ថ្ងៃអាទិត្យ អាទិត្យទី២២
រដូវធម្មតា ឆ្នាំ«ក»
ពណ៌បៃតង
ថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! ព្រះអំណោយទានដ៏ពេញលក្ខណៈសុទ្ធតែមកពីព្រះអង្គទាំងអស់ សូមទ្រង់ព្រះមេត្តាប្រោសឱ្យយើងខ្ញុំស្រឡាញ់ព្រះអង្គកាន់តែខ្លាំងឡើងៗផង។ សូមឱ្យយើងខ្ញុំភ្ជាប់ចិត្តនឹងព្រះអង្គជានិច្ច! សូមពង្រីកអ្វីៗដ៏ល្អដែលព្រះអង្គបានសាបព្រោះក្នុងចិត្តយើងខ្ញុំ សូមឱ្យព្រះជន្មព្រះអង្គចម្រើនឡើងក្នុងយើងខ្ញុំផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ២០,៧-៩
បពិត្រព្រះអម្ចាស់! ព្រះអង្គបានលួងលោមទូលបង្គំ ហើយទូលបង្គំក៏យល់ព្រមតាម។ ព្រះអង្គបានបង្ខំទូលបង្គំ ហើយព្រះអង្គក៏បានឈ្នះទូលបង្គំ។ រៀងរាល់ថ្ងៃ ប្រជាជនទាំងអស់នាំគ្នាសើចចំអក និងប្រមាថមាក់ងាយទូលបង្គំ។ រាល់ពេលដែលទូលបង្គំនិយាយ ទូលបង្គំតែងតែស្រែកប្រកាសតែអំពីការឃោរឃៅ និងមហន្តរាយ។ ព្រោះតែព្រះបន្ទូលរបស់ព្រះអម្ចាស់ ពួកគេត្មះតិះដៀល និងសើចចំអកឱ្យទូលបង្គំតាំងពីព្រលឹមទល់ព្រលប់។ ប្រសិនបើទូលបង្គំសម្រេចចិត្តថា ឈប់នឹកនាពីព្រះអង្គ លែងនិយាយក្នុងព្រះនាមព្រះអង្គទៀតនោះ ទូលបង្គំនឹងអន្ទះសានៅក្នុងខ្លួន ដូចមានភ្លើងឆាបឆេះរហូតដល់ឆ្អឹង ទូលបង្គំខំប្រឹងពន្លត់ភ្លើងនេះរហូតអស់កម្លាំង តែវាមិនព្រមរលត់ទេ។
ទំនុកតម្កើងលេខ ៦៣ (៦២), ២-៦.៨-៩ បទកាកគតិ
| ២ | បពិត្រព្រះម្ចាស់ | ទ្រង់ពិតជាព្រះ | នៃទូលបង្គំ |
| ខ្ញុំខំស្វែងរក | មិននៅសម្ងំ | តាំងពីព្រលឹម |
| | ស្វះស្វែងដើររក | ។ |
| រូបខ្ញុំស្រេកឃ្លាន | ព្រះប្រាជ្ញាញាណ | អាល័យនឹងភ្នក |
| ដូចដីប្រេះបែក | គ្មានភ្លៀងធ្លាក់មក | ខ្ញុំដើរកាត់ជ្រក |
| | គ្រប់ទីទិសា | ។ |
| ៣ | សូមឱ្យរូបខ្ញុំ | បានឃើញព្រះអង្គ | ក្នុងទីសក្ការ |
| ខ្ញុំចង់ឃើញណាស់ | បារមីប្ញទ្ធា | អំណាចចេស្តា |
| | របស់ព្រះអង្គ | ។ |
| ៤ | ព្រះទ័យមេត្តា | សន្តោសករុណា | ប្រសើរឥតហ្មង |
| ខ្ញុំនឹងពោលពាក្យ | សរសើរតម្កើង | សិរីរុងរឿង |
| | ព្រះម្ចាស់មានប្ញទ្ធិ | ។ |
| ៥ | ខ្ញុំសូមថ្លាថ្លែង | អំណរក្រៃលែង | អស់មួយជីវិត |
| ខ្ញុំសូមលើកដៃ | បង្គំថ្វាយថ្វាត់ | ព្រះនាមវិសុទ្ធ |
| | ព្រះអង្គតែមួយ | ។ |
| ៦ | ខ្ញុំនឹងសប្បាយ | ឥតមានខ្វល់ខ្វាយ | ព្រោះមានព្រះជួយ |
| បានសុខរមនា | គ្មានភ័យគ្មានព្រួយ | ព្រះម្ចាស់តែមួយ |
| | ខ្ញុំច្រៀងតម្កើង | ។ |
| ៨ | ព្រោះតែព្រះអង្គ | បានជួយតម្រង់ | រូបខ្ញុំជានិច្ច |
| ខ្ញុំច្រៀងខ្ញុំរាំ | សប្បាយពន់ពេក | ឥតមានរារែក |
| | ក្រោមម្លប់បារមី | ។ |
| ៩ | ចិត្តខ្ញុំជំពាក់ | ឥតមានស្រាន្តស្រាក | នឹកគិតអាល័យ |
| ទៅដល់ព្រះម្ចាស់ | ទោះយប់ឬថ្ងៃ | ទ្រង់គាំទ្រឱ្យ |
| | រីកមុខស្រស់ថ្លា | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ១២,១-២
ខ្ញុំសូមដាស់តឿនបងប្អូនថា ដោយព្រះជាម្ចាស់មានព្រះហប្ញទ័យអាណិតអាសូរបងប្អូន ចូរថ្វាយខ្លួនទៅព្រះអង្គ ទុកជាយញ្ញបូជាដ៏មានជីវិតដ៏វិសុទ្ធ ហើយជាទីគាប់ព្រះហប្ញទ័យរបស់ព្រះជាម្ចាស់។ បើបងប្អូនធ្វើដូច្នេះ ទើបហៅថា គោរពបម្រើព្រះអង្គតាមរបៀបត្រឹមត្រូវ។ មិនត្រូវយកតម្រាប់តាមលោកីយ៍នេះឡើយ ត្រូវទុកឱ្យព្រះជាម្ចាស់កែប្រែចិត្តគំនិតបងប្អូនឱ្យទៅជាថ្មីទាំងស្រុងវិញ ដើម្បីឱ្យបងប្អូនចេះពិចារណាមើលថា ព្រះជាម្ចាស់សព្វព្រះហប្ញទ័យនឹងអ្វីខ្លះ គឺអ្វីដែលល្អដែលគាប់ព្រះហប្ញទ័យព្រះអង្គ និងគ្រប់លក្ខណៈ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម អភ ១,១៧-១៨
អាលេលូយ៉ា! អាលេលូយ៉ា!
សូមព្រះបិតារបស់ព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើង បំភ្លឺចិត្តគំនិតយើងឱ្យយល់ថា យើងមានសេចក្តីសង្ឃឹមយ៉ាងណាដោយព្រះអង្គត្រាស់ហៅយើង!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៦,២១-២៧
លោកស៊ីម៉ូនសិលាទូលព្រះយេស៊ូថា៖ «លោកជាព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅ»។ តាំងពីពេលនោះមក ព្រះគ្រីស្តចាប់ផ្តើមបង្ហាញឱ្យក្រុមសាវ័កដឹងថា ព្រះអង្គត្រូវយាងទៅក្រុងយេរូសាឡឹម នៅទីនោះ ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ និងពួកធម្មាចារ្យនឹងនាំគ្នាធ្វើបាបព្រះអង្គឱ្យរងទុក្ខលំបាកយ៉ាងខ្លាំង ថែមទាំងធ្វើគុតព្រះអង្គទៀតផង តែថ្ងៃទីបី ព្រះអង្គនឹងមានព្រះជន្មថ្មីដ៏រុងរឿង។ លោកសិលានាំព្រះយេស៊ូទៅដាច់ឡែកពីគេ ហើយទូលជំទាស់ថា៖ «បពិត្រព្រះអម្ចាស់! សូមព្រះជាម្ចាស់មេត្តាអាណិតកុំឱ្យការណ៍នេះកើតមានដល់ព្រះអង្គឡើយ!»។ ព្រះយេស៊ូបែរមក ហើយមានព្រះបន្ទូលទៅលោកសិលាថា៖ «នែ៎! មារសាតាំងអើយ! ថយទៅខាងក្រោយខ្ញុំ ដ្បិតអ្នកកំពុងរារាំងផ្លូវខ្ញុំ! គំនិតអ្នកមិនមែនជាគំនិតរបស់ព្រះជាម្ចាស់ទេ គឺជាគំនិតរបស់មនុស្សលោកសុទ្ធសាធ!»។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «អ្នកដែលចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិត ប៉ុន្តែ អ្នកណាបាត់បង់ជីវិតព្រោះតែខ្ញុំ អ្នកនោះនឹងបានជីវិតវិញ។ បើមនុស្សម្នាក់បានពិភពលោកទាំងមូលមកធ្វើជាសម្បត្តិរបស់ខ្លួន តែបាត់បង់ជីវិត នោះនឹងមានប្រយោជន៍អ្វី? តើមនុស្សអាចយកអ្វីមកប្តូរនឹងជីវិតរបស់ខ្លួនបាន?។ លុះដល់បុត្រមនុស្សប្រកបដោយសិរីរុងរឿងនៃព្រះបិតារបស់ព្រះអង្គយាងមកជាមួយពួកទេវទូតរបស់ព្រះអង្គ ទ្រង់នឹងប្រទានរង្វាន់ ឬដាក់ទោសម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហប្ញទ័យឱ្យមនុស្សលោកកាន់កិរិយាមារយាទថ្លៃថ្នូរ ជាជាងឱ្យគេថ្វាយតង្វាយ និងសក្ការបូជាទៅទៀត។ សូមទ្រង់ព្រះមេត្តាជម្រះចិត្តគំនិតយើងខ្ញុំឱ្យបានបរិសុទ្ធ។ យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្ត រួមនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះបន្ទូលស្តីអំពីសេចក្តីពិត និងព្រះកាយដែលផ្តល់ជីវិតឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាពង្រឹងសេចក្តីស្រឡាញ់របស់យើងខ្ញុំ សូមឱ្យយើងខ្ញុំគោរពបម្រើព្រះអង្គ ដោយបម្រើអ្នកដទៃដូចបងប្អូនផង។
959 Views
Post Views:
966