ថ្ងៃសៅរ៍ អាទិត្យទី២៣
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥
បុណ្យរម្លឹក
សន្តយ៉ូហាន គ្រីសូស្តូមជាអភិបាល
និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
លោកយ៉ូហាន (ប្រ.៣៤៩-៤០៧) មានបំណងចង់បួសជាសង្ឈ តែលោកទទួលមុខងារជាបូជាចារ្យនៅព្រះសហគមន៍ក្រុងអន់ទីយ៉ូក។ លោកមានសំនួនវោហារពន្យល់គម្ពីរសែនពិរោះ បានជាគ្រីស្តបរិស័ទដាក់ឈ្មោះលោកថា “គ្រីសូស្តូម” គឺ “មាត់មាស”។ លោកនិពន្ធសៀវភៅជាច្រើន ដើម្បីបកស្រាយគម្ពីរ និងវិភាគទេវវិទ្យា។ ដោយលោកហ៊ានស្តីបន្ទោសព្រះចៅ និងមន្ត្រីពុករលួយពេក ព្រះនាងអើដូស៊ីនិរទេសលោកដល់ទៅពីរដង។ លោកទទួលមរណភាព ដោយអស់កម្លាំងពេកនៅពេលធ្វើដំណើរទៅនិរទេស។ សន្តយ៉ូហានគ្រីសូស្តូម ជាឧបការីរបស់អ្នកថ្លែងសុន្ទរកថា។
អត្ថបទទី១៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ១ ធម ១,១៥-១៧
លោកប្អូនជាទីស្រឡាញ់! ពាក្យនេះគួរឱ្យជឿ ហើយសមនឹងទទួលយកទាំងស្រុងគឺថា ព្រះគ្រីស្ដយេស៊ូយាងមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប មានរូបខ្ញុំនេះជាអាទិ៍។ ព្រះជាម្ចាស់មានព្រះហប្ញទ័យមេត្តាករុណាចំពោះខ្ញុំដូច្នេះ ដើម្បីឱ្យព្រះគ្រីស្ដយេស៊ូសម្ដែងព្រះហប្ញទ័យអត់ធ្មត់គ្រប់ចំពូកដល់ខ្ញុំមុនគេ ទុកជាឧទាហរណ៍សម្រាប់អស់អ្នកដែលនឹងជឿលើព្រះអង្គ ដើម្បីទទួលជីវិតអស់កល្បជានិច្ច។ សូមឱ្យព្រះមហាក្សត្រដែលគ្រងរាជ្យអស់កល្បជានិច្ច ជាព្រះជាម្ចាស់តែមួយ ព្រះអង្គមានព្រះជន្មមិនចេះសាបសូន្យ ដែលមនុស្សមើលពុំឃើញ បានប្រកបដោយព្រះកិត្តិនាម និងសិរីរុងរឿងអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។
ទំនុកតម្កើងលេខ ១១៣ (១១២) ,១-៧ បទព្រហ្មគីតិ
| ១ | អស់អ្នកបម្រើព្រះ | ជាអម្ចាស់ចូរនាំគ្នា | |
| សរសើរកុំរួញរា | ថ្កើងនាមានៃព្រះម្ចាស់ | ។ | |
| ២ | ចូរតម្កើងព្រះនាម | ព្រះម្ចាស់ភ្លាមកុំក្រឡះ | |
| កុំភ្លេចព្រះអម្ចាស់ | ពីពេលនេះរហូតទៅ | ។ | |
| ៣ | តាំងពីអារុណរះ | ភ្លឺស្រឡះមានកម្ដៅ | |
| ទល់ពេលថ្ងៃលិចទៅ | សរសើរនៅយ៉ាងស្ម័គ្រស្មោះ | ។ | |
| ៤ | ព្រះអម្ចាស់គង់ស្ថិត | លើប្រជាជាតិទាំងអស់ | |
| សិរីរុងរឿងខ្ពស់ | ព្រះម្ចាស់ហួសផុតអាកាស | ។ | |
| ៥ | តើមាននរណាមួយ | អាចធើ្វឱ្យដូចព្រះម្ចាស់ | |
| ព្រះអង្គគង់ខ្ពស់ណាស់ | លើអាកាសវិសុទ្ធក្រៃ | ។ | |
| ៦ | ព្រះអង្គត្រួតពិនិត្យ | យ៉ាងល្អន់ល្អិតមកផែនដី | |
| លើមេឃមិនសល់អ្វី | សព្វផែនដីមិនកំបាំង | ។ | |
| ៧ | ទ្រង់លើកអ្នកទន់ខ្សោយ | មិនបណ្ដោយឱ្យឈឺស្លាំង | |
| លើកផុតពីភក់ជ្រាំ | ផុតអស់ទាំងធូលីដី | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១,២-៣
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកចូលចិត្តធម្មវិន័យរបស់ព្រះអម្ចាស់ ពិតជាមានសុភង្គលហើយ! អ្នកនោះបង្កើតមគ្គផលតាមរដូវកាល។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៦,៤៣-៤៩
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «ដើមឈើល្អ មិនដែលឱ្យផ្លែអាក្រក់ទេ។ រីឯដើមឈើអាក្រក់វិញ ក៏មិនដែលឱ្យផ្លែល្អដែរ ដ្បិតគេស្គាល់ដើមឈើបានដោយសារផ្លែវា។ ពុំដែលមាននរណាបេះផ្លែស្វាយ ឬផ្លែទំពាំងបាយជូរពីគុម្ពបន្លាឡើយ។ មនុស្សល្អតែងតែប្រព្រឹត្តអំពើល្អ ព្រោះចិត្តរបស់គេល្អ រីឯមនុស្សអាក្រក់ តែងតែប្រព្រឹត្តអំពើអាក្រក់ ព្រោះចិត្ដរបស់គេអាក្រក់ ដ្បិតមាត់របស់មនុស្សតែងស្រដីចេញមកនូវសេចក្ដីណា ដែលមានពេញហូរហៀរនៅក្នុងដួងចិត្តរបស់ខ្លួ។ ហេតុអ្វីបានជាអ្នករាល់គ្នាហៅខ្ញុំថា “ព្រះអម្ចាស់! ព្រះអម្ចាស់!” តែមិនប្រព្រឹត្តតាមពាក្យខ្ញុំដូច្នេះ? អ្នកដែលចូលមករកខ្ញុំ ស្ដាប់ពាក្យខ្ញុំ ហើយប្រព្រឹត្តតាមខ្ញុំ សុំបង្ហាញប្រាប់ឱ្យអ្នករាល់គ្នាដឹងថា គេបៀបបានទៅនឹងមនុស្សប្រភេទណា គឺអ្នកនោះបៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះ។ គាត់ជីកដីយ៉ាងជ្រៅ ហើយចាក់គ្រឹះលើផ្ទាំងថ្ម លុះទឹកជំនន់មកដល់ ទោះបីទឹកហូរមកប៉ះយ៉ាងណាក៏ដោយ ក៏មិនអាចធើ្វឱ្យផ្ទះនោះរង្គើបានដែរ ព្រោះគាត់បានសង់យ៉ាងមាំ។ ចំណែកឯអ្នកដែលស្ដាប់ពាក្យខ្ញុំតែមិនប្រព្រឹត្តតាម ប្រៀបបាននឹងមនុស្សម្នាក់ដែលសង់ផ្ទះ ដោយពុំបានចាក់គ្រឹះ។ លុះទឹកហូរមកបោកដល់ផ្ទះនោះ ផ្ទះនោះក៏រលំខូចខាតភ្លាម គ្មានអ្វីសល់ឡើយ»។
