ថ្ងៃសៅរ៍ អាទិត្យទី១៨
រដូវធម្មតា «ឆ្នាំសេស»
ពណ៌បៃតង
ថ្ងៃសៅរ៍ ទី០៩ ខែសីហា ឆ្នាំ២០២៥
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរទុតិយកថា ទក ៦,៤-១៣
លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «អ៊ីស្រាអែលអើយ ចូរស្តាប់! មានតែព្រះអម្ចាស់ជាព្រះរបស់យើងមួយព្រះអង្គគត់ដែលពិតជាព្រះអម្ចាស់។ អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឱ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីកម្លាំងកាយ។ ត្រូវទុកឱ្យព្រះបន្ទូលដែលខ្ញុំប្រគល់ឱ្យអ្នកនៅថ្ងៃនេះដក់ជាប់នៅក្នុងចិត្តរបស់អ្នកជានិច្ច។ ចូរបង្រៀនកូនចៅរបស់អ្នកអំពីព្រះបន្ទូលនេះ គឺត្រូវពោលព្រះបន្ទូលនេះ ពេលអ្នកនៅផ្ទះ ពេលធ្វើដំណើរ ពេលចូលដំណេក និងពេលក្រោកពីដំណេក។ ត្រូវចងព្រះបន្ទូលទាំងនេះជាប់នៅដៃទុកជាសញ្ញា ហើយដាក់នៅលើថ្ងាសរបស់អ្នក ។ ចូរសរសេរនៅលើក្របទ្វារផ្ទះ និងខ្លោងទ្វារក្រុងរបស់អ្នក។ ព្រះជាអម្ចាស់ជាព្រះរបស់អ្នកនឹងនាំអ្នកចូលទៅក្នុងស្រុកដែលព្រះអង្គបានសន្យាជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុបជាបុព្វបុរសរបស់អ្នកថា នឹងប្រគល់ឱ្យអ្នក។ ស្រុកនោះមានក្រុងដ៏ធំៗ ហើយស្អាតៗ ជាក្រុងដែលអ្នកមិនបានសង់ ព្រមទាំងមានផ្ទះពេញទៅដោយទ្រព្យសម្បត្តិគ្រប់យ៉ាង ជាទ្រព្យដែលអ្នកពុំបានស្វះស្វែងរក មានអណ្តូងស្រាប់ គឺអណ្តូងដែលអ្នកពុំបានជីក ហើយមានចម្ការទំពាំងបាយជូរ និងចម្ការអូលីវដែលអ្នកពុំបានដាំ។ ពេលណាអ្នកមានភោគផលបរិភោគឆ្អែតហើយ ចូរប្រយ័ត្នក្រែងលោអ្នកភ្លេចព្រះអម្ចាស់ ជាព្រះដែលបាននាំអ្នកចេញពីស្រុកអេស៊ីបជាស្រុកដែលអ្នកធ្វើជាទាសករ។ ចូរកោតខ្លាចព្រះអម្ចាស់ជាព្រះរបស់អ្នក ហើយគោរពបម្រើព្រះអង្គ និងពោលពាក្យស្បថតែក្នុងព្រះនាមព្រះអង្គតែប៉ុណ្ណោះ»។
ទំនុកតម្កើងលេខ ១៨ (១៧),២-៤.៤៧.៣២.៥១ បទព្រហ្មគីតិ
| ២ | ឱ!ព្រះអម្ចាស់អើយ | ខ្ញុំកោតហើយលើកព្រះអង្គ | |
| ព្រោះទ្រង់ជាកម្លាំង | របស់ខ្ញុំធំមាំមួន | ។ |
| ៣ | ព្រះម្ចាស់ជាថ្មដា | រឹងអស្ចារ្យខ្ញុំលាក់ខ្លួន | |
| ជាខែលមាំហំហួន | ខ្ញុំរួចខ្លួនមានជោគជ័យ | ។ |
| ៤ | ពេលខ្ញុំស្រែកដង្ហោយ | ព្រះម្ចាស់ជួយឱ្យផុតភ័យ | |
| ផុតពីខ្មាំងចង្រៃ | សូមលើកដៃថ្កើងព្រះអង្គ | ។ |
| ៤៧ | ជយោ! ព្រះជាម្ចាស់ | ព្រះអង្គច្បាស់មានជ័យជោគ | |
| ជាថ្មដែលយើងជ្រក | យើងរត់រកការសង្គ្រោះ | ។ |
| ៣២ | មានតែព្រះអម្ចាស់ | ដែលជាព្រះពិតសត្យា | |
| គ្មានព្រះផ្សេងឯណា | ជាថ្មដាឱ្យជ្រកសោះ | ។ |
| ៥១ | ព្រះអង្គប្រោសឱ្យអ្នក | ដែលទ្រង់ស្ម័គ្រឱ្យមានជ័យ | |
| ជម្នះយ៉ាងប្រពៃ | ដែលល្បាញល្បីដ៏អស្ចារ្យ | ។ |
| ទ្រង់មានហឫទ័យស្មោះ | ស្ម័គ្រចំពោះព្រះគ្រីស្តណា | |
| ចាក់ប្រេងលើសិរសា | ទាំងវង្សាស្តេចដាវីឌ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ ធម ១,១០
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តយេស៊ូជាព្រះសង្គ្រោះរបស់យើងបានបំបាត់អំណាចនៃសេចក្តីស្លាប់ ព្រមទាំងបំភ្លឺយើងឱ្យស្គាល់ជីវិតអមតៈ ដោយសារដំណឹងល្អរបស់ព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៧,១៤-២០
ក្រោយពេលព្រះយេស៊ូសម្តែងសិរីរុងរឿងរបស់ព្រះអង្គឱ្យលោកសិលា លោកយ៉ាកុប និងលោកយ៉ូហានឃើញព្រះអង្គ និងសាវ័កទាំងបី មកដល់កន្លែងដែលបណ្តាជននៅជុំគ្នា។ នៅទីនោះ មានបុរសម្នាក់ចូលមកគាល់ព្រះអង្គ។ គាត់លុតជង្គង់ចុះ ហើយទូលថា៖ «លោកម្ចាស់អើយ! សូមអាណិតមេត្តាកូនប្រុសរបស់ខ្ញុំប្របាទផង វាឆ្កួតជ្រូក បណ្តាលឱ្យវាឈឺចុកចាប់ខ្លាំងណាស់ វាដួលទៅក្នុងភ្លើង និងធ្លាក់ទឹកជាញឹកញាប់។ ខ្ញុំប្របាទបាននាំវាមកជួបសាវ័ករបស់លោកដែរ តែគេពុំអាចមើលវាឱ្យជាបានទេ»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «នែ៎!ពួកមនុស្សអាក្រក់មិនព្រមជឿអើយ! តើត្រូវឱ្យខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំក្មេងនោះមកឱ្យខ្ញុំ»។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលគំរាមខ្មោច ខ្មោចក៏ចេញ ហើយក្មេងនោះបានជាតាំងពីពេលនោះមក។ ពេលនោះ ក្រុមសាវ័កចូលមកគាល់ព្រះយេស៊ូដាច់ឡែកពីគេ ហើយទូលថា៖ «ហេតុអ្វីបានជាយើងខ្ញុំពុំអាចដេញខ្មោចនោះបាន?»។ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «មកពីអ្នករាល់គ្នាមានជំនឿតិចពេក។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជមួយដ៏ល្អិត អ្នករាល់គ្នានឹងបញ្ជាទៅភ្នំនោះថា “ចូរចេញពីនេះ ទៅនៅកន្លែងផ្សេងទៅ!” ភ្នំមុខជានឹងធ្វើតាមពាក្យអ្នករាល់គ្នាមិនខាន ដ្បិតគ្មានការអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតឡើយ»។
241 Views
Post Views:
241