សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
កណ្ឌគម្ពីរ
ព្យាការីហូសេ
ពាក្យលំនាំ
ហូសេ
(ព្យាការីហូសេ)
ពាក្យលំនាំ
ព្រះជាម្ចាស់ត្រាស់ហៅលោកហូសេឲ្យធ្វើជាព្យាការី នាំព្រះបន្ទូលរបស់ព្រះអង្គទៅថ្លែងប្រាប់ប្រជាជនអ៊ីស្រាអែល (រាជាណាចក្រខាងជើង) ប្រមាណដប់ឆ្នាំ ក្រោយព្យាការីអម៉ូស ពោល គឺនៅអំឡុងឆ្នាំ ៧៥០ មុនគ្រីស្ដសករាជ។ លោកបម្រើព្រះអង្គអស់រយៈពេលប្រមាណម្ភៃប្រាំឆ្នាំ គឺជិតដល់គ្រាដែលកងទ័ពអាស្ស៊ីរីវាយយកបានក្រុងសាម៉ារី ហើយកៀរប្រជាជនយកទៅជាឈ្លើយនៅឆ្នាំ ៧២២-៧២១ មុនគ្រីស្តសករាជ។
ក្នុងអំឡុងពេលនោះ (សូមអាន ២ពង្ស.១៤:២៣‑១៧.២៣) ក្រោយរជ្ជកាលព្រះបាទយេរ៉ូបោមទី ២ អាណាចក្រអ៊ីស្រាអែលខាងជើងកាន់តែចុះឱនថយទៅ។ ពីខាងក្រៅ កងទ័ពស្រុកអាស្ស៊ីរីឈ្លានពានអ៊ីស្រាអែលកាន់តែខ្លាំងឡើងៗ រីឯនៅផ្ទៃក្នុង រដ្ឋប្រហារដណ្ដើមរាជសម្បត្តិក៏កើតឡើងផ្ទួនៗគ្នាដែរ។ ស្តេចថ្មីៗដែលឡើងសោយរាជ្យ តែងប្រកាន់ជំហរនយោបាយផ្សេងៗពីគ្នា។ ពីមុន លោកអម៉ូសធ្លាប់បានប្រកាសអំពីកង្វះសមភាពនៅក្នុងសង្គមដែរ ប៉ុន្តែ នៅជំនាន់របស់លោកហូសេ ស្ថានភាពនេះចេះតែកើនធ្ងន់ធ្ងរឡើងៗ។ លើសពីនោះ ជំនឿនៃប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ធ្លាក់ឱនថយ គឺពួកគេបោះបង់ចោលព្រះអង្គបែរទៅគោរពសាសនារបស់ជនជាតិកាណាន។
កណ្ឌគម្ពីរហូសេរៀបរាប់នូវភាពប្រេះឆាក្នុងក្រុមគ្រួសាររបស់ព្យាការី ដែលជាទីសម្គាល់អំពីស្ថានភាពនៃជនជាតិអ៊ីស្រាអែល។ ភរិយារបស់ព្យាការីហូសេបានក្បត់ចិត្តលោក ធ្វើឲ្យលោករបួសចិត្ត ជារូបភាពមួយលាតត្រដាងអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដែលត្រូវប្រជាជនអ៊ីស្រាអែលបោះបង់ចោល ដោយទៅគោរពព្រះក្លែងក្លាយ។ ទោះបីទំនាក់ទំនងរវាងព្រះជាម្ចាស់ និងប្រជារាស្ដ្ររបស់ព្រះអង្គធ្លាក់ដុនដាបយ៉ាងនេះក្តី ក៏ព្យាការីហូសេប្រកាសថា នៅទីបញ្ចប់ សេចក្ដីស្រឡាញ់រវាងព្រះជាម្ចាស់ និងប្រជារាស្ដ្ររបស់ព្រះអង្គនឹងផ្សាគ្នាជាប់វិញ ដូចរូបលោកផ្ទាល់ទទួលភរិយាដែលក្បត់ចិត្តមកវិញដែរ។
យើងអាចបែងចែកកណ្ឌគម្ពីរហូសេជាបួនផ្នែក:
• បញ្ហាក្នុងគ្រួសាររបស់ព្យាការីជាទីសម្គាល់នៃស្ថានភាពជនជាតិអ៊ីស្រាអែល (ចំពូក ១‑៣)។
• ស្ថានភាពជនជាតិអ៊ីស្រាអែល និងអត្ថន័យខាងផ្លូវវិញ្ញាណ (៤.១‑៩.៩)។
• អ៊ីស្រាអែលក្បត់ចិត្តព្រះជាម្ចាស់ តាំងពីយូរលង់មកហើយ (៩.១០-១៤.១)។
• ព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់មិនប្រែប្រួលឡើយ (១៤.២‑១០)។
១
១ នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោកហូសេ ជាកូនរបស់លោកបេរី នៅរជ្ជកាលព្រះបាទអសារីយ៉ា ព្រះបាទយ៉ូថាម ព្រះបាទអខាស និងព្រះបាទអេសេខ្យាស ជាស្តេចស្រុកយូដា ត្រូវនឹងរជ្ជកាលព្រះបាទយេរ៉ូបោម បុត្ររបស់ព្រះបាទយ៉ូអាស ជាស្តេចស្រុកអ៊ីស្រាអែល។
អាពាហ៍ពិពាហ៍របស់លោកហូសេ
២ ព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែង តាមរយៈលោកហូសេ ចាប់ផ្តើមដូចតទៅ:
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកហូសេថា៖ «ចូរយកស្រីពេស្យាម្នាក់មកធ្វើជាភរិយា ហើយបង្កើតកូនពីស្រីពេស្យានោះ ដ្បិតប្រជាជននៅក្នុងស្រុកចេះតែនាំគ្នាប្រព្រឹត្តអំពើពេស្យាចារ ដោយបែកចិត្តចេញពីព្រះអម្ចាស់!»។
៣ លោកហូសេក៏ទៅយកនាងកូមែរ ជាកូនរបស់លោកឌីបឡាអ៊ីម មកធ្វើជាភរិយា នាងមានផ្ទៃពោះបង្កើតបានកូនប្រុសមួយជូនលោក។ ៤ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកហូសេថា៖ «ចូរដាក់ឈ្មោះកូននេះថា “យីសរេអែល” ដ្បិតបន្តិចទៀត យើងនឹងវិនិច្ឆ័យទោសរាជវង្សរបស់ស្តេចយេហ៊ូ ព្រោះតែស្តេចនេះបានបង្ហូរឈាមគេនៅយីសរេអែល។ យើងនឹងលែងឲ្យមានស្តេចសោយរាជ្យលើពូជពង្សអ៊ីស្រាអែល។ ៥ ថ្ងៃនោះ យើងនឹងបំបែកកម្លាំងទ័ពអ៊ីស្រាអែលនៅវាលយីសរេអែល»។
៦ នាងកូមែរមានផ្ទៃពោះសាជាថ្មី ហើយបង្កើតបានកូនស្រីមួយ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកហូសេថា៖ «ចូរដាក់ឈ្មោះកូននេះថា “ឡូរូហាម៉ា” ដ្បិតយើងនឹងលែងអាណិតអាសូរកូនចៅអ៊ីស្រាអែល ហើយក៏លែងអត់ទោសឲ្យពួកគេរហូតដែរ។ ៧ ប៉ុន្តែ យើងអាណិតអាសូរកូនចៅយូដា។ យើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ យើងនឹងសង្គ្រោះពួកគេដោយដៃយើងផ្ទាល់ គឺមិនមែនដោយប្រើធ្នូ ដាវ សង្គ្រាម សេះចម្បាំង ឬដោយកងពលសេះឡើយ»។
៨ ក្រោយពីបានផ្ដាច់ដោះឡូរូហាម៉ារួចហើយ នាងមានផ្ទៃពោះសាជាថ្មី បង្កើតបានកូនប្រុសមួយទៀត។ ៩ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរដាក់ឈ្មោះកូននេះថា “ឡូអាំមី” ដ្បិតអ្នករាល់គ្នាមិនមែនជាប្រជារាស្ដ្ររបស់យើងទេ ហើយយើងក៏មិនមែនជាព្រះរបស់អ្នករាល់គ្នាដែរ»។
២
ថ្ងៃដែលអ៊ីស្រាអែលបានរុងរឿងឡើងវិញ
១ (10) ប៉ុន្តែ ថ្ងៃមួយ កូនចៅអ៊ីស្រាអែល
នឹងកើនចំនួនច្រើនឡើង
ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ
គ្មាននរណាអាចរាប់ ឬកំណត់ចំនួនបានឡើយ។
នៅទីណាព្រះអម្ចាស់មានព្រះបន្ទូលថា:
“អ្នករាល់គ្នាមិនមែនជាប្រជាជនរបស់យើង”
នៅទីនោះនឹងមានគេពោលថា:
“អ្នករាល់គ្នាជាបុត្រធីតារបស់
ព្រះដ៏មានព្រះជន្មគង់នៅ”។
២ (១១) ពេលនោះ កូនចៅយូដា
និងកូនចៅអ៊ីស្រាអែល រួបរួមគ្នាវិញ
ពួកគេជ្រើសរើសយកមេដឹកនាំតែមួយ
ពួកគេនឹងធ្វើជាម្ចាស់ស្រុករបស់ខ្លួនវិញ។
“ទិវាយីសរេអែល”
ពិតជាព្រឹត្តិការណ៍មួយដ៏សំខាន់! ៣ (១) ចូរហៅបងប្អូនប្រុសរបស់អ្នករាល់គ្នាថា “អាំមី”
ចូរហៅបងប្អូនស្រីរបស់អ្នករាល់គ្នាថា
“រូហាម៉ា”។
ជនជាតិអ៊ីស្រាអែលប្រៀបបាននឹងភរិយាក្បត់ចិត្ត
៤ (២) ចូរចោទប្រកាន់ម្ដាយរបស់អ្នករាល់គ្នាទៅ
ដ្បិតនាងមិនមែនជាភរិយារបស់យើងទៀតទេ
ហើយយើងក៏មិនមែនជាប្ដីរបស់នាងទៀតដែរ!
ចូរឲ្យនាងដកសញ្ញាសម្គាល់ស្រីពេស្យា
ចេញពីមុខរបស់ខ្លួន
ចូរឲ្យនាងដកសញ្ញាសម្គាល់ស្រីក្បត់ប្ដី
ចេញពីដើមទ្រូងរបស់ខ្លួនទៅ!
៥ (៣) បើមិនដូច្នោះទេ
យើងនឹងយកសម្លៀកបំពាក់ចេញពីនាង
ទុកឲ្យខ្លួននៅទទេ
ដូចថ្ងៃដែលនាងទើបនឹងកើត
យើងធ្វើឲ្យនាងប្រៀបបាននឹង
វាលរហោស្ថាន។
យើងធ្វើឲ្យនាងក្លាយដូចជាដីហួតហែង
យើងធ្វើឲ្យនាងស្លាប់ដោយស្រេកទឹក។
៦ (៤) យើងនឹងមិនអាណិតអាសូរកូនរបស់នាងទេ
ព្រោះកូនទាំងនេះសុទ្ធតែជាកូនដែលកើតពី
អំពើពេស្យាចារ។
៧ (៥) ម្ដាយរបស់ពួកគេជាស្រីពេស្យា
ស្រីដែលពរផ្ទៃពួកគេ
បានប្រព្រឹត្តអំពើដ៏អាម៉ាស់
នាងពោលថា ខ្ញុំនឹងរត់តាមគូស្នេហ៍របស់ខ្ញុំ
ព្រោះអ្នកទាំងនោះឲ្យខ្ញុំមានបាយទឹក
រោមចៀម និងក្រណាត់ទេសឯក
សម្រាប់បិទបាំងកាយ
ព្រមទាំងប្រេង និងស្រាផង។
៨ (៦) ហេតុនេះហើយបានជាយើងយកបន្លា
មកស្រះផ្លូវរបស់នាង
យើងដាក់របងឃាំងនាង
ដើម្បីកុំឲ្យនាងរកផ្លូវឃើញទៀតឡើយ។
៩ (៧) នាងខំរត់តាមគូស្នេហ៍របស់នាង
តែតាមពួកគេមិនទាន់ទេ
នាងខំដើររកពួកគេ តែរកមិនឃើញឡើយ។
នាងក៏ពោលថា:
បើដូច្នេះ ខ្ញុំនឹងវិលទៅរកប្ដីដើមវិញ
ដ្បិតពីមុន ខ្ញុំសប្បាយចិត្តជាងសព្វថ្ងៃនេះ។
១០ (៨) នាងពុំបានយល់ថា គឺយើងឯណេះទេ
ដែលផ្តល់ស្រូវ ស្រាថ្មី និងប្រេងឲ្យនាង
យើងក៏ផ្តល់មាសប្រាក់ជាច្រើនដល់នាងដែរ
តែនាង បែរជាយករបស់ទាំងនោះសែន
ព្រះបាលទៅវិញ។
១១ (៩) ហេតុនេះបានជាយើងនឹងវិលមកយក
ស្រូវរបស់យើងវិញ នៅរដូវចម្រូត
យើងនឹងយកស្រាថ្មីរបស់យើងវិញ
នៅរដូវបេះផ្លែទំពាំងបាយជូរ
យើងក៏នឹងយករោមចៀម
និងក្រណាត់ទេសឯក
សម្រាប់បិទបាំងកាយនាងទៅវិញដែរ។
១២ (១០) ឥឡូវនេះ យើងបើកកេរ្ដិ៍ខ្មាសនាង
នៅចំពោះមុខគូស្នេហ៍របស់នាង
គ្មាននរណាអាចរំដោះនាងពីដៃយើងបានទេ។
១៣ (១១) យើងធ្វើឲ្យនាងបាត់បង់
ការសប្បាយទាំងប៉ុន្មាន
ហើយពិធីបុណ្យនានា បុណ្យចូលខែថ្មី
បុណ្យសប្ប័ទ* និងបុណ្យដ៏សំខាន់ទាំងប៉ុន្មាន
ក៏លែងមានទៀតដែរ។
១៤ (១២) យើងនឹងបំផ្លាញចម្ការទំពាំងបាយជូរ
និងចម្ការឧទុម្ពររបស់នាង
ព្រោះនាងពោលថា ចម្ការទាំងនោះ
ជាកម្រៃដែលគូស្នេហ៍បានប្រគល់ឲ្យ។
យើងធ្វើឲ្យចម្ការទាំងនោះក្លាយទៅជាព្រៃ
ហើយត្រូវសត្វព្រៃមកស៊ីបង្ហិន។
១៥ (១៣) យើងដាក់ទោសនាង តាមចំនួនថ្ងៃ
ដែលនាងបានដុតគ្រឿងក្រអូបសែន
ព្រះបាលទាំងឡាយ
នាងបានតុបតែងខ្លួនពាក់ក្រវិល ពាក់ខ្សែក
រត់តាមគូស្នេហ៍របស់នាង។
រីឯយើងវិញ នាងបានបំភ្លេចយើងចោលហើយ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៦ (១៤) ហេតុនេះយើងនឹងទាក់ទាញចិត្តនាង
ដោយនាំនាងទៅវាលរហោស្ថាន
យើងនឹងនិយាយលួងលោមចិត្តនាង។
១៧ (១៥) ពេលនោះ យើងនឹងប្រគល់ចម្ការ
ទំពាំងបាយជូរឲ្យនាងវិញ។
ជ្រលងភ្នំអាគរនឹងក្លាយទៅជាទ្វារនាំនាងទៅរក
សេចក្ដីសង្ឃឹម។
នៅទីនោះ នាងនឹងឆ្លើយតបមកយើង
ដូចគ្រានាងនៅពីក្មេង
គឺគ្រាដែលនាងទើបនឹងចេញពីស្រុកអេស៊ីប។
១៨ (១៦) នៅថ្ងៃនោះ នាងនឹងហៅយើងថា “ស្វាមី”
គឺនាងលែងហៅយើងថា
“ព្រះម្ចាស់នាងខ្ញុំ!”ទៀតហើយ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៩ (១៧) យើងនឹងឲ្យនាងលែងបញ្ចេញ
ឈ្មោះព្រះបាលទាំងនោះទៀត
គឺគេលែងរំឭកឈ្មោះទាំងនេះទៀតហើយ។
២០ (១៨) នៅថ្ងៃនោះ យើងនឹងចងសម្ពន្ធមេត្រី
ជាមួយសត្វព្រៃ បក្សាបក្សី និងសត្វលូនវារ
ដើម្បីជាប្រយោជន៍ដល់ប្រជារាស្ដ្ររបស់យើង
យើងនឹងកាច់បំបាក់ធ្នូ និងដាវ
មិនឲ្យមានសង្គ្រាមក្នុងស្រុកទៀតទេ
គឺយើងនឹងឲ្យពួកគេដេកយ៉ាងសុខស្រួល។
២១ (១៩) យើងនឹងដណ្ដឹងនាងធ្វើជាភរិយា
ជាដរាបតរៀងទៅ
យើងនឹងដណ្ដឹងនាងធ្វើជាភរិយា
ដោយសុចរិត និងយុត្តិធម៌
ដោយភក្តីភាព និងអាណិតអាសូរ។
២២ (២០) យើងនឹងដណ្ដឹងនាងធ្វើជាភរិយា
ដោយចិត្តស្មោះស្ម័គ្រ
ហើយនាងនឹងទទួលស្គាល់ព្រះអម្ចាស់។
២៣ (២១) នៅថ្ងៃនោះ យើងនឹងឆ្លើយតប
ពាក្យអង្វររបស់ពួកគេ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
យើងនឹងធ្វើឲ្យមេឃបង្អុរភ្លៀង
យើងនឹងធ្វើឲ្យដីបង្កើតផល
តាមសេចក្ដីត្រូវការ។
២៤ (២២) ផែនដីនឹងធ្វើឲ្យមានស្រូវ
ព្រមទាំងស្រាទំពាំងបាយជូរថ្មី និងប្រេង
តាមសេចក្ដីត្រូវការរបស់វាលយីសរេអែល។
២៥ (២៣) យើងនឹងព្រោះពូជទុកសម្រាប់យើង
នៅក្នុងស្រុក។
យើងនឹងស្រឡាញ់ឡូរូហាម៉ា
យើងនឹងហៅឡូអាំមីថា
“ប្រជារាស្ដ្ររបស់យើង”
ហើយគេនឹងពោលមកយើងថា
“ព្រះនៃទូលបង្គំ!”។
៣
លោកហូសេជានាជាមួយភរិយាវិញ
១ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរទៅរួមរ័កជាមួយស្រីដែលមានគូស្នេហ៍ ជាស្រីផិតក្បត់នេះសាជាថ្មីចុះ ចូរស្រឡាញ់នាង ដូចព្រះអម្ចាស់ស្រឡាញ់ជនជាតិអ៊ីស្រាអែល ទោះបីពួកគេបែរចិត្តទៅរកព្រះដទៃ ហើយចូលចិត្តនំទំពាំងបាយជូរក៏ដោយ»។
២ ខ្ញុំក៏លោះនាងមកវិញ ដោយបង់ប្រាក់បួនតម្លឹងកន្លះ និងស្រូវប្រាំមួយថាំង។ ៣ ខ្ញុំប្រាប់នាងថា៖ «ចូរនៅជាមួយខ្ញុំឲ្យបានយូរ ចូរឈប់ធ្វើស្ត្រីពេស្យា ហើយឈប់ស្រឡាញ់បុរសផ្សេងទៀតទៅ នោះខ្ញុំនឹងប្រព្រឹត្តចំពោះនាងវិញដូច្នោះដែរ»។
៤ ក្នុងអំឡុងពេលដ៏យូរលង់ ជនជាតិអ៊ីស្រាអែលនឹងគ្មានស្តេច គ្មានមេដឹកនាំ គ្មានយញ្ញបូជា គ្មានស្តូប គ្មានឧបករណ៍ ឬគ្រឿងប្រដាប់សម្រាប់ទស្សន៍ទាយ និងបួងសួងទេ។ ៥ ប៉ុន្តែ ក្រោយមកជនជាតិអ៊ីស្រាអែលនឹងនាំគ្នាវិលមកវិញ ពួកគេស្វែងរកព្រះអម្ចាស់ជាព្រះរបស់ពួកគេ ព្រមទាំងព្រះបាទដាវីឌជាស្តេចរបស់ពួកគេ។ នៅគ្រាចុងក្រោយ ពួកគេនឹងបែរចិត្តមករកព្រះអម្ចាស់ទាំងញាប់ញ័រ ហើយស្វែងរកព្រះពរពីព្រះអង្គ។
៤
ព្រះអម្ចាស់ចោទប្រកាន់ប្រជារាស្ដ្ររបស់ព្រះអង្គ
១ ជនជាតិអ៊ីស្រាអែលអើយ
ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់!
ព្រះអម្ចាស់កំពុងតែប្ដឹងនឹងអ្នកស្រុកនេះ
ដ្បិតនៅក្នុងស្រុកនេះ
គ្មានការស្មោះត្រង់ គ្មានភក្តីភាព
ហើយក៏គ្មាននរណាស្គាល់ព្រះជាម្ចាស់ដែរ។
២ ផ្ទុយទៅវិញ មានតែការដាក់បណ្ដាសាគ្នា
ការបោកប្រាស់គ្នា សម្លាប់គ្នា
អំពើចោរកម្ម និងការផិតក្បត់
ពួកគេប្រព្រឹត្តអំពើឃោរឃៅ និងឃាតកម្ម
ជាបន្តបន្ទាប់គ្នា។
៣ ហេតុនេះ ស្រុករបស់ពួកគេនឹងរាំងស្ងួត
អស់អ្នកដែលរស់នៅក្នុងស្រុក ព្រមទាំង
សត្វព្រៃ និងបក្សាបក្សី ធ្លាក់ទន់ខ្សោយ
សូម្បីតែត្រីនៅក្នុងសមុទ្រក៏ត្រូវវិនាសសូន្យ
ជាមួយពួកគេដែរ។
ព្រះបន្ទូលប្រឆាំងនឹងបូជាចារ្យ
៤ ប៉ុន្តែ បូជាចារ្យអើយ មិនត្រូវឲ្យនរណាជំទាស់
ឬស្តីបន្ទោសប្រជាជនឡើយ
ដ្បិតយើងចោទប្រកាន់តែអ្នក។
៥ នៅពេលថ្ងៃ អ្នកនឹងជំពប់ដួល
នៅពេលយប់ ព្យាការីជំពប់ដួលជាមួយអ្នក
ហើយយើងនឹងធ្វើឲ្យម្ដាយរបស់អ្នក
ត្រូវវិនាសដែរ។
៦ ប្រជាជនរបស់យើងវិនាស
ព្រោះពួកគេមិនស្គាល់យើង។
ដោយអ្នកមិនទទួលស្គាល់យើង
យើងនឹងបណ្តេញអ្នកមិនឲ្យបំពេញមុខងារ
ជាបូជាចារ្យរបស់យើងទៀតដែរ។
ដោយអ្នកបានបំភ្លេចវិន័យនៃព្រះរបស់អ្នក
យើងនឹងបំភ្លេចកូនចៅរបស់អ្នកដែរ។
៧ ពួកបូជាចារ្យទាំងប៉ុន្មានសុទ្ធតែប្រព្រឹត្ត
អំពើបាបប្រឆាំងនឹងយើង
យើងនឹងដូរកិត្តិយសរបស់ពួកគេ
ឲ្យទៅជាភាពអាម៉ាស់។
៨ អ្នកទាំងនោះបំប៉នខ្លួនឲ្យធំធាត់ ដោយសារ
តង្វាយលោះបាបនៃប្រជាជនរបស់យើង
ហើយសប្បាយចិត្ត
ដោយឃើញពួកគេប្រព្រឹត្តអំពើអាក្រក់។
៩ បូជាចារ្យក៏ដូចជាប្រជាជនដែរ
យើងនឹងដាក់ទោសពួកគេ
តាមអំពើដែលខ្លួនប្រព្រឹត្ត
គឺពួកគេប្រព្រឹត្តយ៉ាងណា
យើងនឹងដាក់ទោសពួកគេយ៉ាងនោះដែរ។
១០ ពួកគេបរិភោគ តែមិនចេះឆ្អែត
ពួកគេប្រព្រឹត្តអំពើពេស្យាចារ
តែមិនបានចម្រុងចម្រើនទេ
ដ្បិតពួកគេបោះបង់ចោលយើង
ដែលជាព្រះអម្ចាស់ ទៅប្រព្រឹត្ត
១១ អំពើពេស្យាចារ ចិត្តប្រាថ្នាចង់
បានស្រាចាស់ និងស្រាថ្មី
បាននាំពួកគេឲ្យវង្វេង។
១២ ប្រជារាស្ដ្ររបស់យើងទៅរកព្រះធ្វើពីឈើ
ឲ្យទស្សន៍ទាយ
ដំបងរបស់គេប្រាប់សេចក្ដីដែលគេចង់ដឹង!
គំនិតពេស្យាចារបាននាំពួកគេឲ្យវង្វេង
ពួកគេប្រព្រឹត្តអំពើពេស្យាចារ
ដោយងាកចេញពីព្រះជាម្ចាស់របស់ខ្លួន។
១៣ ពួកគេតែងតែធ្វើយញ្ញបូជានៅតាមកំពូលភ្នំ
ហើយដុតគ្រឿងក្រអូបនៅតាមទួលខ្ពស់
នៅក្រោមដើមជ្រៃ ក្រោមដើមពោធិ
និងក្រោមដើមម៉ៃសាក់
ដែលមានម្លប់ដ៏ត្រជាក់ត្រជុំ!
ហេតុនេះ កូនស្រីរបស់អ្នករាល់គ្នា
ប្រព្រឹត្តអំពើពេស្យាចារ
កូនប្រសាស្រីរបស់អ្នករាល់គ្នា
ប្រព្រឹត្តអំពើផិតក្បត់។
១៤ យើងមិនដាក់ទោសកូនស្រីរបស់អ្នករាល់គ្នា
ព្រោះគេបានប្រព្រឹត្តអំពើពេស្យាចារ
ហើយក៏មិនដាក់ទោសកូនប្រសាស្រីរបស់
អ្នករាល់គ្នា ព្រោះតែអំពើផិតក្បត់របស់គេដែរ
ដ្បិតអ្នករាល់គ្នាផ្ទាល់បានដកខ្លួន
ទៅជាមួយស្រីពេស្យា
និងធ្វើយញ្ញបូជារួមជាមួយស្រីពេស្យាសក្ការៈ។
ប្រជាជនដែលមិនចេះគិតពិចារណាបែបនេះ
រមែងបោះជំហានទៅរកសេចក្ដីវិនាស។
១៥ អ៊ីស្រាអែលអើយ
ប្រសិនបើអ្នកប្រព្រឹត្តអំពើពេស្យាចារដូច្នេះ
មិនគប្បីឲ្យយូដាធ្វើខុសដូចអ្នកទេ
កុំទៅគីលកាល់ កុំឡើងទៅបេតអាវេន
ឬក៏ស្បថក្នុងនាម
ព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅដែរ។
១៦ អ៊ីស្រាអែលមានចិត្តរឹងរូសដូចគោញីកៀច ហេតុអ្វីបានជាព្រះអម្ចាស់ត្រូវឃ្វាលពួកគេដូចឃ្វាលកូនចៀម នៅតាមវាលស្មៅដ៏ទូលំទូលាយដូច្នេះ? ១៧ បើអេប្រាអ៊ីមចូលរួមជាមួយព្រះក្លែងក្លាយ ទុកឲ្យគេចូលរួមទៅ! ១៨ ពួកគេផឹកស្រាមិនទាន់អស់ចិត្តផង នោះពួកគេបែរទៅប្រព្រឹត្តអំពើពេស្យាចារ។ មេដឹកនាំរបស់ពួកគេចូលចិត្តអំពើដ៏អាម៉ាស់។ ១៩ ខ្យល់កំបុតត្បូងនឹងកួចពួកគេយកទៅ ហើយពួកគេនឹងត្រូវខ្មាស ព្រោះតែយញ្ញបូជារបស់ខ្លួន។
៥
១ បូជាចារ្យអើយ ចូរស្ដាប់សេចក្ដីនេះ!
ពូជពង្សអ៊ីស្រាអែលអើយ ចូរផ្ចង់ចិត្ត!
ញាតិវង្សរបស់ស្តេចអើយ ចូរត្រង់ត្រាប់ស្ដាប់!
គឺអ្នករាល់គ្នាហើយ ដែលត្រូវរកយុត្តិធម៌
ផ្ទុយទៅវិញ អ្នករាល់គ្នាដាក់អន្ទាក់នៅមីសប៉ា
អ្នករាល់គ្នាបោះសំណាញ់នៅភ្នំតាប៊រ
២ អ្នករាល់គ្នាជីករណ្ដៅដ៏ជ្រៅនៅគីទីម
យើងនឹងវាយប្រដៅអ្នកទាំងអស់គ្នាពុំខាន។
៣ យើងស្គាល់អេប្រាអ៊ីមយ៉ាងច្បាស់
យើងមើលអ៊ីស្រាអែលធ្លុះទាំងអស់។
អេប្រាអ៊ីមអើយ អ្នកបានប្រព្រឹត្តអំពើពេស្យាចារ
ដែលធ្វើឲ្យអ៊ីស្រាអែលទៅជាសៅហ្មង។
៤ អំពើដែលពួកគេប្រព្រឹត្ត
រារាំងពួកគេមិនឲ្យវិលត្រឡប់មករក
ព្រះរបស់ខ្លួនវិញបានឡើយ
ដ្បិតពួកគេគិតតែពីប្រព្រឹត្តអំពើពេស្យាចារ
ពួកគេពុំស្គាល់ព្រះអម្ចាស់ទេ។
៥ អំនួតរបស់អ៊ីស្រាអែលចោទប្រកាន់ខ្លួនឯង
អ៊ីស្រាអែល និងអេប្រាអ៊ីម ជំពប់ដួល
ព្រោះតែកំហុសរបស់ខ្លួន
ហើយយូដាក៏ជំពប់ដួលជាមួយពួកគេដែរ។
៦ ពួកគេនាំគ្នាស្វែងរកព្រះអម្ចាស់
ដោយយកចៀម និងគោទៅជាមួយ
ដើម្បីថ្វាយយញ្ញបូជា
តែពួកគេរកព្រះអង្គពុំឃើញឡើយ
ព្រោះព្រះអង្គបោះបង់ចោលពួកគេហើយ។
៧ ពួកគេបានក្បត់ព្រះអម្ចាស់
ដោយបង្កើតកូនឥតខាន់ស្លា។
ឥឡូវនេះ បុណ្យចូលខែថ្មីក្លាយទៅជា
មហន្តរាយដល់ពួកគេ និងទឹកដីរបស់ពួកគេ។
សង្គ្រាមផ្ទៃក្នុងរវាងអ៊ីស្រាអែល និងយូដា
៨ ចូរផ្លុំស្នែងប្រកាសសឹកនៅគីបា!
ចូរផ្លុំត្រែប្រកាសភាពអាសន្ននៅរ៉ាម៉ា!
ចូរស្រែកហ៊ោនៅបេតអាវេន!
បេនយ៉ាមីនចូរប្រយ័ត្នខាងក្រោយខ្នងអ្នក!
៩ នៅថ្ងៃព្រះជាម្ចាស់ដាក់ទោស
អេប្រាអ៊ីមនឹងត្រូវវិនាសអន្តរាយ។
យើងប្រាប់ដំណឹងដ៏ពិតឲ្យកុលសម្ព័ន្ធនានា
នៃជនជាតិអ៊ីស្រាអែលដឹងជាមុន។
១០ មេដឹកនាំរបស់ជនជាតិយូដាប្រៀបបាននឹង
អស់អ្នកដែលបង្ខិតបង្គោលរបង
យើងនឹងជះកំហឹងរបស់យើងលើពួកគេ
ដូចទឹកហូរយ៉ាងខ្លាំង។
១១ អេប្រាអ៊ីមរងនូវការវិនិច្ឆ័យទោស
ហើយត្រូវគេជិះជាន់សង្កត់សង្កិន
ព្រោះអេប្រាអ៊ីមរត់ទៅពឹងពាក់លើអ្វីៗ
ដែលឥតបានការ។
១២ រីឯយើងវិញ យើងប្រៀបបាននឹងអង្គែ
ដែលស៊ីពួកអេប្រាអ៊ីម
ហើយដូចដំបៅស៊ីរូងពួកយូដា។
១៣ អេប្រាអ៊ីមឃើញរោគរបស់ខ្លួន
យូដាក៏ឃើញដំបៅរបស់ខ្លួនដែរ
ដូច្នេះ អេប្រាអ៊ីមទៅពឹងស្រុកអាស្ស៊ីរី
គេចាត់អ្នកនាំសារឲ្យទៅគាល់ព្រះចៅអធិរាជ
ប៉ុន្តែ ស្តេចនោះពុំអាចកែរោគអ្នករាល់គ្នា
ឬព្យាបាលដំបៅអ្នករាល់គ្នា
ឲ្យជាសះបានឡើយ។
១៤ យើងប្រៀបដូចសិង្ហដែលប្រហារអេប្រាអ៊ីម
និងដូចសិង្ហស្ទាវហែកកូនចៅយូដាស៊ី
គឺយើងនេះហើយដែលហែកពួកគេ
រួចយើងចាកចេញទៅ
ទាំងពាំពួកគេយកទៅជាមួយ
ឥតមាននរណាអាចរំដោះពួកគេបានឡើយ។
១៥ យើងនឹងវិលទៅដំណាក់របស់យើងវិញ
រហូតទាល់តែពួកគេសារភាពថាខ្លួនខុស
ហើយស្វែងរកយើង។
នៅពេលមានអាសន្ន
ពួកគេនឹងវិលមករកយើងវិញជាមិនខាន។
៦
ប្រជាជនពិតជាវិលមករកព្រះអម្ចាស់មែនឬ?
១ អ្នករាល់គ្នាពោលថា “ចូរនាំគ្នាមក!
ពួកយើងវិលទៅរកព្រះអម្ចាស់វិញ។
ព្រះអង្គបានធ្វើឲ្យពួកយើងរបួស
ព្រះអង្គក៏នឹងប្រោសពួកយើងឲ្យជាវិញ
ព្រះអង្គបានប្រហារពួកយើង
ព្រះអង្គក៏នឹងរុំរបួសឲ្យពួកយើងដែរ។
២ ពីរថ្ងៃទៀត ព្រះអង្គនឹងប្រទានជីវិត
មកពួកយើងវិញ។
នៅថ្ងៃទីបី ព្រះអង្គនឹងលើកពួកយើងឡើងវិញ
ហើយពួកយើងនឹងរស់នៅជាមួយព្រះអង្គ។
៣ យើងត្រូវយកចិត្តទុកដាក់ស្គាល់ព្រះអម្ចាស់
ឲ្យបានច្បាស់
ព្រះអង្គប្រាកដជាយាងមកជួយពួកយើង
គឺពិតដូចថ្ងៃរះ។
ព្រះអង្គនឹងយាងមកប្រោសពួកយើង
ដូចភ្លៀងធ្លាក់ស្រោចស្រពផែនដី
តាមរដូវកាល”។
៤ «អេប្រាអ៊ីមអើយ!
តើឲ្យយើងជួយអ្នកដូចម្ដេចបាន?
យូដាអើយ!
តើឲ្យយើងជួយអ្នកដូចម្ដេចបាន
បើចិត្តភក្តីរបស់អ្នករាល់គ្នាមកលើយើង
ប្រៀបដូចជាអ័ព្ទនៅពេលព្រលឹម
និងទឹកសន្សើមនៅពេលព្រឹក
ដែលបាត់ទៅវិញយ៉ាងឆាប់ៗដូច្នេះ!
៥ ហេតុនេះហើយបានជាយើងប្រើពួកព្យាការី
ឲ្យទៅវាយអ្នករាល់គ្នា។
យើងប្រហារអ្នករាល់គ្នា
ដោយពាក្យសម្ដីដែលយើងថ្លែងប្រាប់។
ការវិនិច្ឆ័យរបស់យើងមកដល់ដូចផ្លេកបន្ទោរ
៦ ដ្បិតយើងចង់បានតែចិត្តភក្តីប៉ុណ្ណោះ
គឺមិនចង់បានយញ្ញបូជាទេ
យើងចង់ឲ្យអ្នករាល់គ្នាស្គាល់យើង
ជាជាងយកតង្វាយដុតមកឲ្យយើង។
៧ ផ្ទុយទៅវិញ អ្នករាល់គ្នារំលោភលើ
សម្ពន្ធមេត្រី* ដូចអដាំ
គឺអ្នករាល់គ្នាបានក្បត់យើង។
៨ កាឡាដជាសំបុកជនឧក្រិដ្ឋ ដែលបង្ហូរឈាម។
៩ ក្រុមបូជាចារ្យ*ប្រហារជីវិតមនុស្ស
នៅតាមផ្លូវទៅស៊ីគែម
ដូចពួកចោរលបចាំប្លន់មនុស្សដែរ
ពួកគេប្រព្រឹត្តអំពើដ៏អាស្រូវបំផុត!
១០ ក្នុងចំណោមប្រជាជនអ៊ីស្រាអែល
យើងបានឃើញហេតុការណ៍ដ៏គួរស្អប់ខ្ពើម
គឺអំពើពេស្យាចាររបស់អេប្រាអ៊ីម
បានធ្វើឲ្យអ៊ីស្រាអែលទៅជាសៅហ្មង។
១១ យូដាអើយ អ្នកក៏ដូច្នោះដែរ
យើងប្រុងប្រៀបវិនិច្ឆ័យទោសអ្នកហើយ។
លុះដល់ពេលយើងត្រូវនាំប្រជារាស្ដ្រ
របស់យើងដែលជាប់ជាឈ្លើយមកវិញ
៧
១ គឺនៅពេលយើងចង់ប្រោស
អ៊ីស្រាអែលឲ្យបានជា
នោះកំហុសរបស់អេប្រាអ៊ីម និងអំពើទុច្ចរិត
របស់សាម៉ារី មុខជាលេចចេញមក
ដ្បិតពួកគេបោកប្រាស់គ្នាទៅវិញទៅមក
ខាងក្នុងមានចោរលួច ខាងក្រៅមានចោរប្លន់។
២ ពួកគេមិនចេះគិតថា យើងនឹកចាំពី
អំពើអាក្រក់ទាំងប៉ុន្មានដែលពួកគេប្រព្រឹត្ត។
ឥឡូវនេះ អំពើបាបរបស់ពួកគេ
ឡោមព័ទ្ធពួកគេជុំជិតហើយ
យើងមើលឃើញអំពើទាំងនោះយ៉ាងច្បាស់។
៣ ពួកគេធ្វើឲ្យស្តេចសប្បាយចិត្ត
ដោយពួកគេប្រព្រឹត្តអំពើអាក្រក់
ហើយធ្វើឲ្យមេដឹកនាំសប្បាយចិត្ត
ដោយពួកគេបោកប្រាស់។
៤ ពួកគេសុទ្ធតែជាមនុស្សផិតក្បត់
ពួកគេប្រៀបដូចជាឡនំបុ័ងដ៏ក្ដៅ
ដែលអ្នកដុតនំបុ័ងលែងបន្ថែមអុស
ចាប់ពីពេលគាត់រៀបចំម្សៅ
រហូតដល់ពេលដែលម្សៅដោរឡើង។
៥ នៅថ្ងៃបុណ្យរបស់ស្តេច
ពួកមេដឹកនាំគិតតែពីផឹកស្រា រហូតដល់ស្រវឹង
ហើយចូលដៃជាមួយមនុស្សឡកឡឺយ។
៦ ពួកគេមានចិត្តក្ដៅដូចឡភ្លើង
រៀបចំគម្រោងការប្រព្រឹត្តអំពើអាក្រក់
ចិត្តកំរោលរបស់គេសម្ងំនៅពេលយប់
ព្រលឹមឡើង ចិត្តកំរោលនោះក៏ឆាបឆេះ
ដូចអគ្គីភ័យ។
៧ ពួកគេទាំងអស់គ្នាមានចិត្តក្ដៅដូចឡភ្លើង
ពួកគេប្រហារអ្នកដឹកនាំរបស់ខ្លួន។
ស្តេចទាំងប៉ុន្មានរបស់គេបាត់បង់ជីវិត
ជាបន្តបន្ទាប់គ្នា
តែគ្មាននរណាម្នាក់អង្វររកយើងឡើយ។
៨ អេប្រាអ៊ីមធ្វើដូចសាសន៍ដទៃ
អេប្រាអ៊ីមប្រៀបដូចជានំដែលគេមិនបានប្រែ
៩ ជនបរទេសកំពុងតែបង្ហិនកម្លាំងរបស់គេ
គេនៅតែមិនដឹងខ្លួន
គេចាស់សក់ស្កូវប៉ុណ្ណឹងហើយ
នៅតែមិនដឹងខ្លួនទៀត។
១០ អំនួតរបស់អ៊ីស្រាអែលចោទប្រកាន់ខ្លួនឯង
តែពួកគេពុំបានវិលមករកព្រះអម្ចាស់
ជាព្រះរបស់ពួកគេវិញទេ
គឺទោះបីមានហេតុការណ៍ទាំងនេះកើតឡើងក្តី
ក៏ពួកគេមិនស្វែងរកព្រះអង្គដែរ។
១១ អេប្រាអ៊ីមប្រៀបបាននឹងសត្វព្រាបដ៏ល្ងីល្ងើ
គ្មានប្រាជ្ញាទាល់តែសោះ
ពួកគេហៅស្រុកអេស៊ីបឲ្យមកជួយ
ពួកគេរត់ទៅពឹងស្រុកអាស្ស៊ីរី។
១២ ពេលដែលពួកគេរត់ចេញទៅនោះ
យើងបោះសំណាញ់របស់យើងលើពួកគេ
យើងធ្វើឲ្យពួកគេធ្លាក់ដូចសត្វស្លាប
យើងចាប់ពួកគេ នៅពេលយើងឮថា
ពួកគេជួបជុំគ្នា។
១៣ ពួកគេពិតជាត្រូវវេទនាពុំខាន
ព្រោះពួកគេបានរត់ចេញឆ្ងាយពីយើង
ពួកគេពិតជាត្រូវអន្តរាយ
ដ្បិតពួកគេបានបះបោរប្រឆាំងនឹងយើង។
តើឲ្យយើងលោះពួកគេដូចម្ដេចបាន
បើពួកគេចេះតែនាំគ្នានិយាយកុហក
ដាក់យើងដូច្នេះ?
១៤ ពួកគេស្រែកអង្វរយើង តែចិត្តគេមិនស្មោះទេ
ពួកគេចូលដំណេក ទាំងសោកសង្រេង
ពួកគេធ្វើពិធីឆូតសាច់របស់ខ្លួន
ដើម្បីឲ្យបានស្រូវ និងស្រាទំពាំងបាយជូរថ្មី
ពួកគេធ្វើដូច្នេះ ប្រឆាំងនឹងយើង។
១៥ យើងបានបណ្តុះបណ្តាល
និងចម្រើនកម្លាំងឲ្យពួកគេ
ប៉ុន្តែ ពួកគេនាំគ្នារិះគិតគម្រោងអាក្រក់
ប្រឆាំងនឹងយើង។
១៦ ពួកគេវិលមកវិញ តែមិនមែនមករកយើងទេ
ពួកគេមានចិត្តវៀចវេរដូចផ្លែកណ្ដៀវ។
មេដឹកនាំរបស់គេនឹងដួលស្លាប់ដោយមុខដាវ
ព្រោះពាក្យសម្ដីព្រហើនកោងកាចរបស់ខ្លួន។
ហេតុការណ៍នេះនឹងនាំឲ្យអ្នកស្រុកអេស៊ីប
សើចចំអកឡកឡឺយដាក់ពួកគេ»។
៨
អ៊ីស្រាអែលមានទោស ព្រោះតែគោរពព្រះក្លែងក្លាយ
១ ចូរផ្លុំស្នែងប្រកាសភាពអាសន្ន!
ខ្មាំងសត្រូវបោះពួយដូចសត្វឥន្ទ្រី
មកលើទឹកដីរបស់យើង ជាព្រះអម្ចាស់
ដ្បិតប្រជាជនបានរំលោភលើសម្ពន្ធមេត្រី
របស់យើង
ពួកគេប្រព្រឹត្តបំពានលើច្បាប់របស់យើង។
២ ពួកគេស្រែករកយើងថា “ព្រះនៃទូលបង្គំអើយ
យើងខ្ញុំជាជនជាតិអ៊ីស្រាអែល
យើងខ្ញុំស្គាល់ព្រះអង្គហើយ”។
៣ អ៊ីស្រាអែលបានបោះបង់ការល្អ
ហេតុនេះបានជាសត្រូវដេញតាមពួកគេ។
៤ ពួកគេតែងតាំងស្តេច ដោយឥតសាកសួរយើង
ហើយតែងតាំងមេដឹកនាំពីក្រោយខ្នងយើង។
ពួកគេយកមាសប្រាក់របស់ខ្លួន
ទៅសូនធ្វើរូបព្រះក្លែងក្លាយ
ដែលបណ្តាលឲ្យខ្លួនត្រូវវិនាស។
៥ អ្នកក្រុងសាម៉ារីអើយ
ចូរយករូបព្រះគោរបស់អ្នកបោះចោលទៅ!។
កំហឹងរបស់យើងឆាបឆេះទៅលើ
អ្នកក្រុងសាម៉ារី
តើដល់ពេលណាទើបពួកគេអាចរស់នៅ
ដោយឥតសៅហ្មង?
៦ រូបគោនោះកើតចេញមកពីអ៊ីស្រាអែល
មានជាងឆ្លាក់វា គឺវាមិនមែនជាព្រះទេ
ហេតុនេះហើយបានជារូបគោរបស់សាម៉ារី
នឹងត្រូវបាក់បែកខ្ទេចខ្ទីជាពុំខាន។
៧ ពួកគេសាបព្រោះខ្យល់
ពួកគេនឹងទទួលផលជាព្យុះ។
ស្រូវស្កក គ្មានបាយហូប
ហើយប្រសិនបើមាន ក៏គង់តែជនបរទេស
មកលេបយកទៅបាត់ដែរ។
៨ អ៊ីស្រាអែលត្រូវខ្មាំងលេបបាត់ហើយ!
ឥឡូវនេះ ពួកគេស្ថិតនៅក្នុងចំណោម
ប្រជាជាតិនានា
ដូចអំបែងដែលគ្មាននរណាចង់បាន។
៩ សត្វលាព្រៃតែនៅដាច់ពីគេ
តែអេប្រាអ៊ីមបែរជាលក់ខ្លួនឲ្យ
ស្រុកអាស្ស៊ីរី ដែលជាសហាយរបស់គេ។
១០ ទោះបីពួកគេយកជំនូនទៅឲ្យ
ប្រជាជាតិនានាក្តី
ក៏ពេលនេះយើងប្រមូលផ្តុំពួកគេ
ហើយបន្តិចទៀត ពួកគេនឹងរងទុក្ខវេទនា
ក្រោមអំណាចព្រះចៅអធិរាជ។
១១ អេប្រាអ៊ីមបានសង់អាសនៈកាន់តែច្រើនឡើងៗ
ដើម្បីឲ្យរួចពីបាប
តែអាសនៈទាំងនោះក្លាយទៅជាកន្លែង
ដែលនាំឲ្យគេប្រព្រឹត្តអំពើបាបទៅវិញ!
១២ ទោះបីយើងបានចែងវិន័យទុកឲ្យគេ
ច្រើនយ៉ាងណាក្តី
ក៏គេមិនរវីរវល់អើពើដែរ។
១៣ ពួកគេយកសត្វមកធ្វើយញ្ញបូជាឲ្យយើង
ព្រោះពួកគេចូលចិត្តបរិភោគសាច់។
ប៉ុន្តែ យើងជាព្រះអម្ចាស់
មិនពេញចិត្តនឹងតង្វាយរបស់ពួកគេទេ
យើងនឹកឃើញអំពើអាក្រក់របស់ពួកគេ
ហើយរាប់ចំនួនអំពើបាបដែលពួកគេប្រព្រឹត្ត។
ពួកគេត្រូវតែវិលត្រឡប់ទៅស្រុកអេស៊ីបវិញ។
១៤ អ៊ីស្រាអែលបំភ្លេចព្រះដែលបានបង្កើតខ្លួនមក
ហើយគេនាំគ្នាសង់វិមានផ្សេងៗ។
រីឯយូដាវិញ គេសង់ទីក្រុង
ដែលមានកំពែងរឹងមាំកាន់តែច្រើន
តែយើងនឹងឲ្យភ្លើងឆាបឆេះក្រុងរបស់គេ
ព្រមទាំងឆេះកម្ទេចវិមានរបស់ពួកគេផង។
៩
ប្រជាជនរបស់ព្រះជាម្ចាស់នឹងបាត់បង់អ្វីៗទាំងអស់
១ អ៊ីស្រាអែលអើយ កុំត្រេកអរ
និងសប្បាយរីករាយ
ដូចជាតិសាសន៍ឯទៀតៗឡើយ
ដ្បិតអ្នកបានប្រព្រឹត្តអំពើពេស្យាចារ
ដោយបោះបង់ចោលព្រះរបស់ខ្លួន
អ្នកចូលចិត្តទទួលកម្រៃមិនបរិសុទ្ធ
ដោយធ្វើពិធីសែនព្រេននៅតាម
លានបោកស្រូវ។
២ ប៉ុន្តែ ពួកគេនឹងមិនស្គាល់រសជាតិស្រូវ
ដែលគេបោកបែន ឬប្រេងដែលគេកៀប
ហើយស្រាទំពាំងបាយជូរថ្មី ក៏គ្មានទៀតដែរ។
៣ ពួកគេនឹងលែងរស់នៅលើទឹកដីរបស់ព្រះអម្ចាស់
អេប្រាអ៊ីមនឹងវិលទៅស្រុកអេស៊ីបវិញ
ហើយពួកគេនឹងបរិភោគអាហារមិនបរិសុទ្ធ
នៅស្រុកអាស្ស៊ីរី។
៤ ពួកគេនឹងលែងធ្វើពិធីច្រួចស្រាថ្វាយព្រះអម្ចាស់
យញ្ញបូជារបស់ពួកគេមិនគាប់ព្រះហឫទ័យ
របស់ព្រះអង្គឡើយ។
សាច់នៃយញ្ញបូជាដែលពួកគេបរិភោគ
ប្រៀបដូចជាអាហារសម្រាប់អ្នកកាន់ទុក្ខ
អស់អ្នកដែលបរិភោគអាហារនោះ
នឹងក្លាយទៅជាជនមិនបរិសុទ្ធ។
អាហាររបស់គេបានត្រឹមតែ
ចម្អែតក្រពះប៉ុណ្ណោះ
គេមិនអាចយកចូលមកក្នុងដំណាក់របស់
ព្រះអម្ចាស់បានឡើយ។
៥ តើអ្នករាល់គ្នាធ្វើយ៉ាងណានៅថ្ងៃបុណ្យ
សំខាន់ៗ និងថ្ងៃបុណ្យរបស់ព្រះអម្ចាស់?
៦ មើលចុះ! ពួកគេចាកចេញទៅ
ព្រោះតែទឹកដីរបស់ពួកគេត្រូវអន្តរាយ។
ស្រុកអេស៊ីបទទួលពួកគេ
ពួកគេនឹងស្លាប់ចោលឆ្អឹងនៅក្រុងណូប
ចោលទ្រព្យសម្បត្តិធ្វើពីប្រាក់ នៅក្នុងគុម្ពខ្ញែ
ហើយបន្លាដុះនៅពេញទីលំនៅរបស់ពួកគេ។
៧ អ៊ីស្រាអែលត្រូវតែដឹងថា
គ្រាដែលព្រះជាម្ចាស់ដាក់ទោស មកដល់ហើយ
គឺគ្រាដែលម្នាក់ៗទទួលផលតាមអំពើ
ដែលខ្លួនបានប្រព្រឹត្ត។
ព្យាការីក្លាយទៅជាមនុស្សឡប់សតិ
ហើយអ្នកដែលមានវិញ្ញាណភ្លឺស្វាង
ក្លាយទៅជាមនុស្សវង្វេងស្មារតី
ព្រោះតែកំហុសដ៏ធ្ងន់
និងអំពើឃោរឃៅដ៏ច្រើនរបស់អ្នក។
៨ អ្នកយាមល្បាតឲ្យអេប្រាអ៊ីម គឺព្យាការី
ស្ថិតនៅជាមួយព្រះរបស់ខ្ញុំ។
គេដាក់អន្ទាក់ចាំចាប់គាត់ពីគ្រប់ទិសទី
ហើយគេប្រឆាំងនឹងគាត់
នៅក្នុងដំណាក់នៃព្រះរបស់គាត់។
៩ ពួកគេផុងខ្លួនទៅក្នុងអំពើពុករលួយ
កាន់តែខ្លាំងឡើងៗ ដូចគ្រានៅគីបាដែរ
ព្រះអម្ចាស់នឹកឃើញអំពើអាក្រក់របស់ពួកគេ
ហើយព្រះអង្គនឹងដាក់ទោសពួកគេ
តាមអំពើបាបដែលខ្លួនបានប្រព្រឹត្ត។
១០ «ពីដើម យើងឃើញអ៊ីស្រាអែល
ដូចជាផ្លែទំពាំងបាយជូរនៅវាលរហោស្ថាន
យើងបានឃើញដូនតារបស់អ្នករាល់គ្នា
ដូចជាផ្លែដំបូងរបស់ដើមឧទុម្ពរ។
ពួកគេទៅដល់បាល-ពេអ៊រ
ហើយនាំគ្នាគោរពបម្រើព្រះដ៏គម្រក់
ពួកគេក្លាយទៅជាជនគួរស្អប់ខ្ពើម
ដូចព្រះក្លែងក្លាយជាទីស្រឡាញ់របស់ខ្លួន។
១១ កិត្តិយសរបស់អេប្រាអ៊ីមនឹងចាកចេញពីគេ
ដូចសត្វស្លាបដែលហើរបាត់ទៅ
គឺគ្មានទារកកើតទៀតទេ
ហើយគ្មានទារកនៅក្នុងផ្ទៃ
ឬទារកមកចាប់ផ្ទៃទៀតដែរ។
១២ ប្រសិនបើពួកគេចិញ្ចឹមកូនប្រុសៗ
យើងនឹងដកកូនទាំងនោះចេញពីពួកគេ
មុនពេលវាធំពេញវ័យ។
កាលណាយើងនឹងចាកចេញពីពួកគេ
ពួកគេពិតជាត្រូវវេទនាមិនខាន!
១៣ យើងឃើញថា អេប្រាអ៊ីមប្រៀបបាននឹង
ក្រុងទីរ៉ុសដែលស្ថិតនៅកន្លែងសុខស្រួល
តែអេប្រាអ៊ីមត្រូវបញ្ជូនកូនរបស់ខ្លួន
ទៅឲ្យគេសម្លាប់ ដូចសត្វម្រឹគ»។
១៤ ព្រះអម្ចាស់អើយ បើត្រូវធ្វើទោសពួកគេដូច្នេះ
តើត្រូវធ្វើទោសពួកគេរបៀបណា?
គឺត្រូវធ្វើឲ្យស្ត្រីៗរបស់ពួកគេ
មិនអាចបង្កើតកូន ហើយមិនអាចបំបៅកូន។
១៥ «អំពើទុច្ចរិតទាំងប៉ុន្មានរបស់ពួកគេ
លេចចេញមកយ៉ាងច្បាស់នៅគីលកាល់
គឺនៅទីនោះហើយដែលយើងចាប់ផ្តើម
ស្អប់ខ្ពើមពួកគេ។
ដោយពួកគេប្រព្រឹត្តអំពើអាក្រក់
យើងនឹងដេញពួកគេចេញពី
ដំណាក់របស់យើង។
យើងលែងស្រឡាញ់ពួកគេទៀតហើយ
មេដឹកនាំទាំងប៉ុន្មានរបស់ពួកគេ
សុទ្ធតែជាជនបះបោរ។
១៦ អេប្រាអ៊ីមត្រូវបណ្ដាសាហើយ
ឫសរបស់ពួកគេក្រៀមស្ងួតអស់
ពួកគេពុំអាចបង្កើតផលបានឡើយ។
ប្រសិនបើពួកគេបង្កើតកូន
នោះយើងនឹងធ្វើឲ្យកូនដ៏ជាទីស្រឡាញ់
របស់ពួកគេបាត់បង់ជីវិត»។
១៧ ព្រះរបស់ខ្ញុំនឹងបោះបង់ចោលពួកគេ
ព្រោះពួកគេមិនបានស្ដាប់តាមព្រះអង្គទេ។
ដូច្នេះ ពួកគេនឹងខ្ចាត់ព្រាត់ទៅនៅ
ក្នុងចំណោមប្រជាជាតិទាំងឡាយ។
១០
ការវិនាសរបស់អាណាចក្រអ៊ីស្រាអែល
១ ពីដើម ប្រជាជនអ៊ីស្រាអែល
ប្រៀបដូចជាចម្ការទំពាំងបាយជូរ
ដែលដុះទ្រុបទ្រុល ហើយបង្កើតផ្លែជាច្រើន។
ប៉ុន្តែ ផ្លែចម្រើនឡើងយ៉ាងណា
ចំនួនអាសនៈសម្រាប់ព្រះក្លែងក្លាយ
ក៏កើនឡើងច្រើនយ៉ាងនោះដែរ។
ស្រុករបស់គេកាន់តែល្អយ៉ាងណា
គេក៏តុបតែងស្តូបសម្រាប់ព្រះក្លែងក្លាយ
កាន់តែល្អឡើងៗយ៉ាងនោះដែរ។
២ ដោយពួកគេមានចិត្តមិនស្មោះ
ពួកគេត្រូវតែទទួលទោស
គឺព្រះអម្ចាស់នឹងផ្តួលរំលំអាសនៈរបស់ពួកគេ
ព្រមទាំងកម្ទេចស្តូបរបស់ពួកគេទៀតផង។
៣ ឥឡូវនេះ ពួកគេនិយាយគ្នាថា:
«យើងគ្មានស្តេចទេ ព្រោះយើងមិនបាន
គោរពកោតខ្លាចព្រះអម្ចាស់។
(ប៉ុន្តែ ប្រសិនបើយើងមានស្តេច
តើស្តេចអាចជួយយើងបានឬទេ?)»។
៤ ពួកគេពោលពាក្យឥតបានការ
និយាយស្បថបំពាន
ហើយនាំគ្នាចុះសន្ធិសញ្ញាទៀតផង។
ប៉ុន្តែ ចំពោះពួកគេ យុត្តិធម៌ប្រៀបបាននឹង
ពន្លកតិណជាតិមានជាតិពុល
ដុះនៅតាមចម្ការដែលគេភ្ជួររាស់។
៥ អ្នកក្រុងសាម៉ារីនឹងភ័យតក់ស្លុត
ព្រោះតែរូបគោញីដែលគេគោរព
នៅបេត-អាវេន
ប្រជាជន និងពួកបូជាចារ្យដែលគោរពបូជា
រូបកូនគោ នាំគ្នាធ្វើពិធីកាន់ទុក្ខ។
ទុកឲ្យពួកគេលើកតម្កើងរូបកូនគោទៅ
ព្រោះបន្តិចទៀត រូបកូនគោនឹងត្រូវដកចេញ
ពីចំណោមពួកគេ។
៦ គេនឹងយករូបកូនគោនេះទៅស្រុកអាស្ស៊ីរី
ថ្វាយព្រះចៅអធិរាជ។
អេប្រាអ៊ីមនឹងត្រូវអាម៉ាស់
អ៊ីស្រាអែលនឹងត្រូវបាក់មុខ
ព្រោះតែនយោបាយរបស់ខ្លួន។
៧ អ្នកក្រុងសាម៉ារី និងស្តេចរបស់គេប្រៀបបីដូច
កម្ទេចឈើអណ្ដែតត្រសែតនៅលើផ្ទៃទឹក។
៨ ចំណែកឯទីសក្ការៈទាំងឡាយនៅអាវេន
ជាកន្លែងដែលប្រជាជនអ៊ីស្រាអែល
ប្រព្រឹត្តអំពើបាប ក៏ត្រូវបំផ្លាញចោលដែរ។
រពាក់ និងអញ្ចាញ នឹងដុះលើអាសនៈរបស់គេ។
ពេលនោះ គេនឹងនិយាយទៅកាន់ភ្នំធំៗថា:
ចូរជួយលាក់យើងខ្ញុំផង!
ហើយគេក៏និយាយទៅកាន់ភ្នំតូចៗថា:
ចូររលំសង្កត់លើយើងខ្ញុំមក!។
៩ ចាប់តាំងពីគ្រានៅគីបា អ៊ីស្រាអែលចេះតែ
ប្រព្រឹត្តអំពើបាប ឥតរាងចាលឡើយ។
ដូច្នេះ គួរឲ្យសង្គ្រាមកើតមាននៅគីបា
សម្រាប់ដាក់ទោសជនពាល!
១០ យើងនឹងធ្វើទោសពួកគេ តាមចិត្តយើង
ជាតិសាសន៍នានានឹងលើកគ្នាមកវាយពួកគេ
ដើម្បីដាក់ទោសពួកគេ ព្រោះតែកំហុស
ទាំងពីរដែលពួកគេបានប្រព្រឹត្ត។
១១ អេប្រាអ៊ីមប្រៀបបាននឹងគោញី
ដែលគេបង្ហាត់ឲ្យចូលចិត្តបញ្ជាន់ស្រូវ
ពេលយើងឃើញ ករបស់អេប្រាអ៊ីមមាំល្អដូច្នេះ
យើងទឹមអេប្រាអ៊ីម
យូដាកំពុងភ្ជួរ ហើយយ៉ាកុបកំពុងរាស់។
១២ ចំណែកឯអ្នករាល់គ្នាវិញ
ចូរនាំគ្នាសាបព្រោះសេចក្ដីសុចរិត
អ្នករាល់គ្នានឹងច្រូតបានភក្តីភាពយ៉ាងបរិបូណ៌!
ចូរកាប់គាស់ដីចម្ការថ្មី!
ដល់ពេលត្រូវស្វែងរកព្រះអម្ចាស់ហើយ
គឺចាប់ពីពេលនេះ រហូតដល់ព្រះអង្គយាងមក
ចាក់បង្ហូរសេចក្ដីសុចរិតលើអ្នករាល់គ្នា។
១៣ អ្នករាល់គ្នាសាបព្រោះអំពើអាក្រក់
នោះអ្នករាល់គ្នាទទួលផលជាអំពើទុច្ចរិត
ហើយអ្នករាល់គ្នានឹងបរិភោគផ្លែបោកប្រាស់។
អ្នកបានពឹងផ្អែកលើរទេះចម្បាំង
និងលើចំនួនទាហានដ៏អង់អាចរបស់អ្នក។
១៤ ហេតុនេះ សម្រែកបរាជ័យលេចឮ
ក្នុងកងទ័ពរបស់អ្នក
ទីក្រុងដ៏មានកំពែងរឹងមាំរបស់អ្នក
នឹងត្រូវខ្មាំងបំផ្លាញ ដូចស្តេចសាល់ម៉ន
បានបំផ្លាញក្រុងបេត-អាបិល
នៅថ្ងៃធ្វើសឹកសង្គ្រាម
គេបានកិនកម្ទេចម្ដាយពីលើកូនរបស់ខ្លួន។
១៥ នេះជាផលវិបាកនៃអំពើអាក្រក់ដ៏ហួសហេតុ
ដែលអ្នករាល់គ្នាបានប្រព្រឹត្តនៅបេតអែល។
នៅពេលថ្ងៃរះ ស្តេចស្រុកអ៊ីស្រាអែលនឹងត្រូវ
វិនាសសូន្យ។
១១
ការរមិលគុណរបស់ជនជាតិអ៊ីស្រាអែល
១ «កាលអ៊ីស្រាអែលនៅពីក្មេង
យើងបានស្រឡាញ់អ៊ីស្រាអែល
យើងហៅបុត្ររបស់យើងចេញពីស្រុកអេស៊ីប។
២ យើងបានហៅគេមកយ៉ាងណា
គេក៏ងាកចេញឆ្ងាយពីយើងយ៉ាងនោះដែរ។
ប្រជាជនរបស់យើងនាំគ្នាធ្វើយញ្ញបូជា
សែនព្រះបាលទាំងឡាយ
ហើយដុតគ្រឿងក្រអូបជាសក្ការបូជា
ចំពោះរូបបដិមា។
៣ យើងនេះហើយដែលបានកាន់ដៃ
និងបង្ហាត់អេប្រាអ៊ីមឲ្យចេះដើរ
តែគេមិនទទួលស្គាល់ថា យើងថែរក្សាគេទេ។
៤ យើងបានណែនាំគេដោយចិត្តអាណិតអាសូរ
និងដោយចិត្តស្រឡាញ់។
យើងបានថ្នាក់ថ្នមគេ
ដូចឪពុកលើកកូនមកបីថើប
ហើយយើងឱនកាយបញ្ចុកចំណីដល់គេ។
៥ ពួកគេនឹងមិនវិលទៅស្រុកអេស៊ីបវិញឡើយ
ជនជាតិអាស្ស៊ីរីនឹងគ្រប់គ្រងលើពួកគេ
ដ្បិតពួកគេមិនព្រមវិលត្រឡប់មករក
យើងវិញទេ។
៦ សង្គ្រាមនឹងបំផ្លិចបំផ្លាញក្រុងរបស់ពួកគេ
ព្រមទាំងរំលំកំពែងការពារក្រុង
ហើយកម្ទេចអ្វីៗទាំងអស់។
នេះហើយជាលទ្ធផលនៃនយោបាយ
របស់អ៊ីស្រាអែល។
៧ ប្រជាជនរបស់យើងនៅតែរឹងចចេស
បោះបង់ចោលយើងរហូត
យើងហៅពួកគេឲ្យងើបមើលមកយើង
តែគ្មាននរណារវីរវល់តម្កើងយើងទេ។
៨ អេប្រាអ៊ីមអើយ តើយើងត្រូវប្រព្រឹត្តចំពោះ
អ្នកយ៉ាងដូចម្ដេច?
អ៊ីស្រាអែលអើយ តើយើងអាចប្រគល់អ្នក
ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងកើតឬ?
តើយើងត្រូវប្រព្រឹត្តចំពោះអ្នកដូច
ក្រុងអាដម៉ាឬ?
តើយើងគួរធ្វើឲ្យអ្នកបានដូច
ក្រុងសេបូអ៊ីមឬ?
ទេ! យើងមិនដាច់ចិត្តដាក់ទណ្ឌកម្មអ្នកទេ
យើងរំជួលចិត្តអាណិតអ្នកខ្លាំងណាស់។
៩ យើងមិនអាចប្រព្រឹត្ត
តាមកំហឹងដ៏ខ្លាំងក្លារបស់យើង
យើងមិនមែនមក ដើម្បីបំផ្លាញអេប្រាអ៊ីម
ព្រោះយើងជាព្រះជាម្ចាស់
មិនមែនជាមនុស្សទេ!
យើងជាព្រះដ៏វិសុទ្ធដែលស្ថិតនៅជាមួយអ្នក
យើងមិនមែនមក ដោយកំហឹងឡើយ។
១០ ពួកគេនឹងដើរតាមព្រះអម្ចាស់
ព្រះអង្គនឹងបន្លឺព្រះសូរសៀងដូចសត្វសិង្ហ
ពេលឮព្រះអង្គបន្លឺព្រះសូរសៀង
កូនចៅរបស់ព្រះអង្គនឹងប្រញាប់រត់ចេញ
ពីស្រុកខាងលិច ទាំងញ័ររន្ធត់។
១១ ពួកគេប្រញាប់រត់ចេញពីស្រុកអេស៊ីប
ដូចហ្វូងចាបទាំងញ័ររន្ធត់
ហើយរត់ចេញពីស្រុកអាស្ស៊ីរីដូចហ្វូងព្រាប
យើងនឹងនាំពួកគេមករស់នៅក្នុងលំនៅដ្ឋាន
របស់ខ្លួនវិញ»
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១២
ទោសរបស់កូនចៅលោកយ៉ាកុប
១ «អេប្រាអ៊ីមចេះតែនាំគ្នាបោក
បញ្ឆោតយើង
កូនចៅអ៊ីស្រាអែលចេះតែបោកប្រាស់យើង»
តែយូដាស្ថិតនៅជាប់នឹងព្រះជាម្ចាស់នៅឡើយ
គេស្មោះត្រង់នឹងព្រះដ៏វិសុទ្ធ។
២ អ្វីៗដែលអេប្រាអ៊ីមធ្វើសុទ្ធតែឥតបានការ
គឺដូចជាខំតាមចាប់ខ្យល់ពីទិសខាងកើត។
រៀងរាល់ថ្ងៃ គេគិតតែពីបោកប្រាស់
និងប្រព្រឹត្តអំពើឃោរឃៅកាន់តែច្រើនឡើងៗ។
អេប្រាអ៊ីមចងសម្ពន្ធមិត្តជាមួយស្រុកអាស្ស៊ីរី
ហើយយកប្រេងទៅចងមិត្តភាពជាមួយ
ស្រុកអេស៊ីប។
៣ ព្រះអម្ចាស់ក៏មានសំណុំរឿងជាមួយយូដាដែរ
ព្រះអង្គនឹងដាក់ទោសកូនចៅលោកយ៉ាកុប
ព្រោះតែមារយាទអាក្រក់របស់ពួកគេ
ព្រះអង្គតបស្នងទៅពួកគេវិញ
តាមអំពើដែលខ្លួនប្រព្រឹត្ត។
៤ ពេលនៅក្នុងផ្ទៃម្ដាយ
លោកយ៉ាកុបបានតោងកែងជើងបងរបស់ខ្លួន
លុះដល់ពេលធំពេញវ័យ
គាត់បានបោកចំបាប់ជាមួយព្រះជាម្ចាស់។
៥ គាត់បានបោកចំបាប់ជាមួយទេវទូត
គាត់បានឈ្នះទេវទូតនោះ
រួចគាត់ក៏យំ អង្វរសុំការប្រណីសន្ដោស។
គាត់បានជួបព្រះជាម្ចាស់នៅបេតអែល
គឺនៅទីនោះហើយដែលព្រះអង្គមាន
មានព្រះបន្ទូលមកកាន់គាត់។
៦ ព្រះអង្គជាព្រះនៃពិភពទាំងមូល
ព្រះនាមរបស់ព្រះអង្គ គឺព្រះអម្ចាស់។
៧ ចំពោះអ្នកវិញ ចូរវិលមករកព្រះរបស់អ្នក
ចូរកាន់ចិត្តសុចរិត និងយុត្តិធម៌
ចូរសង្ឃឹមទុកចិត្តលើព្រះអង្គរហូតតទៅ។
៨ ប្រជាជនកាន់ជញ្ជីងមិនត្រឹមត្រូវនៅដៃ
ដូចកាណានដែរ
គេចូលចិត្តកេងប្រវ័ញ្ចអ្នកផ្សេង។
៩ អេប្រាអ៊ីមពោលថា:
“ខ្ញុំរកស៊ីមានបាន ខ្ញុំមានធនធាន
ដោយសារកម្លាំងញើសរបស់ខ្ញុំទាំងស្រុង
គឺខ្ញុំគ្មានធ្វើអ្វីខុសឡើយ”។
១០ «ប៉ុន្តែ យើងជាព្រះអម្ចាស់
យើងជាព្រះរបស់អ្នកតាំងពីស្រុកអេស៊ីបមក។
យើងនឹងនាំអ្នកឲ្យទៅរស់នៅតាមខ្ទម
សាជាថ្មី ដូចគ្រាពិធីបុណ្យដ៏សំខាន់។
១១ យើងនឹងនិយាយទៅកាន់ពួកព្យាការី
យើងនឹងសម្ដែងនិមិត្តហេតុដ៏អស្ចារ្យជាច្រើន
ហើយយើងក៏នឹងចោទជាប្រស្នា
តាមរយៈពួកព្យាការីដែរ»។
១២ អ្នកស្រុកកាឡាដសុទ្ធតែជាជនទុច្ចរិត
ដូច្នេះ ហើយបានជាពួកគេវិនាសសូន្យ។
ពួកគេចេះតែយកគោមកធ្វើយញ្ញបូជា
នៅគីលកាល់
ហេតុនេះ អាសនៈរបស់ពួកគេនឹងក្លាយទៅជា
គំនរឥដ្ឋនៅរាត់រាយតាមចម្ការដែលគេភ្ជួរ។
១៣ លោកយ៉ាកុបភៀសខ្លួនទៅនៅស្រុកអារ៉ាម
លោកអ៊ីស្រាអែលបម្រើគេ
ព្រោះចង់បានប្រពន្ធ
គាត់មើលថែទាំហ្វូងសត្វ ដើម្បីបានប្រពន្ធ។
១៤ ព្រះអម្ចាស់បានប្រើព្យាការីមួយរូបឲ្យនាំ
ជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប
ហើយព្រះអង្គប្រើព្យាការីឲ្យមើលថែទាំ
ប្រជារាស្ដ្ររបស់ព្រះអង្គ។
១៥ អេប្រាអ៊ីមបានធ្វើឲ្យព្រះអម្ចាស់
ខកព្រះហឫទ័យយ៉ាងខ្លាំង
ព្រះអម្ចាស់របស់គេនឹងដាក់ទោសគេ
ព្រោះគេបានបង្ហូរឈាម។
ព្រះអង្គដាក់ទោសគេ
ព្រោះគេព្រហើនដាក់ព្រះអង្គ។
១៣
ការវិនាសរបស់ប្រជាជនដែលបះបោរ ប្រឆាំងនឹងព្រះអម្ចាស់
១ ពេលអេប្រាអ៊ីមហាមាត់និយាយ
ប្រជាជនញ័ររន្ធត់គ្រប់ៗគ្នា
អេប្រាអ៊ីមជាមេដឹកនាំរបស់ស្រុកអ៊ីស្រាអែល
ប៉ុន្តែ គេមានទោស ព្រោះតែគោរពព្រះបាល
ហើយគេក៏បាត់បង់ជីវិត។
២ ឥឡូវនេះ ពួកគេនៅតែប្រព្រឹត្តអំពើបាប
ដោយយកប្រាក់មកសូនធ្វើរូបបដិមា
តាមទេពកោសល្យរបស់ខ្លួន សម្រាប់ថ្វាយបង្គំ។
រូបទាំងនោះសុទ្ធតែជាស្នាដៃរបស់ជាង
ប៉ុន្តែ ពួកគេនាំគ្នាពោលថា
“យើងត្រូវធ្វើយញ្ញបូជាមនុស្សថ្វាយព្រះនេះ!”
តើមនុស្សអាចថើបរូបគោដូច្នេះកើតឬ?
៣ ហេតុនេះ ពួកគេនឹងប្រៀបដូចជាអ័ព្ទ
នៅពេលព្រលឹម
ដូចទឹកសន្សើមនៅពេលព្រឹក
ដែលបាត់ទៅវិញយ៉ាងឆាប់ៗ
ដូចកម្ទេចចំបើងប៉ើងចេញពីលានបោកស្រូវ
និងដូចផ្សែងហុយចេញពីរោងបាយ។
៤ ចំណែកឯយើងវិញ
យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក
តាំងពីស្រុកអេស៊ីប អ្នកមិនស្គាល់ព្រះណាផ្សេង
ទៀតក្រៅពីយើងទេ
ក្រៅពីយើង ក៏គ្មានព្រះសង្គ្រោះណាដែរ។
៥ យើងបានថែទាំអ្នកនៅវាលរហោស្ថាន
នៅលើទឹកដីហួតហែង។
៦ ពេលពួកគេមកដល់កន្លែងសម្បូណ៌សប្បាយ
ពួកគេបរិភោគយ៉ាងឆ្អែតឆ្អន់។
ពេលពួកគេបរិភោគយ៉ាងឆ្អែតឆ្អន់
ពួកគេវាយឫកខ្ពស់
ហេតុនេះហើយបានជាពួកគេបំភ្លេចយើង។
៧ យើងនឹងប្រែក្លាយដូចជាសិង្ហ
និងដូចខ្លារខិននៅតាមផ្លូវ
យើងឃ្លាំមើល ដើម្បីសង្គ្រប់លើពួកគេ។
៨ យើងនឹងប្រហារពួកគេយ៉ាងសាហាវ
ដូចខ្លាឃ្មុំញីបាត់កូន។
យើងនឹងហែកទ្រូងពួកគេ
យើងហែកពួកគេស៊ី ដូចសិង្ហញីត្របាក់លេប
ហើយសត្វព្រៃនឹងមកហែកស៊ីសាកសព
របស់ពួកគេ។
៩ អ៊ីស្រាអែលអើយ ដោយអ្នកប្រឆាំងនឹងយើង
អ្នកនឹងត្រូវវិនាសពុំខាន!
គ្មាននរណាអាចជួយអ្នកបានទេ!
១០ តើស្តេចរបស់អ្នកនៅឯណា
ម្ដេចក៏មិនឃើញមកជួយសង្គ្រោះអ្នក
នៅតាមក្រុងទាំងប៉ុន្មាន?
រីឯពួកវីរបុរស ដែលអ្នកធ្លាប់ពោលទៅគេថា
“សូមតែងតាំងស្តេច និងមេដឹកនាំ
ឲ្យគ្រប់គ្រងលើយើង”
តើអ្នកទាំងនោះទៅណាអស់ហើយ។
១១ យើងបានប្រគល់ស្តេចឲ្យអ្នក ទាំងខឹង
យើងដកស្តេចនោះវិញ ទាំងក្រេវក្រោធ។
១២ កំហុស និងអំពើបាបរបស់អេប្រាអ៊ីម
មានកត់ត្រាទុកយ៉ាងច្បាស់លាស់ណាស់។
១៣ ពួកគេនឹងឈឺចុកចាប់ ដូចនៅពេលសម្រាលកូន
ពួកគេជាកូនល្ងីល្ងើ ដ្បិតដល់ពេលកើត
វាពុំព្រមចេញពីផ្ទៃម្ដាយមកទេ។
១៤ តើយើងគួររំដោះពួកគេពីស្ថានមច្ចុរាជឬ?
តើយើងគួរលោះពួកគេឲ្យរួចពីស្លាប់ឬ?
មច្ចុរាជអើយ មហន្តរាយរបស់ឯងនៅឯណា?
ស្ថានមច្ចុរាជអើយ
អំណាចប្រហារជីវិតរបស់ឯងនៅឯណា?
យើងលែងមានចិត្តអាណិតមេត្តាទៀតហើយ។
១៥ ទោះបីអេប្រាអ៊ីមរីកចម្រើនឡើង
នៅក្នុងចំណោមបងប្អូនរបស់ខ្លួនក្តី
គង់តែនឹងមានខ្យល់បក់ពីទិសខាងកើត
គឺខ្យល់របស់ព្រះអម្ចាស់បក់ពីវាលរហោស្ថាន
ធ្វើឲ្យប្រភពទឹករបស់អេប្រាអ៊ីមរីងស្ងួត
ហើយអណ្ដូងរបស់គេក៏រីងអស់ដែរ។
សត្រូវនឹងរឹបអូសយកទ្រព្យដ៏មានតម្លៃ
ទាំងប៉ុន្មានពីក្នុងឃ្លាំង។
១៤
១ (១៣.១៦) អ្នកក្រុងសាម៉ារីនឹងទទួលទោស
ព្រោះគេបានបះបោរ
ប្រឆាំងនឹងព្រះរបស់ខ្លួន។
ពួកគេនឹងដួលស្លាប់ដោយមុខដាវ
ខ្មាំងនឹងជាន់កម្ទេចកូនក្មេង
ហើយវះពោះស្ត្រីមានគភ៌។
ព្រះបន្ទូលសន្យា
២ (១) អ៊ីស្រាអែលអើយ! ចូរវិលត្រឡប់មករកព្រះអម្ចាស់
ជាព្រះរបស់អ្នកវិញ
ដ្បិតអំពើបាបរបស់អ្នក ធ្វើឲ្យអ្នកដួល។
៣ (២) ចូរនាំគ្នាវិលត្រឡប់មករកព្រះអម្ចាស់វិញ
ដោយរៀបចំពាក្យសម្ដី ហើយទូលព្រះអង្គថា:
សូមលើកលែងទោសទាំងប៉ុន្មានឲ្យយើងខ្ញុំ
សូមមេត្តាទទួលពាក្យសរសើរតម្កើងរបស់យើងខ្ញុំ
ទុកជាយញ្ញបូជាជំនួសគោបា។
៤ (៣) ស្រុកអាស្ស៊ីរីពុំអាចសង្គ្រោះយើងខ្ញុំបានទេ
យើងខ្ញុំក៏លែងជិះសេះទៅច្បាំងទៀតដែរ
យើងខ្ញុំលែងហៅរូបព្រះ
ដែលជាស្នាដៃរបស់យើងខ្ញុំថាជា
“ព្រះរបស់យើងខ្ញុំ” ទៀតហើយ។
មានតែព្រះអង្គទេ ដែលមានព្រះហឫទ័យ
អាណិតអាសូរដល់ជនកំព្រា។
៥ (៤) «យើងនឹងព្យាបាលចិត្តក្បត់របស់ពួកគេ
ឲ្យបានជាសះស្បើយ
គឺយើងនឹងស្រឡាញ់គេដោយស្មោះអស់ពីចិត្ត
ដ្បិតយើងលែងខឹងនឹងគេទៀតហើយ។
៦ (៥) យើងនឹងឲ្យពរដល់ប្រជាជនអ៊ីស្រាអែល
ដូចទឹកសន្សើមធ្លាក់ចុះមក
ពួកគេនឹងរីកស្គុសស្គាយដូចផ្កាចន្ធូ
ពួកគេនឹងចាក់ឫសដូចដើមឈើនៅស្រុកលីបង់។
៧ (៦) ពួកគេបែកមែកសាខា ល្អដូចដើមអូលីវ
និងមានគន្ធពិដោរក្រអូប
ដូចព្រៃនៅស្រុកលីបង់។
៨ (៧) អស់អ្នកដែលធ្លាប់ជ្រកនៅក្រោម
ម្លប់ដើមឈើនេះ នឹងវិលត្រឡប់មកវិញ។
ពួកគេនឹងធ្វើស្រែចម្ការសាជាថ្មី
ពួកគេនឹងចម្រុងចម្រើនដូចដើមទំពាំងបាយជូរ
ហើយមានឈ្មោះល្បីល្បាញដូចស្រា
នៅស្រុកលីបង់។
៩ (៨) អេប្រាអ៊ីមអើយ! តើអ្នកលែងប្រដូចយើង
ទៅនឹងព្រះក្លែងក្លាយហើយឬនៅ?
គឺយើងនេះហើយដែលឆ្លើយតប
និងមើលថែរក្សាអ្នក។
យើងប្រៀបដូចដើមពោធិមានស្លឹកខៀវខ្ចី
យើងនឹងធ្វើឲ្យអ្នកបង្កើតផ្លែបាន»។
១០ (៩) តើនរណាមានប្រាជ្ញាវាងវៃ
អាចពិចារណា យល់សេចក្ដីទាំងនេះបាន?
មាគ៌ារបស់ព្រះអម្ចាស់សុទ្ធតែទៀងត្រង់
មនុស្សសុចរិតនឹងដើរតាមមាគ៌ានេះ
រីឯជនទុច្ចរិតវិញ នឹងជំពប់ជើងដួល
ព្រោះតែមាគ៌ានេះជាមិនខាន។
388 Views