សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

កណ្ឌគម្ពីរ
ព្យាការីមីកា

ពាក្យលំនាំ

មីកា

(ព្យាការី​មីកា)

ពាក្យ​លំនាំ

លោក​មីកា​ជា​ព្យាការី​មួយ​រូប​រស់​នៅ​ជំនាន់​ព្យាការី​អេសាយ លោក​បម្រើ​ព្រះ‌អម្ចាស់​ក្នុង​អំឡុង​ឆ្នាំ ៧៤០-៧០០ មុន​គ្រីស្ត‌សករាជ។ ព្យាការី​មីកា​ក៏​ដូច​ជា​ព្យាការី​អេសាយ​ដែរ លោក​នាំ​ព្រះ‌បន្ទូល​ទៅ​ប្រកាស​ប្រាប់​អ្នក​ស្រុក​យូដា នៅ​គ្រា​ដែល​ពួក​គេ​ទទួល​ការ​គំរាម‌កំហែង​ពី​សំណាក់​កង‌ទ័ព​អាស្ស៊ីរី។
លោក​មីកា​ប្រកាស​ប្រាប់​អ្នក​ស្រុក​ថា ទឹក​ដី​របស់​ពួក​គេ ជា​ពិសេស ក្រុង​យេរូ‌សាឡឹម​នឹង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ដូច​ក្រុង​សាម៉ារី ជា​រាជ‌ធានី​របស់​អាណា‌ចក្រ​អ៊ីស្រា‌អែល​ខាង​ជើង​ដែរ។ លោក​ប្រាប់​ពួក​គេ​ឲ្យ​ដឹង​ថា មហន្ត‌រាយ​ដែល​នឹង​កើត​មាន​នេះ ជា​លទ្ធ‌ផល​នៃ​អំពើ​បាប​របស់​ពួក​គេ ជា​ពិសេស អំពើ​អយុត្តិ‌ធម៌​នៅ​ក្នុង​សង្គម​ជាតិ​យូដា។ សេចក្ដី​ដែល​លោក​ប្រកាស​ក្នុង​នាម​ព្រះ‌អម្ចាស់ បណ្តាល​ឲ្យ​មាន​ការ​ប៉ះ‌ទង្គិច​ជា​មួយ​ពួក​មេ​ដឹក​នាំ ពួក​អភិជន អ្នក​គ្រប់‌គ្រង និង​ពួក​បូជា‌ចារ្យ​ជា​ដើម។ លោក​ក៏​បាន​ប្រកាស​ប្រឆាំង​នឹង​ពួក​ព្យាការី​មួយ​ចំនួន ដែល​បោក​បញ្ឆោត​ប្រជាជន ដោយ​ពោល​ពាក្យ​បញ្ចើច‌បញ្ចើ ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាជន​មិន​ព្រម​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន ឬ​កែ‌ប្រែ​ចិត្ត​គំនិត​ឡើយ។ តាម‌រយៈ​សេចក្ដី​ដែល​លោក​ប្រកាស ព្យាការី​មីកា​ចង់​ណែ‌នាំ​ប្រជាជន​ឲ្យ​រិះ‌គិត​ពិចារណា ហើយ​ប្រកាន់​យក​គោល​ជំហរ​ដូច​ត​ទៅ: ស្ដាប់​បង្គាប់​ព្រះ‌ជាម្ចាស់ និង​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ហើយ​គោរព​ស្រឡាញ់​អ្នក​ដទៃ។ លោក​ស្តី​ប្រដៅ​ប្រជាជន​មែន តែ​លោក​ក៏​ប្រកាស​ឲ្យ​គេ​ដឹង​ថា ព្រះ‌ជាម្ចាស់​មាន​គម្រោង‌ការ​សង្គ្រោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​នៅ​អនាគត‌កាល​ដែរ។
កណ្ឌ​គម្ពីរ​មីកា​សង្កត់​ទៅ​លើ​ខ្លឹមសារ​ពីរ​យ៉ាង : ព្រះ‌ជាម្ចាស់​ប្រកាស​ថា ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​ទោស​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ដើម្បី​វាយ​ប្រដៅ​ពួក​គេ (ចំពូក ១‑៣ និង​៦.១‑៧.៧) ហើយ​ព្រះ‌អង្គ​ក៏​សន្យា​នឹង​សង្គ្រោះ​ពួក​គេ​ដែរ (ចំពូក ៤‑៥ និង​៧:៨-២០) ដោយ​ស្តារ​ស្ថាន‌ភាព​របស់​ពួក​គេ​ឡើង​វិញ ហើយ​តែង‌តាំង​មាន​ស្តេច​មួយ​អង្គ ដែល​ជា​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​ដាវីឌ ឲ្យ​គ្រង​រាជ្យ​លើ​ពួក​គេ (៥:១-៤​ក)។
នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​លោក​មីកា ជា​អ្នក​ស្រុក​ម៉ូរេ‌សិត តាម‌រយៈ​និមិត្ត‌ហេតុ​អស្ចារ្យ​ស្តី​អំពី​ក្រុង​សាម៉ារី និង​ក្រុង​យេរូ‌សាឡឹម ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូថាម ព្រះ‌បាទ​អខាស និង​ព្រះ‌បាទ​អេសេ‌ខ្យាស ជា​ស្តេច​ស្រុក​យូដា។​
ព្រះ‌បន្ទូល​ព្រមាន​ស្រុក​អ៊ីស្រា‌អែល និង​ស្រុក​យូដា
 ជាតិ​សាសន៍​ទាំង​អស់​អើយ ចូរ​នាំ​គ្នា​ស្ដាប់!
ផែន‌ដី និង​អ្វីៗ​ដែល​រស់​នៅ​លើ​ផែន‌ដី​អើយ
ចូរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់!
ព្រះ‌ជា‌អម្ចាស់​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា
ពី​ទី​សក្ការៈ​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ។
 ព្រះ‌អម្ចាស់​យាង​ចេញ​ពី​ព្រះ‌ដំណាក់​ចុះ​មក
ព្រះ‌អង្គ​យាង​នៅ​តាម​ទី​ខ្ពស់​នៃ​ផែន‌ដី។
 ភ្នំ​ទាំង‌ឡាយ​ស្រុត​ចុះ​នៅ​ក្រោម​ព្រះ‌បាទា
ហើយ​ជ្រលង​ភ្នំ​ទាំង‌ឡាយ​ក៏​ត្រូវ​រលាយ
ដូច​ក្រមួន​រលាយ​នៅ​មុខ​ភ្លើង
ឬ​ដូច​ទឹក​ហូរ​ចុះ​តាម​ជម្រាល​ភ្នំ​ដែរ។
 ហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន
ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​ពូជ‌ពង្ស​លោក​យ៉ាកុប
និង​អំពើ​បាប​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល។
តើ​នរណា​នាំ​ឲ្យ​កូន​ចៅ
របស់​លោក​យ៉ាកុប​ប្រព្រឹត្ត​អំពើ​ទុច្ចរិត?
គឺ​ក្រុង​សាម៉ារី!
តើ​នរណា​នាំ​ឲ្យ​យូដា​គោរព
ព្រះ​ក្លែង‌ក្លាយ​នៅ​តាម​ទី​ខ្ពស់?
គឺ​ក្រុង​យេរូ‌សាឡឹម!
 យើង​នឹង​ធ្វើ​ឲ្យ​សាម៉ារី​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ
ជា​ចម្ការ​មួយ​ដែល​គេ​ដាំ​ទំពាំង‌បាយ‌ជូរ
យើង​នឹង​រុញ​គំនរ​ឥដ្ឋ​របស់​ក្រុង​នេះ
ទម្លាក់​ទៅ​ក្នុង​ជ្រោះ
ហើយ​បំផ្លាញ​ទី‌ក្រុង​ឲ្យ​នៅ​សល់​តែ​គ្រឹះ។
 រូប​បដិមា​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​បាក់‌បែក
គ្រឿង​សក្ការ​បូជា​ទាំង​ប៉ុន្មាន​ដែល​គេ​យក
មក​សែន​រូប​ទាំង​នោះ នឹង​ត្រូវ​ដុត​ក្នុង​ភ្លើង។
យើង​នឹង​កម្ទេច​ព្រះ​ក្លែង‌ក្លាយ​ទាំង​អស់
រូប​ព្រះ​ទាំង​នោះ​ជា​ផល​នៃ​អំពើ​ពេស្យា‌ចារ
ដូច្នេះ គេ​នឹង​យក​រូប​ទាំង​នោះ​ទៅ​បង់​ថ្លៃ
ស្រី​ពេស្យា។
 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​យំ​សោក‌សង្រេង
ខ្ញុំ​ដើរ​ជើង​ទទេ និង​ខ្លួន​ទទេ
ខ្ញុំ​ស្រែក​លូ​ដូច​ឆ្កែ​ចចក ហើយ​ថ្ងូរ​ដូច​ព្រាប
 ដ្បិត​ដំបៅ​របស់​សាម៉ារី​មិន​អាច​មើល​ជា​បាន​ទេ
ដំបៅ​នេះ​ស៊ី​រហូត​ដល់​ស្រុក​យូដា
និង​ដល់​ទ្វារ​ក្រុង​យេរូ‌សាឡឹម
ជា​ទី​លំ‌នៅ​នៃ​ប្រជាជន​របស់​ខ្ញុំ។
១០ កុំ​ប្រកាស​ដំណឹង​នេះ​នៅ​ក្រុង​កាថ​ឡើយ
ហើយ​ក៏​កុំ​បង្ហូរ​ទឹក​ភ្នែក​ដែរ។
កុំ​ដេក​ននៀល​លើ​ដី​នៅ​ក្រុង​បេត-‌លេ-‌ប្រា
ឲ្យ​សោះ។
១១ អ្នក​ស្រុក​សា‌ភៀរ​អើយ
ចូរ​រត់​គេច​ខ្លួន​ទាំង​អាក្រាត និង​អាម៉ាស់​ទៅ!
អ្នក​ក្រុង​សាណន​មិន​ហ៊ាន​ចេញ​ពី​ទី‌ក្រុង​ទេ។
អ្នក​ក្រុង​បេត‌ហេ‌សែល​នាំ​គ្នា​កាន់​ទុក្ខ
ពួក​គេ​មិន​អាច​ធ្វើ​ជា​បង្អែក​របស់
អ្នក​រាល់​គ្នា​ទេ។
១២ អ្នក​ក្រុង​ម៉ារ៉ូត​ភ័យ‌ខ្លាច​បាត់‌បង់​សុភមង្គល
ដ្បិត​ទុក្ខ​វេទនា​ដែល​ព្រះ‌អម្ចាស់​បញ្ជូន​មក​នោះ
មក​ដល់​មាត់​ទ្វារ​ក្រុង​យេរូ‌សាឡឹម​ហើយ។
១៣ អ្នក​ក្រុង​ឡាគីស​អើយ ចូរ​ទឹម​រទេះ​សេះ​ទៅ!
អ្នក​បាន​នាំ​អាទិ៍​ប្រជាជន​ក្រុង​ស៊ីយ៉ូន
ឲ្យ​ប្រព្រឹត្ត​អំពើ​បាប
ដ្បិត​អំពើ​ទុច្ចរិត​របស់​អ៊ីស្រា‌អែល
ចាប់​ផ្តើម​ឡើង​នៅ​ក្នុង​ក្រុង​របស់​អ្នក។
១៤ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ត្រូវ​បែក​ចេញ​ពី
ប្រជាជន​នៅ​ក្រុង​ម៉ូរេ‌សិត-‌កាថ។
ចំណែក​ឯ​អ្នក​ក្រុង​អាក់‌ស៊ីប​វិញ​គេ​នឹង​ធ្វើ
ឲ្យ​ស្តេច​ស្រុក​អ៊ីស្រា‌អែល​ខក​ចិត្ត។
១៥ អ្នក​ស្រុក​ម៉ារេសា​អើយ
ព្រះ‌អម្ចាស់​នឹង​នាំ​សត្រូវ​មក​ឈ្លាន‌ពាន​អ្នក
មេ​ដឹក​នាំ​ដ៏​រុង‌រឿង​របស់​អ៊ីស្រា‌អែល
នឹង​រត់​ភៀស​ខ្លួន​ទៅ​ដល់​រូង​ភ្នំ​អាឌូឡាំ។
១៦ អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ
ចូរ​កោរ​សក់ យំ​សោក​ស្រណោះ​កូន​ប្រុសៗ
ដ៏​ជា​ទី​ស្រឡាញ់​របស់​អ្នក
ចូរ​ទុក​ក្បាល​ឲ្យ​នៅ​ត្រងោល
ដូច​ក្បាល​ត្មាត ដ្បិត​កូន​ប្រុសៗ​របស់​អ្នក​ត្រូវ​ខ្មាំង​កៀរ​យក
ទៅ​ជា​ឈ្លើយ​ឆ្ងាយ​ពី​អ្នក​ហើយ!។
អ្នក​ធំ​ប្រើ​អំណាច​ជិះ‌ជាន់​ជន​តូច‌តាច
 អស់​អ្នក​ដែល​គិត‌គូរ​គម្រោង‌ការ​ទុច្ចរិត
ព្រម​ទាំង​ដេក​សញ្ជឹង​គិត​រក​ឧបាយ‌កល
លុះ​ព្រឹក​ឡើង​ប្រើ​អំណាច​របស់​ខ្លួន
សម្រេច​តាម​គម្រោង‌ការ​នេះ
មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!
 បើ​គេ​ប៉ុន‌ប៉ង​ចង់​បាន​ស្រែ​ចម្ការ​ណា
គេ​ដណ្ដើម​យក​ស្រែ​ចម្ការ​នោះ
បើ​គេ​ប៉ុន‌ប៉ង​ចង់​បាន​ផ្ទះ​ណា
គេ​រឹប​អូស​យក​ផ្ទះ​នោះ
គេ​ប្លន់​ម្ចាស់​ផ្ទះ និង​គ្រួសារ
ហើយ​ដណ្ដើម​យក​មត៌ក​របស់​គាត់​ទៀត​ផង។
 ហេតុ​នេះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
«យើង​កំពុង​តែ​រៀប​ផែន‌ការ​ដាក់​ទោស
មនុស្ស​ប្រភេទ​នេះ។
ខ្មាំង​នឹង​ជាន់​ក​អ្នក​រាល់​គ្នា
អ្នក​រាល់​គ្នា​នឹង​ដើរ​ឱន​មុខ
ដ្បិត​ពេល​នោះ​ជា​ពេល​វេទនា​យ៉ាង​ខ្លាំង។
 នៅ​ថ្ងៃ​នោះ មនុស្ស‌ម្នា​នឹង​យក​រឿង​របស់​អ្នក
ទៅ​សើច​លេង
ហើយ​ចង​ក្រង​បទ​សម្រាប់​ស្មូត្រ​រៀប‌រាប់​ថា:
“ពួក​យើង​បាត់‌បង់​អ្វីៗ​ទាំង​អស់!
ខ្មាំង​លេប​ទឹក​ដី​ដែល​ជា​មត៌ក​របស់​ពួក​យើង!
បច្ចា‌មិត្ត​ដេញ​ពួក​យើង​ចេញ​ពី​ស្រុក
រួច​យក​ទឹក​ដី​ចែក​គ្នា!”»។
 ហេតុ​នេះ ពេល​ប្រជាជន​របស់​ព្រះ‌អម្ចាស់
បែង​ចែក​ដី​គ្នា
គ្មាន​នរណា​ម្នាក់​វាស់​ដី​ចែក​ឲ្យ​អ្នក​ឡើយ។
អស់​អ្នក​ដែល​ជំទាស់​នឹង​ពាក្យ​របស់​ព្យាការី
 មាន​អ្នក​ខ្លះ​ពោល​ថា:
“កុំ​ចេះ​តែ​និយាយ​ព្រោក‌ប្រាជ្ញ​បែប​នេះ!
កុំ​ពោល​ថា ពួក​យើង​គេច​មិន​ផុត​ពី
ភាព​អាម៉ាស់​នោះ​ឡើយ!
 តើ​កូន​ចៅ​លោក​យ៉ាកុប​ត្រូវ​បណ្ដាសា​ឬ?
តើ​អ្នក​ស្មាន​ថា ព្រះ‌អម្ចាស់​គ្មាន​ខន្តី​ឬ?
ព្រះ‌អង្គ​មិន​ប្រព្រឹត្ត​របៀប​នេះ​ទេ!”។
ខ្ញុំ​និយាយ​តែ​ពាក្យ​ល្អ
ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់។
 «កន្លង​ទៅ​នេះ អ្នក​រាល់​គ្នា​តាំង​ខ្លួន​ជា​សត្រូវ
នឹង​ប្រជា‌រាស្ដ្រ​របស់​យើង
អ្នក​រាល់​គ្នា​យក​អាវ​ធំ​ចេញ​ពី​អស់​អ្នក​ដែល
ត្រឡប់​មក​ពី​សមរ‌ភូមិ​យ៉ាង​សុខ​ស្រួល។
 អ្នក​រាល់​គ្នា​ដេញ​ស្ត្រីៗ​របស់​ប្រជា‌រាស្ដ្រ​យើង
ចេញ​ពី​ផ្ទះ​ដែល​នាង​ស្រឡាញ់។
រីឯ​កិត្តិ‌យស​ដែល​យើង​បាន​ប្រគល់​ឲ្យ
កូនៗ​របស់​នាង ក៏​អ្នក​រាល់​គ្នា​ដក​ចេញ​ពី​ពួក​គេ
រហូត​ត​ទៅ​ដែរ។
១០ ចូរ​ក្រោក​ឡើង នាំ​គ្នា​ដើរ​ចេញ​ទៅ!
ដ្បិត​ស្រុក​នេះ​មិន‌មែន​ជា​កន្លែង​សម្រាក​ទៀត​ទេ!
អំពើ​សៅ‌ហ្មង​របស់​អ្នក​រាល់​គ្នា​បាន​បង្ក​ឲ្យ
កើត​មហន្ត‌រាយ​យ៉ាង​ខ្លោច‌ផ្សា។
១១ អ្នក​រាល់​គ្នា​និយម​តែ​ហោរា​ទស្សន៍‌ទាយ
ដែល​ប្រសប់​និយាយ​កុហក​បោក‌ប្រាស់​ថា
“បើ​អ្នក​យក​ស្រា​ទំពាំង‌បាយ‌ជូរ និង​ស្រា​ខ្លាំង
ឲ្យ​ខ្ញុំ​ផឹក ខ្ញុំ​នឹង​ទាយ​ឲ្យ​ស្ដាប់!”
អ្នក​ព្រោក‌ប្រាជ្ញ​បែប​នេះ​សម​គ្នា​នឹង
ប្រជា‌រាស្ដ្រ​នេះ​ណាស់!»។
ព្រះ‌អម្ចាស់​ប្រមូល​ផ្តុំ​ជន​ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់
១២ «កូន​ចៅ​យ៉ាកុប​អើយ
យើង​នឹង​ប្រមូល​ផ្តុំ​អ្នក​ទាំង​អស់​គ្នា។
ជន​ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់​អើយ
យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មក​នៅ​ជុំ​គ្នា​វិញ
ដូច​ចៀម​ស្ថិត​នៅ​ក្នុង​ក្រោល​តែ​មួយ
និង​ដូច​ហ្វូង​សត្វ​នៅ​ក្នុង​វាល​ស្មៅ​តែ​មួយ។
ពេល​នោះ នឹង​មាន​សំឡេង​អ៊ូអរ​ឡើង​វិញ
នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា»។
១៣ អ្នក​បើក​ផ្លូវ​នឹង​ដើរ​នៅ​មុខ​អ្នក​រាល់​គ្នា
គេ​ទម្លុះ​កំពែង​ក្រុង
ឲ្យ​អ្នក​រាល់​គ្នា​ចេញ​តាម​ប្រឡោះ​នោះ។
ស្តេច​របស់​អ្នក​រាល់​គ្នា​យាង​នៅ​មុខ​អ្នក​រាល់​គ្នា
ដោយ​មាន​ព្រះ‌អម្ចាស់​យាង​នៅ​មុខ​គេ​បង្អស់។
ពាក្យ​ព្រមាន​មេ​ដឹក​នាំ
 ពួក​មេ​ដឹក​នាំ​កូន​ចៅ​លោក​យ៉ាកុប
និង​ពួក​អ្នក​គ្រប់‌គ្រង​លើ
ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ សូម​ស្ដាប់​ពាក្យ​ខ្ញុំ!
អ្នក​រាល់​គ្នា​ត្រូវ​តែ​ស្គាល់​ច្បាប់។
 ប៉ុន្តែ អ្នក​រាល់​គ្នា​បែរ​ជា​ស្អប់​អំពើ​ល្អ
ហើយ​ចូល​ចិត្ត​អំពើ​អាក្រក់​ទៅ​វិញ។
អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច​ប្រជាជន
រហូត​ដល់​បក​ស្បែក​គេ
ហើយ​ពន្លះ​សាច់​គេ​រហូត​ដល់​ឆ្អឹង។
 អ្នក​រាល់​គ្នា​ស៊ី​សាច់​ប្រជាជន​របស់​ខ្ញុំ
អ្នក​រាល់​គ្នា​បក​ស្បែក​គេ បំបាក់​ឆ្អឹង​គេ
ហើយ​កាប់​គេ​ជា​ដុំៗ ដូច​សាច់​នៅ​ក្នុង​ថ្លាង។
 អ្នក​រាល់​គ្នា​ស្រែក​អង្វរ​ព្រះ‌អម្ចាស់
តែ​ព្រះ‌អង្គ​មិន​ឆ្លើយ​តប​មក​វិញ​ឡើយ
ពេល​នោះ ព្រះ‌អង្គ​គេច​ព្រះ‌ភ័ក្ត្រ​ពី​អ្នក​រាល់​គ្នា
ដ្បិត​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់។
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ព្យាការី​ក្លែង‌ក្លាយ
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្តី​អំពី​ពួក​ព្យាការី
ដែល​នាំ​ប្រជាជន​របស់​ខ្ញុំ​ឲ្យ​វង្វេង។
បើ​ប្រជាជន​ឲ្យ​ពួក​គេ​បរិភោគ​ឆ្អែត
ពួក​គេ​ទាយ​ថា មាន​សេចក្ដី​សុខ‌សាន្ត
តែ​បើ​ប្រជាជន​មិន​ឲ្យ​អ្វី​បរិភោគ​ទេ
ពួក​គេ​ទាយ​ថា មាន​កើត​សង្គ្រាម។
 ហេតុ​នេះ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ
និមិត្ត‌ហេតុ​អស្ចារ្យ​ទៀត​ហើយ
ផ្ទុយ​ទៅ​វិញ មាន​តែ​យប់​ងងឹត
អ្នក​រាល់​គ្នា​នឹង​លែង​ទស្សន៍‌ទាយ​ទៀត​ហើយ
ផ្ទុយ​ទៅ​វិញ មាន​តែ​ភាព​អន្ធការ
ភាព​ងងឹត​សូន្យ‌សុង​នឹង​គ្រប​ពី​លើ
ព្យាការី​ទាំង​នោះ ដូច​ព្រះ‌អាទិត្យ​លិច​បាត់។
 ពួក​គ្រូ​ទាយ​នឹង​ត្រូវ​បាក់​មុខ
ពួក​ហោរា​នឹង​ត្រូវ​អាម៉ាស់
ពួក​គេ​នឹង​យក​ដៃ​បាំង​មុខ
ដ្បិត​ព្រះ‌ជាម្ចាស់​មិន​អើពើ​នឹង​ពួក​គេ​ឡើយ។
 ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​ពោរ‌ពេញ​ដោយ​កម្លាំង
មក​ពី​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់
ព្រះ‌អង្គ​ប្រទាន​ឲ្យ​ខ្ញុំ​ស្គាល់​យុត្តិ‌ធម៌
និង​មាន​ចិត្ត​ក្លា‌ហាន
ដើម្បី​ប្រាប់​ពូជ‌ពង្ស​លោក​យ៉ាកុប
ឲ្យ​ស្គាល់​អំពើ​ទុច្ចរិត​របស់​ខ្លួន
ហើយ​ប្រាប់​ប្រជាជន​អ៊ីស្រា‌អែល
ឲ្យ​ស្គាល់​អំពើ​បាប​របស់​ខ្លួន។
 នាម៉ឺន​មន្ត្រី​នៃ​កូន​ចៅ​លោក​យ៉ាកុប
មេ​ដឹក​នាំ​នៃ​កូន​ចៅ​លោក​អ៊ីស្រា‌អែល​អើយ
សូម​នាំ​គ្នា​ស្ដាប់!
អស់​លោក​ស្អប់​យុត្តិ‌ធម៌ ហើយ​បង្ខូច​ច្បាប់។
១០ អស់​លោក​សង់​ក្រុង​ស៊ីយ៉ូន ដោយ​បង្ហូរ​ឈាម​គេ
ហើយ​សង់​ក្រុង​យេរូ‌សាឡឹម
ដោយ​ជិះ‌ជាន់​សង្កត់‌សង្កិន​គេ។
១១ ចៅ‌ក្រម​កាត់​ក្តី ដោយ​ចង់​បាន​សំណូក
បូជា‌ចារ្យ*​បង្រៀន​វិន័យ* ដោយ​ចង់​បាន​កម្រៃ
ព្យាការី​ទស្សន៍‌ទាយ ដោយ​ចង់​បាន​ប្រាក់។
ពួក​គេ​យក​ព្រះ‌នាម​ព្រះ‌អម្ចាស់​មក​ប្រើ
ទាំង​ពោល​ថា: “ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​យើង
មហន្ត‌រាយ​មិន​កើត​មាន​ដល់​ពួក​យើង​ទេ”។
១២ ហេតុ​នេះ ព្រោះ​តែ​អ្នក​រាល់​គ្នា
ខ្មាំង​នឹង​ភ្ជួរ​រាស់​ក្រុង​ស៊ីយ៉ូន ដូច​ភ្ជួរ​ស្រែ
ហើយ​ក្រុង​យេរូ‌សាឡឹម​នឹង​ក្លាយ​ទៅ​ជា
គំនរ​បាក់‌បែក
រីឯ​ភ្នំ​ដែល​មាន​ព្រះ‌វិហារ​នឹង​ក្លាយ​ទៅ​ជា​ព្រៃ។
ព្រះ‌អម្ចាស់​នឹង​ស្តារ​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ
 ថ្ងៃ​ក្រោយ ព្រះ‌អម្ចាស់​នឹង​លើក​ភ្នំ
ដែល​មាន​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ
ដាក់​នៅ​លើ​កំពូល​ភ្នំ​ទាំង‌ឡាយ
ដើម្បី​ឲ្យ​ភ្នំ​នោះ​បាន​ខ្ពស់​ជាង​គេ
ហើយ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​ឡើង​ទៅ
ជា​ហូរ‌ហែ។
 ប្រជា‌ជាតិ​ជា​ច្រើន​នឹង​ឡើង​ទៅ​ភ្នំ​នោះ
ទាំង​ពោល​ថា «ចូរ​នាំ​គ្នា​មក!
យើង​ឡើង​លើ​ភ្នំ​របស់​ព្រះ‌អម្ចាស់
យើង​ឡើង​ទៅ​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់
លោក​យ៉ាកុប។
ព្រះ‌អង្គ​នឹង​បង្រៀន​យើង​អំពី​មាគ៌ា​របស់​ព្រះ‌អង្គ
ហើយ​យើង​នឹង​ដើរ​តាម​មាគ៌ា​នេះ»
ដ្បិត​ការ​ប្រៀន‌ប្រដៅ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូន
ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
ក៏​ចេញ​មក​ពី​ក្រុង​យេរូ‌សាឡឹម​ដែរ។
 ព្រះ‌អង្គ​នឹង​ធ្វើ​ជា​ចៅ‌ក្រម​រវាង
ជាតិ​សាសន៍​ដ៏​ច្រើន
ព្រះ‌អង្គ​នឹង​សម្រុះ‌សម្រួល​ប្រជា‌ជាតិ​ដ៏​ខ្លាំង​ពូកែ
ដែល​នៅ​ឆ្ងាយៗ ឲ្យ​ឈប់​ទាស់‌ទែង​គ្នា។
ពេល​នោះ ពួក​គេ​នឹង​យក​ដាវ​របស់​ខ្លួន
មក​ដំ​ធ្វើ​ជា​ផាល​នង្គ័ល
ហើយ​យក​លំពែង​ដំ​ធ្វើ​ជា​កណ្ដៀវ​វិញ។
ប្រជា‌ជាតិ​មួយ​ឈប់​ច្បាំង​នឹង
ប្រជា‌ជាតិ​មួយ​ទៀត
ហើយ​គេ​ក៏​លែង​ហ្វឹក‌ហាត់​ធ្វើ​សង្គ្រាម​ដែរ។
 មនុស្ស‌ម្នា​នឹង​រស់​នៅ​យ៉ាង​សុខ‌សាន្ត
ក្រោម​ម្លប់​ដើម​ទំពាំង‌បាយ‌ជូរ និង​ដើម​ឧទុម្ពរ
របស់​គេ​រៀងៗ​ខ្លួន។
គ្មាន​នរណា​មក​រំខាន​ពួក​គេ​ឡើយ
ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ។
 ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នាំ​គ្នា​ដើរ​តាម
ព្រះ​របស់​គេ​រៀងៗ​ខ្លួន
រីឯ​ពួក​យើង​វិញ យើង​នាំ​គ្នា​ដើរ​តាម​ព្រះ‌អម្ចាស់
ជា​ព្រះ​របស់​យើង​ជា‌និច្ច រហូត​ត​រៀង​ទៅ។
 «នៅ​ថ្ងៃ​នោះ យើង​នឹង​យក​អាសា​អ្នក​របួស
ដែល​ដើរ​ពុំ​រួច
យើង​នឹង​ប្រមូល​ផ្តុំ​អ្នក​ខ្ចាត់‌ខ្ចាយ​ក្នុង​គ្រា​ដែល
យើង​បាន​ធ្វើ​ទោស»
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
 «យើង​នឹង​ឲ្យ​អ្នក​របួស​ដើរ​ពុំ​រួច
ក្លាយ​ទៅ​ជា​ប្រជាជន​ដែល​នៅ​សេស‌សល់
ហើយ​ធ្វើ​ឲ្យ​អ្នក​ដែល​ខ្ចាត់‌ព្រាត់
ក្លាយ​ទៅ​ជា​ប្រជា‌ជាតិ​ដ៏​ខ្លាំង​ពូកែ។
យើង​ជា​ព្រះ‌អម្ចាស់ នឹង​គ្រង​រាជ្យ​លើ​ពួក​គេ
នៅ​ភ្នំ​ស៊ីយ៉ូន តាំង​ពី​ពេល​នេះ​រហូត​ត​ទៅ។
 រីឯ​អ្នក​វិញ ក្រុង​ស៊ីយ៉ូន​អើយ
អ្នក​ប្រៀប​ដូច​ជា​ប៉ម​ចាំ​យាម
និង​ជា​បន្ទាយ​ដ៏​រឹង‌មាំ
អ្នក​នឹង​ទទួល​អំណាច​គ្រប់‌គ្រង​ដូច​ពី​ដើម
យេរូ‌សាឡឹម​នឹង​ធ្វើ​ជា​រាជ‌ធានី​សា​ជា​ថ្មី»។
ព្រះ‌អម្ចាស់​រំដោះ​ក្រុង​យេរូ‌សាឡឹម​ឲ្យ​រួច​ពី​ឈឺ​ចាប់
 ឥឡូវ​នេះ ហេតុ​អ្វី​បាន​ជា​អ្នក​ស្រែក​ថ្ងូរ
ហេតុ​អ្វី​បាន​ជា​អ្នក​ឈឺ​ចុក‌ចាប់
ដូច​ស្ត្រី​សម្រាល​កូន​ដូច្នេះ?
តើ​អ្នក​គ្មាន​ស្តេច​ទេ​ឬ?
តើ​ទី​ប្រឹក្សា​របស់​អ្នក​ទៅ​ណា​បាត់​អស់​ហើយ?
១០ ក្រុង​ស៊ីយ៉ូន​អើយ
ចូរ​ឈឺ​ចាប់ និង​ស្រែក​ថ្ងូរ
ដូច​ស្ត្រី​សម្រាល​កូន​ទៅ!
ដ្បិត​ឥឡូវ​នេះ អ្នក​ត្រូវ​ចាក‌ចេញ​ពី​ទី‌ក្រុង
ទៅ​រស់​នៅ​តាម​ស្រែ​ចម្ការ
អ្នក​នឹង​ទៅ​រហូត​ដល់​ស្រុក​បាប៊ីឡូន។
នៅ​ទី​នេះ ព្រះ‌អម្ចាស់​នឹង​រំដោះ​អ្នក
ព្រះ‌អង្គ​នឹង​លោះ​អ្នក​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង។
១១ ឥឡូវ​នេះ ប្រជា‌ជាតិ​ជា​ច្រើន
លើក​គ្នា​មក​វាយ​ប្រហារ​អ្នក ទាំង​បន់​ថា:
“សូម​ឲ្យ​ក្រុង​ស៊ីយ៉ូន​បាត់‌បង់​កិត្តិ‌យស
ដើម្បី​ឲ្យ​យើង​ឃើញ​ក្រុង​នេះ​អន្តរាយ!”។
១២ ប៉ុន្តែ​ពួក​គេ​ពុំ​ស្គាល់​ព្រះ‌ហឫ‌ទ័យ
របស់​ព្រះ‌អម្ចាស់​ទេ
ហើយ​ក៏​ពុំ​យល់​គម្រោង‌ការ​របស់​ព្រះ‌អង្គ​ដែរ
ព្រះ‌អង្គ​ប្រមូល​ពួក​គេ​ដូច​ប្រមូល​កណ្ដាប់​ស្រូវ
នៅ​ក្នុង​លាន​បោក‌បែន។
១៣ «ប្រជាជន​ក្រុង​ស៊ីយ៉ូន​អើយ
ចូរ​ក្រោក​ឡើង ជាន់​កម្ទេច​ពួក​គេ​ទៅ!
យើង​នឹង​ឲ្យ​អ្នក​មាន​កម្លាំង​ខ្លាំង‌ក្លា
ដូច​គោ​ដែល​មាន​ស្នែង​ធ្វើ​ពី​ដែក
ក្រចក​ជើង​ធ្វើ​ពី​លង្ហិន
អ្នក​នឹង​ជាន់​កម្ទេច​ជាតិ​សាសន៍​ដ៏​ច្រើន
ដូច​គេ​បញ្ជាន់​ស្រូវ
ហើយ​ញែក​ជ័យ‌ភ័ណ្ឌ​របស់​ពួក​គេ
ទុក​សម្រាប់​យើង ដែល​ជា​ព្រះ‌អម្ចាស់
និង​ញែក​ទ្រព្យ‌សម្បត្តិ​របស់​គេ​ទុក​សម្រាប់​យើង
ដែល​ជា​ព្រះ‌អម្ចាស់​នៃ​ផែន‌ដី​ទាំង​មូល»។
១៤ ឥឡូវ​នេះ អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ
ចូរ​អារ​សាច់​របស់​ខ្លួន​ទៅ!
ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ​ពួក​យើង​ហើយ
គេ​យក​ដំបង​វាយ​ថ្ពាល់​មេ​គ្រប់‌គ្រង​របស់
ជន​ជាតិ​អ៊ីស្រា‌អែល។
ព្រះ‌សង្គ្រោះ​ប្រសូត​នៅ​ភូមិ​បេថ្លេ‌ហិម
 «បេថ្លេ‌ហិម​អេប្រាតា​អើយ!
ក្នុង​ចំណោម​អំបូរ​ទាំង​ប៉ុន្មាន
នៅ​ស្រុក​យូដា អ្នក​តូច​ជាង​គេ​មែន
តែ​មេ​ដឹក​នាំ​ដែល​ត្រូវ​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល
ក្នុង​នាម​យើង នឹង​កើត​ចេញ​មក​ពី​អ្នក​។
លោក​នោះ​មាន​ដើម​កំណើត
តាំង​ពី​បុរាណ‌កាល​ដ៏​យូរ‌លង់»។
 ព្រះ‌ជាម្ចាស់​នឹង​បោះ‌បង់​ចោល
ប្រជាជន​អ៊ីស្រា‌អែល​មួយ‌រយៈ​សិន
រហូត​ដល់​ពេល​ដែល​ស្ត្រី​ជា​មាតា​សម្រាល​បុត្រ។
ពេល​នោះ បង‌ប្អូន​របស់​បុត្រ
ដែល​នៅ​សេស‌សល់ នឹង​វិល​មក​ជួប‌ជុំ​គ្នា
ជា​មួយ​កូន​ចៅ​អ៊ីស្រា‌អែល​វិញ។
 ស្តេច​នោះ​នឹង​ក្រោក​ឡើង
ហើយ​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល
ដោយ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អម្ចាស់
និង​ភាព​ថ្កុំ‌ថ្កើង​នៃ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់
ជា​ព្រះ​របស់​លោក។
អ៊ីស្រា‌អែល​នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត
ដ្បិត​ចាប់​ពី​ពេល​នេះ​ទៅ
ស្តេច​នោះ​មាន​អំណាច​ឧត្តុង្គ‌ឧត្ដម
រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី។
 ស្តេច​នោះ​ហើយ​ដែល​ផ្តល់​សេចក្ដី​សុខ‌សាន្ត!
ប្រសិន​បើ​ជន​ជាតិ​អាស្ស៊ីរី​លើក​ទ័ព​មក
វាយ​លុក​ស្រុក​យើង
ហើយ​វាយ​ចូល​ដល់​កំពែង​ក្រុង​របស់​យើង
ពួក​យើង​នឹង​ចាត់​មេ​ដឹក​នាំ​ប្រាំ​ពីរ ប្រាំ​បី​នាក់
ឲ្យ​ទៅ​តយុទ្ធ​នឹង​ពួក​គេ។
 មេ​ដឹក​នាំ​ទាំង​នោះ​នឹង​ប្រើ​អាវុធ​ត្រួត‌ត្រា​លើ
ស្រុក​អាស្ស៊ីរី និង​ស្រុក​របស់​នីមរ៉ូដ។
ពេល​ជន​ជាតិ​អាស្ស៊ីរី​ចូល​មក​ដល់​ស្រុក​យើង
ដើម្បី​ឈ្លាន‌ពាន​ទឹក​ដី​របស់​យើង
ស្តេច​នោះ​នឹង​ដោះ​លែង​យើង​ឲ្យ​រួច​ពី
កណ្ដាប់​ដៃ​របស់​ពួក​គេ។
 កូន​ចៅ​របស់​លោក​យ៉ាកុប​ដែល​នៅ​សេស‌សល់
នឹង​រស់​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ជា​ច្រើន
ដូច​ជា​ទឹក​សន្សើម​មក​ពី​ព្រះ‌អម្ចាស់
និង​ដូច​ទឹក​ភ្លៀង​ស្រោច​ស្រព​លើ​ស្មៅ
ដោយ​ឥត​ត្រូវ​ការ​មនុស្ស​ជួយ​ឡើយ។
 កូន​ចៅ​របស់​លោក​យ៉ាកុប​ដែល​នៅ​សេស‌សល់
នឹង​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ
ហើយ​ស្ថិត​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ជា​ច្រើន
ដូច​សិង្ហ​ស្ថិត​នៅ​ក្នុង​ចំណោម​សត្វ​ព្រៃ
និង​ដូច​សិង្ហ​ស្ទាវ​ស្ថិត​នៅ​ក្នុង​ចំណោម​ហ្វូង​ចៀម។
ពេល​សិង្ហ​ដើរ​កាត់ វា​ជាន់​កម្ទេច និង​ហែក​ស៊ី
ដោយ​ឥត​មាន​នរណា​ម្នាក់​អាច​រំដោះ
ឲ្យ​រួច​បាន​ឡើយ។
 ចូរ​វាយ​ប្រហារ​បច្ចា‌មិត្ត​របស់​អ្នក
ចូរ​កម្ទេច​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ទៅ!
 នៅ​ថ្ងៃ​នោះ យើង​នឹង​ដក​ហូត​សេះ​របស់​អ្នក
យើង​នឹង​កម្ទេច​រទេះ​ចម្បាំង​របស់​អ្នក
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
១០ «យើង​នឹង​ដក​ក្រុង​ទាំង‌ឡាយ​ពី​ស្រុក​របស់​អ្នក
យើង​នឹង​ផ្តួល​រំលំ​កំពែង​ដ៏​រឹង‌មាំ
ទាំង​ប៉ុន្មាន​របស់​អ្នក។
១១ យើង​នឹង​ដក​មន្ត‌អាគម​គាថា​ចេញ​ពី​ដៃ​របស់​អ្នក
ហើយ​អ្នក​នឹង​លែង​មាន​គ្រូ​ធ្មប់​ទៀត​ដែរ។
១២ យើង​នឹង​ដក​ព្រះ​ក្លែង‌ក្លាយ
និង​រូប​បដិមា​ចេញ​ពី​ចំណោម​អ្នក
ហើយ​អ្នក​នឹង​លែង​ថ្វាយ‌បង្គំ​រូប
ដែល​ជា​ស្នា‌ដៃ​របស់​អ្នក​ទៀត​ហើយ។
១៣ យើង​នឹង​រំលំ​បង្គោល​ព្រះ‌អាសេរ៉ា​ចេញ​ពី​អ្នក
យើង​នឹង​កម្ទេច​ក្រុង​របស់​អ្នក។
១៤ យើង​នឹង​ដាក់​ទោស​ប្រជា‌ជាតិ​នានា
តាម​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង
ព្រោះ​ពួក​គេ​ពុំ​បាន​ស្ដាប់​យើង​ទេ»។
ព្រះ‌អម្ចាស់​ចោទ​ប្រកាន់​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
 ចូរ​នាំ​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់
ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល!
ចូរ​ក្រោក​ឡើង! នាំ​ពាក្យ​បណ្តឹង​ទៅ​ប្រាប់
ឲ្យ​ភ្នំ​ធំៗ និង​ភ្នំ​តូចៗ ដឹង​ឮ​ផង!
 ភ្នំ​ធំ​ទាំង‌ឡាយ​អើយ
ចូរ​ស្ដាប់​ពាក្យ​បណ្តឹង​របស់​ព្រះ‌អម្ចាស់!
គ្រឹះ​នៃ​ផែន‌ដី​ដែល​មិន​ចេះ​រង្គើ​អើយ!
ចូរ​ស្ដាប់​ពាក្យ​បណ្តឹង​ដែល​ព្រះ‌អម្ចាស់
ចោទ​ប្រកាន់​អ៊ីស្រា‌អែល
ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ៖
 «ប្រជា‌រាស្ដ្រ​យើង​អើយ!
តើ​យើង​បាន​ធ្វើ​អ្វី​ខ្លះ​ដល់​អ្នក?
តើ​យើង​បាន​ធ្វើ​អ្វី​ឲ្យ​អ្នក​ធុញ‌ទ្រាន់?
ចូរ​ឆ្លើយ​មក​យើង​មើល៍!
 តើ​មក​ពី​យើង​បាន​នាំ​អ្នក​ចេញ​ពី
ស្រុក​អេស៊ីប​ឬ?
តើ​មក​ពី​យើង​បាន​លោះ​អ្នក
ឲ្យ​រួច​ពី​ទាស‌ភាព​ឬ?
តើ​មក​ពី​យើង​ចាត់​ម៉ូសេ អរ៉ុន និង​មៀរីយ៉ាម
ឲ្យ​នាំ​មុខ​អ្នក​ឬ?​
 ប្រជា‌រាស្ដ្រ​យើង​អើយ
ចូរ​នឹក​ចាំ​អំពី​គម្រោង‌ការ​ដែល​បាឡាក់
ជា​ស្តេច​ស្រុក​ម៉ូអាប់ បម្រុង​ធ្វើ​ចំពោះ​អ្នក!
ចូរ​នឹក​ចាំ​ពី​ស្តេច​ដែល​បាឡាម
ជា​កូន​របស់​បេអ៊រ ឆ្លើយ​ទៅ​ស្តេច​នោះ​វិញ!
បន្ទាប់​មក យើង​បាន​នាំ​អ្នក​ពី​គីទីម
រហូត​ដល់​គីល‌កាល់​។
អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់
យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដោយ​សុចរិត»។
តង្វាយ​ដែល​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫ‌ទ័យ
 ពេល​ខ្ញុំ​ចូល​ទៅ​គាល់​ព្រះ‌អម្ចាស់
តើ​ខ្ញុំ​ត្រូវ​យក​អ្វី​ទៅ​ជា​មួយ?
ពេល​ខ្ញុំ​ទៅ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
តើ​ខ្ញុំ​ត្រូវ​យក​កូន​គោ​អាយុ​មួយ​ខួប
មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ឬ?
 តើ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​ទទួល
ចៀម​ឈ្មោល​រាប់​ពាន់​ក្បាល
ឬ​ប្រេង​យ៉ាង​ច្រើន​អនេក‌អនន្ត​ឬ?
តើ​ខ្ញុំ​ត្រូវ​បូជា​កូន​ច្បង​របស់​ខ្ញុំ
ដើម្បី​សុំ​ព្រះ‌អង្គ​លើក‌លែង​ទោស
ឬ​បូជា​កូន​ចៅ​របស់​ខ្ញុំ​ថ្វាយ​ព្រះ‌អង្គ
ដើម្បី​សុំ​រំដោះ​បាប​ឬ?
 ឱ​មនុស្ស​អើយ គេ​បាន​ប្រៀន‌ប្រដៅ​អ្នក
ឲ្យ​ស្គាល់​ការ​ណា​ដែល​ល្អ
និង​ការ​ណា​ដែល​ព្រះ‌អម្ចាស់
សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​អ្នក​ធ្វើ
គឺ​អ្នក​ត្រូវ​ប្រតិ‌បត្តិ​តាម​យុត្តិ‌ធម៌
ស្រឡាញ់​ភាព​ស្មោះ‌ត្រង់
ហើយ​យក​ចិត្ត​ទុក​ដាក់​ដើរ​តាម​មាគ៌ា
នៃ​ព្រះ​របស់​អ្នក។
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ការ​កេង‌ប្រវ័ញ្ច និង​អំពើ​ឃោរ‌ឃៅ
 ព្រះ‌អម្ចាស់​បន្លឺ​ព្រះ‌សូរ‌សៀង​ទៅ​កាន់​អ្នក​ក្រុង
ព្រះ‌អង្គ​នឹង​សង្គ្រោះ​អស់​អ្នក​ដែល​កោត​ខ្លាច
ព្រះ‌នាម​របស់​ព្រះ‌អង្គ​។
ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖
«អស់​អ្នក​ដែល​ជួប‌ជុំ​គ្នា​នៅ​ក្នុង​ទី‌ក្រុង​អើយ
ចូរ​នាំ​គ្នា​ស្ដាប់!
១០ បើ​ក្នុង​ផ្ទះ​របស់​មនុស្ស​អាក្រក់
នៅ​តែ​មាន​ទ្រព្យ​ដែល​រក​បាន​ដោយ​ទុច្ចរិត
និង​មាន​ថាំង​រង្វាល់​តូច​ជ្រុល
ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដូច្នេះ
តើ​ឲ្យ​យើង​ទ្រាំ​បាន​ឬ?
១១ តើ​អ្នក​ស្មាន​ថា​យើង​អត់‌ឱន​ឲ្យ
អ្នក​ប្រើ​ជញ្ជីង​មិន​ត្រឹម‌ត្រូវ
និង​អ្នក​បំបាត់​ភ្នែក​ជញ្ជីង​ឬ?
១២ អ្នក​មាន​នៅ​ក្រុង​នេះ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ
អ្នក​ក្រុង​នេះ​គិត​តែ​និយាយ​កុហក
និង​បោក​បញ្ឆោត​គ្នា។
១៣ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រហារ​ទី‌ក្រុង
រហូត​ដល់​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចុក‌ចាប់។
ព្រោះ​តែ​អំពើ​បាប​របស់​អ្នក
យើង​នឹង​បំផ្លាញ​ក្រុង​នេះ​ឲ្យ​វិនាស។
១៤ អ្នក​បរិភោគ​តែ​ពុំ​ចេះ​ឆ្អែត​ទេ
អ្នក​នឹង​ជួប​ទុរ្ភិក្ស
អ្នក​ប្រមូល​ស្បៀង​អាហារ​ទុក
តែ​ទុក​មិន​ចេះ​គង់។
អ្វីៗ​ដែល​អ្នក​ប្រមូល​ទុក
យើង​នឹង​ធ្វើ​ឲ្យ​វិនាស​ដោយ​សារ​សង្គ្រាម។
១៥ សាប‌ព្រោះ តែ​ពុំ​អាច​ច្រូត​យក​ផល​បាន​ទេ
អ្នក​កិន​ផ្លែ​អូលីវ តែ​មិន​បាន​ប្រើ​ប្រេង​នេះ
អ្នក​ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ
តែ​មិន​បាន​ផឹក​ស្រា​នេះ​ទេ។
១៦ អ្នក​យក​តម្រាប់​តាម​ស្តេច​អ៊ុមរី​
និង​ប្រព្រឹត្ត​តាម​អំពើ​ទាំង​ប៉ុន្មាន
ដែល​រាជ‌វង្ស​ស្តេច​អខាប់​ធ្លាប់​ប្រព្រឹត្ត
អ្នក​រស់​នៅ​តាម​ទម្លាប់​របស់​ពួក​គេ។
ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ឲ្យ​អ្នក​ត្រូវ​តក់‌ស្លុត
ហើយ​អ្នក​ក្រុង​ត្រូវ​គេ​ប្រមាថ​មាក់‌ងាយ។
អ្នក​រាល់​គ្នា​នឹង​រង​នូវ​ភាព​អាម៉ាស់់​នៃ​ប្រជាជន
របស់​យើង»។
 ខ្ញុំ​មុខ​ជា​ត្រូវ​វេទនា​ហើយ!
ដ្បិត​ខ្ញុំ​ប្រៀប​ដូច​ជា​អ្នក​ដែល​ទៅ​រក
បេះ​ផ្លែ​ឈើ ក្រោយ​រដូវ​ផ្លែ​ឈើ​ទុំ
ហើយ​ទៅ​រក​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ
ក្រោយ​រដូវ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ទុំ
គឺ​គ្មាន​ផ្លែ​ទំពាំង‌បាយ‌ជូរ​សោះ
ហើយ​សូម្បី​តែ​ឧទុម្ពរ*​មួយ​ផ្លែ​ដែល​ខ្ញុំ​ចូល​ចិត្ត
ក៏​គ្មាន​ដែរ។
 នៅ​ក្នុង​ស្រុក គ្មាន​សល់​មនុស្ស​ណា​ម្នាក់
ដែល​ស្មោះ‌ត្រង់​នឹង​ព្រះ‌ជាម្ចាស់
ហើយ​ក៏​គ្មាន​សល់​មនុស្ស​សុចរិត​ដែរ
គឺ​ពួក​គេ​ទាំង​អស់​គ្នា​គិត​តែ​ពី​ពួន​ស្ទាក់
ចាំ​ប្រហារ​ជីវិត​គ្នា
ម្នាក់ៗ​គិត​តែ​ពី​រក​ឧបាយ‌កល​ធ្វើ​បាប
បង‌ប្អូន​របស់​ខ្លួន។
 ពួក​គេ​ពូកែ​ប្រព្រឹត្ត​អំពើ​អាក្រក់​ណាស់
ទាំង​មេ​ដឹក​នាំ ទាំង​ចៅ‌ក្រម នាំ​គ្នា​ស៊ី​សំណូក។
អ្នក​ធំ​មាន​ចិត្ត​លោភ‌លន់ ហើយ​ឃុប‌ឃិត​គ្នា
ប្រព្រឹត្ត​តាម​បំណង​របស់​ខ្លួន។
 ក្នុង​ចំណោម​ពួក​គេ
អ្នក​ដែល​ល្អ​ជាង​គេ​ប្រៀប​បាន​នឹង​ខ្ញែ
អ្នក​សុចរិត​ជាង​គេ​ប្រៀប​បាន​នឹង​គុម្ព​បន្លា។
ប៉ុន្តែ ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​ដាក់​ទោស​ពួក​គេ
មក​ដល់​ហើយ
គឺ​ថ្ងៃ​ដែល​ពួក​ព្យាការី ជា​អ្នក​យាម‌ល្បាត
បាន​ប្រកាស​ទុក។
ឥឡូវ​នេះ ពួក​គេ​ត្រូវ​អាម៉ាស់​មុខ​ហើយ។
 កុំ​ជឿ​មិត្ត​សម្លាញ់ កុំ​ទុក​ចិត្ត​ញាតិ‌សន្ដាន
សូម្បី​នៅ​មុខ​ប្រពន្ធ​របស់​អ្នក
ក៏​មិន​ត្រូវ​ហា​មាត់​និយាយ​អ្វី​ឡើយ។
 កូន​ប្រុស​ជេរ‌ប្រទេច​ឪពុក
កូន​ស្រី​ប្រឆាំង​ទាស់​នឹង​ម្ដាយ
កូន​ប្រសា​ស្រី​ទាស់​នឹង​ម្ដាយ​ក្មេក
ហើយ​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នា
នឹង​ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា​។
សេចក្ដី​សង្ឃឹម​របស់​ប្រជាជន
 រីឯ​ខ្ញុំ​វិញ ខ្ញុំ​សម្លឹង​មើល​ទៅ​ព្រះ‌អម្ចាស់
ខ្ញុំ​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់
ជា​ព្រះ‌សង្គ្រោះ​របស់​ខ្ញុំ
ព្រះ​របស់​ខ្ញុំ​មុខ​ជា​សណ្ដាប់​ពាក្យ​ខ្ញុំ​ពុំ‌ខាន។
 ខ្មាំង​សត្រូវ​របស់​ខ្ញុំ​អើយ!
កុំ​អាល​អរ​សប្បាយ ដោយ​ឃើញ​ខ្ញុំ​ដួល​ដូច្នេះ!
ខ្ញុំ​ពិត​ជា​ដួល​មែន
តែ​ខ្ញុំ​នឹង​ងើប​ឡើង​វិញ​ពុំ‌ខាន។
ទោះ​បី​ខ្ញុំ​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត​ក្តី
ក៏​ព្រះ‌អម្ចាស់​ជា​ពន្លឺ​របស់​ខ្ញុំ​ដែរ។
 ខ្ញុំ​សុខ​ចិត្ត​ស៊ូ‌ទ្រាំ​នឹង​ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់
ដ្បិត​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់
ទាស់​នឹង​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ។
គង់​តែ​មាន​ថ្ងៃ​ណា​មួយ
ព្រះ‌អង្គ​នឹង​ការ‌ពារ​ក្តី​របស់​ខ្ញុំ
ហើយ​រក​យុត្តិ‌ធម៌​ឲ្យ​ខ្ញុំ​មិន​ខាន។
ព្រះ‌អង្គ​នឹង​នាំ​ខ្ញុំ​ចេញ​ទៅ​រក​ពន្លឺ
ខ្ញុំ​នឹង​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។
១០ សត្រូវ​របស់​ខ្ញុំ​នឹង​ឃើញ ហើយ​អាម៉ាស់​មុខ
គេ​ធ្លាប់​ពោល​មក​ខ្ញុំ​ថា “តើ​ព្រះ‌អម្ចាស់
ជា​ព្រះ​របស់​អ្នក ទៅ​ណា​បាត់​ហើយ?”
ខ្ញុំ​នឹង​ឃើញ​សត្រូវ​រង​ទុក្ខ​ម្ដង
គឺ​អ្នក​ទាំង​នោះ​នឹង​ត្រូវ​គេ​ជាន់​ឈ្លី
ដូច​ភក់​ជ្រាំ​ដែល​គេ​ដើរ​ជាន់​នៅ​តាម​ផ្លូវ។
១១ នៅ​ថ្ងៃ​ដែល​គេ​សង់​កំពែង​ក្រុង
របស់​អ្នក​ឡើង​វិញ
ទឹក​ដី​របស់​អ្នក​នឹង​លាត​សន្ធឹង​កាន់​តែ​ឆ្ងាយ។
១២ នៅ​ថ្ងៃ​នោះ ប្រជាជន​របស់​អ្នក
នឹង​វិល​មក​រក​អ្នក​វិញ
ពី​ស្រុក​អាស្ស៊ីរី និង​ស្រុក​អេស៊ីប
ចាប់​ពី​ទន្លេ​នីល​រហូត​ដល់​ទន្លេ​អឺប្រាត
ចាប់​ពី​សមុទ្រ​ម្ខាង​ទៅ​ដល់​សមុទ្រ​ម្ខាង
ចាប់​ពី​ភ្នំ​មួយ​ទៅ​ភ្នំ​មួយ​ទៀត។
១៣ ផែន‌ដី​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន
ព្រោះ​តែ​អំពើ​អាក្រក់​របស់​អស់​អ្នក​ដែល​រស់
នៅ​លើ​ផែន‌ដី។
១៤ ព្រះ‌អម្ចាស់​អើយ សូម​ថែ‌រក្សា
ប្រជា‌រាស្ដ្រ​ផ្ទាល់​របស់​ព្រះ‌អង្គ
ដូច​គង្វាល​ធ្លាប់​ថែ‌រក្សា​ហ្វូង​សត្វ​របស់​ខ្លួន។
យើង​ខ្ញុំ​ដែល​ជា​ហ្វូង​ចៀម​របស់​ព្រះ‌អង្គ
រស់​នៅ​លើ​ទឹក​ដី​គ្មាន​ជី‌ជាតិ
ដែល​មាន​ចម្ការ​ព័ទ្ធ​ជុំ‌វិញ។
សូម​នាំ​យើង​ខ្ញុំ​ទៅ​រស់​នៅ​កន្លែង
ដែល​មាន​ជី‌ជាតិ​ល្អ​នៅ​ស្រុក​បាសាន
និង​ស្រុក​កាឡាដ ដូច​ដើម​វិញ។
១៥ សូម​សម្ដែង​ព្រះ‌បារមី​ដ៏​រុង‌រឿង​អស្ចារ្យ ដូច
កាល​ព្រះ‌អង្គ​នាំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីប។
១៦ ប្រជា‌ជាតិ​នានា​នឹង​ឃើញ ហើយ​ត្រូវ​អាម៉ាស់
ទោះ​បី​គេ​មាន​ឫទ្ធិ​ខ្លាំង​ពូកែ​យ៉ាង​ណា​ក្តី។
ពួក​គេ​ងឿង‌ឆ្ងល់​ពេក រក​និយាយ​មិន​រួច
ហើយ​ស្ដាប់​អ្វី​ក៏​លែង​ឮ​ដែរ។
១៧ ពួក​គេ​នឹង​ស៊ី​ធូលី​ដី​ដូច​ពស់
និង​ដូច​សត្វ​លូន​វារ​ឯ​ទៀតៗ។
ពួក​គេ​ចេញ​ពី​កន្លែង​ពួន​មក​រក​ព្រះ‌អម្ចាស់
ជា​ព្រះ​នៃ​យើង ដោយ​ភ័យ​ញ័រ
ពួក​គេ​នឹង​ភ័យ​តក់‌ស្លុត ហើយ​ខ្លាច​ព្រះ‌អង្គ។
១៨ បពិត្រ​ព្រះ‌អម្ចាស់! តើ​មាន​ព្រះ​ណា
ដែល​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ដូច​ព្រះ‌អង្គ?
ព្រះ‌អង្គ​លើក‌លែង​ទោស​ឲ្យ​យើង​ខ្ញុំ
ព្រះ‌អង្គ​មិន​ពិរោធ​រហូត​ឡើយ។
ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ស្រឡាញ់
ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ដែល​នៅ​សេស‌សល់
ហើយ​ព្រះ‌អង្គ​ប្រណី‌សន្ដោស​ដល់​ពួក​គេ។
១៩ ព្រះ‌អង្គ​មុខ​ជា​អាណិត‌អាសូរ​យើង​ខ្ញុំ​សា​ជា​ថ្មី
ព្រះ‌អង្គ​មិន​ប្រកាន់​ទោស​របស់​យើង​ខ្ញុំ​ទេ
ព្រះ‌អង្គ​នឹង​យក​អំពើ​បាប​ទាំង​ប៉ុន្មាន
របស់​យើង​ខ្ញុំ ទៅ​បោះ​ចោល​នៅ​បាត​សមុទ្រ។
២០ ព្រះ‌អង្គ​នឹង​សម្ដែង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ស្ម័គ្រ
ដល់​កូន​ចៅ​របស់​លោក​យ៉ាកុប
ហើយ​សម្ដែង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា
ដល់​កូន​ចៅ​របស់​លោក​អប្រាហាំ
ដូច​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស
របស់​យើង​ខ្ញុំ​កាល​ពី​ជំនាន់​ដើម។
376 Views

Theme: Overlay by Kaira