សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
កណ្ឌគម្ពីរ
ព្យាការីដានីអែល
ពាក្យលំនាំ
ដានីអែល
ភាសាក្រិក
ពាក្យលំនាំ
កណ្ឌគម្ពីរដានីអែលជាភាសាហេប្រឺ
កណ្ឌគម្ពីរ ដានីអែល រៀបរាប់ពីដំណើររឿងយុវជនបួនរូប ក្នុងចំណោមប្រជាជនអ៊ីស្រាអែល ដែលត្រូវព្រះចៅនេប៊ូក្នេសាកៀរទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន។ យុវជនទាំងបួនរូបសម្តែងនូវភក្ដីភាពយ៉ាងមោះមុតចំពោះព្រះរបស់ខ្លួន។
ផ្នែកទីមួយនៃកណ្ឌគម្ពីរនេះ (ចំពូក ១-៦): មានរៀបរាប់អំពីការគាបសង្កត់ ការបៀតបៀន និងទុក្ខទោសដែលជនជាតិយូដាត្រូវប្រឈមមុខតទល់។ ឧទាហរណ៍: មិត្តទាំងបីរូបរបស់លោក ដានីអែលត្រូវគេយកទៅដុតទាំងរស់ (ចំពូក ៣) លោក ដានីអែលត្រូវគេបោះទៅក្នុងរណ្ដៅដែលមានសត្វសិង្ហ (ចំពូក ៦)។
ផ្នែកទីពីរ (ចំពូក ៧-១២): មានរៀបរាប់អំពីនិមិត្តហេតុអស្ចារ្យបួន ដែលព្រះជាម្ចាស់បើកសម្តែងឲ្យលោកដានីអែលឃើញ។ និមិត្តហេតុអស្ចារ្យទាំងបួននេះ លាតត្រដាងអំពីប្រវត្តិរបស់ជនជាតិយូដា ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់មហាអំណាចនានា រហូតដល់គ្រាដែលព្រះជាម្ចាស់ស្ដារស្ថានភាពរបស់ពួកគេឡើងវិញ ហើយតែងតាំងព្រះរាជ្យរបស់ព្រះអង្គ។
កណ្ឌគម្ពីរដានីអែល មានលក្ខណៈប្រហាក់ប្រហែលនឹងកណ្ឌគម្ពីរវិវរណៈ ដែលនៅខាងចុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មីដែរ។ គោលដៅរបស់កណ្ឌគម្ពីរទាំងពីរនេះ គឺលើកទឹកចិត្តអ្នកជឿនៅគ្រប់ជំនាន់ឲ្យមានទឹកចិត្តក្លាហាន ពុះពារគ្រប់ឧបសគ្គ និងគ្រប់ស្ថានភាពដ៏លំបាកដែលគេត្រូវឆ្លងកាត់។
អត្ថបទបន្ថែមជាភាសាក្រិក
អ្នកបកប្រែគម្ពីរដាមីអែលជាភាសាក្រិក បានបន្ថែមអត្ថបទបី ដែលគ្មានចែងក្នុងគម្ពីរ ភាសាហេប្រឺ។
ចំពូក ៣ ជាពាក្យអធិដ្ឋាន ២ ដែលជនជាតិយូដាតែងតែសូត្រនៅក្នុងសាលាប្រជុំ (ធម្មសាលា) ហើយគេបញ្ចូលទុកជាពាក្យអធិដ្ឋានរបស់លោកអសារីយ៉ា និងមិត្តភក្តិរបស់លោកដានីអែល នៅពេលព្រះមហាក្សត្រទម្លាក់ក្នុងឡភ្លើង។
ចំពូក ១៣ និង១៤ គ្មានទំនាក់ទំនងជាមួយរឿងលោកដានីអែលទេ គឺគ្រាន់តែលើកតម្កើង លោកដានីអែលកាលនៅពីកុមារ ឬកាលនៅវ័យចាស់ លោកប្រព្រឹត្តការអស្ចារ្យ។
១
ព្រះជាម្ចាស់ការពារយុវជនដានីអែល និងមិត្តភក្ដិ
១ នៅឆ្នាំទីបីនៃរជ្ជកាលព្រះបាទយ៉ូយ៉ាគីម ជាស្តេចស្រុកយូដា ព្រះចៅនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន លើកទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡឹម។ ២ ព្រះអម្ចាស់បានប្រគល់ព្រះបាទយ៉ូយ៉ាគីមជាស្តេចស្រុកយូដា ព្រមទាំងប្រដាប់ប្រដាមួយចំនួនរបស់ព្រះវិហារ ទៅក្នុងកណ្ដាប់ដៃរបស់ព្រះចៅនេប៊ូកានេសារ។ ព្រះចៅនេប៊ូកានេសារបាននាំឈ្លើយសង្គ្រាមទៅស្រុកស៊ីណេអារ ហើយយកប្រដាប់ប្រដាទាំងនោះទៅទុកក្នុងវិហារនៃព្រះរបស់ខ្លួន។
៣ ព្រះមហាក្សត្របានបញ្ជាទៅលោកអាស្ពេណា ជានាយកក្រុមមហាតលិក ឲ្យនាំយុវជនខ្លះដែលជាប់ព្រះរាជវង្សរបស់ស្តេចអ៊ីស្រាអែល ឬជាកូនចៅរបស់ពួកអភិជនមក។ ៤ យុវជនទាំងនោះត្រូវមានរូបឆោមល្អឥតខ្ចោះ មានប្រាជ្ញាវាងវៃ ជាមនុស្សចេះដឹង មានចំណេះវិជ្ជាខ្ពង់ខ្ពស់មានកម្លាំងអាចបម្រើព្រះមហាក្សត្រ។ យុវជនទាំងនោះត្រូវទទួលការអប់រំផ្នែកអក្សរសាស្ត្រ និងភាសាខាល់ដេថែមទៀតផង។ ៥ ព្រះមហាក្សត្របញ្ជាគេឲ្យយកព្រះស្ងោយ និងស្រាមួយចំណែកទៅឲ្យយុវជនទាំងនោះ ជារៀងរាល់ថ្ងៃ ហើយបញ្ជាឲ្យពួកគេទទួលការអប់រំអស់រយៈពេលបីឆ្នាំ មុននឹងចូលទៅបម្រើស្តេច។ ៦ ក្នុងចំណោមយុវជនទាំងនោះ មានខ្លះជាជនជាតិយូដា គឺដានីអែល ហាណានីយ៉ា មីកាអែល និងអសារីយ៉ា។ ៧ លោកនាយកក្រុមមហាតលិកបានដាក់ឈ្មោះអ្នកទាំងបួនដូចតទៅ: ដានីអែលហៅថាបេលថាសារ ហាណានីយ៉ាហៅថាសាដ្រាក់ មីកាអែលហៅថាមេសាក់ និងអសារីយ៉ាហៅថាអបេដនេកូ។
៨ យុវជនដានីអែលប្ដេជ្ញាចិត្តមិនបរិភោគម្ហូបអាហារ និងស្រារបស់ព្រះមហាក្សត្រទេ ក្រែងនាំឲ្យគាត់ទៅជាមិនបរិសុទ្ធ គាត់សូមលោកនាយកក្រុមមហាតលិក កុំបង្ខំគាត់ឲ្យបរិភោគម្ហូបអាហារទាំងនោះ។ ៩ ព្រះជាម្ចាស់ប្រោសប្រទានឲ្យនាយកក្រុមមហាតលិក មានចិត្តអាណិតអាសូរដល់យុវជនដានីអែល។ ១០ លោកនាយកក្រុមមហាតលិកពោលទៅកាន់យុវជនដានីអែលថា៖ «ខ្ញុំខ្លាចព្រះករុណាជាម្ចាស់ណាស់ ដ្បិតព្រះអង្គបានតម្រូវឲ្យខ្ញុំយកម្ហូបអាហារ និងស្រាមកផ្គត់ផ្គង់ប្អូនៗ ប្រសិនបើព្រះករុណាទតឃើញមុខប្អូនៗស្គមជាងយុវជនឯទៀតៗ ដែលមានអាយុស្រករនឹងប្អូនៗនោះ ព្រះអង្គមុខជាដាក់ទោសប្រហារជីវិតខ្ញុំពុំខាន»។ ១១ យុវជនដានីអែលពោលទៅកាន់លោកម្នាក់ ដែលនាយកក្រុមមហាតលិកបានប្រគល់ភារកិច្ចមើលខុសត្រូវលើខ្លួនគាត់ ហាណានីយ៉ា មីកាអែល និងអសារីយ៉ាថា៖ ១២ «សូមលោកល្បងលមើលយើងខ្ញុំ ក្នុងរយៈពេលដប់ថ្ងៃចុះ! គឺសូមចែកតែបន្លែ និងទឹកឲ្យយើងខ្ញុំទទួលទានប៉ុណ្ណោះ។ ១៣ បន្ទាប់មក សូមលោកពិនិត្យមើលមុខយើងខ្ញុំ និងមុខយុវជនឯទៀតៗដែលបរិភោគព្រះស្ងោយរបស់ព្រះរាជា រួចសូមលោកប្រព្រឹត្តចំពោះយើងខ្ញុំតាមការយល់ឃើញរបស់លោកចុះ!»។ ១៤ លោកក៏យល់ព្រមតាមពាក្យសុំ ហើយល្បងលមើលយុវជនទាំងបួននោះអស់រយៈពេលដប់ថ្ងៃ។ ១៥ លុះដប់ថ្ងៃកន្លងផុតទៅ យុវជនទាំងបួននាក់មានមុខស្រស់ល្អ និងមានសាច់ថ្លាជាងពួកយុវជនដែលបានបរិភោគព្រះស្ងោយរបស់ស្តេចទៅទៀត។ ១៦ ចាប់ពីថ្ងៃនោះមក អ្នកទទួលខុសត្រូវលែងចែកម្ហូបអាហារ និងស្រារបស់ស្តេចឲ្យយុវជនទាំងបួនទៀតហើយ គឺចែកតែបន្លែ និងទឹកឲ្យពួកគេប៉ុណ្ណោះ។ ១៧ ព្រះជាម្ចាស់ប្រោសប្រទានឲ្យយុវជនទាំងបួននាក់នេះមានចំណេះវិជ្ជា ប៉ិនប្រសប់ខាងអក្សរសាស្ត្រ និងមានប្រាជ្ញាវាងវៃផង។ ម្យ៉ាងទៀតយុវជនដានីអែលចេះបកស្រាយនិមិត្តហេតុអស្ចារ្យ និងចេះកាត់សប្ដិដែរ។
១៨ លុះដល់ពេលព្រះរាជាកំណត់ឲ្យនាំពួកយុវជនទៅថ្វាយ លោកនាយកក្រុមមហាតលិកក៏នាំយុវជនទាំងនោះ ចូលទៅគាល់ព្រះចៅនេប៊ូកានេសារ។ ១៩ ព្រះមហាក្សត្របានសន្ទនាជាមួយយុវជនទាំងនោះ ហើយក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចផ្ទឹមស្មើនឹងដានីអែល ហាណានីយ៉ា មីកាអែល និងអសារីយ៉ាឡើយ។ ព្រះមហាក្សត្រក៏ទទួលយុវជនទាំងបួនឲ្យធ្វើជាព្រះរាជបម្រើ។ ២០ ពេលស្តេចសាកសួរអំពីរឿងអ្វីៗទាំងអស់ ដែលត្រូវការតម្រិះ និងប្រាជ្ញាដ៏ជ្រៅជ្រះ យុវជនទាំងបួននាក់ពូកែជាងគ្រូមន្តអាគម និងហោរាទាំងឡាយក្នុងព្រះរាជាណាចក្រទាំងមូលដប់ដងទៅទៀត។ ២១ លោកដានីអែលរស់នៅក្នុងរាជវាំង រហូតដល់ឆ្នាំទីមួយនៃរជ្ជកាលរបស់ព្រះចៅស៊ីរូស។
២
សុបិននិមិត្តរបស់ព្រះចៅនេប៊ូកានេសារ
១ នៅឆ្នាំទីពីរនៃរជ្ជកាលព្រះចៅនេប៊ូកានេសារ ព្រះអង្គបានយល់សុបិននិមិត្ត ដែលធ្វើឲ្យព្រះអង្គខ្វល់ព្រះហឫទ័យ មិនអាចផ្ទំលក់ទៀតបានឡើយ។ ២ ព្រះមហាក្សត្របានកោះហៅពួកគ្រូមន្តអាគម ហោរា គ្រូធ្មប់ និងគ្រូទាយមក ដើម្បីកាត់ស្រាយសុបិនថ្វាយព្រះរាជា គេក៏នាំគ្នាចូលមកគាល់ស្តេច។ ៣ ព្រះមហាក្សត្រមានរាជឱង្ការថា៖ «យើងបានសុបិននិមិត្ត ហើយខ្វល់ខ្វាយក្នុងចិត្តណាស់ ព្រោះយើងចង់ដឹងថាបានសុបិនឃើញអ្វី»។ ៤ ពួកគ្រូទាយទូលស្តេចវិញជាភាសាអារ៉ាមថា៖ «បពិត្រព្រះរាជា សូមព្រះអង្គមានព្រះជន្មគង់នៅជាយូរអង្វែងតរៀងទៅ! សូមព្រះករុណាមានរាជឱង្ការឲ្យយើងខ្ញុំដឹងផងថាព្រះករុណាព្រះអង្គសុបិនយ៉ាងណា យើងខ្ញុំនឹងកាត់ស្រាយអត្ថន័យថ្វាយ»។ ៥ ព្រះមហាក្សត្រមានរាជឱង្ការទៅកាន់គ្រូទាយទាំងនោះវិញថា៖ «យើងបានសម្រេចចិត្តដូចតទៅ: ប្រសិនបើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងអំពីសុបិន ព្រមទាំងកាត់ស្រាយអត្ថន័យទេនោះ យើងនឹងកាប់ចិញ្ច្រាំអ្នករាល់គ្នា ហើយដុតផ្ទះអ្នករាល់គ្នាឲ្យទៅជាផេះទៀតផង។ ៦ ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាប្រាប់ឲ្យយើងដឹងអំពីសុបិន ព្រមទាំងកាត់ស្រាយន័យ យើងនឹងឲ្យរង្វាន់ដ៏មានតម្លៃ និងយសស័ក្តិដ៏ខ្ពង់ខ្ពស់ដល់អ្នករាល់គ្នាទៀតផង។ ដូច្នេះ អ្នករាល់គ្នាត្រូវតែប្រាប់ឲ្យយើងដឹងអំពីសុបិន និងអត្ថន័យរបស់វា»។ ៧ ពួកគេទូលព្រះមហាក្សត្រសាជាថ្មីថា៖ «សូមព្រះករុណាប្រាប់យើងខ្ញុំឲ្យដឹងពីសុបិននោះមក យើងខ្ញុំនឹងកាត់ស្រាយអត្ថន័យថ្វាយ»។ ៨ ព្រះមហាក្សត្រមានរាជឱង្ការទៅពួកគេវិញថា៖ «យើងដឹងច្បាស់ណាស់ថា អ្នករាល់គ្នាចង់ពន្យារពេល ព្រោះតែយើងបានសម្រេចដូច្នេះ ៩ គឺប្រសិនបើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងអំពីសុបិននេះទេ យើងនឹងធ្វើទោសអ្នករាល់គ្នាមិនខាន។ អ្នករាល់គ្នាបានឃុបឃិតគ្នា ប្រឌិតរឿងក្លែងក្លាយបញ្ឆោតយើង ដើម្បីឲ្យបានចំណេញពេល។ ឥឡូវនេះ ត្រូវប្រាប់ឲ្យយើងដឹងអំពីសុបិនមក នោះយើងនឹងឃើញថា អ្នករាល់គ្នាពិតជាអាចបកស្រាយអត្ថន័យប្រាប់យើងមែន!»។ ១០ គ្រូទាយទាំងនោះទូលព្រះមហាក្សត្រថា៖ «បពិត្រព្រះរាជា នៅលើផែនដី ពុំមាននរណាម្នាក់អាចធ្វើតាមបញ្ជារបស់ព្រះករុណាបានឡើយ។ គ្មានស្តេចណាមួយ ទោះបីជាស្តេចដ៏ធំឧត្តុង្គឧត្ដម និងមានឫទ្ធិអំណាចយ៉ាងណាក្តី ធ្លាប់បង្ខំគ្រូមន្តអាគម ហោរា និងគ្រូទាយឲ្យធ្វើការអ្វីដូចព្រះករុណាបានបង្គាប់នេះទេ។ ១១ ព្រះករុណាបញ្ជាដូច្នេះហួសពីសមត្ថភាពដែលមនុស្សអាចធ្វើបាន ក្រៅពីព្រះដែលមិនស្ថិតនៅក្នុងចំណោមសត្វលោកនេះ គ្មាននរណាម្នាក់អាចធ្វើតាមបញ្ជារបស់ព្រះករុណាបានទេ»។
១២ ពេលឮដូច្នេះ ព្រះរាជាក្រេវក្រោធយ៉ាងខ្លាំងឥតឧបមា ព្រះអង្គក៏ចេញបញ្ជាឲ្យគេប្រហារជីវិតអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកបាប៊ីឡូន។ ១៣ គេបានប្រកាសផ្សាយរាជបញ្ជា ហើយពួកអ្នកប្រាជ្ញត្រូវគេនាំយកទៅ បម្រុងនឹងប្រហារជីវិត។ គេក៏រកចាប់លោកដានីអែល និងមិត្តភក្ដិរបស់លោកយកទៅសម្លាប់ដែរ។
ព្រះជាម្ចាស់បំភ្លឺលោកដានីអែលឲ្យដឹងអំពីសុបិននិមិត្ត និងអត្ថន័យ
១៤ លោកអរីយ៉ូក ជាមេបញ្ជាការកងរក្សាព្រះមហាក្សត្រ ទទួលបន្ទុកចាប់អ្នកប្រាជ្ញស្រុកបាប៊ីឡូនយកទៅប្រហារជីវិត។ ពេលនោះ លោកដានីអែលបានសាកសួរដោយប្រុងប្រយ័ត្ន និងវាងវៃថា៖ ១៥ «ហេតុដូចម្ដេចបានជាព្រះមហាក្សត្រចេញបញ្ជាតឹងរ៉ឹងបែបនេះ?»។ លោកអរីយ៉ូកក៏រៀបរាប់រឿងហេតុប្រាប់លោកដានីអែល។
១៦ លោកដានីអែលទៅគាល់ព្រះរាជា ទូលសូមពន្យារពេល ដើម្បីទុកឲ្យលោកពន្យល់អត្ថន័យនៃសុបិនថ្វាយ។ ១៧ បន្ទាប់មក លោកទៅផ្ទះវិញ ជម្រាបលោកហាណានីយ៉ា លោកមីកាអែល និងលោកអសារីយ៉ាជាមិត្តភក្ដិឲ្យបានជ្រាបពីហេតុការណ៍នេះ ១៨ ហើយបបួលគ្នាទូលអង្វរព្រះជាម្ចាស់នៃស្ថានបរមសុខ សូមព្រះអង្គអាណិតមេត្តាបំភ្លឺលោកឲ្យយល់អាថ៌កំបាំងនេះ កុំឲ្យគេប្រហារជីវិតលោក និងមិត្តភក្ដិ ព្រមទាំងអ្នកប្រាជ្ញឯទៀតៗនៅស្រុកបាប៊ីឡូនឡើយ។
១៩ ពេលនោះ ព្រះជាម្ចាស់បានបំភ្លឺលោកដានីអែលឲ្យដឹងការអាថ៌កំបាំងនេះ តាមរយៈនិមិត្តហេតុដ៏អស្ចារ្យនៅពេលយប់។ លោកដានីអែលក៏លើកតម្កើងព្រះជាម្ចាស់នៃស្ថានបរមសុខ*។ ២០ លោកពោលថា៖
«សូមលើកតម្កើងព្រះនាមព្រះជាម្ចាស់
អស់កល្បជាអង្វែងតរៀងទៅ!
២១ ព្រះអង្គប្រកបដោយព្រះប្រាជ្ញាញាណ
និងព្រះចេស្ដា
ព្រះអង្គធ្វើឲ្យពេលវេលា
និងរដូវកាលផ្លាស់ប្ដូរជាបន្តបន្ទាប់គ្នា
ព្រះអង្គទម្លាក់ស្តេចនានាពីរាជបល្ល័ង្ក
ព្រះអង្គលើកស្តេចនានាឲ្យឡើងគ្រងរាជ្យ
ព្រះអង្គប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ
និងប្រទានចំណេះដល់អ្នកដែលចេះពិចារណា
២២ ព្រះអង្គសម្ដែងឲ្យស្គាល់អ្វីៗ
ដែលមានអត្ថន័យជ្រៅជ្រះ និងលាក់កំបាំង
ព្រះអង្គឈ្វេងយល់អ្វីៗដែលស្ថិតនៅក្នុង
ភាពងងឹត
ដ្បិតមានពន្លឺស្ថិតនៅជាមួយព្រះអង្គ។
២៣ បពិត្រព្រះនៃបុព្វបុរសរបស់ទូលបង្គំ
ទូលបង្គំសូមសរសើរ និងលើកតម្កើងព្រះអង្គ
ព្រោះព្រះអង្គប្រទានប្រាជ្ញា
និងកម្លាំងមកទូលបង្គំ។
ព្រះអង្គបានសម្ដែងឲ្យទូលបង្គំស្គាល់នូវអ្វីៗ
ដែលយើងខ្ញុំទូលសូមព្រះអង្គ
ហើយព្រះអង្គក៏បានសម្ដែងឲ្យយើងដឹង
អំពីហេតុការណ៍ដែលនឹងកើតមានដល់
ព្រះរាជាដែរ»។
២៤ បន្ទាប់មក លោកដានីអែលទៅជួបលោកអរីយ៉ូក ដែលទទួលបញ្ជាពីស្តេចក្នុងការប្រហារជីវិតពួកអ្នកប្រាជ្ញនៅស្រុកបាប៊ីឡូន។ លោកប្រាប់គាត់ថា៖ «សូមកុំប្រហារជីវិតអ្នកប្រាជ្ញរបស់ស្រុកបាប៊ីឡូនឡើយ តែសូមនាំខ្ញុំចូលទៅគាល់ព្រះករុណាវិញ ខ្ញុំនឹងកាត់ស្រាយអត្ថន័យសុបិនថ្វាយ»។ ២៥ លោកអរីយ៉ូកក៏ប្រញាប់ប្រញាល់នាំលោកដានីអែលទៅគាល់ព្រះមហាក្សត្រ ហើយទូលថា៖ «ទូលបង្គំរកបានបុរសម្នាក់ ក្នុងចំណោមជនជាតិយូដាដែលព្រះអង្គជន្លៀសយកមក គាត់អាចកាត់ស្រាយអត្ថន័យនៃសុបិនថ្វាយព្រះករុណាបាន»។
សុបិនរបស់ស្តេចអំពីរូបចម្លាក់ដែលមានក្បាលជាមាស
២៦ ព្រះរាជាមានរាជឱង្ការមកកាន់លោកដានីអែល ហៅបេលថាសារថា៖ «តើលោកពិតជាអាចធ្វើឲ្យយើងនឹកឃើញសុបិនដែលយើងបាននិមិត្ត ព្រមទាំងកាត់ស្រាយអត្ថន័យបានមែនឬ?»។ ២៧ លោកដានីអែលទូលព្រះរាជាវិញថា៖ «អាថ៌កំបាំងដែលព្រះករុណាចង់ដឹងនោះ គ្មានអ្នកប្រាជ្ញ ហោរា គ្រូមន្តអាគម ឬគ្រូទាយណាអាចទូលថ្វាយព្រះករុណាបានទេ។ ២៨ ប៉ុន្តែ នៅស្ថានបរមសុខមានព្រះមួយអង្គ ដែលសម្ដែងគម្រោងការដ៏លាក់កំបាំងផ្សេងៗ ហើយព្រះអង្គប្រោសប្រទានឲ្យព្រះករុណា នេប៊ូកានេសារ ជ្រាបអំពីហេតុការណ៍ដែលនឹងកើតមាននៅអនាគតកាល។ សូមព្រះអង្គព្រះសណ្ដាប់អំពីសុបិន និងនិមិត្តហេតុដ៏អស្ចារ្យ ដែលព្រះករុណាបានឃើញនៅពេលផ្ទំ ដូចតទៅ:
២៩ បពិត្រព្រះរាជា ពេលព្រះអង្គផ្ទំ ព្រលឹងរបស់ព្រះរាជាបានឃើញហេតុការណ៍ដែលនឹងកើតមាននៅពេលខាងមុខ។ ព្រះដែលសម្ដែងគម្រោងការដ៏លាក់កំបាំង សព្វព្រះហឫទ័យឲ្យព្រះករុណាជ្រាបអំពីការដែលនឹងកើតមាននៅអនាគត។ ៣០ ព្រះជាម្ចាស់បានសម្ដែងឲ្យទូលបង្គំស្គាល់គម្រោងការដ៏លាក់កំបាំងដូច្នេះ មិនមែនមកពីទូលបង្គំមានប្រាជ្ញាលើសមនុស្សទាំងអស់ទេ គឺព្រះអង្គសព្វព្រះហឫទ័យឲ្យទូលបង្គំពន្យល់អត្ថន័យថ្វាយព្រះករុណា ហើយឲ្យព្រះករុណាជ្រាបពីគំនិត ដែលស្ថិតនៅក្នុងព្រះហឫទ័យរបស់ព្រះករុណាផ្ទាល់។
៣១ បពិត្រព្រះរាជា ក្នុងសុបិននិមិត្ត ព្រះអង្គឃើញរូបបដិមាមួយ ដែលមានទំហំយ៉ាងធំពន់ពេកក្រៃ ហើយថ្កុំថ្កើងរុងរឿងអស្ចារ្យណាស់។ រូបនោះឈរនៅមុខព្រះករុណា និងមានសភាពគួរឲ្យស្ញែងខ្លាច។ ៣២ ក្បាលរបស់រូបនោះធ្វើពីមាសសុទ្ធ ទ្រូង និងដៃធ្វើពីប្រាក់ ពោះ និងភ្លៅធ្វើពីលង្ហិន ៣៣ ជើងទាំងពីរធ្វើពីដែក ហើយប្រអប់ជើងទាំងពីរមានមួយផ្នែកធ្វើពីដែក និងមួយផ្នែកទៀតធ្វើពីដីឥដ្ឋ។ ៣៤ ពេលព្រះករុណាកំពុងតែទតមើលនោះ ស្រាប់តែមានថ្មមួយដុំធ្លាក់ចុះមកដោយឯកឯង ហើយទង្គិចនឹងប្រអប់ជើងដែលធ្វើពីដែក និងដីឥដ្ឋ ធ្វើឲ្យប្រអប់ជើងរបស់រូបបដិមាបាក់បែកខ្ទេចខ្ទីអស់។ ៣៥ ពេលនោះ ដែក ដីឥដ្ឋ លង្ហិន ប្រាក់ និងមាស ក៏បាក់បែកខ្ទេចខ្ទីក្លាយទៅជាធូលីដែលត្រូវខ្យល់ផាត់បាត់ទៅ ដូចសម្ដីនៅក្នុងលានបោកបែនស្រូវដែរ គឺឥតទុកស្នាមអ្វីសោះឡើយ។ រីឯដុំថ្មដែលទង្គិចនឹងរូបបដិមានោះ បានក្លាយទៅជាភ្នំមួយយ៉ាងធំ ពេញផែនដីទាំងមូល។
៣៦ នេះហើយសុបិនរបស់ព្រះករុណា ដែលយើងខ្ញុំសូមកាត់ស្រាយថ្វាយដូចតទៅ:
៣៧ បពិត្រព្រះរាជា ព្រះអង្គជាព្រះមហាក្សត្រលើព្រះមហាក្សត្រនានា ដ្បិតព្រះជាម្ចាស់នៃស្ថានបរមសុខបានប្រទានរាជសម្បត្តិ ឫទ្ធានុភាព ចេស្ដា និងសិរីរុងរឿង មកព្រះករុណា។ ៣៨ ព្រះអង្គបានប្រទានមនុស្សលោក សត្វព្រៃ និងបក្សាបក្សីនៅលើមេឃ មកក្នុងព្រះហស្ដព្រះករុណា ឲ្យព្រះករុណាគ្រប់គ្រងលើទាំងអស់ ទោះបីនៅទីណាក៏ដោយ។ ព្រះករុណានេះហើយជាក្បាលរូបបដិមាធ្វើពីមាស។ ៣៩ បន្ទាប់ពីព្រះករុណានឹងមានរាជាណាចក្រមួយទៀតកើតឡើង ប៉ុន្តែ ខ្សោយជាងរាជាណាចក្ររបស់ព្រះករុណា។ ក្រោយមក មានរាជាណាចក្រទីបី គឺលង្ហិនគ្រប់គ្រងលើពិភពលោកទាំងមូល។ ៤០ លុះក្រោយមកទៀត មានរាជាណាចក្រទីបួនរឹងមាំដូចដែក។ ដែកកម្ទេច ហើយបំបាក់អ្វីៗទាំងអស់យ៉ាងណា រាជាណាចក្រនោះនឹងកម្ទេច ហើយបំបែកអ្វីៗទាំងអស់យ៉ាងនោះដែរ។ ៤១ ព្រះករុណាបានទតឃើញប្រអប់ជើង និងម្រាមជើង ដែលមួយផ្នែកធ្វើអំពីដីឥដ្ឋរបស់ជាងស្មូន និងមួយផ្នែកទៀតធ្វើអំពីដែក គឺសំដៅទៅលើរាជាណាចក្រនោះដែលនឹងត្រូវបែងចែកជាពីរ ប៉ុន្តែ រាជាណាចក្រនោះមានមួយផ្នែករឹងមាំដូចដែក ដ្បិតព្រះករុណាបានឃើញដែកជាប់ជាមួយដីឥដ្ឋ។ ៤២ ម្រាមជើងរបស់រូបបដិមាមានមួយផ្នែកធ្វើពីដែក និងមួយផ្នែកទៀតធ្វើពីដីឥដ្ឋ បានសេចក្ដីថា រាជាណាចក្រនោះនឹងមានឫទ្ធិអំណាចមួយផ្នែក ហើយក៏ខ្សោយមួយផ្នែកដែរ។ ៤៣ ព្រះករុណាទតឃើញដែកជាប់ជាមួយដីឥដ្ឋ ព្រោះរាជាណាចក្រនោះតភ្ជាប់គ្នា ដោយសារចំណងស្ពានមេត្រីរបស់មនុស្ស តែគេមិនរលាយចូលគ្នាទេ គឺដូចដែក និងដីឥដ្ឋ ពុំអាចរលាយចូលគ្នាបានឡើយ។
៤៤ ក្នុងរជ្ជកាលរបស់ស្តេចទាំងនោះ ព្រះជាម្ចាស់នៃស្ថានបរមសុខនឹងធ្វើឲ្យរាជាណាចក្រមួយទៀតកើតឡើង ដែលមិនរលាយ ហើយក៏មិនធ្លាក់ទៅក្រោមអំណាចគ្រប់គ្រងរបស់ប្រជាជាតិណាមួយឡើយ។ រាជាណាចក្រមួយនេះនឹងកម្ទេចរាជាណាចក្រឯទៀតៗទាំងប៉ុន្មាន ដែលមានពីមុនឲ្យវិនាសសូន្យ ហើយរាជាណាចក្រនេះនឹងនៅស្ថិតស្ថេររហូតតទៅ ៤៥ ដូចព្រះករុណាបានឃើញថ្មធ្លាក់ចុះពីលើភ្នំ ដោយឯកឯង កម្ទេចដែកលង្ហិនដីឥដ្ឋ និងមាសដែរ។ ព្រះជាម្ចាស់ដ៏ឧត្ដមបានបង្ហាញឲ្យព្រះករុណាជ្រាបអំពីហេតុការណ៍ ដែលនឹងកើតមាននៅពេលខាងមុខ។ សុបិនរបស់ព្រះករុណាជាការពិត និងមានអត្ថន័យគួរឲ្យជឿទុកចិត្ត»។
៤៦ ពេលនោះ ព្រះចៅនេប៊ូកានេសារក្រាបចុះ ឱនព្រះភ័ក្ត្រដល់ដី ថ្វាយបង្គំលោកដានីអែល ហើយបញ្ជាឲ្យគេធ្វើយញ្ញបូជា និងដុតគ្រឿងក្រអូប ដើម្បីគោរពលោក។ ៤៧ ព្រះរាជាមានរាជឱង្ការមកលោកដានីអែលថា៖ «ព្រះរបស់អស់លោកពិតជាព្រះលើព្រះនានា និងជាព្រះអម្ចាស់លើព្រះអម្ចាស់នានាមែន! មានតែព្រះអង្គទេដែលសម្ដែងគម្រោងការដ៏លាក់កំបាំងទាំងឡាយ ហេតុនេះហើយបានជាលោករកឃើញគម្រោងការដ៏លាក់កំបាំងនេះ»។ ៤៨ បន្ទាប់មក ព្រះរាជាបានលើកតម្កើងលោកដានីអែល ព្រមទាំងប្រទានរង្វាន់ដ៏មានតម្លៃយ៉ាងច្រើនដល់លោក។ ស្តេចក៏ប្រទានឲ្យលោកត្រួតត្រាលើអាណាខេត្តបាប៊ីឡូនទាំងមូល និងឲ្យលោកធ្វើជាប្រមុខលើពួកអ្នកប្រាជ្ញទាំងអស់នៅស្រុកបាប៊ីឡូន។ ៤៩ លោកដានីអែលទូលអង្វរស្តេច សូមព្រះអង្គប្រទានឲ្យលោកសាដ្រាក់ លោកមេសាក់ និងលោកអបេដនេកូ គ្រប់គ្រងលើអាណាខេត្តបាប៊ីឡូន ហើយខ្លួនលោកផ្ទាល់នៅបម្រើព្រះមហាក្សត្រក្នុងព្រះបរមរាជវាំង។
៣
ស្តេចចេញបញ្ជាឲ្យថ្វាយបង្គំរូបបដិមា
១ ព្រះចៅនេប៊ូកានេសារបានកសាងរូបបដិមាមួយពីមាស មានកម្ពស់ហុកសិបហត្ថ និងទទឹងប្រាំមួយហត្ថ។ ស្តេចដំឡើងរូបនោះនៅវាលទំនាបឌូរ៉ា ក្នុងអាណាខេត្តបាប៊ីឡូន។ ២ ព្រះចៅនេប៊ូកានេសារចាត់គេឲ្យទៅប្រមូលមេទ័ព មន្ត្រីរដ្ឋបាល ចៅហ្វាយខេត្ត មន្ត្រីតុលាការ មន្ត្រីរក្សាព្រះរាជទ្រព្យ ព្រះរាជអាជ្ញា ចៅក្រម និងនាម៉ឺនសព្វមុខមន្ត្រីនៅតាមអាណាខេត្តនានា មកចូលរួមក្នុងពិធីសម្ពោធរូបបដិមាដែលស្តេចបានកសាង។ ៣ ពេលនោះ ពួកមេទ័ព មន្ត្រីរដ្ឋបាល ចៅហ្វាយខេត្ត មន្ត្រីតុលាការ មន្ត្រីរក្សាព្រះរាជទ្រព្យ ព្រះរាជអាជ្ញា ចៅក្រម និងនាម៉ឺនសព្វមុខមន្ត្រីនៅតាមអាណាខេត្តនានាក៏មកជួបជុំគ្នា ដើម្បីប្រារព្ធពិធីសម្ពោធរូបបដិមា ដោយនាំគ្នាឈរនៅមុខរូបដែលស្តេចនេប៊ូកានេសារបានកសាងនោះ។ ៤ មានអាមាត្យម្នាក់ស្រែកឡើងយ៉ាងខ្លាំងៗថា៖ «ប្រជាជនទាំងឡាយ ជាតិសាសន៍ទាំងឡាយ និងមនុស្សគ្រប់ភាសាអើយ! ចូរស្ដាប់រាជបញ្ជា! ៥ ពេលណាអ្នករាល់គ្នាឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និងតន្ដ្រីគ្រប់យ៉ាង ត្រូវនាំគ្នាឱនកាយក្រាបថ្វាយបង្គំរូបចម្លាក់មាស ដែលព្រះករុណានេប៊ូកានេសារបានកសាង។ ៦ អ្នកណាមិនក្រាបថ្វាយបង្គំ អ្នកនោះនឹងត្រូវបោះភ្លាមៗទៅក្នុងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ»។ ៧ ហេតុនេះ ពេលបានឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី និងតន្ដ្រីគ្រប់យ៉ាង ប្រជាជនទាំងឡាយ ជាតិសាសន៍ទាំងឡាយ និងមនុស្សគ្រប់ភាសា ឱនកាយក្រាបថ្វាយបង្គំរូបបដិមាមាសដែលព្រះចៅនេប៊ូកានេសារបានកសាង។
មិត្តភក្ដិលោកដានីអែលបដិសេធថ្វាយបង្គំរូបបដិមា
៨ នៅក្នុងពេលជាមួយគ្នានោះ មានជនជាតិខាល់ដេខ្លះនាំគ្នាចូលទៅប្ដឹង ដើម្បីចោទប្រកាន់ជនជាតិយូដា។ ៩ ពួកគេទូលព្រះចៅនេប៊ូកានេសារថា៖ «បពិត្រព្រះរាជាសូមព្រះអង្គមានព្រះជន្មគង់នៅជាអង្វែងតរៀងទៅ! ១០ បពិត្រព្រះករុណា ព្រះអង្គបានចេញបញ្ជាឲ្យមនុស្សទាំងអស់ឱនកាយក្រាបថ្វាយបង្គំរូបបដិមាមាស នៅពេលគេឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និងតន្ដ្រីគ្រប់យ៉ាង។ ១១ តាមបញ្ជានេះ អ្នកណាមិនឱនកាយក្រាបថ្វាយបង្គំទេ អ្នកនោះនឹងត្រូវបោះទៅក្នុងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។ ១២ បពិត្រព្រះករុណា មានជនជាតិយូដាខ្លះដែលព្រះអង្គតែងតាំងឲ្យគ្រប់គ្រងលើអាណាខេត្តបាប៊ីឡូន គឺលោកសាដ្រាក់ លោកមេសាក់ និងលោកអបេដនេកូ ពុំបានគោរពតាមរាជបញ្ជាទេ។ អ្នកទាំងនោះមិនគោរពបម្រើព្រះរបស់ព្រះករុណា ហើយក៏មិនក្រាបថ្វាយបង្គំរូបបដិមាដែលព្រះករុណាបានកសាងនោះដែរ»។
១៣ ពេលនោះ ព្រះចៅនេប៊ូកានេសារព្រះអង្គខ្ញាល់ ហើយក្ដៅក្រហាយជាខ្លាំង ស្តេចក៏ចេញបញ្ជាឲ្យគេនាំលោកសាដ្រាក់ លោកមេសាក់ និងលោកអបេដនេកូមក។ គេក៏នាំលោកទាំងបីមកគាល់ស្តេច។ ១៤ ព្រះចៅនេប៊ូកានេសារមានព្រះរាជឱង្ការទៅកាន់លោកទាំងបីថា៖ «សាដ្រាក់ មេសាក់ និងអបេដនេកូ អស់លោកពិតជាមិនគោរពបម្រើព្រះរបស់យើង ហើយមិនព្រមក្រាបថ្វាយបង្គំរូបបដិមាមាស ដែលយើងបានកសាងមែនឬ? ១៥ ឥឡូវនេះ ចូរប្រុងប្រៀបខ្លួនទៅ! ពេលអស់លោកឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និងតន្ដ្រីគ្រប់យ៉ាង អស់លោកត្រូវតែឱនកាយក្រាបថ្វាយបង្គំរូបបដិមាដែលយើងបានកសាងនេះ ប្រសិនបើអស់លោកមិនក្រាបថ្វាយបង្គំទេ យើងនឹងឲ្យគេបោះអស់លោកភ្លាមទៅក្នុងភ្លើង ដែលឆេះយ៉ាងសន្ធោសន្ធៅ គ្មានព្រះណាអាចជួយអស់លោកឲ្យរួចពីកណ្ដាប់ដៃរបស់យើងបានឡើយ!»។
១៦ លោកសាដ្រាក់ លោកមេសាក់ និងលោកអបេដនេកូ ទូលព្រះចៅនេប៊ូកានេសារវិញថា៖ «ទូលបង្គំយើងខ្ញុំមិនបាច់ឆ្លើយនឹងព្រះករុណាអំពីរឿងនេះទេ។ ១៧ បពិត្រព្រះរាជា ព្រះដែលទូលបង្គំយើងខ្ញុំគោរពបម្រើ ពិតជាអាចរំដោះទូលបង្គំយើងខ្ញុំ គឺព្រះអង្គនឹងរំដោះយើងខ្ញុំឲ្យរួចពីភ្លើងដ៏សន្ធោសន្ធៅ និងឲ្យយើងខ្ញុំ រួចពីព្រះហស្ដរបស់ព្រះករុណាជាមិនខាន។ ១៨ ទោះបីព្រះអង្គមិនរំដោះយើងខ្ញុំក្តី សូមព្រះករុណាជ្រាបឲ្យបានច្បាស់ថា ទូលបង្គំយើងខ្ញុំមិនព្រមគោរពបម្រើព្រះទាំងប៉ុន្មានរបស់ព្រះករុណាឡើយ ហើយយើងខ្ញុំក៏មិនព្រមក្រាបថ្វាយបង្គំរូបបដិមាមាសដែលព្រះករុណាបានកសាងនេះដែរ»។ ១៩ ពេលនោះ ព្រះចៅនេប៊ូកានេសារព្រះអង្គខ្ញាល់នឹងលោកសាដ្រាក់ លោកមេសាក់ និងលោកអបេដនេកូយ៉ាងខ្លាំង ព្រះភ័ក្ត្ររបស់ស្តេចបានផ្លាស់ប្រែ។ ព្រះអង្គក៏បញ្ជាឲ្យគេដុតឡភ្លើងឲ្យក្ដៅជាងធម្មតាប្រាំពីរដង ២០ រួចបញ្ជាទាហានខ្លះដែលមានកម្លាំងខ្លាំងក្លាឲ្យចាប់ចងលោកសាដ្រាក់ លោកមេសាក់ និងលោកអបេដនេកូ ទម្លាក់ទៅក្នុងឡភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។ ២១ គេចងលោកទាំងបី ដោយទុកសម្លៀកបំពាក់ ទាំងក្នុងទាំងក្រៅជាប់នឹងខ្លួន និងឆ្នួតផង រួចបោះទៅក្នុងឡភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ ២២ ដោយសាររាជបញ្ជាដ៏តឹងតែង គេបានដុតភ្លើងយ៉ាងក្ដៅបំផុត រហូតដល់ធ្វើឲ្យទាហានដែលចាប់លោកសាដ្រាក់ លោកមេសាក់ និងលោកអបេដនេកូ បោះទៅក្នុងភ្លើងនោះត្រូវស្លាប់។ ២៣ ពេលនោះ លោកទាំងបី គឺសាដ្រាក់ មេសាក់ និងអបេដនេកូ ធ្លាក់ទៅក្នុងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។
ក
ពាក្យអង្វររបស់លោកអសារីយ៉ា
១ ២៤យុវជនទាំងបីនាក់ គឺជាលោកហាណានីយ៉ា លោកអាសារីយ៉ា និងលោកមីកាអែល នាំគ្នាដើរក្នុងភ្លើង ដោយច្រៀងបទលើកតម្កើងព្រះជាម្ចាស់។ ២ ២៥លោកអសារីយ៉ាឈរនៅកណ្ដាលភ្នក់ភ្លើង ហើយថ្លែងថា៖ ៣ ២៦ «បពិត្រព្រះជាអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់យើងខ្ញុំ យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ។ សូមឲ្យមនុស្សលោកលើកតម្កើងព្រះនាមរបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ ៤ ២៧ ដ្បិតព្រះអង្គប្រព្រឹត្តចំពោះយើងខ្ញុំ ដោយព្រះហឫទ័យសុចរិត អ្វីៗដែលព្រះអង្គប្រព្រឹត្តសុទ្ធតែត្រឹមត្រូវ។ មាគ៌ារបស់ព្រះអង្គទៀងត្រង់ ព្រះអង្គធ្លាប់វិនិច្ឆ័យសេចក្ដីទាំងអស់ដោយយុត្តិធម៌។ ៥ ២៨ ព្រះអង្គដាក់ទោសយើងខ្ញុំ និងក្រុងយេរូសាឡឹម ជាក្រុងដ៏វិសុទ្ធនៃបុព្វបុរសយើងខ្ញុំ ពិតជាត្រឹមត្រូវមែន គឺព្រះអង្គបានដាក់ទោសយើងខ្ញុំដោយយុត្តិធម៌ ព្រោះតែអំពើបាបរបស់យើងខ្ញុំ។ ៦ ២៩ យើងខ្ញុំបានប្រព្រឹត្តអំពើបាប ហើយមិនគោរពប្រណិប័តន៍ព្រះអង្គរហូតដល់ឃ្លាតចាកពីព្រះអង្គ យើងខ្ញុំនៅតែធ្វើខុសគ្រប់បែបយ៉ាង។ ៧ ៣០ យើងខ្ញុំមិនបានស្ដាប់តាមព្រះអង្គ យើងខ្ញុំមិនកាន់ ហើយក៏មិនអនុវត្តតាមសេចក្តីដែលព្រះអង្គបានបញ្ជា ដើម្បីឲ្យយើងខ្ញុំបានសេចក្តីសុខសាន្ត។ ៨ ៣១ ព្រះអង្គបានដាក់ទោសយើងខ្ញុំដូច្នេះ ពិតជាត្រឹមត្រូវមែន ព្រះអង្គបានដាក់ទោសយើងខ្ញុំដោយយុត្តិធម៌។ ៩ ៣២ ព្រះអង្គបានប្រគល់យើងខ្ញុំ ទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងសត្រូវដែលជាជនពាលគួរឲ្យស្អប់ ជាជនបះបោរប្រឆាំងនឹងព្រះអង្គ។ ព្រះអង្គបានដាក់ទោសយើងខ្ញុំ ឲ្យស្ថិតនៅក្រោមអំណាចរបស់ស្តេចទុច្ចរិត ជាស្តេចអាក្រក់ជាងគេនៅលើផែនដីទាំងមូល។ ១០ ៣៣ ឥឡូវនេះ យើងខ្ញុំជាអ្នកបម្រើ និងអ្នកថ្វាយបង្គំព្រះអង្គ យើងខ្ញុំគ្មានសិទ្ធិនិយាយឡើយ យើងខ្ញុំត្រូវអាម៉ាស់ និងត្រូវគេត្មះតិះដៀល។ ១១ ៣៤ បពិត្រព្រះអម្ចាស់ សូមនឹកគិតដល់ព្រះនាមព្រះអង្គ ហើយសូមកុំបោះបង់ចោលយើងខ្ញុំ ជារៀងរហូតឡើយ សូមកុំផ្តាច់សម្ពន្ធមេត្រីរបស់ព្រះអង្គ។ ១២ ៣៥ សូមកុំដកសេចក្តីមេត្តាករុណារបស់យើងខ្ញុំ ព្រោះតែលោកអាប្រាហាំ ជាមិត្តសម្លាញ់របស់ព្រះអង្គ លោកអ៊ីសាកជាអ្នកបម្រើរបស់ព្រះអង្គ និងលោកអ៊ីស្រាអែលជាអ្នកដ៏វិសុទ្ធរបស់ព្រះអង្គ។ ១៣ ៣៦ កាលពីដើម ព្រះអង្គមានព្រះបន្ទូលសន្យានឹងលោកទាំងបីនោះថា ព្រះអង្គនឹងប្រទានឲ្យលោកមានកូនចៅដ៏ច្រើនឥតគណនា ដូចចំនួនផ្កាយនៅលើមេឃ ឬដូចចំនួនគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។ ១៤ ៣៧ បពិត្រព្រះអម្ចាស់! ពេលនេះយើងខ្ញុំត្រឡប់ទៅជាប្រជាជនមួយដ៏តូចជាងគេបំផុត ក្នុងចំណោមប្រជាជាតិទាំងអស់ យើងខ្ញុំត្រូវអាម៉ាស់មុខនៅលើផែនដីទាំងមូលព្រោះតែអំពើបាបរបស់យើងខ្ញុំ។ ១៥ ៣៨ នៅថ្ងៃនេះ យើងខ្ញុំអស់ស្តេច អស់ព្យាការី អស់អ្នកដឹកនាំ យើងខ្ញុំមិនអាចថ្វាយយញ្ញបូជាសត្វទាំងមូល ថ្វាយសក្ការៈបូជាតង្វាយម្សៅ ឬគ្រឿងក្រអូបឡើយ។ យើងខ្ញុំមិនបានយកផលផ្លែដំបូងមកថ្វាយព្រះអង្គ ដើម្បីព្រះអង្គប្រណីសណ្តោសដល់យើងខ្ញុំ ១៦ ៣៩ សូមព្រះអង្គទទួលចិត្តសោកសង្រេង និងចិត្តសុភាពរាបសារបស់យើងខ្ញុំ ទុកជាតង្វាយដែលគាប់ព្រះទ័យព្រះអង្គ ១៧ ៤០ គឺតង្វាយដុតទាំងមូលមានគឺពពែឈ្មោល គោបា និងកូនចៀមដ៏ធាត់រាប់ពាន់ក្បាល។ សូមឲ្យសក្ការៈបូជាដែលយើងខ្ញុំថ្វាយនៅថ្ងៃនេះ បានគាប់ព្រះហឫទ័យព្រះអង្គ។ សូមឲ្យយើងខ្ញុំអាចដើរតាមមាគ៌ារបស់ព្រះអង្គតទៅទៀត។ ដ្បិតអស់អ្នកដែលសង្ឃឹមលើព្រះអង្គ មិនត្រូវអាម៉ាស់មុខឡើយ។ ១៨ ៤១ ចាប់ពីពេលនេះទៅ យើងខ្ញុំសុខចិត្តដើរតាមមាគ៌ារបស់ ព្រះអង្គដោយស្មោះអស់ពីចិត្ត យើងខ្ញុំគោរពកោតខ្លាចព្រះអង្គ ១៩ ៤២ និង ស្វែងរកព្រះភ័ក្រ្តរបស់ព្រះអង្គផង។ សូមព្រះអង្គកុំបោះបង់ចោលយើងខ្ញុំឲ្យអាម៉ាស់មុខតទៅឡើយ សូមព្រះអង្គប្រោសប្រណីដល់យើងខ្ញុំ ដោយសម្ដែងព្រះហឫទ័យមេត្តាករុណាដ៏លើសលុបផង។ ២០ ៤៣ សូមព្រះអង្គរំដោះយើងខ្ញុំដោយការអស្ចារ្យ ឲ្យដូចពីដើម។ បពិត្រព្រះអម្ចាស់! សូមសម្ដែងបារមីរបស់ព្រះអង្គដើម្បីឲ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ។ ២១ ៤៤ សូមឲ្យអស់អ្នកដែលឃុបឃិត ធ្វើបាបអ្នកបម្រើរបស់ព្រះអង្គត្រូវបាក់មុខ! សូមឲ្យពួកគេបាត់បង់កិត្តិយស និងអំណាចទាំងអស់សូមបំបាត់កម្លាំងរបស់ពួកគេ!។ ២២ ៤៥ សូមឲ្យពួកគេទទួលស្គាល់ថា មានតែព្រះអង្គទេជាព្រះអម្ចាស់តែមួយព្រះអង្គគត់ ដែលប្រកបដោយសិរីរុងរឿង នៅលើផែនដីទាំងមូល»។ ២៣ ៤៦ ពួករាជបម្រើរបស់ស្តេច ដែលបានបោះយុវជនទាំងបីនាក់ក្នុងភ្នក់ភ្លើង នៅតែបន្ថែមប្រេងជ័រអុស និងចំបើងថែមទៀត ឲ្យកាន់តែខ្លាំងឡើងៗ។ ២៤ អណ្តាតភ្លើងឆាបឡើងកម្ពស់សែសិបប្រាំបួនហត្ថ ហើយឆេះរាលជុំវិញភ្នក់ភ្លើង ព្រមទាំងដុតបំផ្លាញជនជាតិកាល់ដេដែលនៅទីនោះ ទាំងរស់។ ២៥ ៤៩ ផ្ទុយទៅវិញ ទេវទូតរបស់ព្រះអម្ចាស់យាងចុះមកក្នុងភ្នក់ភ្លើង ជាមួយលោកអសារីយ៉ា និងអ្នកនៅជាមួយលោក ហើយជះអណ្តាតភ្លើងទៅក្រៅភ្នក់ភ្លើង។ ២៦ ៥០ ទេវទូតនោះធ្វើឲ្យផ្នែកកណ្តាលភ្នក់ភ្លើង ក្លាយទៅជាខ្យល់ដ៏ត្រជាក់ និងសន្សើម។ ដូច្នេះ ភ្លើងមិនបានប៉ះពួកគេសោះ ហើយមិនធ្វើបាបពួកគេ។ ២៧ ៥១ នៅពេលនោះយុវជនទាំងបីនាក់ក៏រួមគ្នាលើកតម្កើងសិរីរុងរឿង និងសរសើរតម្កើងព្រះអម្ចាស់ថា៖
២៨ ៥២ «បពិត្រព្រះអម្ចាស់ ជាព្រះរបស់បុព្វបុរសយើងខ្ញុំ យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ សូមច្រៀង និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! សូមសរសើរព្រះនាមដ៏វិសុទ្ធ ប្រកបដោយសិរីរុងរឿង។ សូមច្រៀង និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
២៩ ៥៣ សូមសរសើរតម្កើងព្រះអម្ចាស់ក្នុងព្រះវិហារដ៏វិសុទ្ធ និងប្រកបដោយសិរីរុងរឿង! សូមស្មូត និងលើកតម្កើងព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ!
៣០ ៥៤ សូមសរសើរតម្កើងព្រះអម្ចាស់ ដែលគង់នៅលើខេរូប៊ីម! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បអង្វែងតរៀងទៅ!
៣១ ៥៥ សូមលើកតម្កើងព្រះអង្គ ដែលគ្រងរាជ្យនៅលើបល្ល័ង្ក សូមច្រៀង និងលើកតម្កើងព្រះអង្គដ៏ខ្ពង់ខ្ពស់បំផុតអស់កល្បជាអង្វែងតរៀងទៅ!
៣២ ៥៦ សូមសរសើរតម្កើងព្រះអង្គ នៅលើលំហអាកាសវេហាស៍ដ៏ធំធេង ដែលគ្រប់គ្រងស្ថានបរមសុខ! សូមស្មូត និងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
៣៣ ៥៧ ស្នាព្រះហស្តទាំងប៉ុន្មានរបស់ព្រះអម្ចាស់ ចូរសរសើរតម្កើងព្រះអង្គ! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
៣៤ ៥៨ ផ្ទៃមេឃ ចូរសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ!
៣៥ ៥៩ ទេវទូតទាំងប៉ុន្មានរបស់ព្រះអម្ចាស់ ចូរសរសើរតម្កើងព្រះអង្គ! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
៣៦ ៦០ ទឹកទាំងឡាយដែលនៅលើមេឃ ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
៣៧ ៦១ ហ្វូងតារារបស់ព្រះម្ចាស់! ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
៣៨ ៦២ ព្រះអាទិត្យ និងព្រះចន្ទ ចូរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
៣៩ ៦៣ ផ្កាយទាំងឡាយនៅលើមេឃ ចូរសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
៤០ ៦៤ ទឹកភ្លៀង និងទឹកសន្សើម ចូរសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
៤១ ៦៥ ខ្យល់គ្រប់ទិសទី ចូរសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
៤២ ៦៦ ភ្លើង និងកម្ដៅ ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
៤៣ ៦៧ ខ្យល់ត្រជាក់ និងខ្យល់ក្តៅ នឹងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
៤៤ ៦៨ ទឹកសន្សើម និងព្រឹល ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
៤៥ ៦៩ ថ្ងៃ និងយប់ ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
៤៦ ៧០ ពន្លឺ និងភាពងងឹត ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
៤៧ ៧១ អាកាសធាតុត្រជាក់ និងអាកាសធាតុរងារ ចូរសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
៤៨ ៧២ ទឹកកក និងហិមៈ ចូរសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
៤៩ ៧៣ ផ្លេកបន្ទោល និងពពក ចូរសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
៥០ ៧៤ ផែនដីទាំងមូល ចូរសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
៥១ ៧៥ ភ្នំតូច ភ្នំធំទាំងឡាយ ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
៥២ ៧៦ អ្វីៗទាំងអស់ដែលដុះនៅលើផែនដី ចូរសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
៥៣ ៧៧ សមុទ្រ និងទន្លេទាំងឡាយ ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
៥៤ ៧៨ ប្រភពទឹកទាំងឡាយ ចូរសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
៥៥ ៧៩ ត្រីធំ ត្រីតូច និងសត្វទាំងឡាយ ដែលរស់នៅក្នុងទឹក ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
៥៦ ៨០ បក្សាបក្សីទាំងឡាយ ចូរសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
៥៧ ៨១ សត្វព្រៃ សត្វស្រុកទាំងឡាយ ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
៥៨ ៨២ មនុស្សទាំងឡាយ ចូរសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
៥៩ ៨៣ ប្រជាជនអ៊ីស្រាអែល ចូរសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
៦០ ៨៤ បូជាចារ្យទាំងឡាយ ចូរសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
៦១ ៨៥ អ្នកទាំងឡាយដែលគោរពបម្រើព្រះអម្ចាស់ ចូរសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
៦២ ៨៦ វិញ្ញាណក្ខ័ន្ធ និងព្រលឹងរបស់មនុស្សសុចរិតទាំងឡាយ ចូរសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
៦៣ ៨៧ អស់អ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងអស់អ្នកដាក់ចិត្តជាអ្នកក្រខ្សត់ ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!
៦៤ ៨៨ លោកអណានីយ៉ា លោកអសារីយ៉ា និងមីកាអែល ចូរសរសើរតម្កើងព្រះអម្ចាស់! សូមស្មូត និងលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! ដ្បិតព្រះអង្គបានរំដោះយើងខ្ញុំឲ្យរួចពីអំណាចនៃសេចក្តីស្លាប់។ ព្រះអង្គបានសង្រ្គោះយើងខ្ញុំឲ្យរួចពីក្រញាំមច្ចុរាជ ព្រះអង្គបានរំដោះយើងខ្ញុំ ពីភ្នក់ភ្លើងដែលឆេះសន្ធោសន្ធៅ ព្រះអង្គបានសង្រ្គោះយើងខ្ញុំឲ្យរួចពីភ្លើង។
៦៥ ៨៩ សូមអរព្រះគុណព្រះអម្ចាស់ ព្រោះព្រះអង្គប្រកបដោយព្រះហឫទ័យសប្បុរស និងព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ស្ថិតនៅអស់កល្បជាអង្វែងតរៀងទៅ។
៦៦ ៩០ អស់អ្នកដែលគោរពបម្រើព្រះអម្ចាស់ ជាព្រះលើព្រះទាំងឡាយ សូមស្មូត និងអរព្រះគុណព្រះអង្គ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ស្ថិតនៅអស់កល្បជានិច្ច»។
ព្រះជាម្ចាស់សង្គ្រោះមិត្តភក្ដិលោកដានីអែលពីភ្លើង
៩១ ពេលនោះ ព្រះចៅនេប៊ូកានេសាររន្ធត់ព្រះហឫទ័យជាខ្លាំង ព្រះអង្គប្រញាប់ប្រញាល់ក្រោកឈរឡើង មានរាជឱង្ការទៅកាន់ក្រុមប្រឹក្សាថា៖ «តើយើងបានបោះមនុស្សបីនាក់ដែលជាប់ចំណងទៅក្នុងភ្លើងមែនឬមិនមែន?»។ ពួកគេទូលព្រះរាជាថា៖ «ពិតមែនហើយ ព្រះករុណា!»។ ៩២ ព្រះរាជាមានរាជឱង្ការទៀតថា៖ «ហេតុដូចម្ដេចបានជាយើងឃើញមនុស្សបួននាក់ ដែលគ្មានជាប់ចំណងកំពុងតែដើរនៅក្នុងភ្លើង ដោយឥតរលាកសោះដូច្នេះ? រីឯអ្នកទីបួន មានទ្រង់ទ្រាយដូចទេវទូត»។ ៩៣ ព្រះចៅនេប៊ូកានេសារចូលទៅជិតឡភ្លើង មានរាជឱង្ការថា៖ «លោកសាដ្រាក់ លោកមេសាក់ និងលោកអបេដនេកូ ជាអ្នកបម្រើរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតអើយ ចូរនាំគ្នាចេញមក!»។ លោកសាដ្រាក់ លោកមេសាក់ និងលោកអបេដនេកូក៏នាំគ្នាចេញពីក្នុងភ្លើង។
៩៤ ពេលនោះ ពួកមេទ័ព មន្ត្រីរដ្ឋបាល ចៅហ្វាយខេត្ត និងក្រុមប្រឹក្សាព្រះមហាក្សត្រ ក៏រួមប្រជុំគ្នា ពួកគេឃើញថា ភ្លើងពុំមានអំណាចអ្វីលើរូបកាយរបស់បុរសទាំងបីសោះ សក់ក្បាលរបស់អ្នកទាំងបីក៏មិនឆេះ ហើយសូម្បីតែសម្លៀកបំពាក់របស់គេពុំខូចខាត ឬធុំក្លិនឈ្ងៀមដែរ។ ៩៥ ព្រះចៅនេប៊ូកានេសារមានរាជឱង្ការទៀតថា៖ «សូមសរសើរតម្កើងព្រះរបស់លោកសាដ្រាក់ លោកមេសាក់ និងលោកអបេដនេកូ ដែលបានចាត់ទេវទូត*ឲ្យមករំដោះអ្នកបម្រើរបស់ព្រះអង្គ។ លោកទាំងបីបានទុកចិត្តលើព្រះអង្គ ហើយមិនព្រមធ្វើតាមបញ្ជារបស់ស្តេចទេ តែសុខចិត្តបូជាជីវិតជាជាងគោរពបម្រើ និងថ្វាយបង្គំព្រះផ្សេងក្រៅពីព្រះរបស់ខ្លួន! ៩៦ ឥឡូវនេះ យើងសុំចេញបញ្ជាដូចតទៅ: មនុស្សទាំងអស់ ទោះបីមកពីស្រុកណា ជាតិសាសន៍អ្វី ហើយនិយាយភាសាអ្វីក៏ដោយ ឲ្យតែហ៊ាននិយាយប្រមាថព្រះរបស់លោកសាដ្រាក់ លោកមេសាក់ និងលោកអបេដនេកូ ត្រូវតែទទួលទោសដល់ជីវិត ហើយផ្ទះរបស់គេនឹងត្រូវដុតឲ្យទៅជាផេះ ដ្បិតគ្មានព្រះណាអាចរំដោះមនុស្សដូចព្រះអង្គទេ»។ ៩៧ បន្ទាប់មក ព្រះរាជាប្រោសប្រទានឲ្យលោកសាដ្រាក់ លោកមេសាក់ និងលោកអបេដនេកូ មានបុណ្យស័ក្តិកាន់តែខ្ពង់ខ្ពស់ឡើង នៅក្នុងអាណាខេត្តបាប៊ីឡូន។
ស្តេចនេប៊ូកានេសារសុបិនឃើញដើមឈើមួយដ៏ធំ
៩៨ (៤.១) «យើង នេប៊ូកានេសារ ជាព្រះមហាក្សត្រ ជូនចំពោះប្រជាជនទាំងអស់ ចំពោះប្រជាជាតិនានា និងចំពោះមនុស្សគ្រប់ភាសាដែលរស់នៅលើផែនដីទាំងមូល។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខយ៉ាងបរិបូណ៌!
៩៩ (២) យើងយល់ឃើញថា គួរតែរៀបរាប់ប្រាប់ឲ្យអ្នករាល់គ្នាដឹងពីទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗដែលព្រះដ៏ខ្ពង់ខ្ពស់បំផុតបានសម្ដែងចំពោះយើង។
១០០ (៣) ទីសម្គាល់របស់ព្រះអង្គធំឧត្តុង្គឧត្ដមណាស់
បាដិហារិយ៍របស់ព្រះអង្គ
ក៏ប្រកបដោយឫទ្ធិបារមីដែរ!
ព្រះរាជ្យរបស់ព្រះអង្គជារាជ្យស្ថិតស្ថេរ
អស់កល្បជានិច្ច
ហើយព្រះអង្គគ្រងរាជ្យអស់កល្បជាអង្វែង
តរៀងទៅ។
៤
១ (៤) យើង នេប៊ូកានេសារ កំពុងតែរស់នៅយ៉ាងសុខស្រួល ក្នុងព្រះបរមរាជវាំងជាមួយក្រុមគ្រួសាររបស់យើង។
២ (៥) យើងបានសុបិនធ្វើឲ្យយើងភ័យតក់ស្លុតជាខ្លាំង។ សូម្បីតែនៅលើក្រឡាបន្ទំ យើងនៅតែនឹកគិតអំពីសុបិននេះជានិច្ច ហើយចិត្តយើងខ្វាយខ្វល់ណាស់។ ៣ (៦) យើងឲ្យគេកោះហៅអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកបាប៊ីឡូនមកជួបយើង ដើម្បីកាត់ស្រាយសុបិននេះឲ្យយើង។ ៤ (៧) ពេលនោះ ពួកគ្រូមន្តអាគម ពួកហោរា គ្រូទាយ ព្រមទាំងគ្រូធ្មប់ផ្សេងៗបាននាំគ្នាមក។ យើងរៀបរាប់ប្រាប់ពួកគេអំពីសុបិនរបស់យើង ប៉ុន្តែ ពួកគេពុំអាចកាត់ស្រាយអត្ថន័យប្រាប់យើងបានឡើយ។ ៥ (៨) នៅទីបំផុត លោកដានីអែលចូលមក (លោកក៏មាននាមថា “បេលថាសារ” តាមនាមព្រះរបស់យើងដែរ) ហើយមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធនៅក្នុងខ្លួន។ យើងបានរៀបរាប់ឲ្យលោកដឹងពីសុបិនរបស់យើង ដូចតទៅ: ៦ (៩) “លោកបេលថាសារ ជាប្រមុខលើពួកគ្រូទាំងអស់អើយ យើងដឹងថា លោកមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធនៅក្នុងខ្លួន ហើយលោកដឹងការលាក់កំបាំងទាំងអស់។ ហេតុនេះ សុំលោកកាត់ស្រាយន័យរបស់និមិត្តហេតុដ៏អស្ចារ្យ ដែលយើងបានឃើញក្នុងសុបិនឲ្យយើងដឹងផង។ ៧ (១០) នៅពេលផ្ទំ យើងសុបិនឃើញនិមិត្តហេតុដ៏អស្ចារ្យដូចតទៅ៖
នៅកណ្ដាលផែនដី មានដើមឈើមួយដើម
យ៉ាងខ្ពស់អស្ចារ្យ
៨ (១១) ដើមឈើនេះដុះកាន់តែធំឡើងៗ
ហើយមាំទៀតផង
ចុងរបស់វាខ្ពស់រហូតដល់មេឃ
សូម្បីតែអស់អ្នកដែលរស់នៅទីដាច់ស្រយាល
នៃផែនដីក៏មើលឃើញដើមឈើនេះដែរ។
៩ (១២) ដើមឈើនេះមានស្លឹកខៀវខ្ចី
មានផ្លែយ៉ាងច្រើនបរិបូណ៌
សម្រាប់ចិញ្ចឹមជីវិតមនុស្សទាំងអស់
សត្វនានានាំគ្នាមកជ្រកកោនក្រោមម្លប់របស់វា
បក្សាបក្សីនាំគ្នាមកទំ នៅតាមមែករបស់វា
ហើយសត្វលោកទាំងអស់ទទួលអាហារ
ពីដើមឈើនេះ។
១០ (១៣) ក្នុងនិមិត្តហេតុដ៏អស្ចារ្យដែលព្រលឹងយើងបានឃើញនៅពេលផ្ទំនោះ គឺមាន:
ទេវទូត*ដ៏វិសុទ្ធ*មួយរូបចុះពីលើមេឃមក
១១ (១៤) លោកស្រែកយ៉ាងខ្លាំងៗថា:
ចូររំលំដើមឈើនេះ និងកាប់មែកវាចោលទៅ
ចូរលះស្លឹក ជម្រុះផ្លែរបស់វាឲ្យខ្ចាត់ខ្ចាយ
ឲ្យសត្វទាំងឡាយរត់ចេញពីម្លប់របស់វា
ហើយឲ្យបក្សាបក្សីទាំងឡាយ
ហើរចេញពីមែករបស់វាដែរ!
១២ (១៥) ប៉ុន្តែ ត្រូវទុកគល់ និងឫសនៅក្នុងដី
ហើយយកច្រវាក់ដែក និងលង្ហិនមកចងវា
ទុកចោលក្នុងវាលស្មៅ
ឲ្យជោកទឹកសន្សើមដែលធ្លាក់ពីលើមេឃ
ហើយឲ្យវាស៊ីស្មៅដូចសត្វធាតុ។
១៣ (១៦) ដើមឈើនោះនឹងលែងមានចិត្តជាមនុស្ស
ទៀតហើយ តែមានចិត្តជាសត្វ
រហូតដល់គម្រប់ប្រាំពីរខួប។
១៤ (១៧) នេះជាការសម្រេចរបស់ទេវទូត
ជាបញ្ជារបស់ពួកអ្នកដ៏វិសុទ្ធ
ដើម្បីមនុស្សទាំងអស់ដឹងថា
ព្រះដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យ
របស់មនុស្សលោក
ព្រះអង្គប្រគល់រាជសម្បត្តិទៅនរណាក៏បាន
ស្រេចតែព្រះហឫទ័យរបស់ព្រះអង្គ
ហើយព្រះអង្គលើកអ្នកដែលទន់ទាបជាងគេ
ឲ្យឡើងគ្រងរាជ្យក៏បាន។
១៥ (១៨) នេះជាសុបិនដែលយើង ស្តេចនេប៊ូកានេសារ បាននិមិត្តឃើញ។ ឥឡូវនេះ សុំលោកបេលថាសារកាត់ស្រាយអត្ថន័យឲ្យយើងបានដឹងផង ដ្បិតក្នុងចំណោមអ្នកប្រាជ្ញទាំងអស់នៅនគររបស់យើង គ្មាននរណាអាចកាត់ស្រាយបានទេ គឺមានតែលោកម្នាក់ប៉ុណ្ណោះទើបកាត់ស្រាយបាន ព្រោះលោកមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធនៅក្នុងខ្លួន”»។
លោកដានីអែលកាត់ស្រាយសុបិនរបស់ស្តេច
១៦ (១៩) ពេលនោះ លោកដានីអែល ហៅបេលថាសារក៏តក់ស្លុតអស់មួយសន្ទុះ ដ្បិតការលាក់កំបាំងដែលលោកដឹងនៅក្នុងចិត្តគំនិត នាំឲ្យលោកភ័យរន្ធត់ជាខ្លាំង។ ព្រះរាជាមានរាជឱង្ការមកកាន់លោកសាជាថ្មីថា៖ «លោកបេលថាសារអើយ សូមកុំភ័យរន្ធត់ ព្រោះតែសុបិននេះ និងអត្ថន័យរបស់វាអី!»។ លោកបេលថាសារទូលស្តេចថា៖ «បពិត្រព្រះករុណាជាអម្ចាស់ សូមឲ្យសុបិននេះធ្លាក់ទៅលើខ្មាំងសត្រូវរបស់ព្រះករុណា ហើយឲ្យន័យរបស់វាធ្លាក់ទៅលើបច្ចាមិត្តរបស់ព្រះករុណាវិញ! ១៧ (២០) ព្រះករុណាបានឃើញដើមឈើដែលដុះកាន់តែធំឡើង មាំមួន និងមានចុងខ្ពស់ដល់មេឃ ហើយអស់អ្នកនៅតាមទីដាច់ស្រយាលនៃផែនដីក៏មើលឃើញដែរ។ ១៨ (២១) ដើមឈើនេះមានស្លឹកខៀវខ្ចី មានផ្លែដ៏បរិបូណ៌ ធ្វើជាអាហារសម្រាប់សត្វលោកទាំងអស់ និងជម្រកដល់សត្វទាំងឡាយ ហើយមានបក្សាបក្សីមកទំនៅតាមមែកទៀតផង។ ១៩ (២២) ដើមឈើនោះគឺព្រះករុណាផ្ទាល់! បពិត្រព្រះរាជា ព្រះអង្គបានចម្រើនឡើង និងមានឫទ្ធិអំណាចក្រៃលែង ឋានៈរបស់ព្រះករុណាខ្ពង់ខ្ពស់រហូតដល់មេឃ។ ព្រះករុណាគ្រប់គ្រងរហូតដល់ទីដាច់ស្រយាលនៃផែនដី។
២០ (២៣) បន្ទាប់មក ព្រះករុណាឃើញទេវទូតដ៏វិសុទ្ធ ដែលចុះពីលើមេឃមកពោលថា “ចូរកាប់រំលំដើមឈើនេះចោលទៅ ប៉ុន្តែ ត្រូវទុកគល់ និងឫសនៅក្នុងដី ហើយយកច្រវាក់ដែក និងលង្ហិនមកចងវា ទុកចោលនៅក្នុងវាលស្មៅ ឲ្យជោកដោយទឹកសន្សើមធ្លាក់ពីលើមេឃ ហើយឲ្យវាស៊ីស្មៅដូចសត្វធាតុ រហូតដល់គម្រប់ប្រាំពីរខួប”។ ២១ (២៤) បពិត្រព្រះរាជា សុបិនរបស់ព្រះករុណាមានន័យបែបនេះ គឺព្រះដ៏ខ្ពង់ខ្ពស់បំផុតបានសម្រេចចំពោះព្រះករុណាជាអម្ចាស់ដូចតទៅ: ២២ (២៥) គេនឹងដេញព្រះករុណាចេញពីចំណោមមនុស្ស ព្រះអង្គនឹងទៅនៅជាមួយសត្វព្រៃ ហើយគេនឹងយកស្មៅមកថ្វាយព្រះករុណាសោយដូចគោដែរ។ ព្រះកាយរបស់ព្រះករុណានឹងជោកដោយទឹកសន្សើម ដែលធ្លាក់ចុះពីលើមេឃរហូតដល់គម្រប់ប្រាំពីរខួប គឺទាល់តែព្រះករុណាទទួលស្គាល់ថា ព្រះដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិរបស់មនុស្សលោក ហើយព្រះអង្គប្រគល់រាជសម្បត្តិទៅនរណាក៏បាន ស្រេចតែព្រះហឫទ័យរបស់ព្រះអង្គ។ ២៣ (២៦) រីឯបញ្ជាឲ្យទុកគល់ឈើ និងឫសនោះមានន័យថា គេនឹងថ្វាយរាជសម្បត្តិមកព្រះករុណាវិញ នៅពេលព្រះករុណាទទួលស្គាល់ព្រះជាអម្ចាស់សួគ៌។ ២៤ (២៧) ហេតុនេះ បពិត្រព្រះរាជា សូមព្រះអង្គប្រោសមេត្តាឲ្យទូលបង្គំថ្វាយយោបល់ចំពោះព្រះករុណាដូចតទៅ គឺសូមព្រះអង្គលះបង់អំពើបាប និងកំហុសផ្សេងៗ ហើយប្រព្រឹត្តអំពើសុចរិត និងសម្ដែងព្រះហឫទ័យអាណិតអាសូរចំពោះមនុស្សទុរគតវិញ ធ្វើដូច្នេះព្រះករុណានឹងបានសុខក្សេមក្សាន្តតទៅមុខទៀត»។
២៥ (២៨) ក្រោយមក ហេតុការណ៍ទាំងនោះកើតមានដល់ព្រះចៅនេប៊ូកានេសារមែន ២៦ (២៩) គឺដប់ពីរខែកន្លងមក ពេលស្តេចកំពុងតែយាងក្រសាលក្នុងព្រះបរមរាជវាំងនៅក្រុងបាប៊ីឡូន ២៧ (៣០) ព្រះអង្គមានរាជឱង្ការថា៖ «ដោយសារឫទ្ធិអំណាចរបស់យើង យើងសង់ក្រុងបាប៊ីឡូនមហានគរនេះឡើង ជាដំណាក់របស់យើង ដើម្បីបង្ហាញកិត្តិយស និងសិរីរុងរឿងរបស់យើង»។ ២៨ (៣១) ពេលស្តេចមានរាជឱង្ការមិនទាន់ចប់ផង ស្រាប់តែមានឮសំឡេងពីលើមេឃមកថា៖ «នេប៊ូកានេសារអើយ អ្នកបាត់បង់រាជសម្បត្តិហើយ ដូចមានសេចក្ដីថ្លែងទុកពីអ្នកស្រាប់។ ២៩ (៣២) គេនឹងដេញអ្នកចេញពីចំណោមមនុស្សលោក ឲ្យទៅរស់នៅជាមួយសត្វព្រៃ ហើយគេនឹងឲ្យអ្នកស៊ីស្មៅដូចគោ រហូតដល់គម្រប់ប្រាំពីររយៈកាល គឺទាល់តែអ្នកទទួលស្គាល់ថា ព្រះដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិមនុស្សលោក ហើយព្រះអង្គប្រគល់រាជសម្បត្តិទៅនរណាក៏បាន ស្រេចតែព្រះហឫទ័យរបស់ព្រះអង្គ»។
៣០ (៣៣) រំពេចនោះ ហេតុការណ៍ក៏កើតឡើងចំពោះព្រះចៅនេប៊ូកានេសារមែន។ គេដេញស្តេចចេញពីចំណោមមនុស្ស ព្រះអង្គសោយស្មៅដូចគោ ព្រះកាយទទឹកជោកទៅដោយទឹកសន្សើមដែលធ្លាក់ចុះពីលើមេឃ ព្រះកេសារបស់ស្តេចដុះឡើងដូចស្លាបឥន្ទ្រី ហើយក្រចករបស់ព្រះអង្គប្រៀបបាននឹងក្រចកសត្វស្លាប។
៣១ (៣៤) «លុះពេលកំណត់កន្លងផុតទៅ យើង នេប៊ូកានេសារងើបមុខឡើងទៅលើមេឃ ហើយយើងក៏ដឹងស្មារតីឡើងវិញ។ យើងក៏អរព្រះគុណ ព្រះដ៏ខ្ពង់ខ្ពស់បំផុត យើងសរសើរ និងលើកតម្កើងព្រះដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច។ អំណាចគ្រប់គ្រងរបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច ព្រះអង្គគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ ៣២ (៣៥) មនុស្សទាំងអស់នៅផែនដីដូចជាគ្មានតម្លៃអ្វីសោះ។ ព្រះអង្គប្រព្រឹត្តចំពោះពួកទេវទូត និងចំពោះមនុស្សលោក តាមព្រះហឫទ័យរបស់ព្រះអង្គ គ្មាននរណាម្នាក់អាចប្រឆាំងនឹងកិច្ចការរបស់ព្រះអង្គ ដោយពោលថា “ម្ដេចក៏ព្រះអង្គធ្វើដូច្នេះ?” បានឡើយ។
៣៣ (៣៦) នៅគ្រានោះ យើងបានដឹងស្មារតីឡើងវិញ គេក៏បានប្រគល់កិត្តិយស រាជសម្បត្តិ សិរីរុងរឿង និងភាពថ្កុំថ្កើងមកយើងវិញ ហើយក្រុមប្រឹក្សា និងនាម៉ឺនមន្ត្រីរបស់យើងក៏បានសុំឲ្យយើងវិលមកកាន់កាប់អំណាច គេលើកយើងឲ្យគ្រងរាជ្យឡើងវិញ ហើយយើងក៏បានថ្កុំថ្កើងកាន់តែខ្លាំងឡើង។
៣៤ (៣៧) ឥឡូវនេះ យើងនេប៊ូកានេសារ សូមសរសើរ កោតស្ញប់ស្ញែង និងលើកតម្កើងសិរីរុងរឿងព្រះមហាក្សត្រនៃស្ថានបរមសុខ ដ្បិតស្នាព្រះហស្ដរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវ មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត ហើយព្រះអង្គអាចបន្ទាបអស់អ្នកដែលវាយឫកខ្ពស់»។
៥
ពិធីជប់លៀងរបស់ព្រះចៅបេលថាសារ
១ ព្រះចៅបេលថាសារបានចាត់ឲ្យគេរៀបពិធីជប់លៀងមួយយ៉ាងធំជូននាម៉ឺនមន្ត្រី ចំនួនមួយពាន់នាក់ ហើយព្រះអង្គបានសោយស្រាជាច្រើននៅមុខនាម៉ឺនមន្ត្រីទាំងនោះ។ ២ ក្រោយពីក្រេបស្រារួចហើយ ព្រះចៅបេលថាសារបញ្ជាឲ្យគេយកពែងមាស និងពែងប្រាក់ដែលព្រះចៅនេប៊ូកានេសារ ជាបិតា បានរឹបអូសមកពីព្រះវិហារនៅក្រុងយេរូសាឡឹម។ ស្តេចមានបំណងយកពែងទាំងនោះមកដាក់ស្រា សម្រាប់ព្រះអង្គផ្ទាល់ សម្រាប់ពួកមហេសី សម្រាប់ពួកស្នំ ព្រមទាំងនាម៉ឺនមន្ត្រីរបស់ស្តេច។ ៣ ពេលនោះ គេក៏យកពែងមាសដែលបានរឹបយកពីព្រះវិហារ គឺពីព្រះដំណាក់របស់ព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម ហើយទាំងស្តេច ទាំងនាម៉ឺនមន្ត្រី ទាំងពួកមហេសី និងស្រីស្នំ បានប្រើពែងទាំងនោះសម្រាប់សេពសុរា។ ៤ កាលសេពសុរារួចហើយ គេនាំគ្នាសរសើរតម្កើងរូបព្រះធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្ម។ ៥ ពេលនោះ ស្រាប់តែមានម្រាមដៃមនុស្សលេចចេញមក ហើយសរសេរលើជញ្ជាំងព្រះបរមរាជវាំង គឺនៅទល់មុខជើងចង្កៀង។ កាលព្រះរាជាទតឃើញម្រាមដៃដែលកំពុងតែសរសេរនោះ ៦ ព្រះភ័ក្ត្ររបស់ព្រះអង្គប្រែជាស្លេកស្លាំង ព្រះអង្គរំជួលព្រះហឫទ័យ មានព្រះកាយពលទន់ខ្សោយ និងព្រះបាទាញាប់ញ័រ។ ៧ ស្តេចក៏ស្រែកឡើងយ៉ាងខ្លាំងៗ បញ្ជាឲ្យគេហៅពួកហោរា ពួកគ្រូទាយ និងពួកគ្រូធ្មប់មក រួចហើយស្តេចមានរាជឱង្ការទៅកាន់អ្នកប្រាជ្ញនៃស្រុកបាប៊ីឡូនថា៖ «អ្នកណាអាចអានអក្សរនោះ ហើយពន្យល់អត្ថន័យឲ្យយើងបាន យើងនឹងបំពាក់អាវពណ៌ក្រហមទុំ និងខ្សែកមាស ជូនជាកិត្តិយស ហើយប្រគល់ឋានៈជាអ្នកគ្រប់គ្រងទីបីក្នុងរាជាណាចក្រនេះផង»។ ៨ ពេលនោះ អ្នកប្រាជ្ញទាំងប៉ុន្មានរបស់ស្តេចនាំគ្នាចូលមក តែគ្មាននរណាម្នាក់អាចអានអក្សរនោះ និងពន្យល់អត្ថន័យថ្វាយព្រះរាជាបានឡើយ ៩ ជាហេតុធ្វើឲ្យព្រះចៅបេលថាសាររឹតតែខ្វល់ខ្វាយ និងភ័យញាប់ញ័រថែមទៀត ហើយនាម៉ឺនមន្ត្រីរបស់ស្តេចក៏ទាល់គំនិតដែរ។
១០ ពេលព្រះមហាក្សត្រិយានីឮរាជឱង្ការរបស់ស្តេច និងឮពាក្យរបស់ពួកនាម៉ឺនមន្ត្រី ព្រះនាងក៏យាងចូលមកក្នុងសាលជប់លៀង ហើយមានរាជសវនីយ៍ថា៖ «បពិត្រព្រះរាជា សូមព្រះអង្គដ៏មានព្រះជន្មគង់នៅរហូតតទៅអើយ! សូមព្រះករុណាកុំខ្វល់ខ្វាយ និងភ័យញាប់ញ័រដូច្នេះឡើយ! ១១ ក្នុងរាជាណាចក្ររបស់ព្រះអង្គ មានបុរសម្នាក់ដែលមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធនៅក្នុងខ្លួន។ កាលពីជំនាន់ព្រះបិតារបស់ព្រះករុណា គេបានឃើញថា លោកនោះដឹងការលាក់កំបាំង មានតម្រិះ និងប្រាជ្ញា ដូចទេវទូត។ ហេតុនេះហើយបានជាព្រះចៅនេប៊ូកានេសារ ជាព្រះបិតារបស់ព្រះករុណា បានតែងតាំងលោកឲ្យធ្វើជាប្រមុខលើពួកគ្រូ គ្រូហោរា គ្រូទាយ និងគ្រូធ្មប់ទាំងអស់។ ព្រះមហាក្សត្រដែលជាព្រះបិតារបស់ព្រះករុណា បានតែងតាំងលោកដូច្នេះ ១២ ព្រោះឃើញថា បុរសនោះជាមនុស្សមានប្រាជ្ញាវាងវៃដ៏អស្ចារ្យ មានចំណេះជ្រៅជ្រះ ប៉ិនប្រសប់ខាងរិះគិតពិចារណា ហើយចេះកាត់ស្រាយសុបិន កាត់ប្រស្នា និងដោះស្រាយបញ្ហាដ៏ស្មុគស្មាញបានផង។ លោកនោះគឺដានីអែល ដែលព្រះបិតារបស់ព្រះករុណាប្រទាននាមថា បេលថាសារ ដូច្នេះ សូមឲ្យគេហៅលោកដានីអែលនោះមក លោកនឹងពន្យល់អត្ថន័យថ្វាយព្រះករុណាជាមិនខាន»។
លោកដានីអែលកាត់ស្រាយសេចក្ដីដែលមានសរសេរនៅលើជញ្ជាំង
១៣ គេអញ្ជើញលោកដានីអែលចូលគាល់ព្រះរាជា ហើយព្រះអង្គមានរាជឱង្ការមកលោកថា៖ «តើលោកឈ្មោះដានីអែល ជាអ្នកដែលព្រះបិតារបស់យើងបានជន្លៀសយកមកពីស្រុកយូដាមែនឬ? ១៤ យើងបានឮគេនិយាយថា លោកមានវិញ្ញាណរបស់ព្រះនៅក្នុងខ្លួន និងដឹងការលាក់កំបាំង ហើយមានតម្រិះប្រាជ្ញាដ៏វាងវៃអស្ចារ្យ។ ១៥ គេទើបនឹងនាំពួកអ្នកប្រាជ្ញ និងគ្រូហោរា មកជួបយើងដើម្បីអានអក្សរ និងកាត់ស្រាយអត្ថន័យឲ្យយើង តែអ្នកទាំងនោះពុំអាចកាត់ស្រាយអត្ថន័យបានឡើយ។ ១៦ យើងក៏បានឮគេនិយាយទៀតថា លោកអាចកាត់ស្រាយអត្ថន័យ និងដោះស្រាយបញ្ហាស្មុគស្មាញបានទៀតផង។ ឥឡូវនេះ ប្រសិនបើលោកអាចអានអក្សរនេះបាន ហើយពន្យល់អត្ថន័យឲ្យយើង យើងនឹងបំពាក់អាវពណ៌ក្រហមទុំ និងខ្សែកមាសជូនជាកិត្តិយស ព្រមទាំងប្រគល់ឋានៈជាអ្នកគ្រប់គ្រងទីបី នៅក្នុងរាជាណាចក្រនេះផង»។
១៧ ពេលនោះ លោកដានីអែលទូលព្រះរាជាវិញថា៖ «សូមព្រះករុណាទុកកិត្តិយសនេះ សម្រាប់អ្នកដទៃចុះ រីឯទូលបង្គំ ទូលបង្គំសូមអានអក្សរនេះ ព្រមទាំងពន្យល់អត្ថន័យថ្វាយព្រះករុណាជ្រាប។
១៨ បពិត្រព្រះរាជា ព្រះដ៏ខ្ពង់ខ្ពស់បំផុតបានប្រទានរាជសម្បត្តិ ភាពឧត្តុង្គឧត្ដម កិត្តិនាម និងសិរីរុងរឿងដល់ព្រះចៅនេប៊ូកានេសារ ជាព្រះបិតារបស់ព្រះករុណា។ ១៩ ព្រោះតែភាពឧត្តុង្គឧត្ដម ដែលព្រះជាម្ចាស់ប្រទានឲ្យនេះហើយ បានជាប្រជាជន ប្រជាជាតិ និងមនុស្សគ្រប់ភាសាទាំងអស់ នាំគ្នាគោរពកោតខ្លាច និងភ័យញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះចៅនេប៊ូកានេសារ។ ព្រះអង្គប្រហារជីវិតនរណាក៏បាន ហើយទុកជីវិតឲ្យនរណាក៏បាន ព្រះអង្គលើកនរណាឡើងក៏បាន ហើយទម្លាក់នរណាចុះក៏បានដែរ។ ២០ ប៉ុន្តែ ព្រះរាជាមានអំនួត មានចិត្តរឹងរូសរហូតដល់វាយឫកខ្ពស់ ព្រះអង្គក៏ត្រូវគេទម្លាក់ចុះពីរាជសម្បត្តិ ហើយបាត់បង់សិរីរុងរឿង។ ២១ គេបានបណ្តេញព្រះរាជាចេញពីចំណោមមនុស្ស ចិត្តគំនិតរបស់ព្រះរាជាប្រែទៅជាមានលក្ខណៈដូចសត្វតិរច្ឆាន ព្រះអង្គគង់នៅជាមួយសត្វព្រៃ គេឲ្យព្រះអង្គសោយស្មៅដូចគោ ហើយព្រះកាយទទឹកជោកទៅដោយទឹកសន្សើម ដែលធ្លាក់ពីលើមេឃមក រហូតទល់ពេលព្រះរាជាទទួលស្គាល់ថា ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិរបស់មនុស្សលោកទាំងអស់ ហើយព្រះអង្គលើកនរណាឲ្យសោយរាជ្យក៏បាន។ ២២ បពិត្រព្រះករុណាបេលថាសារជាព្រះរាជបុត្រ ទោះបីព្រះករុណាជ្រាបហេតុការណ៍ទាំងនោះក្តី ក៏ព្រះអង្គពុំបានបន្ទាបខ្លួនដែរ ២៣ ព្រះករុណាបានប្រឆាំងព្រះអម្ចាស់នៃស្ថានបរមសុខ ដោយបញ្ជាឲ្យគេយកពែងពីព្រះវិហាររបស់ព្រះអង្គ មកចាក់ស្រាសម្រាប់ព្រះករុណា សម្រាប់នាម៉ឺនមន្ត្រី សម្រាប់ពួកមហេសី និងពួកស្នំ។ បន្ទាប់មក ព្រះករុណាបានសរសើរតម្កើងព្រះដែលធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្មទៅវិញ ជាព្រះដែលមិនចេះមើល មិនចេះស្ដាប់ ហើយមិនដឹងអ្វីទាំងអស់ គឺព្រះករុណាមិនបានលើកតម្កើងព្រះដែលជាម្ចាស់លើព្រះជន្ម និងជាម្ចាស់លើដំណើរជីវិតរបស់ព្រះករុណាឡើយ។ ២៤ ហេតុនេះហើយបានជាព្រះជាម្ចាស់ចាត់ម្រាមដៃឲ្យមកសរសេរអក្សរនេះ ២៥ គឺ “ម៉េណេ ម៉េណេ តេកែល និងប៉ារស៊ីន”។ ២៦ ពាក្យទាំងនេះមានន័យដូចតទៅ: “ម៉េណេ” (ប្រែថារាប់) មានន័យថា ព្រះជាម្ចាស់បានរាប់ចំនួនថ្ងៃនៃរាជ្យរបស់ព្រះករុណា ហើយព្រះអង្គបានបញ្ចប់រាជ្យនេះហើយ។ ២៧ “តេកែល” (ប្រែថាថ្លឹង) មានន័យថា ព្រះជាម្ចាស់បានថ្លឹងព្រះករុណាលើជញ្ជីងរួចហើយ ហើយព្រះអង្គទតឃើញថា ស្រាលពេក។ ២៨ “ប៉ារស៊ីន” (ប្រែថាចែក) មានន័យថា ព្រះជាម្ចាស់នឹងចែករាជាណាចក្ររបស់ព្រះករុណាជាពីរ គឺមួយចំណែកឲ្យជនជាតិម៉ែដ និងមួយចំណែកទៀតឲ្យជនជាតិពែរ្ស»។
២៩ ពេលនោះ ព្រះចៅបេលថាសារបញ្ជាឲ្យគេយកសម្លៀកបំពាក់ពណ៌ក្រហមទុំ និងខ្សែកមាស មកពាក់ឲ្យលោកដានីអែលភ្លាម ព្រមទាំងចេញរាជប្រកាសថា លោកនឹងមានឋានៈជាអ្នកគ្រប់គ្រងទីបីនៅក្នុងរាជាណាចក្រ។
៣០ នៅយប់នោះ ព្រះចៅបេលថាសារជាស្តេចរបស់ជនជាតិខាល់ដេបានត្រូវគេធ្វើគុត។
៦
១ (5.31) ព្រះចៅដារីយូសជាជនជាតិម៉ែដបានឡើងស្នងរាជ្យ ក្នុងជន្មាយុហុកសិបពីរព្រះវស្សា។
លោកដានីអែលនៅក្នុងរូងតោ
២ (1) ព្រះចៅដារីយូសសព្វព្រះហឫទ័យតែងតាំងមេទ័ពមួយរយម្ភៃរូបឲ្យគ្រប់គ្រងលើរាជាណាចក្រទាំងមូល។ ៣ (2) ស្តេចតែងតាំងមហាមន្ត្រីបីរូបឲ្យធ្វើជាប្រមុខលើមេទ័ពទាំងនោះ។ មេទ័ពទាំងអស់ត្រូវធ្វើរបាយការណ៍ជូនមហាមន្ត្រី ដើម្បីរក្សាផលប្រយោជន៍របស់ស្តេច។ លោកដានីអែលជាមហាមន្ត្រីមួយរូបក្នុងចំណោមមហាមន្ត្រីទាំងបី។ ៤ (3) ក្នុងចំណោមមហាមន្ត្រីទាំងបីរូប និងមេទ័ពទាំងអស់ លោកដានីអែលប្រសើរជាងគេ ព្រោះលោកមានប្រាជ្ញាឈ្លាសវៃបំផុត។ ព្រះរាជាមានបំណងតែងតាំងលោកឲ្យគ្រប់គ្រងលើរាជាណាចក្រទាំងមូល។
៥ (4) ពេលនោះ មហាមន្ត្រីឯទៀតៗ និងពួកមេទ័ពរិះរកមូលហេតុណាមួយ ដែលជាប់ទាក់ទងនឹងការងារក្នុងរាជាណាចក្រ ដើម្បីចោទប្រកាន់លោកដានីអែល តែពួកគេពុំអាចរកឃើញមូលហេតុ ឬកំហុសណាមួយបានទេ ដ្បិតលោកដានីអែលជាមនុស្សស្មោះត្រង់នឹងការងារ មិនដែលធ្វេសប្រហែស ឬមានកំហុសណាមួយឡើយ។ ៦ (5) អ្នកទាំងនោះពិភាក្សាគ្នាថា៖ «យើងពុំអាចរកមូលហេតុចាប់កំហុសលោកដានីអែលបានទេ។ ដូច្នេះ មានតែរិះរកមូលហេតុដែលជាប់ទាក់ទងនឹងវិន័យរបស់ព្រះគាត់»។ ៧ (6) បន្ទាប់មក ពួកមហាមន្ត្រី និងចៅហ្វាយខេត្ត បានលើកគ្នាចូលទៅគាល់ព្រះមហាក្សត្រ ទូលថា៖ «បពិត្រព្រះមហាក្សត្រដារីយូស សូមព្រះអង្គមានព្រះជន្មគង់នៅរហូតតទៅ! ៨ (7) មហាមន្ត្រីទាំងអស់ក្នុងរាជាណាចក្រ ព្រមទាំងមន្ត្រីរដ្ឋបាល មេទ័ពក្រុមប្រឹក្សាព្រះរាជបល្ល័ង្ក និងចៅហ្វាយខេត្តទាំងប៉ុន្មានបានមូលមតិគ្នា សូមឲ្យស្តេចចេញរាជក្រឹត្យមួយ ដើម្បីប្រកាសបម្រាមដូចតទៅ: “បពិត្រព្រះរាជា ក្នុងអំឡុងពេលសាមសិបថ្ងៃ បើអ្នកណាទូលអង្វរសូមអ្វីពីព្រះណាមួយ ឬពីមនុស្សណាម្នាក់ ក្រៅពីព្រះករុណា អ្នកនោះនឹងត្រូវបោះទៅក្នុងរូងតោ”។ ៩ (8) បពិត្រព្រះរាជា ឥឡូវនេះ សូមព្រះអង្គឡាយព្រះហស្ដលេខាបញ្ជាក់បម្រាមនេះ ដើម្បីឲ្យបានស្របតាមច្បាប់របស់ជនជាតិម៉ែដ និងជនជាតិពែរ្សដែលឥតផ្លាស់ប្ដូរ ឬប្រែក្រឡាស់បានឡើយ»។
១០ (9) ព្រះចៅដារីយូសក៏ឡាយព្រះហស្ដលេខាលើរាជក្រឹត្យប្រកាសបម្រាមនោះ។
១១ (10) កាលលោកដានីអែលបានជ្រាបអំពីរាជក្រឹត្យនេះ លោកក៏ឡើងទៅលើបន្ទប់មួយ ក្នុងផ្ទះរបស់លោកដែលមានបង្អួចចំហ បែរទៅរកក្រុងយេរូសាឡឹម។ លោកលុតជង្គង់អធិស្ឋាន និងសរសើរព្រះរបស់លោកដូចសព្វដង គឺក្នុងមួយថ្ងៃបីដង។
១២ (11) ពេលនោះ ពួកនាម៉ឺនមន្ត្រីក៏លើកគ្នាចូលមក ឃើញលោកដានីអែលកំពុងតែទូលអង្វរព្រះរបស់លោក។ ១៣ (12) ពួកគេនាំគ្នាចូលទៅគាល់ស្តេច ទូលអំពីរាជបម្រាមនោះថា៖ «បពិត្រព្រះរាជា! តើព្រះអង្គបានឡាយព្រះហស្ដលេខាលើបម្រាមថា ក្នុងរយៈពេលសាមសិបថ្ងៃ បើអ្នកណាទូលអង្វរព្រះ ឬមនុស្ស ក្រៅពីព្រះករុណា អ្នកនោះនឹងត្រូវបោះទៅក្នុងរូងតោមែនឬ?»។ ព្រះមហាក្សត្រឆ្លើយថា៖ «ត្រូវហើយ! យើងបានសម្រេចដូច្នេះមែន គឺស្របតាមច្បាប់របស់ជនជាតិម៉ែដ និងពែរ្ស ដែលមិនអាចប្រែក្រឡាស់បានឡើយ»។ ១៤ (13) ពួកគេក៏ទូលព្រះរាជាថា៖ «បពិត្រព្រះរាជា លោកដានីអែលជាអ្នកដែលគេជន្លៀសមកពីស្រុកយូដា ពុំបានអើពើនឹងព្រះករុណា ហើយក៏មិនគោរពតាមបម្រាមដែលព្រះអង្គបានឡាយព្រះហស្ដដែរ! គឺលោកនៅតែអធិស្ឋានមួយថ្ងៃបីដង»។ ១៥ (14) កាលស្តេចព្រះសណ្ដាប់ដូច្នេះហើយ ព្រះអង្គព្រួយព្រះហឫទ័យជាខ្លាំង។ ព្រះរាជាចង់ដោះលែងលោកដានីអែលណាស់ គឺតាំងពីពេលនោះរហូតដល់ល្ងាច ព្រះអង្គរិះរកមធ្យោបាយដោះលែងលោកដានីអែល។ ១៦ (15) ប៉ុន្តែ នាម៉ឺនមន្ត្រីទាំងនោះលើកគ្នាមកទូលស្តេចថា៖ «បពិត្រព្រះរាជា! សូមព្រះអង្គជ្រាបថា តាមច្បាប់របស់ជនជាតិម៉ែដ និងជនជាតិពែរ្ស រាជបម្រាម និងរាជក្រឹត្យទាំងប៉ុន្មាន ដែលមានឡាយព្រះហស្ដលេខារបស់ព្រះមហាក្សត្រមិនអាចប្រែប្រួលបានជាដាច់ខាត!»។ ១៧ (16) ព្រះមហាក្សត្របញ្ជាឲ្យគេនាំលោកដានីអែលទៅបោះនៅក្នុងរូងតោ ទាំងមានរាជឱង្ការទៅលោកថា៖ «ព្រះរបស់លោកនឹងសង្គ្រោះជីវិតលោកជាមិនខាន ព្រោះលោកបានគោរពបម្រើព្រះអង្គដោយចិត្តព្យាយាម»។ ១៨ (17) គេយកផ្ទាំងថ្មមួយផ្ទាំងមកសន្ធប់មាត់រូង ហើយព្រះមហាក្សត្រប្រថាប់ត្រាព្រះទម្រង់លើថ្មនោះ ពួកមន្ត្រីរបស់ស្តេចក៏បោះត្រាចិញ្ចៀនរបស់គេលើថ្មនោះដែរ។ ដូច្នេះ គ្មាននរណាអាចសង្គ្រោះលោកដានីអែលបានឡើយ។
១៩ (18) បន្ទាប់មក ព្រះមហាក្សត្រយាងចូលរាជវាំងវិញ ព្រះអង្គយាងចូលក្រឡាបន្ទំ ដោយមិនព្រមសោយអ្វីឡើយ ហើយក៏មិនអនុញ្ញាតឲ្យពួកស្នំចូលមកជិតដែរ។ យប់នោះ ព្រះអង្គផ្ទំមិនលក់ទាល់តែសោះ។ ២០ (19) ព្រះរាជាក្រោកឡើងតាំងពីព្រលឹមស្រាងៗ ហើយប្រញាប់ប្រញាល់យាងឆ្ពោះទៅរូងតោ។ ២១ (20) ព្រះអង្គចូលទៅជិតរូង ទាំងស្រែកហៅលោកដានីអែល ដោយបន្លឺព្រះសូរសៀងយ៉ាងក្តុកក្តួលថា៖ «លោកដានីអែលជាអ្នកបម្រើរបស់ព្រះដ៏មានព្រះជន្មគង់នៅអើយ តើព្រះរបស់លោក ដែលលោកគោរពបម្រើដោយចិត្តព្យាយាមនោះ បានរំដោះលោកឲ្យរួចពីតោឬទេ?»។ ២២ (21) លោកដានីអែលទូលទៅស្តេចវិញថា៖ «បពិត្រព្រះរាជា សូមព្រះអង្គមានព្រះជន្មគង់នៅរហូតតទៅ! ២៣ (22) ព្រះរបស់ទូលបង្គំចាត់ទេវទូតរបស់ព្រះអង្គមកបិទមាត់តោ ដូច្នេះ វាមិនបានធ្វើបាបទូលបង្គំឡើយ ដ្បិតព្រះជាម្ចាស់ជ្រាបថា ទូលបង្គំគ្មានទោសពៃរ៍អ្វីនៅចំពោះព្រះភ័ក្ត្រព្រះអង្គទេ ហើយទូលបង្គំក៏ពុំបានប្រព្រឹត្តអ្វីខុសចំពោះព្រះករុណាដែរ»។ ២៤ (23) ពេលនោះ ព្រះមហាក្សត្រមានព្រះហឫទ័យរីករាយក្រៃលែង ព្រះអង្គបញ្ជាឲ្យគេយកលោកដានីអែលចេញពីរូងមកវិញ គេក៏យកលោកចេញមកឃើញថា លោកគ្មានរបួសអ្វីសោះ ដ្បិតលោកមានជំនឿលើព្រះរបស់លោក។ ២៥ (24) បន្ទាប់មក ព្រះមហាក្សត្របញ្ជាឲ្យគេនាំពួកនាម៉ឺនមន្ត្រី ដែលបានចោទប្រកាន់លោកដានីអែលយកទៅបោះនៅក្នុងរូងតោ ទាំងប្រពន្ធ ទាំងកូន។ មុនពេលអ្នកទាំងនោះធ្លាក់ទៅដល់បាតរូង តោបានលោតមកត្របាក់ស៊ីពួកគេខ្ទេចខ្ទីអស់។
២៦ (25) ព្រះបាទដារីយូសចេញរាជសារមួយប្រកាសប្រាប់ប្រជាជន ប្រជាជាតិ និងមនុស្សគ្រប់ភាសា ដែលរស់នៅលើផែនដីទាំងមូលថា៖
«សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខយ៉ាងបរិបូណ៌! ២៧ (26) យើងសុំចេញបញ្ជាដូចតទៅ គឺមនុស្សទាំងឡាយដែលរស់នៅទួទាំងរាជាណាចក្ររបស់យើង ត្រូវតែគោរពកោតខ្លាចព្រះរបស់លោកដានីអែល
ដ្បិតព្រះអង្គជាព្រះដែលមានព្រះជន្មគង់នៅ
ហើយព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច។
ព្រះរាជ្យរបស់ព្រះអង្គមិនសាបសូន្យឡើយ
ព្រះអង្គគ្រងរាជ្យរហូតតរៀងទៅ។
២៨ (27) ព្រះអង្គសង្គ្រោះ និងរំដោះមនុស្សលោក
ព្រះអង្គសម្ដែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍
នៅលើមេឃ និងនៅលើផែនដី
គឺព្រះអង្គនេះហើយដែលបានសង្គ្រោះ
លោកដានីអែលឲ្យរួចពីក្រញាំតោ»។
២៩ (28) លោកដានីអែលបានចម្រុងចម្រើនរុងរឿងឡើង ក្នុងរជ្ជកាលព្រះចៅដារីយូស និងក្នុងរជ្ជកាលព្រះចៅស៊ីរូស ជាជនជាតិពែរ្ស។
៧
លោកដានីអែលសុបិននិមិត្តឃើញសត្វសាហាវបួន
១ នៅឆ្នាំទីមួយនៃរជ្ជកាលព្រះចៅបេលថាសារ ជាស្តេចស្រុកបាប៊ីឡូន លោកដានីអែលបានយល់សុបិននៅពេលសម្រាន្ដ គឺព្រលឹងរបស់លោកនិមិត្តឃើញការអស្ចារ្យ ដែលលោកលើកយកចំណុចសំខាន់ៗមកសរសេររៀបរាប់ដូចតទៅ:
២ លោកដានីអែលមានប្រសាសន៍ថា៖ «ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំឃើញខ្យល់ទាំងបួនទិសបក់ពីមេឃមកលើមហាសមុទ្រ។ ៣ ពេលនោះ ស្រាប់តែមានសត្វដ៏ធំសម្បើមបួនក្បាលប្លែកៗពីគ្នា ផុសចេញពីមហាសមុទ្រ។ ៤ សត្វទីមួយមានរូបរាងដូចតោ ហើយមានស្លាបដូចឥន្ទ្រី។ ពេលខ្ញុំកំពុងតែមើលនោះ ខ្ញុំឃើញគេដកស្លាបវា ហើយលើកវាឡើងផុតពីដីឲ្យឈរជើងពីរដូចមនុស្ស រួចគេឲ្យវាមានចិត្តដូចមនុស្ស។ ៥ សត្វទីពីរមានរូបរាងដូចខ្លាឃ្មុំ វាឈរលើជើងម្ខាង ព្រមទាំងពាំឆ្អឹងជំនីរបីក្នុងមាត់ផង។ មានគេប្រាប់វាថា “ចូរក្រោកឡើង ហើយត្របាក់ស៊ីសាច់ឲ្យច្រើនទៅ!”។
៦ ខ្ញុំសម្លឹងមើលទៅ ឃើញសត្វមួយទៀត មានរូបរាងដូចខ្លារខិន នៅលើខ្នងវាមានស្លាបបួន ហើយវាមានក្បាលបួនដែរ វាបានទទួលអំណាចគ្រប់គ្រងលើពិភពលោក។ ៧ បន្ទាប់មក ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំបានឃើញសត្វទីបួនដែលមានរូបរាងគួរព្រឺស្ញែងខ្លាច។ វាមានកម្លាំងដ៏ខ្លាំងក្លាអស្ចារ្យ ធ្មេញវាជាដែកដ៏ធំៗ វាត្របាក់ស៊ី វាកម្ទេច ព្រមទាំងជាន់ឈ្លីសំណល់ទាំងអស់ផង។ សត្វនេះមានរូបរាងខុសប្លែកពីសត្វមុនៗ គឺវាមានស្នែងដប់។ ៨ ខ្ញុំសង្កេតមើលស្នែងទាំងនោះ ស្រាប់តែឃើញមានស្នែងមួយទៀតតូចជាងគេ ដុះចេញពីកណ្ដាលចំណោមស្នែងទាំងដប់។ គេដកស្នែងមុនៗបីចេញពីមុខស្នែងតូច។ ស្នែងនេះមានភ្នែកដូចភ្នែកមនុស្ស ហើយមានមាត់ពោលចេញមកនូវពាក្យព្រហើនកោងកាច»។
ព្រះជាម្ចាស់វិនិច្ឆ័យទោស
៩ «ពេលនោះ ខ្ញុំនៅតែគន់មើលតទៅទៀត ឃើញគេយករាជបល្ល័ង្កជាច្រើនមកតាំង ហើយព្រះជាម្ចាស់នៃពេលវេលា ដែលមានព្រះជន្មាយុយឺនយូរ គង់នៅលើបល្ល័ង្កមួយ ព្រះអង្គមានព្រះភូសាពណ៌សដូចកប្បាស ហើយព្រះកេសារបស់ព្រះអង្គសដូចសម្លី។ បល្ល័ង្ករបស់ព្រះអង្គប្រៀបបាននឹងអណ្ដាតភ្លើង ហើយមានកង់កំពុងឆេះសន្ធោសន្ធៅ។ ១០ មានទន្លេមួយហូរសុទ្ធតែភ្លើង ចេញពីមុខបល្ល័ង្ក។ មានមនុស្សរាប់ម៉ឺនរាប់សែននាក់គោរពបម្រើព្រះអង្គ និងរាប់លានរាប់កោដិនាក់ទៀតឈរនៅចំពោះព្រះភ័ក្ត្រព្រះអង្គ។ ពេលនោះ ចៅក្រមនាំគ្នាអង្គុយ ហើយគេក៏បើកក្រាំងផ្សេងៗ។
១១ ខ្ញុំក្រឡេកមើលទៅ ខ្ញុំបានឮស្នែងតូចនោះពោលពាក្យយ៉ាងព្រហើនកោងកាច។ ពេលខ្ញុំកំពុងតែសម្លឹងមើល ស្រាប់តែសត្វទីបួននោះត្រូវគេសម្លាប់ ហើយគេយកខ្មោចទៅដុតចោលក្នុងភ្លើង។ ១២ រីឯសត្វឯទៀតៗ ក៏បាត់បង់អំណាចគ្រប់គ្រង តែពួកវាបានទទួលការអនុញ្ញាតឲ្យរស់តទៅមុខទៀតរហូតដល់ពេលកំណត់។
១៣ ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំឃើញមានម្នាក់ដូចបុត្រមនុស្ស* មកជាមួយពពកនៅលើផ្ទៃមេឃ លោកចូលទៅជិតព្រះជាម្ចាស់នៃពេលវេលា ដែលមានព្រះជន្មាយុយឺនយូរ ហើយគេក៏នាំលោកទៅគាល់ព្រះអង្គ។ ១៤ លោកបានទទួលអំណាចគ្រប់គ្រងព្រះកិត្តិនាម ព្រមទាំងរាជសម្បត្តិផង។ ប្រជាជនទាំងអស់ ប្រជាជាតិទាំងអស់ និងមនុស្សគ្រប់ភាសា នាំគ្នាគោរពបម្រើលោក អំណាចគ្រប់គ្រងរបស់លោកនៅស្ថិតស្ថេរអស់កល្បជានិច្ចឥតសាបសូន្យឡើយ។ រាជសម្បត្តិរបស់លោកមិនត្រូវរលាយដែរ។
ការកាត់ស្រាយសុបិននិមិត្តអំពីសត្វសាហាវទាំងបួន
១៥ ពេលនោះ ខ្ញុំ ដានីអែលតប់ប្រមល់ក្នុងចិត្តជាខ្លាំង ដ្បិតនិមិត្តហេតុដ៏អស្ចារ្យដែលខ្ញុំបានឃើញក្នុងសុបិននេះ ធ្វើឲ្យខ្ញុំតក់ស្លុតណាស់។ ១៦ ខ្ញុំក៏ខិតទៅជិតបុរសម្នាក់ក្នុងចំណោមអស់អ្នកដែលឈរនៅក្បែរបល្ល័ង្ក ហើយសួរគាត់ឲ្យពន្យល់អត្ថន័យពិតប្រាកដនៃហេតុការណ៍ទាំងនោះ។ គាត់ក៏កាត់ស្រាយអត្ថន័យនៃហេតុការណ៍ទាំងអស់ដែលខ្ញុំបានឃើញនោះ ដូចតទៅ: ១៧ សត្វធំសម្បើមទាំងបួននោះ គឺព្រះមហាក្សត្របួនអង្គ ដែលនឹងឡើងគ្រងរាជ្យលើផែនដីនេះ។ ១៨ បន្ទាប់មក ប្រជាជនដ៏វិសុទ្ធនៃព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងទទួលរាជសម្បត្តិនោះ ហើយពួកគេគ្រងព្រះរាជ្យដ៏ស្ថិតនៅអស់កល្បជានិច្ច ជាអង្វែងតរៀងទៅ។ ១៩ ក្រោយមក ខ្ញុំក៏សួរចង់ដឹងឲ្យច្បាស់អំពីសត្វទីបួន ដែលខុសប្លែកពីសត្វឯទៀតៗ គឺមានរូបរាងគួរស្ញែងខ្លាច មានធ្មេញដែក មានក្រចកលង្ហិន ហើយត្របាក់ស៊ីកម្ទេច ព្រមទាំងជាន់ឈ្លីសំណល់ទាំងអស់។ ២០ ខ្ញុំក៏ចង់ដឹងអំពីស្នែងទាំងដប់នៅលើក្បាលសត្វនោះ និងអំពីស្នែងមួយទៀតដែលដុះឡើងធ្វើឲ្យជ្រុះស្នែងបី។ ស្នែងក្រោយនេះមានភ្នែក និងមានមាត់ពោលពាក្យព្រហើនកោងកាច ហើយឃើញហាក់ដូចជាធំជាងស្នែងឯទៀតៗ។ ២១ ខ្ញុំបានឃើញស្នែងនេះកំពុងតែច្បាំងនឹងប្រជាជនដ៏វិសុទ្ធ ហើយមានប្រៀបលើពួកគេ ២២ រហូតដល់ពេលព្រះជាម្ចាស់នៃពេលវេលា ដែលមានព្រះជន្មាយុយឺនយូរយាងមក ដើម្បីរកយុត្តិធម៌ឲ្យប្រជារាស្ដ្រដ៏វិសុទ្ធរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ពេលនោះ ជាពេលកំណត់ដែលប្រជាជនដ៏វិសុទ្ធត្រូវទទួលរាជសម្បត្តិ។
២៣ បុរសនោះប្រាប់ខ្ញុំថា សត្វទីបួន គឺរាជាណាចក្រទីបួនដែលនឹងកើតឡើង នៅលើផែនដី។ រាជាណាចក្រនោះប្លែកពីរាជាណាចក្រឯទៀតៗ គឺរាជាណាចក្រនោះនឹងត្របាក់លេប ជាន់ឈ្លី និងកិនកម្ទេចរាជាណាចក្រឯទៀតៗ។ ២៤ រីឯស្នែងទាំងដប់ គឺស្តេចដប់អង្គដែលនឹងឡើងគ្រងរាជ្យ ក្នុងរាជាណាចក្រនោះ។ បន្ទាប់មក មានស្តេចមួយអង្គ ដែលប្លែកពីស្តេចមុនៗ ឡើងគ្រងរាជ្យក្រោយគេបង្អស់ ហើយទម្លាក់ស្តេចបីអង្គទៀតចោល។ ២៥ ស្តេចអង្គនេះនឹងមានរាជឱង្ការប្រឆាំងព្រះដ៏ខ្ពង់ខ្ពស់បំផុត ស្តេចនឹងជិះជាន់សង្កត់សង្កិនប្រជារាស្ដ្រដ៏វិសុទ្ធរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ហើយមានបំណងនឹងផ្លាស់ប្ដូរពេលកំណត់ធ្វើពិធីបុណ្យ និងផ្លាស់ប្ដូរវិន័យទៀតផង។ ព្រះអង្គនឹងធ្វើបាបប្រជាជនដ៏វិសុទ្ធអស់រយៈពេលមួយវស្សា ពីរវស្សា និងពាក់កណ្ដាលវស្សា។ ២៦ បន្ទាប់មក ពេលវិនិច្ឆ័យទោសក៏មកដល់ គេនឹងដកអំណាចគ្រប់គ្រងចេញពីស្តេចនោះ ហើយរាជ្យនេះនឹងត្រូវគេបំផ្លាញឲ្យវិនាសសូន្យរហូតតទៅ។ ២៧ ប្រជាជនដ៏វិសុទ្ធនៃព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងទទួលរាជ្យ អំណាចគ្រប់គ្រង និងទ្រព្យសម្បត្តិនៃរាជាណាចក្រទាំងប៉ុន្មាននៅលើផែនដីទាំងមូល។ រាជ្យរបស់គេជារាជ្យដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច មេគ្រប់គ្រងទាំងប៉ុន្មាននឹងនាំគ្នាបម្រើ ហើយស្ដាប់បង្គាប់ប្រជាជនដ៏វិសុទ្ធនោះ។
២៨ «សេចក្ដីនេះចប់តែប៉ុណ្ណេះ។ ខ្ញុំ ដានីអែល ភ័យតក់ស្លុតជាខ្លាំង ហេតុការណ៍ដែលខ្ញុំបានដឹងនៅក្នុងចិត្ត បានធ្វើឲ្យខ្ញុំស្លេកស្លាំង តែខ្ញុំរក្សាពាក្យពេចន៍ទាំងនេះទុកនៅក្នុងចិត្ត»។
៨
លោកដានីអែលសុបិននិមិត្តឃើញពពែ និងចៀម
១ នៅឆ្នាំទីបីនៃរជ្ជកាលព្រះចៅបេលថាសារ ខ្ញុំដានីអែលបាននិមិត្តឃើញការអស្ចារ្យមួយ បន្ទាប់ពីសុបិននិមិត្តដែលខ្ញុំបានឃើញកាលពីលើកមុន។ ២ ក្នុងនិមិត្តហេតុអស្ចារ្យនេះ ខ្ញុំក្រឡេកមើលទៅ ឃើញហាក់បីដូចជាខ្ញុំកំពុងតែស្ថិតនៅក្រុងស៊ូស ជាក្រុងដ៏សំខាន់របស់អាណាខេត្តអេឡាម។ ពេលខ្ញុំកំពុងតែសម្លឹងមើលក្នុងនិមិត្តហេតុអស្ចារ្យនោះ ខ្ញុំឃើញថា ខ្ញុំស្ថិតនៅក្បែរទន្លេអ៊ូឡៃ។
៣ ពេលខ្ញុំក្រឡេកមើលទៅ ឃើញមានចៀមឈ្មោលមួយឈរនៅមាត់ទន្លេ។ ចៀមនោះមានស្នែងពីរ ស្នែងទាំងពីរនេះវែងណាស់ ហើយស្នែងមួយវែងជាងស្នែងមួយទៀត តែស្នែងដែលវែងនេះដុះក្រោយគេ។ ៤ ខ្ញុំឃើញចៀមនោះវ័ធប្រហារទៅទិសខាងលិច ទិសខាងជើង និងទិសខាងត្បូង តែគ្មានសត្វណាមួយអាចតទល់នឹងវាបានទេ ហើយក៏គ្មាននរណាអាចរំដោះអ្នករងគ្រោះឲ្យរួចពីអំណាចរបស់វាបានដែរ។ វាធ្វើអ្វីៗបានស្រេចតែនឹងចិត្ត ហើយអំណាចរបស់វាកាន់តែចម្រើនធំឡើងជានិច្ច។
៥ ពេលខ្ញុំកំពុងតែរិះគិត ខ្ញុំឃើញមានពពែឈ្មោលមួយចេញពីទិសខាងលិចមក វាបោលកាត់ផែនដីយ៉ាងលឿន ជើងវាឥតប៉ះដីសោះឡើយ។ ពពែនេះមានស្នែងមួយគួរឲ្យស្ញប់ស្ញែង ដុះនៅចន្លោះភ្នែកទាំងពីរ។ ៦ ពពែនេះបានមកដល់ជិតចៀមស្នែងពីរឈរនៅមាត់ទន្លេ ដែលខ្ញុំបានឃើញពីមុន រួចសម្រុកទៅរកចៀមយ៉ាងពេញទំហឹង។ ៧ ខ្ញុំឃើញវាចូលទៅជិតចៀមទាំងកំរោល វាជល់ចៀមនោះបាក់ស្នែងទាំងពីរ ហើយចៀមឥតមានកម្លាំងតទល់នឹងវាវិញឡើយ។ វាផ្តួលចៀមទៅលើដីហើយជាន់កម្ទេច ដោយគ្មាននរណាអាចរំដោះចៀមឲ្យរួចពីអំណាចរបស់វាបានឡើយ។
៨ ពពែឈ្មោលនោះកាន់តែធំឡើងៗ ហើយពេលវាកំពុងតែមានអំណាចខ្លាំងក្លា ស្នែងធំរបស់វាក៏បាក់ រួចមានស្នែងបួនទៀតគួរឲ្យស្ញប់ស្ញែងដុះឡើងជំនួស បែរមុខទៅរកទិសទាំងបួន។
៩ មានស្នែងមួយតូចដុះចេញពីស្នែងមួយ ក្នុងចំណោមស្នែងទាំងបួន ស្នែងតូចនោះកាន់តែរីកធំឡើងៗ ឆ្ពោះទៅទិសខាងត្បូង ខាងកើត និងឆ្ពោះទៅកាន់ស្រុកដ៏ស្អាតជាងគេបំផុត។ ១០ បន្ទាប់មក ស្នែងនោះលូតឡើងរហូតដល់កងពលនៃស្ថានសួគ៌ ធ្វើឲ្យពួកគេមួយចំនួន និងផ្កាយខ្លះធ្លាក់មក ហើយវាជាន់ឈ្លី។ ១១ ស្នែងនោះលូតឡើងរហូតដល់ព្រះម្ចាស់សួគ៌ វាហាមគេមិនឲ្យថ្វាយយញ្ញបូជាប្រចាំថ្ងៃចំពោះព្រះអង្គ ព្រមទាំងបន្ថោកទីសក្ការៈថែមទៀតផង។ ១២ កងពល និងយញ្ញបូជាប្រចាំថ្ងៃ ធ្លាក់ទៅក្នុងអំណាចរបស់ស្នែងនោះ ព្រោះតែអំពើឧក្រិដ្ឋ។ ស្នែងនោះជាន់ឈ្លីសេចក្ដីពិត អ្វីៗដែលវាធ្វើសុទ្ធតែបានសម្រេចទាំងអស់។
១៣ ខ្ញុំបានឮអ្នកដ៏វិសុទ្ធមួយរូបកំពុងតែនិយាយ ហើយអ្នកដ៏វិសុទ្ធមួយរូបទៀតពោលទៅគាត់ថា៖ «និមិត្តហេតុដ៏អស្ចារ្យស្តីអំពីយញ្ញបូជាប្រចាំថ្ងៃ អំពើឧក្រិដ្ឋដែលកំពុងតែរាតត្បាតទីសក្ការៈ និងកងពល ដែលត្រូវស្នែងនោះជាន់ឈ្លីមានដូច្នេះ រហូតដល់ពេលណា»។ ១៤ គាត់ពោលមកខ្ញុំថា៖ «រហូតដល់ពេលដែលគេខានបានថ្វាយយញ្ញបូជាពីរពាន់បីរយដង ដោយគិតទាំងព្រឹក ទាំងល្ងាច។ បន្ទាប់មក គេនឹងរៀបចំទីសក្ការៈឡើងវិញ»។
១៥ នៅពេលដែលខ្ញុំ ដានីអែល កំពុងតែសម្លឹងមើលនិមិត្តហេតុដ៏អស្ចារ្យនេះ ទាំងរិះគិតចង់យល់អត្ថន័យ មានម្នាក់ដែលមានទ្រង់ទ្រាយដូចមនុស្សឈរនៅពីមុខខ្ញុំ ១៦ ហើយខ្ញុំបានឮសំឡេងមនុស្សម្នាក់ បន្លឺចេញពីទន្លេអ៊ូឡៃមកថា៖ «កាព្រីអែលអើយ ចូរពន្យល់ប្រាប់គាត់អំពីនិមិត្តហេតុដ៏អស្ចារ្យនេះផង»។ ១៧ លោកនោះក៏ចូលមកជិតកន្លែងដែលខ្ញុំឈរ ធ្វើឲ្យខ្ញុំភ័យតក់ស្លុតជាខ្លាំង ហើយខ្ញុំក៏ក្រាបចុះ ឱនមុខដល់ដី។ លោកពោលមកខ្ញុំថា៖ «បុត្រមនុស្សអើយ ចូរជ្រាបថានិមិត្តហេតុដ៏អស្ចារ្យនេះ សម្ដែងអំពីព្រឹត្តិការណ៍ដែលនឹងកើតមាននៅគ្រាចុងក្រោយ»។ ១៨ ក្នុងពេលលោកមានប្រសាសន៍មកខ្ញុំ ខ្ញុំក៏លង់ស្មារតី ហើយនៅតែឱនមុខដល់ដីដដែល។ លោកពាល់ខ្ញុំ រួចឲ្យខ្ញុំក្រោកឈរឡើង នៅកន្លែងដែលខ្ញុំឈរពីមុន។ ១៩ បន្ទាប់មក លោកពោលថា៖ «ខ្ញុំនឹងជម្រាបឲ្យលោកជ្រាបអំពីហេតុការណ៍ ដែលនឹងកើតមាននៅគ្រាដែលព្រះជាម្ចាស់វិនិច្ឆ័យទោស ដ្បិតព្រះអង្គបានកំណត់ថ្ងៃចុងក្រោយទុកជាស្រេចហើយ។ ២០ ចៀមឈ្មោលមានស្នែងពីរដែលលោកបានឃើញនោះ គឺស្តេចរបស់ជនជាតិម៉ែដ និងជនជាតិពែរ្ស។ ២១ រីឯពពែឈ្មោលដែលមានរោមពេញខ្លួន គឺស្តេចរបស់ជនជាតិក្រិក។ ស្នែងដ៏ធំដែលស្ថិតនៅចន្លោះភ្នែក គឺជាស្តេចទីមួយ។ ២២ ស្នែងនេះបានបាក់ ហើយមានស្នែងបួនទៀតដុះឡើងជំនួស គឺមាននគរបួនកើតចេញពីប្រជាជាតិក្រិក តែពុំមានឫទ្ធិអំណាចដូចស្តេចមុនទេ។ ២៣ នៅចុងរជ្ជកាលរបស់នគរទាំងបួន គឺនៅពេលដែលមនុស្សពាលប្រព្រឹត្តអំពើបាបដល់កម្រិត នឹងមានស្តេចមួយអង្គទៀតឡើងគ្រងរាជ្យ ស្តេចនេះព្រហើនកោងកាចណាស់ ហើយប៉ិនប្រសប់ខាងបោកប្រាស់ទៀតផង។ ២៤ អំណាចរបស់ស្តេចនេះនឹងរឹងប៉ឹងកាន់តែខ្លាំងឡើងៗ តែមិនមែនដោយសារកម្លាំងរបស់ខ្លួនផ្ទាល់ទេ។ ស្តេចនេះនឹងបំផ្លាញអ្វីៗទាំងអស់គួរឲ្យព្រឺខ្លាច ការអ្វីដែលស្តេចធ្វើសុទ្ធតែបានសម្រេច ស្តេចនឹងកម្ទេចពួកមានអំណាចខ្លាំងពូកែ ហើយកម្ទេចប្រជាជនដ៏វិសុទ្ធទៀតផង។ ២៥ ពេលបានចម្រុងចម្រើន ព្រោះតែកលល្បិចដ៏ប៉ិនប្រសប់ ស្តេចក៏មានចិត្តព្រហើន គឺសម្លាប់រង្គាលមនុស្សជាច្រើនដែលកំពុងរស់នៅដោយសុខសាន្ត។ សូម្បីតែព្រះមហាក្សត្រលើក្សត្រទាំងអស់ ក៏ស្តេចហ៊ានប្រឆាំងដែរ តែស្តេចនោះនឹងត្រូវរលំ ដោយគ្មាននរណាផ្តួលឡើយ។ ២៦ រីឯកំណត់ពេលព្រឹក និងល្ងាច ដែលលោកបានឃើញនៅក្នុងនិមិត្តហេតុដ៏អស្ចារ្យ ពិតជាមានមែន។ សូមលោកលាក់និមិត្តហេតុដ៏អស្ចារ្យនេះឲ្យជិត ដ្បិតព្រឹត្តិការណ៍នោះនឹងកើតមានទៅអនាគតដ៏យូរលង់ខាងមុខ»។
២៧ ខ្ញុំ ដានីអែល ខ្ញុំធ្លាក់ខ្លួនខ្សោយ និងមានជំងឺជាច្រើនថ្ងៃ។ បន្ទាប់មក ខ្ញុំបានក្រោកឡើង ហើយបំពេញមុខងារថ្វាយព្រះរាជាតទៅទៀត។ ប៉ុន្តែ និមិត្តហេតុអស្ចារ្យដែលខ្ញុំបានឃើញនោះ ធ្វើឲ្យខ្ញុំតក់ស្លុតជាខ្លាំង ព្រោះគ្មាននរណាអាចយល់បានឡើយ។
៩
ពាក្យអធិស្ឋានរបស់លោកដានីអែល
១ នៅឆ្នាំទីមួយនៃរជ្ជកាលព្រះចៅដារីយូស ជាបុត្ររបស់ព្រះចៅអាស្សេរូស ជាសាសន៍ម៉ែដ ដែលគេបានអភិសេកជាស្តេចរបស់រាជាណាចក្រខាល់ដេ ២ គឺឆ្នាំទីមួយដែលព្រះអង្គឡើងគ្រងរាជ្យ ខ្ញុំ ដានីអែល បានអានព្រះគម្ពីរ ហើយយល់អត្ថន័យនៃចំនួនឆ្នាំដែលព្រះអម្ចាស់ មានព្រះបន្ទូលទុកតាមរយៈព្យាការីយេរេមី ស្តីអំពីក្រុងយេរូសាឡឹមដែលត្រូវខូចបង់នោះ គឺចិតសិបឆ្នាំ។ ៣ ខ្ញុំក៏បែរមុខទៅរកព្រះជាអម្ចាស់ ដើម្បីអធិស្ឋានទទូចអង្វរព្រះអង្គ ដោយតមអាហារ និងកាន់ទុក្ខ។ ៤ ខ្ញុំទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ ហើយសារភាពចំពោះព្រះអង្គដូចតទៅ:
“បពិត្រព្រះអម្ចាស់! ព្រះអង្គជាព្រះដ៏ឧត្ដមគួរស្ញែងខ្លាច ព្រះអង្គតែងតែរក្សាសម្ពន្ធមេត្រីរបស់ព្រះអង្គ ហើយមានព្រះហឫទ័យមេត្តាករុណាចំពោះអស់អ្នកដែលស្រឡាញ់ និងប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គ! ៥ យើងខ្ញុំបានប្រព្រឹត្តអំពើបាប ប្រព្រឹត្តខុស ប្រព្រឹត្តអំពើអាក្រក់ និងបះបោរ ហើយយើងខ្ញុំបានងាកចេញពីវិន័យ និងដំបូន្មានរបស់ព្រះអង្គ។ ៦ យើងខ្ញុំពុំបានយកចិត្តទុកដាក់ស្ដាប់អស់លោកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គ ដែលបានថ្លែងព្រះបន្ទូលក្នុងនាមព្រះអង្គថ្វាយស្តេច ប្រាប់នាម៉ឺន បុព្វបុរស និងប្រជាជនទាំងមូលនៅក្នុងស្រុកទេ។ ៧ បពិត្រព្រះអម្ចាស់! មានតែព្រះអង្គទេដែលសុចរិត រីឯយើងខ្ញុំ សព្វថ្ងៃនេះ យើងខ្ញុំត្រូវអាម៉ាស់ គឺទាំងអ្នកស្រុកយូដា ទាំងអ្នកក្រុងយេរូសាឡឹម និងជនជាតិអ៊ីស្រាអែលទាំងមូល ទាំងអ្នកនៅជិត និងអ្នកនៅឆ្ងាយដែលព្រះអង្គបណ្តេញឲ្យទៅរស់នៅតាមស្រុកទាំងប៉ុន្មាន ព្រោះតែយើងខ្ញុំបានប្រព្រឹត្តខុសចំពោះព្រះអង្គ។ ៨ បពិត្រព្រះអម្ចាស់ យើងខ្ញុំទាំងអស់គ្នា ទាំងស្តេច ទាំងនាម៉ឺន ទាំងបុព្វបុរស ត្រូវអាម៉ាស់មុខ ព្រោះតែយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ។ ៩ ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ! យើងខ្ញុំបានបះបោរប្រឆាំងនឹងព្រះអង្គ តែព្រះអង្គប្រកបដោយព្រះហឫទ័យអាណិតអាសូរ ហើយលើកលែងទោសឲ្យយើងខ្ញុំជានិច្ច។ ១០ យើងខ្ញុំពុំបានយកចិត្តទុកដាក់ស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះរបស់យើងខ្ញុំទេ យើងខ្ញុំក៏ពុំបានធ្វើតាមវិន័យដែលព្រះអង្គប្រទានមកយើងខ្ញុំ តាមរយៈអស់លោកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គឡើយ។ ១១ ជនជាតិអ៊ីស្រាអែលទាំងមូល បានបំពានលើវិន័យរបស់ព្រះអង្គ ហើយងាកចេញ ពុំព្រមស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គទេ។ ហេតុនេះហើយបានជាបណ្ដាសា ទំនាយផ្សេងៗ ដែលមានចែងទុកក្នុងគម្ពីរវិន័យរបស់លោកម៉ូសេ ជាអ្នកបម្រើព្រះអង្គ បានធ្លាក់មកលើយើងខ្ញុំ ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអង្គ។ ១២ ព្រះអង្គបានប្រព្រឹត្តចំពោះយើងខ្ញុំ និងចំពោះអ្នកដឹកនាំដែលគ្រប់គ្រងលើយើងខ្ញុំ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គ គឺព្រះអង្គធ្វើឲ្យទុក្ខវេទនាមួយយ៉ាងធំ កើតមានដល់យើងខ្ញុំ ហើយនៅក្រោមមេឃនេះពុំដែលមានទុក្ខវេទនាណាមួយកើតឡើង ដូចទុក្ខវេទនាដែលក្រុងយេរូសាឡឹមបានជួបប្រទះនោះឡើយ។ ១៣ ទុក្ខវេទនាទាំងនេះកើតមានដល់យើងខ្ញុំ ដូចមានចែងទុកក្នុងវិន័យរបស់លោកម៉ូសេ តែយើងខ្ញុំពុំបានទូលអង្វរសុំសេចក្ដីសន្ដោសពីព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំទេ យើងខ្ញុំក៏ពុំបានបែរចេញពីកំហុស ហើយផ្ចង់ចិត្តទៅរកសេចក្ដីពិតដែរ។ ១៤ ព្រះអម្ចាស់មិនរារែកនឹងដាក់ទោសយើងខ្ញុំទេ ដ្បិតព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ព្រះអង្គសុចរិតក្នុងគ្រប់កិច្ចការទាំងអស់ តែយើងខ្ញុំពុំបានស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គឡើយ។ ១៥ ឥឡូវនេះ ឱព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ ព្រះអង្គបាននាំប្រជារាស្ដ្ររបស់ព្រះអង្គ ចេញពីស្រុកអេស៊ីបដោយឫទ្ធិបារមីរបស់ព្រះអង្គ ហើយព្រះអង្គបានធ្វើឲ្យព្រះកិត្តិនាមរបស់ព្រះអង្គល្បីរន្ទឺដូចសព្វថ្ងៃ តែយើងខ្ញុំបានប្រព្រឹត្តអំពើបាប ហើយមានទោស។ ១៦ ឱព្រះអម្ចាស់អើយ អ្វីៗដែលព្រះអង្គធ្វើសុទ្ធតែសុចរិតទាំងអស់ ហេតុនេះសូមបំបែរព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គ ចេញពីក្រុងយេរូសាឡឹម និងចេញពីភ្នំដ៏វិសុទ្ធរបស់ព្រះអង្គទៅ ដ្បិតសាសន៍ទាំងឡាយដែលនៅជុំវិញយើងខ្ញុំ នាំគ្នាមាក់ងាយក្រុងយេរូសាឡឹម និងប្រជារាស្ដ្ររបស់ព្រះអង្គ ព្រោះតែអំពើបាបរបស់យើងខ្ញុំ និងកំហុសរបស់បុព្វបុរសយើងខ្ញុំ។ ១៧ ឱព្រះនៃយើងខ្ញុំអើយ ឥឡូវនេះ សូមព្រះអង្គព្រះសណ្ដាប់ពាក្យអធិស្ឋាន និងពាក្យទូលអង្វររបស់ទូលបង្គំដែលជាអ្នកបម្រើព្រះអង្គផង។ ដោយយល់ដល់ព្រះនាមព្រះអង្គ សូមសម្ដែងព្រះហឫទ័យប្រណីមេត្តាចំពោះទីសក្ការៈរបស់ព្រះអង្គ ដែលត្រូវគេបំផ្លាញនេះផង។ ១៨ ឱព្រះនៃទូលបង្គំអើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ សូមទតមើលក្រុងបាក់បែក ដែលជាព្រះដំណាក់របស់ព្រះអង្គនេះផង! យើងខ្ញុំអង្វរព្រះអង្គ ដោយមិនពឹងផ្អែកលើអំពើសុចរិតរបស់យើងខ្ញុំទេ តែយើងខ្ញុំសូមពឹងផ្អែកលើព្រះហឫទ័យអាណិតអាសូរដ៏ធំធេងរបស់ព្រះអង្គ។ ១៩ ព្រះអម្ចាស់អើយ សូមស្ដាប់យើងខ្ញុំ! ព្រះអម្ចាស់អើយ សូមអត់ទោសឲ្យយើងខ្ញុំផង! ព្រះអម្ចាស់អើយ សូមកុំនៅព្រងើយឡើយ! ឱព្រះនៃទូលបង្គំអើយ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ សូមយាងមកជួយយើងខ្ញុំជាប្រញាប់ ដ្បិតទីក្រុង និងប្រជារាស្ដ្រនេះ ជាកម្មសិទ្ធិរបស់ព្រះអង្គ”។
ទេវទូតកាព្រីអែលពន្យល់ទំនាយ
២០ ខ្ញុំបានរៀបរាប់ទូលអង្វរព្រះអង្គតទៅមុខទៀត ខ្ញុំបានសារភាពអំពើបាបរបស់ខ្ញុំ ព្រមទាំងបាបរបស់ប្រជាជាតិអ៊ីស្រាអែល ហើយខ្ញុំក៏បានទូលអង្វរព្រះអម្ចាស់ជាព្រះរបស់ខ្ញុំ ស្តីអំពីភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។ ២១ ពេលខ្ញុំកំពុងតែអធិស្ឋាននៅឡើយ ស្រាប់តែទេវទូត*កាព្រីអែល ដែលខ្ញុំបានឃើញក្នុងសុបិននិមិត្តដ៏អស្ចារ្យ កាលពីមុននោះ ហោះចូលមកជិតខ្ញុំយ៉ាងរហ័ស ចំពេលថ្វាយតង្វាយវេលាល្ងាច។ ២២ លោកមកពន្យល់ប្រាប់ខ្ញុំថា៖ «លោកដានីអែលអើយ ខ្ញុំមកពេលនេះដើម្បីណែនាំលោកឲ្យបានយល់។ ២៣ នៅពេលលោកចាប់ផ្តើមទូលអង្វរព្រះជាម្ចាស់ ព្រះអង្គក៏មានព្រះបន្ទូល ហើយខ្ញុំនាំយកមកជម្រាបលោក ដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងលោកខ្លាំងណាស់។ សូមពិចារណាព្រះបន្ទូលនេះ ហើយយល់អត្ថន័យរបស់និមិត្តហេតុដ៏អស្ចារ្យចុះ។
២៤ ព្រះអង្គបានកំណត់ពេលប្រាំពីរឆ្នាំ ចិតសិបដង សម្រាប់ប្រជាជន និងក្រុងដ៏វិសុទ្ធរបស់លោក ដើម្បីលុបបំបាត់អំពើទុច្ចរិត បញ្ឈប់អំពើបាប លើកលែងកំហុស នាំមកនូវសេចក្ដីសុចរិតអស់កល្បជានិច្ច ហើយសម្រេចតាមសេចក្ដីដែលមានក្នុងនិមិត្តហេតុអស្ចារ្យ និងតាមសេចក្ដីដែលព្យាការីបានថ្លែងទុក ព្រមទាំងចាក់ប្រេងលើទីសក្ការៈបំផុត ដើម្បីញែកទុកថ្វាយព្រះអម្ចាស់។ ២៥ ដូច្នេះ សូមជ្រាប ហើយយល់អត្ថន័យនេះចុះ! ចាប់ពីពេលព្រះអម្ចាស់មានព្រះបន្ទូល ស្តីអំពីការរៀបចំសង់ក្រុងយេរូសាឡឹមឡើងវិញ រហូតដល់ពេលស្តេចដែលជាព្រះមេស្ស៊ី*យាងមកដល់ មានរយៈពេលប្រាំពីរឆ្នាំប្រាំពីរដង ហើយនៅប្រាំពីរឆ្នាំហុកសិបពីរដងទៀត គេនឹងសង់ទីក្រុង និងកំពែងឡើងវិញ តែគ្រានោះ ជាគ្រាមួយដ៏សែនវេទនា។ ២៦ លុះរយៈពេលប្រាំពីរឆ្នាំហុកសិបពីរដងនោះកន្លងផុតទៅ លោកដែលគេចាក់ប្រេងអភិសេក នឹងត្រូវគេដកជីវិត គ្មាននរណាការពារលោកទេ។ ប្រជាជាតិរបស់ស្តេចមួយអង្គនឹងលើកគ្នាមកកម្ទេចទីក្រុង និងទីសក្ការៈ។ នៅទីបញ្ចប់ ស្តេចនោះនឹងទទួលទោសពីព្រះជាម្ចាស់។ ប៉ុន្តែ ស្តេចនោះនឹងបន្តធ្វើសឹកបំផ្លិចបំផ្លាញ រហូតដល់សោយទិវង្គតដូចបានកំណត់ទុក។ ២៧ ក្នុងរយៈពេលប្រាំពីរឆ្នាំ ស្តេចនោះនឹងបង្ខំឲ្យប្រជាជាតិជាច្រើនចុះសន្ធិសញ្ញាយ៉ាងតឹងរ៉ឹង ហើយនៅអំឡុងពេលបីឆ្នាំកន្លះ ស្តេចបញ្ឈប់លែងឲ្យមានការថ្វាយយញ្ញបូជា ឬថ្វាយតង្វាយទៀតហើយ។ មេបំផ្លាញនេះនឹងប្រព្រឹត្តអំពើចង្រៃគួរស្អប់ខ្ពើមបំផុត គឺរហូតទាល់តែមហន្តរាយធ្លាក់ទៅលើមេបំផ្លាញវិញ ដូចបានកំណត់ទុក»។
១០
ទេវទូតប្រកាសប្រាប់លោកដានីអែលអំពីព្រឹត្តិការណ៍ដែលនឹងកើតមាននៅគ្រាចុងក្រោយ
១ នៅឆ្នាំទីបីនៃរជ្ជកាលព្រះចៅស៊ីរូស ជាស្តេចរបស់ចក្រភពពែរ្ស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកដានីអែល ហៅបេលថាសារ។ ព្រះបន្ទូលនេះជាសេចក្ដីពិតដែលប្រកាសពីគ្រាមួយដ៏សែនលំបាក។ លោកដានីអែលរិះគិតពិចារណាអំពីព្រះបន្ទូលនេះ ហើយយល់អត្ថន័យរបស់និមិត្តហេតុដ៏អស្ចារ្យដែលលោកបានឃើញ។
២ នៅគ្រានោះ ខ្ញុំ ដានីអែល បានកាន់ទុក្ខអស់រយៈពេលបីអាទិត្យ។ ៣ ខ្ញុំមិនបានទទួលទានអ្វីៗដែលខ្ញុំចូលចិត្តទេ គឺខ្ញុំមិនបានទទួលទានសាច់ ឬស្រាសោះឡើយ ហើយក៏ពុំបានលាបប្រេងក្រអូបអ្វីដែរ រហូតទាល់តែចប់រយៈពេលបីអាទិត្យនោះ។
៤ នៅថ្ងៃទីម្ភៃបួននៃខែទីមួយ ពេលខ្ញុំស្ថិតនៅមាត់ទន្លេធំ គឺទន្លេហ៊ីដេកែល ៥ ខ្ញុំក្រឡេកមើលទៅ ឃើញមនុស្សម្នាក់មានសម្លៀកបំពាក់ធ្វើពីក្រណាត់ភ្លឺរលើប ហើយមានខ្សែក្រវាត់មាសពីស្រុកអ៊ូផាសនៅចង្កេះផង។ ៦ រូបកាយរបស់លោកភ្លឺចាំងដូចត្បូងប៊ុតលឿង ផ្ទៃមុខលោកភ្លឺផ្លេកដូចផ្លេកបន្ទោរ ភ្នែកលោកប្រៀបបាននឹងភ្លើងគប់ ដៃជើងរបស់លោកប្រៀបបាននឹងលង្ហិនដែលគេខាត់យ៉ាងរលោង ហើយសំឡេងរបស់លោកឮសូរអឹងកង ដូចសំឡេងមនុស្សយ៉ាងច្រើន។ ៧ ខ្ញុំ ដានីអែល បានឃើញនិមិត្តហេតុដ៏អស្ចារ្យនេះតែម្នាក់ឯង ដ្បិតអស់អ្នកដែលនៅជាមួយខ្ញុំពុំបានឃើញទេ ពួកគេភិតភ័យជាខ្លាំង ហើយនាំគ្នារត់ពួនអស់។ ៨ ពេលខ្ញុំឃើញនិមិត្តហេតុដ៏អស្ចារ្យបំផុតនេះ ខ្ញុំនៅតែម្នាក់ឯង ទន់ដៃទន់ជើង ផ្ទៃមុខខ្ញុំក៏ស្លេកស្លាំង ហើយខ្ញុំលែងមានកម្លាំងកំហែងទៀត។ ៩ ខ្ញុំបានឮលោកនិយាយ ហើយសំឡេងរបស់លោកធ្វើឲ្យខ្ញុំលង់ស្មារតី ខ្ញុំក្រាបចុះ ឱនមុខដល់ដី។ ១០ ពេលនោះ មានដៃមួយពាល់ខ្ញុំ ធ្វើឲ្យខ្ញុំលុតជង្គង់ និងច្រត់ដៃឡើង ទាំងញាប់ញ័រ។
១១ លោកនោះពោលមកខ្ញុំថា៖ «លោកដានីអែលអើយ ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងលោកខ្លាំងណាស់ សុំពិចារណាឲ្យយល់សេចក្ដីដែលខ្ញុំនឹងថ្លែងប្រាប់លោក។ សុំក្រោកឈរនៅកន្លែងដែលលោកឈរពីមុននោះឡើងវិញ ដ្បិតឥឡូវនេះ ព្រះជាម្ចាស់ចាត់ខ្ញុំឲ្យមកជួបលោក»។ ពេលលោកកំពុងតែមានប្រសាសន៍ ខ្ញុំក៏ក្រោកឈរឡើងវិញ ទាំងញាប់ញ័រ។
១២ លោកនោះពោលមកខ្ញុំទៀតថា៖ «លោកដានីអែលអើយ កុំភ័យខ្លាចអី! តាំងពីថ្ងៃដំបូងដែលលោកមានបំណងចង់យល់សេចក្ដីទាំងនោះ ហើយបន្ទាបខ្លួននៅចំពោះព្រះភ័ក្ត្រព្រះរបស់លោក ព្រះអង្គក៏ព្រះសណ្ដាប់ឮពាក្យរបស់លោក ហេតុនេះបានជាខ្ញុំមកជួបលោក។ ១៣ ទេវទូតថែរក្សាចក្រភពពែរ្សបានតទល់នឹងខ្ញុំ អស់រយៈពេលម្ភៃមួយថ្ងៃ។ បន្ទាប់មក មហាទេវទូតមីកាអែល ដែលជាមេដ៏សំខាន់របស់ពពួកទេវទូតបានមកជួយខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅទីនេះ ជាមួយស្តេចនានារបស់ជនជាតិពែរ្ស។ ១៤ ខ្ញុំមកពន្យល់ប្រាប់លោកឲ្យដឹងអំពីហេតុការណ៍ ដែលនឹងកើតមានចំពោះប្រជាជនរបស់លោក ទៅអនាគត ដ្បិតមាននិមិត្តហេតុអស្ចារ្យមួយ សម្រាប់គ្រានោះដែរ»។
១៥ ពេលលោកកំពុងរៀបរាប់សេចក្ដីទាំងនោះប្រាប់ខ្ញុំ ខ្ញុំឱនមុខចុះ នៅស្ងៀម ១៦ ស្រាប់តែមានម្នាក់ដូចបុត្រមនុស្ស ពាល់បបូរមាត់ខ្ញុំ ហើយខ្ញុំក៏ហាមាត់និយាយទៅកាន់លោកម្នាក់ ដែលស្ថិតនៅខាងមុខខ្ញុំនោះថា៖ «លោកម្ចាស់អើយ ព្រោះតែនិមិត្តហេតុដ៏អស្ចារ្យនោះ ខ្ញុំប្របាទតប់ប្រមល់ក្នុងចិត្ត គ្មានកម្លាំងកំហែងទៀតទេ។ ១៧ តើខ្ញុំប្របាទនិយាយទៅកាន់លោកម្ចាស់ដូចម្ដេចកើត បើឥឡូវនេះ ខ្ញុំប្របាទគ្មានកម្លាំងសោះ ហើយដង្ហើមរបស់ខ្ញុំប្របាទក៏ខ្សោយដែរ»។
១៨ ពេលនោះ លោកដែលមានទ្រង់ទ្រាយដូចមនុស្ស បានពាល់ខ្ញុំសាជាថ្មី ធ្វើឲ្យខ្ញុំមានកម្លាំងឡើងវិញ។ ១៩ រួចហើយលោកពោលមកខ្ញុំថា៖ «កុំភ័យខ្លាចអី ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងលោកខ្លាំងណាស់ សូមឲ្យលោកបានប្រកបដោយសេចក្ដីសុខសាន្ត! ចូរមានកម្លាំងមាំមួនឡើង!»។ ពេលលោកមានប្រសាសន៍មកខ្ញុំដូច្នេះ ខ្ញុំក៏មានកម្លាំងឡើងវិញ ហើយជម្រាបលោកថា៖ «សូមលោកម្ចាស់មានប្រសាសន៍មកខ្ញុំប្របាទចុះ ព្រោះលោកម្ចាស់ធ្វើឲ្យខ្ញុំប្របាទមានកម្លាំងហើយ»។
២០ លោកពោលមកខ្ញុំថា៖ «តើលោកដឹងឬទេ ហេតុអ្វីបានជាខ្ញុំមករកលោក? ឥឡូវនេះ ខ្ញុំត្រូវត្រឡប់ទៅប្រយុទ្ធនឹងទេវទូតថែរក្សាចក្រភពពែរ្សវិញ។ ពេលខ្ញុំចេញទៅនោះ ទេវទូតថែរក្សាអាណាចក្រក្រិកនឹងមកដល់។ ២១ ប៉ុន្តែ ខ្ញុំចង់ជម្រាបលោកឲ្យដឹងអំពីសេចក្ដី ដែលមានចែងទុកនៅក្នុងក្រាំងនៃសេចក្ដីពិតនេះសិន។ ក្រៅពីមហាទេវទូតមីកាអែលជាទេវទូតថែរក្សាអ៊ីស្រាអែល គ្មាននរណាម្នាក់បានជួយខ្ញុំតទល់នឹងពួកនោះទេ។
១១
១ រីឯខ្ញុំវិញ នៅឆ្នាំទីមួយនៃរជ្ជកាលព្រះចៅដារីយូស ជាជនជាតិម៉ែដ ខ្ញុំបានស្ថិតនៅជាមួយមហាទេវទូតមីកាអែល ដើម្បីជួយគាំទ្រលោក។ ២ ឥឡូវនេះ ខ្ញុំសូមប្រាប់សេចក្ដីពិតជូនលោក ដូចតទៅ:
ចម្បាំងរវាងស្តេចនៃអាណាចក្រខាងជើង និងស្តេចនៃអាណាចក្រខាងត្បូង
ស្តេចបីអង្គនឹងឡើងគ្រងរាជ្យលើចក្រភពពែរ្ស បន្ទាប់មក មានស្តេចទីបួនដែលប្រមូលបានទ្រព្យសម្បត្តិច្រើនជាងស្តេចឯទៀតៗ។ ពេលស្តេចនោះមានអំណាចរឹងប៉ឹង ដោយសារទ្រព្យសម្បត្តិដ៏ច្រើន ស្តេចក៏ប្រើគ្រប់មធ្យោបាយធ្វើសឹកនឹងអាណាចក្រក្រិក។
៣ ប៉ុន្តែ នឹងមានស្តេចមួយអង្គទៀតដ៏ពូកែឡើងគ្រងរាជ្យ ប្រកបដោយឫទ្ធិអំណាចជាខ្លាំង ហើយស្តេចនេះធ្វើអ្វីៗបានស្រេចតែនឹងចិត្ត។ ៤ ពេលស្តេចបានថ្កុំថ្កើងឡើង ចក្រភពរបស់ស្តេចត្រូវបាក់បែកជាបួនចំណែក។ ព្រះរាជវង្សរបស់ស្តេចនឹងមិនស្នងរាជសម្បត្តិឡើយ ដ្បិតរាជសម្បត្តិនោះត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់អ្នកផ្សេង តែអ្នកទាំងនោះពុំមានឫទ្ធិអំណាចដូចស្តេចមុនទេ។
៥ ស្តេចរបស់អាណាចក្រខាងត្បូងនឹងមានឫទ្ធិអំណាចយ៉ាងខ្លាំង តែមេទ័ពមួយរូបរបស់ស្តេចនឹងមានអំណាចខ្លាំងជាង ក៏ឡើងគ្រប់គ្រងស្រុកដែរ ហើយអាណាចក្ររបស់លោកមានអំណាចខ្លាំងជាងអាណាចក្ររបស់ស្តេចនោះ។
៦ ប៉ុន្មានឆ្នាំក្រោយមកទៀត គេនឹងចងស្ពានមេត្រីជាមួយគ្នាវិញ គឺបុត្រីរបស់ស្តេចអាណាចក្រខាងត្បូង នឹងទៅនៅជាមួយស្តេចរបស់អាណាចក្រខាងជើង ដើម្បីបញ្ជាក់អំពីចំណងនៃស្ពានមេត្រីនេះ។ ប៉ុន្តែ នាងរក្សាអំណាចមិនបានយូរទេ ហើយស្តេចខាងត្បូង និងរាជវង្សក៏មិនស្ថិតស្ថេរដែរ គឺទាំងនាង ទាំងអស់អ្នកដែលហែហមនាង ទាំងបិតា ទាំងអ្នកដែលជួយគាំទ្រនាង នឹងត្រូវគេប្រហារជីវិតនៅពេលនោះ។
៧ ពេលនោះ នឹងមានស្តេចមួយអង្គដែលកើតចេញពីវង្សត្រកូលរបស់នាង ហើយស្នងរាជ្យជំនួសបិតា។ ស្តេចនេះនឹងលើកទ័ពទៅវាយលុកបន្ទាយរបស់ស្តេចខាងជើង ហើយមានជ័យជម្នះ។ ៨ ស្តេចនាំយកជ័យភ័ណ្ឌទៅស្រុកអេស៊ីប គឺមានរូបព្រះ រូបសំណាកផ្សេងៗ ដែលធ្វើពីលោហធាតុដ៏ភ្លឺៗ និងវត្ថុដ៏មានតម្លៃធ្វើពីប្រាក់ ពីមាសជាដើម។ បន្ទាប់មក ស្តេចនេះនឹងឈប់ធ្វើសឹកសង្គ្រាមជាមួយស្តេចខាងជើងមួយរយៈ។ ៩ ក្រោយមក ស្តេចខាងជើងក៏ចេញទៅច្បាំងនឹងអាណាចក្ររបស់ស្តេចខាងត្បូង រួចវិលត្រឡប់ទៅទឹកដីរបស់ខ្លួនវិញ។
១០ បុត្ររបស់ស្តេចនោះនាំគ្នាលើកទ័ពទៅច្បាំង ដោយប្រមូលកងពលយ៉ាងច្រើនឥតឧបមា។ បុត្រមួយអង្គវាយឆ្លងព្រំដែនដូចទឹកជំនន់ហូរយ៉ាងខ្លាំង រួចវិលត្រឡប់ទៅស្រុករបស់ខ្លួន ទាំងវាយលុកក្រុងមួយដែលមានកំពែងនៅតាមផ្លូវផង។ ១១ ពេលនោះ ស្តេចខាងត្បូងក្ដៅក្រហាយយ៉ាងខ្លាំង ក៏លើកទ័ពយ៉ាងច្រើនទៅវាយលុកស្តេចខាងជើង ហើយកងទ័ពដ៏ច្រើនរបស់ស្តេចខាងជើង ត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្តេចខាងត្បូង។ ១២ ដោយឃើញខ្មាំងយ៉ាងច្រើនធ្លាក់ក្នុងកណ្ដាប់ដៃខ្លួនដូច្នេះ ស្តេចក៏មានចិត្តអួតបំប៉ោង ហើយប្រហារជីវិតពួកគេរាប់ម៉ឺនរាប់សែន។ ទោះបីយ៉ាងនេះក៏ដោយ ក៏ស្តេចនៅតែយកជ័យជម្នះពុំបានដែរ។ ១៣ ស្តេចខាងជើងវិលត្រឡប់មកវិញ ទាំងលើកទ័ពច្រើនជាងមុន។ ប៉ុន្មានឆ្នាំក្រោយមក ស្តេចខាងជើងនឹងលើកទ័ពយ៉ាងធំទាំងមានគ្រឿងសាស្ត្រាវុធយ៉ាងច្រើនមកជាមួយផង។ ១៤ នៅគ្រានោះ នឹងមានមនុស្សជាច្រើនប្រឆាំងនឹងស្តេចខាងត្បូង ហើយមានមនុស្សឃោរឃៅជាច្រើនក្នុងចំណោមប្រជាជនរបស់លោក លើកគ្នាបះបោរ ស្របតាមនិមិត្តហេតុដ៏អស្ចារ្យនោះ តែពួកគេពុំអាចសម្រេចគម្រោងការរបស់ខ្លួនបានឡើយ។ ១៥ ទ័ពស្តេចខាងជើងកាន់តែរុលទៅមុខ គេលើកដីយ៉ាងខ្ពស់ព័ទ្ធជុំវិញក្រុងមួយ ដែលមានកំពែងរឹងមាំ ហើយវាយយកក្រុងនោះ។ កងទ័ពរបស់ស្តេចខាងត្បូង និងកងពលដ៏ពូកែៗរបស់ពួកគេ ពុំមានកម្លាំងអាចទប់ទល់បានឡើយ។ ១៦ ស្តេចខាងជើងក៏វាយលុកពួកគេ ហើយប្រព្រឹត្តចំពោះពួកគេតាមអំពើចិត្ត គ្មាននរណាតទល់បានទាល់តែសោះ រួចស្តេចក៏ឈប់ត្រឹមស្រុកដ៏ស្អាត ហើយកម្ទេចអ្វីៗទាំងអស់ដែលស្តេចជួបប្រទះ។
១៧ ស្តេចខាងជើងមានបំណងទៅជួបស្តេចខាងត្បូង ដើម្បីបង្ហាញឫទ្ធិអំណាចនៃអាណាចក្រទាំងមូលរបស់ខ្លួន និងចង់ចងស្ពានមេត្រីជាមួយស្តេចខាងត្បូង។ ព្រះអង្គលើកបុត្រីឲ្យធ្វើជាមហេសីស្តេចខាងត្បូង ក្នុងគោលបំណងបោកបញ្ឆោតស្តេចនោះ តែពុំបានសម្រេចដូចបំណងឡើយ។ ១៨ ដូច្នេះ ស្តេចនោះក៏បែរទៅរកកោះនានា ហើយវាយយកបានជាច្រើន។ ប៉ុន្តែ មានមេទ័ពម្នាក់មកបញ្ឈប់សកម្មភាពដ៏អាម៉ាស់របស់ស្តេច តែស្តេចមិនអាចធ្វើឲ្យគាត់ត្រូវអាម៉ាស់វិញទេ។ ១៩ បន្ទាប់មក ស្តេចវិលទៅធ្វើសឹកតាមក្រុងដែលមានកំពែង នៅស្រុករបស់ខ្លួនវិញ តែស្តេចត្រូវបរាជ័យ ហើយវិនាសសូន្យទៅ។
២០ ស្តេចមួយអង្គទៀតដែលឡើងស្នងរាជ្យ នឹងចាត់ជនកំណាចមួយរូបឲ្យទៅរឹបអូសយកទ្រព្យពីវិមានដ៏ថ្កុំថ្កើងជាងគេក្នុងអាណាចក្រ។ ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមក ស្តេចនោះនឹងត្រូវវិនាស តែមិនមែនដោយការបះបោរ ឬដោយសង្គ្រាមទេ។
២១ ពេលនោះ មានមនុស្សម្នាក់គួរឲ្យមាក់ងាយ ឡើងសោយរាជ្យ ដោយឥតនរណាអភិសេកជាស្តេច។ ស្តេចថ្មីនេះដណ្ដើមយករាជសម្បត្តិបាន ក្នុងគ្រាមានសុខសាន្តត្រាណ ដោយប្រើកលល្បិច។ ២២ កងទ័ពដ៏ខ្លាំងពូកែដែលមកលុកលុយស្រុក នឹងត្រូវចុះចាញ់ស្តេចនោះ ហើយសូម្បីតែមហាបូជាចារ្យរបស់ប្រជារាស្ដ្រនៃសម្ពន្ធមេត្រីក៏បរាជ័យដែរ។ ២៣ ស្តេចនោះនឹងចងសម្ពន្ធមិត្តជាមួយអ្នកឯទៀតៗ ដើម្បីបោកប្រាស់ពួកគេ ហើយពង្រឹងអំណាចកាន់តែខ្លាំងឡើងៗ ទោះបីមានបក្សពួកតិចក៏ដោយ។ ២៤ ក្នុងឱកាសដែលគេកំពុងតែមានសន្តិភាព ស្តេចនោះឆ្លៀតពង្រីកទឹកដី រហូតទៅដល់ស្រុកដែលមានជីជាតិច្រើនជាងគេក្នុងអាណាខេត្ត ហើយព្រះអង្គប្រព្រឹត្តអំពើដែលពួកអយ្យកោពុំបានប្រព្រឹត្ត គឺព្រះអង្គរឹបអូសរបស់របរ និងទ្រព្យសម្បត្តិរបស់គេចែកឲ្យបក្សពួកខ្លួន។ ស្តេចប្រើល្បិចកិច្ចកលផ្សេងៗ ដើម្បីវាយលុកបន្ទាយនានា តែការនេះកើតមានមួយរយៈប៉ុណ្ណោះ។
២៥ ដោយអាងលើកម្លាំង និងចិត្តក្លាហានរបស់ខ្លួន ស្តេចនោះលើកទ័ពទៅវាយស្តេចខាងត្បូង។ ស្តេចខាងត្បូងក៏លើកទ័ពយ៉ាងសន្ធឹកសន្ធាប់ និងខ្លាំងពូកែមកតទល់ តែពុំអាចយកជ័យជម្នះបានឡើយ ព្រោះស្តេចខាងជើងប្រើល្បិចកិច្ចកលផ្សេងៗប្រឆាំងស្តេចខាងត្បូង ២៦ គឺពួកជំនិតរបស់ស្តេចផ្ទាល់នឹងនាំគ្នាក្បត់ស្តេច ធ្វើឲ្យទ័ពរបស់ស្តេចត្រូវបរាជ័យ ហើយទាហានមួយចំនួនធំត្រូវស្លាប់បាត់បង់ជីវិត។ ២៧ បន្ទាប់មក ស្តេចទាំងពីរអង្គុយចរចាជាមួយគ្នា តែដោយគំនិតរបស់គេសុទ្ធតែអាក្រក់ គេពោលពាក្យកុហកគ្នាទៅវិញទៅមក។ ដូច្នេះ ការចរចារបស់គេពុំអាចបានផលអ្វីឡើយ ដ្បិតមិនទាន់ដល់គ្រាបញ្ចប់ដែលបានកំណត់ទុក។
២៨ ស្តេចខាងជើងក៏វិលត្រឡប់ទៅស្រុកវិញ ទាំងនាំទ្រព្យសម្បត្តិយ៉ាងច្រើនទៅជាមួយផង។ ពេលនោះ ស្តេចនឹងធ្វើបាបប្រជារាស្ដ្រនៃសម្ពន្ធមេត្រីដ៏វិសុទ្ធ តាមគម្រោងការរបស់ខ្លួន រួចបន្តដំណើរវិលទៅស្រុករបស់ខ្លួនវិញ។
២៩ លុះដល់ពេលកំណត់ ស្តេចខាងជើងក៏លើកទ័ពទៅវាយអាណាចក្រខាងត្បូងសាជាថ្មី ប៉ុន្តែ លើកនេះពុំដូចគ្រាមុនទេ ៣០ គឺមាននាវាជាច្រើនពីស្រុកគីទីមមកច្បាំងនឹងស្តេច ធ្វើឲ្យស្តេចបាក់ទឹកចិត្ត ហើយដកទ័ពថយទៅវិញ។ តាមផ្លូវ ស្តេចខ្ញាល់ជាខ្លាំង ហើយក៏ធ្វើបាបប្រជារាស្ដ្រនៃសម្ពន្ធមេត្រីដ៏វិសុទ្ធ ដោយរួមគំនិតជាមួយអស់អ្នកដែលក្បត់សម្ពន្ធមេត្រីដ៏វិសុទ្ធ។ ៣១ ពេលនោះ កងទ័ពដែលស្ថិតនៅក្រោមបញ្ជារបស់ស្តេច នឹងនាំគ្នាបន្ថោកបន្ទាយដែលជាទីសក្ការៈ ហើយបញ្ឈប់ការថ្វាយយញ្ញបូជាប្រចាំថ្ងៃ ហើយយកវត្ថុចង្រៃដ៏គួរស្អប់ខ្ពើមមកតាំងជំនួសវិញ។ ៣២ ស្តេចនោះនឹងពោលពាក្យបញ្ចើចបញ្ចើ ល្បួងអស់អ្នកដែលក្បត់សម្ពន្ធមេត្រី។ ប៉ុន្តែ ប្រជាជនដែលស្គាល់ព្រះជាម្ចាស់នឹងកាន់ចិត្តរឹងប៉ឹង។ ៣៣ ពួកអ្នកមានប្រាជ្ញាក្នុងចំណោមប្រជាជន នឹងនាំគ្នាអប់រំមនុស្សជាច្រើន។ ក៏ប៉ុន្តែ ក្នុងពេលមួយរយៈ ក្នុងចំណោមអ្នកមានប្រាជ្ញាទាំងនោះ មានអ្នកខ្លះត្រូវគេសម្លាប់ ត្រូវគេដុត ត្រូវគេកៀរយកទៅជាឈ្លើយ ព្រមទាំងរឹបអូសយកទ្រព្យសម្បត្តិមួយរយៈ។ ៣៤ ក្នុងពេលដែលគេធ្វើបាបអ្នកទាំងនោះ នឹងមានអ្នកខ្លះមកជួយបន្តិចដែរ។ មនុស្សជាច្រើននឹងមកចូលរួមជាមួយអ្នកទាំងនោះ តែដោយប្រើកលល្បិច។ ៣៥ ក្នុងចំណោមអ្នកមានប្រាជ្ញា នឹងមានអ្នកខ្លះបាត់បង់ជីវិត ដើម្បីឲ្យពួកគេបានស្អាតបរិសុទ្ធ និងបានសស្គុសរហូតដល់គ្រាចុងក្រោយ ដ្បិតគ្រានោះនឹងកើតមានតាមពេលកំណត់។
៣៦ ស្តេចនោះធ្វើអ្វីៗបានស្រេចតែនឹងចិត្ត គឺអួតបំប៉ោងលើកខ្លួនឡើងធំជាងព្រះទាំងឡាយទៅទៀត ហើយក៏ពោលពាក្យព្រហើនៗទាស់នឹងព្រះលើព្រះនានាផង។ ស្តេចនោះនឹងចម្រើនមាំមួនឡើង រហូតទាល់តែព្រះពិរោធកើនដល់កម្រិត ដ្បិតហេតុការណ៍អ្វីដែលព្រះជាម្ចាស់គ្រោងទុកត្រូវតែបានសម្រេច។ ៣៧ ស្តេចនោះមិនយោគយល់ដល់ព្រះដែលអយ្យកោរបស់ខ្លួនធ្លាប់គោរព ហើយក៏មិនយោគយល់ដល់ព្រះដែលពួកស្ត្រីៗស្រឡាញ់ដែរ គឺស្តេចមិនយោគយល់ដល់ព្រះណាឡើយ ព្រោះព្រះអង្គតម្កើងខ្លួនឯងទុកជាធំលើសអ្វីៗទាំងអស់។ ៣៨ ក៏ប៉ុន្តែ ស្តេចនោះគោរពព្រះមួយ ជាព្រះការពារបន្ទាយ ហើយយកមាស ប្រាក់ ត្បូង ពេជ្រ និងរបស់ដ៏មានតម្លៃទៅថ្វាយ។ អយ្យកោរបស់ស្តេចមិនដែលស្គាល់ព្រះនេះទេ។ ៣៩ ស្តេចទៅវាយទីតាំងទ័ពរបស់សាសន៍នានា ដោយពឹងផ្អែកលើព្រះនៃជនបរទេស។ ស្តេចលើកកិត្តិយសអស់អ្នកដែលទទួលស្គាល់ព្រះនេះ ហើយឲ្យពួកគេគ្រប់គ្រងលើមនុស្សជាច្រើន ព្រមទាំងចែកទឹកដីឲ្យពួកគេជារង្វាន់ផង។
៤០ នៅគ្រាចុងក្រោយ ស្តេចខាងត្បូងនឹងទៅប្រយុទ្ធនឹងស្តេចខាងជើង។ ស្តេចខាងជើងក៏លើកទ័ពទៅវាយសម្រុកស្តេចខាងត្បូង ដោយប្រើរទេះចម្បាំង ទ័ពសេះ និងនាវាចម្បាំងជាច្រើន។ ស្តេចនោះនាំពលទ័ពយ៉ាងគគ្រឹកគគ្រេងឆ្លងព្រំដែនចូលទៅក្នុងស្រុកនានាដូចទឹកជំនន់ ៤១ គឺឆ្លងកាត់ស្រុកដែលស្អាតជាងគេ ហើយប្រហារជីវិតមនុស្សជាច្រើន តែជនជាតិអេដុម ជនជាតិម៉ូអាប់ ព្រមទាំងអ្នកដឹកនាំសំខាន់ៗរបស់ជនជាតិអាំម៉ូន នឹងគេចផុតពីកណ្ដាប់ដៃរបស់ស្តេច។ ៤២ ស្តេចនោះនឹងវាតអំណាចទៅលើស្រុកនានា ហើយសូម្បីតែស្រុកអេស៊ីបក៏គេចមិនផុតដែរ។ ៤៣ ស្តេចនឹងយកទ្រព្យសម្បត្តិនៅស្រុកអេស៊ីបមកធ្វើជាកម្មសិទ្ធិ គឺមាស ប្រាក់ និងរបស់របរដ៏មានតម្លៃ។ ជនជាតិលីប៊ី និងជនជាតិអេត្យូពី នឹងសុំធ្វើជាចំណុះរបស់ស្តេចនោះ។ ៤៤ បន្ទាប់មក មានលេចឮដំណឹងអំពីហេតុការណ៍ដែលកើតឡើងនៅបូព៌ាប្រទេស និងស្រុកខាងជើង បណ្តាលឲ្យស្តេចបារម្ភក្រៃលែង។ ស្តេចពោរពេញដោយកំហឹងយ៉ាងខ្លាំង ក៏លើកទ័ពទៅកម្ទេចស្រុកនានា ព្រមទាំងសម្លាប់រង្គាលមនុស្សជាច្រើន។ ៤៥ ស្តេចនឹងសង់ពន្លានៅចន្លោះសមុទ្រទាំងពីរ គឺនៅជិតភ្នំដ៏រុងរឿងវិសុទ្ធ។ បន្ទាប់មក ស្តេចនោះក៏បាត់បង់ជីវិតទៅ ដោយឥតមាននរណាជួយឡើយ។
១២
ព្រឹត្តិការណ៍នៅគ្រាចុងក្រោយ
១ នៅគ្រាចុងក្រោយ មហាទេវទូតមីកាអែល ដែលជាមេដ៏សំខាន់របស់ពពួកទេវទូត ហើយជាអ្នកថែរក្សាប្រជាជនរបស់លោកនឹងក្រោកឈរឡើង។ គ្រានោះ នឹងមានទុក្ខលំបាកយ៉ាងខ្លាំង គឺតាំងពីពេលកើតមានប្រជាជាតិរហូតមកដល់ថ្ងៃនេះ មនុស្សលោកមិនដែលរងទុក្ខលំបាកដូច្នេះទេ។ ប៉ុន្តែ នៅគ្រានោះ ក្នុងចំណោមប្រជាជនរបស់លោក អស់អ្នកដែលមានឈ្មោះកត់ទុកក្នុងក្រាំងជីវិតនឹងត្រូវរួចខ្លួន។ ២ មានមនុស្សជាច្រើនដែលស្ថិតនៅក្នុងផ្នូរនឹងរស់ឡើងវិញ អ្នកខ្លះនឹងទទួលជីវិតអស់កល្បជានិច្ច អ្នកខ្លះទៀតនឹងត្រូវអាម៉ាស់មុខ ព្រមទាំងរងទុក្ខទោសអស់កល្បជានិច្ចផង។ ៣ រីឯអស់អ្នកដែលមានប្រាជ្ញាវិញ នឹងភ្លឺដូចផ្ទៃមេឃ ហើយអស់អ្នកដែលជួយណែនាំមនុស្សម្នាជាច្រើនឲ្យប្រព្រឹត្តអំពើសុចរិត គេនឹងបានភ្លឺដូចផ្កាយ អស់កល្បជាអង្វែងតរៀងទៅ។
៤ ចំពោះលោកវិញ លោកដានីអែលអើយ សូមលាក់សេចក្ដីដែលមានសរសេរទុកក្នុងសៀវភៅនេះឲ្យជិត រហូតដល់ពេលចុងក្រោយបំផុត។ មនុស្សជាច្រើននឹងស្វែងយល់ ហើយចំណេះរបស់គេនឹងបានចម្រើនឡើង»។
៥ ពេលនោះ ខ្ញុំដានីអែល ក្រឡេកមើលទៅឃើញបុរសពីរនាក់ទៀតឈរនៅមាត់ទន្លេ ម្នាក់នៅត្រើយខាងអាយ ម្នាក់ទៀតនៅត្រើយខាងនាយ។ ៦ បុរសម្នាក់ពោលទៅកាន់ទេវទូតមានសម្លៀកបំពាក់ធ្វើពីក្រណាត់ភ្លឺរលើប ដែលឈរនៅលើទឹកទន្លេនោះថា៖ «តើហេតុការណ៍ដ៏អស្ចារ្យនេះត្រូវចប់នៅពេលណា?»។
៧ ទេវទូតមានសម្លៀកបំពាក់ធ្វើពីក្រណាត់ភ្លឺរលើប ហើយឈរនៅលើទឹកទន្លេ លើកដៃទាំងពីរឆ្ពោះទៅលើមេឃ ហើយខ្ញុំឮលោកប្រកាសយ៉ាងឱឡារិក ក្នុងនាមព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ចថា៖ «ហេតុការណ៍ទាំងនេះនឹងកើតមានក្នុងអំឡុងពេលបីឆ្នាំកន្លះ ហើយនឹងត្រូវចប់នៅពេល ដែលប្រជារាស្ដ្រដ៏វិសុទ្ធលែងមានកម្លាំងទ្រាំទ្រទៀតបាន»។
៨ ខ្ញុំ ដានីអែល បានឮពាក្យទាំងនេះ តែពុំបានយល់អត្ថន័យទេ ខ្ញុំក៏សួរថា៖ «លោកម្ចាស់អើយ តើហេតុការណ៍ទាំងនេះនឹងត្រូវចប់ដូចម្ដេច?»។
៩ លោកតបមកខ្ញុំវិញថា៖ «លោកដានីអែលអើយ កុំខ្វល់ខ្វាយធ្វើអ្វី។ សេចក្ដីទាំងនេះត្រូវតែលាក់ឲ្យជិត រហូតដល់ពេលចុងក្រោយបំផុត។ ១០ ដោយសារទុក្ខលំបាក មនុស្សជាច្រើននឹងបានស្អាតបរិសុទ្ធ និងសស្គុស។ មនុស្សអាក្រក់មិនយល់សេចក្ដីនេះទេ គេនៅតែប្រព្រឹត្តអំពើអាក្រក់តទៅទៀត រីឯមនុស្សមានប្រាជ្ញា ទើបយល់។ ១១ ចាប់ពីពេលដែលគេនឹងបញ្ឈប់ការថ្វាយយញ្ញបូជាប្រចាំថ្ងៃ រហូតដល់ពេលដែលគេនឹងយកវត្ថុដ៏ចង្រៃគួរឲ្យស្អប់ខ្ពើម មកតាំងនៅក្នុងទីសក្ការៈ មានរយៈពេលមួយពាន់ពីររយកៅសិបថ្ងៃ។ ១២ អ្នកណាកាន់ចិត្តរឹងប៉ឹងរហូតដល់មួយពាន់បីរយសាមសិបប្រាំថ្ងៃ អ្នកនោះមានសុភមង្គលហើយ!។
១៣ ចំពោះលោកវិញ សូមកាន់ចិត្តឲ្យបានរឹងប៉ឹង នោះលោកនឹងបានសម្រាក ហើយលោកនឹងក្រោកឡើងទទួលរង្វាន់ នៅគ្រាចុងក្រោយបំផុត»។
១៣
ខ
រឿងនាងស៊ូសាណា
១ នៅស្រុកបាប៊ីឡូន មានបុរសម្នាក់ឈ្មោះយ៉ូអាគីម។ ២ គាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយនាង ស៊ូសាណា ដែលជាកូនរបស់លោក ហែលគីយ៉ាស។ នាងមានរូបឆោមលោមពណ៌ស្រស់ល្អណាស់ ហើយគោរពកោតខ្លាចព្រះអម្ចាស់ផង។ ៣ ឪពុកម្តាយនាងជាមនុស្សសុចរិត គាត់បានអប់រំនាងតាមធម្មវិន័យរបស់លោកម៉ូសេ។ ៤ ឯលោកយ៉ូអាគីមវិញ មានទ្រព្យសម្បត្តិយ៉ាងស្តុកស្តម្ភ ព្រមទាំងមានសួនឧទ្យានមួយដ៏ធំនៅជិតផ្ទះផង។ ជនជាតិយូដាជាច្រើនតែងតែមកលេងផ្ទះគាត់ ដ្បិតគាត់ជាអ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេ។ ៥ នៅឆ្នាំនោះគេបានជ្រើសរើសព្រឹទ្ធាចារ្យពីរនាក់ ក្នុងចំណោមប្រជាជន ឲ្យធ្វើជាចៅក្រម។ ព្រឹទ្ធាចារ្យទាំងពីរនាក់នេះហើយ ដែលព្រះអម្ចាស់មានព្រះបន្ទូលថា ព្រឹទ្ធាចារ្យជាចៅក្រមបាននាំអំពើលាមកពីស្រុកបាប៊ីឡូនមក។ ៦ ព្រឹទ្ធាចារ្យទាំងពីរនាក់នេះ តែងតែមកលេងផ្ទះរបស់លោកយ៉ាអាគីមជាញឹកញយ ហើយអស់អ្នកណាដែលមានទំនាស់ត្រូវដោះស្រាយ រមែងមករកលោកព្រឹទ្ធាចារ្យទាំងពីរនៅផ្ទះលោកយ៉ូអាគីមដែរ។ ៧ នៅពេលថ្ងៃត្រង់ កាលពួកអ្នកស្រុកទាំងប៉ុន្មានត្រឡប់ទៅផ្ទះវិញ នាងស៊ូសាណាក៏ចុះទៅដើរកំសាន្តក្នុងឧទ្យានរបស់ប្តីនាង។ ៨ ព្រឹទ្ធាចារ្យទាំងពីរបានឃើញនាងដើរកំសាន្តនៅទីនោះជារៀងរាល់ថ្ងៃ គាត់មានចិត្តប្រតិព័ទ្ធលើរូបនាង។ ៩ គាត់វង្វែងស្មារតី លែងបែរមុខទៅរកព្រះជាម្ចាស់ ហើយឈប់នឹកដល់បទបញ្ជាដ៏ត្រឹមត្រូវរបស់ព្រះអង្គ។ ១០ ព្រឹទ្ធាចារ្យទាំងពីរ មានតណ្ហាពុះកញ្ជ្រោលចង់បាននាងយ៉ាងខ្លាំង ប៉ុន្តែ លោកទាំងពីរមិនបាននិយាយប្រាប់គ្នា អំពីមូលហេតុដែលនាំឲ្យលោកទាំងពីរខ្វល់ខ្វាយទេ។ ១១ ដ្បិតគេខ្មាស មិនហ៊ានប្រាប់ពីបំណងរបស់គេរៀងៗខ្លួន ដែលលួចស្រឡាញ់នាង។ ១២ រៀងរាល់ថ្ងៃ គេទាំងពីរនាក់តែងឃ្លាំចាំមើលនាងរហូត។ ១៣ មានថ្ងៃមួយ នៅពេលថ្ងៃត្រង់ ព្រឹទ្ធាចារ្យទាំងពីរចេញពីផ្ទះ ដែលពោលទៅកាន់គ្នាទៅវិញទៅមកថា៖ «យើងទៅផ្ទះ ដ្បិតដល់ពេលបរិភោគបាយហើយ» ហើយក៏បែកគ្នាទៅ។ ១៤ ប៉ុន្តែ ម្នាក់ត្រឡប់មកវិញហើយជួបគ្នានៅកន្លែងតែមួយ។ ព្រឹទ្ធាចារ្យទាំងពីរសួរគ្នា ពីមូលហេតុដែលត្រឡប់មកវិញ ហើយប្រាប់ពីគោលបំណងរបស់ខ្លួន ទៅវិញទៅមក។ នៅពេលនោះ គេព្រមព្រៀងគ្នារកឱកាសដើម្បីជួបនាងស៊ូសាណា ពេលនាងនៅម្នាក់ឯង។ ១៥ ព្រឹទ្ធាចារ្យទាំងពីររង់ចាំឱកាសល្អ ដើម្បីចាប់នាង ស្រាប់តែមានថ្ងៃមួយ នាងស៊ូសាណា ចូលក្នុងឧទ្យានដូចសព្វដង ដោយមានស្រីបម្រើតែពីរនាក់ប៉ុណ្ណោះ។ ពេលនោះថ្ងៃក្តៅខ្លាំងពេកនាងចង់ងូតទឹកក្នុងសួនឧទ្យាន។ ១៦ នៅកន្លែងនោះគ្មានអ្នកណាផ្សេង ក្រៅពីព្រឹទ្ធាចារ្យទាំងពីរនាក់ ដែលពួនឃ្លាំមើលនាងឡើយ។ ១៧ នាងប្រាប់ស្រីបម្រើទាំងពីរថា៖ «ចូរទៅយកប្រេង និងទឹកអប់មកឲ្យខ្ញុំ រួចហើយបិទទ្វារសួនផង! ព្រោះខ្ញុំចង់ងូតទឹក»។ ១៨ នាងទាំងពីរធ្វើតាមបង្គាប់របស់នាងស៊ូសាណា គឺបិទទ្វារសួន ហើយចេញតាមទ្វារមួយទៀត ដើម្បីទៅរកអ្វីដែលនាងស៊ូសាណាប្រាប់ ប៉ុន្តែ នាងមិនបានឃើញព្រឹទ្ធាចារ្យទាំងពីរនាក់នោះទេ ព្រោះពួកគេពួន។ ១៩ កាលស្រីបម្រើទាំងពីរចេញផុតទៅ ព្រឹទ្ធាចារ្យទាំងពីរនាក់ ក៏ស្ទុះចេញមកដើរយ៉ាងលឿន តម្រង់ទៅរកនាង ២០ ហើយនិយាយថា៖ «ទ្វារសួនបិទជិតអស់ហើយ គ្មាននរណាមើលឃើញយើងទេ។ យើងស្រឡាញ់នាងខ្លាំងណាស់ សូមនាងព្រមតាមយើងទៅ។ ២១ ប្រសិនបើនាងមិនព្រមទេ យើងនឹងចោទប្រកាន់ថា នាងបានសាហាយស្មន់ជាមួយយុវជនម្នាក់! ហេតុនេះហើយ បានជានាងដេញស្រីបម្រើឲ្យចេញទៅ»។ ២២ នាងស៊ូសាណា ដកដង្ហើមធំហើយពោលថា៖ «ឥឡូវនេះ នាងខ្ញុំទាល់គំនិតហើយ! ប្រសិនបើនាងខ្ញុំព្រមតាមលោក ខ្ញុំមុខជាស្លាប់ដោយមានទោសផិតក្បត់ពុំខាន។ បើនាងខ្ញុំមិនព្រម នាងខ្ញុំក៏មិនអាចរួចខ្លួនដែរ។ ២៣ ណ្ហើយ! នាងខ្ញុំសុខចិត្តធ្លាក់ក្នុងអន្ទាក់របស់លោក ដោយមិនបានធ្វើអ្វីខុសទៅចុះ ប្រសើរជាងប្រព្រឹត្តខុសនឹងធម្មវិន័យរបស់ព្រះអម្ចាស់»។ ២៤ បន្ទាប់មក នាងស្រែកយ៉ាងខ្លាំង ចំណែកព្រឹទ្ធាចារ្យទាំងពីរ ក៏នាំគ្នាស្រែកចោទប្រកាន់នាងដែរ ២៥ ព្រឹទ្ធាចារ្យម្នាក់រត់ទៅបើកទ្វារសួន។ ២៦ កាលអ្នកបម្រើនៅក្នុងផ្ទះឮសម្រែកដូចនេះ ក៏រត់ទៅក្នុងសួនមើល ហេតុការណ៍ដែលកើតមានចំពោះនាងស៊ូសាណា។ ២៧ ព្រឹទ្ធាចារ្យទាំងពីរ តំណាលរឿងប្រឌិតរបស់ខ្លួន ហើយពួកអ្នកបម្រើក៏អៀនខ្មាស ព្រោះគេមិនដែលឮនរណានិយាយអាក្រក់ បែបនេះពីនាងឡើយ។
២៨ លុះព្រឹកឡើង អ្នកស្រុកមកជួបជុំគ្នានៅផ្ទះលោកយ៉ាអាគីមជាស្វាមីនាង ដើម្បីកាត់ទោសប្រហារជីវិតនាង ទៅតាមគម្រោងការណ៍ដ៏អាស្រូវនេះ។ ២៩ ព្រឹទ្ធាចារ្យទាំងពីរជម្រាបអង្គប្រជុំថា៖ «ចូរនាំនាងស៊ូសាណា ដែលជាកូនរបស់លោកហែលគីយ៉ាស និងជាភរិយារបស់លោកយ៉ូអាគីមមក!»។ គេក៏ចាត់មនុស្សឲ្យទៅហៅនាងមក។ ៣០ នាងស៊ូសាណាមកមានទាំងឪពុកម្តាយ កូនៗញាតិសន្ដានមកជាមួយផង។ ៣១ នាងស៊ូសាណាមានរូបសម្ផស្សល្អស្អាតណាស់ គួរឲ្យគយគន់។ ៣២ ជនល្មើសវិន័យទាំងពីរនាក់នោះ បញ្ជាឲ្យព្រឹទ្ធាចារ្យដកស្បៃពីមុខនាង ដើម្បីឲ្យពួកគេសប្បាយចិត្ត នឹងគយគន់សម្រស់របស់នាង។ ៣៣ ឪពុកម្តាយកូនៗ និងញាតិសន្ដាន ហើយអស់អ្នកណាដែលឃើញនាង យំទាំងអស់គ្នា។ ៣៤ ព្រឹទ្ធាចារ្យទាំងពីរនាក់ ក្រោកឈរឡើងនៅកណ្តាលអង្គប្រជុំ ហើយដាក់ស្បៃលើក្បាលនាង។ ៣៥ នាងងើបមុខសម្លឹងមើលទៅលើមេឃទាំងយំផង ដ្បិតនាងជឿទុកចិត្តលើព្រះអម្ចាស់។ ៣៦ ព្រឹទ្ធាចារ្យទាំងពីរប្រកាសថា៖ «ពេលយើងទាំងពីរនាក់ដើរកំសាន្តក្នុងសួនឧទ្យាន យើងឃើញនាងចូល មកជាមួយស្រីបម្រើពីរនាក់។ នាងបានឲ្យអ្នកបម្រើបិទទ្វាររួចហើយ នាងក៏ឲ្យអ្នកបម្រើចេញទៅវិញ។ ៣៧ ពេលនោះ មានយុវជនម្នាក់ដែលពួននៅក្នុងសួនចូលមកជិតនាង ហើយរួមរក័ជាមួយនាង។ ៣៨ រីឯយើងក៏នៅក្នុងសួន ក្បែរកន្លែងនោះដែរ។ កាលយើងបានឃើញអំពើលាមកដូច្នេះ យើងក៏រត់តម្រង់ទៅគេទាំងពីរ។ ៣៩ យើងបានឃើញគេទាំងពីរនាក់រួមរក័ជាមួយគ្នាមែន។ ប៉ុន្តែ យើងមិនអាចចាប់យុវជននោះបានទេ ព្រោះគេមានកម្លាំងខ្លាំងជាងយើង គេក៏បើកទ្វារសួនរត់បាត់ទៅ។ ៤០ រីឯយើងចាប់បានតែស្រីនេះ ហើយសួរនាងថា៖ តើប្រុសនោះជាអ្នកណា? ៤១ ប៉ុន្តែ នាងមិនព្រមប្រាប់យើងសោះ។ យើងទាំងពីរនាក់នេះ ជាសាក្សីស្រាប់»។ អង្គប្រជុំក៏ជឿពាក្យព្រឹទ្ធាចារ្យទាំងពីរ ព្រោះគាត់ជាព្រឹទ្ធាចារ្យរបស់ប្រជាជនផង និងជាចៅក្រមផង។ អង្គប្រជុំក៏សម្រេចកាត់ទោសប្រហារជីវិតនាងស៊ូសាណា។ ៤២ នៅពេលនោះ នាងស៊ូសាណាបន្លឺសំឡេងយ៉ាងខ្លាំងៗថា៖ «បពិត្រព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គជ្រាបអ្វីដែលលាក់កំបាំង និងជ្រាបគ្រប់ហេតុការណ៍មុនពេលកើតឡើងទៀតផង។ ៤៣ ព្រះអង្គជ្រាបថា ព្រឹទ្ធាចារ្យទាំងពីរនេះបានធ្វើជាសាក្សីក្លែងក្លាយ ដាក់ទោសយើងខ្ញុំ។ ឥឡូវនេះ ទោះបីនាងខ្ញុំបានប្រព្រឹត្តដូចពាក្យចោទប្រកាន់ តាមគំនិតអាក្រក់របស់ពួកគេក្តី ក៏នាងខ្ញុំត្រូវស្លាប់ដែរ។ ៤៤ ព្រះអម្ចាស់ព្រះអង្គព្រះសណ្ដាប់ពាក្យរបស់នាង»។ ៤៥ ពេលគេនាំនាងទៅសម្លាប់ព្រះជាម្ចាស់បានធ្វើឲ្យកុមារម្នាក់ ឈ្មោះដានីអែលភ្ញាក់ស្មារតី មានប្រាជ្ញាវាងវៃយ៉ាងអស្ចារ្យ។ ៤៦ កុមារដានីអែល បន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ខ្ញុំមិនរួមគំនិតក្នុងការសម្លាប់ស្ត្រីនេះទេ!»។ ៤៧ បណ្ដាជនទាំងប៉ុន្មាន ក៏បែរមុខមករកកុមារនោះ ហើយសួរថា៖ «តើប្អូនចង់និយាយពីអ្វី?»។ ៤៨ កុមារដានីអែល ឈរនៅកណ្ដាលអង្គប្រជុំ ហើយបន្លឺសំឡេងខ្លាំងៗថា៖ «ជនជាតិអ៊ីស្រាអែលអើយ! តើអ្នកលេលាហើយឬ បានជាដាក់ទោសស្ត្រីអ៊ីស្រាអែលម្នាក់ ដោយមិនស៊ើបសួររកសេចក្ដីពិតជាមុនដូច្នេះ? ៤៩ ចូរនាំគ្នាត្រឡប់ទៅកន្លែងកាត់ក្ដីវិញចុះ! ព្រឹទ្ធាចារ្យទាំងពីរនាក់នេះបានធ្វើជាសាក្សីក្លែងក្លាយ ដាក់ទោសអ្នកស្រីស៊ូសាណា»។ ៥០ ប្រជាជនទាំងមូលប្រញាប់ប្រញាល់ត្រឡប់ទៅវិញ ហើយព្រឹទ្ធាចារ្យដទៃទៀតសួរកុមារដានីអែលថា៖ «សូមចៅមកអង្គុយកណ្ដាលពួកយើង! ហើយពន្យល់ឲ្យពួកយើងដឹងផង ដ្បិតព្រះជាម្ចាស់បានប្រោសប្រទានឲ្យចៅមានគំនិតដូចយើងដែរ»។ ៥១ កុមារដានីអែលប្រាប់អស់លោកថា៖ «ចូរបំបែកគាត់ទាំងពីរនាក់នេះចេញពីគ្នា! ខ្ញុំនឹងសួរគាត់ម្ដងម្នាក់»។ ៥២ គេក៏បំបែកព្រឹទ្ធាចារ្យទាំងពីរនាក់ រួចកុមារដានីអែលហៅតាម្នាក់មកហើយសួរ៖ «តាចាស់ទៅហើយ ប៉ុន្តែតាបានប្រព្រឹត្តអំពើអាក្រក់តាំងពីមុនមក ពេលនេះទោសនៃអំពើបាបរបស់តា ត្រូវធ្លាក់លើតាហើយ ៥៣ ទោះបីព្រះអម្ចាស់មានព្រះបន្ទូលថា៖ មិនត្រូវសម្លាប់អ្នកគ្មានកំហុស និងជនសុចរិតក្ដី ក៏តាតែងតែកាត់ទោសដោយអយុត្តិធម៌ គឺតាដាក់ទោសមនុស្សគ្មានកំហុស ហើយដោះលែងអ្នកមានទោសឲ្យរួចខ្លួនវិញដែរ។ ៥៤ ឥឡូវនេះ បើតាបានឃើញអ្នកស្រីស៊ូសាណាមែន សូមតាប្រាប់ខ្ញុំមកមើលថា តើអ្នកទាំងពីរនោះស្ថិតនៅក្រោមដើមឈើណា?» តានោះឆ្លើយថា៖ «នៅក្រោមដើមអំពិល»។ ៥៥ កុមារដានីអែលនិយាយថា៖ «នេះជាពាក្យកុហករបស់តា តាត្រូវទទួលទោសដល់ជីវិត គឺព្រះជាម្ចាស់បានបញ្ជាទេវទូតរបស់ព្រះអង្គ ឲ្យមកប្រហារជីវិតតា»។ ៥៦ កុមារដានីអែលបណ្ដេញតាចេញទៅ ហើយបញ្ជាឲ្យគេហៅតានោះម្នាក់ទៀតមក រួចសួរថា៖ «នែ៎! កំពូជកាណានអើយ! តាមិនមែនពូជយូដាទេ! សម្រស់របស់អ្នកស្រីស៊ូសាណា បានធ្វើឲ្យតាវង្វេងស្មារតី ហើយកិលេសតណ្ហា ជំរុញចិត្តតាឲ្យឈ្លក់វង្វេងអស់។ ៥៧ តាទាំងពីរនាក់តែងប្រព្រឹត្តដូច្នេះ ចំពោះស្រ្តីជនជាតិអ៊ីស្រាអែលទាំងប៉ុន្មាន ហើយរួមរ័កជាមួយនាង ព្រោះនាងទាំងនោះខ្លាចតា សុខចិត្តយល់ព្រមនឹងតា។ ប៉ុន្តែថ្ងៃនេះ មានស្រ្តីយូដាម្នាក់ ពុំយល់ស្របតាមអំពើប្រាសចាកសីលធម៌របស់តាទេ។ ៥៨ ឥឡូវនេះ សូមតាប្រាប់ខ្ញុំមើល៍! តើតាបានឃើញអ្នកទាំងពីររួមរ័កជាមួយគ្នានៅក្រោមដើមឈើណា?»។ តានោះឆ្លើយថា៖ «នៅក្រោមដើមស្វាយ»។ ៥៩ កុមារដានីអែលនិយាយថា៖ «នេះជាពាក្យកុហក ដែលត្រូវតែទទួលទោសដល់ជីវិត!។ ទេវទូតរបស់ព្រះជាម្ចាស់ កាន់ដាវរង់ចាំប្រហារជីវិតតាទាំងពីរហើយ»។ ៦០ ពេលនោះ អង្គប្រជុំទាំងមូលបន្លឺសំឡេងយ៉ាងខ្លាំង ដោយសរសើរតម្កើងព្រះជាម្ចាស់ដែលសង្គ្រោះអស់អ្នកជឿសង្ឃឹមលើព្រះអង្គ។ ៦១ បន្ទាប់មកអង្គប្រជុំក៏បែរទៅប្រឆាំងនឹងព្រឹទ្ធាចារ្យទាំងពីរ ព្រោះកុមារដានីអែលចាប់ពាក្យសម្ដីផ្ទាល់របស់គេ មកធ្វើជាភស្តុតាងបញ្ជាក់ថា ព្រឹទ្ធាចារ្យទាំងពីរជាសាក្សីក្លែងក្លាយមែន។ អង្គប្រជុំសម្រេចដាក់ទោសព្រឹទ្ធាចារ្យទាំងពីរ ដែលមានបំណងប្រាថ្នាយ៉ាងអាក្រក់ ចំពោះអ្នកដទៃ។ ៦២ នៅថ្ងៃនោះ គេប្រហារជីវិតព្រឹទ្ធាចារ្យទាំងពីរនាក់ ដើម្បីធ្វើតាមធម្មវិន័យរបស់លោកម៉ូសេ រីឯអ្នកដែលគ្មានកំហុសក៏បានរួចជីវិត។ ៦៣ រីឯលោកហែលគីយ៉ាស និងភរិយា ក៏នាំគ្នាសរសើរតម្កើងព្រះអម្ចាស់រួមជាមួយនាងស៊ូសាណា លោកយ៉ូអាគីមជាស្វាមីរបស់នាង និងញាតិសន្តានទាំងប៉ុន្មាន ព្រោះនាងមិនបានប្រព្រឹត្តអំពើអាក្រក់ ទាល់តែសោះ។ ៦៤ តាំងពីថ្ងៃនោះមក ប្រជាជននាំគ្នាលើកតម្កើងកុមារដានីអែល។
១៤
ព្យាការីដានីអែល និងបូជាចារ្យរបស់ព្រះបែល
១ កាល ព្រះបាទអាស្ទីយ៉ាសសោយទិវង្គតហើយ ព្រះបាទស៊ីរូសជាជនជាតិពែរ្សក៏គ្រងរាជ្យបន្ត។ ២ លោកដានីអែល ជាទីប្រឹក្សាជំនិត និងល្បីឈ្មោះដែលស្តេចទុកចិត្តជាងនាម៉ឺនមន្ត្រីដទៃទៀត។ ៣ អ្នកក្រុងបាប៊ីឡូន ធ្លាប់គោរពរូបបដិមាដែលមានឈ្មោះថាព្រះបែល។ ជារៀងរាល់ថ្ងៃ ពួកគេតែងតែយកម្សៅចំនួនប្រាំរយគីឡូក្រាម ចៀមញីសែសិបក្បាល និងស្រាពីររយហាសិបលីត្រ មកថ្វាយរូបនោះ។ ៤ ស្តេចតែងតែគោរពបូជារូបបដិមានោះ ហើយយាងមកថ្វាយបង្គំជារៀងរាល់ថ្ងៃ។ រីឯលោកដានីអែលក៏ថ្វាយបង្គំព្រះជាម្ចាស់ជាព្រះរបស់ខ្លួនដែរ។ ព្រះរាជាមានរាជឱង្ការសួរលោកថា៖ «ហេតុអ្វីលោកមិនថ្វាយបង្គំព្រះបែល?»។ ៥ លោកទូលថា៖ «ទូលបង្គំមិនគោរពបូជារូបបដិមាដែលជាស្នាដៃរបស់មនុស្សទេ។ ទូលបង្គំគោរពបូជាព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅ ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី ហើយមានអំណាចលើសត្វលោកទាំងអស់។ ៦ ស្តេចមានរាជឱង្ការតបទៅលោកថា៖ «តើលោកមិនចាត់ទុកថា ព្រះបែលជាព្រះដែលមានព្រះជន្មគង់នៅទេឬ? តើលោកមិនឃើញទេឬ ព្រះអង្គសោយព្រះស្ងោយ និងស្រាយ៉ាងច្រើនជារៀងរាល់ថ្ងៃ»។ ៧ លោកដានីអែលទូលទាំងសើចថា៖ «បពិត្រព្រះករុណា! សូមព្រះអង្គកុំយល់ច្រឡំឡើយ! រូបបដិមានេះធ្វើអំពីដីឥដ្ឋនៅខាងក្នុង ហើយពីលង្ហិននៅខាងក្រៅ។ រូបនេះមិនដែលសោយព្រះស្ងោយ ឬស្រាទេ!»។ ៨ ស្តេចព្រះអង្គព្រះពិរោធ ហើយកោះហៅពួកបូជាចារ្យមក ហើយមានរាជឱង្ការទៅកាន់ពួកគេថា៖ «ប្រសិនបើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងថា តើនរណាបរិភោគសំណែនទាំងនេះ អ្នករាល់គ្នាមុខជាត្រូវស្លាប់ពុំខាន!។ ៩ ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នា បញ្ជាក់ប្រាប់ឲ្យយើងដឹង ពិតជាព្រះបែលសោយតង្វាយទាំងនោះមែនដានីអែល មុខជាត្រូវស្លាប់ ព្រោះលោកហ៊ានប្រមាថព្រះបែល!»។ លោកដានីអែលទូលស្តេចថា៖ «សូមឲ្យសម្រេចតាមរាជឱង្ការរបស់ព្រះករុណាចុះ!»។ ១០ ពួកបូជាចារ្យរបស់ព្រះបែល មានចំនួនចិតសិបនាក់ ដោយមិនរាប់បញ្ចូលភរិយា និងកូនរបស់ពួកគេផង។ ព្រះរាជាក៏យាងមកវិហាររបស់ព្រះបែល ជាមួយលោកដានីអែល។ ១១ ពួកបូជាចារ្យរបស់ព្រះបែលទូលថា៖ «បពិត្រព្រះករុណា! ទូលបង្គំយើងខ្ញុំនឹងចេញពីព្រះវិហារ សូមព្រះករុណាយកអាហារ និងស្រាលាយមកថ្វាយ រួចបិទទ្វារឲ្យជិតហើយបោះត្រាព្រះទម្រង់។ ១២ ព្រឹកស្អែកឡើង សូមព្រះករុណាយាងមក។ ប្រសិនបើព្រះករុណាទតឃើញព្រះបែល មិនបានសោយតង្វាយទាំងនោះទេ ទូលបង្គំសុខចិត្តស្លាប់។ ប្រសិនបើព្រះបែលបានសោយមែន លោកដានីអែលត្រូវស្លាប់ ព្រោះគាត់និយាយមូលបង្កាច់យើង»។ ១៣ ពួកគេវាយឫកក្រអឺត ព្រោះពួកគេធ្វើផ្លូវសម្ងាត់រហូតដល់ក្រោមតុនៃទីសក្ការៈ ដើម្បីលួចចូលគ្រប់ពេលវេលាយកតង្វាយចេញទៅ។ ១៤ កាលពួកគេចេញបាត់ហើយ ព្រះរាជាយកអាហារមកថ្វាយព្រះបែល រួចលោកដានីអែលបញ្ជាអ្នកបម្រើរបស់លោក យកផេះមករោយយ៉ាងស្តើងក្នុងទីសក្ការៈទាំងមូល គឺមានតែព្រះរាជាប៉ុណ្ណោះ ដែលធ្វើជាសាក្សីចំពោះហេតុការណ៍នេះ។ ក្រោយមក ពួកគេចេញទាំងអស់គ្នា ហើយបិទទ្វារជិត និងបោះត្រាព្រះទម្រង់ពីលើ រួចត្រឡប់ទៅផ្ទះវិញ។ ១៥ ពួកបូជាចារ្យលួចចូលនៅពេលយប់ តាមទំលាប់របស់គេ ដោយនាំទាំងប្រពន្ធកូនមកជាមួយផង ហើយបរិភោគអាហារ និងស្រាដែលគេយកមកថ្វាយ។ ១៦ ព្រះរាជាតើនពីព្រលឹម ហើយយាងទៅវិហាររបស់ព្រះបែលជាមួយលោកដានីអែល។ ១៧ ព្រះរាជាមានព្រះរាជឱង្ការសួរថា៖ «លោកដានីអែលអើយ! តើត្រារបស់យើងនៅដូចដើម ឬយ៉ាងណា?»។ លោកដានីអែលឆ្លើយថា៖ «បពិត្រព្រះករុណា ត្រានៅដូចដើម!»។ ១៨ នៅពេលគេបើកទ្វារ ព្រះរាជាក្រឡេកមើលទៅលើតុ ហើយមានរាជឱង្ការយ៉ាងខ្លាំងៗថា៖ «បពិត្រព្រះបែល! ព្រះអង្គជាព្រះដ៏ឧត្តម មិនចេះភូតភរឡើយ!»។ ១៩ លោកដានីអែលសើច ហើយឃាត់ព្រះរាជាមិនឲ្យយាងចូលទៅខាងក្នុង។ លោកទូលថា៖ «សូមព្រះករុណាទតមើលលើដី តើដានជើងនេះជាដានជើងនរណា?»។ ២០ ព្រះរាជាមានរាជឱង្ការថា៖ «យើងឃើញដានជើងបុរស ស្រ្តី និងកូនក្មេង»។ ២១ ព្រះរាជាព្រះអង្គព្រះពិរោធយ៉ាងខ្លាំង បញ្ជាឲ្យគេទៅចាប់ពួកបូជាចារ្យ ភរិយា និងកូនគេមក។ ពួកគេបង្ហាញផ្លូវសម្ងាត់ ដែលពួកគេធ្លាប់លួចចូលមកក្នុងវិហារ ដើម្បីបរិភោគតង្វាយដែលដាក់នៅលើ តុ។ ២២ ព្រះរាជាបញ្ជាឲ្យប្រហារជីវិតពួកគេ រួចប្រគល់រូបបដិមា ព្រះបែលឲ្យលោកដានីអែល។ លោកក៏ផ្តួលរលំរូបបដិមា ព្រមទាំងវិហារនោះចោល។
លោកដានីអែល និងនាគរាជធំ
២៣ អ្នកក្រុងបាប៊ីឡូន តែងតែគោរពបូជានាគរាជមួយដ៏ធំដែរ។ ២៤ នៅថ្ងៃមួយ ព្រះរាជាមានរាជឱង្ការទៅលោកដានីអែលថា៖ «អ្នកត្រូវតែទទួលស្គាល់ថា នាគរាជនេះជាព្រះ ដែលមានព្រះជន្មគង់នៅមែន! ចូរថ្វាយបង្គំពស់នាគរាជនេះទៅ!»។ ២៥ លោកដានីអែលទូលថា៖ «ទូលបង្គំសូមថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់ទូលបង្គំតែមួយព្រះអង្គប៉ុណ្ណោះ ព្រោះមានតែព្រះអង្គទេ ដែលមានព្រះជន្មគង់នៅ។ ២៦ បពិត្រព្រះករុណា សូមព្រះរាជាអនុញ្ញាតឲ្យទូលបង្គំសម្លាប់នាគរាជនេះ ដោយមិនបាច់ប្រើដាវឬដំបងឡើយ»។ ព្រះរាជាក៏អនុញ្ញាតឲ្យលោកដានីអែល។ ២៧ លោកដានីអែលយកជ័រ ខ្លាញ់ និងរោមសត្វមកដាក់ស្ងោរជាមួយគ្នា រួចលុញជាដុំតូចៗ បោះចូលក្នុងមាត់នាគ។ នាគស៊ីហើយក៏ងាប់ទៅ។ លោកដានីអែលមានប្រសាសន៍ថា៖ «សូមមើលព្រះដែលអ្នករាល់គ្នាតែងតែគោរពបូជា»។ ២៨ ពេលអ្នកក្រុងបាប៊ីឡូនជ្រាបដំណឹងនេះ គេទាស់ចិត្តយ៉ាងខ្លាំង ហើយនាំគ្នាបះបោរប្រឆាំងនឹងស្តេចទាំងស្រែកថា៖ «ព្រះរាជាក្លាយជាជនជាតិយូដាហើយ! ព្រះរាជារំលំព្រះបែល សម្លាប់នាគរាជ ហើយប្រហារពួកបូជាចារ្យទៀត។ ២៩ បន្ទាប់មក ពួកគេនាំគ្នាទៅគាល់ព្រះរាជា ហើយទូលថា៖ «សូមព្រះករុណាប្រគល់លោកដានីអែលឲ្យយើង! ប្រសិនបើព្រះករុណាមិនយល់ព្រមទេ យើងនឹងធ្វើគត់ព្រះករុណា និងរាជវង្សានុវង្ស»។ ៣០ ព្រះរាជាយល់ថា ពួកគេគំរាមយ៉ាងខ្លាំង ស្តេចក៏ព្រមប្រគល់លោកដានីអែលឲ្យទៅពួកគេ។ ៣១ ពួកគេបោះលោកដានីអែលទៅក្នុងរូងតោ ហើយគាត់ស្ថិតនៅទីនោះរយៈពេលប្រាំមួយថ្ងៃ។ ៣២ ក្នុងរូងនោះមានតោប្រាំពីរក្បាល គេតែងយកសាកសពមនុស្សពីរនាក់ និងចៀមពីរក្បាលឲ្យវាស៊ីរៀងរាល់ថ្ងៃ។ ប៉ុន្តែ នៅពេលនោះ គេមិនឲ្យចំណីអ្វីសោះ ដើម្បីឲ្យតោហែកលោកដានីអែលស៊ី។ ៣៣ ពេលនោះព្យាការីហាបាគុក ស្ថិតនៅស្រុកយូដា។ លោកដាំបបរ និងយកចំនិតនំបុ័ងតូចៗដាក់ក្នុងចានធំមួយ យកទៅឲ្យអ្នកច្រូតស្រូវនៅឯស្រែ។ ៣៤ ទេវទូតរបស់ព្រះអម្ចាស់ ពោលទៅកាន់ព្យាការីហាបាគុកថា៖ «ចូរយកអាហារដែលអ្នកកាន់នេះ ទៅឲ្យលោកដានីអែល នៅក្នុងរូងតោ នាក្រុងបាប៊ីឡូន»។ ៣៥ ព្យាការីហាបាគុកទូលតបថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំពុំដែលឃើញក្រុងបាប៊ីឡូនទេ ទូលបង្គំពុំស្គាល់រូងនោះឡើយ»។ ៣៦ ទេវទូតរបស់ព្រះអម្ចាស់ចាប់យួរសក់លោក ហើយនាំទៅយ៉ាងលឿនបំផុតដាក់មាត់រូងតោនៅក្រុងបាប៊ីឡូន។ ៣៧ ព្យាការីហាបាគុក ស្រែកហៅថា៖ «លោកដានីអែលអើយ! លោកដានីអែល! សូមយកអាហារដែលព្រះជាម្ចាស់ចាត់ឲ្យខ្ញុំ យកមកជូនលោកពិសា»។ ៣៨ លោកដានីអែលពោលថា៖ «បពិត្រព្រះជាម្ចាស់ព្រះអង្គមិនបំភ្លេចទូលបង្គំទេ ព្រះអង្គមិនបោះបង់ចោល អស់អ្នកដែលស្រឡាញ់ព្រះអង្គឡើយ»។ ៣៩ លោកដានីអែលក្រោកឈរ ហើយទទួលអាហារយកមកបរិភោគ។ ទេវទូតរបស់ព្រះអម្ចាស់ ក៏នាំព្យាការីហាបាគុកត្រឡប់ទៅស្រុកលោកភ្លាម មួយរំពេច។ ៤០ ថ្ងៃទីប្រាំពីរព្រះរាជាយាងមកធ្វើពិធីកាន់ទុក្ខលោកដានីអែល។ លុះមកដល់រូងតោ ស្តេចទតមើលខាងក្នុង ឃើញលោកដានីអែលកំពុងអង្គុយ។ ៤១ ព្រះរាជាមានរាជឱង្ការយ៉ាងខ្លាំងៗថា៖ «បពិត្រព្រះអម្ចាស់ជាព្រះរបស់លោកដានីអែល! ព្រះអង្គប្រសើរឧត្តម! ក្រៅពីព្រះអង្គ គ្មានព្រះឯទៀតសោះឡើយ!»។ ៤២ ព្រះរាជាបញ្ជាឲ្យគេយកលោកដានីអែលចេញពីរូងតោ។ រីឯអស់អ្នកដែលប៉ុនប៉ងសម្លាប់លោក ព្រះរាជាបញ្ជាឲ្យគេសម្លាប់នៅក្នុងរូងថ្មវិញ។ តោក៏ហែកស៊ីពួកទាំងនោះភ្លាម នៅចំពោះព្រះភ័ក្ត្រព្រះរាជា៕
474 Views