ថ្ងៃពុធ អាទិត្យទី២៣
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូឡូស កូឡ ៣,១-១១

បងប្អូនជាទីស្រឡាញ់!
បងប្អូនបានទទួលជីវិតថ្មីរួមជាមួយព្រះគ្រីស្ដហើយ។​ ហេតុនេះ ចូរស្វែងរកអ្វីៗដែលនៅស្ថានលើ ជាស្ថានដែលព្រះគ្រីស្ដគង់នៅខាងស្ដាំព្រះ​ជាម្ចាស់នោះវិញ! ចូរគិតពីអ្វីៗដែលនៅស្ថានលើ កុំគិតពីអ្វីនៅលើផែនដីនេះឡើយ ដ្បិតបងប្អូនស្លាប់ផុតទៅហើយ ហើយជីវិតរបស់បងប្អូនក៏កប់ទុកជាមួយព្រះគ្រីស្ដក្នុង​ព្រះជាម្ចាស់ដែរ។ ពេលព្រះគ្រីស្ដដែលជាជីវិតរបស់បងប្អូនយាងមក បងប្អូនក៏នឹងមក​ជាមួយព្រះគ្រីស្ដ នឹងបានប្រកបដោយសិរីរុងរឿងដែរ។ ដូច្នេះ សូមបងប្អូនសម្លាប់អ្វីៗខាងលោកីយ៍ចោលទៅ គឺអំពើប្រាសចាកសីលធម៌ អំពើសៅហ្មង ចិត្តស្រើបស្រាល ការ​ប៉ងប្រាថ្នាអាក្រក់ និងចិត្តលោភលន់ដែលយកទ្រព្យសម្បត្តិធើ្វជាព្រះ។ ព្រោះតែអំពើ​ទាំងនោះហើយ បានជាព្រះជាម្ចាស់ទ្រង់ព្រះពិរោធនឹងពួកអ្នកប្រឆាំងព្រះអង្គ។​ កាលពីដើម បងប្អូនប្រព្រឹត្តអំពើទាំងនោះ ហើយក៏រស់នៅបែបដូច្នោះដែរ។ តែឥឡូវ​នេះ សូមបងប្អូនបោះបង់កំហឹង ចិត្តក្ដៅក្រហាយ ចិត្តអាក្រក់ ពាក្យជេរប្រមាថ ពាក្យ​ទ្រគោះបោះបោកដែលចេញ​ពីមាត់របស់បងប្អូនចោលទៅ។ កុំនិយាយកុហកគ្នា​ទៅវិញទៅមកឡើយ ដ្បិតបងប្អូនបានដោះជីវិតចាស់ និងទម្លាប់អាក្រក់ទាំងប៉ុន្មានរបស់ជីវិតនោះចោល។ បងប្អូនក៏បានពាក់ជីវិតថ្មីដែលកាន់តែចម្រើនឡើងៗឱ្យបាន​ដូចព្រះជាម្ចាស់ដែលបង្កើតមនុស្សជាថ្មី ដើម្បីឱ្យ​បងប្អូនស្គាល់ព្រះអង្គយ៉ាងច្បាស់។ ដូច្នេះ លែងមានសាសន៍ក្រិក ឬសាសន៍យូដា លែងមានជនកាត់ស្បែក ឬជនមិនកាត់​ស្បែក លែងមានមនុស្សព្រៃ ឬពួកព្នង និងលែងមានអ្នកងារ ឬអ្នកជាទៀតឡើយ ដ្បិត​ព្រះគ្រីស្ដបានបំពេញអ្វីៗទាំងអស់ ហើយព្រះអង្គសណ្ឋិតនៅក្នុងមនុស្សទាំងអស់។

ទំនុកតម្កើងលេខ ១៤៥ (១៤៤) ,២-៣.១០-១៣ បទកាកគតិ

ខ្ញុំសូមតម្កើងព្រះអង្គខ្ពស់ឡើងតទៅរៀងរៀប
ខ្ញុំសូមសរសើរព្រះនាមល្អគាប់អស់កល្បដរាប
រហូតតទៅ
ព្រះម្ចាស់ឧត្តមប្រសើរសក្ដិសមខ្ពង់ខ្ពស់ពេកកូវ
យើងលើកតម្កើងព្រះនាមជាផ្លូវពេលនេះតទៅ
រកអ្វីផ្ទឹមគ្មាន
១០បពិត្រព្រះម្ចាស់សត្វលោកទាំងអស់មានច្រើនពេកក្រៃ
នាំគ្នាតម្កើងរុងរឿងសិរីរាស្រ្ដទាំងប្រុសស្រី
ក៏ថ្កើងទ្រង់ដែរ
១១គេនឹងរៀបរាប់ព្រះរាជ្រគួរគាប់រុងរឿងស្ថិតស្ថេរ
​​​របស់ព្រះអង្គឥតមានប្រួលប្រែអានុភាពឥតកែ
ព្រះអង្គនៅគង់
១២ដើម្បីឱ្យមនុស្សទាំងស្រីទាំងប្រុសគ្រប់គ្នាបានដឹង
ពីការអស្ចារ្យរបស់ព្រះអង្គរស្មីរឿងរុង
ចិញ្ចែងចិញ្ចាច
១៣ព្រះរាជ្យព្រះអង្គស្ថិតនៅយូរលង់ពេញដោយអំណាច
គ្រងរាជ្យអស់កល្បព្រោះទ្រង់ជាស្ដេចបារមីអង់អាច
ស្ថិតយូរវស្សា
ព្រះអម្ចាស់តែងគោរពឥតក្លែងបន្ទូលសន្យា
អ្វីដែលទ្រង់ធើ្វសុទ្ធតែអស្ចារ្យសប្បុរសមេត្តា
ករុណាអាសូរ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,១២

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរអរសប្បាយរីករាយឡើង ព្រោះអ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំនៅស្ថានបរមសុខ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៦,២០-២៦

នៅគ្រោនោះ ព្រះយេស៊ូគង់នៅវាលពង្រាប មហាជននៅជុំវិញព្រះអង្គ។ ព្រះអង្គ​ងើបព្រះភក្រ្ដទតមើលសាវ័ក ហើយមានព្រះបន្ទូល​ថា៖ «អ្នករាល់គ្នាដែលជាជន​ក្រខ្សត់! អ្នកមានសុភមង្គលហើយ! ដ្បិតអ្នករាល់គ្នាបានទទួលព្រះរាជ្យរបស់ព្រះជាម្ចាស់។ អ្នករាល់គ្នាកំពុងតែស្រេកឃ្លានឥឡូវនេះ! អ្នកមានសុភមង្គលហើយ! ​ ដ្បិតអ្នករាល់គ្នានឹងបានឆ្អែត។ អ្នករាល់គ្នាកំពុងតែយំសោកឥឡូវនេះអើយ! អ្នកមាន​សុភមង្គលហើយ! ដ្បិតអ្នករាល់គ្នានឹងបានត្រេកអរ។ ប្រសិនបើមានគេស្អប់ លែង​រាប់រកអ្នករាល់គ្នា ប្រសិនបើគេត្មះតិះដៀល បង្ខូចឈ្មោះអ្នករាល់គ្នាព្រោះតែបុត្រ​មនុស្ស អ្នករាល់គ្នាមានសុភង្គលហើយ! នៅគ្រានោះ ចូរមានអំណរសប្បាយឡើង​ដ្បិតអ្នករាល់គ្នាទទួលរង្វាន់យ៉ាងធំនៅស្ថានបរមសុខ។ កាលពីជំនាន់មុន បុព្វបុរសរបស់គេក៏បានប្រព្រឹត្តចំពោះពួកព្យារីដូច្នោះដែរ។ ចំណែកឯអ្នករាល់គ្នាដែលជា​អ្នកមានអើយ! អ្នកនឹងត្រូវវេទនាវិញ ព្រោះអ្នករាល់គ្នាបានទទួលការសម្រាល​ទុក្ខ​រួចស្រេចហើយ។​ អ្នករាល់គ្នាដែលឆ្អែតឥឡូវនេះអើយ! អ្នកនឹងត្រូវវេទនាវិញ ដ្បិត​អ្នករាល់គ្នានឹងស្រេចឃ្លានជាពុំខាន។ អ្នករាល់គ្នាដែលកំពុងតែត្រេកអរ ឥឡូវនេះ​អើយ! អ្នកនឹងត្រូវវេទនាវិញ ព្រោះអ្នករាល់គ្នានឹងកាន់ទុក្ខ ហើយយំសោកជាពុំខាន។ អ្នករាល់គ្នាដែលមនុស្សទាំងអស់កោតសរសើរអើយ! អ្នកត្រូវវេទនាហើយ! ព្រោះ​បុព្វបុរសរបស់គេក៏បានប្រព្រឹត្តចំពោះពួកព្យាការីក្លែងក្លាយដូច្នោះដែរ»។

205 Views

Theme: Overlay by Kaira