សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

កណ្ឌគម្ពីរ
ព្យាការីសាការី

ពាក្យលំនាំ

សាការី

(ព្យាការី​សាការី)

ពាក្យ​លំនាំ

យើង​អាច​ដាក់​ឈ្មោះ​កណ្ឌ​គម្ពីរ​សាការី​នេះ​ថា​ជា​កណ្ឌ​គម្ពីរ «សេចក្ដី​សង្ឃឹម»ក៏​បាន ដ្បិត​ខ្លឹមសារ​នៃ​កណ្ឌ​គម្ពីរ​នេះ​ចែង​អំពី​សេចក្ដី​សង្ឃឹម​របស់​ជន​ជាតិ​អ៊ីស្រា‌អែល នៅ​ជំនាន់​នោះ។ យើង​អាច​បែង​ចែក​កណ្ឌ​គម្ពីរ​សាការី​ជា​ពីរ​ផ្នែក។
ផ្នែក​ទី​មួយ (ចំពូក ១‑៨) ជា​សេចក្ដី​ដែល​ព្យាការី​ប្រកាស​នៅ​អំឡុង​ឆ្នាំ ៥២០-៥១៨ មុន​គ្រីស្ត‌សករាជ គឺ​ក្នុង​ពេល​ជា​មួយ​គ្នា​នឹង​ព្យាការី​ហាកាយ​ដែរ។ សេចក្ដី​ដែល​ព្យាការី​ថ្លែង​ក្នុង​ផ្នែក​នេះ មាន​លក្ខណៈ​ជា​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ ហើយ​ចែង​អំពី​ការ​សង់​ព្រះ‌វិហារ និង​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ ដែល​ជា​ទី​សម្គាល់​មួយ​នៃ​យុគ‌សម័យ​ថ្មី។ ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស​លោក​ទេសា‌ភិបាល​សូរ៉ូ‌បាបិល ជា​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​ដាវីឌ ព្រម​ទាំង​មហា​បូជា‌ចារ្យ​យ៉ូស៊ូអា ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ នៅ​ដើម​ដំបូង​នៃ​យុគ‌សម័យ​នេះ។
សេចក្ដី​សង្ឃឹម​របស់​ជន​ជាតិ​អ៊ីស្រា‌អែល ផ្ចង់​ទៅ​រក​គ្រា​ដែល​ព្រះ‌ជាម្ចាស់​យាង​មក​គ្រង​រាជ្យ​លើ​ផែន‌ដី​ទាំង​មូល ហើយ​សេចក្ដី​សង្ឃឹម​នេះ​ក៏​ជាប់​ពាក់‌ព័ន្ធ​ទៅ​លើ​មនុស្ស​ម្នាក់ ដែល​ព្រះ‌ជាម្ចាស់​ជ្រើស‌រើស​ដែរ។ នៅ​ផ្នែក​ទី​ពីរ(ចំពូក ៩‑១៤) ចែង​អំពី​សេចក្ដី​សង្ឃឹម​នេះ​ឯង គឺ​មាន​បរិយាយ​អំពី​អ្នក​ដែល​ព្រះ‌ជាម្ចាស់​តែង‌តាំង​ឲ្យ​រៀបចំ​ព្រះ‌រាជ្យ​របស់​ព្រះ‌អង្គ។ ព្យាការី​បង្ហាញ​អំពី​លោក​នោះ​ក្នុង​ឋានៈ​ជា​ស្តេច​ដែល​មាន​ចិត្ត​ទន់‌ទាប ជា​គង្វាល​របស់​ហ្វូង​ចៀម និង​ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់​ដែល​ត្រូវ​គេ​សម្លាប់។ គម្ពីរ​សម្ពន្ធ‌មេត្រី​ថ្មី​បង្ហាញ​ឲ្យ​យើង​ឃើញ​ថា ព្រះ‌យេស៊ូ​មាន​លក្ខណ‌សម្បត្តិ​ខាង​លើ ដូច​លោក​សាការី​បាន​ប្រកាស ជា​ពិសេស ត្រង់​អត្ថ‌បទ​ដែល​បរិយាយ​អំពី​ការ​សោយ​ទិវង្គត​របស់​ព្រះ‌អង្គ (ម៉ាថាយ ២១.៤-៥; ម៉ាថាយ ២៦.៣១; ម៉ាកុស ១៤.២៧; យ៉ូហាន ១៩.៣៧)។
ព្រះ‌អម្ចាស់​ត្រាស់​ហៅ​ជន​ជាតិ​អ៊ីស្រា‌អែល​ឲ្យ​វិល​មក​រក​ព្រះ‌អង្គ​វិញ
 នៅ​ខែ​ទី​ប្រាំ​បី ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះ‌ចៅ​ដារី‌យូស ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​សាការី ជា​កូន​របស់​លោក​បេរេ‌គីយ៉ា និង​ជា​ចៅ​របស់​លោក​អ៊ីដូ ដូច​ត​ទៅ:
 ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​នឹង​ដូន‌តា​របស់​អ្នក​រាល់​គ្នា​យ៉ាង​ខ្លាំង។  ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​នាំ​គ្នា​វិល​មក​រក​យើង នោះ​យើង​ក៏​នឹង​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ​ដែរ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។  កុំ​ធ្វើ​ដូច​ដូន‌តា​របស់​អ្នក​រាល់​គ្នា​ឡើយ។ ពួក​ព្យាការី​នៅ​ជំនាន់​ដើម​ធ្លាប់​ប្រកាស​ប្រាប់​ដូន‌តា​របស់​អ្នក​រាល់​គ្នា​ថា “ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ចូរ​នាំ​គ្នា​វិល​មក​វិញ ដោយ​ងាក​ចេញ​ពី​មាគ៌ា​អាក្រក់ ហើយ​ឈប់​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ទៅ!” ប៉ុន្តែ ដូន‌តា​របស់​អ្នក​រាល់​គ្នា​ពុំ​ព្រម​ស្ដាប់ ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​របស់​យើង​ទេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។  ដូន‌តា​របស់​អ្នក​រាល់​គ្នា​បាត់​បង់​ជីវិត​អស់​ទៅ​ហើយ រីឯ​ពួក​ព្យាការី​ក៏​មិន​នៅ​រស់​រហូត​ដែរ។  ដូន‌តា​របស់​អ្នក​រាល់​គ្នា​ឮ​ពាក្យ​របស់​យើង និង​វិន័យ​ដែល​យើង​បាន​បង្គាប់​ដល់​ពួក​ព្យាការី​ជា​អ្នក​បម្រើ​របស់​យើង។ ដូន‌តា​របស់​អ្នក​រាល់​គ្នា​បាន​វិល​មក​វិញ ហើយ​ពោល​ថា “ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ប្រព្រឹត្ត​ចំពោះ​ពួក​យើង ដូច​ព្រះ‌អង្គ​បាន​សម្រេច​ស្រប​តាម​មារយាទ និង​អំពើ​ដែល​ពួក​យើង​ប្រព្រឹត្ត”»។
និមិត្ត‌ហេតុ​អស្ចារ្យ​អំពី​សេះ
 នៅ​ថ្ងៃ​ទី​ម្ភៃ​បួន ខែ​ទី​ដប់​មួយ ដែល​ត្រូវ​នឹង​ខែ​មាឃ ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះ‌ចៅ​ដារី‌យូស ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​សាការី ជា​កូន​របស់​លោក​បេរេ‌គីយ៉ា និង​ជា​ចៅ​របស់​លោក​អ៊ីដូ​ដូច​ត​ទៅ:
 នៅ​ពេល​យប់ ខ្ញុំ​បាន​និមិត្ត​ឃើញ​បុរស​ម្នាក់​ជិះ​សេះ​មួយ​សម្បុរ​ក្រហម ឈប់​នៅ​កណ្ដាល​គុម្ព​ផ្កា​យីថោ​ក្នុង​ជ្រលង​ភ្នំ​មួយ​ដ៏​ជ្រៅ។ នៅ​ពី​ក្រោយ​លោក មាន​សេះ​ឯ​ទៀតៗ​សម្បុរ​ក្រហម ត្នោត និង​ស ដែល​មាន​អ្នក​ជិះ​ពី​លើ។  ខ្ញុំ​ក៏​សួរ​ថា៖ «លោក​ម្ចាស់ អ្នក​ទាំង​នោះ​ជា​នរណា?»។ ទេវទូត*​ដែល​និយាយ​ជា​មួយ​ខ្ញុំ ពោល​ថា៖ «ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​លោក​ដឹង​ថា អ្នក​ទាំង​នោះ​ជា​នរណា»។ ១០ បុរស​ដែល​នៅ​កណ្ដាល​គុម្ព​ផ្កា​យីថោ ពោល​ថា៖ «ពួក​គេ​ជា​អ្នក​ដែល​ព្រះ‌អម្ចាស់​បាន​ចាត់​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែន‌ដី»។ ១១ អ្នក​ទាំង​នោះ​ពោល​ទៅ​កាន់​ទេវទូត​របស់​ព្រះ‌អម្ចាស់ ដែល​នៅ​កណ្ដាល​គុម្ព​ផ្កា​យីថោ​ថា៖ «យើង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែន‌ដី ឃើញ​មនុស្ស‌ម្នា​ទាំង​អស់​រស់​នៅ​យ៉ាង​សុខ‌សាន្ត ឥត​មាន​កង្វល់»។
១២ ពេល​នោះ ទេវទូត​របស់​ព្រះ‌អម្ចាស់​ពោល​ឡើង​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល តើ​ដល់​ពេល​ណា​ទើប​ព្រះ‌អង្គ​អាណិត​មេត្តា​ក្រុង​យេរូ‌សាឡឹម និង​ក្រុង​ឯ​ទៀតៗ​ក្នុង​ស្រុក​យូដា? ព្រះ‌អង្គ​ខ្ញាល់​នឹង​ក្រុង​ទាំង​នេះ​អស់‌រយៈ​ពេល​ចិត‌សិប​ឆ្នាំ​ហើយ»។ ១៣ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​លើក​ទឹក​ចិត្ត និង​សម្រាល​ទុក្ខ​ទេវទូត*​ដែល​និយាយ​ជា​មួយ​ខ្ញុំ។ ១៤ ពេល​នោះ ទេវទូត​ដែល​និយាយ​ជា​មួយ​ខ្ញុំ ពោល​មក​ខ្ញុំ​ថា៖ «ចូរ​ប្រកាស​ដូច​ត​ទៅ:
ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា យើង​ស្រឡាញ់​ក្រុង​យេរូ‌សាឡឹម និង​ភ្នំ​ស៊ីយ៉ូន​ពន់​ពេក​ណាស់ ១៥ តែ​យើង​ក្រេវ‌ក្រោធ​យ៉ាង​ខ្លាំង​ទាស់​នឹង​ប្រជា‌ជាតិ​នានា ដែល​អាង​លើ​កម្លាំង​ខ្លួន​ឯង។ ពេល​យើង​ក្រេវ‌ក្រោធ​នឹង​អ៊ីស្រា‌អែល​តែ​បន្តិច ប្រជា‌ជាតិ​ទាំង​នោះ​បែរ​ជា​នាំ​គ្នា​ធ្វើ​បាប​ជន​ជាតិ​អ៊ីស្រា‌អែល​យ៉ាង​សែន​វេទនា»។ ១៦ ហេតុ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ ដោយ​ចិត្ត​អាណិត‌អាសូរ។ ដំណាក់​របស់​យើង​នឹង​ត្រូវ​សង់​ឡើង​វិញ ហើយ​គេ​នឹង​យក​ខ្សែ​រង្វាស់​មក​វាស់​ក្រុង​យេរូ‌សាឡឹម ដើម្បី​ជួស‌ជុល​ឡើង​វិញ​ដែរ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ ១៧ ចូរ​ប្រកាស​ទៀត​ថា «ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ក្រុង​នានា​របស់​យើង​នឹង​មាន​ភោគ​ទ្រព្យ​ហូរ‌ហៀរ​ឡើង​វិញ។ យើង​នឹង​សម្រាល​ទុក្ខ​ក្រុង​ស៊ីយ៉ូន​សា​ជា​ថ្មី ហើយ​យើង​ជ្រើស‌រើស​ក្រុង​យេរូ‌សាឡឹម​ដូច​ពី​មុន»។
និមិត្ត​ហេតុ​អស្ចារ្យ​អំពី​ស្នែង​បួន និង​ជាង​ដែក​បួន​នាក់
 (១.១៨) ខ្ញុំ​ក្រឡេក​មើល​ទៅ ខ្ញុំ​និមិត្ត​ឃើញ​ស្នែង​បួន។  (១៩) ខ្ញុំ​ក៏​សួរ​ទេវទូត​ដែល​និយាយ​ជា​មួយ​ខ្ញុំ​ថា៖ «តើ​ស្នែង​ទាំង​បួន​នោះ​ជា​តំណាង​អ្វី?»។ ទេវទូត​តប​មក​ខ្ញុំ​ថា៖ «ស្នែង​ទាំង​នោះ​ជា​តំណាង​ប្រជា‌ជាតិ​ដែល​បាន​កម្ចាត់‌កម្ចាយ​អ្នក​ស្រុក​យូដា អ្នក​ស្រុក​អ៊ីស្រា‌អែល និង​អ្នក​ក្រុង​យេរូ‌សាឡឹម»។
 (២០) បន្ទាប់​មក ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ​ឃើញ​ជាង​ដែក​បួន​នាក់។  (២១) ខ្ញុំ​សួរ​ថា៖ «តើ​អ្នក​ទាំង​នេះ​មក​ធ្វើ​អ្វី?»។ ព្រះ‌អង្គ​ពន្យល់​ប្រាប់​ខ្ញុំ​ថា៖ «ស្នែង​ទាំង​បួន​បាន​កម្ចាត់‌កម្ចាយ​អ្នក​ស្រុក​យូដា គ្មាន​នរណា​អាច​តទល់​នឹង​ពួក​គេ​ឡើយ។ ប៉ុន្តែ ជាង​ដែក​ទាំង​បួន​នាក់​នាំ​គ្នា​មក ដើម្បី​បំភ័យ និង​កម្ទេច​ស្នែង​នៃ​ប្រជា‌ជាតិ​ទាំង​បួន​ដែល​បាន​ប្រើ​កម្លាំង​វាយ​ស្រុក​យូដា និង​កម្ចាត់‌កម្ចាយ​ប្រជាជន»។
និមិត្ត‌ហេតុ​អស្ចារ្យ​អំពី​ខ្សែ​រង្វាស់
 (២.១) ខ្ញុំ​ក្រឡេក​មើល​ទៅ ខ្ញុំ​និមិត្ត​ឃើញ​បុរស​ម្នាក់​កាន់​ខ្សែ​រង្វាស់​មួយ។  (២) ខ្ញុំ​សួរ​បុរស​នោះ​ថា លោក​អញ្ជើញ​ទៅ​ណា។ លោក​តប​មក​វិញ​ថា៖ «ខ្ញុំ​ទៅ​វាស់​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​ដឹង​ប្រវែង​ទទឹង និង​បណ្តោយ»។  (៣) ពេល​នោះ ទេវទូត​ដែល​និយាយ​ជា​មួយ​ខ្ញុំ ដើរ​ទៅ​មុខ ហើយ​មាន​ទេវទូត​មួយ​រូប​ទៀត​មក​ជួប  (៤) ដោយ​ប្រាប់​ថា៖ «ចូរ​រត់​ទៅ​ប្រាប់​យុវជន​ដែល​កាន់​ខ្សែ​រង្វាស់​នោះ​ថា: យេរូ‌សាឡឹម​នឹង​ទៅ​ជា​ក្រុង​មួយ​ដែល​គ្មាន​កំពែង ព្រោះ​មាន​មនុស្ស និង​សត្វ​ជា​ច្រើន​រស់​នៅ។  (៥) រីឯ​យើង​វិញ យើង​នឹង​នៅ​ទី​នេះ​ធ្វើ​ជា​កំពែង​ភ្លើង​ការ‌ពារ​ក្រុង ហើយ​យើង​ក៏​ទៅ​ជា​សិរី‌រុង​រឿង​របស់​ក្រុង​នេះ​ដែរ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
ព្រះ‌អម្ចាស់​ហៅ​អ្នក​ជាប់​ជា​ឈ្លើយ​ត្រឡប់​មក​វិញ
១០ (៦) «យើង​បាន​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា
ទៅ​តាម​ទិស​ទាំង​បួន!
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
ឥឡូវ​នេះ ចូរ​នាំ​គ្នា​ប្រញាប់‌ប្រញាល់
រត់​ចាក​ចេញ​ពី​ស្រុក​ខាង​ជើង​មក!
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
១១ (៧) ប្រជាជន​ក្រុង​ស៊ីយ៉ូន​ដែល​តាំង​ទី​លំ‌នៅ
ក្នុង​ស្រុក​បាប៊ីឡូន​អើយ
ចូរ​នាំ​គ្នា​រត់​ចេញ​ពី​ទី​នោះ​ជា​ប្រញាប់!»។
១២ (៨) ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
ព្រះ‌អង្គ​ប្រទាន​អំណាច​ និង​ចាត់​ខ្ញុំ​ឲ្យ​ទៅ
ប្រាប់​ប្រជា‌ជាតិ​នានា
ដែល​រឹប​អូស​យក​ស្រុក​របស់​អ្នក​រាល់​គ្នា​ថា:
«អ្នក​ណា​ប៉ះ‌ពាល់​អ្នក​រាល់​គ្នា
ក៏​ដូច​ជា​ប៉ះ‌ពាល់​ប្រស្រី​ភ្នែក​របស់​យើង​ដែរ។
១៣ (៩) យើង​នឹង​លើក​ដៃ​ប្រហារ
ប្រជា‌ជាតិ​ទាំង​នោះ
ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ឈ្លើយ
នៃ​ពួក​ទាសករ​របស់​ខ្លួន»
ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា
ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
ពិត​ជា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។
១៤ (១០) «ប្រជាជន​នៃ​ក្រុង​ស៊ីយ៉ូន​អើយ
ចូរ​ស្រែក​ហ៊ោ​ដោយ​អំណរ!
ចូរ​សប្បាយ​រីក‌រាយ​ឡើង!
ដ្បិត​យើង​មក​រក​អ្នក​ហើយ
យើង​នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក!»
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
១៥ (១១) «នៅ​ថ្ងៃ​នោះ ប្រជា‌ជាតិ​ជា​ច្រើន
នឹង​ជំពាក់​ចិត្ត​លើ​យើង ជា​ព្រះ‌អម្ចាស់
ហើយ​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​យើង
តែ​យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក»។
ពេល​នោះ អ្នក​នឹង​ទទួល​ស្គាល់​ថា
ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
បាន​ចាត់​ខ្ញុំ​ឲ្យ​មក​រក​អ្នក។
១៦ (១២) ព្រះ‌អម្ចាស់​នឹង​យក​ស្រុក​យូដា
ធ្វើ​ជា​ទឹក​ដី​របស់​ព្រះ‌អង្គ​ផ្ទាល់
ក្នុង​ទឹក​ដី​ដ៏‌វិសុទ្ធ
ព្រះ‌អង្គ​នឹង​ជ្រើស‌រើស​ក្រុង​យេរូ‌សាឡឹម
ដូច​ពី​មុន។
១៧ (១៣) សត្វ​លោក​ទាំង‌ឡាយ​ត្រូវ​ស្ងៀម‌ស្ងាត់
នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់
ដ្បិត​ព្រះ‌អង្គ​តើន​ឡើង ហើយ​យាង​ចេញ
ពី​ព្រះ‌ដំណាក់​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ។
និមិត្ត‌ហេតុ​អស្ចារ្យ​អំពី​លោក​មហា​បូជា‌ចារ្យ
 ព្រះ‌អម្ចាស់​បាន​ឲ្យ​ខ្ញុំ​ឃើញ​លោក​មហា​បូជា‌ចារ្យ*​យ៉ូស៊ូអា ឈរ​នៅ​មុខ​ទេវទូត*​របស់​ព្រះ‌អង្គ ហើយ​មារ*​សាតាំង​ឈរ​ខាង​ស្តាំ ដើម្បី​ចោទ​ប្រកាន់​លោក។  ទេវទូត​របស់​ព្រះ‌អម្ចាស់​ពោល​ទៅ​កាន់​មារ​សាតាំង​ថា៖ «សូម​ព្រះ‌អម្ចាស់​ផ្តន្ទា​ទោស​អ្នក! សាតាំង​អើយ សូម​ព្រះ‌អម្ចាស់​ផ្តន្ទា​ទោស​អ្នក! ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ជ្រើស‌រើស​ក្រុង​យេរូ‌សាឡឹម។ រីឯ​លោក​យ៉ូស៊ូអា​វិញ លោក​ប្រៀប​បាន​នឹង​អង្កត់​អុស​ដែល​គេ​យក​ចេញ​ពី​ភ្លើង!»។
 ពេល​នោះ លោក​យ៉ូស៊ូអា​មាន​សម្លៀក‌បំពាក់​កខ្វក់ លោក​ឈរ​នៅ​មុខ​ទេវទូត។  ទេវទូត​នេះ​ពោល​ទៅ​កាន់​អស់​អ្នក​ដែល​ឈរ​នៅ​ខាង​មុខ​ថា៖ «ចូរ​យក​សម្លៀក‌បំពាក់​កខ្វក់​ចេញ​ពី​លោក!»។ ទេវទូត​ពោល​មក​កាន់​លោក​យ៉ូស៊ូអា​ថា៖ «ខ្ញុំ​ដក​កំហុស​ចេញ​ពី​លោក ហើយ​ឲ្យ​លោក​ស្លៀក​សម្លៀក‌បំពាក់​សម្រាប់​ពិធី​បុណ្យ​វិញ»។  បន្ទាប់​មក ទេវទូត​ពោល​ថា៖ «ចូរ​យក​ឆ្នួត​ស្អាត​មក​បំពាក់​ជូន​លោក!»។ គេ​ក៏​យក​ឆ្នួត​ស្អាត និង​សម្លៀក‌បំពាក់ មក​ពាក់​ជូន​លោក។ ទេវទូត​របស់​ព្រះ‌អម្ចាស់​ឈរ​នៅ​ក្បែរ​នោះ។
 ទេវទូត​របស់​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​លោក​យ៉ូស៊ូអា​ថា៖  ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: «ប្រសិន​បើ​អ្នក​ដើរ​តាម​មាគ៌ា​របស់​យើង និង​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​យើង​បង្គាប់ អ្នក​នឹង​គ្រប់‌គ្រង​លើ​ដំណាក់​របស់​យើង ហើយ​ថែ‌រក្សា​ទី‌លាន​របស់​យើង​ដែរ។ យើង​នឹង​ឲ្យ​អ្នក​ចូល​រួម​ក្នុង​ចំណោម​អស់​អ្នក​ដែល​នៅ​ទី​នេះ។  ដូច្នេះ មហា​បូជា‌ចារ្យ​យ៉ូស៊ូអា​អើយ ចូរ​ស្ដាប់! រីឯ​អ្នក​ឯ​ទៀតៗ​ដែល​ធ្វើ​ការ​ជា​មួយ​អ្នក ក៏​ត្រូវ​ស្ដាប់​ដែរ ដ្បិត​អ្នក​រាល់​គ្នា​ជា​ប្រផ្នូល​អំពី​កិច្ច‌ការ​ដែល​នឹង​កើត​មាន។ យើង​នឹង​នាំ “ពន្លក” ជា​អ្នក​បម្រើ​របស់​យើង​មក។  យើង​នឹង​ដាក់​ថ្ម​មួយ​នៅ​មុខ​យ៉ូស៊ូអា លើ​ថ្ម​តែ​មួយ​នេះ​មាន​ភ្នែក​ដល់​ទៅ​ប្រាំ​ពីរ។ យើង​នឹង​ចារ​អក្សរ​លើ​ថ្ម​នោះ ដោយ​ដៃ​យើង​ផ្ទាល់។ ក្នុង​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ យើង​នឹង​ដក​បាប​ចេញ​ពី​ស្រុក​នេះ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ ១០ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​អញ្ជើញ​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​ទៅ​អង្គុយ​នៅ​ក្រោម​ដើម​ទំពាំង‌បាយជូរ និង​ដើម​ឧទុម្ពរ»​ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។
និមិត្ត‌ហេតុ​អំពី​ជើង​ចង្កៀង​មាស និង​អូលីវ​ពីរ​ដើម
 ទេវទូត​ដែល​សន្ទនា​ជា​មួយ​ខ្ញុំ​ពី​មុន​នោះ​វិល​មក​វិញ ហើយ​ដាស់​ខ្ញុំ​ឲ្យ​ភ្ញាក់​ស្មារតី​ដូច​ដាស់​មនុស្ស​ឲ្យ​ក្រោក​ពី​ដំណេក។  ទេវទូត​នោះ​ពោល​មក​ខ្ញុំ​ថា៖ «តើ​លោក​ឃើញ​អ្វី?»។ ខ្ញុំ​ឆ្លើយ​ថា៖ «ខ្ញុំ​ឃើញ​ជើង​ចង្កៀង​មួយ​ធ្វើ​អំពី​មាស នៅ​ចុង​ខាង​លើ មាន​កន្លែង​ដាក់​ប្រេង និង​ក្បាល​ចង្កៀង​ប្រាំ​ពីរ ហើយ​មាន​បំពង់​បញ្ឆេះ​ប្រាំ​ពីរ​ភ្ជាប់​ទៅ​នឹង​ក្បាល​ចង្កៀង ដែល​នៅ​ចុង​ខាង​លើ។  នៅ​ក្បែរ​ជើង​ចង្កៀង​នោះ​មាន​អូលីវ​ពីរ​ដើម មួយ​នៅ​ខាង​ស្តាំ​កន្លែង​ដាក់​ប្រេង មួយ​ទៀត​នៅ​ខាង​ឆ្វេង»។  ខ្ញុំ​ពោល​ទៅ​កាន់​ទេវទូត​ដែល​សន្ទនា​ជា​មួយ​ខ្ញុំ​នោះ​ថា៖ «លោក​ម្ចាស់​តើ​វត្ថុ​ទាំង​នេះ​មាន​ន័យ​ដូច​ម្ដេច?»។  ទេវទូត​តប​មក​ខ្ញុំ​វិញ​ថា៖ «តើ​លោក​មិន​ដឹង​ទេ​ឬ?»។ ខ្ញុំ​តប​ថា៖ «ខ្ញុំ​ប្របាទ​មិន​ដឹង​ទេ លោក​ម្ចាស់»។  ៦ក ពេល​នោះ ទេវទូត​ក៏​ពោល​មក​ខ្ញុំ​ទៀត​ថា៖ ១០ខ  «ចង្កៀង​ទាំង​ប្រាំ​ពីរ​នេះ​ជា​ព្រះ‌នេត្រ​របស់​ព្រះ‌អម្ចាស់ ដែល​ទត​មើល​ផែន‌ដី​ទាំង​មូល»។ ១១ ខ្ញុំ​សួរ​ទេវទូត​ថា៖ «ចុះ​អូលីវ​ទាំង​ពីរ​ដើម ដែល​នៅ​ខាង​ស្ដាំ និង​ខាង​ឆ្វេង​ជើង​ចង្កៀង​ជា​អ្វី​ដែរ?»។ ១២ ខ្ញុំ​សួរ​ទេវទូត​ទៀត​ថា៖ «តើ​មែក​អូលីវ​ពីរ នៅ​ជិត​បំពង់​មាស​ទាំង​ពីរ ហើយ​បង្ហូរ​ប្រេង​មាស​ពី​ដើម​អូលីវ ទៅ​ក្នុង​ចង្កៀង​នោះ​ជា​អ្វី​ដែរ?»។ ១៣ ទេវទូត​តប​មក​ខ្ញុំ​ថា៖ «តើ​លោក​មិន​ដឹង​ទេ​ឬ?»។ ខ្ញុំ​តប​ថា៖ «ទេ លោក​ម្ចាស់!»។ ១៤ ទេវទូត​ពោល​ថា៖ «មែក​អូលីវ​ទាំង​ពីរ​នេះ​ជា​តំណាង​មនុស្ស​ពីរ​នាក់ ដែល​ព្រះ‌អម្ចាស់​នៃ​ផែន‌ដី​ទាំង​មូល​ចាក់​ប្រេង​តែង‌តាំង ឲ្យ​នៅ​បម្រើ​ព្រះ‌អង្គ»។
៦ខ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សូរ៉ូ‌បាបិល​ថា៖ «អ្នក​បំពេញ​កិច្ច‌ការ​នេះ​បាន មិន​មែន​ដោយ​ប្រើ​អំណាច ឬ​ប្រើ​កម្លាំង​ទេ គឺ​ដោយ​ព្រះ‌វិញ្ញាណ​របស់​យើង​វិញ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។
 ភ្នំ​ធំ​អើយ តើ​អ្នក​ជា​អ្វី? អ្នក​នឹង​រលាយ​នៅ​ចំពោះ​មុខ​សូរ៉ូ‌បាបិល។ គាត់​នឹង​យក​ថ្ម​មួយ​ចេញ​ពី​ភ្នំ​នោះ ដើម្បី​យក​ទៅ​ធ្វើ​កំពូល​ព្រះ‌វិហារ។ ប្រជាជន​នាំ​គ្នា​ស្រែក​ឡើង​ថា “ថ្ម​នេះ​ល្អ​ណាស់! ថ្ម​នេះ​ល្អ​ណាស់!”»។
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖  «សូរ៉ូ‌បាបិល​បាន​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​នេះ រួច​គាត់​ក៏​បង្ហើយ​ការ​សាង​សង់​ដែរ។ ពេល​ហេតុ‌ការណ៍​នេះ​សម្រេច​ជា​រូប​រាង អ្នក​នឹង​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ពិត​ជា​ចាត់​ខ្ញុំ​ឲ្យ​មក​រក​អ្នក​រាល់​គ្នា​មែន។ ១០ មិន​ត្រូវ​មាក់‌ងាយ​កិច្ច‌ការ​តូច‌តាច​នៅ​ពេល​គេ​ផ្តើម​កសាង​នោះ​ឡើយ តែ​ត្រូវ​សប្បាយ​រីក‌រាយ​ដោយ​ឃើញ​លោក​សូរ៉ូ‌បាបិល​ចាប់​ផ្តើម​ចាក់​គ្រឹះ​ដូច្នេះ»។
និមិត្ត‌ហេតុ​អស្ចារ្យ​អំពី​ក្រាំង និង​ហិប
 ខ្ញុំ​ក្រឡេក​មើល​ទៅ​សា​ជា​ថ្មី ខ្ញុំ​និមិត្ត​ឃើញ​ក្រាំង​មួយ​កំពុង​ហោះ។  ទេវទូត​សួរ​ខ្ញុំ​ថា «តើ​អ្នក​ឃើញ​អ្វី?»។ ខ្ញុំ​តប​ថា «ខ្ញុំ​ឃើញ​ក្រាំង​មួយ​កំពុង​ហោះ»។ ក្រាំង​នោះ​មាន​បណ្តោយ​ម្ភៃ​ហត្ថ និង​ទទឹង​ដប់​ហត្ថ។  ទេវទូត​ពោល​មក​ខ្ញុំ​ថា៖ «នេះ​ជា​បណ្ដាសា​ដែល​កើត​មាន​ក្នុង​ស្រុក​ទាំង​មូល។ ផ្នែក​ខាង​មុខ​នៃ​ក្រាំង​មាន​សរសេរ​ថា ពួក​ចោរ​នឹង​ត្រូវ​ដេញ​ចេញ​ពី​ស្រុក ហើយ​ផ្នែក​ខាង​ខ្នង​មាន​សរសេរ​ថា ពួក​ស្បថ​បំពាន​ក៏​ត្រូវ​ដេញ​ចេញ​ពី​ស្រុក​ដែរ។  ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: យើង​នឹង​ឲ្យ​បណ្ដាសា​នេះ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ចោរ និង​ផ្ទះ​របស់​អ្នក​និយាយ​ស្បថ​បំពាន ក្នុង​នាម​យើង។ បណ្ដាសា​នឹង​ស្ថិត​នៅ​ក្នុង​ផ្ទះ​នោះ ហើយ​ធ្វើ​ឲ្យ​ផ្ទះ​នោះ​ឆេះ ទាំង​ឈើ​ធ្នឹម ទាំង​ថ្ម​សំណង់»។
 ទេវទូត​ដែល​សន្ទនា​ជា​មួយ​ខ្ញុំ បាន​ខិត​ចូល​មក​ជិត​ខ្ញុំ ប្រាប់​ថា៖ «ចូរ​ងើយ​សម្លឹង​មើល​ទៅ​វត្ថុ​ដែល​កំពុង​តែ​ចេញ​មក​នោះ!»។  ខ្ញុំ​សួរ​ថា៖ «តើ​វត្ថុ​នោះ​ជា​អ្វី?»។ ទេវទូត​ឆ្លើយ​ថា៖ «វត្ថុ​ចេញ​មក​នោះ​គឺ​ហិប ដែល​ពោរ‌ពេញ​ទៅ​ដោយ​អំពើ​អាក្រក់​របស់​មនុស្ស នៅ​ក្នុង​ស្រុក​ទាំង​មូល»។  ពេល​គម្រប​សំណរ​បើក​ឡើង ខ្ញុំ​ឃើញ​មាន​ស្ត្រី​ម្នាក់​អង្គុយ​នៅ​ក្នុង​ហិប។  ទេវទូត​ប្រាប់​ខ្ញុំ​ថា ស្ត្រី​នោះ​គឺ​ជា​តំណាង​នៃ​អំពើ​អាក្រក់។ បន្ទាប់​មក លោក​បោះ​នាង​ទៅ​ក្នុង​ហិប​វិញ ហើយ​យក​គម្រប​ស្ពាន់​បិទ​ពី​លើ។
 ខ្ញុំ​ក្រឡេក​មើល​ទៅ និមិត្ត​ឃើញ​ស្ត្រី​ពីរ​នាក់​ចេញ​មក​មាន​ស្លាប​ដូច​ស្លាប​កុក ហើយ​ខ្យល់​បក់​មក​ប៉ះ​នឹង​ស្លាប​របស់​នាង។ នាង​ទាំង​ពីរ​លើក​ហិប​ឡើង ផុត​ពី​ដី។ ១០ ខ្ញុំ​សួរ​ទេវទូត​ដែល​សន្ទនា​ជា​មួយ​ខ្ញុំ​នោះ​ថា៖ «តើ​នាង​ទាំង​ពីរ​យក​ហិប​ទៅ​ណា?»។ ១១ ទេវទូត​ឆ្លើយ​ថា៖ «នាង​ទាំង​ពីរ​សង់​ផ្ទះ​មួយ​នៅ​ស្រុក​មេសូ‌ប៉ូតាមី​​សម្រាប់​ស្ត្រី​នៅ​ក្នុង​ហិប​នោះ។ ពេល​សង់​រួច​រាល់​ហើយ ពួក​នាង​យក​ហិប​ទៅ​ដាក់​នៅ​កន្លែង​របស់​វា»។
និមិត្ត‌ហេតុ​អស្ចារ្យ​អំពី​រទេះ​បួន
 ខ្ញុំ​ក្រឡេក​មើល​ទៅ​សា​ជា​ថ្មី ខ្ញុំ​និមិត្ត​ឃើញ​រទេះ​បួន ចេញ​ពី​ចន្លោះ​ភ្នំ​លង្ហិន​ពីរ។  រទេះ​ទី​មួយ​ទឹម​ដោយ​សេះ​សម្បុរ​ក្រហម រទេះ​ទី​ពីរ​ទឹម​ដោយ​សេះ​សម្បុរ​ខ្មៅ  រទេះ​ទី​បី​ទឹម​ដោយ​សេះ​សម្បុរ​ស ហើយ​រទេះ​ទី​បួន​ទឹម​ដោយ​សេះ​សម្បុរ​ពព្លាក់ ពណ៌​ត្នោត។  ខ្ញុំ​ក៏​សួរ​ទេវទូត​ដែល​សន្ទនា​ជា​មួយ​ខ្ញុំ​ថា៖ «លោក​ម្ចាស់​រទេះ​សេះ​ទាំង​នេះ​មាន​ន័យ​ដូច​ម្ដេច​ដែរ?»។  ទេវទូត​តប​មក​វិញ​ថា៖ «រទេះ​សេះ​ទាំង​បួន​ជា​ខ្យល់​ពី​ទិស​ទាំង​បួន បក់​ចេញ​មក​ពី​កន្លែង​ដែល​ព្រះ‌អម្ចាស់​នៃ​ផែន‌ដី​ទាំង​មូល​គង់​នៅ»។  សេះ​សម្បុរ​ខ្មៅ​អូស​រទេះ​ចេញ​ទៅ​កាន់​ស្រុក​ខាង​ជើង សេះ​សម្បុរ​ស​ចេញ​មក​តាម​ក្រោយ​។ សេះ​សម្បុរ​ពព្លាក់​ចេញ​ទៅ​ស្រុក​ខាង​ត្បូង។  សេះ​សម្បុរ​ត្នោត​ចេញ​មក ហើយ​សុំ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែន‌ដី។ ព្រះ‌អម្ចាស់​ប្រាប់​ថា: ចូរ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែន‌ដី​ចុះ! រទេះ​សេះ​នោះ​ក៏​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផែន‌ដី។  ព្រះ‌អង្គ​ហៅ​ខ្ញុំ​ប្រាប់​ថា៖ «មើល! រទេះ​សេះ​ដែល​ធ្វើ​ដំណើរ​ទៅ​ស្រុក​ខាង​ជើង នឹង​នាំ​វិញ្ញាណ​របស់​យើង​ឲ្យ​ទៅ​សណ្ឋិត​នៅ​ស្រុក​នោះ»។
ព្រះ‌បន្ទូល​ណែ‌នាំ និង​ព្រះ‌បន្ទូល​សន្យា ស្តី​អំពី​ការ​សង់​ព្រះ‌វិហារ​ឡើង​វិញ
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖ ១០ «ថ្ងៃ​នេះ ចូរ​ទៅ​ផ្ទះ​របស់​យ៉ូស្យាស ជា​កូន​របស់​សេផា‌នី ទទួល​យក​តង្វាយ​របស់​ប្រជាជន​ដែល​ជាប់​ជា​ឈ្លើយ ពី​ដៃ​របស់​ហែល‌ដាយ តូប៊ី‌យ៉ា និង​យេដា‌យ៉ា ដែល​មក​ពី​ស្រុក​បាប៊ីឡូន។ ១១ ចូរ​យក​ប្រាក់ និង​មាស ទៅ​សិត​ធ្វើ​ជា​មកុដ​បំពាក់​ឲ្យ​មហា​បូជា‌ចារ្យ​យ៉ូស៊ូអា ជា​កូន​របស់​យូសា‌ដាក។ ១២ ចូរ​ប្រាប់​គាត់​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:
“បុរស​ម្នាក់​ឈ្មោះ​ពន្លក លោក​នៅ​ទី​ណា
អ្វីៗ​ទាំង​អស់​នឹង​លូត​លាស់​ឡើង​នៅ​ទី​នោះ។
លោក​នឹង​សង់​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់
១៣ គឺ​លោក​នោះ​ហើយ​ដែល​នឹង​សង់​ព្រះ‌វិហារ
របស់​ព្រះ‌អម្ចាស់
លោក​នឹង​ពាក់​គ្រឿង​ឥស្សរិយ‌យស
ដ៏​ថ្កុំ‌ថ្កើង​រុង‌រឿង
លោក​អង្គុយ​គ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​លោក។
បូជា‌ចារ្យ​មួយ​រូប​អង្គុយ​លើ​បល្ល័ង្ក​មួយ​ទៀត
ហើយ​លោក​ទាំង​ពីរ​មាន​ទំនាក់‌ទំនង
យ៉ាង​ជិត‌ស្និទ្ធ​ជា​មួយ​គ្នា។
១៤ មកុដ​ទាំង​នេះ​ត្រូវ​ទុក​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់ ដើម្បី​រំឭក​ដល់​ហែល‌ដាយ​ តូប៊ីយ៉ា និង​យេដា‌យ៉ា ព្រម​ទាំង​ហេន ជា​កូន​របស់​សេផា‌នី។ ១៥ អស់​អ្នក​ដែល​បែក‌ខ្ញែក​ទៅ​ស្រុក​ឆ្ងាយ​នឹង​នាំ​គ្នា​វិល​មក​វិញ ដើម្បី​បំពេញ​ការ‌ងារ​សង់​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់”។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ពិត​ជា​ចាត់​ខ្ញុំ​ឲ្យ​មក​រក​អ្នក​រាល់​គ្នា​មែន។ ហេតុ‌ការណ៍​នេះ​នឹង​សម្រេច​ជា​រូប​រាង ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ដោយ​ចិត្ត​ស្មោះ»។
ពិធី​តម​អាហារ
 នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះ‌ចៅ​ដារី‌យូស ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សាការី នៅ​ថ្ងៃ​ទី​បួន ក្នុង​ខែ​ទី​ប្រាំ​បួន ត្រូវ​នឹង​ខែ​មិគសិរ។  ពេល​នោះ ប្រជាជន​នៅ​ក្រុង​បេត‌អែល​បាន​ចាត់​លោក​សារេត‌ស៊ែរ និង​លោក​រេគីម-‌មេឡេក ព្រម​ទាំង​មនុស្ស​មួយ​ក្រុម​ ឲ្យ​ទៅ​ទូល​សូម​ការ​ប្រណី​សន្ដោស​ពី​ព្រះ‌អម្ចាស់  ហើយ​សួរ​ពួក​បូជា‌ចារ្យ​ដែល​បម្រើ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល និង​សួរ​ពួក​ព្យាការី​ថា៖ «តើ​យើង​ខ្ញុំ​ត្រូវ​តែ​កាន់​ទុក្ខ និង​តម​អាហារ នៅ​ខែ​ទី​ប្រាំ ដូច​យើង​ខ្ញុំ​ធ្លាប់​ធ្វើ​តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ​ឬ?»។
 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖  «ចូរ​ប្រាប់​ប្រជាជន​ទាំង​មូល​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ពួក​បូជា‌ចារ្យ​ថា: តាំង​ពី​ចិត‌សិប​ឆ្នាំ​កន្លង​មក​នេះ ពេល​អ្នក​រាល់​គ្នា​តម​អាហារ និង​កាន់​ទុក្ខ នៅ​ខែ​ទី​ប្រាំ និង​ខែ​ទី​ប្រាំ​ពីរ​នោះ តើ​អ្នក​រាល់​គ្នា​ពិត​ជា​តម​អាហារ ដើម្បី​ផ្គាប់​ចិត្ត​យើង​មែន​ឬ?  ពេល​អ្នក​រាល់​គ្នា​បរិភោគ​អាហារ ពេល​អ្នក​រាល់​គ្នា​សេព​សុរា​នោះ គឺ​ដើម្បី​ផ្គាប់​ចិត្ត​របស់​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។  ពី​ដើម កាល​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ មាន​មនុស្ស​រស់​នៅ​យ៉ាង​សុខ‌ដុម‌រមនា ហើយ​តំបន់​ណេកិប និង​តំបន់​វាល​ទំនាប​មាន​មនុស្ស​រស់​នៅ ពួក​ព្យាការី​ជំនាន់​ដើម​ក៏​ធ្លាប់​ព្រមាន​ពួក​គេ​បែប​នេះ ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ដែរ»។
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​សាការី​ដូច​ត​ទៅ៖  ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: «ចូរ​វិនិច្ឆ័យ​ដោយ​យុត្តិធម៌ ចូរ​មាន​ចិត្ត​មេត្តា​ករុណា និង​អាណិត‌អាសូរ​គ្នា​ទៅ​វិញ​ទៅ​មក។ ១០ មិន​ត្រូវ​សង្កត់‌សង្កិន​ស្ត្រី‌មេម៉ាយ ក្មេង​កំព្រា ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា និង​ជន​ទុរគត ហើយ​កុំ​មាន​ចិត្ត​ប្រព្រឹត្ត​អំពើ​អាក្រក់ ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ!»។ ១១ «ប៉ុន្តែ ពួក​គេ​មិន​ព្រម​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ទេ ពួក​គេ​មាន​ចិត្ត​រឹង‌រូស ខ្ទប់​ត្រចៀក​ធ្វើ​មិន​ដឹង​មិន​ឮ។ ១២ ពួក​គេ​តាំង​ចិត្ត​រឹង​ដូច​ដុំ​ថ្ម​ ពួក​គេ​មិន​ព្រម​ស្ដាប់​ដំបូន្មាន និង​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ថ្លែង​តាម‌រយៈ​ព្យាការី​នៅ​ជំនាន់​មុន ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ព្រះ‌អង្គ​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង​ទាស់​នឹង​ពួក​គេ។ ១៣ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា “ពេល​យើង​ហៅ​រក​ពួក​គេ ពួក​គេ​ពុំ​ព្រម​ស្ដាប់​យើង​ទេ ហេតុ​នេះ​ពេល​ពួក​គេ​ហៅ​រក​យើង យើង​ក៏​ពុំ​ព្រម​ស្ដាប់​ពួក​គេ​ដែរ។ ១៤ យើង​បាន​ធ្វើ​ឲ្យ​ពួក​គេ​ខ្ចាត់​ព្រាត់ រសាត់​ទៅ​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ពុំ​ធ្លាប់​ស្គាល់។ ក្រោយ​ពួក​គេ​ចេញ​ផុត​ទៅ ទឹក​ដី​របស់​ពួក​គេ​ក្លាយ​ទៅ​ជា​ទី​ស្មសាន គ្មាន​នរណា​ដើរ​កាត់ គ្មាន​នរណា​រស់​នៅ។ ស្រុក​ដ៏​សម្បូណ៌‌សប្បាយ​បាន​ក្លាយ​ទៅ​ជា​ទី​ស្មសាន”»។
ព្រះ‌អម្ចាស់​នឹង​ស្តារ​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ
 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ​នេះ៖  «ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: យើង​មាន​ចិត្ត​ស្រឡាញ់​ក្រុង​ស៊ីយ៉ូន​ពន់​ពេក​ក្រៃ យើង​ជំពាក់​ចិត្ត​យ៉ាង​ខ្លាំង!  ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: យើង​នឹង​វិល​ត្រឡប់​ទៅ​ក្រុង​ស៊ីយ៉ូន​វិញ យើង​នឹង​ស្នាក់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។ ពេល​នោះ គេ​នឹង​ហៅ​យេរូ‌សាឡឹម​ថា “ក្រុង​ដ៏​ស្មោះ‌ត្រង់” ហើយ​ហៅ​ភ្នំ​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ថា “ភ្នំ​ដ៏‌វិសុទ្ធ”។  ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: មនុស្ស​ចាស់​ជរា ទាំង​ប្រុស​ទាំង​ស្រី នឹង​អង្គុយ​នៅ​តាម​ទីធ្លា​ក្រុង​យេរូ‌សាឡឹម។ ម្នាក់ៗ​កាន់​ឈើ​ច្រត់ ព្រោះ​តែ​មាន​វ័យ​ជរា​ណាស់​ទៅ​ហើយ។  នៅ​តាម​ទីធ្លា​ក្រុង​ក៏​មាន​ក្មេង​ប្រុស​ស្រី​រត់​លេង​ពាស‌ពេញ​ដែរ។  ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: នៅ​គ្រា​នោះ ប្រជាជន​ដែល​នៅ​សេស‌សល់​យល់​ថា ហេតុ‌ការណ៍​នេះ​ដូច​ជា​អស្ចារ្យ​ពេក ក៏​ប៉ុន្តែ យើង​យល់​ថា​មិន​មែន​ជា​ការ​អស្ចារ្យ​ពេក​ទេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។  ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: យើង​នឹង​សង្គ្រោះ​ប្រជា‌រាស្ដ្រ​របស់​យើង​ដែល​នៅ​ស្រុក​ខាង​កើត និង​ស្រុក​ខាង​លិច។  យើង​នឹង​នាំ​ពួក​គេ​មក​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​វិញ ពួក​គេ​នឹង​ទៅ​ជា​ប្រជា‌រាស្ដ្រ​របស់​យើង ហើយ​យើង​ជា​ព្រះ​របស់​ពួក​គេ​ប្រកប​ដោយ​សេចក្ដី​ស្មោះ‌ត្រង់ និង​សេចក្ដី​សុចរិត។
 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: ចូរ​មាន​ចិត្ត​ក្លា‌ហាន​ឡើង អ្នក​រាល់​គ្នា​ឮ​សេចក្ដី​ផ្សេងៗ​ដែល​ព្យាការី​ប្រកាស​ប្រាប់​ក្នុង​នាម​យើង នៅ​គ្រា​ដែល​គេ​ចាក់​គ្រឹះ​សង់​ដំណាក់​របស់​យើង ជា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ ១០ កាល​ពី​មុន គ្មាន​នរណា​ឲ្យ​ថ្លៃ​ឈ្នួល​មនុស្ស ឬ​សត្វ​ដែល​បំពេញ​ការ‌ងារ​ទេ ហើយ​ព្រោះ​តែ​ខ្មាំង​សត្រូវ​ក៏​គ្មាន​នរណា​ធ្វើ​ដំណើរ​ដោយ​សុខ‌សាន្ត​ដែរ ដ្បិត​យើង​បាន​បណ្តោយ​ឲ្យ​មនុស្ស​ទាំង​អស់​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក។ ១១ ប៉ុន្តែ ឥឡូវ​នេះ យើង​មិន​ប្រព្រឹត្ត​ចំពោះ​ប្រជាជន​ដែល​នៅ​សេស‌សល់ ដូច​យើង​ធ្លាប់​ប្រព្រឹត្ត​ពី​អតីតកាល​ឡើយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ ១២ យើង​នឹង​ផ្តល់​ឲ្យ​ស្រុក​បាន​ប្រកប​សេចក្ដី​សុខ‌សាន្ត: ដើម​ទំពាំង‌បាយជូរ​នឹង​មាន​ផ្លែ​ផ្កា​ឡើង​វិញ ដី​នឹង​ផ្តល់​ភោគ‌ផល ហើយ​មេឃ​ក៏​បង្អុរ​ទឹក​ភ្លៀង​មក​ដែរ។ យើង​នឹង​ឲ្យ​ប្រជាជន​ដែល​នៅ​សេស‌សល់​ទទួល​ភោគ‌សម្បត្តិ​ទាំង​នោះ​ទុក​ជា​មត៌ក។ ១៣ កូន​ចៅ​យូដា និង​កូន​ចៅ​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​ធ្លាប់​បង្ហាញ​ឲ្យ​ប្រជា‌ជាតិ​នានា​ឃើញ​បណ្ដាសា​យ៉ាង​ណា យើង​ក៏​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា ដើម្បី​បង្ហាញ​ព្រះ‌ពរ​ឲ្យ​ពួក​គេ​ឃើញ​យ៉ាង​នោះ​ដែរ! កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង!។
១៤ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: ដោយ​ដូន‌តា​របស់​អ្នក​រាល់​គ្នា​បញ្ឆេះ​កំហឹង​របស់​យើង យើង​បាន​សម្រេច​ចិត្ត​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​រង​ទុក្ខ​ទោស ដោយ​ឥត​នឹក​ស្តាយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ ១៥ ប៉ុន្តែ នៅ​ពេល​នេះ យើង​ដូរ​គំនិត ហើយ​សម្រេច​ចិត្ត​ផ្តល់​ឲ្យ​អ្នក​ក្រុង​យេរូ‌សាឡឹម និង​អ្នក​ស្រុក​យូដា បាន​ចម្រុង​ចម្រើន កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! ១៦ ចូរ​នាំ​គ្នា​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​នេះ ចូរ​និយាយ​ការ​ពិត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ នៅ​ពេល​កាត់​ក្តី​ត្រូវ​វិនិច្ឆ័យ​តាម​សេចក្ដី​ពិត ហើយ​សម្រុះ‌សម្រួល​គ្នា​តាម​យុត្តិធម៌។ ១៧ កុំ​ឲ្យ​គិត‌គូរ​ប្រព្រឹត្ត​អំពើ​អាក្រក់​ចំពោះ​គ្នា​នឹង​គ្នា​ឡើយ។ កុំ​ចូល​ចិត្ត​ស្បថ​បំពាន​ឲ្យ​សោះ ដ្បិត​យើង​ស្អប់​អំពើ​ទាំង​នោះ​ណាស់» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
១៨ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ ១៩ «ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: ពិធី​តម​អាហារ​នៅ​ខែ​ទី​បួន ខែ​ទី​ប្រាំ ខែ​ទី​ប្រាំ​ពីរ និង​ខែ​ទី​ដប់ នឹង​ប្រែ​ទៅ​ជា​ពិធី​បុណ្យ​ដ៏​សប្បាយ​រីក‌រាយ​សម្រាប់​កូន​ចៅ​យូដា គឺ​ជា​ឱកាស​មួយ​ប្រកប​ដោយ​អំណរ​ដ៏​មហោ‌ឡារិក។ ប៉ុន្តែ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​សេចក្ដី​ពិត និង​សេចក្ដី​សុខ‌សាន្ត»។
២០ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «ជាតិ​សាសន៍​នានា ព្រម​ទាំង​ប្រជាជន​ពី​ទីក្រុង​ជា​ច្រើន​នឹង​នាំ​គ្នា​មក​ក្រុង​យេរូ‌សាឡឹម។ ២១ អ្នក​ក្រុង​មួយ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រាប់​អ្នក​ក្រុង​មួយ​ទៀត​ថា: “មក៍! យើង​នាំ​គ្នា​ទៅ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ យើង​នាំ​គ្នា​ទៅ​រក​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល!” ម្នាក់​ទៀត​តប​ថា “ខ្ញុំ​ក៏​ទៅ​ជា​មួយ​ដែរ!”។ ២២ ជាតិ​សាសន៍​ជា​ច្រើន និង​ប្រជា‌ជាតិ​មហា​អំណាច នឹង​នាំ​គ្នា​មក​រក​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ទូល‌អង្វរ​ព្រះ‌អង្គ។
២៣ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: នៅ​គ្រា​នោះ មនុស្ស​ដប់​នាក់​មក​ពី​គ្រប់​ជាតិ​សាសន៍ ដែល​និយាយ​ភាសា​ផ្សេងៗ​គ្នា នឹង​ចាប់​កាន់​ជាយ​អាវ​ជន​ជាតិ​យូដា​ម្នាក់ ទាំង​ពោល​ថា “ពួក​យើង​នឹង​ទៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ ព្រោះ​ពួក​យើង​ឮ​ថា ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​អ្នក​រាល់​គ្នា”»។
ព្រះ‌អម្ចាស់​វិនិច្ឆ័យ​ទោស និង​សង្គ្រោះ​ប្រជា‌ជាតិ​ជិត​ខាង​អ៊ីស្រា‌អែល
 សេចក្ដី​ប្រកាស។ នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​អំពី​ស្រុក​ហាដ្រាក់។
ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ក្រុង​ដាម៉ាស​
ដ្បិត​មនុស្ស​លោក​ទាំង‌ឡាយ​ក៏​ជា​កម្ម‌សិទ្ធិ​របស់
ព្រះ‌អម្ចាស់​ដូច​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន
នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​ដែរ​។
 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់
អ្នក​ក្រុង​ហា‌ម៉ាត់ ដែល​នៅ​ក្បែរ​ក្រុង​ដាម៉ាស
ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ក្រុង​ទីរ៉ុស
និង​អ្នក​ក្រុង​ស៊ីដូន
ដែល​សម្បូណ៌​ដោយ​អ្នក​ប្រាជ្ញ​ដ៏​ជំនាញ។
 ក្រុង​ទីរ៉ុស​បាន​សង់​កំពែង​មួយ​ដ៏​រឹង‌មាំ
ក្រុង​នេះ​ប្រមូល​បាន​ប្រាក់​ច្រើន ដូច​ធូលី​ដី
ហើយ​មាន​មាស​ច្រើន ដូច​ភក់​ដែល​គេ​ដើរ
ជាន់​នៅ​តាម​ផ្លូវ។
 ប៉ុន្តែ ព្រះ‌អម្ចាស់​នឹង​យក​ចេញ​ពី​ពួក​គេ​ទាំង​អស់
ព្រះ‌អង្គ​នឹង​រុញ​កំពែង​ក្រុង​របស់​គេ
ទម្លាក់​ទៅ​ក្នុង​សមុទ្រ
ក្រុង​នេះ​នឹង​ត្រូវ​រលាយ ដោយ‌សារ​ភ្លើង។
 ពេល​ឃើញ​ហេតុ‌ការណ៍​នេះ
ក្រុង​អាស្កា‌ឡូន​នឹង​ភ័យ​តក់‌ស្លុត
ក្រុង​កាសា​នឹង​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង
ក្រុង​អេក្រូន​បាត់​បង់​សេចក្ដី​សង្ឃឹម​អស់​រលីង។
ក្រុង​កាសា​នឹង​លែង​មាន​ស្តេច
ក្រុង​អាស្កា‌ឡូន​នឹង​លែង​មាន​មនុស្ស​រស់​នៅ។
 ពូជ​សាសន៍​នានា​នឹង​រស់​នៅ​ចម្រុះ​គ្នា
ក្នុង​ក្រុង​អាស្តូដ
យើង​នឹង​បំបាត់​អំនួត​របស់​ពួក​ភីលី‌ស្ទីន។
 យើង​នឹង​យក​សាច់​ដែល​មាន​ជាប់​ឈាម
ចេញ​ពី​មាត់​របស់​គេ។
គឺ​សាច់​ដែល​គេ​សែន​ដល់​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម
ប្រជាជន​ភីលី‌ស្ទីន​ដែល​នៅ​សេស‌សល់
នឹង​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​យើង
ពួក​គេ​នឹង​ធ្វើ​ជា​មេ​ដឹក​នាំ
ដូច​កុល‌សម្ព័ន្ធ​យូដា​ដែរ។
ប្រជាជន​នៅ​ក្រុង​អេក្រូន
នឹង​ចូល​រួម​ជា​មួយ​ប្រជា‌រាស្ដ្រ​របស់​យើង
ដូច​អ្នក​ក្រុង​យេបូស​​ដែរ។
 យើង​នឹង​ការ‌ពារ​ដំណាក់​របស់​យើង​មិន​ឲ្យ
កង‌ទ័ព​សត្រូវ​ចេញ​ចូល​វាយ​លុក​បាន​ឡើយ
ហើយ​យើង​ក៏​មិន​ឲ្យ​នរណា​សង្កត់‌សង្កិន
ប្រជា‌រាស្ដ្រ​របស់​យើង​បាន​ទៀត​ដែរ
ដ្បិត​ឥឡូវ​នេះ យើង​មើល​ថែ‌រក្សា​ពួក​គេ។
ព្រះ‌អម្ចាស់​សង្គ្រោះ​ក្រុង​យេរូ‌សាឡឹម
 ប្រជាជន​ក្រុង​ស៊ីយ៉ូន​អើយ
ចូរ​មាន​អំណរ​រីក‌រាយ​ដ៏​ខ្លាំង​ឡើង
ប្រជាជន​ក្រុង​យេរូ‌សាឡឹម​អើយ
ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ
មើល​ហ្ន៎ ព្រះ‌មហា​ក្សត្រ​របស់​អ្នក
យាង​មក​រក​អ្នក​ហើយ
ព្រះ‌អង្គ​សុចរិត ព្រះ‌អង្គ​នាំ​ការ​សង្គ្រោះ​មក​
ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្លូត‌បូត
ព្រះ‌អង្គ​គង់​នៅ​លើ​ខ្នង​លា
គឺ​ព្រះ‌អង្គ​គង់​នៅ​លើ​ខ្នង​កូន​លា។
១០ ព្រះ‌អង្គ​នឹង​យក​រទេះ​ចម្បាំង​ចេញ​ពី​ស្រុក​អេប្រាអ៊ីម
យក​ទ័ព‌សេះ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម
ព្រះ‌អង្គ​កាច់​បំបាក់​ធ្នូ​ដែល​គេ​ប្រើ​ធ្វើ​សង្គ្រាម។
ព្រះ‌អង្គ​នឹង​ប្រកាស​ប្រាប់​ប្រជា‌ជាតិ​នានា
អំពី​សន្តិ‌ភាព។
ព្រះ‌អង្គ​នឹង​គ្រប់‌គ្រង​ពី​សមុទ្រ​ម្ខាង
ទៅ​សមុទ្រ​ម្ខាង​ទៀត
ហើយ​ចាប់​ពី​ទន្លេ​អឺប្រាត​រហូត​ដល់
ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី។
១១ ចំណែក​ឯ​អ្នក​វិញ ដោយ​យល់​ដល់​លោហិត​នៃ
សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​អ្នក
យើង​នឹង​ដោះ​លែង​ប្រជាជន​របស់​អ្នក
ដែល​ជាប់​ទោស
ឲ្យ​រួច​ពី​រណ្ដៅ​ដែល​គ្មាន​ទឹក។
១២ អ្នក​ទោស​ដែល​ពោរ‌ពេញ​ទៅ​ដោយ
សេចក្ដី​សង្ឃឹម​អើយ
ចូរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​កាន់​ក្រុង​ដែល
មាន​កំពែង​ដ៏​រឹង‌មាំ​វិញ​ចុះ!
ថ្ងៃ​នេះ​យើង​ប្រកាស​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា
អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ខាត​បង់
យើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ​មួយ​ជា​ពីរ។
១៣ យើង​នឹង​យក​យូដា​ធ្វើ​ជា​ធ្នូ​របស់​យើង
យើង​នឹង​យក​អេប្រាអ៊ីម​ធ្វើ​ជា​ព្រួញ
ក្រុង​ស៊ីយ៉ូន​អើយ
យើង​នឹង​ចាត់​កូន​ចៅ​របស់​អ្នក
ឲ្យ​ទៅ​ប្រហារ​កូន​ចៅ​ពួក​យ៉ាវ៉ន
យើង​នឹង​ប្រើ​អ្នក ដូច​ដាវ​របស់​វីរ‌បុរស!។
១៤ ព្រះ‌អម្ចាស់​នឹង​លេច​មក ស្ថិត​នៅ​ពី​លើ​ពួក​គេ
ព្រួញ​របស់​ព្រះ‌អង្គ​ប្រៀប​បាន​នឹង​ផ្លេក​បន្ទោរ
ព្រះ‌ជា‌អម្ចាស់​នឹង​ផ្លុំ​ស្នែង
ព្រះ‌អង្គ​យាង​ទៅ​មុខ​ក្នុង​ព្យុះ​សង្ឃរា
ដែល​បក់​មក​ពី​ទិស​ខាង​ត្បូង។
១៥ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​ការ‌ពារ​ពួក​គេ
ពួក​គេ​បំផ្លាញ និង​កិន​កម្ទេច​ខ្មាំង​សត្រូវ​ដែល
ប្រើ​ដង្ហក់​បាញ់​គ្រាប់​គ្រួស​មក​លើ​ពួក​គេ។
ពួក​គេ​បង្ហូរ​ឈាម​សត្រូវ​ឲ្យ​ហូរ
ដូច​ស្រា​ទំពាំង‌បាយជូរ
ឬ​ដូច​ឈាម​សត្វ​ដែល​គេ​សម្លាប់​ធ្វើ​យញ្ញ‌បូជា
ហូរ​ពេញ​ចាន នៅ​ជ្រុង​អាសនៈ។
១៦ នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ
នឹង​សង្គ្រោះ​ពួក​គេ
ដូច​គង្វាល​សង្គ្រោះ​ហ្វូង​ចៀម​របស់​ខ្លួន។
ពួក​គេ​នឹង​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​លើ​ទឹក​ដី​របស់​ខ្លួន
ដូច​ត្បូង​ពេជ្រ​ភ្លឺ​ចាំង​ពី​មកុដ។
១៧ នៅ​គ្រា​នោះ ពួក​គេ​នឹង​មាន​សុភមង្គល
ហើយ​សម្ផស្ស​ដ៏​ល្អ​បំផុត
ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ​ថ្មី នឹង​ផ្តល់​ឲ្យ
យុវជន​យុវ‌នារី​មាន​កម្លាំង​កំហែង​មាំ‌មួន។
១០
មាន​តែ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ​ដែល​សង្គ្រោះ​អ៊ីស្រា‌អែល
 ចូរ​ទូល​សូម​ព្រះ‌អម្ចាស់​ប្រទាន
ទឹក​ភ្លៀង​មក​អ្នក​រាល់​គ្នា នៅ​ចុង​រដូវ!
ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​មាន​ខ្យល់​ព្យុះ
ព្រះ‌អង្គ​ប្រទាន​ទឹក​ភ្លៀង​មក​យ៉ាង​បរិបូណ៌
ព្រះ‌អង្គ​ធ្វើ​ឲ្យ​ដំណាំ​លូត​លាស់
នៅ​តាម​ចម្ការ​របស់​អ្នក​រាល់​គ្នា។
 រីឯ​រូប​ព្រះ​ក្លែង‌ក្លាយ
ដែល​អ្នក​រាល់​គ្នា​ទៅ​សាក​សួរ
ផ្តល់​តែ​ចម្លើយ​បោក​បញ្ឆោត​ប៉ុណ្ណោះ
ពួក​ហោរា​ថ្លែង​អំពី​និមិត្ត‌ហេតុ​ក្លែង‌ក្លាយ
សុបិន‌និមិត្ត​របស់​ពួក​គេ​សុទ្ធ​តែ​គ្មាន​ខ្លឹមសារ
ពាក្យ​លើក​ទឹក​ចិត្ត​របស់​ពួក​គេ
ក៏​ឥត​បាន​ការ​ដែរ។
ហេតុ​នេះ​ហើយ​បាន​ជា​ប្រជាជន​ត្រូវ​វេទនា
វង្វេង​ខ្ចាត់‌ខ្ចាយ​ដូច​ហ្វូង​ចៀម គ្មាន​គង្វាល។
 «យើង​ខឹង​នឹង​ពួក​គង្វាល​ខ្លាំង​ណាស់
យើង​នឹង​ដាក់​ទោស​ជន​បរទេស​ដែល​ដឹក​នាំ
ប្រជា‌រាស្ដ្រ​របស់​យើង»។
ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​យាង​មក​រំដោះ
កូន​ចៅ​យូដា​ដែល​ជា​ហ្វូង​ចៀម​របស់​ព្រះ‌អង្គ។
ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ពួក​គេ
ទទួល​កិត្តិយស ដូច​សេះ​ចម្បាំង​ដ៏​ចំណាន។
 មេ​ដឹក​នាំ​ទាំង​អស់​នឹង​កើត​ចេញ
ពី​កុល‌សម្ព័ន្ធ​យូដា
ពួក​គេ​រឹង‌មាំ​ដូច​ថ្ម​គ្រឹះ​ដ៏​សំខាន់
រឹង‌ប៉ឹង​ដូច​ចម្រឹង និង​ពូកែ​ដូច​ធ្នូ​ចម្បាំង។
 ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ទាហាន​ដ៏​អង់‌អាច
ដែល​ជាន់​ឈ្លី​បច្ចា‌មិត្ត​ដូច​ភក់​ជ្រាំ​នៅ​តាម​ផ្លូវ។
ពួក​គេ​វាយ​សម្រុក​ទៅ​លើ​ខ្មាំង
ដ្បិត​ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​ពួក​គេ។
រីឯ​ទ័ព‌សេះ​របស់​ខ្មាំង​សត្រូវ
នឹង​ត្រូវ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង។
 «យើង​នឹង​ពង្រឹង​កម្លាំង​កូន​ចៅ​យូដា
យើង​នឹង​សង្គ្រោះ​កូន​ចៅ​យ៉ូសែប
យើង​នឹង​ស្តារ​ស្ថាន‌ភាព​របស់​ពួក​គេ​ឡើង​វិញ
ដ្បិត​យើង​នឹង​អាណិត‌អាសូរ​ពួក​គេ។
ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ប្រជាជន
ដែល​យើង​មិន​បាន​បោះ​បង់​ចោល​សោះ
ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ
យើង​នឹង​ឆ្លើយ​តប​ទៅ​ពួក​គេ​វិញ។
 អេប្រាអ៊ីម​នឹង​ប្រៀប​ដូច​ជា​ទាហាន​ដ៏​អង់‌អាច
ពួក​គេ​មាន​ចិត្ត​សប្បាយ ដូច​បាន​ស្រា​ផឹក។
ពេល​ឃើញ​ដូច្នេះ
កូន​ចៅ​របស់​ពួក​គេ​នឹង​មាន​ចិត្ត​ត្រេក‌អរ
ចិត្ត​របស់​ពួក​គេ​ពោរ‌ពេញ​ទៅ​ដោយ​អំណរ
ព្រោះ​តែ​ព្រះ‌អម្ចាស់
 យើង​នឹង​ហៅ​ប្រជា‌រាស្ដ្រ​របស់​យើង
ឲ្យ​មក​ជួប‌ជុំ​គ្នា
ដ្បិត​យើង​បាន​រំដោះ​ពួក​គេ។
ពួក​គេ​នឹង​កើន​ចំនួន​ច្រើន​ឡើង​ដូច​ពី​ដើម។
 យើង​នឹង​កម្ចាត់‌កម្ចាយ​ពួក​គេ
ទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា
ពេល​នៅ​ឆ្ងាយ ពួក​គេ​នឹង​នឹក​ដល់​យើង
ពួក​គេ​នឹង​បង្កើត​កូន​ចៅ
ហើយ​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ។
១០ យើង​នឹង​ឲ្យ​ពួក​គេ​វិល​មក​ពី​ស្រុក​អេស៊ីប
យើង​នឹង​ប្រមូល​ពួក​គេ​ពី​ស្រុក​អាស្ស៊ីរី
យើង​នឹង​នាំ​ពួក​គេ​ទៅ​នៅ
ស្រុក​កាឡាដ និង​ស្រុក​លីបង់
រហូត​ទាល់​តែ​ចង្អៀត​ទឹក​ដី។
១១ ពួក​គេ​នឹង​ឆ្លង​កាត់​សមុទ្រ​គ្រោះ​ភ័យ
យើង​នឹង​វាយ​រលក​សមុទ្រ
ហើយ​សូម្បី​តែ​បាត​ទន្លេ​នីល ក៏​រីង​ស្ងួត​ដែរ។
យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​អាស្ស៊ីរី​បាក់​អំនួត
ហើយ​ធ្វើ​ឲ្យ​ស្រុក​អេស៊ីប​បាត់​បង់​អំណាច។
១២ យើង​នឹង​ពង្រឹង​កម្លាំង​ប្រជា‌រាស្ដ្រ​របស់​យើង
ពួក​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​មុខ​ក្នុង​នាម​យើង»
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
១១
ការ​វិនាស​របស់​មហា​អំណាច
 ស្រុក​លីបង់​អើយ
ចូរ​បើក​ចំហ​ទ្វារ​របស់​អ្នក!
ចូរ​ឲ្យ​ភ្លើង​ឆាប‌ឆេះ​ដើម​ឈើ​ដ៏​ធំៗ​របស់​អ្នក​ទៅ!
 ដើម​កកោះ​អើយ
ចូរ​ស្រែក​ឲ្យ​អស់​ទំហឹង​ទៅ
ដ្បិត​ដើម​តាត្រៅ​រលំ​ហើយ!
ដើម​ឈើ​ដ៏​ល្អ​ប្រណីត​រលំ​អស់​ហើយ!
ដើម​គគីរ​នៅ​ស្រុក​បាសាន​អើយ
ចូរ​នាំ​គ្នា​ស្រែក​ឲ្យ​អស់​ទំហឹង​ទៅ
ដ្បិត​ព្រៃ​ស្រោង​វិនាស​អស់​ហើយ!
 ចូរ​ស្ដាប់​សម្រែក​ថ្ងូរ​របស់​ពួក​មេ​ដឹក​នាំ
ដ្បិត​ពួក​គេ​បាត់​បង់​យស‌សក្តិ​អស់​ហើយ។
ចូរ​ស្ដាប់​សម្រែក​របស់​សិង្ហ​ស្ទាវ
ដ្បិត​តំបន់​ទន្លេ​យ័រដាន់​ដែល​ធ្លាប់​តែ​មាន
ព្រៃ​ទ្រុប‌ទ្រុល វិនាស​ហិន‌ហោច​អស់​ហើយ។
គង្វាល​ពីរ​នាក់
 ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «ចូរ​ឃ្វាល​ចៀម​ដែល​គេ​បម្រុង​យក​ទៅ​សម្លាប់​នោះ​ទៅ!។  អស់​អ្នក​ដែល​ទិញ​ចៀម​ទាំង​នេះ នឹង​យក​ពួក​វា​ទៅ​សម្លាប់ ដោយ​គិត​ថា​ខ្លួន​គ្មាន​កំហុស​អ្វី​ទេ។ អស់​អ្នក​ដែល​លក់​ចៀម​ទាំង​នេះ​ពោល​ថា “អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ដ្បិត​ខ្ញុំ​ក្លាយ​ទៅ​ជា​អ្នក​មាន​ហើយ!”។ គ្មាន​គង្វាល​ណា​ម្នាក់​នឹក​អាណិត​ចៀម​ទាំង​នេះ​ទេ។  យើង​ក៏​មិន​ត្រា‌ប្រណី​ប្រជាជន​នៅ​លើ​ផែន‌ដី​ដែរ យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​ជិះ‌ជាន់​គ្នា​ទៅ​វិញ​ទៅ​មក យើង​នឹង​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្តេច​របស់​ខ្លួន។ ពួក​គេ​នឹង​កម្ទេច​ស្រុក​ទេស តែ​យើង​នឹង​មិន​រំដោះ​នរណា​ម្នាក់​ឲ្យ​រួច​ឡើយ»។
 ពេល​នោះ ខ្ញុំ​ក៏​ឃ្វាល​ចៀម​ដែល​គេ​ត្រូវ​យក​ទៅ​សម្លាប់ គឺ​ជា​ចៀម​ដែល​វេទនា​ជាង​គេ​។ ខ្ញុំ​យក​ដំបង​ពីរ​មក ខ្ញុំ​ហៅ​ដំបង​មួយ​ថា «ចំណង​មេត្រី» ដំបង​មួយ​ទៀត​ថា «មិត្ត‌ភាព» ហើយ​ខ្ញុំ​ឃ្វាល​ចៀម​ទាំង​នោះ។  ខ្ញុំ​កម្ចាត់​ពួក​គង្វាល​ទាំង​បី​ក្នុង​ពេល​តែ​មួយ​ខែ ខ្ញុំ​ទ្រាំ​នឹង​ចៀម​លែង​បាន​ទៀត​ហើយ ហើយ​ពួក​គេ​ក៏​ស្អប់​ខ្ញុំ​ដែរ។  ខ្ញុំ​ពោល​ទៅ​ហ្វូង​ចៀម​ថា “ខ្ញុំ​លែង​ឃ្វាល​អ្នក​រាល់​គ្នា​ទៀត​ហើយ!”។ ចៀម​ដែល​ត្រូវ​បាត់​បង់​ជីវិត​ឲ្យ​វា​បាត់​បង់​ជីវិត​ទៅ! ចៀម​ដែល​ត្រូវ​វិនាស​ឲ្យ​វា​វិនាស​ទៅ! រីឯ​ចៀម​ដែល​នៅ​សេស‌សល់​ឲ្យ​វា​ហែក​គ្នា​ស៊ី​ទៅ! ១០ ខ្ញុំ​យក​ដំបង​ចំណង​មេត្រី​របស់​ខ្ញុំ​មក​កាច់​បំបាក់ ដើម្បី​ផ្ដាច់​សម្ពន្ធ‌មេត្រី ដែល​ខ្ញុំ​បាន​ចង​ជា​មួយ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន។ ១១ សម្ពន្ធ‌មេត្រី​បាន​ផ្ដាច់​នៅ​ថ្ងៃ​នោះ ហើយ​ពួក​ឈ្មួញ​ចៀម​ដែល​តាម​សង្កេត​មើល​ខ្ញុំ នឹង​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​ពិត​ជា​មាន​ព្រះ‌បន្ទូល​តាម‌រយៈ​ខ្ញុំ​មែន។
១២ ខ្ញុំ​ពោល​ទៅ​កាន់​ពួក​គេ​ថា: “ប្រសិន​បើ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា គួរ​គប្បី​បង់​ឈ្នួល នោះ​ចូរ​បង់​ឲ្យ​ខ្ញុំ​មក”។ បើ​អ្នក​រាល់​គ្នា​យល់​ថា មិន​គួរ​គប្បី​បង់ នោះ​មិន​បាច់​បង់​ទេ។ ពួក​គេ​បាន​ថ្លឹង​ប្រាក់​សាម‌សិប​ស្លឹង*​ឲ្យ​ខ្ញុំ ទុក​ជា​ប្រាក់​ឈ្នួល។ ១៣ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ពួក​គេ​សន្មត​ថា យើង​មាន​តម្លៃ​តែ​ប៉ុណ្ណឹង​ទេ ដូច្នេះ ចូរ​យក​ប្រាក់​ដ៏​ថ្លៃ‌ថ្នូរ​បំផុត​របស់​ពួក​គេ​ទៅ​ឲ្យ​ជាង​ស្មូន​ទៅ!»។ ខ្ញុំ​ក៏​យក​ប្រាក់​សាម‌សិប​ស្លឹង​នោះ​ទៅ​ដាក់​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ទុក​សម្រាប់​ជាង​ស្មូន។ ១៤ បន្ទាប់​មក ខ្ញុំ​កាច់​បំបាក់​ដំបង​ទី​ពីរ​របស់​ខ្ញុំ គឺ «មិត្ត‌ភាព» ដើម្បី​ផ្ដាច់​ចំណង​ភាតរ‌ភាព​រវាង​នគរ​យូដា និង​នគរ​អ៊ីស្រា‌អែល។
១៥ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ក្លែង​ខ្លួន​ជា​គង្វាល​ដ៏​ល្ងី‌ល្ងើ​ទៀត​ទៅ! ១៦ ដ្បិត​យើង​ធ្វើ​ឲ្យ​មាន​គង្វាល​មួយ​រូប​ងើប​ឡើង​នៅ​ក្នុង​ស្រុក។ គង្វាល​នោះ​នឹង​មិន​រវី‌រវល់​ជួយ​ចៀម​របស់​ខ្លួន ដែល​កំពុង​តែ​វិនាស​អន្តរាយ​ឡើយ។ គេ​មិន​ស្វែង​រក​ចៀម​តូច​ដែល​វង្វេង មិន​ព្យាបាល​ចៀម​របួស ហើយ​មិន​ឲ្យ​ចំណី​ចៀម​ណា​ដែល​មាន​សុខភាព​ល្អ​ទេ។ ផ្ទុយ​ទៅ​វិញ គេ​បែរ​ជា​ស៊ី​សាច់​ចៀម​ធាត់ៗ ហើយ​បំបាក់​ក្រចក​ជើង​ចៀម​នោះ​ទៀត​ផង។
១៧ គង្វាល​ពាល​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!
ព្រោះ​គេ​បោះ​បង់​ចោល​ហ្វូង​ចៀម​របស់​ខ្លួន។
សូម​ឲ្យ​ដាវ​កាប់​បំបាក់​ដៃ
និង​ចាក់​ចំ​ភ្នែក​ស្តាំ​របស់​គេ!
សូម​ឲ្យ​ដៃ​របស់​គេ​ស្វិត​ប្រើ​ការ​លែង​បាន
ហើយ​ភ្នែក​ស្តាំ​របស់​គេ​មើល​អ្វី​លែង​ឃើញ»។
១២
ការ​រំដោះ​ក្រុង​យេរូ‌សាឡឹម
 សេចក្ដី​ប្រកាស
នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់
ថ្លែង​អំពី​ស្រុក​អ៊ីស្រា‌អែល។
ព្រះ‌អម្ចាស់​ដែល​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ
ហើយ​ចាក់​គ្រឹះ​ផែន‌ដី
ព្រម​ទាំង​ផ្តល់​ដង្ហើម​ជីវិត​ឲ្យ​មនុស្ស​លោក
ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖
 «យើង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​បាន​ដូច​ជា​ពែង​ពេញ​ដោយ​កំហឹង​របស់​យើង ជា​ពែង​បណ្តាល​ឲ្យ​ជាតិ​សាសន៍​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ ព្រឺ​ខ្លាច។ ពេល​ខ្មាំង​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម ជន​ជាតិ​យូដា​ទាំង​មូល ក៏​ព្រឺ​ខ្លាច​ដែរ។  នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​បាន​ដូច​ជា​ផ្ទាំង​ថ្ម ដែល​ជាតិ​សាសន៍​ទាំង​អស់​នាំ​គ្នា​លើក។ អស់​អ្នក​ដែល​លើក​ថ្ម​នេះ​មុខ​ជា​ត្រូវ​របួស​យ៉ាង​ធ្ងន់។ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដី នឹង លើក​គ្នា​មក​ប្រហារ​ក្រុង​នេះ។  នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ឲ្យ​សេះ​ទាំង​ប៉ុន្មាន​របស់​គេ​ជ្រួល‌ច្របល់ ហើយ​ទាហាន​ដែល​ជិះ​វា​ក៏​វង្វេង​វង្វាន់​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ប៉ុន្តែ យើង​នឹង​តាម​ថែ‌រក្សា​កូន​ចៅ​យូដា ហើយ​ធ្វើ​ឲ្យ​សេះ​ទាំង​អស់​របស់​ជាតិ​សាសន៍​នានា​មើល​អ្វី​លែង​ឃើញ។  ពួក​មេ​ដឹក​នាំ​របស់​ជន​ជាតិ​យូដា​នឹង​គិត​គ្នា​ថា: ប្រជាជន​នៅ​ក្រុង​យេរូ‌សាឡឹម​មាន​កម្លាំង ព្រោះ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ជា​ព្រះ​របស់​ពួក​គេ។  នៅ​ថ្ងៃ​នោះ យើង​ធ្វើ​ឲ្យ​ពួក​មេ​ដឹក​នាំ​របស់​ជន​ជាតិ​យូដា​បាន​ដូច​ជា​គុក​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ នៅ​កណ្ដាល​ព្រៃ ឬ​ដូច​ភ្លើង​ចន្លុះ​ឆេះ​កណ្ដាប់​ស្រូវ។ ពួក​គេ​នឹង​កម្ទេច​ជាតិ​សាសន៍​នានា​ដែល​នៅ​ជិត​ខាង។ រីឯ​ប្រជាជន​នៅ​ក្រុង​យេរូ‌សាឡឹម នឹង​រស់​នៅ​ក្នុង​ទីក្រុង​របស់​ខ្លួន​ដដែល»។
 ព្រះ‌អម្ចាស់​នឹង​សង្គ្រោះ​អំបូរ​នានា​នៃ​ជន​ជាតិ​យូដា​ជា​មុន​សិន ដើម្បី​កុំ​ឲ្យ​រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ និង​ប្រជាជន​នៅ​ក្រុង​យេរូ‌សាឡឹម​មើល‌ងាយ​ជន​ជាតិ​យូដា​ឯ​ទៀតៗ។  នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នឹង​ការ‌ពារ​ប្រជាជន នៅ​ក្រុង​យេរូ‌សាឡឹម។ នៅ​ថ្ងៃ​នោះ​ក្នុង​ចំណោម​ពួក​គេ ប្រសិន​បើ​មាន​នរណា​ទន់​ខ្សោយ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​គេ​មាន​កម្លាំង​ដូច​ព្រះ‌បាទ​ដាវីឌ ហើយ​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​ដាវីឌ​នឹង​ប្រៀប​ដូច​ជា​ព្រះ ឬ​ដូច​ជា​ទេវទូត​របស់​ព្រះ‌អម្ចាស់ នៅ​មុខ​ពួក​គេ។
ពួក​គេ​កាន់​ទុក្ខ​ព្រះ‌អង្គ​ដែល​គេ​បាន​ចាក់​ទម្លុះ
នៅ​ថ្ងៃ​នោះ យើង​នឹង​កម្ទេច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន ដែល​មក​វាយ​ប្រហារ​ក្រុង​យេរូ‌សាឡឹម។ ១០ យើង​នឹង​ចាក់​បង្ហូរ​វិញ្ញាណ​មក​លើ​រាជ‌វង្ស​របស់​ដាវីឌ និង​ប្រជាជន​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​ពួក​គេ​មាន​ឆន្ទៈ​ល្អ ចេះ​អធិស្ឋាន។ ពួក​គេ​នឹង​សម្លឹង​មើល​មក​យើង ដែល​ពួក​គេ​បាន​ចាក់​ទម្លុះ។ ពួក​គេ​នឹង​កាន់​ទុក្ខ​ដូច​គេ​កាន់​ទុក្ខ​ព្រោះ​កូន​ប្រុស​តែ​មួយ​បាត់​បង់​ជីវិត។ ពួក​គេ​យំ​សោក​យ៉ាង​ជូរ​ចត់ ដូច​គេ​យំ​សោក​ស្រណោះ​សព​កូន​ប្រុស​ច្បង។ ១១ នៅ​ថ្ងៃ​នោះ ប្រជាជន​នៅ​ក្រុង​យេរូ‌សាឡឹម​នឹង​កាន់​ទុក្ខ​យ៉ាង​ធំ ដូច​គេ​កាន់​ទុក្ខ​ព្រះ​ហាដាដ-‌រីម៉ូន​នៅ​វាល​មេគី‌ដូ។ ១២ អ្នក​ស្រុក​ទាំង​មូល​នឹង​កាន់​ទុក្ខ​ដាច់​ឡែក​ពី​គ្នា តាម​អំបូរ​របស់​គេ​រៀងៗ​ខ្លួន គឺ​ព្រះ‌ញាតិ​វង្ស​របស់​ព្រះ‌បាទ​ដាវីឌ ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក អំបូរ​របស់​លោក​ណាថាន ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក។ ១៣ អំបូរ​របស់​លោក​លេវី ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក អំបូរ​របស់​លោក​ស៊ី‌ម៉ៃ ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក។ ១៤ រីឯ​អំបូរ​ឯ​ទៀតៗ​ក៏​ដូច្នោះ​ដែរ​ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក។
១៣
ព្រះ‌បន្ទូល​ព្រមាន​ព្យាការី​ក្លែង‌ក្លាយ​មួយ​ចំនួន
 នៅ​ថ្ងៃ​នោះ​នឹង​មាន​ប្រភព​ទឹក​ផុស​ឡើង លាង​ជម្រះ​អំពើ​បាប និង​អំពើ​សៅហ្មង​របស់​ព្រះ‌ញាតិ​វង្ស​ព្រះ‌បាទ​ដាវីឌ និង​ប្រជាជន​នៅ​ក្រុង​យេរូ‌សាឡឹម។
 «នៅ​ថ្ងៃ​នោះ យើង​នឹង​ដក​ព្រះ​ក្លែង‌ក្លាយ​ចេញ​ពី​ស្រុក ហើយ​គ្មាន​នរណា​នឹក​នា​ដល់​ឈ្មោះ​របស់​ព្រះ​ទាំង​នោះ​ទៀត​ឡើយ។ យើង​ក៏​បំបាត់​ព្យាការី​ក្លែង‌ក្លាយ និង​វិញ្ញាណ​មិន​បរិសុទ្ធ​របស់​ពួក​គេ​ឲ្យ​អស់​ពី​ស្រុក​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។  ប្រសិន​បើ​អ្នក​ណា​ម្នាក់​នៅ​តែ​ទាយ​បន្ត​ទៅ​ទៀត ឪពុក‌ម្ដាយ​ដែល​បង្កើត​អ្នក​នោះ​មក នឹង​ពោល​ថា “កូន​ឯង​មិន​អាច​រស់​ត​ទៅ​ទៀត​ទេ ព្រោះ​កូន​ប្រើ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ ដើម្បី​ពោល​ពាក្យ​កុហក!” ពេល​អ្នក​នោះ​ទាយ ឪពុក‌ម្ដាយ​ដែល​បាន​បង្កើត​ខ្លួន​មក នឹង​ចាក់​ទម្លុះ​គេ។  នៅ​ថ្ងៃ​នោះ ព្យាការី​ម្នាក់ៗ​នឹង​ត្រូវ​អាម៉ាស់ ព្រោះ​តែ​និមិត្ត‌ហេតុ​ដែល​ខ្លួន​បាន​ឃើញ ហើយ​គេ​នឹង​លែង​ពាក់​អាវ​រោម​សត្វ ដើម្បី​បោក​បញ្ឆោត​អ្នក​ដទៃ​ទៀត​ហើយ។  ម្នាក់ៗ​បែរ​ជា​ពោល​ថា “ខ្ញុំ​មិន​មែន​ជា​ព្យាការី​ទេ ខ្ញុំ​ជា​អ្នក​ស្រែ​ចម្ការ ខ្ញុំ​ភ្ជួរ​រាស់​ដី​ដែល​គេ​ឲ្យ​ខ្ញុំ​ទិញ​តាំង​ពី​ក្មេង​មក”។  ប៉ុន្តែ គេ​នឹង​តប​ទៅ​អ្នក​នោះ​វិញ​ថា “តើ​ស្នាម​នៅ​ទ្រូង​របស់​អ្នក​ជា​អ្វី!” គាត់​នឹង​តប​វិញ​ថា “នេះ​ជា​ស្នាម​របួស​ដែល​គេ​ឆូត​សាច់​ខ្ញុំ ក្នុង​វិហារ​របស់​ព្រះ​នានា​ដែល​ស្រឡាញ់​ខ្ញុំ”»។
ដាវ​ប្រហារ​មេ​ដឹក​នាំ
 «ដាវ​អើយ ចូរ​ភ្ញាក់​ឡើង​ប្រហារ​គង្វាល​ដែល​យើង​បាន​តែង‌តាំង។ ចូរ​ប្រហារ​អ្នក​ធ្វើ​ការ​រួម​ជា​មួយ​យើង! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ ចូរ​វាយ​សម្លាប់​គង្វាល ហើយ​ចៀម​នៅ​ក្នុង​ហ្វូង​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ! បន្ទាប់​មក យើង​នឹង​បែរ​ទៅ​វាយ​ចៀម​តូចៗ។  ពេល​នោះ នៅ​ក្នុង​ស្រុក​ទាំង​មូល ប្រជាជន​ពីរ​ភាគ​បី​នឹង​វិនាស​បាត់​បង់ តែ​មួយ​ភាគ​បី​នឹង​នៅ​សេស‌សល់ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។  យើង​នឹង​យក​មួយ​ភាគ​បី​ដែល​នៅ​សេស‌សល់​នេះ​ទៅ​ដាក់​ក្នុង​ភ្លើង យើង​នឹង​បន្សុទ្ធ​ពួក​គេ​ដូច​បន្សុទ្ធ​ប្រាក់ និង​មាស។ ពួក​គេ​នឹង​អង្វរ​រក​យើង ហើយ​យើង​នឹង​ឆ្លើយ​តប​មក​ពួក​គេ​វិញ។ យើង​នឹង​ពោល​ថា: អ្នក​ទាំង​នេះ​ជា​ប្រជាជន​របស់​យើង ហើយ​គេ​នឹង​ពោល​ថា: ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ពួក​យើង»។
១៤
ថ្ងៃ​របស់​ព្រះ‌អម្ចាស់
 ថ្ងៃ​របស់​ព្រះ‌អម្ចាស់​មក​ជិត​ដល់​ហើយ!
ប្រជាជន​ក្រុង​យេរូ‌សាឡឹម​អើយ
ថ្ងៃ​នោះ ខ្មាំង​សត្រូវ​នឹង​ចែក​ទ្រព្យ‌សម្បត្តិ
របស់​អ្នក​រាល់​គ្នា នៅ​មុខ​អ្នក​រាល់​គ្នា។
 យើង​នឹង​ប្រមូល​ប្រជា‌ជាតិ​ទាំង​អស់
ឲ្យ​លើក​គ្នា​មក​វាយ​លុក​ក្រុង​យេរូ‌សាឡឹម។
ពួក​គេ​នឹង​វាយ​យក​បាន​ទីក្រុង
ហើយ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​អស់​ពី​ផ្ទះ
ព្រម​ទាំង​រំលោភ​លើ​ស្រីៗ​ទៀត​ផង។
អ្នក​ក្រុង​ចំនួន​ពាក់​កណ្ដាល​នឹង​ត្រូវ​គេ​កៀរ
យក​ទៅ​ជា​ឈ្លើយ
តែ​ប្រជាជន​ដែល​នៅ​សេស‌សល់
មិន​ត្រូវ​គេ​ដេញ​ចេញ​ពី​ទីក្រុង​ឡើយ។
 ព្រះ‌អម្ចាស់​នឹង​យាង​ចេញ​មក
ប្រហារ​ប្រជា‌ជាតិ​ទាំង​នោះ
ដូច​នៅ​ថ្ងៃ​ព្រះ‌អង្គ​ធ្វើ​សឹក​សង្គ្រាម
និង​ថ្ងៃ​ព្រះ‌អង្គ​ប្រយុទ្ធ​នឹង​គូ​សត្រូវ។
 នៅ​ថ្ងៃ​នោះ ព្រះ‌អង្គ​ដាក់​ព្រះ‌បាទា
លើ​ភ្នំ​ដើម​អូលីវ ដែល​នៅ​ទល់​មុខ​នឹង
ក្រុង​យេរូ‌សាឡឹម គឺ​នៅ​ខាង​កើត​ទីក្រុង។
ភ្នំ​ដើម​អូលីវ​នឹង​ត្រូវ​ប្រេះ​ជា​ពីរ ចំ​ពាក់​កណ្ដាល
ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច
ហើយ​ក្លាយ​ទៅ​ជា​ជ្រលង​ភ្នំ​មួយ​យ៉ាង​ធំ។
ចំហៀង​ភ្នំ​ម្ខាង​កម្រើក​ទៅ​ខាង​ជើង
ម្ខាង​ទៀត​ទៅ​ទិស​ខាង​ត្បូង។
 ពេល​នោះ អ្នក​រាល់​គ្នា​នឹង​រត់​ភៀស​ខ្លួន
ទៅ​នៅ​តាម​ជ្រលង​ភ្នំ​របស់​យើង
ដ្បិត​ជ្រលង​ភ្នំ​នេះ​លាត​សន្ធឹង
រហូត​ដល់​អាសាល់។
អ្នក​រាល់​គ្នា​នឹង​រត់​ភៀស​ខ្លួន
ដូច​អ្នក​រាល់​គ្នា​រត់​គេច​ពី​ការ​រញ្ជួយ​ផែន‌ដី
នៅ​ជំនាន់​អសា‌រីយ៉ា ជា​ស្តេច​ស្រុក​យូដា។
ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ នឹង​យាង​មក
ហើយ​ប្រជាជន​ដ៏‌វិសុទ្ធ​ទាំង​អស់​របស់​ព្រះ‌អង្គ
ក៏​មក​ជា​មួយ​ដែរ។
 នៅ​ថ្ងៃ​នោះ​នឹង​លែង​មាន​ពន្លឺ​ថ្ងៃ
លែង​មាន​ធាតុ​ត្រជាក់ ឬ​ទឹក​កក​ទៀត​ដែរ។
 ថ្ងៃ​នោះ ជា​ថ្ងៃ​មួយ​ខុស​ប្លែក​ពី​ធម្មតា
មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​ជ្រាប។
ពេល​នោះ គ្មាន​ថ្ងៃ​គ្មាន​យប់​ទេ
សូម្បី​តែ​ពេល​ល្ងាច ក៏​នៅ​តែ​ភ្លឺ​ដែរ
 នៅ​ថ្ងៃ​នោះ នឹង​មាន​ទឹក​ផ្តល់​ជីវិត
ហូរ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម
មួយ​ផ្នែក​ហូរ​ចាក់​ទៅ​សមុទ្រ​ខាង​កើត
មួយ​ផ្នែក​ទៀត​ហូរ​ទៅ​សមុទ្រ​ខាង​លិច
រដូវ​ប្រាំង ក៏​ដូច​ជា​រដូវ​វស្សា​ដែរ។
 ព្រះ‌អម្ចាស់​នឹង​ធ្វើ​ជា​ព្រះ‌មហា​ក្សត្រ​គ្រង​រាជ្យ
លើ​ផែន‌ដី​ទាំង​មូល។
នៅ​ថ្ងៃ​នោះ មនុស្ស​គ្រប់ៗ​គ្នា​នឹង​ថ្វាយ‌បង្គំ
ព្រះ‌អម្ចាស់​តែ​មួយ​ព្រះ‌អង្គ​គត់
គឺ​មាន​តែ​ព្រះ‌នាម​ព្រះ‌អង្គ​ប៉ុណ្ណោះ។
១០ ទឹក​ដី​ទាំង​មូល គឺ​ចាប់​ពី​កេបា​រហូត​ដល់​រីមម៉ូន
ដែល​នៅ​ខាង​ត្បូង​ក្រុង​យេរូ‌សាឡឹម
នឹង​ទៅ​ជា​វាល​ទំនាប។
គេ​នឹង​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ
នៅ​លើ​កន្លែង​ដដែល
គឺ​ចាប់​តាំង​ពី​ទ្វារ​បេន‌យ៉ាមីន
រហូត​ដល់​កន្លែង​ដែល​មាន​ទ្វារ​កាល​ពី​មុន
និង​រហូត​ដល់​ទ្វារ​មុម
ហើយ​ចាប់​តាំង​ពី​ប៉ម​ហាណា‌នេអែល
រហូត​ដល់​កន្លែង​ជាន់​ផ្លែ​ទំពាំង‌បាយជូរ
របស់​ហ្លួង។
១១ ក្រុង​យេរូ‌សាឡឹម​នឹង​មាន​ប្រជាជន​រស់​នៅ​ឡើង​វិញ
ហើយ​ក៏​គ្មាន​នរណា​មក​បំផ្លាញ​ទៀត​ដែរ
យេរូ‌សាឡឹម​នឹង​បាន​សុខ‌សាន្ត‌ត្រាណ។
១២ ព្រះ‌អម្ចាស់​នឹង​ប្រហារ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន
ដែល​បាន​លើក​ទ័ព​មក​វាយ​លុក
ក្រុង​យេរូ‌សាឡឹម
ដោយ​ប្រើ​គ្រោះ​កាច​ដូច​ត​ទៅ:
សាច់​របស់​ពួក​គេ​នឹង​ត្រូវ​រលួយ
នៅ​ពេល​ពួក​គេ​ឈរ
គ្រាប់​ភ្នែក​របស់​ពួក​គេ​នឹង​រលួយ​ក្នុង​ភ្នែក
អណ្ដាត​របស់​ពួក​គេ​នឹង​រលួយ​នៅ​ក្នុង​មាត់។
១៣ នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​កើត
វឹក‌វរ​យ៉ាង​ខ្លាំង​ក្នុង​ជួរ​ទ័ព​របស់​ពួក​គេ
ម្នាក់ៗ​ងាក​ទៅ​ប្រហារ​អ្នក​ដែល​នៅ​ក្បែរ​ខ្លួន។
១៤ អ្នក​ស្រុក​យូដា​នាំ​គ្នា​ការ‌ពារ​ក្រុង​យេរូ‌សាឡឹម
ពួក​គេ​នឹង​ប្រមូល​យក​ជយ‌ភណ្ឌ
ពី​ប្រជា‌ជាតិ​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ
គឺ​មាស ប្រាក់ និង​សម្លៀក‌បំពាក់​ដ៏​ច្រើន។
១៥ គ្រោះ​កាច​ក៏​នឹង​កើត​មាន​ចំពោះ​សេះ
លា​កាត់ អូដ្ឋ លា និង​សត្វ​ទាំង​អស់
នៅ​ក្នុង​ជំរំ​របស់​ពួក​គេ
គ្រោះ​កាច​នេះ ក៏​ដូច​គ្រោះ​កាច​មុន​ដែរ។
១៦ ពេល​នោះ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​អស់
ដែល​បាន​វាយ​លុក​ក្រុង​យេរូ‌សាឡឹម
អស់​អ្នក​ដែល​នៅ​សេស‌សល់​នឹង​នាំ​គ្នា​មក
ជា​រៀង​រាល់​ឆ្នាំ
ដើម្បី​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
ដែល​ជា​ព្រះ‌មហា​ក្សត្រ
ហើយ​ពួក​គេ​ប្រារព្ធ​ពិធី​បុណ្យ​បារាំ។
១៧ ប្រសិន​បើ​មាន​អំបូរ​ណា​នៅ​លើ​ផែន‌ដី
មិន​ឡើង​មក​ក្រុង​យេរូ‌សាឡឹម
ដើម្បី​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
ដែល​ជា​ព្រះ‌មហា​ក្សត្រ​ទេ
នោះ​នឹង​គ្មាន​ភ្លៀង​ធ្លាក់​លើ​ទឹក​ដី​គេ​ឡើយ។
១៨ ប្រសិន​បើ​អំបូរ​របស់​ជន​ជាតិ​អេស៊ីប
មិន​ឡើង​មក​ទេ
ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន
ចំពោះ​ពួក​គេ
ដូច​ប្រជា‌ជាតិ​នានា​ដែល​មិន​ព្រម​ឡើង​មក
ប្រារព្ធ​ពិធី​បុណ្យ​បារាំ​ដែរ។
១៩ ទោស​នេះ​នឹង​កើត​មាន​ចំពោះ​ស្រុក​អេស៊ីប
និង​ប្រជា‌ជាតិ​ទាំង​អស់​ដែល​មិន​ឡើង​មក
ប្រារព្ធ​ពិធី​បុណ្យ​បារាំ។
២០ នៅ​ថ្ងៃ​នោះ គេ​នឹង​ចារឹក​អក្សរ​នៅ​លើ
កណ្តឹង​ដែល​គេ​ពាក់​ឲ្យ​សេះ​ថា
“ញែក​ថ្វាយ​ព្រះ‌អម្ចាស់”។
រីឯ​ថ្លាង​សម្រាប់​ស្ងោរ​សាច់​នៅ​ក្នុង
ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់
ក៏​គេ​ចាត់​ទុក​ជា​សក្ការៈ
ដូច​ចាន​សម្រាប់​ប្រោះ​ឈាម
ដែល​ស្ថិត​នៅ​ក្បែរ​អាសនៈ​ដែរ។
២១ ថ្លាង​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡឹម
និង​នៅ​ក្នុង​ស្រុក​យូដា
ត្រូវ​ញែក​ថ្វាយ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។
អស់​អ្នក​ដែល​មក​ថ្វាយ​យញ្ញ‌បូជា
នឹង​ប្រើ​ថ្លាង​ទាំង​នោះ​សម្រាប់​ស្ងោរ​សាច់។
នៅ​ថ្ងៃ​នោះ លែង​មាន​អ្នក​លក់​ដូរ
នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល​ទៀត​ហើយ។
904 Views

Theme: Overlay by Kaira