សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
- កំណើតពិភពលោក (កណ)
Genesis (Gn) - សេរីភាព (សរ)
Exodus (Ex) - លេវីវិន័យ (លវ)
Leviticus (Lv)
- ជំរឿនប្រជាជន (ជរ)
Numbers (Nm)
- ទុតិយកថា (ទក)
Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
- យ៉ូស៊ូអា (យអ)
Joshua (Jos)
- វិរបុរស (វរ)
Judges (Jdg)
- នាងរូថ (នរ)
Ruth (Ru)
- ១សាម៉ូអែល (១សម)
1 Samuel (1Sm)
- ២សាម៉ូអែល (២សម)
2 Samuel (2Sm)
- ១ពង្សាវតារក្សត្រ (១ពង្ស)
1 Kings (1Kg)
- ២ពង្សាវតារក្សត្រ (២ពង្ស)
2 Kings (2Kg)
- ១របាក្សត្រ (១របា)
1 Chronicles (1Ch)
- ២របាក្សត្រ (២របា)
2 Chronicles (2Ch)
- អែសរ៉ា (អរ)
Ezra (Ezr)
- នេហេមី (នហ)
Nehemiah (Ne)
- យ៉ូឌីត (យឌ)
Judith (Jth)
- តូប៊ីត (តប)
Tobit (Tb)
- អែសធែរ (អធ)
Esther (Est)
- ១ម៉ាកាបាយ (១មបា)
1 Maccabees (1 Ma)
- ២ម៉ាកាបាយ (២មបា)
2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
- ទំនុកតម្កើង (ទន)
Psalms (Ps)
- យ៉ូប (យប)
Job (Jb)
- សុភាសិត (សភ)
Proverbs (Pr)
- បទចម្រៀង (បច)
Song of Songs (Song)
- សាស្តា (សស)
Ecclesiastes (Eccl)
- ព្រះប្រាជ្ញាញាណ (ប្រាញ)
Wisdom (Wis)
- បេនស៊ីរ៉ាក់ (បសរ)
Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
- អេសាយ (អស)
Isaiah (Is)
- យេរេមី (យរ)
Jeremiah (Je)
- អេសេគីអែល (អគ)
Ezekiel (Ez)
- ហូសេ (ហស)
Hosea (Ho)
- យ៉ូអែល (យអ)
Joel (Joe)
- អម៉ូស (អម)
Amos (Am)
- អូបាឌី (អឌ)
Obadiah (Ob)
- យ៉ូណាស (យណ)
Jonah (Jon)
- មីកា (មីក)
Micah (Mi)
- ណាហ៊ូម (ណហ)
Nahum (Na)
- ហាបាគូក (ហគ)
Habakkuk (Hb)
- សេផានី (សផ)
Zephaniah (Zep)
- ហាកាយ (ហក)
Haggai (Hg)
- សាការី (សក)
Zechariah (Zec)
- ម៉ាឡាគី (មគ)
Malachi (Mal)
- សំណោក (សណ)
Lamentations (Lam)
- ដានីអែល (ដន)
Daniel (Dn)
- បារូក (បារ)
Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
៣. លិខិតសន្តប៉ូល | Paul Letter 13
- រ៉ូម (រម)
Romans (Rm) - ១កូរិនថូស (១ករ)
1 Corinthians (1Co)
- ២កូរិនថូស (២ករ)
2 Corinthians (2Co)
- កាឡាទី (កាឡ)
Galatians (Ga)
- អេភេសូ (អភ)
Ephesians (Ep)
- ភីលីព (ភីល)
Philippians (Phil)
- កូឡូស (កូឡ)
Colossians (Col)
- ១ថេស្សាឡូនិក (១ថស)
1 Thessalonians (1Th)
- ២ថេស្សាឡូនិក (២ថស)
Thessalonians (2Th)
- ១ធីម៉ូថេ (១ធម)
1 Timothy (1T)
- ២ធីម៉ូថេ (២ធម)
2 Timothy (2T)
- ទីតុស (ទត)
Titus (Ti)
- ភីលេម៉ូន (ភល)
Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
- ហេប្រឺ (ហប)
Hebrews (He)
- យ៉ាកុប (យក)
James (Ja)
- ១សិលា (១សល)
1 Peter (1P)
- ២សិលា (២សល)
2 Peter (2P)
- យូដាស (យដ)
Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
កណ្ឌគម្ពីរ
ម៉ាកាបាយទី២
ពាក្យលំនាំ
ម៉ាកាបាយ
ឬ មរណសាក្សីនៃប្រជាជនអ៊ីស្រាអែល ភាគទី ២
ពាក្យលំនាំ
កណ្ឌ «មរណសាក្សីនៃជនជាតិអ៊ីស្រាអែលទី ២» មិនតពីកណ្ឌទី១ ទេ។ កណ្ឌនេះជាសេចក្តីសង្ខេបរបស់សៀវភៅប្រាំ ដែលលោកយ៉ាសូន ជាអ្នកស្រុកគីរែន និពន្ធជាភាសាក្រិក។ ក្នុងកណ្ឌនោះមានរៀបរាប់ពីព្រឹត្តិការណ៍ដែលកើតឡើងចាប់តាំងពីព្រះបាទសេលើគូស (ឡើងគ្រងរាជ្យមុនព្រះបាទអន់ទីយ៉ូគូស - អេពីផាន) រហូតដល់លោកនីកាន័របាត់បង់ជីវិត នៅឆ្នាំ១៦០ មុនគ.ស។
ក្នុងភាគទី១ (ជំពូក ១ និង ២) អ្នកនិពន្ធមានបំណងចង់ដាស់តឿនជនជាតិអេស៊ីប ដែលរស់នៅស្រុកអេស៊ីប ឲ្យធ្វើបុណ្យរំឭកថ្ងៃដែលលោកយូដាធ្វើបុណ្យឆ្លងព្រះវិហារយេរូសាឡឹម ក្រោយពីដណ្តើមយកក្រុងបាន។
ក្នុងភាគទី ២ (ជំពូក ៣ ដល់ ៧) មានតំណាលអំពីជនជាតិក្រិក រឹបអូសយកទ្រព្យសម្បត្តិដែលកប់ទុកក្នុងព្រះវិហារ បង្ខិតបង្ខំជនជាតិយូដាឲ្យលះបង់ចោលជំនឿរបស់ខ្លួន មកកាន់សាសនារបស់ជនជាតិក្រិកវិញ។
ក្នុងភាគទី៣ (ជំពូក ៨ ដល់ ១៥) មានដំណាលអំពីការបះបោររបស់លោកយូដាម៉ាកាបាយ ដែលវាយឈ្នះកងទ័ពក្រិក ហើយជម្រះព្រះវិហារ។
ជួនកាល អ្នកនិពន្ធកណ្ឌទី២និទានតំណាលអំពីព្រឹត្តិការណ៍ច្បាស់ជាងអ្នកនិពន្ធកណ្ឌទី១។ ប៉ុន្តែ លោកតំណាលការអស្ចារ្យច្រើនពេក ដើម្បីបញ្ជាក់ជំនឿរបស់លោកចំពោះព្រះជាម្ចាស់ ដែលគាំទ្រប្រជារាស្រ្តរបស់ព្រះអង្គជានិច្ច។ លោកបកប្រែលិខិតប្រាំពីរជាភាសាក្រិក។ ដោយសំបុត្រមួយត្រូវរាជការផ្ញើនៅឆ្នាំ ១២៤ មុន គ.ស. អ្នកនិពន្ធបានតែងកណ្ឌនេះ ក្រោយពេលនោះទៅទៀត។
គួរឲ្យកត់សម្គាល់សេចក្តីពីរយ៉ាង គឺលោកយូដាអង្វរព្រះជាម្ចាស់ ឲ្យវិញ្ញាណក្ខ័ន្ធរបស់យុទ្ធជន ដែលបាត់បង់ជីវិតលើសមរភូមិ (ជំពូក ១២)។ លោកក៏ឃើញមហាបូជាចារ្យអូនីយ៉ាស និងព្យាការីយេរេមី អង្វរព្រះជាម្ចាស់សម្រាប់ប្រជាជនដែរ។ មានតែក្នុងកណ្ឌនេះទេ ដែលមានរៀបរាប់សេចក្តីដូច្នេះ។ ក្រុមជំនុំប្រូតេស្តង់ មិនទទួលស្គាល់កណ្ឌនេះទុកជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ក៏មិនទទួលស្គាល់ថា មានអ្នកអាចធ្វើអន្តរាគមន៍ចំពោះព្រះជាម្ចាស់ ក្រៅពីព្រះគ្រីស្តឡើយ។
១
ម៉ាកាបាយ
មរណសាក្សីនៃប្រជាជនអ៊ីស្រាអែល
ភាគទី ១
លិខិតផ្ញើជូនប្រជាជនយូដានៅស្រុកអេស៊ីប
លិខិតទី១ ផ្ញើជូនប្រជាជនយូដានៅស្រុកអេស៊ីប នាឆ្នាំ ១២៤ មុនគ.ស
១ សូមជម្រាបមកបងប្អូនរួមជាតិយូដា រស់នៅស្រុកអេស៊ីប! បងប្អូនជាតិយូដាដែលរស់នៅក្រុងយេរូសាឡឹម និងបងប្អូននៅស្រុកយូដាទាំងអស់ សូមឲ្យបងប្អូនប្រកបដោយសេចក្តីសុខសាន្ត និងចម្រុងចម្រើន!។ ២ សូមព្រះជាម្ចាស់មេត្តាប្រោសប្រទានពរដល់បងប្អូន ហើយនឹកគិតដល់សម្ពន្ធមេត្រី ដែលព្រះអង្គបានចងជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះអង្គ។ ៣ សូមព្រះអង្គប្រោសប្រទានឲ្យបងប្អូនទាំងអស់មានចិត្តគំនិត ដើម្បីគោរពថ្វាយបង្គំព្រះអង្គ និងយកចិត្តទុកដាក់ប្រព្រឹត្តតាមព្រះហឫទ័យរបស់ព្រះអង្គយ៉ាងស្មោះ។ ៤ សូមព្រះអង្គបំភ្លឺចិត្តគំនិតរបស់បងប្អូន ឲ្យយល់អំពីធម្មវិន័យ និងអំពីបញ្ជារបស់ព្រះអង្គ សូមប្រោសប្រទានសេចក្តីសុខសាន្តដល់បងប្អូនផង។ ៥ សូមព្រះអង្គមេត្តាព្រះសណ្តាប់ពាក្យអង្វររបស់បងប្អូន សូមលើកលែងទោសឲ្យបងប្អូន កុំបោះបង់ចោលបងប្អូននៅគ្រាមានអាសន្នឡើយ!។ ៦ នេះជាពាក្យអង្វររបស់យើងខ្ញុំនៅពេលនេះ សម្រាប់បងប្អូននៅស្រុកយូដា។ ៧ នៅឆ្នាំ១៦៣ ក្នុងរជ្ជកាលរបស់ព្រះបាទដេម៉េទ្រីយ៉ូស យើងខ្ញុំជាជនជាតិយូដា បានសរសេរលិខិតមួយច្បាប់ ផ្ញើជូនបងប្អូនដូចតទៅ៖ «តាំងពីពេលដែលលោកយ៉ាសូន និងបក្សពួកគាត់ ក្បត់ទឹកដីដ៏វិសុទ្ធ ក្បត់ព្រះជាម្ចាស់ ជាព្រះមហាក្សត្ររបស់យើងខ្ញុំមក យើងខ្ញុំជួបតែទុក្ខលំបាក និងគ្រោះកាចជានិច្ច។ ៨ ពួកគេបានដុតទ្វារធំនៃព្រះវិហារ ហើយកាប់សម្លាប់ប្រជាជនស្លូតត្រង់ទៀតផង។ យើងខ្ញុំទូលអង្វរព្រះអម្ចាស់ ហើយព្រះអង្គក៏ស្តាប់ពាក្យអង្វររបស់យើងខ្ញុំដែរ។ យើងខ្ញុំបានថ្វាយយញ្ញបូជា និងតង្វាយម្សៅម៉ដ្ឋចំពោះព្រះអង្គ អុជចង្កៀងទាំងឡាយនៅក្នុងព្រះវិហារ ហើយតម្កល់នំប៉័ងសក្ការៈដែរ។ ៩ ឥឡូវនេះ យើងខ្ញុំសូមសរសេរលិខិត ដើម្បីសូមអញ្ជើញបងប្អូនឲ្យមកចូលរួមក្នុងពិធីបុណ្យបារាំ នៅខែគីសឡេវ ដែលត្រូវនឹងខែអស្សុជ ១០ ចុះនៅឆ្នាំ ១៨៨។
លិខិតទីពីរ
ជនជាតិដែលរស់នៅក្រុងយេរូសាឡឹម និងនៅស្រុកយូដាទាំងមូល ក្រុមជំនុំនៃព្រឹទ្ធាចារ្យ និងលោកយូដា សូមជម្រាបមកលោកអារីស្តូប៊ូល ជាទីប្រឹក្សារបស់ព្រះបាទផ្ទូលេមេ និងជាពូជពង្សរបស់មហាបូជាចារ្យ ដែលត្រូវគេតែងតាំងដោយចាក់ប្រេង ព្រមទាំងបងប្អូនជាតិយូដាដែលរស់នៅស្រុកអេស៊ីបទាំងអស់ សូមជ្រាប! សូមបងប្អូនប្រកបដោយអំណរសប្បាយ និងសុខភាពល្អ។ ១១ ព្រះជាម្ចាស់បានសង្គ្រោះយើងខ្ញុំ ឲ្យរួចពីគ្រោះកាចដ៏ធ្ងន់ធ្ងរ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គយ៉ាងជ្រាលជ្រៅបំផុត ដោយព្រះអង្គជួយការពារយើងខ្ញុំ ក្នុងពេលច្បាំងប្រឆាំងនឹងស្តេច ១២ គឺព្រះជាម្ចាស់ផ្ទាល់បានបណ្តេញអស់អ្នកដែលកាន់អាវុធទៅវាយក្រុងដ៏វិសុទ្ធ។ ១៣ ព្រះបាទអន់ទីយ៉ូគូសយាងទៅស្រុកពែរ្ស ដោយនាំកងទ័ពដ៏ខ្លាំងពូកែ ដែលគេស្មានថានឹងមិនអាចចាញ់ឡើយ។ ប៉ុន្តែ បូជាចារ្យនៃព្រះវិហារព្រះណាណេអា បានប្រើឧបាយកល្បវាយកម្ទេចពួកគេ នៅក្នុងព្រះវិហាររបស់ព្រះណាណេអា។ ១៤ ស្តេចយាងទៅទីនោះជាមួយពួកមន្ត្រីជំនិត ដោយយកលេសថា ទៅរៀបអភិសេកជាមួយម្ចាស់ក្សត្រិយ៍។ តាមការពិត ព្រះអង្គមានបំណងទៅប្រមូលយកទ្រព្យសម្បត្តិទាំងអស់ពីព្រះវិហារនេះទុកដូចជាជំនូន។ ១៥ បូជាចារ្យនៃព្រះវិហាររបស់ព្រះណាណេអា តម្កល់ទ្រព្យសម្បត្តិទាំងនោះថ្វាយព្រះរាជាទត។ ស្តេចយាងចូលក្នុងបរិវេណនៃព្រះវិហារ ជាមួយមន្ត្រីជំនិតខ្លះ។ ពេលព្រះរាជាយាងចូលរួចហើយ អស់លោកបូជាចារ្យទាំងនោះបិទទ្វារពីក្រោយទាំងអស់។ ១៦ បន្ទាប់មកបើកទ្វារមួយទៀតដែលលាក់នៅលើពិដាន ហើយយកដុំថ្មគប់សម្លាប់ព្រះរាជា និងពួកមន្ត្រី។ ពួកគេក៏កាត់អវៈយវៈសាកសពទាំងនោះ ហើយកាត់ក្បាលបោះទៅឲ្យអស់អ្នកនៅខាងក្រៅមើល។ ១៧ សូមលើកតម្កើងព្រះជាម្ចាស់របស់យើងខ្ញុំក្នុងគ្រប់កិច្ចការ ដ្បិតព្រះអង្គបានប្រហារជីវិតអស់អ្នកដែលប្រមាថព្រះអង្គ!។
១៨ នៅថ្ងៃទី២៥ ខែគីសឡេវ ត្រូវនឹងខែមិគសិរ យើងខ្ញុំបម្រុងនឹងប្រារព្ធពិធីជម្រះព្រះវិហារ។ ដូច្នេះ យើងខ្ញុំយល់ឃើញថា យើងខ្ញុំត្រូវតែផ្តល់ដំណឹងឲ្យបងប្អូន ដើម្បីឲ្យបងប្អូនរៀបចំពិធីបុណ្យនេះតាមរបៀបបុណ្យបារាំដែរ។ បងប្អូនមុខជានឹកឃើញពីភ្លើងដែលលេចចេញមក នៅពេលលោកនេហេមីថ្វាយយញ្ញបូជា ក្រោយពីបានសង់ព្រះវិហារ និងអាសនៈឡើងវិញ។ ១៩ នៅគ្រាដែលខ្មាំងកៀរដូនតារបស់យើងខ្ញុំនាំទៅស្រុកពែរ្ស អស់លោកបូជាចារ្យដ៏ស្មោះត្រង់យកភ្លើងពីអាសនៈ ទៅលាក់ទុកក្នុងរូង ដែលមានរាងដូចអណ្តូងរីងស្ងួត ហើយលាក់ភ្លើងនេះយ៉ាងជិត គ្មាននរណាម្នាក់ស្គាល់កន្លែងនោះឡើយ។ ២០ អស់រយៈពេលជាច្រើនឆ្នាំក្រោយមក កាលព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងលោកនេហេមី ដែលព្រះមហាក្សត្រស្រុកពែរ្សចាត់លោកនេហេមី ឲ្យមកក្រុងយេរូសាឡឹម។ លោកនេហេមីក៏ចាត់កូនចៅរបស់បូជាចារ្យដែលយកភ្លើងលាក់នោះ ឲ្យស្វែងរកកន្លែងដែលលាក់ភ្លើង។ ពួកគេបានមករាយការណ៍ថា ពួកគេរកភ្លើងនោះមិនឃើញទេ គឺឃើញតែប្រេងខាប់ៗប៉ុណ្ណោះ។ លោកនេហេមីបង្គាប់ឲ្យពួកគេ ទៅដងប្រេងនោះយកមក។ ២១ កាលពួកគេរៀបចំអ្វីៗទាំងអស់សម្រាប់ថ្វាយយញ្ញបូជាសព្វគ្រប់ហើយ លោកនេហេមីបង្គាប់ឲ្យបូជាចារ្យ យកប្រេងនោះមកចាក់លើអុស និងលើតង្វាយដែលនៅលើអុស។ ២២ បន្ទាប់ពីរៀបចំរួចហើយ មិនយូរប៉ុន្មានព្រះអាទិត្យដែលបាំងដោយពពកក៏លេចចេញមក ហើយបញ្ចេញរស្មីឆាបឆេះយញ្ញបូជាយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យមនុស្សគ្រប់ៗគ្នាឆ្ងល់យ៉ាងខ្លាំង។ ២៣ នៅពេលភ្លើងកំពុងឆាបឆេះយញ្ញបូជា អស់លោកបូជាចារ្យ និងអង្គប្រជុំនាំគ្នាទូលអង្វរព្រះជាម្ចាស់ គឺលោកយ៉ូណាថាននាំគេអធិដ្ឋានមុនគេ រួចអស់បូជាចារ្យ លោកនេហេមីក៏ឆ្លើយឆ្លងដែរ។ ២៤ គេទូលអង្វរដូចតទៅ៖ បពិត្រព្រះអម្ចាស់! ព្រះជាអម្ចាស់បានបង្កើតអ្វីៗសព្វសារពើ ព្រះអង្គគួរឲ្យស្ញែងខ្លាចប្រកបដោយឫទ្ធិបារមីសុចរិត មេត្តាករុណាមានតែព្រះអង្គទេ ដែលជាព្រះមហាក្សត្រ មានតែព្រះអង្គទេ ដែលសប្បុរសសុចរិត ២៥ ប្រកបដោយព្រះហឫទ័យទូលំទូលាយ មានឫទ្ធានុភាពសព្វប្រការ និងមានព្រះជន្មអស់កល្បជានិច្ច ព្រះអង្គសង្រ្គោះប្រជារាស្ត្រអ៊ីស្រាអែល ឲ្យរួចផុតពីអំពើអាក្រក់គ្រប់បែបយ៉ាង។ ព្រះអង្គបានជ្រើសរើសបុព្វបុរសរបស់យើងខ្ញុំ ឲ្យទៅជាជនដ៏វិសុទ្ធ។ ២៦ សូមព្រះអង្គមេត្តាទទួលយញ្ញបូជាដែលយើងខ្ញុំសូមថ្វាយ ក្នុងនាមប្រជារាស្រ្តអ៊ីស្រាអែលទាំងមូលផង។ សូមព្រះអង្គព្រះមេត្តាការពារប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ និងប្រោសប្រណីឲ្យបានវិសុទ្ធផង។ ២៧ សូមប្រមែប្រមូលបងប្អូនយើងខ្ញុំដែលខ្ចាត់ខ្ចាយ សូមលោះបងប្អូនយើងខ្ញុំទាំងប៉ុន្មានដែលជាទាសករ ក្នុងចំណោមជាតិសាសន៍ដទៃផង សូមព្រះអង្គទតមើលបងប្អូនយើងខ្ញុំដែលត្រូវគេមើលងាយ និងស្អប់ខ្ពើម ដើម្បីឲ្យជាតិសាសន៍ដទៃទទួលស្គាល់ថា ព្រះអង្គពិតជាព្រះជាម្ចាស់របស់យើងខ្ញុំមែន!។ ២៨ សូមដាក់ទោសដល់អស់អ្នកដែលជិះជាន់សង្កត់សង្កិនយើងខ្ញុំ និងជេរប្រមាថយើងខ្ញុំយ៉ាងព្រហើន។ ២៩ សូមព្រះអង្គមេត្តាប្រោសតែងតាំងប្រជារាស្រ្តរបស់ព្រះអង្គ ឲ្យចាក់ឫសយ៉ាងរឹងមាំ នៅលើទឹកដីដ៏វិសុទ្ធរបស់ព្រះអង្គ ដូចលោកម៉ូសេ បានថ្លែងទុក»។
៣០ អស់លោកបូជាចារ្យនាំគ្នាច្រៀងកោតសរសើរតម្កើងព្រះជាម្ចាស់។ ៣១ កាលយញ្ញបូជាឆេះសុសអស់ហើយ លោកនេហេមីបង្គាប់ឲ្យយកប្រេងដែលនៅសេសសល់ មកចាក់លើផ្ទាំងថ្មធំៗ។ ៣២ ស្រាប់តែភ្លើងឆេះឡើង ប៉ុន្តែ អណ្តាតភ្លើងឆេះនៅលើអាសនៈ មានពន្លឺភ្លឺជាងអណ្តាតភ្លើងនេះទៅទៀត។ ៣៣ ដំណឹងនេះ បានឮសុសសាយគ្រប់ទិសទី មានគេទូលស្តេចស្រុកពែរ្ស ពីកន្លែងដែលពួកបូជាចារ្យបានយកភ្លើងទៅលាក់ទុក មុនពេលគេកៀរយកទៅ ស្តេចស្រុកពែរ្សក៏ទទួលដំណឹងថា គេបានរកឃើញប្រេងនៅទីនោះ។ លោកនេហេមី និងអ្នកនៅជាមួយ បានយកប្រេងនោះមកដុតយញ្ញបូជា។ ៣៤ ក្រោយពីបានស៊ើបហេតុការណ៍នោះដឹងច្បាស់លាស់ ស្តេចបញ្ជាឲ្យធ្វើរបងព័ទ្ធជុំវិញកន្លែងនោះ ហើយចាត់ទុកជាកន្លែងដ៏សក្ការៈ។ ៣៥ ព្រះរាជាទទួលកម្រៃយ៉ាងច្រើនពីកន្លែងនោះ ហើយក៏ចែកមួយភាគនៃចំណែកនេះ ឲ្យអ្នកដែលព្រះអង្គទុកឲ្យមើលកន្លែងនោះ។ ៣៦ លោកនេហេមី និងអ្នកដែលនៅជាមួយលោក ហៅប្រេងនេះថា ណិបថា មានន័យថា «វិធីជម្រះ» ប៉ុន្តែ ប្រជាជនទូទៅតែងហៅប្រេងនោះថា ណិប វិញ។
២
១ ក្នុងឯកសារបុរាណមានចែងថា ព្យាការីយេរេមីបានបង្គាប់អស់អ្នកដែលត្រូវខ្មាំងកៀរនាំទៅ ឲ្យយកភ្លើងពីអាសនៈមកលាក់ទុកដូចគេរៀបរាប់ខាងលើ។ ២ ព្យាការីយេរេមីក៏ប្រគល់គម្ពីរវិន័យឲ្យពួកដែលត្រូវខ្មាំងកៀរនាំយកទៅ និងទូន្មានពួកគេកុំឲ្យភ្លេចបទបញ្ជារបស់ព្រះអម្ចាស់ កុំវង្វេងស្មារតី ដោយឃើញរូបបដិមាធ្វើពីមាស ប្រាក់ និងឃើញគ្រឿងលំអរូបទាំងនោះផង។ ៣ លោកក៏ដាស់តឿនពួកគេជាច្រើន ដោយបញ្ជាក់ទៀតថា កុំបោះបង់ធម្មវិន័យរបស់ព្រះអម្ចាស់ ឲ្យឃ្លាតឆ្ងាយពីចិត្តគំនិតឡើយ។ ៤ ក្នុងឯកសារនេះក៏មានចែងទុកមកទៀតថា ព្យាការីយេរេមីទទួលដំណឹងពីព្រះជាម្ចាស់ ឲ្យនាំយកព្រះពន្លា និងហិបទៅកាន់ភ្នំដែលលោកម៉ូសេឡើង ហើយបានឃើញទឹកដីជាចំណែកមត៌កផ្ទាល់របស់ព្រះជាម្ចាស់។ ៥ កាលព្យាការីយេរេមីឡើងលើភ្នំហើយ លោកឃើញរូងថ្មមួយដូចជាផ្ទះ ហើយលោកក៏ដាក់ព្រះពន្លា ហិប និងអាសនៈ សម្រាប់ថ្វាយគ្រឿងក្រអូបនៅក្នុងរូងថ្មនោះ។ បន្ទាប់មក លោកក៏បិទមាត់រូងថ្មនោះវិញ។ ៦ មានអ្នកខ្លះដែលនៅជាមួយព្យាការីយេរេមីទៅទីនោះ ដើម្បីគូសចំណាំផ្លូវ ប៉ុន្តែពួកគេមិនអាចរកឃើញផ្លូវទៅរូងនោះឡើយ។ ៧ កាលព្យាការីយេរេមីដឹងរឿងនេះ លោកស្តីបន្ទោសពួកគេ ហើយមានប្រសាសន៍ថា៖ «គ្មាននរណាអាចស្គាល់ទីកន្លែងនោះបានទេ ទាល់តែព្រះជាម្ចាស់ប្រមូលប្រជារាស្ត្ររបស់ព្រះអង្គ ហើយសម្ដែងព្រះហឫទ័យសណ្តោសប្រណីដល់ពួកគេ ទើបគេស្គាល់បាន។ ៨ ពេលនោះ ព្រះអម្ចាស់នឹងបង្ហាញគ្រឿងបរិក្ខារទាំងនោះឲ្យគេឃើញ ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់នឹងលេចចេញមកជាមួយពពកដែរ ដូចនៅជំនាន់របស់លោកម៉ូសេ ឬដូចនៅពេលដែលព្រះបាទសាឡូម៉ូនទូលអង្វរសូមព្រះអង្គសម្ដែងសិរីរុងរឿង ដើម្បីឲ្យទីសក្ការៈនោះបានវិសុទ្ធ»។ ៩ គេរៀបរាប់ទៀតថា ព្រះបាទសាឡូម៉ូនដែលប្រកបដោយព្រះប្រាជ្ញាញាណយ៉ាងឈ្លាសវៃ ថ្វាយយញ្ញបូជាសម្រាប់ធ្វើបុណ្យឆ្លងទីសក្ការៈដែលបានសង់រួចហើយនោះ។ ១០ លោកម៉ូសេទូលអង្វរព្រះអម្ចាស់ នៅពេលនោះ មានភ្លើងធ្លាក់ចុះពីលើមេឃមក ឆាបឆេះយញ្ញបូជាយ៉ាងណា ព្រះបាទសាឡូម៉ូនក៏ទូលអង្វរ ហើយពេលនោះ ភ្លើងក៏ធ្លាក់មកឆាបឆេះយញ្ញបូជាយ៉ាងនោះដែរ។ ១១ លោកម៉ូសេមានប្រសាសន៍ថា យញ្ញបូជាសម្រាប់រំដោះបាបឆាបឆេះដូច្នេះ ព្រោះពួកគេមិនបានបរិភោគ។ ១២ យ៉ាងណាមិញ ព្រះបាទសាឡូម៉ូន ប្រារព្វពិធីបុណ្យអស់រយៈពេលប្រាំបីថ្ងៃ។
១៣ ក្នុងឯកសារនេះ និងក្នុងសេចក្តីរាយការណ៍របស់លោកនេហេមី មានរៀបរាប់ពីហេតុការណ៍ដដែលនេះថែមទៀត ហើយមានរៀបរាប់ថា លោកនេហេមីបង្កើតបណ្ណាល័យ ព្រមទាំងប្រមូលសៀវភៅស្តីអំពីព្រះមហាក្សត្រ និងព្យាការីទាំងឡាយ គឺសៀវភៅនិពន្ធដោយព្រះបាទដាវីឌ និងសាររបស់ស្តេចនានាស្តីពីតង្វាយ។ ១៤ លោកយូដាប្រមូលសៀវភៅទាំងប៉ុន្មាន ដែលនៅរប៉ាត់រប៉ាយដោយសារសង្គ្រាម។ នៅពេលនេះ យើងខ្ញុំមានសៀវភៅទាំងនេះហើយ។ ១៥ ដូច្នេះ ប្រសិនបើបងប្អូនត្រូវការសៀវភៅទាំងនោះ សូមចាត់មនុស្សឲ្យមកជួបយើងខ្ញុំ យើងខ្ញុំនឹងផ្ញើសៀវភៅនោះជូនបងប្អូន។
១៦ យើងខ្ញុំសរសេរលិខិតនេះ ក្នុងពេលយើងខ្ញុំរៀបនឹងធ្វើពិធីជម្រះព្រះវិហារ ហេតុនេះ សូមបងប្អូនធ្វើពិធីនេះដូចយើងខ្ញុំដែរ។ ១៧ ព្រះជាម្ចាស់បានសង្គ្រោះប្រជារាស្ត្រទាំងមូលរបស់ព្រះអង្គ ព្រះអង្គបានប្រោសប្រទានឲ្យយើងខ្ញុំទាំងអស់គ្នាមានទឹកដី មានព្រះមហាក្សត្រ បូជាចារ្យ និងប្រោសយើងខ្ញុំឲ្យទៅជាជនដ៏វិសុទ្ធ ១៨ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ដែលមានចែងទុកក្នុងគម្ពីរវិន័យ។ យើងសង្ឃឹមថា ព្រះអង្គនឹងអាណិតមេត្តាដល់យើងខ្ញុំ នៅពេលឆាប់ៗនេះ ព្រះអង្គនឹងប្រមូលផ្តុំយើងខ្ញុំ ឲ្យត្រឡប់មកពីគ្រប់តំបន់នៅលើផែនដី ដើម្បីចូលរួមនៅទីដ៏វិសុទ្ធ ដ្បិតព្រះអង្គបានរំដោះយើងខ្ញុំ ឲ្យរួចផុតពីគ្រោះកាចដ៏ធ្ងន់ធ្ងរបំផុត និងបានជម្រះទីដ៏វិសុទ្ធ រួចទៅហើយនោះ។
អារម្ភកថារបស់អ្នកនិពន្ធ
១៩ លោកយ៉ាសូន ជាអ្នកស្រុកស៊ីរ៉ែន បានចែងទុកនូវប្រវត្តិរបស់លោកយូដាម៉ាកាបាយ និងបងប្អូនរបស់លោក អំពីពិធីជម្រះទីសក្ការៈដ៏ប្រសើរឧត្តម ឲ្យបរិសុទ្ធ អំពីពិធីប្រសិទ្ធអាសនៈឲ្យបរិសុទ្ធជាថ្មី ២០ ព្រមទាំងចម្បាំងប្រឆាំងនឹងព្រះបាទអន់ទីយ៉ូគូសអេពីផាន និងព្រះបាទអឺប៉ាទ័រជាបុត្រ។ ២១ លោកក៏រៀបរាប់អំពីវីរបុរស មានចិត្តអង់អាច ឃើញនិមិត្តហេតុពីស្ថានបរមសុខ វីរបុរសដែលបានប្រយុទ្ធយ៉ាងក្លាហាន ដើ២ម្បីសាសនាយូដា។ ទោះបីអ្នកទាំងនោះ មានគ្នាតិចក្តី ក៏ពួកគេដណ្តើមយកស្រុកមកវិញ ហើយបណ្តេញកងទ័ពជាច្រើនរបស់ជនជាតិបរទេស។ ២២ ពួកគេវាយដណ្តើមយកទីសក្ការៈដ៏ល្បីល្បាញនៅលើផែនដីទាំងមូល។ ពួកគេរំដោះក្រុងយេរូសាឡឹម ហើយរៀបចំច្បាប់វិន័យឲ្យគេគោរពដូចដើមវិញ គឺជាច្បាប់ដែលសត្រូវប៉ុនប៉ងលុបបំបាត់ចោល។ ពួកគេសម្រេចកិច្ចការទាំងនោះ ដោយព្រះហឫទ័យសប្បុរសយ៉ាងក្រៃលែង របស់ព្រះអម្ចាស់ ដែលបានសណ្តោសប្រណីដល់ពួកគេ។ ២៣ លោកយ៉ាសូន ជាអ្នកស្រុកស៊ីរ៉ែន ក៏បានកត់ត្រាព្រឹត្តិការណ៍ទាំងនោះ ទុកក្នុងសៀវភៅប្រាំក្បាល។ យើងខិតខំសង្ខេបសៀវភៅទាំងប្រាំនោះ មកជាសៀវភៅតែមួយច្បាប់។ ២៤ យើងសង្កេតឃើញថា អ្នកដែលមានបំណងសិក្សាអំពីប្រវត្តិសាស្រ្ដ តែងជួបប្រទះនឹងការលំបាក ដោយសារមានលេខច្រើន និងសាច់រឿងច្រើនពេក។ ២៥ យើងខិតខំធ្វើយ៉ាងណា ដើម្បីឲ្យអ្នកអានដែលគ្រាន់តែជាការកំសាន្ត ងាយស្រួលចងចាំហេតុការណ៍នានាក្នុងចិត្តគំនិត ហើយផ្តល់សារសំខាន់សម្រាប់អស់អ្នកដែលបានសិក្សាពីសៀវភៅនេះ។ ២៦ ចំពោះយើងវិញ យើងមានការនឿយហត់ក្នុងការសង្ខេបសៀវភៅនេះ។ កិច្ចការនេះមិនមែនជាការងាយទេ គឺយើងត្រូវបែកញើសហូរញើស និងអត់ងងុយផង ២៧ ប្រៀបដូចជាកិច្ចការដ៏សែនពិបាករបស់អ្នកចាត់ចែងពិធីជប់លៀង ដែលមានបំណងធ្វើឲ្យភ្ញៀវសប្បាយចិត្ត។ យើងសុខចិត្តតស៊ូបំពេញកិច្ចការដ៏លំបាកនេះដោយរីករាយ ដើម្បីបម្រើមនុស្សជាច្រើន។ ២៨ យើងទុកឲ្យអ្នកនិពន្ធរៀបរាប់ពីព្រឹត្តិការណ៍យ៉ាងល្អិតល្អន់ រីឯយើងខ្ញុំវិញ បានត្រឹមតែខិតខំសរសេរសេចក្តីយ៉ាងសង្ខេបប៉ុណ្ណោះ។ ២៩ អ្នកគូរប្លង់ផ្ទះថ្មីយកចិត្តទុកដាក់លើការសង់ផ្ទះទាំងមូល រីឯអ្នកដែលទទួលបន្ទុកតុបតែងលំអ និងលាបថ្នាំ ត្រូវស្វែងរកអ្វីៗដែលគាត់ត្រូវការជាចាំបាច់ សម្រាប់ការតុបតែងលំអ។ ចំពោះយើងខ្ញុំក៏យល់ដូច្នេះដែរ។ ៣០ អ្នកនិពន្ធឯកសារប្រវតិ្តសាស្រ្ត ត្រូវតែសិក្សាស្រាវជ្រាវហេតុការណ៍ទាំងអស់ឲ្យបានច្បាស់ ស្វែងយល់ដំណើររឿងយ៉ាងលំអិត។ ៣១ រីឯអ្នកសម្រួលវិញ ត្រូវអនុញ្ញាតឲ្យគេសរសេរសង្ខេបយ៉ាងផ្ចិតផ្ចង់ មិនរៀបរាប់ហេតុការណ៍ទាំងអស់ដែលកើតមាននោះទេ។ ៣២ ហេតុនេះហើយយើងចាប់ផ្តើមរៀបរាប់ព្រឹត្តិការណ៍ ដោយមិនបន្ថែមសេចក្តីទៀតទេ។ មិនគួរសរសេរអត្ថបទវែងមុនសាច់រឿង ហើយសង្ខេបសាច់រឿងទ្បើយ។
៣
រឿងលោកអេលីយ៉ូដ័រ
លោកស៊ីម៉ូនក្បត់ប្រជាជន
១ នៅគ្រានោះ អ្នកក្រុងយេរូសាទ្បឹមរស់នៅប្រកបដោយសេចក្តីសុខសាន្តយ៉ាងបរិបូណ៏ និងកាន់តាមធម្មវិន័យយ៉ាងហ្មត់ចត់ដោយសារមហាបូជាចារ្យអូនីយ៉ាស គោរពប្រណិប័តន៍ព្រះជាម្ចាស់ ហើយស្អប់ខ្ពើមអំពើអាក្រក់។ ២ សូម្បីតែស្តេចនានាក៏យាងមកគោរពព្រះវិហារ និងថ្វាយតង្វាយដ៏មានតម្លៃបំផុតដែរ។ ៣ ព្រះបាទសេលើគូស ជាស្តេចស្រុកអាស៊ី យករាជទ្រព្យផ្ទាល់ចំណាយក្នុងកិច្ចការថ្វាយយញ្ញបូជា។ ៤ ប៉ុន្តែ មានបុរសម្នាក់ឈ្មោះស៊ីម៉ូន ក្នុងកុលសម្ព័ន្ធប៊ីលកា ជាអភិបាលចាត់ចែងការងារក្នុងព្រះវិហារ មានការខ្វែងគំនិតនឹងមហាបូជាចារ្យ ស្តីអំពីការគ្រប់គ្រងទីផ្សារក្នុងទីក្រុង។ ៥ លោកស៊ីម៉ូនមិនអាចយកឈ្នះលើលោកមហាបូជាចារ្យអូនីយ៉ាសបាន គាត់ក៏ទៅជួបលោកអាប៉ូឡូនីយ៉ូស ជាកូនរបស់លោកត្រាសេអា ដែលជាមេបញ្ជាការស្រុកនៅសេលើស៊ីរី និងស្រុកភេនីស៊ី នាសម័យនោះ។ ៦ គាត់និយាយប្រាប់លោកអាប៉ូឡូនីយ៉ូស នូវពាក្យមិនពិតថាឃ្លាំងព្រះវិហារនៅក្រុងយេរូសាឡឹមមានមាសប្រាក់ជាច្រើនឥតគណនា រាប់មិនអស់ មិនស្របនឹងប្រាក់ដែលបានមកពីយញ្ញបូជាទេ ហើយគួរតែរឹបអូសទ្រព្យសម្បត្តិទាំងនោះ មកធ្វើជារាជទ្រព្យវិញ។ ៧ លោកអាប៉ូឡូនីយ៉ូសចូលទៅគាល់ស្ដេច ហើយទូលថ្វាយសេចក្ដី ដែលលោកស៊ីម៉ូនប្រាប់អំពីទ្រព្យសម្បត្តិទាំងនោះ។ ព្រះរាជាចាត់លោកអេលីយ៉ូដ័រ ដែលស្ដេចជ្រើសតាំងឲ្យធ្វើជារដ្ឋមន្ត្រីទីមួយ ឲ្យទៅរឹបអូសទ្រព្យសម្បត្តិទាំងនោះមក។ ៨ លោកអេលីយ៉ូដ័រចេញដំណើរភ្លាម ធ្វើហាក់ដូចជាគ្រាន់តែទៅត្រួតពិនិត្យក្រុងនានា នៅស្រុកសេលើស៊ីរី និងស្រុកភេនីស៊ីប៉ុណ្ណោះ។ ប៉ុន្តែ តាមការពិត លោកចេញទៅអនុវត្តតាមបញ្ជារបស់ស្ដេច។ ៩ លុះមកដល់ក្រុងយេរូសាឡឹម លោកមហាបូជាចារ្យ ព្រមទាំងអ្នកក្រុងនោះ ទទួលលោកយ៉ាងរាក់ទាក់។ លោកក៏រៀបរាប់សេចក្ដីដែលគេប្រាប់លោក អំពីទ្រព្យសម្បត្តិ និងពន្យល់អំពីមូលហេតុដែលលោកមកទីនេះ។ លោកសួរថា តើសេចក្ដីដែលគេប្រាប់នោះពិតដូចគេចោទឬទេ។ ១០ លោកមហាបូជាចារ្យពន្យល់លោកថា នៅក្នុងឃ្លាំងមានតែប្រាក់មួយចំណែកទុកសម្រាប់ស្ត្រីមេម៉ាយ និងក្មេងកំព្រាប៉ុណ្ណោះ ១១ ឯប្រាក់មួយចំណែកទៀតជារបស់លោកអៀរកាន ជាកូនរបស់លោកតូប៊ីត ដែលជាមន្ត្រីម្នាក់មានឋានៈខ្ពស់បានផ្ញើទុក។ នៅក្នុងឃ្លាំងនោះមានតែប្រាក់មួយពាន់មួយរយគីឡូក្រាម និងមាសប្រាំពាន់ប្រាំរយគីឡូក្រាម គឺផ្ទុយស្រឡះពីសេចក្ដីដែលលោកស៊ីម៉ូនជាជនពាល បាននិយាយមួលបង្កាច់។ ១២ ម្យ៉ាងទៀត គ្មាននរណាអាចបន្លំមាសប្រាក់របស់ប្រជាជនដែលទុកចិត្តលើទីសក្ការៈដ៏វិសុទ្ឋនេះឡើយ ហើយក៏គ្មាននរណាអាចលួចប្លន់ពីព្រះវិហារ ដែលមានឈ្មោះល្បីល្បាញគួរជាទីគោរពក្នុងពិភពលោកទាំងមូលនេះដែរ។
១៣ ប៉ុន្តែ លោកអេលីយ៉ូដ័រយោងតាមរាជបញ្ជារបស់ព្រះមហាក្សត្រ លោកចចេសទាររឹបអូសយកមាសប្រាក់ទាំងនេះ មកដាក់ជារាជទ្រព្យដាច់ខាត។ ១៤ ដូច្នេះ នៅពេលដែលលោកបានកំណត់ថ្ងៃ ចូលទៅកត់បញ្ជីទ្រព្យសម្បត្តិទាំងនោះ ប្រជាជននៅទីក្រុងទាំងមូលតប់ប្រមល់យ៉ាងខ្លាំង។ ១៥ អស់លោកបូជាចារ្យស្លៀកសម្លៀកបំពាក់សម្រាប់ពិធីបុណ្យរបស់ខ្លួន នាំគ្នាក្រាបថ្វាយបង្គំនៅមុខអាសនៈ ទូលអង្វរព្រះជាម្ចាស់ ដែលបានបង្កើតធម្មវិន័យស្ដីអំពីការផ្ញើប្រាក់ទុក សូមព្រះអង្គមេត្តាការពារទ្រព្យសម្បត្តិរបស់អ្នកដែលយកមកផ្ញើឲ្យនៅគង់វង្សផង។ ១៦ អស់អ្នកដែលឃើញលោកមហាបូជាចារ្យ យល់ថា លោកឈឺចុកចាប់ក្នុងចិត្តយ៉ាងខ្លាំង ទឹកមុខរបស់លោកស្លេកស្លាំង បង្ហាញឲ្យដឹងថា លោកតប់ប្រមល់ពេកក្រៃ។ ១៧ លោកតក់ស្លុតញាប់ញ័រពេញក្នុងខ្លួន បង្ហាញឲ្យគេឃើញថា លោកមានការព្រួយបារម្ភជាខ្លាំង។ ១៨ ប្រជាជនចេញពីផ្ទះរៀងៗខ្លួន ជួបជុំគ្នាជាក្រុមៗ ដើម្បីអង្វរព្រះជាម្ចាស់រួមគ្នា សូមព្រះអង្គពង្វាងភាពអាម៉ាស់ ចេញពីទីសក្ការៈនេះផង។ ១៩ ស្ត្រីៗស្លៀកសម្លៀកបំពាក់កាន់ទុក្ខ ចេញមកពាសពេញតាមផ្លូវ។ រីឯយុវនារី ដែលគេហាមមិនឲ្យចេញក្រៅផ្ទះ ខ្លះរត់ទៅមាត់ទ្វារ ខ្លះនៅតាមរបង ខ្លះអើតតាមបង្អួច ២០ នាងលើកដៃឡើងអង្វរព្រះជាម្ចាស់ ២១ នេះជាទិដ្ឋភាពគួរឲ្យអាណិតអាសូរ ចំពោះមហាជនដែលកំពុងក្រាបចុះដល់ដីទូលអង្វរ ហើយគួរឲ្យអាណិតលោកមហាបូជាចារ្យ ដែលញាប់ញ័រ តក់ស្លុត តប់ប្រមល់យ៉ាងខ្លាំង។ ២២ ពេលពួកគេអង្វរព្រះជាម្ចាស់ ដ៏មានឫទ្ធានុភាពសព្វប្រការ សូមព្រះអង្គជួយការពារទ្រព្យសម្បត្តិ ដែលគេផ្ញើទុកឲ្យគង់វង្ស ២៣ លោកអេលីយ៉ូដ័រក៏អនុវត្តតាមបញ្ជារបស់ស្ដេច។ ២៤ លោកអេលីយ៉ូដ័រ និងពលទាហាន បានមកដល់ក្បែរឃ្លាំងប្រាក់ហើយ។ ពេលនោះ ព្រះអម្ចាស់នៃពពួកទេវតាទាំងឡាយ ដែលមានអំណាចគ្រប់យ៉ាងលេចធ្លោឡើងយ៉ាងអស្ចារ្យ។ ព្រះជាម្ចាស់ប្រកបដោយឫទ្ធានុភាព វាយប្រហារអស់អ្នកដែលហ៊ានចូលមកកាន់ទីនេះ ធ្វើឲ្យពួកគេបាក់កម្លាំង និងបាត់បង់សេចក្ដីក្លាហាន។ ២៥ ពួកគេឃើញសេះមួយពាក់គ្រឿងក្រោះយ៉ាងល្អប្រណីត ហើយអ្នកជិះដែលពាក់អាវក្រោះមាស មានរាងគួរឲ្យស្ញែងខ្លាច ឡើងជិះលើខ្នងសេះនោះ។ សេះបោលសំដៅស្ទុះទៅរកលោកអេលីយ៉ូដ័រយ៉ាងលឿន លើកជើងមុខចំប្រាវទៅលើលោក។ ២៦ នៅពេលនោះ មានយុវជនពីរនាក់ទៀត លេចចេញមកឲ្យលោកអេលីយ៉ូដ័រឃើញ បុរសទាំងពីរនេះមានកម្លាំងខ្លាំងក្លា រូបសម្បត្តិក៏ល្អស្អាត ហើយស្លៀកសម្លៀកបំពាក់យ៉ាងល្អប្រណីត ឈរនៅសងខាងលោក ហើយវាយប្រហារលោកឥតដកដៃឡើយ។ ២៧ លោកអេលីយ៉ូដ័រដួលដល់ដីមួយរំពេចទាំងមិនដឹងខ្លួន ហើយគេគ្រាហ៍លោកយកទៅដាក់លើគ្រែ។ ២៨ លោកនេះដែលទើបចូលក្នុងឃ្លាំង ដោយមានកងទ័ពជាច្រើនមកជាមួយផង ពេលនេះ ត្រូវគេសែងយកទៅ ព្រោះគាត់មិនអាចជួយខ្លួនឯង។ អ្នកទាំងនោះស្គាល់យ៉ាងច្បាស់នូវអំណាចរបស់ព្រះជាម្ចាស់។ ២៩ ឫទ្ធិបារមីរបស់ព្រះជាម្ចាស់បានប្រហារលោកអេលីយ៉ូដ័រ ឲ្យដេកស្ដូកស្ដឹងនៅស្ងៀម និយាយមិនកើត គ្មានសង្ឃឹមនឹងអាចរស់ទៀតបាន។ ៣០ រីឯប្រជាជននៅទីក្រុងវិញ ពួកគេលើកតម្កើងព្រះអម្ចាស់ ដែលបានសម្ដែងសិរីរុងរឿងរបស់ព្រះអង្គ មកការពារទីសក្ការៈរបស់ព្រះអង្គ។ កាលពីមុននេះបន្តិច នៅទីនោះ គេភ័យខ្លាច និងជ្រួលច្របល់ តែឥឡូវនេះ មានអំណរសប្បាយរីករាយ ដោយសារព្រះអម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការបានសម្ដែងព្រះអង្គឲ្យគេឃើញ។ ៣១ អ្នកខ្លះដែលនៅជាមួយលោកអេលីយ៉ូដ័រ សូមលោកអូនីយ៉ាស ជាមហាបូជាចារ្យ ជួយអង្វរព្រះដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមេត្តាប្រោសប្រទានជីវិតឲ្យលោក ដែលដេកស្ដូកស្ដឹងជិតផុតដង្ហើមនេះផង។ ៣២ លោកមហាបូជាចារ្យថ្វាយយញ្ញបូជា សូមព្រះជាម្ចាស់ប្រោសឲ្យលោកអេលីយ៉ូដ័រ មានជីវិតឡើងវិញ ដ្បិតលោកមហាបូជាចារ្យខ្លាចស្ដេចស្មានថា ជនជាតិយូដាបានប្រព្រឹត្តអំពើអាក្រក់ណាមួយចំពោះលោកអេលីយ៉ូដ័រ។ ៣៣ ពេលលោកមហាបូជាចារ្យអូនីយ៉ាសកំពុងថ្វាយយញ្ញបូជារំដោះបាប យុវបុរសទាំងពីរមានសម្លៀកបំពាក់ដដែល ក៏លេចចេញមកឲ្យលោកអេលីយ៉ូដ័រឃើញម្ដងទៀត ហើយឈរនៅក្បែរលោក ទាំងមានប្រសាសន៍ថា៖ «សូមអរគុណលោកមហាបូជាចារ្យយ៉ាងខ្លាំង ដ្បិតដោយសារលោក ព្រះជាម្ចាស់ប្រោសប្រទានឲ្យលោករួចជីវិត។ ៣៤ រីឯអ្នកវិញ ព្រះជាម្ចាស់បានស្ដីប្រដៅអ្នក ឥឡូវនេះ ចូរទៅប្រកាសប្រាប់មនុស្សម្នាទាំងអស់ ឲ្យបានដឹងអំពីឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គចុះ។ យុវបុរសទាំងពីរនាក់មានប្រសាសន៍ដូច្នេះហើយ ក៏បាត់មើលលែងឃើញទៅ។
៣៥ លោកអេលីយ៉ូដ័រថ្វាយយញ្ញបូជាចំពោះព្រះអម្ចាស់ ហើយអរព្រះគុណព្រះអង្គដែលបានទុកជីវិតឲ្យលោក។ បន្ទាប់មក លោកជម្រាបលាលោកអូនីយ៉ាស ហើយនាំកងទ័ពត្រឡប់ទៅគាល់ស្តេចវិញ។ ៣៦ លោកតែងតែប្រកាសពីស្នាព្រះហស្តរបស់ព្រះជាម្ចាស់ដ៏ប្រសើរឧត្តម ដែលលោកឃើញផ្ទាល់នឹងភ្នែក។ ៣៧ ព្រះរាជាសួរលោកថា៖ «តើត្រូវចាត់មនុស្សបែបណាឲ្យទៅក្រុងយេរូសាឡឹមសាជាថ្មី»។ លោកអេលីយ៉ូដ័រទូលថា៖ ៣៨ «ប្រសិនបើព្រះករុណាមានសត្រូវម្នាក់ ឬអ្នកណាម្នាក់ដែលចង់ក្បត់ប្រឆាំងនឹងព្រះករុណា សូមព្រះករុណាចាត់គេឲ្យទៅទីនោះចុះ!។ ប្រសិនបើអ្នកនោះរួចខ្លួន គេមុខជាត្រឡប់មកវិញមានស្នាមជាំពេញខ្លួន! ដ្បិតឫទ្ធានុភាពរបស់ព្រះជាម្ចាស់ពិតជាស្ថិតនៅទីនោះ។ ៣៩ ព្រះអង្គដែលគង់នៅស្ថានបរមសុខ ព្រះអង្គទតមើល និងថែរក្សាការពារទីនោះ ព្រះអង្គនឹងវាយព្រមទាំងបំផ្លាញអស់អ្នកដែលមានគម្រោងការអាក្រក់ចំពោះទីនោះ»។ ៤០ ព្រឹត្តិការណ៍ស្តីពីលោកអេលីយ៉ូដ័រ និងការថែរក្សាឃ្លាំងប្រាក់នៃព្រះវិហារកើតឡើងដូច្នេះឯង។
៤
ព្រះបាទអន់ទីយ៉ូគូសធ្វើទុក្ខបុកម្មេញជនជាតិយូដា
លោកស៊ីម៉ូនចោទប្រកាន់លោកអូនីយ៉ាស
១ លោកស៊ីម៉ូនដែលបានរាយការណ៍អំពីឃ្លាំងប្រាក់ និងអំពីប្រទេសជាតិ នៅតែមូលបង្កាច់លោកអូនីយ៉ាស ដោយពោលថា លោកបានវាយធ្វើបាបលោកអេលីយ៉ូដ័រ និងបង្កហេតុអាក្រក់ទាំងនោះផង។ ២ ទោះបីលោកអូនីយ៉ាស ជាអ្នកធ្វើអំពើល្អដល់ទីក្រុងក្តី ជាអ្នកការពារបងប្អូនរួមជាតិក្តី និងជាអ្នកកាន់វិន័យដោយចិត្តស្មោះក្តី ក៏លោកស៊ីម៉ូនហ៊ានចោទប្រកាន់លោកអូនីយ៉ាសថា ជាជនឃុបឃិតប្រឆាំងនឹងរដ្ឋអំណាច។ ៣ លោកស៊ីម៉ូនស្អប់លោកអូនីយ៉ាសកាន់តែខ្លាំងឡើងៗ រហូតដល់គាត់រើសជនខ្លះឲ្យប្រព្រឹត្តអំពើឃាតកម្មក្នុងក្រុង។ ៤ លោកអូនីយ៉ាសយល់ថា ការប្រឆាំងគ្នាដូច្នេះ នាំឲ្យកើតអន្តរាយ ហើយឃើញថា លោកអាប៉ូឡូនីយ៉ូស ជាកូនរបស់លោកមេណេថេ ជាអភិបាលស្រុកស៊ីរី និងស្រុកភេនីស៊ីទាំងមូល ញុះញង់លោកស៊ីម៉ូន ឲ្យមានចិត្តអាក្រក់ប្រឆាំងនឹងគាត់។ ៥ ដូច្នេះ លោកចូលទៅគាល់ស្តេច គ្មានគោលបំណងចោទប្រកាន់ជនរួមជាតិរបស់ខ្លួនទេ គឺលោកគិតតែពីប្រយោជន៍រួម ជាពិសេសផលប្រយោជន៍របស់ប្រជាជនទាំងមូល។ ៦ លោកយល់ឃើញយ៉ាងច្បាស់ថា ប្រសិនបើព្រះរាជាមិនចេញរាជក្រឹត្យទេនោះ សន្តិភាពក៏មិនអាចកើតមាន ក្នុងចំណោមមន្ត្រីរាជការឡើយ រីឯលោកស៊ីម៉ូនក៏មិនចោលគំនិតលេលារបស់គាត់ដែរ។
មហាបូជាចារ្យយ៉ាសូនបង្ខំឲ្យប្រជាជនកាន់តាមអរិយធម៌ក្រិក
(១មបា, ១.១០-១៥)
៧ ព្រះបាទសេលើគូសសោយទិវង្គតហើយ។ ព្រះបាទអន់ទីយ៉ូគូសហៅអេពីផានឡើងស្នងរាជ្យ។ លោកយ៉ាសូន ជាប្អូនរបស់លោកអូនីយ៉ាស ដណ្ដើមយកមុខងារជាមហាបូជាចារ្យ។ ៨ លោកសុំចូលគាល់ព្រះរាជា ហើយសន្យាថា នឹងថ្វាយប្រាក់ចំនួនមួយម៉ឺនគីឡូក្រាម និងប្រាក់ពីរពាន់ពីររយគីឡូក្រាមទៀត ដែលបានមកពីការហូតពន្ធដារផ្សេងៗ។ ៩ ប្រសិនបើព្រះរាជាអនុញ្ញាតឲ្យលោកសង់កីឡាដ្ឋាន និងមណ្ឌលសម្រាប់ហ្វឹកហ្វឺនយុវជន ព្រមទាំងធ្វើជំរឿនប្រជាជននៅក្រុងយេរូសាឡឹម ដែលអាចចូលសញ្ជាតិអន់ទីយ៉ូកនោះ លោកយ៉ាសូនសន្យាថា នឹងថ្វាយប្រាក់ចំនួនបួនពាន់គីឡូក្រាមថែមទៀត។ ១០ ព្រះរាជាក៏យល់ព្រមតាមសំណូមពររបស់លោក។ ពេលលោកយ៉ាសូនដណ្ដើមអំណាច លោកណែនាំបងប្អូនរួមជាតិ ឲ្យប្ដូររបៀបរស់នៅតាមអរិយធម៌ក្រិកវិញ។ ១១ លោកលុបបំបាត់ចោលរាជក្រឹត្យ ដែលស្ដេចអនុគ្រោះឲ្យជនជាតិយូដាមិនបាច់បង់ពន្ធ នៅពេលលោកយ៉ូហាន ជាឪពុករបស់លោកអឺប៉ូឡែមធ្វើអន្តរាគមន៍។ (នៅគ្រានោះ គេចាត់ឲ្យលោកអឺប៉ូឡែមទៅក្រុងរ៉ូមក្នុងឋានៈជាទូត ដើម្បីចងសម្ពន្ធមិត្ត និងចងមិត្តភាពជាមួយជនជាតិរ៉ូម៉ាំង)។ លោកយ៉ាសូនបំផ្លាញទំនៀមទម្លាប់ដែលស្របតាមធម្មវិន័យ ដើម្បីអនុវត្តតាមទំនៀមទម្លាប់់ ដែលផ្ទុយពីធម្មវិន័យ។ ១២ លោកសប្បាយចិត្តដោយបានសង់កីឡាដ្ឋាននៅជើងភ្នំនៃទីក្រុង ហើយនាំយុវជនដ៏ស្អាតៗជាងគេមកហាត់ហ្វឹកហ្វឺន តាមរបៀបក្រិក។ ១៣ ហេតុនេះហើយបានជាអារ្យធម៌ក្រិក និងឥទ្ឋិពលបរទេស ចូលមកក្នុងស្រុកយូដាច្រើនហួសកម្រិត ដោយសារតែចិត្តពាលហួសនិស្ស័យរបស់លោកយ៉ាសូន។ គាត់ជាជនអន្ឋពាល ពុំមែនជាមហាបូជាចារ្យទេ។ ១៤ ក្រុមបូជាចារ្យមិនយកចិត្តទុកដាក់បម្រើអាសនៈទេ គឺពួកគេមិនគោរពព្រះវិហារ ហើយមិនយកចិត្តទុកដាក់ថ្វាយយញ្ញបូជាឡើយ។ ពេលឮស្នូរជួងបន្លឺឡើង ពួកគេប្រញាប់ប្រញាល់ចេញទៅទទួលប្រេង ដែលមានចែកក្នុងកីឡាដ្ឋាន ទោះបីធម្មវិន័យហាមឃាត់ក៏ដោយ។ ១៥ ពួកគេមិនយកចិត្តទុកដាក់នឹងកិត្តិយស ដែលបានមកតាមរយៈប្រពៃណីដូនតាទេ គឺគិតតែពីរកកិត្តិយស ដែលបានមក តាមរបៀបក្រិកវិញ។ ១៦ ហេតុនេះហើយ នៅពេលក្រោយ ពួកគេជួបប្រទះនឹងការលំបាកយ៉ាងធ្ងន់ធ្ងរ ព្រោះគេខិតខំយកតម្រាប់តាមជនជាតិក្រិក និងខិតខំធ្វើឲ្យបានដូចគេទាំងអស់ តែជនជាតិក្រិកក្លាយទៅជាខ្មាំងសត្រូវ ជិះជាន់សង្កត់សង្កិនពួកគេវិញ។ ១៧ មនុស្សដែលបំពានវិន័យរបស់ព្រះជាម្ចាស់ រមែងតែងតែទទួលផលវិបាក! ដូចព្រឹត្តិការណ៍ ដែលកើតមាននៅជំនាន់ក្រោយនេះបញ្ជាក់ឲ្យឃើញស្រាប់។
១៨ នៅគ្រានោះ មានការប្រកួតកីឡានៅក្រុងទីរ៉ុស ដូចគេធ្លាប់ចាត់ចែងរៀងរាល់បួនឆ្នាំម្ដង ដោយមានទាំងស្ដេចយាងចូលទតដែរ។ ១៩ ជនអន្ឋពាលយ៉ាសូននេះចាត់តំណាងជនជាតិយូដា ដែលចូលសញ្ជាតិអន់ទីយ៉ូក ឲ្យទៅចូលរួមប្រកួតកីឡាជាមួយគេ ព្រមទាំងនាំយកប្រាក់បីរយដួងសម្រាប់ធ្វើយញ្ញបូជាថ្វាយព្រះអេរ៉ាគ្លេស។ ប៉ុន្តែ ពួកអ្នកដែលនាំយកប្រាក់នេះទៅ យល់ឃើញថាមិនគួរចំណាយប្រាក់សម្រាប់ធ្វើយញ្ញបូជានេះទេ គួរទុកប្រាក់នេះសម្រាប់ចំណាយក្នុងករណីផ្សេងវិញ។ ២០ ហេតុនេះ ពួកអ្នកដែលនាំយកប្រាក់សម្រាប់ថ្វាយយញ្ញបូជាព្រះអេរ៉ាគ្លេសសម្រេចថា យកប្រាក់នោះធ្វើនាវាចម្បាំងផ្ទុយពីបំណងរបស់លោកយ៉ាសូន។
ប្រជាជនក្រុងយេរូសាឡឹមអបអរសាទរព្រះបាទអន់ទីយ៉ូគូស
២១ ព្រះបាទអន់ទីយ៉ូគូសចាត់លោកអាប៉ូឡូនីយ៉ូស ជាកូនរបស់លោកមេណេថេ ទៅស្រុកអេស៊ីប ដើម្បីចូលរួមពីធីអភិសេករបស់ព្រះបាទភីឡូមេទ័រ។ នៅពេលនោះ ព្រះបាទអន់ទីយ៉ូគូសជ្រាបថា ស្ដេចស្រុកអេស៊ីបមិនយល់ស្របនឹងនយោបាយរបស់ខ្លួនទេ។ ដូច្នេះ ព្រះរាជាខិតខំយកចិត្តទុកដាក់នឹងសន្តិសុខ ក្នុងរាជាណាចក្ររបស់ខ្លួន។ ហេតុនេះហើយ ព្រះអង្គយាងទៅក្រុងយ៉ូប៉េ រួចបន្តដំណើរទៅក្រុងយេរូសាឡឹមទៀត។ ២២ លោកយ៉ាសូន និងប្រជាជនក្នុងក្រុង ទទួលស្វាគមន៍ព្រះរាជាយ៉ាងអធិកអធម យាងព្រះរាជាចូលទីក្រុងទាំងអបអរ ក្រោមពន្លឺភ្លើងចន្លុះ និងសំឡេងជយឃោសផង។ បន្ទាប់មក ព្រះរាជានាំកងទ័ពទៅបោះទីតាំងនៅស្រុកភេនីស៊ី។
លោកម៉េណេឡាឡើងធ្វើជាមហាបូជាចារ្យ
២៣ បីឆ្នាំក្រោយមក លោកយ៉ាសូនចាត់លោកម៉េណេឡា ជាប្អូនរបស់លោកស៊ីម៉ូន ដែលបានរៀបរាប់ខាងលើ ឲ្យនាំយកប្រាក់មួយចំនួនទៅថ្វាយស្តេច ព្រមទាំងចរចាអំពីការងារសំខាន់ៗ។ ២៤ លោកម៉េណេឡាចូលគាល់ព្រះរាជា ដោយធ្វើឫកពារជាអ្នកមានអំណាចយ៉ាងខ្ពង់ខ្ពស់។ គាត់យកប្រាក់ចំនួនបីរយណែន លើសពីប្រាក់របស់លោកយ៉ាសូនថ្វាយព្រះរាជា ដើម្បីទទួលមុខងារជាមហាបូជាចារ្យជំនួសលោកយ៉ាសូន។ ២៥ លោកវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ទាំងកាន់រាជក្រឹត្យតែងតាំងពីព្រះរាជា ប៉ុន្តែ លោកមិនបានប្រព្រឹត្តអ្វី ឲ្យសមនឹងឋានៈរបស់ខ្លួនជាមហាបូជាចារ្យទេ គឺលោកប្រព្រឹត្តអំពើឃោរឃៅ កាន់អំណាចផ្តាច់ការ គ្មានត្រាប្រណីដូចសត្វសាហាវ។ ២៦ ដូច្នេះ លោកយ៉ាសូនដែលដណ្តើមមុខងារជាមហាបូជាចារ្យពីបងរបស់ខ្លួន ក៏ត្រូវអ្នកដទៃដណ្តើមយកមុខងារនេះ ពីគាត់វិញដែរ ហើយត្រូវរត់ភៀសខ្លួនទៅស្រុកអាំម៉ាន់។ ២៧ រីឯលោកម៉េណេឡាវិញ គាត់ឡើងកាន់អំណាចមែន ប៉ុន្តែ គាត់មិនយកមាសប្រាក់ទៅថ្វាយព្រះរាជា ដូចពាក្យដែលលោកសន្យានោះទេ។ ២៨ លោកសូស្ត្រាតដែលជាមេបញ្ជាការនៅក្រុងយេរូសាឡឹម ជាអ្នកទទួលខុសត្រូវចំពោះការប្រមូលពន្ធដារ នៅតែធ្វើការតវ៉ាទាមទារប្រាក់នោះ។ ទីបញ្ចប់ ព្រះរាជាកោះហៅអ្នកទាំងពីរឲ្យចូលគាល់។ ២៩ លោកម៉េណេឡាឲ្យលោកលីស៊ីម៉ាក ជាប្អូន បំពេញមុខងារជាមហាបូជាចារ្យជំនួសលោក រីឯលោកសូស្ត្រាតក៏ឲ្យលោកក្រាទែស ធ្វើជាមេទ័ពរបស់ពួកទាហានកោះគីប្រុសជំនួសលោកដែរ។
លោកអូនីយ៉ាសត្រូវគេធ្វើឃាត
៣០ នៅគ្រានោះ អ្នកក្រុងតារសូស និងអ្នកក្រុងម៉ាឡូស បះបោរប្រឆាំងនឹងស្តេច ព្រោះស្តេចបានប្រគល់ក្រុងទាំងពីរទៅឲ្យនាងអន់ទីយ៉ូឃីស ជាស្នំឯករបស់ស្តេច។ ៣១ ដូច្នេះ ព្រះរាជាយាងចេញយ៉ាងប្រញាប់ ដើម្បីបង្ក្រាបពួកបះបោរ ដោយទុកឲ្យលោកអន់ដ្រូនីក ជាមន្ត្រីជាន់ខ្ពស់ម្នាក់ ទទួលបន្ទុកជំនួស។ ៣២ លោក ម៉េណេឡាយល់ឃើញថា នេះជាឱកាសល្អសម្រាប់គាត់ហើយ! គាត់ក៏លួចយកគ្រឿងមាសខ្លះពីទីសក្ការៈ ជូនជាអំណោយដល់លោកអន់ដ្រូនីក។ គាត់ក៏ឆ្លៀតលក់គ្រឿងមាសប្រាក់ខ្លះទៀត នៅក្រុងទីរ៉ុស និងក្រុងជិតខាង។ ៣៣ លោកអូនីយ៉ាសទទួលព័ត៌មានយ៉ាងច្បាស់អំពីរឿងនេះ លោកក៏ភៀសខ្លួនទៅពួនក្នុងវិហារនៅក្រុងដាប់ណេ ក្បែរក្រុងអន់ទីយ៉ូក ជាជម្រកដែលគ្មាននរណាមានសិទ្ធិចូលបាន ហើយ ចោទប្រកាន់លោកម៉េណេឡាយ៉ាងខ្លាំង។ ៣៤ លោកម៉េណេឡា ជួបលោកអន់ដ្រូនីកជាសម្ងាត់ ហើយញុះញង់ឲ្យសម្លាប់លោកអូនីយ៉ាស។ ដូច្នេះ លោកអន់ដ្រូនីកទៅជួបលោកអូនីយ៉ាស ដោយប្រើល្បិចកល លោកលូកដៃស្តាំទៅគេបញ្ជាក់ថា លោកអត់ទោសឲ្យទាំងស្បថស្បែ។ ធ្វើដូច្នេះ លោកបញ្ចុះបញ្ចូលលោកអូនីយ៉ាស ឲ្យចេញពីជម្រក ទោះបីលោកអូនីយ៉ាសនៅតែមានការសង្ស័យក្តី។ លុះលោកអូនីយ៉ាសចេញពីជម្រកហើយ លោកអន់ដ្រូនីកសម្លាប់គាត់ភ្លាម ដោយមិនគោរពយុត្តិធម៌សោះឡើយ។ ៣៥ ឃាតកម្មដ៏អយុត្តិធម៌លើមនុស្សសុចរិតនេះ មិនគ្រាន់តែបណ្តាលឲ្យជនជាតិយូដាជ្រួលច្របល់ ប៉ុណ្ណោះទេ សូម្បីតែសាសន៍ដទៃជាច្រើនក៏ទាស់ចិត្ត និងជ្រួលច្របល់យ៉ាងខ្លាំងដែរ។
៣៦ កាលព្រះរាជាយាងត្រឡប់មកពីបង្ក្រាបអ្នកក្រុងស៊ីលីស៊ីវិញ ជនជាតិយូដានៅក្រុងអន់ទីយ៉ូក និងជនជាតិក្រិកមួយចំនួន ដែលស្អប់ខ្ពើមអំពើអាក្រក់ដូចជនជាតិយូដា នាំគ្នាចូលទៅគាល់ស្តេច តវ៉ាអំពីអំពើឃាតកម្មដែលគ្មានហេតុផលលើលោកអូនីយ៉ាស។ ៣៧ ព្រះបាទអន់ទីយ៉ូគូសមានព្រះហឫទ័យសោកសង្រេង អាណិតអាសូរលោកអូនីយ៉ាសខ្លាំងណាស់ ព្រះរាជាព្រះអង្គព្រះកន្សែង ដោយនឹកដល់ប្រាជ្ញា និងចិត្តស្លូតត្រង់របស់លោក។ ៣៨ ព្រះរាជាក្រេវក្រោធយ៉ាងខ្លាំង បញ្ជាឲ្យគេដោះអាវស្វាយពីលោកអន់ដ្រូនីកចេញភ្លាម ហែកសម្លៀកបំពាក់នោះចោល ហើយបណ្តើរអាក្រាតក្នុងក្រុងទាំងមូល រហូតដល់កន្លែងដែលលោកប្រព្រឹត្តអំពើអាក្រក់បំផុត ដោយប្រហារជីវិតលោកអូនីយ៉ាស ព្រះអង្គក៏ប្រហារជីវិតឃាតករនៅទីនោះដែរ។ ព្រះអម្ចាស់ដាក់ទោសយ៉ាងត្រឹមត្រូវចំពោះលោកអន់តូនីក។
លោកលីស៊ីម៉ាកត្រូវស្លាប់
៣៩ នៅគ្រានោះ លោកលីស៊ីម៉ាកបានលួចយកគ្រឿងសក្ការៈជាច្រើន ក្នុងព្រះវិហារនៃក្រុងយេរូសាឡឹម ដោយផ្សំគំនិតជាមួយលោកម៉េណេឡា ជាបង។ គ្រឿងប្រដាប់ដែលធ្វើពីមាស និងប្រាក់ជាច្រើនត្រូវបាត់បង់។ ដំណឹងនេះក៏លេចឮពាសពេញក្នុងក្រុង។ ប្រជាជននាំគ្នាបះបោរប្រឆាំងនឹងលោកលីស៊ីម៉ាក។ ៤០ ពេលលោកលីស៊ីម៉ាកឃើញប្រជាជនបះបោរ ទាំងកំហឹងពុះកញ្ជ្រោលដូច្នេះ លោករៀបចំកងទ័ព ប្រហែលបីពាន់នាក់ ចេញទៅបង្ក្រាបមហាជនដោយអយុត្តិធម៌ ក្រោមការដឹកនាំរបស់លោកអូរ៉ានូស ជាមនុស្សដែលមានអាយុច្រើន ហើយលេលាផង។ ៤១ ប្រជាជនសង្កេតឃើញថា កងទ័ពវាយប្រហារមកលើពួកគេដូច្នេះ គឺបណ្តាលមកពីលោកលីស៊ីម៉ាក ហេតុនេះ អ្នកខ្លះយកដុំថ្ម អ្នកខ្លះយកព្រនង់មកវាយ អ្នកខ្លះយកផេះដែលនៅក្បែរអាសនៈ ក្តាប់បាចមកលើកងទ័ពរបស់លោកលីស៊ីម៉ាក ជាហេតុនាំឲ្យមានការជ្រួលច្របល់យ៉ាងខ្លាំង។ ៤២ ពួកគេវាយកងទ័ពមួយចំនួនធំឲ្យរបួស ហើយខ្លះត្រូវស្លាប់ទៀតផង។ គេបណ្តេញអ្នកដែលនៅសេសសល់ឲ្យរត់អស់ ហើយប្រហារជីវិតលោកលីស៊ីម៉ាក ដែលជាអ្នកប្លន់គ្រឿងសក្ការៈនៅក្បែរឃ្លាំងនោះ។
៤៣ គេប្តឹងលោកម៉េណេឡាពីហេតុការណ៍ទាំងនេះ។ ៤៤ កាលព្រះរាជាយាងទៅក្រុងទីរ៉ុស ក្រុមព្រឹទ្ធាចារ្យចាត់មេធាវីបីនាក់ឲ្យនិយាយតវ៉ាការពារក្តីរបស់គេ នៅចំពោះព្រះភ័ក្រ្តរបស់ព្រះរាជា។ ៤៥ លោកម៉េណេឡាដឹងថា គាត់មុខជាចាញ់ក្តីជាពុំខាន ហេតុនេះ គាត់សន្យាថានឹងឲ្យប្រាក់ជាច្រើនដល់លោកផ្ទូលេមេ ជាកូនរបស់លោកដូរីមែន ដើម្បីទូលព្រះរាជាឲ្យគាត់បានឈ្នះក្តីនោះ។ ៤៦ ដូច្នេះលោកផ្ទូលេមេនាំព្រះរាជាទៅទីលានខាងក្រៅ ដោយយកលេសថា ទៅយកខ្យល់អាកាស ហើយទូលស្តេចឲ្យដូរព្រះហឫទ័យ។ ៤៧ ព្រះរាជាលើកលែងទោសជនពាលម៉េណេឡា ដែលជាអ្នកបង្កគ្រោះកាចទាំងអស់នេះ ឲ្យរួចខ្លួនពីការចោទប្រកាន់ទាំងអស់។ ផ្ទុយទៅវិញ ស្តេចកាត់ទោសប្រហារជីវិតជនស្លូតត្រង់ដែលឡើងការពារក្តីរបស់គេ។ សូម្បីតែជនជាតិស៊ីតដ៏ឃោរឃៅ ក៏គេចេះគិតថា ប្រសិនបើពួកគេជាអ្នកវិនិច្ឆ័យក្នុងរឿងនេះ ពួកគេមុខជាដោះលែងជនស្លូតត្រង់ទាំងនោះឲ្យរួចខ្លួនពុំខាន!។ ៤៨ រំពេចនោះ គេប្រហារជីវិតអស់អ្នកដែលបាននិយាយការពារក្រុងស្រុកភូមិ និងគ្រឿងប្រដាប់សក្ការៈ។ ការនេះពិតជាអយុត្តិធម៌មែន!។ ៤៩ ហេតុនេះ អ្នកក្រុងទីរ៉ុស ទាស់ចិត្តនឹងអំពើអាក្រក់នេះ ហើយនាំគ្នាជួយធ្វើពិធីបញ្ចុះសពអ្នកទាំងនោះយ៉ាងអធិកអធម។ ៥០ ចំពោះលោកម៉េណេឡា នៅតែកាន់អំណាចរហូត ដោយសារតែអ្នកគ្រប់គ្រងមានចិត្តលោភលន់។ គាត់មានចិត្តកាន់តែអាក្រក់ឡើងៗ ហើយក្លាយទៅជាសត្រូវយ៉ាងធំរបស់បងប្អូនរួមជាតិ។
៥
ព្រះបាទអន់ទីយ៉ូគូសវាយប្រហារស្រុកអេស៊ីប
១ នៅសម័យនោះ ព្រះបាទអន់ទីយ៉ូគូសរៀបចំចេញប្រយុទ្ធ ជាមួយស្រុកអេស៊ីបសាជាថ្មី។ ២ ក្នុងអំឡុងពេលប្រហែលជាសែសិបថ្ងៃ គេឃើញមានពលសេះស្លៀកសម្លៀកបំពាក់សុទ្ធតែប៉ាក់ពីមាស និងពលទាហានកាន់លំពែងហោះហើរលើអាកាស ក្នុងក្រុងយេរូសាឡឹមទាំងមូល។ ទ័ពទាំងនោះចែកជាកង់ៗ ៣ មានកងពលសេះត្រៀមខ្លួនចេញប្រយុទ្ធ។ គេឃើញមានការប្រយុទ្ធគ្នា ខែលគ្រវីចុះឡើង លំពែងដ៏ច្រើនច្រូងច្រាងដូចព្រៃ ដាវហូតចេញមក ព្រួញហោះទៅមក អាវក្រោះធ្វើពីមាសចាំងភ្លឺផ្លេកៗ។ ៤ ហេតុនេះ ប្រជាជនទាំងអស់ទូលអង្វរព្រះជាម្ចាស់ សូមឲ្យអភូតហេតុដែលគេឃើញនោះ នាំមកនូវប្រផ្នូលល្អ។
៥ មានគេផ្សាយដំណឹងកុហកថា ព្រះបាទអន់ទីយ៉ូគូសសោយទិវង្គតហើយ។ ពេលនោះលោកយ៉ាសូន ប្រមូលកងទ័ពយ៉ាងតិចមួយពាន់នាក់ ហើយចេញទៅវាយប្រហារក្រុងយេរូសាឡឹម មិនឲ្យប្រជាជនដឹងខ្លួនជាមុន។ កងពលនោះវាយសម្រុកទំលាយកំពែង ហើយគេដណ្តើមយកក្រុងបាន។ លោកម៉េណេឡារត់ភៀសខ្លួនទៅជ្រកនៅក្នុងបន្ទាយ ដែលនៅខាងលើព្រះវិហារ។ ៦ លោកយ៉ាសូនសម្លាប់ជនរួមជាតិរបស់ខ្លួនឥតត្រាប្រណី គាត់ពុំបានគិតថា ជ័យជម្នះលើបងប្អូនរួមជាតិដូច្នេះ វាជាការបរាជ័យមួយដ៏ជូរចត់ទៅវិញទេ។ គាត់នឹកស្មានថា គាត់កំពុងឈ្នះលើខ្មាំងសត្រូវរបស់ខ្លួន ពុំមែនឈ្នះលើបងប្អូនរួមជាតិរបស់គាត់ឡើយ!។ ៧ ម្យ៉ាង គាត់ពុំអាចដណ្តើមយកអំណាចបាន ម្យ៉ាងទៀត គាត់ត្រូវអាម៉ាស់ដោយសារតែគាត់ក្បត់ជាតិ ហើយត្រូវតែភៀសខ្លួនសាជាថ្មី ទៅនៅស្រុកអាំម៉ាន់វិញ។ ៨ ជីវិតរបស់ជនឧក្រិដ្ឋនេះត្រូវចប់យ៉ាងវេទនា គឺដំបូងព្រះបាទអរេតាស ជាស្តេចនៃជនជាតិអារ៉ាប់ ចាប់គាត់ឃុំឃាំង។ បន្ទាប់មក គាត់រត់ពីក្រុងមួយទៅក្រុងមួយ គាត់ត្រូវគេដេញ និងស្អប់គ្រប់ៗគ្នា ព្រោះគាត់បានបំពានធម្មវិន័យ គេស្អប់ខ្ពើមគាត់ ព្រោះគាត់នាំឲ្យមាតុភូមិជួបនូវសេចក្តីអន្តរាយ និងសម្លាប់ប្រជាជនរបស់ខ្លួនទៀតផង។ នៅទីបំផុត គេបណ្តេញគាត់ដល់ស្រុកអេស៊ីប។ ៩ គាត់ជិះសំពៅចេញពីស្រុកអេស៊ីបទៅក្រុងស្ប៉ាត ដ្បិតគាត់សង្ឃឹមថានឹងបានជ្រកនៅស្រុកនោះ ព្រោះប្រជាជនទាំងពីរមានដើមកំណើតតែមួយ។ ជនពាលនេះបាននិរទេសមនុស្សជាច្រើន ឲ្យចាកចេញពីស្រុកកំណើតរបស់គេ គេស្លាប់នៅលើទឹកដីបរទេស។ ១០ ជនអាក្រក់នេះបានទុកចោលសាកសពមនុស្សជាច្រើន ដោយគ្មាននរណាម្នាក់បញ្ចុះឡើយ។ ដូច្នេះ នៅពេលគាត់ស្លាប់ គ្មាននរណាយំសោកស្តាយស្រណោះ ហើយក៏គ្មាននរណាគោរពសពគាត់ដែរ។ គាត់គ្មានកន្លែងក្នុងផ្នូររួមជាមួយដូនតារបស់គាត់ទេ។
១១ កាលស្តេចទទួលដំណឹងអំពីព្រឹត្តិការណ៍ទាំងនេះ ព្រះអង្គឈ្វេងយល់ថា ស្រុកយូដាបែកចេញពីរាជាណាចក្រហើយ។ ហេតុនេះ ស្តេចចាកចេញពីស្រុកអេស៊ីបទាំងក្រេវក្រោធ ដូចជាសត្វសាហាវ ហើយវាយដណ្តើមយកក្រុងមកវិញ។ ១២ បន្ទាប់មក ស្តេចបញ្ជាពលទាហាន ឲ្យវាយប្រហារឥតត្រាប្រណី ដល់អស់អ្នកដែលធ្លាក់ក្នុងកណ្តាប់ដៃរបស់ពួកគេ និងអារកអស់អ្នកដែលឡើងទៅនៅលើផ្ទះរបស់គេ។ ១៣ ពួកគេសម្លាប់រង្គាល ទាំងបុរស ទាំងស្រ្តី ទាំងក្មេង ចាស់ អារកស្រីក្រមុំ និងទារក។ ១៤ ក្នុងអំឡុងពេលបីថ្ងៃនោះ ប្រជាជនប្រាំបីម៉ឺននាក់ត្រូវរងគ្រោះ គឺបួនម៉ឺននាក់ត្រូវស្លាប់ដោយមុខដាវ ហើយមួយចំនួនទៀត ក៏មិនតិចជាងមួយម៉ឺននាក់ដែរ ត្រូវគេចាប់យកទៅលក់ដូចទាសករ។
ព្រះបាទអន់ទីយ៉ូគូសរឹបអូសយកទ្រព្យសម្បត្តិពីព្រះវិហារ
(១ មរ ១,២១-២៤)
១៥ ព្រះបាទអន់ទីយ៉ូគូសប្រព្រឹត្តប៉ុណ្ណឹងហើយ នៅមិនស្កប់ព្រះហឫទ័យទៀត គឺហ៊ានចូលក្នុងទីសក្ការៈដ៏វិសុទ្ធជាងគេនៅលើផែនដីទាំងមូល ដោយមានលោកម៉េណេឡាជាមនុស្សក្បត់វិន័យ និងក្បត់ជាតិថ្វាយដំណើរស្តេចផង។ ១៦ ព្រះរាជាយកភាជន៍ដ៏សក្ការៈ មកកាន់ក្នុងព្រះហស្តដែលមិនបរិសុទ្ធ ហើយលូកព្រះហស្តដ៏សៅហ្មងប្រមូលតង្វាយ ដែលស្តេចនានាបានយកមកថ្វាយ ដើម្បីធ្វើឲ្យទីសក្ការៈមានសិរីរុងរឿង និងមានកិត្តិយស។ ១៧ ព្រះបាទអន់ទីយ៉ូគូសមានអំនួតដោយមិនយល់ថា ព្រះអម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គព្រះពិរោធតែមួយរយៈពេលដ៏ខ្លី ព្រោះតែអំពើបាបរបស់អ្នកក្រុងនេះ។ នេះជាមូលហេតុដែលព្រះជាម្ចាស់ ធ្វើព្រងើយកន្តើយចំពោះទីដ៏វិសុទ្ធ។ ១៨ ប្រសិនបើអ្នកក្រុងនោះពុំបានប្រព្រឹត្តអំពើបាបច្រើនឥតគណនាទេ ព្រះរាជាមុខជាត្រូវព្រះជាម្ចាស់វាយប្រដៅ តាំងពីពេលដែលស្តេចទើបនឹងយាងមកដល់ម្ល៉េះ ហើយត្រូវបង្វែរមិនឲ្យធ្វើតាមគម្រោងការដ៏លេលានេះ ដូចលោកអេលីយ៉ូដ័រ ដែលព្រះបាទសេលើគូសចាត់ឲ្យមកត្រួតពិនិត្យឃ្លាំងប្រាក់ដែរ។ ១៩ ប៉ុន្តែ ព្រះអម្ចាស់ពុំបានជ្រើសរើសប្រជាជន ព្រោះតែទីសក្ការៈទេ គឺព្រះអង្គបានជ្រើសរើសទីសក្ការៈ ព្រោះតែប្រជាជនវិញ។ ២០ ហេតុនេះហើយ សូម្បីតែទីសក្ការៈក៏ទទួលគ្រោះកាចរួមជាមួយប្រជាជនដែរ តែពេលក្រោយ ទីសក្ការៈក៏បានទទួលពររួមជាមួយប្រជាជនវិញ។ នៅពេលព្រះដ៏មានឫទ្ធានុភាពសព្វប្រការព្រះអង្គព្រះពិរោធ ព្រះវិហារត្រូវគេលះបង់ចោល នៅពេលព្រះអង្គលើកលែងទោសឲ្យប្រជាជន ព្រះវិហារត្រូវបានគេជួសជុលប្រកបដោយសិរីរុងរឿងដូចពីមុន។
លោកអាប៉ូឡូនីយ៉ូស
(១មបា ១.៤១-៤៦)
២១ ព្រះបាទអន់ទីយ៉ូគូសយកប្រាក់ បួនម៉ឺនប្រាំបីពាន់គីឡូក្រាមពីព្រះវិហារ រួចយាងត្រឡប់ទៅក្រុងអន់ទីយ៉ូកជាប្រញាប់។ ព្រះរាជាមានអំនួតជាខ្លាំងរហូតដល់នឹកស្មានថា ខ្លួនអាចធ្វើអ្វីក៏បាន ដូចជាធ្វើឲ្យសំពៅបើកលើគោក និងធ្វើឲ្យមនុស្សដើរលើទឹកសមុទ្រ!។ ២២ ប៉ុន្តែ ព្រះរាជាតែងតាំងទេសាភិបាលជាច្រើន ឲ្យធ្វើបាបប្រជាជាតិយូដា គឺលោកភីលីព ជាជនជាតិព្រីគី ជាមនុស្សមានចិត្តសាហាវជាងស្តេចដែលបានតែងតាំងគាត់ទៅទៀត ឲ្យត្រួតត្រាក្រុងយេរូសាឡឹម។ ព្រះរាជាតែងតាំងលោកអន់ដ្រូនីក ឲ្យត្រួតត្រានៅភ្នំការីស៊ីម។ ២៣ ក្រៅពីអ្នកទាំងពីរនោះ ស្តេចក៏តែងតាំងលោកម៉េណេឡា ម្នាក់ទៀត ដែលជាមនុស្សមានចិត្តអាក្រក់ ជាអ្នកជិះជាន់ជនរួមជាតិ លើសពីលោកភីលីព និងលោកអន់ដ្រូនីកទៅទៀត!។
២១ ព្រះបាទអន់ទីយ៉ូគូសយកប្រាក់ បួនម៉ឺនប្រាំបីពាន់គីឡូក្រាមពីព្រះវិហារ រួចយាងត្រឡប់ទៅក្រុងអន់ទីយ៉ូកជាប្រញាប់។ ព្រះរាជាមានអំនួតជាខ្លាំងរហូតដល់នឹកស្មានថា ខ្លួនអាចធ្វើអ្វីក៏បាន ដូចជាធ្វើឲ្យសំពៅបើកលើគោក និងធ្វើឲ្យមនុស្សដើរលើទឹកសមុទ្រ!។ ២២ ប៉ុន្តែ ព្រះរាជាតែងតាំងទេសាភិបាលជាច្រើន ឲ្យធ្វើបាបប្រជាជាតិយូដា គឺលោកភីលីព ជាជនជាតិព្រីគី ជាមនុស្សមានចិត្តសាហាវជាងស្តេចដែលបានតែងតាំងគាត់ទៅទៀត ឲ្យត្រួតត្រាក្រុងយេរូសាឡឹម។ ព្រះរាជាតែងតាំងលោកអន់ដ្រូនីក ឲ្យត្រួតត្រានៅភ្នំការីស៊ីម។ ២៣ ក្រៅពីអ្នកទាំងពីរនោះ ស្តេចក៏តែងតាំងលោកម៉េណេឡា ម្នាក់ទៀត ដែលជាមនុស្សមានចិត្តអាក្រក់ ជាអ្នកជិះជាន់ជនរួមជាតិ លើសពីលោកភីលីព និងលោកអន់ដ្រូនីកទៅទៀត!។
ព្រះបាទអន់ទីយ៉ូគូសស្អប់ជនជាតិយូដាខ្លាំងណាស់ ២៤ ក៏ចាត់លោកអាប៉ូឡូនីយ៉ូស ជាមេទ័ពនៃទាហានស៊ីឈ្នួល មកពីស្រុកមីស៊ី ឲ្យនាំកងទ័ពចំនួនពីរម៉ឺនពីរពាន់នាក់ ទៅក្រុងយេរូសាឡឹម។ ព្រះរាជាបញ្ជាលោក ឲ្យអារកមនុស្សពេញវ័យទាំងអស់ ព្រមទាំងលក់ស្ត្រី និងកូនក្មេងផង។ ២៥ ពេលលោកអាប៉ូឡូនីយ៉ូស មកដល់ក្រុងយេរូសាឡឹម លោកធ្វើហាក់ដូចជាអ្នកស្រឡាញ់សន្តិភាព។ លោករង់ចាំដល់ថ្ងៃសប្ប័ទ ជាថ្ងៃដ៏វិសុទ្ធ ដែលជនជាតិយូដាឈប់សម្រាក។ នៅថ្ងៃនោះ គាត់រៀបចំកងទ័ពដើរជាក្បួនព្យុហយាត្រា។ ២៦ លោកបញ្ជាកងទ័ពឲ្យសម្លាប់អស់អ្នកដែលចេញទៅមើលក្បួនហែរនោះ រួចចូលទីក្រុងជាមួយកងទ័ពប្រដាប់អាវុធ ហើយកាប់សម្លាប់មនុស្សអស់មួយចំនួនធំ។ ២៧ ពេលនោះ លោកយូដាម៉ាកាបាយភៀសខ្លួនទៅនៅវាលរហោស្ថានជាមួយមនុស្សបួនដប់នាក់ទៀត។ ពួកលោករស់នៅតាមតំបន់ភ្នំ តាមរបៀបសត្វព្រៃ ដោយបរិភោគតែស្មៅ ដើម្បីចៀសវាងភាពសៅហ្មង។
៦
ព្រះបាទអន់ទីយ៉ូគូសយកព្រះដទៃទៅដាក់ក្នុងព្រះវិហារ
(១មរ១,៤១-៦៤)
១ មិនយូរប៉ុន្មានក្រោយមក ព្រះរាជាចាត់លោកកេរ៉ូន ជាអ្នកក្រុងអាថែន ទៅក្រុងយេរូសាឡឹម ដើម្បីបង្ខំជនជាតិយូដាឲ្យបោះបង់ចោលសាសនារបស់ដូនតា និងលែងរស់នៅស្របតាមវិន័យរបស់ព្រះជាម្ចាស់។ ២ លោកទទួលបញ្ជាឲ្យបង្អាប់បង្អោនព្រះវិហារក្រុងយេរូសាឡឹម និងយកព្រះវិហារនោះថ្វាយទៅព្រះស៊ឺសដែលនៅភ្នំអូឡាំ ព្រមទាំងព្រះវិហារដែលស្ថិតនៅលើភ្នំការីស៊ីមថ្វាយទៅព្រះស៊ឺស ជាអ្នកទទួលភ្ញៀវតាមសំណូមពររបស់ប្រជាជន ដែលរស់នៅតំបន់នោះ។ ៣ ប៉ុន្តែ ការអនុវត្តតាមក្រឹត្យដ៏អាក្រក់នេះ បណ្តាលឲ្យប្រជាជនទាំងមូលលំបាកវេទនា ទ្រាំទ្រមិនកើត។ ៤ សាសន៍ដទៃនាំគ្នាធ្វើអំពើពាលា និងអត់សណ្តាប់ធ្នាប់ពាសពេញព្រះវិហារ គឺនាំគ្នាលេងស្រីពេស្យានៅក្នុងទីលានដ៏សក្ការៈ និងយកវត្ថុដែលវិន័យហាមយកចូលក្នុងព្រះវិហារ។ ៥ នៅលើអាសនៈមានសុទ្ធតែយញ្ញបូជាមិនបរិសុទ្ធ ដែលវិន័យមិនអនុញ្ញាតឲ្យថ្វាយ។ ៦ ប្រជាជនគ្មានសិទ្ធិគោរពវិន័យថ្ងៃសប្ប័ទ ឬធ្វើពិធីបុណ្យតាមប្រពៃណីដូនតា ឬគ្រាន់តែប្រកាសថាខ្លួនជាជនជាតិយូដាក៏ដោយ។ ៧ រៀងរាល់ខែ ឬនៅថ្ងៃខួបកំណើតរបស់ព្រះរាជា គេតែងតែបង្ខំជនជាតិយូដាឲ្យចូលរួមក្នុងពិធីជប់លៀងព្រះរបស់គេយ៉ាងអាម៉ាស់ជាទីបំផុត។ នៅថ្ងៃបុណ្យព្រះឌីយ៉ូនីស៊ីយ៉ូស គេបង្ខំជនជាតិយូដា ឲ្យពាក់ភួងស្លឹកនៅលើក្បាល ដង្ហែក្បួនព្រះនោះ។
៨ ព្រះរាជាចេញព្រះរាជក្រឹត្យមួយ តាមសំណូមពររបស់អ្នកក្រុងផ្ទោលេម៉ៃស៍ ដោយបញ្ជាថា ក្រុងក្រិកទាំងប៉ុន្មានដែលនៅជុំវិញ ត្រូវអនុវត្តតាមរបៀបដូចគ្នា ចំពោះជនជាតិយូដា គឺត្រូវបង្ខំពួកគេឲ្យចូលរួមក្នុងពិធីជប់លៀងព្រះដទៃ។ ៩ ស្តេចបញ្ជាឲ្យអារកអស់អ្នក ដែលមិនព្រមអនុវត្តតាមប្រពៃណីក្រិកនេះ។ ដូច្នេះ គេអាចដឹងថា គ្រោះកាចទាំងឡាយ មុខជាកើតឡើងចំពោះពួកគេ នៅពេលខាងមុខមិនខាន។ ១០ គេបញ្ជូនស្រ្តីពីរនាក់ទៅកាត់ទោស ព្រោះនាងទាំងពីរបានធ្វើពិធីកាត់ស្បែកឲ្យកូនរបស់ខ្លួន។ គេនាំស្រ្តីទាំងពីរដោយមានកូនបៅជាប់នឹងដោះបណ្តើរអាក្រាតតាមផ្លូវក្នុងក្រុងទាំងមូល ហើយច្រានទម្លាក់នាងពីលើកំពែងក្រុង។ ១១ ជនជាតិយូដាខ្លះទៀតនាំគ្នាចូលទៅគុហា ដែលនៅជិតក្រុងយេរូសាឡឹម ដើម្បីលួចប្រារព្ធពិធីបុណ្យថ្ងៃសប្ប័ទ។ មានគេទៅប្តឹងលោកភីលីពពីរឿងនេះ។ ពួកគេមិនព្រមតទល់ ហើយត្រូវគេដុតទាំងរស់ ព្រោះនៅតែគោរពថ្ងៃដ៏វិសុទ្ធនោះ។ ១២ ហេតុនេះ ខ្ញុំសូមទូន្មានមិត្តអ្នកអានទាំងឡាយ កុំបាត់បង់សេចក្តីក្លាហានដោយសារគ្រោះកាចទាំងនេះឲ្យសោះ! ផ្ទុយទៅវិញត្រូវគិតថាខ្មាំងបានធ្វើទុក្ខបុកម្នេញយ៉ាងនោះ ពុំមែនដើម្បីបំផ្លាញជាតិរបស់យើងទេ គឺដើម្បីអប់រំជាតិរបស់យើងទៅវិញ។ ១៣ ព្រះជាម្ចាស់បង្ហាញព្រះហឫទ័យសប្បុរសដ៏ក្រៃលែងរបស់ព្រះអង្គ ចំពោះមនុស្សពាល ដោយដាក់ទោសពួកគេក្នុងពេលឆាប់ៗ គឺព្រះអង្គប្រណីពួកគេមិនយូរទេ!។ ១៤ ព្រះអម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ប្រកបដោយព្រះហឫទ័យអត់ធ្មត់យ៉ាងខ្លាំង រង់ចាំឲ្យប្រជាជាតិនានាប្រព្រឹត្តអំពើបាបដល់កម្រិត ទើបព្រះអង្គដាក់ទោសគេ។ ប៉ុន្តែ ព្រះអង្គមិនសព្វព្រះហឫទ័យប្រព្រឹត្តដូច្នេះចំពោះយើងខ្ញុំទេ ១៥ ព្រះអង្គមិនបណ្តោយឲ្យយើងខ្ញុំប្រព្រឹត្តអំពើបាបហួសហេតុពេកឡើយ ក្រែងលោព្រះអង្គដាក់ទោសយើងខ្ញុំយ៉ាងធ្ងន់។ ១៦ ហេតុនេះហើយបានជាព្រះអង្គនៅតែសម្ដែងព្រះហឫទ័យសប្បុរសចំពោះយើងខ្ញុំជានិច្ចព្រះអង្គគ្រាន់តែប្រើអ្នកប្រឆាំង ដើម្បីអប់រំប្រជារាស្ត្រ តែព្រះអង្គមិនបោះបង់ចោលប្រជារាស្រ្តរបស់ព្រះអង្គទេ។ ១៧ យើងខ្ញុំគ្រាន់តែរំឭកសេចក្តីពិតនេះប៉ុណ្ណោះ។ ក្រោយពីសរសេរសេចក្តីនេះ យើងត្រឡប់មករឿងនិទានយើងវិញ។
លោកអេឡាសារបូជាជីវិត ព្រោះជំនឿរបស់លោក
១៨ លោកអេឡាសារជាធម្មាចារ្យដ៏សំខាន់ម្នាក់ក្នុងចំណោមធម្មាចារ្យទាំងប៉ុន្មាន។ លោកមានវ័យចំណាស់ទៅហើយ ឫកពារក៏ល្អគួរឲ្យគោរព។ គេចាប់បើកមាត់បង្ខំឲ្យលោកពិសារសាច់ជ្រូក។ ១៩ លោកស៊ូស្លាប់យ៉ាងថ្លៃថ្នូរ ប្រសើរជាងរស់នៅយ៉ាងអាម៉ាស់។ លោកស្ម័គ្រចិត្តដើរតម្រង់ទៅកន្លែងធ្វើទារុណកម្ម។ ២០ លោកខ្ជាក់សាច់ពីក្នុងមាត់ ដូចអ្នកក្លាហានមិនព្រមពិសារអ្វី ដែលគម្ពីរវិន័យមិនអនុញ្ញាតឲ្យបរិភោគ ទោះបីត្រូវបាត់បង់ជីវិតក៏ដោយ។ ២១ អស់លោកដែលធ្វើជាអធិបតីក្នុងពិធីជប់លៀងព្រះដទៃ ដែលវិន័យហាមនោះ ស្គាល់លោកជាយូរយារណាស់មកហើយ។ គេនាំលោកអេឡាសារ ទៅដោយឡែកពីប្រជាជន ហើយបញ្ចេះឲ្យគេយកសាច់ដែលវិន័យអនុញ្ញាតឲ្យបរិភោគ មកធ្វើម្ហូបសម្រាប់លោក រួចលោកត្រូវតែពិសារសាច់ដែលគេធ្វើនោះ ហើយធ្វើពុតដូចជាពិសារសាច់ដែលគេបូជាថ្វាយព្រះដទៃ តាមបញ្ជារបស់ព្រះរាជា។ ២២ ធ្វើដូច្នេះ នោះលោកនឹងរួចជីវិត។ អ្នកទាំងនោះនិយាយដូច្នេះ ព្រោះអាណិតស្រលាញ់រាប់អានគាត់ជាយូរយារណាស់មកហើយ។ ២៣ ប៉ុន្តែ លោកអេឡាសារ ប្តេជ្ញាចិត្តយ៉ាងអង់អាចតាមវ័យ និងសក់ស្កូវរបស់គាត់ ព្រមទាំងតាមចរិយាសម្បត្ដិ ដ៏ប្រសើរ ដែលលោកមានតាំងពីកុមារមក ជាពិសេស លោកចង់ធ្វើឲ្យស្របតាមវិន័យដ៏វិសុទ្ធ ដែលព្រះជាម្ចាស់បានតែងតាំង។ លោកសុំឲ្យគេបញ្ជូនលោកទៅស្ថានមច្ចុរាជ ២៤ ទាំងប្រាប់ថា៖ «មនុស្សមានអាយុប៉ុនខ្ញុំនេះ មិនគួរនឹងបោកបញ្ឆោតគេឡើយ! បើខ្ញុំធ្វើពុតដូច្នេះ យុវជនជាច្រើនមុខជាស្មានថា អេឡាសារខ្ញុំនេះមានអាយុកៅសិបឆ្នាំទៅហើយ បែកចិត្តទៅធ្វើតាមទំនៀមទម្លាប់របស់ជនជាតិបរទេស!។ ២៥ ដូច្នេះ យុវជនទាំងនោះមុខជាវង្វេងដោយសារតែកំហុសរបស់ខ្ញុំ ដែលធ្វើពុតចង់រស់រានមានជីវិត មួយរយៈពេលមួយយ៉ាងខ្លីនេះជាមិនខាន។ ធ្វើដូច្នេះមិនសមរម្យទេ! ប្រសិនបើខ្ញុំធ្វើក្នុងពេលដែលខ្ញុំមានវ័យចាស់ដូច្នេះ ខ្ញុំនឹងអាប់ឱនកិត្តិយសរបស់ខ្ញុំ ហើយត្រូវសៅហ្មងទៀតផង!។ ២៦ ទោះបីខ្ញុំរួចទោសពីមនុស្សលោកពេលឥឡូវនេះក្តី ក៏ខ្ញុំមិនអាចគេចរួចពីព្រះហស្តនៃព្រះដ៏មានឫទ្ធានុភាពសព្វប្រការបានដែរ។ ទោះបីរស់ឬស្លាប់ក្តី ក៏ខ្ញុំមិនរួចខ្លួនឡើយ។
២៧ ហេតុដូច្នេះ ឥឡូវនេះ ខ្ញុំសុខចិត្តលះបង់ជីវិតរបស់ខ្ញុំដោយក្លាហាន ខ្ញុំនឹងបង្ហាញកិត្តិយសឲ្យសមតាមអាយុរបស់ខ្ញុំ ២៨ ដោយធ្វើជាគំរូដ៏ល្អទុកសម្រាប់យុវជន គឺគំរូរបស់អ្នកដែលស្ម័គ្រចិត្តស្លាប់ដោយមិនរួញរា ដើម្បីគោរពវិន័យដ៏វិសុទ្ធ។
មានប្រសាសន៍ដូច្នេះហើយ លោកអេឡាសារក៏ដើរតម្រង់ទៅកន្លែងធ្វើទារុណកម្ម។ ២៩ រីឯអស់អ្នកដែលនាំលោក គេក៏នាំគ្នាដូរចិត្តគំនិត កាលពីមុន ពួកគេដែលធ្លាប់តែអាណិតស្រលាញ់លោក បែរជាស្អប់លោកទៅវិញ ព្រោះគេចាត់ទុកពាក្យដែលលោកមានប្រសាសន៍នោះថា ជាពាក្យឆ្កួតលេលា។ ៣០ រីឯលោកវិញ ពេលលោកជិតផុតដង្ហើម ដោយសារគេវាយធ្វើបាបនោះ លោកមានប្រសាសន៍ទាំងថ្ងូរថា៖ «ព្រះអម្ចាស់ជ្រាបអ្វីៗទាំងអស់ ព្រះអង្គជ្រាបច្បាស់ថា ទូលបង្គំអាចរួចពីស្លាប់បាន។ នៅពេលនេះ គេវាយដំខ្លួនប្រាណទូលបង្គំយ៉ាងសាហាវយង់ឃ្នង តែក្នុងចិត្តទូលបង្គំរងទុក្ខដោយសប្បាយ ព្រោះទូលបង្គំគោរពកោតខ្លាចព្រះអង្គ»។
៣១ លោកអេឡាសារចែកស្ថានទៅយ៉ាងនេះ។ ការស្លាប់របស់លោកមិនត្រឹមតែធ្វើជាគំរូសម្រាប់យុវជនប៉ុណ្ណោះទេ គឺសម្រាប់ប្រជាជាតិជាច្រើនទៀតផង។ គេនឹកចាំពីព្រហ្មវិហារធម៌ និងចិត្តអង់អាចក្លាហានរបស់លោកតរៀងទៅ។
៧
បងប្អូនប្រាំពីរនាក់បូជាជីវិត ព្រោះព្រះជាម្ចាស់
១ មានគ្រាមួយនោះ គេចាប់ស្ត្រីម្នាក់ និងកូនទាំងប្រាំពីរនាក់របស់គាត់។ ព្រះបាទអន់ចូគូសបញ្ជាឲ្យគេយកអ្នកទាំងនោះទៅវាយនឹងរំពាត់ខ្សែតី បង្ខំឲ្យបរិភោគសាច់ជ្រូក ដែលវិន័យហាមបរិភោគ។ ២ កូនម្នាក់បានទូលស្តេច ក្នុងនាមបងប្អូនទាំងប្រាំពីរនាក់ថា៖ «តើព្រះករុណាសព្វព្រះហឫទ័យចង់ដឹងអ្វីពីទូលបង្គំយើងខ្ញុំ? ទូលបង្គំយើងខ្ញុំស៊ូស្លាប់ ប្រសើរជាងប្រព្រឹត្តល្មើសនឹងវិន័យរបស់ដូនតា»។ ៣ ព្រះរាជាក្រេវក្រោធយ៉ាងខ្លាំង បញ្ជាឲ្យគេយកខ្ទះ និងឆ្នាំងដាក់លើភ្លើង។ ៤ កាលខ្ទះ និងឆ្នាំងនោះក្តៅខ្លាំងហើយ ព្រះរាជាបញ្ជាឲ្យគេកាត់អណ្តាតរបស់អ្នកដែលនិយាយ ក្នុងនាមបងប្អូនគេនោះ រួចពន្លះស្បែកក្បាលចេញ កាត់ដៃ កាត់ជើង នៅមុខបងប្អូន និងម្តាយរបស់គេ។ ៥ កាលគេធ្វើបាបអ្នកនោះហើយ ព្រះរាជាបញ្ជាគេឲ្យនាំគាត់ទៅក្បែរភ្នក់ភ្លើង ហើយបោះគាត់ទៅក្នុងខ្ទះ ទោះបីគាត់នៅមានដង្ហើមនៅឡើយក៏ដោយ។ កាលក្លិនសាច់ដែលឆេះ ឈ្ងៀមហុយចេញពីខ្ទះ ធ្វើឲ្យបងប្អូនឯទៀត និងម្តាយនិយាយលើកទឹកចិត្តគ្នាទៅវិញទៅមក ស៊ូស្លាប់យ៉ាងអង់អាចដោយពោលថា៖ ៦ «ព្រះជាអម្ចាស់ទ្រង់ទតមើលសព្វគ្រប់ហើយ! តាមពិត ព្រះអង្គអាណិតអាសូរដល់យើង ដូចលោកម៉ូសេបានប្រាប់ជាមុន ក្នុងបទមួយ គឺលោកតវ៉ាយ៉ាងច្បាស់លាស់ថា៖ ព្រះអង្គមុខជាអាណិតអាសូរដល់អ្នកបម្រើរបស់ព្រះអង្គពុំខាន»។ ៧ កាលកូនច្បងលាចាកលោកនេះទៅហើយ គេនាំកូនបន្ទាប់ម្នាក់ទៀតទៅធ្វើទារុណកម្ម។ គេពន្លះស្បែកក្បាលចេញជាប់ទាំងសក់ រួចសួរថា៖ «តើឯងសុខចិត្តបរិភោគសាច់ជ្រូក ឬចង់ឲ្យយើងកាត់ដៃជើងទៀត?»។ ៨ គាត់ឆ្លើយជាភាសាដូនតារបស់គាត់ថា៖ «ទេ! ខ្ញុំមិនបរិភោគទេ!»។ ហេតុនេះ គេធ្វើទារុណកម្មគាត់ដូចអ្នកទីមួយដែរ។ ៩ កាលជិតផុតដង្ហើម គាត់ទូលស្តេចថា៖ «ព្រះករុណាជាស្តេចពាល! ព្រះករុណាប្រហារជីវិតទូលបង្គំយើងខ្ញុំនៅពេលនេះ តែព្រះមហាក្សត្រនៃពិភពលោក នឹងប្រោសយើងឲ្យរស់ឡើងវិញ មានជីវិតអស់កល្បជានិច្ច ព្រោះទូលបង្គំយើងខ្ញុំស៊ូស្លាប់ ដើម្បីគោរពវិន័យរបស់ព្រះអង្គ»។
១០ បន្ទាប់មក គេយកកូនទីបីទៅធ្វើទារុណកម្មទៀត។ ពេលពេជ្ឈឃាដបញ្ជាឲ្យលៀនអណ្តាត គាត់ក៏ធ្វើតាមភ្លាម និងហុចដៃឲ្យគេកាត់ដោយមិនញញើត។ ១១ គាត់ប្រកាសយ៉ាងម៉ឺងម៉ាត់ថា៖ «ខ្ញុំទទួលអវៈយវៈទាំងនេះពីព្រះអម្ចាស់មក ខ្ញុំសុខចិត្តលះបង់អវៈយវៈនេះ ដោយគោរពវិន័យព្រះអង្គ! ខ្ញុំសង្ឃឹមថា ព្រះអង្គមុខជាប្រទានអាវៈយវៈទាំងនេះ ឲ្យខ្ញុំវិញមិនខាន»។ ១២ ព្រះរាជា និងរាជបរិពារទាំងអស់ងឿងឆ្ងល់យ៉ាងខ្លាំង ដោយឃើញយុវបុរសនេះ មានចិត្តក្លាហាន មិនខ្លាចឈឺចុកចាប់ដូច្នេះ។ ១៣ កាលយុវបុរសនោះបាត់បង់ជីវិតទៅ គេក៏នាំកូនទីបួនមកធ្វើទារុណកម្មយ៉ាងឃោរឃៅ ដូចបងៗដែរ។ ១៤ ពេលជិតផុតដង្ហើម យុវបុរសនោះប្រកាសថា៖ «ស៊ូស្លាប់ដោយដៃមនុស្ស ប្រសើរជាងរស់នៅតទៅទៀត ទូលបង្គំយើងខ្ញុំរង់ចាំព្រះជាម្ចាស់ប្រោសយើងឲ្យរស់ឡើងវិញ ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ រីឯព្រះករុណាវិញ មិនរស់ឡើងវិញទេ!»។
១៥ បន្ទាប់មក គេនាំកូនទីប្រាំមកធ្វើទារុណកម្មដែរ។ ១៦ គាត់សម្លឹងមើលព្រះរាជា ហើយទូលស្តេចថា៖ «ទោះបីព្រះករុណាជាមនុស្សដែលរមែងតែងតែស្លាប់ដូចគេក៏ដោយ ព្រះករុណាមានអំណាចគ្រប់គ្រងលើមនុស្ស ព្រះអង្គប្រព្រឹត្តអ្វីបានតាមព្រះហឫទ័យ! ប៉ុន្តែ សូមកុំនឹកស្មានថា ព្រះជាម្ចាស់បោះបង់ចោលជាតិសាសន៍របស់ទូលបង្គំយើងខ្ញុំឡើយ!។ ១៧ សូមព្រះរាជាមានព្រះហឫទ័យអត់ធ្មត់! ព្រះរាជាមុខជាទតឃើញឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គពុំខាន! ព្រះអង្គនឹងធ្វើទារុណកម្មព្រះករុណា និងពូជពង្សជាមិនខានឡើយ!»។ ១៨ បន្ទាប់មកទៀត គេនាំកូនទីប្រាំមួយ។ ពេលហៀបនឹងស្លាប់ គាត់ទូលថា៖ «សូមព្រះករុណាកុំយល់ច្រឡំ! ទូលបង្គំយើងខ្ញុំរងទុក្ខដូច្នេះ ព្រោះតែអំពើបាបរបស់ទូលបង្គំយើងខ្ញុំដែរ ដ្បិតទូលបង្គំយើងខ្ញុំប្រព្រឹត្តខុសនឹងព្រះហឫទ័យរបស់ព្រះអង្គ។ ហេតុនេះហើយបានជាយើងជួបប្រទះនឹងគ្រោះកាចដ៏ចម្លែកយ៉ាងនេះ។ ១៩ រីឯព្រះករុណាវិញ សូមកុំនឹកស្មានថា ព្រះជាម្ចាស់មិនដាក់ទោសព្រះករុណាឡើយ! ដ្បិតព្រះករុណាហ៊ានធ្វើសង្គ្រាមប្រឆាំងនឹងព្រះជាម្ចាស់»។ ២០ សូមសរសើរម្តាយរបស់យុវបុរស ទាំងប្រាំពីរនាក់នោះណាស់! មនុស្សម្នាទាំងអស់គួរគិតនឹកនាដល់គាត់ជានិច្ច។ គាត់ឃើញកូនទាំងប្រាំពីរនាក់បាត់បង់ជីវិតក្នុងរយៈពេលតែមួយថ្ងៃ ប៉ុន្តែ គាត់ស៊ូទ្រាំនឹងទុក្ខលំបាកដោយចិត្តនឹងនរ ព្រោះគាត់មានចិត្តជឿសង្ឃឹមលើព្រះអម្ចាស់។ ២១ គាត់លើកទឹកចិត្តកូនម្នាក់ៗ តាមភាសាដូនតារបស់គាត់។ គាត់មានចិត្តគំនិតថ្លែថ្នូរ និងមានចិត្តអង់អាចក្លាហានដូចបុរស។ គាត់មានប្រសាសន៍ទៅកូនទាំងអស់ថា៖ ២២ «ម៉ែមិនដឹងថា កូនបានមកចាប់ផ្ទៃម្តាយដូចម្តេចទេ ពុំមែនម៉ែទេ ដែលផ្ដល់វិញ្ញាណ និងជីវិតឲ្យកូន! ពុំមែនម៉ែទេ ដែលរៀបធាតុទាំងប៉ុន្មានក្នុងខ្លួនកូន! ២៣ ដូចព្រះជាម្ចាស់បានបង្កើតពិភពលោក ព្រះអង្គក៏បានសូនរូបមនុស្សក្នុងផ្ទៃ ព្រះអង្គជាប្រភពនៃអ្វីៗទាំងអស់។ ព្រះអង្គនឹងប្រទានវិញ្ញាណ ព្រមទាំងជីវិតឲ្យកូន តាមព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ព្រោះឥឡូវនេះ កូនសុខចិត្តបូជាជីវិតដោយស្រឡាញ់វិន័យរបស់ព្រះអង្គ»។
២៤ ព្រះបាទអន់ទីយ៉ូគូសស្មានថានាងមើលងាយ និងជេរប្រមាថខ្លួន។ ដូច្នេះ ពេលកូនពៅមានជីវិតនៅឡើយ ស្តេចមិនគ្រាន់តែមានរាជឱង្ការលួងលោមគាត់ប៉ុណ្ណោះទេ គឺសន្យាយ៉ាងម៉ឺងម៉ាត់ថា ប្រសិនបើគាត់លះបង់ចោលប្រពៃណីដូនតា ព្រះអង្គនឹងប្រទានទ្រព្យសម្បត្តិយ៉ាងច្រើន និងឲ្យរស់នៅយ៉ាងសប្បាយ ព្រមទាំងឲ្យធ្វើជា “មិត្តសម្លាញ់របស់ស្តេច” ហើយប្រទានមុខងារដ៏ខ្ពង់ខ្ពស់ទៀតផង។ ២៥ ប៉ុន្តែ យុវបុរសនោះមិនចាប់អារម្មណ៍នឹងរាជឱង្ការរបស់ស្តេចទាល់តែសោះ ទើបព្រះអង្គហៅស្ត្រីជាម្តាយមក សូមឲ្យគាត់ជួយដាស់តឿនកូន ដើម្បីឲ្យកូនបានរួចជីវិត។ ២៦ ព្រះរាជាមានរាជឱង្ការ ទទូចអង្វរស្រ្តីនោះយ៉ាងយូរ ទើបគាត់សុខចិត្តនិយាយដាស់តឿនកូន។ ២៧ គាត់ឱនទៅរកកូន ដើម្បីបញ្ឆោតព្រះរាជាដ៏ឃោរឃៅនេះ ហើយនិយាយភាសាដូនតាថា៖ «កូនអើយ អាណិតម៉ែផង! ម៉ែបានពរពោះកូនចំនួនប្រាំបួនខែ! ម៉ែបានបំបៅកូនអស់រយៈពេលបីឆ្នាំ ម៉ែចិញ្ចឹមបីបាច់ និងអប់រំកូនរហូតមកដល់សព្វថ្ងៃ!។ ២៨ ម៉ែអង្វរកូន ចូរសម្លឹងមើលផ្ទៃមេឃ និងផែនដី ចូររំពៃមើលអ្វីៗដែលមាននៅលើផែនដី និងផ្ទៃមេឃ! ចូរទទួលស្គាល់ថា ព្រះជាម្ចាស់បានបង្កើតអ្វីៗទាំងនោះ ដោយមិនប្រើអ្វីសោះ រីឯមនុស្សវិញ ព្រះអង្គបានបង្កើតតាមរបៀបដូច្នោះដែរ។ ២៩ កុំខ្លាចពេជ្ឈឃាដនេះឲ្យសោះ! ចូរមានចិត្តអង់អាច! សុខចិត្តស្លាប់ដូចបងៗកូន ម៉ែនឹងជួបកូនរួមជាមួយបងៗ នៅពេលព្រះជាម្ចាស់សម្ដែងព្រះហឫទ័យមេត្តាករុណាដល់យើង»។
៣០ នាងនិយាយមិនទាន់ចប់ផង យុវបុរសជាកូនពៅពោលឡើងថា៖ «តើអស់លោកនៅចាំអ្វីទៀត? ខ្ញុំមិនគោរពតាមបញ្ជារបស់ព្រះរាជាទេ! គឺខ្ញុំគោរពតាមបញ្ជានៃវិន័យ ដែលព្រះជាម្ចាស់បានប្រទានឲ្យដូនតារបស់យើង តាមរយៈលោកម៉ូសេវិញ។ ៣១ រីឯព្រះករុណាដែលបានបង្កទុក្ខវេទនាទាំងអស់ដល់ជនជាតិហេប្រឺ ព្រះករុណាមិនអាចគេចរួចផុតពីព្រះហស្តរបស់ព្រះជាម្ចាស់ឡើយ!។ ៣២ យើងរងទុក្ខវេទនាដូច្នេះ គឺមកពីអំពើបាបរបស់យើងផ្ទាល់។ ៣៣ ព្រះអម្ចាស់របស់យើង ដែលមានព្រះជន្មគង់នៅ ព្រះអង្គព្រះពិរោធនឹងយើងតែមួយរយៈប៉ុណ្ណោះ ដើម្បីដាក់ទោស និងអប់រំយើង។ ព្រះអង្គនឹងលើកលែងទោសឲ្យយើង ជាអ្នកបម្រើរបស់ព្រះអង្គ។
៣៤ រីឯព្រះករុណាវិញ ជាជនពាល និងជាជនគួរស្អប់ខ្ពើមក្នុងចំណោមមនុស្សទាំងអស់ សូមកុំអួតបំប៉ោងឡើយ! កុំសង្ឃឹមផ្តេសផ្តាស ហើយលើកដៃវាយប្រហារអ្នកបម្រើរបស់ព្រះជាម្ចាស់!។ ៣៥ ព្រះករុណា មិនទាន់គេចផុតពីការវិនិច្ឆ័យទោសរបស់ព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ដែលឈ្វេងយល់គ្រប់កិច្ចការទាំងអស់នោះទេ!។ ៣៦ បងប្អូនទូលបង្គំរងទុក្ខតែមួយរយៈពេលប៉ុណ្ណោះ និងបាត់បង់ជីវិតដោយមានចិត្តស្មោះនឹងសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់។ គេនឹងទទួលជីវិតអស់កល្បជានិច្ច!។ រីឯព្រះករុណាវិញ ព្រះជាម្ចាស់នឹងវិនិច្ឆ័យទោសរបស់ព្រះករុណា ហើយដាក់ទោសយ៉ាងត្រឹមត្រូវ ទៅតាមព្រះហឫទ័យអួតបំប៉ោងរបស់ព្រះករុណាពុំខានឡើយ!។ ៣៧ ទូលបង្គំសុខចិត្តបូជាខ្លួនប្រាណ និងជីវិតដូចបងៗ ដើម្បីវិន័យរបស់ដូនតា។ ទូលបង្គំអង្វរព្រះជាម្ចាស់ សូមព្រះអង្គព្រះអង្គមេត្តាអាណិតអាសូរជាតិទូលបង្គំយើងខ្ញុំនៅពេលឆាប់ៗខាងមុខនេះ សូមព្រះអង្គធ្វើទារុណកម្ម និងនាំគ្រោះកាចដល់ព្រះករុណា ដើម្បីឲ្យព្រះករុណាទទួលស្គាល់ថា មានតែព្រះអង្គទេដែលជាព្រះជាម្ចាស់ប៉ុណ្ណោះ!។
៣៨ ទូលបង្គំទូលអង្វរព្រះដ៏មានឫទ្ធានុភាពសព្វប្រការ! សូមព្រះអង្គបញ្ឈប់ព្រះពិរោធដ៏ត្រឹមត្រូវ ចំពោះជាតិទូលបង្គំយើងខ្ញុំ! កុំឲ្យនរណារងទុក្ខទោសដូចទូលបង្គំ និងបងប្អូនទៀតឡើយ!។
៣៩ ព្រះរាជាមានព្រះហឫទ័យក្រេវក្រោធ ក្តៅក្រហាយយ៉ាងខ្លាំង ហើយបញ្ជាឲ្យគេធ្វើទារុណកម្មលើប្អូនពៅនេះយ៉ាងឃោរឃៅ ជាងបងឯទៀតៗ ព្រោះគេមើលងាយស្តេចខ្លាំងជាងគេ។ ៤០ យុវបុរសនេះបាត់បង់ជីវិតដោយឥតសៅហ្មង ព្រមទាំងផ្ញើជីវិតទាំងស្រុងលើព្រះអម្ចាស់។ ៤១ ទីបញ្ចប់ ម្តាយក៏ត្រូវបាត់បង់ជីវិតក្រោយកូនៗទាំងអស់។ ៤២ យើងរៀបរាប់អំពីពិធីជប់លៀងដល់ព្រះដទៃ និងអំពីទារុណកម្មដ៏ឃោរឃៅត្រឹមតែប៉ុណ្ណេះ។
៨
លោកយូដាម៉ាកាបាយបះបោរ
១ គ្រានោះ លោកយូដាម៉ាកាបាយ និងអ្នកនៅជាមួយ តែងតែលបចូលក្នុងភូមិជាសម្ងាត់ ហៅបងប្អូនរួមជាតិឲ្យទៅចូលរួមជាមួយ។ គេប្រមូលអស់អ្នកដែលនៅមានចិត្តស្មោះត្រង់នឹងសាសនាយូដានៅឡើយ ប្រមាណប្រាំមួយពាន់នាក់។ ២ ពួកគេទូលអង្វរព្រះអម្ចាស់ សូមព្រះអង្គទតមើលប្រជាជន ដែលកំពុងត្រូវមនុស្សម្នាបៀតបៀន។ សូមព្រះអង្គអាណិតមេត្តាដល់ព្រះវិហារ ដែលត្រូវជនពាលបង្អាប់បង្ឱន ៣ ហើយសូមមេត្តាដល់ក្រុង ដែលខ្មាំងកំពុងបំផ្លាញឲ្យរាបស្មើនឹងដី។ សូមព្រះអង្គមេត្តាព្រះសណ្តាប់ សម្រែករបស់ឈាម ដែលលាន់ឮដល់ព្រះអង្គ! ៤ សូមព្រះអង្គនឹកគិតដល់កូនចៅដែលគ្មានកំហុស ត្រូវខ្មាំងសម្លាប់រង្គាលដោយអយុត្តិធម៌។ ទីបញ្ចប់ ពួកគេសូមព្រះជាម្ចាស់សម្ដែងព្រះពិរោធ ប្រឆាំងនឹងអ្នកដែលប្រមាថព្រះនាមរបស់ព្រះអង្គ។ ៥ តាំងពីពេល ដែលលោកម៉ាកាបាយធ្វើជាមេបញ្ជាការកងទ័ពមក ប្រជាជាតិនានាពុំអាចវាយឈ្នះគាត់ឡើយ។ ព្រះជាម្ចាស់លែងព្រះពិរោធនឹងប្រជារាស្ត្ររបស់ព្រះអង្គ បែរជាមានធម៌មេត្តាករុណាទៅវិញ។ ៦ លោកម៉ាកាបាយបានវាយក្រុង និងភូមិនានា ដោយប្រជាជនមិនដឹងជាមុន គាត់ដុតក្រុង និងភូមិទាំងនោះចោល ហើយបោះទ័ពនៅកន្លែងដ៏សំខាន់ៗ និងធ្វើឲ្យខ្មាំងសត្រូវជាច្រើនទទួលបរាជ័យ។ ៧ គាត់តែងតែវាយប្រហារនៅពេលយប់។ ដោយចិត្តអង់អាចក្លាហានរបស់គាត់ បានធ្វើឲ្យកិត្តិនាមរបស់គាត់ ល្បីរន្ទឺសុះសាយគ្រប់ទិសទី។
លោកយូដាវាយឈ្នះលោកនីកាន័រ
(១ មរ ៣,៣៨-៤,២៧)
៨ លោកភីលីពជាទេសាភិបាលរបស់ស្តេច នៅក្រុងយេរូសាឡឹម សង្កេតឃើញថា លោកយូដាកាន់តែមានអំណាចខ្លាំងឡើងៗ ហើយមានជ័យជម្នះជាញឹកញាប់ លោកក៏សរសេរលិខិតផ្ញើជូនលោកផ្ទូលេមេ ជាអភិបាលនៅស្រុកសេលើស៊ីរី និងស្រុកភេនីស៊ីឲ្យមកជួយការពារកិច្ចការរបស់ស្តេច។ ៩ លោកភីលីព ជ្រើសរើសលោកនីកាន័រ ជាកូនរបស់លោកប៉ាត្រូក ហើយដែលជា “មិត្តសម្លាញ់ដ៏ជិតស្និទ្ធរបស់ស្តេច” ចាត់ឲ្យទៅក្រុងយេរូសាឡឹមភ្លាម ដោយមានកងទ័ពយ៉ាងតិចណាស់ពីរម៉ឺននាក់មកពីគ្រប់ប្រជាជាតិ ទៅជាមួយផង។ លោកទទួលបញ្ជាឲ្យទៅប្រល័យពូជសាសន៍យូដាឲ្យអស់ ឥតសល់ម្នាក់ឡើយ។ លោកភីលីពបញ្ជាឲ្យលោកក័រស៊ីយ៉ាស ជាមេទ័ពដែលធ្លាប់មានបទពិសោធច្រើនដងក្នុងចម្បាំង ទៅជាមួយដែរ។ ១០ លោកនីកាន័រ មានគម្រោងការនឹងបង់សួយសារអាករ ចំនួនប្រាំម៉ឺនបួនពាន់គីឡួក្រាម ដែលស្តេចត្រូវបង់ជូនរដ្ឋអំណាចរ៉ូម៉ាំងដោយលក់ជនជាតិយូដា ដែលគេនឹងចាប់ធ្វើជាឈ្លើយ។ ១១ គាត់ចាត់ឲ្យទៅហៅឈ្មួញនៅក្រុងតាមឆ្នេរសមុទ្រ ឲ្យមកទិញទាសករជាតិយូដា ទាំងសន្យាថា នឹងលក់កៅសិបនាក់ ថ្លៃម្ភៃប្រាំពីរគីឡូក្រាមប្រាក់។ គាត់មិនបាននឹកគិត ដល់ទណ្ឌកម្ម ពីព្រះដ៏មានឫទ្ធានុភាពសព្វប្រការ ដែលនឹងកើតមានដល់គាត់ នៅពេលអនាគតឡើយ។ ១២ លោកយូដាទទួលដំណឹងថា លោកនីកាន័រចេញដំណើរមក។ គាត់ប្រាប់អ្នកនៅជាមួយគាត់ថាទ័ពរបស់ខ្មាំងសត្រូវនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ ១៣ ពួកជនកំសាក និងជនខ្វះជំនឿលើសេចក្តីយុត្តិធម៌របស់ព្រះជាម្ចាស់ នាំគ្នារត់ចោលលោក ហើយភៀសខ្លួនទៅកន្លែងផ្សេង។ ១៤ ជនខ្លះទៀតនាំគ្នាលក់អ្វីៗដែលគេមាន ហើយទូលអង្វរព្រះអម្ចាស់ សូមព្រះអង្គសង្គ្រោះអស់អ្នកដែលត្រូវជនពាលនីកាន័រលក់ជាទាសករ ទោះបីមិនទាន់មានការប្រយុទ្ធក៏ដោយ។ ១៥ ប្រសិនបើព្រះអង្គមិនយល់ដល់ពួកគេទេ សូមព្រះអង្គព្រះមេត្តាសង្គ្រោះពួកគេ ដោយនឹកពីសម្ពន្ធមេត្រីដែលព្រះអង្គបានចងជាមួយបុព្វបុរសរបស់ពួកគេ និងសង្គ្រោះពួកគេ ព្រោះព្រះអង្គជាព្រះដ៏វិសុទ្ធ ប្រកបដោយសិរីរុងរឿង បានត្រាស់ហៅពួកគេឲ្យធ្វើជាប្រជាជនរបស់ព្រះអង្គដែរ។ ១៦ លោកម៉ាកាបាយប្រមូលកងទ័ពរបស់លោក មានចំនួនប្រមាណប្រាំមួយពាន់នាក់។ លោកដាស់តឿនពួកគេកុំឲ្យមានចិត្តភ័យខ្លាចនៅចំពោះមុខសត្រូវ កុំព្រួយបារម្ភដោយឃើញសាសន៍ដទៃមានចំនួនច្រើនសន្ធឹកសន្ធាប់ លើកគ្នាមកប្រយុទ្ធជាមួយពួកគេដោយអយុត្តិធម៌នោះឡើយ គឺត្រូវតែប្រយុទ្ធដោយចិត្តអង់អាចក្លាហាន។ ១៧ ត្រូវនឹកជានិច្ចអំពីអំពើអាក្រក់របស់ពួកខ្មាំងដែលប្រមាថចំពោះព្រះវិហារ ការមើលងាយ បន្ទាបបន្ថោកទីក្រុង និងការលុបបំបាត់ប្រពៃណីយូដា។ ១៨ លោកមានប្រសាសន៍ថា៖ ពួកខ្មាំងសត្រូវពឹងលើអាវុធ និងលើចិត្តក្លាហានអង់អាចរបស់គេ រីឯយើងវិញ យើងផ្ញើជីវិតលើព្រះជាម្ចាស់ ប្រកបដោយឫទ្ធានុភាពសព្វប្រការ។ ព្រះអង្គគ្រាន់តែងក់ព្រះសិរសារប៉ុណ្ណោះ នោះព្រះអង្គអាចបំផ្លាញអស់អ្នកដែលដើរមកប្រយុទ្ធនឹងពួកយើង សូម្បីតែមនុស្សទាំងអស់ក្នុងពិភពលោក ក៏ព្រះអង្គអាចបំផ្លាញបានដែរ។ ១៩ លោករៀបរាប់គ្រប់គ្រា ដែលព្រះអង្គជួយការពារដូនតារបស់ពួកគេ គឺនៅជំនាន់លោកសេណាកេរិប មានខ្មាំងសត្រូវមួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់ វិនាសអន្តរាយ ២០ ឬ នៅស្រុកបាប៊ីឡូន គ្រាដែលជនជាតិយូដាចំនួនប្រាំបីពាន់នាក់ រួមជាមួយទ័ពម៉ាសេដូនបួនពាន់នាក់ ច្បាំងនឹងជនជាតិកាឡាត មួយសែនពីរម៉ឺននាក់។ នៅពេលនោះ កងទ័ពម៉ាសេដូនបួនពាន់នាក់ ចុះអន់ថយជនជាតិយូដាបីពាន់នាក់វាយកម្ទេចខ្មាំងមួយសែនពីរម៉ឺននាក់នោះ ដោយមានជំនួយរបស់ព្រះជាម្ចាស់ ពីស្ថានបរមសុខមក។ ពួកគេរឹបអូសយកបានជយភណ្ឌជាច្រើនទៀតផង។ ២១ លោកយូដាមានប្រសាសន៍លើកទឹកចិត្តពង្រឹងសេចក្ដីក្លាហានរបស់ពួកគេព្រមទាំងដាស់តឿនពួកគេ ឲ្យស្ម័គ្រចិត្តបូជាជីវិត ដើម្បីធម្មវិន័យ និងមាតុភូមិ។ លោកចែកទ័ពរបស់លោកជាបួនកង ២២ ក្នុងកងនីមួយៗ មានពលទាហានមួយពាន់ប្រាំរយនាក់ ហើយតែងតាំងលោកស៊ីម៉ូនជាបង លោកយ៉ូសែប និងលោកយ៉ូណាថានជាប្អូន ឲ្យធ្វើមេបញ្ជាការលើកងនីមួយៗ។ ២៣ លោកក៏បង្គាប់ឲ្យលោកអេឡាសារអានព្រះគម្ពីរ រួចលោកជ្រើសរើសពាក្យស្លោកដែលចែងថា “ព្រះជាម្ចាស់ជួយការពារ!”។ បន្ទាប់មក លោកនាំមុខកងនីមួយទៅប្រយុទ្ធនឹងកងទ័ពរបស់លោកនីកាន័រ។ ២៤ ព្រះដ៏មានឫទ្ធានុភាពសព្វប្រការ ធ្វើជាសម្ពន្ធមិត្តជាមួយជនជាតិយូដា ដូច្នេះ ពួកគេវាយកម្ទេចខ្មាំងសត្រូវជាងប្រាំបួនពាន់នាក់។ ពួកគេវាយឲ្យរបួស និងកាប់ដៃកាប់ជើងទាហានរបស់លោកនីកាន័រ ស្ទើរតែទាំងអស់ ហើយខ្មាំងក៏បាក់ទ័ពរត់អស់ទៅ។ ២៥ ពួកគេរឹបអូសយកប្រាក់របស់ឈ្មួញ ដែលមកបម្រុងទិញពួកគេធ្វើជាទាសករ។ ក្រោយពីបានដេញតាមពួកខ្មាំងឆ្ងាយហើយ ពួកគេត្រឡប់មកវិញ កុំឲ្យយឺតពេល ព្រោះថ្ងៃជិតលិចហើយ ២៦ ដ្បិតថ្ងៃនោះជាថ្ងៃសប្ប័ទ។ ហេតុនេះហើយ ពួកគេមិនចំណាយពេលដេញតាមខ្មាំងទៀតឡើយ។ ២៧ កាលគេប្រមូលអាវុធរបស់ខ្មាំង និងរឹបអូសជយភណ្ឌពីខ្មោចទាហានរួចរាល់ហើយ ពួកគេនាំគ្នាគោរពថ្ងៃសប្ប័ទ ដោយលើកតម្កើង និងកោតសរសើរព្រះជាម្ចាស់ ដែលព្រះអង្គមេត្តាប្រោសប្រណី សម្ដែងព្រះហឫទ័យសប្បុរសសាជាថ្មីចំពោះពួកគេ។ ២៨ ក្រោយថ្ងៃសប្ប័ទ ពួកគេចែកជយភណ្ឌមួយភាគឲ្យជនរងគ្រោះ ដែលខ្មាំងធ្វើទុក្ខបុកម្នេញ ឲ្យស្រីមេម៉ាយ និងកូនកំព្រា។ រីឯជយភណ្ឌដែលនៅសេសសល់ ពួកគេចែកគ្នាឯង និងឲ្យកូនរបស់ពួកគេផង។ ២៩ ក្រោយពីចែកជយភណ្ឌរួចហើយ ពួកគេរួមគ្នាទូលអង្វរព្រះជាម្ចាស់ ប្រកបដោយព្រះហឫទ័យមេត្តាករុណា លើកលែងទោសទាំងអស់ ឲ្យអ្នកបម្រើរបស់ព្រះអង្គ។
លោកធីម៉ូថេ និងលោកបាកឃីដែសទទួលបរាជ័យ
៣០ ក្រោយមក លោកយូដា និងកងទ័ព នាំគ្នាទៅប្រយុទ្ធនឹងកងទ័ពរបស់លោកធីម៉ូថេ និងលោកបាកឃីដែស។ ពួកគេប្រហារជីវិតខ្មាំងជាងពីរម៉ឺននាក់ និងដណ្ដើមយកក្រុងដែលមានកំពែងខ្ពស់ៗជាច្រើនដោយអំណរ។ ពួកគេរឹបអូសយកជយភណ្ឌយ៉ាងច្រើនសន្ធឹកសន្ធាប់ មកចែកជាពីរផ្នែកស្មើគ្នា គឺមួយផ្នែកសម្រាប់ពួកគេ និងមួយផ្នែកទៀតសម្រាប់ជនរងគ្រោះ កូនកំព្រា ស្ត្រីមេម៉ាយព្រមទាំងចាស់ជរាផង។ ៣១ ពួកគេយកចិត្តទុកដាក់ក្នុងការប្រមូលអាវុធរបស់ខ្មាំង មកដាក់នៅកន្លែងសមរម្យ។ រីឯអ្វីៗដែលពួកគេយកបានពីសពរបស់ខ្មាំង គេនាំយកទៅក្រុងយេរូសាឡឹម។ ៣២ ពួកគេប្រហារជីវិតមេទ័ពរបស់លោកធីម៉ូថេ ជាជនពាល ដែលធ្លាប់ធ្វើទុក្ខបុកម្នេញជនជាតិជាច្រើន។ ៣៣ ក្នុងពេលពួកគេប្រារព្ធពិធីបុណ្យអបអរសាទរជ័យជម្នះក្នុងមាតុភូមិ ពួកគេចាប់អ្នកដែលដុតទ្វារព្រះវិហារមកដុតទាំងរស់។ អ្នកទាំងនោះបានជ្រកកោនក្នុងផ្ទះតូចមួយជាមួយកាលីស្តែន។ ដូច្នេះ អ្នកទាំងនោះទទួលទោសសមនឹងអំពើអាក្រក់ដែលខ្លួនប្រព្រឹត្ត ដោយគេបានបង្អាប់បង្ឱនព្រះវិហារ។
លោកនីកាន័រភៀសខ្លួន
៣៤ ជនអន្ធពាលនីកាន័រ ដែលបាននាំឈ្មួញមួយពាន់នាក់ មកទិញជនជាតិយូដា ៣៥ ត្រូវអាម៉ាស់ដោយសារព្រះជាម្ចាស់បានជួយ អ្នកដែលគាត់ស្មានថាថោកទាបជាទីបំផុត។ គាត់ដោះអាវដ៏រុងរឿងចោល ហើយរត់តាមវាល ដូចទាសករដែលលួចរត់ចេញពីផ្ទះម្ចាស់។ កងទ័ពទាំងអស់បានបោះបង់ចោលគាត់ គាត់មានសំណាងអស្ចារ្យគឺគាត់បានមកដល់ក្រុងអន់ទីយ៉ូក ទោះបីកងទ័ពរបស់គាត់ត្រូវវិនាសក៏ដោយ។ ៣៦ ជនពាលនេះបានសន្យាថា នឹងប្រមូលប្រាក់បង់សួយសារអាករ ដែលបានមកពីការលក់ប្រជាជនក្រុងយេរូសាឡឹមជាឈ្លើយ។ ជននោះប្រកាសថា ជនជាតិយូដាមានព្រះមួយអង្គជួយការពារ ហើយគ្មាននរណាវាយឈ្នះទេ ព្រោះពួកគេកាន់តាមច្បាប់ដែលព្រះអង្គបានបញ្ជានោះ។
៩
ព្រះបាទអន់ទីយ៉ូគូសសោយទិវង្គត
(១ មរ ៦,១-១៧,២ មរ ១,១១-១៧)
១ នៅគ្រានោះ ព្រះបាទអន់ទីយ៉ូគូសយាងត្រឡប់មកពីស្រុកពែរ្ស ដោយគ្មានជោគជ័យសោះ។ ២ ព្រះរាជាយាងចូលក្នុងក្រុងមួយឈ្មោះថា ពែរ្សសេប៉ូលី ព្រះអង្គដណ្តើមយកក្រុងនេះ ហើយចាប់ផ្តើមប្លន់យកទ្រព្យសម្បត្ដិនៅក្នុងព្រះវិហារ។ ដូច្នេះ មហាជនក៏នាំគ្នាបះបោរ កាន់អាវុធបង្ខំព្រះបាទអន់ទីយ៉ូគូស ឲ្យរត់គេច និងដកទ័ពថយយ៉ាងអាម៉ាស់។ ៣ ពេលស្តេចគង់នៅក្បែរក្រុងអែកបាតាន ព្រះអង្គជ្រាបអំពីរឿងដែលកើតមានចំពោះលោកនីកាន័រ និងកងទ័ពរបស់លោកធីម៉ូថេ។ ៤ ស្តេចក្រេវក្រោធជាខ្លាំង ហើយមានបំណងសងសឹកជនជាតិយូដា ដែលបង្ខំឲ្យស្តេចដកទ័ពថយយ៉ាងអាម៉ាស់។ ដូច្នេះ ស្តេចបញ្ជាអ្នកបររាជរថ បរឲ្យលឿន មិនឲ្យឈប់ដើម្បីឲ្យឆាប់ទៅដល់ទីដៅ។ ប៉ុន្តែ ព្រះជាម្ចាស់ដាក់ទោសព្រះរាជារួចទៅហើយ។ ព្រះរាជាមានរាជឱង្ការទាំងអួតបំប៉ោងថា៖ «ពេលយើងទៅដល់ក្រុងយេរូសាឡឹម យើងនឹងធ្វើឲ្យក្រុងនេះ ក្លាយទៅជារណ្តៅកប់ខ្មោចជនជាតិយូដារួមគ្នា»។ ៥ ពេលនោះ ព្រះអម្ចាស់ដែលព្រះអង្គទតឃើញអ្វីៗទាំងអស់ គឺព្រះនៃជនជាតិអ៊ីស្រាអែលបានប្រហារព្រះរាជាឲ្យមានរបួស ដែលមិនអាចព្យាបាលបាន និងមើលមិនឃើញសោះ។ ព្រះរាជាមានរាជឱង្ការដូច្នេះរួច ស្រាប់តែព្រះអង្គឈឺចុកចាប់ក្នុងពោះយ៉ាងខ្លាំង គ្មានថ្នាំព្យាបាល។ ៦ ព្រះរាជាប្រឈួនដូច្នេះ ពិតជាយុត្តិធម៌មែន ព្រោះព្រះអង្គធ្វើឲ្យមនុស្សជាច្រើន ឈឺចុកចាប់ ដែលមិនធ្លាប់ឮគេនិយាយកាលពីមុន។ ៧ ប៉ុន្តែ ព្រះរាជានៅតែក្រអឺតក្រទមដដែល មិនព្រមចុះចាញ់ នៅតែអួតបំប៉ោង មានព្រះហឫទ័យក្តៅក្រហាយចំពោះជនជាតិយូដា ហើយបញ្ជាឲ្យបន្ថែមល្បឿនថែមទៀត។ រំពេចនោះ ស្រាប់តែព្រះរាជាធ្លាក់ពីលើរាជរថ ដែលកំពុងតែបរយ៉ាងលឿន ទាំងឮសូរយ៉ាងខ្លាំង បណ្តាលឲ្យបាក់ព្រះបាទ និងព្រះហស្ត។ ៨ ព្រះរាជាដែលអួតបំប៉ោងស្មានថា ខ្លួនជាព្រះមានអំណាចអាចបញ្ជារលកសមុទ្រ និងស្មានថាអាចថ្លឹងភ្នំដ៏ខ្ពស់បំផុតក្នុងជញ្ជីងបាន ឥឡូវនេះ ត្រូវដេកផ្ទាល់ដី ហើយត្រូវគេសែងនៅលើគ្រែស្នែង។ ដូច្នេះ មនុស្សទាំងអស់យល់ច្បាស់នូវឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ ៩ ព្រះនេត្ររបស់ស្តេចពាលនោះ មានសុទ្ធតែដង្កូវ ទោះបីស្តេចនៅមានជីវិតក្តី ក៏សាច់ត្រូវរបេះចេញពីខ្លួន បណ្តាលឲ្យព្រះរាជាឈឺចុកចាប់យ៉ាងខ្លាំង។ ក្លិនអសោចរបស់ស្តេចដែលរលួយនោះ បណ្តាលឲ្យកងទ័ពទាំងមូលខ្ពើមរអើមយ៉ាងក្រៃលែង។ ១០ ព្រះរាជាដែលពីមុនស្មានថាខ្លួនអាចចាប់ផ្កាយនៅលើមេឃបាន ឥឡូវនេះ គ្មាននរណាហ៊ានចូលទៅសែងឡើយ ព្រោះគេមិនអាចទ្រាំនឹងក្លិនអសោចនេះបាន។ ១១ នៅពេលនោះ ព្រះបាទអន់ទីយ៉ូគូសប្រឈួនកាន់តែខ្លាំងឡើងៗ ដោយសារព្រះជាម្ចាស់វាយប្រហារ។ ស្តេចក៏ចាប់ផ្តើមបាក់អំនួត ទាំងយល់ពីស្ថានភាពរបស់ខ្លួន។ ១២ ស្តេចមិនអាចទ្រាំនឹងក្លិនស្អុយរបស់ខ្លួនបាន ក៏មានរាជឱង្ការថា៖ «យើងត្រូវតែចុះចូលក្រោមអំណាចរបស់ព្រះជាម្ចាស់! យើងជាមនុស្សដែលរមែងតែងតែស្លាប់ មិនត្រូវចង់ស្មើនឹងព្រះអង្គឡើយ»។ ១៣ ប៉ុន្តែ ព្រះអម្ចាស់ពុំអាចព្រះសណ្តាប់ពាក្យអង្វររបស់ជនពាលដ៏ថោកទាបនេះទេ ព្រះអង្គមិនអាណិតអាសូរគេឡើយ។ ១៤ ព្រះរាជាសន្យាថានឹងប្រកាសក្រុងដ៏វិសុទ្ធឲ្យមានសេរីភាព គឺក្រុងដែលស្តេចយាងទៅយ៉ាងប្រញាប់ប្រញាល់បម្រុងនឹងរំលាយ ហើយធ្វើឲ្យក្រុងនេះក្លាយទៅជារណ្តៅកប់ខ្មោចរួមនៃជនជាតិយូដា។ ១៥ កាលពីមុន ព្រះរាជាព្រះអង្គព្រះតម្រិះថា សាកសពជនជាតិយូដា និងកូនចៅរបស់គេ មិនគួរឲ្យបញ្ចុះទេ គួរតែយកទៅបោះចោលឲ្យសត្វសាហាវស៊ី ប៉ុន្តែ ឥឡូវនេះ ព្រះរាជាសន្យាថា ប្រទានឲ្យគេមានសិទ្ធិស្មើនឹងប្រជាជនអាថែនវិញ!។ ១៦ កាលពីមុន ស្តេចបានរឹបអូសយកទ្រព្យសម្បត្ដិពីព្រះវិហារយេរូសាឡឹម ប៉ុន្តែ ឥឡូវនេះ ព្រះរាជាសន្យាថា នឹងយកតង្វាយដ៏ល្អប្រណីតមកតុបតែងព្រះវិហារដ៏វិសុទ្ធ ព្រមទាំងសងគ្រឿងបរិក្ខាដ៏សក្ការៈ ទាំងអស់ទ្វេមួយជាពីរ ហើយយករាជទ្រព្យមកឧបត្ថម្ភលើចំណាយសម្រាប់សក្ការបូជា។ ១៧ ស្តេចសន្យាទៀតថានឹងចូលសាសន៍យូដា ហើយដើរគ្រប់តំបន់ដែលមានមនុស្សរស់នៅ ដោយប្រកាសអំពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ ១៨ ប៉ុន្តែ ព្រះរាជារឹតតែឈឺចុកចាប់ខ្លាំងឡើងៗឥតស្រាកស្រាន្ត ដ្បិតព្រះជាម្ចាស់ដាក់ទោសយ៉ាងត្រឹមត្រូវ។ ដោយអស់សង្ឃឹមនឹងរួចជីវិត ព្រះរាជាបានសរសេររាជសារជាពាក្យអង្វរ ដែលមានចែង និងចម្លងដូចខាងក្រោម៖
១៩ ព្រះបាទអន់ទីយ៉ូគូសជាស្តេច និងជាមេបញ្ជាការកងទ័ពទាំងមូល ជម្រាបមកជនជាតិយូដាដ៏ប្រសើរ និងប្រជាពលរដ្ឋទាំងអស់ សូមប្រកបដោយអំណរសប្បាយ សុខភាពល្អ និងសុភមង្គល! ២០ ប្រសិនបើអស់លោក និងកូនចៅប្រកបដោយសេចក្តីសុខ ប្រសិនបើកិច្ចការរបស់អស់លោកសម្រេចតាមបំណងប្រាថ្នា យើងសូមអរព្រះគុណព្រះជាម្ចាស់យ៉ាងលើសលុប។ ២១ រីឯយើងវិញ ទោះបីជាមានជំងឺ ហើយអស់កម្លាំងយូរបន្តិចមែន ក៏យើងនៅតែនឹកដល់អស់លោកដោយសេចក្តីស្រឡាញ់។ ពេលយើងចុះទៅស្រុកពែរ្ស យើងធ្លាក់ខ្លួនទន់ខ្សោយគួរឲ្យបារម្ភ តែយើងយល់ឃើញថា ត្រូវគិតដល់សេចក្តីសុខសាន្តនៃមនុស្សទាំងអស់។ ២២ យើងមិនអស់សង្ឃឹមចំពោះជីវិតទេ ផ្ទុយទៅវិញ យើងសង្ឃឹមយ៉ាងមាំថា នឹងបានជាសះស្បើយ។ ២៣ យើងយល់ឃើញថា នៅពេលបិតាយើងចេញច្បាំងប្រឆាំងនឹងតំបន់ខាងលើ ព្រះអង្គក៏តែងតាំងស្តេចមួយអង្គស្នងរាជ្យជំនួសដែរ។ ២៤ ដូច្នេះ ប្រសិនបើមានព្រឹត្តិការណ៍ដែលស្មានមិនដល់ ឬទទួលដំណឹងដ៏អាក្រក់ណាមួយកើតមាន អ្នកស្រុកមិនជ្រួលច្របល់ គឺដឹងថាមានស្តេចមួយអង្គទៀតទទួលខុសត្រូវលើរដ្ឋអំណាច។ ២៥ ដោយយល់ឃើញទៀតថា ស្តេចដែលគ្រប់គ្រងស្រុកជិតខាងរាជាណាចក្ររបស់យើង ឃ្លាំចាំមើលឱកាសល្អ និងចាំមើលពីសភាពជម្ងឺរបស់ខ្ញុំ ដើម្បីឈ្លានពានលើទឹកដីយើង យើងតែងតាំងបុត្ររបស់យើង ព្រះនាមអន់ទីយ៉ូគូស ឲ្យឡើងគ្រងរាជ្យស្នងយើង។ យើងធ្លាប់ផ្ញើបុត្រយើងនឹងលោកមួយរយៈ នៅពេលណាយើងប្រញាប់ចេញទៅច្បាំងនឹងពួកឧបរាជនៅស្រុកខាងលើ។ យើងសរសេរសារលិខិតផ្ញើបុត្រយើង។ ២៦ ហេតុនេះ សូមអស់លោកមេត្តានឹក ដល់គុណបំណាច់របស់យើង ដែលមានចំពោះអស់លោក ប្រជាជនទាំងមូល និងចំពោះជនម្នាក់ៗ ជាពិសេស សូមឲ្យមានចិត្តសប្បុរសចំពោះបុត្ររបស់យើង ដូចអស់លោកមានចិត្តសប្បុរសចំពោះយើងដែរ។ ២៧ យើងជឿជាក់ថា បុត្ររបស់យើងមុខជាប្រព្រឹត្តចំពោះអស់លោកដោយចិត្តសប្បុរស និងមនុស្សធម៌ គេនឹងធ្វើតាមបំណងរបស់យើងយ៉ាងម៉ត់ចត់ និងយល់ចិត្តគំនិតរបស់អស់លោក។ ២៨ ដូច្នេះ ស្តេចដែលជាឃាតក ជាជនប្រមាថព្រះជាម្ចាស់នេះ ឈឺចុកចាប់យ៉ាងខ្លាំង ដូចព្រះអង្គ បានធ្វើឲ្យអ្នកដទៃឈឺចុកចាប់ដែរ រួចក៏បាត់បង់ជីវិតនៅលើទឹកដីបរទេស នៅតំបន់ភ្នំយ៉ាងសែនអាណោចអាធ័ម។ ២៩ លោកភីលីពជាមិត្តជិតស្និទ្ធរបស់ស្តេច ក៏នាំសពស្តេចទៅក្រុងអង់ទីយ៉ូកវិញ។ ប៉ុន្តែ ដោយលោកមិនទុកចិត្តលើបុត្ររបស់ព្រះបាទអន់ទីយ៉ូគូស លោកដកខ្លួនវិលទៅស្រុកអេស៊ីប នៅជាមួយព្រះបាទផ្ទូលេមេភីឡូមេទ័រ។
១០
វិធីជម្រះព្រះវិហារឲ្យវិសុទ្ធ
១ ព្រះជាម្ចាស់បានដឹកនាំលោកម៉ាកាបាយ និងអ្នកដែលនៅជាមួយលោក ដណ្តើមយកព្រះវិហារ និងក្រុងយេរូសាឡឹមកាន់កាប់វិញ។ ២ លោករំលំអាសនៈទាំងប៉ុន្មានដែលជនបរទេសសង់នៅកន្លែងសាធារណៈ និងនៅកន្លែងសម្រាប់ថ្វាយបង្គំព្រះដទៃទៀត។ ៣ ក្រោយពីបានជម្រះព្រះវិហារ ពួកគេសង់អាសនៈថ្មីមួយទៀត ពួកគេបង្កាត់ភ្លើងពីថ្ម ហើយយកភ្លើងនោះទៅថ្វាយសក្ការបូជា។ ពួកគេខានថ្វាយសក្ការបូជាបែបនេះពីរឆ្នាំមកហើយ។ ពួកគេដុតគ្រឿងក្រអូប អុជចង្កៀង និងយកនំប៉័ងថ្វាយព្រះជាម្ចាស់។ ៤ ក្រោយពីបានធ្វើពិធីនេះចប់សព្វគ្រប់ហើយ ពួកគេនាំគ្នាក្រាបថ្វាយបង្គំ ទូលអង្វរព្រះអម្ចាស់ សូមកុំបណ្តោយឲ្យពួកគេជួបគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរបែបនេះទៀតឡើយ។ ប្រសិនបើពួកគេប្រព្រឹត្តអំពើបាប សូមព្រះអង្គកុំវាយប្រដៅពួកគេខ្លាំងពេក កុំបញ្ជូនពួកគេទៅក្នុងកណ្តាប់ដៃរបស់សាសន៍ដ៏ឃោរឃៅ ដែលប្រមាថព្រះអង្គ។ ៥ ថ្ងៃជម្រះព្រះវិហារត្រូវនឹងថ្ងៃទីម្ភៃប្រាំ ខែគីសឡេវ ត្រូវជាថ្ងៃដែលសាសន៍ដទៃបានប្រមាថមើលងាយព្រះវិហារកាលពីមុន។ ៦ ពួកគេប្រារពពិធីបុណ្យអបអរសាទរយ៉ាងសប្បាយ អស់រយៈពេលប្រាំបីថ្ងៃ ដូចនៅថ្ងៃបុណ្យបារាំដែរ ពួកគេតែងតែនឹកចាំថា មិនយូរប៉ុន្មានក្នុងឱកាសបុណ្យបារាំនេះ ពួកគេបានស្នាក់នៅតាមភ្នំក្នុងគុហា ដូចសត្វសាហាវ។ ៧ ហេតុនេះហើយបានជាពួកគេនាំគ្នាកាន់ស្លឹក មែកឈើខៀវខ្ចី និងស្លឹកអន្សែ ហើយនាំគ្នាលើកតម្កើងព្រះជាម្ចាស់ ដែលបានប្រោសឲ្យការជម្រះព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គបានសម្រេច។ ៨ ពួកគេចេញក្រឹត្យជាសាធារណៈ ដោយការបោះឆ្នោត បញ្ជាឲ្យជាតិយូដាទាំងមូល ប្រារព្ធពិធីនៅថ្ងៃទាំងនេះជារៀងរាល់ឆ្នាំ។
ព្រឹត្តិការណ៍ដែលកើតឡើងក្នុងរជ្ជកាលព្រះបាទអន់ទីយ៉ូគូសអឺប៉ាទ័រ
៩ ព្រះបាទអន់ទីយ៉ូគូសហៅអេពីផានសោយទិវង្គតដូច្នោះឯង។ ១០ ឥឡូវនេះ យើងនឹងរៀបរាប់ព្រឹត្តិការណ៍ស្តីពីព្រះបាទអន់ទីយ៉ូគូសអឺប៉ាទ័រ ជាបុត្ររបស់ជនពាលនោះ ដោយសង្ខេបសេចក្តីអំពីគ្រោះមហន្តរាយទាំងឡាយ ដែលបណ្តាលមកពីសង្គ្រាម។ ១១ ពេលស្តេចនេះទទួលរាជាណាចក្រទុកជាមត៌ក ព្រះអង្គតែងតាំងឈ្មោះ លីស៊ីយ៉ាស ជារដ្ឋមន្ត្រីទីមួយ។ លោកលីស៊ីយ៉ាសនេះ ជាអភិបាលដឹកនាំស្រុកសេលើស៊ីរី និងភេនេស៊ី ១២ ជំនួសលោកផ្ទូលេមេ ហៅម៉ាក្រូន។ លោកផ្ទូលេមេជាមន្ត្រីដំបូងបង្អស់ ដែលរកយុត្តិធម៌ឲ្យជនជាតិយូដា គឺលោកយកចិត្តទុកដាក់គ្រប់គ្រងជនជាតិយូដាដោយសន្តិវិធី ព្រោះលោកយល់ឃើញថា ពួកគេបានរងអំពើអយុត្តិធម៌ជាច្រើនមកហើយ។ ១៣ ប៉ុន្តែ មន្រ្តីឯទៀតៗបានប្តឹងព្រះបាទអឺប៉ាទ័រចោទប្រកាន់លោក គេតែងហៅលោកថា ជាជនក្បត់ជាតិជាញឹកញាប់ ព្រោះព្រះបាទភីឡូមេទ័រ ជាស្តេចស្រុកអេស៊ីប បានផ្ញើកោះគីប្រូសនឹងលោក តែលោកបានបោះបង់ចោលកោះនោះ ដើម្បីបម្រើព្រះបាទអន់ទីយ៉ូគូសអេពីផាន។ ដោយលោកពុំអាចបំពេញមុខងារយ៉ាងសមរម្យ ថ្លៃថ្នូររបស់លោកបាន លោកក៏ធ្វើអត្តឃាតដោយប្រើថ្នាំពុល។
លោកក័រស៊ីយ៉ាស
(១ មរ ៥,១-៨)
១៤ លោកក័រស៊ីយ៉ាសឡើងធ្វើជាទេសាភិបាលតំបន់អ៊ីឌំមេ។ លោកប្រមូលកងទ័ពឈ្នួល ហើយឆ្លៀតគ្រប់ឱកាស ដើម្បីធ្វើសង្គ្រាមជាមួយជនជាតិយូដា។ ១៥ នៅគ្រាដដែលនោះ ជនជាតិអ៊ីឌំមេកាន់កាប់ក្រុងសំខាន់ៗ ដែលមានកំពែងដ៏រឹងមាំ ហើយតែងតែវាយសម្រុកលើជនជាតិយូដា។ ពួកគេទទួលអស់អ្នកដែលលោកយូដាបានបណ្តេញចេញពីក្រុងយេរូសាឡឹម ហើយខិតខំរកឱកាស ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងជនជាតិយូដាទៀត។ ១៦ ប៉ុន្តែ លោកម៉ាកាបាយ និងកងទ័ពរបស់លោក នាំគ្នាទូលអង្វរព្រះជាម្ចាស់ជាសាធារណៈ សូមព្រះអង្គធ្វើជាសម្ពន្ធមិត្តរបស់ពួកគេ ហើយចេញទៅវាយដណ្តើមយកក្រុងទាំងប៉ុន្មាន ដែលជនជាតិអ៊ីឌំមេកាន់កាប់មកវិញ។ ១៧ ពួកគេវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ដេញទ័ពដែលនៅការពារកំពែង ហើយដណ្តើមយកក្រុងទាំងនោះបាន។ ពួកគេអារកអស់អ្នកដែលធ្លាក់ក្នុងកណ្តាប់ដៃរបស់ពួកគេ គឺប្រហារជីវិតខ្មាំងអស់ជាងពីរម៉ឺននាក់។ ១៨ ខ្មាំងជាងប្រាំបួនពាន់នាក់រត់ទៅជ្រកក្នុងប៉មពីរ ដែលមានកំពែងរឹងមាំ ហើយមានគ្រឿងអ្វីៗទាំងអស់សម្រាប់ទប់ទល់នឹងការឡោមព័ទ្ធរបស់ពួកសត្រូវផង។ ១៩ លោកម៉ាកាបាយទុកកងទ័ពមួយចំនួននៅឡោមព័ទ្ធក្រុងទាំងនោះ ក្រោមបញ្ជារបស់លោកស៊ីម៉ូន លោកយ៉ូសែប និងលោកសាខេ។ រីឯលោកវិញ លោកចេញទៅវាយកន្លែងដែលត្រូវការលោកជាបន្ទាន់។ ២០ ប៉ុន្តែ កងទ័ពរបស់លោកស៊ីម៉ូនមានចិត្តលោភលន់ ចង់បានទ្រព្យសម្បត្តិ ពួកគេបានទទួលសំណូកពីអ្នកខ្លះ ដែលយាមក្រុងទាំងនេះ គឺទទួលប្រាក់ប្រាំពីរម៉ឺនកាក់ ហើយបណ្តោយឲ្យពួកគេមួយចំនួនរត់រួច។ ២១ ពេលលោកម៉ាកាបាយជ្រាបអំពីហេតុការណ៍ដែលកើតមាននោះ លោកកោះហៅលោកមេទ័ពឲ្យមកជួបជុំគ្នា និងចោទប្រកាន់អ្នកដែលធ្វើខុសទាំងនោះថា ពួកគេបានលក់បងប្អូនរួមជាតិ ដោយដោះលែងខ្មាំងសត្រូវឲ្យទៅវាយបងប្អូនរបស់ខ្លួន។ ២២ លោកបង្គាប់ឲ្យប្រហារជីវិតអ្នកទាំងនោះ ទុកជាអ្នកក្បត់ជាតិ ហើយដណ្តើមយកក្រុងទាំងពីរនោះភ្លាម។ ២៣ ក្នុងការធ្វើសង្រ្គាមលោកមានជ័យជម្នះគ្រប់ពេល ហើយកម្ទេចខ្មាំងជាងពីរម៉ឺននាក់ក្នុងក្រុងទាំងពីរ។
លោកយូដាវាយឈ្នះលោកធីម៉ូថេ
២៤ រីឯលោកធីម៉ូថេ ដែលជនជាតិយូដាបានវាយឈ្នះពីលើកមុនម្តងមកហើយ កេណ្ឌកងទ័ពបរទេសជាច្រើន ព្រមទាំងប្រមូលទ័ពសេះមួយចំនួនធំមកពីស្រុកអាស៊ី។ លោកលើកទ័ពទៅស្រុកយូដា ក្នុងគោលបំណងវាយយកស្រុកនេះមកកាន់កាប់ដោយប្រើអាវុធ។ ២៥ ពេលពួកគេមកជិតដល់ លោកម៉ាកាបាយ និងកងទ័ពរបស់លោក នាំគ្នាទូលអង្វរព្រះជាម្ចាស់ ដោយយកដីរោយលើក្បាល និងយកបាវមកក្រវាត់ចង្កេះ។ ២៦ ពួកគេក្រាបដល់ដីនៅមុខអាសនៈ ទូលអង្វរព្រះជាម្ចាស់ សូមប្រោសប្រណីដល់ពួកគេ សូមឲ្យសត្រូវវាយលើសត្រូវគ្នាឯង ហើយប្រឆាំងនឹងអស់អ្នក ដែលប្រឆាំងនឹងពួកគេ តាមសេចក្តីដែលមានចែងទុកយ៉ាងច្បាស់ក្នុងគម្ពីរវិន័យ។ ២៧ លុះពេលអធិដ្ឋានរួច ពួកគេយកអាវុធមកកាន់ ធ្វើដំណើរចេញទៅឆ្ងាយពីក្រុងយេរូសាឡឹមបន្តិច។ កាលពួកគេមកជិតខ្មាំងសត្រូវ គេក៏ឈប់។ ២៨ នៅពេលព្រះអាទិត្យរះឡើង កងទ័ពទាំងពីរវាយគ្នាទៅវិញទៅមក។ ជនជាតិយូដាសង្ឃឹមថា ទទួលបានជ័យជម្នះ ដោយគេមានចិត្តក្លាហានអង់អាច ហើយជាពិសេស គឺពួកគេពឹងផ្អែកទៅលើព្រះអម្ចាស់។ រីឯពួកខ្មាំងមានតែកំហឹងឃោរឃៅទេដែលដឹកនាំក្នុងការប្រយុទ្ធ។ ២៩ ពេលកងទ័ពទាំងពីរប្រយុទ្ធគ្នាយ៉ាងខ្លាំង ពួកខ្មាំងសត្រូវឃើញបុរសប្រាំនាក់មានសម្លៀកបំពាក់ដ៏រុងរឿងអស្ចារ្យ ជិះលើខ្នងសេះ ដែលមានបង្ខាំមាស នាំមុខកងទ័ពយូដា។ ៣០ លោកទាំងប្រាំនាក់វាយអមលោកម៉ាកាបាយ ឲ្យនៅកណ្តាលពួកគេ ទាំងយកអាវក្រោះរបស់ខ្លួនមកការពារគាត់ ដើម្បីកុំឲ្យគាត់មានរបួស។ ចំពោះបច្ចាមិត្តវិញ អស់លោកបានធ្វើជាផ្លេកបន្ទោរ និងរន្ទះ ដូចគេបាញ់ព្រួញ បណ្តោយឲ្យខ្មាំងស្រវាំងភ្នែក ភ័ន្តច្រឡំជ្រួលច្របល់ បាក់ទ័ពរត់ខ្ចាត់ខ្ចាយ។ ៣១ កងទ័ពយូដាអារកទ័ពថ្មើរជើងរបស់ខ្មាំង អស់ពីរម៉ឺនប្រាំរយនាក់ និងទ័ពសេះអស់ប្រាំមួយរយនាក់។ ៣២ លោកធីម៉ូថេផ្ទាល់ក៏រត់ភៀសខ្លួនទៅជ្រកក្នុងក្រុងដែលមានកំពែងរឹងមាំនៅកាសារ៉ា ដែលមានលោកខេរេអាជាមេបញ្ជាការ។ ៣៣ ប៉ុន្តែ លោកម៉ាកាបាយ និងកងទ័ពរបស់លោក បានឡោមព័ទ្ធក្រុងនោះអស់រយៈពេលបួនថ្ងៃ ដោយចិត្តរីករាយ។ ៣៤ រីឯខ្មាំងដែលស្ថិតនៅក្នុងក្រុងនោះអាងលើកំពែងដ៏រឹងមាំ នៅតែនាំគ្នាជេរប្រមាថព្រះជាម្ចាស់កាន់តែខ្លាំងឡើងៗ និងពោលពាក្យព្រហើនតាមរបៀបជនពាល។ ៣៥ លុះដល់ថ្ងៃទីប្រាំ ពេលព្រះអាទិត្យរះ យុវជនម្ភៃនាក់ជាពលទាហានរបស់លោកម៉ាកាបាយ មានចិត្តក្តៅក្រហាយដោយឮពាក្យជេរដូច្នេះ ក៏ស្ទុះចេញទៅវាយសម្រុកកំពែង ដោយចិត្តអង់អាចក្លាហាន ដូចជាវីរបុរស។ ពួកគេមានកំហឹងពុះកញ្រ្ជោលជាខ្លាំង ហើយកាប់សម្លាប់អស់អ្នកដែលធ្លាក់ក្នុងកណ្តាប់ដៃរបស់ពួកគេ។ ៣៦ យុវជនខ្លះទៀតដើរវាងទៅពីក្រោយក្រុង វាយសម្រុកខ្មាំងដែលនៅខាងក្នុង ដុតប៉មរបស់ពួកគេ បង្កាត់ភ្នក់ភ្លើងយ៉ាងធំ ហើយដុតទាំងរស់ចំពោះអ្នកជេរប្រមាថព្រះជាម្ចាស់។ ក្រុមយុវជនទីមួយវាយកម្ទេចទ្វារឲ្យកងទ័ពដែលនៅខាងក្រោយចូលក្នុងបន្ទាយ ហើយត្រួតត្រាក្រុងទាំងមូល។ ៣៧ ពួកគេកាត់កលោកធីម៉ូថេ ដែលរត់ពួនក្នុងអណ្តូងមួយ ព្រមទាំងសម្លាប់លោកខេរេអា និងលោកអាប៉ូឡូផានដែរ។ ៣៨ ក្រោយពីទទួលជ័យជម្នះទាំងនេះ ពួកគេនាំគ្នាច្រៀងលើកតម្កើងព្រះអម្ចាស់ ទាំងស្មូតបទសរសើរថ្វាយព្រះអង្គ ដែលប្រោសប្រណីដល់ប្រជាជនអ៊ីស្រាអែលយ៉ាងលើសលប់ ហើយប្រោសប្រទានជ័យជម្នះឲ្យពួកគេផង។
១១
លោកលីស៊ីយ៉ាសធ្វើសង្គ្រាមប្រឆាំងនឹងជនជាតិយូដា
(១ មរ ៤,២៦-៣៥)
១ លោកលីស៊ីយ៉ាសជាញាតិវង្ស ដែលជាអ្នកថែរក្សាអប់រំស្តេច និងជារដ្ឋមន្ត្រីទីមួយ ចាប់អារម្មណ៍យ៉ាងខ្លាំងនឹងព្រឹតិ្តការណ៍ដែលកើតមាននោះ។ មិនយូរប៉ុន្មានក្រោយមក ២ លោកប្រមូលផ្តុំពលទ័ពថ្មើរជើងប្រមាណប្រាំបីម៉ឺននាក់ និងពលទ័ពសេះទាំងអស់ ហើយលើកចេញទៅច្បាំងនឹងជនជាតិយូដា លោកចង់ធ្វើឲ្យក្រុងយេរូសាឡឹម ក្លាយទៅជាក្រុងរបស់ជនជាតិក្រិក។ ៣ លោកចង់ឲ្យព្រះវិហារបង់ពន្ធ ដូចវិហាររបស់ប្រជាជាតិដទៃទៀតដែរ និងមានការដេញថ្លៃមុខងារមហាបូជាចារ្យជារៀងរាល់ឆ្នាំ។ ៤ លោកពុំបាននឹកគិតអំពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់ទេ គឺលោកអាងយ៉ាងព្រហើនកម្លាំងទ័ពថ្មើរជើងរាប់ម៉ឺននាក់ ពលទ័ពសេះរាប់ពាន់នាក់ និងលើដំរីចម្បាំងប៉ែតសិបក្បាលប៉ុណ្ណោះ។
៥ ពេលលោកមកដល់ស្រុកយូដា លោកចាប់វាយក្រុងបេតសួរយ៉ាងខ្លាំង។ ក្រុងបេតសួរនេះមានកំពែងដ៏រឹងមាំ ហើយស្ថិតនៅប្រមាណជាប្រាំពីរគីឡូម៉ែត្រពីក្រុងយេរូសាឡឹម។ ៦ កាលលោកម៉ាកាបាយ និងកងទ័ពជ្រាបដំណឹងថា លោកលីស៊ីយ៉ាសឡោមព័ទ្ធក្រុងនានា ពួកគេនាំគ្នាទូលអង្វរព្រះអម្ចាស់ទាំងថ្ងូរ និងបង្ហូរទឹកភ្នែក រួមជាមួយប្រជាជន សូមព្រះអង្គព្រះអង្គព្រះមេត្តា ចាត់ទេវទូតដ៏សប្បុរសមួយរូប ឲ្យមកសង្គ្រោះប្រជាជនអ៊ីស្រាអែលផង។ ៧ លោកម៉ាកាបាយកាន់អាវុធមុនគេ ហើយលើកទឹកចិត្តអ្នកដទៃទៀតឲ្យពុះពារនឹងគ្រោះថ្នាក់ជាមួយគាត់ ដើម្បីសង្គ្រោះបងប្អូនរបស់ខ្លួន។ ពួកគេក្រោកឡើងដោយចិត្តក្លាហានអង់អាច។ ៨ កាលពួកគេស្ថិតនៅក្បែរក្រុងយេរូសាឡឹមនៅឡើយ ស្រាប់តែឃើញមានបុរសម្នាក់ស្លៀកពាក់ស ជិះសេះមក ហើយនាំមុខពួកគេ ទាំងគ្រវីអាវុធមាស។ ៩ គេនាំគ្នាអរព្រះគុណលើកតម្កើងព្រះជាម្ចាស់ ប្រកបដោយព្រះហឫទ័យមេត្តាករុណា។ ព្រះអង្គបានប្រទានកម្លាំងខ្លាំងក្លាឲ្យពួកគេត្រៀមខ្លួនចេញទៅវាយ មិនត្រឹមតែមនុស្សប៉ុណ្ណោះទេ គឺវាយទម្លុះទាំងសត្វសាហាវបំផុត ទាំងកំពែងដែលធ្វើអំពីដែកផង។ ១០ ពួកគេចេញដំណើរទៅមុខតាមក្បួនទ័ព ដោយមានសម្ពន្ធមិត្តមួយរូបមកពីស្ថានបរមសុខ ព្រោះព្រះអម្ចាស់អាណិតអាសូរពួកគេ។ ១១ ពួកគេវាយសម្រុកលើខ្មាំងសត្រូវ ដូចសត្វសិង្ហ។ ពួកគេប្រហារពលទ័ពថ្មើរជើងមួយម៉ឺនមួយពាន់នាក់ និងពលទ័ពសេះ មួយពាន់ប្រាំរយនាក់ ហើយបង្ខំទ័ពខ្មាំងឲ្យបាក់ទ័ពរត់អស់។ ១២ ទ័ពខ្មាំងដែលរត់ភាគច្រើន សុទ្ធតែមានរបួស និងគ្មានអាវុធ សូម្បីតែលោកលីស៊ីយ៉ាសខ្លួនឯងក៏រត់ទាំងអាម៉ាស់ដែរ។
ជនជាតិយូដាបានសន្តិភាព
(១មបា ៦.៥៧-៦១)
១៣ ប៉ុន្តែ លោកលីស៊ីយ៉ាសដែលជាអ្នកឆ្លាតវាងវៃ លោករិះគិតអំពីការបរាជ័យរបស់លោក ហើយយល់ឃើញថា មិនអាចវាយឈ្នះជនជាតិយូដាទេ ព្រោះព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ជាសម្ពន្ធមិត្ត ជួយច្បាំងពួកគេ។ ដូច្នេះ លោកចាត់អ្នកនាំសារ ១៤ ឲ្យទៅចរចាសុំសន្តិភាពជាមួយជនជាតិយូដា ដោយសម្រុះសម្រួលគ្នាយ៉ាងសមរម្យ និងយុត្តិធម៌។ លោកសន្យាថានឹងទូលសុំស្តេច ឲ្យចងមិត្តភាពជាមួយពួកគេដែរ។ ១៥ លោកម៉ាកាបាយយល់ព្រមនឹងសំណូមពរទាំងប៉ុន្មានរបស់លោកលីស៊ីយ៉ាស ដោយនឹកគិតដល់ផលប្រយោជន៍រួម។ ព្រះរាជាយល់ព្រមតាមសំណូមពរទាំងប៉ុន្មាន ដែលលោកម៉ាកាបាយ បានសរសេរផ្ញើជូនលោកលីស៊ីយ៉ាសស្តីអំពីជនជាតិយូដា។
១៦ លោកលីស៊ីយ៉ាសសរសេរសំបុត្រផ្ញើជូនជនជាតិយូដា មានសេចក្តីដូចតទៅ៖ «ខ្ញុំលីស៊ីយ៉ាស សូមជម្រាបមកដល់ជនជាតិយូដាទាំងមូល សូមជ្រាប ១៧ លោកយ៉ូហាន និងលោកអាប់សាឡុម ជាអ្នកនាំសាររបស់អស់លោកបានជូនកិច្ចព្រមព្រៀង ដូចមានចែងខាងក្រោមនេះមកខ្ញុំ ដោយសូមឲ្យខ្ញុំយល់ព្រមតាមមាត្រាទាំងប៉ុន្មានដែលមានកត់ត្រាក្នុងកិច្ចព្រមព្រៀងនេះ។ ១៨ ហេតុនេះហើយបានជាក្រោយពីខ្ញុំយល់ព្រមដោយផ្ទាល់ពីអ្វីដែលខ្ញុំអាចអនុញ្ញាតបាន ខ្ញុំក៏រ៉ាយរ៉ាប់ថ្វាយព្រះរាជាពីអ្វីដែលព្រះអង្គត្រូវសម្រេច។ ១៩ ហេតុនេះ ប្រសិនបើអស់លោកនៅតែមានឆន្ទៈល្អចំពោះរដ្ឋ ខ្ញុំនឹងខិតខំជួយរកផលប្រយោជន៍ដល់បងប្អូន នៅពេលអនាគត។ ២០ រីឯបញ្ហាបន្ទាប់បន្សំទៀត ខ្ញុំឲ្យអ្នកនាំសាររបស់លោក និងតំណាងរបស់ខ្ញុំ ពិភាក្សាជាមួយអស់លោក។ ២១ សូមអស់លោកប្រកបដោយសេចក្តីសុខសាន្ត។
ធ្វើនៅថ្ងៃទីម្ភៃបួន ខែឌីយ៉ុស្កូរ ត្រូវនឹងខែមាឃ ឆ្នាំមួយរយសែសិបប្រាំបី»។
២២ រាជសាររបស់ស្តេចមានចែងដូចតទៅ៖ «ព្រះបាទអន់ទីយ៉ូគូសជម្រាបមកលោកលីស៊ីយ៉ាស ជាអនុជ សូមជ្រាប! ២៣ តាំងពីបិតារបស់យើងបានទៅស្ថានសួគ៌ជាមួយព្រះរបស់ខ្លួន យើងចង់ឲ្យអស់អ្នកដែលរស់នៅក្នុងរាជាណាចក្ររបស់យើង អាចគិតគូរកិច្ចការរបស់ខ្លួន ដោយគ្មានបារម្ភអ្វីឡើយ។ ២៤ យើងដឹងថា ជនជាតិយូដាមិនព្រមទទួលយកនូវរបៀបរស់នៅរបស់ជនជាតិក្រិក តាមសំណូមពរបិតាយើងទេ។ ពួកគេចូលចិត្តរស់នៅតាមទំនៀមទម្លាប់របស់ខ្លួនប្លែកពីគេ ហើយសូមអនុញ្ញតឲ្យពួកគេកាន់តាមធម្មវិន័យរបស់គេ។ ២៥ អាស្រ័យហេតុនេះហើយបានជាយើងចង់ឲ្យប្រជាជននេះ រួចផុតពីការព្រួយបារម្ភ យើងក៏សម្រេចព្រះហឫទ័យ ប្រគល់ព្រះវិហារឲ្យពួកគេ ហើយឲ្យពួកគេរស់នៅក្នុងឋានៈជាប្រជាពលរដ្ឋតាមប្រពៃណីដូនតារបស់ពួកគេ។ ២៦ ដូច្នេះ លោកត្រូវចាត់ទូតម្នាក់ទៅជួបពួកគេ និងផ្តល់សន្តិភាព ដើម្បីឲ្យពួកគេលែងភ័យខ្លាច គិតគូរតែពីកិច្ចការរបស់ខ្លួន ដោយគ្មានកង្វល់អ្វីឡើយ ហើយរស់នៅដោយសេចក្តីសុខសាន្ត»។
២៧ ស្តេចសរសេរសារផ្ញើជូនជនជាតិយូដាមានសេចក្តីដូចតទៅ៖ «ព្រះបាទអន់ទីយ៉ូគូសជម្រាបមកក្រុមប្រឹក្សាព្រឹទ្ធាចារ្យ និងជនជាតិយូដាទាំងអស់ សូមជ្រាប!។ ២៨ ប្រសិនបើអស់លោកប្រកបដោយសេចក្តីសុខ យើងមានអំណររកអ្វីមកប្រៀបផ្ទឹមពុំបាន។ យើងនៅឯណេះក៏ប្រកបដោយសេចក្តីសុខជាធម្មតាដែរ។ ២៩ លោកម៉េណេឡាបានប្រាប់យើងថា អស់លោកចង់ត្រឡប់ទៅផ្ទះ ដើម្បីប្រកបកិច្ចការរបស់ខ្លួន។ ៣០ យើងសូមធានាថា នឹងអត់ទោសឲ្យអស់អ្នកដែលត្រឡប់ទៅផ្ទះ មុនថ្ងៃទីសាមសិប ខែសង់ទីក ត្រូវនឹងខែផល្គុន។ ៣១ ជនជាតិយូដាមានសិទ្ធិកាន់តាមវិន័យស្តីអំពីម្ហូបអាហារ និងច្បាប់ឯទៀតៗរបស់អស់លោកដូចកាលពីមុន។ គ្មាននរណាហ៊ានចាប់ពួកអស់លោកណាម្នាក់ ដែលបានប្រព្រឹត្តខុស ដោយមិនដឹងខ្លួនឡើយ។ ៣២ យើងក៏បានចាត់លោកម៉េណេឡាមក ដើម្បីជម្រាបអស់លោក កុំឲ្យអស់លោកភ័យខ្លាច។ ៣៣ សូមអស់លោកប្រកបដោយសេចក្តីសុខសាន្ត! ធ្វើនៅថ្ងៃទីដប់ប្រាំ ខែផល្គុន ឆ្នាំមួយរយសែសិបប្រាំបី»។
៣៤ រីឯជនជាតិរ៉ូម៉ាំងសរសេរលិខិតផ្ញើជូនជនជាតិយូដា ដែលមានន័យដូចតទៅ៖ «លោកគីនទូស-មែនមីយ៉ូស លោកទីទូស-ម៉ានីយ៉ូស និងលោកម៉ានីយ៉ូស-សែគីយ៉ូស ជាប្រតិភូជាតិរ៉ូម៉ាំង ជម្រាបមកប្រជាជនយូដា សូមជ្រាប!។ ៣៥ សេចក្តីទាំងប៉ុន្មានដែលលោកលីស៊ីយ៉ាសជាញាតិវង្សរបស់ស្តេច បានអនុញ្ញាតឲ្យអស់លោក យើងក៏អនុញ្ញាតដែរ។ ៣៦ រីឯសេចក្តីដែលលោកយល់ថា ត្រូវតែសុំសេចក្តីសម្រេចពីព្រះករុណាវិញ សូមចាត់អ្នកណាម្នាក់ឲ្យទៅជួបយើង។ យើងនឹងរៀបរាប់ថ្វាយព្រះរាជា តាមវិធីណាដែលនាំឲ្យមានផលប្រយោជន៍សម្រាប់អស់លោក ពេលយើងទៅក្រុងអន់ទីយ៉ូក។ ៣៧ ដូច្នេះ សូមប្រញាប់ប្រញាល់បញ្ជូនមនុស្សឲ្យមកជួបនឹងយើង ដើម្បីយើងដឹងពីគោលបំណងរបស់អស់លោក។ ៣៨ សូមអស់លោកប្រកបដោយសេចក្តីសុខសាន្ត។ ធ្វើនៅថ្ងៃទី១៥ ខែផល្គុន ឆ្នាំមួយរយសែសិបប្រាំបី»។
១២
ព្រឹត្តិការណ៍នៅក្រុងយ៉ូប៉េ និងក្រុងយ៉ាមនីយ៉ា
១ ក្រោយពីបានចុះកិច្ចព្រមព្រៀងទាំងនេះរួចហើយ លោកលីស៊ីយ៉ាសរត់ត្រឡប់ទៅគាល់ព្រះរាជាវិញ រីឯជនជាតិយូដាប្រឹងប្រែងធ្វើស្រែចម្ការជាធម្មតាវិញ។ ២ ប៉ុន្តែ ក្នុងចំណោមទេសាភិបាល លោកធីម៉ូថេ និងលោកអាប៉ូឡូនីយ៉ូស ជាកូនលោកកេនីយ៉ូស ព្រមទាំងលោកយេរ៉ូនីម៉ូស លោកដេម៉ូផុន និងលោកនីកាន័រ ជាមេបញ្ជាការទ័ពនៅកោះគីប្រូស មិនទុកឲ្យជនជាតិយូដារស់នៅដោយសុខសាន្តទេ។ ៣ ប្រជាជនក្រុងយ៉ូប៉េ ប្រព្រឹត្តអំពើពាលដ៏គួរឲ្យស្អប់ខ្ពើមបំផុត។ ពួកគេអញ្ជើញជនជាតិយូដា ដែលរស់នៅក្នុងក្រុងជាមួយ ព្រមទាំងប្រពន្ធកូន ឲ្យចុះទូកដែលពួកគេបានរៀបចំសម្រាប់ជនជាតិយូដានោះ ព្រោះពួកគេនិយាយថា ឥឡូវនេះ គ្មានការស្អប់គ្នាទៀតទេ។ ៤ ដោយអះអាងលើក្រឹត្យនៃសភាប្រជាជន ក្នុងក្រុងនោះ ជនជាតិយូដាយល់ព្រមតាមសេចក្តីអញ្ជើញរបស់ពួកគេ ដើម្បីបង្ហាញឲ្យពួកគេដឹងថា ជនជាតិយូដាក៏ចង់បានសន្តិភាព ហើយទុកចិត្តលើពួកគេ។ ប៉ុន្តែ កាលទូកនោះទៅដល់កណ្តាលសមុទ្រ ពួកគេក៏បានទម្លាក់ជនជាតិយូដាទាំងនោះទៅក្នុងទឹកសមុទ្រ ឲ្យលង់ទឹកស្លាប់អស់ជាងពីររយនាក់។
៥ កាលលោកយូដាបានទទួលដំណឹងពីអំពើដ៏កាចសាហាវយង់ឃ្នង ប្រឆាំងនឹងជនរួមជាតិរបស់លោកដូច្នេះ លោកប្រមូលកងទ័ពរបស់លោក។ ៦ ពួកគេទូលអង្វរព្រះជាម្ចាស់ ដែលជាចៅក្រមដ៏សុចរិត រួចចេញដំណើរទៅវាយប្រហារឃាតករបស់ជនរួមជាតិរបស់លោក។ លោកដុតកំពង់ផែនៅពេលយប់ ព្រមទាំងដុតនាវា និងសម្លាប់អស់អ្នកដែលរត់ភៀសខ្លួនមកជ្រកកន្លែងនោះផង។ ៧ បន្ទាប់មក លោកដកថយ ព្រោះទ្វារក្រុងបិទជិត ប៉ុន្តែ លោកមានបំណងវិលត្រឡប់ មកវិញដើម្បីសម្លាប់រង្គាលអ្នកក្រុងយ៉ូប៉េនោះ។ ៨ លោកក៏ទទួលដំណឹងថា ប្រជាជនយ៉ាមនីយ៉ាមានបំណងប្រើកលល្បិចដដែល ចំពោះជនជាតិយូដា ដែលរស់នៅក្នុងក្រុងជាមួយនោះដែរ។ ៩ លោកចេញទៅវាយប្រហារប្រជាជនក្រុងយ៉ាមនីយ៉ាទាំងយប់ ដុតកំពង់ផែ និងនាវាទាំងអស់។ ប្រជាជននៅក្រុងយេរូសាឡឹមដែលនៅចម្ងាយប្រមាណសែសិបគីឡូម៉ែត្រពីក្រុងនេះ ក៏ឃើញពន្លឺភ្លើងនោះដែរ។
លោកយូដាធ្វើសឹកសង្គ្រាមនៅស្រុកកាឡាដ
(១ មរ ៥,៩-៥៤)
១០ លោកយូដា និងកងទ័ពរបស់លោក ចេញពីក្រុងយ៉ាមនីយ៉ាប្រហែលពីរគីឡូម៉ែត្រ ដើម្បីទៅវាយប្រហារលោកធីម៉ូថេ ស្រាប់តែមានពលថ្មើរជើងជនជាតិអារ៉ាប់យ៉ាងតិចប្រាំពាន់នាក់ និងពលសេះប្រាំរយនាក់ វាយប្រហារពួកគេ។ ១១ ការប្រយុទ្ធមួយយ៉ាងធំកើតឡើង ហើយកងទ័ពរបស់លោកយូដាមានជ័យជម្នះ ដោយព្រះជាម្ចាស់ជួយ។ ពួកពនេចរដែលបរាជ័យ សូមចរចាសន្តិភាពជាមួយលោកយូដា ដោយសន្យាថា នឹងប្រគល់ហ្វូងសត្វឲ្យលោក ព្រមទាំងបម្រើលោកគ្រប់កិច្ចការ។ ១២ លោកយូដាយល់ឃើញថាពិតជាមានប្រយោជន៍ជាច្រើនចំពោះលោក ក៏សុខចិត្តចរចាសន្តិភាពជាមួយពួកគេ។ ក្រោយពីចុះកិច្ចព្រមព្រៀងហើយ ពួកគេត្រឡប់ទៅជំរំរបស់គេរៀងៗខ្លួនវិញ។
លោកយូដាវាយសម្រុកចូលក្រុងមួយ ដែលមានកំពែងជុំវិញហៅថាកាស្ពីន ដែលមានប្រជាជាតិនានារស់នៅលាយឡំគ្នា។ ១៣ អ្នកក្រុងអាងលើកំពែងដ៏រឹងមាំរបស់ក្រុង និងលើឃ្លាំងស្បៀងអាហាររបស់គេ។ ពួកគេជាមនុស្សព្រហើន មើលងាយទាហានរបស់លោកយូដា ដោយជេរប្រមាថពួកគេ និងពោលពាក្យដែលគ្មាននរណាហ៊ាននិយាយតាមឡើយ។ ១៤ ប៉ុន្តែ លោកយូដា និងកងទ័ពរបស់លោក ទូលអង្វរព្រះអធិបតីនៃពិភពលោក គឺព្រះអង្គដែលផ្តួលរំលំក្រុងយេរីខូ កាលពីជំនាន់លោកយ៉ូស៊ូអា ដោយមិនប្រើឧបករណ៍បុកទម្លាយកំពែង ឬគ្រឿងចម្បាំងផ្សេងៗឡើយ។ បន្ទាប់មក ពួកគេវាយសម្រុកលើកំពែងយ៉ាងក្លាហានបំផុត។ ១៥ ពួកគេដណ្តើមយកទីក្រុងបានដោយសារព្រះជាម្ចាស់សព្វព្រះហឫទ័យ។ ពួកគេកាប់សម្លាប់អ្នកក្រុងយ៉ាងច្រើនឥតគណនា មិនអាចរាប់បានឡើយ រហូតដល់ធ្វើឲ្យបឹងមួយ ដែលមានទទឹងប្រមាណបួនរយម៉ែត្រ នៅក្បែរក្រុងនោះ ពេញទៅដោយឈាម។
ការប្រយុទ្ធនៅការនីយ៉ុង
(១ មរ ៥,៣៧-៤៤)
១៦ កងទ័ពរបស់លោកយូដាថយពីក្រុងនោះ ប្រហែលជាមួយរយសែសិបគីឡូម៉ែត្រ ក៏ទៅដល់តំបន់ខារ៉ាស ដែលជនជាតិយូដាហៅថា កូនចៅលោកតូប៊ី។ ១៧ ពួកគេមិនជួបលោកធីម៉ូថេនៅទីនោះទេ ព្រោះលោកបានដកថយដោយបរាជ័យ ប៉ុន្តែ លោកទុកកងទ័ពដ៏ខ្លាំងពូកែមួយចំនួន នៅក្នុងបន្ទាយក្រុងនោះ។ ១៨ លោកដូស៊ីថេ និងលោកសូស៊ីប៉ាទែរ ជាមេទ័ពរបស់លោកម៉ាកាបាយ លើកទ័ពចេញទៅវាយបន្ទាយនោះ ហើយកាប់សម្លាប់កងទ័ពអស់ជាងមួយម៉ឺននាក់។ ១៩ រីឯលោកម៉ាកាបាយវិញ លោកប្រមូលកងទ័ពរបស់លោកជាកងៗ ហើយចាត់តាំងមេទ័ពឲ្យគ្រប់គ្រង រួចលោកចេញដំណើរទៅច្បាំងនឹងលោកធីម៉ូថេ ដែលប្រមូលពលទ័ពថ្មើរជើងដប់ពីរម៉ឺននាក់ និងពលសេះពីរពាន់ប្រាំរយនាក់។ ២០ លោកធីម៉ូថេជ្រាបថា លោកយូដាជិតមកដល់ លោកចាត់គេឲ្យនាំស្រ្តី និងកូនក្មេង ព្រមទាំងយកគ្រឿងប្រើប្រាស់ទាំងអស់ ទៅទុកនៅកន្លែងមួយហៅថា ការនីយ៉ុង ជាកន្លែងដែលគេពិបាកនឹងឡោមព័ទ្ធ ហើយពិបាកធ្វើដំណើរទៅដល់ ព្រោះច្រកភ្នំចូលតំបន់នោះចង្អៀតខ្លាំងណាស់។ ២១ កងទ័ពរបស់លោកយូដាមកដល់មុនគេ ពេលនោះ ខ្មាំងសត្រូវរន្ធត់តក់ស្លុត ព្រមទាំងខ្លាចចំពោះព្រះដែលទតមើលអ្វីៗទាំងអស់ លេចចេញមក។ ពួកគេរត់ខ្ចាត់ខ្ចាយគ្រប់ទិសទី ហើយពួកគេវាយគ្នាឯងឲ្យរបួស និងយកដាវចាក់គ្នាផង។ ២២ លោកយូដាដេញតាមក្រោយយ៉ាងអង់អាច ប្រហារជីវិតជនឧក្រិដ្ឋដោយដាវ រហូតដល់បីម៉ឺននាក់។ ២៣ លោកធីម៉ូថេក៏ធ្លាក់ក្នុងកណ្តាប់ដៃរបស់ទាហានលោកដូស៊ីថេ និងលោកសូស៊ីប៉ាទែរ។ លោកអង្វរករពួកទាហានដោយប្រើកលល្បិច សូមពួកគេអនុញ្ញាតឲ្យគាត់រួចខ្លួនទៅ កុំធ្វើបាបគាត់ ដ្បិតគាត់និយាយអះអាងថា គាត់ចាប់ក្រុមគ្រួសារ និងបងប្អូនរបស់ពួកគេបានជាច្រើន ប្រសិនបើពួកគេសម្លាប់គាត់ កងទ័ពរបស់គាត់នឹងសម្លាប់ក្រុមគ្រួសារទាំងនោះចោលជាមិនខាន។ ២៤ លោកធីម៉ូថេមានប្រសាសន៍យ៉ាងយូរ ដោយសន្យាថានឹងប្រគល់បងប្អូន ក្រុមគ្រួសារទាំងនោះមកវិញ ដោយមិនធ្វើបាបពួកគេទេ។ កងទ័ពក៏ដោះលែងលោកធីម៉ូថេ ដើម្បីសង្គ្រោះជីវិតបងប្អូនរបស់ខ្លួន។ ២៥ នៅពេលលោកយូដាទៅដល់ការនីយ៉ុង និងអតាកាតេយ៉ុង ហើយកាត់កខ្មាំងអស់ពីរម៉ឺនប្រាំពាន់នាក់។
ក្រុងហេប្រូន និងក្រុងស៊ីថូប៉ូលិស
២៦ ក្រោយពីខ្មាំងទទួលបរាជ័យ និងវិនាសអន្តរាយ លោកយូដាលើកទ័ពទៅវាយក្រុងហេប្រូន គឺជាក្រុងដែលមានកំពែងរឹងមាំ និងជាកន្លែងដែលលោកលីសាញ៉ាសរស់នៅ។ ២៧ យុវជនដ៏មានកម្លាំងក្លាហាន ឈរនៅមុខកំពែង ហើយប្រយុទ្ធយ៉ាងស្វាហាប់។ នៅក្នុងក្រុងនោះមានគ្រឿងចម្បាំង និងគ្រាប់ថ្មត្រៀមទុកយ៉ាងច្រើន។ ២៨ ប៉ុន្តែ កងទ័ពយូដាទូលអង្វរព្រះអធិបតី ដែលមានឫទ្ធានុភាព ឲ្យជួយវាយកម្ទេចកម្លាំងរបស់សត្រូវ។ ដូច្នេះ ពួកគេកាន់កាប់ទីក្រុងនេះ ហើយវាយសម្លាប់ប្រជាជនក្នុងក្រុងអស់ជាងពីរម៉ឺនប្រាំពាន់នាក់។ ២៩ ពួកគេចាកចេញពីទីនោះ ទៅច្បាំងនឹងក្រុងស៊ីថូប៉ូលិស ដែលមានចម្ងាយមួយរយដប់គីឡូម៉ែត្រពីក្រុងយេរូសាឡឹម។ ៣០ ប៉ុន្តែ ប្រជាជនយូដាដែលរស់នៅក្នុងក្រុងនោះ បានបញ្ជាក់ថា អ្នកក្រុងស៊ីថូប៉ូលិសនេះមានចិត្តសប្បុរសចំពោះពួកគេ និងទទួលពួកគេយ៉ាងរាក់ទាក់នៅពេលពួកគេជួបនឹងទុក្ខលំបាក។ ៣១ ដូច្នេះ លោកយូដា និងកងទ័ពរបស់លោកថ្លែងអំណរគុណអ្នកក្រុង និងសូមឲ្យពួកគេមានឆន្ទៈល្អចំពោះជនជាតិយូដា ដែលរស់នៅក្រុងនេះតទៅទៀត។ ពួកគេក៏វិលទៅក្រុងយេរូសាឡឹមវិញ មុនថ្ងៃប្រារព្ធពិធីបុណ្យថ្ងៃទីហាសិបបន្តិច។
លោកយូដាធ្វើសង្គ្រាមនឹងលោកក័រស៊ីយ៉ាស
៣២ ក្រោយពីបុណ្យថ្ងៃទីហាសិប លោកយូដា និងកងទ័ពរបស់លោក ចេញទៅប្រយុទ្ធនឹងលោកក័រស៊ីយ៉ាស ជាទេសាភិបាលទាំងមូលនៃស្រុកអ៊ីឌំមេ។ ៣៣ លោកក័រស៊ីយ៉ាសនាំទ័ពថ្មើរជើងចំនួនបីពាន់នាក់ និងទ័ពសេះបួនរយនាក់ ចេញទៅច្បាំងនឹងពួកគេ។ ៣៤ ក្នុងពេលប្រយុទ្ធគ្នានោះ កងពលរបស់លោកយូដាមួយចំនួនតូចត្រូវបាត់បង់ជីវិត។ ៣៥ មេទ័ពនៃពលសេះម្នាក់ឈ្មោះដូស៊ីថេ ជាកូនចៅរបស់លោកតូប៊ីត ជាយុវបុរសដ៏ក្លាហានអង់អាច ចាប់អាវរបស់លោកក័រស៊ីយ៉ាសជាប់ ដោយមានបំណងចាប់ជនពាលនេះឲ្យបានទាំងរស់។ ប៉ុន្តែ ពេលនោះ មានពលសេះជាតិត្រាស់ម្នាក់ ស្ទុះសម្រុកវាយលោកដូស៊ីថេ ហើយកាប់ត្រូវស្មារបស់គាត់។ លោកក័រស៊ីយ៉ាសក៏រត់រួច ហើយភៀសខ្លួនទៅក្រុងម៉ារីសា។ ៣៦ រីឯកងទ័ពរបស់លោកអេស្ឌ្រីយ៉ា ប្រយុទ្ធអស់រយៈពេលយ៉ាងយូរ ហើយពួកគេអស់កម្លាំងជាខ្លាំង។ ដូច្នេះ លោកយូដាទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គវាយជាមួយពួកគេ និងដឹកនាំគេក្នុងពេលធ្វើសង្គ្រាម។ ៣៧ លោកស្រែកជយឃោស និងច្រៀងលើកតម្កើងព្រះអង្គ ជាភាសាកំណើតរបស់លោក ហើយធ្វើឲ្យកងទ័ពរបស់លោកក័រស៊ីយ៉ាសបាក់ទ័ពរត់អស់។
យញ្ញបូជាសម្រាប់មនុស្សស្លាប់
៣៨ បន្ទាប់ពីបានប្រមូលផ្តុំកងទ័ពរួចមក លោកយូដាដឹកនាំកងទ័ពទៅកាន់ក្រុងអូដូឡាំ។ ប៉ុន្តែ ថ្ងៃនោះជាថ្ងៃទីប្រាំពីរ ពួកគេធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធស្របតាមប្រពៃណី ហើយនាំគ្នាប្រារព្ធពិធីបុណ្យ ថ្ងៃសប្ប័ទនោះផង។ ៣៩ ស្អែកឡើង មានគេមកជួបលោកយូដា សូមអនុញ្ញាតទៅយកសាកសពរបស់ពលទាហាន ដែលបាត់បង់ជីវិតនៅលើសមរភូមិ ដើម្បីបញ្ចុះជាមួយញាតិសន្តាន ក្នុងផ្នូរដូនតារបស់ពួកគេ។ ៤០ គេបានរកឃើញវត្ថុនៅក្នុងសម្លៀកបំពាក់របស់សាកសពនីមួយៗ នូវវត្ថុសក្ការៈព្រះក្រុងយ៉ាមនីយ៉ា ដែលធម្មវិន័យហាមឃាត់មិនឲ្យជនជាតិយូដាគោរព។ គេយល់គ្រប់គ្នាយ៉ាងច្បាស់ថា យុទ្ធជនទាំងនោះបាត់បង់ជីវិត ព្រោះតែមូលហេតុនេះ។ ៤១ ដូច្នេះ ពួកគេនាំគ្នាលើកតម្កើងព្រះអម្ចាស់ ព្រោះព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌ និងបង្ហាញការលាក់កំបាំងឲ្យឃើញ។ ៤២ ពួកគេទូលអង្វរព្រះអង្គ សូមមេត្តាលើកលែងទោសកំហុស ដែលពួកគេប្រព្រឹត្ត។ លោកយូដាដែលមានចិត្តក្លាហានអង់អាច ក៏ដាស់តឿនកងទ័ពទាំងអស់ឲ្យប្រុងប្រយ័ត្នអំពើបាបគ្រប់បែបយ៉ាង ព្រោះពួកគេឃើញផ្ទាល់ភ្នែកហើយ អំពីគ្រោះកាចដែលកើតមានដល់ពលទាហានទាំងនោះ។ ៤៣ លោកយូដារៃប្រាក់ពីកងទ័ពបានប្រហែលពីរពាន់កាក់ ហើយផ្ញើកាក់នេះទៅក្រុងយេរូសាឡឹម ដើម្បីឲ្យគេថ្វាយយញ្ញបូជារំដោះបាប។ លោកធ្វើដូច្នេះ ជាអំពើដ៏ល្អប្រពៃ និងថ្លៃថ្នូរផង ដោយនឹកគិតថា មនុស្សស្លាប់នឹងរស់ឡើងវិញជាពុំខាន។ ៤៤ ប្រសិនបើលោកមិនសង្ឃឹមថា ពលទាហានដែលបាត់បង់ជីវិតមិនរស់ឡើងវិញទេ លោកក៏មិនឆោតល្ងង់ ទូលអង្វរព្រះជាម្ចាស់ សម្រាប់មនុស្សស្លាប់ដែរ។ ទោះបីលោកទូលអង្វរព្រះអង្គដូច្នេះ ក៏គ្មានន័យ ហើយក៏ឥតបានការអ្វីឡើយ។ ៤៥ ប៉ុន្តែ លោកនឹកគិតថា ព្រះជាម្ចាស់មុខជាប្រទានរង្វាន់ដ៏ប្រសើរបំផុត ដល់មនុស្សស្លាប់ទាំងគោរពប្រណិប័តន៍ព្រះអង្គ។ នេះពិតជាគំនិតដ៏វិសុទ្ធរបស់អ្នក ដែលគោរពប្រណិប័តន៍ព្រះអង្គមែន។ ៤៦ អាស្រ័យហេតុនេះហើយ បានជាលោកសូមឲ្យគេថ្វាយសក្ការបូជារំដោះបាប ដើម្បីសូមព្រះជាម្ចាស់ លើកលែងទោសឲ្យពលទាហាន ដែលបាត់បង់ជីវិត។
១៣
ព្រះបាទអន់ទីយ៉ូគូស និងលីស៊ីយ៉ាសធ្វើសង្គ្រាម
១ នៅឆ្នាំមួយរយសែសិបប្រាំបួន លោកយូដា និងកងទ័ពរបស់លោកទទួលដំណឹងថា ព្រះបាទអន់ទីយ៉ូគូសអឺប៉ាទ័រលើកទ័ពមួយចំនួនធំ ចេញដំណើរមកវាយស្រុកយូដា។ ២ លោកលីស៊ីយ៉ាសជាអ្នកចិញ្ចឹមអប់រំស្តេច ហើយជារដ្ឋមន្ត្រីទីមួយ ក៏នៅជាមួយស្តេចដែរ។ មានកងទ័ពថ្មើរជើងជាជនជាតិក្រិកចំនួនដប់មួយម៉ឺននាក់ ទ័ពសេះប្រាំពាន់បីរយនាក់ ដំរីចម្បាំងម្ភៃពីរក្បាល និងមានរទេះចម្បាំងចំនួនបីរយគ្រឿងប្រដាប់ដោយផ្លែកាំបិតធំៗ។ ៣ លោកម៉េណេឡាចូលរួមជាមួយពួកគេ ហើយប្រើកលល្បិចជាច្រើន និយាយបញ្ជោរព្រះបាទអន់ទីយ៉ូគូសពុំមែនដើម្បីសង្គ្រោះមាតុភូមិទេ គឺដោយសង្ឃឹមថា នឹងបានទទួលមុខងារជាមហាបូជាចារ្យវិញ។ ៤ ប៉ុន្តែ ព្រះជាម្ចាស់ជាព្រះមហាក្សត្រលើស្តេចនានា ព្រះអង្គបានបណ្តាលឲ្យព្រះបាទអន់ទីយ៉ូគូស ព្រះអង្គព្រះពិរោធប្រឆាំងនឹងជនពាលនេះ។ ពេលលោកលីស៊ីយ៉ាស បញ្ជាក់ទូលព្រះរាជាឲ្យជ្រាបថា លោកម៉េណេឡានេះជាមូលហេតុដែលបង្កបង្កើតគ្រោះកាចទាំងនេះ។ ព្រះបាទអន់ទីយ៉ូគូស បញ្ជាឲ្យនាំលោកម៉េណេឡា នៅក្រុងបេរេ និងសម្លាប់គាត់តាមទំនៀមទម្លាប់របស់អ្នកក្រុង។ ៥ នៅក្រុងនោះ មានប៉មមួយដែលមានកម្ពស់ប្រហែលម្ភៃប្រាំម៉ែត្រ ហើយមានផេះពេញ។ នៅលើកំពូលប៉មនោះ មានគ្រឿងចក្រមានរាងដូចបំពង់បង្ហូរដ៏ធំមួយ សម្រាប់ដាក់ផេះនោះ។ ៦ គេធ្លាប់នាំជនដែលបានលួចយកគ្រឿងប្រដាប់ពីទីសក្ការៈ ឬអ្នកដែលប្រព្រឹត្តបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរបំផុត មកច្រានទម្លាក់តាមបំពង់ដើម្បីឲ្យស្លាប់ក្នុងផេះនោះ។ ៧ ជនពាលឥតសាសនានោះក៏ស្លាប់ដូច្នេះ ដែរ ហើយគេពុំបានធ្វើពិធីបញ្ចុះសពជូនលោកម៉េណេឡានោះទេ។ ៨ អ្នកក្រុងប្រហារជីវិតគាត់ដូច្នេះ ពិតជាយុត្តិធម៌មែន! ព្រោះគាត់បានប្រព្រឹត្តអំពើបាបជាច្រើន ប្រឆាំងនឹងអាសនៈដែលមានភ្លើង និងផេះសុទ្ធតែបរិសុទ្ធ ដូច្នេះគាត់ត្រូវតែស្លាប់ក្នុងផេះបែបនេះ។
ជនជាតិយូដាទទួលជ័យជម្នះនៅក្រុងម៉ូឌីន
៩ ព្រះបាទអន់ទីយ៉ូគូតែងតែមានបំណងខ្មៅកខ្វក់ ហើយបម្រុងនឹងយាងទៅធ្វើទុក្ខបុកម្នេញជនជាតិយូដា ឲ្យរងទុក្ខវេទនាយ៉ាងខ្លាំង ជាងបិតារបស់ព្រះអង្គបានធ្វើលើពួកគេទៅទៀត។ ១០ កាលលោកយូដាជ្រាបពីដំណឹងនេះ លោកក៏បង្គាប់មហាជន ឲ្យទូលអង្វរព្រះអម្ចាស់ទាំងថ្ងៃ ទាំងយប់ សូមព្រះអង្គយាងមកសង្គ្រោះពួកគេលើកនេះទៀត ព្រោះខ្មាំងមានបំណងលុបបំបាត់វិន័យ មាតុភូមិ និងព្រះវិហារដ៏វិសុទ្ធផង។ ១១ សូមព្រះអង្គកុំបណ្តោយឲ្យប្រជារាស្រ្តរបស់ព្រះអង្គ ដែលទើបនឹងរស់រានឡើងវិញ ធ្លាក់ក្រោមអំណាចប្រជាជាតិដ៏ព្រហើនទាំងនេះ ឲ្យសោះ។ ១២ ពួកគេទូលអង្វរព្រះអម្ចាស់ប្រកបដោយព្រះហឫទ័យមេត្តាករុណាគ្រប់ៗគ្នា ទាំងក្រាបថ្វាយបង្គំជានិច្ច អស់រយៈពេលបីថ្ងៃ ព្រមទាំងតមអាហារ និងបង្ហូរទឹកភ្នែក។ បន្ទាប់មក លោកយូដ លើកទឹកចិត្តពួកគេ និងបង្គាប់ពួកគេ ឲ្យរៀបចំចេញដំណើរទៅច្បាំងជាមួយលោក។ ១៣ លោកក៏ពិភាក្សាជាមួយក្រុមព្រឹទ្ធាចារ្យ រួចសម្រេចថានឹងចេញទៅច្បាំង មុនពេលកងទ័ពរបស់ស្តេចលុកលុយស្រុកយូដា និងវាយដណ្តើមយកក្រុងយេរូសាឡឹម។ លោកសម្រេចចេញទៅច្បាំង ដោយពឹងផ្អែកលើព្រះអម្ចាស់។ ១៤ ដូច្នេះ ក្រោយពីបានផ្ញើរឿងហេតុនឹងព្រះជាម្ចាស់ ដែលបង្កើតពិភពលោករួចហើយ លោកដាស់តឿនកងទ័ពឲ្យច្បាំងយ៉ាងអង់អាចក្លាហាន ដើម្បីវិន័យ ព្រះវិហារក្រុងយេរូសាឡឹម មាតុភូមិ និងប្រពៃណី។ លោកលើកទ័ពទៅបោះទីតាំងនៅក្បែរក្រុងម៉ូឌីន។ ១៥ លោកដាក់ពាក្យស្លោកឲ្យទាហានថា៖ “ជ័យជម្នះរបស់ព្រះជាម្ចាស់”។ លោកជ្រើសរើសយុវជនដ៏ក្លាហាន នាំទៅវាយប្រហារពន្លារបស់ព្រះរាជាទាំងយប់ ហើយសម្លាប់ខ្មាំងដែលនៅក្នុងជំរំប្រមាណពីរពាន់នាក់។ ពលទាហានរបស់លោកសម្លាប់ដំរី និងហ្មមួយចំនួនធំផង។ ១៦ ទីបំផុតពួកគេធ្វើឲ្យកងទ័ពក្នុងជំរំភ័យតក់ស្លុត និងជ្រួលច្របល់យ៉ាងខ្លាំង រួចពួកគេក៏ដកថយក្រោយវិញ ដោយជោគជ័យយ៉ាងត្រចះត្រចង់គួរជាទីពេញចិត្ត។ ១៧ ពេលនោះ ថ្ងៃក៏រះឡើង ពួកគេបានសម្រេចកិច្ចការដ៏អស្ចារ្យនេះរួចជាស្រេច ដោយមានព្រះអម្ចាស់តាមថែរក្សាការពារលោកយូដា។
ព្រះបាទអន់ទីយ៉ូគូសទី ៥ ចរចាជាមួយជនជាតិយូដា
(១ មរ ៦,៤៨-៦៣)
១៨ ស្តេចបានទតឃើញដោយផ្ទាល់ ពីទឹកចិត្តក្លាហានរបស់ជនជាតិយូដាដូច្នេះ ព្រះអង្គរកកលល្បិចគ្រប់យ៉ាង ដើម្បីដណ្តើមយកក្រុងនានា ដែលមានកំពែង។ ១៩ ព្រះរាជាយាងមកជិតដល់ក្រុងបេតសួរ ជាក្រុងមួយ ដែលមានកំពែងរឹងមាំរបស់ជនជាតិយូដា។ ប៉ុន្តែ កងទ័ពយូដាបានវាយរុញច្រានកងទ័ពរបស់ស្តេចឲ្យបរាជ័យ។ ២០ លោកយូដាបញ្ជូនអ្វីៗដែលអ្នកក្រុងត្រូវការ នៅពេលដែលស្តេចឡោមពទ្ធ័។ ២១ ប៉ុន្តែ លោករ៉ូដូគូស ជាទាហានរបស់កងទ័ពយូដា បានយកអាថ៌កំបាំងទាំងនេះទៅប្រាប់ខ្មាំងសត្រូវ។ លោកយូដាតាមដានចាប់គាត់ ហើយប្រហារជីវិតចោល។ ២២ ព្រះរាជាសូមចរចាសាជាថ្មីជាមួយអ្នកក្រុងបេតសួរ ដោយយល់ព្រមចរចាផ្តល់សន្តិភាពជាមួយពួកគេ រួចដកទ័ពថយ។ ២៣ ព្រះរាជាវាយប្រហារលោកយូដា និងកងទ័ពរបស់គាត់ម្តងទៀត តែត្រូវបរាជ័យ។ ព្រះរាជាទទួលដំណឹងថា លោកភីលីពដែលព្រះអង្គតែងតាំងជារដ្ឋមន្ត្រីទីមួយ បានបះបោរនៅក្រុងអន់ទីយ៉ូក ជាហេតុធ្វើឲ្យស្តេចវិលវល់ក្នុងព្រះហឫទ័យយ៉ាងខ្លាំង។ ព្រះរាជាចាប់ផ្តើមចរចាជាមួយជនជាតិយូដា និងយល់ព្រមតាមសំណូមពររបស់ពួកគេ ទាំងសន្យាយ៉ាងម៉ឺងម៉ាត់ថានឹងគោរពតាមកិច្ចព្រមព្រៀងដ៏ត្រឹមត្រូវ ហើយស្រុះស្រួលជាមួយពួកគេ។ ព្រះអង្គក៏ថ្វាយយញ្ញបូជាសម្ដែងការគោរពចំពោះព្រះវិហារ និងថ្វាយតង្វាយដោយសទ្ធាជ្រះថ្លាចំពោះទីសក្ការៈផង។ ២៤ ព្រះរាជាទទួលស្វាគមន៍លោកម៉ាកាបាយយ៉ាងរាក់ទាក់ ហើយតែងតាំងលោកអេកេម៉ូនីដ ជាទេសាភិបាលគ្រប់គ្រងចាប់តាំងពីក្រុងផ្ទោឡេម៉ៃស៍ រហូតដល់ស្រុកកេរ៉ា។ ២៥ ព្រះរាជាយាងទៅក្រុងផ្ទោឡេម៉ៃស៍ ប៉ុន្តែ អ្នកក្រុងនោះមិនពេញចិត្តនឹងកិច្ចព្រមព្រៀងដែលព្រះអង្គបានចុះជាមួយជនជាតិយូដានេះទេ។ ពួកគេខឹង ហើយចង់ឲ្យព្រះរាជាលុបបំបាត់កិច្ចព្រមព្រៀងនេះចោលទៀតផង។ ២៦ ពេលនោះ លោកលីស៊ីយ៉ាសឡើងលើវេទិកា ដោយយកចិត្តទុកដាក់ខិតខំអស់ពីសមត្ថភាព និយាយការពារកិច្ចព្រមព្រៀងនោះ។ លោកបញ្ចុះបញ្ចូលពួកគេឲ្យយល់ស្របតាមលោក ដោយស្ងៀមស្ងាត់ ព្រមទាំងធ្វើឲ្យគេយល់ដល់ព្រះករុណា រួចចេញដំណើរទៅក្រុងអន់ទីយ៉ូក។
នេះជាព្រឹត្តិការណ៍ដែលកើតឡើងនៅពេលធ្វើសឹកសង្គ្រាម និងការដកថយរបស់ស្តេច។
១៤
ចម្បាំងប្រឆាំងនឹងលោកនីកាន័រ
លោកអាគីមជាមហាបូជាចារ្យ
(១ មរ ៧,១-៣៨)
១ បីឆ្នាំក្រោយមក លោកយូដា និងអ្នកនៅជាមួយ ទទួលដំណឹងថា ព្រះបាទដេម៉េទ្រីយ៉ូស ជាបុត្ររបស់ព្រះបាទសេលើគូស យាងមកកំពង់ផែទ្រីប៉ូលី ដោយមានកងទ័ពដ៏ខ្លាំងពូកែ និងនាវាជាច្រើនមកជាមួយផង។ ២ បន្ទាប់មក ព្រះបាទដេម៉េទ្រីយ៉ូសវាយដណ្តើមយកស្រុក និងប្រហារជីវិតព្រះបាទអន់ទីយ៉ូគូស ព្រមទាំងលោកលីស៊ីយ៉ាស ជាអ្នកចិញ្ចឹម និងអប់រំព្រះរាជានេះ។ ៣ គ្រានោះ លោកអាគីមធ្លាប់ធ្វើជាមហាបូជាចារ្យកាលពីមុន ប៉ុន្តែ លោកបានធ្វើឲ្យខ្លួនសៅហ្មង ដោយសុខចិត្តកាន់តាមប្រពៃណីក្រិក ក្នុងពេលប្រជាជនយូដាបះបោរ។ លោកយល់ឃើញថា គ្មាននរណាគោរពគាត់ទេ ហើយជនជាតិយូដាក៏មិនអនុញ្ញាតឲ្យគាត់ចូលជិតអាសនៈដ៏វិសុទ្ធដែរ។ ៤ ប្រហែលនៅឆ្នាំមួយរយហាសិបមួយ គាត់ចូលទៅគាល់ព្រះបាទដេម៉េទ្រីយ៉ូស ហើយយកមកុដមាស និងធាងត្នោត ព្រមទាំងមែកដើមអូលីវ ទៅថ្វាយព្រះរាជាតាមប្រពៃណីព្រះវិហារផង។ ប៉ុន្តែ នៅថ្ងៃនោះ គាត់មិនទូលព្រះរាជា អំពីមូលហេតុដែលគាត់ចូលមកគាល់នោះទេ។
៥ ថ្ងៃមួយ ព្រះបាទដេម៉េទ្រីយ៉ូស កោះហៅគាត់មកសួរនៅមុខក្រុមប្រឹក្សា ពីចិត្តគំនិត និងគម្រោងការរបស់ជនជាតិយូដា។ គាត់ឆ្លៀតឱកាសនេះ ដើម្បីសម្រេចផែនការដ៏លេលារបស់គាត់។ ៦ លោកអាគីមទូលព្រះរាជាថា៖ «ក្នុងចំណោមជនជាតិយូដាមានក្រុមមួយហៅថា “ពួកហាស៊ីឌីម” ដែលស្ថិតនៅក្រោម ការដឹកនាំរបស់លោកយូដាម៉ាកាបាយ។ ពួកនេះចេះតែបង្កសង្គ្រាម និងបះបោរជានិច្ច។ ពួកគេមិនទុកឲ្យរាជាណាចក្របានសេចក្តីសុខសាន្តឡើយ។ ៧ ទូលបង្គំបាត់បង់មុខងារជាមហាបូជាចារ្យ ដែលទូលបង្គំកាន់កាប់ជាកេរមត៌កពីដូនតាមក ដោយសារតែពួកនេះ! នេះជាមូលហេតុដែលទូលបង្គំមកទីនេះ។ ៨ ជាបឋម ទូលបង្គំគិតគូរយ៉ាងស្មោអំពីអត្ថប្រយោជន៍របស់ព្រះករុណា។ បន្ទាប់មក ទូលបង្គំក៏គិតដល់ប្រយោជន៍របស់ជនរួមជាតិទូលបង្គំដែរ ដ្បិតគំនិតលេលារបស់ពួកគេ ដែលទូលបង្គំទើបនឹងទូលថ្វាយនោះ បណ្តាលឲ្យជាតិរបស់ទូលបង្គំយើងខ្ញុំទាំងមូលកើតទុក្ខវេទនាជាទម្ងន់។ ៩ បពិត្រព្រះករុណា! សូមឲ្យគេសាកសួរយ៉ាងច្បាស់លាស់អំពីសេចក្តី ដែលទូលបង្គំទូលថ្វាយនេះ សូមព្រះអង្គព្រះមេត្តាយាងមកសង្គ្រោះស្រុក និងជាតិរបស់ទូលបង្គំយើងខ្ញុំ ដែលត្រូវគេជិះជាន់ ដូចព្រះករុណាធ្លាប់មានព្រះហឫទ័យសប្បុរសចំពោះមនុស្សទាំងអស់ដែរ។ ១០ ដរាបណាលោកយូដាមានជីវិតនៅឡើយ រដ្ឋអំណាចគ្មានសេចក្តីសុខសាន្តទេ»។ ១១ កាលគាត់មានប្រសាសន៍ចប់ហើយ មន្ត្រីឯទៀតៗ ដែលមិនពេញចិត្តនឹងសកម្មភាពរបស់លោកយូដា ក៏ប្រញាប់អុជអាលព្រះបាទដេម៉េទ្រីយ៉ូស ឲ្យខ្ញាល់កាន់តែខ្លាំងឡើងៗ។ ១២ ព្រះរាជាជ្រើសតាំងលោកនីកាន័រ ដែលជាមេទ័ពដំរីឲ្យធ្វើជាទេសាភិបាលស្រុកយូដា ហើយចាត់លោកឲ្យទៅ ១៣ ដោយបញ្ជាឲ្យប្រហារជីវិតលោកយូដា កម្ចាត់កម្ចាយកងទ័ពដែលនៅជាមួយលោក និងលើកលោកអាគីម ឲ្យធ្វើជាមហាបូជាចារ្យនៅព្រះវិហារដ៏ប្រសើរជាងគេ ក្នុងពិភពលោក។ ១៤ សាសន៍ដទៃដែលរស់នៅក្នុងស្រុកយូដា ហើយដែលរត់គេចពីមុខលោកយូដា នាំគ្នាមកចុះចូលជាមួយកងទ័ពរបស់លោកនីកាន័រ ដោយនឹកគិតថា ទុក្ខវេទនា និងអន្តរាយរបស់ជនជាតិយូដា អាចនឹងផ្តល់ផលប្រយោជន៍ដល់ពួកគេមិនខាន។
លោកនីកាន័រចងមិត្តភាពជាមួយលោកយូដា
១៥ កាលជនជាតិយូដាទទួលដំណឹងថា លោកនីកាន័រធ្វើដំណើរមក ហើយពួកសាសន៍ដទៃកំពុងឈ្លានពានស្រុក ពួកគេយកដីមករោយលើក្បាល ហើយទូលអង្វរព្រះ ដែលបានតែងតាំងប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ ឲ្យនៅក្នុងទឹកដីនេះ ហើយដែលព្រះអង្គតែងតែសង្គ្រោះទឹកដីជាមត៌ករបស់ព្រះអង្គ ដោយសម្ដែងទីសម្គាល់ជាក់ស្តែង។ ១៦ ពួកគេចេញដំណើរពីកន្លែងរបស់ពួកគេធ្លាប់រស់នៅ តាមបញ្ជារបស់លោកយូដាជាមេដឹកនាំភ្លាម ហើយប្រយុទ្ធនឹងខ្មាំងសត្រូវនៅក្បែរភូមិដេសូ។ ១៧ លោកស៊ីម៉ូន ជាបងរបស់លោកយូដា ច្បាំងនឹងលោកនីកាន័រ។ ប៉ុន្តែ ដោយមានសត្រូវមួយចំនួនធំមកដល់នៅពេលដែលលោកស្មានមិនដល់នោះ គាត់ក៏ចាញ់គេបន្តិចបន្តូច។ ១៨ លោកនីកាន័រទទួលស្គាល់ថា ពលទាហានរបស់លោកយូដា មានចិត្តក្លាហានអង់អាច មិនខ្លាចនឹងប្រយុទ្ធ ដើម្បីការពារមាតុភូមិរបស់គេទេ។ ដូច្នេះ លោកយល់ឃើញថា លោកមិនអាចដោះស្រាយវិបត្តិដោយសារតែការបង្ហូរឈាមឡើយ។ ១៩ ហេតុនេះ លោកចាត់លោកប៉ូស៊ីដូនីយ៉ូស លោកថេអូដូត និងលោកម៉ាថាធីយ៉ាស ឲ្យទៅចរចា ដើម្បីរកសន្តិភាពជាមួយពួកយូដា។ ២០ លោកយូដា ជាមេដឹកនាំបានពិនិត្យពិច័យសំណូមពររបស់ខ្មាំងយ៉ាងល្អិតល្អន់ រួចពិភាក្សាសួរយោបល់របស់កងទ័ព។ ពួកគេយល់ស្របទទួលយកកិច្ចព្រមព្រៀងនេះជាឯកច្ឆន្ទ។ ២១ គេកំណត់ថ្ងៃមួយដែលមេដឹកនាំកងទ័ពទាំងពីរ ជួបពិភាក្សាគ្នាដោយឡែកពីគេ មានរទេះចេញមកពីជំរំកងទ័ពទាំងពីរ ហើយគេរៀបចំកៅអីកិត្តិយស ដើម្បីទទួលលោកទាំងពីរនោះ។ ២២ លោកយូដាដាស់តឿនពលទាហានប្រដាប់អាវុធ នៅកន្លែងសំខាន់ៗដែលត្រៀមខ្លួននឹងវាយ ក្រែងខ្មាំងប្រើកលល្បិច។ ប៉ុន្តែ ការចរចានេះនាំឲ្យគេធ្វើការព្រមព្រៀងជាមួយគ្នា។ ២៣ លោកនីកាន័រស្នាក់នៅក្រុងយេរូសាឡឹម ដោយគ្មានប្រព្រឹត្តអំពើអ្វីមិនសមរម្យឡើយ។ លោកបណ្តេញសាសន៍ដទៃ ដែលតាមលោកមកស្រុកយូដា។ ២៤ លោកនីកាន័រមានលោកយូដានៅក្បែរជានិច្ច ដ្បិតលោកជំពាក់ចិត្តនឹងបុរសនេះណាស់។ ២៥ គាត់ទូន្មានលោកយូដាឲ្យរៀបការ ព្រមទាំងបង្កើតកូនចៅ។ លោកយូដាក៏សុខចិត្តយកភរិយា ហើយរស់នៅដោយសុខសាន្ត។
លោកអាគីមញុះញង់លោកនីកាន័រ
២៦ ប៉ុន្តែ លោកអាគីមឃើញថា លោកទាំងពីរត្រូវរ៉ូវនឹងគ្នាដូច្នេះ គាត់រកសេចក្តីចម្លងពីការព្រមព្រៀង ហើយចូលទៅគាល់ព្រះបាទដេម៉េទ្រីយ៉ូស។ គាត់ទូលស្តេចថា លោកនីកាន័រមានគម្រោងការប្រឆាំងរាជរដ្ឋាភិបាល ដ្បិតលោកបានជ្រើសតាំងលោកយូដា ជាសត្រូវរបស់រាជាណាចក្រ ឲ្យ “ស្នងលោក”។ ២៧ ដោយសារតែពាក្យមូលបង្កាច់របស់ជនពាលនេះ ព្រះរាជាក្រេវក្រោធជាខ្លាំង ហើយសរសេរសារផ្ញើជូនទៅលោកនីការន័រ ដោយប្រកាសថា ស្តេចមិនសព្វព្រះហឫទ័យនឹងកិច្ចព្រមព្រៀងនោះទេ ហើយបញ្ជាឲ្យចាប់ចងលោកម៉ាកាបាយ បញ្ជូនទៅក្រុងអន់ទីយ៉ូកជាបន្ទាន់។ ២៨ ពេលលោកនីកាន័រទទួលរាជសារនេះ លោកខ្វល់ខ្វាយយ៉ាងខ្លាំង ព្រោះលោកមិនអាចបំពានកិច្ចព្រមព្រៀងជាមួយជនម្នាក់ ដែលគ្មានកំហុសដូច្នេះឡើយ។ ២៩ ប៉ុន្តែ គាត់ត្រូវតែអនុវត្តតាមបទបញ្ជារបស់ស្តេច។ ដូច្នេះ គាត់ត្រូវរកឱកាសដើម្បីធ្វើតាមរាជបញ្ជាដោយប្រើកលល្បិច។ ៣០ រីឯលោកម៉ាកាបាយវិញ លោកសង្កេតឃើញទឹកមុខរបស់លោកនីកាន័រ មិនរាក់ទាក់នឹងលោកដូចពីមុន ដូច្នេះ គាត់យល់ថាជាការមួយមិនល្អសោះ! លោកក៏ប្រមូលកងពលមួយចំនួន ហើយតែងតែគេចមុខពីលោកនីកាន័រ។ ៣១ ពេលនោះ លោកនីកាន័រយល់ឃើញថា លោកយូដាក៏ប្រើល្បិចជាមួយគាត់ដែរ គាត់ទៅឯព្រះវិហារដ៏ប្រសើរ និងវិសុទ្ធបំផុត ក្នុងពេលក្រុមបូជាចារ្យធ្វើយញ្ញបូជាជាប្រក្រតី ហើយក៏បង្គាប់គេឲ្យប្រគល់លោកយូដាមកគាត់។ ៣២ ប៉ុន្តែ អស់លោកស្បថថា គេមិនដឹងថា អ្នកដែលគេកំពុងរកនោះនៅទីណាទេ។ ៣៣ លោកនីកាន័រលើកដៃស្តាំឆ្ពោះទៅកាន់ព្រះវិហារ ដោយស្បថ និងគំរាមថា៖ «ប្រសិនបើអស់លោកមិនប្រគល់លោកយូដាដោយដាក់ច្រវាក់មកឲ្យខ្ញុំទេ ខ្ញុំនឹងរំលំព្រះវិហាររបស់ព្រះជាម្ចាស់នេះដល់ដី ខ្ញុំនឹងបំផ្លាញអាសនៈ ហើយទីនេះ ខ្ញុំនឹងសង់វិហារមួយដ៏ល្អប្រណីតថ្វាយព្រះឌីយ៉ូនីសូសជំនួសវិញ»។ ៣៤ លោកមានប្រសាសន៍ដូច្នេះហើយ លោកក៏ចាកចេញទៅ។ អស់លោកបូជាចារ្យលើកដៃទៅលើ ទូលអង្វរព្រះជាម្ចាស់ ដែលបានប្រយុទ្ធជានិច្ចដើម្បីជាតិរបស់យើង ទាំងទូលថា៖ ៣៥ បពិត្រព្រះអម្ចាស់! ព្រះអង្គមិនត្រូវការអ្វីឡើយ! ព្រះអង្គសព្វព្រះហឫទ័យជ្រើសរើសព្រះវិហារមួយសម្រាប់ព្រះអង្គគង់នៅក្នុងចំណោមយើងខ្ញុំ។ ៣៦ បពិត្រព្រះអម្ចាស់ដ៏វិសុទ្ធក្រៃលែង! ឥឡូវនេះ សូមព្រះអង្គថែរក្សាការពារព្រះដំណាក់ ដែលយើងខ្ញុំទើបនឹងជម្រះជាថ្មីនេះ ឲ្យនៅវិសុទ្ធជារៀងរហូតផង។
លោករ៉ាស៊ីទទួលមរណភាព
៣៧ មានព្រឹទ្ធាចារ្យនៃក្រុងយេរូសាឡឹម ម្នាក់ឈ្មោះរ៉ាស៊ី។ លោកជាមនុស្ស ដែលយកចិត្តទុកដាក់ជួយជនរួមជាតិ ជាអ្នកដ៏មានឈ្មោះល្បី។ គេតែងហៅលោកថា “ឪពុកនៃជនជាតិយូដា” ព្រោះគាត់ស្រឡាញ់ពួកគេខ្លាំងណាស់។ គេបានប្តឹងចោទប្រកាន់លោកទៅលោកនីកាន័រ។ ៣៨ មុនពេលជនជាតិយូដាបះបោរ មានគេចោទលោកថា លោកនៅតែកាន់តាមប្រពៃណីជនជាតិយូដានៅឡើយ។ គាត់ស៊ូប្តូរជីវិត ដើម្បីការពារប្រពៃណីទាំងនោះដោយចិត្តមោះមុតអង់អាច។ ៣៩ លោកនីកាន័រចាត់ទាហានជាងប្រាំរយនាក់ ឲ្យទៅចាប់លោករ៉ាស៊ី។ លោកនីកាន័រធ្វើដូច្នេះ ដើម្បីបញ្ជាក់ថា គាត់ស្អប់ខ្ពើមជនជាតិយូដា។ ៤០ គាត់នឹកស្មានថា ការប្រហារជីវិតមនុស្សបែបនេះ គាត់ដូចជាវាយលើជនជាតិយូដាជាទម្ងន់បាន។ ៤១ កងទ័ពរបស់គាត់ជិតដណ្តើមយកបានប៉មដែលលោករ៉ាស៊ីនៅទៅហើយ ពួកគេកំពុងសម្រុកចូលមកខាងក្នុង ព្រមទាំងមានបញ្ជាឲ្យដុតទ្វារទៀត។ ពេលនោះ លោករ៉ាស៊ីក៏យល់ថា លោកមិនអាចរត់រួចឡើយ លោកក៏លើកដាវចាក់សម្លាប់ខ្លួន ៤២ គឺលោកសុខចិត្តស្លាប់ ដោយមានកិត្តយស ប្រសើរជាងធ្លាក់ក្នុងកណ្តាប់ដៃរបស់ជនឧក្រិដ្ឋ ហើយទទួលការត្មះតិះដៀល មិនសមនឹងភាពថ្លៃថ្នូររបស់គាត់ឡើយ។ ៤៣ ប៉ុន្តែ ដោយប្រញាប់ប្រញាល់ពេក លោកមិនបានចាក់សម្លាប់ខ្លួនតាមគោលដៅទេ។ ពេលនោះ កងទ័ពក៏សម្រុកចូលក្នុងប៉ម លោករត់ឡើងទៅលើកំពែង ហើយក៏លោតសម្លាប់ខ្លួនទៅលើហ្វូងមនុស្ស ដោយគ្មានញញើត។ ៤៤ ពួកគេថយក្រោយយ៉ាងរហ័ស ហើយរូបលោកក៏ធ្លាក់មកចំកន្លែងគ្មានមនុស្ស។ ៤៥ ពេលនោះ លោកនៅមានដង្ហើមនៅឡើយ ហើយដោយសារកម្លាំងចិត្តពុះកញ្ជ្រោល លោកក្រោកឡើងរត់កាត់ហ្វូងមហាជនទាំងមានឈាមហូរពេញខ្លួន ហើយឈឺចុកចាប់មុខរបួសជាខ្លាំង។ លោកឡើងទៅឈរនៅលើផ្ទាំងថ្មយ៉ាងខ្ពស់ ៤៦ ទោះបីលោកបាត់បង់ឈាមជិតអស់ពីខ្លួនទៅហើយក្តី លោកលូកបារយកពោះវៀនចេញមកកាន់នៅដៃទាំងពីរ ហើយបោះទៅលើមហាជន។ លោកទូលអង្វរព្រះជាម្ចាស់នៃជីវិត និងវិញ្ញាណ សូមព្រះអង្គប្រទានឲ្យលោកនៅថ្ងៃណាមួយវិញ។ លោកទទួលមរណភាពទៅយ៉ាងដូច្នេះ។
១៥
លោកនីកាន័រប្រមាថព្រះជាម្ចាស់
១ លោកនីកាន័រទទួលដំណឹងថា លោកយូដា និងអ្នកនៅជាមួយកំពុងស្នាក់នៅតំបន់សាម៉ារី។ លោកសម្រេចថាចេញទៅប្រយុទ្ធនៅថ្ងៃសប្ប័ទ ដោយគិតថា ធ្វើដូច្នេះ លោកមិនជួបឧបសគ្គទាំងអស់។ ២ ជនជាតិយូដាដែលលោកបង្ខំឲ្យធ្វើជាទ័ពរបស់លោក ជម្រាបលោកថា៖ «សូមលោកកុំប្រហារជីវិតពួកគេយ៉ាងឃោរឃៅព្រៃផ្សៃបែបនេះឡើយ! សូមលោកគោរពថ្ងៃដែលព្រះជាម្ចាស់បានលើកតម្កើង និងចាត់ទុកជាថ្ងៃដ៏វិសុទ្ធបំផុត។ សូមកុំភ្លេចថា ព្រះជាម្ចាស់ទតមើលនិងរក្សាអ្វីៗទាំងអស់»។ ៣ ប៉ុន្តែ ជនអន្ធពាលនោះសួរថា តើនៅស្ថានបរមសុខ មានព្រះអធិបតីណាដែលបានបញ្ជាឲ្យគោរពថ្ងៃសប្ប័ទដូច្នេះ? ៤ ពួកគេនាំគ្នាពន្យល់គាត់ថា៖ «ព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅជាព្រះអធិបតីនៅស្ថានបរមសុខផ្ទាល់ ដែលបានបញ្ជាឲ្យគោរពថ្ងៃទីប្រាំពីរ»។ ៥ គាត់តបថា៖ «រីឯខ្ញុំដែលជាអធិបតីនៅលើផែនដី ខ្ញុំបញ្ជាឲ្យកាន់អាវុធទៅបម្រើស្តេច»។ ប៉ុន្តែ គាត់ពុំអាចសម្រេចគម្រោងការដ៏ព្រៃផ្សៃរបស់គាត់ឡើយ។
លោកយូដាលើកទឹកចិត្តកងទ័ព
៦ លោកនីកាន័រអួតអាងលើកខ្លួនយ៉ាងព្រហើនបំផុត ហើយសម្រេចថា សង់ប្រាសាទជ័យជម្នះមួយ ដោយយកអាវុធរបស់លោកយូដា និងកងទ័ពមកតុបតែង។ ៧ រីឯលោកម៉ាកាបាយវិញ លោកនៅតែជឿសង្ឃឹមយ៉ាងរឹងមាំថា ព្រះអម្ចាស់នឹងយាងមកសង្គ្រោះលោកជាមិនខាន។ ៨ លោកលើកទឹកចិត្តអស់អ្នកដែលនៅជាមួយ កុំឲ្យភ័យខ្លាចការប្រយុទ្ធរបស់សាសន៍ដទៃ ប៉ុន្តែ ត្រូវនឹកគិតថាកាលពីមុន ព្រះជាម្ចាស់បានសង្គ្រោះពួកគេ ឥឡូវនេះ ក៏ត្រូវរង់ចាំដោយចិត្តសង្ឃឹម ជឿជាក់ថា ព្រះដ៏មានតេជានុភាពសព្វប្រការ នឹងប្រោសប្រទានជ័យជម្នះដល់ពួកគេទៀត។ ៩ លោកយូដារៀបរាប់អំពីគម្ពីរវិន័យ និងព្យាការីប្រាប់ពួកគេ ព្រមទាំងការប្រយុទ្ធដែលពួកគេធ្លាប់ទទួលជោគជ័យ។ លោកពង្រឹងទឹកចិត្តក្លាហានអង់អាចរបស់ពួកគេជាថ្មី។ ១០ លោកដាស់តឿនពួកគេឲ្យមានចិត្តក្លាហាន បង្ហាញអំពីភាពមិនស្មោះរបស់ពួកសាសន៍ដទៃ និងការបំពានលើកិច្ចសន្យារបស់ខ្មាំង។ ១១ លោកបំពាក់អាវុធដល់ពួកគេគ្រប់ៗរូប លោកពុំគ្រាន់តែបំពាក់ខែល និងលំពែងប៉ុណ្ណោះទេ។ គឺឲ្យគេមានចិត្តនឹងនរ ដោយអះអាងលើពាក្យសម្ដីដ៏ថ្លៃថ្នូរទៅវិញ។ គាត់បកស្រាយសុបិនគួរឲ្យជឿ ដូចជានិមិត្តហេតុម៉្យាង ដែលធ្វើឲ្យគេសប្បាយរីករាយគ្រប់ៗគ្នា។ ១២ លោកសុបិនឃើញដូចតទៅ៖ លោកឃើញលោកអូនីយ៉ាស ដែលជាមហាបូជាចារ្យកាលពីដើម គឺជាមនុស្សដ៏សុចរិត សុភាពរាបសារ ស្លូតបូត មានពាក្យសម្ដីពីរោះ គោរពប្រណិប័តន៍តាមវិន័យតាំងពីកុមារមក។ លោកលើកដៃទូលអង្វរព្រះជាម្ចាស់ សម្រាប់សហគមន៍យូដាទាំងមូល។ ១៣ បន្ទាប់មក លោកយូដាក៏ឃើញតាចាស់សក់ស្កូវម្នាក់ មានឫកពាថ្លៃថ្នូរ មានអំណាច និងភាពថ្កុំថ្កើង។ ១៤ លោកអូនីយ៉ាសមានប្រសាសន៍ថា៖ «លោកនេះគឺព្យាការីយេរេមី ជាព្យាការីរបស់ព្រះជាម្ចាស់។ លោកស្រឡាញ់យើង ជាបងប្អូនរបស់លោក លោកទូលអង្វរព្រះជាម្ចាស់សម្រាប់ប្រជាជន សម្រាប់ទីក្រុងដ៏វិសុទ្ធទាំងមូល»។ ១៥ ព្យាការីយេរេមីកាន់ដាវមាសនៅដៃស្តាំ ហុចឲ្យលោកយូដា ដោយមានប្រសាសន៍ថា៖ ១៦ «ចូរយកដាវដ៏វិសុទ្ធនេះចុះ! ដាវនេះជាព្រះអំណោយរបស់ព្រះជាម្ចាស់។ លោកនឹងកម្ទេចខ្មាំងសត្រូវដោយដាវនេះ»។
លោកនីកាន័របរាជ័យ
(១ មរ ៧,៣៩-៥០)
១៧ ពាក្យសម្ដីដ៏ប្រសើររបស់លោកយូដា បានលើកទឹកចិត្តកងទ័ពរបស់លោក ហើយជំរុញយុវជនឲ្យមានចិត្តក្លាហានអង់អាច។ ជនជាតិយូដាសម្រេចចិត្តថា មិនបោះជំរំទេ ពួកគេសុខចិត្តប្រយុទ្ធយ៉ាងក្លាហាន ដើម្បីទីក្រុងសាសនា និងទីសក្ការៈ គឺមានតែការប្រយុទ្ធដ៏ក្លាហានទេ ដែលអាចសង្គ្រោះគេបាន។ ១៨ ពួកគេមិនសូវគិតគូរ អំពីប្រពន្ធកូនបងប្អូនញាតិសន្តានឡើយ គឺគេព្រួយបារម្ភជាខ្លាំងចំពោះតែព្រះវិហារដ៏វិសុទ្ធវិញ។ ១៩ ឯអ្នកនៅក្នុងទីក្រុងក៏តប់ប្រមល់យ៉ាងខ្លាំងដែរ ពួកគេព្រួយបារម្ភចំពោះបងប្អូននៅសមរភូមិ។ ២០ គេនៅតែរង់ចាំពេលវេលា ដែលព្រះជាម្ចាស់មករំដោះពួកគេ។ ខ្មាំងសត្រូវប្រមូលផ្តុំគ្នា ហើយរៀបចំខ្លួនបម្រុងចេញទៅច្បាំង។ គេដាក់ទ័ពដំរីនៅកន្លែងសំខាន់ៗ ហើយគេដាក់ទ័ពសេះនៅអមសងខាង។ ២១ លោកម៉ាកាបាយ សម្លឹងមើលកងទ័ពដ៏ច្រើនឥតគណនា ប្រដាប់ដោយអាវុធគ្រប់ធុន និងដំរីដ៏ឃោរឃៅ។ លោកលើកដៃទូលអង្វរព្រះអម្ចាស់ ដែលតែងតែសម្ដែងឫទ្ធិបាដិហារិយ៍ដ្បិតលោកដឹងថា ជ័យជម្នះពុំមែនមកពីកម្លាំងអាវុធទេ គឺមកពីព្រះជាម្ចាស់សព្វព្រះហឫទ័យប្រោសប្រទានឲ្យអស់អ្នកដែលគួរទទួលវិញ។ ២២ លោកទូលអង្វរដូចតទៅ៖ «បពិត្រព្រះអម្ចាស់! ក្នុងសម័យព្រះបាទអេសេខ្យាស ជាស្តេចស្រុកយូដា ព្រះអង្គចាត់ទេវទូតរបស់ព្រះអង្គឲ្យមក។ ទេវទូតនោះ កម្ទេចកងទ័ពរបស់ព្រះបាទសេណាកេរឹប អស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់។ ២៣ បពិត្រព្រះអធិបតីនៃស្ថានបរមសុខ ឥឡូវនេះ សូមព្រះអង្គព្រះមេត្តាចាត់ទេវទូតដ៏សប្បុរស ឲ្យមកនៅចំពោះមុខយើងខ្ញុំដើម្បីបំភ័យ និងធ្វើឲ្យខ្មាំងតក់ស្លុត។ ២៤ សូមឫទ្ធិបារមីដ៏ខ្លាំងក្លារបស់ព្រះអង្គ ប្រហារអស់អ្នក ដែលមកវាយប្រហារប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះអង្គព្រមទាំងប្រមាថព្រះអង្គផង»។ លោកបញ្ចប់ពាក្យទូលអង្វរដូច្នេះ។
២៥ ក្នុងពេលកងទ័ពរបស់លោកនីកាន័រកំពុងធ្វើដំណើរទៅមុខ ដោយមានស្នូរត្រែ និងស្រែកជយឃោសផង ២៦ កងទ័ពរបស់លោកយូដាក៏ចេញទៅប្រយុទ្ធនឹងខ្មាំងដោយពឹងផ្អែក និងទូលអង្វរព្រះជាម្ចាស់។ ២៧ ពួកគេប្រយុទ្ធដោយដៃ ហើយទូលអង្វរព្រះជាម្ចាស់ក្នុងចិត្ត។ ពួកគេប្រហារជីវិតខ្មាំងយ៉ាងតិចណាស់ អស់បីម៉ឺនប្រាំពាន់នាក់ ហើយមានអំណរសប្បាយជាខ្លាំង ដោយសារព្រះជាម្ចាស់បានសម្ដែងព្រះអង្គយ៉ាងអស្ចារ្យបែបនេះ។ ២៨ លុះការប្រយុទ្ធចប់ហើយ ពួកគេបំបែកជួរយ៉ាងសប្បាយ នៅពេលនោះ គេឃើញសាកសពរបស់លោក នីកាន័រ ប្រដាប់ដោយអាវក្រោះ ដេកដួលនៅដី។ ២៩ គេស្រែកជយឃោស ព្រមទាំងលើកតម្កើងព្រះអម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត តាមភាសាដូនតារបស់ពួកគេ។ ៣០ លោកយូដា ជាជនជាតិដំបូងបង្អស់ដែលបូជារូបកាយ និងចិត្តគំនិត ដើម្បីជួយជនរួមជាតិ ហើយស្រឡាញ់ប្រជាជនរបស់លោក តាំងពីកុមារមក។ លោកបញ្ជាឲ្យគេកាត់ក្បាល និងកាត់ដៃរបស់លោកនីកាន័រ ហើយយកទៅក្រុងយេរូសាឡឹម។ ៣ លោកក៏ទៅក្រុងយេរូសាឡឹមដែរ កោះហៅជនរួមជាតិ ចាត់ចែងអស់លោកបូជាចារ្យឲ្យឈរនៅមុខអាសនៈ រួចចាត់គេឲ្យទៅហៅកងទ័ពដែលនៅក្នុងបន្ទាយមក។ ៣២ លោកបង្ហាញក្បាលរបស់លោកនីកាន័រ ដ៏គួរស្អប់ខ្ពើមឲ្យគេឃើញ និងដៃដែលជនពាលនោះបានលើកយ៉ាងព្រហើន ប្រឆាំងនឹងព្រះដំណាក់ដ៏វិសុទ្ធនៃព្រះដ៏មានតេជានុភាពសព្វប្រការ។ ៣៣ គាត់ក៏កាត់អណ្តាតជនពាលនីកាន័រ និងបង្គាប់គេឲ្យកាប់ជាដុំៗ យកទៅឲ្យសត្វស្លាបស៊ី។ លោកបង្គាប់ឲ្យព្យួរដៃរបស់លោកនីកាន័រនៅខាងមុខព្រះវិហារ ដើម្បីបង្ហាញពីទោសដែលបណ្តាលមកពីអំពើដ៏លេលារបស់គាត់។ ៣៤ ពេលនោះ ពួកគេនាំគ្នាងើយមុខទៅលើ ហើយលើកតម្កើងព្រះអម្ចាស់ ប្រកបដោយសិរីរុងរឿង ដោយពោលថា៖ «សូមលើកតម្កើងព្រះអង្គ ដែលបានរក្សាការពារទីដ៏វិសុទ្ធរបស់ព្រះអង្គ មិនឲ្យសៅហ្មងឡើយ»។
៣៥ លោកយូដាឲ្យគេចងក្បាលរបស់លោកនីកាន័រនៅលើកំពែងបន្ទាយ ទុកជាសញ្ញាសម្គាល់បញ្ជាក់ឲ្យមនុស្សទាំងអស់ ឃើញយ៉ាងច្បាស់ថា ព្រះអម្ចាស់បានសង្គ្រោះប្រជារាស្រ្តរបស់ព្រះអង្គ។ ៣៦ ពួកគេបោះឆ្នោតជាសាធារណៈ ដោយចេញក្រឹត្យថា មិនត្រូវភ្លេចថ្ងៃនេះជាដាច់ខាត គឺរៀងរាល់ឆ្នាំ ត្រូវធ្វើពិធីបុណ្យនៅថ្ងៃទីដប់បី ខែផល្គុន ជាភាសាអារ៉ាម ហៅថាខែអាដរ គឺមួយថ្ងៃមុនថ្ងៃរំឭកលោកម៉ាដេកាយ។
ពាក្យបញ្ចប់
៣៧ នេះជាព្រឹត្តិការណ៍ដែលកើតមានចំពោះលោកនីកាន័រ។ តាំងពីពេលនោះ ក្រុងយេរូសាឡឹមស្ថិតនៅក្រោមការកាន់កាប់របស់ជនជាតិហេប្រឺ។ ខ្ញុំក៏សូមបញ្ចប់រឿងនិទានរបស់ខ្ញុំត្រឹមនេះដែរ។ ៣៨ ប្រសិនបើសៀវភៅនេះនិពន្ធបានល្អ និងមានខ្លឹមសារ ខ្ញុំពិតជាបានសម្រេចតាមបំណងរបស់ខ្ញុំ។ ប្រសិនបើសៀវភៅនេះនិពន្ធពុំបានល្អ និងពុំមានតម្លៃ ខ្ញុំខំប្រឹងប្រែងអស់លទ្ធភាពតែប៉ុណ្ណោះ។ ៣៩ ពិសាតែស្រាសុទ្ធ ឬទឹកសុទ្ធ មិនឆ្ងាញ់ទេ។ ផ្ទុយទៅវិញ ស្រាលាយនឹងទឹកទើបឆ្ងាញ់ នាំឲ្យខ្លួនសប្បាយ។ យ៉ាងណាមិញ សិល្បវិធីក្នុងការនិពន្ធរឿងនិទានក៏ធ្វើឲ្យអ្នកអាន និងអ្នកស្តាប់បានសប្បាយដូច្នេះដែរ។ ហេតុនេះហើយបានជាខ្ញុំសូមចប់សេចក្តីត្រឹមនេះ។
662 Views