ថ្ងៃអង្គារ អាទិត្យទី៣០
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៨,១៨-២៥

បងប្អូនជាទីស្រឡាញ់!
ខ្ញុំ​យល់​ឃើញ​ថា ទុក្ខ​លំបាក​នា​បច្ចុប្បន្ន‌កាលពុំ​អាច​ប្រៀប​ផ្ទឹម​នឹង​សិរី‌រុង​រឿងដែល​ព្រះ‌ជាម្ចាស់​សម្ដែង​ឱ្យ​យើង​ឃើញនៅ​អនាគត‌កាល​នោះ​ឡើយ។ អ្វីៗ​សព្វ​សារពើ​ដែល​ព្រះ‌អង្គ​បង្កើត​មក កំពុង​តែ​អន្ទះ‌អន្ទែង ទន្ទឹង​រង់‌ចាំ​ពេល​ដែល​ព្រះ‌ជាម្ចាស់​នឹង​បង្ហាញ​បុត្រ‌ធីតា​របស់​ព្រះ‌អង្គ ដ្បិត​អ្វីៗ​ទាំង​អស់​នោះ​បែរ​ទៅ​ជា​ឥត​ន័យ​ តែ​មិន​មែន​ដោយ​ចិត្ត​ឯង​ទេ គឺ​ព្រះ‌ជាម្ចាស់​បាន​តម្រូវ​ដូច្នេះ។ ពិភព‌លោក​នៅ​តែ​មាន​សង្ឃឹម​ថា ព្រះ‌អង្គ​នឹង​លោះ​ឱ្យរួច​ផុត​ពី​វិនាស​អន្តរាយ​ ដើម្បី​ឱ្យមាន​សេរី‌ភាព និង​សិរី‌រុង​រឿង​នៃ​បុត្រ‌ធីតា​របស់​ព្រះ‌ជាម្ចាស់។ យើង​ដឹង​ហើយ​ថា មក​ទល់​ថ្ងៃ​នេះ ពិភព‌លោក​ទាំង​មូល​កំពុង​តែ​ស្រែក​ថ្ងូរ និង​ឈឺ​ចុក​ចាប់​ដូច​ជា​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​កូន។ មិន​ត្រឹម​តែ​ពិភព‌លោក​ប៉ុណ្ណោះ​ទេ សូម្បី​តែ​យើងដែល​បាន​ទទួល​ព្រះ‌អំណោយ​ទាន​ដំបូង​របស់​ព្រះ‌វិញ្ញាណ ក៏​ថ្ងូរ​ក្នុង​ចិត្ត ទាំង​ទន្ទឹង​រង់‌ចាំ​ព្រះ‌ជាម្ចាស់​ប្រោស​យើង​ឱ្យ​ទៅ​ជា​បុត្រ‌ធីតា​របស់​ព្រះ‌អង្គ និង​លោះ​រូប​កាយ​យើង​ទាំង​ស្រុង​ដែរ ដ្បិត​យើង​បាន​ទទួល​ការ​សង្គ្រោះ​តែ​ក្នុង​សេចក្ដី​សង្ឃឹម​ប៉ុណ្ណោះ។ ប្រសិន​បើ​យើង​បាន​​អ្វី​ដែល​យើង​សង្ឃឹម​ចង់​បាន នោះមិន​មែន​ហៅ​ថា​សង្ឃឹម​ទៀត​ទេ ព្រោះ​អ្វីៗ​ដែល​យើង​បាន​ហើយ តើ​យើង​សង្ឃឹម​ចង់​បាន​ដូច​ម្ដេច​ទៀត!។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​យើង​សង្ឃឹម​ទៅ​លើ​អ្វីៗដែល​យើង​មិន​ទាន់​មាន នោះ​យើង​ទន្ទឹង​រង់‌ចាំ​ដោយ​ចិត្ត​ព្យាយាម។

ទំនុកតម្កើងលេខ ១២៦(១២៥),១-៦ បទព្រហ្មគីតិ

ពេលព្រះដឹកនាំអ្នកដែលជំពាក់ខ្លួនជាឈ្លើយ
មកក្រុងស៊ីយ៉ូនហើយយើងធូរស្បើយដូចយល់សប្តិ
យើងសើចហ៊ោរសប្បាយអរក្អាកក្អាយឥតមានឈប់
ស្រែកជ័យឃោសន៍សាយសព្វលាន់សូរស័ព្ទគ្រប់ទិសា
ពេលនោះក្នុងចំណោមជាតិទាំងព្រមគេពោលថា៖
«ព្រះម្ចាស់មានចេស្តាធ្វើអស្ចារ្យចំពោះគេ»
ព្រះអង្គបានធ្វើការដ៏អស្ចារ្យអ្វីម៉េ្លះទេ
យើងលែងគិតគ្នាន់គ្នេរបានល្ហើយល្ហែអរសប្បាយ
ឱ! ព្រះម្ចាស់ឧត្តមសូមប្រោសខ្ញុំឱ្យរីកសាយ
ដូចរហោស្ថានឆ្ងាយសូមប្រែក្លាយមានទឹកហូរ
អ្នកណាសាបព្រោះស្រូវដោយសោកសៅគួរអាសូរ
ទាំងទឹកភ្នែកជន់ជោរនឹងច្រូតយកទាំងសប្បាយ
គេយកពូជទៅព្រោះទាំងស្រណោះយំសោកស្តាយ
ក្រោយមកគេប្រែក្លាយហ៊ោសប្បាយដោយអំណរ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៤៦,៥-៧

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្ដែងការណ៍អស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចយល់ ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៣,១០-១៧

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ប្រៀប​បាន​ទៅ​នឹង​អ្វី​ខ្លះ? តើ​ខ្ញុំ​ប្រដូច​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ទៅ​នឹង​អ្វី?។ ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ប្រៀប​បី​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង​ដ៏​ល្អិត ដែល​បុរស​ម្នាក់​យក​ទៅ​ដាំ​ក្នុង​ចម្ការ​របស់​ខ្លួន។ គ្រាប់​នោះ​ក៏​ដុះ​ឡើង បាន​ទៅ​ជា​ដើម​ឈើ​មួយ ហើយ​បក្សា‌បក្សី​មក​ធ្វើ​សំបុក​ស្នាក់​អាស្រ័យនៅ​តាម​មែក​របស់​វា»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «តើ​ខ្ញុំ​ប្រដូច​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ទៅ​នឹង​អ្វី?។ ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ប្រៀប​បី​ដូច​ជា​មេ​ម្សៅ ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​ជា​មួយ​នឹង​ម្សៅ​ពីរ​តៅ ធ្វើ​ឱ្យ​ម្សៅ​នោះ​ដោរ​ឡើង»។

318 Views

Theme: Overlay by Kaira