សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

កណ្ឌគម្ពីរ
សំណោក

ពាក្យលំនាំ

សំណោក

(បរិទេវ)

ពាក្យ​លំនាំ

តាម​ប្រពៃណី​របស់​ជន​ជាតិ​យូដា គេ​ចាត់​ទុក​កណ្ឌ​គម្ពីរ​នេះ​ជា​ស្នាដៃ​របស់​ព្យាការី​យេរេមី ហើយ​នៅ​ក្នុង​គម្ពីរ​សម្ពន្ធ‌មេត្រី​ចាស់​ជា​ភាសា​ក្រិក គេ​ហៅ​កណ្ឌ​គម្ពីរ​នេះ​ថា «សំណោក​របស់​លោក​យេរេមី»។ ក្នុង​គម្ពីរ​សម្ពន្ធ‌មេត្រី​ចាស់​ជា​ភាសា​ហេប្រឺ មាន​ចំណង​ជើង «ម្ដេច​ក៏​បែប​នេះ!» ដោយ​យោង​តាម​ពាក្យ​នៅ​ខាង​ដើម​កណ្ឌ​គម្ពីរ​នេះ។ កណ្ឌ​គម្ពីរ «សំណោក» ចង​ក្រង​ឡើង​ជា​លំនាំ​កំណាព្យ​ប្រាំ ដែល​វគ្គ​នីមួយៗ​ចាប់​ផ្តើម​ដោយ​តួ​អក្សរ​របស់​ព្យញ្ជនៈ​ហេប្រឺ និង​តាម​លំដាប់‌លំដោយ។
កំណាព្យ​ទាំង​ប្រាំ​នៅ​ក្នុង​កណ្ឌ​គម្ពីរ​នេះ ថ្លែង​ពី​សេចក្ដី​តែ​មួយ គឺ​ក្រុង​យេរូ‌សាឡឹម​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​កង‌ទ័ព​បាប៊ីឡូន នៅ​ឆ្នាំ ៥៨៧ មុន​គ្រីស្ត‌សករាជ។ ការ​បែក​ក្រុង​យេរូ‌សាឡឹម​នេះ​ជា​ចុង​បញ្ចប់​នៃ​រាជា‌ណាចក្រ​យូដា រាជ‌វង្ស​អ៊ីស្រា‌អែល​ត្រូវ​រលាយ ហើយ​ប្រជា‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ត្រូវ​វេទនា និង​អាម៉ាស់។
អស់​អ្នក​ដែល​នៅ​សេស‌សល់​ពី​មហន្ត‌រាយ​នេះ ចង​ចាំ​ទុក​នូវ​សោកនាដ‌កម្ម ដែល​ពួក​គេ​បាន​ឆ្លង​កាត់ និង​ចោទ​សួរ​ថា «តើ​នរណា​ជា​មូល​ហេតុ​នៃ​មហន្ត‌រាយ​របស់​ប្រជា‌ជាតិ​នេះ? ហេតុ​អ្វី​បាន​ជា​ព្រះ‌ជាម្ចាស់​ប្រព្រឹត្ត​ចំពោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ហាក់​ដូច​ជា​ប្រព្រឹត្ត​ចំពោះ​សត្រូវ​ដូច្នេះ?»។ តាម‌រយៈ​ព្រឹត្តិ‌ការណ៍​នេះ តើ​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​លុប​បំបាត់​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ​ចំពោះ​ព្រះ‌បាទ​ដាវីឌ​ឬ? ព្រះ‌អង្គ​បាន​សន្យា​ចំពោះ​ព្រះ‌បាទ​ដាវីឌ​ថា «ពូជ‌ពង្ស និង​រាជ​សម្បត្តិ​របស់​អ្នក​នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ ហើយ​រាជ​បល្ល័ង្ក​របស់​អ្នក​ក៏​នឹង​បាន​រឹង‌មាំ​រហូត​ត​ទៅ​ដែរ» (២​សម ៧.១៦)។ ឥឡូវ​នេះ ស្រុក​ទេស​ត្រូវ​វិនាស ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​ខ្មាំង ហើយ​រាជ‌វង្ស​ក៏​រលាយ​ដែរ។ ប៉ុន្តែ អ្នក​ទាំង​នោះ​ទទួល​ស្គាល់​ថា អ៊ីស្រា‌អែល​ត្រូវ​វេទនា ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន។ ពួក​គេ​ក៏​នឹក​ចាំ​ដែរ​ថា ព្រះ‌អង្គ​តែង​តែ​សម្ដែង​ព្រះ‌ហឫទ័យ​សប្បុរស ហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​មាន​ទំហំ​ធំ​ពន់​ពេក​ក្រៃ (៣.២២,២៣)។
កណ្ឌ​គម្ពីរ​នេះ​ជួយ​យើង​ឲ្យ​យល់​ថា ទោះ​បី​មាន​ទុក្ខ​លំបាក​ធំៗ​កើត​ឡើង​ក្តី ព្រះ​ជា​ម្ចាស់​ប្រទាន​សេចក្ដី​សង្ឃឹម​ជា‌និច្ច។
សំណោក​អំពី​ក្រុង​យេរូ‌សាឡឹម
 ម្ដេច​ក៏​ក្រុង​ដែល​ធ្លាប់​តែ​មាន
ប្រជាជន​ច្រើន​កុះ‌ករ
បែរ​ជា​នៅ​ឯកោ​ដូច​ស្ត្រី‌មេម៉ាយ​បែប​នេះ!
ក្រុង​ដ៏​រុង‌រឿង​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា
ក្រុង​ដែល​ជា​ម្ចាស់‌ក្សត្រិយ៍​លើ​អាណា‌ខេត្ត​នានា
ធ្លាក់​ខ្លួន​ទៅ​ជា​ទាសី!
 នៅ​ពេល​យប់ នាង​យំ​ឥត​ស្រាក‌ស្រាន្ត
ទឹក​ភ្នែក​ហូរ​ចុះ​មក​លើ​ថ្ពាល់​ទាំង​ពីរ។
ក្នុង​ចំណោម​គូ​ស្នេហ៍​របស់​នាង​ទាំង​ប៉ុន្មាន
គ្មាន​នរណា​ម្នាក់​សម្រាល​ទុក្ខ​នាង​ឡើយ
មិត្ត‌ភក្ដិ​របស់​នាង​នាំ​គ្នា​ក្បត់​នាង
ហើយ​ក្លាយ​ទៅ​ជា​សត្រូវ​របស់​នាង​វិញ។
 កុល‌សម្ព័ន្ធ​យូដា​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ
ហើយ​ត្រូវ​អាម៉ាស់ និង​ធ្លាក់​ខ្លួន​ជា​ទាសី
នាង​តែល‌តោល​នៅ​ក្នុង​ចំណោម
ប្រជា‌ជាតិ​ទាំង‌ឡាយ
រក​កន្លែង​ស្នាក់​អាស្រ័យ​ពុំ​បាន។
ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ​នាង
ធ្វើ​ឲ្យ​នាង​រក​ច្រក​ចេញ​ពុំ​រួច។
 ផ្លូវ​ទៅ​កាន់​ក្រុង​ស៊ីយ៉ូន​ប្រែ​ជា​ស្ងាត់​ជ្រងំ
ដ្បិត​គ្មាន​នរណា​ឡើង​ទៅ
ប្រារព្ធ​ពិធី​បុណ្យ​ទៀត​ទេ។
ទ្វារ​ក្រុង​បាក់​បែក​អស់
បូជា‌ចារ្យ​របស់​ក្រុង​នេះ​នាំ​គ្នា​យំ​ថ្ងូរ
ស្រី​ក្រមុំ​នៅ​ក្រុង​នេះ​ត្រូវ​កើត​ទុក្ខ​ក្រៀម‌ក្រំ
ហើយ​ក្រុង​នេះ​ផ្ទាល់​ត្រូវ​វេទនា​ឥត​ឧបមា។
 បច្ចា‌មិត្ត​មាន​ប្រៀប​លើ​នាង
ខ្មាំង​សត្រូវ​របស់​នាង​រស់​នៅ​យ៉ាង​សុខ‌សាន្ត
ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​នាង​រង​ទុក្ខ​វេទនា
ព្រោះ​តែ​អំពើ​បាប​ដ៏​ច្រើន​របស់​នាង
កូន​ចៅ​របស់​នាង​ត្រូវ​បច្ចា‌មិត្ត​ចាប់​យក
ទៅ​ជា​ឈ្លើយ។
 ក្រុង​ស៊ីយ៉ូន​បាន​បាត់​បង់​ភាព​រុង‌រឿង​របស់​ខ្លួន
ពួក​មន្ត្រី​របស់​នាង​ប្រៀប​បាន​នឹង​ប្រើស
ដែល​រក​វាល​ស្មៅ​ស៊ី​លែង​បាន​ទៀត។
ពួក​គេ​ចាក​ចេញ​ទៅ ទាំង​បាក់​កម្លាំង
នៅ​មុខ​សត្រូវ​ដែល​ដេញ​តាម។
 នៅ​គ្រា​មាន​ទុក្ខ​វេទនា តែល‌តោល
យេរូ‌សាឡឹម​នឹក​ឃើញ​អ្វីៗ​ដ៏​ថ្លៃ‌ថ្នូរ
ដែល​នាង​ធ្លាប់​មាន​កាល​ពី​មុន។
ពេល​ប្រជាជន​របស់​នាង​ធ្លាក់
ក្នុង​កណ្ដាប់​ដៃ​សត្រូវ គ្មាន​នរណា​មក​ជួយ​ទេ
បច្ចា‌មិត្ត​បាន​ឃើញ ហើយ​នាំ​គ្នា​សើច​ចំអក
ព្រោះ​នាង​ត្រូវ​វិនាស​បាត់​បង់។
 យេរូ‌សាឡឹម​ប្រព្រឹត្ត​អំពើ​បាប​ជា​ច្រើន
ហេតុ​នេះ​ហើយ​បាន​ជា​នាង​ក្លាយ​ទៅ
ជា​មិន​បរិសុទ្ធ*
អស់​អ្នក​ដែល​ធ្លាប់​តែ​សរសើរ​នាង​កាល​ពី​មុន
បែរ​ជា​នាំ​គ្នា​មើល‌ងាយ​នាង
ដោយ​ឃើញ​នាង​នៅ​ខ្លួន​ទទេ
នាង​យំ​ថ្ងូរ ហើយ​ដក​ខ្លួន​ថយ។
 ភាព​ស្មោក‌គ្រោក​ស្ថិត​នៅ​ជាប់​នឹង
សំពត់​របស់​នាង
នាង​ពុំ​បាន​គិត​ដល់​ហេតុ‌ការណ៍
ដែល​នឹង​កើត​មាន​ចំពោះ​នាង
នាង​ផុង​ខ្លួន​ជ្រៅ​ពេក
គ្មាន​នរណា​អាច​សម្រាល​ទុក្ខ​នាង​ឡើយ។
«ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទត​មក​ទុក្ខ​វេទនា
របស់​ខ្ញុំ​ម្ចាស់​ផង
សត្រូវ​មាន​ជ័យ‌ជម្នះ​លើ​ខ្ញុំ​ម្ចាស់​ហើយ!»
១០ សត្រូវ​រឹប​អូស​យក​អ្វីៗ​ដ៏​មាន​តម្លៃ​របស់​នាង
នាង​ឃើញ​ប្រជា‌ជាតិ​នានា​ចូល​មក​ក្នុង
ទី‌សក្ការៈ​របស់​ព្រះ‌អម្ចាស់
គឺ​ប្រជា‌ជាតិ​ដែល​ព្រះ‌អង្គ​បាន​ហាម​មិន​ឲ្យ
ចូល​ក្នុង​អង្គ​ប្រជុំ​របស់​ព្រះ‌អង្គ​ឡើយ។
១១ ប្រជាជន​ទាំង​មូល​នាំ​គ្នា​យំ​ថ្ងូរ
គេ​ចង់​បាន​អាហារ​បរិភោគ
គេ​យក​អ្វីៗ​ដ៏​មាន​តម្លៃ​ទៅ​ដូរ​អាហារ​បរិភោគ
ដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។
ព្រះ‌អម្ចាស់​អើយ សូម​ទត​មក​ខ្ញុំ​ម្ចាស់​ផង
ខ្ញុំ​ម្ចាស់​អាម៉ាស់​មុខ​ខ្លាំង​ណាស់!
១២ អស់​អ្នក​ដែល​ដើរ​កាត់​តាម​នេះ​អើយ
សូម​មើល​មក​ចុះ!
តើ​មាន​នរណា​ម្នាក់​ឈឺ​ចុក​ចាប់​ដូច​ខ្ញុំ​ទេ!
នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង
ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​រង​ទុក្ខ​ឥត​ឧបមា!
១៣ ព្រះ‌អង្គ​បាន​បោះ​ភ្លើង​ពី​ស្ថាន​លើ
ចូល​មក​ក្នុង​ឆ្អឹង​របស់​ខ្ញុំ
ព្រះ‌អង្គ​ដាក់​អន្ទាក់​នៅ​ក្រោម​ជើង​របស់​ខ្ញុំ
ព្រះ‌អង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ដក​ខ្លួន​ថយ
ព្រះ‌អង្គ​ទុក​ឲ្យ​ខ្ញុំ​នៅ​ឯកោ
ហើយ​ឈឺ​ចាប់​រៀង​រាល់​ថ្ងៃ។
១៤ ព្រះ‌អង្គ​ប្រមូល​អំពើ​បាប​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត
យក​មក​ចង​ភ្ជាប់​គ្នា បំពាក់​នៅ​ក​របស់​ខ្ញុំ
ធ្វើ​ឲ្យ​ខ្ញុំ​ធ្លាក់​ខ្លួន​ខ្សោយ។
ព្រះ‌អម្ចាស់​បាន​ប្រគល់​ខ្ញុំ
ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ
ហើយ​ខ្ញុំ​ពុំ​អាច​រើ​ខ្លួន​រួច​ឡើយ។
១៥ ព្រះ‌អម្ចាស់​បាន​កម្ចាត់​ទាហាន​ដ៏​ចំណាន
ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​ខ្ញុំ
ព្រះ‌អង្គ​ចាត់​កង‌ទ័ព​ឲ្យ​មក​ប្រហារ
ពួក​យុវជន​របស់​ខ្ញុំ
ព្រះ‌អម្ចាស់​បាន​កម្ទេច​ប្រជា‌ជន​យូដា
ដូច​គេ​ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ។
១៦ ទឹក​ភ្នែក​ខ្ញុំ​ហូរ​ឥត​ស្រាក‌ស្រាន្ត
ខ្ញុំ​យំ​សោក​ស្រណោះ​អ្នក​ទាំង​នោះ
គ្មាន​នរណា​ម្នាក់​សម្រាល​ទុក្ខ​ខ្ញុំ
គ្មាន​នរណា​ម្នាក់​ធ្វើ​ឲ្យ​ខ្ញុំ​រស់​រាន
ឡើង​វិញ​ឡើយ។
កូន​ចៅ​របស់​ខ្ញុំ​ត្រូវ​វិនាស
ព្រោះ​ខ្មាំង​សត្រូវ​មាន​កម្លាំង​ជាង។
១៧ ក្រុង​ស៊ីយ៉ូន​លើក​ដៃ​ហៅ​គេ​ជួយ
តែ​គ្មាន​នរណា​មក​សម្រាល​ទុក្ខ​នាង​ទេ
ព្រះ‌អម្ចាស់​បញ្ជា​ឲ្យ​សត្រូវ​ដែល​នៅ​ជុំ‌វិញ
មក​វាយ​ប្រហារ​ពូជ‌ពង្ស​របស់​លោក​យ៉ាកុប
យេរូ‌សាឡឹម​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ
នៅ​ក្នុង​ចំណោម​ពួក​គេ។
១៨ ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដូច្នេះ​ពិត​ជា​សុចរិត​មែន
ដ្បិត​ខ្ញុំ​មិន​ព្រម​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌អង្គ។
ប្រជាជន​ទាំង‌ឡាយ​អើយ សូម​ស្ដាប់​ខ្ញុំ
សូម​មើល​មក​ការ​ឈឺ​ចាប់​របស់​ខ្ញុំ។
យុវជន និង​យុវ‌នារី​របស់​ខ្ញុំ
ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​អស់​ហើយ!។
១៩ ខ្ញុំ​បាន​ហៅ​គូ​ស្នេហ៍​របស់​ខ្ញុំ​ឲ្យ​មក​ជួយ
តែ​ពួក​គេ​បែរ​ជា​បោក​ប្រាស់​ខ្ញុំ។
ពួក​បូជា‌ចារ្យ និង​ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ខ្ញុំ
ដួល​ស្លាប់​នៅ​តាម​ផ្លូវ
ក្នុង​ពេល​ពួក​គេ​ស្វែង​រក​អាហារ​បរិភោគ
ដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។
២០ ព្រះ‌អម្ចាស់​អើយ
សូម​ទត​មើល​ទុក្ខ​លំបាក​របស់​ខ្ញុំ​ម្ចាស់
ខ្ញុំ​ម្ចាស់​ឈឺ​ចាប់​ក្នុង​ចិត្ត​ឥត​ឧបមា
ចិត្ត​ខ្ញុំ​ខ្លោច‌ផ្សា​ជា​ខ្លាំង
ដ្បិត​ខ្ញុំ​ម្ចាស់​ពិត​ជា​បាន​បះ‌បោរ​ប្រឆាំង
នឹង​ព្រះ‌អង្គ​មែន!
នៅ​ខាង​ក្រៅ សត្រូវ​កាប់​សម្លាប់
នៅ​ខាង​ក្នុង ដូច​ស្ថាន​មច្ចុរាជ។
២១ គេ​បាន​ឮ​ខ្ញុំ​ម្ចាស់​យំ​ថ្ងូរ
ក៏​ប៉ុន្តែ គ្មាន​នរណា​ម្នាក់​សម្រាល​ទុក្ខ​ខ្ញុំ​ម្ចាស់​ទេ
សត្រូវ​ទាំង​ប៉ុន្មាន​បាន​ឮ​ថា
ខ្ញុំ​ម្ចាស់​រង​ទុក្ខ​វេទនា
គេ​នាំ​គ្នា​សប្បាយ​ចិត្ត
ដោយ​ឃើញ​ព្រះ‌អង្គ​ធ្វើ​ទោស​ខ្ញុំ​ម្ចាស់
ព្រះ‌អង្គ​ធ្វើ​ឲ្យ​ថ្ងៃ​ដែល​ព្រះ‌អង្គ​កំណត់​ទុក
បាន​មក​ដល់។
សូម​ឲ្យ​ពួក​គេ​រង​ទុក្ខ​ដូច​ខ្ញុំ​ម្ចាស់​ដែរ!
២២ សូម​ទត​មើល​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន
ដែល​ពួក​គេ​ប្រព្រឹត្ត។
សូម​ដាក់​ទោស​ពួក​គេ ដូច​ព្រះ‌អង្គ​បាន
ដាក់​ទោស​ខ្ញុំ​ម្ចាស់ ព្រោះ​តែ​កំហុស​ទាំង​ប៉ុន្មាន
ដែល​ខ្ញុំ​ម្ចាស់​ប្រព្រឹត្ត
ខ្ញុំ​ម្ចាស់​យំ​ថ្ងូរ​យ៉ាង​សែន​វេទនា
ហើយ​ចិត្ត​ខ្ញុំ​ម្ចាស់​ក៏​ឈឺ​ចាប់​ជា​ខ្លាំង​ដែរ។
ព្រះ‌អម្ចាស់​ដាក់​ទោស​ក្រុង​យេរូ‌សាឡឹម
 ម្ដេច​ក៏​ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ
ខ្លាំង​ដូច្នេះ!
ព្រះ‌អង្គ​ធ្វើ​ឲ្យ​ពពក​អាប់‌អួរ
គ្រប​បាំង​លើ​ក្រុង​ស៊ីយ៉ូន
ព្រះ‌អង្គ​ធ្វើ​ឲ្យ​ភាព​ថ្កុំ‌ថ្កើង​របស់​អ៊ីស្រា‌អែល
ធ្លាក់​ពី​លើ​មេឃ​ចុះ​មក​ផែន‌ដី!
នៅ​ថ្ងៃ​ព្រះ‌អង្គ​ព្រះ‌ពិរោធ
ព្រះ‌អង្គ​មិន​នឹក​ឃើញ​ថា ក្រុង​ស៊ីយ៉ូន​ជា
កំណល់​កល់​ព្រះ‌បាទា​របស់​ព្រះ‌អង្គ​ទេ។
 ព្រះ‌អម្ចាស់​បាន​កម្ទេច​ទី​លំ‌នៅ​ទាំង​ប៉ុន្មាន
របស់​លោក​យ៉ាកុប ដោយ​ឥត​ត្រា​ប្រណី។
ក្នុង​ពេល​ព្រះ‌អង្គ​ក្រេវ‌ក្រោធ
ព្រះ‌អង្គ​រំលំ​កំពែង​ក្រុង​របស់​ស្រុក​យូដា។
ព្រះ‌អង្គ​បាន​បន្ទាប​បន្ថោក​នគរ
និង​មេ​ដឹក​នាំ​របស់​នគរ​នេះ។
 ក្នុង​ពេល​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង
ព្រះ‌អង្គ​បាន​បំបាក់​កម្លាំង​របស់​អ៊ីស្រា‌អែល
ព្រះ‌អង្គ​លែង​ជួយ​ពួក​គេ
ឲ្យ​តទល់​នឹង​ខ្មាំង​សត្រូវ​ទៀត​ហើយ។
ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ភ្លើង​ឆាប‌ឆេះ​គ្រប់​ទិស‌ទី
នៅ​ក្នុង​ស្រុក​របស់​លោក​យ៉ាកុប។
 ព្រះ‌អង្គ​យឹត​ធ្នូ​ដូច​គូ​សត្រូវ
ព្រះ‌អង្គ​លើក​ព្រះ‌ហស្ដ​ប្រហារ​ដូច​បច្ចា‌មិត្ត
ព្រះ‌អង្គ​កម្ទេច​អ្វីៗ​ទាំង​អស់​ដែល​មាន​តម្លៃ
សម្រាប់​យើង
ព្រះ‌អង្គ​ជះ​ព្រះ‌ពិរោធ​មក​លើ​ក្រុង​ស៊ីយ៉ូន
ដូច​ភ្លើង​ឆេះ​រាល‌ដាល។
 ព្រះ‌អម្ចាស់​ធ្វើ​ដូច​ជា​ខ្មាំង​សត្រូវ
ព្រះ‌អង្គ​លេប​បំបាត់​អ៊ីស្រា‌អែល
ព្រះ‌អង្គ​លេប​បំបាត់​វិមាន
ព្រះ‌អង្គ​កម្ទេច​បន្ទាយ​ទាំង​ប៉ុន្មាន​របស់​ស្រុក​នេះ
ព្រះ‌អង្គ​ធ្វើ​ឲ្យ​ប្រជាជន​យូដា​សោក​សង្រេង
និង​យំ​ថ្ងូរ​ឥត​មាន​ពេល​ល្ហែ។
 ព្រះ‌អង្គ​កម្ទេច​ស្រុក​ទាំង​មូល​ដែល​ជា​ចម្ការ
របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​កម្ទេច​ព្រះ‌ដំណាក់ និង​ព្រះ‌ពន្លា
របស់​ព្រះ‌អង្គ។
ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ប្រជាជន​នៅ​ក្រុង​ស៊ីយ៉ូន
លែង​នឹក​នា​ដល់​ពិធី​បុណ្យ និង​ថ្ងៃ​សប្ប័ទ*។
ដោយ‌សារ​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​ធ្វើ​ឲ្យ​ស្តេច និង​បូជា‌ចារ្យ
ត្រូវ​អាម៉ាស់។
 ព្រះ‌អម្ចាស់​បោះ​បង់​ចោល​អាសនៈ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​ស្អប់​ខ្ពើម​ទី‌សក្ការៈ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​បណ្តោយ​ខ្មាំង​សត្រូវ​រំលំ​កំពែង​ក្រុង
ពួក​គេ​នាំ​គ្នា​ស្រែក​ជយ‌ឃោស
នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់
ដូច​នៅ​ថ្ងៃ​ធ្វើ​ពិធី​បុណ្យ​ធំ​មួយ។
 ព្រះ‌អម្ចាស់​សម្រេច​រំលំ​កំពែង​ក្រុង​ស៊ីយ៉ូន
ព្រះ‌អង្គ​វាស់​កំពែង​នេះ
ហើយ​ព្រះ‌អង្គ​មិន​ដក​ព្រះ‌ហស្ដ​មក​វិញ​ទេ
ដរាប​ណា​ទាល់​តែ​បំផ្លាញ​អស់​ជា​មុន​សិន
ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ប៉ម និង​កំពែង​ក្រុង
រំលំ​គរ​លើ​គ្នា។
 ព្រះ‌អង្គ​កម្ទេច​ទ្វារ​ក្រុង​ឲ្យ​ស្រុត
កប់​ទៅ​ក្នុង​ដី
ព្រម​ទាំង​បំបាក់​រនុក​ទៀត​ផង។
ស្តេច និង​មន្ត្រី ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ
ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ
វិន័យ​លែង​មាន​ទៀត​ហើយ
សូម្បី​តែ​ពួក​ព្យាការី​ក៏​លែង​និមិត្ត
ឃើញ​ការ​អស្ចារ្យ​ពី​ព្រះ‌អម្ចាស់​ទៀត​ដែរ។
១០ ព្រឹទ្ធា‌ចារ្យ​របស់​ក្រុង​ស៊ីយ៉ូន
នាំ​គ្នា​អង្គុយ​ផ្ទាល់​នឹង​ដី និយាយ​ស្តី​លែង​កើត
ពួក​គេ​រោយ​ធូលី​ដី​លើ​ក្បាល
ហើយ​ស្លៀក​បាវ​កាន់​ទុក្ខ។
ស្រី​ក្រមុំ​នៅ​ក្រុង​យេរូ‌សាឡឹម
នាំ​គ្នា​ដើរ​ឱន​មុខ​យ៉ាង​អាម៉ាស់។
១១ ខ្ញុំ​យំ​ទាល់​តែ​ហើម​ភ្នែក
ចិត្ត​ខ្ញុំ​ខ្លោច‌ផ្សា ថ្លើម​ប្រមាត់​ខ្ញុំ​ក៏​ខ្ទេច‌ខ្ទាំ
ព្រោះ​តែ​មហន្ត‌រាយ​នៃ​ប្រជាជន​របស់​ខ្ញុំ។
កូន​ក្មេង និង​ទារក​ដេក​ដួល​នៅ​តាម​ផ្លូវ
ក្នុង​បុរី​នេះ។
១២ ពួក​វា​យំ​ទារ​អាហារ និង​ទឹក​ពី​ម្ដាយ
ពួក​វា​ដេក​ដួល​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង
ដូច​អ្នក​របួស
ហើយ​ផុត​ដង្ហើម​នៅ​លើ​ទ្រូង​ម្ដាយ។
១៣ ក្រុង​ស៊ីយ៉ូន​អើយ
តើ​ខ្ញុំ​មាន​ពាក្យ​អ្វី​នឹង​ថ្លែង​ទៀត
នាង​ក្រមុំ​ស៊ីយ៉ូន​អើយ
តើ​ខ្ញុំ​អាច​យក​អ្វី​មក​ប្រៀប​ផ្ទឹម
ដើម្បី​សម្រាល​ទុក្ខ​នាង​បាន?
ដ្បិត​មហន្ត‌រាយ​របស់​នាង​ធំ​ដូច​មហា‌សាគរ
តើ​នរណា​អាច​ព្យាបាល​នាង​បាន?
១៤ ពួក​ព្យាការី​របស់​នាង​បាន​នាំ​សុបិន​និមិត្ត
ឥត​បាន​ការ និង​ឥត​ខ្លឹមសារ​មក​ប្រាប់​នាង
ពួក​គេ​ពុំ​បាន​បង្ហាញ​អំពើ​អាក្រក់​របស់​នាង
ដើម្បី​ស្តារ​ស្រុក​របស់​នាង​ឡើង​វិញ​ឡើយ
ផ្ទុយ​ទៅ​វិញ ពួក​គេ​នាំ​តែ​សុបិន​និមិត្ត
ឥត​បាន​ការ​មក​បញ្ឆោត​នាង។
១៥ អស់​អ្នក​ដើរ​កាត់​តាម​នេះ
គេ​នឹង​នាំ​គ្នា​ទះ​ដៃ ហួច និង​គ្រវី​ក្បាល
ចំអក​ឲ្យ​ប្រជាជន​ក្រុង​យេរូ‌សាឡឹម
ទាំង​ពោល​ថា “នេះ​ឬ​ទីក្រុង​ដែល​គេ​ធ្លាប់​តែ
សរសើរ​ថា​ស្អាត​បំផុត និង​សប្បាយ​បំផុត
នៅ​លើ​ផែន‌ដី?”។
១៦ ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​ប្រមាថ​នាង
ពួក​គេ​គ្រហឹម បញ្ចេញ​ចង្កូម ទាំង​ពោល​ថា
“យើង​បាន​ត្របាក់​លេប​វា​ហើយ!
ថ្ងៃ​យើង​ទន្ទឹង​រង់‌ចាំ​នោះ​មក​ដល់​ហើយ
យើង​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ហើយ”!
១៧ ព្រះ‌អម្ចាស់​សម្រេច​តាម​គម្រោង‌ការ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​ធ្វើ​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​ថ្លែង​ទុក
តាំង​ពី​យូរ‌លង់​ណាស់​មក​ហើយ
ព្រះ‌អង្គ​បាន​កម្ទេច​នាង ឥត​ត្រា‌ប្រណី
ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​អរ​សប្បាយ
ដោយ​ឃើញ​នាង​បរា‌ជ័យ
ព្រះ‌អង្គ​ប្រទាន​កម្លាំង
ឲ្យ​បច្ចា‌មិត្ត​របស់​នាង។
១៨ កំពែង​ក្រុង​ស៊ីយ៉ូន​អើយ
ចូរ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់​យ៉ាង​អស់​ពី​ចិត្ត
ចូរ​បង្ហូរ​ទឹក​ភ្នែក​ឲ្យ​ហូរ​ដូច​ទឹក​ទន្លេ
ចូរ​យំ​ទាំង​ថ្ងៃ ទាំង​យប់
ឥត​ស្រាក‌ស្រាន្ត​សោះ​ឡើយ។
១៩ ចូរ​ក្រោក​ឡើង!
ចូរ​បន្លឺ​សំឡេង​មួយ​យប់​ទល់​ភ្លឺ!
ចូរ​ថ្លែង​ទុក្ខ​ព្រួយ​ថ្វាយ​ព្រះ‌អម្ចាស់
ដោយ​ឥត​លាក់‌លៀម​អ្វី​ឡើយ
ចូរ​លើក​ដៃ​អង្វរ​ព្រះ‌អង្គ
សូម​ព្រះ‌អង្គ​ប្រណី​សន្ដោស​ជីវិត​ក្មេងៗ
ដែល​ដេក​ដួល​នៅ​តាម​ផ្លូវ ព្រោះ​អត់​ឃ្លាន។
២០ ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ
ដាក់​ទោស​យើង​ខ្ញុំ​ដល់​ថ្នាក់​នេះ
សូម​ទត​មើល​ចុះ!
ស្ត្រីៗ​នាំ​គ្នា​ស៊ី​កូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្លួន!
ពួក​បូជា‌ចារ្យ និង​ពួក​ព្យាការី ត្រូវ​គេ​សម្លាប់
នៅ​ក្នុង​ទី‌សក្ការៈ​របស់​ព្រះ‌អម្ចាស់។
២១ ក្មេង​ជំទង់ និង​ចាស់ៗ​ដួល​ស្លាប់​នៅ​តាម​ផ្លូវ
ក្រមុំ កំលោះ​របស់​ខ្ញុំ​ម្ចាស់ ស្លាប់​ដោយ​មុខ​ដាវ
នៅ​ថ្ងៃ​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ
ព្រះ‌អង្គ​ប្រហារ​ជីវិត​ពួក​គេ ឥត​ត្រា​ប្រណី។
២២ ព្រះ‌អង្គ​បាន​ហៅ​ការ​ព្រឺ‌ខ្លាច​ពី​គ្រប់​ទី​កន្លែង
មក​គ្រប​សង្កត់​លើ​ខ្ញុំ​ម្ចាស់
ដូច​ហៅ​ខ្មាំង​មក​ចូល​រួម​នៅ​ថ្ងៃ​មាន​ពិធី​បុណ្យ។
នៅ​ថ្ងៃ​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ
គ្មាន​នរណា​ម្នាក់​គេច​ខ្លួន​រួច​ជីវិត​ឡើយ។
ប្រជាជន​ដែល​ខ្ញុំ​ម្ចាស់​ចិញ្ចឹម​បី​បាច់
ត្រូវ​ខ្មាំង​សត្រូវ​ប្រហារ​អស់​គ្មាន​សល់។
ត្រូវ​តែ​មាន​សង្ឃឹម​ជា‌និច្ច!
 ខ្ញុំ​ជា​មនុស្ស​ម្នាក់​បាន​ឃើញ​ទុក្ខ​វេទនា
នៅ​គ្រា​ដែល​ព្រះ‌ជាម្ចាស់
ព្រះ‌អង្គ​ព្រះ‌ពិរោធ។
 ព្រះ‌អង្គ​បណ្តើរ​ខ្ញុំ ហើយ​នាំ​ខ្ញុំ​ទៅ​នៅ​ក្នុង​ទី​ងងឹត
គឺ​មិន​មែន​ក្នុង​ពន្លឺ​ឡើយ។
 ជា​រៀង​រាល់​ថ្ងៃ ព្រះ‌អង្គ​លើក​ព្រះ‌ហស្ដ
វាយ​ខ្ញុំ ហើយ​វាយ​ទៀត។
 ព្រះ‌អង្គ​វាយ​ខ្ញុំ​ដាច់​សាច់​ដាច់​ស្បែក
ព្រះ‌អង្គ​វាយ​បំបាក់​ឆ្អឹង​របស់​ខ្ញុំ។
 ព្រះ‌អង្គ​យក​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា
មក​រុំ​ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ។
 ព្រះ‌អង្គ​ទុក​ឲ្យ​ខ្ញុំ​រស់​នៅ​ក្នុង​ទី​ងងឹត
ដូច​អស់​អ្នក​ដែល​ស្លាប់​តាំង​ពី​យូរ​មក​ហើយ។
 ព្រះ‌អង្គ​ចង​ខ្ញុំ​ជាប់​នឹង​ជញ្ជាំង
ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ចេញ​រួច
ព្រះ‌អង្គ​យក​ច្រវាក់​ដ៏​ធ្ងន់​មក​ចង​ខ្ញុំ។
 ខ្ញុំ​ខំ​ប្រឹង​ស្រែក​អង្វរ​ឲ្យ​គេ​ជួយ
តែ​ព្រះ‌អង្គ​ឃាត់​ឃាំង​គេ
មិន​ឲ្យ​ឮ​ពាក្យ​អង្វរ​របស់​ខ្ញុំ​ទេ។
 ព្រះ‌អង្គ​ដាក់​ផ្ទាំង​ថ្ម​រាំង​ផ្លូវ​ខ្ញុំ
ព្រះ‌អង្គ​បាន​ពង្វាង​ផ្លូវ​ខ្ញុំ។
១០ ព្រះ‌អង្គ​ប្រៀប​ដូច​ជា​ខ្លា‌ឃ្មុំ​ចាំ​ស្ទាក់​ផ្លូវ​ខ្ញុំ
និង​ដូច​សិង្ហ​ដែល​ពួន​ចាំ​ប្រហារ​ខ្ញុំ។
១១ ព្រះ‌អង្គ​ដេញ​ខ្ញុំ​ចេញ​ពី​ផ្លូវ
ព្រះ‌អង្គ​ហែក​សាច់​ខ្ញុំ
ព្រម​ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​អន្តរាយ។
១២ ព្រះ‌អង្គ​យឹត​ធ្នូ
ហើយ​បាញ់​ព្រួញ​តម្រង់​មក​ខ្ញុំ។
១៣ ព្រះ‌អង្គ​យក​ព្រួញ​ទាំង​អស់
ពី​បំពង់​របស់​ព្រះ‌អង្គ បាញ់​ទម្លុះ​រូប​កាយ​ខ្ញុំ។
១៤ ប្រជាជន​របស់​ខ្ញុំ​ទាំង​មូល​សើច​ចំអក​ឲ្យ​ខ្ញុំ
រៀង​រាល់​ថ្ងៃ ពួក​គេ​ច្រៀង​ឡក‌ឡឺយ​ដាក់​ខ្ញុំ។
១៥ ព្រះ‌អង្គ​ឲ្យ​ខ្ញុំ​បរិភោគ​បន្លែ​ដ៏​ជូរ​ចត់
ព្រះ‌អង្គ​ឲ្យ​ខ្ញុំ​ផឹក​ទឹក​ដែល​មាន​ជាតិ​ពុល។
១៦ ព្រះ‌អង្គ​ឲ្យ​ខ្ញុំ​ខាំ​ថ្ម​បាក់​ធ្មេញ
ព្រះ‌អង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ដួល​ផ្កាប់​មុខ​នៅ​ក្នុង​ផេះ។
១៧ ព្រះ‌អង្គ​ធ្វើ​ឲ្យ​សេចក្ដី​សុខ​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ
ហើយ​ខ្ញុំ​លែង​ដឹង​ថា​អ្វី​ទៅ​ជា​សុភមង្គល។
១៨ ខ្ញុំ​ក៏​ពោល​ថា “ខ្ញុំ​លែង​មាន​អ្វី​ជា​ទី​ពឹង​ហើយ
សូម្បី​តែ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​លើ​ព្រះ‌អម្ចាស់
ក៏​លែង​មាន​ទៀត​ដែរ”។
១៩ ពេល​ខ្ញុំ​នឹក​ដល់​ទុក្ខ​លំបាក និង​ភាព​តែល‌តោល
ដែល​ខ្ញុំ​ជួប​ប្រទះ
នោះ​ចិត្ត​ខ្ញុំ​ឈឺ​ចាប់​ខ្លោច‌ផ្សា​ក្រៃ‌លែង។
២០ ទោះ​បី​ខ្ញុំ​ខំ​បំភ្លេច​ទុក្ខ​លំបាក​នេះ​ក្តី
ក៏​ខ្ញុំ​នៅ​តែ​នឹក​ឃើញ​ជា‌និច្ច។
២១ តែ​ឥឡូវ​នេះ ខ្ញុំ​ចង់​គិត​ដល់​អ្វីៗ
ដែល​នាំ​ខ្ញុំ​ឲ្យ​មាន​សង្ឃឹម​ឡើង​វិញ
២២ គឺ​ខ្ញុំ​នឹក​ដល់​ព្រះ‌ហឫទ័យ​សប្បុរស
របស់​ព្រះ‌អម្ចាស់ ដែល​មិន​ចេះ​រលត់។
ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ
ចំពោះ​ខ្ញុំ ឥត​ទី​បញ្ចប់។
២៣ ព្រះ‌អង្គ​តែង​តែ​សម្ដែង​ព្រះ‌ហឫទ័យ​សប្បុរស
និង​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​នេះ សា​ជា​ថ្មី
រៀង​រាល់​ព្រឹក
ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ
មាន​ទំហំ​ធំ​ពន់​ពេក​ក្រៃ។
២៤ ខ្ញុំ​ពោល​ថា ខ្ញុំ​គ្មាន​កេរ‌មត៌ក​អ្វី
ក្រៅ​ពី​ព្រះ‌អម្ចាស់​ទេ
ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សង្ឃឹម​លើ​ព្រះ‌អង្គ។
២៥ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស
ចំពោះ​អ្នក​ដែល​ពឹង​ផ្អែក​លើ​ព្រះ‌អង្គ
និង​ចំពោះ​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ។
២៦ ការ​តាំង​ចិត្ត​ស្ងប់​ស្ងៀម
រង់‌ចាំ​ព្រះ‌អម្ចាស់​យាង​មក​សង្គ្រោះ
នោះ​ពិត​ជា​ការ​ល្អ​ប្រពៃ​មែន។
២៧ ជា​ការ​ប្រពៃ​ណាស់​ដែល​មនុស្ស
ទទួល​ការ​លត់‌ដំ​តាំង​ពី​ក្មេង​ទៅ។
២៨ ពេល​ណា​ព្រះ‌អង្គ​ធ្វើ​ទោស
យើង​ត្រូវ​អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់
ដាច់​ឡែក​តែ​ឯង
២៩ ហើយ​ក្រាប​ចុះ ឱន​មុខ​ដល់​ដី
ធ្វើ​ដូច្នេះ ប្រហែល​ជា​មាន​សេចក្ដី​សង្ឃឹម។
៣០ ត្រូវ​បែរ​ថ្ពាល់​ឲ្យ​គេ​ទះ
និង​ទ្រាំ​ឲ្យ​គេ​ជេរ​ប្រមាថ​ចុះ
៣១ ដ្បិត​ព្រះ‌អម្ចាស់​មិន​បោះ​បង់​ចោល​យើង
រហូត​ឡើយ។
៣២ ទោះ​បី​ព្រះ‌អង្គ​ដាក់​ទោស​ក្តី
ព្រះ‌អង្គ​នៅ​តែ​អាណិត​មេត្តា​ដដែល
ដ្បិត​ព្រះ‌ហឫទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ធំ​ពន់​ពេក​ក្រៃ។
៣៣ ព្រះ‌អង្គ​មិន​សប្បាយ​ព្រះ‌ហឫទ័យ​នឹង
ដាក់​ទោស ឬ​ធ្វើ​ទណ្ឌ‌កម្ម​មនុស្ស‌ម្នា​ទេ។
៣៤ ពេល​គេ​ជិះ‌ជាន់​ធ្វើ​បាប​អស់​អ្នក​ដែល
ជាប់​ជា​ឈ្លើយ​ក្នុង​ស្រុក​ណា​មួយ
៣៥ ពេល​គេ​រំលោភ​លើ​សិទ្ធិ​មនុស្ស
នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
៣៦ ពេល​គេ​កាត់​ក្តី​មនុស្ស​ដោយ​អយុត្តិធម៌
ព្រះ‌អម្ចាស់​ទត​ឃើញ​ទាំង​អស់!
៣៧ ពេល​ព្រះ‌អម្ចាស់​បង្គាប់​អ្វី​មួយ
ការ​នោះ​ត្រូវ​តែ​កើត​ឡើង
ក្រៅ​ពី​ព្រះ‌អង្គ គ្មាន​នរណា​ធ្វើ​ដូច្នេះ​បាន​ទេ។
៣៨ សុខ ឬ​ទុក្ខ​សុទ្ធ​តែ​ចេញ​មក​ពី​ព្រះ‌ឱស្ឋ​របស់
ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។
៣៩ ទោះ​បី​មនុស្ស​ម្នាក់ៗ​ប្រព្រឹត្ត​អំពើ​បាប​ក្តី
ក៏​ព្រះ‌អង្គ​ទុក​ឲ្យ​គេ​នៅ​រស់​ដដែល
ដូច្នេះ ហេតុ​អ្វី​បាន​ជា​នាំ​គ្នា​រអ៊ូ‌រទាំ!
៤០ តោង​យើង​ពិនិត្យ‌ពិច័យ និង​ស្ទង់​មើល
កិរិយា‌មារយាទ​របស់​ខ្លួន
ហើយ​បែរ​ចិត្ត​គំនិត​មក​រក​ព្រះ‌អម្ចាស់​វិញ។
៤១ ពេល​យើង​លើក​ដៃ​អធិស្ឋាន*​រក​ព្រះ‌ជាម្ចាស់
ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*
តោង​យើង​ផ្ចង់​ចិត្ត​ទៅ​រក​ព្រះ‌អង្គ​ដែរ។
៤២ ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប
ហើយ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អង្គ
ព្រះ‌អង្គ​មិន​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ទេ។
៤៣ ព្រះ‌អង្គ​តាម​ប្រហារ​ជីវិត​យើង​ខ្ញុំ
ព្រះ‌ពិរោធ​បាន​បាំង​ព្រះ‌អង្គ​មិន​ឲ្យ
ត្រា​ប្រណី​យើង​ខ្ញុំ។
៤៤ ព្រះ‌អង្គ​ពួន​នៅ​ក្នុង​ពពក*
ដើម្បី​កុំ​ឲ្យ​ពាក្យ​ដែល​យើង​ខ្ញុំ​ទូល‌អង្វរ
ឮ​ទៅ​ដល់​ព្រះ‌អង្គ​ឡើយ។
៤៥ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ក្លាយ​ទៅ​ជា
សំរាម ដែល​គ្មាន​នរណា​រាប់​រក
ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ។
៤៦ ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំ
នាំ​គ្នា​ជេរ​ប្រមាថ​យើង​ខ្ញុំ។
៤៧ យើង​ខ្ញុំ​ជួប​ប្រទះ​តែ​គ្រោះ​កាច
ការ​ភ័យ​ខ្លាច និង​ការ​វិនាស​អន្តរាយ។
៤៨ ទឹក​ភ្នែក​ខ្ញុំ​ហូរ​ដូច​ទឹក​ស្ទឹង
ព្រោះ​តែ​មហន្ត‌រាយ​នៃ​ប្រជាជន​របស់​ខ្ញុំ។
៤៩ ទឹក​ភ្នែក​ខ្ញុំ​ហូរ​ឥត​ឈប់​ឈរ
និង​ឥត​ស្រាក‌ស្រាន្ត
៥០ រហូត​ទាល់​តែ​ព្រះ‌អម្ចាស់​ទត​ឃើញ
ពី​ស្ថាន​បរម‌សុខ។
៥១ ចិត្ត​ខ្ញុំ​សោក‌សៅ​អាណិត​ស្រី​ក្រមុំ​ទាំង​ប៉ុន្មាន
នៅ​ក្នុង​ក្រុង​របស់​ខ្ញុំ។
៥២ អស់​អ្នក​ដែល​តាំង​ខ្លួន​ជា​សត្រូវ​របស់​ខ្ញុំ
ដោយ​ឥត​ហេតុ​ផល
ដេញ​តាម​ប្រហារ​ខ្ញុំ ដូច​តាម​បាញ់​សត្វ​ស្លាប។
៥៣ ពួក​គេ​បោះ​ខ្ញុំ​ក្នុង​អណ្ដូង
រួច​យក​ថ្ម​គ្រប​ពី​លើ ដើម្បី​ឲ្យ​ខ្ញុំ​ថប់​ដង្ហើម។
៥៤ ពេល​នោះ ទឹក​លិច​ក្បាល​ខ្ញុំ
ខ្ញុំ​ពោល​ថា ខ្ញុំ​ស្លាប់​ហើយ!
៥៥ ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​អង្វរ​រក​ព្រះ‌នាម
របស់​ព្រះ‌អង្គ​ពី​បាត​អណ្ដូង​នោះ​មក។
៥៦ ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ឮ​សំឡេង​ដែល​ទូល‌បង្គំ
ស្រែក​អង្វរ​ថា:
“សូម​កុំ​បែរ​ព្រះ‌កាណ៌​ចេញ​ពី​ទូល‌បង្គំ​ឡើយ
សូម​ស្ដាប់​សម្រែក​អង្វរ​របស់​ទូល‌បង្គំ
សូម​ជួយ​ទូល‌បង្គំ​ផង!”។
៥៧ នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​អង្វរ​រក​ព្រះ‌អង្គ
ព្រះ‌អង្គ​យាង​ចូល​មក​ជិត​ទូល‌បង្គំ
ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា “កុំ​ខ្លាច​អ្វី​ឡើយ!”។
៥៨ ព្រះ‌អម្ចាស់​អើយ
ព្រះ‌អង្គ​រក​យុត្តិធម៌​ឲ្យ​ទូល‌បង្គំ
ព្រះ‌អង្គ​បាន​លោះ​ជីវិត​ទូល‌បង្គំ​មក​វិញ។
៥៩ ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​បាន​ទត​ឃើញ​ពួក​គេ
សង្កត់‌សង្កិន​ទូល‌បង្គំ
សូម​រក​យុត្តិធម៌​ឲ្យ​ទូល‌បង្គំ​ផង!
៦០ ព្រះ‌អង្គ​បាន​ទត​ឃើញ​ការ​សង‌សឹក​របស់​ពួក​គេ
ព្រម​ទាំង​ការ​ឃុប‌ឃិត​ទាំង​ប៉ុន្មាន
ប្រឆាំង​នឹង​ទូល‌បង្គំ។
៦១ ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​បាន​ឮ​ពាក្យ​ដែល
ពួក​គេ​ជេរ​ប្រមាថ
ព្រម​ទាំង​ការ​ឃុប​ឃិត​ទាំង​ប៉ុន្មាន
ប្រឆាំង​នឹង​ទូល‌បង្គំ។
៦២ ព្រះ‌អង្គ​បាន​ឮ​ពួក​គេ​និយាយ
ហើយ​ក៏​ឮ​ពួក​គេ​គិត‌គូរ​គម្រោង‌ការ
ប្រឆាំង​នឹង​ទូល‌បង្គំ​ដែរ។
៦៣ សូម​ទត​មើល​ចុះ ទោះ​បី​ពួក​គេ​អង្គុយ ឬ​ឈរ​ក្តី
ពួក​គេ​នាំ​គ្នា​ច្រៀង​ឡក‌ឡឺយ​ដាក់​ទូល‌បង្គំ។
៦៤ ឱ​ព្រះ‌អម្ចាស់​អើយ សូម​តប​ស្នង​ទៅ​ពួក​គេ​វិញ
ស្រប​តាម​អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត។
៦៥ សូម​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​រឹង‌រូស
ហើយ​ដាក់​បណ្ដាសា​ពួក​គេ​ទៅ។
៦៦ ព្រះ‌អង្គ​ដេញ​តាម​ពួក​គេ ទាំង​ព្រះ‌ពិរោធ
ហើយ​ប្រល័យ​ជីវិត​ពួក​គេ​ឲ្យ​បាត់​សូន្យ
ពី​ផែន‌ដី​នេះ។
ទុក្ខ​វេទនា​របស់​អ្នក​ក្រុង​យេរូ‌សាឡឹម
 ម្ដេច​ក៏​មាស​ប្រែ​ជា​ស្រអាប់
ហើយ​មាស​ដ៏​សុទ្ធ​ប្រែ​ជា​បាត់​រស្មី​ដូច្នេះ!
ថ្ម​ព្រះ‌វិហារ​នៅ​រប៉ាត់‌រប៉ាយ​គ្រប់​ទី​កន្លែង
តាម​ដង​ផ្លូវ​ទាំង​អស់!
 ប្រជាជន​នៃ​ក្រុង​ស៊ីយ៉ូន​មាន​តម្លៃ​ណាស់
គឺ​មាន​តម្លៃ​ដូច​មាស។
ម្ដេច​ក៏​អ្នក​ទាំង​នោះ​ត្រូវ​គេ​ចាត់​ទុក​ដូច​ជា
ក្អម​ដី​ដែល​ជា​ស្នាដៃ​របស់​ជាង​ស្មូន​ដូច្នេះ!
 សូម្បី​តែ​ឆ្កែ​ព្រៃ​ក៏​ចេះ​បំបៅ​កូន​របស់​វា​ដែរ
រីឯ​ប្រជាជន​របស់​ខ្ញុំ​វិញ
គេ​បែរ​ជា​មាន​ចិត្ត​សាហាវ​ចំពោះ​កូន​របស់​ខ្លួន
ដូច​សត្វ​អូទ្រុសនៅ​វាល​រហោ‌ស្ថាន។
 កូន​តូចៗ​របស់​គេ​ស្រេក​ទឹក​ខះ​ក
ក្មេងៗ​នាំ​គ្នា​យំ​ទារ​រក​បាយ
តែ​គ្មាន​នរណា​យក​អ្វី​មក​បញ្ចុក​វា​ទេ។
 អស់​អ្នក​ដែល​ធ្លាប់​តែ​មាន​អាហារ​ឆ្ងាញ់ៗ
បរិភោគ បែរ​ជា​ដាច់​ពោះ​ស្លាប់​នៅ​តាម​ផ្លូវ
អស់​អ្នក​ដែល​ធ្លាប់​តែ​ស្លៀក​ពាក់​យ៉ាង​រុង​រឿង
តាំង​ពី​ក្មេង​មក
បែរ​ជា​នាំ​គ្នា​កាយ​សំរាម​រក​អាហារ​បរិភោគ។
 ប្រជាជន​របស់​ខ្ញុំ​មាន​កំហុស​ធ្ងន់​ជាង
អ្នក​ក្រុង​សូដុម​ដែល​ត្រូវ​វិនាស​យ៉ាង​ទាន់‌ហន់
ដោយ​គ្មាន​នរណា​ប្រហារ​នោះ​ទៅ​ទៀត។
 ពួក​មេ​ដឹក​នាំ​ធ្លាប់​តែ​ជា​មនុស្ស​បរិសុទ្ធ​ឥត​ខ្ចោះ
ហើយ​ស​ជាង​សម្លី​ទៅ​ទៀត
ពួក​គេ​មាន​រូប​កាយ​ល្អ​ស្អាត​ជាង​ផ្កា​ថ្ម
ហើយ​ផ្ទៃ​មុខ​ភ្លឺ​ដូច​កែវ‌មរកត។
 ប៉ុន្តែ ឥឡូវ​នេះ មុខ​ពួក​គេ​ប្រែ​ជា​ខ្មៅ​ដូច​ធ្យូង
នៅ​តាម​ផ្លូវ គ្មាន​នរណា​មើល​ពួក​គេ​ស្គាល់​ទេ
ពួក​គេ​ស្គម​សល់​តែ​ស្បែក និង​ឆ្អឹង
ហើយ​ស្បែក​របស់​គេ​ស្ងួត​ដូច​សំបក​ឈើ។
 អ្នក​ស្លាប់​ដោយ​មុខ​ដាវ​មាន​សំណាង
ជាង​អ្នក​ស្លាប់​ដោយ​អត់​អាហារ
ដែល​វិនាស​បន្តិច​ម្ដងៗ ព្រោះ​គ្មាន​អ្វី​បរិភោគ។
១០ នៅ​ពេល​មហន្ត‌រាយ​មក​ដល់
ស្ត្រី​ដែល​ធ្លាប់​តែ​មាន​ចិត្ត​អាណិត​មេត្តា
បែរ​ជា​នាំ​គ្នា​ស្ងោរ​កូន​ឯង​បរិភោគ​ទៅ​វិញ។
១១ ព្រះ‌អម្ចាស់​ក្រេវ‌ក្រោធ​ដល់​កម្រិត
ព្រះ‌អង្គ​បាន​ជះ​ព្រះ‌ពិរោធ
ព្រះ‌អង្គ​បង្កាត់​ភ្លើង​ដុត​ក្រុង​ស៊ីយ៉ូន
ឲ្យ​ឆេះ​រហូត​ដល់​គ្រឹះ។
១២ ស្តេច​ទាំង‌ឡាយ​នៅ​លើ​ផែន‌ដី
ព្រម​ទាំង​មនុស្ស‌ម្នា​ក្នុង​លោក​ទាំង​មូល
ពិបាក​ជឿ​ថា បច្ចា‌មិត្ត​អាច​ចូល​មក​ក្នុង
ក្រុង​យេរូ‌សាឡឹម​បាន​យ៉ាង​នេះ។
១៣ ហេតុ‌ការណ៍​នេះ​កើត​ឡើង
ព្រោះ​តែ​អំពើ​បាប​របស់​ពួក​ព្យាការី
និង​កំហុស​របស់​ពួក​បូជា‌ចារ្យ
ដែល​ប្រហារ​ជីវិត​មនុស្ស​សុចរិត​នៅ​ក្នុង​ទីក្រុង!
១៤ អ្នក​ទាំង​នោះ​ដើរ​តែល‌តោល​នៅ​តាម​ផ្លូវ
ដូច​មនុស្ស​ខ្វាក់
ខ្លួន​ប្រាណ​របស់​គេ​ប្រឡាក់​ទៅ​ដោយ​ឈាម
សូម្បី​តែ​សម្លៀក‌បំពាក់​របស់​ពួក​គេ
ក៏​គ្មាន​នរណា​ហ៊ាន​ប៉ះ‌ពាល់​ដែរ។
១៥ អ្នក​ឯ​ទៀតៗ​ស្រែក​ដាក់​អ្នក​ទាំង​នោះ​ថា:
ជន​មិន​បរិសុទ្ធ​អើយ ចូរ​ចៀស​ចេញ​ទៅ!
ចៀស! ចូរ​ចៀស​ឲ្យ​ឆ្ងាយ​ទៅ!
កុំ​ប៉ះ‌ពាល់​ឲ្យ​សោះ!
ពួក​គេ​រត់​ភៀស​ខ្លួន
ពី​ប្រជា‌ជាតិ​មួយ​ទៅ​ប្រជា‌ជាតិ​មួយ
តែ​គ្មាន​នរណា​ទទួល​ពួក​គេ
ឲ្យ​ស្នាក់​អាស្រ័យ​ឡើយ។
១៦ ព្រះ‌អម្ចាស់​ផ្ទាល់​បាន​កម្ចាត់‌កម្ចាយ​ពួក​គេ
ព្រះ‌អង្គ​លែង​រវី‌រវល់​នឹង​ពួក​គេ។
គ្មាន​នរណា​គោរព​ពួក​បូជា‌ចារ្យ
ឬ​អាណិត​មេត្តា​មនុស្ស​ចាស់​ជរា​ឡើយ។
១៧ យើង​ទន្ទឹង​រង់‌ចាំ​រហូត​ដល់​ផ្សា​ភ្នែក
តែ​មិន​ឃើញ​មាន​នរណា​មក​សង្គ្រោះ​សោះ
យើង​ឃ្លាំ​មើល ហើយ​ឃ្លាំ​មើល​ទៀត
តែ​គ្មាន​ប្រជា‌ជាតិ​ណា​មួយ​សង្គ្រោះ​យើង​ទេ។
១៨ សត្រូវ​នាំ​គ្នា​ពួន​ស្ទាក់​ចាំ​ប្រហារ​យើង
សូម្បី​តែ​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​របស់​យើង
ក៏​យើង​ដើរ​មិន​បាន​ផង។
ថ្ងៃ​ដែល​យើង​ត្រូវ​ស្លាប់ ជិត​មក​ដល់
យើង​ជិត​អស់​អាយុ
ថ្ងៃ​ដែល​យើង​ត្រូវ​ស្លាប់ មក​ដល់​ហើយ!
១៩ អ្នក​ដែល​ប្រហារ​យើង នាំ​គ្នា​ដេញ​តាម​យើង
លឿន​ជាង​សត្វ​ឥន្ទ្រី​ហោះ​ហើរ​នៅ​លើ​មេឃ
ពួក​គេ​ដេញ​តាម​យើង​នៅ​លើ​ភ្នំ
ពួក​គេ​ចាំ​ស្ទាក់​យើង​នៅ​វាល​រហោ‌ស្ថាន។
២០ យើង​ធ្លាប់​ពោល​ថា
ដោយ‌សារ​ម្លប់​ត្រជាក់‌ត្រជុំ​នៃ​ព្រះ‌មហា​ក្សត្រ
យើង​នឹង​រស់​នៅ​ក្នុង​ចំណោម
ប្រជា‌ជាតិ​ទាំង‌ឡាយ។
ប៉ុន្តែ ឥឡូវ​នេះ ព្រះ‌មហា​ក្សត្រ
ដែល​ជា​ម្ចាស់​ជីវិត​របស់​យើង
គឺ​ស្តេច​ដែល​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក
ព្រះ‌អង្គ​ជាប់​ឃុំ‌ឃាំង​ក្នុង​រណ្ដៅ​របស់​ពួក​គេ។
២១ ប្រជាជន​ស្រុក​អេដុម ប្រជាជន​ស្រុក​អ៊ូស​អើយ
ចូរ​សប្បាយ​ចិត្ត ចូរ​រីក‌រាយ​ទៅ!
ដ្បិត​អ្នក​ត្រូវ​ទទួល​ពែង​នៃ​ទុក្ខ​លំបាក​នេះ​ដែរ
អ្នក​នឹង​ស្រវឹង ហើយ​នៅ​ខ្លួន​ទទេ។
២២ ប្រជាជន​ក្រុង​ស៊ីយ៉ូន​អើយ
អ្នក​ទទួល​ទោស​ដល់​កម្រិត​ហើយ
គ្មាន​នរណា​កៀរ​អ្នក​យក​ទៅ​ជា​ឈ្លើយ​ទៀត​ទេ
រីឯ​ប្រជាជន​ស្រុក​អេដុម​វិញ
ព្រះ‌អម្ចាស់​នឹង​ធ្វើ​ទណ្ឌ‌កម្ម​ពួក​គេ
ស្រប​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត
គឺ​ព្រះ‌អង្គ​លាត​ត្រដាង​អំពើ​បាប​របស់​ពួក​គេ។
ពាក្យ​ទូល‌អង្វរ​សូម​ព្រះ‌អម្ចាស់​អាណិត​មេត្តា
 ព្រះ‌អម្ចាស់​អើយ
សូម​នឹក​ដល់​ហេតុ‌ការណ៍​ដែល​កើត​មាន​ចំពោះ​យើង​ខ្ញុំ
សូម​ទត​មើល​ចុះ
តើ​គេ​ត្មះ‌តិះ‌ដៀល​យើង​ខ្ញុំ​ដល់​កម្រិត​ណា!
 ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​យើង​ខ្ញុំ
បាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​បរទេស
ផ្ទះ​របស់​យើង​ខ្ញុំ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ
របស់​ជន​ដទៃ។
 យើង​ខ្ញុំ​ធ្លាក់​ខ្លួន​ដូច​ក្មេង​កំព្រា គ្មាន​ឪពុក​ម្ដាយ
យើង​ខ្ញុំ​រស់​នៅ​ដូច​ស្ត្រី‌មេម៉ាយ។
 យើង​ខ្ញុំ​ត្រូវ​បង់​ប្រាក់
ដើម្បី​ទិញ​ទឹក​របស់​យើង​ខ្ញុំ​ផ្ទាល់
ហើយ​ត្រូវ​បង់​ប្រាក់
ដើម្បី​ទិញ​អុស​របស់​យើង​ខ្ញុំ​ដែរ។
 ពួក​អ្នក​ដែល​តាម​ប្រហារ​យើង​ខ្ញុំ
ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​យើង​ខ្ញុំ​ជា‌និច្ច
យើង​ខ្ញុំ​អស់​កម្លាំង
តែ​គេ​មិន​ទុក​ឲ្យ​យើង​ខ្ញុំ​សម្រាក​ទេ។
 យើង​ខ្ញុំ​លើក​ដៃ​អង្វរ​សុំ​ស្បៀង​ពី​ស្រុក​អេស៊ីប
និង​ស្រុក​អាស្ស៊ីរី ដើម្បី​ចម្អែត​ក្រពះ។
 ដូន‌តា​របស់​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​មែន
តែ​ពួក​គេ​ស្លាប់​អស់​ហើយ
គឺ​យើង​ខ្ញុំ​ទេ​ដែល​រង​ទុក្ខ​ទោស
ព្រោះ​តែ​កំហុស​ដែល​ដូន‌តា​បាន​ប្រព្រឹត្ត។
 ពួក​ទាសករ​ត្រួត‌ត្រា​លើ​យើង​ខ្ញុំ
តែ​គ្មាន​នរណា​រំដោះ​យើង​ខ្ញុំ
ចេញ​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ទាំង​នោះ​ទេ។
 យើង​ខ្ញុំ​ប្រថុយ​ជីវិត ឆ្លង​កាត់​មុខ​ដាវ
ដើម្បី​ទៅ​រក​ស្បៀង​អាហារ។
១០ ដោយ​ឃ្លាន​ខ្លាំង​ពេក
ស្បែក​របស់​យើង​ខ្ញុំ​ឡើង​ក្ដៅ​ដូច​ភ្លើង​ចង្ក្រាន។
១១ សត្រូវ​រំលោភ​ស្ត្រី​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន
និង​រំលោភ​ស្ត្រី​ក្រមុំ​នៅ​តាម​ក្រុង​នានា
ក្នុង​ស្រុក​យូដា។
១២ ពួក​គេ​ព្យួរ​ក​ពួក​មន្ត្រី​របស់​យើង​ខ្ញុំ
ហើយ​គ្មាន​នរណា​គោរព​ចាស់​ជរា​ទេ។
១៣ គេ​ប្រើ​ឲ្យ​ពួក​យុវជន​លី​ត្បាល់​កិន
គេ​ប្រើ​ក្មេង​ប្រុសៗ​ឲ្យ​លី​ឈើ​ដ៏​ធ្ងន់
រហូត​ដល់​ជំពប់​ជើង​ដួល។
១៤ ពួក​ព្រឹទ្ធា‌ចារ្យ​លែង​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង
ទៀត​ហើយ
រីឯ​ពួក​យុវជន​ក៏​លែង​នាំ​គ្នា​ច្រៀង​ទៀត​ដែរ។
១៥ អំណរ​បាន​ចាក​ចេញ​បាត់​ពី​ចិត្ត​យើង​ខ្ញុំ
យើង​ខ្ញុំ​នាំ​គ្នា​កាន់​ទុក្ខ​ជំនួស​ការ​រាំ​រែក
១៦ យើង​ខ្ញុំ​បាត់​បង់​កិត្តិយស
យើង​ខ្ញុំ​ត្រូវ​វេទនា
ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប!
១៧ ហេតុ​នេះ​ហើយ​បាន​ជា​ចិត្ត​យើង​ខ្ញុំ​ខ្លោច‌ផ្សា
យើង​ខ្ញុំ​យំ​រហូត​ដល់​ហើម​ភ្នែក។
១៨ ភ្នំ​ស៊ីយ៉ូន​ក្លាយ​ទៅ​ជា​ទី​ស្មសាន
ជា​កន្លែង​ដែល​កញ្ជ្រោង​ដើរ​រក​ស៊ី។
១៩ ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​គ្រង​រាជ្យ​រហូត​ត​ទៅ
បល្ល័ង្ក​របស់​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ
អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។
២០ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បំភ្លេច​យើង​ខ្ញុំ
រហូត​ដូច្នេះ?
ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បោះ​បង់​ចោល​យើង​ខ្ញុំ
អស់​មួយ​ជីវិត?
២១ ព្រះ‌អម្ចាស់​អើយ
សូម​នាំ​យើង​ខ្ញុំ​ឲ្យ​វិល​ត្រឡប់​មក​វិញ
នោះ​យើង​ខ្ញុំ​នឹង​វិល​ត្រឡប់​មក​វិញ
សូម​ប្រទាន​អាយុ​ជីវិត​មក​យើង​ខ្ញុំ​សា​ជា​ថ្មី។
២២ តើ​ព្រះ‌អង្គ​បោះ​បង់​ចោល​យើង​ខ្ញុំ​រហូត​មែន​ឬ?
តើ​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ​នឹង​យើង​ខ្ញុំ
ហួស​កម្រិត​បែប​នេះ​ឬ?
485 Views

Theme: Overlay by Kaira