ថ្ងៃសៅរ៍ អាទិត្យទី២២
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង

ថ្ងៃសៅរ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូឡូស កូឡ ១,២១-២៣

បងប្អូនជាទីស្រឡាញ់!
ពីដើមបងប្អូននៅខាងក្រៅប្រជារាស្រ្ដរបស់ព្រះជាម្ចាស់ ហើយ​ជាសត្រូវនឹងព្រះអង្គ ព្រោះតែគំនិត និងអំពើអាក្រក់របស់បងប្អូន។ តែឥឡូវនេះ​ ព្រះអង្គបានសម្រុះសម្រួលបងប្អូនឱ្យជានានឹងព្រះអង្គវិញ ដោយព្រះកាយព្រះគ្រីស្ដកើតជាមនុស្ស បាន​សោយទិវង្គត ដើម្បី​ឱ្យបងប្អូនបានវិសុទ្ធ ឥតសៅហ្មង ឥតកំហុស​ និងអាចឈរនៅចំពោះព្រះ​ភក្រ្ដរបស់ព្រះអង្គ។ ក៏ប៉ុន្ដែ បងប្អូនត្រូវតែកាន់ជំនឿឱ្យបានរឹងប៉ឹងខ្ជាប់ខ្ជួន ដើម្បីកុំឱ្យឃ្លាត​ចាកពីសេចក្ដីសង្ឃឹមដែលបងប្អូនមានតាំងពីបានឮ​ដំណឹងល្អមកនោះ គឺជាដំណឹងល្អដែល​គេបានប្រកាសដល់មនុស្សលោកទាំងអស់ នៅ​ក្រោមមេឃ ហើយខ្ញុំប៉ូលបានទទួលមុខងារបម្រើដំណឹងល្អនេះដែរ។​

ទំនុកតម្កើងលេខ ៥៤ (៥៣) ,៣-៤.៦-៨ បទព្រហ្មគីតិ

ឧិព្រះជាម្ចាស់អើយកុំកន្ដើយសូមជួយផង
ដោយបារមីព្រះអង្គមេត្តាទ្រង់រកយុត្តិធម៌
ឧិព្រះជាម្ចាស់អើយកុំព្រងើយស្ដាប់អង្វរ
សម្រែកខ្ញុំស្រែករកសូមស្ដាប់មកពាក្យខ្ញុំផង
ព្រះម្ចាស់ទ្រង់យាងមកសង្គ្រោះយកទាំងអាណិត
រូបខ្ញុំឱ្យនៅជិតទាំងជីវិតទ្រង់ការពារ
សូមព្រះអង្គតតាំងនឹងពួកខ្មាំងចិត្តពាធា
តាមអំពើពាលាដែលពួកវាតែងប្រព្រឹត្ត
រូបខ្ញុំនឹងដាក់ថ្វាយយញ្ញតង្វាយអស់ពីចិត្ត
សូមឱ្យទ្រង់អាណិតខ្ញុំថ្កើងពិតនាមព្រះអង្គ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៤,៦.៩

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់! ព្រះអង្គពិតជា​ផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ អ្នកដែលជឿលើព្រះអង្គ បានស្គាល់ព្រះបិតាហើយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៦,១-៥

មានថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងកាត់វាលស្រែ។ សាវ័ករបស់ព្រះអង្គ​នាំគ្នា​បូតកួរស្រូវមកឈ្លីបរិភោគ។ មានពួកខាងគណៈ​ផារីស៊ីខ្លះនិយាយទៅសាវ័ក​ទាំងនោះថា៖​ «ហេតុអ្វីបានជាអ្នករាល់គ្នាធើ្វការដែលបញ្ញត្តិហាមមិនឱ្យធើ្វនៅថ្ងៃសីលដូច្នេះ?»។ ព្រះយេ​ស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរមានអត្ថបទមួយស្ដីអំពី​កាលដែលព្រះបាទដាវីឌ និងបរិពារ​បានប្រព្រឹត្តនៅពេលឃ្លាន គឺស្ដេចយាងចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ យកនំប័ុងដែល​គេតាំងថ្វាយព្រះជាម្ចាស់មកសោយ​ ព្រមទាំងចែកឱ្យពួកបរិពារបរិភោគទៀត​ផង។ តាមធម្ម​វិន័យ មានតែពួកបូជាចារ្យប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំប័ុងនោះបាន។ តើអ្នករាល់គ្នា​ធ្លាប់អានអត្ថបទនោះ​ឬទេ?»។ ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ “បុត្រមនុស្សជាម្ចាស់​លើថ្ងៃ​សប្ប័ទ»។

190 Views

Theme: Overlay by Kaira