សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

កណ្ឌគម្ពីរ
​យ៉ូឌីត

ពាក្យលំនាំ

នាង​យូឌីត

ពាក្យ​លំនាំ

អ្នក​ស្រី​យូឌីត​ជា​ស្រ្តី​មេ‌ម៉ាយ​ម្នាក់ ដែល​មាន​រូប​សម្ផស្ស​ល្អ​ស្រស់​លើស​គេ គួរ​ជាទី​ចាប់​ចិត្ត​របស់​បុរស​ទាំង‌ឡាយ។ អ្នក​ស្រី​តែង​តែ​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​ដោយ​ចិត្ត​ស្មោះ។ នៅ​ពេល​កង‌ទ័ព​ខ្មាំង​សត្រូវ​ចូល​មក​លុក​លុយ​ស្រុក​យូដា ក្នុង​គោល​បំណង​បំផ្លាញ​ស្រុក និង​សម្លាប់​ប្រជាជន​ឲ្យ​វិនាស​អន្ត‌រាយ អ្នក​ស្រី​យូឌីត​ជឿ​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់ ហ៊ាន​ចេញ​ទៅ​ជួប​មេ‌ទ័ព​របស់​ខ្មាំង​តែ​ម្នាក់​ឯង ហើយ​កាត់‌ក​មេ‌ទ័ព​នោះ​ទៀត​ផង។ ដូច្នេះ នាង​បាន​សង្រ្គោះ​ប្រជាជន​របស់​ព្រះ‌អង្គ។ អ្នក​ស្រី​យូឌីត ក៏​ដូច​ព្យាការី​នីដេ‌បូរា (វរ ៤‑៥) ឬ​ព្រះ‌នាង​អេសធែរ​ដែរ។
អ្នក​និពន្ធ​រឿង​នេះ​មិន​មែន​និពន្ធ​តាម​ប្រវត្តិ‌សាស្រ្ត​ទេ! ឧប.ថា គេ​ហៅ​ព្រះ‌ចៅ​នេប៊ូកា‌នេសារ ជា​ព្រះ‌មហា​ក្សត្រ​ស្រុក​បាប៊ីឡូន​ថា «ព្រះ‌មហា​ក្សត្រ​ស្រុក​អាស្ស៊ីរី!» ព្រឹត្តិ‌ការណ៍​ខ្លះ​បញ្ជាក់​ថា​ជន​ជាតិ​យូដា​ដែល​ជាប់​ជា​ឈ្លើយ ធ្វើ​មាតុ‌ភូមិ​និវត្តន៍​រួច​ហើយ (៤,៣; ៥,១១)។ ប៉ុន្តែ តាម​ប្រវត្តិ‌សាស្រ្ត ព្រះ‌ចៅ​នេប៊ូកា‌នេសារ​នេះ​បាន​កៀរ​ពួក​គេ​ទៅ​ធ្វើ​ជា​ឈ្លើយ! គ្មាន​នរណា​ស្គាល់​ក្រុង​បេតធូលី និង​កន្លែង​ផ្សេងៗ​ទៀត​ឡើយ (៤,៧; ៦,១១‑១២; ៧,១២។ ល។)។
ដូច្នេះ អ្នក​វិភាគ​តែង​សន្និដ្ឋាន​ថា ប្រហែល​មាន​ព្រឹត្តិ‌ការណ៍​បែប​នេះ​កើត​ឡើង​នៅ​ជំនាន់​ជន​ជាតិ​ពែរ្ស​គ្រប់​គ្រង​មជ្ឈិម‌បូព៌ា កណ្ឌ​នេះ​ជា​រឿង​និទាន​ដែល​គេ​ប្រឌិត​ឡើង ប៉ុន្តែ នៅ​ពេល​ក្រោយ​គេ​កែ​ច្នៃ និង​បន្ថែម​សេចក្តី​ឯ​ទៀតៗ ប្រឌិត​ឡើង​តាម​របៀប​ជន​ជាតិ​យូដា ហៅ​ថា «មីត្រាស់» ដើម្បី​ដាស់​តឿន​ជន​ជាតិ​យូដា​ដែល​ជួប​ឧបសគ្គ​ជា​ច្រើន ឲ្យ​ជឿ​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់​ជា‌និច្ច! ព្រះ‌អង្គ​តាម​ថែ​រក្សា​ការ‌ពារ​ប្រជា‌រាស្រ្ត​របស់​ព្រះ‌អង្គ!។
គេ​និពន្ធ​នៅ​ជំនាន់​ព្រះ‌បាទ អន់ទី‌យ៉ូគូស អេ‌ភីផាន (១៧៥-១៦៤ មុន​គ.ស) ធ្វើ​បាប​ប្រជាជន។ ដូច្នេះ អ្នក​និពន្ធ​មាន​គោល​បំណង ប្រហាក់​ប្រហែល​នឹង​គោល​បំណង​របស់​អ្នក​និពន្ធ​កណ្ឌ ដានីអែល។ ឈ្មោះ «យូឌីត» មាន​អត្ថន័យ​ថា «ស្រ្តី​ជន​ជាតិ​យូដា» គឺ​ជា​រូប​តំណាង​ប្រជា‌រាស្រ្ត​របស់​ព្រះ‌ជាម្ចាស់។ ព្រះ‌អង្គ​មិន​លះ​បង់​ចោល​ប្រជា‌រាស្រ្ត​របស់​ព្រះ‌អង្គ​ឡើយ!។

នាង​យូឌីត

ព្រះ‌បាទ​នេប៊ូកា‌នេសារ​ធ្វើ​សង្គ្រាម​ឈ្នះ​ព្រះ‌បាទ​អរផាសាដ
 នៅ​ឆ្នាំ​ទី​ដប់‌ពីរ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​នេ‌ប៊ូកា​នេសារ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី​នៅ​ក្រុង​នីនីវេ ជា​មហា​នគរ។ ចំណែក​ឯ​ព្រះ‌បាទ​អរផាសាដ​វិញ ព្រះ‌អង្គ​គ្រង​រាជ្យ​លើ​ជន​ជាតិ​ម៉ែដ ហើយ​គង់​នៅ​រាជ​ធានី​អែក​បាតាន។  ព្រះ‌បាទ​អរផាសាដ​បញ្ជា​ឲ្យ​គេ​យក​ថ្ម ដែល​មាន​បណ្ដោយ​ប្រវែង​ប្រាំ‌មួយ​ហត្ថ និង​ទទឹង​បី​ហត្ថ មក​សាង​កំពែង​ជុំវិញ​អែកបាតាន។ កំពែង​នេះ​មាន​កម្ពស់​ចិត​សិប​ហត្ថ ទទឹង​ហាសិប​ហត្ថ។  នៅ​សង​ខាង​ខ្លោង​ទ្វារ​ក្រុង ស្ដេច​ឲ្យ​គេ​សង់​ប៉ម​ដែល​មាន​កម្ពស់​មួយ‌រយ​ហត្ថ ហើយ​ចាក់​គ្រឹះ​មាន​ទទឹង​ហុក‌សិប​ហត្ថ។  ស្ដេច​ក៏​សង់​ទ្វារ​ក្រុង​ដែរ។ ទ្វារ​ទាំង​នោះ​មាន​កម្ពស់​ចិត‌សិប​ហត្ថ និង​ទទឹង​សែ​សិប​ហត្ថ សម្រាប់​ឲ្យ​កង‌ទ័ព និង​កង​ពល​ថ្មើរ​ជើង​ចេញ​ទៅ​ច្បាំង។  នៅ​គ្រា​នោះ ព្រះ‌បាទ​នេប៊ូកា‌នេសារ​ចេញ​ទៅ​ធ្វើ​សង្គ្រាម​នឹង​ព្រះ‌បាទ​អរ‌ផាសាដ នៅ​វាល​ទំនាប​ដ៏​ធំ​ក្បែរ​ក្រុង​រ៉ាកូ។  អ្នក​ស្រុក​ទាំង​អស់​ដែល​រស់​នៅ​តាម​តំបន់​ភ្នំ តាម​ទន្លេ​អឺប្រាត ទន្លេ​ទីគ្រ ទន្លេ​ហ៊ី‌ដាស់ ព្រម​ទាំង​អ្នក​ស្រុង​ដែល​រស់​នៅ​តាម​វាល ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ‌បាទ​អរីយុគ ជា​ស្ដេច​ជន​ជាតិ​អេលី‌ម៉ាអ៊ីស ក៏​ចូល​រួម​ជា​មួយ​កង‌ទ័ព​របស់​ស្ដេច​នេប៊ូកា‌នេសារ​ដែរ។ កង‌ទ័ព​នៃ​ប្រជា‌ជាតិ​ជា​ច្រើន រួម​គ្នា​ជា​មួយ​កង‌ទ័ព​បា‌ប៊ីឡូន។  គ្រា​នោះ ព្រះ‌បាទ​នេ‌ប៊ូកា​នេសារ ជា​ស្ដេច​នៅ​ស្រុក​អាស្ស៊ីរី ចាត់​អ្នក​នាំ​សារ ទៅ​ទាក់​ទង​គ្រប់​ជាតិ​សាសន៍ គឺ​អស់​អ្នក​ដែល​រស់​នៅ​ស្រុក​ពែរ្ស និង​អ្នក​ដែល​រស់​នៅ​ប៉ែក​ខាង​លិច​នៃ​ស្រុក​ពែរ្ស អ្នក​ដែល​នៅ​ស្រុក​ស៊ីលីស៊ី និង​ក្រុង​ដាម៉ាស់ នៅ​តំបន់​ភ្នំ​លីបង់ ភ្នំ​អង់ទី‌លីបង់ អស់​អ្នក​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ  ព្រម​ទាំង​ប្រជាជន​ដែល​រស់​នៅ​តាម​តំបន់​ភ្នំ​ការ​មែល ស្រុក​កាឡាដ​ប៉ែក​ខាង​ជើង ស្រុក​កាលីឡេ និង​នៅ​តាម​វាល​អេស្រ្ត‌ឡូន​ផង។  ស្ដេច​ក៏​ចាត់​អ្នក​នាំ​សារ​ទៅ​ទាក់​ទង​នឹង​អ្នក​ស្រុក​សាម៉ារី​ទាំង​អស់ និង​តំបន់​ប៉ែក​ខាង​លិច​នៃ​ទន្លេ​យ័រដាន់ រហូត​ដល់​ក្រុង​យេរូ‌សាឡឹម ក្រុង​បាតា‌ណេ កេលូស‌កាដែស រហូត​ដល់​ជ្រោះ​នៃ​ព្រំ​ប្រទល់​ស្រុក​អេស៊ីប ទៅ​ក្រុង​តាបា‌ណែស រ៉ាមសេស និង​តំបន់​កូសែម​ទាំង​មូល ១០ គឺ​រហូត​ទៅ​ដល់​ក្រុង​តានិ ម៉ឹមភីស ហើយ​និង​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​អេត្យូពី​ទៀត។ ១១ ប៉ុន្តែ អ្នក​ស្រុក​នៅ​តំបន់​ទាំង​នោះ​បាន​មើល‌ងាយ​រាជ‌ឱង្ការ​របស់​ព្រះ‌បាទ​នេប៊ូកា‌នេសារ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី ហើយ​មិន​ព្រម​ចូល​រួម​ជាមួយ​ដើម្បី​ធ្វើ​សង្គ្រាម​ទៀត​ផង ព្រោះ​គេ​មិន​ខ្លាច​ស្ដេច​ទេ ហើយ​រួម​គ្នា​ជា​ធ្លុង​តែ​មួយ​ប្រឆាំង​ស្ដេច​វិញ។ ពួក​គេ​ក៏​បណ្ដេញ​អ្នក​នាំ​សារ​របស់​ស្ដេច​ឲ្យ​ត្រឡប់​ទៅ​ស្រុក​វិញ ទាំង​អា‌ម៉ាស់​មុខ​យ៉ាង​ខ្លាំង ដោយ​គ្មាន​កង‌ទ័ព​ណា​ម្នាក់​ទៅ​ជា​មួយ​ឡើយ។ ១២ ហេតុ‌ការណ៍​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ព្រះ‌បាទ​នេប៊ូកា‌នេសារ​ព្រះ‌អង្គ​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង​ហើយ​ស្បថ​ដោយ​យក​រាជ​បល្ល័ង្ក និង​រាជា‌ណាចក្រ ធ្វើ​ជា​សាក្សី​ថា នឹង​សង​សឹក​ទៅ​លើ​ប្រជាជន​ដែល​រស់​នៅ​តំបន់​នោះ គឺ​ប្រហារ​ជីវិត​អ្នក​ស្រុក​ស៊ីលីស៊ី តំបន់​ក្រុង​ដាម៉ាស និង​ស្រុក​ស៊ីរី ស្រុក​ម៉ូអាប់ ស្រុក​អាំម៉ូន អ្នក​ស្រុក​យូដា​ទាំង​មូល និង​អ្នក​ស្រុក​អេស៊ីប រហូត​ដល់​សមុទ្រ​មេឌីទែ‌រ៉ាណេ និង​សមុទ្រ​ក្រហម។ ១៣ នៅ​ឆ្នាំទី​ដប់​ប្រាំ​ពីរ​នៃ​រជ្ជ​កាល​ព្រះ‌បាទ​នេប៊ូកា‌នេសារ ព្រះ‌អង្គ​ចេញ​ទៅ​ច្បាំង​ជា​មួយ​ព្រះ‌បាទ​អរផាសាដ ហើយ​ទទួល​បាន​ជ័យ‌ជម្នះ។ ស្ដេច​វាយ​កម្ទេច​កង‌ទ័ព​របស់​ព្រះ‌បាទ​អរផាសាដ​ឲ្យ​បាក់​ទ័ព​រត់​ទាំង​កង‌ពល​សេះ ទាំង​រទេះ​ចម្បាំង។ ១៤ ព្រះ‌បាទ​នេប៊ូកា‌នេសារ​ឡើង​គ្រប់​គ្រង​លើ​ក្រុង​ទាំង​ប៉ុន្មាន​របស់​ខ្មាំង​សត្រូវ ហើយ​យាង​ឆ្ពោះ​ទៅ​កាន់​ក្រុង​អែកបាតាន។ ស្ដេច​វាយ​ដណ្ដើម​យក​ប៉ម​ទាំង​ប៉ុន្មាន ហើយ​រឹប​អូស​យក​អ្វីៗ​ទាំង​អស់​ដែល​នៅ​តាម​ទី​ផ្សារ ធ្វើ​ជា​ជយ‌ភណ្ឌ ព្រម​ទាំង​បំផ្លាញ​លំអ​ដ៏​ល្អ​ថ្កុំថ្កើង​របស់​ក្រុង​ឲ្យ​បាក់​បែក​ខ្ទេច​ខ្ទី​អស់។ ១៥ ព្រះ‌បាទ​នេប៊ូកា‌នេសារ ចាប់​ព្រះ‌បាទ​អរផាសាដ​បាន​នៅ​តំបន់​ភ្នំ​រ៉ាកូ រួច​ក៏​យក​លំពែង​ចាក់​ធ្វើ​គុត បំផ្លាញ​រាជ​អំណាច​នោះ​ចោល រហូត​មក​ដល់​សព្វ​ថ្ងៃ។ ១៦ ក្រោយ​មក ព្រះ‌បាទ​នេប៊ូកា‌នេសារ យាង​ត្រឡប់​មក​ទីក្រុង​នីនីវេ​វិញ ដោយ​មាន​ទាំង​កង‌ទ័ព​ជា​ច្រើន​មក​ជា​មួយ​ផង។ ស្ដេច​គង់​សម្រាក​នៅ​ទីនោះ ហើយ​ជប់​លៀង​យ៉ាង​សប្បាយ​ជា​មួយ​កង‌ទ័ព អស់‌រយៈ​ពេល​មួយ‌រយម្ភៃ​ថ្ងៃ។
សង្គ្រាម​ប្រឆាំង​នឹង​ប្រជាជន​នៅ​ភូមិ​ភាគ​ប៉ែក​ខាង​លិច
 នៅ​ថ្ងៃ​ទី​ម្ភៃ‌ពីរ​ខែ​ដំបូង ក្នុង​ឆ្នាំ​ទី​ដប់‌ប្រាំបី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​នេប៊ូកា​នេសារ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី ព្រះ‌ចៅ និង​មន្ត្រី​ទាំង​ប៉ុន្មាន​ពិគ្រោះ​គ្នា គិត​ពី​ការ​សង​សឹក​នឹង​ប្រជាជន​ទាំង​អស់ ដែល​មិន​ព្រម​ចូល​រួម​ច្បាំង​ជា​មួយ ស្រប​តាម​រាជ‌ឱង្ការ​ស្បថ​កាល​ពី​មុន​នោះ  ព្រះ​ចៅ​កោះ​ហៅ​មេទ័ព និង​មន្ត្រី​ជាន់​ខ្ពស់​ទាំង​អស់ មក​ជួប​ប្រជុំ​គ្នា​ជា​សម្ងាត់ ហើយ​សម្រេច​សង​សឹក​ដាក់​ទោស​ដែន​ដី​ទាំង​មូល។
 មន្ត្រី​ទាំង​ប៉ុន្មាន​ក៏​យល់​ព្រម​ប្រហារ​ជីវិត​ប្រជាជន​ទាំង​អស់ ដែល​ពុំ​ព្រម​ចូល​រួម​ទៅ​ច្បាំង តាម​រាជ‌ឱង្ការ​របស់​ស្ដេច។  លុះ​ការ​ពិភាក្សា​បាន​ចប់​សព្វ​គ្រប់​ហើយ ព្រះ‌បាទ​នេប៊ូកា‌នេសារ ជា​ស្ដេច​ស្រុក​អាស្ស៊ីរី ហៅ​លោក​ហូឡូភែរ​(ជា​មេ​បញ្ជា​ការ​កង‌ទ័ព​បន្ទាប់​ពី​ស្ដេច) មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖  «ព្រះ‌មហា​ក្សត្រ​ដែល​ជា‌ម្ចាស់​ផែន​ដី​ទាំង​មូល បញ្ជា​ដូច​តទៅ៖ ចូរ​ទៅ​ប្រមូល​ពល‌ទាហាន​ដ៏​ខ្លាំង​ពូកែ​អង់​អាច គឺ​កង​ពល​ថ្មើរ​ជើង​ចំនួន​យ៉ាង​តិច​ណាស់​មួយ​សែន​ពីរ‌ម៉ឺន​នាក់ ព្រម​ទាំង​ពល‌សេះ​ចំនួន​មួយម៉ឺន‌ពីរ‌ពាន់​នាក់ និង​សេះ​ជា​ច្រើន​ផង។  លោក​ត្រូវ​ចេញ​ទៅ​ប្រយុទ្ធ ជា​មួយ​ប្រជាជន​ទាំង​អស់​នៅ​ប៉ែក​ខាង​លិច ព្រោះ​ពួក​គេ​មិន​គោរព​តាម​រាជ‌ឱង្ការ​របស់​យើង​ទេ។  លោក​ត្រូវ​ទាម​ទារ​ឲ្យ​ពួក​គេ​ចុះ​ចូល​ក្រោម​អំណាច​របស់​យើង ដ្បិត​យើង​ខ្ញាល់​ខ្លាំង​ណាស់ ហើយ​បញ្ជា​ឲ្យ​កង‌ទ័ព​ចេញ​ទៅ​វាយ​ពួក​គេ។ ទាហាន​របស់​យើង​នឹង​ដើរ​ជាន់​កម្ទេច​ទឹក​ដី​ទាំង​មូល​របស់​គេ ហើយ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​ថែម​ទៀត​ផង។  អ្នក​របួស​ខាង​ពួក​គេ នឹង​មាន​ពាស​ពេញ​ជ្រលង​ភ្នំ ហើយ​នៅ​តាម​ដង​ស្ទឹង និង​ដង​ទន្លេ មាន​ពាស​ពេញ​ទៅ​ដោយ​សាក‌សព។  យើង​នឹង​កៀរ​ពួក​គេ​ទៅ​ជា​ឈ្លើយ រហូត​ដល់​ចុង​បំផុត​នៃ​ផែន​ដី។ ១០ រីឯ​លោក ចូរ​ចេញ​ទៅ​វាយ​យក​តំបន់​ទាំង​ប៉ុន្មាន​របស់​ពួក​គេ មក​ឲ្យ​យើង។ កាល​ពួក​គេ​ចុះ​ចូល​នឹង​លោក​ហើយ លោក​ត្រូវ​ទុក​ពួក​គេ​រហូត​ដល់​ថ្ងៃ​ដែល​យើង​ដាក់​ទោស​ពួក​គេ។ ១១ រីឯ​អស់​អ្នក​ដែល​មិន​ព្រម​ចុះ​ចូល​វិញ ចូរ​កុំ​ត្រា​ប្រណី​ពួក​គេ​ឲ្យ​សោះ ចូរ​សម្លាប់ ហើយ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​ពួក​គេ​ឲ្យ​អស់​នៅ​លើ​ផែន​ដី​ទាំង​មូល! ១២ យើង​បាន​ស្បថ​ក្នុង​នាម​រាជ​សម្បត្តិ និង​ជីវិត​យើង​ផ្ទាល់​ថា យើង​នឹង​ប្រព្រឹត្ត​ដូច្នេះ​ដោយ​ខ្លួន​យើង។ ១៣ ចំណែក​ឯ​លោក ចូរ​កុំ​ប្រព្រឹត្ត​បំពាន​នឹង​បញ្ជា​របស់​ម្ចាស់​លោក​ឡើយ សូម្បី​តែ​មួយ​ម៉ាត់​ក៏​មិន​ត្រូវ​បំពាន​ដែរ! ចូរ​ធ្វើ​តាម​រាជ‌បញ្ជា​ទាំង​នេះ​ជា​កំហិត កុំ​បង្អែ​បង្អង់​ឡើយ!»។ ១៤ លោក​មេ​ទ័ព​ហូឡូភែរ ចាក​ចេញ​ពី​ព្រះ‌ភ័ក្រ្ត​ស្ដេច​ដែល​ជាម្ចាស់​របស់​លោក រួច​កោះ​ហៅ​ពួក​ស្ដេច​ត្រាញ់ មេ​ទ័ព និង​នាយ​ទាហាន​នៅ​ស្រុក​អាស្ស៊ីរី​មក។ ១៥ លោក​បាន​កែន​កង‌ទ័ព​ស្រួច​ពិសេស ចំនួន​មួយ​សែន​ពីរ‌ម៉ឺន​នាក់ តាម​បញ្ជា​របស់​ព្រះ​ចៅ​អធិរាជ ព្រម​ទាំង​ពល‌សេះ​ដែល​ចេះ​បាញ់​ធ្នូ​ចំនួន​មួយ​សែន‌ពីរ​ម៉ឺន​នាក់​ទៀត។ ១៦ លោក​រៀប​ចំ​ទាហាន​ដ៏​ច្រើន​នោះ​ជា​កង​ពល ដើម្បី​ចេញ​ទៅ​ច្បាំង។ ១៧ លោក​យក​អូដ្ឋ លា និង​សេះ សម្រាប់​ដឹក​ជញ្ជូន គ្រឿង​ឧបករណ៍​ប្រើ​ប្រាស់ ព្រម​ទាំង​ចៀម គោ ពពែ​ជា​ច្រើន​ទៅ​ជា​មួយ សម្រាប់​ធ្វើ​ជា​អាហារ។ ១៨ លោក​ក៏​រៀបចំ​ស្បៀង​អាហារ​យ៉ាង​ច្រើន សម្រាប់​ពល‌ទាហាន​ម្នាក់ៗ ព្រម​ទាំង​មាស និង​ប្រាក់​មួយ​ចំនួន​ធំ​ពី​ឃ្លាំង​រាជ​ទ្រព្យ។ ១៩ លោក​ហូឡូភែរ ព្រម​ទាំង​កង‌ទ័ព​ទាំង​មូល​ចេញ​ដំណើរ​ទៅ​ច្បាំង​នឹង​តំបន់​ទាំង​ប៉ុន្មាន​នៅ​ប៉ែក​ខាង​លិច ឲ្យ​បាន​មុន​ព្រះ‌បាទ​នេប៊ូកា‌នេសារ ដោយ​មាន​រទេះ​ច្បាំង ទ័ព‌សេះ និង​កង‌ទ័ព​ស្រួច​យ៉ាង​សន្ធឹក​សន្ធាប់ មាន​ពាស​ពេញ​នៅ​លើ​ផែន​ដី។ ២០ កង‌ទ័ព​ដទៃ​ទៀត​ក៏​ចេញ​ដំណើរ​ជា​មួយ កង‌ទ័ព​របស់​លោក​ហូឡូភែរ​យ៉ាង​ច្រើន​អនេក ដូច​ហ្វូង​កណ្ដូប ឬ​ដូច​គ្រាប់​ខ្សាច់​នៅ​លើ​ដី ដ្បិត​គ្មាន​នរណា​អាច​រាប់​ឡើយ។ ២១ កង‌ទ័ព​ទាំង​នោះ​ចេញ​ដំណើរ​ពី​ទីក្រុង​នីនីវេ ហើយ​ដើរ​អស់‌រយៈ​ពេល​បី​ថ្ងៃ ឆ្ពោះ​ទៅ​កាន់​វាល​ទំនាប​បេក‌ទីលេត ហើយ​ចេញ​ពី​បេក‌ទីលេត​ទៅ​បោះ​ជំរំ​នៅ​ភ្នំ​ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​នៃ​ស្រុក​ស៊ីលីស៊ី។ ២២ លោក​ហូឡូភែរ នាំ​កង‌ទ័ព​ទាំង​អស់ គឺ​ទាំង​កង​ពល​ថ្មើរ​ជើង ទាំង​កង​ពល‌សេះ ទាំង​រទេះ​ចម្បាំង ចេញ​ពី​កន្លែង​នោះ​ទៅ​កាន់​តំបន់​ភ្នំ។ ២៣ លោក​វាយ​ដណ្ដើម​យក​ទីក្រុង​ភូដ និង​ទីក្រុង​លូដ ព្រម​ទាំង​រឹប​អូស​យក ទ្រព្យ‌សម្បត្តិ​របស់​កូន​ចៅ​រ៉ាស៊ីស និង​កូន​ចៅ​អ៊ីស្មា‌អែល​ដែល​ស្នាក់​អាស្រ័យ​នៅ​តាម​វាល​រហោ​ស្ថាន​ខាង​ត្បូង​ខេលេអូន​ទៀត​ផង។ ២៤ លោក​នាំ​កង‌ទ័ព​ឆ្លង​ទន្លេ​អឺប្រាត និង​ឆ្លង​កាត់​តំបន់​មេសូប៉ូ‌តាមី ហើយ​វាយ​កម្ទេច​ក្រុង​ទាំង‌ឡាយ ដែល​មាន​កំពែង​រឹង​មាំ នៅ​តាម​ជ្រោះ​អប្រូណា រហូត​ទៅ​ដល់​សមុទ្រ។ ២៥ លោក​កាន់​កាប់​តំបន់​ស៊ីលីស៊ី ហើយ​កម្ទេច​អស់​អ្នក​ដែល​ប្រឆាំង​តទល់​នឹង​លោក។ បន្ទាប់​មក​លោក​ទៅ​ដល់​ព្រំ​ប្រទល់​ស្រុក​យ៉ា‌ផែត ដែល​នៅ​ខាង​ត្បូង ទល់​មុខ​ស្រុក​អារ៉ាប៊ី។ ២៦ លោក​ឡោម‌ព័ទ្ធ​ជន​ជាតិ​ម៉ាឌីយ៉ាន​ទាំង​អស់ ដុត​ជំរំ​របស់​ពួក​គេ​ចោល ហើយ​រឹប​អូស​យក​ហ្វូង​សត្វ​របស់​ពួក​គេ​ផង។ ២៧ លោក​ហូឡូភែរ លើក​ទ័ព​ចុះ​ទៅ​ដល់​វាល​នៃ​ក្រុង​ដាម៉ាស់ ក្នុង​រដូវ​ចម្រូត ហើយ​ដុត​ស្រែ​ទាំង​អស់​ចោល កម្ទេច​ហ្វូង​ចៀម ហ្វូង​គោ​របស់​គេ រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ដែល​មាន​នៅ​ក្នុង​ទីក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​គេ បំផ្លាញ​វាល​ទំនាប ហើយ​សម្លាប់​រង្គាល​យុវជន​ទាំង​អស់​ចោល ដោយ​មុខ​ដាវ​ទៀត​ផង។ ២៨ នៅ​គ្រា​នោះ អ្នក​ក្រុង​ស៊ីដូន អ្នក​ក្រុង​ទីរូស អ្នក​ក្រុង​សួរ អ្នក​ក្រុង​អូគីណា និង​អ្នក​ក្រុង​យ៉ាម‌នីយ៉ា​ទាំង​អស់ ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ នាំ​គ្នា​ភ័យ​តក់​ស្លុត​យ៉ាង​ខ្លាំង។ អ្នក​ក្រុង​អាសូត និង​អ្នក​ក្រុង​អាស្កាឡូន ក៏​ភ័យ​ខ្លាច​តក់​ស្លុត​ខ្លាំង​ណាស់​ដែរ។

ជន​ជាតិ​ទាំង​នោះ​ចាត់​អ្នក​នាំ​សារ​ទៅ​ជួប​លោក​ហូឡូភែរ ដើម្បី​ចរចា​សុំ​សន្តិ‌ភាព។ ពួក​គេ​និយាយ​ថា៖  «យើង​ខ្ញុំ​ប្រ‌បាទ​ទាំង​អស់​គ្នា​ជា​ខ្ញុំ​បម្រើ​ព្រះ‌បាទ​នេប៊ូកា‌នេសារ ដែល​ជា​ព្រះ‌មហា​ក្សត្រ! សូម​លោក​ប្រើ​យើង​ខ្ញុំ​ប្រ‌បាទ​តាម​ចិត្ត​របស់​លោក​ចុះ។  វាល​ស្មៅ​សម្រាប់​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ​ប្របាទ ដី​ធ្លី ស្រែ​ចម្ការ ហ្វូង​ចៀម ហ្វូង​គោ​របស់​យើង​ខ្ញុំ​ទាំង​ប៉ុន្មាន យើង​ខ្ញុំ​សូម​ប្រគល់​ជូន​លោក​ទាំង​អស់ សូម​លោក​ប្រើ​ប្រាស់​តាម​តែ​លោក​យល់​ឃើញ​ទៅ​ចុះ។  ក្រុង​របស់​យើង​ខ្ញុំ​ជា​កម្ម​សិទ្ធិ​របស់​ព្រះ​លោក និង​អ្នក​ក្រុង​ទាំង​នោះ​ក៏​សុទ្ធ​តែ​ទាសា​ទាសី​របស់​លោក​ដែរ សូម​លោក​អញ្ជើញ​ចូល​ក្នុង​ក្រុង​ទាំង​នោះ តាម​តែ​ការ​យល់​ឃើញ​ទៅ​ចុះ»។  អ្នក​នាំ​សារ​ទាំង​នោះ​មក​ជួប​លោក​ហូឡូភែរ ហើយ​ក៏​ជម្រាប​លោក​ដូច្នេះ។  ពេល​នោះ លោក​ហូឡូភែរ និង​កង‌ទ័ព​ទាំង​មូល ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​តំបន់​តាម​ឆ្នេរ​សមុទ្រ ហើយ​តាំង​ទ័ព​នៅ​ក្នុង​ក្រុង​ទាំង​ប៉ុន្មាន ដែល​មាន​កំពែង រួច​លោក​កែន​ទាហាន​ដ៏​ខ្លាំង​ពូកែ​ពី​ក្រុង​ទាំង​នោះ​ឲ្យ​ទៅ​ជួយ​ច្បាំង។  ប្រជាជន​នៅ​តំបន់​ជុំវិញ​ក្រុង​ទាំង​នោះ​នាំ​គ្នា​ទទួល​ស្វាគមន៍​លោក​ហូឡូភែរ ហើយ​បំពាក់​កម្រង​ផ្កា វាយ​ស្គរ និង​ច្រៀង​រាំ​ជួន​លោក​ទៀត​ផង។  ប៉ុន្តែ លោក​បាន​បំផ្លាញ​ទឹក​ដី​របស់​ពួក​គេ ហើយ​កាប់​ដើម​ឈើ​ជា​ទី​សក្ការៈ​របស់​ពួក​គេ​ចោល ព្រោះ​លោក​បាន​ទទួល​ព្រះ‌រាជ‌បញ្ជា​ឲ្យ​បំផ្លាញ កម្ទេច​ព្រះ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន​ដី ដើម្បី​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​គោរព​ថ្វាយ‌បង្គំ​តែ​ព្រះ‌បាទ​នេប៊ូកា‌នេសារ​មួយ​អង្គ​គត់ និង​ដើម្បី​ឲ្យ​មនុស្ស​គ្រប់​ជាតិ​សាសន៍ គ្រប់​ភាសា បួង​សួង​អង្វរ​ព្រះ‌រាជា ទុក​ដូច​ជា​ព្រះ​របស់​គេ។  លោក​ទៅ​ដល់​មុខ​ក្រុង​អេស្រ្ត‌ឡូន នៅ​ក្បែរ​ក្រុង​ដូតន ដែល​ស្ថិត​នៅ​ទន្ទឹម​នឹង​ជួរ​ភ្នំ​ដ៏​ខ្ពស់​របស់​ស្រុក​យូដា។ ១០ ពេល​នោះ លោក​បាន​បោះ​ជំរំ​ទ័ព​នៅ​ចន្លោះ​ក្រុង​កេបា និង​ក្រុង​ស៊ីថូ‌ប៉ូលីស ហើយ​ស្នាក់​នៅ​ទី​នោះ អស់‌រយៈ​ពេល​មួយ​ខែ ដើម្បី​រៀប​ចំ​ស្បៀង​បម្រុង​សម្រាប់​កង‌ទ័ព។

ជនជាតិ​យូដា​មាន​គម្រោង‌ការ​ការ‌ពារ​ខ្លួន
 ប្រជាជន​អ៊ីស្រា‌អែល​ដែល​រស់​នៅ​ក្នុង​ស្រុក​យូដា បាន​ទទួល​ដំណឹង​អំពី​ហេតុ‌ការណ៍ ទាំង​ប៉ុន្មាន​ដែល​លោក​ហូឡូភែរ ជា​មេ‌ទ័ព​របស់​ព្រះ‌បាទ​នេប៊ូកា‌នេសារ ស្ដេច​ស្រុក​អាស្ស៊ីរី ធ្វើ​ចំពោះ​ប្រជា‌ជាតិ​ទាំង​អស់ ហើយ​ដឹង​ពី​របៀប​ដែល​លោក​បាន​បំផ្លាញ​ទី​សក្ការៈ និង​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ពី​ទី​នោះ។  ពួក​គេ​ភ័យ​ខ្លាច​តក់​ស្លុត​ខ្លាំង​ណាស់ ហើយ​ព្រួយ​បារម្ភ​ពី​វាសនា​ក្រុង​យេរូ‌សាឡឹម និង​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់ ជា​ព្រះ​របស់​ពួក​គេ  ព្រោះ​ពួក​គេ​ទើប​នឹង​វិល​ត្រឡប់​ពី​ជាប់​ជា​ឈ្លើយ​មក​វិញ​ថ្មីៗ។ ប្រជាជន​យូដា បាន​ប្រមូល​គ្រឿង​បរិក្ខារ និង​អាសនៈ​ព្រម​ទាំង​ធ្វើ​ពិធី​ញែក​លើ​គ្រឿង​ប្រើ​ប្រាស់​លើ​អាសនៈ និង​លើ​ព្រះ​ដំណាក់​របស់​ព្រះ‌ជាម្ចាស់ ដែល​ពួក​ខ្មាំង​បាន​បង្អាប់​បង្ឱន​ឲ្យ​បរិសុទ្ធ​ឡើង​វិញ។  ពួក​គេ​ចាត់​អ្នក​នាំ​សារ​ទៅ​តំបន់​សាម៉ារី​ទាំង​មូល តំបន់​កូណា តំបន់​បែត‌ហូរ៉ូន អរបែល‌ម៉ាអ៊ីម យេរីខូ រហូត​ដល់​ទៅ​ខូបា អៃស៊រ និង​រហូត​ទៅ​ដល់​វាល​ទំនាប​សាឡឹម។  ពួក​គេ​កាន់​កាប់​កំពូល​ភ្នំ​ខ្ពស់ៗ​ទាំង‌ឡាយ ដោយ សង់​កំពែង​ជុំ​វិញ​ភូមិ​នៅ​តាម​តំបន់​ភ្នំ ដើម្បី​ផ្ទុក​ស្បៀង​អាហារ​សម្រាប់​ទប់​ទល់​នៅ​ពេល​មាន​ចម្បាំង ព្រោះ​ពួក​គេ​ទើប​តែ​ច្រូត​ស្រូវ​ហើយ​ថ្មីៗ។  លោក​យ៉ូអាគីម​ជា​មហា​បូជា‌ចារ្យ នៅ​ក្រុង​យេរូ‌សាឡឹម​ក្នុង​សម័យ​នោះ គាត់​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​ប្រជាជន​នៃ​ក្រុង​បេតធូលី និង​ក្រុង​បេតូ‌មេស​តាអ៊ីម ដែល​នៅ​មុខ​ក្រុង​អេស្ត្រឡូន និង​នៅ​មុខ​វាល​ដូតន។  ក្នុង​លិខិត​នេះ លោក​បញ្ជា​ឲ្យ​គេ​កាន់​កាប់​ច្រក​ភ្នំ ដ្បិត​ទាហាន​ដែល​ចង់​ចូល​ទៅ​ស្រុក​យូដា ត្រូវ​តែ​ឆ្លង​កាត់​ច្រក​នេះ។ ម្យ៉ាង​ទៀត នៅ​កន្លែង​នោះ​ស្រួល​វាយ​ស្ទាក់​ទាហាន ព្រោះ​ពួក​គេ​ពុំ​អាច​ដើរ​ទន្ទឹម​គ្នា លើស​ពី​ពីរ​នាក់​ឡើយ ដោយ​សារ​ច្រក​ភ្នំ​នេះ​ចង្អៀត​ពេក។  ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម​សេចក្ដី​ដែល​លោក​មហា​បូជា‌ចារ្យ​យ៉ូអាគីម និង​ក្រុម​ប្រឹក្សា​ព្រឹទ្ធាចារ្យ​របស់​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល នៅ​ក្រុង​យេរូ‌សាឡឹម បាន​បញ្ជា​គេ។  ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ទូល​អង្វរ​ព្រះ‌ជាម្ចាស់​យ៉ាង​ខ្លាំង ដោយ​ស្មោះ​អស់​ពី​ចិត្ត ១០ ហើយ​នាំ​គ្នា​ធ្វើ​ពិធី​តម​អាហារ​យ៉ាង​តឹង​រ៉ឹង ទាំង​បុរស ទាំង​ស្ត្រី ទាំង​កូន​ចៅ ទាំង​ហ្វូង​សត្វ​របស់​ពួក​គេ។ ពួក​អន្តោ​ប្រវេសន៍ ព្រម​ទាំង​កូន​ឈ្នួល និង​ទាសា​ទាសី​របស់​គេ​ក៏​នាំ​គ្នា​ស្លៀក​សម្លៀក‌បំពាក់​កាន់​ទុក្ខ​ដែរ។ ១១ អ្នក​ក្រុង​យេរូ​សាឡឹម​ទាំង​អស់ ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ចាស់ ក្រាប​ថ្វាយ‌បង្គំ​នៅ​មុខ​ព្រះ‌វិហារ ហើយ​យក​ផេះ​មក​រោយ​លើ​ក្បាល​របស់​គេ ព្រម​ទាំង​លាត​សម្លៀក‌បំពាក់​កាន់​ទុក្ខ​ធ្វើ​ពី​បាវ ទូល​អង្វរ​ព្រះ‌អម្ចាស់​ផង។ ១២ ពួក​គេ​យក​ក្រណាត់​កាន់​ទុក្ខ​មក​ក្រាល​ជុំ​វិញ​អាសនៈ រួច​នាំ​គ្នា​ទូល​អង្វរ​ព្រះ‌អម្ចាស់​យ៉ាង​ខ្លាំង សូម​ព្រះ‌អង្គ​កុំ​បណ្ដោយ​ឲ្យ​ខ្មាំង​សត្រូវ​ចាប់​យក​ប្រពន្ធ និង​កូន​ចៅ​របស់​ពួក​គេ​បាន សូម​កុំ​បណ្ដោយ​ឲ្យ​ខ្មាំង​បំផ្លាញ​ក្រុង​ទាំង​ប៉ុន្មាន​របស់​គេ ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ទុក​ជា​កេរ​មត៌ក​សូម​កុំ​បណ្ដោយ​ឲ្យ​ប្រជា‌ជាតិ​ដទៃ​មាន​ជ័យ‌ជម្នះ បង្អាប់​ព្រះ‌វិហារ​របស់​ពួក​គេ​ដែរ។ ១៣ ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​សម្រែក​របស់​ពួក​គេ ព្រះ‌អង្គ​ក៏​ទត​ឃើញ​ទុក្ខ​វេទនា​របស់​គេ​ដែរ។ ប្រជាជន​នៅ​ស្រុក​យូដា​ទាំង​មូល និង​នៅ​ស្រុក​យេរូ‌សាឡឹម បន្ត​ពិធី​តម​អាហារ​នៅ​មុខ​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់​ដ៏​មាន​តេជា‌នុភាព​សព្វ​ប្រការ​អស់​ពេល​យ៉ាង​យូរ។ ១៤ លោក​មហា​បូជា‌ចារ្យ​យ៉ូអាគីម អស់​លោក​បូជា‌ចារ្យ ព្រម​ទាំង​អ្នក​បម្រើ​ព្រះ‌អម្ចាស់ នៅ​ក្នុង​ព្រះ‌វិហារ​បាន​ស្លៀក​សម្លៀក​បំពាក់​កាន់​ទុក្ខ ហើយ​នាំ​គ្នា​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ជា​ប្រចាំ តង្វាយ​លា​បំណន់ និង​តង្វាយ​ស្ម័គ្រ​ចិត្ត​របស់​ប្រជាជន។ ១៥ ពួក​គេ​យក​ផេះ​ដាក់​លើ​ឈ្នួត ហើយ​នៅ​តែ​ស្រែក​ទូល​អង្វរ​ព្រះ‌អម្ចាស់ ដោយ​ពេញ​ទំហឹង សូម​ព្រះ‌អង្គ​យាង​មក​សង្គ្រោះ​ប្រជាជន​អ៊ីស្រា‌អែល​ផង។
លោក​ហូឡូភែរ​ពិ‌ភាក្សា​ជា​មួយ​មេ‌ទ័ព
 នៅ​ពេល​នោះ លោក​ហូឡូភែរ​ជា​មេ​បញ្ជា​ការ​កង‌ទ័ព​ជន​ជាតិ​អាស្ស៊ីរី ទទួល​ដំណឹង​ថា ជន​ជាតិ​អ៊ីស្រា‌អែល​ត្រៀម​ខ្លួន​ធ្វើ​សង្គ្រាម។ ពួក​គេ​បិទ​ច្រក​ភ្នំ​ទាំង‌ឡាយ សង់​កំពែង​នៅ លើ​កំពូល​ភ្នំ​ទាំង​នោះ​សម្រាប់​ការ‌ពារ​ខ្លួន ព្រម​ទាំង​បង្ក​ឧបសគ្គ​ស្ទាក់​ផ្លូវ​តាម​វាល​ទំនាប  លោក​ខឹង​ក្ដៅ​ក្រហាយ​ជា​ខ្លាំង ហើយ​កោះ​ហៅ​មេ​ដឹក​នាំ​របស់​ជន​ជាតិ​ម៉ូអាប់​ទាំង​អស់ មេ​ទ័ព​របស់​ជន​ជាតិ​អាំម៉ូន និង​ទេសា‌ភិបាល​ដែល​ត្រួត​ត្រា​នៅ​តាម​ឆ្នេរ​សមុទ្រ។  លោក​មាន​ប្រ‌សាសន៍​ថា៖ «ជន​ជាតិ​កាណាន​អើយ! ចូរ​ប្រាប់​ខ្ញុំ​ឲ្យ​បាន​ដឹង​ផង តើ​ប្រជាជន​ណាដែល​រស់​នៅ​តាម​តំបន់​ភ្នំ​នោះ? ពួក​គេ​រស់​នៅ​ក្នុង​ក្រុង​ណា​ខ្លះ? មាន​ទ័ព​ប៉ុន្មាន? ពួក​គេ​មាន​អំណាច និង​កម្លាំង​ដោយ​សារ​អ្វី? ស្ដេច​ណា​ដឹក​នាំ​កង‌ទ័ព​របស់​ពួក​គេ?  ហេតុ​អ្វី​បាន​ជា​ក្នុង​ចំណោម​ប្រជាជន​ទាំង​ប៉ុន្មាន ដែល​រស់​នៅ​ប៉ែក​ខាង​លិច មាន​តែ​ពួក​គេ​ប៉ុណ្ណោះ ដែល​បដិ‌សេធ​មិន​មក​ជួយ​យើង?»។
សុន្ទរ‌កថា​លោក​អឃីយ័រ
 លោក​ឃីយ័រ ជា​មេ​ដឹក​នាំ​ជន​ជាតិ​អាំម៉ូន​ទាំង​អស់ មាន​ប្រសាសន៍​ទៅ​កាន់​លោក​ហូឡូភែរ​ថា៖ «សូម​លោក​ម្ចាស់​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្រ‌បាទ​ជម្រាប​ជូន។ ខ្ញុំ​ប្រ‌បាទ​នឹង​ជម្រាប​ជូន​សេចក្ដី​ពិត​ពី​ប្រជាជន​ដែល​រស់​នៅ​តាម​តំបន់​ភ្នំ ក្បែរ​ជំរំ​របស់​លោក​ម្ចាស់។ ខ្ញុំ​ប្រ‌បាទ​មិន​កុហក​លោក​ទេ។  ប្រជាជន​នេះ ជា​ពូជ‌ពង្ស​របស់​ជន​ជាតិ​ខាល់ដេ​មួយ​ក្រុម។  មុន​ដំបូង ពួក​គេ​រស់​នៅ​ស្រុក​មេសូ‌ប៉ូតាមី តែ​គេ​មិន​ព្រម​គោរព​បម្រើ​តាម​ព្រះ​ទាំង​ប៉ុន្មាន​របស់​ដូន‌តា​គេ ដែល​រស់​នៅ​ស្រុក​ខាល់ដេ​ទេ។  ពួក​គេ​ឃ្លាត​ចាក​ពី​មាគ៌ា​របស់​ដូន‌តា​គេ ហើយ​នាំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម​សុខ ជា​ព្រះ​ដែល​គេ​ទើប​នឹង​ស្គាល់។ អ្នក​ស្រុក​ដេញ​ពួក​គេ​ឲ្យ​ឆ្ងាយ​ពី​ព្រះ​ទាំង​នោះ រួច​ហើយ​ពួក​គេ​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​មេសូ‌ប៉ូតាមី​ប៉ែក​ខាង​ជើង​វិញ ហើយ​ក៏​រស់​នៅ​យ៉ាង​យូរ​ក្នុង​ស្រុក​នោះ។  ព្រះ​របស់​ពួក​គេ មាន​ព្រះ‌បន្ទូល ឲ្យ​ចាក​ចេញ​ពី​តំបន់​នោះ ទៅ​ស្រុក​កាណាន។ ពួក​គេ​តាំង​ទី​លំ​នៅ​នៅ​ទី​នោះ ហើយ​ប្រមូល​មាស​ប្រាក់ ព្រម​ទាំង​មាន​ហ្វូង​សត្វ​យ៉ាង​ច្រើន​ទៀត​ផង។ ១០ ក្រោយ​មក ពួក​គេ​ចុះ​ទៅ​ស្រុក​អេស៊ីប ព្រោះ​មាន​ទុរ្ភិក្ស ពេញ​ស្រុក​កាណាន​ទាំង​មូល។ ពួក​គេ​ស្នាក់​អាស្រ័យ​នៅ​ស្រុក​អេស៊ីប ព្រោះ​ទី​នោះ​មាន​អាហារ​គ្រប់​គ្រាន់ អាច​ឧបត្ថម្ភ​ឲ្យ​ពួក​គេ​រស់​តទៅ​ទៀត​បាន។ ពួក​គេ​បង្កើត​កូន​ចៅ​យ៉ាង​ច្រើន​នៅ​ស្រុក​អេស៊ីប​នោះ ហើយ​បាន​ក្លាយ​ទៅ​ជា​ប្រជា‌ជាតិ​មួយ​ដ៏​ធំ មាន​ចំនួន​ច្រើន​ឥត​គណនា។ ១១ ប៉ុន្តែ ស្ដេច​អេស៊ីប​បែរ​មក​ប្រឆាំង​នឹង​ពួក​គេ ហើយ​ប្រើ​នយោ‌បាយ​ដ៏​ឈ្លាស​វៃ គឺ​ប្រើ​ពួក​គេ​យ៉ាង​ធ្ងន់​ធ្ងរ​ឲ្យ​ធ្វើ​ឥដ្ឋ។ ព្រះ‌អង្គ​បាន​ជិះ​ជាន់​ពួក​គេ និង​ចាត់​ទុក​ពួក​គេ​ជា​ទាស‌ករ។ ១២ ពួក​គេ​ស្រែក​អង្វរ​ព្រះ​របស់​ពួក​គេ ហើយ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​គ្រោះ​កាច​ជា​ច្រើន​ធ្លាក់​មក​លើ​ស្រុក​អេស៊ីប​ទាំង​មូល។ នៅ​ពេល​នោះ ប្រជាជន​អេស៊ីប​បណ្ដេញ​ពួក​គេ​ចេញ​ពី​ស្រុក។ ១៣ ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​សមុទ្រ​ក្រហម​រីង​ស្ងួត​នៅ​មុខ​ពួក​គេ ១៤ រួច​នាំ​ពួក គេ​ធ្វើ​ដំណើរ​ទៅ​កាន់​ភ្នំ​ស៊ីណៃ និង​ភូមិ​កាដែស‌បារណេ។ ពួក​គេ​បាន​ដេញ​ប្រជាជន​ទាំង​អស់ ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាន ១៥ រួច​ពួក​គេ​មក​តាំង​ទី​លំនៅ ក្នុង​ទឹក​ដី​របស់​ជន​ជាតិ​អាម៉ូរី។ ពួក​គេ​មាន​កម្លាំង​ខ្លាំង​ក្លា វាយ​កម្ទេច​ជន​ជាតិ​ហេសបូន​អស់។ បន្ទាប់​មក ពួក​គេ​ឆ្លង​ទន្លេ​យ័រដាន់ ហើយ​ដណ្ដើម​យក​តំបន់​ភ្នំ​ទាំង​មូល​មក​កាន់​កាប់ ទុក​ជា​កម្ម‌សិទ្ធិ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ។ ១៦ ពួក​គេ​បណ្ដេញ​ជន​ជាតិ​កាណាន ជន​ជាតិ​ពេរីស៊ី ជន​ជាតិ​យេប៊ូស ជន​ជាតិ​ស៊ីគែម និង​ជន​ជាតិ​គៀកាស៊ី​ទាំង​អស់ ហើយ​រស់​នៅ​លើ​ទឹក​ដី​នេះ​យ៉ាង​យូរ។ ១៧ ក្នុង‌រយៈ​ពេល​ដែល​ពួក​គេ​មិន​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ​របស់​ពួក​គេ ពួក​គេ​ជួប​តែ​សេចក្ដី​សុខ​សាន្ត ដ្បិត​ព្រះ​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ ស្អប់​អំពើ​ទុច្ចរិត​ជា​ខ្លាំង។ ១៨ ប៉ុន្តែ នៅ​ពេល​ពួក​គេ​ឃ្លាត​ចាក​ពី​មាគ៌ា ដែល​ព្រះ​របស់​ពួកគេ​ចាត់​ចែង​ឲ្យ​ដើរ​តាម​នោះ ពួក​គេ​ត្រូវ​វិនាស​អន្ត‌រាយ​ដោយ​ទទួល​បរា‌ជ័យ​យ៉ាង​ធ្ងន់​បំផុត ក្នុង​សង្គ្រាម​ជា​ច្រើន​លើក។ ទី​បំផុត ខ្មាំង​សត្រូវ​កៀរ​ពួក​គេ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​ដទៃ ព្រម​ទាំង​កម្ទេច​ព្រះ‌វិហារ​ព្រះ​របស់​ពួក​គេ ហើយ​វាយ​ដណ្ដើម​យក​ក្រុង​ទាំង​ប៉ុន្មាន​របស់​គេ​ទៀត​ផង។ ១៩ នៅ​ពេល​នេះ ពួក​គេ​វិល​ត្រឡប់​មក​រក​ព្រះ​របស់​ពួក​គេ​វិញ គេ​ត្រឡប់​ពី​ស្រុក​នានា ជា​កន្លែង​ដែល​ព្រះ‌អង្គ​បាន​កម្ចាត់​កម្ចាយ​ឲ្យ​ពួក​គេ​ទៅ​នៅ។ ពួក​គេ​កាន់​កាប់​ក្រុង​យេរូ‌សាឡឹម​ជា​ថ្មី គឺ​ជា​កន្លែង​ដែល​មាន​ព្រះ‌វិហារ​របស់​គេ ហើយ​តាំង​ទី​លំនៅ​តាម​តំបន់​ភ្នំ ព្រោះ​គ្មាន​ប្រជាជន​ណា​រស់​នៅ​ទេ។ ២០ លោក​ម្ចាស់! ឥឡូវ​នេះ ប្រសិន​បើ​ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប​ខុស​នឹង​ព្រះ‌ហឫទ័យ​ព្រះ​របស់​គេ ហើយ​ប្រសិន​បើ​យើង​ចាប់​គេ​បាន ចូរ​វាយ​ពួក​គេ​ចុះ យើង​មុខ​ជា​ឈ្នះ​មិន​ខាន។ ២១ ប៉ុន្តែ បើ​សិន​ប្រជាជន​ទាំង​នេះ​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស ទាស់​នឹង​ព្រះ​របស់​ពួក​គេ​ទេ សូម​លោក‌ម្ចាស់​ចៀស​ចេញ​ពី​ពួក​គេ​ទៅ! ក្រែង​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​គេ​ជួយ​ការ‌ពារ​ពួក​គេ។ ពេល​នោះ​មនុស្ស​នៅ​លើ​ផែន​ដី​ទាំង​មូល នឹង​មើល​ងាយ​យើង​ជា​មិន​ខាន»។ ២២ ពេល​លោក​អឃីយ័រ​មាន​ប្រសាសន៍​សព្វ​គ្រប់​ហើយ ប្រជាជន​ដែល​នៅ​ជុំ​វិញ​ជំរំ​ហូឡូភែរ​នាំ​គ្នា​រអ៊ូ​រទាំ​តវ៉ា​គ្រប់ៗ​គ្នា។ ពួក​ទ័ព​របស់​លោក​ហូឡូភែរ និង​អស់​អ្នក​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ ព្រម​ទាំង​ប្រជាជន​ម៉ូអាប់ មាន​បំណង​ចង់​ប្រហារ​ជីវិត​លោក​អឃីយ័រ។ ២៣ ពួក​គេ​ពោល​ឡើង​ថា៖ «យើង​មិន​ត្រូវ​ខ្លាច​ជន​ជាតិ​អ៊ីស្រា‌អែល​ទេ! ពួក​គេ​គ្មាន​កម្លាំង គ្មាន​ទ័ព​ទប់​ទល់​ក្នុង​ចម្បាំង​ដ៏​ខ្លាំង​ឡើយ។ ២៤ យើង​នាំ​គ្នា​វាយ​ពួក​វា​ទៅ! ពេល​នោះ កង‌ទ័ព​របស់​លោក​ហូឡូភែរ​នឹង​ស៊ី​សាច់​ហុត​ឈាម​វា​ជា​មិន​ខាន»។

កាល​អស់​អ្នក​ដែល​នៅ​ជុំ​វិញ​ក្រុម​ប្រឹក្សា​ស្ងៀម​ស្ងាត់​ហើយ លោក​ហូឡូភែរ​ដែល​ជា​មេ‌ទ័ព​របស់​ជន​ជាតិ​អាស្ស៊ីរី មាន​ប្រសាសន៍​ទៅ​កាន់​លោក​អឃីយ័រ​នៅ​ចំពោះ​មុខ​ជន​ជាតិ​ដទៃ និង​ជន​ជាតិ​ម៉ូអាប់​ទាំង​អស់​ថា៖ «  លោក​អឃីយ័រ និង​អស់​អ្នក​ដែល​លក់​ខ្លួន​ឲ្យ​អ៊ីស្រា‌អែល! តើ​អស់​លោក​ស្មាន​ថា​ខ្លួន​ជា​នរណា បាន​ជា​ហ៊ាន​ទាយ​ដូច្នេះ? ហើយ​ហាន​ទូន្មាន​យើង​មិន​ឲ្យ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រា‌អែល ព្រោះ​ព្រះ​របស់​ពួក​គេ​មុខ​ជា​ការ‌ពារ​ពួក​គេ​មិន​ខាន។ តើ​មាន​ព្រះ​ឯណា​ទៀត​ក្រៅ​ពី​ព្រះ‌បាទ​នេប៊ូកា‌កាសារ? ព្រះ‌រាជា​នឹង​ចាត់​កង‌ទ័ព​មក​វាយ​កម្ទេច​ពួក​គេ ឲ្យ​អស់​ពី​ផែន​ដី។ ព្រះ​របស់​ពួក​គេ​មិន​អាច​រំដោះ​ពួក​គេ​ឡើយ។  ចំណែក​យើង​ជា​អ្នក​បម្រើ​របស់​ស្ដេច​វិញ យើង​នឹង​រួប​រួម​គ្នា​ជា​ធ្លុង​តែ​មួយ​វាយ​ពួក​គេ ហើយ​ពួក​គេ​មិន​អាច​ទប់​ទល់​នឹង​ទ័ព‌សេះ​របស់​យើង​ឡើយ។  យើង​នឹង​ដុត​គេ​ទាំង​រស់។ ភ្នំ​ដែល​ពួក​គេ​រស់​នៅ មុខ​ជា​ជោក​ជាំ​ដោយ​ឈាម​របស់​ពួក​គេ ហើយ​នឹង​មាន​សាក​សព​របស់​ពួក​គេ​នៅ​ពាស​ពេញ​តាម​វាល​ទំនាប​ដែរ។ ពួក​គេ​មិន​អាច​ត​ទល់​នឹង​យើង ហើយ​ត្រូវ​វិនាស​អន្ត‌រាយ គ្មាន​សេស​សល់​អ្វី​ឡើយ។ នេះ​ជា​រាជ‌ឱង្ការ​របស់​ព្រះ‌បាទ​នេប៊ូកា‌នេសារ ជា‌ម្ចាស់​នៃ​ផែន​ដី​ទាំង​មូល។ ព្រះ‌រាជា​មាន​ព្រះ‌រាជ‌ឱង្ការ​ហើយ ត្រូវ​តែ​សម្រេច​ជា​មិន​ពុំខាន។  រីឯ​អឃីយ័រ​ឯង ដែល​ជា​ជន​ជាតិ​អាំម៉ូន ស៊ី​ឈ្នួល​ច្បាំង​វិញ ឯង​ក្បត់​ដោយ​ហ៊ាន​និយាយ​សេចក្ដី​ទាំង​នេះ។ ឯង​នឹង​លែង​ឃើញ​មុខ​ខ្ញុំ ចាប់​តាំង​ពី​ថ្ងៃ​នេះ​ទៅ ទាល់​តែ​ខ្ញុំ​សង​សឹក​ពូជ​សាសន៍ ដែល​រត់​ពី​ស្រុក​អេស៊ីប​នេះ។  ពេល​ខ្ញុំ​ត្រឡប់​មក​វិញ កង‌ទ័ព​ខ្ញុំ ព្រម​ទាំង​នាយ​ទាហាន​របស់​ខ្ញុំ នឹង​យក​លំពែង​មក​ចាក់​ទម្លុះ​ដើម​ទ្រូង ប្រហារ​ជីវិត​ឯង! គេ​នឹង​ចោល​ឯង នៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ​អ៊ីស្រា‌អែល​ដែរ។  ឥឡូវ​នេះ ទាហាន​របស់​ខ្ញុំ​នឹង​នាំ​យក​ឯង​ទៅ​តំបន់​ភ្នំ​នោះ ហើយ​ទុក​ឯង​ចោល​ក្នុង​ក្រុង​មួយ​តាម​ជម្រាល​ភ្នំ។  ទី​កន្លែង​នោះ​ហើយ ដែល​ឯង​រង់ចាំ​គេ​ប្រហារ​ជីវិត​រួម​ជា​មួយ​ពួក​អ៊ីស្រា‌អែល។  ប្រសិន​បើ​ឯង​ជឿ​ជាក់​ក្នុង​ចិត្ត​ថា ពួក​គេ​មិន​បរា‌ជ័យ​ទេ ចូរ​កុំ​ព្រួយ​បារម្ភ​អ្វី​ឡើយ! ខ្ញុំ​និយាយ​យ៉ាង​ណា ពាក្យ​របស់​ខ្ញុំ​ក៏​នឹង​សម្រេច​យ៉ាង​នោះ​ដែរ»។ ១០ ខណៈ​នោះ លោក​ហូឡូភែរ​បញ្ជា​ឲ្យ​ទាហាន ដែល​នៅ​ក្នុង​ជំរំ​របស់​គាត់ ចាប់​លោក​អឃីយ័រ នាំ​យក​ទៅ​ក្រុង​បេតធូលី ដើម្បី​បញ្ជូន​គាត់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល។ ១១ ទាហាន​ទាំង​នេះ​ក៏​ចាប់​គាត់​នាំ​ចេញ​ពី​ជំរំ តម្រង់​ទៅ​វាល​ទំនាប ឆ្ពោះ​ទៅ​តំបន់​ភ្នំ។ គេ​ទៅ​ដល់​ប្រភព​ទឹក​នៅ​ខាង​ក្រោម​ក្រុង​បេតធូលី។ ១២ ពេល​អ្នក​យាម​ការ‌ពារ​ទីក្រុង ឃើញ​ពួក​ទាហាន​អាស្ស៊ីរី ពួក​គេ​ក៏​ទៅ​យក​អាវុធ​រៀងៗ​ខ្លួន ហើយ​នាំ​គ្នា​ចេញ​ពី​ក្រុង​បេតធូលី ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ។ យុទ្ធ​ជន​កាន់​ដង្ហក់​គ្រប់ៗ​ដៃ បាញ់​គ្រាប់​ថ្ម​រា​រាំង​ទាហាន​អាស្ស៊ីរី មិន​ឲ្យ​ឡើង​បាន​ឡើយ។ ១៣ ពួក​ទាហាន​អាស្ស៊ីរី​ថយ​ចុះ​ទៅ​ជើង​ភ្នំ ហើយ​ទុក​លោក​អឃីយ័រ​ចោល​នៅ​ទី​នោះ ទាំង​ជាប់​ចំណង រួច​វិល​ត្រឡប់​ទៅ​រក​ម្ចាស់​គេ​វិញ។ ១៤ រីឯ​ជន​ជាតិ​អ៊ីស្រា‌អែល​ក៏​ចុះ​ពី​ក្រុង​បេតធូលី មក​រក​លោក​អឃីយ័រ ហើយ​ស្រាយ​ចំណង ព្រម​ទាំង​នាំ​លោក​ចូល​ក្រុង​បេត‌ធីលី ដើម្បី​ទៅ​បង្ហាញ នៅ​ចំពោះ​មុខ​ពួក​អ្នក​ដឹក​នាំ​ក្រុង​របស់​គេ។ ១៥ ក្នុង​សម័យ​នោះ ពួក​អ្នក​ដឹក​នាំ​ក្រុង​មាន​លោក​អសា‌រីយ៉ា ជា​កូន​របស់​លោក​មីខា នៃ​កុល‌សម្ព័ន្ធ​ស៊ីម៉ូន លោក​កាព្រីស ជា​កូន​របស់​លោក អូថនី‌អែល ព្រម​ទាំង​លោក​កាមី ជា​កូន​របស់​លោក​មែល‌ឃីអែល។ ១៦ អ្នក​ដឹក​នាំ​ទាំង​បី​នាក់​នេះ កោះ​ហៅ​ព្រឹទ្ធា‌ចារ្យ​ទាំង​អស់​មក​ប្រជុំ។ យុវជន និង​ស្ត្រី​ទាំង​អស់ ក៏​រត់​មក​រួម​ប្រជុំ​ដែរ។ ពួក​គេ​នាំ​លោក​អឃីយ័រ មក​ឈរ​នៅ​កណ្ដាល​ចំណោម​ប្រជាជន​ទាំង​មូល រួច​លោក​អសា‌រីយ៉ា​សាក​សួរ​គាត់ ពី​ហេតុ‌ការណ៍​ដែល​កើត​មាន​នោះ។ ១៧ លោក​អឃីយ័រ​រៀប​រាប់​ប្រាប់​ពួក​គេ​ពី​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ពួក​មេ‌ទ័ព​បាន​ពិគ្រោះ​ជា​មួយ​លោក​ហូឡូភែរ។ គាត់​ក៏​រៀប​រាប់​ពាក្យ​ទាំង​ប៉ុន្មាន ដែល​លោក​ហូឡូភែរ​បាន​លើក​ក្នុង​អង្គ​ប្រជុំ ពួក​មេ​ដឹក​នាំ​របស់​ជន​ជាតិ​អាស្ស៊ីរី ព្រម​ទាំង​ពាក្យ​ក្រអឺត​ក្រទម ដែល​លោក​ហូឡូភែរ​បាន​ប្រកាស ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រា‌អែល​ដែរ។ ១៨ ពេល​នោះ ប្រជាជន​នាំគ្នា ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ ហើយ​ស្រែក​អង្វរ​ថា៖ ១៩ «ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ស្ថាន‌បរម‌សុខ​អើយ! សូម​ទត​មើល​សត្រូវ​ដ៏​ព្រហើន​របស់​យើង​ខ្ញុំ! សូម​អាណិត‌អាសូរ​យើង​ខ្ញុំ​ដែល​ត្រូវ​អាម៉ាស់​នៅ​ពេល​នេះ។ យើង​ខ្ញុំ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផ្ទាល់ សូម​មេត្តា​អាណិត‌អាសូរ​យើង​ខ្ញុំ​ផង»។ ២០ បន្ទាប់​មក ពួក​គេ​លើក​ទឹក​ចិត្ត​លោក​អឃីយ័រ ហើយ​សរសើរ​គាត់​យ៉ាង​ខ្លាំង។ ២១ លោក​អសា‌រីយ៉ា​នាំ​គាត់​ចេញ​ពី​អង្គ​ប្រជុំ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​អញ្ជើញ​ក្រុម​ព្រឹទ្ធា‌ចារ្យ​នៅ​ទី​នោះ ចូល​រួម​ក្នុង​ពិធី​ជប់​លៀង​ជា​មួយ។ ពួកគេ​អង្វរ​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល សូម​ព្រះ‌អង្គ​យាង​មក​រំដោះ​ពួក​គេ​ពេញ​មួយ​យប់។

កង‌ទ័ព​របស់​លោក​ហូឡូភែរ​ឡោម​ព័ទ្ធ​ក្រុង​បេតធូលី
 ស្អែក​ឡើង លោក​ហូឡូភែរ​បញ្ជា​កង‌ទ័ព​ទាំង​មូល និង​ប្រជាជន​ទាំង​អស់​ដែល​មក​ចូល​រួម​ជួយ​ច្បាំង ឲ្យ​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​វាយ​ក្រុង​បេតធូលី ហើយ​កាន់​កាប់​ផ្លូវ​ទៅ​កាន់​តំបន់​ភ្នំ ព្រម​ទាំង​ប្រយុទ្ធ​ជា​មួយ​ជន​ជាតិ​អ៊ីស្រា‌អែល​ផង។  នៅ​ថ្ងៃ​នោះ ប្រុសៗ​ដែល​មាន​កម្លាំង​មាំ‌មួន អាច​ច្បាំង​បាន ក៏​ចេញ​ដំណើរ​ទៅ​ដែរ។ កង‌ទ័ព​នោះ​មាន​ពល‌ថ្មើរ​ជើង​ចំនួន​មួយ​សែន​ប្រាំ​ពីរ‌ម៉ឺន​នាក់ ពល‌សេះ​ចំនួន មួយ​សែន‌ពីរ‌ម៉ឺន​នាក់ ដោយ​មិន​រាប់​បញ្ចូល​ទាំង​អ្នក​ដែល​ដឹក​សម្ភារៈ​ទេ គឺ​មាន​ចំនួន​ច្រើន​សន្ធឹក​សន្ធាប់។  កង‌ទ័ព​បាន​បោះ​ជំរំ​នៅ​តាម​វាល​ទំនាប​ក្បែរ​ប្រភព​ទឹក ជិត​ក្រុង​បេតធូលី រួច​ពួក​គេ​កាន់​កាប់​តំបន់​ទាំង​មូល ដែល​លាត​សន្ធឹង​ចាប់​ពី​ដូតា‌អ៊ីម រហូត​ដល់​បែល‌បាអ៊ីម និង​ចាប់​ពី​ក្រុង​បេតធូលី​រហូត​ដល់​ក្រុង​គីយ៉ា‌ម៉ូន ដែល​ស្ថិត​នៅ​ទល់​មុខ នឹង​ស្រុក​អេស្រ្ត‌ឡូន។  កាល​ជន​ជាតិ​អ៊ីស្រា‌អែល​ឃើញ​កង‌ទ័ព ដែល​មាន​ចំនួន​សន្ធឹក​សន្ធាប់​បែប​នេះ គេ​ជ្រួល​ច្របល់​ជា​ខ្លាំង ហើយ​និយាយ​គ្នា​ថា៖ «ទាហាន​ទាំង​នេះ​ចូល​មក​បំផ្លាញ​ស្រុក​ទេស​យើង​ទាំង​មូល ទាំង​ភ្នំ​ធំភ្នំ​តូច ទាំង​ជ្រលង​ភ្នំ​ក៏​មិន​អាច​ទប់​ទល់​បាន​ដែរ»។  ពួក​គេ​ប្រដាប់​អាវុធ​គ្រប់​ដៃ​ដុត​ភ្នក់‌ភ្លើង​នៅ​លើ​កំពូល​ប៉ម ហើយ​នាំ​គ្នា​យាម​ពេញ​មួយ​យប់។  ថ្ងៃ​បន្ទាប់​មក លោក​ហូឡូភែរ​បញ្ជា​ឲ្យ​កង‌ទ័ព​សេះ​ទាំង‌មូល ចេញ​ទៅ​ប្រឈម​មុខ​នឹង​ជន​ជាតិ​អ៊ីស្រា‌អែល នៅ​ក្រុង​បេតធូលី។  លោក​ហូឡូភែរ​ត្រួត​ពិនិត្យ​ផ្លូវ​នានា​ឡើង​ទៅ​ទីក្រុង និង​ប្រភព​ទឹក​ទាំង​ប៉ុន្មាន។ លោក​ចាត់​គេ​ឲ្យ​កាន់​កាប់ និង​យាម​ប្រភព​ទឹក​ទាំង​នោះ រួច​លោក​ត្រឡប់​ចូល​ជំរំ​វិញ។  ពួក​នាយ​ទាហាន​របស់​ជន​ជាតិ​អេដុម និង​ពួក​នាយ​ទាហាន​ជន​ជាតិ​ម៉ូអាប់ ព្រម​ទាំង​ពួក​អ្នក​ដឹក‌នាំ​ប្រជាជន ដែល​រស់​នៅ​ក្នុង​តំបន់​តាម​ឆ្នេរ​សមុទ្រ ចូល​មក​ជម្រាប​លោក​ហូឡូភែរ​ថា៖  «សូម​លោក​ម្ចាស់​មេត្តា​ស្ដាប់​យើង​ខ្ញុំ​ផង! សូម​កុំ​ឲ្យ​កង‌ទ័ព​លោក​ណា​ម្នាក់​ត្រូវ​បាត់‌បង់​ជីវិត​ឡើយ។ ១០ ប្រជាជន​អ៊ីស្រា‌អែល​នេះ​មិន​ពឹង​ផ្អែក​លើ​គ្រឿង​សាស្ត្រា‌វុធ​របស់​គេ​ទេ គឺ​គេ​ពឹង​ផ្អែក​ទី​តាំង​នៅ​លើ​កំពូល​ភ្នំ​ដ៏​ខ្ពស់ ជា​កន្លែង​ដែល​ពួក​គេ​រស់​នៅ ព្រោះ​កំពូល​ភ្នំ​នោះ​មិន​ងាយ​ឡើង​ទេ។ ១១ ឥឡូវ‌នេះ សូម​លោក​ម្ចាស់​កុំ​ប្រយុទ្ធ​នឹង​ពួក​គេ ដូច​យើង​ធ្លាប់​ប្រយុទ្ធ​នឹង​កង‌ទ័ព​ឯទៀតៗ​ឡើយ ធ្វើ​ដូច្នេះ ទើប​លោក​ម្ចាស់​មិន​បាត់‌បង់​កង‌ទ័ព សូម្បី​តែ​ទាហាន​ម្នាក់​ក៏​ដោយ។ ១២ សូម​លោក​ម្ចាស់​ទុក​កង‌ទ័ព​ទាំង​មូល​នៅ​ក្នុង​ជំរំ​នេះ​សិន​ចុះ។ យើង​ខ្ញុំ​នឹង​យាម​ប្រភព​ទឹក​ដែល​ហូរ​ចេញ​ពី​ជើង​ភ្នំ​មក ១៣ ព្រោះ​អ្នក​ក្រុង​បេតធូលី​ធ្លាប់​មក​ដង​ទឹក​នៅ​កន្លែង​នេះ។ ពេល​ពួក​គេ​ស្រេក​ទឹក​ខ្លាំង ពួក​គេ​មុខ​ជា​សុំ​ចុះ​ចាញ់​យើង​មិន​ខាន។ រីឯ​យើង​ខ្ញុំ និង​ប្រជាជន​របស់​យើង​ខ្ញុំ នឹង​ឡើង​ទៅ​បោះ​ទ័ព​នៅ​លើ​កំពូល​ភ្នំ​ដែល​នៅ​ជិត​ខាង ហើយ​ហាម​ឃាត់​មិន​ឲ្យ​នរណា​ចេញ​ពី​ក្រុង​បាន​ទេ។ ១៤ ចំណែក​ឯ​ពួក​គេ ព្រម​ទាំង​ប្រពន្ធ និង​កូន មុខ​ជា​ស្លាប់​ដោយ​អត់​អាហារ​ជា​មិន​ខាន។ សាក​សព​របស់​ពួក​គេ មុខ​ជា​មាន​ពាស​ពេញ​តាម​ផ្លូវ​ទីក្រុង មុន​ពេល​យើង​ចូល​កាប់​សម្លាប់​គេ​ទៅ​ទៀត។ ១៥ ពេល​នោះ លោក​ម្ចាស់​នឹង​ដាក់​ទោស​ពួក​គេ​យ៉ាង​ធ្ងន់​បំផុត ព្រោះ​ពួក​គេ បាន​ប្រឆាំង​នឹង​លោក ហើយ​មិន​ព្រម​មក​ចរចា​សុំ​សន្តិ‌ភាព»។
១៦ លោក​ហូឡូភែរ និង​មេ‌ទ័ព​ទាំង​ប៉ុន្មាន ពេញ​ចិត្ត​នឹង​ពាក្យ​ទាំង​នេះ ហើយ​បញ្ជា​ឲ្យ​ពួក​គេ​ធ្វើ​តាម។ ១៧ កង‌ទ័ព​របស់​ជន​ជាតិ​អាំម៉ូន និង​ទាហាន​ជន​ជាតិ​អាស្ស៊ីរី ចំនួន​ប្រាំ‌ពាន់​នាក់ បាន​បោះ​ជំរំ​តាម​វាល​ទំនាប ហើយ​កាន់​កាប់​ប្រភព​ទឹក​របស់​ជន​ជាតិ​អ៊ីស្រា‌អែល។ ១៨ ជន​ជាតិ​អេដុម និង​ជន​ជាតិ​អាំម៉ូន ឡើង​ទៅ​បោះ​ជំរំ​តាម​តំបន់​ភ្នំ​ទល់​មុខ​នឹង​ក្រុង​ដូតន។ គេ​ចាត់​ទាហាន​ខ្លះ​ឲ្យ​ទៅ​ប៉ែក​ខាង​ត្បូង និង​ប៉ែក​ខាង​កើត នៅ​ទល់​មុខ​ភូមិ​អេគី‌បែល ដែល​នៅ​ជិត​ភូមិ​ឃូស ស្ថិត​នៅ​តាម​មាត់​ស្ទឹង​ម៉ុក​មួរ។ រីឯ​ពួក​ទាហាន​អាស្ស៊ីរី​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន បោះ​ជំរំ​តាម​ទី​វាល។ ជំរំ និង​ឃ្លាំង​ផ្ទុក​សម្ភារៈ​របស់​ពួក​គេ នៅ​ពាស​ពេញ​តាម​ទី​វាល មាន​ច្រើន​សន្ធឹក​សន្ធាប់។ ១៩ គ្រា​នោះ ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​គេ ព្រោះ​គេ​បាក់​ទឹក​ចិត្ត​ដោយ​ឃើញ​ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ​ជុំ​ជិត គ្មាន​ច្រក​អាច​រត់​គេច​បាន​ឡើយ។ ២០ កង‌ទ័ព​អាស្ស៊ីរី​ទាំង​មូល ទាំង​ពល​ថ្មើរ​ជើង ទាំង​ពល‌សេះ ទាំង​រទេះ​ចម្បាំង បាន​ឡោម‌ព័ទ្ធ​ជន​ជាតិ​អ៊ីស្រា‌អែល អស់‌រយៈ​ពេល​សាម​សិប‌បួន​ថ្ងៃ។ ក្រោយ​មក អ្នក​ក្រុង​បេតធូលី​អស់​ទឹក​ប្រើ។
២១ អាង​ក៏​រីង​ស្ងួត ពួក​គេ​គ្មាន​ទឹក​បរិភោគ​គ្រប់​គ្រាន់ ព្រោះ​គេ​ចែក​ទឹក​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។ ២២ ទារក​កាន់​តែ​ស្គម​ទៅៗ ស្ត្រី និង​យុវជន​ស្រេក​ទឹក​យ៉ាង​ខ្លាំង ដួល​តាម​ផ្លូវ​ក្បែរ​ទ្វារ​ទីក្រុង ព្រោះ​ពួក​គេ​អស់​កម្លាំង។ ២៣ ប្រជាជន​ទាំង​មូល យុវជន​យុវ‌នារី និង​ក្មេង​ចាស់​ប្រុស​ស្រី បាន​ប្រមូល​ផ្ដុំ​គ្នា​ជុំ​វិញ​លោក​អសា‌រីយ៉ា និង​អស់​មេ‌ដឹក​នាំ​ក្រុង។ ពួក​គេ​ស្រែក​តវ៉ា​នៅ​ចំពោះ​មុខ​ព្រឹទ្ធា‌ចារ្យ​ទាំង‌ឡាយ​ថា៖ ២៤ «សូម​ព្រះ‌ជាម្ចាស់​រក​ខុស​ត្រូវ​រវាង​អស់​លោក និង​ពួក​យើង​ខ្ញុំ​ផង!។ អស់​លោក​បាន​ធ្វើ​បាប​ពួក​យើង​យ៉ាង​ខ្លាំង ដោយ​មិន​ព្រម​ទៅ​ចរចា​សុំ​សន្តិ‌ភាព​ពី​ជន​ជាតិ​អាស្ស៊ីរី។ ២៥ គ្មាន​នរណា​ម្នាក់ អាច​ជួយ​ពួក​យើង​បាន​ទេ! ព្រះ‌ជាម្ចាស់​បាន​ប្រគល់​ពួក​យើង​ឲ្យ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ ហើយ​យើង​មុខ​ជា​ដាច់​ទឹក​ស្លាប់​យ៉ាង​វេទនា មិន​ខាន​ឡើយ! ២៦ ឥឡូវ​នេះ ចូរ​ហៅ​ពួក​គេ​មក! ប្រគល់​ក្រុង​ទាំង​មូល​ឲ្យ​កង‌ទ័ព​របស់​លោក​ហូឡូភែរ ហើយ​ឲ្យ​គេ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ចុះ។ ២៧ ប្រសិន​បើ​យើង​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ នោះ​ប្រសើរ​ជាង​ស្លាប់​ដោយ​អត់​ទឹក! ពួក​យើង​នឹង​ក្លាយ​ជា​ទាស‌ករ​របស់​ពួក​គេ តែ​ពួក​យើង​នៅ​មាន​ជីវិត​រស់​ត​ទៅ​ទៀត ដោយ​មិន​ឃើញ​កូន​ចៅ និង​ប្រពន្ធ​របស់​ពួក​យើង​ត្រូវ​វិនាស​ដែរ។ ២៨ ដោយ​មាន​មេឃ និង​ដី​ជា​សាក្សី ព្រម​ទាំង​ក្នុង​ព្រះ‌នាម​ព្រះ​របស់​យើង ជា​ព្រះ‌អម្ចាស់​នៃ​បុព្វ‌បុរស ដែល​តែង​តែ​ដាក់​ទោស​ពួក​យើង ស្រប​តាម​អំពើ​បាប​របស់​យើង និង​ដូន‌តា សូម​មេត្តា​ប្រ‌ព្រឹត្ត​តាម​សំណូម‌ពរ​របស់​យើង​នៅ​ថ្ងៃ​នេះ។
២៩ អង្គ​ប្រជុំ​ទាំង​មូល​នាំ​គ្នា​ត្អូញ‌ត្អែរ ហើយ​ស្រែក​អង្វរ​ព្រះ‌អម្ចាស់​យ៉ាង​ខ្លាំង។ ៣០ ពេល​នោះ លោក​អូ‌ស្យាស​មាន​ប្រសាសន៍​ប្រាប់​គេ​ថា៖ «បង‌ប្អូន​អើយ! ចូរ​ក្លា‌ហាន​ឡើង យើង​ត្រូវ​ទ្រាំ​ប្រាំ​ថ្ងៃ​ទៀត ព្រះ‌ជាម្ចាស់​ជា​ព្រះ​របស់​យើង​មុខ​ជា​អាណិត​មេត្តា​ដល់​យើង​មិន​ខាន ដ្បិត​ព្រះ‌អង្គ​មិន​បោះ‌បង់​ចោល​យើង​រហូត​ទេ។ ៣១ លុះ​ផុត​ប្រាំ‌ថ្ងៃ​ហើយ ប្រសិន​ព្រះ‌អង្គ​មិន​សង្គ្រោះ​យើង​ទេ ខ្ញុំ​នឹង​ធ្វើ​តាម​សំណូម‌ពរ​របស់​បង‌ប្អូន!»។ ៣២ លោក​អសា‌រីយ៉ា សូម​ឲ្យ​ប្រជាជន​វិល​ទៅ​កាន់​កន្លែង​រៀងៗ​ខ្លួន គឺ​បុរសៗ​ទៅ​យាម​នៅ​លើ​កំពែង និង​លើ​ប៉ម​ក្រុង ហើយ​ស្រីៗ និង​ក្មេងៗ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ អ្នក​ក្រុង​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។
នាង​យូឌីត
 នៅ​គ្រា​នោះ នាង​យូឌីត​ឮ​ដំណឹង​ពី​ព្រឹត្តិ‌ការណ៍​នេះ។ នាង​ជា​កូន​របស់​លោក​មេរ៉ារី ដែល​ជា​កូន​របស់​លោក​អូស ជា​កូន​របស់​លោក​យ៉ូសែប ជា​កូន​របស់​លោក​អូស៊ីអែល ជា​កូន​របស់​លោក​អែល‌គីយ៉ា ជា​កូន​របស់​លោក​អាណនី ជា​កូន​របស់​លោក​កេដេអូន ជា​កូន​របស់​លោក​រ៉ាផាអ៊ីន ជា​កូន​របស់​លោក​អាគីតូប ជា​កូន​របស់​លោក​អេលី ជា​កូន​របស់​លោក​ខេលគីយ៉ា ជា​កូន​របស់​លោក​អេលីយ៉ាប ជា​កូន​របស់​លោក​ណាថា‌ណាអែល ជា​កូន​របស់​លោក​សាឡា‌មីអែល ជា​កូន​របស់​លោក​សារ៉ា‌សាដៃ ជា​កូន​របស់​លោក​អ៊ីស្រា‌អែល។
 ស្វាមី​របស់​នាង​យូឌីត​ឈ្មោះ​ម៉ាណាសេ ដែល​ស្ថិត​នៅ​ក្នុង​កុល‌សម្ព័ន្ធ​តែ​មួយ ហើយ​ត្រូវ​ជា​សាច់​ញាតិ​នឹង​នាង​ផង។ លោក​ម៉ាណា‌សេ​បាន​ទទួល​មរណ‌ភាព​នៅ​រដូវ​ចម្រូត។  ពេល​លោក​ដើរ​ពិនិត្យ​មើល​ពួក​អ្នក​ចង​កណ្ដាប់​ស្រូវ ដោយ​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង គាត់​ក៏​ឈឺ​ទៅ​សម្រាក​នៅ​ឯ​ផ្ទះ។ លោក​ទទួល​មរណ‌ភាព​នៅ​ក្រុង​បេតធូលី ជា​ក្រុង​ដែល​គាត់​រស់​នៅ។ គេ​បញ្ចុះ​សព លោក​រួម​ជា​មួយ​ដូន‌តា​របស់​លោក​ក្នុង​ចម្ការ ដែល​ស្ថិត​នៅ​ចន្លោះ​ក្រុង​ដូតន និង​បាឡាម៉ូន។  នាង​យូឌីត​រស់​នៅ​ជា​ស្ត្រី​មេ‌ម៉ាយ អស់‌រយៈ​ពេល​បី​ឆ្នាំ បួន​ខែ​កន្លង​មក​ហើយ។  នាង​តែង​តែ​ស្លៀក​បាវ​ពី​ក្រោម​សម្លៀក‌បំពាក់​របស់​ស្ត្រី​មេ‌ម៉ាយ។ នាង​តែង​តែ​នៅ​ក្នុង​បន្ទប់​មួយ ដែល​នាង​សង់​នៅ​លើ​ផ្ទះ​របស់​នាង។  តាំង​ពី​ប្ដី​របស់​នាង​ទទួល​មរណ‌ភាព​មក នាង​តែង​តែ​តម​អាហារ​ជា​រៀង​រាល់​ថ្ងៃ លើក​លែង​តែ​ថ្ងៃ​សប្ប័ទ ថ្ងៃ​មុន​ថ្ងៃ​សប្ប័ទ ថ្ងៃ​ចូល​ខែ​ថ្មី ថ្ងៃ​ដាច់​ខែ ថ្ងៃ​បុណ្យ និង​ថ្ងៃ​ដែល​ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​សប្បាយ​រីករាយ។  នាង​មាន​រូប​ឆោម​ស្រស់​ល្អ គួរ​ឲ្យ​ចាប់​ចិត្ត។ លោក​ម៉ាណាសេ​ជា​ស្វាមី បាន​បន្សល់​ទុក​នូវ​មាស​ប្រាក់ អ្នក​បម្រើ​ស្រី​ប្រុស ហ្វូង​សត្វ ស្រែ​ចម្ការ សម្រាប់​នាង​ប្រើ‌ប្រាស់​ជា​ច្រើន។ នាង​បាន​ថែ​រក្សា​ទ្រព្យ‌សម្បត្តិ​ទាំង​នោះ ដោយ​ប្រយ័ត្ន​ប្រយែង​ជា​ទី​បំផុត។  គ្មាន​នរណា​និយាយ​អាក្រក់​ពី​នាង​ទេ ព្រោះ​នាង​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​យ៉ាង​ខ្លាំង។
នាង​បាន​ឮ​ដំណឹង​ថា ប្រជាជន​ក្រុង​បេតធូលី​ពោល​ពាក្យ​រិះគន់​លោក​អសា‌រីយ៉ា ដែល​ជា​អ្នក​ដឹក​នាំ ព្រោះ​ពួក​គេ​បាក់​ទឹក​ចិត្ត​ដោយ​គ្មាន​ទឹក។ នាង​យូឌីត​ក៏​ដឹង​ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​លោក​អសា‌រីយ៉ា​បាន​ឆ្លើយ​តប​ទៅ​ពួក​គេ ដោយ​សន្យា​ថា​ប្រាំ​ថ្ងៃ​ទៀត លោក​សុខ​ចិត្ត​ប្រគល់​ក្រុង​ទៅ​ឲ្យ​ជន​ជាតិ​អាស្ស៊ីរី។ ១០ នាង​ចាត់​អ្នក​បម្រើ ដែល​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ‌សម្បត្តិ ឲ្យ​ទៅ​អញ្ជើញ​លោក​អសា‌រីយ៉ា លោក​ខាព្រីស និង​លោក​ខារមី ជា​ព្រឹទ្ធា‌ចារ្យ​នៅ​ទីក្រុង​នោះ​មក​ផ្ទះ​នាង។
១១ ពេល​មេ‌ដឹក​នាំ​ទាំង​បី​នាក់​មក​ដល់ នាង​និយាយ​ទៅ​កាន់​លោក​ទាំង​បី​ថា៖ «អស់​លោក​មេ‌ដឹក​នាំ​ក្រុង​បេតធូលី​អើយ សូម​ស្ដាប់​ខ្ញុំ​ផង! ពាក្យ​ដែល​អស់​លោក​និយាយ​ទៅ​កាន់​ប្រជាជន នៅ​ថ្ងៃ​នេះ មិន​ស្មោះ‌ត្រង់​ទេ អស់​លោក​បាន​ស្បថ​ក្នុង​នាម​ព្រះ‌ជា​អម្ចាស់ ប្រសិន​បើ​ព្រះ‌អម្ចាស់ មិន​សង្គ្រោះ​យើង​ក្នុង‌រយៈ​ពេល​ប្រាំ​ថ្ងៃ​ទេ អស់​លោក​នឹង​ប្រគល់​ក្រុង​នេះ​ទៅ​ឲ្យ​ខ្មាំង​សត្រូវ។ ១២ តើ​អស់​លោក​ជា​នរណា បាន​ជា​ហ៊ាន​ល្បង‌ល​ព្រះ‌ជាម្ចាស់​នៅ​ថ្ងៃ​នេះ​ដូច្នេះ? អស់​លោក​ចង់​ធ្វើ​កិច្ច‌ការ​ជំនួស​ព្រះ‌អង្គ​ឫ...? ១៣ ឥឡូវ​នេះ​អស់​លោក​ល្បង​នឹង​ព្រះ‌អម្ចាស់​ដ៏​មាន​តេជា‌នុភាព​សព្វ​ប្រការ តែ​អស់​លោក​មិន​ស្គាល់​គម្រោង‌ការ របស់​ព្រះ‌អង្គ​ទេ។ ១៤ អស់​លោក​មិន​ស្គាល់​ជម្រៅ​ចិត្ត​របស់​មនុស្ស និង​មិន​យល់​ពី​ការ​ត្រិះ​រិះ​ពិ‌ចារណា​របស់​មនុស្ស​ផង! តើ​អស់​លោក​អាច​យល់​ពី​ព្រះ‌ជាម្ចាស់​ដែល​បង្កើត​អ្វីៗ​សព្វ​សារ‌ពើ​បាន​ឬ? តើ​អស់​លោក​អាច​យល់​ពី​ព្រះ‌តម្រិះ និង​គម្រោង‌ការ​របស់​ព្រះ‌អង្គ​ដូច​ម្ដេច​កើត​? ទេ! បង‌ប្អូន​អើយ! កុំ​ធ្វើ​ឲ្យ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង ព្រះ‌អង្គ​ព្រះ‌ពិរោធ​ឡើយ! ១៥ ប្រសិន​បើ​ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​មក​សង្គ្រោះ​យើង​ក្នុង‌រយៈ​ពេល​ប្រាំ​ថ្ងៃ​នេះ​ទេ ព្រះ‌អង្គ​មុខ​ជា​មាន​អំណាច​ការ‌ពារ​យើង នៅ​ពេល​ណា​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ ឬ​មួយ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​យើង​វិនាស​អន្ត‌រាយ នៅ​មុខ​ខ្មាំង​សត្រូវ។ ១៦ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​អាច​កំណត់​ពេល​បង្ខំ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង ឲ្យ​សង្គ្រោះ​យើង​បាន​ទេ ដ្បិត​ព្រះ‌ជាម្ចាស់​មិន​ដូច​មនុស្ស​ទេ គ្មាន​នរណា​អាច​គំរាម ឬ​បង្ខំ​ព្រះ‌អង្គ​ឲ្យ​ចរចា​បាន​ឡើយ។ ១៧ ហេតុ​នេះ​ហើយ នៅ​ពេល​ដែល​យើង​រង់​ចាំ​ការ​សង្គ្រោះ​របស់​ព្រះ‌ជាម្ចាស់ យើង​នាំ​គ្នា​អង្វរ​ព្រះ‌អង្គ ព្រះ‌អង្គ​មុខ​ជា​ស្ដាប់​សូរ​សំឡេង​របស់​យើង ប្រសិន‌បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ។
១៨ កាល​ពី​ជំនាន់​មុនៗ រហូត​ដល់​សព្វ​ថ្ងៃ គ្មាន​កុល‌សម្ព័ន្ធ​ណា ក្រុម​គ្រួសារ​ណា ឬ​អ្នក​ភូមិ អ្នក​ក្រុង​ណា​ម្នាក់ ថ្វាយ​បង្គំ​ព្រះ‌ក្លែង‌ក្លាយ ដែល​មនុស្ស​បាន​ធ្វើ​នោះ​ទេ។ កាល​ពី​ដើម ដូន‌តា​របស់​យើង​បាន​ប្រព្រឹត្ត​បែប​នោះ! ១៩ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់​ប្រគល់​ដូន‌តា​របស់​យើង ឲ្យ​ខ្មាំង​សត្រូវ​សម្លាប់​ដោយ​មុខ​ដាវ ព្រម​ទាំង​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ទៀត​ផង។ ដូន‌តា​របស់​យើង​ត្រូវ​បរា‌ជ័យ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​មុខ​ខ្មាំង​សត្រូវ។
២០ ចំពោះ​យើង យើង​មិន​ដែល​គោរព​បម្រើ​ព្រះ​ណា​ក្រៅ​ពី​ព្រះ‌អម្ចាស់​ឡើយ។ ដូច្នេះ​យើង សង្ឃឹម​ថា​ព្រះ‌អង្គ​មិន​បោះ‌បង់​ចោល​យើង​ទេ ព្រះ‌អង្គ​មុខ​ជា​អាណិត‌អាសូរ សង្គ្រោះ​ដល់​ជាតិ​សាសន៍​យើង​ជា​ពុំ​ខាន។ ២១ ប្រសិន​បើ​ខ្មាំង​សត្រូវ​ដណ្ដើម​ក្រុង​របស់​យើង ពួក​វា​មុខ​ជា​ដណ្ដើម​យក​ស្រុក​យូដា​ទាំង​មូល​ដែរ។ ពួក​គេ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ពី​ទី​សក្ការៈ​របស់​យើង ហើយ​ព្រះ‌អង្គ​នឹង​ដាក់​ទោស​យើង ព្រោះ​ពួក​គេ​បង្អាប់​បង្ឱន​ទី​សក្ការៈ​នោះ។ ២២ ប្រសិន​បើ​ខ្លាំង​សត្រូវ​កាប់​សម្លាប់​ជន​រួម​ជាតិ​យើង កៀរ​ប្រជាជន​ទៅ​ជា​ឈ្លើយ និង​បំផ្លាញ​ទឹកដី​របស់​យើង ព្រះ‌អង្គ​នឹង​ដាក់​ទោស​យើង។ យើង​នឹង​ទៅ​ជា​ទាស‌ករ​របស់​ជន​ជាតិ​ដទៃ ហើយ​អ្នក​ដែល​ត្រួត‌ត្រា​លើ​យើង​មុខ​ជា​ជេរ​ប្រមាថ​មើល‌ងាយ​យើង។ ២៣ គ្មាន​អ្នក​ណា​ម្នាក់​អាណិត‌អាសូរ​យើង ដែល​ជា​ទាស‌ករ​របស់​គេ រីឯ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង​ក៏​នឹង​ធ្វើ​ឲ្យ​យើង​អាម៉ាស់​មុខ​ដែរ។ ២៤ បង‌ប្អូន​អើយ! ឥឡូវ​នេះ យើង​ត្រូវ​បង្ហាញ​ឲ្យ​បង‌ប្អូន​ដឹង​ថា ជីវិត​របស់​ពួក​គេ​ស្ថិត​នៅ​លើ​យើង! ទី​សក្ការៈ ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​អាសនៈ​ក៏​អា‌ស្រ័យ​នៅ​លើ​យើង​ដែរ។ ២៥ ម្យ៉ាង​ទៀត យើង​ត្រូវ​តែ​នាំ​គ្នា​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង ដែល​ព្រះ‌អង្គ​ល្បង‌ល​យើង ដូច​ព្រះ‌អង្គ​បាន​ល្បង‌ល​បុព្វ‌បុរស​របស់​យើង​ដែរ។ ២៦ ចូរ​នឹក​គិត​ពី​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​ប្រ‌ព្រឹត្ត ដើម្បី​ល្បង‌ល​លោក​អប្រាហាំ លោក​អ៊ីសាក! ចូរ​នឹក​គិត​ដល់​អ្វីៗ​ដែល​កើត​ឡើង​ចំពោះ​លោក​យ៉ា‌កុប នៅ​ស្រុក​មេសូប៉ូ‌តាមី កាល​លោក​ឃ្វាល​ចៀម​លោក​ឡាបាន់ ជា​ឪពុក‌មា​របស់​លោក។ ២៧ ព្រះ‌អង្គ​ប្រើ​ភ្លើង ដើម្បី​ល្បង​ល​ចិត្ត​អស់​លោក ប៉ុន្តែ ព្រះ‌អង្គ​មិន​បាន​ប្រ‌ព្រឹត្ត​ចំពោះ​យើង​ដូច​អស់​លោក​ទេ ព្រះ‌អង្គ​មិន​ដាក់‌ទោស​យើង​ឡើយ គឺ​ព្រះ‌អង្គ​គ្រាន់​តែ​ដាស់​តឿន​ថា ព្រះ‌អង្គ​តែង‌តែ​ធ្វើ​ទោស​អស់​អ្នក​ដែល​មក​នៅ​ជិត​ព្រះ‌អង្គ»។ ២៨ លោក​អសា‌រីយ៉ា​ឆ្លើយ​តប​មក​នាង​យូឌីត​ថា៖ «សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​នាង​និយាយ​នេះ​សុទ្ធ​តែ​មាន​អត្ថន័យ​ល្អ​ណាស់! គ្មាន​នរណា​ម្នាក់​អាច​ជំទាស់​ឡើយ។ ២៩ ថ្ងៃ​នេះ មិន‌មែន​ជា​លើក​ដំបូង ដែល​នាង​បាន​បង្ហាញ​ប្រាជ្ញា​ដ៏​ឈ្លាស​វៃ​ទេ គឺ​ប្រជាជន​ទាំង​អស់​បាន​ស្គាល់​ប្រាជ្ញា និង​ឆន្ទៈ​ល្អ​របស់​នាង​តាំង​ពី​នាង​នៅ​ក្មេង​ម្ល៉េះ។ ៣០ ប៉ុន្តែ ប្រជាជន​ស្រេក​ទឹក​ខ្លាំង​ពេក ពួក​គេ​បង្ខំ​យើង​ឲ្យ​ប្រព្រឹត្ត និង​ពោល​ពាក្យ​ដូច​យើង​បាន​ប្រាប់​គេ ព្រម​ទាំង​ស្បថ​ជា​ឱឡា‌រិក​ផង។ យើង​មិន​អាច​បំពាន​ពាក្យ​សម្បថ​នោះ​ឡើយ។ ៣១ ដូច្នេះ សូម​នាង​អង្វរ​ព្រះ‌អម្ចាស់​ឲ្យ​យើង​ផង ព្រោះ​នាង​ជា​ស្ត្រី​ដែល​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់។ សូម​ព្រះ‌អម្ចាស់​ប្រោស‌ប្រទាន​ឲ្យ​ភ្លៀង​ធ្លាក់​មក​បំពេញ​អាង​របស់​យើង នោះ​យើង​មាន​កម្លាំង​វិញ​ហើយ!»។ ៣២ នាង​យូ‌ឌីត​ឆ្លើយ​ថា៖ «សូម​ស្ដាប់​ខ្ញុំ​សិន! ខ្ញុំ​នឹង​ធ្វើ​កិច្ច‌ការ​មួយ​ដែល​ប្រជាជន​ជំនាន់​ក្រោយ​មិន​អាច​បំភ្លេច​បាន។ ៣៣ នៅ​យប់​នេះ សូម​អ្នក​រាល់​គ្នា​ចេញ​ទៅ​មុខ​ទ្វារ​ក្រុង ហើយ​អនុញ្ញាត​ឲ្យ​នាង​ខ្ញុំ ព្រម​ទាំង​អ្នក​បម្រើ​ចេញ​ទៅ។ ព្រះ‌អម្ចាស់​នឹង​សង្គ្រោះ​ប្រជាជន​អ៊ីស្រា‌អែល តាម‌រយៈ​ខ្ញុំ មុន​ពេល​កំណត់​ដែល​លោក​ទាំង​បី​ប្រគល់​ក្រុង​នេះ​ឲ្យ​ខ្មាំង​ស‌ត្រូវ។ ៣៤ ប៉ុន្តែ សូម​កុំ​ចង់​ដឹង​ពី​កិច្ច‌ការ​ដែល​ខ្ញុំ​បម្រុង​នឹង​ធ្វើ​នោះ ខ្ញុំ​មិន​ជម្រាប​អស់​លោក​ទេ មុន​ពេល​ខ្ញុំ​ធ្វើ​ការ​នេះ​បាន​សម្រេច»។ ៣៥ លោក​អសា‌រីយ៉ា និង​មេ‌ដឹក​នាំ​ពីរ​នាក់​ទៀត​ពោល​ទៅ​កាន់​នាង​ថា៖ «សូម​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ! សូម​ព្រះ‌ជា​អម្ចាស់​នាំ​ផ្លូវ​នាង​ហើយ​ដាក់​ទោស​បច្ចា​មិត្ត​របស់​យើង​ផង»។ ៣៦ បន្ទាប់‌មក​លោក​ទាំង​បី​នាក់​ចាក​ចេញ​ពី​ផ្ទះ​នាង​យូឌីត ហើយ​ត្រឡប់​ទៅ​កាន់​កន្លែង​រៀង​ខ្លួន​វិញ។
ពាក្យ​អង្វរ​របស់​នាង​យូឌីត
 នៅ​ពេល​គេ​នាំ​គ្នា​ថ្វាយ​គ្រឿង​ក្រអូប​ពេល​ល្ងាច​ក្នុង​ព្រះ‌វិហារ នៅ​ក្រុង​យេរូ‌សាឡឹម នាង​យូឌីត​ក្រាប​មុខ​ដល់​ដី រោយ​ផេះ​នៅ​លើ​ក្បាល ហើយ​លេច​ចេញ​អាវ​ធ្វើ​ពី​បាវ ដែល​នាង​តែង​តែ​ពាក់​ជាប់​ក្នុង​សម្លៀក‌បំពាក់​របស់​នាង។  នាង​បន្លឺ​សំឡេង​ខ្លាំងៗ ទូល​អង្វរ​ព្រះ‌អម្ចាស់​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ! ព្រះ‌អង្គ​ជា​ព្រះ​របស់​លោក​ស៊ីម៉ូន ជា​បុព្វ‌បុរស​របស់​នាង​ខ្ញុំ។ ព្រះ‌អង្គ​បាន​ប្រទាន​ដាវ​មក​ក្នុង​ដៃ​លោក ដើម្បី​ដាក់​ទោស​ជន​ជាតិ​ដទៃ ដែល​រំលោភ​លើ​រូប​កាយ ប្អូន‌ស្រី​របស់​លោក។ ពួក​វា​បាន​ហែក​សម្លៀក‌បំពាក់​របស់​នាង ហើយ​ធ្វើ​ឲ្យ​នាង​អាម៉ាស់ ពួក​វា​រំលោភ​នាង​យ៉ាង​ព្រៃ‌ផ្សៃ គឺ​ប្រ‌ព្រឹត្ត​អំពើ​ដែល​ព្រះ‌អង្គ​មិន​ឲ្យ​ប្រ‌ព្រឹត្ត។  ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ប្រគល់​មេ‌ដឹក​នាំ​របស់​ពួក​គេ ឲ្យ​លោក​ស៊ីម៉ូន​បញ្ឆោត​យក​ទៅ​ប្រហារ​ជីវិត​ចោល​អស់។ រីឯ​គ្រែ​ដែល​ជា​កន្លែង​ដែល​ពួក​វា​បាន​បញ្ឆោត​នាង​នោះ ត្រូវ​ជោក‌ជាំ​ដោយ​ឈាម​របស់​គេ​ដែរ។ ព្រះ‌អង្គ​បាន​ប្រហារ​ជីវិត​ទាំង​ខ្ញុំ​បម្រើ ទាំង​ចៅហ្វាយ​របស់​ពួក​គេ ព្រះ‌អង្គ​ក៏​បាន​ប្រហារ​ជីវិត​មេ‌ដឹក​នាំ នៅ​លើ​រាជ​បល្ល័ង្ក​ដែរ។  ព្រះ‌អង្គ​បាន​ប្រគល់​ប្រពន្ធ និង​កូន‌ស្រី​របស់​ពួក​គេ​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​កៀរ​យក​ទៅ​ជា​ឈ្លើយ និង​ជា​ទាសី។ ព្រះ‌អង្គ​ក៏​បាន​ប្រគល់​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ ដែល​ខិត​ខំ​គោរព​បម្រើ​ព្រះ‌អង្គ រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​ពួក​គេ​មក​ចែក​គ្នា ដ្បិត​គេ​ស្អប់ ហើយ​នាំ​គ្នា​អង្វរ​ព្រះ‌អង្គរ។
ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ​របស់​នាង​ខ្ញុំ​អើយ! សូម​ព្រះ‌អង្គ​មេត្តា​ស្ដាប់​ពាក្យ​អង្វរ​របស់​នាង​ខ្ញុំ ជា​ស្ត្រី​មេ‌ម៉ាយ​ផង!  មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​ធ្វើ​ឲ្យ​ព្រឹត្តិ‌ការណ៍​ជំនាន់​ដើម ព្រឹត្តិ‌ការណ៍​សព្វ​ថ្ងៃ‌នេះ និង​ព្រឹត្តិ‌ការណ៍​អនាគត​កើត​ឡើង​បាន។ ព្រឹត្តិ‌ការណ៍​ទាំង‌អស់​កើត​ឡើង តាម​គម្រោង‌ការ​របស់​ព្រះ‌អង្គ។  ព្រឹត្តិ‌ការណ៍​ទាំង‌អស់​ដែល​ព្រះ‌អង្គ​គ្រោង​ទុក​បាន​មក​ដល់ ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «យើង​មក​ដល់​ហើយ»។ រាល់​កិច្ច‌ការ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​បាន​គ្រោង​ទុក​ជា​មុន។ ហើយ​ព្រះ‌អង្គ​តែង​ជ្រាប​អ្វីៗ​ទាំង​អស់​ជា​មុន។  ឥឡូវ​នេះ សូម​ព្រះ‌អង្គ​ទត​មើល​ជន​ជាតិ​អាស្ស៊ីរី​លើក​ទ័ព​ទាំង​អស់ មក​ទី​នេះ។ ពួក​គេ​អួត​អាង​ដោយ​មាន​កង‌ទ័ព‌សេះ​ជា​ច្រើន។ គេ​វាយ​ឫក​ដោយ​អាង​កម្លាំង​ថ្មើរ​ជើង គេ​ពឹង​ផ្អែក​លើ​គ្រឿង​សាស្ត្រា‌វុធ​គ្រប់​ធុន​របស់​គេ។ ប៉ុន្តែ ពួក‌គេ​មិន​ស្គាល់​ថា​ព្រះ‌អង្គ​ពិត​ជា​ព្រះ‌អម្ចាស់​ដែល​អាច​ពន្លត់​ភ្លើង​សង្គ្រាម​ឡើយ។  ព្រះ‌អង្គ​មាន​ព្រះ‌នាម​ថា “ព្រះ‌អម្ចាស់”។ សូម​ព្រះ‌អង្គ​មេត្តា​សម្ដែង​ឫទ្ធា‌នុភាព មក​បំបាត់​ភាព​ឃោរ‌ឃៅ​របស់​ពួក‌គេ​ផង សូម​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ បង្ក្រាប​កម្លាំង​របស់​ពួក‌គេ​ដោយ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ។ ពួក‌គេ​មាន​គម្រោង​បន្ទាប​បន្ថោក​ព្រះ‌វិហារ​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​ធ្វើ​ឲ្យ​ព្រះ‌ពន្លា​ជា​កន្លែង​តាំង​ព្រះ‌នាម​ដ៏​រុង‌រឿង​របស់​ព្រះ‌អង្គ​គង់​នៅ ត្រូវ​សៅ​ហ្មង ព្រម​ទាំង​រំលំ​អាសនៈ​របស់​ព្រះ‌អង្គ​ចោល​ទៀត​ផង។  សូម​ព្រះ‌អង្គ​ទត​មើល​ចុះ ពួក‌គេ​អួត​អាង​ខ្លាំង​ណាស់! សូម​ព្រះ‌អង្គ​ព្រះ‌ពិរោធ​បង្ក្រាប​ពួក​គេ​ផង! សូម​ប្រោស​ប្រទាន​ឲ្យ​នាង​ខ្ញុំ​ជា​ស្រ្តី​មេ‌ម៉ាយ មាន​កម្លាំង​អនុវត្ត​គម្រោង‌ការ​ដែល​នាង​ខ្ញុំ​បាន​រៀប​ចំ ១០ សូម​ប្រហារ​ទាំង​ទាសា​ទាសី ទាំង​ចៅ‌ហ្វាយ ទាំង​មេ‌ទ័ព និង​ទាំង​ពល‌ទាហាន​របស់​គេ ដោយ​សារ​តែ​ពាក្យ​បញ្ឆោត​របស់​នាង​ខ្ញុំ​ផង។ សូម​ឲ្យ​ការ​អួត​បំប៉ោង​របស់​ពួក​គេ ត្រូវ​កម្ទេច​ដោយ‌សារ​តែ​ដៃ​ស្ត្រី​ម្នាក់។ ១១ ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ មិន​មែន​ស្ថិត​លើ​ពល‌ទាហាន​ដ៏​ច្រើន​នោះ​ទេ ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គ​ក៏​មិន​អា‌ស្រ័យ​លើ​អ្នក​កាន់​អំណាច​ដែរ គឺ​ព្រះ‌អង្គ​ពិត​ជា​ព្រះ​របស់​មនុស្ស​ទន់​ទាប ព្រះ‌អង្គ​តែង​សង្គ្រោះ​អ្នក​តូច​តាច ការ‌ពារ​ជន​ទន់​ខ្សោយ គាំ​ទ្រ​ជន​ដែល​គ្មាន​ទី​ពឹង ហើយ​សង្គ្រោះ ជន​ដែល​អស់​សង្ឃឹម។ ១២ ឱ​ព្រះ​របស់​ដូន‌តា​ឪពុក​នាង​ខ្ញុំ​អើយ! ព្រះ‌អង្គ​ជា​ព្រះ​របស់​ប្រជាជន​អ៊ីស្រា‌អែល ដែល​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះ‌អង្គ! ព្រះ‌អង្គ​ជា‌ម្ចាស់​ផ្ទៃ​មេឃ និង​ផែន‌ដី​ព្រះ‌អង្គ​បាន​បង្កើត​ទឹក ហើយ​ជា​ព្រះ‌មហា​ក្សត្រ​នៃ​សត្វ​លោក​ទាំង‌ឡាយ! សូម​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​អង្វរ​របស់​នាង​ខ្ញុំ​ផង។ ១៣ សូម​ឲ្យ​អស់​អ្នក​ដែល​មាន​គម្រោង‌ការ​ដ៏​អា‌ក្រក់ ចង់​ប្រឆាំង​នឹង​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គ ចង់​បំផ្លាញ​ព្រះ‌វិហារ​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ ចង់​បំផ្លាញ​កំពូល​ភ្នំ​ស៊ីយ៉ូន និង​ទឹក​ដី​របស់​ប្រជាជន​ព្រះ‌អង្គ ត្រូវ​របួស និង​ស្លាប់​ដោយ​សារ​ពាក្យ​សម្ដី​ដែល​នាង​ខ្ញុំ​បញ្ឆោត​គេ។ ១៤ សូម​ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌ជាតិ និង​កុល‌សម្ព័ន្ធ​ទាំង‌ឡាយ​ទទួល​ស្គាល់​ថា ព្រះ‌អង្គ​ពិត​ជា​ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​ឫទ្ធានុភាព និង​ព្រះ‌ចេស្ដា​គ្រប់​បែប​យ៉ាង គ្មាន​ព្រះ​ឯណា​ក្រៅ​ពី​ព្រះ‌អង្គ ដែល​តាម​ថែ​រក្សា ការ‌ពារ​ជន​ជាតិ​អ៊ីស្រា‌អែល​ឡើយ»។
១០
នាង​យូឌីត​ចូល​ដល់​ជំរំ​របស់​លោក​ហូឡូភែរ
 កាល​នាង​យូឌីត​ស្រែក​អង្វរ​ព្រះ​នៃ​ប្រជាជន​អ៊ីស្រា‌អែល ចប់​រួច​រាល់​ហើយ  នាង​ក្រោក​ឡើង​ហៅ​អ្នក​បម្រើ។ នាង​ក៏​ចុះ​ដើរ​មក​ចូល​ក្នុង​ផ្ទះ ត្រង់​កន្លែង ដែល​នាង​ធ្លាប់​មក​នៅ​ថ្ងៃ​សប្ប័ទ និង​ថ្ងៃ​បុណ្យ។  នាង​ដោះ​អាវ​ធ្វើ​ពី​បាវ និង​សម្លៀក‌បំពាក់​មេ‌ម៉ាយ​ចេញ រួច​ងូត​ទឹក​សំអាត​ខ្លួន ហើយ​យក​ទឹក​អប់​យ៉ាង​ក្រអូប​មក​លាប​ខ្លួន​នាង។ នាង​សិត​សក់ ហើយ​យក​ឈ្នួត​យ៉ាង​ល្អ​បំផុត​មក​ពាក់ ព្រម​ទាំង​ស្លៀក​សម្លៀក‌បំពាក់​យ៉ាង​ល្អ​ប្រណីត ដែល​នាង​ធ្លាប់​ស្លៀក‌ពាក់ កាល​ដែល​លោក​ម៉ាណាសេ​ជា​ប្ដី​របស់​នាង​នៅ​រស់​នៅ​ឡើយ។  នាង​ក៏​យក​ស្បែក​ជើង​មក​ពាក់ ព្រម​ទាំង​យក​ខ្សែ‌ក ខ្សែ‌ដៃ ចិញ្ចៀន ក្រវិល និង​គ្រឿង​អលង្ការ​ទាំង​ប៉ុន្មាន មក​តុប​តែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត​បំផុត ដើម្បី​ទាក់​ទាញ​អារម្មណ៍​ប្រុសៗ​ដែល​ឃើញ​រូប​នាង។  នាង​យក​ថូ​ប្រេង និង​ថង់​ស្បែក​ស្រា​ឲ្យ​ស្រី​បម្រើ​ទូល។ នាង​ក៏​យក​ម្សៅ​នំ ដំណាប់​នំបុ័ង​ដាក់​ពេញ​ថង់​មួយ។ នាង​ខ្ចប់​ស្បៀង​អាហារ​ទាំង​នេះ ដោយ​ប្រយ័ត្ន‌ប្រយែង ហើយ​ប្រគល់​ឲ្យ​អ្នក​បម្រើ​យួរ​ដែរ។  បន្ទាប់​មក អ្នក​ទាំង​ពីរ​ចាក​ចេញ​ពី​ផ្ទះ តម្រង់​ទៅ​កាន់​ទ្វារ​ក្រុង​បេតធូលី។ នៅ​ទី​នោះ នាង​បាន​ជួប​នឹង​លោក​អសា‌រីយ៉ា លោក​ខា​ព្រីស និង​លោក​ខារមីស ជា​ព្រឹទ្ធា‌ចារ្យ​នៅ​ទី​នោះ។  ពេល​លោក​ទាំង​បី​ឃើញ​នាង​តុប‌តែង​ខ្លួន និង​ផ្លាស់‌ប្ដូរ​សម្លៀក‌បំពាក់​ដូច្នេះ គេ​នាំ​គ្នា​សរសើរ​សម្ផស្ស​របស់​នាង​យ៉ាង​ខ្លាំង។ លោក​ទាំង​បី​មាន​ប្រសាសន៍​ទៅ​កាន់​នាង​ថា៖  «សូម​ព្រះ​នៃ​បុព្វ‌បុរស​របស់​យើង ប្រោស​ប្រទាន​ឲ្យ​នាង​បាន​ជា​ទី​គាប់​ចិត្ត​របស់​គេ ព្រម​ទាំង​សម្រេច​តាម​គម្រោង‌ការ​របស់​នាង ដើម្បី​ជា​កិត្តិ‌យស​របស់​ជន​ជាតិ​អ៊ីស្រា‌អែល និង​លើក‌តម្កើង​ក្រុង​យេរូ‌សាឡឹម​ផង»។  នាង​យូឌីត​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​លោក ទាំង​បី​ថា៖ «សូម​បញ្ជា​គេ​ឲ្យ​បើក​ទ្វារ​ក្រុង​ឲ្យ​នាង​ខ្ញុំ​ផង ដើម្បី​ឲ្យ​នាង​ខ្ញុំ អាច​ចេញ​ទៅ​ធ្វើ​កិច្ច‌ការ​ដែល​យើង បាន​និយាយ​ជា​មួយ​គ្នា​នោះ»។ អស់​លោក​ក៏​បញ្ជា​ឲ្យ​ឆ្មាំ​បើក​ទ្វារ​ជូន​តាម​សម្ដី​របស់​នាង។ ១០ នាង​យូឌីត និង​អ្នក​បម្រើ​ចេញ​ទៅ​ជាមួយ​គ្នា។ អ្នក​ក្រុង​មើល​នាង​រហូត​ទាល់​តែ​នាង​ចុះ​ទៅ​ដល់​ជើង​ភ្នំ ហើយ​ឆ្លង​ជ្រលង​ភ្នំ​ផុត​ដាច់​កន្ទុយ​ភ្នែក មើល​នាង​លែង​ឃើញ។ ១១ នាង​ទាំង​ពីរ​នាក់​កំពុង​តែ​ដើរ​កាត់​ជ្រលង​ភ្នំ​ត្រង់​ទៅ​មុខ ស្រាប់​តែ​ក្រុម​ទាហាន​ជន​ជាតិ​អាស្ស៊ីរី ដែល​នៅ​ការ‌ពារ​តាម​ខ្សែ​ត្រៀម ចេញ​មក​ស្ទាក់​ដំណើរ​នាង​ទាំង​ពីរ។ ១២ ពួក‌គេ​ចាប់​នាង​យូឌីត ហើយ​សួរ​ថា៖ «តើ​នាង​ជា​ជន​ជាតិ​អ្វី? មក​ពី​ណា? ទៅ​ណា?»។ នាង​យូឌីត​ឆ្លើយ​តប​ថា៖ “«ខ្ញុំ​ជា​ជន​ជាតិ​ហេប្រឺ ខ្ញុំ​រត់​ចោល​ពួក‌គេ​មក ព្រោះ​បន្តិច​ទៀត ពួក‌គេ​ត្រូវ​ធ្លាក់​ក្នុង​កណ្ដាប់‌ដៃ​របស់​អ្នក​រាល់​គ្នា​ជា​ពុំ​ខាន។ ១៣ នាង​ខ្ញុំ​មក​ជួប​លោក​ហូឡូភែរ ជា​មេ​បញ្ជា​ការ​កង‌ទ័ព​របស់​អ្នក​រាល់​គ្នា ដើម្បី​នាំ​ព័ត៌‌មាន​ច្បាស់​លាស់ មក​ជម្រាប​លោក។ នាង​ខ្ញុំ​នឹង​បង្ហាញ​ផ្លូវ​ដែល​លោក​ត្រូវ​ដើរ ដើម្បី​ទៅ​កាន់​កាប់​តំបន់​ភ្នំ ទាំង​មូល​នេះ​ដោយ​មិន​បាច់​ចំណាយ​ជីវិត​ទាហាន​ណា​ម្នាក់​ឡើយ»។ ១៤ ពួក​គេ​ស្ដាប់​ពាក្យ​របស់​នាង ទាំង​សម្លឹង​មើល​នាង​មិន​ដាក់​ភ្នែក ពី​ព្រោះ​នាង​មាន​រូប​ឆោម​ស្អាត​ណាស់។ ពួក‌គេ​តប​ទៅ​វិញ​ថា៖ ១៥ «នាង​ប្រញាប់​មក​ជួប​លោក​ម្ចាស់​យើង​ដូច្នេះ ពិត​ជា​បាន​រួច​ជីវិត​ហើយ។ ឥឡូវ​នេះ អញ្ជើញ​ទៅ​ជួប​លោក​ចុះ! យើង​នឹង​ចាត់​គ្នា​យើង​ខ្លះ ដើម្បី​ជូន​ដំណើរ​នាង​ទៅ​ជួប​លោក​ម្ចាស់​យើង​ផ្ទាល់។ ១៦ ពេល​នាង​នៅ​ចំពោះ​មុខ​ម្ចាស់​យើង ចូរ​នាង​កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! នាង​ត្រូវ​តែ​ជម្រាប​លោក ដូច​ដែល​សេចក្ដី​ដែល​នាង​បាន​ប្រាប់​យើង​នេះ លោក​មុខ​ជា​ទទួល​នាង​យ៉ាង​រាក់‌ទាក់​មិន​ខាន!»។ ១៧ ពួក​គេ​ចាត់​ចែង​ឲ្យ​ពល‌ទាហាន​ចំនួន​មួយ‌រយ​នាក់ ជូន​ដំណើរ​នាង​យូឌីត និង​ស្រ្តី​បម្រើ​របស់​នាង​ទៅ​ជំរំ​របស់​លោក​ហូឡូភែរ។ ១៨ ពេល​នោះ ទាហាន​រត់​មក​ពី​គ្រប់​ទី​កន្លែង​ក្នុង​ជំរំ ដ្បិត​ពួក‌គេ​បាន​ឮ​ពី​មាត់​មួយ​ទៅ​មាត់​មួយ ពី​ការ​មក​ដល់​របស់​នាង។ ទាហាន​ទាំង​នោះ មក​ចោម​រោម​មើល​នាង​ដែល​កំពុង​ឈរ​នៅ​ខាង​ក្រៅ​ជំរំ​របស់​លោក​ហូឡូភែរ រង់​ចាំ​គេ​ទៅ​ជម្រាប​លោក។ ១៩ ពួក‌គេ​នាំ​គ្នា​ស្ងើច​សរសើរ​ពី​សម្ផស្ស​របស់​នាង​យ៉ាង​ខ្លាំង ហើយ​ស្ងើច​សរសើរ​ជន​ជាតិ​អ៊ីស្រា‌អែល​ដោយ​សារ​នាង គឺ​គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​នរណា​ហ៊ាន​មើល​ងាយ​ប្រជាជន​ដែល​មាន​ស្ត្រី​រូប​ស្អាត​យ៉ាង​នេះ? មិន​គួរ​ឲ្យ​បុរស​ជាតិ​អ៊ីស្រា‌អែល​ណា​ម្នាក់​មាន​ជីវិត​ឡើយ ព្រោះ​អ្នក​ដែល​សេស​សល់​ពី​ស្លាប់ មុខ​ជា​អាច​បញ្ឆោត​ពិភព‌លោក​ទាំង​មូល​បាន»។ ២០ ពល‌ទាហាន​របស់​លោក​ហូឡូភែរ និង​នាយ​ទាហាន​ទាំង​ប៉ុន្មាន​ក៏​ចេញ​មក ហើយ​នាំ​នាង​ចូល​ទៅ​ក្នុង​ជំរំ។ ២១ លោក​ហូឡូភែរ​កំពុង​សម្រាន្ត​នៅ​លើ​គ្រែ​ក្នុង​មុង​ធ្វើ​ពី​អំបោះ លាយ​ខ្សែ​មាស មាន​ដាំ​ត្បូង​មរកត និង​ពេជ្រ​ឯ​ទៀតៗ​ជាប់​តាម​សាច់​ក្រណាត់​ផង។ ២២ កាល​គេ​ជម្រាប​លោក​ថា នាង​យូឌីត​មក​ហើយ លោក​ក៏​ចេញ​ទៅ​មាត់​ទ្វារ​ជំរំ ដោយ​មាន​អ្នក​បម្រើ​កាន់​ចន្លុះ​មាន​ជើង ធ្វើ​ពី​ប្រាក់​ដើរ​បំភ្លឺ​ផ្លូវ​ពី​មុខ។ ២៣ ពេល​នាង​យូឌីត​មក​ដល់​មុខ​លោក​ហូឡូភែរ និង​នាយ​ទាហាន ពួក‌គេ​នាំ​គ្នា ស្ងើច​សរសើរ​សម្ផស្ស​របស់​នាង។ នាង​ក៏​ឱន​មុខ​ក្រាប​ដល់​ដី​នៅ​ចំពោះ​មុខ​លោក​ហូឡូភែរ ប៉ុន្តែ​អ្នក​បម្រើ​របស់​លោក​បាន​មក​លើក​នាង​ឲ្យ​ក្រោក​ឈរ​ឡើង។
១១
នាង​យូឌីត​នៅ​ចំពោះ​មុខ​លោក​ហូឡូភែរ
 លោក​ហូឡូភែរ​និយាយ​ទៅ​កាន់​នាង​យូឌីត​ថា៖ «ចូរ​នាង​ទុក‌ចិត្ត​ចុះ​កុំ​ភ័យ​ខ្លាច​ឡើយ! ខ្ញុំ​មិន​ធ្វើ​បាប​ជន​ណា​ម្នាក់​ដែល​សុខ​ចិត្ត​បម្រើ​ព្រះ‌បាទ​នេប៊ូកា‌នេសារ ជា​ព្រះ‌មហា​ក្សត្រ​នៃ​ផែន​ដី​ទាំង​មូល​ទេ។  តាម​ពិត ប្រសិន‌បើ​ប្រជាជន​របស់​នាង ដែល​រស់​នៅ​តាម​តំបន់​ភ្នំ​នេះ មិន​បាន​មើល‌ងាយ​ខ្ញុំ​ទេ ខ្ញុំ​ក៏​មិន​កាន់​អាវុធ​មក​ច្បាំង​នឹង​គេ​ដែរ ពួក​អ៊ីស្រា‌អែល​ខ្លួន​ឯង​ទេ​តើ ដែល​ធ្វើ​បាប​ខ្លួន​នោះ!  ឥឡូវ​នេះ សូម​ប្រាប់​ខ្ញុំ​មក ហេតុ​អ្វី​បាន​ជា​នាង​រត់​ចោល​ពួក‌គេ ហើយ​មក​សុំ​ចុះ​ចូល​ខាង​ខ្ញុំ​ទៅ​វិញ? នាង​រត់​មក​ដូច្នេះ​រួច​ខ្លួន​ហើយ! ចូរ​ទុក​ចិត្ត​ចុះ ចាប់​ពី​យប់​នេះ​ត​ទៅ ជីវិត​នាង​នឹង​រស់​រាន​ជា​រៀង​រហូត។  គ្មាន​នរណា​ធ្វើ​បាប​នាង​ទេ ផ្ទុយ​ទៅ​វិញ គេ​នឹង​ធ្វើ​ល្អ ចំពោះ​នាង ដូច​គេ​ធ្លាប់​ធ្វើ​ចំពោះ​អ្នក​បម្រើ​របស់​ព្រះ‌បាទ​នេប៊ូកា‌នេសារ ជា‌ម្ចាស់​របស់​ខ្ញុំ​ដែរ»។  នាង​យូឌីត​ពោល​ទៅ​កាន់​លោក​មេ​បញ្ជា‌ការ​ថា៖ «សូម​លោក​មេត្តា​ស្ដាប់​ពាក្យ​របស់​ខ្ញុំ​សិន សូម​លោក​អនុញ្ញាត​ឲ្យ​នាង​ខ្ញុំ​ជម្រាប​ផង! អ្វីៗ​ដែល​នាង​ខ្ញុំ​ជម្រាប​លោក​ម្ចាស់​នៅ​ពេល​យប់​នេះ គឺ​សុទ្ធ​តែ​ជា​ពាក្យ​ពិត​ទាំង​អស់ គ្មាន​កុហក​ភូតភរ​ឡើយ។  ប្រសិន​បើ​លោក​ម្ចាស់​សុខ​ចិត្ត​ធ្វើ​តាម​ពាក្យ​ដែល​នាង​ខ្ញុំ​ជម្រាប​នោះ ព្រះ‌ជាម្ចាស់​មុខ​ជា​ជួយ​លោក​ម្ចាស់​ឲ្យ​សម្រេច​ការ​អស្ចារ្យ​ពុំ​ខាន ហើយ​លោក​ម្ចាស់​ត្រូវ​តែ​ទទួល​ជោគ‌ជ័យ​ជា‌និច្ច​ដែរ។  នាង​ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌ចៅ​នេប៊ូកា‌នេសារ ជា​ព្រះ‌មហា​ក្សត្រ​នៃ​ផែន​ដី​ទាំង​មូល ដែល​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ និង​មាន​អំណាច​ដ៏​ខ្លាំង​ក្លា​ថា ព្រះ‌រាជា​បាន​ចាត់​លោក​ម្ចាស់​ឲ្យ​មក​តំរែ​តម្រង់​សត្វ​លោក​ទាំង​អស់ ឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ ហើយ​ដោយ​សារ​លោក​ម្ចាស់ មនុស្ស​ទាំង​អស់​នឹង​បម្រើ​ព្រះ‌រាជា។ មិន​តែ​ប៉ុណ្ណោះ​សោត សត្វ​ព្រៃ សត្វ​ស្រុក បក្សា‌បក្សី នឹង​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ‌បាទ​នេប៊ូកា‌នេសារ និង​រស់​ដោយ​សារ​អំណាច​លោក​ដែរ។  យើង​ខ្ញុំ​ទាំង‌អស់​គ្នា​បាន​ឮ​គេ​និយាយ​គ្រប់​មាត់ ពី​ប្រាជ្ញា​ឈ្លាស‌វៃ​របស់​លោក​ម្ចាស់​នៅ​លើ​ផែន​ដី​ទាំង​មូល គេ​រៀប​រាប់​ថា​ក្នុង​រាជា‌ណា​ចក្រ​ទាំង​មូល មាន​តែ​លោក​ម្ចាស់​ទេ​ដែល​មាន​ចិត្ត​សប្បុរស ចេះ​ដឹង ស្ទាត់​ជំនាញ ព្រម​ទាំង​ចំណាន​ក្នុង​ការ​ធ្វើ​សង្គ្រាម​ទៀត​ផង។  ចំពោះ​ពាក្យ​សម្ដី​ដែល​លោក​អឃីយ័រ​បាន​ពោល​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា យើង​ខ្ញុំ​ក៏​បាន​ឮ​ដែរ ដ្បិត​អ្នក​ស្រុក​បេតធូលី បាន​សង្គ្រោះ​ជន​នោះ ហើយ​គាត់​បាន​ប្រាប់​យើង​ខ្ញុំ​នូវ​អ្វីៗ ដែល​គាត់​បាន​និយាយ​នៅ​ចំពោះ​មុខ​លោក​ម្ចាស់។ ១០ បពិត្រ​លោក​ម្ចាស់​ដ៏​ជា​ទី​គោរព! សូម​លោក​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​សម្ដី​របស់​លោក​អឃីយ័រ​បាន​ជម្រាប។ សូម​ចង​ចាំ​ពាក្យ​របស់​គាត់ ព្រោះ​សេចក្ដី​ទាំង​នោះ​ជា​ការ​ពិត។ ប្រសិន​បើ​ជាតិ​សាសន៍​យើង​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់​ទេ គ្មាន​នរណា​អាច​ធ្វើ​ទោស​ជាតិ​សាសន៍​យើង​ខ្ញុំ ឬ​គ្មាន​នរណា​អាច​កាប់​សម្លាប់​យើង​ខ្ញុំ​ដោយ​ដាវ​បាន​ឡើយ។ ១១ ប៉ុន្ដែ​ឥឡូវ​នេះ ពួក‌គេ​បាន​ប្រព្រឹត្ត​អំពើ​បាប បណ្ដាល​ឲ្យ​ព្រះ​របស់​គេ ព្រះ‌អង្គ​ព្រះ‌ពិរោធ ដូច​ពេល​ពួក‌គេ​ប្រព្រឹត្ត​បទ​ល្មើស ជា​រៀង​រាល់​លើក​ដែរ។ ដូច្នេះ ពួក‌គេ​មុខ​ជា​ត្រូវ​ស្លាប់​មិន​ខាន ហើយ​លោក​នឹង​មាន​ជ័យ‌ជម្នះ​អាច​ត្រឡប់​ទៅ​ស្រុក​វិញ​ទៀត​ផង។ ១២ ពួក​គេ​ខ្វះ​ស្បៀង​អាហារ​យ៉ាង​ខ្លាំង ហើយ​ទឹក​ក៏​កាន់​តែ​ជិត​អស់ ពួក‌គេ​បាន​សម្រេច​ចិត្ត​សម្លាប់​សត្វ​របស់​គេ​ដើម្បី​បរិភោគ ដែល​នាំ​ឲ្យ​ប្រាស​ចាក​ពី​វិន័យ​របស់​ព្រះ‌ជាម្ចាស់ ហាម​ឃាត់​មិន​ឲ្យ​សម្លាប់​សត្វ​ធ្វើ​ជា​អាហារ។ ១៣ សូម្បី​តែ​ផល​ស្រូវ​ដំបូង ព្រម‌ទាំង​ចំណែក​មួយ​ភាគ​ដប់​នៃ​ស្រា និង​ប្រេង​ចំនួន​មួយ​ភាគ​ដប់ ដែល​ពួក‌គេ​ទុក​សម្រាប់​បូជា‌ចារ្យ ជា​អ្នក​បម្រើ​នៅ​ចំពោះ​ព្រះ‌ភ័ក្រ្ត​របស់​ព្រះ​នៃ​យើង នៅ​ក្រុង​យេរូ‌សាឡឹម ក៏​ពួក‌គេ​សម្រេច​យក​ទៅ​បរិភោគ​ដែរ។ តាម​វិន័យ គ្មាន​នរណា​ម្នាក់ ក្នុង​ចំណោម​ប្រជាជន​ទាំង​អស់​មាន​សិទ្ធិ​ប៉ះ​ពាល់​អាហារ​ទាំង​នោះ​ជា​ដាច់​ខាត។ ១៤ ប៉ុន្តែ អ្នក​ក្រុង​យេរូ‌សាឡឹម​បាន​ធ្វើ​ដូច្នេះ​ហើយ ទើប​អ្នក​ក្រុង​បេតធូលី​ចាត់​គ្នា​ឲ្យ​ទៅ​ជួប​ក្រុម​ប្រឹក្សា​ព្រឹទ្ធា‌ចារ្យ​នៃ​ក្រុង​យេរូ‌សាឡឹម ដើម្បី​សុំ​ច្បាប់​អនុញ្ញាត​ធ្វើ​បែប​នេះ។ ១៥ នៅ​ថ្ងៃ​ណា​ពួក‌គេ​បាន​ច្បាប់​អនុញ្ញាត​ហើយ ពួក‌គេ​នឹង​បរិភោគ​អាហារ​ទាំង​នេះ។ នៅ​ថ្ងៃ​នោះ ព្រះ‌ជាម្ចាស់​នឹង​ប្រគល់​ពួក‌គេ មក​ក្នុង​កណ្ដាប់‌ដៃ​លោក​ម្ចាស់ ហើយ​លោក​ម្ចាស់​នឹង​បំផ្លាញ​ពួក‌គេ ឲ្យ​វិនាស​អន្ត‌រាយ។
១៦ នាង​ខ្ញុំ​ដឹង​សេចក្ដី​ទាំង​នេះ​ហើយ ទើប​នាង​ខ្ញុំ​រត់​ចោល​ពួក‌គេ។ ព្រះ‌ជាម្ចាស់​បាន​ចាត់​ឲ្យ​នាង​ខ្ញុំ​មក​ទី​នេះ រួម​ជា​មួយ​លោក​ម្ចាស់ ដើម្បី​សម្រេច​កិច្ច‌ការ​មួយ ដែល​មនុស្ស​នៅ​លើ​ផែន​ដី​គ្រប់ៗ​រូប​នឹង​ស្រឡាំង‌កាំង​ពេល​គេ​ឮ​ដំណឹង​នេះ។ ១៧ នាង​ខ្ញុំ​តែង‌តែ​ស្មោះ​ស្ម័គ្រ​គោរព​ប្រណិ‌ប័តន៍ និង​បម្រើ​ព្រះ‌ជាម្ចាស់​នៅ​ស្ថាន‌បរម​សុខ ទាំង​ថ្ងៃ​ទាំង​យប់។ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ នាង​ខ្ញុំ​នឹង​ស្នាក់​នៅ​ក្នុង​ជំរំ​របស់​លោក​ម្ចាស់។ ប៉ុន្តែ​រៀង​រាល់​យប់ នាង​ខ្ញុំ​នឹង​ចេញ​ទៅ​ជ្រលង​ភ្នំ ដើម្បី​សុំ​អង្វរ​ព្រះ‌ជាម្ចាស់។ ពេល​ណា​ពួក‌គេ​ប្រព្រឹត្ត​អំពើ​បាប ព្រះ‌អង្គ មុខ​ជា​មាន​ព្រះ‌បន្ទូល​ប្រាប់​នាង​ខ្ញុំ​មិន​ខាន។ ១៨ ពេល​នោះ នាង​ខ្ញុំ​នឹង​នាំ​ដំណឹង​នោះ​មក​ជម្រាប​លោក​ម្ចាស់ ហើយ​លោក​ម្ចាស់​នឹង​នាំ​ទ័ព​ទាំង​អស់​ទៅ​វាយ​សម្រុក​ពួក‌គេ ក្នុង​ចំណោម​ពួក​គេ​គ្មាន​នរណា​ម្នាក់ អាច​ទប់​ទល់​នឹង​លោក​ម្ចាស់​ឡើយ។ ១៩ នាង​ខ្ញុំ​នឹង​នាំ​ផ្លូវ​លោក​ម្ចាស់​ឲ្យ​ដើរ​កាត់​ស្រុក​យូដា រហូត​ដល់​ស្រុក​យេរូ‌សាឡឹម។ នាង​ខ្ញុំ​នឹង​តាំង​បល្ល័ង្ក​របស់​លោក​ម្ចាស់​នៅ​កណ្ដាល​ក្រុង​នោះ។ លោក​ម្ចាស់​នឹង​ដឹក​នាំ​ពួក‌គេ​ដូច​សត្វ​ចៀម​ដែល​គ្មាន​គង្វាល ហើយ​ក៏​គ្មាន​ឆ្កែ​ណា​មួយ​ហ៊ាន​ព្រូស​ប្រឆាំង​នឹង​លោក​ម្ចាស់​ដែរ។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​នាង​ខ្ញុំ ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​នាង​ខ្ញុំ ដឹង​សេចក្ដី​ទាំង​នេះ​ជា​មុន ហើយ​ព្រះ‌អង្គ​ក៏​ចាត់​នាង​ខ្ញុំ​ឲ្យ​មក​ជម្រាប​លោក​ម្ចាស់​ដែរ»។
២០ លោក​ហូឡូភែរ និង​នាយ​ទាហាន​របស់​លោក​ពេញ​ចិត្ត​នឹង​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​នាង​យូឌីត​ពោល​នោះ ហើយ​នាំ​គ្នា​សរសើរ​ប្រាជ្ញា​ដ៏​ឈ្លាស‌វៃ​របស់​នាង។ អស់​លោក​និយាយ​គ្នា​ថា៖ ២១ «ក្នុង​ពិភព‌លោក​ទាំង​មូល​មិន​អាច​រក​ស្ត្រី​ណា​ដែល​ស្អាត ហើយ​មាន​ប្រាជ្ញា​ដូច​នាង​នេះ​ទេ»។ ២២ លោក​ហូឡូភែរ មាន​ប្រសាសន៍​ទៅ​កាន់​នាង​យូឌីត​ថា៖ «ព្រះ‌ជាម្ចាស់​ចាត់​នាង​ឲ្យ​មក​ទី​នេះ ឃ្លាត​ឆ្ងាយ​ពី​ប្រជាជន​របស់​នាង ព្រះ‌អង្គ​នឹង​ប្រទាន​ជ័យ‌ជម្នះ​មក​យើង ព្រះ‌អង្គ​នឹង​បំផ្លាញ​អ្នក​ដែល​មើល​ងាយ​ព្រះ‌ចៅ​នេប៊ូកា‌នេសារ ជា​ម្ចាស់​របស់​ខ្ញុំ ព្រះ‌អង្គ​ប្រព្រឹត្ត​ដូច្នេះ​ប្រសើរ​ណាស់។ ២៣ ចំណែក​នាង​វិញ នាង​មិន​ត្រឹម​តែ​ស្អាត​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​អាច​និយាយ​បាន​ល្អ​ទៀត​ផង។ ប្រសិន​បើ​នាង​ធ្វើ​ដូច​ពាក្យ​ដែល​នាង​ប្រាប់​មែន ព្រះ​របស់​នាង​នឹង​ទៅ​ជា​ព្រះ​របស់​ខ្ញុំ​ដែរ។ នាង​នឹង​ទៅ​រស់​នៅ​ក្នុង​រាជ‌វាំង របស់​ព្រះ‌បាទ​នេប៊ូកា‌នេសារ ហើយ​នាង​នឹង​មាន​ឈ្មោះ​ល្បី​ក្នុង​ពិភព‌លោក​ទាំង​មូល​ដែរ»។
១២
នាង​យូឌីត​ស្នាក់​អា‌ស្រ័យ​នៅ​ក្នុង​ជំរំ​ខ្មាំង​សត្រូវ
 លោក​ហូឡូភែរ​នាំ​នាង​ទៅ​កាន់​តុ​របស់​លោក ដែល​មាន​សុទ្ធ​តែ​ចាន និង​កែវ​ដែល​ធ្វើ​ពី​ប្រាក់។ លោក​បញ្ជា​ឲ្យ​គេ​យក​ម្ហូប​អាហារ និង​ស្រា​របស់​លោក​ផ្ទាល់ មក​ជូន​នាង​ពិសា។  ប៉ុន្តែ នាង​យូឌីត​ពោល​ថា៖ «នាង​ខ្ញុំ​មិន​អាច​បរិភោគ​អាហារ​របស់​លោក​ទេ ក្រែង​នាំ​ឲ្យ​នាង​ខ្ញុំ​ប្រព្រឹត្ត​ល្មើស​នឹង​វិន័យ។ នាង​ខ្ញុំ​នឹង​បរិភោគ​អាហារ ដែល​នាង​ខ្ញុំ​បាន​យក​មក​ជាមួយ»។  លោក​ហូឡូភែរ​សួរ​ថា៖ «នៅ​ពេល​ស្បៀង​អាហារ​ទាំង​នេះ​អស់ តើ​ឲ្យ​យើង​ទៅ​រក​អាហារ​ដូច​នេះ​សម្រាប់​នាង​ឯណា! បើ​គ្មាន​ជន​ជាតិ​អ៊ីស្រា‌អែល​ណា​ម្នាក់​នៅ​ក្នុង​ជំរំ​នេះ​ផង?»។  នាង​យូឌីត​តប​វិញ​ថា៖ «ក្នុង​នាម​លោក​ម្ចាស់​ដែល​មាន​ជីវិត ព្រះ‌អម្ចាស់​នឹង​សម្រេច​គម្រោង‌ការ​របស់​ព្រះ‌អង្គ​ដោយ​សារ​នាង​ខ្ញុំ មុន​ពេល​ដែល​ត្រូវ​អស់​ស្បៀង​អាហារ​នេះ​ទៅ​ទៀត»។  នាយ​ទាហាន​របស់​លោក​ហូឡូភែរ​នាំ​នាង​ចូល​ទៅ​ក្នុង​ជំរំ ហើយ​នាង​ក៍​សម្រាន្ដ​លក់​រហូត​ដល់​កណ្ដាល​អធ្រាត្រ។ លុះ​ថ្ងៃ​ជិត​រះ នាង​ក្រោក​ពី​ដំណេក  ហើយ​ឲ្យ​គេ​ទៅ​ជម្រាប​លោក​ហូឡូភែរ​ថា៖ «សូម​លោក​ម្ចាស់ អនុញ្ញាត​ឲ្យ​នាង​ខ្ញុំ​ចេញ​ទៅ​ក្រៅ ដើម្បី​អធិដ្ឋាន»។  លោក​ហូឡូភែរ​បញ្ជា​ដល់​អង្គ‌រក្ស​របស់​លោក​អនុញ្ញាត​ឲ្យ​នាង​ចេញ​ទៅ។ នាង​យូឌីត​ស្នាក់​ក្នុង​ជំរំ​អស់‌រយៈ​ពេល​បី​ថ្ងៃ។ នៅ​ពេល​យប់ នាង​តែង​តែ​ចេញ​ពី​ជំរំ​ទៅ​ជ្រលង​ភ្នំ​ក្បែរ​ក្រុង​បេតធូលី នាង​តែង​តែ​ចុះ​ងូត​ទឹក​នៅ​ត្រង់​ប្រភព​ទឹក​នោះ។  ពេល​នាង​ឡើង​មក​វិញ នាង​អង្វរ​ព្រះ‌ជាម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល សូម​ព្រះ‌អង្គ​នាំ​ផ្លូវ​នាង ដើម្បី​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​មាន​សេរី​ភាព​ឡើង​វិញ។  បន្ទាប់​ពី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ​ហើយ នាង​ក៏​ត្រឡប់​មក​ជំរំ​វិញ ហើយ​ស្នាក់​នៅ​ទី​នោះ រហូត​ដល់​ពេល​គេ​យក​អាហារ​សម្រាប់​ពេល​ល្ងាច មក​ជូន​នាង​បរិភោគ។
ពិធី​ជប់​លៀង​របស់​លោក​ហូឡូភែរ
១០ ដល់​ថ្ងៃ​ទី​បួន លោក​ហូឡូភែរ​អញ្ជើញ​តែ​នាយ​ទាហាន ដែល​ជា​សហការី​ជិត​ដិត​នឹង​លោក​តែ​ប៉ុណ្ណោះ។ លោក​មិន​បាន​អញ្ជើញ​នាយ​ទាហាន​ឯទៀតៗ​ទេ។ ១១ លោក​មាន​ប្រសាសន៍ ទៅ​កាន់​លោក​បាកូអាស ដែល​ជា​មហា​តលិក​ទទួល​ខុស​ត្រូវ​លើ​កិច្ច‌ការ​ទាំង​អស់​របស់​លោក​ថា៖ «សូម​ទៅ​និយាយ​លួង‌លោម បញ្ចុះ​បញ្ចូល ស្ត្រី​ជន​ជាតិ​ហេប្រឺ​ដែល​លោក​មើល​ថែ​រក្សា ឲ្យ​មក​ពិសា​អាហារ និង​ស្រា​ជា​មួយ​ពួក​យើង។ ១២ ប្រសិន‌បើ​យើង​បណ្ដោយ​ឲ្យ​ស្ត្រី​ដ៏​ល្អ​ស្អាត​បែប​នេះ​រួច​ខ្លួន ដោយ​មិន​បាន​ឆក់​ឱកាស​សប្បាយ​ជា​មួយ​នាង​ទេ​នោះ​គួរ​ឲ្យ​អាម៉ាស់​ខ្លាំង​ណាស់។ បើ​យើង​មិន​បាន​ឆ្លៀត​ឱកាស​ទេ នាង​ប្រាកដ​ជា​សើច​ចំអក​ដាក់​យើង​មិន​ខាន»។ ១៣ ពេល​នោះ លោក​បាកូអាស​ក៏​ចាក​ចេញ​ពី​លោក​ហូឡូភែរ ទៅ​ជួប​នាង​យូឌីត ហើយ​ប្រាប់​នាង​ថា៖ «ស្រស់​ស្រី​អើយ! ម្ចាស់​ខ្ញុំ​អញ្ជើញ​នាង​ទៅ​ជំរំ​របស់​លោក កុំ​រួញ​រា​ឡើយ! សូម​នាង​អញ្ជើញ​ចូល​រួម​ពិសា​ស្រា​ជាមួយ​ពួក​យើង នាង​នឹង​ទទួល​កិត្តិ‌យស ហើយ​បាន​សប្បាយ​ដូច​ពួក​ស្រីៗ​របស់​ជន​ជាតិ​អាស្ស៊ីរី​នៅ​ក្នុង​រាជ‌វាំង​របស់​ព្រះ‌បាទ​នេប៊ូកា‌នេសារ​ដែរ»។ ១៤ នាង​យូឌីត​ឆ្លើយ​តប​វិញ​ថា៖ «តើ​នាង​ជា​នរណា ទើប​ហ៊ាន​បដិសេធ​ការ​អញ្ជើញ​របស់​ម្ចាស់​នាង​ខ្ញុំ​កើត!។ នាង​ខ្ញុំ​មិន​រា​រែក​ធ្វើ​អ្វីៗ​ទាំង​អស់ ដែល​គាប់​ចិត្ត​លោក​ម្ចាស់ ដោយ​សប្បាយ​រីក​រាយ​អស់​មួយ​ជីវិត!»។ ១៥ នាង​ក្រោក​ឡើង យក​សម្លៀក‌បំពាក់​ដ៏​ល្អ​ប្រណីត និង​គ្រឿង​អលង្ការ​មក​ពាក់។ ស្រី​បម្រើ​របស់​នាង​ចូល​ទៅ​ក្នុង​ជំរំ​លោក​ហូឡូភែរ ហើយ​យក​ស្បែក​ចៀម​ដែល​លោក​បាកូអាស​បាន​ប្រគល់​ឲ្យ​នាង​ប្រើ‌ប្រាស់​ជា​រៀង‌រាល់​ថ្ងៃ នៅ​ពេល​បរិភោគ។ ១៦ នាង​យូឌីត​ចូល​ទៅ​ក្នុង​ជំរំ ហើយ​ទម្រេត​ខ្លួន​លើ​ស្បែក​ចៀម​នោះ។ ពេល​នោះ លោក​ហូឡូភែរ​រំភើប‌ចិត្ត ហើយ​ស្រើប‌ស្រាល​ជា​ខ្លាំង ដោយ​ចង់​រួម​រស់​ជា​មួយ​នាង។ តាំង​ពី​លោក​ឃើញ​នាង​ជា​លើក​ដំបូង​ម្ល៉េះ លោក​តែង​រង់​ចាំ​ឱកាស​ល្អ ដើម្បី​លួង​លោម​បញ្ចុះ​បញ្ចូល​នាង។ ១៧ លោក​ហូឡូភែរ មាន​ប្រសាសន៍​ទៅ​កាន់​នាង​ថា៖ «សូម​នាង​ពិសា​ស្រា​សប្បាយ​ជា​មួយ​យើង»។ ១៨ នាង​យូឌីត​តប​វិញ​ថា៖ «លោក​ម្ចាស់ ថ្ងៃ​នេះ​នាង​ខ្ញុំ​យល់​ព្រម​ផឹក​ស្រា ព្រោះ​តាំង​ពី​កើត​មក​រហូត​ដល់​សព្វ​ថ្ងៃ នាង​ខ្ញុំ​ពុំ​ដែល​មាន​កិត្តិ‌យស​ដូច​ថ្ងៃ‌នេះ​ទេ!»។ ១៩ នាង​យូឌីត​បរិភោគ​ម្ហូប​អាហារ​ដែល​អ្នក​បម្រើ​បាន​រៀប​ចំ​ពី​ផ្ទះ​នៅ​ទល់​មុខ​លោក​ហូឡូភែរ។ ២០ លោក​ហូឡូភែរ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​តែ​នាង​យូឌីត។ លោក​ផឹក​ស្រា​យ៉ាង​ច្រើន​លើស​ពី​ពេល​ណាៗ​ទាំង​អស់។
១៣
នាង​យូឌីត​កាត់​ក្បាល​លោក​ហូឡូភែរ
 លុះ​ដល់​យប់​ជ្រៅ ពួក​អ្នក​បម្រើ​របស់​លោក​នាំ​គ្នា​ប្រញាប់‌ប្រញាល់​ចេញ​ទៅ​រៀងៗ​ខ្លួន។ លោក​បាកូអាស​បិទ​ជំរំ​របស់​លោក​ហូឡូភែរ​ពី​ខាង​ក្រៅ ហើយ​ប្រាប់​អ្នក​យាម​នៅ​ទី​នោះ​ឲ្យ​ថយ​ចេញ។ ពួក​គេ​ក៏​ចូល​ទៅ​សម្រាក​រៀងៗ​ខ្លួន ព្រោះ​គេ​អស់​កម្លាំង​ដោយ​ផឹក​ស្រា​ច្រើន​ពេក។  គេ​ទុក​នាង​យូឌីត​នៅ​តែ​ម្នាក់​ឯង ក្នុង​ជំរំ​ក្បែរ​លោក​ហូឡូភែរ​ដែល​ដេក​មិន​ដឹង​ខ្លួន ព្រោះ​គាត់​បាន​ផឹក​ស្រា​ច្រើន​ពេក។  នាង​យូឌីត​ប្រាប់​ស្រី​បម្រើ​នាង​ឲ្យ​ចេញ​ទៅ​ខាង​ក្រៅ​រង់​ចាំ​នាង ព្រោះ​នាង​ចង់​ទៅ​អធិដ្ឋាន ដូច​នាង​ធ្លាប់​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ។ នាង​ក៏​ប្រាប់​លោក​បាកូអាស​ដូច្នោះ​ដែរ។  ពួក​គេ​ចេញ​ទៅ​អស់ តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ គ្មាន​នរណា​ម្នាក់​នៅ​ក្នុង​បន្ទប់​លោក​ហូឡូភែរ​សម្រាន្ត​នោះ​ឡើយ។ ពេល​នោះ នាង​យូឌីត​ឈរ​ក្បែរ​គ្រែ​របស់​លោក​ហូឡូភែរ ហើយ​អង្វរ​ក្នុង​ចិត្ត​ថា៖ «ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​សព្វ​ប្រការ​អើយ! នៅ​ពេល​នេះ សូម​មេត្តា​ជួយ​ឲ្យ​កិច្ច‌ការ​ដែល​នាង​ខ្ញុំ​បម្រុង​នឹង​ធ្វើ ដើម្បី​លើក​កិត្តិ‌យស​ដល់​ក្រុង​យេរូ‌សាឡឹម​បាន​សម្រេច​ផង។  ដល់​ពេល​ដែល​ព្រះ‌អង្គ​ត្រូវ​សង្គ្រោះ​ប្រជា‌រាស្រ្ដ​ផ្ទាល់​របស់​ព្រះ‌អង្គ​ហើយ! សូម​ព្រះ‌អង្គ​មេត្តា​ជួយ​ឲ្យ​គម្រោង‌ការ​កម្ទេច​ខ្មាំង​សត្រូវ ដែល​លើក​គ្នា​ប្រឆាំង​នឹង​យើង បាន​សម្រេច​ដោយ​ជោគ‌ជ័យ»។  បន្ទាប់​មក នាង​ដើរ​តម្រង់​ទៅ​ក្បាល​ដំណេក​លោក​ហូឡូភែរ នាង​ក៏​ហូត​ដាវ​របស់​លោក​ដែល​ទុក​នៅ​ក្បែរ​នោះ។  នាង​ដើរ​តម្រង់​មក​ជិត​គ្រែ ចាប់​ក្របួច​សក់​លោក​ឡើង ហើយ​និយាយ​ថា៖ «ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ប្រជាជន​អ៊ីស្រា‌អែល​អើយ! សូម​ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​នាង​ខ្ញុំ​មាន​កម្លាំង និង​ក្លា​ហាន​នៅ​ពេល​នេះ​ផង»។  នាង​ក៏​លើក​ដាវ កាប់‌ក​របស់​លោក​ហូឡូភែរ​ពីរ​ដាវ​យ៉ាង​អស់​ទំហឹង ក្បាល​របស់​លោក​ក៏​ដាច់​ចេញ​ពី​ខ្លួន។  នាង​រុញ​សព​របស់​លោក​ហូឡូភែរ​ឲ្យ​រមៀល​ចេញ​ពី​គ្រែ ហើយ​បោច​កន្ត្រាក់​មុង​ពី​បង្គោល មក​ចង​រំ​ក្បាល​លោក​ហូឡូភែរ រួច​នាង​ចេញ​មក​ក្រៅ ហុច​ក្បាល​លោក​ហូឡូភែរ​ឲ្យ​ស្រី​បម្រើ។ ១០ ស្រី​បម្រើ​បាន​ដាក់​ក្បាល​លោក​ក្នុង​ថង់​សម្រាប់​ដាក់​ស្បៀង​អាហារ។ ក្រោយ​មក នាង​ទាំង​ពីរ​ក៏​ចាក​ចេញ​ជា​មួយ​គ្នា​ដូច​សព្វ​ដង តាម​ទម្លាប់​ដែល​ពួក​នាង​ធ្លាប់​ចេញ​ទៅ​អធិ‌ដ្ឋាន។ បន្ទាប់​ពី​ដើរ​កាត់​ជំរំ​ពួក​នាង​ដើរ​វាង​ស្ទឹង រួច​ឡើង​លើ​ភ្នំ ហើយ​មក​ដល់​ក្លោង​ទ្វារ​ក្រុង​បេតធូលី។
នាង​យូឌីត​ត្រឡប់​មក​ក្រុង​បេតធូលី​វិញ
១១ នាង​យូឌីត​បាន​បន្លឺ​សំឡេង​ពី​ចម្ងាយ ប្រាប់​អ្នក​យាម​ទ្វារ​ថា៖ «សូម​បើក​ទ្វារ! សូម​បើក​ទ្វារ! ព្រះ‌ជាម្ចាស់​ជា​ព្រះ​របស់​យើង គង់​នៅ​ជា​មួយ​យើង។ ព្រះ‌អង្គ​បាន​បង្ហាញ​ឫទ្ធិ‌បារមី​នៅ​ស្រុក​អ៊ីស្រា‌អែល​ហើយ។
នៅ​ថ្ងៃ‌នេះ ព្រះ‌អង្គ​សម្ដែង​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ​ប្រឆាំង​នឹង​ខ្មាំង​សត្រូវ»។ ១២ ពេល​អ្នក​ក្រុង​បេតធូលី​បាន​ឮ​សំឡេង​របស់​នាង គេ​ក៏​ប្រញាប់​ប្រញាល់​ចុះ​ទៅ​កាន់​ទ្វារ​ក្រុង​ភ្លាម។ ពួក​គេ​អញ្ជើញ​ព្រឹទ្ធា‌ចារ្យ​មក ១៣ ហើយ​អ្នក​ក្រុង​ក៏​មក​ជួប​ជុំ​ទាំង​អស់​គ្នា ទាំង​ក្មេង​ទាំង​ចាស់ ព្រោះ​គេ​មិន​ជឿ​ថា នាង​យូឌីត​អាច​ត្រឡប់​មក​វិញ​ដូច្នេះ​សោះ។ ពួក​គេ​បើក​ទ្វារ ហើយ​មក​ទទួល​នាង ទាំង​ដុត​ភ្លើង ដើម្បី​ឲ្យ​មាន​ពន្លឺ ហើយ​នាំ​គ្នា​ចោម​រោម​នាង​ទាំង​ពីរ។ ១៤ នាង​យូឌីត​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ​ឡើង​ថា៖ «សូម​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់! សូម​សរសើរ​លើក​តម្កើង​ព្រះ‌អង្គ! សូម​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់! ដ្បិត​ព្រះ‌អង្គ​តែង​តែ​អាណិត​មេត្តា​ដល់​ប្រជាជន​អ៊ីស្រា‌អែល​ជា‌និច្ច។ ព្រះ‌អង្គ​បាន​ប្រើ​ដៃ​របស់​ខ្ញុំ ដើម្បី​កម្ទេច​ខ្មាំង​សត្រូវ​របស់​យើង នៅ​យប់​នេះ​ហើយ»។
១៥ ពេល​នោះ នាង​យក​ក្បាល​លោក​ហូឡូភែរ​ចេញ​ពី​ថង់ មក​បង្ហាញ​ឲ្យ​ពួក​គេ​ឃើញ ហើយ​និយាយ​ថា៖ «នេះ​គឺ​ជា​ក្បាល​របស់​លោក​ហូឡូភែរ​ជា​មេ‌ទ័ព​ជន​ជាតិ​អាស្ស៊ីរី! នេះ​ជា​មុង​របស់​គាត់​កាល​គាត់​ដេក​ស្រវឹង​ស្រា។ ព្រះ‌អម្ចាស់​បាន​ប្រហារ​គាត់​ដោយ​ដៃ​ស្រី​ម្នាក់។ ១៦ ព្រះ‌ជាម្ចាស់​បាន​ថែ​រក្សា​ការ‌ពារ​នាង​ខ្ញុំ ឲ្យ​បំពេញ​គម្រោង‌ការ​របស់​ខ្ញុំ ខ្ញុំ​បាន​ប្រើ​សម្ផស្ស​របស់​ខ្ញុំ​ទាក់​ទាញ​ចិត្ត​គាត់ ដើម្បី​ឲ្យ​គាត់​វិនាស​អន្ត‌រាយ។ ប៉ុន្តែ គាត់​មិន​បាន​ប្រព្រឹត្ត​អំពើ​បាប​ជា​មួយ​ខ្ញុំ​សោះ​ឡើយ ខ្ញុំ​បាន​ចៀស​ផុត​ពី​ភាព​សៅ‌ហ្មង និង​ការ​អាម៉ាស់»។ ១៧ ប្រជាជន​ទាំង​អស់​ស្រឡាំង‌កាំង​ជា​ខ្លាំង ហើយ​នាំ​គ្នា​ឱន​កាយ​ក្រាប​ថ្វាយ​បង្គំ​ព្រះ‌ជាម្ចាស់​ដោយ​ពោល​ព្រមៗ​គ្នា​ថា៖ «បពិត្រ​ព្រះ‌ជាម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ នៅ​ថ្ងៃ​នេះ ព្រះ‌អង្គ​បាន​កម្ទេច​ខ្មាំង​សត្រូវ នៃ​ប្រជាជន​របស់​ព្រះ‌អង្គ យើង​ខ្ញុំ​សូម​លើក​តម្កើង​ព្រះ‌អង្គ»។
១៨ លោក​អសា‌រីយ៉ា​មាន​ប្រសាសន៍​ទៅ​កាន់​នាង​យូឌីត​ថា៖ «កូន​ស្រី​អើយ! សូម​ព្រះ‌ជាម្ចាស់​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ប្រទាន‌ពរ​ដល់​នាង លើស​ស្រី​នានា​នៅ​លើ​ផែន​ដី។ សូម​លើក​តម្កើង​ព្រះ‌ជា​អម្ចាស់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន​ដី គឺ​ព្រះ‌អង្គ​បាន​នាំ​ផ្លូវ​នាង ទៅ​វាយ​ក្បាល​របស់​មេ​ដឹក‌នាំ​ខ្មាំង​សត្រូវ​យើង។
១៩ មនុស្ស​ជំនាន់​ក្រោយ​នឹង​មិន​ភ្លេច​សេចក្ដី​សង្ឃឹម​របស់​នាង​ឡើយ ហើយ​ចង​ចាំ​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌ជាម្ចាស់ ប្រកប​ដោយ​តេជា‌នុភាព​អស់​កល្ប‌ជា‌និច្ច។ ២០ សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​នាង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី‌ល្បាញ​ជា​ដរាប​តទៅ សូម​ព្រះ‌អង្គ​ប្រទាន​សេចក្ដី‌សុខ​សាន្ត​ឲ្យ​នាង ព្រោះ​នាង​បាន​ប្រថុយ​ជីវិត​ក្នុង​ពេល​ដែល​ជន​ជាតិ​យើង កំពុង​ទទួល​នូវ​ក្ដី​អាម៉ាស់។ នាង​ធ្វើ​ឲ្យ​យើង​រួច​ផុត​ពី​គ្រោះ​មហន្ត‌រាយ​ដោយ​ប្រព្រឹត្ត​យ៉ាង​ទៀង‌ត្រង់ នៅ​ចំពោះ​ព្រះ‌ភ័ក្រ្ត​ព្រះ‌ជាម្ចាស់​របស់​យើង»។ ប្រជាជន​ទាំង​មូល​ឆ្លើយ​ថា៖ «អាម៉ែន! អាម៉ែន!»។
១៤
 នាង​យូឌីត​ប្រាប់​ទៅ​ពួក​គេ​ថា៖ «បង‌ប្អូន​អើយ! សូម​ស្ដាប់​នាង​ខ្ញុំ! សូម​យក​ក្បាល​នេះ ទៅ​ព្យួរ​នៅ​កំពែង​របស់​យើង។  ពេល​ព្រឹក​ព្រលឹម គឺ​នៅ​ពេល​ដែល​ព្រះ‌អាទិត្យ​រះ សូម​បង‌ប្អូន​ប្រដាប់​អាវុធ​គ្រប់ៗ​គ្នា។ សូម​ឲ្យ​ប្រុសៗ​ដែល​មាន​កម្លាំង​អាច​ច្បាំង​បាន ត្រូវ​ចេញ​ពី​ទីក្រុង។ ចូរ​តែង​តាំង​មេ‌ដឹក​នាំ​ម្នាក់​ឲ្យ​ដើរ​ខាង​មុខ ធ្វើ​ហាក់​ដូច​ជា​អ្នក​រាល់​គ្នា​កំពុង​ទៅ​ទី​វាល គឺ​ដើរ​តម្រង់​ទៅ​កាន់​ខ្សែ​ត្រៀម​របស់​កង‌ទ័ព​អាស្ស៊ីរី ប៉ុន្តែ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ចុះ​ទៅ​ទេ។  នៅ​ពេល​នោះ ពួក​គេ​យក​អាវុធ​រត់​សំដៅ​ទៅ​ជំរំ​ដាស់​មេ‌ទ័ព​របស់​គេ មេ‌ទ័ព​រត់​ទៅ​ដាស់​លោក ហូឡូភែរ តែ​រក​លោក​មិន​ឃើញ។ ពួក​គេ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ហើយ​រត់​ប្រាស​អាយុ​ឆ្ងាយ​ពី​អ្នក រាល់​គ្នា​មិន​ខាន។  រីឯ​អ្នក​រាល់​គ្នា និង​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់ ត្រូវ​ដេញ​តាម ហើយ​សម្លាប់​ពួក​គេ​ចោល​នៅ​តាម​ផ្លូវ។  ប៉ុន្តែ មុន​នឹង​ធ្វើ​ដូច្នេះ សូម​ហៅ​លោក​អឃីយ័រ​ជា​ជន​ជាតិ​អាំម៉ូន​មក​ទី​នេះ​សិន ដើម្បី​ឲ្យ​គាត់​ឃើញ និង​ស្គាល់​ក្បាល​អ្នក​ដែល​មើល​ងាយ​ប្រជាជន​អ៊ីស្រា‌អែល ហើយ​ចាត់​គាត់​ឲ្យ​មក​ស្លាប់​ជា​មួយ​យើង​នៅ​ទី​នេះ»។  គេ​ក៏​ទៅ​ហៅ​លោក​អឃីយ័រ​ដែល​នៅ​ផ្ទះ​លោក​អសា‌រីយ៉ា។ កាល​គាត់​មក​ដល់​ហើយ​ឃើញ​ក្បាល​លោក​ហូឡូភែរ​នៅ​ដៃ​បុរស​ម្នាក់​ក្នុង​អង្គ​ប្រជុំ គាត់​ស្លុត​ស្មារតី ហើយ​សន្លប់​ដួល​លើ​ដី។  គេ​ក៏​ជួយ​លើក​គាត់​ឲ្យ​ក្រោក​ឡើង រួច​គាត់​ក៏​ក្រាប​សំពះ​បាត​ជើង​នាង​យូឌីត ហើយ​ពោល​ថា៖ «សូម​ឲ្យ​គ្រប់​គ្រួសារ​ទាំង​អស់​នៅ​ស្រុក​យូដា​ជូន​ពរ​នាង! សូម​ឲ្យ​មនុស្ស​គ្រប់​ជន​ជាតិ ដែល​ឮ​ឈ្មោះ​របស់​នាង នាំ​គ្នា​ព្រឺ​ខ្លាច​ដោយ​សារ​សេចក្ដី​ក្លាហាន​របស់​នាង។  ឥឡូវ​នេះ សូម​រៀប​រាប់​ប្រាប់​ខ្ញុំ​បាទ​ឲ្យ​ដឹង​ផង តើ​នាង​បាន​ប្រព្រឹត្ត​អ្វី​ខ្លះ នៅ​ថ្ងៃ​នោះ»។ នាង​យូឌីត​រៀប​រាប់​ប្រាប់​នៅ​មុខ​ប្រជាជន​ទាំង​មូល នូវ​គ្រប់​កិច្ច‌ការ​ដែល​នាង​បាន​ប្រព្រឹត្ត តាំង​ពី​ថ្ងៃ​ដែល​នាង​ចេញ​ពី​ក្រុង មក​ដល់​ពេល​ដែល​នាង​និយាយ​ជា​មួយ​គាត់។  លុះ​នាង​រៀប​រាប់​ចប់​សព្វ​គ្រប់​ហើយ ប្រជាជន​ទាំង​អស់​អប​អរ​សាទរ​ចំពោះ​នាង​យ៉ាង​ខ្លាំង ហើយ​ស្រែក​ហ៊ោ​កញ្ជ្រៀវ​ពេញ​ទីក្រុង ដោយ​អំណរ​សប្បាយ។ ១០ លោក​អឃីយ័រ​យល់​ពី​កិច្ច‌ការ​ទាំង​អស់​ដែល​ព្រះ‌ជាម្ចាស់​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​នោះ គាត់​ជឿ​ជាក់​លើ​ព្រះ‌ជាម្ចាស់​ជា​ខ្លាំង ហើយ​ក៏​ព្រម​ទទួល​ពិធី​កាត់​ស្បែក។ តាំង​ពី​ពេល​នោះ​មក គាត់​ចូល​ជា​សមាជិក​របស់​ប្រជាជន អ៊ីស្រា‌អែល​រហូត​តទៅ។
ជ័យ‌ជម្នះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល
១១ ស្អែក​ឡើង​ពេល​ព្រឹក​ព្រលឹម ជន​ជាតិ​អ៊ីស្រា‌អែល​យក​ក្បាល​លោក​ហូឡូភែរ ទៅ​ព្យួរ​នៅ​លើ​កំពែង​ក្រុង។ បុរស​ទាំង​អស់​ប្រដាប់​អាវុធ​គ្រប់​ដៃ ហើយ​ចេញ​ជា​កងៗ​តម្រង់​ទៅ​ចង្កេះ​ភ្នំ។ ១២ ពេល​ជន​ជាតិ​អាស្ស៊ីរី​ឃើញ​ដូច្នេះ ពួក​គេ​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ជម្រាប​នាយ​ទាហាន​របស់​គេ។ នាយ​ទាហាន​នេះ​ក៏​ទៅ​ប្រាប់​មេ​កង និង​មេ‌បញ្ជាការ​ទ័ព​ទាំង​អស់ ១៣ ហើយ​នាំ​គ្នា​ទៅ​ជំរំ​របស់​លោក​ហូឡូភែរ​ប្រាប់​លោក​បាកូអាស ដែល​ជា​អ្នក​ទទួល‌ខុស​ត្រូវ​លើ​កិច្ច‌ការ​ទាំង​អស់​របស់​លោក​ហូឡូភែរ​ថា៖ «ចូរ​ទៅ​ដាស់​លោក​ម្ចាស់​របស់​យើង​មក ជន​ជាតិ​អ៊ីស្រា‌អែល​ហ៊ាន​ចុះ​ពី​លើ​ភ្នំ​មក ដើម្បី​ឲ្យ​យើង​កម្ទេច​វា​ហើយ!»។ ១៤ លោក​បាកូអាស​ស្ទុះ​ចូល​ទៅ​ក្នុង​ជំរំ ហើយ​គោះ​ទ្វារ​បន្ទប់​ដេក​របស់​លោក​ហូឡូភែរ ព្រោះ​គាត់​នឹក​ស្មាន​ថា លោក​កំពុង​តែ​ដេក​ជា​មួយ​នាង​យូឌីត។ ១៥ ប៉ុន្តែ គ្មាន​នរណា​ឆ្លើយ​តប គាត់​ក៏​ហែក​វាំង‌នន ហើយ​ដើរ​ចូល​ទៅ​ក្នុង ពេល​នោះ គាត់​ឃើញ​សាក​សព​កំបុត​ក្បាល ទុក​ចោល​នៅ​លើ​គ្រែ​មួយ។ ១៦ លោក​បាកូអាស​ស្រែក​យ៉ាង​ខ្លាំង ទាំង​ទ្រហោ​យំ និង​ហែក​សម្លៀក‌បំពាក់​របស់​គាត់​ផង។ ១៧ លោក​ដើរ​ចូល​ទៅ​ក្នុង​ជំរំ​ដែល​នាង​យូឌីត​ស្នាក់​នៅ​ពី​មុន តែ​រក​នាង​មិន​ឃើញ​សោះ។ លោក​ក៏​រត់​ចេញ​ទៅ​រក​ប្រជាជន ទាំង​ស្រែក​ថា៖ ១៨ «ពួក​ទាស‌ករ​បាន​បះបោរ​ហើយ! ស្ត្រី​ជន​ជាតិ​ហេប្រឺ​តែ​ម្នាក់ បាន​ធ្វើ​ឲ្យ​ព្រះ‌បាទ​នេប៊ូកា‌នេសារ និង​រាជ​ការ​ទាំង​អស់​ទទួល​ការ​អា‌ម៉ាស់ សូម​មើល​សព​របស់​លោក​ហូឡូភែរ​កំបុត​ក្បាល​ដេក​លើ​ដី​នេះ»។ ១៩ ពេល​មេ‌ទ័ព​ទាំង​អស់​របស់​ជន​ជាតិ​អាស្ស៊ីរី​ឮ​សេចក្ដី​ទាំង​នេះ ពួក​គេ​រន្ធត់‌ចិត្ត​យ៉ាង​ខ្លាំង ហើយ​នាំ​គ្នា​ស្រែក​ទ្រហោ​យំ​ពេញ​ជំរំ។
១៥
 ពល‌ទាហាន​នៅ​ក្នុង​ជំរំ​បាន​ឮ ស្រឡាំង‌កាំង​គ្រប់ៗ​គ្នា។  ពួក​គេ​ភ័យ​ញាប់‌ញ័រ ហើយ​រត់​បែក‌ខ្ញែក​ចោល​ជំរំ​ទាំង​អស់​គ្នា ខ្លះ​រត់​ទៅ​តាម​ផ្លូវ​វាល និង​តាម​តំបន់​ភ្នំ ដោយ​រត់​ប្រាស​អាយុ​ទាំង​អស់​គ្នា។  ទាហាន​ដែល​ត្រៀម​តាម​តំបន់​ភ្នំ​ជុំវិញ​ក្រុង​បេតធូលី ក៏​នាំ​គ្នា​រត់​ដែរ។ ពេល​នោះ​ជន​ជាតិ​អ៊ីស្រា‌អែល​ប្រដាប់​អាវុធ​គ្រប់​ដៃ នាំ​គ្នា​សម្រុក​ដេញ​តាម​វាយ​ពួក​គេ ដោយ​គ្មាន​សំចៃ។  លោក​អសា‌រីយ៉ា​ចាត់​អ្នក​នាំ​សារ​ទៅ​ក្រុង​បេតូ​មេស‌តាអ៊ីម បេបៃ‌ខូបា​កូឡា និង​ក្នុង​ក្រុង​អ៊ីស្រា‌អែល​ទាំង​មូល ដើម្បី​ប្រកាស​ប្រាប់​ពី​ព្រឹត្តិ‌ការណ៍​ដែល​បាន​កើត​ឡើង។ អំពាវ​នាវ​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល ដេញ​វាយ​ខ្មាំង ដើម្បី​សម្លាប់​ចោល​ទាំង​អស់។  កាល​បាន​ទទួល​ដំណឹង​នេះ ជន​ជាតិ​អ៊ីស្រា‌អែល​រួម​គ្នា​សម្រុក​ទៅ​រក​សត្រូវ វាយ​កម្ចាត់​ពួក​គេ​ឲ្យ​វិនាស​រហូត​ដល់​ក្រុង​ខូបា។ អ្នក​ក្រុង​យេរូ‌សាឡឹម និង​ប្រជាជន​ដែល​រស់​តាម​តំបន់​ភ្នំ ចូល​មក​ជួយ​វាយ​ដែរ ព្រោះ​គេ​បាន​ដឹង​ព្រឹត្តិ‌ការណ៍​ដែល​កើត​ឡើង​នៅ​ក្នុង​ជំរំ​ខ្មាំង។ អ្នក​ស្រុក​កាឡាដ និង​អ្នក​ស្រុក​កាលី‌ឡេ ក៏​វាយ​សម្រុក​យ៉ាង​ខ្លាំង ហើយ​ដាក់​ទោស​ពួក​គេ​យ៉ាង​ធ្ងន់ធ្ងរ ដេញ​ពួក​គេ​រហូត​ដល់​ក្រុង​ដាម៉ាស់ និង​តំបន់​នៅ​ជុំ​វិញ​ទីក្រុង​នោះ​ផង។  ចំណែក​អ្នក​ក្រុង​បេតធូលី​ទាំង​អស់​ដែល​នៅ​សេស​សល់ ក៏​ចូល​មក​ជំរំ​របស់​ជន​ជាតិ​អាស្ស៊ីរី ហើយ​នាំ​គ្នា​រឹប​អូស​យក​ជយ‌ភណ្ឌ​ជា​ច្រើន។  ជន​ជាតិ​អ៊ីស្រា‌អែល​វិល​ត្រឡប់​ពី​ដេញ​សម្លាប់​សត្រូវ​វិញ ពួក​គេ​ប្រមែ​ប្រមូល​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​នៅ​សេស​សល់​ក្នុង​ជំរំ។ អ្នក​ភូមិ​នៅ​តាម​តំបន់​ភ្នំ និង​តាម​វាល ក៏​រឹប​អូស​បាន​ជយ‌ភណ្ឌ​យ៉ាង​ច្រើន ព្រោះ​ក្នុង​ជំរំ​មាន​ទ្រព្យ‌សម្បត្តិ​ច្រើន​អនេក។
ជន​ជាតិ​អ៊ីស្រា‌អែល​អរ‌ព្រះ‌គុណ​ព្រះ‌ជាម្ចាស់
 មហា​បូជា‌ចារ្យ​យ៉ូ‌អាគីម និង​ក្រុម​ប្រឹក្សា​នៃ​ប្រជាជន​អ៊ីស្រា‌អែល នៅ​ក្រុង​យេរូ‌សាឡឹម អញ្ជើញ​មក​ក្រុង​បេតធូលី ដើម្បី​ចង់​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​របៀប ដែល​ព្រះ‌អម្ចាស់​បាន​សង្គ្រោះ​ប្រជាជន​អ៊ីស្រា‌អែល និង​មក​សួរ​សុខ​ទុក្ខ​នាង​យូឌីត​ដែរ។ លុះ​ចូល​ដល់​ផ្ទះ​នាង អស់​លោក​លើក​សរសើរ​នាង​ថា៖  «​នាង​ផ្ដល់​សិរី‌រុង​រឿង​ដល់​ក្រុង​យេរូ‌សាឡឹម! នាង​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​អ៊ីស្រា‌អែល​មាន​មោទន‌ភាព! នាង​ធ្វើ​ឲ្យ​ជាតិ​សាសន៍​របស់​យើង​មាន​កិត្តិយស​យ៉ាង​ខ្លាំង! ១០ នាង​បាន​ប្រព្រឹត្ត​ការ​ទាំង​នេះ​ដោយ​ដៃ​នាង​ផ្ទាល់! នាង​នាំ​សុភមង្គល​មក​ឲ្យ​ប្រជាជន​អ៊ីស្រា‌អែល ហើយ​ព្រះ‌ជាម្ចាស់ ក៏​សព្វ​ព្រះ‌ហឫទ័យ​នឹង​កិច្ច‌ការ​ដែល​នាង​បាន​ធ្វើ​នោះ​ដែរ។ សូម​ព្រះ‌អម្ចាស់​ដែល​មាន​តេជា‌នុភាព​សព្វ‌ប្រការ​ប្រទាន‌ពរ​ឲ្យ​នាង​រហូត​ត​រៀង​ទៅ»។ ប្រជាជន​ទាំង​មូល​ឆ្លើយ​ថា៖ «អា‌ម៉ែន!»។
១១ ប្រជាជន​អ៊ីស្រា‌អែល​ទាំង​មូល​រឹប​អូស​យក​ជយ‌ភណ្ឌ​ក្នុង​ជំរំ​អស់‌រយៈ​ពេល​សាម‌សិប​ថ្ងៃ។ គេ​យក​ពន្លា​របស់​លោក​ហូឡូភែរ ព្រម​ទាំង​ប្រដាប់​ប្រដា​ធ្វើ​អំពី​ប្រាក់ គ្រែ ចានមាស តុ ទូ​ទាំង​ប៉ុន្មាន​របស់​លោក​ហូឡូភែរ ប្រគល់​ឲ្យ​នាង​យូឌីត។ នាង​ក៏​យក​គ្រឿង​បរិក្ខារ​ទាំង​នោះ​មួយ​ចំនួន​ដាក់​លើ​ខ្នង​លា​របស់​នាង ហើយ​យក​គ្រឿង​ដែល​សេស​សល់​ដាក់​លើ​រទេះ​ដឹក​ចេញ​ទៅ។ ១២ ស្ត្រី​អ៊ីស្រា‌អែល​ទាំង​អស់​រត់​មក​មើល និង​ជូន​ពរ​នាង។ មាន​ស្ត្រី​ខ្លះ នាំ​គ្នា​ច្រៀង ហើយ​រាំ​ជូន​ជា​កិត្តិ‌យស​ដល់​នាង។ នាង​យូឌីត​យក​កម្រង​ស្លឹក​ឈើ​មក​បំពាក់​ឲ្យ​ស្ត្រី​ដែល​ដើរ​ជា​មួយ​នាង។ នាង​យូឌីត និង​ស្ត្រី​ដែល​នៅ​ជា​មួយ​នាង ក៏​យក​មែក​តូចៗ​នៃ​ដើម​អូលីវ មក​ក្រង​ជា​ភួង​ពាក់​លើ​ក្បាល រួច​ដង្ហែ​ជា​ក្បួន​នៅ​មុខ​ប្រជាជន​ទាំង​អស់។ ប្រុសៗ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដើរ​តាម​ពួក​នាង​ទាំង​ប្រដាប់​អាវុធ និង​ពាក់​ភួង​ជ័យ​លើ​ក្បាល​ផង ហើយ​នាំ​គ្នា​ច្រៀង​បទ​សរសើរ។ ១៣ ពេល​នោះ​នៅ​នាង​យូឌីត​ចាប់​ច្រៀង​បទ​អរ‌ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ នៅ​កណ្ដាល​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល។ ប្រជាជន​ទាំង​មូល​បន្លឺ​សំឡេង​រួម​ជា​មួយ​នាង​យូឌីត សរសើរ​ព្រះ‌ជា​អម្ចាស់។
១៦
នាង​យូឌីត​ច្រៀង​ថា៖ «ចូរ​ច្រៀង​តម្កើង​ព្រះ‌ជាម្ចាស់​របស់​នាង​ខ្ញុំ​ដោយ​វាយ​ស្គរ​ផង! ចូរ​ច្រៀង​សរសើរ​ព្រះ‌អង្គ​ដោយ​វាយ​ឈឹង។ ចូរ​ច្រៀង​បទ​សរសើរ​តម្កើង​ព្រះ‌អង្គ! សូម​លើក​តម្កើង​ព្រះ‌អង្គ និង​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អង្គ​ផង!  ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ​ដែល​ពន្លត់​ភ្លើង​សង្គ្រាម​មែន ព្រះ‌អង្គ​បាន​រំដោះ​នាង​ខ្ញុំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង ដែល​ដេញ​តាម​នាង​ខ្ញុំ។ ព្រះ‌អង្គ​នាំ​នាង​ខ្ញុំ​ឲ្យ​វិល​ត្រឡប់​មក​វិញ ដោយ​សុខ‌សាន្ត ក្នុង​ចំណោម​ប្រជាជន​របស់​ព្រះ‌អង្គ។  កង‌ទ័ព​អាស្ស៊ីរី​មក​ពី​ភ្នំ​ខាង​ជើង គឺ​កង‌ទ័ព​ដែល​មាន​ទាហាន​ច្រើន​ឥត​គណនា។ ទាហាន​ទាំង​នោះ​នៅ​ពាស​ពេញ​ជ្រលង​ភ្នំ ពល‌សេះ​របស់​គេ​នៅ​ពាស‌ពេញ​មីរដេដាស តាម​តំបន់​ភ្នំ​ទាំង​ប៉ុន្មាន  ពួក​ខ្មាំង​មាន​បំណង​ដុត​បំផ្លាញ​ទឹក​ដី​របស់​យើង បម្រុង​នឹង​កម្ទេច​យុវជន​របស់​យើង ដោយ​មុខ​ដាវ​ឲ្យ​អស់ បម្រុង​បោក​សម្លាប់​ទារក​នៅ​នឹង​ដី ចាប់​កូន​យើង​យក​ទៅ​ធ្វើ​ជា​ឈ្លើយ ព្រម​ទាំង​ចាប់​ពង្រាត់​យុវ‌នារី​របស់​យើង យក​ទៅ​ទៀត​ផង។  តែ​ព្រះ‌អម្ចាស់​ដែល​មាន​តេជា‌នុភាព​សព្វ​ប្រការ បាន​ប្រើ​ដៃ​ស្ត្រី​ម្នាក់​មក​ឃាត់​ពួក​គេ។  មិន​មែន​យុវជន​ពេញ​កម្លាំង​ទេ ដែល​បាន​ផ្តួល​រំលំ​មេ​ដឹក​នាំ​ដ៏​ខ្លាំង​ក្លា​របស់​គេ! មិន‌មែន​ពល‌ទាហាន​ទេ​ដែល​វាយ​សម្លាប់​គេ! មិន​មែន​ប្រុសៗ​មាន​មាឌ​មាំ​ទេ ដែល​បង្ក្រាប​គេ! គឺ​នាង​យូឌីត​កូន​ស្រី​របស់​លោក​មេរ៉ារី​ទេ​តើ ដែល​បាន​យក​ជ័យ​លើ​គេ ដោយ​គ្រាន់​តែ​ប្រើ​សម្ផស្ស​របស់​នាង​ប៉ុណ្ណោះ។  នាង​បាន​ផ្លាស់​សម្លៀក‌បំពាក់​ស្រី​មេ‌ម៉ាយ​ចេញ ដើម្បី​រំដោះ​ប្រជាជន​អ៊ីស្រា‌អែល​ឲ្យ​រួច​ពី​ការ​កៀប​សង្កត់ នាង​យក​គ្រឿង​ក្រអូប​មក​លាប​មុខ  ហើយ​ពាក់​ក្បាំង​ជាប់​នឹង​សក់​នាង។ នាង​ស្លៀក​សម្លៀក‌បំពាក់​ធ្វើ​អំពី​ក្រណាត់​សំពត់​ដ៏​ល្អ ដើម្បី​ទាក់​ទាញ​ទឹក​ចិត្ត​ខ្មាំង។  ស្បែក​ជើង​របស់​នាង ទាក់​ទាញ​ភ្នែក​របស់​គេ ហើយ​សម្ផស្ស​របស់​នាង​ធ្វើ​ឲ្យ​គេ​វង្វេង​ស្មារតី នាង​យក​ដាវ​របស់​គេ​មក​កាប់​ផ្ដាច់​ក​គេ។ ១០ ជន​ជាតិ​ពែរ្ស​ភ័យ​ញាប់‌ញ័រ ដោយ​សារ​សេចក្ដី​ក្លាហាន​របស់​នាង ជន​ជាតិ​ម៉ែដ ក៏​ភ័យ​តក់​ស្លុត​ដោយ​សារ ចិត្ត​អង់​អាច​របស់​នាង​ដែរ។ ១១ ពេល​នោះ ប្រជាជន​យើង​ដែល​ត្រូវ​គេ​មើល​ងាយ បាន​ស្រែក​ជយ‌ឃោស ហើយ​ទាហាន​អាស្ស៊ីរី​ភិត‌ភ័យ​តក់​ស្លុត! ប្រជាជន​ដែល​ទន់​ខ្សោយ​ស្រែក​ឡើង ហើយ​ខ្មាំង​សត្រូវ ដ៏​ខ្លាំង​ក្លា​ត្រូវ​បាក់​ស្មារតី។ ប្រជាជន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង ហើយ​ពួក​គេ​ក៏​ជ្រួល​ច្របល់! ១២ អ្នក​ដែល​ខ្មាំង​មើល​ងាយ បាន​ចាក់​ទម្លុះ ហើយ​វាយ​ពួក​គេ​ឲ្យ​របួស​ជិត​ស្លាប់ ព្រម​ទាំង​រត់​គេច​ខ្លួន​ដូច​មនុស្ស​កំសាក។ ខ្មាំង​សត្រូវ​វិនាស​អន្ត‌រាយ​ដូច្នេះ ព្រះ‌អម្ចាស់​របស់​ខ្ញុំ​បាន​រួម​ប្រយុទ្ធ​ជា​មួយ​ដែរ។ ១៣ នាង​ខ្ញុំ​នឹង​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌ជាម្ចាស់​របស់​នាង​ខ្ញុំ។ បពិត្រ​ព្រះ‌អម្ចាស់! ព្រះ‌អង្គ​ពិត​ជា​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម ប្រកប​ដោយ​សិរី‌រុង​រឿង​មែន! ព្រះ‌អង្គ​មាន​ឫទ្ធិ‌បារមី​ខ្លាំង​អស្ចារ្យ​លើស​អ្វីៗ​ទាំង​អស់។ ១៤ សូម​ឲ្យ​សត្វ​លោក​ទាំង​អស់​ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក សុខ​ចិត្ត​បម្រើ​ព្រះ‌អង្គ។ គ្រាន់​តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​នោះ​អ្វីៗ​ទាំង​អស់​ក៏​កើត​មាន​ភ្លាម គ្រាន់​តែ​ព្រះ‌អង្គ​ចាត់​ព្រះ‌វិញ្ញាណ​មក នោះ អ្វីៗ​ទាំង​អស់​ក៏​ត្រូវ​រៀប​ចំ​ឡើង​ដែរ គ្មាន​នរណា​ម្នាក់​ជំទាស់ នឹង​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ឡើយ។ ១៥ ពេល​ព្រះ‌អង្គ​យាង​មក ភ្នំ​ទាំង‌ឡាយ​ត្រូវ​រង្គើ​រហូត​ដល់​គ្រឹះ ហើយ​ធ្លាក់​ក្នុង​សមុទ្រ សូម្បី​តែ​ដុំ​ថ្ម ក៏​ត្រូវ​រលាយ ដូច​ក្រមួន​ត្រូវ​ថ្ងៃ​ដែរ។ ប៉ុន្តែ ព្រះ‌អង្គ​តែង​តែ​អាណិត‌អាសូរ​ដល់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ។ ១៦ គ្មាន​យញ្ញ‌បូជា​ណា​អាច​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​ឡើយ ទោះបី​គេ​យក​សាច់​ចំឡក​មក​ដុត​ថ្វាយ​ព្រះ‌អង្គ ក៏​មិន​សម​ដែរ ប៉ុន្តែ អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ប្រសើរ​ឧត្ដម​ជា​ដរាប។ ១៧ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​ប្រឆាំង​នឹង​ជន​ជាតិ​របស់​នាង​ខ្ញុំ មុខ​ជា​ត្រូវ​វេទនា​ជា​ពុំ​ខាន! ព្រះ‌អម្ចាស់​ដ៏​មាន​តេជា‌នុភាព​សព្វ​ប្រការ ព្រះ‌អង្គ​នឹង​ផ្តន្ទា‌ទោស​ពួក​គេ នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​វិនិច្ឆ័យ។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ភ្លើង​ឆេះ​ពួក​គេ និង​ធ្វើ​ឲ្យ​ដង្កូវ​ចោះ​សាច់​គេ ធ្វើ​ឲ្យ​គេ​ស្រែក​ឈឺ​ចុក‌ចាប់ អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ»។ ១៨ ពេល​ក្បួន​ដង្ហែ​មក​ដល់​ក្រុង​យេរូ‌សាឡឹម គេ​នាំ​គ្នា​ចូល​ព្រះ‌វិហារ​ក្រាប​ថ្វាយ​បង្គំ​ព្រះ‌ជាម្ចាស់។ ប្រជាជន​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ រួច​ធ្វើ​យញ្ញ‌បូជា ព្រម​ទាំង​ថ្វាយ​តង្វាយ​ដោយ​ស្មោះ‌ស្ម័គ្រ និង​តង្វាយ​ផ្សេងៗ​ទៀត។ ១៩ រីឯ​នាង​យូឌីត​វិញ នាង​យក​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន​របស់​លោក​ហូឡូភែរ ដែល​ប្រជាជន​បាន​ប្រគល់​ឲ្យ​នាង មក​ថ្វាយ​ទាំង​អស់។ នាង​យក​មុង​ដែល​នាង​យក​ពី​លើ​គ្រែ​លោក​ហូឡូភែរ​មក​ថ្វាយ ទុក​ជា​ជយ‌ភណ្ឌ​ផ្ទាល់​របស់​ព្រះ‌អង្គ។ ២០ ប្រជាជន​នៅ​តែ​បន្ត​ការ​សប្បាយ​នៅ​មុខ​ព្រះ‌វិហារ​ក្រុង​យេរូ‌សាឡឹម​អស់‌រយៈ​ពេល​បី​ខែ នាង​យូឌីត​ក៏​ស្នាក់​នៅ​ទី​នោះ ជា​មួយ​នឹង​ពួក​គេ​ដែរ។
២១ បន្ទាប់​មក គេ​ត្រឡប់​ទៅ​លំនៅ‌ដ្ឋាន​រៀងៗ​ខ្លួន នាង​យូឌីត​ក៏​វិល​ត្រឡប់​ទៅ​ក្រុង​បេតធូលី ហើយ​រស់​នៅ​លើ​ដី​ជា​កម្ម‌សិទ្ធិ​របស់​នាង​វិញ។ នាង​មាន​ឈ្មោះ​ល្បី​ទូ​ទាំង​ស្រុក ក្នុង​អំឡុង​ពេល​ដែល​នាង​មាន​ជីវិត​នៅ​ឡើយ។ ២២ បុរស​ជា​ច្រើន​នាក់​ចង់​រៀប​ការ​ជា​មួយ​នាង ក៏​ប៉ុន្តែ ក្រោយ​ពី​លោក​ម៉ាណាសេ​ជា​ប្តី​នាង​ទទួល​មរណ‌ភាព​ទៅ នាង​មិន​ព្រម​រៀប​ការ​ជា​មួយ​បុរស​ណា​ទៀត​ទេ។ ២៣ នាង​យូឌីត​មាន​អាយុ​វែង​ណាស់ ព្រម​ទាំង​មាន​កិត្តិ‌យស​យ៉ាង​ខ្ពង់‌ខ្ពស់​ផង។ នាង​រស់​នៅ​លើ​ផ្ទះ​ប្តី​របស់​នាង រហូត​ដល់​អាយុ​មួយ‌រយ​ប្រាំ​ឆ្នាំ។ នាង​ឲ្យ​ស្រី​បម្រើ​របស់​នាង​មាន​សេរី‌ភាព​ទៅ​ជា​អ្នក​ជា រួច​នាង​ក៏​ទទួល​មរណ‌ភាព​នៅ​ក្រុង​បេតធូលី។ គេ​បាន​បញ្ចុះ​សព​របស់​នាង​ក្នុង​ផ្នូរ​ប្តី​នាង។ ២៤ ប្រជាជន​អ៊ីស្រា‌អែល​បាន​កាន់​ទុក្ខ​នាង​យូឌីត​អស់‌រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។ មុន​នឹង​ទទួល​មរណ‌ភាព នាង​ចែក​ទ្រព្យ‌សម្បត្តិ ឲ្យ​ញាតិ​សន្តាន​របស់​លោក​ម៉ាណាសេ​ជា​ស្វាមី​នាង និង​ញាតិ​សន្តាន​របស់​នាង​ផ្ទាល់។ ២៥ ក្នុង​អំឡុង​ពេល​ដែល​នាង​យូឌីត​នៅ​រស់ និង​ច្រើន​ឆ្នាំ​ក្រោយ​មក​ទៀត គ្មាន​នរណា​ហ៊ាន​គំរាម‌កំហែង​ប្រជាជន​អ៊ីស្រា‌អែល​ទៀត​ឡើយ។
472 Views

Theme: Overlay by Kaira