សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

កណ្ឌគម្ពីរ
ម៉ាកាប៉ាយទី១

ពាក្យលំនាំ

ម៉ាកា‌បាយ

មរណ‌សាក្សី​នៃ​ប្រជាជន​អ៊ីស្រា‌អែល ភាគ​ទី១

ពាក្យ​លំនាំ

ចាប់​ពី​ឆ្នាំ ៣៣៣ មុន​គ.ស.​ព្រះ‌បាទ​អឡិច‌សង់​ជា​ស្តេច​ស្រុក​ម៉ាសេ‌ដូន នាំ​កង‌ទ័ព​ទៅ​វាយ​ដណ្តើម​យក​ដែន​ដី​នៃ​មជ្ឈិម​បូព៌ា​ទាំង​មូល គឺ​ចាប់​តាំង​ពី​ប្រទេស​ក្រិក​រហូត​ដល់​ប្រទេស​ឥណ្ឌា។ អារ្យ‌ធម៌ និង​សាសនា​របស់​ជន​ជាតិ​ក្រិក បាន​សាយ​ភាយ​គ្រប់​តំបន់​ទាំង​នោះ។ ក្រោយ​ពី​ព្រះ‌បាទ​អឡិច‌សង់​ចូល​ទិវង្គត (៣៣៣)​ស្រុក​យូដា​ទៅ​ជា​អាណា​ខេត្ត​មួយ​នៃ​រាជា‌ណាចក្រ​ស្រុក​អេ‌ស៊ីប។ ស្តេច​ស្រុក​អេ‌ស៊ីប​ក៏​អនុញ្ញាត​ឲ្យ​ប្រជាជន​យូដា​កាន់​តាម​ប្រពៃណី​របស់​បុព្វ‌បុរស និង​តាម​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ ដែល​ព្រះ‌រាជា​យក​មក​ធ្វើ​ជា​ច្បាប់​រដ្ឋ​សម្រាប់​ពួក​គេ។
នៅ​ឆ្នាំ​១៩៨ មុន​គ.ស ស្រុក​យូដា​ធ្លាក់​ទៅ​ជា​អាណា​ខេត្ត​មួយ​នៃ​រាជា‌ណាចក្រ​ស៊ីរី​វិញ។ នៅ​ឆ្នាំ​១៧៥ មុន​គ.ស ព្រះ‌បាទ​អន់‌យូគូស-អេពី‌ផាន ឡើង​គ្រង​រាជ្យ​នៅ​ស្រុក​ស៊ីរី។ ស្តេច​ចង់​បង្ខំ​ឲ្យ​ប្រជាជន​យូដា​កាន់​តាម​អរិយ‌ធម៌ និង​តាម​សាសនា​ក្រិក។ នៅ​ឆ្នាំ​១៦៧ មុន​គ.ស ស្តេច​បញ្ជា​ឲ្យ​ប្រហារ​ជីវិត​អស់​អ្នក​ដែល​នៅ​តែ​គោរព​តាម​វិន័យ​របស់​លោក​ម៉ូសេ។ ពេល​នោះ មាន​ជន​ជាតិ​យូដា​ជា​ច្រើន សុខ​ចិត្ត​ធ្វើ​តាម​បញ្ជា​របស់​ស្តេច តែ​មាន​អ្នក​ខ្លះ​ស៊ូ​ប្ដូ​ជីវិត ដើម្បី​កាន់​តាម​ធម្ម‌វិន័យ​នោះ​ត​ទៅ​ទៀត។ អ្នក​ខ្លះ​នាំ​គ្នា​បះ​បោរ​ប្រឆាំង​នឹង​ស្ដេច ហើយ​ប្រយុទ្ធ​ទាមទារ​យក​ឯក‌រាជ្យ​មក​ជូន​ប្រជា‌ជន​របស់​ខ្លួន​វិញ។
ព្រឹត្តិ‌ការណ៍​ទាំង​នេះ​មាន​រៀប​រាប់​ក្នុង​កណ្ឌ «មរណ‌សាក្សី​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល» ដែល​ហៅ​ថា «កណ្ឌ​ម៉ាកា‌បាយ» តាម​ឈ្មោះ​លោក​យូដា ជា​យុទ្ធ​ជន​ម្នាក់​ដ៏​អង់​អាច​ក្លា‌ហាន។
ក្នុង​កណ្ឌ​ទី​មួយ​ដែល​ចែង​ជា​ភាសា​ហេប្រឺ ប្រែ​ជា​ភាសា​ក្រិក មាន​រៀប​រាប់​អំពី​ព្រះ‌បាទ​អន់ទី‌យូគូស-អេពី‌ផាន និង​ស្តេច​ឯ​ទៀតៗ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ប្រជាជន​យូដា​ចាប់​តាំង​ពី​ឆ្នាំ​១៧៥ មុន​គ.ស. រហូត​ដល់​ជន​ជាតិ​យូដា​ដណ្តើម​យក​ឯក‌រាជ្យ​បាន​នៅ​ឆ្នាំ​១៣៥។
-លោក​យូដា​ម៉ាកា‌បាយ​ប្រយុទ្ធ​នឹង​នាយ​ទាហាន​នៃ​កង‌ទ័ព​នៃ​ជន​ជាតិ​ស៊ីរី : លោក​លីស្សា លោក​បាកឃីដែស និង​លោក​និកាន័រ ពី​ឆ្នាំ​១៦៦ ដល់​ឆ្នាំ​១៦០។
-កាល​លោក​យូដា​បាត់​បង់​ជីវិត​ក្នុង​សមរ‌ភូមិ លោក​យ៉ូណាថាន​ជា​បង​វាយ​ខ្មាំង​សត្រូវ​ត​ទៅ​ទៀត (ឆ្នាំ​១៦០-១៤០)។ ប៉ុន្តែ លោក​ធ្វើ​នយោ‌បាយ​ជាង​ការ‌ពារ​សាសនា។ ព្រះ‌បាទ​អឡិចសង់‌បាឡាស​តែង​តាំង​លោក​ឲ្យ​ធ្វើ​ជា​មហា​បូជា‌ចារ្យ តែ​លោក​ទ្រីផូន​ជា​មេ‌ទ័ព​ស៊ីរី​លួច​សម្លាប់​លោក នៅ​ឆ្នាំ​១៤២។
-លោក​ស៊ីម៉ូន​ជា​បង បន្ត​ការ​ប្រយុទ្ធ (១៤២-១៣៤)។ ព្រះ‌បាទ​ដេមេ‌ទ្រីយ៉ូ​តែង​តាំង​លោក​ឲ្យ​ធ្វើ​ជា​មហា​បូជា‌ចារ្យ។ លោក​វាយ​ប្រយុទ្ធ​ទាម‌ទារ​ឯក‌រាជ្យ​ជាតិ។ លោក​យ៉ូហាន​អ៊ីរកន​ជា​បុត្រ នឹង​ស្នង​រាជ្យ។ ពូជ‌ពង្ស​របស់​លោក​ស៊ីម៉ូន​មាន​ព្រះ‌នាម​ថា ស្តេច «អាសមូ‌នេអាំង»។
កណ្ឌ «មរណ‌សាក្សី​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល» មាន​សារ‌សំខាន់​ធ្វើ​ឲ្យ​ស្គាល់​ប្រវត្តិ​ប្រជាជន​យូដា នៅ​សតវត្ស​ទី២ មុន​គ.ស.នោះ។ មាន​គម្ពីរ​ជា​ច្រើន​ដែល​ជួយ​ពន្យល់​ពី​គម្ពីរ​ដានីអែល (ដន ៧‑១២)។

ម៉ាកា‌បាយ

មរណ‌សាក្សី​នៃ​ប្រជាជន​អ៊ីស្រា‌អែល

ភាគ​ទី១

រាជ្យ​របស់​ព្រះ‌បាទ​អឡិចសង់
 ព្រះ‌ចៅ​អឡិច‌សង់​ជា​ព្រះ‌រាជ​បុត្រ​របស់​ព្រះ‌បាទ​ភីលីព និង​ជា​ជន​ជាតិ​ម៉ាសេ‌ដូន។ ព្រះ‌រាជា​យាង​ចេញ​ពី​ស្រុក​ក្រិក ដើម្បី​ធ្វើ​សឹក​សង្គ្រាម ហើយ​វាយ​ឈ្នះ​ព្រះ‌បាទ​ដារី‌យូស ជា​ព្រះ‌មហា​ក្សត្រ​នៃ​ជន​ជាតិ​ពែរ្ស និង​ជន​ជាតិ​ម៉ែដ។ ដំបូង​បង្អស់ ព្រះ‌អង្គ​ឡើង​គ្រង​រាជ្យ​នៅ​ស្រុក​ក្រិក ជំនួស​ព្រះ‌បាទ​ដារី‌យូស។  ព្រះ‌រាជា​អង្គ​នេះ ធ្វើ​សង្គ្រាម​ជា​ច្រើន​លើក វាយ​ដណ្ដើម​យក​បាន​ក្រុង​ជា​ច្រើន ដែល​មាន​កំពែង​រឹង​មាំ ហើយ​ធ្វើ​គុត​ព្រះ‌មហា​ក្សត្រ​ទាំង​ប៉ុន្មាន ក្នុង​ភូមិ​ភាគ​នោះ​ទៀត​ផង។  ស្ដេច​យាង​ទៅ​ធ្វើ​សឹក រហូត​ដល់​ទី​ដាច់​ស្រ‌យាល​នៃ​ផែន​ដី ហើយ​រឹប​អូស​យក​ជយ‌ភណ្ឌ​ពី​ប្រជា‌ជាតិ​ជា​ច្រើន​ព្រះ‌អង្គ បង្ក្រាប​ផែន​ដី​ទាំង​មូល ឲ្យ​នៅ​ស្ងៀម​ស្ងាត់។ គ្រា​នោះ ព្រះ‌រាជា​មាន​ព្រះ‌ហឫទ័យ​អួត​បំប៉ោង យ៉ាង​ព្រហើន​កោង​កាច  ព្រះ‌អង្គ​ប្រមូល​កង‌ទ័ព​ដ៏​មាន​កម្លាំង​ខ្លាំង​ក្លា​បំផុត ហើយ​បង្ក្រាប​អាណា​ខេត្ត ប្រជា‌ជាតិ និង​ស្ដេច​ទាំង​អស់ ព្រម​ទាំង​បង្ខំ​ឲ្យ​ស្ដេច​ទាំង​នោះ យក​សួយ​សារ អាករ​មក​ថ្វាយ។  លុះ​ក្រោយ​មក ព្រះ‌រាជា​ប្រឈួន ហើយ​ឈ្វេង​យល់​ថា មិន​យូរ​ប៉ុន្មាន​ព្រះ‌អង្គ​នឹង​ចូល​ទិវង្គត​ជា​មិន​ខាន  ហេតុ​នេះ​ហើយ ព្រះ‌រាជា​ក៏​កោះ​ហៅ​មេទ័ព​អភិជន​ទាំង‌ឡាយ គឺ​អស់​នាយ​ទាហាន​ដែល​ទទួល​ការ​អប់រំ​ជា​មួយ​ស្ដេច​តាំង​ពី​កុមារ​ឲ្យ​មក ដើម្បី​បែង​ចែក​រាជា‌ណាចក្រ​ឲ្យ​អស់​លោក​ទាំង​នោះ​កាន់​កាប់ មុន​ពេល​ព្រះ‌អង្គ​ចូល​ទិវង្គត។
 ព្រះ‌បាទ​អឡិច‌សង់​ចូល​ទិវង្គត ក្រោយ​ពី​សោយ​រាជ្យ​បាន​ដប់​ពីរ​ឆ្នាំ។  មេ‌ទ័ព​អភិ​ជន​ទាំង​ប៉ុន្មាន ក៏​ឡើង​កាន់​កាប់​អំណាច ក្នុង​ដែន​ដី​រៀងៗ​ខ្លួន។  បន្ទាប់​ពី​ព្រះ‌បាទ​អឡិច‌សង់​ចូល​ទិវង្គត​ទៅ អស់​លោក​ទាំង​នោះ​ប្រកាស​ខ្លួន​ជា​ស្ដេច ហើយ​គ្រប់​គ្រង​តាម​តំបន់​រៀងៗ​ខ្លួន ហើយ​បុត្រ​របស់​អស់​លោក​ទាំង​នោះ​ក៏​ឡើង​សោយ​រាជ្យ​បន្ត​ទៀត‌រយៈ​ពេល​ជា​យូរ​ឆ្នាំ។ ស្ដេច​ទាំង​នោះ​បង្ក​នូវ​ភាព​អន្ត‌រាយ​ជា​ច្រើន​នៅ​លើ​ផែន​ដី។
ព្រះ‌បាទ​អន់ទី‌យ៉ូគូស
១០ នៅ​ឆ្នាំ​មួយ‌រយ​សាមសិប​ប្រាំ​ពីរ​នៃ​សក‌រាជ​ក្រិក ព្រះ‌បាទ​អន់ទី‌យ៉ូគូស​អេពី‌ផាន ជា​រាជ​បុត្រ​របស់​ព្រះ‌បាទ​អន់ទី‌យ៉ូគូស ឡើង​សោយ‌រាជ្យ ក្រោយ​ពី​បាន​រួច​ពី​ចំណាប់​ខ្មាំង​នៅ​ក្រុង​រ៉ូម។ ព្រះ‌រាជា​ជា​ស្ដេច​ពាល​ឥត​សាសនា។ ១១ គ្រា​នោះ មាន​មនុស្ស​ខិល​ខូច​ជា​ច្រើន​លេច​មុខ​នៅ​ស្រុក​អ៊ីស្រា‌អែល ហើយ​អូស​ទាញ​ទឹក​ចិត្ត​អ្នក​ស្រុក​ជា​ច្រើន ដោយ​ពោល​ថា៖ «គ្នា​យើង! ចូរ​នាំ​គ្នា​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន ដែល​រស់​នៅ​ជុំ​វិញ​យើង​ទៅ! ដ្បិត​តាំង​ពី​យើង​មិន​ព្រម​រស់​នៅ​តាម​របៀប​របស់​គេ យើង​រមែង​តែង​ជួប​ក្ដី​អន្ត‌រាយ​ជា​ច្រើន»។ ១២ អ្នក​ស្រុក​ពេញ​ចិត្ត​នឹង​ពាក្យ​ទាំង​នេះ ១៣ ហើយ​មាន​មនុស្ស​ជា​ច្រើន​ប្រញាប់​ប្រញាល់​ទៅគាល់​ព្រះ‌មហា​ក្សត្រ សុំ​រាជា​នុញ្ញាត​ឲ្យ​ពួក​គេ​កាន់​តាម​ប្រពៃណី​ប្រជា‌ជាតិ​ទាំង​នោះ។ ១៤ ដូច្នេះ ពួក​គេ​សាង​កីឡា‌ដ្ឋាន នៅ​ក្រុង​យេរូ‌សាឡឹម តាម​ទំនៀម​ទម្លាប់​របស់​ប្រជា‌ជាតិ​ដទៃ។ ១៥ គេ​យក​ស្បែក​មក​ដេរ​ភ្ជិត ដើម្បី​កុំ​ឲ្យ​ឃើញ​ស្នាម​កាត់​ស្បែក។ គេ​លះ​បង់​សម្ពន្ធ‌មេត្រី​ដ៏‌វិសុទ្ធ​ចោល ហើយ​បែរ​ទៅ​ចូល​រួម​រស់​ជា​មួយ​សាសន៍​ដទៃ​វិញ។ ពួក​គេ​ក៏​លក់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៀត​ផង។
ព្រះ‌បាទ​អន់ទី‌យ៉ូគូស​វាយ​ស្រុក​អេ‌ស៊ីប និង​បំផ្លាញ​ព្រះ‌វិហារ​យេរូ‌សាឡឹម
១៦ ពេល​ព្រះ‌បាទ​អន់ទី‌យ៉ូគូស​ឈ្វេង​យល់​ថា ព្រះ‌អង្គ​មាន​អំណាច​រឹង​មាំ​ក្នុង​ស្រុក​ហើយ ព្រះ‌អង្គ​ក៏​ត្រៀម​គម្រោង‌ការ​ទៅ​វាយ​ដណ្ដើម​យក​ស្រុក​អេ‌ស៊ីប​ទៀត ដើម្បី​សោយ‌រាជ្យ​លើ​ព្រះ‌រាជា‌ណាចក្រ​ទាំង​ពីរ។ ១៧ ព្រះ‌រាជា​លើក​ទ័ព​ច្រើន​សន្ធឹក​សន្ធាប់ មាន​ទាំង​រទេះ​ចម្បាំង ទាំង​ដំរី ទាំង​នាវា​ចម្បាំង​ជា​ច្រើន វាយ​សម្រុក​ចូល​ស្រុក​អេ‌ស៊ីប។ ១៨ ព្រះ‌បាទ​អន់ទី‌យ៉ូគូស​បាន​ប្រយុទ្ធ​នឹង​ព្រះ‌បាទ​ផ្ទូឡេ‌មេ ជា​ស្ដេច​ស្រុក​អេ‌ស៊ីប​ទទួល​បរា‌ជ័យ រួច​ដក​ទ័ព​រត់​បាត់​ទៅ ដោយ​ទុក​ចោល​សាក​សព​យ៉ាង​ច្រើន។ ១៩ ព្រះ‌បាទ​អន់ទី‌យ៉ូគូស​ដណ្ដើម​យក​ក្រុង​ជា​ច្រើន ដែល​មាន​កំពែង​នៅ​ស្រុក​អេ‌ស៊ីប ព្រម​ទាំង​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ពី​ស្រុក​នោះ មក​ធ្វើ​ជា​ជយ‌ភណ្ឌ​ថែម​ទៀត​ផង។ ២០ នៅ​ឆ្នាំ ១៤៣ ក្រោយ​ពី​បាន​វាយ​ឈ្នះ​ក្រុង​អេស៊ីប ព្រះ‌បាទ​អន់ទីយ៉ូ‌គូស យាង​ត្រឡប់​មក​ស្រុក​វិញ រួច​លើក​ទ័ព​យ៉ាង​សន្ធឹក​សន្ធាប់ ទៅ​វាយ​ស្រុក​អ៊ីស្រា‌អែល និង​ក្រុង​យេរូ‌សាឡឹម​ទៀត។ ២១ ព្រះ‌រាជា​យាង​ចូល​ព្រះ‌វិហារ​ទាំង​មាន​ឫក​ពារ​ក្រអឺត​ក្រទម ហើយ​រឹប​អូស​យក​អាសនៈ​មាស ជើង​ចង្កៀង និង​ប្រដាប់​ប្រដា​ទាំង​អស់​ទៀត​ផង ២២ ព្រះ‌អង្គ​ក៏​រឹប​អូស​យក​តុ​សម្រាប់​ថ្វាយ​តង្វាយ ភាជន៍​សម្រាប់​ច្រូច​ស្រា ពែង ប្រអប់​មាស វាំង​នន និង​ភួង​ជ័យ​ផង។ រីឯ​គ្រឿង​លំអ​ធ្វើ​ពី​មាស​នៅ​តាម​ជញ្ជាំង​ព្រះ‌វិហារ ព្រះ‌អង្គ​បាន​ដក​ហូត​យក​ទាំង​អស់​ដែរ។ ២៣ ព្រះ‌រាជា​រឹប​អូស​យក​មាស​ប្រាក់ ព្រម​ទាំង​ប្រដាប់​ប្រដា និង​កំណប់​ដ៏​មាន​តម្លៃ​ដែល​ព្រះ‌អង្គ​រក​ឃើញ។ ២៤ កាល​ព្រះ‌រាជា​រឹប​អូស​យក​វត្ថុ​ទាំង​អស់​នោះ​ហើយ ព្រះ‌អង្គ​ក៏​យាង​ត្រឡប់​ទៅ​ស្រុក​វិញ។ នៅ​ពេល​ដណ្ដើម​យក​ក្រុង​យេរូ‌សាឡឹម ព្រះ‌អង្គ​បាន​សម្លាប់​ប្រជាជន​យ៉ាង​រង្គាល ហើយ​មាន​រាជ‌ឱង្ការ យ៉ាង​ព្រហើន​កោង​កាច​ជា​ទី​បំផុត។ ២៥ ប្រជាជន​អ៊ីស្រា‌អែល​ទូទាំង​ស្រុក នាំ​គ្នា​កាន់​ទុក្ខ​សោក​សង្រេង​ជា​ខ្លាំង។ ២៦ មេ​ដឹក​នាំ និង​ព្រឹទ្ធា‌ចារ្យ​នាំ​គ្នា​ត្អូញ​ត្អែរ យុវជន​យុវ‌នារី ធ្លាក់​ខ្លួន​ស្គម​រីង​រៃ ហើយ​ស្រីៗ​បាត់​បង់​សម្ផស្ស ២៧ គូ​ស្វាមី​ភរិយា​ថ្មី​ថ្មោង​នាំ​គ្នា​កាន់​ទុក្ខ​ស្មូត​បទ​ទំនុក​កម្សត់។ ២៨ ផែនដី​រញ្ជួយ ដោយ​ឃើញ​ទុក្ខ​សោក​របស់​អ្នក​ស្រុក ហើយ​ពូជ​ពង្ស​របស់​លោក​យ៉ាកុប​ទាំង​មូល​ត្រូវ​អាម៉ាស់​ជា​ខ្លាំង។
លោក​អប៉ូឡូនី‌យូស​សង់​បន្ទាយ​នៅ​ក្រុង​យេរូ‌សាឡឹម
២៩ ពីរ​ឆ្នាំ​ក្រោយ​មក ព្រះ‌មហា​ក្សត្រ​បាន​ចាត់​មន្ត្រី​ម្នាក់ ដើម្បី​ទៅ​ទារ​ពន្ធដារ​នៅ​តាម​ក្រុង​នានា ក្នុង​ស្រុក​យូដា។ មន្ត្រី​នោះ​មក​ដល់​ក្រុង​យេរូ‌សាឡឹម នាំ​ទាំង​កង‌ទ័ព​ដ៏​ច្រើន​មក​ជា​មួយ​ផង។ ៣០ លោក​និយាយ​បញ្ឆោត​អ្នក​ក្រុង ដោយ​ពោល​អំពី​សន្តិ‌ភាព។ អ្នក​ក្រុង​ក៏​នាំ​គ្នា​ជឿ​តាម​ពាក្យ​សម្ដី​របស់​គាត់​ទាំង​ស្រុង។ ប៉ុន្តែ​នៅ​ពេល​អ្នក​ក្រុង​ភ្លេច​ខ្លួន​ពុំ​បាន​គិត មន្ត្រី​នោះ​ក៏​វាយ​សម្រុក​យក​ក្រុង​កាប់​សម្លាប់​អ្នក​ស្រុក ហើយ​ធ្វើ​ឲ្យ​ក្រុង​ទទួល​មហន្ត‌រាយ​ជា​ទម្ងន់។ គាត់​ប្រហារ​ជីវិត​ប្រជាជន​អ៊ីស្រា‌អែល​អស់​ជា​ច្រើន​នាក់ ៣១ ព្រម​ទាំង​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​អ្នក​ក្រុង ដុត​បំផ្លាញ​ទីក្រុង​ចោល ផ្ដួល​រំលំ​ផ្ទះ និង​កំពែង​ថែម​ទៀត​ផង។ ៣២ ពួក​ទាហាន​ចាប់​ស្រីៗ និង​ក្មេងៗ​យក​ធ្វើ​ជា​ឈ្លើយ ហើយ​យក​ហ្វូង​សត្វ​មក​ចែក​គ្នា។ ៣៣ ក្រោយ​មក ពួក​គេ​សង់​ក្រុង​របស់​ព្រះ​បាទ​ដាវីឌ​ឡើង​វិញ ព្រម​ទាំង​សង់​កំពែង​ខ្ពស់ និង​រឹង​មាំ ដែល​មាន​ប៉ម​ធ្វើ​ជា​បន្ទាយ​របស់​គេ។ ៣៤ ពួក​គេ​តែង​តាំង​ជន‌ពាល​មួយ​ក្រុម គឺ​ពួក​ទមិឡ​ឥត​សាសនា ឲ្យ​នៅ​ក្នុង​បន្ទាយ​ដ៏​រឹង​មាំ​នោះ។ ៣៥ ពួក​គេ​ប្រមូល​គ្រឿង​សាស្ត្រា‌វុធ ស្បៀង​អាហារ​ជា​ច្រើន និង​ជយ​ភណ្ឌ​ដែល​រឹប​អូស​យក​ពី​ក្រុង​យេរូ‌សាឡឹម មក​ដាក់​ក្នុង​បន្ទាយ។ ធ្វើ​ដូច្នេះ​គេ​ដូច​ជា​ដាក់​អន្ទាក់ ដើម្បី​ចាប់​ប្រជាជន។ ៣៦ ពួក​គេ​បង្កប់​ខ្លួន​ចាំ​ស្ទាក់​វាយ​មនុស្ស​ដែល​ចេញ​ចូល​ព្រះ‌វិហារ និង​ធ្វើ​បាប​ប្រជាជន​អ៊ីស្រា‌អែល​ជា​ទម្ងន់ គ្រប់​ពេល​វេលា​ផង។ ៣៧ ពួក​គេ​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់​នៅ​ជុំវិញ​ទី​សក្ការៈ បង្អាប់​បន្ថោក​ទី​ដ៏‌វិសុទ្ធ ៣៨ បង្ខិត​បង្ខំ​ប្រជាជន​ក្រុង​យេរូ‌សាឡឹម ឲ្យ​រត់​ចេញ​ពី​ទីក្រុង ហើយ​មាន​សុទ្ធ​តែ​សាសន៍​ដទៃ​មក​ស្នាក់​នៅ​ទៅ​វិញ ដោយ​ប្រជាជន​លះ​បង់​ក្រុង​នោះ​ចោល។
៣៩ ពួក​គេ​បំផ្លិច​បំផ្លាញ​ព្រះ‌វិហារ​ឲ្យ​ស្ងាត់​ជ្រងំ ដូច​វាល​រហោ‌ស្ថាន។ ពិធី​បុណ្យ​ដ៏​សប្បាយ ក្លាយ​ជា​ពិធី​កាន់​ទុក្ខ ថ្ងៃ​សប្ប័ទ ប្រែ​ក្លាយ​ទៅ​ជា​ថ្ងៃ​ដែល​សាសន៍​ដទៃ​ចំអក​ឲ្យ​ជន​ជាតិ​យូដា និង​មើល​ងាយ​ដល់​កិត្តិ‌នាម​របស់​ក្រុង​ដែរ។ ៤០ កាល​ពី​មុន ក្រុង​យេរូ‌សាឡឹម មាន​សិរី​រុង‌រឿង​អស្ចារ្យ​យ៉ាង​ណា ពេល​នេះ​ក្រុង​យេរូ‌សាឡឹម ក៏​ទទួល​ការ​អាម៉ាស់​ដ៏​ជូរ​ចត់​យ៉ាង​នោះ​ដែរ។ កាល​ពី​មុន ទីក្រុង​មាន​ភាព​ថ្កុំ​ថ្កើង​យ៉ាង​ណា នៅ​ពេល​នេះ ទីក្រុង​ក៏​កាន់​ទុក្ខ​ដ៏​សែន​ខ្លោច​ផ្សា​យ៉ាង​នោះ​វិញ​ដែរ។
ព្រះ‌បាទ​អន់​ទី‌យ៉ូគូស​ហាម​មិន​ឲ្យ​គោរព​ធម្ម‌វិន័យ
៤១ ព្រះ‌បាទ​អន់ទី‌យ៉ូគូស​ចេញ​រាជ​ក្រឹត្យ​មួយ​បញ្ជា​ឲ្យ​ជន​ជាតិ​ទាំង​អស់ ដែល​រស់​នៅ​ក្នុង​រាជា‌ណាចក្រ​ទាំង​មូល លះ​បង់​ទំនៀម​ទម្លាប់​រៀងៗ​ខ្លួន​ចោល ដើម្បី​ចូល​រួម​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ត្រ​តែ​មួយ។ ៤២ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​អនុវត្ត​តាម​រាជ​ក្រឹត្យ​នេះ។ ៤៣ ជន​ជាតិ​អ៊ីស្រា‌អែល​ជា​ច្រើន​ក៏​សុខ​ចិត្ត​កាន់​តាម​សាសនា​របស់​ព្រះ‌មហា​ក្សត្រ​ដែរ គឺ​គេ​នាំ​គ្នា​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌ក្លែង‌ក្លាយ ព្រម​ទាំង​លែង​គោរព​ថ្ងៃ​សប្ប័ទ​ទៀត។ ៤៤ ព្រះ‌មហា​ក្សត្រ​ក៏​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទី​ក្រុង​យេរូ‌សាឡឹម និង​បណ្ដា​ក្រុង​នានា ក្នុង​ស្រុក​យូដា​ទាំង​មូល ព្រះ‌អង្គ​ចេញ​រាជ‌បញ្ជា​ឲ្យ​អ្នក​ក្រុង​ទាំង​នោះ​គោរព​ប្រតិ‌បត្តិ​តាម​ទំនៀម​ទម្លាប់​នៃ​ជន​ជាតិ​ដទៃ។ ៤៥ ព្រះ‌មហា​ក្សត្រ​ហាម​ធ្វើ​តង្វាយ​ដុត​ទាំង​មូល​ថ្វាយ​ព្រះ‌ជាម្ចាស់ ហាម​ថ្វាយ​សក្ការ​បូជា ហាម​ធ្វើ​ពិធី​ច្រូច​ស្រា ហាម​គោរព​ថ្ងៃ​សប្ប័ទ និង​ថ្ងៃ​បុណ្យ​នានា ៤៦ ព្រម​ទាំង​បង្គាប់​ឲ្យ​បង្អាប់​បង្ឱន​ព្រះ‌វិហារ និង​គ្រឿង​សក្ការៈ​ផ្សេងៗ​ផង។ ៤៧ ព្រះ‌រាជា​បញ្ជា​ឲ្យ​សាង​អាសនៈ ទី​សក្ការៈ និង​ព្រះ‌វិហារ​សម្រាប់​គោរព​ព្រះ‌ក្លែង‌ក្លាយ ព្រម​ទាំង​យក​សត្វ​ជ្រូក និង​សត្វ​មិន​បរិសុទ្ធ​មក​ធ្វើ​យញ្ញ‌បូជា​ដែរ ៤៨ ព្រះ‌អង្គ​ហាម​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​កូន​ចៅ​របស់​ពួក​គេ។ ដូច្នេះ ពួក​គេ​មាន​ការ​សៅ​ហ្មង​គ្រប់​បែប​យ៉ាង ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​គួរ​ឲ្យ​ស្អប់​ខ្ពើម។ ៤៩ ព្រះ‌រាជា​មាន​បំណង​ឲ្យ​គេ​បំភ្លេច​ធម្ម‌វិន័យ ព្រម​ទាំង​ផ្លាស់​ប្ដូរ​ទំនៀម​ទម្លាប់​ទាំង​អស់​របស់​ខ្លួន។ ៥០ អ្នក​មិន​គោរព​តាម​ព្រះ‌រាជ​ក្រឹត្យ របស់​ព្រះ‌មហា​ក្សត្រ ត្រូវ​ទទួល​ទោស​ដល់​ជីវិត។
៥១ ព្រះ‌មហា​ក្សត្រ​សរសេរ​រាជ​ក្រឹត្យ​បែប​នេះ​ឲ្យ​ប្រជា‌រាស្ត្រ​ទាំង​អស់ ក្នុង​ព្រះ‌រាជា‌ណាចក្រ​ទាំង​មូល ព្រះ‌អង្គ​តែង​តាំង​មន្ត្រី ដើម្បី​ចុះ​ទៅ​ពិនិត្យ​មើល​ប្រជា‌រាស្រ្ត​ទាំង​អស់ ហើយ​បញ្ជា​ឲ្យ​អ្នក​ក្រុង​ទាំង‌ឡាយ​ក្នុង​ស្រុក​យូដា ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌ក្លែង‌ក្លាយ​ទៀត​ផង។ ៥២ ប្រជាជន​អ៊ីស្រា‌អែល​ភាគ​ច្រើន គឺ​អ្នក​ដែល​លះ​បង់​ធម្ម‌វិន័យ​របស់​ព្រះ‌អម្ចាស់ បែរ​ជា​ទៅ​ធ្វើ​តាម​បញ្ជា​របស់​មន្ត្រី​ទាំង​នោះ។ ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ក្នុង​ស្រុក។ ៥៣ ពួក​គេ​បង្ខិត​បង្ខំ​ប្រជាជន​អ៊ីស្រា‌អែល​ដ៏​ស្មោះ‌ត្រង់ ឲ្យ​គេច​ខ្លួន​ទៅ​ជ្រក​គ្រប់​ទី​កន្លែង ដែល​ពួក​គេ​អាច​នៅ​បាន។
៥៤ នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​ខែ​គីសឡេ ដែល​ត្រូវ​ជា​ខែ​មិគ​សិរ ឆ្នាំ​មួយ‌រយ​សែ​សិប‌ប្រាំ ព្រះ‌បាទ​អន់ទី‌យ៉ូគូស​ធ្វើ​រូប​បដិមា​ដ៏​គួរ​ស្អប់​ខ្ពើម ដាក់​នៅ​លើ​អាសនៈ​ក្នុង​ព្រះ‌វិហារ​ក្រុង​យេរូ‌សាឡឹម ហើយ​អ្នក​រាជ​ការ​ក៏​សង់​អាសនៈ​តាម​ក្រុង​នានា​ដែល​នៅ​ជុំវិញ​ដែរ។ ៥៥ គេ​ដុត​គ្រឿង​ក្រអូប​នៅ​មាត់​ទ្វារ​ផ្ទះ និង​តាម​កន្លែង​សាធារណៈ។ ៥៦ បើ​គេ​រក​ឃើញ​គម្ពីរ‌វិន័យ គេ​ហែក​ដុត​កម្ទេច​ចោល។ ៥៧ ប្រសិន​បើ​គេ​ឃើញ​​សម្ពន្ធ‌មេត្រី​ក្នុង​ផ្ទះ​នរណា​ម្នាក់ ឬ​ប្រសិន​បើ​អ្នក​ណា​ម្នាក់​ប្រតិ‌បត្តិ​តាម​ធម្ម‌វិន័យ​នោះ គេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​អ្នក​នោះ តាម​រាជ​ក្រឹត្យ​របស់​ព្រះ‌មហា​ក្សត្រ។ ៥៨ រៀង​រាល់​ខែ ជន‌ពាល​ធ្វើ​បាប​ប្រជាជន​អ៊ីស្រា‌អែល ដែល​បាន​ប្រព្រឹត្ត​ខុស​នឹង​រាជ​ក្រឹត្យ​នោះ ៥៩ ថ្ងៃ​ទី​ម្ភៃ​ប្រាំ ខែ​នីមួយៗ ពួក​គេ​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាសនៈ ដែល​គេ​សង់​នៅ​ពី​លើ​អាសនៈ​នៃ​ព្រះ‌វិហារ​ក្រុង​យេរូ‌សាឡឹម។ ៦០ គេ​ប្រហារ​ជីវិត​ស្រ្ដី​ដែល​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​កូន​របស់​ខ្លួន ខុស​ពី​រាជ‌បញ្ជា​របស់​ព្រះ‌មហា​ក្សត្រ ៦១ ដែល​កំពុង​ឱប​កូន​ជាប់​នឹង​ខ្លួន​ផង។ ញាតិ​សន្តាន និង​អស់​អ្នក​ដែល​បាន​ជួយ​ធ្វើ​ពិធី​កាត់​ស្បែក​នោះ ក៏​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់​ដែរ។ ៦២ ប៉ុន្តែ ទោះបី​ជា​យ៉ាង​ណា​ក្ដី ក៏​ជន​ជាតិ​អ៊ីស្រា‌អែល​ជា​ច្រើន​មាន​ចិត្ត​រឹង​ប៉ឹង​ក្លាហាន​អង់​អាច មិន​ព្រម​បរិភោគ​ម្ហូប​អាហារ​មិន​បរិសុទ្ធ​ឡើយ។ ៦៣ អ្នក​ទាំង​នោះ​ស៊ូ​ស្លាប់ ជា​ជាង​បរិភោគ​អាហារ​ដែល​មិន​បរិសុទ្ធ ហើយ​ទោះ​ជា​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់ ក៏​គេ​មិន​ព្រម​បង្អាប់​បង្ឱន​សម្ពន្ធ‌មេត្រី​ដ៏‌វិសុទ្ធ​ដែរ។ ៦៤ នៅ​គ្រា​នោះ ជន​ជាតិ​អ៊ីស្រា‌អែល​ជួប​នូវ​គ្រោះ​មហន្ត‌រាយ​យ៉ាង​ខ្លាំង។
ទំនួញ​របស់​លោក​បូជា‌ចារ្យ ម៉ាថា‌ធីយ៉ាស
 នៅ​គ្រា​នោះ លោក​ម៉ាថា‌ធីយ៉ាស​ជា​កូន​របស់​លោក​យ៉ូ‌ហាន និង​ជា​ចៅ​របស់​លោក​ស៊ីម៉ូន ជា​បូជា‌ចារ្យ​ក្នុង​ក្រុម​លោក​យ៉ូ‌អារិប​បាន​ចេញ​មុខ​ឡើង។ លោក​ចាក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​រស់​នៅ​ក្រុង​ម៉ូឌីន។  លោក​មាន​កូន​ប្រាំ​នាក់​គឺ៖ យ៉ូហាន​ហៅ​កាឌី  ស៊ីម៉ូន​ហៅ​ថាស៊ី  យ៉ូដាស​ហៅ​ម៉ាកា‌បាយ  អេឡាសារ​ហៅ​អវ៉ា‌រន យ៉ូណាថាន​ហៅ​អភូស។  ក្រោយ​ពី​បាន​ឃើញ​អំពើ​អាក្រក់​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន ដែល​ប្រជាជន​ប្រព្រឹត្ត​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម  លោក​មាន​ប្រសាសន៍​ថា៖ «វេទនា​ណាស់! ខ្ញុំ​កើត​មក​ដើម្បី​ឃើញ​ប្រជាជន​របស់​ខ្ញុំ វិនាស និង​ការ​អន្ត‌រាយ​នៃ​ក្រុង​ដ៏‌វិសុទ្ធ​នេះ​ឬ? ខ្ញុំ​អង្គុយ​ស្ងៀម​នៅ​ទី​នេះ ក្នុង​ពេល​ដែល​ទីក្រុង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​បរទេស​ដែរ។  ព្រះ‌វិហារ ប្រៀប​ដូច​ជា​មនុស្ស​ដែល​បាត់​បង់​កិត្តិយស គ្មាន​នរណា​គោរព  ខ្មាំង​រឹប​អូស​យក​គ្រឿង​ឧបករណ៍ ដែល​ជា​សិរី​រុង‌រឿង​នៃ​ព្រះ‌វិហារ​ធ្វើ​ជា​ជយ​ភណ្ឌ។ ពួក​វា​បាន​សម្លាប់​រង្គាល​ក្មេង​តូចៗ​នៅ​តាម​ផ្សារ ហើយ​យុវជន​ក៏​ត្រូវ​ស្លាប់​ដោយ​សារ​មុខ​ដាវ។ ១០ ប្រជា‌ជាតិ​នានា​បាន​ទទួល​មួយ​ផ្នែក​នៃ​រាជា‌ណាចក្រ​នេះ និង​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ក្នុង​ក្រុង​ធ្វើ​ជា​ជយ​ភណ្ឌ​ទៀត​ផង! ១១ គេ​យក​គ្រឿង​លំអ​របស់​ក្រុង​យេរូ‌សាឡឹម​អស់។ កាល​ពី​មុន ក្រុង​ធ្លាប់​មាន​សេរី‌ភាព ឥឡូវ​នេះ​ប្រែ​ក្លាយ​ជា​ទាសី​ហើយ! ១២ ទី​ដ៏‌វិសុទ្ធ​ដែល​ជា​ទី​លំអ និង​សិរី​រុង‌រឿង​របស់​យើង​ត្រឡប់​ទៅ​ជា​ទី​រហោ‌ស្ថាន ត្រូវ​ជន​ជាតិ​កណ្ដាប់​ដៃ​របស់​ខ្មាំង ឯ​ទី​សក្ការៈ​ក៏​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ដទៃ បង្អាប់​បង្ឱន​ទៀត​ផង! ១៣ តើ​រស់​ត​ទៅ​ទៀត​មាន​ប្រយោជន៍​អ្វី?»។ ១៤ លោក​ម៉ាថា‌ធីយ៉ាស និង​កូន​របស់​គាត់​ក៏​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន ហើយ​នាំ​គ្នា​យក​បាវ​មក​ស្លៀក​ជំនួស​វិញ ដើម្បី​ធ្វើ​ពិធី​កាន់​ទុក្ខ។
យញ្ញ‌បូជា​នៅ​ក្រុង​ម៉ូឌីន
១៥ មន្រ្តី​ដែល​ព្រះ‌មហា​ក្សត្រ​ចាត់​មក ដើម្បី​បង្ខំ​ឲ្យ​ប្រជាជន​លះ​បង់​ជំនឿ​របស់​ខ្លួន មក​ដល់​ក្រុង​ម៉ូឌីន ដើម្បី​ថ្វាយ​យញ្ញ‌បូជា។ ១៦ ជន​ជាតិ​អ៊ីស្រា‌អែល​ជា​ច្រើន​ចេញ​ទៅ​ជួប​លោក តែ​លោក​ម៉ាថា‌ធីយ៉ាស និង​កូន​ទាំង​ប៉ុន្មាន​របស់​គាត់ ជួប​ជុំ​គ្នា​ដោយ​ឡែក​ពី​គេ។ ១៧ មន្ត្រី​របស់​ព្រះ‌មហា​ក្សត្រ​ប្រាប់​លោក​ម៉ាថា‌ធីយ៉ាស​ថា៖ «លោក​ជា​អ្នក​ដឹក​នាំ​មាន​ឈ្មោះ​ល្បី និង​មាន​អំណាច​ក្នុង​ភូមិ​នេះ ដោយ​មាន​កូន និង​បង‌ប្អូន​ជា​ច្រើន​ជួយ​គាំ​ទ្រ​ផង។ ១៨ សូម​លោក​អញ្ជើញ​មក អនុវត្ត​តាម​រាជ‌បញ្ជា​របស់​ព្រះ‌ករុណា​មុន​គេ ដូច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន និង​អ្នក​ស្រុក​យូដា ព្រម​ទាំង​អ្នក​ដែល​នៅ​សេស​សល់​ក្នុង​ក្រុង​យេរូ‌សាឡឹម បាន​ធ្វើ​រួច​មក​ហើយ។ បើ​ធ្វើ​ដូច្នេះ លោក និង​កូន​របស់​លោក ត្រូវ​រាប់​បញ្ចូល​ក្នុង​ចំណោម​មិត្ត​សម្លាញ់​របស់​ព្រះ‌រាជា។ លោក និង​កូន​របស់​លោក នឹង​ទទួល​មាស​ប្រាក់ ព្រម​ទាំង​អំណោយ​ជា​ច្រើន​ទៀត​ផង!»។ ១៩ លោក​ម៉ាថា‌ធីយ៉ាស​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ តប​ទៅ​គេ​ថា៖ «ទោះ​បី​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​រាជា‌ណាចក្រ​ទាំង​មូល យល់​ព្រម​ធ្វើ​តាម​រាជ‌បញ្ជា​របស់​ស្ដេច លះ​បង់​សាសនា​ដូន‌តា​របស់​គេ​រៀងៗ​ខ្លួន​ចោល ហើយ​បែរ​ទៅ​គោរព​តាម​រាជ‌ឱង្ការ​របស់​ស្ដេច​ក្ដី ២០ ក៏​ខ្ញុំ កូន​ខ្ញុំ និង​បង‌ប្អូន​ខ្ញុំ នៅ​តែ​ប្រតិ‌បត្តិ​តាម​សម្ពន្ធ‌មេត្រី​នៃ​ដូន‌តា​របស់​យើង​ត​ទៅ​មុខ​ទៀត​ជា​ដរាប។ ២១ សូម​ព្រះ‌ជាម្ចាស់​អាណិត​មេត្តា​ការ‌ពារ​យើង កុំ​ឲ្យ​យើង​ខ្ញុំ​បោះ​បង់​ចោល​ធម្ម‌វិន័យ និង​បញ្ញាត្តិ​របស់​ព្រះ‌អង្គ​ឡើយ។ ២២ យើង​មិន​ព្រម​ស្តាប់​តាម​រាជ‌បញ្ជា​ទេ យើង​មិន​ព្រម​ងាក​ចេញ​ពី​សាសនា​របស់​យើង​ឡើយ ឲ្យ​នៅ​ខាង​ស្ដាំ ឬ​ខាង​ឆ្វេង គឺ​យើង​មិន​ព្រម​ជា​ដាច់​ខាត!»។
២៣ កាល​លោក​មាន​ប្រសាសន៍​ដូច្នេះ​ហើយ ជន​ជាតិ​យូដា​ម្នាក់​ឡើង​ទៅ​ថ្វាយ​យញ្ញ‌បូជា នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​មូល លើ​អាសនៈ​នៅ​ក្រុង​ម៉ូឌីន តាម​រាជ‌បញ្ជា។ ២៤ លោក​ម៉ាថា‌ធីយ៉ាស​ឃើញ​ដូច្នេះ ក្តៅ​ក្រហាយ​ញ័រ​ខ្លួន​ចំប្រប់​យ៉ាង​ខ្លាំង កំហឹង​ដ៏​សុចរិត​ពុះ​កញ្ជ្រោល​ក្នុង​ខ្លួន​លោក។ លោក​ស្ទុះ​ទៅ​សម្លាប់​អ្នក​នោះ​នៅ​លើ​អាសនៈ ២៥ និង​សម្លាប់​មន្ត្រី ដែល​ស្ដេច​ចាត់​ឲ្យ​មក​បង្ខំ​អ្នក​ស្រុក​ថ្វាយ​យញ្ញ‌បូជា រួច​លោក​រំលំ​អាសនៈ​នោះ​ចោល​ទៀត​ផង។ ២៦ លោក​មាន​ចិត្ត​ស្រឡាញ់​ធម្ម‌វិន័យ​ជា​ខ្លាំង ដូច​កាល​ពី​ដើម ដែល​លោក​ពី​ណេហាស់​បាន​ប្រព្រឹត្ត​ចំពោះ​លោក​យីមរី ជា​កូន​លោក​សាលូ។ ២៧ បន្ទាប់​លោក​ម៉ាថា​ធីយ៉ាស​ដើរ​ស្រែក​យ៉ាង​ខ្លាំង តាម​ផ្លូវ​ក្រុង​ម៉ូឌីន​ថា៖ «អស់​អ្នក​ដែល​មាន​ចិត្ត​ស្រឡាញ់​ធម្ម‌វិន័យ និង​ចង់​គោរព​តាម​សម្ពន្ធ‌មេត្រី សូម​អញ្ជើញ​មក​តាម​ខ្ញុំ​មក!»។ ២៨ លោក និង​កូន​លោក​ភៀស​ខ្លួន​ទៅ​តំបន់​ភ្នំ ដោយ​ទុក​ទ្រព្យ‌សម្បត្តិ​ចោល​នៅ​ក្នុង​ក្រុង។ ២៩ ពេល​នោះ អ្នក​ស្រុក​ជា​ច្រើន​ដែល​ខិត​ខំ​ធ្វើ​អំពើ​សុចរិត និង​គោរព​តាម​ធម្ម‌វិន័យ រត់​ទៅ​នៅ​ក្នុង​វាល​រហោ​ស្ថាន ៣០ ទាំង​ប្រពន្ធ​កូន​ទាំង​ហ្វូង​សត្វ​របស់​គេ ព្រោះ​ខ្មាំង​តែង​ធ្វើ​ទុក​បុក​ម្នេញ​ពួក​គេ​គ្រប់​ពេល។ ៣១ មន្ត្រី និង​កង‌ទ័ព​ដែល​នៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​បុរី​ព្រះ‌បាទ​ដាវីឌ​ទទួល​ដំណឹង​ថា មាន​អ្នក​ខ្លះ​បដិ‌សេធ​រាជ​ក្រឹត្យ​របស់​ស្ដេច ហើយ​រត់​ទៅ​ពួន​ក្នុង​ល្អាង​ថ្ម​នៃ​វាល​រហោ‌ស្ថាន។ ៣២ ពេល​នោះ ពល‌ទាហាន​ដ៏​ខ្លាំង​ក្លា​មួយ​កង​ដេញ​តាម​ទាន់ ហើយ​បោះ​ជំរំ​ទល់​មុខ​គេ បម្រុង​នឹង​វាយ​សម្រុក​នៅ​ថ្ងៃ​សប្ប័ទ។ ៣៣ មេ​ទ័ព​ប្រាប់​ពួក​ដែល​រត់​ថា៖ «ល្មម​ហើយ! ចូរ​ចេញ​មក! ធ្វើ​តាម​រាជ‌បញ្ជា​របស់​ស្ដេច​ទៅ! អ្នក​រាល់​គ្នា​នឹង​រួច​ជីវិត!»។ ៣៤ តែ​ពួក​យូដា​ឆ្លើយ​ថា៖ «ទេ! យើង​មិន​ចេញ​ទៅ​ទេ! យើង​ក៏​មិន​ធ្វើ​តាម​រាជ‌បញ្ជា​របស់​ស្ដេច​ដែរ ហើយ​យើង​ក៏​មិន​ព្រម​រំលោភ​វិន័យ​ថ្ងៃ​សប្ប័ទ​ដែរ!»។ ៣៥ ភ្លាម​នោះ ពល‌ទាហាន​ចូល​វាយ​សម្រុក​លើ​ពួក​គេ។ ៣៦ ពួក​គេ​មិន​តប​ត​មិន​គប់​ដុំ​ថ្ម មិន​បិទ​ច្រក​ចូល​ទី​ជម្រក​របស់​គេ​ឡើយ ៣៧ ពួក​គេ​ពោល​ឡើង​ថា៖ «យើង​សុខ​ចិត្ត​ស្លាប់​ទាំង​អស់​គ្នា​ដោយ​សុចរិត! មេឃ​ព្រម​ទាំង​ដី​នឹង​ជួយ​ធ្វើ​ជា​សាក្សី​ឲ្យ​យើង​ថា អ្នក​រាល់​គ្នា​សម្លាប់​យើង​យ៉ាង​ទុច្ចរិត​បំផុត!»។ ៣៨ ពល‌ទាហាន​វាយ​សម្រុក​នៅ​ថ្ងៃ​សប្ប័ទ។ ពួក​គេ​ទាំង​ប្រពន្ធ​ទាំង​កូន ទាំង​ហ្វូង​សត្វ​ក៏​ស្លាប់​ដែរ។ គឺ​មាន​មនុស្ស​ចំនួន​មួយ​ពាន់​នាក់​ស្លាប់​នៅ​ពេល​នោះ។
៣៩ ក្រោយ​ពី​លោក​ម៉ាថា‌ធីយ៉ាស និង​អ្នក​នៅ​ជា​មួយ​បាន​ទទួល​ដំណឹង​នេះ​ហើយ គេ​ក៏​នាំ​គ្នា​យំ​សោក​សង្រេង​យ៉ាង​ក្រៀម​ក្រំ ៤០ រួច​ប្រាប់​គ្នី​គ្នា​ថា៖ «ប្រសិន​បើ​យើង​ទាំង​អស់​ប្រព្រឹត្ត​ដូច​បង‌ប្អូន​យើង ដោយ​មិន​វាយ​តប​ត ប្រឆាំង​នឹង​ប្រជា‌ជាតិ​ទាំង‌ឡាយ ដើម្បី​ការ‌ពារ​ជីវិត និង​ធម្ម‌វិន័យ​របស់​យើង​ទេ​នោះ មិន​យូរ​ប៉ុន្មាន ពួក​ខ្មាំង​សត្រូវ​មុខ​ជា​ប្រហារ​ជីវិត​យើង​ឲ្យ​ផុត​ពូជ​មិន​ខាន»។ ៤១ នៅ​ថ្ងៃ​នោះ ពួក​គេ​សម្រេច​ថា៖ «ប្រសិន​បើ​មាន​គេ​វាយ​សម្រុក​លើ​យើង​នៅ​ថ្ងៃ​សប្ប័ទ យើង​នឹង​ប្រយុទ្ធ​ត​ទល់​នឹង​គេ​វិញ! ដូច្នេះ យើង​មិន​បាត់​បង់​ជីវិត​ទាំង​អស់​គ្នា ដូច​បង‌ប្អូន​យើង​នៅ​ក្នុង​ជម្រក​ឡើយ»។
៤២ ពេល​នោះ មាន​ក្រុម​អាស៊ី‌ឌីម​សុខ​ចិត្ត​ចូល​មក​រួប​រួម​ជា​មួយ​ពួក​គេ។ អ្នក​ទាំង​នោះ​មាន​ឈ្មោះ​ល្បី​នៅ​ស្រុក​អ៊ីស្រា‌អែល​ថា មាន​សេចក្ដី​ក្លាហាន​អង់​អាច​ស៊ូ​ប្ដូរ​ជីវិត​ដើម្បី​ធម្ម‌វិន័យ។ ៤៣ អស់​អ្នក​ដែល​មាន​បំណង​រត់​គេច​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ក៏​មក​ចុះ​ចូល​ជា​មួយ​ពួក​គេ​ដែរ ធ្វើ​ឲ្យ​ចំនួន និង​កម្លាំង​របស់​ពួក​គេ​កាន់​តែ​ខ្លាំង​ឡើងៗ។ ៤៤ ពួក​គេ​ប្រមូល​គ្នា​ជា​កង‌ទ័ព ហើយ​ខឹង​ក្តៅ​ក្រហាយ វាយ​ជា​មួយ​ពួក​អ្នក​បាប និង​ពួក​ទមិឡ​ឥត​សាសនា​វិញ។ ជន​ជាតិ​យូដា​ដែល​នៅ​សេស​សល់ រត់​ភៀស​ខ្លួន​ទៅ​នៅ​ក្នុង​ស្រុក​របស់​ប្រជា‌ជាតិ​ដទៃ។ ៤៥ លោក​ម៉ាថា‌ធីយ៉ាស និង​អ្នក​នៅ​ជា​មួយ ចេញ​ទៅ​រំលំ​អាសនៈ​នៅ​គ្រប់​ទី​កន្លែង ៤៦ គេ​ធ្វើ​ពិធី​កាត់​ស្បែក​កូន​ក្មេង​ទាំង​បង្ខំ គឺ​កូន​ក្មេង​ដែល​ពួក​គេ​រក​ឃើញ ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល​ទាំង​មូល។ ៤៧ ពួក​គេ​ដេញ​កម្ចាត់​ខ្មាំង ដែល​ធ្លាប់​មាន​ចិត្ត​ព្រហើន​កោង​កាច ហើយ​ទទួល​បាន​ជោគ‌ជ័យ។ ៤៨ ពួក​គេ​ការ‌ពារ​ធម្ម‌វិន័យ​មិន​ឲ្យ​ប្រជា‌ជាតិ និង​ស្ដេច​ប្រជា‌ជាតិ​ទាំង​នោះ​យាយី​ពួក​គេ ហើយ​ពួក​គេ​មិន​ទុក​ឲ្យ​ស្ដេច​ទមិឡ​មាន​ជ័យ‌ជម្នះ​ឡើយ។
លោក​ម៉ាថា‌ធីយ៉ាស​ទទួល​មរណ‌ភាព
៤៩ ពេល​លោក​ម៉ាថា‌ធីយ៉ាស​ជិត​លា​ចាក​លោក​នេះ​ទៅ លោក​មាន​ប្រសាសន៍​ទៅ​កាន់​កូនៗ​របស់​គាត់​ថា៖ «ឥឡូវ​នេះ មនុស្ស​ព្រហើន និង​អ្នក​កោង​កាច កំពុង​តែ​សោយ‌រាជ្យ។ ជំនាន់​នេះ​គឺ​ជា​ជំនាន់​កើត​ចលា‌ចល​វឹក​វរ និង​ជំនាន់​ផ្ទុះ​កំហឹង។ ៥០ កូន​អើយ! ចូរ​ខំ​ខ្នះ​ខ្នែង​ស្រឡាញ់​ធម្ម‌វិន័យ ស៊ូ​ប្ដូរ​ជីវិត​ដើម្បី​សម្ពន្ធ‌មេត្រី​របស់​ដូន‌តា​យើង។ ៥១ ចូរ​នឹក​គិត​ពី​ការ​អស្ចារ្យ​ដែល​បុព្វ‌បុរស​របស់​យើង​បាន​ប្រព្រឹត្ត​ក្នុង​ជំនាន់​របស់​លោក។ កូន​មុខ​ជា​ទទួល​សិរី​រុង‌រឿង​ដ៏​ខ្ពង់​ខ្ពស់​បំផុត និង​មាន​ឈ្មោះ​ល្បី​អស់​កល្ប‌ជានិច្ច​ជា​ពុំ​ខាន។ ៥២ លោក​អប្រាហាំ​ជឿ​យ៉ាង​ស្មោះ‌ត្រង់ នៅ​ពេល​ព្រះ‌ជាម្ចាស់​ល្បង​ល​ចិត្ត​រ​បស់​លោក ហេតុ​នេះ​ហើយ បាន​ជា​ព្រះ‌អង្គ​ប្រោស​លោក​ឲ្យ​សុចរិត។ ៥៣ លោក​យ៉ូសែប​បាន​ប្រព្រឹត្ត​តាម​ធម្ម‌វិន័យ​នៅ​ពេល​លោក​កើត​ទុក្ខ​វេទនា។ ដូច្នេះ លោក​ធ្វើ​ជា​ម្ចាស់​លើ​ស្រុក​អេស៊ីប។ ៥៤ លោក​ពី​ណេហាស់​ជា​បុព្វ‌បុរស​របស់​យើង មាន​ចិត្ត​ស្រឡាញ់​ធម្ម‌វិន័យ​យ៉ាង​ខ្លាំង​បំផុត។ ដូច្នេះ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​ថា ពូជ‌ពង្ស​របស់​លោក​នឹង​ទៅ​ជា​បូជា‌ចារ្យ​រហូត​ត​រៀង​ទៅ។ ៥៥ លោក​យ៉ូស៊ូអា​ទៅ​ជា​វីរ‌បុរស​ក្នុង​ស្រុក​អ៊ីស្រា‌អែល ព្រោះ​លោក​បាន​បំពេញ​ភារ‌កិច្ច​របស់​ខ្លួន។ ៥៦ លោក​កាឡែប​ទទួល​ដី​មួយ​ចំណែក​ទុក​ជា​មត៌ក ព្រោះ​លោក​ផ្ដល់​សក្ខី‌ភាព​យ៉ាង​អង់​អាច​ពិត​ប្រាកដ នៅ​ចំពោះ​មុខ​សហគមន៍​របស់​ជន​ជាតិ​អ៊ីស្រា‌អែល។ ៥៧ ព្រះ‌ជាម្ចាស់​បាន​តែង​តាំង​ព្រះ‌បាទ​ដាវីឌ​ឲ្យ​សោយ‌រាជ្យ​អស់​កល្ប‌ជានិច្ច ព្រោះ​ស្ដេច​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់ ចំពោះ​ព្រះ‌ជាម្ចាស់។ ៥៨ ព្រះ‌ជាម្ចាស់​លើក​លោក​អេលី​ឡើង​ទៅ​ស្ថាន​បរម‌សុខ ព្រោះ​លោក​មាន​ចិត្ត​ស្រឡាញ់​ធម្ម‌វិន័យ​យ៉ាង​ខ្លាំង។ ៥៩ ព្រះ‌ជាម្ចាស់ បាន​សង្គ្រោះ​យុវជន​អណា‌នីយ៉ា អសា‌រីយ៉ា និង​មីសា‌អែល ឲ្យ​រួច​ផុត​ពី​ភ្លើង ព្រោះ​ពួក​គេ​ផ្ញើ​ជីវិត​លើ​ព្រះ‌ជាម្ចាស់។ ៦០ ព្រះ‌អង្គ​បាន​ប្រោស លោក​ដានីអែល​បាន​រួច​ពី​មាត់​សិង្ហ ព្រោះ​លោក​មាន​ចិត្ត​ទៀង​ត្រង់។ ៦១ ចូរ​រិះ​គិត​ពិចារណា​មើល​ថា អស់​អ្នក​ដែល​ជឿ​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់ នៅ​គ្រប់​ជំនាន់​រៀង​មក មិន​ខក​ចិត្ត​ឡើយ។ ៦២ កុំ​ភ័យ​ខ្លាច​ពី​ការ​គំរាម​កំហែង​របស់​ស្ដេច​ពាល​នោះ​ឲ្យ​សោះ ដ្បិត​សិរី​រុង‌រឿង​របស់​ស្ដេច​នឹង​ត្រូវ​រលួយ ហើយ​ត្រូវ​ដង្កូវ​ស៊ី​ផង។ ៦៣ នៅ​ថ្ងៃ​នេះ ព្រះ‌រាជា​ខ្ពស់​មុខ​ឡើង តែ​ថ្ងៃ​ស្អែក​នឹង​ត្រូវ​វិនាស​សាប​សូន្យ ដ្បិត​ព្រះ‌អង្គ​ត្រឡប់​ទៅ​កាន់​ធូលី​ដី​របស់​គេ​វិញ ហើយ​គម្រោង‌ការ​របស់​ស្ដេច ក៏​ត្រូវ​វិនាស​សាប‌សូន្យ​ដែរ។ ៦៤ កូន​អើយ! ចូរ​មាន​ចិត្ត​អង់​អាច​ក្លាហាន​ឡើង! ចូរ​កាន់​ធម្ម‌វិន័យ​ឲ្យ​បាន​មាំ​មួន ព្រោះ​មាន​តែ​ធម្ម‌វិន័យ​នេះ​ទេ ដែល​នឹង​ផ្ដល់​សិរី​រុង‌រឿង​ដល់​កូន​រាល់​គ្នា។ ៦៥ ចូរ​ស្ដាប់​ស៊ីម៉ូន​ជា​បង​របស់​កូន។ ពុក​ដឹង​ថា ស៊ីម៉ូន​តែង​តែ​ផ្ដល់​យោ​បល់​ល្អៗ ចូរ​ស្ដាប់​បង​ជា‌និច្ច​ចុះ! គេ​នឹង​ទៅ​ជា​ឪពុក​របស់​កូនៗ។ ៦៦ យូដា​ម៉ាកា‌បាយ​ដែល​មាន​សេចក្ដី​អង់​អាច​ក្លាហាន​តាំង​ពី​កុមារ​មក នឹង​ទៅ​ជា​មេទ័ព​របស់​កូនៗ ហើយ​នាំ​ទ័ព​ទៅ​ធ្វើ​សង្គ្រាម​ជា​មួយ​ប្រជា‌ជាតិ​នានា។ ៦៧ រីឯ​កូនៗ ចូរ​ប្រមូល​អស់​អ្នក​ដែល​កាន់​តាម​ធម្ម‌វិន័យ ចូរ​រក​យុត្តិ‌ធម៌​ឲ្យ​ប្រជាជន​របស់​កូន។ ៦៨ ចូរ​តប​ស្នង​នឹង​អំពើ​អាក្រក់​ចំពោះ​សាសន៍​ដទៃ ស្រប​នឹង​អំពើ​អាក្រក់​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ​កូន។ ចូរ​គោរព​ប្រណិប័តន៍​តាម​ធម្ម‌វិន័យ​ជា‌និច្ច»។
៦៩ បន្ទាប់​មក លោក​ម៉ាថា‌ធីយ៉ាស​ឲ្យ​ពរ​កូនៗ រួច​លោក​បាន​ទៅ​ជួប​ជុំ​ជា​មួយ​ដូន‌តា​របស់​លោក។ ៧០ លោក​ទទួល​មរណ​ភាព​នៅ​ឆ្នាំ មួយ‌រយ​សែសិប‌ប្រាំមួយ។ គេ​បញ្ចុះ​សព​គាត់​នៅ​ក្នុង​ផ្នូរ​ដូន‌តា នៅ​ក្រុង​ម៉ូឌីន ហើយ​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ នាំ​គ្នា​ធ្វើ​ពិធី​កាន់​ទុក្ខ​យ៉ាង​ឱឡា‌រិក។
ពាក្យ​សរសើរ​លោក​យូដា​ម៉ាកាបាយ
 លោក​យូដា​ហៅ​ម៉ាកា‌បាយ​ជា​បុត្រ​របស់​លោក​ម៉ាថា‌ធីយ៉ាស ឡើង​កាន់​ទ័ព​ជំនួស​ឪពុក។  បង‌ប្អូន​ទាំង​អស់ និង​អស់​អ្នក​ដែល​ចូល​ខាង​ឪពុក​គាត់ ក៏​នាំ​គ្នា​គាំ​ទ្រ​គាត់​ដែរ ហើយ​រីក​រាយ​នឹង​ប្រយុទ្ធ ដើម្បី​ជន​ជាតិ​អ៊ីស្រា‌អែល។  លោក​យូដា​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​ដ៏​រុង‌រឿង​របស់​ជន​ជាតិ​លោក​ល្បី​ល្បាញ​ឡើង។ ពេល​លោក​ពាក់​អាវ​ក្រោះ លោក​ប្រៀប​ដូច​ជា​វីរ‌បុរស​ដ៏​ឆ្នើម។ លោក​កាន់​អាវុធ ហើយ​ចេញ​ទៅ​ធ្វើ​សង្គ្រាម ការ‌ពារ​ទី​តាំង​ទ័ព​ដោយ​ដាវ​លោក​ផ្ទាល់។  ក្នុង​ពេល​បំពេញ​ភារ‌កិច្ច លោក​ប្រៀប​ដូច​ជា​សត្វ​តោ​មួយ​ដ៏​សា‌ហាវ និង​ដូច​កូន​សិង្ហ កំពុង​គ្រហឹម​ចាប់​សត្វ​ស៊ី​ដែរ។  លោក​ស្វែង​រក​អ្នក​ដែល​បំពាន​លើ​ធម្ម‌វិន័យ ហើយ​ដេញ​ពួក​គេ​ចេញ ព្រម​ទាំង​ដុត​សម្លាប់​ពួក​អ្នក ដែល​បង្ក​ឲ្យ​ប្រជាជន​មាន​ចលា‌ចល។  ជន‌ពាល​បាត់​បង់​អំណាច​ដោយ​ភ័យ​ខ្លាច​លោក ហើយ​ពួក​ទមិឡ​រក​ច្រក​ចេញ​មិន​រួច លោក​បាន​រំដោះ​ប្រជាជន​ជា​ស្ថាពរ។  លោក​ធ្វើ​ទុក្ខ​បុក​ម្នេញ​ស្ដេច​ជា​ច្រើន​អង្គ ហើយ​ស្នា​ដៃ​របស់​លោក​ផ្ដល់​អំណរ​ដល់​ប្រជាជន​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង។ គួរ​ឲ្យ​នឹក​ចាំ និង​កោត​សរសើរ​អស់​កល្ប‌ជានិច្ច។  លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​នានា​នៅ​ស្រុក​យូដា ហើយ​វាយ​ជន‌ពាល​ទាំង​អស់ នៅ​ក្រុង​ទាំង​នោះ​ឲ្យ​វិនាស។ លោក​ធ្វើ​ឲ្យ​ព្រះ‌ជាម្ចាស់​លែង​ព្រះ‌ពិរោធ​នឹង​ប្រជាជន​អ៊ីស្រា‌អែល។  កិត្តិ‌នាម​របស់​លោក​ល្បី​រន្ទឺ​រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែន​ដី ហើយ​លោក​ក៏​ប្រមូល​ផ្ដុំ​អស់​អ្នក​ដែល​រស់​នៅ​ខ្ចាត់‌ខ្ចាយ ឲ្យ​រួម​គ្នា​វិញ។
លោក​យូដា​មាន​ជ័យ‌ជម្នះ​លើ​លោក​អប៉ូឡូ‌នីយូស
១០ លោក​អប៉ូឡូ‌នីយូស កេណ្ឌ​សាសន៍​ដទៃ ព្រម​ទាំង​ជន​ជាតិ​សាម៉ារី មក​ធ្វើ​ជា​កង‌ទ័ព​មួយ​ដ៏​មាន​កម្លាំង​អង់​អាច ដើម្បី​វាយ​ប្រហារ​ជន​ជាតិ​អ៊ីស្រា‌អែល។ ១១ លោក​យូដា​ជ្រាប​ហេតុ‌ការណ៍​នេះ ហើយ​ក៏​ចេញ​ទៅ​ប្រយុទ្ធ​តទល់​នឹង​ពួក​គេ។ លោក​វាយ​ឈ្នះ​គេ​ហើយ​ប្រហារ​ជីវិត​លោក​អប៉ូឡូ‌នីយូស​ទៀត​ផង។ ពល‌ទាហាន​របស់​លោក​អប៉ូឡូ‌នីយូស​ជា​ច្រើន​បាត់​បង់​ជីវិត ហើយ​ពួក​ដែល​រួច​ពី​ស្លាប់​ក៏​បាក់​ទ័ព​រត់​អស់​ទៅ។ ១២ ជន​ជាតិ​យូដា​រឹប​អូស​យក​ទ្រព្យ​ជយភណ្ឌ​របស់​ខ្មាំង។ រីឯ​លោក​យូដា​ក៏​រើស​យក​ដាវ​របស់​លោក​អប៉ូឡូ‌នីយូស ហើយ​ប្រើ​ដាវ​នោះ​ជា​រៀង​រាល់​ថ្ងៃ​នៅ​ពេល​វាយ​ខ្មាំង។ ១៣ លោក​សេរ៉ុន​ជា​មេទ័ព​ស្រុក​ស៊ីរី​ទទួល​ដំណឹង​ថា លោក​យូដា​បាន​ប្រមូល​ផ្តុំ​កង‌ទ័ព និង​ក្រុម​អ្នក​ដែល​មាន​ជំនឿ​ស្មោះ‌ត្រង់ ដើម្បី​ធ្វើ​សង្គ្រាម។ ១៤ គាត់​គិត​ថា៖ «ខ្ញុំ​ត្រូវ​តែ​ទៅ​ប្រយុទ្ធ​នឹង​យូដា ព្រម​ទាំង​អស់​អ្នក​នៅ​ជា​មួយ ដែល​មិន​គោរព​រាជ‌បញ្ជា​របស់​ព្រះ‌មហា​ក្សត្រ​នោះ! ធ្វើ​ដូច្នេះ ខ្ញុំ​មុខ​ជា​មាន​កេរ្តិ៍‌ឈ្មោះ និង​កិត្តិ‌យស​នៅ​ក្នុង​រាជា‌ណាចក្រ​ទាំង​មូល​មិន​ខាន»។ ១៥ លោក​ក៏​ចេញ​ទៅ​ប្រយុទ្ធ​នឹង​លោក​យូដា ដោយ​នាំ​កង‌ទ័ព​មួយ​ចំនួន​ធំ ដែល​សុទ្ធ​តែ​ពួក​ទមិឡ ដើម្បី​វាយ​សង​សឹក​នឹង​ប្រជាជន​អ៊ីស្រា‌អែល។ ១៦ នៅ​ពេល​លោក​សេរ៉ុន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឡើង​ទៅ​ក្រុង​បេត‌ហូរ៉ូន លោក​យូដា​ក៏​ចេញ​ទៅ​ស្ទាក់​ផ្លូវ​លោក​សេរ៉ុន ដោយ​មាន​ពល‌ទាហាន​តែ​មួយ​ក្រុម​តូច​ប៉ុណ្ណោះ​ទៅ​ជា​មួយ។ ១៧ កាល​ដែល​ពល‌ទាហាន​ឃើញ​កង‌ទ័ព ដែល​កំពុង​តែ​ឡើង​មក​វាយ​ពួក​គេ ពួក​គេ​សួរ​លោក​យូដា​ថា៖ «យើង​មាន​គ្នា​តិច​យ៉ាង​នេះ! តើ​យើង​អាច​ប្រយុទ្ធ​នឹង​កង‌ទ័ព ដែល​មាន​គ្នា​ច្រើន ហើយ​មាន​កម្លាំង​ខ្លាំង​ក្លា​បែប​នេះ​ដូច​ម្ដេច​កើត? ម្យ៉ាង​ទៀត យើង​អស់​កម្លាំង ព្រោះ​យើង​មិន​ទាន់​បរិភោគ​អ្វី នៅ​ឡើយ!»។ ១៨ លោក​យូដា​មាន​ប្រសាសន៍​ថា៖ «ក្រុម​ដែល​មាន​គ្នា​តិច អាច​យក​ជ័យ‌ជម្នះ​លើ​កង‌ទ័ព​មួយ​ធំ​យ៉ាង​ស្រួល។ ព្រះ‌ជាម្ចាស់​មិន​ត្រូវ​ការ​គ្នា​ច្រើន ឬ​គ្នា​តិច ដើម្បី​ឈ្នះ​ខ្មាំង​ទេ។ ១៩ នៅ​លើ​សមរ‌ភូមិ ជ័យ‌ជម្នះ​មិន​ស្ថិត​នៅ​លើ​ចំនួន​កង‌ទ័ព​ឡើយ គឺ​ស្ថិត​នៅ​លើ​ឫទ្ធា‌នុភាព ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​មក​នោះ​វិញ។ ២០ ពួក​សត្រូវ​មក​វាយ​យើង​ទាំង​មាន​ចិត្ត​អួត​បំប៉ោង និង​ឃោរ​ឃៅ។ ពួក​វា​មាន​គម្រោង​សម្លាប់​យើង និង​ប្រពន្ធ​កូន​យើង ព្រម​ទាំង​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​យើង​ទៀត​ផង។ ២១ រីឯ​យើង​វិញ យើង​វាយ​តប​ត​ឲ្យ​រួច​ជីវិត និង​ការ‌ពារ​សាសនា​របស់​យើង​ប៉ុណ្ណោះ ២២ ព្រះ‌ជាម្ចាស់​នឹង​កម្ទេច​សត្រូវ នៅ​មុខ​យើង​ជា​ពុំ​ខាន! ដូច្នេះ កុំ​ខ្លាច​ពួក​វា​អី!»។
២៣ កាល​លោក​មាន​ប្រសាសន៍​ចប់​សព្វ​គ្រប់​ហើយ លោក​យូដា​វាយ​សម្រុក​ខ្មាំង​សត្រូវ​នៅ​ពេល​ដែល​គេ​មិន​ដឹង​ខ្លួន ហើយ​កម្ទេច​កង‌ទ័ព​របស់​លោក​សេរ៉ុន​អស់។ ២៤ យុទ្ធ​ជន​ដែល​រស់​នៅ​ជា​មួយ​លោក​យូដា ដេញ​ពួក​ខ្មាំង​សត្រូវ​តាម​ផ្លូវ​ចុះ​ពី​ភូមិ​បេត‌ហូរ៉ូន រហូត​ទៅ​ដល់​វាល​ទំនាប ហើយ​បាន​សម្លាប់​ពួក​គេ​ប្រហែល​ប្រាំបី‌រយ​នាក់។ ពល‌ទាហាន​ដែល​រួច​ពី​ស្លាប់​ក៏​រត់​គេច​ខ្លួន​ទៅ​ស្រុក​ភីលី‌ស្ទីន។ ២៥ តាំង​ពី​ពេល​នោះ​មក ជាតិ​សាសន៍​ដទៃ​ដែល​នៅ​ជុំ​វិញ​ចាប់​ផ្ដើម​ភ័យ​ខ្លាច​ញាប់​ញ័រ​ចំពោះ​លោក​យូដា និង​បង‌ប្អូន​របស់​គាត់។ ២៦ កិត្តិ‌នាម​របស់​លោក​យូដា​លេច​ឮ​ដល់​ព្រះ‌បាទ​អន់ទីយ៉ូគូស ហើយ​ប្រជា‌ជាតិ​នានា​និយាយ​តំណាល​អំពី​ការ​ប្រយុទ្ធ​របស់​លោក។
ព្រះ‌បាទ​អន់ទី‌យ៉ូគូស​តែង​តាំង​លោក​លីស៊ី‌យ៉ា​ឲ្យ​កម្ទេច​ជន​ជាតិ​អ៊ីស្រា‌អែល
២៧ ពេល​ព្រះ‌បាទ​អន់ទី‌យ៉ូគូស​ជ្រាប​ពី​ព្រឹត្តិ‌ការណ៍​ទាំង​នោះ​ហើយ ព្រះ‌អង្គ​ព្រះ‌ពិរោធ​ជា​ខ្លាំង ក៏​ចេញ​រាជ‌បញ្ជា​ឲ្យ​ប្រមូល​កង‌ទ័ព​ទាំង​អស់​ក្នុង​រាជា‌ណាចក្រ​ទាំង​មូល មក​ធ្វើ​ជា​កង‌ទ័ព​មួយ​ដ៏​ខ្លាំង​អស្ចារ្យ ២៨ ហើយ​យក​រាជ​ទ្រព្យ​មក​បើក​ប្រាក់​ខែ​គ្រប់​មួយ​ឆ្នាំ​ដល់​ពល‌ទាហាន ដោយ​មាន​រាជ‌បញ្ជា​ឲ្យ​ពួក​គេ​ត្រៀម​ខ្លួន​ជា‌និច្ច។ ២៩ គ្រា​នោះ ព្រះ‌រាជា​សង្កេត​ឃើញ​ថា ប្រាក់​ក្នុង​ឃ្លាំង​រាជ​ទ្រព្យ​ត្រូវ​អស់ គឺ​មក​ពី​ការ​ប្រមូល​ប្រាក់​ពន្ធ​អាករ​តាម​អាណា​ខេត្ត​ថយ​ចុះ។ ការ​ខ្វះ​ខាត​នេះ​បណ្ដាល​មក​ពី​ព្រះ‌រាជា​បង្ក​ចលាចល និង​គ្រោះ​មហន្ត‌រាយ​ក្នុង​ស្រុក ដោយ​លុប​បំបាត់​សាសនា ដែល​មាន​តាំង​ពី​ដើម​រៀង​មក។ ៣០ ព្រះ‌រាជា​តែង​តែ​ចាយ​ប្រាក់​ជា​ច្រើន និង​ប្រទាន​អំណោយ​យ៉ាង​ទូលំ‌ទូលាយ លើស​ពី​ស្ដេច​មុនៗ​ទៅ​ទៀត។ ប៉ុន្តែ​ពេល​នេះ ព្រះ‌អង្គ​បារម្ភ​ថា ពុំ​មាន​លទ្ធ‌ភាព​នឹង​ចែក​ចាយ​ប្រាក់​ដូច​ពី​មុន​បាន។ ៣១ ដូច្នេះ ព្រះ‌មហា​ក្សត្រ​មាន​ព្រះ‌ហឫទ័យ​ខ្វល់​ខ្វាយ​យ៉ាង‌ខ្លាំង ព្រះ‌អង្គ​សម្រេច​យាង​ទៅ​ស្រុក​ពែរ្ស ដើម្បី​ទារ​ពន្ធ​អាករ​ពី​បណ្ដា​ខេត្ត​នានា​នៅ​ក្នុង​ស្រុក​នោះ ហើយ​ប្រមូល​ប្រាក់​បាន​យ៉ាង​ច្រើន​ផង។ ៣២ ព្រះ‌រាជា​តែង​តាំង​លោក​លីស៊ី‌យ៉ា ជា​អ្នក​មាន​កេរ្តិ៍‌ឈ្មោះ និង​ជាប់​រាជ​វង្ស ធ្វើ​ជា​អ្នក​គ្រប់​គ្រង​លើ​រាជា‌ណាចក្រ​ទាំង​មូល ចាប់​តាំង​ពី​ទន្លេ​អឺប្រាត រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​អេស៊ីប។ ៣៣ ព្រះ‌រាជា​ក៏​ប្រគល់​ឲ្យ​លោក​លីស៊ី‌យ៉ា​ទទួល​ខុស​ត្រូវ លើ​ការ​អប់រំ​ព្រះ​រាជ​បុត្រ​ឈ្មោះ​អន់ទី‌យ៉ូគូស​ជំនួស​ព្រះ‌រាជា រហូត​ដល់​ពេល​ព្រះ‌អង្គ​យាង​ត្រឡប់​មក​វិញ។ ៣៤ ព្រះ‌រាជា​ទុក​កង‌ទ័ព​ពាក់​កណ្ដាល ព្រម​ទាំង​ដំរី​ចម្បាំង ឲ្យ​លោក​លីស៊ី‌យ៉ា ហើយ​ក៏​បញ្ជា​ឲ្យ​លោក​បំពេញ​កិច្ច‌ការ​ដែល​ព្រះ‌អង្គ​បាន​សម្រេច ជា​ពិសេស ចំពោះ​ប្រជាជន​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម។ ៣៥ លោក​លីស៊ី‌យ៉ា​ត្រូវ​ចាត់​កង‌ទ័ព​ទៅ​វាយ​កម្ទេច​កង​កម្លាំង​ប្រជាជន​អ៊ីស្រា‌អែល និង​អ្នក​ដែល​នៅ​សេស​សល់​ក្នុង​ក្រុង​យេរូ‌សាឡឹម​ឲ្យ​ផុត​ពូជ ដើម្បី​លុប​បំបាត់​ឈ្មោះ​ពួក​គេ​ឲ្យ​អស់​ពី​លើ​ផែន​ដី។ ៣៦ លោក​ត្រូវ​នាំ​យក​ជន​ជាតិ​ដទៃ មក​តាំង​ទី​លំ​នៅ​ក្នុង​តំបន់​នោះ និង​ចែក​ដី​ឲ្យ​ពួក​គេ​ទៀត​ផង។ ៣៧ នៅ​ឆ្នាំ​១៤៧ ព្រះ‌មហា​ក្សត្រ​នាំ​កង‌ទ័ព​ពាក់​កណ្ដាល​ទៀត យាង​ចេញ​ទៅ​ក្រុង​អន់ទី‌យ៉ូក ជា​រាជ​ធានី​នៃ​រាជា‌ណាចក្រ ព្រះ‌អង្គ​យាង​ឆ្លង​ទន្លេ​អឺប្រាត និង​យាង​កាត់​តំបន់​ភ្នំ។
លោក​គ័រស៊ី‌យ៉ាស និង​លោក​នីកា‌ន័រ
៣៨ ក្នុង​ចំណោម​ទី​ប្រឹក្សា​របស់​ព្រះ‌មហា​ក្សត្រ លោក​លីស៊ី‌យ៉ា​ជ្រើស‌រើស​លោក​ផ្ទូឡេមេ ជា​កូន​លោក​ដូរី‌មែន លោក​នីកា‌ន័រ និង​លោក​គ័រស៊ី‌យ៉ាស ជា​អ្នក​មាន​អំណាច​ឲ្យ​ធ្វើ​ជា​មេទ័ព។ ៣៩ លោក​ចាត់​មេ‌ទ័ព​ទាំង​បី​នោះ ឲ្យ​នាំ​ទ័ព​ថ្មើរ​ជើង​ចំនួន​មួយ‌ម៉ឺន​នាក់ និង​ទ័ព‌សេះ​ប្រាំពីរ‌ពាន់​នាក់ ទៅ​វាយ​ស្រុក​យូដា និង​បំផ្លាញ​ស្រុក​នោះ​ចោល​តាម​រាជ‌បញ្ជា​របស់​ស្ដេច។ ៤០ មេ‌ទ័ព​ទាំង​បី​ក៏​ចាក​ចេញ​ទៅ​ជា​មួយ​កង‌ទ័ព ហើយ​មក​ដល់​ក្បែរ​ភូមិ​អេម៉ា‌អ៊ូស ពួក​គេ​បោះ​ទ័ព​នៅ​វាល​ទំនាប​នោះ។ ៤១ កាល​ពួក​ឈ្មួញ​នៅ​តំបន់​នោះ​ឮ​ដំណឹង​នេះ ពួក​គេ​យក​មាស​ប្រាក់​យ៉ាង​ច្រើន ព្រម​ទាំង​ខ្នោះ​ច្រវាក់ មក​កាន់​ជំរំ​កង‌ទ័ព ដើម្បី​ទិញ​ជន​ជាតិ​អ៊ីស្រា‌អែល ធ្វើ​ជា​ទាស‌ករ មាន​កង‌ទ័ព​មក​ពី​ស្រុក​អេដុម និង​កង‌ទ័ព​មក​ពី​ស្រុក​ភីលី‌ស្ទីន ចូល​មក​រួម​ជា​មួយ​ពួក​គេ។ ៤២ លោក​យូដា និង​បង‌ប្អូន​របស់​លោក​យល់​ឃើញ​ថា សភាព​ការណ៍​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើងៗ ហើយ​ថែម​ទាំង​មាន​កង‌ទ័ព​សាសន៍​ដទៃ​មក​បោះ​ទី​តាំង​នៅ​ក្នុង​ស្រុក​ផង ហើយ​ពួក​គេ​ក៏​ដឹង​ទៀត​ថា ព្រះ‌មហា​ក្សត្រ​មាន​បំណង​ចេញ​រាជ‌បញ្ជា​ឲ្យ​សម្លាប់​ប្រជាជន​ឲ្យ​អស់។ ៤៣ ពួក​គេ​និយាយ​តៗ​ថា៖ «យើង​នឹង​នាំ​គ្នា​សង្គ្រោះ​ប្រជាជន​របស់​យើង មិន​ឲ្យ​វិនាស​អន្ត‌រាយ​ឡើយ! យើង​នាំ​គ្នា​វាយ​តប​ត​ដើម្បី​ប្រជាជន និង​ទី​សក្ការៈ​ដ៏‌វិសុទ្ធ​របស់​យើង!»។ ៤៤ គេ​កោះ​ហៅ​សហគមន៍ ឲ្យ​មក​ជួប​ជុំ​គ្នា ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​សង្គ្រាម និង​អង្វរ​ព្រះ‌ជាម្ចាស់ សូម​ព្រះ‌អង្គ​អាណិត‌អាសូរ មេត្តា​ករុណា​ដល់​គេ​ផង។ ៤៥ ក្រុង​យេរូ‌សាឡឹម​មាន​សភាព​ស្ងាត់​ជ្រងំ គ្មាន​ឃើញ​ប្រជាជន​ណា​ម្នាក់ ចេញ​ចូល​ទីក្រុង​ឡើយ។ មាន​គេ​ជាន់​ឈ្លី​ទី​សក្ការៈ​ជាតិ​សាសន៍​ដទៃ តាំង​ទី​លំ​នៅ​ក្នុង​បន្ទាយ​នោះ! ប្រជាជន​អ៊ីស្រា‌អែល​លែង​សប្បាយ​រីក​រាយ ហើយ​សំឡេង​ខ្លុយ និង​សំឡេង​ពិណ​ក៏​លែង​លាន់​ឮ​ទៀត​ដែរ។
ការ​ប្រជុំ​នៅ​ម៉ាស្បា
៤៦ លោក​យូដា និង​កង‌ទ័ព​របស់​លោក ប្រមូល​ផ្តុំ​គ្នា ហើយ​ចេញ​ទៅ​កាន់​ភូមិ​ម៉ាស្បា ដែល​នៅ​ទល់​មុខ​ក្រុង​យេរូ‌សាឡឹម ដ្បិត​កាល​ពី​មុន ប្រជាជន​អ៊ីស្រា‌អែល​តែង​តែ​មក​ទូល​អង្វរ​ព្រះ‌ជាម្ចាស់​នៅ​ទី​នោះ។ ៤៧ នៅ​ថ្ងៃ​នោះ ពួក​គេ​ធ្វើ​ពិធី​កាន់​ទុក្ខ គឺ​ពួក​គេ​តម​អាហារ យក​បាវ​មក​ស្លៀក យក​ផេះ​មក​រោយ​លើ​ក្បាល ហើយ​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន​ទៀត​ផង។
៤៨ ពួក​គេ​លាត​គម្ពីរ​ធម្ម‌វិន័យ ដើម្បី​ទូល​សួរ​ព្រះ‌ជាម្ចាស់ ដោយ​មិន​ធ្វើ​ដូច​សាសន៍​ដទៃ​ដែល​តែង​តែ​សួរ​ព្រះ‌ក្លែង‌ក្លាយ​របស់​គេ​ឡើយ។ ៤៩ ពួក​គេ​នាំ​យក​សម្លៀក​បំពាក់​របស់​បូជា‌ចារ្យ ផល​ដំបូង និង​ចំណែក​មួយ​ភាគ​ដប់​នៃ​ប្រាក់​ចំណូល ហើយ​ប្រមូល​ពួក​ណា​សៀរ ដែល​លា​បំណន់​របស់​ខ្លួន ៥០ ពួក​គេ​នាំ​គ្នា​ស្រែក​ទូល​អង្វរ​ព្រះ‌ជាម្ចាស់​ថា៖ «ឱ! ព្រះ‌អម្ចាស់​អើយ! តើ​ឲ្យ​យើង​ខ្ញុំ​យក​តង្វាយ​ទាំង​នេះ​ទៅ​ធ្វើ​អ្វី? តើ​ឲ្យ​យើង​ខ្ញុំ​នាំ​អ្នក​ធ្វើ​ពិធី​លា​បំណន់​ទាំង​នេះ​ទៅ​ទី​ណា?។ ៥១ បើ​ជាតិ​ដទៃ​ជាន់​ឈ្លី និង​បង្អាប់​បង្ឱន​ទី​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ​ដូច្នេះ! បូជា‌ចារ្យ​របស់​ព្រះ‌អង្គ ក៏​កាន់​ទុក្ខ និង​អាម៉ាស់។ ៥២ ពេល​នេះ ប្រជា‌ជាតិ​ដទៃ​ព្រួត​ដៃ​គ្នា​ប្រឆាំង​នឹង​យើង​ខ្ញុំ បម្រុង​វាយ​កម្ទេច​យើង​ខ្ញុំ ឲ្យ​វិនាស​សាប‌សូន្យ​ទៀត​ផង។ ព្រះ‌អង្គ​ជ្រាប​គម្រោង‌ការ​របស់​ពួក​គេ​ហើយ! ៥៣ ប្រសិន​បើ​ព្រះ‌អង្គ​មិន​យាង​មក​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ទេ តើ​យើង​ខ្ញុំ​អាច​ទប់​ទល់​ប្រឆាំង​នឹង​ពួក​គេ​ដូច​ម្ដេច​បាន?» ៥៤ បន្ទាប់​មក ពួក​គេ​ក៏​ផ្លុំ​ត្រែ ហើយ​ស្រែក​យ៉ាង​ខ្លាំង​ផង។
៥៥ ក្រោយ​មក លោក​យូដា​តែង​តាំង​មេ​ដឹក‌នាំ​ប្រជាជន គឺ​មេ​ក្រុម​មួយ‌ពាន់​នាក់ មេ​ក្រុម​មួយ‌រយ​នាក់ មេ​ក្រុម​ហា‌សិប​នាក់ និង​មេ​ក្រុម​ដប់​នាក់។ ៥៦ លោក​ប្រាប់​អ្នក​ដែល​កំពុង​សង់​ផ្ទះ​ថ្មី អ្នក​ដែល​ទើប​មាន​គូ​ដណ្ដឹង​ថ្មី អ្នក​ដែល​ទើប​ដាំ​ចម្ការ​ទំពាំង​បាយ​ជូរ និង​អ្នក​ដែល​ភ័យ​ខ្លាច ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​ស្រប​តាម​ធម្ម‌វិន័យ។ ៥៧ ពេល​នោះ កង‌ទ័ព​អ៊ីស្រា‌អែល​ចេញ​ដំណើរ​ទៅ ហើយ​បាន​បោះ​ទ័ព​នៅ​ខាង​ត្បូង​ភូមិ​អេម៉ា‌អ៊ូស។ ៥៨ លោក​យូដា​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​ថា៖ «ចូរ​ប្រដាប់​អាវុធ និង​មាន​ចិត្ត​ក្លាហាន​ឡើង! ចូរ​ត្រៀម​ខ្លួន! ព្រឹក​ស្អែក យើង​នឹង​ចេញ​ទៅ​វាយ​សាសន៍​ដទៃ​ទាំង​នោះ ដែល​លើក​គ្នា​មក​វាយ​កម្ទេច​យើង និង​បំផ្លាញ​ទី​សក្ការៈ​របស់​យើង ៥៩ យើង​ស៊ូ​ស្លាប់​នៅ​លើ​សមរ‌ភូមិ ប្រសើរ​ជាង​ឈរ​ស្ងៀម​ឱប​ដៃ​មើល​ទុក្ខ​វេទនា​របស់​ជាតិ​សាសន៍​យើង និង​ការ​បំផ្លាញ​ទី​សក្ការៈ​ដ៏‌វិសុទ្ធ​របស់​យើង។ ៦០ សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ផង​ចុះ!»។
ជ័យ‌ជម្នះ​នៅ​ភូមិ​អេម៉ា‌អ៊ូស
 លោក​គ័រស៊ី‌យ៉ាស​នាំ​ទ័ព​ថ្មើរ​ជើង​ចំនួន​ប្រាំ‌ពាន់​នាក់ និង​ទ័ព‌សេះ​ដ៏​ចំណាន​មួយ​ពាន់​នាក់​ចេញ​ទៅ​ទាំង​យប់  ដើម្បី​វាយ​ប្រហារ​ជំរំ​ជន​ជាតិ​យូដា​នៅ​ពេល​គេ​មិន​ដឹង​ខ្លួន។ មាន​អ្នក​រស់​នៅ​ក្នុង​បន្ទាយ​យេរូ‌សាឡឹម​ជា​អ្នក​នាំ​ផ្លូវ។  លោក​យូដា​ជ្រាប​គម្រោង‌ការ​នេះ ក៏​នាំ​កង‌ទ័ព​ចេញ​ទៅ​វាយ​ប្រហារ​កង‌ទ័ព​របស់​ព្រះ‌មហា​ក្សត្រ នៅ​ភូមិ​អេម៉ា‌អ៊ូស  ពេល​នោះ កង‌ទ័ព​របស់​លោក​យូដា​ចេញ​ឆ្ងាយ​ពី​ជំរំ។  លោក​គ័រស៊ី‌យ៉ាស​មក​ដល់​ជំរំ​របស់​លោក​យូដា​ទាំង​យប់ មិន​ប្រទះ​ឃើញ​នរ‌ណា​ម្នាក់​សោះ។ គាត់​នឹក​ស្មាន​ថា​ជន​ជាតិ​យូដា​រត់​គេច​ចេញ​ពី​មុខ​គាត់។ ដូច្នេះ ពួក​គេ​នាំ​គ្នា​រុក​រក​កង‌ទ័ព​យូដា​នៅ​តាម​ភ្នំ។  ព្រឹក​ឡើង លោក​យូដា​មក​ដល់​វាល​ទំនាប​ជា​មួយ​ពល‌ទាហាន​បី​ពាន់​នាក់ ប៉ុន្តែ ពួក​គេ​គ្មាន​អាវ​ក្រោះ គ្មាន​ដាវ​គ្រប់​គ្រាន់​តាម​បំណង​របស់​គេ​ទេ។  គេ​ឃើញ​កង‌ទ័ព​សាសន៍​ដទៃ​មាន​កម្លាំង​ខ្លាំង​ក្លា ដោយ​ពាក់​អាវ​ក្រោះ និង​មាន​ទ័ព‌សេះ​ការ‌ពារ​នៅ​ជុំ​វិញ ហើយ​ទាហាន​ទាំង​នោះ​សុទ្ធ​តែ​ស្ទាត់​ជំនាញ​ក្នុង​ការ​ធ្វើ​សង្គ្រាម។  លោក​យូដា​មាន​ប្រសាសន៍​ទៅ​កាន់​ពល‌ទាហាន​របស់​គាត់​ថា៖ «កុំ​ភ័យ​ខ្លាច​កង‌ទ័ព​ដ៏​ច្រើន​នេះ​ធ្វើ​អ្វី! កុំ​តក់​ស្លុត​នៅ​ពេល​ពួក​គេ​វាយ​ប្រហារ​យើង​ឡើយ!  ចូរ​នឹក​ចាំ​អំពី​របៀប​ដែល​ព្រះ‌ជាម្ចាស់​បាន​សង្គ្រោះ​បុព្វ‌បុរស​យើង ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ផារ៉ោន និង​កង‌ទ័ព​អេស៊ីប​ដេញ​តាម​នៅ​សមុទ្រ​ក្រហម។ ១០ ឥឡូវ​នេះ យើង​នាំ​គ្នា​ស្រែក​ទូល​អង្វរ​ព្រះ‌ជាម្ចាស់! ប្រសិន​បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​នឹង​យើង ព្រះ‌អង្គ​មុខ​ជា​នឹក​ដល់​សម្ពន្ធ‌មេត្រី ដែល​ព្រះ‌អង្គ​ចង​ជា​មួយ​បុព្វ‌បុរស​យើង​ពុំ​ខាន! ព្រះ‌អង្គ​នឹង​កម្ទេច​កង‌ទ័ព​ទាំង​នេះ​នៅ​មុខ​ពួក​យើង! ១១ ប្រជា‌ជាតិ​នានា​នឹង​ទទួល​ស្គាល់​ថា មាន​ព្រះ​មួយ​អង្គ​យាង​មក​រំដោះ និង​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រា‌អែល»។ ១២ ពេល​នោះ ទាហាន​សាសន៍​ដទៃ​សម្លឹង​មើល​ទៅ​ឃើញ​ជន​ជាតិ​យូដា ដើរ​តម្រង់​ចូល​មក​វាយ​ប្រហារ​ពួក​គេ។ ១៣ ពួក​គេ​ក៏​ចេញ​ពី​ជំរំ​ទៅ​ប្រយុទ្ធ។ កង‌ទ័ព​របស់​លោក​យូដា​ផ្លុំ​ត្រែ​ឡើង ១៤ ហើយ​ចូល​ប្រយុទ្ធ។ កង‌ទ័ព​សាសន៍​ដទៃ​បាក់​ទ័ព​ខ្ចាត់‌ខ្ចាយ​ទៅ​កាន់​វាល​ទំនាប។ ១៥ ប៉ុន្តែ ពល‌ទាហាន​ដែល​នៅ​ក្រោយ ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​ទាំង​អស់។ កង‌ទ័ព​យូដា​ដេញ​តាម​សម្លាប់​ពួក​សត្រូវ រហូត​ទៅ​ដល់​ក្រុង​ហ្កា‌សារ៉ា និង​វាល​ទំនាប​ស្រុក​អ៊ី‌ឌូមែ ក្រុង​អាស‌ដូត និង​ក្រុង​យ៉ាម‌នីយ៉ា។ ជន​ជាតិ​យូដា​សម្លាប់​សត្រូវ​ទាំង​អស់​ប្រហែល​បី​ពាន់​នាក់។ ១៦ ពេល​លោក​យូដា និង​កង‌ទ័ព​ត្រឡប់​មក​ពី​ដេញ​តាម​សត្រូវ​វិញ លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ថា៖ ១៧ «កុំ​មាន​ចិត្ត​លោភ​លន់ ចង់​បាន​ជយ‌ភណ្ឌ​ពេក! ដ្បិត​យើង​ត្រូវ​ប្រយុទ្ធ​ត​ទៅ​ទៀត ១៨ ព្រោះ លោក​គ័រស៊ី‌យ៉ាស និង​កង‌ទ័ព​របស់​គេ​នៅ​តំបន់​ភ្នំ​ជិត​យើង​បង្កើយ​ទេ។ ដូច្នេះ ចូរ​ប្រយុទ្ធ​នឹង​សត្រូវ​ជា​បន្ត​ទៀត ក្រោយ​មក បង‌ប្អូន​អាច​ប្រមូល​យក​ជយ‌ភណ្ឌ ដោយ​គ្មាន​បារម្ភ​ពី​អ្វី​ឡើយ»។ ១៩ ពេល​លោក​យូដា​កំពុង​តែ​និយាយ​នៅ​ឡើយ ស្រាប់​តែ​គេ​ឃើញ​ទ័ព​ឈ្លប​យក​ការណ៍​មួយ​កង​របស់​សត្រូវ​ចុះ​ពី​លើ​ភ្នំ​មក។ ២០ ពួក​ឈ្លប​នេះ​ឃើញ​គ្នា​គេ​បាក់​ទ័ព​រត់ ហើយ​ជំរំ​របស់​គេ​កំពុង​ឆេះ និង​មាន​ផ្សែង​ហុយ​ឡើង ជា​សញ្ញា​បញ្ជាក់​ពី​ព្រឹត្តិ‌ការណ៍​ដែល​កើត​មាន​នោះ។ ២១ ឃើញ​ដូច្នេះ ពួក​គេ​ភ័យ​តក់​ស្លុត​ជា​ខ្លាំង។ ពួក​គេ​ក៏​ឃើញ​កង‌ទ័ព​របស់​លោក​យូដា​ស្ថិត​នៅ​វាល​ទំនាប ត្រៀម​ខ្លួន​ដើម្បី​ប្រយុទ្ធ​ដែរ។ ២២ ពួក​គេ​ក៏​រត់​គេច​ទៅ​កាន់​ស្រុក​ភីលី‌ស្ទីន​ទាំង​អស់​គ្នា។ ២៣ រីឯ​លោក​យូដា​វិញ លោក​ត្រឡប់​ទៅ​ជំរំ​របស់​ខ្មាំង ដើម្បី​រឹប​អូស​យក​ជយ‌ភណ្ឌ។ កង‌ទ័ព​យូដា​យក​មាស​ប្រាក់​ជា​ច្រើន ក្រណាត់​សំពត់​ព្រែ​ពណ៌​ខៀវ និង​ពណ៌​ស្វាយ ព្រម​ទាំង​ទ្រព្យ‌សម្បត្តិ​ជា​ច្រើន​ទៀត។ ២៤ កង‌ទ័ព​អ៊ីស្រា‌អែល​វិល​ត្រឡប់​មក​វិញ ទាំង​កោត​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​ថា៖ «ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរស និង​មេត្តា​ករុណា​អស់​កល្ប‌ជានិច្ច»។ ២៥ នៅ​ថ្ងៃ​នោះ ប្រជាជន​អ៊ីស្រា‌អែល​បាន​ទទួល​ការ​សង្គ្រោះ​យ៉ាង​អស្ចារ្យ។ ២៦ ពល‌ទាហាន​សាសន៍​ដទៃ​ដែល​រត់​គេច​រួច​ទៅ​ជម្រាប​លោក​លី‌ស៊ីយ៉ា អំពី​ហេតុ​ការណ៍​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​នោះ។ ២៧ ពេល​លោក​លីស៊ី‌យ៉ា​ជ្រាប​ដំណឹង​នោះ លោក​បាក់​ទឹក​ចិត្ត បាត់​បង់​សេចក្ដី​ក្លាហាន ដ្បិត​សង្គ្រាម​ប្រឆាំង​នឹង​អ៊ីស្រា‌អែល មិន​ទទួល​ផល​ដូច​បំណង គឺ​ផ្ទុយ​នឹង​រាជ‌បញ្ជា​របស់​ព្រះ‌មហា​ក្សត្រ!។
លោក​យូដា​មាន​ជ័យ‌ជម្នះ​នៅ​បេត‌សួរ
២៨ ឆ្នាំ​បន្ទាប់​មក លោក​លីស៊ី‌យ៉ា​ប្រមូល​កង‌ទ័ព​ស្រួច​ចំនួន​ប្រាំ​មួយ‌ម៉ឺន​នាក់ និង​ពល‌សេះ​ចំនួន​ប្រាំ‌ពាន់​នាក់ ដើម្បី​ទៅ​ច្បាំង​នឹង​កង‌ទ័ព​យូដា។ ២៩ កង‌ទ័ព​នោះ​ចេញ​ទៅ​ស្រុក​អ៊ី‌ឌូមែ បោះ​ទ័ព​នៅ​ក្បែរ​ក្រុង​បេត‌សួរ។ លោក​យូដា​នាំ​ទ័ព​ចំនួន​មួយ‌ម៉ឺន​នាក់ ចេញ​ទៅ​ត​ទល់​នឹង​ពួក​គេ។ ៣០ ពេល​លោក​ឃើញ​កង‌ទ័ព​សត្រូវ​មាន​គ្នា​ច្រើន មាន​កម្លាំង​ខ្លាំង​ក្លា លោក​ទូល​អង្វរ​ព្រះ‌ជាម្ចាស់​ថា៖ «បពិត្រ​ព្រះ‌សង្គ្រោះ​នៃ​ប្រជាជន​អ៊ីស្រា‌អែល! យើង​ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌អង្គ! ព្រះ‌អង្គ​បាន​បំបាក់​កម្លាំង​ដ៏​ខ្លាំង​ក្លា​ដោយ​ដៃ​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​ប្រគល់​កង‌ទ័ព​ភីលី‌ស្ទីន ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សម្ដេច​យ៉ូណា​ថាន ជា​បុត្រ​របស់​ស្ដេច​សាអ៊ូល និង​ក្មេង​កាន់​គ្រឿង​សាស្ត្រា‌វុធ​របស់​សម្ដេច។ ៣១ ឥឡូវ​នេះ សូម​ឲ្យ​កង‌ទ័ព​សត្រូវ​ទាំង​នេះ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ប្រជាជន​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ! សូម​ឲ្យ​ពួក​គេ​ខ្មាស​ចំពោះ​មុខ​ទ័ព​ថ្មើរ​ជើង និង​ទ័ព‌សេះ​របស់​ខ្លួន​គេ​ផង!។ ៣២ សូម​ឲ្យ​ពួក​គេ​ភ័យ​ខ្លាច សូម​ឲ្យ​កម្លាំង​ដ៏​ព្រហើន​របស់​គេ​រលាយ​បាត់​ទៅ! ហើយ​សូម​ឲ្យ​ពួក​គេ​បាក់ ស្បាត​ដោយ​បរា‌ជ័យ​ផង​ចុះ!។ ៣៣ សូម​ឲ្យ​ពួក​គេ​ដួល​ក្រោម​មុខ​ដាវ​របស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ! ដូច្នេះ អស់​អ្នក​ដែល​ស្គាល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ អាច​នឹង​ច្រៀង​សរសើរ​តម្កើង​ព្រះ‌អង្គ​ជា​រៀង​រហូត»។ ៣៤ កង‌ទ័ព​ទាំង​ពីរ ចាប់​ផ្ដើម​ប្រយុទ្ធ​គ្នា​ដោយ​ខ្លួន​ទល់ និង​ខ្លួន។ ពល‌ទាហាន​យូដា​សម្លាប់​ពល‌ទាហាន​របស់​លោក​លីស៊ី‌យ៉ា អស់​ប្រហែល​ប្រាំ‌ពាន់​នាក់។ ៣៥ ដោយ​លោក​លីស៊ី‌យ៉ា​ឃើញ​ថា កង‌ទ័ព​របស់​លោក​បរា‌ជ័យ ហើយ​ពល‌ទាហាន​របស់​លោក​យូដា​កាន់​តែ​មាន​សេចក្ដី​អង់អាច​ក្លាហាន​ឡើង គឺ​គេ​ស៊ូ​ប្ដូរ​ជីវិត​យ៉ាង​ក្លាហាន ដូច្នេះ លោក​ក៏​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​ក្រុង​អន់ទី‌យ៉ូក ដើម្បី​កេណ្ឌ​ទាហាន​បរទេស​នៅ​ទី​នោះ មក​វាយ​លុក​លុយ​ស្រុក​យូដា​ម្ដង​ទៀត។
លោក​យូដា​ជម្រះ​ព្រះ‌វិហារ​ឲ្យ​វិសុទ្ធ
៣៦ នៅ​ពេល​នោះ លោក​យូដា និង​បង‌ប្អូន​លោក​និយាយ​គ្នា​ថា៖ «ខ្មាំង​សត្រូវ​បរា‌ជ័យ​ហើយ! យើង​នាំ​គ្នា​ឡើង​ទៅ​យេរូសា‌ឡឹម ដើម្បី​ធ្វើ​ពិធី​ជម្រះ​ព្រះ‌វិហារ​ឲ្យ​បរិសុទ្ធ និង​ធ្វើ​បុណ្យ​ឆ្លង​ជា​ថ្មី​ទៀត​ផង»។ ៣៧ កង‌ទ័ព​ទាំង​អស់​ប្រមូល​ផ្ដុំ​គ្នា ហើយ​ឡើង​ទៅ​លើ​ភ្នំ​ស៊ី‌យ៉ូន។ ៣៨ ពួក​គេ​ឃើញ​ទី​សក្ការៈ​ស្ងាត់​ជ្រងំ ខ្មាំង​បាន​បង្អាប់​បង្ឱន​អាសនៈ ហើយ​ដុត​ទ្វារ​ចោល។ ស្មៅ​ដុះ​ពាស​ពេញ​ក្នុង​ទី​លាន​ដូច​ជា​ព្រៃ​ភ្នំ បន្ទប់​ទាំង​ប៉ុន្មាន​ខូច​ខាត​ទាំង​អស់។ ៣៩ ពួក​គេ​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន យក​ធូលី​ដី​មក​រោយ​លើ​ក្បាល ហើយ​ធ្វើ​ពិធី​កាន់​ទុក្ខ​ជា​ខ្លាំង។ ៤០ គេ​ក្រាប​មុខ​ដល់​ដី ហើយ​មាន​ឮ​សំឡេង​ផ្លុំ​ត្រែ ពួក​គេ​ស្រែក​ទូល​អង្វរ​ព្រះ‌ជាម្ចាស់។ ៤១ លោក​យូដា​បង្គាប់​ពល‌ទាហាន​ខ្លះ ឲ្យ​វាយ​ប្រហារ​ទ័ព​ដែល​នៅ​ក្នុង​បន្ទាយ ទម្រាំ​លោក​ជម្រះ​ទី​សក្ការៈ​ឲ្យ​បរិសុទ្ធ​រួច។ ៤២ លោក​ជ្រើស‌រើស​បូជា‌ចារ្យ​ខ្លះ​ដែល​គ្មាន​សៅ‌ហ្មង ហើយ​ដែល​ស្រឡាញ់​ធម្ម‌វិន័យ​យ៉ាង​ខ្លាំង ៤៣ ដើម្បី​ឲ្យ​បូជា‌ចារ្យ​ទាំង​នោះ​ធ្វើ​ពិធី​ជម្រះ​ទី​សក្ការៈ​ឲ្យ​បរិសុទ្ធ ហើយ​យក​ថ្ម​ដែល​ជាប់​សៅ‌ហ្មង ទៅ​ចោល​កន្លែង​មិន​បរិសុទ្ធ។ ៤៤ គេ​សួរ​គ្នា​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណា ចំពោះ​អាសនៈ​សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ដែល​សាសន៍​ដទៃ​បាន​បង្អាប់​បង្ឱន​នោះ?។ ៤៥ ពួក​គេ​មាន​យោ​បល់​មួយ​ល្អ​ថា ត្រូវ​តែ​រុះ​អាសនៈ​នេះ​ចោល ក្រែង​អាសនៈ​នេះ​នាំ​ឲ្យ​គេ​អាម៉ាស់ ព្រោះ​តែ​សាសន៍​ដទៃ​បាន​ធ្វើ​ឲ្យ​សៅ‌ហ្មង។ គេ​ត្រូវ​រុះ​អាសនៈ​នេះ​ចោល ៤៦ ហើយ​គេ​យក​ថ្ម​អាសនៈ​នេះ ទៅ​ដាក់​នៅ​កន្លែង​មួយ​សម​រម្យ​នៅ​លើ​ភ្នំ ដែល​មាន​ព្រះ‌វិហារ​ដោយ​រង់​ចាំ​ព្យាការី​ម្នាក់​មក​ថ្លែង​ប្រាប់​ឲ្យ​ដឹង​ថា ត្រូវ​យក​ថ្ម​ទាំង​នេះ​ទៅ​ធ្វើ​អ្វី។ ៤៧ ពួក​គេ​យក​ថ្ម​ដែល​ពុំ​ទាន់​ដាប់ ស្រប​តាម​ធម្ម‌វិន័យ ហើយ​នាំ​គ្នា​សាង​អាសនៈ​ថ្មី​មួយ​ដូច​អាសនៈ​ចាស់។ ៤៨ ពួក​គេ​ក៏​ជួស​ជុល​ទី​សក្ការៈ និង​បន្ទប់​ខាង​ក្នុង​នៃ​ព្រះ‌ដំណាក់ ព្រម​ទាំង​ធ្វើ​ពិធី​ជម្រះ​ទី​លាន​ឲ្យ​បាន​វិសុទ្ធ​ផង។ ៤៩ គេ​ធ្វើ​គ្រឿង​ប្រដាប់​សក្ការៈ​ថ្មី ហើយ​យក​ជើង​ចង្កៀង​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប និង​តុ​មក​ដាក់​ក្នុង​ព្រះ‌វិហារ។ ៥០ ពួក​គេ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ និង​អុជ​ចង្កៀង​ដែល​នៅ​លើ​ជើង​ទម្រ ឲ្យ​ភ្លឺ​ក្នុង​ព្រះ‌វិហារ។ ៥១ គេ​យក​នំបុ័ង​មក​តម្កល់​លើ​តុ​ចង​វាំង​នន និង​បង្ហើយ​កិច្ច‌ការ​ទាំង​អស់ ដែល​ពួក​គេ​បាន​ផ្ដើម​ធ្វើ។ ៥២ ថ្ងៃ​ទី​ម្ភៃ​ប្រាំ ខែ​គីស‌លើ ដែល​ត្រូវ​នឹង​ខែ​មិគ‌សិរ នៅ​ឆ្នាំ​មួយ‌រយ​សែ​សិប‌ប្រាំបី ជន​ជាតិ​យូដា​ក្រោក​ពី​ព្រលឹម ៥៣ នាំ​គ្នា​ថ្វាយ​យញ្ញ‌បូជា ស្រប​តាម​ធម្ម‌វិន័យ នៅ​លើ​អាសនៈ​ដែល​ទើប​តែ​នឹង​សង់​ថ្មី​នោះ។ ៥៤ គេ​ធ្វើ​ពិធី​ឆ្លង​អាសនៈ​នេះ​ទាំង​ច្រៀង​បទ​សរសើរ​ព្រះ‌ជាម្ចាស់ ដោយ​មាន​ប្រគំ​តូរ្យ​តន្ត្រី​កំដរ​ផង គឺ​មាន​ពិណ ចាប៉ី ឃឹម ចំ​លើ​ថ្ងៃ​ខួប ដែល​ជន​ជាតិ​ដទៃ​បាន​បង្អាប់​បង្ឱន​អាសនៈ​នេះ។ ៥៥ ប្រជាជន​ទាំង​មូល ក្រាប​ចុះ​ឱន​មុខ​ដល់​ដី រួច​បន្លឺ​សំឡេង​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ ដែល​បាន​ប្រោស​ប្រទាន​ឲ្យ​ពួក​គេ​មាន​ជ័យ‌ជម្នះ។ ៥៦ គេ​ធ្វើ​បុណ្យ​ឆ្លង​អាសនៈ​អស់‌រយៈ​ពេល​ប្រាំបី​ថ្ងៃ ព្រម​ទាំង​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​យ៉ាង​សប្បាយ​រីក​រាយ​ក្រៃ​លែង។ គេ​ក៏​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព និង​អរ​ព្រះ‌គុណ​ព្រះ‌អង្គ​ដែរ។ ៥៧ គេ​យក​កម្រង​មាស និង​ខែល​មក​តុប​តែង​ជញ្ជាំង​ខាង​មុខ​ព្រះ‌វិហារ ហើយ​ជួស​ជុល​ខ្លោង​ទ្វារ និង​បន្ទប់ ព្រម​ទាំង​ដាក់​ទ្វារ​ឡើង​វិញ​ផង។ ៥៨ ប្រជាជន​មាន​អំណរ​សប្បាយ​យ៉ាង​ក្រៃ​លែង ហើយ​លុប​លាង​ការ​អាម៉ាស់ ដែល​គេ​ទទួល​ពី​សាសន៍​ដទៃ​ពី​ពេល​មុន។ ៥៩ លោក​យូដា និង​បង‌ប្អូន​លោក ព្រម​ទាំង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ព្រម‌ព្រៀង​គ្នា​សម្រេច​ថា ត្រូវ​ធ្វើ​បុណ្យ​ខួប​ថ្ងៃ​ឆ្លង​អាសនៈ​នេះ ជា​រៀង​រាល់​ឆ្នាំ ក្នុង‌រយៈ​ពេល​ប្រាំបី​ថ្ងៃ ទាំង​សប្បាយ​រីក​រាយ គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទី​ម្ភៃ​ប្រាំ ខែ​គីស‌លើ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​មួយ​រោច ខែ​មិគ‌សិរ​ត​ទៅ។ ៦០ នៅ​គ្រា​នោះ ពួក​គេ​ក៏​សង់​កំពែង​ខ្ពស់ៗ និង​សង់​ប៉ម​ដ៏​រឹង​មាំ​ព័ទ្ធ​ជុំ​វិញ​ភ្នំ​ស៊ី‌យ៉ូន ដើម្បី​កុំ​ឲ្យ កង‌ទ័ព​របស់​ជន​ជាតិ​ដទៃ ចូល​មក​ជាន់​ឈ្លី​ទី​សក្ការៈ​ទាំង​នេះ​ដូច​កាល​ពី​មុន​ទៀត។ ៦១ លោក​យូដា​ដាក់​កង‌ទ័ព​ការ‌ពារ​ទី​នោះ ហើយ​សង់​កំពែង​ក្រុង​បេត​សួរ​ដែរ ដើម្បី​ឲ្យ​ប្រជាជន​អ៊ីស្រា‌អែល​មាន​បន្ទាយ​រឹង‌មាំ នៅ​ទល់​មុខ​ស្រុក​អេដុម។
លោក​យូដា​ច្បាំង​ជា​មួយ​ជន​ជាតិ​អេដុម និង​ជន​ជាតិ​អាំម៉ូន
 ប្រជា‌ជាតិ​ដែល​រស់​នៅ​ជុំ​វិញ​ស្រុក​អ៊ីស្រា‌អែល​ជ្រាប​ថា ពួក​គេ​សង់​អាសនៈ និង​ជួស​ជុល​ទី​សក្ការៈ ឲ្យ​បាន​ដូច​កាល​ពី​មុន​ឡើង​វិញ។  ពេល​នោះ ប្រជា‌ជាតិ​ក្រេវ​ក្រោធ​យ៉ាង​ខ្លាំង ហើយ​សម្រេច​ចិត្ត​នឹង​បំផ្លាញ​ពូជ​ពង្ស របស់​លោក​យ៉ាកុប ដែល​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ​ឲ្យ​ផុត​ពូជ។ ពួក​គេ​ចាប់​ផ្ដើម​កាប់​សម្លាប់​ប្រជាជន។  លោក​យូដា​ចេញ​ទៅ​វាយ​ប្រហារ​កូន​ចៅ​របស់​លោក​អេសា‌អ៊ូ នៅ​ស្រុក​អេដុម និង​នៅ​ស្រុក​អាក្រា‌បាទែន ព្រោះ​ពួក​គេ​បិទ​ផ្លូវ​មិន​ឲ្យ​ប្រជាជន​អ៊ីស្រា‌អែល​ចេញ​ចូល។ លោក​កម្ទេច​ពួក​គេ​ឲ្យ​បរា‌ជ័យ​យ៉ាង​ធ្ងន់​ធ្ងរ ព្រម​ទាំង​រឹប​អូស​យក​ជយ‌ភណ្ឌ​ពី​ពួក​គេ​ទៀត​ផង។
 បន្ទាប់​មក លោក​នឹក​ចាំ​ពី​អំពើ​អាក្រក់​របស់​កូន​ចៅ​លោក​បាយ៉ាន។ ពួក​គេ​ចេះ​តែ​ពួន​ចាំ​ស្ទាក់​វាយ​ប្រជាជន​អ៊ីស្រា‌អែល ក្នុង​ពេល​ធ្វើ​ដំណើរ​ដូច​ជា​ដាក់​អន្ទាក់ និង​បង្ក​ឧបសគ្គ​ផ្សេងៗ។  លោក​ឡោម‌ព័ទ្ធ​បន្ទាយ​របស់​ពួក​គេ ហើយ​ស្បថ​យ៉ាង​ម៉ឺង‌ម៉ាត់​ថា នឹង​បំផ្លាញ​ពួក​គេ​ថ្វាយ​ព្រះ‌ជាម្ចាស់ គាត់​ដុត​បន្ទាយ​របស់​ពួក​គេ ព្រម​ទាំង​ដុត​អស់​អ្នក​ដែល​នៅ​ក្នុង​បន្ទាយ​ទាំង​នោះ​ដែរ។  បន្ទាប់​មក លោក​ចេញ​ទៅ​វាយ​ជន​ជាតិ​អាំម៉ូន។ នៅ​ស្រុក​នោះ លោក​ជួប​ប្រយុទ្ធ​ជា​មួយ​កង‌ទ័ព​ដ៏​ខ្លាំង​ក្លា និង​មាន​គ្នា​យ៉ាង​ច្រើន ដែល​នៅ​ក្រោម​បញ្ជា​របស់​លោក​ធីម៉ូថេ។  លោក​យូដា​ប្រយុទ្ធ​នឹង​ពួក​គេ​ជា​ច្រើន​លើក ទី​បំផុត លោក​ក៏​ទទួល​ជ័យ‌ជម្នះ​ដោយ​កម្ទេច​ពួក​គេ​អស់​ដែរ។  លោក​វាយ​ដណ្ដើម​យក​ក្រុង​យ៉ាស៊ែរ និង​ភូមិ​ដែល​នៅ​ជុំ​វិញ​ក្រុង​នោះ រួច​លោក​វិល​ត្រឡប់​មក​ស្រុក​យូដា​វិញ។
ជន​ជាតិ​យូដា​នៅ​ស្រុក​កាឡាដ និង​ស្រុក​កាលីឡេ រង​ទុក្ខ​លំបាក
ប្រជា‌ជាតិ​នានា​ដែល​នៅ​ស្រុក​កាឡាដ ព្រួត​ដៃ​គ្នា​ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រា‌អែល ដែល​រស់​នៅ​លើ​ទឹក​ដី​របស់​គេ ដើម្បី​លុប​បំបាត់​ពួក​គេ​ឲ្យ​អស់​ពូជ។ ជន​ជាតិ​អ៊ីស្រា‌អែល​ក៏​នាំ​គ្នា​ទៅ​ជ្រក​នៅ​បន្ទាយ​ក្រុង​ដាថេ‌ម៉ា។ ១០ ពួក​គេ​សរសេរ​លិខិត​ផ្ញើ​ទៅ​លោក​យូដា និង​បង‌ប្អូន​របស់​លោក​ដែល​មាន​សេចក្ដី​ដូច​ត​ទៅ៖ «ប្រជា‌ជាតិ​នានា​ព្រួត​ដៃ​គ្នា​ប្រឆាំង​នឹង​យើង បម្រុង​នឹង​បំផ្លាញ​ពួក​យើង​ឲ្យ​អស់ ដោយ​មាន​លោក​ធីម៉ូថេ ជា​មេ​បញ្ជា‌ការ​របស់​ពួក​គេ។ ១១ ពួក​យើង​មក​ជ្រក​នៅ​ក្នុង​បន្ទាយ ប៉ុន្តែ ពួក​គេ​រៀប​ចំ​លើក​ទ័ព​មក​វាយ​បន្ទាយ​ដែល​យើង​កំពុង​តែ​ជ្រក​នោះ។ ១២ ឥឡូវ​នេះ សូម​លោក​មេត្តា​មក​ជួយ​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​គេ​ផង ដ្បិត​គ្នា​យើង​ជា​ច្រើន​បាន​បាត់​បង់​ជីវិត​ទៅ​ហើយ!។ ១៣ ខ្មាំង​បាន​សម្លាប់​បង‌ប្អូន​យើង ដែល​រស់​នៅ ក្នុង​តំបន់​របស់​លោក​តូប៊ីត​អស់ ហើយ​ពួក​គេ​កៀរ ប្រពន្ធ​កូន​ចៅ​របស់​បង‌ប្អូន​យើង​យក​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​បង‌ប្អូន​យើង​ផង។ មាន​កង‌ទ័ព​របស់​យើង ប្រហែល​មួយ​ពាន់​នាក់​បាន​បាត់​បង់​ជីវិត​នៅ​ទី​នោះ»។
១៤ នៅ​ពេល​លោក​យូដា​កំពុង​អាន​លិខិត​នោះ ស្រាប់​តែ​មាន​អ្នក​នាំ​សារ​ម្នាក់​ផ្សេង​ទៀត​មក​ពី​ស្រុក​កាលីឡេ ដោយ​មាន​សម្លៀក​បំពាក់​រហែក នាំ​ដំណឹង​ដដែល​មក​ប្រាប់​ទៀត។ ១៥ ពួក​គេ​និយាយ​ថា៖ «កង‌ទ័ព​ក្រុង​ផ្ទោ‌ឡេម៉ៃស៍ ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន រួម​ជា​មួយ​កង‌ទ័ព​ជន​ជាតិ​បរទេស​នៃ​ស្រុក​កាលីឡេ ដើម្បី​បំផ្លាញ​ពួក​យើង​ឲ្យ​ផុត​ពូជ​ហើយ!»។ ១៦ ពេល​លោក​យូដា និង​ប្រជាជន​បាន​ដឹង​ពី​ហេតុ​ការណ៍​ទាំង​នោះ គេ​កោះ​ហៅ​បើក​អង្គ​ប្រជុំ​យ៉ាង​ធំ ដើម្បី​ពិភាក្សា​គ្នា​អំពី​កិច្ច‌ការ​ដែល​គេ​ត្រូវ​ធ្វើ ដើម្បី​ជួយ​រំដោះ​បង‌ប្អូន​ដែល​ត្រូវ​ប្រជា‌ជាតិ​ដទៃ​សង្កត់​សង្កិន និង​វាយ​ប្រហារ។ ១៧ យូដា​មាន​ប្រសាសន៍ ទៅ​កាន់​លោក​ស៊ីម៉ូន​ជា​បង​របស់​លោក​ថា៖ «សូម​បង​ជ្រើស‌រើស​ពល‌ទាហាន ហើយ​ចេញ​ដំណើរ​ទៅ​រំដោះ​បង‌ប្អូន ដែល​នៅ​ស្រុក​កាលីឡេ។ ចំណែក​ខ្ញុំ និង​ប្អូន​យ៉ូណាថាន ចេញ​ដំណើរ​ទៅ​កាន់​ស្រុក​កាឡាដ»។ ១៨ លោក​យូដា​ទុក​លោក​យ៉ូសែប ជា​កូន​លោក​សាការី និង​លោក​អសា‌រីយ៉ា ជា​មេ​ដឹក​នាំ​ប្រជាជន ព្រម​ទាំង​កង‌ទ័ព​ដែល​នៅ​សល់​ឲ្យ​ការ‌ពារ​ស្រុក​យូដា។ ១៩ លោក​បញ្ជា​ទៅ​លោក​ទាំង​ពីរ​ថា៖ «ចូរ​គ្រប់‌គ្រង​ប្រជាជន! កុំ​ចេញ​ច្បាំង​ជា​មួយ​សាសន៍​ដទៃ​ឲ្យ​សោះ មុន​ពេល​យើង​វិល​ត្រឡប់​មក​វិញ!។ ២០ លោក​ស៊ីម៉ូន​នាំ​ទ័ព​បី​ពាន់​នាក់​ចេញ​ដំណើរ​ទៅ​ស្រុក​កាលីឡេ ហើយ​លោក​យូដា នាំ​ទ័ព​ប្រាំបី‌ពាន់​នាក់ ដើម្បី​ចេញ​ទៅ​ស្រុក​កាឡាដ។
ចម្បាំង​នៅ​ស្រុក​កាលីឡេ និង​ស្រុក​កាឡាដ
២១ លោក​ស៊ីម៉ូន​ទៅ​ដល់​ស្រុក​កាលីឡេ ហើយ​ចេញ​ប្រយុទ្ធ​ជា​ច្រើន​លើក ជា​មួយ​កង‌ទ័ព​សាសន៍​ដទៃ។ លោក​ទទួល​បាន​ជ័យ‌ជម្នះ ហើយ​កម្ទេច​ពួក​គេ​វិនាស​អស់។ ២២ លោក​ដេញ​តាម​សម្លាប់​ពួក​គេ​រហូត​ដល់​ទ្វារ​ទីក្រុង​ផ្ទោ‌ឡេម៉ៃស៍។ លោក​ប្រហារ​ជីវិត​សាសន៍​ដទៃ​ប្រហែល​បី​ពាន់​នាក់ នៅ​លើ​សមរ‌ភូមិ និង​រឹប​អូស​យក​ជយ‌ភណ្ឌ​ពី​គេ​ផង។ ២៣ លោក​នាំ​ជន​ជាតិ​យូដា​ដែល​រស់​នៅ​ក្នុង​ស្រុក​កាលីឡេ និង​ស្រុក​អបា‌តា ជា​មួយ​ប្រពន្ធ​កូន​របស់​ពួក​គេ និង​ទ្រព្យ‌សម្បត្តិ​ទាំង​អស់​មក​នៅ​ស្រុក​យូដា ទាំង​មាន​សេចក្ដី​ត្រេក​អរ​សប្បាយ​រីក​រាយ​យ៉ាង​ក្រៃ​លែង។
២៤ លោក​យូដា​ម៉ាកា‌បាយ និង​លោក​យ៉ូណាថាន ជា​ប្អូន​របស់​លោក ឆ្លង​ទន្លេ​យ័រ‌ដាន់ ហើយ​ធ្វើ​ដំណើរ​អស់‌រយៈ​ពេល​បី​ថ្ងៃ ក្នុង​វាល​រហោ‌ស្ថាន។ ២៥ ពួក​គេ​ជួប​នឹង​ជន​ជាតិ​ណា‌បាតេ​ដែល​ទទួល​ពួក​គេយ៉ាង​រាក់​ទាក់ ហើយ​តំណាល​រៀប​រាប់​អំពី​ហេតុ​ការណ៍​ដែល​កើត​ឡើង ដល់​បង‌ប្អូន​របស់​ពួក​គេ​ដែល រស់​នៅ​ក្នុង​ស្រុក​កាឡាដ​នោះ។ ២៦ អ្នក​ទាំង​នោះ​ប្រាប់​ថា ខ្មាំង​ឡោម‌ព័ទ្ធ​ក្រុង​បូសូ‌រ៉ា ក្រុង​អាឡេ‌ម៉ា ក្រុង​ខាផូ ក្រុង​ម៉ាគេ និង​ក្រុង​ការណៃ​ដែល​សុទ្ធ​តែ​ជា​ក្រុង​ធំ និង​មាន​កំពែង​ផង។ ២៧ ខ្មាំង​ក៏​ឡោម‌ព័ទ្ធ​ក្រុង​ផ្សេងៗ​ទៀត​នៅ​ស្រុក​កាឡាដ ហើយ​មាន​គម្រោង​វាយ​ដណ្ដើម​ក្រុង​ទាំង​នោះ នៅ​ថ្ងៃ​ស្អែក និង​ប្រហារ​ជីវិត​ប្រជាជន​ដែល​រស់​នៅ​តាម​បន្ទាយ​ទាំង​នោះ ក្នុង‌រយៈ​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ។ ២៨ ដូច្នេះ លោក​យូដា និង​កង‌ទ័ព​របស់​លោក ក៏​ដើរ​កាត់​តាម​វាល​រហោ‌ស្ថាន​ភ្លាម ឆ្ពោះ​ទៅ​កាន់​ក្រុង​បូសូរ៉ា។ លោក​វាយ​យក​ក្រុង​នោះ ហើយ​សម្លាប់​ប្រុសៗ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ក្រុង ព្រម​ទាំង​រឹប​អូស​យក​ជយ‌ភណ្ឌ រួច​ដុត​ទីក្រុង​នោះ​ចោល។
២៩ បន្ទាប់​មក ពួក​គេ​ចេញ​ដំណើរ​ពី​ទី​នោះ​ទាំង​យប់ ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ដាថេ‌ម៉ា។ ៣០ ពេល​ថ្ងៃ​រះ ពួក​គេ​ឃើញ​កង‌ទ័ព​ជា​ច្រើន​កំពុង​ដាក់​ជណ្ដើរ និង​រុញ​គ្រឿង​ប្រដាប់​ប្រដា​ចម្បាំង​ដើម្បី​វាយ​យក​ទីក្រុង។ ខ្មាំង​ចាប់​ផ្ដើម​វាយ​ក្រុង​នេះ។ ៣១ គ្រា​នោះ លោក​យូដា​សង្កេត​ឃើញ​ថា ការ​ប្រយុទ្ធ​ចាប់​ផ្ដើម ហើយ​លោក​ក៏​ឮ​សំឡេង​អ្នក​ក្រុង​លាន់​ឡើង ព្រម​ទាំង​មាន​ស្នូរ​ត្រែ និង​សម្រែក​ផង។ ៣២ លោក​យូដា មាន​ប្រសាសន៍​ទៅ​កាន់​កង‌ទ័ព​របស់​លោក​ថា៖ «ចូរ​ប្រយុទ្ធ​នៅ​ថ្ងៃ​នេះ ដើម្បី​បង‌ប្អូន​របស់​យើង!» ៣៣ លោក​បែង​ចែក​ពល‌ទាហាន​ជា​បី​កង ទៅ​វាយ​ប្រហារ​សត្រូវ​ពី​ខាង​ក្រោយ។ កង‌ទ័ព​ក៏​ផ្លុំ​ត្រែ​ឡើង ហើយ​នាំ​គ្នា​ស្រែក​ទូល​អង្វរ​ព្រះ‌ជា​អម្ចាស់។ ៣៤ គ្រា​នោះ កង‌ទ័ព​របស់​លោក​ធីម៉ូថេ​ដឹង​ថា លោក​យូដា​ម៉ាកា‌បាយ​មក​ដល់ ក៏​បាក់​ទ័ព​រត់​ខ្ចាត់‌ខ្ចាយ​ចេញ​បាត់​អស់។ លោក​យូដា​វាយ​ខ្មាំង​ឲ្យ​បរា‌ជ័យ យ៉ាង​ធ្ងន់ធ្ងរ និង​សម្លាប់​ពួក​គេ​អស់​ប្រមាណ​ជា​ប្រាំបី‌ពាន់​នាក់​នៅ​ថ្ងៃ​នោះ។ ៣៥ បន្ទាប់​មក លោក​យូដា​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​អា‌លេម៉ា វាយ​ដណ្ដើម​យក​ក្រុង​នោះ ហើយ​សម្លាប់​ប្រុសៗ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ក្រុង ព្រម​ទាំង​រឹប​អូស​យក​ជយ‌ភណ្ឌ រួច​ដុត​ក្រុង​នេះ​ចោល។ ៣៦ លោក​ចាក​ចេញ​ពី​ទី នោះ​ទៅ​វាយ​ដណ្ដើម​យក​ក្រុង​ខាស​ផូ ម៉ា‌កែដ បូ‌សូរ៉ា និង​ក្រុង​នានា​ក្នុង​ស្រុក​កាឡាដ។
៣៧ ក្រោយ​ពី​ព្រឹត្តិ‌ការណ៍​ទាំង​នោះ​មក លោក​ធី‌ម៉ូថេ​ប្រមូល​កង‌ទ័ព​ជា​ថ្មី​ទៀត និង​បោះ​ទ័ព​នៅ​ទល់​មុខ​ក្រុង​រ៉ាភូន ដែល​នៅ​ត្រើយ​ម្ខាង​នៃ​ជ្រោះ។ ៣៨ លោក​យូដា​ចាត់​មនុស្ស​ឲ្យ​ទៅ​ស៊ើប‌ការណ៍​នៅ​ជំរំ​ខ្មាំង ហើយ​គេ​ត្រឡប់​មក​វិញ​រាយ‌ការណ៍​ជូន​លោក​ថា៖ «ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​ដែល​រស់​នៅ​ជុំ​វិញ​យើង ចូល​រួម​ជា​មួយ​លោក​ធីម៉ូថេ ធ្វើ​ជា​កង‌ទ័ព​មួយ​យ៉ាង​ខ្លាំង ៣៩ គេ​ជួល​ពួក​អារ៉ាប់​ឲ្យ​មក​ជួយ​ច្បាំង ហើយ​បោះ​ទ័ព​នៅ​ត្រើយ​ម្ខាង​ជ្រោះ ត្រៀម​ខ្លួន​មក​វាយ​ប្រហារ​លោក»។ ដូច្នេះ លោក​យូដា​លើក​ទ័ព​ទៅ​វាយ​ពួក​គេ ៤០ ហើយ​ក៏​មក​ដល់​ជិត​ជ្រោះ។ ពេល​នោះ លោក​ធីម៉ូថេ​ប្រាប់​មេទ័ព​របស់​គាត់​ថា៖ «ប្រសិន​បើ​លោក​យូដា​មក​ដល់​ទី​នេះ មុន​យើង​ឆ្លង​ទៅ​រក​គេ ពួក​យើង​មិន​អាច​ត​ទល់​នឹង​គេ​បាន​ឡើយ ដ្បិត​គេ​ងាយ​វាយ​យើង។ ៤១ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​លោក​ភ័យ​ខ្លាច ហើយ​បោះ​ទ័ព​នៅ​ត្រើយ​ម្ខាង​នោះ ពួក​យើង​នឹង​ឆ្លង​ទៅ​វាយ​ប្រហារ​ពួក​គេ ហើយ​ពេល​នោះ ពួក​យើង​នឹង​មាន​ជ័យ‌ជម្នះ​លើ​ពួក​គេ​ជា​ពុំ​ខាន!»។ ៤២ ពេល​លោក​យូដា​ឆ្លង​មក​ដល់​មាត់​ជ្រោះ លោក​ដាក់​មេ‌ទ័ព​តាម​បណ្ដោយ​មាត់​ជ្រោះ​ទាំង​បញ្ជា​ថា៖ «កុំ​ឲ្យ​នរណា​ម្នាក់​ស្នាក់​នៅ​ទី​នេះ​ឡើយ គឺ​ត្រូវ​ចេញ​ច្បាំង​ទាំង​អស់​គ្នា»។ ៤៣ លោក​ឆ្លង​ជ្រោះ ទៅ​ប្រយុទ្ធ​នឹង​សត្រូវ​មុន​គេ​បង្អស់ ហើយ​កង‌ទ័ព​ទាំង​មូល​ក៏​ឆ្លង​តាម​ក្រោយ​ដែរ។ លោក​វាយ​កម្ទេច​កង‌ទ័ព​សាសន៍​ដទៃ​រហូត​ដល់​បាក់​ទ័ព ទាំង​បោះ​អាវុធ​ចោល រត់​គេច​ទៅ​កាន់​ទី​សក្ការៈ​នៅ​ក្រុង​ការណា‌អ៊ីន។ ៤៤ កង‌ទ័ព​របស់​លោក​យូដា​វាយ​ដណ្ដើម​យក​ក្រុង​នោះ រួច​ដុត​កម្ទេច​ទី​សក្ការៈ និង​អស់​អ្នក​ដែល​រស់​នៅ​ទី​នោះ​ដែរ។ លោក​រំលំ​ក្រុង​ការណា‌អ៊ីន​ចោល។ តាំង​ពី​ពេល​នោះ​មក គ្មាន​កង‌ទ័ព​ណា​អាច​ទប់​ទល់​នឹង​លោក​យូដា​ឡើយ។
៤៥ លោក​យូដា​ប្រមូល​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ដែល​រស់​នៅ​ស្រុក​កាឡាដ ទាំង​អ្នក​តូច​ដល់​អ្នក​ធំ ដោយ​មាន​ប្រពន្ធ​កូន និង​ទ្រព្យ‌សម្បត្តិ​រួម​ជា​មួយ​ផង ហើយ​នាំ​គ្នា​ទៅ​ស្រុក​យូដា។ ពួក​គេ​មាន​គ្នា​ច្រើន​ណាស់។ ៤៦ ពួក​គេ​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​អេផ្រូន ជា​ក្រុង​ដ៏​ធំ មាន​កំពែង​រឹង​មាំ​ទៀត​ផង។ ពួក​គេ​មិន​អាច​ធ្វើ​ដំណើរ​វាង​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ក្រុង​នេះ​បាន​ទេ ដូច្នេះ ពួក​គេ​ត្រូវ​តែ​ដើរ​តាម​កណ្ដាល​ក្រុង​នេះ។ ៤៧ ប៉ុន្តែ អ្នក​ក្រុង​អេផ្រូន​មិន​ព្រម​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ​ឆ្លង​កាត់ ក្រុង​របស់​គេ​ឡើយ ហើយ​ថែម​ទាំង​យក​ថ្ម មក​ឃាំង​មាត់​ទ្វារ​ក្រុង​ផង។ ៤៨ លោក​យូដា​ចាត់​គេ​ឲ្យ​ទៅ​សុំ​ចរចា ដោយ​ប្រាប់​ថា៖ «យើង​ខ្ញុំ​សុំ​ផ្លូវ​ធ្វើ​ដំណើរ​កាត់​តាម​តំបន់​របស់​អស់​លោក ដើម្បី​ទៅ​កាន់​ស្រុក​របស់​យើង​ខ្ញុំ។ យើង​ខ្ញុំ​មិន​ធ្វើ​បាប​អ្នក​រាល់​គ្នា​ទេ គឺ​គ្រាន់​តែ​សុំ​ផ្លូវ​ដើរ​កាត់​ប៉ុណ្ណោះ»។ ៤៩ ពេល​នោះ លោក​យូដា​ចេញ​បញ្ជា​ទៅ​កង‌ទ័ព​ឲ្យ​ត្រៀម​ខ្លួន​ប្រយុទ្ធ​តាម​កន្លែង​រៀងៗ​ខ្លួន កង‌ទ័ព​ក៏​ត្រៀម​ខ្លួន​វាយ​ប្រហារ​ក្រុង​នេះ។ ៥០ លោក​យូដា​ប្រយុទ្ធ​អស់​មួយ​ថ្ងៃ​មួយ​យប់ ទើប​ដណ្ដើម​យក​ទីក្រុង​បាន។ ៥១ លោក​យូដា​ប្រហារ​ជីវិត​ប្រុសៗ​ទាំង​ប៉ុន្មាន​ដែល​រស់​នៅ​ក្រុង​នោះ ដោយ​មុខ​ដាវ បំផ្លាញ​ក្រុង​ចោល រឹប​អូស​យក​ជយ‌ភណ្ឌ រួច​លោក និង​កង‌ទ័ព​ដើរ​កាត់​ក្រុង​នេះ ដោយ​ជាន់​សាក​សព​អ្នក​ក្រុង​នោះ​ទៀត​ផង។ ៥២ ពួក​គេ​ឆ្លង​ទន្លេ​យ័រ‌ដាន់ ឆ្ពោះ​ទៅ​កាន់​វាល​ទំនាប​ដែល​នៅ​ទល់​មុខ​ក្រុង​បេត‌សាន។ ៥៣ នៅ​តាម​ផ្លូវ លោក​យូដា​តែង​តែ​ទៅ​មក ព្រម​ទាំង​ប្រមូល​ពួក​អ្នក​ដែល​ធ្វើ​ដំណើរ​យឺត ទាំង​លើក​ទឹក​ចិត្ត​ប្រជាជន រហូត​ទៅ​ដល់​ស្រុក​យូដា។ ៥៤ ពួក​គេ​បាន​ឡើង​ទៅ​លើ​ភ្នំ​ស៊ី‌យ៉ូន ទាំង​អរ‌សប្បាយ​ជា​ខ្លាំង ហើយ​នាំ​គ្នា​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ដើម្បី​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដ្បិត​ពួក​គេ​ត្រឡប់​មក​វិញ ដោយ​សេចក្ដី​សុខ​សាន្ត​គ្មាន​នរណា​ម្នាក់​បាត់​បង់​ជីវិត​ឡើយ។
ការ​តយុទ្ធ​នៅ​ស្រុក​អ៊ី‌ឌូមែ
៥៥ ក្នុង​ពេល​ដែល​លោក​យូដា និង​លោក​យ៉ូណាថាន​នៅ​ស្រុក​កា‌ឡាដ លោក​ស៊ីម៉ូន​ជា​ប្អូន​របស់​គាត់ កំពុង​ប្រយុទ្ធ​នៅ​ក្រុង​ផ្ទោ‌ឡេ​ម៉ៃស៍ ក្នុង​ស្រុក​កាលីឡេ។ ៥៦ លោក​យ៉ូសែប​ជា​កូន​របស់​លោក​សាការី និង​លោក​អសា‌រីយ៉ា ជា​មេទ័ព បាន​ទទួល​ដំណឹង​អំពី​ជ័យ‌ជម្នះ​ដ៏​អស្ចារ្យ​របស់​លោក​យូដា និង​លោក​យ៉ូណាថាន។ ៥៧ លោក​ទាំង​ពីរ​ក៏​ពិ‌ភាក្សា​គ្នា​ថា៖ «យើង​នាំ​គ្នា​ចេញ​ទៅ​ប្រយុទ្ធ​ជាមួយ​សាសន៍​ដទៃ​ដែល​រស់​នៅ​ជុំ​វិញ​យើង​ទៅ! នោះ​យើង​មុខ​ជា​មាន​ឈ្មោះ​ល្បី​ដូច​គេ​មិន​ខាន!»។ ៥៨ លោក​ទាំង​ពីរ​ក៏​បញ្ជា​ទៅ​កង‌ទ័ព ដែល​នៅ​ក្រោម​បង្គាប់​របស់​លោក ឲ្យ​ចេញ​ទៅ​វាយ​លុក​លុយ​ទីក្រុង​យ៉ាម‌នីយ៉ា។ ៥៩ ឯ​លោក​គ័រ‌ស៊ីយ៉ាស និង​កង‌ទ័ព​របស់​លោក ក៏​ចេញ​ពី​ក្រុង​នោះ​ទៅ​ច្បាំង​ដែរ។ ៦០ ហើយ​ក៏​វាយ​ឈ្នះ​កង‌ទ័ព​របស់​លោក​យ៉ូ‌សែប និង​លោក​អសា‌រីយ៉ា ថែម​ទាំង​ដេញ​តាម​ប្រហារ​ពួក​គេ រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​យូដា​ទៀត​ផង។ នៅ​ថ្ងៃ​នោះ កង‌ទ័ព​អ៊ីស្រា‌អែល​ប្រមាណ​ពីរ‌ពាន់​នាក់ បាន​បាត់​បង់​ជីវិត​នៅ​លើ​សមរ‌ភូមិ។ ៦១ កង‌ទ័ព​អ៊ីស្រា‌អែល​បរា‌ជ័យ​ជា​ទម្ងន់ ព្រោះ​មេ‌ទ័ព​ទាំង​ពីរ​មិន​ស្ដាប់​លោក​យូដា និង​បង‌ប្អូន​របស់​លោក ដោយ​នឹក​ស្មាន​ថា​លោក​ទាំង​ពីរ​អាច​ធ្វើ​ការ​អស្ចារ្យ​ដែរ។ ៦២ ប៉ុន្តែ លោក​ទាំង​ពីរ​ពុំ​មែន​ជា​ពូជ​វីរ‌បុរស​ដែល​ព្រះ‌ជាម្ចាស់​បាន​ចាត់​ឲ្យ​មក​សង្គ្រោះ​ប្រជាជន​អ៊ីស្រា‌អែល​នោះ​ឡើយ។
៦៣ លោក​យូដា និង​បង‌ប្អូន​របស់​លោក ជា​វីរ‌បុរស​ដ៏​អង់​អាច ប្រកប​ដោយ​ភាព​រុង‌រឿង​ថ្កើង​ថ្កាន ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល និង​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន ដែល​ឮ​ឈ្មោះ​របស់​អស់​លោក។ ៦៤ មនុស្ស​ម្នា​ប្រជ្រៀត​គ្នា​មក​សរ‌សើរ​អស់​លោក។ ៦៥ បន្ទាប់​មក លោក​យូដា និង​បង‌ប្អូន ក៏​ចេញ​ទៅ​ធ្វើ​សង្គ្រាម​នឹង​ជន​ជាតិ​អេដុម ដែល​ស្ថិត​នៅ​តំបន់​ខាង​ត្បូង។ លោក​វាយ​ដណ្ដើម​យក​ក្រុង​អេ‌ប្រូន និង​ភូមិ​ដែល​នៅ​ជុំ​វិញ រំលំ​កំពែង​ក្រុង​នោះ ហើយ​ដុត​ប៉ម​ដែល​នៅ​លើ​កំពែង​ទៀត​ផង។ ៦៦ បន្ទាប់​មក លោក​ចេញ​ដំណើរ ឆ្ពោះ​ទៅ​កាន់​ស្រុក​ភីលី‌ស្ទីន ហើយ​ដើរ​កាត់​ក្រុង​ម៉ារី‌សា។ ៦៧ នៅ​ថ្ងៃ​នោះ អស់​លោក​បូជា‌ចារ្យ​ដែល​ចង់​សម្ដែង​ពី​សេចក្ដី​ក្លា‌ហាន​របស់​ខ្លួន នាំ​គ្នា​ចេញ​ទៅ​ច្បាំង​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ត្រូវ​ស្លាប់​នៅ​លើ​សមរ‌ភូមិ។ ៦៨ ក្រោយ​មក លោក​យូដា​ងាក​ទៅ​កាន់​ក្រុង​អសូ‌តូ នៅ​ក្នុង​ស្រុក​របស់​ជន​ជាតិ​ភីលី‌ស្ទីន។ លោក​បំផ្លិច​បំផ្លាញ​កន្លែង​ថ្វាយ​យញ្ញ‌បូជា​របស់​ពួក​គេ ដុត​រូប​បដិមា​នៃ​ព្រះ​របស់​ពួក​គេ ហើយ​រឹប​អូស​យក​ជយ‌ភណ្ឌ​ក្នុង​ក្រុង​ទាំង​នោះ វិល​ត្រឡប់​ទៅ​កាន់​ស្រុក​យូដា​វិញ។
 ព្រះ‌បាទ​អន់ទី‌យ៉ូគូស ធ្វើ​ដំណើរ​យាង​ទៅ​មក​កាត់​តាម​ស្រុក​ខាង​ជើង ព្រះ‌អង្គ​បាន​ឮ​គេ​និយាយ​ថា នៅ​ស្រុក​ពែរ្ស​មាន​ក្រុង​មួយ​ឈ្មោះ អេលី‌ម៉ាអ៊ីស។ អ្នក​ក្រុង​នេះ​ល្បី​ថា សម្បូរ​មាស​ប្រាក់ និង​ភោគ​ទ្រព្យ​ជា​ច្រើន  គឺ​មាន​ខែល​ធ្វើ​ពី​មាស អាវ​ក្រោះ ព្រម​ទាំង​អាវុធ​ដែល​ព្រះ‌បាទ​អឡិច‌សង់ បាន​ទុក​ក្នុង​ទី​សក្ការៈ​នៃ​ក្រុង​នោះ​ជា​ដើម។ ព្រះ‌បាទ​អឡិច‌សង់ ជា​បុត្រ​របស់​ព្រះ‌បាទ​ភីលីព ជា​មហា​ក្សត្រ​របស់​ជន​ជាតិ​ម៉ាសេ‌ដូន ដែល​គ្រប់​គ្រង​លើ​ជន​ជាតិ​ក្រិក​មុន​គេ។  ព្រះ‌បាទ អន់ទី‌យ៉ូគូស​យាង​ទៅ​ក្រុង​នោះ រិះ​រក​មធ្យោ‌បាយ​ដណ្ដើម​យក​ក្រុង​នេះ ដើម្បី​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ ប៉ុន្តែ​ត្រូវ​បរា‌ជ័យ ព្រោះ​អ្នក​ក្រុង​បាន​ដឹង​ពី​គម្រោង‌ការ​ជា​មុន។  ពួក​គេ​លើក​គ្នា​មក​ប្រយុទ្ធ​នឹង​ស្ដេច​វិញ ហើយ​ស្ដេច​ក៏​បាក់​ទ័ព​យាង​ត្រឡប់​ទៅ​ស្រុក​បាប៊ីឡូន​ដោយ​អាម៉ាស់​ជា​ខ្លាំង។  ពេល​ព្រះ‌រាជា​នៅ​ស្រុក​ពែរ្ស​នៅ​ឡើយ មាន​គេ​មក​ទូល​ថា កង‌ទ័ព​ដែល​ចេញ​ទៅ​វាយ​យក ស្រុក​យូដា​ទទួល​បរា‌ជ័យ  គឺ​ជន​ជាតិ​យូដា​វាយ​កម្ទេច​កង‌ទ័ព​ដ៏​ខ្លាំង​ពូកែ ដែល​លោក​មេ‌បញ្ជា​ការ លីស៊ី‌យ៉ា បាន​នាំ​ទៅ​វាយ​ស្រុក​នោះ​ថែម​ទៀត។ ជន​ជាតិ​យូដា​ក៏​រឹប​អូស​យក​គ្រឿង​សាស្ត្រា‌វុធ និង​ជយ‌ភណ្ឌ​គ្រប់​បែប​យ៉ាង ពី​កង‌ទ័ព​ដែល​ចាញ់។ ដូច្នេះ ពួក​គេ​មាន​កម្លាំង​ខ្លាំង​ជាង​ពី​មុន។  ពួក​គេ​បាន​រំលំ​រូប​បដិមា​គួរ​ស្អប់​ខ្ពើម ដែល​ស្ដេច​បាន​តម្កល់​នៅ​លើ​អាសនៈ ក្នុង​ព្រះ‌វិហារ​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​បាន​សង់​កំពែង​យ៉ាង​ខ្ពស់ ជុំ​វិញ​ព្រះ‌វិហារ​ជា​ថ្មី​ឡើង​វិញ​ដូច​កាល​ពី​ដើម ហើយ​ក៏​សង់​កំពែង​ជុំ​វិញ​ក្រុង​បេត‌សួរ ដែល​ជា​ក្រុង​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ស្ដេច​ផ្ទាល់​ដែរ។  កាល​ព្រះ‌រាជា​ជ្រាប​ដំណឹង​ទាំង​នោះ ក៏​ស្រឡាំង​កាំង ហើយ​រំជួល​ព្រះ‌ហឫទ័យ​យ៉ាង​ខ្លាំង។ ព្រះ‌អង្គ​ដួល​ទៅ​លើ​ក្រឡា‌បន្ទំ ហើយ​ប្រឈួន​ដោយ​ព្រួយ​ព្រះ‌ហឫទ័យ​ខ្លាំង​ពេក ព្រោះ​ហេតុ​ការណ៍​ទាំង​អស់​មិន​បាន​កើត​ឡើង​ស្រប​តាម​ព្រះ‌ហឫទ័យ​ឡើយ។  ស្ដេច​ស្ថិត​នៅ​ក្នុង​សភាព​បែប​នេះ​ជា​យូរ​ថ្ងៃ ដ្បិត​ព្រះ‌អង្គ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។ កាល​ព្រះ‌រាជា​យល់​ថា​ខ្លួន​ជិត​ចូល​ទិវង្គត ១០ ស្ដេច​កោះ​ហៅ​មន្ត្រី​ទាំង​អស់​ឲ្យ​មក​ជួប​ប្រជុំ ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​ផ្ទំ​មិន​លក់​ទេ ហើយ​តប់​ប្រមល់​ក្នុង​ព្រះ‌រាជ​ហឫទ័យ​ខ្លាំង​ណាស់ ១១ យើង​សួរ​ខ្លួន​យើង​ផ្ទាល់​ថា ហេតុ​អ្វី​បាន​ជា​យើង​រង​ទុក្ខ​វេទនា​ដូច្នេះ? ក្នុង​ពេល​ដែល​យើង​មាន​អំណាច យើង​មាន​ព្រះ‌ហឫទ័យ​សប្បាយ​យ៉ាង​ក្រៃ​លែង ហើយ​មនុស្ស​ម្នា​ក៏​ស្រឡាញ់​យើង​ដែរ។ ១២ ប៉ុន្តែ ឥឡូវ​នេះ យើង​នឹក​ឃើញ​ពី​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ប្រព្រឹត្ត​នៅ​ក្រុង​យេរូ‌សាឡឹម គឺ​យើង​រឹប​អូស​យក​គ្រឿង​មាស​ប្រាក់​ទាំង​ប៉ុន្មាន​ពី​ក្រុង​នោះ យើង​បាន​បញ្ជា​ឲ្យ​គេ​សម្លាប់​រង្គាល​ជន​ជាតិ​យូដា ដោយ​គ្មាន​មូល​ហេតុ។ ១៣ យើង​យល់​ថា យើង​កើត​ទុក្ខ​យ៉ាង​នេះ​បណ្ដាល​មក​ពី​អំពើ​អាក្រក់​ដែល​យើង​បាន​ប្រព្រឹត្ត​នៅ​ពេល​នោះ ហើយ​យើង​ត្រូវ​សោយ​ទិវង្គត​ដោយ​ព្រួយ​ព្រះ‌ហឫទ័យ នៅ​លើ​ទឹក​ដី​បរទេស​ទៀត​ផង!»។ ១៤ ព្រះ‌បាទ​អន់ទី‌យ៉ូគូស​ហៅ​លោក​ភីលីព ជា​មន្ត្រី​ជំនិត​ម្នាក់ ហើយ​តែង​តាំង​លោក​ឲ្យ​គ្រប់​គ្រង​រាជា​ណា​ចក្រ​ទាំង​មូល។ ១៥ ព្រះ‌អង្គ​ក៏​ប្រទាន​មកុដ ព្រះ‌ភូសា និង​ត្រា​ឲ្យ​លោក​ទៀត​ផង ព្រម​ទាំង​ផ្ញើ​រាជ‌បុត្រ​ព្រះ‌នាម​អន់ទី‌យ៉ូគូស​ឲ្យ​លោក​ចិញ្ចឹម និង​អប់រំ ដើម្បី​ឲ្យ​រាជ‌បុត្រ​នេះ​ឡើង​សោយ‌រាជ្យ​នៅ​ពេល​ក្រោយ។ ១៦ ព្រះ‌បាទ​អន់ទី‌យ៉ូគូស​សោយ‌ទិវង្គត​នៅ​ទី​នោះ​ក្នុង​ឆ្នាំ​១៤៩។ ១៧ កាល​លោក​មេ​បញ្ជា​ការ​លីស៊ី‌យ៉ា​ទទួល​ដំណឹង​ថា ព្រះ‌បាទ​អន់ទី‌យ៉ូគូស​សោយ‌ទិវង្គត​ហើយ លោក​តែង​តាំង​ព្រះ‌បាទ​អន់ទី‌យ៉ូគូស ជា​បុត្រ​ដែល​លោក​បាន​អប់រំ​តាំង​ពី​រាជ​កុមារ​មក​នោះ ឲ្យ​ឡើង​ស្នង​រាជ្យ។ លោក​លីស៊ី‌យ៉ា ថ្វាយ​នាម​បុត្រ​នោះ​ថា ព្រះ‌បាទ​អឺប៉ា‌ទ័រ។
កង‌ទ័ព​យូដា​ឡោម‌ព័ទ្ធ​បន្ទាយ​យេរូ‌សាឡឹម
១៨ នៅ​គ្រា​ដដែល​នោះ សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ដែល​ស្នាក់​នៅ​ក្នុង​បន្ទាយ​ក្រុង​យេរូ‌សាឡឹម ឡោម‌ព័ទ្ធ​ជន​ជាតិ​អ៊ីស្រា‌អែល ដែល​រស់​នៅ​ជុំវិញ​ព្រះ‌វិហារ ទាំង​ហាម​ពួក​គេ​មិន​ឲ្យ​ចេញ​ចូល។ ពួក​គេ​រក​គ្រប់​ឱកាស​ទាំង​អស់ ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​ជន​ជាតិ​អ៊ីស្រា‌អែល និង​ដើម្បី​ពង្រឹក​កម្លាំង​របស់​សាសន៍​ដទៃ។ ១៩ ពេល​នោះ លោក​យូដា​សម្រេច​ចិត្ត​កម្ទេច​ពួក​គេ។ លោក​កោះ​ហៅ​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់ ដើម្បី​មក​ឡោម‌ព័ទ្ធ​បន្ទាយ​នោះ។ ២០ នៅ​ក្នុង​ឆ្នាំ​១៥០ ប្រជាជន​អ៊ីស្រា‌អែល​ប្រមូល​ផ្ដុំ​គ្នា​ឡោម‌ព័ទ្ធ​បន្ទាយ។ ពួក​គេ​ធ្វើ​ស្នា​ធំៗ និង​គ្រឿង​ចម្បាំង​ផ្សេងៗ​ទៀត​ផង។ ២១ ប៉ុន្តែ មាន​សត្រូវ​ខ្លះ​រត់​ចេញ​រួច ហើយ​នាំ​គ្នា​ទៅ​គាល់​ព្រះ‌មហា​ក្សត្រ ដោយ​មាន​ជន​ជាតិ​អ៊ីស្រា‌អែល​ក្បត់​សាសនា​មួយ​ចំនួន​ទៅ​ជា​មួយ​ដែរ។ ពួក​គេ​ទូល​ស្ដេច​ថា៖ ២២ «តើ​ព្រះ‌ករុណា​ចាំ​ដល់​ពេល​ណា​ទៀត ទើប​ព្រះ‌អង្គ​រក​យុត្តិ‌ធម៌ និង​សង​សឹក​ពួក​គេ​ឲ្យ​បង‌ប្អូន​របស់​ទូល​បង្គំ​នោះ?។ ២៣ ទូល​បង្គំ​យើង​ខ្ញុំ​តែង​តែ​បម្រើ​ព្រះ​បិតា​របស់​ព្រះ‌ករុណា ព្រម​ស្ដាប់​តាម​បញ្ជា និង​រាជ​ក្រឹត្យ​របស់​ព្រះ​ករុណា​ទៀត​ផង។ ២៤ ហេតុ​នេះ​ហើយ​បាន​ជា​ជន​រួម​ជាតិ​របស់​ទូល​បង្គំ​យើង​ខ្ញុំ​ឡោម‌ព័ទ្ធ​បន្ទាយ​នោះ ហើយ​ចាត់​ទុក​ទូល​បង្គំ​យើង​ខ្ញុំ​ជា​ជន​បរទេស។ មិន​តែ​ប៉ុណ្ណោះ ពួក​គេ​បាន​សម្លាប់​ពួក​ទូល​បង្គំ ហើយ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​ពួក​ទូល​បង្គំ​ទៀត​ផង។ ២៥ ពួក​គេ​មិន​គ្រាន់​តែ​វាយ​ទូល​បង្គំ​ប៉ុណ្ណោះ​ទេ គឺ​គេ​វាយ​យក​ស្រុក​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ‌ករុណា​ដែរ។ ២៦ ឥឡូវ​នេះ ពួក​គេ​ឡោម‌ព័ទ្ធ​បន្ទាយ​ក្រុង​យេរូ‌សាឡឹម ដើម្បី​កាន់​កាប់​បន្ទាយ​នោះ ព្រម​ទាំង​សង់​កំពែង​ការ‌ពារ​ព្រះ‌វិហារ និង​ស្រុក​បេត‌សួរ​ផង។ ២៧ ប្រសិន​បើ​ព្រះ‌ករុណា​មិន​ចេញ​ទៅ​វាយ​ពួក​គេ​យ៉ាង​ប្រញាប់​ទេ​នោះ ពួក​វា​មុខ​ជា​វាយ​លុក​លុយ​ត​ទៅ​ទៀត ហើយ​ព្រះ‌ករុណា​មិន​អាច​ទប់​ទល់​នឹង​ពួក​គេ​បាន​ឡើយ»។
ការ​ប្រយុទ្ធ​នៅ​ភូមិ​បេតសា‌ការីយ៉ា
២៨ កាល​ព្រះ‌មហា​ក្សត្រ​ព្រះ‌អង្គ​ព្រះ​សណ្ដាប់​ដំណឹង​នេះ​ហើយ ព្រះ‌អង្គ​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង ហើយ​កោះ​ហៅ​អស់​លោក​មន្ត្រី មេទ័ព​ថ្មើរ​ជើង និង​អស់​លោក​មេទ័ព​មក​ប្រជុំ។ ២៩ ស្ដេច​ជួល​ពល‌ទាហាន​ពី​ស្រុក​ផ្សេងៗ និង​ពី​នាយ​សមុទ្រ​មក​ផង។ ៣០ ព្រះ‌រាជា​មាន​ទ័ព​ថ្មើរ​ជើង​ចំនួន​មួយ​សែន​នាក់ ទ័ព‌សេះ​ពីរ‌ម៉ឺន​នាក់ និង​ដំរី​ចំនួន​សាមសិប‌ពីរ​ក្បាល ដែល​គេ​បាន​បង្ហាត់​ហ្វឹក​ហ្វឺន​សម្រាប់​ច្បាំង។ ៣១ កង‌ទ័ព​នោះ​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​អេដុម ហើយ​ឡោម‌ព័ទ្ធ​ក្រុង​បេតសួរ។ ពួក​គេ​វាយ​ក្រុង​នេះ​យ៉ាង​យូរ ទាំង​ប្រើ​គ្រឿង​ចម្បាំង​ជា​ច្រើន​ទៀត។ ប៉ុន្តែ អ្នក​ក្រុង​ដែល​ត្រូវ​គេ​ឡោម‌ព័ទ្ធ​នោះ​តែង​តែ​ចេញ​ពី​ក្រុង ទៅ​ដុត​គ្រឿង​ចម្បាំង​ទាំង​នោះ​ចោល ហើយ​ប្រយុទ្ធ​នឹង​សត្រូវ​ដោយ​ក្លាហាន​អង់​អាច។ ៣២ ពេល​នោះ លោក​យូដា​នាំ​កង‌ទ័ព​របស់​លោក ចេញ​ពី​បន្ទាយ​យេរូ‌សាឡឹម ហើយ​ទៅ​បោះ​ទី​តាំង​នៅ​ភូមិ​បេតសា‌ការីយ៉ា ទល់​មុខ​នឹង​ជំរំ​ទ័ព​របស់​ព្រះ‌មហា​ក្សត្រ។ ៣៣ លុះ​ស្អែក​ឡើង ស្ដេច​តើន​ពី​ព្រលឹម ហើយ​បញ្ជា​កង‌ទ័ព​ទាំង​អស់​ឲ្យ​ចេញ​ទៅ​វាយ​បេត‌សា‌ការីយ៉ា។ ពល‌ទាហាន​ទាំង​អស់​នេះ រៀប​ចំ​ចេញ​ទៅ​ប្រយុទ្ធ​ដោយ​ផ្លុំ​ត្រែ​ផង។ ៣៤ គេ​យក​ទឹក​ទំពាំង​បាយ​ជូរ និង​ទឹក​មន្ត​ឲ្យ​ដំរី​ឃើញ ដើម្បី​ជំរុញ​វា​ឲ្យ​ទៅ​ប្រយុទ្ធ។ ៣៥ គេ​ដាក់​ដំរី​នៅ​តាម​ចន្លោះ​កង​នី‌មួយៗ គឺ​គេ​ដាក់​ពល‌ទាហាន​ចំនួន​មួយ‌ពាន់​នាក់​ប្រដាប់​ដោយ​អាវ​ក្រោះ និង​មួក​លង្ហិន ព្រម​ទាំង​ពល‌សេះ​ពិសេស​ប្រាំ‌រយ​នាក់ នៅ​សង​ខាង​ដំរី​នី‌មួយៗ​នោះ។ ៣៦ ទ័ព‌សេះ​នោះ​មើល​ដំរី ហើយ​ដើរ​តាម​ជាប់​នឹង​ដំរី​ជា‌និច្ច មិន​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ឡើយ។ ៣៧ នៅ​លើ​ខ្នង​ដំរី​នី‌មួយៗ​មាន​កែប​យ៉ាង​ធំ​មាំ​ធ្វើ​ពី​ឈើ ដែល​គេ​ចង​យ៉ាង​ជាប់​ទៅ​នឹង​ពោះ​វា។ កែប​នេះ​ជា​ជំនិះ​ដែល​មាន​មនុស្ស​បី​នាក់ និង​ហ្ម​ម្នាក់។ ៣៨ ព្រះ‌មហា​ក្សត្រ​ដាក់​ទ័ព‌សេះ​ដែល​នៅ​សល់​សង​ខាង​ពល​ថ្មើរ​ជើង ដើម្បី​វាយ​លុក និង​ការ‌ពារ​ទ័ព​ថ្មើរ​ជើង។ ៣៩ កាល​ព្រះ‌អាទិត្យ​រះ​មក ពន្លឺ​ក៏​ជះ​លើ​ខែល​មាស និង​ខែល​លង្ហិន បំភ្លឺ​ភ្នំ​ទាំង​ប៉ុន្មាន​ឲ្យ​ភ្លឺ​ដូច​ចន្លុះ​កំពុង​តែ​ឆេះ។ ៤០ ពល‌ទាហាន​មួយ​ក្រុម​របស់​ស្ដេច​ស្ថិត​នៅ​លើ​កំពូល​ភ្នំ ហើយ​មួយ​ក្រុម​ទៀត​នៅ​ជើង​ភ្នំ។ កង‌ទ័ព​នោះ​ចេញ​ទៅ​ប្រយុទ្ធ​ដោយ​មាន​របៀប​រៀប‌រយ និង​អង់​អាច​គ្មាន​ខ្លាច​អ្វី​ឡើយ។ ៤១ រីឯ​កង‌ទ័ព​អ៊ីស្រា‌អែល​វិញ គេ​ព្រួយ​បារម្ភ​ដោយ​ឮ​ស្នូរ​សន្ធឹក​កង‌ទ័ព​ដ៏​ច្រើន​យ៉ាង​នេះ និង​ស្នូរ​អាវុធ​ប៉ះ​ទង្គិច​គ្នា​ផង។ កង‌ទ័ព​នេះ​ពិត​ជា​ច្រើន​សន្ធឹក​សន្ធាប់ និង​ខ្លាំង​ក្លា​មែន។ ៤២ លោក​យូដា និង​កង‌ទ័ព​របស់​លោក​ចេញ​ទៅ​ប្រយុទ្ធ បាន​សម្លាប់​ពល‌ទាហាន​របស់​ស្ដេច ចំនួន​ប្រាំ‌មួយ‌រយ​នាក់​ភ្លាម។ ៤៣ លោក​អេឡា‌សា ដែល​ហៅ​ថា​អវ៉ា‌រ៉ន់ ឃើញ​ដំរី​មួយ‌ពាក់​កែប និង​គ្រឿង​សឹក​របស់​ព្រះ‌រាជា ហើយ​មាន​មាឌ​ខ្ពស់​ជាង​ដំរី​ឯទៀត​ទាំង​អស់។ លោក​នឹក​គិត​ថា ស្ដេច​គង់​លើ​ដំរី​នោះ។ ៤៤ លោក​សុខ‌ចិត្ត​បូជា​ជីវិត​ដើម្បី​សង្គ្រោះ​ប្រជាជន​របស់​ខ្លួន និង​ដើម្បី​មាន​កិត្តិ‌នាម​ល្បី‌ល្បាញ​អស់​កល្ប‌ជានិច្ច។ ៤៥ លោក​រត់​យ៉ាង​អង់​អាច សំដៅ​ទៅ​ដំរី​ដែល​នៅ​កណ្ដាល​ទ័ព​ថ្មើរ​ជើង ទាំង​ប្រហារ​ជីវិត​ពល‌ទាហាន​នៅ​សង​ខាង ធ្វើ​ឲ្យ​ពួក​សត្រូវ​នាំគ្នា​គេច​ចេញ​ពី​មុខ​លោក។ ៤៦ លោក​ចូល​ពី​ក្រោម​ពោះ​ដំរី​នោះ ហើយ​វាយ​ប្រហារ​ពី​ក្រោម ដំរី​ក៏​ដួល ហើយ​សង្កត់​លោក​អេឡា‌សារ​ដែល​នៅ​ពី​ក្រោម​ស្លាប់​នៅ​នឹង​កន្លែង។ ៤៧ ជន​ជាតិ​យូដា​ឃើញ​កម្លាំង​ដ៏​ខ្លាំង​ក្លា​របស់​ស្ដេច​ដូច្នេះ ក៏​ដក​ទ័ព​ថយ​ក្រោយ។
ខ្មាំង​ឡោម‌ព័ទ្ធ​ក្រុង​បេតសួរ
៤៨ កង‌ទ័ព​របស់​ស្ដេច​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​វាយ​កង‌ទ័ព​យូដា ហើយ​ឡោម‌ព័ទ្ធ​ក្រុង​នានា​នៅ​ស្រុក​យូដា និង​ភ្នំ​ស៊ីយ៉ូន។ ៤៩ ព្រះ‌រាជា​ប្រទាន​សន្តិ‌ភាព​ដល់​អ្នក​ក្រុង​បេតសួរ។ ពួក​គេ​ចាក​ចេញ​ពី​ទី​ក្រុង ដ្បិត​ពួក​គេ​គ្មាន​ស្បៀង​អាហារ ពុំ​អាច​ប្រយុទ្ធ​នឹង​កង‌ទ័ព​ដែល​ឡោម‌ព័ទ្ធ​នោះ​ឡើយ ដ្បិត​ឆ្នាំ​នេះ​ជា​ឆ្នាំ​សប្ប័ទ។ ៥០ ស្ដេច​ដណ្ដើម​យក​ក្រុង​បេតសួរ​មក​កាន់​កាប់ ហើយ​ដាក់​កង‌ទ័ព​នៅ​គ្រប់​គ្រង​ទៀត​ផង។ ៥១ បន្ទាប់​មក ព្រះ‌រាជា​ឡោម‌ព័ទ្ធ​ព្រះ‌វិហារ​ក្រុង​យេរូ‌សាឡឹម​អស់​ពេល​ជា​យូរ​ថ្ងៃ ព្រម​ទាំង​ដំឡើង​គ្រឿង​ចម្បាំង​ផ្សេងៗ មាន​គ្រឿង​បាញ់​ថ្ម បាញ់​ភ្លើង បាញ់​ព្រួញ​ដង្ហក់​ជា​ដើម។ ៥២ កង‌ទ័ព​យូដា​ក៏​ដំឡើង​គ្រឿង​ចម្បាំង​ផ្សេង​ទៀត ដើម្បី​ទប់​ទល់​នឹង​គ្រឿង​សឹក​របស់​សត្រូវ​ដែរ ហើយ​ច្បាំង​ជា​មួយ​ពួក​ខ្មាំង​ជា​យូរ​ថ្ងៃ។ ៥៣ ប៉ុន្តែ គ្មាន​ស្បៀង​អាហារ​ក្នុង​ឃ្លាំង​ទេ ព្រោះ​ឆ្នាំ​នោះ​ជា​ឆ្នាំ​សប្ប័ទ ហើយ​ប្រជាជន​អ៊ីស្រា‌អែល​ដែល​រស់​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ ទើប​នឹង​ត្រឡប់​មក​ស្រុក​យូដា​វិញ បាន​បរិភោគ​អាហារ​ដែល​ត្រៀម​ទុក​នោះ​អស់​ទៅ។ ៥៤ ដូច្នេះ គេ​ទុក​កង‌ទ័ព​តែ​មួយ​ចំនួន​តូច​នៅ​ក្នុង​ព្រះ‌វិហារ ព្រោះ​ប្រជា‌ជន​ខ្វះ​ខាត និង​ស្រេក​ឃ្លាន​យ៉ាង​ខ្លាំង ប្រជាជន​ដទៃ​ទៀត​ក៏​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​ដែរ។
ព្រះ‌បាទ​អន់ទី‌យ៉ូគូស​ប្រទាន​សេរី‌ភាព​ខាង​សាសនា
៥៥ លោក​លី‌ស៊ីយ៉ា​ជ្រាប​ថា កាល​ព្រះ‌បាទ​អន់ទី‌យ៉ូគូស​មាន​ព្រះ‌ជន្ម​រស់​នៅ​ឡើយ ព្រះ‌អង្គ​បាន​ផ្ញើ បុត្រា​ឲ្យ​លោក​ភីលីព​អប់រំ ដើម្បី​ឡើង​គ្រង‌រាជ្យ។ ៥៦ គាត់​ទទួល​ដំណឹង​ថា លោក​ភីលីព​ត្រឡប់​ពី​ស្រុក​ពែរ្ស និង​ស្រុក​ម៉ែដ​ជា​មួយ​កង‌ទ័ព​របស់​ស្ដេច ហើយ​បម្រុង​ត្រួត‌ត្រា​រាជា‌ណាចក្រ​ទៀត​ផង។ ៥៧ កាល​លោក​លី‌ស៊ីយ៉ា​ជ្រាប​ដំណឹង​នេះ គាត់​រៀប​ចំ​ចេញ​ដំណើរ​ជា​ប្រញាប់។ គាត់​ទូល​ស្ដេច ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​មេ‌ទ័ព និង​ពល‌ទាហាន​ទាំង​អស់​ថា៖ «កម្លាំង​របស់​យើង​កាន់​តែ​ចុះ​ខ្សោយ​ជា​រៀង​រាល់​ថ្ងៃ ហើយ​ស្បៀង​អាហារ​របស់​យើង​ក៏​កាន់​តែ​ខ្វះ​ខាត​យ៉ាង​ខ្លាំង​ដែរ។ រីឯ​កន្លែង​ដែល​យើង​ឡោម‌ព័ទ្ធ​នេះ​ក៏​រឹង​មាំ កិច្ច‌ការ​គ្រប់​គ្រង​រាជា​ណា​ចក្រ​ក៏​ធ្លាក់​លើ​យើង​ទាំង​ស្រុង​ដែរ។ ៥៨ ដូច្នេះ ឥឡូវ​នេះ យើង​នាំ​គ្នា​ស្រុះ​ស្រួល​ជា​មួយ​ជន​ជាតិ​ទាំង​នោះ ហើយ​ចរចា​រក​សន្តិ‌ភាព​ជា​មួយ​ពួក​គេ និង​ជា​មួយ​ជន​ជាតិ​យូដា​ទាំង​មូល​ផង។ ៥៩ យើង​គួរ​អនុញ្ញាត​ឲ្យ​គេ​រស់​នៅ​ស្រប តាម​ទំនៀម​ទម្លាប់​របស់​គេ​ដូច​កាល​ពី​មុន​ចុះ។ ពួក​គេ​ខឹង​ប្រទូស‌រ៉ាយ និង​បះ‌បោរ​ដូច្នេះ ព្រោះ​យើង​ហាម​ពួក​គេ​ធ្វើ​តាម​ទំនៀម​ទម្លាប់​របស់​ពួក​គេ»។ ៦០ ស្ដេច​គាប់​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​នេះ ហើយ​ពួក​មេទ័ព​ក៏​ពេញ​ចិត្ត​ដែរ។ ដូច្នេះ លោក​លី‌ស៊ីយ៉ា​បញ្ជូន​គម្រោង​ការ​ចរចា​សុំ​សន្តិ‌ភាព​ជា​មួយ​ប្រជាជន​យូដា ហើយ​ជន​ជាតិ​យូដា​ក៏​យល់​ព្រម​នឹង​គម្រោង‌ការ​នេះ​ដែរ។ ៦១ ព្រះ‌រាជា និង​មេ‌ទ័ព​ទាំង​អស់​ស្បថ​ថា​នឹង​គោរព​សន្ធិ‌សញ្ញា​នេះ ហើយ​ចាក​ចេញ​ពី​បន្ទាយ​ទៅ។ ៦២ ព្រះ‌មហា​ក្សត្រ​យាង​ចូល​ទៅ​ដល់​ភ្នំ​ស៊ីយ៉ូន ហើយ​ទត​ឃើញ​កំពែង​ការ‌ពារ​កន្លែង​នោះ។ ព្រះ‌អង្គ​បាន​បំពាន​ព្រះ‌បន្ទូល​សម្បថ ហើយ​បញ្ជា​ឲ្យ​កម្ទេច​កំពែង​ដែល​នៅ​ជុំ​វិញ​ភ្នំ​នោះ​ចោល ៦៣ រួច​យាង​ត្រឡប់​ទៅ​ក្រុង​អន់ទី‌យ៉ូក​វិញ​យ៉ាង​ប្រញាប់ ប៉ុន្តែ ក្រុង​អន់ទី‌យ៉ូក​បាន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​លោក​ភីលីព​រួច​ទៅ​ហើយ។ ស្ដេច​វាយ​ដណ្ដើម​យក​ក្រុង​នោះ​មក​វិញ ដោយ​ប្រើ​កម្លាំង​ទ័ព។
ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ឡើង​សោយ‌រាជ្យ
 នៅ​ឆ្នាំ ១៥១ ព្រះ‌អង្គម្ចាស់​ដេម៉េ‌ទ្រីយ៉ូស ជា​បុត្រ​របស់​ព្រះ‌បាទ​សេលើ‌គូស រត់​ចេញ​ពី​ក្រុង​រ៉ូម ទាំង​នាំ​ពល‌ទាហាន​មួយ​ក្រុម​តូច​មក​ជា​មួយ​ផង។ ព្រះ‌អម្ចាស់​យាង​ទៅ​គង់​ក្នុង​ក្រុង​មួយ​នៅ​តាម​ឆ្នេរ​សមុទ្រ ហើយ​ប្រកាស​ខ្លួន​ជា​ស្ដេច​សោយ‌រាជ្យ។  ពេល​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​យាង​ចូល​ទៅ​រាជ​វាំង​របស់​អយ្យ‌កោ​កង‌ទ័ព​បាន​ចាប់​ព្រះ​បាទ​អន់​ទី‌យ៉ូគូស និង​លោក​លី‌ស៊ីយ៉ា​បម្រុង​នឹង​បញ្ជូន​មក​ថ្វាយ​ស្ដេច។  ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ជ្រាប​ដំណឹង​នេះ​ហើយ ក៏​មាន​រាជ‌ឱង្ការ​ថា៖ «យើង​មិន​ចង់​ឃើញ​មុខ​ពួក​គេ​ទេ!»។  ដូច្នេះ កង‌ទ័ព​ប្រហារ​ជីវិត​លោក​ទាំង​ពីរ ហើយ​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ក៏​ឡើង​សោយ‌រាជ្យ។  នៅ​គ្រា​នោះ ជន‌ពាល​ក្បត់​សាសនា ដែល​រស់​នៅ​ស្រុក​អ៊ីស្រា‌អែល​មួយ​ចំនួន ចូល​មក​គាល់​ស្ដេច ដោយ​មាន​លោក​អាល‌គីម​ជា​អ្នក​នាំ​មុខ​គេ។ លោក​អាល‌គីម​នោះ​មាន​ចិត្ត​លោភ​លន់ ចង់​បាន​មុខ​ងារ​ជា​មហា​បូជា‌ចារ្យ។  ពួក​គេ​ក៏​និយាយ​មួល​បង្កាច់​ប្រជាជន​របស់​ខ្លួន ដោយ​ទូល​ស្ដេច​ថា៖ «លោក​យូដា និង​បង‌ប្អូន​គាត់ បាន​សម្លាប់​អស់​អ្នក​ដែល​គាំ​ទ្រ​ស្ដេច ហើយ​បណ្ដេញ​ទូល​បង្គំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​ទៀត​ផង។  ហេតុ​នេះ សូម​ព្រះ‌ករុណា​ចាត់​មនុស្ស​ម្នាក់​ដែល​គួរ​ទុក​ចិត្ត ឲ្យ​ទៅ​ពិនិត្យ​មើល​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​លោក​យូដា​បាន​បំផ្លាញ​នៅ​លើ​ទឹក​ដី​របស់​ទូល​បង្គំ​យើង​ខ្ញុំ និង​ក្នុង​ស្រុក​ព្រះ‌ករុណា។ សូម​ព្រះ‌អង្គ​ដាក់​ទោស​លោក​យូដា បង‌ប្អូន​គាត់ និង​បក្ស​ពួក​ដែល​ជួយ​គេ​ផង»។
បេសក‌កម្ម​របស់​លោក​បាកឃីដែស
 ព្រះ‌មហា​ក្សត្រ​ជ្រើស‌រើស​លោក​បាកឃី‌ដែស ជា​មន្ត្រី​ជំនិត ដែល​ត្រួត​លើ​ស្រុក​នៅ​ខាង​នាយ​ទន្លេ​អឺប្រាត។ លោក​មាន​ឋានៈ​ខ្ពង់​ខ្ពស់​ក្នុង​រាជា‌ណាចក្រ ហើយ​ស្មោះ‌ត្រង់​ចំពោះ​ស្ដេច។  ព្រះ‌រាជា​ចាត់​លោក​ឲ្យ​ទៅ​ជា​មួយ​ជន‌ពាល​អាល‌គីម។ ព្រះ‌អង្គ​ក៏​តែង​តាំង​លោក​អាល‌គីម​ឲ្យ​បំពេញ​មុខ​ងារ​ជា​មហា​បូជា‌ចារ្យ ហើយ​បញ្ជា​ឲ្យ​លោក​អាល‌គីម​ធ្វើ​បាប​ជន​ជាតិ​យូដា ដើម្បី​សង​សឹក។ លោក​ទាំង​ពីរ​ចេញ​ដំណើរ​ដោយ​នាំ​កង‌ទ័ព​ជា​ច្រើន​ទៅ​ជា​មួយ​ផង។ លុះ​មក​ដល់​ស្រុក​យូដា គេ​ចាត់​អ្នក​នាំ​សារ​ទៅ​ជួប​លោក​យូដា និង​បង‌ប្អូន​លោក ដើម្បី​ចចារ​សុំ​សន្តិ‌ភាព ក្នុង​គោល​បំណង​បញ្ឆោត​អស់​លោក។ ១១ ប៉ុន្តែ ជន​ជាតិ​យូដា​ឃើញ​ថា លោក​ទាំង​ពីរ​មក​ស្រុក​គេ​ទាំង​នាំ​កង‌ទ័ព​ដ៏​ខ្លាំង​ពូកែ​មក​ជា​មួយ​ផង​នោះ គេ​ក៏​មិន​ជឿ​ទុក​ចិត្ត​លើ​កិច្ច​ចរចា​របស់​លោក​ទាំង​ពីរ​ទេ។ ១២ ប៉ុន្តែ មាន​គណៈ‌កម្មការ​ធម្មា‌ចារ្យ​ទៅ​ជួប​ជុំ​នៅ​ផ្ទះ​លោក​អាល‌គីម និង​លោក​បាកឃី‌ដែស ដើម្បី​ចរចា​ស្វែង​រក​សន្តិ‌ភាព​ដ៏​ត្រឹម​ត្រូវ។ ១៣ ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល មាន​ពួក​ហាស្ស៊ី‌ឌីម​សុខ​ចិត្ត​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិ‌ភាព​មុន​គេ។ ១៤ ពួក​ហាស្ស៊ី‌ឌីម​នោះ​និយាយ​ថា៖ «លោក​អាល‌គីម​ដែល​មក​ជា​មួយ​កង‌ទ័ព​របស់​ស្ដេច ជា​បូជា‌ចារ្យ​ម្នាក់​ក្នុង​វង្ស​ត្រកូល​លោក​អរ៉ុន! លោក​មុខ​ជា​មិន​ប្រព្រឹត្ត​អំពើ​ទុច្ច‌រិត​ចំពោះ​ពួក​យើង​ទេ!»។ ១៥ លោក​អាល‌គីម​ចេះ​តែ​ពោល​ជា​មួយ​គេ​អំពី​សន្តិ‌ភាព ហើយ​អះ​អាង​ដោយ​ស្បថ​ថា៖ «យើង​នឹង​មិន​ធ្វើ​បាប​អ្វី​ចំពោះ​បង‌ប្អូន ឬ​ចំពោះ​មិត្ត​ភក្ដិ​របស់​បង‌ប្អូន​ឡើយ!»។ ១៦ ពួក​គេ​ជឿ​ទុក​ចិត្ត​ពាក្យ​សម្ដី​ផ្អែម​ល្ហែម​របស់​លោក​អាល‌គីម។ ប៉ុន្តែ លោក​អាល‌គីម​ចាប់​ពួក​ហាស្ស៊ី‌ឌីម​ចំនួន​ហុក‌សិប​នាក់ យក​ទៅ​ប្រហារ​ជីវិត​ក្នុង​ថ្ងៃ​តែ​មួយ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា៖ ១៧ «ពួក​គេ​បាន​បង្ហូរ​ឈាម​អ្នក​បម្រើ​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ ព្រម​ទាំង​ទុក​សាក​សព​ចោល​ពាស​ពេញ​នៅ​ជុំវិញ​ក្រុង​យេរូ‌សាឡឹម។ គ្មាន​នរណា​ម្នាក់​យក​សាក​សព​របស់​គេ​ទៅ​បញ្ចុះ​ឡើយ»។ ១៨ ពេល​នោះ ប្រជាជន​ទាំង​អស់​ជ្រួល​ច្របល់ និង​ភ័យ​ខ្លាច ហើយ​និយាយ​ថា៖ «ពួក​នេះ​ជា​មនុស្ស​កុហក​បោក​ប្រាស់ ប្រព្រឹត្ត​អំពើ​ទុច្ច‌រិត គេ​មិន​គោរព​កិច្ច​ព្រម​ព្រៀង និង​បំពាន​សម្បថ​របស់​គេ​ហើយ»។ ១៩ រីឯ​លោក​បាកឃីដែស​វិញ លោក​ចាក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម ទៅ​បោះ​ទ័ព​នៅ​ក្រុង​បេត‌សែត។ លោក​បញ្ជា​ឲ្យ​គេ​ទៅ​ចាប់​ជន​ជាតិ​យូដា​ជា​ច្រើន ដែល​ចូល​ខាង​លោក និង​ប្រជាជន​ខ្លះ​យក​ទៅ​កាត់​ក ហើយ​យក​សាក​សព​របស់​ពួក​គេ ទៅ​បោះ​ចោល​ក្នុង​អណ្តូង​ដ៏​ជ្រៅ​មួយ។ ២០ លោក​ប្រគល់​អាណា​ខេត្ត​នេះ​ឲ្យ​លោក​អាល‌គីម​កាន់​កាប់ ព្រម​ទាំង​ទុក​កង‌ទ័ព​សម្រាប់​ជួយ​លោក​ផង រួច​លោក​បាកឃីដែស​វិល​ត្រឡប់​ទៅ​រក​ព្រះ‌មហា​ក្សត្រ​វិញ។ ២១ លោក​អាល‌គីម​ខិត​ខំ​រិះ​រក​មធ្យោបាយ ដើម្បី​ឲ្យ​ប្រជាជន​ទទួល​ស្គាល់​លោក ជា​មហា​បូជា‌ចារ្យ។ ២២ ពួក​អ្នក​បង្ក​ចលាចល​ក្នុង​ចំណោម​ប្រជាជន ក៏​បាន​ចូល​រួម​ជា​មួយ​ដែរ។ ពួក​គេ​កាន់​កាប់​ស្រុក​យូដា និង​ធ្វើ​បាប​ជន​ជាតិ​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង​ផង។ ២៣ លោក​យូដា​យល់​ឃើញ​ថា លោក​អាល‌គីម និង​បក្ស​ពួក​គេ ធ្វើ​បាប​ចំពោះ​ជន​ជាតិ​អ៊ីស្រា‌អែល​ខ្លាំង​ជាង​សាសន៍​ដទៃ ដែល​បាន​ធ្វើ​បាប​ប្រជាជន​អ៊ីស្រា‌អែល​ពី​មុន​នោះ​ទៅ​ទៀត។ ២៤ ដូច្នេះ លោក​ធ្វើ​ដំណើរ​ទៅ​គ្រប់​តំបន់​នៃ​ស្រុក​យូដា​ទាំង​មូល។ លោក​ប្រហារ​ជីវិត​ពួក​ក្បត់​សាសនា និង​រារាំង​ផ្លូវ​ពួក​គេ​មិន​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ឡើយ។
លោក​នីកា‌ន័រ
២៥ លោក​អាល‌គីម​យល់​ឃើញ​ថា លោក​យូដា និង​មិត្ត​ភក្តិ​របស់​លោក មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើងៗ មិន​អាច​ទប់​ទល់​បាន​ដូច្នេះ គាត់​ក៏​ត្រឡប់​ទៅ​គាល់​ព្រះ‌មហា​ក្សត្រ​វិញ ហើយ​ចោទ​ប្រកាន់​ថា ពួក​គេ​ប្រព្រឹត្ត​ការ​អាក្រក់​ជា​ច្រើន។
២៦ ព្រះ‌រាជា​ចាត់​លោក​នីកា‌ន័រ ជា​មេ‌ទ័ព​ម្នាក់​ក្នុង​ចំណោម​មេ‌ទ័ព​ដែល​មាន​ឈ្មោះ​ល្បី​ជាង​គេ ជា​អ្នក​ដែល​ស្អប់ ហើយ​ប្រឆាំង​ជន​ជាតិ​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង។ លោក​ទទួល​រាជ‌បញ្ជា​ឲ្យ​ប្រល័យ​ពូជ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់។ ២៧ លោក​មក​ដល់​ក្រុង​យេរូ‌សាឡឹម ទាំង​នាំ​កង‌ទ័ព​ជា​ច្រើន​មក​ជា​មួយ​ផង។ លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យូដា និង​បង‌ប្អូន​របស់​លោក​អំពី​សន្តិ‌ភាព ដោយ​មាន​បំណង​ចង់​បញ្ឆោត​គេ​ថា៖ ២៨ «យើង​មិន​ត្រូវ​វាយ​ប្រយុទ្ធ​គ្នា​ឡើយ។ ខ្ញុំ​មក​ជួប​អស់​លោក ដើម្បី​ចរចា​រក​សន្តិ‌ភាព ខ្ញុំ​នាំ​កង​ការ‌ពារ​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​មក​ជា​មួយ»។ ២៩ លោក​មក​ដល់​ផ្ទះ​លោក​យូដា ហើយ​លោក​ទាំង​ពីរ​សួរ​សុខ​ទុក្ខ​គ្នា​ដូច​មិត្ត​ធម្មតា ប៉ុន្តែ ពួក​សត្រូវ​ត្រៀម​នឹង​ចាប់​លោក​យូដា។ ៣០ លោក​យូដា​យល់​ឃើញ​ថា លោក​នីកា‌ន័រ​មក​ផ្ទះ​គាត់​នេះ គឺ​មាន​គម្រោង​បោក​បញ្ឆោត គាត់​ភ័យ​ខ្លាច ហើយ​មិន​ព្រម​និយាយ​ចរចា​ទៀត​ឡើយ។ ៣១ ពេល​នោះ លោក​នីកា‌ន័រ​យល់​ឃើញ​ថា គេ​ស្គាល់​កល‌ល្បិច​របស់​ខ្លួន ក៏​នាំ​កង‌ទ័ព​ទៅ​ប្រយុទ្ធ​នឹង​លោក​យូដា នៅ​ក្បែរ​ក្រុង​ខាផា‌សាឡាម៉ា។ ៣២ ពេល​នោះ មាន​កង‌ទ័ព​របស់​លោក​នីកា‌ន័រ​ប្រហែល​ប្រាំ‌រយ​នាក់ បាត់​បង់​ជីវិត​នៅ​លើ​សមរ‌ភូមិ ហើយ​កង‌ទ័ព​ដែល​នៅ​សេស​សល់​ពី​ស្លាប់ រត់​គេច​ខ្លួន​ទៅ​កាន់​បុរី​ព្រះ‌បាទ​ដាវីឌ។ ៣៣ ក្រោយ​ពី​ហេតុ​ការណ៍​នោះ​មក លោក​នីកា‌ន័រ​ធ្វើ​ដំណើរ​ទៅ​កាន់​ភ្នំ​ស៊ីយ៉ូន។ ពេល​នោះ មាន​ក្រុម​បូជា‌ចារ្យ និង​ព្រឹទ្ធា‌ចារ្យ​ខ្លះ ចេញ​ពី​ព្រះ‌វិហារ​ទៅ​ទទួល​លោក​នីកា‌ន័រ​យ៉ាង​រាក់​ទាក់ ព្រម​ទាំង​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ដែល​គេ​ធ្លាប់​ថ្វាយ​ព្រះ‌ជាម្ចាស់ ដើម្បី​ឲ្យ​ព្រះ‌អង្គ​ប្រទាន‌ពរ​ដល់​ព្រះ‌មហា​ក្សត្រ។ ៣៤ ប៉ុន្តែ លោក​នីកា‌ន័រ​ចំអក ហើយ​ជេរ​ប្រមាថ​ពួក​គេ ដោយ​ពោល​ពាក្យ​យ៉ាង​ព្រហើន​ផង។ ៣៥ លោក​ខឹង​ជា​ខ្លាំង ហើយ​ស្បថ​ថា៖ «លើក​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បញ្ជូន​យូដា និង​កង‌ទ័ព​របស់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ​ទេ ហើយ​ប្រសិន​បើ​ខ្ញុំ​ទទួល​ជ័យ‌ជម្នះ​នោះ ពេល​ខ្ញុំ​វិល​ត្រឡប់​មក​វិញ ខ្ញុំ​មុខ​ជា​ដុត​បំផ្លាញ​ព្រះ‌វិហារ​នេះ​ចោល!»។ លោក​ចេញ​ទៅ​ទាំង​ក្រេវ​ក្រោធ​យ៉ាង​ខ្លាំង។ ៣៦ លោក​បូជា‌ចារ្យ​នាំ​គ្នា​ចូល​ខាង​ក្នុង​ព្រះ‌វិហារ​វិញ រួច​ឈរ​នៅ​មុខ​អាសនៈ និង​នៅ​មុខ​ព្រះ‌វិហារ ហើយ​ទូល​អង្វរ​ដោយ​យំ​ថា៖ ៣៧ «បពិត្រ​ព្រះ‌ជាម្ចាស់! ព្រះ‌អង្គ​បាន​ជ្រើស‌រើស​ព្រះ‌ដំណាក់​នេះ ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​ផ្ទាល់ ដើម្បី​ឲ្យ​ទៅ​ជា​កន្លែង​អធិដ្ឋាន និង​អង្វរ​ព្រះ‌អង្គ​ផង។ ៣៨ សូម​ព្រះ‌អង្គ​ព្រះ‌មេត្តា​ដាក់​ទោស​ជន​នេះ និង​កង‌ទ័ព​របស់​គេ! សូម​ឲ្យ​ពួក​គេ​ស្លាប់​ដោយ​មុខ​ដាវ! សូម​កុំ​បំភ្លេច​ពាក្យ​ប្រមាថ​របស់​ពួក​គេ! សូម​កុំ​ត្រា​ប្រណី​ពួក​គេ​ឡើយ»។
លោក​នីកា‌ន័រ​បាត់​បង់​ជីវិត
៣៩ លោក​នីកា‌ន័រ​ចាក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​បោះ​ទ័ព​នៅ​ក្រុង​បេត‌ហូរ៉ូន។ មាន​កង‌ទ័ព​ពី​ស្រុក​ស៊ីរី​ចូល​មក​រួម​ជា​មួយ​លោក​នៅ​ទី​នោះ។ ៤០ រីឯ​លោក​យូដា និង​ពល‌ទ័ព​ចំនួន​បី​ពាន់​នាក់​វិញ បាន​បោះ​ទ័ព​នៅ​ភូមិ​អាដា‌សា។ លោក​យូដា​ទូល​អង្វរ​ព្រះ‌ជាម្ចាស់​ដូច​ត​ទៅ៖ ៤១ «បពិត្រ​ព្រះ‌ជាម្ចាស់! កាល​ពី​ដើម នៅ​ពេល​មាន​អ្នក​នាំ​សារ​របស់​ស្ដេច​ប្រមាថ​ព្រះ‌អង្គ ទេវទូត​របស់​ព្រះ‌អង្គ​យាង​មក ហើយ​ប្រហារ​ជីវិត​សត្រូវ អស់​មួយ​សែន​ប្រាំបី‌ម៉ឺន​ប្រាំ‌ពាន់​នាក់។ ៤២ នៅ​ថ្ងៃ​នេះ សូម​ព្រះ‌អង្គ​កម្ទេច​កង‌ទ័ព​នោះ នៅ​មុខ​ពួក​យើង​ខ្ញុំ​ផង! សូម​ឲ្យ​កង‌ទ័ព​ឯទៀតៗ​ដឹង​ថា លោក​នីកា‌ន័រ​បាន​ជេរ​ប្រមាថ​ទី​សក្ការៈ​របស់​ព្រះ‌អង្គ។ សូម​ដាក់​ទោស​គាត់ តាម​អំពើ​អាក្រក់​ដែល​គាត់​បាន​ធ្វើ»។ ៤៣ ថ្ងៃ​ទី​១៣ ខែ​អាដារ ដែល​ត្រូវ​នឹង​ខែ​ផល្គុន កង‌ទ័ព​ទាំង​ពីរ​ប្រយុទ្ធ​គ្នា ហើយ​កង‌ទ័ព​របស់​លោក​យូដា​កម្ទេច​កង‌ទ័ព​របស់​លោក​នីកា‌ន័រ។ លោក​នីកា‌ន័រ​ក៏​បាត់​បង់​ជីវិត​នៅ​លើ​សមរ‌ភូមិ​មុន​គេ​បង្អស់។ ៤៤ កាល​ពល‌ទាហាន​របស់​លោក​នីកា‌ន័រ​ឃើញ​ថា មេទ័ព​របស់​ខ្លួន​ត្រូវ​គេ​សម្លាប់​ហើយ ពួក​គេ​បោះ​អាវុធ​ចោល ហើយ​រត់​យក​តែ​ប្រាស​អាយុ​គ្រប់ៗ​គ្នា។ ៤៥ កង‌ទ័ព​យូដា​ដេញ​តាម​ពួក​គេ​អស់​មួយ​ថ្ងៃ តាំង​ពី​ក្រុង​អាដា‌សារ រហូត​ដល់​ទី​វាល​ក្បែរ​ក្រុង​ហ្កា‌សារ៉ា ព្រម​ទាំង​មាន​ស្នូរ​ត្រែ​លាន់​ឮ​រំពង​ទៀត​ផង។ ៤៦ ប្រជាជន​យូដា​ចេញ​ពី​គ្រប់​ភូមិ​មក​ឡោម‌ព័ទ្ធ​ពួក​គេ និង​ដេញ​កៀង​ពួក​គេ​ទៅ​ឲ្យ​កង‌ទ័ព​របស់​លោក​យូដា។ សត្រូវ​ដួល​នៅ​មុខ​ដាវ ហើយ​គ្មាន​នរណា​ម្នាក់​រត់​រួច​ពី​ស្លាប់​ឡើយ។ ៤៧ ជន​ជាតិ​យូដា​ប្រមូល​អាវុធ​របស់​សត្រូវ និង​ជយ‌ភណ្ឌ។ គេ​កាត់​ក និង​ដៃ​ស្តាំ​របស់​លោក​នីកា‌ន័រ គឺ​ដៃ​ដែល​លោក​បាន​លើក​ឡើង​យ៉ាង​ព្រហើន​ប្រឆាំង​នឹង​ព្រះ‌វិហារ។ គេ​យក​ទាំង​ក្បាល និង​ដៃ​របស់​លោក ទៅ​តាំង​នៅ​ក្រុង​យេរូ‌សាឡឹម ឲ្យ​មនុស្ស​ម្នា​ឃើញ​គ្រប់ៗ​គ្នា។ ៤៨ ប្រជាជន​យូដា​ត្រេក​អរ​យ៉ាង​ក្រៃ​លែង គេ​នាំ​គ្នា​ធ្វើ​បុណ្យ​នៅ​ថ្ងៃ​នោះ​ផង។ ៤៩ គេ​ចេញ​ច្បាប់​កំណត់​យក​ថ្ងៃ​ទី ១៣ ខែ​អាដារ ដែល​ត្រូវ​នឹង​ខែ​ផល្គុន ឲ្យ​ប្រជាជន​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ជា​រៀង​រាល់​ឆ្នាំ។ ៥០ សន្តិ‌ភាព​ក៏​កើត​មាន​ក្នុង​ស្រុក​យូដា​តែ​ក្នុង‌រយៈ​ពេល​ដ៏​ខ្លី​ប៉ុណ្ណោះ។
ពាក្យ​សរសើរ​ជន​ជាតិ​រ៉ូម៉ាំង
 លោក​យូដា​ឮ​គេ​និយាយ​អំពី​ឈ្មោះ​ល្បី​របស់​ជន​ជាតិ​រ៉ូម៉ាំង គឺ​ជន​ជាតិ​នោះ​សុទ្ធ​តែ​ជា​អ្នក​ចម្បាំង​ដ៏​អង់​អាច។ ពួក​គេ​មាន​ចិត្ត​សប្បុរស​ចំពោះ​ប្រជាជន​ដែល​ចូល​រួម​ជា​មួយ​គេ។ ពួក​គេ​តែង​តែ​គាំ​ទ្រ​អស់​អ្នក​ដែល​សូម​ទាក់​ទង​ជា​មួយ​ពួក​គេ។ ជន​ជាតិ​នោះ​សុទ្ធ​តែ​ជា​អ្នក​ចម្បាំង​ដ៏​អង់​អាច​មែន។  គេ​រៀប​រាប់​ប្រាប់​លោក​យូដា អំពី​ការ​ធ្វើ​សង្គ្រាម​របស់​ពួក​គេ ជា​ពិសេស ជ័យ‌ជម្នះ​ដ៏​អស្ចារ្យ​របស់​ពួក​គេ​នៅ​ស្រុក​ហ្គោល គឺ​ពួក​គេ​បាន​បង្ក្រាប​អ្នក​ស្រុក ហើយ​បង្ខំ​ឲ្យ​បង់​សួយ​សារ​អាករ​ទៀត​ផង។  គេ​រៀប​រាប់​អំពី​សឹក​សង្គ្រាម​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​នៅ​ស្រុក​អេស្ប៉ាញ ដើម្បី​ដណ្ដើម​យក​រ៉ែ​មាស និង​ប្រាក់​នៅ​ស្រុក​នោះ។  ទោះ​ជា​ស្រុក​នេះ​នៅ​ឆ្ងាយ​ពី​ក្រុង​រ៉ូម​ក៏​ដោយ ក៏​ពួក​គេ​វាយ​ដណ្ដើម​យក​ស្រុក​នោះ​បាន ដោយ​ប្រាជ្ញា​វាង‌វៃ និង​ចិត្ត​ព្យាយាម​របស់​ពួក​គេ។ ជន​ជាតិ​រ៉ូម៉ាំង​មាន​ជ័យ‌ជម្នះ​លើ​ស្ដេច​ទាំង​ប៉ុន្មាន ដែល​យាង​មក​ពី​ស្រុក​ដាច់​ស្រយាល​នៃ​ផែន​ដី ដើម្បី​វាយ​ប្រហារ​ពួក​គេ។ ពួក​គេ​ក៏​បាន​វាយ​កម្ទេច​ស្ដេច​ទាំង​នោះ​ដែរ នាំ​ឲ្យ​ស្ដេច​ទាំង​នោះ​ទទួល​ការ​អន្ត‌រាយ​ជា​ទម្ងន់ ហើយ​បង្ខំ​ស្ដេច​ឯទៀតៗ​ឲ្យ​បង់​សួយ​សារ​អាករ​ប្រចាំ​ឆ្នាំ។  ទី​បញ្ចប់ ជន​ជាតិ​រ៉ូម៉ាំង​បាន​វាយ​ឈ្នះ​ព្រះ‌បាទ​ភីលីព និង​ព្រះ‌បាទ​ពែរ‌សេ ជា​ស្ដេច​ស្រុក​ម៉ាសេ‌ដូន ព្រម​ទាំង​បង្ក្រាប​ជន​ជាតិ​ណា​ដែល​លើក​គ្នា​ប្រឆាំង​នឹង​ពួក​គេ​ទៀត​ផង។
 ព្រះ‌បាទ​អន់ទី‌យ៉ូគូស ជា​ស្ដេច​ស្រុក​អាស៊ី យាង​ចេញ​ទៅ​ប្រយុទ្ធ​នឹង​ជន​ជាតិ​រ៉ូម៉ាំង ដោយ​នាំ​ទ័ព​ដំរី​ចំនួន​១២០​ក្បាល កង‌ទ័ព‌សេះ រទេះ​ចម្បាំង និង​កង‌ទ័ព​ថ្មើរ​ជើង​ជា​ច្រើន​ទៅ​ជា​មួយ​ផង។ ប៉ុន្តែ ជន​ជាតិ​រ៉ូម៉ាំង​វាយ​កម្ទេច​កង‌ទ័ព​ទាំង​នោះ  ចាប់​ស្ដេច​ទាំង​រស់ និង​បង្ខំ​ទាំង​ព្រះ‌រាជា ទាំង​ស្ដេច​ដែល​ស្នង​រាជ្យ បន្ទាប់ៗ​មក ឲ្យ​បង់​សួយ​សារ​អាករ​មួយ​ដ៏​ធ្ងន់​តាម​ពេល​កំណត់ ព្រម​ទាំង​ត្រូវ​បញ្ជូន​ជា​ចំណាប់​ខ្មាំង​ទៀត​ផង។ ជន​ជាតិ​រ៉ូម៉ាំង​ក៏​រំដោះ  ស្រុក​ឥណ្ឌា ស្រុក​ម៉ែដ ស្រុក​លីឌី និង​អាណា​ខេត្ត​ខ្លះ​ដ៏​ល្អ​ជាង​គេ ពី​ការ​គ្រប់​គ្រង​របស់​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ថ្វាយ​ព្រះ‌បាទ​អើ‌មែន​ដែរ។  ជន​ជាតិ​ក្រិក​សម្រេច​ចិត្ត​ទៅ​វាយ​កម្ទេច​ជន​ជាតិ​រ៉ូម៉ាំង ឲ្យ​សាប‌សូន្យ។ ១០ ជន​ជាតិ​រ៉ូម៉ាំង​ជ្រាប​គម្រោង‌ការ​នេះ ហើយ​ចាត់​មេ‌ទ័ព​តែ​ម្នាក់​ឲ្យ​ចេញ​ទៅ​ច្បាំង​នឹង​ពួក​គេ។ ពល‌ទាហាន​ក្រិក​ជា​ច្រើន​ស្លាប់​នៅ​លើ​សមរ‌ភូមិ ហើយ​ជន​ជាតិ​រ៉ូម៉ាំង​ចាប់​ប្រពន្ធ​កូន​ពួក​គេ​នាំ​យក​ទៅ​ជា​ឈ្លើយ។ ជន​ជាតិ​រ៉ូម៉ាំង​រឹប​អូស​ទ្រព្យ‌សម្បត្តិ​របស់​ពួក​គេ ធ្វើ​ជា​ជយ‌ភណ្ឌ គ្រប់​គ្រង​ស្រុក​របស់​ពួក​គេ កម្ទេច​កំពែង​ក្រុង​នានា​របស់​ពួក​គេ​ចោល ហើយ​យក​ជន​ជាតិ​ក្រិក​ធ្វើ​ជា​ទាសករ​រហូត​ដល់​សព្វ​ថ្ងៃ។
១១ ជន​ជាតិ​រ៉ូម៉ាំង​បាន​បំផ្លាញ និង​បង្ក្រាប​រាជា‌ណាចក្រ​ឯ​ទៀតៗ និង​កោះ​ទាំង​ប៉ុន្មាន​ដែល​ប្រឆាំង​នឹង​ពួក​គេ។ ១២ ប៉ុន្តែ ពួក​គេ​មាន​ចិត្ត​ស្មោះ‌ត្រង់​ចំពោះ​មិត្ត‌ភក្តិ​គេ ចំពោះ​អស់​អ្នក​ដែល​ចង​សម្ពន្ធ‌មេត្រី និង​ពឹង​ពាក់​គេ។ ជន​ជាតិ​រ៉ូម៉ាំង​បាន​បង្ក្រាប​ស្ដេច​ទាំង​ជិត ទាំង​ឆ្ងាយ។ អស់​អ្នក​ដែល​ឮ​កិត្តិនាម​របស់​គេ​នាំ​គ្នា​ភ័យ​ខ្លាច​ជា​ខ្លាំង។ ១៣ គេ​តែង​តាំង​អ្នក​ដែល​គេ​ទុក​ចិត្ត ឲ្យ​ធ្វើ​ជា​ស្ដេច គឺ​ជន​ណា​ដែល​ពួក​គេ​យល់​ឃើញ​ថា​គួរ​ឲ្យ​គ្រង​រាជ្យ និង​គួរ​ឲ្យ​ទទួល​ការ​ឧបត្ថម្ភ​ពី​ពួក​គេ។ រីឯ​ស្ដេច​ដទៃ​ទៀត ពួក​គេ​ទម្លាក់​ចុះ​ពី​បល្ល័ង្ក។ ឥឡូវ​នេះ​អំណាច​របស់​គេ​ឡើង​ដល់​កំពូល​ហើយ។ ១៤ ប៉ុន្តែ ទោះ​យ៉ាង​នេះ​ក្ដី ក៏​គ្មាន​ជន​ជាតិ​រ៉ូម៉ាំង​ណា​ម្នាក់​ឡើង​សោយ​រាជ្យ​ដោយ​ពាក់​មកុដ​ឬ​ពាក់​ព្រះ‌ភូសា​ឡើយ!។ ១៥ ពួក​គេ​បង្កើត​ព្រឹទ្ធ‌សភា​មួយ ដែល​មាន​សមា‌ជិក​៣២០​នាក់​ប្រជុំ​គ្នា​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​របស់​ប្រជាជន និង​រក​សេចក្ដី​សុខ‌សាន្ត​ឲ្យ​ប្រជាជន​ទៀត​ផង។ ១៦ រៀង​រាល់​ឆ្នាំ គេ​ផ្ញើ​អំណាច​លើ​មនុស្ស​តែ​ម្នាក់​ដែល​ពួក​គេ​តែង​តាំង ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​ពួក​គេ និង​ត្រួត‌ត្រា​លើ​ចក្រ‌ភព​ទាំង​មូល​របស់​គេ។ ប្រជាជន​ទាំង​អស់​ស្ដាប់​បង្គាប់​មនុស្ស​តែ​ម្នាក់​នោះ ដោយ​គ្មាន​ចិត្ត​ច្រណែន​ឈ្នានីស​ឡើយ។
ជន​ជាតិ​យូដា​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ជន​ជាតិ​រ៉ូម៉ាំង
១៧ លោក​យូដា​ជ្រើស‌រើស​លោក​អឺបួ‌លែម ជា​កូន​របស់​លោក​យ៉ូហាន ជា​ចៅ​របស់​លោក​អកូស ព្រម​ទាំង​លោក​យ៉ាសូន ជា​កូន​របស់​លោក​អេឡា‌សារ ហើយ​ចាត់​លោក​ទាំង​ពីរ​ឲ្យ​ទៅ​ក្រុង​រ៉ូម ដើម្បី​ចុះ​សន្ធិ​សញ្ញា និង​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ជន​ជាតិ​រ៉ូម៉ាំង។ ១៨ លោក​យូដា​ធ្វើ​ដូច្នេះ ដើម្បី​រំដោះ​ជន​ជាតិ​របស់​ខ្លួន ឲ្យ​រួច​ពី​នឹម​របស់​ពួក​ស៊ីរី​ដែល​ជិះ​ជាន់ និង​ធ្វើ​ឲ្យ​ប្រជាជន​អ៊ីស្រា‌អែល​ទៅ​ជា​ទាសករ​របស់​គេ។ ១៩ លោក​ទាំង​ពីរ​ចេញ​ដំណើរ​ទៅ​ក្រុង​រ៉ូម។ ក្រោយ​ពី​ធ្វើ​ដំណើរ​អស់‌រយៈ​ពេល​យ៉ាង​យូរ លោក​អឺប៉ូ‌លែម និង​លោក​យ៉ាសូន​មក​ដល់​ក្រុង​រ៉ូម ហើយ​ចូល​ទៅ​ជួប​ព្រឹទ្ធ‌សភា រួច​មាន​ប្រសាសន៍​ថា៖ ២០ «លោក​យូដា​ម៉ាកា‌បាយ និង​បង‌ប្អូន​របស់​លោក រួម​ទាំង​ប្រជាជន​យូដា ចាត់​យើង​ខ្ញុំ​ឲ្យ​មក​សុំ​សន្តិ‌ភាព និង​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​អស់​លោក។ យើង​ខ្ញុំ​សូម​ចុះ​សន្ធិ​សញ្ញា​ជា​ផ្លូវ​ការ ជា​សមាជិក​ក្នុង​ចំណោម​សម្ពន្ធមិត្ត និង​មិត្ត​របស់​អស់​លោក» ២១ ព្រឹទ្ធ‌សភា​ពេញ​ចិត្ត ហើយ​យល់​ព្រម​តាម​សំណូម​ពរ​របស់​លោក​ទាំង​ពីរ។
២២ នេះ​ជា​សេចក្ដី​ចម្លង​នៃ​លិខិត​ដែល​អស់​លោក​បាន​ចារឹក​លើ​បន្ទះ​លង្ហិន ផ្ញើ​ទៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​រំឭក​ជន​ជាតិ​យូដា អំពី​សន្ធិ​សញ្ញា​សម្ពន្ធ‌មិត្ត និង​សន្តិ‌ភាព៖
២៣ «សូម​ឲ្យ​ជន​ជាតិ​រ៉ូម៉ាំង និង​ជន​ជាតិ​យូដា​រីក​ចម្រើន​ឡើង ទាំង​នៅ​លើ​ដែន​សមុទ្រ ទាំង​នៅ​លើ​ផែន​ដី​ជា​ដរាប​ត​រៀង​ទៅ! សូម​ឲ្យ​ខ្មាំង​សត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ជាតិ​ទាំង​ពីរ!។ ២៤ ប៉ុន្តែ ប្រសិន​បើ​ខ្មាំង​សត្រូវ​វាយ​ប្រហារ​ក្រុង​រ៉ូម ឬ​សម្ពន្ធ‌មិត្ត​ណា​មួយ​នៃ​ក្រុង​នេះ នៅ​កន្លែង​ណា​ដែល​ជន​ជាតិ​រ៉ូម៉ាំង​គ្រប់‌គ្រង ២៥ ប្រជា‌ជាតិ​យូដា​នឹង​ចូល​រួម​ជា​មួយ​ក្រុង​ធ្វើ​សង្គ្រាម ដោយ​អស់​ពី​ចិត្ត​ពី​ថ្លើម តាម​សេចក្ដី​ត្រូវ​ការ​នៅ​ពេល​នោះ។ ២៦ តាម​ការ​សម្រេច​របស់​ក្រុង​រ៉ូម ជន​ជាតិ​យូដា​មិន​ត្រូវ​ផ្ដល់​ស្បៀង​អាហារ អាវុធ ប្រាក់ ឬ​សំពៅ​ឲ្យ​ពួក​ខ្មាំង​សត្រូវ សូម្បី​តែ​ខ្ចី​ក៏​មិន​បាន​ដែរ។ ជន​ជាតិ​យូដា​ត្រូវ​តែ​គោរព​កិច្ច​ព្រម​ព្រៀង​នេះ ដោយ​មិន​ទទួល​អ្វី​ជា​សគុណ​វិញ​ឡើយ។ ២៧ តាម​របៀប​ដដែល ប្រសិន​បើ​ខ្មាំង​សត្រូវ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ជន​ជាតិ​យូដា ជន​ជាតិ រ៉ូម៉ាំង​នឹង​ចូល​រួម​ជា​មួយ​ជន​ជាតិ​យូដា​ធ្វើ​សង្គ្រាម ដោយ​អស់​ពី​ចិត្ត​ពី​ថ្លើម តាម​សេចក្ដី​ត្រូវ​ការ​នៅ​ពេល​នោះ​ដែរ។ ២៨ ជន​ជាតិ​រ៉ូម៉ាំង​ក៏​មិន​ត្រូវ​ផ្ដល់​ស្បៀង អាវុធ ប្រាក់ ឬ​សំពៅ​ឲ្យ​ខ្មាំង តាម​ការ​សម្រេច​របស់​ក្រុង​រ៉ូម​ដូច​គ្នា។ ជន​ជាតិ​រ៉ូម៉ាំង​នឹង​គោរព​កិច្ច​ព្រម​ព្រៀង​នេះ​ដោយ​ស្មោះ។ ២៩ ជន​ជាតិ​រ៉ូម៉ាំង​ចុះ​សន្ធិ​សញ្ញា​ជា​មួយ​ជន​ជាតិ​យូដា តាម​លក្ខន្តិកៈ​នេះ។ ៣០ នៅ​ពេល​អនាគត ប្រសិន​បើ​សម្ពន្ធ‌មិត្ត​ទាំង​ពីរ​សម្រេច​ចិត្ត​នឹង​បន្ថែម ឬ​បន្ថយ​សេចក្ដី​ណា​មួយ ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ គេ​នឹង​ប្រព្រឹត្ត​បាន​តាម​ការ​សម្រេច​របស់​ពួក​គេ ហើយ​ត្រូវ​អនុវត្ត​តាម​សេចក្ដី​បន្ថែម ឬ​បន្ថយ​នោះ ទុក​ជា​ផ្លូវ​ការ​តាម​ច្បាប់»។ ៣១ ចំពោះ​អំពើ​អាក្រក់​ដែល​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស បាន​ប្រព្រឹត្ត មក​លើ​ប្រជាជន​យូដា យើង​បាន​សរសេរ​លិខិត​ថ្វាយ​ព្រះ‌មហា​ក្សត្រ ដែល​មាន​សេចក្ដី​ដូច​ត​ទៅ៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ជិះ​ជាន់​សង្កត់​សង្កិន​ប្រជាជន​យូដា ដែល​ជា​មិត្ត និង​សម្ពន្ធ‌មិត្ត​របស់​យើង​ដូច្នេះ? ៣២ ប្រសិន​បើ​ពួក​គេ​នៅ​តែ​ប្ដឹង​យើង​អំពី​ព្រះ‌ករុណា​ម្ដង​ទៀត យើង​នឹង​គាំ‌ទ្រ​ពួក​គេ ហើយ​ចេញ​ទៅ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ព្រះ‌ករុណា ទាំង​នៅ​ដែន​សមុទ្រ ទាំង​នៅ​លើ​ដី​ផង»។
លោក​យូដា​ទទួល​មរណ‌ភាព
 ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ទទួល​ដំណឹង​ថា លោក​នីកា‌ន័រ​បាត់​បង់​ជីវិត​នៅ​លើ​សមរ‌ភូមិ ហើយ​កង‌ទ័ព​របស់​លោក ត្រូវ​ជន​ជាតិ​យូដា​វាយ​កម្ទេច​ដូច្នេះ ព្រះ‌អង្គ​ចាត់​លោក​បាកឃីដែស និង​លោក​អាល‌គីម ឲ្យ​ទៅ​វាយ​ស្រុក​យូដា​ម្ដង​ទៀត ដោយ​មាន​កង‌ទ័ព​ពិសេស​ទៅ​ជា​មួយ​ផង។  លោក​ទាំង​ពីរ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ស្រុក​កាលីឡេ ហើយ​ឡោម‌ព័ទ្ធ​ក្រុង​ម៉េសា‌ឡូត ដែល​នៅ​ក្នុង​ទឹក​ដី​ពួក​អបែល។ គេ​វាយ​ដណ្ដើម​យក​ក្រុង​នោះ​បាន ហើយ​កាប់​សម្លាប់​ប្រជាជន​មួយ​ចំនួន​ធំ។  នៅ​ខែ​ទី​មួយ ឆ្នាំ១៥២ ពួក​គេ​បោះ​ទ័ព​នៅ​ទល់​មុខ​ក្រុង​យេរូ‌សាឡឹម។  បន្ទាប់​មក ពួក​គេ​ចាក​ចេញ​ពី​ទី​នោះ​ទៅ​កាន់​ភូមិ​បេសែត ដោយ​នាំ​ទាំង​ពល‌ទាហាន​ថ្មើរ​ជើង​ពីរ‌ម៉ឺន​នាក់ និង​ពល‌សេះ​ពីរ‌ពាន់​នាក់​ផង។  រីឯ​លោក​យូដា​បាន​បោះ​ជំរំ​នៅ​ភូមិ​អេឡា‌សា ដោយ​មាន​ពល‌ទាហាន​ពិសេស​ចំនួន​បី​ពាន់​នាក់​នៅ​ជា​មួយ។  ពល‌ទាហាន​របស់​លោក​យូដា​ឃើញ​កង‌ទ័ព​សត្រូវ​មាន​គ្នា​ច្រើន​យ៉ាង​នេះ ពួក​គេ​ខ្លាច​ជា​ខ្លាំង ហើយ​រត់​ចោល​ជួរ​អស់​ជា​ច្រើន គឺ​នៅ​សល់​តែ​ប្រាំបី‌រយ​នាក់​ប៉ុណ្ណោះ។  លោក​យូដា​ឃើញ​ថា ពេល​ប្រយុទ្ធ​ជិត​ចាប់​ផ្ដើម កង‌ទ័ព​របស់​លោក​រលួស​ដូច្នេះ លោក​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​លោក​គ្មាន​ពេល​នឹង​ប្រមូល​ទ័ព​របស់​លោក​ឡើង​វិញ​បាន។  លោក​តប់​ប្រមល់ ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​ពល‌ទ័ព ដែល​នៅ​សល់​ថា៖ «ចូរ​នាំ​គ្នា​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​ខ្មាំង! យើង​ប្រហែល​អាច​វាយ​ឈ្នះ​ពួក​គេ»។  រីឯ​ពល‌ទាហាន​មិន​យល់​ស្រប​តាម​លោក​ទេ ហើយ​និយាយ​ថា៖ «ឥឡូវ​នេះ យើង​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ ក្រៅ​ពី​រត់​ឲ្យ​រួច​ជីវិត​សិន​ប៉ុណ្ណោះ! ចាំ​ពេល​ក្រោយ យើង​នឹង​ត្រឡប់​មក​វិញ​ជា​មួយ​បង‌ប្អូន​យើង ដើម្បី​ប្រយុទ្ធ​នឹង​ពួក​គេ​ទៀត! ព្រោះ​ពេល​នេះ យើង​មាន​គ្នា​តិច​ពេក!។ ១០ លោក​យូដា​ឆ្លើយ​តប​ថា៖ «ទេ! ខ្ញុំ​មិន​រត់​ចោល​សមរ‌ភូមិ​ជា​ដាច់​ខាត ប្រសិន​បើ​ដល់​ពេល​យើង​ត្រូវ​ស្លាប់​នោះ យើង​ស្លាប់​ដោយ​មាន​ចិត្ត​ក្លា‌ហាន ដើម្បី​ប្រជាជន​យើង។ យើង​មិន​ត្រូវ​បង្អាប់​បង្ឱន​កិត្តិនាម​របស់​យើង​ទេ»។
១១ កង‌ទ័ព​របស់​ខ្មាំង​ចេញ​ពី​ជំរំ​មក​រៀប​ចំ​មុខ​សញ្ញា​វាយ​ប្រហារ​លើ​ពួក​លោក​យូដា។ កង‌ទ័ព‌សេះ​បាន​បែង​ចែក​គ្នា​ជា​ពីរ​កង ពល‌ទ័ព​កាន់​ដង្ហក់ និង​ដើរ​នាំ​មុខ​កង‌ទ័ព។ ពួក​គេ​សុទ្ធ​តែ​ជា​ទាហាន​ក្លាហាន​បំផុត! ១២ លោក​បាក​ឃីដែស​បញ្ជា​ខាង​ស្ដាំ។ កង‌ទ័ព​ថ្មើរ​ជើង​ចេញ​ទៅ​ជា​ពីរ​មុខ​ព្រួញ​តាម​សំឡេង​ត្រែ។ កង‌ទ័ព​របស់​លោក​យូដា​ក៏​ផ្លុំ​ត្រែ​ដែរ។ ១៣ ផែន​ដី​កក្រើក​រញ្ជួយ ដោយ​សារ​តែ​ស្នូរ​សន្ធឹក​នៃ​កង‌ទ័ព​ទាំង​ពីរ។ គេ​ច្បាំង​គ្នា​តាំង​ពី​ព្រលឹម​រហូត​ដល់​ល្ងាច។ ១៤ លោក​យូដា​ឃើញ​ថា លោក​បាកឃីដែស និង​កង‌ទ័ព​មួយ​ភាគ​ធំ​របស់​គេ​នៅ​ខាង​ស្ដាំ។ ពល‌ទាហាន​ដែល​មាន​ចិត្ត​អង់អាច​ក្លា‌ហាន​មក​រួម​នៅ​ជា​មួយ​លោក​យូដា។ ១៥ ពួក​គេ​បាន​វាយ​កម្ទេច​កង‌ទ័ព​ខាង​ស្ដាំ​របស់​ខ្មាំង ហើយ​ដេញ​តាម​រហូត​ដល់​ជើង​ភ្នំ​អសារ៉ា។ ១៦ ប៉ុន្តែ កង‌ទ័ព​ដែល​នៅ​ខាង​ឆ្វេង​ឃើញ​ថា កង‌ទ័ព​ខាង​ស្តាំ​របស់​គេ​ត្រូវ​បាក់​ទ័ព​ដូច្នេះ ពួក​គេ​ក៏​ព័ទ្ធ​ពី​ខាង​ក្រោយ ហើយ​វាយ​ប្រហារ​មក​លើ​លោក​យូដា​វិញ។ ១៧ គេ​ច្បាំង​គ្នា​យ៉ាង​ខ្លាំង​ក្លា​ជា​ទី​បំផុត ហើយ​បាត់​បង់​ជីវិត​ពល‌ទាហាន​ជា​ច្រើន​ទាំង​សង​ខាង។ ១៨ លោក​យូដា​ក៏​បាត់​បង់​ជីវិត​នៅ​ពេល​នោះ​ដែរ ហើយ​ពួក​ទាហាន​ដែល​នៅ​សេស​សល់​ទាំង​ប៉ុន្មាន ក៏​បាក់​ទ័ព​អស់។ ១៩ លោក​យ៉ូណាថាន និង​លោក​ស៊ីម៉ូន នាំ​គ្នា​យក​សាក​សព​របស់​លោក​យូដា​ជា​បង‌ប្អូន ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​ដូន‌តា​លោក នៅ​ក្រុង​ម៉ូឌីន។ ២០ ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​យំ​អាណិត​លោក​យូដា ហើយ​កាន់​ទុក​ជា​យូរ​ថ្ងៃ។ ពួក​គេ​និយាយ​ថា៖ ២១ «ម្ដេច​ក៏​វីរ‌បុរស​សង្គ្រោះ​អ៊ីស្រា‌អែល​បាត់​បង់​ជីវិត​ដូច្នេះ?» ២២ កិច្ច‌ការ​ឯទៀតៗ​ដែល​លោក​យូដា​បាន​ធ្វើ សង្គ្រាម និង​ការ​អស្ចារ្យ​ដ៏​ល្បី​ល្បាញ​របស់​លោក​មាន​ច្រើន​សន្ធឹក​សន្ធាប់ ដែល​ពុំ​អាច​សរសេរ​រៀប‌រាប់​អស់​ឡើយ។
លោក​យ៉ូណាថាន​បន្ត​មុខ​តំណែង​ពី​លោក​យូដា
២៣ បន្ទាប់​ពី​លោក​យូដា​បាត់​បង់​ជីវិត​ទៅ​ហើយ​នោះ ពួក​ជន‌ពាល​ក៏​លេច​មុខ​ទៀត​នៅ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​អស់​ជន​ទុច្ចរិត​ក៏​ងើប​មុខ​ដែរ។ ២៤ ពេល​នោះ មាន​កើត​ទុរ្ភិក្ស​យ៉ាង​ខ្លាំង ប្រជាជន​នៅ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន ក៏​សុខ​ចិត្ត​ចុះ​ចូល​ជា​មួយ​ពួក​គេ។ ២៥ លោក​បាកឃីដែស​បាន​ជ្រើស‌រើស​អ្នក​ខ្លះ​ក្នុង​ចំណោម​ជន‌ពាល​ទាំង​នោះ ឲ្យ​គ្រប់​គ្រង​ស្រុក។ ២៦ ពួក​គេ​ស្វែង​រក​ចាប់​បក្ស​ពួក​របស់​លោក​យូដា​មក​សួរ​ចម្លើយ រួច​នាំ​ទៅ​ជួប​លោក​បាកឃីដែស ដើម្បី​ធ្វើ​ទារុណ‌កម្ម និង​ចំអក​ដាក់​បក្ស​ពួក​របស់​លោក​យូដា​ទៀត​ផង។ ២៧ នៅ​សម័យ​នោះ គេ​ជិះ​ជាន់​សង្កត់​សង្កិន​ប្រជាជន​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង តាំង​ពី​ពេល​ដែល​លែង​មាន​ព្យាការី​មក គេ​មិន​ដែល​ជួប​ប្រទះ​ទាល់​តែ​សោះ។ ២៨ ពេល​នោះ មិត្ត​ភក្តិ​របស់​លោក​យូដា​ទាំង​ប៉ុន្មាន​ក៏​មក​ជួប​ជុំ​គ្នា ហើយ​និយាយ​ទៅ​កាន់​លោក​យ៉ូណាថាន​ថា៖ ២៩ «តាំង​ពី​ពេល​លោក​យូដា​ជា​បង​របស់​លោក​បាត់​បង់​ជីវិត​ទៅ គ្មាន​នរណា​ម្នាក់​ដូច​លោក​យូដា អាច​ដឹក​នាំ​ពួក​យើង​ក្នុង​ការ​ប្រឆាំង​នឹង​សត្រូវ​លោក​បាកឃីដែស និង​ជន​ក្បត់​ជាតិ​យើង​ដូច​គាត់​ឡើយ។ ៣០ ដូច្នេះ នៅ​ថ្ងៃ​នេះ យើង​ខ្ញុំ​សូម​ជ្រើស‌រើស​លោក ដើម្បី​បន្ត​តំណែង​ពី​លោក​យូដា គឺ​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​យើង​ខ្ញុំ និង​ធ្វើ​ជា​មេ​បញ្ជា​ការ​យើង​ខ្ញុំ​ក្នុង​ការ​ប្រយុទ្ធ»។ ៣១ លោក​យ៉ូណាថាន​ទទួល​មុខងារ​ជា​មេ​ដឹក​នាំ ហើយ​បន្ត​តំណែង​ពី​លោក​យូដា​ជា​បង​របស់​លោក។
លោក​យ៉ូណាថាន​នៅ​វាល​រហោ‌ស្ថាន
៣២ កាល​លោក​បាកឃីដែស​ជ្រាប​ដំណឹង​នេះ លោក​ក៏​រក​មធ្យោ‌បាយ​សម្លាប់​លោក​យ៉ូណាថាន។ ៣៣ មាន​គេ​ប្រាប់​លោក​យ៉ូណាថាន និង​លោក​ស៊ីម៉ូន​ជា​បង​របស់​លោក ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ពី​គម្រោង‌ការ​នេះ។ ពួក​គេ​រត់​ភៀស​ខ្លួន​ទៅ​វាល​រហោ‌ស្ថាន​តេគូអា ហើយ​បោះ​ទី​តាំង​នៅ​ក្បែរ​អាង​ទឹក​នៅ​អស័រ។ ៣៤ លោក​បាកឃីដែស​ទទួល​ដំណឹង​នេះ​នៅ​ថ្ងៃ​សប្ប័ទ។ លោក និង​កង‌ទ័ព​ទាំង​អស់​របស់​លោក នាំ​គ្នា​ឆ្លង​កាត់​ទន្លេ​យ័រដាន់។ ៣៥ លោក​យ៉ូណាថាន​ចាត់​លោក​យ៉ូហាន ជា​បង​របស់​លោក ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​អស់​អ្នក​ដែល​មិន​មែន​ជា​ទ័ព​ច្បាំង ឲ្យ​ទៅ​សុំ​ការ​អនុញ្ញាត​ពី​ជន​ជាតិ​ណាបាតេ ជា​មិត្ត ដើម្បី​ផ្ញើ​អីវ៉ាន់ និង​ស្បៀង​អាហារ​យ៉ាង​ច្រើន​របស់​ពួក​គេ នៅ​ក្នុង​ស្រុក​ណា‌បាតេ​ផង។ ៣៦ ប៉ុន្តែ កូន​ចៅ​របស់​លោក​យ៉ាម​ប្រ៊ី នៅ​តំបន់​ម៉ាដា‌ប៉ា វាយ​ស្ទាក់​លោក​យ៉ូហាន​នៅ​តាម​ផ្លូវ ព្រម​ទាំង​ចាប់​រូប​លោក និង​រឹប​អូស​អីវ៉ាន់​ទាំង​អស់​យក​ទៅ។ ៣៧ ក្រោយ​ពី​ហេតុ‌ការណ៍​នោះ​មក លោក​យ៉ូណាថាន និង​លោក​ស៊ីម៉ូន​ជា​បង​របស់​លោក ទទួល​ដំណឹង​ថា កូន​ចៅ​លោក​យ៉ាមប្រ៊ី​កំពុង​រៀបចំ​មង្គល​ការ​មួយ​យ៉ាង​អធិក‌អធម គឺ​ពួក​គេ​ដង្ហែ​កូន​ក្រមុំ​ពី​ក្រុង​ណាបាតេ​មក។ នាង​ជា​កូន​របស់​អភិ‌ជន​មួយ​រូប​នៅ​ស្រុក​កាណាន។ ៣៨ លោក​យ៉ូណាថាន និង​លោក​ស៊ីម៉ូន​នៅ​ចាំ​ច្បាស់​ថា គឺ​ពួក​គេ​នេះ​ហើយ​ដែល​បាន​សម្លាប់​លោក​យ៉ូហាន ជា​បង​របស់​លោក។ ពួក​គេ​ឡើង​ទៅ​ពួន​ក្នុង​គុហា ៣៩ ឃើញ​មាន​មនុស្ស​ជា​ច្រើន​កំពុង​ហែ​មក​យ៉ាង​គគ្រឹក‌គគ្រេង និង​មាន​អីវ៉ាន់​ជា​ច្រើន​នាំ​មក​ជា​មួយ​ផង គឺ​មាន​កូន​កំលោះ ញាតិ​មិត្ត អ្នក​កំដរ​កំពុង ធ្វើ​ដំណើរ​ទៅ​ទទួល​កូន​ក្រមុំ ទាំង​មាន​គេ​វាយ​ស្គរ និង​ប្រគំ​ភ្លេង​យ៉ាង​ពីរោះ ព្រម​ទាំង​ប្រដាប់​អាវុធ​ផង។ ៤០ លោក​យ៉ូណាថាន និង​ពួក​លោក​ចេញ​ពី​កន្លែង​លាក់​ខ្លួន ស្ទុះ​ទៅ​វាយ​ប្រហារ​សត្រូវ សម្លាប់​ពួក​គេ​អស់​ជា​ច្រើន​នាក់។ រីឯ​អ្នក​ដែល​សេស​សល់​ពី​ស្លាប់​រត់​ទៅ​តំបន់​ភ្នំ។ ពួក​យូដា​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​គេ​ទាំង​អស់។ ៤១ ដូច្នេះ ពិធី​មង្គល​ការ​ត្រឡប់​ទៅ​ជា​ពិធី​កាន់​ទុក្ខ ហើយ​ភ្លេង​ការ​ក៏​ក្លាយ​ទៅ​ជា​បទ​ទំនួញ​ទួញ​សោក​សង្រេង​វិញ​ដែរ។ ៤២ លោក​យ៉ូណាថាន និង​លោក​ស៊ីម៉ូន​ធ្វើ​ដូច្នេះ ដើម្បី​សង​សឹក​ពួក​គេ​ដែល​បាន​សម្លាប់​បង​របស់​ខ្លួន ហើយ​ត្រឡប់​មក​កាន់​មាត់​ទន្លេ​យ័រដាន់​វិញ។
ចម្បាំង​នៅ​មាត់​ទន្លេ​យ័រដាន់
៤៣ ក្រោយ​ពី​បាន​ទទួល​ដំណឹង​ពី​រឿង​នេះ​ហើយ លោក​បាកឃីដែស ក៏​ចេញ​ដំណើរ​មក​កាន់​មាត់​ទន្លេ​យ័រដាន់​នៅ​ថ្ងៃ​សប្ប័ទ ទាំង​នាំ​កង‌ទ័ព​មួយ​ចំនួន​ធំ​មក​ជា​មួយ​ផង។ ៤៤ លោក​យ៉ូណាថាន​មាន​ប្រសាសន៍​ទៅ​កាន់​កង‌ទ័ព​របស់​លោក​ថា៖ «ចូរ​ក្រោក​ឡើង! យើង​នាំ​គ្នា​ប្រយុទ្ធ ដើម្បី​អាយុ​ជីវិត​របស់​យើង។ យើង​មិន​ដែល​ជួប​ប្រទះ​នឹង​សភាព​ការណ៍​ដ៏​ធ្ងន់​ធ្ងរ​ដូច​ថ្ងៃ​នេះ​ទេ! ៤៥ ខ្មាំង​នៅ​ពី​មុខ​យើង ទឹក​ទន្លេ​នៅ​ពី​ខាង​ក្រោយ មាន​ភក់ និង​ព្រៃ​យ៉ាង​ក្រាស់​គ្រប់​កន្លែង យើង​គ្មាន​ផ្លូវ​ថយ​ក្រោយ​ឡើយ។ ៤៦ ដូច្នេះ ឥឡូវ​នេះ ចូរ​ស្រែក​អង្វរ​ព្រះ‌ជាម្ចាស់ សូម​ព្រះ‌អង្គ​ប្រោស​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ!»។ ៤៧ ការ​ប្រយុទ្ធ​ក៏​ចាប់​ផ្ដើម លោក​យ៉ូណាថាន​លើក​ដៃ​បម្រុង​នឹង​សម្លាប់​លោក​បាកឃីដែស តែ​លោក​បាកឃីដែស​គេច​ផុត​ទៅ​ខាង​ក្រោយ​កង‌ទ័ព​វិញ ហើយ​ក៏​រួច​ខ្លួន​ទៅ។ ៤៨ លោក​យ៉ូណាថាន និង​កង‌ទ័ព​របស់​លោក លោត​ចូល​ក្នុង​ទន្លេ​យ័រដាន់ ហែល​ឆ្លង​ទៅ​ត្រើយ​ម្ខាង។ ប៉ុន្តែ ខ្មាំង​មិន​បាន​ឆ្លង​ទន្លេ​យ័រដាន់​ដេញ​តាម​ពួក​គេ​ទេ។ ៤៩ នៅ​ថ្ងៃ​នោះ ទ័ព​របស់​លោក​បាកឃីដែស​បាន​បាត់​បង់​ជីវិត អស់​ប្រហែល​មួយ​ពាន់​នាក់​នៅ​លើ​សមរ‌ភូមិ។
លោក​បាកឃីដែស​នៅ​ស្រុក​យូដា
៥០ លោក​បាកឃីដែស​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​សង់​កំពែង​ក្រុង​ជា​ច្រើន​នៅ​ស្រុក​យូដា។ លោក​សង់​កំពែង​ខ្ពស់ ព្រម​ទាំង​ទ្វារ និង​ធ្នឹម​ទៀត​ផង គឺ​កំពែង​ក្រុង​យេរីខូ អេម៉ាអ៊ូស បេតហូរ៉ូន បេតអែល តាម៉ាតា ផារ៉ាតូន តេផូន។ ៥១ លោក​បាកឃីដែស​ដាក់​ទ័ព​ក្នុង​ក្រុង​ទាំង​នោះ ដើម្បី​វាយ​ប្រហារ​ជន​ជាតិ​អ៊ីស្រា‌អែល។ ៥២ លោក​សង់​កំពែង​ក្រុង​បេតសួរ ក្រុង​ហ្កាសារ៉ា និង​បន្ទាយ ក្រុង​យេរូ‌សាឡឹម។ លោក​ក៏​ដាក់​ទ័ព និង​ឃ្លាំង​ស្បៀង​អាហារ​ក្នុង​ក្រុង​នីមួយៗ។ ៥៣ លោក​ចាប់​កូន​ប្រុស​របស់​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក ធ្វើ​ជា​ចំណាប់​ខ្មាំង ហើយ​ដាក់​គុក​កូន​ទាំង​នោះ​នៅ​ក្នុង​បន្ទាយ ក្រុង​យេរូ‌សាឡឹម។
៥៤ នៅ​ខែ​ទី​ពីរ ឆ្នាំ​១៥៣ លោក​អាលគីម​បាន​បង្គាប់​ឲ្យ​គេ​រំលំ​ជញ្ជាំង​នៃ​ទីលាន​ខាង​ក្នុង​ព្រះ‌វិហារ គឺ​លោក​បំផ្លាញ​ស្នា‌ដៃ​ដែល​ព្យាការី​បាន​កសាង។ លោក​ឲ្យ​គេ​ចាប់​ផ្ដើម​រុះរើ​ជញ្ជាំង​នោះ ចោល។ ៥៥ ពេល​នោះ លោក​អាលគីម​ឡើង​ឈាម ស្ពឹក​ដៃ​ជើង គេ​ក៏​ឈប់​រុះ​ជញ្ជាំង​នោះ​ទៅ។ លោក​មិន​អាច​បើក​មាត់​រួច សូម្បី​តែ​និយាយ​ស្តី​មួយ​ម៉ាត់​ក៏​មិន​បាន ហើយ​ផ្តែ​ផ្តាំ​អ្វី​ដល់​គ្រួសារ​មួយ​ម៉ាត់​ក៏​មិន​កើត​ដែរ។ ៥៦ លោក​អាលគីម​ទទួល​មរណ‌ភាព​នៅ​ពេល​នោះ ទាំង​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង។ ៥៧ កាល​លោក​បាកឃីដែស​ដឹង​ថា លោក​អាលគីម​ស្លាប់​ហើយ លោក​ក៏​ត្រឡប់​ទៅ​គាល់​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​វិញ។ ស្រុក​យូដា​ក៏​បាន​សេចក្ដី​សុខ​សាន្ត​ត្រាណ​ក្នុង‌រយៈ​ពេល​ពីរ​ឆ្នាំ។
លោក​បាកឃីដែស​បរា‌ជ័យ
៥៨ គ្រា​នោះ ជន‌ពាល​ទាំង​ប៉ុន្មាន​មក​ជួប​ជុំ​ពិភាក្សា​គ្នា ហើយ​ពោល​ថា៖ «សូម​គិត​មើល​លោក​យ៉ូណាថាន និង​បក្ស​ពួក​របស់​គេ​រស់​នៅ​ដោយ​សេចក្ដី​សុខ​សាន្ត ហើយ​គេ​គ្មាន​ប្រយ័ត្ន​ប្រយែង​អ្វី​ឡើយ!។ ឥឡូវ​នេះ យើង​សូម​អញ្ជើញ​លោក​បាកឃីដែស​មក។ លោក​មុខ​ជា​ចាប់​ពួក​គេ​ទាំង​អស់​តែ​មួយ​យប់​ប៉ុណ្ណោះ»។ ៥៩ ពួក​ជន‌ពាល​ក៏​នាំ​គ្នា​ទៅ​ពិភាក្សា​ជា​មួយ​លោក​បាកឃីដែស។ ៦០ លោក​បាកឃីដែស​ចេញ​ដំណើរ​ភ្លាម ទាំង​នាំ​កង‌ទ័ព​យ៉ាង​ច្រើន​ទៅ​ជា​មួយ​ផង។ លោក​សរសេរ​លិខិត​ជា​សម្ងាត់​ទៅ​ឲ្យ​បក្ស​ពួក​របស់​លោក​នៅ​ស្រុក​យូដា សូម​ឲ្យ​ពួក​គេ​ចាប់​លោក​យ៉ូណាថាន និង​អស់​អ្នក​នៅ​ជា​មួយ​ផង។ ប៉ុន្តែ ពួក​គេ​មិន​អាច​សម្រេច​គម្រោង‌ការ​នេះ​ឡើយ ព្រោះ​ត្រូវ​បែក​ការណ៍។ ៦១ ផ្ទុយ​ទៅ​វិញ លោក​យ៉ូណាថាន ចាប់​ពួក​មេ​បង្កើត​គម្រោង‌ការ​នេះ​នៅ​ក្នុង​ស្រុក​ចំនួន​ហាសិប​នាក់ យក​ទៅ​សម្លាប់​ចោល។ ៦២ បន្ទាប់​មក លោក​យ៉ូណាថាន លោក​ស៊ីម៉ូន និង​បក្ស​ពួក​របស់​លោក ក៏​ភៀស​ខ្លួន​ទៅ​វាល​រហោ‌ស្ថាន​ត្រង់​ក្រុង​បេតបាស៊ី។ ពួក​គេ​ជួស​ជុល​ក្រុង​ដែល​បាក់​បែក​នោះ ហើយ​សង់​កំពែង​ក្រុង​នោះ​ផង។ ៦៣ កាល​លោក​បាកឃីដែស​ជ្រាប​ដំណឹង​នេះ ក៏​ប្រមូល​កង‌ទ័ព​មក​ជួប​ជុំ​គ្នា និង​ប្រាប់​បក្ស​ពួក​របស់​គាត់​ដែល​នៅ​ស្រុក​យូដា​ឲ្យ​ត្រៀម​ខ្លួន។ ៦៤ លោក​ក៏​បោះ​ទ័ព​នៅ​ទល់​មុខ​ក្រុង​បេតបាស៊ី​នេះ​អស់‌រយៈ​ពេល​ជា​យូរ​ថ្ងៃ ដោយ​ប្រើ​គ្រឿង​សឹក​ទៀត​ផង។ ៦៥ លោក​យ៉ូណាថាន​ទុក​លោក​ស៊ីម៉ូន​ជា​បង​ឲ្យ​នៅ​ក្នុង​ក្រុង​នោះ រួច​លោក​នាំ​ពល‌ទាហាន​មួយ​ចំនួន​តូច ចេញ​ពី​ក្រុង​ទៅ​កាន់​ទី​វាល។ ៦៦ លោក​វាយ​ឈ្នះ​លោក​អូដូ‌ម៉េរ៉ា និង​បង‌ប្អូន​គេ ព្រម​ទាំង​កូន​ចៅ​របស់​ផាស៊ីរ៉ូន​ដែល​ស្ថិត​នៅ​ក្នុង​ជំរំ។ ពួក​នេះ​សុខ​ចិត្ត​ចូល​រួម​ជា​មួយ​លោក​យ៉ូណាថាន ហើយ​នាំ​គ្នា​វាយ​សម្រុក​លើ​កង‌ទ័ព​របស់​លោក​បាកឃីដែស។ ៦៧ ពេល​នោះ លោក​ស៊ីម៉ូន និង​កង‌ទ័ព​របស់​លោក​ចេញ​ពី​ទីក្រុង​មក ហើយ​ដុត​បំផ្លាញ​គ្រឿង​សឹក​របស់​ខ្មាំង​ចោល។ ៦៨ ពួក​គេ​វាយ​កម្ទេច​កង‌ទ័ព​របស់​លោក​បាកឃីដែស ហើយ​លោក​បាកឃីដែស​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​គម្រោង‌ការ​របស់​គាត់​ត្រូវ​បរា‌ជ័យ។ ៦៩ លោក​ខឹង​នឹង​ជន​ជាតិ​យូដា​ដែល​បាន​ហៅ​លោក​ឲ្យ​មក​តំបន់​នោះ។ លោក​សម្លាប់​ពួក​គេ​ជា​ច្រើន រួច​សម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​ស្រុក​របស់​លោក​វិញ។ ៧០ កាល​លោក​យ៉ូណាថាន​ជ្រាប​ដំណឹង​នេះ គាត់​ចាត់​អ្នក​នាំ​សារ​ទៅ​ជួប​លោក​បាកឃីដែស ដើម្បី​ចរចា​រក​សន្តិ‌ភាព និង​ចរចា​អំពី​ឈ្លើយ ឲ្យ​ត្រឡប់​មក​ស្រុក​វិញ។ ៧១ លោក​បាកឃីដែស​យល់​ព្រម​តាម​សំណូម​ពរ​របស់​លោក​យ៉ូណាថាន ដោយ​ស្បថ​យ៉ាង​ម៉ឺង​ម៉ាត់​ថា លោក​មិន​រក​រឿង​ជា​មួយ​លោក​យ៉ូណាថាន​អស់​មួយ​ជីវិត។ ៧២ លោក​បាកឃីដែស​ប្រគល់​អស់​អ្នក ដែល​លោក​ចាប់​ជា​ឈ្លើយ​នៅ​ស្រុក​យូដា ឲ្យ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ ហើយ​ឈប់​មក​ឈ្លាន​ពាន​ទឹក​ដី​យូដា​ទៀត។ ៧៣ គ្រា​នោះ ស្រុក​អ៊ីស្រា‌អែល​លែង​មាន​សង្គ្រាម​ទៀត​ហើយ។ លោក​យ៉ូណាថាន​បាន​ស្នាក់​នៅ​ក្នុង​ក្រុង​ម៉ាខម៉ា។ លោក​គ្រប់​គ្រង​ប្រជាជន ហើយ​លុប​បំបាត់​ជន‌ពាល​ចេញ​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល។
១០
ព្រះ‌បាទ​អឡិចសង់‌បាឡាស​តែង​តាំង​លោក​យ៉ូណាថាន​ជា​មហា​បូជា‌ចារ្យ
 នៅ​ឆ្នាំ​១៦០ ព្រះ‌បាទ​អឡិចសង់‌អេពីផាន ជា​បុត្រ​ព្រះ‌បាទ​អន់ទី‌យ៉ូគូស ធ្វើ​ដំណើរ​តាម​សំពៅ ហើយ​សំចត​ក្បែរ​ក្រុង​ផ្ទោឡេ‌ម៉ៃស៍ រួច​វាយ​ដណ្ដើម​យក​ក្រុង​នោះ។ ប្រជាជន​អបអរ‌សាទរ ហើយ​តែង​តាំង លោក​ជា​ស្ដេច​របស់​ពួក​គេ​ផង។  កាល​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ជ្រាប​ដំណឹង​នេះ ព្រះ‌អង្គ​ប្រមូល​កង‌ទ័ព​ដែល​មាន​កម្លាំង​ខ្លាំង​ក្លា ហើយ​យាង​ចេញ​ទៅ​ច្បាំង​នឹង​ព្រះ‌បាទ​អឡិចសង់​នោះ។  ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ផ្ញើ​សារ​មួយ​ច្បាប់​ជូន​លោក​យ៉ូណាថាន​សុំ​សន្តិ‌ភាព ដោយ​សន្យា​ជា​ច្រើន​ជា​មួយ​លោក​ផង។  ព្រះ‌រាជា​ឈ្វេង​យល់​ថា៖ «យើង​ត្រូវ​ចុះ​សន្ធិ​សញ្ញា​សន្តិ‌ភាព​ជា​មួយ​ពួក​យូដា​យ៉ាង​ប្រញាប់ ក្រែង​ពួក​គេ​រួប​រួម​ជា​មួយ​ព្រះ‌បាទ​អឡិចសង់​ប្រឆាំង​នឹង​យើង។  នៅ​ពេល​នោះ លោក​យ៉ូណាថាន​មុខ​ជា​នឹក​គិត​ពី​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ធ្វើ​ដល់​លោក ដល់​បង‌ប្អូន​លោក និង​ជន​ជាតិ​លោក​មិន​ខាន»។  ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​អនុញ្ញាត​ឲ្យ​លោក​យ៉ូណាថាន​កេណ្ឌ​ទ័ព និង​គ្រឿង​សាស្រ្តា‌វុធ ព្រម​ទាំង​ធ្វើ​ទៅ​ជា​សម្ពន្ធ‌មិត្ត​របស់​ព្រះ‌អង្គ​ផង។ ព្រះ‌រាជា​ចេញ​រាជ‌បញ្ជា​ឲ្យ​ដោះ​លែង​អស់​អ្នក​ដែល​ព្រះ‌អង្គ​ចាប់​យក​ជា​ចំណាប់​ខ្មាំង ហើយ​ឃុំ​ឃាំង​ក្នុង​បន្ទាយ​ក្រុង​យេរូ‌សាឡឹម ប្រគល់​ឲ្យ​លោក​យ៉ូណាថាន​វិញ។  ពេល​នោះ លោក​យ៉ូណាថាន​អញ្ជើញ​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម ហើយ​អាន​សារ​នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​មូល និង​ឲ្យ​ពល‌ទាហាន​នៅ​ក្នុង​បន្ទាយ​ស្តាប់។  ពួក​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង​ដោយ​ឮ​ថា ព្រះ‌ករុណា​អនុញ្ញាត​ឲ្យ​លោក​យ៉ូណាថាន​ប្រមូល​កង‌ទ័ព។  ពួក​ទាហាន​នៅ​ក្នុង​បន្ទាយ ប្រគល់​អ្នក​ដែល​គេ​ចាប់​ទុក​ជា​ថ្នូរ​ឲ្យ​ទៅ​លោក​យ៉ូណាថាន ហើយ​លោក​ក៏​ប្រគល់​ពួក​គេ ឲ្យ​ក្រុម​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន​ដែរ។ ១០ លោក​យ៉ូណាថាន​តាំង​ទី​លំនៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ហើយ​ចាប់​ផ្ដើម​ជួស​ជុល និង​សង់​ក្រុង​នេះ​ឡើង​វិញ។ ១១ លោក​បង្គាប់​ឲ្យ​មេ​ជាង​សង់​កំពែង និង​យក​ថ្ម​ដាប់​ធ្វើ​ជា​កំពែង​ការ‌ពារ​ជុំ​វិញ​ភ្នំ​ស៊ីយ៉ូន​ផង។ ពួក​មេ​ជាង​ក៏​ធ្វើ​តាម​បញ្ជា​របស់​លោក​ដែរ។ ១២ ពួក​សាសន៍​ដទៃ​ដែល​រស់​នៅ​ក្នុង​ក្រុង​នានា ដែល​លោក​បាកឃីដែស​បាន​សង់​នោះ រត់​បាត់​អស់​ទៅ ១៣ គឺ​ពួក​គេ​បោះ​បង់​កន្លែង​របស់​ខ្លួន ហើយ​វិល​ទៅ​កាន់​ស្រុក​រៀងៗ​ខ្លួន​វិញ។ ១៤ ប៉ុន្តែ នៅ​ក្រុង​បេតសួរ គេ​ទុក​ជន​ជាតិ​យូដា​ខ្លះ​ដែល​បោះ​បង់​ចោល​វិន័យ និង​បទ​បញ្ជា​របស់​លោក​ម៉ូសេ​ឲ្យ​នៅ​ក្នុង​ក្រុង ព្រោះ​ក្រុង​នេះ​ជា​ទី​ជម្រក​របស់​ពួក​គេ។
១៥ ព្រះ‌បាទ​អឡិច​សង់​ជ្រាប​អំពី​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស ចំពោះ​លោក​យ៉ូណាថាន។ មាន​គេ​ទូល​រៀប‌រាប់​អំពី​ការ​ធ្វើ​សង្គ្រាម និង​សេចក្ដី​អង់​អាច​ក្លាហាន​របស់​លោក​យ៉ូណាថាន និង​បង‌ប្អូន​របស់​លោក ព្រម​ទាំង​ទុក្ខ​វេទនា​របស់​ពួក​គេ​ផង។ ១៦ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «យើង​មិន​អាច​រក​នរណា​ម្នាក់​ដូច​លោក​យ៉ូណាថាន​ទេ! យើង​ត្រូវ​តែ​ចង​មិត្ត‌ភាព និង​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​លោក​ចាប់​ពី​ពេល​នេះ​ទៅ»។ ១៧ ព្រះ‌រាជា​សរសេរ​រាជ‌សារ​មួយ​ច្បាប់​ជូន​លោក​យ៉ូណាថាន មាន​សេចក្ដី​ដូច​ត​ទៅ៖
១៨ «ព្រះ‌បាទ​អឡិច‌សង់​ជម្រាប​មក​លោក​យ៉ូណាថាន ជា​បង‌ប្អូន សូម​ជ្រាប។ ១៩ យើង​ឮ​គេ​ពោល​ថា លោក​ជា​វីរ‌ជន​មួយ​រូប​ប្រកប​ដោយ​សេចក្ដី​ក្លាហាន គួរ​ធ្វើ​ជា​មិត្ត​របស់​យើង។ ២០ ហេតុ​នេះ​ហើយ តាំង​ពី​ថ្ងៃ​នេះ យើង​តែង​តាំង​លោក​ឲ្យ​ធ្វើ​ជា​មហា​បូជា‌ចារ្យ សម្រាប់​ជាតិ​របស់​លោក​រហូត​ត​ទៅ។ យើង​ប្រគល់​ឲ្យ​លោក​មាន​ឋានៈ​ជា​មិត្ត​របស់​ព្រះ‌ករុណា​ផង​ដែរ។ លោក​ត្រូវ​គាំ​ទ្រ​យើង និង​នៅ​ជា​មិត្ត​របស់​យើង កាន់​តាម​យើង»។ ព្រះ‌រាជា​ប្រទាន​អាវ​ធំ​ពណ៌​ក្រហម និង​មកុដ​មាស​ឲ្យ​លោក​ផង​ដែរ។
២១ លោក​យ៉ូណាថាន​ពាក់​អាវ​ដ៏​សក្ការៈ​ជា​មហា​បូជា‌ចារ្យ​នៅ​ថ្ងៃ​ទី​៧ ក្នុង​ឆ្នាំ ១៦០ គឺ​ក្នុង​ឱកាស​បុណ្យ​បារាំ។ លោក​ប្រមូល​កង‌ទ័ព ហើយ​ផលិត​គ្រឿង​អាវុធ​ជា​ច្រើន។
ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ប្រទាន​អភ័យ​ឯក‌សិទ្ធិ​ដល់​ជន​ជាតិ​យូដា
២២ ពេល​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ជ្រាប​រឿង​នេះ ព្រះ‌អង្គ​ទាស់​ព្រះ‌ហឫទ័យ ហើយ​មាន​រាជ‌ឱង្ការ​ថា៖ ២៣ «តើ​យើង​បាន​ប្រព្រឹត្ត​អ្វី​ខុស ទើប​ព្រះ‌បាទ​អឡិច‌សង់​ទាក់​ទាញ​ជន​ជាតិ​យូដា​ឲ្យ​ស្រលាញ់ និង​គាំ​ទ្រ​គេ​មុន​យើង​ដូច្នេះ! ២៤ យើង​នឹង​ផ្ញើ​សារ​មួយ​ច្បាប់​លើក​ទឹក​ចិត្ត​ពួក​គេ ដោយ​ប្រទាន​ឋានន្តរ​សក្តិ​ដ៏​ខ្ពង់​ខ្ពស់ និង​រាជ​អំណាច​ជា​ច្រើន​ដើម្បី​ឲ្យ​ពួក​គេ​គាំ​ទ្រ​យើង!»។ ២៥ ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​សរសេរ​រាជ សារ​មាន​សេចក្ដី​ដូច​ត​ទៅ៖
«ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ជម្រាប​មក​ជន​ជាតិ​យូដា សូម​ជ្រាប! ២៦ យើង​ទទួល​ដំណឹង​ថា អស់​លោក​នៅ​តែ​គោរព​សន្ធិ‌សញ្ញា​ដែល​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​គ្នា។ អស់​លោក​នៅ​តែ​ជា​មិត្ត​របស់​យើង ហើយ​ក៏​មិន​បាន​ចូល​ដៃ​ជា​មួយ​សត្រូវ​របស់​យើង​ដែរ។ ដូច្នេះ យើង​មាន​អំណរ​ជា​ខ្លាំង! ២៧ ប្រសិន​បើ​អស់​លោក​នៅ​តែ​ស្មោះ‌ត្រង់​ចំពោះ​យើង​ត​ទៅ​ទៀត យើង​នឹង​ប្រទាន​រង្វាន់​ដល់​អស់​លោក។ ២៨ យើង​នឹង​ឈប់​ឲ្យ​អស់​លោក​បង់​ពន្ធ​អាករ​ជា​ច្រើន ហើយ​យើង​ប្រទាន​អំណោយ​ជា​ច្រើន​ថែម​ទៀត​ផង។ ២៩ តាំង​ពី​ថ្ងៃ​នេះ​ត​ទៅ ប្រជា‌ជាតិ​យូដា​ទាំង​អស់ មិន​ត្រូវ​បង់​ពន្ធ​អាករ​ប្រចាំ​ឆ្នាំ ពន្ធ​អំបិល ព្រម​ទាំង​ពន្ធ​មកុដ​មាស​ផង! ៣០ ម្យ៉ាង​ទៀត តាំង​ពី​ថ្ងៃ​នេះ​ត​ទៅ យើង​លែង​ទាម‌ទារ​មួយ​ភាគ​បី​នៃ​ភោគ​ផល​នានា និង​ពាក់​កណ្តាល​ជា​ផ្លែ​ឈើ ដែល​អស់​លោក​ត្រូវ​ប្រគល់​ឲ្យ​យើង។ យើង​លែង​ទាម​ទារ​ពន្ធ​ទាំង​នោះ​ពី​ស្រុក​យូដា និង​តំបន់​ទាំង​បី​នៃ​ស្រុក​សាម៉ារី ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ស្រុក​យូដា ព្រម​ទាំង​ស្រុក​កាលីឡេ​ផង។ ៣១ ក្រុង​យេរូ‌សាឡឹម​នឹង​ទៅ​ជា​ក្រុង​ដ៏‌វិសុទ្ធ​ទាំង​អ្នក​ក្រុង ទាំង​អ្នក​ស្រុក​ទាំង​ប៉ុន្មាន​នៅ​ជុំ​វិញ​ក្រុង​នោះ មិន​ត្រូវ​បង់​ពន្ធដារ និង​តង្វាយ​មួយ​ភាគ​ដប់​នៃ​ភោគ​ផល​ឡើយ។ ៣២ យើង​ឈប់​គ្រប់​គ្រង​បន្ទាយ​ក្រុង​យេរូ‌សាឡឹម ហើយ​ប្រគល់​ក្រុង​នេះ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​មហា​បូជា‌ចារ្យ​វិញ លោក​អាច​ជ្រើស‌រើស​កង‌ទ័ព​សម្រាប់​ការ‌ពារ​ក្រុង​នេះ​ផង។ ៣៣ យើង​នឹង​ដោះ​លែង​ជន​ជាតិ​យូដា​ទាំង​ប៉ុន្មាន ដែល​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​យូដា ទោះ​បី​នៅ​កន្លែង​ណា​ក៏​ដោយ ក្នុង​រាជា‌ណាចក្រ​របស់​យើង​ឲ្យ​មាន​សេរី​ភាព​ដោយ​មិន​បាច់​បង់​ថ្លៃ​លោះ​ខ្លួន​វិញ​ទេ គឺ​ពួក​គេ​រួច​ពី​ពន្ធ​អាករ ទាំង​ខ្លួន​គេ ទាំង​សត្វ​របស់​គេ​ផង។ ៣៤ មិន​ត្រូវ​ទារ​ពន្ធដារ ឬ​បំណុល​ពី​ជន​ជាតិ​យូដា​ទាំង​ប៉ុន្មាន​ដែល​រស់​នៅ​ក្នុង​រាជា‌ណាចក្រ​របស់​យើង នៅ​ថ្ងៃ​ធ្វើ ពិ​ធី​ទាំង‌ឡាយ នៅ​ថ្ងៃ​សប្ប័ទ ថ្ងៃ​បុណ្យ​ដើម​ខែ ហើយ​នៅ​ថ្ងៃ​បុណ្យ​ដែល​គេ​ប្រារព្ធ​តាម​ពេល​កំណត់ ក្នុង​កំឡុង​ពេល​បី​ថ្ងៃ​មុន និង​បី​ថ្ងៃ​ក្រោយ​ផង។ ៣៥ គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ទាម​ទារ​ឲ្យ​គេ​បង់​ប្រាក់ ឬ​ធ្វើ​ឲ្យ​គេ​បារម្ភ​អំពី​រឿង​អ្វី​មួយ​នៅ​ថ្ងៃ​ទាំង​នោះ​ឡើយ។ ៣៦ គេ​អាច​កេណ្ឌ​ប្រជាជន​យូដា​រហូត​ដល់​បី‌ម៉ឺន​នាក់ ឲ្យ​ចូល​បម្រើ​កង‌ទ័ព​របស់​ព្រះ‌រាជា ហើយ​ពួក​គេ​នឹង​ទទួល​ប្រាក់​ខែ ដូច​ទាហាន​ឯ​ទៀត ក្នុង​រាជា‌ណាចក្រ​ដែរ។ ៣៧ ត្រូវ​ចាត់​ពួក​គេ​ខ្លះ​នៅ​ក្នុង​បន្ទាយ​ដ៏​សំខាន់ៗ ត្រូវ​តែង​តាំង​ជន​ជាតិ​យូដា​ខ្លះ​ទៀត ឲ្យ​បំពេញ​មុខ​ងារ​គួរ​ឲ្យ​ទុក​ចិត្ត​ក្នុង​រាជា‌ណាចក្រ។ ត្រូវ​ជ្រើស‌រើស​មេ​ដឹក​នាំ និង​មន្ត្រី​របស់​ពួក​គេ ក្នុង​ចំណោម​ជន​ជាតិ​គេ ហើយ​គេ​មាន​សិទ្ធិ​គោរព​វិន័យ​របស់​គេ ដូច​ព្រះ‌រាជា​បាន​ចេញ​បញ្ជា​សម្រាប់​ស្រុក​យូដា។ ៣៨ ចំពោះ​អាណា​ខេត្ត​បី​ដែល​ជន​ជាតិ​យូដា​ដណ្ដើម​យក​ពី​ស្រុក​សាម៉ារី ចូរ​ស្ថិត​នៅ​ចំណុះ​ស្រុក​យូដា និង​ជា​ស្រុក​តែ​មួយ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​មហា​បូជា‌ចារ្យ​តែ​ម្នាក់​ប៉ុណ្ណោះ។
៣៩ យើង​ប្រគល់​ក្រុង​ផ្ទោ‌ឡេ​ម៉ៃស៍ និង​ទឹក​ដី​ដែល​ជាប់​នៅ​ក្រុង​នេះ ថ្វាយ​ព្រះ‌វិហារ​ក្រុង​យេរូ‌សាឡឹម ដើម្បី​យក​បច្ច័យ សម្រាប់​ចំណាយ​ក្នុង​ពិធី​បុណ្យ។ ៤០ រីឯ​យើង​វិញ យើង​សន្យា​ថា​នឹង​ឲ្យ​ប្រាក់​ចំនួន​មួយ‌ម៉ឺន​ប្រាំ‌ពាន់​ណែន​ជា​រៀង​រាល់​ឆ្នាំ​ពី​រាជ​ទ្រព្យ តាម​ពន្ធ​ដែល​គេ​ប្រមូល​ទុក​នោះ។ ៤១ ម្យ៉ាង​ទៀត តាំង​ពី​ពេល​នេះ​ត​ទៅ រាជ​ការ​នឹង​ផ្តល់​ប្រាក់ ដើម្បី​ជុស​ជុល​ព្រះ‌វិហារ ជា​ថ្នូរ​ប្រាក់​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​មិន​បាន​បង់​ពី​ឆ្នាំ​មុនៗ​មក ៤២ ហើយ​ផ្តល់​ប្រាក់​ប្រាំ‌ពាន់​ណែន​ទៀត​ដែល​រាជ​ការ​ធ្លាប់​ទាម‌ទារ​ពី​បច្ច័យ​នៃ​ព្រះ‌វិហារ​ជា​រៀង‌រាល់​ឆ្នាំ មក​ក្រុម​បូជា‌ចារ្យ​ដែល​បំពេញ​ការ‌ងារ​របស់​ខ្លួន។ ៤៣ អស់​អ្នក​ដែល​រត់​ទៅ​ជ្រក​នៅ​ក្នុង​ព្រះ‌វិហារ​យេរូ‌សាឡឹម ឬ​ក្នុង​បរិវេណ​ព្រះ‌វិហារ ព្រោះ​មិន​បាន​បង់​ពន្ធដារ ឬ ព្រោះ​មូល​ហេតុ​ផ្សេងៗ​ទៀត​នឹង​បាន​រូច​ខ្លួន ហើយ​មាន​សេរី‌ភាព​នឹង​ថែ‌រក្សា​ទ្រព្យ‌សម្បត្តិ​របស់​ខ្លួន ទោះ​នៅ​កន្លែង​ណា​ក៏​ដោយ ក្នុង​រាជា‌ណាចក្រ​របស់​យើង។
៤៤ ចំណែក​ឯ​ប្រាក់​ចំណាយ​ក្នុង​ការ​សង់ ឬ​ជួស​ជុល​ទី​សក្ការៈ ត្រូវ​យក​ពី​រាជ​ទ្រព្យ។ ៤៥ ប្រាក់​ដែល​ត្រូវ​ចំណាយ​សម្រាប់​សង់​ជញ្ជាំង និង​កំពែង​ក្រុង​យេរូ‌សាឡឹម ឬ​កំពែង​ក្រុង​ផ្សេងៗ​នៅ​ស្រុក​យូដា ក៏​ត្រូវ​យក​ពី​រាជ​ទ្រព្យ​ដែរ»។
ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​សោយ​ទិវង្គត
៤៦ ពេល​លោក​យ៉ូណាថាន និង​ប្រជាជន បាន​ឮ​សេចក្ដី​ក្នុង​រាជ‌សារ​នោះ ពួក​គេ​មិន​ព្រម​ជឿ និង​ចាប់​អារម្មណ៍​ទេ ព្រោះ​គេ​នៅ​តែ​នឹក​ឃើញ​ពី​អំពើ​អា‌ក្រក់​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​បាន​ប្រព្រឹត្ត​នៅ​ស្រុក​អ៊ីស្រា‌អែល ហើយ​នឹក​ឃើញ​ពី​ការ​ជិះ​ជាន់​សង្កត់​សង្កិន​របស់​ស្ដេច​ទៅ​លើ​ពួក​គេ។ ៤៧ ដូច្នេះ ពួក​គេ​សម្រេច​ចិត្ត​គាំទ្រ​ព្រះ‌បាទ​អឡិច‌សង់ ព្រោះ​គេ​យល់​ថា ព្រះ‌បាទ​អឡិច‌សង់​មាន​ព្រះ‌បន្ទូល​មក​គេ​ដោយ​ចង់​បាន​សន្តិ‌ភាព ហើយ​ពួក​គេ​ធ្វើ​សម្ពន្ធ‌មិត្ត​របស់​ស្ដេច​រហូត។ ៤៨ ព្រះ‌បាទ​អឡិច‌សង់​ប្រមូល​កង‌ទ័ព​ជា​ច្រើន ហើយ​ចេញ​ទៅ​ច្បាំង​នឹង​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស។ ៤៩ ប៉ុន្តែ នៅ​ពេល​ដែល​កង‌ទ័ព​នៃ​ស្ដេច​ទាំង​ពីរ​ប្រយុទ្ធ​គ្នា កង‌ទ័ព​របស់​ព្រះ‌បាទ​អឡិច‌សង់​នាំ​គ្នា​រត់។ ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ដេញ​តាម​ពួក​គេ ហើយ​ក៏​មាន​ជ័យ‌ជម្នះ​លើ​កង‌ទ័ព​របស់​សត្រូវ ៥០ ព្រះ‌អង្គ​ប្រយុទ្ធ​យ៉ាង​ខ្លាំង​រហូត​ដល់​ពេល​ថ្ងៃ​លិច ប៉ុន្តែ ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ក៏​សោយ​ទិវង្គត​នៅ​ថ្ងៃ​នោះ​ទៅ។
ព្រះ‌បាទ​អឡិចសង់‌បាឡាស​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​លោក​យ៉ូណា‌ថាន
៥១ ព្រះ‌បាទ​អឡិច‌សង់​ចាត់​រាជ​ទូត​ឲ្យ​នាំ​រាជ‌សារ​ទៅ​គាល់​ព្រះ‌បាទ​ផ្ទូលេមេ ជា​ព្រះ‌មហា​ក្សត្រ​ស្រុក​អេស៊ីប ដែល​មាន​សេចក្ដី​ដូច​ត​ទៅ៖
៥២ យើង​វិល​ត្រឡប់​មក​កាន់​រាជា‌ណាចក្រ​របស់​យើង​វិញ គង់​លើ​បល្ល័ង្ក​នៃ​អយ្យកោ​របស់​យើង ហើយ​កាន់​អំណាច ព្រម​ទាំង​កម្ទេច​កង‌ទ័ព​ដេម៉េ‌ទ្រីយ៉ូស។ យើង​គ្រប់​គ្រង​ស្រុក​របស់​យើង​ទាំង​មូល។ ៥៣ យើង​ច្បាំង​នឹង​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស គឺ​កម្ទេច​ទាំង​ស្ដេច ទាំង​កង‌ទ័ព ហើយ​ដណ្ដើម​យក​រាជ​បល្ល័ង្ក​ទៀត​ផង។ ៥៤ ឥឡូវ​នេះ យើង​សូម​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ព្រះ‌ករុណា មេត្តា​ប្រោស​ប្រណី​លើក​រាជ​បុត្រី​របស់​ព្រះ‌ករុណា ឲ្យ​ធ្វើ​ជា​ព្រះ‌មហេសី​របស់​យើង យើង​ក៏​ទៅ​ជា​បុត្រ​សុណិសា​របស់​ព្រះ‌អង្គ​ដែរ។ យើង​នឹង​រៀប​បណ្តា​ការ​ថ្វាយ​ព្រះ‌ករុណា និង​ព្រះ‌នាង ឲ្យ​សក្តិ‌សម​នឹង​ឋានៈ​របស់​ព្រះ‌ករុណា»។
៥៥ ព្រះ‌បាទ​ផ្ទូលេមេ​ឆ្លើយ​តប​ថា៖ «សូម​អបអរ‌សាទរ ថ្ងៃ​ដែល​ព្រះ‌រាជា​យាង​ត្រឡប់​ចូល​ក្នុង​ស្រុក​អយ្យកោ​របស់​ព្រះ‌រាជា​វិញ! សូម​អបអរ​សាទរ​ព្រះ‌រាជា​ឡើង​គង់​លើ​រាជ​បល្ល័ង្ក​ផង!។ ៥៦ ឥឡូវ​នេះ យើង​យល់​ព្រម​តាម​សំណូម‌ពរ​ដែល​ព្រះ‌រាជា​បាន​សរសេរ​នោះ សូម​ព្រះ‌រាជា​យាង​មក​ជួប​យើង​នៅ​ក្រុង​ផ្ទោឡេ‌ម៉ៃស៍ ដើម្បី​ពិភាក្សា​គ្នា។ យើង​នឹង​លើក​រាជ​បុត្រី​របស់​យើង​ថ្វាយ​តាម​សំណូម‌ពរ​នោះ»។ ៥៧ នៅ​ឆ្នាំ ១៦២ ព្រះ‌បាទ​ផ្ទូលេ‌មេ និង​នាង​ក្លេអូប៉ាត្រ​ជា​បុត្រី យាង​ចេញ​ពី​ស្រុក​អេស៊ីប មក​ដល់​ក្រុង​ផ្ទោឡេ​ម៉ៃស៍។ ៥៨ ព្រះ‌បាទ​អឡិច‌សង់​យាង​ចេញ​ទៅ​ទទួល​ព្រះ‌បាទ​ផ្ទូលេមេ។ ព្រះ‌បាទ​ផ្ទូលេមេ​ក៏​លើក​ព្រះ​នាង​ក្លេអូ‌ប៉ាត្រ ជា​បុត្រី​ថ្វាយ​ព្រះ‌បាទ​អឡិច‌សង់ ហើយ​រៀប​អភិសេក​យ៉ាង​ឱឡា‌រិក នៅ​ក្រុង​ផ្ទោឡេ‌ម៉ៃស៍ តាម​ទំនៀម​ទម្លាប់​របស់​ព្រះ‌មហា​ក្សត្រ។ ៥៩ ព្រះ‌បាទ​អឡិច‌សង់​សរសេរ​លិខិត​មួយ​ច្បាប់ អញ្ជើញ​លោក​យ៉ូណាថាន​ឲ្យ​មក​គាល់។ ៦០ លោក​យ៉ូណាថាន​អញ្ជើញ​ទៅ​កាន់​ក្រុង​ផ្ទោឡេ‌ម៉ៃស៍​យ៉ាង​អធិក​អធម ហើយ​លោក​ក៏​ចូល​ទៅ​គាល់​ស្ដេច​ទាំង​ពីរ​អង្គ​នៅ​ក្រុង​នោះ។ លោក​នាំ​យក​ជំនូន​ជា​ច្រើន គឺ​ប្រាក់ និង​មាស ថ្វាយ​ព្រះ‌មហា​ក្សត្រ និង​មន្ត្រី​របស់​ស្ដេច​ទាំង​ពីរ ហើយ​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌មហា​ក្សត្រ​ទាំង​ពីរ​អង្គ​នោះ។ ៦១ ប៉ុន្តែ នៅ​ពេល​នោះ មាន​ជន‌ពាល​ខ្លះ​ដែល​ជា​អ្នក​បង្ក​ភាព​អន្ត‌រាយ​ដល់​ប្រជាជន​អ៊ីស្រា‌អែល ព្រួត​ដៃ​គ្នា​ប្រឆាំង​នឹង​លោក​យ៉ូណាថាន ហើយ​នាំ​គ្នា​ចោទ​ប្រកាន់​លោក​ទៅ​ព្រះ‌មហា​ក្សត្រ។ ប៉ុន្តែ ព្រះ‌បាទ​អឡិច‌សង់​មិន​យក​ព្រះ​ហឫទ័យ​ទុក​ដាក់​នឹង​សេចក្ដី​ចោទ​ប្រកាន់​នោះ​ទេ។ ៦២ ព្រះ‌រាជា​បញ្ជា​ឲ្យ​ផ្លាស់​សម្លៀក​បំពាក់​របស់​លោក​យ៉ូណាថាន​ចេញ និង​បំពាក់​អាវ​ផាយ​ពណ៌​ស្វាយ​របស់​ស្ដេច​វិញ។ ៦៣ ព្រះ‌រាជា​ប្រោស​ប្រទាន​ឲ្យ​លោក​យ៉ូណាថាន​អង្គុយ​នៅ​ក្បែរ​ព្រះ‌អង្គ ហើយ​មាន​រាជ‌ឱង្ការ​ប្រាប់​នាម៉ឺន​មន្ត្រី​ថា៖ «សូម​នាំ​លោក​យ៉ូណាថាន​ទៅ​កណ្តាល​ទីក្រុង ហើយ​ប្រកាស​ថា មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ប្តឹង​លោក​ពី​មូល​ហេតុ​ណា​មួយ​ឡើយ! ឬ​សូម​កុំ​ឲ្យ​នរណា​ម្នាក់​រក​រឿង​លោក ដោយ​ប្រការ​ណា​មួយ​ឡើយ!»។ ៦៤ ពេល​ជន‌ពាល​ដែល​ចោទ​ប្រកាន់​លោក​យ៉ូណាថាន​ឃើញ​ថា លោក​ទទួល​កិត្តិយស​តាម​សេចក្ដី​ប្រកាស​របស់​ព្រះ‌មហា​ក្សត្រ​បែប​នេះ និង​ឃើញ​ថា​លោក​ពាក់​អាវ​ផាយ​ពណ៌​ស្វាយ​របស់​ស្ដេច​ដូច្នេះ ពួក​គេ​ក៏​រត់​បាត់​អស់​ទៅ។ ៦៥ ព្រះ‌មហា​ក្សត្រ​ផ្តល់​កិត្តិយស​ឲ្យ​លោក​យ៉ូណាថាន ដោយ​ចុះ​ឈ្មោះ​លោក​ក្នុង​ចំណោម​មិត្ត‌ភក្តិ​ជិត​ដិត​របស់​ស្ដេច ហើយ​តែង​តាំង​លោក​ជា​មេ​ដឹក​នាំ និង​ជា​ទេសា‌ភិបាល​ផង។ ៦៦ លោក​យ៉ូណាថាន​វិល​ត្រឡប់​ទៅ​កាន់​ក្រុង​យេរូ‌សាឡឹម​វិញ​ដោយ​សុខ‌សាន្ត និង​អំណរ​សប្បាយ​រីក​រាយ។
លោក​យ៉ូណាថាន​មាន​ជ័យ‌ជម្នះ​លើ​លោក​អាប៉ូឡូ‌នីយ៉ូស
៦៧ នៅ​ឆ្នាំ​១៦៥ សម្ដេច​ដេម៉េ‌ទ្រីយ៉ូស ជា​បុត្រ​របស់​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស យាង​ចាក​ចេញ​ពី​កោះ​ក្រែត មក​ដល់​ស្រុក​ស៊ីរី ជា​ទឹក​ដី​របស់​ព្រះ​អយ្យកោ​សម្ដេច។ ៦៨ ពេល​ព្រះ‌បាទ​អឡិច‌សង់​ជ្រាប​ដំណឹង​នេះ ព្រះ‌អង្គ​ទាស់​ព្រះ‌ហឫទ័យ ហើយ​យាង​ត្រឡប់​ទៅ​កាន់​ក្រុង​អន់ទី‌យ៉ូក​វិញ។ ៦៩ ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​តែង​តាំង​លោក​អាប៉ូឡូ‌នីយ៉ូស ធ្វើ​ជា​ទេសា‌ភិបាល ក្នុង​ស្រុក​សេឡើ‌ស៊ីរី។ លោក​អាប៉ូឡូ‌នីយ៉ូស​ប្រមូល​កង‌ទ័ព​ជា​ច្រើន មក​បោះ​ទីតាំង​នៅ​ក្បែរ​ក្រុង​យ៉ាម‌នីយ៉ា ហើយ​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​លោក​យ៉ូណាថាន ជា​មហា‌បូជា‌ចារ្យ​ថា៖ ៧០ «មាន​តែ​លោក​ម្នាក់​គត់​ដែល​ប្រឆាំង​នឹង​យើង! គេ​ចំអក​ដាក់​យើង ហើយ​យើង​ត្រូវ​អាម៉ាស់​ដោយ​សារ​តែ​លោក! ហេតុ​អ្វី​បាន​ជា​លោក​កាន់​អំណាច​នៅ​លើ​ភ្នំ​នេះ ប្រឆាំង​នឹង​យើង​ដូច្នេះ? ៧១ ប្រសិន​បើ​លោក​ជឿ​ទុក​ចិត្ត​លើ​កង‌ទ័ព​របស់​លោក​មែន​នោះ ចូរ​ចេញ​មក​វាល​ហើយ​ប្រយុទ្ធ​នឹង​យើង ដើម្បី​សាក​ល្បង​កម្លាំង​គ្នា ដ្បិត​យើង​មាន​កម្លាំង​ពី​ក្រុង​ទាំង‌ឡាយ​ជា​ជំនួយ។ ៧២ ចូរ​ស៊ើប​សួរ​ឲ្យ​ច្បាស់ នោះ​លោក​ពិត​ជា​ដឹង​ថា តើ​យើង​ជា​នរណា ហើយ​នរណា​ខ្លះ​ជា​អ្នក​រួម​ត​យុទ្ធ​ជា​មួយ​យើង​ដែរ។ គេ​តែង​ពោល​ថា អ្នក​រាល់​គ្នា​ពុំ​អាច​ទប់​ទល់​នឹង​កម្លាំង​ទ័ព​របស់​យើង​បាន​ទេ ព្រោះ​ដូន‌តា​របស់​អ្នក​បាន​បរា‌ជ័យ​ពីរ​ដង​រួច​ទៅ​ហើយ​នៅ​ស្រុក​របស់​ខ្លួន។ ៧៣ អ្នក​ពុំ​អាច​ទប់​ទល់​នឹង​ទ័ព‌សេះ​របស់​យើង​បាន​ទេ ហើយ​នៅ​ទី​វាល​នោះ​ជា​កន្លែង​គ្មាន​ភ្នំ គ្មាន​ផ្ទាំង​ថ្ម​លាក់​ខ្លួន គ្មាន​ទី​រត់​គេច គ្មាន​ជម្រក​ភៀស​ខ្លួន អ្នក​ពុំ​អាច​ទប់​ទល់​នឹង​កង‌ទ័ព​របស់​យើង​ដែល​មាន​គ្នា​ច្រើន​យ៉ាង​នេះ​បាន​ដែរ!»។ ៧៤ ពេល​លោក​យ៉ូណាថាន​ឮ​ពាក្យ​របស់​លោក​អាប៉ូឡូ‌នីយ៉ូស​ដូច្នេះ លោក​ជ្រួល​ច្របល់​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង។ លោក​ជ្រើស‌រើស​យក​កង‌ទ័ព​មួយ‌ម៉ឺន​នាក់ ចេញ​ពី​ក្រុង​យេរូ‌សាឡឹម។ លោក​ស៊ីម៉ូន​ជា​បង ក៏​នាំ​កង‌ទ័ព​ទៅ​ជួយ​លោក​ដែរ។ ៧៥ លោក​បោះ​ទ័ព​នៅ​ខាង​មុខ​ក្រុង​យ៉ូប៉េ។ ប្រជាជន​បិទ​ទ្វារ​ក្រុង​មិន​ព្រម​ឲ្យ​លោក​ចូល​ទេ ព្រោះ​មាន​កង‌ទ័ព​របស់​លោក​អាប៉ូឡូ‌នីយ៉ូស​នៅ​ក្នុង​ក្រុង​នោះ។ លោក​យ៉ូណាថាន​ចាប់​ផ្ដើម​វាយ​សម្រុក។ ៧៦ ពេល​នោះ ប្រជាជន​នាំ​គ្នា​ភ័យ​ខ្លាច​ក៏​បើក​ទ្វារ​ក្រុង ហើយ​លោក​យ៉ូណា​ថាន​ក៏​ដណ្ដើម​យក​បាន​ក្រុង​យ៉ូប៉េ​មក​គ្រប់​គ្រង។ ៧៧ កាល​លោក​អាប៉ូឡូ‌នីយ៉ូស​ជ្រាប​ដំណឹង​នេះ គាត់​លើក​ទ័ព‌សេះ​ចំនួន​បី​ពាន់​នាក់ និង​កង‌ទ័ព​ថ្មើរ​ជើង​ជា​ច្រើន ធ្វើ​ដំណើរ​តម្រង់​ទៅ​ក្រុង​អាសូតូ ដូច​ជា​មាន​បំណង​កាត់​ស្រុក។ ប៉ុន្តែ ពេល​នោះ លោក​ចូល​ទៅ​ក្នុង​វាល​ដោយ​ទុក​ចិត្ត​លើ​ទ័ព‌សេះ​ដ៏​ច្រើន​របស់​លោក។ ៧៨ លោក​យ៉ូណាថាន​ដេញ​តាម​គាត់​នៅ​ក្បែរ​ក្រុង​អាសូតូ​ហើយ​កង‌ទ័ព​ទាំង​ពីរ​ប្រយុទ្ធ​គ្នា។ ៧៩ លោក​អាប៉ូឡូ‌នីយ៉ូស​បាន​ទុក​ទ័ព‌សេះ​មួយ​ពាន់​នាក់​ខាង​ក្រោយ​កង‌ទ័ព​របស់​លោក​យ៉ូណាថាន។ ៨០ លោក​យ៉ូណាថាន​ដឹង​ពី​គម្រោង‌ការ​ដែល​គេ​ពួន​វាយ​ស្ទាក់​លោក​ពី​ក្រោយ។ ទ័ព‌សេះ​របស់​លោក​អាប៉ូឡូ‌នីយ៉ូស ឡោម​ព័ទ្ធ​កង‌ទ័ព​របស់​លោក​យ៉ូណាថាន ហើយ​បាញ់​ព្រួញ​លើ​កង‌ទ័ព​អ៊ីស្រា‌អែល តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច។ ៨១ ប៉ុន្តែ កង‌ទ័ព​របស់​លោក​យ៉ូណាថាន​ទប់​ទល់​យ៉ាង​អង់​អាច តាម​បញ្ជា​របស់​លោក បណ្ដាល​ឲ្យ​សេះ​របស់​សត្រូវ​អស់​កម្លាំង​ជា​ខ្លាំង។ ៨២ ពេល​នោះ ស្រាប់​តែ​លោក​ស៊ីម៉ូន​នាំ​កង‌ទ័ព​របស់​ខ្លួន វាយ​ប្រហារ​កង‌ទ័ព​ថ្មើរ​ជើង​របស់​សត្រូវ ក្នុង​ពេល​សេះ​កំពុង​តែ​អស់​កម្លាំង ហើយ​លោក​ស៊ីម៉ូន​វាយ​កម្ទេច​កង‌ទ័ព​ខ្មាំង​ដែល​បាក់​ទ័ព​រត់​អស់។ ៨៣ ទ័ព‌សេះ​រត់​ខ្ចាត់‌ខ្ចាយ​នៅ​តាម​វាល។ ពល‌ទាហាន​បាក់​ទ័ព រត់​មក​ដល់​ក្រុង​អាសូតូ ហើយ​ចូល​លាក់​ខ្លួន​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌ដាកូន ជា​ទី​សក្ការៈ​នៃ​ព្រះ​របស់​គេ ដើម្បី​ឲ្យ​បាន​រួច​ជីវិត។ ៨៤ លោក​យ៉ូណាថាន​ដុត​ក្រុង​នោះ និង​ក្រុង​ដែល​នៅ​ជុំ​វិញ​ចោល។ លោក​រឹប​អូស​យក​ជយ‌ភណ្ឌ ហើយ​ដុត​ទី​សក្ការៈ​របស់​ព្រះ‌ដាកូន ព្រម​ទាំង​អស់​អ្នក​ដែល​ចូល​លាក់​ខ្លួន​នៅ​ទី​នោះ។ ៨៥ មាន​មនុស្ស​ប្រមាណ​ប្រាំបី‌ពាន់​នាក់​ស្លាប់​ដោយ​មុខ​ដាវ ឬ​ដោយ​ភ្លើង​នៅ​ថ្ងៃ​នោះ។ ៨៦ លោក​យ៉ូណាថាន​ចាក​ចេញ​ពី​នោះ ហើយ​បោះ​ទី​តាំង​នៅ​ក្បែរ​ក្រុង​អាស្កា‌ឡូន។ ប្រជាជន​ចេញ​ពី​ក្រុង​មក​ទទួល​ស្វាគមន៍​លោក​យ៉ាង​អធិក‌អធម។ ៨៧ លោក​យ៉ូណាថាន និង​កង‌ទ័ព​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ទាំង​នាំ​យក​ជយ‌ភណ្ឌ​ជា​ច្រើន​ទៅ​ជា​មួយ​ផង។ ៨៨ ពេល​ព្រះ‌បាទ​អឡិច‌សង់​ជ្រាប​ហេតុ‌ការណ៍​ទាំង​នោះ ព្រះ‌អង្គ​ប្រទាន​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់​ឲ្យ​លោក យ៉ូណាថាន​ថែម​ទៀត ៨៩ គឺ​ព្រះ‌រាជា​ប្រទាន​ក្លាស់​មាស​ឲ្យ​លោក ដូច​ព្រះ‌រាជា​ធ្លាប់​ប្រទាន​ឲ្យ​ញាតិ‌វង្ស​ដែរ។ ស្ដេច​ក៏​ប្រគល់​ក្រុង​អក្ការ៉ូន និង​តំបន់​ជុំ​វិញ​ក្រុង​នេះ ឲ្យ​លោក​យ៉ូណាថាន​ត្រួត​ត្រា​ដែរ។
១១
ព្រះ‌បាទ​ផ្ទូលេមេ​វាយ​ឈ្នះ​ព្រះ‌បាទ​អឡិច‌សង់
 ព្រះ‌បាទ​ផ្ទូលេមេ ជា​ស្ដេច​ស្រុក​អេ‌ស៊ីប ប្រមូល​កង‌ទ័ព​ជា​ច្រើន​ឥត​គណនា មាន​ចំនួន​ដូច​គ្រាប់​ខ្សាច់​តាម​ឆ្នេរ​សមុទ្រ ព្រម​ទាំង​សំពៅ​ចម្បាំង​ជា​ច្រើន​គ្រឿង​ទៀត​ផង។ ស្ដេច​ខិត‌ខំ​រិះ​រក​គ្រប់​កល‌ល្បិច ដណ្ដើម​យក​រាជា‌ណាចក្រ​របស់​ព្រះ‌បាទ​អឡិច‌សង់ ដើម្បី​បញ្ចូល​មក​ក្នុង​រាជា​ណាចក្រ​របស់​ខ្លួន។  ព្រះ‌រាជា​យាង​ទៅ​ស្រុក​ស៊ីរី​ដោយ​អះ‌អាង​ថា ខ្លួន​ចង់​ស្វែង​សន្តិ‌ភាព។ ប្រជាជន​នៃ​ក្រុង​នានា​បើក​ទ្វារ​ក្រុង ហើយ​ចេញ​ទៅ​ទទួល​ស្វាគមន៍​ព្រះ‌រាជា​ដោយ​រាក់​ទាក់ ព្រោះ​នេះ​ជា​បញ្ជា​របស់​ព្រះ‌បាទ​អឡិច‌សង់។  ប៉ុន្តែ កាល​ព្រះ‌បាទ​ផ្ទូលេមេ​យាង​កាត់​ក្រុង​ណា​មួយ ព្រះ‌អង្គ​តែង​ទុក​កង‌ទ័ព​នៅ​ទី​នោះ។  កាល​ព្រះ‌រាជា​យាង​មក​ដល់​ក្បែរ​ក្រុង​អាសូតូ គេ​នាំ​ព្រះ‌រាជា​ទៅ​ទត​ទី​សក្ការៈ​របស់​ព្រះ‌ដាកូន ដែល​លោក​យ៉ូណាថាន​ដុត​បំផ្លាញ និង​តំបន់​ដែល​នៅ​ជុំ​វិញ ទត​សាក‌សព​ដែល​នៅ​ចោល​រាយ​ប៉ាយ ព្រម​ទាំង​ឆ្អឹង​របស់​អស់​អ្នក​ដែល​លោក​យ៉ូណាថាន​បាន​ដុត​នៅ​ក្នុង​ពេល​ប្រយុទ្ធ។ គេ​បាន​ប្រមូល​ឆ្អឹង​ទាំង​នោះ​គរ​ជា​គំនរ​តាម​ផ្លូវ ដែល​ព្រះ‌រាជា​ត្រូវ​យាង​ទៅ។  ប្រជាជន​ខ្លះ​រៀប​រាប់​នូវ​អ្វីៗ​ដែល​លោក​យ៉ូណាថាន​បាន​ប្រព្រឹត្ត ទូល​ថ្វាយ​ព្រះ‌រាជា ក្នុង​គោល​បំណង​ចង់​ឲ្យ​ព្រះ‌រាជា​ដាក់​ទោស​លោក​យ៉ូណាថាន ប៉ុន្តែ ស្ដេច​នៅ​ស្ងៀម។  លោក​យ៉ូណាថាន​ចូល​មក​គាល់​ព្រះ‌រាជា នៅ​ក្រុង​យ៉ូប៉េ យ៉ាង​អធិក‌អធម។ ព្រះ‌រាជា​បាន​ទទួល​ការ​ស្វាគមន៍ ហើយ​គង់​នៅ​ក្រុង​នោះ​អស់​មួយ​យប់។  លោក​យ៉ូណាថាន​ជូន​ដំណើរ​ព្រះ‌រាជា រហូត​ដល់​ទន្លេ​អេលើ‌ថែរ រួច​ក៏​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ។
 ព្រះ‌បាទ​ផ្ទូលេមេ​ដណ្ដើម​យក​ក្រុង​ទាំង​ប៉ុន្មាន​នៅ​តាម​ឆ្នេរ​សមុទ្រ រហូត​ដល់​ក្រុង​សេលើ‌ស៊ី​មក​កាន់​កាប់។ ព្រះ‌រាជា​មាន​គម្រោង‌ការ​ប្រឆាំង​នឹង​ព្រះ‌បាទ​អឡិច‌សង់  ព្រះ‌អង្គ​ចាត់​រាជ​ទូត​ទៅ​គាល់​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស ដើម្បី​ទូល​ថា៖ «សូម​ព្រះ‌ករុណា​យាង​មក​ចុះ​សន្ធិ​សញ្ញា​ជា​មួយ​គ្នា។ យើង​នឹង​លើក​បុត្រី​របស់​យើង ដែល​ជា​មហេសី​របស់​ព្រះ‌បាទ​អឡិច‌សង់​សព្វ​ថ្ងៃ​នេះ ឲ្យ​ធ្វើ​ជា​មហេសី​របស់​ព្រះ‌ករុណា ហើយ​ព្រះ‌ករុណា​នឹង​គ្រង​រាជ្យ​លើ​រាជា‌ណាចក្រ​របស់​បិតា​ព្រះ‌ករុណា​វិញ។ ១០ យើង​សោក​ស្តាយ​ណាស់ ដោយ​បាន​លើក​បុត្រី​របស់​យើង​ថ្វាយ​ព្រះ‌បាទ​អឡិច‌សង់ ព្រោះ​ព្រះ‌អង្គ​បម្រុង​ធ្វើ​គុត​យើង»។ ១១ ព្រះ‌បាទ​ផ្ទូលេមេ​ចោទ​ប្រកាន់​ព្រះ‌បាទ​អឡិច‌សង់ ព្រោះ​ចង់​ដណ្ដើម​យក​រាជា‌ណាចក្រ​របស់​ព្រះ‌បាទ​អឡិច‌សង់។ ១២ ព្រះ‌រាជា​ដណ្ដើម​យក​បុត្រី​ពី​ព្រះ‌បាទ​អឡិច‌សង់ ហើយ​លើក​ឲ្យ​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស។ ព្រះ‌រាជា​ប្តូរ​ព្រះ​ហឫ​ទ័យ បែក​ពី​ព្រះ‌បាទ​អឡិច‌សង់ ហើយ​ស្ដេច​ទាំង​ពីរ​ក៏​ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា​វិញ។ ១៣ ព្រះ‌បាទ​ផ្ទូលេមេ​យាង​ចូល​ក្រុង​អន់ទី‌យ៉ូក ហើយ​តាំង​ខ្លួន​ជា​ស្ដេច​ស្រុក​អាស៊ី ហើយ​គ្រង​រាជ្យ​លើ​ស្រុក​អេស៊ីប​ផង និង​ស្រុក​អាស៊ី​ផង។ ១៤ នៅ​ពេល​នោះ ព្រះ‌បាទ​អឡិច‌សង់​គង់​នៅ​ស្រុក ស៊ីលី‌ស៊ី ដើម្បី​បង្ក្រាប​ប្រជាជន​បះបោរ​ក្នុង​តំបន់​នោះ។ ១៥ កាល​ព្រះ‌បាទ​អឡិច‌សង់​ជ្រាប​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​ផ្ទូលេមេ​បាន​ប្រព្រឹត្ត​នោះ ព្រះ‌អង្គ​ក៏​យាង​ទៅ​ប្រយុទ្ធ​នឹង​ព្រះ‌បាទ​ផ្ទូលេមេ។ ប៉ុន្តែ ព្រះ‌បាទ​ផ្ទូលេមេ​នាំ​កង‌ទ័ព​ដែល​មាន​កម្លាំង​ខ្លាំង​ក្លា មក​ច្បាំង​ជា​មួយ​នឹង​កង‌ទ័ព​ព្រះ‌បាទ​អឡិច‌សង់​ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព​អស់។ ១៦ ព្រះ‌បាទ​អឡិច‌សង់​រត់​ភៀស​ខ្លួន​ទៅ​ស្រុក​អារ៉ា‌ប៊ី ហើយ​ព្រះ‌បាទ​ផ្ទូលេមេ​ក៏​ទទួល​ជ័យ‌ជម្នះ។ ១៧ ជន​ជាតិ​អារ៉ាប់​ម្នាក់​ឈ្មោះ​សាបឌីអែល កាត់​ក​ព្រះ‌បាទ​អឡិច‌សង់ ហើយ​បញ្ជូន​ព្រះ‌សិរសារ ទៅ​ថ្វាយ​ព្រះ‌បាទ​ផ្ទូលេមេ។ ១៨ ពីរ​ថ្ងៃ​ក្រោយ​មក ព្រះ‌បាទ​ផ្ទូលេមេ​ក៏​សោយ​ទិវង្គត​លើ​សមរ‌ភូមិ​ដែរ ហើយ​ប្រជាជន​នាំ​គ្នា​កាប់​សម្លាប់​ពល‌ទាហាន​ទាំង​ប៉ុន្មាន​ដែល​ដាក់​រាយ​តាម​ក្រុង​នានា។ ១៩ ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ឡើង​សោយ‌រាជ្យ​នៅ​ឆ្នាំ ១៦៧។
ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ទី​២ ប្រទាន​អភ័យ​ឯក​សិទ្ធិ​សា​ជា​ថ្មី
២០ នៅ​គ្រា​នោះ លោក​យ៉ូណាថាន​ប្រមូល​ជន​ជាតិ​យូដា ដើម្បី​ទៅ​វាយ​ប្រហារ​បន្ទាយ​នៅ​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​ធ្វើ​គ្រឿង​សឹក​ជា​ច្រើន​សម្រាប់​វាយ​សម្រុក​ចូល​បន្ទាយ​នោះ។ ២១ ប៉ុន្តែ ជន‌ពាល ខ្លះ​ដែល​ស្អប់​ជាតិ​សាសន៍​របស់​ខ្លួន នាំ​គ្នា​ទៅ​គាល់​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ទូល​ថា៖ «លោក​យ៉ូណាថាន​កំពុង​ឡោម‌ព័ទ្ធ​បន្ទាយ ក្រុង​យេរូ‌សាឡឹម​ហើយ»។ ២២ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​ព្រះ‌បាទ​ដេម៉ូ‌ទ្រីយ៉ូស​ពិរោធ ហើយ​យាង​ទៅ​ក្រុង​ផ្ទោឡេ‌ម៉ៃស៍​ភ្លាម។ ព្រះ‌រាជា​សរសេរ​សារ​មួយ​ច្បាប់​ជូន​លោក​យ៉ូណាថាន ព្រម​ទាំង​បញ្ជា​ឲ្យ​លោក​ដក​ទ័ព​ដែល​កំពុង​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម ហើយ​មក​ក្រុង​ផ្ទោឡេ‌ម៉ៃស៍ ដើម្បី​ពិភាក្សា​ជា​ប្រញាប់។ ២៣ កាល​លោក​យ៉ូណាថាន​ទទួល​ដំណឹង​នេះ លោក​បញ្ជា​ឲ្យ​កង‌ទ័ព​ឡោម‌ព័ទ្ធ​ក្រុង​នោះ​ត​ទៅ​ទៀត។ លោក​ជ្រើស‌រើស​ព្រឹទ្ធា‌ចារ្យ​ខ្លះ​នៃ​ប្រជាជន​អ៊ីស្រា‌អែល និង​បូជា‌ចារ្យ​ខ្លះ ហើយ​គាត់​សុខ​ចិត្ត​ប្រថុយ​ជីវិត​ជា​មួយ ២៤ លោក​ទៅ​គាល់​ស្ដេច​នៅ​ក្រុង​ផ្ទោឡេ‌ម៉ៃស៍ ដោយ​នាំ​យក​ប្រាក់ មាស សម្លៀក‌បំពាក់ និង​ជំនូន​ជា​ច្រើន​ទៅ​ជា​មួយ​ផង។ លោក​យ៉ូណាថាន​បាន​ទទួល​ការ​ប្រណី‌សន្តោស​ពី​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស។ ២៥ ជន‌ពាល​ឥត​សាសនា​ខ្លះ​នៃ​ជាតិ​សាសន៍​របស់​លោក ខិត​ខំ​ចោទ​ប្រកាន់​លោក​យ៉ូណាថាន ចំពោះ​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស ២៦ ប៉ុន្តែ ព្រះ‌រាជា​នៅ​តែ​ប្រព្រឹត្ត​ចំពោះ​លោក​ដូច​ស្ដេច​មុនៗ​ដែរ ហើយ​លើក​កិត្តិយស​របស់​លោក​យ៉ូណាថាន នៅ​ចំពោះ​មុខ​នាម៉ឺន​មន្ត្រី​ទាំង​អស់។ ២៧ ព្រះ‌រាជា​បញ្ជាក់​ថា៖ «លោក​យ៉ូណាថាន​នៅ​តែ​ជា​មហា​បូជា‌ចារ្យ ហើយ​មុខ​ងារ និង​កិត្តិយស​ទាំង​ប៉ុន្មាន​ដែល​លោក​ធ្លាប់​ទទួល​ពី​មុនៗ​មក រក្សា​ទុក​ដដែល»។ ព្រះ‌អង្គ​ក៏​តែង​តាំង​លោក​ជា​មិត្ត​ម្នាក់​ក្នុង​ចំណោម​មិត្ត​សម្លាញ់​ទាំង​ប៉ុន្មាន នៃ​ព្រះ‌រាជា​ដែរ។ ២៨ លោក​យ៉ូណាថាន ទូល​សុំ​ព្រះ‌រាជា​មេត្តា​ប្រោស​ប្រជាជន​នៅ​ស្រុក​យូដា និង​តំបន់​ទាំង​បី​របស់​ស្រុក​សាម៉ារី មិន​ឲ្យ​បង់​ពន្ធ​អាករ ដោយ​សន្យា​ថា​នឹង​ថ្វាយ​ប្រាក់​ប្រាំបី‌រយ​តោន។ ២៩ ព្រះ‌រាជា​យល់​ព្រម ហើយ​សរសេរ​សារ​មួយ​ច្បាប់​ផ្ញើ​ជូន​លោក​យ៉ូណាថាន​មាន​សេចក្ដី​ដូច​ត​ទៅ៖
៣០ «យើង ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស ជម្រាប​មក​លោក​យ៉ូណាថាន​ជា​ប្អូន និង​ជន​ជាតិ​យូដា សូម​ជ្រាប។ ៣១ យើង​បាន​ចម្លង​លិខិត​ដែល​យើង​សរសេរ ផ្ញើ​ជូន​សម្ដេច​ឡាសថែន ជា​ញាតិ‌វង្ស​របស់​យើង ជូន​លោក​ជ្រាប​ជា​ពត៌‌មាន។ ៣២ ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស សូម​ជម្រាប​មក​សម្ដេច​ឡាសថែន ជា​បិតា។ ៣៣ យើង​សម្រេច​ថា​នឹង​ប្រោស​ប្រណី​ដល់​ជន​ជាតិ​យូដា​ជា​មិត្ត​របស់​យើង ដែល​មាន​ភាព​ស្មោះ‌ត្រង់​ចំពោះ​យើង។ ៣៤ យើង​សូម​បញ្ជាក់​ថា គេ​មាន​សិទ្ធិ​កាន់​កាប់​ស្រុក​យូដា និង​តំបន់​ទាំង​បី គឺ​តំបន់​អផេ‌រេម៉ា លីដា និង​រ៉ាម៉ា‌ថាអ៊ីម។ យើង​ដក​តំបន់​ទាំង​បី​នេះ​ពី​ស្រុក​សាម៉ារី ជា​មួយ​ទឹក​ដី​ដែល​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន បញ្ចូល​ក្នុង​ស្រុក​យូដា ដើម្បី​ជា​ប្រយោជន៍ ដល់​អស់​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា​នៅ​ក្រុង​យេរូ‌សាឡឹម។ ជន​ជាតិ​យូដា​មិន​ត្រូវ​បង់​ពន្ធ​អាករ​ប្រចាំ​ឆ្នាំ លើ​ផល​ស្រែ​ចម្ការ និង​ដើម​ឈើ​ថ្វាយ​ព្រះ‌រាជា​ទេ។ ៣៥ យើង​អនុ‌គ្រោះ​លែង​ទាម​ទារ​ប្រាក់​មួយ​ភាគ​ដប់ និង​ពន្ធ​ផ្សេង​ដែល​ត្រូវ​បង់​ឲ្យ​យើង ទាំង​ពន្ធ​ស្រែ​អំបិល និង​ពន្ធ​មកុដ​ដែរ គឺ​តាំង​ពី​ពេល​នេះ​ត​ទៅ យើង​លែង​ទាម​ទារ​អ្វី​ទាំង​អស់។ ៣៦ ត្រូវ​អនុវត្តន៍​តាម​សេចក្ដី​សម្រេច ដែល​មាន​ចែង​នៅ​ក្នុង​រាជា‌សារ​នេះ តាំង​ពី​ពេល​នេះ​រហូត​ត​រៀង​ទៅ​ជា​កំហិត។ ៣៧ សូម​សម្ដេច​យក​ចិត្ត​ទុក​ដាក់​ចម្លង​រាជ‌សារ​នេះ ប្រគល់​ជូន​លោក​យ៉ូណាថាន ដើម្បី​បិទ នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ ឲ្យ​គេ​ឃើញ​គ្រប់ៗ​គ្នា​ផង»។
លោក​យ៉ូណាថាន​ជួយ​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ទី ២ នៅ​ក្រុង​អន់ទី‌យ៉ូក
៣៨ នៅ​សម័យ​នោះ ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ឈ្វេង​យល់​ថា រាជា​ណា‌ចក្រ​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន ហើយ​គ្មាន​នរណា​ជំទាស់​ប្រឆាំង​នឹង​អំណាច​របស់​ព្រះ‌អង្គ​ឡើយ។ ដូច្នេះ ស្ដេច​រំសាយ​កង‌ទ័ព​ទាំង​មូល គឺ​ឲ្យ​ទាហាន​ត្រឡប់​ទៅ​ស្រុក​រៀងៗ​ខ្លួន លើក​លែង​តែ​កង‌ទ័ព​បរទេស​ដែល​ជួល​មក​ពី​បណ្តា​កោះ​ក្រែត​ប៉ុណ្ណោះ។ ហេតុ​នេះ​ហើយ កង‌ទ័ព​ដែល​ធ្លាប់​បម្រើ​ស្ដេច​មុនៗ អាក់​អន់​ចិត្ត ហើយ​ស្អប់​ស្ដេច។ ៣៩ លោក​ទ្រីផូន​ដែល​ធ្លាប់​បម្រើ​ព្រះ‌បាទ​អឡិច‌សង់​យល់​ឃើញ​ថា កង‌ទ័ព​ទាំង​មូល​រអ៊ូ​រទាំ​ប្រឆាំង​នឹង​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស។ លោក​ក៏​ទៅ​ជួប​លោក​យ៉ាំលី‌កូស ជា​ជន​ជាតិ​អារ៉ាប់ ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ‌អប់រំ​ព្រះ‌បាទ​អន់ទី‌យ៉ូគូស ជា​បុត្រា​ពៅ​របស់​ព្រះ‌បាទ​អឡិច‌សង់។ ៤០ លោក​ទ្រីផូន​ចេះ​តែ​បង្ខំ​លោក​យ៉ាំលី‌កូស ឲ្យ​លើក​រាជ​កុមារ​នេះ​ឡើង​សោយ‌រាជ្យ​ស្នង​ពី​បិតា។ លោក​ក៏​រៀប​រាប់​អំពី​សេចក្ដី​សម្រេច​ទាំង​អស់​របស់​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស និង​អំពី​កង‌ទ័ព​ទាំង​អស់​ដែល​ស្អប់​ស្ដេច។ លោក​ស្នាក់​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ។
៤១ លោក​យ៉ូណាថាន​ទូល​សូម​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស ឲ្យ​ដក​កង‌ទ័ព​របស់​ព្រះ‌អង្គ​ចេញ​ពី​បន្ទាយ​ក្រុង​យេរូ‌សាឡឹម និង​ពី​បន្ទាយ​នានា ដ្បិត​កង‌ទ័ព​ទាំង​នោះ​នៅ​តែ​ច្បាំង​នឹង​ជន​ជាតិ​អ៊ីស្រា‌អែល។ ៤២ ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ឆ្លើយ​តប​ទៅ​វិញ​ថា៖ «យើង​មិន​គ្រាន់​តែ​ធ្វើ​តាម​សំណូម​ពរ​នេះ ដើម្បី​លោក និង​ប្រជាជន​របស់​លោក​ប៉ុណ្ណោះ​ទេ បើ​ឱកាស​ហុច​ឲ្យ យើង​នឹង​លើក​កិត្តិយស​របស់​លោក និង​ប្រជា​ជាតិ​របស់​លោក​ថែម​ទៀត​ផង។ ៤៣ ឥឡូវ​នេះ សូម​លោក​បញ្ជូន​កង‌ទ័ព​មក ដើម្បី​រួម​ប្រយុទ្ធ​ខាង​យើង ព្រោះ​កង‌ទ័ព​យើង​រត់​បាត់​អស់​ហើយ»។ ៤៤ លោក​យ៉ូណាថាន​បញ្ជូន​កង‌ទ័ព​ខ្លាំង​ពូកែ ចំនួន​បី‌ពាន់​នាក់ មក​ថ្វាយ​ស្ដេច​នៅ​ក្រុង​អន់ទី‌យ៉ូក។ នៅ​ពេល​ពួក​គេ​បាន​មក​ដល់ ព្រះ‌រាជា​មាន​ព្រះ‌ទ័យ​រីក​រាយ​យ៉ាង​ក្រៃ​លែង។ ៤៥ មាន​ប្រជាជន​ប្រមាណ​ដប់‌ម៉ឺន​នាក់​ជួប​ជុំ​គ្នា​នៅ​កណ្តាល​ទីក្រុង​នោះ បម្រុង​នឹង​ធ្វើ​គុត​ព្រះ‌រាជា ៤៦ ហើយ​ព្រះ‌អង្គ​ក៏​គេច​ខ្លួន​ទៅ​ក្នុង​រាជ​វាំង ក្នុង​ពេល​ដែល​អ្នក​ក្រុង​ចេញ​មក​កុះករ​តាម​ផ្លូវ ហើយ​ការ​ប្រយុទ្ធ​ក៏​ចាប់​ផ្ដើម។ ៤៧ ព្រះ‌រាជា​ហៅ​កង‌ទ័ព​យូដា​ឲ្យ​មក​ជួយ។ ពួក​គេ​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្បែរ​ស្ដេច រួច​ចេញ​ចូល​ពាស​ពេញ​ក្នុង​ក្រុង ហើយ​សម្លាប់​ប្រជាជន​ប្រហែល​ដប់‌ម៉ឺន​នាក់ នៅ​ថ្ងៃ​នោះ។ ៤៨ ពួក​គេ​ដុត​ទីក្រុង រឹប​អូស​យក​ជយ‌ភណ្ឌ​ជា​ច្រើន ហើយ​សង្គ្រោះ​ព្រះ‌រាជា​នៅ​ថ្ងៃ​នោះ​ដែរ។ ៤៩ ប្រជាជន​ក្នុង​ក្រុង​ឃើញ​ថា ពួក​យូដា​កាន់​កាប់​ក្រុង​ទាំង​មូល ហើយ​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត​របស់​គេ ពួក​គេ​ក៏​ធ្លាក់​ទឹក​ចិត្ត ហើយ​ស្រែក​ទូល​អង្វរ​ព្រះ‌រាជា​ដូច​ត​ទៅ៖ ៥០ «សូម​ព្រះ‌ករុណា​អត់​ទោស​ឲ្យ​យើង​ខ្ញុំ និង​ប្រោស​ប្រទាន​សន្តិ‌ភាព​ឲ្យ​យើង​ខ្ញុំ​ផង សូម​ឲ្យ​ពួក​យូដា​ឈប់​ប្រយុទ្ធ​នឹង​យើង​ខ្ញុំ ព្រម​ទាំង​ទីក្រុង​ផង!»។ ៥១ ពួក​បះ‌បោរ​ទម្លាក់​អាវុធ ហើយ​សូម​សន្តិ‌ភាព។ ព្រះ‌រាជា និង​ប្រជាជន​ដែល​រស់​នៅ​ក្នុង​រាជា​ណាចក្រ​ទាំង​មូល នាំ​គ្នា​លើក​តម្កើង​កិត្តិ‌យស​របស់​ជន​ជាតិ​យូដា។ ក្រោយ​ពី​មាន​ឈ្មោះ​ល្បី​ដូច្នេះ​ជន​ជាតិ​យូដា​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ ទាំង​នាំ​យក​ជយ‌ភណ្ឌ​យ៉ាង​ច្រើន​សន្ធឹក‌សន្ធាប់ មក​ជា​មួយ​ផង។ ៥២ ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​បាន​ពង្រឹង​អំណាច​របស់​ខ្លួន ហើយ​ស្រុក​ក៏​មាន​សេចក្ដី​សុខ​សាន្ត។ ៥៣ ប៉ុន្តែ ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ពុំ​បាន​កាន់​តាម​ពាក្យ​សន្យា​ទាំង​ប៉ុន្មាន​របស់​ខ្លួន ហើយ​ដូរ​ព្រះ‌ហឫទ័យ បែរ​ទៅ​ប្រឆាំង​នឹង​លោក​យ៉ូណាថាន​វិញ។ ព្រះ‌រាជា​ភ្លេច​ពី​ឧបការ​គុណ​ដែល​លោក​យ៉ូណាថាន​បាន​ធ្វើ ដើម្បី​បម្រើ​ស្ដេច ហើយ​ធ្វើ​បាប​លោក​គ្រប់​បែប​យ៉ាង។
លោក​យ៉ូណាថាន​គាំទ្រ​ព្រះ‌បាទ​អន់ទី‌យ៉ូគូស​ទី ៦
៥៤ ក្រោយ​មក លោក​ទ្រីផូន​វិល​ត្រឡប់​មក​វិញ​ជា​មួយ​រាជ​កុមារ​អន់ទី‌យ៉ូគូស ហើយ​លើក​រាជ​កុមារ​ឲ្យ​ឡើង​សោយ​រាជ្យ។ ៥៥ កង‌ទ័ព​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​បាន​រំសាយ​ពី​មុន​នោះ មក​ជួប​ជុំ​គ្នា​ជា​មួយ​លោក​ទ្រីផូន ហើយ​វាយ​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស។ ព្រះ‌រាជា​បរា‌ជ័យ ហើយ​បាក់​ទ័ព​រត់​អស់។ ៥៦ លោក​ទ្រីផូន​ចាប់​ដំរី​ចម្បាំង​ជា​ច្រើន​ក្បាល ហើយ​ដណ្ដើម​យក​ក្រុង​អន់ទី‌យ៉ូក​បាន។ ៥៧ រាជ​កុមារ​អន់ទី‌យ៉ូគូស​សរសេរ​រាជ‌សារ​មួយ​ច្បាប់​ជូន​លោក​យ៉ូណាថាន មាន​សេចក្ដី​ដូច​ត​ទៅ៖ «យើង​ទទួល​ស្គាល់​លោក​ទុក​ជា​មហា​បូជា‌ចារ្យ​ដដែល។ យើង​តែង​តាំង​លោក​ឲ្យ​គ្រប់​គ្រង​តំបន់​ទាំង​បួន ហើយ​ចាត់​ទុក​លោក​ជា​មិត្ត​របស់​ស្ដេច​ដែរ»។ ៥៨ ព្រះ‌រាជា​ប្រទាន​ភាជន៍​មាស និង​គ្រឿង​ប្រើ​ប្រាស់​ក្នុង​ពិធី​ជប់​លៀង​ជូន​លោក ព្រម​ទាំង​អនុញ្ញាត​ឲ្យ​លោក​ពិសា​ស្រា​ក្នុង​ពែង​មាស ហើយ​ឲ្យ​ពាក់​អាវ​ពណ៌​ស្វាយ​របស់​ស្ដេច និង​ក្លាស់​មាស​ផង។ ៥៩ ព្រះ‌រាជា​តែង​តាំង​លោក​ស៊ីម៉ូន ជា​បង​របស់​លោក​យ៉ូណាថាន ឲ្យ​ធ្វើ​ជា​ឧបរាជ ត្រួត​ត្រា​តំបន់​តាម​ឆ្នេរ​សមុទ្រ ចាប់​ពី​ភ្នំ​ក្បែរ​ក្រុង​ទីរ៉ុស រហូត​ទៅ​ដល់​ព្រំ​ប្រទល់​ស្រុក​អេស៊ីប។ ៦០ លោក​យ៉ូណាថាន​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក នៅ​ខាង​នាយ​ទន្លេ​អឺប្រាត ដោយ​កាត់​តាម​ទីក្រុង​នានា។ កង‌ទ័ព​ស្រុក​ស៊ីរី​ទាំង​អស់​ចូល​រួម​ជា​មួយ​លោក។ លោក​ទៅ​ដល់​ក្រុង​អាស្កា‌ឡូន ហើយ​ប្រជាជន​ក្រុង​នោះ អបអរ‌សាទរ​ទទួល​លោក​យ៉ាង​អធិក​អធម។ ៦១ លោក​ចាក​ចេញ​ពី​ទី​នោះ ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​កាសា ប៉ុន្តែ អ្នក​ក្រុង​នេះ​បិទ​ទ្វារ​មិន​ព្រម​ទទួល​លោក។ ដូច្នេះ លោក​ក៏​ឡោម‌ព័ទ្ធ​ក្រុង​នោះ ដុត​តំបន់​ដែល​នៅ​ជុំ​វិញ​ចោល ហើយ​រឹប​អូស​យក​ជយ‌ភណ្ឌ ពី​តំបន់​នោះ​ផង។ ៦២ អ្នក​ក្រុង​កាសា​អង្វរ​លោក​យ៉ូណាថាន។ លោក​ក៏​អត់​ទោស​ឲ្យ​ពួក​គេ ប៉ុន្តែ លោក​ចាប់​កូន​ប្រុស​របស់​មេ​ដឹក​នាំ​ទាំង​នោះ យក​ទៅ​ក្រុង​យេរូ‌សាឡឹម​ជា​ថ្នូរ។ បន្ទាប់​មក លោក​បន្ត​ដំណើរ​កាត់​តាម​តំបន់​នោះ រហូត​ដល់​ក្រុង​ដាម៉ាស។
៦៣ លោក​យ៉ូណាថាន​ទទួល​ដំណឹង​ថា មេទ័ព​របស់​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​មក​ក្រុង​កេដែស​ក្នុង​ស្រុក​កាលីឡេ ដោយ​នាំ​កង‌ទ័ព​ជា​ច្រើន​មក​ជា​មួយ​ផង ដើម្បី​ទម្លាក់​គាត់​ពី​មុខ​តំណែង។ ៦៤ លោក​ទុក​ឲ្យ​លោក​ស៊ីម៉ូន​ជា​បង​របស់​លោក​នៅ​គ្រប់‌គ្រង​ត្រួត​ត្រា​ស្រុក​យូដា ហើយ​លោក​ចេញ​ទៅ​ច្បាំង​ជា​មួយ​ពួក​គេ។ ៦៥ លោក​ស៊ីម៉ូន​បោះ​ទ័ព​នៅ​មុខ​ក្រុង​បេតសួរ​ទាំង​ឡោម​ព័ទ្ធ ហើយ​វាយ​ប្រហារ​ក្រុង​នេះ​ជា​យូរ​ថ្ងៃ។ ៦៦ អ្នក​ក្រុង​នោះ​ចរចា​សុំ​សន្តិ‌ភាព ហើយ​លោក​ស៊ីម៉ូន​យល់​ព្រម​តាម​សំណូម​ពរ​របស់​ពួក​គេ។ ប៉ុន្តែ លោក​សូម​ឲ្យ​ពួក​គេ​ចាក​ចេញ​ពី​ក្រុង ដើម្បី​លោក​ចូល​ទៅ​កាន់​កាប់ និង​ដាក់​កង‌ទ័ព​នៅ​ក្រុង​នោះ។ ៦៧ រីឯ​លោក​យ៉ូណាថាន និង​កង‌ទ័ព​របស់​លោក បោះ​ទ័ព​នៅ​ក្បែរ​បឹង​កេណេ‌សារ៉ែត។ លុះ​ព្រឹក​ស្អែក​ឡើង ពួក​គេ​ទៅ​ដល់​វាល​ទំនាប​ហាសូរ។ ៦៨ កង‌ទ័ព​របស់​ជន​បរទេស កំពុង​ធ្វើ​ដំណើរ​មក​វាយ​លោក​នៅ​ទី​វាល​នេះ​ដែរ ពួក​គេ​បាន​បង្កប់​ទ័ព​មួយ​ក្រុម​នៅ​តាម​ភ្នំ ចាំ​ពួន​ស្ទាក់​វាយ​ប្រហារ​លោក។ ៦៩ លោក​យ៉ូណាថាន និង​កង‌ទ័ព​កំពុង​ធ្វើ​ដំណើរ​ទៅ​មុខ ពេល​នោះ កង‌ទ័ព​ដែល​ពួន​ស្ទាក់​ក៏​ស្ទុះ​ចេញ​មក​វាយ​ប្រហារ​លោក។ ៧០ កង‌ទ័ព​របស់​លោក​យ៉ូណាថាន​បាក់​ទ័ព​រត់​គ្មាន​សល់​ម្នាក់​សោះ លើក​លែង​តែ​មេ​ទ័ព​ពីរ​នាក់ គឺ​លោក​ម៉ាថា‌ធឺយ៉ាស​ជា​កូន​របស់​លោក​អាប់សាឡុម និង​លោក​យូដា​ជា​កូន​របស់​លោក​ខាល​ភី។ ៧១ លោក​យ៉ូណាថាន​ហែក​សម្លៀក​បំពាក់​របស់​លោក រោយ​ដី​នៅ​លើ​ក្បាល ហើយ​ទូល​អង្វរ​ព្រះ‌ជាម្ចាស់។ ៧២ បន្ទាប់​មក លោក​ប្រយុទ្ធ​នឹង​សត្រូវ ហើយ​ធ្វើ​ឲ្យ​សត្រូវ​បាក់​ទ័ព​រត់​អស់។ ៧៣ ឃើញ​ដូច្នេះ កង‌ទ័ព​ដែល​បាក់​ទ័ព​រត់​ចោល​លោក​នោះ ក៏​វិល​ត្រឡប់​មក​រក​លោក​វិញ ដេញ​តាម​ពួក​សត្រូវ​រហូត​ដល់​ជំរំ​របស់​ពួក​គេ​នៅ​កេដែស ហើយ​កង‌ទ័ព​របស់​លោក​យ៉ូណាថាន ក៏​បោះ​ជំរំ​នៅ​ទី​នោះ​ដែរ។ ៧៤ នៅ​ថ្ងៃ​នោះ ទាហាន​បរ‌ទេស​ប្រមាណ​បី‌ពាន់​នាក់​ស្លាប់​លើ​សមរ‌ភូមិ។ លោក​យ៉ូណាថាន​ក៏​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។
១២
លោក​យ៉ូណាថាន​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ជន​ជាតិ​រ៉ូម៉ាំង​សា​ជា​ថ្មី
 លោក​យ៉ូណាថាន​ឃើញ​ថា​សភាព‌ការណ៍​ដំណើរ​ការ​ល្អ​សម្រាប់​គាត់ គាត់​ក៏​ជ្រើស‌រើស​ទូត​ចាត់​ឲ្យ​ទៅ​ក្រុង​រ៉ូម ដើម្បី​ចង​សម្ពន្ធ‌មិត្ត​ជាមួយ​ជន​ជាតិ​រ៉ូម៉ាំង​ជា​ថ្មី។  លោក​សរសេរ​លិខិត​ដែល​មាន​សេចក្ដី​ដូច​គ្នា ផ្ញើ​ជូន​ក្រុង​ស្ប៉ាត និង​ក្រុង​ផ្សេងៗ​ទៀត​ដែរ។  ទូត​ទាំង​នោះ​ចេញ​ដំណើរ​ទៅ​កាន់​ក្រុង​រ៉ូម ហើយ​បាន​ការ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ព្រឹទ្ធ‌សភា​ក្រុង​នោះ។ ពួក​គេ​មាន​ប្រសាសន៍​ថា៖ «លោក​មហា​បូជា‌ចារ្យ​យ៉ូណាថាន និង​ជន​ជាតិ​យូដា ចាត់​យើង​ខ្ញុំ​ឲ្យ​មក ដើម្បី​រឹត​ចំណង​មិត្ត‌ភាព និង​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ជន​ជាតិ​រ៉ូម៉ាំង​សា​ជា​ថ្មី ដូច​កាល​ពី​មុនៗ​មក»។  ព្រឹទ្ធ​សភា​ចេញ​លិខិត​អនុញ្ញាត​ច្បាប់​ចំពោះ​ទូត​ទាំង​នោះ ដើម្បី​ឲ្យ​អ្នក​កាន់​អំណាច​ក្នុង​ស្រុក​នីមួយៗ​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​របស់​ពួក​គេ វិល​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ ដោយ​សុវត្ថិ​ភាព។
 នេះ​ជា​សេចក្ដី​ក្នុង​លិខិត​ដែល​លោក​យ៉ូណាថាន​សរសេរ​ផ្ញើ​អ្នក​ក្រុង​ស្ប៉ាត៖  «យើង យ៉ូណាថាន​ជា​មហា​បូជា‌ចារ្យ ព្រឹទ្ធ‌សភា​ជាតិ និង​អស់​លោក​បូជា‌ចារ្យ ព្រម​ទាំង​ប្រជាជន​យូដា​ទាំង​មូល ជម្រាប​មក​អ្នក​ក្រុង​ស្បាត​ជា​បង‌ប្អូន។  កាល​ពី​ដើម ព្រះ‌បាទ​អារីយ៉ូស ដែល​គ្រង‌រាជ្យ​នៅ​ប្រទេស​របស់​បង‌ប្អូន បាន​សរសេរ​រាជ‌សារ​ផ្ញើ​ទៅ​លោក​មហា​បូជា‌ចារ្យ​អ៊ូនីយ៉ា​បញ្ជាក់​ថា ប្រជាជន​របស់​យើង​ទាំង​ពីរ​ជា​បង‌ប្អូន ដូច​លិខិត​ភ្ជាប់​មក​ជា​មួយ​នេះ​ជា​ភស្តុតាង​ស្រាប់។  លោក​អូនីយ៉ា​ទទួល​រាជ‌ទូត​យ៉ាង​អធិក‌អធម ហើយ​ទទួល​រាជ‌សារ​ដែល​បញ្ជាក់​ច្បាស់​អំពី​សម្ពន្ធ‌មិត្ត និង​ចំណង​មិត្ត‌ភាព​រវាង​គ្នា​ទៅ​វិញ​ទៅ​មក។  ចំពោះ​យើង​ខ្ញុំ ទោះ​បី​មិន​ត្រូវ​ការ​សេចក្ដី​ទាំង​នោះ​ក្ដី ក៏​ព្រះ‌គម្ពីរ​ដែល​យើង​កាន់ តែង​តែ​សម្រាល​ទុក្ខ​យើង​ខ្ញុំ។ ១០ យើង​ខ្ញុំ​ក៏​សម្រេច​ចិត្ត ចាត់​ទូត​ឲ្យ​មក​ជួប​អស់​លោក ដើម្បី​រឹត​ចំណង​សម្ពន្ធ‌មិត្ត និង​មិត្ត‌ភាព​សា​ជា​ថ្មី ក្រែង​លោ​យើង​ខ្ញុំ​ត្រឡប់​ទៅ​ជា​ជន​បរទេស​សម្រាប់​អស់​លោក ព្រោះ​អស់​លោក​បាន​ចាត់​រាជ​ប្រតិភូ ឲ្យ​ទៅ​ជួប​យើង​ខ្ញុំ​ជា​យូរ​ឆ្នាំ​មក​ហើយ។ ១១ យើង​ខ្ញុំ​តែង​តែ​នឹក​រលឹក​ដល់​អស់​លោក​ជា‌និច្ច ក្នុង​គ្រប់​ពិធី​បុណ្យ និង​នៅ​ថ្ងៃ​បុណ្យ​នានា ក្នុង​ពេល​ថ្វាយ​យញ្ញ‌បូជា និង​ក្នុង​ពេល​អង្វរ​ព្រះ‌ជាម្ចាស់។ នេះ​ជា​ការ​សមរម្យ​ណាស់​ចំពោះ​យើង​ជា​បង‌ប្អូន។ ១២ យើង​ខ្ញុំ​មាន​អំណរ​ចំពោះ​ភាព​រុង‌រឿង​ថ្កុំ​ថ្កើង​របស់​អស់​លោក។ ១៣ រីឯ​យើង​ខ្ញុំ យើង​ខ្ញុំ​រង​ទុក្ខ​លំបាក​ជា​ច្រើន ហើយ​សត្រូវ​មក​ច្បាំង​នឹង​យើង​ខ្ញុំ​ជា​ច្រើន​លើក ស្ដេច​ស្រុក​ជិត​ខាង​ក៏​បាន​មក​វាយ​ប្រហារ​យើង​ខ្ញុំ​ដែរ។ ១៤ ប៉ុន្តែ យើង​ខ្ញុំ​មិន​ចង់​រំខាន​អស់​លោក​សម្ពន្ធ‌មិត្ត និង​មិត្ត​ឯ​ទៀតៗ អំពី​សង្គ្រាម​ទាំង​នោះ​ទេ។ ១៥ មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​សង្គ្រោះ​យើង​ខ្ញុំ ព្រះ‌អង្គ​បាន​រំដោះ​យើង​ខ្ញុំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ហើយ​ពួក​ខ្មាំង​ត្រូវ​ទទួល​ការ​អាម៉ាស់​វិញ។ ១៦ ហេតុ​នេះ យើង​ខ្ញុំ​ជ្រើស‌រើស​លោក​នូមេ‌នីយ៉ូស ជា​កូន​របស់​លោក​អន់ទី‌យ៉ូគូស និង​លោក​អន់ទី‌ប៉ាទែរ ជា​កូន​របស់​លោក​យ៉ាសូន រួច​ចាត់​ពួក​គេ​ឲ្យ​មក​ជួប​ជន​ជាតិ​រ៉ូម៉ាំង ដើម្បី​ចង​ចំណង​មិត្ត‌ភាព និង​ចង​សម្ពន្ធ‌មិត្ត​ដូច​កាល​ពី​មុន​ដែរ។ ១៧ យើង​ខ្ញុំ​បញ្ជា​ពួក​គេ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ជួប និង​សួរ​សុខ​ទុក្ខ​អស់​លោក ព្រម​ទាំង​យក​លិខិត​ស្តី​ពី​ការ​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​គ្នា និង​អំពី​ការ​រឹត​ចំណង​មិត្ត​ភាព​ជា​មួយ​បង‌ប្អូន​សា​ជា​ថ្មី​ទៀត ជូន​ចំពោះ​អស់​លោក។ ១៨ សូម​អស់​លោក​មេត្តា​តប​ឆ្លើយ​មក​យើង​ខ្ញុំតាម​សេចក្ដី​ស្នើរ​សុំ​នេះ​ផង»។
១៩ នេះ​ជា​សេចក្ដី​ក្នុង​លិខិត​ផ្ញើ​មក​លោក​អូនីយ៉ា៖ ២០ «យើង​អារីយ៉ូស ជា​ស្ដេច​ក្រុង​ស្ប៉ាត ជម្រាប​មក​លោក​អូនីយ៉ា ជា​មហា​បូជា‌ចារ្យ សូម​ជ្រាប៖ ២១ យើង​បាន​រក​ឃើញ​ឯក​សារ​ស្តី​អំពី​ជន​ជាតិ​ស្ប៉ាត និង​ជន​ជាតិ​យូដា បាន​បញ្ជាក់​ថា យើង​ទាំង​ពីរ​ជា​បង‌ប្អូន​នឹង​គ្នា គឺ​សុទ្ធ​តែ​ជា​ពូជ​ពង្ស​របស់​លោក​អប្រាហាំ​ដូច​គ្នា។ ២២ ឥឡូវ​នេះ ដោយ​យើង​ដឹង​សេចក្ដី​ទាំង​នោះ ហើយ​យើង​យល់​ថា ជា​ការ​ប្រសើរ​ណាស់​ចំពោះ​យើង​ខ្ញុំ​សរសេរ​លិខិត​មក​សួរ​សុខ​ទុក្ខ​អស់​លោក។ ២៣ ចំពោះ​យើង​ខ្ញុំ យើង​ខ្ញុំ​សូម​ជម្រាប​អស់​លោក​ថា ហ្វូង​សត្វ​របស់​អស់​លោក ក៏​ដូច​ជា​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ ទ្រព្យ‌សម្បត្តិ​របស់​អស់​លោក ក៏​ដូច​ជា​ទ្រព្រ​សម្បត្តិ​យើង​ខ្ញុំ​ដែរ។ ហេតុ​នេះ​ហើយ ទើប​យើង​សូម​ចេញ​បញ្ជា​ឲ្យ​គេ​មក​ជម្រាប​សេចក្ដី​ទាំង​នេះ​ដល់​អស់​លោក»។
លោក​យ៉ូណាថាន​ធ្វើ​សឹក​សង្គ្រាម​នៅ​ស្រុក​ស៊ីរី
២៤ លោក​យ៉ូណាថាន​ទទួល​ដំណឹង​ថា មេទ័ព​របស់​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​វិល​ត្រឡប់​មក​វិញ ដោយ​នាំ​កង‌ទ័ព​ច្រើន​ជាង​មុន​ទៅ​ទៀត មក​វាយ​ប្រហារ​លោក។ ២៥ លោក​យ៉ូណាថាន​ក៏​ចាក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម ដើម្បី​ទៅ​ប្រយុទ្ធ​នឹង​ពួក​គេ​នៅ​តំបន់​ក្រុង​ហាម៉ាត កុំ​ឲ្យ​ពួក​គេ​ចូល​មក​ក្នុង​ស្រុក​យូដា។ ២៦ លោក​យ៉ូណាថាន​ចាត់​មនុស្ស​ឲ្យ​ទៅ​ស៊ើប​យក​ការណ៍​ពី​ក្នុង​ជំរំ​របស់​សត្រូវ។ ពួក​គេ​មក​រាយ​ការណ៍​ប្រាប់​លោក​ថា កង​កម្លាំង​សត្រូវ​កំពុង​តែ​ត្រៀម​ខ្លួន​វាយ​ប្រហារ​កង‌ទ័ព​យូដា​នៅ​ពេល​យប់។ ២៧ ពេល​ថ្ងៃ​លិច លោក​យ៉ូណាថាន​បញ្ជា​ឲ្យ​កង‌ទ័ព​របស់​លោក​យាម​យ៉ាង​ប្រុង​ប្រយ័ត្ន ព្រម​ទាំង​កាន់​អាវុធ​រៀងៗ​ខ្លួន ត្រៀម​ប្រយុទ្ធ​ពេញ​មួយ​យប់​នោះ។ លោក​ក៏​ដាក់​ខ្សែ​ត្រៀម​ជុំ​វិញ​ទី​តាំង​កង‌ទ័ព​ដែរ។ ២៨ ពួក​សត្រូវ​ដឹង​ថា លោក​យ៉ូណាថាន និង​កង‌ទ័ព​របស់​លោក បាន​ត្រៀម​ខ្លួន​ចាំ​វាយ​ពួក​គេ គេ​មាន​ការ​ភ័យ​តក់ស្លុត​យ៉ាង​ខ្លាំង គេ​ដុត​ភ្លើង​ចោល​ក្នុង​ជំរំ ពួក​គេ ហើយ​ភៀស​ខ្លួន​បាត់​អស់​ទៅ។ ២៩ លោក​យ៉ូណាថាន និង​កង‌ទ័ព​របស់​លោក ឃើញ​ភ្លើង​កំពុង​ឆេះ​នៅ​ក្នុង​ជំរំ​នោះ តែ​មិន​នឹក​ស្មាន​ថា ពួក​ខ្មាំង​រត់​បាត់​អស់​ទេ លុះ​ដល់​ព្រឹក​ស្អែក ទើប​ពួក​គេ​ដឹង។ ៣០ លោក​យ៉ូណាថាន​ដេញ​តាម​ពី​ក្រោយ​ពួក​គេ ក៏​ប៉ុន្តែ លោក​តាម​មិន​ទាន់ ព្រោះ​ពួក​គេ​ឆ្លង​ទន្លេ​អេលើថែរ​ផុត​ទៅ​ហើយ។ ៣១ ពេល​នោះ លោក​យ៉ូណាថាន​បែរ​ទៅ​វាយ​ប្រហារ​ជន​ជាតិ​អារ៉ាប់​ឈ្មោះ​សេបា‌ដេអាន។ លោក​វាយ​ឈ្នះ​ពួក​គេ ហើយ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ទុក​ជា​ជយ‌ភណ្ឌ​ទៀត​ផង។ ៣២ បន្ទាប់​មក លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ដាម៉ាស់ ហើយ​ដើរ​កាត់​តំបន់​ទាំង​មូល។ ៣៣ នៅ​គ្រា​នោះ លោក​ស៊ីម៉ូន​ក៏​ចេញ​ទៅ​ធ្វើ​សង្គ្រាម រហូត​ដល់​ក្រុង​អាស្កាឡូន និង​ក្រុង​ដែល​នៅ​ជុំ​វិញ​មាន​សុទ្ធ​តែ​កំពែង រួច​ឆ្ពោះ​ទៅ​កាន់​ក្រុង​យ៉ូប៉េ ហើយ​កាន់​កាប់​ក្រុង​នោះ ដើម្បី​ការ‌ពារ​ទុក​ជា​មុន។ ៣៤ លោក​ដាក់​កង‌ទ័ព​នៅ​ក្រុង​នោះ ព្រោះ​លោក​ជ្រាប​ថា អ្នក​ក្រុង​មាន​បំណង​ប្រគល់​ក្រុង​ដែល​មាន​កំពែង​នេះ ឲ្យ​កង‌ទ័ព​របស់​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស។
លោក​យ៉ូណាថាន​សង់​កំពែង​ក្រុង​យេរូ‌សាឡឹម
៣៥ ពេល​លោក​យ៉ូណាថាន​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ លោក​កោះ​ហៅ​ព្រឹទ្ធា‌ចារ្យ​នៃ​ប្រជាជន ហើយ​សម្រេច​ជា​មួយ​អស់​លោក​ថា​នឹង​សង់​ក្រុង​ដែល​មាន​កំពែង​ជា​ច្រើន ក្នុង​ស្រុក​យូដា ៣៦ សង់​កំពែង​ក្រុង​យេរូ‌សាឡឹម​ឲ្យ​បាន​ខ្ពស់ ព្រម​ទាំង​សង់​ជញ្ជាំង​ដែល​ខ័ណ្ឌ​បន្ទាយ និង​ក្រុង​ឲ្យ​ដាច់​ពី​គ្នា។ ធ្វើ​ដូច្នេះ ពល‌ទាហាន​របស់​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​មិន​អាច​ចេញ​ចូល​លក់ ឬ​ទិញ​អីវ៉ាន់​បាន​ឡើយ។ ៣៧ ប្រជាជន​ប្រមូល​គ្នា​សង់​ក្រុង​ឡើង​វិញ ដ្បិត​កំពែង​នៅ​ផ្នែក​ខាង​កើត​ក្រុង​រលំ​អស់​ទៅ​ហើយ។ គេ​ក៏​សង់​សង្កាត់​ដែល​មាន​ឈ្មោះ​ថា ខាផេ‌ណាថា ឡើង​វិញ​ដែរ។ ៣៨ លោក​ស៊ីម៉ូន​សង់​ក្រុង​អាឌីដា ដែល​ស្ថិត​នៅ​ជើង​ភ្នំ​ឡើង​វិញ ព្រម​ទាំង​សង់​កំពែង​ការ‌ពារ​ក្រុង ដាក់​ទ្វារ និង​រនុក​ទៀត​ផង។
លោក​ទ្រីផូន​ចាប់​លោក​យ៉ូណាថាន
៣៩ លោក​ទ្រីផូន​មាន​បំណង​តាំង​ខ្លួន​ជា​ស្ដេច​គ្រប់​គ្រង​លើ​ស្រុក​អាស៊ីរី​ទាំង​មូល ហើយ​ខិត​ខំ​ចាប់​ព្រះ‌បាទ​អន់ទី‌យ៉ូគូស​ធ្វើ​គុត។ ៤០ លោក​ខ្លាច​លោក​យ៉ូណាថាន មិន​បណ្តោយ​ឲ្យ​លោក​សម្រេច តាម​គម្រោង‌ការណ៍​នេះ ហើយ​ច្បាំង​នឹង​គាត់​វិញ។ ដូច្នេះ លោក​ទ្រីផូន រក​មធ្យោ​បាយ​ចាប់​លោក​យ៉ូណាថាន​យក​ទៅ​សម្លាប់។ លោក​ចេញ​ដំណើរ​ទៅ​កាន់​ក្រុង​បេត‌សាន។ ៤១ ប៉ុន្តែ លោក​យ៉ូណាថាន និង​កង‌ទ័ព​ដ៏​ចំណាន​បួន‌ម៉ឺន​នាក់ ចេញ​មក​ជួប​លោក​ទ្រីផូន​នៅ​ក្រុង​បេត‌សាន។ ៤២ លោក​ទ្រីផូន​ឃើញ​ថា លោក​យ៉ូណាថាន​មាន​កង‌ទ័ព​ច្រើន​យ៉ាង​នេះ លោក​មិន​ហ៊ាន​ចាប់​លោក​យ៉ូណាថាន​ទេ ៤៣ លោក​បែរ​ជា​ទទួល​លោក​យ៉ូណាថាន​យ៉ាង​អធិក​អធម ព្រម​ទាំង​បង្ហាញ​នាម៉ឺន​មន្ត្រី​របស់​លោក ឲ្យ​លោក​យ៉ូណាថាន​ស្គាល់ ព្រម​ទាំង​ជូន​អំណោយ​ជា​ច្រើន។ លោក​បញ្ជា​មន្ត្រី និង​កង‌ទ័ព ឲ្យ​ធ្វើ​តាម​បង្គាប់​របស់​លោក​យ៉ូណាថាន ដូច​គេ​ធ្លាប់​ធ្វើ​តាម​បង្គាប់​របស់​លោក​ដែរ។ ៤៤ លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យ៉ូណាថាន​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​ឲ្យ​កង‌ទ័ព​មាន​ការ​នឿយ​ហត់​ដូច្នេះ? យើង​មិន​មែន​ជា​សត្រូវ​នឹង​គ្នា​ទេ! ៤៥ សូម​បញ្ជា​ឲ្យ​ពួក​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ!។ សូម​ជ្រើស‌រើស​កង‌ទ័ព​តែ​មួយ​ចំនួន​តូច ឲ្យ​ការ‌ពារ​លោក​បាន​ហើយ រួច​សូម​អញ្ជើញ​មក​ក្រុង​ផ្ទោឡេ‌មៃស៍​ជាមួយ​ខ្ញុំ។ ខ្ញុំ​នឹង​ប្រគល់​ក្រុង​នោះ និង​បន្ទាយ​ឯ​ទៀតៗ​ដែល​មាន​កំពែង​រឹង​មាំ ឲ្យ​លោក​កាន់​កាប់ ព្រម​ទាំង​ប្រគល់​កង‌ទ័ព​ដែល​នៅ​សេស​សល់ និង​នាម៉ឺន​មន្ត្រី​ផង រួច​ខ្ញុំ​វិញ​នឹង​វិល​ត្រឡប់​ទៅ​ស្រុក​វិញ ព្រោះ​ខ្ញុំ​ចេញ​មក ដើម្បី​គោល​បំណង​នេះ​តែ​ប៉ុណ្ណោះ»។ ៤៦ លោក​យ៉ូណាថាន​ក៏​ជឿ​ទុក​ចិត្ត​លើ​លោក​ទ្រីផូន ហើយ​ធ្វើ​តាម​ពាក្យ​លោក គឺ​គាត់​បញ្ជា​ឲ្យ​កង‌ទ័ព​របស់​គាត់​វិល​ត្រឡប់​ទៅ​ស្រុក​យ៉ូដា​វិញ។ ៤៧ លោក​យ៉ូណាថាន​ទុក​កង‌ទ័ព​ចំនួន​បី​ពាន់​នាក់​នៅ​ជា​មួយ​គាត់ គឺ​ចំនួន​ពីរ‌ពាន់​នាក់​ឲ្យ​នៅ​ស្រុក​កាលីឡេ និង​មួយ​ពាន់​នាក់​ឲ្យ​ធ្វើ​ដំណើរ​ជា​មួយ​គាត់។ ៤៨ ប៉ុន្តែ ពេល​លោក​យ៉ូណាថាន​ចូល​ដល់​ក្នុង​ក្រុង​ផ្ទោឡេ‌មៃស៍ អ្នក​ក្រុង​បិទ​ទ្វារ​ចាប់​លោក ហើយ​សម្លាប់​កង‌ទ័ព​ទាំង​អស់ ដែល​ចូល​មក​ជា​មួយ​លោក។ ៤៩ លោក​ទ្រីផូន​ចាត់​ទ័ព​ថ្មើរ​ជើង ព្រម​ទាំង​ទ័ព‌សេះ​ទៅ​ស្រុក​កាលីឡេ និង​ក្នុង​វាល​ទំនាប​អ៊ីស្រា‌អែល ដើម្បី​សម្លាប់​បក្ស​ពួក​របស់​លោក​យ៉ូណាថាន​ឲ្យ​អស់។ ៥០ អ្នក​ទាំង​នោះ​ដឹង​ថា គេ​ចាប់​លោក​យ៉ូណាថាន ព្រម​ទាំង​ទ័ព​ដែល​នៅ​ជា​មួយ​យក​ទៅ​សម្លាប់។ ដូច្នេះ ពួក​ដែល​នៅ​សេស​សល់​បាន​ត្រៀម​ខ្លួន​ចេញ​ទៅ​ប្រយុទ្ធ។ ៥១ កង‌ទ័ព​សត្រូវ​ដែល​ដេញ​តាម​ពួក​គេ​ឃើញ​ថា បក្ស​ពួក​របស់​លោក​យ៉ូណាថាន​ប្រយុទ្ធ​ដោយ​ប្តូរ​ជីវិត​ដូច្នេះ ពួក​គេ​ក៏​ថយ​ក្រោយ​វិញ។ ៥២ កង‌ទ័ព​យូដា​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ​ដោយ​សុវត្ថិ‌ភាព។ ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​ធ្វើ​ពិធី​កាន់​ទុក្ខ​លោក​យ៉ូណាថាន និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក។ ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​កាន់​ទុក្ខ ហើយ​មាន​ការ​ភ័យ​ខ្លាច​ជា​ខ្លាំង។ ៥៣ ពេល​នោះ ប្រជាជន​ដែល​នៅ​ជុំ​វិញ​ស្រុក​យូដា​បម្រុង​កម្ទេច​ពូជ​សាសន៍​របស់​គេ ដោយ​ពោល​ថា៖ «ពួក​គេ​គ្មាន​មេ​ដឹក​នាំ គ្មាន​នរណា​គាំ​ទ្រ​ទេ។ យើង​នាំ​គ្នា​វាយ​ប្រហារ​គេ​ឥឡូវ​នេះ! យើង​នឹង​បំបាត់​ឈ្មោះ​គេ​ឲ្យ​ផុត​ពី​ផែន​ដី មិន​ឲ្យ​នរណា​នឹក​នា​ដល់​ពួក​គេ​ទៀត​ឡើយ»។
១៣
លោក​ស៊ីម៉ូន​បន្ត​មុខ​តំណែង​ពី​លោក​យ៉ូណាថាន
 លោក​ស៊ីម៉ូន​ជ្រាប​ថា លោក​ទ្រីផូន​ប្រមូល​ផ្ដុំ​កង‌ទ័ព​ជា​ច្រើន​បម្រុង​នឹង​លុក​លុយ​ចូល​ស្រុក​យូដា ហើយ​បំផ្លាញ​ស្រុក​នោះ​ចោល។  លោក​ស៊ីម៉ូន​ឃើញ​ប្រជាជន​ភ័យ​ខ្លាច​ញាប់​ញ័រ។ លោក​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​កោះ​ហៅ​ប្រជាជន​ឲ្យ​មក​ប្រជុំ  ហើយ​លើក​ទឹក​ចិត្ត​ពួក​គេ ដោយ​មាន​ប្រសាសន៍​ថា៖ «បង‌ប្អូន​ជ្រាប​ការ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ បង‌ប្អូន​ខ្ញុំ និង​ក្រុម​គ្រួសារ​ខ្ញុំ​បាន​ប្រព្រឹត្ត ដើម្បី​ការ‌ពារ​វិន័យ និង​ទី​សក្ការៈ។ បង‌ប្អូន​ក៏​ជ្រាប​អំពី​ចម្បាំង និង​ទុក្ខ​វេទនា​ដែល​ពួក​យើង​បាន​តស៊ូ​នោះ​ដែរ។  ហេតុ​នេះ​ហើយ បង‌ប្អូន​ទាំង​អស់​របស់​ខ្ញុំ​ត្រូវ​ស្លាប់ ព្រោះ​អ៊ីស្រា‌អែល! ហើយ​នៅ​សល់​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ។  ខ្ញុំ​មិន​ដែល​គិត​រត់​យក​រួច​ខ្លួន​នោះ​ទេ! ទោះ​បី​ក្នុង​គ្រា​ដ៏​អាសន្ន​នេះ​ក្ដី។ ជីវិត​របស់​ខ្ញុំ​គ្មាន​តម្លៃ​អ្វី​ប្រសើរ​ជាង​ជីវិត​របស់​បង‌ប្អូន​ខ្ញុំ​ទេ!។  ប៉ុន្តែ ខ្ញុំ​នឹង​តស៊ូ​ដើម្បី​ការ‌ពារ​ជាតិ​របស់​ខ្ញុំ ការ‌ពារ​ទី​សក្ការៈ និង​ប្រពន្ធ​កូន​របស់​បង‌ប្អូន ព្រោះ​ប្រជា‌ជាតិ​នានា​ស្អប់​ខ្ពើម​យើង ហើយ​ប្រមូល​ផ្តុំ​គ្នា ដើម្បី​បំផ្លាញ​យើង​ឲ្យ​វិនាស​សាប‌សូន្យ»។  កាល​ឮ​ពាក្យ​សម្ដី​ទាំង​នេះ ប្រជាជន​ក៏​មាន​សេចក្ដី​ក្លាហាន  ហើយ​ឆ្លើយ​តប​ដោយ​សំឡេង​ខ្លាំងៗ​ថា៖ «សូម​លោក​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ពួក​យើង ស្នង​ពី​លោក​យូដា និង​លោក​យ៉ូណាថាន​ជា​ប្អូនៗ​របស់​លោក​ផង។  សូម​ដឹក​នាំ​ពួក​យើង​ចេញ​ទៅ​ច្បាំង! ពួក​យើង​នឹង​ធ្វើ​តាម​បញ្ជា​របស់​លោក»។ ១០ លោក​ស៊ីម៉ូន​ប្រមូល​ផ្ដុំ​កង‌ទ័ព​ទាំង​អស់ ហើយ​ប្រញាប់‌ប្រញាល់​សង់​កំពែង​ជុំ​វិញ​ក្រុង​យេរូ‌សាឡឹម​ឲ្យ​បាន​រឹង​មាំ។ ១១ លោក​ចាត់​លោក​យ៉ូណាថាន ជា​កូន​របស់​លោក​អាប់សាឡុម​ឲ្យ​ទៅ​ក្រុង​យ៉ូប៉េ ដោយ​មាន​ទ័ព​ជា​ច្រើន​ទៅ​ជា​មួយ​ផង។ លោក​យ៉ូណាថាន​ដេញ​ប្រជាជន​ចេញ​ពី​ក្រុង ហើយ​តាំង​ទី​លំ​នៅ​នៅ​ក្នុង​ក្រុង​នេះ។
លោក​ស៊ីម៉ូន​វាយ​ឈ្នះ​លោក​ទ្រីផូន
១២ លោក​ទ្រីផូន​លើក​ទ័ព​យ៉ាង​ច្រើន ចេញ​ពី​ក្រុង​ផ្ទោឡេ‌ម៉ៃស៍ ដើម្បី​វាយ​លុក​លុយ​ស្រុក​យូដា ទាំង​នាំ​យក​លោក​យ៉ូណាថាន​ជា​ឈ្លើយ​ទៅ​ជា​មួយ​ផង។ ១៣ លោក​ស៊ីម៉ូន​មក​បោះ‌ទ័ព​នៅ​ក្បែរ​ក្រុង អាឌីដា និង​នៅ​តាម​ទី​វាល។ ១៤ លោក​ទ្រីផូន​ជ្រាប​ថា លោក​ស៊ីម៉ូន​បន្ត​មុខ​តំណែង​ពី​លោក​យ៉ូណាថាន​ជា​ប្អូន ហើយ​ត្រៀម​កង‌ទ័ព​មក​វាយ​ប្រយុទ្ធ​នឹង​លោក។ គាត់​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជម្រាប​លោក​ស៊ីម៉ូន​ថា៖ ១៥ «យើង​ចាប់​លោក​យ៉ូណាថាន​ឃុំ​ឃាំង ព្រោះ​គាត់​មិន​បាន​បង់​ប្រាក់​បញ្ចូល​ឃ្លាំង​រាជ​ទ្រព្យ កាល​គាត់​នៅ​កាន់​មុខ​តំណែង។ ១៦ ឥឡូវ​នេះ សូម​លោក​បង់​ប្រាក់​ពីរ‌ពាន់​ប្រាំពីរ‌រយ​គីឡូ‌ក្រាម និង​នាំ​យក​កូន​របស់​លោក​យ៉ូណាថាន​ពីរ​នាក់​ធ្វើ​ជា​ថ្នូរ ក្រែង​លោ​ថ្ងៃ​ក្រោយ​គាត់​បះ​បោរ​ប្រឆាំង​នឹង​យើង។ ប្រសិន​បើ​គាត់​សុខ​ចិត្ត​ធ្វើ​ដូច្នេះ យើង​នឹង​ដោះ​លែង​គាត់»។ ១៧ ទោះ​បី​លោក​ស៊ីម៉ូន​ដឹង​ថា ពាក្យ​ទាំង​នេះ​ជា​ពាក្យ​បោក​បញ្ឆោត​ក្ដី ក៏​លោក​ចាត់​គេ​ឲ្យ​ទៅ​ប្រមូល​ប្រាក់ និង​នាំ​កូន​ប្រុស​ទាំង​ពីរ​របស់​លោក​យ៉ូណាថាន​មក ព្រោះ​លោក​ខ្លាច​ប្រជាជន​ជំទាស់​នឹង​គាត់ ១៨ គឺ​ក្រែង​ពួក​គេ​ចោទ​ថា៖ «គេ​យក​លោក​យ៉ូណាថាន​ទៅ​សម្លាប់ ព្រោះ​លោក​ស៊ីម៉ូន​មិន​ព្រម​បញ្ជូន​ប្រាក់ និង​កូន​ទាំង​ពីរ​នោះ​ទៅ​ឲ្យ​គេ»។ ១៩ ដូច្នេះ លោក​បញ្ជូន​កូន​ទាំង​ពីរ និង​ប្រាក់​ពីរ‌ពាន់​ប្រាំពីរ‌រយ​គីឡូ‌ក្រាម ប៉ុន្តែ លោក​ទ្រីផូន​ក្បត់​ពាក្យ​សន្យា ហើយ​មិន​ដោះ​លែង​លោក​យ៉ូណាថាន​ឡើយ។ ២០ បន្ទាប់​មក លោក​ទ្រីផូន​ចេញ​ដំណើរ ដើម្បី​ចូល​ទៅ​ឈ្លាន​ពាន និង​បំផ្លាញ​ស្រុក​យូដា​ចោល។ គាត់​ធ្វើ​ដំណើរ​វាង​តាម​ក្រុង​អាដូរ៉ា។ ប៉ុន្តែ លោក​ស៊ីម៉ូន និង​កង‌ទ័ព​របស់​លោក​នៅ​តែ​ដេញ​តាម​ពី​ក្រោយ​គេ​ជា‌និច្ច។ ២១ គ្រា​នោះ កង‌ទ័ព​នៅ​ក្នុង​ក្រុងយេស្យរូ‌សាឡឹម ចាត់​អ្នក​នាំ​សារ​ទៅ​រក​លោក​ទ្រីផូន សុំ​ឲ្យ​លោក​មក​ជួប​ពួក​គេ​នៅ​តាម​ផ្លូវ​វាល​រហោ‌ស្ថាន​យ៉ាង​ប្រញាប់ និង​បញ្ជូន​ស្បៀង​អាហារ​ឲ្យ​ពួក​គេ​ផង។ ២២ លោក​ទ្រីផូន​រៀបចំ​កង‌ទ័ព‌សេះ​ទាំង​អស់​ដើម្បី​ទៅ​ជួប​ពួក​គេ ប៉ុន្តែ នៅ​យប់​នោះ​ព្រឹល​ធ្លាក់​យ៉ាង​ខ្លាំង ជា​ហេតុ​រា​រាំង​លោក មិន​អាច​ចេញ​ដំណើរ​ទៅ​កាន់​ទី​នោះ​បាន​ឡើយ។ លោក​បែរ​ជា​ចេញ​ដំណើរ​ទៅ​ស្រុក​កាឡាដ​វិញ។ ២៣ កាល​លោក​មក​ជិត​ដល់​ក្រុង​បាសកាម៉ា លោក​ក៏​យក​លោក​យ៉ូណាថាន​ទៅ​ប្រហារ​ជីវិត​ចោល ហើយ​គេ​បញ្ចុះ​សព​របស់​លោក​នៅ​ទី​នោះ។ ២៤ បន្ទាប់​មក លោក​ទ្រីផូន​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ។
២៥ លោក​ស៊ីម៉ូន​ចាត់​គេ ឲ្យ​ទៅ​យក​ធាតុ​របស់​លោក​យ៉ូណាថាន​ជា​ប្អូន​របស់​លោក ទៅ​បញ្ចុះ ក្នុង​ផ្នូរ​នៅ​ក្រុង​ម៉ូឌីន ជា​ក្រុង​របស់​ដូន‌តា​លោក។ ២៦ ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល ធ្វើ​ពិធី​កាន់​ទុក្ខ​យ៉ាង​អធិក‌អធម និង​យំ​រៀប​រាប់​ពី​ប្រវត្តិ​របស់​លោក​យ៉ូណាថាន​ជា​យូរ​ថ្ងៃ។ ២៧ លោក​ស៊ីម៉ូន​សង់​ផ្នូរ​ឪពុក និង​បង‌ប្អូន​របស់​លោក​ឲ្យ​បាន​ខ្ពស់​ជាង​មុន ដើម្បី​ឲ្យ​គេ​មើល​ឃើញ​ពី​ចម្ងាយ។ ផ្នូរ​នេះ ផ្នែក​ខាង​មុខ ក៏​ដូច​ជា​ផ្នែក​ខាង​ក្រោយ​ដែរ សុទ្ធ​តែ​ក្រាល​ដោយ​ថ្ម​រលោង។ ២៨ លោក​លើក​ស្តូប​ចំនួន​ប្រាំពីរ​ក្បែរៗ​គ្នា ដើម្បី​ឧទ្ទិស​ជូន​មាតា​បិតា និង​បង‌ប្អូន​ទាំង​បួន​នាក់​របស់​លោក។ ២៩ នៅ​ជុំ​វិញ​ស្តូប​ទាំង​នោះ លោក​ដាក់​សរសរ​ខ្ពស់ៗ ដែល​មាន​ឆ្លាក់​រចនា​ពី​គ្រឿង​សាស្ត្រា‌វុធ​គ្រប់​ប្រភេទ និង​ក្បាច់​សំពៅ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​សំពៅ នៅ​លើ​សមុទ្រ​មើល​ឃើញ។ ៣០ ផ្នូរ​ដែល​លោក​ស៊ីម៉ូន​សង់​នៅ​ក្រុង​ម៉ូឌីន​នោះ ស្ថិត​នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃ។
ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​បញ្ជាក់​សន្ធិ​សញ្ញា​ជា​មួយ​ជន​ជាតិ​យូដា
៣១ លោក​ទ្រីផូន​ក្បត់​ព្រះ‌បាទ​អន់ទី‌យ៉ូគូស ដែល​នៅ​ជា​កុមារ​ហើយ​ធ្វើ​គុត។ ៣២ លោក​ឡើង​សោយ‌រាជ្យ​ជំនួស ហើយ​គ្រប់​គ្រង​ស្រុក​អាស៊ី និង​បង្ក​ឲ្យ​មាន​អន្ត‌រាយ​ដ៏​ធ្ងន់​ធ្ងរ​ដល់​ស្រុក​នេះ​ផង។ ៣៣ លោក​ស៊ីម៉ូន​ជួស​ជុល​កំពែង​ក្រុង​នានា​ក្នុង​ស្រុក​យូដា ព្រម​ទាំង​សង់​ប៉ម​ខ្ពស់ៗ និង​កំពែង​ដ៏​រឹង​មាំ​ដែល​មាន​ទ្វារ​ក្រុង និង​រនុក។ លោក​ដាក់​ស្បៀង​អាហារ​ទុក​នៅ​ក្រុង​ទាំង​នោះ​ដែរ។ ៣៤ លោក​ស៊ីម៉ូន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​គាល់​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស សូម​ព្រះ‌មេត្តា​កុំ​ទារ​ពន្ធដារ​ពី​ប្រជាជន​យូដា ព្រោះ​លោក​ទ្រីផូន​បាន​រឹប​អូស​ប្លន់​យក​ពី​ពួក​គេ​អស់​ទៅ​ហើយ។ ៣៥ ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ឆ្លើយ​តប​តាម​សំណូម‌ពរ​របស់​លោក ហើយ​សរសេរ​រាជ‌សារ ដែល​មាន​សេចក្ដី​ដូច​ត​ទៅ៖ ៣៦ «យើង ដេម៉េ‌ទ្រីយ៉ូស ជម្រាប​មក​លោក​ស៊ីម៉ូន ជា​មហា​បូជា‌ចារ្យ ជា​មិត្ត​របស់​ស្ដេច និង​ព្រឹទ្ធា‌ចារ្យ ព្រម​ទាំង​ជាតិ​យូដា​ទាំង​មូល សូម​ជ្រាប។ ៣៧ យើង​បាន​ទទួល​មកុដ​មាស និង​ធាង​មាស​ដែល​អស់​លោក​បាន​ផ្ញើ​មក​យើង​ហើយ។ យើង​ត្រៀម​ចាំ​ចុះ​សន្ធិ​សញ្ញា​ស្តី​អំពី​សន្តិ‌ភាព​យ៉ាង​ពិត​ប្រាកដ​ជា​មួយ​អស់​លោក ព្រម​ទាំង​បញ្ជា​ឲ្យ​មន្រ្តី​រាជ​ការ បន្ថយ​ពន្ធដារ​ឲ្យ​អស់​លោក​ផង។ ៣៨ អ្វីៗ​ដែល​យើង​បាន​សម្រេច​ព្រម​ព្រៀង​ជា​មួយ​អស់​លោក​ពី​មុន​មក យើង​សូម​បញ្ជាក់​សា​ជា​ថ្មី។ អស់​លោក​មាន​សិទ្ធិ​គ្រប់​គ្រង​ក្រុង​ទាំង​អស់ ដែល​អស់​លោក​បាន​សង់។ ៣៩ យើង​លើក​លែង​ទោស​ឲ្យ​អស់​លោក​ដែល​ប្រព្រឹត្ត​ខុស ឬ​ល្មើស​ច្បាប់ រហូត​ដល់​សព្វ​ថ្ងៃ ព្រម​ទាំង មិន​ទារ​ពន្ធ​អាករ​ជា​មកុដ​មាស​ដែល​អស់​លោក​ត្រូវ​បង់​ដែរ។ ប្រសិន‌បើ​មាន​ការ​ទារ​ពន្ធ​អាករ​ផ្សេង ទៀត ពី​ប្រជាជន​ក្រុង​យេរូ‌សាឡឹម ចាប់​ពី​ពេល​នេះ គេ​មិន​ត្រូវ​ទាម​ទារ​ទៀត​ឡើយ។ ៤០ ប្រសិន​បើ មាន​អ្នក​ខ្លះ​មាន​សមត្ថភាព​អាច​បម្រើ​កង‌ទ័ព​របស់​យើង​បាន ចូរ​អញ្ជើញ​មក​ចុះ​ឈ្មោះ​ទៅ»។ សូម​ឲ្យ​សន្តិ‌ភាព​កើត​ឡើង​រវាង​គ្នា​នឹង​គ្នា​ផង»។
៤១ នៅ​ឆ្នាំ​១៧០ ប្រជាជន​អ៊ីស្រា‌អែល​បាន​រួច​ផុត​ពី​នឹម​នៃ​សាសន៍​ដទៃ។ ៤២ ប្រជាជន​ចាប់​ផ្ដើម សរសេរ​កាល​បរិច្ឆេទ​នៅ​លើ​ឯក​សារ និង​កិច្ច​សន្យា​នានា​តាំង​ពី​ឆ្នាំ​ដំបូង​បង្អស់ ដែល​លោក​ស៊ីម៉ូន​ជា​មហា​បូជា‌ចារ្យ ជា​មេ​បញ្ជា​ការ និង​ជា​មេ​ដឹក​នាំ​នៃ​ប្រជាជន​យូដា។
លោក​ស៊ីម៉ូន​ដណ្ដើម​យក​ក្រុង​កាសារ៉ា និង​បន្ទាយ​ក្រុង​យេរូ‌សាឡឹម​បាន
៤៣ នៅ​គ្រា​នោះ លោក​ស៊ីម៉ូន​ដាក់​ទ័ព​ឡោម​ព័ទ្ធ​ក្រុង​កាសារ៉ា និង​ដាក់​កង‌ទ័ព​នៅ​ជុំ​វិញ។ លោក​សង់​ប៉ម​ដែល​មាន​កង់​អាច​រើ​បាន ហើយ​រុញ​ទៅ​ទល់​នឹង​កំពែង​ក្រុង។ លោក​វាយ​ប្រហារ​ប៉ម​មួយ​ក្នុង​បណ្តា​ប៉ម​ទាំង​ប៉ុន្មាន ហើយ​ដណ្ដើម​យក​ប៉ម​នោះ​បាន។ ៤៤ ពល‌ទ័ព​ដែល​នៅ​ក្នុង​ប៉ម លោត​ចុះ​មក​ក្នុង​ក្រុង ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ក្រុង​មាន​ការ​ជ្រួល​ច្របល់។ ៤៥ អ្នក​ក្រុង​ទាំង​ប៉ុន្មាន ទាំង​ប្រពន្ធ​កូន នាំ​គ្នា​ឡើង​ទៅ​លើ​កំពែង​ហែក​សម្លៀក‌បំពាក់​របស់​ពួក​គេ ហើយ​ស្រែក​អង្វរ​លោក​ស៊ីម៉ូន សន្តោស​ប្រណី​ផ្តល់​សន្តិ‌ភាព​ឲ្យ​ពួក​គេ​ផង។ ៤៦ ពួក​គេ​សុំ​អង្វរ​ថា៖ «សូម​មេត្តា​អាណិត‌អាសូរ​ដល់​យើង​ខ្ញុំ​ផង! កុំ​ដាក់​ទោស​យើង​ខ្ញុំ​តាម​អំពើ​អាក្រក់​របស់​យើង​ខ្ញុំ​ឡើយ!»។ ៤៧ លោក​ស៊ីម៉ូន​ស្រុះ​ស្រួល​ជា​មួយ​ពួក​គេ ហើយ​ឈប់​វាយ​ប្រហារ​ពួក​គេ។ ប៉ុន្តែ លោក​ដេញ​ប្រជាជន​ចេញ​ពី​ក្រុង​ហើយ​ធ្វើ​ពិធី​ជម្រះ​ផ្ទះ ដែល​មាន​រូប​ព្រះ​ក្លែង‌ក្លាយ រួច​លោក និង​ពល‌ទាហាន​នាំ​គ្នា​ចូល​ក្នុង​ក្រុង​វិញ​ដោយ​ច្រៀង ទំនុក​លើក​តម្កើង និង​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ផង។ ៤៨ លោក​បោស​សំអាត​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ធ្វើ​ឲ្យ​ក្រុង​សៅ​ហ្មង តែង​តាំង​មនុស្ស​ដែល​កាន់​តាម​វិន័យ រួច​លោក​ជួស​ជុល​កំពែង​ក្រុង ហើយ​សង់​លំនៅ​ដ្ឋាន​របស់​លោក​នៅ​ក្រុង​នោះ។
៤៩ ប្រជាជន​ដែល​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម មិន​អាច​ចេញ​ទៅ​ទិញ ឬ​លក់​ដូរ​អីវ៉ាន់​ឡើយ។ ដូច្នេះ ពួក​គេ​ត្រូវ​រង​ទុក្ខ​ដោយ​ការ​អត់​ឃ្លាន​យ៉ាង​ខ្លាំង ហើយ​មាន​មួយ​ចំនួន​ស្លាប់។ ៥០ ពួក​គេ​ស្រែក​អង្វរ​លោក​ស៊ីម៉ូន សូម​មេត្តា​ប្រណី​សន្តោស និង​ផ្តល់​សន្តិ‌ភាព​ឲ្យ​គេ។ លោក​ក៏​យល់​ព្រម។ លោក​ដេញ​ពួក​គេ​ចេញ​ពី​ទី​នោះ ហើយ​ក៏​ធ្វើ​ពិធី​ជម្រះ​បន្ទាយ​ក្រុង​នោះ ឲ្យ​រួច​ពី​សៅ​ហ្មង​ដែរ។ ៥១ នៅ​ថ្ងៃ​ទី ២៣ ខែ​ទី ២ ឆ្នាំ ១៧១ ពួក​គេ​ចូល​មក​ក្នុង​ក្រុង​វិញ ដោយ​ស្រែក​ជយ‌ឃោស និង​កាន់​ស្លឹក​ត្នោត អម​ដោយ​សំឡេង​ពិណ ក្រាប់ និង​ឈិង ព្រម​ទាំង​ច្រៀង​ចម្រៀង និង​ទំនុក​តម្កើង​ទៀត​ផង ដ្បិត​គេ​បណ្តេញ​ខ្មាំង​សត្រូវ​ដ៏​ធំ​ចេញ​ពី​ទឹក​ដី​អ៊ីស្រា‌អែល។ ៥២ លោក​ស៊ីម៉ូន​ចេញ​បញ្ជា​ឲ្យ​ប្រារព្ធ​ពិធី​បុណ្យ​យ៉ាង​សប្បាយ​រីក‌រាយ ជា​រៀង​រាល់​ឆ្នាំ នៅ​ថ្ងៃ​ដដែល​នោះ។ លោក​ពង្រឹង​កំពែង​ការ‌ពារ​ភ្នំ​នៃ​ព្រះ‌វិហារ​នៅ​ទល់​មុខ​បន្ទាយ​ឲ្យ​កាន់​តែ​រឹង​មាំ។ លោក​តាំង​ទី​លំនៅ​នៅ​ទី​នោះ​ជា​មួយ​កង‌ទ័ព​របស់​លោក។ ៥៣ លោក​ស៊ីម៉ូន​ឃើញ​ថា យ៉ូហាន​ជា​កូន​របស់​លោក ធំ​ពេញ​រូប​ពេញ​រាង​ហើយ លោក​ក៏​តែង​តាំង​លោក​យ៉ូហាន ឲ្យ​ធ្វើ​ជា​មេ​បញ្ជា​ការ​កាន់​កាប់​កង‌ទ័ព​ទាំង​អស់។ លោក​យ៉ូហាន​ស្នាក់​នៅ​ក្រុង​កាសារ៉ា។
១៤
ការ​សរសើរ​របស់​លោក​ស៊ីម៉ូន
 នៅ​ឆ្នាំ ១៧២ ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ប្រមូល​កង‌ទ័ព ហើយ​យាង​ចេញ​ទៅ​ស្រុក​ម៉ែដ ដើម្បី​ស្វែង​រក​ជំនួយ​សម្រាប់​ធ្វើ​សង្រ្គាម​នឹង​លោក​ទ្រីផូន។  ប៉ុន្តែ ព្រះ‌បាទ​អរសាស​ជា​ស្ដេច​ស្រុក​ពែរ្ស និង​ស្រុក​ម៉ែដ ទទួល​ដំណឹង​ថា ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​យាង​ចូល​ក្នុង​ដែន​ដី​របស់​ខ្លួន​ដូច្នេះ ក៏​ចាត់​មេ​ទ័ព​ម្នាក់​ដើម្បី​ទៅ​ចាប់​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស យក​មក​ទាំង​រស់។  មេ​ទ័ព​នោះ​ចេញ​ទៅ​វាយ​ឈ្នះ​កង‌ទ័ព​របស់​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស ចាប់​ស្ដេច​បាន​ទាំង​រស់ ហើយ​នាំ​ទៅ​ថ្វាយ​ព្រះ‌បាទ​អរសាស។ ព្រះ‌បាទ​អរសាស យក​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ទៅ​ដាក់​ក្នុង​គុក។
 ស្រុក​យូដា​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត ក្នុង​រជ្ជកាល​របស់​លោក​ស៊ីម៉ូន។ លោក​ស្វះ​ស្វែង​រក​ប្រយោជន៍​ដើម្បី​ជាតិ។ ប្រជាជន​យូដា​គោរព​អំណាច​លោក ហើយ​ភាព​រុង‌រឿង​របស់​លោក​កាន់​តែ​ប្រសើរ​ឡើង​ជា​រៀង​រាល់​ថ្ងៃ។  លោក​បាន​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​លោក​កាន់​តែ​ល្បី​ល្បាញ ដោយ​ដណ្ដើម​យក​បាន​ក្រុង​យ៉ូប៉េ។ លោក​យក​ក្រុង​នេះ​ធ្វើ​ជា​កំពង់​ផែ​សម្រាប់​ស្រុក​យូដា ព្រម​ទាំង​បើក​ផ្លូវ​ទាក់​ទង​នឹង​កោះ​ទាំង‌ឡាយ។  លោក​វាត​ព្រំដែន​ស្រុក​របស់​លោក ហើយ​គ្រប់​គ្រង​ស្រុក​យូដា​យ៉ាង​ម៉ឺង​ម៉ាត់។  លោក​ប្រមូល​ជន​ជាតិ​យ៉ូដា​ជា​ច្រើន​ដែល​ជាប់​ជា​ឈ្លើយ នាំ​ត្រឡប់​មក​វិញ។ លោក​វាយ​ដណ្ដើម​យក​ក្រុង​កាសារ៉ា ក្រុង​បេតសួរ និង​បន្ទាយ​ក្រុង​យេរូ‌សាឡឹម ហើយ​លុប​បំបាត់​អ្វីៗ​ទាំង​អស់ ដែល​ធ្វើ​ឲ្យ​ក្រុង​ទាំង​បី​នោះ​មាន​ភាព​សៅ​ហ្មង។ គ្មាន​នរណា​ម្នាក់​អាច​ត​ទល់​ប្រឆាំង​នឹង​លោក​ឡើយ។  ប្រជាជន​ធ្វើ​ស្រែ​ចម្ការ​របស់​ខ្លួន​ដោយ​សុខ​សាន្ត ដី​ផ្តល់​ភោគ​ផល ដំណាំ​ដាំ​ដុះ​ក៏​ផ្តល់​ផ្លែ​ផ្កា​គួរ​ឲ្យ​ពេញ​ចិត្ត។  ចាស់ៗ​អង្គុយ​នៅ​តាម​ទី​សាធារណៈ ពោល​តែ​អំពី​ភាព​ចម្រុង​ចម្រើន។ ពួក​យុវជន​ស្លៀក​សម្លៀក​បំពាក់​ល្អ​ប្រណីត និង​ប្រដាប់​គ្រឿង​សាស្រ្តា​វុធ​យ៉ាង​អង់​អាច។ ១០ លោក​ស៊ីម៉ូន​ផ្គត់​ផ្គង់ ស្បៀង​អាហារ​ដល់​ក្រុង​នានា និង​សង់​កំពែង​សម្រាប់​ការ‌ពារ​ក្រុង​ទាំង​នោះ។ ដូច្នេះ​កិត្តិ‌ស័ព្ទ​ដ៏​រុង‌រឿង​របស់​លោក​ល្បី​សុស​សាយ​គ្រប់​ទិស​ទី រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែន​ដី។ ១១ លោក​ធ្វើ​ឲ្យ​ស្រុក​មាន​សន្តិ‌ភាព ហើយ​ប្រជាជន​អ៊ីស្រា‌អែល​មាន​អំណរ​សប្បាយ​ជា​ខ្លាំង។ ១២ ម្នាក់ៗ​អង្គុយ​ក្រោម​ម្លប់​ដើម​ទំពាំង​បាយ​ជូរ ឬ​ក្រោម​ម្លប់​ដើម​ស្វាយ​របស់​ខ្លួន ដោយ​គ្មាន​នរណា​មក​បំភ័យ​ពួក​គេ​ឡើយ។ ១៣ ស្ដេច​ទាំង‌ឡាយ​ត្រូវ​បរា‌ជ័យ​នៅ​សម័យ​នោះ។ ១៤ លោក​ជួយ​អ្នក​តូច​តាច​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក។ លោក​កាន់​តាម​វិន័យ ហើយ​បំបាត់​ជន‌ពាល និង​មនុស្ស​អាក្រក់​ទាំង​អស់​ចោល។ ១៥ លោក​ធ្វើ​ឲ្យ​ព្រះ‌វិហារ​ទទួល​សិរី​រុង‌រឿង ហើយ​ថ្វាយ​គ្រឿង​សក្ការៈ​ជា​ច្រើន​ចំពោះ​ព្រះ‌ដំណាក់​ផង។
អ្នក​នាំ​ក្រុង​ស្ប៉ាត​ផ្ញើ​លិខិត​ជូន​លោក​ស៊ីម៉ូន
១៦ នៅ​ក្រុង​រ៉ូម​ក៏​ដូច​ជា​នៅ​ក្រុង​ស្ប៉ាត​ដែរ គេ​ទទួល​ដំណឹង​ថា លោក​យ៉ូណាថាន​ទទួល​មរណ​ភាព ពួក​គេ​សោក​ស្តាយ​យ៉ាង​ខ្លាំង។ ១៧ ប៉ុន្តែ កាល​ពួក​គេ​ដឹង​ថា លោក​ស៊ីម៉ូន​ឡើង​ជា​មហា​បូជា‌ចារ្យ ជំនួស​ប្អូន ហើយ​គ្រប់​គ្រង​ស្រុក និង​ក្រុង​ទាំង​ប៉ុន្មាន ១៨ គេ​ចារឹក​សា​ជា​ថ្មី​នូវ​សន្ធិ​សញ្ញា ស្តី​អំពី​មិត្ត‌ភាព និង​សម្ពន្ធ‌មិត្ត​នៅ​លើ​បន្ទះ​សង្ហិន ដូច​គេ​បាន​ចង​ពី​មុន​ជា​មួយ​លោក​យូដា និង​លោក​យ៉ូណាថាន​ជា​ប្អូន​របស់​លោក​ដែរ។ ១៩ គេ​យក​បន្ទះ​នេះ​មក​អាន​ជូន​អង្គ​ប្រជុំ​នៃ​ប្រជាជន​ក្រុង​យេរូ‌សាឡឹម​ស្តាប់។ ២០ លិខិត​ដែល​ប្រជាជន​ក្រុង​ស្ប៉ាត​សរសេរ​ផ្ញើ​មក មាន​សេចក្ដី​ដូច​ត​ទៅ៖ «អ្នក​មុខ​អ្នក​ការ​ក្រុង​ស្ប៉ាត​សូម​ជម្រាប​មក​លោក​ស៊ីម៉ូន ជា​មហា​បូជា‌ចារ្យ អស់​លោក​ព្រឹទ្ធា‌ចារ្យ អស់​លោក​បូជា‌ចារ្យ និង​ប្រជាជន​យូដា​ទាំង​អស់​សូម​ជ្រាប។ ២១ ទូត​ដែល​អស់​លោក​បាន​ចាត់​ឲ្យ​មក​ជួប​ប្រជាជន​របស់​យើង​ខ្ញុំ បាន​រៀប​រាប់​ប្រាប់​យើង​ខ្ញុំ​អំពី​ភាព​រុង‌រឿង កិត្តិ‌នាម​របស់​អស់​លោក។ យើង​សូម​ស្វាគមន៍​យ៉ាង​រីក​រាយ ចំពោះ​កិច្ច‌ការ​របស់​ទូត​ទាំង​នោះ។ ២២ យើង​ខ្ញុំ​បាន​កត់​ត្រា​សេចក្ដី​ប្រកាស​របស់​ទូត​ទាំង​នោះ​ចំពោះ​យើង​ខ្ញុំ ទុក​ជា​ឯក​សារ​ក្នុង​សៀវភៅ​នៃ​សេចក្ដី​សម្រេច​របស់​ប្រជាជន ដូច​ត​ទៅ៖ លោក​នូមេ‌នីយ៉ូស ជា​កូន​លោក​អន់ទី‌យ៉ូគូស ហើយ​លោក​អន់ទី‌ប៉ាទែរ ជា​កូន​លោក​យ៉ាសូន ជា​ទូត​របស់​ប្រជាជន​យូដា អញ្ជើញ​មក​ស្រុក​យើង​ខ្ញុំ ដើម្បី​រឹត​ចំណង​មិត្ត‌ភាព​ជា​មួយ​យើង​ខ្ញុំ​សា​ជា​ថ្មី។ ២៣ ប្រជាជន​ពេញ​ចិត្ត​ទទួល​ទូត​ទាំង​នោះ​យ៉ាង​ឱឡា‌រិក ហើយ​យក​លិខិត​នៃ​សេចក្ដី​ប្រកាស ទៅ​តម្កល់​ទុក​ជា​ឯក​សារ​សាធារណៈ ដើម្បី​ឲ្យ​ប្រជាជន​ក្រុង​ស្ប៉ាត​ចង​ចាំ»។ លិខិត​ចម្លង​នៃ​ឯកសារ​នេះ​បាន​ផ្ញើ​ជូន​លោក​ស៊ីម៉ូន ជា​មហា​បូជា‌ចារ្យ។ ២៤ បន្ទាប់​មក លោក​ស៊ីម៉ូន​ចាត់​លោក​នូមេ‌នីយ៉ូស​ទៅ​ក្រុង​រ៉ូម ទាំង​នាំ​យក​ខែល​មាស​ដែល​មាន​តម្លៃ​ស្មើ​ប្រាក់​ប្រាំ‌រយ​គីឡូ‌ក្រាម ជា​អំណោយ ដើម្បី​រឹត​ចំណង​សម្ពន្ធ‌មិត្ត​ជា​មួយ​ជន​ជាតិ​រ៉ូម​សា​ជា​ថ្មី។
ក្រឹត្យ​របស់​រដ្ឋ​សភា​ស្តី​អំពី​លោក​ស៊ីម៉ូន​ជា​បូជា‌ចារ្យ
២៥ ក្រោយ​ពី​ជ្រាប ព្រឹត្តិ‌ការណ៍​ទាំង​នេះ​មក ប្រជាជន​សួរ​គ្នា​ថា៖ «តើ​យើង​មាន​អ្វី​នឹង​ថ្លែង​អំណរ​គុណ​ចំពោះ​លោក​ស៊ីម៉ូន និង​កូន​របស់​លោក ២៦ ដ្បិត​រូប​លោក ទាំង​ប្អូន​របស់​លោក និង​ក្រុម​គ្រួសារ​លោក សុទ្ធ​តែ​តស៊ូ​យ៉ាង​អង់​អាច​ក្លាហាន។ លោក​កាន់​អាវុធ​បណ្តេញ​ខ្មាំង​សត្រូវ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​ចេញ​អស់ ហើយ​នាំ​ប្រជាជន​ឲ្យ​មាន​សេរី‌ភាព​ដែរ»។ ដូច្នេះ ពួក​គេ​ចារឹក​សេចក្ដី​លើ​បន្ទះ​លង្ហិន ជាប់​នឹង​ស្តូប​នៅ​លើ​ភ្នំ​ស៊ីយ៉ូន។ ២៧ សេចក្ដី​ចារឹក​នោះ​មាន​ដូច​ត​ទៅ៖ នៅ​ថ្ងៃ​ទី ១៨ ខែ​ភទ្របទ ត្រូវ​នឹង​ខែ​អេលូស ឆ្នាំ ១៧២ គឺ​នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជ​កាល​របស់​លោក​ស៊ីម៉ូន​ជា​មហា​បូ​ជា‌ចារ្យ ២៨ មាន​បើក​អង្គ​ប្រជុំ​មួយ​យ៉ាង​ធំ គឺ​មាន​អស់​លោក​បូជា‌ចារ្យ ប្រជាជន អស់​លោក​មេ​ដឹកនាំ និង​អស់​លោក​ព្រឹទ្ធា‌ចារ្យ​ក្នុង​ស្រុក​ចូល​រួម​ផង។ នៅ​ពេល​នោះ គេ​ប្រាប់​យើង​ខ្ញុំ​ថា ២៩ ពេល​មាន សង្គ្រាម​ជា​ញឹក​ញាប់​ក្នុង​ស្រុក លោក​ស៊ីម៉ូន ជា​កូន​របស់​លោក​ម៉ាថា‌ធីយ៉ា ជា​ពូជ‌ពង្ស​របស់​កូន​ចៅ​លោក​យ៉ូអារីប និង​បង‌ប្អូន​របស់​លោក ស៊ូ​ប្តូរ​ជីវិត​ប្រយុទ្ធ​នឹង​ខ្មាំង​សត្រូវ​របស់​ជាតិ​ខ្លួន ដើម្បី​ការ‌ពារ​ព្រះ‌វិហារ និង​ធម្ម‌វិន័យ។ អស់​លោក​នាំ​យក​សិរី​ជោគ‌ជ័យ​ដ៏​រុង‌រឿង​ជូន​ជាតិ​របស់​ខ្លួន។ ៣០ លោក​យ៉ូណាថាន​បាន​បង្រួប​បង្រួម​ជាតិ​របស់​លោក ហើយ​ធ្វើ​ជា​មហា​បូជា‌ចារ្យ រួច​លា​ចាក​លោក​នេះ​ទៅ។ ៣១ សត្រូវ​របស់​ជន​ជាតិ​យូដា​មាន​បំណង​ឈ្លាន​ពាន និង​បំផ្លាញ​ទឹក​ដី​របស់​អស់​លោក ព្រម​ទាំង​ដណ្ដើម​យក​ព្រះ‌វិហារ​របស់​អស់​លោក​ផង។ ៣២ ពេល​នោះ​លោក​ស៊ីម៉ូន​ងើប​ឡើង ហើយ​វាយ​ប្រយុទ្ធ​ដើម្បី​ជាតិ​របស់​លោក។ លោក​ចំណាយ​ទ្រព្យ‌សម្បត្តិ​ផ្ទាល់​របស់​លោក​យ៉ាង​ច្រើន សម្រាប់​ទិញ​អាវុធ និង​ចែក​បៀរវត្ស​ដល់​ពល‌ទាហាន​នៃ​កង‌ទ័ព​ជាតិ​ទៀត​ផង។ ៣៣ លោក​សង់​កំពែង​ការ‌ពារ​ក្រុង​នានា​នៅ​ស្រុក​យូដា ជា​ពិសេស ក្រុង​បេតសួរ​ដែល​ស្ថិត​នៅ​តាម​ព្រំ​ដែន និង​ឃ្លាំង​អាវុធ​របស់​ខ្មាំង​សត្រូវ​កាល​ពី​មុន​នោះ។ លោក​ដាក់​កង‌ទ័ព​យូដា​ក្នុង​ក្រុង​នោះ​ដែរ។ ៣៤ លោក​សង់​កំពែង​ក្រុង​យ៉ូប៉េ​ដែល​ស្ថិត​នៅ​តាម​ឆ្នេរ​សមុទ្រ ព្រម​ទាំង​ក្រុង​កាសារ៉ា ដែល​ស្ថិត​នៅ​ក្បែរ​ក្រុង​អាសូត ជា​ក្រុង​ដែល​ខ្មាំង​សត្រូវ​កាន់​កាប់​កាល​ពី​ដើម។ លោក​ឲ្យ​ប្រជាជន​យូដា​តាំង​ទី​លំ​នៅ​ក្នុង​ក្រុង ហើយ​ទុក​ស្បៀង​គ្រប់​បែប​យ៉ាង ដែល​ប្រជាជន​ត្រូវ​ការ។ ៣៥ ប្រជាជន​ឃើញ​ភាព​ស្មោះ‌ត្រង់​របស់​លោក​ស៊ីម៉ូន និង​ភាព​រុង‌រឿង​ដែល​លោក​បាន​ផ្តល់​ជូន​ជាតិ​របស់​លោក។ គេ​តែង​តាំង​លោក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ពួក​គេ និង​ជា​មហា​បូជា‌ចារ្យ ដើម្បី​តប​ស្នង​គុណ​ចំពោះ​កិច្ច‌ការ​ទាំង​ប៉ុន្មាន ដែល​លោក​បាន​ប្រព្រឹត្ត​ដោយ​ត្រឹម​ត្រូវ សុចរិត និង​ស្មោះ‌ត្រង់​ចំពោះ​ជាតិ និង​ប្រយោជន៍​ប្រជាជន​លោក។ ៣៦ ពេល​លោក​ស៊ីម៉ូន​គ្រប់​គ្រង​ស្រុក​លោក បណ្តេញ​សាសន៍​ដទៃ​ចេញ​ពី​ទឹក​ដី និង​បុរី​របស់​ព្រះ‌បាទ​ដាវីឌ នៅ​ក្រុង​យេរូ‌សាឡឹម។ សាសន៍​ដទៃ​ទាំង​នោះ​បាន​យក​បុរី​នោះ​ធ្វើ​ជា​បន្ទាយ ហើយ​ធ្លាប់​ចេញ​ពី​បន្ទាយ​នេះ ដើម្បី​ធ្វើ​ឲ្យ​ទី​លាន​ព្រះ‌វិហារ​មាន​សៅ​ហ្មង និង​បង្អាប់​បង្ឱន​ភាព​ដ៏‌វិសុទ្ធ​នៃ​ទី​នោះ​ផង។ ៣៧ លោក​តែង​ដាក់​កង‌ទ័ព​យូដា​នៅ​ទី​នោះ ព្រម​ទាំង​ពង្រឹង​បន្ទាយ​នេះ​ឡើង ដើម្បី​ការ‌ពារ​សន្តិ​សុខ​ក្នុង​ស្រុក និង​ក្រុង​ផង។ លោក​សង់​កំពែង​ក្រុង​យេរូ‌សាឡឹម​ឲ្យ​ខ្ពស់​ជាង​ពី​មុន​ទៅ​ទៀត។
៣៨ ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស​ទត​ឃើញ​ដូច្នេះ ក៏​បញ្ជាក់​ថា លោក​ស៊ីម៉ូន​បំពេញ​មុខ​ងារ​ជា​មហា​បូជា‌ចារ្យ ៣៩ ហើយ​ព្រះ‌អង្គ​តែង​តាំង​លោក​ស៊ីម៉ូន ជា​សម្លាញ់​របស់​ស្ដេច ព្រម​ទាំង​ប្រទាន​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់​ឲ្យ​លោក​ផង។ ៤០ ព្រះ‌រាជា​ធ្វើ​ដូច្នេះ ព្រោះ​ព្រះ‌អង្គ​ជ្រាប​ថា ជន​ជាតិ​រ៉ូម៉ាំង​ធ្លាប់​ចាត់​ទុក​ជន​ជាតិ​យូដា ជា​មិត្ត​សម្លាញ់ ជា​សម្ពន្ធ‌មិត្ត និង​ជា​បង‌ប្អូន​របស់​ពួក​គេ ហើយ​ពួក​គេ​បាន​ទទួល​ទូត​របស់​លោក​ស៊ីម៉ូន​យ៉ាង​ឱឡា‌រិក​ក្រៃ​លែង។ ៤១ ស្ដេច​ជ្រាប​ថា ជន​ជាតិ​យូដា និង​អស់​លោក​បូជា‌ចារ្យ​សម្រេច​ចិត្ត តែង​តាំង​លោក​ស៊ីម៉ូន ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​មហា​បូជា‌ចារ្យ​រហូត​ត​រៀង​ទៅ គឺ​រហូត​ដល់​មាន​ព្យាការី​ដ៏​ស្មោះ‌ត្រង់​ម្នាក់​ងើប​ឡើង។ ៤២ ពួក​គេ​ក៏​តែង​តាំង​លោក​ជា​មេ​បញ្ជា​ការ​នៃ​កង‌ទ័ព​ទាំង​មូល និង​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ព្រះ‌វិហារ មាន​បន្ទុក​តែង​តាំង​មេ​ការ មន្ត្រី​រាជ​ការ​ក្នុង​ស្រុក ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​គ្រឿង​សាស្ត្រា​វុធ និង​បន្ទាយ​ទាំង‌ឡាយ។ លោក​ស៊ីម៉ូន​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​គ្រប់​កិច្ច‌ការ​ក្នុង​ព្រះ‌វិហារ។ ៤៣ ប្រជាជន​ត្រូវ​តែ​ធ្វើ​តាម​បង្គាប់​លោក ឯក​សារ​ជា​ផ្លូវ​ការ​ក្នុង​ស្រុក​ទាំង​អស់ ត្រូវ​សរសេរ​ក្នុង​នាម​របស់​លោក។ លោក​មាន​សិទ្ធិ​ពាក់​អាវ​ពណ៌​ស្វាយ​របស់​ស្ដេច និង​ពាក់​ក្លាស់​មាស​ផង។ ៤៤ គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ប្រជាជន ឬ​ក្នុង​ចំណោម​បូជា‌ចារ្យ​មាន​សិទ្ធិ​បដិសេធ​សេចក្ដី​សម្រេច​ណា​មួយ ឬ​ប្រឆាំង​នឹង​បញ្ជា​របស់​លោក ឬ​កោះ​ប្រជុំ​គ្នា ឬ​មាន​សិទ្ធិ​ពាក់​អាវ​ពណ៌​ស្វាយ​របស់​ស្ដេច និង​ពាក់​ក្លាស់​មាស​ឡើយ។ ៤៥ នរណា​ម្នាក់​បដិសេធ​សេចក្ដី​សម្រេច​ណា​មួយ ត្រូវ​ទទួល​ទោស។ ៤៦ ប្រជាជន​ទាំង​អស់​មូល​មតិ និង​ផ្តល់​សិទ្ធិ​ទាំង​នេះ​ឲ្យ​លោក​ស៊ីម៉ូន។ ៤៧ លោក​ស៊ីម៉ូន​ក៏​យល់​ព្រម​ទទួល ហើយ​សុខ​ចិត្ត​បំពេញ​មុខ​ងារ​ជា​មហា​បូជា‌ចារ្យ ជា​មេ​បញ្ជា​ការ ព្រម​ទាំង​ជា​មេ​ដឹក​នាំ​របស់​ជន​ជាតិ​យូដា និង​បូជា‌ចារ្យ គឺ​ដឹក​នាំ​មនុស្ស​ទាំង​អស់»។
៤៨ ប្រជាជន​សម្រេច​ថា ត្រូវ​ចារ​សេចក្ដី​នេះ​នៅ​លើ​បន្ទះ​លង្ហិន យក​ទៅ​តម្កល់​ទុក​ក្នុង​បរិវេណ​ព្រះ‌វិហារ ត្រង់​កន្លែង​ដែល​គេ​អាច​ឃើញ​ច្បាស់ ៤៩ ហើយ​ចម្លង​សេចក្ដី​នេះ​យក​ទៅ​ដាក់​ក្នុង​ឃ្លាំង​នៃ​ព្រះ‌វិហារ ដើម្បី​ឲ្យ​លោក​ស៊ីម៉ូន និង​កូន​ចៅ​របស់​លោក អាច​មើល​ឃើញ​ផង។
១៥
អន់ទី‌យ៉ូគូស​ផ្ញើ​សារ​មក​ជូន​លោក​ស៊ីម៉ូន
 ព្រះ‌បាទ​អន់ទី‌យ៉ូគូស ជា​បុត្រ​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស សរសេរ​រាជ‌សារ​មួយ​ច្បាប់​ពី​កោះ ផ្ញើ​មក​ជូន​លោក​ស៊ីម៉ូន ជា​មហា​បូជា‌ចារ្យ និង​ជា​មេ​ដឹក​នាំ​នៃ​ជន​ជាតិ​យូដា និង​ប្រជា‌ជាតិ​ទាំង​មូល។  រាជ‌សារ​មាន​ចែង​ដូច​ត​ទៅ៖ «ព្រះ‌បាទ​អន់ទី‌យ៉ូគូស​សូម​ជម្រាប​មក​លោក​ស៊ីម៉ូន ជា​មហា​បូជា‌ចារ្យ និង​ជា​មេ​ដឹក​នាំ​ជន​ជាតិ​យូដា ព្រម​ទាំង​ប្រជា‌ជាតិ​យូដា សូម​ជ្រាប។  ដោយ​មាន​ជន​អន្ធពាល​ដណ្ដើម​រាជា‌ណាចក្រ​របស់​អយ្យ‌កោ​យើង យើង​បាន​ទាម​ទារ​រាជ​អំណាច ហើយ​បាន​គ្រប់​គ្រង​រាជា‌ណាចក្រ​ដូច​ដើម​វិញ។ យើង​បាន​ជ្រើស‌រើស​កង‌ទ័ព​ជា​ច្រើន ហើយ​រៀប​ចំ​សំពៅ​ចម្បាំង  ក្នុង​គោល​បំណង​វាយ​ប្រហារ​យក​ស្រុក ហើយ​បណ្តេញ​អស់​អ្នក​ដែល​ធ្វើ​ឲ្យ​ស្រុក​របស់​យើង​អន្ត‌រាយ និង​បំផ្លាញ​ក្រុង​ជា​ច្រើន ក្នុង​រាជា‌ណាចក្រ​យើង។  ឥឡូវ​នេះ យើង​សូម​បញ្ជាក់​ថា យើង​យល់​ព្រម​ធ្វើ​តាម​សេចក្ដី​សម្រេច​របស់​ស្ដេច​ទាំង​ប៉ុន្មាន ដែល​គ្រង​រាជ្យ​មុន​យើង គឺ​មិន​ទាម​ទារ​ពន្ធ​អាករ​ពី​អស់​លោក និង​សួយ​សារ​អាករ​ទាំង​ប៉ុន្មាន ដែល​អស់​លោក​ធ្លាប់​នាំ​មក​ថ្វាយ។  យើង​អនុញ្ញាត​ឲ្យ​លោក​មាន​សិទ្ធិ​ធ្វើ​ប្រាក់​កាក់ សម្រាប់​ប្រើ​ប្រាស់​ក្នុង​ស្រុក​របស់​យើង។  ក្រុង​យេរូ‌សាឡឹម និង​ព្រះ‌វិហារ​មាន​សេរី‌ភាព មិន​បាច់​បង់​ពន្ធ។ គ្រឿង​សាស្រ្តា​វុធ​ទាំង​ប៉ុន្មាន​ដែល​លោក​រក​បាន បន្ទាយ​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​សង់ និង​គ្រប់​គ្រង ស្ថិត​នៅ​ជា​កម្ម​សិទ្ធិ​របស់​លោក​រហូត​ត​រៀង​ទៅ។  យើង​លុប​បំណុល​ទាំង​ប៉ុន្មាន ដែល​លោក​ជំពាក់​ឃ្លាំង​រាជ​ទ្រព្យ​នៅ​ពេល​នេះ ហើយ​នៅ​ពេល​អនាគត។  នៅ​ពេល​យើង​កាន់​កាប់​អំណាច​ឡើង​វិញ យើង​នឹង​ផ្តល់​កិត្តិយស​ខ្ពង់​ខ្ពស់​ជូន​លោក ជូន​ប្រជា‌ជាតិ​របស់​លោក និង​ជូន​ព្រះ‌វិហារ​ក្រុង​យេរូ‌សាឡឹម ឲ្យ​មនុស្ស​ក្នុង​ពិភព‌លោក​ទាំង​មូល​ទទួល​ស្គាល់»។
ព្រះ‌បាទ​អន់ទី‌យ៉ូគូស​ឡោម​ព័ទ្ធ​លោក​ទ្រីផូន​នៅ​ដូរ៉ា
១០ នៅ​ឆ្នាំ​១៧៤ ព្រះ‌បាទ​អន់ទី‌យ៉ូគូស​យាង​ចូល​ដែន​ដី​នៃ​អយ្យ‌កោ​របស់​ខ្លួន។ កង‌ទ័ព​ទាំង​អស់​ចូល​រួម​ជា​មួយ​ស្ដេច ហើយ​មាន​ទ័ព​តែ​មួយ​ភាគ​តិច​ដែល​នៅ​ជា​មួយ​លោក​ទ្រីផូន។ ១១ ព្រះ‌បាទ​អន់ទី‌យ៉ូគូស​ដេញ​តាម​លោក​ទ្រីផូន ដែល​ភៀស​ខ្លួន​ទៅ​កាន់​ក្រុង​ដូរ៉ា នៅ​តាម​ឆ្នេរ​សមុទ្រ ១២ ដ្បិត​គាត់​ដឹង​ច្បាស់​ថា គាត់​មុខ​ជា​ជួប​ប្រទះ​នឹង​គ្រោះ​កាច​មិន​ចេះ​ចប់ ហើយ​កង‌ទ័ព​ក៏​រត់​ចោល​គាត់​ដែរ។ ១៣ ព្រះ‌បាទ​អន់ទី‌យ៉ូគូស​បាន​នាំ​ទ័ព​ថ្មើរ​ជើង​មួយ​សែន​ពីរ‌ម៉ឺន​នាក់ និង​ទ័ព‌សេះ​ប្រាំបី‌ពាន់​នាក់ មក​បោះ​ទី​តាំង​មុខ​ក្រុង​ដូរ៉ា។ ១៤ ស្ដេច​ឡោម‌ទ័ព​ទីក្រុង ហើយ​សំពៅ​ចម្បាំង​ជា​ច្រើន​ក៏​ចត​នៅ​មុខ​ក្រុង។ ដោយ​កង‌ទ័ព​ឡោម‌ព័ទ្ធ​ក្រុង​យ៉ាង​ជិត​គ្រប់​ទិស​ទី​ទាំង​អស់ គ្មាន​នរណា​ម្នាក់​អាច​ចេញ​ចូល​បាន​ឡើយ។
ទូត​របស់​ជន​ជាតិ​យូដា​វិល​ត្រឡប់​មក​ពី​ក្រុង​រ៉ូម
១៥ លោក​នូមេ‌នីយ៉ូស និង​អ្នក​ដែល​ទៅ​ជា​មួយ​ត្រឡប់​មក​ពី​ក្រុង​រ៉ូម ហើយ​នាំ​លិខិត​មក​ថ្វាយ​ស្ដេច និង​បណ្តា​ស្រុក​នានា។ លិខិត​មាន​ចែង​ដូច​ត​ទៅ៖ ១៦ «លោក​លូស៊ីយ៉ូស​ជា​ទេសា‌ភិបាល​ជន​ជាតិ​រ៉ូម៉ាំង សូម​ទូល​ថ្វាយ​ព្រះ‌បាទ​ផ្ទូលេមេ សូម​ជ្រាប។ ១៧ ទូត​នៃ​ជន​ជាតិ​យូដា ដែល​លោក​មហា​បូជា‌ចារ្យ​ស៊ីម៉ូន និង​ប្រជាជន​យូដា ចាត់​ឲ្យ​មក​ជួប​យើង​ខ្ញុំ។ អស់​លោក​មក​ក្នុង​ឋានៈ​ជា​មិត្ត​សម្លាញ់ និង​សម្ពន្ធ‌មិត្ត ដើម្បី​រឹត​ចំណង​មិត្ត‌ភាព និង​សម្ពន្ធ‌មិត្ត​ដូច​កាល​ពី​ដើម​ឡើង​វិញ។ ១៨ អស់​លោក​យក​ខែល​មាស មាន​ទម្ងន់​ប្រាំ‌រយ​គីឡូ‌ក្រាម​មក​ជា​មួយ​ផង។ ១៩ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ខ្ញុំ​សម្រេច​ថា​នឹង​សរសេរ​លិខិត​នេះ​ទូល​ថ្វាយ​ស្ដេច ព្រម​ទាំង​ស្រុក​នានា កុំ​ឲ្យ​បង្ក​រឿង​ជា​មួយ​គេ កុំ​ច្បាំង​នឹង​ពួក​គេ ប្រឆាំង​នឹង​ក្រុង​នានា ឬ​ទឹក​ដី​របស់​ពួក​គេ​ដែរ កុំ​រួម​ដៃ​ជួយ​គាំ​ទ្រ​អ្នក​ដែល​វាយ​ប្រហារ​ពួក​គេ​ឡើយ។ ២០ យើង​ខ្ញុំ​សុខ​ចិត្ត​ទទួល​យក​ខែល​របស់​ពួក​គេ។ ២១ ដូច្នេះ ប្រសិន​បើ​មាន​ជន​ក្បត់​ណា​រត់​ភៀស​ខ្លួន​ពី​ស្រុក​យូដា មក​លាក់​ខ្លួន​លើ​ទឹក​ដី​របស់​ស្ដេច សូម​ចាប់​គេ​ប្រគល់​ជូន​លោក​មហា​បូជា‌ចារ្យ​ស៊ីម៉ូន ដើម្បី​ឲ្យ​លោក​ធ្វើ​ទោស​គេ​តាម​ច្បាប់»។
២២ លោក​លូស៊ីយ៉ូស​សរសេរ​លិខិត​ផ្ញើ​ថ្វាយ​ព្រះ‌បាទ​ដេម៉េ‌ទ្រីយ៉ូស ព្រះ‌បាទ​អាថាល ព្រះ‌បាទ​អារី‌យ៉ារ៉ាត និង​ព្រះ‌បាទ​អរសាស ព្រម​ទាំង​ស្រុក​នានា​គឺ ២៣ ស្រុក​សាមសាមេ​ជន​ជាតិ​ស្ប៉ាត កោះ​ដេឡូស ក្រុង​មីនដូស ក្រុង​ស៊ីស៊ីយ៉ូន ស្រុក​ការី កោះ​សាម៉ូស ស្រុក​ផាមភីលី ស្រុក​លីស៊ី ស្រុក​ហាលី‌កាណាស កោះ​រ៉ូដ ក្រុង​ផាសេ‌លីស កោះ​កូស ក្រុង​ស៊ីដេ កោះ​អារ៉ាដូស កោះ​គ័រទីន ក្រុង​គ្នីឌ កោះ​គីប្រុស ស្រុក​ស៊ីរ៉េន។ ២៤ លោក​ចម្លង​លិខិត​នេះ​ផ្ញើ​ជូន​លោក​ស៊ីម៉ូនជា​មហា​បូជា‌ចារ្យ​ដែរ។
ព្រះ‌បាទ​អន់ទី‌យ៉ូគូស​តវ៉ា​ប្រឆាំង​នឹង​លោក​ស៊ីម៉ូន
២៥ នៅ​គ្រា​នោះ ព្រះ‌បាទ​អន់ទី‌យ៉ូគូស​កំពុង​ឡោម‌ព័ទ្ធ​ក្រុង​ដូរ៉ា ដោយ​វាយ​ប្រហារ​ក្រុង​នេះ​ឥត​ឈប់​ឈរ ហើយ​ដំឡើង​គ្រឿង​សឹក​ដែរ។ កង‌ទ័ព​របស់​ព្រះ‌បាទ​អន់ទី‌យ៉ូគូស​ឡោម‌ព័ទ្ធ​ក្រុង​យ៉ាង​ជិត គ្មាន​នរណា​អាច​ចេញ​ចូល​ឡើយ។ ២៦ លោក​ស៊ីម៉ូន​ចាត់​ពល‌ទ័ព​ដ៏​ចំណាន​ពីរ‌ពាន់​នាក់ ឲ្យ​ទៅ​ជួយ​ប្រយុទ្ធ​ជា​មួយ​ស្ដេច ព្រម​ទាំង​បញ្ជូន​មាស​ប្រាក់ និង​គ្រឿង​បរិក្ខារ​ជា​ច្រើន។ ២៧ ប៉ុន្តែ​ព្រះ‌បាទ​អន់ទី‌យ៉ូគូស​មិន​គ្រាន់​តែ​បដិសេធ​ពុំ​ព្រម​ទទួល​ពល‌ទ័ព និង​អំណោយ​ទាំង​នោះ​ទេ គឺ​បដិសេធ​កិច្ច​ព្រម​ព្រៀង ដែល​លោក​បាន​ចុះ​ជា​មួយ​លោក​ស៊ីម៉ូន កាល​ពី​មុន​ថែម​ទៀត។ ស្ដេច​ក៏​ដូរ​ព្រះ‌ហឫទ័យ​ក្នុង​ការ​ទាក់​ទង​ជា​មួយ​លោក​ស៊ីម៉ូន។ ២៨ ស្ដេច​ចាត់​លោក​អាថេណូ‌ប៊ីយូស​ជា​មន្ត្រី​ម្នាក់​ឲ្យ​ទៅ​ប្រាប់​លោក​ស៊ីម៉ូន​ថា៖ «អស់​លោក​កាន់​កាប់​ក្រុង​យ៉ូប៉េ ក្រុង​កាសារ៉ា និង​ក្រុង​យេរូ‌សាឡឹម ដែល​សុទ្ធ​តែ​ជា​ក្រុង​ក្នុង​រាជា‌ណាចក្រ​របស់​យើង។ ២៩ លោក​បាន​ធ្វើ​ឲ្យ​ទឹក​ដី​ទាំង​នោះ​ក្លាយ​ទៅ​ជា​វាល​រហោ​ស្ថាន លោក​ក៏​នាំ​គ្រោះ​កាច​ដល់​ស្រុក​នេះ​ទៀត​ដែរ។ លោក​ត្រួត​ត្រា​ស្រុក​ភូមិ​ជា​ច្រើន​នៃ​រាជា‌ណាចក្រ​របស់​យើង។ ៣០ ឥឡូវ​នេះ ត្រូវ​តែ​សង​ក្រុង​ទាំង​ប៉ុន្មាន​ដែល​លោក​ដណ្ដើម​យក​នោះ​មក​យើង​វិញ ហើយ​ត្រូវ​បង់​ពន្ធ​អាករ សម្រាប់​កន្លែង​ដែល​លោក​យក​មក​កាន់​កាប់ ក្រៅ​ពី​ស្រុក​យូដា។
៣១ ប្រសិន​បើ​អស់​លោក​មិន​យល់​ព្រម​ទេ ចូរ​យក​ប្រាក់​មួយ‌ម៉ឺន​បី​ពាន់​គីឡូ‌ក្រាម មក​បង់​ពន្ធ​ជំនួស ហើយ​ប្រាក់​មួយ​ពាន់​គីឡូ‌ក្រាម​ទៀត បង់​សម្រាប់​ការ​ខូច​ខាត​ក្រុង​នានា និង​ពន្ធ​អាករ​សម្រាប់​ក្រុង​ទាំង​នោះ។ ប្រសិន​បើ​លោក​មិន​យល់​ព្រម​ទេ យើង​នឹង​ចេញ​ទៅ​ធ្វើ​សង្រ្គាម​ជា​មួយ​អស់​លោក»។
៣២ ពេល​លោក​មន្រ្តី​អាថេណូ‌ប៊ីយូស​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម លោក​ឃើញ​ភាព​រុង‌រឿង​យ៉ាង​អស្ចារ្យ​របស់​លោក​ស៊ីម៉ូន ទូ​ដែល​មាន​សុទ្ធ​តែ​ចាន​មាស និង​ប្រាក់ ព្រម​ទាំង​តុ​ទូ​ដ៏​ល្អ​ប្រណីត។ គាត់​ស្រឡាំង​កាំង ហើយ​យក​ពាក្យ​របស់​ស្ដេច​ទៅ​ប្រាប់​លោក​ស៊ីម៉ូន។ ៣៣ លោក​ស៊ីម៉ូន​ឆ្លើយ​តប​ថា៖ «យើង​ខ្ញុំ​ពុំ​បាន​ដណ្ដើម​យក​ទឹក​ដី​បរទេស ឬ​ទឹក​ដី​ជា​កម្ម​សិទ្ធិ​របស់​អ្នក​ដទៃ​ឡើយ! តែ​ពួក​សត្រូវ​របស់​យើង​ខ្ញុំ​បាន​ដណ្ដើម​យក​ទឹក​ដី​ជា​មត៌ក​របស់​ដូន‌តា​យើង​ខ្ញុំ ដោយ​អយុត្តិ‌ធម៌​ទៅ​កាន់​កាប់​មួយ‌រយៈ ហើយ​យើង​គ្រាន់​តែ​ដណ្ដើម​យក​ទឹក​ដី​នេះ​មក​វិញ​ប៉ុណ្ណោះ។ ៣៤ យើង​ខ្ញុំ​ឆ្លៀត​ឱកាស​ល្អ​ដើម្បី​ដណ្ដើម​យក​ទឹក​ដី ជា​មត៌ក​របស់​ដូន‌តា​យើង​ខ្ញុំ​មក​វិញ។ ៣៥ ចំពោះ​ក្រុង​យ៉ូប៉េ និង​ក្រុង​កាសារ៉ា​ដែល​លោក​ទាម​ទារ​នោះ ក្រុង​ទាំង​ពីរ​នេះ​បាន​ធ្វើ​បាប​ប្រជាជន និង​ស្រុក​យើង​យ៉ាង​ខ្លាំង។ យើង​ខ្ញុំ​នឹង​ជូន​ប្រាក់​ចំនួន​ពីរ‌ពាន់​ប្រាំពីរ‌រយ​គីឡូ‌ក្រាម ថ្វាយ​ស្ដេច»។ លោក​អាថេណូ‌ប៊ីយូស ពុំ​ឆ្លើយ​តប​អ្វី​ឡើយ។ ៣៦ លោក​ខឹង​ក្តៅ​ក្រហាយ​ត្រឡប់​ទៅ​គាល់​ព្រះ‌រាជា ទូល​ពាក្យ​ទាំង​ប៉ុន្មាន​របស់​លោក​ស៊ីម៉ូន​ថ្វាយ​ស្ដេច ព្រម​ទាំង​រាយ​ការណ៍​អំពី​ភាព​រុង‌រឿង​របស់​លោក​ស៊ីម៉ូន ដូច​លោក​បាន​ឃើញ​នោះ។ ព្រះ‌រាជា​ព្រះ‌អង្គ​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង។
ទេសា​ភិបាល​កិនដេបេ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ប្រជាជន​យូដា
៣៧ លោក​ទ្រីផូន​ចុះ​សំពៅ ហើយ​រត់​ភៀស​ខ្លួន​ទៅ​ក្រុង​អ៊ូរថូ‌ស៊ីយ៉ា។ ៣៨ ព្រះ‌បាទ​អន់ទី‌យ៉ូគូស​តែង​តាំង​លោក​កិន​ដេបេ​ធ្វើ​ជា​ទេសា​ភិបាល នៅ​តំបន់​ឆ្នេរ​សមុទ្រ ទាំង​ផ្តល់​ទ័ព​ថ្មើរ​ជើង និង​ទ័ព‌សេះ​ឲ្យ​លោក។ ៣៩ ព្រះ‌រាជា​បញ្ជា​ឲ្យ​លោក​បោះ​ទ័ព​នៅ​ទល់​មុខ​ស្រុក​យូដា និង​សង់​ក្រុង​កេដ្រូន​ឡើង​វិញ ធ្វើ​ទ្វារ​ឲ្យ​មាំ ព្រម​ទាំង​វាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ប្រជាជន​យូដា។ ចំពោះ​ព្រះ‌រាជា​វិញ ព្រះ‌អង្គ ដេញ​លោក​ទ្រីផូន។ ៤០ លោក​កិនដេបេ​ទៅ​ដល់​ក្រុង​យ៉ាម‌នីយ៉ា ហើយ​ចាប់​ផ្ដើម ធ្វើ​ទុក្ខ​បុក​ម្នេញ​ប្រជាជន​យូដា​ជា​ច្រើន ដោយ​ឈ្លាន​ពាន​ចូល​ស្រុក​យូដា ចាប់​ប្រជាជន​ធ្វើ​ជា​ឈ្លើយ និង​កាប់​សម្លាប់​ប្រជាជន​ទៀត​ផង។ ៤១ លោក​សង់​ក្រុង​កេដ្រូន​ឡើង​វិញ ដាក់​ទ័ព​ថ្មើរ​ជើង និង​ទ័ព‌សេះ​មួយ​ចំនួន​នៅ​ក្រុង​នេះ ដើម្បី​ងាយ​ស្រួល​ចេញ​ទៅ​វាយ​ប្រយុទ្ធ និង​យាម​ល្បាត​មើល​តាម​ផ្លូវ​ទៅ​កាន់​ស្រុក​យូដា តាម​រាជ‌បញ្ជា​របស់​ព្រះ‌មហា​ក្សត្រ។
១៦
កូន​របស់​លោក​ស៊ីម៉ូន​ដេញ​លោក​កិនដេបេ
 លោក​យ៉ូហាន​ចាក​ចេញ​ពី​ក្រុង​កាសារ៉ា ទៅ​ជម្រាប​លោក​ស៊ីម៉ូន ជា​ឪពុក​របស់​លោក ពី​អំពើ​ដែល​លោក​កិនដេបេ​បាន​ប្រព្រឹត្ត។  លោក​ស៊ីម៉ូន​កោះ​ហៅ​កូន​ច្បង​ទាំង​ពីរ គឺ​លោក​យ៉ូហាន និង​លោក​យូដា ហើយ​មាន​ប្រសាសន៍​ថា៖ «បងៗ​របស់​ឪពុក និង​ពុក ព្រម​ទាំង​ក្រុម​គ្រួសារ​ជីតា​របស់​កូន បាន​តស៊ូ​ប្រយុទ្ធ​នឹង​ខ្មាំង​សត្រូវ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល តាំង​ពី​ក្មេង​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទាន​ឲ្យ​យើង​សង្រ្គោះ​ប្រជា‌ជន​អ៊ីស្រា‌អែល​ច្រើន​លើក ច្រើន​គ្រា​ហើយ។  ឥឡូវ​នេះ ពុក​ចាស់​ហើយ! រីឯ​កូន​វិញ ក៏​ពេញ​កម្លាំង ដោយ​ព្រះ‌ជាម្ចាស់​ប្រោស​មេត្តា​ដល់​កូន។ ហេតុ​នេះ ចូរ​ស្នង​មុខ​តំណែង​ពី​ពុក និង​ប្អូន​របស់​ពុក ចូរ​ចេញ​ទៅ​ប្រយុទ្ធ ដើម្បី​ជាតិ​របស់​យើង! សូម​ព្រះ‌ជាម្ចាស់​តាម​ថែ​រក្សា​កូន»។  លោក​ជ្រើស‌រើស​កង‌ទ័ព​ថ្មើរ​ជើង​ក្នុង​ស្រុក​ទាំង​មូល ចំនួន​ពីរ‌ម៉ឺន​នាក់ ព្រម​ទាំង​ពល‌សេះ ហើយ​លើក​ទ័ព​ចេញ​ទៅ​វាយ​លោក​កិនដេបេ។ ពួក​គេ​សម្រាក​មួយ យប់​នៅ​ក្រុង​ម៉ូឌីន  ហើយ​ក្រោក​ពី​ព្រលឹម ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទី​វាល។ នៅ​គ្រា​នោះ ទ័ព​ថ្មើរ​ជើង និង​ពល‌សេះ ដើរ​តម្រង់​មក​វាយ​ប្រហារ​លើ​ពួក​គេ។ មាន​ជ្រោះ​មួយ​ខ័ណ្ឌ​កង‌ទ័ព​ទាំង​ពីរ។  លោក​យ៉ូហាន និង​ទ័ព​របស់​គាត់​ត្រៀម​ខ្លួន​ប្រឈម​មុខ​នឹង​កង‌ទ័ព​នោះ។ ដោយ​លោក​ឃើញ​កង‌ទ័ព​របស់​ខ្លួន​ខ្លាច​មិន​ហ៊ាន​ឆ្លង​ទឹក​ជ្រោះ​ដូច្នេះ លោក​ក៏​ឆ្លង​ទៅ​មុន​គេ ហើយ​ទ័ព​របស់​គាត់​ក៏​ឆ្លង​តាម​ដែរ។ គាត់​រៀប​កង‌ទ័ព​ដោយ​ដាក់​ពល‌សេះ​នៅ​កណ្តាល ពល​ថ្មើរ​ជើង​នៅ​អម​សង​ខាង ព្រោះ​ពល‌សេះ​របស់​សត្រូវ​មាន​ច្រើន​ណាស់!។  លោក​បញ្ជា​ឲ្យ​គេ​ផ្លុំ​ត្រែ ហើយ​លោក​កិនដេបេ និង​កង‌ទ័ព​ក៏​បរា‌ជ័យ។ សត្រូវ​ដួល​ស្លាប់​ជា​ច្រើន ហើយ​ពួក​ដែល​នៅ​សេស​សល់​ពី​ស្លាប់​រត់ ឆ្ពោះ​ទៅ​កាន់​ក្រុង​កេដ្រូន។  នៅ​ពេល​នោះ លោក​យូដា​ជា​ប្អូន​របស់​លោក​យ៉ូហាន​ត្រូវ​របួស។  លោក​យ៉ូហាន​ដេញ​តាម​គេ រហូត​ដល់​ក្រុង​កេដ្រូន ជា​ក្រុង​ដែល​លោក​កិនដេបេ​បាន​សង់​ឡើង​វិញ។ ១០ ទាហាន​ខ្លះ​បាន​រត់​ទៅ​នោះ​ពួន​នៅ​ប៉ម​ទាំង‌ឡាយ​នៅ​តាម​វាល ក្បែរ​ក្រុង​អាសូតូ។ លោក​យ៉ូហាន​ដុត​ប៉ម​ទាំង​នោះ ហើយ​ខ្មាំង​ពីរ‌ពាន់​នាក់​ត្រូវ​បាត់​បង់​ជីវិត។ ក្រោយ​មក លោក​យ៉ូហាន​វិល​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ​ដោយ​សុខ‌សាន្ត។
លោក​ស៊ីម៉ូ​ទទួល​មរណ‌ភាព
១១ គេ​តែង​តាំង​លោក​ផ្ទូលេមេ ជា​កូន​របស់​លោក​អាប៊ូឡា ជា​មេ​បញ្ជា​ការ​វាល​ទំនាប ក្បែរ​ក្រុង​យេរីខូ។ លោក​មាន​មាស​ប្រាក់​ជា​ច្រើន​អនេក ១២ ដ្បិត​លោក​ជា​កូន​ប្រសា​របស់​លោក​មហា​បូជា‌ចារ្យ។ ១៣ ដូច្នេះ លោក​អួត‌បំប៉ោង ហើយ​មាន​បំណង​ចង់​ធ្វើ​ជា​ម្ចាស់​ស្រុក។ លោក​មាន​គំនិត​អាក្រក់​ចង់​សម្លាប់​លោក​ស៊ីម៉ូន និង​កូនៗ​របស់​លោក។ ១៤ គ្រា​នោះ លោក​ស៊ីម៉ូន​ចេះ​តែ​ធ្វើ​ដំណើរ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ។ នៅ​ខែ​ទី​ដប់​មួយ ដែល​ត្រូវ​នឹង​ខែ​មាឃ ឆ្នាំ ១៧៧ លោក​ចុះ​ទៅ​ក្រុង​យេរីខូ​ជា​មួយ​លោក​ម៉ាថា‌ធីយ៉ាស និង​លោក​យូដា ជា​កូន​របស់​លោក។ ១៥ កូន​ចៅ​របស់​អាប៊ូឡា​ប្រើ​កល‌ល្បិច​ទទួល​លោក​ទាំង​បី ក្នុង​បន្ទាយ​តូច​មួយ​ឈ្មោះ​ដូរ ដែល​លោក​បាន​សង់។ គាត់​រៀប​ចំ​ពិធី​ជប់​លៀង​មួយ​យ៉ាង​ធំ ប៉ុន្តែ គាត់​បង្គាប់​ទាហាន​របស់​គាត់​ក្នុង​បន្ទាយ​នោះ។ ១៦ កាល​លោក​ស៊ីម៉ូន និង​កូនៗ​របស់​គាត់​ស្រវឹង លោក​ផ្ទូលេមេ និង​បក្ស​ពួក​របស់​គាត់​ស្ទុះ​ចេញ​មក​កាន់​អាវុធ ហើយ​រត់​ទៅ ក្នុង​បន្ទប់​ជប់​លៀង​ប្រហារ​ជីវិត​លោក​ស៊ីម៉ូន និង​កូន​របស់​គាត់​ទាំង​ពីរ ព្រម​ទាំង​អ្នក​បម្រើ​មួយ​ចំនួន​ផង។ ១៧ គាត់​ប្រព្រឹត្ត​អំពើ​ក្បត់ សង​គុណ​លោក​ស៊ីម៉ូន​ដែល​ធ្លាប់​តែ​ធ្វើ​អំពើ​ល្អ។ ១៨ លោក​ផ្ទូលេមេ​សរសេរ​សេចក្ដី​រាយ​ការណ៍​ថ្វាយ​ស្ដេច ពី​ការ​ដែល​លោក​បាន​ប្រព្រឹត្ត ដោយ​សូម​ឲ្យ​បញ្ជូន​កង‌ទ័ព​មក​ជួយ ដើម្បី​កសាង​ក្រុង​នានា និង​ស្រុក​ស្រែ​ចម្ការ​ឡើង​វិញ។ ១៩ លោក​ចាត់​អ្នក​នាំ​សារ​ផ្សេងៗ​ទៀត​ទៅ​ក្រុង​កាសារ៉ា ដើម្បី​សូម​ឲ្យ​គេ​ប្រហារ​ជីវិត​លោក​យ៉ូហាន​ដែរ។ លោក​សរសេរ​លិខិត​ផ្ញើ​ជូន​មេ​បញ្ជា​ការ សុំ​ឲ្យ​អស់​លោក​មក​ជួប​គាត់ ដើម្បី​ទទួល​មាស​ប្រាក់ និង​អំណោយ។ ២០ លោក​បញ្ចូន​កង‌ទ័ព​ផ្សេង​ទៀត​ឲ្យ​ទៅ​កាន់​កាប់​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​ភ្នំ និង​ព្រះ‌វិហារ។ ២១ ប៉ុន្តែ មាន​ម្នាក់​រត់​ទៅ​ដល់​ក្រុង​កាសារ៉ា​មុន ដើម្បី​ជម្រាប​លោក​យ៉ូហាន​អំពី​មរណ‌ភាព​របស់​ឪពុក និង​ប្អូនៗ។ អ្នក​នោះ​ប្រាប់​ទៀត​ថា៖ «គាត់​ចាត់​ម្នាក់​ឲ្យ​មក​ប្រហារ​ជីវិត​លោក​ទៀត!»។ ២២ ដំណឹង​នេះ​ធ្វើ​ឲ្យ​លោក​យ៉ូហាន​ជ្រួល​ច្របល់​ជា​ខ្លាំង។ លោក​ចាប់​ពួក​អ្នក​ដែល​មក​សម្លាប់​លោក ហើយ​ប្រហារ​ជីវិត​គេ ដ្បិត​លោក​ជ្រាប​ថា ពួក​គេ​មក​រក​សម្លាប់​លោក។
២៣ កិច្ច‌ការ​ផ្សេងៗ​ដែល​លោក​យ៉ូហាន​បាន​ប្រព្រឹត្ត ចម្បាំង​របស់​លោក ការ​អស្ចារ្យ​ដែល​លោក​បាន​ធ្វើ​ដោយ​ចិត្ត​អង់​អាច កំពែង​ដែល​លោក​បាន​សង់ និង​កិច្ច‌ការ​ឯ​ទៀតៗ ២៤ សុទ្ធ​តែ​មាន​កត់​ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្រ្ត​របស់​មហា​បូជា‌ចារ្យ តាំង​ពី​ពេល​ដែល​លោក​ធ្វើ​ជា​មហា​បូជា‌ចារ្យ ស្នង​ពី​ឪពុក​របស់​លោក​មក។
752 Views

Theme: Overlay by Kaira