សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

កណ្ឌគម្ពីរ
ព្យាការីយ៉ូអែល

ពាក្យលំនាំ

យ៉ូអែល

(ព្យាការីយ៉ូអែល)

ពាក្យ​លំនាំ

ទោះ​បី​យើង​ពុំ​ដឹង​ថា ព្យាការី​យ៉ូ‌អែល​ជា​នរណា ហើយ​ក៏​ពុំ​ដឹង​ពិត​ប្រាកដ​ថា​លោក​រស់​នៅ​ជំនាន់​ណា​ក្តី ក៏​ខ្លឹមសារ​នៃ​សេចក្ដី​ដែល​លោក​ថ្លែង ប្រកប​ដោយ​ថាម‌ពល​វិសេស។ គោល​ដ៏​សំខាន់​នៃ​សេចក្ដី​ដែល​មាន​នៅ​ក្នុង​កណ្ឌ​គម្ពីរ​នេះ គឺ​ការ​ប្រកាស​អំពី​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​យាង​មក​សម្ដែង​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ ដោយ​វិនិច្ឆ័យ​ទោស​ជាតិ​សាសន៍​នានា និង​វិនិច្ឆ័យ​ទោស​ជន​ជាតិ​អ៊ីស្រា‌អែល​តាម​គោល​ជំហរ​ដែល​ពួក​គេ​ប្រកាន់​យក នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ។ មុន​ពេល​ព្រះ‌អម្ចាស់​យាង​មក​វិនិច្ឆ័យ​ទោស មាន​កើត​អព្ភូត‌ហេតុ​អស្ចារ្យ​ផ្សេងៗ និង​មហន្ត‌រាយ។ ការ​រាត‌ត្បាត​របស់​សត្វ​ល្អិត ការ​រាំង​ស្ងួត អគ្គី‌ភ័យ និង​ការ​ឈ្លាន‌ពាន​របស់​កង‌ទ័ព​បច្ចា‌មិត្ត ជា​សញ្ញា​សម្គាល់​នៃ​ថ្ងៃ​របស់​ព្រះ‌អម្ចាស់ (១.២-១២, ១៥-១៨, ២.១-១១)។
ព្យាការី​ប្រកាស​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល ដែល​បាត់‌បង់​អ្វីៗ​ទាំង​អស់ ឲ្យ​វិល​មក​រក​ព្រះ‌អម្ចាស់​វិញ (១.១៣-១៤, ១៩-២០, ២.១២-១៧) ដើម្បី​ទទួល​ការ​សង្គ្រោះ។ ប្រសិន​បើ​ពួក​គេ​វិល​មក​រក​ព្រះ‌អង្គ​នោះ ព្រះ‌អង្គ​សន្យា​នឹង​ប្រទាន​ភាព​សម្បូណ៌‌សប្បាយ​ដល់​ពួក​គេ (២.១៨-២៧, ៣.១-៥, ៤.១៧-២១) បើ​មិន​ដូច្នោះ​ទេ ពួក​គេ​ត្រូវ​ខ្វះ​ខាត ហើយ​រង​នូវ​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ​ទៀត​ផង។
ប្រជា‌ជាតិ​នានា​នឹង​ត្រូវ​វិនាស​សូន្យ (៤.១-១៦) រីឯ​ប្រជា‌ជាតិ​អ៊ីស្រា‌អែល​វិញ​នឹង​យល់​ថា វត្ត‌មាន​របស់​ព្រះ‌អម្ចាស់​ក្នុង​ចំណោម​ពួក​គេ នាំ​មក​នូវ​ព្រះ‌ពរ​យ៉ាង​ណា​ខ្លះ។ កណ្ឌ​គម្ពីរ​យ៉ូ‌អែល​ប្រកាស​ទៀត​ថា ថ្ងៃ​មួយ ព្រះ‌ជាម្ចាស់​នឹង​គង់​ជា​មួយ​មនុស្ស​គ្រប់ៗ​រូប ដោយ​ព្រះ‌អង្គ​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ​ទៅ​លើ​ពួក​គេ (៣.១-២)។ គ្រីស្ដ‌បរិស័ទ​នៅ​បឋម​សម័យ​បាន​ទទួល​ព្រះ‌បន្ទូល​សន្យា​នេះ នៅ​បុណ្យ​ថ្ងៃ​ទី​ហា‌សិប (កិច្ច‌ការ ២.១-២១)។
 នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​លោក​យ៉ូ‌អែល ជា​កូន​របស់​លោក​ពេទូ‌អែល។
សត្វ​កណ្ដូប​ស៊ី​បង្ហិន​ភោគ‌ផល
 ពួក​ព្រឹទ្ធា‌ចារ្យ​អើយ ចូរ​ស្ដាប់!
អ្នក​ទាំង​អស់​គ្នា​ដែល​រស់​នៅ​ក្នុង​ស្រុក​អើយ
ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់!
តើ​ហេតុ‌ការណ៍​នេះ​ធ្លាប់​កើត​មាន
នៅ​ជំនាន់​អ្នក​រាល់​គ្នា
ឬ​នៅ​ជំនាន់​ដូន‌តា​របស់​អ្នក​រាល់​គ្នា?
 ចូរ​រៀប‌រាប់​ហេតុ‌ការណ៍​នេះ
ប្រាប់​កូន​ចៅ​របស់​អ្នក​រាល់​គ្នា
ហើយ​ឲ្យ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា
រៀប‌រាប់​ប្រាប់​កូន​ចៅ​របស់​ខ្លួន
រួច​ឲ្យ​អ្នក​ទាំង​នោះ​រៀប‌រាប់​ប្រាប់​ជា​បន្ត
ទៅ​កូន​ចៅ​នៅ​ជំនាន់​ក្រោយៗ។
 អ្វីៗ​ដែល​ដង្កូវ​ទុក​ឲ្យ​នៅ​សល់
នោះ​មាន​កណ្ដូប​ស៊ី​បង្ហិន
អ្វីៗ​ដែល​កណ្ដូប​ទុក​ឲ្យ​នៅ​សល់
នោះ​មាន​ចង្រិត​ស៊ី​បង្ហិន
ហើយ​អ្វីៗ​ដែល​ចង្រិត​ទុក​ឲ្យ​នៅ​សល់
នោះ​មាន​ក្រា​ស៊ី​បង្ហិន។
 មនុស្ស​ប្រមឹក​អើយ ចូរ​ភ្ញាក់​ឡើង
ហើយ​នាំ​គ្នា​យំ​សោក!
អស់​អ្នក​ចំណូល​ស្រា​អើយ
ចូរ​សោក‌សង្រេង​ទៅ!
អ្នក​រាល់​គ្នា​គ្មាន​ស្រា​ផឹក​ទៀត​ទេ។
 មាន​កណ្ដូប​មួយ​ហ្វូង​លើក​គ្នា​ដូច​កង‌ទ័ព​មួយ
មក​ប្រហារ​ស្រុក​របស់​យើង
ពួក​វា​ខ្លាំង​ពូកែ និង​មាន​ចំនួន​ច្រើន​ឥត​គណនា
មាន​ចង្កូម ដូច​ចង្កូម​របស់​សិង្ហ​ឈ្មោល
និង​មាន​ថ្គាម​ដូច​ថ្គាម​របស់​សិង្ហ​ញី។
 ពួក​វា​បំផ្លាញ​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​យើង
ពួក​វា​កម្ទេច​ដើម​ឧទុម្ពរ​របស់​យើង
ពួក​វា​ស៊ី​សំបក និង​ជម្រុះ​ស្លឹក​អស់
បន្សល់​ទុក​តែ​មែក​ខូច​ខាត​ប៉ុណ្ណោះ។
 ចូរ​សោក‌សង្រេង ដូច​ស្រី​ក្រមុំ​យំ​កាន់​ទុក្ខ
ព្រោះ​គូ​ដណ្ដឹង​របស់​នាង​ស្លាប់។
 គ្មាន​នរណា​យក​ម្សៅ ឬ​ស្រា​ទំពាំង‌បាយ‌ជូរ
មក​ថ្វាយ​ព្រះ‌អម្ចាស់​ក្នុង​ព្រះ‌ដំណាក់​ទៀត​ទេ
ពួក​បូជា‌ចារ្យ​ដែល​បំពេញ​មុខ‌ងារ​បម្រើ
ព្រះ‌អម្ចាស់​នាំ​គ្នា​កាន់​ទុក្ខ។
១០ ចម្ការ​ទាំង‌ឡាយ​ត្រូវ​ហិន‌ហោច​អស់
សូម្បី​តែ​ដី​ក៏​កាន់​ទុក្ខ​ដែរ
គ្មាន​ស្រូវ គ្មាន​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី
ហើយ​ក៏​គ្មាន​ប្រេង​ទៀត​ផង។
១១ អ្នក​ភ្ជួរ​រាស់​បាក់​ទឹក​ចិត្ត
អ្នក​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ​សោក‌សង្រេង
ព្រោះ​គ្មាន​ស្រូវ គ្មាន​ដំណាំ​អ្វី​ដុះ​ទេ
ហើយ​នៅ​រដូវ​ចម្រូត ក៏​គ្មាន​អ្វី​ច្រូត​ដែរ។
១២ ដើម​ទំពាំង‌បាយ‌ជូរ​ស្វិត​អស់
ដើម​ឧទុម្ពរ​ក្រៀម​ស្ងួត​អស់
រីឯ​ដើម​ទទឹម ដើម​លម៉ើ និង​ដើម​ល្មុត
ព្រម​ទាំង​ដើម​ឈើ​ឯ​ទៀតៗ​នៅ​តាម​ចម្ការ
ក៏​ងាប់​អស់​ដែរ
ធ្វើ​ឲ្យ​មនុស្ស‌ម្នា​បាត់‌បង់​អំណរ​សប្បាយ។
១៣ ពួក​បូជា‌ចារ្យ​អើយ ចូរ​នាំ​គ្នា​ស្លៀក​បាវ
ហើយ​កាន់​ទុក្ខ​ទៅ!
អ្នក​រាល់​គ្នា​ដែល​បំពេញ​មុខ‌ងារ​បម្រើ​អាសនៈ
ចូរ​សោក‌សង្រេង​ទៅ!
អស់​អ្នក​ដែល​បម្រើ​ព្រះ​របស់​ខ្ញុំ​អើយ
ចូរ​នាំ​គ្នា​មក ហើយ​កាន់​ទុក្ខ​ពេញ​មួយ​យប់​ទៅ
ដ្បិត​គ្មាន​នរណា​យក​ម្សៅ ឬ​ស្រា​ទំពាំង‌បាយ‌ជូរ
មក​ថ្វាយ​ព្រះ​របស់​អ្នក​រាល់​គ្នា
នៅ​ក្នុង​ព្រះ‌ដំណាក់​ទៀត​ឡើយ។
១៤ ចូរ​ធ្វើ​ពិធី​តម​អាហារ ដើម្បី​ញែក​ខ្លួន​ជា​សក្ការៈ
ហើយ​ប្រកាស​ពិធី​បុណ្យ​ដ៏​ឱឡា‌រិក។
ចូរ​ប្រមូល​ពួក​ព្រឹទ្ធា‌ចារ្យ និង​ប្រជាជន
នៅ​ក្នុង​ស្រុក​ទាំង​មូល
ឲ្យ​មក​ជួប‌ជុំ​គ្នា​ក្នុង​ដំណាក់​របស់​ព្រះ‌អម្ចាស់
ជា​ព្រះ​របស់​អ្នក​រាល់​គ្នា
ហើយ​ស្រែក​អង្វរ​សូម​ព្រះ‌អង្គ​ជួយ​ទៅ!
១៥ ថ្ងៃ​នោះ​ជា​ថ្ងៃ​វេទនា​ពន់‌ពេក​ក្រៃ!
ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​ជិត​មក​ដល់​ហើយ
គឺ​ជា​ថ្ងៃ​ដែល​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត
យាង​មក​បំផ្លាញ​អ្វីៗ​ទាំង​អស់។
១៦ ពួក​យើង​ឃើញ​ម្ហូប​អាហារ​រលាយ​បាត់
ពី​មុខ​ពួក​យើង
ហើយ​នៅ​ក្នុង​ដំណាក់​របស់​ព្រះ​នៃ​យើង
ក៏​លែង​មាន​អំណរ និង​ការ​សប្បាយ​រីក‌រាយ
ទៀត​ដែរ។
១៧ គ្រាប់​ពូជ​នៅ​ក្នុង​ដី​ក្រៀម​ស្ងួត​អស់
ជង្រុក​ស្រូវ​នៅ​ទទេ
ឃ្លាំង​ទុក​ភោគ​ផល​ខូច​ខាត​អស់
ដ្បិត​គ្មាន​ស្រូវ​នៅ​សល់​ឡើយ។
១៨ ហ្វូង​សត្វ​នាំ​គ្នា​ស្រែក​ថ្ងូរ
ហ្វូង​គោ​ខ្ចាត់‌ព្រាត់​ទៅ​គ្រប់​ទី​កន្លែង
ព្រោះ​គ្មាន​ស្មៅ​ស៊ី
សូម្បី​តែ​ហ្វូង​ចៀម​ក៏​រីង‌រៃ​ទៅៗ​ដែរ។
១៩ ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ស្រែក​អង្វរ​ព្រះ‌អង្គ
ដ្បិត​ភ្លើង​ឆេះ​កម្ទេច​វាល​ស្មៅ
អណ្ដាត​ភ្លើង​ឆាប‌ឆេះ​ដើម​ឈើ​ទាំង​ប៉ុន្មាន
នៅ​តាម​ចម្ការ។
២០ សូម្បី​តែ​សត្វ​ព្រៃ​ក៏​បែរ​មុខ​ទៅ​រក​ព្រះ‌អង្គ​ដែរ
ដ្បិត​ប្រភព​ទឹក​ទាំង‌ឡាយ​រីង​ស្ងួត​អស់
ហើយ​វាល​ស្មៅ​ក៏​ត្រូវ​ភ្លើង​ឆាប‌ឆេះ​អស់​ដែរ។
ថ្ងៃ​របស់​ព្រះ‌អម្ចាស់
 ចូរ​ផ្លុំ​ស្នែង​នៅ​ក្រុង​ស៊ីយ៉ូន!
ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ
របស់​ព្រះ‌ជាម្ចាស់!
ចូរ​ឲ្យ​អ្នក​ស្រុក​ទាំង​អស់​ញ័រ​រន្ធត់!
ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​កំពុង​តែ​មក
ថ្ងៃ​នោះ​នៅ​ជិត​បង្កើយ។
 ថ្ងៃ​នោះ​ជា​ថ្ងៃ​ងងឹត​អន្ធការ
ជា​ថ្ងៃ​ដែល​មាន​ពពក និង​ចុះ​អ័ព្ទ។
ហ្វូង​កណ្ដូប​ដ៏​ច្រើន​លើស‌លប់​
ប្រៀប​បាន​នឹង​កង‌ទ័ព​ខ្លាំង​ពូកែ
កំពុង​តែ​ចូល​មក ដូច​ពន្លឺ​នៅ​ពេល​ថ្ងៃ​រះ
ចាំង​មក​លើ​ភ្នំ។
តាំង​ពី​ដើម​មក​មិន​ដែល​មាន​ដូច្នេះ​ទេ
ហើយ​នៅ​ពេល​ខាង​មុខ រហូត​ត​រៀង​ទៅ
ក៏​មិន​មាន​ទៀត​ដែរ។
 នៅ​ពី​មុខ​ពួក​វា មាន​ដូច​ជា​ភ្លើង​ឆាប‌ឆេះ
នៅ​ពី​ក្រោយ មាន​ដូច​ជា​អណ្ដាត​ភ្លើង​ដែល
ឆេះ​បំផ្លាញ​ទាំង​អស់
នៅ​មុខ​ពួក​វា ស្រុក​ប្រៀប​ដូច​ជា​សួន​អេដែន​
លុះ​ពួក​វា​ឆ្លង​ផុត ស្រុក​នោះ​ប្រៀប​ដូច​ជា
វាល​រហោ‌ស្ថាន​ដ៏​ហួត‌ហែង
គឺ​គ្មាន​អ្វី​គេច​ផុត​ពី​ពួក​វា​បាន​ទេ។
 ពួក​វា​ប្រៀប​បី​ដូច​ជា​ទ័ព‌សេះ
ពួក​វា​បោល​ទៅ​មុខ​ដូច​កង‌ពល‌សេះ
 សន្ធឹក​របស់​ពួក​វា​ឮ​ដូច​សន្ធឹក​រទេះ​ចម្បាំង
ដែល​បោះ‌ពួយ​ទៅ​មុខ​នៅ​លើ​កំពូល​ភ្នំ។
សន្ធឹក​ពួក​វា​ឮ​សូរ​ដូច​ភ្លើង​ឆាប‌ឆេះ​ចំបើង។
ពួក​វា​ប្រៀប​បី​ដូច​ជា​កង‌ទ័ព​ដ៏​ខ្លាំង​ពូកែ
តំរៀប​គ្នា​ចូល​ប្រយុទ្ធ។
 ជាតិ​សាសន៍​នានា​ញ័រ​រន្ធត់​នៅ​មុខ​ពួក​វា
មនុស្ស​គ្រប់ៗ​គ្នា​មាន​ទឹក​មុខ​ស្លេក‌ស្លាំង។
 ពួក​វា​រត់​ទៅ​មុខ​ដូច​ទាហាន​ដ៏​អង់‌អាច
ពួក​វា​ឡើង​កំពែង​ដូច​អ្នក​ចម្បាំង​ដ៏​ពូកែ
ម្នាក់ៗ​សម្រុក​ទៅ​មុខ
ដោយ​ឥត​ងាក​ចេញ​ពី​ផ្លូវ​របស់​ខ្លួន។
 គ្មាន​នរណា​រុញ​អ្នក​ដែល​នៅ​ក្បែរ​ខ្លួន​ទេ
គឺ​ម្នាក់ៗ​សម្រុក​ទៅ​មុខ​យ៉ាង​ត្រង់
ពួក​វា​លោត​ឆ្លង​ឧបសគ្គ​ទាំង‌ឡាយ
ដោយ​ឥត​បែក​ចេញ​ពី​ជួរ​របស់​ខ្លួន​ឡើយ។
 ពួក​វា​សម្រុក​ចូល​ទៅ​ក្នុង​ទី‌ក្រុង
រត់​នៅ​លើ​កំពែង​ក្រុង
ឡើង​តាម​បង្អួច​ចូល​ទៅ​ក្នុង​ផ្ទះ​នានា
ដូច​ចោរ​ចូល​លួច។
១០ ផែន‌ដី​ញ័រ​នៅ​មុខ​ពួក​វា
ផ្ទៃ​មេឃ​ក៏​កក្រើក​រំពើក
ព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ​បាត់​រស្មី
ហើយ​ផ្កាយ​ទាំង‌ឡាយ​នឹង​លែង​មាន​ពន្លឺ។
១១ ព្រះ‌អម្ចាស់​ចេញ​បញ្ជា​ទៅ​កង‌ទ័ព​របស់​ព្រះ‌អង្គ
ដែល​មាន​ចំនួន​ច្រើន​លើស‌លប់ និង​ខ្លាំង​ពូកែ។
ពួក​វា​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌អង្គ
ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​ជា​ថ្ងៃ​ដ៏​មហិមា
និង​គួរ​ឲ្យ​ស្ញែង​ខ្លាច
គ្មាន​នរណា​អាច​ទ្រាំ‌ទ្រ​បាន​ឡើយ។
ការ​កែ‌ប្រែ​ចិត្ត​គំនិត ដោយ​តម​អាហារ
១២ «ឥឡូវ​នេះ ចូរ​នាំ​គ្នា​វិល​មក​រក​យើង
ដោយ​ស្មោះ​អស់​ពី​ចិត្ត
ចូរ​តម​អាហារ យំ​សោក ហើយ​កាន់​ទុក្ខ»
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
១៣ ចូរ​កែ‌ប្រែ​ចិត្ត​គំនិត
កុំ​ហែក​តែ​សម្លៀក‌បំពាក់​ប៉ុណ្ណោះ!
ចូរ​វិល​មក​រក​ព្រះ‌អម្ចាស់
ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​វិញ
ដ្បិត​ព្រះ‌អង្គ​តែង‌តែ​ប្រណី​សន្ដោស
ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ
ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អត់‌ធ្មត់
ពោរ‌ពេញ​ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា
ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​ដាក់​ទោស​ទេ។
១៤ ដូច្នេះ ប្រហែល​ជា​ព្រះ‌អង្គ​លែង
ដាក់​ទោស​អ្នក​រាល់​គ្នា
ហើយ​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា​វិញ
គឺ​អ្នក​រាល់​គ្នា​នឹង​មាន​ម្សៅ
ស្រា​ទំពាំង‌បាយ‌ជូរ និង​ប្រេង
ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។
១៥ ចូរ​ផ្លុំ​ស្នែង​នៅ​ក្រុង​ស៊ីយ៉ូន!
ចូរ​ធ្វើ​ពិធី​តម​អាហារ ដើម្បី​ញែក​ខ្លួន​ជា​សក្ការៈ
ហើយ​ប្រកាស​ពិធី​បុណ្យ​យ៉ាង​ឱឡា‌រិក!
១៦ ចូរ​ហៅ​ប្រជាជន​មក​ជួប‌ជុំ​គ្នា
ជា​អង្គ​ប្រជុំ​ដ៏‌វិសុទ្ធ
ចូរ​ប្រមូល​ពួក​ចាស់​ទុំ​ឲ្យ​មក​ជួប‌ជុំ​គ្នា
ចូរ​ប្រមូល​ផ្តុំ​កូន​ក្មេង
សូម្បី​តែ​ក្មេង​ដែល​នៅ​បៅ​ក៏​ឲ្យ​វា​មក​ដែរ!
ចូរ​ឲ្យ​គូ​ស្វាមី​ភរិយា​ថ្មោង‌ថ្មី​ចេញ​ពី​បន្ទប់!
១៧ ចូរ​ឲ្យ​ក្រុម​បូជា‌ចារ្យ​ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់
នាំ​គ្នា​យំ​សោក​នៅ​ចន្លោះ​ក្លោង​ទ្វារ
និង​អាសនៈ ទាំង​ពោល​ថា:
ព្រះ‌អម្ចាស់​អើយ សូម​អាណិត​មេត្តា​យើង​ខ្ញុំ
ដែល​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ផង!
សូម​កុំ​បណ្តោយ​ឲ្យ​ប្រជា‌ជាតិ​ដទៃ
ប្រមាថ​មាក់‌ងាយ និង​ចំអក​ដាក់​ប្រជា‌រាស្ដ្រ
របស់​ព្រះ‌អង្គ​ផ្ទាល់​នោះ​ឡើយ។
សូម​កុំ​បណ្តោយ​ឲ្យ​ជាតិ​សាសន៍​ទាំង‌ឡាយ
ពោល​ថា “តើ​ព្រះ​របស់​ពួក​គេ​នៅ​ឯ​ណា”?។
ព្រះ‌បន្ទូល​សន្យា
១៨ ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫ‌ទ័យ​ស្រឡាញ់​ស្រុក
របស់​ព្រះ‌អង្គ​ខ្លាំង​ណាស់
ព្រះ‌អង្គ​អាណិត‌អាសូរ​ប្រជាជន​របស់​ព្រះ‌អង្គ។
១៩ ព្រះ‌អម្ចាស់​ឆ្លើយ​តប​នឹង​ពាក្យ​ទូល‌អង្វរ​របស់​ពួក​គេ
ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ពួក​គេ​ថា:
«មើល៍! យើង​នឹង​ផ្តល់​ស្រូវ ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី
និង​ប្រេង​ឲ្យ​អ្នក​រាល់​គ្នា
អ្នក​រាល់​គ្នា​នឹង​បាន​សម្បូណ៌​ហូរ‌ហៀរ
យើង​នឹង​មិន​ប្រគល់​អ្នក​រាល់​គ្នា​ទៅ​ឲ្យ
ប្រជា‌ជាតិ​ដទៃ​ប្រមាថ​មាក់‌ងាយ​ឡើយ។
២០ យើង​បណ្តេញ​ខ្មាំង​សត្រូវ​ដែល​មក​ពី​ស្រុក
ខាង​ជើង​ឲ្យ​ចេញ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា
យើង​នឹង​កម្ចាត់​ពួក​គេ​ឲ្យ​ទៅ​នៅ
វាល​រហោ‌ស្ថាន​ដ៏​ស្ងួត​ហួត‌ហែង។
យើង​នឹង​បោះ​ជួរ​ទ័ព​របស់​គេ​ដែល​នៅ​ខាង​មុខ
ទៅ​ក្នុង​សមុទ្រ​ខាង​កើត
ហើយ​ជួរ​ទ័ព​ដែល​នៅ​ខាង​ក្រោយ
ទៅ​ក្នុង​សមុទ្រ​ខាង​លិច។
សាក‌សព​របស់​ពួក​គេ​នឹង​ចោល​ក្លិន​អសោច
ក្លិន​គំរង់​របស់​ពួក​គេ​ក៏​សាយ​ឡើង​ដែរ
ដ្បិត​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ព្រៃ‌ផ្សៃ​បំផុត»។
២១ ទឹក​ដី​អើយ ចូរ​កុំ​ភ័យ​បារម្ភ​អ្វី
ចូរ​ត្រេក​អរ​សប្បាយ​រីក‌រាយ​ឡើង
ដ្បិត​ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​បំផុត!
២២ សត្វ​ព្រៃ​ទាំង‌ឡាយ​អើយ ចូរ​កុំ​ភ័យ​បារម្ភ​អ្វី
ដ្បិត​វាល​ស្មៅ​នឹង​មាន​ស្មៅ​ដុះ​ខៀវ​ខ្ចី​ឡើង​វិញ
ដើម​ឈើ​នឹង​មាន​ផ្លែ
ហើយ​ដើម​ឧទុម្ពរ និង​ចម្ការ​ទំពាំង‌បាយ‌ជូរ
ក៏​បង្កើត​ភោគ‌ផល​ឡើង​វិញ​ដែរ។
២៣ អ្នក​រាល់​គ្នា​ជា​ប្រជាជន​នៅ​ក្រុង​ស៊ីយ៉ូន​អើយ
ចូរ​អរ​សប្បាយ​រីក‌រាយ​ឡើង
ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា
ប្រទាន​ទឹក​ភ្លៀង​មក​សង្គ្រោះ​អ្នក​រាល់​គ្នា​ហើយ!
ព្រះ‌អង្គ​បង្អុរ​ភ្លៀង​មក​ឲ្យ​អ្នក​រាល់​គ្នា
តាំង​ពី​ដើម​រដូវ​រហូត​ដល់​ចុង​រដូវ
ដូច​កាល​ពី​មុន​ដែរ។
២៤ លាន​បោក​ស្រូវ​នឹង​មាន​ពោរ‌ពេញ
ដោយ​ស្រូវ​ឡើង​វិញ
ហើយ​ពាង​ក៏​មាន​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី
និង​ប្រេង ពេញ​ហូរ‌ហៀរ​ឡើង​វិញ​ដែរ។
២៥ រីឯ​ភោគ‌ផល​របស់​អ្នក​រាល់​គ្នា
ខាត​បង់​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ដែល
យើង​ចាត់​ហ្វូង​កណ្ដូប ចង្រិត ដង្កូវ និង​ក្រា
ដូច​កង‌ទ័ព​មួយ​យ៉ាង​ធំ ឲ្យ​មក​ស៊ី​បង្ហិន
យើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ។
២៦ អ្នក​រាល់​គ្នា​នឹង​មាន​អាហារ​បរិភោគ
យ៉ាង​ឆ្អែត​បរិបូណ៌
រួច​អ្នក​រាល់​គ្នា​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់
ជា​ព្រះ​របស់​អ្នក​រាល់​គ្នា
ព្រោះ​ព្រះ‌អង្គ​បាន​ធ្វើ​ការ​អស្ចារ្យ
សម្រាប់​អ្នក​រាល់​គ្នា។
ពេល​នោះ ប្រជា‌រាស្ដ្រ​របស់​យើង
នឹង​លែង​អាម៉ាស់​មុខ​ទៀត​ហើយ។
២៧ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា
យើង​គង់​នៅ​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល
យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា
ក្រៅ​ពី​យើង គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ទេ
ពេល​នោះ ប្រជាជន​របស់​យើង
នឹង​លែង​អាម៉ាស់​ទៀត​ហើយ។
ព្រះ‌អម្ចាស់​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​លើ​មនុស្ស​ទាំង​អស់​
 (២.២៨) ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:
ក្រោយ​មក​ទៀត
យើង​នឹង​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​របស់​យើង
មក​លើ​មនុស្ស​លោក​ទាំង​អស់។
កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា
នឹង​ថ្លែង​ព្រះ‌បន្ទូល
ពួក​ចាស់​ទុំ​របស់​អ្នក​រាល់​គ្នា​នឹង​យល់​សុបិន‌និមិត្ត
ហើយ​ពួក​យុវជន​នឹង​និមិត្ត​ឃើញ​ការ​អស្ចារ្យ។
 (២៩) ក្រោយ​មក សូម្បី​តែ​អ្នក​បម្រើ​ប្រុស​ស្រី
ក៏​យើង​នឹង​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​របស់​យើង
ទៅ​លើ​ពួក​គេ​ដែរ។
 (៣០) យើង​នឹង​សម្ដែង​ឫទ្ធិ‌បាដិហារិយ៍
នៅ​លើ​មេឃ និង​នៅ​លើ​ផែន‌ដី
គឺ​មាន​ឈាម មាន​ភ្លើង និង​កំសួល​ផ្សែង។
 (៣១) ពេល​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​មក​ដល់
គឺ​ជា​ថ្ងៃ​ដ៏​ឧត្តុង្គ‌ឧត្ដម គួរ​ឲ្យ​ស្ញែង​ខ្លាច
ព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត បាត់​រស្មី
ព្រះ‌ច័ន្ទ​នឹង​ប្រែ​ទៅ​ជា​ឈាម។
 (៣២) ពេល​នោះ អ្នក​ណា​អង្វរ​រក​ព្រះ‌នាម
ព្រះ‌អម្ចាស់ អ្នក​នោះ​នឹង​ទទួល​ការ​សង្គ្រោះ។​
នៅ​លើ​ភ្នំ​ស៊ីយ៉ូន និង​នៅ​ក្រុង​យេរូ‌សាឡឹម
អ្នក​ខ្លះ​នឹង​គេច​ផុត​ពី​មហន្ត‌រាយ
ដូច​ព្រះ‌អម្ចាស់​បាន​សន្យា​ទុក។
អស់​អ្នក​ដែល​ព្រះ‌អម្ចាស់​ត្រាស់‌ហៅ
នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​រួច​ជីវិត​ទាំង​នោះ។
ការ​វិនិច្ឆ័យ​ទោស​ប្រជា‌ជាតិ​នានា
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា:
«នៅ​គ្រា​នោះ គឺ​នៅ​ពេល​ដែល​យើង
ស្តារ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម
ដូច​ដើម​ឡើង​វិញ
 យើង​នឹង​ប្រមូល​ប្រជា‌ជាតិ​ទាំង​អស់
ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​ជ្រលង​ភ្នំ​យ៉ូ‌សាផាត​។
នៅ​ទី​នោះ យើង​នឹង​វិនិច្ឆ័យ​ទោស​ពួក​គេ
ព្រោះ​តែ​អំពើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ
អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ
និង​ជា​ចំណែក​មត៌ក​របស់​យើង
ដោយ​កម្ចាត់‌កម្ចាយ​ឲ្យ​ទៅ​នៅ​ក្នុង​ចំណោម
ជាតិ​សាសន៍​ទាំង‌ឡាយ។
យើង​ក៏​នឹង​វិនិច្ឆ័យ​ទោស​ពួក​គេ ព្រោះ​គេ
យក​ទឹក​ដី​របស់​យើង​ទៅ​បែង​ចែក​គ្នា​ដែរ។
 ពួក​គេ​យក​ប្រជា‌រាស្ដ្រ​របស់​យើង
ទៅ​ចាប់​ឆ្នោត​ចែក​គ្នា
ពួក​គេ​យក​ក្មេង​ប្រុសៗ​ទៅ​បង់​ថ្លៃ​ស្រី​ពេស្យា
ពួក​គេ​លក់​ក្មេង​ស្រីៗ ដើម្បី​ទិញ​ស្រា​ផឹក។
 រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​ក្រុង​ទីរ៉ុស
អ្នក​ក្រុង​ស៊ីដូន និង​អ្នក​ក្រុង​ទាំង​ប៉ុន្មាន
នៃ​ស្រុក​ភីលី‌ស្ទីន
តើ​អ្នក​រាល់​គ្នា​ចង់​ធ្វើ​អ្វី​យើង?
តើ​អ្នក​រាល់​គ្នា​ចង់​សង‌សឹក​នឹង​យើង​ឬ?
ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រឆាំង​នឹង​យើង
នោះ​យើង​ដាក់​ទោស​អ្នក​រាល់​គ្នា​យ៉ាង​ងាយ
ហើយ​យ៉ាង​ឆាប់​រហ័ស
តាម​អំពើ​ដែល​អ្នក​រាល់​គ្នា
ប្រព្រឹត្ត​ប្រឆាំង​នឹង​យើង។
 អ្នក​រាល់​គ្នា​បាន​យក​មាស និង​ប្រាក់​របស់​យើង
គឺ​អ្វីៗ​ដ៏​មាន​តម្លៃ
ទៅ​ទុក​នៅ​ក្នុង​វិហារ​របស់​អ្នក​រាល់​គ្នា។
 អ្នក​រាល់​គ្នា​បាន​លក់​ប្រជាជន​ស្រុក​យូដា
និង​អ្នក​ក្រុង​យេរូ‌សាឡឹម ទៅ​ឲ្យ​ជន​ជាតិ​ក្រិក
ដើម្បី​យក​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន។
 ប៉ុន្តែ យើង​នាំ​ពួក​គេ​ចាក‌ចេញ​ពី​ស្រុក
ដែល​អ្នក​រាល់​គ្នា​លក់​គេ​ទៅ​នោះ
ឲ្យ​វិល​ត្រឡប់​មក​វិញ។
យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា
តាម​អំពើ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។
 យើង​នឹង​លក់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា
ទៅ​ឲ្យ​ប្រជាជន​ស្រុក​យូដា
ហើយ​ប្រជាជន​យូដា​នឹង​លក់​ពួក​គេ
ទៅ​ឲ្យ​អ្នក​ស្រុក​សេបា
ជា​ប្រជា‌ជាតិ​ដែល​នៅ​ស្រុក​ឆ្ងាយ»
នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
 ចូរ​ប្រកាស​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា
ដូច​ត​ទៅ:
ចូរ​ញែក​ខ្លួន​ជា​សក្ការៈ ដើម្បី​ធ្វើ​សឹក!
ចូរ​ប្រមូល​ទាហាន​ដ៏​ពូកែ!
ចូរ​ឲ្យ​អ្នក​ចម្បាំង​ចេញ​ទៅ​សមរ‌ភូមិ!
១០ ចូរ​យក​ផាល‌នង្គ័ល​មក​ដំ​ធ្វើ​ដាវ
ចូរ​យក​កណ្ដៀវ​មក​ដំ​ធ្វើ​ផ្លែ​លំពែង!
ចូរ​ឲ្យ​អ្នក​ទន់​ខ្សោយ​ពោល​ថា
“ខ្ញុំ​ជា​មនុស្ស​ខ្លាំង​ពូកែ!”។
១១ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ​អើយ
ចូរ​ប្រញាប់‌ប្រញាល់​នាំ​គ្នា​មក
ចូរ​ប្រមូល​ផ្តុំ​គ្នា​នៅ​កន្លែង​តែ​មួយ!
ព្រះ‌អម្ចាស់​អើយ
សូម​ឲ្យ​កង‌ពល​របស់​ព្រះ‌អង្គ​ចុះ​មក!។
១២ «ចូរ​ឲ្យ​ប្រជា‌ជាតិ​នានា​ក្រោក​ឡើង
ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​ជ្រលង​ភ្នំ​យ៉ូ‌សាផាត
ដ្បិត​យើង​នឹង​អង្គុយ​វិនិច្ឆ័យ​ទោស​ប្រជា‌ជាតិ
ទាំង​អស់​ដែល​នៅ​ជុំ‌វិញ ក្នុង​ជ្រលង​ភ្នំ​នោះ។
១៣ ស្រូវ​ទុំ​ហើយ ចូរ​នាំ​គ្នា​យក​កណ្ដៀវ​មក​ច្រូត!
ធុង​សម្រាប់​ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ​ពេញ​ហើយ
ចូរ​នាំ​គ្នា​មក​ជាន់!
ធុង​ពេញ​ហៀរ​ទៅ​ដោយ​ទឹក​ទំពាំង‌បាយ‌ជូរ!
ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ច្រើន​ណាស់!»។
១៤ មហា‌ជន​ដ៏​ច្រើន​ឥត​គណនា​នាំ​គ្នា​មក​ដល់
ជ្រលង​ភ្នំ​វិនិច្ឆ័យ​ទោស
ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​ជិត​មក​ដល់
នៅ​ជ្រលង​ភ្នំ​វិនិច្ឆ័យ​ទោស​នេះ​ហើយ!
១៥ ព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ នឹង​ងងឹត​សូន្យ
រីឯ​ផ្កាយ​ទាំង‌ឡាយ​ក៏​បាត់​រស្មី​ដែរ។
១៦ ព្រះ‌អម្ចាស់​ស្រែក​គំរាម​ពី​ភ្នំ​ស៊ីយ៉ូន
ព្រះ‌អង្គ​បន្លឺ​ព្រះ‌សូរ‌សៀង​ពី​ក្រុង​យេរូ‌សាឡឹម
ផ្ទៃ​មេឃ និង​ផែន‌ដី​ក៏​កក្រើក​រំពើក
តែ​ព្រះ‌អម្ចាស់​ការ‌ពារ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​ជា​ជម្រក​របស់​ជន​ជាតិ​អ៊ីស្រា‌អែល។
១៧ «ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា
យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា
យើង​ស្ថិត​នៅ​លើ​ភ្នំ​ស៊ីយ៉ូន
ជា​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង
ក្រុង​យេរូ‌សាឡឹម​នឹង​បាន​វិសុទ្ធ
ហើយ​ជាតិ​សាសន៍​ដទៃ​លែង​មក​ឈ្លាន‌ពាន
ក្រុង​នេះ​ទៀត។
១៨ នៅ​គ្រា​នោះ នឹង​មាន​ចម្ការ​ទំពាំង‌បាយ‌ជូរ
ពាស‌ពេញ​ភ្នំ ផ្តល់​ទឹក​ទំពាំង‌បាយ‌ជូរ​ដ៏​ហូរ‌ហៀរ។
នៅ​តាម​ភ្នំ​តូចៗ​ក៏​មាន​ហ្វូង​សត្វ​យ៉ាង​ច្រើន
ដែល​ផ្តល់​ទឹក​ដោះ​ដ៏​ហូរ‌ហៀរ​ដែរ។
ទឹក​នឹង​ហូរ​សា​ជា​ថ្មី
នៅ​តាម​ជ្រោះ​ទាំង​ប៉ុន្មាន ក្នុង​ស្រុក​យូដា។
មាន​ប្រភព​ទឹក​មួយ​ហូរ​ចេញ
ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់
ទៅ​ស្រោច​ស្រព​ជ្រលង​ភ្នំ​គីទីម។
១៩ ស្រុក​អេស៊ីប​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន
ស្រុក​អេដុម​នឹង​ក្លាយ​ទៅ​ជា​វាល​រហោ‌ស្ថាន
ដ៏​ស្ងាត់​ជ្រងំ ព្រោះ​តែ​អំពើ​ឃោរ‌ឃៅ
ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ​កូន​ចៅ​យូដា
ហើយ​បង្ហូរ​ឈាម​ប្រជាជន​ស្លូត​ត្រង់
នៅ​ក្នុង​ស្រុក​របស់​គេ។
២០ រីឯ​ស្រុក​យូដា​នឹង​មាន​មនុស្ស​រស់​នៅ​រហូត​ត​ទៅ
ហើយ​ក្រុង​យេរូ‌សាឡឹម​ក៏​មាន​មនុស្ស​រស់​នៅ
អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ដែរ។
២១ យើង​នឹង​ចាត់​ទុក​ប្រជាជន​នេះ
ថា​គ្មាន​ទោស​ទៀត​ឡើយ។
យើង​ជា​ព្រះ‌អម្ចាស់ នឹង​គង់​នៅ​ក្រុង​ស៊ីយ៉ូន»។
525 Views

Theme: Overlay by Kaira