ថ្ងៃពុធ អាទិត្យទី២៧
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃពុធ ទី០៨ ខែតុលា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីយ៉ូណាស យណ ៤,១-១១

ពេលព្យាការីយ៉ូណាសឃើញថា ព្រះជាម្ចាស់មិនបំផ្លាញក្រុងនីនីវេដូច្នេះ លោក​មិនសប្បាយចិត្តសោះ គឺលោកខឹងយ៉ាងខ្លាំងទៀត​ផង។ លោកទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់! ឥឡូវនេះ ហេតុការណ៍កើតមានឡើង ដូចទូលបង្គំបានសង្ស័យតាំងពីទូលបង្គំនៅស្រុកទូលបង្គំម៉្លេះ។ ហេតុនេះហើយ បានជាទូលបង្គំរត់គេចទៅក្រុង​តារស៊ីស ព្រោះទូលបង្គំដឹងច្បាស់ថា ព្រះអង្គប្រកបដោយ ព្រះហប្ញទ័យប្រណីសន្ដោស​ ព្រះអង្គតែងតែអាណិតមេត្តា មិនឆាប់ខ្ញាល់ ព្រះអង្គមានព្រះហប្ញទ័យមេត្តាករុណា ហើយតែងតែប្រែព្រះហប្ញទ័យមិនព្រមធ្វើទោសគេទេ។ បពិត្រព្រះអម្ចាស់! ឥឡូវនេះ​សូមព្រះអង្គដកជីវិតទូលបង្គំទៅ! ដ្បិតទូលបង្គំចង់ស្លាប់ជាងរស់នៅតទៅមុខទៀត!»។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកយ៉ូណាសវិញថា៖ «តើអ្នកខឹងដូច្នេះ សមឬមិន​សម?»។ ខណៈនោះ លោកយ៉ូណាសចេញទៅអង្គុយនៅខាងកើតទីក្រុង។ លោក​សង់ខ្ទមមួយតូច ហើយអង្គុ​យក្រោមម្លប់ រង់ចាំមើលព្រឹត្តិការណ៍ដែលនឹងកើតមានឡើង​ដល់ក្រុងនីនីវេ។ ពេលនោះ ព្រះជាអម្ចាស់ធ្វើឱ្យមានរុក្ខជាតិមួយដើមដុះឡើងធ្វើជា​ម្លប់ពីលើលោកយ៉ូណាស ដើម្បីកុំឱ្យលោកមួម៉ៅតទៅទៀត។ លោកយ៉ូណាសសប្បាយចិត្ត​នឹងម្លប់រុក្ខជាតិនោះណាស់។ នៅថ្ងៃបន្ទាប់ មុនពេលថ្ងៃរះ ព្រះជាម្ចាស់បញ្ជាឱ្យដង្កូវ​មួយមកស៊ីរុក្ខជាតិនោះ រុក្ខជាតិក៏ក្រៀមស្រពោនអស់ទៅ។ លុះថ្ងៃរះឡើង ព្រះជាម្ចាស់បញ្ជាខ្យល់ឱ្យបក់មកពីខាងកើតយ៉ាងខ្លាំង ហើយថ្ងៃក៏បញ្ចេញកម្ដៅចាំងមកលើក្បាលលោកយ៉ូណាស ធ្វើឱ្យលោកល្វើយកម្លាំង។ លោកទូលអង្វរសុំស្លាប់ទាំងពោលថា៖ «ទូល​បង្គំចង់ស្លាប់ ជាងរស់នៅតទៅមុខទៀត!»។ ពេលនោះ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកថា៖ «អ្នកខឹងព្រោះតែរុក្ខជាតិនេះ តើ​សម ឬមិនសម?»។ លោកទូលព្រះ​អង្គថា៖ «បពិត្រព្រះអម្ចាស់ ទូលបង្គំខឹងរហូតដល់ជិតស្លាប់ដូច្នេះ ត្រឹមត្រូវណាស់!»។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «សូមគិតមើល៍! អ្នកអាណិតរុក្ខជាតិដែលអ្នក​មិនបានហត់នឿយដាំ វាដុះឡើងតែមួយយប់ រួចវិនាសបាត់ទៅវិញក្នុងរយះពេលដ៏ខ្លី។ រីឯយើងវិញ យើងមិនអាណិតក្រុងនីនីវេមហានគរនេះដូចម្ដេចបាន ដ្បិតមានប្រជាជន​ជាងដប់ពីរម៉ឺននាក់ដែលមិនទាន់ដឹងខុសត្រូវ ព្រមទាំងមានហ្វូងសត្វច្រើនឥតគណនា​រស់នៅក្នុងក្រុងនេះ»។

ទំនុកតម្កើងលេខ ៨៦ (៨៥) ,៣-៦.៩-១០ បទព្រហ្មគីតិ

ឱ!ព្រះអម្ចាស់អើយអាណិតហើយសូមប្រណី
ខ្ញុំស្រែកទូលរាល់ថ្ងៃរកព្រះអង្គមិនឈប់ឈរ
ឱព្រះអម្ចាស់អើយសូមប្រោសឱ្យបម្រើល្អ
មានសប្បាយអំណរតម្រង់រកព្រះអម្ចាស់
បពិត្រព្រះម្ចាស់ខ្ញុំព្រះឧត្ដមសប្បុរសណាស់
អត់ឱនមិនថ្កោលទោសតែងសន្ដោសខ្ញុំបរិបូណ៌
ព្រះអង្គតែងអាណិតអ្នកផ្ដេកផ្ដិតទ្រង់អាសូរ
អ្នកដែលដង្ហោយថ្ងូរហៅព្រះអង្គមកសង្គ្រោះ
ឱព្រះអម្ចាស់អើយទ្រង់ផ្ទៀងហើយសូមសន្ដោស
ពាក្យខ្ញុំស្រែករកនោះសូមទ្រង់ប្រោសរូបខ្ញុំផង
បពិត្រព្រះអម្ចាស់គ្រប់ជាតិសាសន៍ដែលកើតហើយ
គេនឹងមិនកន្ដើយតម្កើងកើយនាមព្រះអង្គ
១០ព្រោះដ្បិតទ្រង់ជាព្រះដ៏ខ្ពង់ខ្ពស់អស្ចារ្យផ្ចង់
នោះគឺមានតែទ្រង់ដែលជាអង្គលើលោកា

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម រ៉ូម ៨,១៥

អាលេលូយ៉ា! អាលេលូយ៉ា!
យើងបានទទួលព្រះវិញ្ញាណដែលធ្វើឱ្យយើងទៅជាបុត្រធីតារបស់ព្រះជាម្ចាស់! ដោយព្រះវិញ្ញានេះ យើងបន្លឺសំឡេងឡើងថា៖ «អប្បា!» ឱព្រះបិតា!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១១,១-៤

​​មានមួយថ្ងៃ ព្រះយេស៊ូអធិដ្ឋាននៅកន្លែងមួយ។ កាលព្រះអង្គអធិដ្ឋានរួចហើយ​ មានសាវ័កម្នាក់ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! សូមបង្រៀនយើងខ្ញុំឱ្យចេះ​អធិដ្ឋាន ដូចលោកយ៉ូហានបានបង្រៀនសិស្សរបស់លោកនោះផង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេថា៖ «ពេលអ្នករាល់គ្នាអធិដ្ឋាន ត្រូវពោលថា៖ «ឱព្រះបិតាអើយ!​ សូមសម្ដែងព្រះបារមីឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ។ សូមឱ្យព្រះរាជ្យព្រះអង្គ​បានមកដល់។ សូមប្រទានអាហារដែលយើងខ្ញុំត្រូវការជារៀងរាល់ថ្ងៃ។ សូមអត់​ទោសឱ្យយើងខ្ញុំបានរួចពីបាប ដ្បិតយើងខ្ញុំអត់ទោសឱ្យអស់់អ្នកដែលបានប្រព្រឹត្តខុស​នឹងយើងខ្ញុំ។ សូមកុំបណ្ដោយឱ្យយើងខ្ញុំចាញ់ការល្បួងឡើយ!»។

321 Views

Theme: Overlay by Kaira