សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
កណ្ឌគម្ពីរ
ព្យាការីអម៉ូស
ពាក្យលំនាំ
អម៉ូស
ពាក្យលំនាំ
ប្រហែលជានៅឆ្នាំ៧៦០ មុនគ.ស. ព្យាការីអម៉ូសចាកចេញពីភូមិរបស់លោក ដែលស្ថិតនៅក្នុងទឹកដីយូដា (រាជាណាចក្រខាងត្បូង) ធ្វើដំណើរទៅដល់កន្លែងសក្ការៈនៅបេតអែល ក្នុងទឹកដីអ៊ីស្រាអែល (រាជាណាចក្រខាងជើង) ហើយប្រកាសព្រះបន្ទូលស្តីប្រដៅប្រជាជននៅរាជាណាចក្រខាងជើង។
គ្រានោះ គឺនៅរជ្ជកាលព្រះបាទយេរ៉ូបោមទី២ (៧៨៧-៧៤៧ មុនគ.ស.) រាជាណាចក្រអ៊ីស្រាអែលបានស្ងប់សង្គ្រាមជាមួយស្រុកស៊ីរី ហើយស្រុកទេសកំពុងតែចម្រុងចម្រើនឡើងវិញ រីឯស្ថានភាពសាសនាក៏នៅល្អដែរ ស្រាប់តែព្យាការីអម៉ូសមកដល់ ប្រកាសថា រាជាណាចក្រនេះនឹងត្រូវរលាយនៅពេលខាងមុខ។
មនុស្សម្នាក់ៗ និងជាតិសាសន៍នីមួយៗត្រូវតែរស់នៅ ដោយមានសិទ្ធិសេរីភាពដូចគ្នា ហេតុនេះហើយបានជាព្រះជាម្ចាស់តាក់តែងឲ្យមានច្បាប់ មានវិន័យ។ ប៉ុន្តែ ច្បាប់នេះត្រូវអ្នកដែលមានកម្លាំង មានអំណាចជាន់ឈ្លី ដោយរំលោភលើសិទ្ធិរបស់អ្នកដែលទន់ខ្សោយជាងខ្លួន។ ព្រះជាម្ចាស់តែងតែគាំទ្រអ្នកទន់ខ្សោយជានិច្ច។ ព្យាការីអម៉ូសបាននាំយកព្រះបន្ទូលមករំឭកដាស់តឿន និងបន្ទោសអ្នកស្រុកអ៊ីស្រាអែល (ជាពិសេស និមិត្តហេតុដែលលោកបានឃើញនៅចំពូក៧ដល់៩)។ ប៉ុន្តែ ពួកគេមិនស្ដាប់លោកឡើយ គឺបែរជានាំគ្នាដេញលោកចេញពីស្រុកអ៊ីស្រាអែលយ៉ាងឆាប់ៗ (៧.១០-១៧)។
យើងអាចចែកកណ្ឌគម្ពីរនេះជាបីផ្នែកដូចតទៅ:
• ចំពូក ១‑២: ព្រះជាម្ចាស់ស្តីបន្ទោសស្រុកអ៊ីស្រាអែល និងនគរជិតខាង។
• ចំពូក ៣‑៦: ប្រជារាស្ដ្រអ៊ីស្រាអែលប្រព្រឹត្តខុសចំពោះព្រះជាម្ចាស់។
• ចំពូក ៧‑៩: និមិត្តហេតុអស្ចារ្យប្រាំជានិមិត្តរូបនៃអន្តរាគមន៍របស់ព្រះជាម្ចាស់ នៅពេលខាងមុខ។
១
១ នេះជាពាក្យរបស់លោកអម៉ូស ជាអ្នកចិញ្ចឹមសត្វនៅភូមិតេកូអា រៀបរាប់អំពីនិមិត្តហេតុអស្ចារ្យដែលលោកបានឃើញ ស្តីអំពីស្រុកអ៊ីស្រាអែល ពីរឆ្នាំមុនរញ្ជួយផែនដី គឺនៅរជ្ជកាលព្រះបាទអូស្យាស ស្តេចស្រុកយូដា ត្រូវនឹងរជ្ជកាលព្រះបាទយេរ៉ូបោម បុត្ររបស់ព្រះបាទយ៉ូអាស ស្តេចស្រុកអ៊ីស្រាអែល។
២ លោកមានប្រសាសន៍ថា:
ព្រះអម្ចាស់ស្រែកគំរាមពីភ្នំស៊ីយ៉ូន
ព្រះអង្គបន្លឺព្រះសូរសៀងពីក្រុងយេរូសាឡឹម
វាលស្មៅរបស់ពួកគង្វាលក៏ក្រៀមស្ងួត
ហើយកំពូលភ្នំកាម៉ែលក៏ហួតហែងអស់ដែរ។
ព្រះបន្ទូលប្រឆាំងនឹងស្រុកស៊ីរី
៣ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ដោយអ្នកក្រុងដាម៉ាស់បានប្រព្រឹត្តអំពើបាប
ផ្ទួនៗគ្នាជាច្រើនដង
យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ
ព្រោះពួកគេបានកិនកម្ទេចអ្នកស្រុកកាឡាដ
នឹងរនាស់ដែក។
៤ ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះវាំង
របស់ស្តេចហាសាអែល
ព្រមទាំងឆេះកម្ទេចប្រាសាទរបស់
ស្តេចបេនហាដាដទៀតផង។
៥ យើងនឹងបំបាក់រនុកទ្វារក្រុងដាម៉ាស់
យើងនឹងលុបបំបាត់ប្រជាជនឲ្យអស់ពី
ជ្រលងភ្នំ«ទុច្ចរិត»
ព្រមទាំងទម្លាក់អ្នកកាន់កាប់អំណាច
ឲ្យបាត់អស់ពីក្រុង«សប្បាយ»
ហើយអ្នកស្រុកស៊ីរីនឹងត្រូវគេកៀរយកទៅជាឈ្លើយនៅស្រុកគៀរ»។
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ព្រះបន្ទូលប្រឆាំងនឹងស្រុកភីលីស្ទីន
៦ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ដោយអ្នកក្រុងកាសាបានប្រព្រឹត្តអំពើបាប
ផ្ទួនៗគ្នាជាច្រើនដង
យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ
ព្រោះពួកគេបានចាប់ប្រជាជនទាំងភូមិៗ
យកទៅលក់ឲ្យជនជាតិអេដុម។
៧ ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ
កំពែងក្រុងកាសា
ព្រមទាំងឆេះកម្ទេចប្រាសាទ
របស់ក្រុងនោះផង។
៨ យើងនឹងដកប្រជាជនទាំងអស់
ចេញពីក្រុងអាស្ដូដ
ព្រមទាំងដកអ្នកកាន់កាប់អំណាច
ចេញពីក្រុងអាស្កាឡូន។
យើងនឹងប្រហារក្រុងអេក្រុន
ហើយអ្នកស្រុកភីលីស្ទីនដែលនៅសេសសល់
នឹងត្រូវវិនាស»
នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
ព្រះបន្ទូលប្រឆាំងនឹងក្រុងទីរ៉ុស
៩ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ដោយអ្នកក្រុងទីរ៉ុសបានប្រព្រឹត្តអំពើបាប
ផ្ទួនៗគ្នាជាច្រើនដង
យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ
ព្រោះពួកគេប្រគល់ប្រជាជនទាំងភូមិៗ
ឲ្យពួកអេដុមកៀរយកទៅ
ដោយឥតគោរពសន្ធិសញ្ញា
ដែលខ្លួនបានចុះជាមួយអ៊ីស្រាអែលឡើយ។
១០ ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ
កំពែងក្រុងទីរ៉ុស ព្រមទាំងឆេះកម្ទេច
ប្រាសាទរបស់ក្រុងនោះផង។
ព្រះបន្ទូលប្រឆាំងនឹងស្រុកអេដុម
១១ ព្រះអម្ចាស់មានព្រះបន្ទូលថា:
ដោយអ្នកស្រុកអេដុមបានប្រព្រឹត្តអំពើបាប
ផ្ទួនៗគ្នាជាច្រើនដង
យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ
ព្រោះពួកគេបានដេញប្រហារបងប្អូនរបស់ខ្លួន
ដោយមុខដាវ ឥតត្រាប្រណី។
ពួកគេគិតតែពីបំផ្លាញ តាមកំហឹងរបស់ខ្លួន
ហើយចងគំនុំឥតឈប់ឈរឡើយ។
១២ ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ
ក្រុងតេម៉ន ព្រមទាំងឆេះកម្ទេចប្រាសាទ
របស់ក្រុងបូសរ៉ាផង»។
ព្រះបន្ទូលប្រឆាំងនឹងស្រុកអាំម៉ូន
១៣ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ដោយអ្នកស្រុកអាំម៉ូនបានប្រព្រឹត្តអំពើបាប
ផ្ទួនៗគ្នាជាច្រើនដង
យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ
ព្រោះពួកគេបានវះពោះស្ត្រីមានគភ៌
នៅស្រុកកាឡាដ
ដើម្បីវាតទឹកដីរបស់ខ្លួន។
១៤ ហេតុនេះ យើងនឹងបញ្ឆេះភ្លើង
ដុតកំពែងក្រុងរ៉ាបា
ព្រមទាំងដុតកម្ទេចប្រាសាទរបស់ក្រុងនោះ
នៅថ្ងៃមានចម្បាំង មានសម្រែកសឹកសង្គ្រាម
និងមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង។
១៥ ស្តេច និងមេដឹកនាំរបស់ពួកគេ
នឹងត្រូវខ្មាំងចាប់យកទៅជាឈ្លើយសឹក»
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
២
ព្រះបន្ទូលប្រឆាំងនឹងស្រុកម៉ូអាប់
១ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ដោយអ្នកស្រុកម៉ូអាប់បាន
ប្រព្រឹត្តអំពើបាបផ្ទួនៗគ្នាជាច្រើនដង
យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ
ព្រោះពួកគេបានដុតធាតុរបស់ស្តេច
ស្រុកអេដុមឲ្យទៅជាផេះ។
២ ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ
ស្រុកម៉ូអាប់ ព្រមទាំងឆេះកម្ទេចប្រាសាទ
របស់ក្រុងគេរីយ៉ូតផង។
ស្រុកម៉ូអាប់នឹងវិនាសក្រោមសម្រែកជ្រួលច្របល់
សម្រែកសឹកសង្គ្រាម និងសំឡេងត្រែ។
៣ យើងនឹងដកស្តេចចេញពីពួកគេ
ព្រមទាំងប្រហារជីវិតមេដឹកនាំទាំងអស់ដែរ»
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ព្រះបន្ទូលប្រឆាំងនឹងស្រុកយូដា
៤ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ដោយអ្នកស្រុកយូដាបាន
ប្រព្រឹត្តអំពើបាបបីបួនលើកផ្ទួនៗគ្នា
យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ
ព្រោះពួកគេបានបោះបង់ចោល
វិន័យរបស់យើងជាព្រះអម្ចាស់
ហើយមិនកាន់តាមដំបូន្មានរបស់យើងទេ។
ពួកគេវង្វេងទៅតាមព្រះក្លែងក្លាយ
ដូចដូនតារបស់ពួកគេដែរ។
៥ ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ
ស្រុកយូដា ព្រមទាំងឆេះកម្ទេចប្រាសាទ
របស់ក្រុងយេរូសាឡឹមផង»។
ព្រះបន្ទូលប្រឆាំងនឹងស្រុកអ៊ីស្រាអែល
៦ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ដោយអ្នកស្រុកអ៊ីស្រាអែលបាន
ប្រព្រឹត្តអំពើបាបផ្ទួនៗគ្នាជាច្រើនដង
យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ
ព្រោះពួកគេលក់មនុស្សសុចរិតដើម្បីប្រាក់
និងលក់ជនក្រីក្រដើម្បីស្បែកជើងមួយគូ។
៧ ពួកគេជិះជាន់សង្កត់សង្កិនជនទុរគត
ហើយរំលោភសិទ្ធិប្រជាជនតូចតាច។
កូន និងឪពុករួមដំណេកជាមួយស្រីតែម្នាក់
ពួកគេធ្វើដូច្នេះ
ប្រមាថនាមដ៏វិសុទ្ធរបស់យើង។
៨ នៅក្បែរអាសនៈរបស់ពួកគេ
ពួកគេដេកលើសម្លៀកបំពាក់ដែលអ្នកក្រ
យកមកបញ្ចាំ។
ពួកគេយកស្រាពីអ្នកដែលត្រូវពិន័យ
ទៅផឹកក្នុងវិហារនៃព្រះរបស់ពួកគេដែរ។
៩ រីឯយើងវិញ យើងបានបំផ្លាញអ្នកស្រុកអាម៉ូរី
ដែលមានកម្ពស់ដូចដើមគគីរ
និងមានកម្លាំងដូចដើមម៉ៃសាក់
ឲ្យវិនាសសាបសូន្យនៅមុខពួកគេ
គឺយើងបានបំផ្លាញទាំងដើម ទាំងឫស។
១០ យើងបានយកអ្នករាល់គ្នាចេញពីស្រុកអេស៊ីប
និងដឹកនាំអ្នករាល់គ្នានៅវាលរហោស្ថាន
អស់រយៈពេលសែសិបឆ្នាំ
ដើម្បីឲ្យអ្នករាល់គ្នាចាប់យកទឹកដីអាម៉ូរី។
១១ យើងបានធ្វើឲ្យពួកព្យាការីងើបឡើង
ពីចំណោមកូនចៅរបស់អ្នករាល់គ្នា
និងឲ្យពួកណាសៀរ*ងើបឡើង
ពីចំណោមពួកយុវជនរបស់អ្នករាល់គ្នា
តើពិតជាដូច្នេះមែនឬ កូនចៅអ៊ីស្រាអែល?
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១២ ប៉ុន្តែ អ្នករាល់គ្នាបង្អកស្រាដល់ពួកណាសៀរ*
អ្នករាល់គ្នាហាមពួកព្យាការីមិនឲ្យ
ថ្លែងពាក្យក្នុងនាមយើង
១៣ ហេតុនេះ យើងនឹងកិនកម្ទេចអ្នករាល់គ្នា
ឲ្យខ្ទេចខ្ទី ដូចរទេះដឹកស្រូវកិនអ្វីៗទាំងអស់
ដែលនៅក្រោមកង់។
១៤ អ្នករហ័សរហួនពុំអាចគេចខ្លួនបានឡើយ
អ្នកមានកម្លាំងខ្លាំងក្លាមិនអាចបញ្ចេញកម្លាំង
អ្នកចម្បាំងដ៏អង់អាចក៏ពុំអាចសង្គ្រោះជីវិត
របស់ខ្លួនបានដែរ។
១៥ អ្នកពូកែបាញ់ធ្នូមិនអាចតទល់បាន
អ្នកពូកែរត់ក៏រត់មិនរួច
អ្នកជិះសេះពុំអាចសង្គ្រោះជីវិត
របស់ខ្លួនបានដែរ។
១៦ នៅថ្ងៃនោះ អ្នកចម្បាំងដ៏ក្លាហានជាងគេ
នឹងរត់ទៅទាំងខ្លួនទទេ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៣
ពេលព្រះអម្ចាស់មានព្រះបន្ទូល ព្យាការីត្រូវតែថ្លែងប្រាប់ប្រជាជន
១ ជនជាតិអ៊ីស្រាអែលអើយ!
ចូរនាំគ្នាស្ដាប់សេចក្ដីដែលព្រះអម្ចាស់
មានព្រះបន្ទូលប្រឆាំងនឹងអ្នករាល់គ្នា។
«យើងប្រឆាំងនឹងអ្នករាល់គ្នា ជាពូជអំបូរ
ដែលយើងបាននាំចេញពីស្រុកអេស៊ីប។
២ ក្នុងចំណោមពូជអំបូរទាំងអស់នៅលើផែនដី
យើងចាប់ចិត្តតែលើពូជអំបូររបស់អ្នករាល់គ្នា
ប៉ុណ្ណោះទេ
ហេតុនេះ យើងកាត់ទោសអ្នករាល់គ្នា
ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មាន
ដែលអ្នករាល់គ្នាបានប្រព្រឹត្ត»។
៣ បើមនុស្សពីរនាក់មិនបានព្រមព្រៀងគ្នា
ជាមុនសិនទេ
តើគេអាចធ្វើដំណើរជាមួយគ្នាដូចម្ដេចកើត?
៤ បើសត្វសិង្ហចាប់រំពាមិនទាន់បានទេ
តើឲ្យវាគ្រហឹមក្នុងព្រៃកើតឬ?
បើសិង្ហស្ទាវចាប់សត្វមិនទាន់បានទេ
តើឲ្យវាគ្រហឹមក្នុងរូងដូចម្ដេចបាន?
៥ បើគ្មាននុយទាក់ទាញទេ
តើសត្វស្លាបហើរមកជាប់អន្ទាក់នៅដីបានឬ?
បើគ្មានសត្វជាប់ទេ
តើឲ្យអន្ទាក់វាត់ឡើងដូចម្ដេចបាន?
៦ បើគេផ្លុំត្រែប្រកាសភាពអាសន្នក្នុងក្រុងមួយ
តើប្រជាជនមិនជ្រួលច្របល់ឬ?
បើព្រះអម្ចាស់មិនដាក់ទោសទេ
តើមហន្តរាយអាចកើតមានដល់
ក្រុងណាមួយបានឬ?
៧ យ៉ាងណាមិញ ពេលព្រះជាអម្ចាស់ធ្វើការអ្វីមួយ
ព្រះអង្គតែងសម្ដែងការលាក់កំបាំងប្រាប់
ពួកព្យាការីជាអ្នកបម្រើរបស់ព្រះអង្គជានិច្ច។
៨ ពេលសត្វសិង្ហគ្រហឹម តើនរណាមិនខ្លាច?
ពេលព្រះជាអម្ចាស់មានព្រះបន្ទូល
តើនរណាមិនថ្លែងព្រះបន្ទូលនេះ?
ការដាក់ទោសក្រុងសាម៉ារី
៩ ចូរស្រែកប្រកាសនៅតាមប្រាសាទក្រុងអាស្ដូដ
និងនៅតាមប្រាសាទនៃស្រុកអេស៊ីបថា:
ចូរទៅជួបជុំគ្នានៅលើភ្នំនៃក្រុងសាម៉ារី
ដើម្បីសង្កេតមើលអនាធិបតេយ្យ
និងអយុត្តិធម៌ នៅទីនោះ។
១០ ពួកគេមិនចេះប្រព្រឹត្តអំពើទៀងត្រង់ទេ
ពួកគេយករបស់របរដែលលួចប្លន់ និងរឹបអូស
ទៅដាក់ពេញប្រាសាទរបស់ខ្លួន
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១១ ហេតុនេះហើយបានជាព្រះជាអម្ចាស់
មានព្រះបន្ទូលថា៖
«ខ្មាំងសត្រូវមកដល់ហើយ!
គេឡោមព័ទ្ធស្រុក គេនឹងរំលំកំពែងដ៏រឹងមាំ
ហើយកម្ទេចប្រាសាទរបស់អ្នកទៀតផង»។
១២ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ជនជាតិអ៊ីស្រាអែលនៅក្រុងសាម៉ារី
ដែលដេកនៅលើគ្រែ និងលើកម្រាលព្រំ
ដ៏មានតម្លៃពីស្រុកស៊ីរី
ប្រៀបបាននឹងចៀមដែលគង្វាលដណ្ដើម
យកពីសត្វសិង្ហវិញ ឃើញនៅសល់តែជើងពីរ
និងត្រចៀកមួយដុំតែប៉ុណ្ណោះ។
១៣ ចូរនាំគ្នាស្ដាប់ ហើយយកពាក្យព្រមាននេះ
ទៅប្រាប់កូនចៅលោកយ៉ាកុបផង
- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់
ជាព្រះនៃពិភពទាំងមូល។
១៤ នៅថ្ងៃដែលយើងនឹងដាក់ទោសអ៊ីស្រាអែល
ព្រោះតែបទល្មើស
យើងក៏នឹងដាក់ទោសពួកគេ
ព្រោះតែអាសនៈនៅបេតអែលដែរ។
ស្នែងដែលនៅជ្រុងទាំងបួននៃអាសនៈនោះ
នឹងត្រូវបាក់បែកធ្លាក់ដល់ដី។
១៥ យើងនឹងធ្វើឲ្យដំណាក់រដូវរងា
និងដំណាក់រដូវក្ដៅរលំលើគ្នា
វិមានដែលធ្វើពីភ្លុកក៏ត្រូវបាក់បែក
រីឯផ្ទះដ៏ស្កឹមស្កៃនឹងត្រូវរលំអស់ដែរ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៤
១ ពួកជំទាវនៅក្រុងសាម៉ារីដែលប្រៀប
ដូចជាគោញីនៅស្រុកបាសានអើយ
ចូរនាំគ្នាស្ដាប់ពាក្យនេះ:
អ្នករាល់គ្នាជិះជាន់ជនទុរគត
សង្កត់សង្កិនជនក្រីក្រ
ហើយពោលទៅប្ដីរបស់ខ្លួនថា
“ចូរយកស្រាមកផឹក!”។
២ ព្រះជាអម្ចាស់មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់
ក្នុងនាមព្រះអង្គជាព្រះដ៏វិសុទ្ធថា៖
«នៅគ្រាខាងមុខ គេនឹងដោតអ្នករាល់គ្នា
ដូចដោតត្រី។
៣ អ្នករាល់គ្នានឹងរត់ចេញពីទីក្រុង
តាមប្រឡោះកំពែងក្រុង
ម្នាក់ៗរត់ប្រាសអាយុរៀងៗខ្លួន រកកន្លែងពួន»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
អ៊ីស្រាអែលលែងញញើតនឹងប្រព្រឹត្តអំពើបាប
៤ «ចូរទៅបេតអែល
ហើយនាំគ្នាប្រព្រឹត្តអំពើបាបទៅ!
ចូរទៅគីលកាល់
ហើយនាំគ្នាប្រព្រឹត្តអំពើបាបរឹតតែច្រើនទៅ!
ចូរធ្វើពិធីយញ្ញបូជានៅពេលព្រឹក!
ហើយថ្វាយតង្វាយមួយភាគដប់ នៅថ្ងៃទីបី!
៥ កូនចៅអ៊ីស្រាអែលអើយ
ចូរធ្វើយញ្ញបូជាអរព្រះគុណជាមួយមេម្សៅ
ចូរស្រែកប្រកាសក្តែងៗថា
អ្នករាល់គ្នាបានថ្វាយតង្វាយស្ម័គ្រចិត្ត
ដ្បិតអ្នករាល់គ្នាចូលចិត្តធ្វើដូច្នេះ
- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
៦ យើងបានធ្វើឲ្យកើតទុរ្ភិក្សនៅគ្រប់ទីក្រុង
របស់អ្នករាល់គ្នា
ហើយគ្រប់ៗផ្ទះខ្វះអាហារបរិភោគ។
ទោះបីយ៉ាងនេះក្តី ក៏អ្នករាល់គ្នាពុំព្រម
វិលមករកយើងវិញដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៧ យើងបានធ្វើឲ្យអ្នករាល់គ្នាខ្វះទឹកភ្លៀង
រហូតដល់បីខែមុនរដូវចម្រូត។
យើងបានឲ្យភ្លៀងធ្លាក់លើក្រុងមួយ
តែក្រុងមួយទៀតគ្មានភ្លៀងទេ
ចម្ការមួយទទួលទឹកភ្លៀង
រីឯចម្ការមួយទៀតត្រូវស្ងួតហួតហែង
ព្រោះតែគ្មានទឹកភ្លៀង។
៨ ក្រុងពីរ ឬក្រុងបីនាំគ្នាទៅរកទឹកផឹក
នៅក្រុងមួយទៀត
តែគេគ្មានទឹកល្មម ដើម្បីសម្រន់ការស្រេកទេ។
ទោះបីយ៉ាងនេះក្តី
ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៩ យើងបានធ្វើឲ្យស្រូវរបស់អ្នករាល់គ្នា
ស្កក និងមានក្រាស៊ី
ហើយចម្ការដំណាំ ចម្ការទំពាំងបាយជូរ
ចម្ការឧទុម្ពរ និងចម្ការអូលីវរបស់អ្នករាល់គ្នា
ក៏ត្រូវដង្កូវស៊ីបង្ហិនអស់ដែរ។
ទោះបីយ៉ាងនេះក្តី
ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១០ យើងបានធ្វើឲ្យជំងឺអាសន្នរោគ
រាតត្បាតអ្នករាល់គ្នា ដូចនៅស្រុកអេស៊ីប។
យើងបានឲ្យខ្មាំងប្រហារយុវជន
របស់អ្នករាល់គ្នាដោយមុខដាវ
ហើយចាប់សេះរបស់អ្នករាល់គ្នាយកទៅ។
យើងបានធ្វើឲ្យមានក្លិនអសោច
សាយឡើងពីទីតាំងទ័ពរបស់អ្នករាល់គ្នា។
ទោះបីយ៉ាងនេះក្តី
ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១១ យើងបានបំផ្លាញអ្នករាល់គ្នា
ដូចយើងបានបំផ្លាញក្រុងសូដុម និងក្រុងកូម៉ូរ៉ា
ហើយអ្នករាល់គ្នាប្រៀបបាននឹងអង្កត់អុស
ដែលគេយកចេញពីភ្លើង។
ទោះបីយ៉ាងនេះក្តី
ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១២ ហេតុនេះ អ៊ីស្រាអែលអើយ
យើងនឹងដាក់ទោសអ្នករាល់គ្នា។
អ៊ីស្រាអែលអើយ
ដោយយើងសម្រេចដាក់ទោសអ្នករាល់គ្នាដូច្នេះ
ចូររៀបចំខ្លួនជួបនឹងព្រះរបស់អ្នក!»។
១៣ មើល៍! ព្រះដែលបានសូនភ្នំ និងបង្កើតខ្យល់
ព្រះដែលបង្ហាញឲ្យមនុស្សស្គាល់
ព្រះហឫទ័យរបស់ព្រះអង្គ
ព្រះដែលធ្វើឲ្យពន្លឺថ្ងៃរះប្រែជាងងឹត
ព្រះដែលយាងនៅតាមទីខ្ពស់ៗនៃផែនដី
ព្រះអង្គមាននាមថាព្រះអម្ចាស់
ជាព្រះនៃពិភពទាំងមូល។
៥
ទំនួញស្រណោះអ៊ីស្រាអែល
១ កូនចៅអ៊ីស្រាអែលអើយ
ចូរនាំគ្នាស្ដាប់ពាក្យនេះ!
ចូរស្ដាប់ទំនួញដែលខ្ញុំស្មូត្រអំពីអ្នករាល់គ្នា!
២ អ៊ីស្រាអែលដែលជាស្ត្រីព្រហ្មចារី ត្រូវរលំហើយ
នាងមិនអាចក្រោកឡើងវិញទៀតទេ។
នាងដេកដួលនៅលើទឹកដីរបស់ខ្លួន
គ្មាននរណាលើកនាងឡើយ
៣ ដ្បិតព្រះជាអម្ចាស់មានព្រះបន្ទូលថា៖
«ក្រុងរបស់អ៊ីស្រាអែលដែលចាត់ទាហាន
មួយពាន់នាក់ឲ្យទៅច្បាំង
ឃើញពួកគេត្រឡប់មកវិញតែមួយរយនាក់។
ក្រុងដែលចាត់ទាហានមួយរយនាក់
ឲ្យទៅច្បាំង ឃើញពួកគេត្រឡប់មកវិញ
តែដប់នាក់ប៉ុណ្ណោះ!»។
៤ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់
កូនចៅអ៊ីស្រាអែលថា៖
«ចូរស្វែងរកយើង
នោះអ្នករាល់គ្នានឹងមានជីវិត។
៥ កុំទៅបេតអែល កុំទៅគីលកាល់
កុំទៅបៀរសេបាឡើយ
ដ្បិតអ្នកក្រុងគីលកាល់នឹងត្រូវគេកៀរយកទៅ
ជាឈ្លើយទាំងអស់គ្នា
រីឯបេតអែលដែលជាដំណាក់របស់ព្រះជាម្ចាស់
នឹងក្លាយទៅដំណាក់ទុច្ចរិត»។
៦ កូនចៅលោកយ៉ូសែបអើយ
ចូរស្វែងរកព្រះអម្ចាស់
នោះអ្នករាល់គ្នានឹងមានជីវិត!
ចូរប្រយ័ត្ន ក្រែងព្រះអង្គឆាបឆេះអ្នករាល់គ្នា
ហើយគ្មាននរណានៅបេតអែល
អាចនឹងពន្លត់បានឡើយ។
៧ អ្នករាល់គ្នាបានធ្វើឲ្យយុត្តិធម៌
ប្រែទៅជាពិសពុល
ព្រមទាំងជាន់ឈ្លីសេចក្ដីសុចរិតទៀតផង។
៨ ព្រះអង្គបង្កើតផ្កាយកូនមាន់ និងផ្កាយនង្គ័ល
ព្រះអង្គធ្វើឲ្យភាពអន្ធការ
ប្រែទៅជាពន្លឺនៅពេលថ្ងៃរះ
ព្រះអង្គធ្វើឲ្យថ្ងៃប្រែទៅជាយប់ងងឹត
ព្រះអង្គហៅទឹកសមុទ្រមកស្រោចស្រពផែនដី
ព្រះនាមរបស់ព្រះអង្គ គឺព្រះអម្ចាស់។
៩ ព្រះអង្គធ្វើឲ្យមហន្តរាយកើតយ៉ាងទាន់ហន់
ចំពោះអ្នកខ្លាំងពូកែ
ហើយធ្វើឲ្យបន្ទាយដ៏រឹងមាំត្រូវវិនាស។
១០ ពួកគេស្អប់ចៅក្រមដែលកាត់ក្តីដោយយុត្តិធម៌
ពួកគេមិនចូលចិត្តសាក្សីទៀងត្រង់ទេ។
១១ អ្នករាល់គ្នាជិះជាន់ជនទុរគត
ហើយរឹបអូសយកស្រូវរបស់គេ
ហេតុនេះហើយបានជាអ្នករាល់គ្នានឹង
មិនអាចរស់នៅក្នុងផ្ទះដ៏មានតម្លៃ
ដែលអ្នករាល់គ្នាបានសង់នោះទេ។
អ្នករាល់គ្នាក៏ពុំអាចផឹក
ស្រាទំពាំងបាយជូរដ៏ឆ្ងាញ់
ពីចម្ការដែលអ្នករាល់គ្នាបានដាំនោះដែរ។
១២ «យើងដឹងថា អ្នករាល់គ្នាប្រព្រឹត្ត
អំពើទុច្ចរិតជាច្រើន
ហើយអំពើបាបរបស់អ្នករាល់គ្នាក៏ធ្ងន់ធ្ងរដែរ
អ្នករាល់គ្នាសង្កត់សង្កិនមនុស្សសុចរិត
អ្នករាល់គ្នាទទួលសំណូក
ហើយមិនរកយុត្តិធម៌ឲ្យជនក្រីក្រទេ។
១៣ បច្ចុប្បន្នកាលនេះជាគ្រាមួយដ៏លំបាក
ហេតុនេះហើយបានជាអ្នកមានប្រាជ្ញា
សុខចិត្តនៅស្ងៀម»។
១៤ ចូរខិតខំស្វែងរកអំពើល្អ
កុំស្វែងរកអំពើអាក្រក់ឡើយ
នោះអ្នករាល់គ្នានឹងមានជីវិត
ហើយព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល
នឹងគង់នៅជាមួយអ្នករាល់គ្នា
ដូចអ្នករាល់គ្នាធ្លាប់និយាយស្រាប់។
១៥ ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អ
ចូរកាត់ក្តីដោយគតិយុត្តិធម៌ឡើងវិញ
ប្រហែលជាព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល
អាណិតអាសូរដល់ពូជពង្សលោកយ៉ូសែប
ដែលនៅសេសសល់។
១៦ ហេតុនេះ ព្រះជាអម្ចាស់ជាព្រះនៃពិភពទាំងមូល
មានព្រះបន្ទូលថា៖ «មនុស្សម្នានឹងសោកសង្រេង
នៅតាមទីសាធារណៈទាំងអស់
គេនឹងគក់ទ្រូងយំនៅតាមដងផ្លូវនានា
គេហៅអ្នកភ្ជួររាស់មកកាន់ទុក្ខ
ហើយហៅអ្នកដែលចេះយំរៀបរាប់
ឲ្យមកយំសម្រាប់ពិធីបញ្ចុះសព។
១៧ ក្នុងគ្រាដែលយើងដើរកាត់ចំណោមអ្នករាល់គ្នា
មនុស្សម្នានឹងសោកសង្រេង
នៅតាមចម្ការទំពាំងបាយជូរទាំងអស់»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ថ្ងៃរបស់ព្រះអម្ចាស់
១៨ អ្នកណាប្រាថ្នាចង់ឃើញថ្ងៃរបស់ព្រះអម្ចាស់
អ្នកនោះមុខជាវេទនាពុំខាន!
តើអ្នករាល់គ្នារង់ចាំអ្វីនៅថ្ងៃរបស់ព្រះអម្ចាស់?
ថ្ងៃនោះជាថ្ងៃងងឹតអន្ធការ
គឺមិនមែនថ្ងៃដែលមានពន្លឺទេ។
១៩ ថ្ងៃនោះប្រៀបបាននឹងមនុស្សម្នាក់ដែលរត់
គេចផុតពីសិង្ហ ហើយទៅជួបខ្លាឃ្មុំ
ពេលរត់ទៅដល់ផ្ទះវិញ
គាត់ច្រត់ដៃលើជញ្ជាំង ហើយត្រូវពស់ចឹក។
២០ ថ្ងៃរបស់ព្រះអម្ចាស់ជាថ្ងៃងងឹត
មិនមែនជាថ្ងៃមានពន្លឺទេ
ជាថ្ងៃអន្ធការ គ្មានពន្លឺរស្មីអ្វីសោះ។
២១ «យើងមិនចូលចិត្តពិធីបុណ្យរបស់អ្នករាល់គ្នា
ហើយយើងក៏មិនអាចទ្រាំនឹងពិធីផ្សេងៗ
ដែលអ្នករាល់គ្នាប្រារព្ធដែរ។
២២ ពេលអ្នករាល់គ្នាយកតង្វាយដុត
និងតង្វាយម្សៅ មកឲ្យយើង
យើងមិនពេញចិត្តទេ
យើងក៏មិនរវីរវល់នឹងកូនគោដ៏ធាត់ៗ
ដែលអ្នករាល់គ្នាយកមកធ្វើ
យញ្ញបូជាមេត្រីភាពដែរ។
២៣ ចូរឈប់ច្រៀងទំនុកតម្កើង
ដ៏ស្រកៀរត្រចៀកនេះទៅ!
យើងក៏មិនចង់ស្ដាប់សំឡេងពិណ
របស់អ្នករាល់គ្នាដែរ។
២៤ ផ្ទុយទៅវិញ ចូរគោរពច្បាប់ទុកដូចជា
ប្រភពនៃជីវិតរបស់អ្នករាល់គ្នា
ហើយឲ្យយុត្តិធម៌ហូរចេញមក
ដូចទឹកស្ទឹងដែលមិនចេះរីងស្ងួត។
២៥ កូនចៅអ៊ីស្រាអែលអើយ
ក្នុងរយៈពេលសែសិបឆ្នាំនៅវាលរហោស្ថាន
តើអ្នករាល់គ្នាមានយកយញ្ញបូជា
និងតង្វាយផ្សេងៗមកឲ្យយើងឬទេ?
២៦ ឥឡូវនេះ ដោយអ្នករាល់គ្នាថ្វាយបង្គំ
ស៊ីគុតជាទេវរាជរបស់អ្នក
និងគីយូនជាព្រះរបស់អ្នករាល់គ្នា
ព្រមទាំងរូបផ្កាយរបស់ព្រះនោះ
ដែលអ្នករាល់គ្នាបានសូនដោយដៃខ្លួនឯង
២៧ យើងនឹងកៀរអ្នករាល់គ្នាទៅឆ្ងាយជាង
ក្រុងដាម៉ាស់ទៅទៀត»។
នេះជាព្រះបន្ទូលរបស់ព្រះដែលមាននាមថា
ព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល។
៦
ការដាក់ទោសពួកអ្នកមាន និងមេដឹកនាំរបស់ជនជាតិអ៊ីស្រាអែល
១ អស់អ្នកដែលរស់ដោយឥតកង្វល់
នៅក្រុងស៊ីយ៉ូន
និងអស់អ្នកដែលរស់យ៉ាងសុខស្រួល
នៅលើភ្នំសាម៉ារីអើយ
អ្នករាល់គ្នាមុខជាត្រូវវេទនាពុំខាន!
អ្នករាល់គ្នាជាប្រមុខនៃប្រជាជាតិដ៏សំខាន់
ជាងគេក្នុងចំណោមប្រជាជាតិទាំងឡាយ
ពូជពង្សអ៊ីស្រាអែលយកអ្នករាល់គ្នា
ធ្វើជាបង្អែក។
២ ចូរនាំគ្នាទៅកាល់ណេ ហើយសង្កេតមើលចុះ
ចូរទៅរហូតដល់ក្រុងហាម៉ាត់មហានគរ
រួចចុះទៅក្រុងកាថ ក្នុងស្រុកភីលីស្ទីន!
តើក្រុងទាំងនោះចម្រុងចម្រើនជាង
នគររបស់អ្នករាល់គ្នាឬ?
តើទឹកដីរបស់គេធំទូលាយជាងទឹកដី
របស់អ្នករាល់គ្នាឬ?
៣ អ្នករាល់គ្នាចង់ពន្យារពេល
កុំឲ្យថ្ងៃវេទនាខិតចូលមកដល់
តែអ្នករាល់គ្នាបែរជាធ្វើឲ្យ
រាជ្យដ៏ឃោរឃៅកាន់តែខិតចូលមកជិត។
៤ អ្នករាល់គ្នាសម្រាកនៅលើគ្រែរចនាដោយភ្លុក
អ្នករាល់គ្នាទម្រេតយ៉ាងច្រអូសនៅលើកម្រាលព្រំ
បរិភោគសាច់ចៀម និងកូនគោបំប៉ន។
៥ អ្នករាល់គ្នាប្រឹងច្រៀងឡូឡា
ទាំងលេងពិណកំដរចង់ធ្វើដូចស្តេចដាវីឌ។
៦ អ្នករាល់គ្នាផឹកស្រានៅក្នុងពែងធំៗ
អ្នករាល់គ្នាលាបទឹកអប់ដ៏មានតម្លៃ
តែអ្នករាល់គ្នាឥតឈឺចាប់ចំពោះការវិនាស
របស់កូនចៅលោកយ៉ូសែបទេ។
៧ ហេតុនេះហើយបានជាអ្នករាល់គ្នា
ត្រូវខ្មាំងកៀរយកទៅជាឈ្លើយមុនគេ។
ពួកខ្ជិលច្រអូសដូចអ្នករាល់គ្នា
នឹងលែងស្គាល់ការសប្បាយទៀតហើយ។
៨ ព្រះជាអម្ចាស់មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា៖
«យើងស្អប់អំនួតរបស់កូនចៅលោកយ៉ាកុប
យើងមិនចូលចិត្តនឹងប្រាសាទរបស់ពួកគេទេ
យើងនឹងប្រគល់សាម៉ារី និងអ្វីៗនៅក្រុងនេះ
ទៅក្នុងកណ្ដាប់ដៃរបស់សត្រូវ»
-នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
ជាព្រះនៃពិភពទាំងមូល។
៩ ប្រសិនបើក្នុងគ្រួសារមួយនៅសេសសល់មនុស្សដប់នាក់ គេមុខជាត្រូវស្លាប់ទាំងដប់នាក់។ ១០ ពេលនរណាម្នាក់យកសាកសពសាច់ញាតិរបស់ខ្លួនចេញពីផ្ទះទៅបូជា គាត់នឹងស្រែកសួរអ្នកដែលនៅខាងក្នុងផ្ទះថា «តើមាននរណានៅជាមួយអ្នកទៀតទេ?» អ្នកនោះនឹងឆ្លើយមកវិញថា «គ្មានទេ»។ គាត់ក៏ពោលទៀតថា «កុំមាត់កអី!»។ គ្មាននរណាអង្វររកព្រះនាមព្រះអម្ចាស់ទេ!
១១ ព្រះអម្ចាស់ចេញបញ្ជា
នោះផ្ទះដ៏ស្កឹមស្កៃរលំបាក់បែកអស់
សូម្បីតែផ្ទះតូចៗក៏ខ្ទេចខ្ទីអស់ដែរ។
១២ តើគេដែលបំបោលសេះលើផ្ទាំងថ្ម
ឬយកគោទៅភ្ជួរលើផ្ទាំងថ្មនោះឬ
បានជាអ្នករាល់គ្នាធ្វើឲ្យយុត្តិធម៌
ប្រែជាមានជាតិពិស
និងឲ្យច្បាប់ទម្លាប់មានជាតិពុលដូច្នេះ?
១៣ អ្នករាល់គ្នាអួតថា ខ្លួនដណ្ដើមយកបាន
ក្រុងឡូដាបា
ហើយអ្នករាល់គ្នាពោលថា
“ពួកយើងវាយយកបានក្រុងកាណាអ៊ីម
ដោយសារឫទ្ធិអំណាចរបស់ពួកយើង”
១៤ ពូជពង្សអ៊ីស្រាអែលអើយ
យើងនឹងធ្វើឲ្យប្រជាជាតិមួយងើបឡើង
សង្កត់សង្កិនអ្នករាល់គ្នា ចាប់តាំងពី
ច្រកចូលហាម៉ាត់ រហូតដល់ស្ទឹងអារ៉ាបា
-នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
ជាព្រះនៃពិភពទាំងមូល។
៧
និមិត្តហេតុអស្ចារ្យអំពីការវិនាសរបស់អ៊ីស្រាអែល
១ ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ បង្ហាញឲ្យខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមួយដូចតទៅ: កាលណាគេកាត់ស្មៅយកទៅថ្វាយស្តេចរួចហើយ ពេលស្មៅចាប់ផ្តើមលូតឡើងសាជាថ្មី ស្រាប់តែមានកណ្ដូបមួយហ្វូងហើរមក។ ២ កណ្ដូបទាំងនោះស៊ីស្មៅអស់ពីស្រុក។ ខ្ញុំទូលថា៖ «ព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ សូមអត់ទោសឲ្យយើងខ្ញុំផង នគរអ៊ីស្រាអែលតូចណាស់ ធ្វើម្ដេចឲ្យយើងខ្ញុំនៅគង់វង្សបាន?»។ ៣ ព្រះអម្ចាស់ដូរព្រះហឫទ័យ ហើយមានព្រះបន្ទូលថា៖ «ហេតុការណ៍នេះនឹងមិនកើតមានទេ!»។
៤ ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ បង្ហាញឲ្យខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមួយទៀតដូចតទៅ: ព្រះអង្គបានប្រើភ្លើងដើម្បីវិនិច្ឆ័យទោស។ ភ្លើងនោះធ្វើឲ្យទឹកនៅទីជម្រៅរីងស្ងួត ព្រមទាំងធ្វើឲ្យស្រុកអ៊ីស្រាអែលហួតហែង។ ៥ ខ្ញុំទូលព្រះអង្គថា៖ «ព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ ឈប់ធ្វើដូច្នេះទៅ នគរអ៊ីស្រាអែលតូចណាស់ធ្វើម្ដេចនឹងឲ្យយើងខ្ញុំនៅគង់វង្សបាន?»។ ៦ ព្រះអម្ចាស់ដូរព្រះហឫទ័យ ហើយមានព្រះបន្ទូលថា៖ «ហេតុការណ៍នេះ ក៏នឹងមិនកើតមានដែរ»។
៧ ព្រះអង្គបង្ហាញឲ្យខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមួយទៀតដូចតទៅ: គឺព្រះអម្ចាស់របស់ខ្ញុំឈរនៅលើជញ្ជាំងមួយស្មើ ព្រះអង្គកាន់ខ្សែកូនតឹងមួយ។ ៨ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «អម៉ូសអើយ តើអ្នកឃើញអ្វី?»។ ខ្ញុំទូលថា «ទូលបង្គំឃើញខ្សែកូនតឹង»។ ព្រះអម្ចាស់របស់ខ្ញុំមានព្រះបន្ទូលថា៖ «យើងនឹងយកខ្សែកូនតឹងមកស្ទង់អ៊ីស្រាអែលជាប្រជារាស្ដ្ររបស់យើង ដ្បិតយើងលែងអធ្យាស្រ័យឲ្យពួកគេទៀតហើយ។
៩ កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗរបស់ពួកគេ
នឹងត្រូវខ្ទេចខ្ទី
ហើយកន្លែងដ៏សក្ការៈផ្សេងៗរបស់អ៊ីស្រាអែល
ក៏នឹងត្រូវវិនាសដែរ។
យើងនឹងប្រហារក្រុមគ្រួសារ
របស់ស្ដេចយេរ៉ូបោម ដោយមុខដាវ»។
លោកអម៉ូសត្រូវគេដេញចេញពីទីសក្ការៈបេតអែល
១០ ពេលនោះ លោកអម៉ាស៊ីយ៉ា ជាបូជាចារ្យនៅបេតអែល ចាត់គេឲ្យទៅទូលព្រះបាទយេរ៉ូបោម ជាស្តេចស្រុកអ៊ីស្រាអែលថា៖ «លោកអម៉ូសកំពុងញុះញង់ប្រជាជនអ៊ីស្រាអែល ឲ្យបះបោរប្រឆាំងនឹងព្រះករុណា។ ស្រុកយើងមិនអាចស៊ូទ្រាំនឹងពាក្យឃោសនារបស់គាត់ តទៅមុខទៀតបានឡើយ ១១ ដ្បិតគាត់ពោលថា “ព្រះបាទយេរ៉ូបោមនឹងត្រូវសុគត ដោយមុខដាវ ហើយជនជាតិអ៊ីស្រាអែលទាំងមូលនឹងត្រូវខ្មាំងកៀរយកទៅឆ្ងាយពីទឹកដីរបស់ខ្លួន”»។ ១២ លោកអម៉ាស៊ីយ៉ាពោលមកកាន់ព្យាការីអម៉ូសថា៖ «នែ៎! គ្រូទាយឆុតអើយ ចូរចេញពីទីនេះរត់ទៅស្រុកយូដាវិញទៅ! នៅស្រុកនោះ អ្នកអាចរកស៊ីទាយចិញ្ចឹមជីវិតបាន។ ១៣ កុំទាយនៅបេតអែលនេះទៀតឲ្យសោះ ដ្បិតទីនេះជាទីសក្ការៈរបស់ស្តេច និងជាវិហារហ្លួង»។ ១៤ ព្យាការីអម៉ូសឆ្លើយថា៖ «ខ្ញុំមិនមែនជាព្យាការី* ឬជាសមាជិកនៃក្រុមព្យាការីទេ គឺខ្ញុំជាអ្នកឃ្វាលគោ និងជាអ្នកចម្ការ។ ១៥ ប៉ុន្តែ ព្រះអម្ចាស់យកខ្ញុំពីក្រោយហ្វូងគោ ហើយព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា: “ទៅ! ចូរនាំពាក្យយើងទៅថ្លែងប្រាប់អ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់យើង ក្នុងនាមយើង”។ ១៦ រីឯលោកវិញ លោកហាមខ្ញុំមិនឲ្យថ្លែងព្រះបន្ទូលប្រឆាំងនឹងជនជាតិអ៊ីស្រាអែល ហើយមិនឲ្យខ្ញុំស្តីបន្ទោសពូជពង្សលោកអ៊ីសាក។ សូមលោកស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ដូចតទៅ: ១៧ ព្រះអង្គមានព្រះបន្ទូលថា: ប្រពន្ធរបស់លោកនឹងធ្វើជាស្ត្រីពេស្យានៅកណ្ដាលទីក្រុង កូនប្រុស កូនស្រីរបស់លោកនឹងត្រូវស្លាប់ដោយមុខដាវ ដីធ្លីរបស់លោកនឹងត្រូវគេវាស់ចែកគ្នា ខ្លួនលោកផ្ទាល់នឹងត្រូវស្លាប់លើទឹកដីមិនបរិសុទ្ធរបស់សាសន៍ដទៃ។ រីឯប្រជាជនអ៊ីស្រាអែលវិញ នឹងត្រូវខ្មាំងកៀរយកទៅឆ្ងាយពីស្រុករបស់ខ្លួន»។
៨
និមិត្តហេតុអស្ចារ្យអំពីកំប្រោងផ្លែឈើ
១ ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ បង្ហាញឲ្យខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមួយដូចតទៅ:
ខ្ញុំឃើញកំប្រោងមួយ
មានពេញដោយផ្លែឈើទុំ។
២ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖
«អម៉ូសអើយ តើអ្នកឃើញអ្វី?»
ខ្ញុំទូលព្រះអង្គថា៖ «ទូលបង្គំឃើញកំប្រោង
មួយ មានពេញដោយផ្លែឈើទុំ»
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖
«ចុងបញ្ចប់របស់អ៊ីស្រាអែល
ជាប្រជារាស្ដ្ររបស់យើង ជិតមកដល់ហើយ
យើងនឹងមិនអធ្យាស្រ័យឲ្យគេទៀតទេ។
៣ នៅថ្ងៃនោះ សម្រែកថ្ងូរនឹងមកជំនួស
ចម្រៀងសប្បាយនៅក្នុងវិហារហ្លួង។
មានសាកសពពាសពេញ
ហើយមានភាពស្ងាត់ជ្រងំនៅគ្រប់ទីកន្លែង»
- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
៤ អស់អ្នកដែលចេះតែជិះជាន់អ្នកក្រីក្រ
ហើយធ្វើឲ្យជនទុរគតត្រូវវិនាស
ចូរស្ដាប់ពាក្យខ្ញុំ!
៥ អ្នករាល់គ្នាតែងតែបន់ឲ្យបុណ្យចូលខែថ្មី
និងថ្ងៃសប្ប័ទ*ឆាប់ចប់
ដើម្បីបើកជង្រុកលក់ស្រូវ
ដោយយកតៅតូចជាងធម្មតាមកវាល់
ហើយដំឡើងថ្លៃ ព្រមទាំងកេងប្រវ័ញ្ចគេ
ដោយបំបាត់ភ្នែកជញ្ជីងទៀតផង។
៦ អ្នករាល់គ្នាយកប្រាក់ទៅទិញជនទុរគត
យកស្បែកជើងមួយគូទៅដូរយកជនក្រីក្រ។
សូម្បីតែអង្កាមក៏អ្នករាល់គ្នាលក់ដែរ។
៧ ព្រះអម្ចាស់មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់
ដោយយកទឹកដី ដែលជាមោទនភាព
របស់ជនជាតិអ៊ីស្រាអែលធ្វើជាសាក្សីថា:
យើងនឹងមិនភ្លេចអំពើអាក្រក់ណាមួយ
ដែលពួកគេបានប្រព្រឹត្តនោះឡើយ។
៨ ហេតុនេះហើយបានជាមានរញ្ជួយផែនដី
អ្នកស្រុកទាំងអស់នឹងនាំគ្នាកាន់ទុក្ខ។
ផែនដីទាំងមូលនឹងកក្រើកឡើង រួចស្ងប់វិញ
ដូចទឹកទន្លេនៅស្រុកអេស៊ីបជន់ឡើង
រួចស្រកទៅវិញដែរ។
៩ នៅថ្ងៃនោះ យើងនឹងធ្វើឲ្យព្រះអាទិត្យលិច
នៅពេលថ្ងៃត្រង់
ហើយឲ្យផែនដីងងឹតសូន្យនៅពេលថ្ងៃ
- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
១០ យើងនឹងធ្វើឲ្យពិធីបុណ្យដ៏សប្បាយ
របស់អ្នករាល់គ្នា ក្លាយទៅជាពិធីកាន់ទុក្ខ
ហើយឲ្យបទចម្រៀងរបស់អ្នករាល់គ្នា
ក្លាយទៅជាបទទំនួញ។
យើងនឹងឲ្យអ្នករាល់គ្នាស្លៀកពាក់កាន់ទុក្ខ
ព្រមទាំងកោរសក់ផង។
យើងនឹងឲ្យអ្នកស្រុកទាំងអស់កាន់ទុក្ខ
ដូចគេកាន់ទុក្ខកូនតែមួយ
ទៅអនាគត អ្នករាល់គ្នាស្គាល់តែភាពជូរចត់។
១១ ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ មានព្រះបន្ទូលថា៖
«នៅគ្រាខាងមុខ យើងនឹងធ្វើឲ្យ
ការអត់ឃ្លានកើតនៅក្នុងស្រុក
តែមិនមែនការអត់ឃ្លានខាងអាហារ
ឬការស្រេកទឹកនោះទេ
ផ្ទុយទៅវិញ គឺការស្រេកឃ្លានចង់ស្ដាប់
ព្រះបន្ទូលរបស់ព្រះអម្ចាស់។
១២ ពួកគេនឹងដើរចុះឡើង
ពីសមុទ្រមួយទៅសមុទ្រមួយ
ត្រាច់ចរពីទិសខាងជើង ទៅទិសខាងកើត
ដើម្បីស្វែងរកព្រះបន្ទូលរបស់ព្រះអម្ចាស់
តែរកមិនឃើញឡើយ។
១៣ នៅថ្ងៃនោះ ស្រីក្រមុំដ៏ស្អាតៗ និងកំលោះៗ
នឹងអស់កម្លាំងដួល ដោយស្រេកទឹក។
១៤ អ្នកណាស្បថក្នុងនាមព្រះក្លែងក្លាយ
នៅក្រុងសាម៉ារីថា:
“ខ្ញុំសូមស្បថ ដោយយកព្រះជន្ម
របស់ព្រះនៅក្រុងដាន់ជាសាក្សី”
“ខ្ញុំសូមស្បថ ដោយយក
ព្រះនៅបៀរសេបាជាសាក្សី”
អ្នកនោះមុខជាដួលស្លាប់
ក្រោកឡើងវិញមិនរួចឡើយ»។
៩
និមិត្តហេតុអស្ចារ្យចុងក្រោយ
១ ខ្ញុំឃើញព្រះអម្ចាស់របស់ខ្ញុំឈរលើ
អាសនៈ ព្រះអង្គមានព្រះបន្ទូលថា៖
«ចូរវាយក្បាលសសរឲ្យកក្រើក
រហូតដល់ជើងសសរ!
ចូរកិនកម្ទេចមេដឹកនាំរបស់
ពួកគេទាំងអស់គ្នា!
យើងនឹងប្រហារបរិវាររបស់ពួកគេ
ឲ្យវិនាសដោយមុខដាវ
គ្មាននរណាម្នាក់អាចរត់គេចខ្លួន
គ្មាននរណាម្នាក់រួចជីវិតបានឡើយ។
២ ទោះបីពួកគេចុះទៅដល់ស្ថានមនុស្សស្លាប់ក្តី
ក៏យើងទៅអូសយកមកវិញ
ទោះបីពួកគេឡើងទៅដល់ស្ថានសួគ៌ក្តី
ក៏យើងទាញទម្លាក់ចុះមកវិញដែរ។
៣ ទោះបីពួកគេទៅពួននៅកំពូលភ្នំកាម៉ែលក្តី
ក៏យើងទៅរកពួកគេ ហើយចាប់យកមកវិញ
ទោះបីពួកគេលាក់ខ្លួននៅបាតសមុទ្រ
ដើម្បីកុំឲ្យយើងឃើញក្តី
ក៏យើងប្រើនាគឲ្យទៅខាំពួកគេដែរ។
៤ ទោះបីពួកគេត្រូវខ្មាំងកៀរទៅជាឈ្លើយក្តី
ក៏យើងប្រើដាវឲ្យទៅតាមប្រហារពួកគេ
យើងនឹងតាមមើលពួកគេជានិច្ច
ដើម្បីធ្វើឲ្យពួកគេវេទនា
គឺមិនមែនផ្តល់សេចក្ដីសុខទេ»។
៥ ព្រះជាអម្ចាស់នៃពិភពទាំងមូលពាល់ផែនដី
នោះផែនដីរញ្ជួយញាប់ញ័រ
ប្រជាជនទាំងអស់នៅផែនដីនាំគ្នាកាន់ទុក្ខ។
ផែនដីកក្រើកឡើង ស្ងប់ទៅវិញ
ដូចទឹកទន្លេនៅស្រុកអេស៊ីបជន់ឡើង
រួចស្រកទៅវិញដែរ។
៦ ព្រះអង្គសង់ព្រះដំណាក់នៅលើមេឃ
ព្រះអង្គដាក់លំហអាកាសនៅលើផែនដី
ព្រះអង្គហៅទឹកសមុទ្រ
ឲ្យមកស្រោចស្រពផែនដី
ព្រះអង្គមានព្រះនាមថា ព្រះអម្ចាស់។
៧ «កូនចៅអ៊ីស្រាអែលអើយ
យើងមិនចាត់ទុកអ្នករាល់គ្នាប្រសើរជាង
ជនជាតិអេត្យូពីទេ។
យើងបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប
ហើយយើងក៏បាននាំជនជាតិភីលីស្ទីន
ចេញពីស្រុកកាប់ទរ
ព្រមទាំងនាំជនជាតិស៊ីរីចេញពីស្រុកគៀរ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៨ យើងជាព្រះជាអម្ចាស់
យើងតាមមើលនគរដែលមានទោស
យើងនឹងកម្ទេចនគរនេះ
ឲ្យវិនាសបាត់ពីផែនដី។
ប៉ុន្តែ យើងនឹងមិនកម្ទេចកូនចៅលោកយ៉ាកុប
ឲ្យវិនាសសូន្យទាំងស្រុងទេ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៩ យើងបញ្ជាឲ្យគេរែងពូជពង្សអ៊ីស្រាអែល
ក្នុងចំណោមប្រជាជាតិទាំងអស់
ដូចគេរែងយកថ្មចេញពីអង្ករ។
សូម្បីតែក្រួសតូចមួយ ក៏មិនឲ្យជ្រុះដល់ដីដែរ។
១០ មនុស្សបាបក្នុងចំណោមប្រជារាស្ដ្ររបស់យើង
នឹងត្រូវស្លាប់ដោយមុខដាវទាំងអស់គ្នា
អ្នកទាំងនោះពោលថា:
“ព្រះអង្គមិនធ្វើឲ្យទុក្ខវេទនាចូលមកជិត
ឬកើតមានដល់ពួកយើងឡើយ”។
ព្រះបន្ទូលសន្យាស្តារស្រុកអ៊ីស្រាអែលឡើងវិញ
១១ «នៅថ្ងៃនោះ យើងនឹងលើកខ្ទមរបស់ដាវីឌ
ដែលជិតរលំទៅហើយនោះឡើងវិញ
យើងនឹងជួសជុលកន្លែងធ្លុះធ្លាយ
យើងនឹងលើកកន្លែងដែលរលំបាក់បែក
ហើយសង់ខ្ទមនោះឲ្យបានល្អដូចដើមវិញ
១២ ដើម្បីឲ្យជនជាតិអ៊ីស្រាអែលចាប់យក
ស្រុកអេដុមដែលនៅសេសសល់
ព្រមទាំងស្រុករបស់ប្រជាជាតិទាំងអស់
ដែលជាកម្មសិទ្ធិរបស់យើងកាលពីដើម»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
ដែលនឹងសម្រេចការទាំងនោះ។
១៣ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ
កាលណាគេច្រូតស្រូវរួចរាល់ហើយ
អ្នកភ្ជួរក៏មកភ្ជួរភ្លាម។
ក្រោយពេលសាបព្រោះស្រូវរួចហើយ
អ្នកជាន់ផ្លែទំពាំងបាយជូរ
ក៏នឹងមកបេះផ្លែយកមកជាន់ភ្លាមៗដែរ។
ទឹកទំពាំងបាយជូរនឹងហូរចុះពីភ្នំតូចភ្នំធំ
យ៉ាងសម្បូណ៌ហូរហៀរ។
១៤ ពេលនោះ យើងនឹងនាំអ៊ីស្រាអែល
ជាប្រជារាស្ដ្ររបស់យើង ដែលជាប់ជាឈ្លើយ
ឲ្យត្រឡប់មកវិញ។
ពួកគេនឹងសង់ក្រុងទាំងប៉ុន្មានដែលខូចខាត
ដើម្បីស្នាក់នៅ។
ពួកគេនឹងដាំទំពាំងបាយជូរ
ហើយផឹកស្រាពីចម្ការទំពាំងបាយជូរនោះ។
ពួកគេនឹងធ្វើចម្ការ ហើយបរិភោគ
ផលផ្លែពីចម្ការនោះដែរ។
១៥ យើងនឹងឲ្យពួកគេរស់នៅយ៉ាងស្ថិតស្ថេរ
លើទឹកដីរបស់ខ្លួន
គ្មាននរណាអាចបណ្តេញពួកគេចេញពីស្រុក
ដែលយើងបានប្រគល់ឲ្យពួកគេ
នេះទៀតឡើយ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
ជាព្រះរបស់អ្នក។
445 Views