សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
កណ្ឌគម្ពីរ
ព្យាការីអេសាយ
ពាក្យលំនាំ
អេសាយ
(ព្យាការីអេសាយ)
ពាក្យលំនាំ
«អេសាយ»ក្នុងភាសាហេប្រឺមានន័យថា «ព្រះអម្ចាស់សង្គ្រោះ»។ ឈ្មោះរបស់លោកអេសាយហាក់ដូចជាចង់សង្ខេបអត្ថន័យនៃខ្លឹមសាររបស់កណ្ឌគម្ពីរអេសាយនេះទាំងមូល។ ប៉ុន្តែ ការសង្គ្រោះដែលព្រះជាម្ចាស់ប្រទានមក ជួនកាល មិនស្របតាមចិត្តប៉ងប្រាថ្នារបស់មនុស្សទេ ហេតុនេះហើយបានជានៅក្នុងគម្ពីរអេសាយ មានសេចក្ដីខ្លះធ្វើឲ្យយើងងឿងឆ្ងល់ អំពីរបៀប ដែលព្រះអម្ចាស់សង្គ្រោះប្រជារាស្ដ្ររបស់ព្រះអង្គ។ យើងអាចបែងចែកកណ្ឌគម្ពីរអេសាយទាំង៦៦ចំពូក ជាបីផ្នែក យោងតាមយុគសម័យបីនៃប្រវត្តិសាស្ត្ររបស់ប្រជារាស្ដ្រអ៊ីស្រាអែល។
ផ្នែកទីមួយ(ចំពូក១‑៣៩): ព្រះបន្ទូលក្នុងផ្នែកនេះ រៀបរាប់ចាប់ពីឆ្នាំ ៧៤០ ដល់ ៧០០ មុនគ.ស.។ លោកអេសាយថ្លែងព្រះបន្ទូលនៅក្រុងយេរូសាឡឹម ក្នុងរយៈកាលមួយដ៏វឹកវរ គឺនៅគ្រាដែលមានវិបត្តិអន្តរជាតិមួយធ្ងន់ធ្ងរ : ស្រុកអេស៊ីប ដែលជាមហាអំណាចប៉ែកខាងត្បូង កំពុងតែចុះឱនថយ ហើយស្រុកអាស្ស៊ីរីដែលនៅខាងជើងចេះតែពង្រឹងអំណាចខ្លាំងឡើងៗ។
នៅឆ្នាំ ៧៣៥ មុនគ.ស. គឺនៅគ្រាដែលព្រះបាទអខាសគ្រងរាជ្យនៅក្រុងយេរូសាឡឹម រាជាណាចក្រស៊ីរី និងអេប្រាអ៊ីម (អ៊ីស្រាអែលខាងជើង) បានព្រួតគ្នាប្រឆាំងនឹងរាជាណាចក្រយូដា ដើម្បីបង្ខំនគរនេះឲ្យចូលដៃជាមួយពួកគេ តទល់នឹងការគំរាមកំហែងរបស់ជនជាតិអាស្ស៊ីរី។
នៅឆ្នាំ ៧២២‑៧២១: រាជាណាចក្រអ៊ីស្រាអែលខាងជើងត្រូវរលាយ គឺកងទ័ពអាស្ស៊ីរីវាយយកបានក្រុងសាម៉ារី ហើយកៀរប្រជាជនទៅជាឈ្លើយសឹក។
នៅឆ្នាំ ៧០១: កងទ័ពអាស្ស៊ីរីឡោមព័ទ្ធក្រុងយេរូសាឡឹម ហើយលេបទឹកដីយូដាបន្តិចម្ដងៗ។ ក្នុងរយៈកាលនោះ ព្យាការីអេសាយប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងតឹងរ៉ឹងបំផុត។ លោកស្តីបន្ទោសជនជាតិអ៊ីស្រាអែល ដោយប្រកាសថា ព្រះជាម្ចាស់អនុញ្ញាតឲ្យជនជាតិអាស្ស៊ីរីមកគំរាមកំហែងជនជាតិអ៊ីស្រាអែល ដើម្បីដាក់ទោសពួកគេ ព្រោះពួកគេបោះបង់ចោលព្រះអង្គ។ លោកក៏បានប្រកាសជំទាស់នឹងនយោបាយរបស់អ្នកដឹកនាំ ដែលគិតគូររកមធ្យោបាយរំដោះស្រុក ដោយពឹងលើកម្លាំងមនុស្សលោក។ លោកប្រកាសប្រឆាំងនឹងមេដឹកនាំ ដែលចេះតែប្រើអំណាចជិះជាន់ រំលោភលើសិទ្ធិប្រជាជនទន់ខ្សោយ ព្រមទាំងប្រឆាំងនឹងមេដឹកនាំសាសនាដែលឆ្លៀតឱកាសកេងប្រវ័ញ្ចប្រជាជនក្រីក្រ ហើយលោកក៏បន្ទោសជនជាតិអ៊ីស្រាអែលចំពោះមហិច្ឆតាចង់ក្លាយទៅជាមហាប្រទេសដែរ។
ប៉ុន្តែ នៅពេលមានទុក្ខលំបាកមកដល់ ព្រះបន្ទូលដែលលោកថ្លែង បានក្លាយទៅជាពាក្យលើកទឹកចិត្តប្រជាជនមិនឲ្យភ័យតក់ស្លុត ឬបាក់ទឹកចិត្តឡើយ។ ក្នុងគ្រប់កាលៈទេសៈទាំងអស់ ព្យាការីអេសាយប្រកាសឲ្យប្រជាជនកែប្រែចិត្តគំនិត ហើយជឿទុកចិត្តលើព្រះជាម្ចាស់ និងទុកចិត្តលើព្រះបន្ទូលសន្យារបស់ព្រះអង្គ។ លោកណែនាំប្រជាជនឲ្យប្រព្រឹត្តអំពើផ្សេងៗ ស្របតាមជំនឿរបស់ខ្លួន ទោះបីក្នុងផ្នែកសង្គម ឬផ្នែកនយោបាយ និងក្នុងជីវិតរបស់បុគ្គលម្នាក់ៗក្តី។
យើងអាចចែកផ្នែកទីមួយនេះដូចតទៅ:
• ចំពូក ១‑១២; ២៨‑៣៣: ព្រះបន្ទូលស្តីអំពីរាជាណាចក្រយូដា និងរាជាណាចក្រអ៊ីស្រាអែល។
• ចំពូក ១៣‑២៣: ព្រះបន្ទូលស្តីអំពីប្រជាជាតិឯទៀតៗ គឺមានបាប៊ីឡូន ភីលីស្ទីន និងម៉ូអាប់។ ល។
• ចំពូក ២៤‑២៧; ៣៤‑៣៥: ស្ថានភាពវឹកវរនៅគ្រាចុងក្រោយបំផុត។
• ចំពូក ៣៦‑៣៩: ព្រឹត្តិការណ៍ផ្សេងៗនៅរជ្ជកាលព្រះបាទអេសេខ្យាស ដែលជាកំណត់ហេតុដូចគ្នានឹងកណ្ឌគម្ពីរពង្សាវតារក្សត្រដែរ។
ផ្នែកទីពីរ (ចំពូក៤០-៥៥): ពេលខ្លះ គេហៅផ្នែកនេះថា«គម្ពីរសម្រាលទុក្ខអ៊ីស្រាអែល»។ ក្នុងផ្នែកនេះ មានរៀបរាប់អំពីជនជាតិបាប៊ីឡូន ដែលឡើងជាមហាអំណាចគ្រប់គ្រងនៅតំបន់នោះ ជំនួសជនជាតិអាស្ស៊ីរី។ កងទ័ពបាប៊ីឡូនវាយយកបានក្រុងយេរូសាឡឹមនៅឆ្នាំ ៥៨៧ មុនគ.ស. ហើយកៀរប្រជាជនយកទៅជាឈ្លើយសឹក។ ពេលនោះ ប្រជាជនដែលជាប់ជាឈ្លើយនាំគ្នាបាក់ទឹកចិត្ត ហើយគិតថាព្រះជាម្ចាស់បានបោះបង់ចោលពួកគេ។
ក្នុងផ្នែកនេះ ព្យាការីប្រកាសថា ព្រះជាម្ចាស់នឹងប្រើព្រះចៅស៊ីរូស ជាស្តេចនៃចក្រភពពែរ្ស ឲ្យរំដោះប្រជារាស្ដ្ររបស់ព្រះអង្គ ព្រមទាំងនាំពួកគេវិលមកកាន់ទឹកដីសន្យាវិញ។ តាមរយៈការរំដោះនេះ ព្រះអង្គសព្វព្រះហឫទ័យប្រកាសឲ្យប្រជាជនដឹងថា ព្រះអង្គជាព្រះអាទិករនៃពិភពលោកនេះ ព្រះបន្ទូលដែលព្រះអង្គប្រកាស ហើយអ្វីៗដែលព្រះអង្គគ្រោងទុក មុខតែសម្រេចជារូបរាងមិនខាន។ រីឯព្រះរបស់សាសន៍ដទៃវិញ សុទ្ធតែឥតប្រយោជន៍ ព្រោះពុំអាចធ្វើអ្វីកើតឡើយ។
នៅក្នុងព្រះបន្ទូលដែលផ្តល់សេចក្ដីសង្ឃឹមនេះ មានកំណាព្យបួនថ្លែងអំពី «អ្នកបម្រើរបស់ព្រះជាម្ចាស់» (៤២.១‑៤; ៤៩.១-៦; ៥០.៤-៩; ៥២.១៣-៥៣.១២) ដែលគេចាត់ទុកជារូបភាពមួយរបស់ព្រះយេស៊ូ ក្នុងសម្ពន្ធមេត្រីថ្មី(សូមអានកិច្ចការ ៨.៣០-៣៥)។
ផ្នែកទីបី (ចំពូក ៥៦‑៦៦): ពេលជនជាតិអ៊ីស្រាអែលដែលត្រូវគេកៀរទៅជាឈ្លើយសឹក វិលមកដល់ស្រុកវិញ ពួកគេរស់នៅយ៉ាងលំបាក កំសត់ទុរគត គឺទីក្រុងបាក់បែក មានសត្រូវយាយីជុំវិញ ហើយអ្នកដែលស្មោះត្រង់នឹងព្រះជាម្ចាស់មាននៅសល់តែមួយចំនួនតូចប៉ុណ្ណោះ…។
ប៉ុន្តែ ព្យាការីប្រកាសថា ព្រះវិញ្ញាណរបស់ព្រះអម្ចាស់បានចាត់លោកឲ្យមកប្រកាសដំណឹងល្អដល់ជនក្រីក្រ និងថែទាំអ្នកដែលបាក់ទឹកចិត្ត…(ចំពូក ៦១)។ ក្រោយមក ព្រះយេស៊ូប្រកាសថា ព្រះអង្គយាងមកបំពេញព្រះបរមកិច្ចរបស់ព្រះអង្គនៅផែនដី ដូចព្យាការីបានប្រកាសទុកមែន (លូកា ៤.១៦‑២១)។
១
ភាគទីមួយ សេចក្ដីប្រកាសស្តីអំពីជនជាតិអ៊ីស្រាអែល
ព្រះអម្ចាស់បន្ទោសប្រជាជនរបស់ព្រះអង្គ
១ ក្នុងរជ្ជកាលព្រះបាទអសារីយ៉ា ព្រះបាទយ៉ូថាម ព្រះបាទអខាស និងព្រះបាទអេសេខ្យាស ជាស្តេចស្រុកយូដា ព្រះអម្ចាស់ប្រោសប្រទានឲ្យលោកអេសាយ ជាកូនរបស់លោកអម៉ុស និមិត្តឃើញការអស្ចារ្យស្តីអំពីស្រុកយូដា និងក្រុងយេរូសាឡឹម ដូចតទៅ:
២ ផ្ទៃមេឃអើយ ចូរស្ដាប់!
ផែនដីអើយ ចូរផ្ទៀងត្រចៀក!
ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា៖
យើងបានចិញ្ចឹមបីបាច់ថែរក្សាកូន
យើងបានអប់រំពួកវា
តែពួកវាបែរជាបះបោរប្រឆាំងនឹងយើង។
៣ គោស្គាល់ម្ចាស់វា
រីឯលាក៏ស្គាល់ម្ចាស់ដែលឲ្យចំណីវាដែរ
តែប្រជាជនអ៊ីស្រាអែលមិនស្គាល់អ្វីទាំងអស់
ប្រជាជនរបស់យើងមិនចេះពិចារណាសោះ!
៤ អ្នករាល់គ្នាជាប្រជាជាតិមានបាប
ជាប្រជាជនដែលប្រព្រឹត្តអំពើអាក្រក់
ជាពូជមនុស្សខិលខូច ជាអំបូរពុករលួយ
អ្នករាល់គ្នាត្រូវវេទនាជាពុំខាន!
អ្នករាល់គ្នាបានបោះបង់ចោលព្រះអម្ចាស់
អ្នករាល់គ្នាបានមើលងាយ
ព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល
ហើយបែរខ្នងដាក់ព្រះអង្គទៀតផង!
៥ យើងមិនដឹងថា ត្រូវវាយប្រដៅអ្នករាល់គ្នា
ត្រង់កន្លែងណាទៀតទេ
ព្រោះអ្នករាល់គ្នានៅតែបះបោរ
ប្រឆាំងនឹងយើងជានិច្ច។
ក្បាលរបស់អ្នករាល់គ្នារបួសសព្វទីកន្លែង
ចិត្តរបស់អ្នករាល់គ្នាក៏មានជំងឺដែរ។
៦ តាំងពីក្បាលរហូតដល់ចុងជើង
គ្មានអ្វីនៅល្អសោះ គឺមានសុទ្ធតែដំបៅ
ស្នាមជាំ និងមុខរបួសថ្មីៗ នៅគ្រប់កន្លែង
ដែលគ្មាននរណាលាង រុំ ឬលាបប្រេង
ឲ្យធូរស្បើយឡើយ។
៧ ស្រុកទេសរបស់អ្នករាល់គ្នាត្រូវហិនហោច
ក្រុងរបស់អ្នករាល់គ្នាត្រូវភ្លើងឆេះអស់
ជនបរទេសប្លន់យកផលពីទឹកដី
របស់អ្នករាល់គ្នានៅនឹងមុខ
ដូចមានខ្មាំងមករាតត្បាត
ឥតទុកអ្វីឲ្យនៅសល់ឡើយ
៨ គឺនៅសល់តែក្រុងស៊ីយ៉ូនដែលប្រៀបដូចជាខ្ទម
នៅក្នុងចម្ការទំពាំងបាយជូរ
ឬដូចខ្ទមនៅចម្ការត្រសក់
ឬដូចក្រុងដែលខ្មាំងឡោមព័ទ្ធ។
៩ ប្រសិនបើព្រះអម្ចាស់នៃពិភពទាំងមូល*
មិនបានទុកយើងឲ្យនៅសេសសល់
មួយចំនួនតូចទេនោះ
យើងមុខជាវិនាសដូចអ្នកក្រុងសូដុម
យើងនឹងប្រៀបដូចជាអ្នកក្រុងកូម៉ូរ៉ា។
១០ អ្នករាល់គ្នាជាមេដឹកនាំដ៏អាក្រក់
ដូចមេដឹកនាំក្រុងសូដុមអើយ
ចូរស្ដាប់ការប្រៀនប្រដៅរបស់ព្រះអម្ចាស់!
អ្នករាល់គ្នាជាប្រជាជនដ៏អាក្រក់
ដូចប្រជាជនក្រុងកូម៉ូរ៉ាអើយ
ចូរផ្ទៀងត្រចៀកស្ដាប់ការប្រៀនប្រដៅ
របស់ព្រះនៃយើង!
១១ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
យើងមិនរវីរវល់នឹងយញ្ញបូជា
ដ៏ច្រើនឥតគណនារបស់អ្នករាល់គ្នាទេ
យើងធុញទ្រាន់នឹងពពែឈ្មោល
ព្រមទាំងខ្លាញ់កូនគោ
ដែលអ្នករាល់គ្នាដុតទាំងមូលថ្វាយយើង
ហើយយើងក៏មិនពេញចិត្តនឹងឈាមគោ
ឈាមចៀម និងឈាមពពែ
របស់អ្នករាល់គ្នាដែរ។
១២ ពេលអ្នករាល់គ្នាចូលមករកយើង
តើនរណាហៅអ្នករាល់គ្នាឲ្យមកជាន់
ទីលានដំណាក់របស់យើងដូច្នេះ?
១៣ ចូរឈប់យកតង្វាយឥតបានការនេះ
មកថ្វាយយើងទៅ!
យើងខ្ពើមផ្សែងតង្វាយរបស់អ្នករាល់គ្នាណាស់
ហើយយើងក៏ធុញទ្រាន់នឹងពិធីបុណ្យផ្សេងៗ
បុណ្យចូលខែថ្មី បុណ្យសប្ប័ទ*
ឬពិធីដ៏ឱឡារិក
ដែលរៀបចំឡើងដោយជនទុច្ចរិតដែរ។
១៤ យើងស្អប់បុណ្យចូលខែថ្មី និងពិធីបុណ្យផ្សេងៗ
របស់អ្នករាល់គ្នាណាស់
ពិធីបុណ្យទាំងនេះធ្វើឲ្យយើងធុញទ្រាន់
ទ្រាំមិនបាន។
១៥ កាលណាអ្នករាល់គ្នាលើកដៃប្រណម្យ
យើងងាកមុខចេញ
ទោះបីអ្នករាល់គ្នាអធិស្ឋានច្រើនយ៉ាងណាក្តី
ក៏យើងមិនព្រមស្ដាប់ដែរ
ព្រោះដៃអ្នករាល់គ្នាប្រឡាក់ដោយឈាម។
១៦ ចូរលាងសំអាត និងជម្រះខ្លួន
ឲ្យបានស្អាតបរិសុទ្ធ!
ចូរយកអំពើទុច្ចរិតចេញពីមុខយើងទៅ
កុំប្រព្រឹត្តអំពើអាក្រក់ទៀតឡើយ!
១៧ ចូររៀនធ្វើអំពើល្អ! ចូរស្វែងរកយុត្តិធម៌!
ចូរណែនាំអ្នកដែលសង្កត់សង្កិនគេ
ឲ្យដើរតាមមាគ៌ាដ៏ត្រឹមត្រូវ!
ចូររកយុត្តិធម៌ឲ្យក្មេងកំព្រា
ហើយការពារស្ត្រីមេម៉ាយ!
១៨ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
ចូរមក យើងពិភាក្សាជាមួយគ្នា
ទោះបីអំពើបាបរបស់អ្នករាល់គ្នាខ្មៅកខ្វក់
យ៉ាងណាក្តី
ក៏វានឹងប្រែទៅជា ស ដូចសម្លីវិញដែរ
ហើយទោះបីវាមានពណ៌ខ្មៅយ៉ាងណាក៏ដោយ
វានឹងប្រែជា សដូចកប្បាស។
១៩ ប្រសិនបើអ្នករាល់គ្នាស្ម័គ្រចិត្តស្ដាប់បង្គាប់យើង
អ្នករាល់គ្នានឹងបរិភោគ
ផលល្អៗនៅក្នុងស្រុកនេះ។
២០ ផ្ទុយទៅវិញ បើអ្នករាល់គ្នាមិនយល់ព្រម
ហើយមានចិត្តរឹងចចេស
អ្នករាល់គ្នាមុខជាស្លាប់ដោយមុខដាវពុំខានឡើយ!
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
២១ ហេតុដូចម្ដេចបានជាបុរីដ៏ស្មោះត្រង់
បែរជាខូចអស់បែបនេះ?
ពីមុន នៅក្នុងទីក្រុង មានពេញដោយយុត្តិធម៌
សេចក្ដីសុចរិតក៏ស្ថិតនៅក្នុងទីក្រុងនេះដែរ។
ប៉ុន្តែ ឥឡូវនេះ អ្នកគ្រប់គ្រង
សុទ្ធតែជាឃាតក!
២២ អ្នកក្រុងយេរូសាឡឹមអើយ
ប្រាក់របស់អ្នករាល់គ្នាមិនស្អាតស្អំទេ
ហើយស្រារបស់អ្នករាល់គ្នាក៏លាយទឹកដែរ។
២៣ អ្នកដឹកនាំរបស់អ្នកសុទ្ធតែជាមនុស្សបះបោរ
ពួកគេចូលដៃជាមួយចោរ
ពួកគេចូលចិត្តសំណូក
ហើយគិតតែពីស្វះស្វែងរកជំនូន
គឺពួកគេមិនរកយុត្តិធម៌ឲ្យក្មេងកំព្រាទេ
ហើយក៏មិនរវីរវល់ស្ដាប់ស្ត្រីមេម៉ាយដែរ។
២៤ ហេតុនេះហើយបានជាព្រះជាអម្ចាស់
នៃពិភពទាំងមូល គឺព្រះដ៏មានឫទ្ធិចេស្ដា
របស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា:
យើងនឹងដណ្ដើមយកជ័យជម្នះពីបច្ចាមិត្តរបស់យើង
ហើយយើងនឹងសងសឹកខ្មាំងសត្រូវរបស់យើង!
២៥ យេរូសាឡឹមអើយ
យើងនឹងវាយប្រដៅអ្នក
យើងនឹងបន្សុទ្ធអ្នក ដូចគេបន្សុទ្ធលោហធាតុ
យើងក៏នឹងដកអ្វីៗទាំងអស់ដែលសៅហ្មង
ចេញពីអ្នកដែរ។
២៦ យើងនឹងធ្វើឲ្យចៅក្រមរបស់អ្នក
បានដូចចៅក្រមនៅជំនាន់ដើម
ហើយធ្វើឲ្យទីប្រឹក្សារបស់អ្នក
បានដូចទីប្រឹក្សានៅជំនាន់មុនដែរ។
ពេលនោះ គេនឹងហៅអ្នកថា “ក្រុងដ៏សុចរិត”
“បុរីដ៏ស្មោះត្រង់”។
២៧ យុត្តិធម៌នឹងរំដោះក្រុងស៊ីយ៉ូន
ឲ្យមានសេរីភាព
ហើយសេចក្ដីសុចរិតក៏នឹងរំដោះ
ប្រជាជនដែលកែប្រែចិត្តគំនិត
ឲ្យមានសេរីភាពដែរ។
២៨ រីឯពួកបះបោរ មនុស្សបាប
និងអស់អ្នកដែលបោះបង់ចោលព្រះអម្ចាស់វិញ
គេនឹងវិនាសអន្តរាយជាមួយគ្នាអស់ទៅ។
២៩ ពេលនោះ អ្នករាល់គ្នានឹងត្រូវបាក់មុខ
ព្រោះតែជំពាក់ចិត្តនឹងដើមឈើដ៏សក្ការៈ
ហើយអ្នករាល់គ្នាក៏នឹងត្រូវអាម៉ាស់
ព្រោះតែបានជ្រើសរើសសួនឧទ្យានទាំងនោះ
ទុកជាកន្លែងធ្វើសក្ការបូជាដែរ។
៣០ ដ្បិតអ្នករាល់គ្នានឹងបានដូចដើមឈើទាំងនោះ
ដែលមានស្លឹកក្រៀមស្ងួត
ហើយដូចសួនឧទ្យានដែលគ្មានទឹក។
៣១ មនុស្សខ្លាំងពូកែនឹងក្លាយទៅជាកម្ទេចឈើស្ងួត
ហើយអ្វីៗដែលគេធ្វើ ប្រៀបបាននឹងផ្កាភ្លើង
ដែលឆេះជាមួយគ្នា
គ្មាននរណាពន្លត់បានឡើយ។
២
ប្រជាជនជួបជុំនៅក្រុងយេរូសាឡឹម
១ នេះជាព្រះបន្ទូលដែលព្យាការី*អេសាយ ជាកូនរបស់លោកអម៉ុស បានទទួលពីព្រះអម្ចាស់ ស្តីអំពីព្រឹត្តិការណ៍ដែលនឹងកើតមាននៅស្រុកយូដា និងក្រុងយេរូសាឡឹម: ២ ថ្ងៃក្រោយ ព្រះអម្ចាស់នឹងលើក
ភ្នំដែលមានព្រះដំណាក់របស់ព្រះអង្គ
ដាក់នៅលើកំពូលភ្នំទាំងឡាយ
ដើម្បីឲ្យភ្នំនោះបានខ្ពស់ជាងគេ
ហើយប្រជាជាតិទាំងប៉ុន្មាននឹងនាំគ្នាឡើងទៅ
ជាហូរហែ។
៣ ប្រជាជនជាច្រើននឹងឡើងទៅភ្នំនោះ
ទាំងពោលថា «ចូរនាំគ្នាមក!
យើងឡើងលើភ្នំរបស់ព្រះអម្ចាស់
យើងឡើងទៅព្រះដំណាក់នៃព្រះ
របស់លោកយ៉ាកុប។
ព្រះអង្គនឹងបង្រៀនយើងអំពី
មាគ៌ារបស់ព្រះអង្គ
ហើយយើងនឹងដើរតាមមាគ៌ានេះ»
ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូន
ហើយព្រះបន្ទូលរបស់ព្រះអម្ចាស់
ក៏ចេញមកពីក្រុងយេរូសាឡឹមដែរ។
៤ ព្រះអង្គនឹងធ្វើជាចៅក្រមរវាងប្រជាជាតិនានា
ព្រះអង្គនឹងសម្រុះសម្រួលជាតិសាសន៍ជាច្រើន
ឲ្យឈប់ទាស់ទែងគ្នា។
ពេលនោះ ពួកគេនឹងយកដាវរបស់ខ្លួន
មករំលាយធ្វើជាផាលនង្គ័ល
ហើយយកលំពែងមករំលាយធ្វើជាកណ្ដៀវ។
ប្រជាជាតិមួយឈប់ច្បាំងនឹង
ប្រជាជាតិមួយទៀត
ហើយគេក៏លែងហាត់រៀនធ្វើសង្គ្រាមដែរ។
៥ កូនចៅរបស់លោកយ៉ាកុបអើយ ចូរនាំគ្នាមក!
យើងដើរក្រោមពន្លឺរបស់ព្រះអម្ចាស់!
៦ ព្រះអម្ចាស់អើយ ព្រះអង្គបានបោះបង់ចោល
ពូជពង្សរបស់លោកយ៉ាកុប
ដែលជាប្រជារាស្ដ្ររបស់ព្រះអង្គ
ព្រោះមានគ្រូមន្តអាគមពីទិសខាងកើត
នៅពេញក្នុងស្រុករបស់គេ
ពួកគេមានគ្រូទាយច្រើនដូចនៅស្រុកភីលីស្ទីន
ប្រជាជនរបស់ព្រះអង្គចងសម្ពន្ធមិត្ត
ជាមួយជនបរទេស។
៧ ស្រុករបស់គេពោរពេញទៅដោយ
មាស និងប្រាក់
ទ្រព្យសម្បត្តិរបស់គេមានច្រើនឥតគណនា
ស្រុករបស់គេពោរពេញទៅដោយសេះ
រទេះចម្បាំងរបស់គេមានច្រើនឥតគណនា។
៨ ស្រុករបស់គេក៏ពោរពេញទៅដោយ
ព្រះក្លែងក្លាយដែរ
គេនាំគ្នាក្រាបថ្វាយបង្គំស្នាដៃរបស់ខ្លួន
គេនាំគ្នាក្រាបថ្វាយបង្គំអ្វីៗ
ដែលដៃរបស់ខ្លួនបានសូនបង្កើតមក។
៩ មនុស្សលោកត្រូវអាប់ឱន
គេនឹងដួលផ្កាប់មុខដល់ដី
ព្រះអង្គមិនអត់ទោសឲ្យគេឡើយ។
១០ ចូរនាំគ្នាចូលមកពួននៅក្នុងក្រហែងថ្មនេះ
ចូរនាំគ្នាលាក់ខ្លួននៅក្នុងដី ដើម្បីគេច
ឲ្យផុតពីព្រះពិរោធរបស់ព្រះអម្ចាស់
ហើយគេចឲ្យផុតពីភាពថ្កុំថ្កើងនៃ
សិរីរុងរឿងរបស់ព្រះអង្គ។
១១ ព្រះអង្គនឹងបន្ទាបមនុស្សមានចិត្តព្រហើន
ព្រះអង្គនឹងពង្រាបមនុស្សមានចិត្តអួតអាង។
នៅថ្ងៃនោះ មានតែព្រះអម្ចាស់មួយអង្គទេ
ដែលមនុស្សត្រូវលើកតម្កើង
១២ ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូល
បានកំណត់ថ្ងៃមួយទុក
សម្រាប់ពង្រាបមនុស្សព្រហើន
មនុស្សអួតអាង និងមនុស្សវាយឫក។
១៣ ព្រះអង្គពង្រាបដើមឈើដ៏ខ្ពស់ៗទាំងប៉ុន្មាន
នៅស្រុកលីបង់
ពង្រាបដើមជ្រៃទាំងឡាយនៅស្រុកបាសាន។
១៤ ព្រះអង្គពង្រាបភ្នំធំៗទាំងឡាយ
ពង្រាបភ្នំដ៏ខ្ពស់ៗ
១៥ ពង្រាបប៉មដ៏ខ្ពស់ៗ
ពង្រាបកំពែងដ៏រឹងមាំទាំងប៉ុន្មាន។
១៦ ពង្រាបសំពៅទាំងអស់នៅស្រុកតារស៊ីស
និងពង្រាបនាវាដ៏ល្អប្រណីត។
១៧ ព្រះអង្គនឹងបន្ទាបមនុស្សព្រហើន
ព្រះអង្គនឹងពង្រាបមនុស្សអួតអាង។
នៅថ្ងៃនោះ មានតែព្រះអម្ចាស់មួយអង្គទេ
ដែលមនុស្សត្រូវលើកតម្កើង។
១៨ ព្រះក្លែងក្លាយទាំងប៉ុន្មាននឹងវិនាសសូន្យ។
១៩ ពេលនោះ គេនឹងនាំគ្នាចូលទៅពួននៅក្នុងរូងភ្នំ
គេនឹងលាក់ខ្លួនក្នុងរូងដែលនៅក្រោមដី
ដើម្បីគេចឲ្យផុតពីព្រះពិរោធ
របស់ព្រះអម្ចាស់
ហើយគេចឲ្យផុតពីភាពថ្កុំថ្កើង
នៃសិរីរុងរឿងរបស់ព្រះអង្គ
នៅពេលព្រះអង្គក្រោកឡើង
ធ្វើឲ្យមានការភ័យតក់ស្លុតនៅលើផែនដី។
២០ នៅថ្ងៃនោះ មនុស្សលោកនឹងយកព្រះក្លែងក្លាយ ធ្វើអំពីប្រាក់ និងមាស ដែលគេសិតសម្រាប់ថ្វាយបង្គំ បោះទៅឲ្យកណ្តុរ និងប្រជៀវ។ ២១ គេនឹងនាំគ្នាចូលទៅពួនក្នុងគុហា និងក្រហែងភ្នំ ដើម្បីគេចឲ្យផុតពីព្រះពិរោធរបស់ព្រះអម្ចាស់ ហើយគេចឲ្យផុតពីភាពដ៏ថ្កុំថ្កើងនៃសិរីរុងរឿងរបស់ព្រះអង្គ នៅពេលព្រះអង្គក្រោកឡើង ធ្វើឲ្យមានការភ័យតក់ស្លុតលើផែនដី។
២២ ចូរឈប់ពឹងផ្អែកលើមនុស្សទៀតទៅ
ដ្បិតជីវិតរបស់គេប្រៀបបាននឹង
មួយដង្ហើមប៉ុណ្ណោះ ហើយគេគ្មានតម្លៃអ្វីទេ!
៣
អណាធិបតេយ្យក្នុងរាជាណាចក្រយូដា
១ ព្រះជាអម្ចាស់នៃពិភពទាំងមូល
នឹងដកអ្វីៗទាំងប៉ុន្មាន
ដែលជាបង្អែករបស់ប្រជាជន
ចេញពីក្រុងយេរូសាឡឹម និងស្រុកយូដា
គឺលែងមានស្បៀងអាហារ និងប្រភពទឹក
២ លែងមានវីរបុរស លែងមានអ្នកចម្បាំង
លែងមានចៅក្រម លែងមានព្យាការី
លែងមានហោរា លែងមានព្រឹទ្ធាចារ្យ
៣ លែងមានមេទ័ព លែងមានអ្នកធំ
លែងមានទីប្រឹក្សា លែងមានជំនាញការ
ហើយក៏លែងមានគ្រូពូកែខាងមន្តអាគមដែរ។
៤ ពេលនោះ យើងនឹងឲ្យក្មេងក្មាងឡើងធ្វើ
ជាមេដឹកនាំ ត្រួតត្រាលើពួកគេ
តាមអំពើចិត្តរបស់ខ្លួន។
៥ ក្នុងចំណោមប្រជាជន
គេសង្កត់សង្កិនគ្នាទៅវិញទៅមក
ម្នាក់ៗសង្កត់សង្កិនបងប្អូនរបស់ខ្លួន។
ក្មេងក្មាងប្រឆាំងនឹងចាស់ៗ
មនុស្សពាលប្រឆាំងនឹងមនុស្សថ្លៃថ្នូរ។
៦ ពេលនោះ នឹងមានមនុស្សម្នាក់ចាប់បង្ខំបងប្អូន
ក្នុងអំបូររបស់ខ្លួន ដោយពោលថា:
បងមានអាវធំ ដូច្នេះ សូមធ្វើជា
មេដឹកនាំលើយើង ហើយត្រួតត្រាលើទឹកដី
ដែលគ្មានសណ្ដាប់ធ្នាប់នេះទៅ!
៧ ប៉ុន្តែ នៅថ្ងៃនោះ អ្នកនោះតបទៅវិញថា:
ខ្ញុំមិនមែនជាគ្រូពេទ្យទេ
នៅក្នុងផ្ទះខ្ញុំក៏គ្មានអាហារ ឬអាវធំដែរ
កុំតែងតាំងខ្ញុំជាមេដឹកនាំលើប្រជាជនអី!
៨ ពិតមែនហើយ យេរូសាឡឹមជាក្រុងដែលកំពុងតែរលំ
ហើយយូដាជាស្រុកកំពុងតែហិនហោច
ដ្បិតប្រជាជននាំគ្នាប្រឆាំងនឹងព្រះអម្ចាស់
ដើម្បីបន្ថោកសិរីរុងរឿងរបស់ព្រះអង្គ
ដោយពាក្យសម្ដី
និងដោយអំពើផ្សេងៗដែលពួកគេប្រព្រឹត្ត។
៩ ឫកពារបស់ពួកគេសម្ដែងឲ្យឃើញថា
ពួកគេមានទោស
ពួកគេប្រព្រឹត្តអំពើបាបដូចអ្នកក្រុងសូដុម
គឺគេប្រព្រឹត្តដោយឥតអៀនខ្មាស
ឥតលាក់លៀមសោះឡើយ។
ពួកគេត្រូវវេទនាជាមិនខាន
ព្រោះគេបង្កទោសខ្លួនឯង!
១០ អ្នករាល់គ្នាអាចពោលថា:
មនុស្សសុចរិតបានសុខដុមរមនា
គេនឹងទទួលផលពីកិច្ចការដែលគេធ្វើ។
១១ រីឯមនុស្សអាក្រក់នឹងត្រូវវេទនា
គេមិនបានសុខទេ
គេទទួលផលតាមអំពើដែលខ្លួនប្រព្រឹត្ត។
១២ ព្រះអម្ចាស់មានព្រះបន្ទូលថា:
ប្រជាជនរបស់យើងត្រូវក្មេងក្មាង
ជិះជាន់សង្កត់សង្កិន
ស្រីៗក៏នាំគ្នាត្រួតត្រាលើពួកគេដែរ។
ប្រជាជនរបស់យើងអើយ
ពួកមេដឹកនាំរបស់អ្នករាល់គ្នា
នាំអ្នករាល់គ្នាឲ្យវង្វេង
ពួកគេនាំអ្នករាល់គ្នាឲ្យដើរខុសផ្លូវ។
១៣ ព្រះអម្ចាស់កំពុងតែប្រុងប្រៀបកាត់ក្តី
ព្រះអង្គក្រោកឡើងវិនិច្ឆ័យទោស
ជាតិសាសន៍ទាំងឡាយ។
១៤ ព្រះអម្ចាស់ចោទប្រកាន់ពួកព្រឹទ្ធាចារ្យ
និងពួកមេដឹកនាំនៃប្រជារាស្ដ្ររបស់ព្រះអង្គថា:
“អ្នករាល់គ្នាបានបំផ្លាញចម្ការទំពាំងបាយជូរ!
អ្នករាល់គ្នារឹបអូសយករបស់ទ្រព្យជនក្រីក្រ
មកដាក់នៅក្នុងផ្ទះរបស់អ្នករាល់គ្នា!
១៥ ហេតុអ្វីបានជាអ្នករាល់គ្នាជាន់ឈ្លី
ប្រជារាស្ដ្ររបស់យើង
ហើយបង្អាប់កិត្តិយសជនក្រីក្រដូច្នេះ?”។
- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់
នៃពិភពទាំងមូល។
ព្រះអម្ចាស់បន្ទោសពួកជំទាវនៅក្រុងយេរូសាឡឹម
១៦ ព្រះអម្ចាស់មានព្រះបន្ទូលថា:
ពួកជំទាវនៅក្រុងស៊ីយ៉ូនអួតអាងណាស់
ពួកគេមានកិរិយាឆ្មើងឆ្មៃ និងវាយឫកខ្ពស់
ពួកគេដើរកាច់រាង
ទាំងអង្រួនកងជើងឲ្យគេឮ។
១៧ ព្រះអម្ចាស់នឹងធ្វើឲ្យពួកជំទាវ
នៅក្រុងស៊ីយ៉ូន កើតរមាស់ពេញក្បាល
ហើយព្រះអម្ចាស់ធ្វើឲ្យក្បាលពួកគេ
ទៅជាត្រងោល។
១៨ នៅគ្រានោះ ព្រះអម្ចាស់នឹងយកគ្រឿងអលង្ការទាំងប៉ុន្មានចេញពីស្ត្រីទាំងនោះ គឺព្រះអង្គដកក្រវិល ភ្នួងសក់ បន្តោងខ្សែក ១៩ ទំហូ ខ្សែដៃ ស្បៃបាំងមុខ ២០ ស្នៀតសក់ដែលមានដាំពេជ្រ កងជើង ខ្សែក្រវាត់ ប្រអប់ដាក់គ្រឿងក្រអូប ដន្លាប់ ២១ ចិញ្ចៀន ក្រវិល ច្រមុះ ២២ សម្លៀកបំពាក់ដ៏មានតម្លៃ អាវវែង អាវធំ កាបូប ២៣ កញ្ចក់ ក្រណាត់ស្តើង ឆ្នួតក្បាល និងស្បៃរុំខ្លួន។
២៤ ពេលនោះ ក្លិនអសោចនឹងជំនួសក្លិនទឹកអប់
ច្រវាក់នឹងជំនួសខ្សែក្រវាត់
ក្បាលត្រងោលនឹងជំនួសសក់ក្រងយ៉ាងស្អាត
សម្លៀកបំពាក់កណ្តាច់កណ្តាចនឹងជំនួស
សម្លៀកបំពាក់ដ៏ល្អប្រណីត
សញ្ញាដែលគេដៅជាទាសករ
នឹងជំនួសសម្ផស្សដ៏ស្អាត។
២៥ យេរូសាឡឹមអើយ ប្រុសៗរបស់អ្នក
នឹងត្រូវស្លាប់ដោយមុខដាវ
ទាហានដ៏ខ្លាំងពូកែរបស់អ្នករាល់គ្នា
នឹងត្រូវស្លាប់ដោយសឹកសង្គ្រាម។
២៦ ក្រុងយេរូសាឡឹមទាំងមូលនឹងយំសោកសង្រេង
កាន់ទុក្ខ ដូចស្ត្រីមេម៉ាយអង្គុយយំនៅលើដី
ព្រោះបាត់បង់អ្វីៗទាំងអស់ដែលខ្លួនមាន។
៤
១ នៅគ្រានោះ ស្ត្រីប្រាំពីរនាក់
នឹងចោមរោមចង់បានបុរសម្នាក់
ទាំងពោលថា៖
«សូមលោកយកយើងខ្ញុំធ្វើជាភរិយាផង
សូមដកសេចក្ដីអាម៉ាស់ចេញពីយើងខ្ញុំទៅ
យើងខ្ញុំនឹងចិញ្ចឹមជីវិតដោយខ្លួនឯង
យើងខ្ញុំនឹងរកសម្លៀកបំពាក់ដោយខ្លួនឯង»។
អនាគតរបស់ក្រុងយេរូសាឡឹម
២ នៅគ្រានោះ ព្រះអម្ចាស់នឹងធ្វើឲ្យពន្លកមួយលូតចេញមក ពន្លកនេះនាំជនជាតិអ៊ីស្រាអែលដែលនៅសល់ពីស្លាប់ ឲ្យមានកិត្តិយស និងសិរីរុងរឿង ហើយដីនឹងបង្កើតភោគផលដែលនាំឲ្យពួកគេមានមោទនភាព និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ។ ៣ ពេលនោះ អ្នកនៅក្រុងស៊ីយ៉ូនដែលសល់ពីស្លាប់ អ្នកក្រុងយេរូសាឡឹមដែលបានរួចជីវិត នឹងមានឈ្មោះថា «ជនដ៏វិសុទ្ធ»។ ព្រះអម្ចាស់កត់ឈ្មោះអ្នកទាំងនោះ ដើម្បីឲ្យគេរស់នៅក្នុងក្រុងយេរូសាឡឹម។ ៤ ព្រះអម្ចាស់នឹងផ្លុំខ្យល់មកដូចភ្លើង ដើម្បីវិនិច្ឆ័យ និងជម្រះអ្នកក្រុងស៊ីយ៉ូន ឲ្យបានរួចផុតពីអំពើសៅហ្មង។ ព្រះអង្គក៏លាងឈាមដែលគេបានបង្ហូរ នៅក្រុងយេរូសាឡឹមដែរ។
៥ បន្ទាប់មក ព្រះអម្ចាស់នឹងបង្កើតដុំពពក និងផ្សែង នៅពេលថ្ងៃ ហើយពន្លឺដ៏ចិញ្ចែងចិញ្ចាច ដូចភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ នៅពេលយប់ ឲ្យមកស្ថិតលើភ្នំស៊ីយ៉ូនទាំងមូល និងលើអង្គប្រជុំនានា ក្នុងពេលគេប្រារព្ធធ្វើពិធីបុណ្យ។ សិរីរុងរឿងរបស់ព្រះអម្ចាស់នឹងគ្របបាំងការពារអ្វីៗទាំងអស់។ ៦ សិរីរុងរឿងនោះគ្របបាំងភ្នំស៊ីយ៉ូន ប្រៀបដូចជាស្វេតច្ឆត្រផ្តល់ម្លប់ដ៏ត្រជាក់ត្រជុំនៅពេលថ្ងៃក្ដៅ ហើយក៏ជាជម្រក នៅពេលព្យុះសង្ឃរា និងពេលភ្លៀងផងដែរ។
៥
ចម្ការទំពាំងបាយជូររបស់ព្រះអម្ចាស់
១ ខ្ញុំសូមច្រៀងបទមួយ
ក្នុងនាមមិត្តរបស់ខ្ញុំ
ជាបទចម្រៀងស្តីអំពីមិត្តសម្លាញ់របស់ខ្ញុំ
និងចម្ការទំពាំងបាយជូររបស់គាត់។
មិត្តសម្លាញ់របស់ខ្ញុំមាន
ចម្ការទំពាំងបាយជូរមួយ
នៅលើជម្រាលភ្នំដែលមានជីជាតិល្អ
២ គាត់បានកាប់គាស់ដី រើសដុំថ្មចេញ
ហើយដាំទំពាំងបាយជូរពូជល្អបំផុត។
គាត់បានសង់ខ្ទម
និងជីកកន្លែងបញ្ជាន់ផ្លែ
នៅកណ្ដាលចម្ការនោះ
គាត់នឹកសង្ឃឹមថានឹងបានផ្លែល្អ តែចម្ការនោះ
បែរជាបង្កើតសុទ្ធតែផ្លែមិនល្អទៅវិញ។
៣ មិត្តរបស់ខ្ញុំក៏ពោលឡើងថា៖
អ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកយូដាអើយ
សូមជួយវិនិច្ឆ័យរឿងខ្ញុំ និងចម្ការទំពាំងបាយជូរ
របស់ខ្ញុំផង។
៤ ខ្ញុំបានធ្វើការសព្វគ្រប់ទាំងអស់ចំពោះចម្ការ
នេះហើយ តើនៅខ្វះអ្វីទៀត?
ខ្ញុំនឹកសង្ឃឹមថានឹងបានផ្លែទំពាំងបាយជូរល្អ
តែហេតុដូចម្ដេចបានជាចម្ការខ្ញុំ បង្កើតសុទ្ធតែ
ផ្លែមិនល្អទៅវិញដូច្នេះ?។
៥ ឥឡូវនេះ ខ្ញុំសូមប្រាប់អ្នករាល់គ្នាឲ្យដឹង
អំពីការដែលខ្ញុំបម្រុងនឹងធ្វើទៅលើចម្ការនេះ
គឺខ្ញុំនឹងរើរបងចេញ ឲ្យសត្វចូលស៊ីបំផ្លាញ
ខ្ញុំនឹងទម្លុះជញ្ជាំង ឲ្យគេចូលជាន់ឈ្លី។
៦ ខ្ញុំបំផ្លាញវាឲ្យដូចចម្ការដែល
គេបោះបង់ចោល គ្មានអ្នកណាលួសមែក
គ្មានអ្នកណាជ្រួយដីទៀតឡើយ
គឺមានតែរពាក់ បន្លាដុះពាសពេញ
ខ្ញុំនឹងហាមពពកមិនឲ្យបង្អុរភ្លៀង
មកលើចម្ការនេះតទៅទៀតឡើយ។
៧ ចម្ការទំពាំងបាយជូររបស់ព្រះអម្ចាស់
នៃពិភពទាំងមូល គឺប្រជាជាតិអ៊ីស្រាអែល
ដើមទំពាំងបាយជូរដែលព្រះអង្គស្រឡាញ់
គឺប្រជាជនយូដា។
ព្រះអង្គនឹកសង្ឃឹមថាពួកគេនឹង
ប្រព្រឹត្តអំពើយុត្តិធម៌
តែពួកគេបែរជាប្រព្រឹត្តអំពើទុច្ចរិត
ព្រះអង្គនឹកសង្ឃឹមថាពួកគេនឹង
ប្រព្រឹត្តអំពើសុចរិត
តែព្រះអង្គបែរឮស្នូរសម្រែក
របស់អ្នកដែលត្រូវគេជិះជាន់ទៅវិញ។
ទុក្ខទោសរបស់អស់អ្នកដែលបានធ្វើឲ្យព្រះអម្ចាស់ព្រះអង្គព្រះពិរោធ
៨ អស់អ្នកដែលរឹបអូសយកផ្ទះគេ
មកធ្វើជាផ្ទះខ្លួនឯង មុខជាត្រូវវេទនាពុំខាន!
អស់អ្នកដែលយកដីគេ មកបញ្ចូលក្នុងដីខ្លួនឯង
ក៏ត្រូវវេទនាដែរ!
ពួកគេធ្វើដូច្នេះរហូតទាល់តែអ្នកផ្សេង
លែងមានដីទៀត
ហើយនៅទីបំផុត ក្នុងស្រុកមាននៅសល់
តែពួកគេប៉ុណ្ណោះ។
៩ ខ្ញុំបានឮព្រះអម្ចាស់នៃពិភពទាំងមូល
មានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា:
ផ្ទះទាំងនេះមុខជាត្រូវវិនាសអន្តរាយអស់
ផ្ទះដ៏ស្កឹមស្កៃទាំងនេះ
នឹងគ្មានមនុស្សនៅទៀតទេ។
១០ ចម្ការទំពាំងបាយជូរបីហិកតា
នឹងឲ្យផលបានត្រឹមតែស្រាហាសិបលីត្រ
ស្រូវពូជដែលព្រោះទៅមួយរយគីឡូ
បានផលត្រឹមតែដប់គីឡូប៉ុណ្ណោះ។
១១ អស់អ្នកដែលក្រោកឡើងពីព្រលឹម
ស្វែងរកស្រាខ្លាំង
ហើយគិតតែផឹករហូតដល់អធ្រាត្រ
មុខជាត្រូវវេទនាពុំខាន!
១២ ពួកគេគិតតែពីផឹកស្រាសប្បាយ
ដោយមានសំឡេងពិណ និងចាប៉ី
ព្រមទាំងក្រាប់ និងខ្លុយលេងកំដរ
ពួកគេឥតចាប់អារម្មណ៍នឹងកិច្ចការដែល
ព្រះអម្ចាស់កំពុងធ្វើ គេឥតឃើញថា
ព្រះអង្គកំពុងសម្រេចការអ្វីទេ។
១៣ ហេតុនេះហើយបានជាខ្មាំងនឹងកៀរ
ប្រជារាស្ដ្ររបស់យើងនាំយកទៅជាឈ្លើយ
ដ្បិតពួកគេមិនយល់អ្វីទាំងអស់។
អ្នកធំរបស់គេនឹងស្លាប់ ដោយអត់បាយ
ប្រជាជនតូចតាចនឹងស្លាប់ដោយអត់ទឹក។
១៤ ក្នុងពេលដែលពួកគេកំពុងជប់លៀងសប្បាយ
មច្ចុរាជនឹងបើកមាត់ចំហយ៉ាងធំ
លេបយកទាំងអ្នកធំ ទាំងប្រជាជនតូចតាច
នៅក្រុងយេរូសាឡឹម។
១៥ មនុស្សលោកនឹងត្រូវអាប់ឱន
គេនឹងដួលផ្កាប់មុខដល់ដី
មនុស្សមានចិត្តព្រហើននឹងត្រូវបន្ទាបចុះ។
១៦ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងសម្ដែង
ភាពថ្កុំថ្កើងរបស់ព្រះអង្គ
ដោយវិនិច្ឆ័យទោសពួកគេ
ព្រះដ៏វិសុទ្ធនឹងសម្ដែងភាពវិសុទ្ធរបស់ព្រះអង្គ
ដោយប្រព្រឹត្តតាមសេចក្ដីសុចរិត។
១៧ ហ្វូងចៀមនឹងដើររកស៊ីតាមគំនរបាក់បែក
ដូចនៅតាមវាលស្មៅ
ហើយពពែដែលគេបំប៉ន
ក៏មកស៊ីស្មៅនៅតាមនោះដែរ។
១៨ អស់អ្នកដែលខំប្រឹងប្រព្រឹត្តអំពើបាប
ដូចគោខំប្រឹងទាញរទេះ
មុខជាត្រូវវេទនាពុំខាន
ព្រោះគេនឹងទទួលទោស
តាមអំពើដែលខ្លួនប្រព្រឹត្ត។
១៩ ពួកគេពោលថា «សូមព្រះអម្ចាស់បំពេញ
កិច្ចការរបស់ព្រះអង្គឲ្យឆាប់ៗទៅ
ដើម្បីឲ្យយើងបានឃើញផង!
សូមឲ្យគម្រោងការរបស់ព្រះដ៏វិសុទ្ធ
នៃជនជាតិអ៊ីស្រាអែលបានសម្រេចឆាប់ៗ
ដើម្បីឲ្យយើងបានស្គាល់ផង!»។
២០ អស់អ្នកដែលហៅអំពើអាក្រក់ថាល្អ
ហៅអំពើល្អថាអាក្រក់
ចាត់ទុកភាពងងឹតថាជាពន្លឺ
ចាត់ទុកពន្លឺថាជាភាពងងឹត
ហើយចាត់ទុកការជូរចត់ថាជាការសប្បាយ
ចាត់ទុកការសប្បាយថាជាការជូរចត់
មុខជាត្រូវវេទនាពុំខាន!
២១ អស់អ្នកដែលនឹកស្មានថាខ្លួនមានប្រាជ្ញា
ហើយចាត់ទុកខ្លួនឯងថាជាអ្នកចេះដឹង
មុខជាត្រូវវេទនាពុំខាន!
២២ អស់អ្នកដែលពូកែខាងផឹកស្រា
ហើយជាជើងឯកខាងបិតស្រាខ្លាំង
មុខជាត្រូវវេទនាពុំខាន!
២៣ ពួកគេទទួលសំណូក
ហើយចាត់ទុកជនឧក្រិដ្ឋថាគ្មានទោស
និងចាត់ទុកជនស្លូតត្រង់ថាមានទោសវិញ។
២៤ ហេតុនេះ ពួកគេនឹងរលួយទាំងឫស
ផ្ការបស់ពួកគេនឹងក្លាយទៅជាធូលីដី
ដូចអណ្ដាតភ្លើងឆាបឆេះស្បូវ
ឬដូចចំបើងត្រូវភ្លើងឆេះដែរ
ដ្បិតពួកគេបោះបង់ចោលការប្រៀនប្រដៅ
របស់ព្រះអម្ចាស់នៃពិភពទាំងមូល
ហើយមាក់ងាយព្រះបន្ទូលរបស់
ព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល។
២៥ ហេតុនេះហើយបានជាព្រះអម្ចាស់ព្រះអង្គ
ព្រះពិរោធទាស់នឹងប្រជារាស្ដ្ររបស់ព្រះអង្គ
ព្រះអង្គលើកព្រះហស្ដ វាយប្រហារពួកគេ
ពេលនោះ ភ្នំទាំងឡាយនឹងត្រូវរង្គើ
ហើយនឹងមានសាកសពដូចជាសំរាម
នៅពាសពេញតាមដងផ្លូវ។
ទោះបីយ៉ាងនេះក្តី ព្រះពិរោធរបស់
ព្រះអង្គនៅតែមិនស្ងប់ដែរ
ព្រះអង្គលើកព្រះហស្ដគំរាមពួកគេដដែល។
២៦ ព្រះអង្គលើកទង់ឡើង ជាសញ្ញាដល់ប្រជាជាតិ
ដែលនៅឆ្ងាយៗ ព្រះអង្គធ្វើសញ្ញាហៅពួកគេ
ពីស្រុកដាច់ស្រយាលនៃផែនដី
ពួកគេក៏នាំគ្នារូតរះមកយ៉ាងឆាប់រហ័ស។
២៧ ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់នឿយហត់
គ្មាននរណាម្នាក់បាក់កម្លាំង
ហើយក៏គ្មាននរណាម្នាក់ងោកងុយ
ឬដេកលង់លក់ដែរ។
គ្មាននរណាម្នាក់ដោះខ្សែក្រវាត់ចេញពីចង្កេះ
ឬស្រាយខ្សែស្បែកជើងសោះឡើយ។
២៨ ពួកគេសំលៀងមុខព្រួញរបស់ខ្លួនជានិច្ច
ធ្នូរបស់គេនៅត្រៀមជាស្រេច
ក្រចកជើងសេះរបស់គេដូចថ្មភ្លឺរលើប
កង់រទេះរបស់គេប្រៀបដូចជាខ្យល់កួច។
២៩ សម្រែករបស់គេប្រៀបបាននឹងសម្រែកសត្វសិង្ហ
គេគ្រហឹមដូចជាកូនសិង្ហគ្រហឹម
ចាប់រំពានាំយកទៅ គ្មាននរណាអាចមករំដោះ
ឲ្យរួចឡើយ។
៣០ ក៏ប៉ុន្តែ នៅគ្រានោះ នឹងមានឮសន្ធឹក
ដូចស្នូរសមុទ្របក់បោកមកលើប្រជាជាតិនេះ។
ពេលក្រឡេកមើលស្រុកនោះ
គេឃើញមានសុទ្ធតែភាពងងឹត និងការឈឺចាប់
ហើយនឹងមានពពកយ៉ាងក្រាស់មកបាំងពន្លឺថ្ងៃ
ឲ្យប្រែទៅជាងងឹតវិញ។
៦
ព្រះអម្ចាស់ត្រាស់ហៅលោកអេសាយ
១ នៅឆ្នាំដែលព្រះបាទអសារីយ៉ាសោយទិវង្គត ខ្ញុំបានឃើញព្រះអម្ចាស់គង់លើបល្ល័ង្កដ៏ខ្ពស់បំផុត ជាយព្រះភូសារបស់ព្រះអង្គលាតពេញក្នុងព្រះវិហារ។ ២ នៅពីលើព្រះអង្គមានពពួកសេរ៉ាភីម*។ សេរ៉ាភីមនីមួយៗមានស្លាបប្រាំមួយ គឺស្លាបពីរសម្រាប់បាំងមុខ ស្លាបពីរសម្រាប់បាំងជើង និងស្លាបពីរទៀតសម្រាប់ហើរ។ ៣ សេរ៉ាភីមទាំងនោះបន្លឺសំឡេងឆ្លើយឆ្លងគ្នាទៅវិញទៅមកថា៖
«ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ
គឺព្រះអម្ចាស់នៃពិភពទាំងមូល!
ផែនដីទាំងមូលពោរពេញទៅដោយសិរីរុងរឿង
របស់ព្រះអង្គ!»។
៤ ព្រះសូរសៀងរបស់ព្រះអង្គធ្វើឲ្យកក្រើកទ្វារព្រះវិហារ ហើយមានផ្សែងហុយពេញព្រះដំណាក់។ ៥ ពេលនោះ ខ្ញុំលាន់មាត់ថា៖ «ស្លាប់ខ្ញុំហើយ! ខ្ញុំពិតជាត្រូវវិនាស ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនបរិសុទ្ធ* ហើយខ្ញុំក៏រស់នៅកណ្ដាលចំណោមប្រជាជនដែលមានបបូរមាត់មិនបរិសុទ្ធដែរ តែខ្ញុំបានឃើញព្រះមហាក្សត្រ ជាព្រះអម្ចាស់ នៃពិភពទាំងមូល»។
៦ ខណៈនោះ សេរ៉ាភីមមួយហើរមករកខ្ញុំ ទាំងកាន់តង្កៀបកៀបរងើកភ្លើងពីអាសនៈមកជាមួយផង ៧ រួចយករងើកភ្លើងនោះមកប៉ះមាត់ខ្ញុំ ទាំងប្រាប់ថា៖ «ដោយរងើកភ្លើងនេះប៉ះបបូរមាត់លោកដូច្នេះ ព្រះអម្ចាស់លើកលែងទោសឲ្យលោក ព្រះអង្គដកបាបចេញពីលោកហើយ»។
៨ បន្ទាប់មក ខ្ញុំឮព្រះសូរសៀងរបស់ព្រះអម្ចាស់ដែលមានព្រះបន្ទូលថា៖
«តើយើងនឹងចាត់អ្នកណាឲ្យទៅ
តើនរណានឹងនាំពាក្យរបស់យើង?»។
ខ្ញុំទូលឆ្លើយថា៖
«ទូលបង្គំនៅទីនេះស្រាប់ហើយ!
សូមព្រះអង្គចាត់ទូលបង្គំចុះ!»។
៩ ព្រះអង្គមានព្រះបន្ទូលថា៖
«ទៅចុះ! ចូរទៅប្រាប់ប្រជាជននេះថា
ទោះបីអ្នករាល់គ្នាខំប្រឹងស្ដាប់
ក៏អ្នករាល់គ្នាមិនយល់
ទោះបីអ្នករាល់គ្នាខំប្រឹងមើល
ក៏អ្នករាល់គ្នាមិនឃើញដែរ។
១០ ចូរធ្វើឲ្យប្រជាជននេះមានចិត្តរឹងរូស
ចូរធ្វើឲ្យត្រចៀកគេធ្ងន់
ចូរបិទភ្នែកគេ កុំឲ្យមើលឃើញ
កុំឲ្យត្រចៀកគេស្ដាប់ឮ
កុំឲ្យប្រាជ្ញារបស់គេស្វែងយល់បាន
ក្រែងលោគេប្រែចិត្តគំនិត
ហើយយើងនឹងប្រោសគេឲ្យជា!»។
១១ ខ្ញុំទូលថា៖ «ព្រះអម្ចាស់អើយ
ទូលបង្គំត្រូវថ្លែងដូច្នេះរហូតដល់ពេលណា?»
ព្រះអង្គតបមកវិញថា៖
«រហូតដល់ទីក្រុងវិនាសហិនហោចអស់
លែងមានមនុស្សក្នុងក្រុង
ក្នុងផ្ទះក៏លែងមានមនុស្សនៅ
គឺរហូតដល់ទឹកដីវិនាសអន្តរាយអស់»។
១២ ព្រះអម្ចាស់នឹងបណ្តេញមនុស្សម្នាចេញពីទីនោះ
ហើយនៅក្នុងស្រុក មានដីជាច្រើន
ដែលត្រូវគេបោះបង់ចោល។
១៣ ទោះបីនៅសល់ប្រជាជនតែមួយភាគដប់
ក៏ពួកគេនឹងត្រូវភ្លើងឆេះដែរ
ដូចដើមពោធិ និងដើមជ្រៃដែលគេកាប់ចោល
នៅសល់តែគល់។
ប៉ុន្តែ នឹងមានពន្លកដ៏វិសុទ្ធ
ដុះចេញពីគល់នោះ។
៧
ព្យាការីអេសាយទៅជួបស្តេចអខាស
១ នៅគ្រាដែលព្រះបាទអខាស ជាបុត្ររបស់ព្រះបាទយ៉ូថាម ដែលត្រូវជាបុត្ររបស់ព្រះបាទអសារីយ៉ា គ្រងរាជ្យនៅស្រុកយូដា មានសង្គ្រាមមួយផ្ទុះឡើង គឺព្រះបាទរេស៊ីន ជាស្តេចស្រុកស៊ីរី បានពួតដៃជាមួយព្រះបាទពេកា ជាបុត្ររបស់ព្រះបាទរេម៉ាលីយ៉ាហ៊ូ និងជាស្តេចស្រុកអ៊ីស្រាអែល លើកទ័ពទៅវាយយកក្រុងយេរូសាឡឹម ប៉ុន្តែ មិនអាចវាយសម្រុកចូលឡើយ។ ២ មានគេនាំដំណឹងមកទូលព្រះរាជវង្សរបស់ព្រះបាទដាវីឌថា ជនជាតិស៊ីរីបោះទ័ពនៅស្រុកអេប្រាអ៊ីម។ ដំណឹងនេះធ្វើឲ្យព្រះបាទអខាស និងប្រជារាស្ដ្រញ័ររន្ធត់ ដូចព្រៃឈើត្រូវខ្យល់បក់បោក។
៣ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេសាយថា៖ «ចូរនាំសេអា-យ៉ាស៊ូប ជាកូនប្រុសរបស់អ្នក ទៅជួបស្តេចអខាស នៅក្បែរស្រះផ្នែកខាងលើ ត្រង់ក្បាលប្រឡាយ តាមផ្លូវទៅចម្ការរបស់អ្នកជ្រលក់ល័ក្ខ។ ៤ ត្រូវប្រាប់ស្តេចថា
សូមព្រះករុណាកុំខ្វល់ព្រះហឫទ័យ
កុំភ័យខ្លាចអ្វីឡើយ!
សូមកុំតក់ស្លុត នៅចំពោះកំហឹងរបស់
ស្តេចរេស៊ីន និងពួកស៊ីរី
ព្រមទាំងស្តេចពេកាឲ្យសោះ។
ស្តេចទាំងពីរនេះប្រៀបបាននឹងកន្ទុយអុស
ដែលហុយផ្សែង ជិតរលត់។
៥ ស្តេចស្រុកស៊ីរីបានពួតដៃជាមួយពួកអេប្រាអ៊ីម
និងស្តេចអ៊ីស្រាអែល ប្រឆាំងព្រះរាជា
ដោយពោលថា:
៦ “យើងលើកគ្នាទៅច្បាំងនឹងស្រុកយូដា
យើងបំភ័យគេឲ្យតក់ស្លុត
ហើយវាយលុកស្រុកគេ
រហូតដល់គេចុះញ៉មនឹងយើង
បន្ទាប់មក យើងនឹងលើកកូនរបស់តាបេអែល
ឲ្យឡើងគ្រងរាជ្យលើស្រុកនោះ”។
៧ ប៉ុន្តែ ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ:
“ពួកគេមិនអាចសម្រេចការទាំងនេះទេ
ការទាំងនេះពុំអាចកើតឡើងបានឡើយ។
៨ ក្រុងដាម៉ាសជារាជធានីរបស់ស្រុកស៊ីរី
ស្តេចរេស៊ីនជាម្ចាស់របស់ក្រុងដាម៉ាស។
ក្នុងរវាងហុកសិបប្រាំឆ្នាំទៀត
អេប្រាអ៊ីមនឹងត្រូវវិនាសសូន្យ
លែងមានឈ្មោះថាប្រជាជនទៀតហើយ។
៩ ក្រុងសាម៉ារីជារាជធានីរបស់ស្រុកអេប្រាអ៊ីម
ស្តេចពេកាជាម្ចាស់របស់ក្រុងសាម៉ារី។
ប្រសិនបើអ្នករាល់គ្នាមិនផ្ញើជីវិតលើយើង
យ៉ាងខ្ជាប់ខ្ជួនទេនោះ
អ្នករាល់គ្នាមិនអាចនៅស្ថិតស្ថេរ
យ៉ាងខ្ជាប់ខ្ជួនឡើយ”»។
១០ ព្រះអម្ចាស់ចាត់លោកអេសាយឲ្យទៅទូលព្រះបាទអខាសសាជាថ្មីថា៖ ១១ «ព្រះករុណាត្រូវទូលសុំព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា សម្ដែងនូវទីសម្គាល់មួយ ទោះបីនៅលើភ្នំដ៏ខ្ពស់ក្តី ឬក្នុងទីដ៏ជ្រៅក្តី ដើម្បីបញ្ជាក់ថា ព្រះអង្គពិតជាគង់នៅជាមួយព្រះករុណា»។ ១២ ព្រះបាទអខាសមានរាជឱង្ការតបមកវិញថា៖ «យើងនឹងមិនទូលសូមអ្វីជាដាច់ខាត យើងនឹងមិនព្រមល្បងលព្រះអម្ចាស់ឡើយ!»។ ១៣ ពេលនោះ ព្យាការីអេសាយទូលព្រះរាជាថា៖
«បពិត្រព្រះរាជវង្សរបស់ព្រះបាទដាវីឌ
សូមព្រះអង្គព្រះសណ្ដាប់ទូលបង្គំ!
ព្រះករុណាមិនត្រឹមតែធ្វើឲ្យមនុស្ស
ណាយចិត្តប៉ុណ្ណោះទេ
គឺថែមទាំងធ្វើឲ្យព្រះរបស់ទូលបង្គំ
ណាយព្រះហឫទ័យទៀតផង។
១៤ ហេតុនេះ ព្រះអម្ចាស់ផ្ទាល់នឹងប្រទាន
ទីសម្គាល់មួយដល់អ្នករាល់គ្នា។
មើល៍! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ
នាងនឹងសម្រាលបានបុត្រាមួយ
ហើយថ្វាយព្រះនាមថា «អេម៉ានូអែល»។
១៥ បុត្រនោះនឹងសោយតែទឹកដោះ និងទឹកឃ្មុំ
រហូតដល់ពេលចេះបដិសេធអ្វីៗដែលអាក្រក់
ហើយជ្រើសយកអ្វីៗដែលល្អវិញ។
១៦ ប៉ុន្តែ មុនពេលបុត្រនោះចេះបដិសេធអ្វីៗ
ដែលអាក្រក់ ហើយជ្រើសយកអ្វីៗដែលល្អ
ស្រុករបស់ស្តេចទាំងពីរដែលបានមក
បំភ័យព្រះករុណា នឹងត្រូវគេបោះបង់ចោល
ឲ្យនៅស្ងាត់ជ្រងំ។
១៧ ព្រះអម្ចាស់នឹងធ្វើឲ្យព្រះករុណា
ព្រមទាំងប្រជារាស្ដ្រ និងព្រះរាជវង្ស
ជួបប្រទះនឹងសភាពការណ៍ផ្សេងៗ
ព្រោះតែស្តេចរបស់ជនជាតិអាស្ស៊ីរី
គឺចាប់តាំងពីថ្ងៃដែលកុលសម្ព័ន្ធអេប្រាអ៊ីម
បានបែកចេញពីប្រជាជាតិយូដាមក
មិនដែលមានសភាពការណ៍បែបនេះទេ។
១៨ នៅគ្រានោះ ព្រះអម្ចាស់នឹងហៅហ្វូងរុយ
ដែលនៅខាងចុងជ្រោយទន្លេនីល
និងហ្វូងឃ្មុំនៅស្រុកអាស្ស៊ីរី
១៩ ឲ្យមកទំនៅតាមចំណោតភ្នំ
តាមក្រហែងថ្មទាំងឡាយ
ព្រមទាំងនៅតាមគុម្ពោត
និងនៅតាមវាលស្មៅទាំងប៉ុន្មានដែរ។
២០ នៅគ្រានោះ ព្រះអម្ចាស់នឹងជួលកាំបិតកោរ
ពីខាងនាយទន្លេអឺប្រាត
- គឺស្តេចស្រុកអាស្ស៊ីរី -
មកកោរសក់ កោររោមជើង
និងកោរពុកចង្ការបស់ប្រជាជាតិនេះ។
២១ នៅគ្រានោះ ម្នាក់ៗនឹងចិញ្ចឹមមេគោមួយ
និងពពែញីពីរក្បាល
២២ ហើយដោយសារសម្បូណ៌ទឹកដោះពេក
ប្រជាជននឹងបរិភោគខ្លាញ់ទឹកដោះ
ដ្បិតប្រជាជនដែលនៅសល់ក្នុងស្រុក
នឹងនាំគ្នាបរិភោគខ្លាញ់ទឹកដោះ និងទឹកឃ្មុំ។
២៣ នៅគ្រានោះ គ្រប់ទីកន្លែងដែលមាន
ទំពាំងបាយជូរមួយពាន់ដើម
តម្លៃជាប្រាក់បីរយតម្លឹង
បែរជាដុះសុទ្ធតែបន្លា និងរពាក់។
២៤ ស្រុកនោះនឹងក្លាយទៅជាកន្លែងបរបាញ់
ព្រោះមានសុទ្ធតែបន្លា និងរពាក់។
២៥ ចំណែកឯនៅតាមភ្នំ
ដែលពីមុនគេធ្លាប់តែកាប់គាស់
បែរជាគ្មាននរណាហ៊ានចូលទៅទៀតទេ
ព្រោះគេខ្លាចបន្លា និងរពាក់
គេទុកឲ្យគោ និងហ្វូងចៀម
ទៅស៊ីស្មៅនៅតាមកន្លែងនោះ»។
៨
កូនរបស់ព្យាការីអេសាយជាប្រផ្នូលអំពីការគំរាមកំហែងពីសំណាក់ជនជាតិអាស្ស៊ីរី
១ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរយកបន្ទះថ្មធំមួយមក ហើយចារអក្សរនៅលើនោះថា “រឹបអូសជាប្រញាប់ ប្រមូលជ័យភ័ណ្ឌឲ្យលឿន!”»។ ២ ពេលនោះ ខ្ញុំក៏បង្ហាញបន្ទះថ្មដល់មនុស្ស ដែលគួរជាទីទុកចិត្ត គឺបូជាចារ្យអ៊ូរី និងលោកសាការី ជាកូនរបស់លោកយេបេរេគីយ៉ាហ៊ូ ធ្វើជាសាក្សី។
៣ ខ្ញុំបានរួមរស់ជាមួយព្យាការិនីជាភរិយារបស់ខ្ញុំ នាងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ។ ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំថា៖ «ត្រូវដាក់ឈ្មោះឲ្យកូននេះថា “ម៉ាហ៊ែរសាឡាល់ហាសបាស់” ៤ ដ្បិតមុនពេលដែលកូននេះចេះហៅ ពុក! ម៉ែ! មានគេប្រមូលទ្រព្យសម្បត្តិរបស់ក្រុងដាម៉ាស ហើយប្រមូលជ័យភ័ណ្ឌពីក្រុងសាម៉ារី យកទៅដាក់នៅចំពោះមុខស្តេចស្រុកអាស្ស៊ីរី»។
៥ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំទៀតថា៖
៦ «ដោយប្រជាជនមាក់ងាយទឹកដែលហូរ
យ៉ាងស្រួលនៅប្រឡាយស៊ីឡោម
ហើយបែរជានាំគ្នាពេញចិត្តនឹងស្តេចរេស៊ីន
ព្រមទាំងស្តេចពេកាវិញនោះ
៧ ព្រះអម្ចាស់នឹងធ្វើឲ្យទឹកទន្លេដ៏ធំ
ហូរយ៉ាងខ្លាំង ជន់ឡើងហួសច្រាំង
បំផ្លាញពួកគេ
ពោលគឺស្តេច និងកងទ័ពរបស់ស្រុកអាស្ស៊ីរី។
៨ ទន្លេនេះនឹងហូរមកលើទឹកដីយូដា
ហើយជន់ឡើង លិចរហូតដល់ក។
ឱព្រះអេម៉ានូអែលអើយ!
ទឹកនេះនឹងជន់ឡើង
លិចពាសពេញទឹកដីរបស់ព្រះអង្គ។
៩ ប្រជាជនទាំងឡាយអើយ ចូរញាប់ញ័រ!
ដ្បិតអ្នករាល់គ្នានឹងត្រូវវិនាសសូន្យ
អស់អ្នកដែលស្ថិតនៅទីដាច់ស្រយាល
នៃផែនដីអើយ ចូរផ្ទៀងត្រចៀកស្ដាប់!
អ្នករាល់គ្នារៀបចំខ្លួនធ្វើសឹក
តែអ្នករាល់គ្នាមុខជាត្រូវវិនាសសូន្យមិនខាន!
ពិតមែនហើយ អ្នករាល់គ្នារៀបចំខ្លួនធ្វើសឹក
តែអ្នករាល់គ្នាមុខជាត្រូវវិនាសសូន្យ!។
១០ អ្នករាល់គ្នារៀបចំផែនការ
តែផែនការទាំងនោះនឹងត្រូវរលាយសូន្យ
អ្នករាល់គ្នាចាត់វិធានការ
តែវិធានការនោះមិនអាចសម្រេចឡើយ
ដ្បិតព្រះជាម្ចាស់គង់នៅជាមួយយើង!
១១ ពេលព្រះអម្ចាស់សណ្ឋិតនៅជាមួយខ្ញុំ ព្រះអង្គហាមខ្ញុំមិនឲ្យដើរតាមមាគ៌ារបស់ប្រជាជាតិនេះទេ គឺព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖
១២ អ្វីៗដែលប្រជាជាតិនេះហៅថាការបះបោរ
មិនត្រូវចាត់ទុកថាជាការបះបោរឡើយ
កុំភ័យខ្លាចអ្វីៗដែលពួកគេភ័យខ្លាច
គឺកុំញញើតឲ្យសោះ»។
១៣ អ្នករាល់គ្នាត្រូវតែទទួលស្គាល់ថា
មានតែព្រះអម្ចាស់នៃពិភពទាំងមូលប៉ុណ្ណោះ
ដែលជាព្រះដ៏វិសុទ្ធ
អ្នករាល់គ្នាត្រូវស្ញែងខ្លាច និងកោតញញើត
តែព្រះអង្គប៉ុណ្ណោះ។
១៤ ពេលនោះ ព្រះអង្គផ្ទាល់នឹងធ្វើជាទីសក្ការៈ
តែព្រះអង្គជាថ្មដែលនាំឲ្យ
ប្រជាជាតិអ៊ីស្រាអែលទាំងពីរនគរប៉ះទង្គិច
ជាសិលាដែលនាំឲ្យគេជំពប់ដួល
ហើយក៏ជាជង់ និងជាអន្ទាក់
ដល់ក្រុងយេរូសាឡឹមដែរ។
១៥ មនុស្សជាច្រើនជំពប់ជើងនឹងថ្មនេះ
ហើយដួលបាក់បែកខ្ទេចខ្ទាំ
ពួកគេនឹងជាប់អន្ទាក់
ហើយត្រូវព្រានចាប់យកទៅ។
ហេតុការណ៍នាបច្ចុប្បន្នកាល និងអនាគតកាល
១៦ ខ្ញុំរក្សាសក្ខីភាពនេះទុក ខ្ញុំបិទត្រាលើពាក្យទូន្មាននេះ ហើយរក្សាទុកក្នុងចំណោមសាវ័ករបស់ខ្ញុំ។ ១៧ ខ្ញុំទុកចិត្តលើព្រះអម្ចាស់ ខ្ញុំផ្ញើជីវិតលើព្រះអង្គ ដែលបានលាក់ព្រះភ័ក្ត្រនឹងកូនចៅរបស់លោកយ៉ាកុប។ ១៨ នៅស្រុកអ៊ីស្រាអែល ខ្ញុំ និងកូនដែលព្រះអម្ចាស់ប្រទានឲ្យខ្ញុំ រួមគ្នាធ្វើជាទីសម្គាល់ និងជាប្រផ្នូល មកពីព្រះអម្ចាស់នៃពិភពទាំងមូល ដែលគង់នៅលើភ្នំស៊ីយ៉ូន។
១៩ ប្រសិនបើមានគេប្រាប់អ្នករាល់គ្នាថា «ចូរទៅរកគ្រូខាប គ្រូទាយ និងគ្រូស្តោះផ្លុំ ដ្បិតប្រជាជននីមួយៗត្រូវតែរកព្រះរបស់ខ្លួន ហើយបញ្ជាន់ខ្មោច ដើម្បីជួយអ្នកនៅរស់»។ ២០ ចូរពិនិត្យមើលពាក្យទូន្មាន និងសក្ខីភាពចុះ!។ ប្រសិនបើគេនិយាយមិនស្របតាមព្រះបន្ទូលនេះទេ នោះនឹងគ្មានថ្ងៃរះលើពួកគេសោះឡើយ។
២១ គេនឹងដើរកាត់ស្រុកទាំងកើតទុក្ខ ទាំងឃ្លាន
ពេលគេឃ្លាន គេក្ដៅក្រហាយ
ហើយប្រទេចផ្តាសាស្តេច និងព្រះរបស់ខ្លួន
គេងើយមើលទៅលើ
២២ បន្ទាប់មក ពេលឈ្ងោកចុះមកដី
ឃើញមានសុទ្ធតែទុក្ខលំបាក និងភាពងងឹត
ហើយត្រូវខ្មាំងកៀរទៅរកភាពអន្ធការ។
២៣ (៩.១)ក៏ប៉ុន្តែ ភាពងងឹតមិនគ្របបាំងទឹកដី
ដ៏សែនលំបាកនេះទៀតឡើយ។
កាលពីមុន ព្រះអម្ចាស់បានធ្វើឲ្យ
តំបន់សាប៊ូឡូន និងតំបន់ណែបថាលី
ត្រូវអាម៉ាស់
តែទៅអនាគត ព្រះអង្គនឹងប្រទានឲ្យ
ស្រុកនៅតាមឆ្នេរសមុទ្រ
ស្រុកនៅខាងកើតទន្លេយ័រដាន់
និងស្រុកកាលីឡេដែលសាសន៍ដទៃរស់នៅបានរុងរឿងឡើង។
៩
១ (២) ប្រជាជនដែលដើរក្នុងភាពងងឹត
បានឃើញពន្លឺមួយដ៏ចិញ្ចែងចិញ្ចាច
មានពន្លឺមួយលេចឡើងបំភ្លឺអស់អ្នក
ដែលរស់នៅក្រោមអំណាចនៃសេចក្ដីស្លាប់។
២ (៣) ឱព្រះអម្ចាស់អើយ ព្រះអង្គប្រោសប្រទាន
ឲ្យប្រជាជាតិនេះបានចម្រើនឡើង
ព្រមទាំងឲ្យគេមានអំណរដ៏លើសលប់។
គេនឹងសប្បាយរីករាយនៅចំពោះ
ព្រះភ័ក្ត្រព្រះអង្គដូចជាសប្បាយនៅរដូវចម្រូត
ឬដូចនៅពេលចែកជ័យភ័ណ្ឌដែរ
៣ (៤) ដ្បិតព្រះអង្គបំបាក់នឹមដែល
ខ្មាំងសត្រូវដាក់លើគេ
ព្រះអង្គរំដោះគេឲ្យរួចពីការជិះជាន់
សង្កត់សង្កិនរបស់ខ្មាំងសត្រូវ
ដូចនៅជំនាន់ដែលព្រះអង្គរំដោះ
បុព្វបុរសរបស់គេឲ្យរួចពីកណ្ដាប់ដៃ
នៃជនជាតិម៉ាឌីយ៉ានដែរ។
៤ (៥) ស្បែកជើងរបស់ទាហាន
ដែលតែងតែរុកទន្ទ្រាន
និងសម្លៀកបំពាក់ដែលប្រឡាក់ដោយឈាម
នឹងត្រូវដុតឲ្យឆេះអស់គ្មានសល់
៥ (៦) ដ្បិតមានព្រះរាជបុត្រមួយអង្គប្រសូតមក
សម្រាប់យើង
ព្រះជាម្ចាស់បានប្រទានព្រះបុត្រាមួយព្រះអង្គ
មកយើងហើយ។
បុត្រនោះទទួលអំណាចគ្រប់គ្រង
គេនឹងថ្វាយព្រះនាមថា:
“ព្រះដ៏គួរស្ងើចសរសើរ
ព្រះប្រកបដោយព្រះប្រាជ្ញាញាណ
ព្រះដ៏មានឫទ្ធិចេស្ដា
ព្រះបិតាដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច
ព្រះអង្គម្ចាស់នៃសេចក្ដីសុខសាន្ត”។
៦ (៧) ព្រះរាជបុត្រនោះនឹងលាតសន្ធឹងអំណាច
ព្រះអង្គនឹងធ្វើឲ្យរាជបល្ល័ង្ករបស់
ព្រះបាទដាវីឌ និងនគររបស់ព្រះអង្គ
មានសេចក្ដីសុខសាន្តរហូតតទៅ។
ព្រះអង្គយកសេចក្ដីសុចរិត និងយុត្តិធម៌
មកពង្រឹងនគររបស់ព្រះអង្គឲ្យបានគង់វង្ស
ចាប់ពីពេលនេះ រហូតអស់កល្បជាអង្វែង
តរៀងទៅ
ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលសម្រេចដូច្នេះ
មកពីព្រះអង្គមានព្រះហឫទ័យស្រឡាញ់
យ៉ាងខ្លាំងចំពោះយើង។
ការដាក់ទោសរាជាណាចក្រអ៊ីស្រាអែល
៧ (៨) ព្រះអម្ចាស់ប្រកាសដាក់ទោស
ប្រជាជននៅក្នុងរាជាណាចក្រអ៊ីស្រាអែល
ដែលជាពូជពង្សរបស់លោកយ៉ាកុប។
៨ (៩) ប្រជាជនទាំងមូល គឺអ្នកស្រុកអេប្រាអ៊ីម
និងអ្នកស្រុកសាម៉ារី មុខជាដឹង
ហើយនាំគ្នានិយាយអួតក្អេងក្អាងថា៖
៩ (១០) «អាគារធ្វើពីដីឥដ្ឋបានរលំហើយ
យើងនឹងយកថ្មមកសង់ឡើងវិញ
គេបានកាប់រំលំសសរធ្វើពីដើមត្បែង
តែយើងនឹងយកសសរធ្វើពីដើមផ្ចឹក
មកជំនួសវិញ!»។
១០ (១១) ព្រះអម្ចាស់នឹងនាំបច្ចាមិត្តរបស់ស្តេចរេស៊ីន
ឲ្យមកវាយលុកពួកគេ
ព្រះអង្គនឹងពង្រឹងកម្លាំងខ្មាំងសត្រូវរបស់គេ
១១ (១២) ជនជាតិស៊ីរីនឹងវាយពួកគេពីខាងកើត
ហើយជនជាតិភីលីស្ទីនពីខាងលិច។
ខ្មាំងសត្រូវត្របាក់លេបអ៊ីស្រាអែល។
ប៉ុន្តែ ទោះជាយ៉ាងនេះក្តី
ក៏ព្រះពិរោធនៅតែពុំទាន់ស្ងប់ដដែល
គឺព្រះអម្ចាស់នៅតែលាតព្រះហស្ដ
ចាំវាយប្រដៅគេជានិច្ច។
១២ (១៣) ទោះបីព្រះអម្ចាស់វាយប្រដៅយ៉ាងណាក្តី
ក៏ប្រជាជនអ៊ីស្រាអែលពុំព្រមវិលមករក
ព្រះអង្គដែរ ពួកគេពុំស្វែងរក
ព្រះអម្ចាស់នៃពិភពទាំងមូលទេ។
១៣ (១៤) ហេតុនេះហើយបានជាព្រះអម្ចាស់
ដាក់ទោសអ៊ីស្រាអែលក្នុងថ្ងៃតែមួយ
គឺព្រះអង្គកាត់ទាំងក្បាល ទាំងកន្ទុយ
ទាំងអ្នកចេះ ទាំងអ្នកខ្លៅ
១៤ (១៥) ក្បាលគឺពួកព្រឹទ្ធាចារ្យ និងអ្នកមុខអ្នកការ
រីឯកន្ទុយ គឺព្យាការីដែលជាគ្រូក្លែងក្លាយ។
១៥ (១៦) ពួកមេដឹកនាំដែលបានធ្វើឲ្យ
ប្រជាជននេះវង្វេង
ហើយអស់អ្នកដែលត្រូវគេដឹកនាំ
ក៏វិនាសអន្តរាយដែរ។
១៦ (១៧) ហេតុនេះហើយបានជាព្រះអម្ចាស់
មិនអាណិតយុវជនរបស់ពួកគេឡើយ
ព្រះអង្គក៏មិនមេត្តាក្មេងកំព្រា
និងស្ត្រីមេម៉ាយរបស់ពួកគេដែរ
ដ្បិតអ្នកទាំងនោះសុទ្ធតែជាទមិឡ
និងជាមនុស្សពាល។
មាត់របស់ពួកគេពោលសុទ្ធតែពាក្យអាស្រូវ។
ប៉ុន្តែ ទោះជាយ៉ាងនេះក្តី
ក៏ព្រះពិរោធនៅតែពុំទាន់ស្ងប់ដដែល
គឺព្រះអម្ចាស់នៅតែលាតព្រះហស្ដ
ចាំវាយប្រដៅគេជានិច្ច។
១៧ (១៨) អំពើអាក្រក់របស់គេប្រៀបបាននឹង
ភ្លើងដែលឆេះគុម្ពបន្លា និងគុម្ពរពាក់
រួចហើយរាលដាលឆេះព្រៃរបោះ ធ្វើឲ្យ
មានផ្សែងខ្មួលខ្មាញ់ហុយឡើងទៅលើមេឃ។
១៨ (១៩) ដោយសារព្រះអម្ចាស់នៃពិភពទាំងមូល
ព្រះអង្គព្រះពិរោធយ៉ាងខ្លាំង
ទឹកដីរបស់គេនឹងត្រូវឆាបឆេះ
ហើយប្រជាជននឹងក្លាយទៅជាចំណីភ្លើង។
គ្មាននរណាម្នាក់ត្រាប្រណីបងប្អូនរបស់ខ្លួនទេ។
១៩ (២០) ប្រជាជនងាកទៅខាំខាងស្តាំ
គេនៅតែឃ្លាន
ងាកទៅត្របាក់ខាងឆ្វេង
ក៏នៅតែមិនបានឆ្អែតដដែល
ដូច្នេះ ម្នាក់ៗហែកសាច់ឈាមរបស់ខ្លួនឯងស៊ី
២០ (២១) គឺម៉ាណាសេស៊ីសាច់អេប្រាអ៊ីម
អេប្រាអ៊ីមស៊ីសាច់ម៉ាណាសេ
ហើយអ្នកទាំងពីរព្រួតគ្នាស៊ីសាច់យូដា
ប៉ុន្តែ ទោះជាយ៉ាងនេះក្តី
ក៏ព្រះពិរោធនៅតែពុំទាន់ស្ងប់ដដែល
គឺព្រះអម្ចាស់នៅតែលាតព្រះហស្ដ
ចាំវាយប្រដៅគេជានិច្ច។
១០
១ អ្នកណាបង្កើតច្បាប់អយុត្តិធម៌
ហើយចេញបទបញ្ជា
ដើម្បីជិះជាន់ប្រជាជន
អ្នកនោះនឹងត្រូវវេទនាជាពុំខាន។ ២ ពួកគេឃាត់ជនក្រីក្រមិនឲ្យរកយុត្តិធម៌
ហើយបំបិទសិទ្ធិរបស់ជនទុរគតក្នុងចំណោម
ប្រជារាស្ដ្ររបស់យើង!
ពួកគេរឹបអូសយកទ្រព្យសម្បត្តិពីស្ត្រីមេម៉ាយ
ហើយប្លន់យកអ្វីៗទាំងអស់ពីក្មេងកំព្រា។
៣ ពេលព្រះអម្ចាស់ដាក់ទោស
គឺពេលព្រះអង្គធ្វើឲ្យមានខ្យល់
ព្យុះសង្ឃរាពីស្រុកឆ្ងាយបក់បោកមក
តើអ្នករាល់គ្នានឹងធ្វើដូចម្ដេច?
តើអ្នករាល់គ្នានឹងរត់ទៅរកជំនួយពីនរណា?
តើអ្នករាល់គ្នានឹងយកទ្រព្យសម្បត្តិ
របស់អ្នករាល់គ្នាទៅទុកនៅឯណា?
៤ គឺអ្នករាល់គ្នាត្រូវតែជាប់ជាឈ្លើយសឹក
ឬស្លាប់ដោយមុខដាវប៉ុណ្ណោះ
ប៉ុន្តែ ទោះជាយ៉ាងនេះក្តី
ក៏ព្រះពិរោធនៅតែពុំទាន់ស្ងប់ដដែល
គឺព្រះអម្ចាស់នៅតែលាតព្រះហស្ដ
ចាំវាយប្រដៅគេជានិច្ច។
ព្រះជាម្ចាស់ប្រើកងទ័ពអាស្ស៊ីរីជាឧបករណ៍ ដាក់ទោសប្រជារាស្ដ្ររបស់ព្រះអង្គ
៥ ជនជាតិអាស្ស៊ីរីត្រូវវេទនាហើយ!
យើងនឹងប្រើពួកគេជាដំបង
ដើម្បីធ្វើតាមកំហឹងរបស់យើង។
៦ យើងចាត់ជនជាតិអាស្ស៊ីរីឲ្យទៅធ្វើទោស ប្រជាជាតិទមិឡ
យើងនឹងនាំពួកគេទៅវាយប្រហារប្រជាជន
ដែលបានបង្កឲ្យយើងមានកំហឹង
ពួកគេនឹងប្លន់ រឹបអូសយកទ្រព្យសម្បត្តិ
ហើយជាន់ឈ្លីប្រជាជាតិនេះ
ដូចគេដើរជាន់ភក់នៅតាមផ្លូវ។
៧ ប៉ុន្តែ ជនជាតិអាស្ស៊ីរីពុំបានយល់ដូច្នេះទេ
គឺគេមានចិត្តគំនិតផ្សេង គិតតែពីកម្ទេច
និងសម្លាប់រង្គាលប្រជាជាតិជាច្រើនឥតគណនា។
៨ គេពោលថា៖ «មេទ័ពរបស់យើងមានអំណាច
ស្មើនឹងស្តេចឯទៀតៗ។
៩ យើងបានប្រព្រឹត្តចំពោះក្រុងកាល់ណូ
ដូចក្រុងការកេមីស
ហើយយើងក៏បានប្រព្រឹត្តចំពោះក្រុងហាម៉ាត់
ក្រុងអារប៉ាដ ក្រុងសាម៉ារី
និងក្រុងដាម៉ាសដូចគ្នាដែរ។
១០ បន្ទាប់មក យើងបានយកជ័យជម្នះលើនគរ
របស់ព្រះក្លែងក្លាយ ដែលមានរូបបដិមាធំ
ជាងរូបព្រះនៅក្រុងយេរូសាឡឹម
និងក្រុងសាម៉ារីទៅទៀត។
១១ យើងបានប្រព្រឹត្តចំពោះក្រុងសាម៉ារី
និងព្រះក្លែងក្លាយរបស់គេយ៉ាងណា
យើងក៏នឹងប្រព្រឹត្តចំពោះក្រុងយេរូសាឡឹម
និងរូបព្រះរបស់គេយ៉ាងនោះដែរ»។
១២ ពេលព្រះអម្ចាស់បញ្ចប់កិច្ចការទាំងប៉ុន្មានរបស់ព្រះអង្គនៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹមរួចហើយ ព្រះអង្គនឹងដាក់ទោសស្តេចអាស្ស៊ីរី ដែលមានចិត្តអួតអាង និងវាយឫកខ្ពស់
១៣ ដ្បិតស្តេចនោះមានរាជឱង្ការថា:
«យើងទទួលជ័យជម្នះ
ដោយសារកម្លាំង និងប្រាជ្ញារបស់យើងផ្ទាល់
ដ្បិតយើងមានបញ្ញាវាងវៃ។
យើងបានរំលាយព្រំដែនរបស់ប្រជាជាតិនានា
ព្រមទាំងរឹបអូសយកទ្រព្យសម្បត្តិ
របស់គេទៀតផង។
យើងបានប្រើឫទ្ធិអំណាចរបស់យើង
ទម្លាក់ស្តេចជាច្រើនចុះពីបល្ល័ង្ក។
១៤ យើងបានរឹបអូសយកទ្រព្យសម្បត្តិរបស់
ប្រជាជនទាំងឡាយ ដូចគេប្រមូលពងសត្វ
ពីសំបុកដែលមេវាបោះបង់ចោល។
យើងបានប្រមូលអ្វីៗទាំងអស់នៅលើផែនដី
ឥតមាននរណាម្នាក់ហ៊ានកម្រើក
ឬហើបមាត់តវ៉ាឡើយ»។
១៥ មិនដែលមានពូថៅណាអួតខ្លួនថា
ប្រសើរជាងអ្នកដែលប្រើវាទេ
ហើយរណារក៏មិនដែលអួតបំប៉ោង
ជំទាស់នឹងអ្នកដែលប្រើវាដែរ។
មិនដែលមានព្រនង់ណាបញ្ជាទៅដៃ
ដែលកាន់វា ឲ្យកម្រើកឡើយ
ហើយក៏មិនដែលមានដំបងណាកាន់
អ្នកដែលប្រើវាដែរ!
១៦ ហេតុនេះ ព្រះជាអម្ចាស់នៃពិភពទាំងមូល
នឹងធ្វើឲ្យទាហានដ៏មាំមួនរបស់គេ
ក្លាយទៅជាស្គមរីងរៃ
ហើយឲ្យមានភ្លើងយ៉ាងសន្ធោសន្ធៅ
ឆេះបំផ្លាញភាពថ្កុំថ្កើងរុងរឿងរបស់ពួកគេ។
១៧ ក្នុងរយៈពេលតែមួយថ្ងៃ ព្រះអម្ចាស់ដែលជា
ពន្លឺ និងជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល
ប្រែទៅជាភ្លើង ឆាបឆេះបន្លា និងរពាក់។
១៨ ព្រះអង្គនឹងកម្ទេចព្រៃព្រឹក្សាដ៏ល្អប្រណីត
របស់ពួកគេ ឲ្យរលាយសូន្យ
ដូចអ្នកជំងឺដែលកំពុងត្រដរខ្យល់។
១៩ ព្រៃរបស់គេនៅសល់ដើមឈើតែបន្តិចបន្តួច
សូម្បីតែកូនក្មេងក៏អាចរាប់អស់ដែរ។
ប្រជាជនអ៊ីស្រាអែលដែលនៅសេសសល់
២០ នៅគ្រានោះ ជនជាតិអ៊ីស្រាអែលដែលនៅសល់ គឺពូជពង្សរបស់លោកយ៉ាកុបដែលរួចពីស្លាប់ លែងពឹងផ្អែកលើប្រជាជាតិដែលវាយប្រហារខ្លួនទៀតហើយ ពួកគេនឹងផ្ញើជីវិតទាំងស្រុងលើព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល។ ២១ ប្រជាជនដែលនៅសេសសល់ គឺកូនចៅរបស់លោកយ៉ាកុបដែលនៅសេសសល់ នឹងនាំគ្នាវិលមករកព្រះដ៏មានឫទ្ធិចេស្ដាវិញ។ ២២ ប៉ុន្តែ អ៊ីស្រាអែលអើយ ទោះបីប្រជាជនរបស់អ្នកមានចំនួនច្រើន ដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រក្តី ក៏មានចំនួនដ៏តូចប៉ុណ្ណោះដែលវិលមកវិញ។ ព្រះអម្ចាស់បានសម្រេចកម្ទេចស្រុកនេះ ដើម្បីបង្ហាញសេចក្ដីសុចរិតដ៏លើសលប់របស់ព្រះអង្គ។ ២៣ ព្រះជាអម្ចាស់នៃពិភពទាំងមូលបានសម្រេចកម្ទេចស្រុកទាំងមូល។
ព្រះអម្ចាស់នឹងកម្ទេចស្រុកអាស្ស៊ីរី
២៤ ហេតុនេះ ព្រះជាអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ប្រជាជនរបស់យើងដែលរស់នៅក្នុងក្រុងស៊ីយ៉ូនអើយ! មិនត្រូវខ្លាចជនជាតិអាស្ស៊ីរី ដែលកំពុងតែលើកព្រនង់ និងលើកដំបងវាយអ្នករាល់គ្នា ដូចជនជាតិអេស៊ីបធ្លាប់វាយកាលពីមុននោះឡើយ។ ២៥ បន្តិចទៀត យើងឈប់ខឹងនឹងអ្នករាល់គ្នាហើយ គឺយើងនឹងបំបែរកំហឹងទៅបំផ្លាញពួកគេវិញ»។ ២៦ ព្រះជាអម្ចាស់នៃពិភពទាំងមូលនឹងយករំពាត់ វាយជនជាតិអាស្ស៊ីរី ដូចពីដើម ព្រះអង្គបានវាយជនជាតិម៉ាឌីយ៉ាននៅក្បែរថ្មអូរិប ព្រះអង្គនឹងលើកដំបងវាយសមុទ្រ ដូចព្រះអង្គបានវាយសមុទ្រនៅស្រុកអេស៊ីប។
២៧ នៅគ្រានោះ ព្រះអង្គនឹងយកអម្រែក
ចេញពីស្មារបស់អ្នករាល់គ្នា
ព្រះអង្គយកនឹមរបស់ខ្មាំងសត្រូវ
ចេញពីករបស់អ្នករាល់គ្នា។
នឹមនោះត្រូវខ្ទាតចេញ
ដោយសារភាពសម្បូណ៌សប្បាយ
ខ្មាំងសត្រូវវាយជិតដល់ក្រុងយេរូសាឡឹម
២៨ កងទ័ពរបស់ខ្មាំងបានចូលទៅដល់ក្រុងអៃយ៉ាត់
ពួកគេឆ្លងកាត់ក្រុងមីក្រូន
ហើយទុករបស់របរនៅក្រុងមីគម៉ាស។
២៩ គេឆ្លងកាត់ច្រកភ្នំ មកបោះជំរំនៅកេបា
ធ្វើឲ្យអ្នកភូមិរ៉ាម៉ាញ័ររន្ធត់
ហើយអស់អ្នកដែលរស់នៅភូមិគីបា ជាភូមិ
កំណើតរបស់ស្តេចសាអ៊ូល នាំគ្នារត់គេចខ្លួន។
៣០ អ្នកស្រុកកាលីមអើយ ចូរទ្រហោយំទៅ!
អ្នកស្រុកឡៃសាអើយ ចូរត្រងត្រាប់ស្ដាប់!
អ្នកស្រុកអាណាតូតអើយ ម្ដេចក៏វេទនាម៉្លេះ!
៣១ អ្នកស្រុកម៉ាដម៉េណានឹងរត់បែកខ្ញែកគ្នា
អ្នកស្រុកកេប៊ីមនឹងនាំគ្នារត់រកកន្លែងពួន។
៣២ នៅថ្ងៃដដែលនោះ ខ្មាំងសត្រូវទៅដល់ណូប
គេប្រើកម្លាំងគំរាមកំហែងភ្នំស៊ីយ៉ូន
គឺគំរាមកំហែងក្រុងយេរូសាឡឹម។
៣៣ នៅគ្រានោះ ព្រះជាអម្ចាស់នៃពិភពទាំងមូល
នឹងកាប់កម្ទេចមែកទាំងឡាយចោល
ព្រះអង្គនឹងផ្តួលរំលំដើមឈើខ្ពស់ៗ
ហើយកាប់ដើមឈើដែលនៅខ្ពស់ជាងគេ
ឲ្យធ្លាក់ចុះមកដី។
៣៤ ព្រះអង្គនឹងកាប់រំលំព្រៃរបោះ
ហើយដើមឈើធំៗដ៏មានតម្លៃនៅស្រុកលីបង់
នឹងត្រូវរលំដែរ។
១១
រាជ្យរបស់ព្រះមេស្ស៊ី
១ មានខ្នែងមួយដុះចេញពីគល់
របស់លោកយេសាយ
២ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់
នឹងសណ្ឋិតនៅលើព្រះបុត្រានោះ
គឺជាព្រះវិញ្ញាណដែលផ្តល់ប្រាជ្ញា
ឲ្យចេះពិចារណាដឹងខុសត្រូវ
ព្រះវិញ្ញាណដែលផ្តល់ការឈ្លាសវៃ
និងចិត្តអង់អាច
ព្រះវិញ្ញាណដែលបំភ្លឺឲ្យស្គាល់
និងគោរពកោតខ្លាចព្រះអម្ចាស់
៣ ព្រមទាំងឲ្យមានអំណរសប្បាយ
ក្នុងការកោតខ្លាចព្រះអម្ចាស់
ព្រះបុត្រានេះមិនវិនិច្ឆ័យ
តាមលក្ខណៈខាងក្រៅឡើយ
ហើយព្រះអង្គក៏មិនកាត់ក្តី
តាមដែលឮគេនិយាយដែរ។
៤ ព្រះអង្គនឹងវិនិច្ឆ័យជនក្រីក្រដោយយុត្តិធម៌
កាត់ក្តីឲ្យជនទុរគត ដោយទៀងត្រង់។
ព្រះអង្គប្រើព្រះបន្ទូលជាដំបង
ដើម្បីធ្វើទោសមនុស្សនៅលើទឹកដីនេះ
ហើយពេលព្រះអង្គចេញបញ្ជា
មនុស្សអាក្រក់ត្រូវតែស្លាប់។
៥ ព្រះអង្គនឹងយកយុត្តិធម៌ធ្វើជាខ្សែក្រវាត់ចង្កេះ
យកព្រះហឫទ័យស្មោះត្រង់ធ្វើជាសង្វារ។
៦ ចចក និងកូនចៀម នឹងរស់នៅជាមួយគ្នា
ខ្លារខិននឹងដេកជាមួយកូនពពែ។
កូនគោ និងកូនសិង្ហ នឹងស៊ីចំណីជាមួយគ្នា
ហើយមានក្មេងតូចម្នាក់ឃ្វាលវា។
៧ គោញី និងខ្លាឃ្មុំ ស៊ីស្មៅជាមួយគ្នា
ហើយកូនរបស់វាក៏នៅជាមួយគ្នាដែរ។
សត្វសិង្ហនឹងចេះស៊ីចំបើងដូចគោ។
៨ ក្មេងដែលនៅបៅដោះនឹងលេង
ត្រង់មាត់រន្ធពស់វែក
ក្មេងតូចៗលូកដៃទៅក្នុងរន្ធពស់អសិរពិស។
៩ ប្រជាជននឹងលែងប្រព្រឹត្តអំពើអាក្រក់
ឬបំផ្លាញគ្នានៅភ្នំដ៏វិសុទ្ធរបស់យើងទៀតហើយ
សមុទ្រពោរពេញដោយទឹកយ៉ាងណា
នៅក្នុងស្រុកក៏មានសុទ្ធតែមនុស្សដែលស្គាល់
ព្រះអម្ចាស់យ៉ាងនោះដែរ។
១០ នៅគ្រានោះ ព្រះអម្ចាស់នឹងលើកព្រះមហាក្សត្រ
ដែលប្រសូតចេញពីពូជពង្សលោកយេសាយ
ឲ្យធ្វើជាទង់ សម្រាប់ប្រជាជនទាំងឡាយ
ប្រជាជាតិទាំងនោះនឹងស្វែងរកព្រះមហាក្សត្រ
ហើយកន្លែងដែលព្រះអង្គប្រថាប់
នឹងបានថ្កុំថ្កើងរុងរឿង។
ប្រជាជនដែលគេចាប់យកទៅជាឈ្លើយសឹក នឹងវិលមកស្រុកវិញ
១១ នៅគ្រានោះ ព្រះអម្ចាស់សម្ដែងបារមីសាជាថ្មី
ដើម្បីលោះប្រជាជនរបស់ព្រះអង្គ
ដែលនៅសេសសល់
គឺអស់អ្នកដែលរស់នៅក្នុងស្រុកអាស្ស៊ីរី
ស្រុកអេស៊ីប ស្រុកប៉ាត្រូស ស្រុកអេត្យូពី
ស្រុកអេឡាម ស្រុកស៊ីណេអារ ក្រុងហាម៉ាត់
និងកោះទាំងឡាយនៅតាមសមុទ្រ។
១២ ព្រះអង្គនឹងលើកទង់មួយ
ជាសញ្ញាឲ្យប្រជាជាតិទាំងឡាយដឹងថា
ព្រះអង្គនឹងប្រមែប្រមូលជនជាតិអ៊ីស្រាអែល
ដែលគេកៀរយកទៅ
ហើយនាំជនជាតិយូដាដែលបែកខ្ញែកគ្នា
ទៅពាសពេញសកលលោកទាំងមូល
ឲ្យវិលត្រឡប់មកវិញ។
១៣ ពេលនោះ អេប្រាអ៊ីមឈប់មានចិត្តច្រណែន
ហើយខ្មាំងសត្រូវរបស់យូដានឹងវិនាសសូន្យ។
អេប្រាអ៊ីមលែងច្រណែននឹងយូដា
យូដាក៏លែងប្រឆាំងនឹងអេប្រាអ៊ីមទៀតដែរ។
១៤ គេនឹងពួតដៃគ្នាវាយលុកជនជាតិភីលីស្ទីន
ដែលនៅខាងលិច
គេនឹងរឹបអូសយកសម្បត្តិរបស់ជនជាតិនានា
ដែលនៅខាងកើត
គេនឹងបង្ក្រាបស្រុកអេដុម និងស្រុកម៉ូអាប់
ព្រមទាំងយកស្រុកអាំម៉ូនធ្វើជាចំណុះផង។
១៥ ព្រះអម្ចាស់នឹងធ្វើឲ្យឈូងសមុទ្រ
នៅស្រុកអេស៊ីបរីងស្ងួត
ព្រះអង្គលើកព្រះហស្ដកំហែងទន្លេអឺប្រាត
ព្រះអង្គប្រើព្រះចេស្ដាផ្លុំបំបែកទន្លេនេះ
ឲ្យទៅជាដៃទន្លេប្រាំពីរ
ហើយប្រជាជនអាចដើរឆ្លងបាន។
១៦ ពេលនោះ នឹងមានផ្លូវមួយ សម្រាប់ប្រជាជន
អ៊ីស្រាអែលដែលនៅសេសសល់ពីស្លាប់
គឺអស់អ្នកដែលរស់នៅស្រុកអាស្ស៊ីរី
ដូចកាលពីដើម មានផ្លូវមួយសម្រាប់
បុព្វបុរសរបស់គេចេញពីស្រុកអេស៊ីបដែរ។
១២
ទំនុកតម្កើងអរព្រះគុណព្រះអម្ចាស់
១ នៅគ្រានោះ ប្រជាជននឹងពោលឡើងថា៖
«ឱព្រះអម្ចាស់អើយ!
ទូលបង្គំនឹងលើកតម្កើងព្រះអង្គ។
ពីមុន ព្រះអង្គព្រះអង្គព្រះពិរោធនឹងទូលបង្គំ
ឥឡូវនេះ ព្រះអង្គលែងព្រះពិរោធទៀតហើយ
គឺព្រះអង្គសម្រាលទុក្ខទូលបង្គំ។
២ ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
ខ្ញុំផ្ញើជីវិតលើព្រះអង្គ
ខ្ញុំលែងភ័យខ្លាចទៀតហើយ
ដ្បិតព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ
ខ្ញុំនឹងច្រៀងថ្វាយព្រះអង្គ
ព្រោះព្រះអង្គបានសង្គ្រោះខ្ញុំ»។
៣ ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់អ្នករាល់គ្នា
ចូរទៅដងទឹកពីប្រភពនៃការសង្គ្រោះនេះ
ដោយអំណរសប្បាយដ៏លើសលប់។
៤ នៅគ្រានោះ អ្នករាល់គ្នានឹងពោលឡើងថា:
ចូរអរព្រះគុណព្រះអម្ចាស់
ចូរប្រកាសព្រះនាមរបស់ព្រះអង្គ
ចូរថ្លែងពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ
ប្រាប់ប្រជាជនទាំងឡាយ។
ចូររំឭកឲ្យគ្រប់ៗគ្នាដឹងថា
ព្រះនាមរបស់ព្រះអង្គឧត្តុង្គឧត្ដមណាស់។
៥ ចូរស្មូត្រទំនុកតម្កើងថ្វាយព្រះអម្ចាស់
ដ្បិតព្រះអង្គបានធ្វើការផ្សេងៗដ៏អស្ចារ្យបំផុត
ចូរប្រកាសពីការអស្ចារ្យទាំងនេះ
ឲ្យមនុស្សនៅលើផែនដីទាំងមូលដឹងផង!
៦ អ្នកក្រុងស៊ីយ៉ូនអើយ
ចូរនាំគ្នាបន្លឺសំឡេងជយឃោសដោយអំណរ!
ដ្បិតព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល
ដែលគង់នៅកណ្ដាលចំណោមអ្នករាល់គ្នា
ព្រះអង្គឧត្តុង្គឧត្ដម!
១៣
សេចក្ដីប្រកាសប្រឆាំងនឹងប្រជាជាតិនានា
ទោសរបស់រាជាណាចក្របាប៊ីឡូន
១ សេចក្ដីប្រកាសស្តីអំពីស្រុកបាប៊ីឡូន ដែលលោកអេសាយជាកូនរបស់លោកអម៉ុស បានឃើញក្នុងនិមិត្តដ៏អស្ចារ្យ:
២ «ចូរលើកទង់សញ្ញាមួយ
នៅលើភ្នំមួយដែលគ្មានដើមឈើ
ចូរនាំគ្នាស្រែក និងបក់ដៃហៅពួកទាហាន
ទាំងនោះឲ្យចូលមកតាមទ្វារកិត្តិយស។
៣ យើងបានចេញបញ្ជាទៅកាន់អស់អ្នក
ដែលប្រគល់ជីវិតមកយើង
គឺហៅអ្នកចម្បាំងដ៏ជំនាញទាំងនោះមក
ដើម្បីប្រើពួកគេឲ្យសម្រេចតាម
កំហឹងរបស់យើង
ពួកគេនឹងមានអំណរសប្បាយ
ដោយយើងមានជ័យជម្នះ»។
៤ ចូរស្ដាប់ស្នូរសន្ធឹកដ៏គគ្រឹកគគ្រេងនៅតាមភ្នំ
ដូចសំឡេងមហាជនយ៉ាងច្រើនកុះករ
គឺជាសំឡេងរបស់ប្រជាជាតិនៃរាជាណាចក្រ
ជាច្រើនឥតគណនាដែលមកជួបជុំគ្នា។
ព្រះអម្ចាស់នៃពិភពទាំងមូល
ត្រួតពលដែលត្រៀមខ្លួនទៅច្បាំង។
៥ អ្នកទាំងនោះមកពីស្រុកឆ្ងាយៗ
គឺមកពីជើងមេឃ
ព្រះអម្ចាស់នឹងប្រើពួកគេ
ដើម្បីសម្រេចតាមព្រះពិរោធរបស់ព្រះអង្គ
និងបំផ្លាញស្រុកនោះទាំងមូល។
៦ ចូរនាំគ្នាស្រែកទ្រហោយំ
ដ្បិតថ្ងៃរបស់ព្រះអម្ចាស់មកជិតបង្កើយហើយ។
នៅថ្ងៃនោះ ព្រះដ៏ខ្ពង់ខ្ពស់បំផុត
នឹងធ្វើឲ្យកើតមហន្តរាយ។
៧ ហេតុនេះហើយបានជាមនុស្សគ្រប់ៗគ្នា
បាក់ទឹកចិត្ត លែងមានសេចក្ដីក្លាហាន។
៨ ពួកគេនឹងភ័យតក់ស្លុត ឈឺចុកចាប់ រមួលខ្លួន
ដូចស្ត្រីដែលកំពុងតែសម្រាលកូន។
ពួកគេមើលមុខគ្នាទៅវិញទៅមក
ទាំងស្រឡាំងកាំង ហើយមុខរបស់គេ
ពោរពេញទៅដោយភាពអាម៉ាស់។
៩ មើល៍ ថ្ងៃនៃព្រះអម្ចាស់មកដល់ហើយ
គឺជាថ្ងៃមួយដ៏សាហាវ
ជាថ្ងៃដែលមនុស្សត្រូវទទួលទោស
ស្របតាមព្រះពិរោធដ៏ខ្លាំងបំផុត។
ថ្ងៃនោះនឹងធ្វើឲ្យផែនដីក្លាយទៅជា
ទីស្មសានដ៏ស្ងាត់ជ្រងំ
មនុស្សបាបទាំងអស់នឹងវិនាសសូន្យ។
១០ ផ្កាយទាំងប៉ុន្មាន និងហ្វូងតារានៅលើមេឃ
នឹងលែងបញ្ចេញពន្លឺ
ព្រះអាទិត្យនឹងបាត់រស្មីតាំងពីពេលរះឡើង
ហើយព្រះច័ន្ទក៏លែងចាំងពន្លឺទៀតដែរ។
១១ យើងនឹងដាក់ទោសមនុស្សលោក
ព្រោះតែអំពើអាក្រក់ដែលគេប្រព្រឹត្ត
យើងនឹងដាក់ទោសមនុស្សពាល
ព្រោះតែកំហុសរបស់គេ យើងនឹងបំបាក់
អំនួតរបស់មនុស្សអួតអាង ហើយបង្ក្រាប
ចិត្តព្រហើនរបស់មនុស្សឃោរឃៅ។
១២ យើងនឹងធ្វើឲ្យមនុស្សនៅសល់តិចតួចបំផុត
គឺពិបាករកជាងរកមាសទឹកដប់
និងមាសដ៏ល្អបំផុតទៅទៀត។
១៣ នៅថ្ងៃដែលព្រះអម្ចាស់នៃពិភពទាំងមូល
ខ្ញាល់នឹងមនុស្សលោក
ផ្ទៃមេឃនឹងកក្រើករំពើក
ផែនដីនឹងរញ្ជួយនៅលើគ្រឹះរបស់វា
ដោយសារព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គ។
១៤ ពេលនោះ ម្នាក់ៗវិលទៅរកប្រជាជនរបស់ខ្លួន
ហើយរត់ទៅរកស្រុកកំណើតវិញ
ប្រៀបដូចសត្វប្រើសប្រឹងរត់នៅមុខព្រាន
ឬដូចហ្វូងចៀមដែលគ្មាននរណាឃ្វាល។
១៥ អ្នកណាត្រូវគេប្រទះឃើញ
អ្នកនោះនឹងស្លាប់ដោយមុខព្រួញ
ហើយអ្នកណាត្រូវគេតាមទាន់
អ្នកនោះនឹងស្លាប់ដោយមុខដាវ។
១៦ ខ្មាំងនឹងបោកទារករបស់គេនៅចំពោះមុខគេ
ផ្ទះរបស់គេត្រូវខ្មាំងរឹបអូសយកអ្វីៗទាំងអស់
ហើយប្រពន្ធរបស់គេក៏ត្រូវខ្មាំងរំលោភដែរ។
១៧ យើងនឹងជំរុញជនជាតិម៉ែដ
ឲ្យលើកគ្នាមកវាយប្រហារពួកគេ។
អ្នកទាំងនោះគ្មានចិត្តចង់បានមាស ឬប្រាក់ទេ។
១៨ ជនជាតិម៉ែដនឹងបាញ់ព្រួញប្រហារពួកយុវជន
ហើយគ្មានចិត្តអាណិតអាសូរទារកដែលទើប
នឹងកើត ឬក៏អាណិតមេត្តាក្មេងតូចៗទេ។
១៩ រីឯបាប៊ីឡូន ជាក្រុងដ៏ថ្កុំថ្កើងជាងគេក្នុង
រាជាណាចក្រ ដែលធ្វើឲ្យជនជាតិខាល់ដេ
មានមោទនភាព នឹងត្រូវព្រះជាម្ចាស់រំលាយ
ដូចក្រុងសូដុម និងក្រុងកូម៉ូរ៉ាដែរ។
២០ ក្រុងនោះនឹងលែងមាននរណារស់នៅ
លែងមានប្រជាជនរហូតតទៅ។
សូម្បីពួកអារ៉ាប៊ីក៏លែងបោះជំរំនៅទីនោះ
ហើយពួកគង្វាលក៏មិននាំហ្វូងចៀមរបស់ខ្លួន
ទៅស៊ីស្មៅនៅតាមទីនោះដែរ។
២១ មានតែសត្វព្រៃប៉ុណ្ណោះដែលនឹងនាំគ្នាមក
ស្នាក់អាស្រ័យនៅ
មានសត្វទីទុយនាំគ្នាមកធ្វើសំបុកនៅតាមផ្ទះ
សត្វត្មាតនាំគ្នាមករស់នៅ
សត្វពពែព្រៃនាំគ្នាមកលោតលេង។
២២ ហ្វូងឆ្កែព្រៃនឹងលូនៅតាមដំណាក់របស់ពួកគេ
ហើយហ្វូងស្វានរស់នៅក្នុងវិមានលំហែកាយ។
ពេលកំណត់របស់ក្រុងបាប៊ីឡូនជិតមកដល់
ឥតពន្យារឡើយ។
១៤
មាតុភូមិនិវត្តន៍របស់ជនជាតិអ៊ីស្រាអែល
១ ព្រះអម្ចាស់អាណិតអាសូរដល់ពូជពង្សលោកយ៉ាកុប ព្រះអង្គនៅតែជ្រើសរើស ជនជាតិអ៊ីស្រាអែលដដែល ព្រះអង្គនឹងឲ្យគេទៅរស់នៅលើទឹកដីរបស់ខ្លួនវិញ។ ជនបរទេសនឹងមកជ្រកកោន ហើយរួមរស់ជាមួយកូនចៅលោកយ៉ាកុប។
២ ជាតិសាសន៍នានានឹងជួយជនជាតិអ៊ីស្រាអែល ឲ្យវិលត្រឡប់ទៅមាតុភូមិរបស់ខ្លួនវិញ។ នៅលើទឹកដីរបស់ព្រះអម្ចាស់ អ៊ីស្រាអែលនឹងយកអ្នកទាំងនោះធ្វើជាទាសាទាសី។ ជនជាតិអ៊ីស្រាអែលនឹងចាប់អស់អ្នកដែលបានចាប់ពួកគេទៅជាឈ្លើយ យកមកជាឈ្លើយវិញ ហើយយកអស់អ្នកដែលធ្លាប់សង្កត់សង្កិនខ្លួន ធ្វើជាចំណុះវិញ។
ព្រះបន្ទូលប្រឆាំងនឹងស្តេចស្រុកបាប៊ីឡូន
៣ អ៊ីស្រាអែលអើយ ក្រោយពីអ្នកនឿយហត់ និងរងទុក្ខវេទនាជាច្រើន ហើយបន្ទាប់ពីអ្នកធ្វើជាទាសករយ៉ាងសែនលំបាកនោះមក ព្រះអម្ចាស់នឹងប្រោសប្រទានឲ្យអ្នកបានសម្រាក។ ៤ ពេលនោះ អ្នកនឹងច្រៀងចំអកឲ្យស្តេចស្រុកបាប៊ីឡូនដូចតទៅ:
ស្តេចដែលជិះជាន់គេ ទៅណាបាត់ហើយ?
អំណាចផ្ដាច់ការ ទៅណាបាត់ហើយ?
៥ ព្រះអម្ចាស់ផ្តួលរំលំអំណាចដ៏ឃោរឃៅ
ព្រះអង្គបំបាក់ដំបងរាជ្យរបស់ជនកំណាច
៦ គឺមនុស្សដែលមានចិត្តកាចសាហាវ
វាយធ្វើបាបប្រជាជនឥតស្រាកស្រាន្ត
មនុស្សដែលមានចិត្តកំរោល
ហើយយកប្រជាជាតិទាំងឡាយធ្វើជាចំណុះ
និងតាមព្យាបាទពួកគេឥតត្រាប្រណី។
៧ ឥឡូវនេះ ផែនដីទាំងមូលបានសុខសាន្តត្រាណ
មនុស្សម្នានាំគ្នាស្រែកហ៊ោយ៉ាងសប្បាយ
៨ សូម្បីតែដើមស្រល់ និងដើមឈើធំៗ
នៅស្រុកលីបង់ក៏មានអំណរសប្បាយ
ដោយឃើញអ្នកអស់ឫទ្ធិដែរ
គឺដើមឈើទាំងនោះនាំគ្នាពោលថា:
“តាំងពីអ្នករលំមក
គ្មាននរណាឡើងមកកាប់យើងទៀតទេ!”។
៩ ស្តេចកំណាចអើយ!
ក្នុងស្ថានមច្ចុរាជ ក៏មានភាពជ្រួលជ្រើម
រង់ចាំទទួលអ្នកដែរ
មច្ចុរាជដាស់វិញ្ញាណក្ខ័ន្ធអ្នកធំទាំងអស់
គឺដាស់វិញ្ញាណក្ខ័ន្ធស្តេចទាំងប៉ុន្មាន
របស់ប្រជាជាតិនានា
ឲ្យងើបពីបល្ល័ង្ករបស់ខ្លួនដែរ។
១០ វិញ្ញាណក្ខ័ន្ធទាំងនោះនឹងពោលមកកាន់អ្នកថា:
“អុញ ព្រះករុណាអស់ឫទ្ធិដូចយើងដែរតើ!
គឺមិនខុសពីយើងទេ!។
១១ ភាពថ្កុំថ្កើងរបស់អ្នកបានធ្លាក់ទៅក្នុង
ស្ថានមច្ចុរាជ ដោយមានសំឡេងពិណកំដរផង
ដង្កូវនឹងធ្វើជាពូក ជាភួយរបស់អ្នក”។
១២ ឱផ្កាយព្រឹកដ៏ភ្លឺអើយ
ម្ដេចក៏អ្នកធ្លាក់ពីលើមេឃមកដូច្នេះ?
អ្នកធ្លាប់បង្ក្រាបប្រជាជាតិទាំងឡាយ
ម្ដេចអ្នកដួលដល់ដីយ៉ាងនេះ?
១៣ អ្នកតែងតែពោលថា:
“យើងនឹងឡើងទៅលើមេឃ ហើយលើក
បល្ល័ង្ករបស់យើងឡើងឲ្យខ្ពស់ជាងផ្កាយ
របស់ព្រះជាម្ចាស់ទៅទៀត។
យើងនឹងអង្គុយលើភ្នំនៅខាងជើងបំផុត
ជាកន្លែងដែលព្រះទាំងឡាយជួបជុំគ្នា។
១៤ យើងនឹងឡើងទៅលើ ខ្ពស់ជាងពពកទៅទៀត
យើងនឹងបានដូចព្រះដ៏ខ្ពង់ខ្ពស់បំផុត”។
១៥ ឥឡូវនេះ អ្នកបែរជាធ្លាក់ចុះមកដល់ស្ថាន
មច្ចុរាជ គឺក្នុងរណ្ដៅដ៏ជ្រៅនេះទៅវិញ។
១៦ អស់អ្នកដែលឃើញអ្នក គេខំប្រឹងសម្លឹងមើល
ដោយយកចិត្តទុកដាក់ ហើយសួរគ្នាថា:
“អ្នកនេះឬដែលបានធ្វើឲ្យកក្រើកផែនដី
និងរំលំអាណាចក្រទាំងឡាយ
១៧ ព្រមទាំងធ្វើឲ្យពិភពលោកក្លាយទៅជា
ទីស្មសានដ៏ស្ងាត់ជ្រងំ
និងកម្ទេចទីក្រុងនានា
ហើយមិនដែលដោះលែងឈ្លើយសឹក
ទាល់តែសោះនុ៎ះ?”។
១៨ ស្តេចរបស់ប្រជាជាតិនានាសុទ្ធតែសម្រាក
យ៉ាងរុងរឿង ក្នុងផ្នូររបស់ខ្លួន។
១៩ ចំពោះអ្នកវិញ
គេបានបោះសាកសពអ្នកចោលឆ្ងាយពីផ្នូរ
គួរឲ្យខ្ពើម ដូចកូនដែលគេរំលូតចោល
ឬដូចសាកសពដែលគេដើរជាន់។
មានសាកសពរបស់អស់អ្នកដែលគេ
សម្លាប់ដោយមុខដាវនៅគរពីលើអ្នក
ហើយសាកសពទាំងនោះត្រូវគេច្រានទម្លាក់
ទៅលើថ្មនៅបាតរណ្ដៅ។
២០ អ្នកពុំបានសម្រាកនៅក្នុងផ្នូរជាមួយស្តេចឯទៀតៗទេ
ព្រោះអ្នកបានបំផ្លាញស្រុករបស់អ្នក
និងសម្លាប់ប្រជារាស្ដ្ររបស់អ្នក។
ទៅថ្ងៃមុខ គេនឹងលែងនឹកនាដល់ឈ្មោះ
ពូជដ៏កំណាចរបស់អ្នកទៀតហើយ។
២១ ព្រោះតែកំហុសរបស់ឪពុក
ចូរប្រុងប្រៀបខ្លួន សម្លាប់រង្គាលកូនប្រុសៗ
របស់គេចោលទៅ
ក្រែងលោគេក្រោកឡើងរុករានទន្ទ្រានផែនដី
ហើយសង់ក្រុងពាសពេញលើពិភពលោក។
២២ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «យើងនឹងក្រោកឡើង ប្រឆាំងនឹងជនជាតិបាប៊ីឡូន យើងនឹងលុបបំបាត់ឈ្មោះបាប៊ីឡូន ព្រមទាំងពូជពង្ស និងខ្សែស្រឡាយរបស់គេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ២៣ យើងនឹងធ្វើឲ្យស្រុករបស់គេក្លាយទៅជាព្រៃរនាម ដែលមានតែសត្វកាំប្រមារស់នៅ យើងនឹងបោសក្រុងបាប៊ីឡូន ឥតទុកអ្វីឲ្យនៅសល់ឡើយ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
ព្រះបន្ទូលប្រឆាំងនឹងស្រុកអាស្ស៊ីរី
២៤ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូល
ដាច់អហង្ការថា៖
“យើងបានគ្រោងទុកយ៉ាងណា
យើងក៏នឹងប្ដេជ្ញាចិត្តធ្វើយ៉ាងនោះដែរ
យើងបានសម្រេចយ៉ាងណា
ហេតុការណ៍ក៏នឹងកើតមានយ៉ាងនោះដែរ។
២៥ យើងនឹងកម្ទេចពួកអាស្ស៊ីរីក្នុងទឹកដីរបស់យើង
យើងនឹងជាន់ឈ្លីពួកគេនៅលើភ្នំរបស់យើង
យើងនឹងយកនឹមដែលអាស្ស៊ីរីដាក់លើ
ប្រជាជនរបស់យើងចេញ
ហើយយើងក៏នឹងយកអម្រែកដែលគេដាក់លើ
ស្មាប្រជាជនយើងនោះចេញដែរ”។
២៦ នេះជាការដែលព្រះអង្គបានសម្រេចធ្វើ
ចំពោះផែនដីទាំងមូល
ព្រះអង្គនឹងលាតព្រះហស្ដប្រហារ
ប្រជាជាតិទាំងអស់។
២៧ បើព្រះអម្ចាស់នៃពិភពទាំងមូលសម្រេចដូច្នេះ
គ្មាននរណាអាចកែប្រែឡើយ
ពេលព្រះអង្គលាតព្រះហស្ដប្រហារហើយ
គ្មាននរណាអាចបញ្ឈប់ព្រះអង្គបានទេ។
ព្រះបន្ទូលប្រឆាំងនឹងជនជាតិភីលីស្ទីន
២៨ នៅឆ្នាំដែលព្រះបាទអខាសសោយទិវង្គត
ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ:
២៩ ភីលីស្ទីនទាំងមូលអើយ
មិនត្រូវរីករាយ ដោយឃើញដំបងដែល
ធ្លាប់វាយអ្នក បានបាក់នោះឡើយ!
ដ្បិតនឹងមានពស់វែកមួយ
កើតចេញពីពូជរបស់ពស់នោះ
ហើយក៏នឹងមានពស់អសិរពិសកើតចេញ
ពីពងរបស់ពស់វែកនោះដែរ។
៣០ ពេលនោះ ព្រះអម្ចាស់នឹងថែរក្សា
មនុស្សកំសត់ទុរគត
ព្រះអង្គនឹងនាំមនុស្សក្រីក្រទៅរកកន្លែង
សម្រាកយ៉ាងសុខសាន្ត។
ផ្ទុយទៅវិញ ព្រះអង្គនឹងធ្វើឲ្យ
ពូជពង្សរបស់អ្នកស្លាប់ដោយអត់ឃ្លាន
រីឯអ្នកដែលនៅសល់ នឹងស្លាប់ដោយមុខដាវ។
៣១ ទ្វារក្រុងអើយ ចូរសោកសង្រេងទៅ!
ទីក្រុងអើយ ចូរស្រែកយំទៅ!
ស្រុកភីលីស្ទីនទាំងមូលរលាយសូន្យហើយ
ដ្បិតមានផ្សែងហុយមកពីទិសខាងជើង
ខ្មាំងសត្រូវលើកទ័ពមកទាំងអស់គ្នា
ឥតបាត់ម្នាក់ណាឡើយ។
៣២ តើយើងត្រូវឆ្លើយយ៉ាងដូចម្ដេចទៅទូត
របស់ស្រុកភីលីស្ទីន?
ត្រូវឆ្លើយថា “ព្រះអម្ចាស់បានសង់ក្រុងស៊ីយ៉ូនឡើង
ហើយជនទុរគតក្នុងចំណោមប្រជារាស្ដ្ររបស់
ព្រះអង្គនឹងជ្រកកោននៅក្នុងក្រុងនោះ”។
១៥
ព្រះបន្ទូលប្រឆាំងនឹងស្រុកម៉ូអាប់
១ សេចក្ដីប្រកាសស្តីអំពីស្រុកម៉ូអាប់:
ក្រុងអារ-ម៉ូអាប់មុខជាត្រូវហិនហោច
និងវិនាសសូន្យក្នុងពេលតែមួយយប់ប៉ុណ្ណោះ!
ហើយក្រុងគៀរ-ម៉ូអាប់ក៏ត្រូវហិនហោច
និងវិនាសសូន្យ ក្នុងពេលតែមួយយប់ដែរ!
២ ប្រជាជននាំគ្នាឡើងទៅវិហារនៅឌីបូន
គេយំសោកនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ
ជនជាតិម៉ូអាប់នាំគ្នាសោកសង្រេង
ស្រណោះក្រុងនេបូ និងក្រុងមែដេបា
គេកោរសក់ទាំងអស់គ្នា
ហើយគេក៏កោរពុកមាត់ពុកចង្កាចេញដែរ។
៣ នៅតាមផ្លូវក្រុង គេស្លៀកបាវកាន់ទុក្ខ
ហើយគ្រប់ៗគ្នាយំសោកសង្រេង
នៅលើផ្ទះ និងនៅតាមទីផ្សារ។
៤ នៅក្រុងហេសបូន និងអេឡាលេ
ប្រជាជនស្រែកយំលាន់ឮ
រហូតដល់ក្រុងយ៉ាហាត់។
សូម្បីតែពួកទាហានរបស់ជនជាតិម៉ូអាប់
ក៏ស្រែកទ្រហោយំ ដោយបាក់ទឹកចិត្តដែរ។
៥ ខ្ញុំយំអាណិតស្រុកម៉ូអាប់
ដ្បិតមានពួកគេខ្លះរត់ រហូតដល់ក្រុងសូអារ
ក្រុងអេក្លាត-សេលីស្យ៉ា
ពួកគេនាំគ្នាយំសោកតាមផ្លូវឡើងទៅលូគិត
ពួកគេស្រែកទ្រហោយំយ៉ាងអស់សង្ឃឹម
តាមផ្លូវទៅហូរ៉ូណាអ៊ីម
៦ ដ្បិតអណ្ដូងទឹកនៅនីមរីម ត្រូវគេលុបឲ្យរីង
តិណជាតិក្រៀមស្វិតអស់
ស្មៅដ៏ខៀវខ្ចីក៏ងាប់អស់
ហើយរុក្ខជាតិក៏លែងមានទៀតដែរ។
៧ ហេតុនេះហើយបានជាពួកគេប្រមែប្រមូល
អ្វីៗដែលនៅសល់នាំយកទៅទុក
នៅឆ្ងាយហួសជ្រោះដើមចាកទៅទៀត។
៨ សម្រែករបស់ប្រជាជនលាន់ឮជុំវិញ
ព្រំដែនស្រុកម៉ូអាប់ទាំងមូល
ទំនួញរបស់ពួកគេឮទៅដល់អេក្លាអ៊ីម
ទំនួញរបស់ពួកគេឮទៅដល់បៀរ-អេលីម។
៩ ទឹកអូរដែលហូរកាត់ភូមិដេម៉ូន
មានសុទ្ធតែឈាម
ហើយយើងនឹងធ្វើឲ្យទុក្ខវេទនា
កើតមានដល់ភូមិដេម៉ូននេះថែមទៀត
គឺសត្វសិង្ហនឹងមកខាំជនជាតិម៉ូអាប់
ដែលនៅសល់លើទឹកដីរបស់គេ។
១៦
ស្រុកម៉ូអាប់ស្រែកហៅក្រុងយេរូសាឡឹមឲ្យជួយ
១ ចូរផ្ញើចៀមពីក្រុងសិលាតាមផ្លូវវាលរហោស្ថាន
យកទៅថ្វាយព្រះមហាក្សត្រយូដា
ដែលគង់នៅភ្នំស៊ីយ៉ូន!
២ ស្ត្រីជនជាតិម៉ូអាប់នាំគ្នាឈរនៅត្រង់អាណូន
ជាកន្លែងទឹករាក់
ដូចបក្សីដែលគេដេញចេញពីសំបុក។
៣ ស្ត្រីទាំងនោះអង្វរជនជាតិយូដាថា៖
«សូមជួយផ្តល់គំនិតឲ្យយើងខ្ញុំ
សូមចាត់វិធានការជួយយើងខ្ញុំផង។
ក្នុងពេលថ្ងៃពេញកម្ដៅនេះ
សូមធ្វើជាម្លប់ដល់យើងខ្ញុំ
ដូចនៅពេលយប់ដែរ
សូមឲ្យជនភៀសខ្លួនរបស់យើងខ្ញុំ
ជ្រកកោនជាមួយបងប្អូន
សូមលាក់ពួកយើងខ្ញុំដែលរត់មកនេះផង។
៤ សូមអនុញ្ញាតឲ្យជនភៀសខ្លួនសាសន៍ម៉ូអាប់
ជ្រកកោនជាមួយបងប្អូនផង!
សូមលាក់គេកុំឲ្យមេបំផ្លាញរកឃើញ!
ពេលណាចប់ការសង្កត់សង្កិន
និងការសម្លាប់រង្គាល
ពេលណាមេបំផ្លាញចាកចេញបាត់ពីស្រុក
៥ ពេលនោះ ព្រះជាម្ចាស់នឹងប្រទានឲ្យ
ព្រះរាជវង្សព្រះបាទដាវីឌឡើងគ្រងរាជ្យ
ប្រកបដោយមេត្តាករុណា។
ព្រះរាជានឹងគ្រប់គ្រងលើប្រជាជនដោយស្មោះស្ម័គ្រ
ស្តេចយកព្រះហឫទ័យទុកដាក់នឹងសេចក្ដីសុចរិត
ព្រមទាំងស្វែងរកយុត្តិធម៌ឲ្យប្រជាជន»។
ក្រុងយេរូសាឡឹមពុំអាចជួយស្រុកម៉ូអាប់ឡើយ
៦ ពេលនោះ ជនជាតិយូដាតបវិញថា៖
«យើងបានឮគេនិយាយថាពួកម៉ូអាប់
ពូកែអួតអាងខ្លាំងណាស់
ពួកគេមានចិត្តព្រហើន វាយឫកខ្ពស់
ហើយអួតបំប៉ោង ចង់ធ្វើជាមហាអំណាច»។
៧ ប៉ុន្តែ ឥឡូវនេះ ជនជាតិម៉ូអាប់បែរជា
សោកសង្រេងអាណិតខ្លួនឯងគ្រប់ៗគ្នា។
ពួកគេយំសោកស្តាយអាហារដែល
ធ្លាប់បរិភោគនៅគៀរ-ហារេសេត
ពួកគេស្រែកថ្ងូរដោយអស់សង្ឃឹម។
៨ ចម្ការដំណាំនៅហេសបូនត្រូវខូចខាតអស់
រីឯចម្ការទំពាំងបាយជូរនៅស៊ីបម៉ាក៏វិនាស
ហិនហោចអស់ដែរ។
ចម្ការនេះធ្លាប់តែផ្តល់ស្រាទំពាំងបាយជូរ
ឲ្យមេដឹកនាំប្រជាជាតិនានា។
ចម្ការទំពាំងបាយជូរនេះធ្លាប់លាតសន្ធឹង
រហូតដល់យ៉ាស៊ែរ
និងវាររហូតដល់វាលរហោស្ថាន
ព្រមទាំងបែកមែកហួសសមុទ្រទៅទៀត។
៩ ហេតុនេះហើយបានជាយើងយំ
ជាមួយអ្នកស្រុកយ៉ាស៊ែរ
ស្រណោះចម្ការទំពាំងបាយជូរនៅស៊ីបម៉ា។
យើងបង្ហូរទឹកភ្នែកស្រោចស្រព
ហេសបូន និងអេឡាលេ
ដ្បិតសង្គ្រាមបានធ្វើឲ្យភោគផលដំណាំ
របស់អ្នករាល់គ្នាវិនាសហិនហោចអស់។
១០ នៅតាមចម្ការដំណាំនោះ
លែងមានឮសម្រែកអរសប្បាយទៀតហើយ
រីឯក្នុងចម្ការទំពាំងបាយជូរ
ក៏គ្មាននរណាច្រៀងដោយអំណរ
ហើយក៏គ្មាននរណាគាបទំពាំងបាយជូរ
ដាក់ក្នុងធុងទៀតដែរ
គឺលែងមានសម្រែកហ៊ោកញ្ជ្រៀវទៀតហើយ។
១១ ហេតុនេះហើយបានជាខ្ញុំស្មូត្រយ៉ាង
អន្លង់អន្លោច ដូចសំឡេងពិណ
ព្រោះខ្ញុំអាណិតស្រុកម៉ូអាប់
ខ្ញុំស្រណោះក្រុងគៀរ-ហេរ៉ែស។
១២ គេនឹងឃើញអ្នកស្រុកម៉ូអាប់ខំប្រឹងឡើងទៅ
កន្លែងសក្ការៈតាមទួលខ្ពស់ៗ
យ៉ាងត្រដាបត្រដួស
គេបន់ព្រះរបស់ខ្លួននៅកន្លែងសក្ការៈ
តែឥតបានផលអ្វីសោះ។
១៣ នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ប្រកាសទុកជាមុន តាំងពីយូរណាស់មកហើយ ស្តីអំពីជនជាតិម៉ូអាប់។ ១៤ ឥឡូវនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «គម្រប់បីឆ្នាំទៀត គឺគិតចាប់តាំងពីថ្ងៃនេះទៅ មេដឹកនាំរបស់ស្រុកម៉ូអាប់នឹងត្រូវវិនាសសូន្យជាមួយប្រជាជនដ៏ច្រើនលើសលប់របស់ខ្លួន។ រីឯអ្នកដែលនៅសេសសល់មួយចំនួនតូចនឹងត្រូវអាប់ឱន»។
១៧
ព្រះបន្ទូលប្រឆាំងនឹងក្រុងដាម៉ាស និងស្រុកអ៊ីស្រាអែល
១ សេចក្ដីប្រកាសស្តីអំពីក្រុងដាម៉ាស:
ថ្ងៃមួយ ដាម៉ាសនឹងលែងជាទីក្រុង
ទៀតហើយ
គឺក្លាយទៅគំនរបាក់បែក។
២ ក្រុងនានារបស់ស្រុកស៊ីរីនឹងត្រូវគេ
បោះបង់ចោលរហូតតទៅ
គឺមានតែហ្វូងសត្វប៉ុណ្ណោះដែលនាំគ្នាមកជ្រក
នៅទីនោះ ឥតមាននរណារំខានវាឡើយ។
៣ នគរអេប្រាអ៊ីមនឹងលែងមានបង្អែកការពារ
ហើយនគរដាម៉ាសនឹងបាត់បង់រាជ្យ។
រីឯជនជាតិស៊ីរីដែលនៅសេសសល់នឹងត្រូវ
អាប់ឱនដូចជនជាតិអ៊ីស្រាអែលដែរ។
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
នៃពិភពទាំងមូល។
៤ នៅថ្ងៃនោះ ភាពថ្កុំថ្កើងរបស់
កូនចៅលោកយ៉ាកុបនឹងត្រូវចុះឱនថយ
គេនឹងបាត់បង់ភោគទ្រព្យ
ហើយក្លាយទៅជាក្រខ្សត់។
៥ ស្រុកអ៊ីស្រាអែលប្រៀបបានទៅនឹងស្រែ
ដែលគេទើបនឹងច្រូតកាត់រួច
គ្មានអ្វីនៅសល់សោះ
គឺដូចវាលទំនាបរេផាអ៊ីម
នៅពេលដែលគេទើបនឹងប្រមូលស្រូវអស់។
៦ មានប្រជាជនតែមួយចំនួនតូចប៉ុណ្ណោះ
ដែលនៅសល់
គឺស្រុកអ៊ីស្រាអែលប្រៀបបាននឹង
ដើមអូលីវដែលគេទើបនឹងបេះផ្លែរួច
នៅខាងចុងមានសល់ពីរបីផ្លែ
ហើយតាមមែកមានសល់បួនប្រាំផ្លែ។
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។
៧ នៅថ្ងៃនោះ មនុស្សនឹងផ្ចង់ចិត្តទៅរកព្រះដែលបានបង្កើតខ្លួនមក ភ្នែករបស់គេសម្លឹងឆ្ពោះទៅព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល។ ៨ គេលែងផ្តោតអារម្មណ៍ទៅរកអាសនៈ ដែលដៃរបស់ខ្លួនបានធ្វើនោះទៀតហើយ គេក៏លែងសម្លឹងមើលទៅស្តូបព្រះអាសេរ៉ា ឬអាសនៈសម្រាប់ដុតគ្រឿងក្រអូប ដែលដៃរបស់គេបានសង់ឡើងនោះទៀតដែរ។
៩ នៅថ្ងៃនោះ ទីក្រុងរបស់គេដែលមានកំពែងរឹងមាំ នឹងត្រូវបោះបង់ចោលឲ្យនៅស្ងាត់ជ្រងំ ដូចក្រុងនានា ដែលជនជាតិហេវី និងជនជាតិអាម៉ូរី បោះបង់ចោលនៅមុខជនជាតិអ៊ីស្រាអែល គឺឥតមានសល់អ្វីឡើយ។
១០ អ៊ីស្រាអែលអើយ អ្នកបានបំភ្លេចព្រះជាម្ចាស់
ដែលជាព្រះសង្គ្រោះរបស់អ្នក
អ្នកពុំបាននឹកឃើញព្រះដែលជាកំពែងការពារអ្នកទេ។
ហេតុនេះហើយបានជាអ្នកដាំដំណាំ
សម្រាប់ថ្វាយជាសក្ការៈដល់ព្រះដទៃ។
១១ នៅថ្ងៃដែលអ្នកដាំដំណាំ
អ្នកបានធ្វើឲ្យដំណាំនោះដុះឡើង។
នៅព្រឹកដែលអ្នកព្រោះគ្រាប់ពូជទៅ
វាក៏ចេញផ្កាភ្លាម។
ប៉ុន្តែ ពេលចម្រូតមកដល់ គ្មានផលអ្វីសោះ
ផ្ទុយទៅវិញ មានតែការឈឺចាប់
គ្មានអ្វីព្យាបាលឲ្យជាបានទេ។
បរាជ័យរបស់ខ្មាំងសត្រូវ
១២ មានឮស្នូរសន្ធឹកប្រជាជនដ៏ច្រើនឥតគណនា
ប្រៀបបាននឹងស្នូរសន្ធឹកមហាសាគរ
និងឮស្នូរសំឡេងសាសន៍ទាំងឡាយ
គគ្រឹកគគ្រេងដូចរលកសមុទ្រ
១៣ សាសន៍ទាំងឡាយនាំគ្នាបន្លឺសំឡេងយ៉ាង
គគ្រឹកគគ្រេងដូចទឹកហូរយ៉ាងខ្លាំង
ប៉ុន្តែ ព្រះអម្ចាស់គំរាមពួកគេ
ហើយពួកគេក៏រត់ចេញឆ្ងាយ
ពួកគេត្រូវខ្ចាត់ខ្ចាយ ដូចអង្កាមត្រូវខ្យល់ភ្នំ
ផាត់បាត់អស់ទៅ និងដូចលំអងផ្កា
ដែលត្រូវខ្យល់កួចយកទៅដែរ។
១៤ នៅពេលល្ងាច ពួកគេភ័យញ័ររន្ធត់
មុនពេលថ្ងៃរះ ពួកគេវិនាសសូន្យអស់ទៅ។
នេះហើយជាទុក្ខទោសរបស់ពួកអ្នកដែលប្លន់
និងរឹបអូសយកទ្រព្យសម្បត្តិរបស់យើង។
១៨
ព្រះបន្ទូលប្រឆាំងនឹងស្រុកអេត្យូពី
១ រីឯទឹកដីដែលមានទូកក្តោង
ធ្វើដំណើរនៅតាមដងទន្លេខាងនាយ
ស្រុកអេត្យូពី
នឹងត្រូវវេទនាជាពុំខាន។
២ ពួកគេបានចាត់ទូតរបស់ខ្លួនឲ្យជិះក្បូន
ដែលធ្វើពីដើមកក់ ចុះតាមទន្លេនីល។
អ្នកនាំសារដ៏រហ័សអើយ
ចូរនាំគ្នាវិលត្រឡប់ទៅស្រុករបស់សាសន៍
ដែលមានមាឌខ្ពស់ និងមានស្បែកភ្លឺរលើប។
មនុស្សទាំងជិតទាំងឆ្ងាយស្ញែងខ្លាចសាសន៍នេះ
ព្រោះពួកគេជាប្រជាជាតិដ៏ខ្លាំងពូកែ។
ពួកគេនិយាយភាសាចម្លែក
រស់នៅក្នុងស្រុកដែលមានទន្លេហូរកាត់។
៣ អ្នកទាំងអស់គ្នាដែលរស់នៅក្នុងពិភពលោក
អ្នករាល់គ្នាជាប្រជាជននៅលើផែនដីអើយ
ពេលណាគេដោតទង់ជាសញ្ញានៅលើភ្នំនានា
ចូរនាំគ្នាសម្លឹងមើលទៅ
ហើយពេលណាគេផ្លុំស្នែង
ចូរនាំគ្នាស្ដាប់កុំបីខាន។
៤ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ:
«យើងសម្លឹងមើលពីស្ថានលើមក
យ៉ាងស្ងៀមស្ងាត់ ដូចនៅពេលថ្ងៃបណ្តើរកូន
និងដូចទឹកសន្សើមនៅរដូវចម្រូត។
៥ មុនពេលរដូវចម្រូត
នៅពេលទំពាំងបាយជូរឈប់ផ្កា
គឺពេលផ្កាទំពាំងបាយជូរក្លាយទៅជាផ្លែ
ហើយពេលផ្លែនោះទុំ
គេយកកាំបិតមកកាប់មែក
និងលួសធាងវាចោលយ៉ាងណា
៦ ខ្មាំងសត្រូវនឹងប្រល័យជីវិតជនជាតិអេត្យូពី
ហើយទុកសាកសពចោលយ៉ាងនោះដែរ
គេនឹងក្លាយទៅជាចំណីត្មាតដែលរស់នៅតាមភ្នំ
និងជាចំណីរបស់សត្វសាហាវ។
ត្មាតនឹងស៊ីសាកសពរបស់ពួកគេនៅរដូវក្ដៅ
ហើយសត្វសាហាវនឹងស៊ីសាកសពរបស់ពួកគេ
នៅរដូវត្រជាក់»។
៧ នៅគ្រានោះ សាសន៍ដែលមានមាឌខ្ពស់
និងមានស្បែកភ្លឺរលើប នឹងនាំតង្វាយ
មកថ្វាយព្រះអម្ចាស់នៃពិភពទាំងមូល
គឺសាសន៍ដែលមនុស្សទាំងជិត
ទាំងឆ្ងាយ ស្ញែងខ្លាច
ព្រោះពួកគេជាប្រជាជាតិដ៏ខ្លាំងពូកែ។
ពួកគេនិយាយភាសាចម្លែក
រស់នៅក្នុងស្រុកដែលមានទន្លេហូរកាត់។
សាសន៍នេះនឹងនាំតង្វាយមកថ្វាយនៅភ្នំស៊ីយ៉ូន
ជាកន្លែងដែលព្រះនាមរបស់ព្រះអម្ចាស់ស្ថិតនៅ។
១៩
ព្រះជាម្ចាស់នឹងដាក់ទោសស្រុកអេស៊ីប
១ សេចក្ដីប្រកាសស្តីអំពីស្រុកអេស៊ីប:
ព្រះអម្ចាស់យាងមកស្រុកអេស៊ីប
ដោយគង់លើពពកមួយដុំដែលរសាត់យ៉ាងលឿន។
ព្រះក្លែងក្លាយរបស់ស្រុកអេស៊ីបនាំគ្នាញាប់ញ័រ
នៅចំពោះព្រះភ័ក្ត្រព្រះអង្គ
ជនជាតិអេស៊ីបក៏បាត់បង់ទឹកចិត្តអស់ដែរ។
ព្រះអង្គមានព្រះបន្ទូលថា:
២ «យើងនឹងធ្វើឲ្យជនជាតិអេស៊ីបច្បាំងនឹងគ្នាឯង
ម្នាក់ៗប្រហារបងប្អូន និងមិត្តភក្ដិរបស់ខ្លួន
ក្រុងមួយច្បាំង នឹងក្រុងមួយ
ហើយនគរមួយច្បាំងនឹងនគរមួយទៀត។
៣ យើងនឹងធ្វើឲ្យជនជាតិអេស៊ីបវង្វេងស្មារតី
ហើយធ្វើឲ្យនយោបាយរបស់គេត្រូវរលាយ
ពួកគេនឹងទៅបន់ព្រះក្លែងក្លាយ
ទៅរកគ្រូអន្ទងខ្មោចបញ្ជាន់ខ្មោច
និងរកគ្រូទាយឲ្យជួយ។
៤ យើងនឹងប្រគល់ស្រុកអេស៊ីបទៅក្នុងកណ្ដាប់ដៃ
របស់អ្នកកាន់អំណាចផ្ដាច់ការហើយនឹង
មានស្តេចកំណាចគ្រងរាជ្យលើពួកគេ»
- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់
នៃពិភពទាំងមូល។
៥ ទឹកសមុទ្រនឹងហួតបាត់អស់ទៅ
ហើយទន្លេនីលក៏រីងស្ងួតអស់ទៅដែរ។
៦ ទឹកនៅតាមព្រែកទាំងឡាយនឹងស្អុយកខ្វក់
ទឹកនៅតាមតំបន់ទន្លេនីលទាំងមូលនឹងស្រក
ហើយរីងអស់ទៅ។
ដើមត្រែង និងដើមកក់ក៏ក្រៀមស្វិតអស់ដែរ។
៧ ដំណាំតាមដងទន្លេនីល រហូតដល់មាត់សមុទ្រ
នឹងហិនហោចអស់គ្មានសល់!
អ្វីៗដែលគេសាបព្រោះនៅជិតទន្លេនីល
ក៏ក្រៀមស្ងួត ហើយត្រូវខ្យល់ផាត់បាត់ទៅ។
៨ ពួកអ្នកនេសាទនឹងនាំគ្នាស្រែកថ្ងូរ
ពួកអ្នកស្ទូចត្រីនៅតាមទន្លេនីលនឹងត្អូញត្អែរ
ហើយពួកអ្នកបង់សំណាញ់នឹងអស់សង្ឃឹម។
៩ ពួកអ្នករវៃអំបោះ និងពួកអ្នកត្បាញក្រណាត់
នឹងមានទឹកមុខស្លេកស្លាំង។
១០ អស់អ្នកដែលជាជន្ទល់របស់ស្រុកទេស
នឹងបាត់បង់ទឹកចិត្ត
ហើយកម្មករទាំងប៉ុន្មាននឹងកើតទុក្ខព្រួយ។
១១ ពួកមេដឹកនាំនៅក្រុងសូអានសុទ្ធតែល្ងីល្ងើ
រីឯក្រុមប្រឹក្សារបស់ស្តេចផារ៉ោន
ជាក្រុមមួយផ្សំឡើងដោយមនុស្សភ្លីភ្លើ
តែពួកនេះហ៊ានទូលស្តេចផារ៉ោនថា
“ទូលបង្គំជាពូជអ្នកប្រាជ្ញ
ជាពូជស្តេចនៅជំនាន់ដើម”។
១២ ព្រះចៅផារ៉ោនអើយ
អ្នកប្រាជ្ញរបស់ព្រះករុណានៅឯណា?
សូមឲ្យពួកគេទូលព្រះករុណាអំពី
ហេតុការណ៍ដែលព្រះអម្ចាស់នៃពិភពទាំងមូល
សម្រេចធ្វើចំពោះស្រុកអេស៊ីបនេះទៅ!
១៣ ពួកមេដឹកនាំនៅក្រុងសូអានសុទ្ធតែលេលា
ពួកមេដឹកនាំនៅក្រុងណូបសុទ្ធតែឡប់សតិ
គឺពួកមេដឹកនាំកុលសម្ព័ន្ធទាំងនោះហើយ
ដែលបានដឹកនាំប្រជាជននៅស្រុកអេស៊ីប
ឲ្យវង្វេង។
១៤ ព្រះអម្ចាស់នឹងធ្វើឲ្យពួកគេឡប់ស្មារតី
ពួកគេនឹងនាំស្រុកអេស៊ីបឲ្យវង្វេង
ក្នុងគ្រប់វិស័យទាំងអស់
គឺប្រៀបដូចជាមនុស្សប្រមឹក
ដើររអិលដួលនៅក្នុងកំអួតរបស់ខ្លួន។
១៥ នៅស្រុកអេស៊ីប ចាប់ពីអ្នកធំរហូតដល់អ្នកតូច ចាប់ពីមនុស្សចេះដឹងរហូតដល់មនុស្សខ្លៅ គ្មាននរណាម្នាក់អាចធ្វើអ្វីកើតឡើយ។
ជនជាតិអេស៊ីបនឹងថ្វាយបង្គំព្រះអម្ចាស់
១៦ នៅគ្រានោះ ជនជាតិអេស៊ីបប្រៀបបាននឹងស្រីៗ គឺពួកគេនឹងភ័យញ័រចំប្រប់ នៅពេលឃើញព្រះអម្ចាស់នៃពិភពទាំងមូល លើកព្រះហស្ដគំរាមពួកគេ។ ១៧ ទឹកដីយូដាជាកន្លែងមួយ ដែលធ្វើឲ្យជនជាតិអេស៊ីបញាប់ញ័រជាខ្លាំង ពេលណារំឭកពីស្រុកយូដា គេភ័យខ្លាចណាស់ ព្រោះតែការដែលព្រះអម្ចាស់នៃពិភពទាំងមូលបានសម្រេចប្រព្រឹត្តចំពោះពួកគេ។
១៨ គ្រានោះ មានក្រុងប្រាំនៅស្រុកអេស៊ីបនិយាយភាសាហេប្រឺ ហើយអ្នកក្រុងនោះស្បថស្បែថា គេនឹងគោរពបម្រើព្រះអម្ចាស់នៃពិភពទាំងមូល។ ក្រុងមួយក្នុងចំណោមក្រុងទាំងប្រាំ នឹងមានឈ្មោះថា “ក្រុងរបស់ព្រះអាទិត្យ” ។
១៩ គ្រានោះ គេនឹងសង់អាសនៈមួយថ្វាយព្រះអម្ចាស់ នៅចំកណ្ដាលស្រុកអេស៊ីប ហើយគេនឹងដំឡើងស្តូបមួយថ្វាយព្រះអម្ចាស់នៅក្បែរព្រំដែន ២០ ទុកជាសញ្ញាបញ្ជាក់ថា ព្រះអម្ចាស់នៃពិភពទាំងមូលគង់នៅក្នុងស្រុកអេស៊ីប។ ពេលជនជាតិអេស៊ីបអង្វរសូមព្រះអម្ចាស់ជួយពួកគេ ឲ្យរួចពីកណ្ដាប់ដៃរបស់អស់អ្នកដែលជិះជាន់ពួកគេ ព្រះអង្គនឹងចាត់អ្នកសង្គ្រោះម្នាក់ឲ្យមកការពារ និងរំដោះពួកគេ។ ២១ ព្រះអម្ចាស់នឹងសម្ដែងឲ្យជនជាតិអេស៊ីបស្គាល់ព្រះអង្គ ហើយនៅគ្រានោះ ជនជាតិអេស៊ីបនឹងស្គាល់ព្រះអម្ចាស់ពិតមែន។ ពួកគេនឹងគោរពបម្រើព្រះអង្គ ដោយថ្វាយយញ្ញបូជា និងតង្វាយផ្សេងៗ ពួកគេនាំគ្នាបន់ព្រះអម្ចាស់ ព្រមទាំងលាបំណន់ផង។ ២២ ព្រះអម្ចាស់នឹងវាយប្រហារជនជាតិអេស៊ីបមែន តែព្រះអង្គនឹងប្រោសគេឲ្យជា ពួកគេកែប្រែចិត្តគំនិតមករកព្រះអម្ចាស់ ហើយព្រះអង្គនឹងទទួលពួកគេ ព្រមទាំងប្រោសពួកគេឲ្យជាទៀតផង។
២៣ នៅគ្រានោះ នឹងមានផ្លូវមួយភ្ជាប់ពីស្រុកអេស៊ីបទៅស្រុកអាស្ស៊ីរី។ ជនជាតិអាស្ស៊ីរីនឹងធ្វើដំណើរទៅស្រុកអេស៊ីប ជនជាតិអេស៊ីបទៅស្រុកអាស្ស៊ីរី ហើយជនជាតិទាំងពីរនឹងគោរពបម្រើព្រះអម្ចាស់ជាមួយគ្នា។ ២៤ នៅគ្រានោះ ជនជាតិអ៊ីស្រាអែលនឹងមករួមជាមួយជនជាតិអេស៊ីប និងជនជាតិអាស្ស៊ីរី ហើយជនជាតិទាំងបីនឹងធ្វើឲ្យពិភពលោកទាំងមូលស្គាល់ព្រះពរ។ ២៥ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងប្រទានពរដល់ពួកគេថា: «សូមឲ្យអេស៊ីបជាប្រជាជនរបស់យើង ព្រមទាំងអាស្ស៊ីរី ដែលយើងបានបង្កើតមក និងអ៊ីស្រាអែលជាចំណែកមត៌ករបស់យើង បានទទួលពរ!»។
២០
ទីសម្គាល់របស់ព្យាការីអេសាយស្តីអំពីជ័យជម្នះរបស់ជនជាតិអាស្ស៊ីរីលើជនជាតិអេស៊ីប
១ នៅគ្រាដែលមេទ័ពរបស់ជនជាតិអាស្ស៊ីរីវាយដណ្ដើមយកបានក្រុងអាស្តូត តាមបញ្ជារបស់ព្រះចៅសារកូន ជាស្តេចស្រុកអាស្ស៊ីរី ២ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេសាយ ជាកូនរបស់លោកអម៉ុសថា៖ «ចូរស្រាយបាវដែលអ្នកស្លៀកជាប់នឹងចង្កេះ និងដោះស្បែកជើងចេញទៅ»។ លោកអេសាយធ្វើតាម គឺលោកដើរខ្លួនទទេ ហើយក៏មិនពាក់ស្បែកជើងដែរ។ ៣ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អេសាយជាអ្នកបម្រើរបស់យើង ដើរខ្លួនទទេ ហើយឥតពាក់ស្បែកជើងដូច្នេះ ទុកជាទីសម្គាល់ និងជាប្រផ្នូលអំពីហេតុការណ៍ដែលនឹងកើតមាននៅស្រុកអេស៊ីប និងស្រុកអេត្យូពី ក្នុងរយៈពេលបីឆ្នាំទៀត ៤ គឺស្តេចស្រុកអាស្ស៊ីរីនឹងចាប់អ្នកស្រុកអេស៊ីបនាំទៅជាឈ្លើយសឹក ព្រមទាំងជន្លៀសអ្នកស្រុកអេត្យូពីទាំងក្មេងទាំងចាស់យកទៅដែរ ពួកគេនឹងចេញទៅខ្លួនទទេ ឥតពាក់ស្បែកជើង គឺនៅអាក្រាត។ ជនជាតិអេស៊ីបនឹងត្រូវអាម៉ាស់ជាខ្លាំង!។ ៥ ពេលនោះ អស់អ្នកដែលយកស្រុកអេត្យូពីធ្វើជាបង្អែក និងអស់អ្នកដែលយកស្រុកអេស៊ីបធ្វើជាទីពឹង មុខជាត្រូវអស់សង្ឃឹម និងខកចិត្តមិនខាន។ ៦ នៅពេលនោះ ប្រជាជនដែលរស់នៅតាមឆ្នេរសមុទ្រនេះ នឹងនាំគ្នាពោលថា៖ “មើល៍ ស្រុកដែលយើងចាត់ទុកជាទីសង្ឃឹម ជាជម្រកសម្រាប់រត់ទៅជ្រកកោន ដើម្បីឲ្យរួចផុតពីកណ្ដាប់ដៃរបស់ស្តេចស្រុកអាស្ស៊ីរី ធ្លាក់ដល់កម្រិតហ្នឹងទៅហើយ តើធ្វើដូចម្ដេចឲ្យយើងអាចរួចខ្លួនបាន?”»។
២១
ស្រុកបាប៊ីឡូននឹងត្រូវរលំ
១ សេចក្ដីប្រកាសស្តីអំពីតំបន់វាលរហោស្ថាននៅជាប់នឹងសមុទ្រ:
ខ្មាំងសត្រូវនឹងនាំគ្នាចេញមកពីវាលរហោស្ថាន
គឺពីស្រុកដែលគួរឲ្យស្ញែងខ្លាច
ដូចខ្យល់ព្យុះសង្ឃរាបក់បោកនៅ
វាលរហោស្ថានណេកិបដែរ។
២ ខ្ញុំបានឃើញហេតុការណ៍មួយគួរឲ្យព្រឺខ្លាច
គឺសម្ពន្ធមិត្តនឹងក្បត់គ្នាឯង
មេបំផ្លាញនឹងបំផ្លិចបំផ្លាញ។
កងទ័ពអេឡាមអើយ ចូរនាំគ្នាវាយលុកទៅ
កងទ័ពម៉ែដអើយ ចូរនាំគ្នាឡោមព័ទ្ធទៅ
ដ្បិតព្រះអម្ចាស់នឹងធ្វើឲ្យពួកគេបាក់អំនួត
ទាំងអស់គ្នា។
៣ ហេតុនេះហើយបានជាខ្ញុំឈឺចាប់
សព្វសព៌ាង្គកាយ
ខ្ញុំឈឺចុកចាប់ដូចស្ត្រីកំពុងតែសម្រាលកូន។
ខ្ញុំរំជួលចិត្ត រកស្ដាប់អ្វីមិនឮ ខ្ញុំរន្ធត់ចិត្ត
រកមើលអ្វីមិនឃើញសោះឡើយ។
៤ ខ្ញុំលែងមានកម្លាំងចិត្តទៀតហើយ
គឺចិត្តភ័យខ្លាចគ្របដណ្តប់មកលើខ្ញុំ។
ខ្ញុំទន្ទឹងរង់ចាំពេលយប់មកដល់ ដើម្បីសម្រាក
តែយប់នោះក្លាយទៅជាយប់ដ៏ខ្លោចផ្សា
សម្រាប់ខ្ញុំទៅវិញ។
៥ ពេលគេកំពុងតែរៀបចំម្ហូបអាហារ
និងក្រាលកម្រាលព្រំ
ពេលគេកំពុងតែជប់លៀង
ស្រាប់តែមានឮសំឡេងស្រែកឡើងថា:
ពួកនាយទាហានអើយ ចូរក្រោកឡើង
នាំគ្នារៀបចំគ្រឿងសាស្ត្រាវុធទៅ!
៦ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា:
ចូរដាក់មនុស្សចាំឃ្លាំមើល
ដើម្បីផ្តល់ដំណឹងនូវអ្វីៗដែលគេមើលឃើញ។
៧ ប្រសិនបើគេឃើញរទេះចម្បាំង
ដែលទឹមដោយសេះមួយគូ
និងឃើញទាហានម្នាក់ជិះលា ឬជិះអូដ្ឋមក
គេត្រូវតែប្រុងប្រយ័ត្នខ្លួនឲ្យមែនទែន។
៨ អ្នកដែលឃ្លាំមើលនោះត្រូវស្រែកឡើងថា:
«លោកម្ចាស់ ខ្ញុំប្របាទនៅចាំយាមក្នុងប៉មនេះ
ពេញមួយថ្ងៃ
ខ្ញុំប្របាទស្ថិតនៅកន្លែងយាមនេះ អស់មួយយប់»
៩ មើលហ្ន៎! មានមនុស្សម្នាក់ជិះរទេះចម្បាំង
ដែលទឹមដោយសេះមួយគូ មកដល់
ហើយស្រែកថា: «ក្រុងបាប៊ីឡូនរលំហើយ
ក្រុងបាប៊ីឡូនរលំហើយ!
រីឯរូបព្រះទាំងប៉ុន្មានរបស់ក្រុងនេះ
ក៏ធ្លាក់បាក់បែកខ្ទេចខ្ទីអស់ដែរ!»។
១០ ឱប្រជាជនរបស់ខ្ញុំអើយ
អ្នកត្រូវគេបង្ក្រាបដូចស្រូវដែលគេបោកបែន
ឥឡូវនេះ អ្វីៗដែលព្រះអម្ចាស់នៃពិភពទាំងមូល
ជាព្រះនៃជនជាតិអ៊ីស្រាអែល
បានប្រាប់ឲ្យខ្ញុំដឹង
ខ្ញុំក៏យកមកប្រកាស ជាដំណឹងដល់អ្នករាល់ដែរ!។
ព្រះបន្ទូលប្រឆាំងនឹងក្រុងឌូម៉ា និងស្រុកអារ៉ាប៊ី
១១ សេចក្ដីប្រកាសស្តីអំពីក្រុងឌូម៉ា:
មានគេស្រែកប្រាប់ខ្ញុំពីស្រុកសៀរមកថា:
អ្នកយាមអើយ យប់ថ្មើរណាហើយ?
អ្នកយាមអើយ យប់ថ្មើរណាហើយ?
១២ អ្នកយាមតបមកវិញថា:
ជិតភ្លឺហើយ ប៉ុន្តែ នៅតែយប់ដដែល។
ប្រសិនបើអ្នករាល់គ្នាចង់បានចម្លើយ
ចូរវិលមកសួរម្ដងទៀតចុះ។
១៣ សេចក្ដីប្រកាសស្តីអំពីស្រុកអារ៉ាប៊ី។
ជនជាតិដេដាន់ដែលធ្វើដំណើរជាក្រុមៗអើយ
នៅពេលយប់ ចូរនាំគ្នាស្នាក់នៅតាមគុម្ពោត
ក្នុងស្រុកអារ៉ាប៊ីនេះហើយ!
១៤ អ្នកស្រុកតេម៉ាអើយ
ចូរយកទឹកទៅឲ្យអស់អ្នកដែលស្រេក
ចូរនាំគ្នាយកអាហារទៅទទួល
ជនភៀសខ្លួនទាំងនោះផង!
១៥ អ្នកទាំងនោះរត់គេចពីមុខដាវ
គឺរត់គេចពីមុខដាវដែលហូតចេញពីស្រោម
រត់គេចពីធ្នូដែលគេយឹតបម្រុងនឹងបាញ់
ហើយរត់ចេញពីសង្គ្រាមដ៏សែនវេទនា
១៦ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «នៅមួយឆ្នាំទៀត ដោយគិតចាប់ពីថ្ងៃនេះទៅ ស្រុកកេដារនឹងបាត់បង់ភាពរុងរឿងរបស់ខ្លួនទាំងស្រុង។ ១៧ ទាហានបាញ់ធ្នូដ៏ពូកែរបស់ស្រុកកេដារ នឹងនៅសល់តែមួយចំនួនដ៏តូចប៉ុណ្ណោះ»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។
២២
ព្រះបន្ទូលព្រមានក្រុងយេរូសាឡឹម
១ សេចក្ដីប្រកាសស្តីអំពីជ្រលងភ្នំ
នៃនិមិត្តហេតុអស្ចារ្យ:
យេរូសាឡឹមអើយ!
តើមានរឿងអ្វីកើតឡើងដល់អ្នក
បានជាប្រជាជនរបស់អ្នក
នាំគ្នាអង្គុយនៅមុខផ្ទះដូច្នេះ?
២ ហេតុអ្វីបានជាក្រុងនេះមានពេញទៅដោយ
ភាពអ៊ូអរ និងសំឡេងហ៊ោកញ្ជ្រៀវបែបនេះ?
ទាហានរបស់អ្នក ដែលស្លាប់
មិនមែនស្លាប់ដោយមុខដាវទេ
ហើយក៏មិនមែនស្លាប់លើសមរភូមិដែរ។
៣ នាយទាហានរបស់អ្នកត្រូវបរាជ័យ
បាក់ទ័ពរត់នៅមុខពលបាញ់ធ្នូរបស់ខ្មាំង។
ទោះបីពួកគេរត់ទៅឆ្ងាយយ៉ាងណាក្តី
ក៏ខ្មាំងសត្រូវចាប់បានពួកគេ
យកទៅជាឈ្លើយដែរ។
៤ ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា
កុំរវីរវល់នឹងខ្ញុំអី
ទុកឲ្យខ្ញុំយំសោកយ៉ាងជូរចត់ទៅ
មិនបាច់ខ្វល់ខ្វាយនឹងសម្រាលទុក្ខខ្ញុំ
ព្រោះតែទីក្រុងនៃប្រជាជនរបស់ខ្ញុំ
ត្រូវអន្តរាយនោះឡើយ
៥ ដ្បិតថ្ងៃនេះ ព្រះជាអម្ចាស់នៃពិភពទាំងមូល
ធ្វើឲ្យមានចលាចល
បរាជ័យ និងភាពច្របូកច្របល់។
នៅក្នុងជ្រលងភ្នំនៃនិមិត្តហេតុដ៏អស្ចារ្យនេះ
កំពែងក្រុងត្រូវស្រុត
អ្នកក្រុងស្រែកអង្វរហៅរកជំនួយពីលើភ្នំ។
៦ កងទ័ពអេឡាមស្ពាយបំពង់ព្រួញមក
ហើយក៏មានរទេះចម្បាំង និងកងពលសេះ
មកជាមួយដែរ។
រីឯកងទ័ពគៀរនាំគ្នារៀបចំខែល។
៧ យេរូសាឡឹមអើយ!
ជ្រលងភ្នំដ៏ស្រស់បំព្រងរបស់អ្នក
មានពេញទៅដោយរទេះចម្បាំង
ហើយកងពលសេះតំរៀបគ្នា
នៅមាត់ទ្វាររបស់អ្នក។
៨ យូដាគ្មានអ្វីការពារខ្លួនទេ
នៅថ្ងៃនោះ អ្នកបែរចិត្តទៅរកគ្រឿង
សាស្ត្រាវុធនៅក្នុងប្រាសាទព្រៃ។
៩ អ្នករាល់គ្នាបានឃើញកំពែងក្រុង
របស់ព្រះបាទដាវីឌ បាក់បែកជាច្រើនកន្លែង
អ្នករាល់គ្នាបានប្រមូលទឹកទុកបង្ការ
នៅក្នុងស្រះប៉ែកខាងក្រោម។
១០ អ្នករាល់គ្នារាប់ចំនួនផ្ទះនៅក្នុង
ក្រុងយេរូសាឡឹម
ហើយអ្នករាល់គ្នារំលំផ្ទះខ្លះ
ដើម្បីឲ្យងាយការពារកំពែងក្រុង។
១១ អ្នករាល់គ្នាជីកអាងទឹក
នៅចន្លោះកំពែងទាំងពីរ
ដើម្បីបង្ហូរទឹកពីស្រះចាស់មក។
ប៉ុន្តែ អ្នករាល់គ្នាពុំបាននឹកដល់ព្រះជាម្ចាស់
ដែលបានធ្វើការអស់ទាំងនេះទេ
អ្នករាល់គ្នាពុំចាប់អារម្មណ៍នឹងព្រះអង្គ
ដែលរៀបចំគម្រោងការនេះ
តាំងពីយូរណាស់មកហើយ។
១២ នៅគ្រានោះ ព្រះជាអម្ចាស់នៃពិភពទាំងមូល
បានហៅអ្នករាល់គ្នាឲ្យយំសោកសង្រេង
កោរសក់ និងស្លៀកបាវកាន់ទុក្ខ
១៣ តែអ្នករាល់គ្នាបែរជាធ្វើបុណ្យ សើចសប្បាយ
គឺអ្នករាល់គ្នាសម្លាប់គោ សម្លាប់ចៀម
ហើយស៊ីផឹកជប់លៀងទៅវិញ!
អ្នករាល់គ្នាពោលថា: “យើងនាំគ្នាស៊ីផឹកទៅ
ដ្បិតស្អែកយើងនឹងស្លាប់ហើយ!” ។
១៤ ប៉ុន្តែ ព្រះអម្ចាស់នៃពិភពទាំងមូល
បានសម្ដែងឲ្យខ្ញុំដឹងថា
រហូតដល់អ្នករាល់គ្នាស្លាប់
ក៏ព្រះអង្គមិនលើកលែងទោសអ្នករាល់គ្នាទេ។
- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់
នៃពិភពទាំងមូល។
លោកអភិបាលសិបណានឹងត្រូវបាត់មុខតំណែង
១៥ ព្រះជាអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលមកខ្ញុំថា: «ចូរទៅជួបលោកសិបណា ជាមន្ត្រីមើលខុសត្រូវក្នុងព្រះរាជវាំង ប្រាប់គាត់ដូចតទៅ:
១៦ តើអ្នកមានឋានៈអ្វី ជាពូជពង្សស្តេចណា
បានជាអ្នកហ៊ានជីកផ្នូរទុកនៅក្នុងវាំងដូច្នេះ?
អ្នកដាប់ថ្មធ្វើផ្នូរទុកសម្រាប់ខ្លួន នៅលើទីខ្ពស់!
១៧ ឥស្សរជនអើយ!
ព្រះអម្ចាស់នឹងរំលំអ្នកយ៉ាងទាន់ហន់
ព្រះអង្គនឹងចងអ្នកមិនឲ្យរើរួចឡើយ។
១៨ ព្រះអង្គនឹងបោះអ្នកឲ្យរមៀល
ដូចគេបោះកូនគោលនៅលើដីដ៏ធំទូលាយ
អ្នកនឹងស្លាប់លើដីនោះ
ជាមួយរថដ៏រុងរឿងរបស់អ្នក
ដ្បិតអ្នកបានបន្ថោកវាំងរបស់ម្ចាស់អ្នក!
១៩ យើងនឹងបណ្តេញអ្នកចេញពីមុខតំណែង
ហើយដកបុណ្យស័ក្តិរបស់អ្នកទៀតផង។
២០ នៅថ្ងៃនោះ យើងនឹងហៅអ្នកបម្រើរបស់យើង
ឲ្យមក គឺអេលីយ៉ាគីមជាកូនហ៊ីលគីយ៉ា
២១ យើងនឹងយកអាវកិត្តិយស និងសង្វាររបស់អ្នក
មកបំពាក់ឲ្យគាត់។
យើងនឹងដកអំណាចរបស់អ្នក
ប្រគល់ទៅឲ្យគាត់។
គាត់នឹងថែរក្សាអ្នកក្រុងយេរូសាឡឹម
និងអ្នកស្រុកយូដា ដូចឪពុកថែរក្សាកូន។
២២ យើងនឹងប្រគល់កូនសោវាំង
របស់ស្តេចដាវីឌឲ្យគាត់
បើគាត់បើក គ្មាននរណាបិទបានទេ
ហើយបើគាត់បិទ ក៏គ្មាននរណាបើកបានដែរ។ ២៣ យើងនឹងតាំងគាត់ឲ្យមានជំហររឹងប៉ឹង
ដូចដែកគោលដែលបោះភ្ជាប់លើឈើខ្លឹម
គាត់នឹងធ្វើឲ្យវង្សត្រកូលរបស់គាត់
មានកិត្តិយសថ្លៃថ្នូរ។
២៤ សាច់ញាតិរបស់គាត់ ទាំងតូច ទាំងធំ
នឹងពឹងផ្អែកលើគាត់ទាំងអស់គ្នា
គឺប្រៀបដូចជាចាន ឆ្នាំង និងថូ
ដែលគេដាក់ក្នុងសង្រែក
ហើយព្យួរនឹងដែកគោលតែមួយ។
២៥ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា:
“នៅគ្រានោះ ដែកគោលដែលបោះភ្ជាប់
លើឈើខ្លឹមនោះនឹងបាក់របូតធ្លាក់ចុះមក
ហើយអ្វីៗដែលព្យួរនៅនឹងដែកគោលនោះ
ក៏បាក់បែកខ្ទេចខ្ទីអស់ដែរ”»
- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
២៣
ព្រះបន្ទូលស្តីអំពីក្រុងទីរ៉ុស និងក្រុងស៊ីដូន
១ សេចក្ដីប្រកាសស្តីអំពី
ក្រុងទីរ៉ុស:
នាវាមកពីស្រុកតារស៊ីសអើយ
ចូរនាំគ្នាស្រែកយំទៅ
ដ្បិតកំពង់ផែរបស់ក្រុងទីរ៉ុសវិនាសសូន្យ
ឥតមានសល់ផ្ទះ ឥតមានកន្លែងចូលសំចត
ទៀតឡើយ!។
ពួកគេបានឃើញដូច្នេះ នៅពេលធ្វើដំណើរ
មកពីកោះគីប្រុស។
២ អ្នករាល់គ្នាដែលរស់នៅតាមឆ្នេរសមុទ្រ
អ្នករាល់គ្នាជាឈ្មួញនៅស្រុកស៊ីដូនដែលចាត់
មនុស្សឲ្យទៅរកស៊ីតាមសមុទ្រអើយ
ចូរនាំគ្នាតក់ស្លុត និយាយលែងចេញ!។
៣ អ្នកស្រុកស៊ីដូនបានប្រមូលភោគផលទាំងប៉ុន្មាន
ដែលគេដាំនៅតាមដងទន្លេនីល
ភោគសម្បត្តិរបស់ប្រជាជាតិទាំងឡាយ
សុទ្ធតែនៅប្រមូលផ្តុំក្នុងក្រុងស៊ីដូនទាំងអស់។
៤ ស៊ីដូនជាក្រុងដ៏រឹងមាំនៅតាមឆ្នេរសមុទ្រអើយ
អ្នកត្រូវអាម៉ាស់ហើយ
ដ្បិតសមុទ្រពោលថា:
ខ្ញុំពុំធ្លាប់ឈឺផ្ទៃ ខ្ញុំពុំធ្លាប់បង្កើតកូន
ហើយក៏ពុំធ្លាប់ចិញ្ចឹមកូនកម្លោះកូនក្រមុំដែរ។
៥ ពេលដំណឹងនេះលេចឮទៅដល់ស្រុកអេស៊ីប
អ្នកស្រុកនាំគ្នាភ័យញ័រ ដូចកាលដែលគេបាន
ឮដំណឹងពីហេតុការណ៍ដែលកើតមាន
ដល់ក្រុងទីរ៉ុសដែរ។
៦ អ្នកដែលរស់នៅតាមឆ្នេរសមុទ្រអើយ
ចូរនាំគ្នាឆ្លងទៅស្រុកតារស៊ីស
ហើយស្រែកយំនៅទីនោះទៅ!។
៧ តើនេះឬទីក្រុងរបស់អ្នករាល់គ្នា
ជាកន្លែងដែលធ្លាប់តែមានមនុស្សអ៊ូអរ
ជាក្រុងដែលមានកំណើតពីបុរាណកាលមក
ហើយធ្លាប់ត្រួតត្រាស្រុកឆ្ងាយៗនោះ?
៨ តើនរណាសម្រេចរំលាយក្រុងទីរ៉ុសដូច្នេះ?
ដ្បិតក្រុងទីរ៉ុសធ្លាប់តែងតាំងស្តេច
ឲ្យគ្រងរាជ្យលើស្រុកនានា
អ្នករកស៊ីពីក្រុងនេះសុទ្ធតែជាមេដឹកនាំ
ហើយមនុស្សម្នាលើផែនដីទាំងមូល តែងតែ
គោរពអ្នកជំនួញរបស់ក្រុងនេះគ្រប់ៗគ្នា។
៩ ព្រះអម្ចាស់នៃពិភពទាំងមូលបានសម្រេចដូច្នេះ
ដើម្បីបំបាក់អំនួតរបស់អស់អ្នកដែល
ស្រឡាញ់កិត្តិយស
និងដើម្បីបន្ទាបអស់អ្នកដែលតម្កើងខ្លួន
នៅលើផែនដីនេះ។
១០ ទីរ៉ុសអើយ ចូរភ្ជួររាស់ដីរបស់អ្នក
ដូចគេភ្ជួររាស់នៅតាមទន្លេនីល
ដ្បិតលែងមានកំពង់ផែសម្រាប់ឲ្យនាវា
មកពីស្រុកតារស៊ីសចូលចតទៀតហើយ!។
១១ ព្រះអម្ចាស់បានលាតព្រះហស្ដទៅលើសមុទ្រ
ព្រះអង្គបានធ្វើឲ្យនគរទាំងឡាយញាប់ញ័រ
ព្រះអង្គបានបញ្ជាឲ្យជនជាតិកាណាន
កម្ទេចក្រុងដែលមានកំពែងរឹងមាំរបស់ខ្លួន។
១២ ព្រះអង្គមានព្រះបន្ទូលថា:
អ្នកក្រុងស៊ីដូន ដែលត្រូវគេធ្វើបាបអើយ
អ្នកនឹងលែងបានធ្វើបុណ្យយ៉ាងសប្បាយ
តទៅមុខទៀតហើយ
ទោះបីអ្នករូតរះឆ្លងទៅកោះគីប្រុសក្តី
ក៏នៅតែពុំបានសម្រាកដែរ។
១៣ ចូរមើលទៅស្រុកខាល់ដេ!
ស្រុកនោះលែងមានប្រជាជនទៀតហើយ
ព្រោះជនជាតិអាស្ស៊ីរីបានធ្វើឲ្យស្រុកនោះ
ក្លាយទៅជាជម្រករបស់សត្វព្រៃ។
ពួកគេបានដំឡើងប៉មចាំយាម
ហើយផ្តួលរំលំដំណាក់ទាំងឡាយនៅក្រុងទីរ៉ុស
ឲ្យបាក់បែកអស់។
១៤ នាវាទាំងឡាយដែលមកពីស្រុកតារស៊ីសអើយ
ចូរស្រែកយំទៅ ដ្បិតទីក្រុងជាជម្រករបស់អ្នករាល់គ្នា
រលាយសូន្យបាត់ទៅហើយ!
១៥ នៅគ្រានោះ ក្រុងទីរ៉ុសនឹងត្រូវគេលែងនឹកនាអស់រយៈពេលចិតសិបឆ្នាំ ពោលគឺរយៈពេលមួយរជ្ជកាលរបស់ស្តេចមួយអង្គ។ លុះផុតពេលចិតសិបឆ្នាំនេះទៅ នឹងមានហេតុការណ៍កើតឡើងដល់ក្រុងនេះ ស្របនឹងចម្រៀងស្តីអំពីស្ត្រីពេស្យាថា:
១៦ «ស្ត្រីពេស្យាដែលគេបំភ្លេចចោលអើយ
ចូរយកចាប៉ីមួយមក
ហើយដើរព័ទ្ធជុំវិញទីក្រុងទៅ!
ចូរលេងឲ្យពីរោះ
ចូរច្រៀងហើយច្រៀងទៀតទៅ
ដើម្បីឲ្យគេនឹកនាដល់នាងវិញ!»។
១៧ លុះចិតសិបឆ្នាំកន្លងផុតទៅ ព្រះអម្ចាស់នឹងយាងមកសង្គ្រោះក្រុងទីរ៉ុស តែក្រុងនេះវិលទៅរកស៊ីយ៉ាងថោកទាបវិញ គឺវានឹងលក់ខ្លួនឲ្យនគរទាំងប៉ុន្មានក្នុងសកលលោកនេះ។ ១៨ ប៉ុន្តែ កម្រៃ និងប្រាក់ចំណេញដែលក្រុងនេះរកបាន នឹងត្រូវញែកថ្វាយព្រះអម្ចាស់ គ្មាននរណាអាចប្រមូលទ្រព្យទាំងនេះទុកឡើយ ដ្បិតរបស់ទ្រព្យទាំងនេះនឹងត្រូវបម្រុងទុកជាអាហារ សម្រាប់ពួកអ្នកបម្រើព្រះអម្ចាស់ និងជាសម្លៀកបំពាក់ដ៏ថ្លៃថ្នូរសម្រាប់ពួកគេ។
២៤
ព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសផែនដី
១ ព្រះអម្ចាស់នឹងបំផ្លាញផែនដី
ឲ្យវិនាស។
ព្រះអង្គនឹងរំលើងផែនដី ហើយកម្ចាត់កម្ចាយ
មនុស្សម្នាដែលរស់នៅលើផែនដី
២ គឺបូជាចារ្យក៏ដូចប្រជាជន
ម្ចាស់ប្រុសក៏ដូចទាសា
ម្ចាស់ស្រីក៏ដូចទាសី
អ្នកលក់ក៏ដូចអ្នកទិញ
ម្ចាស់របស់ក៏ដូចអ្នកខ្ចី
ម្ចាស់បំណុលក៏ដូចកូនបំណុលដែរ។
៣ ផែនដីនឹងត្រូវវិនាសហិនហោចទាំងស្រុង
ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។
៤ មនុស្សនៅផែនដីនឹងកាន់ទុក្ខ
គេធ្លាក់ខ្លួនខ្សោយ
ឥតមានកម្លាំងកំហែងទៀតទេ
វត្ថុស័ក្តិសិទ្ធិទាំងឡាយនឹងអស់ឫទ្ធិ។
៥ ផែនដីក្លាយទៅជាអាស្រូវ
ដោយសារមនុស្សជាន់ឈ្លី
គឺពួកគេបានបំពានលើវិន័យ
ពួកគេរំលោភដំបូន្មានរបស់ព្រះអម្ចាស់
ហើយពួកគេបានផ្ដាច់
សម្ពន្ធមេត្រីអស់កល្បជានិច្ច
ដែលព្រះអង្គចងជាមួយគេ។
៦ ហេតុនេះហើយបានជាផែនដីត្រូវបណ្ដាសា
មនុស្សម្នានៅលើផែនដីមានទោស
ព្រោះតែអំពើដែលគេបានប្រព្រឹត្ត។
ពួកគេនឹងត្រូវវិនាស
ហើយនៅសេសសល់តែមួយចំនួនតូចប៉ុណ្ណោះ។
៧ សូម្បីតែស្រាទំពាំងបាយជូរថ្មីក៏កាន់ទុក្ខដែរ
ចម្ការទំពាំងបាយជូរត្រូវហិនហោចអស់
អស់អ្នកដែលធ្លាប់តែសប្បាយ
បែរជាស្រែកថ្ងូរទៅវិញ។
៨ សំឡេងស្គររបាំដ៏សប្បាយលែងឮទៀតហើយ
សំឡេងហ៊ោខ្ញៀវខ្ញារក៏ត្រូវចប់
ហើយសំឡេងចាប៉ីដ៏ពីរោះ
ក៏លែងមានទៀតដែរ។
៩ ពេលនោះ មនុស្សម្នាលែងផឹកស្រា
ទាំងច្រៀងទៀតហើយ
ស្រាឆ្ងាញ់បែរជាជូរល្វីងដល់អ្នកផឹកទៅវិញ។
១០ ក្រុងដែលគ្មានមនុស្សនៅនឹងត្រូវរលំ
ផ្ទះទាំងឡាយត្រូវបិទទ្វារចោល
គ្មាននរណាអាចចូលបានទៀតឡើយ។
១១ នៅតាមផ្លូវ មនុស្សម្នានាំគ្នាត្អូញត្អែរ
ព្រោះរកស្រាផឹកមិនបាន
ការរីករាយក៏លែងមាន
ហើយក៏គ្មានអំណរសប្បាយ
នៅក្នុងស្រុកទៀតដែរ។
១២ ក្នុងទីក្រុងមានតែសំណល់បាក់បែក
ទ្វារក្រុងក៏ខូចខាតខ្ទេចខ្ទីអស់ដែរ។
១៣ ក្នុងចំណោមជាតិសាសន៍ទាំងឡាយ
នៅលើផែនដី
ប្រជាជនដែលនៅសេសសល់ មានចំនួនតិច
ដូចជាផ្លែអូលីវ និងផ្លែទំពាំងបាយជូរដែល
នៅសេសសល់ ក្រោយពេលគេបេះផ្លែចប់។
១៤ រីឯអ្នកដែលបានរួចជីវិត
នឹងនាំគ្នាបន្លឺសំឡេងលើកតម្កើងសិរីរុងរឿង
ព្រះអម្ចាស់ ដោយអំណររីករាយ។
ពួកគេមកពីស្រុកខាងលិចយ៉ាងសប្បាយ។
១៥ អស់អ្នកដែលរស់នៅទិសបូព៌ា
នាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់
ហើយអស់អ្នកដែលរស់នៅតាមកោះទាំងឡាយ
ក៏លើកតម្កើងព្រះនាមព្រះអម្ចាស់
ជាព្រះរបស់ជនជាតិអ៊ីស្រាអែលដែរ!
១៦ យើងបានឮសូរចម្រៀង
ពីចុងខាងនាយផែនដីមកថា:
«សូមលើកតម្កើងព្រះដ៏សុចរិត!»។
ប៉ុន្តែ ចំពោះខ្ញុំវិញ ខ្ញុំពោលថា:
ខ្ញុំវិនាសបាត់បង់ហើយ! ខ្ញុំវេទនាហើយ!
ពួកក្បត់ចេះតែប្រព្រឹត្តអំពើក្បត់ច្រើនឡើងៗ!
១៧ មនុស្សម្នានៅលើផែនដីអើយ
អ្នករាល់គ្នាមុខជាត្រូវញ័ររន្ធត់
ធ្លាក់រណ្ដៅ និងជាប់អន្ទាក់មិនខាន!
១៨ អ្នកដែលរត់គេចផុតពីការញ័ររន្ធត់
នឹងធ្លាក់ទៅក្នុងរណ្ដៅ
អ្នកដែលឡើងផុតពីរណ្ដៅ នឹងជាប់អន្ទាក់។
ទ្វារមេឃបើកចំហ បង្អុរទឹកចុះមក
ហើយគ្រឹះនៃផែនដីក៏កក្រើកដែរ។
១៩ ផែនដីប្រេះ ផែនដីបាក់បែក
ផែនដីរញ្ជួយញាប់ញ័រយ៉ាងខ្លាំង
២០ ឃ្លីងឃ្លោងដូចមនុស្សស្រវឹង
ហើយទ្រេតទ្រោតដូចខ្ទមត្រូវខ្យល់បក់បោក
ព្រោះអំពើបាបរបស់ផែនដីធ្ងន់ធ្ងរណាស់
ផែនដីត្រូវរលំ ក្រោកឡើងវិញពុំរួចឡើយ។
ចុងបញ្ចប់របស់អាណាចក្រនានា
២១ នៅថ្ងៃនោះ ព្រះអម្ចាស់នឹងធ្វើទោសអំណាចនានានៅស្ថានលើ ព្រមទាំងធ្វើទោសស្តេចទាំងឡាយ នៅផែនដីដែរ។ ២២ ព្រះអង្គនឹងប្រមូលអំណាចទាំងនោះ ដូចគេប្រមូលអ្នកទោសនៅក្នុងរណ្ដៅ ព្រះអង្គឃុំពួកគេទុក។ ច្រើនឆ្នាំកន្លងទៅមុខទៀត ទើបព្រះអង្គជំនុំជម្រះពួកគេ។
២៣ ពេលនោះ ព្រះច័ន្ទត្រូវបាក់មុខ
ព្រះអាទិត្យត្រូវអាម៉ាស់។
ព្រះអម្ចាស់នៃពិភពទាំងមូលនឹងគ្រងរាជ្យ
នៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹម
ហើយសិរីរុងរឿងរបស់ព្រះអង្គ
ភ្លឺចិញ្ចែងចិញ្ចាចនៅមុខអស់លោកព្រឹទ្ធាចារ្យ
របស់ព្រះអង្គ។
២៥
ទំនុកអរព្រះគុណ
១ ព្រះអម្ចាស់អើយ
ព្រះអង្គជាព្រះនៃទូលបង្គំ
ទូលបង្គំសូមកោតសរសើរ និងលើកតម្កើង
ព្រះកិត្តិនាមរបស់ព្រះអង្គ
ដ្បិតព្រះអង្គបានធ្វើកិច្ចការដ៏អស្ចារ្យ។
គម្រោងការដែលព្រះអង្គរៀបចំទុក
តាំងពីយូរយារណាស់មកហើយនោះ
សុទ្ធតែនៅជាប់លាប់ ឥតប្រែប្រួលឡើយ។
២ ព្រះអង្គបានរំលាយទីក្រុងឲ្យ
ក្លាយទៅជាគំនរឥដ្ឋ
ព្រះអង្គធ្វើឲ្យបុរីដែលមានកំពែងរឹងមាំ
ក្លាយទៅជាគំនរបាក់បែក
បន្ទាយរបស់ខ្មាំងបានរលាយសូន្យ
លែងមានឈ្មោះជាទីក្រុងទៀត
ហើយក៏គ្មាននរណាសង់ឡើងវិញឡើយ។
៣ ហេតុនេះហើយបានជាប្រជារាស្ដ្រដ៏ខ្លាំងពូកែ
នាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ
សូម្បីនៅក្នុងទីក្រុងរបស់ប្រជាជាតិដ៏សាហាវ
ក៏គេនាំគ្នាគោរពកោតខ្លាចព្រះអង្គដែរ
៤ ដ្បិតព្រះអង្គជាកំពែងការពារមនុស្ស
ទន់ខ្សោយ និងជាបង្អែករបស់មនុស្សទុរគត
ក្នុងពេលមានអាសន្ន
ព្រះអង្គក៏ជាជម្រកនៅពេលមានភ្លៀងព្យុះ
ហើយជាម្លប់បាំងកម្ដៅ
ព្រោះកំហឹងរបស់មនុស្សសាហាវ
ប្រៀបបាននឹងភ្លៀងព្យុះដ៏កំណាច។
៥ ព្រះអង្គបង្ក្រាបមនុស្សព្រៃឲ្យបាត់មាត់ឈឹង
ដូចព្រះអង្គបន្ថយកម្ដៅក្នុងទីហួតហែង។
ព្រះអង្គក៏ធ្វើឲ្យចម្រៀងជោគជ័យ
របស់មនុស្សសាហាវប្រែជាស្ងាត់សូន្យ
ដូចពពកបន្ថយកម្ដៅថ្ងៃដែរ។
៦ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងជប់លៀង
ប្រជាជនទាំងអស់នៅលើភ្នំស៊ីយ៉ូន
គឺមានម្ហូបដ៏ឆ្ងាញ់ពិសា
និងស្រាទំពាំងបាយជូរដ៏មានឱជារសបំផុត
មានសាច់ចំឡក និងស្រាទំពាំងបាយជូរ
ដែលគេសម្រាំងយ៉ាងល្អ។
៧ នៅលើភ្នំនោះ ព្រះអង្គនឹងដកស្បៃកាន់ទុក្ខ
ចេញពីជាតិសាសន៍ទាំងប៉ុន្មាន
ហើយក៏ដកវាំងននទុក្ខព្រួយចេញពី
ប្រជាជាតិទាំងអស់ដែរ។
៨ ព្រះអង្គនឹងបំបាត់សេចក្ដីស្លាប់រហូតតទៅ
ព្រះជាអម្ចាស់នឹងជូតទឹកភ្នែកចេញពីមុខ
របស់មនុស្សទាំងអស់។
ព្រះអង្គក៏ដកការអាម៉ាស់នៃប្រជារាស្ដ្រ
របស់ព្រះអង្គ ចេញពីទឹកដីទាំងមូលដែរ។
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៩ នៅថ្ងៃនោះ គេនឹងប្រកាសថា៖
«ព្រះជាម្ចាស់ជាព្រះនៃយើង
យើងបានផ្ញើជីវិតលើព្រះអង្គ
ហើយព្រះអង្គសង្គ្រោះយើង
យើងបានផ្ញើជីវិតលើព្រះអម្ចាស់មែន!
ចូរយើងសប្បាយរីករាយ និងមានអំណរឡើង
ដ្បិតព្រះអង្គសង្គ្រោះយើង!»។
១០ ព្រះអម្ចាស់ដាក់ព្រះហស្ដលើភ្នំនេះ
រីឯជនជាតិម៉ូអាប់នឹងត្រូវជាន់ឈ្លីនៅនឹងកន្លែង
ដូចចំបើងកប់នៅក្នុងលាមកសត្វ។
១១ នៅក្នុងរណ្ដៅលាមកសត្វ
ម៉ូអាប់បោះដៃ ដូចគេបោះដៃហែលទឹក
ប៉ុន្តែ ទោះបីគេខំប្រឹងយ៉ាងណាក្តី
ព្រះអម្ចាស់គង់តែបំបាក់អំនួត
របស់ជនជាតិនេះជាមិនខាន។
១២ ព្រះអម្ចាស់នឹងផ្តួលរំលំកំពែងដ៏ខ្ពស់ៗ
នៅស្រុកម៉ូអាប់
គឺព្រះអង្គធ្វើឲ្យរាបដល់ដី កប់ក្នុងធូលីដី។
២៦
ព្រះជាម្ចាស់ប្រទានជ័យជម្នះឲ្យប្រជារាស្ដ្រព្រះអង្គ
១ នៅថ្ងៃនោះ ក្នុងស្រុកយូដា
គេនឹងច្រៀងបទចម្រៀងដូចតទៅ:
«យើងមានក្រុងមួយដ៏រឹងមាំ
ព្រះអម្ចាស់ប្រទានការសង្គ្រោះមកយើង
ទុកជាកំពែង និងជញ្ជាំង ការពារយើង។
២ ចូរបើកទ្វារឲ្យប្រជាជាតិដ៏សុចរិត
ដែលមានចិត្តស្មោះស្ម័គ្រចូលផង!
៣ ព្រះអង្គប្រទានសេចក្ដីសុខសាន្តជានិច្ចនិរន្តរ៍
ដល់ប្រជាជាតិនេះ
ព្រោះគេមានជំហររឹងប៉ឹង
ហើយផ្ញើជីវិតលើព្រះអង្គ។
៤ ចូរនាំគ្នាផ្ញើជីវិតលើព្រះអម្ចាស់ជានិច្ចចុះ!
ដ្បិតព្រះអម្ចាស់ជាថ្មដាដែលនៅស្ថិតស្ថេរ
អស់កល្បជាអង្វែងតរៀងទៅ។
៥ ព្រះអង្គបន្ទាបមនុស្សមានចិត្តឆ្មើងឆ្មៃ
ព្រះអង្គផ្តួលរំលំក្រុងដែលស្ថិតនៅទីខ្ពស់ៗ
ឲ្យរាបដល់ដី កប់ក្នុងធូលី
៦ មនុស្សទន់ទាប និងមនុស្សទន់ខ្សោយ
នឹងដើរជាន់ក្រុងនោះ»។
៧ ឱព្រះអម្ចាស់អើយ!
ព្រះអង្គបង្ហាញឲ្យមនុស្សសុចរិតស្គាល់មាគ៌ាដ៏ទៀងត្រង់
ព្រះអង្គពង្រាបមាគ៌ារបស់មនុស្សសុចរិត
ឲ្យរាបស្មើ។
៨ ឱព្រះអម្ចាស់អើយ! យើងខ្ញុំផ្ញើជីវិតលើព្រះអង្គ
យើងខ្ញុំដើរតាមមាគ៌ា
ដែលព្រះអង្គបានត្រួសត្រាយទុក
ចិត្តយើងខ្ញុំប្រាថ្នាចង់តែថ្លែងអំពីព្រះនាម
របស់ព្រះអង្គប៉ុណ្ណោះ។
៩ នៅពេលយប់ ទូលបង្គំចង់នៅជិតព្រះអង្គ
ទូលបង្គំក៏ស្វែងរកព្រះអង្គអស់ពីដួងចិត្តដែរ។
ពេលព្រះអង្គដាក់ទោសមនុស្សនៅលើផែនដី
ស្របតាមការវិនិច្ឆ័យរបស់ព្រះអង្គ
ពួកគេនឹងស្គាល់សេចក្ដីសុចរិត។
១០ ប្រសិនបើព្រះអង្គលើកលែងទោសឲ្យ
មនុស្សអាក្រក់
នោះគេនឹងមិនដឹងថា សេចក្ដីសុចរិតជាអ្វីទេ
គឺគេនឹងប្រព្រឹត្តអំពើទុច្ចរិតនៅក្នុង
ស្រុកដ៏សុចរិតនេះ
ហើយមិនយល់ពីភាពថ្កុំថ្កើងរុងរឿង
របស់ព្រះអម្ចាស់ឡើយ។
១១ ឱព្រះអម្ចាស់អើយ!
អ្នកទាំងនោះពុំចាប់អារម្មណ៍ថា
ព្រះអង្គកំពុងតែគំរាមពួកគេទេ។
សូមឲ្យបច្ចាមិត្តត្រូវអាម៉ាស់
ដោយឃើញរបៀបដែលព្រះអង្គការពារ
ប្រជារាស្ដ្ររបស់ព្រះអង្គ។
សូមឲ្យភ្លើងឆេះបំផ្លាញពួកគេ។
១២ បពិត្រព្រះអម្ចាស់!
ព្រះអង្គប្រទានឲ្យយើងខ្ញុំបានសុខសាន្ត
អ្វីៗដែលយើងខ្ញុំប្រព្រឹត្ត
ព្រះអង្គធ្វើឲ្យបានសម្រេចទាំងអស់។
១៣ ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ!
ក្រៅពីព្រះអង្គ យើងខ្ញុំធ្លាប់មានម្ចាស់ជាច្រើន
ត្រួតត្រាលើយើងខ្ញុំ
ប៉ុន្តែ មានតែព្រះនាមព្រះអង្គមួយប៉ុណ្ណោះ
ដែលយើងខ្ញុំចង់គោរពបម្រើ។
១៤ អស់អ្នកដែលស្លាប់ផុតទៅហើយ
មិនរស់ឡើងវិញទេ
អ្នកទាំងនោះក្លាយទៅជាស្រមោល
គេមិនវិលត្រឡប់មកវិញឡើយ។
ព្រះអង្គបានធ្វើទោសពួកគេឲ្យវិនាសសូន្យ
ឥតមាននរណានឹកនាដល់ពួកគេទៀត។
១៥ ឱព្រះអម្ចាស់អើយ
ព្រះអង្គបានធ្វើឲ្យប្រជាជាតិយើងកើនចំនួនច្រើនឡើង
ព្រះអង្គលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ
ហើយពង្រីកព្រំប្រទល់ទឹកដីរបស់យើងខ្ញុំ។
១៦ ព្រះអម្ចាស់អើយ!
ពេលមានអាសន្ន យើងខ្ញុំមករកព្រះអង្គ
នៅពេលព្រះអង្គដាក់ទោស
យើងខ្ញុំទទូចអង្វរករព្រះអង្គ។
១៧ ឱព្រះអម្ចាស់អើយ!
ស្ត្រីមានផ្ទៃពោះហៀបនឹងសម្រាលកូន
ស្រែកថ្ងូរដោយ ឈឺចុកចាប់យ៉ាងណា
យើងខ្ញុំក៏ស្រែកថ្ងូរនៅចំពោះព្រះភ័ក្ត្ររបស់
ព្រះអង្គយ៉ាងនោះដែរ។
១៨ យើងខ្ញុំប្រៀបដូចជាស្ត្រីដែលមានផ្ទៃពោះ
យើងខ្ញុំឈឺចុកចាប់ តែឥតបង្កើតអ្វីសោះឡើយ
យើងខ្ញុំមិនបាននាំការសង្គ្រោះ
មកឲ្យមនុស្សលោកទេ
ហើយយើងខ្ញុំក៏មិនបានបង្កើតមនុស្សថ្មី
នៅលើផែនដីដែរ។
មនុស្សស្លាប់នឹងរស់ឡើងវិញ ការដាក់ទោសមនុស្សដែលប្រព្រឹត្តអំពើទុច្ចរិត
១៩ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
ក្នុងចំណោមអ្នករាល់គ្នា
អ្នកដែលស្លាប់ទៅហើយនឹងរស់ឡើងវិញ!
សាកសពរបស់គេនឹងក្រោកឡើង!
អស់អ្នកដែលដេកក្នុងធូលីដីអើយ
ចូរភ្ញាក់ឡើង!
ចូរនាំគ្នាស្រែកហ៊ោយ៉ាងសប្បាយរីករាយទៅ!
ទឹកសន្សើមធ្លាក់ចុះមកស្រោចស្រពផែនដី
ធ្វើឲ្យដំណាំដុះឡើងយ៉ាងណា
ព្រះអម្ចាស់នឹងប្រទានពន្លឺមក
ប្រោសអស់អ្នកដែលចែកស្ថានទៅហើយ
ឲ្យចេញពីដី
មានជីវិតឡើងវិញយ៉ាងនោះដែរ។
២០ ឱប្រជាជនរបស់ខ្ញុំអើយ!
ចូរនាំគ្នាចូលទៅក្នុងផ្ទះរបស់អ្នករាល់គ្នា
ហើយបិទទ្វារឲ្យជិត។
ត្រូវនៅសំងំលាក់ខ្លួន
រហូតទាល់តែព្រះអម្ចាស់លែងព្រះពិរោធ
២១ ដ្បិតព្រះអម្ចាស់យាងចេញពីព្រះដំណាក់
ដើម្បីដាក់ទោសមនុស្សនៅផែនដី
ដែលបានប្រព្រឹត្តអំពើទុច្ចរិត។
ពេលនោះ អំពើឧក្រិដ្ឋដែលមនុស្សប្រព្រឹត្ត
នៅលើផែនដី
នឹងលាក់លែងជិតទៀតហើយ
ហើយផែនដីក៏នឹងលែងលាក់អស់អ្នកដែលត្រូវ
គេសម្លាប់ទៀតដែរ។
២៧
១ នៅថ្ងៃនោះ ព្រះអម្ចាស់នឹងប្រើ ព្រះខ័នដ៏ធំ ហើយមុត និងប្រកបដោយមហិទ្ធិឫទ្ធិ ដើម្បីដាក់ទោសខ្មោចទឹក គឺពស់ដ៏កំសាក ហើយមានកលល្បិច ព្រះអង្គនឹងសម្លាប់សត្វនាគដ៏សម្បើមដែលស្ថិតនៅក្នុងសមុទ្រ។
ចម្ការទំពាំងបាយជូររបស់ព្រះអម្ចាស់
២ នៅថ្ងៃនោះ ចូរនាំគ្នាបន្លឺសំឡេងច្រៀង
សរសើរចម្ការទំពាំងបាយជូរ
ដែលផ្តល់ស្រាដ៏មានរសជាតិឆ្ងាញ់ពិសា។
៣ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
យើងថែរក្សាចម្ការទំពាំងបាយជូរ
យើងស្រោចទឹកវា ត្រូវតាមពេលកំណត់។
យើងយាមចម្ការនេះទាំងថ្ងៃទាំងយប់
ក្រែងលោមាននរណាលួចចូលមកបំផ្លាញ។
៤ យើងមិនខឹងសម្បារនឹងវាទៀតទេ
ប៉ុន្តែ ប្រសិនបើយើងឃើញ
បន្លា ឬអញ្ចាញដុះនៅក្នុងនោះ
យើងនឹងកាប់ឆ្ការវា
ព្រមទាំងដុតកម្ទេចចោលទៀតផង។
៥ បើគេចូលមកជ្រកកោននឹងយើង
ហើយចុះចូលសុំសេចក្ដីសុខសាន្តពីយើង
នោះយើងនឹងផ្តល់សេចក្ដីសុខសាន្តឲ្យគេ។
៦ នៅអនាគតកាល ពូជពង្សរបស់លោកយ៉ាកុប
នឹងចាក់ឫស
ពូជពង្សរបស់លោកអ៊ីស្រាអែល
នឹងមានពន្លកដុះចេញមក
រួចមានផ្កា មានផ្លែពាសពេញលើផែនដី។
៧ តើព្រះអម្ចាស់បានវាយប្រជារាស្ដ្ររបស់ព្រះអង្គ
ដូចព្រះអង្គវាយអស់អ្នក
ដែលបានវាយពួកគេឬទេ?
តើព្រះអង្គប្រហារជីវិតពួកគេ
ដូចព្រះអង្គប្រហារជីវិតអស់អ្នក
ដែលបានសម្លាប់ពួកគេឬទេ?។
៨ ទេ! ព្រះអម្ចាស់ដាក់ទោសប្រជារាស្ដ្រ
របស់ព្រះអង្គ ដោយនិរទេសពួកគេ
គឺព្រះអង្គបានបណ្តេញពួកគេ
ដោយសារខ្យល់បក់បោកយ៉ាងខ្លាំង
ពីបូព៌ាប្រទេស។
៩ ដោយព្រះអម្ចាស់លើកលែងទោសឲ្យ
កូនចៅរបស់លោកយ៉ាកុបរួចពីបាប
ពួកគេនឹងកម្ទេចថ្មអាសនៈ
របស់ព្រះក្លែងក្លាយឲ្យខ្ទេច
ដូចថ្មកំបោរដែលគេកម្ទេចឲ្យទៅជាធូលីដី
ព្រមទាំងផ្តួលរំលំបង្គោលរបស់ព្រះអាសេរ៉ា
និងកន្លែងថ្វាយសក្ការបូជាដល់ព្រះទាំងនោះ។
១០ ទីក្រុងដែលមានកំពែងដ៏រឹងមាំ
នឹងលែងមានមនុស្សនៅទៀតហើយ
គឺក្រុងនោះត្រូវគេបោះបង់ចោលឲ្យនៅ
ស្ងាត់ជ្រងំ ក្លាយទៅជាវាលស្មៅ
សម្រាប់គោមកដេក
ហើយស៊ីស្លឹកឈើតាមគុម្ពោតនៅទីនោះ។
១១ ពេលមែកឈើងាប់ វាបាក់ធ្លាក់ពីដើម
ស្រីៗមកប្រមូលយកទៅដុត។
ប្រជាជននេះមិនដឹងខុសត្រូវអ្វីសោះ
ហេតុនេះហើយបានជាព្រះអាទិកររបស់ពួកគេ
លែងអាណិតមេត្តាពួកគេ
ព្រះដែលបានបង្កើតពួកគេមក
លែងអត់ឱនដល់ពួកគេទៀតហើយ។
១២ នៅថ្ងៃនោះ ព្រះអម្ចាស់នឹងបោកបែនស្រូវ
ចាប់ពីទន្លេអឺប្រាត
រហូតដល់ទឹកជ្រោះស្រុកអេស៊ីប
ជនជាតិអ៊ីស្រាអែលអើយ នៅពេលនោះ
ព្រះអង្គនឹងប្រមូលអ្នករាល់គ្នាម្ដងមួយៗ។ ១៣ នៅថ្ងៃនោះ គេនឹងផ្លុំត្រែធំ
ប្រជាជនដែលខ្ចាត់ព្រាត់នៅស្រុកអាស្ស៊ីរី
ប្រជាជនដែលបែកខ្ញែកនៅស្រុកអេស៊ីប
នឹងនាំគ្នាវិលត្រឡប់មកវិញ
គេនឹងក្រាបថ្វាយបង្គំព្រះអម្ចាស់
នៅលើភ្នំដ៏វិសុទ្ធ គឺនៅក្រុងយេរូសាឡឹម។
២៨
ខ្យល់ព្យុះកម្ទេចរាជាណាចក្រខាងជើង
១ ក្រុងសាម៉ារី
ដែលជាអំនួតរបស់ពួកប្រមឹក
នៅរាជាណាចក្រអេប្រាអ៊ីម
មុខជាត្រូវវេទនាពុំខាន!
សម្ផស្សរបស់ក្រុងដែលស្ថិតនៅពីលើវាលទំនាប
ដ៏សម្បូណ៌សប្បាយនេះ
ប្រៀបដូចជាភួងផ្កាស្រពោននៅលើក្បាល
របស់ពួកប្រមឹកទាំងនោះ។
២ ព្រះអម្ចាស់ចាត់អ្នកខ្លាំងពូកែម្នាក់ឲ្យមក
អ្នកនោះប្រៀបដូចជាខ្យល់ព្យុះសង្ឃរា
ដែលធ្វើឲ្យមានគ្រាប់ព្រឹលធំៗធ្លាក់ចុះមក
ឬដូចភ្លៀងដែលបង្អុរចុះមកធ្វើឲ្យ
មានទឹកជំនន់យ៉ាងធំ។
ព្រះអង្គនឹងច្រានក្រុងនោះឲ្យរលំដល់ដី។
៣ ក្រុងដែលជាអំនួតរបស់ពួកប្រមឹកអេប្រាអ៊ីម
នឹងត្រូវខ្មាំងជាន់ឈ្លី។
៤ រីឯភួងផ្កាស្រពោនជាសម្ផស្សរបស់ក្រុងដែល
ស្ថិតនៅពីលើវាលទំនាបដ៏សម្បូណ៌សប្បាយ
ក៏ត្រូវវិនាស ដូចក្តឹបឧទុម្ពរនៅដើមរដូវ
ត្រូវគេបេះ ហើយទំពាលេបអស់ទៅ។
៥ នៅថ្ងៃនោះ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងបានដូចជាភួងផ្កាដ៏ស្រស់បំព្រង ជាមកុដ និងជាគ្រឿងអលង្ការ សម្រាប់ប្រជាជនរបស់ព្រះអង្គដែលនៅសេសសល់។ ៦ ព្រះអង្គនឹងប្រោសប្រទានឲ្យចៅក្រមកាត់ក្តីដោយយុត្តិធម៌ ព្រះអង្គនឹងប្រទានឲ្យអស់អ្នកការពារទឹកដីមានកម្លាំងរុញច្រានសត្រូវដែលមកយាយី។
ពួកប្រមឹកនាំគ្នាចំអកឲ្យព្យាការីអេសាយ
៧ រីឯអ្នកទាំងនេះក៏ត្រូវស្រាទំពាំងបាយជូរ
និងស្រាខ្លាំងៗ នាំឲ្យវង្វេងវង្វាន់ដែរ។
ពួកបូជាចារ្យ និងព្យាការី ត្រូវស្រាខ្លាំងៗ
នាំឲ្យវង្វេង។
សុរានាំឲ្យពួកគេស្រវឹងទ្រេតទ្រោត
ស្រាខ្លាំងនាំឲ្យគេវង្វេងវង្វាន់
បណ្តាលឲ្យគេឃើញនិមិត្តហេតុផ្តេសផ្តាស
ហើយសេចក្ដីអ្វីដែលគេប្រកាស
ក៏មិនច្បាស់លាស់ដែរ។
៨ តុរបស់គេប្រឡាក់ពេញដោយកំអួត
គួរឲ្យខ្ពើម
គឺរកកន្លែងស្អាតត្រង់ណាគ្មានសោះ។
៩ គេពោលថា:
«អេសាយនេះចង់បង្រៀនអ្វី?
តើគាត់ចង់ពន្យល់និមិត្តហេតុរបស់គាត់
ប្រាប់នរណា?
តើគាត់ចង់បង្ហាត់បង្រៀន
កូនង៉ាដែលគេទើបនឹងផ្ដាច់ដោះ
កូនង៉ាដែលគេលែងឲ្យបៅនោះឬ?
១០ គាត់ចេះតែពោលថា: “ក កា កិ កី…
អានាងធ្វើនេះ! អានាងធ្វើនោះ!” »
១១ ពិតមែនហើយ! ព្រះអម្ចាស់នឹងមានព្រះបន្ទូល
មកកាន់ប្រជាជននេះ
ដោយប្រើភាសាដែលពួកគេស្ដាប់មិនបាន
ព្រះអង្គនឹងយកភាសាដទៃទៀត
មកនិយាយជាមួយពួកគេ។
១២ ព្រះអង្គធ្លាប់មានព្រះបន្ទូលទៅពួកគេថា
“ទុកឲ្យអ្នកហត់នឿយ
មករកសម្រាកលំហែកាយចុះ”
តែពួកគេមិនព្រមស្ដាប់ព្រះអង្គទេ។
១៣ ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ពួកគេ ដូចបង្ហាត់កូនក្មេងថា: “ក កា កិ កី… អានាងធ្វើនេះ! អានាងធ្វើនោះ!” ដូច្នេះ ពួកគេនឹងជំពប់ដួល បាក់ដៃបាក់ជើង ហើយជាប់អន្ទាក់ចេញពុំរួចឡើយ។
១៤ មេដឹកនាំក្រុងយេរូសាឡឹម
ដែលចូលចិត្តតែនិយាយចំអកអើយ!
ចូរនាំគ្នាស្ដាប់ព្រះអម្ចាស់មានព្រះបន្ទូល
ដូចតទៅ:
១៥ អ្នករាល់គ្នាអះអាងថា
អ្នករាល់គ្នាចុះសន្ធិសញ្ញាជាមួយមច្ចុរាជ
ព្រមទាំងចុះកិច្ចព្រមព្រៀងជាមួយ
ស្ថានមនុស្សស្លាប់។
កាលណាមានគ្រោះកាចមកដល់
អ្នករាល់គ្នានឹងមិនត្រូវអន្តរាយឡើយ
ព្រោះអ្នករាល់គ្នាយកការកុហកធ្វើជាទីពឹង
និងយកការភូតភរជាជម្រក។
១៦ ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖
យើងនឹងយកថ្មមួយដុំមកដាក់ធ្វើជាគ្រឹះ
នៅក្រុងស៊ីយ៉ូន ដើម្បីល្បងមើលអ្នករាល់គ្នា។
ថ្មនោះជាថ្មដ៏សំខាន់ និងមានតម្លៃ
ហើយជាគ្រឹះដ៏មាំ។
អ្នកណាពឹងផ្អែកលើថ្មនេះ
អ្នកនោះមុខជាបានរឹងប៉ឹងមិនខាន។
១៧ យើងនឹងយកយុត្តិធម៌ធ្វើជារង្វាស់
ហើយយកសេចក្ដីសុចរិតធ្វើជាខ្នាត។
ខ្យល់ព្យុះនឹងបក់រំលើងការកុហក
ដែលជាទីពឹងរបស់អ្នករាល់គ្នា
ហើយទឹកក៏នឹងជន់ឡើង កួចយកការភូតភរ
ដែលជាជម្រករបស់អ្នករាល់គ្នាទៅដែរ។
១៨ សន្ធិសញ្ញាដែលអ្នករាល់គ្នាបានចុះ
ជាមួយមច្ចុរាជ នឹងត្រូវលុបបំបាត់
កិច្ចព្រមព្រៀងដែលអ្នករាល់គ្នាបានចុះជាមួយ
ស្ថានមនុស្សស្លាប់ ក៏ពុំអាចនៅស្ថិតស្ថេរបានដែរ
ពេលគ្រោះកាចមកដល់
អ្នករាល់គ្នានឹងត្រូវអន្តរាយជាមិនខាន។
១៩ រាល់ពេលដែលគ្រោះកាចនោះមកដល់ វានឹងបំផ្លាញអ្នករាល់គ្នា គ្រោះកាចនោះនឹងកើតមានរៀងរាល់ព្រឹក រៀងរាល់ថ្ងៃ និងរៀងរាល់យប់។ បើគ្រាន់តែឮសូរគេនិយាយ ក៏ធ្វើឲ្យញ័ររន្ធត់ដែរ។
២០ ពេលនោះ គ្រែដេកបែរទៅជាខ្លីពេក
រីឯភួយក៏តូចពេករកដណ្តប់ពុំបានដែរ។
២១ ព្រះអម្ចាស់នឹងយាងមក
ដូចកាលព្រះអង្គយាងមកនៅភ្នំពេរ៉ាស៊ីម
និងវាលទំនាបកាបូនដែរ
ព្រះអង្គក្រោកឡើងសម្ដែងឫទ្ធិបារមី
ដែលជាឫទ្ធិបារមីដ៏ចម្លែក
ព្រះអង្គបំពេញកិច្ចការរបស់ព្រះអង្គ
ដែលជាកិច្ចការខុសប្លែកពីធម្មតា។
២២ ឥឡូវនេះ ចូរឈប់និយាយចំអកទៀតទៅ ក្រែងលោចំណងរួបរឹតអ្នករាល់គ្នាកាន់តែតឹងថែមទៀត ដ្បិតព្រះជាអម្ចាស់នៃពិភពទាំងមូល បានប្រាប់ឲ្យខ្ញុំដឹងថា ព្រះអង្គសម្រេចរំលាយស្រុកនេះទាំងមូលរួចហើយ។
២៣ ចូរនាំគ្នាផ្ទៀងត្រចៀកស្ដាប់សំឡេងរបស់ខ្ញុំ
ចូរត្រងត្រាប់ស្ដាប់ពាក្យរបស់ខ្ញុំ!
២៤ តើអ្នកភ្ជួរដី ដើម្បីសាបព្រោះ
ចេះតែភ្ជួរជានិច្ចរហូតទៅឬ?
តើគាត់នៅតែភ្ជួរត្រឡប់ និងរាស់ដីជានិច្ចឬ?
២៥ ទេ មិនដូច្នោះទេ!
ពេលណាគាត់ភ្ជួររាស់ដីរាបស្មើហើយ
គាត់យកគ្រាប់សណ្តែក និងគ្រាប់ល្ងមកព្រោះ
គាត់ព្រោះពូជស្រូវ
ហើយព្រោះពូជស្រូវដំណើប
តាមកន្លែងដែលគាត់បានកំណត់ទុក
ព្រមទាំងព្រោះពូជស្រូវដែលមិនសូវល្អ
នៅកៀនៗ។
២៦ ព្រះជាម្ចាស់ប្រាប់ឲ្យគាត់ដឹងថា
តើត្រូវធ្វើយ៉ាងណាៗខ្លះ
ព្រះអង្គបង្ហាត់បង្រៀនគាត់។
២៧ ពេលបេះសណ្តែក បេះល្ងរួចហើយ
គាត់យកឈើមកវាយគ្រាប់សណ្តែក
និងយករំពាត់មកវាយគ្រាប់ល្ង
គឺគាត់មិនយករនាស់មករាស់សណ្តែក
ឬក៏យករទេះមកបរពីលើល្ងឡើយ។
២៨ រីឯស្រូវវិញ គាត់មិនកិនទេ
គឺគាត់គ្រាន់តែបោកបែនប៉ុណ្ណោះ
តែមិនមែនបោកបែនរហូតឡើយ។
គាត់បររទេះសេះបញ្ជាន់ស្រូវនោះ
តែគាត់មិនកិនវាឲ្យទៅជាម្សៅទេ។
២៩ គាត់ចេះធ្វើការទាំងនេះមកពី
ព្រះអម្ចាស់នៃពិភពទាំងមូលណែនាំ
ដំបូន្មានរបស់ព្រះអង្គគួរឲ្យកោតសរសើរ
ហើយព្រះប្រាជ្ញាញាណរបស់ព្រះអង្គ
ប្រសើរឧត្តុង្គឧត្ដមក្រៃលែង។
២៩
ព្រះបន្ទូលស្តីអំពីក្រុងយេរូសាឡឹម
១ ក្រុងអារីអែល ក្រុងអារីអែល
ជាបុរីដែលស្តេចដាវីឌបោះទ័ព
មុខជាត្រូវវេទនាពុំខាន!
ទោះបីអ្នកខំធ្វើពិធីបុណ្យរៀងរាល់ឆ្នាំក្តី
២ ក៏យើងនឹងកម្ទេចក្រុងនេះចោលដែរ។
ពេលនោះនឹងមានសំឡេងយំសោក សម្រែកថ្ងូរ
ហើយទីក្រុងទាំងមូលនឹងប្រៀបដូចជា
អាសនៈធ្វើយញ្ញបូជា។
៣ យេរូសាឡឹមអើយ យើងនឹងបោះទ័ពជុំវិញអ្នក
យើងនឹងឲ្យកងទ័ពឡោមព័ទ្ធអ្នក
យើងនឹងដំឡើងគ្រឿងសឹកវាយសម្រុកអ្នក។
៤ ពេលនោះ អ្នកនឹងធ្លាក់ខ្លួនយ៉ាងទាបបំផុត
ពាក្យសម្ដីរបស់អ្នកលេចឮពីក្នុងដី
ពាក្យពេចន៍របស់អ្នកលេចចេញពីធូលីដី
សំឡេងរបស់អ្នកឮពីក្នុងដីមកដូចសំឡេងខ្មោច
ហើយពាក្យដែលអ្នកនិយាយខ្សឹបៗ
ក៏លេចឮពីធូលីដីមកដែរ។
៥ ខ្មាំងសត្រូវរបស់អ្នកនឹងមានចំនួន
ច្រើនឥតគណនាដូចធូលីដី
សត្រូវដ៏កាចសាហាវនេះនឹងប្រៀបដូចជា
កម្ទេចចំបើងដែលហុយឡើង។
៦ រំពេចនោះ ព្រះអម្ចាស់នៃពិភពទាំងមូល
យាងមកជួយអ្នក ដោយប្រើផ្គរលាន់
ព្រះអង្គធ្វើឲ្យផែនដីរញ្ជួយ
ឲ្យមានរន្ទះបាញ់
មានខ្យល់ព្យុះសង្ឃរាបក់បោកយ៉ាងខ្លាំង
ព្រមទាំងមានភ្លើងឆេះដ៏សន្ធោសន្ធៅផង។
៧ កងទ័ពដ៏ច្រើនឥតគណនា
របស់ប្រជាជាតិទាំងឡាយដែលលើកគ្នាមក
ច្បាំង ឡោមព័ទ្ធ និងចង់កម្ទេច
យេរូសាឡឹមដែលជាអាសនៈរបស់ព្រះជាម្ចាស់
មុខជាត្រូវបាត់សូន្យទៅវិញ ដូចគេយល់សប្ដិ
និងដូចសុបិននិមិត្តនៅពេលយប់ដែរ។
៨ ពេលនោះ កងទ័ពប្រជាជាតិទាំងប៉ុន្មាន
ដែលលើកគ្នាមកវាយលុកភ្នំស៊ីយ៉ូន
នឹងប្រៀបដូចជាអ្នកដែលគ្មានអាហារបរិភោគ
ហើយយល់សប្ដិឃើញថាខ្លួនកំពុងតែបរិភោគ
តែគេភ្ញាក់ឡើងក្រពះនៅទទេ។
អ្នកដែលស្រេកទឹក យល់សប្ដិឃើញថាខ្លួន
កំពុងផឹកទឹក
តែគេភ្ញាក់ឡើងអស់កម្លាំង ស្ងួតបំពង់ក។
៩ ចូរស្រឡាំងកាំង ហើយភ្ញាក់ផ្អើលទៅ
ចូរបិទភ្នែក ធ្វើជាមនុស្សខ្វាក់ទៅ!
ចូរស្រវឹង តែមិនមែនស្រវឹងស្រាទេ
ចូរដើរទ្រេតទ្រោត តែមិនមែនដោយសារ
អំណាចរបស់គ្រឿងស្រវឹងណាដែរ
១០ ដ្បិតព្រះអម្ចាស់បានធ្វើឲ្យ
វិញ្ញាណរបស់អ្នករាល់គ្នាស្ពឹកស្រពន់
ព្រះអង្គបិទភ្នែកអ្នករាល់គ្នា ដែលជាព្យាការី
ព្រះអង្គបាំងមុខអ្នករាល់គ្នាដែលជាគ្រូទាយ។
១១ ចំពោះអ្នករាល់គ្នា
អត្ថន័យនៃនិមិត្តហេតុដ៏អស្ចារ្យទាំងនេះ
ប្រៀបបាននឹងសេចក្ដីដែលមានចែងទុក
ក្នុងសៀវភៅមួយបិទត្រាជិត
ហើយគេយកទៅឲ្យមនុស្សម្នាក់ដែល
ចេះអក្សរ ទាំងពោលថា «ចូរអានទៅ!»
តែអ្នកនោះតបមកវិញថា «ខ្ញុំអានពុំកើតទេ
ព្រោះសៀវភៅនេះមានបិទត្រា!»។
១២ គេក៏យកសៀវភៅនោះទៅឲ្យមនុស្សម្នាក់
ទៀតដែលមិនចេះអក្សរ
ទាំងពោលថា «ចូរអានទៅ!»
តែអ្នកនោះតបមកវិញថា
«ខ្ញុំមិនចេះអក្សរទេ!»។
១៣ ព្រះអម្ចាស់មានព្រះបន្ទូលថា:
ប្រជារាស្ដ្រនេះចូលមកជិតយើង
ហើយលើកតម្កើងយើងត្រឹមតែពាក្យសម្ដី
និងបបូរមាត់ប៉ុណ្ណោះ
តែចិត្តរបស់គេនៅឆ្ងាយពីយើងណាស់
រីឯការដែលពួកគេគោរពកោតខ្លាចយើង
គ្រាន់តែជាទំនៀមទម្លាប់
ដែលគេរៀនពីមនុស្សប៉ុណ្ណោះ។
១៤ ហេតុនេះហើយបានជាយើងធ្វើឲ្យ
ប្រជារាស្ដ្រនេះរឹតតែងឿងឆ្ងល់តទៅទៀត
ដោយប្រើការអស្ចារ្យ
និងឫទ្ធិបាដិហារិយ៍ផ្សេងៗ
យើងនឹងរំលាយប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ
ហើយធ្វើឲ្យតម្រិះរបស់ពួកអ្នកចេះដឹង
ប្រែជាឥតបានការទៅវិញ។
១៥ អស់អ្នកដែលគេចខ្លួនពីព្រះអម្ចាស់
ដើម្បីលាក់គម្រោងការរបស់ខ្លួន
មុខជាត្រូវវេទនាពុំខាន។
អ្នកទាំងនោះប្រព្រឹត្តអំពើផ្សេងៗនៅក្នុង
ទីលាក់កំបាំង ទាំងពោលថា
«គ្មាននរណាឃើញយើង
គ្មាននរណាដឹងថាយើងកំពុងតែធ្វើអ្វីទេ!»។
១៦ អ្នករាល់គ្នាគិតដូច្នេះខុសទាំងស្រុង!
តើគេអាចចាត់ទុកដីឥដ្ឋ
ស្មើនឹងជាងស្មូនកើតឬ?
ក្អមមិនអាចនិយាយអំពីជាងស្មូនថា
«អ្នកនោះមិនបានសូនខ្ញុំមកទេ»
ថូក៏មិនអាចនិយាយអំពីជាងស្មូនថា
«គាត់គ្មានប្រាជ្ញា» ដែរ។
ពិភពលោកថ្មីដ៏ប្រសើររុងរឿង
១៧ បន្តិចទៀត ព្រៃព្រឹក្សាលើភ្នំលីបង់
នឹងក្លាយទៅជាចម្ការដំណាំ
ហើយចម្ការដំណាំក្លាយទៅជាព្រៃវិញ។
១៨ នៅថ្ងៃនោះ មនុស្សថ្លង់នឹងឮព្រះបន្ទូល
ដែលមានចែងទុកនៅក្នុងគម្ពីរ
ហើយមនុស្សខ្វាក់នឹងមើលឃើញ
គឺគេរួចផុតពីភាពងងឹត
លែងស្ថិតនៅក្នុងភាពអន្ធការទៀតហើយ។
១៩ ព្រះអម្ចាស់នឹងប្រោសឲ្យមនុស្សទន់ទាប
មានអំណរសប្បាយកាន់តែខ្លាំងឡើងៗ
ហើយព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល
នឹងប្រោសឲ្យមនុស្សក្រីក្រ
បានត្រេកអរសប្បាយដ៏លើសលប់ដែរ។
២០ ស្តេចដែលកាន់អំណាចផ្ដាច់ការ
នឹងត្រូវវិនាសសូន្យ
ហើយអ្នកដែលមើលងាយព្រះជាម្ចាស់
ក៏នឹងសាបសូន្យអស់ដែរ។
អស់អ្នកដែលចូលចិត្តធ្វើបាបអ្នកដទៃ
នឹងត្រូវបាត់បង់ជីវិតជាពុំខាន
២១ ព្រោះពួកគេពោលពាក្យចោទប្រកាន់អ្នកដទៃ
ធ្វើឲ្យគេទទួលទោស
ពួកគេប្រើឧបាយកល
ធ្វើឲ្យចៅក្រមកាត់ក្តីខុស
ហើយចោទប្រកាន់មនុស្សស្លូតត្រង់
ដោយគ្មានមូលហេតុត្រឹមត្រូវ។
២២ ហេតុនេះហើយបានជាព្រះអម្ចាស់
ដែលជាព្រះរបស់ពូជពង្សលោកយ៉ាកុប
និងជាព្រះដែលបានលោះលោកអប្រាហាំ
មានព្រះបន្ទូលថា
ចាប់ពីពេលនេះតទៅ ពូជពង្សលោកយ៉ាកុប
នឹងលែងអាម៉ាស់ទៀតហើយ
គេក៏លែងតក់ស្លុតទៀតដែរ
២៣ ដ្បិតពេលណាកូនចៅរបស់គេឃើញ
កិច្ចការដ៏អស្ចារ្យដែលយើងនឹងប្រព្រឹត្ត
ចំពោះពួកគេ នោះពួកគេនឹងទទួលស្គាល់
នាមដ៏វិសុទ្ធរបស់យើង
ពួកគេនឹងទទួលស្គាល់ថា
យើងជាព្រះដ៏វិសុទ្ធរបស់លោកយ៉ាកុប
ហើយពួកគេនឹងកោតខ្លាចយើង
ដែលជាព្រះរបស់ជនជាតិអ៊ីស្រាអែល។
២៤ ពេលនោះ ពួកដែលវង្វេងស្មារតី
បែរជាចាប់ផ្តើមមានប្រាជ្ញា
ហើយអស់អ្នកដែលតែងតែរឹងចចេស
បែរជាសុខចិត្តទទួលពាក្យប្រៀនប្រដៅ។
៣០
ព្រះបន្ទូលប្រឆាំងនឹងការចងសម្ពន្ធមិត្តរវាង អ៊ីស្រាអែល និងអេស៊ីប
១ ព្រះអម្ចាស់មានព្រះបន្ទូលថា:
កូនៗដែលចេះតែបះបោរ
មុខជាត្រូវវេទនាពុំខាន!
ពួកគេបានធ្វើតាមគម្រោងការ
ដែលយើងមិនបានគ្រោងទុក
ពួកគេបានចងសម្ពន្ធមិត្ត ផ្ទុយពីឆន្ទៈរបស់យើង
ពួកគេប្រព្រឹត្តអំពើបាបផ្ទួនៗគ្នា។
២ ពួកគេបានធ្វើដំណើរទៅស្រុកអេស៊ីប
ដោយពុំសួរយោបល់ពីយើងសោះ
ពួកគេទៅពឹងផ្អែកលើស្តេចផារ៉ោន
ពួកគេរត់ទៅជ្រកក្រោមម្លប់ស្រុកអេស៊ីប។
៣ ក៏ប៉ុន្តែ ការពឹងផ្អែកលើស្តេចផារ៉ោន
នឹងនាំឲ្យអ្នករាល់គ្នាត្រូវអាម៉ាស់
ការជ្រកកោនក្រោមម្លប់របស់ស្រុកអេស៊ីប
នឹងនាំឲ្យអ្នករាល់គ្នាបាក់មុខជាមិនខាន!
៤ ពួករដ្ឋមន្ត្រីរបស់អ្នករាល់គ្នា
ទៅដល់ក្រុងសូអានហើយ
ទូតរបស់អ្នករាល់គ្នាទៅដល់ក្រុងហាណែស
៥ តែពួកគេនឹងត្រូវខកចិត្ត
ដោយឃើញថាប្រជាជនអេស៊ីប
ពុំអាចផ្តល់ប្រយោជន៍អ្វីដល់ពួកគេទេ
គឺជនជាតិអេស៊ីបពុំអាចសង្គ្រោះ
ពុំអាចជួយពួកគេបានទាល់តែសោះ!
ផ្ទុយទៅវិញ មានតែនាំឲ្យពួកគេត្រូវ
អាម៉ាស់ និងបាត់បង់កិត្តិយសប៉ុណ្ណោះ។
៦ សេចក្ដីប្រកាសអំពីសត្វតិរច្ឆាននៅ
វាលរហោស្ថានណេកិប:
ពួកគេឆ្លងកាត់វាលហួតហែងគួរឲ្យព្រឺខ្លាច
ជាកន្លែងដែលមានសត្វសិង្ហ
មានពស់វែក និងមាននាគហោះ
ពួកគេដឹកជញ្ជូនភោគទ្រព្យដ៏មានតម្លៃ
លើខ្នងលា និងលើខ្នងអូដ្ឋ
យកទៅឲ្យប្រជាជាតិមួយដែលពុំអាច
ផ្តល់ប្រយោជន៍អ្វីដល់ពួកគេទាល់តែសោះ។
៧ ជំនួយរបស់ស្រុកអេស៊ីប
គ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ
គឺពុំមានប្រយោជន៍អ្វីឡើយ។
ហេតុនេះហើយបានជាយើងដាក់ងារឲ្យ
ស្រុកអេស៊ីបថា «ពួករត់ខ្វែងដៃខ្វែងជើង
តែមិនបានការអ្វី»។
ប្រជាជនដែលមិនចេះស្ដាប់បង្គាប់
៨ ឥឡូវនេះ ចូរចារឹកសេចក្ដីទាំងនេះលើបន្ទះថ្ម
ហើយសរសេរជាលាយលក្ខណ៍អក្សរ
នៅចំពោះមុខអ្នកក្រុងយេរូសាឡឹម
ទុកជាឯកសារទៅអនាគត
ទុកជាភស្តុតាងអស់កល្បជាអង្វែងតរៀងទៅ។
៩ ប្រជាជននេះជាប្រជាជនដែលចេះតែបះបោរ
ពួកគេសុទ្ធតែជាកូនអកតញ្ញូ
ដែលពុំព្រមស្ដាប់ដំបូន្មានរបស់ព្រះអម្ចាស់ទេ។
១០ គេបំបិទមាត់ហោរាថា “កុំទាយអី”
ហើយប្រាប់គ្រូទស្សន៍ទាយថា
“កុំទស្សន៍ទាយការពិត
ចូរពោលតែពាក្យបញ្ចើចបញ្ចើ
និងរឿងប្រឌិតប៉ុណ្ណោះបានហើយ!
១១ ចូរងាកចេញពីមាគ៌ាដ៏ត្រឹមត្រូវ
ចូរឃ្លាតចាកពីគន្លងធម៌
កុំនិយាយអំពីព្រះដ៏វិសុទ្ធនៃជនជាតិ
អ៊ីស្រាអែលប្រាប់យើងទៀត!”។
១២ ហេតុនេះហើយបានជាព្រះដ៏វិសុទ្ធនៃជនជាតិ
អ៊ីស្រាអែលមានព្រះបន្ទូលដូចតទៅ៖
អ្នករាល់គ្នាបដិសេធមិនទទួលពាក្យរបស់យើង
ហើយបែរទៅពឹងផ្អែកលើ
អំណាចផ្ដាច់ការ និងកលល្បិច។
១៣ អំពើអាក្រក់នេះនឹងបណ្តាលឲ្យអ្នករាល់គ្នា
វិនាសសូន្យដោយមិនដឹងខ្លួន
ដូចស្នាមនៅលើកំពែងដ៏ខ្ពស់
ធ្វើឲ្យកំពែងប្រេះរលំភ្លាមមួយរំពេច។
១៤ កំពែងនោះនឹងរលំខ្ទេចខ្ទី
ដូចក្អមដីដែលជាងស្មូនបោកកម្ទេច
គ្មានអំបែងណាមួយនៅធំទេ គឺសូម្បីយកទៅ
ប្រើសម្រាប់កាយរងើកភ្លើងចេញពីចង្ក្រាន
ឬដួសទឹកពាងក៏មិនបានផង។
១៥ ព្រះជាអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់ជនជាតិ
អ៊ីស្រាអែលមានព្រះបន្ទូលទៀតថា៖
ប្រសិនបើអ្នករាល់គ្នាបែរមករកយើងវិញ
ហើយនៅស្ងប់ស្ងៀម
នោះយើងនឹងសង្គ្រោះអ្នករាល់គ្នាជាមិនខាន។
ប្រសិនបើអ្នករាល់គ្នានៅស្ងប់ស្ងៀម
ហើយទុកចិត្តលើយើង
នោះអ្នករាល់គ្នាមុខជាមានកម្លាំង!
ប៉ុន្តែ អ្នករាល់គ្នាមិនព្រមឡើយ។
១៦ អ្នករាល់គ្នាបែរជាពោលថា
«ទេ! យើងនឹងជិះសេះរត់ទៅ!»
ពិតមែនហើយ អ្នករាល់គ្នានឹងរត់ទៅមែន។
អ្នករាល់គ្នាបានពោលទៀតថា
«រទេះចម្បាំងរបស់យើងបរលឿនណាស់»
ពិតមែនហើយ! តែខ្មាំងដែលដេញតាមក្រោយ
មានល្បឿនលឿនជាងអ្នករាល់គ្នាទៅទៀត។
១៧ ខ្មាំងសត្រូវតែម្នាក់គំរាមកំហែង
អ្នករាល់គ្នាមួយពាន់នាក់ឲ្យរត់ប្រាសអាយុ
ខ្មាំងតែប្រាំនាក់នឹងធ្វើឲ្យអ្នករាល់គ្នា
រត់អស់គ្មានសល់។
ដូច្នេះ ក្នុងចំណោមអ្នករាល់គ្នា
អ្នកដែលសល់ពីស្លាប់ មានគ្នាតិចណាស់
គឺប្រៀបបាននឹងបង្គោលមួយនៅលើភ្នំ
ឬដូចជាទង់មួយនៅលើទួលប៉ុណ្ណោះ។
អនាគតដ៏ភ្លឺស្វាង
១៨ ប៉ុន្តែ ព្រះអម្ចាស់រង់ចាំពេលដែលព្រះអង្គ
ត្រូវប្រណីសន្ដោសអ្នករាល់គ្នា
ព្រះអង្គនឹងក្រោកឡើង ដើម្បីបង្ហាញ
ព្រះហឫទ័យអាណិតមេត្តាដល់អ្នករាល់គ្នា
ដ្បិតព្រះអម្ចាស់ជាព្រះដ៏សុចរិត។
អស់អ្នកដែលសង្ឃឹមលើព្រះអង្គ
ប្រាកដជាមានសុភមង្គលពុំខាន។
១៩ ប្រជាជនក្រុងស៊ីយ៉ូន
អ្នកដែលរស់នៅក្នុងក្រុងយេរូសាឡឹមអើយ
អ្នកនឹងលែងយំសោកទៀតហើយ!
ពេលណាអ្នកស្រែកហៅរកព្រះអង្គ
ព្រះអង្គនឹងប្រណីសន្ដោស
ពេលណាព្រះអង្គឮសំឡេងអ្នក
ព្រះអង្គនឹងឆ្លើយតបមកអ្នកជាមិនខាន។
២០ នៅគ្រាមានអាសន្ន
ព្រះអម្ចាស់នឹងប្រទានអាហារដល់អ្នករាល់គ្នា
នៅពេលខ្វះខាត
ព្រះអង្គនឹងប្រទានទឹកឲ្យអ្នករាល់គ្នា។
ព្រះអង្គដែលបង្រៀនអ្នក
លែងពួននឹងអ្នកទៀតហើយ
អ្នកនឹងឃើញព្រះអង្គផ្ទាល់ភ្នែក។
២១ បើអ្នកទៅខាងស្តាំ ឬទៅខាងឆ្វេង
អ្នកនឹងឮសំឡេងបន្លឺខាងក្រោយខ្នងថា
«នេះជាមាគ៌ាដែលអ្នករាល់គ្នាត្រូវដើរ!»។
២២ ពេលនោះ អ្នករាល់គ្នានឹងចាត់ទុក
មាស និងប្រាក់ដែលស្រោបជុំវិញរូបបដិមា
របស់អ្នករាល់គ្នាថា ជាមាសប្រាក់មិនបរិសុទ្ធ
អ្នកនឹងយកទៅបោះចោលដូចសំរាម
ដោយពោលថា «វត្ថុគម្រក់!»។
២៣ ព្រះអម្ចាស់នឹងប្រទានភ្លៀងឲ្យធ្លាក់ចុះមក
លើគ្រាប់ពូជដែលអ្នកបានសាបព្រោះ
ហើយដីនឹងធ្វើឲ្យដំណាំដុះឡើង
យ៉ាងបរិបូណ៌ និងឆ្ងាញ់ពិសាទៀតផង។
នៅថ្ងៃនោះហ្វូងសត្វរបស់អ្នក
នឹងស៊ីស្មៅក្នុងវាលស្មៅដ៏ល្វឹងល្វើយ។
២៤ គោ និងក្របីដែលធ្លាប់អូសនង្គ័ល
ក៏ស៊ីស្មៅដ៏ឆ្ងាញ់បំផុត
ដែលគេជជុះនឹងរនាស់ដែរ។
២៥ នៅថ្ងៃមហាពិឃាត
គឺថ្ងៃដែលបន្ទាយទាំងប៉ុន្មានត្រូវរលំ
នោះនឹងមានទឹកហូរស្រោចស្រព
ភ្នំទាំងធំទាំងតូច។
២៦ នៅថ្ងៃព្រះអម្ចាស់រុំរបួសឲ្យ
ប្រជារាស្ដ្ររបស់ព្រះអង្គ
នៅពេលព្រះអង្គព្យាបាលគេ
ឲ្យជាពីមុខរបួសទាំងអស់
ព្រះច័ន្ទនឹងបញ្ចេញពន្លឺភ្លឺដូចព្រះអាទិត្យ
ហើយព្រះអាទិត្យនឹងភ្លឺជាងធម្មតាប្រាំពីរដង
គឺប្រៀបដូចជាមានពន្លឺថ្ងៃចំនួនប្រាំពីររួមគ្នា។
ព្រះអម្ចាស់ធ្វើទោសស្រុកអាស្ស៊ីរី
២៧ មើល ព្រះអម្ចាស់ផ្ទាល់នឹងយាងមកពីចម្ងាយ
ទាំងខ្ញាល់ ដូចខ្យល់បក់បោកយ៉ាងខ្លាំង
ព្រះអង្គមានព្រះបន្ទូលដោយព្រះពិរោធ
ព្រះបន្ទូលរបស់ព្រះអង្គប្រៀបបាននឹងភ្លើង
ដែលឆេះយ៉ាងសន្ធោសន្ធៅ។
២៨ ខ្យល់ដែលចេញពីព្រះអង្គប្រៀបបាននឹង
ទឹកជ្រោះ ដែលជន់ឡើងរហូតដល់ច្រមុះ។
ព្រះអង្គនឹងរែងប្រជាជាតិទាំងនោះ
ឲ្យវិនាសបាត់បង់
ព្រះអង្គដាក់ដែកបង្ហៀរនៅមាត់ប្រជាជននេះ
ដើម្បីនាំគេទៅកន្លែងដែលគេមិនចង់ទៅ។
២៩ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងច្រៀងយ៉ាងសប្បាយ ដូចនៅរាត្រីដែលគេប្រារព្ធពិធីបុណ្យ អ្នករាល់គ្នាឡើងទៅលើភ្នំរបស់ព្រះអម្ចាស់ ដែលជាថ្មដារបស់ជនជាតិអ៊ីស្រាអែល ដោយមានចិត្តអរសប្បាយ ដូចអ្នកដើរតាមចង្វាក់សំឡេងខ្លុយ។
៣០ ពេលនោះ ព្រះអម្ចាស់នឹងបន្លឺព្រះសូរសៀង
ប្រកបដោយតេជបារមី
ព្រះអង្គនឹងបង្ហាញព្រះចេស្ដា
និងព្រះពិរោធរបស់ព្រះអង្គ
តាមរយៈភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ
តាមរយៈព្យុះសង្ឃរា ដែលធ្វើឲ្យភ្លៀង
និងព្រឹលដែលបង្អុរចុះមក។
៣១ ជនជាតិអាស្ស៊ីរីនឹងភ័យញាប់ញ័រជាខ្លាំង
នៅពេលឮព្រះសូរសៀងរបស់ព្រះអម្ចាស់
និងពេលព្រះអង្គវាយធ្វើទោសពួកគេ។
៣២ គ្រប់ពេលដែលពួកគេត្រូវដំបង គឺនៅពេលព្រះអម្ចាស់វាយពួកអាស្ស៊ីរី នោះនឹងឮស្នូរសំឡេងក្រាប់ និងចាប៉ី លេងកំដរផង។
៣៣ មើល៍ គេបានរៀបចំកន្លែងបូជា
តាំងពីយូរណាស់មកហើយ
គេបម្រុងទុកសម្រាប់បូជាស្តេចស្រុកអាស្ស៊ីរី
គឺគេជីករណ្ដៅយ៉ាងជ្រៅ ហើយទូលាយ
ព្រមទាំងប្រមូលគំនរអុសដ៏ច្រើនបរិបូណ៌
ទុកសម្រាប់ដុត។
ខ្យល់របស់ព្រះអម្ចាស់
ដែលប្រៀបដូចជាស្ពាន់ធ័រ
នឹងបក់មកបញ្ឆេះគំនរអុសនោះ។
៣១
អេស៊ីបពុំអាចជួយអ៊ីស្រាអែលឡើយ
១ អស់អ្នកដែលរត់ទៅ
ស្រុកអេស៊ីប ដើម្បីរកជំនួយ
មុខជាត្រូវវេទនាពុំខាន!
អ្នកទាំងនោះពឹងផ្អែកលើសេះ
និងទុកចិត្តលើរទេះចម្បាំង
ព្រោះឃើញមានចំនួនច្រើន
ពួកគេទុកចិត្តលើកងទ័ពសេះ
ព្រោះឃើញថាខ្លាំងពូកែ
តែពួកគេពុំនឹកនាដល់ព្រះដ៏វិសុទ្ធ
របស់ជនជាតិអ៊ីស្រាអែលទេ
ពួកគេពុំស្វែងរកព្រះអម្ចាស់ឡើយ។
២ រីឯព្រះអង្គវិញ ព្រះអង្គក៏ខ្លាំងពូកែដែរ
ព្រះអង្គអាចធ្វើឲ្យទុក្ខវេទនាកើតឡើង
ព្រះអង្គគំរាមយ៉ាងណា ព្រះអង្គនឹងធ្វើយ៉ាងនោះ
ព្រះអង្គប្រឆាំងនឹងពួកមនុស្សអាក្រក់
ហើយប្រឆាំងនឹងអស់អ្នកប្រព្រឹត្តអំពើទុច្ចរិត
ដែលគេហៅឲ្យមកជួយ។
៣ ជនជាតិអេស៊ីបជាមនុស្ស គឺមិនមែនជាព្រះទេ
សេះរបស់ពួកគេជាសត្វ
គឺមិនមែនជាទេវតាឡើយ។
ពេលណាព្រះអម្ចាស់លើកព្រះហស្ដឡើង
អ្នកដែលមកជួយសង្គ្រោះនឹងជំពប់ដួល
ហើយអ្នកដែលគេជួយក៏នឹងដួលដែរ
គឺគេត្រូវវិនាសជាមួយគ្នា។
មានតែព្រះអម្ចាស់ទេដែលអាចសង្គ្រោះក្រុងយេរូសាឡឹម
៤ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ:
«ពេលណាសត្វសិង្ហ ឬកូនវាគ្រហឹមទៅលើរំពា
ទោះបីពួកគង្វាលលើកគ្នាមកស្រែកគំរាម
ចង់ដណ្ដើមរំពានោះពីវាក្តី
ក៏វាមិនភ័យខ្លាចសម្រែករបស់ពួកគេ
ឬដកខ្លួនថយ ដោយសំឡេងបង្អើល
របស់ពួកគង្វាលនោះឡើយ។
រីឯយើងដែលជាព្រះអម្ចាស់នៃពិភពទាំងមូល
ក៏ដូច្នោះដែរ
យើងនឹងចុះទៅធ្វើសឹកនៅភ្នំស៊ីយ៉ូន»។
៥ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងការពារ
ក្រុងយេរូសាឡឹម
ដូចបក្សីត្រដាងស្លាបការពារកូនរបស់វា។
ព្រះអង្គការពារ និងរំដោះក្រុងយេរូសាឡឹម
ព្រះអង្គសង្គ្រោះក្រុងនេះ
មិនឲ្យវិនាសអន្តរាយឡើយ។
៦ កូនចៅអ៊ីស្រាអែលអើយ! អ្នករាល់គ្នាបានងាកចេញយ៉ាងឆ្ងាយពីព្រះអម្ចាស់ ចូរនាំគ្នាវិលមករកព្រះអង្គវិញ!។ ៧ អ្នករាល់គ្នាបានប្រព្រឹត្តអំពើបាប ដោយឆ្លាក់រូបព្រះក្លែងក្លាយធ្វើពីមាសពីប្រាក់។ ប៉ុន្តែ នៅថ្ងៃនោះ អ្នករាល់គ្នានឹងបោះបង់រូបព្រះក្លែងក្លាយ។
៨ ជនជាតិអាស្ស៊ីរីនឹងវិនាសដោយមុខដាវ
តែមិនមែនជាដាវរបស់មនុស្សទេ
គឺពួកគេមិនស្លាប់ដោយមុខដាវ
របស់មនុស្សឡើយ។
ពួកអាស្ស៊ីរីនឹងបាក់ទ័ព
ហើយទាហានក្មេងៗរបស់ពួកគេ
នឹងក្លាយទៅជាឈ្លើយសឹក។
៩ ស្តេចរបស់ពួកគេនឹងរត់ទៅ ទាំងភ័យញាប់ញ័រ
មេទ័ពរបស់ពួកគេនឹងញ័ររន្ធត់
នៅមុខទង់ជ័យរបស់ព្រះអង្គ។
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
ដែលប្រជាជនគោរពបម្រើនៅភ្នំស៊ីយ៉ូន
ហើយដុតតង្វាយថ្វាយព្រះអង្គ
នៅក្រុងយេរូសាឡឹម។
៣២
ព្រះមហាក្សត្រប្រកបដោយទសពិធរាជធម៌
១ ពេលនោះ នឹងមានព្រះមហាក្សត្រគ្រងរាជ្យដោយសុចរិត
ហើយពួកមេដឹកនាំនឹងគ្រប់គ្រងលើប្រជារាស្ដ្រ
ដោយយុត្តិធម៌។
២ លោកទាំងនោះប្រៀបដូចជាជម្រក
ការពារនៅពេលមានខ្យល់ មានព្យុះ
ហើយដូចជាទឹកហូរនៅលើដីបែកក្រហែង
និងដូចជាផ្ទាំងថ្មមួយដ៏ធំ
ផ្តល់ម្លប់ទៅលើដីហួតហែង។
៣ ភ្នែករបស់អ្នកដែលត្រូវមើល
លែងស្រវាំងទៀតហើយ
ត្រចៀករបស់អស់អ្នកដែលត្រូវស្ដាប់
ក៏លែងថ្លង់ទៀតដែរ។
៤ អស់អ្នកដែលមិនសូវមានប្រាជ្ញាវាងវៃ
បែរជាចាប់ផ្តើមយល់
ហើយអស់អ្នកដែលនិយាយត្រដិត
បែរជានិយាយលឿន និងច្បាស់ទៀតផង។
៥ គេលែងគោរពមនុស្សល្ងីល្ងើទុកជា
មនុស្សថ្លៃថ្នូរទៀតហើយ
ហើយក៏លែងគោរពមនុស្សវៀចវេរថា
ជាមនុស្សមានចិត្តទូលាយទៀតដែរ
៦ ដ្បិតមនុស្សល្ងីល្ងើស្រដីចេញមកតែពាក្យល្ងីល្ងើ
ចិត្តរបស់គេគិតតែពីការអាក្រក់
ពួកគេប្រព្រឹត្តអំពើព្រៃផ្សៃ
ហើយប្រមាថមើលងាយព្រះអម្ចាស់
ពួកគេមិនឲ្យអាហារដល់អ្នកអត់ឃ្លានទេ
ហើយថែមទាំងយកទឹកចេញពីអ្នក
ដែលស្រេកទៀតផង។
៧ មនុស្សអប្រិយមានសុទ្ធតែគំនិតអប្រិយក្នុងខ្លួន
គេរៀបចំគម្រោងការទុច្ចរិត
ដើម្បីចោទប្រកាន់ ដាក់ទោសជនក្រីក្រ
នៅពេលជនទុរគតនេះទាមទាររកយុត្តិធម៌។
៨ រីឯមនុស្សថ្លៃថ្នូរវិញ
គេរៀបចំគម្រោងការដ៏ថ្លៃថ្នូរ
ហើយគិតតែពីធ្វើគម្រោងការថ្លៃថ្នូរនេះ។
ព្រះបន្ទូលព្រមានពួកស្ត្រីនៅក្រុងយេរូសាឡឹម
៩ ពួកស្ត្រីដែលរស់នៅយ៉ាងស្រណុក
ឥតកង្វល់អើយ
ចូរក្រោកឡើង ស្ដាប់ពាក្យយើង
ចូរផ្ទៀងត្រចៀកស្ដាប់យើង!
១០ ពួកស្ត្រីដែលឥតកង្វល់អើយ
ក្នុងរយៈពេលជាងមួយឆ្នាំទៀត
អ្នករាល់គ្នានឹងត្រូវភ័យញ័រ
ដ្បិតទំពាំងបាយជូរនឹងគ្មានផ្លែ
ហើយដំណាំឯទៀតៗក៏គ្មានផលដែរ។
១១ ពួកស្ត្រីដែលរស់នៅយ៉ាងស្រណុក
អ្នករាល់គ្នានឹងត្រូវញ័ររន្ធត់
ពួកស្ត្រីដែលឥតកង្វល់អើយ
អ្នករាល់គ្នានឹងត្រូវភ័យញ័រ!
ចូរយកសម្លៀកបំពាក់ចេញ
រួចពាក់អាវកាន់ទុក្ខវិញ!
១២ ចូរនាំគ្នាគក់ទ្រូងកាន់ទុក្ខ
ហើយយំស្រណោះស្រែចម្ការ
និងស្រណោះចម្ការទំពាំងបាយជូរ
ដែលធ្លាប់តែផ្តល់ផលផ្លែដ៏ល្អនោះទៅ!
១៣ នៅលើដីនៃប្រជាជនរបស់យើង
មានដុះសុទ្ធតែគុម្ពរពាក់ និងបន្លា
ហើយក្នុងក្រុងដ៏សប្បាយនេះ
សូម្បីតែនៅតាមផ្ទះទាំងប៉ុន្មាន
ដែលធ្លាប់មានសុភមង្គល
ក៏មានសុទ្ធតែគុម្ពរពាក់ និងបន្លាដែរ។
១៤ វិមានដ៏ស្កឹមស្កៃនឹងត្រូវគេបោះបង់ចោល
ក្រុងដែលធ្លាប់អ៊ូអរនឹងក្លាយទៅជាស្ងាត់ជ្រងំ
កំពែងខ្ពស់ៗ និងប៉មរបស់ទីក្រុង
នឹងក្លាយទៅជាជម្រករបស់លាព្រៃ
ហើយជាវាលស្មៅសម្រាប់ហ្វូងចៀម។
ព្រះអម្ចាស់លើកប្រជាជនរបស់ព្រះអង្គឡើងវិញ
១៥ ប៉ុន្តែ ថ្ងៃមួយ ព្រះអម្ចាស់នឹងចាក់បង្ហូរ
ព្រះវិញ្ញាណរបស់ព្រះអង្គមកលើយើង
ពេលនោះ វាលរហោស្ថាន
នឹងប្រែទៅជាចម្ការដំណាំ
ហើយចម្ការដំណាំមានដើមឈើដុះដេរដាស
ដូចជាព្រៃព្រឹក្សាវិញ។
១៦ ពេលនោះ អ្នកនៅតាមវាលរហោស្ថាន
នឹងរស់នៅដោយយុត្តិធម៌
ហើយអ្នកនៅតាមចម្ការ
ក៏នឹងរស់នៅដោយសុចរិតដែរ។
១៧ សេចក្ដីសុចរិតនឹងនាំមកនូវសន្តិភាព
អំពើសុចរិតនឹងនាំមកនូវសន្តិសុខ
និងសេចក្ដីសុខសាន្តរហូតតទៅ។
១៨ ប្រជាជនរបស់យើងនឹងរស់នៅ
ក្នុងកន្លែងស្ងប់ស្ងាត់
គេអាស្រ័យនៅកន្លែងសាន្តត្រាណ
ហើយសម្រាកនៅកន្លែងសុខក្សេមក្សាន្ត។
១៩ រីឯព្រៃព្រឹក្សានឹងត្រូវហិនហោច
ដោយសារព្រឹល
ហើយទីក្រុងនឹងរលំខ្ទេចខ្ទីអស់។
២០ ចំពោះអ្នករាល់គ្នាវិញ
អ្នករាល់គ្នាមានសុភមង្គលហើយ
អ្នកនឹងសាបព្រោះនៅតាមមាត់ទឹក
ព្រមទាំងលែងគោ និងលារបស់ខ្លួន
ឲ្យស៊ីស្មៅតាមចិត្ត។
៣៣
ព្រះអម្ចាស់រំដោះក្រុងយេរូសាឡឹម ឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ
១ អ្នកបានបំផ្លាញអ្នកដទៃ
តែគ្មាននរណាបំផ្លាញអ្នកវិញ
អ្នកមុខជាត្រូវវេទនាពុំខាន!
អ្នកបានក្បត់អ្នកដទៃ
តែគ្មាននរណាក្បត់អ្នកវិញទេ។
ពេលណាអ្នកបំផ្លាញអ្នកដទៃចប់ហើយ
នោះនឹងមានគេបំផ្លាញអ្នកវិញ
ពេលណាអ្នកក្បត់អ្នកដទៃចប់ហើយ
នោះនឹងមានគេក្បត់អ្នករាល់គ្នាវិញ។
២ ឱព្រះអម្ចាស់អើយ សូមអាណិតមេត្តាយើងខ្ញុំផង
យើងខ្ញុំសង្ឃឹមលើព្រះអង្គហើយ
រៀងរាល់ព្រឹក
សូមព្រះអង្គធ្វើជាកម្លាំងដល់យើងខ្ញុំ។
នៅពេលមានអាសន្ន
សូមសង្គ្រោះយើងខ្ញុំផង!
៣ ពេលជាតិសាសន៍ទាំងឡាយឮស្នូរសន្ធឹក
របស់ព្រះអង្គ គេនាំគ្នារត់ចេញទៅ
ពេលព្រះអង្គក្រោកឡើង
ប្រជាជាតិទាំងឡាយបែកខ្ញែកគ្នាអស់។
៤ ពេលនោះ មនុស្សម្នាច្រើនដូចកណ្ដូប
នាំគ្នាប្រមូលយកជ័យភ័ណ្ឌ
គេលើកគ្នាដូចស្រមោច
ទៅដណ្ដើមយកជ័យភ័ណ្ឌនោះ។
៥ មនុស្សម្នាលើកតម្កើងព្រះអម្ចាស់
ព្រោះព្រះអង្គគង់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!
ព្រះអង្គប្រទានឲ្យក្រុងស៊ីយ៉ូន
មានពោរពេញដោយ
សេចក្ដីសុចរិត និងយុត្តិធម៌។
៦ ពេលនោះ អ្នកនឹងរស់នៅដោយសុខសាន្ត។
ប្រាជ្ញាវាងវៃ និងការស្គាល់ព្រះអម្ចាស់
នឹងផ្តល់ការសង្គ្រោះយ៉ាងបរិបូណ៌ឲ្យអ្នក
ហើយការគោរពកោតខ្លាចព្រះអម្ចាស់
ជាកំណប់ទ្រព្យដ៏ថ្លៃថ្នូររបស់អ្នក!
៧ នៅគ្រានោះ អ្នកក្រុងអារីអែល
ស្រែកតាមផ្លូវ រកគេជួយ
រីឯអ្នកដែលទៅចចាររកសន្តិភាព
បែរជាមកវិញ នាំគ្នាយំយ៉ាងខ្លោចផ្សា។
៨ ផ្លូវនានាស្ងាត់ជ្រងំ
ឥតមាននរណាដើរកាត់តាមនោះទៀតទេ
គូភាគីលែងគោរពសន្ធិសញ្ញា
គេប្រមាថមាក់ងាយសាក្សីនៃសន្ធិសញ្ញានេះ
គឺគេមិនគោរពនរណាទាំងអស់។
៩ ប្រជាជននៅក្នុងស្រុកនាំគ្នាកាន់ទុក្ខ
ទឹកដីកំពុងតែរ៉ាំរ៉ៃទៅៗ
ព្រៃឈើនៅភ្នំលីបង់នឹងបាក់មុខ ហើយរុះរោយ
វាលសារ៉ូនប្រៀបបាននឹងវាលហួតហែង
ភ្នំបាសាន និងភ្នំកាម៉ែល នឹងលែងមាន
ព្រៃឈើទៀតហើយ។
១០ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ឥឡូវនេះ យើងក្រោកឡើង
យើងត្រូវងើបឡើង
ដើម្បីបង្ហាញឫទ្ធិបារមីរបស់យើង។
១១ គម្រោងការរបស់អ្នករាល់គ្នាប្រៀបដូចជាចំបើង
ពេលណាសម្រេចជារូបរាងឡើង
អ្នករាល់គ្នានឹងឃើញមានតែ
កម្ទេចសំរាមប៉ុណ្ណោះ
ដង្ហើមរបស់អ្នករាល់គ្នាប្រៀបដូចជាភ្លើង
ដែលឆេះបំផ្លាញអ្នករាល់គ្នា។
១២ ជាតិសាសន៍ទាំងឡាយនឹងឆេះក្នុងឡ
និងដូចបន្លារពាក់ដែលគេកាប់យកទៅដុត»។
១៣ អ្នករាល់គ្នាដែលនៅស្រុកឆ្ងាយអើយ
ចូរនាំគ្នាស្ដាប់អំពីកិច្ចការដែលយើងបានធ្វើ!
អ្នករាល់គ្នាដែលនៅជិតៗនេះអើយ
ចូរទទួលស្គាល់ឫទ្ធានុភាពរបស់យើង!
១៤ នៅក្រុងស៊ីយ៉ូន មនុស្សបាបនាំគ្នាញ័ររន្ធត់
ពួកទមិឡនឹងភ័យតក់ស្លុត ទាំងពោលថា:
“ក្នុងចំណោមពួកយើង តើនរណាអាចរស់នៅ
ក្បែរភ្លើងដ៏សន្ធោសន្ធៅនេះបាន?
តើនរណាអាចរស់នៅក្បែរគុកភ្លើង
ដែលឆេះអស់កល្បជានិច្ចនេះបាន?”។
១៥ មានតែអ្នកប្រព្រឹត្តតាមមាគ៌ាដ៏សុចរិត
និងអ្នកនិយាយការពិត
ទើបអាចនៅក្បែរបាន
គឺអ្នកមិនប្រព្រឹត្តអំពើហិង្សា ដើម្បីរកកម្រៃ
អ្នកមិនព្រមទទួលសំណូក
អ្នកខ្ទប់ត្រចៀកមិនព្រមស្ដាប់ពាក្យ
គេបបួលទៅប្រហារជីវិតអ្នកដទៃ
អ្នកមិនចង់ឃើញអំពើអាក្រក់។
១៦ មនុស្សបែបនេះនឹងបានរស់នៅកន្លែងខ្ពស់ៗ
គេនឹងមានថ្មដាដ៏រឹងមាំជាជម្រក
គេនឹងមានអាហារ មានទឹក គ្រប់គ្រាន់
ឥតខ្វះអ្វីឡើយ។
១៧ ពេលនោះ អ្នកនឹងឃើញព្រះមហាក្សត្រ
ប្រកបដោយភាពថ្កុំថ្កើង
អ្នកនឹងឃើញស្រុកទេសរបស់អ្នក
មានទឹកដីធំល្វឹងល្វើយ។
១៨ អ្នកនឹកដល់អតីតកាល
ដែលធ្វើឲ្យអ្នកញ័ររន្ធត់ ហើយសួរថា:
“តើពួកត្រួតត្រា ពួកទារពន្ធ
និងពួកអ្នកត្រួតពិនិត្យនៅតាមកំពែង
ទៅណាបាត់អស់ហើយ?”។
១៩ អ្នកនឹងលែងឃើញជាតិសាសន៍ដែលវាយឫកខ្ពស់
ហើយនិយាយភាសាចម្លែកស្ដាប់ពុំបាន
គួរឲ្យអស់សំណើចនោះទៀតហើយ។
២០ ចូរសម្លឹងមើលទៅក្រុងស៊ីយ៉ូន ជាក្រុងដែល
យើងតែងជួបជុំគ្នាធ្វើពិធីបុណ្យនោះទៅ
អ្នកនឹងឃើញថា
យេរូសាឡឹមជាក្រុងមួយដ៏សុខក្សេមក្សាន្ត
ជាពន្លាដែលគ្មាននរណារុះរើទៀត
ហើយក៏គ្មាននរណាដកចម្រឹង និងស្រាយខ្សែ
ចេញពីពន្លានេះបានទៀតដែរ។
២១ នៅទីនោះ ព្រះអម្ចាស់សម្ដែងភាពថ្កុំថ្កើង
របស់ព្រះអង្គឲ្យយើងឃើញ
គឺព្រះអង្គប្រទានទន្លេដ៏ធំទូលាយ
ជាទន្លេដែលនាវាចម្បាំងពុំអាចចូលបាន
ហើយសំពៅដ៏ធំៗក៏ពុំអាចឆ្លងកាត់បានដែរ។
២២ ព្រះអម្ចាស់គ្រប់គ្រងលើយើង
ព្រះអង្គប្រទានច្បាប់ទម្លាប់មកយើង
ព្រះអង្គជាព្រះមហាក្សត្ររបស់យើង
មានតែព្រះអង្គទេដែលសង្គ្រោះយើង។
២៣ ខ្សែដែលអ្នកចងក្តោងនោះធូរអស់ហើយ
វាពុំអាចទប់ដងក្តោងឲ្យនៅរឹងប៉ឹងទេ
ហើយក៏ពុំអាចចងក្តោងបានទៀតដែរ។
ពេលនោះ គេនឹងយកជ័យភ័ណ្ឌដ៏ច្រើន
មកចែកគ្នា សូម្បីតែមនុស្សខ្វិន
ក៏មកយកជ័យភ័ណ្ឌនេះដែរ។
២៤ នៅក្រុងយេរូសាឡឹម គ្មាននរណាម្នាក់ពោលថា
«ខ្ញុំមានជំងឺ» ទៀតឡើយ
ព្រោះព្រះអម្ចាស់បានលើកលែងទោសឲ្យ
ប្រជាជននៅក្នុងទីក្រុងរួចពីបាប។
៣៤
ព្រះអម្ចាស់វិនិច្ឆ័យទោសស្រុកអេដុម មាតុភូមិនិវត្តន៍របស់ជនជាតិអ៊ីស្រាអែល
១ ប្រជាជាតិទាំងឡាយអើយ
ចូរនាំគ្នាចូលមក ហើយស្ដាប់ចុះ
ជាតិសាសន៍ទាំងឡាយអើយ
ចូរនាំគ្នាផ្ទៀងត្រចៀក!
ផែនដី និងអ្វីៗនៅលើផែនដី
ពិភពលោក និងអ្វីៗដែលកើតចេញ
ពីពិភពលោក
ចូរធ្វើជាសាក្សីដឹងឮចុះ!
២ ព្រះអម្ចាស់ទាស់ព្រះហឫទ័យនឹង
ប្រជាជាតិទាំងអស់
ព្រះអង្គព្រះពិរោធនឹងកងទ័ពទាំងប៉ុន្មាន
របស់ពួកគេ។
ព្រះអង្គបំផ្លាញពួកគេថ្វាយផ្ដាច់ដល់ព្រះអង្គ
ព្រះអង្គបញ្ជូនពួកគេទៅឲ្យខ្មាំង
សម្លាប់រង្គាល។
៣ សាកសពរបស់ពួកគេនឹងត្រូវទុកចោល
ឲ្យមានក្លិនអសោច
ហើយឈាមរបស់ពួកគេហូរពាសពេញភ្នំ។
៤ ផ្កាយទាំងប៉ុន្មាននៅលើមេឃនឹងរលាយសូន្យ
ផ្ទៃមេឃនឹងត្រូវរមូរ ដូចក្រាំងដែលគេមូរទុក
ហើយអ្វីៗនៅលើមេឃនឹងជ្រុះអស់
ដូចស្លឹកទំពាំងបាយជូរ និងស្លឹកឧទុម្ពរ
ដែលជ្រុះអស់នោះដែរ។
៥ ព្រះអម្ចាស់កំពុងគ្រវីព្រះខ័ននៅលើមេឃ
ព្រះខ័ននេះនឹងធ្លាក់មកលើស្រុកអេដុម
ដើម្បីបំផ្លាញប្រជាជន
ដែលព្រះអង្គបានកាត់ទោសនេះ
ថ្វាយផ្ដាច់ដល់ព្រះអង្គ។
៦ ព្រះខ័នរបស់ព្រះអម្ចាស់ប្រឡាក់សុទ្ធតែ
ឈាម និងខ្លាញ់
គឺដូចឈាមកូនចៀម និងពពែឈ្មោល
ដូចខ្លាញ់ដែលជាប់នឹងក្រលៀន
របស់ចៀមឈ្មោល
ដ្បិតព្រះអម្ចាស់ធ្វើយញ្ញបូជានៅក្រុងបូសរ៉ា
ហើយនឹងមានការសម្លាប់រង្គាលយ៉ាងខ្លាំង
នៅស្រុកអេដុម។
៧ នៅពេលនោះ ក្របី គោស្ទាវ និងគោបា
វិនាសជាមួយគ្នា
ដីនឹងជោកជាំទៅដោយឈាម
ហើយធូលីដីនឹងប្រឡាក់ជោកទៅដោយខ្លាញ់
៨ ដ្បិតថ្ងៃនោះជាថ្ងៃដែលព្រះអម្ចាស់
សងសឹកខ្មាំងសត្រូវ
ហើយនៅឆ្នាំនោះ ព្រះអង្គជម្រះបញ្ជីពួកគេ
ជំនួសប្រជាជននៅក្រុងស៊ីយ៉ូន។
៩ ទឹកជ្រោះនៅស្រុកអេដុមនឹងក្លាយជាធ្យូងថ្ម
ដីរបស់គេនឹងក្លាយជាស្ពាន់ធ័រ
ហើយស្រុករបស់គេ
ប្រៀបដូចជាធ្យូងដែលកំពុងតែឆេះគគុក។
១០ គឺមានភ្លើងឆេះទាំងថ្ងៃទាំងយប់
មានផ្សែងហុយអស់កល្បជានិច្ច។
ស្រុកទេសរបស់គេនឹងនៅជាទីស្មសាន
ជាដរាបតរៀងទៅ ឥតមាននរណាម្នាក់
ដើរកាត់តាមនោះទៀតឡើយ។
១១ សត្វទុង និងកាំប្រមា មកអាស្រ័យនៅក្នុងស្រុក
ហើយទីទុយ និងក្អែក
ក៏នាំគ្នាមករស់នៅក្នុងស្រុកនោះដែរ។
ព្រះអម្ចាស់នឹងធ្វើឲ្យស្រុកវិនាសហិនហោច
ឥតរូបរាងអ្វីទៀតឡើយ។
១២ នៅក្នុងស្រុកនឹងលែងមានអ្នកធំ
ដើម្បីជ្រើសរើសស្តេចឲ្យឡើង
សោយរាជ្យទៀតហើយ
រីឯអ្នកដឹកនាំស្រុកក៏បាត់សូន្យអស់ដែរ។
១៣ គុម្ពបន្លានឹងដុះនៅតាមកំពែងក្រុង
បន្លាស្អិត និងដើមដំបងយក្សនឹងដុះនៅ
ពាសពេញបន្ទាយ
ដែលក្លាយទៅជាជម្រករបស់ចចក
និងជាទ្រនំរបស់សត្វត្មាត។
១៤ សត្វដែលរស់នៅតាមវាលរហោស្ថាន
មកជួបជុំនឹងសត្វស្វាននៅទីនោះ
ពពែព្រៃមកជួបជុំគ្នា
ហើយព្រាយបិសាចក៏មកតាំងទីលំនៅ
និងសម្រាកនៅទីនោះដែរ។
១៥ រីឯពស់វែកមកធ្វើរូង និងដាក់ពងនៅទីនោះ
រួចភ្ញាស់កូនរបស់វា។
ខ្លែងស្រាកក៏ហើរទាំងហ្វូងៗ
មកជួបជុំគ្នានៅទីនោះដែរ។
១៦ ចូរពិនិត្យមើលក្នុងគម្ពីររបស់ព្រះអម្ចាស់
អ្នករាល់គ្នាមុខជាឃើញសេចក្ដីដែលមានចែង
ថា: «សត្វទាំងនោះនឹងនាំគ្នាមក
ឥតខ្វះមួយណាឡើយ
គឺវាធ្វើតាមបង្គាប់ព្រះអម្ចាស់ទាំងអស់គ្នា
ដ្បិតព្រះវិញ្ញាណរបស់ព្រះអង្គ
នឹងប្រមែប្រមូលវាមក។
១៧ ព្រះអង្គជ្រើសរើសកន្លែងសម្រាប់សត្វទាំងនោះ
ហើយវាស់ទឹកដីចែកឲ្យពួកវា
ពួកវាធ្វើជាម្ចាស់ និងរស់នៅលើទឹកដីនោះ
រហូតអស់កល្បជាអង្វែងតរៀងទៅ»។
៣៥
សម័យកាលដ៏ប្រសើររុងរឿង
១ វាលរហោស្ថាន និងដីហួតហែង
ចូររីករាយឡើង!
រីឯវាលខ្សាច់ ចូរត្រេកអរសប្បាយ
ហើយមានផ្ការីកស្គុសស្គាយឡើង!
២ ចូរមានផ្កាដុះដេរដាស
ហើយត្រេកអរសប្បាយ
ព្រមទាំងបន្លឺសំឡេងច្រៀងដោយរីករាយ
ដ្បិតព្រះអម្ចាស់ប្រទានឲ្យទឹកដីនេះ
រុងរឿងដូចព្រៃនៅភ្នំលីបង់
មានសោភណភាពដូចព្រៃព្រឹក្សានៅភ្នំកាម៉ែល
និងដូចចម្ការដំណាំនៅវាលទំនាបសារ៉ូនដែរ។
ពេលនោះ ប្រជាជននឹងឃើញ
សិរីរុងរឿង និងភាពថ្កុំថ្កើងរបស់ព្រះអម្ចាស់
ជាព្រះនៃយើង។
៣ ចូរជួយអ្នកដែលទន់ដៃទន់ជើង
ឲ្យមានកម្លាំងរឹងប៉ឹងមាំមួនឡើងវិញ!
៤ ចូរកម្លាចិត្តអ្នកដែលភ័យតក់ស្លុតថា:
ចូរមានចិត្តក្លាហានឡើង កុំភ័យខ្លាចអ្វីឡើយ!
មើល៍ហ្ន៎ ព្រះរបស់អ្នករាល់គ្នា!
ព្រះអង្គយាងមកសងសឹក
ព្រះអង្គនឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវ
តាមអំពើដែលគេបានប្រព្រឹត្តលើអ្នករាល់គ្នា
គឺព្រះអង្គផ្ទាល់ យាងមកសង្គ្រោះអ្នករាល់គ្នា។
៥ ពេលនោះ មនុស្សខ្វាក់នឹងមើលឃើញ
មនុស្សថ្លង់នឹងស្ដាប់ឮ
៦ មនុស្សខ្វិននឹងលោតដូចប្រើស
ហើយមនុស្សគនឹងច្រៀងយ៉ាងរីករាយ
ដ្បិតមានទឹកផុសឡើងនៅវាលរហោស្ថាន
ព្រមទាំងមានទឹកជ្រោះហូរ
នៅវាលហួតហែង។
៧ ដីបែកក្រហែងនឹងក្លាយទៅជាបឹងបួរ
ស្រុកដែលធ្លាប់តែរីងស្ងួត
បែរជាមានប្រភពទឹកផុសឡើងជាច្រើន
នៅតាមរូងចចក បែរជាមានដើមត្រែង
និងដើមកក់ដុះវិញ។
៨ នៅទីនោះ នឹងមានផ្លូវមួយឈ្មោះហៅថា
«ផ្លូវដ៏វិសុទ្ធ»។
មនុស្សមិនបរិសុទ្ធមិនអាចដើរតាមផ្លូវនោះទេ
ហើយអ្នកគោរពព្រះក្លែងក្លាយ
ក៏ដើរតាមផ្លូវនោះមិនបានដែរ
ព្រោះព្រះអម្ចាស់ផ្ទាល់ព្រះអង្គយាងនាំមុខគេ។
៩ គ្មានសត្វសិង្ហ សត្វសាហាវ នៅតាមផ្លូវនោះទេ
មានតែពួកឈ្លើយដែលព្រះអង្គបានលោះ
មកវិញប៉ុណ្ណោះដែលដើរតាមផ្លូវនោះ។
១០ ពួកឈ្លើយសឹកដែលព្រះអម្ចាស់បានរំដោះ
នឹងដើរត្រឡប់មកស្រុកវិញ
ពួកគេមកដល់ក្រុងស៊ីយ៉ូន
ដោយស្រែកហ៊ោយ៉ាងសប្បាយ។
ទឹកមុខរបស់ពួកគេពោរពេញទៅដោយអំណរ
រកអ្វីប្រៀបស្មើពុំបាន
ពួកគេសប្បាយរីករាយឥតឧបមា
ដ្បិតទុក្ខព្រួយ និងសម្រែកយំថ្ងូរ
លែងមានទៀតហើយ។
៣៦
ស្តេចស្រុកអាស្ស៊ីរីឡោមព័ទ្ធក្រុងយេរូសាឡឹម
(២ពង្សាវតារក្សត្រ ១៨.១៣, ១៧-៣៧)
១ នៅឆ្នាំទីដប់បួននៃរជ្ជកាលព្រះបាទអេសេខ្យាស ព្រះចៅសេណាខេរីប ជាស្តេចស្រុកអាស្ស៊ីរី បានលើកទ័ពមកវាយដណ្ដើមយកក្រុងទាំងប៉ុន្មាន ដែលមានកំពែងរឹងមាំ នៅស្រុកយូដា។ ២ បន្ទាប់មក ស្តេចស្រុកអាស្ស៊ីរីចាត់មេទ័ពមួយរូបពីកន្លែងបោះទ័ពនៅឡាគីស ឲ្យមកជួបព្រះបាទអេសេខ្យាសនៅក្រុងយេរូសាឡឹម ទាំងនាំកងពលយ៉ាងច្រើនមកជាមួយផង។ គាត់ឈរនៅក្បែរព្រែកជីក ដែលនៅជាប់នឹងស្រះខាងលើ តាមផ្លូវទៅចម្ការរបស់អ្នកជ្រលក់ល័ក្ខ។
៣ ពេលនោះ លោកអេលីយ៉ាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង ចេញទៅជួបមេទ័ពរបស់ស្តេចស្រុកអាស្ស៊ីរីនោះ ដោយមានលោកសិបណា ជាស្មៀនហ្លួង ព្រមទាំងលោកយ៉ូអា ជាកូនរបស់លោកអសាភ និងជាអ្នកនាំពាក្យរបស់ស្តេចទៅជាមួយផង។ ៤ មេទ័ពរបស់ព្រះចៅសេណាខេរីបពោលថា៖ «សូមអស់លោកទៅទូលព្រះបាទអេសេខ្យាសដូចតទៅ: ព្រះមហាក្សត្រាធិរាជ គឺព្រះមហាក្សត្ររបស់ស្រុកអាស្ស៊ីរី មានរាជឱង្ការថា តើព្រះករុណាមានអ្វី បានជាមានព្រះហឫទ័យអង់អាចបែបនេះ? ៥ ព្រះករុណាស្មានថា ពាក្យសម្ដីអាចជំនួសក្រុមប្រឹក្សាយោធា និងកម្លាំងទ័ព ក្នុងការធ្វើសឹកសង្គ្រាមបានឬ? តើព្រះករុណាពឹងផ្អែកលើនរណាបានជាហ៊ានបះបោរនឹងយើងដូច្នេះ? ៦ ព្រះករុណាទុកចិត្តលើស្រុកអេស៊ីប ដែលប្រៀបដូចជាដើមត្រែងបាក់ឬ? អស់អ្នកដែលទុកចិត្តលើព្រះចៅផារ៉ោន ជាស្តេចស្រុកអេស៊ីប ប្រៀបបាននឹងមនុស្សដែលច្រត់ដៃលើដើមត្រែងបាក់ គឺនាំឲ្យតែធ្លុះបាតដៃប៉ុណ្ណោះ។ ៧ ព្រះករុណាប្រហែលជាមានរាជឱង្ការមកយើងថា “ពួកយើងទុកចិត្តលើព្រះអម្ចាស់ ជាព្រះរបស់យើង!”។ ប៉ុន្តែ ព្រះករុណាបានបញ្ជាឲ្យគេកម្ទេចកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ និងអាសនៈរបស់ព្រះនេះ ហើយថែមទាំងបញ្ជាអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ឲ្យក្រាបថ្វាយបង្គំតែនៅមុខអាសនៈមួយនោះ មែនឬមិនមែន? ៨ ឥឡូវនេះ សុំព្រះករុណាសាកល្បងភ្នាល់ជាមួយព្រះចៅក្រុងអាស្ស៊ីរី ជាអម្ចាស់របស់ទូលបង្គំទៅ នោះទូលបង្គំនឹងថ្វាយសេះពីរពាន់ក្បាល ប្រសិនបើព្រះករុណារកអ្នកជិះបាន! ៩ សូម្បីតែមេទ័ពអាស្ស៊ីរីម្នាក់ដែលខ្សោយជាងគេ ក៏ព្រះករុណាវាយមិនឈ្នះផង ទោះបីព្រះករុណាពឹងលើរទេះចម្បាំង និងកងទ័ពសេះរបស់ស្រុកអេស៊ីបក៏ដោយ។ ១០ មួយវិញទៀត យើងលើកទ័ពមកវាយកម្ទេចស្រុកនេះ ស្របតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ ដ្បិតព្រះអង្គបង្គាប់ឲ្យយើងមកវាយកម្ទេចស្រុកនេះ»។
១១ ពេលនោះ លោកអេលីយ៉ាគីម លោកសិបណា និងលោកយ៉ូអា ពោលទៅកាន់មេទ័ពអាស្ស៊ីរីថា៖ «សូមលោកមេត្តាមានប្រសាសន៍មកយើងខ្ញុំជាភាសាអារ៉ាមមក ដ្បិតយើងខ្ញុំស្ដាប់ភាសាលោកបាន តែសូមកុំមានប្រសាសន៍ជាភាសាយូដា ក្រែងប្រជាជននៅតាមកំពែងក្រុងឮ»។ ១២ មេទ័ពអាស្ស៊ីរីតបវិញថា៖ «ព្រះមហាក្សត្ររបស់យើងប្រើយើងឲ្យមកនេះ មិនមែនគ្រាន់តែនាំពាក្យមកទូលស្តេចរបស់អស់លោក ឬក៏ប្រាប់អស់លោកផ្ទាល់ប៉ុណ្ណោះទេ គឺស្តេចឲ្យយើងមកប្រាប់អ្នកទាំងអស់ ដែលស្ថិតនៅតាមកំពែងនេះ។ អ្នកទាំងនោះកំពុងតែស៊ីលាមកខ្លួនឯង ហើយផឹកទឹកនោមខ្លួនឯង ដូចអស់លោកដែរ»។ ១៣ បន្ទាប់មក មេទ័ពអាស្ស៊ីរីនោះឈរស្រែកក្តែងៗយ៉ាងអស់ទំហឹង ជាភាសាយូដាថា៖ «ចូរនាំគ្នាស្ដាប់រាជឱង្ការរបស់ព្រះមហាក្សត្រាធិរាជ គឺព្រះចៅក្រុងអាស្ស៊ីរី ដូចតទៅ: ១៤ ព្រះករុណាមានរាជឱង្ការថា: កុំទុកឲ្យស្តេចអេសេខ្យាសបោកប្រាស់អ្នករាល់គ្នាឡើយ ដ្បិតស្តេចនេះពុំអាចរំដោះអ្នករាល់គ្នាជាដាច់ខាត ១៥ កុំទុកឲ្យស្តេចអេសេខ្យាសនាំអ្នករាល់គ្នាទុកចិត្តលើព្រះអម្ចាស់ ដោយពោលថា “ព្រះអម្ចាស់ពិតជារំដោះយើង ព្រះអង្គមិនបណ្តោយឲ្យក្រុងនេះធ្លាក់ក្នុងកណ្ដាប់ដៃរបស់ស្តេចស្រុកអាស្ស៊ីរីឡើយ”។ ១៦ កុំស្ដាប់ស្តេចអេសេខ្យាសឲ្យសោះ ដ្បិតព្រះចៅក្រុងអាស្ស៊ីរីមានរាជឱង្ការថា “ចូរនាំគ្នាចុះសន្ធិសញ្ញាសុំសន្តិភាពពីយើង ចូរនាំគ្នាមកចុះចូលនឹងយើងទៅ នោះអ្នករាល់គ្នានឹងបានបរិភោគផ្លែទំពាំងបាយជូរ និងផ្លែឧទុម្ពរ*របស់ខ្លួន ព្រមទាំងផឹកទឹកពីអណ្ដូងរបស់ខ្លួនដែរ ១៧ រួចហើយ យើងនឹងមកនាំអ្នករាល់គ្នាយកទៅនៅស្រុកមួយទៀត ដែលសម្បូណ៌សប្បាយដូចស្រុករបស់អ្នករាល់គ្នា គឺស្រុកពោរពេញដោយស្រូវ និងស្រាទំពាំងបាយជូរ ជាស្រុកសម្បូណ៌អាហារ និងចម្ការទំពាំងបាយជូរ”។ ១៨ កុំទុកឲ្យស្តេចអេសេខ្យាសបញ្ឆោតអ្នករាល់គ្នា ដោយពោលថា “ព្រះអម្ចាស់នឹងរំដោះយើង”នោះឡើយ ដ្បិតក្នុងចំណោមព្រះរបស់ប្រជាជាតិទាំងឡាយ គ្មានព្រះណាបានរំដោះស្រុកគេឲ្យរួចពីព្រះហស្ដរបស់ព្រះចៅក្រុងអាស្ស៊ីរីទាល់តែសោះ! ១៩ តើព្រះរបស់ក្រុងហាម៉ាត ព្រះរបស់ក្រុងអារប៉ាដ ព្រះរបស់ពួកសេផារវ៉ាអ៊ីម ទៅណាបាត់អស់ហើយ? ម្ដេចក៏មិនឃើញព្រះទាំងនោះរំដោះក្រុងសាម៉ារី ឲ្យរួចពីកណ្ដាប់ដៃរបស់យើង? ២០ ក្នុងចំណោមព្រះទាំងប៉ុន្មានរបស់ស្រុកទាំងនោះ គ្មានព្រះមួយណាបានរំដោះស្រុករបស់ខ្លួនឲ្យរួចផុតពីកណ្ដាប់ដៃរបស់យើងឡើយ។ ដូច្នេះ ព្រះអម្ចាស់ក៏ពុំអាចរំដោះក្រុងយេរូសាឡឹមឲ្យរួចពីកណ្ដាប់ដៃរបស់យើងដែរ!»។
២១ ប្រជាជននៅស្ងៀមស្ងាត់ទាំងអស់គ្នា គ្មាននរណាឆ្លើយទៅមេទ័ពអាស្ស៊ីរីឡើយ ដ្បិតព្រះបាទអេសេខ្យាស បង្គាប់ពួកគេមិនឲ្យឆ្លើយតបនឹងមេទ័ពនោះជាដាច់ខាត។ ២២ លោកអេលីយ៉ាគីម ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង លោកសិបណា ជាស្មៀនហ្លួង ព្រមទាំងលោកយ៉ូអា ជាកូនរបស់លោកអសាភ និងជាអ្នកនាំពាក្យរបស់ព្រះរាជា នាំគ្នាវិលទៅគាល់ព្រះបាទអេសេខ្យាសវិញ ទាំងហែកសម្លៀកបំពាក់ ហើយទូលថ្វាយព្រះរាជានូវពាក្យរបស់មេទ័ពស្តេចស្រុកអាស្ស៊ីរី។
៣៧
ព្រះបាទអេសេខ្យាសសួរយោបល់ព្យាការីអេសាយ
(២ពង្សាវតារក្សត្រ ១៩.១-៧)
១ កាលព្រះបាទអេសេខ្យាសទទួលដំណឹងនេះ ស្តេចហែកព្រះភូសាចោល យកបាវមកស្លៀក រួចយាងទៅព្រះដំណាក់របស់ព្រះអម្ចាស់។ ២ ព្រះរាជាចាត់លោកអេលីយ៉ាគីម ដែលជាអ្នកមើលខុសត្រូវលើព្រះបរមរាជវាំង និងលោកសិបណា ជាស្មៀនហ្លួង ព្រមទាំងលោកបូជាចារ្យចាស់ៗដែលស្លៀកបាវទាំងអស់គ្នា ឲ្យទៅជួបព្យាការីអេសាយ ជាកូនរបស់លោកអម៉ុស។ ៣ ពួកគេជម្រាបលោកដូចតទៅ៖ «ព្រះបាទអេសេខ្យាសមានរាជឱង្ការថា: ថ្ងៃនេះជាថ្ងៃមានអាសន្ន ជាថ្ងៃដែលយើងទទួលទណ្ឌកម្ម និងអាម៉ាស់មុខ គឺប្រៀបដូចជាថ្ងៃដែលទារកត្រូវកើត តែម្ដាយគ្មានកម្លាំងបង្កើតវាទេ។ ៤ ស្តេចស្រុកអាស្ស៊ីរីបានចាត់មេទ័ពឲ្យមកជេរប្រមាថព្រះអម្ចាស់ ជាព្រះដែលមានព្រះជន្មគង់នៅ។ ព្រះអម្ចាស់ជាព្រះរបស់លោកប្រហែលជា ឮពាក្យរបស់មេទ័ពនោះដែរ ហើយព្រះអង្គមុខជាដាក់ទោសគេ ព្រោះតែពាក្យដែលព្រះអង្គបានឮ។ ហេតុនេះ សូមទូលអង្វរព្រះអម្ចាស់ជាព្រះរបស់លោក សូមព្រះអង្គមេត្តាប្រណីដល់ប្រជាជនដែលនៅសេសសល់នេះផង»។
៥ មន្ត្រីរបស់ព្រះបាទអេសេខ្យាសនាំគ្នាទៅជួបលោកអេសាយ ៦ ហើយលោកអេសាយប្រាប់ពួកគេថា៖ «អស់លោកត្រូវទូលព្រះករុណាថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “កុំភ័យខ្លាច ព្រោះតែពាក្យដែលអ្នកបានឮ គឺពាក្យដែលពួកអាស្ស៊ីរីប្រមាថមាក់ងាយយើងនោះឡើយ។ ៧ បន្តិចទៀត ស្តេចស្រុកអាស្ស៊ីរីទទួលដំណឹងមួយ យើងនឹងធ្វើឲ្យស្តេចនេះវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ ហើយត្រូវគេធ្វើគុតដោយមុខដាវនៅស្រុកនោះ”»។
ការគំរាមកំហែងសាជាថ្មីពីសំណាក់ស្តេចសេណាខេរីប
(២ពង្សាវតារក្សត្រ ១៩.៨-១៣)
៨ មេទ័ពបានវិលទៅជួបស្តេចអាស្ស៊ីរីវិញ ក្នុងពេលដែលស្តេចកំពុងតែលើកទ័ពចេញពីក្រុងឡាគីស ទៅវាយយកក្រុងលីបណា។ ៩ ពេលនោះ ស្តេចស្រុកអាស្ស៊ីរីបានទទួលដំណឹងថា កងទ័ពអេស៊ីបដឹកនាំដោយព្រះចៅទីរ៉ាកា ជាជនជាតិអេត្យូពីកំពុងតែចេញមកធ្វើសឹកនឹងទ័ពអាស្ស៊ីរី។ ពេលឮដំណឹងនេះហើយ ស្តេចក៏ចាត់អ្នកនាំសារឲ្យទៅជួបព្រះបាទអេសេខ្យាស ដោយផ្តាំថា៖ ១០ «ចូរប្រាប់ព្រះបាទអេសេខ្យាស ជាស្តេចស្រុកយូដាដូចតទៅ “សូមកុំឲ្យព្រះរបស់ព្រះករុណា គឺព្រះដែលព្រះករុណាទុកចិត្ត បញ្ឆោតព្រះករុណាដោយអះអាងថា ក្រុងយេរូសាឡឹមនឹងមិនធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្តេចស្រុកអាស្ស៊ីរីទេ”។ ១១ ព្រះករុណាជ្រាបស្រាប់ហើយថា ស្តេចស្រុកអាស្ស៊ីរីនៅជំនាន់មុនៗ បានបំផ្លាញនគរទាំងប៉ុន្មានអស់គ្មានសល់។ ចុះព្រះករុណាវិញ តើព្រះករុណាស្មានថានឹងរួចខ្លួនកើតឬ? ១២ ពេលអយ្យកោរបស់យើងកម្ទេចនគរកូសាន ហារ៉ាន រ៉េតសេប និងក្រុងរបស់ពួកអេដែន នៅស្រុកតេឡាសារ គ្មានព្រះណាមួយរបស់ប្រជាជាតិទាំងនោះរំដោះពួកគេឡើយ។ ១៣ រីឯស្តេចទាំងឡាយរបស់ក្រុងហាម៉ាត ក្រុងអារប៉ាដ ក្រុងសេផារវ៉ាអ៊ីម ក្រុងហេណា និងក្រុងអ៊ីវ៉ា ក៏ត្រូវវិនាសអស់គ្មានសល់ដែរ!»។
ពាក្យអធិស្ឋានរបស់ព្រះបាទអេសេខ្យាស
(២ពង្សាវតារក្សត្រ ១៩.១៤-៣៧)
១៤ ព្រះបាទអេសេខ្យាសទទួលលិខិតពីអ្នកនាំសារ មកអាន រួចស្តេចយាងឡើងទៅព្រះដំណាក់ យកលិខិតនោះលាតបង្ហាញនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ១៥ ព្រះបាទអេសេខ្យាសទូលអង្វរព្រះអម្ចាស់ដូចតទៅ៖
១៦ «ឱព្រះអម្ចាស់នៃពិភពទាំងមូលអើយ ព្រះអង្គជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលគង់នៅលើពួកខេរូប៊ីម មានតែព្រះអង្គមួយគត់ដែលជាព្រះរបស់នគរទាំងប៉ុន្មាននៅលើផែនដី ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី។ ១៧ ព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ! ព្រះអម្ចាស់អើយ សូមបើកព្រះនេត្រទតមើលផង! សូមព្រះអង្គព្រះសណ្ដាប់សេចក្ដីទាំងប៉ុន្មាន ដែលស្តេចសេណាខេរីបបានផ្ញើមកជេរប្រមាថ ព្រះដ៏មានព្រះជន្មគង់នៅ!។ ១៨ ឱព្រះអម្ចាស់អើយ ស្តេចស្រុកអាស្ស៊ីរីពិតជាបានកម្ទេចប្រជាជាតិទាំងប៉ុន្មាន និងបំផ្លាញទឹកដីរបស់គេមែន ១៩ ព្រមទាំងយកព្រះរបស់គេទៅដុតឲ្យវិនាសសូន្យថែមទៀតផង។ ប៉ុន្តែ ព្រះទាំងនោះ មិនមែនជាព្រះទេ គឺគ្រាន់តែជារូបឈើ ឬថ្មដែលជាស្នាដៃរបស់មនុស្សប៉ុណ្ណោះ។ ២០ ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ ឥឡូវនេះ សូមសង្គ្រោះយើងខ្ញុំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ស្តេចសេណាខេរីបផង ដើម្បីឲ្យនគរទាំងប៉ុន្មាននៅផែនដីដឹងថា មានតែព្រះអង្គមួយប៉ុណ្ណោះដែលជាព្រះអម្ចាស់!»។
២១ ពេលនោះ លោកអេសាយ ជាកូនរបស់លោកអម៉ុស ចាត់គេឲ្យទៅទូលព្រះបាទអេសេខ្យាសថា៖ «ព្រះករុណាបានទូលអង្វរព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ស្តីអំពីសេណាខេរីប ជាស្តេចរបស់ស្រុកអាស្ស៊ីរី។ នេះជាព្រះបន្ទូលឆ្លើយតបរបស់ព្រះអម្ចាស់។
២២ ព្រះអម្ចាស់មានព្រះបន្ទូលប្រឆាំងនឹងស្តេចនោះថា:
សេណាខេរីបអើយ!
ក្រុងស៊ីយ៉ូន ដែលប្រៀបដូចជាស្ត្រីព្រហ្មចារី
នឹងប្រមាថមើលងាយអ្នក
អ្នកក្រុងយេរូសាឡឹមនឹងគ្រវីក្បាល
ចំអកឲ្យអ្នក។
២៣ តើអ្នកបានជេរ និងត្មះតិះដៀលនរណា?
តើអ្នកស្រែកក្តែងៗប្រឆាំងនឹងនរណា?
គឺអ្នកហ៊ានព្រហើនដាក់ព្រះដ៏វិសុទ្ធ
របស់ជនជាតិអ៊ីស្រាអែល។
២៤ អ្នកបានប្រើពួកបម្រើរបស់អ្នក
ឲ្យមកជេរព្រះអម្ចាស់។
អ្នកពោលថា: ដោយអញមានរទេះចម្បាំងច្រើន
អញនឹងឡើងទៅលើកំពូលភ្នំទាំងឡាយ
អញនឹងចូលទៅដល់ព្រៃជ្រៅនៅស្រុកលីបង់
ដើម្បីកាប់ដើមតាត្រៅដ៏ខ្ពស់ៗ
និងដើមស្រឡៅដ៏ល្អៗ។
អញនឹងឡើងទៅដល់កំពូលដ៏ខ្ពស់ជាងគេ
ហើយចូលទៅដល់ព្រៃស្រោងផង។
២៥ អញបានជីកអណ្ដូង ហើយផឹកទឹក
ពេលអញឈានជើងជាន់តំបន់ទន្លេនីល
ទឹកនៅតាមដៃទន្លេនឹងរីងអស់ជាមិនខាន។
២៦ សេណាខេរីបអើយ អ្នកមិនដឹងទេឬថា
យើងបានគ្រោងទុក និងរៀបចំព្រឹត្តិការណ៍
ទាំងនេះ តាំងពីបុរាណកាលមកម៉្លេះ!
ឥឡូវនេះ យើងធ្វើឲ្យសម្រេច
ដើម្បីកម្ទេចក្រុងដែលមានកំពែងដ៏រឹងមាំ
ឲ្យក្លាយទៅជាគំនរឥដ្ឋ។
២៧ អ្នកក្រុងទាំងនោះគ្មានកម្លាំងតទល់ទេ
ពួកគេភ័យខ្លាច ហើយអាម៉ាស់មុខ។
ពួកគេប្រៀបដូចជាស្មៅនៅតាមទីវាល
ឬដូចរុក្ខជាតិនៅតាមចម្ការ
និងដូចស្មៅដែលដុះនៅលើដំបូលផ្ទះ
ពេលខ្យល់ក្ដៅពីទិសខាងកើតបក់មក
វាក៏ក្រៀមអស់ទៅ។
២៨ ចំណែកឯយើងវិញ
អ្នកធ្វើអ្វីក៏ដោយ យើងដឹងទាំងអស់។
ពេលណាអ្នកអង្គុយ ពេលណាអ្នកចេញ ចូល
ឬច្រឡោតខឹងនឹងយើង ក៏យើងដឹងដែរ។
២៩ អ្នកច្រឡោតខឹងនឹងយើង
យើងបានឮពាក្យសម្ដីព្រហើនៗរបស់អ្នក
ហេតុនេះហើយបានជាយើងយកកន្លុះ
មកដាក់ច្រមុះអ្នក
និងយកបង្ហៀរមកដាក់មាត់អ្នក
ហើយដឹកអ្នកវិលត្រឡប់ទៅស្រុករបស់អ្នកវិញ
តាមផ្លូវដែលអ្នកបានធ្វើដំណើរមក។
៣០ ចំពោះអ្នកវិញ អេសេខ្យាសអើយ យើងនឹងបង្ហាញទីសម្គាល់មួយឲ្យអ្នកឃើញ គឺឆ្នាំនេះ និងឆ្នាំក្រោយ អ្នករាល់គ្នាបរិភោគស្រូវដែលដុះឯកឯង តែឆ្នាំក្រោយមួយទៀត អ្នករាល់គ្នាត្រូវសាបព្រោះ ច្រូតកាត់ អ្នករាល់គ្នាត្រូវដាំទំពាំងបាយជូរ រួចបរិភោគផលនោះទៅ។ ៣១ អ្នកស្រុកយូដាដែលបានរួចជីវិត និងនៅសេសសល់ ប្រៀបដូចជាដើមឈើដែលចាក់ឫសទៅក្នុងដី ហើយមានមែកពេញទៅដោយផ្លែ។ ៣២ ដោយព្រះហឫទ័យស្រឡាញ់ដ៏លើសលប់របស់ព្រះអម្ចាស់នៃពិភពទាំងមូល ព្រះអង្គនឹងទុកឲ្យប្រជាជនមួយចំនួននៅសេសសល់ក្នុងក្រុងយេរូសាឡឹម ហើយឲ្យប្រជាជនមួយចំនួនរួចជីវិតនៅលើភ្នំស៊ីយ៉ូន។
៣៣ ចំពោះស្តេចស្រុកអាស្ស៊ីរីវិញ ព្រះអម្ចាស់មានព្រះបន្ទូលថា “ស្តេចនោះនឹងមិនចូលមកក្នុងក្រុងយេរូសាឡឹមទេ ហើយក៏មិនបាញ់ព្រួញចូលមក ឬក៏ប្រើខែល និងលើកដីដើម្បីវាយលុកក្រុងនេះដែរ។ ៣៤ ស្តេចនោះនឹងវិលត្រឡប់ទៅវិញ តាមផ្លូវដែលគេធ្វើដំណើរមក គឺគេនឹងមិនចូលមកក្នុងក្រុងនេះឡើយ” -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ៣៥ យើងនឹងការពារ ហើយសង្គ្រោះក្រុងនេះ ដោយយល់ដល់នាមយើង និងយល់ដល់ដាវីឌ ជាអ្នកបម្រើរបស់យើង»។
៣៦ ពេលនោះ ទេវទូតរបស់ព្រះអម្ចាស់បានចេញមកវាយទីតាំងទ័ពរបស់ពួកអាស្ស៊ីរី ហើយប្រហារជីវិតពួកគេ អស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់។ លុះព្រឹកឡើង ពេលគេភ្ញាក់ពីដំណេក គេឃើញមានសាកសពនៅពាសពេញទីតាំងទ័ព។ ៣៧ ព្រះចៅសេណាខេរីប ជាស្តេចស្រុកអាស្ស៊ីរី ក៏ដកទ័ពចេញពីទីនោះ វិលត្រឡប់ទៅគង់នៅក្រុងនីនីវេវិញ។ ៣៨ ថ្ងៃមួយ ពេលស្តេចកំពុងតែថ្វាយបង្គំព្រះនីសរ៉ុក នៅក្នុងវិហារ នោះបុត្រាពីរអង្គរបស់ស្តេច គឺអដ្រាមេឡេក និងសារ៉េតសេ បានធ្វើគុតស្តេចដោយមុខដាវ រួចនាំគ្នាគេចខ្លួនទៅតំបន់អារ៉ារ៉ាត។ បុត្រាមួយអង្គទៀតនាមអេសារហាដូន បានឡើងស្នងរាជ្យ។
៣៨
ព្រះបាទអេសេខ្យាសប្រឈួន និងបានជាវិញ
(២ពង្សាវតារក្សត្រ ២០.១-១១)
១ នៅគ្រានោះ ព្រះបាទអេសេខ្យាសប្រឈួនជាទម្ងន់ ហៀបនឹងសុគត។ ព្យាការីអេសាយ ជាកូនលោកអម៉ុស មកគាល់ព្រះអង្គ ហើយទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា សូមព្រះករុណាផ្តែផ្តាំព្រះរាជវង្សានុវង្សឲ្យហើយទៅ ដ្បិតព្រះករុណាមិនអាចរស់រានតទៅទៀតទេ គឺព្រះករុណាជិតសោយទិវង្គតហើយ»។ ២ ព្រះបាទអេសេខ្យាសបែរព្រះភ័ក្ត្រទៅរកជញ្ជាំង ហើយទូលអង្វរព្រះអម្ចាស់ ដូចតទៅ៖ ៣ «ឱ! ព្រះអម្ចាស់អើយ សូមកុំភ្លេចថា ទូលបង្គំដើរតាមមាគ៌ារបស់ព្រះអង្គ ដោយចិត្តស្មោះស្ម័គ្រ និងចិត្តទៀងត្រង់ ទូលបង្គំប្រព្រឹត្តតែអំពើដែលគាប់ព្រះហឫទ័យព្រះអង្គប៉ុណ្ណោះ!»។ ព្រះបាទអេសេខ្យាសបង្ហូរជលនេត្រយ៉ាងខ្លាំង។ ៤ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេសាយដូចតទៅ៖ ៥ «ចូរវិលទៅប្រាប់ស្តេចអេសេខ្យាសថា ព្រះអម្ចាស់ ជាព្រះរបស់ដាវីឌដែលជាអយ្យកោរបស់ព្រះករុណា មានព្រះបន្ទូលដូចតទៅនេះ: “យើងបានឮពាក្យអង្វររបស់អ្នក ហើយយើងក៏បានឃើញទឹកភ្នែករបស់អ្នកដែរ។ យើងនឹងបន្ថែមអាយុឲ្យអ្នកដប់ប្រាំឆ្នាំទៀត។ ៦ យើងនឹងរំដោះអ្នក ព្រមទាំងរំដោះក្រុងយេរូសាឡឹមនេះ ឲ្យរួចពីកណ្ដាប់ដៃរបស់ស្តេចស្រុកអាស្ស៊ីរី យើងក៏នឹងការពារក្រុងនេះដែរ”»។
២១ បន្ទាប់មក លោកអេសាយបង្គាប់ទៅរាជបម្រើថា៖ «ចូរយកម្សៅឧទុម្ពរមកលាបលើដំបៅរបស់ព្រះករុណាទៅ នោះស្តេចនឹងជាសះស្បើយមិនខាន»។
២២ ពេលនោះ ព្រះបាទអេសេខ្យាសមានរាជឱង្ការសួរថា៖ «តើមានទីសម្គាល់អ្វីដែលនាំឲ្យខ្ញុំដឹងថា ខ្ញុំមុខជាអាចឡើងទៅព្រះដំណាក់របស់ព្រះអម្ចាស់បាន?»។ ៧ លោកអេសាយទូលស្តេចវិញថា៖ «ព្រះអម្ចាស់នឹងប្រទានទីសម្គាល់មួយ ដើម្បីឲ្យព្រះករុណាជ្រាបថា ព្រះអម្ចាស់មុខជាសម្រេចតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ៨ គឺព្រះអង្គនឹងធ្វើឲ្យស្រមោលថ្ងៃ ដែលជះទៅលើរង្វាស់ម៉ោងរបស់ព្រះបាទអខាស ដើរថយក្រោយដប់កាំ»។ ពេលនោះ ស្រមោលដែលជ្រេទៅហើយ ក៏ថយក្រោយវិញដប់កាំមែន។
៩ ក្រោយពេលព្រះបាទអេសេខ្យាស ជាស្តេចស្រុកយូដា បានជាសះស្បើយពីជំងឺវិញ ព្រះអង្គក៏លើកទំនុក តម្កើងព្រះអម្ចាស់ដូចតទៅ:
១០ «ខ្ញុំនឹកថា ខ្ញុំរស់បានតែពាក់កណ្ដាលអាយុ
ហើយខ្ញុំត្រូវលាចាកលោកនេះ
ទៅកាន់ស្ថានមនុស្សស្លាប់ ដើម្បីបន្តអាយុជីវិត
ដែលនៅសល់នៅស្ថាននោះ។
១១ ខ្ញុំនឹកថា ខ្ញុំនឹងលែងឃើញព្រះភ័ក្ត្ររបស់
ព្រះអម្ចាស់ក្នុងពិភពរបស់មនុស្សទៀតហើយ
ហើយនៅក្នុងពិភពនេះ
ខ្ញុំក៏នឹងលែងឃើញមុខមនុស្សណាម្នាក់ដែរ។
១២ ជីវិតខ្ញុំត្រូវឃ្លាតចាកឆ្ងាយពីខ្ញុំទៅ
ដូចគង្វាលរើជំរំរបស់គេ
ព្រះអម្ចាស់ធ្វើឲ្យជីវិតខ្ញុំត្រូវចប់
នៅពេលល្ងាច ដូចអ្នកតម្បាញមូរក្រណាត់
ដែលគាត់បានត្បាញហើយនោះដែរ។
១៣ ខ្ញុំនឹងត្រូវវិនាសមុនពេលថ្ងៃរះ
ព្រះអង្គធ្វើឲ្យខ្ញុំឈឺសព្វសព៌ាង្គកាយ
ប្រៀបដូចជាមានសត្វសិង្ហមកទំពាឆ្អឹងខ្ញុំ
ព្រះអម្ចាស់អើយ ចាប់ពីថ្ងៃដល់យប់
ព្រះអង្គនឹងធ្វើឲ្យជីវិតខ្ញុំត្រូវចប់។
១៤ ខ្ញុំស្រែកយំដូចសត្វត្រចៀកកាំ ខ្ញុំថ្ងូរដូចព្រាប
ភ្នែកខ្ញុំសម្លឹងមើលទៅលើមេឃ ទាំងទុក្ខសោក
ឱព្រះអម្ចាស់អើយ ទូលបង្គំវេទនាខ្លាំងណាស់
សូមជួយស្រោចស្រង់ទូលបង្គំផង!
១៥ តើខ្ញុំអាចថ្លែងដូចម្ដេច?
តើខ្ញុំទូលទៅព្រះអង្គដូចម្ដេចខ្លះ?
ព្រះអង្គទេតើដែលបានធ្វើឲ្យការណ៍នេះកើតឡើង
ខ្ញុំមានចិត្តជូរចត់ជាខ្លាំង
ធ្វើឲ្យខ្ញុំទទួលទានដំណេកមិនលក់ឡើយ។
១៦ ព្រះអម្ចាស់អើយ មនុស្សមានជីវិត
ដោយសារព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ទូលបង្គំនៅមានដង្ហើមចេញចូល
ក៏ដោយសារតែព្រះហឫទ័យសប្បុរសនេះដែរ
ព្រះអង្គប្រោសប្រទានឲ្យទូលបង្គំ
មានកម្លាំង និងមានជីវិតឡើងវិញ។
១៧ ឥឡូវនេះ ចិត្តជូរចត់របស់ទូលបង្គំ
ប្រែមកជាចិត្តដ៏សុខសាន្ត ដ្បិតព្រះអង្គផ្ទាល់សព្វ
ព្រះហឫទ័យស្រង់ជីវិតទូលបង្គំ
ឲ្យចៀសផុតពីរណ្ដៅមច្ចុរាជ
ព្រះអង្គលែងនឹកនាពីអំពើបាបរបស់ទូលបង្គំទៀតហើយ។
១៨ ក្នុងស្ថានមនុស្សស្លាប់
គ្មាននរណាអាចលើកតម្កើងព្រះអង្គបានឡើយ
មច្ចុរាជក៏ពុំអាចសរសើរតម្កើងព្រះអង្គ
ហើយអស់អ្នកដែលចុះទៅក្នុងរណ្ដៅ
ក៏ពុំអាចសង្ឃឹមលើព្រះហឫទ័យស្មោះស្ម័គ្រ
របស់ព្រះអង្គបានទៀតដែរ។
១៩ មានតែអ្នកដែលនៅរស់ប៉ុណ្ណោះ
ដែលអាចលើកតម្កើងព្រះអង្គ
ដូចទូលបង្គំលើកតម្កើងព្រះអង្គនៅថ្ងៃនេះ។
ឪពុកនឹងតំណាលប្រាប់កូនៗរបស់ខ្លួន
អំពីព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ។
២០ ឱព្រះអម្ចាស់អើយ ព្រះអង្គបានសង្គ្រោះទូលបង្គំ
យើងខ្ញុំនឹងប្រគំតូរ្យតន្ដ្រី
នៅក្នុងព្រះដំណាក់របស់ព្រះអង្គ
ជារៀងរាល់ថ្ងៃ អស់មួយជីវិតយើងខ្ញុំ»។
២៩
ព្រះបាទអេសេខ្យាសទទួលទូតរបស់ស្រុកបាប៊ីឡូន
(២ពង្សាវតារក្សត្រ ២០.១២-១៩)
១ នៅគ្រានោះ ស្តេចស្រុកបាប៊ីឡូន គឺព្រះចៅមេរ៉ូដាក-បាឡាដន ជាបុត្ររបស់ព្រះចៅបាឡាដន បានផ្ញើរាជសារ និងតង្វាយមកថ្វាយព្រះបាទអេសេខ្យាស ដ្បិតស្តេចជ្រាបដំណឹងថា ព្រះបាទអេសេខ្យាសប្រឈួន ហើយបានជាឡើងវិញ។ ២ ព្រះបាទអេសេខ្យាស មានព្រះហឫទ័យរីករាយណាស់ ស្តេចនាំរាជទូតរបស់ស្រុកបាប៊ីឡូនទៅទស្សនាកន្លែងដែលស្តេចទុកវត្ថុដ៏មានតម្លៃ ធ្វើពីមាស និងប្រាក់ ព្រមទាំងគ្រឿងក្រអូប ប្រេងដ៏មានតម្លៃ គ្រឿងសព្វាវុធផ្សេងៗ និងអ្វីៗទាំងអស់ដែលមាននៅក្នុងឃ្លាំងរាជទ្រព្យ។ ព្រះបាទអេសេខ្យាសបង្ហាញអ្វីៗទាំងអស់ដែលមាននៅក្នុងរាជវាំង និងក្នុងនគរ ឲ្យរាជទូតរបស់ស្តេចបាប៊ីឡូនឃើញ ឥតមានចន្លោះអ្វីឡើយ។
៣ បន្ទាប់មក ព្យាការីអេសាយចូលមកគាល់ព្រះបាទអេសេខ្យាស សួរថា៖ «អ្នកទាំងនោះមកពីណា? តើគេទូលព្រះករុណាដូចម្ដេចខ្លះ?»។ ព្រះបាទអេសេខ្យាសមានរាជឱង្ការថា៖ «ពួកគេមកពីស្រុកឆ្ងាយ ដើម្បីមកគាល់យើង គឺមកពីស្រុកបាប៊ីឡូន»។ ៤ លោកអេសាយសួរព្រះបាទអេសេខ្យាសទៀតថា៖ «តើពួកគេបានឃើញអ្វីខ្លះនៅក្នុងព្រះបរមរាជវាំង?»។ ព្រះបាទអេសេខ្យាសតបវិញថា៖ «ពួកគេឃើញអ្វីៗទាំងប៉ុន្មាននៅក្នុងវាំងរបស់យើង ដ្បិតយើងបង្ហាញភោគទ្រព្យទាំងអស់ឲ្យពួកគេឃើញ ឥតមានលាក់លៀមអ្វីឡើយ»។
៥ ពេលនោះ លោកអេសាយទូលព្រះបាទអេសេខ្យាសថា៖ «សូមព្រះករុណាព្រះអង្គសណ្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល ដូចតទៅ: ៦ ព្រះអម្ចាស់មានព្រះបន្ទូលថា “នៅគ្រាខាងមុខ រាជទ្រព្យទាំងអស់ដែលស្ថិតនៅក្នុងវាំងរបស់អ្នក និងភោគសម្បត្តិដែលអយ្យកោរបស់អ្នកបានសន្សំទុក នឹងត្រូវគេដឹកជញ្ជូនយកទៅស្រុកបាប៊ីឡូន ឥតមានសេសសល់អ្វីឡើយ។ ៧ គេក៏នាំរាជវង្សានុវង្សរបស់អ្នក យកទៅធ្វើជាមហាតលិក នៅក្នុងវាំងរបស់ស្តេចស្រុកបាប៊ីឡូនដែរ”»។ ៨ ព្រះបាទអេសេខ្យាសមានរាជឱង្ការតបទៅលោកអេសាយវិញថា៖ «ព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលលោកថ្លែងនេះល្អហើយ» ដ្បិតព្រះរាជាគិតថា «ក្នុងពេលដែលយើងនៅមានជីវិត យើងនឹងរស់នៅដោយសន្តិភាព និងសុខសាន្តត្រាណ»។
៤០
ភាគទីពីរ ព្រះជាម្ចាស់សម្រាលទុក្ខជនជាតិអ៊ីស្រាអែល
សេចក្ដីប្រកាសស្តីអំពីការសង្គ្រោះ
១ ព្រះរបស់អ្នករាល់គ្នា មាន
ព្រះបន្ទូលថា៖
«ចូរជួយសម្រាលទុក្ខប្រជាជនរបស់យើង
កុំបង្អង់ឡើយ!
២ ចូរលើកទឹកចិត្តអ្នកក្រុងយេរូសាឡឹម
ហើយប្រកាសប្រាប់គេថា
ពេលវេលាដែលខ្មាំងបង្ខំឲ្យគេធ្វើការ
យ៉ាងធ្ងន់នោះ បានចប់សព្វគ្រប់ហើយ!
គេរងទុក្ខទោសគ្រប់គ្រាន់ហើយ!
ព្រះអម្ចាស់បានដាក់ទោសគេ
ព្រោះតែអំពើបាបដែលគេបានប្រព្រឹត្ត
ហើយគេក៏បានរងទុក្ខទោសនោះ
មួយទ្វេជាពីរដែរ!»។
៣ មានសំឡេងមួយស្រែកថា៖
«នៅវាលរហោស្ថាន
ចូរបើកផ្លូវថ្វាយព្រះអម្ចាស់
ចូរកាប់ឆ្ការព្រៃរបោះធ្វើផ្លូវថ្វាយព្រះនៃយើង
៤ ត្រូវបំពេញច្រកភ្នំទាំងឡាយ
ហើយពង្រាបភ្នំតូចភ្នំធំទាំងប៉ុន្មានឲ្យរាប
កន្លែងណាមានដីខ្ពស់ទាប
ត្រូវធ្វើឲ្យទៅជាវាលរាបស្មើ
កន្លែងណារដិបរដុបក៏ត្រូវពង្រាប
ឲ្យស្មើផងដែរ។
៥ ពេលនោះ ព្រះអម្ចាស់នឹងសម្ដែងសិរីរុងរឿង
ឲ្យមនុស្សលោកឃើញក្នុងពេលជាមួយគ្នា
ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ»។
៦ មានសំឡេងមួយបង្គាប់ថា៖
«ចូរស្រែកប្រកាសចុះ!»
សំឡេងមួយទៀតសួរថា៖
«តើឲ្យខ្ញុំស្រែកប្រកាសអំពីរឿងអ្វី?»។
«មនុស្សលោកប្រៀបដូចជាស្មៅ
រីឯអំពើល្អទាំងប៉ុន្មានរបស់គេ
ប្រៀបដូចជាផ្កាដែលដុះតាមវាលស្មៅ។
៧ នៅពេលណាខ្យល់របស់ព្រះអម្ចាស់បក់មកលើ
ស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោនដែរ។
ប្រជារាស្ដ្រនេះប្រៀបបាននឹងស្មៅ។
៨ ស្មៅតែងតែក្រៀម ហើយផ្កាក៏ស្រពោន
ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះនៃយើង
នៅស្ថិតស្ថេរអស់កល្បជានិច្ច»។
៩ ក្រុងស៊ីយ៉ូនជាអ្នកនាំដំណឹងល្អអើយ
ចូរឡើងទៅលើភ្នំខ្ពស់!
ក្រុងយេរូសាឡឹមជាអ្នកនាំដំណឹងល្អអើយ
ចូរស្រែកឲ្យអស់ទំហឹង កុំខ្លាចអ្វីឡើយ!
ចូរប្រាប់ក្រុងទាំងប៉ុន្មាននៅស្រុកយូដាថា:
មើលហ្ន៎ ព្រះរបស់អ្នករាល់គ្នា!
១០ មើលហ្ន៎ ព្រះជាអម្ចាស់យាងមក
ប្រកបដោយឫទ្ធានុភាព
ព្រះអង្គយាងមកប្រកបដោយព្រះបារមី
ដើម្បីគ្រងរាជ្យ។
ព្រះអង្គនាំអស់អ្នកដែលព្រះអង្គបានលោះ
មកជាមួយពួកគេនាំគ្នា
ដើរនៅខាងមុខព្រះអង្គ។
១១ ព្រះអង្គនឹងថែរក្សាប្រជារាស្ដ្ររបស់ព្រះអង្គ
ដូចគង្វាលថែរក្សាហ្វូងចៀមរបស់ខ្លួន។
ព្រះអង្គលើកព្រះហស្ដឡើងប្រមូលកូនចៀម
ព្រះអង្គបីកូនតូចៗជាប់នឹងព្រះឱរា
ហើយព្រះអង្គថែទាំមេចៀម
ដែលកំពុងបំបៅកូនផងដែរ។
គ្មាននរណាផ្ទឹមស្មើនឹងព្រះជាម្ចាស់ឡើយ
១២ តើនរណាយកដៃក្បង់ទឹកសមុទ្រមកវាល់
ហើយយកបាតដៃវាស់ទំហំផ្ទៃមេឃ?
តើនរណាយករង្វាល់មកវាល់ធូលី
ហើយថ្លឹងទម្ងន់ភ្នំធំតូចទាំងឡាយ?
១៣ តើនរណាស្ទង់ព្រះវិញ្ញាណនៃព្រះអម្ចាស់
តើនរណាធ្វើជាទីប្រឹក្សាជួយគំនិតព្រះអង្គ?
១៤ តើព្រះអង្គសុំនរណាឲ្យធ្វើជាទីប្រឹក្សា
ដើម្បីថ្វាយយោបល់ព្រះអង្គ?
តើនរណាបង្រៀនព្រះអង្គអំពីមាគ៌ាដ៏សុចរិត?
តើនរណាបង្រៀនព្រះអង្គឲ្យស្គាល់ប្រាជ្ញា
ហើយណែនាំព្រះអង្គឲ្យស្គាល់មាគ៌ា
នៃបញ្ញាឈ្លាសវៃ?
១៥ ប្រជាជាតិទាំងឡាយប្រៀបដូចជា
ដំណក់ទឹកដែលធ្លាក់ទៅក្នុងពាង
ពួកគេមានតម្លៃដូចធូលីដីនៅលើជញ្ជីង។
កោះទាំងឡាយប្រៀបបាននឹងធូលីដី
ដែលផាត់ទៅតាមខ្យល់។
១៦ ព្រៃឈើនៅស្រុកលីបង់ពុំមានច្រើនល្មម
សម្រាប់ធ្វើជាអុស
ហើយសត្វដែលនៅក្នុងព្រៃនោះក៏ពុំមានច្រើន
ល្មមសម្រាប់ធ្វើយញ្ញបូជាថ្វាយព្រះអង្គដែរ។
១៧ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ
ប្រជាជាតិទាំងអស់គ្មានតម្លៃអ្វីទាល់តែសោះ
គឺពួកគេថោកជាងអ្វីៗដែលឥតប្រយោជន៍
និងឥតបានការទៅទៀត។
១៨ តើអ្នករាល់គ្នាចង់ប្រៀបប្រដូចព្រះជាម្ចាស់
ទៅនឹងព្រះណា?
តើអ្នករាល់គ្នាយកអ្វីមកតំណាងព្រះអង្គ?
១៩ អ្នករាល់គ្នាប្រដូចព្រះអង្គ
ទៅនឹងព្រះក្លែងក្លាយឬ?
ទេ! គឺជាងទេតើ ដែលសូនធ្វើរូបព្រះទាំងនោះ
ជាងមាសយកមាសមកស្រោបរូបនោះ
ព្រមទាំងធ្វើខ្សែកប្រាក់ពាក់ឲ្យទៀតផង។
២០ រីឯជនក្រីក្រដែលគ្មានមាសគ្មានប្រាក់
គេជ្រើសរើសយកឈើខ្លឹម
ហើយរកជាងមួយរូបដ៏ចំណាន
ឲ្យឆ្លាក់ធ្វើរូបព្រះដ៏រឹងមាំ។
២១ តើអ្នករាល់គ្នាមិនធ្លាប់ដឹងទេឬ?
តើអ្នករាល់គ្នាមិនធ្លាប់ឮទេឬ?
តើគេមិនបានផ្សព្វផ្សាយប្រាប់អ្នករាល់គ្នា
តាំងពីដើមដំបូងមកទេឬ?
តើអ្នករាល់គ្នាពុំយល់អំពីដើមកំណើតរបស់
ផែនដីនេះទេឬ?
២២ ព្រះអង្គដែលគង់នៅពីលើលំហអាកាស
ព្រះអង្គទតមើលមនុស្សនៅលើផែនដី
ឃើញមនុស្សដូចសត្វស្រមោច
ព្រះអង្គលាតសន្ធឹងផ្ទៃមេឃ
ដូចគេលាតសន្ធឹងក្រណាត់មួយផ្ទាំង
ព្រះអង្គដំឡើងផ្ទៃមេឃធ្វើជាព្រះដំណាក់
ដូចដំឡើងព្រះពន្លា។
២៣ ព្រះអង្គបានធ្វើឲ្យមេដឹកនាំទាំងឡាយ
ទៅជាឥតប្រយោជន៍
ព្រះអង្គធ្វើឲ្យអ្នកកាន់អំណាចទាំងប៉ុន្មាន
នៅលើផែនដីទៅជាឥតបានការ។
២៤ អ្នកទាំងនោះប្រៀបបាននឹងដើមឈើដែលដុះ
ទោះបីលូតលាស់ ឬមិនលូតលាស់
ចាក់ឫស ឬមិនចាក់ឫសក្តី
ពេលណាខ្យល់របស់ព្រះអម្ចាស់បក់មកលើ
ក៏ស្វិតក្រៀមអស់
រួចត្រូវខ្យល់កួចយកបាត់ទៅដូចកម្ទេចចំបើង។
២៥ ព្រះដ៏វិសុទ្ធមានព្រះបន្ទូលថា៖
តើអ្នករាល់គ្នាប្រៀបប្រដូចយើង
ទៅនឹងនរណា?
តើនរណាអាចស្មើនឹងយើងបាន?។
២៦ ចូរងើយទៅលើមេឃ ហើយរំពៃមើលចុះ!
តើនរណាបានបង្កើតផ្កាយទាំងនោះ?
គឺព្រះអម្ចាស់ដែលបានហៅហ្វូងតារាទាំងនោះ
ឲ្យរះឡើង ផ្តុំគ្នាជាកងទ័ព
ព្រះអង្គហៅផ្កាយនីមួយៗតាមឈ្មោះរបស់វា។
ដោយសារមហិទ្ធិឫទ្ធិ
និងព្រះចេស្ដាដ៏ខ្លាំងពូកែ
ឥតមានផ្កាយណាមួយពុំព្រមរះនោះឡើយ។
២៧ ម្នាលកូនចៅរបស់លោកយ៉ាកុបអើយ!
ម្នាលប្រជាជនអ៊ីស្រាអែលអើយ!
ហេតុអ្វីបានជាអ្នករាល់គ្នាចេះតែពោលថា៖
ព្រះអម្ចាស់មិនយល់ទុក្ខលំបាករបស់ខ្ញុំទេ
ព្រះរបស់ខ្ញុំមិនអើពើនឹងរកយុត្តិធម៌
ឲ្យខ្ញុំឡើយ។
២៨ តើអ្នកមិនធ្លាប់ដឹងទេឬ?
តើអ្នកមិនធ្លាប់ឮទេឬថា
ព្រះអម្ចាស់ជាព្រះដែលគង់នៅអស់កល្បជានិច្ច
បានបង្កើតផែនដីទាំងមូល?
ព្រះអង្គមិនចេះនឿយហត់ មិនចេះអស់កម្លាំង
រីឯព្រះតម្រិះរបស់ព្រះអង្គ
ក៏គ្មាននរណាអាចស្ទង់បានដែរ។
២៩ ព្រះអង្គប្រទានកម្លាំងពលំ
ដល់អ្នកនឿយហត់ និងខ្សោះល្វើយ។
៣០ ក្មេងជំទង់ៗតែងនឿយហត់ និងអស់កម្លាំង
ហើយមនុស្សពេញកម្លាំងក៏តែងភ្លាត់ដួលដែរ
៣១ រីឯអ្នកជឿសង្ឃឹមលើព្រះអម្ចាស់
តែងតែមានកម្លាំងថ្មីជានិច្ច
ប្រៀបបាននឹងសត្វឥន្ទ្រីហោះហើរ
គេស្ទុះរត់ទៅមុខ ដោយមិនចេះហត់
ហើយដើរដោយមិនចេះអស់កម្លាំង។
៤១
ព្រះអម្ចាស់ជាទីពឹងផ្អែករបស់ជនជាតិអ៊ីស្រាអែល
១ មនុស្សម្នានៅតាមកោះ
ទាំងឡាយអើយ
ចូរនៅស្ងៀមស្ងាត់ស្ដាប់ខ្ញុំនិយាយ!
ប្រជារាស្ដ្រទាំងឡាយអើយ
ចូរមានកម្លាំងឡើងវិញ
ចូរនាំគ្នាបោះជំហានចូលមក រួចសឹមនិយាយ!
យើងឡើងមក ដើម្បីរកខុសត្រូវជាមួយគ្នា។
២ តើនរណាបានហៅអ្នកដែលត្រូវរកយុត្តិធម៌
ឲ្យមកពីទិសខាងកើត?
តើនរណាឲ្យលោកមានជ័យជម្នះ
លើប្រជាជាតិទាំងឡាយ
ព្រមទាំងបង្ក្រាបស្តេចនានា?
ដាវរបស់លោកកម្ទេចពួកគេ ឲ្យទៅជាធូលីដី
ព្រួញរបស់លោកធ្វើឲ្យពួកគេខ្ចាត់ខ្ចាយ
ដូចកម្ទេចចំបើងប៉ើងតាមខ្យល់។
៣ លោកដេញតាមពួកគេ
លោកឆ្លងកាត់ទ័ពរបស់គេ
ដោយឥតមានគ្រោះថ្នាក់អ្វីឡើយ
ជើងរបស់លោកក៏មិនបាច់ជាន់ដីដែរ។
៤ តើនរណាបានគ្រោងទុក
និងសម្រេចព្រឹត្តិការណ៍ទាំងនេះ?
គឺព្រះអង្គដែលបានណែនាំមនុស្សគ្រប់ជំនាន់
តាំងពីដើមដំបូងរៀងមក។
យើងជាព្រះអម្ចាស់ដែលនៅមុនគេ
ហើយយើងក៏នៅជាមួយ
មនុស្សចុងក្រោយបង្អស់ដែរ។
៥ ប្រជាជននៅតាមកោះនានាឃើញអ្នកនោះ
ហើយនាំគ្នាភ័យខ្លាច។
ប្រជាជនដែលនៅទីដាច់ស្រយាលនៃផែនដី
នឹងនាំគ្នាចូលមកជិត ទាំងញ័ររន្ធត់។
៦ ពួកគេជួយគ្នាទៅវិញទៅមក
ម្នាក់ៗពោលទៅកាន់បងប្អូនរបស់ខ្លួនថា
“ចូរមានចិត្តក្លាហានឡើង!”។
៧ ជាងចម្លាក់លើកទឹកចិត្តជាងស្មិត
អ្នកដុតដែកលើកទឹកចិត្តអ្នកដំដែក
ដោយពោលថា “ផ្សារដូច្នេះ ល្អណាស់!”។
បន្ទាប់មក គាត់យកដែកគោលមកដំភ្ជាប់
រូបចម្លាក់កុំឲ្យរង្គើ។
៨ ចំពោះអ្នកវិញ
ជនជាតិអ៊ីស្រាអែលជាអ្នកបម្រើរបស់យើង
កូនចៅយ៉ាកុបដែលយើងបានជ្រើសរើស
ពូជពង្សរបស់អប្រាហាំ
ដែលជាមិត្តសម្លាញ់របស់យើងអើយ!
៩ យើងបានដឹកដៃអ្នក
ពីស្រុកដាច់ស្រយាលនៃផែនដី
យើងបានហៅអ្នកពីស្រុកចុងកាត់មាត់ញកមក
យើងបាននិយាយទៅកាន់អ្នកថា:
អ្នកជាអ្នកបម្រើដែលយើងបានជ្រើសរើស
យើងនឹងមិនបោះបង់ចោលអ្នកឡើយ!
១០ កុំភ័យខ្លាចអ្វី យើងស្ថិតនៅជាមួយអ្នក
កុំព្រួយបារម្ភឲ្យសោះ
យើងជាព្រះរបស់អ្នក
យើងនឹងឲ្យអ្នកមានកម្លាំងរឹងប៉ឹង
យើងជួយអ្នក យើងគាំទ្រអ្នក
យើងនឹងសម្ដែងបារមី រកយុត្តិធម៌ឲ្យអ្នក។
១១ ពួកចងកំហឹងនឹងអ្នក
មុខជាត្រូវអាម៉ាស់ និងបាក់មុខ
ពួកប្រឆាំងនឹងអ្នក មុខជាវិនាសបាត់បង់
និងរលាយសូន្យទៅ។
១២ អ្នកនឹងស្វែងរកពួកដែលធ្លាប់ប្រឆាំងនឹងអ្នក
តែរកពួកគេមិនឃើញទៀតទេ
ពួកដែលធ្លាប់ធ្វើសឹកជាមួយអ្នក
ប្រែជាសាបសូន្យ រលាយបាត់អស់
១៣ ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក
យើងកាន់ដៃស្តាំរបស់អ្នកហើយ
យើងប្រាប់អ្នកថា:
កុំភ័យខ្លាចអ្វី យើងជួយអ្នកហើយ!
១៤ កូនចៅយ៉ាកុប!
ពូជពង្សអ៊ីស្រាអែលអើយ!
អ្នកទន់ខ្សោយប្រៀបបាននឹងដង្កូវមែន
តែកុំភ័យខ្លាចអ្វី
យើងជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល
យើងជួយអ្នក និងលោះអ្នកជាមិនខាន
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៥ យើងធ្វើឲ្យអ្នកប្រែទៅជារនាស់ដែកថ្មី
ដែលមានធ្មេញយ៉ាងមុត
អ្នកនឹងរាស់កម្ទេចភ្នំតូចធំ
ឲ្យទៅជាធូលីដី។
១៦ អ្នកកម្ចាត់កម្ចាយពួកគេឲ្យរសាត់តាមខ្យល់
ហើយខ្យល់កួចយកពួកគេទៅអស់គ្មានសល់។
រីឯអ្នកវិញ អ្នកនឹងរីករាយ ព្រោះតែព្រះអម្ចាស់
អ្នកនឹងខ្ពស់មុខ
ព្រោះតែព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល។
១៧ ជនក្រីក្រ និងជនទុរគតស្វែងរកទឹក
តែរកពុំបានទេ គេស្រេកខះក។
យើងជាព្រះអម្ចាស់នឹងឆ្លើយតបចំពោះ
ពាក្យអង្វររបស់ពួកគេ
យើងជាព្រះនៃជនជាតិអ៊ីស្រាអែល
នឹងមិនបោះបង់ចោលគេឡើយ។
១៨ យើងនឹងធ្វើឲ្យមានទន្លេ
ផុសចេញពីផ្នូកខ្សាច់
ហើយមានទឹកហូរតាមជ្រលងភ្នំ។
យើងនឹងធ្វើឲ្យវាលរហោស្ថាន
ប្រែទៅជាបឹងបួ
ឲ្យដីហួតហែងប្រែជាប្រភពទឹកទៅវិញ។
១៩ យើងនឹងធ្វើឲ្យមានដើមគគីរ បេង
នាងនួន ពពាលខែ ដុះក្នុងវាលរហោស្ថាន
ហើយដើមកកោះ ស្រល់ ស្រឡៅ
ដុះជាមួយគ្នាតាមព្រៃរបោះ។
២០ ដូច្នេះ មនុស្សទាំងអស់នឹងឃើញ ហើយដឹង
ព្រមទាំងពិចារណា និងយល់ជាមួយគ្នាថា
គឺព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធ
នៃជនជាតិអ៊ីស្រាអែល
ដែលបានផ្តួចផ្តើមធ្វើការទាំងនោះ
ដោយព្រះហស្ដរបស់ព្រះអង្គផ្ទាល់។
ព្រះអម្ចាស់ជំទាស់នឹងព្រះក្លែងក្លាយ
២១ ព្រះអម្ចាស់ ជាព្រះមហាក្សត្រនៃពូជពង្ស
របស់លោកយ៉ាកុប មានព្រះបន្ទូលថា៖
«ចូរបង្ហាញសំណុំរឿង និងបញ្ចេញភស្តុតាង
របស់អ្នករាល់គ្នាមក!
២២ ឲ្យព្រះទាំងនេះរៀបរាប់
ហើយថ្លែងប្រាប់អំពីហេតុការណ៍ដែល
នឹងត្រូវកើតមាននៅអនាគត។
ចូររំឭកយើងអំពីហេតុការណ៍
ដែលកើតមាននៅគ្រាដើមដំបូង
នោះយើងនឹងរិះគិត។
ចូររៀបរាប់អំពីព្រឹត្តិការណ៍
ដែលនឹងកើតមាននៅអនាគតកាល
ដើម្បីឲ្យបានដឹងផង។
២៣ ចូរនិយាយប្រាប់យើងអំពីហេតុការណ៍
ដែលនឹងកើតមាននៅពេលខាងមុខ
ដូច្នេះ យើងនឹងទទួលស្គាល់ថា
អ្នករាល់គ្នាពិតជាព្រះមែន
ចូរធ្វើការអ្វីមួយ ទោះបីអាក្រក់ក្តី ល្អក្តី
ដើម្បីឲ្យយើងឃើញ និងស្ងើចសរសើរ។
២៤ តាមពិត អ្នករាល់គ្នាឥតបានការអ្វីទាំងអស់
អ្នករាល់គ្នាក៏ធ្វើអ្វីមិនកើតដែរ
អស់អ្នកដែលជ្រើសរើសអ្នករាល់គ្នាទុកជាព្រះ
សុទ្ធតែជាមនុស្សគម្រក់។
២៥ យើងបានហៅមនុស្សម្នាក់មកពីទិសខាងជើង
ហើយអ្នកនោះក៏មកដល់។
នៅទិសខាងកើត គេគោរពឈ្មោះគាត់
គាត់ជាន់ឈ្លីអ្នកដឹកនាំរបស់ប្រជាជាតិនានា
ដូចគេដើរជាន់ភក់
ឬដូចជាងស្មូនជាន់ដីឥដ្ឋដែរ។
២៦ តើនរណាបានថ្លែងប្រាប់អំពីហេតុការណ៍
ទាំងនេះជាមុន
ដើម្បីឲ្យយើងទទួលស្គាល់ និងពោលថា
ហេតុការណ៍នោះពិតជាកើតមានដូច្នោះមែន!
ទេ! គ្មាននរណាផ្តល់ដំណឹងជាមុន
ហើយក៏គ្មាននរណាប្រាប់ឲ្យគេដឹងដែរ
គ្មាននរណាឮពាក្យសម្ដីអ្នករាល់គ្នាឡើយ។
២៧ យើងទេតើ ដែលបាននាំដំណឹងមកដល់
ក្រុងស៊ីយ៉ូនមុនគេ
ដោយចាត់អ្នកនាំសារមកប្រាប់
អ្នកក្រុងយេរូសាឡឹម។
២៨ យើងក្រឡេកមើលទៅ
ពុំឃើញមាននរណាម្នាក់ទាល់តែសោះ
ក្នុងចំណោមព្រះទាំងនោះ
គ្មាននរណាម្នាក់ផ្តល់យោបល់ ឬឆ្លើយនឹងសំណួរ
ដែលយើងសាកសួរនោះទេ។
២៩ ព្រះទាំងនោះគ្មានបានការ
គេពុំអាចធ្វើអ្វីបានសោះឡើយ
រូបបដិមាទាំងនោះសុទ្ធតែឥតប្រយោជន៍
ឥតបានការអ្វីទាំងអស់!»
៤២
អ្នកបម្រើរបស់ព្រះអម្ចាស់
១ ព្រះអម្ចាស់មានព្រះបន្ទូលថា:
លោកនេះហើយជាអ្នកបម្រើ
ដែលយើងគាំទ្រ
ជាអ្នកដែលយើងបានជ្រើសរើស
និងជាទីគាប់ចិត្តរបស់យើង។
យើងដាក់វិញ្ញាណរបស់យើងលើលោក។
លោកនឹងបង្ហាញឲ្យប្រជាជាតិទាំងឡាយ
ស្គាល់ការវិនិច្ឆ័យ។
២ លោកមិនស្រែក ឬគំហកកំហែង
ដាក់នរណាឡើយ
ហើយក៏មិនបន្លឺសំឡេងនៅតាមផ្លូវដែរ។
៣ លោកនឹងមិនកាច់ផ្ដាច់ដើមត្រែងណា
ដែលទក់ហើយនោះទេ
ហើយលោកក៏មិនផ្លុំពន្លត់ភ្លើង
ដែលហៀបនឹងរលត់នោះដែរ
លោកនឹងនាំមកនូវការវិនិច្ឆ័យពិតមែន!
៤ លោកនឹងមិនទន់ខ្សោយឡើយ
លោកអង់អាចជានិច្ច
រហូតទាល់តែធ្វើឲ្យមានការវិនិច្ឆ័យ
នៅលើផែនដី
ហើយមនុស្សនៅតាមកោះនានានាំគ្នា
រង់ចាំទទួលវិន័យពីលោក។
៥ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
ជាព្រះដែលបានបង្កើត និងលាតផ្ទៃមេឃ
ព្រះអង្គបានសន្ធឹងផែនដី និងធ្វើឲ្យអ្វីៗ
ទាំងអស់កកើតឡើង។
ព្រះអង្គបានប្រទានដង្ហើមចេញចូលឲ្យ
សត្វលោកទាំងឡាយនៅលើផែនដី
ហើយប្រទានជីវិតឲ្យអស់អ្នកដែល
ចរយាត្រានៅលើផែនដីនេះ។
៦ យើងនេះហើយជាព្រះអម្ចាស់!
យើងបានហៅអ្នកមក
ស្របតាមសេចក្ដីសុចរិតរបស់យើង។
យើងកាន់ដៃអ្នក យើងទុកអ្នកដោយឡែក
ហើយតែងតាំងអ្នកជាសម្ពន្ធមេត្រី
សម្រាប់ប្រជាជន
ឲ្យអ្នកធ្វើជាពន្លឺដល់ប្រជាជាតិនានា
៧ ប្រោសមនុស្សខ្វាក់ឲ្យភ្លឺ
នាំជនជាប់ជាឈ្លើយសឹកចេញពីទីឃុំឃាំង
ព្រមទាំងរំដោះប្រជាជនដែលរស់នៅក្នុង
ភាពងងឹត ឲ្យបានចេញរួចផង។
៨ យើងមាននាមថា ព្រះអម្ចាស់
យើងមិនប្រគល់សិរីរុងរឿងរបស់យើង
ទៅឲ្យព្រះណាផ្សេងទៀតឡើយ!
យើងក៏មិនឲ្យព្រះក្លែងក្លាយណា
ទទួលការសរសើរតម្កើងជំនួសយើងដែរ!
៩ មើលចុះ! ហេតុការណ៍ផ្សេងៗដែលកើតមាន
នៅគ្រាដំបូង បានសម្រេចជារូបរាងអស់ហើយ
យើងក៏ប្រាប់ឲ្យអ្នករាល់គ្នាដឹង
នូវហេតុការណ៍ឯទៀតៗដែលនឹងកើតមាន
គឺយើងប្រាប់ឲ្យអ្នករាល់គ្នាដឹង
មុនហេតុការណ៍ទាំងនោះកកើតជារូបរាង។
បទចម្រៀងថ្មី
១០ អស់អ្នកដែលរស់នៅទីដាច់ស្រយាលនៃផែនដី
អស់អ្នកដែលធ្វើដំណើរតាមសមុទ្រ
និងអ្វីៗទាំងអស់ដែលនៅក្នុងសមុទ្រ
កោះទាំងឡាយ
ព្រមទាំងអស់អ្នកដែលរស់នៅតាមកោះអើយ
ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់
ចូរសរសើរតម្កើងព្រះអង្គ!
១១ អស់អ្នកដែលរស់នៅតាមវាលរហោស្ថាន
និងតាមភូមិនានាក្នុងវាលរហោស្ថានអើយ
ចូរនាំគ្នាបន្លឺសំឡេងឡើង!
អស់អ្នកដែលរស់នៅភូមិរបស់កុលសម្ព័ន្ធកេដារ
និងអ្នកក្រុងសិលាអើយ
ចូរនាំគ្នាស្រែកហ៊ោរំពងឡើង!
អស់អ្នកដែលរស់នៅតាមកំពូលភ្នំអើយ
ចូរនាំគ្នាស្រែកអបអរសាទរ!
១២ ចូរនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់
ហើយសរសើរតម្កើងព្រះអង្គ
នៅតាមកោះទាំងឡាយ!
១៣ ព្រះអម្ចាស់ស្រឡាញ់ប្រជាជន
របស់ព្រះអង្គយ៉ាងខ្លាំង
ព្រះអង្គយាងចេញទៅដូចវីរជន
ដូចអ្នកចម្បាំងដ៏ចំណាន
ព្រះអង្គបន្លឺព្រះសូរសៀង ស្រែកកម្លា
ហើយយកជ័យជម្នះលើខ្មាំងសត្រូវ។
១៤ ព្រះអម្ចាស់មានព្រះបន្ទូលថា:
យើងនៅស្ងៀមតាំងពីយូរណាស់មកហើយ
យើងនៅសំងំ យើងខំទប់ចិត្ត
ឥឡូវនេះ យើងស្រែកដង្ហក់
ដូចស្ត្រីស្រែកថ្ងូរ នៅពេលសម្រាលកូន!
១៥ យើងនឹងកម្ទេចទាំងភ្នំធំ ទាំងភ្នំតូច
យើងនឹងធ្វើឲ្យរុក្ខជាតិក្រៀមស្វិត
យើងនឹងធ្វើឲ្យទន្លេក្លាយទៅជាដីគោក
ហើយឲ្យបឹងបួរីងហួតហែង។
១៦ យើងនឹងធ្វើឲ្យមនុស្សខ្វាក់ដើរនៅតាមផ្លូវ
ដែលគេពុំស្គាល់
យើងនឹងដឹកដៃគេដើរតាមផ្លូវ
ដែលគេពុំធ្លាប់ដើរ
យើងនឹងប្ដូរភាពងងឹតឲ្យទៅជាពន្លឺ
នៅមុខពួកគេ
ហើយធ្វើឲ្យផ្លូវរដិបរដុបប្រែទៅជា
ផ្លូវរាបស្មើ។
យើងពិតជាធ្វើដូច្នោះមែន
គឺយើងនឹងសម្រេចការទាំងនោះពុំខាន។
១៧ រីឯអស់អ្នកដែលផ្ញើជីវិតលើព្រះក្លែងក្លាយ
ហើយហៅរូបបដិមាថាជាព្រះរបស់ខ្លួន
មុខជាដកខ្លួនថយ និងត្រូវអាម៉ាស់។
១៨ មនុស្សថ្លង់អើយ ចូរស្ដាប់ឮឡើង!
មនុស្សខ្វាក់អើយ ចូរបើកភ្នែក
ហើយមើលឃើញទៅ!
១៩ តើនរណាជាមនុស្សខ្វាក់ គឺអ្នកបម្រើរបស់យើង
តើនរណាថ្លង់ដូចអ្នកនាំពាក្យ
ដែលយើងចាត់ឲ្យមក?
តើនរណាខ្វាក់ដូចអ្នកដែលយើង
ស្រោចស្រង់ឡើងវិញ
គឺខ្វាក់ដូចអ្នកបម្រើរបស់ព្រះអម្ចាស់?
២០ អ្នកបានឃើញហេតុការណ៍ជាច្រើន
តែអ្នកពុំបានយកចិត្តទុកដាក់ចងចាំទេ
អ្នកផ្ទៀងត្រចៀកស្ដាប់ តែពុំឮអ្វីសោះឡើយ។
២១ ដោយព្រះអម្ចាស់សុចរិត
ព្រះអង្គសព្វព្រះហឫទ័យធ្វើឲ្យវិន័យរបស់
ព្រះអង្គបានថ្កុំថ្កើងរុងរឿង។
២២ ក៏ប៉ុន្តែ ប្រជារាស្ដ្រនោះត្រូវគេប្លន់
ត្រូវគេរឹបអូសយកទ្រព្យសម្បត្តិ
ត្រូវធ្លាក់ទៅក្នុងអន្ទាក់
ហើយត្រូវគេឃុំឃាំងទាំងអស់គ្នា។
ខ្មាំងសត្រូវបានប្លន់ពួកគេ
តែគ្មាននរណារំដោះពួកគេឡើយ
ខ្មាំងសត្រូវបានរឹបអូសយកសម្បត្តិពួកគេ
តែគ្មាននរណាអើពើទាមទាររបស់ទាំងនោះ ឲ្យពួកគេវិញដែរ។
២៣ ក្នុងចំណោមអ្នករាល់គ្នា តើមាននរណា
ត្រងត្រាប់ស្ដាប់សេចក្ដីទាំងនេះ?
ទៅអនាគត តើមាននរណា
យកចិត្តទុកដាក់ស្ដាប់?
២៤ តើនរណាបានប្រគល់ពូជពង្សលោកយ៉ាកុប
ទៅឲ្យខ្មាំងរឹបអូស?
តើនរណាបានប្រគល់កូនចៅអ៊ីស្រាអែល
ទៅឲ្យខ្មាំងប្លន់ដូច្នេះ?
គឺព្រះអម្ចាស់ដែលធ្វើដូច្នេះ
ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាប
ទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ
យើងខ្ញុំមិនព្រមដើរតាមមាគ៌ារបស់ព្រះអង្គ
ហើយមិនព្រមស្ដាប់វិន័យរបស់ព្រះអង្គទេ។
២៥ ហេតុនេះហើយបានជាព្រះអង្គជះព្រះពិរោធ
មកលើស្រុកអ៊ីស្រាអែល
ដោយធ្វើឲ្យភ្លើងសង្គ្រាមផ្ទុះឡើង
ឆេះរាលដាលគ្រប់ទិសទី។
ប៉ុន្តែ ទោះបីយ៉ាងនេះក្តី
ក៏ពួកគេពុំបានភ្ញាក់ខ្លួន
ហើយទោះបីគេហិនហោចយ៉ាងនេះក្តី
ក៏គេពុំអើពើដែរ។
៤៣
ព្រះអម្ចាស់នឹងរំដោះជនជាតិអ៊ីស្រាអែល
១ ជនជាតិអ៊ីស្រាអែលជាកូនចៅ
របស់លោកយ៉ាកុបអើយ
ឥឡូវនេះ ព្រះអម្ចាស់ដែលបានបង្កើត
និងសូនអ្នក ព្រះអង្គមានព្រះបន្ទូលថា៖
កុំភ័យខ្លាចអ្វីឡើយ
ដ្បិតយើងបានលោះអ្នក
យើងក៏បានហៅអ្នកចំឈ្មោះ
ដើម្បីឲ្យអ្នកធ្វើជាប្រជាជនរបស់យើង។
២ ប្រសិនបើអ្នកឆ្លងសមុទ្រ យើងនៅជាមួយអ្នក
ប្រសិនបើអ្នកឆ្លងព្រែក អ្នកមិនលង់ឡើយ។
ប្រសិនបើអ្នកដើរកាត់ភ្លើង អ្នកមិនរលាកទេ
អណ្ដាតភ្លើងក៏មិនឆាបឆេះអ្នកដែរ
៣ ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក
យើងជាព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល
ជាព្រះសង្គ្រោះរបស់អ្នក។
យើងបានប្រគល់ប្រជាជនអេស៊ីបឲ្យសត្រូវ
ដើម្បីលោះអ្នក
យើងក៏បានប្រគល់ស្រុកអេត្យូពី និងស្រុកសេបា
ជាថ្នូរឲ្យគេ ដើម្បីលោះអ្នកដែរ។
៤ យើងប្រគល់មនុស្សជាច្រើនឲ្យគេជំនួសអ្នក
គឺយើងក៏ប្រគល់ប្រជាជនផ្សេងៗឲ្យគេ
ជាថ្នូរលោះអ្នក
ដ្បិតយើងចាត់ទុកថាអ្នកមានតម្លៃដ៏លើសលប់
ហើយយើងស្រឡាញ់អ្នកថែមទៀតផង។
៥ កុំភ័យខ្លាចអ្វី! យើងនៅជាមួយអ្នក
យើងនឹងនាំកូនចៅរបស់អ្នកពីស្រុកខាងកើត
ឲ្យវិលត្រឡប់មកវិញ
ហើយប្រមូលពូជពង្សរបស់អ្នក
ពីស្រុកខាងលិច ឲ្យវិលមកវិញដែរ។
៦ យើងនឹងបញ្ជាដល់ស្រុកខាងជើង
ឲ្យប្រគល់កូនចៅរបស់អ្នកមកយើងវិញ
យើងនឹងបញ្ជាដល់ស្រុកខាងត្បូង
មិនឲ្យឃាត់គេទៀតឡើយ។
យើងនឹងប្រាប់ស្រុកទាំងនោះឲ្យប្រមូល
កូនប្រុសកូនស្រីរបស់យើងដែលស្ថិតនៅស្រុក
ឆ្ងាយដាច់ស្រយាលនៃផែនដីមកវិញ
៧ គឺអស់អ្នកដែលយកឈ្មោះយើងធ្វើជាត្រកូល
ជាអស់អ្នកដែលយើងបានសូន និងបង្កើត
ដើម្បីបង្ហាញសិរីរុងរឿងរបស់យើង។
អ៊ីស្រាអែលជាសាក្សីរបស់ព្រះអម្ចាស់
៨ ចូរនាំប្រជាជននោះចេញមក
ពួកគេមានភ្នែក តែមើលមិនឃើញ
មានត្រចៀក តែស្ដាប់មិនឮ។
៩ ចូរឲ្យប្រជាជាតិទាំងអស់មកជួបជុំគ្នា
ឲ្យប្រជាជនទាំងឡាយមកប្រមូលផ្តុំគ្នា
ក្នុងចំណោមព្រះរបស់ពួកគេ
តើមានព្រះណាបានប្រាប់
ដំណឹងជាមុនអំពីហេតុការណ៍ទាំងនេះ?
តើព្រះណាបានប្រាប់ឲ្យយើងដឹង
អំពីព្រឹត្តិការណ៍ដើមដំបូង?
ឲ្យព្រះទាំងនោះរកសាក្សី
និងបង្ហាញភស្តុតាងមក
ដើម្បីឲ្យអ្នកឯទៀតឮ រួចពោលថា
ពាក្យសម្ដីរបស់ព្រះនោះត្រឹមត្រូវមែន។
១០ ព្រះអម្ចាស់មានព្រះបន្ទូលថា:
អ្នករាល់គ្នានេះហើយជាសាក្សីរបស់យើង
អ្នករាល់គ្នានេះហើយជាអ្នកបម្រើរបស់យើង។
យើងបានជ្រើសរើសអ្នករាល់គ្នា
ដើម្បីឲ្យអ្នករាល់គ្នាដឹងឮ និងជឿលើយើង
ព្រមទាំងយល់ថា មានតែយើងនេះទេ
ជាព្រះជាម្ចាស់។
នៅមុនយើង គ្មានព្រះណាទេ
នៅក្រោយយើង ក៏គ្មានព្រះណាទៀតដែរ។
១១ មានតែយើងទេជាព្រះអម្ចាស់
ក្រៅពីយើង គ្មានព្រះសង្គ្រោះណាទៀតឡើយ
១២ មានតែយើងទេ
ដែលប្រាប់អ្នករាល់គ្នាឲ្យដឹង
និងសង្គ្រោះអ្នករាល់គ្នា
រីឯព្រះដទៃទៀតមិនបានធ្វើបែបនេះ
ក្នុងចំណោមអ្នករាល់គ្នាឡើយ។
ដូច្នេះ អ្នករាល់គ្នាជាសាក្សីរបស់យើង
ហើយយើងជាព្រះជាម្ចាស់
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៣ អំណើះតទៅ យើងចង់ឲ្យអ្នករាល់គ្នាដឹងថា
មានតែយើងទេដែលពិតជាព្រះអម្ចាស់
គ្មាននរណាអាចរំដោះពីកណ្ដាប់ដៃ
របស់យើងបានទេ
អ្វីៗដែលយើងធ្វើរួចហើយ
គ្មាននរណាអាចផ្លាស់ប្ដូរបានជាដាច់ខាត។
១៤ ព្រះអម្ចាស់ដែលបានលោះអ្នករាល់គ្នា
គឺព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល
មានព្រះបន្ទូលដូចតទៅ:
ដោយយល់ដល់អ្នករាល់គ្នា
យើងនឹងចាត់ទ័ពឲ្យទៅវាយក្រុងបាប៊ីឡូន
ដើម្បីរំលំអំណាចរបស់ពួកគេ។
ពេលនោះ ជនជាតិខាល់ដេនឹងរត់ខ្ចាត់ខ្ចាយ
ដោយជិះសំពៅ
ជាកន្លែងដែលពួកគេធ្លាប់ហ៊ោសប្បាយ។
១៥ យើងជាព្រះអម្ចាស់
ជាព្រះដ៏វិសុទ្ធរបស់អ្នករាល់គ្នា
យើងជាព្រះមហាក្សត្រដែលបាន
បង្កើតអ្នករាល់គ្នា។
ផ្លូវថ្មីនៅក្នុងវាលរហោស្ថាន
១៦ ព្រះអម្ចាស់ដែលបានញែកសមុទ្រធ្វើផ្លូវមួយ
គឺធ្វើផ្លូវតូចនៅកណ្ដាលមហាសាគរ
១៧ ព្រះអង្គដែលបានប្រមូលកងទ័ព
មានរទេះចម្បាំង កងពលសេះ
ព្រមទាំងទាហានដ៏អង់អាច
ព្រះអង្គដែលធ្វើឲ្យពួកគេបរាជ័យ
ក្រោកពុំរួច
គឺពួកគេរលត់ទៅ ដូចចង្កៀងអស់ប្រេង
ព្រះអង្គមានព្រះបន្ទូលថា:
១៨ កុំគិតអំពីព្រឹត្តិការណ៍ដែលកើតមាន
នៅគ្រាដើមដំបូងនោះធ្វើអ្វី
កុំនឹកនាអំពីហេតុការណ៍ដែលកើតមាន
នៅបុរាណកាលដែរ។
១៩ បន្តិចទៀត យើងនឹងធ្វើឲ្យមាន
ព្រឹត្តិការណ៍ថ្មីកើតឡើង
ព្រឹត្តិការណ៍នោះកំពុងពន្លកចេញមក
តើអ្នករាល់គ្នាមិនឃើញទេឬ?
យើងនឹងធ្វើផ្លូវមួយក្នុងវាលរហោស្ថាន
ព្រមទាំងធ្វើឲ្យមានទន្លេហូរ
នៅវាលហួតហែងទៀតផង។
២០ សត្វព្រៃទាំងឡាយ
គឺមានឆ្កែព្រៃ និងត្មាតជាដើម
នឹងនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់យើង
ដ្បិតយើងធ្វើឲ្យមានទឹក
ក្នុងវាលរហោស្ថាន
និងធ្វើឲ្យមានទន្លេហូរកាត់វាលហួតហែង
ដើម្បីផ្តល់ទឹកឲ្យប្រជាជន
ដែលយើងបានជ្រើសរើស
២១ គឺប្រជាជនដែលយើងបានបង្កើតសម្រាប់យើង
ដើម្បីសរសើរតម្កើងយើង។
២២ ពូជពង្សយ៉ាកុបអើយ
អ្នកពុំបានហៅរកយើងទេ
អ៊ីស្រាអែលអើយ អ្នកនឿយណាយនឹងបម្រើយើង។
២៣ អ្នកយកកូនចៀមមកដុតទាំងមូលធ្វើយញ្ញបូជា
តែមិនមែនថ្វាយយើងទេ
អ្នកធ្វើយញ្ញបូជា
តែមិនបានបន្ថែមសិរីរុងរឿងរបស់យើងទេ។
យើងមិនបានបង្ខិតបង្ខំ
អ្នកឲ្យយកតង្វាយមកឲ្យយើង
យើងក៏មិនបានឲ្យអ្នក
នឿយហត់ដុតធូបដែរ។
២៤ អ្នកយកប្រាក់ទៅទិញគ្រឿងក្រអូប
តែមិនមែនសម្រាប់យើងទេ
ហើយអ្នកយកខ្លាញ់សត្វធ្វើយញ្ញបូជា
តែមិនមែនដើម្បីចម្អែតយើងឡើយ។
ផ្ទុយទៅវិញ ដោយសារអំពើបាបរបស់អ្នក
អ្នកបែរជាបង្ខិតបង្ខំយើង
ឲ្យធ្វើជាខ្ញុំបម្រើរបស់អ្នកទៅវិញ
អ្នកបានធ្វើឲ្យយើងនឿយណាយ
ដោយសារអំពើអាក្រក់របស់អ្នក។
២៥ ប៉ុន្តែ ដោយយើងមានចិត្តសប្បុរស
និងដោយយល់ដល់នាមរបស់យើង
យើងយល់ព្រមលើកលែងទោសឲ្យអ្នក
យើងនឹងមិននឹកនាដល់អំពើបាប
របស់អ្នកទៀតឡើយ។
២៦ ចូររៀបរាប់ប្រាប់យើងមកមើល!
យើងទាំងពីរនឹងវិនិច្ឆ័យរកខុសត្រូវជាមួយគ្នា
ចូរនិយាយការពារខ្លួន
ដើម្បីបញ្ជាក់ថា អ្នកពិតជាគ្មានទោស!
២៧ យ៉ាកុបជាបុព្វបុរសរបស់អ្នក
បានប្រព្រឹត្តអំពើបាប
ហើយពួកតំណាងរបស់អ្នក
ក៏បានបះបោរប្រឆាំងនឹងយើងដែរ។
២៨ ហេតុនេះហើយបានជាយើងបន្ទាបបន្ថោក
មេដឹកនាំព្រះវិហារ
យើងឲ្យគេបំផ្លាញកូនចៅយ៉ាកុប
យើងឲ្យគេប្រមាថមើលងាយ
ប្រជាជនអ៊ីស្រាអែល។
៤៤
មានតែព្រះអម្ចាស់ប៉ុណ្ណោះដែលពិតជាព្រះជាម្ចាស់
១ កូនចៅយ៉ាកុប
ជាអ្នកបម្រើរបស់យើង
ប្រជាជនអ៊ីស្រាអែល
ដែលយើងបានជ្រើសរើសអើយ
ឥឡូវនេះ ចូរស្ដាប់យើង!
២ ព្រះអម្ចាស់ដែលបានបង្កើតអ្នក
ព្រះអង្គដែលបានសូនអ្នកតាំងពីក្នុងផ្ទៃម្ដាយ
ព្រះអង្គដែលជួយអ្នក ព្រះអង្គមានព្រះបន្ទូលថា:
យ៉ាកុបជាអ្នកបម្រើរបស់យើងយេស៊ូរូនដែលយើងបានស្រោចស្រង់អើយ
កុំភ័យខ្លាចអ្វីឡើយ!
៣ យើងនឹងចាក់បង្ហូរទឹកទៅលើដីបែកក្រហែង
យើងនឹងធ្វើឲ្យមានទឹកហូរ
នៅលើដីហួតហែង
យើងនឹងចាក់បង្ហូរព្រះវិញ្ញាណរបស់យើង
ទៅលើពូជពង្សអ្នក
ព្រមទាំងឲ្យពរដល់កូនចៅរបស់អ្នកផង។
៤ កូនចៅរបស់អ្នកនឹងចម្រើនឡើង
ដូចស្មៅត្រូវទឹកភ្លៀង
និងដូចរុក្ខជាតិដុះនៅតាមមាត់ស្ទឹង។
៥ ពេលនោះ ម្នាក់ពោលថា
ខ្ញុំជាកូនចៅរបស់ព្រះអម្ចាស់
ម្នាក់ទៀតថា ខ្លួនជាកូនចៅរបស់យ៉ាកុប
ម្នាក់ទៀតចារលើបាតដៃថា
“ខ្ញុំថ្វាយខ្លួនទៅព្រះអម្ចាស់”
ព្រមទាំងមានមោទនភាព
ព្រោះខ្លួនជាជនជាតិអ៊ីស្រាអែល។
៦ ព្រះអម្ចាស់ជាព្រះមហាក្សត្ររបស់
ជនជាតិអ៊ីស្រាអែល
គឺព្រះអម្ចាស់នៃពិភពទាំងមូល
ដែលបានលោះជនជាតិអ៊ីស្រាអែល
ព្រះអង្គមានព្រះបន្ទូលថា:
យើងនៅមុនគេ ហើយនៅក្រោយគេបំផុត
ក្រៅពីយើង គ្មានព្រះណាទៀតឡើយ។
៧ តើមានព្រះណាដូចយើង?
ឲ្យព្រះនោះបង្ហាញខ្លួន ហើយនិយាយមក!
គឺត្រូវរៀបរាប់អំពីហេតុការណ៍ដែលកើតមាន
ចាប់ពីពេលយើងបង្កើតប្រជាជន
តាំងពីអស់កល្បរៀងមក
ព្រមទាំងរៀបរាប់អំពីហេតុការណ៍
ដែលនឹងកើតមាននៅគ្រាខាងមុខដែរ។
៨ កុំញ័ររន្ធត់ កុំភ័យខ្លាចអ្វីឡើយ
តាំងពីដើមរៀងមក
យើងតែងតែប្រាប់ឲ្យអ្នករាល់គ្នាដឹងជានិច្ច
អ្នករាល់គ្នាជាសាក្សីរបស់យើងស្រាប់ហើយ
ក្រៅពីយើង តើមានព្រះណាទៀតទេ?
ទេ! គ្មានថ្មដាណាទៀតឡើយ
យើងមិនដែលបានស្គាល់ទាល់តែសោះ។
អ្នកបង្កើតរូបបដិមា
៩ អស់អ្នកដែលឆ្លាក់រូបបដិមា
សុទ្ធតែជាមនុស្សឥតបានការ
រីឯស្នាដៃដែលគេចាត់ទុកថាមានតម្លៃ
ក៏គ្មានសារប្រយោជន៍អ្វីដែរ។
រូបព្រះទាំងនោះជាសាក្សីរបស់ពួកគេ
តែជាសាក្សីដែលមិនចេះមើល
ហើយក៏មិនដឹងអ្វីដែរ
គឺគ្រាន់តែធ្វើឲ្យពួកគេខកចិត្តប៉ុណ្ណោះ។
១០ អ្នកសូនរូបព្រះក្លែងក្លាយ ឬសិតរូបបដិមា
ដែលពុំអាចផ្តល់សារប្រយោជន៍អ្វីសោះ
ពិតជាមនុស្សល្ងីល្ងើមែន!
១១ រីឯអស់អ្នកដែលថ្វាយបង្គំរូបទាំងនោះ
នឹងត្រូវអាម៉ាស់
ដ្បិតអ្នកឆ្លាក់រូបទាំងនោះសុទ្ធតែជាមនុស្ស។
ទុកឲ្យពួកគេប្រមូលគ្នា
ឲ្យគេជួបជុំគ្នាទៅ
ពួកគេនឹងត្រូវញាប់ញ័រ ហើយអាម៉ាស់មុខ។
១២ ជាងដែកយកលោហធាតុមកដុត
ដំនឹងញញួរធ្វើជារូប។
អ្នកនោះខំប្រឹងធ្វើការយ៉ាងស្វាហាប់
ក៏ប៉ុន្តែ បើគេមិនបរិភោគ គេមុខជាអស់កម្លាំង
បើគេមិនផឹកទឹក គេមុខជានឿយហត់។
១៣ ជាងឈើលាតសន្ធឹងខ្សែមកវាស់ឈើ
និងគូររូបពីលើ
ហើយយកពន្លាកមកដាប់ឈើនោះ
តាមរូបរាង និងភិនភាគដូចមនុស្ស
រួចយកទៅតម្កល់នៅក្នុងវិហារមួយ។
១៤ គេកាប់ដើមឈើដ៏ធំៗ
គេជ្រើសរើសយកឈើខ្លឹមដ៏មានតម្លៃ
ពីចំណោមដើមឈើទាំងឡាយនៅក្នុងព្រៃ។
គេដាំដើមស្រល់
ហើយភ្លៀងបានធ្វើឲ្យដុះលូតលាស់ឡើង។
១៥ មនុស្សម្នាយកឈើទាំងនោះមកប្រើជាអុស
សម្រាប់កម្ដៅផ្ទះ និងចម្អិនម្ហូបអាហារ។
គេក៏យកឈើនោះឆ្លាក់ធ្វើរូបព្រះ
សម្រាប់ក្រាបថ្វាយបង្គំ
និងធ្វើជារូបបដិមាសម្រាប់គោរពបូជា។
១៦ គេយកឈើមួយចំណែកទៅធ្វើជាអុស
អាំងសាច់បរិភោគចម្អែតក្រពះ
ហើយក៏ប្រើសម្រាប់កម្ដៅរូបរាងកាយ
ទាំងពោលថា “មើល៍ អណ្ដាតភ្លើងនេះធ្វើឲ្យខ្ញុំកក់ក្ដៅស្រួលណាស់!”។
១៧ រីឯឈើមួយចំណែកទៀត គេយកទៅធ្វើជា
រូបបដិមាជាព្រះរបស់ខ្លួន រួចក្រាបថ្វាយបង្គំ
គេគោរពបម្រើរូបនោះ និងទូលអង្វរថា
“សូមរំដោះទូលបង្គំផង!
ដ្បិតព្រះអង្គជាព្រះរបស់ទូលបង្គំ!”។
១៨ អ្នកទាំងនោះមិនយល់ និងមិនរិះគិតពិចារណា
ព្រោះភ្នែកគេងងឹតមើលអ្វីពុំឃើញ
ហើយចិត្តគំនិតរបស់គេក៏ពុំយល់អ្វីដែរ។ ១៩ គ្មាននរណាម្នាក់ចាប់អារម្មណ៍ រិះគិត
និងពិចារណា រួចពោលថា
“ខ្ញុំបានដុតឈើអស់ពាក់កណ្ដាល
ខ្ញុំដុតនំបុ័ងនៅលើរងើកភ្លើង
ខ្ញុំអាំងសាច់បរិភោគ។
រីឯឈើពាក់កណ្ដាលទៀតដែលនៅសល់
ខ្ញុំយកទៅធ្វើជារូបព្រះគួរស្អប់ខ្ពើម
រួចខ្ញុំនឹងក្រាបថ្វាយបង្គំរូបឈើនោះ”។
២០ គេចាប់ចិត្តនឹងអ្វីដែលជាផេះ
ចិត្តគំនិតលេលារបស់គេនាំខ្លួនគេឲ្យ
វង្វេងវង្វាន់លែងដឹងអ្វីសោះ។
រូបព្រះរបស់គេពុំអាចរំដោះគេបានទេ
ប៉ុន្តែ គេមិនថា រូបដែលគេកាន់នេះ
ជាព្រះក្លែងក្លាយឡើយ។
ព្រះអម្ចាស់តែមួយគត់ ជាព្រះជាម្ចាស់ និងជាព្រះសង្គ្រោះមនុស្សលោក
២១ អ៊ីស្រាអែលដែលជាកូនចៅយ៉ាកុបអើយ
ចូរចងចាំថា អ្នកជាអ្នកបម្រើរបស់យើង
យើងបានបង្កើតអ្នក ដើម្បីឲ្យបម្រើយើង
អ៊ីស្រាអែលអើយ
យើងនឹងមិនបំភ្លេចអ្នកចោលឡើយ!
២២ យើងលុបបំបាត់ទោស និងកំហុសរបស់អ្នក
ដូចពពករសាត់បាត់ទៅ
ចូរវិលត្រឡប់មករកយើងវិញ
ដ្បិតយើងបានលោះអ្នកហើយ។
២៣ ផ្ទៃមេឃអើយ ចូរនាំគ្នាស្រែកហ៊ោឡើង
ដ្បិតព្រះអម្ចាស់បានធ្វើអន្តរាគមន៍ហើយ
ទីជម្រៅនៃផែនដីអើយ ចូរបន្លឺសំឡេងឡើង
ភ្នំទាំងឡាយអើយ ចូរស្រែកអឺងកងឡើង
រីឯព្រៃព្រឹក្សា និងរុក្ខជាតិទាំងអស់
ក៏ត្រូវបន្លឺសំឡេងរួមជាមួយគ្នាដែរ
ដ្បិតព្រះអម្ចាស់បានលោះកូនចៅរបស់
លោកយ៉ាកុបហើយ
ព្រះអង្គបានសម្ដែងសិរីរុងរឿងរបស់ព្រះអង្គ
ដោយសង្គ្រោះជនជាតិអ៊ីស្រាអែល។
ព្រះអម្ចាស់បានតែងតាំងស្តេចស៊ីរូស
២៤ ព្រះអម្ចាស់ដែលបានលោះអ្នក
គឺព្រះអង្គដែលបានបង្កើតអ្នកតាំងពីក្នុង
ផ្ទៃម្ដាយមក ព្រះអង្គមានព្រះបន្ទូលដូចតទៅ:
“យើងជាព្រះអម្ចាស់ដែលបានបង្កើត
អ្វីៗទាំងអស់ យើងបានលាតផ្ទៃមេឃ
ហើយយើងក៏បានសន្ធឹងផែនដី
ដោយខ្លួនយើងផ្ទាល់។
២៥ យើងធ្វើឲ្យទំនាយរបស់គ្រូហោរ
ទៅជាឥតបានការ
យើងធ្វើឲ្យពួកគ្រូទាយវង្វេងវង្វាន់
យើងនឹងរំលាយគម្រោងការរបស់ពួកអ្នកប្រាជ្ញ
ដោយធ្វើឲ្យចំណេះរបស់គេ
ក្លាយទៅជាការលេលាទៅវិញ។
២៦ យើងបំពេញតាមពាក្យសម្ដីអ្នកបម្រើរបស់យើង
ហើយធ្វើឲ្យគម្រោងការរបស់អស់អ្នកដែល
យើងចាត់ឲ្យមកនោះ បានសម្រេច។
យើងថ្លែងអំពីក្រុងយេរូសាឡឹមថា
ចូរឲ្យមានប្រជាជនរស់នៅក្នុងក្រុងនេះវិញ
យើងថ្លែងអំពីក្រុងនានាក្នុងស្រុកយូដាថា
ចូរសង់ក្រុងទាំងនោះឡើងវិញ
យើងនឹងធ្វើឲ្យអ្វីៗដែលបាក់បែក
មានរូបរាងឡើងវិញ។
២៧ យើងបង្គាប់មហាសាគរឲ្យរីងស្ងួត
ហើយធ្វើឲ្យទន្លេរីង។
២៨ យើងនិយាយអំពីស្តេចស៊ីរូសថា
អ្នកនេះជាមេដឹកនាំដែលយើងបានតែងតាំង។
គាត់នឹងបំពេញអ្វីៗ
តាមចិត្តដែលយើងប្រាថ្នាចង់បាន
គាត់នឹងបញ្ជាឲ្យគេសង់ក្រុងយេរូសាឡឹម
និងព្រះវិហារឡើងវិញ”។
៤៥
១ ព្រះអម្ចាស់មានព្រះបន្ទូលទៅ
ស្តេចស៊ីរូស ដែលព្រះអង្គបាន
ចាក់ប្រេងអភិសេកនោះថា៖
«យើងកាន់ដៃស្តាំរបស់អ្នក
យើងបង្ក្រាបប្រជាជាតិនានានៅចំពោះមុខអ្នក
ហើយដកអាវុធពីស្តេចទាំងឡាយ
ព្រមទាំងបើកទ្វារក្រុងចំហនៅចំពោះមុខអ្នក
រហូតតរៀងទៅ។
២ យើងនឹងដើរនៅមុខអ្នក
យើងនឹងពង្រាបកន្លែងរដិបរដុបឲ្យរាបស្មើ
យើងនឹងបំបាក់ទ្វារលង្ហិនទាំងឡាយ
ព្រមទាំងកម្ទេចរនុកដែកឲ្យខ្ទេចផង។
៣ យើងនឹងប្រគល់មាសប្រាក់
ដែលគេកប់ទុកក្នុងទីងងឹតមកឲ្យអ្នក
ព្រមទាំងប្រគល់ទ្រព្យសម្បត្តិដែល
គេទុកក្នុងទីលាក់កំបាំងមកឲ្យអ្នកដែរ។
ដូច្នេះ អ្នកនឹងដឹងថាយើងពិតជាព្រះអម្ចាស់
ជាព្រះរបស់ជនជាតិអ៊ីស្រាអែល
ដែលហៅអ្នកមកតាមឈ្មោះរបស់អ្នក។
៤ យើងហៅអ្នកចំឈ្មោះ
ព្រមទាំងប្រគល់តំណែងដ៏ខ្ពង់ខ្ពស់ឲ្យអ្នក
ទោះបីអ្នកមិនស្គាល់យើងក៏ដោយ
ព្រោះយើងអាណិតកូនចៅរបស់យ៉ាកុប
ជាអ្នកបម្រើរបស់យើង
គឺជនជាតិអ៊ីស្រាអែលដែលយើងបានជ្រើសរើស។
៥ យើងនេះហើយជាព្រះអម្ចាស់
គ្មានព្រះអម្ចាស់ណាផ្សេងទៀតឡើយ
ក្រៅពីយើង គ្មានព្រះជាម្ចាស់ណាទេ
ទោះបីអ្នកមិនស្គាល់យើងក្តី
ក៏យើងបានប្រគល់ឲ្យអ្នកមានឫទ្ធិអំណាច
៦ ដើម្បីឲ្យមនុស្សក្នុងពិភពលោកទាំងមូល
តាំងពីទិសខាងកើតដល់ទិសខាងលិច
ទទួលស្គាល់ថា ក្រៅពីយើង
ព្រះឯទៀតៗសុទ្ធតែឥតបានការ។
យើងនេះហើយជាព្រះអម្ចាស់
គ្មានព្រះអម្ចាស់ណាផ្សេងទៀតឡើយ។
៧ យើងបង្កើតពន្លឺ និងភាពងងឹត
យើងធ្វើឲ្យមានសេចក្ដីសុខ និងទុក្ខវេទនា
គឺយើងនេះហើយជាព្រះអម្ចាស់
ដែលប្រព្រឹត្តការទាំងនេះ។
៨ ចូរឲ្យផ្ទៃមេឃសម្រក់សេចក្ដីសុចរិតចុះមក
ដូចទឹកសន្សើម
ចូរឲ្យពពកបង្អុរសេចក្ដីសុចរិតចុះមក
ដូចទឹកភ្លៀង
ចូរឲ្យផែនដីបើកចំហ
ដើម្បីឲ្យការសង្គ្រោះរីកចម្រើនឡើង
និងឲ្យសេចក្ដីសុចរិត
ពន្លកចេញជាមួយគ្នាដែរ។
យើងនេះហើយជាព្រះអម្ចាស់
ដែលបានបង្កើតអ្នកនោះមក»។
៩ អ្នកណាប្រឆាំងនឹងព្រះដែលបានបង្កើតខ្លួន
អ្នកនោះមុខជាវេទនាពុំខាន!
អ្នកនោះកើតពីដី មិនខុសពីអ្នកឯទៀតៗទេ។
មិនដែលមានដីឥដ្ឋណាពោលទៅកាន់ជាងស្មូន
ដែលកំពុងតែសូនខ្លួនថា តើអ្នកធ្វើអ្វីហ្នឹង!។
ថ្វីដៃរបស់អ្នកគ្មានបានការអ្វីទេ!។
១០ អ្នកណាពោលទៅកាន់ឪពុកម្ដាយរបស់ខ្លួនថា
“ម្ដេចក៏បង្កើតកូនបែបនេះមក”
អ្នកនោះមុខជាត្រូវវេទនាពុំខាន។
១១ រីឯព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធរបស់
ជនជាតិអ៊ីស្រាអែល
ជាព្រះដែលបានបង្កើតជនជាតិនេះមក
ព្រះអង្គមានព្រះបន្ទូលថា
“តើអ្នករាល់គ្នាចង់សាកសួរយើង
អំពីកិច្ចការដែលយើងត្រូវធ្វើ
នៅពេលអនាគត សម្រាប់កូនចៅរបស់យើងឬ?
អ្នករាល់គ្នាចង់បញ្ជាយើងអំពីកិច្ចការ
ដែលយើងត្រូវធ្វើឬ?
១២ យើងនេះហើយដែលបានបង្កើតផែនដី
ព្រមទាំងបានបង្កើតមនុស្សឲ្យរស់
នៅលើផែនដីនេះផង
យើងបានលាតសន្ធឹងផ្ទៃមេឃ
ដោយដៃរបស់យើងផ្ទាល់
ហើយយើងក៏បញ្ជាហ្វូងតារាទាំងប៉ុន្មាន
នៅលើមេឃដែរ”។
១៣ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា
“យើងនេះហើយដែលលើកស្តេចស៊ីរូសឡើង
តាមសេចក្ដីសុចរិតរបស់យើង
យើងពង្រាបផ្លូវទាំងប៉ុន្មានឲ្យស្តេចនោះ។
ស្តេចនោះនឹងសង់ក្រុងរបស់យើងឡើងវិញ
ព្រមទាំងបើកឲ្យប្រជាជនរបស់យើង
ដែលជាប់ជាឈ្លើយសឹកវិលមកស្រុកវិញ
ដោយមិនបាច់បង់ពិន័យ
ឬក៏ជូនសគុណអ្វីឡើយ”។
១៤ ព្រះអម្ចាស់មានព្រះបន្ទូលថា:
សម្បត្តិរបស់ស្រុកអេស៊ីប
និងភោគទ្រព្យរបស់ស្រុកអេត្យូពី
រីឯប្រជាជនមានមាឌខ្ពស់ៗមកពីស្រុកសេបា
នឹងឆ្លងកាត់តាមអ្នក
ហើយក្លាយទៅជាទ្រព្យសម្បត្តិរបស់អ្នក។
ប្រជាជាតិទាំងនោះនឹងដើរតាមក្រោយអ្នក
ទាំងជាប់ច្រវាក់
គេនាំគ្នាក្រាបនៅចំពោះមុខអ្នក
ហើយប្រកាសប្រាប់អ្នកថា:
“ព្រះជាម្ចាស់គង់នៅជាមួយអស់លោកពិតមែន
ក្រៅពីព្រះអង្គ គ្មានព្រះណាទៀតទេ
ដ្បិតព្រះទាំងឡាយសុទ្ធតែឥតបានការ។
១៥ ឱព្រះរបស់ជនជាតិអ៊ីស្រាអែល
ដែលជាព្រះសង្គ្រោះអើយ
មនុស្សលោកពិបាករកឃើញព្រះអង្គណាស់!
១៦ អស់អ្នកដែលសូនធ្វើរូបបដិមា
ត្រូវអាម៉ាស់ និងបាក់មុខគ្រប់ៗគ្នា
ពួកគេចេញទៅទាំងអៀនខ្មាសជាខ្លាំង។
១៧ ចំណែកឯជនជាតិអ៊ីស្រាអែលវិញ
គេបានទទួលការសង្គ្រោះពីព្រះអម្ចាស់
ព្រះអង្គសង្គ្រោះគេអស់កល្បជានិច្ច។
អ្នកមិនត្រូវអាម៉ាស់ ឬបាក់មុខសោះឡើយ”។
១៨ ព្រះអម្ចាស់បានបង្កើតផ្ទៃមេឃ
ព្រមទាំងសូនផែនដី
ព្រះអង្គបានពង្រឹងផែនដីឲ្យរឹងមាំ
ព្រះអង្គមិនបានបង្កើតផែនដីមក
ដើម្បីឲ្យនៅទទេឡើយ
គឺព្រះអង្គបានបង្កើតផែនដី
ឲ្យសត្វលោកស្នាក់អាស្រ័យនៅ។
ព្រះអង្គមានព្រះបន្ទូលថា:
“គឺយើងនេះហើយជាព្រះអម្ចាស់
ក្រៅពីយើង គ្មានព្រះអម្ចាស់ឯណាទៀតទេ។
១៩ យើងមិនដែលនិយាយដោយលាក់លៀម
ក្នុងទីងងឹតនៃផែនដីឡើយ។
យើងក៏មិនដែលប្រាប់ពូជពង្សរបស់យ៉ាកុប
ឲ្យស្វែងរកយើង នៅកន្លែង
ដែលគ្មានអ្វីសោះនោះដែរ។
យើងជាព្រះអម្ចាស់ យើងតែងនិយាយត្រឹមត្រូវ
អ្វីៗដែលយើងប្រកាសសុទ្ធតែពិតត្រង់”។
២០ អ្នកសេសសល់ពីប្រជាជាតិនានាអើយ
ចូរប្រមែប្រមូលគ្នាមក
ចូរនាំគ្នាខិតចូលមកជិត។
អស់អ្នកដែលសែងព្រះរបស់ខ្លួនធ្វើពីឈើ
ហើយបួងសួងព្រះដែលមិនអាចសង្គ្រោះ
សុទ្ធតែជាមនុស្សឥតដឹងអ្វីទាំងអស់។
២១ ចូរយកសំណុំរឿង និងបង្ហាញភស្តុតាងមកមើល
ចូរពិភាក្សាគ្នាទៅ។
តាំងពីបុរាណកាលមក
តើនរណាបានប្រាប់ទុកជាមុន
នូវហេតុការណ៍ទាំងអំបាលម៉ាន
ដែលកើតមាននៅពេលនេះ?
គឺមានតែយើងដែលជាព្រះអម្ចាស់ប៉ុណ្ណោះ
ដែលបានប្រាប់ជាមុន
ក្រៅពីយើង គ្មានព្រះជាម្ចាស់ណាទៀតទេ។
យើងជាព្រះដ៏សុចរិត និងជាព្រះសង្គ្រោះ
ក្រៅពីយើង គ្មានព្រះសង្គ្រោះដ៏សុចរិត
ណាទៀតឡើយ។
២២ អស់អ្នករស់នៅទីដាច់ស្រយាលនៃផែនដីអើយ
ចូរនាំគ្នាបែរមករកយើង
យើងនឹងសង្គ្រោះអ្នករាល់គ្នា
ដ្បិតយើងជាព្រះជាម្ចាស់
ក្រៅពីយើង គ្មានព្រះជាម្ចាស់ណាទៀតទេ។
២៣ អ្វីៗដែលយើងនិយាយចេញមក
សុទ្ធតែជាពាក្យសច្ចៈ
មិនអាចប្រែក្រឡាស់ឡើយ។
យើងសុំប្រកាសយ៉ាងឱឡារិក
ក្នុងនាមយើងផ្ទាល់ថា
មនុស្សលោកទាំងអស់នឹងក្រាបថ្វាយបង្គំយើង
ហើយមនុស្សគ្រប់ភាសានាំគ្នាសច្ចាថា
នឹងគោរពបម្រើយើងដោយស្មោះ។
២៤ គេនឹងពោលថា
មានតែព្រះអម្ចាស់មួយព្រះអង្គទេ
ដែលមានព្រះហឫទ័យស្មោះស្ម័គ្រ
និងមានព្រះចេស្ដា។
រីឯអស់អ្នកដែលបានប្រឆាំងព្រះអង្គ
នឹងមករកព្រះអង្គទាំងអាម៉ាស់។
២៥ ពូជពង្សអ៊ីស្រាអែលទាំងមូលនឹងសុចរិត
ហើយខ្ពស់មុខដោយសារព្រះអម្ចាស់។
៤៦
ព្រះរបស់ជនជាតិបាប៊ីឡូន និងព្រះរបស់ជនជាតិអ៊ីស្រាអែល
១ ព្រះបេលបរាជ័យហើយ
ព្រះនេបូក៏អស់ឫទ្ធិដែរ។
គេដឹករូបព្រះទាំងនោះ
ដោយដាក់នៅលើសត្វតិរច្ឆាន
ធ្វើឲ្យសត្វទាំងនោះនឿយហត់
ព្រោះមានបន្ទុកយ៉ាងធ្ងន់នៅលើខ្នងវា។
២ ព្រះទាំងនោះបរាជ័យ និងអស់ឫទ្ធិ
ពួកគេមិនអាចរំដោះខ្លួនឯងឡើយ
ហើយពួកគេក៏ត្រូវដឹកទៅជាឈ្លើយសឹកដែរ។
៣ អ្នកទាំងអស់គ្នាជាពូជពង្សអ៊ីស្រាអែល
ដែលនៅសេសសល់
កូនចៅយ៉ាកុបអើយ ចូរស្ដាប់យើង!
យើងបានថែទាំអ្នករាល់គ្នា
តាំងពីអ្នករាល់គ្នានៅក្នុងផ្ទៃម្ដាយ
យើងបានបីបាច់ថែរក្សាអ្នករាល់គ្នា
តាំងពីពេលអ្នករាល់គ្នាកើតមកម៉្លេះ។
៤ យើងនៅតែជួយគាំទ្រអ្នករាល់គ្នា
រហូតអស់មួយជីវិត
យើងមិនប្រែប្រួលឡើយ។
យើងនឹងបីបាច់ថែរក្សាអ្នករាល់គ្នា
ដូចយើងបានធ្វើរួចមកហើយ
យើងជួយគាំទ្រ និងរំដោះអ្នករាល់គ្នា។
៥ តើអ្នករាល់គ្នាប្រៀបប្រដូចយើងទៅព្រះណា
អ្នករាល់គ្នាយកព្រះណាមកផ្ទឹមស្មើនឹងយើង?
តើអ្នករាល់គ្នាចង់ឲ្យយើងដូចព្រះណា?
៦ មានអ្នកខ្លះចាក់មាសអស់ពីថង់របស់ខ្លួន
ពួកគេថ្លឹងប្រាក់
ហើយជួលជាងមាសឲ្យសិតធ្វើរូបព្រះ
រួចនាំគ្នាគោរព និងក្រាបថ្វាយបង្គំរូបនោះ។
៧ ពួកគេលើករូបព្រះនោះសែងយកទៅតម្កល់
នៅកន្លែងរបស់វា
រូបព្រះនោះមិនកម្រើកទៅណាឡើយ!
ទោះបីពួកគេស្រែកអង្វរយ៉ាងណា
ក៏រូបព្រះនោះមិនឆ្លើយ ហើយក៏មិនសង្គ្រោះ
ពួកគេឲ្យរួចពីភាពអាសន្នដែរ!
៨ អ្នករាល់គ្នាដែលជាមនុស្សបះបោរអើយ
ចូរនឹកចាំអំពីការនេះ
ចូរភ្ញាក់រលឹក ហើយរិះគិតពិចារណាឡើង។
៩ ចូរនឹកចាំអំពីព្រឹត្តិការណ៍
ដែលកើតមាននៅគ្រាដើមដំបូង
ហើយដឹងថា យើងជាព្រះជាម្ចាស់
ក្រៅពីយើង គ្មានព្រះណាទៀតទេ
យើងជាព្រះជាម្ចាស់
គ្មានអ្វីផ្សេងទៀតអាចផ្ទឹមស្មើ
នឹងយើងឡើយ។
១០ យើងបានប្រាប់ទុកជាមុន តាំងពីគ្រាដំបូង
នូវហេតុការណ៍ដែលនឹងកើតមានតាមក្រោយ
យើងប្រាប់ទុកជាមុនតាំងពីយូរលង់
នូវហេតុការណ៍ដែលពុំទាន់កើតមាននៅឡើយ
យើងពោលថា គម្រោងការរបស់យើង
មុខជាបានសម្រេចមិនខាន
យើងធ្វើអ្វីបានតាមចិត្តយើងប្រាថ្នា។
១១ យើងហៅសត្វត្មាតមួយពីទិសខាងកើត
គឺបុរសម្នាក់ពីស្រុកឆ្ងាយដែលនឹងសម្រេចតាម
គម្រោងការរបស់យើង។
អ្វីដែលយើងនិយាយ
យើងនឹងធ្វើឲ្យសម្រេចជារូបរាង
អ្វីដែលយើងគិតគូរ យើងមុខជាធ្វើមិនខាន។
១២ មនុស្សមានចិត្តរឹងរូស ដែលនៅឆ្ងាយពី
សេចក្ដីសុចរិតអើយ ចូរស្ដាប់យើង!
១៣ យើងនឹងនាំសេចក្ដីសុចរិតរបស់យើងចូលមក
សេចក្ដីសុចរិតនេះនៅជិតបង្កើយ
ហើយយើងក៏នឹងនាំការសង្គ្រោះមកឆាប់ៗដែរ
យើងនឹងសង្គ្រោះក្រុងស៊ីយ៉ូន
យើងនឹងនាំស្រុកអ៊ីស្រាអែល
ឲ្យស្គាល់ភាពថ្កុំថ្កើង។
៤៧
ក្រុងបាប៊ីឡូនទទួលទោស
១ ក្រុងបាប៊ីឡូនអើយ
អ្នករលំហើយ
ចូរអង្គុយនៅក្នុងធូលីដីទៅ!
ក្រុងរបស់ជនជាតិខាល់ដេអើយ
ចូរអង្គុយផ្ទាល់នឹងដីនេះទៅ
អ្នកគ្មានបល្ល័ង្កទៀតទេ។
គេលែងហៅអ្នកថាជាក្រុងដ៏ល្អប្រណីត
ឬក្រុងដ៏សម្បូណ៌សប្បាយទៀតហើយ។
២ ចូរយកត្បាល់ពីរមកកិនម្សៅ
ចូរយកស្បៃចេញពីមុខ
ចូរលាត់សំពត់ឡើង
ដើរឆ្លងទឹកទន្លេទៅ!
៣ មនុស្សម្នានឹងឃើញកេរ្ដិ៍ខ្មាសរបស់អ្នក
គេនឹងឃើញភាពអាម៉ាស់របស់អ្នក
យើងនឹងសងសឹកអ្នក យើងនឹងប្រហារអ្នក
ឥតមាននរណាឃាត់យើងបានឡើយ។
៤ ព្រះដែលលោះយើងមានព្រះនាមថា
«ព្រះអម្ចាស់នៃពិភពទាំងមូល
ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល»
៥ ក្រុងរបស់ជនជាតិខាល់ដេអើយ
ចូរអង្គុយយ៉ាងស្ងៀមស្ងាត់
ចូរធ្លាក់ក្នុងទីងងឹតទៅ!
គេនឹងលែងហៅអ្នកថាជា
ម្ចាស់គ្រប់គ្រងលើនគរនានាទៀតហើយ។
៦ ពីមុនយើងទាស់ចិត្តនឹងប្រជារាស្ដ្ររបស់យើង
យើងបានបំបាក់មុខប្រជារាស្ដ្រ
ដែលជាកេរមត៌ករបស់យើង
ហើយប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នក
តែអ្នកពុំបានអាណិតមេត្តាពួកគេសោះ
អ្នកសង្កត់សង្កិនធ្វើបាបមនុស្សចាស់ជរា។
៧ អ្នកពោលថា
“យើងជាម្ចាស់គ្រប់គ្រងជាអង្វែងតរៀងទៅ”
អ្នកពុំបានរិះគិតអំពីព្រឹត្តិការណ៍ទាំងនេះ
ឲ្យដិតដល់ទេ
គឺអ្នកពុំបានចងចាំថាព្រឹត្តិការណ៍នេះ
នឹងមានទីបញ្ចប់ឡើយ។
៨ ក្រុងដែលធ្លាប់តែសម្បូណ៌សប្បាយ
គិតតែពីអួតក្អេងក្អាងអើយ
អ្នកតែងគិតថា “គ្មាននរណាផ្ទឹមស្មើនឹងអញទេ
អញនឹងមិនធ្លាក់ខ្លួនជាស្រីមេម៉ាយ
អញនឹងមិនបាត់បង់កូនចៅជាដាច់ខាត!”។
ក៏ប៉ុន្តែ ឥឡូវនេះ ចូរស្ដាប់!
៩ ទុក្ខវេទនាទាំងពីរនេះនឹងកើតមានដល់អ្នក
យ៉ាងទាន់ហន់
គឺក្នុងថ្ងៃតែមួយ អ្នកនឹងបាត់បង់កូនចៅ
ហើយធ្លាក់ខ្លួនជាស្រីមេម៉ាយ។
ទុក្ខវេទនានេះនឹងកើតមានដល់អ្នក
គេចមិនផុតឡើយ
ទោះបីអ្នកមានមន្តអាគម ឬមានគាថា
ការពារខ្លួនច្រើនយ៉ាងណាក៏ដោយ។
១០ អ្នកពឹងផ្អែកលើពុតត្បុតអាក្រក់របស់ខ្លួន
ហើយអ្នកតែងតែពោលថា
“គ្មាននរណាមើលអញឃើញទេ!”
ក៏ប៉ុន្តែ តម្រិះប្រាជ្ញារបស់អ្នកបានធ្វើឲ្យ
អ្នកបែរទៅជាវង្វេង
អ្នកគិតថា “គ្មាននរណាផ្ទឹមស្មើនឹងអញទេ!”។
១១ ទុក្ខវេទនានឹងកើតមានដល់អ្នក
អ្នករកច្រកចេញពុំរួចឡើយ
មហន្តរាយនឹងធ្លាក់មកលើអ្នក
ហើយអ្នកការពារខ្លួនពុំបានឡើយ
ការវិនាសដែលអ្នកនឹកស្មានមិនដល់
នឹងកើតមានដល់អ្នកយ៉ាងទាន់ហន់។
១២ ចូរប្រើមន្តអាគមគាថាដ៏ច្រើន ដែលអ្នកខិតខំ
រៀនតាំងពីក្មេងនោះ បន្តទៀតទៅ!
អ្នកប្រហែលជាអាចទាញយកផលប្រយោជន៍
អ្នកប្រហែលជាអាចដេញចង្រៃឧបទ្រពបាន!
១៣ ទោះបីមានគ្រូហោរជាច្រើនជួយគំនិតអ្នកក្តី
ក៏អ្នកនៅតែឥតបានការដែរ
អ្នកទាំងនោះបែងចែកមេឃ សង្កេតមើលផ្កាយ
ហើយទស្សន៍ទាយរៀងរាល់ខែ
អំពីហេតុការណ៍ដែលត្រូវកើតមាន។
ចូរឲ្យពួកគេមកសង្គ្រោះអ្នកទៅ!
១៤ ប៉ុន្តែ អ្នកទាំងនោះប្រៀបបាននឹងចំបើង
ដែលត្រូវភ្លើងឆាបឆេះ
គេមិនអាចដកខ្លួន
ឲ្យរួចផុតពីអណ្ដាតភ្លើងឡើយ
ដ្បិតភ្លើងនោះមិនមែនជាភ្លើង
សម្រាប់ចម្អិនអាហារ
ឬសម្រាប់អាំងកម្ដៅខ្លួននោះឡើយ។
១៥ ពួកគ្រូហោរដែលអ្នកខំប្រឹងទៅរក
ឲ្យជួយមើល តាំងពីក្មេងរៀងមកនោះ
នឹងត្រូវវេទនាបែបនេះឯង
គឺពួកគេនឹងត្រូវវង្វេងខ្ចាត់ព្រាត់រៀងៗខ្លួន
គ្មាននរណាអាចសង្គ្រោះអ្នកឡើយ!។
៤៨
ព្រះអម្ចាស់មានអំណាចលើព្រឹត្តិការណ៍ទាំងអស់
១ អ្នករាល់គ្នាជាកូនចៅ
របស់យ៉ាកុប
អ្នករាល់គ្នាដែលមានត្រកូលអ៊ីស្រាអែល
ហើយជាពូជពង្សរបស់យូដាអើយ
ចូរស្ដាប់សេចក្ដីនេះ!
អ្នករាល់គ្នាតែងតែស្បថ
ដោយយកព្រះនាមព្រះអម្ចាស់ធ្វើជាសាក្សី
អ្នករាល់គ្នាតែងតែអង្វររកព្រះរបស់
ជនជាតិអ៊ីស្រាអែល
តែគ្មានចិត្តស្មោះត្រង់ និងសុចរិតទេ។
២ អ្នករាល់គ្នាអួតថា
ខ្លួនជាអ្នករស់នៅក្នុង
ក្រុងដ៏វិសុទ្ធ
ហើយថាខ្លួនពឹងផ្អែកលើព្រះរបស់ជនជាតិ
អ៊ីស្រាអែល ដែលមានព្រះនាមថា
ព្រះអម្ចាស់នៃពិភពទាំងមូល។
៣ យើងបានប្រាប់ឲ្យអ្នករាល់គ្នាដឹងអំពី
ព្រឹត្តិការណ៍ដើមដំបូងនោះ
តាំងពីយូរលង់ណាស់មកហើយ
យើងបានប្រាប់អ្នករាល់គ្នាផ្ទាល់មាត់
ឲ្យអ្នករាល់គ្នាដឹងឮ
យើងក៏បានធ្វើឲ្យការទាំងនោះសម្រេច
ចេញជារូបរាងឡើងមួយរំពេចដែរ។
៤ យើងដឹងថា អ្នកជាមនុស្សរឹងរូស
ចិត្តរបស់អ្នករឹងដូចដែកថែប
ហើយក្បាលអ្នករឹងដូចដែក
៥ យើងបានប្រាប់ឲ្យអ្នកដឹងជាមុនយ៉ាងយូរ
យើងបានឲ្យអ្នកដឹង
មុនហេតុការណ៍មកដល់
ដើម្បីកុំឲ្យអ្នកពោលថា
“គឺរូបបដិមារបស់ខ្ញុំដែលបានធ្វើការនេះ
គឺរូបព្រះ ឬរូបដែលខ្ញុំសិត
បានបង្គាប់ឲ្យហេតុការណ៍កើតមាន”។
៦ អ្នកឮសេចក្ដីដែលយើងប្រាប់ទុកជាមុន
ហើយក៏ឃើញថាកើតមានដូច្នោះមែន
តើអ្នកមិនទទួលស្គាល់ទេឬ?
តាំងពីពេលនេះទៅ យើងប្រាប់ឲ្យអ្នកដឹង
អំពីព្រឹត្តិការណ៍ថ្មីៗទៀត
ដែលយើងបានគ្រោងទុក
តែអ្នករាល់គ្នាមិនទាន់ដឹងនៅឡើយ។
៧ ព្រឹត្តិការណ៍នោះទើបនឹងកកើត
តែមិនមែនកើតឡើងយូរមកហើយទេ
រហូតមកទល់ពេលនេះ
អ្នកពុំដែលឮអំពីព្រឹត្តិការណ៍នេះឡើយ
ដូច្នេះ អ្នកពុំអាចពោលថា
“ខ្ញុំស្គាល់ព្រឹត្តិការណ៍នេះហើយ”។
៨ អ្នកមិនព្រមចង់ដឹង ចង់ឮ
ហើយតាំងពីដើមមក
អ្នកមិនដែលយកចិត្តទុកដាក់ស្ដាប់ឡើយ
យើងស្គាល់អ្នកច្បាស់ណាស់ថា
អ្នកជាមនុស្សដែលមិនអាចទុកចិត្តបាន
គេហៅអ្នកថាជាមេបះបោរ
តាំងពីក្នុងផ្ទៃម្ដាយមក។
៩ ដោយយល់ដល់នាមយើងដែលជាព្រះជាម្ចាស់
យើងបានទប់កំហឹង
ដោយយល់ដល់កិត្តិនាមរបស់យើង
យើងបានទុកជីវិតឲ្យអ្នក
យើងមិនបំផ្លាញអ្នកឡើយ។
១០ យើងមិនបានឲ្យគេយកភ្លើងមកបន្សុទ្ធអ្នក
ដូចគេបន្សុទ្ធប្រាក់នោះទេ
គឺយើងលត់ដំអ្នក ដោយទុក្ខលំបាកដ៏ខ្លាំង។
១១ យើងធ្វើដូច្នេះ ដោយយល់ដល់ខ្លួនយើងផ្ទាល់
យើងមិនចង់បន្ទាបបន្ថោកឈ្មោះយើង
ហើយយើងក៏មិនចង់ឲ្យព្រះណាផ្សេងទៀត
ទទួលសិរីរុងរឿងរបស់យើងដែរ។
១២ កូនចៅយ៉ាកុប ពូជពង្សអ៊ីស្រាអែល
ដែលយើងត្រាស់ហៅអើយ
ចូរនាំគ្នាស្ដាប់ពាក្យយើង!
គឺយើងនេះហើយដែលនៅមុនគេ
និងនៅក្រោយគេបំផុត។
១៣ យើងបានបង្កើតផែនដីមកដោយដៃយើងផ្ទាល់
យើងបានលាតសន្ធឹងផ្ទៃមេឃ
ដោយឫទ្ធិបារមីរបស់យើង
យើងបានហៅផ្ទៃមេឃ ហើយផ្ទៃមេឃក៏មក។
១៤ ប្រជាជនទាំងមូលអើយ
ចូរមកជួបជុំគ្នា ហើយស្ដាប់ចុះ!
មិត្តសម្លាញ់របស់យើងនឹងប្រហារក្រុងបាប៊ីឡូន
ព្រមទាំងដាក់ទោសជនជាតិខាល់ដេ
ស្របតាមបំណងរបស់យើង។
ក្នុងចំណោមព្រះឯទៀតៗ
តើព្រះណាបានប្រាប់
ឲ្យដឹងជាមុនអំពីព្រឹត្តិការណ៍នេះ។
១៥ គឺយើងហើយដែលបានប្រាប់
យើងក៏បានហៅអ្នកនោះថែមទៀត!
យើងនាំគាត់មក
ហើយអ្វីៗដែលគាត់ធ្វើមុខជាបានសម្រេច។
១៦ ចូរនាំគ្នាចូលមកជិត ហើយស្ដាប់យើងចុះ!
តាំងពីដើមដំបូងរៀងមក
យើងមិនដែលនិយាយលាក់លៀមទេ។
ពេលព្រឹត្តិការណ៍ទាំងនេះចាប់ផ្តើមកើតឡើង
យើងក៏ស្ថិតនៅទីនោះដែរ។
- ឥឡូវនេះ ព្រះជាអម្ចាស់ចាត់ខ្ញុំឲ្យទៅ
ព្រះអង្គក៏ប្រទានព្រះវិញ្ញាណរបស់ព្រះអង្គ
ឲ្យគង់ជាមួយខ្ញុំដែរ។
ប្រជាជនអ៊ីស្រាអែលមិនព្រមស្ដាប់ព្រះបន្ទូលព្រះអម្ចាស់
១៧ ព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់ជនជាតិ
អ៊ីស្រាអែល ដែលបានលោះអ្នក
មានព្រះបន្ទូលថា:
យើងនេះហើយជាព្រះអម្ចាស់
ជាព្រះរបស់អ្នក
យើងប្រៀនប្រដៅអ្នកអំពីអ្វីដែលមាន
ប្រយោជន៍ដល់អ្នក
យើងណែនាំអ្នកឲ្យដើរក្នុងមាគ៌ា
ដែលអ្នកកំពុងតែដើរ។
១៨ ប្រសិនបើអ្នកយកចិត្តទុកដាក់ធ្វើតាម
សេចក្តីដែលយើងបង្គាប់
នោះសេចក្ដីសុខសាន្តមុខជាហូរមកលើអ្នក
ដូចទឹកទន្លេ។
ហើយសេចក្ដីសុចរិតមុខជាបក់បោកលើអ្នក
ដូចរលកសមុទ្រ។
១៩ ពូជពង្សរបស់អ្នកនឹងកើនច្រើនឡើង
ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ
ហើយឈ្មោះរបស់អ្នកនឹងស្ថិតស្ថេរ
នៅមុខយើងរហូត ឥតសាបសូន្យឡើយ។
២០ ចូរនាំគ្នាចាកចេញពីក្រុងបាប៊ីឡូន
ចូររត់ចេញពីក្នុងចំណោមជនជាតិខាល់ដេ
ចូរបន្លឺសំឡេង ប្រកាសយ៉ាងសប្បាយ
ចូរប្រកាសរហូតដល់ទីដាច់ស្រយាលនៃផែនដី
ឲ្យមនុស្សម្នាដឹងឮថា
ព្រះអម្ចាស់បានលោះកូនចៅលោកយ៉ាកុប
ជាអ្នកបម្រើរបស់ព្រះអង្គមកវិញហើយ!។
២១ ព្រះអង្គដឹកនាំពួកគេនៅតាមវាលហួតហែង
តែពួកគេមិនស្រេកទឹកទេ។
ព្រះអង្គធ្វើឲ្យមានទឹកផុសចេញពីថ្មដា
សម្រាប់ពួកគេ
ព្រះអង្គវាយបំបែកថ្ម
នោះទឹកក៏ហូរចេញមក។
២២ ព្រះអម្ចាស់មានព្រះបន្ទូលថា
មនុស្សទុច្ចរិតគ្មានសេចក្ដីសុខសាន្តឡើយ។
៤៩
អ្នកបម្រើព្រះអម្ចាស់ ជាពន្លឺរបស់ប្រជាជាតិនានា
១ ម្នាលអ្នកកោះទាំងឡាយអើយ
ចូរនាំគ្នាស្ដាប់ខ្ញុំ!
ម្នាលប្រជាជននៅស្រុកឆ្ងាយៗអើយ!
ចូរត្រងត្រាប់ស្ដាប់ខ្ញុំនិយាយ!
ព្រះអម្ចាស់ត្រាស់ហៅខ្ញុំ
តាំងពីខ្ញុំនៅក្នុងផ្ទៃម្ដាយ
ព្រះអង្គក៏ហៅចំឈ្មោះខ្ញុំ
តាំងពីមុនពេលខ្ញុំកើតមកម៉្លេះ។
២ ព្រះអង្គបានប្រទានឲ្យមាត់ខ្ញុំមុតដូចដាវ
ព្រះអង្គលាតព្រះហស្ដការពារខ្ញុំ។
ព្រះអង្គធ្វើឲ្យខ្ញុំទៅជាព្រួញមួយស្រួច
ហើយលាក់ទុកក្នុងបំពង់ព្រួញរបស់ព្រះអង្គ។
៣ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា:
អ៊ីស្រាអែលអើយ អ្នកជាអ្នកបម្រើរបស់យើង
យើងនឹងបង្ហាញភាពថ្កុំថ្កើងរបស់យើង
តាមរយៈអ្នក។
៤ រីឯខ្ញុំវិញ ខ្ញុំគិតថា ខ្ញុំខំប្រឹងធ្វើការ
តែបែរជាឥតអំពើ
ខ្ញុំខាតកម្លាំងជាអសារបង់
ហើយគ្មានបានការអ្វីឡើយ។
ប៉ុន្តែ តាមពិត ព្រះអម្ចាស់នៅតែរកយុត្តិធម៌ឲ្យខ្ញុំ
ព្រះរបស់ខ្ញុំនឹងប្រទានរង្វាន់មកខ្ញុំ។
៥ ឥឡូវនេះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ
ព្រះអង្គបានសូនខ្ញុំតាំងពីក្នុងផ្ទៃម្ដាយ
ឲ្យធ្វើជាអ្នកបម្រើរបស់ព្រះអង្គ
ដើម្បីណែនាំកូនចៅលោកយ៉ាកុប
ឲ្យវិលត្រឡប់មករកព្រះអង្គ និងប្រមូល
ប្រជាជនអ៊ីស្រាអែលមកនៅជុំវិញព្រះអង្គ។
ហេតុនេះហើយបានជាព្រះអម្ចាស់ចាត់ទុកខ្ញុំ
ថាជាមនុស្សថ្លៃថ្នូរ
ហើយព្រះនៃខ្ញុំ ពិតជាកម្លាំងរបស់ខ្ញុំមែន។
៦ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា:
អ្នកមិនគ្រាន់តែជាអ្នកបម្រើ
ដែលណែនាំកុលសម្ព័ន្ធនៃកូនចៅ
របស់លោកយ៉ាកុបឲ្យងើបឡើង
និងនាំកូនចៅអ៊ីស្រាអែលដែលនៅសេសសល់
ឲ្យវិលមកវិញប៉ុណ្ណោះទេ
គឺយើងតែងតាំងអ្នកឲ្យធ្វើជាពន្លឺ
សម្រាប់បំភ្លឺប្រជាជាតិទាំងឡាយ
ហើយនាំការសង្គ្រោះរបស់យើង
រហូតដល់ស្រុកដាច់ស្រយាលនៃផែនដី។
៧ ព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធ
និងជាព្រះដែលលោះជនជាតិអ៊ីស្រាអែល
ព្រះអង្គមានព្រះបន្ទូលមកកាន់
អ្នកដែលគេមើលងាយ
និងអ្នកដែលមនុស្សម្នាស្អប់ខ្ពើម
ព្រះអង្គមានព្រះបន្ទូលមកកាន់អ្នក
ដែលជាទាសកររបស់ពួកកាន់កាប់អំណាចថា:
ពេលស្តេចទាំងឡាយឃើញអ្នក
គេនឹងនាំគ្នាក្រោកឈរឡើង ដើម្បីគោរព
ពេលពួកមេដឹកនាំឃើញអ្នក
គេនឹងនាំគ្នាក្រាបថ្វាយបង្គំ
គេធ្វើដូច្នេះ ដោយយល់ដល់ព្រះអម្ចាស់
ដែលមានព្រះហឫទ័យស្មោះស្ម័គ្រ
ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល
ដែលបានជ្រើសរើសអ្នក។
៨ ព្រះអម្ចាស់មានព្រះបន្ទូលថា:
នៅគ្រាដែលយើងគាប់ចិត្ត
យើងបានឆ្លើយតបមកអ្នក
ដល់ថ្ងៃកំណត់ដែលយើងសង្គ្រោះ
យើងក៏បានជួយអ្នក។
យើងបានញែកអ្នកឲ្យនៅដាច់ឡែកពីគេ
ដើម្បីធ្វើជាសម្ពន្ធមេត្រីសម្រាប់ប្រជាជន។
យើងនឹងស្តារស្រុកទេសឡើងវិញ
យើងចែកដីដែលគេបានបោះបង់ចោល
ឲ្យប្រជាជន
៩ ហើយប្រាប់ពួកឈ្លើយសឹកថា “ចូរចេញមក!”
រួចប្រាប់អស់អ្នកនៅទីងងឹតថា
“ចូរបង្ហាញខ្លួនមក!”
ពួកគេនឹងរកស៊ីចិញ្ចឹមជីវិតយ៉ាងសុខសាន្ត
ដូចចៀមស៊ីស្មៅនៅតាមផ្លូវ
និងស្វែងរកអាហារតាមវាលស្មៅ
នៅលើកំពូលភ្នំ។
១០ ពួកគេលែងស្រេកឃ្លានទៀតហើយ
ខ្យល់ក្ដៅ និងព្រះអាទិត្យ មិនធ្វើទុក្ខគេទេ
ដ្បិតព្រះដែលមានព្រះហឫទ័យ
មេត្តាករុណាចំពោះគេ ព្រះអង្គនាំផ្លូវគេ
ព្រះអង្គដឹកនាំគេឆ្ពោះទៅកាន់ប្រភពទឹក។
១១ យើងនឹងពង្រាបភ្នំទាំងអស់ឲ្យទៅជាផ្លូវ
ហើយលើកថ្នល់ទាំងប៉ុន្មានឲ្យខ្ពស់ឡើង
សម្រាប់ប្រជាជនរបស់យើង។
១២ មើលហ្ន៎! ពួកគេមកពីឆ្ងាយណាស់
អ្នកខ្លះមកពីខាងជើង អ្នកខ្លះមកពីខាងលិច
អ្នកខ្លះទៀតមកពីស្រុកខាងត្បូង។
១៣ ផ្ទៃមេឃអើយ ចូរហ៊ោកញ្ជ្រៀវ!
ផែនដីអើយ ចូរត្រេកអរសប្បាយ!
ភ្នំទាំងឡាយអើយ ចូរស្រែកអបអរសាទរ!
ដ្បិតព្រះអម្ចាស់សម្រាលទុក្ខ
ប្រជារាស្ដ្ររបស់ព្រះអង្គ
ព្រះអង្គអាណិតមេត្តាកូនចៅរបស់ព្រះអង្គ
ដែលរងទុក្ខវេទនា។
១៤ ក្រុងស៊ីយ៉ូនតែងពោលថា
ព្រះអម្ចាស់បានបោះបង់ខ្ញុំចោល
ព្រះអម្ចាស់ភ្លេចខ្ញុំហើយ!។
១៥ តើម្ដាយអាចបំភ្លេចកូនរបស់ខ្លួន
ដែលនៅបៅបានឬ?
តើម្ដាយលែងអាណិតមេត្តាកូនដែល
កើតចេញពីផ្ទៃរបស់ខ្លួនបានឬ?
ឧបមាថាម្ដាយបំភ្លេចកូនបានទៅចុះ
ចំណែកឯយើងវិញ
យើងមិនអាចភ្លេចអ្នកបានឡើយ!
១៦ យើងបានចារឈ្មោះអ្នក
នៅលើបាតដៃរបស់យើង
ហើយយើងតែងតែនឹកគិតដល់កំពែង
របស់អ្នកជានិច្ច។
១៧ ប្រជាជនដែលនឹងសង់អ្នកឡើងវិញ
កំពុងតែរូតរះធ្វើដំណើរមក
រីឯសត្រូវដែលបានកម្ទេច និងបំផ្លាញអ្នក
នឹងចាកចេញឆ្ងាយពីអ្នក។
១៨ ចូរងើបមុខឡើង សម្លឹងមើលជុំវិញខ្លួនទៅ
កូនចៅរបស់អ្នកមកជួបជុំគ្នាអស់ហើយ
គេនាំគ្នាមករកអ្នក។
យើងសន្យាថាពិតជាកើតមានដូច្នោះមែន!
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់-
អ្នកទាំងនោះប្រៀបបាននឹងគ្រឿងអលង្ការ
សម្រាប់លំអអ្នក ដូចកូនក្រមុំតាក់តែងខ្លួន
នៅពេលរៀបមង្គលការ។
១៩ ក្រុងដែលគេបំផ្លាញចោលឲ្យនៅស្ងាត់ជ្រងំ
ហើយមានតែគំនរបាក់បែកនេះ
មុខជាមានប្រជាជនមករស់នៅកកកុញ
ឥតសល់កន្លែងទំនេរឡើយ
រីឯសត្រូវដែលបានលេបទឹកដីអ្នកកាលពីមុន
នឹងចាកចេញឆ្ងាយពីទីនេះ។
២០ អ្នកនឹកស្មានថា ខ្លួនបាត់បង់កូនអស់ហើយ
តែឥឡូវនេះ អ្នកបែរជាឮកូនៗនិយាយថា
“ខ្ញុំចង្អៀតណាស់ ខិតបន្តិចទៅ
ទុកកន្លែងឲ្យខ្ញុំនៅផង!”។
២១ ពេលនោះ អ្នកនឹងរិះគិតថា
តើនរណាបានបង្កើតកូនចៅឲ្យខ្ញុំ
ដ្បិតពីមុន ខ្ញុំបាត់បង់កូនអស់ហើយ
ខ្ញុំពុំអាចបង្កើតកូនទៀតឡើយ។
ខ្ញុំត្រូវគេជន្លៀសឲ្យទៅនៅដាច់ឡែក
ដូច្នេះ តើនរណាបានចិញ្ចឹមកូនទាំងនេះ?
ខ្ញុំនៅឯកោតែម្នាក់ឯង
ចុះអ្នកទាំងនេះមកពីណា?
២២ ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ:
យើងនឹងលើកដៃធ្វើសញ្ញាដល់ប្រជាជាតិនានា
យើងលើកទង់របស់យើងឡើង
ឲ្យប្រជាជនទាំងឡាយឃើញ
គេនឹងបីកូនប្រុសៗរបស់អ្នក
ហើយបញ្ជិះកូនស្រីៗរបស់អ្នកនៅលើស្មា
នាំត្រឡប់មកវិញ។
២៣ គ្រូអប់រំកូនចៅរបស់អ្នកសុទ្ធតែជាស្តេច
ហើយមេដោះរបស់គេសុទ្ធតែជាម្ចាស់ក្សត្រិយ៍
ស្តេចទាំងនោះនឹងនាំគ្នាក្រាបថ្វាយបង្គំអ្នក
ឱនមុខដល់ដី ក្រោមល្អងធូលីជើងរបស់អ្នក។
ពេលនោះ អ្នកនឹងដឹងថា យើងជាព្រះអម្ចាស់
អស់អ្នកដែលផ្ញើជីវិតលើយើង
នឹងមិនខកចិត្តឡើយ។
២៤ អ្វីៗដែលអ្នកចម្បាំងដ៏ជំនាញរឹបអូសយកហើយ
តើនរណាអាចដណ្ដើមយកមកវិញបាន?
រីឯអ្នកដែលជនកំណាចចាប់យកទៅហើយ
តើនរណាអាចរំដោះបាន?
២៥ ព្រះអម្ចាស់មានព្រះបន្ទូលថា:
ពិតមែនហើយ អ្វីៗដែលអ្នកចម្បាំងដ៏ជំនាញ
រឹបអូសយកទៅ
មុខជាត្រូវដណ្ដើមយកមកវិញបាន
រីឯមនុស្សដែលជនកំណាចចាប់យកទៅ
ក៏នឹងត្រូវរំដោះរួចចេញមកវិញដែរ។
យើងនឹងរករឿងបច្ចាមិត្តដែលរករឿងអ្នក
ហើយយើងនឹងសង្គ្រោះកូនចៅរបស់អ្នក។
២៦ យើងនឹងឲ្យពួកសង្កត់សង្កិនអ្នក
ស៊ីសាច់ខ្លួនឯង
ហើយឲ្យគេស្រវឹងនឹងហុតឈាមរបស់ខ្លួន
ដូចផឹកស្រាថ្មី។
ពេលនោះ សត្វលោកទាំងអស់នឹងដឹងថា
យើងនេះហើយជាព្រះអម្ចាស់
ដែលសង្គ្រោះ និងលោះអ្នក
យើងជាព្រះរបស់យ៉ាកុប
ជាព្រះប្រកបដោយឫទ្ធានុភាព។
៥០
ព្រះអម្ចាស់មិនបោះបង់អ៊ីស្រាអែលទេ
១ ព្រះអម្ចាស់មានព្រះបន្ទូលថា:
លិខិតបញ្ជាក់ថា
យើងលែងលះម្ដាយអ្នករាល់គ្នានៅឯណា?
តើយើងលក់អ្នករាល់គ្នា
ដើម្បីសងបំណុលនរណា?
យើងបានលក់អ្នករាល់គ្នា
ព្រោះតែអំពើទុច្ចរិតដែលអ្នករាល់គ្នាប្រព្រឹត្ត
យើងបានលែងលះម្ដាយអ្នករាល់គ្នា
ព្រោះតែអ្នករាល់គ្នាបះបោរ!
២ ពេលយើងមក ហេតុអ្វីបានជាមិនឃើញ
មាននរណាម្នាក់ដូច្នេះ?
យើងបានស្រែកហៅ
ហេតុអ្វីបានជាគ្មាននរណាឆ្លើយសោះ?
តើដៃរបស់យើងខ្លីពេក
រំដោះអ្នករាល់គ្នាពុំកើតឬ?
តើយើងគ្មានកម្លាំងល្មមនឹងដោះលែង
អ្នករាល់គ្នាឬ?
ពេលយើងស្រែកគំរាម នោះសមុទ្រក៏រីងស្ងួត
ទន្លេក្លាយទៅជាវាលរហោស្ថាន
ធ្វើឲ្យត្រីវិនាសអស់ ព្រោះគ្មានទឹក។
៣ យើងអាចធ្វើឲ្យផ្ទៃមេឃប្រែជាងងឹត
ព្រមទាំងធ្វើឲ្យវាអាប់អួ
ដូចកាន់ទុក្ខទៀតផង។
អ្នកបម្រើរបស់ព្រះអម្ចាស់ត្រូវគេធ្វើបាប តែព្រះអង្គបានជួយសង្គ្រោះលោក
៤ ព្រះជាអម្ចាស់បង្រៀនខ្ញុំឲ្យនិយាយ
ពាក្យសម្ដីជាសាវ័ក
ដើម្បីឲ្យខ្ញុំលើកទឹកចិត្ត
មនុស្សដែលអស់សង្ឃឹម។
រៀងរាល់ព្រឹក ព្រះអង្គរំឭកដាស់តឿនខ្ញុំ
ហើយអប់រំខ្ញុំឲ្យចេះស្ដាប់
ដូចសាវ័កស្ដាប់ពាក្យគ្រូ។
៥ ព្រះជាអម្ចាស់ណែនាំខ្ញុំឲ្យយកចិត្តទុកដាក់ស្ដាប់
រីឯខ្ញុំវិញ ខ្ញុំមិនបានបះបោរប្រឆាំង
ឬដកខ្លួនថយក្រោយឡើយ។
៦ ខ្ញុំបានបែរខ្នងទៅឲ្យអ្នកដែលចង់វាយខ្ញុំ
ខ្ញុំបានបែរមុខទៅឲ្យអ្នកដែលចង់
បោចពុកចង្ការបស់ខ្ញុំ
ពេលគេប្រមាថមើលងាយ
និងស្តោះទឹកមាត់ដាក់ខ្ញុំ
ខ្ញុំមិនបានគេចមុខចេញឡើយ។
៧ ព្រះជាអម្ចាស់យាងមកជួយខ្ញុំ
ហេតុនេះហើយបានជាខ្ញុំមិនបាក់មុខ
ខ្ញុំរក្សាទឹកមុខរឹងប៉ឹង
ព្រោះខ្ញុំដឹងថា ខ្ញុំមិនត្រូវអាម៉ាស់ឡើយ។
៨ ព្រះអង្គដែលរកយុត្តិធម៌ឲ្យខ្ញុំ
ព្រះអង្គគង់នៅក្បែរខ្ញុំ
តើនរណាចង់ប្ដឹងខ្ញុំ?
សុំអញ្ជើញមក យើងទៅតុលាការជាមួយគ្នា!
តើនរណាចង់ចោទប្រកាន់ខ្ញុំ
សុំអញ្ជើញមកជួបខ្ញុំចុះ!
៩ មែនហើយ! ព្រះជាអម្ចាស់យាងមកជួយខ្ញុំ
តើនរណាអាចផ្តន្ទាទោសខ្ញុំ?
ពួកអ្នកដែលជំទាស់នឹងខ្ញុំមុខជាត្រូវហិនហោច
ដូចសម្លៀកបំពាក់ដែលត្រូវកណ្ដៀរស៊ី។
១០ ក្នុងចំណោមអ្នករាល់គ្នា
បើអ្នកណាគោរពកោតខ្លាចព្រះអម្ចាស់
អ្នកនោះត្រូវស្ដាប់តាមអ្នកបម្រើរបស់ព្រះអង្គ
បើអ្នកណាដើរក្នុងភាពងងឹត
ហើយមិនឃើញពន្លឺទេ
អ្នកនោះត្រូវពឹងផ្អែកលើព្រះនាមព្រះអម្ចាស់
និងផ្ញើជីវិតលើព្រះអង្គចុះ!
១១ រីឯអ្នកទាំងអស់គ្នាដែលបង្កាត់ភ្លើង
ហើយដុតព្រួញភ្លើង
អ្នករាល់គ្នាមុខជាត្រូវធ្លាក់ទៅក្នុងភ្លើងដែល
ឆេះយ៉ាងសន្ធោសន្ធៅ
ព្រួញភ្លើងដែលអ្នករាល់គ្នាដុត
ក៏នឹងឆាបឆេះអ្នករាល់គ្នាដែរ។
យើងដាក់ទោសអ្នករាល់គ្នា
ដោយដៃយើងផ្ទាល់ ហើយអ្នករាល់គ្នា
នឹងត្រូវស្លាប់យ៉ាងសែនវេទនា។
៥១
ព្រះអម្ចាស់រំដោះពូជពង្សលោកអប្រាហាំ
១ អស់អ្នកដែលខិតខំ
ស្វែងរកសេចក្ដីសុចរិត
អស់អ្នកដែលស្វែងរកព្រះអម្ចាស់អើយ
ចូរស្ដាប់យើង! ចូររំពឹងគិតថា
តើព្រះអង្គយកថ្មដាណាមកដាប់ធ្វើអ្នករាល់គ្នា
ព្រះអង្គយកដីឥដ្ឋណាមកសូនធ្វើអ្នករាល់គ្នា?
២ “ចូររំពឹងគិតពីអប្រាហាំ
ជាបុព្វបុរសរបស់អ្នករាល់គ្នា
និងសារ៉ាដែលបានបង្កើតអ្នករាល់គ្នា។
ពេលយើងហៅអប្រាហាំមក
គាត់នៅម្នាក់ឯង គ្មានកូនទេ។
យើងឲ្យពរគាត់ ហើយគាត់ក៏មានកូនចៅ
កើនចំនួនឡើងជាច្រើន”។
៣ មែនហើយ! ព្រះអម្ចាស់សម្រាលទុក្ខ
ប្រជាជននៅក្រុងស៊ីយ៉ូន
ព្រះអង្គសម្រាលទុក្ខក្រុងដែលខូចខ្ទេចខ្ទីអស់
គឺព្រះអង្គនឹងធ្វើឲ្យក្រុងដែលស្ងាត់ជ្រងំនេះ
បានដូចជាសួនអេដែន។
ព្រះអង្គនឹងធ្វើឲ្យដីហួតហែងនេះ
ប្រែទៅជាសួនឧទ្យានរបស់ព្រះអម្ចាស់។
ពេលនោះ នៅក្នុងក្រុងស៊ីយ៉ូន
នឹងមានឮសូរសម្រែកសប្បាយរីករាយ
ព្រមទាំងមានបទចម្រៀងអរព្រះគុណ
និងមានស្នូរតូរ្យតន្ដ្រីឡើងវិញ។
៤ ប្រជាជនរបស់យើងអើយ
ចូរត្រងត្រាប់ស្ដាប់យើង!
ប្រជាជាតិរបស់យើងអើយ
ចូរផ្ទៀងត្រចៀកស្ដាប់យើង!
ដ្បិតយើងនឹងបង្កើតវិន័យ
យើងនឹងឲ្យការវិនិច្ឆ័យហូរចេញមក
ជាពន្លឺបំភ្លឺប្រជាជនទាំងឡាយ។
៥ សេចក្ដីសុចរិតរបស់យើងនៅជិតបង្កើយ
ការសង្គ្រោះរបស់យើងក៏ជិតមកដល់ដែរ
យើងនឹងគ្រប់គ្រងលើប្រជាជននានា
ដោយបារមីរបស់យើង
មនុស្សម្នានៅតាមកោះនឹងសង្ឃឹមលើយើង
ពួកគេនឹងទុកចិត្តលើបារមីរបស់យើង។
៦ ចូរងើបមុខឡើងសម្លឹងទៅលើមេឃ
រួចក្រឡេកមើលមកផែនដីនេះ
ផ្ទៃមេឃនឹងរសាត់បាត់ទៅដូចផ្សែង
ផែនដីនឹងរេចរឹលទៅដូចសម្លៀកបំពាក់
មនុស្សនៅលើផែនដីនឹងត្រូវវិនាសដូចសត្វល្អិត
តែការសង្គ្រោះរបស់យើងនៅស្ថិតស្ថេរ
អស់កល្បជានិច្ច
ហើយសេចក្ដីសុចរិតរបស់យើង
នឹងមិនសាបសូន្យឡើយ។
៧ អ្នករាល់គ្នាដែលស្គាល់សេចក្ដីសុចរិត
ប្រជាជនដែលគោរពវិន័យរបស់យើង
ដោយចិត្តស្មោះអើយ
ចូរនាំគ្នាស្ដាប់យើង!
មិនត្រូវខ្លាចមនុស្សលោកចំអកឲ្យឡើយ
ហើយក៏មិនត្រូវចុះចាញ់
ព្រោះតែគេបន្ទាបបន្ថោកអ្នករាល់គ្នាដែរ។
៨ ដ្បិតពួកគេនឹងត្រូវវិនាស
ដូចសម្លៀកបំពាក់ និងរោមចៀម
ត្រូវកណ្ដៀរស៊ីបំផ្លាញ
តែសេចក្ដីសុចរិត និងការសង្គ្រោះរបស់យើង
នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។
៩ ឱព្រះអម្ចាស់អើយ សូមក្រោកឡើង!
សូមក្រោកឡើង សម្ដែងព្រះបារមី!
សូមតើនឡើង ដូចនៅជំនាន់ដើម!
កាលពីបុរាណ ព្រះបារមីព្រះអង្គ
បានប្រហារស្រុកអេស៊ីប
និងចាក់ទម្លុះសត្វដ៏សម្បើមនោះ។
១០ ព្រះអង្គបានធ្វើឲ្យសមុទ្ររីងស្ងួត
ព្រះអង្គបានធ្វើឲ្យមហាសាគរដ៏ជ្រៅ
ប្រែទៅជាផ្លូវ សម្រាប់អស់អ្នកដែល
ព្រះអង្គបានលោះ ដើរឆ្លងកាត់។
១១ ពួកឈ្លើយសឹកដែលព្រះអម្ចាស់បានរំដោះ
នឹងដើរត្រឡប់មកស្រុកវិញ
ពួកគេមកដល់ក្រុងស៊ីយ៉ូន
ទាំងស្រែកហ៊ោយ៉ាងសប្បាយ។
ទឹកមុខរបស់ពួកគេពោរពេញដោយអំណរ
រកអ្វីប្រៀបស្មើពុំបាន
ពួកគេសប្បាយរីករាយឥតឧបមា
ដ្បិតទុក្ខព្រួយ និងសម្រែកយំថ្ងូរ
លែងមានទៀតហើយ។
១២ ព្រះអម្ចាស់មានព្រះបន្ទូលថា:
គឺយើងនេះហើយដែលសម្រាលទុក្ខអ្នករាល់គ្នា
ហេតុអ្វីបានជាអ្នកភ័យខ្លាច
មនុស្សដែលតែងតែស្លាប់?
មនុស្សលោក នឹងត្រូវវិនាសដូចស្មៅដែរ។
១៣ អ្នកភ្លេចព្រះអម្ចាស់ដែលបានបង្កើតអ្នក
គឺព្រះអង្គដែលបានលាតសន្ធឹងផ្ទៃមេឃ
និងចាក់គ្រឹះនៃផែនដី។
រៀងរាល់ថ្ងៃ អ្នកចេះតែភ័យញ័រនៅចំពោះមុខ
មនុស្សដែលសង្កត់សង្កិន
ហាក់ដូចជាគេមានកម្លាំងបំផ្លាញអ្នកបាន។
ពួកគេពុំអាចគំរាមកំហែងអ្នក
រហូតតទៅឡើយ។
១៤ បន្តិចទៀត អ្នកជាប់ឃុំឃាំងនឹងមានសេរីភាព
គេមិនត្រូវស្លាប់នៅក្នុងគុកនោះទេ
គេក៏មិនខ្វះម្ហូបអាហារបរិភោគដែរ។
១៥ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក
យើងធ្វើឲ្យសមុទ្រកក្រើក
ព្រមទាំងធ្វើឲ្យទឹករលកបក់បោក
យើងមាននាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។
១៦ យើងធ្វើឲ្យមាត់អ្នកពោលពាក្យរបស់យើង
យើងលាតដៃធ្វើជាម្លប់ការពារអ្នក
ដោយលាតសន្ធឹងផ្ទៃមេឃ ចាក់គ្រឹះនៃផែនដី
ហើយពោលទៅកាន់អ្នកក្រុងថា
“អ្នកជាប្រជាជនរបស់យើង”។
១៧ យេរូសាឡឹមអើយ
ចូរភ្ញាក់រលឹក ចូរក្រោកឡើង!
អ្នកបានផឹកពីពែងនៃព្រះពិរោធដ៏ខ្លាំង
របស់ព្រះអម្ចាស់
អ្នកបានផឹកព្រះពិរោធពីពែងនេះ
រហូតដល់តំណក់ចុងក្រោយ
គឺរហូតដល់បាត់ស្មារតី!
១៨ ក្នុងចំណោមកូនចៅដែលកើតចេញពីអ្នកមក
គ្មាននរណាម្នាក់ដឹកនាំអ្នកសោះ
ក្នុងចំណោមកូនទាំងប៉ុន្មានដែលអ្នកចិញ្ចឹម
គ្មាននរណាម្នាក់ជួយឧបត្ថម្ភអ្នកវិញទេ។
១៩ ទុក្ខវេទនាពីរយ៉ាងបានកើតមាន
ចំពោះអ្នកផ្ទួនៗគ្នា
គឺអ្នកត្រូវហិនហោច និងខ្ទេចខ្ទី
ទុរ្ភិក្ស និងសង្គ្រាម
តែគ្មាននរណាអាណិតអាសូរអ្នក
គ្មាននរណាសម្រាលទុក្ខអ្នកសោះ។
២០ កូនចៅរបស់អ្នកដួលដេកនៅតាមដងផ្លូវ
ពួកគេកម្រើកលែងរួច ដូចសត្វជាប់អន្ទាក់
ព្រោះព្រះអម្ចាស់ព្រះអង្គព្រះពិរោធចំពោះពួកគេ
ព្រះរបស់អ្នកគំរាមកំហែងពួកគេ។
២១ ហេតុនេះ ក្រុងដែលរងទុក្ខវេទនាអើយ
ចូរស្ដាប់ចុះ!
អ្នកស្រវឹង តែមិនមែនស្រវឹងដោយផឹកស្រាទេ!
២២ ព្រះជាអម្ចាស់របស់អ្នក គឺព្រះដែលតែងតែ
រកយុត្តិធម៌ឲ្យប្រជារាស្ដ្ររបស់ព្រះអង្គ
ព្រះអង្គមានព្រះបន្ទូលថា:
យើងលែងឲ្យអ្នកផឹកពីពែង
ដែលបណ្តាលឲ្យអ្នកបាត់ស្មារតី
អ្នកនឹងលែងផឹកពីពែងនៃកំហឹង
របស់យើងទៀតហើយ។
២៣ យើងនឹងឲ្យសត្រូវដែលធ្វើបាបអ្នក
ផឹកពីពែងនេះវិញ។
គឺពួកនោះដែលធ្លាប់ពោលមកអ្នកថា
“ក្រាបចុះ ទុកឲ្យយើងដើរលើខ្នងឯង!”
ពេលនោះ អ្នកក៏ក្រាបចុះ
ធ្វើដូចដី និងដូចផ្លូវដែលគេដើរជាន់។
៥២
ព្រះជាម្ចាស់នឹងលើកក្រុងយេរូសាឡឹមឡើងវិញ
១ ក្រុងស៊ីយ៉ូនអើយ ចូរភ្ញាក់ឡើង
ចូរក្រោកឡើង សម្ដែងឫទ្ធិ។
យេរូសាឡឹមជាក្រុងដ៏វិសុទ្ធអើយ
ចូរតាក់តែងខ្លួនដោយសម្លៀកបំពាក់
ដ៏ល្អប្រណីត
ដ្បិតសាសន៍ដទៃ ដែលមិនបរិសុទ្ធ
នឹងលែងចូលមកលុកលុយអ្នកទៀតហើយ។
២ យេរូសាឡឹមអើយ ចូររលាស់ធូលីដីចេញពីអ្នក
ចូរក្រោកមកអង្គុយនៅកន្លែងដើម
របស់អ្នកវិញ!
ក្រុងស៊ីយ៉ូនដែលជាប់ជាឈ្លើយអើយ
ចូរស្រាយចំណងចេញពីកអ្នកទៅ!
៣ ព្រះអម្ចាស់មានព្រះបន្ទូលថា ព្រះអង្គបានលក់អ្នក ឲ្យគេយកទៅធ្វើជាទាសករ ដោយមិនឲ្យគេបង់ប្រាក់ ព្រះអង្គក៏លោះអ្នកយកមកវិញ ដោយមិនបង់ប្រាក់ដែរ។ ៤ ព្រះជាអម្ចាស់មានព្រះបន្ទូលថា: ពីដំបូង ប្រជារាស្ដ្ររបស់យើងចុះទៅស្នាក់នៅស្រុកអេស៊ីប នៅទីបញ្ចប់ជនជាតិអាស្ស៊ីរីធ្វើបាបពួកគេយ៉ាងសែនឃោរឃៅ។ ៥ ឥឡូវនេះ តើយើងទទួលផលអ្វី? - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - គេយកប្រជាជនរបស់យើងទៅ ដោយមិនបង់ថ្លៃ ជនកំណាចទាំងនោះស្រែកជយឃោស -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - គេនាំគ្នាប្រមាថឈ្មោះយើងជារៀងរាល់ថ្ងៃ។ ៦ ហេតុនេះ នៅថ្ងៃនោះ ប្រជារាស្ដ្ររបស់យើងនឹងដឹងថា យើងជានរណា គេនឹងទទួលស្គាល់ថា គឺយើងដែលនិយាយថា យើងមកដល់ហើយ។
ដំណឹងល្អអំពីសេចក្ដីសុខសាន្ត
៧ អ្នកធ្វើដំណើរនៅលើភ្នំ នាំដំណឹងល្អៗមក
ប្រសើររុងរឿងណាស់ហ្ន៎
គេប្រកាសដំណឹងអំពីសេចក្ដីសុខសាន្ត!
គេប្រកាសដំណឹងដ៏ល្អៗអំពីការសង្គ្រោះ
គេពោលមកកាន់ក្រុងស៊ីយ៉ូនថា
“ព្រះរបស់អ្នកសោយរាជ្យហើយ!”។
៨ នេះជាសំឡេងរបស់អ្នកយាមក្រុង!
ពួកគេបន្លឺសំឡេងឡើង
និងស្រែកហ៊ោរួមជាមួយគ្នា
ដ្បិតពួកគេឃើញព្រះអម្ចាស់យាងត្រឡប់មក
ក្រុងស៊ីយ៉ូនវិញ ដោយផ្ទាល់នឹងភ្នែក។
៩ គំនរបាក់បែកនៃក្រុងយេរូសាឡឹមអើយ
ចូរស្រែកហ៊ោរួមជាមួយគ្នា
ដ្បិតព្រះអម្ចាស់សម្រាលទុក្ខប្រជាជនរបស់ព្រះអង្គ
ព្រះអង្គលោះក្រុងយេរូសាឡឹមមកវិញហើយ!
១០ ព្រះអម្ចាស់សម្ដែងព្រះបារមីដ៏វិសុទ្ធ
របស់ព្រះអង្គឲ្យប្រជាជាតិទាំងអស់ឃើញ
មនុស្សទាំងប៉ុន្មាននៅទីដាច់ស្រយាលនៃផែនដី
នឹងឃើញការសង្គ្រោះរបស់ព្រះនៃយើង។
១១ អ្នករាល់គ្នាដែលកាន់គ្រឿងសម្ភារៈ
របស់ព្រះអម្ចាស់
ចូរនាំគ្នាចាកចេញពីទីនេះទៅ
កុំប៉ះពាល់អ្វីៗដែលមិនបរិសុទ្ធឡើយ!
ចូរចាកចេញពីក្រុងបាប៊ីឡូននេះ
ហើយធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធ!
១២ អ្នករាល់គ្នាមិនចាកចេញទៅយ៉ាងរហន់ទេ
ហើយក៏មិនចាកចេញទៅដូចគេរត់លូនដែរ
ដ្បិតព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល
គង់នៅមុខ និងគង់នៅពីក្រោយអ្នករាល់គ្នា
ដើម្បីការពារអ្នក។
ទុក្ខលំបាកនៃអ្នកបម្រើរបស់ព្រះអម្ចាស់
១៣ ព្រះអម្ចាស់មានព្រះបន្ទូលថា:
អ្នកបម្រើរបស់យើងនឹងបានចម្រុងចម្រើន
មានឋានៈខ្ពង់ខ្ពស់
និងត្រូវគេលើកតម្កើងយ៉ាងឧត្តុង្គឧត្ដមបំផុត។
១៤ កាលពីមុន ពេលមហាជនឃើញលោក
គេក៏នាំគ្នាព្រឺខ្លាចយ៉ាងខ្លាំង
ព្រោះគេមើលមុខលោកលែងស្គាល់
លោកលែងមានទ្រង់ទ្រាយជាមនុស្សទៀតហើយ។
១៥ តែឥឡូវនេះ ប្រជាជាតិជាច្រើនឃើញលោក
ហើយនាំគ្នាស្ងើចសរសើរ
ស្តេចជាច្រើននឹងនៅស្ងៀមស្ងាត់
ដ្បិតស្តេចទាំងនោះនឹងឃើញហេតុការណ៍
ដ៏អស្ចារ្យដែលគ្មាននរណាធ្លាប់និទានប្រាប់
ព្រមទាំងស្ដាប់សេចក្ដីផ្សេងៗ
ដែលគេមិនធ្លាប់ឮពីមុនមក។
៥៣
១ ប្រជាជនតបថា តើនរណាជឿ
សេចក្ដីដែលគេប្រាប់យើង?
តើព្រះអម្ចាស់បានសម្ដែងឫទ្ធិបារមី
ចំពោះនរណា?
២ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់
អ្នកបម្រើប្រៀបបាននឹងពន្លកមួយ
ដែលលូតលាស់មិនសូវល្អ
ដូចដំណាំដែលដុះចេញពីដីហួតហែង។
លោកគ្មានរូបសម្បត្តិ និងគ្មានកិត្តិយសថ្លៃថ្នូរ
គួរឲ្យចាប់អារម្មណ៍ឡើយ
ហើយលោកក៏គ្មានរូបរាងអ្វីគួរឲ្យ
ទាក់ទាញចិត្តយើងដែរ។
៣ លោកជាមនុស្សដែលត្រូវគេមើលងាយ
គ្មាននរណារាប់រក។
លោកជាមនុស្សស្គាល់តែការឈឺចាប់
ធ្លាប់តែរងទុក្ខវេទនា
លោកដូចមនុស្សដែលគេខ្ពើម
គេខ្ទប់មុខមិនហ៊ានសម្លឹងមើលទេ។
យើងបានមើលងាយលោក
ហើយមិនរាប់រកលោកឡើយ។
៤ តាមពិត លោកបានរងទុក្ខវេទនាជំនួសយើង
លោកទទួលយកការឈឺចាប់របស់យើង
មកដាក់លើខ្លួនលោក។
រីឯយើងវិញ យើងស្មានថា
ព្រះជាម្ចាស់បានដាក់ទោសលោក
ព្រះអង្គបានវាយ និងបន្ទាបបន្ថោកលោក។
៥ ប៉ុន្តែ លោកត្រូវគេចាក់ទម្លុះ
ព្រោះតែការបះបោររបស់យើង
លោកត្រូវគេជាន់ឈ្លី
ព្រោះតែអំពើទុច្ចរិតរបស់យើង
លោកបានរងទារុណកម្ម
ដើម្បីឲ្យយើងទទួលសេចក្ដីសុខសាន្ត
ហើយដោយសារស្នាមរបួសរបស់លោក
យើងក៏បានជាសះស្បើយ។
៦ កាលពីមុន យើងទាំងអស់គ្នាសុទ្ធតែវង្វេង
ដូចចៀមដែលបែកចេញពីហ្វូង
ម្នាក់ៗដើរតាមផ្លូវរបស់ខ្លួនផ្ទាល់
តែព្រះអម្ចាស់បានទម្លាក់កំហុសរបស់
យើងទាំងអស់គ្នាទៅលើលោក។
៧ លោកត្រូវគេធ្វើទារុណកម្ម លោកបន្ទាបខ្លួន
មិនហើបមាត់ទាល់តែសោះ
ដូចកូនចៀមដែលគេដឹកទៅទីពិឃាត
ឬដូចចៀមឈរស្ងៀមនៅមុខអ្នកកាត់រោម
លោកមិនបានហើបមាត់ទាល់តែសោះ។
៨ គេចាប់លោក ទាំងបង្ខំយកទៅកាត់ទោស
ហើយនាំទៅសម្លាប់
គ្មាននរណារវីរវល់យកចិត្តទុកដាក់
នឹងពូជពង្សរបស់លោកឡើយ។
គេបានដកលោកចេញពីចំណោមមនុស្ស
ដែលរស់នៅលើផែនដីនេះ
លោកត្រូវគេវាយរហូតដល់បាត់បង់ជីវិត
ព្រោះតែអំពើបាបនៃប្រជាជនរបស់លោក។
៩ ទោះបីលោកមិនដែលប្រព្រឹត្តអំពើឃោរឃៅ
ឬនិយាយបោកបញ្ឆោតនរណាក្តី
ក៏គេបញ្ចុះសពលោកក្នុងចំណោមមនុស្សពាល
និងក្នុងផ្នូររបស់អ្នកមាន។
១០ ព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យអ្នកបម្រើ
របស់ព្រះអង្គរងទុក្ខលំបាកដ៏ខ្លោចផ្សា។
ដោយលោកបានបូជាជីវិត
ធ្វើជាយញ្ញបូជាលោះបាបសម្រាប់អ្នកដទៃ
ព្រះអង្គនឹងធ្វើឲ្យលោកមានពូជពង្ស
ព្រះអង្គនឹងបន្តអាយុជីវិតរបស់លោក
ហើយព្រះអម្ចាស់នឹងសម្រេចតាមព្រះហឫទ័យ
របស់ព្រះអង្គតាមរយៈលោក។
១១ “ក្រោយពីបានរងទុក្ខលំបាកយ៉ាងខ្លាំងមក
ជីវិតរបស់អ្នកបម្រើនឹងមានពន្លឺ
មនុស្សជាច្រើននឹងទទួលស្គាល់
ចំណេះដឹងរបស់លោក។
អ្នកបម្រើរបស់យើងសុចរិត
លោកក៏ប្រោសមហាជនឲ្យសុចរិត
ដោយទទួលយកកំហុសរបស់ពួកគេ។
១២ ហេតុនេះហើយបានជាយើងប្រគល់
ឲ្យលោកគ្រប់គ្រងលើមនុស្សជាច្រើន
លោកនឹងចែកជ័យភ័ណ្ឌរួមជាមួយ
ពួកកាន់អំណាច
ព្រោះលោកបានលះបង់អ្វីៗទាំងអស់
រហូតដល់បាត់បង់ជីវិត និងសុខចិត្តឲ្យ
គេរាប់បញ្ចូលទៅក្នុងចំណោមជនឧក្រិដ្ឋ
ដ្បិតលោកទទួលយកបាបរបស់មនុស្សទាំងអស់
មកដាក់លើខ្លួនលោក
ព្រមទាំងទូលអង្វរឲ្យមនុស្សបាបផង”។
៥៤
ព្រះអម្ចាស់មិនបោះបង់ក្រុងយេរូសាឡឹមទៀតឡើយ
១ ព្រះអម្ចាស់មានព្រះបន្ទូលថា:
ក្រុងយេរូសាឡឹមអើយ
អ្នកដែលលែងមានកូន គឺប្រៀបដូចជាស្ត្រីអារ
តែឥឡូវនេះ ចូរស្រែកហ៊ោយ៉ាងសប្បាយ!
អ្នកដែលលែងសម្រាលកូនអើយ!
ចូរអបអរសាទរឡើង
ដ្បិតភរិយាដែលស្វាមីបោះបង់ចោល
នឹងមានកូនច្រើនជាងភរិយាដែលស្វាមី
នៅជាមួយទៅទៀត។
២ ចូរពង្រីកជំរំរបស់អ្នកឲ្យទូលាយឡើង
ចូរលាតដំបូលក្រណាត់នៃលំនៅរបស់អ្នក
ឲ្យវែង កុំសំចៃឡើយ!
ចូរទាញខ្សែឲ្យវែង និងបោះចម្រឹងឲ្យមាំ
៣ ដ្បិតទឹកដីរបស់អ្នកនឹងរីកកាន់តែធំឡើង
ពូជពង្សអ្នកនឹងទទួលស្រុករបស់
ប្រជាជាតិទាំងឡាយមកគ្រប់គ្រងឡើងវិញ
ព្រមទាំងវិលទៅរស់នៅក្នុងក្រុងដែល
គេបានបោះបង់ចោលផង។
៤ កុំភ័យខ្លាចអ្វី
អ្នកនឹងមិនត្រូវអាម៉ាស់ទៀតឡើយ
កុំព្រួយចិត្តឲ្យសោះ
ដ្បិតអ្នកនឹងលែងបាត់បង់កិត្តិយសទៀតហើយ
អ្នកនឹងភ្លេចភាពអាម៉ាស់
ដែលអ្នកធ្លាប់ជួបប្រទះកាលនៅពីក្មេង
អ្នកនឹងឈប់នឹកនាពីការត្មះតិះដៀល
នៅគ្រាដែលយើងបោះបង់ចោលអ្នក។
៥ ស្វាមីរបស់អ្នក គឺព្រះអង្គដែលបានបង្កើតអ្នក!
ព្រះអង្គមានព្រះនាមថា
«ព្រះអម្ចាស់នៃពិភពទាំងមូល»។
ព្រះដែលបានលោះអ្នកមកនោះ
គឺព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល
ព្រះអង្គមានព្រះនាមថា
«ព្រះជាម្ចាស់នៃផែនដីទាំងមូល»។
៦ អ្នកប្រៀបដូចជាស្ត្រីដែលប្ដីបោះបង់ចោល
ហើយកើតទុក្ខក្រៀមក្រំ
តែឥឡូវនេះ ព្រះអម្ចាស់ត្រាស់ហៅអ្នក
ឲ្យវិលមកវិញហើយ។
ព្រះរបស់អ្នកមានព្រះបន្ទូលថា:
“បុរសពុំអាចបោះបង់ចោលភរិយាដែល
ខ្លួនរៀបការកាលពីនៅវ័យក្មេងឡើយ”។
៧ យើងបានបោះបង់អ្នកមួយភ្លែតមែន
តែយើងនឹងទទួលអ្នកមកវិញ
ដោយចិត្តអាណិតអាសូរពន់ពេកណាស់។
៨ យើងបានខឹងសម្បារនឹងអ្នក
ព្រមទាំងគេចមុខចេញពីអ្នកមួយរយៈមែន
ប៉ុន្តែ យើងនឹងអាណិតមេត្តាអ្នក
ព្រោះយើងស្រឡាញ់អ្នកអស់កល្បជានិច្ច។
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
ដែលលោះអ្នកមកវិញ។
៩ កាលពីជំនាន់លោកណូអេ
យើងបានសន្យាយ៉ាងម៉ឺងម៉ាត់ថា
លែងឲ្យទឹកជន់លិចផែនដីម្ដងទៀត
ឥឡូវនេះ ក៏ដូច្នោះដែរ យើងសន្យាថា
លែងខឹង លែងគំរាមអ្នកទៀតហើយ។
១០ ទោះបីភ្នំតូចភ្នំធំកក្រើករំពើកក្តី
សេចក្ដីស្រឡាញ់របស់យើង
មិនឃ្លាតចេញពីអ្នកឡើយ
រីឯសម្ពន្ធមេត្រីរបស់យើង
ដែលផ្តល់ឲ្យអ្នកបានសុខសាន្តនោះ
ក៏មិនប្រែប្រួលដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
ដែលអាណិតមេត្តាអ្នក។
១១ ក្រុងដ៏សែនវេទនាអើយ!
អ្នកត្រូវខ្យល់ព្យុះបក់បោក
តែគ្មានអ្នកណាសម្រាលទុក្ខអ្នកទេ។
ឥឡូវនេះ យើងយកថ្មដ៏ល្អប្រណីត
មកសង់អ្នកឡើងវិញ
យើងយកត្បូងកណ្ដៀងចាក់ជាគ្រឹះ
១២ យើងយកត្បូងទទឹមធ្វើជាប៉ម
យកពេជ្រចរណៃធ្វើជាទ្វារ
ព្រមទាំងយកត្បូងមកធ្វើជាកំពែង។
១៣ យើងជាព្រះអម្ចាស់នឹងប្រៀនប្រដៅកូនចៅអ្នក
ដោយខ្លួនយើងផ្ទាល់
ហើយកូនចៅរបស់អ្នក
នឹងមានសេចក្ដីសុខសាន្តយ៉ាងបរិបូណ៌។
១៤ អ្នកនឹងបានរឹងមាំ ដោយសារសេចក្ដីសុចរិត
ហើយអ្នកនឹងមិនភ័យខ្លាចអ្វីឡើយ។
គ្មាននរណាមកសង្កត់សង្កិន មកបំភ័យ
ឲ្យអ្នកតក់ស្លុតទៀតទេ។
១៥ ប្រសិនបើមាននរណាវាយប្រហារអ្នក
នោះមិនមែនយើងចាត់គេឲ្យមកទេ
បើគេវាយប្រហារអ្នក
គេនឹងដួលនៅមុខអ្នកជាមិនខាន។
១៦ យើងបានបង្កើតជាងដែក
ដែលដុតធ្យូងលត់ដំ ផលិតគ្រឿងអាវុធ
ដើម្បីធ្វើសឹកសង្គ្រាម
ហើយយើងក៏បានបង្កើតអ្នកកម្ទេច
គ្រឿងអាវុធនោះដែរ។
១៧ គ្រឿងសព្វាវុធទាំងប៉ុន្មានដែលគេបានបង្កើត
ដើម្បីវាយប្រហារអ្នក
នឹងគ្មានប្រសិទ្ធភាពអ្វីឡើយ
ចំពោះគូវិវាទដែលប្ដឹងចោទប្រកាន់អ្នក
អ្នកនឹងធ្វើឲ្យគេទទួលទោសវិញ។
យើងនឹងការពារពួកអ្នកបម្រើរបស់យើង
ព្រមទាំងរកយុត្តិធម៌ឲ្យពួកគេបែបនេះឯង
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៥៥
ព្រះអម្ចាស់ប្រោសប្រទានការសង្គ្រោះ
១ ព្រះអម្ចាស់មានព្រះបន្ទូលថា:
អស់អ្នកដែលស្រេកទឹកអើយ
ចូរនាំគ្នាមករកទឹកឯណេះ!
ទោះបីអ្នករាល់គ្នាគ្មានប្រាក់ក៏ដោយ
ចូរមក ហើយពិសាទៅ។
ចូរមកយកអាហារបរិភោគ
ចូរនាំគ្នាមកយកស្រាទំពាំងបាយជូរ
និងទឹកដោះគោដោយមិនបាច់ចំណាយប្រាក់
ឬបង់ថ្លៃអ្វីឡើយ!
២ ហេតុអ្វីបានជាអ្នករាល់គ្នាយកប្រាក់ទៅទិញ
អាហារដែលមិនអាចចិញ្ចឹមជីវិត
ហេតុអ្វីបានជាអ្នករាល់គ្នាបង់កម្លាំង
រកអាហារដែលមិនអាចចម្អែតក្រពះដូច្នេះ?
ចូរស្ដាប់យើង នោះអ្នករាល់គ្នានឹងបាន
បរិភោគអាហារយ៉ាងឆ្ងាញ់
ហើយសប្បាយចិត្តនឹងអាហារដ៏មានឱជារស។
៣ ចូរផ្ទៀងត្រចៀកស្ដាប់ ចូរនាំគ្នាមកជិតយើង
ចូរត្រងត្រាប់ស្ដាប់
នោះអ្នករាល់គ្នានឹងមានជីវិត។
យើងនឹងចងសម្ពន្ធមេត្រីមួយដែល
នៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយអ្នករាល់គ្នា
ដើម្បីបញ្ជាក់នូវសេចក្ដីមេត្តាករុណារបស់យើង
ចំពោះដាវីឌ។
៤ យើងបានតែងតាំងដាវីឌ
ឲ្យធ្វើជាសាក្សីរបស់យើង
នៅមុខកុលសម្ព័ន្ធទាំងអស់
ព្រមទាំងឲ្យធ្វើជាមគ្គទេសក៍
ដឹកនាំប្រជាជាតិទាំងឡាយ។
៥ អ៊ីស្រាអែលអើយ អ្នកនឹងហៅប្រជាជាតិមួយ
ដែលអ្នកមិនស្គាល់ពីមុនឲ្យមក
ហើយប្រជាជាតិដែលមិនស្គាល់អ្នក
នឹងរត់មករកអ្នក
ព្រោះព្រះអម្ចាស់ ជាព្រះរបស់អ្នក
និងជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល
ប្រទានឲ្យអ្នកបានថ្កុំថ្កើងរុងរឿង។
៦ ចូរស្វែងរកព្រះអម្ចាស់
ក្នុងពេលដែលព្រះអង្គសព្វព្រះហឫទ័យ
ឲ្យអ្នករាល់គ្នារកព្រះអង្គឃើញ
ចូរអង្វររកព្រះអង្គ
ក្នុងពេលដែលព្រះអង្គគង់នៅជិតអ្នករាល់គ្នា។
៧ មនុស្សអាក្រក់ត្រូវលះបង់ផ្លូវរបស់ខ្លួន
មនុស្សពាលក៏ត្រូវលះបង់ចិត្តគំនិតអាក្រក់ដែរ
អ្នកនោះត្រូវបែរមករកព្រះអម្ចាស់វិញ
ព្រះអង្គមុខជាមេត្តាករុណាដល់គេពុំខាន
ឲ្យតែគេងាកមករកព្រះនៃយើងវិញ
ដ្បិតព្រះអង្គមានព្រះហឫទ័យទូលំទូលាយ
អត់ទោសឲ្យគេ។
៨ ព្រះអម្ចាស់មានព្រះបន្ទូលថា:
គំនិតយើងខុសប្លែកពីគំនិតអ្នករាល់គ្នា
រីឯរបៀបដែលយើងប្រព្រឹត្ត ក៏ខុសប្លែកពី
របៀបដែលអ្នករាល់គ្នាប្រព្រឹត្តដែរ។
៩ មេឃខ្ពស់ជាងផែនដីយ៉ាងណា
របៀបដែលយើងប្រព្រឹត្តក៏ខុសប្លែកពី
បៀបដែលអ្នករាល់គ្នាប្រព្រឹត្ត
ហើយគំនិតរបស់យើងក៏ខុសប្លែកពី
គំនិតរបស់អ្នករាល់គ្នាយ៉ាងនោះដែរ។
១០ ទឹកភ្លៀង និងទឹកសន្សើមធ្លាក់ពីលើមេឃមក
ស្រោចស្រពផែនដី។
ទឹកទាំងនេះមិនវិលត្រឡប់ទៅវិញឡើយ
ដរាបណាទាល់តែបានធ្វើឲ្យដំណាំដុះឡើង
បង្កើតភោគផល ផ្តល់ពូជសម្រាប់អ្នកសាបព្រោះ
និងផ្តល់អាហារឲ្យគេបរិភោគ។
១១ រីឯពាក្យរបស់យើងក៏ដូច្នោះដែរ
គឺពាក្យដែលចេញពីមាត់របស់យើង
នឹងមិនវិលត្រឡប់មករកយើងវិញឡើយ
ដរាបណាទាល់តែបានសម្រេច
តាមបំណងរបស់យើងជាមុនសិន
គឺបំពេញកិច្ចការដែលយើងចាត់ឲ្យមកធ្វើ
រួចរាល់សព្វគ្រប់។
១២ ពិតមែនហើយ អ្នករាល់គ្នានឹងចេញមក
ប្រកបដោយអំណរសប្បាយ
យើងនឹងដឹកនាំអ្នកយ៉ាងសុខសាន្ត។
ពេលនោះ ភ្នំតូចធំនឹងស្រែកហ៊ោយ៉ាងសប្បាយ
ហើយរុក្ខជាតិនៅតាមវាល
ក៏នាំគ្នាអបអរសាទរដែរ។
១៣ ដើមកកោះនឹងដុះឡើងជំនួសបន្លា
ដើមចំប៉ីនឹងដុះជំនួសខ្ញែរ
ទុកជាទីសម្គាល់ដែលឥតប្រែប្រួល
ឲ្យមនុស្សម្នាដឹងឮរហូតតទៅថា
ព្រះអម្ចាស់បានធ្វើការនេះ។
៥៦
ភាគទីបី ព្រះបន្ទូលសន្យា
ព្រះជាម្ចាស់ចាត់ទុកសាសន៍ដទៃជាប្រជារាស្ដ្ររបស់ព្រះអង្គដែរ
១ ព្រះអម្ចាស់មានព្រះបន្ទូលថា៖
ចូរប្រព្រឹត្តតាមយុត្តិធម៌
និងកាន់តាមសេចក្ដីសុចរិត
ដ្បិតការសង្គ្រោះរបស់យើងមកជិតបង្កើយ
យើងក៏សម្ដែងសេចក្ដីសុចរិតរបស់យើងដែរ។
២ មនុស្សណាក៏ដោយឲ្យតែប្រព្រឹត្តដូច្នេះ
គឺគោរពថ្ងៃសប្ប័ទ*បានត្រឹមត្រូវឥតខ្ចោះ
ព្រមទាំងមិនប្រព្រឹត្តអំពើអាក្រក់ណាមួយ
មុខជាមានសុភមង្គលមិនខាន!
៣ ជនបរទេសដែលជាប់ចិត្តនឹងព្រះអម្ចាស់
មិនត្រូវពោលថា “ព្រះអម្ចាស់មុខជាញែកខ្ញុំ
ចេញពីប្រជាជនរបស់ព្រះអង្គ!”
រីឯមនុស្សកម្រៀវក៏មិនត្រូវពោលថា
“ខ្ញុំប្រៀបបាននឹងដើមឈើងាប់!”។
៤ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា៖
«បើមនុស្សកម្រៀវណាគោរពថ្ងៃសប្ប័ទ*
បើគេសម្រេចចិត្តធ្វើការអ្វីដែលគាប់ចិត្តយើង
ហើយស្ថិតនៅជាប់នឹងសម្ពន្ធមេត្រីរបស់យើង
៥ នោះយើងនឹងចារឈ្មោះគេទុក
នៅតាមជញ្ជាំងដំណាក់របស់យើង
យើងនឹងឲ្យគេមានកេរ្តិ៍ឈ្មោះល្បីជាង
កូនប្រុសកូនស្រីរបស់យើងទៅទៀត
ឈ្មោះគេនឹងនៅគង់វង្សរហូតតទៅ
គ្មាននរណាលុបបំបាត់បានឡើយ»។
៦ រីឯជនបរទេសដែលជាប់ចិត្តនឹងយើង
គោរពបម្រើយើង ស្រឡាញ់នាមយើង
សុខចិត្តថ្វាយខ្លួនធ្វើជាអ្នកបម្រើរបស់យើង
គោរពថ្ងៃសប្ប័ទ*បានត្រឹមត្រូវឥតខ្ចោះ
ហើយស្ថិតនៅជាប់នឹងសម្ពន្ធមេត្រីរបស់យើង
៧ នោះយើងនឹងនាំគេមកកាន់ភ្នំដ៏វិសុទ្ធរបស់យើង
យើងធ្វើឲ្យគេរីករាយនៅក្នុង
ដំណាក់របស់យើងដែលជាកន្លែងអធិស្ឋាន
យើងនឹងទទួលតង្វាយដុតទាំងមូល
ព្រមទាំងយញ្ញបូជាផ្សេងៗដែលគេយកមក
ថ្វាយនៅលើអាសនៈរបស់យើង។
ដ្បិតគេនឹងហៅដំណាក់របស់យើងថាជា
កន្លែងសម្រាប់ជាតិសាសន៍ទាំងអស់អធិស្ឋាន។
៨ ព្រះជាអម្ចាស់ប្រមែប្រមូលជនជាតិអ៊ីស្រាអែល
ដែលត្រូវនិរទេសឲ្យមកជួបជុំគ្នា
ព្រះអង្គមានព្រះបន្ទូលថា:
យើងនឹងប្រមែប្រមូលអ្នកឯទៀតៗ
ឲ្យមកជួបជុំជាមួយអ្នកដែលនៅជុំគ្នានេះ
ថែមទៀត។
ព្រះបន្ទូលបន្ទោសអ្នកបោះបង់ជំនឿ និងអ្នកថ្វាយបង្គំព្រះក្លែងក្លាយ
៩ សត្វស្រុក និងសត្វព្រៃទាំងអស់អើយ
ចូរនាំគ្នាមកស៊ីចំណី!
១០ គ្រូបណ្ឌិតខាងវិន័យរបស់ជនជាតិអ៊ីស្រាអែល
សុទ្ធតែជាមនុស្សខ្វាក់ គេមិនយល់អ្វីទាំងអស់។
អ្នកទាំងនោះសុទ្ធតែជាឆ្កែដែលមិនចេះព្រុស
គឺចេះតែដេករវើរវាយ
និងចូលចិត្តងោកងុយ។
១១ អ្នកទាំងនោះក៏ជាឆ្កែដែលគិតតែពីត្របាក់ស៊ី
ហើយមិនចេះស្កប់ស្កល់ទេ។
ពួកគេជាមេដឹកនាំ
តែមិនចេះគិតពិចារណាអ្វីទាំងអស់
ម្នាក់ៗដើរតាមផ្លូវរបស់ខ្លួន
ហើយគិតតែពីស្វែងរកផលប្រយោជន៍
របស់ខ្លួនប៉ុណ្ណោះ។
១២ គេបបួលគ្នាថា «មក៍! ខ្ញុំទៅយកស្រា
យើងនឹងផឹកស្រាខ្លាំងជាមួយគ្នា!
ស្អែកក៏យើងផឹកទៀតដែរ
ព្រោះនៅសល់ស្រាច្រើនណាស់»។
៥៧
១ មនុស្សសុចរិតកំពុងតែវិនាស
តែគ្មាននរណាយកចិត្តទុកដាក់
មនុស្សល្អបាត់បង់ជីវិត
តែគ្មាននរណាចាប់អារម្មណ៍សោះ
មនុស្សសុចរិតអន្តរាយ
ដោយមនុស្សអាក្រក់ធ្វើបាប។
២ ប៉ុន្តែ សន្តិភាពនឹងមកដល់
អ្នកដែលដើរតាមមាគ៌ាដ៏ត្រឹមត្រូវ
នឹងបានសម្រាកយ៉ាងសុខសាន្ត។
៣ រីឯអ្នករាល់គ្នាដែលជាកូនរបស់មេធ្មប់
ជាពួកក្បត់ព្រះជាម្ចាស់
ហើយគោរពព្រះក្លែងក្លាយ
ចូរនាំគ្នាចូលមក!
៤ តើអ្នករាល់គ្នាកំពុងចំអកឲ្យនរណា?
តើអ្នករាល់គ្នាហាមាត់យ៉ាងធំ
ហើយលៀនអណ្ដាតដាក់នរណា?
អ្នករាល់គ្នាពិតជាកូនបះបោរ
និងពូជអ្នកកុហកមែន!
៥ អ្នករាល់គ្នាថ្វាយបង្គំខ្មោចព្រៃ
នៅក្រោមដើមឈើសក្ការៈ
អ្នករាល់គ្នាសម្លាប់កូនចៅធ្វើយញ្ញបូជា
នៅតាមជ្រោះ និងនៅតាមក្រហែងថ្ម។
៦ អ្នករាល់គ្នាចាត់ទុកថ្មដ៏រលើបនៅក្នុងជ្រោះថា
ជាសម្បត្តិ និងជាចំណែកមត៌កដ៏សក្ការៈ
អ្នករាល់គ្នាច្រួចស្រា និងសែននៅលើនោះ។
តើឲ្យយើងអត់ទ្រាំបានឬ?
៧ អ្នកធ្វើពិធីរួមបវេណីសក្ការៈនៅលើភ្នំខ្ពស់ៗ
អ្នកក៏ឡើងទៅធ្វើយញ្ញបូជាលើភ្នំនោះដែរ។
៨ អ្នកយករូបលឹង្គរបស់ព្រះក្លែងក្លាយ
ដាក់នៅខាងក្រោយទ្វារ និងនៅតាមក្របទ្វារ
អ្នកប្រព្រឹត្តអំពើផិតក្បត់នៅពីក្រោយខ្នងយើង
គឺអ្នកយកសម្លៀកបំពាក់ចេញ
ព្រមទាំងឡើងទៅដេកជាមួយសហាយ
ដែលអ្នកស្រឡាញ់
ហើយសម្លឹងមើលរូបលឹង្គទាំងនោះ។
៩ អ្នកយកប្រេងក្រអូប និងទឹកអប់យ៉ាងច្រើន
រត់ទៅថ្វាយបង្គំព្រះម៉ូឡុក
អ្នកចាត់ពួកនាំសារឲ្យទៅឆ្ងាយៗ
គឺរហូតទៅដល់ស្ថានមច្ចុរាជ។
១០ អ្នកធ្វើដំណើររហូតទាល់តែនឿយហត់
តែអ្នកមិនព្រមឈប់ទេ
គឺអ្នកខំប្រឹងប្រែង ពុះពារតទៅមុខទៀត។
១១ តើនរណាធ្វើឲ្យអ្នកភ័យខ្លាច
រហូតដល់អ្នកក្បត់ចិត្តយើង
ហើយលែងរវីរវល់នឹកនាដល់យើងបែបនេះ?
អ្នកឈប់ស្រឡាញ់យើងដូច្នេះ
មកពីយើងនៅស្ងៀមយូរពេកឬ?
១២ យើងនឹងលាតត្រដាងអំពើដែលអ្នកប្រព្រឹត្ត
អំពើដែលអ្នកចាត់ទុកថាសុចរិតនោះ
ពុំផ្តល់ប្រយោជន៍អ្វីដល់អ្នកសោះឡើយ។
១៣ ពេលអ្នកស្រែកអង្វរករ
ឲ្យរូបព្រះទាំងនោះរំដោះអ្នកទៅ!
រូបព្រះទាំងនោះនឹងត្រូវខ្យល់កួចយកបាត់ទៅ
រីឯអ្នកដែលមកជ្រកកោនជាមួយយើង
នឹងគ្រប់គ្រងស្រុកទេសទុកជាមត៌ក
ហើយក៏នឹងបានទទួលភ្នំដ៏វិសុទ្ធរបស់យើង
ទុកជាកម្មសិទ្ធិដែរ។
ព្រះអម្ចាស់ប្រោសប្រជាជនរបស់ព្រះអង្គឲ្យជា
១៤ ព្រះអម្ចាស់មានព្រះបន្ទូលថា:
ចូរត្រួសត្រាយរៀបចំផ្លូវ
ចូរយកឧបសគ្គផ្សេងៗចេញពីផ្លូវ
របស់ប្រជាជនយើង!
១៥ ដ្បិតព្រះដ៏ខ្ពង់ខ្ពស់បំផុតដែលគង់នៅ
អស់កល្បជានិច្ច
ហើយដែលមានព្រះនាមដ៏វិសុទ្ធបំផុត
មានព្រះបន្ទូលថា:
យើងស្ថិតនៅក្នុងស្ថានដ៏ខ្ពង់ខ្ពស់បំផុត
និងជាស្ថានដ៏វិសុទ្ធមែន
តែយើងក៏ស្ថិតនៅជាមួយមនុស្សដែលត្រូវគេ
សង្កត់សង្កិន និងមនុស្សដែលគេមើលងាយដែរ
ដើម្បីលើកទឹកចិត្តមនុស្សដែលគេមើលងាយ
និងមនុស្សរងទុក្ខខ្លោចផ្សា។
១៦ យើងមិនរករឿងអ្នករាល់គ្នារហូតទេ
ហើយក៏មិនខឹងនឹងអ្នករាល់គ្នារហូតដែរ
បើមិនដូច្នោះទេ សត្វលោកទាំងប៉ុន្មាន
ដែលយើងបានបង្កើតមក
មុខជារលត់វិញ្ញាណមិនខាន។
១៧ យើងបានខឹងនឹងប្រជារាស្ដ្ររបស់យើង
ព្រោះពួកគេមានចិត្តលោភលន់
និងប្រព្រឹត្តអំពើអាក្រក់
យើងបានដាក់ទោសពួកគេ
យើងបានគេចមុខចេញពីពួកគេ
ប៉ុន្តែ ទោះជាយ៉ាងណាក្តី
ក៏ប្រជាជនដ៏រឹងរូសនេះ នៅតែប្រព្រឹត្តតាម
ទំនើងចិត្តរបស់ខ្លួនដដែល។
១៨ យើងស្គាល់មារយាទរបស់គេយ៉ាងច្បាស់
តែយើងនឹងប្រោសគេឲ្យបានជាសះស្បើយ
យើងនឹងដឹកនាំគេ
ព្រមទាំងសម្រាលទុក្ខប្រជាជន
ដែលកំពុងកាន់ទុក្ខនេះទៀតផង។
១៩ ព្រះអម្ចាស់មានព្រះបន្ទូលថា
យើងនឹងដាក់ពាក្យសរសើរតម្កើង
នៅក្នុងមាត់ពួកគេ។
ចូរឲ្យសេចក្ដីសុខសាន្តកើតមានដល់
អ្នកដែលនៅឆ្ងាយៗក៏ដូចជាអ្នកដែលនៅជិត
យើងនឹងប្រោសពួកគេឲ្យ
បានជាសះស្បើយមែន!
២០ រីឯមនុស្សអាក្រក់វិញ ប្រៀបបាននឹង
រលកសមុទ្រដែលកំពុងតែបក់បោក
គ្មាននរណាអាចធ្វើឲ្យស្ងប់ឡើយ
ទឹកសមុទ្រនោះបញ្ចេញភក់ជ្រាំ
សព្វបែបយ៉ាងមក។
២១ ព្រះរបស់ខ្ញុំមានព្រះបន្ទូលថា:
មនុស្សអាក្រក់មិនបានសេចក្ដីសុខសាន្តទេ។
៥៨
ការតមអាហារដែលព្រះអម្ចាស់សព្វព្រះហឫទ័យ
១ ព្រះអម្ចាស់មានព្រះបន្ទូលថា:
ចូរស្រែកឲ្យអស់ទំហឹង
កុំញញើតឡើយ!
ចូរបន្លឺសំឡេងឲ្យលាន់រំពងដូចត្រែ
ចូរប្រាប់ប្រជាជនរបស់យើងឲ្យ
ស្គាល់ការបះបោររបស់ខ្លួន
ចូរប្រាប់កូនចៅលោកយ៉ាកុប
ឲ្យស្គាល់អំពើបាបរបស់គេផង!
២ រៀងរាល់ថ្ងៃ គេសាកសួរ
ចង់ស្គាល់បំណងរបស់យើង។
គេធ្វើហាក់ដូចជាប្រជាជាតិមួយដែល
ប្រព្រឹត្តអំពើសុចរិត
ឥតបោះបង់វិន័យព្រះរបស់ខ្លួនទេ។
គេទាមទារសុំឲ្យយើងវិនិច្ឆ័យពួកគេ
តាមយុត្តិធម៌
ព្រមទាំងចង់ឲ្យយើងស្ថិតនៅជាមួយគេ។
៣ ពួកគេតែងពោលថា
“យើងតមអាហារបានប្រយោជន៍អ្វី
បើព្រះអង្គមិនទតមើលផងនោះ!។
យើងបន្ទាបខ្លួនបានប្រយោជន៍អ្វី
បើព្រះអង្គមិនចាប់អារម្មណ៍ផងនោះ!”។
យើងប្រាប់ពួកគេឲ្យដឹងវិញថា
«នៅថ្ងៃដែលអ្នករាល់គ្នាតមអាហារ
អ្នករាល់គ្នាតែងតែឆ្លៀតរកផលប្រយោជន៍
អ្នករាល់គ្នាវាយធ្វើបាបកម្មករទាំងអស់
របស់ខ្លួនថែមទៀតផង។
៤ អ្នករាល់គ្នាតមអាហារ ទាំងរករឿង
ឈ្លោះប្រកែក និងវាយតប់គ្នាយ៉ាងឃោរឃៅ
គឺអ្នករាល់គ្នាពុំបានតមអាហារឲ្យស្របតាម
គោលការណ៍របស់ថ្ងៃតមអាហារ
ដើម្បីឲ្យពាក្យទូលអង្វររបស់អ្នករាល់គ្នា
លាន់ឮទៅដល់យើងឡើយ។
៥ អ្នករាល់គ្នាតមអាហារ និងបន្ទាបខ្លួនបែបនេះ
ស្មានថាយើងពេញចិត្តឬ?
អ្នករាល់គ្នាឱនក្បាល
ដូចដើមកក់ត្រូវខ្យល់បក់
អ្នករាល់គ្នាក្រាបលើបាវ
និងអង្គុយលើផេះបែបនេះ ស្មានថាជា
ការតមអាហារដែលគាប់ចិត្តយើងឬ?
៦ ការតមអាហារដែលគាប់ចិត្តយើង
គឺត្រូវដោះលែងអ្នកទោស
ដែលអ្នកយកមកដាក់ច្រវាក់ដោយអយុត្តិធម៌
ត្រូវដោះនឹមដែលអ្នកដាក់លើគេនោះចេញ
ត្រូវដោះលែងអ្នកដែលត្រូវគេសង្កត់សង្កិន
ឲ្យមានសេរីភាពឡើងវិញ
ពោលគឺត្រូវបំបាក់នឹមគ្រប់យ៉ាង។
៧ ត្រូវចែកអាហារឲ្យអ្នកស្រេកឃ្លាន
ត្រូវទទួលជនក្រីក្រ ដែលគ្មានទីជម្រក
ឲ្យស្នាក់នៅជាមួយ។
បើឃើញនរណាម្នាក់គ្មានសម្លៀកបំពាក់
ត្រូវចែកឲ្យគ្នាស្លៀកពាក់ផង
ហើយមិនត្រូវគេចខ្លួនពីបងប្អូនណា
ដែលមកពឹងពាក់អ្នកឡើយ។
៨ បើប្រព្រឹត្តដូច្នេះ ពន្លឺរបស់អ្នក
នឹងលេចចេញមកដូចថ្ងៃរះ
ស្នាមរបួសរបស់អ្នកនឹងបានជាយ៉ាងឆាប់រហ័ស
សេចក្ដីសុចរិតរបស់អ្នក
នឹងស្ថិតនៅពីមុខអ្នកជានិច្ច
ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់
ក៏ស្ថិតនៅពីក្រោយអ្នកដែរ។
៩ ប្រសិនបើអ្នកស្រែកអង្វរ
ព្រះអម្ចាស់នឹងព្រះសណ្ដាប់អ្នក។
បើអ្នកស្រែកហៅព្រះអង្គ
នោះព្រះអង្គនឹងមានព្រះបន្ទូលតបមកវិញថា
“យើងមកហើយ!”។
ប្រសិនបើអ្នកឈប់ជិះជាន់ ឈប់គំរាមកំហែង
ឈប់ចោទមួលបង្កាច់គេ
១០ ប្រសិនបើអ្នកសុខចិត្តបេះអាហារពីមាត់ខ្លួន
យកទៅឲ្យអ្នកដែលស្រេកឃ្លាន
ប្រសិនបើអ្នកយកម្ហូបអាហារ
ទៅចម្អែតមនុស្សទុរគត
នោះពន្លឺរបស់អ្នកនឹងចែងចាំងក្នុងទីងងឹត
ហើយភាពងងឹតរបស់អ្នកនឹងប្រែទៅជាភ្លឺ
ដូចពន្លឺថ្ងៃត្រង់ដែរ។
១១ ព្រះអម្ចាស់នឹងដឹកនាំអ្នកជានិច្ច
ទោះបីអ្នកដើរនៅក្នុងវាលហួតហែងក្តី
ក៏ព្រះអង្គប្រទានអាហារដ៏បរិបូណ៌ឲ្យអ្នក
និងប្រទានឲ្យអ្នកមានកម្លាំងមាំមួន។
អ្នកនឹងប្រៀបដូចជាសួនច្បារ
ដែលសម្បូណ៌ទៅដោយទឹក
ឬដូចជាប្រភពទឹកដែលមិនចេះរីង។
១២ អ្នកនឹងសង់អ្វីៗដែលបាក់បែកឡើងវិញ
អ្នកនឹងសង់នៅលើគ្រឹះដែលគេបានចាក់
ពីបុរាណកាល។
គេនឹងដាក់ឈ្មោះអ្នកថា
“អ្នកជួសជុលកំពែងធ្លុះធ្លាយ
អ្នករៀបចំផ្លូវ ធ្វើឲ្យមានមនុស្សរស់នៅ
ក្នុងក្រុងឡើងវិញ”។
១៣ ប្រសិនបើអ្នកមិនធ្វើការរកស៊ីនៅថ្ងៃសប្ប័ទ*
ប្រសិនបើអ្នកមិនស្វែងរកកម្រៃ
នៅថ្ងៃដ៏វិសុទ្ធរបស់យើង
ប្រសិនបើអ្នកចាត់ទុកថ្ងៃសប្ប័ទ
ថាជាថ្ងៃមួយដ៏សប្បាយ
ជាថ្ងៃដ៏វិសុទ្ធរបស់ព្រះអម្ចាស់
ហើយប្រសិនបើអ្នកគោរពថ្ងៃនោះពិតមែន
គឺមិនរកស៊ី មិនរកកម្រៃ
និងមិននិយាយតថ្លៃនោះទេ
១៤ ព្រះអម្ចាស់នឹងធ្វើឲ្យអ្នកសប្បាយរីករាយ
យើងនឹងនាំអ្នកឡើងទៅទីខ្ពស់នៃផែនដី
យើងនឹងឲ្យអ្នករស់នៅយ៉ាងសប្បាយ
ក្នុងទឹកដីដែលយើងបានចែកឲ្យយ៉ាកុប
ជាបុព្វបុរសរបស់អ្នក»។
នេះជាព្រះបន្ទូលដែលចេញមកពី
ព្រះឱស្ឋរបស់ព្រះអម្ចាស់។
៥៩
អំពើបាបរបស់ប្រជាជន
១ កុំនឹកស្មានថា
ព្រះអម្ចាស់មានបារមីទន់ខ្សោយ
ពុំអាចសង្គ្រោះអ្នករាល់គ្នានោះឡើយ
ហើយកុំនឹកស្មានថា ព្រះអង្គមានព្រះកាណ៌ធ្ងន់
ស្ដាប់មិនឮនោះដែរ!
២ តាមពិត គឺអំពើអាក្រក់របស់អ្នករាល់គ្នាទេតើ
ដែលខណ្ឌអ្នករាល់គ្នាពីព្រះរបស់អ្នករាល់គ្នា
អំពើបាបរបស់អ្នករាល់គ្នា
ធ្វើឲ្យព្រះអង្គលាក់ព្រះភ័ក្ត្រ
មិនព្រមស្ដាប់ឮពាក្យរបស់អ្នករាល់គ្នា
៣ ដ្បិតដៃអ្នករាល់គ្នាប្រឡាក់ដោយឈាម
ម្រាមដៃអ្នករាល់គ្នាពោរពេញដោយអំពើទុច្ចរិត
មាត់អ្នករាល់គ្នាចេះតែពោលពាក្យភូតភរ
និងនិយាយបរិហារគេ។
៤ ក្នុងចំណោមអ្នករាល់គ្នា
នរណាក៏ចោទប្រកាន់គ្នាដោយអយុត្តិធម៌
និងឆ្លើយការពារខ្លួនដោយមិនទៀងត្រង់ដែរ
អ្នករាល់គ្នាយករឿងមិនពិតមកធ្វើជាភស្តុតាង
អ្វីៗដែលអ្នករាល់គ្នានិយាយសុទ្ធតែឥតន័យ។
អ្នករាល់គ្នាគិតគូរគម្រោងការជិះជាន់គេ
រួចនាំគ្នាសម្រេចចេញជាអំពើទុច្ចរិត។
៥ គម្រោងការរបស់អ្នករាល់គ្នាប្រៀបបាននឹង
ស៊ុតពស់អសិរពិស
អ្នកណាបរិភោគស៊ុតនេះមុខជាត្រូវស្លាប់
ហើយបើគេបំបែកស៊ុតណាមួយ
នោះនឹងមានពស់វែកចេញមក។
៦ អ្នករាល់គ្នារៀបចំគម្រោងការ
ដូចត្បាញសំបុកពីងពាង
ដែលពុំអាចយកទៅធ្វើជាសម្លៀកបំពាក់
បិទបាំងកាយឡើយ។
អ្វីៗដែលអ្នករាល់គ្នាប្រព្រឹត្តសុទ្ធតែទុច្ចរិត
ស្នាដៃរបស់អ្នករាល់គ្នាសុទ្ធតែឃោរឃៅ។
៧ ជើងរបស់អ្នករាល់គ្នាគិតតែពីរត់ទៅ
ប្រព្រឹត្តអំពើអាក្រក់
ហើយប្រញាប់ទៅបង្ហូរឈាមជនស្លូតត្រង់
គំនិតរបស់អ្នករាល់គ្នាសុទ្ធតែទុច្ចរិត
អ្នករាល់គ្នាទៅទីណា
ទីនោះនឹងត្រូវវិនាសហិនហោច។
៨ អ្នករាល់គ្នាមិនស្គាល់មាគ៌ាដែលនាំទៅរក
សេចក្ដីសុខសាន្តទេ
អ្វីៗដែលអ្នករាល់គ្នាប្រព្រឹត្ត មិនយុត្តិធម៌សោះ
កិរិយាមារយាទរបស់អ្នករាល់គ្នាសុទ្ធតែវៀច
អ្នកដែលដើរតាមផ្លូវរបស់អ្នក
នឹងមិនស្គាល់សេចក្ដីសុខសាន្តឡើយ។
ប្រជារាស្ដ្ររបស់ព្រះអម្ចាស់ទទួលស្គាល់កំហុស
៩ ហេតុនេះហើយបានជាព្រះអង្គមិនប្រញាប់
នឹងរកយុត្តិធម៌ឲ្យយើង
ព្រះអង្គក៏មិនសង្គ្រោះយើងភ្លាមៗដែរ។
យើងសង្ឃឹមថានឹងមានពន្លឺ
ផ្ទុយទៅវិញ យើងជួបតែភាពងងឹត
យើងរង់ចាំថ្ងៃរះ
ផ្ទុយទៅវិញ យើងបែរជាដើរក្នុងយប់អន្ធការ។
១០ យើងដើរស្ទាបៗ ដូចមនុស្សខ្វាក់ដើរសសៀរ
តាមជញ្ជាំង
យើងដើរស្ទាបៗ ដូចមនុស្សគ្មានភ្នែក
យើងដើរជំពប់ជើង ទាំងកណ្ដាលថ្ងៃត្រង់
ដូចដើរនៅពេលយប់
ទោះបីយើងមានសុខភាពល្អក្តី
ក៏យើងដូចជាមនុស្សស្លាប់ដែរ។
១១ យើងរអ៊ូរទាំបញ្ចេញសំឡេងដូចខ្លាឃ្មុំ
និងថ្ងូរឥតឈប់ឈរដូចសត្វព្រាប។
យើងសង្ឃឹមថាព្រះអម្ចាស់រកយុត្តិធម៌ឲ្យយើង
តែព្រះអង្គមិនរកឲ្យទេ!
យើងរង់ចាំព្រះអម្ចាស់សង្គ្រោះ
តែព្រះអង្គគង់នៅឆ្ងាយពីយើង!។
១២ បពិត្រព្រះអម្ចាស់!
យើងខ្ញុំបានប្រព្រឹត្តអំពើទុច្ចរិតជាច្រើន
នៅចំពោះព្រះភ័ក្ត្រព្រះអង្គ
អំពើបាបរបស់យើងខ្ញុំចោទប្រកាន់យើងខ្ញុំ
អំពើទុច្ចរិតរបស់យើងខ្ញុំតាមយើងខ្ញុំជាប់ជានិច្ច
យើងខ្ញុំស្គាល់កំហុសរបស់ខ្លួនហើយ។
១៣ យើងខ្ញុំបានប្រព្រឹត្តអំពើទុច្ចរិត
និងក្បត់ព្រះអម្ចាស់
ហើយងាកចេញឆ្ងាយពីព្រះរបស់យើងខ្ញុំ
យើងខ្ញុំនិយាយអំពីការជិះជាន់អ្នកដទៃ
ព្រមទាំងការបះបោរប្រឆាំងនឹងព្រះអង្គ
ជាពាក្យសម្ដីហូរចេញពីជម្រៅចិត្តរបស់យើងខ្ញុំ
យើងខ្ញុំនិយាយពាក្យភូតភរច្រំដែលៗ។
១៤ ហេតុនេះហើយបានជាព្រះអង្គមិនរកយុត្តិធម៌
ឲ្យយើងខ្ញុំទេ
ព្រះអង្គក៏មិនសង្គ្រោះយើងខ្ញុំដែរ
ដ្បិតនៅក្នុងក្រុងរបស់យើងខ្ញុំ
គ្មានសេចក្ដីពិតទេ
យើងខ្ញុំគ្មានចិត្តទៀងត្រង់សោះ។
១៥ សេចក្ដីពិតបានបាត់ពីខ្លួនយើងខ្ញុំទៅហើយ
សូម្បីអ្នកដែលងាកចេញពីអំពើអាក្រក់
ក៏ត្រូវអ្នកដទៃប្លន់យកអ្វីៗដែលគេមាន។
ព្រះអម្ចាស់បានទតមើលការទាំងនេះ
ហើយយល់ឃើញថាសុទ្ធតែអាក្រក់
គឺគ្មានយុត្តិធម៌ទាល់តែសោះ។
១៦ ព្រះអង្គទតឃើញថាគ្មាននរណាម្នាក់អើពើ
ហើយព្រះអង្គសោកស្តាយ
ដោយពុំឃើញមាននរណាម្នាក់ឈឺឆ្អាល
ព្រះអង្គក៏យាងមកសង្គ្រោះ
ដោយឫទ្ធិបារមីរបស់ព្រះអង្គ
និងសំអាងលើសេចក្ដីសុចរិតរបស់ព្រះអង្គ។
១៧ ព្រះអង្គយកសេចក្ដីសុចរិតរបស់ព្រះអង្គ
ធ្វើជាអាវក្រោះ
ព្រះអង្គយកការសង្គ្រោះធ្វើជាមួកដែក
ព្រះអង្គយកការសងសឹកធ្វើជាព្រះពស្ដ្រ
និងយកព្រះហឫទ័យប្រច័ណ្ឌធ្វើជាព្រះភូសា។
១៨ ព្រះអង្គដាក់ទោសម្នាក់ៗ
តាមអំពើដែលខ្លួនប្រព្រឹត្ត។
ព្រះអង្គដាក់ទោសខ្មាំងសត្រូវ
និងបច្ចាមិត្តយ៉ាងខ្លាំង
សូម្បីតែជាតិសាសន៍ដែលនៅឆ្ងាយៗ
ក៏ព្រះអង្គដាក់ទោសដែរ។
១៩ ពេលនោះ ចាប់តាំងពីទិសខាងកើត
រហូតដល់ទិសខាងលិច
មនុស្សម្នានឹងកោតខ្លាចព្រះនាមព្រះអម្ចាស់
និងសិរីរុងរឿងរបស់ព្រះអង្គ
ដ្បិតព្រះអង្គនឹងយាងមកដូចទឹកទន្លេ
ត្រូវខ្យល់បក់បោក ហូរមកយ៉ាងខ្លាំង។
២០ ព្រះអម្ចាស់នឹងយាងមកលោះក្រុងស៊ីយ៉ូន
និងលោះប្រជាជនក្នុងចំណោមកូនចៅ
របស់លោកយ៉ាកុបដែលលះបង់អំពើទុច្ចរិត
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
២១ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «រីឯសម្ពន្ធមេត្រី*ដែលយើងចងជាមួយអ្នកទាំងនោះមានដូចតទៅ: ព្រះវិញ្ញាណរបស់យើងសណ្ឋិតលើអ្នក ហើយយើងឲ្យអ្នកប្រកាសព្រះបន្ទូលរបស់យើង ចាប់ពីពេលនេះ រហូតអស់កល្បតទៅ។ យើងនឹងមិនដកព្រះបន្ទូលនេះចេញពីមាត់អ្នក មាត់កូនចៅ និងពូជពង្សរបស់អ្នកឡើយ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៦០
សិរីរុងរឿងរបស់ព្រះអម្ចាស់បំភ្លឺលើក្រុងយេរូសាឡឹម
១ យេរូសាឡឹមអើយ!
ចូរក្រោកឡើង បញ្ចាំងពន្លឺ
ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ!
សិរីរុងរឿងរបស់ព្រះអម្ចាស់ភ្លឺមកលើអ្នក
ដូចថ្ងៃរះ។
២ មើល! ផែនដីទាំងមូលនៅងងឹតស្លុង
ហើយភាពអន្ធការគ្របលើប្រជាជនទាំងឡាយ
តែពន្លឺរបស់ព្រះអម្ចាស់រះឡើងបំភ្លឺអ្នក
សិរីរុងរឿងរបស់ព្រះអង្គក៏លេចមក
ដូចថ្ងៃរះចាំងលើអ្នកដែរ។
៣ ប្រជាជាតិនានានាំគ្នាដើរទៅរកពន្លឺរបស់អ្នក
ហើយស្តេចទាំងឡាយក៏ដើរទៅរករស្មីដែល
ចាំងចេញពីអ្នកដែរ។
៤ ចូរងើបមុខឡើងមើលជុំវិញខ្លួន
កូនៗទាំងអស់ជួបជុំគ្នាដើរតម្រង់មករកអ្នក។
កូនប្រុសៗរបស់អ្នកនឹងមកពីទីឆ្ងាយ
ហើយប្រជាជាតិនានាក៏បីកូនស្រីៗ
របស់អ្នកមកដែរ។
៥ ពេលណាអ្នកឃើញ អ្នកនឹងត្រេកអរ
សប្បាយរីករាយ ហើយរំភើបចិត្ត។
គេនឹងនាំភោគសម្បត្តិពីខាងនាយសមុទ្រ
មកឲ្យអ្នក
ហើយធនធានរបស់ប្រជាជាតិនានា
ក៏នឹងហូរមកដល់អ្នកដែរ។
៦ សត្វអូដ្ឋទាំងហ្វូងៗនឹងមកពេញទីក្រុង
គឺអូដ្ឋរបស់ពួកម៉ាឌីយ៉ាន និងពួកអេផា។
អ្នកស្រុកសេបាទាំងអស់នឹងនាំគ្នាមក
ពួកគេយកមាស និងកំញានមកជាមួយផង
ហើយលើកតម្កើងការអស្ចារ្យ
ដែលព្រះអម្ចាស់បានធ្វើ។
៧ ហ្វូងសត្វនៅស្រុកកេដារ
នឹងមកជួបជុំគ្នានៅមុខអ្នក។
អ្នកនឹងទទួលចៀមឈ្មោលពីស្រុកនេបាយ៉ូត
សម្រាប់ធ្វើជាយញ្ញបូជានៅលើ
អាសនៈរបស់យើង
ជាតង្វាយដែលគាប់ចិត្តយើង។
យើងនឹងធ្វើឲ្យដំណាក់ដ៏រុងរឿងរបស់យើង
បានថ្កុំថ្កើងឡើង។
៨ តើអ្នកទាំងនោះជានរណា?
ពួកគេរសាត់មកដូចពពក
និងដូចព្រាបដែលហើរមករកសំបុកវាវិញ។
៩ មនុស្សម្នានៅតាមកោះនានានឹងមករកយើង
នាវានៅស្រុកតារស៊ីសនឹងដឹកកូនប្រុសៗ
របស់អ្នកពីស្រុកឆ្ងាយវិលត្រឡប់មកវិញ
ទាំងនាំមាសប្រាក់របស់ខ្លួនមកជាមួយ
ពួកគេនាំគ្នាមកតម្កើងព្រះនាមរបស់ព្រះអម្ចាស់
ជាព្រះរបស់អ្នក
គឺព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល
ដែលប្រោសអ្នកឲ្យបានថ្កុំថ្កើង។
១០ ជនជាតិដទៃនឹងនាំគ្នាសង់
កំពែងរបស់អ្នកឡើងវិញ
ស្តេចរបស់ពួកគេនឹងមកបម្រើអ្នក
ដ្បិតកាលពីមុន យើងបានខឹង ហើយវាយអ្នក
តែឥឡូវនេះ យើងសម្ដែងចិត្តអាណិតមេត្តា
ចំពោះអ្នកវិញ។
១១ ទោះជាយប់ ឬថ្ងៃក្តី ទ្វាររបស់អ្នក
នៅបើកចំហជានិច្ច ឥតបិទសោះឡើយ
ដើម្បីឲ្យភោគទ្រព្យរបស់ប្រជាជាតិ
ទាំងឡាយហូរចូលមក
និងឲ្យស្តេចរបស់ពួកគេ
មកជាហូរហែដែរ។
១២ ប្រជាជាតិណា និងនគរណា ដែលមិនបម្រើអ្នក មុខជាត្រូវវិនាសមិនខាន ប្រជាជាតិទាំងនោះនឹងត្រូវគេបំផ្លាញ។
១៣ គេនឹងដឹកឈើល្អៗពីស្រុកលីបង់មកឲ្យអ្នក
គឺឈើដ៏មានតម្លៃទាំងអស់
ដើម្បីយកមកធ្វើជាគ្រឿងសង្ហារឹម
លំអទីសក្ការៈរបស់យើង។
យើងនឹងធ្វើឲ្យកន្លែងដែលយើង
ស្ថិតនៅនេះ បានប្រកបដោយសិរីរុងរឿង។
១៤ កូនចៅរបស់ពួកដែលបានសង្កត់សង្កិនអ្នក
នឹងនាំគ្នាមកឱនកាយនៅចំពោះមុខអ្នក
ពួកដែលបានជេរប្រមាថអ្នក
នឹងនាំគ្នាមកក្រាបនៅទៀបជើងអ្នក
គេនឹងហៅអ្នកថា “ក្រុងរបស់ព្រះអម្ចាស់”
“ក្រុងស៊ីយ៉ូនរបស់ព្រះដ៏វិសុទ្ធ
នៃជនជាតិអ៊ីស្រាអែល”។
១៥ ពីមុន គេបានបោះបង់ចោលអ្នក គេស្អប់អ្នក
ហើយគ្មាននរណាដើរកាត់
តែយើងនឹងធ្វើឲ្យអ្នកប្រែទៅជាក្រុងមួយដ៏ថ្លៃថ្នូរ
ជាក្រុងដ៏សប្បាយរហូតអស់កល្ប
ជាអង្វែងតរៀងទៅ។
១៦ ប្រជាជាតិ និងស្តេចទាំងឡាយ
នឹងធ្វើជាមេដោះរបស់អ្នក។
អ្នកនឹងទទួលស្គាល់ថា
ព្រះសង្គ្រោះរបស់អ្នក គឺព្រះអម្ចាស់
ព្រះដែលលោះអ្នក គឺព្រះរបស់យ៉ាកុប
ជាព្រះប្រកបដោយឫទ្ធិបារមី។
១៧ យើងនឹងឲ្យគេយកមាសមកជំនួសលង្ហិន
ប្រាក់ជំនួសដែក
លង្ហិនជំនួសឈើ ដែកជំនួសថ្ម។
យើងឲ្យសន្តិភាព និងយុត្តិធម៌
គ្រប់គ្រង ហើយកាន់អំណាចលើអ្នក។
១៨ ក្នុងស្រុករបស់អ្នក គេនឹងលែងនិយាយពី
អំពើហិង្សាទៀតហើយ
ក្នុងទឹកដីរបស់អ្នកក៏លែងមាន
ការវិនាសហិនហោចទៀតដែរ។
គេនឹងហៅកំពែងរបស់អ្នកថា “សង្គ្រោះ”
ហៅទ្វាររបស់អ្នកថាទ្វារ “សរសើរតម្កើង”។
១៩ នៅពេលថ្ងៃ អ្នកមិនត្រូវការពន្លឺព្រះអាទិត្យ
ទៀតទេ
ហើយនៅពេលយប់
អ្នកក៏មិនត្រូវការពន្លឺព្រះច័ន្ទដែរ
ដ្បិតព្រះអម្ចាស់នឹងធ្វើជាពន្លឺបំភ្លឺអ្នក
រហូតតរៀងទៅ
ព្រះរបស់អ្នកជាពន្លឺដ៏ត្រចះត្រចង់ដល់អ្នក។
២០ ពន្លឺថ្ងៃរបស់អ្នកនឹងមិនអស្តង្គតទៀតឡើយ
ពន្លឺព្រះច័ន្ទរបស់អ្នកក៏មិនលិចបាត់ទៅវិញដែរ
ដ្បិតព្រះអម្ចាស់នឹងធ្វើជាពន្លឺបំភ្លឺអ្នក
រហូតតរៀងទៅ
រីឯពេលវេលាដែលអ្នកកាន់ទុក្ខ
ក៏ចប់សព្វគ្រប់ហើយ។
២១ ប្រជាជនរបស់អ្នកសុទ្ធតែជាមនុស្សសុចរិត
ពួកគេនឹងគ្រប់គ្រងទឹកដីនេះរហូតតទៅ។
ពួកគេប្រៀបដូចជាកូនឈើដែលយើងបានដាំ
យើងបង្កើតពួកគេមក
ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់យើង។
២២ អំបូរដែលតូចជាងគេនឹងកើនចំនួនរាប់ពាន់
អ្នកដែលខ្សោយជាងគេ
នឹងប្រែទៅជាប្រជាជាតិមួយដ៏ខ្លាំងពូកែ។
យើងជាព្រះអម្ចាស់
យើងនឹងធ្វើឲ្យការទាំងនេះសម្រេចជារូបរាង
យ៉ាងឆាប់ៗ តាមពេលកំណត់។
៦១
ដំណឹងល្អស្តីអំពីការសង្គ្រោះ
១ ព្រះវិញ្ញាណរបស់ព្រះជាអម្ចាស់
សណ្ឋិតលើខ្ញុំ
ដ្បិតព្រះអម្ចាស់បានចាក់ប្រេងអភិសេកខ្ញុំ
ឲ្យនាំដំណឹងល្អទៅប្រាប់អ្នកដែលត្រូវគេជិះជាន់
ជួយថែទាំអ្នកដែលបាក់ទឹកចិត្ត
ប្រកាសប្រាប់ជនជាប់ជាឈ្លើយថា
ពួកគេនឹងរួចខ្លួន
ហើយប្រាប់អ្នកជាប់ឃុំឃាំងថា
ពួកគេនឹងមានសេរីភាព
២ ព្រមទាំងប្រកាសពីឆ្នាំដែលព្រះអម្ចាស់សម្ដែង
ព្រះហឫទ័យមេត្តាករុណា
និងពីថ្ងៃកំណត់ដែលព្រះរបស់យើង
ដាក់ទោសមនុស្សអាក្រក់
ហើយសម្រាលទុក្ខអស់អ្នកដែលកាន់ទុក្ខ
៣ គឺឲ្យអ្នកក្រុងស៊ីយ៉ូនដែលកាន់ទុក្ខនោះ
ទទួលមកុដនៅលើក្បាលជំនួសផេះ
ឲ្យគេលាបប្រេងសម្ដែងអំណរសប្បាយ
ជំនួសភាពក្រៀមក្រំនៃការកាន់ទុក្ខ
ឲ្យគេស្លៀកពាក់យ៉ាងថ្លៃថ្នូរ
ជំនួសខោអាវដាច់ដាច។
ពេលនោះ គេនឹងប្រដូចអ្នកក្រុងយេរូសាឡឹម
ទៅនឹងដើមឈើសក្ការៈនៃព្រះដ៏សុចរិត
ជាសួនឧទ្យានរបស់ព្រះអម្ចាស់
ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់ព្រះអង្គ។
៤ ពួកគេនឹងសង់ក្រុង
ដែលបាក់បែកកាលពីមុននោះឡើងវិញ
ពួកគេនឹងលើកអ្វីៗដែលខ្ទេចខ្ទីកាលពីបុរាណ
ឲ្យមានរូបរាងឡើងវិញ។
ពួកគេជួសជុលក្រុងដែលខ្មាំងបំផ្លាញចោល
ជាច្រើនជំនាន់នោះឡើងវិញ។
៥ សាសន៍ដទៃនឹងនាំគ្នាមក
ហើយឃ្វាលហ្វូងចៀមរបស់អ្នករាល់គ្នា
កូនចៅរបស់គេនឹងភ្ជួររាស់ដី
ហើយដាំទំពាំងបាយជូរឲ្យអ្នករាល់គ្នា។
៦ ចំណែកអ្នករាល់គ្នាវិញ
អ្នករាល់គ្នានឹងមានឈ្មោះថា
បូជាចារ្យ*របស់ព្រះអម្ចាស់
គេនឹងហៅអ្នករាល់គ្នាថា
អ្នកបម្រើរបស់ព្រះនៃយើង។
អ្នករាល់គ្នានឹងចិញ្ចឹមជីវិតដោយភោគទ្រព្យ
របស់ប្រជាជាតិទាំងឡាយ
ហើយតែងខ្លួនដោយគ្រឿងអលង្ការដ៏មាន
តម្លៃរបស់ពួកគេ។
៧ អ្នករាល់គ្នាលែងអាម៉ាស់
និងលែងបាក់មុខទៀតហើយ
អ្នករាល់គ្នានឹងទទួលទឹកដីរបស់គេ
មួយទ្វេជាពីរទុកជាមត៌ក
អ្នករាល់គ្នានឹងមានអំណរសប្បាយ
អស់កល្បជានិច្ច។
៨ ព្រះអម្ចាស់មានព្រះបន្ទូលថា
យើងចូលចិត្តយុត្តិធម៌
ហើយស្អប់ការជំរិតជិះជាន់ណាស់។
យើងនឹងសងអ្នករាល់គ្នាវិញយ៉ាងត្រឹមត្រូវ
យើងនឹងចងសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរ
អស់កល្បជានិច្ចជាមួយអ្នករាល់គ្នា។
៩ ប្រជាជាតិទាំងឡាយនឹងស្គាល់កូនចៅ
របស់អ្នករាល់គ្នា
ហើយពូជពង្សអ្នករាល់គ្នាក៏នឹងមានឈ្មោះល្បី
នៅក្នុងចំណោមជាតិសាសន៍នានាដែរ។
អស់អ្នកដែលជួបពួកគេនឹងទទួលស្គាល់ថា
ពួកគេជាជាតិមួយដែលព្រះអម្ចាស់
បានប្រទានពរ។
១០ ខ្ញុំមានអំណរយ៉ាងខ្លាំង ព្រោះតែព្រះអម្ចាស់
ខ្ញុំរីករាយយ៉ាងអស់ពីចិត្ត ព្រោះតែព្រះរបស់ខ្ញុំ
ដ្បិតព្រះអង្គបានសង្គ្រោះខ្ញុំ។
ព្រះអង្គបានយកសេចក្ដីសុចរិត
មកពាក់ឲ្យខ្ញុំ ដូចកូនកម្លោះ និងកូនក្រមុំ
តែងខ្លួននៅថ្ងៃរៀបមង្គលការ។
១១ ដីធ្វើឲ្យពន្លក និងគ្រាប់ពូជផ្សេងៗ
ដុះឡើងនៅក្នុងសួនច្បារយ៉ាងណា
ព្រះជាអម្ចាស់នឹងធ្វើឲ្យសេចក្ដីសុចរិត
និងការសរសើរតម្កើងផុសចេញពីទឹកដីនេះ
នៅចំពោះប្រជាជាតិទាំងប៉ុន្មានយ៉ាងនោះដែរ។
៦២
ព្រះអម្ចាស់នឹងសង់ក្រុងយេរូសាឡឹមឡើងវិញ
១ យើងគិតដល់ក្រុងស៊ីយ៉ូន
យើងនឹងមិននៅស្ងៀមឡើយ
ដោយយើងគិតដល់ក្រុងយេរូសាឡឹម
យើងនឹងមិននៅសំងំឥតធ្វើអ្វីនោះឡើយ
ដរាបណាទាល់តែសេចក្ដីសុចរិតចាំងចេញ
ពីក្រុងនេះដូចថ្ងៃរះ
ហើយការសង្គ្រោះកើតមានដល់ក្រុងនេះ
យ៉ាងច្បាស់ដូចពន្លឺភ្លើង។
២ ពេលនោះ ប្រជាជាតិនានានឹងឃើញ
សេចក្ដីសុចរិតរបស់អ្នក
ហើយស្តេចទាំងប៉ុន្មាននឹងឃើញសិរីរុងរឿង
របស់អ្នកដែរ។
គេនឹងហៅអ្នកតាមឈ្មោះថ្មី
ជាឈ្មោះដែលព្រះអម្ចាស់ប្រទានឲ្យ។
៣ អ្នកនឹងប្រៀបដូចជាភួងជ័យដ៏ល្អប្រណីត
នៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់
និងជាមកុដរាជ្យក្នុងព្រះហស្ដព្រះរបស់អ្នក។
៤ គេនឹងលែងហៅអ្នកថា
“ស្ត្រីដែលស្វាមីលះបង់ចោល” ទៀតហើយ
គេក៏នឹងលែងហៅទឹកដីរបស់អ្នកថា
“ដីដែលគេបោះបង់ចោលដែរ”។
ផ្ទុយទៅវិញ គេនឹងហៅអ្នកថា
“ព្រលឹងមាសបង!”
ហើយគេនឹងហៅទឹកដីរបស់អ្នកថា
“ភរិយាសម្លាញ់ចិត្ត”
ដ្បិតព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងអ្នក
ហើយទឹកដីរបស់អ្នកនឹងបានដូចជា
ស្ត្រីដែលជានានឹងប្ដីឡើងវិញ។
៥ ព្រះអង្គដែលបានសង់អ្នក
នឹងរៀបការជាមួយអ្នក
ដូចកំលោះម្នាក់រៀបការនឹងស្រីក្រមុំ។
ភរិយាថ្មោងថ្មីផ្តល់អំណរសប្បាយ
ឲ្យស្វាមីយ៉ាងណា
អ្នកក៏ផ្តល់អំណរសប្បាយ
ដល់ព្រះរបស់អ្នកយ៉ាងនោះដែរ។
៦ យេរូសាឡឹមអើយ យើងនឹងដាក់អ្នកយាម
នៅតាមកំពែងរបស់អ្នក
ទោះបីថ្ងៃក្តីយប់ក្តី
អ្នកទាំងនោះមិនត្រូវនៅស្ងៀមឡើយ
គឺត្រូវរំឭកព្រះអម្ចាស់ពីក្រុងយេរូសាឡឹម
អ្នកទាំងនោះមិនត្រូវសម្រាកឡើយ!។
៧ អ្នកត្រូវទទូចអង្វរ ឥតឈប់ឈរ
រហូតទាល់តែព្រះអង្គស្តារក្រុងយេរូសាឡឹម
ឲ្យមានកេរ្តិ៍ឈ្មោះល្បីលើផែនដីឡើងវិញ
៨ ព្រះអម្ចាស់បានសន្យាយ៉ាងម៉ឺងម៉ាត់ ដោយយក
ឫទ្ធិបារមីដ៏ខ្លាំងក្លារបស់ព្រះអង្គធ្វើជាសាក្សីថា
យើងមិនប្រគល់ស្រូវរបស់អ្នក
ទៅឲ្យខ្មាំងសត្រូវទៀតឡើយ
កូនចៅរបស់សាសន៍ដទៃក៏លែងផឹក
ស្រាទំពាំងបាយជូរថ្មីដែលអ្នកបាននឿយហត់
នោះទៀតដែរ។
៩ ផ្ទុយទៅវិញ អស់អ្នកដែលច្រូតកាត់
នឹងបានស្រូវអង្ករបរិភោគ
ហើយនាំគ្នាសរសើរតម្កើងព្រះអម្ចាស់។
រីឯអស់អ្នកដែលបេះផ្លែទំពាំងបាយជូរ
នឹងបានស្រាទំពាំងបាយជូរផឹកនៅ
ក្នុងទីធ្លាសក្ការៈរបស់យើង។
១០ ចូរនាំគ្នាចាកចេញ ចូរនាំគ្នាចេញតាមទ្វារ!
ចូររៀបចំផ្លូវសម្រាប់ប្រជារាស្ដ្ររបស់យើង!
ចូរត្រួសត្រាយ ចូរត្រួសត្រាយផ្លូវ
ចូរយកដុំថ្មចេញ
ហើយលើកទង់សញ្ញាមួយឲ្យ
ប្រជាជនទាំងឡាយឃើញ!
១១ ព្រះអម្ចាស់ប្រកាសប្រាប់មនុស្សម្នាដែល
នៅទីដាច់ស្រយាលនៃផែនដី ដូចតទៅ:
ចូរប្រាប់ប្រជាជននៅក្រុងស៊ីយ៉ូនថា
មើលហ្ន៎! ព្រះសង្គ្រោះរបស់អ្នក
ព្រះអង្គយាងមកដល់ ទាំងនាំយកអស់អ្នក
ដែលព្រះអង្គបានលោះមកជាមួយផង
ពួកគេនាំគ្នាដើរនៅមុខព្រះអង្គ។
១២ គេនឹងហៅអ្នកទាំងនោះថា ប្រជារាស្ដ្រដ៏វិសុទ្ធ
ប្រជារាស្ដ្រដែលព្រះអម្ចាស់បានលោះ។
រីឯអ្នកវិញ មនុស្សម្នានឹងហៅអ្នកថា
ទីក្រុងបណ្តូលចិត្ត
ក្រុងដែលគេមិនបោះបង់ចោល។
៦៣
ថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោស
១ - តើអ្នកដែលមកពីក្រុងបូសរ៉ា
នៅស្រុកអេដុម
ហើយស្លៀកពាក់ដ៏ក្រហមឆ្អិនឆ្អៅ
ព្រមទាំងដើរយ៉ាងអង់អាច
សម្ដែងឫទ្ធិដ៏ខ្លាំងពូកែនេះជានរណា?
- គឺយើង ដែលមកកាត់ក្តី ដោយយុត្តិធម៌
យើងមករករឿងប្រជាជាតិនានា
ដើម្បីសង្គ្រោះប្រជារាស្ដ្ររបស់យើង។
២ - ចុះហេតុដូចម្ដេចបានជាព្រះភូសារបស់
ព្រះអង្គមានពណ៌ក្រហម ដូចសម្លៀកបំពាក់
របស់អ្នកជាន់ផ្លែទំពាំងបាយជូរដូច្នេះ?
៣ - ពិតមែនហើយ យើងបានជាន់ផ្លែ
ទំពាំងបាយជូរតែម្នាក់ឯង
គឺក្នុងចំណោមប្រជាជន
គ្មាននរណាម្នាក់នៅជាមួយយើងឡើយ។
យើងបានជាន់ឈ្លីពួកគេ តាមកំហឹងរបស់យើង
យើងបានជាន់កម្ទេចពួកគេ
ព្រោះយើងខឹងជាខ្លាំង។
ឈាមរបស់ពួកគេបានខ្ទាតមកលើ
សម្លៀកបំពាក់របស់យើង
ហើយសម្លៀកបំពាក់របស់យើង
ប្រឡាក់ទៅដោយឈាម។
៤ យើងបានគ្រោងទុកថា
នឹងដាក់ទោសពួកគេនៅថ្ងៃនេះ
ឆ្នាំកំណត់ដែលយើងត្រូវលោះ
ប្រជារាស្ដ្ររបស់យើង ក៏បានមកដល់ហើយ។
៥ យើងរំពៃមើល
តែគ្មាននរណាម្នាក់មកជួយយើងទេ
យើងអស់សង្ឃឹម
ព្រោះគ្មាននរណាម្នាក់គាំទ្រយើងឡើយ
ដូច្នេះ យើងក៏ប្រើឫទ្ធិបារមីរបស់យើង
ដើម្បីសង្គ្រោះខ្លួនយើង
ហើយប្រើកំហឹងរបស់យើង ដើម្បីគាំទ្រយើង។
៦ យើងជាន់កម្ទេចជាតិសាសន៍ទាំងឡាយ
មកពីយើងខឹងយ៉ាងខ្លាំង
យើងដាក់ទោសគេយ៉ាងសែនវេទនា
យើងនឹងបង្ហូរឈាមរបស់គេនៅលើផែនដី។
ការរំឭកពីព្រះហឫទ័យអាណិតមេត្តារបស់ព្រះអម្ចាស់
៧ ខ្ញុំសូមរំឭកពីអំពើដ៏សប្បុរសរបស់ព្រះអម្ចាស់
ខ្ញុំសរសើរតម្កើងព្រះអម្ចាស់
ចំពោះកិច្ចការទាំងប៉ុន្មាន
ដែលព្រះអង្គបានប្រព្រឹត្តមកលើយើង។
ខ្ញុំសូមថ្លែងអំពីកិច្ចការដ៏ល្អគ្រប់យ៉ាងដែល
ព្រះអង្គប្រទានមកជនជាតិអ៊ីស្រាអែល
គឺកិច្ចការដែលព្រះអង្គបានសម្ដែងចំពោះពួកគេ
ដោយព្រះហឫទ័យមេត្តាករុណាដ៏លើសលប់
និងព្រះហឫទ័យសប្បុរសពន់ប្រមាណ។
៨ ព្រះអង្គមានព្រះបន្ទូលថា:
អ្នកទាំងនោះពិតជាប្រជារាស្ដ្ររបស់យើងមែន
ពិតជាកូនចៅដែលមិនធ្វើឲ្យយើងខកចិត្ត!
ព្រះអង្គតែងតែសង្គ្រោះពួកគេជានិច្ច
៩ គ្រប់ពេលពួកគេមានអាសន្ន
ព្រះអង្គមិនប្រើទេវទូត ឬនរណាផ្សេងទៀត
ឲ្យមកសង្គ្រោះគេទេ
គឺព្រះអង្គបានសង្គ្រោះពួកគេ
ដោយផ្ទាល់ព្រះអង្គ។
ព្រះអង្គបានលោះពួកគេ
ដោយព្រះហឫទ័យស្រឡាញ់
និងព្រះហឫទ័យមេត្តាករុណា។
ព្រះអង្គគាំទ្រ លើកស្ទួយពួកគេ ជារៀងរាល់ថ្ងៃ
តាំងពីដើមរៀងមក។
១០ ក៏ប៉ុន្តែ ប្រជារាស្ដ្ររបស់ព្រះអង្គតែងតែ
នាំគ្នាបះបោរ
ពួកគេធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធ
ខកព្រះហឫទ័យ
ហើយប្រឆាំងនឹងពួកគេវិញ
គឺព្រះវិញ្ញាណហើយដែលបានប្រហារពួកគេ។
១១ ពេលនោះ ប្រជារាស្ដ្ររបស់ព្រះអង្គនឹកដល់
ជំនាន់លោកម៉ូសេ។
តើព្រះអង្គដែលបាននាំពួកគេឡើងពីសមុទ្រ
ជាមួយមេដឹកនាំរបស់ពួកគេ
ព្រះអង្គនៅឯណា?
តើព្រះអង្គដែលប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ
ឲ្យគង់នៅជាមួយពួកគេ ព្រះអង្គនៅឯណា?
១២ ព្រះអង្គគង់នៅខាងស្តាំលោកម៉ូសេ
ហើយសម្ដែងព្រះបារមីដ៏ថ្កុំថ្កើងរុងរឿង
ញែកទឹកសមុទ្រនៅមុខប្រជារាស្ដ្រ
របស់ព្រះអង្គ
ដើម្បីឲ្យព្រះនាមព្រះអង្គបានល្បីល្បាញ
រហូតតរៀងទៅ។
១៣ ព្រះអង្គនាំពួកគេដើរកាត់បាតសមុទ្រ
ដូចសេះបោលនៅវាលរហោស្ថាន
គេមិនជំពប់ដួលឡើយ។
១៤ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នាំពួកគេឆ្ពោះ
ទៅកាន់ទីសម្រាក ដូចហ្វូងចៀមចុះទៅសម្រាក
នៅតាមជ្រលងភ្នំដែរ។
ឱព្រះអម្ចាស់អើយ ព្រះអង្គដឹកនាំ
ប្រជារាស្ដ្ររបស់ព្រះអង្គបែបនេះ
ដើម្បីឲ្យព្រះនាមព្រះអង្គបានល្បីល្បាញ
ថ្កុំថ្កើងរុងរឿង។
១៥ សូមព្រះអង្គទតមើលពីលើមេឃ
គឺពីព្រះដំណាក់ដ៏វិសុទ្ធ និងថ្កុំថ្កើងរុងរឿងរបស់ព្រះអង្គ។
ឯណាទៅ ព្រះហឫទ័យស្រឡាញ់ដ៏ខ្លាំងបំផុត
និងភាពអង់អាចរបស់ព្រះអង្គ!
ហេតុដូចម្ដេចបានជាព្រះអង្គ
លែងអាណិតមេត្តា
លែងអាណិតអាសូរទូលបង្គំដូច្នេះ!
១៦ បពិត្រព្រះអម្ចាស់
ព្រះអង្គពិតជាព្រះបិតារបស់យើងខ្ញុំ។
លោកអប្រាហាំពុំដែលបានស្គាល់យើងខ្ញុំទេ
លោកអ៊ីស្រាអែលក៏ពុំដែលបានឃើញ
យើងខ្ញុំដែរ គឺមានតែព្រះអង្គប៉ុណ្ណោះ
ដែលជាព្រះបិតារបស់យើងខ្ញុំ
ហើយតាំងពីដើមរៀងមក យើងតែងហៅ
ព្រះអង្គថាជាព្រះដែលលោះយើងខ្ញុំ។
១៧ ព្រះអម្ចាស់អើយ! ហេតុអ្វីបានជាព្រះអង្គ
បណ្តោយឲ្យយើងខ្ញុំវង្វេងឆ្ងាយពីមាគ៌ា
របស់ព្រះអង្គដូច្នេះ?
ហេតុអ្វីបានជាព្រះអង្គបណ្តោយឲ្យយើងខ្ញុំ
មានចិត្តរឹងរូសមិនព្រមគោរពកោតខ្លាច
ព្រះអង្គដូច្នេះ?
សូមយាងមកវិញ
សូមរកយុត្តិធម៌ឲ្យយើងខ្ញុំជាអ្នកបម្រើ
និងជាកុលសម្ព័ន្ធផ្ទាល់របស់ព្រះអង្គផង។
១៨ យើងខ្ញុំដែលជាប្រជារាស្ដ្ររបស់ព្រះអង្គ
មិនបានគ្រប់គ្រងលើទឹកដីនេះយូរប៉ុន្មានទេ
ខ្មាំងសត្រូវបានមកជាន់ឈ្លីទីសក្ការៈ
របស់ព្រះអង្គ។
១៩ តាំងពីយូរណាស់មកហើយ
យើងខ្ញុំជាប្រជារាស្ដ្រ
ដែលព្រះអង្គលែងគ្រប់គ្រង
ព្រះអង្គលែងរាប់យើងខ្ញុំទុកជាប្រជារាស្ដ្រ
របស់ព្រះអង្គ។
សូមព្រះអង្គហែកផ្ទៃមេឃ ហើយយាងចុះមក!
ពេលនោះ ភ្នំទាំងឡាយមុខជាកក្រើក
នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ។
៦៤
១ ដូចភ្លើងឆេះសន្ធោសន្ធៅ
រំលាយលោហធាតុ
និងធ្វើឲ្យទឹកពុះកញ្ជ្រោល
ដើម្បីឲ្យខ្មាំងសត្រូវស្គាល់
ព្រះកិត្តិនាមរបស់ព្រះអង្គ។
ពេលនោះ ប្រជាជាតិទាំងឡាយនឹងភ័យញ័រ
នៅចំពោះព្រះភ័ក្ត្រព្រះអង្គ។
២ ពេលព្រះអង្គសម្ដែងមហិទ្ធិឫទ្ធិដ៏អស្ចារ្យ
ដែលយើងខ្ញុំមិនបានទន្ទឹងរង់ចាំ
គឺនៅពេលព្រះអង្គយាងចុះមក
ភ្នំទាំងឡាយមុខជាកក្រើក
នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គពុំខាន។
៣ តាំងពីដើមរៀងមក គេពុំដែលឮពុំដែលឃើញ
ព្រះណាប្រព្រឹត្តបែបនេះ ចំពោះអស់អ្នកដែល
ជឿសង្ឃឹមលើព្រះអង្គឡើយ
គឺមានតែព្រះអង្គប៉ុណ្ណោះដែលប្រព្រឹត្តដូច្នេះ។
៤ ព្រះអង្គតែងតែប្រណីសន្ដោសអស់អ្នកដែល
ប្រព្រឹត្តអំពើសុចរិតដោយចិត្តរីករាយ
គឺអស់អ្នកដែលមិនភ្លេចមាគ៌ារបស់ព្រះអង្គ។
ពេលណាយើងខ្ញុំដើរតាមមាគ៌ាពីមុនវិញ
ព្រះអង្គនឹងសង្គ្រោះយើងខ្ញុំ។
ផ្ទុយទៅវិញ ព្រះអង្គព្រះអង្គព្រះពិរោធ
នៅពេលណាយើងខ្ញុំងាកចេញពី
មាគ៌ារបស់ព្រះអង្គ។
៥ យើងខ្ញុំទាំងអស់គ្នាក្លាយទៅជាជនមិនបរិសុទ្ធ
ហើយអំពើទាំងប៉ុន្មានដែលយើងខ្ញុំប្រព្រឹត្ត
ដោយស្មានថាជាអំពើសុចរិតនោះ
ប្រៀបបាននឹងក្រណាត់សំពត់ប្រឡាក់ឈាម
យើងខ្ញុំទាំងអស់គ្នាប្រៀបបាននឹងស្លឹកឈើក្រៀម
ហើយអំពើទុច្ចរិតរបស់យើងខ្ញុំនឹងបក់បោក
នាំយើងខ្ញុំទៅដូចស្លឹកឈើប៉ើងតាមខ្យល់។
៦ គ្មាននរណាម្នាក់អង្វររកព្រះនាមព្រះអង្គទេ
គ្មាននរណាម្នាក់ភ្ញាក់រឭក
ហើយជំពាក់ចិត្តនឹងព្រះអង្គឡើយ
ដ្បិតព្រះអង្គបានលាក់ព្រះភ័ក្ត្រនឹងយើងខ្ញុំ
ព្រះអង្គបណ្តោយឲ្យចិត្តអាក្រក់
របស់យើងខ្ញុំ ដឹកនាំយើងខ្ញុំ។
៧ ក៏ប៉ុន្តែ ព្រះអម្ចាស់អើយ
ព្រះអង្គជាព្រះបិតារបស់យើងខ្ញុំ។
យើងខ្ញុំទាំងអស់គ្នាប្រៀបបាននឹងដីឥដ្ឋ
ហើយព្រះអង្គដូចជាជាងស្មូន។
យើងខ្ញុំទាំងអស់គ្នាសុទ្ធតែជាស្នាព្រះហស្ដ
របស់ព្រះអង្គ។
៨ ឱព្រះអម្ចាស់អើយ សូមកុំព្រះពិរោធ
នឹងយើងខ្ញុំខ្លាំងពេក
សូមកុំចងចាំអំពើអាក្រក់របស់យើងខ្ញុំ
រហូតតទៅឡើយ
សូមទតមើលចុះ យើងខ្ញុំទាំងអស់គ្នា
សុទ្ធតែជាប្រជារាស្ដ្ររបស់ព្រះអង្គ។
៩ ក្រុងដ៏វិសុទ្ធនានារបស់ព្រះអង្គ
ក្លាយទៅជាទីស្ងាត់ជ្រងំ
ស៊ីយ៉ូនបានក្លាយទៅជាក្រុងស្ងាត់ជ្រងំ
យេរូសាឡឹមបានក្លាយទៅជាក្រុងហិនហោច។
១០ ព្រះវិហារដ៏វិសុទ្ធ និងថ្កុំថ្កើងរបស់យើងខ្ញុំ
ជាកន្លែងដែលដូនតាយើងខ្ញុំតែងតែនាំគ្នា
សរសើរតម្កើងព្រះនាមរបស់ព្រះអង្គ
បានត្រូវភ្លើងឆាបឆេះអស់
អ្វីៗទាំងអស់យើងខ្ញុំស្រឡាញ់យ៉ាងខ្លាំង
ក៏ត្រូវវិនាសដែរ។
១១ ឱព្រះអម្ចាស់អើយ
ពេលព្រះអង្គទតឃើញដូច្នេះ
តើព្រះអង្គនៅស្ងៀមកើតឬ?
តើព្រះអង្គធ្វើព្រងើយ ទុកឲ្យយើងខ្ញុំ
អាម៉ាស់ងើបមុខមិនរួចឬ?
៦៥
ព្រះអម្ចាស់នឹងវិនិច្ឆ័យទោស
១ ព្រះអម្ចាស់មានព្រះបន្ទូលថា:
យើងត្រៀមខ្លួនឆ្លើយតបជានិច្ច
តែគ្មាននរណាសាកសួរអ្វីពីយើងទេ។
យើងត្រៀមជាស្រេចនឹងបង្ហាញខ្លួន
តែគ្មាននរណាស្វែងរកយើងឡើយ។
ប្រជាជាតិនេះមិនបានហៅរកនាមយើងសោះ
ទោះបីយើងត្រៀមខ្លួនចាំជួយគេក៏ដោយ។
២ រៀងរាល់ថ្ងៃ យើងលាតដៃទៅចង់ជួយគេ
តែប្រជារាស្ដ្រនេះរឹងចចេសណាស់
គឺគេដើរតាមផ្លូវអាក្រក់
និងធ្វើតាមអំពើចិត្តរបស់ខ្លួន។
៣ ជាតិសាសន៍នេះធ្វើឲ្យយើងទាស់ចិត្តជានិច្ច
ដោយប្រព្រឹត្តអំពើអាក្រក់នៅមុខយើង
ពួកគេធ្វើយញ្ញបូជានៅក្នុងសួនឧទ្យាន
ហើយអុជធូបបន់ព្រះក្លែងក្លាយ
នៅលើអាសនៈធ្វើពីឥដ្ឋ។
៤ ពួកគេនាំគ្នាទៅនៅក្នុងផ្នូរខ្មោច
ពេលយប់ គេដេកនៅតាមរូងគុហា
គេបរិភោគសាច់ជ្រូក និងដាក់ម្ហូបមិនបរិសុទ្ធ
នៅក្នុងចានរបស់ខ្លួន។
៥ អ្នកទាំងនោះតែងស្រែកប្រាប់គេឯងថា:
“ចៀស! កុំចូលមកជិតខ្ញុំ
ក្រែងលោភាពវិសុទ្ធរបស់ខ្ញុំធ្វើឲ្យអ្នកឯងស្លាប់!”
ពេលយើងឃើញដូច្នេះ ធ្វើឲ្យកំហឹងរបស់
យើងកាន់តែឆេះឆួលឡើងថែមទៀត។
៦ យើងបានកត់ត្រាទាំងអស់ទុក
យើងនឹងមិននៅស្ងៀមឡើយ
យើងនឹងដាក់ទោសពួកគេយ៉ាងធ្ងន់។
៧ ព្រះអម្ចាស់មានព្រះបន្ទូលថា:
យើងកត់ត្រាទុកនូវកំហុសរបស់អ្នករាល់គ្នា
និងកំហុសដូនតារបស់អ្នករាល់គ្នា
ដែលបានអុជធូបបន់ព្រះក្លែងក្លាយ
នៅតាមភ្នំទាំងឡាយ
ហើយបានបំបាក់មុខយើងនៅតាមភ្នំនានា។
យើងនឹងដាក់ទោសយ៉ាងធ្ងន់
ចំពោះកំហុសទាំងប៉ុន្មានដែល
អ្នករាល់គ្នាបានប្រព្រឹត្តកាលពីអតីតកាល។
៨ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា:
ពេលអ្នកចម្ការឃើញទំពាំងបាយជូរមានផ្លែល្អ
គេពោលថា “កុំបំផ្លាញឲ្យសោះ
ព្រោះទំពាំងបាយជូរនេះនឹងផ្តល់ស្រាឆ្ងាញ់”។
ចំពោះយើងវិញក៏ដូច្នោះដែរ
ដោយយល់ដល់ពួកអ្នកបម្រើរបស់យើង
យើងនឹងមិនបំផ្លាញជាតិសាសន៍នេះឡើយ។
៩ យើងនឹងធ្វើឲ្យមានពូជពង្សមួយ
កើតចេញពីកូនចៅរបស់យ៉ាកុប
ហើយឲ្យម្នាក់ដែលគ្រប់គ្រងលើ
ភ្នំរបស់យើង កើតចេញពីកូនចៅរបស់យូដា។
អស់អ្នកដែលយើងជ្រើសរើស
នឹងគ្រប់គ្រងលើទឹកដីនេះ
អ្នកបម្រើរបស់យើងក៏នឹងរស់នៅទីនេះដែរ។
១០ ប្រជាជនដែលស្វែងរកយើងនឹងទទួល
វាលទំនាបសារ៉ូនជាវាលស្មៅសម្រាប់ហ្វូងចៀម
ហើយជ្រលងភ្នំអាគរជាជម្រកសម្រាប់ហ្វូងគោ។
១១ រីឯអ្នករាល់គ្នាដែលបោះបង់ចោលព្រះអម្ចាស់
អ្នករាល់គ្នាដែលបំភ្លេចភ្នំដ៏វិសុទ្ធរបស់យើង
ហើយបែរជាទៅរៀបចំម្ហូបសែនព្រះកាដ
និងច្រួចស្រាសែនព្រះមេនី
១២ យើងនឹងឲ្យអ្នករាល់គ្នាស្លាប់ដោយមុខដាវ
អ្នករាល់គ្នានឹងលុតជង្គង់ចុះឲ្យគេអារ ក
ដ្បិតយើងបានហៅ តែអ្នករាល់គ្នាមិនឆ្លើយទេ
យើងបាននិយាយតែអ្នករាល់គ្នាមិនស្ដាប់ទេ
ផ្ទុយទៅវិញ អ្នករាល់គ្នាបានប្រព្រឹត្តអំពើ
ដែលយើងយល់ថាអាក្រក់
គឺអំពើដែលយើងមិនពេញចិត្ត។
១៣ ហេតុនេះហើយបានជាព្រះជាអម្ចាស់
មានព្រះបន្ទូលថា៖
«អ្នកបម្រើរបស់យើងនឹងមានអាហារបរិភោគ
តែអ្នករាល់គ្នានឹងឃ្លាន
អ្នកបម្រើរបស់យើងនឹងមានទឹកផឹក
តែអ្នករាល់គ្នានឹងស្រេក
អ្នកបម្រើរបស់យើងនឹងមានអំណរសប្បាយ
តែអ្នករាល់គ្នានឹងត្រូវអាម៉ាស់។
១៤ អ្នកបម្រើរបស់យើងនឹងស្រែកហ៊ោ
ព្រោះគេសប្បាយចិត្ត
តែអ្នករាល់គ្នាបែរជាស្រែកយំ
ព្រោះឈឺចុកចាប់នៅក្នុងចិត្ត
អ្នករាល់គ្នានឹងសោកសង្រេង បាក់ទឹកចិត្ត។
១៥ ប្រជាជនដែលយើងបានជ្រើសរើស
នឹងយកឈ្មោះអ្នករាល់គ្នាសម្រាប់ដាក់បណ្ដាសា
ថា “សូមព្រះជាអម្ចាស់ធ្វើឲ្យអ្នកស្លាប់
ដូចជននេះ ឬជននោះ”។
រីឯអ្នកបម្រើរបស់យើងវិញ
គេនឹងជូនពរគ្នា ដោយប្រើនាមថ្មី។
១៦ នៅក្នុងស្រុក អ្នកណាចង់ជូនពរ
ត្រូវជូនពរក្នុងនាមព្រះជាម្ចាស់ដ៏ពិតប្រាកដ
ហើយនរណាចង់ស្បថ
ត្រូវស្បថក្នុងនាមព្រះជាម្ចាស់ដ៏ពិតប្រាកដ។
ទុក្ខលំបាកទាំងប៉ុន្មានដែលកើតមានកាលពីមុន
នឹងលែងមានទៀតហើយ
យើងក៏លែងនឹកនាពីការទាំងនោះទៀតដែរ»។
ផ្ទៃមេឃថ្មី និងផែនដីថ្មី
១៧ យើងនឹងបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មី
អ្វីៗដែលកើតមានកាលពីមុន
គេលែងនឹកនាទៀតហើយ
គឺគ្មាននរណានឹងឃើញទៀតទេ។
១៨ ចូរអរសប្បាយឡើង
ចូរសប្បាយរីករាយរហូតតទៅ
ចំពោះអ្វីៗដែលយើងបង្កើតមក
គឺយើងបង្កើតក្រុងយេរូសាឡឹម
ដែលមានអំណរសប្បាយរីករាយ
យើងបង្កើតប្រជាជននៅក្រុងនេះ
ដែលមានអំណរ។
១៩ ក្រុងយេរូសាឡឹមនឹងធ្វើឲ្យយើង
សប្បាយរីករាយ
ប្រជាជនរបស់យើងក៏ធ្វើឲ្យយើងរីករាយ
ក្នុងទីក្រុង គេលែងឮសូរសម្រែកយំសោកទៀតហើយ
២០ នៅក្រុងនោះ ក៏លែងមានទារករស់បានតែ
បួនដប់ថ្ងៃទៀតដែរ
ប្រជាជនទាំងអស់សុទ្ធតែមានអាយុវែង
អ្នកដែលស្លាប់ក្មេងជាងគេ
មានអាយុយ៉ាងហោចណាស់មួយរយឆ្នាំ
រីឯមនុស្សដែលរស់បានត្រឹមតែមួយរយឆ្នាំ
គេចាត់ទុកថាជាអ្នកត្រូវបណ្ដាសា។
២១ ពេលនោះ គេនឹងសង់ផ្ទះ
ហើយរស់នៅក្នុងផ្ទះនោះ
គេដាំដំណាំ ហើយបរិភោគផលពីដំណាំនោះ
២២ គឺគេមិនសង់ផ្ទះឲ្យអ្នកផ្សេងមកនៅ
គេមិនដាំដំណាំទុកឲ្យអ្នកផ្សេង
បរិភោគផលឡើយ
ដ្បិតប្រជារាស្ដ្ររបស់យើងនឹងមានអាយុវែង
ដូចអាយុដើមឈើធំៗ
អស់អ្នកដែលយើងជ្រើសរើស
នឹងប្រើប្រាស់អ្វីៗដែលខ្លួនបានបង្កបង្កើត។
២៣ គេនឹងមិនធ្វើការនឿយហត់ជាអសារបង់
ហើយគេក៏មិនបង្កើតកូនចៅមក
ដើម្បីឲ្យត្រូវអន្តរាយដែរ
ដ្បិតពួកគេនឹងបានទៅជាពូជពង្សមួយ
ដែលព្រះអម្ចាស់ប្រទានពរ
កូនចៅរបស់គេនឹងគង់វង្សនៅជាមួយគេ។
២៤ ពេលនោះ យើងនឹងឆ្លើយតបចំពោះពួកគេ
មុនពួកគេអង្វរករយើងទៅទៀត
ពេលពួកគេកំពុងតែទូលអង្វរនោះ
យើងសម្រេចតាមពាក្យសុំរបស់គេ
រួចស្រេចទៅហើយ។
២៥ ពេលនោះ ចចក និងកូនចៀម
នឹងស៊ីស្មៅជាមួយគ្នា
សត្វសិង្ហនឹងស៊ីស្មៅដូចគោ។
រីឯសត្វពស់ វានឹងស៊ីធូលីដីជាអាហារ។
គេនឹងលែងប្រព្រឹត្តអំពើអាក្រក់ ឬបំផ្លាញគ្នា
នៅលើភ្នំដ៏វិសុទ្ធរបស់យើងទៀតហើយ។
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
៦៦
ការថ្វាយបង្គំព្រះជាម្ចាស់តាមរបៀបដ៏ត្រឹមត្រូវ
១ ព្រះអម្ចាស់មានព្រះបន្ទូលថា:
ផ្ទៃមេឃជាបល្ល័ង្ករបស់យើង
ហើយផែនដីជាកំណល់ទ្រជើងរបស់យើងដែរ
តើអ្នករាល់គ្នានឹងសង់ដំណាក់បែបណា
ឲ្យយើងបាន?
តើកន្លែងដែលយើងនឹងសម្រាកនោះនៅឯណា?
២ យើងទេតើដែលបានបង្កើតអ្វីៗទាំងអស់
ហើយអ្វីៗទាំងនោះក៏សុទ្ធតែជា
កម្មសិទ្ធិរបស់យើងដែរ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -
យើងនឹងយកចិត្តទុកដាក់ចំពោះ
ជនកំសត់ទុរគត ដែលបាក់ទឹកចិត្ត
និងធ្វើតាមពាក្យយើង ដោយញាប់ញ័រ។
៣ រីឯអ្នកដែលយកគោមកថ្វាយជាយញ្ញបូជា
តែសម្លាប់មនុស្ស
អ្នកដែលយកចៀមមកធ្វើយញ្ញបូជា
តែវាយបំបាក់កឆ្កែ
អ្នកដែលយកតង្វាយមកថ្វាយ
តែតង្វាយនេះជាឈាមជ្រូក
អ្នកដែលដុតគ្រឿងក្រអូប
តែថ្វាយបង្គំព្រះក្លែងក្លាយ
គឺអស់អ្នកដែលពេញចិត្តនឹងប្រព្រឹត្តតាម
ការយល់ឃើញរបស់ខ្លួន
ហើយចូលចិត្តតែអំពើគួរស្អប់ខ្ពើម
៤ យើងក៏ពេញចិត្តនឹងធ្វើឲ្យពួកគេទទួលផល
ពីអំពើដែលគេប្រព្រឹត្តនោះដែរ។
យើងនឹងធ្វើឲ្យការលំបាកសព្វបែបយ៉ាង
កើតមានដល់ពួកគេ
គឺការលំបាកដែលគេតែងតែខ្លាចរអែង។
យើងបានហៅ តែគ្មាននរណាឆ្លើយ
យើងបាននិយាយ តែគ្មាននរណាស្ដាប់ទេ
ផ្ទុយទៅវិញ ពួកគេនាំគ្នាប្រព្រឹត្តអំពើ
ដែលយើងយល់ថាអាក្រក់
គឺអំពើដែលយើងមិនពេញចិត្ត។
សិរីរុងរឿងរបស់ក្រុងយេរូសាឡឹម
៥ អ្នករាល់គ្នាដែលស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់
ដោយញាប់ញ័រ
ចូរនាំគ្នាស្ដាប់ព្រះអង្គ។
បងប្អូនរបស់អ្នករាល់គ្នា
ស្អប់ និងកាត់កាល់អ្នករាល់គ្នា
ព្រោះតែអ្នករាល់គ្នាគោរពព្រះអង្គ។
ពួកគេពោលថា “សូមព្រះអម្ចាស់សម្ដែង
សិរីរុងរឿង ដើម្បីឲ្យយើងឃើញអំណរ
របស់អ្នករាល់គ្នាផង!”។
អ្នកទាំងនោះមុខជាត្រូវអាម៉ាស់។
៦ មានសំឡេងលាន់ឮរំពងពីទីក្រុង
មានសំឡេងលាន់ឮពីព្រះវិហារ
គឺជាព្រះសូរសៀងរបស់ព្រះអម្ចាស់
ដែលកំពុងតែដាក់ទោសខ្មាំងសត្រូវរបស់ព្រះអង្គ
តាមអំពើដែលគេបានប្រព្រឹត្ត។
៧ ក្រុងស៊ីយ៉ូនប្រៀបបាននឹងស្ត្រី
ដែលសម្រាលកូន មុនឈឺផ្ទៃ
ហើយបង្កើតបានកូនប្រុស មុនឈឺចុកចាប់។
៨ តើនរណាធ្លាប់ឮហេតុការណ៍យ៉ាងនេះ?
តើនរណាធ្លាប់ឃើញហេតុការណ៍ដូច្នេះ?
តើនគរមួយអាចកើតឡើង
ក្នុងរយៈពេលតែមួយថ្ងៃបានឬ?
តើប្រជាជាតិមួយអាចកើត
ក្នុងពេលតែមួយបានឬ?
ចំណែកឯក្រុងស៊ីយ៉ូនវិញ
នាងទើបនឹងចាប់ផ្តើមឈឺផ្ទៃ ក៏សម្រាលកូនចៅ!
៩ ព្រះអម្ចាស់មានព្រះបន្ទូលថា:
បើយើងឲ្យស្ត្រីម្នាក់មានផ្ទៃពោះគ្រប់ខែ
តើយើងឃាត់ឃាំងមិនឲ្យកូនកើតបានឬ
ព្រះរបស់អ្នកមានព្រះបន្ទូលថា
បើយើងឲ្យទារកចាប់ផ្ទៃ
តើយើងរារាំងវាមិនឲ្យកើតបានឬ?
១០ អស់អ្នកដែលស្រឡាញ់ក្រុងយេរូសាឡឹមអើយ
ចូរសប្បាយរួមជាមួយក្រុងនេះចុះ
ចូរត្រេកអររីករាយយ៉ាងខ្លាំង!
អស់អ្នកដែលកាន់ទុក្ខអាណិត
ក្រុងយេរូសាឡឹមអើយ ចូរសប្បាយរីករាយ
រួមជាមួយក្រុងនេះដែរ។
១១ សូមឲ្យអ្នករាល់គ្នាបានស្កប់ចិត្តនឹងក្រុងនេះ
ដូចកូនដែលម្ដាយថ្នាក់ថ្នមបំបៅដែរ
អ្នករាល់គ្នានឹងបានថ្កុំថ្កើងរុងរឿង
ដោយសារក្រុងនេះ។
១២ ព្រះអម្ចាស់មានព្រះបន្ទូលថា:
យើងនឹងឲ្យសេចក្ដីសុខសាន្ត
ហូរមកក្រុងនេះ ដូចទឹកទន្លេ
យើងនឹងបង្ហូរធនធានដ៏រុងរឿងរបស់
ប្រជាជាតិនានាចូលមកក្នុងក្រុងនេះ
ដូចទឹកហូរប្រៀបមាត់ច្រាំង។
យើងនឹងថ្នាក់ថ្នមអ្នករាល់គ្នាដូចម្ដាយបំបៅកូន
បីវា និងថ្នាក់ថ្នមវានៅលើភ្លៅ។
១៣ ម្ដាយលួងលោមកូនយ៉ាងណា
យើងនឹងលួងលោមអ្នករាល់គ្នាយ៉ាងនោះដែរ
អ្នករាល់គ្នានឹងរស់នៅក្នុងក្រុងយេរូសាឡឹម
ដោយលែងមានទុក្ខព្រួយទៀត។
១៤ កាលណាអ្នករាល់គ្នាឃើញក្រុងយេរូសាឡឹម
បានសុខសាន្តដូច្នេះ
អ្នករាល់គ្នានឹងមានចិត្តសប្បាយរីករាយ
ហើយអ្នករាល់គ្នានឹងមានកម្លាំងឡើងវិញ
ដូចស្មៅលាស់ស្រស់បំព្រង។
ព្រះអម្ចាស់នឹងសម្ដែងព្រះបារមី
ឲ្យអ្នកបម្រើរបស់ព្រះអង្គឃើញ
តែព្រះអង្គសម្ដែងព្រះពិរោធទាស់នឹង
ខ្មាំងសត្រូវរបស់ព្រះអង្គ។
ការដាក់ទោសមនុស្សអាក្រក់នៅគ្រាចុងក្រោយ
១៥ មើល ព្រះអម្ចាស់កំពុងតែយាងមក
ព្រះអង្គយាងមកក្នុងភ្លើង
រាជរថរបស់ព្រះអង្គប្រៀបបាននឹងខ្យល់កួច។
ព្រះអង្គធ្វើតាមព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គ
ព្រះអង្គប្រើអណ្ដាតភ្លើង ដើម្បីដាក់ទោស
ស្របតាមព្រះបន្ទូលដែលព្រះអង្គ
ព្រមានទុកជាមុន។
១៦ ព្រះអម្ចាស់នឹងវិនិច្ឆ័យទោសមនុស្សទាំងអស់
ដោយប្រើភ្លើង និងដាវ
ព្រះអម្ចាស់នឹងប្រហារមនុស្សជាច្រើន។
១៧ អស់អ្នកដែលខិតខំញែកខ្លួន
និងជម្រះកាយឲ្យបរិសុទ្ធ
ដើម្បីចូលទៅក្នុងសួនឧទ្យាន
របស់ព្រះក្លែងក្លាយ តាមមេដឹកនាំរបស់គេ
ហើយនាំគ្នាបរិភោគសាច់ជ្រូក កណ្តុរ
ព្រមទាំងអ្វីៗដ៏គួរឲ្យស្អប់ខ្ពើម
មុខជាត្រូវវិនាសទាំងអស់គ្នាមិនខាន។
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១៨ យើងនឹងឲ្យមនុស្សគិតតែអំពីយើង
ហើយគិតតែពីធ្វើកិច្ចការសម្រាប់យើង។
យើងនឹងប្រមូលមនុស្សគ្រប់ជាតិសាសន៍ គ្រប់ភាសាឲ្យមក ពួកគេនឹងឃើញសិរីរុងរឿងរបស់យើង។
១៩ យើងនឹងដាក់ទីសម្គាល់មួយជាសញ្ញា នៅកណ្ដាលជាតិសាសន៍ទាំងនោះ។ យើងនឹងចាត់អ្នកខ្លះក្នុងចំណោមអស់អ្នកដែលបានរួចជីវិត ឲ្យទៅកាន់ប្រទេសនៃប្រជាជាតិទាំងឡាយ គឺទៅស្រុកតារស៊ីស ស្រុកពូល និងស្រុកលូដ (អ្នកស្រុកនោះជាអ្នកបាញ់ព្រួញដ៏ចំណាន) ស្រុកទូបាល និងស្រុកយ៉ាវ៉ន ព្រមទាំងកោះឆ្ងាយៗទាំងប៉ុន្មាន អ្នកស្រុកទាំងនោះមិនដែលឮគេនិយាយអំពីយើង ហើយក៏មិនដែលឃើញសិរីរុងរឿងរបស់យើងដែរ។ អ្នកដែលយើងចាត់ឲ្យទៅនឹងថ្លែងពីសិរីរុងរឿងរបស់យើង នៅក្នុងចំណោមប្រជាជាតិទាំងឡាយ។ ២០ ប្រជាជាតិទាំងនោះនឹងនាំបងប្អូនអ្នករាល់គ្នា ដែលរស់នៅក្នុងចំណោមពួកគេ មកថ្វាយព្រះអម្ចាស់។ ពួកគេហែហមបងប្អូនទាំងនោះ ដែលជិះសេះ រទេះ អង្រឹងស្នែង លា និងអូដ្ឋ រហូតមកដល់ភ្នំដ៏វិសុទ្ធរបស់យើង គឺក្រុងយេរូសាឡឹម ដូចជនជាតិអ៊ីស្រាអែលធ្លាប់យកតង្វាយ ដាក់លើជើងពានដ៏បរិសុទ្ធមកថ្វាយ នៅក្នុងព្រះដំណាក់ដែរ។ ២១ ព្រះអម្ចាស់មានព្រះបន្ទូលថា សូម្បីតែនៅក្នុងចំណោមប្រជាជាតិទាំងនោះ យើងជ្រើសរើសអ្នកខ្លះឲ្យធ្វើជាបូជាចារ្យ* និងអ្នកខ្លះឲ្យធ្វើជាពួកលេវី*ដែរ។ ២២ ផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលយើងបង្កើត នឹងគង់វង្សនៅចំពោះមុខយើងយ៉ាងណា ពូជពង្ស និងឈ្មោះរបស់អ្នករាល់គ្នា ក៏គង់វង្សនៅចំពោះមុខយើង រហូតតរៀងទៅយ៉ាងនោះដែរ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
២៣ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា:
រៀងរាល់ថ្ងៃបុណ្យចូលខែថ្មី
និងរៀងរាល់ថ្ងៃសប្ប័ទ*
មនុស្សលោកទាំងអស់នឹងនាំគ្នា
មកក្រាបថ្វាយបង្គំយើង។
២៤ ពេលគេចេញពីព្រះវិហារ
គេនឹងឃើញសាកសពរបស់មនុស្ស
ដែលបានបះបោរប្រឆាំងនឹងយើង។
ដង្កូវនឹងមិនងាប់ ហើយភ្លើងក៏មិនរលត់
សាកសពទាំងនោះធ្វើឲ្យសត្វលោក
ទាំងអស់ខ្ពើមរអើម។
893 Views