សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

កណ្ឌគម្ពីរ
សុភាសិត

ពាក្យលំនាំ

សុភាសិត

ពាក្យ​លំនាំ

«ព្រះ‌គម្ពីរ​សុភាសិត» ផ្សំ​ឡើង​ដោយ​ដំបូន្មាន ពាក្យ​ប្រៀន‌ប្រដៅ និង​គតិ‌បណ្ឌិត​ផ្សេងៗ ស្តី​អំពី​ប្រាជ្ញា និង​ដំណើរ​ជីវិត​រស់​នៅ​រៀង‌រាល់​ថ្ងៃ សម​ស្រប​តាម​សីល‌ធម៌។ សេចក្ដី​បង្រៀន​ទាំង​នេះ​មាន​ប្រភព​មក​ពី​ព្រះ‌បាទ​សាឡូម៉ូន ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល ព្រម​ទាំង​អ្នក​ប្រាជ្ញ​បណ្ឌិត​ជាតិ​អ៊ីស្រា‌អែល និង​ជាតិ​ដទៃ​ជា​ច្រើន​រូប​ទៀត។ គេ​ហៅ​កណ្ឌ​គម្ពីរ​នេះ​ថា «សុភាសិត​របស់​ព្រះ‌បាទ​សាឡូម៉ូន» ព្រោះ​ព្រះ‌បាទ​សាឡូម៉ូន ជា​ស្តេច​ស្រុក​អ៊ីស្រា‌អែល ដែល​គេ​ចាត់​ទុក​ជា​អ្នក​ប្រាជ្ញ​បណ្ឌិត​មួយ​រូប​ដ៏​ចំណាន​នៅ​បុរាណ​កាល។ គេ​រាប់​បញ្ចូល​ព្រះ‌គម្ពីរ​សុភាសិត​ក្នុង​ចំណោម​ស្នាដៃ​អក្សរ‌សិល្ប៍​របស់​ប្រជា‌ជាតិ​នានា នៅ​មជ្ឈិម‌បូព៌ា​ប្រទេស ជា​សេចក្ដី​ដែល​ចាស់​ព្រឹទ្ធា‌ចារ្យ​នៅ​ជំនាន់​ដើម ចង​ក្រង​គោល​គំនិត ដែល​បាន​មក​ពី​បទ​ពិសោធន៍​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ សម្រាប់​អប់រំ​កូន​ចៅ​នៅ​ជំនាន់​ក្រោយ។

ព្រះ‌គម្ពីរ​សុភាសិត​នេះ​ជា​គោល​គំនិត ចង​ក្រង​ឡើង​នៅ​ជំនាន់​ផ្សេងៗ​គ្នា ដែល​យើង​អាច​ចែក​ចេញ​ជា​បី​ផ្នែក:

• ១. សេចក្ដី​បង្រៀន​អំពី​ប្រាជ្ញា (១.១‑៩.១៨):
ក្នុង​ផ្នែក​នេះ មាន​បរិយាយ​អំពី​ប្រាជ្ញា ដែល​គេ​ប្រដូច​ទៅ​នឹង​បុគ្គល​មួយ​រូប។ ប្រាជ្ញា​នេះ​មាន​ប្រភព​មក​ពី​ព្រះ‌ជាម្ចាស់ ហើយ​ការ​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ជា​ប្រភព​នៃ​ប្រាជ្ញា។
• ២. សុភាសិត​របស់​ព្រះ‌បាទ​សាឡូម៉ូន (១០.១‑២៩.២៧):
ក្នុង​ផ្នែក​នេះ មាន​សេចក្ដី​អប់រំ​របស់​ព្រះ‌បាទ​សាឡូម៉ូន ព្រម​ទាំង​មាន​សេចក្ដី​ប្រៀន‌ប្រដៅ​របស់​អ្នក​ប្រាជ្ញ​បណ្ឌិត​មួយ​ចំនួន (២២.១៧‑២៤.៣៤)។
• ៣. សុភាសិត​ផ្សេងៗ (៣០-៣១):
ផ្សំ​ឡើង​ដោយ​បួន​ផ្នែក​ខ្លីៗ ដែល​មាន​ខ្លឹម‌សារ​ប្លែកៗ​ពី​គ្នា។ ក្នុង​ផ្នែក នេះ​មាន​ពាក្យ​ប្រៀន‌ប្រដៅ​របស់​អ្នក​ប្រាជ្ញ​បណ្ឌិត​សាសន៍​ដទៃ រាប់​បញ្ចូល​ជា​មួយ​ពាក្យ​ទូន្មាន​របស់​អ្នក​ប្រាជ្ញ​បណ្ឌិត​សាសន៍​អ៊ីស្រា‌អែល​ដែរ។
«ព្រះ‌គម្ពីរ​សុភាសិត» មិន​សង្កត់​ទៅ​លើ​ប្រវត្តិ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល ដូច​កណ្ឌ​គម្ពីរ​ឯ​ទៀតៗ​នៃ​ព្រះ‌គម្ពីរ​សម្ពន្ធ‌មេត្រី​ចាស់​ទេ។ ផ្ទុយ​ទៅ​វិញ ជា​ពាក្យ​ប្រៀន‌ប្រដៅ និង​ពាក្យ​ដាស់​តឿន ចំពោះ​បុគ្គល​ម្នាក់ៗ ឲ្យ​ចេះ​រស់​នៅ​ត្រឹម‌ត្រូវ ស្រប​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌ជាម្ចាស់ និង​តាម​គន្លង​ធម៌ ដែល​ផ្តល់​ឲ្យ​មាន​សុភមង្គល។ រីឯ​មនុស្ស​អាក្រក់ មនុស្ស​ល្ងី‌ល្ងើ មនុស្ស​រក​ប្រាក់​បាន​ដោយ​អយុត្តិ‌ធម៌…រមែង​បោះ​ជំហាន​ទៅ​រក​សេចក្ដី​វិនាស។
ព្រះ‌គម្ពីរ​សុភាសិត​បំភ្លឺ​យើង​ឲ្យ​ស្គាល់​គោល​គំនិត​ដ៏​ល្អៗ ដែល​ជា​លទ្ធ‌ផល​នៃ​បទ​ពិសោធន៍​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល។ លោក​អ្នក​អាច​ស្វែង​យល់​អំពី​របៀប​ដែល​អ្នក​ប្រាជ្ញ​បណ្ឌិត​គិត‌គូរ និង​ដោះ​ស្រាយ​ក្នុង​ពេល​ជួប​ប្រទះ​បញ្ហា ឬ​ស្ថាន‌ភាព​អ្វី​មួយ។ ពេល​អាន​កណ្ឌ​គម្ពីរ​នេះ​ចប់ លោក​អ្នក​មុខ​ជា​ឃើញ​ថា នៅ​បច្ចុប្បន្ន​កាល​នេះ យើង​តែង‌តែ​ប្រឈម​មុខ​ទល់​នឹង​ស្ថាន‌ភាព​ស្រដៀង​គ្នា។ ដូច្នេះ យើង​អាច​យក​គោល​គំនិត​ពី «ព្រះ‌គម្ពីរ​សុភាសិត» ទុក​ជា​ជំហរ សម្រាប់‌រក​ដំណោះ‌ស្រាយ​ក្នុង​ជីវិត​របស់​យើង​ផ្ទាល់។
អារម្ភ‌កថា
 សុភាសិត​របស់​ព្រះ‌បាទ​សាឡូម៉ូន​ជា​ព្រះ‌រាជ​បុត្រ​ព្រះ‌បាទ​ដាវីឌ និង​ជា​ព្រះ‌មហា​ក្សត្រ​ស្រុក​អ៊ីស្រា‌អែល។
សុភាសិត​ទាំង​នេះ​ផ្ដល់​ឲ្យ​មនុស្ស​មាន​ប្រាជ្ញា និង​ការ​ចេះ​ដឹង ដើម្បី​យល់​ពាក្យ‌ពេចន៍​ប្រកប​ដោយ​អត្ថ‌ន័យ​ជ្រៅ​ជ្រះ  ព្រម​ទាំង​បង្រៀន​មនុស្ស​ឲ្យ​ចេះ​ដឹង សុចរិត ត្រឹម‌ត្រូវ និង​មាន​ចិត្ត​ទៀង​ត្រង់  ហើយ​ផ្តល់​ឲ្យ​មនុស្ស​ឆោត​ចេះ​ប្រុង‌ប្រយ័ត្ន និង​ផ្តល់​ឲ្យ​យុវជន​ចេះ​គិត​ចេះ​ពិចារណា។
 សូម​ឲ្យ​អ្នក​ប្រាជ្ញ​ត្រង‌ត្រាប់​ស្ដាប់ នោះ​គេ​នឹង​បង្កើន​ចំណេះ​របស់​ខ្លួន។ សូម​ឲ្យ​មនុស្ស​ឈ្លាស‌វៃ​ស្រង់​យក​មាគ៌ា ដែល​ត្រូវ​ប្រកាន់​យក  ដូច្នេះ គេ​អាច​យល់​អំពី​អត្ថ‌ន័យ ដែល​មាន​បង្កប់​នៅ​ក្នុង​សុភាសិត ឬ​ប្រស្នា ព្រម​ទាំង​យល់​ពាក្យ‌ពេចន៍ និង​ពាក្យ​បណ្តៅ​ផ្សេងៗ​របស់​ពួក​អ្នក​ប្រាជ្ញ។
 ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ជា​ប្រភព​នៃ​ការ​ចេះ​ដឹង។ មនុស្ស​ខ្លៅ​តែង‌តែ​មើល‌ងាយ​តម្រិះ​ប្រាជ្ញា និង​ការ​ប្រៀន‌ប្រដៅ។
ពាក្យ​ទូន្មាន​យុវជន
 កូន​អើយ ចូរ​ស្ដាប់​ឪពុក​ប្រៀន‌ប្រដៅ ហើយ​ត្រង‌ត្រាប់​ស្ដាប់​ម្ដាយ​ទូន្មាន  ដ្បិត​ដំបូន្មាន​របស់​ឪពុក​ម្ដាយ​នឹង​កសាង​ចរិយា​សម្បត្តិ​របស់​កូន ឲ្យ​បាន​ល្អ​ដូច​មកុដ និង​ខ្សែ​ក​មាស។ ១០ កូន​អើយ បើ​មាន​ជន‌ពាល​មក​បបួល​កូន​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ កុំ​ទៅ​តាម​គេ​ឡើយ។ ១១ បើ​ជន‌ពាល​បបួល​កូន​ថា: «ចូរ​មក​ជា​មួយ​ពួក​យើង យើង​នឹង​ស្ទាក់​ផ្លូវ​ចាំ​បង្ហូរ​ឈាម ហើយ​យើង​នឹង​វាយ​ឆ្មក់​សម្លាប់​មនុស្ស​ស្លូត​ត្រង់​លេង។ ១២ យើង​នឹង​លុប​បំបាត់​ពួក​គេ ដូច​មច្ចុរាជ​លេប​បំបាត់​ពួក​គេ​ទាំង​រស់ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​វិនាស​សូន្យ ដូច​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ ១៣ រួច​ហើយ​យើង​រឹប​អូស​របស់​មាន​តម្លៃ​ទាំង​ប៉ុន្មាន ពី​ពួក​គេ​យក​ទៅ​ដាក់​ឲ្យ​ពេញ​ផ្ទះ​យើង។ ១៤ ចូរ​មក​រួម​ជា​មួយ​យើង យើង​នឹង​ចែក​របស់​ដែល​រឹប​អូស​យក​បាន​នោះ​ជា​មួយ​គ្នា!»។ ១៥ កូន​អើយ កុំ​សេព‌គប់​ជា​មួយ​អ្នក​ទាំង​នោះ​ឡើយ តែ​ត្រូវ​ងាក​ចេញ​ឲ្យ​ឆ្ងាយ​ពី​ពួក​គេ។ ១៦ ពួក​នោះ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ងាយ​បង្ហូរ​ឈាម​ណាស់។ ១៧ ដាក់​អន្ទាក់​ឲ្យ​សត្វ​ស្លាប​ឃើញ ជា​ការ​ឥត​ប្រយោជន៍។ ១៨ រីឯ​អ្នក​ទាំង​នោះ​វិញ គេ​កំពុង​តែ​រាយ​អន្ទាក់​សម្រាប់​ទាក់​ក​ខ្លួន​ឯង ហើយ​ឃុប‌ឃិត​ប្រហារ​ជីវិត​របស់​ខ្លួន​ឯង។ ១៩ អស់​អ្នក​ដែល​រក​ស៊ី​លួច​ប្លន់​ទ្រព្យ‌សម្បត្តិ តែង‌តែ​បាត់‌បង់​ជីវិត​បែប​នេះ​ឯង។
ការ​ប្រកាស​របស់​ព្រះ‌ប្រាជ្ញា‌ញាណ
២០ ព្រះ‌ប្រាជ្ញា‌ញាណ​ស្រែក​នៅ​តាម​ផ្លូវ ហើយ​បន្លឺ​សំឡេង​នៅ​តាម​ទី​សាធារណៈ ២១ ព្រម​ទាំង​អំពាវ‌នាវ​តាម​ច្រក​ដ៏​អ៊ូអរ និង​ប្រកាស​នៅ​មាត់​ទ្វារ​ក្រុង​ថា: ២២ មនុស្ស​ឆោត​អើយ តើ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​នៅ​ឆោត​ដូច្នេះ​ដល់​កាល​ណា​ទៀត? អ្នក​រាល់​គ្នា​នៅ​តែ​មើល‌ងាយ​យើង​ដល់​កាល​ណា​ទៀត? តើ​អ្នក​រាល់​គ្នា​នៅ​ល្ងង់ ពុំ​ព្រម​ចង់​ចេះ​ដូច្នេះ​ដល់​កាល​ណា​ទៀត?។ ២៣ ចូរ​នាំ​គ្នា​មក​ស្ដាប់​ដំបូន្មាន​របស់​យើង យើង​នឹង​ចាក់​បង្ហូរ​វិញ្ញាណ​របស់​យើង​លើ​អ្នក​រាល់​គ្នា ហើយ​យើង​នឹង​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ចំណេះ​របស់​យើង។ ២៤ យើង​បាន​ហៅ​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​ធ្វើ​មិន​ឮ យើង​បាន​បោយ​ដៃ​ហៅ​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​ធ្វើ​ព្រងើយ។ ២៥ ដោយ​អ្នក​រាល់​គ្នា​បោះ‌បង់​ចោល​ពាក្យ​ទូន្មាន​របស់​យើង ហើយ​មិន​ព្រម​ទទួល​យោបល់​ពី​យើង​ទេ​នោះ ២៦ ពេល​ណា​អ្នក​រាល់​គ្នា​មាន​មហន្ត‌រាយ​យើង​នឹង​សើច ហើយ​ពេល​ណា​អ្នក​រាល់​គ្នា​ជួប​ភ័យ​អាសន្ន យើង​នឹង​ចំអក​ឲ្យ​អ្នក​រាល់​គ្នា​វិញ​ជា​មិន​ខាន។ ២៧ ពេល​ណា​ភ័យ​អាសន្ន​កើត​មាន​ដល់​អ្នក​រាល់​គ្នា​ដូច​ខ្យល់​ព្យុះ ហើយ​មហន្ត‌រាយ​កើត​មាន​ដល់​អ្នក​រាល់​គ្នា ដូច​ខ្យល់​កំបុត​ត្បូង ពេល​ណា​សេចក្ដី​តប់‌ប្រមល់ និង​ទុក្ខ​វេទនា​សង្កត់‌សង្កិន​អ្នក​រាល់​គ្នា ២៨ ពេល​នោះ អ្នក​រាល់​គ្នា​មុខ​ជា​ស្រែក​អង្វរ​ឲ្យ​យើង​ជួយ តែ​យើង​មិន​ឆ្លើយ​តប​ទេ អ្នក​រាល់​គ្នា​នឹង​ស្វែង​រក​យើង តែ​រក​មិន​ឃើញ​ឡើយ។ ២៩ អ្នក​រាល់​គ្នា​ស្អប់​ការ​ចេះ​ដឹង អ្នក​រាល់​គ្នា​មិន​សុខ​ចិត្ត​គោរព​កោត​ខ្លាចព្រះ‌អម្ចាស់ ៣០ អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​យោបល់​ពី​យើង ហើយ​មើល‌ងាយ​ដំបូន្មាន​ទាំង​ប៉ុន្មាន​របស់​យើង​ថែម​ទៀត​ផង។ ៣១ អ្នក​រាល់​គ្នា​នឹង​ទទួល​ផល​ស្រប​តាម​កិរិយា​មារយាទ​របស់​ខ្លួន ហើយ​អំពើ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត នឹង​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ឆ្អែត‌ឆ្អន់ ៣២ ដ្បិត​ចិត្ត​រឹង‌រូស​របស់​មនុស្ស​ល្ងង់ នឹង​ធ្វើ​ឲ្យ​គេ​បាត់‌បង់​ជីវិត ហើយ​ចិត្ត​អួត‌អាង​របស់​មនុស្ស​លេលា នឹង​ធ្វើ​ឲ្យ​គេ​វិនាស។ ៣៣ រីឯ​អ្នក​ដែល​ស្ដាប់​យើង នឹង​រស់​នៅ​យ៉ាង​សុខ‌ដុម‌រមនា ឥត​ភ័យ‌ខ្លាច​ទុក្ខ​លំបាក​អ្វី​ឡើយ។
ប្រាជ្ញា​ការ‌ពារ​មនុស្ស​ពី​អំពើ​អាក្រក់
 កូន​អើយ ចូរ​ចង​ចាំ​ដំបូន្មាន​របស់​ឪពុក
កុំ​ភ្លេច​សេចក្ដី​ដែល​ឪពុក​ផ្តែ‌ផ្តាំ​នេះ​ឡើយ
 ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ប្រាជ្ញា
ហើយ​ផ្ចង់​ចិត្ត​ពិចារណា​ឲ្យ​យល់។
 ចូរ​យក​តម្រិះ​មក​ធ្វើ​ជា​ជំនួយ
ហើយ​យក​ការ​ដឹង​ខុស​ត្រូវ​មក​ធ្វើ​ជា​ទី​ពឹង។
 ចូរ​ខំ​ប្រឹង​ស្វែង​រក​ប្រាជ្ញា
ដូច​ស្វែង​រក​ប្រាក់ និង​ដូច​ជីក​ដី​រក​កំណប់។
 ធ្វើ​ដូច្នេះ ទើប​កូន​យល់​អំពី​ការ​គោរព
កោត​ខ្លាច​ព្រះ‌អម្ចាស់
ព្រម​ទាំង​អាច​ស្គាល់​ព្រះ‌អង្គ​បាន​ទៀត​ផង។
 មាន​តែព្រះ‌អម្ចាស់​ទេ ដែល​ប្រទាន​ប្រាជ្ញា។
ចំណេះ​វិជ្ជា និង​ការ​ដឹង​ខុស​ត្រូវ
សុទ្ធ​តែ​មក​ពី​ព្រះ‌អង្គ​ទាំង​អស់។
 ព្រះ‌អង្គ​ជួយ​មនុស្ស​ទៀង​ត្រង់
ហើយ​ធ្វើ​ជា​ខែល​ការ‌ពារ
អស់​អ្នក​ដែល​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម‌ត្រូវ។
 ព្រះ‌អង្គ​ជួយ​ការ‌ពារ
អស់​អ្នក​ដែល​ដើរ​តាម​គន្លង​ធម៌
ហើយ​ថែ‌រក្សា​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ។
 ប្រសិន​បើ​កូន​ស្ដាប់​ឪពុក
កូន​នឹង​យល់​អំពី​មាគ៌ា​ដ៏​សុចរិត
ទៀង​ត្រង់ និង​ត្រឹម‌ត្រូវ
ពោល​គឺ​អ្វីៗ​ទាំង​អស់​ដែល​នាំ​មក​នូវ​សុភមង្គល។
១០ ដូច្នេះ កូន​នឹង​ទៅ​ជា​មនុស្ស​មាន​ប្រាជ្ញា
ហើយ​កូន​នឹង​មាន​ចិត្ត​ត្រេក‌អរ​ដោយ​ចេះ​ដឹង។
១១ ការ​ចេះ​គិត​ពិចារណា​នឹង​ការ‌ពារ​កូន
ហើយ​ការ​ដឹង​ខុស​ត្រូវ​នឹង​ថែ‌រក្សា​កូន
១២ មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​មាគ៌ា​អាក្រក់
ឬ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស
ដែល​ពោល​ពាក្យ​ខិល‌ខូច
១៣ ឬ​មនុស្ស​ដែល​បោះ‌បង់​ផ្លូវ​ទៀង​ត្រង់
ហើយ​បែរ​ទៅ​រក​ផ្លូវ​ងងឹត​នោះ​ឡើយ។
១៤ ជន​ទាំង​នោះ​សប្បាយ​ចិត្ត​តែ​នឹង
ប្រព្រឹត្ត​អំពើ​អាក្រក់
ហើយ​ត្រេក‌ត្រអាល​តែ​នឹង​អំពើ​ខិល‌ខូច។
១៥ អ្វីៗ​ដែល​គេ​ធ្វើ សុទ្ធ​តែ​វៀច‌វេរ
មាគ៌ា​របស់​គេ​មិន​ដែល​ត្រង់​ទាល់​តែ​សោះ។
១៦ ធ្វើ​ដូច្នេះ កូន​នឹង​មិន​ចាញ់​ពាក្យ​ផ្អែម‌ល្ហែម
របស់​ស្ត្រី​ដទៃ ដែល​មិន‌មែន​ជា​ភរិយា​របស់​កូន
១៧ គឺ​ស្ត្រី​ផិត​ប្ដី​របស់​ខ្លួន
និង​ក្បត់​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌ជាម្ចាស់។
១៨ អាកប្ប​កិរិយា​របស់​ស្ត្រី​បែប​នេះ
រមែង​បណ្តាល​ឲ្យ​គ្រួសារ​របស់​ខ្លួន​ស្លាប់
និង​នាំ​គេ​ឯង​ឲ្យ​វិនាស​បាត់‌បង់។
១៩ ជន​ណា​ភប់‌ប្រសព្វ​ជា​មួយ​ស្ត្រី​នេះ
ក៏​ត្រូវ​អន្តរាយ​រួម​ជា​មួយ​នាង​ដែរ
គឺ​រក​ផ្លូវ​ទៅ​កាន់​ជីវិត​មិន​ឃើញ​ទេ។
២០ ដូច្នេះ ចូរ​កូន​រើស​យក​មាគ៌ា​របស់​មនុស្ស​ល្អ
និង​យក​តម្រាប់​តាម​មនុស្ស​សុចរិត
២១ ដ្បិត​មនុស្ស​ទៀង​ត្រង់​នឹង​រស់​នៅ​ក្នុង​ស្រុក​នេះ
ហើយ​មនុស្ស​ឥត​កំហុស
នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។
២២ រីឯ​មនុស្ស​ពាល​វិញ
ព្រះ‌ជាម្ចាស់​នឹង​កាត់‌កាល់​ពួក​គេ​ចេញ​ពី​ស្រុក
ហើយ​ព្រះ‌អង្គ​ក៏​ដក​មនុស្ស​ល្មើស​វិន័យ
ចេញ​ពី​ស្រុក​ដែរ។
ប្រាជ្ញា​នាំ​ឲ្យ​កោត​ខ្លាច​ព្រះ‌ជាម្ចាស់
 កូន​អើយ ចូរ​កុំ​ភ្លេច​ពាក្យ​ទូន្មាន​របស់​ឪពុក​ឡើយ ចូរ​ប្រតិ‌បត្តិ​តាម​ពាក្យ​ដែល​ឪពុក​បាន​ផ្តែ‌ផ្តាំ​ជា‌និច្ច។  ឱវាទ​របស់​ឪពុក​នឹង​ផ្តល់​ឲ្យ​កូន​មាន​អាយុ​យឺន‌យូរ ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត។  ចូរ​កាន់​ចិត្ត​ភក្តី និង​ចិត្ត​សច្ចៈ​ជា‌និច្ច គឺ​ត្រូវ​ចារឹក​គុណ​សម្បត្តិ​នេះ​ជាប់​ក្នុង​ចិត្ត ដូច​ពាក់​គ្រឿង​អលង្ការ​ជាប់​នៅ​នឹង​ក​ដែរ។  ពេល​នោះ កូន​នឹង​បាន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌ជាម្ចាស់ គាប់‌ចិត្ត​មនុស្ស​ផង​ទាំង​ពួង ហើយ​កូន​នឹង​មាន​កេរ្តិ៍​ឈ្មោះ​ល្អ។
 កុំ​ពឹង​លើ​ការ​ចេះ​ដឹង​របស់​ខ្លួន​ឡើយ តែ​ត្រូវ​ទុក​ចិត្ត​លើព្រះ‌អម្ចាស់​ទាំង​ស្រុង។  ចូរ​នឹក​ដល់​ព្រះ‌អម្ចាស់​ក្នុង​គ្រប់​កិច្ច‌ការ​ដែល​កូន​ធ្វើ នោះ​ព្រះ‌អង្គ​នឹង​ត្រួស‌ត្រាយ​ផ្លូវ​របស់​កូន។  កុំ​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​អ្នក​មាន​ប្រាជ្ញា​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ហើយ​ងាក​ចេញ​ពី​អំពើ​អាក្រក់។  ការ​ប្រព្រឹត្ត​ដូច្នេះ ជា​ឱសថ​ព្យាបាល​ខ្លួន​ឲ្យ​បាន​ជា​សះ‌ស្បើយ​ពី​ជំងឺ។  ចូរ​យក​ផល​ដំបូង​នៃ​ទ្រព្យ‌សម្បត្តិ​ដែល​កូន​រក​បាន មក​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​សម្ដែង​ការ​គោរព​ចំពោះ​ព្រះ‌អង្គ។ ១០ ធ្វើ​ដូច្នេះ កូន​នឹង​មាន​ស្រូវ​ពេញ​ជង្រុក ហើយ​មាន​ស្រា​ទំពាំង‌បាយ‌ជូរ​ដ៏​បរិបូណ៌​ហូរ‌ហៀរ។
១១ កូន​អើយ មិន​ត្រូវ​មើល‌ងាយ​ការ​ប្រៀន‌ប្រដៅ​របស់ព្រះ‌អម្ចាស់​ឡើយ ហើយ​ក៏​មិន​ត្រូវ​ធ្លាក់​ទឹក​ចិត្ត នៅ​ពេល​ព្រះ‌អង្គ​ស្តី​បន្ទោស​ដែរ ១២ ដ្បិត​ព្រះ‌អម្ចាស់​តែង‌តែ​ប្រៀន‌ប្រដៅ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ស្រឡាញ់ ដូច​ឪពុក​វាយ​ប្រដៅ​កូន​ជា​ទី​ស្រឡាញ់​របស់​ខ្លួន។
ប្រាជ្ញា​នាំ​ឲ្យ​មាន​សុភមង្គល
១៣ អ្នក​ណា​រក​ប្រាជ្ញា​ឃើញ អ្នក​ណា​រៀន​ដឹង​ខុស​ត្រូវ អ្នក​នោះ​មាន​សុភមង្គល​ហើយ ១៤ ដ្បិត​ប្រាជ្ញា​ដែល​គេ​រក​បាន​នេះ​ប្រសើរ​ជាង​មាន​ប្រាក់ ហើយ​ផ្តល់​ឲ្យ​គេ​បាន​ចំណេញ​ច្រើន​ជាង​មាន​មាស​ទៅ​ទៀត។ ១៥ ប្រាជ្ញា​មាន​តម្លៃ​លើស​ត្បូង ហើយ​អ្វីៗ​ទាំង​អស់​ដែល​អ្នក​ប្រាថ្នា​ចង់​បាន ពុំ​អាច​មាន​តម្លៃ​ស្មើ​នឹង​ប្រាជ្ញា​នេះ​ឡើយ។
១៦ ប្រាជ្ញា​ផ្តល់​ឲ្យ​មាន​អាយុ​យឺន‌យូរ ព្រម​ទាំង​នាំ​ឲ្យ​មាន​សម្បត្តិ និង​កិត្តិ‌យស​ដ៏​រុង‌រឿង​ទៀត​ផង។ ១៧ ប្រាជ្ញា​ដឹក​នាំ​មនុស្ស​ឲ្យ​រស់​នៅ​ដោយ​សុខ‌ដុម‌រមនា និង​សុខ‌សាន្ត។ ១៨ ប្រាជ្ញា​ជា​ដើម​ឈើ​ផ្តល់​ជីវិត សម្រាប់​អស់​អ្នក​ដែល​បេះ​ផ្លែ​បរិភោគ។ អ្នក​ណា​មាន​ប្រាជ្ញា​ជាប់​ក្នុង​ខ្លួន អ្នក​នោះ​មាន​សុភមង្គល​ហើយ។ ១៩ ព្រះ‌អម្ចាស់​បាន​បង្កើត​ផែន‌ដី ដោយ‌សារ​ព្រះ‌ប្រាជ្ញា‌ញាណ ហើយ​ព្រះ‌អង្គ​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ‌សារ​ព្រះ​តម្រិះ​របស់​ព្រះ‌អង្គ។ ២០ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ផុស​ចេញ​ពី​ទី​ជម្រៅ និង​ឲ្យ​ពពក​បង្អុរ​ភ្លៀង​ចុះ​មក ដោយ‌សារ​ព្រះ‌តម្រិះ​ដ៏​វាង‌វៃ​របស់​ព្រះ‌អង្គ។
ព្រះ‌អម្ចាស់​ការ‌ពារ​អ្នក​មាន​ប្រាជ្ញា
២១ កូន​អើយ ចូរ​ដឹង​ខុស​ត្រូវ និង​រិះ‌គិត​ពិចារណា​ជា‌និច្ច កុំ​ធ្វេស‌ប្រហែស​ឡើយ ២២ ដ្បិត​ការ​ដឹង​ខុស​ត្រូវ និង​ការ​រិះ‌គិត​ពិចារណា​ផ្តល់​ឲ្យ​កូន​មាន​ជីវិត មាន​កិរិយា​មារយាទ​ថ្លៃ‌ថ្នូរ។ ២៣ ពេល​នោះ កូន​នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត ហើយ​គ្មាន​អ្វី​ធ្វើ​ឲ្យ​កូន​ជំពប់​ដួល​បាន​ឡើយ។ ២៤ កូន​នឹង​ចូល​ដំណេក​ដោយ​ឥត​ភ័យ‌ខ្លាច ហើយ​ដេក​លង់‌លក់​យ៉ាង​ស្កប់‌ស្កល់។ ២៥ កូន​នឹង​មិន​បារម្ភ​ខ្លាច​ក្រែង​មាន​ភ័យ​អាសន្ន ឬ​ខ្លាច​ក្រែង​មាន​ជន‌ពាល​ចូល​មក​វាយ​ធ្វើ​បាប​ឡើយ ២៦ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ការ‌ពារ​កូន ព្រះ‌អង្គ​មិន​បណ្តោយ​ឲ្យ​កូន​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​ណា​មួយ​ឡើយ។
ត្រូវ​មាន​ចិត្ត​ស្រឡាញ់​អ្នក​ដទៃ
២៧ មិន​ត្រូវ​បដិសេធ​នឹង​ជួយ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ​ពី​កូន​ឡើយ គឺ​ត្រូវ​ជួយ​គេ​តាម​លទ្ធ‌ភាព​របស់​កូន។ ២៨ បើ​អ្នក​ដទៃ​មក​សុំ​អ្វី​ពី​កូន ហើយ​បើ​កូន​មាន មិន​ត្រូវ​ពោល​ទៅ​គេ​ថា «ទៅ​សិន​ចុះ ចាំ​ស្អែក សឹម​ត្រឡប់​មក​វិញ ខ្ញុំ​នឹង​ប្រគល់​ជូន!»។ ២៩ មិន​ត្រូវ​ប៉ុន‌ប៉ង​ធ្វើ​បាប​មិត្ត‌ភក្ដិ​ដែល​រស់​នៅ​ជិត​ខាង​កូន ហើយ​ទុក​ចិត្ត​លើ​កូន​នោះ​ឡើយ។ ៣០ កុំ​រក​រឿង​នរណា​ម្នាក់ ដោយ​ឥត​ហេតុ គឺ​កុំ​រក​រឿង​អ្នក​ដែល​មិន​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​កូន។ ៣១ កុំ​ច្រណែន​នឹង​មនុស្ស​ឃោរ‌ឃៅ កុំ​ប្រព្រឹត្ត​តាម​គេ​ឡើយ ៣២ ដ្បិត​ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​មនុស្ស​ខិល‌ខូច​ទេ តែ​ព្រះ‌អង្គ​ស្និទ្ធ‌ស្នាល​ជា​មួយ​មនុស្ស​ទៀង​ត្រង់។ ៣៣ ព្រះ‌អម្ចាស់​ដាក់​បណ្ដាសា​ក្រុម​គ្រួសារ​របស់​មនុស្ស​ពាល តែ​ព្រះ‌អង្គ​ប្រទាន​ពរ​ឲ្យ​ក្រុម​គ្រួសារ​មនុស្ស​សុចរិត។ ៣៤ ព្រះ‌អង្គ​មើល‌ងាយ​អស់​អ្នក​ដែល​មើល‌ងាយ​គេ តែ​ព្រះ‌អង្គ​សម្ដែង​ព្រះ‌ហឫ‌ទ័យ​ប្រណី​សន្ដោស ចំពោះ​អស់​អ្នក​ដែល​គ្មាន​ទី​ពឹង។ ៣៥ អ្នក​មាន​ប្រាជ្ញា​នឹង​បាន​ទទួល​សិរី‌រុង​រឿង​ទុក​ជា​មត៌ក តែ​មនុស្ស​ខ្លៅ​នឹង​ត្រូវ​អាម៉ាស់​វិញ។
ផល​ប្រយោជន៍​នៃ​ប្រាជ្ញា
 កូន​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​ទូន្មាន​របស់​ឪពុក ចូរ​ប្រុង​ស្មារតី នោះ​កូន​នឹង​បាន​យល់​អំពី​ការ​ចេះ​ដឹង  ដ្បិត​ឪពុក​បង្រៀន​កូន​អំពី​គោល​គំនិត​ដ៏​ល្អ កុំ​បោះ‌បង់​ចោល​ដំបូន្មាន​របស់​ឪពុក​ឡើយ។  ពី​ដើម ឪពុក​ធ្លាប់​ស្ដាប់​ជីតា​របស់​ឯង ហើយ​ឪពុក​ក៏​ជា​កូន​សំណព្វ​របស់​ជី​ដូន​ឯង​ដែរ។  ជីតា​ឯង​បាន​បង្រៀន​ឪពុក​ថា៖ «ចូរ​កូន​ចង​ចាំ​ពាក្យ​របស់​ឪពុក​ទុក​ក្នុង​ចិត្ត ចូរ​ប្រតិ‌បត្តិ​តាម​ដំបូន្មាន​របស់​ឪពុក នោះ​កូន​នឹង​មាន​ជីវិត។  ចូរ​រក​ប្រាជ្ញា និង​ការ​ចេះ​ដឹង​ឲ្យ​បាន។ មិន​ត្រូវ​បំភ្លេច ឬ​ងាក​ចេញ​ពី​ពាក្យ​របស់​ឪពុក​ឡើយ។  កុំ​បោះ‌បង់​ប្រាជ្ញា​ឲ្យ​សោះ នោះ​ប្រាជ្ញា​នឹង​ការ‌ពារ​កូន ចូរ​ស្រឡាញ់​ប្រាជ្ញា នោះ​ប្រាជ្ញា​នឹង​ថែ‌រក្សា​កូន។  រីឯ​ប្រភព​នៃ​ប្រាជ្ញា​ចាប់​ផ្តើម​ដូច​ត​ទៅ: គឺ​ត្រូវ​រក​ប្រាជ្ញា​ឲ្យ​បាន ហើយ​ចំណាយ​អ្វីៗ​ទាំង​អស់​ដែល​កូន​មាន ដើម្បី​រក​ឲ្យ​បាន​ការ​ចេះ​ដឹង។  ចូរ​ឱប​រឹត​ប្រាជ្ញា​ឲ្យ​ជាប់​ក្នុង​ដួង​ចិត្ត នោះ​ប្រាជ្ញា​នឹង​លើក​តម្កើង​កូន​ឡើង​យ៉ាង​ថ្លៃ‌ថ្នូរ។  ប្រាជ្ញា​នឹង​ផ្តល់​ឲ្យ​កូន​បាន​រុង‌រឿង គឺ​ប្រៀប​ដូច​ជា​មកុដ និង​ជា​គ្រឿង​អលង្ការ​ដ៏​ថ្លៃ​បំផុត​សម្រាប់​កូន»។
កុំ​យក​តម្រាប់​តាម​ជន‌ពាល
១០ កូន​អើយ ចូរ​ស្ដាប់​ពាក្យ​របស់​ឪពុក នោះ​កូន​នឹង​មាន​អាយុ​វែង។ ១១ ឪពុក​បាន​ណែ‌នាំ​កូន​ឲ្យ​ស្គាល់​របៀប​រស់​នៅ​ប្រកប​ដោយ​ប្រាជ្ញា និង​បាន​អប់រំ​កូន​ឲ្យ​ដើរ​តាម​មាគ៌ា​ទៀង​ត្រង់។ ១២ បើ​កូន​ប្រកាន់​យក​មាគ៌ា​នេះ នឹង​គ្មាន​ឧបសគ្គ​អ្វី​មក​រា‌រាំង​កូន​ឲ្យ​ជំពប់​ដួល​ឡើយ។ ១៣ ចូរ​កាន់​តាម​ដំបូន្មាន​ឪពុក ដោយ​ឥត​លះ‌បង់​ចោល​ឡើយ ចូរ​ថែ‌រក្សា​ឲ្យ​ជាប់ ដ្បិត​ដំបូន្មាន​នេះ​ជា​ជីវិត​របស់​កូន។ ១៤ មិន​ត្រូវ​ចូល​រួម​ក្នុង​ផ្លូវ​របស់​មនុស្ស​ពាល​ឡើយ ហើយ​ក៏​មិន​ត្រូវ​យក​តម្រាប់​តាម​មនុស្ស​អាក្រក់​ដែរ។ ១៥ ចូរ​ចៀស‌វាង​ដើរ​តាម​ផ្លូវ​នោះ ត្រូវ​ដើរ​វាង​ឲ្យ​ឆ្ងាយ។ ១៦ អ្នក​ទាំង​នោះ​មិន​ចូល​ដំណេក​ទេ ដរាប​ទាល់​តែ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ជា​មុន​សិន គឺ​ប្រសិន​បើ​គេ​មិន​បាន​ធ្វើ​ទុក្ខ‌ទោស​អ្នក​ផ្សេង​ទេ​នោះ គេ​ដេក​មិន​លក់​ឡើយ ១៧ ដ្បិត​គេ​ចិញ្ចឹម​ជីវិត​ដោយ‌សារ​អំពើ​ទុច្ចរិត ហើយ​គេ​ផឹក​ស្រា​ដែល​បាន​មក​ដោយ‌សារ​អំពើ​ឃោរ‌ឃៅ។
១៨ មាគ៌ា​របស់​មនុស្ស​សុចរិត​ប្រៀប​បី​ដូច​ជា​ពន្លឺ​អរុណ‌រះ បញ្ចេញ​រស្មី​កាន់​តែ​ភ្លឺ​ឡើងៗ រហូត​ដល់​ព្រះ​អាទិត្យ​ពេញ​កម្ដៅ។ ១៩ រីឯ​ផ្លូវ​របស់​ជន‌ពាល​វិញ ប្រៀប​បាន​នឹង​ភាព​ងងឹត​អន្ធការ គឺ​ពួក​គេ​មិន​អាច​មើល​ឧបសគ្គ​ដែល​ធ្វើ​ឲ្យ​ខ្លួន​ជំពប់​ដួល​នោះ​ឃើញ​ឡើយ។
ចរិយា​សម្បត្តិ​ដ៏​ថ្លៃ‌ថ្នូរ
២០ កូន​អើយ ចូរ​ផ្ទៀង​ត្រចៀក ចូរ​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ទូន្មាន និង​ឱវាទ​របស់​ឪពុក។ ២១ កុំ​បំភ្លេច​ពាក្យ​ឪពុក គឺ​ត្រូវ​រក្សា​ទុក​ឲ្យ​ជាប់​នៅ​ក្នុង​ដួង​ចិត្ត​ជា‌និច្ច។ ២២ ដ្បិត​ឱវាទ​នេះ​នឹង​ផ្តល់​ជីវិត និង​សុខ‌ភាព​ដល់​អស់​អ្នក​ដែល​សុខ​ចិត្ត​ទទួល។ ២៣ ចូរ​កូន​ថែ‌រក្សា​ចិត្ត​គំនិត​ដោយ​ប្រុង‌ប្រយ័ត្ន ដ្បិត​ចិត្ត​គំនិត​របស់​កូន​យ៉ាង​ណា ជីវិត​របស់​កូន​ក៏​យ៉ាង​នោះ​ដែរ។ ២៤ ចូរ​ទប់​មាត់​កុំ​ឲ្យ​ពោល​ពាក្យ​អាស្រូវ​ឡើយ ហើយ​ក៏​កុំ​គ្រលាស់​អណ្ដាត​ពោល​ពាក្យ​មួល​បង្កាច់​គេ​ដែរ។ ២៥ ចូរ​សម្ដែង​ឲ្យ​មនុស្ស​លោក​ឃើញ​ទឹក​ចិត្ត​ស្មោះ‌ត្រង់​របស់​កូន គឺ​កុំ​មើល​ទៅ​នរណា​ដោយ​ចិត្ត​វៀច‌វេរ​ឡើយ។ ២៦ ចូរ​រៀប‌ចំ​ផ្លូវ​ដែល​កូន​ត្រូវ​ដើរ​ឲ្យ​ត្រង់ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ផ្លូវ​នោះ​បាន​ត្រឹម‌ត្រូវ ២៧ កុំ​ងាក​ស្តាំ ងាក​ឆ្វេង ហើយ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ផ្លូវ​អាក្រក់។
ត្រូវ​ប្រយ័ត្ន​នឹង​ស្ត្រី​ដែល​ក្បត់​ប្ដី
 កូន​អើយ ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ប្រាជ្ញា​របស់​ឪពុក ហើយ​ចាប់​អារម្មណ៍​នឹង​តម្រិះ​របស់​ឪពុក​ដែរ
 ដើម្បី​ឲ្យ​កូន​ស្គាល់​ការ​រិះ‌គិត និង​ការ​និយាយ​ស្តី​ដឹង​ខុស​ត្រូវ។  ធម្មតា ស្ត្រី​ក្បត់​ប្ដី​តែង‌តែ​និយាយ​មាយា​ផ្អែម​ដូច​ទឹក​ឃ្មុំ ហើយ​មាត់​រអិល​ដូច​ប្រេង  តែ​តាម​ពិត​ស្ត្រី​នោះ​ប្រៀប​បាន​នឹង​ផ្លែ​ស្លែង​ដែល​មាន​ជាតិ​ល្វីង ហើយ​មុត​ដូច​ដាវ​មុខ​ពីរ។  ស្ត្រី​ប្រភេទ​នេះ​បណ្តាល​ឲ្យ​អ្នក​ត្រូវ​ស្លាប់ ដ្បិត​ផ្លូវ​របស់​គេ​តម្រង់​ទៅ​រក​មច្ចុរាជ។  ផ្លូវ​របស់​ស្ត្រី​នេះ​មិន​នាំ​ទៅ​កាន់​ជីវិត​ទេ តែ​នាំ​ឲ្យ​គេ​វង្វេង​ដោយ​មិន​ដឹង​ខ្លួន។
 ឥឡូវ​នេះ កូន​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ឪពុក កុំ​ងាក​ចេញ​ពី​ឱវាទ​របស់​ឪពុក​ឡើយ។  ចូរ​ដើរ​វាង​ឲ្យ​ឆ្ងាយ​ពី​ស្ត្រី​ប្រភេទ​នេះ កុំ​ទៅ​ជិត​មាត់​ទ្វារ​ផ្ទះ​របស់​គេ​ឲ្យ​សោះ  ក្រែង‌លោ​អ្នក​ផង​ទាំង​ពួង​ប្រមាថ​មាក់‌ងាយ​កេរ្តិ៍​ឈ្មោះ​កូន ហើយ​មនុស្ស​គ្មាន​ចិត្ត​មេត្តា​បំផ្លាញ​ជីវិត​កូន ១០ ក្រែង‌លោ​អ្នក​ដទៃ​មក​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​កូន ហើយ​អ្វីៗ​ដែល​កូន​រក​បាន​ដោយ​កម្លាំង​ញើស ត្រូវ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ផ្សេង។ ១១ នៅ​ទី​បំផុត កូន​លែង​មាន​កម្លាំង​អ្វី​ទៀត ហើយ​កូន​នឹង​ស្រែក​ថ្ងូរ​ដូច​សត្វ។ ១២ ពេល​នោះ កូន​នឹង​ពោល​ថា «ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ស្អប់​ដំបូន្មាន ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ការ​ប្រៀន‌ប្រដៅ​ដូច្នេះ! ១៣ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មិន​ស្ដាប់​ពាក្យ​សម្ដី​គ្រូ ហើយ​ក៏​មិន​ផ្ទៀង​ត្រចៀក​ស្ដាប់​អ្នក​បង្រៀន​ខ្ញុំ​ដូច្នេះ!។ ១៤ ខ្ញុំ​វិះ‌តែ​អាម៉ាស់​មុខ នៅ​ក្នុង​ចំណោម​សហគមន៍​របស់​ប្រជាជន»។
១៥ ប្រពន្ធ​របស់​កូន​ប្រៀប​បាន​នឹង​ប្រភព​ទឹក ដែល​ផុស​ចេញ​ពី​អណ្ដូង​របស់​កូន​ផ្ទាល់ ចូរ​ផឹក​តែ​ទឹក​នេះ​ចុះ ១៦ កុំ​បណ្តោយ​ឲ្យ​ទឹក​នេះ​ហូរ​ទៅ​ក្រៅ តាម​ដង​ផ្លូវ​ឡើយ។ ១៧ ចូរ​ប្រើ​ទឹក​នេះ​តែ​ម្នាក់​ឯង​បាន​ហើយ កុំ​ចែក​ឲ្យ​អ្នក​ដទៃ។ ១៨ ចូរ​ផ្តល់​សុភមង្គល​ឲ្យ​ភរិយា​របស់​កូន ចូរ​រួម​រស់​យ៉ាង​សប្បាយ​ជា​មួយ​ភរិយា ដែល​កូន​បាន​រៀប‌ការ​តាំង​ពី​កំលោះ​ក្រមុំ។ ១៩ ភរិយា​របស់​កូន​មាន​ចរិយា​សម​សួន​គួរ​ឲ្យ​ស្រឡាញ់ សម្រស់​របស់​នាង​គួរ​ជា​ទី​គាប់‌ចិត្ត។ ចូរ​ត្រេក‌ត្រអាល​នឹង​សម្ផស្ស​របស់​នាង ចូរ​ស្រឡាញ់​នាង​យ៉ាង​អស់​ពី​ចិត្ត​រហូត​ត​ទៅ។ ២០ កូន​អើយ ហេតុ​អ្វី​បាន​ជា​កូន​មាន​ចិត្ត​ស្រឡាញ់​ប្រពន្ធ​របស់​គេ​ទៅ​វិញ? ហេតុ​អ្វី​បាន​ជា​កូន​ចង់​សប្បាយ​ជា​មួយ​ស្រី​ផ្សេង​ដូច្នេះ? ២១ អ្វីៗ​ដែល​មនុស្ស​លោក​ប្រព្រឹត្ត ព្រះ‌អម្ចាស់​ជ្រាប​ទាំង​អស់ ព្រះ‌អង្គ​ទត​ឃើញ​កិរិយា​មារយាទ​របស់​គេ។ ២២ កំហុស​របស់​មនុស្ស​អាក្រក់​ជា​ចំណង​ចង​ខ្លួន ហើយ​អំពើ​បាប​ជា​អន្ទាក់​ដែល​ធ្វើ​ឲ្យ​ខ្លួន​គេ​រើ​ពុំ​រួច។ ២៣ គេ​នឹង​ត្រូវ​ស្លាប់ ព្រោះ​ខ្វះ​ការ​អប់រំ គេ​នឹង​ត្រូវ​វិនាស ព្រោះ​តែ​អំពើ​លេលា​ហួស​ល្បត់​របស់​ខ្លួន។
កុំ​ធានា​សង​បំណុល​ជំនួស​គេ
 កូន​អើយ ប្រសិន​បើ​កូន​ធានា​បង‌ប្អូន​ណា​ម្នាក់​ដែល​ជំពាក់​បំណុល​គេ  ប្រសិន​បើ​កូន​បាន​សន្យា​ផ្ទាល់​មាត់ និង​ជាប់​សម្ដី​ក្នុង​រឿង​នេះ  បាន​សេចក្ដី​ថា កូន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បង‌ប្អូន​នោះ​ហើយ។ ដូច្នេះ កូន​ត្រូវ​តែ​ទៅ​ជួប​អ្នក​នោះ ហើយ​អង្វរ​ករ និង​រំអុក​សុំ​រំដោះ​ខ្លួន​ឲ្យ​រួច  កុំ​ដេក កុំ​សម្រាក​ឡើយ  គឺ​ខំ​ប្រឹង​រើ‌បម្រះ​ឲ្យ​ទាល់​តែ​រួច​ខ្លួន ដូច​ឈ្លូស និង​បក្សី​ខំ​ប្រឹង​រំដោះ​ខ្លួន ឲ្យ​រួច​ពី​អន្ទាក់​របស់​ព្រាន។
មនុស្ស​កម្ជិល
 កូន​កម្ជិល​អើយ ចូរ​ទៅ​មើល​ស្រមោច ហើយ​ពិចារណា​អំពី​ការ​រស់​នៅ​របស់​វា រួច​យក​មេរៀន​ពី​វា​ទៅ។  វា​គ្មាន​អ្នក​ត្រួត‌ត្រា គ្មាន​មេ​កើយ គ្មាន​ថៅ‌កែ​ទេ  តែ​នៅ​រដូវ​ក្ដៅ​វា​ប្រមូល​ចំណី នៅ​រដូវ​ចម្រូត វា​សន្សំ​ស្បៀង​ទុក។  ជន​កម្ជិល​អើយ តើ​អ្នក​នៅ​តែ​ដេក​ដល់​ណា​ទៀត? តើ​ដល់​អង្កាល់​ទើប​ភ្ញាក់​ឡើង? ១០ អ្នក​ចង់​ដេក​ថែម​បន្តិច ចង់​ដំអក់​បន្តិច ដេក​ឱប​ដៃ​បន្តិច។ ១១ ធ្វើ​ដូច្នេះ អ្នក​នឹង​ខ្វះ​ខាត ហើយ​ធ្លាក់​ខ្លួន​ក្រ​ភ្លាម ដោយ​មិន​ដឹង​ខ្លួន ដូច​មាន​ចោរ​ចូល​លួច​ប្លន់។
មនុស្ស​ពាល
១២ អ្នក​ណា​ដើរ​សាប‌ព្រោះ​ពាក្យ​មិន​ពិត អ្នក​នោះ​ជា​មនុស្ស​ចោល‌ម្សៀត និង​ទុច្ចរិត ១៣ គេ​មិច​ភ្នែក លើក​ដៃ​លើក​ជើង​ជា​សញ្ញា ១៤ មាន​ចិត្ត​ពាល ហើយ​រិះ‌គិត​ធ្វើ​អាក្រក់​គ្រប់​ពេល​វេលា និង​បង្ក​ជម្លោះ។ ១៥ ហេតុ​នេះ គេ​មុខ​ជា​វិនាស​យ៉ាង​ទាន់‌ហន់ ព្រម​ទាំង​ត្រូវ​អន្តរាយ​មួយ​រំពេច​រក​អ្វី​មក​កែ‌កុន​ពុំ​បាន។
អំពើ​ដែល​ពុំ​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់
១៦ មាន​អំពើ​ប្រាំ​មួយ ឬ​ប្រាំ​ពីរ​យ៉ាង ដែល​ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ ហើយ​មិន​អាច​ទ្រាំ‌ទ្រ​បាន​គឺ: ១៧ ការ​វាយ‌ឫក​ខ្ពស់ ការ​ពោល​ពាក្យ​កុហក ការ​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់ ១៨ ការ​រិះ‌គិត​ធ្វើ​អំពើ​ទុច្ចរិត ការ​រត់​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ ១៩ ធ្វើ​ជា​សាក្សី​ក្លែង‌ក្លាយ ដែល​ពោល​ពាក្យ​មិន​ពិត និង​ការ​បង្ក​ជម្លោះ​បំបាក់‌បំបែក​បង‌ប្អូន។
កុំ​ផិត​ក្បត់​ស្វាមី​ភរិយា
២០ កូន​អើយ ចូរ​ស្ដាប់​ឱវាទ​របស់​ឪពុក កុំ​ចោល​ដំបូន្មាន​របស់​ម្ដាយ។ ២១ ចូរ​ចង​ចាំ​ទុក​ក្នុង​ចិត្ត ចូរ​រក្សា​ជាប់​នឹង​ខ្លួន​ដូច​គ្រឿង​អលង្ការ។ ២២ ពេល​កូន​ទៅ​ណា​មក​ណា​ដំបូន្មាន​នេះ​នាំ​ផ្លូវ​កូន ការ‌ពារ​កូន​ក្នុង​ពេល​ដេក ហើយ​សារ​ស័ព្ទ​ជា​មួយ​កូន​នៅ​ពេល​កូន​ភ្ញាក់ ២៣ ដ្បិត​ឱវាទ​ប្រៀប​បាន​នឹង​ចង្កៀង ដំបូន្មាន​ជា​ពន្លឺ ហើយ​ការ​ប្រៀន‌ប្រដៅ​ជា​ផ្លូវ​នាំ​ទៅ​កាន់​ជីវិត។ ២៤ ពាក្យ​ដាស់​តឿន​ទាំង​នេះ​ការ‌ពារ​កូន កុំ​ឲ្យ​ចាញ់​បោក​ស្រី​ទុច្ចរិត កុំ​ឲ្យ​ចាញ់​បញ្ឆោត​ពាក្យ​ផ្អែម‌ល្ហែម​របស់​ស្ត្រី​ក្បត់​ប្ដី។ ២៥ កុំ​មាន​ចិត្ត​ពុះ​កញ្ជ្រោល​នឹង​សម្ផស្ស​របស់​ស្រី​របៀប​នេះ​ឡើយ ហើយ​ក៏​កុំ​បណ្តោយ​ឲ្យ​ចិត្ត​អ្នក​ឈ្លក់​វង្វេង​ទៅ​តាម​កែវ​ភ្នែក​របស់​គេ​ដែរ។ ២៦ ស្រី​ពេស្យា​ចង់​បាន​នំបុ័ង​តែ​មួយ​ដុំ​ប៉ុណ្ណោះ រីឯ​ស្ត្រី​ក្បត់​ប្ដី​វិញ គេ​ទាម‌ទារ​យក​អ្វីៗ​ទាំង​អស់​ដ៏​មាន​តម្លៃ។
២៧ តើ​មាន​នរណា​យក​ភ្លើង​មក​ឱប ហើយ​ភ្លើង​មិន​ឆេះ​អាវ​ទាំង​មូល? ២៨ តើ​មាន​នរណា​ដើរ​លើ​រងើក​ភ្លើង ហើយ​មិន​រលាក​ជើង? 29 រីឯ​អ្នក​ដែល​ប៉ះ‌ពាល់​ប្រពន្ធ​គេ​ក៏​ដូច្នោះ​ដែរ គឺ​ត្រូវ​តែ​ទទួល​ផល​វិបាក​ជា‌និច្ច។ ៣០ ចោរ​លួច​គេ ដើម្បី​គ្រាន់​តែ​ចម្អែត​ក្រពះ​ដែល​ឃ្លាន​នោះ គ្មាន​នរណា​មើល‌ងាយ​ទេ ៣១ តែ​បើ​គេ​ចាប់​បាន ចោរ​នោះ​ត្រូវ​តែ​សង​មួយ​ជា​ប្រាំ​ពីរ ហើយ​ខាត​បង់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន​ផង។ ៣២ អ្នក​ណា​លួច​ប្រពន្ធ​គេ អ្នក​នោះ​ជា​មនុស្ស​មិន​ចេះ​ពិចារណា ដ្បិត​ប្រព្រឹត្ត​យ៉ាង​នេះ​នាំ​តែ​វិនាស​ខ្លួន​ឯង។ ៣៣ អ្នក​នោះ​នឹង​ទទួល​ទោស​បាត់‌បង់​កិត្តិ‌យស ហើយ​ត្រូវ​ខ្មាស​គេ​រហូត ៣៤ ដ្បិត​ប្ដី​គេ​នឹង​ប្រច័ណ្ឌ ហើយ​ថ្ងៃ​មួយ​គេ​នឹង​សង‌សឹក​ឥត​ត្រា‌ប្រណី​ឡើយ។ ៣៥ គេ​មិន​ព្រម​ទទួល​សំណង គេ​មិន​អត់‌ទោស​ឲ្យ ទោះ‌បី​យក​ជំងឺ​ចិត្ត​ទៅ​សង​ច្រើន​យ៉ាង​ណា​ក៏​ដោយ។
ស្ត្រី​ក្បត់​ប្ដី
 កូន​អើយ កុំ​ភ្លេច​ពាក្យ​បណ្តាំ​ឪពុក ចូរ​ចង‌ចាំ​ពាក្យ​ដែល​ឪពុក​ទូន្មាន  ចូរ​រក្សា​ពាក្យ​ដែល​ឪពុក​ទូន្មាន​នេះ ទើប​កូន​មាន​ជីវិត។ ចូរ​រក្សា​ពាក្យ​ដែល​ឪពុក​ប្រៀន‌ប្រដៅ​ទុក​ដូច​ជា​កែវ​ភ្នែក។  ចូរ​ចង‌ចាំ​ពាក្យ​របស់​ឪពុក​គ្រប់​ពេល​វេលា ហើយ​ចារឹក​ទុក​ក្នុង​ដួង​ចិត្ត​ជា‌និច្ច។  ចូរ​ចាត់​ទុក​ប្រាជ្ញា​ដូច​ជា​បង​ស្រី និង​ចាត់​ទុក​តម្រិះ​ដូច​ជា​មិត្ត។  ធ្វើ​ដូច្នេះ កូន​អាច​គេច​ផុត​ពី​ស្ត្រី​ក្បត់​ប្ដី និង​គេច​ផុត​ពី​ប្រពន្ធ​គេ ដែល​ប្រសប់​លួង‌លោម។
 មាន​ថ្ងៃ​មួយ ឪពុក​មើល​តាម​បង្អួច​ផ្ទះ សម្លឹង​ទៅ​ផ្លូវ​កែង  ក្នុង​ចំណោម​យុវជន​ដែល​មិន​សូវ​ដឹង​ខុស​ត្រូវ ឪពុក​ឃើញ​ក្មេង​កំលោះ​ម្នាក់ គ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ។  ក្មេង​កំលោះ​នោះ​ដើរ​តាម​ផ្លូវ​មាន​ផ្ទះ​លក់​ដូរ ក្បែរ​កន្លែង​ដែល​ស្ត្រី​ក្បត់​ប្ដី​រស់​នៅ ហើយ​ដើរ​តម្រង់​ទៅ​ផ្ទះ​នាង។  ពេល​នោះ ជា​ពេល​ល្ងាច ថ្ងៃ​កំពុង​លិច ហើយ​យប់​ងងឹត​ក៏​ជិត​មក​ដល់។ ១០ ស្ត្រី​នោះ​ចេញ​មក​ជួប​អ្នក​កំលោះ ទាំង​ស្លៀក​ពាក់​ជា​របៀប​ស្រី​ពេស្យា ដើម្បី​ទាក់‌ទាញ​ចិត្ត​គេ។ ១១ នាង​ពុះ‌កញ្ជ្រោល ស្រើប‌ស្រាល ឥត​អៀន‌ខ្មាស ទ្រាំ​នៅ​ក្នុង​ផ្ទះ​មិន​បាន​ទេ។ ១២ នាង​នេះ​ដើរ​រក​ប្រុស​នៅ​តាម​ដង​ផ្លូវ នៅ​តាម​ផ្សារ និង​នៅ​គ្រប់​កៀន​កោះ។ ១៣ នាង​ចាប់​អ្នក​កំលោះ​មក​ឱប​រឹត ហើយ​និយាយ​ទាំង​ងងើល​ថា ១៤ «ថ្ងៃ​នេះ ខ្ញុំ​ទើប​នឹង​ថ្វាយ​យញ្ញ‌បូជា​អរ‌ព្រះ‌គុណ ដើម្បី​លា​បំណន់។ ១៥ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ចេញ​មក​ជួប​បង ដ្បិត​ខ្ញុំ​ចង់​ស្គាល់​បង​យូរ​ហើយ ឥឡូវ ខ្ញុំ​ជួប​បង​មែន!។ ១៦ ខ្ញុំ​បាន​រៀប‌ចំ​គ្រែ​ខ្ញុំ ដែល​មាន​ភួយ​ចម្រុះ​ពណ៌ និង​មាន​ផាហ៊ុម​ល្អៗ​មក​ពី​ស្រុក​អេស៊ីប។ ១៧ ខ្ញុំ​បាន​ប្រោះ​ទឹក​អប់ និង​គ្រឿង​ក្រអូប​ផ្សេងៗ​ពី​លើ​គ្រែ​នោះ។ ១៨ សូម​អញ្ជើញ​មក យើង​រួម​ស្នេហ៍​យ៉ាង​សប្បាយ​ជា​មួយ​គ្នា​រហូត​ដល់​ព្រឹក​ស្អែក។ ១៩ ប្ដី​ខ្ញុំ​មិន​នៅ​ផ្ទះ​ទេ គាត់​បាន​ចេញ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ​បាត់​ហើយ។ ២០ គាត់​យក​ប្រាក់​មួយ​ថង់​ទៅ​ជា​មួយ​ដល់​ថ្ងៃ​ពេញ‌បូណ៌ ទើប​គាត់​វិល​ត្រឡប់​មក​ផ្ទះ​វិញ»។ ២១ នាង​និយាយ​បញ្ចុះ‌បញ្ចូល​យ៉ាង​ប៉ិន‌ប្រសប់ អូស​ទាញ​អ្នក​កំលោះ​ដោយ​ពាក្យ​សម្ដី​ផ្អែម‌ល្ហែម។ ២២ អ្នក​កំលោះ​ក៏​ទៅ​តាម​នាង​ភ្លាម ដូច​គោ​ដែល​គេ​នាំ​ទៅ​ទី​សត្ត‌ឃាត និង​ដូច​មនុស្ស​ឆ្កួត​ដែល​បណ្តោយ​ឲ្យ​គេ​ចង​ជើង​ចង​ដៃ យក​ទៅ​ធ្វើ​ទោស។ ២៣ អ្នក​នោះ​ប្រៀប​បាន​នឹង​សត្វ​ស្លាប ហើរ​បោះ‌ពួយ​ទៅ​រក​អន្ទាក់ ដោយ​មិន​ដឹង​ថា ខ្លួន​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទេ លុះ​ត្រា​តែ​មាន​ព្រួញ​មក​ទំលុះ​ដល់​បេះ‌ដូង។
២៤ ឥឡូវ​នេះ កូន​អើយ ចូរ​ស្ដាប់​ឪពុក ចូរ​ត្រង‌ត្រាប់​ស្ដាប់​សេចក្ដី​ដែល​ឪពុក​ទូន្មាន។ ២៥ កុំ​បាក់​ចិត្ត​ទៅ​តាម​ស្ត្រី​ប្រភេទ​នេះ​ឡើយ ហើយ​ក៏​កុំ​វង្វេង​ទៅ​សេព‌គប់​ជា​មួយ​វា​ដែរ ២៦ ដ្បិត​ស្ត្រី​នេះ​បាន​ធ្វើ​ឲ្យ​មាន​ជន​រង‌គ្រោះ​ជា​ច្រើន សូម្បី​តែ​អ្នក​ខ្លាំង​ពូកែ​ក៏​ត្រូវ​ស្លាប់​ដោយ‌សារ​ស្នាដៃ​នាង​ដែរ។ ២៧ ផ្ទះ​របស់​នាង​ជា​ស្ថាន​មច្ចុរាជ អ្នក​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ មុខ​ជា​ស្លាប់​មិន​ខាន។
ព្រះ‌ប្រាជ្ញា‌ញាណ​ប្រកាស​ហៅ​សា​ជា​ថ្មី
 ចូរ​ត្រង‌ត្រាប់​ស្ដាប់!
ព្រះ‌ប្រាជ្ញា‌ញាណ​ស្រែក​ប្រកាស​ហើយ!
តម្រិះ​ក៏​បន្លឺ​សំឡេង​ឡើង​ដែរ!
 ព្រះ‌ប្រាជ្ញា‌ញាណ​ឈរ​លើ​ទួល
ក្បែរ​មាត់​ផ្លូវ និង​នៅ​ត្រង់​ផ្លូវ​បំបែក
 ក្បែរ​មាត់​ទ្វារ​ក្រុង នៅ​តាម​ផ្លូវ​ចេញ​ចូល
ហើយ​ស្រែក​ឡើង​ថា៖
 បណ្តា‌ជន​ទាំង‌ឡាយ​អើយ!
ខ្ញុំ​ស្រែក​ហៅ​អ្នក​រាល់​គ្នា
ខ្ញុំ​ចង់​និយាយ​ជា​មួយ​មនុស្ស​លោក​ទាំង​អស់។
 មនុស្ស​មិន​ដឹង​ខុស​ត្រូវ​អើយ
ចូរ​រៀន​ពិចារណា​ឡើង
មនុស្ស​ឥត​ប្រាជ្ញា​អើយ
ចូរ​រៀន​ឲ្យ​មាន​តម្រិះ​ឡើង។
 ចូរ​នាំ​គ្នា​ស្ដាប់
ដ្បិត​ខ្ញុំ​មាន​សេចក្ដី​សំខាន់ៗ​ប្រាប់​អ្នក​រាល់​គ្នា
ខ្ញុំ​និយាយ​ទូន្មាន​អ្នក​រាល់​គ្នា​អំពី​ផ្លូវ​ទៀង‌ត្រង់
 ខ្ញុំ​ថ្លែង​ប្រាប់​តែ​សេចក្ដី​ពិត​ប៉ុណ្ណោះ
ខ្ញុំ​មិន​ចូល​ចិត្ត​និយាយ​សេចក្ដី​អាក្រក់​ឡើយ។
 អ្វីៗ​ដែល​ខ្ញុំ​និយាយ​សុទ្ធ​តែ​ទៀង‌ត្រង់
គឺ​គ្មាន​ពាក្យ​វៀច‌វេរ ឬ​បោក‌បញ្ឆោត​ទេ។
 អ្នក​មាន​តម្រិះ​យល់​ថា ពាក្យ​ខ្ញុំ​ស្រួល​ស្ដាប់
រីឯ​អស់​អ្នក​ចេះ​ដឹង​ក៏​យល់​ថា
ខ្ញុំ​និយាយ​ត្រឹម‌ត្រូវ​មែន​ដែរ។
១០ ចូរ​ទទួល​ដំបូន្មាន​ខ្ញុំ​ជា​ជាង​ទទួល​ប្រាក់
រីឯ​ការ​ចេះ​ដឹង​មាន​តម្លៃ
លើស​មាស​ទឹក‌ដប់​ទៅ​ទៀត។
១១ ប្រាជ្ញា​មាន​តម្លៃ​ជាង​ត្បូង​ពេជ្រ
គ្មាន​របស់​អ្វី​មាន​តម្លៃ​ស្មើ​នឹង​ប្រាជ្ញា​ឡើយ។
១២ ខ្ញុំ​ជា​ប្រាជ្ញា
ការ​ពិចារណា​ស្ថិត​នៅ​ជាប់​ជា​មួយ​ខ្ញុំ
ខ្ញុំ​មាន​តម្រិះ​រិះ‌គិត ដោយ​សុភ‌និច្ឆ័យ។
១៣ អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់
តែង‌តែ​ស្អប់​អំពើ​អាក្រក់
ខ្ញុំ​មិន​ចូល​ចិត្ត​ការ​អួត​បំប៉ោង
ការ​ព្រហើន អំពើ​អាក្រក់
និង​ការ​ពោល​ពាក្យ​បោក‌បញ្ឆោត​ឡើយ។
១៤ ខ្ញុំ​មាន​ប្រាជ្ញា និង​យោបល់
ខ្ញុំ​ផ្តល់​តម្រិះ និង​កម្លាំង
១៥ ស្តេច​ទាំង‌ឡាយ​គ្រប់‌គ្រង​ស្រុក ដោយ‌សារ​ខ្ញុំ
ហើយ​មេ​ដឹក​នាំ​ទាំង‌ឡាយ
តែង​ច្បាប់​ដ៏​ត្រឹម‌ត្រូវ ក៏​ដោយ‌សារ​ខ្ញុំ​ដែរ។
១៦ អ្នក​ធំ​ទាំង‌ឡាយ​ត្រួត‌ត្រា​ស្រុក ដោយ‌សារ​ខ្ញុំ
ហើយ​ពួក​នាម៉ឺន​សុទ្ធ​តែ​ជា​ចៅ‌ក្រម​ដ៏​សុចរិត។
១៧ អ្នក​ណា​ស្រឡាញ់​ខ្ញុំ ខ្ញុំ​ស្រឡាញ់​អ្នក​នោះ​វិញ
អ្នក​ណា​ស្វែង​រក​ខ្ញុំ អ្នក​នោះ​ពិត​ជា​រក​ឃើញ។
១៨ ខ្ញុំ​ផ្តល់​ទ្រព្យ‌សម្បត្តិ និង​សិរី‌រុង​រឿង
ភាព​ចម្រុង‌ចម្រើន និង​សេចក្ដី​សុចរិត។
១៩ ផល​ផ្លែ​របស់​ខ្ញុំ​មាន​តម្លៃ​ជាង​មាស​ទឹក‌ដប់
អ្វីៗ​ដែល​ខ្ញុំ​ផ្តល់​ឲ្យ
មាន​តម្លៃ​ជាង​ប្រាក់​សុទ្ធ​ទៅ​ទៀត។
២០ ខ្ញុំ​ដើរ​តាម​មាគ៌ា​ដ៏​សុចរិត
និង​ប្រព្រឹត្ត​តាម​ផ្លូវ​យុត្តិ‌ធម៌។
២១ ខ្ញុំ​ផ្តល់​ទ្រព្យ‌សម្បត្តិ​យ៉ាង​បរិបូណ៌
ឲ្យ​អ្នក​ដែល​ស្រឡាញ់​ខ្ញុំ។
២២ ព្រះ‌អម្ចាស់​បាន​បង្កើត​ខ្ញុំ​តាំង​ពី​ដើម​ដំបូង​បង្អស់
គឺ​មុន​អ្វីៗ​ដែល​ព្រះ‌អង្គ​បង្កើត​មក​ទៅ​ទៀត។
២៣ ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តែង‌តាំង​ខ្ញុំ
តាំង​ពី​អស់‌កល្ប​រៀង​មក
គឺ​នៅ​គ្រា​ដំបូង​បង្អស់
មុន​កំណើត​ពិភព‌លោក​ទៅ​ទៀត។
២៤ កាល​ខ្ញុំ​កើត​មក មិន​ទាន់​មាន​ជម្រៅ​ទឹក
ហើយ​ក៏​មិន​ទាន់​មាន​ប្រភព​ទឹក​ដែរ។
២៥ ព្រះ‌អង្គ​បង្កើត​ខ្ញុំ​មក
មុន​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ភ្នំ​ធំ​ភ្នំ​តូច​លេច​ឡើង។
២៦ ពេល​នោះ ព្រះ‌អង្គ​មិន​ទាន់​បង្កើត​ផែន‌ដី
និង​លំហ​អាកាស​ទេ
ហើយ​ក៏​មិន​ទាន់​បង្កើត​ធាតុ​ដើម​ផ្សេងៗ​ដែរ។
២៧ កាល​ព្រះ‌អម្ចាស់​លាត​សន្ធឹង​ផ្ទៃ​មេឃ
និង​គូរ‌វាស​ជើង​មេឃ​ពី​លើ​មហា​សមុទ្រ
ខ្ញុំ​ក៏​នៅ​ទី​នោះ​ដែរ។
២៨ កាល​ព្រះ‌អង្គ​ដាក់​ពពក​នៅ​លើ​អាកាស
ហើយ​កាល​ប្រភព​ទឹក​ផុស​ចេញ​យ៉ាង​ខ្លាំង
ពី​ទី​ជម្រៅ
២៩ កាល​ព្រះ‌អង្គ​កំណត់​ព្រំ‌ដែន​សមុទ្រ
ដើម្បី​ខណ្ឌ​ទឹក​កុំ​ឲ្យ​ហៀរ​ចេញ
កាល​ព្រះ‌អង្គ​ចាក់​គ្រឹះ​ផែន‌ដី
៣០ នៅ​គ្រា​នោះ ខ្ញុំ​ជា​មេ​ជាង​ជួយ​ធ្វើ​ការ​ព្រះ‌អង្គ
ហើយ​ខ្ញុំ​ធ្វើ​ឲ្យ​ព្រះ‌អង្គ​មាន​អំណរ
ជា​រៀង‌រាល់​ថ្ងៃ។
ខ្ញុំ​កំសាន្ត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ
គ្រប់​ពេល​វេលា។
៣១ ខ្ញុំ​កំសាន្ត​នៅ​លើ​ដី​ដែល​ព្រះ‌អង្គ​បាន​បង្កើត
ខ្ញុំ​មាន​អំណរ​នៅ​ក្នុង​ចំណោម​មនុស្ស​លោក។
សុភមង្គល​របស់​អ្នក​ដែល​ស្ដាប់​ព្រះ‌ប្រាជ្ញា‌ញាណ
៣២ ឥឡូវ​នេះ កូន​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ឪពុក
អ្នក​ណា​ប្រតិ‌បត្តិ​តាម​មាគ៌ា​របស់​ឪពុក
អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល!។
៣៣ ចូរ​ស្ដាប់​ដំបូន្មាន​របស់​ឪពុក
ដោយ​ឥត​ធ្វេស‌ប្រហែស​ឡើយ
នោះ​កូន​នឹង​ទៅ​ជា​អ្នក​មាន​ប្រាជ្ញា។
៣៤ អ្នក​ណា​ស្ដាប់​ខ្ញុំ
ហើយ​ឈរ​យាម​មាត់​ទ្វារ​ខ្ញុំ​ជា​រៀង‌រាល់​ថ្ងៃ
អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល។
៣៥ អ្នក​ណា​រក​ខ្ញុំ​ឃើញ អ្នក​នោះ​មាន​ជីវិត
ហើយ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​អ្នក​នោះ។
៣៦ អ្នក​ណា​រក​ខ្ញុំ​មិន​ឃើញ
អ្នក​នោះ​ធ្វើ​បាប​ខ្លួន​ឯង
អ្នក​ណា​ស្អប់​ខ្ញុំ
អ្នក​នោះ​ស្រឡាញ់​សេចក្ដី​ស្លាប់។
ការ​អញ្ជើញ​របស់​ព្រះ‌ប្រាជ្ញា‌ញាណ
 ព្រះ‌ប្រាជ្ញា‌ញាណ​បាន​រៀប‌ចំ​សសរ​ប្រាំ​ពីរ សម្រាប់​សង់​ផ្ទះ។  ព្រះ‌ប្រាជ្ញា‌ញាណ​បាន​សម្លាប់​សត្វ រៀប‌ចំ​សុរា និង​រៀប‌ចំ​តុ សម្រាប់​ធ្វើ​ពិធី​ជប់‌លៀង។  ព្រះ‌ប្រាជ្ញា‌ញាណ​ចាត់​អ្នក​បម្រើ​ឲ្យ​ទៅ​ប្រកាស នៅ​តាម​ទួល​ខ្ពស់ៗ ក្នុង​ទី‌ក្រុង​ថា:  «មនុស្ស​ល្ងង់‌ខ្លៅ​អើយ ចូរ​នាំ​គ្នា​ចូល​មក​ទី​នេះ! រីឯ​មនុស្ស​ដែល​គ្មាន​ប្រាជ្ញា  ក៏​សុំ​អញ្ជើញ​ចូល​មក​ពិសា​អាហារ និង​ពិសា​ស្រា ដែល​ខ្ញុំ​បាន​រៀប‌ចំ​ទុក​ជា​ស្រេច។  ចូរ​នាំ​គ្នា​បោះ‌បង់​ចោល​ភាព​ល្ងង់‌ខ្លៅ ទើប​អ្នក​រាល់​គ្នា​មាន​ជីវិត។ ចូរ​ដើរ​តាម​មាគ៌ា​ដែល​ផ្តល់​ការ​ចេះ​ដឹង​វិញ!»។
អ្នក​ប្រាជ្ញ និង​អ្នក​វាយ​ឫក​ខ្ពស់
 អ្នក​ណា​ស្តី​បន្ទោស​មនុស្ស​វាយ​ឫក​ខ្ពស់ អ្នក​នោះ​នឹង​ត្រូវ​គេ​មើល‌ងាយ អ្នក​ណា​ស្តី​បន្ទោស​មនុស្ស​ពាល អ្នក​នោះ​នឹង​ត្រូវ​គេ​ជេរ​វិញ។  កុំ​ស្តី​បន្ទោស​មនុស្ស​វាយ‌ឫក​ខ្ពស់ ក្រែង​គេ​ស្អប់​អ្នក។ បើ​អ្នក​ស្តី​បន្ទោស​មនុស្ស​មាន​ប្រាជ្ញា គេ​នឹង​ស្រឡាញ់​អ្នក។  សេចក្ដី​ដែល​អ្នក​ពោល​ទៅ​កាន់​មនុស្ស​មាន​ប្រាជ្ញា ធ្វើ​ឲ្យ​គេ​កាន់​តែ​មាន​ប្រាជ្ញា សេចក្ដី​ដែល​អ្នក​បង្រៀន​មនុស្ស​សុចរិត ធ្វើ​ឲ្យ​គេ​កាន់​តែ​ចេះ​ដឹង​ថែម​ទៀត។
១០ ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ជា​ប្រភព​នៃ​ប្រាជ្ញា ការ​ស្គាល់​ព្រះ‌ជាម្ចាស់​ជា​ចំណេះ​របស់​ប្រជាជន​ដ៏‌វិសុទ្ធ។ ១១ ប្រាជ្ញា​ផ្តល់​ឲ្យ​អ្នក​រស់​បាន​យូរ ប្រាជ្ញា​ធ្វើ​ឲ្យ​អ្នក​មាន​អាយុ​វែង។ ១២ បើ​អ្នក​មាន​ប្រាជ្ញា អ្នក​នឹង​ទទួល​ផល​ល្អ​សម្រាប់​ខ្លួន​ឯង បើ​អ្នក​វាយ‌ឫក​ខ្ពស់ អ្នក​នឹង​ទទួល​ផល‌វិបាក​ខ្លួន​ឯង។
ដំណើរ​លេលា
១៣ ភាព​លេលា​ប្រៀប​បាន​នឹង​ស្រី​ឡូ‌ឡា ឆោត‌ល្ងង់ គ្មាន​ដឹង​អ្វី​ទាំង​អស់។ ១៤ ស្រី​នោះ​តែង​អង្គុយ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​ខ្លួន ឬ​អង្គុយ​លើ​កៅ‌អី​មួយ តាម​ទួល​ខ្ពស់ៗ​ក្នុង​ទី‌ក្រុង ១៥ ហើយ​ស្រែក​ហៅ​មនុស្ស​ត្រឹម‌ត្រូវ ដែល​ដើរ​កាត់​តាម​នោះ​ថា: ១៦ «មនុស្ស​ល្ងង់‌ខ្លៅ​អើយ ចូរ​នាំ​គ្នា​ចូល​មក​ទី​នេះ! រីឯ​មនុស្ស​ដែល​គ្មាន​ប្រាជ្ញា ១៧ សុំ​អញ្ជើញ​ចូល​មក​ពិសា​ទឹក​លួច​គេ​ដ៏​ផ្អែម​ត្រជាក់ ហើយ​បរិភោគ​អាហារ​លួច​លាក់​ដ៏​ឆ្ងាញ់​ពិសា»។ ១៨ អ្នក​ដែល​ស្ដាប់​តាម​ស្រី​នោះ ពុំ​បាន​ដឹង​ខ្លួន​ថា​កំពុង​តែ​ដើរ​ឆ្ពោះ​ទៅ​រក​មច្ចុរាជ ហើយ​ក៏​ពុំ​ដឹង​ថា​ភ្ញៀវ​ដែល​ស្រី​នោះ​អញ្ជើញ​មក​មុនៗ ធ្លាក់​ទៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​អស់​ទេ។
១០
កម្រង​សុភាសិត​អំពី​សីល‌ធម៌
 សុភាសិត​របស់​ព្រះ‌បាទ​សាឡូម៉ូន។ កូន​មាន​ប្រាជ្ញា​រមែង​ធ្វើ​ឲ្យ​ឪពុក​សប្បាយ​ចិត្ត រីឯ​កូន​ខិល‌ខូច​ធ្វើ​ឲ្យ​ម្ដាយ​ព្រួយ​បារម្ភ។
 ទ្រព្យ​ដែល​រក​បាន​ដោយ​ទុច្ចរិត​មិន​ធ្វើ​ឲ្យ​ចម្រុង‌ចម្រើន​ឡើយ មាន​តែ​ទ្រព្យ​រក​បាន​ដោយ​សុចរិត​ប៉ុណ្ណោះ ទើប​សង្គ្រោះ​ជីវិត​បាន។
 ព្រះ‌អម្ចាស់​មិន​បណ្តោយ​ឲ្យ​មនុស្ស​សុចរិត​អត់​ឃ្លាន​ទេ តែ​ព្រះ‌អង្គ​មិន​បំពេញ​តាម​ការ​លោភ‌លន់​របស់​មនុស្ស​ទុច្ចរិត​ឡើយ។
 មនុស្ស​ខ្ជិល​នាំ​ឲ្យ​ខ្លួន​ក្រ មនុស្ស​ឧស្សាហ៍​នាំ​ឲ្យ​ខ្លួន​មាន។
 អ្នក​ណា​ប្រមូល​ស្បៀង​ទុក​នៅ​រដូវ​ចម្រូត អ្នក​នោះ​ជា​មនុស្ស​ចេះ​គិត‌គូរ រីឯ​អ្នក​ដែល​គិត​តែ​ដេក​នៅ​រដូវ​ចម្រូត ជា​មនុស្ស​គួរ​ឲ្យ​មើល‌ងាយ។
 មនុស្ស​សុចរិត​រមែង​ទទួល​ពរ រីឯ​មនុស្ស​ពាល​តែង‌តែ​និយាយ​បិទ‌បាំង​អំពើ​ឃោរ‌ឃៅ​របស់​ខ្លួន។
 គេ​តែង‌តែ​ដឹង​គុណ​មនុស្ស​សុចរិត​ជា‌និច្ច រីឯ​មនុស្ស​ទុច្ចរិត សូម្បី​តែ​ឈ្មោះ​ក៏​គ្មាន​នរណា​នឹក​ឃើញ​ផង។
 មនុស្ស​មាន​ប្រាជ្ញា​តែង‌តែ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ដំបូន្មាន រីឯ​មនុស្ស​និយាយ​ទទឹង‌ទទែង​តែង‌តែ​រត់​ទៅ​រក​ភាព​អន្តរាយ។
 អ្នក​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​តែង‌តែ​បាន​សុខ‌សាន្ត រីឯ​អ្នក​ដើរ​តាម​ផ្លូវ​វៀច‌វេរ នឹង​ត្រូវ​គេ​រក​មុខ​ឃើញ។
១០ អ្នក​លាក់​សេចក្ដី​ពិត​រមែង​ធ្វើ​ឲ្យ​អ្នក​ដទៃ​អំពល់​ទុក្ខ រីឯ​មនុស្ស​និយាយ​ទទឹង‌ទទែង​តែង‌តែ​រត់​ទៅ​រក​ភាព​អន្តរាយ។
១១ ពាក្យ​សម្ដី​របស់​មនុស្ស​សុចរិត​ជា​ប្រភព​នៃ​ជីវិត រីឯ​មនុស្ស​ពាល​តែង‌តែ​និយាយ​បិទ‌បាំង​អំពើ​ឃោរ‌ឃៅ​របស់​ខ្លួន។
១២ ចិត្ត​ស្អប់​រមែង​បង្ក​ជម្លោះ រីឯ​ចិត្ត​ស្រឡាញ់​រមែង​គ្រប​បាំង​កំហុស​ទាំង​អស់។
១៣ គេ​អាច​សម្គាល់​មនុស្ស​មាន​ប្រាជ្ញា តាម‌រយៈ​ពាក្យ​សម្ដី​ដ៏​ឆ្លាត​វាង‌វៃ រីឯ​មនុស្ស​និយាយ​ដោយ​ឥត​គិត​ពិចារណា រមែង​ត្រូវ​រំពាត់។
១៤ អ្នក​ប្រាជ្ញ​តែង​ប្រមូល​ចំណេះ​ទុក​ជា​សម្បត្តិ រីឯ​ពាក្យ​សម្ដី​របស់​មនុស្ស​ល្ងី‌ល្ងើ​តែង​នាំ​ឲ្យ​វិនាស​មួយ​រំពេច។
១៥ ទ្រព្យ‌សម្បត្តិ​របស់​អ្នក​មាន​ប្រៀប​បាន​នឹង​ក្រុង​មួយ​ដែល​មាន​កំពែង​រឹង‌មាំ រីឯ​ភាព​ទុរគត​របស់​អ្នក​ក្រ‌ក្សត់ រមែង​នាំ​ឲ្យ​គេ​វិនាស។
១៦ មនុស្ស​សុចរិត​ធ្វើ​ការ ដើម្បី​ចិញ្ចឹម​ជីវិត រីឯ​មនុស្ស​ទុច្ចរិត​ធ្វើ​ការ​បាន​ប្រាក់ ដើម្បី​ប្រព្រឹត្ត​អំពើ​អាក្រក់។
១៧ អ្នក​ណា​ប្រតិ‌បត្តិ​តាម​ដំបូន្មាន អ្នក​នោះ​ដើរ​ទៅ​កាន់​ផ្លូវ​ជីវិត រីឯ​អ្នក​ដែល​មិន​ព្រម​ទទួល​ការ​ស្តី​ប្រដៅ​រមែង​វង្វេង​ផ្លូវ។
១៨ អ្នក​ណា​លាក់​ចិត្ត​ស្អប់ អ្នក​នោះ​ជា​មនុស្ស​និយាយ​កុហក រីឯ​អ្នក​មួល​បង្កាច់​គេ​ជា​មនុស្ស​ល្ងី‌ល្ងើ។
១៩ និយាយ​ច្រើន​នាំ​តែ​មាន​បាប​ច្រើន រីឯ​អ្នក​ដែល​ចេះ​ទប់​សម្ដី​ជា​អ្នក​មាន​ប្រាជ្ញា។
២០ ពាក្យ​សម្ដី​របស់​មនុស្ស​សុចរិត មាន​តម្លៃ​ស្មើ​នឹង​ប្រាក់​សុទ្ធ តែ​ចិត្ត​គំនិត​របស់​មនុស្ស​ពាល គ្មាន​តម្លៃ​អ្វី​សោះ។
២១ ពាក្យ​សម្ដី​របស់​មនុស្ស​សុចរិត តែង‌តែ​ផ្តល់​ប្រយោជន៍​ឲ្យ​មនុស្ស​ជា​ច្រើន រីឯ​មនុស្ស​ល្ងី‌ល្ងើ​តែង‌តែ​ស្លាប់ ដោយ​ខ្វះ​ការ​ពិចារណា។
២២ មាន​តែ​ព្រះ‌ពរ​មក​ពី​ព្រះ‌អម្ចាស់​ទេ ដែល​ធ្វើ​ឲ្យ​មនុស្ស​ចម្រុង‌ចម្រើន ការ​ខ្វល់‌ខ្វាយ​របស់​មនុស្ស​មិន​អាច​បន្ថែម​អ្វី​បាន​ឡើយ។
២៣ មនុស្ស​ល្ងី‌ល្ងើ ចូល​ចិត្ត​ប្រព្រឹត្ត​អំពើ​អាក្រក់​ទុក​ដូច​ជា​ល្បែង​កំសាន្ត រីឯ​មនុស្ស​មាន​ប្រាជ្ញា​រមែង​ចូល​ចិត្ត​ស្វែង​រក​ការ​ចេះ​ដឹង​វិញ។
២៤ មនុស្ស​ពាល​ខ្លាច​អ្វី ការ​នោះ​រមែង​កើត​ឡើង​ដល់​ខ្លួន​គេ រីឯ​មនុស្ស​សុចរិត​ប្រាថ្នា​ចង់​បាន​អ្វី ព្រះ‌ជាម្ចាស់​រមែង​ប្រទាន​ឲ្យ។
២៥ ពេល​ព្យុះ​សង្ឃរា​មក​ដល់ មនុស្ស​ពាល​ត្រូវ​វិនាស តែ​មនុស្ស​សុចរិត​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច។
២៦ ម្ជូរ​ធ្វើ​ឲ្យ​ស្រកៀរ​ធ្មេញ ផ្សែង​ធ្វើ​ឲ្យ​ផ្សា​ភ្នែក រីឯ​កូន​ឈ្នួល​កម្ជិល​ក៏​ធ្វើ​ឲ្យ​ចៅហ្វាយ​មួម៉ៅ​ដែរ។
២៧ មនុស្ស​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ តែង‌តែ​មាន​អាយុ​យឺន‌យូរ រីឯ​មនុស្ស​ពាល​មាន​អាយុ​ខ្លី។
២៨ សេចក្ដី​សង្ឃឹម​របស់​មនុស្ស​សុចរិត​នាំ​មក​នូវ​អំណរ រីឯ​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​ពាល គ្មាន​បាន​ប្រយោជន៍​អ្វី​សោះ។
២៩ ព្រះ‌អម្ចាស់​ជា​បន្ទាយ​ការ‌ពារ​មនុស្ស​ទៀង‌ត្រង់ តែ​ព្រះ‌អង្គ​បំផ្លាញ​មនុស្ស​ពាល​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់។
៣០ មនុស្ស​សុចរិត​មិន​ត្រូវ​រង្គើ​ឡើយ រីឯ​មនុស្ស​ពាល​វិញ​ពុំ​អាច​រស់​នៅ​លើ​ផែន‌ដី​បាន​ទេ។
៣១ ពាក្យ​សម្ដី​របស់​មនុស្ស​សុចរិត​តែង‌តែ​ផ្តល់​ប្រាជ្ញា រីឯ​អណ្ដាត​របស់​មនុស្ស​ពាល​វិញ ត្រូវ​តែ​កាត់​ចោល។
៣២ មនុស្ស​សុចរិត​រមែង​ពោល​ពាក្យ​ដែល​ធ្វើ​ឲ្យ​គេ​ពេញ​ចិត្ត រីឯ​មនុស្ស​ពាល​តែង‌តែ​ពោល​ពាក្យ​អាស្រូវ។
១១
ព្រះ‌អម្ចាស់​ស្អប់​អ្នក​បន្លំ​ភ្នែក​ជញ្ជីង តែ​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​អ្នក​ដែល​ប្រើ​កូន​ជញ្ជីង​ត្រឹម‌ត្រូវ។
 អ្នក​ណា​វាយ​ឫក​ក្រអឺត‌ក្រទម អ្នក​នោះ​នឹង​ត្រូវ​គេ​មើល‌ងាយ រីឯ​អ្នក​មាន​ចរិយា​សុភាព ទើប​ហៅ​ថា​មាន​ប្រាជ្ញា។
 ចិត្ត​ទៀង​ត្រង់​តែង‌តែ​នាំ​ផ្លូវ​មនុស្ស​ត្រឹម‌ត្រូវ រីឯ​ចិត្ត​វៀច‌វេរ​វិញ តែង‌តែ​នាំ​មនុស្ស​ពាល​ឲ្យ​វិនាស។
 នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​វិនិច្ឆ័យ​ទោស ទ្រព្យ‌សម្បត្តិ​គ្មាន​ប្រយោជន៍​អ្វី​ទេ គឺ​មាន​តែ​សេចក្ដី​សុចរិត​ប៉ុណ្ណោះ ទើប​អាច​ជួយ​ឲ្យ​រួច​ពី​ស្លាប់​បាន។
 សេចក្ដី​សុចរិត​របស់​មនុស្ស​គ្មាន​កំហុស រមែង​តម្រង់​ផ្លូវ​របស់​ខ្លួន រីឯ​មនុស្ស​ពាល​វិញ តែង‌តែ​ស្លាប់​ដោយ‌សារ​អំពើ​ពាល​របស់​ខ្លួន។
 សេចក្ដី​សុចរិត​របស់​មនុស្ស​ទៀង‌ត្រង់ រមែង​ជួយ​ការ‌ពារ​ខ្លួន​គេ រីឯ​មនុស្ស​វៀច‌វេរ តែង‌តែ​ជាប់​អន្ទាក់​ដោយ‌សារ​ចិត្ត​លោភ‌លន់​របស់​ខ្លួន។
 ពេល​មនុស្ស​អាក្រក់​ស្លាប់ សេចក្ដី​សង្ឃឹម​របស់​គេ​ក៏​វិនាស ហើយ​ការ​ពឹង​ផ្អែក​លើ​ទ្រព្យ‌សម្បត្តិ​ក៏​រលាយ​សូន្យ​ទៅ​ជា​មួយ​ដែរ។
 ព្រះ‌ជាម្ចាស់​តែង‌តែ​រំដោះ​មនុស្ស​សុចរិត​ឲ្យ​រួច​ពី​ទុក្ខ​កង្វល់ តែ​ព្រះ‌អង្គ​ឲ្យ​មនុស្ស​អាក្រក់​រង​ទុក្ខ​ជំនួស​វិញ។
 មនុស្ស​ទមិឡ​តែង‌តែ​បំផ្លាញ​អ្នក​ដទៃ ដោយ‌សារ​ពាក្យ​សម្ដី​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត​វិញ តែង‌តែ​រួច​ខ្លួន​ដោយ‌សារ​ការ​ចេះ​ដឹង។
១០ ពេល​មនុស្ស​សុចរិត​មាន​សុភមង្គល អ្នក​ក្រុង​ទាំង​មូល​នឹង​សប្បាយ​រីក‌រាយ ពេល​មនុស្ស​អាក្រក់​អន្តរាយ គេ​បែរ​ជា​នាំ​គ្នា​ស្រែក​ហ៊ោ​វិញ។
១១ ពេល​មនុស្ស​ត្រឹម‌ត្រូវ​ទទួល​ពរ ទី‌ក្រុង​ទាំង​មូល​ក៏​ចម្រុង‌ចម្រើន​ដែរ ផ្ទុយ​ទៅ​វិញ ដោយ‌សារ​ពាក្យ​សម្ដី​របស់​មនុស្ស​អាក្រក់ ទី‌ក្រុង​ត្រូវ​រលំ។
១២ អ្នក​ណា​មើល‌ងាយ​អ្នក​ដទៃ អ្នក​នោះ​ជា​មនុស្ស​មិន​ចេះ​ពិចារណា រីឯ​មនុស្ស​ចេះ​ដឹង​តែង‌តែ​នៅ​ស្ងៀម។
១៣ អ្នក​និយាយ​ដើម​គេ​មិន​អាច​រក្សា​រឿង​សម្ងាត់​ជិត​ឡើយ រីឯ​អ្នក​ដែល​គេ​ទុក​ចិត្ត​តែង‌តែ​លាក់​រឿង​សម្ងាត់​ទាំង​នោះ​បាន។
១៤ ប្រទេស​ដែល​គ្មាន​អ្នក​ដឹក​នាំ ប្រជាជន​តែង‌តែ​វិនាស រីឯ​ប្រទេស​ដែល​មាន​ទី​ប្រឹក្សា​ច្រើន តែង‌តែ​មាន​ជោគ‌ជ័យ។
១៥ អ្នក​ណា​ធានា​រ៉ាប់​រង​អ្នក​ដទៃ អ្នក​នោះ​តែង‌តែ​កើត​ទុក្ខ រីឯ​អ្នក​ដែល​មិន​ព្រម​ធានា តែង‌តែ​បាន​សុខ។
១៦ ស្ត្រី​រូប​ស្អាត​តែង‌តែ​មាន​គេ​សរសើរ រីឯ​មនុស្ស​ស្វាហាប់ តែង‌តែ​រក​ទ្រព្យ​បាន។
១៧ អ្នក​មាន​ចិត្ត​សប្បុរស​តែង‌តែ​ធ្វើ​ឲ្យ​ខ្លួន​មាន​សុភមង្គល រីឯ​មនុស្ស​ឃោរ‌ឃៅ​រមែង​ធ្វើ​ឲ្យ​រូប​កាយ​របស់​ខ្លួន​កាន់​តែ​រង​ទុក្ខ​វេទនា។
១៨ មនុស្ស​ពាល​រក​បាន​តែ​សម្បត្តិ​ក្ដៅ​ក្រហាយ រីឯ​មនុស្ស​ដែល​សាប‌ព្រោះ​សេចក្ដី​សុចរិត រមែង​ទទួល​ផល​ដែល​មិន​ចេះ​សាប‌សូន្យ។
១៩ សេចក្ដី​សុចរិត​តែង‌តែ​នាំ​ទៅ​កាន់​ជីវិត រីឯ​អ្នក​ដែល​ដើរ​តាម​ផ្លូវ​អាក្រក់​រមែង​ស្លាប់​ខ្លួន។
២០ ព្រះ‌អម្ចាស់​ស្អប់​មនុស្ស​វៀច‌វេរ តែ​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​មនុស្ស​ទៀង‌ត្រង់។
២១ មនុស្ស​ទុច្ចរិត​ត្រូវ​តែ​ទទួល​ទោស​ចៀស​មិន​ផុត រីឯ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត​នឹង​រួច​ជីវិត។
២២ ស្ត្រី​មាន​រូប​ស្អាត​តែ​ឥត​គំនិត ប្រៀប​ដូច​ជា​ចិញ្ចៀន​មាស ដែល​គេ​យក​ទៅ​ពាក់​នៅ​ច្រមុះ​ជ្រូក។
២៣ មនុស្ស​សុចរិត​មាន​បំណង​តែ​មួយ​គត់ គឺ​ធ្វើ​អំពើ​ល្អ រីឯ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​មនុស្ស​អាក្រក់​រមែង​ធ្វើ​ឲ្យ​ខ្លួន​ទទួល​ទោស។
២៤ មនុស្ស​មាន​ចិត្ត​ទូលាយ​រឹត​តែ​មាន​ទ្រព្យ​ច្រើន រីឯ​មនុស្ស​កំណាញ់​ធ្វើ​ឲ្យ​ខ្លួន​កាន់​តែ​ក្រ​ទៅៗ។
២៥ មនុស្ស​មាន​ចិត្ត​សទ្ធា​តែង‌តែ​បាន​ចម្រុង‌ចម្រើន រីឯ​អ្នក​ដាក់​ទាន​ទឹក​ឲ្យ​គេ តែង‌តែ​ទទួល​ទឹក​ពី​គេ​វិញ។
២៦ អ្នក​ដែល​ទុក​ស្រូវ​ក្នុង​ឃ្លាំង ដើម្បី​ដំឡើង​ថ្លៃ តែង‌តែ​ត្រូវ​ប្រជាជន​ដាក់​បណ្ដាសា រីឯ​អ្នក​ដែល​សុខ​ចិត្ត​លក់​ស្រូវ​របស់​ខ្លួន​នឹង​បាន​ទទួល​ពរ។
២៧ ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​អ្នក​ដែល​ព្យាយាម​ប្រព្រឹត្ត​ល្អ រីឯ​អ្នក​ដែល​គិត​តែ​ពី​ប្រព្រឹត្ត​អាក្រក់ តែង‌តែ​ទទួល​ផល​អាក្រក់។
២៨ មនុស្ស​ដែល​ពឹង​ផ្អែក​លើ​ទ្រព្យ‌សម្បត្តិ មុខ​ជា​ត្រូវ​អន្តរាយ រីឯ​មនុស្ស​សុចរិត​ប្រៀប​បាន​នឹង​ស្លឹក​ឈើ​លាស់​ខៀវ​ខ្ចី។
២៩ អ្នក​ណា​ធ្វើ​ឲ្យ​គ្រួសារ​របស់​ខ្លួន​មាន​ទុក្ខ​កង្វល់ អ្នក​នោះ​នឹង​មិន​ទទួល​ផល​អ្វី​ទាំង​អស់។ មនុស្ស​ល្ងី‌ល្ងើ​នឹង​ធ្លាក់​ខ្លួន​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​មនុស្ស​មាន​ប្រាជ្ញា។
៣០ អំពើ​ដែល​មនុស្ស​សុចរិត​ប្រព្រឹត្ត ប្រៀប​បាន​នឹង​ដើម​ឈើ​ផ្តល់​ជីវិត ហើយ​អ្នក​ប្រាជ្ញ​តែង‌តែ​ទាក់‌ទាញ​ចិត្ត​មនុស្ស។
៣១ មនុស្ស​សុចរិត​តែង‌តែ​ទទួល​រង្វាន់ នៅ​លើ​ផែន‌ដី​នេះ រីឯ​មនុស្ស​អាក្រក់ និង​មនុស្ស​បាប តែង‌តែ​ទទួល​ផល តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។
១២
 អ្នក​ស្រឡាញ់​ការ​ចេះ​ដឹង តែង‌តែ​ចូល​ចិត្ត​ទទួល​ការ​ទូន្មាន រីឯ​អ្នក​ដែល​មិន​ព្រម​ទទួល​ការ​រិះ‌គន់ ជា​មនុស្ស​ល្ងី‌ល្ងើ។
ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​មនុស្ស​សប្បុរស តែ​ព្រះ‌អង្គ​ដាក់​ទោស​មនុស្ស​មាន​ល្បិច។
 គ្មាន​នរណា​ពង្រឹង​អំណាច​របស់​ខ្លួន ដោយ​អំពើ​ឃោរ‌ឃៅ​បាន​ទេ តែ​មនុស្ស​សុចរិត​នឹង​មិន​ត្រូវ​រង្គើ​ឡើយ។
 ភរិយា​ថ្លៃ‌ថ្នូរ​តែង‌តែ​ផ្តល់​កិត្តិ‌យស​ឲ្យ​ស្វាមី រីឯ​ប្រពន្ធ​ថោក‌ទាប ប្រៀប​ដូច​ជា​ជំងឺ​មហា​រីក​នៅ​ក្នុង​ឆ្អឹង​របស់​ប្ដី។
 មនុស្ស​សុចរិត​គិត​តែ​ពី​ធ្វើ​អ្វី​ដែល​ស្រប​ច្បាប់ រីឯ​មនុស្ស​អាក្រក់​គិត​តែ​ពី​ធ្វើ​អំពើ​ល្មើស​ច្បាប់។
 ពាក្យ​សម្ដី​របស់​មនុស្ស​អាក្រក់​សុទ្ធ​តែ​ជា​អន្ទាក់​សម្លាប់​គេ រីឯ​សម្ដី​របស់​មនុស្ស​ទៀង‌ត្រង់​តែង‌តែ​សង្គ្រោះ​គេ​វិញ។
 បើ​មនុស្ស​អាក្រក់​រលំ គេ​គ្មាន​នៅ​សល់​អ្វី​ឡើយ តែ​ពូជ‌ពង្ស​របស់​មនុស្ស​សុចរិត​នៅ​ស្ថិត‌ស្ថេរ​ជា‌និច្ច។
 មនុស្ស​ដែល​ចេះ​ត្រិះ‌រិះ​ពិចារណា​តែង‌តែ​មាន​គេ​សរសើរ រីឯ​មនុស្ស​មាន​ចិត្ត​វៀច‌វេរ​តែង‌តែ​មាន​គេ​មើល‌ងាយ។
 រស់​នៅ​ជា​មនុស្ស​សាមញ្ញ ហើយ​មាន​អ្នក​បម្រើ​តែ​ម្នាក់ នោះ​ប្រសើរ​ជាង​វាយ‌ឫក​ហ៊ឺ‌ហា តែ​ខ្វះ​អង្ករ​ច្រក​ឆ្នាំង។
១០ មនុស្ស​សុចរិត​តែង‌តែ​ថែ‌ទាំ​សត្វ​ពាហនៈ​របស់​ខ្លួន រីឯ​មនុស្ស​អាក្រក់​វិញ គ្មាន​ចិត្ត​មេត្តា​ករុណា​ទាល់​តែ​សោះ។
១១ អ្នក​ខំ​ប្រឹង​ធ្វើ​ស្រែ​ចម្ការ​រមែង​មាន​អាហារ​បរិភោគ​ឆ្អែត រីឯ​អ្នក​ចូល​ចិត្ត​ព្រោក‌ប្រាជ្ញ​ជា​មនុស្ស​ខ្វះ​ការ​ពិចារណា។
១២ មនុស្ស​ពាល​តែង‌តែ​លោភ​ចង់​បាន​ទ្រព្យ‌សម្បត្តិ​របស់​មនុស្ស​អាក្រក់ រីឯ​អ្វីៗ​ដែល​មនុស្ស​សុចរិត​ធ្វើ រមែង​ចម្រើន​ឡើង។
១៣ មនុស្ស​អាក្រក់​ជាប់​អន្ទាក់ ដោយ‌សារ​តែ​ពាក្យ​សម្ដី​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត​តែង‌តែ​រួច​ពី​ទុក្ខ​កង្វល់។
១៤ មនុស្ស​ម្នាក់ៗ​រក​បាន​សុភមង្គល ដោយ‌សារ​ពាក្យ​សម្ដី ដូច​គេ​រក​ប្រាក់​បាន ដោយ‌សារ​ខំ​ប្រឹង‌ប្រែង​ធ្វើ​ការ​ដែរ។
១៥ មនុស្ស​ខ្លៅ​គិត​ស្មាន​ថា​ខ្លួន​ប្រព្រឹត្ត​ត្រូវ រីឯ​មនុស្ស​ដែល​សុខ​ចិត្ត​ទទួល​យោបល់​ពី​អ្នក​ដទៃ ជា​មនុស្ស​មាន​ប្រាជ្ញា។
១៦ មនុស្ស​ខ្លៅ​ឆាប់​ច្រឡោត​ខឹង រីឯ​មនុស្ស​ឆ្លាត​តែង‌តែ​ចេះ​ទប់​ចិត្ត។
១៧ មនុស្ស​និយាយ​ការ​ពិត​រមែង​ធ្វើ​ឲ្យ​មាន​យុត្តិ‌ធម៌ រីឯ​សាក្សី​ក្លែង‌ក្លាយ​តែង‌តែ​ធ្វើ​ឲ្យ​មាន​អយុត្តិ‌ធម៌។
១៨ អ្នក​ដែល​និយាយ​ប៉បាច់‌ប៉ប៉ោច​តែង‌តែ​ធ្វើ​ឲ្យ​អ្នក​ដទៃ​របួស ដូច​ចាក់​មួយ​ដាវ រីឯ​ពាក្យ​សម្ដី​របស់​មនុស្ស​មាន​ប្រាជ្ញា​ជា​ឱសថ​ព្យាបាល​មុខ​របួស។
១៩ ពាក្យ​ពិត​នៅ​មាន​តម្លៃ​រហូត រីឯ​ពាក្យ​ភូត‌ភរ​ស្ថិត​នៅ​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។
២០ អ្នក​ដែល​ប៉ុន‌ប៉ង​ធ្វើ​អំពើ​អាក្រក់​តែង‌តែ​លាក់​ចិត្ត​វៀច‌វេរ​ជា‌និច្ច រីឯ​អ្នក​កសាង​សន្តិ‌ភាព​តែង‌តែ​មាន​អំណរ។
២១ គ្មាន​គ្រោះ​កាច​ណា​កើត​មាន​ដល់​មនុស្ស​សុចរិត​ទេ រីឯ​មនុស្ស​អាក្រក់​វិញ តែង‌តែ​ជួប​ប្រទះ​នឹង​ទុក្ខ​លំបាក។
២២ ព្រះ‌អម្ចាស់​ស្អប់​មនុស្ស​កុហក តែ​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​មនុស្ស​ដែល​កាន់​ពាក្យ​សច្ចៈ។
២៣ មនុស្ស​ឆ្លាត​មិន​លាត​ត្រដាង​ចំណេះ​ខ្លួន​ទេ រីឯ​មនុស្ស​ខ្លៅ​ចូល​ចិត្ត​អួត‌អាង​អំពី​អវិជ្ជា​របស់​ខ្លួន។
២៤ មនុស្ស​ឧស្សាហ៍​នឹង​ក្លាយ​ទៅ​ជា​មេ​គ្រប់‌គ្រង រីឯ​មនុស្ស​ខ្ជិល​ច្រអូស​នឹង​ធ្លាក់​ខ្លួន​ជា​ខ្ញុំ​គេ។
២៥ ការ​ខ្វល់‌ខ្វាយ​តែង‌តែ​ធ្វើ​ឲ្យ​មនុស្ស​បាក់​កម្លាំង​ចិត្ត រីឯ​ពាក្យ​ទន់‌ភ្លន់​តែង‌តែ​ធ្វើ​ឲ្យ​មាន​អំណរ​ឡើង​វិញ។
២៦ មនុស្ស​សុចរិត​តែង‌តែ​នាំ​មិត្ត​សម្លាញ់​របស់​ខ្លួន​ឲ្យ​ដើរ​តាម​មាគ៌ា​ល្អ រីឯ​កិរិយា​របស់​មនុស្ស​អាក្រក់​នាំ​ឲ្យ​គេ​វង្វេង​វិញ។
២៧ ព្រាន​កម្ជិល​គ្មាន​សាច់​អាំង​ទេ ចិត្ត​ឧស្សាហ៍​ជា​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​មនុស្ស។
២៨ នៅ​ក្នុង​ផ្លូវ​សុចរិត​មាន​ជីវិត ហើយ​ផ្លូវ​នេះ​មិន​នាំ​មនុស្ស​ទៅ​រក​សេចក្ដី​ស្លាប់​ឡើយ។
១៣
 កូន​មាន​ប្រាជ្ញា​តែង‌តែ​ស្ដាប់​ពាក្យ​ទូន្មាន​របស់​ឪពុក រីឯ​កូន​ព្រហើន​មិន​ព្រម​ស្ដាប់​ការ​ស្តី​ប្រដៅ​ទេ។
 មនុស្ស​ម្នាក់ៗ​ទទួល​ផល​ល្អ​ដោយ‌សារ​ពាក្យ​សម្ដី​របស់​ខ្លួន រីឯ​មនុស្ស​ក្បត់​រមែង​ទទួល​អំពើ​ហិង្សា។
 អ្នក​ណា​ចេះ​ប្រយ័ត្ន​ពាក្យ​សម្ដី អ្នក​នោះ​ការ‌ពារ​ជីវិត​របស់​ខ្លួន រីឯ​អ្នក​ដែល​ចេះ​តែ​ហា​មាត់​និយាយ​រមែង​នាំ​ឲ្យ​ខ្លួន​ឯង​វិនាស។
 សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​មនុស្ស​ខ្ជិល មិន​ដែល​បាន​សម្រេច​ទេ រីឯ​មនុស្ស​ឧស្សាហ៍ រមែង​ទទួល​នូវ​អ្វីៗ​ដែល​ខ្លួន​ចង់​បាន។
 មនុស្ស​សុចរិត​តែង‌តែ​ស្អប់​ពាក្យ​កុហក រីឯ​មនុស្ស​អាក្រក់​តែង‌តែ​និយាយ​មួល​បង្កាច់ និង​បង្ខូច​ឈ្មោះ​គេ។
 សេចក្ដី​សុចរិត​តែង‌តែ​ការ‌ពារ​មនុស្ស​ទៀង‌ត្រង់ រីឯ​អំពើ​បាប​បណ្តាល​ឲ្យ​មនុស្ស​អាក្រក់​វិនាស។
 អ្នក​ខ្លះ​តាំង​ខ្លួន​ជា​អ្នក​មាន​តែ​ក្រ​រហាម រីឯ​អ្នក​ខ្លះ​ទៀត​ដាក់​ខ្លួន​ជា​អ្នក​ក្រ​តែ​មាន​ស្តុក‌ស្តម្ភ។
 អ្នក​មាន​តែង‌តែ​អាង​លើ​ទ្រព្យ ដើម្បី​ធានា​ជីវិត​របស់​ខ្លួន រីឯ​អ្នក​ក្រីក្រ​វិញ គ្មាន​នរណា​គំរាម‌កំហែង​គេ​ឡើយ។
 មនុស្ស​សុចរិត​ប្រៀប​ដូច​ជា​ពន្លឺ​ត្រចះ‌ត្រចង់ រីឯ​មនុស្ស​អាក្រក់​ប្រៀប​ដូច​ជា​ចង្កៀង​រលត់។
១០ ការ​វាយ‌ឫក​ធំ​តែង‌តែ​បង្ក​ឲ្យ​មាន​ទំនាស់ រីឯ​អ្នក​ដែល​សុខ​ចិត្ត​ទទួល​ដំបូន្មាន​ជា​មនុស្ស​មាន​ប្រាជ្ញា។
១១ ទ្រព្យ​រក​បាន​រហ័ស បាត់‌បង់​ក៏​រហ័ស​ដែរ រីឯ​ទ្រព្យ​រក​បាន​ដោយ​សន្សំ រមែង​កើន​ឡើង​ជា​ដរាប។
១២ ការ​អស់​សង្ឃឹម​តែង‌តែ​នាំ​ឲ្យ​ព្រួយ​ចិត្ត រីឯ​ការ​សម្រេច​ដូច​បំណង ប្រៀប​បាន​នឹង​ដើម​ឈើ​ដែល​មាន​ជីវិត។
១៣ អ្នក​ណា​មើល‌ងាយ​ព្រះ‌បន្ទូល អ្នក​នោះ​រមែង​មាន​ទោស រីឯ​អ្នក​ដែល​គោរព​វិន័យ​តែង‌តែ​ទទួល​រង្វាន់។
១៤ ការ​ប្រៀន‌ប្រដៅ​របស់​មនុស្ស​សុចរិត​ជា​ប្រភព​នៃ​ជីវិត ហើយ​ការ‌ពារ​ជីវិត​ឲ្យ​រួច​ពី​អន្ទាក់​នៃ​សេចក្ដី​ស្លាប់។
១៥ មនុស្ស​ចេះ​គិត​ពិចារណា​តែង‌តែ​មាន​គេ​គោរព រីឯ​មនុស្ស​ដែល​គេ​ទុក​ចិត្ត​មិន​បាន​តែង‌តែ​វិនាស។
១៦ មនុស្ស​ឆ្លាត​រមែង​គិត​មុន​នឹង​គូរ រីឯ​មនុស្ស​ខ្លៅ​តែង‌តែ​លាត​ត្រដាង​ភាព​ល្ងី‌ល្ងើ​របស់​ខ្លួន។
១៧ អ្នក​នាំ​សារ​ដែល​ជា​មនុស្ស​អាក្រក់ តែង‌តែ​ធ្លាក់​ខ្លួន​អន្តរាយ រីឯ​ទូត​ដ៏​ស្មោះ‌ត្រង់​តែង‌តែ​នាំ​សេចក្ដី​សុខ។
១៨ អ្នក​ដែល​មិន​ទទួល​ការ​អប់រំ​រមែង​ធ្លាក់​ខ្លួន​ក្រ ហើយ​ត្រូវ​គេ​មើល‌ងាយ រីឯ​អ្នក​ដែល​សុខ​ចិត្ត​ទទួល​ការ​ស្តី​ប្រដៅ តែង‌តែ​មាន​កិត្តិ‌យស។
១៩ សេចក្ដី​ប៉ង‌ប្រាថ្នា​ដែល​បាន​សម្រេច រមែង​នាំ​ឲ្យ​សប្បាយ​ចិត្ត រីឯ​មនុស្ស​ខ្លៅ​មិន​ចូល​ចិត្ត​លះ‌បង់​គំនិត​អាក្រក់​របស់​ខ្លួន​ចោល​ទេ។
២០ នៅ​ជា​មួយ​មនុស្ស​មាន​ប្រាជ្ញា​នាំ​ឲ្យ​ខ្លួន​មាន​ប្រាជ្ញា តែ​សេព‌គប់​ជា​មួយ​មនុស្ស​ខ្លៅ នាំ​ឲ្យ​ខ្លួន​ទៅ​ជា​មនុស្ស​អាក្រក់។
២១ មនុស្ស​មាន​បាប​តែង‌តែ​ជួប​នឹង​ទុក្ខ​វេទនា រីឯ​មនុស្ស​សុចរិត​តែង‌តែ​ទទួល​សុភមង្គល​ទុក​ជា​រង្វាន់។
២២ មនុស្ស​សប្បុរស​តែង‌តែ​មាន​មត៌ក​ទុក​ចែក​ឲ្យ​កូន​ចៅ រីឯ​មនុស្ស​បាប​តែង‌តែ​ប្រមូល​ទ្រព្យ​ទុក​សម្រាប់​មនុស្ស​សុចរិត។
២៣ ស្រែ​ចម្ការ​ដែល​ជន​ក្រីក្រ​ភ្ជួរ​រាស់ តែង‌តែ​បង្កើត​ផល​យ៉ាង​បរិបូណ៌ ប៉ុន្តែ មាន​អ្នក​ខ្លះ​ស្លាប់ ព្រោះ​តែ​ខ្វះ​យុត្តិ‌ធម៌។
២៤ អ្នក​ណា​មិន​សូវ​ប្រើ​រំពាត់ អ្នក​នោះ​មិន​ស្រឡាញ់​កូន​ទេ រីឯ​អ្នក​ដែល​ស្រឡាញ់​កូន​តែង‌តែ​វាយ​ប្រដៅ​វា។
២៥ មនុស្ស​សុចរិត​តែង‌តែ​មាន​អាហារ​បរិភោគ​គ្រប់‌គ្រាន់​ជា​ដរាប រីឯ​មនុស្ស​អាក្រក់​តែង‌តែ​អត់​បាយ។
១៤
 ស្ត្រី​មាន​ប្រាជ្ញា​តែង‌តែ​កសាង​គ្រួសារ​របស់​ខ្លួន រីឯ​ស្ត្រី​ឥត​មារយាទ​តែង‌តែ​បំផ្លាញ​គ្រួសារ ដោយ​ដៃ​របស់​ខ្លួន​ផ្ទាល់។
 អ្នក​ដែល​ដើរ​តាម​ផ្លូវ​ទៀង‌ត្រង់ តែង‌តែ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ រីឯ​អ្នក​ដែល​ដើរ​តាម​ផ្លូវ​វៀច‌វេរ តែង‌តែ​មើល‌ងាយ​ព្រះ‌អង្គ។
 មនុស្ស​ល្ងង់​ខ្លៅ​ហា​មាត់​និយាយ​តែ​ពាក្យ​អួត‌អាង រីឯ​ពាក្យ​សម្ដី​របស់​អ្នក​ប្រាជ្ញ​តែង‌តែ​ការ‌ពារ​ខ្លួន។
 អ្នក​ណា​គ្មាន​គោ​ភ្ជួរ​ស្រែ អ្នក​នោះ​ក៏​គ្មាន​ស្រូវ​ដាក់​ក្នុង​ជង្រុក​ដែរ។ គេ​ទទួល​បាន​ភោគ‌ផល​ច្រើន ដោយ‌សារ​កម្លាំង​របស់​គោ។
 សាក្សី​គួរ​ឲ្យ​ទុក​ចិត្ត មិន​ដែល​និយាយ​កុហក​ទេ រីឯ​សាក្សី​ក្លែង‌ក្លាយ​តែង‌តែ​ស្រដី​ចេញ​នូវ​ពាក្យ​កុហក​គ្រប់​យ៉ាង។
 មនុស្ស​ព្រហើន​ខំ​ស្វែង​រក​ប្រាជ្ញា តែ​រក​មិន​ឃើញ​ទេ រីឯ​មនុស្ស​ដែល​ចេះ​គិត​ពិចារណា រក​តម្រិះ​បាន​យ៉ាង​ងាយ។
 ចូរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ខ្លៅ ព្រោះ​មិន​ដែល​មាន​ពាក្យ​ចេះ​ដឹង​ណា​ចេញ​ពី​មាត់​អ្នក​នោះ​ឡើយ។
 ប្រាជ្ញា​របស់​មនុស្ស​ឆ្លាត គឺ​ការ​យល់​ច្បាស់​នូវ​ផ្លូវ​ដែល​ខ្លួន​កំពុង​ដើរ រីឯ​ភាព​ល្ងី‌ល្ងើ​របស់​មនុស្ស​ខ្លៅ គឺ​កល‌ល្បិច​របស់​ខ្លួន។
 មនុស្ស​ល្ងី‌ល្ងើ​មិន​រវី‌រវល់​នឹង​បាប​របស់​ខ្លួន​ទេ រីឯ​មនុស្ស​ទៀង‌ត្រង់​តែង‌តែ​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌ជាម្ចាស់។
១០ ចិត្ត​ដែល​កើត​ទុក្ខ​រមែង​ឈឺ​ចាប់​តែ​ម្នាក់​ឯង ហើយ​ពេល​មាន​អំណរ អ្នក​ក្រៅ​ពុំ​អាច​រំលែក​បាន​ឡើយ។
១១ ផ្ទះ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​រលំ រីឯ​ជំរំ​របស់​មនុស្ស​ទៀង‌ត្រង់ នឹង​ចម្រុង‌ចម្រើន។
១២ មនុស្ស​ខ្លះ​យល់​ថា ផ្លូវ​ដែល​ខ្លួន​ដើរ​ជា​ផ្លូវ​ត្រឹម‌ត្រូវ ក៏​ប៉ុន្តែ​នៅ​ទី​បំផុត ផ្លូវ​នោះ​នាំ​ទៅ​រក​សេចក្ដី​ស្លាប់។
១៣ ការ​សើច​សប្បាយ​អាច​បង្កប់​នូវ​ទុក្ខ​លំបាក​ក្នុង​ចិត្ត ហើយ​នៅ​ទី​បំផុត​អំណរ​សប្បាយ អាច​ក្លាយ​ទៅ​ជា​ទុក្ខ​ព្រួយ។
១៤ មនុស្ស​គ្មាន​សីល‌ធម៌​តែង‌តែ​ទទួល​ផល​ពី​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត រីឯ​មនុស្ស​សប្បុរស​រមែង​ទទួល​ផល​គាប់​ប្រសើរ។
១៥ មនុស្ស​ឆោត​ជឿ​ពាក្យ​គេ​ទាំង​អស់ រីឯ​មនុស្ស​ឆ្លាត មិន​ធ្វើ​អ្វី​ដោយ​ឥត​គិត​ពិចារណា​ឡើយ។
១៦ មនុស្ស​មាន​ប្រាជ្ញា​តែង‌តែ​ខ្លាច និង​ចៀស‌វាង​ប្រព្រឹត្ត​អំពើ​អាក្រក់ រីឯ​មនុស្ស​ល្ងង់‌ខ្លៅ​ឆាប់​ប្រព្រឹត្ត​អំពើ​អាក្រក់ ព្រោះ​ទុក​ចិត្ត​លើ​ខ្លួន​ឯង។
១៧ អ្នក​រហ័ស​ខឹង​តែង‌តែ​ប្រព្រឹត្ត​អំពើ​ផ្តេស‌ផ្តាស រីឯ​អ្នក​ដែល​មាន​កល‌ល្បិច តែង‌តែ​ធ្វើ​ឲ្យ​គេ​ស្អប់។
១៨ មនុស្ស​ឆោត​តែង‌តែ​ទទួល​ភាព​ល្ងី‌ល្ងើ​ទុក​ជា​មត៌ក រីឯ​មនុស្ស​ឆ្លាត រមែង​ទទួល​យក​ការ​ចេះ​ដឹង​ទុក​ជា​កិត្តិ‌យស។
១៩ មនុស្ស​អាក្រក់​មុខ​ជា​ឱន​កាយ គោរព​មនុស្ស​ល្អ ហើយ​ឈរ​ចាំ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​មនុស្ស​សុចរិត។
២០ អ្នក​ក្រីក្រ​តែង‌តែ​មាន​គេ​ស្អប់ សូម្បី​តែ​អ្នក​ជិត‌ដិត​ក៏​មិន​រាប់​អាន​ដែរ រីឯ​អ្នក​មាន​វិញ សម្បូណ៌​អ្នក​រាប់​អាន​ណាស់។
២១ អ្នក​ណា​មើល‌ងាយ​អ្នក​ដទៃ អ្នក​នោះ​ជា​មនុស្ស​បាប រីឯ​អ្នក​ដែល​មាន​ចិត្ត​មេត្តា​ដល់​ជន​ក្រីក្រ នឹង​មាន​សុភមង្គល។
២២ អស់​អ្នក​ដែល​មាន​បំណង​អាក្រក់​តែង‌តែ​ត្រូវ​វង្វេង រីឯ​អ្នក​ដែល​មាន​បំណង​ល្អ​រមែង​មាន​ចិត្ត​សប្បុរស និង​ស្មោះ‌ត្រង់។
២៣ អ្នក​ណា​ធ្វើ​ការ អ្នក​នោះ​តែង‌តែ​ទទួល​ប្រាក់​ចិញ្ចឹម​ជីវិត រីឯ​អ្នក​ដែល​ពូកែ​ព្រោក‌ប្រាជ្ញ​រមែង​ធ្លាក់​ខ្លួន​ក្រ។
២៤ សម្បត្តិ​ស្តុក‌ស្តម្ភ​ជា​រង្វាន់​របស់​មនុស្ស​មាន​ប្រាជ្ញា រីឯ​មនុស្ស​ល្ងង់‌ខ្លៅ​នៅ​តែ​ល្ងង់‌ខ្លៅ​ដដែល។
២៥ សាក្សី​ដែល​គេ​ទុក​ចិត្ត​តែង‌តែ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ច្រើន រីឯ​អ្នក​ដែល​ស្រដី​ចេញ​នូវ​ពាក្យ​កុហក​រមែង​នាំ​ឲ្យ​វិនាស។
២៦ អ្នក​ណា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ អ្នក​នោះ​មាន​ទី​បង្អែក​ដ៏​រឹង‌មាំ ហើយ​ព្រះ‌អង្គ​ធ្វើ​ជា​ជម្រក​ដល់​កូន​ចៅ​របស់​គេ។
២៧ ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ជា​ប្រភព​នៃ​ជីវិត ហើយ​ការ‌ពារ​ខ្លួន​ឲ្យ​រួច​ផុត​ពី​អន្ទាក់​របស់​សេចក្ដី​ស្លាប់។
២៨ ព្រះ‌មហា​ក្សត្រ​បាន​រុង‌រឿង​ដោយ‌សារ​មាន​ប្រជា‌រាស្ដ្រ តែ​បើ​ប្រជា‌រាស្ដ្រ​ចុះ​អន់‌ថយ ស្តេច​ក៏​អស់​អំណាច​ដែរ។
២៩ អ្នក​ណា​ចេះ​អត់‌ធ្មត់ អ្នក​នោះ​មាន​ប្រាជ្ញា​វាង‌វៃ រីឯ​អ្នក​ដែល​រហ័ស​ខឹង រមែង​បង្ហាញ​នូវ​ភាព​លេលា​របស់​ខ្លួន។
៣០ ចិត្ត​ស្ងប់​តែង‌តែ​ធ្វើ​ឲ្យ​មាន​សុខ‌ភាព​ល្អ រីឯ​ចិត្ត​ច្រណែន‌និន្ទា ប្រៀប​ដូច​ជា​មហា‌រីក​នៅ​ក្នុង​ឆ្អឹង។
៣១ អ្នក​ណា​សង្កត់‌សង្កិន​ជន​ក្រីក្រ អ្នក​នោះ​ប្រមាថ​ព្រះ‌ជាម្ចាស់​ដែល​បាន​បង្កើត​ពួក​គេ អ្នក​ណា​ជួយ​ជន​ក្រីក្រ អ្នក​នោះ​លើក​តម្កើង​ព្រះ‌អង្គ​វិញ។
៣២ មនុស្ស​អាក្រក់​តែង‌តែ​ទទួល​បរា‌ជ័យ ដោយ‌សារ​អំពើ​អាក្រក់​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត ទោះ‌បី​ក្នុង​ពេល​ស្លាប់​ក្តី ក៏​នៅ​តែ​មាន​ទី‌ពឹង​ជា‌និច្ច។
៣៣ មនុស្ស​ចេះ​គិត​ពិចារណា​តែង‌តែ​មាន​ប្រាជ្ញា រីឯ​មនុស្ស​ខ្លៅ​មិន​ដែល​មាន​ប្រាជ្ញា​ទេ។
៣៤ សេចក្ដី​សុចរិត​តែង‌តែ​លើក​តម្កើង​ប្រជា‌ជាតិ​មួយ រីឯ​អំពើ​បាប​រមែង​ធ្វើ​ឲ្យ​ជាតិ​សាសន៍​ទាំង‌ឡាយ​ត្រូវ​អាម៉ាស់​មុខ។
៣៥ ព្រះ‌មហា​ក្សត្រ​តែង‌តែ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​មន្ត្រី​ណា​ដែល​មាន​សុភ‌និច្ឆ័យ តែ​ព្រះ‌អង្គ​ខ្ញាល់​នឹង​មន្ត្រី​ដែល​បង្ក​ភាព​អាម៉ាស់។
១៥
ចម្លើយ​ទន់‌ភ្លន់​រមែង​បន្ថយ​កំហឹង រីឯ​សម្ដី​គំរោះ‌គំរើយ​តែង‌តែ​ធ្វើ​ឲ្យ​ច្រឡោត​ខឹង។
 សម្ដី​របស់​អ្នក​មាន​ប្រាជ្ញា រមែង​ធ្វើ​ឲ្យ​អ្នក​ដទៃ​ចង់​ចេះ​ដឹង រីឯ​មាត់​របស់​មនុស្ស​ខ្លៅ សាប‌ព្រោះ​តែ​សេចក្ដី​ល្ងី‌ល្ងើ។
 ព្រះ‌អម្ចាស់​ទត​ឃើញ​សព្វ​អន្លើ ព្រះ‌អង្គ​សង្កេត​មើល​ទាំង​មនុស្ស​ល្អ ទាំង​មនុស្ស​អាក្រក់។
 ពាក្យ​លើក​ទឹក​ចិត្ត​ប្រៀប​ដូច​ជា​ដើម​ឈើ​ផ្តល់​ជីវិត រីឯ​សម្ដី​ទ្រគោះ​បោះ​បោក​នាំ​ឲ្យ​ធ្លាក់​ទឹក​ចិត្ត។
 មនុស្ស​ល្ងី‌ល្ងើ​តែង‌តែ​មើល‌ងាយ​ការ​ប្រៀន‌ប្រដៅ​របស់​ឪពុក រីឯ​អ្នក​ដែល​ស្ដាប់​តាម​ពាក្យ​ស្តី​ប្រដៅ​ជា​មនុស្ស​ឆ្លាត។
 ផ្ទះ​របស់​មនុស្ស​សុចរិត​តែង​សម្បូណ៌‌សប្បាយ រីឯ​ទ្រព្យ​ដែល​រក​បាន​ដោយ​អំពើ​អាក្រក់ រមែង​នាំ​ឲ្យ​កើត​ទុក្ខ។
 សម្ដី​របស់​អ្នក​មាន​ប្រាជ្ញា​រមែង​បណ្តុះ‌បណ្តាល​ចំណេះ រីឯ​មនុស្ស​ខ្លៅ​វិញ មិន​អាច​បណ្តុះ‌បណ្តាល​បាន​ទេ។
 ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​យញ្ញ‌បូជា​របស់​មនុស្ស​អាក្រក់​ឡើយ តែ​ព្រះ‌អង្គ​ទទួល​ពាក្យ​ទូល‌អង្វរ​របស់​មនុស្ស​ទៀង‌ត្រង់។
 ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ផ្លូវ​របស់​មនុស្ស​អាក្រក់​ទេ តែ​ព្រះ‌អង្គ​ស្រឡាញ់​អ្នក​ដែល​ស្វែង​រក​សេចក្ដី​សុចរិត។
១០ អ្នក​ដែល​ងាក​ចេញ​ពី​មាគ៌ា​ល្អ​រមែង​ទទួល​ទោស​ជា​ទម្ងន់ រីឯ​អ្នក​ដែល​ស្អប់​ការ​ស្តី​ប្រដៅ​តែង‌តែ​ស្លាប់។
១១ ព្រះ‌អម្ចាស់​ជ្រាប​អ្វីៗ​នៅ​ស្ថាន​មច្ចុរាជ និង​នៅ​នរក​អវិចី ចំណែក​ឯ​ចិត្ត​មនុស្ស​វិញ ព្រះ‌អង្គ​រឹត‌តែ​ជ្រាប​យ៉ាង​ច្បាស់​ទៅ​ទៀត។
១២ មនុស្ស​វាយ‌ឫក​ខ្ពស់​មិន​ចូល​ចិត្ត​ឲ្យ​នរណា​ស្តី​ប្រដៅ​ទេ ហើយ​ក៏​មិន​ទៅ​សួរ​យោបល់​ពី​អ្នក​មាន​ប្រាជ្ញា​ដែរ។
១៣ ចិត្ត​សប្បាយ​ធ្វើ​ឲ្យ​ទឹក​មុខ​រីក‌រាយ រីឯ​ចិត្ត​ព្រួយ​ធ្វើ​ឲ្យ​ទឹក​មុខ​ស្រងូត‌ស្រងាត់។
១៤ អ្នក​ចេះ​ពិចារណា​តែង‌តែ​ស្វែង​រក​ចំណេះ រីឯ​មនុស្ស​ខ្លៅ​ចូល​ចិត្ត​ភាព​ល្ងី‌ល្ងើ។
១៥ ចំពោះ​មនុស្ស​កំសត់​ទុរគត ថ្ងៃ​ណា​ក៏​ជា​ថ្ងៃ​អាក្រក់​ដែរ រីឯ​មនុស្ស​សប្បាយ​ចិត្ត ថ្ងៃ​ណា​ក៏​ជា​ថ្ងៃ​បុណ្យ​ដែរ។
១៦ ក្រ​ទ្រព្យ​តែ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ប្រសើរ​ជាង​មាន​ទ្រព្យ​ច្រើន ហើយ​កើត​ទុក្ខ​កង្វល់។
១៧ កន្លែង​ណា​មាន​តែ​បន្លែ​បរិភោគ ហើយ​មាន​សេចក្ដី​ស្រឡាញ់ នោះ​ប្រសើរ​ជាង​កន្លែង​មាន​សាច់​បរិភោគ​យ៉ាង​ឆ្ងាញ់ តែ​មាន​ការ​ស្អប់​គ្នា។
១៨ មនុស្ស​ខឹង​ច្រើន​តែង‌តែ​បង្ក​ជម្លោះ រីឯ​មនុស្ស​ដែល​ចេះ​អត់‌ធ្មត់​តែង‌តែ​សម្រុះ‌សម្រួល កុំ​ឲ្យ​មាន​ការ​ទាស់‌ទែង​គ្នា។
១៩ ផ្លូវ​របស់​មនុស្ស​ខ្ជិល​មាន​សុទ្ធ​តែ​បន្លា រីឯ​ផ្លូវ​របស់​មនុស្ស​ទៀង‌ត្រង់​រាប​ស្មើ​ល្អ។
២០ កូន​មាន​ប្រាជ្ញា​ធ្វើ​ឲ្យ​ឪពុក​សប្បាយ​ចិត្ត រីឯ​កូន​ល្ងី‌ល្ងើ​តែង‌តែ​មើល‌ងាយ​ម្ដាយ។
២១ មនុស្ស​មិន​ដឹង​ខុស​ត្រូវ​តែង‌តែ​សប្បាយ​ចិត្ត​នឹង​ភាព​ល្ងី‌ល្ងើ រីឯ​មនុស្ស​ចេះ​គិត​ពិចារណា​រមែង​ដើរ​តាម​ផ្លូវ​ទៀង‌ត្រង់។
២២ ខ្វះ​ការ​ពិគ្រោះ​គ្នា គម្រោង‌ការ​តែង‌តែ​បរា‌ជ័យ មាន​ទី​ប្រឹក្សា​ច្រើន គម្រោង‌ការ​តែង‌តែ​សម្រេច។
២៣ ពោល​ពាក្យ​ត្រឹម‌ត្រូវ​ស្រប​នឹង​កាលៈ‌ទេសៈ រមែង​នាំ​ឲ្យ​មាន​អំណរ​សប្បាយ។
២៤ មនុស្ស​ចេះ​គិត‌គូរ​រមែង​ដើរ​តាម​ផ្លូវ​ដែល​ឡើង​ទៅ​រក​ជីវិត ហើយ​ចៀស‌វាង​ផ្លូវ​ដែល​ចុះ​ទៅ​រក​សេចក្ដី​ស្លាប់។
២៥ ព្រះ‌អម្ចាស់​រំលំ​ផ្ទះ​របស់​មនុស្ស​អំនួត តែ​ព្រះ‌អង្គ​ការ‌ពារ​ដី‌ធ្លី​របស់​ស្ត្រី‌មេម៉ាយ។
២៦ ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​គំនិត​អាក្រក់​ទេ តែ​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​ពាក្យ​ដែល​ហូរ​ចេញ​ពី​ចិត្ត​បរិសុទ្ធ។
២៧ មនុស្ស​លោភ‌លន់​តែង‌តែ​នាំ​ឲ្យ​មាន​វិបត្តិ​នៅ​ក្នុង​ខ្លួន រីឯ​អ្នក​ដែល​មិន​ព្រម​ទទួល​សំណូក រមែង​មាន​អាយុ​យឺន‌យូរ។
២៨ មនុស្ស​សុចរិត​តែង‌តែ​គិត​ពិចារណា​មុន​នឹង​ឆ្លើយ រីឯ​មនុស្ស​អាក្រក់​រមែង​និយាយ​មួល​បង្កាច់​ភ្លាមៗ។
២៩ ព្រះ‌អម្ចាស់​មិន​អើ‌ពើ​នឹង​មនុស្ស​អាក្រក់​ទេ តែ​ព្រះ‌អង្គ​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​មនុស្ស​សុចរិត។
៣០ ទឹក​មុខ​ដែល​សម្ដែង​សេចក្ដី​មេត្តា​រមែង​នាំ​ឲ្យ​មាន​អំណរ ហើយ​ដំណឹង‌ល្អ​រមែង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​កម្លាំង។
៣១ អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​តាម​ពាក្យ​ស្តី​ប្រដៅ ដែល​នាំ​ឲ្យ​មាន​ជីវិត អ្នក​នោះ​អាច​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​មាន​ប្រាជ្ញា។
៣២ អ្នក​ណា​បដិសេធ​ការ​ប្រៀន‌ប្រដៅ អ្នក​នោះ​បាន​ប្រមាថ​ជីវិត​ខ្លួន​ឯង រីឯ​អ្នក​ដែល​ស្ដាប់​តាម​ពាក្យ​ស្តី​ប្រដៅ​តែង‌តែ​ទទួល​សុភ‌និច្ឆ័យ។
៣៣ ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​តែង‌តែ​អប់រំ​ខ្លួន​ឲ្យ​មាន​ប្រាជ្ញា មុន​នឹង​ទទួល​សិរី‌រុង​រឿង តោង​ដាក់​ខ្លួន​ជា​មុន​សិន។
១៦
 មនុស្ស​គិត‌គូរ​គម្រោង‌ការ​របស់​ខ្លួន តែ​ការ​សម្រេច​ស្ថិត​នៅ​លើ​ព្រះ‌អម្ចាស់
 មនុស្ស​រមែង​នឹក​ស្មាន​ថា អំពើ​ទាំង​អស់​ដែល​ខ្លួន​ប្រព្រឹត្ត​សុទ្ធ​តែ​ត្រូវ ប៉ុន្តែ ព្រះ‌អម្ចាស់ឈ្វេង​យល់​ចិត្ត​គំនិត​របស់​មនុស្ស។
 ចូរ​ថ្វាយ​កិច្ច‌ការ​ដែល​អ្នក​ធ្វើ​ទៅ​ព្រះ‌អម្ចាស់ នោះ​គម្រោង‌ការ​របស់​អ្នក​មុខ​ជា​បាន​សម្រេច។
 អ្វីៗ​ដែល​ព្រះ‌អម្ចាស់​ធ្វើ​សុទ្ធ​តែ​មាន​គោល‌ដៅ គឺ​សូម្បី​តែ​មនុស្ស​អាក្រក់​ក៏​ព្រះ‌អង្គ​បាន​គ្រោង​ទុក​សម្រាប់​ទទួល​ទណ្ឌ‌កម្ម នៅ​ថ្ងៃ​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស​ដែរ។
 ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​មនុស្ស​វាយ​ឫក​ខ្ពស់​ទេ ព្រះ‌អង្គ​ពិត​ជា​ដាក់​ទោស​គេ​មិន​ខាន។
 ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ឲ្យ​អ្នក​ដែល​មាន​ចិត្ត​សប្បុរស និង​ចិត្ត​ស្មោះ‌ត្រង់។ អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​រមែង​ចៀស​ផុត​ពី​អំពើ​បាប។
 កាល​ណា​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​កិរិយា​មារយាទ​របស់​អ្នក​ណា​ម្នាក់ សូម្បី​តែ​ខ្មាំង​សត្រូវ​របស់​គេ​ក៏​ព្រះ‌អង្គ​ផ្សះ‌ផ្សា​ឲ្យ​ជា​នា​គ្នា​វិញ​ដែរ។
 រក​បាន​ប្រាក់​តិច​ដោយ​យុត្តិ‌ធម៌ ប្រសើរ​ជាង​រក​បាន​ប្រាក់​ច្រើន​ដោយ​អយុត្តិ‌ធម៌។
 មនុស្ស​គិត‌គូរ​ពី​ផ្លូវ​ដែល​ខ្លួន​ត្រូវ​ដើរ តែ​ព្រះ‌អម្ចាស់​ជា​អ្នក​ណែ‌នាំ​ផ្លូវ។
១០ ស្តេច​តែង‌តែ​មាន​រាជ‌ឱង្ការ​ក្នុង​នាម​ព្រះ‌ជាម្ចាស់ ព្រះ‌អង្គ​ជំនុំ​ជម្រះ​ក្តី​ដោយ​ឥត​លំអៀង។
១១ ជញ្ជីង និង​កូន​ទម្ងន់​ត្រឹម‌ត្រូវ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អម្ចាស់ ហើយ​ព្រះ‌អង្គ​ក៏​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ការ​លក់​ដូរ​ទៀង‌ត្រង់​ដែរ។
១២ ស្តេច​មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទេ ដ្បិត​រាជ​សម្បត្តិ​អាច​រឹង‌មាំ​បាន ដោយ‌សារ​សេចក្ដី​សុចរិត។
១៣ ស្តេច​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​អ្នក​និយាយ​ត្រង់ ហើយ​ស្រឡាញ់​អ្នក​និយាយ​ការ​ពិត។
១៤ សេចក្ដី​ក្រោធ​របស់​ស្តេច​ប្រៀប​បាន​នឹង​ពេជ្ឈ‌ឃាត​នាំ​គេ​យក​ទៅ​សម្លាប់ តែ​មនុស្ស​មាន​ប្រាជ្ញា​អាច​ទប់​កំហឹង​របស់​ស្តេច។
១៥ ព្រះ‌ភ័ក្ត្រ​រីក‌រាយ​របស់​ស្តេច​រមែង​ផ្តល់​ជីវិត ហើយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ស្តេច​ប្រៀប​បាន​នឹង​ទឹក​ភ្លៀង​នៅ​ដើម​រដូវ។
១៦ ស្វែង​រក​ប្រាជ្ញា​ប្រសើរ​ជាង​រក​មាស ស្វែង​រក​ការ​ចេះ​ដឹង​ប្រសើរ​ជាង​រក​ប្រាក់។
១៧ ផ្លូវ​របស់​មនុស្ស​ទៀង‌ត្រង់​ស្ថិត​នៅ​ឆ្ងាយ​ពី​អំពើ​អាក្រក់ អ្នក​ណា​ចេះ​ប្រយ័ត្ន​ខ្លួន អ្នក​នោះ​ចេះ​រក្សា​ជីវិត។
១៨ អំនួត​រមែង​នាំ​ឲ្យ​អន្តរាយ ចិត្ត​ព្រហើន​រមែង​នាំ​ឲ្យ​វិនាស។
១៩ ដាក់​ខ្លួន​រស់​នៅ​ជា​មួយ​ជន​ក្រីក្រ ប្រសើរ​ជាង​ចែក​ជ័យ‌ភ័ណ្ឌ​ជា​មួយ​មនុស្ស​អួត‌អាង។
២០ អ្នក​ណា​ចេះ​គិត‌គូរ​មុន​នឹង​ធ្វើ​កិច្ច‌ការ​អ្វី​មួយ អ្នក​នោះ​រមែង​ចម្រុង‌ចម្រើន រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​រមែង​មាន​សុភមង្គល។
២១ មនុស្ស​ដែល​ចេះ​គិត​ពិចារណា​ជា​មនុស្ស​ឈ្លាស‌វៃ រីឯ​អ្នក​ដែល​ចេះ​និយាយ​ទន់‌ភ្លន់ រមែង​ធ្វើ​ឲ្យ​គេ​ទុក​ចិត្ត។
២២ សុភ‌និច្ឆ័យ​ប្រៀប​ដូច​ជា​ប្រភព​នៃ​ជីវិត​សម្រាប់​អ្នក​ចេះ​គិត‌គូរ រីឯ​ជន​ល្ងង់‌ខ្លៅ​ត្រូវ​ទទួល​ទោស ព្រោះ​តែ​ភាព​ល្ងង់‌ខ្លៅ​របស់​ខ្លួន។
២៣ មនុស្ស​ដែល​ចេះ​ពិចារណា​រមែង​រិះ‌គិត​មុន​នឹង​និយាយ ហើយ​អ្វីៗ​ដែល​អ្នក​នោះ​និយាយ រមែង​ធ្វើ​ឲ្យ​គេ​ទុក​ចិត្ត។
២៤ សម្ដី​ទន់‌ភ្លន់​ប្រៀប​បាន​នឹង​ទឹក​ឃ្មុំ មាន​រស‌ជាតិ​ឆ្ងាញ់​ជា​ទី​គាប់‌ចិត្ត ហើយ​ផ្តល់​សុខ‌ភាព​ល្អ។
២៥ មនុស្ស​ខ្លះ​យល់​ថា ផ្លូវ​ដែល​ខ្លួន​ដើរ​ជា​ផ្លូវ​ត្រឹម‌ត្រូវ ប៉ុន្តែ នៅ​ទី​បំផុត ផ្លូវ​នោះ​នាំ​ទៅ​រក​សេចក្ដី​ស្លាប់។
២៦ ការ​អត់​ឃ្លាន​បង្ខំ​ឲ្យ​មនុស្ស​ធ្វើ​ការ ដ្បិត​ក្រពះ​គេ​ទាម‌ទារ។
២៧ មនុស្ស​ចោល‌ម្សៀត​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​អាក្រក់ អណ្ដាត​របស់​គេ​ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​បំផ្លាញ។
២៨ មនុស្ស​ទុយ៌ស​រមែង​បង្ក​ជម្លោះ ហើយ​អ្នក​អុជ‌អាល​រមែង​បំផ្លាញ​មិត្ត‌ភាព។
២៩ មនុស្ស​ឃោរ‌ឃៅ​តែង‌តែ​បោក​បញ្ឆោត​មិត្ត​សម្លាញ់​របស់​ខ្លួន ដើម្បី​នាំ​គេ​ឲ្យ​ដើរ​ក្នុង​ផ្លូវ​អាក្រក់។
៣០ អ្នក​ណា​បិទ​ភ្នែក ហើយ​ខាំ​បបូរ​មាត់ អ្នក​នោះ​ក៏​ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​ខ្លួន​គ្រោង​ទុក​រួច​ហើយ។
៣១ សក់​ស្កូវ​ជា​មកុដ​ដ៏​រុង‌រឿង មាន​តែ​មនុស្ស​សុចរិត​ទេ ដែល​ទទួល​មកុដ​នេះ។
៣២ មនុស្ស​មិន​ចេះ​ខឹង ប្រសើរ​ជាង​វីរ‌បុរស រីឯ​មនុស្ស​ចេះ​ទប់​ចិត្ត ប្រសើរ​ជាង​អ្នក​វាយ​យក​បាន​ទី‌ក្រុង​មួយ។
៣៣ មនុស្ស​តែង‌តែ​រក​គ្រូ​គន់‌គូរ​មើល​ជោគ‌វាសនា ប៉ុន្តែ គឺ​ព្រះ‌អម្ចាស់​ទេ ដែល​សម្រេច​អ្វីៗ​ទាំង​អស់។
១៧
 បរិភោគ​បាយ‌កក​តែ​មាន​សេចក្ដី​សុខ ប្រសើរ​ជាង​ជប់‌លៀង​នៅ​ផ្ទះ​មួយ​ដែល​មាន​តែ​ការ​ឈ្លោះ​គ្នា។
 អ្នក​បម្រើ​ឆ្លាត​រមែង​ត្រួត‌ត្រា​លើ​កូន​ដ៏​ថោក‌ទាប​របស់​ចៅហ្វាយ ព្រម​ទាំង​ទទួល​ចំណែក​មត៌ក​ក្នុង​គ្រួសារ​នោះ​ផង។
 គេ​អាច​ស្គាល់​តម្លៃ​មាស និង​ប្រាក់ ដោយ‌សារ​ដុត​ក្នុង​ភ្លើង រីឯ​ចិត្ត​មនុស្ស​វិញ មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​អាច​លត់‌ដំ ដើម្បី​ស្គាល់​តម្លៃ។
 មនុស្ស​មាន​បំណង​អាក្រក់​រមែង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​អាក្រក់ ហើយ​មនុស្ស​កុហក​រមែង​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​មួល‌បង្កាច់។
 អ្នក​មើល‌ងាយ​ជន​ក្រីក្រ ដូច​ជា​ប្រមាថ​ព្រះ‌ជាម្ចាស់​ដែល​បង្កើត​គេ រីឯ​អ្នក​សើច​ចំអក​ដាក់​ជន​រង‌គ្រោះ​នឹង​ត្រូវ​មាន​ទោស។
 ចៅ​រមែង​ធ្វើ​ឲ្យ​ជីតា​មាន​កិត្តិ‌យស រីឯ​កូន​បាន​ខ្ពស់​មុខ ព្រោះ​តែ​ឪពុក។
 ពាក្យ​ថ្លៃ‌ថ្នូរ​មិន​សម​ជា​សម្ដី​របស់​មនុស្ស​ល្ងី‌ល្ងើ​ទេ ហើយ​ពាក្យ​កុហក​ក៏​មិន​សម​ចេញ​ពី​មាត់​របស់​អ្នក​ដឹក​នាំ​ដែរ។
 អ្នក​សូក​នឹក​ស្មាន​ថា សំណូក​ប្រៀប​បាន​នឹង​ត្បូង​ទិព្វ​ដែល​នាំ​ឲ្យ​មាន​ជោគ‌ជ័យ​ក្នុង​គ្រប់​កិច្ច‌ការ​ដែល​គេ​ធ្វើ។
 អ្នក​ចង់​បាន​មិត្ត‌ភាព​តែង‌តែ​បំភ្លេច​កំហុស រីឯ​អ្នក​ដែល​រំឭក​កំហុស​រមែង​ធ្វើ​ឲ្យ​មិត្ត‌ភាព​រលាយ។
១០ ស្តី​ប្រដៅ​មនុស្ស​ចេះ​ដឹង​តែ​មួយ​ម៉ាត់ មាន​ប្រសិទ្ធ‌ភាព​ជាង​វាយ​មនុស្ស​ល្ងី‌ល្ងើ​មួយ‌រយ​ដំបង។
១១ មនុស្ស​ទុច្ចរិត​គិត​តែ​បះ‌បោរ ប៉ុន្តែ គេ​នឹង​ចាត់​ពេជ្ឈ‌ឃាត​កំណាច​ឲ្យ​ទៅ​បង្ក្រាប​អ្នក​នោះ។
១២ ជួប​មេ​ខ្លា‌ឃ្មុំ​ព្រាត់​កូន ប្រសើរ​ជាង​ជួប​មនុស្ស​ល្ងី‌ល្ងើ​ដែល​ល្ងង់​ហួស។
១៣ អ្នក​ណា​ធ្វើ​អំពើ​អាក្រក់​តប​ស្នង​នឹង​អំពើ​ល្អ ភាព​អន្តរាយ​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​របស់​អ្នក​នោះ​ទេ។
១៤ បង្ក​ជម្លោះ​ប្រៀប​បាន​នឹង​ទំលាយ​ទំនប់​ទឹក ចូរ​ដក​ខ្លួន​ថយ​មុន​នឹង​ជម្លោះ​ផ្ទុះ​ឡើង។
១៥ អ្នក​ដែល​ចាត់​ទុក​មនុស្ស​ជាប់​ទោស​ថា​គ្មាន​ទោស និង​អ្នក​ដែល​ចាត់​ទុក​មនុស្ស​គ្មាន​កំហុស​ថា​មាន​កំហុស មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់​ទេ។
១៦ ប្រាក់​នៅ​ក្នុង​ដៃ​មនុស្ស​ខ្លៅ​គ្មាន​ប្រយោជន៍​អ្វី​ទេ ព្រោះ​ទិញ​ប្រាជ្ញា​មិន​បាន ដ្បិត​អ្នក​នោះ​មិន​ចេះ​គិត​ពិចារណា​អ្វី​សោះ។
១៧ កល្យាណ​មិត្ត​តែង‌តែ​ស្រឡាញ់​គ្នា​គ្រប់​ពេល​វេលា រីឯ​បង‌ប្អូន​វិញ​តែង‌តែ​ចាំ​ជួយ​គ្នា​ក្នុង​ពេល​មាន​ទុក្ខ‌ធុរៈ។
១៨ អ្នក​ណា​ធានា​សង​បំណុល​ជួស​អ្នក​ដទៃ អ្នក​នោះ​មិន​ចេះ​គិត​ពិចារណា​ទេ។
១៩ អ្នក​ដែល​ចូល​ចិត្ត​សន្សំ​រឿង​រមែង​ចូល​ចិត្ត​អំពើ​បាប អ្នក​ណា​និយាយ​អួត​បំប៉ោង អ្នក​នោះ​ស្វែង​រក​មហន្ត‌រាយ។
២០ មនុស្ស​មាន​កល‌ល្បិច​មិន​ស្គាល់​សុភមង្គល​ទេ ហើយ​មនុស្ស​សម្ដី​អាក្រក់​រមែង​ជួប​គ្រោះ​កាច។
២១ អ្នក​ណា​បង្កើត​កូន​ល្ងី‌ល្ងើ អ្នក​នោះ​ស្គាល់​តែ​ទុក្ខ​ព្រួយ រីឯ​ឪពុក​របស់​មនុស្ស​លេលា​មិន​ដែល​ស្គាល់​អំណរ​សប្បាយ​ទេ។
២២ ចិត្ត​សប្បាយ​រមែង​នាំ​ឲ្យ​ជា​សះ‌ស្បើយ រីឯ​ចិត្ត​ព្រួយ​រមែង​ធ្វើ​ឲ្យ​រីង‌រៃ។
២៣ មនុស្ស​អាក្រក់​លួច​ទទួល​សំណូក ដើម្បី​បង្ខូច​យុត្តិ‌ធម៌។
២៤ ប្រាជ្ញា​រមែង​នៅ​ក្បែរ​មនុស្ស​ឈ្លាស‌វៃ រីឯ​មនុស្ស​ល្ងី‌ល្ងើ​វិញ គិត​តែ​ពី​សម្លឹង​មើល​អ្វី​ដែល​ខ្លួន​ឈោង​មិន​ដល់។
២៥ កូន​ភ្លី‌ភ្លើ​ធ្វើ​ឲ្យ​ឪពុក​ព្រួយ និង​ធ្វើ​ឲ្យ​ម្ដាយ​សោក‌ស្តាយ។
២៦ ដាក់​ទោស​មនុស្ស​សុចរិត​ជា​ការ​មិន​ល្អ​ទេ ហើយ​វាយ​មនុស្ស​ថ្លៃ‌ថ្នូរ ព្រោះ​តែ​គេ​មាន​ចិត្ត​ទៀង‌ត្រង់​ក៏​មិន​ល្អ​ដែរ។
២៧ អ្នក​ណា​ទប់​ពាក្យ​សម្ដី​របស់​ខ្លួន អ្នក​នោះ​ជា​មនុស្ស​ចេះ​ដឹង រីឯ​អ្នក​តាំង​ចិត្ត​ស្ងប់‌ស្ងៀម​ជា​មនុស្ស​ឈ្លាស‌វៃ។
២៨ បើ​មនុស្ស​ល្ងី‌ល្ងើ​នៅ​ស្ងៀម គេ​ចាត់​ទុក​គាត់​ជា​មនុស្ស​មាន​ប្រាជ្ញា បើ​គាត់​បិទ​មាត់​មិន​និយាយ​អ្វី គេ​ចាត់​ទុក​គាត់​ជា​មនុស្ស​ឈ្លាស‌វៃ។
១៨
 អ្នក​ណា​មិន​រវី‌រវល់​នឹង​អ្នក​ដទៃ អ្នក​នោះ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​បដិសេធ​យោបល់​ទាំង​ប៉ុន្មាន​របស់​អ្នក​ឯ​ទៀតៗ។
 មនុស្ស​ខ្លៅ​មិន​ចូល​ចិត្ត​ការ​យល់​ដឹង​ទេ គឺ​គិត​តែ​ចង់​បញ្ចេញ​គំនិត​ខ្លួន​វិញ។
 ការ​អាក្រក់​មាន​នៅ​ទី​ណា ការ​ប្រមាថ​ក៏​មាន​នៅ​ទី​នោះ ហើយ​ទី​ណា​មាន​ការ​មាក់‌ងាយ ទី​នោះ​ក៏​មាន​ការ​អាម៉ាស់​មុខ​ដែរ។
 សម្ដី​របស់​មនុស្ស​មាន​ជម្រៅ​ដូច​បាត​សមុទ្រ ប្រភព​នៃ​ប្រាជ្ញា​ប្រៀប​ដូច​ជា​ទឹក​ជ្រោះ ដែល​ហូរ​ចេញ​មក​យ៉ាង​ខ្លាំង។
 អត់‌ឱន​ឲ្យ​មនុស្ស​ពាល ហើយ​មិន​រក​យុត្តិ‌ធម៌​ឲ្យ​មនុស្ស​សុចរិត ជា​ការ​មិន​ល្អ​ទេ។
 សម្ដី​របស់​មនុស្ស​ខ្លៅ​បណ្តាល​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា ពេល​ណា​អ្នក​នោះ​និយាយ​រមែង​ធ្វើ​ឲ្យ​មាន​ការ​វាយ‌តប់​គ្នា។
 មាត់​របស់​មនុស្ស​ខ្លៅ​រមែង​ធ្វើ​ឲ្យ​ខ្លួន​វិនាស ហើយ​ពាក្យ​សម្ដី​របស់​អ្នក​នោះ ជា​អន្ទាក់​សម្រាប់​ដាក់​ខ្លួន​ឯង។
 ពាក្យ​សម្ដី​របស់​មនុស្ស​អុជ‌អាល ប្រៀប​ដូច​ជា​ចំណី​យ៉ាង​ឆ្ងាញ់​ជាប់​ក្នុង​ចិត្ត។
 អ្នក​ធ្វេស‌ប្រហែស​ក្នុង​ការ‌ងារ និង​អ្នក​បំផ្លាញ​ការ‌ងារ ជា​បង‌ប្អូន​នឹង​គ្នា។
១០ ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់​ជា​បន្ទាយ​ដ៏​រឹង‌មាំ ដែល​មនុស្ស​សុចរិត​រត់​មក​ជ្រក‌កោន ដើម្បី​ឲ្យ​បាន​សុខ។
១១ រីឯ​អ្នក​មាន​វិញ គេ​ចាត់​ទុក​ទ្រព្យ‌សម្បត្តិ​របស់​ខ្លួន ជា​ទី‌ក្រុង​មួយ ដែល​មាន​កំពែង​រឹង‌មាំ។ គេ​នឹក​ស្មាន​ថា សម្បត្តិ​នេះ​ជា​កំពែង​ការ‌ពារ​ខ្លួន​គេ​ឲ្យ​បាន​សុខ។
១២ ចិត្ត​អំនួត​រមែង​នាំ​ឲ្យ​អន្តរាយ។ មុន​នឹង​ទទួល​សិរី‌រុង​រឿង​តោង​ដាក់​ខ្លួន​ជា​មុន​សិន។
១៣ អ្នក​ណា​ប្រញាប់​ឆ្លើយ​មុន​នឹង​ស្ដាប់ អ្នក​នោះ​ជា​មនុស្ស​ល្ងង់ ហើយ​ត្រូវ​បាក់​មុខ។
១៤ ចិត្ត​ចង់​រស់​ជួយ​គាំ‌ទ្រ​មនុស្ស​ក្នុង​គ្រា​មាន​ជំងឺ តែ​បើ​បាក់​ទឹក​ចិត្ត​វិញ គ្មាន​អ្វី​ជួយ​បាន​ឡើយ។
១៥ មនុស្ស​ឈ្លាស‌វៃ​រមែង​រក​បាន​ចំណេះ រីឯ​មនុស្ស​មាន​ប្រាជ្ញា​តែង‌តែ​ស្ដាប់ ដើម្បី​ស្វែង​រក​ចំណេះ។
១៦ ជំនូន​អាច​បើក​ផ្លូវ​ឲ្យ​មនុស្ស​ចូល​ទៅ​ជិត​អ្នក​ធំ​បាន។
១៧ ដើម​ចោទ​តែង‌តែ​យល់​ថា ក្តី​របស់​ខ្លួន​ត្រឹម‌ត្រូវ លុះ​ចុង​ចោទ​មក​ដល់ គេ​ឲ្យ​ដើម​ចោទ​នោះ​បង្ហាញ​ភស្តុតាង។
១៨ ការ​ស្បថ‌ស្បែ​អាច​បញ្ឈប់​ជម្លោះ ហើយ​អារ​កាត់​រឿង‌រ៉ាវ​រវាង​អ្នក​មាន​អំណាច​ផង។
១៩ ពេល​បង‌ប្អូន​ណា​ម្នាក់​របួស​ផ្លូវ​ចិត្ត នោះ​ពិបាក​ចូល​ទៅ​ជិត​ជាង​វាយ​យក​ទី‌ក្រុង​មួយ​ដែល​មាន​កំពែង​រឹង‌មាំ​ទៅ​ទៀត។ រីឯ​ជម្លោះ​ប្រៀប​បាន​នឹង​រនុក​ទ្វារ​ដែក​មួយ។
២០ មនុស្ស​អាច​រក​អាហារ​បាន ដោយ‌សារ​ពាក្យ​សម្ដី ហើយ​អ្វីៗ​ដែល​គេ​និយាយ​ធ្វើ​ឲ្យ​គេ​អាច​ចិញ្ចឹម​ជីវិត​បាន។
២១ ស្លាប់ ឬ​រស់ ព្រោះ​តែ​សម្ដី អ្នក​ណា​ចូល​ចិត្ត​និយាយ អ្នក​នោះ​ត្រូវ​ទទួល​ផល​ពី​ពាក្យ​សម្ដី​របស់​ខ្លួន។
២២ អ្នក​ណា​រក​បាន​ប្រពន្ធ ក៏​ដូច​ជា​រក​ឃើញ​សុភមង្គល ដែល​ជា​ព្រះ‌អំណោយ​ទាន​មក​ពី​ព្រះ‌អម្ចាស់ដែរ។
២៣ ជន​ក្រីក្រ​តែង‌តែ​ពោល​ពាក្យ​អង្វរ​ករ រីឯ​អ្នក​មាន​ឆ្លើយ​តប​ទាំង​គំរោះ‌គំរើយ។
២៤ អ្នក​ណា​មាន​មិត្ត‌ភក្ដិ​ច្រើន អ្នក​នោះ​រមែង​កើត​ទុក្ខ តែ​មិត្ត‌ភក្ដិ​ខ្លះ​មាន​ចិត្ត​ស្មោះ‌ត្រង់​លើស​បង‌ប្អូន​បង្កើត​ទៅ​ទៀត។
១៩
 មនុស្ស​ក្រីក្រ​តែ​រស់​នៅ​ដោយ​ទៀង‌ត្រង់ ប្រសើរ​ជាង​មនុស្ស​ល្ងង់​និយាយ​ភូត‌ភរ។
 ខ្វះ​ការ​ចេះ​ដឹង​មិន​ប្រសើរ​ទេ សម្រាប់​មនុស្ស ហើយ​អ្នក​ដែល​ប្រញាប់​ឈាន​ជើង​ទៅ​ប្រព្រឹត្ត​អំពើ​អ្វី​មួយ រមែង​មាន​កំហុស។
 ភាព​ល្ងី‌ល្ងើ​របស់​មនុស្ស​រមែង​បង្ខូច​ផ្លូវ​របស់​ខ្លួន ហើយ​គេ​បែរ​ជា​ខឹង​នឹង​ព្រះ‌អម្ចាស់​ទៅ​វិញ។
 ទ្រព្យ‌សម្បត្តិ​រមែង​ធ្វើ​ឲ្យ​មាន​មិត្ត‌ភក្ដិ​ច្រើន រីឯ​អ្នក​ក្រ​វិញ មិត្ត‌ភក្ដិ​តែង‌តែ​បោះ‌បង់​ចោល។
 សាក្សី​ក្លែង‌ក្លាយ​ចៀស​មិន​ផុត​ពី​ទណ្ឌ‌កម្ម​ទេ រីឯ​មនុស្ស​កុហក​ភូត‌ភរ​ក៏​មិន​រួច​ខ្លួន​ដែរ។
 មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​បញ្ជោរ​អ្នក​ធំ ហើយ​ម្នាក់ៗ​ចូល​ចិត្ត​ចង​មិត្ត​នឹង​អ្នក​ជូន​ជំនូន។
 មនុស្ស​ក្រីក្រ​គ្មាន​បង‌ប្អូន​ណា​ម្នាក់​រាប់‌រក​ទេ លើស​ពី​នេះ​ទៀត មិត្ត‌ភក្ដិ​ក៏​បោះ‌បង់​ចោល​ដែរ កាល​ណា​ត្រូវ​ការ​រក​គេ គេ​គេច​បាត់​អស់។
 អ្នក​ណា​ចេះ​គិត​ពិចារណា អ្នក​នោះ​ស្រឡាញ់​ខ្លួន​ឯង អ្នក​ណា​រក្សា​ការ​យល់​ដឹង អ្នក​នោះ​មាន​សុភមង្គល។
 សាក្សី​ក្លែង‌ក្លាយ​ចៀស​មិន​ផុត​ពី​ទណ្ឌ‌កម្ម​ទេ រីឯ​មនុស្ស​កុហក​ភូត‌ភរ ក៏​មិន​រួច​ខ្លួន​ដែរ។
១០ ជីវ‌ភាព​ខ្ពង់‌ខ្ពស់​មិន​ស័ក្តិ‌សម​នឹង​មនុស្ស​ខ្លៅ​ទេ ហើយ​លើស​ពី​នេះ អ្នក​បម្រើ​ក៏​មិន​សម​ត្រួត‌ត្រា​លើ​មេ​ដឹក​នាំ​ដែរ។
១១ មនុស្ស​មាន​សុភ‌និច្ឆ័យ​រមែង​ចេះ​ទប់​កំហឹង។ គេ​រក្សា​កិត្តិ‌យស ដោយ​មិន​តប‌ត​នឹង​អ្នក​ដែល​ធ្វើ​ខុស ចំពោះ​ខ្លួន​ឡើយ។
១២ សេចក្ដី​ក្រោធ​របស់​ស្តេច​ប្រៀប​ដូច​ជា​ស្នូរ​គ្រហឹម​របស់​សត្វ​តោ តែ​សេចក្ដី​សប្បុរស​របស់​ស្តេច​ប្រៀប​ដូច​ទឹក​សន្សើម​ធ្លាក់​លើ​ស្មៅ។
១៣ កូន​ល្ងង់​រមែង​ធ្វើ​ឲ្យ​ឪពុក​ហិន‌ហោច រីឯ​ប្រពន្ធ​ពូកែ​ឈ្លោះ ប្រៀប​បាន​នឹង​ទ​ដែល​បង្ហូរ​ទឹក​មិន​ចេះ​អស់។
១៤ ផ្ទះ​សំបែង និង​ទ្រព្យ‌សម្បត្តិ​ជា​កេរ​មត៌ក​ពី​ដូន‌តា រីឯ​ប្រពន្ធ​មាន​សុភ‌និច្ឆ័យ​វិញ ជា​អំណោយ​ទាន​ពី​ព្រះ‌អម្ចាស់
១៥ ការ​ខ្ជិល​ច្រអូស​រមែង​ធ្វើ​ឲ្យ​មនុស្ស​ងោក‌ងុយ ហើយ​មនុស្ស​ច្រអូស​ត្រូវ​អត់​បាយ។
១៦ អ្នក​ប្រតិ‌បត្តិ​តាម​ដំបូន្មាន​រមែង​រក្សា​ជីវិត​ខ្លួន រីឯ​អ្នក​ធ្វេស‌ប្រហែស​នឹង​មារយាទ​របស់​ខ្លួន​មុខ​ជា​ត្រូវ​វិនាស។
១៧ អ្នក​ដែល​ចែក​ទាន​ដល់​ជន​ទុរគត ទុក​ដូច​ជា​ឲ្យ​ព្រះ‌អម្ចាស់​ខ្ចី ព្រះ‌អង្គ​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​នោះ​វិញ។
១៨ ចូរ​ប្រដៅ​កូន​ក្នុង​ពេល​ដែល​អ្នក​មាន​សង្ឃឹម​ថា​នឹង​អាច​កែ​វា​បាន កុំ​ខឹង​រហូត​ដល់​ធ្វើ​ឲ្យ​វា​ស្លាប់​នោះ​ឡើយ។
១៩ មនុស្ស​កំរោល​ឃោរ‌ឃៅ​រមែង​ទទួល​ពិន័យ បើ​មិន​ដាក់​ទោស​ជន​នោះ​ទេ អ្នក​នឹង​បណ្តោយ​ឲ្យ​គេ​នៅ​តែ​មាន​កំរោល​ដដែល។
២០ ចូរ​ស្ដាប់​ឱវាទ និង​ទទួល​ការ​ប្រៀន‌ប្រដៅ នោះ​អ្នក​នឹង​មាន​ប្រាជ្ញា។
២១ មនុស្ស​គិត‌គូរ​គម្រោង‌ការ​ជា​ច្រើន ប៉ុន្តែ មាន​តែ​គម្រោង‌ការ​របស់​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ ដែល​សម្រេច​ជា​រូប‌រាង។
២២ ចិត្ត​ស្មោះ‌ត្រង់​ជា​គុណ​សម្បត្តិ​របស់​មនុស្ស ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​ក្រីក្រ​ប្រសើរ​ជាង​មនុស្ស​កុហក។
២៣ ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​នាំ​ទៅ​រក​ជីវិត អ្នក​ធ្វើ​ដូច្នេះ​នឹង​បាន​សប្បាយ ហើយ​ដេក​លក់​យ៉ាង​ស្កប់‌ស្កល់​ឥត​មាន​កង្វល់​អ្វី​ឡើយ។
២៤ មនុស្ស​ខ្ជិល​ច្រអូស​លូក​ដៃ​ក្នុង​ចាន តែ​ពុំ​យក​ម្ហូប​មក​ដាក់​ក្នុង​មាត់​ទេ។
២៥ បើ​អ្នក​វាយ​មនុស្ស​ចំអក​ឡក‌ឡឺយ អ្នក​នឹង​ធ្វើ​ឲ្យ​មនុស្ស​ភ្លើ​ចេះ​កែ​គំនិត។ បើ​អ្នក​ស្តី​បន្ទោស​មនុស្ស​ឆ្លាត អ្នក​នឹង​ធ្វើ​ឲ្យ​គេ​យល់​អំពី​ចំណេះ។
២៦ អ្នក​ណា​ធ្វើ​បាប​ឪពុក ហើយ​បណ្តេញ​ម្ដាយ​របស់​ខ្លួន អ្នក​នោះ​ជា​កូន​ដែល​នាំ​ឲ្យ​អាម៉ាស់​មុខ និង​អាប់​យស។
២៧ កូន​អើយ! បើ​អ្នក​លែង​ស្ដាប់​ការ​ប្រៀន‌ប្រដៅ អ្នក​មុខ​ជា​វង្វេង​ចេញ​ឆ្ងាយ​ពី​ចំណេះ​ដឹង។
២៨ ជន‌ពាល​ធ្វើ​ជា​សាក្សី​តែង‌តែ​ប្រមាថ​យុត្តិ‌ធម៌ ព្រោះ​មនុស្ស​អាក្រក់​និយម​ពោល​ពាក្យ​ទុច្ចរិត។
២៩ មនុស្ស​ចំអក​ឡក‌ឡឺយ​ត្រូវ​តែ​ទទួល​ទោស រីឯ​មនុស្ស​ល្ងង់​ខ្លៅ​ត្រូវ​រំពាត់​ស៊ី​ខ្នង។
២០
 សុរា​រមែង​ធ្វើ​ឲ្យ​មនុស្ស​ក្អេង‌ក្អាង ហើយ​គ្រឿង​ស្រវឹង​តែង‌តែ​ធ្វើ​ឲ្យ​មនុស្ស​ឡូ‌ឡា។ មនុស្ស​ប្រមឹក​មិន​អាច​ធ្វើ​ជា​អ្នក​ប្រាជ្ញ​បាន​ឡើយ។
 កំហឹង​របស់​ស្តេច​ប្រៀប​ដូច​ជា​ស្នូរ​គ្រហឹម​របស់​សត្វ​តោ អ្នក​ដែល​ធ្វើ​ឲ្យ​ស្តេច​ខ្ញាល់ រមែង​នាំ​ឲ្យ​ខ្លួន​មាន​ទោស។
 អ្នក​ណា​ដក​ខ្លួន​ចេញ​ឆ្ងាយ​ពី​ជម្លោះ អ្នក​នោះ​តែង‌តែ​ទទួល​កិត្តិ‌យស រីឯ​មនុស្ស​ល្ងី‌ល្ងើ​ជា​អ្នក​ពូកែ​ឈ្លោះ។
 នៅ​រដូវ​វស្សា មនុស្ស​កម្ជិល​មិន​ភ្ជួរ​មិន​រាស់​ទេ លុះ​ដល់​រដូវ​ចម្រូត គេ​រក​អ្វី​ច្រូត​ពុំ​បាន​ឡើយ។
 គំនិត​របស់​មនុស្ស​ជ្រៅ​ដូច​បាត​សមុទ្រ មាន​តែ​មនុស្ស​ឈ្លាស‌វៃ​ប៉ុណ្ណោះ ដែល​ចេះ​ស្រង់​យក​គំនិត​នោះ។
 មនុស្ស​ជា​ច្រើន​អះ‌អាង​ថា​ខ្លួន​សប្បុរស តែ​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត​ពិបាក​រក​ណាស់។
 មនុស្ស​សុចរិត​តែង‌តែ​រស់​នៅ ដោយ​ទៀង​ត្រង់ ហើយ​កូន​របស់​គាត់​រមែង​ទទួល​សុភមង្គល។
 កាល​ណា​ស្តេច​ប្រកប​ដោយ​យុត្តិ‌ធម៌​គង់​លើ​រាជ‌បល្ល័ង្ក ព្រះ‌អង្គ​ពិចារណា​ឃើញ​អំពើ​អាក្រក់​ភ្លាម។
 តើ​អ្នក​ណា​អាច​ពោល​ថា «ខ្ញុំ​មាន​ចិត្ត​បរិសុទ្ធ ខ្ញុំ​គ្មាន​បាប​ទាល់​តែ​សោះ»?។
១០ បំបាត់​ភ្នែក​ជញ្ជីង ឬ​វាល់​មិន​គ្រប់ សុទ្ធ​តែ​ជា​អំពើ​ដែល​ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ។
១១ សូម្បី​តែ​កូន​ក្មេង​ក៏​អាច​បង្ហាញ​ឲ្យ​គេ​ឃើញ​នូវ​កិរិយា​ល្អ​ត្រឹម‌ត្រូវ​របស់​វា តាម​អំពើ​ដែល​វា​ប្រព្រឹត្ត​ដែរ។
១២ ត្រចៀក​សម្រាប់​ស្ដាប់ និង​ភ្នែក​សម្រាប់​មើល សុទ្ធ​តែ​ព្រះ‌អម្ចាស់​បង្កើត​មក​ដូច​គ្នា។
១៣ បើ​អ្នក​គិត​តែ​ពី​ដេក អ្នក​មុខ​ជា​ធ្លាក់​ខ្លួន​ក្រ បើ​អ្នក​ចង់​មាន​អាហារ​គ្រប់‌គ្រាន់ ចូរ​ក្រោក​ឡើង​ពី​ព្រលឹម។
១៤ អ្នក​ទិញ​តែង​ពោល​ថា «របស់​នេះ​មិន​ល្អ​ទេ! របស់​នេះ​មិន​ល្អ​ទេ!» លុះ​ចេញ​ផុត​ទៅ គាត់​សរសើរ​ខ្លួន​ឯង។
១៥ មាស​ក៏​សម្បូណ៌ ពេជ្រ​ក៏​សម្បូណ៌ ប៉ុន្តែ ពាក្យ​សម្ដី​ប្រកប​ដោយ​ប្រាជ្ញា​មាន​តម្លៃ​លើស​អ្វីៗ​ទាំង​អស់។
១៦ បើ​មាន​គេ​មក​ធានា​សង​បំណុល​ជំនួស​នរណា​ម្នាក់ ចូរ​ទារ​យក​អាវ​ធំ​របស់​គេ​ទុក​ជា​របស់​បញ្ចាំ ព្រោះ​គេ​បាន​ធានា​មនុស្ស​ដែល​អ្នក​មិន​ស្គាល់។
១៧ អាហារ​ដែល​បាន​មក​ពី​ការ​បញ្ឆោត​ឆ្ងាញ់​តែ​មុន​ដំបូង​ទេ ក្រោយ​មក អាហារ​នោះ​ក្លាយ​ទៅ​ជា​ដុំ​គ្រួស​ក្នុង​មាត់​វិញ។
១៨ យោបល់​ល្អ​រមែង​ធ្វើ​ឲ្យ​គម្រោង‌ការ​បាន​សម្រេច មុន​នឹង​ធ្វើ​សង្គ្រាម ត្រូវ​រិះ‌គិត​ឲ្យ​បាន​ដិត​ដល់​ជា​មុន។
១៩ អ្នក​និយាយ​ដើម​គេ​រមែង​បើក​កកាយ​ការ​សម្ងាត់ កុំ​សេព‌គប់​ជា​មួយ​អ្នក​ដែល​និយាយ​ច្រើន​ពេក។
២០ អ្នក​ណា​ប្រទេច‌ផ្តាសា​ឪពុក​ម្ដាយ ជីវិត​របស់​អ្នក​នោះ​នឹង​រលត់ ដូច​ចង្កៀង​នៅ​ក្នុង​ទី​ងងឹត។
២១ អ្នក​ណា​ប្រមូល​ទ្រព្យ‌សម្បត្តិ​បាន​រហ័ស​ពេក ទៅ​ថ្ងៃ​ក្រោយ អ្នក​នោះ​មិន​បាន​ទទួល​ព្រះ‌ពរ​ឡើយ។
២២ កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់ តែ​ត្រូវ​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ នោះ​ព្រះ‌អង្គ​នឹង​សង្គ្រោះ​អ្នក។
២៣ ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​កូន​ជញ្ជីង​មិន​ត្រឹម‌ត្រូវ​ទេ ហើយ​ការ​បំបាត់​ភ្នែក​ជញ្ជីង​ក៏​ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​ដែរ។
២៤ ព្រះ‌អម្ចាស់​តែង‌តែ​ដឹក​នាំ​ដំណើរ​ជីវិត​របស់​មនុស្ស ប៉ុន្តែ មនុស្ស​ពុំ​អាច​ស្គាល់​ទិស‌ដៅ​នៃ​ជីវិត​របស់​ខ្លួន​បាន​ទេ។
២៥ ចូរ​រិះ‌គិត​ឲ្យ​បាន​ដិត‌ដល់ មុន​នឹង​សន្យា​ថ្វាយ​អ្វី​មួយ​ទៅ​ព្រះ‌ជាម្ចាស់ ដើម្បី​កុំ​ឲ្យ​ស្តាយ​ក្រោយ។
២៦ ស្តេច​មាន​ប្រាជ្ញា​តែង‌តែ​កម្ចាត់​មនុស្ស​អាក្រក់ ហើយ​ដាក់​ទោស​ពួក​គេ​ឥត​ប្រណី។
២៧ វិញ្ញាណ​របស់​មនុស្ស ជា​ចង្កៀង ដែល​មក​ពី​ព្រះ‌អម្ចាស់ ចង្កៀង​នោះ​បំភ្លឺ​រហូត​ដល់​ជម្រៅ​ចិត្ត​របស់​គេ។
២៨ សេចក្ដី​សប្បុរស និង​សេចក្ដី​ស្មោះ‌ត្រង់ រមែង​ជួយ​ការ‌ពារ​ស្តេច ហើយ​ព្រះ‌អង្គ​ពង្រឹង​រាជ​សម្បត្តិ​បាន​ដោយ‌សារ​យុត្តិ‌ធម៌។
២៩ កម្លាំង​ជា​អំនួត​របស់​យុវជន រីឯ​សក់​ស្កូវ​ជា​កិត្តិ‌យស​របស់​មនុស្ស​ចាស់។
៣០ របួស​ដ៏​ឈឺ​ចាប់​ជា​ឱសថ​បំបាត់​ភាព​អាក្រក់ ហើយ​ការ​វាយ‌ដំ​អាច​ធ្វើ​ឲ្យ​មាន​ការ​កែ‌ប្រែ រហូត​ដល់​ជម្រៅ​ចិត្ត។
២១
ព្រះ‌ហឫ‌ទ័យ​របស់​ស្តេច​ប្រៀប​បាន​នឹង​ទឹក​នៅ​ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ផ្អៀង​ព្រះ‌ហស្ដ​ទៅ​ខាង​ណា ទឹក​ហូរ​ទៅ​ខាង​នោះ។
 មនុស្ស​គ្រប់ៗ​រូប​តែង​យល់​ថា អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​សុទ្ធ​តែ​ត្រឹម‌ត្រូវ ក៏​ប៉ុន្តែ មាន​តែ​ព្រះ‌អម្ចាស់​ទេ ដែល​ឈ្វេង​យល់​ចិត្ត​របស់​មនុស្ស។
 ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫ‌ទ័យ​ចំពោះ​យុត្តិ‌ធម៌ និង​សេចក្ដី​ទៀង‌ត្រង់ ជាង​ការ​ថ្វាយ​យញ្ញ‌បូជា​ទៅ​ទៀត។
 ទឹក​មុខ​ក្រអឺត‌ក្រទម និង​ចិត្ត​ព្រហើន បង្ហាញ​ឲ្យ​ឃើញ​នូវ​អំពើ​បាប​របស់​មនុស្ស​អាក្រក់។
 អ្នក​ដែល​ធ្វើ​ការ​អ្វី​មួយ​ដោយ​ពិចារណា​យ៉ាង​ម៉ត់‌ចត់ រមែង​ទទួល​ផល​បរិបូណ៌ រីឯ​អ្នក​ដែល​ធ្វើ​អ្វី​មួយ​ដោយ​តក់‌ក្រហល់ តែង‌តែ​ជួប​អត្ត‌ខាត់។
 អ្នក​ដែល​រក​ទ្រព្យ‌សម្បត្តិ​បាន​ដោយ​បោក‌ប្រាស់​គេ ជា​មនុស្ស​បញ្ឆោត​ខ្លួន​ឯង ហើយ​រត់​ទៅ​រក​សេចក្ដី​ស្លាប់។
 ចិត្ត​ឃោរ‌ឃៅ​របស់​មនុស្ស​អាក្រក់ នាំ​ឲ្យ​ខ្លួន​គេ​វិនាស ដ្បិត​គេ​មិន​ព្រម​ធ្វើ​អំពើ​យុត្តិ‌ធម៌​ទេ។
 ជន​ឧក្រិដ្ឋ​ដើរ​តាម​ផ្លូវ​វៀច‌វេរ រីឯ​មនុស្ស​សុចរិត​ដើរ​តាម​ផ្លូវ​ទៀង‌ត្រង់។
 ស៊ូ​រស់​នៅ​តាម​សំយាប​ផ្ទះ ជា​ជាង​រស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​ស្ត្រី​ពូកែ​ឈ្លោះ។
១០ មនុស្ស​ពាល​គិត​តែ​ពី​ធ្វើ​បាប​គេ សូម្បី​តែ​មិត្ត​សម្លាញ់​របស់​ខ្លួន​ក៏​វា​មិន​ត្រា‌ប្រណី​ដែរ។
១១ បើ​ដាក់​ទោស​មនុស្ស​ចំអក​ឡក‌ឡឺយ នោះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ល្ងង់​មាន​ប្រាជ្ញា។ បើ​ទូន្មាន​អ្នក​មាន​ប្រាជ្ញា នោះ​គេ​នឹង​ទទួល​ចំណេះ។
១២ ព្រះ​ដ៏​សុចរិត​តែង‌តែ​ឃ្លាំ​មើល​ក្រុម​គ្រួសារ​របស់​មនុស្ស​អាក្រក់ ហើយ​ធ្វើ​ឲ្យ​គេ​អន្តរាយ។
១៣ អ្នក​ណា​ធ្វើ​ជា​ថ្លង់ មិន​ឮ​សម្រែក​របស់​មនុស្ស​ទុរគត លុះ​ពេល​មាន​អាសន្ន​ស្រែក​ហៅ​ឲ្យ​គេ​ជួយ នឹង​គ្មាន​នរណា​អើពើ​ឡើយ។
១៤ ជំនូន​ដែល​ជូន​ដោយ​សម្ងាត់ តែង‌តែ​រំងាប់​កំហឹង រីឯ​អំណោយ​ដែល​ជូន​ដោយ​លាក់​ការណ៍ ក៏​ធ្វើ​ឲ្យ​ស្ងប់​កំរោល​ដែរ។
១៥ ការ​ប្រព្រឹត្ត​ដោយ​យុត្តិ‌ធម៌​រមែង​ផ្តល់​ឲ្យ​មនុស្ស​សុចរិត​មាន​អំណរ តែ​ធ្វើ​ឲ្យ​មនុស្ស​ទុច្ចរិត​ភ័យ​តក់‌ស្លុត។
១៦ អ្នក​ណា​លះ‌បង់​សុភ‌និច្ឆ័យ អ្នក​នោះ​នឹង​ទៅ​នៅ​ជា​មួយ​មនុស្ស​ស្លាប់។
១៧ អ្នក​ដែល​ភ្លើត‌ភ្លើន​នឹង​ការ​សប្បាយ​តែង‌តែ​ធ្លាក់​ខ្លួន​ក្រ រីឯ​អ្នក​ដែល​ចូល​ចិត្ត​ស៊ី​ផឹក​មិន​អាច​ទៅ​ជា​អ្នក​មាន​ឡើយ។
១៨ មនុស្ស​អាក្រក់​តែង‌តែ​រង​ទុក្ខ​ជំនួស​មនុស្ស​សុចរិត ហើយ​មនុស្ស​ក្បត់​រង​ទុក្ខ​ជំនួស​មនុស្ស​ទៀង‌ត្រង់។
១៩ ស៊ូ​រស់​នៅ​ក្នុង​វាល​រហោ‌ស្ថាន ជា​ជាង​រស់​នៅ​ជា​មួយ​ប្រពន្ធ​ពូកែ​ឈ្លោះ ហើយ​ឆាប់​ខឹង។
២០ ទ្រព្យ‌សម្បត្តិ និង​វត្ថុ​ដ៏​មាន​តម្លៃ ស្ថិត​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ប្រាជ្ញ រីឯ​មនុស្ស​ល្ងី‌ល្ងើ​វិញ រមែង​បង្ហិន​ទាំង​អស់។
២១ អ្នក​ដែល​ស្វែង​រក​សេចក្ដី​សុចរិត និង​សេចក្ដី​សប្បុរស​តែង‌តែ​មាន​អាយុ​វែង ជួប​ប្រទះ​នឹង​សេចក្ដី​សុចរិត ហើយ​ទទួល​កិត្តិ‌យស។
២២ មនុស្ស​មាន​ប្រាជ្ញា​អាច​វាយ​ដណ្ដើម​យក​បាន​ទី‌ក្រុង​របស់​អ្នក​ខ្លាំង​ពូកែ ហើយ​កម្ទេច​កំពែង ដែល​ជា​ទី​ទុក​ចិត្ត​របស់​អ្នក​ទាំង​នោះ​ផង។
២៣ អ្នក​ដែល​ប្រយ័ត្ន​ពាក្យ​សម្ដី តែង‌តែ​ចៀស​ផុត​ពី​ទោស‌ពៃរ៍។
២៤ មនុស្ស​អួត​បំប៉ោង និង​ព្រហើន តែង‌តែ​ចំអក​ឲ្យ​អ្នក​ដទៃ អ្វីៗ​ដែល​គេ​ធ្វើ​សុទ្ធ​តែ​បង្ហាញ​នូវ​ការ​អួត​បំប៉ោង​របស់​ខ្លួន។
២៥ បំណង​របស់​មនុស្ស​ខ្ជិល​រមែង​ធ្វើ​ឲ្យ​ខ្លួន​ស្លាប់ ព្រោះ​គេ​មិន​ព្រម​ធ្វើ​ការ។
២៦ មនុស្ស​ខ្លះ​គិត​តែ​ពី​លោភ​ចង់​បាន រីឯ​មនុស្ស​សុចរិត​វិញ តែង‌តែ​ធ្វើ​ទាន​ដោយ​ឥត​សំចៃ។
២៧ ព្រះ‌ជាម្ចាស់​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​យញ្ញ‌បូជា​របស់​មនុស្ស​អាក្រក់​ទេ ដ្បិត​ពួក​គេ​យក​មក​ថ្វាយ​ដោយ​បំណង​អាក្រក់។
២៨ សាក្សី​ក្លែង‌ក្លាយ​រមែង​វិនាស រីឯ​អ្នក​ដែល​ដឹង​រឿង​ច្បាស់ ទើប​អាច​និយាយ​បាន។
២៩ មនុស្ស​អាក្រក់​រមែង​មាន​មុខ​ក្រាស់ រីឯ​មនុស្ស​ទៀង‌ត្រង់ រឹត​តែ​ប្រព្រឹត្ត​ត្រឹម‌ត្រូវ​ថែម​ទៀត។
៣០ គ្មាន​ប្រាជ្ញា ការ​ពិចារណា ឬ​យោបល់​ណា​អាច​ប្រៀប​ផ្ទឹម​ស្មើ​នឹង​ព្រះ‌អម្ចាស់​បាន​ឡើយ។
៣១ គេ​រៀប​ទ័ព‌សេះ​សម្រាប់​ថ្ងៃ​ប្រយុទ្ធ តែ​ជ័យ‌ជម្នះ​ស្ថិត​នៅ​លើ​ព្រះ‌អម្ចាស់
២២
 ស៊ូ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ជា​ជាង​មាន​ទ្រព្យ‌សម្បត្តិ​ស្តុក‌ស្តម្ភ។ មាន​គេ​រាប់​អាន​ច្រើន ប្រសើរ​ជាង​មាន​មាស​ប្រាក់។
 អ្នក​មាន និង​អ្នក​ក្រ ជា​មនុស្ស​ដូច​គ្នា ដ្បិត​ព្រះ‌អម្ចាស់​បាន​បង្កើត​គេ​មក​ទាំង​ពីរ​នាក់។
 កាល​មនុស្ស​ឆ្លាត​ឃើញ​គ្រោះ​កាច​មក​ដល់ គេ​លាក់​ខ្លួន រីឯ​មនុស្ស​ឥត​គំនិត​ឱន​ក្បាល​ដើរ​ទៅ​មុខ ហើយ​ត្រូវ​បង់​ខាត​ធ្ងន់។
 មនុស្ស​រាបសា​តែង‌តែ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ គេ​នឹង​ទទួល​ទ្រព្យ‌សម្បត្តិ កិត្តិ‌យស និង​មាន​អាយុ​វែង។
 ផ្លូវ​អសីល‌ធម៌​មាន​សុទ្ធ​តែ​បន្លា និង​អន្ទាក់។ អ្នក​ស្រឡាញ់​ជីវិត​តែង‌តែ​ដើរ​ចៀស‌ឆ្ងាយ​ពី​ផ្លូវ​នោះ។
 ចូរ​អប់រំ​កូន​ក្មេង​ឲ្យ​មាន​ទំលាប់​ល្អ តាំង​ពី​តូច គេ​នឹង​រក្សា​ទំលាប់​នេះ​រហូត​ដល់​ចាស់។
 អ្នក​មាន​តែង‌តែ​ជិះ‌ជាន់​អ្នក​ក្រ រីឯ​កូន​បំណុល​ជា​ទាសករ​របស់​ម្ចាស់​ប្រាក់។
 អ្នក​សាប‌ព្រោះ​អំពើ​អាក្រក់​តែង‌តែ​ទទួល​គ្រោះ​កាច ហើយ​កម្លាំង​ដែល​ជំរុញ​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ នឹង​រលាយ​សូន្យ​ទៅ។
 មនុស្ស​មាន​ចិត្ត​សប្បុរស​តែង‌តែ​ទទួល​ព្រះ‌ពរ ដ្បិត​គេ​ចែក​អាហារ​ដល់​ជន​ទុរគត។
១០ បំបាត់​មនុស្ស​ចំអក​ឡក‌ឡឺយ ជម្លោះ​ក៏​បាត់​អស់​ដែរ ការ​ឈ្លោះ​ប្រកែក និង​ការ​មើល‌ងាយ លែង​មាន​ទៀត​ហើយ។
១១ អ្នក​ណា​ប្រកាន់​ចិត្ត​បរិសុទ្ធ ហើយ​មាន​ពាក្យ​សម្ដី​សុភាព‌រាបសា អ្នក​នោះ​នឹង​បាន​គាប់​ព្រះ‌ហឫ‌ទ័យ​ស្តេច។
១២ ព្រះ‌អម្ចាស់​តែង‌តែ​ថែ‌រក្សា​ការ​យល់​ដឹង​ដ៏​ត្រឹម‌ត្រូវ តែ​ព្រះ‌អង្គ​ផ្ចាញ់‌ផ្ចាល​ពាក្យ​សម្ដី​របស់​មនុស្ស​ពាល។
១៣ មនុស្ស​កម្ជិល​តែង​ពោល​ថា «មាន​សត្វ​សិង្ហ​មួយ​នៅ​ខាង​ក្រៅ វា​មុខ​ជា​ហែក​ខ្ញុំ​ស៊ី​នៅ​កណ្ដាល​ផ្លូវ​មិន​ខាន»។
១៤ ពាក្យ​សម្ដី​របស់​ស្ត្រី​ក្បត់​ប្ដី​ជា​អន្ទាក់​មួយ​គួរ​ឲ្យ​ព្រឺ​ខ្លាច អ្នក​ដែល​ព្រះ‌អម្ចាស់​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​តែង‌តែ​ជាប់​អន្ទាក់​នោះ។
១៥ ក្មេងៗ​តែង‌តែ​ជំពាក់​ចិត្ត​នឹង​ភាព​ល្ងី‌ល្ងើ ការ​វាយ​ប្រដៅ​នឹង​នាំ​វា​ឲ្យ​ចេញ​ឆ្ងាយ​ពី​ភាព​ល្ងី‌ល្ងើ​នោះ។
១៦ ជន​ទុរគត​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន​មុខ​ជា​បាន​ចម្រើន រីឯ​អ្នក​ដែល​យក​ទ្រព្យ​ទៅ​ឲ្យ​អ្នក​មាន នឹង​បណ្តាល​ឲ្យ​ធ្លាក់​ខ្លួន​ក្រ។
ដំបូន្មាន​របស់​អ្នក​ប្រាជ្ញ
១៧ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​អ្នក​ប្រាជ្ញ ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​យល់​ដឹង​របស់​ខ្ញុំ ១៨ នោះ​អ្នក​នឹង​សប្បាយ​ចិត្ត ដោយ​ចង‌ចាំ ហើយ​ត្រៀម​ខ្លួន​ស្រដី​ចេញ​មក​ជា‌និច្ច។ ១៩ ខ្ញុំ​ចង់​ឲ្យ​អ្នក​ស្គាល់​ការ​យល់​ដឹង​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់២០ ខ្ញុំ​បាន​កត់‌ត្រា​ទុក​នូវ​ឱវាទ និង​ដំបូន្មាន​ផ្សេងៗ ចំនួន​សាម‌សិប​សម្រាប់​អ្នក ២១ ដើម្បី​ឲ្យ​អ្នក​ស្គាល់​ការ​ត្រឹម‌ត្រូវ និង​ការ​ពិត ហើយ​អ្នក​អាច​ផ្តល់​ចម្លើយ​ដ៏​ពិត​ប្រាកដ​ដល់​មនុស្ស​ដែល​ចាត់​អ្នក​ឲ្យ​មក។
២២ កុំ​រឹប‌អូស​យក​ទ្រព្យ​ពី​ជន​ទុរគត ព្រោះ​តែ​ឃើញ​គ្នា​ទន់​ខ្សោយ ហើយ​កុំ​សង្កត់‌សង្កិន​ជន​ក្រីក្រ​ដែល​គ្មាន​អ្នក​ការ‌ពារ ២៣ ដ្បិត​ព្រះ‌អម្ចាស់​នឹង​រក​យុត្តិ‌ធម៌​ឲ្យ​ពួក​គេ ហើយ​ដក​ហូត​យក​ជីវិត​ពី​អស់​អ្នក​ដែល​រឹប‌អូស​យក​ទ្រព្យ​របស់​ពួក​គេ។
២៤ កុំ​សេព‌គប់​នឹង​មនុស្ស​ឆាប់​ខឹង ហើយ​រួម​គំនិត​ជា​មួយ​មនុស្ស​កំរោល ២៥ ក្រែង‌លោ​អ្នក​យក​តម្រាប់​តាម​គេ ហើយ​នាំ​ឲ្យ​ជីវិត​របស់​អ្នក​ជាប់​អន្ទាក់។
២៦ កុំ​ធានា ឬ​សន្យា​សង​បំណុល​ជួស​អ្នក​ដទៃ​ឡើយ។ ២៧ បើ​អ្នក​គ្មាន​អ្វី​សង​ទេ គេ​មុខ​ជា​ដក​ហូត​យក​គ្រែ​ដេក​របស់​អ្នក​ពុំ‌ខាន។
២៨ កុំ​ដក​បង្គោល​ព្រំ​ចម្ការ ដែល​ដូន‌តា​របស់​អ្នក​បាន​បោះ​ទុក​នោះ​ឡើយ។
២៩ ប្រសិន​បើ​អ្នក​ឃើញ​មនុស្ស​ម្នាក់​ប៉ិន‌ប្រសប់​បំពេញ​ការ‌ងារ​របស់​ខ្លួន តោង​ដឹង​ថា អ្នក​នោះ​អាច​ចូល​បម្រើ​ស្តេច គឺ​គេ​មិន​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​គ្មាន​កេរ្តិ៍​ឈ្មោះ​ឡើយ។
២៣
 កាល​ណា​អ្នក​អង្គុយ​រួម​តុ​ជា​មួយ​អ្នក​ធំ តោង​គិត​ថា តើ​នរណា​អង្គុយ​នៅ​មុខ​អ្នក។  បើ​ដឹង​ខ្លួន​ថា​អ្នក​ជា​មនុស្ស​ល្មោភ​ស៊ី ចូរ​ទប់​ចំណង់​ឃ្លាន​នោះ​ទៅ។  កុំ​លោភ​ចង់​បាន​ម្ហូប​ឆ្ងាញ់​របស់​គេ ក្រែង​លោ​ម្ហូប​នោះ​ជា​គ្រឿង​បញ្ឆោត​អ្នក។
 កុំ​ខំ​ប្រឹង​ស្វែង​រក​ទ្រព្យ‌សម្បត្តិ​ពេក ហើយ​ក៏​កុំ​គិត​តែ​ពី​ចង់​មាន ចង់​បាន​ដែរ។  អ្នក​តាម​សម្លឹង​មើល​ប្រាក់ តែ​ប្រាក់​នឹង​ហើរ​បាត់​ទៅ ដូច​ឥន្ទ្រី​កំពុង​ហើរ​ឡើង​ទៅ​លើ​មេឃ។
 កុំ​រួម​តុ​ជា​មួយ​មនុស្ស​ដែល​មាន​បំណង​អាក្រក់ ហើយ​កុំ​ចង់​បរិភោគ​ម្ហូប​ដ៏​ឆ្ងាញ់​របស់​គេ​ឲ្យ​សោះ។  ចិត្ត​របស់​គេ​មិន​ដូច​សម្ដី​របស់​គេ​ទេ គេ​ពោល​ថា “សូម​អញ្ជើញ​ពិសា​ចុះ” ប៉ុន្តែ តាម​ពិត គេ​មិន​ស្មោះ‌ត្រង់​ជា​មួយ​អ្នក​ឡើយ។  ក្រោយ​មក អ្នក​នឹង​ខ្ជាក់​អាហារ​នោះ​ចោល ហើយ​ពាក្យ​ទន់‌ភ្លន់​របស់​អ្នក​ក្លាយ​ទៅ​ជា​អសា‌បង់។
 កុំ​ប្រដៅ​មនុស្ស​ខ្លៅ ព្រោះ​គេ​នឹង​មើល‌ងាយ​ពាក្យ​ប្រកប​ដោយ​សុភ‌និច្ឆ័យ​របស់​អ្នក។
១០ កុំ​ដក​បង្គោល​ព្រំ​ចម្ការ​ចាស់​ឡើយ ហើយ​ក៏​កុំ​បង្ខិត​ចូល​ទៅ​ក្នុង​ដី​របស់​កូន‌កំព្រា​ដែរ ១១ ដ្បិត​ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​ឫទ្ធា‌នុភាព​នឹង​ការ‌ពារ​គេ ព្រះ‌អង្គ​ប្រឆាំង​នឹង​អ្នក ដើម្បី​រក​យុត្តិ‌ធម៌​ឲ្យ​គេ។
១២ ចូរ​យក​ចិត្ត​ទុក​ដាក់​ទទួល​ការ​អប់រំ ហើយ​ត្រង‌ត្រាប់​ស្ដាប់​សេចក្ដី​ដែល​គ្រូ​បង្រៀន។
១៣ កុំ​រុញ‌រា​នឹង​វាយ​ប្រដៅ​កូន​ឡើយ ទោះ‌បី​អ្នក​វាយ​វា​នឹង​រំពាត់ ក៏​វា​មិន​ស្លាប់​ដែរ។
១៤ បើ​អ្នក​វាយ​វា អ្នក​នឹង​ជួយ​ការ‌ពារ​វា​ឲ្យ​រួច​ពី​ស្លាប់។ ១៥ កូន​អើយ បើ​កូន​មាន​ប្រាជ្ញា ឪពុក​សប្បាយ​ចិត្ត​ណាស់។ ១៦ បើ​កូន​ពោល​ពាក្យ​ទៀង‌ត្រង់ នោះ​ឪពុក​នឹង​មាន​អំណរ​យ៉ាង​ខ្លាំង។
១៧ កុំ​ចង់​យក​តម្រាប់​តាម​មនុស្ស​បាប​ឡើយ តែ​ត្រូវ​កោត​ខ្លាចព្រះ‌អម្ចាស់ ទាំង​យប់​ទាំង​ថ្ងៃ ១៨ ធ្វើ​ដូច្នេះ កូន​នឹង​មាន​អនាគត​ភ្លឺ​ស្វាង ហើយ​មិន​អស់​សង្ឃឹម​ឡើយ។
១៩ កូន​អើយ ចូរ​ស្ដាប់​ឪពុក នោះ​កូន​នឹង​ទៅ​ជា​មនុស្ស​មាន​ប្រាជ្ញា ហើយ​កូន​ជំពាក់​ចិត្ត​នឹង​ផ្លូវ​ទៀង‌ត្រង់។ ២០ កុំ​សេព‌គប់​នឹង​មនុស្ស​ប្រមឹក ឬ​មនុស្ស​ល្មោភ​ស៊ី​ឡើយ ២១ ដ្បិត​មនុស្ស​ប្រមឹក និង​មនុស្ស​ល្មោភ​ស៊ី រមែង​ធ្លាក់​ខ្លួន​ក្រ ហើយ​មនុស្ស​ខ្ជិល​ច្រអូស​រមែង​ខ្វះ​សម្លៀក‌បំពាក់។
២២ ចូរ​ស្ដាប់​ឪពុក ព្រោះ​គាត់​បង្កើត​អ្នក​មក ហើយ​កុំ​មើល‌ងាយ​ម្ដាយ ក្នុង​កាល​គាត់​ចាស់​ជរា។ ២៣ ចូរ​ស្វែង​រក​សេចក្ដី​ពិត ហើយ​រក្សា​ទុក​ឲ្យ​ជាប់‌លាប់។ ចូរ​ស្វែង​រក​ប្រាជ្ញា ការ​អប់រំ និង​ការ​ពិចារណា ២៤ ឪពុក​របស់​មនុស្ស​សុចរិត​តែង‌តែ​មាន​អំណរ​ដ៏​លើស‌លប់ ហើយ​ឪពុក​របស់​អ្នក​ប្រាជ្ញ​ក៏​សប្បាយ​ចិត្ត​ដែរ។ ២៥ ចូរ​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​សប្បាយ​ចិត្ត ព្រោះ​តែ​កូន ហើយ​សូម​ឲ្យ​ម្ដាយ​ដែល​បាន​បង្កើត​កូន​មក មាន​អំណរ​ដ៏​លើស‌លប់។
២៦ កូន​អើយ ចូរ​ទុក​ចិត្ត​លើ​ឪពុក ហើយ​ពេញ​ចិត្ត​យក​តម្រាប់​តាម​ឪពុក។ ២៧ ស្រី​ពេស្យា​ប្រៀប​បាន​នឹង​រណ្ដៅ​ដ៏​ជ្រៅ រីឯ​ប្រពន្ធ​គេ​ប្រៀប​បាន​នឹង​អណ្ដូង​ដ៏​ចង្អៀត។ ២៨ ស្រី​នោះ​ចាំ​ស្ទាក់​នៅ​តាម​ផ្លូវ ដូច​ចោរ​ស្ទាក់​ចាំ​ប្លន់ វា​ធ្វើ​ឲ្យ​ប្រុស​ជា​ច្រើន​ក្បត់​ប្រពន្ធ។
២៩ តើ​អ្នក​ដែល​ត្រូវ​គេ​មើល‌ងាយ អ្នក​ដែល​គេ​នឹក​ហួស​ចិត្ត អ្នក​ដែល​រក​រឿង​ឈ្លោះ អ្នក​រអ៊ូ‌រទាំ អ្នក​ដែល​ត្រូវ​គេ​វាយ​ដោយ​ឥត​ហេតុ អ្នក​ក្រហម​ភ្នែក​ជា​នរណា? ៣០ គឺ​អ្នក​វក់​នឹង​ស្រា អ្នក​ដែល​ចូល​ចិត្ត​ស្រា​ខ្លាំង។ ៣១ កុំ​ចាប់​ចិត្ត​នឹង​ស្រា​ដែល​មាន​ពណ៌​ស្រស់​ល្អ ធ្វើ​ឲ្យ​កែវ​ភ្លឺ​ថ្លា ហើយ​ហូរ​ចូល​ក្នុង​បំពង់​ក​យ៉ាង​ស្រួល​នោះ​ឡើយ។ ៣២ នៅ​ទី​បំផុត ស្រា​នោះ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​ដូច​ពស់​អាសិរ‌ពិស​ចឹក។ ៣៣ ភ្នែក​របស់​អ្នក​ព្រិល មើល​អ្វីៗ​ឃើញ​សុទ្ធ​តែ​ចម្លែក​ទាំង​អស់ ហើយ​អ្នក​នឹង​និយាយ​ឥត​ដឹង​ខុស​ត្រូវ។ ៣៤ អ្នក​នឹង​ប្រៀប​ដូច​ជា​មនុស្ស​ដេក​នៅ​កណ្ដាល​សមុទ្រ និង​ដូច​មនុស្ស​ដេក​នៅ​លើ​ចុង​ក្តោង​សំពៅ។ ៣៥ អ្នក​នឹង​ពោល​ថា: «បើ​គេ​វាយ​ខ្ញុំ ក៏​ខ្ញុំ​មិន​ឈឺ បើ​គេ​សំពង​ខ្ញុំ ក៏​ខ្ញុំ​មិន​ដឹង​ខ្លួន​ដែរ។ ពេល​ណា​ខ្ញុំ​ដឹង​ខ្លួន ខ្ញុំ​នឹង​ទៅ​រក​ផឹក​ទៀត»។
២៤
 កុំ​ច្រណែន​នឹង​មនុស្ស​អាក្រក់ ហើយ​កុំ​សេព‌គប់​ជា​មួយ​ពួក​គេ​ឡើយ។  ពួក​គេ​គិត​តែ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ ហើយ​ពោល​ពាក្យ​ប្រទូស្ត‌រាយ។
 ដោយ‌សារ​ប្រាជ្ញា គេ​សង់​ផ្ទះ​បាន ដោយ‌សារ​ការ​ឈ្លាស​វៃ គេ​ធ្វើ​ឲ្យ​ផ្ទះ​នោះ​រឹង‌មាំ  ហើយ​ដោយ‌សារ​តម្រិះ គេ​ធ្វើ​ឲ្យ​បន្ទប់​មាន​ពេញ​ទៅ​ដោយ​វត្ថុ​ដ៏​មាន​តម្លៃ ជា​ទី​គាប់‌ចិត្ត។
 អ្នក​ប្រាជ្ញ​តែង‌តែ​មាន​កម្លាំង ហើយ​អ្នក​ចេះ​ដឹង​មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើងៗ។  មុន​នឹង​ធ្វើ​សង្គ្រាម ត្រូវ​រិះ‌គិត​ឲ្យ​បាន​ដិត​ដល់ មាន​ទី​ប្រឹក្សា​ច្រើន​នាំ​ឲ្យ​មាន​ជោគ‌ជ័យ។
 មនុស្ស​ខ្លៅ​ឈោង​ពុំ​ដល់​ប្រាជ្ញា​ទេ ពេល​ណា​មាន​រឿង​សំខាន់​ដែល​ត្រូវ​ពិភាក្សា អ្នក​នោះ​ពុំ​អាច​ហា​មាត់​និយាយ​ឡើយ។
 អ្នក​ណា​ចេះ​តែ​រិះ‌គិត​ប្រព្រឹត្ត​អាក្រក់ អ្នក​នោះ​មាន​ឈ្មោះ​ថា​ជា​មនុស្ស​ទុយ៌ស។  មនុស្ស​ល្ងង់​ខ្លៅ​គិត​តែ​ពី​ធ្វើ​អំពើ​បាប រីឯ​មនុស្ស​ចំអក​ឡក‌ឡឺយ​តែង‌តែ​ធ្វើ​ឲ្យ​គេ​ស្អប់​គ្រប់​គ្នា។
១០ បើ​អ្នក​បាត់‌បង់​សេចក្ដី​ក្លាហាន​ក្នុង​ពេល​មាន​អាសន្ន បាន​សេចក្ដី​ថា កម្លាំង​របស់​អ្នក​ទន់​ខ្សោយ​ណាស់។
១១ ចូរ​ជួយ​សង្គ្រោះ​អស់​អ្នក​ដែល​គេ​កាត់​ទោស​ប្រហារ​ជីវិត ហើយ​ខំ​ប្រឹង​រំដោះ​អស់​អ្នក​ដែល​គេ​នាំ​ទៅ​សម្លាប់។ ១២ បើ​អ្នក​ពោល​ថា «ខ្ញុំ​មិន​បាន​ដឹង​ទេ!» តោង​ដឹង​ថា ព្រះ‌ជាម្ចាស់​ដែល​ស្គាល់​ចិត្ត​មនុស្ស ព្រះ‌អង្គ​ជ្រាប​ទាំង​អស់។ ព្រះ‌អង្គ​ពិនិត្យ​មើល​អ្នក ព្រះ‌អង្គ​ឈ្វេង​យល់​ចិត្ត​អ្នក ហើយ​ព្រះ‌អង្គ​តប​ស្នង​ដល់​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។
១៣ កូន​អើយ ចូរ​បរិភោគ​ទឹក​ឃ្មុំ​ចុះ ដ្បិត​ទឹក​ឃ្មុំ​មាន​រស‌ជាតិ​ឆ្ងាញ់ ហើយ​ផ្អែម​ជាប់​មាត់។ ១៤ រីឯ​ប្រាជ្ញា​ក៏​ដូច្នោះ​ដែរ ចូរ​កូន​ចង​ចាំ​ថា បើ​កូន​រក​បាន​ប្រាជ្ញា កូន​នឹង​មាន​អនាគត​ភ្លឺ​ស្វាង ហើយ​មិន​អស់​សង្ឃឹម​ឡើយ។
១៥ កុំ​ធ្វើ​ដូច​មនុស្ស​អាក្រក់ ដែល​យក​អន្ទាក់​ទៅ​ដាក់​នៅ​មុខ​ផ្ទះ​របស់​មនុស្ស​សុចរិត​ឡើយ ហើយ​ក៏​កុំ​បំផ្លិច‌បំផ្លាញ​ទី​លំ‌នៅ​របស់​គេ​ដែរ ១៦ ដ្បិត​បើ​មនុស្ស​សុចរិត​ដួល​ប្រាំ​ពីរ​ដង គេ​អាច​ក្រោក​ឡើង​បាន​ជា‌និច្ច រីឯ​មនុស្ស​អាក្រក់​វិញ គេ​ធ្លាក់​ទៅ​ក្នុង​មហន្ត‌រាយ​រហូត។
១៧ ពេល​ឃើញ​ខ្មាំង​សត្រូវ​របស់​អ្នក​បរា‌ជ័យ កុំ​ត្រេក​អរ​ឡើយ ហើយ​បើ​ឃើញ​គេ​ជំពប់​ដួល​ក៏​មិន​ត្រូវ​សប្បាយ​រីក‌រាយ​ដែរ ១៨ ក្រែង​លោ​ព្រះ‌អម្ចាស់ទត​ឃើញ ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ ហើយ​ព្រះ‌អង្គ​លែង​ធ្វើ​ទោស​គេ។
១៩ កុំ​ក្ដៅ​ចិត្ត​នឹង​មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ក៏​កុំ​ច្រណែន​នឹង​មនុស្ស​អាក្រក់​ឲ្យ​សោះ។ ២០ មនុស្ស​អាក្រក់​គ្មាន​អនាគត​ភ្លឺ​ស្វាង​ទេ ជីវិត​របស់​គេ​ប្រៀប​ដូច​ជា​ចង្កៀង​រលត់។
២១ កូន​អើយ ចូរ​គោរព​ព្រះ‌អម្ចាស់ និង​គោរព​ស្តេច។ កុំ​ចូល​ដៃ​នឹង​អ្នក​បះ‌បោរ​ឡើយ ២២ ដ្បិត​ពួក​គេ​នឹង​ត្រូវ​វិនាស​យ៉ាង​ទាន់‌ហន់ ហើយ​គ្មាន​នរណា​ដឹង​ថា តើ​ព្រះ‌អម្ចាស់ ឬ​ស្តេច ដាក់​ទោស​ពួក​គេ​យ៉ាង​ណា​ទេ។
ដំបូន្មាន​ផ្សេងៗ​របស់​អ្នក​ប្រាជ្ញ
២៣ អ្នក​ប្រាជ្ញ​ពោល​ទៀត​ថា: ពេល​កាត់​ក្តី​មិន​ត្រូវ​រើស​មុខ​អ្នក​ណា​ឡើយ។ ២៤ បើ​ចៅ‌ក្រម​និយាយ​ទៅ​កាន់​ឧក្រិដ្ឋ‌ជន​ថា “អ្នក​គ្មាន​ទោស​ទេ!” ប្រជាជន​នឹង​ដាក់​បណ្ដាសា​ចៅ‌ក្រម​នោះ ហើយ​ប្រជា‌ជាតិ​នានា​ក៏​ស្អប់​ចៅ‌ក្រម​នោះ​ដែរ។
២៥ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ដាក់​ទោស​ជន​ឧក្រិដ្ឋ​មុខ​ជា​បាន​សុខ ព្រម​ទាំង​ទទួល​ពរ និង​សុភមង្គល។
២៦ ចម្លើយ​ស្មោះ‌ត្រង់​ជា​ភស្តុតាង​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​ពិត​ប្រាកដ។
២៧ ចូរ​បំពេញ​កិច្ច‌ការ​ខាង​ក្រៅ​ផ្ទះ និង​បង្ហើយ​ការ‌ងារ​នៅ​ឯ​ស្រែ​ចម្ការ​សិន រួច​សឹម​សង់​ផ្ទះ។
២៨ កុំ​ចោទ​ប្រកាន់​អ្នក​ដទៃ​ដោយ​គ្មាន​ហេតុ​ផល ហើយ​ក៏​កុំ​និយាយ​កុហក បោក​បញ្ឆោត​គេ​ដែរ។ ២៩ កុំ​ពោល​ថា «គេ​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​បែប​ណា ខ្ញុំ​នឹង​ប្រព្រឹត្ត​ចំពោះ​គេ​វិញ​បែប​នោះ​ដែរ ខ្ញុំ​នឹង​តប​ស្នង​ដល់​គេ​ម្នាក់ៗ តាម​អំពើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត»។
មនុស្ស​កម្ជិល
៣០ ខ្ញុំ​បាន​ដើរ​ជិត​ចម្ការ​របស់​មនុស្ស​កម្ជិល​ម្នាក់ ហើយ​ខ្ញុំ​ក៏​បាន​ដើរ​ជិត​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​មនុស្ស​ឥត​គំនិត​ម្នាក់​ដែរ។ ៣១ មាន​បន្លា និង​ស្មៅ​ដុះ​ពាស‌ពេញ រីឯ​របង​ក៏​រលំ​ដួល​អស់។ ៣២ ខ្ញុំ​ពិចារណា​មើល​អ្វីៗ​ដែល​ខ្ញុំ​បាន​ឃើញ ហើយ​ដក​ស្រង់​បាន​មេរៀន​ដូច​ត​ទៅ: ៣៣ អ្នក​ចង់​ដេក​ថែម​បន្តិច ចង់​ដំអក់​បន្តិច និង​ដេក​ឱប​ដៃ​បន្តិច។ ៣៤ ធ្វើ​ដូច្នេះ អ្នក​នឹង​ខ្វះ​ខាត ធ្លាក់​ខ្លួន​ក្រ​ភ្លាម ដោយ​មិន​ដឹង​ខ្លួន ដូច​មាន​ចោរ​ចូល​លួច​ប្លន់។
២៥
សុភាសិត​ផ្សេងៗ
 នេះ​ជា​សុភាសិត​របស់​ព្រះ‌បាទ​សាឡូម៉ូន ចង​ក្រង​ឡើង​ដោយ​មន្ត្រី​របស់​ព្រះ‌បាទ​អេសេ‌ខ្យាស ជា​ស្តេច​ស្រុក​យូដា។
 សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​លើ​គម្រោង‌ការ​ដ៏​លាក់​កំបាំង រីឯ​សិរី‌រុង​រឿង​របស់​ស្តេច​ស្ថិត​នៅ​លើ​សុភ‌និច្ឆ័យ។
 ផ្ទៃ​មេឃ​ខ្ពស់​យ៉ាង​ណា ផែន‌ដី​ជ្រៅ​យ៉ាង​ណា ព្រះ‌ហឫ‌ទ័យ​របស់​ស្តេច​ក៏​ដូច្នោះ​ដែរ គ្មាន​នរណា​អាច​យល់​ទេ។
 បើ​ជាង​ទង​ចង់​សិត​ធ្វើ​វត្ថុ​សិល្បៈ​អ្វី​មួយ តោង​បន្សុទ្ធ​ប្រាក់​ជា​មុន​សិន។
 បើ​ស្តេច​ចង់​ពង្រឹង​រាជ​សម្បត្តិ​ដោយ​យុត្តិ‌ធម៌ តោង​ដក​មនុស្ស​អាក្រក់​ចេញ​ឲ្យ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​ជា​មុន​សិន។
 កុំ​ធ្វើ​ព្រហើន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ស្តេច ហើយ​ក៏​កុំ​ចង់​បាន​កន្លែង​របស់​អ្នក​ធំ​ដែរ។
 ប្រសិន​បើ​គេ​ប្រាប់​អ្នក​ថា «សូម​អញ្ជើញ​មក​អង្គុយ​នៅ​ទី​នេះ» ប្រសើរ​ជាង​គេ​បំបាក់​មុខ​អ្នក​នៅ​ចំពោះ​មុខ​អ្នក​ធំ។
 កុំ​ប្រញាប់​យក​រឿង‌រ៉ាវ​អ្វី​ដែល​អ្នក​បាន​ឃើញ ទៅ​ប្ដឹង​ចៅ‌ក្រម​ឡើយ ដ្បិត​ប្រសិន​បើ​ចុង​ចោទ​ទំលាក់​កំហុស​មក​លើ​អ្នក​វិញ តើ​អ្នក​ដោះ‌សា​ខ្លួន​ដូច​ម្ដេច​បាន!
បើ​មាន​ទំនាស់​ជា​មួយ​អ្នក​ជិត​ខាង ចូរ​ជជែក​គ្នា​រក​ខុស​ត្រូវ​ទៅ តែ​កុំ​បង្ហើប​សេចក្ដី​ដែល​អ្នក​ក្រៅ​បាន​ខ្សឹប​ប្រាប់​អ្នក​ឡើយ ១០ ក្រែង​លោ​អ្នក​នោះ​ដឹង​ឮ គេ​ដៀល​អ្នក ហើយ​អ្នក​ត្រូវ​អាម៉ាស់​ងើប​មុខ​មិន​រួច។
១១ និយាយ​ត្រូវ​តាម​កាលៈ‌ទេសៈ មាន​តម្លៃ​ដូច​បន្តោង​ពេជ្រ​ព្យួរ​ជាប់​នឹង​ខ្សែ​ក​មាស ឬ​ប្រាក់។
១២ យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​ស្តី​ប្រដៅ​របស់​អ្នក​ប្រាជ្ញ ប្រៀប​ដូច​ជា​មាន​ចិញ្ចៀន​មាស ឬ​ខ្សែ​ក​ធ្វើ​ពី​មាស​សុទ្ធ។
១៣ អ្នក​នាំ​សារ​ស្មោះ‌ត្រង់​រមែង​ធ្វើ​ឲ្យ​ម្ចាស់​របស់​ខ្លួន​សប្បាយ​ចិត្ត ដូច​ទឹក​ដ៏​ត្រជាក់​នៅ​រដូវ​ប្រាំង។
១៤ អ្នក​ណា​អួត​ពី​ទាន​ដែល​ខ្លួន​មិន​បាន​ធ្វើ អ្នក​នោះ​ប្រៀប​ដូច​ជា​ពពក និង​ខ្យល់​ដែល​មិន​បង្អុរ​ទឹក​ភ្លៀង។
១៥ ការ​អត់‌ធ្មត់​រមែង​បន្ទន់​ចិត្ត​មេ​ដឹក​នាំ ហើយ​ពាក្យ​សម្ដី​ទន់‌ភ្លន់​អាច​ឈ្នះ​ចិត្ត​រឹង‌រូស។
១៦ បើ​អ្នក​រក​បាន​ទឹក​ឃ្មុំ កុំ​បរិភោគ​ច្រើន​ហួស បើ​មិន​ដូច្នេះ​ទេ អ្នក​នឹង​ធុញ ហើយ​ចង់​ក្អួត​មក​វិញ​ផង។
១៧ ចូរ​កុំ​ទៅ​ផ្ទះ​អ្នក​ជិត​ខាង​ញឹក​ញាប់​ពេក ក្រែង​គេ​ធុញ‌ទ្រាន់ រហូត​ដល់​ស្អប់​អ្នក។
១៨ អ្នក​ណា​ចោទ​ប្រកាន់​អ្នក​ដទៃ​ទាំង​បំពាន អ្នក​នោះ​ប្រៀប​ដូច​ជា​វាយ​គេ​នឹង​ព្រនង់ កាប់​គេ​នឹង​ដាវ ឬ​បាញ់​គេ​នឹង​ព្រួញ​មុត​ស្រួច។
១៩ នៅ​ពេល​មាន​គ្រា​អាសន្ន ទុក​ចិត្ត​លើ​មនុស្ស​ក្បត់ ប្រៀប​ដូច​ជា​បរិភោគ​អាហារ​នៅ​ពេល​ធ្មេញ​រង្គើ ឬ​ឈរ​លើ​ជើង​កំបាក់។
២០ ច្រៀង​ឲ្យ​មនុស្ស​មាន​ទុក្ខ​ស្ដាប់ ប្រៀប​ដូច​ជា​ដោះ​អាវ​នៅ​ពេល​រងា ឬ​ដូច​ចាក់​ទឹក​ខ្មេះ​លើ​មុខ​របួស។
២១ ប្រសិន​បើ​ខ្មាំង​សត្រូវ​របស់​អ្នក​ឃ្លាន ចូរ​យក​អាហារ​ទៅ​ឲ្យ​គេ​បរិភោគ បើ​គេ​ស្រេក ចូរ​យក​ទឹក​ឲ្យ​គេ​ផឹក​ផង ២២ ធ្វើ​ដូច្នេះ ប្រៀប​ដូច​ជា​ប្រមូល​រងើក​ភ្លើង គរ​ពី​លើ​ក្បាល​របស់​គេ ហើយ​ព្រះ‌អម្ចាស់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក។
២៣ ខ្យល់​បក់​ពី​ទិស​ខាង​ត្បូង​រមែង​នាំ​ទឹក​ភ្លៀង​មក​ជា​មួយ​ផង រីឯ​ការ​និយាយ​ដើម​គេ​រមែង​នាំ​ឲ្យ​គេ​ខឹង។
២៤ ស៊ូ​រស់​នៅ​តាម​សំយាប​ផ្ទះ ជា​ជាង​រស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​ស្ត្រី​ពូកែ​ឈ្លោះ។
២៥ ដំណឹង‌ល្អ​មក​ពី​ស្រុក​ឆ្ងាយ ប្រៀប​បាន​នឹង​ទឹក​ត្រជាក់​មក​ផ្សើម​បំពង់​ក​ស្ងួត។
២៦ អណ្ដូង​ទឹក​ល្អក់ ឬ​ប្រភព​ទឹក​ក្រខ្វក់ ប្រៀប​ដូច​ជា​មនុស្ស​សុចរិត ដែល​យក​តម្រាប់​តាម​មនុស្ស​ទុច្ចរិត។
២៧ បរិភោគ​ទឹក​ឃ្មុំ​ច្រើន​មិន​ល្អ​ទេ ហើយ​ចង់​បាន​កិត្តិ‌យស​ខ្លាំង​ពេក​ក៏​មិន​ល្អ​ដែរ។
២៨ មនុស្ស​មិន​ចេះ​ទប់​ចិត្ត​ខ្លួន​ឯង ប្រៀប​ដូច​ជា​ទី‌ក្រុង​ដែល​គ្មាន​កំពែង​ការ‌ពារ។
២៦
លើក​មនុស្ស​ខ្លៅ​ឲ្យ​មាន​កិត្តិ‌យស​មិន​ទំនង​ទេ គឺ​ប្រៀប​ដូច​ជា​មេឃ​ធ្លាក់​ព្រឹល នៅ​រដូវ​ក្ដៅ និង​ដូច​ភ្លៀង​នៅ​រដូវ​ចម្រូត។
 ការ​ដាក់​បណ្ដាសា​ដោយ​ឥត​ហេតុ​ផល គ្មាន​បាន​ការ​អ្វី​ទេ គឺ​ប្រៀប​ដូច​ជា​សត្វ​ចាប និង​សត្វ​ត្រចៀក‌កាំ​ដែល​ហើរ តែ​មិន​ព្រម​ទំ។
 រំពាត់​ខ្សែ‌តី​សម្រាប់​វាយ​សេះ បង្ហៀរ​សម្រាប់​ដាក់​ក្នុង​មាត់​សត្វ​លា ហើយ​រំពាត់​សម្រាប់​វាយ​ខ្នង​មនុស្ស​ខ្លៅ។
 កុំ​ឆ្លើយ​ទៅ​មនុស្ស​ខ្លៅ​តាម​របៀប​ខ្លៅ ក្រែង​លោ​អ្នក​ទៅ​ជា​ខ្លៅ​ដូច​គេ​ដែរ។
 ចូរ​ឆ្លើយ​ទៅ​មនុស្ស​ខ្លៅ​តាម​គំនិត​ខ្លៅ​របស់​គេ ដើម្បី​កុំ​ឲ្យ​គេ​នឹក​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា។
 អ្នក​ដែល​ប្រើ​មនុស្ស​ខ្លៅ​ឲ្យ​នាំ​សារ ប្រៀប​ដូច​ជា​កាត់​ជើង​របស់​ខ្លួន ហើយ​ត្រូវ​ពិបាក​ចិត្ត។
 សុភាសិត​ដែល​ចេញ​ពី​មាត់​មនុស្ស​ខ្លៅ ពុំ​មាន​ខ្លឹម‌សារ​អ្វី​ទេ គឺ​ដូច​ជើង​របស់​មនុស្ស​ខ្វិន​ដែល​ប្រើ​ការ​មិន​កើត។
 លើក​តម្កើង​មនុស្ស​ខ្លៅ ប្រៀប​ដូច​ជា​យក​គ្រាប់​ក្រួស​មក​ចង​នឹង​ដង្ហក់។
 សុភាសិត​ចេញ​ពី​មាត់​មនុស្ស​ខ្លៅ ប្រៀប​ដូច​ជា​បន្លា​ដែល​មនុស្ស​ប្រមឹក​គ្រវី​នៅ​ក្នុង​ដៃ។
១០ ចៅហ្វាយ​ណា​ជួល​មនុស្ស​ខ្លៅ ឬ​មនុស្ស​ខ្ចាត់‌ព្រាត់​មក​ធ្វើ​ការ រមែង​ធ្វើ​ឲ្យ​គេ​ឯង​អំពល់​ទុក្ខ​គ្រប់​គ្នា។
១១ មនុស្ស​ខ្លៅ​មិន​បោះ‌បង់​ចោល​គំនិត​ខ្លៅ​របស់​ខ្លួន​ទេ គឺ​ដូច​ឆ្កែ​ដែល​តែង‌តែ​ត្រឡប់​មក​ស៊ី​កំអួត​របស់​វា។
១២ ប្រសិន​បើ​អ្នក​ឃើញ​នរណា​ម្នាក់ អួត​ខ្លួន​ថា​ជា​មនុស្ស​មាន​ប្រាជ្ញា តោង​ដឹង​ថា យើង​អាច​ទុក​ចិត្ត​លើ​មនុស្ស​ខ្លៅ​ជាង​ទុក​ចិត្ត​អ្នក​នោះ។
មនុស្ស​កម្ជិល
១៣ មនុស្ស​កម្ជិល​តែង​ពោល​ថា «មាន​កូន​សិង្ហ​មួយ​នៅ​ខាង​ក្រៅ ហើយ​មាន​សិង្ហ​ឈ្មោល​មួយ​នៅ​តាម​ផ្លូវ»។
១៤ ទ្វារ​តែង‌តែ​វិល​ជាប់​នឹង​ត្រចៀក​ទ្វារ រីឯ​មនុស្ស​កម្ជិល​នៅ​ននៀល​ជាប់​នឹង​គ្រែ​ជា‌និច្ច។
១៥ មនុស្ស​ខ្ជិល​ច្រអូស​លូក​ដៃ​ក្នុង​ចាន តែ​ពុំ​យក​ម្ហូប​មក​ដាក់​ក្នុង​មាត់​ទេ ដោយ​ត្អូញ​ថា​ហត់​ពេក។
១៦ មនុស្ស​ខ្ជិល​នឹក​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា លើស​មនុស្ស​ប្រាំ​ពីរ​នាក់ ដែល​ចេះ​ឆ្លើយ​ដោយ​វាង‌វៃ។
សុភាសិត​ផ្សេងៗ
១៧ ជ្រៀត‌ជ្រែក​ចូល​ក្នុង​ជម្លោះ​របស់​អ្នក​ដទៃ ប្រៀប​ដូច​ជា​ដេញ​ចាប់​ត្រចៀក​ឆ្កែ ដែល​កំពុង​រត់។
១៨ អ្នក​ណា​បោក​បញ្ឆោត​គេ រួច​ពោល​ថា «ខ្ញុំ​គ្រាន់​តែ​ធ្វើ​លេង» ១៩ អ្នក​នោះ​ប្រៀប​ដូច​ជា​មនុស្ស​កំរោល​ចូល ដែល​ចោល​អង្កត់​អុស​ជុំ‌វិញ​ខ្លួន ហើយ​បាញ់​ព្រួញ​ដើម្បី​សម្លាប់​គេ។
២០ ពេល​ណា​អស់​អុស ភ្លើង​ក៏​រលត់ ពេល​ណា​អស់​មនុស្ស​និយាយ​មួល​បង្កាច់​គេ ជម្លោះ​ក៏​បាត់​អស់​ដែរ។
២១ មនុស្ស​អុជ​អាល​ធ្វើ​ឲ្យ​មាន​ជម្លោះ​កាន់​តែ​ខ្លាំង​ឡើងៗ ប្រៀប​ដូច​ជា​ធ្យូង និង​អុស ដែល​ធ្វើ​ឲ្យ​ភ្លើង​រឹត​តែ​ឆេះ​ឡើង។
២២ ពាក្យ​សម្ដី​របស់​មនុស្ស​អុជ​អាល ប្រៀប​ដូច​ជា​ចំណី​យ៉ាង​ឆ្ងាញ់​ជាប់​ចិត្ត។
២៣ សម្ដី​ផ្អែម‌ល្ហែម តែ​ចិត្ត​អាក្រក់ ប្រៀប​ដូច​ជា​ប្រាក់​ដែល​ស្រោប​លើ​ភាជន៍​ធ្វើ​ពី​ដី​ឥដ្ឋ។
២៤ មនុស្ស​ស្អប់​គេ​តែង‌តែ​និយាយ​លាក់​ពុត រីឯ​ក្នុង​ចិត្ត មាន​សុទ្ធ​តែ​គំនិត​បោក‌ប្រាស់។
២៥ កាល​ណា​គេ​និយាយ​ដោយ​ទន់‌ភ្លន់ កុំ​ទុក​ចិត្ត​គេ​ឲ្យ​សោះ ដ្បិត​ចិត្ត​របស់​គេ​មាន​ពេញ​ទៅ​ដោយ​ការ​ស្អប់​ខ្ពើម​គ្រប់​យ៉ាង។
២៦ ទោះ‌បី​អ្នក​នោះ​ចេះ​លាក់​បាំង​ចិត្ត​ស្អប់​របស់​ខ្លួន​ក៏​ដោយ មនុស្ស​គ្រប់​គ្នា​គង់​តែ​ឃើញ​ចិត្ត​អាក្រក់​របស់​គេ។
២៧ អ្នក​ណា​ជីក​រណ្ដៅ អ្នក​នោះ​នឹង​ត្រូវ​ធ្លាក់​ក្នុង​រណ្ដៅ ហើយ​អ្នក​ណា​ប្រមៀល​ថ្ម អ្នក​នោះ​នឹង​ត្រូវ​ថ្ម​រមៀល​កិន​វិញ។
២៨ បើ​យើង​និយាយ​មួល​បង្កាច់​នរណា បាន​សេចក្ដី​ថា​យើង​ស្អប់​អ្នក​នោះ ហើយ​បើ​យើង​និយាយ​បញ្ចើច‌បញ្ចើ​អ្នក​ណា យើង​នឹង​ធ្វើ​ឲ្យ​អ្នក​នោះ​ត្រូវ​អន្តរាយ។
២៧
កុំ​អួត​អំពី​រឿង​ថ្ងៃ​ស្អែក​ឡើយ ដ្បិត​អ្នក​មិន​ដឹង​ថា ថ្ងៃ​នេះ​មាន​រឿង​អ្វី​កើត​ឡើង​ផង។
 កុំ​សរសើរ​ខ្លួន​ឯង​ឡើយ ត្រូវ​ទុក​ឲ្យ​អ្នក​ដទៃ​សរសើរ​ពី​អ្នក​វិញ គឺ​ដាច់​ខាត​កុំ​សរសើរ​ខ្លួន​ឯង។
 ថ្ម​ក៏​ធ្ងន់ ហើយ​ដី​ខ្សាច់​ក៏​ធ្ងន់​ដែរ ប៉ុន្តែ កំហឹង​របស់​មនុស្ស​ល្ងី‌ល្ងើ​រឹត​តែ​ធ្ងន់​លើស​នេះ​ទៅ​ទៀត។
 កំរោល​របស់​មនុស្ស​ឃោរ‌ឃៅ​ណាស់ ហើយ​កំហឹង​របស់​មនុស្ស​ប្រៀប​បាន​នឹង​ទឹក​ជន់​បាក់​ទំនប់ រីឯ​ចិត្ត​ប្រច័ណ្ឌ​វិញ តើ​នរណា​អាច​ទប់​ទល់​បាន។
 រិះគន់​ដោយ​ចំហ ប្រសើរ​ជាង​លាក់​សេចក្ដី​ស្រឡាញ់។
 ពាក្យ​ស្តី​បន្ទោស​របស់​មិត្ត​សម្លាញ់ ផុស​ចេញ​ពី​ចិត្ត​ភក្តី‌ភាព រីឯ​ពាក្យ​ស្និទ្ធ‌ស្នាល​របស់​សត្រូវ ផុស​ចេញ​ពី​ចិត្ត​បោក​បញ្ឆោត។
 អ្នក​ឆ្អែត​ឃើញ​ទឹក​ឃ្មុំ​ក៏​ណាយ​ដែរ រីឯ​អ្នក​ឃ្លាន អ្វីៗ​ដែល​ល្វីង​ជូរ​ចត់​ក៏​ផ្អែម​ដែរ។
 មនុស្ស​វង្វេង​ឆ្ងាយ​ពី​ស្រុក​កំណើត ប្រៀប​ដូច​ជា​សត្វ​ចាប​ហើរ​វង្វេង​សំបុក។
 ប្រេង​ក្រអូប និង​ទឹក​អប់ រមែង​ធ្វើ​ឲ្យ​ចិត្ត​រីក‌រាយ រីឯ​យោបល់​របស់​មិត្ត​សម្លាញ់​ដ៏​ស្លូត‌បូត​រឹង‌រឹត​តែ​ប្រសើរ​លើស​នេះ​ទៅ​ទៀត។
១០ កុំ​បោះ‌បង់​មិត្ត​របស់​អ្នក ឬ​មិត្ត​របស់​ឪពុក​អ្នក​ចោល​ឡើយ។ នៅ​ថ្ងៃ​មាន​អាសន្ន កុំ​រត់​ទៅ​ពឹង​បង‌ប្អូន​បង្កើត​របស់​អ្នក​ឲ្យ​សោះ ដ្បិត​អ្នក​ជិត​ខាង​ដែល​ស្និទ្ធ‌ស្នាល​ប្រសើរ​ជាង​បង‌ប្អូន​បង្កើត ដែល​នៅ​ឆ្ងាយ​ទៅ​ទៀត។
១១ កូន​អើយ ចូរ​មាន​ប្រាជ្ញា​ឡើង នោះ​ឪពុក​នឹង​សប្បាយ​ចិត្ត ហើយ​បើ​មាន​នរណា​ដៀល​ឪពុក នោះ​ឪពុក​អាច​នឹង​ឆ្លើយ​វិញ​បាន។
១២ កាល​មនុស្ស​ឆ្លាត​ឃើញ​គ្រោះ​កាច​មក​ដល់​គេ​លាក់​ខ្លួន រីឯ​មនុស្ស​ឥត​គំនិត​ឱន​ក្បាល​ដើរ​ទៅ​មុខ ហើយ​ត្រូវ​បង់​ខាត​ធ្ងន់។
១៣ បើ​មាន​គេ​មក​ធានា​សង​បំណុល​ជំនួស​នរណា​ម្នាក់ ចូរ​ទារ​យក​អាវ​ធំ​របស់​គេ​ទុក​ជា​របស់​បញ្ចាំ ព្រោះ​គេ​បាន​ធានា​មនុស្ស​ដែល​អ្នក​មិន​ស្គាល់។
១៤ បើ​មាន​នរណា​ម្នាក់​ស្រែក​ឲ្យ​ពរ​អ្នក​ជិត​ខាង​របស់​ខ្លួន តាំង​ពី​ព្រឹក​ព្រលឹម គេ​ចាត់​ទុក​ពរ​បែប​នេះ​ជា​បណ្ដាសា​ទៅ​វិញ។
១៥ ស្ត្រី​ពូកែ​ឈ្លោះ​ប្រៀប​បាន​នឹង​ទ ដែល​បង្ហូរ​ទឹក​មិន​ចេះ​ឈប់ នៅ​ថ្ងៃ​មាន​ភ្លៀង។ ១៦ នរណា​ចង់​ឃាត់​នាង ក៏​ដូច​ជា​ចង់​ឃាត់​ខ្យល់ ឬ​ចង់​យក​ដៃ​ចាប់​ប្រេង​ដែរ។
១៧ ដែក​រមែង​សំលៀង​ដែក​យ៉ាង​ណា មនុស្ស​ក៏​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​នោះ​ដែរ។
១៨ អ្នក​ថែ​ដើម​ឧទុម្ពរ​នឹង​បាន​បរិភោគ​ផ្លែ រីឯ​អ្នក​យក​ចិត្ត​ទុក​ដាក់​បម្រើ​ចៅហ្វាយ នឹង​ទទួល​កិត្តិ‌យស។
១៩ មនុស្ស​អាច​ឆ្លុះ​មើល​ឃើញ​មុខ​របស់​ខ្លួន​នៅ​ក្នុង​ទឹក ហើយ​អាច​ឃើញ​ចិត្ត​របស់​ខ្លួន​ដោយ​សម្លឹង​មើល​អ្នក​ដទៃ។
២០ ស្ថាន​មនុស្ស​ស្លាប់ និង​រណ្ដៅ​មច្ចុរាជ តែង‌តែ​ទទួល​យក​ជីវិត​មនុស្ស​មិន​ចេះ​ស្កប់​យ៉ាង​ណា ចិត្ត​ប៉ង‌ប្រាថ្នា​របស់​មនុស្ស​ក៏​មិន​ចេះ​ស្កប់​យ៉ាង​នោះ​ដែរ។
២១ គេ​អាច​ស្គាល់​តម្លៃ​មាស និង​ប្រាក់ ដោយ​ដុត​ក្នុង​ភ្លើង រីឯ​មនុស្ស​វិញ គេ​អាច​ស្គាល់​តម្លៃ​ដោយ‌សារ​កេរ្តិ៍​ឈ្មោះ។
២២ ទោះ‌បី​ដាក់​មនុស្ស​ខ្លៅ​នៅ​ក្នុង​ត្បាល់ ហើយ​យក​អង្រែ​មក​បុក​ដូច​គេ​បុក​អង្ករ​ក៏​ដោយ ក៏​គេ​ពុំ​អាច​យក​ភាព​ខ្លៅ​ចេញ​ពី​អ្នក​នោះ​បាន​ដែរ។
២៣ ចូរ​ស្គាល់​ចៀម​នីមួយៗ​របស់​អ្នក​ឲ្យ​បាន​ច្បាស់ ចូរ​ថែ​ទាំ​ហ្វូង​សត្វ​របស់​អ្នក​ឲ្យ​បាន​ដិត​ដល់។
២៤ ទ្រព្យ‌សម្បត្តិ​មិន​ស្ថិត‌ស្ថេរ​គង់‌វង្ស​រហូត​ទេ រីឯ​កិត្តិ‌យស​ក៏​មិន​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ដែរ។
២៥ ចូរ​កាត់​ស្មៅ​នៅ​ក្នុង​ចម្ការ ទុក​ជា​ចំណី​សម្រាប់​សត្វ។ ពេល​ស្មៅ​ថ្មី​កំពុង​ដុះ ត្រូវ​ទៅ​ប្រមូល​ស្មៅ​ពី​ភ្នំ​មក​ទុក។ ២៦ អ្នក​អាច​មាន​សម្លៀក‌បំពាក់ ដោយ‌សារ​រោម​ចៀម​របស់​អ្នក ហើយ​អ្នក​អាច​ទិញ​ចម្ការ​ថ្មី​ដោយ‌សារ​លក់​ចៀម​ឈ្មោល។
២៧ ចូរ​យក​ទឹក​ដោះ​ដ៏​បរិបូណ៌​របស់​ពពែ ធ្វើ​ជា​អាហារ​ចិញ្ចឹម​ជីវិត​អ្នក និង​គ្រួសារ​របស់​អ្នក ព្រម​ទាំង​ស្រី​បម្រើ​របស់​អ្នក។
២៨
អ្នក​អាក្រក់​តែង‌តែ​រត់​គេច​ខ្លួន ទោះ‌បី​គ្មាន​នរណា​តាម​ក៏​ដោយ រីឯ​មនុស្ស​សុចរិត​វិញ ប្រៀប​បី​ដូច​ជា​កូន​សិង្ហ គឺ​គេ​មិន​ខ្លាច​អ្វី​ឡើយ។
 ពេល​ណា​មាន​ការ​រំជើប‌រំជួល​កើត​ឡើង​ក្នុង​ស្រុក ពេល​នោះ មេ​ដឹក​នាំ​ក៏​មាន​ច្រើន​ដែរ។ ប៉ុន្តែ បើ​មាន​មនុស្ស​ឈ្លាស​វៃ ហើយ​ចេះ​ដឹង​ដឹក​នាំ​ស្រុក ស្រុក​នោះ​នឹង​មាន​សុខ​សន្តិ‌ភាព។
 មនុស្ស​ក្រីក្រ​សង្កត់‌សង្កិន​មនុស្ស​ទុរគត ប្រៀប​បាន​នឹង​ភ្លៀង​ធ្លាក់​មក​យ៉ាង​ខ្លាំង ជន់​បំផ្លាញ​ដំណាំ​អស់។
 អស់​អ្នក​ដែល​បោះ‌បង់​ចោល​វិន័យ​របស់​ព្រះ‌ជាម្ចាស់ រមែង​សរសើរ​មនុស្ស​អាក្រក់ រីឯ​អស់​អ្នក​ដែល​ប្រតិ‌បត្តិ​តាម​វិន័យ តែង‌តែ​ប្រឆាំង​នឹង​មនុស្ស​អាក្រក់​វិញ។
 មនុស្ស​ទុច្ចរិត​មិន​យល់​អំពី​យុត្តិ‌ធម៌​ទេ រីឯ​អ្នក​ស្វែង​រក​ព្រះ‌អម្ចាស់​យល់​សព្វ​គ្រប់​ទាំង​អស់។
 មនុស្ស​ក្រីក្រ​តែ​រស់​នៅ​ដោយ​ទៀង​ត្រង់ ប្រសើរ​ជាង​អ្នក​មាន ដែល​រស់​នៅ​ក្នុង​ផ្លូវ​វៀច‌វេរ។
 អ្នក​ណា​ប្រតិ‌បត្តិ​តាម​វិន័យ​របស់​ព្រះ‌ជាម្ចាស់ អ្នក​នោះ​ជា​កូន​ចេះ​ដឹង រីឯ​អ្នក​ដែល​សេព‌គប់​នឹង​មនុស្ស​ខិល‌ខូច ធ្វើ​ឲ្យ​ឪពុក​បាក់​មុខ។
 អ្នក​ណា​ប្រមូល​ទ្រព្យ‌សម្បត្តិ ដោយ​ចង​ការ​ប្រាក់​ហួស​កម្រិត ធន‌ធាន​របស់​អ្នក​នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​មនុស្ស ដែល​មាន​ចិត្ត​មេត្តា​ចំពោះ​ជន​ក្រីក្រ។
 អ្នក​ណា​មិន​ប្រតិ‌បត្តិ​តាម​វិន័យ​របស់​ព្រះ‌ជាម្ចាស់​ទេ សូម្បី​តែ​ពាក្យ​អធិស្ឋាន​របស់​អ្នក​នោះ ក៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដែរ។
១០ អ្នក​ណា​នាំ​មនុស្ស​ទៀង‌ត្រង់​ឲ្យ​ដើរ​តាម​ផ្លូវ​អាក្រក់ អ្នក​នោះ​នឹង​ធ្លាក់​ក្នុង​រណ្ដៅ​ដែល​ខ្លួន​បាន​ជីក រីឯ​អ្នក​ដែល​គ្មាន​កំហុស នឹង​ទទួល​សុភមង្គល។
១១ អ្នក​មាន​ទ្រព្យ រមែង​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា តែ​មនុស្ស​ទុរគត​ដែល​ឈ្លាស​វៃ អាច​ផ្ចាញ់​អ្នក​មាន​នោះ​បាន។
១២ កាល​ណា​មនុស្ស​សុចរិត​ឡើង​កាន់​អំណាច ប្រជាជន​ទាំង​អស់​នឹង​មាន​កិត្តិ‌យស ប៉ុន្តែ ពេល​មនុស្ស​ទុច្ចរិត​ឈ្នះ គេ​នឹង​រត់​ពួន​គ្រប់ៗ​គ្នា។
១៣ អ្នក​ណា​លាក់​កំហុស​របស់​ខ្លួន អ្នក​នោះ​ពុំ​អាច​ចម្រើន​ឡើង​បាន​ឡើយ រីឯ​អ្នក​ដែល​សារភាព​កំហុស ហើយ​ឈប់​ប្រព្រឹត្ត​អាក្រក់​ទៀត​នោះ ព្រះ‌ជាម្ចាស់​នឹង​អាណិត​មេត្តា។
១៤ អ្នក​ណា​ប្រយ័ត្ន​ខ្លួន មិន​ប្រព្រឹត្ត​អំពើ​អាក្រក់ អ្នក​នោះ​មាន​សុភមង្គល​ហើយ រីឯ​អ្នក​កាន់​ចិត្ត​រឹង‌រូស​មុខ​ជា​ជួប​នឹង​ទុក្ខ​លំបាក។
១៥ មនុស្ស​អាក្រក់​គ្រប់‌គ្រង​លើ​ប្រជាជន​ទុរគត ប្រៀប​បាន​នឹង​សិង្ហ​រោទ៍ ឬ​ដូច​ខ្លា‌ឃ្មុំ​ប្រុង​សង្គ្រប់។
១៦ អ្នក​ដឹក​នាំ​ស្រុក​ដែល​គ្មាន​ប្រាជ្ញា តែង‌តែ​សង្កត់‌សង្កិន​ប្រជា‌រាស្ដ្រ​កាន់​តែ​ខ្លាំង​ឡើងៗ រីឯ​អ្នក​មិន​ចូល​ចិត្ត​នឹង​ទ្រព្យ​ដែល​រក​បាន​ដោយ​អយុត្តិ‌ធម៌ មុខ​ជា​មាន​អាយុ​វែង។
១៧ អ្នក​ដែល​មាន​ទោស​ព្រោះ​សម្លាប់​គេ ទោះ‌បី​គ្មាន​នរណា​តាម​ចាប់​ក៏​ដោយ ក៏​គង់​តែ​អ្នក​នោះ​ត្រូវ​ធ្លាក់​ក្នុង​រណ្ដៅ​ដែរ។
១៨ អ្នក​ដែល​ដើរ​តាម​ផ្លូវ​ទៀង‌ត្រង់​រមែង​បាន​សុខ រីឯ​អ្នក​ដែល​ដើរ​តាម​ផ្លូវ​វៀច‌វេរ មុខ​ជា​ធ្លាក់​ទៅ​ក្នុង​ផ្លូវ​នោះ​មិន​ខាន។
១៩ អ្នក​ដែល​ខំ​ធ្វើ​ស្រែ​ចម្ការ​តែង‌តែ​មាន​អាហារ​បរិបូណ៌ រីឯ​អ្នក​ខ្ជិល​ច្រអូស​រមែង​ធ្លាក់​ខ្លួន​ក្រ​តោក‌យ៉ាក។
២០ មនុស្ស​ស្មោះ‌ត្រង់​តែង‌តែ​ទទួល​ពរ​បរិបូណ៌ រីឯ​អ្នក​ដែល​គិត​តែ​ពី​ខំ​ប្រឹង​រក​ទ្រព្យ​ឲ្យ​បាន​ធ្វើ​ជា​អ្នក​មាន​ឆាប់ៗ រមែង​ទទួល​ទោស។
២១ មិន​ត្រូវ​កាត់​ក្តី​ដោយ​រើស​មុខ​ឡើយ ក៏​ប៉ុន្តែ មាន​ចៅ‌ក្រម​ខ្លះ​កាត់​ក្តី​ដោយ​អយុត្តិ‌ធម៌ ដើម្បី​ដូរ​បាយ​មួយ​ចាន។
២២ មនុស្ស​លោភ‌លន់គិត​តែ​ពី​ខំ​ប្រឹង​ស្វែង​រក​ទ្រព្យ‌សម្បត្តិ ដោយ​ឥត​ដឹង​ថា គេ​នឹង​ធ្លាក់​ខ្លួន​ក្រ​ឡើយ។
២៣ អ្នក​ណា​ស្តី​បន្ទោស​គេ ថ្ងៃ​ក្រោយ គេ​នឹង​ដឹង​គុណ លើស​អ្នក​ដែល​និយាយ​បញ្ជោរ។
២៤ អ្នក​ណា​លួច​ទ្រព្យ​ឪពុក​ម្ដាយ ដោយ​គិត​ថា​គ្មាន​បាប​ទេ អ្នក​នោះ​មិន​ខុស​ពី​ចោរ​ប្លន់​ឡើយ។
២៥ អ្នក​មាន​ចិត្ត​លោភ‌លន់​រមែង​បង្ក​ជម្លោះ រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ តែង‌តែ​បាន​ចម្រើន​ឡើង។
២៦ អ្នក​ណា​ទុក​ចិត្ត​លើ​ខ្លួន​ឯង អ្នក​នោះ​ជា​មនុស្ស​ល្ងង់​ខ្លៅ រីឯ​អ្នក​ដែល​ដើរ​ដោយ​ប្រាជ្ញា រមែង​មាន​សេចក្ដី​សុខ។
២៧ អ្នក​ណា​ចែក​ទាន​ដល់​ជន​ក្រីក្រ អ្នក​នោះ​នឹង​មិន​ខ្វះ​ខាត​អ្វី​ឡើយ រីឯ​អ្នក​ដែល​មិន​រវល់​នឹង​អ្នក​ក្រ តែង‌តែ​ទទួល​បណ្ដាសា​ជា​ច្រើន។
២៨ ពេល​មនុស្ស​ទុច្ចរិត​ឈ្នះ ប្រជាជន​នឹង​រត់​ពួន​គ្រប់ៗ​គ្នា ប៉ុន្តែ ពេល​ពួក​នោះ​វិនាស មនុស្ស​សុចរិត​នឹង​កើន​ចំនួន​ឡើង។
២៩
អ្នក​ដែល​រឹង‌រូស មិន​ព្រម​ទទួល​ការ​ស្តី​ប្រដៅ នឹង​ត្រូវ​វិនាស​ភ្លាម គ្មាន​អ្វី​ជួយ​បាន​ឡើយ។
 កាល​ណា​មាន​មនុស្ស​សុចរិត​ច្រើន​គ្រប់‌គ្រង​ស្រុក ប្រជា‌រាស្ដ្រ​រមែង​មាន​អំណរ ប៉ុន្តែ បើ​មនុស្ស​អាក្រក់​កាន់​កាប់​អំណាច​វិញ ប្រជា‌រាស្ដ្រ​នឹង​ស្រែក​ថ្ងូរ។
 អ្នក​ដែល​ស្រឡាញ់​ប្រាជ្ញា​តែង‌តែ​ធ្វើ​ឲ្យ​ឪពុក​សប្បាយ​ចិត្ត រីឯ​អ្នក​ដែល​សេព‌គប់​ជា​មួយ​ស្រី​ពេស្យា រមែង​បង្ហិន​ទ្រព្យ‌សម្បត្តិ។
 ស្តេច​ប្រកប​ដោយ​យុត្តិ‌ធម៌​តែង‌តែ​ធ្វើ​ឲ្យ​ស្រុក​បាន​ចម្រើន​ឡើង រីឯ​ស្តេច​ដែល​ទារ​ពន្ធ​ហួស​ប្រមាណ រមែង​ធ្វើ​ឲ្យ​ស្រុក​ហិន‌ហោច។
 អ្នក​ណា​បញ្ជោរ​អ្នក​ជិត​ខាង អ្នក​នោះ​ដូច​ជា​ដាក់​អន្ទាក់​ខ្លួន​ឯង។
 មនុស្ស​អាក្រក់​រមែង​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត​តែង‌តែ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។
 មនុស្ស​សុចរិត​តែង‌តែ​យល់​អំពី​សិទ្ធិ​របស់​ជន​ក្រីក្រ រីឯ​មនុស្ស​ទុច្ចរិត​វិញ មិន​យល់​អំពី​សិទ្ធិ​ទាំង​នេះ​ទេ។
 មនុស្ស​ចំអក​ឡក‌ឡឺយ រមែង​បង្ក​ឲ្យ​មាន​ចលា‌ចល​ពេញ​ទី‌ក្រុង រីឯ​មនុស្ស​មាន​ប្រាជ្ញា តែង‌តែ​ធ្វើ​ឲ្យ​ចលា‌ចល​នោះ​ស្ងប់​ទៅ​វិញ។
 ប្រសិន​បើ​មនុស្ស​មាន​ប្រាជ្ញា​ឡើង​ក្តី​ជា​មួយ​មនុស្ស​ល្ងង់​ខ្លៅ ទោះ‌បី​គាត់​ខឹង ឬ​សើច​ក្តី ក៏​គាត់​មិន​បាន​ស្ងប់​ចិត្ត​ដែរ។
១០ ពួក​ឃាតក​រមែង​ស្អប់​មនុស្ស​ទៀង‌ត្រង់ រីឯ​មនុស្ស​សុចរិត​តែង‌តែ​ចូល​ចិត្ត​មនុស្ស​ទៀង‌ត្រង់​នោះ​វិញ។
១១ មនុស្ស​ល្ងង់​ខ្លៅ​រមែង​បញ្ចេញ​កំហឹង​របស់​ខ្លួន​ឲ្យ​គេ​ឃើញ រីឯ​មនុស្ស​មាន​ប្រាជ្ញា​តែង‌តែ​ចេះ​ទប់​កំហឹង។
១២ កាល​ណា​ចៅហ្វាយ​ចូល​ចិត្ត​ស្ដាប់​ពាក្យ​ភូត‌ភរ កូន​ចៅ​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​អាក្រក់​ទាំង​អស់​គ្នា។
១៣ អ្នក​ទុរគត និង​អ្នក​ជិះ‌ជាន់​គេ ជា​មនុស្ស​ដូច​គ្នា ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​អ្នក​ទាំង​ពីរ​មើល​ឃើញ​ពន្លឺ​ថ្ងៃ។
១៤ ស្តេច​ដែល​វិនិច្ឆ័យ​ទោស​ប្រជា‌រាស្ដ្រ​ក្រីក្រ​ដោយ​យុត្តិ‌ធម៌ រមែង​ពង្រឹង​អំណាច​រហូត​ត​ទៅ។
១៥ ការ​វាយ​ប្រដៅ និង​ការ​ស្តី​បន្ទោស រមែង​ធ្វើ​ឲ្យ​មនុស្ស​មាន​ប្រាជ្ញា រីឯ​ក្មេង​ដែល​គេ​បណ្តោយ​ឲ្យ​ធ្វើ​អ្វី​តាម​ចិត្ត តែង‌តែ​បំបាក់​មុខ​ម្ដាយ។
១៦ កាល​ណា​មនុស្ស​អាក្រក់​មាន​អំណាច​កាន់​តែ​ច្រើន​យ៉ាង​ណា អំពើ​អាក្រក់​ក៏​កើន​ឡើង​កាន់​តែ​ច្រើន​យ៉ាង​នោះ​ដែរ ប៉ុន្តែ មនុស្ស​សុចរិត​នឹង​ឃើញ​ពួក​គេ​អន្តរាយ។
១៧ ចូរ​វាយ​ប្រដៅ​កូន នោះ​វា​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ព្រួយ​បារម្ភ​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ វា​នឹង​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត។
១៨ ពេល​ណា​គ្មាន​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​ពី​ព្រះ‌ជាម្ចាស់​ទេ ប្រជាជន​នឹង​ជ្រួល‌ច្របល់ រីឯ​អ្នក​ដែល​ប្រតិ‌បត្តិ​តាម​វិន័យ​របស់​ព្រះ‌អង្គ ពិត​ជា​មាន​សុភមង្គល។
១៩ គេ​មិន​អាច​ប្រដៅ​ខ្ញុំ​បម្រើ​នឹង​ពាក្យ​សម្ដី​បាន​ទេ ដ្បិត​ទោះ‌បី​វា​យល់​ក្តី ក៏​វា​មិន​ធ្វើ​តាម​ដែរ។
២០ ប្រសិន​បើ​អ្នក​ឃើញ​នរណា​ម្នាក់​និយាយ​មិន​ចេះ​គិត តោង​ដឹង​ថា យើង​អាច​ទុក​ចិត្ត​លើ​មនុស្ស​ខ្លៅ​ជាង​ទុក​ចិត្ត​អ្នក​នោះ។
២១ បើ​អ្នក​ទំរើស​ខ្ញុំ​បម្រើ​ខ្លាំង​ពេក កាល​វា​នៅ​ពី​ក្មេង ថ្ងៃ​ក្រោយ វា​នឹង​មិន​ស្ដាប់​បង្គាប់​អ្នក​ឡើយ។
២២ មនុស្ស​ឆាប់​ខឹង​រមែង​បង្ក​ជម្លោះ រីឯ​អ្នក​ដែល​មាន​ចិត្ត​កំរោល រមែង​ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា។
២៣ អំនួត​របស់​មនុស្ស​រមែង​ធ្វើ​ឲ្យ​គេ​បាក់​មុខ រីឯ​អ្នក​ដែល​មាន​ចិត្ត​សុភាព​រាប‌សា តែង‌តែ​ទទួល​កិត្តិ‌យស។
២៤ អ្នក​ណា​សម​គំនិត​ជា​មួយ​ចោរ អ្នក​នោះ​ស្អប់​ខ្លួន​ឯង ព្រោះ​គេ​ដឹង​ថា ខ្លួន​ត្រូវ​បណ្ដាសា តែ​មិន​ហ៊ាន​ធ្វើ​ជា​សាក្សី​ទេ។
២៥ ភ័យ‌ខ្លាច​មនុស្ស រមែង​ធ្វើ​ឲ្យ​ខ្លួន​ជាប់​អន្ទាក់ រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​តែង‌តែ​បាន​សេចក្ដី​សុខ។
២៦ មនុស្ស​ជា​ច្រើន​ចង់​ផ្គាប់‌ចិត្ត​ចៅហ្វាយ ប៉ុន្តែ មាន​តែ​ព្រះ‌អម្ចាស់​ទេ ដែល​រក​យុត្តិ‌ធម៌​ឲ្យ​មនុស្ស​គ្រប់ៗ​រូប។
២៧ មនុស្ស​សុចរិត​មិន​ចូល​ចិត្ត​នឹង​មនុស្ស​ទុច្ចរិត​ទេ រីឯ​មនុស្ស​អាក្រក់​ក៏​មិន​ចូល​ចិត្ត​នឹង​មនុស្ស​ទៀង‌ត្រង់​ដែរ។
៣០
សុភាសិត​របស់​លោក​អកួរ
នេះ​ជា​ពាក្យ​ទូន្មាន​របស់​លោក​អកួរ ជា​កូន​របស់​លោក​យ៉ាកេ គឺ​សេចក្ដី​ដែល​លោក​ថ្លែង​ទៅ​កាន់​លោក​អ៊ីទីយ៉ែល និង​លោក​អ៊ូកាល់
 មែន​ហើយ ខ្ញុំ​ជា​មនុស្ស​ល្ងង់​ជាង​គេ​ទាំង​អស់ ខ្ញុំ​គ្មាន​តម្រិះ​ខាង​លោកីយ៍​នេះ​ទេ។
 ខ្ញុំ​មិន​បាន​រៀន​អំពី​ប្រាជ្ញា​ទេ តែ​ខ្ញុំ​ស្គាល់​វិជ្ជា​ស្តី​អំពី​ព្រះ​ដ៏‌វិសុទ្ធ។
 តើ​មាន​នរណា​បាន​ឡើង​ទៅ​ស្ថាន​បរម‌សុខ រួច​ចុះ​មក​វិញ? តើ​មាន​នរណា​ក្តាប់​ខ្យល់​ក្នុង​បាត​ដៃ​របស់​ខ្លួន? តើ​មាន​នរណា​ខ្ចប់​ទឹក​ដាក់​ក្នុង​អាវ​របស់​ខ្លួន? តើ​មាន​នរណា​បាន​កម្រិត​ព្រំ​ផែន‌ដី? អ្នក​នោះ​ឈ្មោះ​អ្វី? កូន​របស់​គាត់​ឈ្មោះ​អ្វី? បើ​អ្នក​ដឹង សូម​ប្រាប់​ខ្ញុំ​ផង!
 ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត ព្រះ‌អង្គ​ជា​ខែល​ការ‌ពារ​អស់​អ្នក​ដែល​មក​ជ្រក​កោន​នឹង​ព្រះ‌អង្គ។
 កុំ​យក​អ្វី​មក​បន្ថែម​ពី​លើ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ឡើយ ក្រែង​លោ​ព្រះ‌អង្គ​ស្តី​បន្ទោស​ថា អ្នក​ជា​មនុស្ស​កុហក។
 ព្រះ‌អម្ចាស់​អើយ! ទូល‌បង្គំ​ទូល​សូម​សេចក្ដី​ពីរ​យ៉ាង​ពី​ព្រះ‌អង្គ សូម​ប្រោស​ប្រទាន​តាម​សំណូម​ពរ​របស់​ទូល‌បង្គំ មុន​ពេល​ទូល‌បង្គំ​ស្លាប់។  សូម​កុំ​បណ្តោយ​ឲ្យ​ទូល‌បង្គំ​ចេះ​ពោល​ពាក្យ​កុហក​បោក‌ប្រាស់។ សូម​កុំ​ឲ្យ​ទូល‌បង្គំ​ក្រ​ពេក ឬ​ក៏​មាន​ពេក​ដែរ គឺ​សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​អាហារ​បរិភោគ​គ្រប់‌គ្រាន់​តែ​ប៉ុណ្ណោះ​បាន​ហើយ។  ប្រសិន​បើ​ទូល‌បង្គំ​មាន​ទ្រព្យ​ច្រើន​ពេក ក្រែង​លោ​ទូល‌បង្គំ​វង្វេង​ឆ្ងាយ​ពី​ព្រះ‌អង្គ ដោយ​ពោល​ថា «តើ​ព្រះ‌អម្ចាស់​ជា​នរណា?» ឬ​បើ​ទូល‌បង្គំ​ក្រ​ពេក ទូល‌បង្គំ​បែរ​ជា​លួច​គេ ហើយ​បង្អាប់​ព្រះ‌នាម​ព្រះ​របស់​ទូល‌បង្គំ។
១០ កុំ​មួល​បង្កាច់​អ្នក​បម្រើ​ប្រាប់​ចៅហ្វាយ​ឡើយ ក្រែង​លោ​អ្នក​បម្រើ​នោះ​ដាក់​បណ្ដាសា​អ្នក ហើយ​អ្នក​ត្រូវ​ទទួល​ទោស។
១១ ជន​ប្រភេទ​ខ្លះ​ដាក់​បណ្ដាសា​ឪពុក ហើយ​មិន​ដែល​ដឹង​គុណ​ម្ដាយ​ទេ។
១២ ជន​ប្រភេទ​ខ្លះ​ស្មាន​ថា ខ្លួន​ជា​មនុស្ស​បរិសុទ្ធ ក៏​ប៉ុន្តែ គេ​មិន​ដែល​ជម្រះ​អំពើ​សៅ‌ហ្មង​ចេញ​ពី​ខ្លួន​ឡើយ។
១៣ ជន​ប្រភេទ​ខ្លះ​វាយ‌ឫក​ខ្ពស់ ហើយ​មើល‌ងាយ​អ្នក​ដទៃ។
១៤ ជន​ប្រភេទ​ខ្លះ​មាន​ធ្មេញ​មុត​ដូច​ដាវ ថ្គាម​ដូច​កាំបិត គេ​ប្រុង​តែ​ត្របាក់​លេប​មនុស្ស​ទុរគត​ឲ្យ​វិនាស​សូន្យ​ពី​ផែន‌ដី ហើយ​លុប​បំបាត់​មនុស្ស​ក្រីក្រ​ឲ្យ​អស់​ពី​ចំណោម​មនុស្ស​លោក។
១៥ ឈ្លើង​មាន​កូន​ពីរ​ដែល​មាន​ឈ្មោះ​ថា «សុំ!»«សុំ!»។ មាន​ការ​បី​បួន​យ៉ាង​ដែល​មិន​ចេះ​ស្កប់ និង​មិន​ចេះ​ឆ្អែត‌ឆ្អន់ ១៦ គឺ​ស្ថាន​មច្ចុរាជ ស្ត្រី​អារ ដី​ហួត‌ហែង និង​ភ្លើង​ដែល​ឆេះ​មិន​ចេះ​អស់​មិន​ចេះ​ហើយ។
១៧ អ្នក​ណា​មើល‌ងាយ​ឪពុក ហើយ​មិន​ស្ដាប់​បង្គាប់​ម្ដាយ​ទេ អ្នក​នោះ​នឹង​ត្រូវ​ក្អែក​នៅ​ទឹក​ជ្រោះ​ចោះ​ភ្នែក ហើយ​ត្រូវ​ត្មាត​ស៊ី​សាច់។
១៨ មាន​រឿង​បី​បួន​យ៉ាង ហួស​ពី​សមត្ថ‌ភាព​ដែល​ខ្ញុំ​អាច​យល់​បាន ១៩ គឺ​ផ្លូវ​ដែល​ត្មាត​ហើរ​លើ​មេឃ ផ្លូវ​ដែល​សត្វ​ពស់​លូន​លើ​ថ្ម ផ្លូវ​សំពៅ​នៅ​កណ្ដាល​សមុទ្រ និង​ផ្លូវ​ដែល​នាំ​ឲ្យ​បុរស​ទៅ​រក​ស្រី​ក្រមុំ។
២០ ស្ត្រី​ផិត​ក្បត់ តែង‌តែ​ប្រព្រឹត្ត​ដូច​ត​ទៅ​នេះ គឺ​នាង​បរិភោគ រួច​ជូត​មាត់ ទាំង​ពោល​ថា ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​ទេ។
២១ មាន​រឿង​បី​បួន​យ៉ាង​ដែល​ធ្វើ​ឲ្យ​ក្រឡាប់​ផែន‌ដី ព្រោះ​ផែន‌ដី​ទ្រាំ​ពុំ​បាន ២២ គឺ​មនុស្ស​ខ្ញុំ​គេ​ឡើង​សោយ​រាជ្យ មនុស្ស​ខ្លៅ​មាន​អាហារ​បរិបូណ៌ ២៣ ស្ត្រី​ចិត្ត​អាក្រក់​មាន​ប្ដី និង​អ្នក​បម្រើ​យក​ប្ដី​របស់​ចៅហ្វាយ​ស្រី។
២៤ មាន​សត្វ​បួន​យ៉ាង ដែល​តូច​ជាង​គេ​នៅ​លើ​ផែន‌ដី តែ​ជា​សត្វ​មាន​ប្រាជ្ញា​វាង‌វៃ គឺ:
២៥ ស្រមោច​ជា​សត្វ​ដែល​គ្មាន​កម្លាំង តែ​ចេះ​ប្រមូល​អាហារ​គរ​ទុក​នៅ​រដូវ​ក្ដៅ។
២៦ ទន្សាយ​ជា​សត្វ​ខ្សោយ តែ​ចេះ​ធ្វើ​រូង​នៅ​ក្រោម​ផ្ទាំង​ថ្ម។
២៧ កណ្ដូប​ជា​សត្វ​គ្មាន​ស្តេច តែ​ចេះ​លើក​គ្នា​ជា​ក្រុម​ជា​ពួក ដូច​កង‌ទ័ព​ដ៏​មាន​របៀប​រៀប‌រយ។
២៨ ជីង‌ចក់​ជា​សត្វ​ដែល​គេ​អាច​ចាប់​បាន​នឹង​ដៃ តែ​ចេះ​ជ្រៀត​ចូល​ទៅ​នៅ​ក្នុង​វាំង​របស់​ស្តេច។
២៩ មាន​សត្វ​លោក​បី​បួន​ប្រភេទ ដែល​មាន​ដំណើរ​យ៉ាង​សង្ហា គួរ​ឲ្យ​គយ‌គន់ គឺ: ៣០ សិង្ហ​ជា​សត្វ​ដ៏​អង់‌អាច ដែល​មិន​ចេះ​រា​ថយ​នៅ​មុខ​អ្វី​សោះ​ឡើយ ៣១ មាន់​ជល់​ដែល​អួត​ដាក់​គ្នា ពពែ​ឈ្មោល និង​ស្តេច​ដែល​យាត្រា​នៅ​មុខ​កង‌ទ័ព។
៣២ បើ​អ្នក​ភ្ញាក់​ស្មារតី​ដឹង​ថា ខ្លួន​ជា​មនុស្ស​ល្ងង់ ចង់​លើក​ខ្លួន ចូរ​ទប់​មាត់​តាំង​ពី​ពេល​នេះ​ទៅ។
៣៣ បើ​អ្នក​ចម្រាញ់​ទឹក​ដោះ​គោ អ្នក​នឹង​បាន​ខ្លាញ់​ទឹក​ដោះ បើ​វាយ​ច្រមុះ នឹង​ចេញ​ឈាម ហើយ​បើ​បញ្ឆេះ​កំហឹង នឹង​បង្ក​ជម្លោះ។
៣១
នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌បាទ​លេមូអែល ជា​សេចក្ដី​ទូន្មាន ដែល​ព្រះ‌អង្គ​បាន​ទទួល​ពី​មាតា។
 កូន​អើយ ម្ដាយ​បាន​បន់‌ស្រន់​សុំ​ឲ្យ​មាន​កូន ហើយ​ម្ដាយ​បាន​បង្កើត​កូន​មក ហេតុ​នេះ ចូរ​ស្ដាប់​ពាក្យ​ម្ដាយ!។
 ចូរ​កុំ​ឲ្យ​ស្រីៗ​ដណ្ដើម​យក​កម្លាំង​របស់​កូន​ឡើយ ហើយ​ក៏​កុំ​ទុក​ឲ្យ​ស្រីៗ ដែល​ធ្លាប់​តែ​ធ្វើ​ឲ្យ​ស្តេច​វិនាស អាច​ដឹក​មុខ​កូន​ដែរ។
 ចូរ​កូន​ចាំ​ឲ្យ​ច្បាស់​ថា ស្តេច និង​មេ​ដឹក​នាំ​ទាំង‌ឡាយ មិន​ត្រូវ​សេព​សុរា និង​គ្រឿង​ស្រវឹង​ផ្សេងៗ​ឡើយ។  កាល​ណា​គេ​ស្រវឹង គេ​នឹង​ភ្លេច​អនុវត្ត​ច្បាប់ ហើយ​បំពាន​លើ​សិទ្ធិ​របស់​ប្រជា‌រាស្ដ្រ​ក្រីក្រ។
 គួរ​ឲ្យ​គ្រឿង​ស្រវឹង​ទៅ​អ្នក​ជិត​ស្លាប់ និង​ឲ្យ​ស្រា​ទៅ​អ្នក​ដែល​កើត​ទុក្ខ​កង្វល់​វិញ  ដ្បិត​កាល​ណា​គេ​ផឹក គេ​នឹង​ភ្លេច​ភាព​ក្រីក្រ ហើយ​លែង​នឹក​ឃើញ​ទុក្ខ​ព្រួយ​របស់​ខ្លួន​ទៀត។

 ចូរ​និយាយ​ជំនួស​អ្នក​ដែល​មិន​អាច​និយាយ​បាន ហើយ​រក​យុត្តិ‌ធម៌​ឲ្យ​អស់​អ្នក​ដែល​គ្មាន​នរណា​ការ‌ពារ។  ចូរ​និយាយ​ការ‌ពារ និង​រក​យុត្តិ‌ធម៌​ឲ្យ​អ្នក​ក្រីក្រ និង​ជន​ទុរគត។

ស្ត្រី​គ្រប់​លក្ខណ៍
១០ ស្ត្រី​គ្រប់​លក្ខណ៍​កម្រ​រក​បាន​ណាស់ នាង​មាន​តម្លៃ​លើស​ពេជ្រ​ទៅ​ទៀត។
១១ ស្វាមី​ទុក​ចិត្ត​លើ​នាង នាង​តែង‌តែ​ធ្វើ​ឲ្យ​ស្វាមី​ចម្រុង​ចម្រើន។
១២ នាង​តែង‌តែ​ផ្តល់​សុភមង្គល​ឲ្យ​ស្វាមី​អស់​មួយ​ជីវិត គឺ​នាង​មិន​ធ្វើ​ឲ្យ​ស្វាមី​ជួប​អពមង្គល​ឡើយ។
១៣ នាង​ខិត‌ខំ​រក​អំបោះ និង​សូត្រ មក​ត្បាញ​រវៃ​យ៉ាង​ស្វាហាប់។
១៤ នាង​នាំ​អាហារ​មក​ពី​ឆ្ងាយ ដូច​នាវា​ដឹក​ទំនិញ។
១៥ នាង​ក្រោក​ពី​ព្រលឹម រៀប‌ចំ​បាយ​ទឹក​ឲ្យ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ផ្ទះ ហើយ​ចាត់​ចែង​ការ‌ងារ​ឲ្យ​ស្រី​បម្រើ​ធ្វើ។
១៦ នាង​រិះ‌គិត​ពិចារណា ហើយ​ទៅ​ទិញ​ចម្ការ​មួយ រួច​នាង​យក​ប្រាក់​ដែល​ខ្លួន​រក​បាន ទៅ​ទិញ​ទំពាំង‌បាយ‌ជូរ​មក​ដាំ។
១៧ នាង​ប្រឹង‌ប្រែង​ធ្វើ​ការ​យ៉ាង​ស្វាហាប់ មិន​ឲ្យ​ទំនេរ​ដៃ​ឡើយ។
១៨ នាង​ឃើញ​កិច្ច‌ការ​របស់​នាង​បាន​ចម្រើន​ឡើង នាង​ធ្វើ​ការ​ទាំង​យប់ ក្រោម​ពន្លឺ​ចង្កៀង។
១៩ នាង​កាន់​ខ្នារ​រវៃ​អំបោះ រួច​នាង​បោះ​ត្រល់​ត្បាញ។
២០ នាង​ចែក​ទាន​ដល់​ជន​ក្រីក្រ ហើយ​ជួយ​ជន​ទុរគត។
២១ នៅ​រដូវ​រងា នាង​មិន​ភ័យ​បារម្ភ​អ្វី​ឡើយ ដ្បិត​អ្នក​នៅ​ក្នុង​ផ្ទះ​របស់​នាង សុទ្ធ​តែ​មាន​សម្លៀក‌បំពាក់​យ៉ាង​កក់​ក្ដៅ​គ្រប់ៗ​គ្នា។
២២ នាង​ត្បាញ​ភួយ​សម្រាប់​ខ្លួន​ឯង នាង​មាន​សម្លៀក‌បំពាក់​ល្អៗ​ដែល​មាន​ពណ៌​ស្រស់។
២៣ ស្វាមី​របស់​នាង​ជា​មនុស្ស​ដែល​គេ​គោរព​រាប់​អាន គាត់​ចូល​រួម​ក្នុង​ក្រុម​ព្រឹទ្ធា‌ចារ្យ​របស់​ស្រុក។
២៤ នាង​ដេរ​សម្លៀក‌បំពាក់​លក់ ហើយ​ក៏​ដេរ​ខ្សែ​ក្រវាត់​លក់​ឲ្យ​អ្នក​ជំនួញ​ដែរ។
២៥ នាង​មាន​កម្លាំង និង​មាន​កិត្តិ‌យស​ថ្លៃ‌ថ្នូរ នាង​សម្លឹង​មើល​ទៅ​អនាគត ដោយ​ឥត​បារម្ភ​អ្វី​ឡើយ។
២៦ នាង​និយាយ​ស្តី​ប្រកប​ដោយ​ប្រាជ្ញា ហើយ​ទូន្មាន​គេ​ដោយ​ចិត្ត​សប្បុរស។
២៧ នាង​មើល​ខុស​ត្រូវ​កិច្ច‌ការ​ក្នុង​ផ្ទះ ឥត​ទំនេរ​ដៃ​សោះ​ឡើយ។
២៨ កូន​របស់​នាង​នាំ​គ្នា​កោត​សរសើរ​នាង រីឯ​ស្វាមី​របស់​នាង​ក៏​លើក​តម្កើង​នាង ដោយ​ពោល​ថា:
២៩ «មាន​ស្ត្រី​ជា​ច្រើន​គ្រប់​លក្ខណ៍ តែ​នាង​គ្រប់​លក្ខណ៍​លើស​គេ​ទាំង​អស់»។
៣០ រូប​ឆោម​លោម​ពណ៌​រមែង​បញ្ឆោត​ចិត្ត រីឯ​សម្រស់​ល្អ​ស្អាត មិន​នៅ​ស្ថិត‌ស្ថេរ​រហូត​ទេ មាន​តែ​ស្ត្រី​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ ដែល​គួរ​កោត​សរសើរ។
៣១ នាង​ត្រូវ​តែ​ទទួល​ផល​ពី​កិច្ច‌ការ​ដែល​នាង​ធ្វើ ហើយ​ទទួល​ការ​កោត​សរសើរ​ពី​មនុស្ស​ទាំង​អស់​ក្នុង​ទី‌ក្រុង។
1,111 Views

Theme: Overlay by Kaira