គ្រីស្តបរិស័ទគោរពថ្វាយបង្គំព្រះយេស៊ូគ្រីស្តតែមួយព្រះអង្គគត់ ទុកជាព្រះសង្គ្រោះរបស់ខ្លួន និងរបស់មនុស្សលោក។ តាំងពីដើមរៀងមក គ្រីស្តបរិស័ទក៏តែងតែគោរពព្រះនាងម៉ារីក្នុងឋានៈជាព្រះមាតារបស់ព្រះយេស៊ូ ដែលជាព្រះបុត្រារបស់ព្រះជាម្ចាស់។ ពេលបុណ្យគោរពព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងឋានបរមសុខ ព្រះសហគមន៍លើកតម្កើងការសង្គ្រោះរបស់ព្រះយេស៊ូ គឺព្រះអង្គបានប្រោសឱ្យព្រះមាតាទៅនៅជាមួយព្រះអង្គ ទាំងរូបកាយទាំងវិញ្ញាណ។ ព្រះនាងម៉ារីជាតំណាងរបស់ព្រះសហគមន៍ទាំងមូល ព្រះនាងបានទទួលសិរីរុងរឿងពីព្រះគ្រីស្តមុនគ្រីស្តបរិស័ទឯទៀតៗទាំងអស់ ព្រោះព្រះនាងមានជំនឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយរួមជាមួយព្រះយេស៊ូយ៉ាងជិតស្និទ្ធជាងគេ។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ជាព្រះបិតាដ៏មានតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គសព្វព្រះហឫទ័យ លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ ទាំងរូបកាយទាំងវិញាណ គឺព្រះអង្គបានប្រោសព្រះនាងម៉ារីមានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឋានៈជាព្រះមាតានៃព្រះបុត្រាព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យផ្ចង់ចិត្តនឹងសម្បត្តិសួគ៌ សូមឱ្យយើងខ្ញុំបានទទួលសិរីរុងរឿងរួមជាមួយព្រះនាងនៅថ្ងៃណាមួយផង។
សូមថ្លែងព្រះគម្ពីរវិវរណៈ វវ ១១,១៩; ១២,១-៦.១០
ពេលនោះ ទ្វារព្រះវិហាររបស់ព្រះជាម្ចាស់នៅស្ថានបរមសុខក៏បើកចំហឡើង ហើយហិបនៃសម្ពន្ធមេត្រីរបស់ព្រះអង្គក៏លេចមកនៅក្នុងព្រះវិហារ ហើយក៏មានផ្លេកបន្ទោរ មានឮសូរសំឡេងផ្គរលាន់ មានរញ្ជួយផែនដី និងមានព្រិលធ្លាក់មកយ៉ាងខ្លាំងផងដែរ។ ពេលនោះ មានទីសម្គាល់មួយយ៉ាងធំលេចចេញមកនៅលើមេឃ គឺមានស្ត្រីម្នាក់ស្លៀកពាក់ព្រះអាទិត្យបិទបាំងកាយ មានព្រះច័ន្ទនៅក្រោមជើង ព្រមទាំងមានពាក់ផ្កាយដប់ពីរជាមកុដនៅលើក្បាលផង។ ស្ត្រីនោះមានផ្ទៃពោះ ហើយកំពុងស្រែកឈឺចុកចាប់ហៀបនឹងសម្រាលបុត្រ។ មានទីសម្គាល់មួយទៀតលេចចេញមកលើមេឃដែរ គឺមាននាគមួយយ៉ាងធំ សម្បុរក្រហមឆ្អិនឆ្អៅដូចភ្លើង។ នាគនោះមានក្បាលពីរ និងមានស្នែងដប់ ហើយនៅលើក្បាលទាំងប្រាំពីររបស់វាមានមកុដប្រាំពីរដែរ។ កន្ទុយវាកៀរប្រមូលផ្កាយនៅលើមេឃមួយភាគបីទម្លាក់មកផែនដី។ នាគមកពេននៅមុខស្ត្រីដែលហៀបនឹងសម្រាលបុត្រ ចាំត្របាក់លេបបុត្រនៅពេលបុត្រនោះកើតមក។ នាងសម្រាលបានបុត្រមួយ ដែលត្រូវកាន់ដំបងដែកដឹកនាំជាតិសាសន៍ទាំងអស់។ ក៏ប៉ុន្តែ ព្រះជាម្ចាស់បានឆក់យកបុត្រនោះឡើងទៅជាមួយព្រះអង្គ គឺនៅជិតបល្ល័ង្ករបស់ព្រះអង្គ។ រីឯស្ត្រីវិញ នាងរត់ភៀសខ្លួនទៅនៅវាលរហោស្ថាន ត្រង់កន្លែងដែលព្រះជាម្ចាស់បានរៀបចំទុក។ ពេលនោះខ្ញុំបានឮសំឡេងមួយបន្លឺឡើងយ៉ាងខ្លាំងនៅលើមេឃថា៖«ឥឡូវនេះដល់ពេលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ ហើយឫទ្ធានុភាព និងព្រះរាជ្យព្រះជាម្ចាស់របស់យើងព្រមទាំងអំណាចព្រះគ្រីស្តរបស់ព្រះអង្គក៏បានមកដល់ដែរ»។
ទំនុកតម្កើងលេខ ៤៥ (៤៤),១១-១៦ បទព្រហ្មគីតិ
| ១១ | ព្រះម្ចាស់ក្សត្រីយ៍អើយ | កុំកន្តើយសណ្តាប់ខ្ញុំ | |
| កុំនឹកនាពួនយំ | ដល់រាជវង្សព្រះនាងអី | ។ |
| ១២ | សូមឱ្យមហាក្សត្រ | បានគាប់ចិត្តអង្គក្សត្រីយ៍ | |
| បង្គំគាល់ក្រាបថ្វាយ | កុំនឿយណាយទ្រង់ជាម្ចាស់ | ។ |
| ១៣ | អ្នកមានក្រុងទីរ៉ុស | ទាំងស្រីប្រុសមានច្រើនណាស់ | |
| នាំតង្វាយទាំងអស់ | តម្រង់ឆ្ពោះផ្គាប់ក្សត្រី | ។ |
| ១៤ | ព្រះនាងគង់នៅក្នុង | ព្រះរាជវាំងសុខពេកក្រៃ | |
| រូបឆោមស្រស់ឥតបី | ព្រះភូសារំលេចមាស | ។ |
| ១៥ | គេដង្ហែព្រះនាង | ចូលក្នុងវាំងមនុស្សដេរដាស | |
| ភីលៀងមានច្រើនណាស់ | ហែទៅគាល់ព្រះរាជា | ។ |
| ១៦ | ព្រះនាងចូលទៅកាន់ | វិមានស្ថានអង្គក្សត្រា | |
| អស់ទាំងរាស្រ្តប្រជា | គ្រប់ៗគ្នារីករាយក្រៃ | ។ |
សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១៥,២០-២៧
បងប្អូនជាទីស្រឡាញ់!
ព្រះគ្រីស្តពិតជាទទួលព្រះជន្មថ្មីដ៏រុងរឿងមែន។ ក្នុងចំណោមមនុស្សស្លាប់ ព្រះអង្គទទួលព្រះជន្មថ្មីដ៏រុងរឿងមុនគេបង្អស់។ បើមនុស្សលោកត្រូវស្លាប់ព្រោះតែមនុស្សម្នាក់ គេក៏នឹងរស់ឡើងវិញដោយសារតែមនុស្សតែម្នាក់ដែរ។ មនុស្សទាំងអស់បានស្លាប់រួមជាមួយលោកអដាំយ៉ាងណា គេក៏នឹងរស់ឡើងវិញរួមជាមួយព្រះគ្រីស្តយ៉ាងនោះដែរ ម្នាក់ៗតាមលំដាប់លំដោយ គឺព្រះគ្រីស្តទទួលព្រះជន្មដ៏ថ្មីរុងរឿងមុនគេបង្អស់ បន្ទាប់មក អស់អ្នកដែលជាសាវ័ករបស់ព្រះគ្រីស្តនឹងរស់ឡើងវិញនៅពេលព្រះអង្គយាងមកដល់។ បន្ទាប់មកទៀត នឹងដល់អវសានកាល គឺនៅពេលនោះ ព្រះគ្រីស្តនឹងប្រគល់ព្រះរាជ្យថ្វាយព្រះជាម្ចាស់ជាព្រះបិតា ក្រោយពីបានរំលំរាជ្យអំណាច និងឫទ្ធិទាំងប៉ុន្មានរួចស្រេចហើយ។ ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ ទំរាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មានមកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ។ សត្រូវចុងក្រោយបង្អស់ដែលនឹងត្រូវរំលាយចោលនោះ គឺសេចក្តីស្លាប់។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ ទ្វារស្ថានបរមសុខបើកហើយ! នៅថ្ងៃនេះ ព្រះនាងម៉ារីទទួលសិរីរុងរឿងពីព្រះអម្ចាស់ហើយ! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១,៣៩-៥៦
នៅគ្រានោះ នាងម៉ារីប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ភូមិមួយនៅតំបន់ភ្នំក្នុងស្រុកយូដា។ នាងបានចូលទៅក្នុងផ្ទះលោកសាការី ហើយជម្រាប់សួរនាងអេលីសាបិត។ ពេលនាងអេលីសាបិតឮនាងម៉ារីជម្រាបសួរ ទារកនៅក្នុងផ្ទៃនាងបម្រះឡើង ហើយគាត់ក៏បានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ រួចបន្លឺសំឡេងឡើងថា៖ “ព្រះជាម្ចាស់បានប្រទានដល់នាងលើសស្ត្រីនានា ហើយព្រះអង្គក៏ប្រទានពរដល់បុត្រនាងដែរ។ តើរូបខ្ញុំនេះមានឋានៈអ្វី? បានជាមាតាព្រះអម្ចាស់របស់ខ្ញុំមកសួរសុខទុក្ខខ្ញុំដូច្នេះ?។ កាលខ្ញុំបានឮពាក្យជម្រាបសួររបស់នាង ស្រាប់តែកូននៅក្នុងផ្ទៃខ្ញុំបម្រះឡើងដោយអំណរសប្បាយ នាងពិតជាមានសុភមង្គលមែន ព្រោះនាងបានជឿព្រះបន្ទូលដែលព្រះអម្ចាស់ប្រាប់នាង មុខជាបានសម្រេចមិនខាន”។ ពេលនោះ នាងម៉ារីថ្លែងឡើងថា៖ “ព្រលឹងខ្ញុំសូមលើកតម្កើងព្រះជាម្ចាស់ ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់យើងខ្ញុំ ព្រះអង្គទតមកមើលទុក្ខវេទនានៃអ្នកបម្រើរបសព្រះអង្គ។ អំណើះតទៅមនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន ព្រះដ៏មានឫទ្ធានុភាពបានសម្តែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមព្រះអង្គពិតជាវិសុទ្ធមែន! ទ្រង់មានព្រះហឫទ័យមេត្តាករុណាដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ។ ទ្រង់បានសម្តែងឫបារមីកំចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូរណ៍ដល់អ្នកដែលស្រែកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែលជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្តែងព្រះហឫទ័យមេត្តាករុណាដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសរបស់យើងឥតភ្លេចសោះឡើយ។ នាងម៉ារីបានស្នាក់នៅជាមួយនាងអេលីសាបិតអស់រយះពេលប្រមាណបីខែទើបនាងត្រឡប់ទៅផ្ទះវិញ”។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ! ព្រះអង្គសព្វព្រះហឫទ័យលើកព្រះនាងម៉ារីឡើងស្ថានបរមសុខ និងឱ្យព្រះនាងទទួលសិរីរុងរឿងរបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាទទួលពាក្យអង្វររបស់យើងខ្ញុំ រួមនិងតង្វាយទាំងនេះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យស្រឡាញ់ព្រះអង្គកាន់តែខ្លាំងឡើងៗ និងផ្ចង់ចិត្តទៅលើសម្បត្តិសួគ៌ផង។
ធម៌លើកតម្កើង
បពិត្រព្រះជាម្ចាស់ជាព្រះបិតាដ៏វិសុទ្ធ! ជាព្រះដែលគង់នៅអស់កល្បជានិច្ច និងដែលមានតេជានុភាពសព្វប្រការ យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្តជាអម្ចាស់យើងខ្ញុំ។ នៅថ្ងៃនេះ ព្រះអង្គបានលើកព្រះនាងម៉ារីជាព្រះមាតារបស់ព្រះជាម្ចាស់ឡើងស្ថានបរមសុខ និងប្រទានសិរីរុងរឿងឱ្យព្រះនាងដែរ។ ព្រះនាងម៉ារីពិតជាតំណាងនៃព្រះសហគមន៍ ព្រះនាងបានទទួលសិរីរុងរឿងមុនគ្រីស្តបរិស័ទឯទៀតៗ។ ដោយព្រះអង្គប្រោសព្រះនាង ដូច្នេះ សូមពង្រឹងសេចក្តីសង្ឈឹមនៃប្រជារាស្ត្រព្រះអង្គ ដែលនៅតែបន្តដំណើរក្នុងលោកនេះ។ ព្រះអង្គបានប្រោសរូបកាយព្រះមាតានៃព្រះបុត្រាព្រះអង្គដែលប្រទានជីវិតថ្មីឱ្យមនុស្សលោកមិនឱ្យរលួយ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយនៅស្ថានបរមសុខ ដើម្បីប្រកាសថា “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គបានសម្រេចការអស្ចារ្យចំពោះមនុស្សលោក ដោយលើកព្រះនាងម៉ារីដែលជាមនុស្សដូចយើងខ្ញុំឡើងស្ថានបរមសុខ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យយកតំរាប់ធ្វើតាមព្រះនាងម៉ារី ក្នុងគ្រប់កិច្ចការប្រចាំជីវិតជារៀងរាល់ថ្ងៃ។ សូមប្រោសយើងខ្ញុំឱ្យរស់ឡើងវិញ និងបានសិរីរុងរឿងដូចព្រះនាងផង។
1,072 Views
Post Views:
1,239