ថ្ងៃទី១៤ ខែសីហា
បុណ្យរម្លឹក
សន្ដម៉ារីស៊ីមីលីយាង ម៉ារីកូលបេ
ជាបូជាចារ្យ និងជាមរណសាក្សី
ពណ៌ក្រហម
លោកម៉ាកស៊ីមីលីយាង ម៉ារីកូលបេ (១៨៩៤-១៩៤១) កើតនៅប្រទេសប៉ូឡូញ។ លោកចូលបួសហើយខិតខំផ្សាយគោលគំនិតនៃគ្រីស្តសាសនា ដោយបោះពុម្ពផ្សាយកាសែតជាច្រើន។ សម័យសង្គ្រាមសកលលោកលើកទី ២ លោកត្រូវគេចាប់ កៀរទៅដាក់នៅជំរុំឱ្យហ្វីស។ លោកស្ម័គ្រចិត្តទទួលទារុណកម្មស្លាប់ អត់ឃ្លានជំនួសអ្នកជាប់ឃុំឃាំងម្នាក់ដែលមានគ្រួសារ និងកូនពីរនាក់។ លោកទទួលមរណៈភាពថ្ងៃ១៤ សីហា ១៩៤១។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញ្ញាណ ប្រាញ ៣,១-៩
មនុស្សសុចរិតស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ គេនឹងមិនជួបទុក្ខលំបាកណាទៀតឡើយ។ អ្នកឆោតល្ងង់ស្មានថា មនុស្សសុចរិតបាត់បង់ជីវិត ហើយយល់ថា ការលាចាកលោកនេះជាមហន្តរាយរបស់មនុស្សសុចរិត។ គេស្មានទៀតថា ពេលឃ្លាតឆ្ងាយពីលោកយើងនេះ មនុស្សសុចរិតវិនាសសាបសូន្យ។ ប៉ុន្តែ តាមពិតមនុស្សសុចរិតស្ថិតនៅក្នុងសេចក្តីសុខសាន្ត។ តាមការយល់ឃើញរបស់មនុស្សធម្មតា អ្នកសុចរិតទាំងនោះបានរងទុក្ខទោសមែន តែពួកគេមានសង្ឃឹមយ៉ាងមោះមុតថា នឹងទទួលជីវិតអមតៈ។ ព្រះជាម្ចាស់វាយប្រដៅពួកគេតែបន្តិចទេ តែពួកគេនឹងទទួលសុភមង្គលដ៏បរិបូណ៌។ ព្រះជាម្ចាស់ល្បងលពួកគេ ហើយឈ្វេងយល់ថា ពួកគេពិតជាសមនៅជាមួយព្រះអង្គ។ ព្រះអង្គបន្សុទ្ធពួកគេដូចជាងបន្សុទ្ធមាសក្នុងឡ ព្រះអង្គទទួលពួកគេដូចទទួលតង្វាយដុតទាំងមូល។ លុះដល់ពេលកំណត់ដែលព្រះអង្គយាងមកវិនិច្ឆ័យទោសមនុស្សលោក ពួកគេនឹងភ្លឺដូចអណ្តាតភ្លើងឆាបឆេះជញ្រ្ជាំង។ ពួកគេនឹងវិនិច្ឆ័យទោសប្រជាជាតិនានា ហើយគ្រប់គ្រងលើជាតិសាសន៍ជាច្រើន។ ព្រះអម្ចាស់នឹងគ្រងរាជ្យលើពួកគេអស់កល្បជាអង្វែងតរៀងទៅ។អស់អ្នកដែលពឹងផ្អែកលើព្រះអម្ចាស់នឹងយល់ថា គម្រោងការរបស់ព្រះអង្គពិតជាត្រឹមត្រូវ ហើយអស់អ្នកដែលជឿព្រះអង្គនឹងរួមរស់ជាមួយព្រះអង្គក្នុងសេចក្តីស្រឡាញ់។ ព្រះជាម្ចាស់មានព្រះហឫទ័យប្រណីសន្តោស និងមេត្តាករុណាចំពោះអស់អ្នកដែលព្រះអង្គបានជ្រើសរើស។
ឬសូមថ្លែងលិខិតទី១របស់សន្ដយ៉ូហាន ១យហ ៣,១៣-១៨
បងប្អូនអើយ ប្រសិនបើមនុស្សលោកស្អប់បងប្អូន សូមកុំងឿងឆ្ងល់ឡើយ។ យើងដឹងហើយថា យើងបានឆ្លងផុតពីសេចក្ដីស្លាប់មកកាន់ជីវិត ព្រោះយើងចេះស្រឡាញ់បងប្អូន។ អ្នកណាមិនចេះស្រឡាញ់ អ្នកនោះស្ថិតនៅក្នុងសេចក្ដីស្លាប់។ អ្នកណាស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាឃាតក។ បងប្អូនដឹងស្រាប់ហើយថា ឃាតកគ្មានជីវិតអស់កល្បជានិច្ចស្ថិតនៅក្នុងខ្លួនទេ។ យើងស្គាល់សេចក្ដីស្រឡាញ់ស្រាប់ហើយ គឺព្រះយេស៊ូបានបូជាព្រះជន្មរបស់ព្រះអង្គសម្រាប់យើង ហេតុនេះ យើងត្រូវបូជាជីវិតសម្រាប់បងប្អូនដែរ។ប្រសិនបើនរណាម្នាក់មានសម្បត្តិលោកីយ៍ ហើយឃើញបងប្អូនរបស់ខ្លួនខ្វះខាត តែបែរជាមិនអាណិតអាសូរគេទេនោះ ធ្វើដូចម្ដេចនឹងឱ្យសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ស្ថិតនៅក្នុងខ្លួនអ្នកនោះកើត!។ កូនចៅអើយ យើងមិនត្រូវស្រឡាញ់ត្រឹមតែបបូរមាត់ ឬពាក្យសម្ដីប៉ុណ្ណោះទេ គឺត្រូវស្រឡាញ់តាមអំពើដែលយើងប្រព្រឹត្ត និងតាមសេចក្ដីពិតវិញ។
ទំនុកតម្កើងលេខ ១១៦ (១១៥), ១០-១១.១៥-១៨
| ១០ | ទោះជាខ្ញុំពោលថា | រស់ខ្លោចផ្សាទ្រូងស្ទើរប្រេះ | |
| គង់តែរូបខ្ញុំនេះ | មិនចោលព្រះសង្ឃឹមជាប់ | ។ |
| ១១ | ពេលខ្ញុំមានកង្វល់ | ចិត្តខ្វាយខ្វល់មិនបានស្ងប់ | |
| ខ្ញុំពោលឡើងគ្រប់សព្វ | ថាខ្ញុំស្អប់ជនគ្រប់ប្រាណ | ។ |
| ១៥ | ទ្រង់ព្រួយព្រះទ័យណាស់ | ពេលមានរាស្រ្តស្លាប់វេទនា | |
| ជនវិសុទ្ធគ្រប់គ្នា | ទ្រង់ការពារមិនស្លាប់ឡើយ | ។ |
| ១៦ | ឱ! ព្រះម្ចាស់ប្រសើរ | ខ្ញុំបម្រើព្រះអង្គហើយ | |
| ព្រះអង្គមិនកន្តើយ | ខ្ញុំបានស្បើយពីមរណា | ។ |
| ១៧ | ទូលបង្គំសូមថ្វាយ | យញ្ញទាំងឡាយដោយជ្រះថ្លា | |
| អង្វរព្រះបិតា | ព្រះបុត្រាខ្ពស់ពេកពន់ | ។ |
| ១៨ | ខ្ញុំនឹងយកតង្វាយ | មកដាក់ថ្វាយលាបំណន់ | |
| នៅមុខប្រជាជន | ដែលបានបន់ដល់ព្រះអង្គ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ ថស ២,១៤
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៥,១២-១៦
វិន័យរបស់ខ្ញុំមានដូចតទៅនេះ គឺអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ គ្មាននរណាមានសេចក្ដីស្រឡាញ់ខ្លាំងជាងអ្នកដែលស៊ូប្ដូរជីវិតដើម្បីមិត្តសម្លាញ់របស់ខ្លួននោះឡើយ។ បើអ្នករាល់គ្នាប្រព្រឹត្តតាមសេចក្ដីដែលខ្ញុំបានបង្គាប់មក អ្នករាល់គ្នាពិតជាមិត្តសម្លាញ់របស់ខ្ញុំមែន។ ខ្ញុំមិនចាត់ទុកអ្នករាល់គ្នាជាអ្នកបម្រើទៀតទេ ព្រោះអ្នកបម្រើមិនយល់កិច្ចការដែលម្ចាស់របស់ខ្លួនប្រព្រឹត្តនោះឡើយ។ ខ្ញុំចាត់ទុកអ្នករាល់គ្នាជាមិត្តសម្លាញ់ ដ្បិតអ្វីៗដែលខ្ញុំបានឮពីព្រះបិតាមក ខ្ញុំក៏បានប្រាប់ឱ្យអ្នករាល់គ្នាដឹងហើយដែរ។ មិនមែនអ្នករាល់គ្នាទេដែលបានជ្រើសរើសខ្ញុំ គឺខ្ញុំទេតើដែលបានជ្រើសរើសអ្នករាល់គ្នា ហើយបានតែងតាំងអ្នករាល់គ្នាឱ្យទៅ និងបង្កើតផល ព្រមទាំងឱ្យផលរបស់អ្នករាល់គ្នានៅស្ថិតស្ថេរ។ ដូច្នេះ អ្វីៗដែលអ្នករាល់គ្នាទូលសូមពីព្រះបិតាក្នុងនាមខ្ញុំ ព្រះអង្គនឹងប្រទានឱ្យអ្នករាល់គ្នាពុំខាន។
642 Views
Post Views:
643