សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

កណ្ឌគម្ពីរ
បទចម្រៀងព្រះបាទសាឡូម៉ូន

ពាក្យលំនាំ

បទ​ចម្រៀង​របស់​ព្រះ‌បាទ​សាឡូម៉ូន

ពាក្យ​លំនាំ

«បទ​ចម្រៀង​របស់​ព្រះ‌បាទ​សាឡូម៉ូន» មាន​លក្ខណៈ​ខុស​ប្លែក​ពី​កណ្ឌ​គម្ពីរ​ឯ​ទៀតៗ ព្រោះ​ជា​សៀវភៅ​ចម្រៀង​ស្នេហា ដែល​ចង​ក្រង​ឡើង​ជា​កំណាព្យ លាត​ត្រដាង​នូវ​មនោ‌សញ្ចេតនា​របស់​គូ​កំណាន់​ចិត្ត​ពីរ​រូប។ ឃ្លា​ប្រយោគ​ខ្លះ​ក្នុង​កណ្ឌ​គម្ពីរ​នេះ ធ្វើ​ឲ្យ​អ្នក​អាន​នឹក​អៀន​ខ្លួន ចំពោះ​ពាក្យ‌ពេចន៍​ស្នេហា​ដែល​ប្រើ​នៅ​ក្នុង​នោះ។ ហេតុ​នេះ​ហើយ​បាន​ជា​តាំង​ពី​បុរាណ​កាល​រៀង​មក គេ​តែង​ចាត់​ទុក​កំណាព្យ​នៅ​ក្នុង​កណ្ឌ​គម្ពីរ​នេះ ជា​និមិត្ត‌រូប​នៃ​សេចក្ដី​ស្រឡាញ់​រវាង​ព្រះ‌ជាម្ចាស់ និង​ប្រជាជន​របស់​ព្រះ‌អង្គ។ ប៉ុន្តែ សេចក្ដី​ស្នេហា​រវាង​បុរស និង​ស្ត្រី​ក៏​ជា​ព្រះ‌អំណោយ​ទាន​មួយ​របស់​ព្រះ‌ជាម្ចាស់​ដែរ។
យើង​អាច​បែង​ចែក​កំណាព្យ​នៅ​ក្នុង​កណ្ឌ​គម្ពីរ «បទ​ចម្រៀង​របស់​ព្រះ‌បាទ​សាឡូម៉ូន» ជា​ប្រាំ​ពីរ​ផ្នែក: ១.២‑២.៧, ២.៨-១៧, ៣.១-៥.១, ៥.២-៦.៣, ៦.៤-៧.១១, ១៧.១២-៨.៥​ក, ៨.៥​ខ-១៤។ កំណាព្យ​ទាំង​នេះ​ថ្លែង​អំពី​គូ​ស្នេហា​ដែល​ស្វែង​រក​គ្នា រហូត​ដល់​បាន​ជួប​គ្នា រួច​ព្រាត់​គ្នា​វិញ និង​ចាប់​ផ្តើម​រត់​រក​គ្នា​សា​ជា​ថ្មី។ ពេល​ខ្លះ មាន​ពាក្យ​បន្ទរ​ពី​អ្នក​ក្រៅ​គឺ ពួក​គង្វាល ដែល​ជា​មិត្ត‌ភក្ដិ​របស់​យុវជន ព្រម​ទាំង​ម្ដាយ បង​ប្រុស ឬ​មិត្ត​សម្លាញ់​របស់​យុវ‌នារី។ អ្នក​ទាំង​នោះ​ហាក់​ដូច​ជា​មាន​បំណង​ធ្វើ​អន្តរា‌គមន៍​ជ្រៀត‌ជ្រែក​ចូល​មក​ក្នុង​សេចក្ដី​ស្នេហា​របស់​អ្នក​ទាំង​ពីរ។ ប៉ុន្តែ សេចក្ដី​ស្នេហា​មិន‌មែន​ជា​កម្ម‌សិទ្ធិ​របស់​អ្នក​ទាំង​នោះ​ទេ តែ​ជា​អំណោយ​ទាន​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ដល់​គូ​ស្នេហា​ដែល​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។
1 នេះ​ជា​បទ​ចម្រៀង​ដ៏​ពីរោះ​ជាង​គេ​បំផុត
តែង​ឡើង​ដោយ​ព្រះ‌បាទ​សាឡូម៉ូន​។
2 សូម​បង​ថើប​អូន​ឲ្យ​អស់​ចិត្ត​មក
ដ្បិត​សេចក្ដី​ស្រឡាញ់​របស់​បង
វិសេស​ជាង​ស្រា​ទំពាំង‌បាយ‌ជូរ​ទៅ​ទៀត។
3 ក្លិន​របស់​បង​ក្រអូប​ណាស់
ហើយ​នាម​របស់​បង​ក៏​សាយ​ក្លិន​ក្រអូប​ដែរ។
ហេតុ​នេះ​ហើយ​បាន​ជា​ស្ត្រី​ក្រមុំ​ទាំង‌ឡាយ
នាំ​គ្នា​ស្រឡាញ់​បង។
4 សូម​បង​ដឹក​ដៃ​អូន
យើង​ប្រញាប់​ទៅ​ជា​មួយ​គ្នា។
បង​ជា​ស្តេច​របស់​អូន
សូម​នាំ​អូន​ចូល​ក្នុង​បន្ទប់​របស់​បង​ផង
យើង​នឹង​រួម​សប្បាយ​ជា​មួយ​គ្នា។
យើង​នឹង​លើក​តម្កើង​សេចក្ដី​ស្រឡាញ់​របស់​បង
ដែល​វិសេស​ជាង​ស្រា​ទំពាំង‌បាយ‌ជូរ។
ស្រីៗ​នាំ​គ្នា​ស្រឡាញ់​បង​ដូច្នេះ
ពិត​ជា​ត្រឹម‌ត្រូវ​មែន។
5 ស្ត្រីៗ​នៅ​ក្រុង​យេរូ‌សាឡឹម​អើយ
ខ្ញុំ​មាន​សម្បុរ​ខ្មៅ​មែន
តែ​ខ្ញុំ​មាន​រូប​ឆោម​ល្អ​ណាស់
គឺ​ល្អ​ដូច​ពន្លា​នៅ​ស្រុក​កេដារ
និង​ដូច​កម្រាល​ព្រំ​របស់​ព្រះ‌បាទ​សាឡូម៉ូន។
6 កុំ​មើល‌ងាយ​ខ្ញុំ ដោយ​ឃើញ​ខ្ញុំ​ខ្មៅ​ឡើយ
ខ្ញុំ​ខ្មៅ​ដូច្នេះ ព្រោះ​ត្រូវ​ពន្លឺ​ថ្ងៃ។
បង​ប្រុស​របស់​ខ្ញុំ​នាំ​គ្នា​ខឹង​នឹង​ខ្ញុំ
ហើយ​បង្ខំ​ខ្ញុំ​ឲ្យ​យាម​ចម្ការ​ទំពាំង‌បាយ‌ជូរ
តែ​ខ្ញុំ​ពុំ​បាន​យាម​ចម្ការ​ទំពាំង‌បាយ‌ជូរ
របស់​ខ្ញុំ​ផ្ទាល់​ទេ។
7 ម្ចាស់​ចិត្ត​របស់​អូន​អើយ សូម​ប្រាប់​អូន​មក​ថា
តើ​បង​ឃ្វាល​ហ្វូង​ចៀម​របស់​បង​នៅ​ទី​ណា
នៅ​ពេល​ថ្ងៃ​ត្រង់ តើ​បង​ឲ្យ​ហ្វូង​ចៀម
សម្រាក​នៅ​កន្លែង​ណា?
សូម​កុំ​ទុក​ឲ្យ​អូន​ដើរ​រក​បង
នៅ​ក្បែរ​ហ្វូង​ចៀម​មិត្ត‌ភក្ដិ​របស់​បង​ឡើយ!
8 ស្ត្រី​ដែល​មាន​រូប​ឆោម​ល្អ​ដាច់​គេ​អើយ
ប្រសិន​បើ​នាង​មិន​ដឹង​ទេ
ចូរ​ដើរ​តាម​ដាន​របស់​ហ្វូង​ចៀម
ហើយ​ឃ្វាល​ពពែ​របស់​នាង
នៅ​ក្បែរ​ខ្ទម​របស់​ពួក​គង្វាល​ចុះ!
9 អូន​សម្លាញ់​អើយ អូន​មាន​រូប​ឆោម​ល្អ
ដូច​សេះ​ដែល​ទឹម​រាជ‌រថ​របស់
ព្រះ‌ចៅ​ផារ៉ោន។
10 គ្រឿង​អលង្ការ​របស់​អូន
ធ្វើ​ឲ្យ​ថ្ពាល់​របស់​អូន​កាន់​តែ​ស្អាត
ហើយ​ខ្សែ​ក​របស់​អូន
ក៏​បង្ហាញ​សាច់​ដ៏​ល្អ​របស់​អូន​ដែរ។
11 យើង​នឹង​ធ្វើ​ក្រវិល​មាស
ដែល​មាន​លំអ​ដោយ​ប្រាក់​ឲ្យ​នាង​ពាក់។
12 ពេល​ព្រះ‌រាជា​កំពុង​សោយ​ព្រះ‌ស្ងោយ
ទឹក​អប់​ទេព្វិរូ​របស់​ខ្ញុំ​បាន​សាយ​ក្លិន​ក្រអូប។
13 ព្រះ‌រាជា​ជា​ម្ចាស់​ចិត្ត​របស់​ខ្ញុំ ប្រៀប​បាន​នឹង
ផ្កា​មួយ​បាច់​នៅ​លើ​ទ្រូង​របស់​ខ្ញុំ។
14 ម្ចាស់​ចិត្ត​របស់​ខ្ញុំ​ប្រៀប​បាន​នឹង​លំអង​ផ្កា
ដែល​ដុះ​នៅ​តាម​ប្រភព​ទឹក​អេន‌កេឌី​
15 ម្ចាស់​ចិត្ត​បង​អើយ អូន​ស្អាត​ណាស់!
អូន​ល្អ​ដាច់​គេ!
កែវ​ភ្នែក​របស់​អូន​មាន​សម្រស់​ដូច​សត្វ​ព្រាប។
16 ម្ចាស់​ចិត្ត​អូន​អើយ
បង​ក៏​ស្អាត គួរ​ឲ្យ​ស្រឡាញ់​ដែរ!
ស្លឹក​ឈើ​ដ៏​ខៀវ​ខ្ចី​នេះ​ជា​គ្រែ​របស់​យើង។
17 មែក​តាត្រៅ​ទាំង​នេះ​ជា​ពិដាន​ផ្ទះ​របស់​យើង
ហើយ​ដើម​កកោះ​ទាំង​នេះ
ជា​ជញ្ជាំង​ផ្ទះ​របស់​យើង។
1 រូប​អូន​ប្រៀប​បាន​នឹង​បុបា្ផ នៅ​វាល​សារ៉ូន​
និង​ដូច​ផ្កា​ក្រវាន់​ដុះ​នៅ​តាម​ជ្រលង​ភ្នំ។
2 ក្នុង​ចំណោម​ស្រីៗ​ទាំង‌ឡាយ
អូន​ប្រៀប​បាន​នឹង​ផ្កា​ក្រវាន់​នៅ​ក្នុង​បន្លា។
3 ម្ចាស់​ជីវិត​របស់​ខ្ញុំ​ស្ថិត​នៅ​ក្នុង
ចំណោម​យុវជន​ទាំង‌ឡាយ
ដូច​ដើម​ចន្ទន៍​ដុះ​ក្នុង​ចំណោម​ដើម​ឈើ​ព្រៃ។
អូន​ពេញ​ចិត្ត​អង្គុយ​នៅ​ក្រោម​ម្លប់​របស់​បង
ហើយ​ផ្លែ​ចន្ទន៍​នេះ​មាន​រស‌ជាតិ​ផ្អែម​ឆ្ងាញ់។
4 ម្ចាស់​ជីវិត​របស់​ខ្ញុំ​បាន​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង
ដំណាក់​ស្រា​ទំពាំង‌បាយ‌ជូរ​
នៅ​ពី​លើ​ខ្ញុំ​មាន​សរសេរ​ថា «សេចក្ដី​ស្នេហា»។
5 សូម​ចម្អែត​ខ្ញុំ ដោយ​នំ​ទំពាំង‌បាយ‌ជូរ
សូម​យក​ផ្លែ​ចន្ទន៍​មក​ឲ្យ​ខ្ញុំ​ទទួល​ទាន
ដើម្បី​មាន​កម្លាំង​ឡើង​វិញ
ដ្បិត​ខ្ញុំ​មាន​ជំងឺ​ស្នេហា។
6 ដៃ​ឆ្វេង​របស់​បង​ដាក់​ឲ្យ​ខ្ញុំ​កើយ
ហើយ​ដៃ​ស្តាំ​របស់​បង​ឱប​រឹត​ខ្ញុំ។
7 ស្រី​ក្រមុំ​នៅ​ក្រុង​យេរូ‌សាឡឹម​អើយ
ខ្ញុំ​សូម​ប្រាប់​ពួក​នាង ដោយ​យក​សត្វ​ក្តាន់
និង​សត្វ​ប្រើស​ធ្វើ​ជា​សាក្សី​ថា
មុន​នឹង​ម្ចាស់​ចិត្ត​របស់​ខ្ញុំ​យល់​ស្រប
កុំ​ដាស់​សេចក្ដី​ស្រឡាញ់​ឡើយ។
8 ខ្ញុំ​ឮ​សំនៀង​ម្ចាស់​ជីវិត​របស់​ខ្ញុំ
គាត់​កំពុង​តែ​មក
ទាំង​លោត​ផ្លោះ​នៅ​លើ​ភ្នំ​តូច​ធំ។
9 ម្ចាស់​ជីវិត​របស់​ខ្ញុំ​រត់​លឿន​ដូច​ក្តាន់ ឬ​ប្រើស​ស្ទាវ
មើល៍ គាត់​ឈរ​នៅ​ខាង​ក្រៅ​ផ្ទះ
គាត់​អើត​តាម​បង្អួច ហើយ​ពិនិត្យ​មើល​តាម​ចម្រឹង។
10 ម្ចាស់​ជីវិត​របស់​ខ្ញុំ​បន្លឺ​សំឡេង​មក​ខ្ញុំ​ថា:
អូន​សម្លាញ់​មាស​បង​អើយ ចូរ​ក្រោក​ឡើង
ស្រី​ស្រស់​ស្អាត​អើយ ចូរ​ចេញ​មក!
11 ដ្បិត​រដូវ​រងា​បាន​កន្លង​ផុត​ទៅ​ហើយ
រីឯ​ភ្លៀង​ក៏​ឈប់​បង្អុរ​មក​ទៀត​ដែរ។
12 បុប្ផា​ទាំង‌ឡាយ​រីក​ស្គុស‌ស្គាយ​ពាស‌ពេញ​ស្រុក
ហើយ​ជា​ពេល​ដែល​បក្សា‌បក្សី​យំ​ខ្ញៀវ‌ខ្ញារ
លលក​បូល​លាន់​ឮ​ពេញ​ក្នុង​ស្រុក​យើង។
13 ឧទុម្ពរ​ចាប់​ផ្តើម​ផ្លែ
ដើម​ទំពាំង‌បាយ‌ជូរ​មាន​ផ្កា សាយ​ក្លិន​ក្រអូប
អូន​សម្លាញ់​មាស​បង​អើយ ចូរ​ក្រោក​ឡើង
ស្រី​ស្រស់​ស្អាត​អើយ ចូរ​ចេញ​មក!
14 ព្រលឹង​មាស​បង ប្រៀប​ដូច​ជា​ព្រាប​លាក់​ខ្លួន
នៅ​តាម​ក្រហែង​ថ្ម
សូម​បង្ហាញ​មុខ​ឲ្យ​បង​ឃើញ​ផង
សូម​បន្លឺ​សំឡេង​ឲ្យ​បង​ឮ​ផង
ដ្បិត​សំឡេង​របស់​អូន​ពីរោះ
ហើយ​មុខ​របស់​អូន​ស្អាត​ណាស់។
15 ចូរ​នាំ​គ្នា​ចាប់​កញ្ជ្រោង​នោះ​មក​ឲ្យ​យើង
កូន​កញ្ជ្រោង​ទាំង​នោះ​បំផ្លាញ
ទំពាំង‌បាយ‌ជូរ​របស់​យើង
ដែល​កំពុង​តែ​ចេញ​ផ្កា។
16 ម្ចាស់​ចិត្ត​របស់​ខ្ញុំ ជា​គូ​ស្នេហ៍​របស់​ខ្ញុំ
ហើយ​ខ្ញុំ​ក៏​ជា​គូ​ស្នេហ៍​របស់​គាត់​ដែរ
គាត់​ឃ្វាល​ហ្វូង​សត្វ នៅ​តាម​ដើម​ក្រវាន់។
17 ម្ចាស់​ជីវិត​អូន​អើយ សូម​វិល​ទៅ​វិញ
ឲ្យ​បាន​មុន​ជំនោរ​ពេល​ល្ងាច
ហើយ​មុន​ពេល​ស្រមោល​រលាយ​បាត់​ទៅ។
សូម​វិល​ទៅ​វិញ​ឲ្យ​បាន​លឿន​ដូច​ក្តាន់
និង​ប្រើស​ស្ទាវ នៅ​លើ​ភ្នំ​ដែល​បែក​គ្នា។
1 ពេល​យប់​នៅ​លើ​គ្រែ
ខ្ញុំ​ស្វែង​រក​ម្ចាស់​ចិត្ត​របស់​ខ្ញុំ
ខ្ញុំ​ស្វែង​រក​គាត់ តែ​រក​ពុំ​ឃើញ​ទេ។
2 ខ្ញុំ​ក៏​ក្រោក​ឡើង ដើរ​ពាស‌ពេញ​ទី‌ក្រុង
ដើម្បី​ស្វែង​រក​ម្ចាស់​ចិត្ត​របស់​ខ្ញុំ
នៅ​តាម​ផ្លូវ នៅ​តាម​ផ្សារ
ខ្ញុំ​ស្វែង​រក​គាត់ តែ​រក​ពុំ​ឃើញ​ឡើយ។
3 ខ្ញុំ​បាន​ជួប​នឹង​ពួក​អ្នក​យាម‌ល្បាត​ទី‌ក្រុង
ខ្ញុំ​សួរ​ថា «តើ​អ្នក​រាល់​គ្នា​បាន​ឃើញ
ម្ចាស់​ចិត្ត​របស់​ខ្ញុំ​ទេ?»
4 ខ្ញុំ​ដើរ​ហួស​ពួក​អ្នក​យាម‌ល្បាត​បន្តិច​ទៅ
ខ្ញុំ​ក៏​បាន​ជួប​ម្ចាស់​ចិត្ត​របស់​ខ្ញុំ។
ខ្ញុំ​ឱប​គាត់​ជាប់ ឥត​ដក​ដៃ​ឡើយ
ខ្ញុំ​នាំ​គាត់​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ម្ដាយ​ខ្ញុំ
ចូល​ទៅ​ក្នុង​បន្ទប់​របស់​ម្ដាយ
ដែល​បាន​បង្កើត​ខ្ញុំ​មក។
5 ស្រី​ក្រមុំ​នៅ​ក្រុង​យេរូ‌សាឡឹម​អើយ
ខ្ញុំ​សូម​ប្រាប់​ពួក​នាង ដោយ​យក​សត្វ​ក្តាន់
និង​សត្វ​ប្រើស ធ្វើ​ជា​សាក្សី​ថា
មុន​នឹង​ម្ចាស់​ចិត្ត​របស់​ខ្ញុំ​យល់​ស្រប
កុំ​ដាស់​សេចក្ដី​ស្រឡាញ់​ឡើយ។
6 តើ​នរណា​ឡើង​ពី​វាល​រហោ‌ស្ថាន
ដូច​កំសួល​ផ្សែង ដូច​ពពក​ដែល​មាន​ក្លិន​ទេព្វិរូ
គ្រឿង​ក្រអូប និង​ម្សៅ​ក្រអូប​របស់​អ្នក​ជំនួញ?
7 នេះ​ជា​គ្រែ​ស្នែង​របស់​ព្រះ‌បាទ​សាឡូម៉ូន
ដែល​ហែ‌ហម​ដោយ​ទាហាន​ដ៏​អង់‌អាច
ចំនួន​ហុក‌សិប​នាក់
គឺ​ជា​ទាហាន​ដ៏​អង់‌អាច​ជាង​គេ
នៃ​កង‌ទ័ព​អ៊ីស្រា‌អែល។
8 អ្នក​ទាំង​នោះ​ប្រដាប់​អាវុធ
រៀប‌ចំ​ខ្លួន​ធ្វើ​សឹក​សង្គ្រាម។
ម្នាក់ៗ​ស្ពាយ​ដាវ ត្រៀម​ខ្លួន​ត‌ទល់​នឹង
ភាព​អាសន្ន នៅ​ពេល​យប់។
9 ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ​គ្រែ​ស្នែង​មួយ
ពី​ឈើ​ស្រុក​លីបង់។
10 ស្តេច​បាន​ធ្វើ​បង្គោល​ពី​ប្រាក់ បង្អែក​ពី​មាស
រីឯ​ខ្នើយ​ធ្វើ​ពី​ក្រណាត់​ពណ៌​ក្រហម​ទុំ។
ផ្នែក​ខាង​ក្នុង លំអ​ដោយ​ក្រណាត់​ប៉ាក់
ជា​ស្នា‌ដៃ​របស់​ស្ត្រីៗ​ក្រុង​យេរូ‌សាឡឹម
ដែល​បំពេញ​កិច្ច‌ការ​នេះ​ដោយ​ចិត្ត​ស្រឡាញ់។
11 ស្ត្រី​នៅ​ក្រុង​ស៊ីយ៉ូន​អើយ
ចូរ​នាំ​គ្នា​ចេញ​មក​មើល​ព្រះ‌បាទ​សាឡូម៉ូន
ស្តេច​ពាក់​មកុដដែល​មាតា​បាន​បំពាក់​ថ្វាយ
នៅ​ថ្ងៃ​ស្តេច​រៀប​អភិសេក
ជា​ថ្ងៃ​ដែល​ស្តេច​មាន​ព្រះ‌ហឫ‌ទ័យ​រីក‌រាយ។
1 ម្ចាស់​ចិត្ត​បង​អើយ អូន​ស្អាត​ណាស់!
នៅ​ពី​ក្រោយ​ស្បៃ
កែវ​ភ្នែក​របស់​អូន​ភ្លឺ​ថ្លា​ដូច​កែវ‌ចរណៃ
សក់​របស់​អូន​មាន​ពណ៌​ខ្មៅ
ដូច​ហ្វូង​ពពែ​ចុះ​ពី​ភ្នំ នៅ​ស្រុក​កាឡាត។
2 ធ្មេញ​របស់​អូន​មាន​ពណ៌​ស
ដូច​ហ្វូង​ចៀម​ដែល​គេ​ទើប​នឹង​កាត់​រោម
ហើយ​នាំ​គ្នា​ឡើង​ពី​អណ្ដូង​ទឹក​មក​វិញ។
វា​សុទ្ធ​តែ​មាន​គូ​របស់​វា
ហើយ​គ្មាន​ណា​មួយ​នៅ​ឯកោ​ឡើយ។
3 បបូរ​មាត់​របស់​អូន​ប្រៀប​បាន​នឹង
ខ្សែ​បូ​ពណ៌​ក្រហម
មាត់​របស់​អូន​ស្អាត​ណាស់
នៅ​ពី​ក្រោយ​ស្បៃ ថ្ពាល់​របស់​អូន
ក្រហម​ស្រស់​ដូច​ផ្លែ​ទទឹម។
4 ក​របស់​អូន​ប្រៀប​បាន​នឹង​ប៉ម​របស់​ស្តេច​ដាវីឌ
ដែល​មាន​រាង​មូល ហើយ​រលោង
មាន​ខែល​រាប់​ពាន់​ព្យួរ​នៅ​លើ​ប៉ម​នោះ
គឺ​ជា​ខែល​របស់​ទាហាន​ដ៏​អង់‌អាច។
5 សុដន់​ទាំង​ពីរ​របស់​អូន​ប្រៀប​បាន​នឹង​កូន​ភ្លោះ
របស់​ប្រើស ដែល​ស៊ី​ស្មៅ​នៅ​តាម​ដើម​ក្រវាន់។
6 ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅ​ភ្នំ​ប្រេង​ទេព្វិរូ
និង​ភ្នំ​គ្រឿង​ក្រអូប
ឲ្យ​បាន​មុន​ជំនោរ​ពេល​ល្ងាច
ហើយ​មុន​ពេល​ស្រមោល​រលាយ​បាត់​ទៅ។
7 ម្ចាស់​ចិត្ត​បង​អើយ អូន​ស្អាត​ណាស់
អូន​ល្អ​ឥត​ខ្ចោះ។
8 សម្លាញ់​ចិត្ត​បង​អើយ
ចូរ​ចេញ​ដំណើរ​ពី​ភ្នំ​លីបង់​ទៅ​ជា​មួយ​បង!
ចូរ​ចេញ​ដំណើរ​ពី​ភ្នំ​លីបង់​នេះ​ជា​មួយ​បង!
ចូរ​មើល​ពី​កំពូល​ភ្នំ​អាម៉ា‌ណា
កំពូល​ភ្នំ​សេនៀរ និង​កំពូល​ភ្នំ​ហ៊ែរមូន។
ចូរ​ចាក‌ចេញ​ពី​លំ‌នៅ​របស់​សិង្ហ
និង​ពី​ភ្នំ​ដែល​ជា​លំ‌នៅ​របស់​ខ្លា‌រខិន​នេះ​ទៅ។
9 អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ
អូន​បាន​ធ្វើ​ឲ្យ​បេះ‌ដូង​បង​ញាប់‌ញ័រ
ដោយ‌សារ​កែវ​ភ្នែក​របស់​អូន
និង​ដោយ‌សារ​លំអ​ខ្សែ​ក​តែ​មួយ​របស់​អូន
អូន​បាន​ធ្វើ​ឲ្យ​បេះ‌ដូង​បង​ញាប់‌ញ័រ។
10 អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ
សេចក្ដី​ស្រឡាញ់​របស់​អូន​ទន់‌ភ្លន់​ណាស់
សេចក្ដី​ស្រឡាញ់​របស់​អូន ប្រសើរ​ជាង
ស្រា​ទំពាំង‌បាយ‌ជូរ
ហើយ​ក្លិន​របស់​អូន​ក្រអូប​ជាង​គ្រឿង​ក្រអូប
ទាំង​ប៉ុន្មាន​ទៅ​ទៀត។
11 សម្លាញ់​ចិត្ត​បង​អើយ
បបូរ​មាត់​អូន​មាន​រស‌ជាតិ​ផ្អែម
ដូច​ទឹក​ដម​របស់​ផ្កា
នៅ​ក្រោម​អណ្ដាត​របស់​អូន
ក៏​មាន​រស‌ជាតិ​ផ្អែម​ដូច​ទឹក​ឃ្មុំ និង​ទឹក​ដោះ​គោ
ហើយ​សម្លៀក‌បំពាក់​របស់​អូន​មាន​ក្លិន​ក្រអូប
ដូច​ព្រៃ​ព្រឹក្សា​នៅ​ស្រុក​លីបង់។
12 អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ
អូន​ជា​សួន​ឧទ្យាន​តែ​មួយ​គត់​របស់​បង
អូន​ជា​អណ្ដូង​ទឹក​របស់​បង
និង​ជា​ប្រភព​ទឹក​របស់​បង។
13 ក្លិន​របស់​អូន​ប្រៀប​បាន​នឹង​ក្លិន​របស់
ចម្ការ​ទទឹម ដែល​មាន​ផ្លែ​យ៉ាង​ល្អ​វិសេស។
ចម្ការ​នោះ​ក៏​មាន​ដាំ​ដើម​ខ្លឹម‌ចន្ទន៍ និង​ទេព្វិរូ​ដែរ
14 ដើម​ទេព្វិរូ និង​រមៀត
ដើម​ចំប៉ី និង​ដើម​សម្បុរ​ល្វែង
ព្រម​ទាំង​ដើម​ឈើ​ទាំង​អស់​សម្រាប់​ធ្វើ
គ្រឿង​ក្រអូប ជ័រ​ល្វីង‌ទេស ក្រស្នា និង​ឈើ​ក្រអូប​ដ៏​វិសេស
គ្រប់​យ៉ាង។
15 អូន​ជា​ប្រភព​ទឹក ហូរ​ស្រោច‌ស្រព​សួន​ឧទ្យាន
អូន​ជា​អណ្ដូង​ផ្តល់​ទឹក​រស់
និង​ជា​ទឹក​ជ្រោះ​ដែល​ហូរ​ចុះ​ពី​ភ្នំ​លីបង់។
16 ខ្យល់​ពី​ទិស​ខាង​ជើង​អើយ ចូរ​ភ្ញាក់​ឡើង
ខ្យល់​ពី​ទិស​ខាង​ត្បូង​អើយ ចូរ​បក់​មក
ចូរ​បក់​មក​លើ​សួន​ឧទ្យាន​របស់​ខ្ញុំ
ដើម្បី​ឲ្យ​សាយ​ក្លិន​ក្រអូប!
សូម​ម្ចាស់​ចិត្ត​របស់​អូន
ចូល​មក​ក្នុង​សួន​ឧទ្យាន​របស់​បង
ហើយ​ពិសា​ផ្លែ​ឈើ​ដ៏​ល្អ​វិសេស​របស់​សួន​នេះ​ចុះ!
1 អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ
បង​ចូល​ក្នុង​សួន​ឧទ្យាន​របស់​បង​ហើយ
បង​នឹង​បេះ​ផ្កា​ដែល​មាន​ក្លិន​ក្រអូប​របស់​បង
បង​នឹង​បរិភោគ​ទឹក​ឃ្មុំ​របស់​បង
បង​នឹង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ
និង​ទឹក​ដោះ​គោ​របស់​បង។
មិត្ត​សម្លាញ់​របស់​ខ្ញុំ​អើយ សូម​អញ្ជើញ​ពិសា
សូម​សប្បាយ​នឹង​សេចក្ដី​ស្រឡាញ់​នេះ
ឲ្យ​បាន​ស្កប់‌ស្កល់​ចុះ។
2 ខ្ញុំ​បាន​គេង​លក់​ទៅ​ហើយ
តែ​ចិត្ត​របស់​ខ្ញុំ​មិន​បាន​លង់‌លក់​ទេ។
ខ្ញុំ​ឮ​ម្ចាស់​ជីវិត​របស់​ខ្ញុំ​គោះ​ទ្វារ ហៅ​ខ្ញុំ​ថា:
ប្អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ
ចូរ​បើក​ទ្វារ​ឲ្យ​បង​ផង
អូន​ជា​ទី​ស្រឡាញ់​របស់​បង អូន​ល្អ​ឥត​ខ្ចោះ។
ក្បាល​របស់​បង​ទទឹក​ជោក
ដោយ​សន្សើម​ដែល​ធ្លាក់​នៅ​ពេល​យប់។
3 អូន​ដោះ​សម្លៀក‌បំពាក់​ចេញ​ទៅ​ហើយ
តើ​ឲ្យ​អូន​ស្លៀក​វិញ​ដូច​ម្ដេច​បាន?
អូន​ទើប​នឹង​លាង​ជើង
តើ​ឲ្យ​អូន​ប្រឡាក់​ជើង​វិញ​ដូច​ម្ដេច​កើត?
4 ម្ចាស់​ចិត្ត​របស់​ខ្ញុំ​លូក​ដៃ​ចូល​មក​តាម
ប្រហោង​ទ្វារ
ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​រំភើប​ញាប់‌ញ័រ។
5 ខ្ញុំ​ក៏​ស្ទុះ​ឡើង​ដើម្បី​បើក​ទ្វារ
ប្រេង​ក្រអូប​ហូរ​ពី​ដៃ និង​ម្រាម​ដៃ​របស់​ខ្ញុំ
ស្រក់​ទៅ​លើ​រនុក​ទ្វារ។
6 ខ្ញុំ​បើក​ទ្វារ​ថ្វាយ​ម្ចាស់​ចិត្ត​របស់​ខ្ញុំ
តែ​គាត់​ចាក‌ចេញ​ទៅ​បាត់។
ខ្ញុំ​ប្រាថ្នា​ចង់​ឮ​សំឡេង​របស់​គាត់​ណាស់។
ខ្ញុំ​តាម​រក​គាត់ តែ​រក​ពុំ​ឃើញ
ខ្ញុំ​ស្រែក​ហៅ​គាត់ តែ​គាត់​ពុំ​ឆ្លើយ​ទេ។
7 ពួក​អ្នក​យាម‌ល្បាត​ទី‌ក្រុង​ជួប​ខ្ញុំ
ពួក​គេ​វាយ​ខ្ញុំ ពួក​គេ​ធ្វើ​ឲ្យ​ខ្ញុំ​របួស
ពួក​អ្នក​យាម​កំពែង​ក្រុង​យក​ស្បៃ​រុំ​ខ្លួន
ចេញ​ពី​ខ្ញុំ។
8 ស្ត្រី​ក្រមុំ​នៅ​ក្រុង​យេរូ‌សាឡឹម​អើយ
ខ្ញុំ​សូម​ប្រាប់​ពួក​នាង​ថា
ប្រសិន​បើ​ពួក​នាង​ឃើញ​ម្ចាស់​ជីវិត​របស់​ខ្ញុំ
តើ​ពួក​នាង​ប្រាប់​គាត់​ថា​ដូច​ម្ដេច?
ចូរ​ប្រាប់​គាត់​ថា ខ្ញុំ​មាន​ជំងឺ​ស្នេហា។
9 ស្ត្រី​ដែល​មាន​រូប​ឆោម​ល្អ​ដាច់​គេ​អើយ
តើ​ម្ចាស់​ចិត្ត​របស់​នាង​មាន​អ្វី​ប្លែក
ជាង​បុរស​ឯ​ទៀត
បាន​ជា​នាង​សុំ​ឲ្យ​យើង​ប្រាប់​គាត់​ដូច្នេះ។
10 ម្ចាស់​ជីវិត​របស់​ខ្ញុំ មាន​សម្បុរ ស
និង​ស្បែក​ភ្លឺ​រលោង
ទោះ‌បី​គាត់​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស
មួយ‌ម៉ឺន​នាក់​ក្តី ក៏​ឃើញ​ប្លែក​ពី​គេ​ដែរ។
11 ក្បាល​របស់​គាត់​ប្រៀប​បាន​នឹង​មាស​សុទ្ធ
សក់​របស់​គាត់​រួញ​ដូច​អង្គាស‌ដី
ហើយ​មាន​ពណ៌​ខ្មៅ ដូច​សារិកា‌កែវ។
12 ភ្នែក​របស់​គាត់​ស្រស់​ស្អាត
ដូច​សត្វ​ព្រាប​ដែល​ស្ថិត​នៅ​ក្បែរ​មាត់​ទឹក។
ប្រស្រី​ភ្នែក​រុំ​ព័ទ្ធ​ដោយ​កែវ​ភ្នែក​ពណ៌​ស
ហើយ​ស្ថិត​នៅ​យ៉ាង​សម​ក្នុង​រង្វង់​ភ្នែក។
13 ថ្ពាល់​របស់​គាត់​ប្រៀប​បី​ដូច​ថ្នាល
ដែល​មាន​ពេញ​ដោយ​ផ្កា សាយ​គន្ធ‌ពិដោរ
បបូរ​មាត់​របស់​គាត់​ប្រៀប​ដូច​ជា​ផ្កា​ក្រវាន់
ដែល​បញ្ចេញ​ក្លិន​យ៉ាង​ក្រអូប។
14 ដៃ​របស់​គាត់​ប្រៀប​បាន​នឹង​កង​មាស
ដែល​មាន​ដាំ​ត្បូង​ពេជ្រ។
ខ្លួន​របស់​គាត់​ប្រៀប​បាន​នឹង​ភ្លុក
ដែល​គេ​ខាត់​យ៉ាង​រលើប
ព្រម​ទាំង​មាន​ដាំ​ត្បូង​កណ្ដៀង​ផង។
15 ជើង​របស់​គាត់​ប្រៀប​បាន​នឹង​សសរ
ធ្វើ​ពី​ថ្ម​កែវ​ពណ៌​ស
ដែល​បញ្ឈរ​នៅ​លើ​ជើង​សសរ​ធ្វើ​ពី​មាស​សុទ្ធ។
គាត់​មាន​រាង​សង្ហា​ដូច​ភ្នំ​លីបង់
ហើយ​មាន​រូប​ល្អ​ស្អាត​ដូច​ដើម​តាត្រៅ។
16 មាត់​របស់​គាត់​ពោរ‌ពេញ​ដោយ​ភាព​ទន់‌ភ្លន់
គាត់​ជា​មនុស្ស​គួរ​ឲ្យ​នែប‌និត្យ។
ស្ត្រី​ក្រមុំ​នៃ​ក្រុង​យេរូ‌សាឡឹម​អើយ
ម្ចាស់​ចិត្ត​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ
មាន​លក្ខណៈ​យ៉ាង​នេះ​ហើយ។
1 ស្ត្រី​ដែល​មាន​រូប​ឆោម​ល្អ​ដាច់​គេ​អើយ
តើ​ម្ចាស់​ចិត្ត​របស់​នាង​ទៅ​ទី​ណា?
តើ​គាត់​តម្រង់​ទៅ​ទិស​ណា?
យើង​ស្វែង​រក​គាត់​ជា​មួយ​នាង​ដែរ។
2 ម្ចាស់​ចិត្ត​របស់​ខ្ញុំ​បាន​ចុះ​ទៅ​ក្នុង
សួន​ឧទ្យាន​របស់​គាត់​ឆ្ពោះ​ទៅ​ថ្នាល
ដែល​មាន​ពេញ​ដោយ​ផ្កា​សាយ​គន្ធ‌ពិដោរ។
គាត់​ទៅ​ឃ្វាល​ហ្វូង​សត្វ​របស់​គាត់
ព្រម​ទាំង​បេះ​ផ្កា​ក្រវាន់​ផង។
3 ម្ចាស់​ចិត្ត​របស់​ខ្ញុំ​ជា​គូ​ស្នេហ៍​របស់​ខ្ញុំ
ហើយ​ខ្ញុំ​ក៏​ជា​គូ​ស្នេហ៍​របស់​គាត់​ដែរ
គាត់​ឃ្វាល​ហ្វូង​សត្វ​នៅ​តាម​ដើម​ក្រវាន់។
4 ម្ចាស់​ចិត្ត​បង​អើយ អូន​ស្អាត​ណាស់
គឺ​ស្អាត​ដូច​ក្រុង​ទៀរសា​
ស្រស់​ដូច​ក្រុង​យេរូ‌សាឡឹម
ហើយ​អូន​ដូច​ហ្វូង‌តារា​គួរ​ឲ្យ​ស្ញប់‌ស្ញែង។
5 ចូរ​កុំ​សម្លឹង​មើល​មក​បង​ដូច្នេះ
ដ្បិត​កែវ​ភ្នែក​របស់​អូន​ធ្វើ​ឲ្យ​បង​ភាំង​ស្មារតី
សក់​របស់​អូន​មាន​ពណ៌​ខ្មៅ​ដូច​ហ្វូង​ពពែ
ចុះ​ពី​ភ្នំ​នៅ​ស្រុក​កាឡាត។
6 ធ្មេញ​របស់​អូន​មាន​ពណ៌​ស
ដូច​ហ្វូង​ចៀម​ដែល​ឡើង​ពី​អណ្ដូង​ទឹក​មក​វិញ។
វា​សុទ្ធ​តែ​មាន​គូ​របស់​វា
ហើយ​គ្មាន​ណា​មួយ​នៅ​ឯកោ​ឡើយ។
7 នៅ​ពី​ក្រោយ​ស្បៃ
ថ្ពាល់​របស់​អូន​ក្រហម​ស្រស់​ដូច​ផ្លែ​ទទឹម។
8 ស្តេច​មាន​មហេសី​ហុក‌សិប​នាក់
មាន​ស្រី​ស្នំ​ប៉ែត‌សិប​នាក់
ព្រម​ទាំង​យុវ‌នារី​ឯ​ទៀតៗ​ច្រើន​ឥត​គណនា
9 ក៏​ប៉ុន្តែ ចំពោះ​បង​វិញ
មាន​តែ​អូន​មួយ​ប៉ុណ្ណោះ​ដែល​ជា​គូ​កំណាន់​ចិត្ត
អូន​ល្អ​ឥត​ខ្ចោះ
អូន​ជា​កូន​តែ​មួយ​គត់​របស់​ម្ដាយ
ជា​កូន​សម្លាញ់​ចិត្ត​របស់​ម្ដាយ។
ពួក​យុវ‌នារី​ឃើញ​នាង
ក៏​ពោល​ថា នាង​ជា​ស្ត្រី​ប្រកប​ដោយ​សុភមង្គល
ពួក​មហេសី និង​ពួក​ស្រី​ស្នំ
ក៏​កោត​សរសើរ​នាង​ដែរ។
10 តើ​ស្ត្រី​ដែល​មាន​សម្ផស្ស ដូច​ពេល​អរុណ‌រះ
មាន​រូប​ឆោម​ល្អ​ដូច​ព្រះ‌ច័ន្ទ
មាន​ពន្លឺ​រស្មី​ដូច​ព្រះ‌អាទិត្យ
ហើយ​ដូច​ហ្វូង‌តារា​គួរ​ឲ្យ​ស្ញប់‌ស្ញែង​នេះ
ជា​នរណា?
11 ខ្ញុំ​បាន​ចុះ​ទៅ​ចម្ការ​ដែល​មាន​ដាំ​ដើម​ឈើ​ស៊ី​ផ្លែ
ដើម្បី​មើល​កូន​ឈើ​ដែល​ទើប​នឹង​ដុះ
មើល​ទំពាំង‌បាយ‌ជូរ​ដែល​ទើប​នឹង​ពន្លក
មើល​ដើម​ទទឹម ក្រែង​លោ​មាន​ផ្កា។
12 ខ្ញុំ​ភាន់‌ភាំង​ស្មារតី
ទោះ‌បី​ខ្ញុំ​ជា​អ្នក​ត្រកូល​ខ្ពស់​ក្តី
ក៏​ខ្ញុំ​លែង​យល់​អ្វី​ទាំង​អស់។
1 ស្ត្រី​សាសន៍​ស៊ូឡាម​អើយ
ចូរ​នាង​រាំ ចូរ​នាង​រាំ
ដើម្បី​ឲ្យ​យើង​គយ‌គន់​មើល​នាង​ផង។
ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​គយ‌គន់​មើល
ស្ត្រី​សាសន៍​ស៊ូឡាម​នេះ
តើ​ចង់​ឲ្យ​នាង​ចូល​រួម​ក្នុង​ក្រុម​របាំ
ទាំង​ពីរ​ពួក​ឬ?
2 ម្ចាស់‌ក្សត្រិយ៍​អើយ
អូន​ពាក់​ស្បែក​ជើង​ដូច្នេះ​ស្អាត​ណាស់!
ចង្កេះ​របស់​អូន​រាង​មូល ដូច​ខ្សែ​ក
ដែល​ជា​ស្នា​ដៃ​របស់​ជាង​ដ៏​ចំណាន។
3 ផ្ចិត​របស់​អូន​មាន​រាង​ដូច​ពែង
ពេញ​ទៅ​ដោយ​ស្រា​ដ៏​ឈ្ងុយ​ឆ្ងាញ់​ជា‌និច្ច។
ពោះ​របស់​អូន​ប្រៀប​បាន​នឹង​គំនរ​ស្រូវ​សាលី
ដែល​មាន​ផ្កា​ក្រវាន់​លំអ​ជុំ‌វិញ។
4 សុដន់​ទាំង​ពីរ​របស់​អូន ប្រៀប​បាន​នឹង​កូន​ភ្លោះ
របស់​ប្រើស។
5 ក​របស់​អូន​ប្រៀប​បាន​នឹង​ប៉ម​ធ្វើ​ពី​ភ្លុក។
ភ្នែក​របស់​អូន​ភ្លឺ​ថ្លា​ដូច​ទឹក​ត្រពាំង
នៅ​ក្រុង​ហេស‌បូន​ដែល​ស្ថិត​នៅ​ក្បែរ​ទ្វារ​បាត-‌រ៉ាប៊ីម
ច្រមុះ​របស់​អូន​ប្រៀប​បាន​នឹង​ប៉ម​លីបង់
ដែល​បែរ​ទៅ​រក​ក្រុង​ដាម៉ាស។
6 ក្បាល​របស់​អូន​ស្ថិត​នៅ​ពី​លើ​ដង​ខ្លួន
ដូច​ភ្នំ​កាម៉ែល។
សរសៃ​សក់​របស់​អូន​ប្រៀប​បី​ដូច​ក្រណាត់​ដ៏​ទន់។
ព្រះ‌រាជា
គាប់​ព្រះ‌ហឫ‌ទ័យ​នឹង ផ្នួង​សក់​របស់​អូន​ណាស់។
7 គូ​ស្នេហ៍​របស់​បង ព្រលឹង​មាស​បង​អើយ
អូន​ល្អ​ស្អាត គួរ​ឲ្យ​ស្រឡាញ់​ណាស់។
8 រូប‌រាង​របស់​អូន​ល្អ​ស្អាត​ដូច​ដើម​ទន្លាប់
សុដន់​របស់​អូន​ក៏​ដូច​ផ្លែ​ទន្លាប់​ដែរ។
9 បង​គិត​ថា ត្រូវ​តែ​ឡើង​ដើម​ទន្លាប់​នេះ
ដើម្បី​បេះ​ផ្លែ​របស់​វា។
សូម​ឲ្យ​សុដន់​របស់​អូន​ប្រៀប​បាន​នឹង
ចង្កោម​ទំពាំង‌បាយ‌ជូរ
ហើយ​ឲ្យ​ដង្ហើម​របស់​អូន​សាយ​ក្លិន​ក្រអូប
ដូច​ផ្លែ​ចន្ទន៍។
10 មាត់​របស់​អូន​ប្រៀប​បាន​នឹង​ស្រា​ទំពាំង‌បាយ‌ជូរ
យ៉ាង​ឆ្ងាញ់!
មែន​ហើយ សូម​ឲ្យ​ស្រា​ទំពាំង‌បាយ‌ជូរ​នេះ
ហូរ​មក​សម្រាប់​ម្ចាស់​ចិត្ត​អូន
សូម​ឲ្យ​ស្រា​ទំពាំង‌បាយ‌ជូរ​នេះ
ស្រក់​លើ​បបូរ​មាត់​ដែល​កំពុង​តែ​លង់‌លក់។
11 ខ្ញុំ​ប្រគល់​រូប​កាយ​ជូន​ម្ចាស់​ចិត្ត​របស់​ខ្ញុំ
ហើយ​គាត់​ចង់​បាន​ខ្ញុំ​ណាស់។
12 ម្ចាស់​ចិត្ត​អូន​អើយ សូម​អញ្ជើញ​មក
យើង​ទៅ​ចម្ការ​ជា​មួយ​គ្នា
យប់​នេះ យើង​សម្រាក​នៅ​តាម​ភូមិ។
13 ព្រលឹម​ឡើង យើង​ទៅ​ចម្ការ​ទំពាំង‌បាយ‌ជូរ
ដើម្បី​មើល ក្រែង​លោ​ទំពាំង‌បាយ‌ជូរ​ពន្លក​ឡើង
ហើយ​ចេញ​ផ្កា
រួច​យើង​មើល ក្រែង​លោ​ដើម​ទទឹម​មាន​ផ្កា។
នៅ​ទី​នោះ អូន​នឹង​ប្រគល់​ស្នេហា​ជូន​បង។
14 ផ្លែ​ស្នេហ៍​សាយ​ក្លិន​យ៉ាង​ក្រអូប
នៅ​មាត់​ទ្វារ​របស់​យើង
មាន​ផ្លែ​ដ៏​ល្អ​វិសេស​គ្រប់​មុខ
គឺ​ទាំង​ផ្លែ​ចាស់ និង​ផ្លែ​ថ្មី។
ម្ចាស់​ចិត្ត​អូន​អើយ
អូន​រក្សា​ផ្លែ​ទាំង​នោះ​ទុក​ជូន​បង។
1 ប្រសិន​បើ​បង​ជា​បង​ប្រុស​របស់​អូន
ដែល​បៅ​ដោះ​ម្ដាយ​របស់​អូន
នោះ​អូន​មុខ​ជា​ចេញ​មក​ជួប​បង​នៅ​ខាង​ក្រៅ
អូន​មុខ​ជា​ឱប​ថើប​បង
ហើយ​គ្មាន​នរណា​មើល‌ងាយ​អូន​ឡើយ។
2 អូន​នឹង​នាំ​បង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ម្ដាយ​អូន
បង​នឹង​បង្រៀន​អូន​អំពី​សេចក្ដី​ស្រឡាញ់
ហើយ​អូន​នឹង​យក​ស្រា​ដ៏​ឈ្ងុយ​ឆ្ងាញ់
ព្រម​ទាំង​ទឹក‌ដម​ផ្លែ​ទទឹម​ជូន​បង​ពិសា។
3 ដៃ​ឆ្វេង​របស់​បង​ដាក់​ឲ្យ​ខ្ញុំ​កើយ
ហើយ​ដៃ​ស្តាំ​របស់​បង​ឱប​រឹត​ខ្ញុំ។
4 ស្រី​ក្រមុំ​នៅ​ក្រុង​យេរូ‌សាឡឹម​អើយ
ខ្ញុំ​សូម​ប្រាប់​ពួក​នាង​ថា
មុន​នឹង​ម្ចាស់​ចិត្ត​របស់​ខ្ញុំ​យល់​ស្រប
កុំ​ដាស់​សេចក្ដី​ស្រឡាញ់​ឡើយ។
5 តើ​ស្ត្រី​ដែល​ឡើង​ទៅ​វាល​រហោ‌ស្ថាន
ហើយ​ផ្អែក​លើ​ម្ចាស់​ចិត្ត​របស់​នាង
នោះ​ជា​នរណា?
អូន​បាន​ដាស់​បង នៅ​ក្រោម​ដើម​ចន្ទន៍
ជា​កន្លែង​ដែល​មាតា​របស់​បង​មាន​គភ៌
ហើយ​បង្កើត​បង​មក។
6 សូម​ចារឹក​រូប​អូន​ក្នុង​ដួង​ចិត្ត​របស់​បង
ដើម្បី​កុំ​ឲ្យ​ភ្លេច​ឡើយ
ដ្បិត​សេចក្ដី​ស្រឡាញ់​មាន​កម្លាំង​ដូច
សេចក្ដី​ស្លាប់
សេចក្ដី​ស្នេហា​ប្រៀប​ដូច​ស្ថាន​មនុស្ស​ស្លាប់
សេចក្ដី​ស្នេហា​នេះ​ឆាប‌ឆេះ​ដូច​ភ្លើង​របស់​ព្រះ‌អម្ចាស់
7 មហា​សាគរ​ពុំ​អាច​ពន្លត់​ភ្លើង
នៃ​សេចក្ដី​ស្នេហា​បាន​ឡើយ
រីឯ​ទន្លេ​ទាំង​ប៉ុន្មាន​ក៏​ពុំ​អាច​ពន្លិច​សេចក្ដី
ស្នេហា​បាន​ដែរ
ផ្ទុយ​ទៅ​វិញ អ្នក​ណា​យក​ទ្រព្យ‌សម្បត្តិ
ទាំង​ប៉ុន្មាន​របស់​ខ្លួន​ទិញ​សេចក្ដី​ស្នេហា
អ្នក​នោះ​ជា​មនុស្ស​គួរ​ឲ្យ​មើល‌ងាយ។
8 យើង​នៅ​មាន​ប្អូន​ស្រី​ម្នាក់
តែ​នាង​មិន​ទាន់​ពេញ​រូប‌រាង​ទេ
នៅ​ថ្ងៃ​ដែល​មាន​គេ​មក​ចែ‌ចង់​នាង
តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច?
9 ប្រសិន​បើ​នាង​ជា​កំពែង​ក្រុង​មួយ
នោះ​យើង​នឹង​សង់​ប៉ម​ពី​ប្រាក់​ការ‌ពារ​នាង
ប្រសិន​បើ​នាង​ជា​ទ្វារ​ក្រុង
នោះ​យើង​នឹង​យក​បន្ទះ​ឈើ​តាត្រៅ
មក​បាំង​នាង។
10 ខ្ញុំ​ជា​កំពែង​ក្រុង​មួយ
សុដន់​របស់​ខ្ញុំ​ប្រៀប​បាន​នឹង​ប៉ម​របស់​ក្រុង​នេះ
ខ្ញុំ​ផ្តល់​សេចក្ដី​សុខ‌សាន្ត​ដល់​ម្ចាស់​ចិត្ត​របស់​ខ្ញុំ។
11 ព្រះ‌បាទ​សាឡូម៉ូន​មាន​ចម្ការ​ទំពាំង‌បាយ‌ជូរ​មួយ
នៅ​បាល‌ហាម៉ូន
ស្តេច​បាន​ប្រគល់​ចម្ការ​នោះ​ឲ្យ​អ្នក​ថែ‌រក្សា
មើល​ខុស​ត្រូវ។
ម្នាក់ៗ​ត្រូវ​យក​ប្រាក់​មួយ​ពាន់​ស្លឹង​ថ្វាយ​ស្តេច។
12 បពិត្រ​ព្រះ‌បាទ​សាឡូម៉ូន
ព្រះ‌ករុណា​ទទួល​យក​ប្រាក់​មួយ​ពាន់​ស្លឹង​នេះ
តែ​ទុក​ពីរ‌រយ​ស្លឹង​ឲ្យ​អ្នក​ថែ‌រក្សា​ចម្ការ។
រីឯ​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​ខ្ញុំ
ខ្ញុំ​រក្សា​ទុក​ខ្លួន​ឯង។
13 អូន​សម្លាញ់​ដែល​ស្ថិត​នៅ​ក្នុង​សួន​ឧទ្យាន​អើយ
មាន​គេ​លួច​ស្ដាប់​សំឡេង​របស់​អូន។
ចូរ​បន្លឺ​សំឡេង​ឲ្យ​បង​ឮ​ផង!
14 សម្លាញ់​ចិត្ត​អូន​អើយ
សូម​រត់​ចេញ​ពី​ទី​នេះ​ទៅ!
សូម​រត់​យ៉ាង​លឿន​ដូច​ក្តាន់ និង​ប្រើស​ស្ទាវ
រត់​នៅ​លើ​ភ្នំ​ដែល​ពោរ‌ពេញ​ដោយ
គន្ធ‌ពិដោរ។
309 Views

Theme: Overlay by Kaira