ថ្ងៃសុក្រ អាទិត្យទី១៩
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកយ៉ូស៊ូអា យស ២៤,១-១៣
លោកយ៉ូស៊ូអាប្រមូលកុលសម្ពន្ធទាំងអស់របស់ជនជាតិអ៊ីស្រាអែល ឱ្យមកជួបជុំគ្នានៅស៊ីគែម ហើយលោកក៏កោះហៅក្រុមព្រឹទ្ធាចារ្យ ក្រុមអ្នកដឹកនាំ ក្រុមចៅក្រម និងអភិបាលរបស់ជនជាតិអ៊ីស្រាអែលឱ្យមកដែរ។ ពួកគេជួបជុំនៅចំពោះព្រះជាម្ចាស់។ លោកយ៉ូស៊ូអាមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «ព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា “ពីដើមបុព្វបុរសរបស់អ្នករាល់គ្នាគឺតេរ៉ា ជាឪពុករបស់អប្រាហាំ និងលោកហាឃរ រស់នៅខាងនាយទន្លេអឺប្រាត់ ហើយគោរពបម្រើព្រះដទៃ។ យើងនាំលោកអប្រាហាំជាបុព្វបុរសរបស់អ្នករាល់គ្នាពីត្រើយខាងនាយទន្លេអឺប្រាតមកឱ្យដើរកាត់ស្រុកកាណានទាំងមូល យើងបានធ្វើឱ្យកូនចៅរបស់គាត់បានកើនចំនួនច្រើនឡើង យើងក៏ឱ្យគាត់បង្កើតអ៊ីសាក។ យើងឱ្យអ៊ីសាកបង្កើតយ៉ាកុប និងអេសាវ ហើយប្រគល់ឱ្យលោកអេសាវកាន់កាប់តំបន់ភ្នំសៀរ។ រីឯលោកយ៉ាកុប និងកូនៗរបស់គាត់នាំគ្នាចុះទៅនៅស្រុកអេស៊ីប។ បន្ទាប់មក យើងចាត់លោកម៉ូសេ និងអរ៉ុនឱ្យមក ហើយយើងធ្វើទារុណកម្មអ្នកស្រុកអេស៊ីប រួចនាំប្រជាជនអ្នករាល់គ្នាចេញពីស្រុកនោះ។ យើងនាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីបមកដល់សមុទ្រ។ ជនជាតិអេស៊ីបដេញតាមរហូតដល់សមុទ្រកក់ មានទាំងរទេះចម្បាំង និងទ័ពសេះមកជាមួយផង។ បុព្វបុរសរបស់អ្នករាល់គ្នាស្រែកអង្វរយើង យើងក៏ដាក់ពពកដ៏ក្រាស់នៅចន្លោះបុព្វបុរសរបស់អ្នករាល់គ្នា និងជនជាតិអេស៊ីប ហើយយើងធ្វើឱ្យទឹកសមុទ្រគ្របពីលើពួកគេឱ្យលិចលង់អស់ទៅ ។ អ្នករាល់គ្នាដឹងច្បាស់ហើយថា យើងបានប្រព្រឹត្តបែបណាចំពោះជនជាតិអេស៊ីប។ អ្នករាល់គ្នារស់នៅក្នុងវាលរហោស្ថានអស់រយៈពេលយ៉ាងយូរ។ បន្ទាប់មក យើងនាំអ្នករាល់គ្នាមកដល់ទឹកដីរបស់ជនជាតិអាម៉ូរី ដែលនៅខាងកើតទន្លេយ័រដាន់។ ជនជាតិអាម៉ូរីធ្វើសង្គ្រាមជាមួយអ្នករាល់គ្នា តែយើងប្រគល់ពួកគេមកក្នុងកណ្តាប់ដៃអ្នករាល់គ្នា ហើយអ្នករាល់គ្នាកាន់កាប់ទឹកដីរបស់គេ។ យើងបានប្រល័យពួកគេឱ្យបាត់អស់ពីមុខអ្នករាល់គ្នា។ ស្តេចបាឡាក់ ជាបុត្ររបស់ស្តេចស៊ីព័រ ដែលគ្រងរាជ្យនៅស្រុកម៉ូអាប់ លើកទ័ពមកច្បាំងនឹងជនជាតិអ៊ីស្រាអែល។ ទ្រង់ចាត់គេឱ្យទៅហៅបាឡាមជាកូនរបស់បេអ័រមកដាក់បណ្តាសារអ្នករាល់គ្នា។ ប៉ុន្តែ យើងមិនព្រមស្តាប់ពាក្យបាឡាមទេ គឺគាត់បែរជាឱ្យពរអ្នករាល់គ្នាវិញ ហើយយើងក៏រំដោះអ្នករាល់គ្នាឱ្យរួចផុតពីកណ្តាប់ដៃរបស់ស្តេចបាឡាក់។ អ្នករាល់គ្នាឆ្លងទន្លេយ័រដាន់មកដល់ទីក្រុងយេរីខូ។ អ្នកក្រុងយេរីខូ និងជនជាតិដទៃជាច្រើនរួមប្រយុទ្ធតទល់នឹងអ្នករាល់គ្នា ប៉ុន្តែ យើងបានប្រគល់ពួកគេមកក្នុងកណ្តាប់ដៃអ្នករាល់គ្នា។ យើងប្រើសត្វឪម៉ាល់ឱ្យទៅមុនអ្នករាល់គ្នា ដើម្បីដេញកម្ចាត់ស្តេចទាំងពីរនៃជនជាតិអាម៉ូរីឱ្យរត់ចេញពីមុខអ្នករាល់គ្នា។ អ្នករាល់គ្នាមានជ័យជម្នះ មិនមែនដោយសារដាវ ឬធ្នូរបស់អ្នករាល់គ្នាឡើយ។ យើងបានប្រគល់ស្រុកមួយឱ្យអ្នករាល់គ្នា គឺស្រុកដែលអ្នករាល់គ្នាមិនបាននឿយភ្ជួររាស់។ យើងឱ្យអ្នករាល់គ្នាមានទីក្រុងស្នាក់នៅ ដោយអ្នករាល់គ្នាមិនបានសង់។ យើងក៏ឱ្យអ្នករាល់គ្នាបរិភោគផ្លែទំពាំងបាយជូរ និងផ្លែអូលីវពីចម្ការដែលមិនបានដាំដែរ»។
ទំនុកតម្កើងលេខ ១៣៦ (១៣៥),១-៣.១៦-១៨.២១-២២.២៤ បទកាកគតិ
| ១ | សូមតម្កើងព្រះ | ដែលជាអម្ចាស់ | គ្រប់ទីតំបន់ |
| ទ្រង់មានព្រះទ័យ | សប្បុរសពេកពន់ | ប្រសើរលើសលន់ |
| | រហូតរៀងទៅ | ។ |
| ២ | ចូរលើកតម្កើង | ព្រះដ៏ខ្ពស់ថ្កើង | មិនដែលអាស្រូវ |
| ដោយធម៌មេត្តា | ករុណាជាផ្លូវ | ដែលស្ថិតស្ថេរនៅ |
| | អស់កល្បរហូត | ។ |
| ៣ | សរសើរតម្កើង | ព្រះម្ចាស់ខ្ពស់ឡើង | លើសគេបំផុត |
| ដោយធម៌មេត្តា | ករុណាមោះមុត | នៅជាប់រហូត |
| | កប្បកល្បអនេក | ។ |
| ១៦ | ព្រះអង្គណែនាំ | ប្រជាឱ្យទ្រាំ | តាមរហោស្ថាន |
| ដោយធម៌មេត្តា | ករុណាថ្កើងថ្កាន | ស្ថិតគ្មានអវសាន |
| | អស់កល្បមានជោគ | ។ |
| ១៧ | ទ្រង់ប្រហារស្តេច | ពេញដោយអំណាច | ច្រើនអង្គដួលស្តូក |
| ដោយធម៌មេត្តា | ករុណាមានមក | ស្ថិតនៅក្នុងលោក |
| | អស់កល្បកន្លង | ។ |
| ១៨ | ព្រះអង្គប្រហារ | ស្តេចខ្លាំងអស្ចារ្យ | ឱ្យក្ស័យគ្រប់អង្គ |
| ដោយធម៌មេត្តា | ករុណាត្រចង់ | ស្ថិតនៅគង់វង់ |
| | អស់កល្បគ្រប់ទី | ។ |
| ១៩ | គឺមានព្រះបាទ | ស៊ីហុនសោយរាជ្យ | លើអាម៉ូរី |
| ដ្បិតទ្រង់មេត្តា | ករុណាគ្រប់ទី | ស្ថិតស្ថេរមូលមីរ |
| | រហូតប្រពៃ | ។ |
| ២០ | និងព្រះបាទអុក | គ្រប់គ្រងលើស្រុក | បាសាននោះនៃ |
| ព្រោះតែព្រះអង្គ | ទ្រង់មានព្រទ័យ | ស្មោះស្ម័គ្រមេត្រី |
| | អស់កល្បស្ថិតស្ថេរ | ។ |
| ២១ | ព្រះអង្គប្រទាន | អ៊ីស្រាអែលមាន | ដីទុកជាកេរ |
| ដ្បិតព្រះហឫទ័យ | ទ្រង់ឥតងាករេ | ព្រះអង្គស្ថិតស្ថេរ |
| | អស់កល្បតទៅ | ។ |
| ២២ | ព្រះអង្គប្រទាន | កូនចៅឱ្យមាន | ស្រុករស់និត្យនៅ |
| ដោយធម៌មេត្តា | ករុណាពេកកូវ | ព្រះអង្គស្ថិតនៅ |
| | ជាអចិន្ត្រៃយ៍ | ។ |
| ២៣ | ពេលយើងមានទុក្ខ | វេទនាគ្រប់មុខ | ទ្រង់តែងប្រណី |
| ដោយធម៌មេត្តា | ករុណាឥតបី | ប្រសើរពេកក្រៃ |
| | គ្រប់សម័យកាល | ។ |
| ២៤ | ព្រះអង្គរំដោះ | យើងផុតពីគ្រោះ | លែងភ័យជ្រួលច្រាល |
| ដោយព្រះហឫទ័យ | ករុណាត្រកាល | ស្ថិតនៅរៀងរាល់ |
| | រហូតឥតឈប់ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ ថស ២,១៣
អាលេលូយ៉ា! អាលេលូយ៉ា!
ចូរបងប្អូនទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ កុំចាត់ទុកថាជាពាក្យសម្តីរបស់មនុស្ស គឺព្រះអង្គមានព្រះបន្ទូលមកបងប្អូនមែន។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៩,៣-១២
មានពួកខាងគណៈផារីស៊ីចូលមកជិតព្រះយេស៊ូ ហើយទូលសួរព្រះអង្គក្នុងគោលបំណងល្បងលមើលព្រះអង្គថា៖ «តើស្វាមីមានសិទ្ធិនឹងលែងភរិយាដោយសំអាងលើមូលហេតអ្វីក៏ដោយ បានឬមិនបាន?»។ ព្រះអង្គមានព្រះបន្ទូលតបថា «អ្នករាល់គ្នាធ្លាប់អានគម្ពីរ រួចមកហើយថា កាលដើមដំបូងព្រះជាម្ចាស់បានបង្កើតមនុស្សមកជាបុរសជាស្ត្រី» រួចព្រះអង្គមានព្រះបន្ទូលថា «ហេតុនេះហើយបាន បុរសត្រូវចាកចេញពីឪពុកម្តាយទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ។ គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ។ ដូច្នេះ មនុស្សមិនត្រូវបំបាក់បំបែកគូស្រករដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ»។ ពួកគេទូលសួរព្រះអង្គថា៖ «ចុះហេតុដូចម្តេចបានជាលោកម៉ូសេបញ្ជាឱ្យស្វាមីធ្វើលិខិតលែងលះភរិយា?»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «លោកម៉ូសេអនុញ្ញាតឱ្យអ្នករាល់គ្នាលែងភរិយាបាន ព្រោះអ្នករាល់គ្នាមានចិត្តរឹងរូស តែកាលដើមឡើយ មិនមែនដូច្នោះទេ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយា (លើកលែងតែរួមរស់ជាមួយគ្នាដោយឥតបានរៀបការ) ហើយទៅរៀបការនឹងស្រ្តីម្នាក់ទៀត បុរសនោះជាអ្នកប្រព្រឹត្តអំពើផិតក្បត់»។ សាវ័កនាំគ្នាទូលព្រះអង្គថា៖ «បើមានល័ក្ខខ័ណ្ឌរវាងប្តីប្រពន្ធបែបនេះ គួរកុំរៀបការប្រសើរជាង»។ ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖ «មនុស្សគ្រប់រូបពុំអាចយល់សេចក្តីនេះបានឡើយ គឺមានតែអ្នកដែលព្រះជាម្ចាស់ប្រោសប្រទានឱ្យយល់ប៉ុណ្ណោះ ទើបអាចយល់បាន។ អ្នកខ្លះមិនអាចរៀបការបានមកពីកំណើត អ្នកខ្លះទៀតមិនអាចរៀបការបាន មកពីត្រូវគេក្រៀវ។ រីឯអ្នកខ្លះទៀតមិនរៀបការ មកពីគេយល់ដល់ព្រះរាជ្យនៃស្ថានបរមសុខ។ អ្នកណាមានប្រាជ្ញា ចូរយកពាក្យនេះទៅរិះគិតឱ្យយល់ចុះ!»។
479 Views
Post Views:
507