ ព្រះអង្គចាត់សាវ័ក*ពីររូបឲ្យទៅមុន ៣០ ដោយមានព្រះបន្ទូលថា៖ «ចូរទៅភូមិខាងមុខនោះ ពេលអ្នកទៅដល់ អ្នកនឹងឃើញកូនលាមួយដែលគេចងនៅទីនោះ ពុំទាន់មាននរណាជិះនៅឡើយទេ ចូរស្រាយវាដឹកមក។ ៣១ ប្រសិនបើមានគេសួរថា “ហេតុអ្វីបានជាអ្នកស្រាយវា?” ចូរឆ្លើយទៅគេថា “ព្រះអម្ចាស់ត្រូវការវា”»។ ៣២ សាវ័កទាំងពីរក៏ចេញទៅ ហើយឃើញដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់គេមែន។ ៣៣ ពេលគេកំពុងស្រាយកូនលា ម្ចាស់វាសួរថា៖ «ហេតុអ្វីបានជាអ្នកស្រាយលានេះ?» ៣៤ សាវ័កឆ្លើយថា៖ «ព្រះអម្ចាស់ត្រូវការវា»។ ៣៥ បន្ទាប់មក អ្នកទាំងពីរដឹកកូនលាយកមកថ្វាយព្រះយេស៊ូ ហើយក្រាលអាវធំរបស់ខ្លួនលើខ្នងវាថ្វាយព្រះអង្គគង់។ ៣៦ នៅពេលព្រះអង្គយាងទៅមុខ មនុស្សម្នាយកអាវធំរបស់ខ្លួនមកក្រាលតាមផ្លូវ។ ៣៧ កាលព្រះយេស៊ូយាងតាមផ្លូវដែលចុះពីភ្នំដើមអូលីវ មកជិតដល់ក្រុងយេរូសាឡឹម មានសាវ័កច្រើនកុះករអរសប្បាយ នាំគ្នាបន្លឺសំឡេងសរសើរតម្កើងព្រះជាម្ចាស់អំពីការអស្ចារ្យទាំងប៉ុន្មាន ដែលគេបានឃើញ។ ៣៨ គេពោលថា៖
«សូមព្រះជាម្ចាស់ប្រទានពរដល់
ព្រះមហាក្សត្រដែលយាងមក
ក្នុងព្រះនាមព្រះអម្ចាស់!
សូមសន្តិភាពកើតពីស្ថានបរមសុខ*មក
សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ
នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។
៣៩ មានអ្នកខាងគណៈផារីស៊ី*ខ្លះ ដែលនៅក្នុងចំណោមបណ្ដាជន ទូលព្រះយេស៊ូថា៖ «លោកគ្រូ សូមឃាត់សិស្សរបស់លោកឲ្យនៅស្ងៀមផង!»។ ៤០ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា ប្រសិនបើអ្នកទាំងនេះនៅស្ងៀម ដុំថ្មមុខជាស្រែកជំនួសគេវិញមិនខាន»។
ព្រះយេស៊ូសោកសៅស្រណោះក្រុងយេរូសាឡឹម
៤១ កាលព្រះយេស៊ូយាងជិតដល់ក្រុងយេរូសាឡឹម ព្រះអង្គទតឃើញទីក្រុង ហើយព្រះអង្គព្រះកន្សែងនឹកអាណិតក្រុងនោះ ទាំងមានព្រះបន្ទូលថា៖ ៤២ «យេរូសាឡឹមអើយ! គួរឲ្យស្ដាយពេក នៅថ្ងៃនេះ អ្នកពុំបានយល់ហេតុការណ៍ដែលផ្ដល់សេចក្ដីសុខសាន្តមកអ្នកសោះ ដោយអត្ថន័យនៅលាក់កំបាំងនៅឡើយ អ្នកពុំអាចមើលឃើញបានទេ។ ៤៣ នៅពេលខាងមុខ ខ្មាំងសត្រូវនឹងមកបោះទ័ពឡោមព័ទ្ធជុំវិញអ្នក ហើយវាយប្រហារអ្នកពីគ្រប់ទិស ៤៤ គេនឹងកម្ទេចអ្នកចោល ព្រមទាំងសម្លាប់អ្នកក្រុងឲ្យវិនាសបង់ផង។ គេមិនទុកឲ្យដុំថ្ម នៅត្រួតពីលើគ្នា ក្នុងក្រុងទៀតឡើយ ដ្បិតអ្នកពុំបានទទួលស្គាល់ពេលកំណត់ដែលព្រះជាម្ចាស់បានយាងមកសង្គ្រោះអ្នកទេ»។
ព្រះយេស៊ូដេញអ្នកលក់ដូរចេញពីព្រះវិហារ*
(មថ.២១.១២-១៧ មក.១១.១៥-១៩ យហ.២.១៣-២២)
៤៥ ព្រះយេស៊ូយាងចូលព្រះវិហារ ហើយដេញអ្នកលក់ដូរចេញពីទីនោះ ៤៦ ដោយមានព្រះបន្ទូលទៅគេថា៖ «ក្នុងគម្ពីរមានចែងថា “ដំណាក់របស់យើងជាកន្លែងសម្រាប់អធិស្ឋាន” តែអ្នករាល់គ្នាបែរជាយកធ្វើសំបុកចោរទៅវិញ»។
៤៧ ព្រះយេស៊ូបានបង្រៀនគេនៅក្នុងព្រះវិហារ ជារៀងរាល់ថ្ងៃ។ ក្រុមនាយកបូជាចារ្យ* ពួកបណ្ឌិតខាងវិន័យ* និងពួកមន្ត្រី នាំគ្នារកមធ្យោបាយធ្វើគុតព្រះអង្គ។ ៤៨ ប៉ុន្តែ គេមិនដឹងជាត្រូវប្រើវិធីណាឡើយ ដ្បិតប្រជាជនទាំងមូលប្រឹងស្ដាប់ព្រះបន្ទូលព្រះអង្គ ដោយយកចិត្តទុកដាក់។
២០
អំណាចរបស់ព្រះយេស៊ូ
(ម៉ាថាយ ២១.២៣-២៧ ម៉ាកុស ១១.២៧-៣៣)
១ ថ្ងៃមួយ ព្រះយេស៊ូកំពុងតែបង្រៀនប្រជាជននៅក្នុងព្រះវិហារ ព្រមទាំងផ្សព្វផ្សាយដំណឹងល្អ* មានក្រុមនាយកបូជាចារ្យ* និងពួកបណ្ឌិតខាងវិន័យ* នាំគ្នាមកជាមួយពួកព្រឹទ្ធាចារ្យ ២ ទូលសួរព្រះអង្គថា៖ «សុំលោកប្រាប់ឲ្យយើងដឹងផង លោកធ្វើការទាំងនេះ ដោយអាងលើអំណាចអ្វី? តើនរណាប្រគល់អំណាចឲ្យលោក?»។ ៣ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំសួរសំណួរមួយដល់អស់លោកដែរ សូមប្រាប់ខ្ញុំមើល៍ ៤ តើនរណាចាត់លោកយ៉ូហានឲ្យមកធ្វើពិធីជ្រមុជទឹក*? ព្រះជាម្ចាស់ ឬមនុស្ស?»។ ៥ គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា “ព្រះជាម្ចាស់ចាត់លោកយ៉ូហានឲ្យមក” គាត់មុខជាសួរយើងថា “ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿលោកយ៉ូហាន?”។ ៦ បើយើងឆ្លើយថា “មនុស្សចាត់លោកឲ្យមក” ប្រជាជនទាំងមូលមុខជាយកដុំថ្មគប់សម្លាប់យើងមិនខាន ដ្បិតគេជឿជាក់ថា លោកយ៉ូហានពិតជាព្យាការី*មែន»។ ៧ ដូច្នេះ គេឆ្លើយទៅព្រះយេស៊ូថា៖ «យើងមិនដឹងទេ មិនដឹងជាអ្នកណាចាត់លោកយ៉ូហានឲ្យមកធ្វើពិធីជ្រមុជទឹក*ឡើយ»។ ៨ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «រីឯខ្ញុំវិញ ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វីដែរ»។
ប្រស្នាអំពីអ្នកថែរក្សាចម្ការទំពាំងបាយជូរ
(ម៉ាថាយ ២១.៣៣-៤៦ ម៉ាកុស ១២.១-១២)
៩ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅប្រជាជនជាប្រស្នាដូចតទៅ៖ «មានបុរសម្នាក់បានដាំទំពាំងបាយជូរមួយចម្ការ ហើយប្រវាស់ឲ្យពួកកសិករមើលថែទាំ រួចចេញដំណើរពីស្រុកនោះអស់រយៈពេលយ៉ាងយូរ។ ១០ លុះដល់ទំពាំងបាយជូរទុំ គាត់ចាត់អ្នកបម្រើម្នាក់ឲ្យមកជួបពួកអ្នកថែចម្ការ ដើម្បីទទួលយកផលដែលជាចំណែករបស់គាត់ ប៉ុន្តែ ពួកកសិករបានវាយដំអ្នកបម្រើ ហើយបណ្ដេញឲ្យត្រឡប់ទៅវិញដៃទទេ។ ១១ ម្ចាស់ចម្ការក៏ចាត់អ្នកបម្រើម្នាក់ទៀតឲ្យមក ប៉ុន្តែ ពួកកសិករបានវាយដំអ្នកនេះដែរ ហើយជេរបណ្ដេញឲ្យត្រឡប់ទៅវិញដៃទទេ។ ១២ គាត់ក៏ចាត់អ្នកបម្រើម្នាក់ទៀតឲ្យមកជាលើកទីបី។ អ្នកថែចម្ការបានវាយដំអ្នកបម្រើនេះឲ្យរបួស ហើយបោះទៅខាងក្រៅចម្ការ។ ១៣ ម្ចាស់ចម្ការគិតថា “តើខ្ញុំត្រូវធ្វើដូចម្ដេច? ខ្ញុំនឹងចាត់កូនប្រុសដ៏ជាទីស្រឡាញ់របស់ខ្ញុំឲ្យទៅម្ដង គេមុខជាគោរពកោតខ្លាចកូនខ្ញុំពុំខាន”។ ១៤ ប៉ុន្តែ ពេលពួកកសិករឃើញកូនប្រុសម្ចាស់ចម្ការមកដល់ គេពិគ្រោះគ្នាថា “អ្នកនេះជាអ្នកទទួលកេរមត៌កពីម្ចាស់ចម្ការទៅថ្ងៃក្រោយ បើយើងសម្លាប់វាចោល ចម្ការនេះនឹងធ្លាក់មកជាសម្បត្តិរបស់យើង”។ ១៥ គេក៏បោះកូនប្រុសម្ចាស់ចម្ការទៅខាងក្រៅ ហើយសម្លាប់ចោល។ តើម្ចាស់ចម្ការនឹងធ្វើយ៉ាងដូចម្ដេចដល់អ្នកទាំងនោះ?។ ១៦ គឺគាត់មុខជាមកសម្លាប់អ្នកថែរក្សាចម្ការទាំងនោះមិនខាន រួចប្រគល់ចម្ការទំពាំងបាយជូរទៅឲ្យអ្នកផ្សេងទៀត»។ កាលបានឮព្រះបន្ទូលនេះ គេពោលថា៖ «ទេ! កុំឲ្យកើតមានដូច្នោះឡើយ»។ ១៧ ព្រះយេស៊ូទតសម្លឹងទៅគេ ហើយមានព្រះបន្ទូលថា៖ «ក្នុងគម្ពីរមានចែងថាៈ
“ថ្មដែលពួកជាងសង់ផ្ទះបោះចោល
បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត”
តើពាក្យនេះមានន័យដូចម្ដេច?។ ១៨ អ្នកណាដួលលើថ្មនេះ អ្នកនោះមុខជាត្រូវបាក់បែកខ្ទេចខ្ទាំមិនខាន។ បើថ្មនេះសង្កត់លើអ្នកណា មុខជាកិនកម្ទេចអ្នកនោះឲ្យស្លាប់ជាប្រាកដដែរ»។
អំពីពន្ធដារ
(ម៉ាថាយ ២២.១៥-២២ ម៉ាកុស ១២.១៣-១៧)
១៩ ពេលនោះ ពួកបណ្ឌិតខាងវិន័យ* និងពួកនាយកបូជាចារ្យ* រកមធ្យោបាយចាប់ព្រះយេស៊ូ ដ្បិតគេយល់ថា ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នា សំដៅទៅលើពួកគេ ប៉ុន្តែ ពួកគេខ្លាចប្រជាជន។ ២០ ពួកគេនាំគ្នាឃ្លាំមើលព្រះយេស៊ូ ហើយចាត់មនុស្សឲ្យទៅតាមដានយកការណ៍ពីព្រះអង្គ។ អ្នកទាំងនោះតាំងខ្លួនជាមនុស្សប្រកាន់ឫកពាត្រឹមត្រូវ ចាំចាប់កំហុសព្រះយេស៊ូ នៅពេលព្រះអង្គមានព្រះបន្ទូល ដើម្បីចាប់បញ្ជូនព្រះអង្គទៅអាជ្ញាធរ និងទៅក្នុងអំណាចរបស់លោកទេសាភិបាល។ ២១ គេទូលសួរព្រះអង្គថា៖ «លោកគ្រូ! យើងខ្ញុំដឹងថា ពាក្យទាំងប៉ុន្មានដែលលោកគ្រូមានប្រសាសន៍ និងពាក្យដែលលោកគ្រូប្រៀនប្រដៅសុទ្ធតែត្រឹមត្រូវទាំងអស់។ លោកគ្រូប្រៀនប្រដៅសេចក្ដីពិតអំពីរបៀបរស់នៅ ដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ ដោយពុំរើសមុខនរណាឡើយ។ ២២ សូមលោកប្រាប់យើងខ្ញុំផង តើច្បាប់*របស់យើងអនុញ្ញាតឲ្យបង់ពន្ធដារថ្វាយព្រះចៅអធិរាជរ៉ូម៉ាំងឬទេ?»។
២៣ ព្រះយេស៊ូឈ្វេងយល់ពុតត្បុតរបស់ពួកគេ ទើបព្រះអង្គមានព្រះបន្ទូលថា៖ ២៤ «ចូរបង្ហាញប្រាក់មួយកាក់ឲ្យខ្ញុំមើលមើល៍ តើលើកាក់នេះមានរូបនរណា ឈ្មោះនរណា?»។ គេឆ្លើយថា៖ «រូប និងឈ្មោះព្រះចៅអធិរាជ»។ ២៥ ព្រះយេស៊ូក៏មានព្រះបន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់ព្រះចៅអធិរាជ ចូរថ្វាយទៅព្រះចៅអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញដែរ»។
២៦ អ្នកទាំងនេះពុំអាចចាប់កំហុសព្រះអង្គ នៅពេលដែលព្រះអង្គមានព្រះបន្ទូល នៅមុខប្រជាជនបានឡើយ។ ផ្ទុយទៅវិញ ព្រះបន្ទូលឆ្លើយតបរបស់ព្រះអង្គធ្វើឲ្យគេងឿងឆ្ងល់ ហើយគេក៏នៅស្ងៀម។
អំពីមនុស្សស្លាប់នឹងរស់ឡើងវិញ
(ម៉ាថាយ ២២.២៣-៣៣ ម៉ាកុស ១២.១៨-២៧)
២៧ មានអ្នកខាងគណៈសាឌូស៊ី*ខ្លះចូលមកគាល់ព្រះអង្គ។ ពួកសាឌូស៊ីមិនជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះយេស៊ូថា៖ ២៨ «លោកគ្រូ! លោកម៉ូសេ*បានចែងច្បាប់ទុកឲ្យយើងថា បើបុរសណាមានប្រពន្ធ ហើយស្លាប់ទៅ តែគ្មានកូនសោះ ត្រូវឲ្យប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ដពូជឲ្យបងប្រុសរបស់ខ្លួន។ ២៩ ឧបមាថា មានបងប្អូនប្រុសៗប្រាំពីរនាក់ បុរសបងបង្អស់បានរៀបការហើយស្លាប់ទៅ តែគ្មានកូនសោះ។ ៣០ ប្អូនបន្ទាប់ រួចប្អូនទីបី ក៏រៀបការនឹងបងថ្លៃមេម៉ាយនោះ ហើយស្លាប់ទៅទាំងឥតមានកូន។ ៣១ បន្ទាប់មក បងប្អូនទាំងប្រាំពីរនាក់បានរៀបការនឹងស្ត្រីនោះ ហើយគ្រប់គ្នាបានស្លាប់ទៅ តែគ្មានកូនទេ។ ៣២ នៅទីបំផុត ស្ត្រីក៏ស្លាប់ទៅដែរ។ ៣៣ លុះដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងនោះបានទៅជាប្រពន្ធនរណា បើបងប្អូនទាំងប្រាំពីរនាក់ សុទ្ធតែបានយកនាងធ្វើជាប្រពន្ធគ្រប់គ្នាដូច្នេះ?»។ ៣៤ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «មនុស្សក្នុងលោកនេះតែងយកគ្នាជាប្ដីប្រពន្ធ ៣៥ ប៉ុន្តែ អស់អ្នកដែលព្រះជាម្ចាស់សព្វព្រះហឫទ័យប្រោសឲ្យរស់ឡើងវិញ នៅលោកខាងមុខ គេមិនរៀបការប្ដីប្រពន្ធទៀតឡើយ។៣៦ អ្នកទាំងនោះលែងស្លាប់ទៀតហើយ គឺគេបានដូចទេវទូត*។ គេជាបុត្រធីតារបស់ព្រះជាម្ចាស់ ដ្បិតគេមានជីវិតរស់ឡើងវិញ។ ៣៧ លោកម៉ូសេបានចែងទុកយ៉ាងច្បាស់ថា មនុស្សស្លាប់នឹងរស់ឡើងវិញ នៅត្រង់អត្ថបទស្ដីអំពីគុម្ពបន្លា គឺលោកហៅព្រះអម្ចាស់ថា ជាព្រះរបស់លោកអប្រាហាំ ជាព្រះរបស់លោកអ៊ីសាក និងជាព្រះរបស់លោកយ៉ាកុប។ ៣៨ ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត។ ចំពោះព្រះអង្គ មនុស្សទាំងអស់សុទ្ធតែនៅរស់»។ ៣៩ ពួកបណ្ឌិតខាងវិន័យ*ខ្លះទូលព្រះអង្គថា៖ «លោកគ្រូ លោកមានប្រសាសន៍ត្រឹមត្រូវល្អណាស់»។៤០ បន្ទាប់មក គេលែងហ៊ានចោទសួរសំណួរព្រះអង្គអំពីរឿងអ្វីទៀតឡើយ។
ព្រះគ្រីស្ដជាព្រះអម្ចាស់លើស្ដេចដាវីឌ
(ម៉ាថាយ ២២.៤១-៤៦ ម៉ាកុស ១២.៣៥-៣៧)
៤១ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ហេតុដូចម្ដេចបានជាមនុស្សម្នាថា ព្រះគ្រីស្ដ*ជាព្រះរាជវង្សរបស់ព្រះបាទដាវីឌដូច្នេះ? ៤២ ដ្បិតក្នុងគម្ពីរទំនុកតម្កើង ព្រះបាទដាវីឌមានរាជឱង្ការថាៈ
“ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ព្រះអម្ចាស់
របស់ខ្ញុំថា សូមគង់នៅខាងស្ដាំយើង
៤៣ ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ
មកដាក់ក្រោមព្រះបាទាព្រះអង្គ”។
៤៤ បើព្រះបាទដាវីឌហៅព្រះគ្រីស្ដថា ព្រះអម្ចាស់ ដូច្នេះ តើឲ្យព្រះគ្រីស្ដត្រូវជាព្រះរាជវង្សរបស់ព្រះបាទដាវីឌដូចម្ដេចកើត!»។
ព្រះយេស៊ូមានព្រះបន្ទូលឲ្យប្រយ័ត្ននឹងពុតត្បុតរបស់ពួកបណ្ឌិតខាងវិន័យ
(ម៉ាថាយ ២៣.១-៣៦ ម៉ាកុស ១២.៣៨-៤០)
៤៥ នៅពេលប្រជាជនទាំងមូលកំពុងស្ដាប់ព្រះអង្គ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសាវ័កថា៖ ៤៦ «ចូរប្រយ័ត្ននឹងពួកបណ្ឌិតខាងវិន័យ*ឲ្យមែនទែន ពួកនោះចូលចិត្តពាក់អាវវែង ដើរចុះដើរឡើង ហើយចូលចិត្តឲ្យគេឱនកាយគោរពនៅតាមផ្សារ ព្រមទាំងរើសកន្លែងអង្គុយនៅមុខគេក្នុងសាលាប្រជុំ* និងចូលចិត្តកន្លែងកិត្តិយសនៅពេលជប់លៀង។ ៤៧ អ្នកទាំងនោះ តែងនាំគ្នាឆបោកយកទ្រព្យសម្បត្តិរបស់ស្ត្រីមេម៉ាយ ដោយធ្វើឫកជាសូត្រធម៌យ៉ាងយូរ។ ពួកគេមុខជាត្រូវទទួលទោសយ៉ាងធ្ងន់បំផុត»។
២១
តង្វាយរបស់ស្ត្រីមេម៉ាយ
(ម៉ាកុស ១២.៤១-៤៤)
១ ព្រះយេស៊ូទតឃើញពួកអ្នកមានយកប្រាក់មកដាក់ក្នុងហិប ថ្វាយព្រះជាម្ចាស់។ ២ ព្រះអង្គទតឃើញស្ត្រីមេម៉ាយក្រីក្រម្នាក់យកប្រាក់ពីរសេន មកដាក់ក្នុងហិបនោះដែរ។ ៣ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ស្ត្រីមេម៉ាយក្រីក្រនេះបានដាក់ប្រាក់ច្រើនជាងគេទាំងអស់ ៤ ដ្បិតអ្នកទាំងនោះបានយកប្រាក់សំណល់របស់ខ្លួនមកដាក់ក្នុងហិប។ រីឯស្ត្រីមេម៉ាយនេះវិញ ទោះបីនាងក្រីក្រយ៉ាងណាក៏ដោយ ក៏នាងយកប្រាក់ទាំងអស់ ដែលនាងត្រូវការជាចាំបាច់សម្រាប់ចិញ្ចឹមជីវិត មកដាក់ក្នុងហិប ថ្វាយព្រះជាម្ចាស់ដែរ»។
ព្រះយេស៊ូមានព្រះបន្ទូលអំពីការបំផ្លាញព្រះវិហារ និងហេតុការណ៍នៅគ្រាចុងក្រោយ
(ម៉ាថាយ ២៤.១-១៤ ម៉ាកុស ១៣.១-១៣)
៥ អ្នកខ្លះកំពុងនិយាយសរសើរលំអរបស់ព្រះវិហារ ដែលតាក់តែងឡើងដោយថ្មយ៉ាងល្អប្រណីត និងមានតាំងវត្ថុផ្សេងៗដែលគេយកមកថ្វាយព្រះជាម្ចាស់។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ ៦ «នៅពេលខាងមុខ អ្វីៗដែលអ្នករាល់គ្នាឃើញនៅពេលនេះ នឹងត្រូវរលំបាក់បែកអស់ជាមិនខាន លែងមានថ្មត្រួតពីលើថ្មទៀតហើយ»។
៧ គេទូលសួរព្រះអង្គថា៖ «ព្រះគ្រូអើយ! ហេតុការណ៍ទាំងនោះនឹងកើតមាននៅពេលណា? តើមានទីសម្គាល់អ្វីឲ្យយើងដឹងថា ព្រឹត្តិការណ៍ទាំងនោះជិតមកដល់?»។ ៨ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយ នរណាបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេងឡើយ ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំមកប្រើ ដោយពោលថា “ខ្ញុំនេះហើយជាព្រះគ្រីស្ដ*” ឬថា “ពេលកំណត់មកដល់ហើយ” កុំតាមអ្នកទាំងនោះឲ្យសោះ។ ៩ កាលណាអ្នករាល់គ្នាឮគេនិយាយអំពីសង្គ្រាម ឬអំពីការបះបោរ មិនត្រូវភ័យតក់ស្លុតឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើងជាមុន ប៉ុន្តែ មិនទាន់ដល់អវសានកាលនៃពិភពលោកភ្លាមៗទេ»។ ១០ ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖ «ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត ១១ នឹងមានរញ្ជួយផែនដីជាខ្លាំងនៅតាមតំបន់ផ្សេងៗ ហើយនឹងមានកើតទុរ្ភិក្ស ជំងឺរាតត្បាត ព្រមទាំងមានអព្ភូតហេតុផ្សេងៗបណ្ដាលឲ្យភ័យតក់ស្លុត និងមានទីសម្គាល់យ៉ាងធំនៅលើមេឃផង។ ១២ ប៉ុន្តែ មុននឹងហេតុការណ៍ទាំងនោះកើតឡើង គេនឹងចាប់ចងអ្នករាល់គ្នា គេបៀតបៀន ហើយបញ្ជូនអ្នករាល់គ្នាទៅកាត់ទោសក្នុងសាលាប្រជុំ* យកអ្នករាល់គ្នាទៅឃុំឃាំង។ គេនាំអ្នករាល់គ្នាទៅឲ្យស្ដេច និងលោកទេសាភិបាលកាត់ទោស ព្រោះតែនាមខ្ញុំ។ ១៣ ប៉ុន្តែ ការនេះប្រែជាហុចឱកាសឲ្យអ្នករាល់គ្នាផ្ដល់សក្ខីភាពទៅវិញ។ ១៤ ត្រូវចងចាំក្នុងចិត្តថា កុំភ័យបារម្ភជាមុននឹងពាក្យនិយាយការពារខ្លួនធ្វើអ្វី ១៥ ដ្បិតខ្ញុំនឹងផ្ដល់ឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញា មិនឲ្យពួកប្រឆាំង អាចប្រកែកតទល់នឹងអ្នករាល់គ្នាបានឡើយ។ ១៦ សូម្បីតែឪពុកម្ដាយ បងប្អូនញាតិសន្ដាន និងមិត្តភក្ដិរបស់អ្នករាល់គ្នា ក៏បញ្ជូនអ្នករាល់គ្នាមួយចំនួនទៅឲ្យគេសម្លាប់ផងដែរ។ ១៧ មនុស្សគ្រប់ៗរូបនឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។ ១៨ ប៉ុន្តែ សូម្បីតែសក់អ្នករាល់គ្នាមួយសរសៃក៏មិនត្រូវបាត់ឡើយ។ ១៩ អ្នករាល់គ្នានឹងបានរួចជីវិត ព្រោះអ្នករាល់គ្នាមានចិត្តស៊ូទ្រាំ»។
ព្រះយេស៊ូមានព្រះបន្ទូលអំពីការបំផ្លាញក្រុងយេរូសាឡឹម
(ម៉ាថាយ ២៤.១៥-២១ ម៉ាកុស ១៣.១៤-១៩)
២០ «កាលណាអ្នករាល់គ្នាឃើញមានកងទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡឹម ចូរដឹងថា ក្រុងនេះជិតវិនាសហើយ។ ២១ ពេលនោះ អស់អ្នកនៅស្រុកយូដា ត្រូវតែរត់ទៅជ្រកនៅតាមភ្នំ រីឯអស់អ្នកនៅក្រុងយេរូសាឡឹម ត្រូវរត់ចេញឲ្យឆ្ងាយពីក្រុង ហើយអស់អ្នកដែលនៅស្រុកស្រែ មិនត្រូវចូលទៅក្រុងឡើយ។ ២២ គ្រានោះ ជាគ្រាដែលព្រះជាម្ចាស់ធ្វើទោសប្រជារាស្ដ្រព្រះអង្គ ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ។ ២៣ គ្រានោះ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូន មុខជាវេទនាពុំខាន ដ្បិតនឹងកើតមានទុក្ខលំបាកយ៉ាងខ្លាំងនៅក្នុងស្រុក ហើយព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសប្រជារាស្ដ្រនេះ។ ២៤ គេនឹងត្រូវស្លាប់ដោយមុខដាវ ហើយខ្មាំងសត្រូវនឹងកៀរគេយកទៅធ្វើជាឈ្លើយសង្គ្រាម ឲ្យរស់នៅកណ្ដាលចំណោមជាតិសាសន៍ទាំងអស់ សាសន៍ដទៃនឹងជាន់ឈ្លីក្រុងយេរូសាឡឹម រហូតដល់ពេលកំណត់របស់គេ»។
បុត្រមនុស្សយាងត្រឡប់មកវិញ
(ម៉ាថាយ ២៤.២៩-៣១ ម៉ាកុស ១៣.២៤-២៧)
២៥ «គ្រានោះនឹងមានទីសម្គាល់នៅក្នុងព្រះអាទិត្យ ក្នុងព្រះច័ន្ទ និងក្នុងផ្កាយទាំងប៉ុន្មាន។ ប្រជាជាតិទាំងអស់នៅលើផែនដីនឹងតឹងទ្រូង ព្រួយបារម្ភ ពេលឮសូរសន្ធឹករលកសមុទ្របក់បោក ២៦ មនុស្សម្នាភ័យស្លុតបាត់ស្មារតី នៅពេលគិតអំពីហេតុការណ៍ដែលនឹងកើតមាននៅលើផែនដី ដ្បិតឫទ្ធិបារមីនានានៅលើមេឃនឹងកក្រើករំពើក។ ២៧ ពេលនោះ គេនឹងឃើញបុត្រមនុស្ស*យាងមកក្នុងពពក* ប្រកបដោយឫទ្ធានុភាព និងសិរីរុងរឿងពន់ពេកក្រៃ។ ២៨ កាលណាព្រឹត្តិការណ៍ទាំងនេះចាប់ផ្ដើមកើតមាន ចូរអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះព្រះជាម្ចាស់ជិតរំដោះអ្នករាល់គ្នាហើយ»។
ព្រះបន្ទូលអំពីដើមឧទុម្ពរ
(ម៉ាថាយ ២៤.៣២-៣៥ ម៉ាកុស ១៣.២៨-៣១)
២៩ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នានេះថា៖ «ចូរមើលដើមឧទុម្ពរ* និងដើមឈើទាំងអស់ចុះ! ៣០ កាលណាអ្នករាល់គ្នាឃើញស្លឹកវាលាស់ អ្នករាល់គ្នាដឹងថារដូវប្រាំងជិតមកដល់ហើយ។ ៣១ ដូច្នេះ កាលណាអ្នករាល់គ្នាឃើញព្រឹត្តិការណ៍ទាំងនោះកើតឡើង ត្រូវដឹងថា ព្រះរាជ្យ*របស់ព្រះជាម្ចាស់មកជិតបង្កើយហើយ។ ៣២ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ហេតុការណ៍ទាំងនោះនឹងកើតឡើង នៅពេលដែលមនុស្សជំនាន់នេះមានជីវិតរស់នៅឡើយ។ ៣៣ ផ្ទៃមេឃ និងផែនដីនឹងរលាយបាត់ទៅ តែពាក្យដែលខ្ញុំនិយាយមិនរលាយបាត់ទេ»។
ការត្រៀមខ្លួនប្រុងប្រយ័ត្ន
៣៤ «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នឲ្យមែនទែន! កុំបណ្ដោយឲ្យចិត្តរបស់អ្នករាល់គ្នាវក់វីនឹងគ្រឿងសប្បាយ គ្រឿងស្រវឹង ឬក៏ខ្វល់ខ្វាយអំពីរឿងជីវិតនេះឡើយ ក្រែងលោថ្ងៃនោះមកដល់ តែអ្នករាល់គ្នាពុំបានប្រុងប្រៀបខ្លួន ៣៥ ដ្បិតថ្ងៃនោះមកដល់ប្រៀបបាននឹងសំណាញ់ ដែលគ្របពីលើមនុស្សទាំងអស់នៅលើផែនដីទាំងមូល។ ៣៦ ចូរប្រុងស្មារតី និងទូលអង្វរគ្រប់ពេលវេលា ដើម្បីឲ្យអ្នករាល់គ្នាមានកម្លាំង ឆ្លងផុតពីហេតុការណ៍ទាំងអស់ដែលត្រូវកើតមាន ហើយដើម្បីឲ្យអ្នករាល់គ្នាអាចឈរនៅមុខបុត្រមនុស្ស»។
៣៧ ពេលថ្ងៃ ព្រះយេស៊ូតែងប្រៀនប្រដៅគេនៅក្នុងព្រះវិហារ* ហើយនៅពេលយប់ ព្រះអង្គយាងចេញទៅសម្រាកនៅលើភ្នំដើមអូលីវ។ ៣៨ ប្រជាជនទាំងមូលនាំគ្នាមកតាំងពីព្រលឹម ស្ដាប់ព្រះអង្គមានព្រះបន្ទូលនៅក្នុងព្រះវិហារ*។
២២
ការឃុបឃិតចាប់ព្រះយេស៊ូ
(ម៉ាថាយ ២៦.១-៥, ១៤-១៦ ម៉ាកុស ១៤.១-២, ១០-១១ យ៉ូហាន ១១.៤៥-៥៣)
១ ពិធីបុណ្យនំបុ័ងឥតមេ ដែលហៅថាបុណ្យចម្លង*នោះ កាន់តែជិតដល់ហើយ ២ ពួកនាយកបូជាចារ្យ និងពួកបណ្ឌិតខាងវិន័យ រិះរកមធ្យោបាយធ្វើគុតព្រះយេស៊ូ ដ្បិតគេខ្លាចប្រជាជន។ ៣ ពេលនោះ មារសាតាំងបានចូលយូដាស ហៅអ៊ីស្ការីយ៉ុត ជាសាវ័កម្នាក់ ក្នុងក្រុមទាំងដប់ពីររូប។ ៤ យូដាសបានទៅពិគ្រោះជាមួយពួកនាយកបូជាចារ្យ និងមេក្រុមរក្សាព្រះវិហារ* អំពីឧបាយកលដែលត្រូវបញ្ជូនព្រះអង្គទៅក្នុងកណ្ដាប់ដៃរបស់ពួកគេ។ ៥ លោកទាំងនោះសប្បាយចិត្តណាស់ ហើយព្រមព្រៀងគ្នាសន្យាថា នឹងឲ្យប្រាក់គាត់។ ៦ យូដាសយល់ព្រម ហើយរកឱកាសល្អ ដើម្បីនាំគេទៅចាប់ព្រះយេស៊ូ មិនឲ្យបណ្ដាជនដឹងឡើយ។
ព្រះយេស៊ូឲ្យគេរៀបចំធ្វើបុណ្យចម្លង*
(មថ.២៦.១៧-២៥ មក.១៤.១២-២១ យហ.១៣.២១-៣០)
៧ លុះដល់ថ្ងៃបុណ្យនំបុ័ងឥតមេ* ជាថ្ងៃដែលគេត្រូវសម្លាប់កូនចៀមធ្វើយញ្ញបូជា សម្រាប់បុណ្យចម្លង ៨ ព្រះយេស៊ូបានចាត់លោកសិលា និងលោកយ៉ូហានឲ្យទៅមុន ដោយមានព្រះបន្ទូលថា៖ «ចូរទៅរៀបចំពិធីជប់លៀង សម្រាប់យើងនៅក្នុងពេលបុណ្យចម្លង*»។ ៩ អ្នកទាំងពីរទូលសួរព្រះអង្គថា៖ «តើព្រះគ្រូចង់ឲ្យយើងខ្ញុំរៀបចំជប់លៀង នៅកន្លែងណា?»។ ១០ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ពេលចូលទៅដល់ក្នុងទីក្រុង អ្នកនឹងជួបបុរសម្នាក់លីក្អមទឹក។ ចូរដើរតាមគាត់រហូតដល់ផ្ទះដែលគាត់ចូល ១១ ហើយនិយាយនឹងម្ចាស់ផ្ទះថា “លោកគ្រូចាត់យើងឲ្យមកសួរអ្នកថា បន្ទប់ដែលលោកនឹងជប់លៀងជាមួយសិស្សក្នុងពេលបុណ្យចម្លង នៅឯណា?”។ ១២ ម្ចាស់ផ្ទះនឹងបង្ហាញបន្ទប់មួយយ៉ាងធំ នៅជាន់ខាងលើ ដែលរៀបចំជាស្រេច។ ចូររៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លងនៅក្នុងបន្ទប់នោះចុះ»។ ១៣ អ្នកទាំងពីរក៏ចេញទៅ ហើយបានឃើញដូចព្រះយេស៊ូមានព្រះបន្ទូលប្រាប់មែន។ គេរៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លង*។
ពិធីជប់លៀងរបស់ព្រះអម្ចាស់
(ម៉ាថាយ ២៦.២៦-៣០ ម៉ាកុស ១៤.២២-២៦១កូរិនថូស ១១.២៣-២៥)
១៤ លុះដល់ពេលកំណត់ហើយ ព្រះយេស៊ូក៏រួមតុជាមួយក្រុមគ្រីស្តទូត* ១៥ ព្រះអង្គមានព្រះបន្ទូលថា៖ «មុនពេលខ្ញុំរងទុក្ខលំបាក ខ្ញុំចង់បរិភោគម្ហូបអាហារក្នុងឱកាសបុណ្យចម្លង*នេះ ជាមួយអ្នករាល់គ្នាណាស់!។ ១៦ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនបរិភោគម្ហូបអាហារបុណ្យចម្លងនេះទៀតទេ លុះត្រាតែពិធីបុណ្យនេះបានសម្រេចសព្វគ្រប់ នៅក្នុងព្រះរាជ្យ*ព្រះជាម្ចាស់»។ ១៧ ព្រះអង្គយកពែងមួយមកកាន់ ហើយអរព្រះគុណព្រះជាម្ចាស់ រួចព្រះអង្គមានព្រះបន្ទូលថា៖ «ចូរយកទៅចែកគ្នាពិសាចុះ។ ១៨ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះតទៅ ខ្ញុំមិនទទួលទានស្រាទំពាំងបាយជូរទៀតឡើយ លុះត្រាតែព្រះរាជ្យ*ព្រះជាម្ចាស់មកដល់»។ ១៩ បន្ទាប់មក ព្រះអង្គយកនំបុ័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចព្រះអង្គកាច់ប្រទានឲ្យគេ ទាំងមានព្រះបន្ទូលថា៖ «នេះជារូបកាយខ្ញុំដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា ចូរធ្វើដូច្នេះ ដើម្បីនឹករឭកដល់ខ្ញុំ»។ ២០ លុះជប់លៀងរួចហើយ ព្រះអង្គធ្វើតាមបែបដដែល ព្រះអង្គយកពែងមកកាន់ ទាំងមានព្រះបន្ទូលថា៖ «នេះជាពែងនៃសម្ពន្ធមេត្រី*ថ្មី ចងឡើង ដោយសារលោហិតខ្ញុំ ដែលត្រូវបង្ហូរសម្រាប់អ្នករាល់គ្នា។ ២១ ប៉ុន្តែ តោងដឹងថា អ្នកដែលនឹងបញ្ជូនខ្ញុំ ក៏នៅរួមតុជាមួយខ្ញុំដែរ។ ២២ បុត្រមនុស្សត្រូវតែស្លាប់ តាមព្រះជាម្ចាស់បានកំណត់ទុកមក តែអ្នកដែលបញ្ជូនបុត្រមនុស្ស មុខជាត្រូវវេទនាពុំខាន»។ ២៣ ពេលនោះ ពួកសាវ័ក*សួរគ្នាទៅវិញទៅមកចង់ដឹងថា ក្នុងចំណោមពួកគេ តើនរណាមានបំណងប្រព្រឹត្តដូច្នេះ។
អ្នកធំត្រូវបម្រើអ្នកតូច
២៤ ខណៈនោះ ពួកសាវ័ក*ជជែកទាស់ទែងគ្នាចង់ដឹងថា ក្នុងចំណោមពួកគេ នរណាមានឋានៈធំជាងគេ។ ២៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ស្ដេចទាំងឡាយតែងតែត្រួតត្រាលើប្រជារាស្ដ្រ ហើយអ្នកកាន់អំណាចតែងឲ្យគេហៅខ្លួនថា អ្នកមានគុណ។ ២៦ រីឯអ្នករាល់គ្នាវិញ មិនត្រូវធ្វើដូច្នោះឡើយ។ ក្នុងចំណោមអ្នករាល់គ្នា អ្នកដែលធំជាងគេ ត្រូវធ្វើតូចជាងគេ ហើយអ្នកដែលដឹកនាំគេ ត្រូវបម្រើគេវិញ។ ២៧ អ្នកដែលអង្គុយនៅតុ និងអ្នកបម្រើតុ តើអ្នកណាធំជាង? ធម្មតា អ្នកអង្គុយនៅតុ ធំជាងអ្នកបម្រើតុ។ រីឯខ្ញុំ ខ្ញុំនៅកណ្ដាលចំណោមអ្នករាល់គ្នា ខ្ញុំធ្វើជាអ្នកបម្រើទៅវិញ។ ២៨ គ្រប់ពេលខ្ញុំជួបទុក្ខលំបាក អ្នករាល់គ្នាស៊ូទ្រាំនៅជាមួយខ្ញុំជានិច្ច។ ២៩ ហេតុនេះហើយបានជាខ្ញុំប្រគល់ព្រះរាជ្យ*ឲ្យអ្នករាល់គ្នា ដូចព្រះបិតាបានប្រគល់មកឲ្យខ្ញុំដែរ។ ៣០ ក្នុងព្រះរាជ្យរបស់ខ្ញុំ អ្នករាល់គ្នានឹងបរិភោគរួមតុជាមួយខ្ញុំ ហើយអ្នករាល់គ្នានឹងអង្គុយលើបល្ល័ង្ក ដើម្បីគ្រប់គ្រងលើកុលសម្ព័ន្ធ*ទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែល»។
ព្រះយេស៊ូមានព្រះបន្ទូលអំពីលោកសិលាបដិសេធមិនស្គាល់ព្រះអង្គ
(មថ.២៦.៣១-៣៥ មក.១៤.២៧-៣១ យហ.១៣.៣៦-៣៨)
៣១ «ស៊ីម៉ូន! ស៊ីម៉ូនអើយ! មារសាតាំង*បានទាមទារសុំរែងអ្នករាល់គ្នា ដូចគេរែងអង្ករ។ ៣២ ប៉ុន្តែ ខ្ញុំបានអង្វរព្រះជាម្ចាស់ សូមកុំឲ្យអ្នកបាត់ជំនឿឡើយ។ លុះដល់ពេលអ្នកប្រែចិត្តមកវិញ ចូរជួយបងប្អូនរបស់អ្នកឲ្យមានជំនឿមាំមួនផង»។ ៣៣ លោកសិលាទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំត្រៀមខ្លួនជាស្រេច ទោះបីត្រូវជាប់ឃុំឃាំង ឬត្រូវស្លាប់ក៏ដោយ ទូលបង្គំសុខចិត្តទៅជាមួយព្រះអង្គរហូត»។ ៣៤ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «សិលាអើយ! ខ្ញុំសុំប្រាប់អ្នកថា នៅយប់នេះ មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។
៣៥ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលសួរសាវ័ក*ថា៖ «កាលដែលខ្ញុំចាត់អ្នករាល់គ្នាទៅ ដោយគ្មានថង់ប្រាក់ ថង់យាម ឬស្បែកជើង តើអ្នករាល់គ្នាមានខ្វះខាតអ្វីទេ?»។ គេទូលថា៖ «យើងខ្ញុំគ្មានខ្វះខាតអ្វីទេ»។ ៣៦ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ឥឡូវនេះ អ្នកណាមានថង់ប្រាក់ ត្រូវយកទៅជាមួយ ហើយអ្នកណាមានថង់យាម ក៏ត្រូវយកទៅជាមួយដែរ។ រីឯអ្នកដែលគ្មានដាវ ត្រូវលក់អាវធំរបស់ខ្លួន ទិញដាវមួយទៅ។ ៣៧ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ក្នុងគម្ពីរមានចែងទុកអំពីខ្ញុំថា“គេបានរាប់លោកទុកដូចជាអ្នកមានទោសឧក្រិដ្ឋ”។ ហេតុការណ៍នោះត្រូវតែកើតមាន ស្របតាមគម្ពីរ»។ ៣៨ ពួកសាវ័កទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! យើងមានដាវពីរ»។ ព្រះអង្គមានព្រះបន្ទូលឆ្លើយតបវិញថា៖ «ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ»។
ព្រះយេស៊ូអធិស្ឋាននៅលើភ្នំដើមអូលីវ
(ម៉ាថាយ ២៦.៣៦-៤៦ ម៉ាកុស ១៤.៣២-៤២)
៣៩ ព្រះយេស៊ូយាងចេញពីផ្ទះនោះ ឆ្ពោះទៅភ្នំដើមអូលីវ តាមទម្លាប់របស់ព្រះអង្គ សាវ័ក*ក៏នាំគ្នាតាមព្រះអង្គទៅដែរ។ ៤០ កាលយាងទៅដល់ហើយ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរអធិស្ឋាន* កុំឲ្យចាញ់ការល្បួងឡើយ»។ ៤១ បន្ទាប់មក ព្រះអង្គយាងទៅឆ្ងាយពីពួកសាវ័ក ចម្ងាយប្រហែលគេចោលដុំថ្មមួយទំហឹងដៃ។ ព្រះអង្គលុតជង្គង់ចុះ ទូលអង្វរថា៖ ៤២ «ឱព្រះបិតាអើយ! ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យ សូមដកយកពែងនៃទុក្ខលំបាកនេះ ចេញឲ្យឆ្ងាយពីទូលបង្គំទៅ។ ប៉ុន្តែ សូមកុំឲ្យសម្រេចតាមចិត្តទូលបង្គំឡើយ គឺឲ្យសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គវិញ»។ ៤៣ ពេលនោះ មានទេវទូត*មួយរូបចុះពីស្ថានបរមសុខ*មក ឲ្យព្រះអង្គឃើញ ដើម្បីលើកទឹកចិត្តព្រះអង្គ។ ៤៤ ព្រះយេស៊ូព្រួយអន្ទះអន្ទែងពន់ប្រមាណ ព្រះអង្គទូលអង្វរកាន់តែខ្លាំងឡើងៗ តំណក់ញើសរបស់ព្រះអង្គ ដូចជាតំណក់ឈាមស្រក់ចុះដល់ដី។ ៤៥ កាលព្រះអង្គទូលអង្វររួចហើយ ព្រះអង្គក្រោកឡើង ត្រឡប់ទៅរកពួកសាវ័ក ឃើញគេកំពុងដេកលក់ ដោយព្រួយចិត្ត។ ៤៦ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាដេកលក់ដូច្នេះ? ចូរក្រោកឡើង អធិស្ឋាន* កុំឲ្យចាញ់ការល្បួង»។
គេចាប់ព្រះយេស៊ូ
(មថ.២៦.៤៧-៥៦ មក.១៤.៤៣-៥០ យហ.១៨.៣-១១)
៤៧ នៅពេលព្រះអង្គកំពុងតែមានព្រះបន្ទូលនៅឡើយ ស្រាប់តែបណ្ដាជនមកដល់ នាំមុខដោយឈ្មោះយូដាស ជាសាវ័ក*មួយរូប ក្នុងក្រុមទាំងដប់ពីរ។ គាត់ចូលមកជិតព្រះយេស៊ូ ហើយថើបព្រះអង្គ។ ៤៨ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «យូដាសអើយ! អ្នកធ្វើជាថើប ដើម្បីបញ្ជូនបុត្រមនុស្ស*ឬអី?»។ ៤៩ ពួកអ្នកនៅជាមួយព្រះយេស៊ូ ឃើញហេតុការណ៍ដែលហៀបនឹងកើតឡើង ក៏ទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់! តើឲ្យយើងខ្ញុំហូតដាវកាប់គេឬ?»។ ៥០ សាវ័កម្នាក់បានកាប់អ្នកបម្រើរបស់លោកមហាបូជាចារ្យ*មួយដាវ ដាច់ស្លឹកត្រចៀកស្ដាំ។ ៥១ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ប៉ុណ្ណឹងបានហើយ!»។ ព្រះអង្គក៏ពាល់ត្រចៀកបុរសនោះ ហើយប្រោសគាត់ឲ្យជាដូចដើមវិញ។ ៥២ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅពួកនាយកបូជាចារ្យ* មេក្រុមរក្សាព្រះវិហារ និងពួកព្រឹទ្ធាចារ្យ* ដែលមកចាប់ព្រះអង្គនោះថា៖ «ខ្ញុំជាចោរព្រៃឬ បានជាអស់លោកកាន់ដាវ កាន់ដំបងមកចាប់ខ្ញុំដូច្នេះ?។ ៥៣ ខ្ញុំនៅក្នុងព្រះវិហារ*ជាមួយអស់លោកជារៀងរាល់ថ្ងៃ តែអស់លោកពុំបានចាប់ខ្ញុំទេ។ ឥឡូវនេះ ជាពេលរបស់អស់លោកហើយ គឺជាពេលដែលម្ចាស់នៃសេចក្ដីងងឹតបញ្ចេញអំណាច»។
លោកសិលាបដិសេធមិនស្គាល់ព្រះយេស៊ូ
(ម៉ាថាយ ២៦.៥៧-៥៨, ៦៩-៧៥ ម៉ាកុស ១៤.៥៣-៥៤, ៦៦-៧២ យ៉ូហាន ១៨.១២-១៨, ២៥-២៧)
៥៤ ពួកគេចាប់ព្រះយេស៊ូ បណ្ដើរនាំចូលទៅក្នុងដំណាក់របស់លោកមហាបូជាចារ្យ*។ លោកសិលាដើរតាមព្រះអង្គពីចម្ងាយ។ ៥៥ គេបានដុតភ្លើងនៅកណ្ដាលទីលាន ហើយអង្គុយជុំវិញ លោកសិលាក៏អង្គុយនៅកណ្ដាលចំណោមពួកគេដែរ។ ៥៦ ស្ត្រីបម្រើម្នាក់ឃើញគាត់អង្គុយនៅមុខពន្លឺភ្លើង សម្លឹងមើលគាត់ ហើយពោលថា៖ «ម្នាក់នេះជាបក្សពួករបស់យេស៊ូ!»។ ៥៧ លោកសិលាប្រកែកថា៖ «ទេនាងអើយ! ខ្ញុំមិនដែលស្គាល់គាត់ទេ»។ ៥៨ មួយស្របក់ក្រោយមក មានម្នាក់ទៀតឃើញគាត់ ក៏ពោលថា៖ «អ្នកឯងជាបក្សពួកគាត់ដែរ»។ លោកសិលាឆ្លើយទៅអ្នកនោះថា៖ «ទេ! មិនមែនខ្ញុំទេ!»។ ៥៩ ប្រហែលមួយម៉ោងក្រោយមក មានម្នាក់ទៀតនិយាយបែបប្រាកដប្រជាថា៖ «អ្នកនេះពិតជាបក្សពួករបស់យេស៊ូមែន ព្រោះគាត់ជាអ្នកស្រុកកាលីឡេដូចគ្នា»។ ៦០ លោកសិលាឆ្លើយថា៖ «ខ្ញុំមិនដឹងជាអ្នកចង់និយាយអំពីរឿងអ្វីសោះ»។ គាត់កំពុងតែនិយាយនៅឡើយ ស្រាប់តែមាន់រងាវឡើង។ ៦១ ព្រះអម្ចាស់បែរព្រះភ័ក្ត្រទតមកលោកសិលា។ លោកសិលាក៏នឹកឃើញព្រះបន្ទូលរបស់ព្រះអង្គថា៖ «យប់នេះ មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។ ៦២ លោកសិលាចាកចេញពីទីនោះ ហើយយំសោកយ៉ាងខ្លោចផ្សា។
គេវាយដំជេរប្រមាថព្រះយេស៊ូ
(ម៉ាថាយ ២៦.៦៧-៦៨ ម៉ាកុស ១៤.៦៥)
៦៣ ពួកអ្នកយាមព្រះយេស៊ូចំអកដាក់ព្រះអង្គ ហើយវាយតប់ព្រះអង្គផង។ ៦៤ គេយកក្រណាត់គ្របព្រះភ័ក្ត្រព្រះអង្គ ហើយសួរថា៖ «ទាយមើល៍ អ្នកណាវាយឯង?»។ ៦៥ រួចគេជេរប្រមាថព្រះអង្គជាច្រើនថែមទៀតផង។
ព្រះយេស៊ូនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់
(ម៉ាថាយ ២៦.៥៩-៦៦ ម៉ាកុស ១៤.៥៥-៦៤ យ៉ូហាន ១៨.១៩-២៤)
៦៦ លុះព្រឹកឡើង ពួកព្រឹទ្ធាចារ្យ*របស់ប្រជាជន ពួកនាយកបូជាចារ្យ* និងពួកបណ្ឌិតខាងវិន័យ*ជួបជុំគ្នា បង្គាប់ឲ្យគេនាំព្រះយេស៊ូចូលមកឈរនៅខាងមុខក្រុមប្រឹក្សាជាន់ខ្ពស់*របស់គេ។ ៦៧ ពួកគេសួរព្រះអង្គថា៖ «ប្រាប់យើងមកមើល៍ តើអ្នកជាព្រះគ្រីស្ដ*ឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «បើខ្ញុំប្រាប់អស់លោក ក៏អស់លោកពុំជឿខ្ញុំ ៦៨ ហើយបើខ្ញុំសួរអស់លោកវិញ ក៏អស់លោកមិនឆ្លើយនឹងខ្ញុំដែរ។ ៦៩ ប៉ុន្តែ អំណើះតទៅ បុត្រមនុស្សនឹងអង្គុយនៅខាងស្ដាំព្រះជាម្ចាស់ដ៏មានឫទ្ធានុភាព»។ ៧០ ពេលនោះ គេសួរព្រមគ្នាឡើងថា៖ «បើដូច្នេះ អ្នកជាព្រះបុត្រារបស់ព្រះជាម្ចាស់ឬ?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «អស់លោកមានប្រសាសន៍ត្រូវមែន គឺខ្ញុំនេះហើយ»។ ៧១ គេក៏និយាយឡើងថា៖ «យើងមិនបាច់រកសាក្សីឯណាទៀតទេ ដ្បិតយើងបានឮពាក្យរបស់អ្នកនេះផ្ទាល់តែម្ដង!»។
២៣
ព្រះយេស៊ូនៅមុខលោកពីឡាត
(ម៉ាថាយ ២៧.១-២, ១១-១៤ ម៉ាកុស ១៥.១-១៥ យ៉ូហាន ១៨.២៨-៣៨)
១ ក្រុមប្រឹក្សាជាន់ខ្ពស់*ក្រោកឡើងទាំងអស់គ្នា ហើយបញ្ជូនព្រះយេស៊ូទៅលោកពីឡាត។ ២ គេនាំគ្នាចោទប្រកាន់ព្រះអង្គថា៖ «យើងខ្ញុំឃើញអ្នកនេះកំពុងតែបំបះបំបោរប្រជារាស្ដ្រយើង គឺហាមគេមិនឲ្យបង់ពន្ធថ្វាយព្រះចៅអធិរាជ ហើយគាត់អះអាងខ្លួនថា ជាព្រះគ្រីស្ដ* គឺជាស្ដេច»។ ៣ លោកពីឡាតសួរព្រះអង្គថា៖ «តើអ្នកជាស្ដេចសាសន៍យូដាមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «លោកទេតើដែលមានប្រសាសន៍ដូច្នេះ»។ ៤ លោកពីឡាតក៏ពោលទៅកាន់ពួកនាយកបូជាចារ្យ* និងបណ្ដាជនថា៖ «ខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីឡើយ!»។ ៥ ប៉ុន្តែ គេរឹតតែចោទប្រកាន់ខ្លាំងឡើងៗថា៖ «អ្នកនេះបានបំបះបំបោរប្រជាជន ដោយបង្រៀនគេចាប់តាំងពីស្រុកកាលីឡេរហូតមកដល់ទីនេះ»។
ព្រះយេស៊ូនៅមុខស្ដេចហេរ៉ូដ
៦ លោកពីឡាតឮដូច្នោះក៏សួរថា៖ «តើអ្នកនេះជាអ្នកស្រុកកាលីឡេឬ?»។ ៧ កាលលោកពីឡាតដឹងថា ព្រះយេស៊ូជាអ្នកស្រុកនៅក្រោមអំណាចរបស់ព្រះបាទហេរ៉ូដ លោកក៏បញ្ជូនព្រះអង្គទៅព្រះបាទហេរ៉ូដ ដែលស្នាក់នៅក្រុងយេរូសាឡឹមពេលនោះដែរ។ ៨ ពេលឃើញព្រះយេស៊ូ ព្រះបាទហេរ៉ូដសប្បាយព្រះហឫទ័យក្រៃលែង ដ្បិតស្ដេចចង់ជួបព្រះយេស៊ូតាំងពីយូរយារមកហើយ ព្រោះស្ដេចតែងឮគេនិយាយអំពីព្រះអង្គ ហើយសង្ឃឹមថា នឹងបានឃើញព្រះយេស៊ូធ្វើការអស្ចារ្យអ្វីមួយ។ ៩ ព្រះអង្គទូលសួរសំណួរជាច្រើន តែព្រះយេស៊ូពុំមានព្រះបន្ទូលឆ្លើយតបទាល់តែសោះ។ ១០ ពួកមហាបូជាចារ្យ* និងពួកបណ្ឌិតខាងវិន័យ*ក៏នៅទីនោះដែរ គេបានចោទប្រកាន់ព្រះយេស៊ូយ៉ាងខ្លាំងបំផុត។ ១១ ព្រះបាទហេរ៉ូដ និងពួកទាហានចំអកឲ្យព្រះយេស៊ូ ព្រមទាំងជេរប្រមាថមើលងាយព្រះអង្គផង។ គេយកអាវដ៏ល្អវិសេសមកពាក់ឲ្យព្រះអង្គ រួចបញ្ជូនទៅលោកពីឡាតវិញ។ ១២ កាលពីមុនព្រះបាទហេរ៉ូដ និងលោកពីឡាត ជាសត្រូវនឹងគ្នា។ ប៉ុន្តែ ចាប់ពីថ្ងៃនោះមក លោកទាំងពីរត្រឡប់ទៅជាមិត្តសម្លាញ់នឹងគ្នាវិញ។
លោកពីឡាតកាត់ទោសប្រហារជីវិតព្រះយេស៊ូ
(ម៉ាថាយ ២៧.១៥-២៦ ម៉ាកុស ១៥.៦-១៥ យ៉ូហាន ១៨.៣៩-១៩.១៦)
១៣ លោកពីឡាតបានកោះហៅពួកនាយកបូជាចារ្យ* ពួកមន្ត្រី និងប្រជាជនមកជួបជុំគ្នា។ ១៤ លោកមានប្រសាសន៍ថា៖ «អស់លោកបាននាំបុរសនេះមកឲ្យខ្ញុំកាត់ទោស ដោយចោទប្រកាន់ថាគាត់បំបះបំបោរប្រជារាស្ដ្រ។ ខ្ញុំបានសួរចម្លើយគាត់នៅមុខអស់លោក តែមិនឃើញមានទោសអ្វីដូចអស់លោកចោទប្រកាន់សោះ។ ១៥ សូម្បីតែស្ដេចហេរ៉ូដក៏មិនឃើញគាត់មានទោសអ្វីដែរ ហេតុនេះហើយបានជាព្រះអង្គបញ្ជូនគាត់មកវិញ។ បុរសនេះមិនបានប្រព្រឹត្តអ្វី គួរឲ្យប្រហារជីវិតឡើយ។ ១៦ ខ្ញុំគ្រាន់តែឲ្យគេវាយប្រដៅគាត់ រួចលែងគាត់ឲ្យទៅវិញ»។ [ ១៧ ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង លោកពីឡាតត្រូវលែងអ្នកទោសម្នាក់]។ ១៨ គេស្រែកឡើងព្រមគ្នាថា៖ «សូមសម្លាប់អ្នកនេះទៅ! លែងបារ៉ាបាសឲ្យយើងខ្ញុំវិញ!»។ ១៩ ឈ្មោះបារ៉ាបាសនេះជាប់ឃុំឃាំង ព្រោះគាត់បានបង្កចលាចលក្នុងទីក្រុង ព្រមទាំងបានសម្លាប់មនុស្សផង។ ២០ លោកពីឡាតចង់ដោះលែងព្រះយេស៊ូ លោកក៏មានប្រសាសន៍ទៅគេម្ដងទៀត។ ២១ ប៉ុន្តែ គេស្រែកឡើងថា៖ «ឆ្កាងទៅ! ឆ្កាងទៅ!»។ ២២ លោកពីឡាតមានប្រសាសន៍ទៅគេជាលើកទីបីថា៖ «តើអ្នកនេះបានប្រព្រឹត្តអំពើអាក្រក់អ្វី? ខ្ញុំមិនឃើញគាត់មានទោសអ្វី គួរឲ្យប្រហារជីវិតឡើយ។ ខ្ញុំគ្រាន់តែឲ្យគេវាយប្រដៅគាត់ រួចលែងគាត់ឲ្យទៅវិញ»។ ២៣ ប៉ុន្តែ គេចេះតែស្រែកខ្លាំងឡើងៗ ទាមទារឲ្យឆ្កាងព្រះយេស៊ូ សម្រែករបស់គេមានប្រៀបជាង។ ២៤ លោកពីឡាតក៏យល់ព្រមតាមពាក្យទាមទាររបស់ពួកគេ ២៥ លោកដោះលែងបារ៉ាបាស ជាអ្នកជាប់ឃុំឃាំង មកពីបានបង្កចលាចល និងបានសម្លាប់មនុស្ស។ រីឯព្រះយេស៊ូវិញ លោកប្រគល់ឲ្យគេយកទៅធ្វើតាមអំពើចិត្ត។
គេឆ្កាងព្រះយេស៊ូ
(ម៉ាថាយ ២៧.៣២-៤៤ ម៉ាកុស ១៥.២១-៣២ យ៉ូហាន ១៩.១៧-២៧)
២៦ នៅពេលបណ្ដើរព្រះយេស៊ូទៅ គេជួបបុរសម្នាក់ឈ្មោះ ស៊ីម៉ូន ជាអ្នកស្រុកគីរេន ដែលត្រឡប់មកពីចម្ការ។ គេចាប់បង្ខំគាត់ឲ្យលីឈើឆ្កាង ដើរតាមក្រោយព្រះយេស៊ូ។ ២៧ ប្រជាជនច្រើនកុះករដើរតាមព្រះអង្គទៅ ព្រមទាំងមានពួកស្ត្រីគក់ទ្រូង យំសោកអាណិតព្រះអង្គផង។ ២៨ ព្រះយេស៊ូងាកមកមានព្រះបន្ទូលនឹងស្ត្រីទាំងនោះថា៖ «ស្ត្រីក្រុងយេរូសាឡឹមអើយ! កុំយំសោកអាណិតខ្ញុំធ្វើអ្វី ចូរយំសោកអាណិតខ្លួននាង និងកូននាងវិញ ២៩ ដ្បិតនៅថ្ងៃក្រោយនឹងមានគេពោលថា “ស្ត្រីណាឥតកូន ស្ត្រីណាមិនបង្កើតកូន និងស្ត្រីណាមិនដែលបំបៅកូន ស្ត្រីនោះពិតជាមានសុភមង្គលមែន”។ ៣០ នៅពេលនោះ គេនឹងនិយាយទៅភ្នំថា “ចូររលំសង្កត់ពីលើយើងខ្ញុំមក! ចូរជួយលាក់ខ្លួនយើងខ្ញុំផង!”។ ៣១ បើគេធ្វើបាបឈើស្រស់យ៉ាងហ្នឹងទៅហើយ ចុះទម្រាំបើឈើងាប់វិញ តើគេនឹងធ្វើបាបដល់កម្រិតណាទៅ!»។ ៣២ គេបាននាំអ្នកទោសពីរនាក់ទៀត មកសម្លាប់ជាមួយព្រះយេស៊ូដែរ។
៣៣ លុះមកដល់កន្លែងមួយដែលគេហៅថា “ភ្នំលលាដ៍ក្បាល” គេឆ្កាងព្រះយេស៊ូនៅទីនោះ ហើយគេក៏ឆ្កាងអ្នកទោសទាំងពីរនាក់នោះដែរ ម្នាក់នៅខាងស្ដាំព្រះអង្គ ម្នាក់ទៀតនៅខាងឆ្វេងព្រះអង្គ។ ៣៤ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ឱព្រះបិតាអើយ! សូមព្រះអង្គអត់ទោសឲ្យអ្នកទាំងនេះផង ដ្បិតគេមិនដឹងថាគេកំពុងធ្វើអ្វីឡើយ»។ គេយកសម្លៀកបំពាក់របស់ព្រះអង្គមកចាប់ឆ្នោតចែកគ្នា។ ៣៥ ប្រជាជននាំគ្នាឈរមើល រីឯពួកនាម៉ឺននិយាយចំអកមើលងាយព្រះអង្គថា៖ «គាត់បានសង្គ្រោះមនុស្សឯទៀតៗ បើគាត់ជាព្រះគ្រីស្ដ*របស់ព្រះជាម្ចាស់ ហើយជាអ្នកដែលព្រះអង្គបានជ្រើសរើសមែននោះ ឲ្យគាត់សង្គ្រោះខ្លួនឯងទៅ!»។ ៣៦ ពួកទាហានក៏បានចំអកដាក់ព្រះអង្គដែរ គេយកទឹកខ្មេះមកថ្វាយព្រះអង្គសោយ ៣៧ ទាំងពោលថា៖ «បើអ្នកជាស្ដេចជនជាតិយូដាមែន ចូរសង្គ្រោះខ្លួនអ្នកទៅ!»។ ៣៨ នៅពីលើព្រះអង្គ មានសរសេរអក្សរថា «អ្នកនេះជាស្ដេចជនជាតិយូដា»។ ៣៩ អ្នកទោសម្នាក់ដែលជាប់ឆ្កាងពោលប្រមាថព្រះយេស៊ូថា៖ «បើអ្នកជាព្រះគ្រីស្ដមែន ចូរសង្គ្រោះខ្លួនអ្នកទៅ ហើយសង្គ្រោះយើងផង!»។ ៤០ ប៉ុន្តែ អ្នកទោសម្នាក់ទៀតស្ដីឲ្យអ្នកនោះថា៖ «ឯងមិនកោតខ្លាចព្រះជាម្ចាស់ទេឬ? ឯងត្រូវគេកាត់ទោសដូចលោកដែរ។ ៤១ គេធ្វើទោស យើងនេះត្រូវហើយ យើងទទួលទោសតាមអំពើដែលយើងបានប្រព្រឹត្ត។ រីឯលោកវិញ លោកមិនបានធ្វើអំពើអាក្រក់អ្វីសោះ»។ ៤២ បន្ទាប់មក គាត់ទូលព្រះអង្គថា៖ «ឱព្រះយេស៊ូអើយ! ពេលព្រះអង្គយាងមកគ្រងរាជ្យ សូមកុំភ្លេចទូលបង្គំ»។ ៤៣ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា ថ្ងៃនេះ អ្នកបានទៅនៅស្ថានបរមសុខ*ជាមួយខ្ញុំ»។
ព្រះយេស៊ូចូលទិវង្គត
(ម៉ាថាយ ២៧.៤៥-៥៦ ម៉ាកុស ១៥.៣៣-៤១ យ៉ូហាន ១៩.២៨-៣០)
៤៤ ពេលនោះ ប្រហែលជាថ្ងៃត្រង់ ផែនដីទាំងមូលងងឹតសូន្យរហូតដល់ម៉ោងបីរសៀល ៤៥ ព្រះអាទិត្យបាត់រស្មី វាំងនននៅក្នុងព្រះវិហារ*រហែកជាពីរ ចំពាក់កណ្ដាល។ ៤៦ ព្រះយេស៊ូបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «ព្រះបិតា! ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំ ទៅក្នុងព្រះហស្ដព្រះអង្គវិញ»។ ព្រះអង្គមានព្រះបន្ទូលដូច្នោះរួចហើយ ក៏រលត់វិញ្ញាណទៅ។ ៤៧ នាយទាហានរ៉ូម៉ាំងដែលបានឃើញហេតុការណ៍កើតឡើង ក៏លើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ហើយពោលថា៖ «បុរសនេះពិតជាសុចរិតមែន!»។ ៤៨ រីឯបណ្ដាជនទាំងប៉ុន្មានដែលមកមើល កាលបានឃើញហេតុការណ៍ទាំងនេះ គេនាំគ្នាត្រឡប់ទៅវិញ ទាំងគក់ទ្រូង។ ៤៩ អ្នកជិតដិតនឹងព្រះយេស៊ូទាំងប៉ុន្មាន ព្រមទាំងពួកស្ត្រីដែលដើរតាមព្រះអង្គ តាំងពីស្រុកកាលីឡេមក នាំគ្នាឈរមើលហេតុការណ៍ទាំងអស់ពីចម្ងាយ។
ការបញ្ចុះសពព្រះយេស៊ូ
(ម៉ាថាយ ២៧.៥៧-៦១ ម៉ាកុស ១៥.៤២-៤៧ យ៉ូហាន ១៩.៣៨-៤២)
៥០ មានសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់*មួយរូបឈ្មោះយ៉ូសែប។ លោកជាអ្នកក្រុងអារីម៉ាថេ ជាក្រុងមួយរបស់ជនជាតិយូដា។ លោកជាមនុស្សល្អសុចរិត* ហើយទន្ទឹងរង់ចាំព្រះរាជ្យ*របស់ព្រះជាម្ចាស់។ ៥១ លោកពុំបានយល់ស្របជាមួយគេលើការសម្រេចចិត្តធ្វើគុតព្រះយេស៊ូទេ ហើយក៏មិនបានចូលរួមក្នុងអំពើដែលគេប្រព្រឹត្តនោះដែរ។ ៥២ លោកបានទៅជួបលោកពីឡាត សុំយកព្រះសពព្រះយេស៊ូ។ ៥៣ លោកយកព្រះសពព្រះយេស៊ូចុះពីឈើឆ្កាង ហើយរុំនឹងក្រណាត់ផាឌិប រួចដាក់ក្នុងរូងថ្មមួយ ដែលគេដាប់ធ្វើជាផ្នូរ។ ផ្នូរនេះពុំទាន់មានដាក់សពណាមួយនៅឡើយទេ។ ៥៤ ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យចម្លង* ហើយថ្ងៃសប្ប័ទ*ជិតមកដល់។ ៥៥ ពួកស្ត្រីដែលមកតាមព្រះអង្គតាំងពីស្រុកកាលីឡេ ក៏ទៅជាមួយលោកយ៉ូសែបដែរ។ នាងបានឃើញផ្នូរ ហើយឃើញរបៀបដែលគេដាក់ព្រះសពព្រះយេស៊ូផង។
៥៦ បន្ទាប់មក ស្ត្រីទាំងនោះវិលត្រឡប់ទៅវិញ រៀបចំគ្រឿងក្រអូប និងទឹកអប់។ នៅថ្ងៃសប្ប័ទ នាងនាំគ្នាឈប់សម្រាកតាមវិន័យចែងទុក។
២៤
ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ
(ម៉ាថាយ ២៨.១-១០ ម៉ាកុស ១៦.១-៨ យ៉ូហាន ២០.១-២០)
១ នៅថ្ងៃអាទិត្យ ពេលព្រលឹមស្រាងៗ ស្ត្រីៗនាំគ្នាទៅផ្នូរ ដោយយកគ្រឿងក្រអូប ដែលគេបានរៀបចំទុកទៅជាមួយផង។ ២ ពួកនាងសង្កេតឃើញថា ថ្មបានរមៀលចេញពីមាត់ផ្នូរ។ ៣ នាងក៏នាំគ្នាចូលទៅក្នុងផ្នូរ តែពុំឃើញព្រះសពរបស់ព្រះអម្ចាស់យេស៊ូទេ។ ៤ ស្ត្រីទាំងនោះមិនដឹងជាត្រូវគិតយ៉ាងណា ស្រាប់តែមានបុរសពីរនាក់ ស្លៀកពាក់ភ្លឺចិញ្ចែងចិញ្ចាចមកឈរជិតនាង។ ៥ នាងភ័យខ្លាចជាខ្លាំង ហើយឱនមុខចុះ។ បុរសទាំងពីរនាក់នោះនិយាយមកកាន់នាងថា៖ «ហេតុអ្វីបានជានាងនាំគ្នាមករកព្រះអង្គដែលមានព្រះជន្មរស់ ក្នុងចំណោមមនុស្សស្លាប់ដូច្នេះ? ៦ [ព្រះអង្គមិនគង់នៅទីនេះទេ ព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញហើយ]។ ចូរនឹកចាំអំពីព្រះបន្ទូល ដែលព្រះអង្គបានប្រាប់អ្នករាល់គ្នា កាលនៅស្រុកកាលីឡេថា ៧ “បុត្រមនុស្ស*នឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាប គេនឹងឆ្កាងព្រះអង្គ តែបីថ្ងៃក្រោយមក ព្រះអង្គមានព្រះជន្មរស់ឡើងវិញ” »។ ៨ ពួកនាងក៏នឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូ។ ៩ ពួកនាងនាំគ្នាត្រឡប់មកពីផ្នូរវិញ រៀបរាប់ហេតុការណ៍ទាំងនោះប្រាប់ក្រុមសាវ័កទាំងដប់មួយនាក់ ព្រមទាំងអ្នកឯទៀតៗដែរ។ ១០ ស្ត្រីទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងយ៉ូហាណា និងនាងម៉ារីជាម្ដាយរបស់យ៉ាកុប។ ស្ត្រីឯទៀតៗដែលបានទៅជាមួយនាងទាំងនោះ ក៏រៀបរាប់ហេតុការណ៍ប្រាប់ក្រុមសាវ័កដែរ ១១ ពួកគេពុំជឿពាក្យសម្ដីនាងទេ ព្រោះគេថា នាងទាំងនោះនិយាយរឿងផ្ដេសផ្ដាស។ ១២ ប៉ុន្តែ លោកសិលាស្ទុះរត់ទៅផ្នូរ គាត់ឱនមើលទៅឃើញតែក្រណាត់រុំព្រះសពប៉ុណ្ណោះ គាត់វិលត្រឡប់មកផ្ទះវិញ ទាំងងឿងឆ្ងល់អំពីហេតុការណ៍ដែលកើតមាននោះ។
សាវ័កពីរនាក់ធ្វើដំណើរទៅភូមិអេម៉ាអ៊ូស
(ម៉ាកុស ១៦.១២-១៣)
១៣ នៅថ្ងៃដដែលនោះ មានសាវ័ក*ពីរនាក់ធ្វើដំណើរឆ្ពោះទៅភូមិអេម៉ាអ៊ូស ចម្ងាយប្រមាណដប់មួយគីឡូម៉ែត្រពីក្រុងយេរូសាឡឹម។ ១៤ គេនិយាយគ្នាអំពីហេតុការណ៍ទាំងប៉ុន្មានដែលកើតមាន។ ១៥ នៅពេលដែលគេកំពុងតែពិភាក្សាគ្នា ព្រះយេស៊ូយាងមកជិតគេ ហើយធ្វើដំណើរជាមួយគេទៅ។ ១៦ គេឃើញព្រះយេស៊ូផ្ទាល់នឹងភ្នែក តែគេមិនអាចស្គាល់ព្រះអង្គឡើយ។ ១៧ ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «អ្នករាល់គ្នាដើរបណ្ដើរ ជជែកគ្នាបណ្ដើរ តើនិយាយគ្នាអំពីរឿងអ្វីហ្នឹង?»។ គេក៏ឈប់ដើរ ឈរស្ងៀម មានទឹកមុខស្រងូត។ ១៨ ម្នាក់ឈ្មោះក្លេអូប៉ាសទូលព្រះអង្គថា៖ «ប្រជាជនទាំងអស់នៅក្រុងយេរូសាឡឹមដឹងហេតុការណ៍ ដែលកើតឡើងប៉ុន្មានថ្ងៃមុននេះគ្រប់ៗគ្នា ម្ដេចក៏លោកមិនដឹង?»។ ១៩ ព្រះអង្គសួរទៅគេថា៖ «តើរឿងអ្វី?»។ គេទូលឆ្លើយថា៖ «គឺរឿងលោកយេស៊ូជាអ្នកភូមិណាសារ៉ែត។ ព្រះជាម្ចាស់ និងប្រជាជនទាំងមូល ទទួលស្គាល់ថា លោកជាព្យាការី*មានឫទ្ធានុភាពក្នុងគ្រប់កិច្ចការដែលលោកបានធ្វើ និងគ្រប់ពាក្យសម្ដីដែលលោកបានថ្លែង។ ២០ ពួកនាយកបូជាចារ្យ* និងពួកមន្ត្រីរបស់យើង បានបញ្ជូនលោកទៅឲ្យគេកាត់ទោសប្រហារជីវិត ហើយគេឆ្កាងលោកផង។ ២១ យើងបានសង្ឃឹមថា លោកនេះហើយដែលនឹងរំដោះជនជាតិអ៊ីស្រាអែល តែហេតុការណ៍ទាំងនោះបានកន្លងផុតទៅបីថ្ងៃហើយ។ ២២ មានស្ត្រីខ្លះក្នុងចំណោមពួកយើង បានធ្វើឲ្យយើងឆ្ងល់យ៉ាងខ្លាំង គឺនាងនាំគ្នាទៅផ្នូរតាំងពីព្រលឹម ២៣ តែមិនបានឃើញសពលោកទេ។ នាងត្រឡប់មកវិញរៀបរាប់ថា នាងបានឃើញទេវទូត*មកប្រាប់ថា លោកមានជីវិតរស់។ ២៤ មានពួកយើងខ្លះនាំគ្នាទៅផ្នូរដែរ ហើយបានឃើញដូចពាក្យស្ត្រីទាំងនោះនិយាយមែន ប៉ុន្តែ ពុំមាននរណាបានឃើញលោកសោះ»។ ២៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «មនុស្សខ្វះប្រាជ្ញាអើយ! អ្នករាល់គ្នាមិនងាយជឿពាក្យទាំងប៉ុន្មានដែលពួកព្យាការីបានថ្លែងសោះ!។ ២៦ ព្រះគ្រីស្ដ*ត្រូវតែរងទុក្ខលំបាកបែបនេះសិន មុននឹងចូលទៅទទួលសិរីរុងរឿងរបស់ព្រះអង្គ»។ ២៧ បន្ទាប់មក ព្រះយេស៊ូបកស្រាយសេចក្ដីដែលមានចែងទុកអំពីព្រះអង្គនៅក្នុងគម្ពីរទាំងមូល ចាប់ពីគម្ពីរលោកម៉ូសេ*រហូតដល់គម្ពីរព្យាការីទាំងអស់។
២៨ លុះមកជិតដល់ភូមិដែលសាវ័កទាំងពីរបម្រុងនឹងទៅ ព្រះយេស៊ូធ្វើហាក់ដូចជាចង់យាងបន្ដទៅមុខទៀត។ ២៩ គេឃាត់ព្រះអង្គថា៖ «សូមលោកស្នាក់នៅជាមួយយើងខ្ញុំទីនេះហើយ ដ្បិតថ្ងៃកាន់តែទាប ហើយជិតយប់ផង» ព្រះយេស៊ូក៏ចូលទៅស្នាក់នៅជាមួយគេ។ ៣០ ព្រះអង្គគង់រួមតុជាមួយគេ ហើយយកនំបុ័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចកាច់ប្រទានឲ្យគេ។ ៣១ ពេលនោះ ភ្នែកគេបានភ្លឺឡើង មើលព្រះអង្គស្គាល់ ប៉ុន្តែ ព្រះអង្គបាត់ពីមុខគេទៅ។ ៣២ គេនិយាយគ្នាថា៖ «កាលព្រះអង្គមានព្រះបន្ទូលមកកាន់យើង ព្រមទាំងបកស្រាយគម្ពីរឲ្យយើងស្ដាប់ នៅតាមផ្លូវ យើងមានចិត្តរំភើបយ៉ាងខ្លាំង!»។ ៣៣ គេក៏ក្រោកឡើង វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញភ្លាម ឃើញក្រុមសាវ័ក* ទាំងដប់មួយនាក់នៅជុំគ្នាជាមួយពួកគេឯទៀតៗ ៣៤ គេប្រាប់អ្នកទាំងពីរថា៖ «ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ ពិតប្រាកដមែន ហើយព្រះអង្គបានបង្ហាញខ្លួនឲ្យស៊ីម៉ូនឃើញ!»។ ៣៥ សាវ័កទាំងពីរនាក់រៀបរាប់ហេតុការណ៍ ដែលកើតឡើងនៅតាមផ្លូវ ហើយគេបានស្គាល់ព្រះអង្គ នៅពេលព្រះអង្គកាច់នំបុ័ង។
ពួកសាវ័កបានឃើញព្រះយេស៊ូ
(ម៉ាថាយ ២៨.១៦-២០ ម៉ាកុស ១៦.១៤-១៨ យ៉ូហាន ២០.១៩-២៣ កិច្ចការ ១.៦-៨)
៣៦ នៅពេលសាវ័កទាំងពីរនាក់កំពុងតែនិយាយរៀបរាប់ ព្រះអម្ចាស់យាងមកគង់នៅកណ្ដាលចំណោមសាវ័កទាំងអស់ ហើយមានព្រះបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាប្រកបដោយសេចក្ដីសុខសាន្ត»។ ៣៧ គេភ័យតក់ស្លុត ញ័ររន្ធត់យ៉ាងខ្លាំង ព្រោះស្មានថាខ្មោចលង។ ៣៨ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារន្ធត់ចិត្តដូច្នេះ? ម្ដេចក៏អ្នករាល់គ្នានៅសង្ស័យ? ៣៩ ចូរមើលដៃជើងខ្ញុំ គឺពិតជាខ្ញុំមែន! ចូរស្ទាបមើល៍ ខ្មោចគ្មានសាច់ គ្មានឆ្អឹង ដូចខ្ញុំទេ»។ ៤០ ព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ ក៏បង្ហាញព្រះហស្ដ និងព្រះបាទាឲ្យគេឃើញ។ ៤១ សាវ័កពុំទាន់ជឿនៅឡើយទេ ព្រោះគេអរផង ហើយងឿងឆ្ងល់ផង។ ដូច្នេះ ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «នៅទីនេះ តើអ្នករាល់គ្នាមានអ្វីបរិភោគឬទេ?»។ ៤២ គេយកត្រីអាំងមួយដុំមកថ្វាយព្រះអង្គ ៤៣ ព្រះអង្គទទួលយក ហើយសោយនៅមុខពួកគេទាំងអស់គ្នា។ ៤៤ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា សេចក្ដីទាំងអស់ដែលមានចែងទុកអំពីខ្ញុំ ក្នុងគម្ពីរវិន័យ*របស់លោកម៉ូសេ ក្នុងគម្ពីរព្យាការី* និងក្នុងគម្ពីរទំនុកតម្កើង*ត្រូវតែកើតមាន»។ ៤៥ ព្រះអង្គក៏បំភ្លឺចិត្តគំនិតគេឲ្យយល់អត្ថន័យគម្ពីរ ៤៦ ព្រះអង្គមានព្រះបន្ទូលថា៖ «ហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរមែន គឺព្រះគ្រីស្ដ*ត្រូវរងទុក្ខលំបាក ហើយមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី។ ៤៧ អ្នករាល់គ្នាត្រូវប្រកាស ក្នុងព្រះនាមព្រះអង្គ ឲ្យមនុស្សគ្រប់ជាតិសាសន៍កែប្រែចិត្តគំនិត ដើម្បីឲ្យបានរួចពីបាប គឺត្រូវប្រកាសចាប់តាំងពីក្រុងយេរូសាឡឹមតទៅ។ ៤៨ អ្នករាល់គ្នាជាសាក្សីអំពីហេតុការណ៍ទាំងនេះ។ ៤៩ ខ្ញុំនឹងចាត់ព្រះវិញ្ញាណមកសណ្ឋិតលើអ្នករាល់គ្នា តាមព្រះបន្ទូលសន្យារបស់ព្រះបិតាខ្ញុំ។ អ្នករាល់គ្នាត្រូវនៅក្នុងក្រុងយេរូសាឡឹមនេះ រហូតដល់ព្រះជាម្ចាស់ប្រទានឲ្យអ្នករាល់គ្នាមានឫទ្ធានុភាព»។
ព្រះយេស៊ូយាងឡើងទៅស្ថានបរមសុខ
(ម៉ាកុស ១៦.១៩-២០ កិច្ចការ ១.៩-១១)
៥០ បន្ទាប់មក ព្រះយេស៊ូនាំពួកសាវ័ក*ចេញពីទីក្រុងទៅភូមិបេថានី។ ពេលទៅដល់ ព្រះអង្គលើកព្រះហស្ដឡើង ហើយប្រទានពរឲ្យគេ។ ៥១ នៅពេលដែលព្រះអង្គកំពុងតែប្រទានពរ ព្រះជាម្ចាស់លើកយកព្រះអង្គចេញពីគេ ឡើងទៅស្ថានបរមសុខ*។ ៥២ ក្រោយពីបានក្រាបថ្វាយបង្គំព្រះអង្គរួចហើយ គេក៏វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ប្រកបដោយអំណរដ៏លើសលប់។ ៥៣ គេនៅក្នុងព្រះវិហារ*ហើយនាំគ្នាលើកតម្កើងព្រះជាម្ចាស់ជានិច្ចនិរន្តរ៍។
1,155 Views