ថ្ងៃសុក្រ អាទិត្យទី២៨
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥

សន្តអ៊ីញ៉ាស នៅក្រុងអន់ទីយ៉ូក
ជាអភិបាល និងជាមរណសាក្សី
ពណ៌ក្រហម

“គ្រីស្តបរិស័ទបានបោះឆ្នោតជ្រើសរើសលោកអ៊ីញ៉ាសឱ្យធ្វើជាអភិបាលព្រះសហគមន៍ក្រុងអន់ទីយ៉ូក តពីអភិបាលដែលបានបន្តមុខ​ងារពីលោកសិលាមក។ អាជ្ញាធរបានបញ្ជូនលោកពីស្រុកស៊ីរ៉ីទៅក្រុងរ៉ូម ដើម្បីឱ្យសត្វសាហាវហែកស៊ី ព្រោះលោកធ្វើសាក្សីថ្វាយព្រះគ្រីស្ត។ ដល់ក្រុងស្មៀរណា ជាទីក្រុងលោកប៉ូលិការបូសរស់នៅ។ លោកសរសេរលិខិតប្រាំពីរច្បាប់ដ៏មានខ្លឹមសារខ្ពង់ខ្ពស់តាមរបៀបគ្រីស្តទូតប៉ូល។ ក្នុងលិខិតនោះ លោកយកចិត្តទុកដាក់ប្រៀនប្រដៅគ្រីស្តបរិស័ទឱ្យរួបរួមគ្នាជាធ្លុងតែមួយក្នុងព្រះសហគមន៍។ លោកក៏បង្ហាញបំណងរបស់លោក គឺលោកចង់ទៅរស់នៅជាមួយព្រះគ្រីស្ត៖ “ខ្ញុំជាស្រូវរបស់ព្រះជាម្ចាស់ ធ្មេញសត្វសាហាវមុខជាកិនទំពារស្រូវនោះ ដើម្បីឱ្យទៅជាអាហារដ៏និម្មលរបស់ព្រះគ្រីស្ត”។

អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៤,១-៨

បងប្អូនជាទីស្រឡាញ់!
ចំពោះលោកអប្រាហាំដែលជាបុព្វបុរសរបស់យើង តើ​យើងគិតដូចម្ដេច? តើលោកបានសុចរិតដូចម្ដេចខ្លះ?។ ប្រសិនបើលោកអប្រាហាំ​បានសុចរិត ដោយសារកុសលផលបុណ្យនោះ លោកអាចអួតអាងខ្លួនបានមែន។ ក៏ប៉ុន្ដែ នៅចំពោះព្រះជាម្ចាស់ លោកពុំអាចអួតអាងបានទេ ដ្បិតក្នុងគម្ពីរមានចែងថា៖ «លោកអប្រាហាំជឿលើព្រះជាម្ចាស់ ហើយព្រះអង្គប្រោសលោកឱ្យបានសុចរិត ដោយ​យល់ដល់ជំនឿនេះ»។ ធម្មតា អ្នកណាធ្វើការអ្វីមួយ គេពុំចាត់ទុកប្រាក់ឈ្នួលរបស់គេថា​ជាអំណោយទេ គឺចាត់ទុលជាប្រាក់ដែលខ្លួនត្រូវតែបាន។ ចំពោះអ្នកដែលពុំបានប្រព្រឹត្ត​តាមធម្ម​វិន័យ តែមានជំនឿលើព្រះជាម្ចាស់ដែលប្រោសមនុស្សមិនគោរពប្រណិប័តន៍​ព្រះអង្គឱ្យបានសុចរិត ព្រះអង្គនឹងប្រោសអ្នកនោះឱ្យបានសុចរិត ដោយយល់ដល់​ជំនឿ​របស់គេ។ ហេតុនេះហើយ បានជាព្រះបាទដាវីឌថ្លែងអំពីសុភមង្គលរបស់អ្នកដែលព្រះជាម្ចាស់​ប្រោសឱ្យបានសុចរិត ដោយមិនយល់ផលបុណ្យថា៖ «អស់អ្នកដែលព្រះជាម្ចាស់​អត់ទោស និងលុបបំបាត់អំពើបាបចោល ពិតជាមានសុភមង្គលហើយ! បុរសណាដែលព្រះជាម្ចាស់មិនគិតគូរពីបាបរបស់ខ្លួនទេ បុរសនោះពិតជាមានសុភមង្គលហើយ!»។

ទំនុកតម្កើងលេខ ៣២ (៣១) ,១-២.៥.៧-១១ បទព្រហ្មគីតិ

អ្នកដែលព្រះជាម្ចាស់លើកលែងទោសប្រោសប្រណី
រួចពីបាបទុក្ខភ័យមានសេរីសុខមង្គល
អស់អ្នកដែលព្រះម្ចាស់មិនចាប់ទោសផុតអំពល់
គ្មានចិត្តវៀចវិលវល់មានមង្គលសុខឥតល្ហែ
រូបខ្ញុំបានសារភាពអំពើបាបមុខព្រះម្ចាស់
ខ្ញុំមិនលាក់លៀមសោះនូវកំហុសខ្ញុំនោះឡើយ
ទូលបង្គំពោលថាខ្ញុំនេះណាសារភាពហើយ
ទោសខ្ញុំធ្ងន់ឥតស្បើយទ្រង់លើឱ្យរួចពីបាប
ព្រះអង្គជាជម្រកឱ្យខ្ញុំជ្រកមិនឱ្យហ្មង
កាពាររូបខ្ញុំផងកម្ចាត់បង់អាសន្នភ័យ
១១មនុស្សសុចរិតអើយកុំកន្ដើយសប្បាយឡើង
អស់អ្នកដែលទៀងត្រង់ស្រែកហ៊ោរផងដោយអំណារ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៣៣,២២

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់ សូមព្រះអង្គអាណិតមេត្តាដល់យើងខ្ញុំ ដ្បិតយើងខ្ញុំជឿសង្ឃឹមតែលើព្រះអម្ចាស់មួយព្រះអង្គគត់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,១-៧

នៅគ្រានោះ មានមហាជនរាប់ម៉ឺននាក់ជួបជុំគ្នាណែនណាន់តាន់តាប់ស្ទើរតែដើរជាន់គ្នា។ មុនដំបូង ព្រះយេស៊ូមានព្រះបន្ទូលទៅសាវ័កថា៖ «ចូរអ្នករាល់គ្នាប្រយ័ត្ននឹង​មេម្សៅរបស់ពួកខាងគណៈផារីស៊ី គឺពុតត្បុតរបស់គេ។ ការលាក់កំបាំងទាំងអស់នឹង​ត្រូវលាតត្រដាងឱ្យគេឃើញ ហើយអាថ៌កំបាំងទាំងប៉ុន្មាន ក៏នឹងត្រូវបើកឱ្យគេដឹង​ដែរ។ ហេតុនេះហើយ បានជាអ្វីៗដែលអ្នករាល់គ្នានិយាយក្នុងទីងងឹត មុខជាគេឮ​នៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗដែលអ្នករាល់គ្នាខ្សឹបដាក់ត្រចៀកគេនៅក្នុងបន្ទប់ មុខជាគេ​យកទៅប្រកាសយ៉ាងខ្លាំង នៅពីលើផ្ទះជាមិនខាន។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាមិត្តសម្លាញ់របស់ខ្ញុំថា ចូរកុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ ហើយមិនអាច​ធ្វើអ្វីដល់អ្នករាល់គ្នាថែមទៀតនោះឡើយ។ ខ្ញុំសូមប្រាប់ឱ្យដឹងថា អ្នករាល់គ្នាត្រូវ​ខ្លាចនរណា គឺត្រូវខ្លាចព្រះជាម្ចាស់ ដ្បិតព្រះអង្គមានអំណាចផ្ដាច់ជីវិត ហើយបោះទៅ​ក្នុងភើ្លងនរកថែមទៀតផង។ មែន! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា គឺព្រះអង្គនេះហើយដែលអ្នករាល់គ្នាត្រូវខ្លាច។ ធម្មតា គេលក់ចាបប្រាំថ្លៃពីរសេន ទោះបីថោកយ៉ាងនេះ​ក៏ដោយ ក៏ព្រះជាម្ចាស់ឥតភ្លេចចាបណាមួយសោះឡើយ។ សូម្បីតែសក់នៅលើ​ក្បាលរបស់អ្នករាល់គ្នា ក៏ព្រះអង្គរាប់អស់ដែរ។ ដូច្នេះ ចូរអ្នករាល់គ្នាកុំខ្លាចអ្វីឡើយ​ ព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបជាច្រើនទៅទៀត»។

497 Views

Theme: Overlay by Kaira