សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

គម្ពីរដំណឹង‌ល្អ​តាម
សន្ត​ម៉ាថាយ

ពាក្យលំនាំ

ដំណឹង‌ល្អ​រៀប‌រៀង​ដោយ

លោក​ម៉ាថាយ

ពាក្យ​លំនាំ
លោក​ម៉ាថាយ ជា​អ្នក​ទារ​ពន្ធ​ជាតិ​យូដា​ម្នាក់ ដែល​ពី​ដើម​មាន​ឈ្មោះ​ថា​លេវី។ ព្រះ‌យេស៊ូ​បាន​ត្រាស់‌ហៅ​លោក​មក​ធ្វើ​ជា​សាវ័ក ព្រម​ទាំង​បាន​តែង‌តាំង​លោក​ជា​គ្រីស្ដ‌ទូត​ផង។
គោល​បំណង​របស់​លោក​ម៉ាថាយ
លោក​បាន​តែង​កណ្ឌ​គម្ពីរ​ដំណឹង‌ល្អ​នេះ ក្រោម​ការ​បំភ្លឺ​របស់​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ ដើម្បី​ណែ‌នាំ​ជន​ជាតិ​យូដា​ឲ្យ​ជឿ​ថា ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌គ្រីស្ដ ដែល​បាន​យាង​មក​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌ជាម្ចាស់។ លោក​ចង់​បង្ហាញ​ថា ព្រះ‌យេស៊ូ​យាង​មក​ក្នុង​លោក​នេះ ដើម្បី​បំពេញ​កិច្ច‌ការ​ទាំង​អស់ ស្រប​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌ជាម្ចាស់​កាល​ពី​ដើម និង​ស្រប​តាម​ពាក្យ​ដែល​ពួក​ព្យាការី​ថ្លែង​ទុក​មក​ផង​ដែរ។
លោក​ម៉ាថាយ​ចង់​ពន្យល់​ទៀត​ថា ព្រះ‌យេស៊ូ​ក៏​ដូច​ជា​លោក​ម៉ូសេ​ដែរ ព្រះ‌អង្គ​យាង​មក​ប្រទាន​វិន័យ តែ​វិន័យ​ថ្មី​នេះ​ធ្វើ​ឲ្យ​វិន័យ​ពី​ដើម​មាន​អត្ថ‌ន័យ និង​មាន​តម្លៃ​ពេញ​លក្ខណៈ​ថែម​ទៀត។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ចូល​ចិត្ត​ដក​ស្រង់​ឃ្លា​ជា​ច្រើន​ពី​ព្រះ‌គម្ពីរ​សម្ពន្ធ‌មេត្រី​ចាស់ ដែល​ជន​ជាតិ​យូដា​ចាំ​ច្បាស់​មក​ចម្លង​ដាក់​ក្នុង​គម្ពីរ​របស់​លោក ដើម្បី​ធ្វើ​ជា​ភស្តុតាង​បញ្ជាក់​ថា ព្រះ‌យេស៊ូ​ពិត​ជា​យាង​មក​ផ្ដល់​អត្ថ‌ន័យ​ឲ្យ​ព្រះ‌គម្ពីរ​សម្ពន្ធ‌មេត្រី​ចាស់​បាន​ពេញ‌លេញ។
លោក​ម៉ាថាយ​ក៏​ចង់​ពន្យល់​ជន​ជាតិ​យូដា​ថា ក្រុម​គ្រីស្ដ‌បរិស័ទ​គ្រប់​ជាតិ​គ្រប់​សាសន៍​ពិត​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជាម្ចាស់។ រីឯ​ជន​ជាតិ​អ៊ីស្រា‌អែល​ដែល​មិន​ព្រម​ជឿ​ព្រះ‌យេស៊ូ លែង​មាន​សិទ្ធិ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ទៀត​ហើយ។
លោក​ម៉ាថាយ​យក​ចិត្ត​ទុក​ដាក់​ដាស់​តឿន​ក្រុម​គ្រីស្ដ‌បរិស័ទ ដែល​ហៅ​ថា“ព្រះ‌សហគ‌មន៍” ដ្បិត​ព្រះ‌សហគ‌មន៍​នេះ​ហើយដែល​បាន​ទទួល​អំណាច​ពី​ព្រះ‌គ្រីស្ដ និង​បន្ដ​បេសក‌កម្ម​របស់​ព្រះ‌អង្គ​ក្នុង​ពិភព‌លោក​សព្វ​ថ្ងៃ។
លោក​ម៉ាថាយ​សរសេរ​កណ្ឌ​គម្ពីរ​ដំណឹង‌ល្អ​នេះតាម​គំនិត​របស់​ជន​ជាតិ​យូដា គឺ​លោក​មិន​ហ៊ាន​សរសេរ​ព្រះ‌នាម​ព្រះ‌ជាម្ចាស់​ទេ តែ​លោក​ប្រើ​ពាក្យ «ស្ថាន​បរម‌សុខ» ជំនួស​វិញ ឧទាហរណ៍​លោក​ប្រើ​ពាក្យ «ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ» ជំនួស​ពាក្យ «ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់»។
អ្នក​អាន​មុខ​ជា​ឃើញ​ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង‌ល្អ​ម៉ាថាយ​ថា ព្រះ‌យេស៊ូ​យាង​មក​ផែន‌ដី​នេះ ដើម្បី​កសាង​ពិភព‌លោក​មួយ​ថ្មី គឺ«ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់» ហើយ​ព្រះ‌អង្គ​ប្រៀន‌ប្រដៅ​អស់​អ្នក​ដែល​មក​តាម​ព្រះ‌អង្គ​អំពី​របៀប​រស់​នៅ​សម​ស្រប​នឹង​ព្រះ‌រាជ្យ​នេះ ដើម្បី​ឲ្យ​គេ​អាច​ធ្វើ​ជា​បន្ទាល់ នាំ​ដំណឹង‌ល្អ​អំពី​ព្រះ‌រាជ្យ​ទៅ​ប្រកាស​ប្រាប់​មនុស្ស​ទាំង​អស់​នៅ​សព្វ​ទី​កន្លែង រហូត​ដល់​អវសាន​កាល​នៃ​ពិភព‌លោក។
គម្រោង​របស់​គម្ពីរ​ម៉ាថាយ
• បញ្ជី​រាយ​នាម​អយ្យកោ​របស់​ព្រះ‌យេស៊ូ និង​ការ​ប្រសូត​របស់​ព្រះ‌អង្គ (១.១‑២.២៣)
• បេសក‌កម្ម​របស់​លោក​យ៉ូហាន‌បាទីស្ដ (៣.១-១២)
• ព្រះ‌យេស៊ូ​ទទួល​ពិធី​ជ្រមុជ​ទឹក និង​ឈ្នះ​ការ​ល្បួង (៣.១៣‑៤.១១)
• ព្រះ‌យេស៊ូ​ប្រកាស​ដំណឹង‌ល្អ​នៅ​ស្រុក​កាលី‌ឡេ (៤.១២‑១៨.៣៥)
• ព្រះ‌យេស៊ូ​យាង​ពី​ស្រុក​កាលី‌ឡេ​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម (១៩.១‑២៩.៣៤)
• សប្តាហ៍​ចុង​ក្រោយ​នៅ​ក្រុង​យេរូ‌សាឡឹម និង​ភូមិ​ដែល​នៅ​ជុំ‌វិញ (២១.១‑២៧.៦៦)
• ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ និង​បង្ហាញ​ខ្លួន​ឲ្យ​អ្នក​ជឿ​ឃើញ (២៨.១‑២០)
បញ្ជី‌រាយ​នាម​ព្រះ‌អយ្យ‌កោ​របស់​ព្រះ‌យេស៊ូ
(លូកា ៣.២៣-៣៨)
 នេះ​ជា​បញ្ជី‌រាយ​នាម​ព្រះ‌អយ្យ‌កោ​របស់​ព្រះ‌យេស៊ូ‌គ្រីស្ដ* ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ ដែល​ត្រូវ​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ*។
 លោក​អប្រាហាំ​បង្កើត​លោក​អ៊ីសាក លោក​អ៊ីសាក​បង្កើត​លោក​យ៉ាកុប លោក​យ៉ាកុប​បង្កើត​លោក​យូដា និង​បង‌ប្អូន​របស់​គាត់  លោក​យូដា និង​នាង​ថាម៉ារ បង្កើត​លោក​ផារេស និង​លោក​សេរ៉ា លោក​ផារេស​បង្កើត​លោក​ហេត‌ស្រូម លោក​ហេត‌ស្រូម​បង្កើត​លោក​អរ៉ាម  លោក​អរ៉ាម​បង្កើត​លោក​អមីណា‌ដាប់ លោក​អមីណា‌ដាប់​បង្កើត​លោក​ណាសូន លោក​ណាសូន​បង្កើត​លោក​សាល‌ម៉ូន  លោក​សាល‌ម៉ូន និង​នាង​រ៉ាហាប បង្កើត​លោក​បូអាស លោក​បូអាស និង​នាង​រូថ​បង្កើត​លោក​អូបេដ លោក​អូបេដ​បង្កើត​លោក​យេសាយ  លោក​យេសាយ​បង្កើត​ស្ដេច​ដាវីឌ។
ស្ដេច​ដាវីឌ និង​ភរិយា​របស់​អ៊ូរី​បង្កើត​ស្ដេច​សាឡូម៉ូន  ស្ដេច​សាឡូម៉ូន​បង្កើត​ស្ដេច​រ៉ូបោម ស្ដេច​រ៉ូបោម​បង្កើត​ស្ដេច​អប៊ីយ៉ា ស្ដេច​អប៊ីយ៉ា​បង្កើត​ស្ដេច​អសាភ  ស្ដេច​អសាភ​បង្កើត​ស្ដេច​យ៉ូសា‌ផាត ស្ដេច​យ៉ូសា‌ផាត​បង្កើត​ស្ដេច​យ៉ូរ៉ាម ស្ដេច​យ៉ូរ៉ាម​បង្កើត​ស្ដេច​អូស្សាស ស្ដេច​អូស្សាស​បង្កើត​ស្ដេច​យ៉ូថាម ស្ដេច​យ៉ូថាម​បង្កើត​ស្ដេច​អខាស ស្ដេច​អខាស​បង្កើត​ស្ដេច​អេសេ‌ខ្យាស ១០ ស្ដេច​អេសេ‌ខ្យាស​បង្កើត​ស្ដេច​ម៉ាណាសេ ស្ដេច​ម៉ាណាសេ​បង្កើត​ស្ដេច​អម៉ូន ស្ដេច​អម៉ូន​បង្កើត​ស្ដេច​យ៉ូស្យាស ១១ ស្ដេច​យ៉ូស្យាស​បង្កើត​ស្ដេច​យេកូ‌ញ៉ាស និង​អនុជ​របស់​ព្រះ‌អង្គ ក្នុង​គ្រា​ដែល​គេ​កៀរ​ជន​ជាតិ​អ៊ីស្រា‌អែល យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន។
១២ ក្រោយ​គ្រា​ដែល​គេ​កៀរ​ជន​ជាតិ​អ៊ីស្រា‌អែល​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន ស្ដេច​យេកូ‌ញ៉ាស​បង្កើត​លោក​សាឡា‌ធាល លោក​សាឡា‌ធាល​បង្កើត​លោក​សូរ៉ូ‌បា‌បិល ១៣ លោក​សូរ៉ូ‌បា‌បិល​បង្កើត​លោក​អប៊ី‌យូដ លោក​អប៊ី‌យូដ​បង្កើត​លោក​អេលី‌យ៉ា‌គីម លោក​អេលី‌យ៉ា‌គីម​បង្កើត​លោក​អស៊រ ១៤ លោក​អស៊រ​បង្កើត​លោក​សាដុក លោក​សាដុក​បង្កើត​លោក​អគីម លោក​អគីម​បង្កើត​លោក​អេលី‌យូដ ១៥ លោក​អេលី‌យូដ​បង្កើត​លោក​អេលាសារ លោក​អេលាសារ​បង្កើត​លោក​ម៉ាថាន លោក​ម៉ាថាន បង្កើត​លោក​យ៉ាកុប ១៦ លោក​យ៉ាកុប​បង្កើត​លោក​យ៉ូសែបជា​ស្វាមី​របស់​នាង​ម៉ារី ដែល​បង្កើត​ព្រះ‌យេស៊ូ ហៅ​ថា ព្រះ‌គ្រីស្ដ*។
១៧ ដូច្នេះ ចាប់​ពី​លោក​អប្រាហាំ​មក​ទល់​ស្ដេច​ដាវីឌ មាន​ដប់‌បួន​តំណ ចាប់​ពី​ស្ដេច​ដាវីឌ​មក​ទល់​នឹង​គ្រា ដែល​គេ​កៀរ​ជន​ជាតិ​អ៊ីស្រា‌អែលយក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន មាន​ដប់‌បួន​តំណ ហើយ​ចាប់​ពី​គ្រា​ដែល​គេ​កៀរ​ជន​ជាតិ​អ៊ីស្រា‌អែលយក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន មក​ទល់​ព្រះ‌គ្រីស្ដ ក៏​មាន​ដប់‌បួន​តំណ​ដែរ។
កំណើត​ព្រះ‌យេស៊ូ‌គ្រីស្ដ
(លូកា ២.១-៧)
១៨ នេះ​ជា​ដំណើរ​រឿង​អំពី​កំណើត​របស់​ព្រះ‌យេស៊ូ‌គ្រីស្ដ។ នាង​ម៉ារី មាតា​របស់​ព្រះ‌អង្គ​ត្រូវ​ជា​គូ​ដណ្ដឹង​របស់​លោក​យ៉ូសែប។ មុន​ពេល​អ្នក​ទាំង​ពីរ​រួម​រស់​ជា​មួយ​គ្នា នាង​ម៉ារី​មាន​ផ្ទៃ​ពោះ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​រួច​ទៅ​ហើយ។ ១៩ លោក​យ៉ូសែប ស្វាមី​របស់​នាង​ជា​មនុស្ស​សុចរិត លោក​មិន​ចង់​បំបាក់​មុខ​នាង​ឡើយ គឺ​លោក​សម្រេច​ចិត្ត​ថា នឹង​ផ្ដាច់​ពាក្យ​ដោយ​ស្ងាត់ៗ​វិញ។ ២០ ពេល​លោក​កំពុង​គិត​ដូច្នេះ ស្រាប់​តែ​មាន​ទេវទូត*​របស់​ព្រះ‌អម្ចាស់មក​ប្រាប់​លោក​ក្នុង​សុបិន​និមិត្ត​ថា៖ «លោក​យ៉ូសែប​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ*​អើយ សូម​កុំ​ខ្លាច​នឹង​ទទួល​នាង​ម៉ារី​មក​ធ្វើ​ជា​ភរិយា​ឡើយ! បុត្រ​ដែល​នៅ​ក្នុង​ផ្ទៃ​នាង កើត​មក​ពី​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*។ ២១ នាង​នឹង​សម្រាល​បាន​បុត្រ​មួយ ហើយ​លោក​ត្រូវ​ថ្វាយ​ព្រះ‌នាម​ថា “យេស៊ូ” ដ្បិត​បុត្រ​នោះ​នឹង​សង្គ្រោះ​ប្រជា‌រាស្ដ្រ​ព្រះ‌អង្គ ឲ្យ​រួច​ពី​បាប​របស់​គេ»។
២២ ហេតុ‌ការណ៍​នេះ​កើត​ឡើងស្រប​នឹង​សេចក្ដី ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូលតាម‌រយៈ​ព្យាការី*​ថា៖
២៣ «មើល! ស្ត្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ
នាង​នឹង​សម្រាល​បាន​បុត្រ​មួយ​ដែល​គេ​នឹង​ថ្វាយ
ព្រះ‌នាម​ថា “អេម៉ា‌នូអែល”»
ប្រែ​ថា «ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​យើង»។
២៤ លុះ​លោក​យ៉ូសែប​ភ្ញាក់​ឡើង លោក​ក៏​ធ្វើ​តាម​បង្គាប់​ទេវទូត*​របស់​ព្រះ‌អម្ចាស់ គឺ​លោក​ទទួល​នាង​ម៉ារី​មក​ធ្វើ​ជា​ភរិយា ២៥ ប៉ុន្តែ លោក​ពុំ​បាន​រួម​បវេណី​ជា​មួយ​នាង រហូត​ដល់​នាង​សម្រាល​បាន​បុត្រ ដែល​លោក​ថ្វាយ​ព្រះ‌នាម​ថា “យេស៊ូ”។
ពួក​ហោរា‌ចារ្យ​មក​ថ្វាយ‌បង្គំ​ព្រះ‌ឱរស​យេស៊ូ
 ព្រះ‌យេស៊ូ​ប្រសូត​នៅ​ភូមិ​បេថ្លេ‌ហិម ក្នុង​ស្រុក​យូដា នា​រជ្ជ‌កាល​ព្រះ‌បាទ​ហេរ៉ូដ។ មាន​ពួក​ហោរា‌ចារ្យ​នាំ​គ្នា​ធ្វើ​ដំណើរ​ពី​ទិស​ខាង​កើត​មក​ដល់​ក្រុង​យេរូ‌សាឡឹម  សួរ​ថា៖ «ព្រះ‌មហា​ក្សត្រ​របស់​ជន​ជាតិ​យូដា ដែល​ទើប​នឹង​ប្រសូត​គង់​នៅ​ឯ​ណា? យើង​ខ្ញុំ​បាន​ឃើញ​ផ្កាយ​របស់​ព្រះ‌អង្គ​រះ​នៅ​ទិស​ខាង​កើត ហើយ​យើង​ខ្ញុំ​មក​ថ្វាយ‌បង្គំ​ព្រះ‌អង្គ»។  កាល​ព្រះ‌បាទ​ហេរ៉ូដ​ឮ​ដំណឹង​នេះ ស្ដេច​រន្ធត់​ព្រះ‌ហឫ‌ទ័យ​យ៉ាង​ខ្លាំង ហើយ​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​អស់ ក៏​រន្ធត់​ចិត្ត​ជា​មួយ​ព្រះ‌អង្គ​ដែរ។  ព្រះ‌រាជា​ត្រាស់‌ហៅ​ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​បណ្ឌិត​ខាង​វិន័យ*​ទាំង​ប៉ុន្មាន​របស់​ប្រជាជន​មក ដើម្បី​សួរ​គេ​ពី​ទី​កន្លែង​ដែល​ព្រះ‌គ្រីស្ដ*​ត្រូវ​ប្រសូត។  គេ​ទូល​ស្ដេច​ថា ព្រះ‌គ្រីស្ដ​ត្រូវ​ប្រសូត​នៅ​ភូមិ​បេថ្លេ‌ហិម ក្នុង​ស្រុក​យូដា ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​តាម‌រយៈ​ព្យាការី*​ថា៖
 «ភូមិ​បេថ្លេ‌ហិម​ជា​ដែន​ដី​យូដា​អើយ!
ក្នុង​បណ្ដា​ក្រុង​សំខាន់ៗ​នៃ​ស្រុក​យូដា
អ្នក​មិន‌មែន​តូច​ជាង​គេ​ទេ
ដ្បិត​នឹង​មាន​មេ​ដឹក​នាំ​មួយ​រូប​កើត​ចេញ​ពី​អ្នក
លោក​នឹង​ថែ‌រក្សា​ជន​ជាតិ​អ៊ីស្រា‌អែល
ជា​ប្រជា‌រាស្ដ្រ​របស់​យើង»
 ពេល​នោះ ព្រះ‌បាទ​ហេរ៉ូដ​ហៅ​ពួក​ហោរា‌ចារ្យ​មក​ជា​សម្ងាត់ សួរ​បញ្ជាក់​អំពី​ពេល​ដែល​ផ្កាយ​រះ​ឡើង។  បន្ទាប់​មក ស្ដេច​ចាត់​ហោរា‌ចារ្យ​ទាំង​នោះ​ឲ្យ​ទៅ​ភូមិ​បេថ្លេ‌ហិម ដោយ​មាន​រាជ‌ឱង្ការ​ថា៖ «សុំ​អស់​លោក​នាំ​គ្នា​ទៅ​ចុះ ហើយ​ស៊ើប‌សួរ​ដំណឹង​អំពី​ព្រះ‌ឱរស​នោះ​ឲ្យ​បាន​ច្បាស់‌លាស់។ កាល​បើ​បាន​ឃើញ​ហើយ ចូរ​មក​ប្រាប់​យើង​វិញ​ផង ដើម្បី​ឲ្យ​យើង​បាន​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ដែរ»។  ក្រោយ​ពី​បាន​ទទួល​រាជ‌ឱង្ការ​ហើយ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ។ ពេល​នោះ ផ្កាយ​ដែល​គេ​បាន​ឃើញ​នៅ​ទិស​ខាង​កើត នាំ​មុខ​គេ​រហូត​ដល់​កន្លែង​ដែល​ព្រះ‌ឱរស​គង់ ទើប​ឈប់។ ១០ កាល​ហោរា‌ចារ្យ​ទាំង​នោះ​ឃើញ​ផ្កាយ គេ​សប្បាយ​ចិត្ត​ពន់​ប្រមាណ ១១ គេ​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​ព្រះ‌ឱរស​គង់​នៅ​ជា​មួយ​នាង​ម៉ារី ជា​មាតា គេ​ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ រួច​បើក​ហិប​យក​ទ្រព្យ​របស់​ខ្លួន គឺ​មាស គ្រឿង​ក្រអូប និង​ជ័រ​ល្វីង‌ទេស មក​ថ្វាយ​ព្រះ‌អង្គ។ ១២ បន្ទាប់​មក គេ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត ដ្បិត​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រាប់​គេ ក្នុង​សុបិន​និមិត្ត មិន​ឲ្យ​វិល​ទៅ​គាល់​ព្រះ‌បាទ​ហេរ៉ូដ​វិញ​ឡើយ។
ព្រះ‌យេស៊ូ​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​អេស៊ីប
១៣ កាល​ពួក​ហោរា‌ចារ្យ​ចាក‌ចេញ​ផុត​ទៅ ទេវទូត*​របស់​ព្រះ‌អម្ចាស់​មក​ប្រាប់​លោក​យ៉ូសែប ក្នុង​សុបិន​និមិត្ត​ថា៖ «ចូរ​ក្រោក​ឡើង នាំ​ព្រះ‌ឱរស និង​មាតា​របស់​ព្រះ‌អង្គ រត់​ទៅ​ស្រុក​អេស៊ីប​ទៅ។ ចូរ​ស្នាក់​នៅ​ស្រុក​នោះ រហូត​ដល់​យើង​ប្រាប់​ឲ្យ​វិល​ត្រឡប់​មក​វិញ សឹម​មក ដ្បិត​ស្ដេច​ហេរ៉ូដ​រក​ធ្វើ​គុត​ព្រះ‌ឱរស»។ ១៤ លោក​យ៉ូសែប​ក្រោក​ឡើង នាំ​ព្រះ‌ឱរស និង​មាតា​របស់​ព្រះ‌អង្គ រត់​ភៀស​ខ្លួន​ទៅ​ស្រុក​អេស៊ីប​ទាំង​យប់។ ១៥ គាត់​ស្នាក់​នៅ​ទី​នោះ​រហូត​ដល់​ព្រះ‌បាទ​ហេរ៉ូដ​សោយ​ទិវង្គត ដើម្បី​ឲ្យ​បាន​ស្រប​នឹង​សេចក្ដី ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម‌រយៈ​ព្យាការី​ថា៖ «យើង​បាន​ហៅ​បុត្រ​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក»
ស្ដេច​ហេរ៉ូដ​ចេញ​បញ្ជា​ឲ្យ​គេ​សម្លាប់​ក្មេងៗ
១៦ ព្រះ‌បាទ​ហេរ៉ូដ​យល់​ថា​ពួក​ហោរា‌ចារ្យ​បាន​បំបាក់​មុខ​ព្រះ‌អង្គ ស្ដេច​ទ្រង់​ព្រះ‌ពិរ​ក្រៃ‌លែង ហើយ​ចេញ​បញ្ជា​ឲ្យ​គេ​សម្លាប់​ក្មេង​ប្រុសៗ​ទាំង​អស់ ដែល​មាន​អាយុ​ពី​ពីរ​ខួប​ចុះ​មក នៅ​ភូមិ​បេថ្លេ‌ហិម និង​ភូមិ​ជិត​ខាង គឺ​គិត​ចាប់​តាំង​ពី​ពេល​កំណត់​ដែល​ផ្កាយ​ត្រូវ​រះ ដូច​ស្ដេច​បាន​សួរ​បញ្ជាក់​ពួក​ហោរា‌ចារ្យ។ ១៧ ហេតុ‌ការណ៍​នេះ​កើត​ឡើងស្រប​នឹង​សេចក្ដី ដែល​មាន​ចែង​ទុក​តាម‌រយៈ​ព្យាការី*​យេរេមី​ថា៖
១៨ «មាន​សំឡេង​មួយ​លាន់​ឮ​ពី​ភូមិ​រ៉ាម៉ា​មក
ជា​ទំនួញ​សោក‌សៅ
គឺ​នាង​រ៉ាខែល​យំ​សោក​អាណិត​កូន
នាង​មិន​ព្រម​ឲ្យ​នរណា​សម្រាល​ទុក្ខ​ឡើយ
ព្រោះ​កូន​នាង​បាត់‌បង់​ជីវិត​អស់​ទៅ​ហើយ»​។
ព្រះ‌យេស៊ូ​ត្រឡប់​មក​ពី​ស្រុក​អេស៊ីប​វិញ
១៩ កាល​ព្រះ‌បាទ​ហេរ៉ូដ​សោយ​ទិវង្គត​ផុត​ទៅ ទេវទូត*​របស់​ព្រះ‌អម្ចាស់​មក​ប្រាប់​លោក​យ៉ូសែប នៅ​ស្រុក​អេស៊ីប ក្នុង​សុបិន​និមិត្ត​ថា៖ ២០ «ចូរ​ក្រោក​ឡើង នាំ​ព្រះ‌កុមារ និង​មាតា​របស់​ព្រះ‌អង្គ វិល​ត្រឡប់​ទៅ​ស្រុក​អ៊ីស្រា‌អែល​វិញ​ទៅ ដ្បិត​ពួក​អ្នក​ដែល​ប៉ុន‌ប៉ង​ធ្វើ​គុត​ព្រះ‌កុមារ ស្លាប់​បាត់​អស់​ទៅ​ហើយ»។
២១ លោក​យ៉ូសែប​ក្រោក​ឡើង នាំ​ព្រះ‌កុមារ និង​មាតា​របស់​ព្រះ‌អង្គ​វិល​ត្រឡប់​មក​ស្រុក​អ៊ីស្រា‌អែល​វិញ។ ២២ ប៉ុន្តែ កាល​លោក​ដឹង​ថា ព្រះ‌បាទ​អកេឡោស​ឡើង​គ្រង​រាជ្យ​នៅ​ស្រុក​យូដា ស្នង​ព្រះ‌បាទ​ហេរ៉ូដ​ជា​ព្រះ‌បិតា លោក​ខ្លាច​មិន​ហ៊ាន​ទៅ​ស្រុក​នោះ​ទេ លោក​ភៀស​ខ្លួន​ទៅ​ស្រុក​កាលី‌ឡេ ដោយ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ឲ្យ​ដឹង ក្នុង​សុបិន​និមិត្ត។ ២៣ លោក​តាំង​ទី​លំ‌នៅ​ក្នុង​ភូមិ​មួយ​ឈ្មោះ​ណាសា‌រ៉ែត ដើម្បី​ឲ្យ​ស្រប​តាម​សេចក្ដី​ដែល​ពួក​ព្យាការី*​បាន​ថ្លែង​ទុក​ថា៖ «គេ​នឹង​ហៅ​ព្រះ‌អង្គ​ថាជា​អ្នក​ភូមិ​ណាសា‌រ៉ែត»។
លោក​យ៉ូហាន‌បាទីស្ដ​ប្រៀន‌ប្រដៅ​បណ្ដា‌ជន
(ម៉ាកុស ១.១-៨ លូកា ៣.១-១៨ យ៉ូហាន ១.១៩-២៨)
 នៅ​គ្រា​នោះ លោក​យ៉ូហាន‌បាទីស្ដ*​មក​ដល់ លោក​ប្រកាស​នៅ​វាល​រហោ‌ស្ថាន*​ស្រុក​យូដា​ថា៖  «ចូរ​កែ‌ប្រែ​ចិត្ត​គំនិត​ឡើង ដ្បិត​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​មក​ជិត​បង្កើយ​ហើយ!»។  ព្យាការី*​អេសាយ​បាន​ថ្លែង​ទុក​អំពី​លោក​យ៉ូហាន​នេះ​ថា៖
«មាន​សំឡេង​បុរស​ម្នាក់​ស្រែក​ឡើង
នៅ​វាល​រហោ‌ស្ថាន​ថាៈ
“ចូរ​រៀប‌ចំ​ផ្លូវ​របស់​ព្រះ‌អម្ចាស់
ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះ‌អង្គ!”»​។
លោក​យ៉ូហានមាន​សម្លៀក‌បំពាក់​ធ្វើ​អំពី​រោម​អូដ្ឋ ហើយ​ពាក់​ខ្សែ​ក្រវាត់​ធ្វើ​អំពី​ស្បែក។ លោក​បរិភោគ​កណ្ដូប និង​ទឹក​ឃ្មុំ។ អ្នក​ក្រុង​យេរូ‌សាឡឹម អ្នក​ស្រុក​យូដា និង​អ្នក​ស្រុក​នៅ​តំបន់ទន្លេ​យ័រដាន់​ទាំង​មូល នាំ​គ្នា​ចេញ​ទៅ​រក​លោក។  គេ​ទទួល​សារ‌ភាព​អំពើ​បាប​របស់​ខ្លួន ហើយ​លោក​ក៏​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​ឲ្យ​គេ​ក្នុង​ទន្លេ​យ័រដាន់។
 កាល​លោក​ឃើញ​ពួក​ខាង​គណៈ​ផារីស៊ី* និង​ពួក​ខាង​គណៈ‌សាឌូ‌ស៊ី*​ជា​ច្រើន មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «នែ៎ ពូជ​ពស់​វែក​អើយ! តើ​នរណា​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​រត់​គេច​ពី​ព្រះ‌ពិរោធ*​របស់​ព្រះ‌ជាម្ចាស់ ដែល​ជិត​មក​ដល់​ដូច្នេះ?។  ចូរ​ប្រព្រឹត្ត​អំពើ​ល្អ ដើម្បី​បញ្ជាក់​ថា អ្នក​រាល់​គ្នា​បាន​កែ‌ប្រែ​ចិត្ត​គំនិត​មែន។  កុំ​នឹក​ស្មាន​ថា​ខ្លួន​មាន​លោក​អប្រាហាំ​ជា​បុព្វ‌បុរស​នោះ​ឡើយ ដ្បិត​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌ជាម្ចាស់​ក៏​អាច​ធ្វើ​ឲ្យ​ថ្ម​ទាំង​នេះ​ទៅ​ជា​កូន​ចៅ​លោក​អប្រាហាំ​បាន​ដែរ។ ១០ ពូថៅ​នៅ​ជិត​គល់​ឈើ​ជា​ស្រេច ដើម​ណា​មិន​ផ្ដល់​ផ្លែ​ល្អ​ទេ នឹង​ត្រូវ​កាប់​រំលំ ហើយ​បោះ​ទៅ​ក្នុង​ភ្លើង។ ១១ ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ*​អ្នក​រាល់​គ្នា​ក្នុង​ទឹក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​កែ‌ប្រែ​ចិត្ត​គំនិត ប៉ុន្តែ លោក​ដែល​មក​ក្រោយ​ខ្ញុំ លោក​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ។ ខ្ញុំ​មាន​ឋានៈ​ទាប​ណាស់ សូម្បី​តែ​ដោះ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​ដ៏​ខ្ពង់‌ខ្ពស់​របស់​លោក​ផង។ លោក​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* និង​ដោយ​ភ្លើង​វិញ។ ១២ លោក​កាន់​ចង្អេរ លោក​សំអាត​លាន​បោក​ស្រូវ អុំ​ស្រូវ​យក​គ្រាប់​ល្អ​របស់​លោក​ប្រមូល​ដាក់​ជង្រុក រីឯ​សំដី​វិញ លោក​នឹង​ដុត​ក្នុង​ភ្លើង ដែល​ឆេះ​ពុំ​ចេះ​រលត់​ឡើយ»។
ព្រះ‌យេស៊ូ​ទទួល​ពិធី​ជ្រមុជ​ទឹក
(ម៉ាកុស ១.៩-១១ លូកា ៣.២១-២២ យ៉ូហាន ១.៣២-៣៤)
១៣ ពេល​នោះ ព្រះ‌យេស៊ូ​យាង​ពី​ស្រុក​កាលី‌ឡេ​មក​រក​លោក​យ៉ូហាន នៅ​ត្រង់​ទន្លេ​យ័រដាន់ ដើម្បី​ឲ្យ​លោក​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​ថ្វាយ​ព្រះ‌អង្គ។ ១៤ ប៉ុន្តែ លោក​យ៉ូហាន​ប្រកែក​ថា៖ «ខ្ញុំ​ទេ​តើ​ដែល​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក ម្ដេច​ក៏​លោក​មក​រក​ខ្ញុំ​វិញ!»។ ១៥ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ សុំ​ធ្វើ​សិន​ចុះ ធ្វើ​ដូច្នេះ ទើប​ស្រប​តាម​គ្រប់​សេចក្ដី​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្គាប់​ទុក​មក​»។ លោក​យ៉ូហាន​ក៏​យល់​ព្រម។ ១៦ ពេល​ព្រះ‌យេស៊ូ​ទទួល​ពិធី​ជ្រមុជ​ទឹក​រួច​ហើយ ព្រះ‌អង្គ​យាង​ឡើង​ពី​ទឹក ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ ព្រះ‌អង្គ​ទត​ឃើញ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​យាង​ចុះ​ដូច​សត្វ​ព្រាប មក​សណ្ឋិត​លើ​ព្រះ‌អង្គ។ ១៧ ពេល​នោះ មាន​ព្រះ‌សូរ‌សៀង​ពី​លើ​មេឃ​មក​ថា៖ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់‌ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់!»។
ព្រះ‌យេស៊ូ​ឈ្នះ​ការ​ល្បួង
(ម៉ាកុស ១.១២-១៣ លូកា ៤.១-១៣)
 ពេល​នោះ ព្រះ‌វិញ្ញាណ​នាំ​ព្រះ‌យេស៊ូ​ទៅ​វាល​រហោ‌ស្ថាន​ឲ្យ​មារ*​សាតាំង​ល្បួង  បន្ទាប់​ពី​បាន​តម​អាហារ​អស់‌រយៈ​ពេល​សែ‌សិប​ថ្ងៃ សែ‌សិប​យប់​មក ព្រះ‌អង្គ​ក៏​ឃ្លាន។
មេ​ល្បួង​ចូល​មក​ជិត​ព្រះ‌អង្គ ពោល​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន សូម​ធ្វើ​ឲ្យ​ដុំ​ថ្ម​ទាំង​នេះ​ទៅ​ជា​នំបុ័ង​មើល៍!»។  ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​វិញ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា“មនុស្ស​មិន‌មែន​រស់​ដោយ‌សារ​តែ​អាហារប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ‌សារ​គ្រប់​ព្រះ‌បន្ទូល ដែល​ចេញ​មក​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌ជាម្ចាស់​ដែរ”»។  ពេល​នោះ មារ​នាំ​ព្រះ‌អង្គ​ទៅ​ក្រុង​យេរូ‌សាឡឹម ជា​ក្រុង​ដ៏‌វិសុទ្ធ* ដាក់​ព្រះ‌អង្គ​លើ​កំពូល​ព្រះ‌វិហារ*  ហើយ​ពោល​ថា៖ «ប្រសិន​បើ​លោក​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន សូម​លោត​ទម្លាក់​ខ្លួន​ចុះ​ទៅ​ក្រោម​មើល៍ ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា “ព្រះ‌ជាម្ចាស់​នឹង​បញ្ជា​ឲ្យ​ទេវទូត*​ចាំ​ទ្រ​លោក មិន​ឲ្យ​ជើង​លោក​ប៉ះ​ទង្គិច​នឹង​ថ្ម​ឡើយ”»។
ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​មារ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ទៀត​ថា “កុំ​ល្បង‌ល​ព្រះ‌ជាម្ចាស់​ជា​ព្រះ​របស់​អ្នក​ឡើយ”»។  មារ​ក៏​នាំ​ព្រះ‌អង្គ​ទៅ​លើ​កំពូល​ភ្នំ​មួយ​យ៉ាង​ខ្ពស់ ហើយ​ចង្អុល​បង្ហាញ​នគរ​ទាំង​ប៉ុន្មាន​ក្នុង​ពិភព‌លោក ព្រម​ទាំង​ឲ្យ​ព្រះ‌អង្គ​ឃើញ​ភោគ‌ទ្រព្យ​របស់​នគរ​ទាំង​នោះ​ផង។  មារ​ទូល​ព្រះ‌អង្គ​ថា៖ «ប្រសិន​បើ​លោក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ ខ្ញុំ​នឹង​ប្រគល់​សម្បត្តិ​នេះ​ឲ្យ!»។ ១០ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​មារ​ថា៖ «សាតាំង​អើយ! ចូរ​ថយ​ចេញ​ទៅ ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា “អ្នក​ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក និង​គោរព​បម្រើ​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ”»។ ១១ ពេល​នោះ មារ​ក៏​ចាក‌ចេញ​ពី​ព្រះ‌អង្គ​ទៅ ហើយ​មាន​ពួក​ទេវទូត*​នាំ​គ្នា​ចូល​មក​គាល់ និង​បម្រើ​ព្រះ‌អង្គ។
ព្រះ‌យេស៊ូ​ចាប់‌ផ្ដើម​ផ្សាយ​ដំណឹង‌ល្អ​នៅ​ស្រុក​កាលី‌ឡេ
(ម៉ាកុស ១.១៤-១៥ លូកា ៤.១៤-១៥)
១២ កាល​ព្រះ‌យេស៊ូ​ជ្រាប​ដំណឹង​ថា គេ​បាន​ចាប់​លោក​យ៉ូហាន​យក​ទៅ​ឃុំ‌ឃាំង​ហើយ ព្រះ‌អង្គ​ក៏​ភៀស​ចេញ​ទៅ​ស្រុក​កាលី‌ឡេ។ ១៣ ព្រះ‌អង្គ​ចាក‌ចេញ​ពី​ភូមិ​ណាសា‌រ៉ែត ទៅ​ស្នាក់​នៅ​ក្រុង​កាផានុម ជិត​មាត់​សមុទ្រ ក្នុង​តំបន់​សាប៊ូ‌ឡូន និង​តំបន់​ណែប‌ថាលី ១៤ ដើម្បី​ឲ្យ​បាន​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម‌រយៈ​ព្យាការី​អេសាយ​ថា៖
១៥ «ដែន​ដី​សាប៊ូ‌ឡូន និង​ដែន​ដី​ណែប‌ថាលី
ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​កាន់​សមុទ្រ​អើយ!
ស្រុក​ខាង​នាយ​ទន្លេ​យ័រដាន់
ស្រុក​កាលី‌ឡេ​ដែល​សាសន៍​ដទៃ​រស់​នៅ​អើយ!
១៦ ប្រជាជន​ដែល​អង្គុយ​នៅ​ក្នុង​ទី​ងងឹត
បាន​ឃើញ​ពន្លឺ​មួយ​ដ៏​ភ្លឺ​ខ្លាំង ហើយ​មាន​ពន្លឺ​មួយ
លេច​ឡើង បំភ្លឺ​ពួក​អ្នក​រស់​ក្នុង​ស្រុក​ដែល
ស្ថិត​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់»
១៧ តាំង​ពី​គ្រា​នោះ​មក ព្រះ‌យេស៊ូ​ចាប់‌ផ្ដើម​ប្រកាស​ថា៖ «ចូរ​កែ‌ប្រែ​ចិត្ត​គំនិត ដ្បិត​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ​នៅ​ជិត​បង្កើយ​ហើយ!»។
ព្រះ‌យេស៊ូ​ត្រាស់‌ហៅ​សាវ័ក​បួន​រូប
(ម៉ាកុស ១.១៦-២០ លូកា ៥.១-១១)
១៨ កាល​ព្រះ‌អង្គ​យាង​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ ព្រះ‌អង្គ​ទត​ឃើញ​បង‌ប្អូន​ពីរ​នាក់​ជា​អ្នក​នេសាទ កំពុង​តែ​បង់​សំណាញ់ គឺ​លោក​ស៊ីម៉ូន ហៅ​សិលា និង​លោក​អន់ដ្រេ ជា​ប្អូន​របស់​គាត់។ ១៩ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «សូម​អញ្ជើញ​មក​តាម​ខ្ញុំ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​នេសាទ​មនុស្ស​វិញ»។ ២០ អ្នក​ទាំង​ពីរ​ក៏​ទុក​សំណាញ់​នៅ​ទី​នោះ​ភ្លាម រួច​ដើរ​តាម​ព្រះ‌អង្គ​ទៅ។ ២១ ព្រះ‌យេស៊ូ​យាង​ទៅ​មុខ​ឆ្ងាយ​បន្ដិច ព្រះ‌អង្គ​ទត​ឃើញ​បង‌ប្អូន​ពីរ​នាក់​ទៀត គឺ​លោក​យ៉ាកុប និង​លោក​យ៉ូហាន ជា​កូន​របស់​លោក​សេបេដេ កំពុង​តែ​រៀប‌ចំ​អួន​នៅ​ក្នុង​ទូក​ជា​មួយ​លោក​សេបេដេ ជា​ឪពុក។ ព្រះ‌អង្គ​ក៏​ត្រាស់‌ហៅ​អ្នក​ទាំង​ពីរ។ ២២ អ្នក​ទាំង​ពីរ​ចាក‌ចោល​ទូក ចាក‌ចោល​ឪពុក​ភ្លាម រួច​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។
២៣ ព្រះ‌យេស៊ូ​យាង​កាត់​ស្រុក​កាលី‌ឡេ​ទាំង​មូល ព្រះ‌អង្គ​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ*​របស់​ពួក​គេ ព្រះ‌អង្គ​ប្រកាស​ដំណឹង‌ល្អ​អំពី​ព្រះ‌រាជ្យ* ហើយ​ប្រោស​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​មនុស្ស​ពិការ​គ្រប់​ប្រភេទ ក្នុង​ចំណោម​ប្រជាជន ឲ្យ​បាន​ជា​ផង។ ២៤ ព្រះ‌កិត្តិ‌នាម​របស់​ព្រះ‌អង្គ​ក៏​ល្បី​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​ស្រុក​ស៊ីរី​ទាំង​មូល។ គេ​បាន​នាំ​អស់​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​អ្នក​កើត​ទុក្ខ​គ្រាំ‌គ្រា មនុស្ស​ខ្មោច​ចូល មនុស្ស​ឆ្កួត​ជ្រូក និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​ប្រោស​គេ​ឲ្យ​ជា​ទាំង​អស់​គ្នា។ ២៥ មាន​មហា‌ជន​ជា​ច្រើនពី​ស្រុក​កាលី‌ឡេ ស្រុក​ដេកា‌ប៉ូល ក្រុង​យេរូ‌សាឡឹម ស្រុក​យូដា និង​ពី​តំបន់​ខាង​នាយ​ទន្លេ​យ័រដាន់ នាំ​គ្នា​ដើរ​តាម​ព្រះ‌យេស៊ូ។
សុភមង្គល​ដ៏​ពិត​ប្រាកដ
(លូកា ៦.២០-២៦)
 ព្រះ‌យេស៊ូ​ទត​ឃើញ​មហា‌ជន​ទាំង​នេះ ព្រះ‌អង្គ​យាង​ឡើង​ទៅ​លើ​ភ្នំ រួច​ព្រះ‌អង្គ​គង់​នៅ​ទី​នោះ។ សាវ័ក*​នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌អង្គ  ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​បង្រៀន​គេ​ថា៖
 «អ្នក​ណា​ដាក់​ចិត្ត​ជា​អ្នក​ក្រ‌ខ្សត់​
អ្នក​នោះ​មាន​សុភមង្គល*​ហើយ
ដ្បិត​ពួក​គេ​បាន​ទទួល​ព្រះ‌រាជ្យ
នៃ​ស្ថាន​បរម‌សុខ!
 អ្នក​ណា​សោក‌សៅ
អ្នក​នោះ​មាន​សុភមង្គល​ហើយ
ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​សម្រាល​ទុក្ខ​ពួក​គេ!
 អ្នក​ណា​មាន​ចិត្ត​ស្លូត‌បូត
អ្នក​នោះ​មាន​សុភមង្គល​ហើយ
ដ្បិត​ពួក​គេ​នឹង​ទទួល​ផែន‌ដី​ទុក​ជា​មត៌ក!
 អ្នក​ណា​ស្រេក​ឃ្លាន​សេចក្ដី​សុចរិត*​
អ្នក​នោះ​មាន​សុភមង្គល​ហើយ
ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ
ពួក​គេ​បាន​ឆ្អែត!
 អ្នក​ណា​មាន​ចិត្ត​មេត្តា‌ករុណា
អ្នក​នោះ​មាន​សុភមង្គល​ហើយ
ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​សម្ដែង​ព្រះ‌ហឫ‌ទ័យ
មេត្តា‌ករុណា​ដល់​ពួក​គេ​វិញ!
 អ្នក​ណា​មាន​ចិត្ត​បរិសុទ្ធ*
អ្នក​នោះ​មាន​សុភមង្គល​ហើយ
ដ្បិត​ពួក​គេ​នឹង​ឃើញ​ព្រះ‌ជាម្ចាស់!
 អ្នក​ណា​កសាង​សន្តិ‌ភាព
អ្នក​នោះ​មាន​សុភមង្គល​ហើយ
ដ្បិត​ពួក​គេ​នឹង​មានឈ្មោះ​ជា​បុត្រ
របស់​ព្រះ‌ជាម្ចាស់!
១០ អ្នក​ណា​ត្រូវ​គេ​បៀត‌បៀន
ព្រោះ​តែ​បាន​ធ្វើ​តាម​សេចក្ដី​សុចរិត*
អ្នក​នោះ​មាន​សុភមង្គល​ហើយ
ដ្បិត​គេ​បាន​ទទួល​ក្នុង​ព្រះ‌រាជ្យ
នៃ​ស្ថាន​បរម‌សុខ!
១១ ប្រសិន​បើ​មាន​គេ​ត្មះ‌តិះ‌ដៀល បៀត‌បៀន និង​មាន​គេ​និយាយ​អាក្រក់​គ្រប់​យ៉ាង បង្ខូច​ឈ្មោះ​អ្នក​រាល់​គ្នា ព្រោះ​តែ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ! ១២ ចូរ​អរ​សប្បាយ​រីក‌រាយ​ឡើង ព្រោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ​នៅ​ស្ថាន​បរម‌សុខ ដ្បិត​ពួក​ព្យាការី*​ដែល​រស់​នៅ​មុន​អ្នក​រាល់​គ្នា ក៏​ត្រូវ​គេ​បៀត‌បៀន​ដូច្នោះ​ដែរ»។
អំបិល និង​ពន្លឺ
(ម៉ាកុស ៩.៥០-៥១ លូកា ១៤.៣៤-៣៥)
១៣ «អ្នក​រាល់​គ្នា​ជា​អំបិលសម្រាប់​មនុស្ស​លោក ប៉ុន្តែ បើ​អំបិល​បាត់​ជាតិ​ប្រៃ​ហើយ តើ​គេ​នឹង​យក​អ្វី​មក​ធ្វើ​ឲ្យ​ប្រៃ​ឡើង​វិញ​បាន?។ អំបិល​នោះ​គ្មាន​ប្រយោជន៍​អ្វី​ទៀត​ទេ គឺ​មាន​តែ​បោះ​ចោល​ទៅ​ខាង​ក្រៅ ឲ្យ​មនុស្ស​ដើរ​ជាន់​ប៉ុណ្ណោះ។ ១៤ អ្នក​រាល់​គ្នា​ជា​ពន្លឺសម្រាប់​បំភ្លឺ​មនុស្ស​លោក។ គេ​មិន​អាច​លាក់​បំបាំង​ក្រុង​ណា​ដែល​សង់​នៅ​លើ​ភ្នំ​បាន​ឡើយ។ ១៥​ គេ​មិន​ដែល​អុជ​ចង្កៀង ហើយ​យក​ធុង​គ្រប​ពី​លើ​នោះ​ទេ គឺ​គេ​តែង​យក​ចង្កៀង​ទៅ​ដាក់​លើ​ជើង​ចង្កៀង​វិញ ហើយ​ចង្កៀង​នោះ​បំភ្លឺ​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ។ ១៦ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បំភ្លឺ​មនុស្ស​ទាំង‌ឡាយ​ដូច្នោះ​ដែរ គេ​នឹង​ឃើញ​អំពើ​ល្អដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត ហើយ​លើក​តម្កើង​សិរី‌រុង​រឿង​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*»។
ព្រះ‌បន្ទូល​អំពី​វិន័យ
១៧ «សុំ​កុំ​នឹក​ស្មាន​ថា​ខ្ញុំ​មក​លុប​បំបាត់​គម្ពីរ‌វិន័យ ឬ​គម្ពីរ​ព្យាការី*​ចោល​ឡើយ។ ខ្ញុំ​មិន‌មែន​មក​លុប​បំបាត់​ទេ គឺ​ខ្ញុំ​មក​ធ្វើ​ឲ្យ​គម្ពីរ​មាន​អត្ថ‌ន័យ​ពេញ​លក្ខណៈ​ទៅ​វិញ​។ ១៨ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ច្បាស់​ថា ដរាប​ណា​ផ្ទៃ​មេឃ និង​ផែន‌ដី នៅ​ស្ថិត‌ស្ថេរ ដរាប​នោះ គ្មាន​ក្បៀស ឬ​បន្ដក់​ណា​មួយ​ក្នុង​គម្ពីរ‌វិន័យ* ត្រូវ​រលុប​បាត់​ឡើយ គឺ​គម្ពីរ​ទាំង​មូល​នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ដល់​ទី​បំផុត។ ១៩ អ្នក​ណា​ល្មើស​បញ្ញាត្តិ​តូច​មួយ​នេះ ហើយ​បង្រៀន​អ្នក​ផ្សេង​ឲ្យ​ធ្វើ​តាម អ្នក​នោះ​នឹង​មាន​ឋានៈ​តូច​ជាង​គេ ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ។ ផ្ទុយ​ទៅ​វិញ អ្នក​ណា​ប្រតិ‌បត្តិ​តាម​វិន័យ ហើយ​បង្រៀន​អ្នក​ផ្សេង​ឲ្យ​ប្រតិ‌បត្តិ​តាម អ្នក​នោះ​នឹង​មាន​ឋានៈ​ធំ​ក្នុង​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ។ ២០ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​សេចក្ដី​សុចរិត*​របស់​អ្នក​រាល់​គ្នា​មិន​ប្រសើរ​ជាង​សេចក្ដី​សុចរិត​របស់​ពួក​បណ្ឌិត​ខាង​វិន័យ* និង​ពួក​ផារីស៊ី*​ទេ អ្នក​រាល់​គ្នា​ពុំ​អាច​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ឡើយ»។
ព្រះ‌បន្ទូល​អំពី​កំហឹង
២១ «អ្នក​រាល់​គ្នា​ធ្លាប់​ឮ​សេចក្ដី​ដែល​មាន​ថ្លែង​ប្រាប់​បុព្វ‌បុរស*​ថា “កុំ​សម្លាប់​មនុស្ស”​ អ្នក​ណា​សម្លាប់​គេ អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទា‌ទោស។ ២២ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ខឹង​នឹង​បង‌ប្អូន អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទា‌ទោស​ដែរ។ អ្នក​ណា​ជេរ​ប្រទេច‌ផ្តាសា​បង‌ប្អូន អ្នក​នោះ​នឹង​ត្រូវ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​កាត់​ទោស ហើយ​អ្នក​ណា​ត្មះ‌តិះ‌ដៀល​គេ​ អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទា‌ទោស​ធ្លាក់​ក្នុង​ភ្លើង​នរក​អវិចី។ ២៣ ដូច្នេះ កាល​ណា​អ្នក​យក​តង្វាយ​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់ ហើយ​នៅ​ទី​នោះ អ្នក​នឹក​ឃើញ​ថា​បង‌ប្អូន​ណា​ម្នាក់​មាន​ទំនាស់​នឹង​អ្នក ២៤ ចូរ​ទុក​តង្វាយ​របស់​អ្នក នៅ​កន្លែង​ថ្វាយ​តង្វាយ ហើយ​ទៅ​ស្រុះ‌ស្រួល​នឹង​បង‌ប្អូន​របស់​អ្នក​ជា​មុន​សិន រួច​សឹម​វិល​មក​ថ្វាយ​តង្វាយ​របស់​អ្នក​វិញ។ ២៥ កាល​ណា​អ្នក​ធ្វើ​ដំណើរ​ទៅ​តុលា‌ការ​ជា​មួយ​គូ‌វិវាទ​របស់​អ្នក ចូរ​ស្រុះ‌ស្រួល​ជា​មួយ​អ្នក​នោះ​ជា​ប្រញាប់ ក្រែង​លោ​គេ​បញ្ជូន​អ្នក​ទៅ​ចៅ‌ក្រម ចៅ‌ក្រម​បញ្ជូន​អ្នក​ទៅ​នគរ‌បាល ហើយ​អ្នក​ត្រូវ​ជាប់​គុក។ ២៦ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា ដរាប​ណា​អ្នក​មិន​បាន​បង់​ប្រាក់​ពិន័យ​គ្រប់​ចំនួន ឥត​ខ្វះ​មួយ​សេន​ទេ​នោះ អ្នក​នឹង​មិន​រួច​ខ្លួន​ឡើយ»។
ព្រះ‌បន្ទូល​អំពី​ការ​ផិត​ក្បត់
២៧ «អ្នក​រាល់​គ្នា​ធ្លាប់​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថា “កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់”។ ២៨ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​មើល​ស្ត្រី​ម្នាក់​ ហើយ​មាន​ចិត្ត​ស្រើប‌ស្រាល​ចង់​រួម​បវេណី​ជា​មួយ​នាង អ្នក​នោះ​ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​នាង នៅ​ក្នុង​ចិត្ត​របស់​ខ្លួន រួច​ស្រេច​ទៅ​ហើយ។ ២៩ ប្រសិន​បើ​ភ្នែក​ស្ដាំ​របស់​អ្នក នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចូរ​ខ្វេះ​ចេញ ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ពី​អ្នក​ទៅ បើ​អ្នក​បាត់​ភ្នែក​តែ​មួយ​នេះ ប្រសើរ​ជាង​បណ្ដោយ​ឲ្យ​រូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​នរក។ ៣០ ប្រសិន​បើ​ដៃ​ស្ដាំ​របស់​អ្នក នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចូរ​កាត់​វា ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ពី​អ្នក​ទៅ បើ​អ្នក​បាត់​តែ​អវយវៈ​មួយ​នេះ ប្រសើរ​ជាង​បណ្ដោយ​ឲ្យ​រូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​នរក»។
ព្រះ‌បន្ទូល​អំពី​ការ​លែង‌លះ​ប្ដី​ប្រពន្ធ
(ម៉ាថាយ ១៩.៩ ម៉ាកុស ១០.១១-១២ លូកា ១៦.១៨)
៣១ «មាន​សេចក្ដី​ថ្លែង​ទុក​មក​ថា “បុរស​ណា​លែង​ភរិយា ត្រូវ​ធ្វើ​លិខិត​លែង‌លះ​ឲ្យ​នាង” ៣២ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា បុរស​ណា​លែង​ភរិយា​របស់​ខ្លួន (លើក‌លែង​តែ​រួម​រស់​ជា​មួយ​គ្នា ដោយ​ឥត​បាន​រៀប‌ការ​) បុរស​នោះ​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្ត្រី​ផិត​ក្បត់ ប្រសិន​បើ​នាង​រៀប‌ការ​ម្ដង​ទៀត។ រីឯ​បុរស​ណា​រៀប‌ការ​នឹង​ស្ត្រី​ប្ដី​លែង បុរស​នោះ​ក៏​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។
ព្រះ‌បន្ទូល​អំពី​សម្បថ
៣៣ «អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​សេចក្ដី​ដែល​មាន​ថ្លែង​ប្រាប់​បុព្វ‌បុរស*​ថា : “កុំ​បំភ្លេច​ពាក្យ​សម្បថ​ចោល​ឡើយ។ ត្រូវ​តែ​ធ្វើ​តាម​គ្រប់​ពាក្យ​ដែល​អ្នក​បាន​ស្បថ​នឹង​ព្រះ‌អម្ចាស់”។ ៣៤ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ស្បថ​ឲ្យ​សោះ កុំ​ស្បថ​ដោយ​យក​មេឃ​ជា​សាក្សី​ឡើយ ព្រោះ​មេឃ​ជា​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់ ៣៥ ក៏​កុំ​ស្បថ​ដោយ​យក​ផែន‌ដី​ជា​សាក្សី​ដែរ ព្រោះ​ផែន‌ដី​ជា​កំណល់​ទ្រ​ព្រះ‌បាទា​របស់​ព្រះ‌អង្គ។ កុំ​ស្បថ​ដោយ​យក​ក្រុង​យេរូ‌សាឡឹម​ជា​សាក្សី ព្រោះ​យេរូ‌សាឡឹម​ជា​ក្រុង​របស់​ព្រះ‌មហា​ក្សត្រ​ដ៏​ឧត្ដម។ ៣៦ កុំ​ស្បថ​ដោយ​យក​ក្បាល​អ្នក​ជា​សាក្សី ព្រោះ​អ្នក​ពុំ​អាច​ធ្វើ​ឲ្យ​សក់​របស់​អ្នក​ទៅ​ជា​ស ឬ​ខ្មៅ​បាន​ឡើយ សូម្បី​តែ​មួយ​សរសៃ​ក៏​ពុំ​ផង។ ៣៧ ត្រូវ​និយាយ​ឲ្យ​ទៀង‌ទាត់ បើ “មែន” ឲ្យ​ប្រាកដ​ជា “មែន” បើ “ទេ” ឲ្យ​ប្រាកដ​ជា“ទេ”។ រីឯ​ពាក្យ​ពន្លើស សុទ្ធ​តែ​មក​ពី​មារ​កំណាច​ទាំង​អស់»។
ព្រះ‌បន្ទូល​អំពី​គំនុំ​សង‌សឹក
(លូកា ៦.២៩-៣០)
៣៨ «អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថា “ប្រសិន​បើ​គេ​វាយ​ភ្នែក​អ្នក​ម្ខាង ត្រូវ​វាយ​ភ្នែក​គេ​តែ​ម្ខាង​វិញ ប្រសិន​បើ​គេ​វាយ​អ្នក​បាក់​ធ្មេញ​មួយ ត្រូវ​វាយ​គេ​ឲ្យ​បាក់​ធ្មេញ​តែ​មួយ​ដែរ”​។ ៣៩ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​តប‌ត​នឹង​មនុស្ស​កំណាច​ឲ្យ​សោះ បើ​មាន​គេ​ទះ​កំផ្លៀង​ស្ដាំ​របស់​អ្នក ចូរ​បែរ​ឲ្យ​គេ​ទះ​ម្ខាង​ទៀត​ទៅ។ ៤០ បើ​មាន​គេ​ប្ដឹង​ចង់​បាន​អាវ​ក្នុង​របស់​អ្នក ចូរ​ឲ្យ​គេ​យក​អាវ​ធំ​ថែម​ទៀត​ទៅ។ ៤១ បើ​មាន​គេ​បង្ខំ​អ្នក​ឲ្យ​ធ្វើ​ដំណើរ​មួយ​យោជន៍ ចូរ​ទៅ​ពីរ​យោជន៍​ជា​មួយ​គេ​ចុះ។ ៤២ អ្នក​ណា​សុំ​អ្វី​ពី​អ្នក ចូរ​ឲ្យ​គេ​ទៅ ហើយ​កុំ​គេច​មុខ​ចេញ​ពី​អ្នក​ដែល​សុំ​ខ្ចី​អ្វីៗ​ពី​អ្នក​ដែរ»។
ត្រូវ​ស្រឡាញ់​ខ្មាំង​សត្រូវ
(លូកា ៦.២៧-២៨, ៣២-៣៦)
៤៣ «អ្នក​រាល់​គ្នា​ធ្លាប់​បាន​ឮ​សេចក្ដី​ថ្លែង​ទុក​មក​ថា “ចូរ​ស្រឡាញ់​បង‌ប្អូន​ឯ​ទៀតៗ ហើយ​ស្អប់​ខ្មាំង​សត្រូវ​របស់​អ្នក”។ ៤៤ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ សូម​ព្រះ‌អង្គ​ប្រទាន​ពរ​ឲ្យ​អស់​អ្នក​ដែល​បៀត‌បៀន​អ្នក​រាល់​គ្នា​ផង។ ៤៥ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​បាន​ទៅ​ជា​បុត្រ​របស់​ព្រះ‌បិតា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ ដ្បិត​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ព្រះ‌អាទិត្យ​របស់​ព្រះ‌អង្គ​រះ​បំភ្លឺ ទាំង​មនុស្ស​អាក្រក់ ទាំង​មនុស្ស​ល្អ ហើយ​ព្រះ‌អង្គ​ប្រទាន​ទឹក​ភ្លៀង​ឲ្យ​ទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត​ផង​ដែរ។ ៤៦ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អស់​អ្នក​ដែល​ស្រឡាញ់​អ្នក​រាល់​គ្នា តើ​នឹង​ទទួល​រង្វាន់​អ្វី? សូម្បី​តែ​អ្នក​ទារ​ពន្ធ*​ក៏​ចេះ​ស្រឡាញ់​គ្នា​គេ​ដែរ។ ៤៧ បើ​អ្នក​រាល់​គ្នា​រាប់​រក​តែ​បង‌ប្អូន​របស់​ខ្លួន​ប៉ុណ្ណោះ តើ​មាន​អ្វី​អស្ចារ្យ? សូម្បី​តែ​សាសន៍​ដទៃ​ក៏​ប្រព្រឹត្ត​ដូច្នោះ​ដែរ។ ៤៨ ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​ព្រះ‌អង្គ​គ្រប់​លក្ខណ៍​យ៉ាង​ណា សុំ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍​យ៉ាង​នោះ​ដែរ»។
ការ​ធ្វើ​ទាន​ដល់​ជន​ក្រីក្រ
 «កុំ​ធ្វើ​បុណ្យ​ទាន​នៅ​មុខ​មនុស្ស‌ម្នា ដើម្បី​ឲ្យ​តែ​គេ​ឃើញ​នោះ​ឡើយ។ ធ្វើ​បែប​នេះ​អ្នក​រាល់​គ្នា​ពុំ​បាន​ទទួល​រង្វាន់​អ្វី​ពី​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​ទេ។  ពេល​ណា​អ្នក​ធ្វើ​ទាន​ដល់​ជន​ក្រីក្រ កុំ​ស្រែក​ប្រកាស​ក្ដែងៗ​ដូច​ពួក​មាន​ពុត​តែង​ធ្វើ​នៅ​ក្នុង​សាលា​ប្រជុំ* ឬ​នៅ​តាម​ដង​ផ្លូវ ដើម្បី​ឲ្យ​មនុស្ស‌ម្នា​កោត​សរ‌សើរ​នោះ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​ច្បាស់​ថា អ្នក​ទាំង​នោះ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។  រីឯ​អ្នក​វិញ កាល​ណា​ដៃ​ស្ដាំ​អ្នក​ធ្វើ​ទាន មិន​បាច់​ឲ្យ​ដៃ​ឆ្វេង​ដឹង​ឡើយ  ដើម្បី​ឲ្យ​ទាន​របស់​អ្នក​នៅ​ស្ងាត់​កំបាំង ហើយ​ព្រះ‌បិតា​របស់​អ្នក ទត​ឃើញ​អំពើ​ដែល​អ្នក​ធ្វើ​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង ព្រះ‌អង្គ​នឹង​ប្រទាន​រង្វាន់​មក​អ្នក​វិញ»។
ព្រះ‌បន្ទូល​អំពី​ការ​អធិស្ឋាន
(លូកា ១១.២-៤)
«កាល​ណា​អ្នក​រាល់​គ្នា​អធិស្ឋាន* កុំ​ធ្វើ​ដូច​ពួក​អ្នក​មាន​ពុត ដែល​ចូល​ចិត្ត​ឈរ​អធិស្ឋាន នៅ​ក្នុង​សាលា​ប្រជុំ* និង​នៅ​ត្រង់​ថ្នល់​កែង ដើម្បី​ឲ្យ​មនុស្ស‌ម្នា​ឃើញ​នោះ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ពួក​ទាំង​នោះ​បានទទួល​រង្វាន់​របស់​គេ​ហើយ។ រីឯ​អ្នក​វិញ កាល​ណា​អ្នក​អធិស្ឋាន ត្រូវ​ចូល​ទៅ​ក្នុង​បន្ទប់ បិទ​ទ្វារ​ឲ្យ​ជិត ហើយ​ទូល​ទៅ​កាន់​ព្រះ‌បិតា​របស់​អ្នក ដែល​គង់​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង។ ព្រះ‌បិតា​របស់​អ្នក​ដែល​ទត​ឃើញ​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង ព្រះ‌អង្គ​នឹង​ប្រទាន​រង្វាន់​មក​អ្នក​ជា​ពុំ‌ខាន។    ពេល​ទូល​ទៅ​ព្រះ‌បិតា កុំ​ពោល​ពាក្យ​ច្រំ‌ដែលៗ​ឥត​ប្រយោជន៍ ដូច​សាសន៍​ដទៃ​នោះ​ឡើយ។ គេ​នឹក​ស្មាន​ថា បើ​ពោល​ពាក្យ​យ៉ាង​ច្រើន​ដូច្នេះ ព្រះ​របស់​គេ​នឹង​ស្ដាប់​គេ។  កុំ​ធ្វើ​ដូច​គេ​ឡើយ ដ្បិត​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​ជ្រាប​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ មុន​អ្នក​រាល់​គ្នា​ទូល​សូម​ព្រះ‌អង្គ​ទៅ​ទៀត។  អ្នក​រាល់​គ្នា​ត្រូវ​ទូល​ព្រះ‌អង្គ​ដូច​ត​ទៅ:
ឱ​ព្រះ‌បិតា​នៃ​យើង​ខ្ញុំ
ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​អើយ!
១០ សូម​សម្ដែង​ព្រះ‌បារមី​ឲ្យ​មនុស្ស​លោក
ស្គាល់​ព្រះ‌នាម​ព្រះ‌អង្គ
សូម​ឲ្យ​ព្រះ‌រាជ្យ*​ព្រះ‌អង្គ​បាន​មក​ដល់
សូម​ឲ្យ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ
បាន​សម្រេច​នៅ​លើ​ផែន‌ដី
ដូច​នៅ​ស្ថាន​បរម‌សុខ​ដែរ។
១១ សូម​ប្រទាន​អាហារ
ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ។
១២ សូម​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ
ដូច​យើង​ខ្ញុំ​អត់‌ទោស​ឲ្យ
អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​ខុស​នឹង​យើង​ខ្ញុំ។
១៣ សូម​កុំ​បណ្ដោយ​ឲ្យ​យើង​ខ្ញុំ
ចាញ់​ការ​ល្បួង​ឡើយ
តែ​សូម​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​មារ*​កំណាច
[ដ្បិត​ព្រះ‌អង្គ​គ្រង​រាជ្យ
ព្រះ‌អង្គ​មាន​ឫទ្ធា‌នុភាព និង​សិរី‌រុង​រឿង
អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ែន។]
១៤ បើ​អ្នក​រាល់​គ្នា​អត់‌ទោស​ឲ្យ​មនុស្ស​លោក ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​នៅ​ស្ថាន​បរម‌សុខ* ក៏​អត់‌ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ។ ១៥ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​អត់‌ទោស​ឲ្យ​មនុស្ស​លោក​ទេ​នោះ ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា ក៏​មិន​អត់‌ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ»។
ការ​តម​អាហារ
១៦ «កាល​ណា​អ្នក​រាល់​គ្នា​តម​អាហារ កុំ​ធ្វើ​មុខ​ក្រៀម​ដូច​ពួក​អ្នក​មាន​ពុត​នោះ​ឡើយ។ ពួក​គេ​បង្ហាញ​ទឹក​មុខ​ឲ្យ​អ្នក​ដទៃ​ឃើញ​ថាខ្លួន​តម​អាហារ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ទាំង​នោះ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។ ១៧ រីឯ​អ្នក​វិញ កាល​ណា​អ្នក​តម​អាហារ ត្រូវ​លាប​ទឹក​អប់​លើ​ក្បាល ហើយ​លុប​មុខ​ផង ១៨ កុំ​ឲ្យ​មនុស្ស‌ម្នា​ឃើញ​ថា​អ្នក​តម​ឡើយ គឺ​ឲ្យ​តែ​ព្រះ‌បិតា​របស់​អ្នក ដែល​គង់​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង​ទត​ឃើញ​ប៉ុណ្ណោះ ពេល​នោះ ព្រះ‌បិតា​របស់​អ្នក​ដែល​ទត​ឃើញ​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង នឹង​ប្រទាន​រង្វាន់​មក​អ្នក​ជា​មិន​ខាន»។
អំពី​សម្បត្តិ​សួគ៌
(លូកា ១២.៣៣-៣៤)
១៩ «កុំ​សន្សំ​ទ្រព្យ‌សម្បត្តិ​ទុក​សម្រាប់​ខ្លួន នៅ​លើ​ផែន‌ដី ជា​កន្លែង​ដែល​មាន​កណ្ដៀរ និង​ច្រែះ​ស៊ី ជា​កន្លែង​ដែល​មាន​ចោរ​ទម្លាយ​ជញ្ជាំង​ចូល​មក​លួច​ប្លន់​នោះ​ឲ្យ​សោះ។ ២០ ចូរ​ប្រមូល​ទ្រព្យ‌សម្បត្តិ​ទុក​នៅ​ស្ថាន​បរម‌សុខ*​វិញ ជា​ស្ថាន​ដែល​គ្មាន​កណ្ដៀរ និង​ច្រែះ​ស៊ី​ជា​ស្ថាន​ដែល​គ្មាន​ចោរ​ទម្លាយ​ជញ្ជាំង​ចូល​មក​លួច​ប្លន់​ឡើយ ២១ ដ្បិត​ទ្រព្យ‌សម្បត្តិ​អ្នក​នៅ​កន្លែង​ណា ចិត្ត​របស់​អ្នក​ក៏​នៅ​កន្លែង​នោះ​ដែរ»។
ពាក្យ​ប្រស្នា​អំពី​ចង្កៀង
(លូកា ១១.៣៤-៣៦)
២២ «ភ្នែក​ប្រៀប​បាន​នឹង​ចង្កៀង​របស់​រូប​កាយ បើ​ភ្នែក​អ្នក​នៅ​ភ្លឺ​ល្អ រូប​កាយ​អ្នក​ទាំង​មូល​ក៏​ភ្លឺ​ដែរ ២៣ តែ​បើ​ភ្នែក​អ្នក​ងងឹត​វិញ រូប​កាយ​អ្នក​ទាំង​មូល​ក៏​ងងឹត​ដែរ។ ប្រសិន​បើ​ពន្លឺ​នៅ​ក្នុង​អ្នក​ត្រឡប់​ទៅ​ជា​ងងឹត​ប៉ុណ្ណឹង​ទៅ​ហើយ នោះ​មិន​ដឹង​ជា​សេចក្ដី​ងងឹតនឹង​ទៅ​ជា​សូន្យ‌សុង ដល់​កម្រិត​ណា​ទៀត​ទេ»។
ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ‌ជាម្ចាស់
(លូកា ១៦.១៣, ១២.២២-៣១)
២៤ «គ្មាន​អ្នក​ណា​ម្នាក់​អាច​បម្រើ​ម្ចាស់​ពីរ​បាន​ទេ ព្រោះ​អ្នក​នោះ​នឹង​ស្អប់​មួយ ស្រឡាញ់​មួយ ស្មោះ‌ត្រង់​នឹង​ម្នាក់ មើល‌ងាយ​ម្នាក់​ទៀត​ជា​ពុំ‌ខាន។ អ្នក​រាល់​គ្នា​ក៏​ពុំ​អាច​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​ផង ហើយ​គោរព​បម្រើ​ទ្រព្យ‌សម្បត្តិ ទុក​ជា​ព្រះ​ផង​បាន​ឡើយ»។
២៥ «ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា កុំ​ឲ្យ​ខ្វល់‌ខ្វាយ​អំពី​ម្ហូប​អាហារ​សម្រាប់​ចិញ្ចឹម​ជីវិត ឬ​សម្លៀក‌បំពាក់​សម្រាប់​បិទ‌បាំង​កាយ​ឡើយ។ ជីវិត​មាន​តម្លៃ​លើស​ម្ហូប​អាហារ ហើយ​រូប​កាយ​ក៏​មាន​តម្លៃ​លើស​សម្លៀក‌បំពាក់​ទៅ​ទៀត។ ២៦ ចូរ​រំពៃ​មើល​បក្សា‌បក្សី​នៅ​លើ​មេឃ វា​មិន​ដែល​សាប​ព្រោះ មិន​ដែល​ច្រូត​កាត់ មិន​ដែល​ប្រមូល​ស្រូវ​ដាក់​ជង្រុក​ឡើយ ប៉ុន្តែ ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* ព្រះ‌អង្គ​ចិញ្ចឹម​វា។ រីឯ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មាន​តម្លៃ​លើស​បក្សា‌បក្សី​ទាំង​នោះ​ទៅ​ទៀត។ ២៧ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ទោះ​បី​ខំ​ខ្វល់‌ខ្វាយ​យ៉ាង​ណា​ក៏​ដោយ ក៏​គ្មាន​នរណា​អាច​នឹង​បង្កើន​អាយុ​របស់​ខ្លួន​ឲ្យ​វែង​បាន​ដែរ សូម្បី​តែ​បន្ដិច​ក៏​មិន​ផង។
២៨ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ខ្វល់‌ខ្វាយ​អំពី​សម្លៀក‌បំពាក់? ចូរ​សង្កេត​មើល​ផ្កា​នៅ​តាម​វាល វា​ដុះ​ឡើង​យ៉ាង​ណា។ វា​មិន​ដែល​ធ្វើ​ការ​នឿយ‌ហត់ ឬ​ត្បាញ​រវៃ​ឡើយ ២៩ ប៉ុន្តែ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ព្រះ‌បាទ​សាឡូម៉ូន កាល​ពី​ជំនាន់​ដែល​ព្រះ‌អង្គ​មាន​សិរី‌រុង​រឿង​ដ៏​ប្រសើរ​បំផុត​នោះ​ក៏​ដោយ ក៏​ស្ដេច​គ្មាន​ព្រះ‌ភូសា​ល្អ​ស្មើ​នឹង​ផ្កា​មួយ​ទង​នេះ​ផង។ ៣០ មនុស្ស​មាន​ជំនឿ​តិច​អើយ! ប្រសិន​បើ​ព្រះ‌ជាម្ចាស់​ផ្ដល់​សម្រស់​ឲ្យ​ផ្កា​ដែល​រីក​នៅ​តាម​វាល​ថ្ងៃ​នេះ តែ​ថ្ងៃ​ស្អែក​ត្រូវ​គេ​ដុត​ចោល​យ៉ាង​ហ្នឹង​ទៅ​ហើយ តើ​ព្រះ‌អង្គ​នឹង​ទំនុក​បម្រុង​អ្នក​រាល់​គ្នា​លើស​នេះ​យ៉ាង​ណា​ទៅ​ទៀត?។ ៣១ ហេតុ​នេះ កុំ​ខ្វល់‌ខ្វាយ​ដោយ​ពោល​ថា “យើង​នឹង​មាន​អ្វី​បរិភោគ មាន​អ្វី​ស្លៀក​ពាក់” នោះ​ឡើយ ៣២ ដ្បិត​មាន​តែ​សាសន៍​ដទៃ​ប៉ុណ្ណោះ​ទេ ដែល​ខំ​ស្វះ‌ស្វែង​រក​របស់​ទាំង​នោះ។ រីឯ​ព្រះ‌បិតា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ ព្រះ‌អង្គ​ជ្រាប​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ។ ៣៣ ចូរ​ស្វែង​រក​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់ និង​សេចក្ដី​សុចរិត*​របស់​ព្រះ‌អង្គ​ជា​មុន​សិន ទើប​ព្រះ‌អង្គ​ប្រទាន​របស់​ទាំង​នោះ​មក​អ្នក​រាល់​គ្នា​ថែម​ទៀត។ ៣៤ កុំ​ខ្វល់‌ខ្វាយ​អំពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​ថ្ងៃ​ស្អែក​ឡើយ ចាំ​ស្អែក​សឹម​គិត​ពី​រឿង​ថ្ងៃ​ស្អែក​ទៅ! បើ​មាន​ការ​លំបាក​កើត​ឡើង​នៅ​ថ្ងៃ​ណា ត្រូវ​ដោះ​ស្រាយ​សម្រាប់​តែ​ថ្ងៃ​នោះ​បាន​ហើយ»។
កុំ​ថ្កោល‌ទោស​អ្នក​ដទៃ
(លូកា ៦.៣៧-៣៨, ៤១-៤២)
 «កុំ​ថ្កោល‌ទោស​អ្នក​ដទៃ​ឲ្យ​សោះ ដើម្បី​កុំ​ឲ្យ​ព្រះ‌ជាម្ចាស់​ថ្កោល‌ទោស​អ្នក​រាល់​គ្នា  បើ​អ្នក​រាល់​គ្នា​ថ្កោល‌ទោស​គេ​យ៉ាង​ណា ព្រះ‌ជាម្ចាស់​ក៏​នឹង​ថ្កោល‌ទោស​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។ ព្រះ‌អង្គ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​រាល់​គ្នា​វាល់​ឲ្យ​អ្នក​ដទៃ។  ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ឃើញ​ល្អង​ធូលី​នៅ​ក្នុង​ភ្នែក​បង‌ប្អូន តែ​មើល​មិន​ឃើញ​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​អ្នក​ដូច្នេះ?  បើ​មាន​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​អ្នក ម្ដេច​ក៏​អ្នក​និយាយ​ទៅ​បង‌ប្អូន​ថា “ទុក​ឲ្យ​ខ្ញុំ​ផ្ដិត​យក​ល្អង​ធូលី ចេញ​ពី​ភ្នែក​អ្នក!”  មនុស្ស​មាន​ពុត​អើយ! ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​អ្នក​ជា​មុន​សិន ទើប​អ្នក​មើល​ឃើញ​ច្បាស់ ល្មម​នឹង​ផ្ដិត​យក​ល្អង​ធូលី​ចេញ​ពី​ភ្នែក​របស់​បង‌ប្អូន​អ្នក​បាន។
 កុំ​យក​អ្វីៗ​ដែល​ជា​របស់​វិសុទ្ធ* ទៅ​ឲ្យ​ឆ្កែ​ឡើយ ហើយ​ក៏​កុំ​បោះ​ត្បូង​ពេជ្រ​របស់​អ្នក​រាល់​គ្នា​នៅ​មុខ​ជ្រូក​ដែរ ក្រែង​លោ​វា​ជាន់​ឈ្លី រួច​បែរ​មក​ត្របាក់​ខាំ​អ្នក​រាល់​គ្នា​វិញ»។
អំពី​របៀប​ដែល​ត្រូវ​អធិស្ឋាន
(លូកា ១១.៩-១៣)
 «ចូរ​សុំ នោះ​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ចូរ​ស្វែង​រក នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ឃើញ ចូរ​គោះ​ទ្វារ នោះ​ព្រះ‌អង្គ​នឹង​បើក​ឲ្យ​អ្នក​រាល់​គ្នា​ជា​ពុំ‌ខាន  ដ្បិត​អ្នក​ណា​សុំ អ្នក​នោះ​តែង‌តែ​បាន​ទទួល អ្នក​ណា​ស្វែង​រក អ្នក​នោះ​តែង‌តែ​បាន​ឃើញ ហើយ​គេ​តែង‌តែ​បើក​ទ្វារ​ឲ្យ​អ្នក​ដែល​គោះ។  ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​កូន​សុំ​នំបុ័ង មិន​ដែល​មាន​នរណា​យក​ដុំ​ថ្ម​ឲ្យ​វា​ឡើយ ១០ ហើយ​បើ​កូន​សុំ​ត្រី ក៏​មិន​ដែល​មាន​នរណា​យក​ពស់​អសិ‌រពិស​ឲ្យ​វា​ដែរ។ ១១ សូម្បី​តែ​អ្នក​រាល់​គ្នា ដែល​ជា​មនុស្ស​អាក្រក់ ក៏​ចេះ​ឲ្យ​របស់​ល្អៗ​ទៅ​កូន ចុះ​ចំណង់​បើ​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* តើ​ព្រះ‌អង្គ​នឹង​ប្រទាន​អ្វីៗ​ដ៏​ល្អៗ​ឲ្យ​អស់​អ្នក​ដែល​ទូល​សូម​ពី​ព្រះ‌អង្គ យ៉ាង​ណា​ទៅ​ទៀត!»។
ទ្វារ​ចង្អៀត
(លូកា ១៣.២៤)
១២ «ដូច្នេះ បើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​អ្នក​ដទៃ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​បែប​ណា ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​បែប​នោះ​ដែរ។ គម្ពីរ‌វិន័យ និង​គម្ពីរ​ព្យាការី​មាន​ចែង​ទុក​មក​ដូច្នេះ​ឯង។
១៣ ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ទ្វារ​ដែល​នាំ​ទៅ​រក​សេចក្ដី​វិនាស​អន្តរាយ​ធំ​ណាស់ ហើយ​ផ្លូវ​ទៅ​រក​សេចក្ដី​វិនាស​ក៏​ទូលាយ​ដែរ មាន​មនុស្ស​ជា​ច្រើន​ចូល​តាម​ទ្វារ​នោះ។ ១៤ រីឯ​ទ្វារ​ដែល​នាំ​ទៅ​រក​ជីវិត ចង្អៀត ហើយ​ពិបាក​ដើរ​ផង មាន​មនុស្ស​តិច​ទេ​រក​ផ្លូវ​នោះ​ឃើញ»។
ប្រស្នា​អំពី​ដើម​ឈើ​ល្អ និង​ដើម​ឈើ​អាក្រក់
(លូកា ៦.៤៣-៤៤)
១៥ «ចូរ​ប្រយ័ត្ន​នឹង​ពួក​ព្យាការី*​ក្លែង‌ក្លាយ គេ​ក្លែង​ខ្លួន​មក​រក​អ្នក​រាល់​គ្នា ដោយ​ពាក់​ស្បែក​ចៀម តែ​គេ​មាន​ចិត្ត​សាហាវ​ដូច​ចចក។ ១៦ អ្នក​រាល់​គ្នា​អាច​ស្គាល់​គេ​បាន តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។ ពុំ​ដែល​មាន​នរណា​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ និង​ផ្លែ​ឧទុម្ពរ*​ពី​គុម្ព​បន្លា​ឡើយ។ ១៧ ដើម​ឈើ​ល្អ​តែង​ផ្ដល់​ផ្លែ​ល្អ រីឯ​ដើម​ឈើ​អា‌ក្រក់តែង​ផ្ដល់​ផ្លែ​អា‌ក្រក់។ ១៨ ដើម​ឈើ​ល្អ​មិន​អាច​ផ្ដល់​ផ្លែ​អា‌ក្រក់​ទេ រីឯ​ដើម​ឈើ​អា‌ក្រក់​ក៏​មិន​អាច​ផ្ដល់​ផ្លែ​ល្អ​បាន​ដែរ។ ១៩ ដើម​ឈើ​ណា​មិន​ផ្ដល់​ផ្លែ​ល្អ គេ​នឹង​កាប់​យក​ទៅ​ដុត។ ២០ រីឯ​ពួក​ព្យាការី​ក្លែង‌ក្លាយ​ក៏​ដូច្នោះ​ដែរ អ្នក​រាល់​គ្នា​អាច​ស្គាល់​គេ​បាន តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត»។
សាវ័ក​ដ៏​ពិត​ប្រាកដ
(លូកា ១៣.២៥-២៧)
២១ «អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ* មិន‌មែន​ជា​អ្នក​ដែល​គ្រាន់​តែ​ហៅ​ខ្ញុំ​ថា “ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់!” ប៉ុណ្ណោះ​ទេ គឺ​ជា​អ្នក​ដែល​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌បិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​នោះ​វិញ។ ២២ នៅ​ថ្ងៃ​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​ពោល​មក​ខ្ញុំ ថា“ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់​អើយ! យើង​ខ្ញុំ​ធ្លាប់​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ យើង​ខ្ញុំ​ធ្លាប់​ដេញ​ខ្មោច​ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ ហើយ​យើង​ខ្ញុំ​ក៏​ធ្លាប់​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ​ដែរ”។ ២៣ ពេល​នោះ ខ្ញុំ​នឹង​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​ថា “ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ! ចូរ​ថយ​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​រាល់​គ្នា​ទេ!”»។
ប្រស្នា​អំពី​មនុស្ស​ពីរ​នាក់​សង់​ផ្ទះ
(លូកា ៦.៤៦-៤៩)
២៤ «អ្នក​ណា​ស្ដាប់​ពាក្យ​ខ្ញុំ​នេះ ហើយ​ប្រព្រឹត្ត​តាម អ្នក​នោះ​ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ឈ្លាស​វៃ​ម្នាក់ ដែល​បាន​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ផ្ទាំង​ថ្ម។ ២៥ ទោះ​បី​ភ្លៀង​បង្អុរ​ចុះ​មក ហើយ​មាន​ទឹក​ជន់ មាន​ខ្យល់​បក់‌បោក​ប៉ះ​នឹង​ផ្ទះ​នោះ​យ៉ាង​ណា​ក៏​ដោយ ក៏​ផ្ទះ​នោះ​មិន​រលំ​ដែរ ព្រោះ​មាន​គ្រឹះ​នៅ​លើ​ផ្ទាំង​ថ្ម។ ២៦ រីឯ​អ្នក​ដែល​ស្ដាប់​ពាក្យ​ខ្ញុំ​នេះ តែ​មិន​ប្រព្រឹត្ត​តាម ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ឆោត​ល្ងង់​ម្នាក់ ដែល​បាន​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ដី​ខ្សាច់ ២៧ ពេល​ភ្លៀង​បង្អុរ​ចុះ​មក ហើយ​មាន​ទឹក​ជន់ មាន​ខ្យល់​បក់‌បោក​ប៉ះ​នឹង​ផ្ទះ​នោះ ផ្ទះ​នោះ​រលំ​បាក់‌បែក​ខ្ទេច​អស់​គ្មាន​សល់»។
២៨ កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ មហា‌ជន​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង​អំពី​សេចក្ដី​ដែល​ព្រះ‌អង្គ​ប្រៀន‌ប្រដៅ ២៩ ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ប្រកប​ដោយ​អំណាច ខុស​ប្លែក​ពី​ពួក​បណ្ឌិត​ខាង​វិន័យ*​របស់​ពួក​គេ។
ព្រះ‌យេស៊ូ​ប្រោស​មនុស្ស​ឃ្លង់​ម្នាក់​ឲ្យ​ជា
(ម៉ាកុស ១.៤០-៤៥ លូកា ៥.១២-១៤)
 កាល​ព្រះ‌យេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​មក​វិញ មាន​មហា‌ជន​ជា​ច្រើន​នាំ​គ្នា​ដើរ​តាម​ព្រះ‌អង្គ។  ពេល​នោះ មាន​មនុស្ស​ឃ្លង់​ម្នាក់​ចូល​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ ទូល​ថា៖ «លោក​ម្ចាស់​អើយ! ប្រសិន​បើ​លោក​មិន​យល់​ទាស់​ទេ សូម​ប្រោស​ខ្ញុំ​ប្របាទ​ឲ្យ​ជា​ស្អាត​បរិសុទ្ធ*​ផង»។  ព្រះ‌យេស៊ូ​លូក​ព្រះ‌ហស្ដ​ទៅ​ពាល់​គាត់ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​យល់​ព្រម​ហើយ ចូរ​ឲ្យ​បាន​ជា​ស្អាត​បរិសុទ្ធ​ចុះ»។ រំពេច​នោះ គាត់​ក៏​បាន​ជា​ស្អាត​បរិសុទ្ធ​ពី​រោគ​ឃ្លង់​ភ្លាម។  ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ប្រយ័ត្ន​ឲ្យ​មែន‌ទែន កុំ​និយាយ​ប្រាប់​ឲ្យ​នរណា​ដឹង​រឿង​នេះ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​លោក​បូជា‌ចារ្យ* ហើយ​ថ្វាយ​តង្វាយ​ដូច​លោក​ម៉ូសេ*​បាន​បង្គាប់​មក ដើម្បី​ជា​សក្ខី‌ភាព​បញ្ជាក់​ថា​អ្នក​បាន​ជា​មែន»។
ព្រះ‌យេស៊ូ​ប្រោស​អ្នក​បម្រើ​របស់​នាយ​ទាហាន​រ៉ូម៉ាំង​ឲ្យ​ជា
(លូកា ៧.១-១០)
 នៅ​ពេល​ព្រះ‌យេស៊ូ​យាង​ចូល​ក្រុង​កាផានុម មាន​នាយ​ទាហាន​រ៉ូម៉ាំង​ម្នាក់ចូល​មក​គាល់​ព្រះ‌អង្គ ទូល‌អង្វរ​ថា៖  «លោក​ម្ចាស់​អើយ! អ្នក​បម្រើ​របស់​ខ្ញុំ​ប្របាទ​ដេក​ស្ដូក‌ស្ដឹង​នៅ​ឯ​ផ្ទះ ទាំង​ឈឺ​ចុក‌ចាប់​យ៉ាង​ខ្លាំង»។  ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​នឹង​ទៅ​មើល​គាត់​ឲ្យ​បាន​ជា»។  នាយ​ទាហាន​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់ ខ្ញុំ​ប្របាទ​មាន​ឋានៈ​ទន់‌ទាប​ណាស់ មិន​សម​នឹង​លោក​អញ្ជើញ​ចូល​ក្នុង​ផ្ទះ​ខ្ញុំ​ប្របាទ​ទេ សូម​លោក​មាន​ប្រសាសន៍​តែ​មួយ​ម៉ាត់​ប៉ុណ្ណោះ អ្នក​បម្រើ​របស់​ខ្ញុំ​ប្របាទ​នឹង​ជា​សះ‌ស្បើយ​មិន​ខាន។  ខ្ញុំ​ប្របាទ​ជា​អ្នក​នៅ​ក្រោម​បញ្ជា​គេ ហើយ​មាន​កូន​ទាហាន​នៅ​ក្រោម​បញ្ជា​ខ្ញុំ​ប្របាទ​ដែរ បើ​ខ្ញុំ​ប្របាទ​បញ្ជា​អ្នក​ណា​ម្នាក់​ឲ្យ​ទៅ គេ​នឹង​ទៅ បើ​ប្រាប់​ម្នាក់​ទៀត​ឲ្យ​មក គេ​នឹង​មក។ ពេល​ខ្ញុំ​ប្របាទ​ប្រាប់​អ្នក​បម្រើ​ឲ្យ​ធ្វើ​ការ​អ្វី​មួយ គេ​នឹង​ធ្វើ​តាម»។ ១០ កាល​ព្រះ‌យេស៊ូ​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ដូច្នេះ​ហើយ ព្រះ‌អង្គ​ស្ងើច​សរ‌សើរ​ណាស់ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អស់​អ្នក​ដែល​ដើរ​តាម​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​មិន​ដែល​ឃើញ​នរណា​មាន​ជំនឿ​បែប​នេះ នៅ​ស្រុក​អ៊ីស្រា‌អែល​ឡើយ។ ១១ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន ពី​ទិស​ខាង​កើត និង​ទិស​ខាង​លិច មក​ចូល​រួម​ពិធី​ជប់‌លៀង ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប។ ១២ រីឯ​អស់​អ្នក​ដែល​ត្រូវ​ចូល​ក្នុង​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់ បែរ​ជា​ដេញ​ឲ្យ​ទៅ​នៅ​ខាង​ក្រៅ​ក្នុង​ទី‌ងងឹត ជា​កន្លែង​ដែល​គេ​យំ​សោក ខឹង​សង្កៀត​ធ្មេញ»។ ១៣ បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាយ​ទាហាន​រ៉ូម៉ាំង​ថា៖ «អញ្ជើញ​ត្រឡប់​ទៅ​វិញ​ទៅ សុំ​ឲ្យ​បាន​សម្រេច​តាម​ជំនឿ​របស់​លោក​ចុះ!»។ អ្នក​បម្រើ​ក៏​បាន​ជា​សះ‌ស្បើយ​នៅ​ពេល​នោះ។
ព្រះ‌យេស៊ូ​ប្រោស​អ្នក​ជំងឺ​ជា​ច្រើន​ឲ្យ​ជា
(ម៉ាកុស ១.២៩-៣៤ លូកា ៤.៣៨-៤១)
១៤ បន្ទាប់​មក​ទៀត ព្រះ‌យេស៊ូ​យាង​ទៅ​ផ្ទះ​លោក​សិលា ទត​ឃើញ​ម្ដាយ​ក្មេក​របស់​គាត់​កំពុង​គ្រុន​សម្រាន្ដ​នៅ​លើ​គ្រែ។ ១៥ ព្រះ‌អង្គ​ពាល់​ដៃ​គាត់ គាត់​ក៏​បាត់​គ្រុន ហើយ​ក្រោក​ឡើង បម្រើ​ព្រះ‌អង្គ។
១៦ លុះ​ដល់​ល្ងាច គេ​នាំ​មនុស្ស​ខ្មោច​ចូល​ជា​ច្រើន​នាក់​មក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​ដេញ​ខ្មោច​ដោយ​មាន​ព្រះ‌បន្ទូល ហើយ​ប្រោស​អ្នក​ជំងឺ​ឲ្យ​បាន​ជា​គ្រប់ៗ​គ្នា ១៧ ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម‌រយៈ​ព្យាការី*​អេសាយ​ថា៖
«ព្រះ‌អង្គ​បាន​ទទួល​យក​ភាព​ពិការ​របស់​យើង
ហើយ​ព្រះ‌អង្គ​ក៏​ទទួល​យក​ជំងឺ​របស់​យើង​ដែរ»​។
លក្ខណ‌សម្បត្តិ​របស់​អ្នក​ដែល​ចង់​តាម​ព្រះ‌យេស៊ូ
(លូកា ៩.៥៧-៦២)
១៨ កាល​ព្រះ‌យេស៊ូ​ឃើញ​បណ្ដា‌ជន​ចោម‌រោម​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​បញ្ជា​ឲ្យ​គេ​ចេញ​ទូក​ទៅ​ត្រើយ​ម្ខាង។ ១៩ ពេល​នោះ មាន​បណ្ឌិត​ខាង​វិន័យ*​ម្នាក់​ចូល​មក​ជិត​ព្រះ‌អង្គ ទូល​ថា៖ «លោក​គ្រូ! ខ្ញុំ​ប្របាទ​សុខ​ចិត្ត​ទៅ​តាម​លោក ទោះ​បី​លោក​អញ្ជើញ​ទៅ​ទី​ណា​ក៏​ដោយ»។ ២០ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «សត្វ​កញ្ជ្រោង​មាន​រូង​របស់​វា បក្សា‌បក្សី​ក៏​មាន​សំបុក​របស់​វា​ដែរ រីឯ​បុត្រ​មនុស្ស​វិញ គ្មាន​ទី​ជម្រក​សម្រាក​សោះ​ឡើយ»។ ២១ មាន​សាវ័ក​មួយ​រូប​ទៀត​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់ សូម​លោក​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ត្រឡប់​ទៅ​បញ្ចុះ​សព​ឪពុក​សិន»។ ២២ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ ទុក​ឲ្យ​មនុស្ស​ស្លាប់​បញ្ចុះ​សព​គ្នា​គេ​ចុះ»។
ព្រះ‌យេស៊ូ​ធ្វើ​ឲ្យ​រលក​ស្ងប់
(ម៉ាកុស ៤.៣៥-៤១ លូកា ៨.២២-២៥)
២៣ ព្រះ‌យេស៊ូ​យាង​ចុះ​ទូក ហើយ​ពួក​សាវ័ក*​នាំ​គ្នា​ទៅ​ជា​មួយ​ព្រះ‌អង្គ​ដែរ។ ២៤ ពេល​នោះ មាន​ខ្យល់​ព្យុះ​បក់‌បោក​មក​លើ​សមុទ្រ​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​រលក​ជះ​មក​គ្រប​ពី​លើ​ទូក។ រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះ‌អង្គ​ផ្ទំ​លក់។ ២៥ ពួក​សាវ័ក*​ចូល​ទៅ​ជិត​ដាស់​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់​អើយ! សូម​ជួយ​ផង យើង​ស្លាប់​ឥឡូវ​ហើយ»។ ២៦ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភិត‌ភ័យ​ដូច្នេះ?»។ ព្រះ‌អង្គ​ក្រោក​ឈរ​ឡើង មាន​ព្រះ‌បន្ទូល​គំរាម​ខ្យល់​ព្យុះ និង​សមុទ្រ ពេល​នោះ​សមុទ្រ ក៏​ស្ងប់‌ឈឹង។ ២៧ ពួក​សាវ័ក​នាំ​គ្នា​ស្ងើច​សរ‌សើរ ហើយ​ពោល​ថា៖ «តើ​លោក​នេះ​មាន​ឋានៈ​អ្វី បាន​ជា​ខ្យល់​ព្យុះ និង​សមុទ្រ ស្ដាប់​បង្គាប់​លោក​ដូច្នេះ?»។
ព្រះ‌យេស៊ូ​ប្រោស​បុរស​ខ្មោច​ចូល​ពីរ​នាក់
(ម៉ាកុស ៥.១-២០ លូកា ៨.២៦-៣៩)
២៨ កាល​ព្រះ‌យេស៊ូ និង​ពួក​សាវ័ក​បាន​ទៅ​ដល់​ត្រើយ​ម្ខាង ក្នុង​តំបន់​កាដារ៉ា មាន​បុរស​ខ្មោច​ចូល​ពីរ​នាក់​ចេញ​ពី​ទី​បញ្ចុះ​សព ដើរ​តម្រង់​មក​រក​ព្រះ‌អង្គ។ បុរស​ទាំង​ពីរ​នេះ​កាច​ណាស់ គ្មាន​នរណា​ហ៊ាន​ដើរ​កាត់​តាម​នោះ​ទេ។ ២៩ អ្នក​ទាំង​ពីរ​ស្រែក​ឡើង​ថា៖ «ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​អើយ! តើ​ព្រះ‌អង្គ​ចង់​ធ្វើ​អ្វី​យើង​ខ្ញុំ? ព្រះ‌អង្គ​យាង​មក​ទី​នេះ ដើម្បី​ធ្វើ​ទុក្ខ‌ទោស​យើង​ខ្ញុំ មុន​ពេល​កំណត់​ឬ?»។ ៣០ នៅ​ឆ្ងាយ​ពី​នោះ​បន្ដិច មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី។ ៣១ ពួក​ខ្មោច​អង្វរ​ព្រះ‌យេស៊ូ​ថា៖ «បើ​ព្រះ‌អង្គ​ចង់​ដេញ​យើង​ខ្ញុំ សូម​បញ្ជូន​យើង​ខ្ញុំ​ឲ្យ​ចូល​ទៅ​ក្នុង​ជ្រូក​មួយ​ហ្វូង​នេះ​ទៅ»។ ៣២ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ខ្មោច​ថា៖ «ទៅ​ចុះ!»។ ពួក​ខ្មោច​ក៏​ចេញ​ពី​បុរស​ទាំង​ពីរ ចូល​ទៅ​ក្នុង​ជ្រូក។ ពេល​នោះ ហ្វូង​ជ្រូក​បោល​ចុះ​តាម​ជម្រាល​ភ្នំ តម្រង់​ទៅ​សមុទ្រ លង់​ទឹក​ងាប់​អស់​ទៅ។ ៣៣ អ្នក​ថែ‌រក្សា​ហ្វូង​ជ្រូក​នាំ​គ្នា​យក​រឿង​អស់​ទាំង​នេះ​រត់​ទៅ​ប្រាប់​អ្នក​ភូមិ ព្រម​ទាំង​រៀប‌រាប់​ហេតុ‌ការណ៍​អំពី​បុរស​ខ្មោច​ចូល​ទាំង​ពីរ​នាក់​នោះ​ផង។ ៣៤ អ្នក​ភូមិ​ទាំង​អស់​ក៏​នាំ​គ្នា​ចេញ​មក​ជួប​ព្រះ‌យេស៊ូ លុះ​បាន​ឃើញ​ហើយ គេ​អង្វរ​ព្រះ‌អង្គ​ឲ្យ​ចាក‌ចេញ​ពី​ស្រុក​ភូមិ​របស់​គេ។
ព្រះ‌យេស៊ូ​ប្រោស​មនុស្ស​ខ្វិន​ម្នាក់​ឲ្យ​ដើរ​រួច
(ម៉ាកុស ២.១-១២ លូកា ៥.១៧-២៦)
 បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ចុះ​ទូក ឆ្លង​សមុទ្រ​ទៅ​ក្រុង​របស់​ព្រះ‌អង្គ​វិញ។  ពេល​នោះ មាន​គេ​សែង​មនុស្ស​ខ្វិន​ដៃ​ខ្វិន​ជើង​ម្នាក់​មក​រក​ព្រះ‌អង្គ។ ព្រះ‌យេស៊ូ​ឈ្វេង​យល់​ជំនឿ​របស់​អ្នក​ទាំង​នោះ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ពិការ​ថា៖ “កូន​អើយ! ចូរ​ក្លាហាន​ឡើង ខ្ញុំ​អត់‌ទោស​ឲ្យ​អ្នក​បាន​រួច​ពី​បាប*​ហើយ!”។  ពួក​បណ្ឌិត​ខាង​វិន័យ*​ខ្លះ​ឮ​ដូច្នេះ ក៏​នឹក​ក្នុង​ចិត្ត​ថា៖ «អ្នក​នេះ​ប្រមាថ​ព្រះ‌ជាម្ចាស់!»។  ព្រះ‌យេស៊ូ​ឈ្វេង​យល់​គំនិត​អ្នក​ទាំង​នោះ ទើប​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​គំនិត​អាក្រក់​បែប​នេះ?  បើ​ខ្ញុំ​និយាយ​ថា “ខ្ញុំ​អត់‌ទោស​ឲ្យ​អ្នក​បាន​រួច​ពី​បាប​ហើយ” ឬ​ថា “ចូរ​ក្រោក​ឡើង​ដើរ​ទៅ​ចុះ” តើ​ឃ្លា​មួយ​ណា​ស្រួល​និយាយ​ជាង?  ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា បុត្រ​មនុស្ស​មាន​អំណាច​អត់‌ទោស​ឲ្យ​មនុស្ស​នៅ​ក្នុង​លោក​នេះ​បាន​រួច​ពី​បាប»។ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ខ្វិន​ថា៖ «ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ដើរ​ទៅ​ផ្ទះ​វិញ​ទៅ!»។  អ្នក​ខ្វិន​ក៏​ក្រោក​ឡើង​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ។  កាល​មហា‌ជន​បាន​ឃើញ​ដូច្នេះ គេ​ស្ញែង​ខ្លាច​ជា​ខ្លាំង ទាំង​នាំ​គ្នា​លើក​តម្កើង​សិរី‌រុង​រឿង​ព្រះ‌ជាម្ចាស់ ដែល​បាន​ប្រោស​ប្រទាន​អំណាច​ដ៏​អស្ចារ្យ​យ៉ាង​នេះ​ដល់​មនុស្ស​លោក។
ព្រះ‌យេស៊ូ​ត្រាស់‌ហៅ​លោក​ម៉ាថាយ
(ម៉ាកុស ២.១៣-១៧ លូកា ៥.២៧-៣២)
 កាល​ព្រះ‌យេស៊ូ​យាង​ពី​ទី​នោះ​ទៅ​មុខ​បន្ដិច ព្រះ‌អង្គ​ទត​ឃើញ​បុរស​ម្នាក់​ឈ្មោះ​ម៉ាថាយ អង្គុយ​នៅ​កន្លែង​យក​ពន្ធ*។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ»។ គាត់​ក៏​ក្រោក​ឡើងដើរ​តាម​ព្រះ‌អង្គ​ទៅ។ ១០ បន្ទាប់​មក ព្រះ‌អង្គ​សោយ​ព្រះ‌ស្ងោយ​នៅ​ផ្ទះ​លោក​ម៉ាថាយ មាន​អ្នក​ទារ​ពន្ធ ព្រម​ទាំង​មនុស្ស​បាប​ជា​ច្រើន មក​អង្គុយ​រួម​តុ​ជា​មួយ​ព្រះ‌យេស៊ូ និង​ពួក​សាវ័ក​ដែរ។ ១១ ពួក​ខាង​គណៈ​ផារីស៊ី*​ឃើញ​ដូច្នេះ គេ​និយាយ​ទៅ​កាន់​សាវ័ក​របស់​ព្រះ‌អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​គ្រូ​របស់​អ្នក​រាល់​គ្នា​បរិភោគ​ជា​មួយ​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប?»។ ១២ ព្រះ‌យេស៊ូ​ឮ​ដូច្នេះ ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​សុខ‌ភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ មាន​តែ​អ្នក​ជំងឺ​ប៉ុណ្ណោះ​ដែល​ត្រូវ​ការ។ ១៣ ចូរ​អ្នក​រាល់​គ្នា​ទៅ​រិះ‌គិត​មើល សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថាៈ “យើង​មិន​ចង់​បាន​យញ្ញ‌បូជា​ទេ គឺ​ចង់​បាន​តែ​សេចក្ដី​មេត្តា‌ករុណា​ប៉ុណ្ណោះ” មាន​ន័យ​ដូច​ម្ដេច? ខ្ញុំ​មិន‌មែន​មក​រក​មនុស្ស​សុចរិត​ទេ គឺ​មក​រក​មនុស្ស​បាប»។
អំពី​ការ​តម​អាហារ
(ម៉ាកុស ២.១៨-២២ លូកា ៥.៣៣-៣៨)
១៤ ពេល​នោះ ពួក​សិស្ស​របស់​លោក​យ៉ូហាន​ចូល​មក​គាល់​ព្រះ‌អង្គ ហើយ​ទូល​ថា៖ «យើង​ខ្ញុំ និង​ពួក​ខាង​គណៈ​ផារីស៊ី* តម​អាហារ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​សិស្ស​របស់​លោក​មិន​តម​ដូច្នេះ?»។ ១៥ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល‌ឆ្លើយ​ទៅ​គេ​វិញ​ថា៖ «ក្នុង​ពិធី​មង្គល‌ការ ពេល​កូន​កំលោះ​នៅ​ជា​មួយ តើ​ភ្ញៀវ​អាច​កាន់​ទុក្ខ​កើត​ឬ​ទេ! ថ្ងៃ​ក្រោយ ពេល​គេ​ចាប់​ស្វាមី​យក​ទៅ ទើប​ភ្ញៀវ​ទាំង​នោះ​តម​អាហារ​វិញ។
១៦ ពុំ​ដែល​មាន​នរណា​យក​ក្រណាត់​ថ្មីមក​ប៉ះ​សម្លៀក‌បំពាក់​ចាស់​ឡើយ ដ្បិត​បំណះ​នឹង​ធ្វើ​ឲ្យ​សម្លៀក‌បំពាក់​នោះ​រហែក​លើស​ដើម​ទៅ​ទៀត។ ១៧ ពុំ​ដែល​មាន​នរណា​ច្រក​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មីទៅ​ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នេះ ថង់​ស្បែក​មុខ​ជា​ធ្លាយ ស្រា​នឹង​ហូរ​ចេញ ហើយ​ថង់​ស្បែក​ត្រូវ​ខូច​ខាត​មិន​ខាន។ គេ​តែង‌តែ​ច្រក​ស្រា​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី ទើប​ទាំង​ស្រា ទាំង​ថង់​ស្បែក​នៅ​គង់​បាន»។
ព្រះ‌យេស៊ូ​ប្រោស​ស្ត្រី​មាន​ជំងឺ​ធ្លាក់​ឈាម​ឲ្យ​ជា និង​ប្រោស​កូន​ស្រី​លោក​យ៉ៃរ៉ូស​ឲ្យ​រស់​ឡើង​វិញ
(ម៉ាកុស ៥.២១-៤៣ លូកា ៨.៤០-៥៦)
១៨ កាល​ព្រះ‌យេស៊ូ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ​ទៅ​គេ មាន​នាម៉ឺន​ម្នាក់​ចូល​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ទូល​ថា៖ «កូន​ស្រី​របស់​ខ្ញុំ​ប្របាទ​ទើប​នឹង​ផុត​ដង្ហើម​ថ្មីៗ​នេះ សូម​លោក​មេត្តា​អញ្ជើញ​ទៅ​ដាក់​ដៃ*​លើ​នាង នាង​នឹង​មាន​ជីវិត​រស់​ពុំ‌ខាន»។ ១៩ ព្រះ‌យេស៊ូ​ក្រោក​ឡើង យាង​ទៅ​ជា​មួយ​គាត់ ពួក​សាវ័ក*​ក៏​ទៅ​ជា​មួយ​ដែរ។ ២០ មាន​ស្ត្រី​ម្នាក់​កើត​ជំងឺ​ធ្លាក់​ឈាមដប់‌ពីរ​ឆ្នាំ​មក​ហើយ នាង​មក​ពី​ក្រោយ​ព្រះ‌យេស៊ូ ហើយ​ពាល់​ជាយ​ព្រះ‌ពស្ដ្រ​ព្រះ‌អង្គ ២១ ដ្បិត​នាង​រិះ‌គិត​ក្នុង​ចិត្ត​ថា «បើ​ខ្ញុំ​គ្រាន់​តែ​បាន​ពាល់​អាវ​លោក ខ្ញុំ​មុខ​ជា​ទទួល​ការ​សង្គ្រោះ​មិន​ខាន»។ ២២ ព្រះ‌យេស៊ូ​បែរ​ទៅ​ក្រោយទត​ឃើញ​នាង ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «កូន​ស្រី​អើយ! ចូរ​ក្លាហាន​ឡើង ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ»។ ស្ត្រី​ធ្លាក់​ឈាម​បាន​ជា​សះ‌ស្បើយ​នៅ​ពេល​នោះ។
២៣ កាល​ព្រះ‌យេស៊ូ​យាង​ទៅ​ដល់​ផ្ទះ​នាម៉ឺន​នោះ ព្រះ‌អង្គ​ទត​ឃើញ​អ្នក​លេង​ភ្លេង​កំដរ​សព និង​ឃើញ​មនុស្ស‌ម្នា​ជ្រួល‌ច្របល់ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ ២៤ «នាំ​គ្នា​ចេញ​ទៅ! ក្មេង​ស្រី​នេះ​មិន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ទេ​តើ»។ គេ​ចំអក​ដាក់​ព្រះ‌អង្គ។ ២៥ កាល​ព្រះ‌អង្គ​ដេញ​គេ​ចេញ​ទៅ​ក្រៅ​អស់​ហើយ ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​បន្ទប់ ចាប់​ដៃ​ក្មេង​ស្រី​នោះ នាង​ក៏​ក្រោក​ឡើង។ ២៦ ដំណឹង​នេះ​លេច​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​តំបន់​នោះ​ទាំង​មូល។
ព្រះ‌យេស៊ូ​ប្រោស​មនុស្ស​ខ្វាក់​ពីរ​នាក់​ឲ្យ​ភ្លឺ
២៧ កាល​ព្រះ‌យេស៊ូ​កំពុង​តែ​យាង​ចេញ​ពី​ទី​នោះ មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​មក​តាម​ព្រះ‌អង្គ ស្រែក​ថា៖ «ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង»។ ២៨ ពេល​ព្រះ‌អង្គ​យាង​ទៅ​ដល់​ផ្ទះ មនុស្ស​ខ្វាក់​ទាំង​ពីរ​នាក់​ចូល​ទៅ​ជិត​ព្រះ‌អង្គ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ទាំង​ពីរ​ថា៖ «តើ​អ្នក​ជឿ​ថា​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ភ្នែក​អ្នក​ភ្លឺ​ឬ?»។ គេ​ទូល​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​ជឿ​ហើយ ព្រះ‌អម្ចាស់​អើយ»។ ២៩ ព្រះ‌អង្គ​ក៏​ពាល់​ភ្នែក​អ្នក​ទាំង​ពីរ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «សុំ​ឲ្យ​បាន​សម្រេច​តាម​ជំនឿ​របស់​អ្នក​ចុះ»។ ៣០ ពេល​នោះ ភ្នែក​របស់​គេ​ក៏​ភ្លឺ។ ព្រះ‌យេស៊ូ​ហាម‌ប្រាម​គេ​យ៉ាង​តឹង‌តែង​ថា៖ «ចូរ​ប្រយ័ត្ន កុំ​ឲ្យ​នរណា​ដឹង​ឡើយ»។ ៣១ ប៉ុន្តែ បុរស​ទាំង​ពីរ​ចេញ​ទៅ​ផ្សព្វ‌ផ្សាយ​រឿង​នោះ ឲ្យ​គេ​ដឹង​ពាស‌ពេញ​ស្រុក។
ព្រះ‌យេស៊ូ​ប្រោស​មនុស្ស​គ​ម្នាក់​ឲ្យ​និយាយ​បាន
៣២ លុះ​អ្នក​ទាំង​ពីរ​ចេញ​ផុត​ទៅ មាន​គេ​នាំ​មនុស្ស​គ​ម្នាក់​ដែល​មាន​ខ្មោច​ចូល មក​គាល់​ព្រះ‌យេស៊ូ។ ៣៣ កាល​ព្រះ‌អង្គ​ដេញ​ខ្មោច​ចេញ​ហើយ មនុស្ស​គ​ក៏​និយាយ​បាន។ មហា‌ជន​នាំ​គ្នា​ស្ងើច​សរ‌សើរ​យ៉ាង​ខ្លាំង ទាំង​ពោល​ថា៖ «យើង​មិន​ដែល​ឃើញ​ការ​អស្ចារ្យ​បែប​នេះ នៅ​ស្រុក​អ៊ីស្រា‌អែល​ឡើយ»។ ៣៤ ប៉ុន្តែ ពួក​ខាង​គណៈ​ផារីស៊ី​ពោល​ថា៖ «គាត់​ដេញ​ខ្មោច​បាន​ដូច្នេះ មក​ពី​ស្ដេច​ខ្មោច​បាន​ប្រគល់​អំណាច​ឲ្យ»។
ព្រះ‌យេស៊ូ​អាណិត​មហា‌ជន
(ម៉ាកុស ៦.៣៤ លូកា ១០.២)
៣៥ បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ទៅ​តាម​ក្រុង និង​តាម​ភូមិ​នា​នា ព្រះ‌អង្គ​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ* ព្រម​ទាំង​ប្រកាស​ដំណឹង‌ល្អ*​អំពី​ព្រះ‌រាជ្យ* ហើយ​ប្រោស​អ្នក​ជំងឺ និង​អ្នក​ពិការ​គ្រប់​ប្រភេទ​ឲ្យ​ជា​ផង។ ៣៦ កាល​ព្រះ‌អង្គ​ទត​ឃើញ​មហា‌ជន ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ​គេ​ពន់‌ពេក​ណាស់ ព្រោះ​អ្នក​ទាំង​នោះ​អស់​កម្លាំង​ល្វើយ ធ្លាក់​ទឹក​ចិត្ត ប្រៀប​បី​ដូច​ជា​ចៀម​ដែល​គ្មាន​គង្វាល​ថែ‌ទាំ។ ៣៧ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សាវ័ក​ថា៖ «ស្រូវ​ដែល​ត្រូវ​ច្រូត​មាន​ច្រើន​ណាស់ តែ​អ្នក​ច្រូត​មាន​តិច​ពេក។ ៣៨ ហេតុ​នេះ ចូរ​អង្វរ​ម្ចាស់​ស្រែ ឲ្យ​ចាត់​អ្នក​ច្រូត​មក​ក្នុង​ស្រែ​របស់​លោក»។
១០
ព្រះ‌យេស៊ូ​តែង‌តាំង​គ្រីស្ដ‌ទូត​១២​រូប
(ម៉ាកុស ៣.១៣-១៩ លូកា ៦.១២-១៦)
 ព្រះ‌យេស៊ូ​ត្រាស់‌ហៅ​សាវ័ក​ទាំង​ដប់‌ពីរ​រូប​មក ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​មាន​អំណាច​ដេញ​ខ្មោច ព្រម​ទាំង​មាន​អំណាច​ប្រោស​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​អ្នក​ពិការ​គ្រប់​ប្រភេទ​ឲ្យ​ជា​ផង។  គ្រីស្ត‌ទូត*​ទាំង​ដប់‌ពីរ​មាន​នាម​ដូច​ត​ទៅ: អ្នក​ទី​មួយ គឺ​ស៊ីម៉ូន​ហៅ​សិលា និង​អន់ដ្រេ ជា​ប្អូន​របស់​គាត់ យ៉ាកុប និង​យ៉ូហាន​ជា​ប្អូន​របស់​គាត់ ដែល​ត្រូវ​ជា​កូន​របស់​លោក​សេបេដេ  ភីលីព និង​បារថូ‌ឡូមេ ថូម៉ាស់ និង​ម៉ាថាយ​ជា​អ្នក​ទារ​ពន្ធ* យ៉ាកុប​ជា​កូន​របស់​លោក​អាល់‌ផាយ និង​ថាដេ  ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម និង​យូដាស‌អ៊ី‌ស្កា‌រី‌យ៉ុតជា​អ្នក​ក្បត់​ព្រះ‌អង្គ។
ព្រះ‌យេស៊ូ​ចាត់​ទាំង ១២​ទៅ​ប្រកាស​ដំណឹង‌ល្អ
(ម៉ាកុស ៦.៧-១៣ លូកា ៩.១-៦)
 ព្រះ‌យេស៊ូ​ចាត់​សាវ័ក*​ទាំង​ដប់‌ពីរ​រូប​នេះ​ឲ្យ​ទៅ ដោយ​ផ្ដែ‌ផ្ដាំ​ថា៖ «កុំ​ទៅ​រក​សាសន៍​ដទៃ​ឡើយ ហើយ​ក៏​កុំ​ចូល​ទៅ​ក្នុង​ភូមិ​របស់​ជន​ជាតិ​សាម៉ារី​ដែរ  គឺ​ត្រូវ​ទៅ​ស្វែង​រក​អស់​អ្នក​ដែល​វង្វេង​​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល​នោះ​វិញ។  ពេល​ធ្វើ​ដំណើរ​ទៅ ចូរ​ប្រកាស​ថា ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​មក​ជិត​បង្កើយ​ហើយ។  ចូរ​មើល​អ្នក​ជំងឺ​ឲ្យ​ជា ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ធ្វើ​ឲ្យ​មនុស្ស​ឃ្លង់​ជា​ស្អាត​បរិសុទ្ធ* ដេញ​ខ្មោច​ចេញ​ពី​មនុស្ស។ អ្នក​រាល់​គ្នា​បាន​ទទួល​អំណាច​ដោយ​ឥត​បង់​ថ្លៃ ត្រូវ​ជួយ​គេ​វិញ​ដោយ​ឥត​គិត​ថ្លៃ​ដែរ។  កុំ​រក​មាស​ប្រាក់ ឬ​លុយ​កាក់ ដាក់​ក្នុង​ថង់​ឡើយ ១០ ហើយ​កុំ​យក​ថង់​យាម កុំ​យក​អាវ​ពីរ​បន្លាស់ កុំ​យក​ស្បែក​ជើង ឬ​ដំបង​ទៅ​ជា​មួយ ដ្បិត​អ្នក​ធ្វើ​ការ​ត្រូវ​តែ​ទទួល​ម្ហូប​អាហារ។
១១ ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ភូមិ ឬ​ក្រុង​ណា​មួយ ចូរ​សួរ​រក​អ្នក​ដែល​សម​នឹង​ទទួល​អ្នក​រាល់​គ្នា​ឲ្យ​ស្នាក់​នៅ។ ត្រូវ​ស្នាក់​នៅ​ផ្ទះ​អ្នក​នោះ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ចេញ​ពី​ទី​នោះ។ ១២ ពេល​ចូល​ទៅ​ក្នុង​ផ្ទះ​ណា ត្រូវ​ជម្រាប​សួរ​អ្នក​ផ្ទះ​នោះ ១៣ ប្រសិន​បើ​អ្នក​ផ្ទះ​នោះ​សម​នឹង​ទទួល​សេចក្ដី​សុខ‌សាន្ត នោះ​សេចក្ដី​សុខ‌សាន្ត​នឹង​កើត​មាន​ដល់​គេ ដូច​ពាក្យ​ជម្រាប​សួរ​របស់​អ្នក​រាល់​គ្នា​មិន​ខាន។ ផ្ទុយ​ទៅ​វិញ បើ​គេ​មិន​សម​នឹង​ទទួល​ទេ សេចក្ដី​សុខ‌សាន្ត​របស់​អ្នក​រាល់​គ្នា នឹង​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ​។ ១៤ បើ​គេ​មិន​ព្រម​ទទួល​អ្នក​រាល់​គ្នា ហើយ​បើ​គេ​មិន​ព្រម​ស្ដាប់​ពាក្យ​របស់​អ្នក​រាល់​គ្នា​ទេ ចូរ​ចេញ​ពី​ផ្ទះ​នោះ ឬ​ពី​ក្រុង​នោះ ទាំង​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​របស់​អ្នក​រាល់​គ្នា​ផង​។ ១៥ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា នៅ​ថ្ងៃ​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​សូដុម និង​អ្នក​ក្រុង​កូម៉ូរ៉ា នឹង​ទទួល​ទោស​ស្រាល​ជាង​អ្នក​ក្រុង​នោះ»។
អំពី​ការ​បៀត‌បៀន
(ម៉ាកុស ១៣.៩-១៣ លូកា ២១.១២-១៧)
១៦ «ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ឲ្យ​ចៀម​ទៅ​កណ្ដាល​ហ្វូង​ចចក។ ហេតុ​នេះ ត្រូវ​ចេះ​ប្រយ័ត្ន​ខ្លួន​ដូច​សត្វ​ពស់ ហើយ​កាន់​ចិត្ត​ស្លូត​ត្រង់​ដូច​សត្វ​ព្រាប។ ១៧ ចូរ​ប្រយ័ត្ន កុំ​ទុក​ចិត្ត​មនុស្ស​លោក​ឲ្យ​សោះ ដ្បិត​គេ​នឹង​ចាប់​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​តុលា‌ការ គេ​នឹង​យក​រំពាត់​ខ្សែ‌តី​មក​វាយ​អ្នក​រាល់​គ្នា នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ។ ១៨ គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នាទៅ​ឲ្យ​លោក​ទេសា‌ភិបាល និង​ឲ្យ​ស្ដេច​នានា​កាត់​ទោស ព្រោះ​តែ​អ្នក​រាល់​គ្នា​តាម​ខ្ញុំ។ ប៉ុន្តែ ពេល​នោះ ជា​ឱកាស​សម្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ផ្ដល់​សក្ខី‌ភាព​ឲ្យ​ពួក​លោក និង​ឲ្យ​សាសន៍​ដទៃ ដឹង​ឮ​ទៅ​វិញ។ ១៩ ពេល​គេ​ចាប់​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​កាត់​ទោស ចូរ​កុំ​ភ័យ​បារម្ភ​នឹង​រក​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ​យ៉ាង​ណាៗ​នោះ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ នៅ​ពេល​នោះ​តែ​ម្ដង។ ២០ មិន‌មែន​អ្នក​រាល់​គ្នា​ទេ​ដែល​និយាយ គឺ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​នឹង​មាន​ព្រះ‌បន្ទូល​នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា។
២១ បង‌ប្អូន​នឹង​ចាប់​បញ្ជូន​គ្នា​ឯង​ទៅ​ឲ្យ​គេ​សម្លាប់ ឪពុក​នឹង​ចាប់​បញ្ជូន​កូន​ទៅ​ឲ្យ​គេ​សម្លាប់ ហើយ​កូនៗ​លើក​គ្នា​ប្រឆាំង​នឹង​ឪពុក​ម្ដាយ ព្រម​ទាំង​បញ្ជូន​ទៅ​ឲ្យ​គេ​សម្លាប់​ទៀត​ផង។ ២២ មនុស្ស​គ្រប់ៗ​រូប​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ។ ប៉ុន្តែ អ្នក​ណា​ស៊ូ‌ទ្រាំ​រហូត​ដល់​ចុង​បញ្ចប់ ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ។ ២៣ ប្រសិន​បើ​គេ​បៀត‌បៀន​អ្នក​រាល់​គ្នា​នៅ​ក្រុង​ណា​មួយ ចូរ​រត់​ទៅ​ក្រុង​មួយ​ទៀត​ទៅ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បុត្រ​មនុស្ស*​នឹង​មក​ដល់ មុន​អ្នក​រាល់​គ្នា​ទៅ​ដល់​ក្រុង​ទាំង​ប៉ុន្មាន ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទៅ​ទៀត។
២៤ ពុំ​ដែល​មាន​សិស្ស​ណា​ចេះ​ជាង​គ្រូ​ឡើយ ហើយ​ក៏​ពុំ​ដែល​មាន​អ្នក​បម្រើ​ណា​ធំ​ជាង​ម្ចាស់​ដែរ ២៥ បើ​សិស្ស​ចេះ​បាន​ដូច​គ្រូ ហើយ​អ្នក​បម្រើ​បាន​ដូច​ម្ចាស់ នោះ​ល្មម​គ្រប់‌គ្រាន់​ហើយ។ ប្រសិន​បើ​គេ​ឲ្យ​ឈ្មោះ​ម្ចាស់​ផ្ទះ​ថា បេល‌សេ‌ប៊ូល​​ទៅ​ហើយ គេ​មុខ​ជា​ឲ្យ​ឈ្មោះ​អ្នក​នៅ​ក្នុង​ផ្ទះ​នោះ រឹត​តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត​មិន​ខាន»។
ព្រះ‌យេស៊ូ​ទូន្មាន​សាវ័ក​កុំ​ឲ្យ​ភ័យ​បារម្ភ
(លូកា ១២.២-៧)
២៦ «កុំ​ខ្លាច​ពួក​អ្នក​ទាំង​នោះ​ឡើយ ដ្បិត​ការ​លាក់​កំបាំង​ទាំង​អស់ក៏​នឹង​ត្រូវ​បើក​ឲ្យ​គេ​ឃើញ ហើយ​អាថ៌‌កំបាំង​ទាំង​ប៉ុន្មានក៏​នឹង​ត្រូវ​បើក​ឲ្យ​គេ​ដឹង​ដែរ។ ២៧ អ្វីៗ​ដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ក្នុង​ទី​ងងឹត ចូរ​យក​ទៅ​និយាយ​នៅ​ក្នុង​ពន្លឺ​ថ្ងៃ ហើយ​អ្វីៗ​ដែល​គេ​ខ្សឹប​ដាក់​ត្រចៀក ចូរ​យក​ទៅ​ប្រកាស​នៅ​លើ​ផ្ទះ។ ២៨ កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​បាន​ត្រឹម​តែ​រូប​កាយ ហើយ​ពុំ​អាច​សម្លាប់​ព្រលឹង​បាន​នោះ​ឲ្យ​សោះ គឺ​ត្រូវ​ខ្លាច​ព្រះ‌ជាម្ចាស់​វិញ ព្រោះ​ព្រះ‌អង្គ​អាច​ធ្វើ​ឲ្យ​ទាំង​ព្រលឹង ទាំង​រូប​កាយ ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក​បាន។ ២៩ ធម្មតា គេ​លក់​ចាប​ពីរ​ថ្លៃ​មួយ​សេន។ ទោះ​បី​ថោក​យ៉ាង​នេះ​ក៏​ដោយ ប្រសិន​បើ​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​មិន​យល់​ព្រម​ទេ​នោះ ក៏​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ចុះ​ដល់​ដី​បាន​ឡើយ។ ៣០ រីឯ​អ្នក​រាល់​គ្នា​វិញ សូម្បី​តែ​សក់​នៅ​លើ​ក្បាល​អ្នក​រាល់​គ្នាក៏​ព្រះ‌អង្គ​រាប់​អស់​ដែរ។ ៣១ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​កុំ​ខ្លាច​អ្វី​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​មាន​តម្លៃ​លើស​ចាប​ទាំង​អស់​ទៅ​ទៀត»។
អ្នក​ទទួល​ស្គាល់ និង​អ្នក​មិន​ទទួល​ស្គាល់​ព្រះ‌យេស៊ូ
(លូកា ១២.៨-៩)
៣២ «អ្នក​ណា​ទទួល​ស្គាល់​ខ្ញុំនៅ​ចំពោះ​មុខ​មនុស្ស​លោក ខ្ញុំ​នឹង​ទទួល​ស្គាល់​អ្នក​នោះ​វិញ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ។ ៣៣ រីឯ​អ្នក​ណា​បដិសេធ​មិន​ទទួល​ស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​មនុស្ស​លោក ខ្ញុំ​ក៏​បដិសេធ​មិន​ទទួល​ស្គាល់​អ្នក​នោះ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​ដែរ»។
ការ​បាក់‌បែក​គ្នា ព្រោះ​ជំនឿ
(លូកា ១២.៥១-៥៣)
៣៤ «កុំ​នឹក​ស្មាន​ថា ខ្ញុំ​មក​នេះ ដើម្បី​នាំ​យក​សន្តិ‌ភាព​មក​ឲ្យ​ផែន‌ដី​ឡើយ។ ខ្ញុំ​មិន‌មែន​នាំ​សន្តិ‌ភាព​មក​ទេ តែ​ខ្ញុំ​មក​បំបែក​មនុស្ស​ចេញ​ពី​គ្នា​។ ៣៥ ខ្ញុំ​មក ធ្វើ​ឲ្យ​កូន​ប្រុស​បែក​ពី​ឪពុក កូន​ស្រី​បែក​ពី​ម្ដាយ កូន​ប្រសា​ស្រី​បែក​ពី​ម្ដាយ​ក្មេក។ ៣៦ អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នាក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា»។
សាវ័ក​ដ៏​ពិត​ប្រាកដ​របស់​ព្រះ‌យេស៊ូ
(លូកា ១៤.២៦-២៧)
៣៧ «អ្នក​ណា​ស្រឡាញ់​ឪពុក​ម្ដាយខ្លាំង​ជាង​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​មិន​សម​នឹង​ធ្វើ​ជា​សាវ័ក*​របស់​ខ្ញុំ​ឡើយ។ អ្នក​ដែល​ស្រឡាញ់​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួនខ្លាំង​ជាង​ស្រឡាញ់​ខ្ញុំ ក៏​មិន​សម​នឹង​ធ្វើ​ជា​សាវ័ក​របស់​ខ្ញុំ​ដែរ។ ៣៨ អ្នក​ណា​មិន​យក​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មិន​មក​តាម​ខ្ញុំ​ទេ អ្នក​នោះ​មិន​សម​ធ្វើ​ជា​សាវ័ក​របស់​ខ្ញុំ​ឡើយ។ ៣៩ អ្នក​ណា​ចង់​រក្សា​ទុក​ជីវិត​របស់​ខ្លួន អ្នក​នោះ​នឹង​បាត់‌បង់​ជីវិត រីឯ​អ្នក​ដែល​បាត់‌បង់​ជីវិត ព្រោះ​តែ​ខ្ញុំ នឹង​បាន​ជីវិត​នោះ​មក​វិញ»។
អ្នក​ណា​ទទួល​អ្នក​រាល់​គ្នា ក៏​ដូច​ជា​ទទួល​ខ្ញុំ​ដែរ
៤០ «អ្នក​ណា​ទទួល​អ្នក​រាល់​គ្នាក៏​ដូច​ជា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ​ក៏​ដូច​ជា​ទទួល​ព្រះ‌អង្គ ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ។ ៤១ អ្នក​ណា​ទទួល​ព្យាការី*​ម្នាក់​ក្នុង​នាម​លោក​ជា​ព្យាការី អ្នក​នោះ​នឹង​ទទួល​រង្វាន់​ដូច​ព្យាការី។ អ្នក​ណា​ទទួល​មនុស្ស​សុចរិត*​ម្នាក់​ក្នុង​នាម​ជា​មនុស្ស​សុចរិត អ្នក​នោះ​នឹង​ទទួល​រង្វាន់​ដូច​មនុស្ស​សុចរិត។ ៤២ អ្នក​ណា​ឲ្យ​ទឹក​ត្រជាក់ សូម្បី​តែ​មួយ​កែវ​ដល់​អ្នក​តូច‌តាច​ម្នាក់​ក្នុង​នាម​ជា​សាវ័ក*​របស់​ខ្ញុំ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​នោះ​នឹង​ទទួល​រង្វាន់​ជា​មិន​ខាន»។
១១
លោក​យ៉ូហាន‌បាទីស្ដ​ចាត់​សិស្ស​ទៅ​ជួប​ព្រះ‌យេស៊ូ
(លូកា ៧.១៨-៣៥)
 កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ផ្ដែ‌ផ្ដាំ​សាវ័ក*​ទាំង​ដប់‌ពីរ​រូបចប់​សព្វ​គ្រប់​ហើយ ព្រះ‌អង្គ​យាង​ចាក‌ចេញ​ពី​ទី​នោះ​ទៅ​បង្រៀន និង​ប្រកាស​ដំណឹង‌ល្អ*​ដល់​ប្រជាជន នៅ​តាម​ភូមិ​នានា។
 ពេល​នោះ លោក​យ៉ូហាន​ជាប់​ក្នុង​មន្ទីរ​ឃុំ‌ឃាំង ហើយ​ឮ​គេ​និយាយ​អំពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌គ្រីស្ដ*​បាន​ធ្វើ។ លោក​ក៏​ចាត់​សិស្ស​ឲ្យ​ទៅ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖  «តើ​លោក​ជា​ព្រះ‌គ្រីស្ដ​ដែល​ត្រូវ​យាង​មក ឬ​មួយ​យើង​ខ្ញុំ​ត្រូវ​រង់‌ចាំ​ម្នាក់​ផ្សេង​ទៀត?»។  ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​សិស្ស​ទាំង​នោះ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​ជម្រាប​លោក​យ៉ូហាននូវ​ហេតុ‌ការណ៍ ដែល​អ្នក​រាល់​គ្នា​បាន​ឮ និង​បាន​ឃើញ​នេះ​ទៅ  គឺ​មនុស្ស​ខ្វាក់​មើល​ឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្ស​ឃ្លង់​ជា​ស្អាត​បរិសុទ្ធ មនុស្ស​ថ្លង់​ស្ដាប់​ឮ មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ហើយ​មាន​គេ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​ជន​ក្រីក្រ។  អ្នក​ណា​មិន​រវាត​ចិត្ត​ចេញ​ពី​ជំនឿ​ដោយ‌សារ​ខ្ញុំ អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល​ហើយ!»។
 ពេល​ពួក​សិស្ស​របស់​លោក​យ៉ូហាន​ចេញ​ផុត​ទៅ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​មហា‌ជន​អំពី​លោក​យ៉ូហាន​ថា៖ «តើ​អ្នក​រាល់​គ្នា​ទៅ​វាល​រហោ‌ស្ថាន​រក​មើល​អ្វី? រក​មើល​ដើម​ត្រែង​ដែល​ត្រូវ​ខ្យល់​បក់​នោះ​ឬ?។  តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? រក​មើល​មនុស្ស​ស្លៀក​ពាក់​ល្អ​រុង‌រឿង​ឬ? តាម​ធម្មតា អស់​អ្នក​ដែល​ស្លៀក​ពាក់​ល្អ​រុង‌រឿង គេ​រស់​នៅ​ក្នុង​ដំណាក់​ស្ដេច​ឯ‌ណោះ!។  បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ទៅ​រក​មើល​អ្វី? រក​មើល​ព្យាការី*​ម្នាក់​ឬ?។ ត្រូវ​ហើយ! ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា លោក​នោះ​ប្រសើរ​ជាង​ព្យាការី​ទៅ​ទៀត ១០ ដ្បិត​ក្នុង​គម្ពីរមាន​ចែង​អំពី​លោក​យ៉ូហាន​ថា “យើង​ចាត់​ទូត​យើង​ឲ្យ​ទៅ​មុន​ព្រះ‌អង្គ ដើម្បី​រៀប‌ចំ​ផ្លូវ​របស់​ព្រះ‌អង្គ”​។ ១១ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បណ្ដា​មនុស្ស​ដែល​កើត​មក​ក្នុង​លោក​នេះ​ គ្មាន​នរណា​មាន​ឋានៈ​ធំ​ជាង​លោក​យ៉ូហាន‌បាទីស្ដ​ឡើយ។ ប៉ុន្តែ អ្នក​ណា​តូច​ជាង​គេ​នៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ* អ្នក​នោះ​ប្រសើរ​លើស​លោក​យ៉ូហាន​ទៅ​ទៀត។
១២ តាំង​ពី​ជំនាន់​លោក​យ៉ូហាន‌បាទីស្ដមក​ទល់​សព្វ​ថ្ងៃ ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​បាន​រង​នូវ​អំពើ​ឃោរ‌ឃៅ ហើយ​មនុស្ស​ឃោរ‌ឃៅ​បាន​នាំ​គ្នា​ប្រើ​កម្លាំង​ដណ្ដើម​យក​ព្រះ‌រាជ្យ​នេះ​ផង។ ១៣ តាំង​ពី​ដើមរហូត​មក​ដល់​ជំនាន់​លោក​យ៉ូហាន ព្យាការី​ទាំង​អស់​បាន​ថ្លែង​ទុក​អំពី​ព្រះ‌រាជ្យ​នេះ ហើយ​ក្នុង​គម្ពីរ‌វិន័យ*​ក៏​មាន​ចែង​ទុក​ដែរ។ ១៤ ជឿ​ខ្ញុំ​ចុះ លោក​យ៉ូហាន​ហ្នឹង​ហើយ​ជា​ព្យាការី​អេលី​ដែល​ត្រូវ​មក។ ១៥ អ្នក​ណា​ឮ​ពាក្យ​នេះ សុំ​យក​ទៅ​ពិចារណា​ទៅ!
១៦ តើ​ខ្ញុំ​អាច​ប្រដូច​មនុស្ស​ជំនាន់​នេះ​ទៅ​នឹង​ជន​ប្រភេទ​ណា? អ្នក​ទាំង​នោះ​ប្រៀប​បាន​ទៅ​នឹង​កូន​ក្មេង​ដែល​អង្គុយ​លេង​នៅ​តាម​ផ្សារ ហើយ​ស្ដី​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ថាៈ ១៧ “យើង​បាន​ផ្លុំ​ខ្លុយ តែ​ពួក​ឯង​ពុំ​ព្រម​រាំ​ទេ យើង​បាន​ស្មូត្រ​បទ​ទំនួញ ក៏​ពួក​ឯង​ពុំ​ព្រម​គក់​ទ្រូង​យំ​ដែរ”។ ១៨ យ៉ាង​ណា‌មិញ លោក​យ៉ូហាន​បាន​មក លោក​តម​អាហារ តម​សុរា តែ​គេ​ថា​លោក​មាន​ខ្មោច​ចូល ១៩ រីឯ​បុត្រ​មនុស្ស*​ក៏​បាន​មក​ដែរ លោក​បរិភោគ​អាហារ និង​ពិសា​សុរា តែ​គេ​ថា “មើល​ចុះ! អ្នក​នេះ​គិត​តែ​ពី​ស៊ី​ផឹក ហើយ​សេព‌គប់​ជា​មួយ​ពួក​ទារ​ពន្ធ* និង​មនុស្ស​បាប”។ ប៉ុន្តែ មនុស្ស​លោក​ទទួល​ស្គាល់​ថា ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះ‌ជាម្ចាស់​ពិត​ជា​ល្អ​ត្រឹម‌ត្រូវ​មែន ដោយ​គេ​បាន​ឃើញ​កិច្ច‌ការ​ដែល​ព្រះ‌អង្គ​ធ្វើ»។
ព្រះ‌យេស៊ូ​បន្ទោស​អ្នក​ក្រុង​នានា​ដែល​ពុំ​ព្រម​ជឿ
(លូកា ១០.១៣-១៥)
២០ ពេល​នោះ ព្រះ‌អង្គ​ចាប់‌ផ្ដើម​ស្ដី​បន្ទោស​អ្នក​ក្រុង​នានា​យ៉ាង​ខ្លាំង ព្រោះ​គេ​បាន​ឃើញ​ព្រះ‌អង្គ​សម្ដែង​ការ​អស្ចារ្យ​ផ្សេងៗ​ក្នុង​ក្រុង​របស់​គេ តែ​គេ​ពុំ​ព្រម​កែ‌ប្រែ​ចិត្ត​គំនិត​សោះ៖
២១ «អ្នក​ក្រុង​ខូរ៉ា‌ស៊ីន​អើយ! អ្នក​ត្រូវ​វេទនា​ជា​ពុំ‌ខាន។ អ្នក​ក្រុង​បេតសៃដា​អើយ! អ្នក​ក៏​ត្រូវ​វេទនា​ដែរ។ ប្រសិន​បើ​អ្នក​ក្រុង​ទីរ៉ូស និង​អ្នក​ក្រុង​ស៊ីដូន​បាន​ឃើញ​ការ​អស្ចារ្យ ដូច​អ្នក​រាល់​គ្នា​ឃើញ​នៅ​ទី​នេះ ម៉្លេះ​សម​អ្នក​ក្រុង​ទាំង​នោះ​កែ‌ប្រែ​ចិត្ត​គំនិត ហើយ​ស្លៀក​បាវ​អង្គុយ​ក្នុង​ផេះ​ជា​មិន​ខាន។ ២២ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​ទីរ៉ូស និង​អ្នក​ក្រុង​ស៊ីដូន​ទទួល​ទោស​ស្រាល​ជាង​អ្នក​រាល់​គ្នា។
២៣ អ្នក​ក្រុង​កាផានុម​អើយ! កុំ​នឹក​ស្មាន​ថា​អ្នក​នឹង​បាន​ថ្កើង​ឡើង​ដល់​ស្ថាន​សួគ៌​ឡើយ អ្នក​នឹង​ធ្លាក់​ទៅ​ស្ថាន​នរក​វិញ។ ប្រសិន​បើ​អ្នក​ក្រុង​សូដុម​បាន​ឃើញ​ការ​អស្ចារ្យ ដែល​កើត​មាន​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ម៉្លេះ​សម​ក្រុង​សូដុម​នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស ដរាប​មក​ទល់​សព្វ​ថ្ងៃ​ជា​មិន​ខាន។  ​ ​​​        ២៤ ហេតុ​នេះ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​សូដុម​នឹង​ទទួល​ទោស​ស្រាល​ជាង​អ្នក​រាល់​គ្នា»។
ព្រះ‌បិតា និង​ព្រះ‌បុត្រា
(លូកា ១០.២១-២២)
២៥ នៅ​ពេល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឡើង​ថា៖ «បពិត្រ​ព្រះ‌បិតា ជា​អម្ចាស់​នៃ​ស្ថាន​បរម‌សុខ* និង​ជា​អម្ចាស់​នៃ​ផែន‌ដី ទូល‌បង្គំ​សូម​សរ‌សើរ​តម្កើង​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​បាន​សម្ដែង​ការ​ទាំង​នេះ​ឲ្យ​មនុស្ស​តូច‌តាច​យល់ តែ​ព្រះ‌អង្គ​បាន​លាក់​មិន​ឲ្យ​អ្នក​ប្រាជ្ញ និង​អ្នក​ចេះ​ដឹង​យល់​ទេ។ ២៦ មែន​ហើយ! ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​សម្រេច​ដូច្នេះ។
២៧ ព្រះ‌បិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ខ្ញុំ គ្មាន​អ្នក​ណា​ស្គាល់​ព្រះ‌បុត្រាក្រៅ​ពី​ព្រះ‌បិតា ហើយ​ក៏​គ្មាន​នរណា​ស្គាល់​ព្រះ‌បិតាក្រៅ​ពី​ព្រះ‌បុត្រា និង​អ្នក​ដែល​ព្រះ‌បុត្រា​សព្វ​ព្រះ‌ហឫ‌ទ័យសម្ដែង​ឲ្យ​ស្គាល់​នោះ​ដែរ»។
វិន័យ​របស់​ព្រះ‌យេស៊ូ
២៨ «អស់​អ្នក​ដែល​នឿយ‌ហត់ និង​មាន​បន្ទុក​ធ្ងន់​អើយ! ចូរ​មក​រក​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​បាន​សម្រាក។ ២៩ ចូរ​យក​នឹម​​របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​មុខ​ជា​បាន​ស្ងប់​ចិត្ត​មិន​ខាន ដ្បិត​ខ្ញុំ​ស្លូត និង​មាន​ចិត្ត​សុភាព។ ៣០ នឹម​របស់​ខ្ញុំ​ស្រួល ហើយ​បន្ទុក​ដែល​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា​ក៏​ស្រាល​ដែរ»។
១២
ព្រះ‌យេស៊ូ​មាន​អំណាច​លើ​វិន័យ​ថ្ងៃ​សប្ប័ទ
(ម៉ាកុស ២.២៣-២៨ លូកា ៦.១-៥)
 មាន​គ្រា​មួយ ព្រះ‌យេស៊ូ​យាង​កាត់​វាល​ស្រែ នៅ​ថ្ងៃ​សប្ប័ទ* សាវ័ក*​របស់​ព្រះ‌អង្គ​ឃ្លាន​ពេក ក៏​នាំ​គ្នា​បូត​កួរ​ស្រូវ​មក​បរិភោគ។  ពួក​ខាង​គណៈ​ផារីស៊ី*​ឃើញ​ដូច្នោះ ទូល​ព្រះ‌អង្គ​ថា៖ «សូម​លោក​មើល​ចុះ ពួក​សិស្ស​របស់​លោក​នាំ​គ្នា​ធ្វើ​ការ ដែល​បញ្ញត្តិ​ហាម​មិន​ឲ្យ​ធ្វើ​នៅ​ថ្ងៃ​សប្ប័ទ!»។  ព្រះ‌យេស៊ូ​តប​ទៅ​គេ​វិញ​ថា៖ «ក្នុង​គម្ពីរ មាន​អត្ថ‌បទ​មួយ​ស្ដី​អំពី​ការ​ដែល​ព្រះ‌បាទ​ដាវីឌ និង​បរិពារ​បាន​ប្រព្រឹត្ត​នៅ​ពេល​ឃ្លាន  គឺ​ស្ដេច​យាង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ហើយ​យក​នំបុ័ង​ដែល​គេ​តាំង​ថ្វាយ​ព្រះ‌ជាម្ចាស់ មក​សោយ​ជា​មួយ​ពួក​បរិពារ។ តាម​វិន័យ* មាន​តែ​ពួក​បូជា‌ចារ្យ*​ប៉ុណ្ណោះ ដែល​បរិភោគ​នំបុ័ង​នេះ​បាន រីឯ​ព្រះ‌រាជា​គ្មាន​សិទ្ធិ​សោយ​ទេ ហើយ​ពួក​បរិពារ​ក៏​គ្មាន​សិទ្ធិ​បរិភោគ​ដែរ តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​អត្ថ‌បទ​នោះ​ឬ​ទេ?  ម្យ៉ាង​ទៀត នៅ​ថ្ងៃ​សប្ប័ទ ពួក​បូជា‌ចារ្យ​ដែល​បំពេញ​មុខ‌ងារ​នៅ​ក្នុង​ព្រះ‌វិហារ* សុទ្ធ​តែ​រំលោភ​លើ​វិន័យ​ថ្ងៃ​សប្ប័ទ តែ​ឥត​មាន​ទោស​ឡើយ តើ​អ្នក​រាល់​គ្នា​ដែល​អាន​ធម្ម‌វិន័យ​នោះ​ទេ?  ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ទី​នេះ មាន​ម្នាក់ប្រសើរ​ជាង​ព្រះ‌វិហារ​ទៅ​ទៀត។  ប្រសិន​បើ​អ្នក​រាល់​គ្នា​យល់​អត្ថ‌ន័យ​នៃ​សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថា “យើង​មិន​ចង់​បាន​យញ្ញ‌បូជា​ទេ គឺ​ចង់​បាន​តែ​ចិត្ត​មេត្តា‌ករុណា​ប៉ុណ្ណោះ” នោះ​អ្នក​រាល់​គ្នា​មុខ​ជា​មិន​ប្រកាន់​ទោស​ជន​ដែល​គ្មាន​ទោស​ទាំង​នេះ​ឡើយ  ដ្បិត​បុត្រ​មនុស្ស*​ជា​ម្ចាស់​លើ​ថ្ងៃ​សប្ប័ទ*»។
ព្រះ‌យេស៊ូ​ប្រោស​មនុស្ស​ស្វិត​ដៃ​ម្នាក់​ឲ្យ​ជា
(ម៉ាកុស ៣.១-៦ លូកា ៦.៦-១១)
 ព្រះ‌យេស៊ូ​ចាក‌ចេញ​ពី​ទី​នោះ យាង​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ*​របស់​គេ។ ១០ មាន​បុរស​ស្វិត​ដៃ​ម្នាក់​នៅ​ក្នុង​សាលា​ប្រជុំ​នោះ​ដែរ។ គេ​នាំ​គ្នា​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «នៅ​ថ្ងៃ​សប្ប័ទ* តើ​យើង​មាន​សិទ្ធិ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា​ឬ​ទេ?»។ គេ​សួរ​ដូច្នេះ ក្នុង​គោល​បំណង​រក​លេស​ដើម្បី​ចោទ​ប្រកាន់​ព្រះ‌អង្គ។ ១១ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​នរណា​ម្នាក់​មាន​ចៀម​តែ​មួយ ហើយ​ចៀម​នោះ​ធ្លាក់​អណ្ដូង​នៅ​ថ្ងៃ​សប្ប័ទ តើ​អ្នក​នោះ​មិន​ទៅ​ស្រង់​យក​ចៀម​ឡើង​មក​វិញ​ទេ​ឬ?។ ១២ រីឯ​មនុស្ស​វិញ គេ​មាន​តម្លៃ​លើស​ចៀម​ឆ្ងាយ​ណាស់! ដូច្នេះ យើង​មាន​សិទ្ធិ​ធ្វើ​អំពើ​ល្អ​នៅ​ថ្ងៃ​សប្ប័ទ​បាន»។
១៣ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បុរស​ស្វិត​ដៃ​នោះ​ថា៖ «ចូរ​លាត​ដៃ​មើល៍!»។ បុរស​នោះ​លាត​ដៃ ហើយ​ដៃ​គាត់​ក៏​ជា​ដូច​ដៃ​ម្ខាង​ទៀត។
១៤ ពួក​ខាង​គណៈ​ផារីស៊ី*​ចេញ​ពី​សាលា​ប្រជុំ* ហើយ​ពិគ្រោះ​គ្នា​រក​មធ្យោ‌បាយ​ធ្វើ​គុត​ព្រះ‌អង្គ។ ១៥ កាល​ព្រះ‌យេស៊ូ​ជ្រាប​ដូច្នោះ ព្រះ‌អង្គ​យាង​ចាក‌ចេញ​ពី​ទី​នោះ ទាំង​មាន​មហា‌ជន​ជា​ច្រើន​ដើរ​តាម​ព្រះ‌អង្គ​ទៅ​ដែរ។ ព្រះ‌អង្គ​បាន​ប្រោស​ពួក​គេ​ឲ្យ​ជា​ពី​ជំងឺ​ទាំង​អស់​គ្នា ១៦ តែ​ព្រះ‌អង្គ​គំរាម​គេ​យ៉ាង​ម៉ឺង‌ម៉ាត់ មិន​ឲ្យ​និយាយ​ប្រាប់​អ្នក​ដទៃ​ថា ព្រះ‌អង្គ​ជា​នរណា​ឡើយ ១៧ ដើម្បី​ឲ្យ​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក តាម‌រយៈ​ព្យាការី*​អេសាយ​ថា៖
១៨ «លោក​នេះ​ហើយ​ជា​អ្នក​បម្រើ​ដែល​យើង​បាន
ជ្រើស‌រើស ជា​អ្នក​ដែល​យើង​ស្រឡាញ់
ហើយ​ធ្វើ​ឲ្យ​ចិត្ត​យើង​រីក‌រាយ។
យើង​នឹង​ដាក់​វិញ្ញាណ​របស់​យើង
ឲ្យ​សណ្ឋិត​លើ​លោក
ហើយ​លោក​នឹង​ប្រាប់​ឲ្យ​ជាតិ​សាសន៍
ទាំង​អស់​ស្គាល់​សេចក្ដី​សុចរិត។
១៩ លោក​នឹង​មិន​ឈ្លោះ​ប្រកែក​ជា​មួយ​នរណា​ឡើយ
ហើយ​ក៏​មិន​ស្រែក​ដាក់​នរណា​ផង
គ្មាន​នរណា​ឮ​សំឡេង​របស់​លោក​នៅ
តាម​ទី‌ផ្សារ​ទេ។
២០ លោក​នឹង​មិន​កាច់​ដើម​ត្រែង​ណា​ដែល
ទក់​ហើយ​នោះ​ឡើយ
ហើយ​ក៏​មិន​ផ្លុំ​ពន្លត់​ភ្លើង​ណា ដែល​ហៀប​នឹង
រលត់​នោះ​ដែរ។
លោក​ធ្វើ​ដូច្នេះ រហូត​ដល់​លោក​នាំ
សេចក្ដី​សុចរិត​ឲ្យ​មាន​ជ័យ‌ជម្នះ។
២១ ជាតិ​សាសន៍​ទាំង​អស់​នឹង​នាំ​គ្នា
សង្ឃឹម​លើ​លោក»​។
ព្រះ‌យេស៊ូ​ឆ្លើយ​តប​នឹង​អ្នក​ចោទ​ប្រកាន់​ព្រះ‌អង្គ
(ម៉ាកុស ៣.២០-៣០ លូកា ១១.១៤-២៣)
២២ ពេល​នោះ មាន​គេ​នាំ​បុរស​ខ្មោច​ចូល​ម្នាក់​មក​គាល់​ព្រះ‌អង្គ។ ខ្មោច​បាន​ធ្វើ​ឲ្យ​គាត់​ខ្វាក់​ផង ថ្លង់​ផង។ ព្រះ‌អង្គ​ប្រោស​គាត់​ឲ្យ​ជា គាត់​ក៏​និយាយ​បាន និង​មើល​ឃើញ​ទៀត​ផង។ ២៣ មហា‌ជន​ស្រឡាំង‌កាំង​ទាំង​អស់​គ្នា គេ​ពោល​ថា៖ «លោក​នេះ​ពិត​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​មែន!»។២៤ ប៉ុន្តែ ពួក​ខាង​គណៈ​ផារីស៊ី*​ពោល​ថា៖ «អ្នក​នេះ​ដេញ​ខ្មោច​បាន​ដូច្នេះ មក​ពី​បេល‌សេ‌ប៊ូល​ ជា​ស្ដេច​ខ្មោច​ប្រគល់​អំណាច​ឲ្យ​ប៉ុណ្ណោះ»។ ២៥ ព្រះ‌អង្គ​ឈ្វេង​យល់​គំនិត​របស់​គេ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «នគរ​ណា​ក៏​ដូច​នគរ​ណា​ដែរ ប្រសិន​បើ​ពល​រដ្ឋ​បាក់‌បែក​ទាស់‌ទែង​គ្នា​ឯង នគរ​នោះ​មុខ​ជា​ត្រូវ​វិនាស​មិន​ខាន រីឯ​ក្រុង ឬ​ក្រុម​គ្រួសារ​ណា​បាក់‌បែក​ទាស់‌ទែង​គ្នា​ឯង ក៏​មិន​អាច​នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​បាន​ដែរ។ ២៦ បើ​មារ*​សាតាំង​បណ្ដេញ​មារ​សាតាំង ហើយ​វា​បាក់‌បែក​ទាស់‌ទែង​នឹង​ខ្លួន​វា ធ្វើ​ម្ដេច​ឲ្យ​រាជ្យ​របស់​វា​នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​បាន!។ ២៧ ប្រសិន​បើ​ខ្ញុំ​ដេញ​ខ្មោច ដោយ​អំណាច​បេល‌សេ‌ប៊ូល​មែន តើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ដេញ​ខ្មោច ដោយ​អាង​លើ​នរណា​វិញ?។ ដូច្នេះ កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា​ពុំ‌ខាន។ ២៨ ផ្ទុយ​ទៅ​វិញ បើ​ខ្ញុំ​ដេញ​ខ្មោច ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់ បាន​សេចក្ដី​ថា ព្រះ‌រាជ្យ*​របស់​ព្រះ‌អង្គ​មក​ដល់​អ្នក​រាល់​គ្នា​ហើយ។ ២៩ ម្យ៉ាង​ទៀត ពុំ​មាន​នរណា​អាច​ចូល​ទៅ​ក្នុង​ផ្ទះ​មនុស្ស​ខ្លាំង​ពូកែ ហើយ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​គាត់​ឡើយ លុះ​ត្រា​ណា​តែ​ចង​មនុស្ស​ខ្លាំង​ពូកែ​នោះ​ជា​មុន​សិន ទើប​អាច​ប្លន់​យក​ទ្រព្យ‌សម្បត្តិ​ក្នុង​ផ្ទះ​គាត់​បាន។ ៣០ អ្នក​ណា​មិន​រួម​ជា​មួយ​ខ្ញុំ អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំ ហើយ​អ្នក​ណា​មិន​ជួយ​ប្រមូល​ផ្ដុំ​ជា​មួយ​ខ្ញុំ​ទេ អ្នក​នោះ​ជា​អ្នក​កម្ចាត់‌កម្ចាយ។ ៣១ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​មនុស្ស​លោក​ប្រព្រឹត្ត​អំពើ​បាប និង​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់ ព្រះ‌អង្គ​នឹង​លើក‌លែង​ទោស​ឲ្យ​បាន​ទាំង​អស់ តែ​បើ​គេ​ប្រមាថ​ព្រះ‌វិញ្ញាណ​វិញ ព្រះ‌អង្គ​នឹង​មិន​លើក‌លែង​ទោស​ឲ្យ​ឡើយ។ ៣២ បើ​អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​បុត្រ​មនុស្ស* ព្រះ‌ជាម្ចាស់​នឹង​លើក‌លែង​ទោស​ឲ្យ​បាន រីឯ​អ្នក​ដែល​ពោល​ពាក្យ​ទាស់​នឹង​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* ទោះ​បី​នៅ​ក្នុង​លោក​នេះ ឬ​នៅ​បរ​លោក​ក្តី ក៏​ព្រះ‌អង្គ​មិន​លើក‌លែង​ទោស​ឲ្យ​ដែរ»។
ដើម​ឈើ​ល្អ ដើម​ឈើ​អាក្រក់
(លូកា ៦.៤៣-៤៥)
៣៣ «បើ​ដើម​ល្អ ផ្លែ​ក៏​ល្អ តែ​បើ​ដើម​អាក្រក់​វិញ ផ្លែ​វា​ក៏​អាក្រក់​ដែរ ដ្បិត​គេ​ស្គាល់​ដើម​ឈើ​តាម​ផ្លែ​របស់​វា។ ៣៤ នែ៎ ពូជ​ពស់​វែក​អើយ! អ្នក​រាល់​គ្នា​និយាយ​សេចក្ដី​ល្អៗ​ដូច​ម្ដេច​បាន បើ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​មនុស្ស​អាក្រក់​ដូច្នេះ! ដ្បិត​មាត់​របស់​មនុស្ស​តែង​ស្រដី​ចេញ​មក​នូវ​សេចក្ដី​ណា ដែល​មាន​ពេញ​ហូរ‌ហៀរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន។ ៣៥ មនុស្ស​ល្អ​តែង​ប្រព្រឹត្ត​ល្អ ព្រោះ​គេ​មាន​សុទ្ធ​តែ​គំនិត​ល្អ​នៅ​ក្នុង​ខ្លួន រីឯ​មនុស្ស​អាក្រក់​វិញ តែង​ប្រព្រឹត្ត​អាក្រក់ ព្រោះ​គេ​មាន​សុទ្ធ​តែ​គំនិត​អាក្រក់​នៅ​ក្នុង​ខ្លួន។ ៣៦ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​តាម​ពាក្យ​សម្ដី​ឥត​ប្រយោជន៍ ដែល​គេ​បាន​និយាយ ៣៧ ដ្បិត​អ្នក​នឹង​សុចរិត​ដោយ‌សារ​ពាក្យ​សម្ដី​អ្នក ឬ​មួយ​អ្នក​ត្រូវ​ទទួល​ទោស​ក៏​ដោយ‌សារ​តែ​ពាក្យ​សម្ដី​របស់​អ្នក​ដែរ»។
ទី​សម្គាល់​របស់​លោក​យ៉ូណាស
(ម៉ាកុស ៨.១១-១២ លូកា ១១.២៩-៣២)
៣៨ នៅ​ពេល​នោះ មាន​ពួក​បណ្ឌិត​ខាង​វិន័យ* និង​ពួក​ខាង​គណៈ​ផារីស៊ី*​ខ្លះ ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ សូម​លោក​ធ្វើ​ទី​សម្គាល់​ដ៏​អស្ចារ្យ​មួយ​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង!»។
៣៩ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ ហើយ​ក្បត់​នឹង​ព្រះ‌ជាម្ចាស់​ផង។ គេ​ចង់​តែ​ឃើញ​ទី​សម្គាល់​ដ៏​អស្ចារ្យ ប៉ុន្តែ ព្រះ‌ជាម្ចាស់​មិន​ប្រទាន​ទី​សម្គាល់​ណា​ផ្សេង ក្រៅ​ពី​ទី​សម្គាល់​របស់​ព្យាការី*​យ៉ូណាស​ឡើយ។ ៤០ លោក​យ៉ូណាស​ស្ថិត​នៅ​ក្នុង​ពោះ​ត្រី​ធំ​បី​ថ្ងៃ​បី​យប់​យ៉ាង​ណា បុត្រ​មនុស្ស​ក៏​នឹង​ស្ថិត​នៅ​ក្នុង​ដី​បី​ថ្ងៃ​បី​យប់​យ៉ាង​នោះ​ដែរ។ ៤១ នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​នីនីវេ​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម នៅ​ពេល​ដែល​អ្នក​ក្រុង​នីនីវេ​ឮ​សេចក្ដី​លោក​យ៉ូណាស​ប្រកាស គេ​បាន​កែ‌ប្រែ​ចិត្ត​គំនិត។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​ជាង​លោក​យ៉ូណាស​ទៅ​ទៀត។ ៤២ នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក មហា​ក្សត្រិយ៍​ស្រុក​ខាង​ត្បូង​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម ព្រះ‌នាង​បាន​យាង​មក​ពី​តំបន់​ដាច់​ស្រយាល​នៃ​ផែន‌ដី ដើម្បី​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌បាទ​សាឡូម៉ូន ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​ជាង​ព្រះ‌បាទ​សាឡូម៉ូន​ទៅ​ទៀត»។
ត្រូវ​ប្រយ័ត្ន កុំ​ឲ្យ​ខ្មោច​ចូល​ម្ដង​ទៀត
(លូកា ១១.២៤-២៦)
៤៣ «កាល​បើ​ខ្មោច​ចេញ​ពី​មនុស្ស​ណា​ម្នាក់​ហើយ វា​តែង​ស្វែង​រក​ទី​ជម្រក​នៅ​វាល​ហួត‌ហែង តែ​ប្រសិន​បើ​វា​រក​ពុំ​ឃើញ​ទេ ៤៤ វា​មុខ​ជា​និយាយ​ថា “អញ​នឹង​វិល​ត្រឡប់​ទៅ​ផ្ទះ ដែល​អញ​ទើប​ចេញ​មក”។ លុះ​ទៅ​ដល់ ឃើញ​ផ្ទះ​នោះ​នៅ​ទំនេរ បោស​ស្អាត ហើយ​តុប‌តែង​ល្អ ៤៥ វា​នឹង​ចេញ​ទៅ​បបួល​ខ្មោច​ប្រាំ​ពីរ​ទៀត ដែល​សុទ្ធ​តែ​អាក្រក់​ជាង​វា​មក​ចូល​នៅ​ក្នុង​អ្នក​នោះ បណ្ដាល​ឲ្យ​គាត់​រឹង‌រឹត​តែ​អាក្រក់​លើស​ដើម​ទៅ​ទៀត។ រីឯ​មនុស្ស​អាក្រក់​នៅ​ជំនាន់​នេះ ក៏​នឹង​កើត​មាន​ដូច្នោះ​ដែរ»។
ព្រះ‌ញាតិ​វង្ស​ពិត​ប្រាកដ​របស់​ព្រះ‌យេស៊ូ
(ម៉ាកុស ៣.៣១-៣៥ លូកា ៨.១៩-២១)
៤៦ ព្រះ‌អង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន​នៅ​ឡើយ ស្រាប់​តែ​មាតា និង​បង‌ប្អូន​របស់​ព្រះ‌អង្គ មក​ឈរ​ចាំ​នៅ​ខាង​ក្រៅ ចង់​និយាយ​ជា​មួយ​ព្រះ‌អង្គ។ ៤៧ មាន​ម្នាក់​ទូល​ព្រះ‌អង្គ​ថា៖ «ម្ដាយ​លោក និង​បង‌ប្អូន​លោក​នៅ​ខាង​ក្រៅ ចង់​និយាយ​ជា​មួយ​លោក»។ ៤៨ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «តើ​នរណា​ជា​ម្ដាយ​ខ្ញុំ នរណា​ជា​បង‌ប្អូន​ខ្ញុំ?»។ ៤៩ ព្រះ‌អង្គ​លើក​ព្រះ‌ហស្ដ​ចង្អុល​ទៅ​ពួក​សាវ័ក* ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ទាំង​នេះ​ហើយ​ជា​មាតា និង​ជា​បង‌ប្អូន​របស់​ខ្ញុំ ៥០ ដ្បិត​អ្នក​ណា​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌បិតា​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* អ្នក​នោះ​ហើយ​ជា​បង‌ប្អូន​ប្រុស​ស្រី និង​ជា​ម្ដាយ​របស់​ខ្ញុំ»។
១៣
ប្រស្នា​អំពី​គ្រាប់​ពូជ
(ម៉ាកុស ៤.១-២០ លូកា ៨.៤-១៥)
នៅ​គ្រា​នោះ ព្រះ‌យេស៊ូ​ចាក‌ចេញ​ពី​ផ្ទះ យាង​ទៅ​គង់​នៅ​មាត់​សមុទ្រ។  មាន​មហា‌ជន​ច្រើន​កុះ‌ករ មក​ចោម‌រោម​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​យាង​ចុះ​ទៅ​គង់​ក្នុង​ទូក​មួយ រីឯ​បណ្ដា‌ជន​ឈរ​នៅ​មាត់​ច្រាំង។  ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​យ៉ាង​ច្រើន ដោយ​ប្រើ​ប្រស្នា​ដូច​ត​ទៅ៖
«មាន​បុរស​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ។  ពេល​គាត់​ព្រោះ មាន​គ្រាប់​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ហើយ​សត្វ​មក​ចឹក​ស៊ី​អស់​ទៅ។  មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​កន្លែង​មាន​ថ្ម ពុំ​សូវ​មាន​ដី។ គ្រាប់​ពូជ​ក៏​ដុះ​ឡើង​ភ្លាម ព្រោះ​ដី​មិន​ជ្រៅ។  លុះ​ដល់​ថ្ងៃ​ក្ដៅ​ឡើង ពន្លក​ទាំង​នោះ​ក្រៀម​ស្វិត​អស់​ទៅ ព្រោះ​ឫស​ចាក់​មិន​បាន​ជ្រៅ។  គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា។ បន្លា​ក៏​ដុះ​ឡើង រួប‌រឹត​ស្រូវ​មិន​ឲ្យ​ដុះ​ឡើយ។  គ្រាប់​ពូជ​ខ្លះ​ទៀត ធ្លាក់​ទៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ មួយ​គ្រាប់​ឲ្យ​ផល​ជា​មួយ‌រយ​គ្រាប់ មួយ​ទៀត​ឲ្យ​ហុក‌សិប និង​មួយ​ទៀត​ឲ្យ​សាម‌សិប។  អស់​អ្នក​ដែល​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!​»។
១០ ពេល​នោះ ពួក​សាវ័ក​នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌អង្គ ទូល​សួរ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌គ្រូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បណ្ដា‌ជន ដោយ​ប្រើ​ពាក្យ​ប្រស្នា​ដូច្នេះ?»។ ១១ ព្រះ‌អង្គ​តប​ទៅ​គេ​វិញ​ថា៖ «មក​ពី​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​យល់គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ* រីឯ​អ្នក​ដទៃ​វិញ ព្រះ‌អង្គ​មិន​ប្រទាន​ឲ្យ​យល់​ឡើយ។ ១២ អ្នក​ណា​មាន​ហើយ ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ថែម​ទៀត ដើម្បី​ឲ្យ​អ្នក​នោះ​បាន​បរិបូណ៌ រីឯ​អ្នក​ដែល​គ្មាន ព្រះ‌អង្គ​នឹង​ហូត​យក​អ្វីៗ​ដែល​អ្នក​នោះ​មាន​ផង។ ១៣ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ​ទៅ​គេ ដោយ​ប្រើ​ពាក្យ​ប្រស្នា គឺ​ទោះ​បី​គេ​មើល​ក៏​ពុំ​ឃើញ ទោះ​បី​គេ​ស្ដាប់​ក៏​ពុំ​ឮ ហើយ​ក៏​ពុំ​យល់​ដែរ ១៤ ដើម្បី​ឲ្យ​បាន​ស្រប​នឹង​សេចក្ដី​ដែល​ព្យាការី*​អេសាយ​ថ្លែង​ទុក​អំពី​ពួក​គេ​ថា៖
“អ្នក​រាល់​គ្នា​ស្ដាប់​មែន
តែ​ពុំ​ឮ​ទេ ហើយ​ក៏​ពុំ​យល់​ផង។
អ្នក​រាល់​គ្នា​មើល​មែន តែ​មិន​ឃើញ​សោះ
១៥ ដ្បិត​ចិត្ត​ប្រជា‌រាស្ដ្រ​នេះ​រឹង​ណាស់
ហើយ​ត្រចៀក​គេ​ក៏​ធ្ងន់។
គេ​នាំ​គ្នា​បិទ​ភ្នែកមិន​ឲ្យ​មើល​ឃើញ
មិន​ឲ្យ​ត្រចៀក​ស្ដាប់​ឮ មិន​ឲ្យ​ប្រាជ្ញា​យល់
ហើយ​មិន​ចង់​វិល​មក​វិញ​ទេ
ក្រែង​លោ​យើង​ប្រោស​គេ​ឲ្យ​ជា”​។
១៦ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ ព្រោះ​ភ្នែក​អ្នក​រាល់​គ្នា​មើល​ឃើញ ត្រចៀក​អ្នក​រាល់​គ្នា​ស្ដាប់​ឮ! ១៧ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មាន​ព្យាការី និង​មនុស្ស​សុចរិត*​ជា​ច្រើន​មាន​បំណង​ចង់​ឃើញ​ហេតុ‌ការណ៍​ដែល​អ្នក​រាល់​គ្នា​ឃើញ​នេះ​ដែរ តែ​មិន​បាន​ឃើញ​ទេ គេ​ចង់​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ឮ​នេះ​ដែរ តែ​មិន​បាន​ឮ​ឡើយ!។
១៨ ដូច្នេះ សុំ​ស្ដាប់​អត្ថ‌ន័យ​នៃ​ប្រស្នា​អំពី​អ្នក​ព្រោះ​ស្រូវ​ដូច​ត​ទៅ: ១៩ អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល​អំពី​ព្រះ‌រាជ្យ* តែ​មិន​យល់ ប្រៀប​បាន​នឹង​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​នៅ​តាម​ផ្លូវ ដ្បិត​មារ​កំណាច​មក​ឆក់​យក​ព្រះ‌បន្ទូល​ដែល​បាន​ធ្លាក់​ក្នុង​ចិត្ត​គេ​នោះ​ទៅ។ ២០ រីឯ​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​លើ​ដី​មាន​ថ្ម គឺ​អស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល​ហើយ ក៏​ទទួល​យក​ភ្លាម​ដោយ​អំណរ ២១ ប៉ុន្តែ គេ​ពុំ​បាន​ទុក​ឲ្យ​ព្រះ‌បន្ទូល​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​គេ​ឡើយ គេ​ជាប់​ចិត្ត​តែ​មួយ‌ភ្លែត​ប៉ុណ្ណោះ លុះ​ដល់​មាន​ទុក្ខ​លំបាក ឬ​ត្រូវ​គេ​បៀត‌បៀន ព្រោះ​តែ​ព្រះ‌បន្ទូល គេ​ក៏​បោះ‌បង់​ចោល​ជំនឿ​ភ្លាម។ ២២ អ្នក​ដែល​ទទួល​គ្រាប់​ពូជ​ក្នុង​ដី​មាន​បន្លា គឺ​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល ប៉ុន្តែ ការ​ខ្វល់‌ខ្វាយ​អំពី​ជីវិត​ក្នុង​លោកីយ៍ ចិត្ត​លោភ‌លន់​ចង់​បាន​ទ្រព្យ‌សម្បត្តិ រួប‌រឹត​ព្រះ‌បន្ទូល​មិន​ឲ្យ​បង្កើត​ផល​ឡើយ។ ២៣ រីឯ​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​ក្នុង​ដី​មាន​ជី‌ជាតិ​ល្អ គឺ​អស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល ហើយ​យល់ គេ​បង្ក‌បង្កើត​ផល ខ្លះ​បាន​មួយ​ជា​មួយ‌រយ ខ្លះ​បាន​មួយ​ជា​ហុក‌សិប និង​ខ្លះ​ទៀត​បាន​មួយ​ជា​សាម‌សិប»។
ប្រស្នា​អំពី​ស្រងែ
២៤ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​មួយ​ទៀត​ទៅ​គេ​ថា៖ «ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​ប្រៀប​បាន​នឹង​បុរស​ម្នាក់ ដែល​បាន​ព្រោះ​គ្រាប់​ពូជ​ល្អ​ទៅ​ក្នុង​ស្រែ​របស់​គាត់។ ២៥ ពេល​មនុស្ស‌ម្នា​ដេក​លក់​អស់ មារ​សត្រូវ​របស់​គាត់ បាន​មក​ព្រោះ​ស្រងែ​នៅ​ក្នុង​ស្រែ​នោះ​ដែរ រួច​ចេញ​បាត់​ទៅ។ ២៦ ពេល​ស្រូវ​ដុះ​ឡើង​ដាក់​គ្រាប់ ស្រងែ​ក៏​ដុះ​ឡើង​ដែរ។ ២៧ ពួក​អ្នក​បម្រើ​ចូល​មក​ជម្រាប​ម្ចាស់​ស្រែ​ថាៈ “លោក​ម្ចាស់! លោក​បាន​ព្រោះ​តែ​គ្រាប់​ពូជ​ល្អ​ក្នុង​ស្រែ​សោះ ចុះ​ស្រងែ​នេះ​មក​ពី​ណា?”។ ២៨ ម្ចាស់​តប​វិញ​ថាៈ “ពិត​ជា​មាន​មារ​សត្រូវ​មក​ព្រោះ​ហើយ!”។ ពួក​អ្នក​បម្រើ​សួរ​លោក​ទៀត​ថាៈ “តើ​លោក​ចង់​ឲ្យ​យើង​ខ្ញុំ​ទៅ​ដក​ស្រងែ​នោះ​ចេញ​ឬ?”។ ២៩ ម្ចាស់​តប​ថាៈ “កុំ​អី! បើ​អ្នក​រាល់​គ្នា​ដក ក្រែង​លោ​ដោយ​ស្រូវ​មក​ជា​មួយ​ដែរ ៣០ ទុក​ឲ្យ​វា​ដុះ​ជា​មួយ​គ្នា​រហូត​ដល់​ស្រូវ​ទុំ​ចុះ ពេល​នោះ ខ្ញុំ​នឹង​ប្រាប់​ពួក​អ្នក​ច្រូត​ថា ចូរ​ប្រមូល​ស្រងែ​ចង​ជា​បាច់ យក​ទៅ​ដុត​ចោល​ជា​មុន​សិន រួច​សឹម​ប្រមូល​ស្រូវ​ដាក់​ជង្រុក​ឲ្យ​ខ្ញុំ”»។
ប្រស្នា​អំពី​គ្រាប់​ពូជ​ល្អិត និង​មេ​នំបុ័ង
(ម៉ាកុស ៤.៣០-៣៤ លូកា ១៣.១៨-២១)
៣១ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូលជា​ពាក្យ​ប្រស្នា​មួយ​ទៀត​ទៅ​គេ​ថា៖ «ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង​ដ៏​ល្អិត ដែល​បុរស​ម្នាក់​យក​ទៅ​ដាំ​ក្នុង​ចម្ការ​របស់​ខ្លួន។ ៣២ គ្រាប់​ពូជ​នោះ​តូច​ជាង​គ្រាប់​ពូជ​ទាំង​អស់ ប៉ុន្តែ ពេល​ដុះ​ឡើង វា​ធំ​ជាង​ដំណាំ​ឯ​ទៀតៗ គឺ​ទៅ​ជា​ដើម​ឈើ​មួយ​យ៉ាង​ធំ ហើយ​បក្សា‌បក្សី​មក​ធ្វើ​សំបុក​ស្នាក់​អាស្រ័យ​នៅ​តាម​មែក​របស់​វា»។
៣៣ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​មួយ​ទៀត​ថា៖ «ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​មេ​នំបុ័ង ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​នឹង​ម្សៅ​ពីរ​តៅ ធ្វើ​ឲ្យ​ម្សៅ​នោះ​ដោរ​ឡើង»។
៣៤ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ ទៅ​កាន់​មហា‌ជន​ជា​ពាក្យ​ប្រស្នា​ទាំង​អស់ គឺ​ព្រះ‌អង្គ​មិន​ដែល​មាន​ព្រះ‌បន្ទូល​ទៅ​គេ ដោយ​ឥត​ប្រើ​ពាក្យ​ប្រស្នា​ឡើយ ៣៥ ដើម្បី​ឲ្យ​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម‌រយៈ​ពួក​ព្យាការី*​ថា៖
«យើង​នឹង​និយាយ​ទៅ​គេ​ជា​ពាក្យ​ប្រស្នា
យើង​នឹង​ប្រកាស​សេចក្ដី​លាក់​កំបាំង
តាំង​ពី​ដើម​កំណើត​ពិភព‌លោក​មក
ឲ្យ​គេ​ដឹង»
ព្រះ‌យេស៊ូ​ពន្យល់​អត្ថ‌ន័យ​ប្រស្នា​អំពី​ស្រងែ
៣៦ ពេល​នោះ ព្រះ‌យេស៊ូ​យាង​ចេញ​ពី​មហា‌ជន​ចូល​ទៅ​ក្នុង​ផ្ទះ។ ពួក​សាវ័ក*​នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌អង្គ ទូល​ថា៖ «សូម​ព្រះ‌គ្រូ​បក​ស្រាយ​ប្រស្នា​អំពី​ស្រងែ​ក្នុង​ស្រែ ឲ្យ​យើង​ខ្ញុំ​បាន​យល់​អត្ថ‌ន័យ​ផង»។ ៣៧ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «អ្នក​ព្រោះ​គ្រាប់​ពូជ​ល្អ គឺ​បុត្រ​មនុស្ស* ៣៨ ស្រែ គឺ​ពិភព‌លោក គ្រាប់​ពូជ​ល្អ គឺ​អ្នក​ដែល​ត្រូវ​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ រីឯ​ស្រងែ​វិញ គឺ​កូន​ចៅ​របស់​មារ*​កំណាច។ ៣៩ សត្រូវ​ដែល​សាប​ព្រោះ​ស្រងែ គឺ​មារ រដូវ​ចម្រូត គឺ​អវសាន‌កាល​នៃ​ពិភព‌លោក ហើយ​អ្នក​ច្រូត គឺ​ទេវទូត*។ ៤០ គេ​ច្រូត​ស្រងែ​យក​ទៅ​ដុត​ក្នុង​ភ្លើង​យ៉ាង​ណា នៅ​អវសាន​កាល​នៃ​ពិភព‌លោក ក៏​នឹង​កើត​មាន​យ៉ាង​នោះ​ដែរ។ ៤១ បុត្រ​មនុស្ស​នឹង​ចាត់​ទេវទូត​របស់​លោក​ឲ្យ​មក។ ទេវទូត​ទាំង​នោះ​នឹង​ប្រមូល​ពួក​អ្នក​ដែល​នាំ​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប និង​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​យក​ចេញ​ពី​ព្រះ‌រាជ្យ ៤២ បោះ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​សន្ធោ‌សន្ធៅ ហើយ​នៅ​ទី​នោះ​មាន​តែ​សម្រែក​យំ​សោក ខឹង​សង្កៀត​ធ្មេញ។ ៤៣ រីឯ​អ្នក​សុចរិត*​វិញ គេ​នឹង​ស្ថិត​នៅ​ក្នុង​ព្រះ‌រាជ្យ​នៃ​ព្រះ‌បិតា​របស់​គេ ទាំង​បញ្ចេញ​រស្មី​ភ្លឺ​ដូច​ព្រះ‌អាទិត្យ។ អ្នក​ណា​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។
ប្រស្នា​ស្ដី​អំពី​កំណប់ និង​អំពី​ពេជ្រ​ដ៏​មាន​តម្លៃ
៤៤ «ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ*​ប្រៀប​បី​ដូច​ជា​កំណប់​ដែល​គេ​កប់​ទុក​នៅ​ក្នុង​ស្រែ​មួយ។ មាន​បុរស​ម្នាក់​រក​កំណប់​នោះ​ឃើញ ហើយ​កប់​ទុក​វិញ។ គាត់​មាន​ចិត្ត​ត្រេក​អរ​ជា​ខ្លាំង ក៏​ចេញ​ទៅ​លក់​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​គាត់​មាន យក​ប្រាក់​ទិញ​ដី​ស្រែ​នោះ។
៤៥ ម្យ៉ាង​ទៀត ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​អ្នក​ជំនួញ​ម្នាក់ ដែល​ស្វែង​រក​ទិញ​ពេជ្រ​ល្អៗ។ ៤៦ កាល​បាន​ឃើញ​ពេជ្រ​មួយ​គ្រាប់​ដ៏​មាន​តម្លៃ​លើស‌លប់​ហើយ គាត់​ក៏​ទៅ​លក់​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​មាន យក​ប្រាក់​មក​ទិញ​ពេជ្រ​នោះ»។
ប្រស្នា​ស្ដី​អំពី​អួន
៤៧ «ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​អួន​មួយ​ដែល​គេ​រាយ​ក្នុង​សមុទ្រ ហើយ​ជាប់​បាន​ត្រី​គ្រប់​យ៉ាង។ ៤៨ ពេល​ជាប់​បាន​ត្រី​ពេញ​ហើយ គេ​អូស​អួន​នោះ​ឡើង​មក​លើ​គោក រួច​អង្គុយ​រើស​ត្រី​ល្អៗ​ដាក់​ក្នុង​កព្ឆោ រីឯ​ត្រី​មិន​ល្អ​វិញ គេ​បោះ​ចោល។ ៤៩ នៅ​អវសាន‌កាល​នៃ​ពិភព‌លោកក៏​នឹង​កើត​មាន​ដូច្នេះ​ដែរ។ ពួក​ទេវទូត*​នាំ​គ្នា​មក​ញែក​មនុស្ស​ទុច្ចរិតចេញ​ពី​ចំណោម​មនុស្ស​សុចរិត ៥០ រួច​បោះ​មនុស្ស​ទុច្ចរិត​ទាំង​នោះទៅ​ក្នុង​ភ្លើង ដែល​ឆេះ​សន្ធោ‌សន្ធៅ ហើយ​នៅ​ទី​នោះ មាន​តែ​សម្រែក​យំ​សោក​ខឹង​សង្កៀត​ធ្មេញ។
៥១ តើ​អ្នក​រាល់​គ្នា​យល់​សេចក្ដី​ទាំង​នេះ​ឬ​ទេ?» ពួក​សាវ័ក​ទូល​ព្រះ‌អង្គ​ថា៖ «បាទ យល់!»។
៥២ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ហេតុ​នេះ​ហើយ​បាន​ជា​ពួក​បណ្ឌិត​ខាង​វិន័យ​ដែល​បាន​ទទួល​ការ​អប់រំ​អំពី​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ* ប្រៀប​បាន​ទៅ​នឹង​ម្ចាស់​ផ្ទះ​ដែល​យក​ទ្រព្យ ទាំង​ចាស់​ទាំង​ថ្មី​ចេញ​ពី​ឃ្លាំង​របស់​គាត់​ដូច្នោះ​ដែរ»។
អ្នក​ភូមិ​ណាសា‌រ៉ែត​មិន​ព្រម​ទទួល​ស្គាល់​ព្រះ‌យេស៊ូ
(ម៉ាកុស ៦.១-៦ លូកា ៤.១៦-៣០)
៥៣ កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ ព្រះ‌អង្គ​ក៏​យាង​ចេញ​ពី​ទី​នោះ ៥៤ ត្រឡប់​ទៅ​ភូមិ​ស្រុក​របស់​ព្រះ‌អង្គ​វិញ។ ព្រះ‌អង្គ​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ*​របស់​គេ ធ្វើ​ឲ្យ​គេ​ងឿង‌ឆ្ងល់​គ្រប់ៗ​គ្នា។ គេ​ពោល​ថា៖ «តើ​គាត់​បាន​ទទួល​ប្រាជ្ញា និង​ឫទ្ធា‌នុភាព​ធ្វើ​ការ​អស្ចារ្យ​ទាំង​នេះ​មក​ពី​ណា? ៥៥ អ្នក​នេះ​ជា​កូន​របស់​ជាង​ឈើ ហើយ​ម្ដាយ​របស់​គាត់​ឈ្មោះ នាង​ម៉ារី បង‌ប្អូន​គាត់​ឈ្មោះ​យ៉ាកុប យ៉ូសែប ស៊ីម៉ូន យូដាស ទេ​តើ! ៥៦ ប្អូន​ស្រី​របស់​គាត់​ទាំង​ប៉ុន្មាន​រស់​នៅ​ក្នុង​ភូមិ​ជា​មួយ​យើង​ដែរ។ ដូច្នេះ គាត់​ដឹង​សេចក្ដី​ទាំង​នេះ​ពី​ណា​មក?»។ ៥៧ ហេតុ​នេះ​ហើយ​បាន​ជា​គេ​មិន​អាច​ជឿ​ព្រះ‌អង្គ​បាន។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ធម្មតា គេ​មើល‌ងាយ​ព្យាការី​តែ​ក្នុង​ស្រុក​កំណើត និង​ក្នុង​ផ្ទះ​របស់​លោក​ប៉ុណ្ណោះ!»។ ៥៨ នៅ​ទី​នោះ ព្រះ‌យេស៊ូ​ពុំ​បាន​ធ្វើ​ការ​អស្ចារ្យ​ច្រើន​ឡើយ ព្រោះ​គេ​គ្មាន​ជំនឿ។
១៤
ស្ដេច​ហេរ៉ូដ​សម្លាប់​លោក​យ៉ូហាន‌បាទីស្ដ
(ម៉ាកុស ៦.១៤-២៩ លូកា ៩.៧-៩)
 នៅ​គ្រា​នោះ ព្រះ‌បាទ​ហេរ៉ូដ ជា​ស្ដេច​អនុ‌រាជ* បាន​ជ្រាប​អំពី​ព្រះ‌កិត្តិ‌នាម​របស់​ព្រះ‌យេស៊ូ  ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​ពួក​បរិពារ​ថា៖ «យ៉ូហាន‌បាទីស្ដ​បាន​រស់​ឡើង​វិញ​ហើយ បាន​ជា​គាត់​មាន​ឫទ្ធា‌នុភាព សម្ដែង​ការ​អស្ចារ្យ​យ៉ាង​នេះ»។
 ព្រះ‌បាទ​ហេរ៉ូដ​បាន​ចាប់​លោក​យ៉ូហាន​ដាក់​ច្រវាក់​យក​ទៅ​ឃុំ‌ឃាំង ដោយ​ស្ដេច​ជឿ​តាម​ពាក្យ​ព្រះ‌នាង​ហេរ៉ូ‌ឌី‌យ៉ាដា ដែល​ត្រូវ​ជា​មហេសី​របស់​ស្ដេច​ភីលីព ជា​អនុជ*  ព្រោះ​លោក​យ៉ូហាន​បាន​បន្ទោស​ស្ដេច​ថា «ព្រះ‌ករុណា​គ្មាន​សិទ្ធិ​យក​ព្រះ‌នាង​មក​ធ្វើ​ជា​មហេសី​ឡើយ»។  ស្ដេច​ហេរ៉ូដ​ចង់​សម្លាប់​លោក​យ៉ូហាន តែ​ស្ដេច​ខ្លាច​បណ្ដា‌ជន ព្រោះ​ពួក​គេ​ចាត់​ទុក​លោក​ជា​ព្យាការី*​មួយ​រូប។
 នៅ​ថ្ងៃ​បុណ្យ​ខួប​ចម្រើន​ព្រះ‌ជន្ម​របស់​ព្រះ‌បាទ​ហេរ៉ូដ បុត្រី​របស់​ព្រះ‌នាង​ហេរ៉ូ‌ឌី‌យ៉ាដា​ចូល​មក​រាំ​នៅ​មុខ​ភ្ញៀវ ធ្វើ​ឲ្យ​ស្ដេច​ពេញ​ចិត្ត​យ៉ាង​ខ្លាំង  រហូត​ដល់​ស្បថ‌ស្បែ​សន្យា​នឹង​នាង​ថា បើ​នាង​ចង់​បាន​អ្វី ស្ដេច​ប្រទាន​ឲ្យ​ទាំង​អស់។  នាង​ទូល​ទៅ​ស្ដេច​វិញ តាម​ពាក្យ​បង្គាប់​របស់​មាតា​ថា៖ «សូម​ព្រះ‌ករុណា​ប្រទាន​ក្បាល​របស់​យ៉ូហាន‌បាទីស្ដ ដាក់​លើ​ថាស​មក​ឲ្យ​ខ្ញុំ​ម្ចាស់!»។
 ព្រះ‌រាជា​ព្រួយ​ព្រះ‌ហឫ‌ទ័យ​ក្រៃ‌លែង ព្រោះ​ស្ដេច​បាន​ស្បថ​នៅ​មុខ​ភ្ញៀវ​ទាំង​អស់​ជ្រុល​ហួស​ទៅ​ហើយ។ ស្ដេច​ក៏​បញ្ជា​ឲ្យ​គេ​ធ្វើ​តាម​ពាក្យ​សុំ​របស់​នាង ១០ គឺ​ចាត់​ទាហាន​ឲ្យ​ទៅ​កាត់​ក​លោក​យ៉ូហាន ១១ យក​ក្បាល​ដាក់​លើ​ថាស​មួយ ប្រគល់​ឲ្យ​នាង រួច​នាង​យក​ទៅ​ថ្វាយ​មាតា។
១២ ពួក​សិស្ស​របស់​លោក​យ៉ូហាន មក​យក​សព​លោក​ទៅ​បញ្ចុះ ហើយ​នាំ​គ្នា​យក​ដំណឹង​ទៅ​ទូល​ព្រះ‌យេស៊ូ។
ព្រះ‌យេស៊ូ​ប្រទាន​នំបុ័ង​ឲ្យ​មនុស្ស​ប្រាំ‌ពាន់​នាក់​បរិភោគ
(ម៉ាកុស ៦.៣០-៤៤ លូកា ៩.១០-១៧ យ៉ូហាន ៦.១-១៤)
១៣ កាល​ព្រះ‌យេស៊ូ​បាន​ជ្រាប​ដំណឹង​នេះ ព្រះ‌អង្គ​ក៏​យាង​ចុះ​ទូក ចាក‌ចេញ​ជា​មួយ​ពួក​សាវ័ក* ឆ្ពោះ​ទៅ​កាន់​កន្លែង​មួយ​ស្ងាត់​ដាច់​ឡែក​ពី​បណ្ដា‌ជន។ ប៉ុន្តែ មហា‌ជន​បាន​ដឹង ហើយ​នាំ​គ្នា​ចេញ​ពី​ក្រុង​នានា​ដើរ​ទៅ​តាម​ព្រះ‌អង្គ។ ១៤ កាល​ព្រះ‌យេស៊ូ​យាង​ឡើង​ពី​ទូក ទត​ឃើញ​មហា‌ជន​ដ៏​ច្រើន​យ៉ាង​នេះ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ​គេ​ពន់‌ពេក​ណាស់ ហើយ​ព្រះ‌អង្គ​ក៏​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា។
១៥ ពេល​នោះ ថ្ងៃ​ជ្រេ​ណាស់​ហើយ សាវ័ក​នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌អង្គ​ទូល​ថា៖ «ទី​នេះ​ស្ងាត់​ណាស់ ហើយ​ក៏​ជិត​យប់​ផង សូម​ប្រាប់​បណ្ដា‌ជន​ទាំង​នេះ​ឲ្យ​ត្រឡប់​ទៅ​វិញ រក​ទិញ​ម្ហូប​អាហារ​នៅ​តាម​ភូមិ»។ ១៦ ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​សាវ័ក​ថា៖ «មិន​បាច់​ឲ្យ​គេ​ត្រឡប់​ទៅ​វិញ​ទេ ចូរ​អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​ឲ្យ​គេ​បរិភោគ​ទៅ»។
១៧ សាវ័ក​ទូល​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​មាន​នំបុ័ង​តែ​ប្រាំ​ដុំ និង​ត្រី‌ងៀត​ពីរ​កន្ទុយ​ប៉ុណ្ណោះ»។ ១៨ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​នំបុ័ង និង​ត្រី​នោះ​មក​ឲ្យ​ខ្ញុំ»។ ១៩ បន្ទាប់​មក ព្រះ‌អង្គ​ប្រាប់​បណ្ដា‌ជន​ឲ្យ​អង្គុយ​លើ​ស្មៅ ព្រះ‌អង្គ​យក​នំបុ័ង​ទាំង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​កាន់ ព្រះ‌អង្គ​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង​លើ សរ‌សើរ​តម្កើង​ព្រះ‌ជាម្ចាស់ ហើយ​កាច់​នំបុ័ង​ប្រទាន​ឲ្យ​ពួក​សាវ័ក* ពួក​សាវ័ក​ក៏​ចែក​ឲ្យ​បណ្ដា‌ជន​បរិភោគ។ ២០ អ្នក​ទាំង​នោះ​បាន​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា ហើយ​ពួក​សាវ័ក​ប្រមូល​នំបុ័ង​ដែល​នៅ​សល់ ដាក់​បាន​ពេញ​ដប់‌ពីរ​ល្អី។ ២១ អស់​អ្នក​ដែល​បាន​បរិភោគ​នំបុ័ង មាន​ប្រុសៗ​ទាំង​អស់​ប្រមាណ​ប្រាំ‌ពាន់​នាក់ ឥត​គិត​ស្រីៗ និង​ក្មេងៗ​ផង​ទេ។
ព្រះ‌យេស៊ូ​យាង​លើ​ទឹក​សមុទ្រ
(ម៉ាកុស ៦.៤៥-៥២ យ៉ូហាន ៦.១៥-២១)
២២ រំពេច​នោះ ព្រះ‌យេស៊ូ​បញ្ជា​ពួក​សាវ័ក*​ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​មុន​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ប្រាប់​មហា‌ជន​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ​ដែរ។ ២៣ កាល​ព្រះ‌អង្គ​ឲ្យ​មហា‌ជន​ចេញ​ផុត​អស់​ហើយ ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ ដាច់​ឡែក​ពី​គេ ដើម្បី​អធិស្ឋាន*។ លុះ​ដល់​យប់ ព្រះ‌អង្គ​គង់​នៅ​ទី​នោះ​តែ​មួយ​ព្រះ‌អង្គ​ឯង។
២៤ ពេល​នោះ ទូក​ចេញ​ឆ្ងាយ​ពី​ច្រាំង​ហើយ ក៏​ត្រូវ​រលក​បក់‌បោក ព្រោះ​បញ្ច្រាស​ខ្យល់។ ២៥ ដល់​ពេល​ជិត​ភ្លឺ ព្រះ‌អង្គ​យាង​លើ​ទឹក​ឆ្ពោះ​ទៅ​រក​ពួក​សាវ័ក។ ២៦ កាល​ពួក​គេ​ឃើញ​ព្រះ‌អង្គ​យាង​លើ​ទឹក​សមុទ្រ​ដូច្នេះ គេ​ភ័យ​រន្ធត់ ហើយ​ស្រែក​ឡើង​ថា «ខ្មោច​លង!» ព្រោះ​គេ​ភ័យ​ពេក។ ២៧ រំពេច​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​តាំង​ចិត្ត​ក្លាហាន​ឡើង ខ្ញុំ​ទេ​តើ កុំ​ខ្លាច​អី!»។ ២៨ លោក​សិលា​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់ ប្រសិន​បើ​ពិត​ជា​លោក​មែន សូម​បញ្ជា​ឲ្យ​ខ្ញុំ​អាច​ដើរ​លើ​ទឹក​ទៅ​រក​លោក​ផង»។ ២៩ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អញ្ជើញ​មក!» លោក​សិលា​ក៏​ចុះ​ពី​ទូក ដើរ​លើ​ទឹក​ឆ្ពោះ​ទៅ​រក​ព្រះ‌យេស៊ូ។ ៣០ ប៉ុន្តែ កាល​លោក​ឃើញ​ខ្យល់​បក់​ខ្លាំង លោក​ភ័យ​ណាស់ ហើយ​ចាប់‌ផ្ដើម​លិច​ទៅ​ក្នុង​ទឹក។ លោក​ស្រែក​ឡើង​ថា៖ «លោក​ម្ចាស់​អើយ សូម​ជួយ​ខ្ញុំ​ផង!»។ ៣១ ព្រះ‌យេស៊ូ​ក៏​លូក​ព្រះ‌ហស្ដ​ទាញ​គាត់​ឡើង​ភ្លាម ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មិន​ទុក​ចិត្ត​ដូច្នេះ?»។ ៣២ បន្ទាប់​មក ព្រះ‌អង្គ និង​លោក​សិលា​ចូល​មក​ក្នុង​ទូក ហើយ​ខ្យល់​ក៏​ស្ងប់។ ៣៣ អ្នក​នៅ​ក្នុង​ទូក​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ ទាំង​ពោល​ថា៖ «ព្រះ‌អង្គ​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន!»។
៣៤ ព្រះ‌យេស៊ូ និង​ពួក​សាវ័ក* បាន​ឆ្លង​ទៅ​ដល់​ត្រើយ​ម្ខាង ត្រង់​ស្រុក​កេនេ‌សា‌រ៉ែត។ ៣៥ អ្នក​ស្រុក​នោះ​ស្គាល់​ព្រះ‌អង្គ​ភ្លាម ហើយ​យក​ដំណឹង​ទៅ​ផ្សព្វ‌ផ្សាយ​ពាស‌ពេញ​តំបន់​ទាំង​មូល។ គេ​នាំ​អ្នក​ជំងឺ​ទាំង​អស់​មក​រក​ព្រះ‌អង្គ ៣៦ អង្វរ​សូម​គ្រាន់​តែ​ពាល់​ជាយ​ព្រះ‌ពស្ដ្រ​របស់​ព្រះ‌អង្គ​ប៉ុណ្ណោះ អស់​អ្នក​ដែល​ពាល់ បាន​ជា​សះ‌ស្បើយ​គ្រប់ៗ​គ្នា។
១៥
ពួក​ខាង​គណៈ​ផារីស៊ី និង​ទំនៀម‌ទម្លាប់
(ម៉ាកុស ៧.១-១៣)
 មាន​ពួក​ខាង​គណៈ​ផារីស៊ី និង​ពួក​បណ្ឌិត​ខាង​វិន័យ​ពី​ក្រុង​យេរូ‌សាឡឹម ចូល​មក​គាល់​ព្រះ‌យេស៊ូ​ហើយ​ទូល​ថា៖  «ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​លោក មិន​គោរព​តាម​ទំនៀម‌ទម្លាប់​របស់​ចាស់​បុរាណ គឺ​មិន​ធ្វើ​ពិធី​លាង​ដៃ​មុន​ពេល​បរិភោគ​ដូច្នេះ?»។  ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ចុះ​អ្នក​រាល់​គ្នា ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ល្មើស​នឹង​វិន័យ​របស់​ព្រះ‌ជាម្ចាស់ ទៅ​កាន់​តាម​ទំនៀម‌ទម្លាប់​របស់​អ្នក​រាល់​គ្នា​វិញ​ដូច្នេះ?។  ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថាៈ “ចូរ​គោរព​មាតា‌បិតា​របស់​អ្នក អ្នក​ណា​ជេរ​ប្រទេច​ផ្ដាសា​មាតា‌បិតា​របស់​ខ្លួន នឹង​ត្រូវ​មាន​ទោស​ដល់​ជីវិត”។  រីឯ​អ្នក​រាល់​គ្នា​វិញ បែរ​ជា​ពោល​ថាៈ បើ​អ្នក​ណា​និយាយ​ទៅ​ឪពុក​ម្ដាយ​ថា “អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ជូន​លោក​ឪពុក​អ្នក​ម្ដាយ​នោះ ខ្ញុំ​បាន​ទុក​ថ្វាយ​ព្រះ‌ជាម្ចាស់​រួច​ទៅ​ហើយ”  អ្នក​នោះ​មិន​បាច់​គោរព​ឪពុក​ម្ដាយ​ទេ។ ត្រង់​ហ្នឹង​ហើយ ដែល​អ្នក​រាល់​គ្នា​បំបាត់​តម្លៃ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ទៅ​ប្រព្រឹត្ត​តាម​ទំនៀម‌ទម្លាប់​របស់​អ្នក​រាល់​គ្នា​វិញ!។  មនុស្ស​មាន​ពុត​អើយ ពាក្យ​ដែល​ព្យាការី*​អេសាយ​ថ្លែង​ទុក​អំពី​អ្នក​រាល់​គ្នាត្រូវ​ណាស់​គឺ:
 “ប្រជា‌រាស្ដ្រ​នេះ​គោរព​យើង​តែ​បបូរ​មាត់
រីឯ​ចិត្ត​គេ​នៅ​ឆ្ងាយ​ពី​យើង។
 គេ​ថ្វាយ‌បង្គំ​យើង​ឥត​បាន​ការ​អ្វី​សោះ
ព្រោះ​គេ​បង្រៀន​តែ​ក្បួន​ច្បាប់​របស់​មនុស្ស
ប៉ុណ្ណោះ”»។
មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ
(ម៉ាកុស ៧.១៤-២៣)
10 បន្ទាប់​មក ព្រះ‌យេស៊ូ​ត្រាស់‌ហៅ​បណ្ដា‌ជន រួច​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ស្ដាប់ ហើយ​យល់​ឲ្យ​ច្បាស់​ថា ១១ អ្វីៗ​ដែល​ចូល​តាម​មាត់​មនុស្ស ពុំ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​មិន​បរិសុទ្ធ​ឡើយ ផ្ទុយ​ទៅ​វិញ មាន​តែ​អ្វីៗ​ដែល​ចេញ​ពី​មាត់​មនុស្ស​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​មនុស្ស​ត្រឡប់​ទៅ​ជា​មិន​បរិសុទ្ធ»។
១២ ពេល​នោះ សាវ័ក* នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌អង្គ ហើយ​ទូល​ថា៖ «សូម​ព្រះ‌គ្រូ​ជ្រាប ពួក​ខាង​គណៈ​ផារីស៊ី*​ទាស់​ចិត្ត​ណាស់ មក​ពី​ឮ​ព្រះ‌គ្រូ​មាន​ប្រសាសន៍​ដូច្នេះ»។ ១៣ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ព្រះ‌បិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* នឹង​ដក​រុក្ខ‌ជាតិ​ទាំង‌ឡាយ​ណា​ដែល​ព្រះ‌អង្គ​មិន​បាន​ដាំ។ ១៤ កុំ​អំពល់​នឹង​គេ​ធ្វើ​អ្វី អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ខ្វាក់ ដឹក​នាំ​មនុស្ស​ខ្វាក់។ បើ​មនុស្ស​ខ្វាក់​ដឹក​ដៃ​មនុស្ស​ខ្វាក់ គេ​មុខ​ជា​ធ្លាក់​រណ្ដៅ​ទាំង​ពីរ​នាក់​មិន​ខាន»។ ១៥ លោក​សិលា​ទូល​ព្រះ‌អង្គ​ថា៖ «សូម​ព្រះ‌គ្រូ​បក​ស្រាយ​ពាក្យ​ប្រស្នា​នេះ​ឲ្យ​យើង​ខ្ញុំ​យល់​ផង»។ ១៦ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​នៅ​តែ​គ្មាន​ប្រាជ្ញា​ដូច​គេ​ដែរ​ឬ! ១៧ អ្នក​រាល់​គ្នា​ត្រូវ​យល់​ថា អ្វីៗ​ដែល​ចូល​តាម​មាត់​មនុស្ស ត្រូវ​ចូល​ទៅ​ក្នុង​ពោះ រួច​ធ្លាក់​ទៅ​ទី​បន្ទោរ​បង់! ១៨ ផ្ទុយ​ទៅ​វិញ អ្វីៗ​ដែល​ចេញ​ពី​មាត់​មនុស្ស សុទ្ធ​តែ​ផុស​ចេញ​ពី​ចិត្ត​មក គឺ​សេចក្ដី​នោះ​ឯង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​មិន​បរិសុទ្ធ* ១៩ ដ្បិត​គំនិត​អាក្រក់ ការ​កាប់​សម្លាប់ អំពើ​ផិត​ក្បត់ កាម‌គុណ​ថោក‌ទាប ការ​លួច​ប្លន់ ពាក្យ​កុហក ពាក្យ​ត្មះ‌តិះ‌ដៀល សុទ្ធ​តែ​ចេញ​មក​ពី​ចិត្ត​មនុស្ស​ទាំង​អស់ ២០ គឺ​ការ​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ។ រីឯ​ការ​បរិភោគ​ដោយ​មិន​បាន​ធ្វើ​ពិធី​លាង​ដៃ​នោះ ឥត​ធ្វើ​ឲ្យ​មនុស្ស​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ​ឡើយ»។
ស្ត្រី​សាសន៍​ដទៃ​ម្នាក់​ជឿ​ព្រះ‌យេស៊ូ
(ម៉ាកុស ៧.២៤-៣០)
២១ បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ចាក‌ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​កាន់​តំបន់​ជិត​ក្រុង​ទីរ៉ូស និង​ក្រុង​ស៊ីដូន។ ២២ មាន​ស្ត្រី​សាសន៍​កាណាន​ម្នាក់​ដែល​រស់​នៅ​ស្រុក​នោះ ចូល​មក​គាល់​ព្រះ‌អង្គ ហើយ​ទូល‌អង្វរ​ថា៖ «ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ម្ចាស់​ផង! កូន​ស្រី​ខ្ញុំ​ម្ចាស់​ត្រូវ​ខ្មោច​ចូល​បណ្ដាល​ឲ្យ​វេទនា​ខ្លាំង​ណាស់»។ ២៣ ព្រះ‌យេស៊ូ​ពុំ​បាន​ឆ្លើយ​តប​នឹង​នាង​ឡើយ។ ពួក​សាវ័ក​នាំ​គ្នា​ចូល​មក​ជិត​ព្រះ‌អង្គ ទូល​ថា៖ «សូម​ព្រះ‌គ្រូ​ប្រោស‌ប្រណី​ដល់​នាង​ផង ព្រោះ​នាង​ចេះ​តែ​ស្រែក​អង្វរ​ពី​ក្រោយ​យើង»។ ២៤ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​រក​តែ​អស់​អ្នក​ដែល​វង្វេង ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល​ប៉ុណ្ណោះ»។
២៥ ប៉ុន្តែ ស្ត្រី​នោះ​ចូល​មក​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌អង្គ ហើយ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង!»។ ២៦ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «មិន​គួរ​យក​អាហារ​របស់​កូន​ចៅ​បោះ​ទៅ​ឲ្យ​កូន​ឆ្កែ​ស៊ី​ឡើយ»។ ២៧ នាង​ទូល​ព្រះ‌អង្គ​ថា៖ «ពិត​មែន​ហើយ​ព្រះ‌អម្ចាស់! ប៉ុន្តែ កូន​ឆ្កែ​ស៊ី​កម្ទេច​អាហារ​ដែល​ជ្រុះ​ពី​តុ​របស់​ម្ចាស់​វា»។ ២៨ ព្រះ‌យេស៊ូ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «នាង​អើយ នាង​មាន​ជំនឿ​មាំ‌មួន​ណាស់ ដូច្នេះ សូម​ឲ្យ​បាន​សម្រេច​តាម​ចិត្ត​នាង​ប្រាថ្នា​ចុះ!»។ កូន​ស្រី​របស់​នាង​បាន​ជា​តាំង​ពី​ពេល​នោះ​មក។
ព្រះ‌យេស៊ូ​ប្រោស​អ្នក​មាន​ជំងឺ​ផ្សេងៗ​ឲ្យ​ជា
(ម៉ាកុស ៧.៣១)
២៩ ព្រះ‌យេស៊ូ​ចាក‌ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​កាន់​ឆ្នេរ​សមុទ្រ​កាលី‌ឡេ។ បន្ទាប់​មក ព្រះ‌អង្គ​យាង​ឡើង​ទៅ​លើ​ភ្នំ លុះ​យាង​ដល់​ហើយ ព្រះ‌អង្គ​គង់​ចុះ ៣០ មាន​មហា‌ជន​ច្រើន​កុះ‌ករ​នាំ​គ្នា​ចូល​មក​រក​ព្រះ‌អង្គ ទាំង​នាំ​មនុស្ស​ខ្វិន មនុស្ស​ខ្វាក់ មនុស្ស​ពិការ​ជើង មនុស្ស​គ​ថ្លង់ និង​អ្នក​មាន​ជំងឺ​ឯ​ទៀតៗ​មក​ជា​មួយ។ គេ​ដាក់​អ្នក​ទាំង​នោះ​នៅ​ទៀប​ព្រះ‌បាទា​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ប្រោស​គេ​ឲ្យ​ជា​ទាំង​អស់​គ្នា។ ៣១ ពេល​ឃើញ​មនុស្ស​គ​និយាយ​បាន មនុស្ស​ពិការ​ជើង​ជា​ដូច​ធម្មតា មនុស្ស​ខ្វិន​ដើរ​បាន និង​មនុស្ស​ខ្វាក់​មើល​ឃើញ មហា‌ជន​នាំ​គ្នា​កោត​ស្ញប់‌ស្ញែង​ក្រៃ‌លែង ទាំង​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​ផង។
ព្រះ‌យេស៊ូ​ប្រទាន​នំបុ័ង​ឲ្យ​មនុស្ស​បួន‌ពាន់​នាក់​បរិភោគ
(ម៉ាកុស ៨.១-១០)
៣២ ព្រះ‌យេស៊ូ​ត្រាស់‌ហៅ​ពួក​សាវ័ក*​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​អាណិត‌អាសូរ​បណ្ដា‌ជន​នេះ​ពន់‌ពេក​ណាស់ ដ្បិត​គេ​នៅ​ជា​មួយ​ខ្ញុំ​អស់‌រយៈ​ពេល​បី​ថ្ងៃ​មក​ហើយ ហើយ​គ្មាន​អ្វី​បរិភោគ​សោះ។ ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ត្រឡប់​ទៅ​វិញ ទាំង​ពោះ​ទទេ​ឡើយ ក្រែង​គេ​អស់​កម្លាំង​ដួល​តាម​ផ្លូវ»។ ៣៣ ពួក​សាវ័ក​ទូល​ព្រះ‌អង្គ​ថា៖ «នៅ​ទី​នេះ​ស្ងាត់​ណាស់ តើ​យើង​បាន​ម្ហូប​អាហារ​ឯ​ណា​ឲ្យ​បណ្ដា‌ជន​ច្រើន​យ៉ាង​នេះ​បរិភោគ​គ្រាន់?»។ ៣៤ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន​ដុំ?»។ ពួក​គេ​ទូល​ថា៖ «មាន​ប្រាំ​ពីរ​ដុំ និង​មាន​ត្រី​តូចៗ​ខ្លះ​ដែរ»។ ៣៥ ព្រះ‌អង្គ​ក៏​ប្រាប់​បណ្ដា‌ជន​ឲ្យ​អង្គុយ​ផ្ទាល់​នឹង​ដី ៣៦ ព្រះ‌អង្គ​យក​នំបុ័ង​ទាំង​ប្រាំ​ពីរ​ដុំ និង​ត្រី​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ហើយ​កាច់​ប្រទាន​ឲ្យ​ពួក​សាវ័ក ពួក​សាវ័ក​ក៏​យក​ទៅ​ចែក​បណ្ដា‌ជន។ ៣៧ ពួក​គេ​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា ហើយ​ប្រមូល​នំបុ័ង និង​ត្រី​ដែល​នៅ​សល់ បាន​ប្រាំ​ពីរ​ជាល។ ៣៨ អស់​អ្នក​ដែល​បាន​បរិភោគ​មាន​ចំនួន​បួន‌ពាន់​នាក់ ឥត​គិត​ស្រីៗ និង​ក្មេងៗ​ផង​ទេ។ ៣៩ បន្ទាប់​មក ព្រះ‌អង្គ​ប្រាប់​មហា‌ជន​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ រួច​ព្រះ‌អង្គ​យាង​ចុះ​ទូកឆ្ពោះ​ទៅ​តំបន់​ម៉ាកា‌ដាន។
១៦
ពួក​ខាង​គណៈ​ផារីស៊ី និង​ពួក​ខាង​គណៈ​សាឌូ‌ស៊ី​ចង់​ឃើញ​ការ​អស្ចារ្យ ទុក​ជា​ទី​សម្គាល់
(ម៉ាកុស ៨.១១-១៣ លូកា ១២.៥៤-៥៦)
 ពេល​នោះ ពួក​ខាង​គណៈ​ផារីស៊ី និង​ពួក​ខាង​គណៈ​សាឌូ‌ស៊ី នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌យេស៊ូ ក្នុង​គោល​បំណង​ចាប់​កំហុស​ព្រះ‌អង្គ។ គេ​សុំ​ឲ្យ​ព្រះ‌អង្គ​សម្ដែង​ទី​សម្គាល់​មួយ​បញ្ជាក់​ថា ព្រះ‌អង្គ​បាន​ទទួល​អំណាច​ពី​ព្រះ‌ជាម្ចាស់​មក។  ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ [«នៅ​ពេល​ថ្ងៃ​លិច កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ផ្ទៃ​មេឃ​ពណ៌​ក្រហម អ្នក​រាល់​គ្នា​តែង​ពោល​ថា ស្អែក​ថ្ងៃ​ល្អ​ហើយ។  នៅ​ពេល​ព្រឹក​ព្រហាម កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ផ្ទៃ​មេឃ​ខ្មៅ​ដាស អ្នក​រាល់​គ្នា​តែង​ពោល​ថា ថ្ងៃ​នេះ​ភ្លៀង​ហើយ។ អ្នក​រាល់​គ្នា​យល់​ហេតុ‌ការណ៍​ផ្សេងៗ​នៅ​លើ​មេឃ​បាន តែ​អ្នក​រាល់​គ្នា​មិន​យល់​ទី​សម្គាល់​នា​សម័យ​នេះ​សោះ!]  មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ ហើយ​ក្បត់​នឹង​ព្រះ‌ជាម្ចាស់​ផង គេ​ចង់​តែ​ឃើញ​ទី​សម្គាល់​ដ៏​អស្ចារ្យ ប៉ុន្តែ ព្រះ‌អង្គ​មិន​ប្រទាន​ទី​សម្គាល់​ណា​ផ្សេង​ក្រៅ​ពី​ទី​សម្គាល់​របស់​ព្យាការី*​យ៉ូណាស​ឡើយ»។ បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ចាក‌ចេញ​ពី​គេ​ទៅ។
ពុត​ត្បុត​របស់​ពួក​ខាង​គណៈ​ផារី‌ស៊ី និង​ពួក​ខាង​គណៈ​សាឌូ‌ស៊ី
(ម៉ាកុស ៨.១៤-២១)
 ពេល​ឆ្លង​ទៅ​ត្រើយ​ម្ខាង ពួក​សាវ័ក​ភ្លេច​យក​នំបុ័ង​ទៅ​ជា​មួយ  ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈ​ផារីស៊ី* និង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈ​សាឌូ‌ស៊ី*​ឲ្យ​មែន‌ទែន»។  ពួក​សាវ័ក​ជជែក​គ្នា​ថា៖ «យើង​មិន​បាន​យក​នំបុ័ង​មក​ទេ!»។  ព្រះ‌យេស៊ូ​ជ្រាប​គំនិត​របស់​គេ ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ ម្ដេច​ក៏​ជជែក​គ្នា​អំពី​រឿង​គ្មាន​នំបុ័ង​ដូច្នេះ?  អ្នក​រាល់​គ្នា​នៅ​តែ​ពុំ​ទាន់​យល់​ទៀត​ឬ? កាល​ខ្ញុំ​ចែក​នំបុ័ង​ប្រាំ​ដុំ​ឲ្យ​មនុស្ស​ប្រាំ‌ពាន់​នាក់​នោះ អ្នក​រាល់​គ្នា​ប្រមូល​បាន​ប៉ុន្មាន​ល្អី អ្នក​រាល់​គ្នា​ចាំ​ឬ​ទេ? ១០ ហើយ​កាល​ខ្ញុំ​ចែក​នំបុ័ង​ប្រាំ​ពីរ​ដុំឲ្យ​មនុស្ស​បួន‌ពាន់​នាក់ អ្នក​រាល់​គ្នា​ប្រមូល​បាន​ប៉ុន្មាន​ជាល? ១១ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​ដូច្នេះ ខ្ញុំ​គ្មាន​បំណង​និយាយ​អំពី​នំបុ័ង​ទេ គឺ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈ​ផារី‌ស៊ី* និង​ពួក​ខាង​គណៈ​សាឌូ‌ស៊ី*​ឯ‌ណោះ»។
១២ ពេល​នោះ ពួក​សាវ័ក​យល់​ថា ព្រះ‌អង្គ​ចង់​ឲ្យ​គេ​ប្រយ័ត្ន​នឹង​សេចក្ដី​ដែល​ពួក​ខាង​គណៈ​ផារី‌ស៊ី និង​ពួក​ខាង​គណៈ​សាឌូ‌ស៊ី​បង្រៀន មិន‌មែន​ប្រយ័ត្ន​អំពី​មេ​ម្សៅ​នោះ​ឡើយ។
លោក​ស៊ីម៉ូន​ប្រកាស​ថា ព្រះ‌យេស៊ូ​ជា​ព្រះ‌គ្រីស្ដ
(ម៉ាកុស ៨.២៧-៣០ លូកា ៩.១៨-២១)
១៣ កាល​ព្រះ‌យេស៊ូ​យាង​មក​ដល់​ស្រុក​សេសារេ‌ភីលីព ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ពួក​សាវ័ក*​ថា៖ «មនុស្ស​ទាំង‌ឡាយ​ថា​បុត្រ​មនុស្ស​ជា​នរណា?»។ ១៤ គេ​ទូល​ថា៖ «អ្នក​ខ្លះ​ថា​លោក​ជា​លោក​យ៉ូហាន‌បាទីស្ដ អ្នក​ខ្លះ​ថា​លោក​ជា​ព្យាការី*​អេលី អ្នក​ខ្លះ​ទៀត​ថាលោក​ជា​ព្យាការី​យេរេមី ឬ​ជា​ព្យាការី​ណា​មួយ​រូប»។ ១៥ ព្រះ‌អង្គ​សួរ​គេ​ទៀត​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ជា​នរណា​ដែរ?»។ ១៦ លោក​ស៊ីម៉ូន‌សិលា​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ជា​ព្រះ‌គ្រីស្ដ* ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ»។ ១៧ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «ស៊ីម៉ូន​កូន​លោក​យ៉ូណាស​អើយ អ្នក​ពិត​ជា​មាន​សុភមង្គល​មែន អ្នក​ដឹង​សេចក្ដី​នេះមិន‌មែន​ដោយ​គំនិត​ប្រាជ្ញា​ខាង​លោកីយ៍​ទេ គឺ​ព្រះ‌បិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​បាន​សម្ដែង​ឲ្យ​អ្នក​ដឹង។ ១៨ ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា អ្នក​ឈ្មោះ​សិលា ហើយ​នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ព្រះ‌សហ‌គមន៍*​របស់​ខ្ញុំ។ សេចក្ដី​ស្លាប់​ពុំ​មាន​អំណាច​លើ​ព្រះ‌សហ‌គមន៍​នេះ​ឡើយ ១៩ ខ្ញុំ​នឹង​ប្រគល់​កូន​សោ​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ​ឲ្យ​អ្នក។ អ្វីៗ​ដែល​អ្នក​ចង​នៅ​លើ​ផែន‌ដី​នេះ ព្រះ‌ជាម្ចាស់​នឹង​ចង​នៅ​ស្ថាន​បរម‌សុខ ហើយ​អ្វីៗ​ដែល​អ្នក​ស្រាយភ នៅ​លើ​ផែន‌ដី ព្រះ‌ជាម្ចាស់​ក៏​នឹង​ស្រាយ​នៅ​ស្ថាន​បរម‌សុខ​ដែរ»។
២០ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ហាម​ពួក​សាវ័ក*​មិន​ឲ្យ​ប្រាប់​នរណា​ថា ព្រះ‌អង្គ​ជា​ព្រះ‌គ្រីស្ដ*​ឡើយ។
២០ តាំង​ពី​ពេល​នោះ​មក ព្រះ‌យេស៊ូ​​ចាប់‌ផ្ដើម​ប្រាប់​ឲ្យ​ពួក​សាវ័ក​ដឹង​ថា ព្រះ‌អង្គ​ត្រូវ​តែ​យាង​ទៅ​ក្រុង​យេរូ‌សាឡឹម។ ពួក​ព្រឹទ្ធា‌ចារ្យ* ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​បណ្ឌិត​ខាង​វិន័យ* នឹង​នាំ​គ្នា​ធ្វើ​បាប​ព្រះ‌អង្គ​ឲ្យ​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង ថែម​ទាំង​ធ្វើ​គុត​ព្រះ‌អង្គ​ទៀត​ផង តែ​បី​ថ្ងៃ​ក្រោយ​មក ព្រះ‌អង្គ​នឹង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។
២២ លោក​សិលា*​នាំ​ព្រះ‌យេស៊ូ​ទៅ​ដាច់​ឡែក​ពី​គេ ហើយ​ទូល​ជំទាស់​ថា៖ «ព្រះ‌អម្ចាស់​អើយ! សូម​ព្រះ‌ជាម្ចាស់​មេត្តា​អាណិត កុំ​ឲ្យ​ការណ៍​នេះកើត​មាន​ដល់​ព្រះ‌អង្គ​ឡើយ»។ ២៣ ព្រះ‌យេស៊ូ​បែរ​មក​មាន​ព្រះ‌បន្ទូល​ទៅ​លោក​សិលា​ថា៖ «នែ៎ មារ*​សាតាំង​អើយ! ថយ​ទៅ​ខាង​ក្រោយ​ខ្ញុំ ដ្បិត​អ្នក​កំពុង​រារាំង​ផ្លូវ​ខ្ញុំ គំនិត​អ្នក​មិន‌មែន​ជា​គំនិត​របស់​ព្រះ‌ជាម្ចាស់​ទេ គឺ​ជា​គំនិត​របស់​មនុស្ស​លោក​សុទ្ធ‌សាធ»។
២៤ បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សាវ័ក​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ក្រោយ​ខ្ញុំ ត្រូវ​លះ‌បង់​ខ្លួន​ឯង​ចោល ត្រូវ​លី​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ​ចុះ ២៥ ដ្បិត​អ្នក​ណា​ចង់​បាន​រួច​ជីវិត អ្នក​នោះ​នឹង​បាត់‌បង់​ជីវិត ប៉ុន្តែ អ្នក​ណា​បាត់‌បង់​ជីវិត ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​ជីវិត​វិញ។ ២៦ បើ​មនុស្ស​ម្នាក់​បាន​ពិភព‌លោក​ទាំង​មូលមក​ធ្វើ​ជា​សម្បត្តិ​របស់​ខ្លួន តែ​បាត់‌បង់​ជីវិត នោះ​នឹង​មាន​ប្រយោជន៍​អ្វី? តើ​មនុស្ស​អាច​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន? ២៧ លុះ​ដល់​បុត្រ​មនុស្ស*​ប្រកប​ដោយ​សិរី‌រុង​រឿង​ព្រះ‌បិតា​របស់​ព្រះ‌អង្គ​យាង​មក​ជា​មួយ​ពួក​ទេវទូត​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​ប្រទាន​រង្វាន់ ឬ​ដាក់​ទោស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ ២៨ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ខ្លះ​ដែល​នៅ​ទី​នេះ​នឹង​មិន​ស្លាប់​ទេ មុន​បាន​ឃើញ​បុត្រ​មនុស្ស​យាង​មក​គ្រង​ព្រះ‌រាជ្យ*»។
១៧
សិរី‌រុង​រឿង​របស់​ព្រះ‌យេស៊ូ
(ម៉ាកុស ៩.២-៨ លូកា ៩.២៨-៣៦)
 ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក ព្រះ‌យេស៊ូ​នាំ​លោក​សិលា លោក​យ៉ាកុប និង​លោក​យ៉ូហាន ជា​ប្អូន ឡើង​ទៅ​លើ​ភ្នំ ដាច់​ឡែក​ពី​គេ។  ពេល​នោះ ព្រះ‌អង្គ​ប្រែ​ជា​មាន​ទ្រង់‌ទ្រាយ​ប្លែក​ពី​មុន នៅ​មុខ​សាវ័ក*​ទាំង​បី គឺ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​បញ្ចេញ​រស្មី​ចែង‌ចាំង​ដូច​ពន្លឺ​ថ្ងៃ ហើយ​ព្រះ‌ពស្ដ្រ​របស់​ព្រះ‌អង្គ​ត្រឡប់​ជា​មាន​ពណ៌​ស​ដូច​ពន្លឺ។  សាវ័ក​ទាំង​បី​បាន​ឃើញ​លោក​ម៉ូសេ* និង​ព្យាការី*អេលី សន្ទនា​ជា​មួយ​ព្រះ‌យេស៊ូ។  លោក​សិលា​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់! យើង​ខ្ញុំ​បាន​នៅ​ទី​នេះ​ប្រសើរ​ណាស់ បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ ទូល‌បង្គំ​នឹង​សង់​ជម្រក​បី គឺ​មួយ​សម្រាប់​ព្រះ‌អង្គ មួយ​សម្រាប់​លោក​ម៉ូសេ និង​មួយ​ទៀត​សម្រាប់​ព្យាការី​អេលី»។  កាល​លោក​សិលា​កំពុង​តែ​មាន​ប្រសាសន៍​នៅ​ឡើយ ស្រាប់​តែ​មាន​ពពក*​ដ៏​ភ្លឺ​មក​គ្រប​បាំង​គេ​ទាំង​អស់​គ្នា ហើយ​មាន​ព្រះ‌សូរ‌សៀង​បន្លឺ​ពី​ក្នុង​ពពក​មក​ថា៖ «នេះ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់‌ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់ ចូរ​ស្ដាប់​ព្រះ‌អង្គ​ចុះ!»។  ពួក​សាវ័ក​ឮ​ដូច្នោះ ក៏​នាំ​គ្នា​ក្រាប​ចុះ ឱន​មុខ​ដល់​ដី ព្រោះ​គេ​ភ័យ‌ខ្លាច​ជា​ខ្លាំង។  ព្រះ‌យេស៊ូ​យាង​ចូល​ទៅ​ជិត ដាក់​ព្រះ‌ហស្ដ​លើ​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​នាំ​គ្នា​ក្រោក​ឡើង កុំ​ខ្លាច​អី!»។  កាល​ពួក​សាវ័ក​ងើប​មុខ​ឡើង ឃើញ​តែ​ព្រះ‌យេស៊ូ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ ពុំ​ឃើញ​មាន​នរណា​ទៀត​ឡើយ។  ពេល​ព្រះ‌អង្គ​យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សាវ័ក*​ទាំង​បី ព្រះ‌យេស៊ូ​ហាម‌ប្រាម​គេ​ថា៖ «កុំ​និយាយ​ប្រាប់​នរណាអំពី​ហេតុ‌ការណ៍ ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​នេះ​ឲ្យ​សោះ ត្រូវ​ចាំ​រហូត​ដល់​បុត្រ​មនុស្ស*​មាន​ជីវិត​រស់​ឡើង​វិញ»។ ១០ ពួក​សាវ័ក*​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​បណ្ឌិត​ខាង​វិន័យ*​ចេះ​តែ​និយាយ​ថា ព្យាការី​អេលី​ត្រូវ​អញ្ជើញ​មក​មុន?»។ ១១ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ព្យាការី​អេលី​អញ្ជើញ​មក​មែន ដើម្បី​រៀប‌ចំ​សព្វ​គ្រប់​ទាំង​អស់​ឡើង​វិញ។ ១២ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្យាការី​អេលី​បាន​អញ្ជើញ​មក​រួច​ហើយ តែ​ពួក​គេ​មិន​ព្រម​ទទួល​ស្គាល់​លោក​ទេ មិន​តែ​ប៉ុណ្ណោះ​សោត គេ​ថែម​ទាំង​បាន​ធ្វើ​បាប​លោក​សព្វ​បែប​យ៉ាង តាម​អំពើ​ចិត្ត​របស់​គេ​ទៀត​ផង។ បុត្រ​មនុស្ស​ក៏​នឹង​ត្រូវ​គេ​ធ្វើ​បាប​ដូច្នោះ​ដែរ»។ ១៣ ពេល​នោះ ពួក​សាវ័ក​យល់​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​អំពី​លោក​យ៉ូហាន‌បាទីស្ដ*។
ព្រះ‌យេស៊ូ​ដេញ​ខ្មោច​ចេញ​ពី​ក្មេង​ម្នាក់
(ម៉ាកុស ៩.១៤-២៧ លូកា ៩.៣៧-៤៣)
១៤ កាល​ព្រះ‌យេស៊ូ និង​សាវ័ក*​ទាំង​បី​រូប មក​ដល់​កន្លែង​ដែល​បណ្ដា‌ជន​នៅ​ជុំ​គ្នា មាន​បុរស​ម្នាក់​ចូល​មក​គាល់​ព្រះ‌អង្គ។ គាត់​លុត​ជង្គង់​ចុះ ១៥ ទូល​ថា៖ «លោក​ម្ចាស់​អើយ សូម​លោក​អាណិត​មេត្តា​កូន​ប្រុស​របស់​ខ្ញុំ​ប្របាទ​ផង វា​ឆ្កួត​ជ្រូក បណ្ដាល​ឲ្យ​វា​ឈឺ​ចុក‌ចាប់​ខ្លាំង​ណាស់ វា​ដួល​ទៅ​ក្នុង​ភ្លើង និង​ធ្លាក់​ទឹក ជា​ញឹក​ញាប់។ ១៦ ខ្ញុំ​ប្របាទ​បាន​នាំ​វា​មក​ជួប​សាវ័ក​របស់​លោក​ដែរ តែ​គេ​ពុំ​អាច​មើល​វា​ឲ្យ​ជា​ទេ»។ ១៧ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «នែ៎​ពួក​មនុស្ស​អាក្រក់​មិន​ព្រម​ជឿ​អើយ! តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត! ចូរ​នាំ​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ»។ ១៨ បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​គំរាម​ខ្មោច ខ្មោច​ក៏​ចេញ ហើយ​ក្មេង​នោះ​បាន​ជា​តាំង​ពី​ពេល​នោះ​មក។
១៩ ពេល​នោះ ពួក​សាវ័ក​ចូល​មក​គាល់​ព្រះ‌យេស៊ូ ដាច់​ឡែក​ពី​គេ ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ពុំ​អាច​ដេញ​ខ្មោច​នោះ​បាន?»។ ២០ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «មក​ពី​អ្នក​រាល់​គ្នា​មាន​ជំនឿ​តិច​ពេក។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​ពូជ​មួយ​ដ៏​ល្អិត អ្នក​រាល់​គ្នា​នឹង​បញ្ជា​ទៅ​ភ្នំ​នោះ​ថា “ចូរ​ចេញ​ពី​នេះ ទៅ​នៅ​កន្លែង​ផ្សេង​ទៅ!” ភ្នំ​មុខ​ជា​ធ្វើ​តាម​ពាក្យ​អ្នក​រាល់​គ្នា​មិន​ខាន ដ្បិត​គ្មាន​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​មិន​កើត​ឡើយ។ ២១ [គេ​អាច​ដេញ​ខ្មោច​ប្រភេទ​នេះ​ឲ្យ​ចេញ​បាន លុះ​ត្រា​តែ​អធិស្ឋាន* និង​តម​អាហារ»។]
ព្រះ‌យេស៊ូ​ប្រកាស​អំពី​ព្រះ‌អង្គ​ត្រូវ​សោយ​ទិវង្គត
(ម៉ាកុស ៩.៣០-៣២ លូកា ៩.៤៣-៤៥)
២២ កាល​ពួក​សាវ័ក*​នៅ​ជុំ​គ្នា​ក្នុង​ស្រុក​កាលី‌ឡេ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «បុត្រ​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​លោក​ជា​មិន​ខាន។ ២៣ គេ​នឹង​សម្លាប់​លោក ប៉ុន្តែ នៅ​ថ្ងៃ​ទី​បី លោក​នឹង​មាន​ជីវិត​រស់​ឡើង​វិញ»។ ឮ​ដូច្នោះ ពួក​សាវ័ក*​ព្រួយ​ចិត្ត​ជា​ខ្លាំង។
ការ​បង់​ពន្ធ​ព្រះ‌វិហារ​នៅ​ក្រុង​យេរូ‌សាឡឹម
២៤ លុះ​ព្រះ‌យេស៊ូ​យាង​មក​ដល់​ក្រុង​កាផានុមជា​មួយ​ពួក​សាវ័ក អ្នក​ហូត​ពន្ធ​សម្រាប់​ព្រះ‌វិហារ​នាំ​គ្នា​ចូល​មក​រក​លោក​សិលា ហើយ​សួរ​ថា៖ «លោក​គ្រូ​របស់​អ្នក​បង់​ពន្ធ​សម្រាប់​ព្រះ‌វិហារ​ឬ​ទេ?»។ ២៥ លោក​តប​វិញ​ថា៖ «បាទ! លោក​បង់!»។ កាល​លោក​សិលា​ទៅ​ដល់​ផ្ទះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​មុន​ថា៖ «ស៊ីម៉ូន! តាម​យោបល់​អ្នក ស្ដេច​នៅ​ផែន‌ដី​នេះ​ទារ​ពន្ធ​អាករ​ពី​នរណា? ពី​បុត្រ​របស់​ស្ដេច ឬ​ពី​អ្នក​ផ្សេង?»។ ២៦ លោក​ទូល​ថា៖ «ពី​អ្នក​ផ្សេង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «មែន បើ​ដូច្នេះ បុត្រ​របស់​ស្ដេច​មិន​ត្រូវ​បង់​ពន្ធ​ឡើយ ២៧ ប៉ុន្តែ ដើម្បី​កុំ​ឲ្យ​អ្នក​ទាំង​នោះ​ទាស់​ចិត្ត ចូរ​ទៅ​ស្ទូច​ត្រី​សមុទ្រ ហើយ​យក​ត្រី​ដែល​ស្ទូច​បាន​មុន​គេ មក​បើក​មាត់ អ្នក​នឹង​ឃើញ​កាក់​មួយ ចូរ​យក​កាក់​នោះ​ទៅ​បង់​ពន្ធ​ឲ្យ​ខ្ញុំ និង​ឲ្យ​អ្នក​ចុះ!»។
១៨
អ្នក​ធំ​ជាង​គេ
(ម៉ាកុស ៩.៣៣-៣៧ លូកា ៩.៤៦-៤៨)
 ពេល​នោះ សាវ័ក​នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌យេស៊ូ ហើយ​ទូល​ថា៖ «តើ​អ្នក​ណា​មាន​ឋានៈ​ធំ​ជាង​គេ​នៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*?»។  ព្រះ‌អង្គ​ហៅ​ក្មេង​តូច​ម្នាក់​ឲ្យ​មក​ឈរ​នៅ​កណ្ដាល​ចំណោម​ពួក​សាវ័ក  រួច​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​អ្នក​រាល់​គ្នា​មិន​ដូរ​ចិត្ត​គំនិតឲ្យ​បាន​ដូច​ក្មេង​តូចៗ​ទេ អ្នក​រាល់​គ្នា​មិន​អាច​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*នៃ​ស្ថាន​បរម‌សុខ*​ឡើយ។  អ្នក​ណា​ដាក់​ខ្លួន​ដូច​ក្មេង​តូច​នេះ អ្នក​នោះ​មាន​ឋានៈ​ធំ​ជាង​គេ ក្នុង​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ។  អ្នក​ណា​ទទួល​ក្មេង​តូច​ណា​ម្នាក់​ដូច​ក្មេង​នេះក្នុង​នាម​ខ្ញុំ ក៏​ដូច​ជា​បាន​ទទួល​ខ្ញុំ​ដែរ»។
កុំ​នាំ​អ្នក​ដទៃ​ប្រព្រឹត្ត​អំពើ​បាប
(ម៉ាកុស ៩.៤២-៤៨ លូកា ១៧.១-២)
 «អ្នក​ណា​នាំ​អ្នក​តូច‌តាច​ម្នាក់ ក្នុង​បណ្ដា​អ្នក​ដែល​ជឿ​លើ​ខ្ញុំ​នេះ ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចំពោះ​អ្នក​នោះ ប្រសិន​បើ​គេ​យក​ត្បាល់​ថ្ម​យ៉ាង​ធំ​មក​ចង​ក​គាត់ ទម្លាក់​ទៅ​ក្នុង​បាត​សមុទ្រ​ឲ្យ​លង់​ទឹក ប្រសើរ​ជាង​ទុក​គាត់​ឲ្យ​នៅ​រស់!។  មនុស្ស​លោក​មុខ​ជា​ត្រូវ​វេទនា​មិន​ខាន ដ្បិត​មាន​ហេតុ​ផ្សេងៗ​ជា​ច្រើននាំ​ឲ្យ​គេ​ប្រព្រឹត្ត​អំពើ​បាប។ ហេតុ​ផ្សេងៗដែល​នាំ​ឲ្យ​គេ​ប្រព្រឹត្ត​អំពើ​បាប​នោះ ត្រូវ​តែ​មាន​ចៀស​មិន​ផុត ប៉ុន្តែ អ្នក​ណា​នាំ​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​ត្រូវ​វេទនា​ហើយ!។
 ប្រសិន​បើ​ដៃ ឬ​ជើង​របស់​អ្នក នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចូរ​កាត់​វា​បោះ​ចោល​ឲ្យ​ឆ្ងាយ​ទៅ បើ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​តែ​ដៃ​ម្ខាង ឬ​ជើង​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ដៃ​ពីរ ឬ​មាន​ជើង​ពីរ ហើយ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់​កល្ប‌ជានិច្ច។  ប្រសិន​បើ​ភ្នែក​របស់​អ្នកនាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះ​ចោល​ឲ្យ​ឆ្ងាយ​ទៅ បើ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​តែ​ភ្នែក​ម្ខាង នោះ​ប្រសើរ​ជាង​មាន​ភ្នែក​ពីរ ហើយ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរក។
១០ ចូរ​ប្រយ័ត្ន កុំ​មាក់‌ងាយ​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច‌តាច​នេះ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទេវទូត*​របស់​ពួក​គេ​ស្ថិត​នៅ​ឯ​ស្ថាន​បរម‌សុខ* ទាំង​ឃើញ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌បិតា ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​គ្រប់​ពេល​វេលា​ផង ១១ [ដ្បិត​បុត្រ​មនុស្ស​បាន​មក​សង្គ្រោះ​មនុស្ស​ដែល​វិនាស​បាត់‌បង់»។]
ប្រស្នា​អំពី​ចៀម​ដែល​វង្វេង​បាត់ ហើយ​រក​ឃើញ​វិញ
(លូកា ១៥.៤-៧)
១២ «តើ​អ្នក​រាល់​គ្នា​យល់​យ៉ាង​ណា ប្រសិន​បើ​បុរស​ម្នាក់​មាន​ចៀម​មួយ‌រយ​ក្បាល ហើយ​ចៀម​មួយ​វង្វេង​បាត់?។ គាត់​មុខ​ជា​ទុក​ចៀម​កៅ‌សិប​ប្រាំ​បួន​នៅ​លើ​ភ្នំ ហើយ​ទៅ​តាម​រក​ចៀមដែល​បាត់​នោះ​ពុំ‌ខាន។ ១៣ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​គាត់​រក​ចៀម​នោះ​ឃើញ​វិញ គាត់​មុខ​តែ​ត្រេក‌អរ​សប្បាយ​ជា​មិន​ខាន គឺ​សប្បាយ​លើស​ពី​ឃើញ​ចៀម​កៅ‌សិប​ប្រាំ​បួន​ដែល​មិន​វង្វេង​បាត់​ទៅ​ទៀត។ ១៤ រីឯ​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*​ក៏​ដូច្នោះ​ដែរ ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​អ្នក​តូច‌តាច​ទាំង​នេះ វិនាស​បាត់‌បង់​ឡើយ»។
ត្រូវ​អត់‌ទោស​ឲ្យ​គេ​ជា‌និច្ច
១៥ «ប្រសិន​បើ​មាន​បង‌ប្អូន​ណា​ម្នាក់​បាន​ប្រព្រឹត្ត​អំពើ​បាប​អ្វី​មួយ ចូរ​ទៅ​ជួប​អ្នក​នោះ​ស្ងាត់ៗ​តែ​ពីរ​នាក់ ហើយ​ស្ដី​ប្រដៅ​គាត់​ទៅ។ បើ​គាត់​ស្ដាប់​អ្នក អ្នក​នឹង​រក្សា​បង‌ប្អូន​នោះមិន​ឲ្យ​បាត់​ឡើយ​ ១៦ តែ​បើ​គាត់​មិន​ព្រម​ស្ដាប់​អ្នក​ទេ ចូរ​នាំ​ម្នាក់ ឬ​ពីរ​នាក់​ទៀត​ទៅ​ជា​មួយ ជួយ​ដាស់​តឿន ដើម្បីសម្រួល​រឿង​ទាំង​អស់​ដោយ​មាន​សាក្សី​ពីរ ឬ​បី​នាក់។ ១៧ ប្រសិន​បើ​គាត់​មិន​ព្រម​ស្ដាប់​ពាក្យ​អ្នក​ទាំង​នោះ ត្រូវ​នាំ​រឿង​នេះ​ទៅ​ប្រាប់​ព្រះ‌សហ‌គមន៍ ហើយ​បើ​គាត់​នៅ​តែ​មិន​ព្រម​ស្ដាប់​ព្រះ‌សហ‌គមន៍​ទៀត​នោះ ត្រូវ​ចាត់​ទុក​គាត់​ដូច​ជា​សាសន៍​ដទៃ ឬ​ដូច​ជា​អ្នក​ទារ​ពន្ធ*​ចុះ។ ១៨ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្វីៗ​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​ចង​នៅ​លើ​ផែន‌ដី​នេះ ព្រះ‌ជាម្ចាស់​នឹង​ចង​នៅ​ស្ថាន​បរម‌សុខ ហើយ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ស្រាយ​នៅ​លើ​ផែន‌ដី ព្រះ‌ជាម្ចាស់​ក៏​នឹង​ស្រាយ​​នៅ​ស្ថាន​បរម‌សុខ​ដែរ។ ១៩ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ទៀត​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​មាន​ពីរ​នាក់​នៅ​លើ​ផែន‌ដី​នេះរួម​ចិត្ត​គំនិត​គ្នា ទូល​សូម​អ្វី​ក៏​ដោយ ក៏​ព្រះ‌បិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ នឹង​ប្រទាន​ឲ្យ​ជា​មិន​ខាន ២០ ដ្បិត​នៅ​ទី​ណា​មាន​ពីរ ឬ​បី​នាក់​ជួប‌ជុំ​គ្នា​ក្នុង​នាម​ខ្ញុំ ខ្ញុំ​ក៏​ស្ថិត​នៅ​ទី​នោះ​ជា​មួយ​គេ​ដែរ»។
២១ ពេល​នោះ លោក​សិលា​ចូល​មក​ជិត​ព្រះ‌យេស៊ូ ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ បើ​បង‌ប្អូន​ចេះ​តែ​ប្រព្រឹត្ត​អំពើ​បាប​មក​លើ​ទូល‌បង្គំ តើ​ទូល‌បង្គំ​ត្រូវ​អត់‌ទោស​ឲ្យ​គេ​ប៉ុន្មាន​ដង? រហូត​ដល់​ប្រាំ​ពីរ​ដង​ឬ?»។ ២២ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា អ្នក​ត្រូវ​អត់‌ទោស​ឲ្យ​គេ មិន​ត្រឹម​តែ​ប្រាំ​ពីរ​ដង​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​អត់‌ទោស​ឲ្យ​គេ​ចិត‌សិប​ដង​ប្រាំ​ពីរ​ដង​»។
ប្រស្នា​អំពី​អ្នក​បម្រើ​ដែល​ពុំ​ព្រម​អត់‌ទោស​ឲ្យ​គេ
២៣ «ហេតុ​នេះ ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ*​ប្រៀប​បាន​នឹង​ស្ដេច​មួយ​អង្គ ដែល​ចង់​គិត​បញ្ជី​ជា​មួយ​អ្នក​បម្រើ។ ២៤ ពេល​ព្រះ‌រាជា​ចាប់‌ផ្ដើម​គិត​បញ្ជី មាន​គេ​នាំ​កូន​បំណុល​ម្នាក់​ដែល​ជំពាក់​ប្រាក់​រាប់​លាន​ណែន​មក។ ២៥ ដោយ​អ្នក​នោះ​គ្មាន​ប្រាក់​សង ស្ដេច​ក៏​ចេញ​បញ្ជា​ឲ្យ​លក់​ទាំង​គាត់ ទាំង​ប្រពន្ធ ទាំង​កូន ទាំង​របស់​របរ​ដែល​គាត់​មាន ដើម្បី​យក​ប្រាក់​មក​សង​បំណុល។ ២៦ អ្នក​បម្រើ​នោះ​លុត​ជង្គង់​ក្រាប​ទៀប​ព្រះ‌បាទា​ស្ដេច ទូល‌អង្វរ​ថាៈ “សូម​ព្រះ‌ករុណា​មេត្តា​អត់‌ឱន ពន្យារ​ពេល​ឲ្យ​ទូល‌បង្គំ​ផង ទូល‌បង្គំ​នឹង​សង​ព្រះ‌ករុណា​វិញ​គ្រប់​ចំនួន”។ ២៧ ព្រះ‌រាជា​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ​អ្នក​បម្រើ​នោះ​ពន់‌ពេក​ណាស់ ស្ដេច​ក៏​ឲ្យ​គាត់​ទៅ​វិញ ទាំង​លុប​បំណុល​ចោល​ថែម​ទៀត​ផង។
២៨ ពេល​អ្នក​បម្រើ​នោះ​ចេញ​ទៅ គាត់​បាន​ជួប​នឹង​គូ‌កន​ម្នាក់ ដែល​ជំពាក់​ប្រាក់​គាត់​មួយ‌រយ​ដួង* គាត់​ចាប់​អ្នក​នោះ​ច្របាច់​ក ទាំង​ពោល​ថាៈ “សង​ប្រាក់​អញ​ទាំង​អស់​មក!”។ ២៩ គូ‌កន​របស់​អ្នក​នោះ​ក៏​លុត​ជង្គង់​ចុះ អង្វរ​ថា “សុំ​អត់‌ឱន​ពន្យារ​ពេល​ឲ្យ​គ្នា​ផង គ្នា​នឹង​សង​ឯង​វិញ​គ្រប់​ចំនួន”។ ៣០ ប៉ុន្តែ អ្នក​បម្រើ​នោះ​ពុំ​ព្រម​ទេ មិន​តែ​ប៉ុណ្ណោះ​សោត គាត់​ចាប់​អ្នក​ជំពាក់​ប្រាក់​យក​ទៅ​ឃុំ‌ឃាំង រហូត​ទាល់​តែ​បាន​សង​បំណុល​គ្រប់​ចំនួន។ ៣១ អ្នក​បម្រើ​ឯ​ទៀតៗ​ឃើញ​ដូច្នោះ ទាស់​ចិត្ត​ជា​ខ្លាំង គេ​យក​រឿង​នេះ​ទៅ​ទូល​ស្ដេច។ ៣២ ស្ដេច​ក៏​ហៅ​អ្នក​បម្រើ​នោះ​មក​សួរ​ថាៈ “នែ៎​អ្នក​បម្រើ​អាក្រក់! យើង​បាន​លុប​បំណុល​ឯង​ទាំង​ប៉ុន្មាន​ចោល​អស់ ព្រោះ​ឯង​បាន​ទទូច​អង្វរ​យើង។ ៣៣ យើង​បាន​អាណិត​មេត្តា​ឯង។ ហេតុ​ដូច​ម្ដេច​បាន​ជា​ឯង​ពុំ​ព្រម​អាណិត​មេត្តា​គូ‌កន​របស់​ឯង​ផង​ដូច្នេះ?”។ ៣៤ ស្ដេច​ព្រះ‌អង្គ​ខ្ញាល់​ក្រៃ‌លែង ក៏​បញ្ជា​ឲ្យ​គេ​យក​អ្នក​នោះ​ទៅ​ធ្វើ​ទារុណ‌កម្ម រហូត​ទាល់​តែ​សង​បំណុល​គ្រប់​ចំនួន។ ៣៥ ចំពោះ​អ្នក​រាល់​គ្នា បើ​ម្នាក់ៗ​មិន​ព្រម​លើក‌លែង​ទោស​ឲ្យ​បង‌ប្អូន​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ ព្រះ‌បិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ ក៏​នឹង​ធ្វើ​ទារុណ‌កម្ម​អ្នក​រាល់​គ្នា​ដូច្នោះ​ដែរ»។
១៩
ព្រះ​ដំបូន្មាន​អំពី​រឿង​លែង‌លះ​ប្ដី​ប្រពន្ធ
(ម៉ាកុស ១០.១-១២ លូកា ១៦.១៨)
 កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ ព្រះ‌អង្គ​ក៏​ចាក‌ចេញ​ពី​ស្រុក​កាលី‌ឡេ យាង​ឆ្ពោះ​ទៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​យូដា។  មហា‌ជន​ច្រើន​កុះ‌ករ​នាំ​គ្នា​មក​តាម​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា​នៅ​ទី​នោះ។  មាន​ពួក​ខាង​គណៈ​ផារីស៊ី*​ចូល​មក​ជិត ហើយ​ទូល​សួរ​ក្នុង​គោល​បំណង​ល្បង‌ល​មើល​ព្រះ‌អង្គ​ថា៖ «តើ​ស្វាមី​មាន​សិទ្ធិ​នឹង​លែង​ភរិយា ដោយ​សំអាង​លើ​មូល​ហេតុ​អ្វី​ក៏​ដោយ​បាន​ឬ​ទេ?»។  ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​រាល់​គ្នា​ធ្លាប់​អាន​គម្ពីរ​រួច​មក​ហើយ​ថា កាល​ដើម​ដំបូង ព្រះ‌អាទិករ*បាន​បង្កើត​មនុស្ស​មកជា​បុរស ជា​ស្ត្រី​  រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថាៈ “ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវ​ចាក‌ចេញ​ពី​ឪពុក​ម្ដាយ ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ”។  គេ​មិន‌មែន​ជា​បុគ្គល​ពីរ​នាក់​ទៀត​ទេ គឺ​ជា​រូប​កាយ​តែ​មួយ​វិញ។ ដូច្នេះ មនុស្ស​មិន​ត្រូវ​បំបាក់‌បំបែក​គូ‌ស្រករ ដែល​ព្រះ‌ជាម្ចាស់​បាន​ផ្សំ‌ផ្គុំ​នោះ​ឡើយ»។  ពួក​គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​ម៉ូសេ​បញ្ជា​ឲ្យ​ស្វាមី​ធ្វើ​លិខិត​លែង‌លះ​ភរិយា?»។  ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​លែង​ភរិយា​បាន ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង‌រូស​ តែ​កាល​ដើម​ឡើយ​មិន‌មែន​ដូច្នោះ​ទេ។  ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បុរស​ណា​លែង​ភរិយា(លើក‌លែង​តែ​រួម​រស់​ជា​មួយ​គ្នា ដោយ​ឥត​បាន​រៀប‌ការ)​ ហើយ​ទៅ​រៀប‌ការ​នឹង​ស្ត្រី​ម្នាក់​ទៀត បុរស​នោះ​ឯង​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់»។
១០ សាវ័ក*​នាំ​គ្នា​ទូល​ព្រះ‌អង្គ​ថា៖ «បើ​មាន​ល័ក្ខ‌ខ័ណ្ឌ​រវាង​ប្ដី​ប្រពន្ធ​បែប​នេះ គួរ​កុំ​រៀប‌ការ​ប្រសើរ​ជាង»។ ១១ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​វិញ​ថា៖ «មនុស្ស​គ្រប់​រូប​ពុំ​អាច​យល់​សេចក្ដី​នេះ​ឡើយ គឺ​មាន​តែ​អ្នក​ដែល​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​ឲ្យ​យល់​ប៉ុណ្ណោះ ទើប​អាច​យល់​បាន។ ១២ អ្នក​ខ្លះ​មិន​អាច​រៀប‌ការ​បាន​តាំង​ពី​កំណើត​មក​។ អ្នក​ខ្លះ​ទៀត​មិន​អាច​រៀប‌ការ​បាន​មក​ពី​ត្រូវ​គេ​ក្រៀវ។ រីឯ​អ្នក​ខ្លះ​ទៀត​មិន​រៀប‌ការ​មក​ពី​យល់​ដល់​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ។ អ្នក​ណា​មាន​ប្រាជ្ញា ចូរ​យក​ពាក្យ​នេះ​ទៅ​រិះ‌គិត​ឲ្យ​យល់​ចុះ!»។
ព្រះ‌យេស៊ូ​ប្រទាន​ពរ​ដល់​ក្មេងៗ
(ម៉ាកុស ១០.១៣-១៦ លូកា ១៨.១៥-១៧)
១៣ មាន​មនុស្ស‌ម្នា​នាំ​ក្មេង​តូចៗមក​ឲ្យ​ព្រះ‌យេស៊ូ​ដាក់​ព្រះ‌ហស្ដ​លើ​វា និង​អធិស្ឋាន*​ឲ្យ។ ពួក​សាវ័ក*​ស្ដី​បន្ទោស​អ្នក​ទាំង​នោះ ១៤ តែ​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឲ្យ​ក្មេង​តូចៗ​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​មាន​តែ​អ្នក​មាន​ចិត្ត​ដូច​ក្មេងៗ​ទាំង​នេះ​ប៉ុណ្ណោះ ដែល​ចូល​ក្នុង​ព្រះ‌រាជ្យ*នៃ​ស្ថាន​បរម‌សុខ​បាន»។ ១៥ បន្ទាប់​មក ព្រះ‌អង្គ​ដាក់​ព្រះ‌ហស្ដ​លើ​ក្មេង​ទាំង​នោះ រួច​ព្រះ‌អង្គ​យាង​ចាក‌ចេញ​ពី​ទី​នោះ​ទៅ។
អ្នក​មាន​ម្នាក់​ចង់​បាន​ជីវិត​អស់​កល្ប‌ជានិច្ច
(ម៉ាកុស ១០.១៧-៣១ លូកា ១៨.១៨-៣០)
១៦ ពេល​នោះ មាន​បុរស​ម្នាក់​ចូល​មក​គាល់​ព្រះ‌អង្គ ហើយ​ទូល​ថា៖ «លោក​គ្រូ! តើ​ខ្ញុំ​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​អ្វី​ខ្លះ ដើម្បី​ឲ្យ​មាន​ជីវិត​អស់​កល្ប‌ជានិច្ច?»។ ១៧ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​សួរ​ខ្ញុំ​អំពី​អ្វី​ដែល​ល្អ​ដូច្នេះ? មាន​តែ​ព្រះ‌ជាម្ចាស់​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ដែល​ល្អ​សប្បុរស។ បើ​អ្នក​ចង់​ចូល​ទៅ​ក្នុង​ជីវិត ត្រូវ​ប្រតិ‌បត្តិ​តាម​វិន័យ*​ទៅ»។ ១៨ គាត់​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «វិន័យ​អ្វី​ខ្លះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល‌ឆ្លើយ​ថា៖ «កុំ​សម្លាប់​មនុស្ស កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​លួច​ទ្រព្យ‌សម្បត្តិ​គេ កុំ​និយាយ​កុហក​ធ្វើ​ឲ្យ​គេ​មាន​ទោស ១៩ ចូរ​គោរព​មាតា‌បិតាចូរ​ស្រឡាញ់​បង‌ប្អូន​ឯ​ទៀតៗ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ»។ ២០ យុវ‌បុរស​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​បាន​ប្រតិ‌បត្តិ​តាម​វិន័យ​ទាំង​នេះ​ហើយ តើ​នៅ​ខ្វះ​អ្វី​ទៀត?»។ ២១ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «បើ​អ្នក​ចង់​បាន​ល្អ​ឥត​ខ្ចោះ ចូរ​យក​ទ្រព្យ‌សម្បត្តិ​របស់​អ្នក​ទាំង​ប៉ុន្មាន​ទៅ​លក់ ហើយ​ចែក​ឲ្យ​ជន​ក្រីក្រ​ទៅ ធ្វើ​ដូច្នេះ ទើប​អ្នក​បាន​សម្បត្តិ​សួគ៌ រួច​សឹម​អញ្ជើញ​មក​តាម​ខ្ញុំ!»។ ២២ កាល​យុវ‌បុរស​នោះ​ឮ​ដូច្នេះ គាត់​ត្រឡប់​ទៅ​វិញ ទាំង​ព្រួយ​ចិត្ត ដ្បិត​គាត់​មាន​ទ្រព្យ‌សម្បត្តិ​ស្ដុក‌ស្តម្ភ​ណាស់។
២៣ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សាវ័ក*​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​មានពិបាក​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​ណាស់!។ ២៤ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ទៀត​ថា សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល ងាយ​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ទៅ​ទៀត»។ ២៥ កាល​ពួក​សាវ័ក​ឮ​ដូច្នោះ គេ​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង ហើយ​ពោល​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ណា​នឹង​អាច​ទទួល​ការ​សង្គ្រោះ?»។ ២៦ ព្រះ‌យេស៊ូ​ទត​មើល​គេ រួច​មាន​ព្រះ‌បន្ទូល​ថា៖ «ការ​នេះ​មនុស្ស​ធ្វើ​ពុំ​កើត​ទេ រីឯ​ព្រះ‌ជាម្ចាស់​វិញ អ្វី​ក៏​ដោយ ព្រះ‌អង្គ​ធ្វើ​កើត​ទាំង​អស់»។ ២៧ ពេល​នោះ លោក​សិលា*​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អង្គ​ទត​ឃើញ​ស្រាប់​ហើយ យើង​ខ្ញុំ​បាន​លះ‌បង់​អ្វីៗ​ទាំង​អស់ ដើម្បី​មក​តាម​ព្រះ‌អង្គ។ តើ​យើង​ខ្ញុំ​នឹង​ទៅ​ជា​យ៉ាង​ណា?»។ ២៨ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សាវ័ក​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា នៅ​ក្នុង​ពិភព​ថ្មី ពេល​បុត្រ​មនុស្ស*​គង់​លើ​បល្ល័ង្ក​ប្រកប​ដោយ​សិរី‌រុង​រឿង អ្នក​រាល់​គ្នា​ដែល​មក​តាម​ខ្ញុំ​នេះ ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក​ទាំង​ដប់‌ពីរ ហើយ​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​ទៀត​ផង។ ២៩ អ្នក​ណា​លះ‌បង់​ផ្ទះ​សំបែង បង‌ប្អូន​ប្រុស​ស្រី ឪពុក​ម្ដាយ កូន ឬ​ស្រែ​ចម្ការ ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​ទទួល​វិញ​មួយ​ជា​មួយ‌រយ​ ព្រម​ទាំង​មាន​ជីវិត​អស់​កល្ប‌ជានិច្ច។ ៣០ មាន​មនុស្ស​ជា​ច្រើន​ដែល​នៅ​ខាង​មុខ នឹង​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ រីឯ​អ្នក​ដែល​នៅ​ខាង​ក្រោយ នឹង​ត្រឡប់​ទៅ​នៅ​ខាង​មុខ​វិញ»។
២០
ប្រស្នា​អំពី​កម្មករ​ចម្ការ​ទំពាំង‌បាយ‌ជូរ
 «ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ*​ប្រៀប​បាន​នឹង​ម្ចាស់​ចម្ការ​ម្នាក់ ដែល​ចាក‌ចេញ​ពី​ផ្ទះ​តាំង​ពី​ព្រលឹម ដើម្បី​រក​ជួល​កម្មករ​មក​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​គាត់។  គាត់​ព្រម​ព្រៀង​ជា​មួយ​ពួក​កម្មករ​ជា​ស្រេច​ថា នឹង​ឲ្យ​ប្រាក់​មួយ​ដួង*​ក្នុង​មួយ​ថ្ងៃ ហើយ​ចាត់​គេ​ឲ្យ​ទៅ​ធ្វើ​ការ​ក្នុង​ចម្ការ។  ប្រមាណ​ជា​ម៉ោង​ប្រាំ‌បួន​ព្រឹក គាត់​ចេញ​ទៅ​ឃើញ​អ្នក​ផ្សេង​ទៀត​កំពុង​តែ​ឈរ​នៅ​តាម​ទី​ផ្សារ ឥត​ធ្វើ​អ្វី​សោះ។  គាត់​ក៏​និយាយ​ទៅ​កាន់​គេ​ថា “ចូរ​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ការ​នៅ​ចម្ការ​ខ្ញុំ​ដែរ​ទៅ ខ្ញុំ​នឹង​ឲ្យ​ប្រាក់​ឈ្នួល​ត្រឹម‌ត្រូវ”។  អ្នក​ទាំង​នោះ​ក៏​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ចម្ការ។ ម្ចាស់​ចម្ការ​ចេញ​ទៅ​សា​ជា​ថ្មី​ទៀត​នៅ​ម៉ោង​ដប់‌ពីរ និង​ម៉ោង​បី​រសៀល ហើយ​ជួល​អ្នក​ផ្សេង​តាម​របៀប​ដដែល។  ប្រមាណ​ជា​ម៉ោង​ប្រាំ​ល្ងាច គាត់​ចេញ​ទៅ​សា​ជា​ថ្មី ឃើញ​អ្នក​ខ្លះ​ទៀត​ឈរ​នៅ​តាម​ទី​ផ្សារ។ គាត់​សួរ​គេ​ថា “ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ឈរ​នៅ​ទី​នេះ មួយ​ថ្ងៃ​វាល់​ល្ងាច ឥត​ធ្វើ​អ្វី​សោះ​ដូច្នេះ?”  ពួក​គេ​ឆ្លើយ​ថា “មក​ពី​គ្មាន​នរណា​ជួល​យើង​ខ្ញុំ​ទៅ​ធ្វើ​ការ​ទេ!”។ គាត់​ក៏​ពោល​ទៅ​អ្នក​ទាំង​នោះ​ថា “ចូរ​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ការ​នៅ​ចម្ការ​ខ្ញុំ​ដែរ​ទៅ”។
 លុះ​ដល់​ល្ងាច ម្ចាស់​ចម្ការ​ប្រាប់​ទៅ​អ្នក​កាន់​ប្រាក់​ថា “ចូរ​ហៅ​ពួក​កម្មករ​មក ហើយ​បើក​ប្រាក់​ឲ្យ​គេ គឺ​ចាប់‌ផ្ដើម​ពី​អ្នក​ដែល​ចូល​ធ្វើ​ការ​ក្រោយ​គេ​បង្អស់ រហូត​ដល់​អ្នក​មក​មុន​គេ​បង្អស់”។  ពួក​អ្នក​ដែល​បាន​ចាប់‌ផ្ដើម​ធ្វើ​ការ​ម៉ោង​ប្រាំ​ល្ងាច​មក​ដល់ ទទួល​ប្រាក់​ម្នាក់​មួយ​ដួង*ៗ។ ១០ ពួក​អ្នក​ដែល​ចាប់‌ផ្ដើម​ធ្វើ​ការ​មុន​គេ​ក៏​មក​ដល់​ដែរ ហើយ​គិត​ថា នឹង​បាន​ប្រាក់​ច្រើន​ជាង ប៉ុន្តែ គេ​ទទួល​ម្នាក់​មួយ​ដួង​ដូចៗ​គ្នា។ ១១ គេ​ទទួល​យក​ប្រាក់​ទាំង​រអ៊ូ‌រទាំ​ដាក់​ម្ចាស់​ចម្ការ​ថា ១២ “ពួក​អ្នក​ដែល​មក​ដល់​ក្រោយ​នេះ បាន​ធ្វើ​ការ​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​ធ្វើ​ការ​ហាល​ថ្ងៃ ហាល​ក្ដៅ ហើយ​លោក​បែរ​ជា​បើក​ប្រាក់​ឲ្យ​គេ​ស្មើ​នឹង​យើង​ខ្ញុំ​ដែរ!”។ ១៣ ម្ចាស់​ចម្ការ​និយាយ​ទៅ​កាន់​ម្នាក់​ក្នុង​ចំណោម​កម្មករ​ទាំង​នោះ​ថា “សម្លាញ់​អើយ! ខ្ញុំ​មិន​បាន​បោក​បញ្ឆោត​អ្នក​ទេ។ អ្នក​បាន​យល់​ព្រម​ធ្វើ​ការ​ឲ្យ​ខ្ញុំ​មួយ​ដួង​ក្នុង​មួយ​ថ្ងៃមែន​ឬ​មិន‌មែន! ១៤ ចូរ​យក​ប្រាក់​ឈ្នួល​របស់​អ្នក ហើយ​ចេញ​ទៅ​ចុះ! ខ្ញុំ​ចង់​ឲ្យ​អ្នក​ដែល​មក​ដល់​ក្រោយ ទទួល​ប្រាក់​ស្មើ​នឹង​អ្នក​ដែរ។ ១៥ តើ​ខ្ញុំ​គ្មាន​សិទ្ធិ​នឹង​យក​ប្រាក់​របស់​ខ្ញុំទៅ​ធ្វើ​អ្វី​តាម​បំណង​ចិត្ត​ខ្ញុំ​ទេ​ឬ? ឬ​មួយ​អ្នក​ច្រណែន មក​ពី​ឃើញ​ខ្ញុំ​មាន​ចិត្ត​សប្បុរស?”។ ១៦ ហេតុ​នេះ អ្នក​ដែល​នៅ​ខាង​ក្រោយ​នឹង​ត្រឡប់​ទៅ​នៅ​ខាង​មុខ រីឯ​អ្នក​ដែល​នៅ​ខាង​មុខ​នឹង​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ​វិញ»។
ព្រះ‌យេស៊ូ​ប្រកាស​អំពី​ព្រះ‌អង្គ​ចូល​ទិវង្គត
(ម៉ាកុស ១០.៣២-៣៤ លូកា ១៨.៣១-៣៤)
១៧ កាល​ព្រះ‌យេស៊ូ​កំពុង​យាង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម ព្រះ‌អង្គ​នាំ​សាវ័ក*ទាំង​ដប់‌ពីរ​រូប​ទៅ​ដាច់​ឡែក​ពី​គេ។ នៅ​តាម​ផ្លូវ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ ១៨ «ឥឡូវ​នេះ យើង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម។ បុត្រ​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់ដៃ​របស់​ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​បណ្ឌិត​ខាង​វិន័យ* គេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក។ ១៩ គេ​នឹង​បញ្ជូន​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ ដើម្បី​ឲ្យ​ពួក​នោះ​ចំអក​ដាក់​លោក យក​រំពាត់​វាយ​លោក ព្រម​ទាំង​ឆ្កាង​សម្លាប់​លោក​ទៀត​ផង ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មក លោក​នឹង​រស់​ឡើង​វិញ»។
សំណូម​ពរ​របស់​ម្ដាយ​លោក​យ៉ាកុប និង​លោក​យ៉ូហាន
(ម៉ាកុស ១០.៣៥-៤៥ លូកា ២២.២៤-២៧)
២០ ពេល​នោះ ភរិយា​របស់​លោក​សេបេដេ​បាន​នាំ​កូន​ទាំង​ពីរ​ចូល​មក គាត់​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌យេស៊ូ ចង់​ទូល​សុំ​អ្វី​មួយ។ ២១ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា៖ «អ្នក​ចង់​បាន​អ្វី?»។ គាត់​ទូល​ព្រះ‌អង្គ​វិញ​ថា៖ «ដល់​ពេល​ព្រះ‌អង្គ​គ្រង​រាជ្យ សូម​ឲ្យ​កូន​របស់​ខ្ញុំ​ម្ចាស់​បាន​អង្គុយ​អម​ព្រះ‌អង្គ​ផង គឺ​ម្នាក់​នៅ​ខាង​ស្ដាំ ម្នាក់​នៅ​ខាង​ឆ្វេង»។ ២២ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​មិន​ដឹង​ថា​ខ្លួន​សុំ​អ្វី​ឡើយ តើ​អ្នក​ទាំង​ពីរ​អាច​ទទួល​ពែង​ដែល​ខ្ញុំ​ត្រូវ​ទទួល​នោះ​បាន​ឬ​ទេ?»។ លោក​យ៉ាកុប និង​លោក​យ៉ូហាន​ទូល​ថា៖ «យើង​ខ្ញុំ​អាច​ទទួល​បាន»។ ២៣ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ទាំង​ពីរ​ថា៖ «អ្នក​នឹង​ទទួល​ពែង​របស់​ខ្ញុំ​បាន​មែន ចំណែក​ឯ​អង្គុយ​នៅ​ខាង​ស្ដាំ ឬ​ខាង​ឆ្វេង​ខ្ញុំ​នោះ ខ្ញុំ​មិន​អាច​សម្រេច​ឲ្យ​ឡើយ ព្រោះ​កន្លែង​នោះ​បម្រុង​ទុក​សម្រាប់​តែ​អស់​អ្នក ដែល​ព្រះ‌បិតា​របស់​ខ្ញុំបាន​សម្រេច​ឲ្យ​ប៉ុណ្ណោះ»។
២៤ កាល​សាវ័ក*​ដប់​រូប​ទៀត​បាន​ឮ​ដូច្នោះ គេ​ទាស់​ចិត្ត​នឹង​បង‌ប្អូន​ទាំង​ពីរ​នាក់​នេះ​ណាស់។
២៥ ព្រះ‌យេស៊ូ​ត្រាស់‌ហៅ​សាវ័ក​ទាំង​អស់​មក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ ពួក​អ្នក​គ្រប់‌គ្រង​ស្រុក​តែង‌តែ​ជិះ‌ជាន់​ប្រជា‌រាស្ដ្រ​របស់​ខ្លួន រីឯ​អ្នក​ធំ​ក៏​តែង‌តែ​ប្រើ​អំណាច​លើ​ប្រជា‌រាស្ដ្រ​របស់​ខ្លួន​ដែរ។ ២៦  ក្នុង​ចំណោម​អ្នក​រាល់​គ្នាមិន‌មែន​ដូច្នោះ​ទេ។ ផ្ទុយ​ទៅ​វិញ បើ​មាន​អ្នក​ណា​ម្នាក់​ចង់​ធ្វើ​ធំ​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​ឲ្យ​អ្នក​នោះ​បម្រើ​អ្នក​រាល់​គ្នា​វិញ។ ២៧ បើ​មាន​អ្នក​ណា​ម្នាក់​ចង់​ធ្វើ​មេ​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​ត្រូវ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​រាល់​គ្នា​សិន។ ២៨ បុត្រ​មនុស្ស​មក​ក្នុង​ពិភព‌លោក​នេះ មិន‌មែន​ដើម្បី​ឲ្យ​គេ​បម្រើ​លោក​ទេ គឺ​លោក​មក​បម្រើ​គេ​វិញ ព្រម​ទាំង​បូជា​ជីវិត ដើម្បី​លោះ​មនុស្ស​ទាំង​អស់​ផង»។
ព្រះ‌យេស៊ូ​ប្រោស​មនុស្ស​ខ្វាក់​ពីរ​នាក់​ឲ្យ​ភ្លឺ
(ម៉ាកុស ១០.៤៦-៥២ លូកា ១៨.៣៥-៤៣)
២៩ កាល​ព្រះ‌យេស៊ូ​យាង​ចេញ​ពី​ក្រុង​យេរីខូ មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​នាំ​គ្នា​ដើរ​តាម​ព្រះ‌អង្គ ៣០ ពេល​នោះ មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​អង្គុយ​នៅ​ក្បែរ​ផ្លូវ។ អ្នក​ទាំង​ពីរ​ឮ​ថា ព្រះ‌យេស៊ូ​យាង​មក ក៏​ស្រែក​ឡើង​ថា៖ «ឱ​ព្រះ‌អម្ចាស់ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង!»។ ៣១ បណ្ដា‌ជន​គំរាម​អ្នក​ទាំង​ពីរ​ឲ្យ​នៅ​ស្ងៀម ប៉ុន្តែ គេ​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា៖ «ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង!»។ ៣២ ព្រះ‌យេស៊ូ​ក៏​ឈប់ ហើយ​ហៅ​គេ​មក​សួរ​ថា៖ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី?»។ ៣៣ គេ​ទូល​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! សូម​ប្រោស​ឲ្យ​ភ្នែក​យើង​ខ្ញុំ​បាន​ភ្លឺ​ផង»។ ៣៤ ព្រះ‌យេស៊ូ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ​អ្នក​ទាំង​ពីរ​ពន់‌ពេក​ណាស់ ព្រះ‌អង្គ​ក៏​ពាល់​ភ្នែក​គេ។ រំពេច​នោះ គេ​មើល​ឃើញ​ភ្លាម ហើយ​នាំ​គ្នា​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។
២១
ព្រះ‌យេស៊ូ​យាង​ចូល​ក្រុង​យេរូ‌សាឡឹម
(មក.១១.១-១១ លក.១៩.២៨-៤០ យហ.១២.១២-១៩)
 ព្រះ‌យេស៊ូ​យាង​មក​ជា​មួយ​ពួក​សាវ័ក* ជិត​ដល់​ក្រុង​យេរូ‌សាឡឹម​ហើយ។ កាល​មក​ដល់​ភូមិ​បេតផាសេ ដែល​នៅ​ចង្កេះ​ភ្នំ​ដើម​អូលីវ ព្រះ‌អង្គ​ចាត់​សាវ័ក​ពីរ​នាក់​ឲ្យ​ទៅ​មុន  ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​ភូមិ​ដែល​នៅ​មុខ​អ្នក​រាល់​គ្នា។ ពេល​ទៅ​ដល់​ភ្លាម អ្នក​នឹង​ឃើញ​មេ​លា​មួយ​ដែល​គេ​ចង​នៅ​ទី​នោះ ហើយ​មាន​កូន​វា​នៅ​ជា​មួយ​ដែរ។ ចូរ​ស្រាយ​វា​ដឹក​មក​ឲ្យ​ខ្ញុំ។  ប្រសិន​បើ​មាន​នរណា​សួរ ចូរ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់​ត្រូវ​ការ​វា តែ​ព្រះ‌អង្គ​នឹង​ឲ្យ​គេ​ដឹក​មក​វិញ​ភ្លាម​ជា​មិន​ខាន»។  ព្រឹត្តិ‌ការណ៍​នេះ​កើត​ឡើង ស្រប​នឹង​សេចក្ដី ដែល​មាន​ចែង​ទុក​តាម‌រយៈ​ព្យាការី*​ថា៖
៥​ «ចូរ​ប្រាប់​ប្រជាជន​ក្រុង​ស៊ីយ៉ូន​ថាៈ
មើល​ហ្ន៎ ព្រះ‌មហា​ក្សត្រ​របស់​អ្នក​យាង​មក​រក​អ្នក​ហើយ។
ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ស្លូត‌បូត
ព្រះ‌អង្គ​គង់​លើ​ខ្នង​លា
ហើយ​គង់​លើ​ខ្នង​កូន​លា​ផង​ដែរ»​។
សាវ័ក​ទាំង​ពីរ​នាំ​គ្នា​ចេញ​ទៅ ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌យេស៊ូ  ដឹក​មេ​លា និង​កូន​វា​មក។ គេ​យក​អាវ​ក្រាល​ពី​លើ​ខ្នង​លា និង​លើ​ខ្នង​កូន​លា​ផង ហើយ​ព្រះ‌យេស៊ូ​ឡើង​គង់​លើ​ខ្នង​វា។  នៅ​ពេល​នោះ មាន​បណ្ដា‌ជន​ជា​ច្រើន​នាំ​គ្នា​យក​អាវ​របស់​ខ្លួន​ក្រាល​តាម​ផ្លូវ ហើយ​អ្នក​ខ្លះទៀត​កាច់​ធាង​ទន្សែ​យក​មក​ក្រាល​លើ​ផ្លូវ​ដែរ។  មហា‌ជន​ដែល​ដើរ​ហែ‌ហម​ព្រះ‌យេស៊ូពី​មុខ​ពី​ក្រោយ នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ជយោ!​ ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ! សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះ‌អង្គ ដែល​យាង​មក​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់!​ ជយោ! ព្រះ‌ជាម្ចាស់​នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!»
១០ កាល​ព្រះ‌យេស៊ូ​យាង​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម ប្រជាជន​នៅ​ក្នុង​ទី‌ក្រុង​ទាំង​មូល​នាំ​គ្នា​ជ្រួល‌ច្របល់ សួរ​ថា៖ «តើ​លោក​នោះ​ជា​នរណា?»។ ១១ មហា‌ជន​ឆ្លើយ​ថា៖ «លោក​ជា​ព្យាការី*​យេស៊ូមក​ពី​ភូមិ​ណាសា‌រ៉ែត​ក្នុង​ស្រុក​កាលី‌ឡេ»។
ព្រះ‌យេស៊ូ​ដេញ​ពួក​អ្នក​លក់​ដូរ​ចេញ​ពី​ព្រះ‌វិហារ
(មក.១១.១៥-១៩ លក.១៩.៤៥-៤៨ យហ.២.១៣-២២)
១២ បន្ទាប់​មក ព្រះ‌យេស៊ូ​ចូល​ព្រះ‌វិហារ ហើយ​ព្រះ‌អង្គ​ដេញ​អ្នក​លក់​ដូរ​ចេញ​ពី​ទី​នោះ។ ព្រះ‌អង្គ​ផ្ដួល​តុ​អ្នក​ដូរ​ប្រាក់ ផ្ដួល​កៅ‌អី​របស់​អ្នក​លក់​ព្រាប។ ១៣ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា “ដំណាក់​របស់​យើង​ត្រូវ​ធ្វើ​ជា​កន្លែង​សម្រាប់​អធិស្ឋាន*តែ​អ្នក​រាល់​គ្នា​បែរ​ជា​យក​ធ្វើ​ជា​សំបុក​ចោរ​ទៅ​វិញ!”»
១៤ មាន​មនុស្ស​ខ្វាក់ និង​មនុស្ស​ខ្វិន នាំ​គ្នា​មក​រក​ព្រះ‌អង្គ​នៅ​ក្នុង​ព្រះ‌វិហារ ព្រះ‌អង្គ​ក៏​ប្រោស​គេ​ឲ្យ​ជា​ទាំង​អស់​គ្នា។
១៥ កាល​ក្រុម​នាយក​បូជា‌ចារ្យ* និង​បណ្ឌិត​ខាង​វិន័យ*​ឃើញ​ការ​អស្ចារ្យ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ និង​ឮ​ក្មេងៗ​ស្រែក​នៅ​ក្នុង​ព្រះ‌វិហារ​ថា «ជយោ​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ!» គេ​ទាស់​ចិត្ត​ណាស់ ១៦ គេ​ទូល​ព្រះ‌អង្គ​ថា៖ «តើ​លោក​ឮ​ក្មេងៗ​ស្រែក​ថា​ដូច​ម្ដេច​ទេ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​វិញ​ថា៖ «ខ្ញុំ​ឮ​ហើយ! ក្នុង​គម្ពីរ​មាន​ចែង​ថា “ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពាក្យ​សរ‌សើរ​តម្កើង ហូរ​ចេញ​ពី​បបូរ​មាត់​ក្មេង​តូចៗ និង​ទារក​ដែល​នៅ​បៅ” តើ​អស់​លោក​មិន​ដែល​អាន​ទេ​ឬ?»។ ១៧ ព្រះ‌អង្គ​ទុក​គេ​ចោល ព្រះ‌អង្គ​យាង​ចេញ​ពី​ទី‌ក្រុង​ឆ្ពោះ​ទៅ​ភូមិ​បេថានី ហើយ​ស្នាក់​នៅ​ទី​នោះ។
ដើម​ឧទុម្ពរ​ត្រូវ​បណ្ដាសា
(ម៉ាកុស ១១.១២-១៤, ២០-២៤)
១៨ ព្រលឹម​ឡើង ព្រះ‌យេស៊ូ​យាង​ត្រឡប់​ទៅ​ទី‌ក្រុង​វិញ ពេល​នោះ ព្រះ‌អង្គ​ឃ្លាន។ ១៩ ព្រះ‌អង្គ​ទត​ឃើញ​ឧទុម្ពរ​មួយ​ដើម​នៅ​តាម​ផ្លូវ ព្រះ‌អង្គ​យាង​ចូល​ទៅ​ជិត មិន​ឃើញ​មាន​ផ្លែ​សោះ មាន​សុទ្ធ​តែ​ស្លឹក។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ដើម​ឧទុម្ពរ​នោះ​ថា៖ «ចាប់​ពី​ពេល​នេះ​ត​ទៅ កុំ​ឲ្យ​ឯង​មាន​ផ្លែ​សោះ​ឡើយ!»។ ពេល​នោះ ស្រាប់​តែ​ដើម​ឧទុម្ពរ​ក្រៀម​ស្វិត​មួយ​រំពេច។ ២០ ឃើញ​ដូច្នោះ ពួក​សាវ័ក*​ងឿង‌ឆ្ងល់​ជា​ខ្លាំង គេ​ពោល​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ដើម​ឧទុម្ពរ​ក្រៀម​ស្វិត​មួយ​រំពេច​ដូច្នេះ?»។ ២១ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល‌ឆ្លើយ​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ប្រសិន​បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ឥត​សង្ស័យ​សោះ អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​អាច​ធ្វើ​ឲ្យ​ដើម​ឧទុម្ពរ​នេះ​ក្រៀម​ស្វិត​ប៉ុណ្ណោះ​ទេ គឺ​បើ​អ្នក​រាល់​គ្នា​ពោល​ទៅ​កាន់​ភ្នំ​នេះ​ថាៈ “ចូរ​ចេញ​ពី​ទី​នេះ ធ្លាក់​ក្នុង​សមុទ្រ​ទៅ!” នោះ​នឹង​សម្រេច​ដូច្នោះ​ជា​មិន​ខាន។ ២២ អ្វី​ក៏​ដោយ​ឲ្យ​តែ​អ្នក​រាល់​គ្នា​អធិស្ឋាន*​សុំ​ទាំង​មាន​ជំនឿ អ្នក​រាល់​គ្នា​មុខ​ជា​បាន​ទទួល​មែន»។
អំណាច​របស់​ព្រះ‌យេស៊ូ
(ម៉ាកុស ១១.២៧-៣៣ លូកា ២០.១-៨)
២៣ ព្រះ‌យេស៊ូ​យាង​ចូល​ក្នុង​ព្រះ‌វិហារ* ហើយ​នៅ​ពេល​ព្រះ‌អង្គ​កំពុង​តែ​បង្រៀន​គេ ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​របស់​ប្រជាជន នាំ​គ្នា​ចូល​មក​សួរ​ព្រះ‌អង្គ​ថា៖ «តើ​លោក​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី? អ្នក​ណា​ប្រគល់​អំណាច​នេះ​ឲ្យ​លោក?»។ ២៤ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ខ្ញុំ​ក៏​សុំ​សួរ​សំណួរ​តែ​មួយ​ដល់​អស់​លោក​ដែរ បើ​អស់​លោក​ប្រាប់​ខ្ញុំ ខ្ញុំ​នឹង​ប្រាប់​អស់​លោក​វិញ​ថា​ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ ដោយ​អាង​លើ​អំណាច​អ្វី។ ២៥ តើ​នរណា​ចាត់​លោក​យ៉ូហាន​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ទឹក*? ព្រះ‌ជាម្ចាស់ ឬ​មនុស្ស?»។ គេ​ពិគ្រោះ​គ្នា​ថា៖ «បើ​យើង​ឆ្លើយ​ថា “ព្រះ‌ជាម្ចាស់​ចាត់​លោក​យ៉ូហាន​ឲ្យ​មក” គាត់​មុខ​ជា​សួរ​យើង​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​លោក​យ៉ូហាន” ២៦ បើ​យើង​ឆ្លើយ​ថា “មនុស្ស​ចាត់​លោក​យ៉ូហាន​ឲ្យ​មក” នោះ​យើង​ខ្លាច​ប្រជាជន​រក​រឿង ដ្បិត​មនុស្ស​គ្រប់ៗ​គ្នា​ចាត់​ទុក​លោក​យ៉ូហាន​ជា​ព្យាការី*»។ ២៧ ដូច្នេះ គេ​ទូល‌ឆ្លើយ​ព្រះ‌យេស៊ូ​ថា៖ «យើង​មិន​ដឹង​ទេ!»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​វិញ​ថា៖ «រីឯ​ខ្ញុំ​វិញ ខ្ញុំ​ក៏​មិន​ប្រាប់​អស់​លោក​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ ដោយ​អាង​លើ​អំណាច​អ្វី​ដែរ»។
ប្រស្នា​អំពី​កូន​ប្រុស​ពីរ​នាក់
២៨ «អ្នក​រាល់​គ្នា​យល់​យ៉ាង​ណា​ដែរ ប្រសិន​បើ​បុរស​ម្នាក់​មាន​កូន​ប្រុស​ពីរ ហើយ​គាត់​និយាយ​ទៅ​កាន់​កូន​ច្បង​ថា “កូន​អើយ! ថ្ងៃ​នេះ ចូរ​កូន​ទៅ​ធ្វើ​ការនៅ​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​ពុក​ទៅ!”។ ២៩ កូន​តប​មក​វិញ​ថា “ខ្ញុំ​មិន​ចង់​ទៅ​ទេ!” ប៉ុន្តែ ក្រោយ​មក កូន​នោះ​ដូរ​គំនិត ហើយ​ក៏​ទៅ​ចម្ការ។ ៣០ បន្ទាប់​មក ឪពុក​និយាយ​ពាក្យ​ដដែល​ទៅ​កាន់​កូន​ពៅ កូន​ពៅ​ឆ្លើយ​ថាៈ “បាទ កូន​ទៅ!” តែ​អត់​ទៅ​ទេ។ ៣១ ក្នុង​ចំណោម​កូន​ទាំង​ពីរ​នាក់ តើ​កូន​ណា​បាន​ធ្វើ​តាម​បំណង​ឪពុក?»។ គេ​ទូល​ព្រះ‌អង្គ​ថា៖ «កូន​ច្បង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ពួក​អ្នក​ទារ​ពន្ធ* និង​ពួក​ស្ត្រី​ពេស្យា នឹង​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់ មុន​អ្នក​រាល់​គ្នា ៣២ ដ្បិត​លោក​យ៉ូហាន​បាន​មក​ណែ‌នាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​តាម​មាគ៌ា​សុចរិត តែ​អ្នក​រាល់​គ្នា​មិន​ព្រម​ជឿ​លោក​ទេ។ ពួក​អ្នក​ទារ​ពន្ធ និង​ស្ត្រី​ពេស្យា​បាន​ជឿ​លោក រីឯ​អ្នក​រាល់​គ្នា​វិញ ទោះ​បី​អ្នក​រាល់​គ្នា​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង​នោះ​ក៏​ដោយ ក៏​អ្នក​រាល់​គ្នា​មិន​បាន​ដូរ​ចិត្ត​គំនិត ហើយ​ជឿ​លោក​ដែរ»។
ប្រស្នា​អំពី​អ្នក​ថែ‌រក្សា​ចម្ការ​ទំពាំង‌បាយ‌ជូរ
(ម៉ាកុស ១២.១-១២ លូកា ២០.៩-១៩)
៣៣ «សុំ​ស្ដាប់​ប្រស្នា​មួយ​ទៀតៈ មាន​បុរស​ម្នាក់​ជា​ម្ចាស់​ចម្ការ គាត់​បាន​ដាំ​ទំពាំង‌បាយ‌ជូរ ហើយ​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ គាត់​រៀប‌ចំ​កន្លែង​មួយ ដើម្បី​បញ្ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ ព្រម​ទាំង​សង់​ខ្ទម​មួយ​ផង។ បន្ទាប់​មក គាត់​ប្រវាស់​ឲ្យ​ពួក​កសិករ​មើល​ថែ​ទាំ រួច​ចេញ​ដំណើរ​ពី​ស្រុក​នោះ​ទៅ។ ៣៤ លុះ​ដល់​រដូវ​ទំពាំង‌បាយ‌ជូរ​ទុំ គាត់​ក៏​ចាត់​ពួក​អ្នក​បម្រើ​ឲ្យ​មក​ជួប​អ្នក​ថែ​ចម្ការ​ទាំង​នោះ ដើម្បី​ទទួល​យក​ផល​ដែល​ជា​ចំណែក​របស់​គាត់។ ៣៥ ពួក​កសិករ​នាំ​គ្នា​ចាប់​ពួក​អ្នក​បម្រើ​មក​វាយ‌ដំ​ម្នាក់ ប្រហារ​ជីវិត​ម្នាក់ និង​យក​ដុំ​ថ្ម​គប់​សម្លាប់​ម្នាក់​ទៀត។ ៣៦ ម្ចាស់​ចម្ការ​ក៏​ចាត់​អ្នក​បម្រើ​ផ្សេង​ទៀត ដែល​មាន​គ្នា​ច្រើន​ជាង​មុន​ឲ្យ​មក។ ប៉ុន្តែ ពួក​អ្នក​ថែ​ចម្ការ​បាន​ធ្វើ​បាប​អ្នក​បម្រើ​ទាំង​នោះ​ដូច​ពួក​មុនៗ​ដែរ។ ៣៧ នៅ​ទី​បំផុត ម្ចាស់​ចម្ការ​ចាត់​កូន​ប្រុស​របស់​គាត់ ឲ្យ​មក​ជួប​គេ​ដោយ​គិត​ថា “គេ​មុខ​ជា​គោរព​កោត​ខ្លាច​កូន​ប្រុស​ខ្ញុំ​មិន​ខាន”។ ៣៨ ប៉ុន្តែ ពេល​ពួក​កសិករ​ឃើញ​កូន​ប្រុស​ម្ចាស់​ចម្ការ​មក​ដល់ គេ​ពិគ្រោះ​គ្នា​ថាៈ “អ្នក​នេះ​ជា​អ្នក​ទទួល​កេរ‌មត៌ក​ពី​ម្ចាស់​ចម្ការ​ទៅ​ថ្ងៃ​ក្រោយ បើ​យើង​នាំ​គ្នា​សម្លាប់​វា មត៌ក​នេះ​នឹង​ត្រូវ​បាន​មក​យើង​មិន​ខាន”។ ៣៩ គេ​ក៏​ចាប់​កូន​ប្រុស​ម្ចាស់​ចម្ការ​បោះ​ទៅ​ខាង​ក្រៅ ហើយ​សម្លាប់​ចោល​ទៅ។ ៤០ ដល់​ពេល​ម្ចាស់​ចម្ការ​មក តើ​គាត់​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​កសិករ​ទាំង​នោះ?»។ ៤១ គេ​ទូល​ព្រះ‌អង្គ​ថា៖ «គាត់​មុខ​ជា​សម្លាប់​ជន‌ពាល​ទាំង​នោះ​ឥត​ត្រា‌ប្រណី​ឡើយ រួច​ប្រវាស់​ចម្ការ​ឲ្យ​អ្នក​ផ្សេង​ទៀត ដែល​នឹង​ប្រគល់​ផល​ជា​ចំណែក​របស់​គាត់​ជូន​គាត់ នៅ​រដូវ​ទំពាំង‌បាយ‌ជូរ​ទុំ»។ ៤២ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថាៈ
“ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​ចោល
បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត។
ព្រះ‌អម្ចាស់​បាន​សម្រេច​ការ​អស្ចារ្យ​នេះ
យើង​បាន​ឃើញ ហើយ​ស្ងើច​សរ‌សើរ​ផង”​។
តើ​អ្នក​រាល់​គ្នា​ដែល​អាន​អត្ថ‌បទ​នេះ​ឬ​ទេ?។
៤៣ ហេតុ​នេះ​ហើយបាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌ជាម្ចាស់​នឹង​ដក​ព្រះ‌រាជ្យ​ចេញ​ពី​អ្នក​រាល់​គ្នា ប្រគល់​ទៅ​ឲ្យ​សាសន៍​មួយ​ទៀត ដែល​ចេះ​បង្កើត​ផល​សម​ស្រប​នឹង​ព្រះ‌រាជ្យ។ ៤៤ អ្នក​ណា​ដួល​លើ​ថ្ម​នេះ អ្នក​នោះ​មុខ​ជា​ត្រូវ​បាក់‌បែក​ខ្ទេច‌ខ្ទាំ​មិន​ខាន ហើយ​បើ​ថ្ម​នេះ​សង្កត់​លើ​អ្នក​ណា មុខ​ជា​កិន​កម្ទេច​អ្នក​នោះ​ឲ្យ​ស្លាប់​ជា​ប្រាកដ​ដែរ»។
៤៥ ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី*​ឮ​ដូច្នោះ ក៏​ដឹង​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សំដៅ​ទៅ​លើ​ពួក​គេ។ ៤៦ គេ​នាំ​គ្នា​រក​មធ្យោ‌បាយ​ចាប់​ព្រះ‌អង្គ ប៉ុន្តែ គេ​ខ្លាច​មហា‌ជន ព្រោះ​មហា‌ជន​ចាត់​ទុក​ព្រះ‌យេស៊ូ​ជា​ព្យាការី*​មួយ​រូប។
២២
ប្រស្នា​អំពី​មង្គល‌ការ
(លូកា ១៤.១៦-២៤)
 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​ទៅ​ពួក​គេ​ម្ដង​ទៀត​ថា៖  «ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​ប្រៀប​បាន​នឹង​ស្ដេច​មួយ​អង្គ ដែល​រៀប​វិវាហ‌មង្គល‌ការ​ព្រះ‌រាជ​បុត្រ។  ព្រះ‌រាជា​ចាត់​រាជ​បម្រើ​ឲ្យ​ទៅ​អញ្ជើញ​ភ្ញៀវ​មក​ជប់‌លៀង ក្នុង​ឱកាស​មង្គល‌ការ​នោះ តែ​គ្មាន​នរណា​មក​សោះ។  ព្រះ‌អង្គ​ចាត់​រាជ​បម្រើ​ផ្សេង​ទៀត ឲ្យ​ទៅ​ជម្រាប​ភ្ញៀវ​ថាៈ “យើង​បាន​រៀប‌ចំ​ភោជនា‌ហារ​សម្រាប់​ជប់‌លៀង គឺ​បាន​សម្លាប់​គោ និង​សម្លាប់​សត្វ​ដែល​បាន​បំប៉ន​នោះ រួច​រាល់​អស់​ហើយ សូម​អញ្ជើញ​មក​ពិសា​ការ!”។  ប៉ុន្តែ ភ្ញៀវ​មិន​រវី‌រវល់​អើពើ​ឡើយ អ្នក​ខ្លះ​ទៅ​ចម្ការ អ្នក​ខ្លះ​ទៅ​ធ្វើ​ជំនួញ  អ្នក​ខ្លះ​ទៀត​ចាប់​ពួក​រាជ​បម្រើ​វាយ​ធ្វើ​បាប ព្រម​ទាំង​សម្លាប់​ចោល​ថែម​ទៀត។  ព្រះ‌រាជា​ព្រះ‌អង្គ​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង ក៏​ចាត់​ទាហាន​ឲ្យ​ទៅ​ប្រហារ​ជីវិត​ឃាតក​ទាំង​នោះ ហើយ​ដុត​កម្ទេច​ស្រុក​ភូមិ​របស់​គេ​ផង។  បន្ទាប់​មក ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​ពួក​រាជ​បម្រើ​ថាៈ “យើង​បាន​រៀប‌ចំ​ពិធី​មង្គល‌ការ​រួច​ស្រេច​ហើយ ប៉ុន្តែ ភ្ញៀវ​ទាំង​នោះ​មិន​សម​នឹង​មក​ចូល​រួម​ទេ។  ហេតុ​នេះ ចូរ​នាំ​គ្នា​ចេញ​ទៅ​តាម​ផ្លូវ​កែង ហើយ​អញ្ជើញ​មនុស្ស​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​ជួប ឲ្យ​មក​ជប់‌លៀង”។ ១០ ពួក​រាជ​បម្រើ​ក៏​ចេញ​ទៅ​តាម​ផ្លូវ ប្រមូល​មនុស្ស‌ម្នា ដែល​គេ​បាន​ជួប​ទាំង​ប៉ុន្មាន​មក ទាំង​អាក្រក់ ទាំង​ល្អ។ ពេល​នោះ មាន​ភ្ញៀវ​ពេញ​រោង​ការ។
១១ ព្រះ‌រាជា​យាង​ចូល​មក​មើល​ភ្ញៀវ​នៅ​ក្នុង​រោង​ការ ទត​ឃើញ​បុរស​ម្នាក់​ស្លៀក​ពាក់​មិន​ត្រូវ​នឹង​របៀប​ពិធី​ការ ១២ ព្រះ‌រាជា​ក៏​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​នោះ​ថា “សម្លាញ់​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​ចូល​មក​ទី​នេះ ដោយ​មិន​ស្លៀក​សម្លៀក‌បំពាក់​សម្រាប់​មង្គល‌ការ​ដូច្នេះ?” បុរស​នោះ​រក​និយាយ​អ្វី​មិន​ចេញ​ឡើយ។ ១៣ ព្រះ‌រាជា​បង្គាប់​ទៅ​ពួក​រាជ​បម្រើ​ថា “ចូរ​ចង​ដៃ​ចង​ជើង​អ្នក​នេះ សែង​យក​ទៅ​ចោល​នៅ​ទី‌ងងឹត​ខាង​ក្រៅ ជា​កន្លែង​យំ​សោក​ខឹង​សង្កៀត​ធ្មេញ​នោះ​ទៅ!”»។
១៤ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ព្រះ‌ជាម្ចាស់​ត្រាស់‌ហៅ​មនុស្ស​ទាំង​អស់ តែ​ព្រះ‌អង្គ​ជ្រើស‌រើស​យក​បាន​ចំនួន​តិច​ទេ»។
អំពី​ពន្ធ​ដារ
(ម៉ាកុស ១២.១៣-១៧ លូកា ២០.២០-២៦)
១៥ ពួក​ខាង​គណៈ​ផារីស៊ី*ចេញ​ទៅ​ពិគ្រោះ​គ្នា រិះ‌រក​មធ្យោ‌បាយ​ចាប់​កំហុស​ព្រះ‌យេស៊ូ នៅ​ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។ ១៦ គេ​ក៏​ចាត់​សិស្ស​របស់​គេ និង​ពួក​ខាង​ស្ដេច​ហេរ៉ូដ ឲ្យ​ទៅ​ជួប​ព្រះ‌អង្គ ហើយ​ទូល​ថា៖ «លោក​គ្រូ! យើង​ខ្ញុំ​ដឹង​ថា ពាក្យ​ដែល​លោក​មាន​ប្រសាសន៍​សុទ្ធ​តែ​ពិត​ទាំង​អស់។ លោក​គ្រូ​ប្រៀន‌ប្រដៅ​អំពី​របៀប​រស់​នៅ ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌ជាម្ចាស់​តាម​សេចក្ដី​ពិត គឺ​លោក​គ្រូ​ពុំ​យោគ‌យល់ ហើយ​ក៏​ពុំ​រើស​មុខ​នរណា​ឡើយ។ ១៧ ហេតុ​នេះ សូម​លោក​គ្រូ​ឲ្យ​យោបល់​យើង​ខ្ញុំ​មើល៍ តើ​វិន័យ​របស់​យើង​អនុញ្ញាត​ឲ្យ​បង់​ពន្ធ​ដារ ថ្វាយ​ព្រះចៅ​អធិ‌រាជ​រ៉ូម៉ាំង​ឬ​ទេ?»។ ១៨ ព្រះ‌យេស៊ូ​ឈ្វេង​យល់​គំនិត​អាក្រក់​របស់​ពួក​គេ ទើប​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​មាន​ពុត​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចង់​ចាប់​កំហុស​ខ្ញុំ​ដូច្នេះ? ១៩ ចូរ​បង្ហាញ​ប្រាក់​សម្រាប់​បង់​ពន្ធ​នោះ​ឲ្យ​ខ្ញុំ​មើល​មើល៍!»។ គេ​ក៏​យក​ប្រាក់​មួយ​កាក់​មក​ថ្វាយ​ព្រះ‌អង្គ។ ២០ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «តើ​លើ​កាក់​នេះ មាន​រូប​នរណា ឈ្មោះ​នរណា?»។ ២១ គេ​ទូល​ថា៖ «រូប និង​ឈ្មោះ​ព្រះចៅ​អធិ‌រាជ»។ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្វីៗ​ដែល​ជា​របស់​ព្រះចៅ​អធិ‌រាជ ចូរ​ថ្វាយ​ទៅ​ព្រះចៅ​អធិ‌រាជ​វិញ​ទៅ ហើយ​អ្វីៗ​ដែល​ជា​របស់​ព្រះ‌ជាម្ចាស់ ចូរ​ថ្វាយ​ទៅ​ព្រះ‌ជាម្ចាស់​វិញ​ដែរ»។ ២២ ពួក​គេ​ងឿង‌ឆ្ងល់​នឹង​ចម្លើយ​របស់​ព្រះ‌អង្គ ហើយ​នាំ​គ្នា​ចាក‌ចេញ​ពី​ព្រះ‌អង្គ​ទៅ។
អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ
(ម៉ាកុស ១២.១៨-២៧ លូកា ២០.២៧-៤០)
២៣ នៅ​ថ្ងៃ​នោះ មាន​ពួក​ខាង​គណៈ​សាឌូ‌ស៊ី*​ចូល​មក​គាល់​ព្រះ‌អង្គ។ ពួក​សាឌូ‌ស៊ី​មិន​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ទេ។ គេ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ ២៤ «លោក​គ្រូ! លោក​ម៉ូសេ*​មាន​ប្រសាសន៍​ថាៈ “បើ​បុរស​ណា​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ ត្រូវ​ឲ្យ​ប្អូន​ប្រុស​របស់​បុរស​នោះ​រៀប‌ការ​នឹង​បង​ថ្លៃ ដើម្បី​បន្ដ​ពូជ​ឲ្យ​បង​ប្រុស​របស់​ខ្លួន”។ ២៥ ឧបមា​ថា នៅ​ក្នុង​ចំណោម​យើង មាន​បង‌ប្អូន​ប្រុស​ប្រាំ​ពីរ​នាក់។ បង​បង្អស់​រៀប‌ការ ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ ទុក​ប្រពន្ធ​ឲ្យ​ប្អូន។ ២៦ ប្អូន​ទី​ពីរ ប្អូន​ទី​បី រហូត​ដល់​ប្អូន​ទី​ប្រាំ​ពីរ សុទ្ធ​តែ​បាន​រៀប‌ការ​ជា​មួយ​នាង ហើយ​ស្លាប់​ទៅ​គ្មាន​កូន​ដូច​គ្នា។ ២៧ នៅ​ទី​បំផុត ស្ត្រី​នោះ​ក៏​ស្លាប់​ទៅ​ដែរ។ ២៨ លុះ​ដល់​ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ តើ​នាង​បាន​ទៅ​ជា​ប្រពន្ធ​នរណា បើ​បង‌ប្អូន​ទាំង​ប្រាំ​ពីរ​នាក់សុទ្ធ​តែ​បាន​រៀប‌ការ​ជា​មួយ​នាង​គ្រប់​គ្នា​ដូច្នេះ?»។ ២៩ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​យល់​ខុស​ហើយ! ដ្បិត​អ្នក​រាល់​គ្នា​មិន​យល់​គម្ពីរ ទាំង​មិន​ស្គាល់​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់​ផង។ ៣០ ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ គេ​មិន​រៀប‌ការ​ប្ដី​ប្រពន្ធ​ទៀត​ឡើយ គឺ​គេ​នឹង​បាន​ដូច​ទេវទូត*​នៅ​ស្ថាន​បរម‌សុខ*។ ៣១ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ថាៈ ៣២ “យើង​ជា​ព្រះ​របស់​អប្រាហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប” តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​ឬ​ទេ? ព្រះ‌ជាម្ចាស់​មិន‌មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​ដែល​មាន​ជីវិត»។ ៣៣ កាល​មហា‌ជន​បាន​ឮ​សេចក្ដីដែល​ព្រះ‌អង្គ​បង្រៀន គេ​ងឿង‌ឆ្ងល់​ជា​ខ្លាំង។
វិន័យ​សំខាន់​ជាង​គេ
(ម៉ាកុស ១២.២៨-៣៤ លូកា ១០.២៥-២៨)
៣៤ ពេល​នោះ ពួក​ខាង​គណៈ​ផារីស៊ី*​ប្រជុំ​គ្នា ព្រោះ​គេ​ឮ​ថា ព្រះ‌យេស៊ូ​បាន​ធ្វើ​ឲ្យ​ពួកខាង​គណៈ​សាឌូ‌ស៊ី*​ទ័ល​ប្រាជ្ញ រក​និយាយ​អ្វី​ទៀត​មិន​កើត។ ៣៥ ក្នុង​ចំណោម​ពួក​គេ មាន​ម្នាក់​ជា​បណ្ឌិត​ខាង​វិន័យទូល​សួរ​ព្រះ‌យេស៊ូ ក្នុង​គោល​បំណង​ល្បង‌ល​មើល​ព្រះ‌អង្គ​ថា៖ ៣៦ «លោក​គ្រូ! ក្នុង​គម្ពីរ‌វិន័យ* តើ​មាន​វិន័យ​ណា​សំខាន់​ជាង​គេ?»។ ៣៧ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «“ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី និង​អស់​ពី​ប្រាជ្ញា” ៣៨ ហ្នឹង​ហើយ​ជា​វិន័យ​ទី​មួយ ដែល​សំខាន់​ជាង​គេ​បំផុត។ ៣៩ រីឯ​វិន័យ​ទី​ពីរ​ក៏​សំខាន់​ដូច​គ្នា​ដែរ “គឺ​ត្រូវ​ស្រឡាញ់​បង‌ប្អូន​ឯ​ទៀតៗ ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង”។ ៤០ វិន័យ​ទាំង​ពីរ​នេះជា​ឫស​គល់​របស់​គម្ពីរ‌វិន័យ និង​គម្ពីរ​ព្យាការី*​ទាំង​អស់»។
ព្រះ‌គ្រីស្ដ​ជា​ព្រះ‌អម្ចាស់​លើ​ស្ដេច​ដាវីឌ
(ម៉ាកុស ១២.៣៥-៣៧ លូកា ២០.៤១-៤៤)
៤១ ពេល​នោះ ពួក​ខាង​គណៈ​ផារីស៊ី*​នៅ​ជុំ​គ្នា ព្រះ‌យេស៊ូ​ក៏​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ ៤២ «តើ​អ្នក​រាល់​គ្នា​យល់​ថា ព្រះ‌គ្រីស្ដ​ជា​ព្រះ‌រាជ‌វង្ស​របស់​អ្នក​ណា?»។ គេ​ទូល​ថា៖ «ព្រះ‌អង្គ​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ»។ ៤៣ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ប្រសិន​បើ​ព្រះ‌គ្រីស្ដ​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​មែន ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌បាទ​ដាវីឌ ដែល​មាន​ព្រះ‌វិញ្ញាណ​បំភ្លឺ​ហៅ​ព្រះ‌គ្រីស្ដ​ថា “ព្រះ‌អម្ចាស់” ទៅ​វិញ​ដូច្នេះ គឺ​ស្ដេច​មាន​រាជ‌ឱង្ការ​ថាៈ
៤៤ “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល
ទៅ​កាន់​ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា
សូម​គង់​ខាង​ស្ដាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប
ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ
មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌អង្គ”
៤៥ បើ​ព្រះ‌បាទ​ដាវីឌ​ហៅ​ព្រះ‌គ្រីស្ដ​ថា “ព្រះ‌អម្ចាស់” ដូច្នេះ តើ​ឲ្យ​ព្រះ‌គ្រីស្ដ​ត្រូវ​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌អង្គ​ដូច​ម្ដេច​កើត!»។ ៤៦ គ្មាន​នរណា​ម្នាក់​អាច​ឆ្លើយ​ទៅ​ព្រះ‌អង្គ​វិញ សូម្បី​តែ​មួយ​ម៉ាត់​ក៏​មិន​បាន​ផង ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក គ្មាន​នរណា​ហ៊ាន​សួរ​ដេញ‌ដោល​ព្រះ‌អង្គ​ទៀត​ឡើយ។
២៣
ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឲ្យ​ប្រយ័ត្ន​នឹង​ពុត‌ត្បុត​របស់​ពួក​បណ្ឌិត​ខាង​វិន័យ និង​ពួក​ខាង​គណៈ​ផារីស៊ី
(ម៉ាកុស ១២.៣៨-៤០ លូកា ២០.៤៥-៤៧, ១១.៣៩-៥២)
 ពេល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន និង​ពួក​សាវ័ក*​ថា៖  «ពួក​បណ្ឌិត​ខាង​វិន័យ* និង​ពួក​ខាង​គណៈ​ផារីស៊ី* មាន​ភារ‌កិច្ច​បង្រៀន​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ*។  អ្វីៗ​ដែល​គេ​បង្រៀន​អ្នក​រាល់​គ្នា ចូរ​ស្ដាប់ ហើយ​យក​ទៅ​ប្រតិ‌បត្តិ​តាម​ទៅ តែ​កុំ​យក​តម្រាប់​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត​ឡើយ ដ្បិត​គេ​មិន​ប្រតិ‌បត្តិ​តាម​សេចក្ដី​ដែល​គេ​បង្រៀន​នោះ​ទេ។ ៤​ អ្នក​ទាំង​នោះ​បាន​បង្កើត​វិន័យ​យ៉ាង​តឹង‌រ៉ឹង យក​មក​ផ្ទុក​លើ​មនុស្ស ហើយ​មិន​ជួយ​សម្រាល​បន្ទុក​នោះ​ទេ សូម្បី​តែ​បន្ដិច‌បន្តួច​ក៏​មិន​ជួយ​ផង។  គេ​ធ្វើ​កិច្ច‌ការ​ផ្សេងៗ ដើម្បី​ឲ្យ​មនុស្ស‌ម្នា​កោត​សរ‌សើរ គឺ​គេ​ធ្វើ​ក្លាក់​​កាន់​តែ​ធំ​ឡើងៗ និង​ធ្វើ​ខ្សែ​រំយោល​នៅ​ជាយ​អាវ​កាន់​តែ​វែង​ទៅៗ។  ពួក​គេ​ចូល​ចិត្ត​កន្លែង​កិត្តិ‌យស​ក្នុង​ពិធី​ជប់‌លៀង ហើយ​រើស​កន្លែង​អង្គុយ​នៅ​មុខ​គេ​ក្នុង​សាលា​ប្រជុំ*។  ពួក​នេះ​ចូល​ចិត្ត​ឲ្យ​គេ​ឱន​កាយ​គោរព នៅ​តាម​ផ្សារ និង​ឲ្យ​គេ​ហៅ​ខ្លួន​ថា “ព្រះ‌គ្រូ”។  រីឯ​អ្នក​រាល់​គ្នា​វិញ កុំ​បង្គាប់​គេ​ឲ្យ​ហៅ​ខ្លួន​ថា “ព្រះ‌គ្រូ” សោះ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មាន “ព្រះ‌គ្រូ” តែ​មួយ​គត់ ហើយ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​បង‌ប្អូន​នឹង​គ្នា។  កុំ​ហៅ​នរណា​ម្នាក់​នៅ​លើ​ផែន‌ដី​នេះ​ថា “ព្រះ‌បិតា” ឲ្យ​សោះ ដ្បិត​អ្នក​រាល់​គ្នា​មាន“ព្រះ‌បិតា”តែ​មួយ​គត់ ដែល​គង់​នៅ​ស្ថាន​បរម‌សុខ។ ១០ កុំ​ឲ្យ​គេ​ហៅ​អ្នក​រាល់​គ្នា​ថា​“មគ្គទេសក៍”​ឡើយ ដ្បិត​មាន​តែ​ព្រះ‌គ្រីស្ដ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​ជា​មគ្គទេសក៍​របស់​អ្នក​រាល់​គ្នា។ ១១ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ណា​មាន​ឋានៈ​ធំ​ជាង​គេ ត្រូវ​ឲ្យ​អ្នក​នោះ​បម្រើ​អ្នក​រាល់​គ្នា។ ១២ អ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ។ រីឯ​អ្នក​ដែល​បន្ទាប​ខ្លួន នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ»។
១៣ នែ៎! ពួក​បណ្ឌិត​ខាង​វិន័យ* និង​ពួក​ផារីស៊ី*​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​បិទ​ទ្វារ មិន​ឲ្យ​មនុស្ស​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ* អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​មិន​បាន​ចូល​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​រារាំង​អ្នក​ដែល​ចង់​ចូល​មិន​ឲ្យ​គេ​ចូល​ទៀត​ផង។
១៤ [ពួក​បណ្ឌិត​ខាង​វិន័យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​ឆ‌បោក​យក​ទ្រព្យ‌សម្បត្តិ​របស់​ស្ត្រី‌មេម៉ាយ ដោយ​ធ្វើ​ឫក​ជា​សូត្រ​ធម៌​យ៉ាង​យូរ។ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​ត្រូវ​ទទួល​ទោស​យ៉ាង​ធ្ងន់​មិន​ខាន]។
១៥ ពួក​បណ្ឌិត​ខាង​វិន័យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក និង​តាម​ផ្លូវ​គោក ស្វែង​រក​បញ្ចុះ‌បញ្ចូល​គេ ឲ្យ​ចូល​សាសនា​របស់​អ្នក​រាល់​គ្នា យ៉ាង​ហោច​ណាស់​ឲ្យ​បាន​មនុស្ស​ម្នាក់​ដែរ។ លុះ​គេ​ចូល​សាសនា​ហើយ អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​គេ​រឹត​តែ​អាក្រក់​ជួ‌ជាតិ​ជាង​អ្នក​រាល់​គ្នា​មួយ​ទ្វេ​ជា​ពីរ។
១៦ ពួក​អ្នក​ដឹក​នាំ​កង្វាក់​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​និយាយ​ថា “បើ​អ្នក​ណា​ស្បថ​ដោយ​យក​ព្រះ‌វិហារ*​ធ្វើ​ជា​សាក្សី ពាក្យ​សម្បថ​នោះ​យក​ជា​ការ​ពុំ​បាន​ទេ។ ផ្ទុយ​ទៅ​វិញ បើ​ស្បថ​ដោយ​យក​មាស​របស់​ព្រះ‌វិហារ​ធ្វើ​ជា​សាក្សី ទើប​យក​ជា​ការ​បាន”។
១៧ មនុស្ស​លេ‌លា កង្វាក់​អើយ! មាស និង​ព្រះ‌វិហារ ដែល​ធ្វើ​ឲ្យ​មាស​ទៅ​ជា​វត្ថុ​ពិសិដ្ឋ តើ​មួយ​ណា​សំខាន់​ជាង?។ ១៨ អ្នក​រាល់​គ្នា​និយាយ​ទៀត​ថា “អ្នក​ណា​ស្បថ​ដោយ​យក​អាសនៈ​ធ្វើ​ជា​សាក្សី ពាក្យ​សម្បថ​នោះ​យក​ជា​ការ​ពុំ​បាន​ទេ។ ផ្ទុយ​ទៅ​វិញ បើ​ស្បថ​ដោយ​យក​តង្វាយ​លើ​អាសនៈ​ធ្វើ​ជា​សាក្សី ទើប​យក​ជា​ការ​បាន”។ ១៩ មនុស្ស​កង្វាក់​អើយ! តង្វាយ​ដែល​គេ​ថ្វាយ​លើ​អាសនៈ និង​អាសនៈ​ដែល​ធ្វើ​ឲ្យ​តង្វាយ​ទៅ​ជា​តង្វាយ​ពិសិដ្ឋ តើ​មួយ​ណា​សំខាន់​ជាង?។ ២០ ដូច្នេះ អ្នក​ណា​ស្បថ​ដោយ​យក​អាសនៈ​ជា​សាក្សី អ្នក​នោះ​មាន​ទាំង​អាសនៈ មាន​ទាំង​អ្វីៗ​នៅ​លើ​អាសនៈ​ជា​សាក្សី​មែន។ ២១ អ្នក​ណា​ស្បថ​ដោយ​យក​ព្រះ‌វិហារ​ជា​សាក្សី អ្នក​នោះ​មាន​ទាំង​ព្រះ‌វិហារ មាន​ទាំង​ព្រះ‌ជាម្ចាស់​ដែល​គង់​នៅ​ក្នុង​ព្រះ‌វិហារ​ជា​សាក្សី​ដែរ។ ២២ អ្នក​ណា​ស្បថ​ដោយ​យក​ស្ថាន​បរម‌សុខ​ជា​សាក្សី អ្នក​នោះ​មាន​ទាំង​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់ មាន​ទាំង​ព្រះ‌ជាម្ចាស់​ដែល​គង់​នៅ​លើ​បល្ល័ង្ក​ជា​សាក្សី។
២៣ ពួក​បណ្ឌិត​ខាង​វិន័យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​យក​ជីរ‌អង្កាម ជីរ‌នាង‌វង និង​ម្អម មួយ​ភាគ​ដប់​មក​ថ្វាយ​ព្រះ‌ជាម្ចាស់ ប៉ុន្តែ អ្នក​រាល់​គ្នា​លះ‌បង់​វិន័យ*​សំខាន់ៗ​ចោល មាន​សេចក្ដី​សុចរិត មេត្តា‌ករុណា​ធម៌ និង​ជំនឿ​ស្មោះ‌ត្រង់​ជា​ដើម។ វិន័យ​ទាំង​ប៉ុន្មាន​ប្រការ​នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រតិ‌បត្តិ​តាម ដោយ​ឥត​លះ‌បង់​ចោល​ប្រការ​ឯ​ទៀតៗ។ ២៤ អ្នក​ដឹក​នាំ​កង្វាក់​អើយ! អ្នក​រាល់​គ្នា​ត្រង​យក​មូស​ចេញ​ពី​ទឹក​ផឹក តែ​អ្នក​រាល់​គ្នា​លេប​ដំរី​មួយ​ទាំង​មូល​ទៅ​វិញ!។
២៥ ពួក​បណ្ឌិត​ខាង​វិន័យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​សំអាត​ពែង និង​ចាន តែ​ខាង​ក្រៅ​ប៉ុណ្ណោះ ប៉ុន្តែ ផ្នែក​ខាង​ក្នុង​ពោរ‌ពេញ​ទៅ​ដោយ​ផល​ដែល​កើត​មក​ពី​ការ​កេង‌ប្រវ័ញ្ច និង​ការ​លោភ‌លន់។ ២៦ ពួក​ផារី​ស៊ី​ដ៏​កង្វាក់​អើយ! ចូរ​សំអាត​ផ្នែក​ខាង​ក្នុង​ពែង​ជា​មុន​សិន ទើប​អ្វីៗ​នៅ​ខាង​ក្រៅ​បាន​ស្អាត​បរិសុទ្ធ*​ដែរ។
២៧ ពួក​បណ្ឌិត​ខាង​វិន័យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​ផ្នូរ ដែល​គេ​លាប​កំបោរ​ស មើល​ពី​ក្រៅ​ឃើញ​ហាក់​ដូច​ជា​ស្អាត តែ​ខាង​ក្នុង​ពោរ‌ពេញ​ទៅ​ដោយ​ឆ្អឹង​សាក‌សព និង​ធាតុ​រលួយ​សព្វ​បែប​យ៉ាង។ ២៨ អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ អ្នក​រាល់​គ្នា​សម្ដែង​ឫក‌ពារ​ខាង​ក្រៅ​ឲ្យ​មនុស្ស‌ម្នា​ឃើញ​ថា អ្នក​រាល់​គ្នា​សុចរិត តែ​ចិត្ត​អ្នក​រាល់​គ្នា​ពោរ‌ពេញ​ដោយ​គំនិត​លាក់​ពុត និង​គំនិត​ទុច្ចរិត​ទៅ​វិញ។

២៩ ពួក​បណ្ឌិត​ខាង​វិន័យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​បាន​សង់​ផ្នូរ​ឲ្យ​ពួក​ព្យាការី ព្រម​ទាំង​តុប‌តែង​ផ្នូរ​របស់​មនុស្ស​សុចរិត ៣០ ដោយ​ពោល​ថាៈ “ប្រសិន​បើ​យើង​បាន​រស់​នៅ​ជំនាន់​បុព្វ‌បុរស* នោះ​យើង​មុខ​ជា​មិន​សម​គំនិត​ជា​មួយ​គេ ក្នុង​ការ​សម្លាប់​ពួក​ព្យាការី​ឡើយ”។ ៣១ អ្នក​រាល់​គ្នា​ពោល​ដូច្នេះ​បាន​សេចក្ដី​ថា អ្នក​រាល់​គ្នា​ចោទ​ខ្លួន​ឯង ថា​ជា​ពូជ‌ពង្ស​របស់​ពួក​អ្នក​ដែល​បាន​សម្លាប់​ព្យាការី។ ៣២ ដូច្នេះ ចូរ​បន្ដ​កិច្ច‌ការ​របស់​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ឲ្យ​បាន​សម្រេច​ទៅ! ៣៣ នែ៎ ពួក​ពស់​ពូជ​ពស់​វែក​អើយ! ធ្វើ​ម្ដេច​ឲ្យ​អ្នក​រាល់​គ្នា​គេច​ផុត​ពី​ទោស​ធ្លាក់​នរក​បាន?។ ៣៤ ហេតុ​នេះ ខ្ញុំ​ចាត់​ព្យាការី អ្នក​ប្រាជ្ញ និង​បណ្ឌិត​ខាង​វិន័យ​ឲ្យ​មក​រក​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​នឹង​សម្លាប់​ពួក​គេ​ខ្លះ ឆ្កាង​ខ្លះ និង​វាយ​ធ្វើ​បាប​ខ្លះ​ក្នុង​សាលា​ប្រជុំ* ព្រម​ទាំង​តាម​បៀត‌បៀន​គេ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ផង។ ៣៥ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ទទួល​ទោស ព្រោះ​អ្នក​រាល់​គ្នា​បាន​បង្ហូរ​ឈាម​ជន​សុចរិត ចាប់​ពី​លោក​អេបិល​ជា​មនុស្ស​សុចរិត​រហូត​ដល់​លោក​សាការី ជា​បុត្រ​របស់​លោក​បារ៉ាគី ដែល​អ្នក​រាល់​គ្នា​បាន​សម្លាប់ នៅ​ត្រង់​ចន្លោះ​ទី‌សក្ការៈ* និង​អាសនៈ*។ ៣៦ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា ទោស​ទាំង​នោះ​នឹង​ត្រូវ​ធ្លាក់​មក​លើ​មនុស្ស​ជំនាន់​នេះ​ជា​មិន​ខាន។

អ្នក​ក្រុង​យេរូ‌សាឡឹម​បដិសេធ​មិន​ទទួល​ព្រះ‌យេស៊ូ
(លូកា ១៣.៣៤-៣៥)
៣៧ «អ្នក​ក្រុង​យេរូ‌សាឡឹម អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ! អ្នក​រាល់​គ្នា​បាន​សម្លាប់​ពួក​ព្យាការី* និង​យក​ដុំ​ថ្ម​គប់​សម្លាប់​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ចាត់​ឲ្យ​មក​រក​អ្នក​រាល់​គ្នា។ ច្រើន​លើក​ច្រើន​សា​មក​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា ដូច​មេ​មាន់​ក្រុង​កូន​វា​នៅ​ក្រោម​ស្លាប តែ​អ្នក​រាល់​គ្នា​ពុំ​ព្រម​សោះ។ ៣៨ ហេតុ​នេះ ផ្ទះ​របស់​អ្នក​រាល់​គ្នា នឹង​ត្រូវ​បោះ‌បង់​ចោល​ឲ្យ​នៅ​ស្ងាត់​ជ្រងំ។ ៣៩ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ពី​ពេល​នេះ​ទៅ​មុខ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ពោល​ថាៈ
“សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះ‌អង្គ
ដែល​យាង​មក​ក្នុង​នាម​ព្រះ‌អម្ចាស់!”​»។
២៤
ព្រះ‌យេស៊ូ​ប្រកាស​អំពី​ការ​បំផ្លាញ​ព្រះ‌វិហារ*
(ម៉ាកុស ១៣.១-២ លូកា ២១.៥-៦)
 ពេល​នោះ ព្រះ‌យេស៊ូ​កំពុង​យាង​ចេញ​ពី​ព្រះ‌វិហារ ពួក​សាវ័ក​ចូល​មក​ជិត ចង្អុល​បង្ហាញ​វិមាន​ផ្សេងៗ​ក្នុង​ព្រះ‌វិហារ ថ្វាយ​ព្រះ‌អង្គ​ទត។  ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ពេល​នេះ នឹង​ត្រូវ​រលំ​បាក់‌បែក​អស់ លែង​មាន​ថ្ម​ត្រួត​ពី​លើ​ថ្ម​ទៀត​ហើយ!»។
ហេតុ‌ការណ៍​នៅ​គ្រា​ចុង​ក្រោយ
(ម៉ាកុស ១៣.៣-១៣ លូកា ២១.៧-១៩)
 កាល​ព្រះ‌យេស៊ូ​គង់​នៅ​លើ​ភ្នំ​ដើម​អូលីវ ពួក​សាវ័ក*​នាំ​គ្នា​ចូល​ទៅ​គាល់​ព្រះ‌អង្គ​ដាច់​ឡែក​ពី​គេ ហើយ​ទូល​ថា៖ «សូម​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង ហេតុ‌ការណ៍​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? តើ​មាន​អ្វី​ជា​សម្គាល់​ឲ្យ​យើង​ខ្ញុំ​ដឹង​ថា ដល់​ពេល​ព្រះ‌អង្គ​យាង​មក និង​ដល់​អវសាន​កាល​នៃ​ពិភព‌លោក?»។  ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ចូរ​ប្រុង‌ប្រយ័ត្ន កុំ​បណ្ដោយ​នរណា​មក​បញ្ឆោត​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​ឡើយ  ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន យក​ឈ្មោះ​ខ្ញុំ​ទៅ​ប្រើ ដោយ​ពោល​ថាៈ “ខ្ញុំ​នេះ​ហើយ​ជា​ព្រះ‌គ្រីស្ដ*”។ គេ​នឹង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។  អ្នក​រាល់​គ្នា​នឹង​ឮ​គេ​និយាយ​អំពី​សង្គ្រាម និង​ឮ​ដំណឹង​ថា មាន​សង្គ្រាម​ផ្ទុះ​ឡើង​ហើយ។ កុំ​ជ្រួល‌ច្របល់​ឡើយ ដ្បិត​ហេតុ‌ការណ៍​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង តែ​មិន​ទាន់​ដល់​អវសាន‌កាល​នៃ​ពិភព‌លោក​នៅ​ឡើយ​ទេ។  ប្រជា‌ជាតិ​មួយ​នឹង​ធ្វើ​សង្គ្រាម​ត‌ទល់​នឹង​ប្រជា‌ជាតិ​មួយ​ទៀត ប្រទេស​មួយ​ត‌ទល់​នឹង​ប្រទេស​មួយ​ទៀត​។ នៅ​តាម​តំបន់​ផ្សេងៗ​នឹង​មាន​កើត​ទុរ្ភិក្ស និង​រញ្ជួយ​ផែន‌ដី។  ប៉ុន្តែ ហេតុ‌ការណ៍​ទាំង​នេះ​ប្រៀប​បាន​ទៅ​នឹង​ការ​ឈឺ​ចាប់ដើម​ដំបូង​របស់​ស្ត្រី ដែល​ហៀប​នឹង​សម្រាល​កូន។
 គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ទុក្ខ‌ទោស ព្រម​ទាំង​ឲ្យ​គេ​សម្លាប់​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង។ ជាតិ​សាសន៍​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ។ ១០ នៅ​ពេល​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​បែក​ចិត្ត​ឃ្លាត​ចេញ​ពី​ជំនឿ ក្បត់​គ្នា​ទៅ​វិញ​ទៅ​មក និង​ស្អប់​គ្នា​ផង។ ១១ ព្យាការី*​ក្លែង‌ក្លាយ​ជា​ច្រើន​នឹង​មក​ដល់ ហើយ​បញ្ឆោត​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។ ១២ អំពើ​ទុច្ចរិត​នឹង​រីក​ចម្រើន​ឡើង​ជា​ខ្លាំង បណ្ដាល​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​មួយ​ចំនួន​ធំ ត្រូវ​ធ្លាក់​ចុះ​អន់‌ថយ។ ១៣ ប៉ុន្តែ អ្នក​ណា​ស៊ូ‌ទ្រាំ​រហូត​ដល់​ទី​បញ្ចប់ ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ។ ១៤ គេ​នឹង​ប្រកាស​ដំណឹង‌ល្អ*​អំពី​ព្រះ‌រាជ្យ*​នេះ ពាស‌ពេញ​សកល​លោក​ទាំង​មូល ទុក​ជា​សក្ខី‌ភាព​ដល់​ជាតិ​សាសន៍​ទាំង​អស់។ ពេល​នោះ ទើប​ដល់​អវសាន​កាល​នៃ​ពិភព‌លោក»។
គ្រា​មាន​ទុក្ខ​លំបាក
(ម៉ាកុស ១៣.១៤-២៣ លូកា ២១.២០-២៤)
១៥ «ពេល​ណា​អ្នក​រាល់​គ្នា​ឃើញ វត្ថុ​ចង្រៃ​ដ៏​គួរ​ស្អប់​ខ្ពើម​ តាំង​នៅ​ក្នុង​ទី‌សក្ការៈ ដូច​ព្យាការី​ដានីអែល​បាន​ថ្លែង​ទុក (សូម​ឲ្យ​អ្នក​អាន​យល់​ពាក្យ​នេះ​ចុះ!) ១៦ ពេល​នោះ អ្នក​ដែល​រស់​ក្នុង​ស្រុក​យូដា ត្រូវ​នាំ​គ្នា​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំ។ ១៧ រីឯ​អ្នក​នៅ​លើ​ដំបូល​ផ្ទះ មិន​ត្រូវ​ចុះ​មក​យក​អ្វីៗ​នៅ​ក្នុង​ផ្ទះ​ឡើយ ១៨ ហើយ​អ្នក​ដែល​នៅ​ឯ​ចម្ការ ក៏​មិន​ត្រូវ​វិល​ទៅ​ផ្ទះ​យក​អាវ​ធំ​របស់​ខ្លួន​ដែរ។ ១៩ គ្រា​នោះ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ​កូន​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន។ ២០ ចូរ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ សូម​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​រត់​ភៀស​ខ្លួន​នៅ​រដូវ​ត្រជាក់ ឬ​នៅ​ថ្ងៃ​សប្ប័ទ*​ឡើយ ២១ ដ្បិត​ពេល​នោះ ជា​ពេល​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង តាំង​ពី​ដើម​កំណើត​ពិភព‌លោក មក​ទល់​សព្វ​ថ្ងៃ ហើយ​ទោះ​ជា​ទៅ​ថ្ងៃ​មុខ​ទៀត ក៏​ពុំ​ដែល​មាន​ទុក្ខ​លំបាក​ខ្លាំង​យ៉ាង​នេះ​ដែរ២២ ប្រសិន​បើ​ព្រះ‌ជាម្ចាស់​មិន​បន្ថយ​ចំនួន​ថ្ងៃ​ទាំង​នោះ​ទេ មុខ​ជា​គ្មាន​មនុស្ស​ណា​បាន​រួច​ជីវិត​ឡើយ ប៉ុន្តែ ព្រះ‌អង្គ​បន្ថយ​ចំនួន​ថ្ងៃ​ទាំង​នោះ ដោយ​យោគ‌យល់​ដល់​ពួក​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស។
២៣ ប្រសិន​បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា “ព្រះ‌គ្រីស្ដ*​គង់​នៅ​ទី​នេះ ឬ​នៅ​ទី​នោះ” កុំ​ជឿ​គេ​ឡើយ ២៤ ដ្បិត​នឹង​មាន​មនុស្ស​ក្លែង​ខ្លួន​ធ្វើ​ជា​ព្រះ‌គ្រីស្ដ ព្រម​ទាំង​មាន​ព្យាការី*​ក្លែង‌ក្លាយ នាំ​គ្នា​សម្ដែង​ទី​សម្គាល់​ធំ​អស្ចារ្យ និង​ឫទ្ធិ​បាដិ‌ហារិយ៍​ផ្សេងៗ ដើម្បី​បញ្ឆោត​មនុស្ស​រហូត​ដល់​ទៅ​នាំ​ពួក​អ្នក ដែល​ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស​ឲ្យ​វង្វេង​ថែម​ទៀត​ផង ប្រសិន​បើ​គេ​អាច​ធ្វើ​បាន។ ២៥ ខ្ញុំ​និយាយ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ជា​មុន​ឲ្យ​ហើយ។
២៦ បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា “ព្រះ‌អង្គ​នៅ​វាល​រហោ‌ស្ថាន​ឯ‌ណោះ!” កុំ​ចេញ​ទៅ​តាម​គេ​ឡើយ ឬ​មួយ​បើ​គេ​ថា “ព្រះ‌អង្គ​នៅ​ក្នុង​បន្ទប់​ឯ‌ណេះ!” ក៏​កុំ​ជឿ​ពាក្យ​គេ​ដែរ ២៧ ដ្បិត​បុត្រ​មនុស្ស*​នឹង​យាង​មកប្រៀប​បី​ដូច​ជា​ផ្លេក‌បន្ទោរ​ភ្លឺ‌ឆ្វាច ឆូត​កាត់​ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច។ ២៨ សាក‌សព​នៅ​ទី​ណា ត្មាត​ក៏​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​នោះ​ដែរ​»។
បុត្រ​មនុស្ស​នឹង​យាង​មក
(ម៉ាកុស ១៣.២៤-២៧ លូកា ២១.២៥-២៨)
២៩ «លុះ​គ្រា​មាន​ទុក្ខ​វេទនា​នេះ​កន្លង​ផុត​ទៅ ភ្លាម​នោះ ព្រះ‌អាទិត្យ​នឹង​បាត់​រស្មី ព្រះ‌ច័ន្ទ​លែង​មាន​ពន្លឺ​ទៀត​ហើយ។ រីឯ​ផ្កាយ​ទាំង‌ឡាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ​ អំណាច​នានា​នៅ​លើ​មេឃនឹង​ត្រូវ​កក្រើក​រំពើក។ ៣០ ពេល​នោះ ទី​សម្គាល់​របស់​បុត្រ​មនុស្ស*​នឹង​លេច​ចេញ​ពី​ផ្ទៃ​មេឃ​មក។ កុល‌សម្ព័ន្ធ*​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដីនឹង​នាំ​គ្នា​យំ​គក់​ទ្រូង គេ​នឹង​ឃើញបុត្រ​មនុស្ស​យាង​មក​លើ​ពពក*​ក្នុង​ផ្ទៃ​មេឃ​ ប្រកប​ដោយ​ឫទ្ធា‌នុភាព និង​សិរី‌រុង​រឿង​ដ៏​អស្ចារ្យ។ ៣១ ពេល​នោះ មាន​សំឡេង​ត្រែ​លាន់​ឮ​រំពង​ឡើង លោក​ក៏​ចាត់​ពួក​ទេវទូត*​របស់​លោក​ឲ្យ​ទៅ​ទិស​ទាំង​បួន ដើម្បី​ប្រមូល​ពួក​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស ចាប់​ពី​ជើង​មេឃ​ម្ខាង ទៅ​ជើង​មេឃ​ម្ខាង»។
ព្រះ‌បន្ទូល​អំពី​ដើម​ឧទុម្ពរ
(ម៉ាកុស ១៣.២៨-៣១ លូកា ២១.២៩-៣៣)
៣២ «ចូរ​អ្នក​រាល់​គ្នា​យក​ប្រស្នា*​ស្ដី​អំពី​ដើម​ឧទុម្ពរ*​ទៅ​រិះ‌គិត​ចុះ។ កាល​ណា​មែក​របស់​វា​មាន​ស្លឹក​លាស់​ខៀវ​ខ្ចី អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ប្រាំង​ជិត​មក​ដល់​ហើយ។ ៣៣ ដូច្នេះ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ព្រឹត្តិ‌ការណ៍​ទាំង​អស់​នោះ​កើត​ឡើង ត្រូវ​ដឹង​ថា បុត្រ​មនុស្ស​ក៏​ជិត​មក​ដល់​ហើយ​ដែរ គឺ​លោក​មក​ជិត​បង្កើយ​ហើយ។ ៣៤ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ហេតុ‌ការណ៍​ទាំង​នោះ​នឹង​កើត​ឡើង ក្នុង​ពេល​ដែល​មនុស្ស​ជំនាន់​នេះ មាន​ជីវិត​នៅ​ឡើយ។ ៣៥ ផ្ទៃ​មេឃ និង​ផែន‌ដី​នឹង​រលាយ​បាត់​ទៅ តែ​ពាក្យ​ដែល​ខ្ញុំ​និយាយ​មិន​រលាយ​បាត់​ទេ»។
ការ​ត្រៀម​ខ្លួន​រង់‌ចាំ​ទទួល​ព្រះ‌គ្រីស្ដ
(ម៉ាកុស ១៣.៣២-៣៧ លូកា ១៧.២៦-៣០, ៣៤-៣៦)
៣៦ «រីឯ​ថ្ងៃ​កំណត់ និង​ពេល​វេលា គ្មាន​នរណា​ដឹង​ឡើយ ទោះ​បី​ទេវទូត*​នៅ​ស្ថាន​បរម‌សុខ* ឬ​ព្រះ‌បុត្រា​ក៏​ពុំ​ជ្រាប​ដែរ មាន​តែ​ព្រះ‌បិតា​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ដែល​ជ្រាប។ ៣៧ នៅ​គ្រា​បុត្រ​មនុស្ស​យាង​មក ក៏​ដូច​កាល​នៅ​សម័យ​លោក​ណូអេ​ដែរ ៣៨ គឺ​មុន​ពេល​ទឹក​ជំនន់​ធំ មនុស្ស‌ម្នា​តែង‌តែ​នាំ​គ្នា​ស៊ី​ផឹក រៀប‌ការ​ប្ដី​ប្រពន្ធ រហូត​ដល់​ថ្ងៃ​ដែល​លោក​ណូអេ​ចូល​ក្នុង​ទូក​ធំ។ ៣៩ គេ​មិន​បាន​ចាប់​អារម្មណ៍​អ្វី​សោះ ទាល់​តែ​ទឹក​ជំនន់​ឡើង​មក​ដល់​បំផ្លាញ​គេ​អស់​ទៅ។ នៅ​គ្រា​ដែល​បុត្រ​មនុស្ស​យាង​មក ក៏​កើត​មាន​ដូច្នោះ​ដែរ។ ៤០ បើ​មាន​មនុស្ស​ពីរ​នាក់​ធ្វើ​ការ​ក្នុង​ចម្ការ​ជា​មួយ​គ្នា ព្រះ‌ជាម្ចាស់​នឹង​យក​ម្នាក់​ទៅ ទុក​ម្នាក់​ទៀត​ឲ្យ​នៅ។ ៤១ បើ​មាន​ស្ត្រី​ពីរ​នាក់​កិន​ស្រូវ​ជា​មួយ​គ្នា ព្រះ‌ជាម្ចាស់​នឹង​យក​ម្នាក់​ទៅ ទុក​ម្នាក់​ទៀត​ឲ្យ​នៅ។ ៤២ ដូច្នេះ ចូរ​ប្រុង​ស្មារតី​ឲ្យ​មែន‌ទែន ដ្បិត​អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា ព្រះ‌អម្ចាស់​របស់​អ្នក​រាល់​គ្នា​នឹង​មក​ដល់​នៅ​ពេល​ណា​ឡើយ។ ៤៣ អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា បើ​ម្ចាស់​ផ្ទះ​ដឹង​ចោរ​ចូល​មក​ប្លន់​ថ្មើរ​ណា គាត់​មុខ​ជា​ប្រុង​ស្មារតី​ពុំ‌ខាន មិន​បណ្ដោយ​ឲ្យ​ចោរ​ចូល​មក​ប្លន់​ផ្ទះ​គាត់​ឡើយ។ ៤៤ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ត្រៀម​ខ្លួន​ជា‌និច្ច ដ្បិត​បុត្រ​មនុស្ស​នឹង​មក​ដល់ នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​គិត»។
ប្រស្នា​អំពី​អ្នក​បម្រើ​ស្មោះ‌ត្រង់ និង​អ្នក​បម្រើ​មិន​ស្មោះ‌ត្រង់
(លូកា ១២.៤១-៤៨)
៤៥ «បើ​អ្នក​បម្រើ​ណា​មាន​ចិត្ត​ស្មោះ‌ត្រង់ ហើយ​ឈ្លាស​វៃ ម្ចាស់​មុខ​ជា​ផ្ទុក‌ផ្ដាក់​ឲ្យ​អ្នក​បម្រើ​នោះ​មើល​ខុស​ត្រូវ​លើ​អ្នក​បម្រើ​ឯ​ទៀតៗ ក្នុង​ការ​ចែក​ម្ហូប​អាហារ​ឲ្យ​គេ តាម​ពេល​កំណត់​ពុំ‌ខាន។ ៤៦ ពេល​ម្ចាស់​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ឃើញ​អ្នក​បម្រើ​កំពុង​បំពេញ​កិច្ច‌ការ​របស់​ខ្លួន​ដូច្នេះ អ្នក​បម្រើ​នោះ​ប្រាកដ​ជា​មាន​សុភមង្គល​ហើយ។ ៤៧ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ម្ចាស់​មុខ​ជា​ផ្ទុក‌ផ្ដាក់​ឲ្យ​គាត់​មើល​ខុស​ត្រូវលើ​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​លោក​ថែម​ទៀត​ផង។ ៤៨ ផ្ទុយ​ទៅ​វិញ បើ​អ្នក​បម្រើ​នោះ​មាន​ចិត្ត​អាក្រក់ ហើយ​គិត​ថា “ម្ចាស់​អញ​ក្រ​មក​ដល់​ណាស់” ៤៩ គាត់​វាយ​អ្នក​បម្រើ​ឯ​ទៀតៗ ព្រម​ទាំង​ទៅ​ស៊ី​ផឹក​ជា​មួយ​អ្នក​ប្រមឹក។ ៥០ ពេល​ម្ចាស់​វិល​ត្រឡប់​មក​ផ្ទះ​វិញ នៅ​ថ្ងៃ​ដែល​អ្នក​បម្រើ​នោះ​មិន​បាន​រង់‌ចាំ ឬ​នៅ​ពេល​ដែល​គាត់​មិន​ដឹង ៥១ លោក​នឹង​ធ្វើ​ទោស​គាត់​ជា​ទម្ងន់ ហើយ​ឲ្យ​គាត់​ទទួល​ទោស​រួម​ជា​មួយ​ពួក​មាន​ពុត‌ត្បុត​ដែរ គឺ​ឲ្យ​ទៅ​នៅ​កន្លែង​យំ​សោក​ខឹង​សង្កៀត​ធ្មេញ»។
២៥
ប្រស្នា​អំពី​ស្ត្រី​ក្រមុំ​ដប់​នាក់
 «ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ*​ប្រៀប​បាន​ទៅ​នឹង​ស្ត្រី​ក្រមុំ​ដប់​នាក់ ដែល​យក​ចង្កៀង​ចេញ​ទៅ​ទទួល​ស្វាមី។  ក្នុង​ចំណោម​ពួក​នាង មាន​ប្រាំ​នាក់​ជា​ស្ត្រី​ឥត​គំនិត ប្រាំ​នាក់​ទៀត​ជា​ស្ត្រី​ឈ្លាស​វៃ។  ស្ត្រី​ឥត​គំនិត​យក​ចង្កៀង​ទៅ តែ​មិន​យក​ប្រេង​ទៅ​បង្ការ​ជា​មួយ​ទេ។  រីឯ​ស្ត្រី​ឈ្លាស​វៃ​វិញ នាង​បាន​យក​ចង្កៀង​ទៅ មាន​ទាំង​ប្រេង​បង្ការ​ផង។  ដោយ​ស្វាមី​ក្រ​មក​ដល់ នាង​ទាំង​ដប់​នាក់​ងោក‌ងុយ​ពេក ក៏​ដេក​លក់​ទាំង​អស់​គ្នា​ទៅ។  លុះ​ដល់​ពាក់​កណ្ដាល​អធ្រាត្រ មាន​គេ​ស្រែក​ឡើង​ថា “ស្វាមី​មក​ដល់​ហើយ! ចូរ​នាំ​គ្នា​រត់​ទៅ​ទទួល​លោក!”។  ស្ត្រី​ក្រមុំ​ទាំង​នោះ​ក៏​ក្រោក​ឡើង​រៀប‌ចំ​អុជ​ចង្កៀង។  ស្ត្រី​ឥត​គំនិត​និយាយ​ទៅ​កាន់​ស្ត្រី​ឈ្លាស​វៃ​ថា “សុំ​ចែក​ប្រេង​ឲ្យ​យើង​ខ្លះ​ផង ព្រោះ​ចង្កៀង​យើង​ចង់​រលត់​អស់​ហើយ”។  ស្ត្រី​ឈ្លាស​វៃ​ឆ្លើយ​ទៅ​វិញ​ថា “ទេ​មិន​បាន​ទេ! បើ​យើង​ចែក​ឲ្យ​ពួក​នាង ក្រែង​មិន​គ្រាន់​សម្រាប់​យើង​ផង សម្រាប់​ពួក​នាង​ផង។ ចូរ​នាំ​គ្នា​ទៅ​ទិញ​នៅ​ផ្ទះ​លក់​ប្រេង​ទៅ!”។
១០ នៅ​ពេល​ស្ត្រី​ឥត​គំនិត​ទាំង​ប្រាំ​ចេញ​ទៅ​រក​ទិញ​ប្រេង​ផុត​ទៅ ស្រាប់​តែ​ស្វាមី​មក​ដល់ ឯ​ស្ត្រី​ប្រាំ​នាក់​ដែល​ត្រៀម​ខ្លួន​ជា​ស្រេច នាំ​គ្នា​ចូល​ទៅ​ក្នុង​រោង​ការ​ជា​មួយ​លោក ហើយ​គេ​បិទ​ទ្វារ​ជិត។ ១១ ក្រោយ​មក ស្ត្រី​ប្រាំ​នាក់​ទៀត​មក​ដល់ ស្រែក​ហៅ​ថាៈ “លោក​ម្ចាស់ លោក​ម្ចាស់! សូម​បើក​ទ្វារ​ឲ្យ​យើង​ខ្ញុំ​ចូល​ផង!”។ ១២ ស្វាមី​ឆ្លើយ​ទៅ​វិញ​ថាៈ “ខ្ញុំ​សុំ​ប្រាប់​ឲ្យ​នាង​ទាំង​អស់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​មិន​ស្គាល់​ពួក​នាង​ទេ!”។
១៣ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ប្រុង​ស្មារតី ដ្បិត​អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា បុត្រ​មនុស្ស*​នឹង​មក​ដល់​ថ្ងៃ​ណា ពេល​ណា​ឡើយ»។
ប្រស្នា​ស្ដី​អំពី​ប្រាក់​ណែន
(លូកា ១៩.១១-២៧)
១៤ «ព្រះ‌រាជ្យ*នៃ​ស្ថាន​បរម‌សុខ* ប្រៀប​បាន​នឹង​បុរស​ម្នាក់ ដែល​ហៀប​ចេញ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ។ គាត់​ហៅ​ពួក​អ្នក​បម្រើ​មក​ប្រគល់​ទ្រព្យ‌សម្បត្តិ​ឲ្យ។ ១៥ គាត់​ប្រគល់​ប្រាក់​ឲ្យ​អ្នក​បម្រើ​ម្នាក់ៗ តាម​សមត្ថ‌ភាព​រៀងៗ​ខ្លួន គឺ​ឲ្យ​ប្រាំ​ណែន​ ទៅ​អ្នក​ទី​មួយ ពីរ​ណែន​ទៅ​អ្នក​ទី​ពីរ និង​មួយ​ណែន​ទៅ​អ្នក​ទី​បី រួច​គាត់​ចេញ​ដំណើរ​ទៅ។ ១៦ អ្នក​បម្រើ​ដែល​បាន​ទទួល​ប្រាក់​ប្រាំ​ណែន យក​ប្រាក់​ចេញ​ទៅ​រក​ស៊ី​ភ្លាម ហើយ​ចំណេញ​បាន​ប្រាំ​ណែន​ទៀត។ ១៧ អ្នក​ទី​ពីរ​ក៏​ដូច្នោះ​ដែរ គាត់​យក​ប្រាក់​ពីរ​ណែន​នោះ​ទៅ​រក​ស៊ី ចំណេញ​បាន​ពីរ​ណែន​ទៀត។ ១៨ រីឯ​អ្នក​ដែល​ទទួល​ប្រាក់​មួយ​ណែន បាន​ចេញ​ទៅ ជីក​ដី​កប់​ប្រាក់​ម្ចាស់​របស់​ខ្លួន​ទុក។
១៩ លុះ​យូរ​ក្រោយ​មក ម្ចាស់​វិល​ត្រឡប់​មក​វិញ ហើយ​គិត​បញ្ជី​ជា​មួយ​អ្នក​ទាំង​បី​នោះ។ ២០ អ្នក​ទទួល​ប្រាក់​ប្រាំ​ណែន យក​ប្រាក់​ដែល​ចំណេញ​បាន​ប្រាំ​ណែន ចូល​មក​ជូន​ម្ចាស់ ដោយ​ពោល​ថាៈ “លោក​ម្ចាស់! លោក​បាន​ប្រគល់​ប្រាក់​ប្រាំ​ណែន​ឲ្យ​ខ្ញុំ​ប្របាទ ឥឡូវ​នេះ ខ្ញុំ​ប្របាទ​ចំណេញ​បាន​ប្រាំ​ណែន​ទៀត”។ ២១ ម្ចាស់​ក៏​ពោល​ទៅ​គាត់​ថាៈ “ល្អ​ហើយ! អ្នក​បម្រើ​ដ៏​ប្រសើរ មាន​ចិត្ត​ស្មោះ‌ត្រង់​អើយ! អ្នក​បាន​ស្មោះ‌ត្រង់​នឹង​កិច្ច‌ការ​មួយ​ដ៏​តូច​នេះ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​មើល​ខុស​ត្រូវ​លើ​កិច្ច‌ការ​ធំៗ។ ចូរ​អ្នក​ចូល​មក​សប្បាយ​រួម​ជា​មួយ​នឹង​ខ្ញុំ​ចុះ”។ ២២ អ្នក​ទទួល​ប្រាក់​ពីរ​ណែន ក៏​យក​ប្រាក់​ដែល​ចំណេញ​បាន​ពីរ​ណែន​ទៀត​នោះ ចូល​មក​ដែរ ហើយ​ជម្រាប​ថាៈ “លោក​ម្ចាស់! លោក​បាន​ប្រគល់​ប្រាក់​ពីរ​ណែន​ឲ្យ​ខ្ញុំ​ប្របាទ ឥឡូវ​នេះ ខ្ញុំ​ប្របាទ​ចំណេញ​បាន​ពីរ​ណែន​ទៀត”។ ២៣ ម្ចាស់​ក៏​ពោល​ទៅ​គាត់​ថាៈ “ល្អ​ហើយ! អ្នក​បម្រើ​ដ៏​ប្រសើរ​មាន​ចិត្ត​ស្មោះ‌ត្រង់​អើយ! អ្នក​បាន​ស្មោះ‌ត្រង់​នឹង​កិច្ច‌ការ​មួយ​ដ៏​តូច​នេះ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​មើល​ខុស​ត្រូវ​លើ​កិច្ច‌ការ​ធំៗ។ ចូរ​អ្នក​ចូល​មក​សប្បាយ​រួម​ជា​មួយ​នឹង​ខ្ញុំ​ចុះ”។ ២៤ បន្ទាប់​មក អ្នក​ដែល​បាន​ទទួល​ប្រាក់​មួយ​ណែន​ក៏​ចូល​មក ហើយ​ជម្រាប​ថាៈ “លោក​ម្ចាស់! ខ្ញុំ​ប្របាទ​ដឹង​ថា​លោក​ជា​មនុស្ស​តឹង‌តែង​ណាស់។ លោក​តែង​ច្រូត​យក​ផល​ពី​ស្រែ​ដែល​លោក​មិន​បាន​សាប​ព្រោះ ហើយ​ប្រមូល​យក​ផល​ពី​ដំណាំ​ដែល​លោក​មិន​បាន​ដាំ។ ២៥ ខ្ញុំ​ប្របាទ​បាន​យក​ប្រាក់​ដែល​លោក​ប្រគល់​ឲ្យ ទៅ​ជីក​ដី​កប់ ព្រោះ​ខ្ញុំ​ប្របាទ​ភ័យ‌ខ្លាច​ពេក។ ឥឡូវ​នេះ សូម​លោក​ម្ចាស់​យក​ប្រាក់​របស់​លោក​វិញ​ចុះ”។ ២៦ ម្ចាស់​ក៏​ពោល​ទៅ​អ្នក​នោះ​ថាៈ “នែ៎ អ្នក​បម្រើ​អា‌ក្រក់ ខ្ជិល​ច្រអូស​អើយ! អ្នក​ដឹង​ស្រាប់​ហើយ​ថា ខ្ញុំ​តែង​ច្រូត​យក​ផល​ពី​ស្រែ​ដែល​ខ្ញុំ​មិន​បាន​សាប​ព្រោះ និង​ប្រមូល​ផល​ពី​ដំណាំ​ដែល​ខ្ញុំ​មិន​បាន​ដាំ។ ២៧ គួរ​តែ​អ្នក​យក​ប្រាក់​ខ្ញុំ​ទៅ​ចង​ការ កាល​ណា​ខ្ញុំ​ត្រឡប់​មក​វិញ ខ្ញុំ​នឹង​ទទួល​ប្រាក់ ទាំង​ដើម ទាំង​ការ!។ ២៨ ចូរ​យក​ប្រាក់​ពី​អ្នក​នេះ ប្រគល់​ឲ្យ​អ្នក​ដែល​មាន​ដប់​ណែន​នោះ​ទៅ ២៩ ដ្បិត​អ្នក​ណា​មាន​ហើយ អ្នក​នោះ​នឹង​ទទួល​បរិបូណ៌​ហូរ‌ហៀរ​ថែម​ទៀត។ រីឯ​អ្នក​ដែល​គ្មាន​វិញ គេ​នឹង​ដក​ហូត​នូវ​អ្វីៗ​ដែល​អ្នក​នោះ​មាន​ផង។ ៣០ ចំណែក​ឯ​អ្នក​បម្រើ​ឥត​បាន​ការ​នេះ ចូរ​យក​គាត់​ទៅ​ចោល​នៅ​ទី​ងងឹត​ខាង​ក្រៅ ជា​កន្លែង​យំ​សោក ខឹង​សង្កៀត​ធ្មេញ​នោះ​ទៅ!”»។
ការ​កាត់​ទោស​នៅ​គ្រា​ចុង​ក្រោយ​បង្អស់
៣១ «នៅ​ពេល​បុត្រ​មនុស្ស​យាង​មកជា​មួយ​ពួក​ទេវទូត* ប្រកប​ដោយ​សិរី‌រុង​រឿង លោក​នឹង​គង់​នៅ​លើ​បល្ល័ង្ក​ដ៏​រុង‌រឿង។ ៣២ ពេល​នោះ មនុស្ស​គ្រប់​ជាតិ​សាសន៍​នឹង​មក​ផ្ដុំ​គ្នា​នៅ​មុខ​លោក លោក​នឹង​ញែក​គេ​ចេញ​ពី​គ្នា ដូច​គង្វាល​ញែក​ចៀម​ចេញ​ពី​ពពែ ៣៣ គឺ​ឲ្យ​ចៀម​នៅ​ខាង​ស្ដាំ ពពែ​នៅ​ខាង​ឆ្វេង។ ៣៤ ពេល​នោះ ព្រះ‌មហា​ក្សត្រ​នឹង​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អស់​អ្នក​នៅ​ខាង​ស្ដាំ​ព្រះ‌អង្គ​ថា “អស់​អ្នក​ដែល​ព្រះ‌បិតា​ខ្ញុំ​បាន​ប្រទាន​ពរ​អើយ! ចូរ​នាំ​គ្នា​មក​ទទួល​ព្រះ‌រាជ្យ​ដែល​ព្រះ‌អង្គ​បាន​រៀប​ទុក​ឲ្យ​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​ពិភព‌លោក​មក ៣៥ ដ្បិត​កាល​យើង​ឃ្លាន អ្នក​រាល់​គ្នា​បាន​ឲ្យ​អាហារ​យើង​បរិភោគ កាល​យើង​ស្រេក អ្នក​រាល់​គ្នា​បាន​ឲ្យ​ទឹក​យើង​ពិសា កាល​យើង​ជា​ជន​បរទេស អ្នក​រាល់​គ្នា​បាន​ទទួល​យើង​ឲ្យ​ស្នាក់​អាស្រ័យ ៣៦ កាល​យើង​គ្មាន​សម្លៀក‌បំពាក់ អ្នក​រាល់​គ្នា​បាន​យក​សម្លៀក‌បំពាក់​មក​ឲ្យ​យើង កាល​យើង​មាន​ជំងឺ អ្នក​រាល់​គ្នា​បាន​មក​សួរ​សុខ​ទុក្ខ​យើង ហើយ​កាល​យើង​ជាប់​ឃុំ‌ឃាំង អ្នក​រាល់​គ្នា​ក៏​បាន​មក​សួរ​យើង​ដែរ”។ ៣៧ ពួក​អ្នក​សុចរិត​ទូល​ព្រះ‌អង្គ​វិញ​ថាៈ “បពិត្រ​ព្រះ‌អម្ចាស់! តើ​យើង​ខ្ញុំ​ដែល​បាន​ឃើញ​ព្រះ‌អង្គ​ឃ្លាន ហើយ​យក​ម្ហូប​អាហារ​មក​ថ្វាយ​ព្រះ‌អង្គ​សោយ ឬ​ឃើញ​ព្រះ‌អង្គ​ស្រេក ហើយ​យក​ទឹក​មក​ថ្វាយ​ព្រះ‌អង្គ​សោយ​ពី​អង្កាល់?។ ៣៨ តើ​យើង​ខ្ញុំ​ដែល​បាន​ឃើញ​ព្រះ‌អង្គ​ជា​ជន​បរទេស ហើយ​ទទួល​ព្រះ‌អង្គ​ឲ្យ​ស្នាក់​អាស្រ័យ ឬ​ឃើញ​ព្រះ‌អង្គ​គ្មាន​សម្លៀក‌បំពាក់ ហើយ​យក​សម្លៀក‌បំពាក់​មក​ថ្វាយ​ព្រះ‌អង្គ​ពី​អង្កាល់?។ ៣៩ តើ​យើង​ខ្ញុំ​ដែល​បាន​ឃើញ​ព្រះ‌អង្គ​ប្រឈួន ឬ​ជាប់​ឃុំ‌ឃាំង ហើយ​មក​សួរ​សុខ​ទុក្ខ​ព្រះ‌អង្គ​ពី​អង្កាល់?”។ ៤០ ព្រះ‌មហា​ក្សត្រ​នឹង​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា “យើង​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រប់​ពេល​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ចំពោះ​អ្នក​តូច‌តាច​ជាង​គេ​បំផុត​ម្នាក់ ដែល​ជា​បង‌ប្អូន​របស់​យើង​នេះ អ្នក​រាល់​គ្នា​ក៏​ដូច​ជា​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ”។
៤១ បន្ទាប់​មក ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​អ្នក​នៅ​ខាង​ឆ្វេង​ថាៈ “ពួក​ត្រូវ​បណ្ដា‌សា​អើយ! ចូរ​ថយ​ចេញ​ឲ្យ​ឆ្ងាយ​ពី​យើង ហើយ​ធ្លាក់​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់​កល្ប‌ជានិច្ច ជា​ភ្លើង​បម្រុង​ទុក​សម្រាប់​ផ្ដន្ទា‌ទោស​មារ*​សាតាំង និង​បរិវារ​របស់​វា​នោះ​ទៅ! ៤២ ដ្បិត​កាល​យើង​ឃ្លាន អ្នក​រាល់​គ្នា​ពុំ​បាន​ឲ្យ​ម្ហូប​អាហារ​យើង​បរិភោគ​ទេ កាល​យើង​ស្រេក អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​ឲ្យ​ទឹក​យើង​ពិសា​ដែរ ៤៣ កាល​យើង​ជា​ជន​បរទេស អ្នក​រាល់​គ្នា​ពុំ​បាន​ទទួល​យើង​ឲ្យ​ស្នាក់​អាស្រ័យ​ឡើយ កាល​យើង​គ្មាន​សម្លៀក‌បំពាក់ អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​យក​សម្លៀក‌បំពាក់​មក​ឲ្យ​យើង​ដែរ កាល​យើង​មាន​ជំងឺ និង​ជាប់​ឃុំ‌ឃាំង អ្នក​រាល់​គ្នា​ពុំ​បាន​មក​សួរ​សុខ​ទុក្ខ​យើង​ទាល់​តែ​សោះ”។ ៤៤ ពួក​នោះ​នាំ​គ្នា​ទូល​ព្រះ‌អង្គ​ថា “បពិត្រ​ព្រះ‌អម្ចាស់! តើ​យើង​ខ្ញុំ​មាន​ដែល​បាន​ឃើញ​ព្រះ‌អង្គ​ឃ្លាន ឃើញ​ព្រះ‌អង្គ​ស្រេក ឃើញ​ព្រះ‌អង្គ​ជា​ជន​បរទេស ឃើញ​ព្រះ‌អង្គ​គ្មាន​សម្លៀក‌បំពាក់ ឃើញ​ព្រះ‌អង្គ​ប្រឈួន ឬ​ជាប់​ឃុំ‌ឃាំង ហើយ​យើង​ខ្ញុំ​មិន​ដែល​ជួយ​ព្រះ‌អង្គ​សោះ​ពី​អង្កាល់?”។ ៤៥ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា “យើង​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រប់​ពេល​អ្នក​រាល់​គ្នា​មិន​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ចំពោះ​អ្នក​តូច‌តាច​ជាង​គេ​បំផុត​ម្នាក់ ដែល​ជា​បង‌ប្អូន​របស់​យើង​នេះ អ្នក​រាល់​គ្នា​ក៏​ដូច​ជា​មិន​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ”។ ៤៦ អ្នក​ទាំង​នេះ​នឹង​ត្រូវ​ទទួល​ទោស​អស់​កល្ប‌ជានិច្ច រីឯ​អ្នក​សុចរិត​វិញ នឹង​ទទួល​ជីវិត​អស់​កល្ប‌ជានិច្ច»។
២៦
ការ​ឃុប‌ឃិត​ចាប់​ព្រះ‌យេស៊ូ
(ម៉ាកុស ១៤.១-២ លូកា ២២.១-២ យ៉ូហាន ១១.៤៥-៥៣)
កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សាវ័ក​ថា៖  «អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ពីរ​ថ្ងៃ​ទៀត ដល់​បុណ្យ​ចម្លង* គេ​នឹង​ចាប់​បុត្រ​មនុស្ស*​បញ្ជូន​ទៅ​ឆ្កាង»។
 ពេល​នោះ ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​របស់​ប្រជាជន ជួប‌ជុំ​គ្នា​នៅ​ក្នុង​ដំណាក់​របស់​លោក​មហា‌បូជា‌ចារ្យ ឈ្មោះ​កៃផាស  ហើយ​បាន​សម្រេច​ចិត្ត​ជា​មួយ​គ្នា រក​កល‌ល្បិច​ចាប់​ព្រះ‌យេស៊ូ​យក​ទៅ​ធ្វើ​គុត។  ប៉ុន្តែ គេ​និយាយ​គ្នា​ថា៖ «កុំ​ចាប់​ក្នុង​ពេល​បុណ្យ​ឡើយ ក្រែង​កើត​ចលា‌ចល​ក្នុង​ចំណោម​ប្រជាជន»។
ស្ត្រី​ម្នាក់​ចាក់​ប្រេង​លើ​សិរសា​ព្រះ‌យេស៊ូ
(ម៉ាកុស ១៤.៣-៩ យ៉ូហាន ១២.១-៨)
 ព្រះ‌យេស៊ូ​គង់​នៅ​ភូមិ​បេថានី ក្នុង​ផ្ទះ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ជា​មនុស្ស​ឃ្លង់។  មាន​ស្ត្រី​ម្នាក់​ចូល​មក​រក​ព្រះ‌អង្គ ទាំង​កាន់​ដប​ថ្ម​កែវ​ផង។ នៅ​ក្នុង​ដប​នោះ​មាន​ប្រេង​ក្រអូប​ដ៏​មាន​តម្លៃ​លើស‌លប់។ ពេល​ព្រះ‌យេស៊ូ​កំពុង​សោយ​ព្រះ‌ស្ងោយ នាង​យក​ប្រេង​ក្រអូប​នោះ​ចាក់​លើ​ព្រះ‌សិរសា​ព្រះ‌អង្គ។  ពួក​សាវ័ក*​ឃើញ​ដូច្នេះ​ទាស់​ចិត្ត​ជា​ខ្លាំង ហើយ​ពោល​ថា៖ «ម្ដេច​ក៏​ខ្ជះ‌ខ្ជាយ​អ៊ីចឹង!  បើ​យក​ប្រេង​ក្រអូប​នេះ​ទៅ​លក់​មុខ​ជា​បាន​ប្រាក់​ច្រើន សម្រាប់​ចែក​ទាន​ដល់​ជន​ក្រីក្រ​វិញ!»។ ១០ ព្រះ‌យេស៊ូ​ជ្រាប​គំនិត​របស់​គេ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​រក​រឿង​នាង​ដូច្នេះ! នាង​បាន​ធ្វើ​អំពើ​ដ៏​ល្អ​ចំពោះ​ខ្ញុំ។ ១១ អ្នក​រាល់​គ្នា​មាន​ជន​ក្រីក្រ​នៅ​ជា​មួយ​រហូត រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រហូត​ទេ។១២ នាង​បាន​ចាក់​ប្រេង​លាប​រូប​កាយ​ខ្ញុំ​ដូច្នេះ ដើម្បី​ធ្វើ​ពិធី​បញ្ចុះ​សព​ខ្ញុំ​ទុក​ជា​មុន។ ១៣ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រប់​ទី​កន្លែង​ក្នុង​ពិភព‌លោក​ទាំង​មូល កាល​ណា​គេ​ប្រកាស​ដំណឹង‌ល្អ*​នេះ គេ​ក៏​នឹង​តំណាល​អំពី​កិច្ច‌ការ​ដែល​នាង​បាន​ធ្វើ​នេះ​ដែរ ដើម្បី​រំឭក​អំពី​នាង»។
យូដាស‌អ៊ី‌ស្កា‌រី‌យ៉ុត​ក្បត់​ព្រះ‌យេស៊ូ
(ម៉ាកុស ១៤.១០-១១ លូកា ២២.៣-៦)
១៤ ពេល​នោះ សាវ័ក*​ម្នាក់​ក្នុង​ក្រុម​សាវ័ក​ទាំង​ដប់‌ពីរ​ឈ្មោះ យូដាស‌អ៊ី‌ស្កា‌រី‌យ៉ុត បាន​ទៅ​ជួប​ក្រុម​នាយក​បូជា‌ចារ្យ* ១៥ ជម្រាប​ថា៖ «បើ​ខ្ញុំ​ប្រគល់​លោក​យេស៊ូ​ជូន​អស់​លោក តើ​អស់​លោក​ឲ្យ​អ្វី​ខ្ញុំ?»។ ពួក​នាយក​បូជា‌ចារ្យ​ក៏​រាប់​ប្រាក់​ឲ្យ​គាត់​សាម‌សិប​ស្លឹង​។ ១៦ ចាប់​ពី​ពេល​នោះ​មក យូដាស​រក​ឱកាស​ល្អ ដើម្បី​នាំ​គេ​ទៅ​ចាប់​ព្រះ‌យេស៊ូ។
ព្រះ‌យេស៊ូ​ធ្វើ​ពិធី​បុណ្យ​ចម្លង​ជា​មួយ​ពួក​សាវ័ក
(ម៉ាកុស ១៤.១២-២១ លូកា ២២.៧-១៤, ២១-២២ យ៉ូហាន ១៣.២១-៣០)
១៧ នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ* សាវ័ក*​នាំ​គ្នា​មក​គាល់​ព្រះ‌យេស៊ូ ទូល​ថា៖ «តើ​ព្រះ‌គ្រូ​ចង់​ឲ្យ​យើង​ខ្ញុំ​រៀប‌ចំ​ជប់‌លៀងជូន ក្នុង​ឱកាស​បុណ្យ​ចម្លង*​នៅ​កន្លែង​ណា?»។ ១៨ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​នាំ​គ្នា​ទៅ​ផ្ទះ​បុរស​ម្នាក់​នៅ​ទី‌ក្រុង ប្រាប់​គាត់​ថាៈ “លោក​គ្រូ​មាន​ប្រសាសន៍​ថា ពេល​កំណត់*​របស់​ខ្ញុំ​ជិត​មក​ដល់​ហើយ ខ្ញុំ​នឹង​ធ្វើ​ពិធី​បុណ្យ​ចម្លង​ជា​មួយ​សិស្ស​ខ្ញុំ​នៅ​ក្នុង​ផ្ទះ​អ្នក”»។ ១៩ សាវ័ក​នាំ​គ្នា​ធ្វើ​តាម​ដូច​ព្រះ‌យេស៊ូ​បង្គាប់ ហើយ​រៀប‌ចំ​ម្ហូប​អាហារ សម្រាប់​បុណ្យ​ចម្លង។
២០ លុះ​ដល់​ល្ងាច ព្រះ‌អង្គ​រួម​តុ​ជា​មួយ​សាវ័ក​ទាំង​ដប់‌ពីរ​រូប។ ២១ នៅ​ពេល​បរិភោគ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​នាំ​គេ​មក​ចាប់​ខ្ញុំ»។ ២២ ពួក​សាវ័ក​ព្រួយ​ចិត្ត​ក្រៃ‌លែង ម្នាក់ៗ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! តើ​ទូល‌បង្គំ​ឬ?»។ ២៣ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​វិញ​ថា៖ «អ្នក​ណា​ជ្រលក់​នំបុ័ង​ក្នុង​ចាន​ជា​មួយ​ខ្ញុំ គឺ​អ្នក​នោះ​ហើយ​ដែល​នាំ​គេ​មក​ចាប់​ខ្ញុំ​។ ២៤ បុត្រ​មនុស្ស*​ត្រូវ​តែ​ស្លាប់ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​អំពី​លោក​ស្រាប់។ ប៉ុន្តែ អ្នក​ដែល​នាំ​គេ​មក​ចាប់​បុត្រ​មនុស្ស នឹង​ត្រូវ​វេទនា​ជា​មិន​ខាន។ ចំពោះ​អ្នក​នោះ បើ​មិន​បាន​កើត​មក​ទេ ទើប​ប្រសើរ​ជាង!»។ ២៥ យូដាស​ជា​អ្នក​ក្បត់​ព្រះ‌អង្គ ទូល​សួរ​ថា៖ «ព្រះ‌គ្រូ! តើ​ខ្ញុំ​ឬ?»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​និយាយ​ដូច្នេះ ត្រូវ​ហើយ!»។
ពិធី​ជប់‌លៀង​ចុង​ក្រោយ​បំផុត
(ម៉ាកុស ១៤.២២-២៦ លូកា ២២.១៥-២០ ១​កូរិន‌ថូស ១១.២៣-២៥)
២៦ នៅ​ពេល​កំពុង​បរិភោគ ព្រះ‌យេស៊ូ​យក​នំបុ័ង​មក​កាន់ ព្រះ‌អង្គ​សរ‌សើរ​តម្កើង​ព្រះ‌ជាម្ចាស់ ហើយ​កាច់​ប្រទាន​ឲ្យ​ពួក​សាវ័ក* ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ជា​រូប​កាយ​ខ្ញុំ សុំ​យក​ពិសា​ចុះ»។ ២៧ បន្ទាប់​មក ព្រះ‌អង្គ​យក​ពែង​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​ប្រទាន​ឲ្យ​ពួក​សាវ័ក ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «សុំ​យក​ពិសា​ទាំង​អស់​គ្នា​ចុះ ២៨ នេះ​ជា​លោហិត​របស់​ខ្ញុំ គឺ​លោហិត​នៃ​សម្ពន្ធ‌មេត្រី*​ដែល​ត្រូវ​បង្ហូរ ដើម្បី​លើក‌លែង​ទោស​មនុស្ស​ទាំង​អស់​ឲ្យ​រួច​ពី​បាប។ ២៩ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អំណើះ​ត​ទៅ ខ្ញុំ​នឹង​មិន​ពិសា​ស្រា​ទំពាំង‌បាយ‌ជូរ​ទៀត​ឡើយ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ពិសា​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី ជា​មួយ​អ្នក​រាល់​គ្នា នៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ព្រះ‌បិតា​ខ្ញុំ»។
៣០ ក្រោយ​ពី​បាន​ច្រៀង​ទំនុក‌តម្កើង*​រួច​ហើយ ព្រះ‌យេស៊ូ​យាង​ឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវជា​មួយ​ពួក​សាវ័ក។
ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​អំពី​លោក​សិលា បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ‌អង្គ
(ម៉ាកុស ១៤.២៧-៣១ លូកា ២២.៣១-៣៤ យ៉ូហាន ១៣.៣៦-៣៨)
៣១ ពេល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «យប់​នេះ អ្នក​ទាំង​អស់​គ្នា​នឹង​បោះ‌បង់​ខ្ញុំ​ចោល​ ដ្បិត​មាន​ចែង​ទុក​មក​ថាៈ “យើង​នឹង​វាយ​សម្លាប់​គង្វាល ហើយ​ចៀម​នៅ​ក្នុង​ហ្វូង​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ”។ ៣២ ប៉ុន្តែ ក្រោយ​ពេល​ខ្ញុំ​មាន​ជីវិត​រស់​ឡើង​វិញ ខ្ញុំ​នឹង​ទៅ​ស្រុក​កាលី‌ឡេ មុន​អ្នក​រាល់​គ្នា»។ ៣៣ លោក​សិលា​ទូល​ព្រះ‌អង្គ​ថា៖ «ទោះ​បី​អ្នក​ឯ​ទៀត​បោះ‌បង់​ចោល​ព្រះ‌អង្គ​ទាំង​អស់​គ្នា​ក៏​ដោយ ក៏​ទូល‌បង្គំ​មិន​សុខ​ចិត្ត​បោះ‌បង់​ចោល​ព្រះ‌អង្គ​ជា​ដាច់​ខាត!»។ ៣៤ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា នៅ​យប់​នេះ​ឯង មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។ ៣៥ លោក​សិលា​ទូល​ព្រះ‌អង្គ​ថា៖ «ទោះ​បី​ទូល‌បង្គំ​ត្រូវ​ស្លាប់​ជា​មួយ​ព្រះ‌អង្គ​ក៏​ដោយ ក៏​ទូល‌បង្គំ​មិន​បដិសេធ​ថាមិន​ស្គាល់​ព្រះ‌អង្គ​ជា​ដាច់​ខាត»។ សាវ័ក​ឯ​ទៀតៗ​ក៏​ទូល​ព្រះ‌អង្គដូច​លោក​សិលា​ដែរ។
ព្រះ‌យេស៊ូ​អធិស្ឋាន​នៅ​ក្នុង​សួន​កេតសេ‌ម៉ានី
(ម៉ាកុស ១៤.៣២-៤២ លូកា ២២.៣៩-៤៦)
៣៦ ពេល​នោះ ព្រះ‌យេស៊ូ​យាង​ទៅ​ជា​មួយ​ពួក​សាវ័ក*​ដល់​កន្លែង​មួយ ឈ្មោះ​កេតសេ‌ម៉ានី ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​អង្គុយ​នៅ​ទី​នេះ​សិន ចាំ​ខ្ញុំ​ទៅ​អធិស្ឋាន*​នៅ​ត្រង់​កន្លែង​នោះ»។ ៣៧ ព្រះ‌អង្គ​នាំ​លោក​សិលា និង​កូន​របស់​លោក​សេបេដេ​ទាំង​ពីរ​នាក់​ទៅ​ជា​មួយ។ ពេល​នោះ ព្រះ‌អង្គ​ចាប់‌ផ្ដើម​ព្រួយ​ព្រះ‌ហឫ‌ទ័យ ហើយ​ចុក‌ចាប់​អន្ទះ‌សា​ពន់‌ប្រមាណ ៣៨ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ទាំង​បី​ថា៖ «ខ្ញុំ​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង​ស្ទើរ​តែ​ស្លាប់ អ្នក​រាល់​គ្នា​នៅ​ទី​នេះ​សិន​ហើយ ចូរ​ប្រុង​ស្មារតី​​ជា​មួយ​ខ្ញុំ»។ ៣៩ ព្រះ‌អង្គ​យាង​ទៅ​មុខ​បន្ដិច ក្រាប​ព្រះ‌ភ័ក្ត្រ​ដល់​ដី ទូល‌អង្វរ​ថា៖ «ឱ​ព្រះ‌បិតា​អើយ! ប្រសិន​បើ​បាន សូម​ឲ្យ​ពែង​នៃ​ទុក្ខ​លំបាក​នេះចេញ​ឆ្ងាយ​ពី​ទូល‌បង្គំ​ទៅ ប៉ុន្តែ សូម​កុំ​ធ្វើ​តាម​បំណង​ទូល‌បង្គំ​ឡើយ គឺ​សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​វិញ»។ ៤០ ព្រះ‌អង្គ​យាង​មក​រក​ពួក​សាវ័ក ឃើញ​គេ​កំពុង​តែ​ដេក​លក់ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​សិលា​ថា៖ «អ្នក​រាល់​គ្នា​មិន​ស៊ូ‌ទ្រាំ​ប្រុង​ស្មារតី​ជា​មួយ​ខ្ញុំ សូម្បី​តែ​មួយ​ម៉ោង​ក៏​មិន​បាន​ដែរ​ឬ!»។ ៤១ «ចូរ​ប្រុង​ស្មារតី ហើយ​អធិស្ឋាន* កុំ​ឲ្យ​ចាញ់​ការ​ល្បួង​ឡើយ។ វិញ្ញាណ​របស់​មនុស្ស​ប្រុង‌ប្រៀប​ជា​ស្រេច​មែន តែ​ខ្លួន​គេ​នៅ​ទន់​ខ្សោយ​ទេ»។
៤២ ព្រះ‌អង្គ​យាង​ចេញ​ទៅ​ម្ដង​ទៀត​ជា​លើក​ទី​ពីរ ហើយ​ទូល‌អង្វរ​ថា៖ «ឱ​ព្រះ‌បិតា​អើយ ប្រសិន​បើ​ទូល‌បង្គំ​ត្រូវ​តែ​ទទួល​ពែង​នៃ​ទុក្ខ​លំបាក​នេះ​ចៀស​ពុំ​បាន​ទេ​នោះ សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​ចុះ!»។
៤៣ ព្រះ‌យេស៊ូ​វិល​ត្រឡប់​ទៅ​រក​ពួក​សាវ័ក​ម្ដង​ទៀត ឃើញ​គេ​ដេក​លក់ ដ្បិត​គេ​ងងុយ​ពេក បើក​ភ្នែក​ពុំ​រួច​សោះ។ ៤៤ ព្រះ‌អង្គ​ក៏​យាង​ចាក‌ចេញ​ពី​គេ​ទៅ​អធិស្ឋាន*​ជា​លើក​ទី​បី ហើយ​ទូល‌អង្វរ​ដោយ​ពាក្យ​ដដែល។ ៤៥ បន្ទាប់​មក ព្រះ‌អង្គ​វិល​មក​រក​សាវ័ក​វិញ មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​នៅ​តែ​ដេក​លក់ អ្នក​រាល់​គ្នា​សម្រាក​ដល់​អង្កាល់​ទៀត? ឥឡូវ​នេះ ជិត​ដល់​ពេល​កំណត់​ដែល​បុត្រ​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​បាប​ហើយ។ ៤៦ ចូរ​ក្រោក​ឡើង! យើង​នាំ​គ្នា​ទៅ ដ្បិត​អ្នក​ដែល​នាំ​គេ​មក​ចាប់​ខ្ញុំ​មក​ជិត​ដល់​ហើយ!»។
គេ​ចាប់​ព្រះ‌យេស៊ូ
(មក.១៤.៤៣-៥០ លក.២២.៤៧-៥៣ យហ.១៨.៣-១១)
៤៧ ព្រះ‌អង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ ស្រាប់​តែ​យូដាស​ជា​សាវ័ក*​ម្នាក់ ក្នុង​ចំណោម​សាវ័ក​ទាំង​ដប់‌ពីរ​មក​ដល់ ទាំង​មាន​បណ្ដា‌ជន​ជា​ច្រើន​កាន់​ដាវ កាន់​ដំបង​មក​ជា​មួយ​ផង។ ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​របស់​ប្រជាជន បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​មក។ ៤៨ យូដាស​ដែល​នាំ​គេ​មក​ចាប់​ព្រះ‌យេស៊ូ បាន​សន្មត​ជា​មួយ​គេ​នូវ​សញ្ញា​មួយ​ថា៖ «ខ្ញុំ​ថើប​អ្នក​ណា គឺ​អ្នក​នោះ​ហើយ សុំ​ចាប់​គាត់​ទៅ!»។ ៤៩ កាល​យូដាស​មក​ដល់​ភ្លាម គាត់​ដើរ​តម្រង់​មក​រក​ព្រះ‌យេស៊ូ ទូល​ថា៖ «ជម្រាប​សួរ​ព្រះ‌គ្រូ!» រួច​ថើប​ព្រះ‌អង្គ។ ៥០ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សម្លាញ់​អើយ អ្នក​មក​នេះ​ចង់​ធ្វើ​អ្វី ធ្វើ​ទៅ​ចុះ!»។ ពេល​នោះ បណ្ដា‌ជន​ក៏​នាំ​គ្នា​ចូល​មក​ចាប់​ព្រះ‌អង្គ។ ៥១ មាន​ម្នាក់​ក្នុង​ចំណោម​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌យេស៊ូ បាន​ហូត​ដាវ​កាប់​អ្នក​បម្រើ​របស់​លោក​មហា‌បូជា‌ចារ្យ* ដាច់​ស្លឹក​ត្រចៀក។ ៥២ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា៖ «ស៊ក​ដាវ​អ្នក​ទៅ​ក្នុង​ស្រោម​វិញ​ទៅ ដ្បិត​អស់​អ្នក​ដែល​ប្រើ​ដាវ​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​ជា​មិន​ខាន។ ៥៣ អ្នក​ស្មាន​ថា ខ្ញុំ​មិន​អាច​អង្វរ‌ករ​ព្រះ‌បិតា​ខ្ញុំ​ឲ្យ​ចាត់​ទេវទូត​ជាង​ដប់‌ពីរ​កង‌ពល មក​ជួយ​ខ្ញុំ​បាន​ភ្លាមៗ​ទេ​ឬ? ៥៤ តែ​បើ​ធ្វើ​ដូច្នោះ ធ្វើ​ម្ដេច​នឹង​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ អំពី​ហេតុ‌ការណ៍ ដែល​ត្រូវ​តែ​កើត​ឡើង​យ៉ាង​នេះ!»។
៥៥ ពេល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន​ថា៖ «ខ្ញុំ​ជា​ចោរ​ព្រៃ​ឬ បាន​ជា​អស់​លោក​កាន់​ដាវ​កាន់​ដំបង​មក​ចាប់​ខ្ញុំ​ដូច្នេះ? ខ្ញុំ​តែង​អង្គុយ​បង្រៀន​នៅ​ក្នុង​ព្រះ‌វិហារ*​ជា​រៀង​រាល់​ថ្ងៃ តែ​អស់​លោក​ពុំ​បាន​ចាប់​ខ្ញុំ​ទេ»។ ៥៦ ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្ដី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ព្យាការី*។ ពេល​នោះ ពួក​សាវ័ក​នាំ​គ្នា​បោះ‌បង់​ចោល​ព្រះ‌អង្គ ហើយ​រត់​បាត់​អស់​ទៅ។
ព្រះ‌យេស៊ូ​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់
(ម៉ាកុស ១៤.៥៣-៦៥ លូកា ២២.៥៤-៥៥, ៦៣-៧១ យ៉ូហាន ១៨.១៣-១៤, ១៩.២៤)
៥៧ លុះ​ចាប់​ព្រះ‌យេស៊ូ​បាន​ហើយ គេ​បណ្ដើរ​ព្រះ‌អង្គ​ទៅ​ដល់​ដំណាក់​របស់​លោក​កៃផាស ជា​មហា‌បូជា‌ចារ្យ*។ ពួក​បណ្ឌិត​ខាង​វិន័យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ* ជួប‌ជុំ​គ្នា​នៅ​ទី​នោះ។ ៥៨ លោក​សិលា​ដើរ​តាម​ព្រះ‌អង្គ​ពី​ចម្ងាយ គាត់​តាម​រហូត​ដល់​ទីធ្លា​ខាង​ក្នុង​ដំណាក់​របស់​មហា‌បូជា‌ចារ្យ ហើយ​អង្គុយ​ជា​មួយ​កង​រក្សា​ព្រះ‌វិហារ ចង់​ដឹង​ថា​ហេតុ‌ការណ៍​នឹង​ទៅ​ជា​យ៉ាង​ណា។
៥៩ ពួក​នាយក​បូជា‌ចារ្យ និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​ទាំង​មូល នាំ​គ្នា​រក​ពាក្យ​ចោទ​ប្រកាន់ មួល​បង្កាច់​ព្រះ‌យេស៊ូ ដើម្បី​កាត់​ទោស​ប្រហារ​ជីវិត​ព្រះ‌អង្គ ៦០ ទោះ​បី​មាន​មនុស្ស​ជា​ច្រើន​ធ្វើ​សាក្សី​ក្លែង‌ក្លាយ​ក៏​ដោយ ក៏​គេ​រក​មិន​បាន​ដែរ។ នៅ​ទី​បំផុត មាន​បុរស​ពីរ​នាក់​នាំ​គ្នា​ចូល​មក ៦១ ពោល​ថា៖ «អ្នក​នេះ​បាន​អះ‌អាង​ថា “ខ្ញុំ​អាច​រុះ​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់​ចោល ហើយ​សង់​ឡើង​វិញ​បាន​ក្នុង​រវាង​បី​ថ្ងៃ”»។ ៦២ ពេល​នោះ លោក​មហា‌បូជា‌ចារ្យ​ក្រោក​ឈរ​ឡើង សួរ​ព្រះ‌អង្គ​ថា៖ «ម្ដេច​ក៏​អ្នក​មិន​ឆ្លើយ​នឹង​ពាក្យ​ចោទ​ប្រកាន់​របស់​អ្នក​ទាំង​នេះ?»។ ៦៣ ព្រះ‌យេស៊ូ​នៅ​ស្ងៀម។ លោក​មហា‌បូជា‌ចារ្យ​សួរ​ព្រះ‌អង្គ​ទៀត​ថា៖ «ចូរ​ស្បថ​ដោយ​យក​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​ធ្វើ​ជា​ប្រធាន តើ​អ្នក​ពិត​ជា​ព្រះ‌គ្រីស្ដ* ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន​ឬ?»។ ៦៤ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា៖ «ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​មែន ប៉ុន្តែ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អស់​លោក​ថា អំណើះ​ត​ទៅ អស់​លោក​នឹង​ឃើញ បុត្រ​មនុស្ស*​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព ហើយ​នឹង​យាង​មក​លើ​ពពក*​ក្នុង​ផ្ទៃ​មេឃ»។ ៦៥ ពេល​នោះ លោក​មហា‌បូជា‌ចារ្យ​ហែក​អាវ​របស់​លោក​ ហើយ​មាន​ប្រសាសន៍​ថា៖ «ជន​នេះ​បាន​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់​ហើយ! យើង​មិន​បាច់​រក​សាក្សី​ឯ​ណា​ទៀត​ទេ អស់​លោក​ឮ​អ្នក​នេះ​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់​អំបាញ់​មិញ​ស្រាប់! ៦៦ តើ​អស់​លោក​យល់​យ៉ាង​ណា?»។ ពួក​គេ​ឆ្លើយ​ឡើង​ថា៖ «អ្នក​នេះ​ត្រូវ​មាន​ទោស​ដល់​ជីវិត!»។ ៦៧ គេ​ក៏​នាំ​គ្នា​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ គេ​វាយ​តប់​ព្រះ‌អង្គ ហើយ​អ្នក​ខ្លះ​ទះ​កំផ្លៀង​ព្រះ‌អង្គ ៦៨ ទាំង​ពោល​ថា៖ «ទាយ​មើល៍ ព្រះ‌គ្រីស្ដ​អើយ អ្នក​ណា​វាយ​ឯង!»។
លោក​សិលា​បដិសេធ​មិន​ស្គាល់​ព្រះ‌យេស៊ូ
(ម៉ាកុស ១៤.៦៦-៧២ លូកា ២២.៥៦-៦២ យ៉ូហាន ១៨.១២-១៨, ២៥-២៧)
៦៩ ពេល​នោះ លោក​សិលា​អង្គុយ​នៅ​ខាង​ក្រៅ​ក្នុង​ទីធ្លា។ មាន​ស្ត្រី​បម្រើ​របស់​មហា‌បូជា‌ចារ្យ*​ម្នាក់​ចូល​មក​ជិត​គាត់ ពោល​ថា៖ «អ្នក​ឯង​ជា​បក្ស‌ពួក​របស់​យេស៊ូ ជា​អ្នក​ស្រុក​កាលី‌ឡេ​ដែរ!»។ ៧០ ប៉ុន្តែ គាត់​ប្រកែក​ថា៖ «ខ្ញុំ​មិន​ដឹង​ថា នាង​ចង់​និយាយ​អំពី​រឿង​អ្វី​ឡើយ!»។ ៧១ ពេល​លោក​សិលា​ដើរ​ចេញ​ពី​ទី​នោះឆ្ពោះ​ទៅ​រក​ខ្លោង​ទ្វារ មាន​ស្ត្រី​បម្រើ​ម្នាក់​ទៀត​ឃើញ​គាត់ ហើយ​ពោល​ថា៖ «អ្នក​នេះ​ជា​បក្ស‌ពួក​របស់​យេស៊ូ​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​ដែរ!»។ ៧២ លោក​សិលា​ក៏​ប្រកែក​សា​ជា​ថ្មី ទាំង​ស្បថ​ថា៖ «ខ្ញុំ​មិន​ស្គាល់​អ្នក​នោះ​ទេ!»។ ៧៣ បន្ដិច​ក្រោយ​មក អស់​អ្នក​ដែល​នៅ​ទី​នោះនាំ​គ្នា​ចូល​ទៅ​ជិត​លោក​សិលា ហើយ​ពោល​ថា៖ «អ្នក​ឯង​ពិត​ជា​បក្ស‌ពួក​របស់​អ្នក​ទាំង​នោះ ព្រោះ​សម្ដី​អ្នក​ឯង​បញ្ជាក់​ច្បាស់​ថា អ្នក​ឯង​មក​ពី​ស្រុក​កាលី‌ឡេ​មែន!»។ ៧៤ លោក​សិលា​ក៏​ពោល​ឡើង​ថា៖ «បើ​ខ្ញុំ​កុហក សូម​ព្រះ‌ជាម្ចាស់​ដាក់​ទោស​ខ្ញុំ​ចុះ!។ ខ្ញុំ​សុំ​ស្បថ​ថា ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​នោះ​ទាល់​តែ​សោះ!»។ រំពេច​នោះ ស្រាប់​តែ​មាន់​រងាវ​ឡើង ៧៥ លោក​សិលា​ក៏​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូ​ដែល​ថា៖ «មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា មិន​ស្គាល់​ខ្ញុំ»​។ លោក​សិលា​ចាក‌ចេញ​ពី​ទី​នោះ ហើយ​យំ​សោក​យ៉ាង​ខ្លោច‌ផ្សា។
២៧
ក្រុម‌ជំនុំ​ជាន់​ខ្ពស់​កាត់​ទោស​ព្រះ‌យេស៊ូ
(ម៉ាកុស ១៥.១ លូកា ២៣.១-២ យ៉ូហាន ១៨.២៨-៣២)
 លុះ​ព្រឹក​ឡើង ពួក​នាយក​បូជា‌ចារ្យ និង​ព្រឹទ្ធា‌ចារ្យ*​ទាំង​អស់​របស់​ប្រជាជន​ប្រជុំ​គ្នា ហើយ​សម្រេច​ចិត្ត​ធ្វើ​គុត​ព្រះ‌យេស៊ូ។  គេ​ក៏​ចង​ព្រះ‌អង្គ បញ្ជូន​ទៅ​លោក​ពីឡាត​ជា​ទេសា‌ភិបាល។
ប្រាក់​បង់​ថ្លៃ​ឈាម
(កិច្ច‌ការ ១.១៨-១៩)
 កាល​យូដាសជា​អ្នក​ដែល​នាំ​គេ​មក​ចាប់​ព្រះ‌យេស៊ូ ឃើញ​គេ​កាត់​ទោស​ព្រះ‌អង្គ​ដូច្នេះ គាត់​សោក‌ស្ដាយ​ជា​ខ្លាំង ក៏​យក​ប្រាក់​សាម‌សិប​ស្លឹង​ទៅ​ប្រគល់​ឲ្យ​ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​វិញ  ទាំង​ពោល​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ព្រោះ​ខ្ញុំ​បាន​បញ្ជូន​មនុស្ស​ឥត​ទោស​ទៅ​ឲ្យ​គេ​បង្ហូរ​ឈាម»។ ពួក​គេ​ឆ្លើយ​ថា៖ «រឿង​នេះ​គ្មាន​ទាក់‌ទង​អ្វី​នឹង​យើង​ទេ ជា​រឿង​របស់​អ្នក​ទេ​តើ!»  យូដាស​បាច​ប្រាក់​នោះ​នៅ​ក្នុង​ព្រះ‌វិហារ* ហើយ​ចេញ​ទៅ​ចង​ក​សម្លាប់​ខ្លួន។
ពួក​នាយក​បូជា‌ចារ្យ​រើស​ប្រាក់​នោះ ទាំង​ពោល​ថា៖ «យើង​គ្មាន​ច្បាប់​នឹង​បញ្ចូល​ប្រាក់​នេះ​ទៅ​ក្នុង​ហិប​តង្វាយ​ឡើយ ព្រោះ​ជា​ប្រាក់​បង់​ថ្លៃ​ឈាម​»។  ក្រោយ​ពី​បាន​ពិភាក្សា​គ្នា​ហើយ គេ​ក៏​យក​ប្រាក់​នោះ​ទៅ​ទិញ​ដី​ចម្ការ​របស់​ជាង​ស្មូន ទុក​ធ្វើ​ជា​កន្លែង​បញ្ចុះ​សព​ជន​បរទេស។  ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ចម្ការ​នោះ​ថា «ចម្ការ​ឈាម» រហូត​មក​ទល់​សព្វ​ថ្ងៃ។  ហេតុ‌ការណ៍​នេះ​កើត​ឡើងស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក តាម‌រយៈ​ព្យាការី*​យេរេមី​ថា៖ «គេ​បាន​យក​ប្រាក់​សាម‌សិប​ស្លឹង ជា​ប្រាក់​ដែល​ជន​ជាតិ​អ៊ីស្រា‌អែល​សន្មត​ថា​ជា​ថ្លៃ​ទិញ​លោក​នោះ ១០ ហើយ​គេ​បាន​យក​ប្រាក់​នោះ​ទៅ​ទិញ​ចម្ការ​របស់​ជាង​ស្មូន ដូច​ព្រះ‌អម្ចាស់​បង្គាប់​មក​ខ្ញុំ»​។
លោក​ពីឡាត​កាត់​ទោស​ប្រហារ​ជីវិត​ព្រះ‌យេស៊ូ
(ម៉ាកុស ១៥.២-១៥ លូកា ២៣.៣-៥, ១៣-២៥ យ៉ូហាន ១៨.៣៣-១៩.១៦)
១១ ព្រះ‌យេស៊ូឈរ​នៅ​ចំពោះ​មុខ​លោក​ទេសា‌ភិបាល លោក​សួរ​ព្រះ‌អង្គ​ថា៖ «តើ​អ្នក​ជា​ស្ដេច​យូដា​មែន​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «លោក​ទេ​តើ​ដែល​មាន​ប្រសាសន៍​ដូច្នេះ»។
១២ ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ* នាំ​គ្នា​ចោទ​ប្រកាន់​ព្រះ‌អង្គ តែ​ព្រះ‌អង្គ​ពុំ​ឆ្លើយ​អ្វី​ទាល់​តែ​សោះ។ ១៣ លោក​ពីឡាត​សួរ​ព្រះ‌អង្គ​ថា៖ «អ្នក​មិន​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​គេ​ចោទ​ប្រកាន់​អ្នក​ទេ​ឬ?»។ ១៤ ព្រះ‌យេស៊ូ​ពុំ​បាន​ឆ្លើយ​តប​មួយ​ម៉ាត់​សោះ​ឡើយ ជា​ហេតុ​នាំ​ឲ្យ​លោក​ទេសា‌ភិបាល​ងឿង‌ឆ្ងល់​ជា​ខ្លាំង។
១៥ ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចម្លង* លោក​ទេសា‌ភិបាល​តែង‌តែ​លែង​អ្នក​ទោស​ម្នាក់ តាម​សំណូម​ពរ​របស់​បណ្ដា‌ជន។ ១៦ នៅ​ពេល​នោះ មាន​អ្នក​ទោស​ដ៏​ល្បី​ម្នាក់ ឈ្មោះ​យេស៊ូ‌បារ៉ា‌បាស។ ១៧ កាល​បណ្ដា‌ជន​មក​ជុំ​គ្នា​ហើយ លោក​ពីឡាត​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា ដោះ​លែង​យេស៊ូ‌បារ៉ា‌បាស ឬ​យេស៊ូ​ហៅ​ព្រះ‌គ្រីស្ដ?»។ ១៨ លោក​ពីឡាត​មាន​ប្រសាសន៍​ដូច្នេះ មក​ពី​លោក​ជ្រាប​ថា ពួក​គេ​បញ្ជូន​ព្រះ‌យេស៊ូ​មក​លោក ព្រោះ​គេ​មាន​ចិត្ត​ច្រណែន។
១៩ នៅ​ពេល​លោក​ពីឡាតអង្គុយ​នៅ​លើ​វេទិកា​កាត់​ក្តី ភរិយា​របស់​លោក​បាន​ចាត់​គេ​ឲ្យ​មក​ជម្រាប​ថា៖ «កុំ​ឡូក‌ឡំ​នឹង​រឿង​មនុស្ស​ឥត​ទោស​នេះ​ធ្វើ​អ្វី។ យប់‌មិញ ព្រោះ​តែ​រឿង​បុរស​នេះ ខ្ញុំ​យល់‌សប្ដិ​អាក្រក់​ណាស់»។
២០ ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ* នាំ​គ្នា​ញុះ‌ញង់​បណ្ដា‌ជនឲ្យ​សុំ​ដោះ​លែង​បារ៉ា‌បាស និង​សុំ​ប្រហារ​ជីវិត​ព្រះ‌យេស៊ូ។ ២១ លោក​ទេសា‌ភិបាល​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា?»។ ពួក​គេ​ឆ្លើយ​ថា៖ «បារ៉ា‌បាស!»។ ២២ លោក​ពីឡាត​សួរ​ទៅ​គេ​ថា៖ «បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដល់​ឈ្មោះ យេស៊ូ ហៅ​ព្រះ‌គ្រីស្ដ​នេះ?»។ គេ​ស្រែក​ឡើង​ទាំង​អស់​គ្នា​ថា៖ «យក​ទៅ​ឆ្កាង​ទៅ!»។ ២៣ លោក​មាន​ប្រសាសន៍​ថា៖ «តើ​អ្នក​នេះ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី?» គេ​នាំ​គ្នា​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា៖ «យក​ទៅ​ឆ្កាង​ទៅ!»។ ២៤ ដោយ​លោក​ពីឡាត​ឃើញ​ថានិយាយ​ទៅ​ឥត​បាន​ការ ហើយ​ផ្ទុយ​ទៅ​វិញ ឃើញ​គេ​កើត​ចលា‌ចល​កាន់​តែ​ខ្លាំង​ឡើងៗ​ដូច្នេះ លោក​ក៏​យក​ទឹក​មក​លាង​ដៃ​នៅ​មុខ​បណ្ដា‌ជន ទាំង​ពោល​ថា៖ «នេះ​ជា​បញ្ហា​របស់​អ្នក​រាល់​គ្នា​ទេ ខ្ញុំ​ឥត​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បង្ហូរ​ឈាម​បុរស​នេះ​ឡើយ»។ ២៥ ប្រជាជន​ឆ្លើយ​ឡើង​ទាំង​អស់​គ្នា​ថា៖ «យើង​ខ្ញុំ និង​កូន​ចៅ​របស់​យើង​ខ្ញុំ ទទួល​ខុស​ត្រូវ​ក្នុង​ការ​ប្រហារ​ជីវិត​ជន​នេះ!»។ ២៦ លោក​ពីឡាត​ក៏​ដោះ​លែង​បារ៉ា‌បាស រីឯ​ព្រះ‌យេស៊ូ​វិញ លោក​ឲ្យ​គេ​វាយ​នឹង​រំពាត់ រួច​បញ្ជូន​ព្រះ‌អង្គ​ទៅ​ឲ្យ​គេ​ឆ្កាង។
ទាហាន​មើល‌ងាយ និង​ធ្វើ​បាប​ព្រះ‌យេស៊ូ
(ម៉ាកុស ១៥.១៦-២០ យ៉ូហាន ១៩.២-៣)
២៧ ពួក​ទាហាន​របស់​លោក​ទេសា‌ភិបាល​នាំ​ព្រះ‌យេស៊ូ​ទៅ​ក្នុង​ទី‌ធ្លា​បន្ទាយ ហើយ​ប្រមូល​គ្នី‌គ្នា​ក្នុង​កង​នោះ​មក​ចោម‌រោម​ព្រះ‌អង្គ។ ២៨ គេ​ដោះ​ព្រះ‌ពស្ដ្រ​របស់​ព្រះ‌អង្គ​ចេញ ហើយ​យក​អាវ​ធំ ដែល​មាន​ពណ៌​ក្រហម​ទុំ មក​បំពាក់​ថ្វាយ​ព្រះ‌អង្គ។ ២៩ គេ​យក​បន្លា​មក​ក្រង​ធ្វើ​ជា​ភួង បំពាក់​លើ​ព្រះ‌សិរសា​ព្រះ‌អង្គ និង​យក​ដើម​ត្រែង​មក​ដាក់​ក្នុង​ព្រះ‌ហស្ដ​ស្ដាំ​ឲ្យ​ព្រះ‌អង្គ​កាន់ រួច​គេ​នាំ​គ្នា​លុត​ជង្គង់​នៅ​មុខ​ព្រះ‌អង្គ ទាំង​ពោល​ចំអក​ថា៖ «សូម​គោរព​ថ្វាយ‌បង្គំ​ស្ដេច​យូដា!»។ ៣០ គេ​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះ‌អង្គ និង​យក​ដើម​ត្រែង​នោះ​វាយ​ព្រះ‌សិរសា​ព្រះ‌អង្គ​ទៀត​ផង។ ៣១ ក្រោយ​ពី​បាន​ប្រមាថ​មើល‌ងាយ​ព្រះ‌អង្គ​រួច​ហើយ ពួក​គេ​ដោះ​អាវ​ធំ​ចេញ យក​ព្រះ‌ពស្ដ្រ​របស់​ព្រះ‌អង្គ​មក​បំពាក់​ថ្វាយ​ព្រះ‌អង្គ​វិញ រួច​បណ្ដើរ​នាំ​យក​ទៅ​ឆ្កាង។
គេ​ឆ្កាង​ព្រះ‌យេស៊ូ
(មក.១៥.២១-៣២ លក.២៣.២៦-៤៣ យហ.១៩.១៧-២៧)
៣២ ពេល​ចេញ​ពី​ទី‌ក្រុង​ទៅ គេ​ជួប​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ជា​អ្នក​ស្រុក​គីរេន គេ​បង្ខំ​គាត់​ឲ្យ​លី​ឈើ​ឆ្កាង​របស់​ព្រះ‌យេស៊ូ។ ៣៣ លុះ​មក​ដល់​កន្លែង​មួយ​ឈ្មោះ «កុល‌កូថា» ដែល​ប្រែ​ថា «ភ្នំ​លលាដ៍​ក្បាល» ៣៤ គេ​យក​ស្រា​ទំពាំង‌បាយ‌ជូរ​លាយ​ជា​មួយ​ប្រមាត់ មក​ថ្វាយ​ព្រះ‌អង្គ​សោយ។ ព្រះ‌យេស៊ូ​ក្រេប​បន្ដិច ព្រះ‌អង្គ​ពុំ​ព្រម​សោយ​ទេ។
៣៥ ក្រោយ​ពី​ឆ្កាង​ព្រះ‌អង្គ​រួច​ហើយ ពួក​ទាហាន​យក​សម្លៀក‌បំពាក់​របស់​ព្រះ‌អង្គ​មក​ចាប់​ឆ្នោត​ចែក​គ្នា ៣៦ រួច​អង្គុយ​យាម​ព្រះ‌អង្គ​នៅ​ទី​នោះ។ ៣៧ គេ​បាន​សរសេរ​ប្រកាសអំពី​ហេតុ​ដែល​គេ​ធ្វើ​ទោស​ព្រះ‌អង្គ​ថា «អ្នក​នេះ​ឈ្មោះ​យេស៊ូ ជា​ស្ដេច​ជន​ជាតិ​យូដា» ហើយ​គេ​បោះ​ប្រកាស​នោះ នៅ​ពី​ខាង​លើ​ព្រះ‌សិរសា​ព្រះ‌អង្គ។ ៣៨ ពេល​នោះ គេ​បាន​ឆ្កាង​ចោរ​ព្រៃ​ពីរ​នាក់​ជា​មួយ​ព្រះ‌យេស៊ូ​ដែរ ម្នាក់​នៅ​ខាង​ស្ដាំ ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង។
៣៩ មនុស្ស‌ម្នា​ដើរ​កាត់​តាម​នោះ ប្រមាថ​មើល‌ងាយ​ព្រះ‌អង្គ គ្រវី​ក្បាល​ដាក់​ព្រះ‌អង្គ ៤០ ទាំង​ពោល​ថា៖ «អ្នក​រុះ​ព្រះ‌វិហារ* ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ! ចូរ​សង្គ្រោះ​ខ្លួន​ឯង​ទៅ! បើ​អ្នក​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន អញ្ជើញ​ចុះ​ពី​ឈើ​ឆ្កាង​មក!»។ ៤១ រីឯ​ពួក​នាយក​បូជា‌ចារ្យ ពួក​បណ្ឌិត​ខាង​វិន័យ* និង​ពួក​ព្រឹទ្ធា‌ចារ្យ*​ក៏​នាំ​គ្នា​ចំអក​ដាក់​ព្រះ‌អង្គ​ដូច​គេ​ដែរ ដោយ​ពោល​ថា៖ ៤២ «គាត់​បាន​សង្គ្រោះ​អ្នក​ឯ​ទៀតៗ តែ​មិន​អាច​សង្គ្រោះ​ខ្លួន​ឯង​បាន​ទេ! គាត់​ជា​ស្ដេច​អ៊ីស្រា‌អែល ឲ្យ​គាត់​ចុះ​ពី​ឈើ​ឆ្កាង​ឥឡូវ​នេះ​មក ដើម្បី​យើង​ជឿ​ផង! ៤៣ គាត់​បាន​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់ បើ​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​គាត់​មែន សូម​ឲ្យ​ព្រះ‌អង្គ​ដោះ​លែង​គាត់​ឥឡូវ​នេះ​ទៅ! ដ្បិត​គាត់​ពោល​ថា “ខ្ញុំ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់”»
៤៤ សូម្បី​តែ​ចោរ​ព្រៃ​ដែល​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌យេស៊ូ ក៏​ជេរ​ប្រមាថ​ព្រះ‌អង្គ​ដូច្នោះ​ដែរ។
ព្រះ‌យេស៊ូ​សោយ​ទិវង្គត
(មក.១៥.៣៣-៤១ លក.២៣.៤៤-៤៩ យហ.១៩.២៨-៣០)
៤៥ ផែន‌ដី​ទាំង​មូល​ងងឹត​សូន្យ ចាប់​ពី​ពេល​ថ្ងៃ​ត្រង់​រហូត​ដល់​ម៉ោង​បី​រសៀល។ ៤៦ ប្រមាណ​ជា​ម៉ោង​បី​រសៀល ព្រះ‌យេស៊ូ​ស្រែក​អង្វរ​ខ្លាំងៗ​ថា៖ «អេលី អេលី ឡាម៉ាសា‌បាច់‌ថានី!» ដែល​មាន​ន័យ​ថា «ឱ​ព្រះ‌នៃ​ទូល‌បង្គំ ព្រះ‌នៃ​ទូល‌បង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បោះ‌បង់​ទូល‌បង្គំ​ចោល​ដូច្នេះ?»​។ ៤៧ អ្នក​ខ្លះ​ឈរ​នៅ​ទី​នោះ​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ក៏​ពោល​ថា៖ «គាត់​ហៅ​លោក​អេលី!»។ ៤៨ រំពេច​នោះ មាន​គ្នា​គេ​ម្នាក់​រត់​ទៅ​យក​សារាយ​ស្ងួត ជ្រលក់​នឹង​ទឹក​ខ្មេះ រុំ​ជាប់​នៅ​ចុង​ត្រែង​មួយ​ដើម ហុច​ថ្វាយ​ព្រះ‌អង្គ​សោយ។ ៤៩ ប៉ុន្តែ អ្នក​ឯ​ទៀតៗ​ពោល​ថា៖ «ចាំ​មើល​មើល៍! តើ​លោក​អេលី​មក​សង្គ្រោះ​គាត់​ឬ​ទេ?»។
៥០ ព្រះ‌យេស៊ូ​ស្រែក​យ៉ាង​ខ្លាំង​ម្ដង​ទៀត រួច​ផុត​វិញ្ញាណ​ទៅ។ ៥១ ពេល​នោះ វាំងនន​នៅ​ក្នុង​ព្រះ‌វិហារ*​រហែក​ជា​ពីរ តាំង​ពី​លើ​ដល់​ក្រោម ផែន‌ដី​ក៏​រញ្ជួយ ផ្ទាំង​ថ្ម​ក៏​ប្រេះ​ចេញ​ពី​គ្នា ៥២ ផ្នូរ​ក៏​របើក​ចំហ​ឡើង ហើយ​សាក‌សព​ប្រជាជន​ដ៏‌វិសុទ្ធ*​ជា​ច្រើន​បាន​រស់​ឡើង​វិញ ៥៣ និង​នាំ​គ្នា​ចេញ​ពី​ផ្នូរ។ ក្រោយ​ពេល​ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គេ​បាន​ចូល​ទៅ​ក្នុង​ក្រុង​ដ៏‌វិសុទ្ធ ព្រម​ទាំង​បង្ហាញ​ខ្លួន​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​ឃើញ​ផង។
៥៤ កាល​នាយ​ទាហាន​រ៉ូម៉ាំង និង​ពួក​ទាហាន​ដែល​នៅ​យាម​ព្រះ‌យេស៊ូ បាន​ឃើញ​ផែន‌ដី​រញ្ជួយ និង​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង‌ឡាយ​កើត​ឡើង​ដូច្នេះ គេ​កោត​ស្ញប់‌ស្ញែង​ជា​ខ្លាំង ហើយ​ពោល​ថា៖ «លោក​នេះ ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន!»។
៥៥ នៅ​ទី​នោះ មាន​ស្ត្រី​ជា​ច្រើន​មើល​ពី​ចម្ងាយ គឺ​ស្ត្រីៗ​ដែល​តាម​បម្រើ​ព្រះ‌យេស៊ូ តាំង​ពី​ស្រុក​កាលី‌ឡេ​មក។ ៥៦ ក្នុង​ចំណោម​ស្ត្រីៗ​ទាំង​នោះ មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា នាង​ម៉ារីជា​ម្ដាយ​របស់​យ៉ាកុប និង​យ៉ូសែប ព្រម​ទាំង​ភរិយា​របស់​លោក​សេបេដេ​ជា​ដើម។
ការ​បញ្ចុះ​សព​ព្រះ‌យេស៊ូ
(មក.១៥.៤២-៤៧ លក.២៣.៥០-៥៦ យហ.១៩.៣៨-៤២)
៥៧ លុះ​ដល់​ល្ងាច មាន​សេដ្ឋី​ម្នាក់ ឈ្មោះ​យ៉ូសែប ជា​អ្នក​ក្រុង​អារី‌ម៉ាថេ មក​ដល់ គាត់​ក៏​ជា​សាវ័ក​របស់​ព្រះ‌យេស៊ូ​ដែរ។ ៥៨ គាត់​បាន​អញ្ជើញ​ទៅ​ជួប​លោក​ពីឡាត សុំ​យក​ព្រះ‌សព​ព្រះ‌យេស៊ូ។ លោក​ពីឡាត​ក៏​បញ្ជា​ឲ្យ​គេ​ប្រគល់​ព្រះ‌សព​មក​គាត់។ ៥៩ លោក​យ៉ូសែប​យក​ព្រះ‌សព​មក រុំ​នឹង​ក្រណាត់​ផាឌិប​ថ្មី ៦០ រួច​ដាក់​ក្នុង​ផ្នូរ​ថ្មី​របស់​គាត់ ជា​រូង​ថ្ម​ដែល​គេ​ដាប់​ធ្វើ​ផ្នូរ។ បន្ទាប់​មក គាត់​ប្រមៀល​ថ្ម​មួយ​ដុំ​ធំ​បិទ​មាត់​ផ្នូរ ហើយ​ចាក‌ចេញ​ទៅ។ ៦១ នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា និង​នាង​ម៉ារី​ម្នាក់​ទៀត ក៏​នៅ​ទី​នោះ​ដែរ នាង​អង្គុយ​នៅ​មុខ​ផ្នូរ។
៦២ នៅ​ថ្ងៃ​បន្ទាប់ ជា​ថ្ងៃ​រៀប‌ចំ​ថ្ងៃ​ឈប់​សម្រាក* ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី* នាំ​គ្នា​ទៅ​ជួប​លោក​ពីឡាត ៦៣ ជម្រាប​ថា៖ «លោក​ម្ចាស់! យើង​ខ្ញុំ​នៅ​ចាំ​ពាក្យ​របស់​ជន​បោក​ប្រាស់​នោះ កាល​ពី​គាត់​នៅ​រស់​ថាៈ “បី​ថ្ងៃ​ក្រោយ​ខ្ញុំ​ស្លាប់ ខ្ញុំ​នឹង​មាន​ជីវិត​រស់​ឡើង​វិញ”។ ៦៤ ហេតុ​នេះ សូម​លោក​បញ្ជា​ឲ្យ​គេ​យាម​ផ្នូរ​នោះ រហូត​ដល់​ថ្ងៃ​ទី​បី​ទៅ ក្រែង​លោ​សិស្ស​របស់​គាត់​មក​លួច​យក​សព ហើយ​ប្រាប់​ប្រជាជន​ថា​គាត់​រស់​ឡើង​វិញ។ ការ​បោក​ប្រាស់​លើក​នេះមុខ​ជា​អាក្រក់​ជាង​មុន​ទៅ​ទៀត»។ ៦៥ លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អស់​លោក​មាន​ទាហាន​ស្រាប់​ហើយ សុំ​អញ្ជើញ​ទៅ​ចាត់​ចែង​ឲ្យ​គេ​យាម​ផ្នូរ តាម​អស់​លោក​យល់​ឃើញ​ទៅ​ចុះ!»។ ៦៦ ពួក​គេ​ក៏​នាំ​គ្នា​ចេញ​ទៅ​ចាត់​ចែង​ឲ្យ​យាម​ផ្នូរ គឺ​ភ្ជិត​ផ្នូរ បោះ​ត្រា​ពី​លើ និង​ដាក់​ទាហាន​ឲ្យ​នៅ​យាម​ផង។
២៨
ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ
(ម៉ាកុស ១៦.១-៨ លូកា ២៤.១-១២ យ៉ូហាន ២០.១-២០)
 ក្រោយ​ថ្ងៃ​សប្ប័ទ* គឺ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា និង​នាង​ម៉ារី​ម្នាក់​ទៀត​នាំ​គ្នា​ទៅ​មើល​ផ្នូរ។  ពេល​នោះ ស្រាប់​តែ​ផែន‌ដី​រញ្ជួយ​យ៉ាង​ខ្លាំង ដ្បិត​មាន​ទេវទូត*​របស់​ព្រះ‌អម្ចាស់ចុះ​ពី​ស្ថាន​បរម‌សុខ* មក​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​ផ្នូរ ហើយ​អង្គុយ​លើ​ថ្ម​នោះ​ថែម​ទៀត​ផង។  ទេវទូត​នោះ​មាន​ទ្រង់‌ទ្រាយ​ភ្លឺ​ដូច​ផ្លេក‌បន្ទោរ និង​មាន​សម្លៀក‌បំពាក់​ស​ដូច​សម្លី។  ទាហាន​ភ័យ​ញ័រ​ជា​ខ្លាំង ភាំង​ស្មារតី​ដូច​មនុស្ស​ស្លាប់។  ទេវទូត​និយាយ​ទៅ​កាន់​ស្ត្រីៗ​ថា៖ «កុំ​ភ័យ‌ខ្លាច​អ្វី! ខ្ញុំ​ដឹង​ថា​នាងៗមក​រក​ព្រះ‌យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​ដែល​គេ​បាន​ឆ្កាង។  ព្រះ‌អង្គ​មិន​នៅ​ទី​នេះ​ទេ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​រួច​មក​ហើយ សុំ​មក​មើល​កន្លែង​ដែល​គេ​ដាក់​ព្រះ‌សព​ព្រះ‌អង្គ​ឯ‌ណេះ​សិន  ហើយ​សឹម​អញ្ជើញ​ទៅ​ប្រាប់​ពួក​សាវ័ក​របស់​ព្រះ‌អង្គ​ជា​ប្រញាប់ ថា​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ហើយ ឥឡូវ​នេះ ព្រះ‌អង្គ​យាង​ទៅ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា។ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ‌អង្គ សុំ​នាង​ជ្រាប!»។
 ស្ត្រី​ទាំង​នោះ​ប្រញាប់‌ប្រញាល់​ចេញ​ពី​ផ្នូរ ទាំង​ភ័យ​ទាំង​អរ​យ៉ាង​ខ្លាំង នាំ​ដំណឹង​នេះ​រត់​ទៅ​ជម្រាប​ពួក​សាវ័ក។  ពេល​នោះ ស្រាប់​តែ​ព្រះ‌យេស៊ូ​យាង​មក​ជួប​ពួក​នាង ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ជម្រាប​សួរ​នាង!»។ នាង​ទាំង​នោះ​ក៏​ចូល​មក​ឱប​ព្រះ‌បាទា ហើយ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ។ ១០ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ភ័យ‌ខ្លាច​អ្វី​ឡើយ! សុំ​ទៅ​ប្រាប់​បង‌ប្អូន​ខ្ញុំ​ឲ្យ​ទៅ​ស្រុក​កាលី‌ឡេ​ទៅ គេ​នឹង​ឃើញ​ខ្ញុំ​នៅ​ទី​នោះ»។
១១ កាល​ស្ត្រី​ទាំង​នោះ​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ ទាហាន​ខ្លះ​នាំ​គ្នា​ចូល​ទៅ​ទី‌ក្រុង ជម្រាប​ពួក​នាយក​បូជា‌ចារ្យអំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​កើត​ឡើង។ ១២ ពួក​នាយក​បូជា‌ចារ្យ​ក៏​ប្រជុំ​ពិភាក្សា​គ្នាជា​មួយ​ពួក​ព្រឹទ្ធា‌ចារ្យ ហើយ​សម្រេច​ចិត្ត​ឲ្យ​ប្រាក់​យ៉ាង​ច្រើន​ដល់​ពួក​ទាហាន ១៣ ទាំង​ប្រាប់​ថា៖ «ត្រូវ​និយាយ​ថា “ពេល​យើង​ខ្ញុំ​កំពុង​ដេក​លក់ មាន​សិស្ស​របស់​អ្នក​នោះ​មក​លួច​យក​សព​ទៅ​ទាំង​យប់”។ ១៤ ប្រសិន​បើ​រឿង​នេះ​លេច​ឮ​ដល់​លោក​ទេសា‌ភិបាល ចាំ​យើង​ជួយ​ដោះ​ស្រាយ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ទោស»។
១៥ ពួក​ទាហាន​ទទួល​យក​ប្រាក់ ហើយ​ធ្វើ​តាម​សេចក្ដី​ដែល​គេ​បង្គាប់។ រឿង​នេះ​ក៏​លេច​ឮ​សុស‌សាយ​ក្នុង​ចំណោម​ជន​ជាតិ​យូដា រហូត​មក​ទល់​សព្វ​ថ្ងៃ។
ព្រះ‌យេស៊ូ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សាវ័ក​ឃើញ
(ម៉ាកុស ១៦.១៤-១៨ លូកា ២៤.៣៦-៤៩ យ៉ូហាន ២០.១៩-២៣ កិច្ច‌ការ ១.៦-៨)
១៦ សាវ័ក*​ទាំង​ដប់​មួយ​រូបនាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ស្រុក​កាលី‌ឡេ ហើយ​ឡើង​ទៅ​លើ​ភ្នំ​ដែល​ព្រះ‌យេស៊ូ​បាន​ប្រាប់​ឲ្យ​គេ​ទៅ។ ១៦ កាល​គេ​បាន​ឃើញ​ព្រះ‌អង្គ គេ​ក្រាប​ថ្វាយ‌បង្គំ ប៉ុន្តែ មាន​អ្នក​ខ្លះ​នៅ​សង្ស័យ។ ១៨ ព្រះ‌យេស៊ូ​យាង​ចូល​មក​ជិត​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​បាន​ទទួល​គ្រប់​អំណាច ទាំង​នៅ​ស្ថាន​បរម‌សុខ* ទាំង​នៅ​លើ​ផែន‌ដី។ ១៩ ដូច្នេះ ចូរ​ចេញ​ទៅ​នាំ​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ធ្វើ​ជា​សាវ័ក ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​គេ ក្នុង​ព្រះ‌នាម​ព្រះ‌បិតា ព្រះ‌បុត្រា និង​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*។ ២០ ត្រូវ​បង្រៀន​គេ​ឲ្យ​ប្រតិ‌បត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា។ ចូរ​ដឹង​ថា ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​អវសាន​កាល​នៃ​ពិភព‌លោក»។
1,454 Views

Theme: Overlay by Kaira