ថ្ងៃចន្ទ អាទិត្យទី៣០
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៨,១២-១៧
បងប្អូនជាទីស្រឡាញ់!
យើងមានជំពាក់ម្យ៉ាង តែមិនមែនជំពាក់ខាងលោកីយ៍ ដើម្បីរស់តាមលោកីយ៍ទៀតឡើយ។ ប្រសិនបើបងប្អូនរស់នៅតាមលោកីយ៍ បងប្អូននឹងត្រូវស្លាប់ជាមិនខាន ផ្ទុយទៅវិញ ប្រសិនបើបងប្អូនពឹងផ្អែកលើព្រះវិញ្ញាណ ដើម្បីរំលាយរបៀបរស់នៅតាមលោកីយ៍ បងប្អូនមុខតែមានជីវិត ដ្បិតអស់អ្នកដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ណែនាំ សុទ្ធតែជាបុត្រធីតារបស់ព្រះជាម្ចាស់។ បងប្អូនពុំបានទទួលវិញ្ញាណដែលធ្វើឱ្យបងប្អូនទៅជាខ្ញុំបម្រើ ហើយឱ្យនៅតែភ័យខ្លាចទៀតទេ គឺបងប្អូនបានទទួលព្រះវិញ្ញាណដែលធ្វើឱ្យបងប្អូនទៅជាបុត្រធីតារបស់ព្រះជាម្ចាស់។ ដោយសារព្រះវិញ្ញាណនេះ យើងបន្លឺសំឡេងឡើងថា «អប្បា!» ឱព្រះបិតា! គឺព្រះវិញ្ញាណផ្ទាល់ដែលផ្ដល់សក្ខីភាពឱ្យវិញ្ញាណរបស់យើងដឹងថា យើងពិតជាបុត្រធីតារបស់ព្រះជាម្ចាស់មែន។ ប្រសិនបើយើងពិតជាបុត្រធីតាមែន នោះយើងមុខជាទទួលមត៌កពុំខាន។ យើងនឹងទទួលមត៌កពីព្រះជាម្ចាស់ គឺទទួលមត៌ករួមជាមួយព្រះគ្រីស្ដ។ ដោយយើងរងទុក្ខលំបាករួមជាមួយព្រះអង្គដូច្នេះ យើងក៏នឹងទទួលសិរីរុងរឿងរួមជាមួយព្រះអង្គដែរ។
ទំនុកតម្កើងលេខ ៦៨(៦៧),២.៤.៦-៧.២០-២១ បទព្រហ្មគីតិ
| ២ | ពេលព្រះម្ចាស់ក្រោកឡើង | សត្រូវប៉ើងបាក់ខ្លបខ្លាច | |
| ចេស្តាឫទ្ធិអំណាច | អ្នកកោងកាចក៏រត់ចេញ | ។ |
| ៤ | រីឯជនសុចរិត | មិនប្រព្រឹត្តរឿងទុយ៌ស | |
| គេរីករាយខ្លាំងណាស់ | នៅចំពោះភក្ត្រព្រះម្ចាស់ | ។ |
| ៦ | ព្រះម្ចាស់គង់នៅក្នុង | ដំណាក់ទ្រង់ល្អអស្ចារ្យ | |
| ព្រះអង្គជាបិតា | អស់កុមារដែលកំព្រា | ។ |
| ព្រះអង្គទ្រង់កាត់ក្តី | ឱ្យអស់ស្រីដែលវេទនា | |
| មេម៉ាយគ្រប់ៗគ្នា | អ្នកវេទនាឱ្យមានផ្ទះ | ។ |
| ៧ | រីអ្នកនៅជាប់គុក | មិនស្រណុកស្ទើរព្រាត់ប្រាស | |
| ទ្រង់បើករួចស្រឡះ | បានភ្លឺច្បាស់ចិត្តរីករាយ | ។ |
| ឯពួកអ្នកបះបោរ | គេឆោឡោមិនសប្បាយ | |
| គេនឹងទៅរស់ឆ្ងាយ | នៅឯនាយដីហួតហែង | ។ |
| ២០ | សូមសរសើរតម្កើង | ព្រះនៃយើងមិនកន្តើយ | |
| ដ្បិតមានតែទ្រង់ហើយ | ជួយគាំទ្រសង្គ្រោះយើង | ។ |
| ២១ | ព្រះម្ចាស់ព្រះសង្គ្រោះ | យើងឱ្យរស់ទ្រង់មិនឆ្មើង | |
| ព្រះម្ចាស់អាចជួយយើង | ឱ្យរួចផុតពីមរណា | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៤៦,៥-៧
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! អ្នកដែលពឹងផ្អែកលើព្រះអង្គពិតជាមានសុភមង្គល។ ព្រះអង្គតែងតែរំដោះមនុស្សដែលជាប់ចំណង ហើយប្រោសអ្នកកើតទុក្ខសោកសង្រេងឱ្យងើបឡើងវិញ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៣,១០-១៧
ថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូកំពុងតែប្រៀនប្រដៅគេក្នុងសាលាប្រជុំ។ នៅទីនោះ មានស្ត្រីម្នាក់ដែលត្រូវខ្មោចធ្វើឱ្យពិការអស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយ នាងកោងខ្នង ងើបត្រង់ពុំកើត។ ពេលព្រះយេស៊ូទតឃើញស្ត្រីនោះ ព្រះអង្គហៅនាងមក ហើយមានព្រះបន្ទូលថា៖ «នាងអើយ! នាងបានជាសះស្បើយហើយ»។ ព្រះអង្គដាក់ព្រះហស្ដលើនាង នាងក៏ឈរត្រង់វិញបានមួយរំពេច ព្រមទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ផង។ ប៉ុន្តែ អ្នកទទួលខុសត្រូវលើសាលាប្រជុំទាស់ចិត្តណាស់ ដោយឃើញព្រះយេស៊ូប្រោសអ្នកជំងឺឱ្យជានៅថ្ងៃសប្ប័ទដូច្នេះ។ គាត់ក៏និយាយទៅកាន់បណ្ដាជនថា៖ «យើងមានសិទ្ធិធ្វើការបានចំនួនប្រាំមួយថ្ងៃ។ ដូច្នេះ ចូរអ្នករាល់គ្នាមករកព្យាបាលខ្លួនក្នុងថ្ងៃទាំងនោះចុះ កុំមកថ្ងៃសប្ប័ទឡើយ!»។ ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់អ្នកទទួលខុសត្រូវលើសាលាប្រជុំនោះថា៖ «មនុស្សមានពុតអើយ! តើអ្នករាល់គ្នាមិនស្រាយគោ ឬលា បញ្ចេញពីក្រោល ដឹកទៅផឹកទឹកនៅថ្ងៃសប្ប័ទទេឬអី?។ ឯស្ត្រីនេះជាពូជពង្សរបស់លោកអប្រាហាំ មារសាតាំងបានចងនាងអស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយ តើមិនគួរឲ្យខ្ញុំស្រាយចំណងនាងនៅថ្ងៃសប្ប័ទទេឬអី?»។ កាលព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ អ្នកប្រឆាំងនឹងព្រះអង្គអៀនខ្មាសយ៉ាងខ្លាំង រីឯបណ្ដាជនទាំងមូលវិញ គេរីករាយនឹងការអស្ចារ្យទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ។
617 Views
Post Views:
619