ថ្ងៃសៅរ៍ អាទិត្យទី២៦
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃសៅរ៍ ទី០៤ ខែតុលា ឆ្នាំ២០២៥

បុណ្យរម្លឹក
សន្តហ្រ្វង់ស្វ័រ នៅក្រុងអាស៊ីស

លោកហ្វ្រង់ស្វ័រ (១១៨២-១២២៦) ជាកូនអ្នកឈ្មួញម្នាក់ជាអ្នកមានស្តុកស្តម្ភនៅក្រុងអាស៊ីស៊ី (ប្រទេសអ៊ីតាលី)។ ដល់អាយុម្ភៃឆ្នាំ លោកសុខចិត្តលះបង់ទ្រព្យសម្បត្តិទាំងអស់ ដើម្បីបម្រើព្រះយេស៊ូយ៉ាងស្មោះអស់ពីចិត្ត ហើយចេញដំណើរទៅពន្យល់គម្ពីរ។ លោកធ្លាប់កោតសរសើរព្រះជាម្ចាស់ដែលបានបង្កើតសត្វលោកទាំងឡាយ ដោយចាត់ទុកថាសត្វលោកទាំងនោះសុទ្ធតែជាបងប្អូនរបស់គាត់។ ដោយលោកស្រឡាញ់ព្រះយេស៊ូយ៉ាងខ្លាំងជាទីបំផុត លោកទទួលស្នាមរបួសរបស់ព្រះយេស៊ូភ្ជាប់នឹងដៃ ជើង និងត្រង់ឆ្អឹង​ជំនីរ។ លោកបង្កើតក្រុមគ្រួសារបព្វជិតមួយដែលមានឥទ្ធិពលជាខ្លាំងក្នុងសាកលលោករហូតមកសព្វថ្ងៃ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកបារូក បរ ៤,៥-១២.២៧-២៩

ប្រជាជនខ្ញុំអើយ! ចូរមានចិត្តក្លាហានឡើង! អ្នកជាសក្ខីភាពដែលធ្វើឱ្យគេនឹកចាំ​ឈ្មោះអ៊ីស្រាអែលតរៀងទៅ។ គេលក់អ្នករាល់គ្នាឱ្យប្រជាជាតិនានា មិនមែនដើម្បី​ឱ្យអ្នករាល់គ្នាវិនាសសាបសូន្យឡើយ។ ព្រះជាម្ចាស់បញ្ជូនអ្នករាល់គ្នាទៅក្នុកណ្ដាប់ដៃ​របស់ខ្មាំងសត្រូវ ព្រោះអ្នករាល់គ្នាធើ្វឱ្យព្រះអង្គទ្រង់ព្រះពិរោធ។ អ្នករាល់គ្នាបានធើ្វឱ្យព្រះដែលបង្កើតអ្នករាល់គ្នាក្រេវក្រោធ ដ្បិតអ្នករាល់គ្នាបានយកសក្ការបូជាថ្វាយអារក្ស ពុំមែនថ្វាយព្រះជាម្ចាស់ទេ។ អ្នករាល់គ្នាភ្លេចព្រះជាម្ចាស់ដែលមានព្រះជន្ម​គង់នៅអស់កល្បជានិច្ច គឺព្រះអង្គដែលបានចិញ្ចឹមអ្នករាល់គ្នា។ អ្នករាល់គ្នាក៏ធ្វើឱ្យក្រុងយេរូសាឡឹមដែលបានចិញ្ចឹមបីបាច់អ្នករាល់គ្នាកើតទុក្ខដែរ។ ក្រុងយេរូសាឡឹម​ បានឃើញព្រះជាម្ចាស់ទ្រង់ព្រះពិរោធប្រឆាំងនឹងអ្នករាល់គ្នា ហើយពោលថា៖ «ម្នាលក្រុងទាំងប៉ុន្មានដែលនៅជិតខាងក្រុងស៊ីយ៉ូន​អើយ! សូមស្ដាប់ខ្ញុំសិន! ព្រះជាម្ចាស់ធ្វើឱ្យ​ខ្ញុំឈឺចុកចាប់យ៉ាងខ្លាំង។ ខ្ញុំឃើញខ្មាំងសត្រូវកៀរកូនប្រុស កូនស្រីរបស់ខ្ញុំទៅធ្វើជា​ឈ្លើយ ព្រោះព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ចដាក់ទោសពួកគេ! ខ្ញុំមានអំណរ​សប្បាយដោយចិញ្ចឹមបីបាច់កូន រួចខ្ញុំមានទុក្ខព្រួយស្រណោះស្រណោក ដោយឃើញ​ខ្មាំងកៀរយកពួកវាចេញទៅ។ សូមកុំឱ្យនរណាមានអំណរសប្បាយដោយឃើញខ្ញុំ​ធ្លាក់ខ្លួនជាស្រី្ដមេម៉ាយ ដែលគេចាប់ពង្រាត់កូនទាំងអស់របស់ខ្ញុំ។ ខ្ញុំនៅស្ងាត់ជ្រងំដោយសារតែកូនៗរបស់ខ្ញុំបានប្រព្រឹត្តអំពើបាប គឺពួកវាបានឃ្លាតចាកពីធម្មវិន័យរបស់​ព្រះជាម្ចាស់។ កូនទាំងឡាយអើយ​ ចូរមានចិត្តក្លាហានឡើង! ចូរស្រែកដង្ហោយហៅ​ព្រះជាម្ចាស់ទៅ! ព្រះអង្គដែលនាំកូនមកទីនេះមុខជាមិនបំភ្លេចកូនទេ។ កាលពីមុនកូនមានបំណងឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ឥឡូវនេះ កូនប្រែចិត្តគំនិតហើយ! ចូរខិតខំ​ស្វែងរកព្រះអង្គឱ្យខ្លាំងជាងមុនដប់ដង។ ព្រះអង្គដែលដាក់ទោសកូនឱ្យរងទុក្ខវេទនា​យ៉ាងនេះ នឹងយាងមកជួយសង្គ្រោះកូន ហើយប្រទានអំណរសប្បាយឱ្យកូនជារៀង​រហូត។

ទំនុកតម្កើងលេខ ៦៩ (៦៨) ,៣៣-៣៤.៣៦.៣៧ បទកាកគតិ

៣៣អស់អ្នកទុរគតវេទនាក្រខ្សត់ចិត្តគេសប្បាយ
គេមានអំណរឥតមានខ្វល់ខ្វាយនឹងរស់វែងឆ្ងាយ
អាយុយឺនយូរ
៣៤ដ្បិតទ្រង់សណ្ដាប់ពាក្យអ្នកសុភាពនិយាយទូលថ្ងូរ
ទ្រង់មិនលះបង់អ្នកជាប់ឃុំយូរឱ្យទួញទ្រហោរ
នៅឯកោទេ
៣៦ដ្បិតព្រះជាម្ចាស់ទ្រង់នឹងសង្គ្រោះក្រុងយើងខ្ពស់ឡើង
ទីក្រុងនានាស្រុកយូដាផងព្រះអង្គកសាង
ថ្មីវិញទាំងអស់
ឱ្យប្រជាជនចូលមកបន្ទន់ចូលជ្រកនៅរស់
កន្លែងដើមវិញឥតមានបង់បោះសុខស្រួលឥតខ្ចោះ
កាន់កាប់ជាថ្មី
៣៧កូនចៅរបស់អ្នកបម្រើស្មោះនឹងទទួលដី
មកទុកជាកេរមរតកប្រពៃបវរថ្លាថ្លៃ
​​​តាំងជាលំនៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៥

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរសុខ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្ដែងការណ៍អស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចយល់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,១៧-២៤

សាវ័កទាំងចិតសិបពីរនាក់ត្រឡប់មកវិញទាំងត្រេកអរ ហើយទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់អើយ! ដោយសារព្រះនាមព្រះអង្គ សូម្បីតែខ្មោចក៏ចុះចូលក្រោមអំណាចយើងខ្ញុំដែរ»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានឃើញមារសាតាំង​ធ្លាក់ចុះពីលើមេឃ​មក ដូចផ្លេកបន្ទោរ។ ខ្ញុំឱ្យអ្នករាល់គ្នាមានអំណាចដើរជាន់ពស់ និងខ្យាដំរី ព្រមទាំងបង្ក្រាបប្ញទិ្ធអំណាចគ្រប់យ៉ាងរបស់មារសត្រូវផង ហើយគ្មានអ្វីអាចធ្វើទុក្ខអ្នករាល់គ្នាបានឡើយ។ ប៉ុន្ដែ ទោះជាយ៉ាងណាក៏ដោយ កុំត្រេកអរនឹងឃើញខ្មោចចុះចូលអ្នករាល់គ្នា គឺត្រូវត្រេកអរដោយអ្នករាល់គ្នាមានឈ្មោះកត់ទុក​នៅ​ស្ថានបរសុខវិញ»។ ខណៈនោះ ព្រះវិញ្ញាណធ្វើឱ្យព្រះយេស៊ូមានព្រះហប្ញទ័យរីករាយយ៉ាងខ្លាំង។ ព្រះអង្គមានព្រះបន្ទូលថា៖ «បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់​នៃផែនដី! ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្ដែងការណ៍ទាំងនេះឱ្យមនុស្សតូចតាចយល់ តែទ្រង់បានលាក់មិនឱ្យអ្នកប្រាជ្ញនិងអ្នកចេះដឹងយល់ទេ។ មែនហើយ! ព្រះអង្គសព្វព្រះហប្ញទ័យសម្រេចដូចច្នេះ។ ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗ​ទាំងអស់មកខ្ញុំ។ គ្មាននរណាស្គាល់ព្រះបុត្រាក្រៅពីព្រះបិតា ហើយក៏គ្មាននរណា​ស្គាល់ព្រះបិតាក្រៅពីព្រះបុត្រា និងអ្នកដែលព្រះបុត្រាសព្វព្រះហប្ញទ័យសម្ដែងឱ្យស្គាល់នោះដែរ»។ បន្ទាប់មក ព្រះយេស៊ូបែរទៅរកសាវ័ក ហើយមានព្រះបន្ទូលដាច់ឡែកពីមហាជនទៅពួកគេថា៖ «អ្នករាល់គ្នាមានសុភមង្គលហើយ ព្រោះអ្នករាល់គ្នាឃើញ​ហេតុការណ៍ទាំងអស់នេះ!។ ខ្ញុំសូមបញ្ជាក់ប្រាប់អ្នករាល់គា្នថា មានព្យាការី និងស្ដេច​ជាច្រើនចង់ឃើញហេតុការណ៍ដែលអ្នករាល់គ្នាឃើញនេះដែរ តែមិនបានឃើញ ហើយ​​គេចង់ឮសេចក្ដីដែលអ្នករាល់គា្នបានឮនេះដែរ តែមិនបានឮសោះ»។

224 Views

Theme: Overlay by Kaira